បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៤ ទំ. ២៨-៣២
  • ជួយអ្នកដទៃឲ្យរៀនអំពីសេចក្ដីតម្រូវរបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជួយអ្នកដទៃឲ្យរៀនអំពីសេចក្ដីតម្រូវរបស់ព្រះ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជា​ការ​ពិបាក​មួយ តែ​មិន​មែន​ជា​បន្ទុក
  • ត្រូវ​ប្រដាប់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ជួយ​អ្នក​ដទៃ
  • ការ​ពិនិត្យ​មើល​ឧបករណ៍​ថ្មី
  • របៀបប្រើសៀវភៅស្ដើងព្រះមានដំណឹងល្អសម្រាប់យើង!
    ២០១៣ កិច្ចបម្រើព្រះ
  • ជួយពួកអ្នកដែលឥតមានការពិសោធឲ្យយល់
    ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើអ្នកកំពុងតែប្រើសៀវភៅស្ដើងតម្រូវ ដើម្បីចាប់ផ្ដើមការសិក្សាទេ?
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ការបង្រៀនគម្ពីរដោយប្រើសៀវភៅស្តើងដំណឹងល្អ
    ២០១៥ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៤ ទំ. ២៨-៣២

ជួយ​អ្នក​ដទៃ​ឲ្យ​រៀន​អំពី​សេចក្ដី​តម្រូវ​របស់​ព្រះ

«ដ្បិត​ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ»!—កូរិនថូស​ទី​១ ៩:១៦

១, ២. (ក) តើ​ក្នុង​កិច្ចការ​ដែល​មាន​ពីរ​ផ្នែក​ណា ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ចូល​រួម? (ខ) តើ​មនុស្ស​ចិត្ត​ស្មោះ​ត្រូវ​រៀន​អ្វី ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​អនុ​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

ព្រះ​យេហូវ៉ា​មាន​ដំណឹង​ល្អ​សំរាប់​មនុស្សជាតិ។ ទ្រង់​មាន​ព្រះ​រាជាណាចក្រ​មួយ ហើយ​ទ្រង់​ចង់​ឲ្យ​មនុស្ស​នៅ​គ្រប់​កន្លែង​ឮ​ដំណឹង​ល្អ​នេះ! នៅ​ពេល​ដែល​យើង​បាន​រៀន​អំពី​ដំណឹង​ល្អ​នេះ​ហើយ ព្រះ​ក៏​តម្រូវ​ឲ្យ​យើង​ចែក​ចាយ​ប្រាប់​មនុស្ស​ដទៃ​ដែរ។ នេះ​ជា​កិច្ចការ​ដែល​មាន​ពីរ​ផ្នែក។ ផ្នែក​ទី​មួយ យើង​ត្រូវ​តែ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ក្នុង​ទំនាយ​របស់​ទ្រង់ អំពី«គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍» ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ២៤:៣, ១៤

២ ផ្នែក​ទី​ពីរ​នៃ​កិច្ច​ការ​នេះ គឺ​ទាក់​ទង​ការ​បង្រៀន​ពួក​អ្នក​ដែល​ស្ដាប់​តាម​សេចក្ដី​ប្រកាស​នៃ​ព្រះ​រាជាណាចក្រ។ ក្រោយ​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ហ្វូង​មនុស្ស​ធំ​នៃ​សិស្ស​ទ្រង់​ថា៖ «ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»។ (ម៉ាថាយ ២៨:១៩, ២០) ‹អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​បង្គាប់› មិន​មែន​ចេញ​ពី​ទ្រង់​មក​ទេ តែ​ទ្រង់​បាន​បង្រៀន​អ្នក​ដទៃ​ឲ្យ​ធ្វើ​តាម​បញ្ញត្ត​ឬ​សេចក្ដី​តម្រូវ​របស់​ព្រះ។ (យ៉ូហាន ១៤:២៣, ២៤; ១៥:១០) ដូច្នេះ ការ​បង្រៀន​អ្នក​ដទៃ‹ឲ្យ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​បង្គាប់› ទាក់​ទង​ជួយ​គេ​ឲ្យ​រៀន​ពី​សេចក្ដី​តម្រូវ​របស់​ព្រះ។ មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ ត្រូវ​តែ​បំពេញ​តាម​សេចក្ដី​តម្រូវ​របស់​ព្រះ ទើប​អាច​ក្លាយ​ទៅ​ជា​អនុ​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​បាន។

៣. តើ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ជា​អ្វី ហើយ​តើ​រាជ្យ​នេះ​នឹង​សម្រេច​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​សារ​ព្រះ​រាជាណាចក្រ​ជា​ដំណឹង​ល្អ​នោះ?

