អត្ថបទសិក្សា ៤២
«មានសុភមង្គលហើយ អស់អ្នកដែលរក្សាចិត្តស្មោះឥតងាករេ»ចំពោះព្រះយេហូវ៉ា
«មានសុភមង្គលហើយ អស់អ្នកដែលរក្សាចិត្តស្មោះឥតងាករេ គឺអ្នកដែលកាន់តាមច្បាប់របស់ព្រះយេហូវ៉ា»។—ចសព. ១១៩:១, កំ.ស.
ចម្រៀងលេខ១២៤ ចូរមានភក្ដីភាពជានិច្ច
សេចក្ដីសង្ខេបa
បងប្អូនដ៏ក្លាហានរបស់យើងមួយចំនួនដែលបានជាប់គុកឬដែលកំពុងជាប់គុក ដោយសារពួកគេបង្ហាញភក្ដីភាពចំពោះសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា (សូមមើលវគ្គ១-២)
១-២. (ក) តើរដ្ឋាភិបាលខ្លះបានប្រឆាំងរាស្ត្រព្រះយេហូវ៉ាយ៉ាងដូចម្ដេច តែតើរាស្ត្រលោកមានប្រតិកម្មយ៉ាងណា? (ខ) ហេតុអ្វីយើងអាចមានសុភមង្គល ទោះជាយើងរងការបៀតបៀនក្ដី? (សូមរៀបរាប់ផងដែរអំពីរូបភាពនៅក្រប)
សព្វថ្ងៃនេះ នៅទូទាំងពិភពលោកកិច្ចការរបស់យើងបានត្រូវគេដាក់កម្រិតឬដាក់បម្រាមនៅប្រទេសជាង៣០។ នៅប្រទេសទាំងនោះខ្លះ ពួកអាជ្ញាធរបានចាប់បងប្អូនរបស់យើងដាក់គុក។ តើបងប្អូនយើងបានធ្វើខុសអ្វី? ពួកគេមិនបានធ្វើខុសអ្វីសោះតាមទស្សនៈរបស់ព្រះយេហូវ៉ា។ តាមពិត ពួកគេគ្រាន់តែអាននិងសិក្សាគម្ពីរ ប្រាប់អ្នកឯទៀតអំពីជំនឿរបស់ពួកគេ និងចូលរួមកិច្ចប្រជុំជាមួយបងប្អូនរួមជំនឿ។ ពួកគេក៏មិនបានគាំទ្រខាងណាមួយក្នុងរឿងនយោបាយ។ ទោះជាមានការប្រឆាំងយ៉ាងខ្លាំងក្ដី អ្នកបម្រើព្រះដ៏ស្មោះត្រង់ទាំងនេះបានរក្សាចិត្តស្មោះឥតងាករេb ពោលគឺពួកគេបានបង្ហាញភក្ដីភាពដែលកាត់ផ្ដាច់ពុំបានចំពោះព្រះយេហូវ៉ា ហើយនេះធ្វើឲ្យពួកគេសប្បាយចិត្ត។
២ អ្នកទំនងជាបានឃើញរូបថតសាក្សីដ៏ក្លាហានទាំងនេះខ្លះ ហើយឃើញស្នាមញញឹមរបស់ពួកគេ។ ពួកគេមានអំណរ ដោយសារពួកគេដឹងថាព្រះយេហូវ៉ាពេញចិត្តពួកគេ ដោយព្រោះពួកគេរក្សាចិត្តស្មោះឥតងាករេចំពោះលោក។ (១ប្រ. ២៩:១៧ក) លោកយេស៊ូបានមានប្រសាសន៍ថា៖ «អស់អ្នកដែលត្រូវគេបៀតបៀនដោយសារសេចក្ដីសុចរិត នោះមានសុភមង្គលហើយ! . . . ចូរសប្បាយ ហើយត្រេកអរចុះ! ពីព្រោះអ្នករាល់គ្នាមានរង្វាន់យ៉ាងធំ»។—ម៉ាថ. ៥:១០-១២
គំរូសម្រាប់យើង
ពេត្រុសនិងយ៉ូហានបានទុកគំរូឲ្យគ្រិស្តសាសនិកនៅសព្វថ្ងៃនេះដែលត្រូវនិយាយការពារជំនឿរបស់ពួកគេនៅមុខតុលាការ (សូមមើលវគ្គ ៣-៤)
៣. យោងទៅតាមសកម្មភាព ៤:១៩, ២០ តើពួកសាវ័កបាននិយាយយ៉ាងណាពេលពួកគាត់ទទួលការបៀតបៀន ហើយហេតុអ្វីពួកគាត់ធ្វើដូច្នេះ?
