ដំណឹងព្រះរាជាណាចក្រ លេខ៣៤
ហេតុអ្វីក៏ជីវិតពោរពេញទៅដោយបញ្ហាជាច្រើនម្ល៉េះ?
តើសួនមនោរម្យដែលគ្មានបញ្ហាអាចមានឡើងបានទេ?
បញ្ហាដ៏ធ្ងន់ធ្ងររឹតតែមានអាក្រក់ឡើង—ហេតុអ្វី?
មនុស្សតែងតែមានបញ្ហាជាច្រើនជាយូរមកហើយ។ ថ្វីបើមនុស្សជាច្រើនបានគិតថា បច្ចេកវិជ្ជានៅសម័យទំនើបនេះអាចដោះស្រាយបញ្ហាទាំងនោះក្ដី តែបញ្ហាជាច្រើនដ៏ធ្ងន់ធ្ងររឹតតែមានអាក្រក់ឡើងទៅវិញ។
ឧក្រិដ្ឋកម្ម: មានមនុស្សតិចណាស់ ដែលគិតថាគេឥតមានគ្រោះថ្នាក់ក្នុងការដើរតាមផ្លូវ ឬអង្គុយនៅក្នុងផ្ទះរបស់គេនោះ។ នៅពេលថ្មីៗនេះក្នុងប្រទេសមួយនៃទ្វីបអឺរ៉ុប មានមនុស្សស្ទើរតែ១ជា៣ដែលជាអ្នករងគ្រោះ។
បរិយាការ: ការកខ្វក់ខាងខ្យល់អាកាស ដីនិងទឹកគឺមានទូទៅកាន់តែច្រើនឡើង។ នៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើន មួយភាគបួននៃមនុស្សពុំមានទឹកស្អាតដើម្បីនឹងប្រើប្រាស់ទេ។
ភាពក្រខ្សត់: មនុស្សក្រីក្រនិងមនុស្សស្រេកឃ្លានគឺមានច្រើនឡើងជាងពីមុនទៅទៀត។ នៅក្នុងប្រទេសខ្លះមានមនុស្សជាង៩០ភាគរយ ដែលរស់នៅក្នុងភាពក្រខ្សត់។ ៣០ភាគរយនៃហត្ថពលក្នុងពិភពលោក ដែលមានប្រមាណ៨០០លាននាក់ គឺជាអ្នកដែលគ្មានការធ្វើ ឬគ្មានការធ្វើគ្រប់គ្រាន់—ហើយចំនួននេះក៏កាន់តែមានកើនឡើង។
ការអត់ឃ្លាន: ថ្វីបើយើងមានម្ហូបអាហារគ្រប់គ្រាន់ដើម្បីនឹងទទួលទានក្ដី ប៉ុន្តែមនុស្សរាប់លាននាក់ទៀតពុំមានទេ។ ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសដែលមិនលូតលាស់ចំរើន យ៉ាងហោចណាស់មានមនុស្ស១៣លាននាក់ដែលភាគច្រើនជាកូនក្មេងនោះ ត្រូវបានស្លាប់ដោយការអត់ឃ្លាន។
សង្គ្រាម: ក្នុងពេលថ្មីៗនេះមនុស្សរាប់រយពាន់នាក់ត្រូវបានគេសម្លាប់នៅក្នុងអំពើឃោរឃៅរវាងជាតិពន្ធ។ ហើយនៅក្នុងសតវត្សទី២០នេះ សង្គ្រាមបានសម្លាប់មនុស្សជាងមួយរយលាននាក់។
បញ្ហាឯទៀត: បន្ថែមទៀតនោះ ក្រៅពីបញ្ហាជាច្រើននៅខាងលើនេះ គឺមានការបែកបាក់គ្នាក្នុងក្រុមគ្រួសាររឹតតែច្រើនឡើង។ ម្ដាយដែលឥតបានរៀបការក៏មានច្រើនឡើង ការគ្មានផ្ទះសម្បែងក៏កាន់តែមានជាច្រើន ការរំលោភក្នុងការប្រើគ្រឿងញៀនមានពាសពេញ និងអំពើអសីលធម៌ក៏មានរឹតតែច្រើនឡើងដែរ។ ដូច្នេះហើយបានជាអតីតគណៈរដ្ឋមន្ត្រីម្នាក់ពីស.រ.អ.បានមានប្រសាសន៍យ៉ាងត្រឹមត្រូវថា៖ «គឺមានទីសំអាងជាច្រើនណាស់នៃ . . . អារ្យធម៌ដែលបានទៅជាពុករលួយនោះ»។ ក្នុងកំឡុង៣០ឆ្នាំថ្មីៗនេះ ប្រជាជននៅស.រ.អ.បានកើនឡើង៤១ភាគរយ ប៉ុន្តែឧក្រិដ្ឋកម្មយ៉ាងឃោរឃៅបានកើនឡើងយ៉ាងលឿនដល់៥៦០ភាគរយ កូនកើតដោយឥតខាន់ស្លាមាន៤០០ភាគរយ ការលែងលះគ្នាមាន៣០០ភាគរយ ក្មេងជំទង់ដែលសម្លាប់ខ្លួនឯងមានចំនួនលើសជាង២០០ភាគរយ។ ស្ថានភាពនេះក៏មានដូចគ្នានៅក្នុងប្រទេសឯទៀតដែរ។
ហេតុអ្វីបានជាបញ្ហាកាន់តែមានអាក្រក់ឡើង?