៣ តើ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ជា​អ្វី? ហើយ​តើ​រាជ្យ​នេះ​នឹង​សម្រេច​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​សារ​នៃ​ព្រះ​រាជាណាចក្រ​ជា​ដំណឹង​ល្អ​នោះ? ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ជា​រាជរដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌។ ព្រះ​រាជាណាចក្រ​នេះ​គឺ​មាន​តម្លៃ​ណាស់​ក្នុង​ព្រះ​ទ័យ​របស់​ព្រះ​យេហូវ៉ា ពី​ព្រោះ​នេះ​ជា​មធ្យោបាយ​ដែល​ទ្រង់​នឹង​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ ដោយ​កំចាត់​ចោល​ពាក្យ​ចំអក​ជា​ច្រើន។ ព្រះ​រាជាណាចក្រ​ជា​មធ្យោបាយ​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រើ ដើម្បី​សម្រេច​បំណង​ព្រះ​ហឫទ័យ​ទ្រង់​នៅ​លើ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ។ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ឲ្យ​បាន​មក​ដល់ ហើយ​ដាស់​តឿន​យើង​ឲ្យ​ទុក​ព្រះ​រាជាណាចក្រ​ជា​ទី​មួយ​ក្នុង​ជីវិត​របស់​យើង។ (ម៉ាថាយ ៦:៩, ១០, ៣៣) តើ​អ្នក​ឃើញ​មូលហេតុ​ដ៏​សំខាន់ ដែល​យើង​ត្រូវ​បង្រៀន​អ្នក​ដទៃ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ទ្រង់​នេះ​ទេ?

ជា​ការ​ពិបាក​មួយ តែ​មិន​មែន​ជា​បន្ទុក

៤. តើ​យើង​អាច​ពន្យល់​យ៉ាង​ណា​ថា ភារៈ​របស់​យើង​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​មិន​មែន​ជា​បន្ទុក​នោះ?

៤ តើ​ការ​ផ្សាយ​ដំណឹង​ល្អ​ជា​បន្ទុក​ឬ? គឺ​ប្រាកដ​ជា​អត់​ទេ! ឧទាហរណ៍៖ ឪពុក​ម្នាក់​មាន​ភារៈ​ក្នុង​ការ​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​គ្រួសារ​របស់​គាត់។ ការ​មិន​បំពេញ​ភារៈ​នេះ ដូច​គ្នា​នឹង​ការ​បោះ​បង់​ចោល​ជំនឿ​គ្រីស្ទាន​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់​ផ្គង់​ឲ្យ​ពួក​ញាតិ​សន្ដាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត»។ (ធីម៉ូថេ​ទី​១ ៥:៨) ប៉ុន្តែ តើ​ភារៈ​នេះ​ជា​បន្ទុក​ចំពោះ​បុរស​គ្រីស្ទានឬ? បើ​គាត់​ស្រឡាញ់​គ្រួសារ​ខ្លួន នោះ​គឺ​មិន​មែន​ជា​បន្ទុក​ទេ ដ្បិត​ក្នុង​ករណី​នេះ គាត់​ចង់​ផ្គត់​ផ្គង់​ពួក​គេ។

៥. ថ្វី​បើ​ការ​ផ្សាយ​និង​កិច្ច​ការ​បង្កើត​ឲ្យ​មាន​សិស្ស​ជា​ភារៈ​ក៏​ដោយ ហេតុ​អ្វី​ក៏​យើង​គួរ​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ចូល​រួម​ធ្វើ?

៥ ស្រដៀង​គ្នា​នេះ​ដែរ ជីវិត​របស់​យើង​ពឹង​ពាក់​លើ​កិច្ច​ការ​ផ្សាយ​និង​ការ​បង្កើត​ឲ្យ​មាន​សិស្ស ដែល​ជា​ភារៈ​និង​ជា​សេចក្ដី​តម្រូវ​មួយ។ ប៉ុល​បាន​និយាយ​ដូច​នេះ​ថា៖ «ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ»។ (កូរិនថូស​ទី​១ ៩:១៦; ប្រៀប​ធៀប អេសេគាល ៣៣:៧​-​៩) ប៉ុន្តែ អ្វី​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ផ្សាយ​គឺ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​គ្រាន់​តែ​ជា​ភារៈ​ប៉ុណ្ណោះ​ទេ។ អ្វី​ដែល​សំខាន់​បំផុត គឺ​យើង​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង ហើយ​យើង​ដឹង​ថា​ជា​ការ​សំខាន់​ណាស់ ដែល​ពួក​គេ​ត្រូវ​ដឹង​ឮ​ដំណឹង​ល្អ​នេះ។ (ម៉ាថាយ ២២:៣៧​-​៣៩) ដំណឹង​ល្អ​នេះ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត។ ព្រះ​រាជាណាចក្រ​នៃ​ព្រះ​បន្ដិច​ទៀត​នឹង​កែ​តម្រូវ​អយុត្ដិធម៌ ដក​ចេញ​ការ​ជិះ​ជាន់​គ្រប់​ប្រភេទ ហើយ​នឹង​ធ្វើ​ឲ្យ​មាន​សន្ដិភាព​និង​ឯកភាព—សំរាប់​ជា​ពរ​ដ៏​អស់​កល្ប​ជា​និច្ច​ដល់​អស់​អ្នក ដែល​ចុះ​ចូល​ធ្វើ​តាម​ការ​គ្រប់​គ្រង​ដ៏​សុចរិត​នេះ។ តើ​យើង​មិន​សប្បាយ​រីករាយ ហើយ​រំភើប​ចិត្ត​ទេ​ឬ ក្នុង​ការ​ចូល​រួម​ចែក​ចាយ​ដំណឹង​ល្អ​បែប​នេះ​ដល់​អ្នក​ដទៃ​នោះ?—ទំនុកដំកើង ១១០:៣

៦. ហេតុ​អ្វី​ក៏​ការ​ផ្សាយ​និង​កិច្ច​ការ​បង្កើត​ឲ្យ​មាន​សិស្ស​ផ្ដល់​ឲ្យ​មាន​ការ​ពិបាក​មួយ?