៣ បងប្អូនរបស់យើងកំពុងឆ្លងកាត់បទពិសោធន៍ស្រដៀងនឹងអ្វីដែលពួកសាវ័កបានស៊ូទ្រាំនៅសតវត្សរ៍ទី១ ពេលពួកគាត់បានត្រូវគេបៀតបៀនដោយសារការផ្សព្វផ្សាយអំពីលោកយេស៊ូ។ ម្ដងហើយម្ដងទៀត ពួកចៅក្រមនៃតុលាការជាន់ខ្ពស់របស់ជនជាតិយូដាបាន‹បង្គាប់ឲ្យពួកគាត់ឈប់និយាយដោយអាងនាមលោកយេស៊ូទៀត›។ (សកម្ម. ៤:១៨; ៥:២៧, ២៨, ៤០) តើពួកសាវ័កមានប្រតិកម្មយ៉ាងណា? (សូមអាន សកម្មភាព ៤:១៩, ២០) ពួកគាត់ដឹងថាមានបុគ្គលម្នាក់ដែលមានអំណាចខ្ពស់ជាង‹បានបង្គាប់ពួកគាត់ឲ្យផ្សព្វផ្សាយប្រាប់បណ្ដាជន ថែមទាំងឲ្យធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់›អំពីគ្រិស្ត។ (សកម្ម. ១០:៤២) ដូច្នេះ ពេត្រុសនិងយ៉ូហានដែលជាតំណាងពួកគាត់បាននិយាយយ៉ាងក្លាហានថា ពួកគាត់នឹងស្ដាប់បង្គាប់ព្រះជាជាងចៅក្រមទាំងនោះ ហើយប្រកាសថាពួកគាត់នឹងមិនឈប់និយាយអំពីលោកយេស៊ូឡើយ។ គឺហាក់ដូចជាពួកគាត់កំពុងសួរចៅក្រមទាំងនោះថា ‹តើអ្នកហ៊ាននិយាយថាបង្គាប់របស់អ្នកប្រសើរជាងបង្គាប់របស់ព្រះឬ?›។
៤. ដូចបានបង្ហាញនៅសកម្មភាព ៥:២៧-២៩ តើពួកសាវ័កបានទុកគំរូអ្វីឲ្យគ្រិស្តសាសនិកពិតទាំងអស់ ហើយតើយើងអាចយកតម្រាប់ពួកគាត់យ៉ាងដូចម្ដេច?
៤ ពួកសាវ័កបានទុកគំរូដ៏ល្អប្រសើរដែលគ្រិស្តសាសនិកពិតទាំងអស់បានធ្វើតាមតាំងពីពេលនោះមក។ នោះគឺការតាំងចិត្ត«ស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។ (សូមអាន សកម្មភាព ៥:២៧-២៩) ក្រោយពីពួកសាវ័កបានត្រូវគេវាយដោយសារពួកគាត់បានរក្សាចិត្តស្មោះឥតងាករេ នោះពួកគាត់បានចេញពីតុលាការជាន់ខ្ពស់របស់ជនជាតិយូដា«ដោយត្រេកអរ ពីព្រោះពួកគាត់បានត្រូវរាប់ថាពួកគាត់សមនឹងទទួលការមើលងាយ ដោយសារនាមរបស់លោក[យេស៊ូ]» ហើយពួកគាត់បានបន្តផ្សព្វផ្សាយ!—សកម្ម. ៥:៤០-៤២
៥. តើយើងត្រូវរកចម្លើយចំពោះសំណួរអ្វីខ្លះ?