ព្រះដែលជាអ្នកបង្កើតយើងផ្ដល់នូវចម្លើយនេះ។ ពាក្យបន្ទូលរបស់ទ្រង់ហៅសម័យដែលពោរពេញទៅដោយបញ្ហានេះ ជា«ថ្ងៃជាន់ក្រោយបង្អស់» ជាកំឡុងពេលដែលនឹងមាន«គ្រាលំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) តើនេះជាថ្ងៃជាន់ក្រោយបង្អស់នៃអ្វី? ព្រះគម្ពីរចែងប្រាប់អំពី«ទីបញ្ចប់របស់លោកីយ៍»។—ម៉ាថាយ ២៤:៣, សេចក្ដីបកប្រែព្រះគម្ពីរឃីងជេម្ស
បញ្ហាដែលកំពុងតែកើនឡើងនៅសព្វថ្ងៃនេះ ជាទីសំអាងយ៉ាងជាក់ស្តែងថាទីបញ្ចប់នៃរបបសម័យនេះជិតមកដល់ហើយ ព្រមទាំងការបញ្ចប់នៃអំពើអាក្រក់ជួជាតិ និងអស់អ្នកណាដែលប្រព្រឹត្តអំពើទាំងនោះដែរ។ (ម៉ាថាយ ២៤:៣-១៤; ធីម៉ូថេទី២ ៣:១-៥; វិវរណៈ ១២:៧-១២) បន្ដិចទៀត ព្រះនឹងធ្វើអន្តរាគមន៍ហើយទទួលរ៉ាប់រងថា បញ្ហាជាច្រើនដែលមាននៅសព្វថ្ងៃនេះនឹងត្រូវបានដោះស្រាយទាំងអស់។—យេរេមា ២៥:៣១-៣៣; វិវរណៈ ១៩:១១-២១
សាសនានៃលោកីយ៍នេះបានទទួលបរាជ័យ
ជាជាងជួយដោះស្រាយបញ្ហាដែលមានជាច្រើននៅសព្វថ្ងៃនេះ ប្រព័ន្ធសាសនានៃលោកីយ៍នេះទៅជាបន្ថែមឲ្យមានច្រើនឡើងទៅវិញ។ ក្នុងកំឡុងសង្គ្រាម ពួកកាតូលិកសម្លាប់ពួកកាតូលិក ហើយពួកប្រូតេស្តង់សម្លាប់ពួកប្រូតេស្តង់—ដែលមានមនុស្សរាប់លាននាក់បានស្លាប់។ មិនជាយូរប៉ុន្មានមកនេះ នៅប្រទេសរ្វ៉ាន់ដា ដែលមនុស្សភាគច្រើនកាន់សាសនាកាតូលិក ប្រជាជនបានសម្លាប់គ្នាទៅវិញទៅមកដោយរាប់រយពាន់នាក់។ (សូមមើលរូបភាពនៅខាងឆ្វេង)
តើព្រះយេស៊ូនឹងយាងទៅធ្វើសង្គ្រាមដោយមានកាំភ្លើង ឬកាំបិតកាប់ព្រៃ ហើយសម្លាប់ពួកសិស្សរបស់ទ្រង់ ដោយព្រោះតែពួកគេមានសញ្ជាតិខុសពីទ្រង់ឬ? ទ្រង់ច្បាស់ជាមិនធ្វើដូច្នោះឡើយ! ព្រះគម្ពីរចែងថា៖ «អ្នកណាដែលស្រឡាញ់ដល់ព្រះ នោះត្រូវតែស្រឡាញ់ដល់បងប្អូនដែរ»។ (យ៉ូហានទី១ ៤:២០, ២១) សាសនានៃលោកីយ៍នេះមិនបានធ្វើដូច្នេះទេ។ «គេប្រកាន់ថា គេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ»។—ទីតុស ១:១៦
ម្យ៉ាងវិញទៀត ដោយមិនគាំទ្របមាណីយនៃសីលធម៌របស់ព្រះគម្ពីរ សាសនានៃលោកីយ៍បណ្ដាលឲ្យមានការបាក់បែកខាងសីលធម៌នៅពាសពេញពិភពលោក។