៦ នៅ​ពេល​ដដែល​នេះ ការ​ផ្សាយ​និង​ការ​បង្កើត​ឲ្យ​មាន​សិស្ស ក៏​ហុច​ឲ្យ​មាន​ការ​ពិបាក​មួយ​ដែរ។ មនុស្ស​គឺ​ប្លែក​ពី​គ្នា។ មនុស្ស​គ្រប់​គ្នា​មិន​មាន​ការ​ចូល​ចិត្ត​ឬ​សមត្ថភាព​ដូច​គ្នា​ឡើយ។ មនុស្ស​ខ្លះ​មាន​ការ​ចេះ​ដឹង​ច្រើន តែ​អ្នក​ដទៃ​ទៀត​មិន​សូវ​មាន​ការ​រៀន​សូត្រ​ប៉ុន្មាន​ទេ។ ការ​អាន—ពី​ដើម​ត្រូវ​បាន​ចាត់​ទុក​ជា​កំសាន្ត​ដែល​មនុស្ស​ចូល​ចិត្ត—តែ​ឥឡូវ​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​កិច្ច​ការ​ទៅ​វិញ។ ដូច្នេះ​គឺ​មាន​បញ្ហា​កំពុង​តែ​កើន​ឡើង ចំពោះ​ការ​មិន​ចូល​ចិត្ត​អាន សូម្បី​តែ​ក្នុង​ប្រទេស​ដែល​អួត​ថា​មាន​អ្នក​ចេះ​អាន​ច្រើន​ក៏​ដោយ»។ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជួយ​មនុស្ស​ដែល​មាន​ប្រវត្ដិរូប​និង​ចំណូល​ចិត្ត​ខុស​ៗ​គ្នា ឲ្យ​រៀន​អំពី​អ្វី​ដែល​ព្រះ​តម្រូវ​ពី​ពួក​គេ?—ប្រៀប​ធៀប កូរិនថូស​ទី​១ ៩:២០​-​២៣

ត្រូវ​ប្រដាប់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ជួយ​អ្នក​ដទៃ

៧. តើ​តាម​របៀប​ណា​ដែល‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› បាន​ប្រដាប់​យើង​ឲ្យ​ជួយ​អ្នក​ដទៃ​រៀន​សូត្រ​ពី​សេចក្ដី​តម្រូវ​របស់​ព្រះ?

៧ កិច្ច​ការ​ដ៏​ពិបាក​មួយ​អាច​ធ្វើ​ទៅ​ជា​ស្រួល​វិញ​បាន បើ​សិន​ណា​អ្នក​មាន​ប្រដាប់​ប្រដា​ត្រឹម​ត្រូវ។ ប្រដាប់​ប្រដា​មួយ​ដែល​សំរាប់​កិច្ច​ការ​នៅ​ថ្ងៃ​នេះ ប្រហែល​ជា​នៅ​ថ្ងៃ​ស្អែក​ត្រូវ​បាន​កែ ឬ​ថែម​ទាំង​ផ្លាស់​ប្ដូរ ដើម្បី​ឲ្យ​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ដែល​ប្រែ​ប្រួល​តាម​សម័យ។ នេះ​ក៏​ស្រដៀង​នឹង​មុខ​ងារ​របស់​យើង​ដែរ ក្នុង​ការ​ផ្សាយ​សារ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› បាន​ផ្ដល់​ឲ្យ​យើង​នូវ​ប្រដាប់​ប្រដា​ត្រឹម​ត្រូវ គឺ​ប្រកាសនវត្ថុ​សំរាប់​បង្រៀន​ព្រះ​គម្ពីរ​តាម​ផ្ទះ។ (ម៉ាថាយ ២៤:៤៥) ដូច្នេះ យើង​ត្រូវ​បាន​ប្រដាប់​ឲ្យ​ជួយ​មនុស្ស«គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ (វិវរណៈ ៧:៩) ពី​ពេល​មួយ​ទៅ​ពេល​មួយ ប្រកាសនវត្ថុ​ផ្សេង​ៗ​ត្រូវ​បាន​ផ្ដល់​មក ដើម្បី​ឲ្យ​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ទាន់​សម័យ​នៃ​ការ​ផ្សាយ​ក្នុង​ពិភព​លោក។ សូម​ឲ្យ​យើង​ពិចារណា​មើល​នូវ​ឧទាហរណ៍​ខ្លះ​ៗ។

៨. (ក) តើ​សៀវភៅ “Let God Be True” [សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត] មាន​មុខ​នាទី​យ៉ាង​ណា ក្នុង​ការ​ពង្រីក​ការ​បង្រៀន​ព្រះ​គម្ពីរ? (ខ) តើ​ឧបករណ៍​អ្វី​ដែល​បាន​ផ្ដល់​មក​ក្នុង​ឆ្នាំ​១៩៦៨ សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ ហើយ​ត្រូវ​បាន​ស្ថាបនា​សំរាប់​អ្វី​ជា​ពិសេស? (គ) តើ​សៀវភៅ Truth [សេចក្ដី​ពិត] ជួយ​ក្នុង​កិច្ច​ការ​បង្កើត​ឲ្យ​មាន​សិស្ស​យ៉ាង​ដូច​ម្ដេច?