៥ គំរូរបស់ពួកសាវ័កនាំឲ្យមានសំណួរខ្លះ។ ជាឧទាហរណ៍ តើតាមរបៀបណាការសម្រេចចិត្តរបស់ពួកគាត់ឲ្យស្ដាប់បង្គាប់ព្រះជាជាងមនុស្ស សមស្របតាមបទគម្ពីរដែលឲ្យ«ចុះចូលនឹងពួកអាជ្ញាធរ»? (រ៉ូម ១៣:១) តើយើងអាច«ស្ដាប់បង្គាប់រដ្ឋាភិបាលនិងពួកអាជ្ញាធរ»ដូចសាវ័កប៉ូលបាននិយាយ ហើយនៅតែរក្សាចិត្តស្មោះឥតងាករេចំពោះព្រះដែលជាអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតរបស់យើងយ៉ាងដូចម្ដេច?—ទីត. ៣:១
«ពួកអាជ្ញាធរ»
៦. (ក) តើ«ពួកអាជ្ញាធរ»ដែលបានត្រូវរៀបរាប់នៅរ៉ូម ១៣:១សំដៅលើអ្នកណា ហើយតើយើងគួរប្រព្រឹត្តយ៉ាងណាទៅលើពួកគេ? (ខ) តើអ្វីជាការពិតស្ដីអំពីអ្នកគ្រប់គ្រងទាំងអស់ដែលជាមនុស្ស?
៦ សូមអាន រ៉ូម ១៣:១។ ក្នុងខនេះ ពាក្យ«ពួកអាជ្ញាធរ»សំដៅទៅលើអ្នកគ្រប់គ្រងនៅផែនដីដែលមានអំណាចលើអ្នកឯទៀត។ គ្រិស្តសាសនិកត្រូវស្ដាប់បង្គាប់អ្នកគ្រប់គ្រងទាំងនោះ។ អ្នកគ្រប់គ្រងទាំងនេះរក្សាសណ្ដាប់ធ្នាប់សាធារណៈ ធ្វើឲ្យប្រាកដថាប្រជាជនធ្វើតាមច្បាប់ និងជួនកាលថែមទាំងការពាររាស្ត្ររបស់ព្រះយេហូវ៉ាទៀតផង។ (បប. ១២:១៦) ដូច្នេះ យើងគួរកោតខ្លាច លើកកិត្តិយស បង់ពន្ធ និងជូនសួយអាករតាមដែលពួកគេតម្រូវ។ (រ៉ូម ១៣:៧) ប៉ុន្តែ រដ្ឋាភិបាលទាំងនោះមានអំណាច ដោយសារតែព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកគេមាន។ លោកយេស៊ូបានបង្ហាញយ៉ាងច្បាស់នូវគោលការណ៍គម្ពីរអំពីចំណុចនេះ ពេលប៉ុនទាស ពីឡាតដែលជាអភិបាលរ៉ូមបានសួរចម្លើយលោក។ កាលដែលពីឡាតបាននិយាយថា គាត់អាចសម្រេចចិត្តទុកជីវិតឲ្យលោកយេស៊ូឬឲ្យលោកស្លាប់ លោកយេស៊ូបានប្រាប់គាត់ថា៖ «អ្នកនឹងគ្មានអំណាចលើខ្ញុំទេ លុះត្រាតែអ្នកបានទទួលអំណាចពីស្ថានលើ»។ (យ៉ូន. ១៩:១១) ដូចករណីពីឡាត អំណាចរបស់អ្នកគ្រប់គ្រងជាមនុស្ស និងអ្នកនយោបាយទាំងអស់នៅសព្វថ្ងៃនេះ គឺមានកម្រិត។
៧. តើយើងមិនត្រូវចុះចូលនឹងពួកអ្នកគ្រប់គ្រងជាមនុស្សក្នុងស្ថានភាពណាខ្លះ ហើយតើពួកគេត្រូវចាំអំពីអ្វី?
