អត្ថបទសិក្សា ៣៧
ចម្រៀងលេខ១១៤ ‹ចូរមានចិត្តអត់ធ្មត់›
ពេលរងអំពើអយុត្តិធម៌ តើយើងគួរមានប្រតិកម្មយ៉ាងណា?
«លោកសង្ឃឹមថាមានយុត្តិធម៌ តែមើល! មានសុទ្ធតែអយុត្តិធម៌»។—អេ. ៥:៧
ចំណុចផ្ដោត
យើងនឹងរៀនអំពីអ្វីដែលលោកយេស៊ូបានធ្វើ ពេលដែលលោកឃើញអ្នកឯទៀតរងអំពើអយុត្តិធម៌ ហើយយើងក៏នឹងរៀនអំពីរបៀបដែលយើងអាចយកតម្រាប់លោកដែរ។
១-២. តើមនុស្សជាច្រើនមានប្រតិកម្មយ៉ាងណាចំពោះអំពើអយុត្តិធម៌ ហើយតើយើងប្រហែលជាឆ្ងល់អំពីអ្វី?
យើងកំពុងរស់នៅក្នុងពិភពលោកដ៏អយុត្តិធម៌។ មានមូលហេតុជាច្រើនដែលនាំឲ្យមនុស្សរងអំពើអយុត្តិធម៌ ដូចជាឋានៈ ភេទ វប្បធម៌ ឬជាតិសាសន៍របស់ពួកគេ។ មនុស្សជាច្រើនរងផលប៉ះពាល់ពីការបង្ខូចបរិស្ថានដែលបង្កឡើងឬកាន់តែធ្ងន់ធ្ងរឡើង ដោយសារអ្នកជំនួញដ៏លោភលន់ និងមន្ត្រីរាជការដែលពុករលួយ។ អំពើអយុត្តិធម៌ទាំងនេះនិងអំពើអយុត្តិធម៌ឯទៀតមានឥទ្ធិពលមកលើយើងទាំងអស់គ្នា មិនថាដោយផ្ទាល់ឬដោយប្រយោលក្ដី។
២ យើងមិនភ្ញាក់ផ្អើលទេ ដែលមនុស្សជាច្រើនខឹងចំពោះអំពើអយុត្តិធម៌ដែលពួកគេឃើញនៅក្នុងពិភពលោកសព្វថ្ងៃនេះ។ យើងទាំងអស់គ្នាចង់រស់នៅក្នុងពិភពលោកដែលមានសុវត្ថិភាព និងចង់ឲ្យអ្នកឯទៀតប្រព្រឹត្តដោយយុត្តិធម៌មកលើយើង។ មនុស្សខ្លះចូលរួមក្រុមចលនាកែប្រែសង្គម។ ពួកគេចុះហត្ថលេខាតវ៉ា ចូលរួមធ្វើបាតុកម្ម ហើយគាំទ្រអ្នកដឹកនាំនយោបាយដែលសន្យាថានឹងប្រយុទ្ធប្រឆាំងនឹងអំពើអយុត្តិធម៌។ ប៉ុន្តែ ក្នុងនាមជាគ្រិស្តសាសនិក យើងរៀនថា យើង«មិនរួមចំណែកក្នុងពិភពលោកទេ» ហើយយើងរង់ចាំរាជាណាចក្រព្រះឲ្យបំបាត់ចោលអំពើអយុត្តិធម៌ទាំងអស់។ (យ៉ូន. ១៧:១៦) ទោះជាយ៉ាងនោះក៏ដោយ យើងនៅតែពិបាកចិត្ត ហើយជួនកាលយើងខឹងពេលឃើញមនុស្សប្រព្រឹត្តអាក្រក់ទៅលើអ្នកឯទៀត។ យើងប្រហែលជាឆ្ងល់ថា ‹តើខ្ញុំគួរមានប្រតិកម្មយ៉ាងណាពេលមានអំពើអយុត្តិធម៌កើតឡើង? តើខ្ញុំអាចធ្វើអ្វីនៅឥឡូវនេះ?›។ ដើម្បីឆ្លើយសំណួរទាំងនេះ ដំបូងសូមឲ្យយើងពិចារណាអំពីអារម្មណ៍របស់ព្រះយេហូវ៉ានិងលោកយេស៊ូចំពោះអំពើអយុត្តិធម៌។
ព្រះយេហូវ៉ានិងលោកយេស៊ូស្អប់អំពើអយុត្តិធម៌
