អត្ថបទសិក្សា ៣៨
ចម្រៀងលេខ១២០ ចូរមានចិត្តស្លូតបូតដូចគ្រិស្ត
ចូរបង្ហាញការគោរពចំពោះអ្នកឯទៀត
«មានគេគោរពរាប់អាន ប្រសើរជាងមានមាសប្រាក់»។—សុភ. ២២:១
ចំណុចផ្ដោត
សូមរៀនអំពីមូលហេតុដែលយើងត្រូវបង្ហាញការគោរពចំពោះអ្នកឯទៀត ហើយរបៀបដែលយើងអាចធ្វើដូច្នោះ ទោះជាស្ថិតក្នុងស្ថានភាពពិបាកក្ដី។
១. ហេតុអ្វីយើងសប្បាយចិត្តពេលទទួលការគោរពពីអ្នកឯទៀត? (សុភាសិត ២២:១)
ពេលអ្នកឯទៀតបង្ហាញការគោរពចំពោះអ្នក តើអ្នកសប្បាយចិត្តឬទេ? អ្នកប្រាកដជាសប្បាយចិត្ត។ មនុស្សទាំងអស់ត្រូវការការគោរពពីអ្នកឯទៀត។ យើងសប្បាយចិត្តពេលអ្នកឯទៀតគោរពយើង។ នេះជាមូលហេតុដែលគម្ពីរចែងថា៖ «មានគេគោរពរាប់អាន ប្រសើរជាងមានមាសប្រាក់»!—សូមអាន សុភាសិត ២២:១
២-៣. តើយើងគួរបង្ហាញការគោរពចំពោះអ្នកឯទៀតនៅក្នុងស្ថានភាពណាខ្លះ?
២ យើងប្រហែលជាមិនតែងតែងាយស្រួលបង្ហាញការគោរពចំពោះអ្នកឯទៀតទេ។ មូលហេតុមួយគឺដោយសារយើងឃើញភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត។ ម្យ៉ាងទៀត យើងកំពុងរស់នៅគ្រាមួយដែលមនុស្សច្រើនតែមិនបង្ហាញការគោរព។ ប៉ុន្តែ យើងត្រូវធ្វើខុសពីគេ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាចង់ឲ្យយើងលើកកិត្តិយសឬបង្ហាញការគោរពចំពោះ«មនុស្សគ្រប់ប្រភេទ»។—១ពេ. ២:១៧
៣ ក្នុងអត្ថបទនេះ យើងនឹងរៀនថា តើការគោរពចំពោះអ្នកឯទៀតមានន័យយ៉ាងណា ហើយតើតាមរបៀបណាយើងអាចបង្ហាញការគោរពចំពោះ (១) សមាជិកក្រុមគ្រួសារ (២) បងប្អូនរួមជំនឿ និង(៣) ពួកអ្នកនៅក្រៅក្រុមជំនុំ? យើងនឹងផ្ដោតអារម្មណ៍ទៅលើរបៀបដែលយើងអាចបង្ហាញការគោរពពេលស្ថិតនៅក្នុងស្ថានភាពពិបាក។
តើការគោរពចំពោះអ្នកឯទៀតមានន័យយ៉ាងណា?
៤. តើការគោរពចំពោះអ្នកឯទៀតមានន័យយ៉ាងណា?
៤ តើពាក្យគោរពមានន័យយ៉ាងណា? ក្នុងភាសាខ្លះ ពាក្យ«គោរព»និងពាក្យ«លើកកិត្តិយស»គឺជាប់ទាក់ទងគ្នា។ តើតាមរបៀបណា? ពាក្យ«គោរព» ផ្ដោតសំខាន់ទៅលើទស្សនៈរបស់យើងចំពោះអ្នកណាម្នាក់។ ពេលយើងគោរពអ្នកឯទៀត យើងចាត់ទុកពួកគេថាសមនឹងទទួលការយកចិត្តទុកដាក់ពីយើង ប្រហែលជាដោយសារគុណសម្បត្តិ ឋានៈ ឬអ្វីដែលពួកគេបានសម្រេច។ ប៉ុន្តែ ពាក្យ«លើកកិត្តិយស»សំដៅទៅលើរបៀបដែលយើងប្រព្រឹត្តចំពោះបុគ្គលណាម្នាក់។ ពេលយើងលើកកិត្តិយសអ្នកឯទៀត យើងប្រព្រឹត្តចំពោះពួកគេតាមរបៀបដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនមានតម្លៃ ហើយមានប្រយោជន៍។ ប៉ុន្តែ ការលើកកិត្តិយសអ្នកឯទៀត ត្រូវស្មោះអស់ពីចិត្ត។—ម៉ាថ. ១៥:៨
៥. តើអ្វីអាចជំរុញចិត្តយើងឲ្យបង្ហាញការគោរពចំពោះអ្នកឯទៀត?
