ចូរផ្សាយដល់«មនុស្សគ្រប់ប្រភេទ»
១. តើអ្នកផ្សាយដែលមានប្រសិទ្ធភាពប្រៀបបានទៅនឹងជាងដែលប៉ិនប្រសប់យ៉ាងដូចម្ដេច?
១ ជាងដែលប៉ិនប្រសប់មានឧបករណ៍ជាច្រើន ហើយគាត់ដឹងរបៀបប្រើឧបករណ៍នីមួយៗ ហើយក៏ដឹងថាពេលណាត្រូវប្រើវាដែរ។ ស្រដៀងគ្នាដែរ យើងមានឧបករណ៍ផ្សេងៗដើម្បីជួយយើងឲ្យបំពេញកិច្ចការរបស់យើងជាអ្នកផ្សព្វផ្សាយ។ ជាឧទាហរណ៍ យើងមានសៀវភៅស្តើងអំពីប្រធានផ្សេងៗជាច្រើនដែលបានបោះពុម្ពដើម្បីជួយយើងឲ្យផ្សាយដល់«មនុស្សគ្រប់ប្រភេទ»។ (១កូ. ៩:២២) សន្លឹកបន្ថែមដែលមាននៅក្នុងកិច្ចបម្រើព្រះខែនេះ មានបញ្ជីឈ្មោះសៀវភៅស្តើងទាំងនេះខ្លះ ហើយក៏ពន្យល់ថា សៀវភៅស្តើងទាំងនេះបានត្រូវរៀបចំសម្រាប់អ្នកណា ហើយក៏ប្រាប់ពីវិធីដែលអាចស្នើផ្ដល់សៀវភៅស្តើងនោះដែរ។
២. តើយើងអាចប្រើសៀវភៅស្តើងក្នុងកិច្ចបម្រើផ្សាយនៅពេលណា?
២ ពេលដែលគួរប្រើសៀវភៅស្តើង: ជាងប៉ិនប្រសប់ម្នាក់នឹងប្រើឧបករណ៍មួយនៅពេលដែលវាមានប្រយោជន៍។ ស្រដៀងគ្នាដែរ យើងអាចស្នើផ្ដល់សៀវភៅស្តើងមួយពេលដែលយើងដឹងថា បុគ្គលម្នាក់អាចទទួលប្រយោជន៍ មិនគ្រាន់តែក្នុងខែដែលត្រូវស្នើផ្ដល់សៀវភៅនោះទេ។ ជាឧទាហរណ៍ បើឧបករណ៍ផ្សាយគឺជាសៀវភៅព្រះគម្ពីរបង្រៀន ហើយយើងកំពុងផ្សាយនៅក្នុងតំបន់ដែលមនុស្សមិនកាន់គ្រិស្តសាសនា ដែលមនុស្សមិនសូវមានចំណាប់អារម្មណ៍លើគម្ពីរ នោះប្រហែលជាមានប្រយោជន៍ជាងបើស្នើផ្ដល់សៀវភៅស្តើងដែលសមត្រឹមត្រូវ ហើយបន្ទាប់មកបង្ហាញសៀវភៅព្រះគម្ពីរបង្រៀន បន្ទាប់ពីយើងបានបណ្ដុះចំណាប់អារម្មណ៍របស់បុគ្គលនោះ។
៣. ហេតុអ្វីយើងគួរក្លាយទៅជាអ្នកប៉ិនប្រសប់ក្នុងការប្រើឧបករណ៍ផ្សាយរបស់យើង?
៣ គម្ពីរសរសើរអ្នកដែលប៉ិនប្រសប់ក្នុងកិច្ចការរបស់ខ្លួន។ (សុភ. ២២:២៩) ប្រាកដហើយ សព្វថ្ងៃនេះ គ្មានកិច្ចការណាសំខាន់ជាង«កិច្ចការដ៏បរិសុទ្ធ គឺជាការប្រកាសដំណឹងល្អ»ឡើយ។ (រ៉ូម ១៥:១៦) ដើម្បីក្លាយទៅជា«អ្នកធ្វើការដែលគ្មានហេតុអៀនខ្មាស» យើងនឹងខំព្យាយាមក្លាយទៅជាអ្នកប៉ិនប្រសប់ក្នុងការប្រើឧបករណ៍របស់យើង។—២ធី. ២:១៥