៣. ហេតុអ្វីយើងមានអារម្មណ៍ខឹងចំពោះអំពើអយុត្តិធម៌? (អេសាយ ៥:៧)
៣ គម្ពីរពន្យល់អំពីមូលហេតុដែលយើងមិនចូលចិត្តឲ្យអ្នកឯទៀតប្រព្រឹត្តមកលើយើងដោយអយុត្តិធម៌ ឬឃើញអ្នកឯទៀតរងអំពើអយុត្តិធម៌។ នេះគឺដោយសារព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានភាពដូចលោក ហើយថាលោក«ស្រឡាញ់សេចក្ដីសុចរិតនិងយុត្តិធម៌»។ (ចសព. ៣៣:៥; ដក. ១:២៦) លោកមិនដែលប្រព្រឹត្តដោយអយុត្តិធម៌ទេ ហើយលោកក៏មិនចង់ឲ្យអ្នកឯទៀតប្រព្រឹត្តដោយអយុត្តិធម៌ដែរ! (បច. ៣២:៣, ៤; មីកា ៦:៨; សាក. ៧:៩) ជាឧទាហរណ៍ នៅសម័យរបស់អ្នកប្រកាសទំនាយអេសាយ ព្រះយេហូវ៉ាបានឮ«សម្រែកនៃការឈឺចាប់»របស់ជនជាតិអ៊ីស្រាអែលជាច្រើនដែលរងការធ្វើបាបពីសំណាក់ជនរួមជាតិរបស់ខ្លួន។ (សូមអាន អេសាយ ៥:៧) ព្រះយេហូវ៉ាបានចាត់វិធានការដាក់ទោសពួកអ្នកដែលតែងតែបំពានច្បាប់របស់លោក និងបន្តប្រព្រឹត្តចំពោះអ្នកឯទៀតដោយអយុត្តិធម៌។—អេ. ៥:៥, ១៣
៤. តើព្រឹត្តិការណ៍ដែលបានកត់ទុកនៅក្នុងសៀវភៅដំណឹងល្អបង្ហាញយ៉ាងណាអំពីអារម្មណ៍របស់លោកយេស៊ូចំពោះអំពើអយុត្តិធម៌? (សូមមើលរូបភាពផងដែរ)
៤ ដូចព្រះយេហូវ៉ា លោកយេស៊ូស្រឡាញ់យុត្តិធម៌ ហើយលោកស្អប់អំពើអយុត្តិធម៌។ នៅពេលមួយក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូនៅផែនដី លោកបានឃើញបុរសម្នាក់ដែលស្វិតដៃម្ខាង។ លោកយេស៊ូអាណិតបុរសនោះ ហើយបានធ្វើឲ្យដៃរបស់គាត់ជាសះស្បើយ។ ប៉ុន្តែ ពេលពួកអ្នកដឹកនាំសាសនាឃើញដូច្នេះ ពួកគេក៏ខឹង។ ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការធ្វើតាមការយល់ដឹងយ៉ាងតឹងរ៉ឹងរបស់ពួកគេស្ដីអំពីច្បាប់នៃថ្ងៃឈប់សម្រាក ជាជាងជួយបុរសដែលកំពុងរងទុក្ខនោះ។ តើលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះប្រតិកម្មរបស់ពួកអ្នកដឹកនាំសាសនាទាំងនោះ? លោកបាន«ខកចិត្តយ៉ាងខ្លាំងដោយសារចិត្តពួកគេស្ពឹក»។—ម៉ាក. ៣:១-៦
អ្នកដឹកនាំសាសនាយូដាមិនអាណិតមេត្តាដល់បណ្ដាជនទេ តែលោកយេស៊ូអាណិតមេត្តាដល់ពួកគេ (សូមមើលវគ្គ៤)
៥. តើយើងត្រូវចាំអ្វីអំពីកំហឹងដែលយើងប្រហែលជាមានចំពោះអំពើអយុត្តិធម៌?