៨ ពី​ឆ្នាំ​១៩៤៦ ទៅ​១៩៦៨ សៀវភៅ​ឈ្មោះ “Let God Be True” [សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត] ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​ដ៏​សំខាន់​សំរាប់​ការ​បង្រៀន​ព្រះ​គម្ពីរ ហើយ​មាន​១៩.២៤៦.៧១០​ក្បាល​ត្រូវ​បាន​បោះ​ពុម្ព​ក្នុង​៥៤​ភាសា។ ក្នុង​ឆ្នាំ​១៩៦៨ សៀវភៅ The Truth That Leads to Eternal Life [សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច] ត្រូវ​បាន​ប្រើ​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ពួក​អ្នក​ដែល​ចាប់​អារម្មណ៍។ នៅ​ពេល​មុន​ៗ ជា​ការ​ធម្មតា​ទេ​ដែល​បុគ្គល​ខ្លះ​បាន​រៀន​សូត្រ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​ឆ្នាំ ដោយ​មិន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ ប៉ុន្តែ ឧបករណ៍​នេះ​មាន​បំណង​ឲ្យ​សិស្ស​ចូល​រួម ដោយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​អនុវត្ត​នូវ​អ្វី​ៗ​ដែល​គាត់​បាន​រៀន។ តើ​មាន​លទ្ធផល​យ៉ាង​ណា? សៀវភៅ​ឈ្មោះ Jehovah’s Witnesses—Proclaimers of God’s Kingdom [ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​នៃ​ព្រះ] ចែង​ថា៖ «ក្នុង​រយៈ​បី​ឆ្នាំ​នៃ​កិច្ច​បំរើ ចាប់​ផ្ដើម​ពី ១ កញ្ញា ១៩៦៨ រហូត​ដល់​ខែ សីហា ៣១ ឆ្នាំ ១៩៧១ សរុប​ទាំង​អស់​មាន​៤៣៤.៩០៦​នាក់​បាន​ជ្រមុជ​ទឹក—គឺ​មាន​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ច្រើន​ជាង​កំឡុង​បី​ឆ្នាំ​កិច្ច​បំរើ​មុន​មួយ​ជា​ពីរ»! ចាប់​តាំង​ពី​សៀវភៅ Truth [សេចក្ដី​ពិត] បាន​ចេញ​មក គឺ​មាន​ការ​ចែក​ចាយ​យ៉ាង​សម្បើម—ជាង​១០៧.០០០.០០០​ក្បាល ក្នុង​១១៧​ភាសា។

៩. តើ​សៀវភៅ រស់​នៅ​ជា​និរន្តរ៍ មាន​ចំណុច​ពិសេស​អ្វី​ខ្លះ ហើយ​តើ​សៀវភៅ​នេះ​មាន​លទ្ធផល​យ៉ាង​ណា​លើ​ពួក​អ្នក​ប្រកាស​ផ្សាយ​ព្រះ​រាជាណាចក្រ?

៩ ក្នុង​ឆ្នាំ​១៩៨២ សៀវភៅ អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី បាន​ក្លាយ​ទៅ​ជា​សៀវភៅ​ដ៏​សំខាន់​មួយ ក្នុង​ការ​ប្រើ​ដើម្បី​បង្រៀន​ព្រះ​គម្ពីរ។ សៀវភៅ​នេះ មាន​ជាង​១៥០​រូប​ភាព ដែល​មាន​ចំណង​ជើង​ដ៏​ខ្លឹម​សារ ដែល​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ចំណុច​បង្រៀន​ក្នុង​រូប​ភាព​នោះ។ កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង នៃ​ខែ​តុលា ១៩៨២ បាន​ចែង​ថា៖ «ក្នុង​រយៈ​ប្រមាណ​២០​ឆ្នាំ សៀវភៅ ‘Let God Be True’ [សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត] ជា​សៀវភៅ​សិក្សា​ដ៏​សំខាន់​របស់​យើង (ពី​ឆ្នាំ​១៩៤៦ ដល់​ពាក់​កណ្ដាល​ទសវត្ស​នៃ​ឆ្នាំ​១៩៦០) មាន​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ជាង​១.០០០.០០០​នាក់​បាន​ចូល​មក​ក្នុង​អង្គការ​របស់​យើង។ រួច​មក ពួក​អ្នក​ផ្សាយ​១.០០០.០០០​នាក់​ទៀត​បាន​ចូល​រួម នៅ​ពេល​ដែល​សៀវភៅ The Truth That Leads to Eternal Life [សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច] បាន​ក្លាយ​ទៅ​ជា​សៀវភៅ​ដ៏​សំខាន់​សំរាប់​ការ​សិក្សា​ក្នុង​ឆ្នាំ​១៩៦៨។ ឥឡូវ​នេះ យើង​ប្រើ​សៀវភៅ​សិក្សា​ថ្មី អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ តើ​យើង​នឹង​ឃើញ​មាន​ការ​លូត​លាស់​ក្នុង​ចំណោម​ពួក​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​នោះ​ទេ? គឺ​ប្រាកដ​នឹង​បាន​លូត​លាស់​ហើយ បើ​នេះ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​នោះ»! នេះ​គឺ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​មែន ពី​ព្រោះ​ពី​ឆ្នាំ​១៩៨២ ទៅ​១៩៩៥ មាន​ជាង​២.៧០០.០០០​នាក់​នៃ​ពួក​អ្នក​ប្រកាស​ផ្សាយ​ព្រះ​រាជាណាចក្រ ត្រូវ​បាន​ចូល​មក​ក្នុង​អង្គការ​យើង!

