«ធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់»
១. តើសាវ័កប៉ូលបានទុកគំរូល្អបែបណាក្នុងកិច្ចបម្រើផ្សាយ?
១ ចូរ«បំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូក»។ សាវ័កប៉ូលអាចនិយាយពាក្យនេះដើម្បីដាស់តឿនធីម៉ូថេដោយមិនរអៀសខ្លួន។ (២ធី. ៤:៥) នៅរវាងឆ្នាំ៤៧និង៥៦ គ.ស. សាវ័កប៉ូលបានធ្វើដំណើរផ្សព្វផ្សាយជាសាសនទូតបីដងរួចហើយ។ ម្យ៉ាងទៀត សៀវភៅសកម្មភាពបានរៀបរាប់ម្ដងហើយម្ដងទៀតថាប៉ូលបានធ្វើជា«សាក្សីបញ្ជាក់សព្វគ្រប់»។ (សកម្ម. ២៣:១១; ២៨:២៣) សព្វថ្ងៃនេះ តើយើងអាចបំពេញកិច្ចបម្រើរបស់យើងសព្វគ្រប់យ៉ាងដូចម្ដេច?
២. ពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ តើយើងអាចធ្វើសាក្សីបញ្ជាក់សព្វគ្រប់យ៉ាងដូចម្ដេច?
២ ពីផ្ទះមួយទៅផ្ទះមួយ: ក្នុងការព្យាយាមជួបម្ចាស់ផ្ទះដែលមិនធ្លាប់ឮដំណឹងល្អ យើងប្រហែលជាត្រូវត្រឡប់ទៅរកជួបម្ចាស់ផ្ទះនៅពេលផ្សេងទៀត។ បុរសដែលជាមេគ្រួសារប្រហែលជានៅផ្ទះពេលល្ងាច ឬចុងសប្ដាហ៍។ ដូច្នេះ នៅផ្ទះនីមួយៗយើងគួរព្យាយាមរកមនុស្សម្នាក់ដើម្បីនិយាយ ហើយអ្នកដែលមិនដែលនៅផ្ទះយើងគួរត្រឡប់ទៅរកជួបម្ដងហើយម្ដងទៀត។ ចុះយ៉ាងណាវិញ បើការខំប្រឹងទៅរកជួបអ្នកណាម្នាក់តែជួបមិនបាន? ប្រហែលជាទុកសំបុត្រមួយច្បាប់ ឬទូរស័ព្ទនឹងនាំឲ្យមានលទ្ធផលល្អ។
៣. តើអ្នកឆ្លៀតឱកាសផ្សព្វផ្សាយជាសាធារណៈនិងក្រៅផ្លូវការឬទេ?
៣ ជាសាធារណៈនិងក្រៅផ្លូវការ: សព្វថ្ងៃនេះ អ្នកបម្រើព្រះយេហូវ៉ាធ្វើឲ្យអស់អ្នកដែលនឹងស្ដាប់បានឮ«ប្រាជ្ញា»ពីព្រះ។ ជួនកាលពួកគាត់បន្លឺឡើង«នៅក្នុងផ្លូវ» ឬក៏«នៅទីធ្លា»។ (សុភ. ១:២០, ២១) ពេលបំពេញកិច្ចការប្រចាំថ្ងៃរបស់យើង តើយើងឆ្លៀតឱកាសផ្សព្វផ្សាយទេ? តើអាចនិយាយថាយើង«ផ្ចង់អារម្មណ៍ទាំងស្រុងទៅលើការផ្សព្វផ្សាយបណ្ដាំរបស់ព្រះ»ឬទេ? (សកម្ម. ១៨:៥) បើដូច្នេះមែន នោះមានន័យថាយើងកំពុងបំពេញកាតព្វកិច្ចរបស់យើងដើម្បី«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»។—សកម្ម. ១០:៤២; ១៧:១៧; ២០:២០, ២១, ២៤
៤. តើសេចក្ដីអធិដ្ឋាន និងការរំពឹងគិតជួយយើងក្នុងការធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់យ៉ាងដូចម្ដេច?
៤ ទោះជាពេលខ្លះដោយសារភាពទន់ខ្សោយរបស់យើង ឬជាមនុស្សអៀនខ្មាសពីកំណើត យើងប្រហែលជាមិនហ៊ានផ្សព្វផ្សាយទេ។ ជាការពិត ព្រះយេហូវ៉ាយល់ពីកម្រិតសមត្ថភាពរបស់យើង។ (ទំនុក. ១០៣:១៤) ក៏ប៉ុន្តែ ពេលជួបកាលៈទេសៈបែបនោះ សូមអធិដ្ឋានទៅព្រះដើម្បីប្រកាសបណ្ដាំរបស់លោកដោយសេចក្ដីក្លាហាន។ (សកម្ម. ៤:២៩, ៣១) ដូចគ្នាដែរ ពេលយើងសិក្សាផ្ទាល់ខ្លួន និងរំពឹងគិតពីបណ្ដាំរបស់ព្រះ នោះយើងអាចផ្ចង់អារម្មណ៍ដើម្បីបង្កើនចិត្តដឹងគុណឲ្យកាន់តែជ្រាលជ្រៅថែមទៀតចំពោះតម្លៃដ៏លើសលប់នៃដំណឹងល្អ។ (ភី. ៣:៨) នេះនឹងជំរុញទឹកចិត្តយើងឲ្យប្រកាសដំណឹងល្អដោយចិត្តខ្នះខ្នែង!
៥. តើយើងអាចចូលរួមក្នុងការសម្រេចទំនាយនៅសៀវភៅយ៉ូអែលយ៉ាងដូចម្ដេច?
៥ ទំនាយនៅសៀវភៅយ៉ូអែលបានទាយទុកជាមុនថា មុនថ្ងៃដ៏ធំដែលគួរឲ្យស្ញែងខ្លាចរបស់ព្រះយេហូវ៉ា រាស្ត្ររបស់លោកនឹង«ដើរតាមជួររៀងខ្លួន»ដើម្បីផ្សព្វផ្សាយ និងមិនអនុញ្ញាតឲ្យអ្វីមួយមករារាំងពួកគាត់ពីការផ្សព្វផ្សាយឡើយ។ (យ៉ូល. ២:២, ៧-៩) សូមយើងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីចូលរួមកិច្ចការនេះដែលនឹងមិនមានទៀតក្នុងប្រវត្ដិសាស្ត្រ!