៥ ព្រះយេហូវ៉ានិងលោកយេស៊ូមានអារម្មណ៍ខឹងពេលឃើញមនុស្សរងអំពើអយុត្តិធម៌។ ដូច្នេះ គឺមិនខុសទេដែលយើងមានអារម្មណ៍ខឹងដែរ។ (អេភ. ៤:២៦) ប៉ុន្តែយើងត្រូវចាំថា កំហឹងណាក៏ដោយដែលយើងមានសូម្បីតែមានហេតុឲ្យយើងខឹង ក៏មិនអាចដោះស្រាយអំពើអយុត្តិធម៌បានឡើយ។ តាមពិត បើយើងខឹងងំឬមិនចេះទប់កំហឹង នោះអាចនាំឲ្យមានគ្រោះថ្នាក់ដល់ផ្លូវកាយនិងផ្លូវចិត្តរបស់យើង។ (ចសព. ៣៧:១, ៨; យ៉ា. ១:២០) ដូច្នេះ តើយើងគួរធ្វើអ្វីពេលយើងឬអ្នកឯទៀតរងអំពើអយុត្តិធម៌? យើងអាចរៀនពីគំរូរបស់លោកយេស៊ូ។
តើលោកយេស៊ូបានធ្វើអ្វីពេលលោកឃើញអ្នកឯទៀតរងអំពើអយុត្តិធម៌?
៦. ពេលលោកយេស៊ូនៅផែនដី តើលោកឃើញអំពើអយុត្តិធម៌អ្វីខ្លះ? (សូមមើលរូបភាពផងដែរ)
៦ លោកយេស៊ូបានឃើញមនុស្សជាច្រើនរងអំពើអយុត្តិធម៌។ លោកដឹងថា ពួកអ្នកដឹកនាំសាសនាបានបន្ថែមច្បាប់ជាច្រើនដែលធ្វើឲ្យជីវិតរបស់មនុស្សពិបាកយ៉ាងខ្លាំង។ (ម៉ាថ. ២៣:២-៤) ម្យ៉ាងទៀត លោកដឹងថាពួកអាជ្ញាធររ៉ូមបានប្រព្រឹត្តទៅលើមនុស្សដោយគ្មានមេត្តា។ ជនជាតិយូដាជាច្រើនចង់មានសេរីភាពពីការគ្រប់គ្រងរបស់រ៉ូម។ អ្នកខ្លះដូចជាពួកអ្នកជ្រុលនិយមខាងសាសនាយូដា តតាំងទាមទារសេរីភាពពីរ៉ូម។ ប៉ុន្តែ លោកយេស៊ូមិនបានចូលរួមឬគាំទ្រក្រុមចលនាផ្លាស់ប្ដូរសង្គមណាមួយនោះទេ។ ម្យ៉ាងទៀត ពេលលោកយេស៊ូដឹងថា មនុស្សមានគម្រោងតែងតាំងលោកឲ្យធ្វើជាស្ដេច លោកបានចាកចេញពីពួកគេ។—យ៉ូន. ៦:១៥
លោកយេស៊ូបានញែកខ្លួនចេញពីបណ្ដាជន ពេលពួកគេចង់តែងតាំងលោកជាស្ដេច (សូមមើលវគ្គ៦)
៧-៨. ពេលលោកយេស៊ូនៅផែនដី ហេតុអ្វីលោកមិនព្យាយាមបំបាត់ចោលអំពើអយុត្តិធម៌? (យ៉ូហាន ១៨:៣៦)