៥ ព្រះយេហូវ៉ាចង់ឲ្យយើងបង្ហាញការគោរពចំពោះអ្នកឯទៀត។ ជាឧទាហរណ៍ លោកតម្រូវឲ្យយើងបង្ហាញការគោរពចំពោះ«ពួកអាជ្ញាធរ»។ (រ៉ូម ១៣:១, ៧) ប៉ុន្តែ អ្នកខ្លះប្រហែលជានិយាយថា «ខ្ញុំសប្បាយបង្ហាញការគោរពចំពោះអ្នកឯទៀត ឲ្យតែបុគ្គលនោះប្រព្រឹត្តអ្វីដែលសមឲ្យខ្ញុំគោរពគាត់»។ តើការវែកញែកបែបនោះសមហេតុសមផលឬទេ? ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងទទួលស្គាល់ថាការគោរពចំពោះមនុស្សមិនផ្អែកទៅលើការប្រព្រឹត្តរបស់ពួកគេទាំងស្រុងទេ តែផ្អែកទៅលើអ្វីដែលជ្រាលជ្រៅជាង ពោលគឺសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងបំណងចិត្តចង់ធ្វើឲ្យលោកពេញចិត្ត។—យ៉ូស. ៤:១៤; ១ពេ. ៣:១៥
៦. តើអ្នកអាចបង្ហាញការគោរពចំពោះបុគ្គលដែលមិនគោរពអ្នកឬទេ? សូមពន្យល់។ (សូមមើលរូបភាពផងដែរ)
៦ មនុស្សខ្លះប្រហែលជាឆ្ងល់ថា ‹តើយើងពិតជាអាចបង្ហាញការគោរពចំពោះអ្នកដែលប្រព្រឹត្តមកលើយើងដោយមិនគោរពឬទេ?›។ យើងអាចធ្វើដូច្នោះបាន។ សូមគិតអំពីឧទាហរណ៍មួយចំនួន។ ស្ដេចសុលបានធ្វើឲ្យយ៉ូណាថានដែលជាកូនរបស់គាត់ខ្មាសគេនៅចំពោះមុខអ្នកឯទៀត។ (១សាំ. ២០:៣០-៣៤) ប៉ុន្តែ យ៉ូណាថានបានបង្ហាញការគោរពដោយគាំទ្រឪពុករបស់គាត់ក្នុងសង្គ្រាមរហូតដល់ថ្ងៃដែលសុលស្លាប់។ (ដច. ២០:១២; ២សាំ. ១:២៣) សម្ដេចសង្ឃអេលីចោទប្រកាន់ហាណាថាស្រវឹងស្រា។ (១សាំ. ១:១២-១៤) ទោះជាយ៉ាងនោះក៏ដោយ ហាណាបាននិយាយទៅកាន់អេលីដោយការគោរព។ គាត់ធ្វើដូច្នេះ ទោះជាមនុស្សគ្រប់រូបនៅអ៊ីស្រាអែលដឹងថា អេលីមិនបានកែតម្រង់កូនប្រុសខូចអាក្រក់របស់គាត់ ដែលជាអ្វីដែលគាត់គួរតែធ្វើក្នុងនាមជាឪពុកនិងជាសម្ដេចសង្ឃក្ដី។ (១សាំ. ១:១៥-១៨; ២:២២-២៤) ម្យ៉ាងទៀត ពួកបុរសនៅក្រុងអាថែនមើលងាយសាវ័កប៉ូលដោយហៅគាត់ថា៖ «អ្នកព្រោកប្រាជ្ញ»។ (សកម្ម. ១៧:១៨) ទោះជាយ៉ាងនោះក៏ដោយ ប៉ូលបាននិយាយទៅកាន់ពួកគេដោយការគោរព។ (សកម្ម. ១៧:២២) គំរូទាំងនេះបង្ហាញថាសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះយេហូវ៉ា និងបំណងចិត្តមិនចង់ធ្វើឲ្យលោកខកចិត្ត អាចជំរុញចិត្តយើងឲ្យបង្ហាញការគោរពចំពោះអ្នកឯទៀត មិនគ្រាន់តែនៅពេលស្រួលប៉ុណ្ណោះទេ តែក៏នៅពេលពិបាកដែរ។ សូមយើងពិចារណាថា តើយើងគួរគោរពអ្នកណាខ្លះ ហើយហេតុអ្វី?