១០. តើ​ឧបករណ៍​ថ្មី​មួយ​ណា​ដែល​បាន​ផ្ដល់​មក​ក្នុង​ឆ្នាំ​១៩៩៥ ហើយ​ហេតុ​អ្វី​ក៏​ឧបករណ៍​នេះ​គួរ​តែ​ជួយ​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​លូត​លាស់​លឿន​ខាង​វិញ្ញាណ?

១០ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ»។ (ម៉ាថាយ ៩:៣៧) ប្រាកដ​ហើយ ចំរូត​មាន​ធំ​ណាស់ ពី​ព្រោះ​នៅ​មាន​កិច្ច​ការ​ធ្វើ​ជា​ច្រើន។ ក្នុង​ប្រទេស​ខ្លះ មនុស្ស​ត្រូវ​តែ​កត់​ឈ្មោះ​ក្នុង​បញ្ជី បើ​ចង់​រៀន​ព្រះ​គម្ពីរ។ ដូច្នេះ ដោយ​មាន​បំណង​ក្នុង​ការ​ពង្រីក​ចំណេះ​នៃ​ព្រះ​ឲ្យ​បាន​លឿន ក្នុង​ឆ្នាំ​១៩៩៥ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› បាន​ផ្ដល់​ឲ្យ​ឧបករណ៍​ថ្មី​មួយ ដែល​មាន​១៩២​ទំព័រ ដែល​មាន​ចំណង​ជើង Knowledge That Leads to Everlasting Life [ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច]។ ឧបករណ៍​ដ៏​មាន​តម្លៃ​ល្អ​នេះ មិន​ពន្យល់​ច្រើន​ទេ​អំពី​លទ្ធិ​បង្រៀន​មិន​ពិត។ សៀវភៅ​នេះ​បង្ហាញ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​តាម​បែប​បទ​ដ៏​ល្អ។ ហើយ​យើង​សង្ឃឹម​ថា នេះ​នឹង​ជួយ​ឲ្យ​សិស្ស​ព្រះ​គម្ពីរ​អាច​លូត​លាស់​ទៅ​មុខ​បាន​យ៉ាង​លឿន។ សៀវភៅ Knowledge [ចំណេះ] គឺ​មាន​លទ្ធផល​យ៉ាង​ល្អ​ក្នុង​កិច្ច​បំរើ​ផ្សាយ ដែល​មាន​៤៥.៥០០.០០០​ក្បាល ត្រូវ​បាន​បោះ​ពុម្ព​ក្នុង​១២៥​ភាសា ហើយ​កំពុង​តែ​អនុញ្ញាត​ឲ្យ​បក​ប្រែ​ទៀត​ក្នុង​ជាង​២១​ភាសា។

១១. តើ​ឧបករណ៍​អ្វី​ដែល​បាន​ផ្ដល់​មក ដើម្បី​ជួយ​ពួក​អ្នក​ដែល​មិន​ចេះ​អាន​ឬ​អាន​មិន​ល្អ ហើយ​តើ​តាម​របៀប​ណា​ដែល​ឧបករណ៍​នេះ​បាន​ពង្រីក​កម្ម​វិធី​អប់រំ​នៅ​ជុំ​វិញ​ពិភព​លោក?