ព្រះយេស៊ូបានមានបន្ទូលថាអ្នកអាចស្គាល់សាសនាមិនពិត ពីសាសនាពិតបានដោយ‹ផលផ្លែរបស់គេ›—គឺនូវអ្វីដែលសមាជិករបស់ពួកគេប្រព្រឹត្ត។ ទ្រង់ក៏បានមានបន្ទូលទៀតថា៖«អស់ទាំងដើមឈើណា ដែលមិនកើតផលផ្លែល្អ នោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើងចេញ»។ (ម៉ាថាយ ៧:១៥-២០) ពាក្យបន្ទូលរបស់ព្រះដាស់តឿនយើងឲ្យរត់ចេញពីសាសនា ដែលមានផលផ្លែអាក្រក់ ដើម្បីកុំឲ្យយើងជួបនឹងសេចក្ដីហិនវិនាស។—វិវរណៈ ១៨:៤
សាសនាពិតមិនបានទទួលបរាជ័យទេ
សាសនាពិត«តែងមានផ្លែល្អ»ជាពិសេសគឺសេចក្ដីស្រឡាញ់។ (ម៉ាថាយ ៧:១៧; យ៉ូហាន ១៣:៣៤, ៣៥) តើភាតរភាពអន្តរជាតិដែលមានសាមគ្គីភាពនៃជនគ្រីស្ទានមួយណា ដែលប្រព្រឹត្តសេចក្ដីស្រឡាញ់បែបនេះ? តើអ្នកណាដែលបដិសេធមិនព្រមទៅសម្លាប់អ្នកកាន់សាសនាគ្នីគ្នា ឬមនុស្សណាទៀតនោះ?—យ៉ូហានទី១ ៣:១០-១២
ស្មរបន្ទាល់ព្រះយេហូវ៉ាមានកេរ្ដិ៍ឈ្មោះខាងការបង្កើតនៃ«ផលផ្លែល្អ»នេះ។ នៅពាសពេញពិភពលោក ដែលមានជាង២៣០ប្រទេស ‹ពួកគេបានយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល›។ (អេសាយ ២:៤) សេចក្ដីស្រឡាញ់របស់គេចំពោះមនុស្ស ក៏បានបង្ហាញមកដោយការគោរពស្ដាប់បង្គាប់តាមបញ្ជារបស់ព្រះយេស៊ូ ក្នុងការផ្សាយ«ដំណឹងល្អ»នៃព្រះរាជាណាចក្ររបស់ព្រះនៅពាសពេញពិភពលោក។ (ម៉ាថាយ ២៤:១៤) ពួកគេក៏អនុវត្តតាមហើយគាំទ្រសីលធម៌ដ៏ខ្ពង់ខ្ពស់ដែលបានបង្រៀនមកក្នុងព្រះគម្ពីរដែរ។—កូរិនថូសទី១ ៦:៩-១១
សាសនាពិតពុំបានទទួលបរាជ័យទេ។ សាសនាពិតដឹកនាំមនុស្សឲ្យទៅដល់បុគ្គលម្នាក់ ដែលមានសមត្ថភាពដោះស្រាយបញ្ហាជាច្រើនរបស់មនុស្សលោក។ បន្ដិចទៀត បុគ្គលនេះនឹងធ្វើឲ្យមានពិភពលោកថ្មី។ តើបុគ្គលម្នាក់នេះជាអ្នកណាទៅ? (សូមមើលនៅទំព័រខាងក្រោយ)
សួនមនោរម្យដែលគ្មានបញ្ហាអាចមានឡើងជាពិតប្រាកដ
បើសិនជាអ្នកអាចដោះស្រាយបញ្ហាជាច្រើនដែលធ្វើឲ្យមនុស្សលោកមានការរងទុក្ខវេទនានោះ តើអ្នកនឹងមិនធ្វើទេឬ? ហ្នឹងហើយ អ្នកនឹងធ្វើជាប្រាកដ! ដូច្នេះ ចំពោះព្រះជាអ្នកបង្កើតយើងដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ ហើយមានអំណាចនិងប្រាជ្ញាដើម្បីដោះស្រាយបញ្ហាជាច្រើនរបស់មនុស្សលោកនោះ តើយើងគិតថាទ្រង់នឹងមិនធ្វើដែរទេឬ?
ព្រះគម្ពីរបង្ហាញថា ព្រះនឹងធ្វើអន្តរាគមន៍ក្នុងរឿងរបស់មនុស្សលោក តាមរយៈរាជរដ្ឋាភិបាលសួគ៌ារបស់ទ្រង់ ដែលនៅក្នុងកណ្ដាប់ដៃរបស់ព្រះយេស៊ូគ្រីស្ទ។ រាជរដ្ឋាភិបាលនេះនឹង«បំបាក់បំបែក»រដ្ឋាភិបាលដែលពុករលួយទាំងអស់នៅលើផែនដីនេះ។ (ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០) តើហេតុអ្វី? ក្នុងការទូលទៅព្រះ អ្នកទំនុកដំកើងបានឆ្លើយថា៖ «ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។—ទំនុកដំកើង ៨៣:១៨
នៅពេលដែលពិភពលោកនេះបញ្ចប់ទៅ តើនឹងមានអ្នករួចរស់ជីវិតទេ? ព្រះគម្ពីរចែងប្រាប់ថា៖ «ឯលោកីយនេះ . . . កំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៧) តើពួកអ្នករួចរស់ជីវិតទាំងនេះនឹងរស់នៅជានិរន្តរ៍ នៅកន្លែងណា? ព្រះគម្ពីរឆ្លើយថា៖ «ពួកអ្នកសុចរិតនឹងបានស្រុក[ផែនដី, ព.ថ.]ទុកជាមរដក ហើយនឹងនៅក្នុងស្រុក[ផែនដី, ព.ថ.]នោះជានិច្ច»។—ទំនុកដំកើង ៣៧:៩-១១; សុភាសិត ២:២១, ២២
នៅក្នុងពិភពលោកថ្មីរបស់ព្រះ «នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ»។ (វិវរណៈ ២១:៤) គឺនឹងលែងមានឧក្រិដ្ឋកម្ម ភាពក្រខ្សត់ ការអត់ឃ្លាន ជម្ងឺ ទុក្ខលំបាក ឬសេចក្ដីស្លាប់ណាទៀតឡើយ! សូម្បីតែមនុស្សស្លាប់ក៏នឹងរស់ឡើងវិញដែរ! «នឹងមានដំណើររស់ឡើងវិញ»។ (កិច្ចការ ២៤:១៥, ព.ថ.) ហើយផែនដីនេះនឹងបានទៅជាទីមនោរម្យមួយដ៏ប្រាកដ។—អេសាយ ៣៥:១, ២; លូកា ២៣:៤៣
តើយើងត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានទទួលជីវិតនៅក្នុងពិភពលោកថ្មីរបស់ព្រះនោះ? ព្រះយេស៊ូបានមានបន្ទូលថា៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣) មនុស្សដែលមានចិត្តស្មោះរាប់លាននាក់នៅពាសពេញពិភពលោក កំពុងតែយកនូវចំណេះវិជ្ជានេះ។ ការនេះនឹងជួយពួកគេឲ្យដោះស្រាយនឹងបញ្ហាជាច្រើនដែលគេមានផ្ទាល់ខ្លួននៅឥឡូវនេះ ប៉ុន្តែអ្វីដែលសំខាន់ទៅទៀតនោះ នេះធ្វើឲ្យពួកគេមានការទុកចិត្តទាំងស្រុងថា ចំពោះបញ្ហាទាំងឡាយដែលហួសពីសមត្ថភាពរបស់គេដើម្បីដោះស្រាយ នឹងត្រូវបានដោះស្រាយយ៉ាងពេញលេញនៅក្នុងពិភពលោកថ្មីរបស់ព្រះ។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ២]
WHO photo by P. Almasy
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Jerden Bouman/Sipa Press