៧ ពេលលោកយេស៊ូនៅផែនដី លោកមិនបានព្យាយាមរួមដៃក្នុងរឿងនយោបាយដើម្បីបំបាត់ចោលអំពើអយុត្តិធម៌ទេ។ ហេតុអ្វី? ពីព្រោះលោកដឹងថា មនុស្សមិនមានសិទ្ធិឬសមត្ថភាពដើម្បីគ្រប់គ្រងខ្លួនឯងឡើយ។ (ចសព. ១៤៦:៣; យេ. ១០:២៣) ពួកគេក៏មិនមានសមត្ថភាពដើម្បីបំបាត់ចោលដើមហេតុដែលនាំឲ្យមានអំពើអយុត្តិធម៌នោះដែរ។ មេកំណាចសាថានដែលជាបុគ្គលវិញ្ញាណដ៏សាហាវឃោរឃៅ ជាអ្នកគ្រប់គ្រងពិភពលោកនេះ។ វាគ្មានមេត្តា ហើយមនុស្សជាច្រើនក្នុងពិភពលោកនេះធ្វើតាមវា។ (យ៉ូន. ៨:៤៤; អេភ. ២:២) សូម្បីតែមនុស្សល្អ ក៏មិនអាចដោះស្រាយបញ្ហានៅក្នុងពិភពលោកនេះបានដែរ ដោយសារពួកគេមិនតែងតែធ្វើអ្វីដែលយុត្តិធម៌ទេ។—អទ. ៧:២០
៨ លោកយេស៊ូដឹងថា មានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះដែលនឹងបំបាត់ចោលទាំងស្រុងនូវដើមហេតុនៃអំពើអយុត្តិធម៌។ នេះជាមូលហេតុដែលលោកបានចំណាយពេលនិងកម្លាំងរបស់លោក ដើម្បី«ផ្សព្វផ្សាយនិងប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»។ (លូក. ៨:១) លោកពង្រឹងទំនុកចិត្ត«អស់អ្នកដែលស្រេកឃ្លានចំពោះសេចក្ដីសុចរិត»ថា នឹងលែងមានអំពើពុករលួយនិងអំពើអយុត្តិធម៌ទៀត។ (ម៉ាថ. ៥:៦; លូក. ១៨:៧, ៨) នេះនឹងត្រូវសម្រេច មិនមែនតាមរយៈការធ្វើកំណែទម្រង់សង្គមទេ តែតាមរយៈការគ្រប់គ្រងនៃរដ្ឋាភិបាលរបស់ព្រះនៅស្ថានសួគ៌ ដែល«មិនមែនជារបស់ពិភពលោកនេះទេ»។—សូមអាន យ៉ូហាន ១៨:៣៦
ចូរយកតម្រាប់លោកយេស៊ូពេលឃើញអំពើអយុត្តិធម៌
៩. តើអ្វីធ្វើឲ្យអ្នកជឿជាក់ថាមានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះនឹងបំបាត់ចោលអំពើអយុត្តិធម៌ទាំងអស់?
៩ នៅសព្វថ្ងៃនេះ យើងឃើញអំពើអយុត្តិធម៌ច្រើនជាងអ្វីដែលលោកយេស៊ូបានឃើញពេលដែលលោកនៅផែនដីទៅទៀត។ សាថាននិងមនុស្សមិនល្អឥតខ្ចោះដែលនៅក្រោមឥទ្ធិពលរបស់វា នៅតែជាដើមហេតុនៃអំពើអយុត្តិធម៌ដែលមាននៅ«គ្រាចុងក្រោយបង្អស់»នេះ។ (២ធី. ៣:១-៥, ១៣; បប. ១២:១២) ដូចលោកយេស៊ូ យើងដឹងថាមានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះដែលនឹងបំបាត់ចោលដើមហេតុនៃអំពើអយុត្តិធម៌។ ដោយសារយើងគាំទ្ររាជាណាចក្ររបស់ព្រះទាំងស្រុង យើងបដិសេធចូលរួមការដង្ហែក្បួនតវ៉ា