សេផានា
១ នៅគ្រាយ៉ូសៀស+ជាស្ដេចស្រុកយូដាត្រូវជាកូនអេម៉ុន+ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់សេផានា។* សេផានាជាកូនគូសាយ គូសាយជាកូនកេដាលៀ កេដាលៀជាកូនអាម៉ារៀ ហើយអាម៉ារៀជាកូនហេសេគា។ ព្រះមានប្រសាសន៍មកគាត់ដូចតទៅ៖
២ «ខ្ញុំនឹងបំផ្លាញអ្វីៗគ្រប់យ៉ាងឲ្យអស់ពីផែនដី»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។+
៣ «ខ្ញុំនឹងកម្ចាត់មនុស្សនិងសត្វចេញឲ្យអស់។
ខ្ញុំនឹងបំបាត់សត្វស្លាបនៅលើមេឃ និងត្រីក្នុងសមុទ្រ+
រួមទាំងឧបសគ្គដែលធ្វើឲ្យជំពប់ដួល*+ ព្រមជាមួយនឹងជនទុច្ចរិត។
ខ្ញុំនឹងដកមនុស្សជាតិចេញពីផែនដី»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៤ «ខ្ញុំនឹងលើកដៃទៅទាស់នឹងពួកយូដា
ព្រមទាំងអ្នកក្រុងយេរូសាឡិមទាំងអស់។
ខ្ញុំនឹងបំផ្លាញពួកសំណល់របស់ព្រះបាល ចេញឲ្យអស់ពីកន្លែងនេះ+
ហើយឈ្មោះរបស់ពួកសង្ឃនៃព្រះដទៃ និងពួកសង្ឃទាំងប៉ុន្មាននឹងសាបសូន្យទៅ។+
៥ ខ្ញុំនឹងប្រហារពួកអ្នកដែលក្រាបគោរពនៅលើដំបូលផ្ទះ គឺក្រាបគោរពដល់អ្វីទាំងអស់ដែលនៅលើមេឃ*+
រួមទាំងពួកអ្នកដែលក្រាបគោរពនិងស្បថថាមានភក្ដីភាពចំពោះព្រះយេហូវ៉ា+
តែដំណាលគ្នានោះ ស្បថថាមានភក្ដីភាពចំពោះព្រះម៉ាលខាម។+
៦ ខ្ញុំក៏នឹងបំផ្លាញពួកអ្នកដែលឈប់កាន់តាមខ្ញុំជាយេហូវ៉ា+
និងពួកអ្នកដែលមិនស្វែងរកខ្ញុំជាយេហូវ៉ា ឬមិនសុំការណែនាំពីខ្ញុំ»។+
៧ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតព្រោះថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ។+
ព្រះយេហូវ៉ាបានត្រៀមគ្រឿងបូជាមួយ ហើយលោកបានញែកពួកអ្នកដែលលោកបានអញ្ជើញចេញជាបរិសុទ្ធ។
៨ «នៅថ្ងៃដែលខ្ញុំជាយេហូវ៉ាជូនគ្រឿងបូជា ខ្ញុំនឹងដាក់ទោសពួកអ្នកគ្រប់គ្រង
ព្រមទាំងកូនចៅរបស់ស្ដេច+ និងអស់អ្នកដែលស្លៀកសម្លៀកបំពាក់ជនបរទេស។
៩ នៅគ្រានោះ ខ្ញុំនឹងដាក់ទោសពួកអ្នកដែលឡើងលើវេទិកា*
គឺពួកអ្នកដែលប្រព្រឹត្តអំពើឃោរឃៅនិងការបោកបញ្ឆោតនៅក្នុងផ្ទះរបស់ម្ចាស់ខ្លួន។
១០ ព្រះយេហូវ៉ាប្រកាសថា៖ «នៅគ្រានោះ
នឹងមានសម្រែកចេញពីខ្លោងទ្វារត្រី+
និងការទ្រហោយំចេញពីសង្កាត់ថ្មីក្នុងក្រុង+
ព្រមទាំងសំឡេងដួលរលំយ៉ាងខ្លាំងចេញពីទីទួលទាំងឡាយ។
១១ ឱអ្នកដែលរស់នៅម៉ាកថេស*អើយ! ចូរទួញសោកទៅ!