១១ យូរ​ៗ​ម្ដង ‹អ្នក​បំរើ​ស្មោះ​ត្រង់› បាន​ផ្ដល់​ឧបករណ៍​ជំនួយ​ដែល​បាន​ស្ថាបនា​ឡើង សំរាប់​អ្នក​ស្ដាប់​ខ្លះ​ៗ​ឬ​មួយ​ចំនួន។ ឧទាហរណ៍ ចុះ​យ៉ាង​ណា​វិញ ចំពោះ​មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ​ដ៏​ពិសេស ពី​ព្រោះ​គេ​មាន​ប្រវត្ដិរូប​សាសនា​ឬ​វប្បធម៌​ផ្សេង​ៗ​នោះ? តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជួយ​ពួក​គេ​ឲ្យ​រៀន​អំពី​សេចក្ដី​តម្រូវ​របស់​ព្រះ? ក្នុង​ឆ្នាំ​១៩៨២ យើង​បាន​ទទួល​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ—គឺ​សៀវភៅ​ស្តើង​មួយ​ដែល​មាន​៣២​ទំព័រ​ឈ្មោះ ចូរ​សប្បាយ​នឹង​ជីវិត​លើ​ផែនដី​ជា​និរន្តរ៍! ឧបករណ៍​ដែល​មាន​រូប​ភាព​ដ៏​ល្អ​នេះ ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​ក្នុង​ការ​បង្រៀន​អស់​អ្នក​ដែល​មិន​ចេះ​អាន ឬ​អាន​មិន​សូវ​ល្អ។ សៀវភៅ​ស្តើង​នេះ​មាន​បទ​គម្ពីរ​ដ៏​ស្រួល​យល់។ តាំង​ពី​បាន​បោះ​ពុម្ព​ចេញ​មក សៀវភៅ​ស្តើង​ឈ្មោះ​សប្បាយ​នឹង​ជីវិត​នេះ មាន​ប្រសិទ្ធិភាព​ដ៏​ល្អ​ដល់​កម្ម​វិធី​អប់រំ​ក្នុង​ពិភព​លោក ដែល​មាន​ជាង​១០៥.១០០.០០០​ក្បាល​ត្រូវ​បាន​បោះ​ពុម្ព​ក្នុង​ជាង​២៣៩​ភាសា។ សៀវភៅ​ស្តើង​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រកាសនវត្ថុ​ដែល​បាន​បក​ប្រែ​ច្រើន​ជាង​គេ​បង្អស់ ដែល​សមាគម​ប៉ម​យាម​បាន​ផលិត​មក​ទល់​ឥឡូវ​នេះ!

១២, ១៣. (ក) តាំង​ពី​ឆ្នាំ​១៩៩០ ‹អ្នក​បំរើ​ស្មោះ​ត្រង់›បាន​ផ្ដល់​មធ្យោបាយ​ថ្មី​ៗ​ណា​ខ្លះ ដើម្បី​ឲ្យ​ផ្សាយ​ដល់​មនុស្ស​គ្រប់​កន្លែង? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រើ​ខ្សែ​អាត់​វីឌីអូ​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង? (គ) តើ​អ្វី​ជា​ឧបករណ៍​ថ្មី​ដែល​ទើប​បាន​ផ្ដល់​មក​ក្នុង​កិច្ច​ការ​បង្កើត​សិស្ស​របស់​យើង?

១២ បន្ថែម​ពី​លើ​ការ​បោះពុម្ព​ប្រកាសនវត្ថុ ចាប់​តាំង​ពី​១៩៩០ ‹អ្នក​បំរើ​ស្មោះ​ត្រង់› បាន​ផ្ដល់​ឲ្យ​យើង​របៀប​ផ្សេង​ៗ​ដែល​អាច​ផ្សាយ​ដល់​ពួក​អ្នក​ស្ដាប់​គ្រប់​កន្លែង—ខ្សែ​អាត់​វីឌីអូ។ ក្នុង​ខែ​តុលា​នៃ​ឆ្នាំ​នោះ ខ្សែ​អាត់​វីឌីអូ ឈ្មោះ Jehovah’s Witnesses—The Organization Behind the Name [ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—អង្គការ​ដែល​គាំទ្រ​ឈ្មោះ​នោះ] ត្រូវ​បាន​ផ្សាយ​ចេញ—ជា​ខ្សែ​អាត់​វីឌីអូ​ទី​មួយ​នៃ​សមាគម​ប៉ម​យាម។ ខ្សែ​អាត់​វីឌីអូ​ដ៏​ល្អ​នេះ គឺ​មាន​ជាង​៣៥​ភាសា សម្ដែង​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​ជុំ​វិញ​ពិភព​លោក ដែល​កំពុង​តែ​បំពេញ​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ ឲ្យ​ទៅ​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​នៅ​ជុំ​វិញ​ផែនដី។ ខ្សែ​អាត់​វីឌីអូ​នេះ ត្រូវ​បាន​បង្កើត​មក​ជា​ពិសេស​សំរាប់​កិច្ច​ការ​បង្កើត​សិស្ស។ ពួក​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ បាន​ប្រើ​ឧបករណ៍​ថ្មី​នេះ​ភ្លាម ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​គេ។ អ្នក​ខ្លះ​យក​ទៅ​ជា​មួយ​ខ្លួន ដោយ​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​បង្ហាញ​ឬ​ឲ្យ​មនុស្ស​ដែល​ចាប់​អារម្មណ៍​ខ្ចី។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ខ្សែ​អាត់​វីឌីអូ​នេះ​បាន​ចេញ​មក អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ម្នាក់​បាន​សរសេរ​ថា៖ «ខ្សែ​អាត់​វីឌីអូ​បាន​ក្លាយ​ទៅ​ជា​មធ្យោបាយ​នៅ​សតវត្ស​ទី​២១ ក្នុង​ការ​ទាក់​ទាញ​ចិត្ត​គំនិត​របស់​មនុស្ស​រាប់​លាន​នាក់។ ដូច្នេះ​យើង​សង្ឃឹម​ថា នឹង​មាន​ខ្សែ​អាត់​វីឌីអូ​ជា​ច្រើន​ទៀត ដែល​សមាគម​នឹង​ប្រើ​ក្នុង​ការ​ពង្រីក​កិច្ច​ការ​ព្រះ​រាជាណាចក្រ​ពាស​ពេញ​ពិភព​លោក»។ មែន​ហើយ គឺ​មាន​ខ្សែ​អាត់​វីឌីអូ​ជា​ច្រើន​ត្រូវ​បាន​ផ្ដល់​មក ដែល​រួម​បញ្ចូល​ខ្សែ​អាត់​វីឌីអូ​ដែល​មាន​ជា​បន្ត​បន្ទាប់​គ្នា​បី​ផ្នែក The Bible—A Book of Fact and Prophecy និង Jehovah’s Witnesses Stand Firm Against Nazi Assault. [ព្រះ​គម្ពីរ—សៀវភៅ​នៃ​ហេតុ​ការណ៍​ពិត​និង​ទំនាយ ហើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កាន់​ជំ​ហ​មាំ​មួន​នឹង​ការ​ប្រយុទ្ធ​របស់​ណាត្សី] បើ​សិន​ជា​មាន​ខ្សែ​អាត់​វីឌីអូ​នៃ​សមាគម​ក្នុង​ភាសា​របស់​អ្នក តើ​អ្នក​បាន​ប្រើ​វា​ក្នុង​កិច្ច​បំរើ​ផ្សាយ​ឬ​ទេ?a