៧ គ្រិស្តសាសនិកត្រូវធ្វើតាមច្បាប់របស់រដ្ឋាភិបាល ឲ្យតែនោះមិនបំពានច្បាប់របស់ព្រះ។ ប៉ុន្តែ យើងមិនអាចស្ដាប់បង្គាប់មនុស្ស ពេលដែលពួកគេតម្រូវអ្វីដែលព្រះហាម ឬពេលដែលពួកគេហាមអ្វីដែលព្រះតម្រូវឲ្យធ្វើឡើយ។ ជាឧទាហរណ៍ ពួកគេប្រហែលជាតម្រូវឲ្យបុរសវ័យក្មេងចូលប្រយុទ្ធក្នុងជួរកងកម្លាំងប្រដាប់អាវុធនៃប្រទេសជាតិ។c ឬពួកគេប្រហែលជាដាក់បម្រាមលើគម្ពីរនិងសៀវភៅរបស់យើងដែលមានមូលដ្ឋានលើគម្ពីរ ហើយហាមយើងមិនឲ្យផ្សព្វផ្សាយនិងគោរពប្រណិប័តន៍ជាមួយគ្នា។ ពេលអ្នកគ្រប់គ្រងប្រើអំណាចរបស់ពួកគេតាមផ្លូវខុស ដូចជាដោយបៀតបៀនពួកអ្នកកាន់តាមគ្រិស្ត ពួកគេត្រូវទទួលខុសត្រូវចំពោះព្រះ។ ព្រះយេហូវ៉ាកំពុងឃ្លាំមើល!—អទ. ៥:៨
៨. តើមានភាពខុសគ្នាអ្វីរវាងព្រះយេហូវ៉ានិងអ្នកគ្រប់គ្រងជាមនុស្ស ហើយហេតុអ្វីយើងត្រូវដឹងអំពីភាពខុសគ្នានោះ?
៨ រដ្ឋាភិបាលមានអំណាចខ្ពស់ជាង ប៉ុន្តែមិនមែនខ្ពង់ខ្ពស់បំផុតទេ។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានអំណាចដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងគម្ពីរ លោកបានត្រូវហៅជាច្រើនដងថា៖ «ព្រះដ៏ខ្ពង់ខ្ពស់បំផុត»។—ដាន. ៧:១៨, ២២, ២៥, ២៧
«ព្រះដ៏ខ្ពង់ខ្ពស់បំផុត»
៩. តើដានីយ៉ែលដែលជាអ្នកប្រកាសទំនាយបានឃើញអ្វីក្នុងគំនិត?
៩ ការបើកបង្ហាញដែលដានីយ៉ែលជាអ្នកប្រកាសទំនាយបានឃើញក្នុងគំនិតបង្ហាញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាមានអំណាចជាងពួកអាជ្ញាធរណាទាំងអស់។ ដំបូង ដានីយ៉ែលបានឃើញសត្វធំសម្បើមបួនក្បាលដែលជាតំណាងមហាអំណាចពិភពលោកនៅអតីតកាល ពោលគឺបាប៊ីឡូន មេឌីពើស៊ី ក្រិច និងរ៉ូម ព្រមទាំងមហាអំណាចដែលគ្រប់គ្រងនៅសព្វថ្ងៃនេះគឺអង់គ្លេសអាម៉េរិក។ (ដាន. ៧:១-៣, ១៧) បន្ទាប់មក ដានីយ៉ែលបានឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្កក្នុងសវនាការនាស្ថានសួគ៌។ (ដាន. ៧:៩, ១០) អ្វីដែលអ្នកប្រកាសទំនាយដ៏ស្មោះត្រង់នោះបានឃើញនៅបន្ទាប់មក គួរជាការព្រមានដល់ពួកអ្នកគ្រប់គ្រងនៅសព្វថ្ងៃនេះ។
១០. យោងទៅតាមដានីយ៉ែល ៧:១៣, ១៤, ២៧ តើព្រះយេហូវ៉ាប្រគល់អំណាចគ្រប់គ្រងនៅលើផែនដីទៅអ្នកណា ហើយតើនេះបង្ហាញអ្វីអំពីលោក?
១០ សូមអាន ដានីយ៉ែល ៧:១៣, ១៤, ២៧។ ព្រះដកហូតអំណាចគ្រប់គ្រងទាំងអស់ពីរដ្ឋាភិបាលជាមនុស្ស ហើយប្រគល់ទៅឲ្យពួកអ្នកផ្សេងទៀតដែលសមនឹងទទួលនិងមានឫទ្ធានុភាពជាង។ តើបុគ្គលទាំងនោះជាអ្នកណា? គឺ«បុគ្គលម្នាក់ដូចជាកូនមនុស្ស»ជាលោកយេស៊ូគ្រិស្ត និង«ពួកអ្នកបរិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត»ចំនួន១៤៤.០០០នាក់ ដែលនឹងគ្រប់គ្រង«ជារៀងរហូត»។ (ដាន. ៧:១៨) នេះបង្ហាញយ៉ាងច្បាស់ថាព្រះយេហូវ៉ាគឺជា«ព្រះដ៏ខ្ពង់ខ្ពស់បំផុត» ព្រោះមានតែលោកប៉ុណ្ណោះដែលមានសិទ្ធិអំណាចអាចធ្វើអ្វីទាំងនេះ។
១១. តើដានីយ៉ែលបានសរសេរអ្វីទៀតដែលបង្ហាញថាព្រះយេហូវ៉ាមានអំណាចខ្ពង់ខ្ពស់លើសពីប្រជាជាតិនានា?
