ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៦-១២ ខែកុម្ភៈ
ip-2-E ទំ. ១៣១ វ. ១៨
ព្រះយេហូវ៉ាបង្រៀនយើងដើម្បីជាប្រយោជន៍ដល់យើង
‹ចូរស្ដាប់តាមបញ្ញត្ដិទាំងប៉ុន្មានរបស់ខ្ញុំ›
១៨ ដោយបានទទួលអំណាចពីសកម្មពលរបស់ព្រះយេហូវ៉ា អ្នកប្រកាសទំនាយប្រកាសថា៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់បានចាត់ខ្ញុំជាមួយនឹងព្រះវិញ្ញាណទ្រង់ ឲ្យមក។ ព្រះយេហូវ៉ាជាព្រះដ៏ប្រោសលោះឯង គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា៖ ‹អញនេះគឺយេហូវ៉ាជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ›»។ (អេ. ៤៨:១៦ខ, ១៧) ប្រសាសន៍នេះរបស់ព្រះយេហូវ៉ាដែលបង្ហាញនូវការយកចិត្តទុកដាក់របស់លោក គួរពង្រឹងទំនុកចិត្តប្រជាជាតិអ៊ីស្រាអែលថាព្រះនឹងរំដោះពួកគេពីបាប៊ីឡូន។ លោកគឺជាអ្នកដែលលោះពួកគេ។ (អេ. ៥៤:៥) បំណងប្រាថ្នាដ៏ស្មោះរបស់ព្រះយេហូវ៉ា គឺឲ្យជនជាតិអ៊ីស្រាអែលផ្សះផ្សាចំណងមិត្តភាពរវាងពួកគេនិងលោក ហើយធ្វើតាមបញ្ញត្ដិរបស់លោក។ ការគោរពប្រណិប័តន៍ពិតមានមូលដ្ឋានលើការធ្វើតាមការណែនាំរបស់ព្រះ។ ជនជាតិអ៊ីស្រាអែលអាចដើរក្នុងផ្លូវត្រឹមត្រូវបាន លុះត្រាតែពួកគេរៀនអំពី‹ផ្លូវដែលគួរដើរ›។
ip-2-E ទំ. ១៣១ វ. ១៩
ព្រះយេហូវ៉ាបង្រៀនយើងដើម្បីជាប្រយោជន៍ដល់យើង
១៩ បំណងប្រាថ្នារបស់ព្រះយេហូវ៉ា ដែលឲ្យរាស្ត្ររបស់លោកជៀសផុតពីទុក្ខវេទនា ហើយមានជីវិតដ៏សប្បាយបានត្រូវរៀបរាប់យ៉ាងពីរោះថា៖ «ឱបើឯងស្ដាប់តាមបញ្ញត្ដិទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្ដីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់ឯងនឹងបានដូចជារលកនៃសមុទ្រហើយ»។ (អេ. ៤៨:១៨) នេះពិតជាពាក្យអង្វរដ៏ស្មោះរបស់ព្រះដែលជាអ្នកបង្កើតដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត! (ចោ. ៥:២៩; ទំនុក. ៨១:១៣) ជាជាងទៅជានិរទេសជន ជនជាតិអ៊ីស្រាអែលអាចមានសន្ដិភាពឬសេចក្ដីសុខសាន្តយ៉ាងបរិបូរដូចទឹកដែលហូរក្នុងទន្លេ។ (ទំនុក. ១១៩:១៦៥) អំពើសុចរិតរបស់ពួកគេអាចមានច្រើនដូចរលកសមុទ្រ។ (អេម. ៥:២៤) ក្នុងនាមជាព្រះដែលពិតជាយកចិត្តទុកដាក់ចំពោះពួកគេ ព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់បានអង្វរជនជាតិអ៊ីស្រាអែល ដោយបង្ហាញផ្លូវដែលពួកគេគួរដើរ។ ប្រសិនបើពួកគេស្ដាប់ ពួកគេនឹងទទួលដូច្នេះមែន!
