ប្រអប់សំណួរ
◼ តើយើងគួរស្នើសេចក្ដីសម្រេចផ្សេងៗឲ្យក្រុមជំនុំអនុម័តដោយរបៀបណា?
កាលណាមានការសម្រេចចិត្តអំពីរឿងសំខាន់ៗដូចជាទិញដី ជួសជុលឬសង់សាលប្រជុំ ផ្ញើវិភាគទានពិសេសទៅសមាគមយើង ឬចេញចំណាយផ្សេងៗរបស់អ្នកត្រួតពិនិត្យ នោះតម្រូវឲ្យធ្វើសេចក្ដីសម្រេចមួយ។ តាមធម្មតាជាការល្អបំផុតឲ្យធ្វើសេចក្ដីស្នើមួយដើម្បីអនុម័ត រាល់លើកដែលប្រាក់របស់ក្រុមជំនុំត្រូវចំណាយ។
ក្នុងករណីលើកលែងមួយ នោះក្រុមជំនុំប្រហែលសម្រេចឲ្យស្រេចតែម្ដងអំពីចំនួនជាក់លាក់នៃវិភាគទានដែលជូនដល់អង្គការយើងជារៀងរាល់ខែបន្ថែមទៅនឹងវិភាគទានសម្រាប់កិច្ចការពិភពលោកដែលក្រុមជំនុំបានទទួល។ ហើយចំណាយជាធម្មតាដូចជាទឹក ភ្លើងនិងសម្ភារៈសម្រាប់សម្អាតក៏ មិនចាំបាច់ឲ្យធ្វើការសម្រេចដែរ។
កាលណាក្រុមអ្នកចាស់ទុំឃើញមានសេចក្ដីត្រូវការពិតប្រាកដណាមួយ នោះពួកគាត់គួរពិភាក្សារឿងនោះឲ្យបានជ្រៅជ្រះ។ ប្រសិនបើពួកគាត់ភាគច្រើនព្រមព្រៀងថាមានអ្វីមួយចាំបាច់ដែលត្រូវធ្វើ នោះប្រហែលជាអ្នកចាស់ទុំម្នាក់ដែលជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យកិច្ចបម្រើ គួររៀបចំធ្វើសំណើជាលាយលក្ខណ៍អក្សរ ឲ្យក្រុមជំនុំអនុម័តនៅឯកិច្ចប្រជុំអប់រំកិច្ចបម្រើ។
អ្នកចាស់ទុំដែលជាអធិការីគួរពន្យល់យ៉ាងខ្លីហើយច្បាស់អំពីសេចក្ដីត្រូវការរបស់ក្រុមជំនុំ និងយោបល់ដែលក្រុមអ្នកចាស់ទុំសូមឲ្យក្រុមជំនុំពិចារណា។ បន្ទាប់មក ក្រុមជំនុំត្រូវបានផ្ដល់ឱកាសឲ្យសួរសំណួរដែលទាក់ទងនឹងបញ្ហានោះ។ បើបញ្ហានោះស្មុគស្មាញពិបាកសម្រេច ប្រហែលយកល្អឲ្យពន្យារពេលអនុម័តរហូតដល់កិច្ចប្រជុំអប់រំកិច្ចបម្រើលើកក្រោយ ដើម្បីគ្រប់គ្នាមានពេលគិតពិចារណាអំពីរឿងនោះ។ ការអនុម័តិនោះត្រូវធ្វើឡើងដោយលើកដៃ។
មានតែសមាជិកក្រុមជំនុំដែលធ្វើបុណ្យជ្រមុជទឹកហើយប៉ុណ្ណោះ ដែលអាចអនុម័តលើសេចក្ដីសម្រេចនោះ លើកលែងតែច្បាប់តម្រូវឲ្យធ្វើផ្ទុយពីនេះ ដូចក្នុងករណីដែលទាក់ទងនឹងសាជីវកម្មឬការខ្ចីប្រាក់សម្រាប់សង់សាលព្រះរាជាណាចក្រ។ សមាជិកក្រុមជំនុំឯទៀតដែលមកលេងក្រុមជំនុំមិនត្រូវចូលរួមអនុម័តលើសេចក្ដីសម្រេចនេះឡើយ។
សេចក្ដីសម្រេចដែលបានទទួលការអនុម័តិហើយ ត្រូវចុះថ្ងៃខែ ហត្ថលេខា ហើយត្រូវទុកក្នុងសំណុំឯកសាររបស់ក្រុមជំនុំ។