១៣ នៅ​ពេល​ថ្មី​ៗ​នេះ មាន​ឧបករណ៍​ថ្មី​មួយ​ទៀត សៀវភៅ​ស្តើង​ឈ្មោះ តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? ត្រូវ​បាន​ផ្ដល់​មក​ដើម្បី​ជា​ជំនួយ​ក្នុង​កិច្ច​ការ​បង្កើត​សិស្ស​របស់​យើង។ ហេតុ​អ្វី​ក៏​ត្រូវ​បាន​បោះ​ពុម្ព​មក? តើ​យើង​អាច​ប្រើ​វា​តាម​របៀប​ណា?

ការ​ពិនិត្យ​មើល​ឧបករណ៍​ថ្មី

១៤, ១៥. សំរាប់​អ្នក​ណា​ដែល​សៀវភៅ​ស្តើង​ឈ្មោះ សេចក្ដី​តម្រូវ ត្រូវ​បាន​ស្ថាបនា​មក ហើយ​តើ​មាន​អ្វី​ខ្លះ ក្នុង​សៀវភៅ​ស្តើង​នេះ?

១៤ ប្រកាសនវត្ថុ​ថ្មី​នេះ តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? បាន​ស្ថាបនា​ឡើង​សំរាប់​មនុស្ស​ដែល​មាន​ជំនឿ​លើ​ព្រះ​និង​គោរព​ដល់​ព្រះ​គម្ពីរ។ ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ព្រម​ទាំង​ពួក​សាសនទូត​ដែល​បាន​ហ្វឹកហ្វឺន​ពី​សាលា​គីលាត ដែល​មាន​ការ​ពិសោធ​ជា​ច្រើន​ក្នុង​ប្រទេស​ក្រី​ក្រ បាន​ជួយ​ក្នុង​ការ​រៀបចំ​សៀវភៅ​ស្តើង​នេះ។ សៀវភៅ​ស្តើង​នេះ​គឺ​មាន​ការ​សិក្សា​ដ៏​ទូលំ​ទូលាយ ដែល​ពិគ្រោះ​សេចក្ដី​បង្រៀន​ដ៏​សំខាន់​ៗ​នៃ​ព្រះ​គម្ពីរ។ គឺ​មាន​ប្រើ​ពាក្យ​ដ៏​កក់​ក្ដៅ ស្រួល​យល់ និង​ចំ​ៗ​តែ​ម្ដង។ នៅ​ពេល​ដដែល​គ្នា​នេះ បទ​គម្ពីរ​មិន​មែន​ស្រួល​ហួស​ហេតុ​នោះ​ឡើយ។ សៀវភៅ​ស្តើង​នេះ​ផ្ដល់​ឲ្យ​មិន​គ្រាន់​តែ«ទឹក​ដោះ​គោ»ទេ តែ‹អាហារ​រឹង› ពីបន្ទូល​របស់​ព្រះ តាម​របៀប​ដែល​មនុស្ស​អាច​យល់​បាន។—ហេព្រើរ ៥:១២​-​១៤