ព្រោះពួកឈ្មួញទាំងអស់បានត្រូវបំផ្លាញហើយ
ព្រមទាំងពួកអ្នកដែលថ្លឹងប្រាក់ ក៏បានត្រូវបំផ្លាញដែរ។
១២ នៅគ្រានោះ ខ្ញុំនឹងកាន់ចង្កៀងស្វែងរកពួកអ្នកដែលមិនខ្ចីអើពើនៅក្នុងក្រុងយេរូសាឡិមយ៉ាងហ្មត់ចត់
ខ្ញុំនឹងដាក់ទោសពួកគេ ព្រោះពួកគេគិតក្នុងចិត្តថា៖
‹ព្រះយេហូវ៉ានឹងមិនធ្វើល្អឬអាក្រក់ឡើយ›។+
១៣ ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវរឹបអូសយក ហើយផ្ទះសម្បែងរបស់ពួកគេនឹងត្រូវបំផ្លាញ។+
ពួកគេនឹងសង់ផ្ទះ តែនឹងមិនបានរស់នៅក្នុងនោះទេ
ពួកគេនឹងដាំចម្ការទំពាំងបាយជូរ តែមិនបានផឹកស្រាទំពាំងបាយជូរឡើយ។+
១៤ ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា គឺមកកាន់តែជិតណាស់ហើយ!+
ថ្ងៃនោះកាន់តែកៀកនិងមកជាប្រញាប់!+
នៅថ្ងៃនៃព្រះយេហូវ៉ានឹងមានឮសម្រែកស្រែកឡើងយ៉ាងជូរចត់។+
ពេលនោះ ពួកទាហានខ្លាំងពូកែនឹងស្រែកឡើង។+
ជាថ្ងៃនៃសេចក្ដីទុក្ខនិងការឈឺចាប់+
ជាថ្ងៃដែលមានព្យុះនិងការបំផ្លាញ
ជាថ្ងៃងងឹតសូន្យសុង+
ជាថ្ងៃដែលមានពពកយ៉ាងក្រាស់+
១៦ ជាថ្ងៃដែលមានការផ្លុំស្នែងនិងសម្រែកចម្បាំង+
ទាស់នឹងបណ្ដាក្រុងរឹងមាំ និងប៉មខ្ពស់ៗដែលនៅគ្រប់ជ្រុងកំពែង។+
១៧ ខ្ញុំនឹងបណ្ដាលឲ្យមនុស្សជាតិមានទុក្ខ
ហើយពួកគេនឹងដើរដូចជាមនុស្សខ្វាក់+
ព្រោះពួកគេបានប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងខ្ញុំជាយេហូវ៉ា។+
ឈាមរបស់ពួកគេនឹងត្រូវចាក់ចោលដូចជាធូលីដី
ហើយសាច់របស់ពួកគេនឹងត្រូវទុកចោលដូចជាលាមក។+
១៨ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា មាសប្រាក់របស់ពួកគេនឹងមិនអាចជួយពួកគេបានឡើយ+
ព្រោះភ្លើងនៃសេចក្ដីខ្នះខ្នែងរបស់លោក នឹងឆាបឆេះផែនដីទាំងមូល។+
ព្រោះលោកនឹងធ្វើការបំផ្លិចបំផ្លាញដ៏ធំទៅលើពួកអ្នកដែលរស់នៅផែនដី»។+
២ ឱប្រជាជាតិដែលមិនចេះខ្មាសអើយ!+ ចូរប្រមូលផ្ដុំគ្នាមក!+
២ មុនអ្វីដែលព្រះបានប្រកាសកើតឡើង
មុនថ្ងៃនោះកន្លងផុតទៅដូចជាអង្កាមរសាត់ទៅតាមខ្យល់
មុនកំហឹងឆេះឆួលរបស់ព្រះយេហូវ៉ាធ្លាក់មកលើអ្នករាល់គ្នា+
គឺមុនថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាធ្លាក់មកលើអ្នករាល់គ្នា
ចូរស្វែងរកព្រះយេហូវ៉ាចុះ!+