បាតុកម្ម និងការខំប្រឹងព្យាយាមផ្សេងទៀតរបស់ពិភពលោកដើម្បីទប់ស្កាត់អំពើអយុត្តិធម៌។ សូមពិចារណាអំពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះស្តេស៊ី។a មុនបងស្តេស៊ីរៀនសេចក្ដីពិត គាត់ច្រើនតែចូលរួមធ្វើបាតុកម្មប្រឆាំងនឹងអំពើអយុត្តិធម៌។ ប៉ុន្តែយូរៗទៅ គាត់ចាប់ផ្ដើមសង្ស័យថា តើអ្វីដែលគាត់កំពុងធ្វើគឺត្រឹមត្រូវឬទេ? គាត់និយាយថា៖ «ជួនកាលខ្ញុំគិតថា ប្រហែលជាការទាមទារនោះមិនមែនជាដំណោះស្រាយត្រឹមត្រូវទេ។ ប៉ុន្តែឥឡូវខ្ញុំដឹងប្រាកដថា មានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះដែលនឹងដោះស្រាយបញ្ហាទាំងអស់។ ខ្ញុំដឹងថាព្រះយេហូវ៉ានឹងបំបាត់ចោលទុក្ខវេទនាទាំងអស់ ជាអ្វីដែលខ្ញុំមិនអាចដោះស្រាយបានដោយខ្លួនឯង»។—ចសព. ៧២:១, ៤
១០. តើតាមរបៀបណាការធ្វើកំណែទម្រង់សង្គមមិនស្របនឹងយោបល់របស់លោកយេស៊ូនៅម៉ាថាយ ៥:៤៣-៤៨? (សូមមើលរូបភាពផងដែរ)
១០ មនុស្សជាច្រើននៅសព្វថ្ងៃនេះចូលរួមក្រុមដែលព្យាយាមធ្វើកំណែទម្រង់សង្គម។ ប៉ុន្តែ ពួកគេភាគច្រើនខឹងសម្បាដល់ម្ល៉េះ រហូតដល់ពួកគេបំពានច្បាប់ ហើយធ្វើបាបអ្នកឯទៀត។ នេះប្រឆាំងនឹងអ្វីដែលលោកយេស៊ូបានបង្រៀន។ (អេភ. ៤:៣១) បងប្រុសម្នាក់ឈ្មោះចេហ្វ្រីនិយាយថា៖ «ខ្ញុំដឹងថាពេលមនុស្សធ្វើបាតុកម្ម ពួកគេអាចខឹងសម្បាយ៉ាងខ្លាំងរហូតដល់ចាប់ផ្ដើមប្រព្រឹត្តអំពើហិង្សា លួច និងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ»។ ប៉ុន្តែ លោកយេស៊ូបង្រៀនយើងឲ្យប្រព្រឹត្តចំពោះមនុស្សទាំងអស់ដោយក្ដីស្រឡាញ់ សូម្បីតែអ្នកដែលមិនយល់ស្របនឹងយើងឬអ្នកដែលបៀតបៀនយើង។ (សូមអាន ម៉ាថាយ ៥:៤៣-៤៨) យើងខំអស់ពីសមត្ថភាពដើម្បីយកតម្រាប់លោកយេស៊ូ។
យើងត្រូវការចិត្តក្លាហានដើម្បីមិនរួមចំណែកក្នុងពិភពលោកនេះ (សូមមើលវគ្គ១០)
១១. ហេតុអ្វីជួនកាលយើងប្រហែលជាពិបាកយកតម្រាប់លោកយេស៊ូ?
១១ ទោះជាយើងដឹងថារាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលអំពើអយុត្តិធម៌ទាំងស្រុងក៏ដោយ យើងប្រហែលជាពិបាកយកតម្រាប់លោកយេស៊ូពេលយើងរងអំពើអយុត្តិធម៌។ សូមគិតអំពីអ្វីដែលបានកើតឡើងចំពោះបងស្រីម្នាក់ឈ្មោះចាណាយ៉ាដែលបានត្រូវគេរើសអើង។ គាត់សារភាពថា៖ «ខ្ញុំឈឺចិត្ត ហើយខឹងយ៉ាងខ្លាំង។ ខ្ញុំចង់ឲ្យអ្នកទាំងនោះទទួលទោស។ ក្រោយមក ខ្ញុំបានគិតអំពីការចូលរួមក្រុមចលនាប្រឆាំងនឹងការប្រកាន់ពូជសាសន៍និងការរើសអើង។ ខ្ញុំគិតថា ការធ្វើដូច្នេះនឹងធ្វើឲ្យខ្ញុំធូរចិត្ត»។ ប៉ុន្តែយូរៗទៅ បងចាណាយ៉ាយល់ថា គាត់ត្រូវផ្លាស់ប្ដូររបៀបគិតគូររបស់គាត់។ គាត់និយាយថា៖ «ខ្ញុំបានអនុញ្ញាតឲ្យអ្នកទៀតមានឥទ្ធិពលមកលើរបៀបគិតគូររបស់ខ្ញុំ ពោលគឺទុកចិត្តមនុស្សជាជាងទុកចិត្តព្រះយេហូវ៉ា។ រួចមក ខ្ញុំសម្រេចចិត្តឈប់ទាក់ទងជាមួយនឹងពួកអ្នកដែលធ្វើបែបនោះទៀត»។ ទោះជាយើងខឹងពេលយើងរងអំពើអយុត្តិធម៌ឬពេលយើងឃើញអ្នកឯទៀតរងអំពើអយុត្តិធម៌ក៏ដោយ យើងត្រូវប្រុងប្រយ័ត្នដោយទប់កំហឹងរបស់យើង និងដោយមិនរួមចំណែកក្នុងពិភពលោក។—យ៉ូន. ១៥:១៩
១២. ហេតុអ្វីយើងគួរប្រុងប្រយ័ត្នចំពោះអ្វីដែលយើងអាន មើល ឬស្ដាប់?
១២ តើអ្វីអាចជួយយើងឲ្យរក្សាចិត្តស្ងប់ពេលយើងឬអ្នកឯទៀតរងអំពើអយុត្តិធម៌? អ្វីមួយដែលយើងអាចធ្វើ គឺប្រុងប្រយ័ត្នចំពោះអ្វីដែលយើងអាន មើល ឬស្ដាប់។ រឿងខ្លះដែលគេបង្ហោះក្នុងបណ្ដាញសង្គម គឺដើម្បីធ្វើឲ្យមនុស្សតក់ស្លុតនិងត្អូញត្អែរអំពីរដ្ឋាភិបាល។ ក្រុមហ៊ុនផ្សាយព័ត៌មានច្រើនតែផ្សាយព័ត៌មានតាមរបៀបដែលលម្អៀង ហើយទោះជាព័ត៌មានដែលគេផ្សាយគឺជាការពិតក្ដី យើងមិនអាចដោះស្រាយបញ្ហានោះដោយបន្តអានអំពីអ្វីដែលបានកើតឡើងទេ។ បើយើងចំណាយពេលច្រើនដើម្បីអាននិងស្ដាប់ព័ត៌មានបែបនោះ យើងប្រហែលជានឹងខឹងឬធ្លាក់ទឹកចិត្តទៀតផង។ (សុភ. ២៤:១០) អាក្រក់ជាងនោះទៅទៀត យើងអាចភ្លេចដំណោះស្រាយដ៏ពិតប្រាកដដែលនឹងបំបាត់ចោលអំពើអយុត្តិធម៌ទាំងអស់ ពោលគឺរាជាណាចក្ររបស់ព្រះ។
១៣. តើការមានទម្លាប់ល្អក្នុងការអានគម្ពីរអាចជួយយើងឲ្យរក្សាទស្សនៈត្រឹមត្រូវចំពោះអំពើអយុត្តិធម៌យ៉ាងដូចម្ដេច?
១៣ ការមានទម្លាប់ល្អក្នុងការអានគម្ពីរនិងរំពឹងគិត អាចជួយយើងពេលយើងរងអំពើអយុត្តិធម៌ឬពេលយើងឃើញអ្នកឯទៀតរងអំពើអយុត្តិធម៌។ បងស្រីម្នាក់ឈ្មោះអាលីយ៉ាឈឺចិត្តយ៉ាងខ្លាំង ពេលគាត់ឃើញមនុស្សធ្វើបាបអ្នកឯទៀត។ គាត់ខឹងដោយសារមនុស្សដែលធ្វើអ្វីខុសមិនបានទទួលការកាត់ទោស។ គាត់និយាយថា៖ «ខ្ញុំទទួលស្គាល់ថា បើខ្ញុំពិតជាជឿថាព្រះយេហូវ៉ានឹងដោះស្រាយបញ្ហាទាំងនេះ ខ្ញុំត្រូវផ្លាស់ប្ដូររបៀបគិតគូររបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំបានអានយ៉ូប ៣៤:២២-២៩។ ខទាំងនោះរំលឹកខ្ញុំថា ព្រះយេហូវ៉ាឃើញអ្វីៗទាំងអស់។ មានតែលោកប៉ុណ្ណោះដែលស្គាល់ថាយុត្តិធម៌ពិតគឺយ៉ាងណា ហើយមានតែលោកប៉ុណ្ណោះដែលនឹងដោះស្រាយបញ្ហាទាំងអស់យ៉ាងពេញលេញ»។ ប៉ុន្តែ តើយើងអាចធ្វើអ្វីនៅឥឡូវនេះ កាលដែលយើងរង់ចាំឲ្យរាជាណាចក្ររបស់ព្រះនាំមកនូវយុត្តិធម៌ពិត?
តើយើងអាចធ្វើអ្វីនៅឥឡូវនេះ?
១៤. តើយើងអាចធ្វើអ្វីនៅឥឡូវនេះ? (កូឡុស ៣:១០, ១១)
១៤ យើងមិនអាចគ្រប់គ្រងលើការប្រព្រឹត្តរបស់អ្នកឯទៀតទេ តែយើងអាចធ្វើឲ្យប្រាកដថាយើងផ្ទាល់ប្រព្រឹត្តល្អទៅលើអ្នកឯទៀត។ ដូចយើងបានពិចារណារួចហើយ យើងយកតម្រាប់លោកយេស៊ូដោយបង្ហាញសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់បែបនេះអាចជំរុញចិត្តយើងឲ្យប្រព្រឹត្តទៅលើអ្នកឯទៀតដោយគោរព ទោះជាពួកគេជាអ្នកប្រព្រឹត្តអំពើអយុត្តិធម៌ក៏ដោយ។ (ម៉ាថ. ៧:១២; រ៉ូម ១២:១៧) ព្រះយេហូវ៉ាពេញចិត្តពេលយើងប្រព្រឹត្តដោយសប្បុរស និងដោយយុត្តិធម៌ចំពោះមនុស្សទាំងអស់។—សូមអាន កូឡុស ៣:១០, ១១
១៥. តើការប្រាប់មនុស្សអំពីសេចក្ដីពិតក្នុងគម្ពីរជួយពួកគេយ៉ាងដូចម្ដេច?
១៥ របៀបដ៏ល្អបំផុតដើម្បីជួយមនុស្ស គឺដោយបង្រៀនពួកគេអំពីព្រះយេហូវ៉ា។ ហេតុអ្វីយើងនិយាយដូច្នេះ? ពីព្រោះ«ចំណេះរបស់ព្រះយេហូវ៉ា»អាចកែប្រែបុគ្គលដែលខឹងនិងឃោរឃៅ ឲ្យទៅជាបុគ្គលដែលសប្បុរសនិងស្រឡាញ់សន្តិភាព។ (អេ. ១១:៦, ៧, ៩) មុនរៀនសេចក្ដីពិត បុរសម្នាក់ឈ្មោះចេម៉ាលបានចូលរួមក្នុងក្រុមបះបោរមួយដែលប្រឆាំងនឹងរដ្ឋាភិបាលដែលគាត់គិតថាសង្កត់សង្កិនលើមនុស្ស។ គាត់និយាយថា៖ «យើងមិនអាចបង្ខំមនុស្សឲ្យកែប្រែបានទេ។ ខ្ញុំមិនបានត្រូវកែប្រែដោយសារការបង្ខិតបង្ខំទេ តែសេចក្ដីពិតពីគម្ពីរបានកែប្រែខ្ញុំ»។ អ្វីដែលបងចេម៉ាលបានរៀនបានជំរុញចិត្តគាត់ឲ្យឈប់តវ៉ាបះបោរទៀត។ ដូច្នេះ ពេលយើងបង្រៀនមនុស្សអំពីសេចក្ដីពិតពីគម្ពីរ យើងអាចជួយពួកគេឲ្យឈប់ធ្វើអ្វីដែលនាំឲ្យអ្នកឯទៀតរងទុក្ខ។
១៦. ហេតុអ្វីអ្នកចង់ប្រាប់អ្នកឯទៀតអំពីរាជាណាចក្ររបស់ព្រះ?
