សកម្មភាពពិសេសដើម្បីប្រកាសផ្សាយអំពីពិធីរំលឹក ចាប់ផ្ដើមនៅថ្ងៃទី១ ខែមីនា
១. តើពេលណាយើងនឹងចាប់ផ្ដើមប្រកាសផ្សាយអំពីពិធីរំលឹក? ហើយហេតុអ្វីសកម្មភាពពិសេសឆ្នាំនេះមានរយៈពេលវែងជាង?
១ នៅថ្ងៃសុក្រ ទី១ ខែមីនា យើងនឹងចាប់ផ្ដើមសកម្មភាពពិសេសប្រចាំឆ្នាំដើម្បីអញ្ជើញអ្នកឯទៀតឲ្យចូលរួមពិធីរំលឹកជាមួយយើង។ ពិធីរំលឹកនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា មានន័យថាសកម្មភាពពិសេសនេះនឹងមានរយៈពេលវែងជាងឆ្នាំមុនបន្ដិច។ នេះនឹងផ្ដល់ឱកាសឲ្យមនុស្សកាន់តែច្រើនទទួលលិខិតអញ្ជើញ ជាពិសេសបើពួកគេរស់នៅកន្លែងដែលក្រុមជំនុំមានតំបន់ផ្សាយធំ។
២. តើមានការរៀបចំអ្វីសម្រាប់ទទួលនិងចែកចាយលិខិតអញ្ជើញ?
២ របៀបរៀបចំ: ពួកអ្នកចាស់ទុំនឹងប្រាប់ការណែនាំអំពីរបៀបដែលយើងអាចបំពេញកិច្ចការនេះនៅតំបន់ផ្សាយ រួមទាំងការទុកលិខិតអញ្ជើញនៅផ្ទះដែលម្ចាស់អត់នៅ។ បើនៅសល់លិខិតអញ្ជើញក្រោយពីផ្សាយពីផ្ទះមួយទៅផ្ទះមួយ ពួកគាត់អាចចែកលិខិតអញ្ជើញពេលផ្សព្វផ្សាយជាសាធារណៈ។ អ្នកត្រួតពិនិត្យកិច្ចបម្រើត្រូវប្រាកដថា លិខិតអញ្ជើញមានអាសយដ្ឋាននិងពេលវេលាត្រឹមត្រូវ ហើយទុកនៅលើតុសម្រាប់សៀវភៅនិងទស្សនាវដ្ដី ដើម្បីឲ្យអ្នកផ្សាយអាចយកបាន។ មិនគួរដាក់លិខិតអញ្ជើញទាំងអស់តែម្ដងទេ។ យើងគួរយកលិខិតអញ្ជើញដែលយើងត្រូវការសម្រាប់តែមួយសប្ដាហ៍ម្ដងប៉ុណ្ណោះ។
៣. តើយើងគួរចាំអ្វីពេលស្នើផ្ដល់លិខិតអញ្ជើញ?
៣ អ្វីដែលយើងអាចនិយាយ: ជាការល្អបំផុត បើយើងនិយាយយ៉ាងខ្លី យើងអាចជួបមនុស្សកាន់តែច្រើន។ នៅទំព័រ៤មានពាក្យផ្សាយគំរូដែលអាចកែសម្រួលស្របតាមតំបន់ផ្សាយរបស់យើង។ ក៏ប៉ុន្តែ យើងមិនចាំបាច់ប្រញាប់ពេកទេ បើម្ចាស់ផ្ទះបង្ហាញភាពរាក់ទាក់ឬមានសំណួរ។ ពេលចូលរួមចែកលិខិតអញ្ជើញនៅចុងសប្ដាហ៍ បើឃើញថាសមយើងគួរស្នើផ្ដល់ទស្សនាវដ្ដីដែរ។ នៅថ្ងៃទី២ ខែមីនា យើងនឹងប្រមូលអារម្មណ៍ទៅលើការចែកលិខិតអញ្ជើញជាជាងចាប់ផ្ដើមការសិក្សាគម្ពីរថ្មី។
៤. ហេតុអ្វីយើងគួរមានចិត្តខ្នះខ្នែងចូលរួមក្នុងសកម្មភាពពិសេសនេះ?
៤ យើងសង្ឃឹមថាមនុស្សជាច្រើននឹងចូលរួមពិធីរំលឹកជាមួយយើង។ សុន្ទរកថានឹងមានការពន្យល់ថា តើលោកយេស៊ូជានរណា? (១កូ. ១១:២៦) សុន្ទរកថានោះនឹងលើកឡើងពីរបៀបដែលយើងអាចទទួលប្រយោជន៍ពីមរណភាពរបស់លោក។ (រ៉ូម ៦:២៣) សុន្ទរកថានោះក៏បញ្ជាក់នូវមូលហេតុដ៏សំខាន់ដែលយើងរំលឹកអំពីលោកដែរ។ (យ៉ូន. ១៧:៣) សូមឲ្យយើងមានចិត្តខ្នះខ្នែងចូលរួមក្នុងសកម្មភាពពិសេសនេះ!