គឺអស់អ្នកដែលកាន់តាមក្រមច្បាប់ដ៏សុចរិតរបស់លោក ចូរស្វែងរកសេចក្ដីសុចរិតនិងចិត្តសុភាព*ទៅ
នោះអ្នករាល់គ្នាប្រហែលជានឹងត្រូវបាំងការពារនៅថ្ងៃនៃកំហឹងរបស់ព្រះយេហូវ៉ា។+
៤ ព្រោះក្រុងកាសានឹងទៅជាក្រុងដែលគេបោះបង់ចោល
ហើយក្រុងអាសកាឡូននឹងលែងមានមនុស្សរស់នៅ។+
អ្នកក្រុងអាសូតនឹងត្រូវបណ្ដេញចេញទាំងកណ្ដាលថ្ងៃត្រង់
ហើយក្រុងអេក្រុននឹងត្រូវរំលើង។+
៥ «វេទនាហើយ! ប្រជាជាតិកេរ៉ែតដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ។+
មើល! ព្រះយេហូវ៉ាមានប្រសាសន៍ទាស់នឹងអ្នកហើយ។
ឱស្រុកកាណានជាទឹកដីរបស់ពួកភីលីស្ទីនអើយ! ខ្ញុំនឹងបំផ្លាញអ្នក
ដើម្បីកុំឲ្យមានមនុស្សរស់នៅទីនោះទៀត។
៦ តំបន់ឆ្នេរសមុទ្រនឹងក្លាយទៅជាវាលស្មៅ
ថែមទាំងមានអណ្ដូងទឹកសម្រាប់ពួកគង្វាល និងក្រោលថ្មសម្រាប់ហ្វូងចៀម។
៧ តំបន់នោះនឹងទៅជាកម្មសិទ្ធិរបស់ពួកអ្នកសេសសល់ពីពូជពង្សយូដា+
ហើយពួកគេនឹងបានអាហារបរិភោគនៅទីនោះ។
នៅពេលល្ងាច ពួកគេនឹងទម្រេតខ្លួននៅក្នុងផ្ទះរបស់អ្នកក្រុងអាសកាឡូន។
ព្រោះព្រះយេហូវ៉ាជាព្រះនៃពួកគេនឹងមើលថែពួកគេ
ហើយលោកនឹងប្រមូលពួកអ្នកដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ»។+
៨ «ខ្ញុំបានឮពាក្យប្រមាថរបស់ពួកម៉ូអាប់+និងពាក្យត្មះតិះដៀលរបស់ពួកអាំម៉ូន+
កាលដែលអ្នកទាំងនោះមាក់ងាយរាស្ត្ររបស់ខ្ញុំ និងគំរាមយកទឹកដីពួកគេដោយអំណួត»។+
៩ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃប្រជាជាតិអ៊ីស្រាអែលប្រកាសថា៖ «ហេតុនេះ ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថា
ស្រុកម៉ូអាប់នឹងទៅដូចជាក្រុងសូដុម+
ហើយស្រុកអាំម៉ូននឹងទៅដូចជាក្រុងកូម៉ូរ៉ា+
ជាកន្លែងដែលមានតែគុម្ពបន្លានិងរណ្ដៅអំបិល គឺជាតំបន់ស្ងាត់ជ្រងំជារៀងរហូត។+
ពួកអ្នកសេសសល់នៃរាស្ត្ររបស់ខ្ញុំនឹងរឹបអូសយកទ្រព្យរបស់ពួកគេ
ហើយពួកអ្នកសេសសល់នៃប្រជាជាតិខ្ញុំនឹងចាប់យកទឹកដីរបស់ពួកគេ។
១០ នេះជាលទ្ធផលដែលពួកគេត្រូវទទួល ពីការអួតអាងរបស់ខ្លួន+
ព្រោះពួកគេបានចំអកមើលងាយ ហើយតម្កើងខ្លួនទាស់នឹងរាស្ត្ររបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌។
១១ ព្រះយេហូវ៉ានឹងធ្វើការដ៏អស្ចារ្យគួរឲ្យស្ញែងខ្លាចទាស់នឹងពួកគេ