ទោះជាឪពុករបស់យ៉ូណាថានធ្វើឲ្យគាត់ខ្មាសគេនៅចំពោះមុខអ្នកឯទៀតក៏ដោយ យ៉ូណាថានបន្ដការពារនិងគាំទ្រឪពុករបស់គាត់ជាស្ដេច (សូមមើលវគ្គ៦)
ចូរបង្ហាញការគោរពចំពោះសមាជិកក្រុមគ្រួសារ
៧. តើអ្វីប្រហែលជាធ្វើឲ្យយើងពិបាកប្រព្រឹត្តចំពោះសមាជិកក្រុមគ្រួសារដោយគោរព?
៧ ការពិបាក។ យើងចំណាយពេលជាច្រើនជាមួយនឹងក្រុមគ្រួសាររបស់យើង។ ជាលទ្ធផល យើងស្គាល់ចំណុចខ្សោយនិងចំណុចខ្លាំងរបស់គ្នា។ ក្នុងក្រុមគ្រួសារខ្លះ ប្រហែលជាមានបុគ្គលដែលមានជំងឺដែលធ្វើឲ្យយើងពិបាកថែរក្សាពួកគេ ឬពួកគេប្រហែលជាចេះតែខ្វល់ខ្វាយឥតឈប់។ រីឯអ្នកខ្លះទៀត ប្រហែលជាថែមទាំងនិយាយនិងប្រព្រឹត្តអ្វីដែលធ្វើឲ្យយើងឈឺចិត្តទៀតផង។ តាមធម្មតា យើងគួរមានអារម្មណ៍ស្រួលពេលនៅជាមួយក្រុមគ្រួសាររបស់យើង។ ប៉ុន្តែ ពេលសមាជិកក្រុមគ្រួសារមិនបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក ពួកគេអាចខឹងសម្បាដាក់គ្នា។ ជាលទ្ធផល ក្រុមគ្រួសារមិនចុះសម្រុងគ្នា។ ដូចជំងឺសន្លាក់ឆ្អឹងធ្វើឲ្យអវយវៈនៃរូបកាយមិនដំណើរការល្អ ការមិនគោរពគ្នា ធ្វើឲ្យសមាជិកក្នុងក្រុមគ្រួសារមិនចុះសម្រុងគ្នា។ ប៉ុន្តែ ខុសពីជំងឺសន្លាក់ឆ្អឹងដែលមិនអាចព្យាបាលឲ្យជាទាំងស្រុងបាន យើងអាចបញ្ឈប់ការមិនគោរពគ្នា កុំឲ្យក្រុមគ្រួសារបែកបាក់សាមគ្គី។
៨. ហេតុអ្វីគឺជាការសំខាន់ឲ្យយើងបង្ហាញការគោរពចំពោះសមាជិកក្រុមគ្រួសារ? (ធីម៉ូថេទី១ ៥:៤, ៨)
៨ ហេតុអ្វីយើងគួរបង្ហាញការគោរព? (សូមអាន ធីម៉ូថេទី១ ៥:៤, ៨) នៅក្នុងសំបុត្រទី១របស់សាវ័កប៉ូលសរសេរទៅកាន់ធីម៉ូថេ ប៉ូលបានរៀបរាប់អំពីរបៀបដែលសមាជិកក្រុមគ្រួសារគួរយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់គ្នាទៅវិញទៅមក។ គាត់ពន្យល់ថា មូលហេតុចម្បងដែលជំរុញចិត្តយើងឲ្យលើកកិត្តិយសសមាជិកក្រុមគ្រួសាររបស់យើង គឺមិនមែនដើម្បីបង្គ្រប់កិច្ចទេ ប៉ុន្តែគឺដើម្បីបង្ហាញ«ភក្ដីភាពចំពោះព្រះ»។ ពាក្យនេះសំដៅទៅលើការគោរពប្រណិប័តន៍និងការបម្រើព្រះយ៉ាងស្មោះភក្ដី។ ព្រះយេហូវ៉ាគឺជាអ្នករៀបចំឲ្យមានក្រុមគ្រួសារ។ (អេភ. ៣:១៤, ១៥) ដូច្នេះ ពេលយើងលើកកិត្តិយសសមាជិកក្រុមគ្រួសាររបស់យើងណាម្នាក់ យើងបង្ហាញថាយើងលើកកិត្តិយសព្រះយេហូវ៉ាដែលជាបង្កើតឲ្យមានក្រុមគ្រួសារ។ (១ធី. ៥:៤) នេះជាមូលហេតុដ៏សំខាន់ដែលជំរុញចិត្តយើងឲ្យបង្ហាញការគោរពចំពោះសមាជិកក្រុមគ្រួសាររបស់យើង!
