បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w11 ១/១ ទំ. ១០-១៤
  • ចូរ«យកនាមព្រះយេហូវ៉ាជាទីពឹងជ្រក»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ«យកនាមព្រះយេហូវ៉ាជាទីពឹងជ្រក»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ថ្ងៃ​បំផ្លាញ​នៅ​សម័យ​គម្ពីរ​ដែល​ប្រៀប​ដូច​ព្យុះ​សង្ឃរា
  • ជម្រក​ក្នុង​ន័យ​ធៀប​និង​ការ​ការពារ​ក្នុង​ន័យ​ត្រង់
  • ការ​ការពារ​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ
  • នាម​របស់​ព្រះ​មិន​មែន​ជា​អ្វី​ដែល​ស័ក្ដិសិទ្ធិ​ទេ
  • ទី​ពឹង​ជ្រក​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ
  • ចូរអាស្រ័យនៅក្នុង«ទីក្រុងពំនាក់» ហើយឲ្យមានជីវិតចុះ!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • តើអ្នកយកព្រះយេហូវ៉ាជាទីពឹងពំនាក់ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ទីក្រុងពំនាក់—ជាសំវិធានការដ៏មេត្ដាករុណារបស់ព្រះ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ព្រះយេហូវ៉ាជាទីពឹងពំនាក់របស់យើង
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
w11 ១/១ ទំ. ១០-១៤

ចូរ​«​យក​នាម​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​»​

​«​ខ្ញុំ​ប្រាកដជា​នឹង​ទុក . . . រាស្ត្រ​មួយ​ដែល​មាន​ចិត្ត​រាប​ទាប។ ឯ​ពួក​គេ​នឹង​យក​នាម​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​»។—សេផ. ៣:១២, ព.ថ.

១, ២​. នៅ​ពេល​ឆាប់​ៗ​នេះ នឹង​មាន​ថ្ងៃ​ដែល​ប្រៀប​ដូច​ជា​ព្យុះ​សង្ឃរា​ដែល​បក់​បោក​មក​លើ​មនុស្ស​ជាតិ តើ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អ្វី?

ពេល​មាន​ព្យុះ​ភ្លៀង​ឬ​ព្យុះ​ព្រឹល តើ​អ្នក​ធ្លាប់​រក​កន្លែង​ជ្រក​ដោយ​ឈប់​ក្រោម​ស្ពាន​ឬ​ទេ? ស្ពាន​ប្រហែលជា​ជម្រក​គត់មត់ ពេល​មាន​ព្យុះ​ភ្លៀង​ឬ​ព្យុះ​ព្រឹល ប៉ុន្តែ​ប្រហែល​ការពារ​អ្នក​បាន​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ​បើ​មាន​ព្យុះកំបុតត្បូង​ឬ​ព្យុះ​សង្ឃរា។

២ ប៉ុន្តែ​មាន​«​ថ្ងៃ​បំផ្លាញ​»​ដែល​ប្រៀប​ដូច​ជា​ព្យុះ​សង្ឃរា​មួយ កំពុង​ជិត​មក​ដល់ ហើយ​អាច​គំរាម​កំហែង​អាយុ​ជីវិត​របស់​មនុស្ស​ជាតិ។ ថ្ងៃ​នោះ​ដែល​ជា​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​»​នឹង​ប៉ះពាល់​មនុស្ស​ជាតិ​ទាំង​អស់។ ក៏​ប៉ុន្តែ យើង​អាច​រក​បាន​ជម្រក​ដែល​យើង​ត្រូវ​ការ។ (​សូម​អាន សេផានា ១:១៤​-​១៨​) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​បាន​ក្នុង​អំឡុង​«​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​»​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ឆាប់​ៗ​នេះ?

ថ្ងៃ​បំផ្លាញ​នៅ​សម័យ​គម្ពីរ​ដែល​ប្រៀប​ដូច​ព្យុះ​សង្ឃរា

៣​. តើ​អ្វី​ទៅ​ជា​«​ព្យុះ​សង្ឃរា​»​ដែល​បក់​បោក​ទៅ​លើ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​១០?

៣ ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​ចាប់​ផ្ដើម​ដោយ​ការ​បំផ្លាញ​ចោល​សាសនា​មិន​ពិត​ទាំង​អស់​នៅ​លើ​ផែនដី។ យើង​អាច​ដឹង​ពី​របៀប​រក​បាន​ជម្រក ដោយ​ពិនិត្យ​មើល​ប្រវត្ដិសាស្ត្រ​របស់​រាស្ត្រ​ព្រះ​នា​សម័យ​បុរាណ។ អេសាយ​ដែល​បាន​រស់​នៅ​សតវត្សរ៍​ទី​៨​មុន គ.ស. បាន​ប្រៀប​ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​កុលសម្ព័ន្ធ​ទាំង​១០​នៃ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ ទៅ​នឹង​«​ព្យុះ​សង្ឃរា​»​ដែល​មនុស្ស​មិន​អាច​រារាំង​បាន។ (​សូម​អាន អេសាយ ២៨:១, ២​) ទំនាយ​នោះ​បាន​សម្រេច​លើក​ដំបូង​នៅ​ឆ្នាំ​៧៤០​មុន គ.ស. កាល​ដែល​ពួក​អាសស៊ើរ​លុកលុយ​ទឹក​ដី​របស់​ពួក​កុលសម្ព័ន្ធ​ទាំង​នោះ ដែល​មាន​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ជា​កុលសម្ព័ន្ធ​ល្បីល្បាញ​ជាង​គេ។