១១ អ្វីដែលដានីយ៉ែលបានឃើញក្នុងគំនិតសមស្របនឹងអ្វីដែលគាត់ធ្លាប់និយាយមុននោះ គឺថា៖ «ព្រះនៃស្ថានសួគ៌ . . . តាំងស្ដេចឡើង ហើយក៏ដកស្ដេចចេញដែរ»។ គាត់ក៏បានសរសេរថា៖ ‹ព្រះដ៏ខ្ពង់ខ្ពស់បំផុតគឺជាអ្នកគ្រប់គ្រងលើរាជាណាចក្ររបស់មនុស្ស ហើយថាលោកអាចប្រគល់ឲ្យអ្នកណាក៏បានតាមតែចិត្តលោក›។ (ដាន. ២:១៩-២១; ៤:១៧) តើធ្លាប់មានពេលដែលព្រះយេហូវ៉ាដក ឬតាំងពួកអ្នកគ្រប់គ្រងឡើងឬទេ? គឺមាន!
ព្រះយេហូវ៉ាបានដកហូតរាជាណាចក្ររបស់បេលសាសារចេញពីគាត់ ហើយបានប្រគល់ទៅពួកមេឌីនិងពើស៊ី (សូមមើលវគ្គ ១២)
១២. សូមលើកឧទាហរណ៍អំពីរបៀបដែលព្រះយេហូវ៉ាដកស្ដេចចេញពីបល្ល័ង្ករបស់ពួកគេនៅអតីតកាល។ (សូមមើលរូបភាព)
១២ ព្រះយេហូវ៉ាបានបង្ហាញយ៉ាងច្បាស់ថា លោកមានអំណាចខ្ពង់ខ្ពស់លើសពី«ពួកអាជ្ញាធរ»។ សូមពិចារណាឧទាហរណ៍បី។ ស្ដេចផារ៉ូនៃស្រុកអេហ្ស៊ីបបានចាប់រាស្ត្ររបស់ព្រះយេហូវ៉ាធ្វើជាខ្ញុំបម្រើ ហើយអស់ជាច្រើនដងគាត់បានបដិសេធមិនព្រមដោះលែងពួកគេ។ ប៉ុន្តែ ព្រះបានរំដោះពួកគេ ហើយបានសម្លាប់ផារ៉ូនៅក្នុងសមុទ្រក្រហម។ (ដច. ១៤:២៦-២៨; ចសព. ១៣៦:១៥) ស្ដេចបេលសាសារនៃស្រុកបាប៊ីឡូនបានធ្វើពិធីភោជនាហារ ហើយបាន«លើកតម្កើងខ្លួនទាស់នឹងម្ចាស់នៃស្ថានសួគ៌» ព្រមទាំង«សរសើរតម្កើងរូបព្រះដែលធ្វើពីមាស ពីប្រាក់» ជាជាងព្រះយេហូវ៉ា។ (ដាន. ៥:២២, ២៣) ប៉ុន្តែ ព្រះបានបន្ទាបបុរសដែលមានអំណួតនេះ។ «នៅយប់នោះឯង» បេលសាសារបានត្រូវគេសម្លាប់ ហើយរាជាណាចក្ររបស់គាត់បានប្រគល់ទៅឲ្យពួកមេឌីនិងពើស៊ី។ (ដាន. ៥:២៨, ៣០, ៣១) ស្ដេចហេរ៉ូឌអាគ្រីប៉ាទី១នៃស្រុកប៉ាឡេស្ទីនបានសម្លាប់សាវ័កយ៉ាកុប ហើយក្រោយមកចាប់សាវ័កពេត្រុសដាក់គុកក្នុងគោលបំណងសម្លាប់គាត់ចោលដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាបានរារាំងគម្រោងរបស់ហេរ៉ូឌ។ «ទេវតារបស់ព្រះយេហូវ៉ាបានធ្វើឲ្យគាត់មានជំងឺ» រួចគាត់ក៏ស្លាប់ទៅ។—សកម្ម. ១២:១-៥, ២១-២៣
១៣. សូមលើកឧទាហរណ៍អំពីរបៀបដែលព្រះយេហូវ៉ាបានយកឈ្នះពួកអ្នកគ្រប់គ្រងដែលបានព្រួតដៃគ្នា។