៩. តើតាមរបៀបណាប្ដីនិងប្រពន្ធអាចបង្ហាញការគោរពចំពោះគ្នាទៅវិញទៅមក? (សូមមើលរូបភាពផងដែរ)
៩ របៀបបង្ហាញការគោរព។ ប្ដីដែលលើកកិត្តិយសប្រពន្ធ បង្ហាញថានាងមានតម្លៃចំពោះគាត់។ គាត់ធ្វើដូច្នេះ មិនគ្រាន់តែពេលនៅតែពីរនាក់ប៉ុណ្ណោះទេ តែពេលនៅមុខអ្នកឯទៀតដែរ។ (សុភ. ៣១:២៨; ១ពេ. ៣:៧) គាត់មិនដែលវាយធ្វើបាបនាង ធ្វើឲ្យនាងខ្មាសគេ ឬធ្វើឲ្យនាងមានអារម្មណ៍ថានាងគ្មានតម្លៃទេ។ បងប្រុសអេរៀលaដែលរស់នៅប្រទេសអាហ្សង់ទីន និយាយថា៖ «ដោយសារប្រពន្ធរបស់ខ្ញុំមានជំងឺ ជួនកាលនាងនិយាយអ្វីដែលធ្វើឲ្យខ្ញុំឈឺចិត្ត។ ពេលដែលនេះកើតឡើង ខ្ញុំរំលឹកខ្លួនថាអ្វីដែលនាងនិយាយ គឺនាងមិនមានបំណងនិយាយដូច្នេះទេ។ ម្យ៉ាងទៀត ខ្ញុំនឹកចាំកូរិនថូសទី១ ១៣:៥ ដែលជំរុញចិត្តខ្ញុំឲ្យនិយាយដោយគោរពចំពោះនាង ជាជាងនិយាយដោយកំហឹង»។ (សុភ. ១៩:១១) ចំណែកឯប្រពន្ធ នាងលើកកិត្តិយសប្ដីរបស់នាងដោយនិយាយល្អអំពីប្ដីទៅកាន់អ្នកឯទៀត។ (អេភ. ៥:៣៣) នាងជៀសវាងពីការប្រើពាក្យចំអកចំអន់ រិះគន់ និងពាក្យអសុរោះដើម្បីបន្ទាបបន្ថោកប្ដី។ នាងទទួលស្គាល់ថាការប្រព្រឹត្តដូចនេះប្រៀបដូចជាច្រែះដែលស៊ីបង្ខូចអាពាហ៍ពិពាហ៍។ (សុភ. ១៤:១) បងស្រីម្នាក់ដែលរស់នៅប្រទេសអ៊ីតាលីដែលមានប្ដីមានជំងឺថប់បារម្ភ និយាយថា៖ «ជួនកាលខ្ញុំមានអារម្មណ៍ថាប្ដីរបស់ខ្ញុំខ្វល់ខ្វាយហួសហេតុពេក។ ពីមុន ពាក្យសម្ដីនិងទឹកមុខរបស់ខ្ញុំបង្ហាញថាខ្ញុំមិនសូវគោរពគាត់។ ប៉ុន្តែ កាលដែលខ្ញុំកាន់តែសេពគប់ជាមួយមនុស្សដែលនិយាយអំពីអ្នកឯទៀតដោយគោរព នោះកាន់តែជំរុញចិត្តខ្ញុំឲ្យបង្ហាញការគោរពចំពោះប្ដីរបស់ខ្ញុំ»។
ពេលយើងបង្ហាញការគោរពចំពោះសមាជិកក្រុមគ្រួសាររបស់យើង យើងលើកកិត្តិយសព្រះយេហូវ៉ាដែលជាប្រមុខគ្រួសាររបស់យើង (សូមមើលវគ្គ៩)
១០. តើប្អូនៗវ័យក្មេងអាចបង្ហាញយ៉ាងណាថាពួកគេគោរពឪពុកម្ដាយរបស់ពួកគេ?