លោកនឹងបំផ្លាញព្រះទាំងអស់ពីផែនដី
ហើយប្រជាជាតិនានាដែលរស់នៅតាមបណ្ដាកោះនឹងគោរពប្រណិប័តន៍លោក+
ពីកន្លែងរបស់ពួកគេរៀងៗខ្លួន។
១២ ចំណែកអ្នកវិញ ឱអេត្យូពីអើយ! អ្នកនឹងត្រូវប្រហារដោយដាវរបស់ខ្ញុំ។+
១៣ លោកនឹងលើកដៃតម្រង់ទៅទិសខាងជើង ហើយបំផ្លាញស្រុកអាស៊ីរី។
លោកនឹងបំផ្លាញក្រុងនីនីវេឲ្យទៅជាទីហួតហែង+ដូចជាទីរហោស្ថាន។
១៤ ពេលនោះ សត្វព្រៃគ្រប់ប្រភេទនឹងដេកនៅទីនោះ
ហើយនៅពេលយប់សត្វទុងនិងកាំប្រមានឹងដេកក្បែរក្បាលសសរ។
នឹងមានសូរសំឡេងនៅតាមបង្អួច
ហើយមានការបំផ្លិចបំផ្លាញនៅត្រង់ច្រកចូល
ព្រោះលោកនឹងបើកចំហឲ្យឃើញបន្ទះក្ដារឈើស៊ីដារ
១៥ នេះជាក្រុងដែលមានអំណួត និងធ្លាប់មានសេចក្ដីសុខសាន្ត
ហើយនាងគិតក្នុងចិត្តថា៖ ‹មានតែខ្ញុំទេ គ្មានអ្នកណាប្រៀបស្មើនឹងខ្ញុំឡើយ›។
មើល! នាងបានទៅជាទីដ៏គួរឲ្យភ័យតក់ស្លុត
គឺទៅជាកន្លែងសម្រាប់សត្វព្រៃអាស្រ័យនៅ!
គ្រប់គ្នាដែលដើរឆ្លងកាត់នាង នឹងនឹកហួសចិត្ត ហើយលើកដៃមើលងាយ»។+
៣ វេទនាហើយ! ក្រុងដែលមានការបះបោរប្រឆាំង សេចក្ដីស្មោកគ្រោកនិងការជិះជាន់សង្កត់សង្កិន។+
២ នាងមិនស្ដាប់បង្គាប់អ្នកណាសោះ+ ហើយក៏មិនព្រមទទួលការប្រដៅតម្រង់ដែរ។+
នាងមិនទុកចិត្តព្រះយេហូវ៉ាទេ+ ហើយក៏មិនចូលទៅជិតព្រះរបស់នាងដែរ។+
៣ ពួកអ្នកគ្រប់គ្រងរបស់នាងប្រៀបដូចជាតោគ្រហឹម+
ពួកអ្នកសម្រេចក្ដីរបស់នាង ប្រៀបដូចជាឆ្កែចចកនៅពេលយប់
សូម្បីតែឆ្អឹងមួយទុកអង្កៀមក៏មិនសល់ដល់ព្រឹកដែរ។
៤ ពួកអ្នកប្រកាសទំនាយជាមនុស្សគ្មានការគោរព និងមានចិត្តក្បត់។+
ឯពួកសង្ឃរបស់នាងវិញ ពួកគេធ្វើឲ្យអ្វីដែលបរិសុទ្ធទៅជាស្មោកគ្រោក+
ហើយពួកគេបំពានច្បាប់។+
៥ ព្រះយេហូវ៉ាគឺសុចរិតនៅកណ្ដាលនាង+ លោកមិនដែលធ្វើខុសឡើយ។
រៀងរាល់ព្រឹក លោកបង្ហាញឲ្យគេដឹងថាការវិនិច្ឆ័យរបស់លោក+
តែងច្បាស់លាស់និងត្រឹមត្រូវដូចជាពន្លឺថ្ងៃ។
ប៉ុន្តែ មនុស្សដែលមិនសុចរិតមិនចេះអៀនខ្មាសទាល់តែសោះ។+
៦ «ខ្ញុំបានបំផ្លាញប្រជាជាតិនានា និងប៉មទាំងឡាយដែលនៅគ្រប់ជ្រុងកំពែង។
ខ្ញុំកម្ទេចផ្លូវនានារបស់ពួកគេ ដើម្បីកុំឲ្យអ្នកណាដើរឆ្លងកាត់ទៀត។
បណ្ដាក្រុងរបស់ពួកគេបានខ្ទេចខ្ទីអស់ ហើយគ្មានមនុស្សរស់នៅឡើយ។+