១៣ ព្រះយេហូវ៉ាក៏បានបង្ហាញថាលោកខ្ពង់ខ្ពស់ជាងអ្នកគ្រប់គ្រងដែលព្រួតដៃគ្នា។ ព្រះយេហូវ៉ាបានច្បាំងជំនួសជនជាតិអ៊ីស្រាអែល ដោយជួយពួកគេឲ្យបំផ្លាញស្ដេចស្រុកកាណាន៣១រូបដែលចងសម្ព័ន្ធភាពគ្នា ហើយដណ្ដើមយកតំបន់ភាគច្រើននៃស្រុកដែលព្រះបានសន្យា។ (យ៉ូស. ១១:៤-៦, ២០; ១២:១, ៧, ២៤) ព្រះយេហូវ៉ាក៏បានជួយជនជាតិអ៊ីស្រាអែលឲ្យយកឈ្នះទាំងស្រុងលើស្ដេចបេនហាដាត និងអ្នកគ្រប់គ្រងជនជាតិស៊ីរី៣២នាក់ទៀតដែលបានច្បាំងនឹងជនជាតិអ៊ីស្រាអែល។—១បស. ២០:១, ២៦-២៩
១៤-១៥. (ក) តើស្ដេចនេប៊ូក្នេសានិងដារីយុសបាននិយាយអ្វីអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា? (ខ) តើអ្នកតែងចម្រៀងសរសើរព្រះបាននិយាយយ៉ាងណាអំពីព្រះយេហូវ៉ានិងប្រជាជាតិរបស់លោក?
១៤ ម្ដងហើយម្ដងទៀត ព្រះយេហូវ៉ាបានបង្ហាញថាលោកជាព្រះដ៏ខ្ពង់ខ្ពស់បំផុត! ពេលស្ដេចនេប៊ូក្នេសានៃស្រុកបាប៊ីឡូនបានអួតអំពី‹អំណាចនិងកម្លាំងខ្លាំងក្លារបស់គាត់ ដើម្បីបង្ហាញភាពរុងរឿងនៃរាជ្យគាត់› ជាជាងទទួលស្គាល់ដោយចិត្តរាបទាបថាព្រះយេហូវ៉ាជាបុគ្គលដែលសមនឹងទទួលការសរសើរតម្កើង នោះលោកបានធ្វើឲ្យគាត់បាត់បង់សតិ។ ក្រោយពីនេប៊ូក្នេសាមានស្មារតីឡើងវិញ គាត់បាន‹សរសើរតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត› ហើយទទួលស្គាល់ថា«រាជាណាចក្ររបស់[ព្រះយេហូវ៉ា]ស្ថិតស្ថេរជាដរាប»។ គាត់បានបន្ថែមថា៖ «គ្មានអ្នកណាម្នាក់អាចរារាំងលោក»ឡើយ។ (ដាន. ៤:៣០, ៣៣-៣៥) មួយវិញទៀត ក្រោយពីចិត្តស្មោះឥតងាករេរបស់ដានីយ៉ែលចំពោះព្រះបានត្រូវសាកល្បង ហើយព្រះយេហូវ៉ាបានសង្គ្រោះគាត់ឲ្យរួចពីរូងតោ ស្ដេចដារីយុសបានប្រកាសថា៖ «បណ្ដាជនទាំងឡាយ . . . ត្រូវគោរពកោតខ្លាចដល់ព្រះរបស់ដានីយ៉ែល ព្រោះលោកជាព្រះដែលមានជីវិតរស់នៅ និងស្ថិតស្ថេរជារៀងរហូត។ រាជាណាចក្ររបស់លោកនឹងមិនត្រូវបំផ្លាញឡើយ ហើយសិទ្ធិគ្រប់គ្រងរបស់លោកស្ថិតស្ថេរជាដរាប»។—ដាន. ៦:៧-១០, ១៩-២២, ២៦, ២៧, កំ.ស.
