ហេតុដែលការថ្វាយបង្គំពិតទទួលពរពីព្រះ
«ហាលេលូយ៉ា សេចក្ដីសង្គ្រោះ សិរីល្អ នឹងព្រះចេស្ដា នោះជារបស់ផងព្រះនៃយើងរាល់គ្នាហើយ ដ្បិតសេចក្ដីជំនុំជំរះរបស់ទ្រង់សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់»។—វិវរណៈ ១៩:១, ២
១. តើបាប៊ីឡូនដ៏ធំនឹងត្រូវវិនាសយ៉ាងណា?
«ក្រុងបាប៊ីឡូនដ៏ជាធំ» បានរលំហើយនៅចំពោះព្រះ ហើយឥឡូវនេះកំពុងតែវិនាសសាបសូន្យទៅ។ ទំនាយក្នុងព្រះគម្ពីរបង្ហាញថា ស្រីសំផឹងនៃសាសនាលោកនេះ បន្ដិចទៀតនឹងត្រូវប្រហារជីវិតដោយពួកសហាយនយោបាយរបស់នាង។ ការវិនាសរបស់នាងនឹងកើតឡើងយ៉ាងរហ័ស។ វិវរណៈនៃព្រះយេស៊ូទៅយ៉ូហាន ចែងអំពីពាក្យទំនាយទាំងនេះ៖ «នោះមានទេវតាខ្លាំងពូកែ១រូប បានលើកថ្ម ដូចជាថ្មត្បាល់កិនយ៉ាងធំ ទំលាក់ចុះទៅក្នុងសមុទ្រ ដោយពោលថា ‹ទីក្រុងបាប៊ីឡូនដ៏ជាធំ នឹងត្រូវបោះទំលាក់ទៅ ដោយគំហុកយ៉ាងដូច្នេះ គេនឹងរកទៀតមិនឃើញឡើយ› »។—វិវរណៈ ១៨:២, ២១
២. តើពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងមានអារម្មណ៍យ៉ាងណាចំពោះការបំផ្លាញនៃបាប៊ីឡូន?
២ ការបំផ្លាញបាប៊ីឡូនដ៏ធំនឹងមានការសោកស្ដាយដោយពួកខ្លះនៃលោកីយ៍របស់សាតាំង តែមិនមែនពួកអ្នកបំរើរបស់ព្រះឡើយ ទោះជានៅស្ថានសួគ៌ ឬផែនដីក៏ដោយ។ សម្រែកដ៏រីករាយរបស់គេទៅកាន់ព្រះគឺថា៖ «ហាលេលូយ៉ា! សេចក្ដីសង្គ្រោះ សិរីល្អ នឹងព្រះចេស្ដា នោះជារបស់ផងព្រះនៃយើងរាល់គ្នាហើយ ដ្បិតសេចក្ដីជំនុំជំរះរបស់ទ្រង់សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់ ពីព្រោះទ្រង់បានកាត់ទោសស្រីសំផឹងដ៏ធំនោះ ដែលបង្ខូចផែនដី ដោយការកំផិតរបស់វា ទ្រង់ក៏សងសឹក ដោយព្រោះឈាមពួកបាវបំរើរបស់ទ្រង់ ដែលវាបានកំចាយ»។—វិវរណៈ ១៨:៩, ១០; ១៩:១, ២
តើអ្វីជាផលផ្លែដែលសាសនាពិតត្រូវតែបង្កើត?
៣. តើមានសំនួរអ្វីខ្លះដែលត្រូវឆ្លើយ?
៣ ដោយព្រោះតែនឹងត្រូវបោសសំអាតសាសនាមិនពិតចេញពីផែនដី តើនឹងនៅមានការថ្វាយបង្គំប្រភេទណា? តើឲ្យយើងអាចដឹងយ៉ាងណាសព្វថ្ងៃនេះ ថាសាសនាមួយណានឹងគេចផុតពីការបំផ្លាញចក្រភពលោកនៃសាសនាមិនពិតរបស់សាតាំង? តើអ្វីជាផលផ្លែសុចរិតដែលសាសនានេះត្រូវតែបង្កើត? យ៉ាងហោចណាស់ មានដប់លក្ខណៈវិនិច្ឆ័យ សំរាប់សំគាល់ការថ្វាយបង្គំពិតរបស់ព្រះយេហូវ៉ា។—ម៉ាឡាគី ៣:១៨; ម៉ាថាយ ១៣:៤៣
៤. តើអ្វីជាតម្រូវទីមួយសំរាប់ការថ្វាយបង្គំពិត ហើយតើព្រះយេស៊ូធ្វើជាគំរូយ៉ាងណាចំពោះការនេះ?
៤ លក្ខណៈទីមួយដែលសំខាន់បំផុត គឺពួកគ្រីស្ទានពិតត្រូវតែលើកដំកើងអធិបតេយ្យភាពដែលព្រះយេស៊ូបានចូលទិវង្គតដោយសារនោះ—គឺជាអធិបតេយ្យភាពនៃព្រះវរបិតារបស់ទ្រង់។ ព្រះយេស៊ូមិនបានលះបង់ព្រះជន្មរបស់ទ្រង់សំរាប់ប្រយោជន៍ខាងនយោបាយ កុលសម្ព័ន្ធ អាណិកជន ឬខាងសង្គមណាមួយឡើយ។ ទ្រង់បានដាក់ព្រះរាជាណាចក្រនៃព្រះវរបិតារបស់ទ្រង់ជាទីមួយ លើនយោបាយយូដា ឬសេចក្ដីប្រាថ្នាបដិវត្តន៍។ ទ្រង់បានឆ្លើយតបនឹងការប្រគល់ឲ្យអំណាចលោកីយ៍នេះរបស់សាតាំង ដោយពាក្យថា៖ «ចូរឯងថយចេញពីអញទៅ! ដ្បិតមានសេចក្ដីចែងទុកមកថា ‹ឯងត្រូវថ្វាយបង្គំដល់[ព្រះយេហូវ៉ា] ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ› »។ ទ្រង់ជ្រាបដឹងពីបទគម្ពីរភាសាហេព្រើរថា ព្រះយេហូវ៉ាជាព្រះមហាក្សត្រពិតតែមួយទៅលើផែនដីទាំងមូល។ តើសាសនាមួយណាដែលគាំទ្រយ៉ាងច្បាស់លាស់ដល់ការគ្រប់គ្រងនៃព្រះយេហូវ៉ា ជាជាងដល់ប្រព័ន្ធនយោបាយនៃលោកីយ៍នេះ?—ម៉ាថាយ ៤:១០; ទំនុកដំកើង ៨៣:១៨
៥. (ក) តើពួកអ្នកថ្វាយបង្គំពិតគួរតែចាត់ទុកព្រះនាមព្រះយ៉ាងណា? (ខ) តើអ្វីបង្ហាញថា ពួកស្មរបន្ទាល់ព្រះយេហូវ៉ាគោរពដល់ព្រះនាមនោះ?
៥ តម្រូវទីពីរគឺថា សាសនាពិតត្រូវតែលើកដំកើងនិងធ្វើឲ្យព្រះនាមរបស់ព្រះបរិសុទ្ធ។ ព្រះដ៏មានព្រះចេស្ដាបំផុតសំដែងព្រះនាមយេហូវ៉ា(សេចក្ដីបកប្រែព្រះគម្ពីរខ្លះប្រើយ៉ាវ៉េ) របស់ទ្រង់ដល់ប្រជារាស្ត្រអ៊ីស្រាអែល ហើយត្រូវបានប្រើរាប់ពាន់ដងក្នុងបទគម្ពីរភាសាហេព្រើរ។ សូម្បីតែមុននេះ អ័ដាម អេវ៉ា និងអ្នកឯទៀតក៏បានស្គាល់ព្រះនាមនេះដែរ ថ្វីបើពួកគេមិនតែងតែគោរពក៏ដោយ។ (លោកុប្បត្តិ ៤:១; ៩:២៦; ២២:១៤; និក្ខមនំ ៦:២) កាលដែលពួកអ្នកបកប្រែយូដានិងពិភពគ្រីស្ទសាសនា តែងតែយកព្រះនាមរបស់ព្រះចេញពីព្រះគម្ពីររបស់គេ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានគោរពហើយដាក់ព្រះនាមនោះនៅកន្លែងដើមវិញ នៅក្នុងសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ។ ពួកគេគោរពព្រះនាមនោះ ដូចពួកគ្រីស្ទានពីដើមដែរ។ យ៉ាកុបបញ្ជាក់ថា៖ «ស៊ីម៉ូនបានថ្លែងប្រាប់ពីបែបយ៉ាងណា ដែលព្រះទ្រង់ប្រោសដល់ពួកសាសន៍ដទៃជាមុនដំបូង ដើម្បីរើសយករាស្ត្រ១ពួកពីគេ ទុកសំរាប់ព្រះនាមទ្រង់ ហើយសេចក្ដីទំនាយរបស់ពួកហោរា ក៏ត្រូវនឹងដំណើរនោះដែរ . . . ‹ដើម្បីឲ្យសំណល់មនុស្ស បានស្វះស្វែងរក[ព្រះយេហូវ៉ា] ព្រមទាំងសាសន៍ដទៃទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះអញនោះផង នេះហើយជាព្រះបន្ទូលនៃ[ព្រះយេហូវ៉ា] ជាព្រះដែលធ្វើការទាំងនោះ› »។—កិច្ចការ ១៥:១៤-១៧; អេម៉ុស ៩:១១, ១២
៦. (ក) តើអ្វីជាតម្រូវទីបីសំរាប់សាសនាពិត? (ខ) តើតាមរបៀបណាដែលព្រះយេស៊ូនិងដានីយ៉ែលដាក់ទម្ងន់ទៅលើការគ្រប់គ្រងនៃព្រះរាជាណាចក្រ? (លូកា ១៧:២០, ២១)
៦ តម្រូវទីបីនៃសាសនាពិតគឺថា សាសនានេះគួរតែលើកដំកើងព្រះរាជាណាចក្ររបស់ព្រះជាដំណោះស្រាយពេញច្បាប់តែមួយចំពោះបញ្ហាគ្រប់គ្រងរបស់មនុស្ស។ ព្រះយេស៊ូបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានសូមឲ្យព្រះរាជាណាចក្រនោះមកដល់ គឺសូមឲ្យការគ្រប់គ្រងរបស់ព្រះកាន់កាប់ទៅលើផែនដី។ ព្រះបានបណ្ដាលឲ្យដានីយ៉ែលទាយអំពីថ្ងៃជាន់ក្រោយបង្អស់ថា៖ «ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ . . . គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរ[ខាងនយោបាយ លោកីយ៍]ទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ ដោយបានឃើញសកម្មភាពរបស់គេក្នុងសតវត្សទី២០នេះ តើពួកណាគាំទ្រដល់ព្រះរាជាណាចក្រនោះដោយឥតរារែក—តើសាសនានៃបាប៊ីឡូនដ៏ធំ ឬក៏ពួកស្មរបន្ទាល់ព្រះយេហូវ៉ា?—ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:១០; ២៤:១៤
៧. តើពួកអ្នកថ្វាយបង្គំពិតចាត់ទុកព្រះគម្ពីរយ៉ាងណា?
៧ លក្ខណៈសំខាន់ទីបួននៃការយល់ព្រមពីព្រះគឺថា ពួកអ្នកបំរើពិតរបស់ព្រះគួរតែលើកដំកើងព្រះគម្ពីរជាពាក្យបន្ទូលដែលព្រះបណ្ដាលមក។ ម្ល៉ោះហើយពួកគេនឹងមិនទៅជាអ្នករងគ្រោះនៃវិវេចនាជាន់ខ្ពស់ ដែលប៉ុនប៉ងទំលាក់ព្រះគម្ពីរឲ្យទៅជាអក្សរសាស្ត្ររបស់មនុស្សប៉ុណ្ណោះ ដែលមានកំហុសជាច្រើន។ ស្មរបន្ទាល់ព្រះយេហូវ៉ាជឿថា ព្រះគម្ពីរជាបន្ទូលរបស់ព្រះ សូម្បីតែប៉ុលក៏សរសេរទៅធីម៉ូថេថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។a ដូច្នេះហើយ ស្មរបន្ទាល់ព្រះយេហូវ៉ាចាត់ទុកព្រះគម្ពីរជាការដឹកនាំរបស់គេ ជាក្បួនសំរាប់ជីវភាពប្រចាំថ្ងៃរបស់គេ ហើយជាប្រភពនៃសេចក្ដីសង្ឃឹមចំពោះអនាគតរបស់គេ។—ធីម៉ូថេទី២ ៣:១៦, ១៧
សាសនានៃសេចក្ដីស្រឡាញ់ មិនមែនសំអប់
៨. តើអ្វីជាតម្រូវទីប្រាំសំរាប់សាសនាពិត?
៨ តើតាមរបៀបណាដែលព្រះយេស៊ូសំគាល់ពួកសិស្សពិតរបស់ទ្រង់? ចម្លើយរបស់ទ្រង់នាំយើងមកដល់សំគាល់ទីប្រាំនៃសាសនាពិត។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៤, ៣៥) តើព្រះយេស៊ូបានសំដែងសេចក្ដីស្រឡាញ់របស់ទ្រង់យ៉ាងណាខ្លះ? ដោយបានឲ្យព្រះជន្មរបស់ទ្រង់ជាយញ្ញបូជាលោះ។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦) ហេតុអ្វីក៏សេចក្ដីស្រឡាញ់ស្មោះជាគុណសម្បត្ដិដ៏សំខាន់សំរាប់គ្រីស្ទានពិត? យ៉ូហានពន្យល់ថា៖ «ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ . . . តែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង»។—យ៉ូហានទី១ ៤:៧, ៨
៩. តើពួកណាបានសំដែងសេចក្ដីស្រឡាញ់ស្មោះ ហើយតាមរបៀបណា?
៩ តើពួកណានៅសម័យយើងនេះ ដែលបានសំដែងសេចក្ដីស្រឡាញ់បែបនេះ ទោះបីជួបប្រទះការប្រកាន់ជាតិ សាសន៍ ឬការសំអប់អាណិកជន? តើពួកណាដែលបានជាប់ការសាកល្បងដ៏អស្ចារ្យ រហូតដល់ស្លាប់ ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់គេមានទូទៅ? តើយើងអាចនិយាយថា នេះជាពួកសង្ឃនិងដូនជីកាតូលិកដែលបានសារភាពថា ខ្លួនទទួលខុសត្រូវខ្លះចំពោះការប្រល័យពូជសាសន៍ ដែលបានកើតឡើងនៅប្រទេសរ្វ៉ាន់ដាក្នុងឆ្នាំ១៩៩៤ឬ? តើជាពួកអូធូដុក្សនៃប្រទេសស៊ឺបៀ ឬជាពួកកាតូលិកនៃប្រទេសក្រូអាស៊ី ដែលបានចូលរួមក្នុង«ការបោសសំអាតអាណិកជន» និងអំពើឥតគ្រីស្ទានឯទៀតក្នុងសង្គ្រាមស៊ីវិលនៃតំបន់បូលកិននោះ? តើជាពួកកាតូលិក ឬក៏ជាពួកប្រូតេស្តង់ដែលបានជំរុញឲ្យមានការប្រកាន់ពូជនិងការស្អប់គ្នាក្នុងប្រទេសអៃរ៍ឡឹនខាងជើងរវាងពីរបីទសវត្សកន្លងមកនេះឬ? ជាប្រាកដណាស់ គឺមិនអាចចោទស្មរបន្ទាល់ព្រះយេហូវ៉ាបានឡើយអំពីការចូលរួបរួមក្នុងការទំនាស់បែបនេះ។ ពួកគេស៊ូរងទុក្ខក្នុងគុកនិងក្នុងជំរំឃុំឃាំងមនុស្សរហូតដល់ស្លាប់ ជាជាងក្បត់សេចក្ដីស្រឡាញ់គ្រីស្ទានរបស់គេ។—យ៉ូហាន ១៥:១៧
១០. ហេតុអ្វីក៏គ្រីស្ទានពិតត្រូវតែនៅអព្យាក្រឹត?
១០ តម្រូវទីប្រាំមួយសំរាប់សាសនាដែលព្រះសព្វព្រះហឫទ័យ គឺជាអព្យាក្រឹតភាពចំពោះកិច្ចការនយោបាយនៃលោកីយ៍នេះ។ ហេតុអ្វីក៏គ្រីស្ទានត្រូវតែនៅអព្យាក្រឹតចំពោះនយោបាយ? ប៉ុល យ៉ាកុប និងយ៉ូហានឲ្យយើងនូវមូលហេតុដ៏ម៉ឺងម៉ាត់មួយចំពោះគោលជំហរនេះ។ សាវ័កប៉ុលបានសរសេរថា សាតាំងជា«ព្រះរបស់លោកីយនេះ»ដែលកំពុងតែបង្អាប់ដល់គំនិតពួកអ្នកដែលមិនជឿ ដោយប្រើមធ្យោបាយគ្រប់បែបយ៉ាង រួមទាំងនយោបាយដែលធ្វើឲ្យបែកបាក់គ្នា។ សិស្សយ៉ាកុបបានថ្លែងថា «អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្តសំឡាញ់នឹងលោកីយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»។ ហើយសាវ័កយ៉ូហានបានមានប្រសាសន៍ថា «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ ដូច្នេះហើយ ជនគ្រីស្ទានពិតមិនអាចសម្របសម្រួលភក្ដីភាពរបស់គាត់ចំពោះព្រះ ដោយទាក់ទងក្នុងនយោបាយនិងអំណាចនៃលោកីយ៍ដ៏ពុករលួយរបស់សាតាំងឡើយ។—កូរិនថូសទី២ ៤:៤; យ៉ាកុប ៤:៤; យ៉ូហានទី១ ៥:១៩
១១. (ក) តើគ្រីស្ទានមានទស្សនៈយ៉ាងណាអំពីសង្គ្រាម? (ខ) តើមានទីសំអាងពីបទគម្ពីរណាចំពោះគោលជំហរនេះ? (កូរិនថូសទី២ ១០:៣-៥)
១១ ចំពោះតម្រូវពីរមុននេះ តម្រូវទីប្រាំពីររឹតតែច្បាស់ទៀត គឺថាអ្នកថ្វាយបង្គំគ្រីស្ទានពិតមិនត្រូវចូលធ្វើសង្គ្រាម។ ដោយព្រោះតែសាសនាពិតជាភាតរភាពពិភពលោក ដែលមានមូលដ្ឋានលើសេចក្ដីស្រឡាញ់ ម្ល៉ោះហើយគ្មានអ្វីអាចបំបាក់បំបែក ឬបង្ខូច«ពួកបងប្អូន . . . ដែលនៅក្នុងលោកីយនេះ»បានឡើយ។ ព្រះយេស៊ូបានបង្រៀនឲ្យស្រឡាញ់គ្នា មិនមែនឲ្យស្អប់គ្នាទេ គឺឲ្យបានសុខសាន្ត មិនឲ្យធ្វើសង្គ្រាមឡើយ។ (ពេត្រុសទី១ ៥:៩; ម៉ាថាយ ២៦:៥១, ៥២) សាតាំងជា«មេកំណាច»ដដែលនេះ ដែលបានធ្វើឲ្យកាអ៊ីនសំឡាប់អេបិល នៅតែសាបព្រោះការស្អប់គ្នាក្នុងចំណោមមនុស្សជាតិ ហើយបានបង្កើតឲ្យមានទំនាស់និងការកំចាយឈាមទៅលើមូលដ្ឋាននៃការបែងខ្ញែកខាងនយោបាយ សាសនា និងអាណិកជន។ ជនគ្រីស្ទានពិត‹មិនត្រូវរៀនធ្វើសឹកសង្គ្រាម› ទោះបីជាមានតម្លៃប៉ុណ្ណាក៏ដោយ។ បើនិយាយជាអត្ថបដិរូប ពួកគេបាន‹យកដាវរបស់គេដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវ›រួចទៅហើយ។ ពួកគេបង្កើតផលផ្លែដ៏សុខសាន្តនៃព្រះវិញ្ញាណរបស់ព្រះ។—យ៉ូហានទី១ ៣:១០-១២; អេសាយ ២:២-៤; កាឡាទី ៥:២២, ២៣
ព្រះប្រទានពរដល់ភាពបរិសុទ្ធនៃចរិយានិងសេចក្ដីបង្រៀន
១២. (ក) តើតម្រូវទីប្រាំបីជាអ្វី ហើយមានការបែកខ្ញែកនៃសាសនាណាខ្លះ ដែលអ្នកអាចប្រាប់? (ខ) តើប៉ុលបានបង្ហាញយ៉ាងណាអំពីតម្រូវទីប្រាំបីនេះ?
១២ ឯកភាពគ្រីស្ទាន ជាតម្រូវទីប្រាំបីនៃសាសនាពិត។ ប៉ុន្តែ ការបាក់បែកគ្នាក្នុងពិភពគ្រីស្ទសាសនាពុំបានជួយទេ។ និកាយធំៗជាច្រើនបានបែកខ្ញែកទៅជានិកាយតូចៗ ហើយនេះបង្កើតឲ្យមានការច្របូកច្របល់។ ជាឧទាហរណ៍ សាសនាបាទីស្ទនៅសហរដ្ឋ បានបែកខ្ញែកទៅជាបាទីស្ទខាងជើង (ព្រះវិហារបាទីស្ទអាមេរិកាំងនៅស.រ.អា) ហើយនិងបាទីស្ទខាងត្បូង (មហាសន្និបាតបាទីស្ទខាងត្បូង) ហើយក៏បែកទៅជាក្រុមបាទីស្ទជាច្រើនទៀត ដែលជាលទ្ធផលពីដំណើរបែកមតិ។ (សព្វវចនាធិប្បាយពិភពគ្រីស្ទាន ទំព័រ ៧១៤) ការបែកខ្ញែកជាច្រើនបានកើតឡើងពីភាពខុសគ្នានៃលទ្ធិបង្រៀន ឬនយោបាយព្រះវិហារ (ជាឧទាហរណ៍ និកាយប្រេប៊ីធារាន អ៊ីភីស្កូផាលៀន ឃង់គ្រីហ្គេសិនុល) ការបែកខ្ញែកក្នុងពិភពគ្រីស្ទសាសនាក៏ឃើញមានក្នុងសាសនាឯទៀត—ដូចព្រះពុទ្ធសាសនា អ៊ីស្លាម ឬហិណ្ឌូ ជាដើម។ តើសាវ័កប៉ុលទូន្មានពួកគ្រីស្ទានពីដើមអំពីអ្វី? «ឥឡូវនេះ បងប្អូនអើយ ខ្ញុំទូន្មានដល់អ្នករាល់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្ដីដដែលទាំងអស់គ្នា កុំឲ្យមានសេចក្ដីបាក់បែកក្នុង ពួកអ្នករាល់គ្នាឡើយ ត្រូវឲ្យបានរួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១វិញ»។—កូរិនថូសទី១ ១:១០; កូរិនថូសទី២ ១៣:១១
១៣, ១៤. (ក) តើការ‹ឲ្យបានបរិសុទ្ធ›មានន័យយ៉ាងណា? (ខ) តើត្រូវរក្សាឲ្យសាសនាពិតបានបរិសុទ្ធយ៉ាងណា?
១៣ តើតម្រូវទីប្រាំបួនសំរាប់សាសនាដែលព្រះយល់ព្រមនោះជាអ្វី? គោលការណ៍ព្រះគម្ពីរមួយនៅលេវីវិន័យ ១១:៤៥ បង្ហាញថា៖ «ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធចុះ ដ្បិតអញបរិសុទ្ធ»។ សាវ័កពេត្រុសបានរំឭកតម្រូវនេះឡើងវិញ នៅពេលដែលគាត់បានសរសេរថា៖ «ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ»។—ពេត្រុសទី១ ១:១៥
១៤ តើការឲ្យបានបរិសុទ្ធនេះចង់មានន័យយ៉ាងណា? គឺថាពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ាត្រូវតែឲ្យបានបរិសុទ្ធខាងវិញ្ញាណនិងខាងសីលធម៌។ (ពេត្រុសទី២ ៣:១៤) គឺគ្មានកន្លែងសំរាប់ពួកអ្នកធ្វើបាបដោយចេតនាដែលមិនប្រែចិត្តឡើយ ដែលចរិយារបស់គេសំដែងការមើលងាយដល់យញ្ញបូជាលោះរបស់ព្រះគ្រីស្ទ។ (ហេព្រើរ ៦:៤-៦) ព្រះយេហូវ៉ាតម្រូវឲ្យក្រុមជំនុំគ្រីស្ទានរក្សាឲ្យបានស្អាតហើយបរិសុទ្ធ។ តើអាចសំរេចការនេះបានយ៉ាងណា? តាមរយៈដំណើរការសំរេចក្ដីនៃការបណ្ដាច់មិត្តភាពដល់ពួកអ្នកណាដែលធ្វើឲ្យស្មោកគ្រោកដល់ក្រុមជំនុំ។—កូរិនថូសទី១ ៥:៩-១៣
១៥, ១៦. តើពួកគ្រីស្ទានជាច្រើនបានធ្វើការកែប្រែអ្វីខ្លះក្នុងជីវិតរបស់គេ?
១៥ មុននឹងដឹងអំពីសេចក្ដីពិតគ្រីស្ទាន មនុស្សជាច្រើនរស់នៅដោយប្រព្រឹត្តខុសគន្លងធម៌ គិតតែពីការសប្បាយ ហើយគិតតែខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែពាក្យបន្ទូលអំពីព្រះគ្រីស្ទបានប្រែពួកគេ ហើយពួកគេបានទទួលការអត់ឱនទោសចំពោះអំពើបាបរបស់គេ។ ប៉ុលបានសំដែងការនេះ នៅពេលដែលគាត់បានសរសេរថា៖ «តើមិនដឹងថា! ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេឬអី កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះតិះដៀល នឹងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ»។—កូរិនថូសទី១ ៦:៩-១១
១៦ ជាការជាក់ស្តែងដែលព្រះយេហូវ៉ាយល់ព្រមនឹងអ្នកណាដែលកែប្រែពីចរិយាឥតសមតាមបទគម្ពីររបស់គេ វិលមកវិញ ហើយក្លាយទៅជាអ្នកកាន់តាមពិតប្រាកដនៃព្រះគ្រីស្ទនិងសេចក្ដីបង្រៀនរបស់ទ្រង់។ ពួកគេពិតជាស្រឡាញ់អ្នកជិតខាងរបស់គេដូចខ្លួនគេ ហើយបានសំដែងការនេះតាមវិធីច្រើនយ៉ាង ដូចជាការខំតស៊ូក្នុងកិច្ចផ្សាយដែលផ្ដល់ឲ្យសារនៃជីវិតដល់អ្នកទាំងអស់ណាដែលចង់ស្ដាប់។—ធីម៉ូថេទី២ ៤:៥
«សេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»
១៧. តើអ្វីជាតម្រូវទីដប់សំរាប់ការថ្វាយបង្គំពិត? សូមឲ្យជាឧទាហរណ៍។
១៧ ព្រះយេហូវ៉ាមានតម្រូវទីដប់សំរាប់ពួកអ្នកថ្វាយបង្គំទ្រង់ដោយវិញ្ញាណនិងសេចក្ដីពិត—សេចក្ដីបង្រៀនបរិសុទ្ធ។ (យ៉ូហាន ៤:២៣, ២៤) ព្រះយេស៊ូបានមានបន្ទូលទៅពួកអ្នកកាន់តាមទ្រង់ថា៖ «អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។ (យ៉ូហាន ៨:៣២) សេចក្ដីពិតនៃព្រះគម្ពីរប្រោសយើងឲ្យបានរួចពីលទ្ធិបង្រៀនដែលបង្ខូចកេរ្ដិ៍ឈ្មោះព្រះ ដូចជាព្រលឹងអមតៈ ភ្លើងនរក និងភ្លើងសម្រង់បាប។ (សាស្ដា ៩:៥, ៦, ១០; អេសេគាល ១៨:៤, ២០) វាប្រោសឲ្យយើងរួចពីសេចក្ដីអាថ៌កំបាំងនៃបាប៊ីឡូនអំពី«ព្រះត្រីឯកភាពបរិសុទ្ធបំផុត»របស់ពិភពគ្រីស្ទសាសនា។ (ចោទិយកថា ៤:៣៥; ៦:៤; កូរិនថូសទី១ ១៥:២៧, ២៨) ការគោរពតាមសេចក្ដីពិតនៃព្រះគម្ពីរធ្វើឲ្យមនុស្សចេះស្រឡាញ់គ្នា ខ្វល់ខ្វាយ សប្បុរស អាណិតអាសូរ។ សាសនាគ្រីស្ទានពិតមិនដែលបង្កើតនូវអ្នកធ្វើទារុណកម្មដ៏ឥតត្រាប្រណី ចងគំនុំ ដូចជាថូមើស ឌឺ ថុគីម៉ាដា ឬ អ្នកសង្គ្រាមនិយមដែលពេញដោយសំអប់ ដូចជាពួកអ្នកលើកផ្សព្វផ្សាយសង្គ្រាមសាសនាកាតូលិក។ ប៉ុន្តែបាប៊ីឡូនដ៏ធំបានបង្កើតផលផ្លែប្រភេទនេះតាំងពីដើមប្រវត្ដិសាស្ត្រ គឺតាំងពីជំនាន់នីមរ៉ុឌរហូតមកដល់ឥឡូវនេះ។—លោកុប្បត្តិ ១០:៨, ៩
ឈ្មោះដែលប្លែកដាច់ពីគេ
១៨. (ក) តើពួកណាដែលអាចបំពេញតាមតម្រូវទាំងដប់សំរាប់ការថ្វាយបង្គំពិត ហើយតាមរបៀបណា? (ខ) តើយើងម្នាក់ៗត្រូវតែធ្វើអ្វី ដើម្បីទទួលពរដែលនៅពីមុខយើង?
១៨ តើពួកណានៅសព្វថ្ងៃនេះដែលពិតជាបំពេញតម្រូវទាំងដប់នេះនៃសាសនាពិត? តើពួកណាដែលល្បីឈ្មោះ ហើយទទួលស្គាល់ដោយអ្នកដទៃចំពោះចិត្តស្មោះគ្រប់ល័ក្ខណ៍និងសេចក្ដីសុខសាន្តរបស់គេ? នៅជុំវិញផែនដីនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវបានគេដឹងឮដោយសារពួកគេ«មិនមែនជារបស់ផងលោកីយ»។ (យ៉ូហាន ១៥:១៩; ១៧:១៤, ១៦; ១៨:៣៦) ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាមានចិត្តអបអរណាស់ដោយបានកាន់ព្រះនាមរបស់ព្រះនិងធ្វើជាស្មរបន្ទាល់របស់ទ្រង់ ដូចព្រះយេស៊ូគ្រីស្ទដែលជាស្មរបន្ទាល់ស្មោះត្រង់ចំពោះព្រះវរបិតារបស់ទ្រង់។ យើងកាន់តាមព្រះនាមបរិសុទ្ធនោះ ដោយដឹងពីភារៈរបស់យើងក្នុងការបំពេញតាមសេចក្ដីតម្រូវនោះ។ ហើយជាស្មរបន្ទាល់របស់ទ្រង់ យើងមានអនាគតដ៏រុងរឿងនៅពីមុខយើង! អនាគតដែលយើងអាចមានចំណែកក្នុងក្រុមគ្រួសារមនុស្សដ៏មានការគោរព សាមគ្គីភាព ហើយថ្វាយបង្គំព្រះមហាក្សត្រសកលលោកនៅក្នុងសួនមនោរម្យដែលស្ថាបនាឡើងវិញនៅលើផែនដីនេះ។ ដើម្បីឲ្យបានទទួលពរបែបនេះ ចូរឲ្យយើងខំបន្តចូលរួបរួមជាមួយសាសនាពិត ហើយឲ្យចិត្តអបអរកាន់ឈ្មោះស្មរបន្ទាល់ព្រះយេហូវ៉ា «ដ្បិតសេចក្ដីជំនុំជំរះរបស់ទ្រង់សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់»!—វិវរណៈ ១៩:២; អេសាយ ៤៣:១០-១២; អេសេគាល ៣:១១
[កំណត់សម្គាល់]
a សេចក្ដីបកប្រែព្រះគម្ពីរមិនមែនបណ្ដាលមកដោយព្រះទេ។ សេចក្ដីបកប្រែជាច្រើន ក្នុងភាពបកប្រែនោះ អាចសំដែងនូវការយល់ខុសៗគ្នាពីភាសាដើមដំបូងដែលព្រះគម្ពីរត្រូវបានសរសេរមក។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើពួកអ្នកបំរើរបស់ព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាអំពីសេចក្ដីហិនវិនាសនៃបាប៊ីឡូនដ៏ធំ?
◻ តើមានតម្រូវសំខាន់ណាខ្លះសំរាប់ការថ្វាយបង្គំពិត?
◻ តើសេចក្ដីពិតប្រោសឲ្យអ្នករួចតាមរបៀបណា?
◻ តើអ្វីជាកិត្ដិយសពិសេសដែលយើងជាស្មរបន្ទាល់ព្រះយេហូវ៉ាមាន?
[រូបភាពនៅទំព័រ២៦]
ស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងផ្សាយហើយបង្រៀនដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ
[រូបភាពនៅទំព័រ២៧]
ពួកគ្រីស្ទានពិតតែងតែនៅអព្យាក្រឹតជានិច្ចចំពោះនយោបាយនិងសង្គ្រាមនៃលោកីយ៍នេះ
[អ្នកផ្ដល់សិទ្ធិ]
Airplane: Courtesy of the Ministry of Defense, London