១០ ប្អូនៗវ័យក្មេងទាំងឡាយ សូមធ្វើតាមវិន័យគ្រួសារដែលឪពុកម្ដាយរបស់ប្អូនបានដាក់ឲ្យ។ (អេភ. ៦:១-៣) ចូរនិយាយដោយការគោរពទៅកាន់ឪពុកម្ដាយរបស់ប្អូន។ (ដច. ២១:១៧) ពេលដែលឪពុកម្ដាយរបស់ប្អូនកាន់តែចាស់ សូមបង្ហាញការគោរពចំពោះពួកគេដោយផ្ដល់ជំនួយដែលពួកគេត្រូវការ។ សូមខំអស់ពីសមត្ថភាពដើម្បីថែរក្សាពួកគេ។ សូមពិចារណាអំពីគំរូរបស់បងស្រីម៉ារៀដែលមានឪពុកមិនមែនជាសាក្សីព្រះយេហូវ៉ា។ ពេលឪពុករបស់បងម៉ារៀធ្លាក់ខ្លួនឈឺ គាត់បានធ្វើឲ្យបងម៉ារៀពិបាកថែរក្សាគាត់ ដោយសារគាត់និយាយមិនសប្បុរសទៅកាន់បងម៉ារៀ។ បងម៉ារៀនិយាយថា៖ «ខ្ញុំបានអធិដ្ឋាន មិនគ្រាន់តែឲ្យខ្ញុំចេះគោរពឪពុកខ្ញុំប៉ុណ្ណោះទេ តែក៏ឲ្យខ្ញុំបង្ហាញការគោរពចំពោះគាត់ដែរ។ ខ្ញុំបានវែកញែកថា បើព្រះយេហូវ៉ាសុំខ្ញុំឲ្យលើកកិត្តិយសឪពុកម្ដាយរបស់ខ្ញុំ គឺសមហេតុសមផលដែលលោកអាចផ្ដល់កម្លាំងឲ្យខ្ញុំធ្វើដូច្នោះ។ យូរៗទៅខ្ញុំបានទទួលស្គាល់ថា ខ្ញុំត្រូវគោរពឪពុកខ្ញុំ ទោះជាគាត់មិនផ្លាស់ប្ដូរការប្រព្រឹត្តរបស់គាត់ក៏ដោយ»។ ពេលយើងបង្ហាញការគោរពចំពោះសមាជិកក្រុមគ្រួសារ ទោះជានោះពិបាកក៏ដោយ យើងបង្ហាញការគោរពចំពោះព្រះយេហូវ៉ាដែលជាអ្នកផ្ដើមឲ្យមានក្រុមគ្រួសារ។
ចូរបង្ហាញការគោរពចំពោះបងប្អូនរួមជំនឿ
១១. ហេតុអ្វីយើងប្រហែលជាពិបាកបង្ហាញការគោរពចំពោះបងប្អូនរួមជំនឿ?
១១ ការពិបាក។ បងប្អូនរួមជំនឿរបស់យើងរស់នៅសមស្របតាមខ្នាតតម្រាក្នុងគម្ពីរ។ ប៉ុន្តែជួនកាល ពួកគេខ្លះប្រហែលជាប្រព្រឹត្តចំពោះយើងដោយមិនសប្បុរស សន្និដ្ឋានខុសអំពីយើង ឬធ្វើឲ្យយើងខឹង។ បើបងប្អូនរួមជំនឿណាម្នាក់ធ្វើឲ្យយើង«មានហេតុត្អូញត្អែរ» យើងប្រហែលជាពិបាកបន្ដគោរពគាត់។ (កូឡ. ៣:១៣) តើអ្វីអាចជួយយើងឲ្យបន្ដបង្ហាញការគោរព?