១៥ អ្នកតែងចម្រៀងសរសើរព្រះបានសង្កេតឃើញថា «ព្រះយេហូវ៉ារារាំងឧបាយកលរបស់ប្រជាជាតិនានា លោកធ្វើឲ្យគម្រោងការរបស់ជនជាតិផ្សេងៗបរាជ័យ»។ គាត់បានបន្ថែមថា៖ «ជនជាតិណាដែលមានព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ជនជាតិនោះមានសុភមង្គលហើយ គឺជនជាតិដែលលោកបានជ្រើសរើសទុកជាសម្បត្តិរបស់លោក»។ (ចសព. ៣៣:១០, ១២) នេះជាមូលហេតុល្អណាស់ឲ្យយើងរក្សាចិត្តស្មោះឥតងាករេចំពោះព្រះយេហូវ៉ា!
សង្គ្រាមចុងក្រោយ
កងទ័ពស្ថានសួគ៌របស់ព្រះយេហូវ៉ានឹងយកឈ្នះយ៉ាងងាយលើប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នា (សូមមើលវគ្គ ១៦-១៧)
១៦. តើយើងអាចមានទំនុកចិត្តអ្វីអំពីគ្រា«ទុក្ខវេទនាជាខ្លាំង» ហើយហេតុអ្វី? (សូមមើលរូបភាព)
១៦ យើងបានអានអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើនៅអតីតកាល។ ដូច្នេះ តើយើងអាចរំពឹងថានឹងមានអ្វីកើតឡើងនៅឆាប់ៗខាងមុខ? យើងអាចមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងសង្គ្រោះអ្នកបម្រើដ៏ស្មោះត្រង់របស់លោកក្នុងអំឡុងគ្រា«ទុក្ខវេទនាជាខ្លាំង»។ (ម៉ាថ. ២៤:២១; ដាន. ១២:១) លោកនឹងធ្វើដូច្នេះ នៅពេលដែលប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នាដែលបានត្រូវហៅថាកូកនៃស្រុកម៉ាកូក វាយប្រហារយ៉ាងសាហាវមកលើពួកអ្នកស្មោះត្រង់នឹងព្រះយេហូវ៉ានៅទូទាំងពិភពលោក។ សូម្បីតែប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នានោះ រួមមានសមាជិកទាំងអស់ចំនួន១៩៣នៃអង្គការសហប្រជាជាតិព្រួតដៃគ្នា ក៏ពួកគេមិនអាចយកឈ្នះព្រះដ៏ខ្ពង់ខ្ពស់បំផុត និងកងទ័ពរបស់លោកនៅស្ថានសួគ៌បានឡើយ! ព្រះយេហូវ៉ាសន្យាថា៖ «ខ្ញុំនឹងលើកតម្កើងខ្លួនខ្ញុំ ហើយញែកខ្លួនខ្ញុំជាបរិសុទ្ធ ថែមទាំងធ្វើឲ្យប្រជាជាតិជាច្រើនស្គាល់ខ្ញុំទៀតផង។ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»។—អេគ. ៣៨:១៤-១៦, ២៣; ចសព. ៤៦:១០
១៧. តើគម្ពីរបានប្រកាសទុកជាមុនអំពីអនាគតបែបណាចំពោះស្ដេចទាំងឡាយនៅផែនដី និងពួកអ្នកដែលរក្សាចិត្តស្មោះឥតងាករេចំពោះព្រះយេហូវ៉ា?
១៧ ការវាយប្រហាររបស់កូកនឹងនាំឲ្យមានសង្គ្រាមអាម៉ាគេដូន ពេលព្រះយេហូវ៉ាបំផ្លាញ«ស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី»។ (បប. ១៦:១៤, ១៦; ១៩:១៩-២១) ផ្ទុយពីពួកអ្នកទាំងនោះ «មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះដែលរស់នៅផែនដីជាដរាប ហើយអ្នកដែលរក្សាចិត្តស្មោះឥតងាករេនឹងអាស្រ័យនៅទីនោះជារៀងរហូត»។—សុភ. ២:២១, កំ.ស.
