ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៦-១២ ខែមីនា
jr-E ទំ. ៨៨ វ. ១៤-១៥
«អញបានចំអែតព្រលឹងមនុស្សដែលល្វើយ»
តើអ្នកនឹងធ្វើឲ្យមនុស្សដែលល្វើយមានកម្លាំងចិត្តឡើងវិញឬទេ?
១៤ យើងគួរតែយកចិត្តទុកដាក់នឹងរបៀបដែលយេរេមាបានទទួលការលើកទឹកចិត្តនិងរបៀបដែលគាត់បានលើកទឹកចិត្ត«មនុស្សដែលល្វើយ»។ (យេ. ៣១:២៥) អ្នកប្រកាសទំនាយនោះបានទទួលការលើកទឹកចិត្តជាពិសេសពីព្រះយេហូវ៉ា។ សូមគិតថាអ្នកនឹងមានកម្លាំងចិត្តយ៉ាងណា បើអ្នកបានឮព្រះយេហូវ៉ាប្រាប់អ្នកថា៖ «នៅថ្ងៃនេះអញបានតាំងឯងឡើង ទុកជាទីក្រុងត្រៀមដោយគ្រឿងចំបាំង . . . គេនឹងតនឹងឯង តែមិនឈ្នះឯងឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឯងឲ្យរួច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។ (យេ. ១:១៨, ១៩) ដោយមានមូលហេតុត្រឹមត្រូវ យេរេមាបាននិយាយអំពីព្រះយេហូវ៉ាថាជា«កំឡាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំនៅគ្រាលំបាក»។—យេ. ១៦:១៩
១៥ អ្វីដែលគួរកត់សម្គាល់ គឺព្រះយេហូវ៉ាបានប្រាប់យេរេមាថា៖ «ដ្បិតអញនៅជាមួយ . . . ឯង»។ ក្នុងឃ្លានេះ តើអ្នកឃើញតម្រុយមួយអំពីអ្វីដែលអ្នកអាចធ្វើ ពេលអ្នកណាម្នាក់ដែលអ្នកស្គាល់ត្រូវការការលើកទឹកចិត្តឬទេ? ពិតមែន យើងងាយឃើញថាបងប្អូនប្រុសឬបងប្អូនស្រីគ្រិស្តសាសនិកណាម្នាក់ ឬប្រហែលជាសាច់ញាតិណាម្នាក់ត្រូវការការលើកទឹកចិត្ត ប៉ុន្តែតើយើងនឹងឲ្យការលើកទឹកចិត្តដែលមានប្រសិទ្ធិភាពតាមរបៀបណា? ក្នុងករណីភាគច្រើន ទង្វើដែលមានប្រសិទ្ធិភាពបំផុត គឺធ្វើអ្វីដែលព្រះបានធ្វើចំពោះយេរេមា ពោលគឺគ្រាន់តែនៅជាមួយនឹងអ្នកដែលមានទុក្ខព្រួយ។ ក្រោយមក នៅពេលមួយ សូមនិយាយពាក្យប៉ុន្មានម៉ាត់ដែលលើកទឹកចិត្ត ប៉ុន្តែមិនគួរនិយាយច្រើនពេកទេ។ ពាក្យប៉ុន្មានម៉ាត់នោះទំនងជាមានប្រយោជន៍ច្រើនជាង បើជាពាក្យដែលបានត្រូវជ្រើសរើស ដើម្បីពង្រឹងទំនុកចិត្ត និងពង្រឹងកម្លាំងចិត្ត។ អ្នកមិនចាំបាច់ចេះនិយាយយ៉ាងពីរោះនោះទេ។ ចូរប្រើពាក្យដែលស្រួលយល់ ដែលបង្ហាញនូវការយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ជាគ្រិស្តសាសនិក។ ពាក្យសម្ដីដូចនេះអាចមានប្រយោជន៍ច្រើនណាស់។—សូមអាន សុភាសិត ២៥:១១
ថ្ងៃទី១៣-១៩ ខែមីនា
w៨៨-E ១/៤ ទំ. ១១-១២ វ. ៧-៨
យេរេមាជាអ្នកប្រកាសទំនាយដែលមនុស្សមិនចូលចិត្ត ប្រកាសអំពីការវិនិច្ឆ័យរបស់ព្រះ
៧ ព្រះយេហូវ៉ាបានព្រមានថា៖ «គេនឹងតនឹងឯង តែមិនឈ្នះឯងឡើយ»។ (យេ. ១:១៩) ហេតុអ្វីជនជាតិយូដានិងអ្នកគ្រប់គ្រងរបស់ពួកគេចង់ប្រយុទ្ធប្រឆាំងនឹងអ្នកប្រកាសទំនាយនេះ? ពីព្រោះអ្វីដែលគាត់ប្រកាសបានផ្ដន្ទាទោសការស្កប់ចិត្តនិងរបៀបគោរពប្រណិប័តន៍តែសម្បកក្រៅរបស់ពួកគេ។ យេរេមាបន្តផ្ដន្ទាទោសពួកគេថា៖ «មើល! ព្រះបន្ទូលនៃព្រះយេហូវ៉ាបានត្រឡប់ជាទីមើលងាយដល់គេ គេមិនយកជាទីរីករាយឡើយ។ ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុតទៅដល់អ្នកធំបំផុតក្នុងពួកគេ នោះសុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ ហើយចាប់តាំងពីពួកហោរាទៅដល់សង្ឃ នោះគ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ»។—យេ. ៦:១០, ១៣
៨ ពិតមែន ពួកគេរៀបចំគ្រឿងបូជារបស់ប្រជាជាតិនោះ។ ពួកគេបំពេញកិច្ចការនៃការគោរពប្រណិប័តន៍ពិត ប៉ុន្តែចិត្តរបស់ពួកគេមិននៅក្នុងការគោរពប្រណិប័តន៍នោះឡើយ។ ពួកគេចាត់ទុកពិធីសាសនាថាសំខាន់ជាងការប្រព្រឹត្តត្រឹមត្រូវ។ ដំណាលគ្នានោះអ្នកដឹកនាំសាសនាយូដាខំធ្វើឲ្យប្រជាជាតិនោះយល់ច្រឡំថាខ្លួនមានសុវត្ថិភាព ដោយពាក្យថា៖ «សុខៗតែប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ»។ (យេ. ៦:១៤; ៨:១១) ពួកគេបានបោកបញ្ឆោតបណ្ដាជនឲ្យជឿថាពួកគេមានសេចក្ដីសុខសាន្តជាមួយនឹងព្រះ។ ពួកគេមានអារម្មណ៍ថាគ្មានអ្វីគួរឲ្យបារម្ភឡើយ ពីព្រោះពួកគេជារាស្ត្រដែលព្រះយេហូវ៉ាបានសង្គ្រោះ ព្រមទាំងមានក្រុងបរិសុទ្ធនិងវិហារ។ ប៉ុន្តែចំពោះរឿងនោះ តើព្រះយេហូវ៉ាមានទស្សនៈដូច្នេះឬ?
w៨៨-E ១/៤ ទំ. ១២ វ. ៩-១០
យេរេមាជាអ្នកប្រកាសទំនាយដែលមនុស្សមិនចូលចិត្ត ប្រកាសអំពីការវិនិច្ឆ័យរបស់ព្រះ
៩ ព្រះយេហូវ៉ាបានបង្គាប់យេរេមាឲ្យឈរនៅកន្លែងដែលមនុស្សអាចមើលឃើញច្បាស់នៅទ្វារនៃវិហារ ហើយប្រកាសដំណឹងរបស់ព្រះដល់ពួកអ្នកគោរពប្រណិប័តន៍ដែលចូលទីនោះ។ គាត់ត្រូវប្រាប់ពួកគេថា៖ «កុំឲ្យទុកចិត្តនឹងពាក្យភូតភរឡើយ ដែលថានេះជាព្រះវិហារនៃព្រះយេហូវ៉ា គឺជាព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះវិហារនៃព្រះយេហូវ៉ាពិត! . . . ពាក្យកំភូតដែលនឹងមានប្រយោជន៍មិនបាន»។ ជនជាតិយូដារស់នៅស្របទៅតាមអ្វីដែលពួកគេមើលឃើញ មិនមែនស្របទៅតាមជំនឿឡើយ កាលដែលពួកគេអួតអំពីវិហាររបស់ពួកគេ។ ពួកគេបានភ្លេចនូវពាក្យព្រមានរបស់ព្រះយេហូវ៉ា ដែលថា៖ «ផ្ទៃមេឃជាបល្ល័ង្ករបស់អញ ហើយផែនដីជាកំណល់កល់ជើងអញ។ ដូច្នេះ តើឯងរាល់គ្នានឹងសង់វិហារយ៉ាងណាឲ្យអញ?»។ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតនៃសកលលោកដ៏ធំធេងនេះមិននៅតែក្នុងវិហាររបស់ពួកគេប៉ុណ្ណោះទេ ទោះជាវិហារនោះល្អរុងរឿងយ៉ាងណាក៏ដោយ។—យេ. ៧:១-៨; អេ. ៦៦:១
១០ យេរេមាបន្តស្តីបន្ទោសជាសាធារណៈយ៉ាងចំៗថា៖ «តើឯងរាល់គ្នានឹងលួចប្លន់ កាប់សំឡាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃដែលឯងមិនបានស្គាល់ពីដើម . . . ហើយពោលថា៖ ‹យើងបានសង្គ្រោះហើយ› គឺដើម្បីឲ្យឯងបានធ្វើអស់ទាំងការគួរស្អប់ខ្ពើមយ៉ាងនេះឬ?»។ ដោយសារជនជាតិយូដាជារាស្ត្រដែល‹ព្រះបានជ្រើសរើស› នោះពួកគេបានគិតថាលោកនឹងអត់ឱនការប្រព្រឹត្តណាក៏ដោយ ដរាបណាពួកគេយកគ្រឿងបូជាមកវិហារ។ ប៉ុន្តែ បើពួកគេយល់ឃើញថាព្រះយេហូវ៉ាជាបិតាដែលទម្រើសកូនតែមួយ នោះពួកគេនឹងដឹងថាពួកគេយល់ច្រឡំ។—យេ. ៧:៩, ១០; និក្ខ. ១៩:៥, ៦
jr-E ទំ. ២១ វ. ១២
ការបម្រើនៅ«ជាន់ក្រោយ»
១២ ពេលយេហូយ៉ាគីមចាប់ផ្ដើមគ្រប់គ្រង ព្រះយេហូវ៉ាបានប្រាប់យេរេមាឲ្យទៅវិហារ ហើយផ្ដន្ទាទោសជនជាតិយូដាយ៉ាងខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ ពួកគេចាត់ទុកវិហាររបស់ព្រះយេហូវ៉ាជាវត្ថុស័ក្ដិសិទ្ធិដែលនឹងការពារពួកគេ។ ប៉ុន្តែ បើពួកគេមិនលះចោលអំពើ«លួចប្លន់ កាប់សំឡាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ»ទេ នោះព្រះយេហូវ៉ានឹងបោះបង់វិហាររបស់លោក។ ម្យ៉ាងទៀត លោកក៏នឹងបោះបង់មនុស្សលាក់ពុតដែលគោរពបូជានៅក្នុងវិហារ ដូចលោកបានបោះបង់ត្រសាលនៅស៊ីឡូរនាសម័យសម្ដេចសង្ឃអេលីដែរ។ ស្រុកយូដានឹង«ត្រឡប់ទៅជាទីសូន្យបង់»។ (យេ. ៧:១-១៥, ៣៤; ២៦:១-៦) សូមគិតអំពីចិត្តក្លាហានដែលយេរេមាត្រូវការដើម្បីប្រកាសដំណឹងនោះ! គាត់ទំនងជាធ្វើដូច្នោះជាសាធារណៈនៅមុខមនុស្សមានមុខមាត់និងមានឥទ្ធិពល។ ដូចគ្នាដែរសព្វថ្ងៃនេះ បងប្អូនខ្លះមានអារម្មណ៍ថាពួកគាត់ត្រូវការចិត្តក្លាហានដើម្បីផ្សព្វផ្សាយដល់អ្នកមានឬអ្នកធំ ឬផ្សព្វផ្សាយនៅតាមផ្លូវ។ ទោះជាយ៉ាងនេះក្ដី យើងអាចប្រាកដថា ព្រះច្បាស់ជាគាំទ្រយើង ដូចលោកបានគាំទ្រយេរេមាដែរ។—ហេ. ១០:៣៩; ១៣:៦
w៨៨-E ១/៤ ទំ. ១៣ វ. ១៥
យេរេមាជាអ្នកប្រកាសទំនាយដែលមនុស្សមិនចូលចិត្ត ប្រកាសអំពីការវិនិច្ឆ័យរបស់ព្រះ
ស្រុកយូដាទទួលផលអាក្រក់
១៥ ប្រហែលជានៅឆ្នាំ៦៣២ មុនគ.ស. ជនជាតិខាល់ដេនិងមេឌីបានវាយឈ្នះស្រុកអាសស៊ើរ ហើយស្រុកអេស៊ីបដែលនៅខាងត្បូងស្រុកយូដាបានទៅជាមហាអំណាចបន្ទាប់បន្សំ។ ការគំរាមកំហែងដ៏ពិតប្រាកដចំពោះពួកយូដានឹងមកពីទិសខាងជើង ជាទីដែលពួកអ្នកលុកលុយនឹងចូលមក។ ដូច្នេះ យេរេមាត្រូវផ្ដល់ដំណឹងអាក្រក់ដល់ជនជាតិយូដាដែលជាជនរួមជាតិរបស់គាត់! «មើល មានជនជាតិមកពីស្រុកខាងជើង . . . ជាសាសន៍សាហាវឥតត្រាប្រណី . . . គេ . . . រៀបជាក្បួនទ័ពដូចជាមនុស្សដែលចូលទៅច្បាំង ឱកូនស្រីស៊ីយ៉ូនអើយ គឺច្បាំងនឹងឯងហើយ»។ មហាអំណាចដ៏ខ្លាំងជាងគេនៅពេលនោះគឺបាប៊ីឡូន។ នេះនឹងជាឧបករណ៍របស់ព្រះសម្រាប់ការដាក់ទោសស្រុកយូដាដែលគ្មានជំនឿ។—យេ. ៦:២២, ២៣; ២៥:៨, ៩
ថ្ងៃទី២០-២៦ ខែមីនា
it-1-E ទំ. ៥៥៥
ត្រសក់
គេបោះបង្គោល សសរ ឬដាក់វត្ថុឯទៀតនៅក្នុងចម្ការដំណាំដើម្បីបន្លាចសត្វ។ យេរេមាដែលជាអ្នកប្រកាសទំនាយ បានប្រៀបប្រដូចរូបព្រះដែលប្រជាជាតិនានាគោរពបូជាទៅនឹង«ទីងមោងចាំចម្ការត្រសក់»ដែលកម្រើកមិនបាននិងមិនចេះនិយាយ។—យេ. ១០:៥, ខ.ស.
ថ្ងៃទី២៧ ខែមីនា-ថ្ងៃទី២ ខែមេសា
jr-E ទំ. ៥១ វ. ១៧
ចូរប្រុងប្រយ័ត្ននឹងចិត្តដែលបញ្ឆោត
១៧ ក្នុងនាមជាអ្នកប្រកាសទំនាយ យេរេមាមានភារកិច្ចធ្វើតាមការណែនាំរបស់ព្រះ។ បើអ្នកជាយេរេមា តើអ្នកនឹងធ្វើតាមការណែនាំណាក៏ដោយដែលព្រះបានឲ្យអ្នកឬទេ? នៅពេលមួយ ព្រះយេហូវ៉ាបានប្រាប់យេរេមាឲ្យទិញខ្សែក្រវាត់ធ្វើពីសំពត់ទេសឯក ហើយក្រវាត់ចង្កេះ។ បន្ទាប់មក ព្រះបានបង្គាប់គាត់ឲ្យធ្វើដំណើរទៅទន្លេអឺប្រាត។ សូមមើលផែនទី រួចអ្នកនឹងឃើញថានេះមានន័យថាជាការធ្វើដំណើរប្រហែលជា៥០០គីឡូម៉ែត្រ (៣០០ម៉ៃល៍)។ ពេលយេរេមាទៅដល់ទីនោះ គាត់ត្រូវលាក់ខ្សែក្រវាត់នោះនៅក្នុងក្រហែងថ្ម ហើយបន្ទាប់មកធ្វើដំណើរត្រឡប់មកក្រុងយេរូសាឡិមវិញ។ ក្រោយមក ព្រះបានបង្គាប់គាត់ឲ្យត្រឡប់ទៅយកខ្សែក្រវាត់នោះ។ (សូមអាន យេរេមា ១៣:១-៩) សរុបទៅ យេរេមាបានធ្វើដំណើរប្រហែល១.៩០០គីឡូម៉ែត្រ(១.២០០ម៉ៃល៍)។ ពួកអ្នករិះគន់គម្ពីរមិនជឿថាគាត់បានធ្វើដំណើរឆ្ងាយដល់ម្ល៉េះទេ ពីព្រោះបើដើរ គាត់ត្រូវការពេលរាប់ខែឯណោះ។ (អែស. ៧:៩) ប៉ុន្តែ នេះជាអ្វីដែលព្រះបានមានប្រសាសន៍ និងអ្វីដែលយេរេមាបានធ្វើ។
jr-E ទំ. ៥២ វ. ១៨
ចូរប្រុងប្រយ័ត្ននឹងចិត្តដែលបញ្ឆោត
១៨ សូមស្រមៃគិតថា អ្នកប្រកាសទំនាយនោះកំពុងធ្វើដំណើរយ៉ាងលំបាកកាត់ភ្នំស្រុកយូដា រួចមកប្រហែលជាឆ្លងកាត់វាលរហោស្ថានសំដៅទៅទន្លេអឺប្រាត។ គាត់ធ្វើដំណើរយ៉ាងនេះ គឺគ្រាន់តែដើម្បីលាក់ខ្សែក្រវាត់សំពត់ទេសឯកប៉ុណ្ណោះ! ពេលគាត់មិននៅអស់រយៈពេលជាយូរ អ្នកជិតខាងគាត់ច្បាស់ជាឆ្ងល់។ ពេលគាត់ត្រឡប់មកវិញ គាត់គ្មានខ្សែក្រវាត់សំពត់ទេសឯកជាប់ខ្លួនទេ។ បន្ទាប់មកព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យធ្វើដំណើរដ៏ឆ្ងាយនោះម្ដងទៀត ដើម្បីយកខ្សែក្រវាត់នោះ ដែលខូចអស់ ហើយ«គ្មានប្រយោជន៍ទៀតសោះ»។ សូមស្រមៃគិតថាជាការងាយស្រួលណាស់ដែលគាត់គិតថា ‹នោះជ្រុលពេកហើយ។ ខ្ញុំមិនយល់សោះ›។ ប៉ុន្តែ គាត់មិនមានប្រតិកម្មដូច្នេះឡើយ ពេលព្រះអប់រំគាត់។ ជាជាងត្អូញត្អែរ គាត់បានធ្វើតាមការណែនាំ!
jr-E ទំ. ៥២ វ. ១៩-២០
ចូរប្រុងប្រយ័ត្ននឹងចិត្តដែលបញ្ឆោត
១៩ ក្រោយដំណើរលើកទី២ ទើបព្រះបានពន្យល់គាត់។ អ្វីដែលអ្នកប្រកាសទំនាយនោះធ្វើ គឺដើម្បីបង្ហាញអំពីដំណឹងដ៏សំខាន់មួយគឺ៖ «ជនជាតិដ៏អាក្រក់ដែលមិនព្រមស្ដាប់តាមពាក្យអញ ជាអ្នកដែលដើរតាមសេចក្ដីរឹងចចេសនៅក្នុងចិត្តរបស់ខ្លួនគេនិងទៅតាមព្រះដទៃ ដើម្បីនឹងគោរពនិងថ្វាយបង្គំដល់វា គេនឹងបានដូចសំពត់ក្រវាត់នេះ»។ (យេ. ១៣:១០) របៀបដែលព្រះយេហូវ៉ាបង្រៀនរាស្ត្ររបស់លោក គឺគួរឲ្យកោតស្ងើចមែន! ការដែលយេរេមាធ្វើតាមយ៉ាងស្មោះនូវការណែនាំរបស់ព្រះយេហូវ៉ា ដែលប្រហែលជាមើលទៅមិនសូវសំខាន់ នេះមានតួនាទីសំខាន់ក្នុងការខំប្រឹងរបស់លោក ដើម្បីមានឥទ្ធិពលលើចិត្តរាស្ត្ររបស់លោក។—យេ. ១៣:១១
២០ សព្វថ្ងៃនេះ ព្រះមិនសុំគ្រិស្តសាសនិកឲ្យដើររាប់រយគីឡូម៉ែត្រ ដើម្បីទាញមេរៀនឡើយ។ ទោះជាយ៉ាងនេះក្ដី តើរបៀបរស់នៅរបស់អ្នកជាគ្រិស្តសាសនិកអាចបណ្ដាលឲ្យអ្នកជិតខាង ឬអ្នករួមការងារឆ្ងល់ឬក៏រិះគន់អ្នកឬទេ? ពួកគេប្រហែលជាឆ្ងល់អំពីរបៀបស្លៀកពាក់និងសម្អិតសម្អាងខ្លួនរបស់អ្នក ការជ្រើសរើសមុខវិជ្ជាដើម្បីសិក្សា ការងាររបស់អ្នក ថែមទាំងទស្សនៈរបស់អ្នកអំពីស្រាទៀតផង។ តើអ្នកនឹងតាំងចិត្តធ្វើតាមការណែនាំរបស់ព្រះ ដូចយេរេមាបានធ្វើឬទេ? បើអ្នកឲ្យព្រះអប់រំអ្នក នោះការជ្រើសរើសរបស់អ្នកប្រហែលជាបើកឱកាសឲ្យអ្នកធ្វើជាសាក្សីបញ្ជាក់យ៉ាងល្អប្រសើរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនឹងទទួលប្រយោជន៍ដែលនឹងស្ថិតស្ថេរ បើអ្នកធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ាដែលមាននៅក្នុងបណ្ដាំរបស់លោក ហើយទទួលយកការណែនាំដែលមកតាមរយៈក្រុមនៃខ្ញុំបម្រើស្មោះត្រង់។ ជាជាងឲ្យចិត្តដែលបញ្ឆោតដឹកនាំអ្នក អ្នកអាចធ្វើតាមគំរូរបស់យេរេមា។ ដូច្នេះ ចូរតាំងចិត្តឲ្យព្រះអប់រំអ្នក ដោយឲ្យលោកធ្វើឲ្យអ្នកទៅជាភាជនៈដែលប្រើសម្រាប់ការថ្លៃថ្នូរដែលលោកអាចប្រើជារៀងរហូត។
it-1-E ទំ. ១១២១ វ. ២
ចង្កេះ
ព្រះយេហូវ៉ាបានមានប្រសាសន៍អំពីពួកវង្សអ៊ីស្រាអែលនិងពួកវង្សយូដាដូចជាខ្សែក្រវាត់នៅចង្កេះ លោកដាក់ពួកគេជាប់នឹងខ្លួនលោក ដើម្បីឲ្យពួកគេអាចទៅជាសេចក្ដីសរសើរនិងជាអ្វីដ៏ល្អចំពោះលោក។ (យេ. ១៣:១១) ទំនាយមួយរៀបរាប់ថាលោកយេស៊ូគ្រិស្តនឹងគ្រប់គ្រងដោយយុត្ដិធម៌ដូចខ្សែក្រវាត់នៅចង្កេះលោក និងដោយចិត្តស្មោះត្រង់ដូចខ្សែក្រវាត់នៅពោះលោក។ នេះប្រហែលជាបញ្ជាក់ថា រាល់ពេលដែលលោកយេស៊ូគ្រិស្តប្រើអំណាច លោកប្រកាន់ខ្ជាប់តាមយុត្ដិធម៌និងចិត្តស្មោះត្រង់ជានិច្ច។ ដូចខ្សែក្រវាត់ដែលជួយការពារ នោះគុណសម្បត្ដិដូចជាយុត្ដិធម៌ពង្រឹងកម្លាំងលោក ពេលលោកបំពេញមុខងារជាចៅក្រមដែលព្រះយេហូវ៉ាបានតែងតាំង។—អេ. ១១:១, ៥
jr-E ទំ. ១១៨ វ. ១១
ជារៀងរាល់ថ្ងៃ តើអ្នកសួរខ្លួនអ្នកថា «តើព្រះយេហូវ៉ានៅឯណា»ឬទេ?
១១ យេរេមាទាស់ចិត្ត ពេលគាត់សង្កេតឃើញមនុស្សអាក្រក់ទទួលផលល្អ។ (សូមអាន យេរេមា ១២:១, ៣) ទោះជាគាត់មិនបានសង្ស័យទាល់តែសោះអំពីយុត្ដិធម៌របស់ព្រះយេហូវ៉ាក៏ដោយ អ្នកប្រកាសទំនាយចង់បានចម្លើយចំពោះ«ការត្អូញត្អែរ»របស់គាត់។ ភាពស្មោះត្រង់របស់គាត់បញ្ជាក់ថា គាត់មានអារម្មណ៍ជិតស្និទ្ធខ្លាំងជាមួយនឹងព្រះ ដូចកូនក្មេងជាមួយនឹងឪពុកជាទីស្រឡាញ់។ យេរេមាគ្រាន់តែមិនបានយល់អំពីមូលហេតុដែលជនជាតិយូដាជាច្រើនសម្បូរសប្បាយ ទោះជាពួកគេជាមនុស្សអាក្រក់ក្ដី។ តើយេរេមាបានទទួលចម្លើយដែលគាប់ចិត្តឬទេ? ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តគាត់ថា លោកនឹងដករំលើងមនុស្សអាក្រក់ចេញពីស្រុក។ (យេ. ១២:១៤) កាលដែលយេរេមាបានឃើញអ្វីដែលគាត់បានអធិដ្ឋានទៅព្រះបានកើតឡើងមែន នោះគាត់មានទំនុកចិត្តទៅលើយុត្ដិធម៌របស់ព្រះកាន់តែខ្លាំង។ ជាលទ្ធផល យេរេមាច្បាស់ជាបានអធិដ្ឋានទៅព្រះកាន់តែខ្លាំងឡើង ដោយប្រាប់បិតាគាត់អំពីអារម្មណ៍របស់គាត់។