១២. ហេតុអ្វីគឺជាការសំខាន់ឲ្យយើងបង្ហាញការគោរពចំពោះបងប្អូនរួមជំនឿ? (ពេត្រុសទី២ ២:៩-១២)
១២ ហេតុអ្វីយើងគួរបង្ហាញការគោរព? (សូមអាន ពេត្រុសទី២ ២:៩-១២) ក្នុងសំបុត្រទី២របស់ពេត្រុសដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ គាត់បានលើកឡើងថា បុគ្គលខ្លះនៅក្រុមជំនុំគ្រិស្តសាសនិកនាសតវត្សរ៍ទី១បាននិយាយប្រមាថ«ពួកអ្នកដែលព្រះបានផ្ដល់កិត្តិយស» ពោលគឺពួកអ្នកចាស់ទុំ។ តើពួកទេវតាដ៏ស្មោះត្រង់ដែលបានឃើញអ្វីទាំងនេះមានប្រតិកម្មយ៉ាងណា? «ដោយសារពួកទេវតាគោរពព្រះយេហូវ៉ា» ពួកគេមិនចោទប្រកាន់ពួកអ្នកទាំងនោះដោយប្រើពាក្យប្រមាថសូម្បីតែមួយម៉ាត់ឡើយ។ នេះគួរឲ្យចាប់អារម្មណ៍មែន! ពួកទេវតាដ៏ល្អឥតខ្ចោះមិនព្រមនិយាយដោយគ្មានមេត្តាអំពីបុរសដែលមានអំណួតទាំងនោះឡើយ។ ផ្ទុយទៅវិញ ពួកគេទុកឲ្យព្រះយេហូវ៉ាវិនិច្ឆ័យនិងស្ដីបន្ទោសអ្នកទាំងនោះ។ (រ៉ូម ១៤:១០-១២; សូមពិនិត្យបន្ថែម យូដាស ៩) យើងអាចទាញយកមេរៀនពីពួកទេវតា។ ពួកទេវតាមិនបាននិយាយដោយមិនគោរពចំពោះអ្នកប្រឆាំងឡើយ។ ដូច្នេះ យើងកាន់តែមានមូលហេតុឲ្យជៀសវាងពីការនិយាយដោយមិនគោរពទៅកាន់បងប្អូនដែលស្រឡាញ់ព្រះយេហូវ៉ា។ ផ្ទុយទៅវិញ យើងគួរ«លើកកិត្តិយសគេមុន»។ (រ៉ូម ១២:១០) ការធ្វើដូច្នេះបង្ហាញថាយើងគោរពព្រះយេហូវ៉ា។
១៣-១៤. តើយើងអាចបង្ហាញការគោរពចំពោះបងប្អូនក្នុងក្រុមជំនុំយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍។ (សូមមើលរូបភាពផងដែរ)
១៣ របៀបបង្ហាញការគោរព។ អ្នកចាស់ទុំទាំងឡាយ សូមព្យាយាមបង្រៀនអ្នកឯទៀតដោយផ្អែកលើសេចក្ដីស្រឡាញ់។ (ភីលេ. ៨, ៩) បើអ្នកត្រូវឲ្យឱវាទដល់បងប្អូនណាម្នាក់ សូមធ្វើដូច្នោះដោយសប្បុរស ហើយមិនមែននៅពេលដែលអ្នកខឹងទេ។ បងប្អូនស្រីទាំងឡាយ អ្នកអាចជួយបង្កើតនិងការពារបរិយាកាសក្នុងក្រុមជំនុំដែលបង្ហាញការគោរព ដោយមិនព្រមនិយាយមិនល្អឬនិយាយបង្កាច់បង្ខូចអំពីអ្នកឯទៀត។ (ទីត. ២:៣-៥) យើងទាំងអស់គ្នាអាចបង្ហាញថាយើងគោរពពួកអ្នកចាស់ទុំ ដោយសហការជាមួយនឹងពួកគេ និងដោយអរគុណពួកគេចំពោះកិច្ចការនឿយហត់ដែលពួកគេធ្វើដើម្បីដឹកនាំកិច្ចប្រជុំ នាំមុខក្នុងកិច្ចបម្រើផ្សាយ និងជួយពួកអ្នកដែលចាប់ផ្ដើម«ដើរផ្លូវខុស»។—កាឡ. ៦:១; ១ធី. ៥:១៧
១៤ បងស្រីម្នាក់ឈ្មោះរ៉ូស៊ីអូ ពិបាកគោរពអ្នកចាស់ទុំម្នាក់ដែលបានឲ្យឱវាទគាត់។ គាត់និយាយថា៖ «ខ្ញុំពិបាកចិត្តដោយសារខ្ញុំមានអារម្មណ៍ថា គាត់មិនបាននិយាយមកកាន់ខ្ញុំដោយសប្បុរសទេ។ នៅផ្ទះ ខ្ញុំនិយាយមិនល្អអំពីគាត់។ ទោះជាខ្ញុំព្យាយាមមិនបង្ហាញឲ្យគាត់ដឹងក៏ដោយ ខ្ញុំសង្ស័យអំពីបំណងចិត្តរបស់គាត់ ហើយមិនធ្វើតាមឱវាទរបស់គាត់ទេ»។ តើអ្វីបានជួយបងរ៉ូស៊ីអូ? គាត់ពន្យល់ថា៖ «ក្នុងអំណានគម្ពីររបស់ខ្ញុំ ខ្ញុំបានអានថែស្សាឡូនិចទី១ ៥:១២, ១៣។ ពេលដែលខ្ញុំយល់ថាខ្ញុំមិនបង្ហាញការគោរពចំពោះបងប្រុសនេះ សមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំចាប់ផ្ដើមផ្ដន្ទាទោសខ្ញុំ។ ដូច្នេះ ខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ា ហើយធ្វើការស្រាវជ្រាវក្នុងសៀវភៅផ្សេងៗរបស់យើង ដើម្បីរកព័ត៌មានជាក់លាក់ដែលអាចជួយខ្ញុំឲ្យកែប្រែទស្សនៈរបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំទទួលស្គាល់ថាបញ្ហាគឺមិនមែនមកពីបងប្រុសនោះទេ តែមកពីខ្ញុំមានអំណួត។ ឥឡូវខ្ញុំយល់ថា បើខ្ញុំមិនមានចិត្តរាបទាប ខ្ញុំនឹងពិបាកគោរពអ្នកឯទៀត។ ខ្ញុំនៅតែត្រូវរីកចម្រើន ប៉ុន្តែកាលដែលខ្ញុំព្យាយាមបង្ហាញការគោរព ខ្ញុំមានសេចក្ដីសុខសាន្តជាមួយនឹងព្រះយេហូវ៉ា»។
យើងទាំងអស់គ្នាអាចបង្ហាញថាយើងគោរពពួកអ្នកចាស់ទុំ ដោយសហការជាមួយនឹងពួកគេ និងអរគុណពួកគេចំពោះកិច្ចការនឿយហត់ដែលពួកគេធ្វើ (សូមមើលវគ្គ១៣-១៤)
ចូរបង្ហាញការគោរពចំពោះពួកអ្នកដែលនៅខាងក្រៅក្រុមជំនុំ
១៥. ហេតុអ្វីយើងប្រហែលជាពិបាកបង្ហាញការគោរពចំពោះពួកអ្នកដែលនៅខាងក្រៅក្រុមជំនុំ?
១៥ ការពិបាក។ ក្នុងកិច្ចបម្រើផ្សាយ យើងច្រើនតែជួបមនុស្សដែលមិនអើពើនឹងព្រះឬគម្ពីរ។ (អេភ. ៤:១៨) មនុស្សខ្លះបដិសេធស្ដាប់ដំណឹងដែលយើងផ្សាយ ដោយសារពួកគេជឿអ្វីដែលពួកគេបានរៀនកាលពីនៅក្មេង។ ម្យ៉ាងទៀត មនុស្សខ្លះនៅកន្លែងធ្វើការឬនៅសាលាមិនរាប់អានយើង ហើយថៅកែឬគ្រូបង្រៀនរបស់យើងប្រហែលជាមិនពេញចិត្តអ្វីដែលយើងធ្វើ។ យូរៗទៅ ការគោរពរបស់យើងចំពោះបុគ្គលបែបនេះអាចអន់ថយទៅ ហើយយើងប្រហែលជាឈប់ប្រព្រឹត្តទៅលើពួកគេដោយសប្បុរស។
១៦. តើអ្វីជាមូលហេតុសំខាន់ឲ្យយើងបង្ហាញការគោរពចំពោះពួកអ្នកដែលមិនទាន់បម្រើព្រះយេហូវ៉ា? (ពេត្រុសទី១ ២:១២; ៣:១៥)
១៦ ហេតុអ្វីយើងគួរបង្ហាញការគោរព? សូមចាំថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះរបៀបដែលយើងប្រព្រឹត្តទៅលើអ្នកដែលមិនជឿ។ សាវ័កពេត្រុសរំលឹកគ្រិស្តសាសនិកថា ការប្រព្រឹត្តល្អប្រសើររបស់ពួកគេប្រហែលជាជំរុញអ្នកខ្លះឲ្យ«សរសើរព្រះ»។ ហេតុនេះ គាត់បានលើកទឹកចិត្តពួកគេឲ្យនិយាយការពារជំនឿ«ដោយចិត្តស្លូតបូតនិងដោយការគោរពដ៏ជ្រាលជ្រៅ»។ (សូមអាន ពេត្រុសទី១ ២:១២; ៣:១៥) មិនថាគ្រិស្តសាសនិកត្រូវពន្យល់អំពីជំនឿរបស់ពួកគេនៅមុខពួកអាជ្ញាធរឬអ្នកផ្សេងទៀតក៏ដោយ ពួកគេត្រូវគោរពអ្នកឯទៀតជានិច្ច។ ព្រះយេហូវ៉ាកំពុងមើល ហើយស្ដាប់អ្វីដែលយើងនិយាយនិងរបៀបដែលយើងនិយាយ។ នេះជាមូលហេតុដ៏សំខាន់ឲ្យប្រព្រឹត្តចំពោះអ្នកខាងក្រៅក្រុមជំនុំដោយការគោរព!