យើងត្រូវរក្សាចិត្តស្មោះឥតងាករេ
១៨. តើគ្រិស្តសាសនិកពិតជាច្រើននាក់សុខចិត្តធ្វើអ្វី ហើយហេតុអ្វី? (ដានីយ៉ែល ៣:២៨)
១៨ តាំងពីសម័យបុរាណ គ្រិស្តសាសនិកពិតជាច្រើននាក់បានសុខចិត្តបាត់បង់សេរីភាព និងថែមទាំងជីវិតរបស់ពួកគេទៀតផង ដោយសារពួកគេស្រឡាញ់ព្រះយេហូវ៉ាដែលជាអ្នកគ្រប់គ្រងសកលលោក។ គ្រិស្តសាសនិកពិតទាំងនេះតាំងចិត្តរក្សាចិត្តស្មោះត្រង់ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត ដូចជនជាតិហេប្រឺបីនាក់ដែលបានរួចជីវិតពីឡភ្លើង។—សូមអាន ដានីយ៉ែល ៣:២៨
១៩. តើព្រះយេហូវ៉ានឹងវិនិច្ឆ័យរាស្ត្រលោកដោយមានមូលដ្ឋានលើអ្វី ហើយតើយើងត្រូវធ្វើអ្វីនៅឥឡូវនេះ?
១៩ ដាវីឌដែលជាអ្នកតែងចម្រៀងសរសើរព្រះ បានសរសេរអំពីសារៈសំខាន់នៃការរក្សាចិត្តស្មោះឥតងាករេចំពោះព្រះ ថា៖ «ព្រះយេហូវ៉ានឹងកាត់ទោសបណ្ដាជនទាំងឡាយ។ ឱព្រះយេហូវ៉ា សូមវិនិច្ឆ័យខ្ញុំស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ និងស្របតាមចិត្តស្មោះឥតងាករេរបស់ខ្ញុំ»។ (ចសព. ៧:៨) ម្ដងទៀត ដាវីឌបានសរសេរថា៖ «សូមឲ្យចិត្តស្មោះឥតងាករេនិងចិត្តទៀងត្រង់របស់ខ្ញុំរក្សាការពារខ្ញុំ»។ (ចសព. ២៥:២១) របៀបរស់នៅដ៏ល្អបំផុត គឺការរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាដោយមិនលះចោលភក្ដីភាពរបស់យើងចំពោះលោក មិនថាមានអ្វីកើតឡើងក៏ដោយ! យ៉ាងនេះ យើងនឹងមានអារម្មណ៍ដូចអ្នកតែងចម្រៀងសរសើរព្រះដែលបានសរសេរថា៖ «មានសុភមង្គលហើយ អស់អ្នកដែលរក្សាចិត្តស្មោះឥតងាករេ គឺអ្នកដែលកាន់តាមច្បាប់របស់ព្រះយេហូវ៉ា»។—ចសព. ១១៩:១, កំ.ស.
ចម្រៀងលេខ១២២ ចូរពង្រឹងជំហរឲ្យមាំមួនឡើង!
a គម្ពីរប្រាប់គ្រិស្តសាសនិកថា ពួកគេគួរស្ដាប់បង្គាប់ពួកអាជ្ញាធរ ពោលគឺរដ្ឋាភិបាលរបស់ពិភពលោកនេះ។ ប៉ុន្តែ រដ្ឋាភិបាលខ្លះប្រឆាំងព្រះយេហូវ៉ានិងរាស្ត្រលោកដោយបើកចំហ។ តើយើងអាចស្ដាប់បង្គាប់ពួកអ្នកគ្រប់គ្រងជាមនុស្ស ហើយនៅតែបន្តរក្សាចិត្តស្មោះឥតងាករេរបស់យើងចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
b ការពន្យល់ពាក្យ៖ យើងរក្សាចិត្តស្មោះឥតងាករេរបស់យើងចំពោះព្រះយេហូវ៉ា ដោយមានភក្ដីភាពជានិច្ចចំពោះលោកនិងចំពោះសិទ្ធិគ្រប់គ្រងរបស់លោក ទោះជានៅពេលពិបាកក្ដី។
c សូមមើលអត្ថបទដែលមានចំណងជើងថា «ជនជាតិអ៊ីស្រាអែលសម័យបុរាណធ្វើសង្គ្រាម ហេតុអ្វីយើងមិនធ្វើ?» ក្នុងលេខនេះ។