៤​. តើ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​»​បាន​វាយ​ប្រហារ​ក្រុង​យេរូសាឡិម​យ៉ាង​ណា​នៅ​ឆ្នាំ​៦០៧​មុន គ.ស.?

៤ ក្រោយ​ការ​វិនិច្ឆ័យ​ប្រឆាំង​រាជាណាចក្រ​អ៊ីស្រាអែល​មិន​ស្មោះ​ត្រង់ ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​»​បាន​មក​ដល់​ក្រុង​យេរូសាឡិម​និង​រាជាណាចក្រ​យូដា​នា​ឆ្នាំ​៦០៧​មុន គ.ស.។ ព្រឹត្ដិការណ៍​នោះ​បាន​កើត​ឡើង​ដោយ​សារ​បណ្ដា​ជន​យូដា​ក៏​បាន​ក្បត់​ជំនឿ​ដែរ។ ពួក​បាប៊ីឡូន​ក្រោម​ការ​ដឹក​នាំ​របស់​នេប៊ូក្នេសា​បាន​គំរាម​កំហែង​ស្រុក​យូដា​និង​ក្រុង​យេរូសាឡិម​ដែល​ជា​រាជធានី។ អ្នក​ស្រុក​យូដា​បាន​បែរ​ទៅ​ពឹង​«​ទី​ជ្រក​នៃ​សេចក្ដី​ភូតភរ​»​ ពោល​គឺ​សម្ព័ន្ធភាព​របស់​ពួក​គេ​ខាង​នយោបាយ​ជា​មួយ​ស្រុក​អេស៊ីប។ ក៏​ប៉ុន្តែ ពួក​បាប៊ីឡូន​បាន​កម្ទេច​ចោល​«​ទី​ជ្រក​»​នោះ​ដូច​ព្យុះ​សង្ឃរា​ដែល​បំផ្លិចបំផ្លាញ។—អេ. ២៨:១៤, ១៧

៥​. តើ​អ្វី​នឹង​កើត​ឡើង​ដល់​រាស្ត្រ​របស់​ព្រះ​ជា​ក្រុម ក្នុង​អំឡុង​ការ​បំផ្លាញ​ចោល​សាសនា​មិន​ពិត​ទាំង​អស់?

៥ ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​វាយ​ប្រហារ​ក្រុង​យេរូសាឡិម បង្ហាញ​ថា​នៅ​សម័យ​យើង​នឹង​មាន​ការ​វិនិច្ឆ័យ​ទៅ​លើ​ពិភព​គ្រិស្ត​សាសនា​ដែល​ក្បត់​ជំនឿ។ ម្យ៉ាង​ទៀត ផ្នែក​ឯ​ទៀត​នៃ​«​បាប៊ីឡូន​ដ៏​ខ្លាំងក្លា​»​ដែល​ជា​ចក្រភព​សាសនា​មិន​ពិត​ទូទៅ នឹង​ត្រូវ​បំផ្លាញ​ចោល។ ក្រោយ​មក ផ្នែក​ដែល​នៅ​សល់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ទៅ។ ក៏​ប៉ុន្តែ រាស្ត្រ​របស់​ព្រះ​ជា​ក្រុម​នឹង​រួច​ជីវិត ពីព្រោះ​ពួក​គេ​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក។—បប. ៧:១៤; ១៨:២, ៨; ១៩:១៩​-​២១

ជម្រក​ក្នុង​ន័យ​ធៀប​និង​ការ​ការពារ​ក្នុង​ន័យ​ត្រង់

៦​. តើ​តាម​របៀប​ណា​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​រក​បាន​ជម្រក?

៦ សូម្បី​តែ​ឥឡូវ​នេះ​ដែល​ជា​គ្រា​ចុង​ក្រោយ​បង្អស់ តើ​តាម​របៀប​ណា​ដែល​រាស្ត្រ​របស់​ព្រះ​អាច​រក​បាន​ជម្រក? យើង​រក​បាន​ជម្រក​ក្នុង​ន័យ​ធៀប​ដោយ​«​នឹក​ដល់​ព្រះ​នាម​[​ព្រះ​]​»​ពេល​យើង​អធិដ្ឋាន​និង​ដោយ​បម្រើ​លោក​យ៉ាង​ខ្នះខ្នែង។ (​សូម​អាន ម៉ាឡាគី ៣:​១៦​-​១៨​) ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​អាច​ដឹង​ថា​យើង​មិន​គ្រាន់​តែ​នឹក​ដល់​នាម​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​យើង​ត្រូវ​ធ្វើ​លើស​ពី​នេះ។ គម្ពីរ​ចែង​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សង្គ្រោះ​»។ (​រ៉ូម ១០:១៣​) ការ​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​ជាប់​ទាក់​ទង​នឹង​សេចក្ដី​សង្គ្រោះ​ដែល​មក​ពី​លោក។ មនុស្ស​ជា​ច្រើន​ដែល​មាន​ចិត្ត​ទៀង​ត្រង់​អាច​ឃើញ​ថា​គ្រិស្ត​សាសនិក​ពិត​ដែល​‹នឹក​ដល់​នាម​របស់​ព្រះ›​ដោយ​គោរព ហើយ​បម្រើ​ជា​សាក្សី​របស់​លោក គឺ​ខុស​គ្នា​ពី​មនុស្ស​ដែល​មិន​បម្រើ​លោក។

៧, ៨​. តើ​តាម​របៀប​ណា​ដែល​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ទទួល​សេចក្ដី​សង្គ្រោះ​ក្នុង​ន័យ​ត្រង់? តើ​នេះ​ស្រដៀង​គ្នា​នឹង​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា?

៧ ទោះ​ជា​យ៉ាង​នេះ​ក្ដី សេចក្ដី​សង្គ្រោះ​របស់​យើង​មិន​មែន​គ្រាន់​តែ​ក្នុង​ន័យ​ធៀប​ប៉ុណ្ណោះ​ទេ តែ​ព្រះ​សន្យា​ថា​លោកសង្គ្រោះ​រាស្ត្រ​របស់​លោក​ក្នុង​ន័យ​ត្រង់​ដែរ។ យើង​ឃើញ​ឧទាហរណ៍​មួយ​ស្តី​អំពី​រឿង​នេះ​ក្នុង​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​៦៦ គ.ស. ក្រោយ​ពី​កង​ទ័ព​រ៉ូម​ក្រោម​ការ​ដឹក​នាំ​របស់​ស៊ីស្ទាស ហ្កាឡាស បាន​វាយ​ប្រហារ​ក្រុង​យេរូសាឡិម។ លោក​យេស៊ូ​បាន​ទាយ​ថា​គ្រា​នៃ​ទុក្ខវេទនា​នោះ​នឹង​ត្រូវ​«​កាត់​បន្ថយ . . . ឲ្យ​ខ្លី​»។ (​ម៉ាថ. ២៤:​១៥, ១៦, ២១, ២២​) គ្រា​នោះ​កើត​ឡើង​ពេល​កង​ទ័ព​រ៉ូម​ដក​ថយ​ចេញ​ពី​ក្រុង​ដោយ​មិន​បាន​គ្រោង​ទុក​ជា​មុន ដែល​បើក​ឱកាស​ឲ្យ​«​អ្នក​»​ខ្លះ​ពោល​គឺ​គ្រិស្ត​សាសនិក​ពិត​បាន​ទទួល​សេចក្ដី​«​សង្គ្រោះ​»។ ពួក​គេ​អាច​រត់​ចេញ​ពី​ក្រុង​នោះ​និង​តំបន់​ដែល​នៅ​ជុំ​វិញ។ អ្នក​ខ្លះ​បាន​ឆ្លង​ទន្លេ​យ៉ូដាន់ ហើយ​ទៅ​ជ្រក​នៅ​ភ្នំ​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​នោះ។

៨ ពួក​គ្រិស្ត​សាសនិក​ទាំង​នោះ​ស្រដៀង​គ្នា​នឹង​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ។ នៅ​អតីតកាល គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ បាន​រក​ជម្រក ហើយ​ពួក​អ្នក​បម្រើ​ព្រះ​សព្វ​ថ្ងៃ​នេះ​ក៏​ធ្វើ​ដូច្នេះ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ​ពួក​គេ​មិន​រត់​ចេញ​ទៅ​កន្លែង​ជាក់​លាក់​ណា​មួយ​ទេ ពីព្រោះ​គ្រិស្ត​សាសនិក​ពិត​មាន​នៅ​ពាស​ពេញ​ពិភព​លោក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ​«​ពួក​អ្នក​រើស​តាំង​»​និង​គូ​កន​ស្មោះ​ភក្ដី​របស់​ពួក​គាត់​នឹង​រួច​ជីវិត​ពី​ទី​បញ្ចប់​នៃ​ពិភព​គ្រិស្ត​សាសនា​ដែល​ក្បត់​ជំនឿ។ នេះ​ដោយ​សារ​ពួក​គាត់​បាន​ពឹង​ជ្រក​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​ដែល​ប្រៀប​ដូច​ភ្នំ​មួយ។

៩​. តើ​អ្នក​ណា​បាន​ខំ​ធ្វើ​ឲ្យ​គេ​ភ្លេច​នាម​របស់​ព្រះ? សូម​លើក​ឧទាហរណ៍​មួយ។

៩ ផ្ទុយ​ទៅ​វិញ ពិភព​គ្រិស្ត​សាសនា​សម​ទទួល​ការ​បំផ្លាញ​ចោល​ដោយ​សារ​ពួក​គេ​មិន​បាន​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​និង​គោលការណ៍​របស់​លោក និង​ដោយ​សារ​ពួក​គេ​ស្អប់​នាម​របស់​ព្រះ។ នៅ​យុគ​សម័យ​កណ្ដាល ក្នុង​ទ្វីប​អឺរ៉ុប នាម​របស់​ព្រះ​បាន​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​មួយ​កម្រិត​ដែរ។ នាម​នោះ​តំណាង​ដោយ​អក្សរ​ហេប្រឺ​បួន​តួ​ដែល​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ជាយ​ហ​វ​ហ(​ឬ​ចហវហ​)ដែល​គេ​ហៅ​ថា​តេត្រាក្រាម។ អក្សរ​ហេប្រឺ​បួន​តួ​នោះ​មាន​នៅ​លើ​កាក់ នៅ​ជញ្ជាំង​ខាង​មុខ​ផ្ទះ ក្នុង​សៀវភៅ​និង​គម្ពីរ​ជា​ច្រើន ថែម​ទាំង​មាន​នៅ​ក្នុង​វិហារ​ខ្លះ​របស់​សាសនា​កាតូលិក​និង​ប្រូតេស្តង់​ផង​ដែរ។ ក៏​ប៉ុន្តែ នៅ​ពេល​ថ្មី​ៗ គេ​និយម​លុប​នាម​របស់​ព្រះ​ពី​សេចក្ដី​បក​ប្រែ​ផ្សេង​ៗ​នៃ​គម្ពីរ ហើយ​ឈប់​ប្រើ​នាម​របស់​លោក​ក្នុង​ពិធី​ផ្សេង​ៗ​ខាង​សាសនា។ តាម​រយៈ​សំបុត្រ​ផ្លូវ​ការ​មួយ​ដែល​ចុះ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០០៨ សាសនា​កាតូលិក​បាន​ឲ្យ​ឱវាទ​ថា តេត្រាក្រាម​និង​សេចក្ដី​បក​ប្រែ​ផ្សេង​ៗ​នៃ​អក្សរ​បួន​តួ​នោះ​គួរតែ​ជំនួស​ដោយ​ពាក្យ​«​លោក​ម្ចាស់​»​វិញ។ មាន​ការ​ណែនាំ​ចេញ​ពី​ទី​ស្នាក់​ការ​ធំ​ជាង​គេ​នៃ​សាសនា​កាតូលិក​ថា មិន​ត្រូវ​អាន​ឬ​ប្រើ​នាម​របស់​ព្រះ​ក្នុង​ចម្រៀង​សរសើរ​ព្រះ​និង​ក្នុង​សេចក្ដី​អធិដ្ឋាន​ពេល​មាន​ពិធី​ផ្សេង​ៗ​ខាង​សាសនា​កាតូលិក​ឡើយ។ អ្នក​ដឹក​នាំ​សាសនា​ឯ​ទៀត​ទាំង​ក្នុង​ទាំង​ក្រៅ​ពិភព​គ្រិស្ត​សាសនា​ក៏​បាន​លាក់​មិន​ឲ្យ​ពួក​អ្នក​គោរព​បូជា​រាប់​លាន​នាក់​ស្គាល់​អត្តសញ្ញាណ​ពិត​របស់​ព្រះ​ដែរ។

ការ​ការពារ​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ

១០​. សព្វ​ថ្ងៃ​នេះ តើ​នាម​របស់​ព្រះ​កំពុង​ត្រូវ​គេ​លើក​កិត្ដិយស​យ៉ាង​ដូច​ម្ដេច?

១០ ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​សាសនា​ឯ​ទៀត​កំពុង​ធ្វើ សាក្សី​ព្រះ​យេហូវ៉ា​លើក​កិត្ដិយស​និង​តម្កើង​នាម​របស់​ព្រះ។ ពួក​គេ​ធ្វើ​ឲ្យ​នាម​ព្រះ​បាន​បរិសុទ្ធ​ដោយ​ប្រើ​នាម​នោះ​ដោយ​គោរព។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពួក​អ្នក​ដែល​ទុក​ចិត្ត​លោក ហើយ​លោក​នឹង​ក្លាយ​ទៅ​ជា​អ្វី​ៗ​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​ពរ​និង​ការពារ​រាស្ត្រ​របស់​លោក។ ព្រះ​«​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ផ្អែក​»។—ណា. ១:៧; សកម្ម. ១៥:១៤

១១, ១២​. តើ​អ្នក​ណាខ្លះ​បាន​គាំទ្រ​នាម​របស់​ព្រះ​យេហូវ៉ា​នៅ​ស្រុក​យូដា​នា​សម័យ​បុរាណ? ហើយ​តើ​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ​នៅ​សម័យ​នេះ?

១១ ទោះ​ជា​មនុស្ស​ភាគ​ច្រើន​នៅ​ស្រុក​យូដា​សម័យ​បុរាណ​បាន​ក្លាយ​ទៅ​ជា​អ្នក​ក្បត់​ជំនឿ​ក៏​ដោយ តែ​មាន​អ្នក​ខ្លះ​បាន​‹យក​នាម​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក›។ (​សូម​អាន សេផានា ៣:១២, ១៣​) ពិត​មែន ពេល​ដែល​ព្រះ​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ស្រុក​យូដា​ដែល​មិន​ស្មោះ​ត្រង់​ដោយ​អនុញ្ញាត​ឲ្យ​ពួក​បាប៊ីឡូន​ដណ្ដើម​យក​ស្រុក​របស់​ពួក​គេ ហើយ​ចាប់​យក​បណ្ដា​ជន​ជា​ឈ្លើយ នោះ​បុគ្គល​ខ្លះ​ដូច​ជា​យេរេមា បារូក និង​អេបេឌមេលេក​បាន​រួច​ខ្លួន។ ពួក​គេ​ត្រូវ​រស់​«​នៅ​កណ្ដាល​»​ប្រជាជាតិ​មួយ​ដែល​ក្បត់​ជំនឿ។ អ្នក​ខ្លះ​ទៀត​នៅ​តែ​ស្មោះ​ត្រង់​ពេល​រស់​នៅ​ជា​ឈ្លើយ។ នៅ​ឆ្នាំ​៥៣៩​មុន គ.ស. ជន​ជាតិ​មេឌី​និង​ជន​ជាតិ​ពើ​ស៊ី​ក្រោម​ការ​ដឹក​នាំ​របស់​ស៊ី​រូស​បាន​វាយ​យក​ក្រុង​បាប៊ីឡូន។ មិន​យូរ​ប៉ុន្មាន ស៊ី​រូស​បាន​ចេញ​ក្រឹត្យ​មួយ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​យូដា​ត្រឡប់​ទៅ​មាតុភូមិ​វិញ។

១២ ស្តី​អំពី​ពួក​អ្នក​ដែល​សប្បាយ​នឹង​ឃើញ​ការ​គោរព​ប្រណិប័តន៍​ពិត​មាន​ឡើង​វិញ សេផានា​បាន​ទាយ​ថា​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​ពួក​គេ ហើយ​រីករាយ​ចំពោះ​ពួក​គេ។ (​សូម​អាន សេផានា ៣:១៤​-​១៧​) នេះ​ក៏​បាន​កើត​ឡើង​នៅ​សម័យ​យើង​ដែរ។ ក្រោយ​ព្រះ​យេហូវ៉ា​បាន​តាំង​រាជាណាចក្រ​របស់​លោក​នៅ​ស្ថាន​សួគ៌ នោះ​លោក​បាន​រំដោះ​ពួក​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​ឲ្យ​រួច​ផុត​ពី​សេចក្ដី​បង្រៀន​មិន​ពិត​របស់​បាប៊ីឡូន​ដ៏​ខ្លាំងក្លា។ រហូត​ដល់​សព្វ​ថ្ងៃ​នេះ លោក​រីករាយ​ចំពោះ​ពួក​គេ។

១៣​. តើ​មនុស្ស​មក​ពី​ប្រជាជាតិ​ទាំង​អស់​កំពុង​រួច​ពី​អ្វី?

១៣ ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត​នៅ​លើ​ផែនដី​ក៏​បាន​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំងក្លា ហើយ​បាន​រួច​ពី​សេចក្ដី​បង្រៀន​មិន​ពិត។ (​បប. ១៨:៤​) ដូច្នេះ នៅ​សម័យ​យើង ទំនាយ​នៅ​សេផានា ២:៣​បាន​សម្រេច​ក្នុង​កម្រិត​ធំ​ជាង​ដែល​ថា​៖ ​«​អស់​អ្នក​រាបសា​នៅ​ផែនដី . . . ចូរ​ស្វែងរក​[​ព្រះ​យេហូវ៉ា​]​»។ មនុស្ស​រាបសា​ដែល​មក​ពី​ប្រជាជាតិ​ទាំង​អស់ ទោះ​ជា​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ឬ​រស់​នៅ​ផែនដី​ក្ដី សព្វ​ថ្ងៃ​ពួក​គេ​កំពុង​យក​នាម​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក។

នាម​របស់​ព្រះ​មិន​មែន​ជា​អ្វី​ដែល​ស័ក្ដិសិទ្ធិ​ទេ

១៤, ១៥​. (​ក​) តើ​មនុស្ស​ខ្លះ​បាន​ប្រើ​អ្វី​ជា​របស់​ស័ក្ដិសិទ្ធិ? (​ខ​)​ តើ​យើង​មិន​ត្រូវ​ប្រើ​អ្វី​ធ្វើ​ជា​យ័ន្ត?

១៤ ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​បាន​ចាត់​ទុក​វិហារ​ជា​អ្វី​ដែល​ស័ក្ដិសិទ្ធិ​ដែល​នឹង​ការពារ​ពួក​គេ​ពី​សត្រូវ។ (​យេ. ៧:១​-​៤​) មុន​មាន​វិហារ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ចាត់​ទុក​ហឹប​នៃ​កិច្ច​ព្រមព្រៀង​ជា​របស់​ស័ក្ដិសិទ្ធិ​ដែល​នឹង​ការពារ​ពួក​គេ​នៅ​សមរភូមិ។ (​១សាំ. ៤:៣, ១០, ១១​) ខន់​ស្ទែនធីន​ដ៏​ខ្លាំងក្លា​បាន​សរសេរ​អក្សរ​ពីរ​ដំបូង​នៃ​ពាក្យ​«​គ្រិស្ត​»​ជា​ភាសា​ក្រិច លើ​ខែល​ទាហាន​របស់​គាត់​ដោយ​សង្ឃឹម​ថា នេះ​នឹង​ជួយ​ការពារ​ទាហាន​ក្នុង​សង្គ្រាម (​អក្សរ​khi​និង​rho​)។ មួយ​វិញ​ទៀត គេ​បាន​គិត​ថា​ស្តេច​ស៊ុយអែត​ឈ្មោះ​ហ្គាសតាវ អាដុល​ទី​២​ដែល​បាន​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ដែល​គេ​ហៅ​ថា​សង្គ្រាម​៣០​ឆ្នាំ បាន​ពាក់​អាវ​ដែក​មួយ​ដែល​មាន​នាម​«​យេហូវ៉ា​»​ចារ​លើ​អាវ​នោះ។

១៥ រាស្ត្រ​ខ្លះ​របស់​ព្រះ​ដែល​ពួក​វិញ្ញាណ​កំណាច​បាន​វាយ​ប្រហារ​បាន​យក​នាម​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​ដោយ​ហៅ​នាម​លោក​ឮ​ៗ។ ក៏​ប៉ុន្តែ យើង​មិន​ត្រូវ​ចាត់​ទុក​វត្ថុ​ណា​ដែល​មាន​ឈ្មោះ​ព្រះ​ជា​របស់​ស័ក្ដិសិទ្ធិ​ឬ​ប្រើ​ជា​យ័ន្ត​ការពារ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ទេ។ ការ​ធ្វើ​ដូច្នេះ​មិន​មាន​ន័យ​ថា​យក​នាម​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​ឡើយ។

ទី​ពឹង​ជ្រក​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ

១៦​. សព្វ​ថ្ងៃ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ពឹង​ជ្រក​ព្រះ ហើយ​មាន​សេចក្ដី​សុខ?

១៦ សព្វ​ថ្ងៃ រាស្ត្រ​របស់​ព្រះ​កំពុង​មាន​សេចក្ដី​សុខ ដោយ​សារ​ពួក​គេ​បាន​ពឹង​ជ្រក​ព្រះ​យេហូវ៉ា។ (​ទំនុក. ៩១:១​) ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​និង​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ បាន​ឲ្យ​យើង​ដឹង​អំពី​និន្នាការ​ក្នុង​ពិភព​លោក​ដែល​អាច​បំផ្លាញ​សេចក្ដី​សុខ​នោះ។ (​ម៉ាថ. ២៤:៤៥​-​៤៧; អេ. ៣២:១, ២​) សូម​ពិចារណា​ថា​ប៉ុន្មាន​ដង​ហើយ​ដែល​ពួក​គាត់​បាន​ព្រមាន​យើង​អំពី​វត្ថុ​និយម ហើយ​សូម​គិត​អំពី​របៀប​ដែល​ការ​ព្រមាន​បែប​នោះ​បាន​ការពារ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​បណ្ដុះ​ចិត្ត​គំនិត​សំងំសុខ ដែល​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ជា​អ​សកម្ម​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា? បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ចំណែក​មនុស្ស​កំឡៅ នោះ​សេចក្ដី​សុខ​ស្រួល​របស់​គេ​នឹង​ឲ្យ​គេ​វិនាស​ដែរ តែ​អ្នក​ណា​ដែល​ស្ដាប់​តាម​អញ នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​នឹង​មាន​សេចក្ដី​សំ​រាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អាក្រក់​ឡើយ​»។ (​សុភ. ១:៣២, ៣៣​) ការ​ព្យាយាម​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ក៏​ជួយ​យើង​ឲ្យ​នៅ​តែ​ពឹង​ជ្រក​ព្រះ​យេហូវ៉ា ហើយ​មាន​សេចក្ដី​សុខ​បែប​នេះ​ដែរ។

១៧, ១៨​. សព្វ​ថ្ងៃ តើ​អ្វី​កំពុង​ជួយ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​យក​នាម​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក?

១៧ ម្យ៉ាង​ទៀត សូម​គិត​ដែរ​អំពី​ការ​លើក​ទឹក​ចិត្ត​របស់​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ដែល​ឲ្យ​យើង​ធ្វើ​តាម​យ៉ាង​សកម្ម​នូវ​បង្គាប់​របស់​លោក​យេស៊ូ ដែល​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី។ (​ម៉ាថ. ២៤:១៤; ២៨:១៩, ២០​) សេផានា​បាន​រៀប​រាប់​អំពី​ការ​ផ្លាស់​ប្ដូរ​មួយ​ដែល​ជួយ​មនុស្ស​ឲ្យ​យក​នាម​ព្រះ​ជា​ទី​ពឹង​ជ្រក ដោយ​សរសេរ​ថា​៖ ​«​នៅ​គ្រា​នោះ អញ​នឹង​ឲ្យ​ជន​ជាតិ​ទាំង​ឡាយ មាន​បបូរ​មាត់​ស្អាត​[​ឬ​«​ភាសា​បរិសុទ្ធ​»​] ដើម្បី​ឲ្យ​គេ​បាន​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់​»។—សេផ. ៣:៩; ព.ថ.

១៨ តើ​ភាសា​បរិសុទ្ធ​គឺជា​អ្វី? ភាសា​បរិសុទ្ធ​គឺជា​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក​ដែល​មាន​ក្នុង​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក។ អ្នក​កំពុង​ប្រើ​ភាសា​បរិសុទ្ធ​នោះ ពេល​អ្នក​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​យ៉ាង​ត្រឹម​ត្រូវ​អំពី​រាជាណាចក្រ​ព្រះ​និង​របៀប​ដែល​រាជាណាចក្រ​នោះ​នឹង​ធ្វើ​ឲ្យ​នាម​លោក​បាន​បរិសុទ្ធ ពេល​អ្នក​បញ្ជាក់​ថា​ព្រះ​មាន​សិទ្ធិ​ត្រឹម​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង និង​ពេល​អ្នក​និយាយ​ដោយ​រីករាយ​អំពី​ពរ​ដែល​មនុស្ស​ស្មោះ​ត្រង់​នឹង​ទទួល​ជា​រៀង​រហូត។ ដោយ​សារ​មនុស្ស​ជា​ច្រើន​និយាយ​ភាសា​បរិសុទ្ធ​នោះ​ក្នុង​ន័យ​ធៀប ជា​លទ្ធផល​មនុស្ស​កាន់​តែ​ច្រើន​‹អំពាវ​នាវ​ដល់​នាម​ព្រះ​យេហូវ៉ា› ហើយ​‹បម្រើ​លោក​ដោយ​ព្រម​ចិត្ត​គ្នា›។ ពិត​មែន ឥឡូវ​នេះ មនុស្ស​រាប់​លាន​នាក់​នៅ​ពាស​ពេញ​ផែនដី​កំពុង​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក។—ទំនុក. ១:១, ៣

១៩, ២០​. នៅ​សម័យ​គម្ពីរ តើ​ការ​ទុក​ចិត្ត​លើ​«​ទី​ជ្រក​នៃ​សេចក្ដី​ភូតភរ​»​បាន​បរាជ័យ​យ៉ាង​ដូច​ម្ដេច?

១៩ មនុស្ស​ក្នុង​ពិភព​លោក​ត្រូវ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្សេង​ៗ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​មិន​អាច​ពុះ​ពារ​បាន។ ដោយ​សារ​គ្មាន​សង្ឃឹម​ថា​ខ្លួន​អាច​ដោះ​ស្រាយ​បញ្ហា​បាន ពួក​គេ​ច្រើន​នាក់​រក​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ឲ្យ​ជួយ។ មួយ​វិញ​ទៀត ពួក​គេ​សង្ឃឹម​ថា​ស្ថាប័ន​នយោបាយ​នឹង​ដោះ​ស្រាយ​បញ្ហា ដូច​ប្រជាជាតិ​អ៊ីស្រាអែល​នា​សម័យ​បុរាណ ជួនកាល​បាន​ពឹង​ប្រជាជាតិ​ជិត​ខាង​ឲ្យ​ជួយ ដោយ​ចង​សម្ព័ន្ធភាព​ជា​មួយ​ពួក​គេ។ ប៉ុន្តែ ដូច​អ្នក​ដឹង​ស្រាប់​ហើយ​ថា​ការ​ធ្វើ​ដូច្នេះ​មិន​បាន​ជួយ​ពួក​អ៊ីស្រាអែល​ទេ។ សព្វ​ថ្ងៃ គ្មាន​រដ្ឋាភិបាល​ណា​ឬ​អង្គការ​សហប្រជាជាតិ​នឹង​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្ស​ជាតិ​បាន​ទាំង​ស្រុង​ឡើយ។ ដូច្នេះ គ្មាន​ប្រយោជន៍​សោះ​ឲ្យ​មនុស្ស​ពឹង​ជ្រក​ស្ថាប័ន​នយោបាយ​និង​សម្ព័ន្ធភាព​ទាំង​នោះ​ទេ មែន​ទេ? ទំនាយ​ក្នុង​គម្ពីរ​បាន​ហៅ​ស្ថាប័ន​នយោបាយ​និង​សម្ព័ន្ធភាព​ទាំង​នោះ​ថា​ជា​«​ទី​ជ្រក​នៃ​សេចក្ដី​ភូតភរ​»។ អ្នក​អាច​ចាត់​ទុក​យ៉ាង​ត្រឹម​ត្រូវ​ថា​ទី​ជ្រក​នោះ​ជា​ទី​ជ្រក​នៃ​សេចក្ដី​ភូតភរ​មែន ដោយ​សារ​មនុស្ស​ទាំង​អស់​ដែល​សង្ឃឹម​លើ​វា​នឹង​ខក​ចិត្ត​ខ្លាំង​ណាស់។—សូម​អាន អេសាយ ២៨:​១៥, ១៧

២០ មិន​យូរ​ទៀត ព្យុះ​ព្រឹល​ក្នុង​ន័យ​ធៀប​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​បោកបក់​មក​លើ​ផែនដី។ គម្រោង​ការណ៍​របស់​មនុស្ស ជម្រក​សម្រាប់​ការពារ​ពី​គ្រាប់​បែក​នុយក្លេអ៊ែរ ឬ​ទ្រព្យ​សម្បត្ដិ នឹង​មិន​អាច​ការពារ​មនុស្ស​បាន​ឡើយ។ អេសាយ ២៨:១៧​បាន​បញ្ជាក់​ថា​៖ ​«​ព្យុះ​ព្រឹល​នឹង​បោស​រំលីង​ទី​ជ្រក​នៃ​សេចក្ដី​ភូតភរ​ទៅ ហើយ​ទឹក​នឹង​ជន់​ឡើង​លិច​ទី​ពំនួ​នបង់​»។

២១​. តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ដោយ​ធ្វើ​តាម​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០១១?

២១ សូម្បី​តែ​ឥឡូវ​នេះ​ឬ​ក្នុង​ពេល​អនាគត រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ការ​ការពារ​ដ៏​ពិត​ប្រាកដ​ពី​លោក។ ឈ្មោះ​សេផានា​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​បាន​លាក់​ទុក​»​ ហើយ​នេះ​បញ្ជាក់​ពី​ប្រភព​ពិត​នៃ​ការ​លាក់​ទុក​នោះ។ គឺ​ត្រឹម​ត្រូវ​មែន​ដែល​យើង​មាន​ការ​ដាស់​តឿន​ដ៏​ល្អ​មួយ​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០១១​ដែល​ថា​៖ ចូរ​«​យក​នាម​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​»។ (​សេផ. ៣:​១២, ព.ថ.​) សូម្បី​តែ​ឥឡូវ យើង​អាច ហើយ​ត្រូវ​យក​នាម​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក ដោយ​ទុក​ចិត្ត​លោក​ទាំង​ស្រុង។ (​ទំនុក. ៩:១០​) ចូរ​យើង​ចាំ​ជា​និច្ច​ជា​រៀង​រាល់​ថ្ងៃ​នូវ​ការ​ធានា​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ថា​៖ ​«​នាម​ព្រះ​យេហូវ៉ា​ជា​ប៉ម​មាំ​មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ​»។—សុភ. ១៨:១០

តើ​អ្នក​ចាំ​ឬ​ទេ?

• ឥឡូវ​នេះ តើ​តាម​របៀប​ណា​ដែល​យើង​អាចយ​ក​នាម​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក?

• ហេតុ​អ្វី​យើង​មិន​ត្រូវ​ទុក​ចិត្ត​«​ទី​ជ្រក​នៃ​សេចក្ដី​ភូតភរ​»​?

• តើ​យើង​ប្រាកដជា​អាច​រក​បាន​ជម្រក​អ្វី​នៅ​ពេល​អនាគត?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៣​]

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០១១​គឺ​៖ ចូរ​«​យក​នាម​ព្រះ​យេហូវ៉ា ជា​ទី​ពឹង​ជ្រក​»។—សេផានា ៣:១២, ព.ថ.

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក