យើងគឺជាអ្នកដែលមានជំនឿ
ការស្អាងជំនឿដោយការសិក្សាព្រះគម្ពីរនៅប្រទេសឥណ្ឌា
ប្រទេសឥណ្ឌាគឺជាប្រទេសមួយដែលប្រកបដោយភាពទីទៃពីគ្នាផ្នែកភូមិសាស្ត្រនិងផ្នែកសាសនា ចាប់ពីភ្នំហេមពាន្តដ៏ធំសម្បើមនៅទិសខាងជើងនិងគ្របដោយទឹកកក រហូតដល់ឆ្នេរសមុទ្រឥណ្ឌាដ៏ក្ដៅនៅទិសខាងត្បូង។ ក្នុងចំណោមចំនួនប្រជាជនដែលមានជាង១០០កោដិនាក់ នោះមាន៨៣ភាគរយកាន់សាសនាហិណ្ឌូ ១១ភាគរយកាន់សាសនាអ៊ីស្លាម និងអ្នកសល់ទាំងប៉ុន្មានទៀតច្រើនជាអ្នកកាន់គ្រីស្ទសាសនា សាសនាស៊ីក ពុទ្ធសាសនា និងសាសនាចេន។ ពួកគេទាំងអស់គ្នាមានសេរីភាពថ្វាយបង្គំតាមតែចិត្ត។ សព្វវចនាធិប្បាយសៀវភៅពិភពលោកចែងប្រាប់ថា៖ «សាសនាមាននាទីសំខាន់ណាស់ក្នុងរបៀបរស់នៅឯប្រទេសឥណ្ឌា»។
ការរស់នៅសមស្របនឹងជំនឿរបស់ខ្លួន គឺជាអ្វីដែលស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើ និងពួកគេមានចំនួនជាង២១,២០០នាក់នៅប្រទេសឥណ្ឌា។ ដោយដូចគ្នានឹងអ្នកជឿគ្នីគ្នានៅកន្លែងផ្សេងលើផែនដី នោះពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅឥណ្ឌាចាត់ទុកជាឯកសិទ្ធិ នូវការជួយអ្នកជិតខាងរបស់គេស្អាងជំនឿឲ្យមាំទៅលើបន្ទូលរបស់ព្រះ គឺព្រះគម្ពីរបរិសុទ្ធ។ (ធីម៉ូថេទី២ ៣:១៦, ១៧) ចូរពិចារណាពីរបៀបគ្រួសារមួយនៅទីក្រុងចិណ្ណៃនៅឥណ្ឌាទិសខាងត្បូងបានទទួលនូវចំណេះពីសេចក្ដីពិតក្នុងព្រះគម្ពីរ។
មុនដែលគេបានជួបស្មរបន្ទាល់ព្រះយេហូវ៉ា គ្រួសារនេះបានចូលរួមយ៉ាងសកម្មក្នុងចលនាសាសនាកាតូលិកដែលមានសមត្ថភាពធ្វើអព្ភូតហេតុ ដោយអះអាងថាខ្លួនទទួលចក្ខុនិមិត្ត និយាយជាភាសាដទៃ និងធ្វើឲ្យមនុស្សឈឺបានជាវិញ។ គេមានឋានៈធំក្នុងវិហារនិងក្នុងសង្គម រហូតដល់មនុស្សខ្លះហៅសមាជិកខ្លះក្នុងគ្រួសារនោះជា«ស្វាមី» ដែលមានន័យថា«ម្ចាស់»។ ក៏ប៉ុន្តែ នៅថ្ងៃមួយ ស្មរបន្ទាល់ម្នាក់បានទៅជួបគ្រួសារនោះ ហើយបង្ហាញពួកគេពីព្រះគម្ពីរថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះ មិនមែនជាព្រះដ៏មានគ្រប់ព្រះចេស្ដាបំផុត ដូចដែលគេបានជឿទូទៅនោះទេ។ ស្មរបន្ទាល់ម្នាក់នោះក៏បានបង្ហាញពួកគេថា ព្រះនាមរបស់ព្រះគឺព្រះយេហូវ៉ានិងគោលបំណងរបស់ព្រះយេហូវ៉ាសំរាប់ផែនដី គឺធ្វើឲ្យផែនដីទៅជាសួនមនោរម្យដ៏ល្អស្អាតមួយ។—ទំនុកដំកើង ៨៣:១៨; លូកា ២៣:៤៣; យ៉ូហាន ៣:១៦
ដោយព្រោះសមាជិកគ្រួសារនោះគោរពព្រះបន្ទូលរបស់ព្រះនិងចូលចិត្តអ្វីដែលគេបានស្ដាប់ឮ នោះពួកគេបានយល់ព្រមសិក្សាព្រះគម្ពីរជាទៀងទាត់ជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា។ ហេតុនេះហើយអ្នកដែលធ្លាប់ស្គាល់គេក្នុងវិហារបានសើចចំអកដាក់គេ។ យ៉ាងណាក៏ដោយ គ្រួសារនោះបានតាំងចិត្តបន្តការសិក្សាព្រះគម្ពីរ។ ពេលចំណេះរបស់គេបានកើនឡើងហើយជំនឿរបស់គេបានកាន់តែមាំ នោះគេបានឈប់កាន់សាសនាក្លែងក្លាយរបស់គេទៀត។ សព្វថ្ងៃនេះ សមាជិកបីនាក់ក្នុងក្រុមគ្រួសារនេះគឺជាស្មរបន្ទាល់ដែលបានត្រូវជ្រមុជទឹកហើយ និងម្ដាយបំរើជាអ្នកត្រួសត្រាយជំនួយ ពេលមានលទ្ធភាពធ្វើទៅបាន។
ជំនឿជួយឲ្យឈ្នះលើការពិការ
យុវបុរសម្នាក់ឈ្មោះ សូនដា ឡាល ដែលកំពុងតែរស់នៅក្នុងភូមិមួយនៅតំបន់ប៉ាញចាប ត្រូវការជំនឿនិងសេចក្ដីក្លាហានដ៏មាំ ដើម្បីផ្សាយប្រាប់ដំណឹងល្អពីព្រះរាជាណាចក្រព្រះដល់អ្នកឯទៀត។ (ម៉ាថាយ ២៤:១៤) ហេតុមួយគឺថា គាត់បានលះបង់នូវពហុទេពនិយមរបស់គ្រួសារនិងដែលភូមិរបស់គាត់បានជឿនោះចោល ដើម្បីថ្វាយបង្គំព្រះយេហូវ៉ាដ៏ជាព្រះពិត។ ហេតុមួយទៀតគឺថា សូនដា ឡាល គ្មានជើង។
ពីមុនឆ្នាំ១៩៩២ ជីវិតរបស់សូនដា ឡាលគឺធម្មតាទេ។ គាត់បានធ្វើការជាអ្នកជួយគ្រូពេទ្យ និងបានចូលរួមជាមួយក្រុមគ្រួសាររបស់ខ្លួន ក្នុងការថ្វាយបង្គំព្រះផ្សេងៗនៅក្រោមការណែនាំពីគ្រូដែលគេបានជ្រើសរើស។ ក៏ប៉ុន្តែ នៅយប់មួយ គាត់បានដួលពេលកំពុងតែដើរឆ្លងកាត់ផ្លូវរទេះភ្លើង។ រទេះភ្លើងបានកិនគាត់ហើយកាត់បណ្ដាច់ជើងរបស់គាត់ទាំងពីរត្រឹមពីភ្លៅចុះក្រោម។ ទោះបីគាត់បានរួចរស់ក៏ដោយ នោះជីវិតរបស់គាត់ត្រូវកែប្រែអស់រលីង។ ជាការអាចយល់ដឹងបានដែល សូនដា ឡាលបានធ្លាក់ទឹកចិត្តយ៉ាងខ្លាំងដល់ម្ល៉េះ ដែលគាត់ក៏បានគិតចង់សម្លាប់ខ្លួន។ គ្រួសាររបស់គាត់បានជួយគាំទ្រគាត់ ប៉ុន្តែអនាគតរបស់គាត់ដូចជាគ្មានសេចក្ដីសង្ឃឹមទាល់តែសោះ។
ក្រោយមក ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់បានជួប សូនដា ឡាល និងបង្ហាញគាត់ពីព្រះគម្ពីរថា ព្រះសន្យាធ្វើឲ្យផែនដីទៅជាសួនមនោរម្យដ៏ប្រសើរមួយ និងប្រទានសុខភាពល្អឥតខ្ចោះដល់អស់អ្នកដែលស្រឡាញ់និងកោតខ្លាចដល់ទ្រង់។ សូនដា ឡាលបានព្រមសិក្សាព្រះគម្ពីរ និងអស់មួយឆ្នាំគាត់បានខំប្រឹងសិក្សាយ៉ាងយកចិត្តទុកដាក់។ គាត់ក៏បានត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំគ្រីស្ទាន និងនៅទីបំផុតគាត់បានទៅ ដោយអង្គុយពីក្រោយកង់ពួកម៉ាករបស់គាត់។ ទោះបីយានជំនិះនោះបានធ្វើឲ្យគាត់ឈឺចាប់ក៏ដោយ ប្រយោជន៍ដែលគាត់បានទទួលគឺប្រសើរ។ អ្វីដែលគាត់បានរៀនពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនបានត្រូវបញ្ជាក់ជាពិត ពេលដែលគាត់ជួបអ្នកឯទៀតដែលពិតជាជឿទៅលើសន្យាទាំងប៉ុន្មានក្នុងព្រះបន្ទូលរបស់ព្រះ និងរស់នៅសមស្របនិងការបង្រៀនក្នុងព្រះគម្ពីរ។
សូនដា ឡាលបានចាប់ផ្ដើមផ្សាយប្រាប់ដំណឹងល្អដល់អ្នកជិតខាងរបស់គាត់ ហើយនៅឆ្នាំ១៩៩៥គាត់ទទួលបុណ្យជ្រមុជទឹក។ នៅដើមដំបូង គាត់បានចូលរួមក្នុងកិច្ចផ្សាយដោយរំកិលខ្លួនពីផ្ទះមួយទៅផ្ទះមួយក្នុងភូមិរបស់គាត់ ដែលជាវិធីធម្មតាដែលគាត់ធ្វើដំណើរ។ ក៏ប៉ុន្តែ ឥឡូវគាត់មានអំណោយពិសេសមួយពីបងប្អូនខាងវិញ្ញាណរបស់គាត់ គឺជារទេះកង់បីដែលបានត្រូវរៀបចំយ៉ាងពិសេស ដើម្បីឲ្យអាចបង្វិល«ឈ្នាន់»ដោយដៃ។ ដោយសាររទេះកង់បីរបស់គាត់ នោះគាត់អាចពឹងទៅលើខ្លួនច្រើនជាង ហើយមានសមត្ថភាពធ្វើដំណើរ១២គីឡូម៉ែត្រទៅដល់កិច្ចប្រជុំក្រុមជំនុំ។ ជួនកាលគាត់ជិះកាត់ភ្លៀងធ្លាក់ខ្លាំង និងនៅពេលផ្សេងទៀតមានកំដៅ៤៣អង្សា។
បន្ថែមនឹងការចូលរួមកិច្ចប្រជុំ សូនដា ឡាលក៏ដឹកនាំការសិក្សាព្រះគម្ពីរជាច្រើន ដោយមានគោលបំណងចង់ជួយអ្នកដទៃស្អាងជំនឿឲ្យមាំទៅលើព្រះយេហូវ៉ាដ៏ជាព្រះពិត។ តាមការពិត អតីតសិស្សព្រះគម្ពីរចំនួនប្រាំពីរនាក់របស់គាត់ ឥឡូវបានទទួលបុណ្យជ្រមុជទឹកហើយ ព្រមទាំងបីនាក់ទៀតដែលគាត់បានជួបលើកដំបូង ក៏ប៉ុន្តែស្មរបន្ទាល់ឯទៀតបានសិក្សាព្រះគម្ពីរជាមួយគេ។
យោងទៅតាមព្រះគម្ពីរ «មិនមែនមនុស្សទាំងអស់ ដែលមានសេចក្ដីជំនឿទេ»។ (ថែស្សាឡូនីចទី២ ៣:២) ក៏ប៉ុន្តែ សំរាប់អស់«អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច» នោះការសិក្សាព្រះគម្ពីរអាចស្អាងជំនឿឲ្យមាំមួនបាន។ (កិច្ចការ ១៣:៤៨) ការសិក្សាបែបនេះក៏ធ្វើឲ្យភ្នែកភ្លឺឡើងដោយសេចក្ដីសង្ឃឹមពីអនាគតមួយដ៏ត្រចះត្រចង់ ជាអ្វីដែលមនុស្សកាន់តែច្រើននៅប្រទេសឥណ្ឌាមានជំនឿទៅលើនោះ។
[ផែនទីនៅទំព័រ៣០]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
អាហ្វហ្គានីស្ថាន
ប៉ាគីស្ថាន
នេប៉ាល់
ប៊ូតង់
ចិន
បង់ក្លាដេស
មីយ៉ាន់ម៉ា
ឡាវ
ថៃឡង់ដ៍
វៀតណាម
កម្ពុជា
ស្រីលង្កា
ឥណ្ឌា
[អ្នកផ្ដល់សិទ្ធិ]
Mountain High Maps® Copyright © 1997 Digital Wisdom, Inc.