១៦ ដូចលោកយេស៊ូ យើងចង់ប្រាប់មនុស្សថាមានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះដែលអាចបំបាត់ចោលអំពើអយុត្តិធម៌ទាំងស្រុង។ សេចក្ដីសង្ឃឹមនេះអាចលើកទឹកចិត្តពួកអ្នកដែលរងអំពើអយុត្តិធម៌។ (យេ. ២៩:១១) បងស្តេស៊ីដែលបានត្រូវរៀបរាប់នៅខាងលើពន្យល់ថា៖ «ការរៀនសេចក្ដីពិតបានជួយខ្ញុំឲ្យស៊ូទ្រាំនឹងអំពើអយុត្តិធម៌ដែលខ្ញុំបានឃើញនិងបានជួប។ ព្រះយេហូវ៉ាប្រើដំណឹងក្នុងគម្ពីរដើម្បីផ្ដល់ការសម្រាលទុក្ខដល់យើង»។ យើងត្រូវត្រៀមខ្លួនសម្រាលទុក្ខអ្នកឯទៀត ដោយប្រាប់ពួកគេអំពីសេចក្ដីសន្យាពីគម្ពីរ។ បើអ្នកកាន់តែស្គាល់អ្វីដែលគម្ពីរចែងអំពីទុក្ខវេទនា អ្នកអាចកាន់តែជឿជាក់លើសេចក្ដីបង្រៀនទាំងនេះ។ យ៉ាងនោះ មិនថានៅសាលាឬនៅកន្លែងធ្វើការក្ដី អ្នកអាចបង្រៀនអ្នកឯទៀតអំពីមូលហេតុដែលយើងរងទុក្ខ និងអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើដើម្បីបំបាត់ចោលទុក្ខវេទនា។b
១៧. តើព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំនឹងអំពើអយុត្តិធម៌នៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
១៧ យើងដឹងថាយើងនឹងជួបអំពើអយុត្តិធម៌ ដរាបណាសាថានជា«អ្នកគ្រប់គ្រងពិភពលោកនេះ»។ ប៉ុន្តែ កាលដែលយើងរង់ចាំឲ្យវាត្រូវ«បណ្ដេញចោល» យើងមិនមែនអស់សង្ឃឹមឬគ្មានជំនួយទេ។ (យ៉ូន. ១២:៣១) ក្នុងគម្ពីរ ព្រះយេហូវ៉ាមិនគ្រាន់តែបង្ហាញអំពីមូលហេតុដែលមានអំពើអយុត្តិធម៌ច្រើនដល់ម្ល៉េះប៉ុណ្ណោះទេ តែក៏ប្រាប់យើងអំពីអារម្មណ៍របស់លោកពេលលោកឃើញយើងរងអំពើអយុត្តិធម៌ដែរ។ (ចសព. ៣៤:១៧-១៩) តាមរយៈបុត្ររបស់លោក ព្រះយេហូវ៉ាបង្រៀនយើងអំពីប្រតិកម្មដែលយើងគួរមានចំពោះអំពើអយុត្តិធម៌ដែលយើងមាននៅសព្វថ្ងៃនេះ និងរបៀបដែលមិនយូរទៀតរាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលអំពើអយុត្តិធម៌ទាំងស្រុង។ (២ពេ. ៣:១៣) សូមឲ្យយើងបន្ដផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រនោះដោយចិត្តខ្នះខ្នែង ហើយទន្ទឹងរង់ចាំគ្រាដែលផែនដីនឹងពោរពេញទៅដោយ«សេចក្ដីសុចរិតយុត្តិធម៌»។—អេ. ៩:៧
ចម្រៀងលេខ១៥៨ ‹ថ្ងៃនោះមកជាពិត!›
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
b សូមមើលសេចក្ដីពន្យល់បន្ថែម ផ្នែកក ចំណុចទី២៤-២៧ ក្នុងសៀងភៅស្ដើងស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត។