ការយាងមករបស់ព្រះយេស៊ូឬវត្តមានរបស់ព្រះយេស៊ូ—មួយណា?
«តើមានទីសំគាល់យ៉ាងណាពីវត្តមានរបស់ទ្រង់ ហើយពីទីបញ្ចប់នៃរបបលោកីយ៍»។—ម៉ាថាយ ២៤:៣, ព.ថ.
១. តើការប្រើសំនួរមានមុខនាទីយ៉ាងណាក្នុងកិច្ចការផ្សាយរបស់ព្រះយេស៊ូ?
ការប្រើសំនួរយ៉ាងជំនាញនៃព្រះយេស៊ូធ្វើឲ្យពួកអ្នកស្ដាប់ទ្រង់គិត ហើយថែមទាំងពិចារណាមើលពីទស្សនៈថ្មីទៀតផង។ (ម៉ាកុស ១២:៣៥-៣៧; លូកា ៦:៩; ៩:២០; ២០:៣, ៤) យើងដឹងគុណដល់ទ្រង់ណាស់ដែលទ្រង់បានឆ្លើយសំនួរដែរ។ ចម្លើយរបស់ទ្រង់បំភ្លឺសេចក្ដីពិត បើមិនដូច្នោះទេ យើងប្រហែលជានឹងមិនយល់ឬដឹងឡើយ។—ម៉ាកុស ៧:១៧-២៣; ៩:១១-១៣; ១០:១០-១២; ១២:១៨-២៧
២. ឥឡូវនេះ យើងបំបែរអារម្មណ៍របស់យើងទៅសំនួរមួយណា?
២ នៅម៉ាថាយ ២៤:៣ យើងរកឃើញសំនួរដ៏សំខាន់បំផុតមួយដែលព្រះយេស៊ូបានឆ្លើយ។ ដោយសារព្រះជន្មរបស់ទ្រង់នៅផែនដីនេះជិតអស់ហើយ ព្រះយេស៊ូបានព្រមានថា ព្រះវិហារនៃក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញចោល ដែលជាទីសំគាល់នៃទីបញ្ចប់នៃរបបយូដា។ ដំណើររឿងនៅម៉ាថាយបន្ថែមទៀតថា៖ «កាលដែលទ្រង់គង់នៅលើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា៖ ‹សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់យ៉ាងណាពីវត្តមាន [«ការយាងមក», សេចក្ដីបកប្រែព្រះគម្ពីរឃីងជេម្ស]របស់ទ្រង់ ហើយពីទីបញ្ចប់នៃរបបលោកីយ៍› »?—ម៉ាថាយ ២៤:៣, ព.ថ.
៣, ៤. តើមានភាពខុសគ្នាយ៉ាងណា ចំពោះរបៀបដែលព្រះគម្ពីរបកប្រែពាក្យសំខាន់នៅម៉ាថាយ ២៤:៣?
៣ មិត្តអ្នកអានព្រះគម្ពីររាប់លាននាក់មានការងឿងឆ្ងល់ថា៖ ‹ហេតុអ្វីក៏ពួកសិស្សសួរសំនួរបែបនេះ ហើយតើរបៀបដែលព្រះយេស៊ូតបឆ្លើយមានឥទ្ធិពលអ្វីដល់ខ្ញុំ›? ក្នុងការតបឆ្លើយ ព្រះយេស៊ូបានមានបន្ទូលអំពីអាការនៃស្លឹកឈើ បង្ហាញថារដូវក្ដៅ«ជិតដល់ហើយ»។ (ម៉ាថាយ ២៤:៣២, ៣៣) ដោយហេតុនេះ គ្រីស្ទសាសនាជាច្រើនបង្រៀនថាពួកសាវ័កបានសួររកទីសម្គាល់ពី«ការយាងមក»របស់ព្រះយេស៊ូ ជាទីសម្គាល់ដែលបង្ហាញថាការយាងមកវិញរបស់ទ្រង់ជិតមកដល់។ ពួកគេជឿថា«ការយាងមក»នេះហើយ ជាពេលដែលទ្រង់នឹងយកពួកគ្រីស្ទានទៅស្ថានសួគ៌ ហើយរួចមកនឹងធ្វើឲ្យមានទីបញ្ចប់ដល់លោកីយ៍។ តើអ្នកជឿថានេះត្រូវទេ?
៤ ជាជាងបកប្រែថា «ការយាងមក» ព្រះគម្ពីរខ្លះដូចជាសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ ប្រើពាក្យ «វត្តមាន»។ តើអ្វីៗដែលពួកសិស្សទូលសួរទ្រង់និងអ្វីៗដែលទ្រង់តបឆ្លើយ អាចខុសពីអ្វីដែលពួកគ្រីស្ទសាសនាបង្រៀនឬទេ? តើអ្វីទៅជាសេចក្ដីដែលបានសួរនោះ? ហើយអ្វីទៅជាចម្លើយដែលព្រះយេស៊ូបានឲ្យ?
តើអ្វីទៅជាសេចក្ដីដែលគេបានសួរ?
៥, ៦. តើយើងអាចសន្និដ្ឋានយ៉ាងណាអំពីគំនិតរបស់ពួកសាវ័ក នៅពេលដែលគេសួរសំនួរនៅម៉ាថាយ ២៤:៣?
៥ ដោយសារតែទ្រង់មានបន្ទូលអំពីព្រះវិហារ ពួកសិស្សប្រហែលជាគិតអំពីរបបយូដា កាលដែលគេទូលសួរពី‹ទីសម្គាល់នៃវត្តមានរបស់ទ្រង់ [ឬ «ការយាងមក»] និងទីបញ្ចប់នៃរបបលោកីយ៍ [តាមន័យត្រង់ៗ «សម័យ»]។—ប្រៀបធៀប «លោកីយ៍» នៅកូរិនថូសទី១ ១០:១១ និង កាឡាទី ១:៤ ព្រះគម្ពីរឃីងជេម្ស
៦ មកដល់ចំណុចនេះ ពួកសាវ័កពុំមានការយល់ដឹងជ្រៅជ្រះទេអំពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ។ កាលពីមុន ពួកគេស្មានថា «នគរព្រះរៀបនឹងលេចមកភ្លាម»។ (លូកា ១៩:១១; ម៉ាថាយ ១៦:២១-២៣; ម៉ាកុស ១០:៣៥-៤០) ហើយសូម្បីតែក្រោយពីការពិគ្រោះគ្នានៅភ្នំអូលីវហើយក៏ដោយ មុននឹងគេបានទទួលការចាក់ប្រេងតាំង ពួកគេនៅតែសួរព្រះយេស៊ូថាតើទ្រង់ស្ថាបនាឡើងវិញព្រះរាជាណាចក្រដល់អ៊ីស្រាអែលនៅសម័យនោះឬយ៉ាងណា។—កិច្ចការ ១:៦
៧. ហេតុអ្វីក៏ពួកសាវ័កសួរព្រះយេស៊ូអំពីមុខនាទីនៅអនាគតរបស់ទ្រង់?
៧ ក៏ប៉ុន្តែពួកគេដឹងថាទ្រង់នឹងចាកចេញពីគេ ដ្បិតទ្រង់បានមានបន្ទូលប្រាប់គេនៅពេលថ្មីៗថា៖ «ពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្ដិចទៀតទេ ចូរដើរកំពុងដែលនៅមានពន្លឺចុះ»។ (យ៉ូហាន ១២:៣៥; លូកា ១៩:១២-២៧) ដូច្នេះ ពួកគេច្បាស់ជាគិតក្នុងចិត្ត ‹បើព្រះយេស៊ូនឹងចាកចេញទៅ តើឲ្យយើងដឹងថាទ្រង់ត្រឡប់មកវិញយ៉ាងដូចម្ដេច›? នៅពេលដែលទ្រង់លេចឡើងជាព្រះមេស្ស៊ី ពួកគេភាគច្រើនមិនស្គាល់ទ្រង់ទេ។ ហើយមួយឆ្នាំក្រោយមក នៅមានការចោទសួរថាតើទ្រង់នឹងបំពេញកិច្ចការទាំងអស់ដែលព្រះមេស្ស៊ីត្រូវបំពេញ។ (ម៉ាថាយ ១១:២, ៣) ដូច្នេះ ពួកសាវ័កមានមូលហេតុចំពោះការសួរអំពីអនាគត។ ប៉ុន្តែ ម្ដងនេះទៀត តើពួកគេសួររកទីសម្គាល់ពីការយាងមករបស់ទ្រង់ ឬ ពីអ្វីផ្សេងទៀត?
៨. ពួកសាវ័កប្រហែលជានិយាយភាសាអ្វីជាមួយព្រះយេស៊ូ?
៨ សូមគិតថាអ្នកជាសត្វស្លាបមួយដែលកំពុងតែស្ដាប់ការសន្ទនាគ្នានៅភ្នំអូលីវនោះ។ (ប្រៀបធៀប សាស្ដា ១០:២០) អ្នកប្រហែលជាឮព្រះយេស៊ូនិងពួកសាវ័កទ្រង់កំពុងនិយាយភាសាហេព្រើរហើយ។ (ម៉ាកុស ១៤:៧០; យ៉ូហាន ៥:២; ១៩:១៧, ២០; កិច្ចការ ២១:៤០) ប៉ុន្តែ ពួកគេក៏ប្រហែលជាចេះនិយាយភាសាក្រិកដែរ។
អ្វីដែលម៉ាថាយបានសរសេរ—ជាភាសាក្រិក
៩. សេចក្ដីបកប្រែទំនើបភាគច្រើននៃម៉ាថាយ មានមូលដ្ឋានទៅលើអ្វី?
៩ ប្រភពដែលមានដើមកំណើតរហូតដល់សតវត្សទីពីរ ស.យ. បង្ហាញថាម៉ាថាយ មុនដំបូង បានសរសេរសៀវភៅដំណឹងល្អរបស់គាត់ជាភាសាហេព្រើរ។ ដូចបានឃើញស្រាប់ ក្រោយមកគាត់បានសរសេរជាភាសាក្រិកវិញ។ ឯកសារសរសេរជាច្រើនជាភាសាក្រិកបាននៅគង់វង់រហូតដល់សម័យយើងនេះ ហើយត្រូវបានគេប្រើជាមូលដ្ឋានសំរាប់បកប្រែសៀវភៅដំណឹងល្អរបស់គាត់ ទៅជាភាសាផ្សេងៗនៅសព្វថ្ងៃនេះ។ តើម៉ាថាយសរសេរជាភាសាក្រិកយ៉ាងណាខ្លះអំពីការសន្ទនាគ្នានៅភ្នំអូលីវនោះ? តើគាត់សរសេរយ៉ាងណាអំពី «ការយាងមក» ឬ «វត្តមាន» ដែលពួកសិស្សបានសួរ ហើយអំពីការអធិប្បាយរបស់ព្រះយេស៊ូ?
១០. (ក) អ្វីជាពាក្យក្រិកចំពោះ«មក» ដែលម៉ាថាយបានប្រើជាញឹកញាប់ ហើយតើពាក្យនេះអាចមានន័យអ្វីទៀត? (ខ) តើមានពាក្យក្រិកណាទៀតដែលគួរចាប់អារម្មណ៍?
១០ នៅក្នុង២៣ជំពូកដំបូងនៃសៀវភៅម៉ាថាយ មានកិរិយាសព្ទក្រិកមួយដែលលេចឡើងជាង៨០ដង គឺជាអិកូម៉ាយ មានន័យថា «មក»។ ពាក្យនេះតែងតែបញ្ចេញអត្ថន័យជាការមក ឬការចូលមកជិត ដូចជានៅយ៉ូហាន ១:៤៧ ដែលចែងថា៖ «ព្រះយេស៊ូ ទ្រង់ឃើញណាថាណែលមកឯទ្រង់»។ កិរិយាសព្ទអិកូម៉ាយ អាចមានន័យថា «មកដល់» «ទៅ» «ទៅដល់» «ដល់» ឬ «ចេញដំណើរទៅ» គឺអាស្រ័យទៅលើរបៀបប្រើ។ (ម៉ាថាយ ២:៨, ១១; ៨:២៨; យ៉ូហាន ៤:២៥, ២៧, ៤៥; ២០:៤, ៨; កិច្ចការ ៨:៤០; ១៣:៥១) ប៉ុន្តែនៅម៉ាថាយ ២៤:៣, ២៧, ៣៧, ៣៩ ម៉ាថាយបានប្រើពាក្យផ្សេងមួយទៀត ជានាមដែលមិនមានក្នុងសៀវភៅដំណឹងល្អឯណាទៀតឡើយ៖ គឺពាក្យ ផារូសៀ។ ដោយសារព្រះដឹកនាំការសរសេរព្រះគម្ពីរ ហេតុអ្វីក៏ទ្រង់បណ្ដាលឲ្យម៉ាថាយរើសយកពាក្យក្រិកនេះមកប្រើក្នុងខទាំងនេះ ពេលសរសេរសៀវភៅដំណឹងល្អជាភាសាក្រិកដូច្នេះ? តើពាក្យនេះមានន័យយ៉ាងណា ហើយហេតុអ្វីក៏យើងគួរតែចង់ដឹង?
១១. (ក) តើផារូសៀមានន័យយ៉ាងណា? (ខ) តើឧទាហរណ៍ពីសេចក្ដីសរសេរនៃលោកចូស៊ីហ្វឺស ធ្វើឲ្យយើងយល់យ៉ាងណាអំពីផារូសៀ? (សូមមើលន័យលក្ខណៈ)
១១ បើនិយាយឲ្យចំទៅ ផារូសៀ មានន័យថា «វត្តមាន»។ វចនានុក្រមពិពណ៌នាពីពាក្យសញ្ញាថ្មីនៃលោកវ៉ាញ ចែងថា៖ «ផារូសៀ . . . ន័យត្រង់ៗ គឺវត្តមាន ផារូ ជាមួយ សៀ មាន (ពីពាក្យ អេម៉ី ជា) មានន័យថាមកផងនិងវត្តមានផង។ ឧទាហរណ៍ ក្នុងសំបុត្រមួយ ស្ត្រីម្នាក់និយាយអំពីការចាំបាច់នៃវត្តមានរបស់គាត់នៅកន្លែងមួយ ដើម្បីទៅមើលថែរក្សារឿងដែលទាក់ទងនឹងទ្រព្យសម្បត្ដិរបស់គាត់»។ សទ្ទានុក្រមឯទៀតពន្យល់ថា ផារូសៀឲ្យន័យថា ‹ទស្សនកិច្ចនៃមេគ្រប់គ្រងម្នាក់›។ ដូច្នេះ ពាក្យនេះមិនមែនគ្រាន់តែមានន័យថាការមកមួយភ្លែតនោះទេ តែជាវត្តមានដែលមានចាប់ពីការមកដល់តទៅមុខ។ គួរឲ្យចាប់អារម្មណ៍ដែរ អ្នកប្រវត្ដិសាស្ត្រចូស៊ីហ្វឺស ជាបុគ្គលដែលរស់នៅដំណាលពួកសាវ័ក ក៏បានប្រើពាក្យផារូសៀតាមរបៀបនេះដែរ។a
១២. តើព្រះគម្ពីរជួយយើងឲ្យយល់យ៉ាងណាអំពីផារូសៀ?
១២ អត្ថន័យនៃ«វត្តមាន» ត្រូវបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ក្នុងអក្សរសាស្ត្រពីបុរាណ តែពួកគ្រីស្ទានចាប់អារម្មណ៍ទៅលើរបៀបដែលបន្ទូលរបស់ព្រះប្រើពាក្យ ផារូសៀនេះ។ របៀបប្រើនេះគឺដូចគ្នា—វត្តមាន។ យើងឃើញការនេះពីឧទាហរណ៍នៅក្នុងសំបុត្ររបស់ប៉ុល។ ឧទាហរណ៍ គាត់សរសេរទៅពួកភីលីពថា៖ «ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្ដាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង»។ គាត់ក៏និយាយអំពីការរស់នៅជាមួយពួកគេ ដើម្បីឲ្យគេមានសេចក្ដីរីករាយឡើង ‹ដោយសារវត្តមានរបស់គាត់ [ផារូសៀ] ជាមួយពួកគេម្ដងទៀត›។ (ភីលីព ១:២៥, ២៦; ២:១២) ព្រះគម្ពីរឯទៀតប្រែថា «ខ្ញុំមកនៅជាមួយអ្នកម្ដងទៀត» (Weymouth; New International Version); «កាលដែលខ្ញុំនៅជាមួយអ្នកម្ដងទៀត» (Jerusalem Bible; New English Bible); និង «កាលដែលអ្នករាល់គ្នាឲ្យខ្ញុំនៅជាមួយអ្នកម្ដងទៀត»។ (Twentieth Century New Testament) នៅកូរិនថូសទី២ ១០:១០, ១១ ប៉ុលបានបង្ហាញភាពផ្ទុយគ្នារវាង «កាលណាលោកនៅជាមួយ» និង «កាលដែលមិនបាននៅជាមួយ»។ ក្នុងឧទាហរណ៍ទាំងនេះ គាត់មិនមែននិយាយអំពីការមកជិត ឬ ការមកដល់នោះទេ ដ្បិតគាត់បានប្រើពាក្យផារូសៀ ក្នុងន័យថាវត្តមាន។b (ប្រៀបធៀប កូរិនថូសទី១ ១៦:១៧) ចុះយ៉ាងណាវិញទៅចំពោះផារូសៀរបស់ព្រះយេស៊ូនោះ? តើនេះមានន័យថា«ការយាងមក» ឬ វត្តមានដែលបន្លាយពេល?
១៣, ១៤. (ក) ហេតុអ្វីក៏យើងសន្និដ្ឋានថា ផារូសៀ បន្លាយពេលយូរនោះ? (ខ) តើត្រូវនិយាយយ៉ាងណាអំពីប្រវែងពេលវេលាផារូសៀនៃព្រះយេស៊ូ?
១៣ ពួកគ្រីស្ទានដែលចាក់ប្រេងតាំងដោយវិញ្ញាណនៅសម័យប៉ុល បានចាប់អារម្មណ៍ចំពោះ ផារូសៀនៃព្រះយេស៊ូ។ ប៉ុន្តែប៉ុលព្រមានពួកគេកុំឲ្យ‹ថប់ព្រួយអ្វី›ឡើយ។ មុនដំបូង «មនុស្សដែលជាតួបាប» ត្រូវតែលេចឡើងសិន ដែលនេះជាពួកបព្វជិតនៃពិភពគ្រីស្ទសាសនា។ ប៉ុលសរសេរថា «អាទទឹងច្បាប់នោះនឹងមកទាំងធ្វើការ ដូចជាអារក្សសាតាំង ដោយនូវគ្រប់ទាំងឫទ្ធិ ទីសំគាល់នឹងការអស្ចារ្យដ៏កំភូត»។ (ថែស្សាឡូនីចទី២ ២:២, ៣, ៩) ជាការច្បាស់ណាស់ ផារូសៀ ឬ វត្តមាននៃ«មនុស្សដែលជាតួបាប» គឺមិនមែនជាការមកមួយភ្លែតនោះទេ តែនឹងបន្លាយពេលជាយូរ ដែលក្នុងរយៈពេលនេះ ទីសម្គាល់ដ៏កំភូតនឹងត្រូវបង្កើតឡើង។ ហេតុអ្វីក៏ការនេះសំខាន់ម្ល៉េះ?
១៤ សូមពិនិត្យមើលខមុននេះ៖ «នោះទើបអាទទឹងច្បាប់នោះ នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ពីព្រះឱស្ឋទ្រង់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក[វត្តមាន]»។ ដូចជាវត្តមាននៃ«មនុស្សដែលជាតួបាប» នឹងមានមួយរយៈពេលជាយ៉ាងណា នោះវត្តមានរបស់ព្រះយេស៊ូក៏បន្លាយពេលអស់មួយរយៈជាយ៉ាងនោះដែរ ដែលនឹងឡើងដល់កំពូលនៅពេលទ្រង់បំផ្លាញចោលអាទទឹងច្បាប់ គឺជា«មនុស្សដែលត្រូវហិនវិនាស»។—ថែស្សាឡូនីចទី២ ២:៨
ចំណុចពីភាសាហេព្រើរ
១៥, ១៦. (ក) តើពាក្យមួយណាដែលបានប្រើក្នុងសេចក្ដីបកប្រែជាច្រើននៃសៀវភៅម៉ាថាយជាភាសាហេព្រើរ? (ខ) តើពាក្យ បូ បានប្រើក្នុងបទគម្ពីរយ៉ាងដូចម្ដេច?
១៥ ដូចជាបានឃើញមកហើយ ម៉ាថាយបានសរសេរសៀវភៅដំណឹងល្អរបស់គាត់ដំបូងជាភាសាហេព្រើរ។ ដូច្នេះ តើគាត់បានប្រើពាក្យហេព្រើរណាខ្លះនៅម៉ាថាយ ២៤:៣, ២៧, ៣៧, ៣៩? កំណែថ្មីផ្សេងៗនៃម៉ាថាយ ដែលត្រូវបានបកប្រែជាភាសាហេព្រើរទំនើប មានសណ្ឋានកិរិយាសព្ទមួយ ឈ្មោះបូ ដែលប្រើក្នុងសំនួរនៃពួកសាវ័កនិងចម្លើយនៃព្រះយេស៊ូផង។ នេះអាចអានតាមរបៀបនេះថា៖ «តើមានទីសំគាល់យ៉ាងណាពី[បូ]របស់ទ្រង់ ហើយពីទីបញ្ចប់នៃរបបលោកីយ៍»? និង «ដ្បិត[បូ]របស់កូនមនុស្ស នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»។ តើពាក្យបូនេះមានន័យយ៉ាងណា?
១៦ ទោះបីជាមានន័យច្រើនក៏ដោយ កិរិយាសព្ទហេព្រើរបូ ជាគោល មានន័យថា «មក»។ វចនានុក្រមសាសនវិទ្យានៃគម្ពីរសញ្ញាចាស់ ចែងថា៖ ‹លេចឡើង២.៥៣២ដង ពាក្យបូនេះជាកិរិយាសព្ទដែលប្រើច្រើនជាងគេបង្អស់ក្នុងបទគម្ពីរភាសាហេព្រើរ ហើយជាមេកិរិយាសព្ទដែលប្រើសំរាប់សម្ដែងចលនា›។ (លោកុប្បត្តិ ៧:១, ១៣; និក្ខមនំ ១២:២៥; ២៨:៣៥; សាំយូអែលទី២ ១៩:៣០; ពង្សាវតារក្សត្រទី២ ១០:២១; ទំនុកដំកើង ៦៥:២; អេសាយ ១:២៣; អេសេគាល ១១:១៦; ដានីយ៉ែល ៩:១៣; អេម៉ុស ៨:១១) បើព្រះយេស៊ូនិងពួកសាវ័កប្រើពាក្យដែលមានន័យទូលំទូលាយបែបនេះ នោះអាចធ្វើឲ្យមានការជជែកវែកញែកអំពីន័យនោះ។ ប៉ុន្តែ តើព្រះយេស៊ូនិងពួកសាវ័កបានប្រើពាក្យនេះឬទេ?
១៧. (ក) ហេតុអ្វីក៏សេចក្ដីបកប្រែនៃសៀវភៅម៉ាថាយក្នុងភាសាហេព្រើរទំនើប មិនបង្ហាញនូវអ្វីដែលព្រះយេស៊ូនិងពួកសាវ័កបាននិយាយពិត? (ខ) ពីប្រភពណាទៀតដែលយើងអាចរកឃើញពាក្យដែលព្រះយេស៊ូនិងពួកសាវ័កបានប្រើ ហើយមានមូលហេតុអ្វីទៀតដែលប្រភពនេះធ្វើឲ្យយើងចាប់អារម្មណ៍? (សូមមើលន័យលក្ខណៈ)
១៧ សូមឲ្យចាំថា គម្ពីរកំណែថ្មីនៃភាសាហេព្រើរទំនើប គឺជាសេចក្ដីបកប្រែដែលប្រហែលជាមិនដូចនឹងអ្វីៗដែលម៉ាថាយបានសរសេរជាភាសាហេព្រើរពីដើមទេ។ ការពិតគឺថាព្រះយេស៊ូអាចប្រើពាក្យណាមួយទៀតជាជាងពាក្យបូ ដែលសមត្រឹមត្រូវនឹងន័យនៃផារូសៀ។ យើងឃើញរឿងនេះក្នុងសៀវភៅឆ្នាំ១៩៩៥ ដំណឹងល្អនៃម៉ាថាយជាភាសាហេព្រើរ ដោយលោកសាស្ដ្រាចារ្យ ចូជ ហូវ៉ាត។ សៀវភៅនេះចែងអំពីការជំទាស់នៅសតវត្សទី១៤ ប្រឆាំងនឹងសាសនាគ្រីស្ទាន ដោយរូបវិទូជាតិយូដាម្នាក់ឈ្មោះហ្សិម-ធប់ ប៉ិន អ៊ីសាក់ អាប៉ិន ហ្សាភ្រូត។ ឯកសារនោះសម្ដែងប្រាប់សៀវភៅដំណឹងល្អម៉ាថាយជាភាសាហេព្រើរ។ គឺមានភស្តុតាងដែលបង្ហាញថា ជាជាងបកប្រែពីភាសាឡាតាំង ឬក្រិកក្នុងសម័យហ្សិម-ធប់ ឯកសារម៉ាថាយនេះ ពីដើមត្រូវបានតែងមកជាភាសាហេព្រើរ ហើយមានអាយុចាស់ណាស់។c ដូច្នេះ នេះធ្វើឲ្យយើងយល់កាន់តែច្បាស់បន្ដិចអំពីសេចក្ដីថ្លែងនៅភ្នំអូលីវ។
១៨. តើពាក្យហេព្រើរដ៏គួរឲ្យចាប់អារម្មណ៍មួយណា ដែលហ្សិម-ធប់ បានប្រើ ហើយតើនេះមានន័យយ៉ាងណា?
១៨ នៅម៉ាថាយ ២៤:៣, ២៧, ៣៩ ឯកសារម៉ាថាយនៃលោកហ្សិម-ធប់ មិនបានប្រើកិរិយាសព្ទបូឡើយ។ ផ្ទុយទៅវិញ គឺប្រើសព្ទនាមបាយអា។ សព្ទនាមនេះមានប្រើតែម្ដងនៅក្នុងបទគម្ពីរភាសាហេព្រើរ គឺនៅអេសេគាល ៨:៥ ដែលប្រែថា ‹ទ្វារចូល›។ ជាជាងប្រាប់អំពីសកម្មភាពនៃការមក ពាក្យបាយអា នៅទីនោះសំដៅទៅមាត់ទ្វារនៃអាគារ។ កាលណាអ្នកនៅមាត់ទ្វារ នោះអ្នកសឹងតែនៅក្នុងផ្ទះទៅហើយ។ ម្យ៉ាងទៀត ឯកសារសាសនាដែលឥតទាក់ទងព្រះគម្ពីរ នៅចំណោមឯកសារសមុទ្រស្លាប់ តែងតែប្រើពាក្យបាយអា សំដៅទៅការមកដល់ ឬ ការចាប់ផ្ដើមមុខតំណែងសង្ឃ។ (សូមមើល របាក្សត្រទី១ ២៤:៣-១៩; លូកា ១:៥, ៨, ២៣) ហើយសេចក្ដីបកប្រែនៃឆ្នាំ១៩៨៦ ជាភាសាហេព្រើរនៃអារ៉ាមសម័យបុរាណឈ្មោះ Peshitta ក៏ប្រើពាក្យបាយអា នៅម៉ាថាយ ២៤:៣, ២៧, ៣៧, ៣៩ ដែរ។ ដូច្នេះ មានភស្តុតាងបង្ហាញថា នៅសម័យបុរាណ សព្ទនាមបាយអា អាចមានន័យខុសពីកិរិយាសព្ទបូ ដែលប្រើក្នុងព្រះគម្ពីរ។ ហេតុអ្វីក៏រឿងនេះជាការចាប់អារម្មណ៍ម្ល៉េះ?
១៩. បើសិនជាព្រះយេស៊ូនិងពួកសាវ័កប្រើពាក្យបាយអា តើយើងអាចសន្និដ្ឋានយ៉ាងណា?
១៩ នៅក្នុងសំនួរនៃពួកសាវ័កនិងក្នុងចម្លើយនៃព្រះយេស៊ូ ប្រហែលជាមានប្រើសព្ទនាមបាយអានេះ។ ថ្វីបើពួកគេគ្រាន់តែគិតអំពីការយាងមកនាអនាគតនៃព្រះយេស៊ូក៏ដោយ ព្រះគ្រីស្ទប្រហែលជាបានប្រើពាក្យបាយអានេះ ដើម្បីរួមបញ្ចូលអ្វីៗផ្សេងទៀតដែលគេមិនបានគិត។ ព្រះយេស៊ូអាចសំដៅចំពោះការយាងមកដើម្បីទទួលមុខតំណែងថ្មី ដ្បិតការយាងមករបស់ទ្រង់ គឺជាការចាប់ផ្ដើមនៃមុខនាទីថ្មីរបស់ទ្រង់។ ការនេះនឹងដូចន័យនៃពាក្យផារូសៀ ដែលម៉ាថាយបានប្រើ។ ការប្រើពាក្យបាយអានេះ គឺគាំទ្រអ្វីៗដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានបង្រៀនជាយូរយារមកហើយ គឺថា «ទីសម្គាល់»រួមដែលព្រះយេស៊ូបានប្រទាន គឺដើម្បីសម្ដែងថាទ្រង់មានវត្តមានហើយ។
ការរង់ចាំកំពូលនៃវត្តមានរបស់ទ្រង់
២០, ២១. តើយើងអាចរៀនអ្វីខ្លះ ពីការថ្លែងរបស់ព្រះយេស៊ូអំពីសម័យលោកណូអេ?
២០ ការសិក្សាអំពីវត្តមានរបស់ព្រះយេស៊ូគួរតែមានឥទ្ធិពលមកលើជីវិតនិងការសង្ឃឹមទៅអនាគតរបស់យើង។ ព្រះយេស៊ូដាស់តឿនពួកសិស្សទ្រង់ឲ្យចាំយាមជានិច្ច។ ទ្រង់បានប្រទានឲ្យទីសម្គាល់ដើម្បីឲ្យពួកគេដឹងអំពីវត្តមានរបស់ទ្រង់ ថ្វីបើពួកគេភាគច្រើនពុំយកចិត្តទុកដាក់ក្ដី៖ «ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»។—ម៉ាថាយ ២៤:៣៧-៣៩
២១ នៅក្នុងសម័យលោកណូអេ មនុស្សជាច្រើននៅដំណនោះដឹកនាំជីវិតរបស់គេដូចប្រក្រតី។ ព្រះយេស៊ូទាយថា នោះនឹងមានដូចគ្នាដែរ ‹នៅសម័យវត្តមាននៃកូនមនុស្ស›។ មនុស្សនៅសម័យលោកណូអេ ប្រហែលជាគិតថា គ្មានអ្វីកើតឡើងទេ។ ដូចជាអ្នកបានដឹងស្រាប់ហើយ សម័យនោះបានឡើងដល់កំពូល ពេល«ទឹកក៏ជន់មកលិចបំផ្លាញគ្រប់គ្នាទៅ»។ លូកាសម្ដែងប្រាប់ដំណើររឿងដូចគ្នានេះដែរ ដែលព្រះយេស៊ូបានប្រៀបប្រដូច «ជំនាន់លោកណូអេ» ទៅនឹង «គ្រារបស់កូនមនុស្ស»។ ព្រះយេស៊ូទូន្មានថា៖ «នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានដូច្នោះដែរ»។—លូកា ១៧:២៦-៣០
២២. ហេតុអ្វីក៏យើងគួរតែចាប់អារម្មណ៍នឹងទំនាយរបស់ព្រះយេស៊ូ ក្នុងម៉ាថាយជំពូក ២៤?
២២ សេចក្ដីទាំងអស់នេះមានអត្ថន័យពិសេសណាស់ចំពោះយើង ពីព្រោះយើងកំពុងតែរស់នៅក្នុងសម័យដែលយើងឃើញព្រឹត្ដិការណ៍ផ្សេងៗដែលព្រះយេស៊ូបានទាយមក—ដូចជា សង្គ្រាម ការរញ្ជួយផែនដី រោគរាតត្បាត ការខ្វះអាហារ និងការធ្វើទុកបៀតបៀនដល់ពួកសិស្សរបស់ទ្រង់។ (ម៉ាថាយ ២៤:៧-៩; លូកា ២១:១០-១២) ស្ថានការណ៍ទាំងនេះបានចេញជាភស្តុតាងចាប់តាំងពីសង្គ្រាមលោកទី១មកម្ល៉េះ ជាសង្គ្រាមដែលកែប្រែប្រវត្ដិសាស្ត្រ ថ្វីបើមនុស្សជាច្រើនចាត់ទុកហេតុនេះជាស្ថានការណ៍ប្រក្រតីក្នុងប្រវត្ដិសាស្ត្រក្ដី។ ចំពោះពួកគ្រីស្ទានពិតវិញ គេយល់ដឹងពីអត្ថន័យនៃព្រឹត្ដិការណ៍ធំៗទាំងនេះ ប្រៀបដូចជាមនុស្សមានស្មារតីរហ័ស ដឹងថារដូវក្ដៅជិតមកដល់ហើយ ដោយមើលស្លឹកដើមល្វា។ ព្រះយេស៊ូមានបន្ទូលប្រាប់ថា៖ «កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា នគរព្រះជិតដល់ហើយយ៉ាងដូច្នោះដែរ»។—លូកា ២១:៣១
២៣. តើបន្ទូលរបស់ព្រះយេស៊ូក្នុងម៉ាថាយជំពូក ២៤ មានន័យដ៏ពិសេសដល់អ្នកណា ហើយហេតុអ្វី?
២៣ ព្រះយេស៊ូបានឲ្យចម្លើយជាច្រើនដល់ពួកសិស្សរបស់ទ្រង់ កាលដែលគង់នៅលើភ្នំអូលីវ។ ពួកគេជាអ្នកដែលត្រូវចូលរួមក្នុងកិច្ចការសង្គ្រោះជីវិត ជាការផ្សាយដំណឹងល្អនៅក្នុងផែនដីពាសពេញមុននឹងទីបញ្ចប់មកដល់។ ពួកគេនេះហើយជាអ្នកដែលអាចយល់អំពី «សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ»។ ពួកគេនេះហើយជាអ្នកដែលនឹងធ្វើតាមការបញ្ជាឲ្យ «រត់ចេញ» មុននឹងសេចក្ដីវេទនាជាខ្លាំងមក។ ហើយពួកគេនេះជាពួកអ្នកដែលពាក្យដូចតទៅនេះចែងចំពោះ៖ «បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង»។ (ម៉ាថាយ ២៤:៩, ១៤-២២) ប៉ុន្តែ តើពាក្យទាំងនេះមានន័យយ៉ាងណា ហើយហេតុអ្វីក៏អាចនិយាយថា ពាក្យទាំងនេះជាមូលដ្ឋានសំរាប់ឲ្យយើងមានសេចក្ដីសប្បាយរីករាយ មានការទុកចិត្ត និងការខ្នះខ្នែងថែមទៀតឥឡូវនេះ? ការសិក្សាម៉ាថាយ ២៤:២២ ជាបន្ទាប់នឹងផ្ដល់ឲ្យចម្លើយ។
[កំណត់សម្គាល់]
a ឧទាហរណ៍ពីលោកចូស៊ីហ្វឺស៖ ផ្លេកបន្ទោរនិងផ្គរលាន់នៅភ្នំស៊ីណាយ «ប្រកាសថាព្រះមានវត្តមាន[ផារូសៀ] នៅទីនោះ»។ ការសម្ដែងអព្ភូតហេតុនៅក្នុងរោងឧបោសថ «បង្ហាញវត្តមាន [ផារូសៀ] របស់ព្រះ»។ ដោយបង្ហាញរទេះរត់ជុំវិញឲ្យអ្នកបំរើនៃលោកអេលីសេឃើញ ព្រះ«បានសម្ដែងដល់អ្នកបំរើទ្រង់នូវព្រះចេស្ដានិងវត្តមាន [ផារូសៀ]»។ នៅពេលដែលមន្ត្រីរ៉ូម៉ាំង លោកភិត្រូនីអូសខំព្យាយាមសម្ងប់ចិត្តពួកយូដា លោកចូស៊ីហ្វឺសអះអាង ‹ព្រះបានសម្ដែងវត្តមានរបស់ទ្រង់ [ផារូសៀ] ដល់លោកភិត្រូនីអូស ដោយធ្វើឲ្យមានភ្លៀង។ លោកចូស៊ីហ្វឺសមិនបានប្រើពាក្យ ផារូសៀ ចំពោះតែការទៅជិត ឬការមកដល់មួយភ្លែតប៉ុណ្ណោះទេ។ នេះមានន័យថាអ្វីដែលមានជារហូត ថែមទាំងមើលមិនឃើញ គឺវត្តមាន។ (និក្ខមនំ ២០:១៨-២១; ២៥:២២; លេវីវិន័យ ១៦:២; ពង្សាវតារក្សត្រទី២ ៦:១៥-១៧)—ប្រៀបធៀប Antiquities of the Jews សៀវភៅទី៣ ជំពូកទី ៥ វគ្គ ២ [៨០]; ជំពូកទី ៨ វគ្គ ៥ [២០២]; សៀវភៅទី៩ ជំពូកទី ៤ វគ្គ ៣ [៥៥]; សៀវភៅទី១៨ ជំពូកទី ៨, វគ្គ ៦ [២៨៤]
b ក្នុងសៀវភៅA Critical Lexicon and Concordance to the English and Greek New Testament លោក អ៊ី. បូលីងជើ ពន្យល់ថា ផារូសៀ មានន័យជា ‹ការមាន ឬ ក្លាយទៅជាមាន ដូច្នេះ វត្តមាន ការមកដល់ គឺជាការមកដែលបញ្ចូលគំនិតនៃការរស់នៅជាអចិន្ត្រៃយ៍ពីពេលដែលយាងមកតទៅមុខ›។
c ភស្តុតាងមួយគឺការប្រើ«ព្រះនាម» តំណាងតួអក្សរហេព្រើរនៃព្រះនាមរបស់ព្រះ ដែលបានសរសេរជាពេញ ឬបំប្រួញ១៩ដង។ សាស្ដ្រាចារ្យ ហូវ៉ាត សរសេរថា៖ «ការអាចអានព្រះនាមនៅក្នុងឯកសារគ្រីស្ទាន ដែលស្រង់ដោយអ្នកជំទាស់ជាតិយូដា នោះជាការអស្ចារ្យមែន។ បើនេះជាសេចក្ដីបកប្រែភាសាហេព្រើរ ពីឯកសារគ្រីស្ទានភាសាក្រិក ឬ ឡាតាំង នោះយើងនឹងឃើញមានប្រើ adonai [ព្រះអម្ចាស់] ជាជាងមានប្រើសញ្ញាសំរាប់ព្រះនាមរបស់ព្រះ YHWH ទៅវិញ។ . . . ដែលគាត់បានបញ្ចូលព្រះនាមដ៏អស្ចារ្យនេះ នោះមិនអាចពន្យល់បានឡើយ។ ភស្តុតាងបង្ហាញថា លោកហ្សិម-ធប់បានទទួលឯកសារម៉ាថាយមួយច្បាប់នេះ ដែលមានព្រះនាមរបស់ព្រះ សរសេរនៅក្នុងរួចស្រេច ហើយគាត់ប្រហែលជាបានរក្សានេះទុក ជាជាងឲ្យជាប់មានទោសក្នុងការដកព្រះនាមនោះចេញ»។ សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ—សេចក្ដីយោង ប្រើឯកសារម៉ាថាយរបស់លោកហ្សិម-ធប់នេះ ជាការគាំទ្រដល់ការប្រើព្រះនាមព្រះក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិក។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏សំខាន់ក្នុងការឃើញភាពខុសគ្នានូវរបៀបព្រះគម្ពីរឲ្យន័យដល់ម៉ាថាយ ២៤:៣?
◻ តើអ្វីជាន័យនៃពាក្យផារូសៀ ហេតុអ្វីក៏យើងត្រូវយកចិត្តទុកដាក់?
◻ តើអាចមានភាពស្មើគ្នាយ៉ាងណានៅម៉ាថាយ ២៤:៣ ក្នុងភាសាក្រិកនិងភាសាហេព្រើរ?
◻ តើកត្ដាអ្វីចំពោះពេលវេលា ដែលយើងត្រូវតែដឹងដើម្បីឲ្យយល់ម៉ាថាយជំពូក ២៤?
[រូបភាពនៅទំព័រ២១]
ភ្នំអូលីវ មើលទៅក្រោមឃើញក្រុងយេរូសាឡិម