ip-2-E ទំ. ១៣២ វ. ២០-២១
ព្រះយេហូវ៉ាបង្រៀនយើងដើម្បីជាប្រយោជន៍ដល់យើង
២០ បើជនជាតិអ៊ីស្រាអែលបានប្រែចិត្ត តើពួកគេនឹងទទួលពរអ្វីខ្លះ? ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ឯពូជពង្សឯងក៏នឹងបានច្រើនដូចជាខ្សាច់ ហើយផលដែលកើតឡើងពីឯងមក នោះនឹងបានដូចជាគ្រាប់ខ្សាច់ទាំងប៉ុន្មាន។ ឯឈ្មោះគេក៏មិនត្រូវកាត់ចេញ ឬបំផ្លាញពីមុខអញឡើយ»។ (អេ. ៤៨:១៩) ព្រះយេហូវ៉ារំលឹកបណ្ដាជនអំពីសេចក្ដីសន្យារបស់លោកដែលថាពូជពង្សអាប្រាហាំនឹងមានគ្នាច្រើន«ដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ»។ (លោ. ២២:១៧; ៣២:១២) ក៏ប៉ុន្តែ ដោយសារកូនចៅទាំងនេះរបស់អាប្រាហាំបានបះបោរប្រឆាំង នោះពួកគេមិនមានសិទ្ធិទទួលតាមសេចក្ដីសន្យានោះឡើយ។ ពួកគេបានប្រព្រឹត្តអាក្រក់ខ្លាំងដល់ម្ល៉េះបានជាបើគិតតាមច្បាប់របស់ព្រះយេហូវ៉ា ប្រជាជាតិនោះសមនឹងបំផ្លាញចោល។ (ចោ. ២៨:៤៥) ប៉ុន្តែ ព្រះយេហូវ៉ាមិនចង់ឲ្យរាស្ត្ររបស់លោកទទួលសេចក្ដីហិនវិនាសឡើយ ហើយលោកក៏មិនចង់បោះបង់ពួកគេចោលទាំងស្រុងដែរ។
២១ នៅក្នុងខគម្ពីរទាំងប៉ុន្មាននេះមានគោលការណ៍ដែលជំរុញចិត្តយ៉ាងខ្លាំង ហើយដែលជាប់ទាក់ទងនឹងអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ។ ព្រះយេហូវ៉ាគឺជាប្រភពនៃជីវិត ហើយលោកជ្រាបច្បាស់ជាងនរណាទាំងអស់អំពីរបៀបដែលយើងគួរប្រើជីវិតរបស់យើង។ (ទំនុក. ៣៦:៩) លោកបានឲ្យយើងនូវការណែនាំផ្សេងៗ មិនមែនដើម្បីឲ្យយើងគ្មានជីវិតសប្បាយនោះទេ តែដើម្បីឲ្យយើងទទួលប្រយោជន៍។ ដោយយល់ចំណុចនេះ គ្រិស្តសាសនិកពិតស្វែងរកការណែនាំពីលោក។ (មីកា ៤:២) ការណែនាំពីលោកការពារជំនឿរបស់យើងនិងចំណងមិត្តភាពរវាងយើងនិងលោក ហើយក៏ការពារយើងពីឥទ្ធិពលអាក្រក់របស់សាថានដែរ។ ពេលយើងឲ្យតម្លៃគោលការណ៍ដែលជាមូលដ្ឋាននៃច្បាប់របស់ព្រះ នោះយើងឃើញថាព្រះយេហូវ៉ាបង្រៀនយើងដើម្បីជាប្រយោជន៍ដល់យើង។ យើងទទួលស្គាល់ថា«បញ្ញត្ដិរបស់លោកមិនមែនជាបន្ទុកធ្ងន់ទេ»។ ម្យ៉ាងទៀត យើងនឹងមិនត្រូវបំផ្លាញឡើយ។—១យ៉ូន. ២:១៧; ៥:៣
it-1-E ទំ. ៦៤៣ វ. ៤-៥
ការលែងលះ
ការលែងលះក្នុងន័យធៀប។ នៅក្នុងបទគម្ពីរ ចំណងអាពាហ៍ពិពាហ៍បានត្រូវប្រើក្នុងន័យធៀប។ (អេ. ៥៤:១, ៥, ៦; ៦២:១-៦) ដូចគ្នាដែរ ការលែងលះក៏បានត្រូវប្រើក្នុងន័យធៀបដែរ។—យេ. ៣:៨
រាជាណាចក្រយូដាបានត្រូវរំលំ ហើយក្រុងយេរូសាឡិមបានត្រូវបំផ្លាញនៅឆ្នាំ៦០៧ មុនគ.ស. បណ្ដាជននៃស្រុកនោះបានត្រូវចាប់ជាឈ្លើយសឹកយកទៅក្រុងបាប៊ីឡូន។ ច្រើនឆ្នាំមុន ព្រះយេហូវ៉ាបានមានប្រសាសន៍ជាទំនាយទៅកាន់ជនជាតិយូដាដែលនឹងត្រូវនិរទេសថា៖ «សំបុត្រលែងលះដែលអញឲ្យដល់ម្ដាយឯង ដើម្បីបណ្ដេញចេញនោះតើនៅឯណា?»។ (អេ. ៥០:១) «ម្ដាយ» ពោលគឺប្រជាជាតិអ៊ីស្រាអែល បានត្រូវបណ្ដេញចេញដោយមានមូលហេតុត្រឹមត្រូវ មិនមែនដោយសារព្រះយេហូវ៉ាបានផ្ដាច់កិច្ចព្រមព្រៀង ហើយបានចាប់ផ្ដើមដំណើរការលែងលះគ្នាទេ តែដោយសារនាងបានបំពានលើកិច្ចព្រមព្រៀងខាងច្បាប់។ ក៏ប៉ុន្តែ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់បានប្រែចិត្ត ហើយបានអធិដ្ឋានសុំព្រះយេហូវ៉ាចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងជាប្ដីជាមួយនឹងពួកគេនៅក្នុងស្រុកកំណើតរបស់ពួកគេ។ ដោយយល់ដល់នាមរបស់លោក នៅទីបញ្ចប់នៃការបោះបង់ចោលស្រុកអស់រយៈពេល៧០ឆ្នាំ ព្រះយេហូវ៉ាបាននាំរាស្ត្ររបស់លោកត្រឡប់ទៅស្រុកកំណើតវិញនៅឆ្នាំ៥៣៧ មុនគ.ស. ដូចលោកបានសន្យា។—ទំនុក. ១៣៧:១-៩
ថ្ងៃទី១៣-១៩ ខែកុម្ភៈ
w០៦-E ១៥/៣ ទំ. ១១ វ. ២
«អត្ថន័យជានិមិត្តរូប»ដែលមានប្រយោជន៍ចំពោះយើង
តើសារ៉ាជា«ស្ត្រីដែលមានសេរីភាព»និងអ៊ីសាកជាកូននាង ជាតំណាងអ្នកណា? ប៉ូលបានប្រាប់ថាសារ៉ាដែលជា«ស្ត្រីអារ»ជាតំណាងភរិយារបស់ព្រះ ពោលគឺអង្គការរបស់លោកផ្នែកនៅស្ថានសួគ៌។ ស្ត្រីស្ថានសួគ៌នេះគ្មានកូនក្នុងន័យថា មុនលោកយេស៊ូមក នាងគ្មាន«កូន»ដែលបានត្រូវរើសតាំងដោយសកម្មពលនៅលើផែនដីឡើយ។ (កាឡ. ៤:២៧; អេ. ៥៤:១-៦) ក៏ប៉ុន្តែ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. សកម្មពលបរិសុទ្ធបានត្រូវចាក់ទៅលើបុរសនិងស្ត្រីមួយក្រុម ហេតុនេះពួកគាត់បានកើតម្ដងទៀតជាកូនរបស់ស្ត្រីស្ថានសួគ៌នេះ។ កូនដែលអង្គការនេះបានបង្កើតបានត្រូវទទួលជាកូនព្រះ ហើយបានក្លាយទៅជាអ្នកទទួលមត៌ករួមជាមួយនឹងលោកយេស៊ូគ្រិស្ត ក្រោមកិច្ចព្រមព្រៀងថ្មី។ (រ៉ូម ៨:១៥-១៧) ដូច្នេះ សាវ័កប៉ូលដែលជាកូនម្នាក់ក្នុងចំណោមកូនទាំងនេះអាចសរសេរថា៖ «ក្រុងយេរូសាឡិមនៅស្ថានលើមានសេរីភាព ហើយនាងជាម្ដាយរបស់យើង»។—កាឡ. ៤:២៦
ថ្ងៃទី២០-២៦ ខែកុម្ភៈ
ip-2-E ទំ. ៣២២ វ. ៤
សេចក្ដីសុចរិតដុះឡើងនៅស៊ីយ៉ូន
«ឆ្នាំដែលព្រះយេហូវ៉ាទ្រង់សព្វហឫទ័យ»
៤ អេសាយសរសេរថា៖ «ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ។ ទ្រង់បានចាត់ខ្ញុំឲ្យមកដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង»។ (អេ. ៦១:១) តើអ្នកណាបានទទួលបង្គាប់ឲ្យប្រកាសដំណឹងល្អ? មុនបង្អស់ទំនងជាអេសាយ ពីព្រោះព្រះបានដឹកនាំគាត់ឲ្យកត់ទុកនូវដំណឹងល្អសម្រាប់ពួកអ្នកដែលជាឈ្លើយសឹកនៅក្រុងបាប៊ីឡូន។ ក៏ប៉ុន្តែ លោកយេស៊ូបានលើកបញ្ជាក់អំពីការសម្រេចដ៏សំខាន់បំផុត ពេលលោកប្រាប់ថាពាក្យទាំងនេះរបស់អេសាយគឺសំដៅលើខ្លួនលោក។ (លូក. ៤:១៦-២១) ពិតមែន លោកយេស៊ូបានត្រូវចាត់ឲ្យទៅប្រាប់ដំណឹងល្អដល់មនុស្សដែលមានចិត្តរាបទាប។ ម្យ៉ាងទៀត គឺក្នុងគោលបំណងនេះហើយដែលលោកបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធនៅពេលលោកទទួលការជ្រមុជទឹក។—ម៉ាថ. ៣:១៦, ១៧
ip-2-E ទំ. ៣២៦-៣២៧ វ. ១៣-១៥
សេចក្ដីសុចរិតដុះឡើងនៅស៊ីយ៉ូន
១៣ ចាប់តាំងពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.មក ព្រះបានដាំ«ដើមឈើនៃសេចក្ដីសុចរិត»ពោលគឺគ្រិស្តសាសនិកដ៏ក្លាហានដែលបានត្រូវរើសតាំង នៅក្នុងការគោរពប្រណិប័តន៍ពិតនៃប្រជាជាតិថ្មីរបស់លោកដែលជា«អ៊ីស្រាអែលនៃព្រះ»។ (កាឡ. ៦:១៦) អស់ជាច្រើនសតវត្សរ៍ «ដើមឈើ»ទាំងនេះដែលមានចំនួន១៤៤.០០០ បង្កើតផលផ្លែនៃសេចក្ដីសុចរិតដែលលម្អព្រះយេហូវ៉ាឬនាំឲ្យលោកទទួលសេចក្ដីសរសើរ។ (បប. ១៤:៣) ដើមឈើចុងក្រោយក្នុងចំណោម«ដើមឈើ»ធំសម្បើមទាំងនេះបានលូតលាស់ឡើងចាប់តាំងពីឆ្នាំ១៩១៩ ពេលដែលព្រះយេហូវ៉ាធ្វើឲ្យអ៊ីស្រាអែលនៃព្រះ ដែលនៅសេសសល់លើផែនដីមានសកម្មភាពឡើងវិញ ក្រោយពីអសកម្មអស់មួយរយៈពេល។ ដោយផ្គត់ផ្គង់យ៉ាងបរិបូរនូវទឹកក្នុងន័យធៀប ព្រះយេហូវ៉ាបានបង្កើតឲ្យមានដើមឈើជាច្រើនដែលបង្កើតផលប្រៀបដូចជាព្រៃឈើមួយ។—អេ. ២៧:៦
១៤ អេសាយបានលើកបញ្ជាក់អំពីកិច្ចការរបស់«ដើមឈើ»ទាំងនេះថា៖ «គេនឹងសង់អស់ទាំងទីដែលខូចបង់ពីដើមឡើងវិញ ហើយរៀបកន្លែងចោលស្ងាត់ពីកាលមុនឡើងជាថ្មី គេនឹងជួសជុលអស់ទាំងទីក្រុងដែលខូចបង់ ហើយអស់ទាំងទីកន្លែងដែលចោលស្ងាត់ តាំងពីច្រើនដំណតមកផង»។ (អេ. ៦១:៤) ដោយមានរាជក្រឹត្យរបស់ស៊ីរូសដែលជាស្តេចនៃស្រុកពើស៊ី ជនជាតិយូដាស្មោះត្រង់ដែលបានត្រឡប់ពីក្រុងបាប៊ីឡូន បានសង់ក្រុងយេរូសាឡិមនិងវិហារក្នុងក្រុងនោះឡើងវិញ ដែលបានត្រូវទុកចោលអស់រយៈពេលយ៉ាងយូរ។ ក្នុងអំឡុងប៉ុន្មានឆ្នាំចាប់ពីឆ្នាំ៣៣ គ.ស. មានការស្ដារឡើងវិញខាងការគោរពប្រណិប័តន៍ព្រះ ហើយប៉ុន្មានឆ្នាំចាប់ពីឆ្នាំ១៩១៩ក៏មានដូច្នេះដែរ។
១៥ នៅឆ្នាំ៣៣ គ.ស. ពួកអ្នកកាន់តាមលោកយេស៊ូព្រួយចិត្តយ៉ាងខ្លាំង ដោយសារលោកបានត្រូវចាប់ខ្លួន វិនិច្ឆ័យ និងសម្លាប់។ (ម៉ាថ. ២៦:៣១) ទោះជាយ៉ាងនេះក្ដី ទស្សនៈរបស់ពួកគាត់បានផ្លាស់ប្ដូរ ពេលដែលលោកបានលេចមកជួបពួកគាត់ ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ម្យ៉ាងទៀត ពេលដែលសកម្មពលបរិសុទ្ធបានត្រូវចាក់ទៅលើពួកគាត់ ពួកគាត់ជាប់រវល់នឹងកិច្ចការផ្សព្វផ្សាយដំណឹងល្អ«នៅក្រុងយេរូសាឡិម នៅតំបន់យូឌាទាំងមូល នៅស្រុកសាម៉ារីនិងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៨) ដូច្នេះ ពួកគាត់បានចាប់ផ្ដើមរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ ស្រដៀងគ្នាដែរ ចាប់តាំងពីឆ្នាំ១៩១៩មក លោកយេស៊ូគ្រិស្តបានជំរុញចិត្តបងប្អូនរបស់លោកដែលព្រះបានរើសតាំងដែលនៅសេសសល់នៅផែនដីឲ្យស្ថាបនាឡើងវិញនូវ«អស់ទាំងទីកន្លែងដែលចោលស្ងាត់តាំងពីច្រើនតំណតមក»។ អស់ជាច្រើនសតវត្សរ៍ ពួកបព្វជិតនៃពិភពគ្រិស្តសាសនាមិនបានបង្រៀនមនុស្សឲ្យមានចំណេះអំពីព្រះយេហូវ៉ាឡើយ។ ផ្ទុយទៅវិញ ពួកគេបានបង្រៀនទំនៀមទម្លាប់របស់មនុស្សនិងសេចក្ដីបង្រៀនដែលមិនស្របតាមគម្ពីរ។ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងបានដកចេញនូវការប្រព្រឹត្តដែលទទួលឥទ្ធិពលពីសាសនាមិនពិតពីក្រុមជំនុំរបស់ពួកគាត់ ដើម្បីឲ្យការរៀបចំឡើងវិញនូវការគោរពប្រណិប័តន៍ពិតអាចជឿនទៅមុខ។ មួយវិញទៀត ពួកគាត់បានបានចាប់ផ្ដើមនូវសកម្មភាពផ្សព្វផ្សាយដ៏ធំបំផុតក្នុងប្រវត្ដិសាស្ត្រ។—ម៉ាក. ១៣:១០
ថ្ងៃទី២៧ ខែកុម្ភៈ–ថ្ងៃទី៥ ខែមីនា
ip-2-E ទំ. ៣៨៣ វ. ២៣
«ត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប ចំពោះការដែលអញបានបង្កើតនោះ»
២៣ សៀវភៅការបើកបង្ហាញរៀបរាប់អំពីអ្វីដែលសាវ័កយ៉ូហានបានឃើញក្នុងគំនិត ពោលគឺថ្ងៃរបស់ព្រះយេហូវ៉ាដែលនឹងមកដល់ ពេលដែលរបៀបរបបពិភពលោកនេះនឹងត្រូវបំផ្លាញចោល។ ក្រោយមក សាថាននឹងត្រូវបោះទៅទីជ្រៅបំផុត។ (បប. ១៩:១១–២០:៣) បន្ទាប់ពីការរៀបរាប់នោះ យ៉ូហានបានដកស្រង់ទំនាយរបស់អេសាយដោយសរសេរថា៖ «ខ្ញុំឃើញមេឃថ្មីនិងផែនដីថ្មី»។ ខបន្តបន្ទាប់ដែលរៀបរាប់អំពីអ្វីដ៏អស្ចារ្យដែលយ៉ូហានបានឃើញក្នុងគំនិត ប្រាប់អំពីគ្រាដែលព្រះយេហូវ៉ានឹងកែប្រែស្ថានភាពនៅលើផែនដីឲ្យបានប្រសើរឡើងទាំងស្រុង។ (បប. ២១:១, ៣-៥) នេះបង្ហាញច្បាស់ថាសេចក្ដីសន្យាអំពី«មេឃថ្មីនិងផែនដីថ្មី»ដែលអេសាយបានសរសេរនឹងសម្រេចយ៉ាងអស្ចារ្យនៅពិភពលោកថ្មីរបស់ព្រះ! ក្រោមមេឃថ្មីឬរដ្ឋាភិបាលថ្មីនៅស្ថានសួគ៌ នោះផែនដីថ្មីឬសង្គមមនុស្សថ្មីនឹងរស់នៅក្នុងស្ថានភាពដែលប្រៀបដូចជាសួនឧទ្យាន ហើយក៏នឹងមានជីវិតដ៏សប្បាយក្នុងសួនឧទ្យានពិតប្រាកដដែរ។ សេចក្ដីសន្យាដែលថា «របស់ពីមុនៗ (ជំងឺ ការឈឺចាប់និងទុក្ខវេទនាជាច្រើនទៀតដែលមនុស្សប្រឈមមុខ) នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ» ពិតជាផ្ដល់ការសម្រាលទុក្ខមែន! នៅពេលនោះយើងនឹងមានការចងចាំល្អៗ ដែលនឹងមិនធ្វើឲ្យយើងមានទុក្ខព្រួយឬការឈឺចាប់ដែលមនុស្សជាច្រើនកំពុងទទួលរងនៅឥឡូវនេះឡើយ។
ip-2-E ទំ. ៣៨៤ វ. ២៥
«ត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាប ចំពោះការដែលអញបានបង្កើតនោះ»
២៥ សព្វថ្ងៃនេះក៏ដូចគ្នាដែរ ព្រះយេហូវ៉ាធ្វើឲ្យក្រុងយេរូសាឡិម«បានជាទីរីករាយ»។ តើនេះមានន័យយ៉ាងណា? ដូចយើងបានរៀនរួចហើយ មេឃថ្មីដែលបានកើតឡើងនៅឆ្នាំ១៩១៤ នៅទីបំផុតនឹងមានអ្នកគ្រប់គ្រងជាមួយនឹងលោកយេស៊ូចំនួន១៤៤.០០០នាក់ដែលនឹងចូលរួមក្នុងរដ្ឋាភិបាលស្ថានសួគ៌។ ទំនាយគម្ពីរបានចែងអំពីអ្នកទាំងនេះថា«ក្រុងយេរូសាឡិមថ្មី»។ (បប. ២១:២) ស្តីអំពីក្រុងយេរូសាឡិមថ្មី ព្រះមានប្រសាសន៍ថា៖ «អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាសេចក្ដីអំណរ»។ តាមរយៈក្រុងយេរូសាឡិមថ្មី ព្រះនឹងឲ្យពរជាច្រើនឥតគណនាដល់មនុស្សជាតិដែលស្ដាប់បង្គាប់។ គេនឹងលែងឮសំឡេងយំនិងសម្រែកការឈឺចាប់ទៀត ពីព្រោះព្រះយេហូវ៉ានឹងបំពេញ«បំណងចិត្ត»របស់យើង។—ទំនុក. ៣៧:៣, ៤