១៧. តើតាមរបៀបណាយើងអាចបង្ហាញការគោរពចំពោះពួកអ្នកដែលនៅក្រៅក្រុមជំនុំ?
១៧ របៀបបង្ហាញការគោរព។ ពេលផ្សព្វផ្សាយ យើងមិនចង់ឲ្យអ្នកឯទៀតមានអារម្មណ៍ថា យើងមើលងាយបុគ្គលដែលមិនសូវស្គាល់គម្ពីរនោះទេ។ ផ្ទុយទៅវិញ យើងចង់ចាត់ទុកអ្នកឯទៀតថាមានតម្លៃចំពោះព្រះ ហើយប្រសើរជាងយើង។ (ហាក. ២:៧; ភី. ២:៣) បើមានអ្នកណាម្នាក់ពេបជ្រាយជំនឿរបស់អ្នក សូមកុំប្រព្រឹត្តតបស្នងទៅពួកគេវិញឡើយ។ ជាឧទាហរណ៍ យើងមិនចង់និយាយអ្វីដែលមើលទៅហាក់ដូចជាយើងជាមនុស្សឆ្លាត តែធ្វើឲ្យពួកគេមានអារម្មណ៍ថាយើងមើលងាយពួកគេទេ។ (១ពេ. ២:២៣) បើអ្នកនិយាយអ្វីដែលនាំឲ្យស្ដាយក្រោយ សូមសុំការអភ័យទោសភ្លាមៗ។ តើអ្នកអាចបង្ហាញការគោរពចំពោះពួកអ្នកនៅកន្លែងធ្វើការយ៉ាងដូចម្ដេច? សូមខំប្រឹងធ្វើការ ហើយព្យាយាមបណ្ដុះឲ្យមានទស្សនៈល្អចំពោះពួកអ្នកដែលធ្វើការជាមួយអ្នក និងថៅកែរបស់អ្នក។ (ទីត. ២:៩, ១០) ពេលអ្នកធ្វើការយ៉ាងទៀងត្រង់និងខ្នះខ្នែង អ្នកនឹងធ្វើឲ្យព្រះពេញចិត្ត មិនថាមនុស្សពេញចិត្តឬមិនពេញចិត្តក្ដី។—កូឡ. ៣:២២, ២៣
១៨. ហេតុអ្វីជាការល្អដែលយើងបណ្ដុះឲ្យមានការគោរពនិងបង្ហាញការគោរពចំពោះអ្នកឯទៀត?
១៨ យើងមានមូលហេតុល្អជាច្រើនដើម្បីបណ្ដុះឲ្យមានការគោរពនិងបង្ហាញការគោរពចំពោះអ្នកឯទៀត! យើងបានឃើញថាពេលយើងបង្ហាញការគោរពចំពោះក្រុមគ្រួសាររបស់យើង យើងកំពុងលើកកិត្តិយសព្រះយេហូវ៉ាដែលជាប្រមុខក្រុមគ្រួសាររបស់យើង។ ស្រដៀងគ្នាដែរ ពេលយើងបង្ហាញការគោរពចំពោះបងប្អូនរួមជំនឿ យើងលើកកិត្តិយសបិតានៅស្ថានសួគ៌របស់យើង។ ម្យ៉ាងទៀត ពេលយើងបង្ហាញការគោរពចំពោះពួកអ្នកដែលនៅក្រៅក្រុមជំនុំ យើងបើកឱកាសឲ្យពួកគេលើកតម្កើងឬលើកកិត្តិយសព្រះដ៏អស្ចារ្យរបស់យើងនៅថ្ងៃណាមួយ។ ទោះជាមនុស្សខ្លះមិនគោរពយើងក៏ដោយ គឺសំខាន់ឲ្យយើងគោរពពួកគេ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ានឹងផ្ដល់ពរឲ្យយើង។ លោកសន្យាថា៖ «ខ្ញុំនឹងលើកកិត្តិយសអ្នកដែលបានលើកកិត្តិយសខ្ញុំ»។—១សាំ. ២:៣០
ចម្រៀងលេខ១២៩ យើងនឹងស៊ូទ្រាំ
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។