៧ ខ្ញុំបាននិយាយទៅនាងថា៖ ‹នាងច្បាស់ជាកោតខ្លាចខ្ញុំ ហើយព្រមទទួលការប្រៀនប្រដៅពីខ្ញុំមិនខាន›+
ដើម្បីកុំឲ្យខ្ញុំបំផ្លាញទីអាស្រ័យនៅរបស់នាង+
ព្រោះខ្ញុំត្រូវឲ្យនាងទទួលខុសត្រូវ*ចំពោះទង្វើរបស់ខ្លួន។
ប៉ុន្តែ បណ្ដាជនបែរជាប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើង។+
៨ ព្រះយេហូវ៉ាប្រកាសថា៖ ‹ដូច្នេះ ចូរទន្ទឹងរង់ចាំខ្ញុំដោយអត់ធ្មត់+
រហូតដល់ថ្ងៃដែលខ្ញុំក្រោកឡើងរឹបអូសយកទ្រព្យ*
ព្រោះខ្ញុំបានសម្រេចថានឹងប្រមូលរាជាណាចក្រទាំងឡាយ ព្រមទាំងប្រជាជាតិនានាឲ្យមកជុំគ្នា
ដើម្បីខ្ញុំអាចបញ្ចេញសេចក្ដីក្រោធទាំងអស់ទៅលើពួកគេ។+
ព្រោះភ្លើងនៃសេចក្ដីខ្នះខ្នែងរបស់ខ្ញុំ នឹងឆាបឆេះផែនដីទាំងមូល។+
៩ ពេលនោះ ខ្ញុំនឹងប្ដូរភាសារបស់ប្រជាជាតិនានាទៅជាភាសាបរិសុទ្ធ
ដើម្បីពួកគេទាំងអស់អាចហៅរកនាមខ្ញុំជាយេហូវ៉ា
និងដើម្បីគោរពប្រណិប័តន៍ខ្ញុំដោយសាមគ្គីភាព›។+
១០ ឯពួកអ្នកដែលគោរពប្រណិប័តន៍ខ្ញុំ គឺពួកអ្នកខ្ចាត់ខ្ចាយរបស់ខ្ញុំ
ពួកគេនឹងនាំយកអំណោយមកជូនខ្ញុំពីតំបន់ទន្លេអេត្យូពី។+
១១ នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនរងការអាម៉ាស់ទៀតឡើយ
ព្រោះតែការបះបោរប្រឆាំងទាំងអស់ទាស់នឹងខ្ញុំ។+
ព្រោះពេលនោះ ខ្ញុំនឹងដកមនុស្សអំណួតចេញពីចំណោមអ្នករាល់គ្នា
ហើយអ្នករាល់គ្នានឹងមិនក្រអឺតក្រអោងនៅលើភ្នំបរិសុទ្ធរបស់ខ្ញុំទៀតដែរ។+
១២ ខ្ញុំនឹងឲ្យមនុស្សរាបទាបនិងជនទន់ទាប បន្តរស់នៅក្នុងចំណោមអ្នករាល់គ្នា+
ហើយពួកគេនឹងយកនាមយេហូវ៉ាជាទីពឹងជ្រក។
១៣ ពួកអ៊ីស្រាអែលដែលនៅសេសសល់+ នឹងលែងប្រព្រឹត្តអំពើមិនសុចរិតទៀត។+
ពួកគេនឹងមិននិយាយកុហក ហើយក៏គ្មានពាក្យបោកបញ្ឆោតនៅក្នុងមាត់ពួកគេដែរ។
ពួកគេនឹងបរិភោគ ហើយសម្រាកដោយគ្មានអ្នកណាមកបំភ័យពួកគេឡើយ»។+
១៤ ឱកូនស្រីនៃក្រុងស៊ីយ៉ូន*អើយ! ចូរស្រែកដោយអំណរ។
ឱអ៊ីស្រាអែលអើយ! ចូរស្រែកអបអរសាទរ។+
ឱកូនស្រីនៃក្រុងយេរូសាឡិម*អើយ! ចូរអរសប្បាយនិងរីករាយយ៉ាងអស់ពីចិត្ត។+
១៥ ព្រះយេហូវ៉ាបានលើកទោសចេញពីអ្នករាល់គ្នា។+
លោកបានបំបែរពួកសត្រូវចេញពីអ្នករាល់គ្នាហើយ។+
ព្រះយេហូវ៉ាជាមហាក្សត្រនៃអ៊ីស្រាអែល លោកនៅក្នុងចំណោមអ្នករាល់គ្នា។+
ដូច្នេះ អ្នករាល់គ្នានឹងលែងភ័យខ្លាចសេចក្ដីវេទនាទៀត។+
១៦ នៅគ្រានោះ គេនឹងនិយាយទៅកាន់ក្រុងយេរូសាឡិមថា៖
«ឱស៊ីយ៉ូនអើយ! កុំភ័យខ្លាចឡើយ+ ហើយកុំធ្លាក់ទឹកចិត្តឲ្យសោះ។*
១៧ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា កំពុងនៅក្នុងចំណោមអ្នករាល់គ្នាហើយ។+
ក្នុងនាមជាព្រះដ៏ខ្លាំងក្លា លោកនឹងសង្គ្រោះអ្នករាល់គ្នា។
លោកនឹងរីករាយយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា។+
ពេលលោកបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នករាល់គ្នាលោកមានអារម្មណ៍សុខសាន្ត។
លោកនឹងអរសប្បាយចំពោះអ្នករាល់គ្នាដោយសម្រែកត្រេកអរ។
១៨ ខ្ញុំនឹងប្រមូលអស់អ្នកដែលកើតទុក្ខដោយសារតែពួកគេខកខានមិនបានចូលរួមពិធីបុណ្យរបស់អ្នករាល់គ្នា+
ពួកគេគ្មានវត្តមាន ព្រោះពួកគេរងការប្រមាថមើលងាយដោយសារនាង។+
១៩ មើល! នៅគ្រានោះ ខ្ញុំនឹងចាត់វិធានការទាស់នឹងអស់អ្នកដែលជិះជាន់សង្កត់សង្កិនអ្នករាល់គ្នា+
ហើយខ្ញុំនឹងសង្គ្រោះអ្នកដែលដើរខ្ញើចៗ+
ខ្ញុំនឹងប្រមូលអស់អ្នកដែលនៅរាត់រាយឲ្យមកជុំគ្នាវិញ។+
ខ្ញុំនឹងធ្វើឲ្យពួកគេល្បីល្បាញនិងទទួលការសរសើរ
នៅក្នុងស្រុកទាំងឡាយដែលពួកគេរងការអាម៉ាស់។
២០ នៅគ្រានោះ ខ្ញុំនឹងនាំអ្នករាល់គ្នាមក
នៅថ្ងៃនោះ ខ្ញុំនឹងប្រមូលអ្នករាល់គ្នាឲ្យមកជុំគ្នា
ព្រោះខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាល្បីល្បាញនិងទទួលការសរសើរ+នៅក្នុងចំណោមប្រជាជាតិទាំងឡាយនៅផែនដី
គឺនៅពេលដែលខ្ញុំប្រមូលពួកអ្នកជាប់ជាឈ្លើយឲ្យត្រឡប់មកវិញនៅចំពោះមុខអ្នករាល់គ្នា»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។+
មានន័យថា«បុគ្គលដែលព្រះយេហូវ៉ាបានលាក់បាំងឬរក្សាទុក»
តាមមើលទៅជាវត្ថុឬសកម្មភាពដែលទាក់ទងនឹងការគោរពបូជារូបព្រះ
ន័យត្រង់«កងទ័ពស្ថានសួគ៌»
ប្រហែលជាវេទិកាដែលមានបល្ល័ង្កស្ដេច
តាមមើលទៅជាផ្នែកមួយក្នុងក្រុងយេរូសាឡិមដែលនៅជិតខ្លោងទ្វារត្រី
ឬ«ចិត្តរាបទាប»
ឬ«ចិត្តរាបទាប»
ឬ«ខ្ញុំត្រូវដាក់ទោសនាង»
ឬប្រហែលជាមានន័យថា«ក្រោកឡើងធ្វើជាសាក្សី»
នេះសំដៅលើក្រុងស៊ីយ៉ូនឬអ្នកស្នាក់នៅទីនោះ
នេះសំដៅលើក្រុងយេរូសាឡិមឬអ្នកស្នាក់នៅទីនោះ
ន័យត្រង់«កុំទម្លាក់ដៃចុះឲ្យសោះ»