១៥ ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ក្នុង​ប្រទេស​ផ្សេង​ៗ បាន​សុំ​ចង់​បាន​ប្រកាសនវត្ថុ​បែប​នេះ។ ឧទាហរណ៍ សាខាសមាគម​ប៉ម​យាម​នៅ​ប្រទេស​ប៉ាពួញូវហ្គីនី បាន​សរសេរ​ថា៖ «មនុស្ស​មាន​ការ​ងឿង​ឆ្ងល់​នឹង​សេចក្ដី​បង្រៀន​សាសនា​ខុស​ៗ​គ្នា។ ពួក​គេ​ត្រូវ​ការ​សេចក្ដី​ពិត​ដ៏​ចំ​ៗ ដែល​គាំទ្រ​ដោយ​បទ​គម្ពីរ ដែល​គេ​អាច​ឆែក​មើល​ក្នុង​ព្រះ​គម្ពីរ​របស់​គេ។ ពួក​គេ​ត្រូវ​ការ​ដឹង​ច្បាស់​លាស់​ហើយ​ចំ​ៗ​នូវ​អ្វី​ដែល​ព្រះ​តម្រូវ​ពី​ពួក​គ្រីស្ទាន​ពិត ហើយ​ទំនៀម​ទម្លាប់​និង​ការ​ប្រព្រឹត្ត​មួយ​ណា​ដែល​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ»។ សៀវភៅ​ស្តើង​នេះ ឈ្មោះ សេចក្ដី​តម្រូវ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ជួយ​ពួក​បែប​នេះ​ឲ្យ​រៀន​អំពី​សេចក្ដី​តម្រូវ​របស់​ព្រះ។

១៦. (ក) តើ​អ្នក​ណា​ជា​ពិសេស​ដែល​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពន្យល់​ដ៏​ស្រួល​យល់​ក្នុង​សៀវភៅ​ស្តើង​នេះ? (ខ) តើ​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​របស់​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​សៀវភៅ​ស្តើង សេចក្ដី​តម្រូវ ដោយ​ដូច​ម្ដេច?

១៦ តើ​អ្នក​អាច​ប្រើ​សៀវភៅ​ស្តើង​ថ្មី​នេះ​ដោយ​ដូច​ម្ដេច? ទី​មួយ គឺ​អាច​ប្រើ​ដើម្បី​សិក្សា​ជា​មួយ​មនុស្ស ដែល​មិន​សូវ​ចេះ​អាន​អក្សរ ឬ​ដែល​មិន​មាន​ចិត្ត​ទោរ​ទន់​អាន។ បុគ្គល​បែប​នេះ​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពន្យល់​ដ៏​ស្រួល​ក្នុង​សៀវភៅ​ស្តើង​នេះ។ ក្រោយ​ពី​បាន​ពិនិត្យ​មើល​សៀវភៅ​ស្តើង​នេះ សាខា​ប៉ម​យាម​បាន​សរសេរ​សេចក្ដី​ដូច​នេះ​ថា៖ «សៀវភៅ​ស្តើង​នេះ​មាន​ប្រយោជន៍​ជា​ច្រើន​ដល់​មនុស្ស ដែល​មិន​មាន​ចិត្ត​ទោរ​ទន់​អាន​ក្នុង​ភូមិ​ភាគ​ជា​ច្រើន​ក្នុង​ប្រទេស​នេះ»។ (ប្រេហ្ស៊ីល) «គឺ​មាន​ជន​អន្ដោ​ប្រវេ​ស​មួយ​ចំនួន ដែល​មិន​ចេះ​អាន​ភាសា​របស់​គេ ហើយ​មាន​ការ​ពិបាក​អាន​ភាសា​បារាំង។ សៀវភៅ​ស្តើង​នេះ​អាច​យក​មក​ប្រើ​ជា​ជំនួយ ក្នុង​ការ​សិក្សា​ជា​មួយ​ពួក​គេ»។ (បារាំង) តើ​អ្នក​អាច​គិត​ដល់​មនុស្ស​ក្នុង​តំបន់​របស់​អ្នក​ដែល​អាច​ទទួល​ប្រយោជន៍​ពី​សៀវភៅ​ស្តើង​នេះ​ទេ?

១៧. តាម​វិធី​ណា​ខ្លះ​ដែល​សៀវភៅ​ស្តើង​ថ្មី​នេះ អាច​មាន​ប្រយោជន៍​ក្នុង​ប្រទេស​ជា​ច្រើន ហើយ​ហេតុ​អ្វី?

១៧ ទី​ពីរ ក្នុង​ប្រទេស​ជា​ច្រើន​សៀវភៅ​ស្តើង​នេះ ប្រហែល​ជា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ មិន​ថា​គេ​ជា​អ្នក​ចេះ​ដឹង​យ៉ាង​ណា​ក៏​ដោយ។ ប្រាកដ​ហើយ យើង​ត្រូវ​ខំ​ខ្នះ​ខ្នែង​ក្នុង​ការ​ផ្ដើម​សិក្សា​ក្នុង​សៀវភៅ Knowledge That Leads to Everlasting Life [ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច]។ ប៉ុន្តែ ក្នុង​ករណី​ខ្លះ​ប្រហែល​ជា​ស្រួល​ជាង ក្នុង​ការ​ផ្ដើម​ការ​សិក្សា​ក្នុង​សៀវភៅ​ស្តើង​នេះ។ ក្រោយ​មក នៅ​ពេល​វេលា​ត្រឹម​ត្រូវ យើង​គួរ​ផ្លាស់​ទៅ​រៀន​សៀវភៅ Knowledge [ចំណេះ] ដែល​ជា​ការ​សិក្សា​ជំនួយ​ដ៏​សំខាន់​របស់​យើង។ ចំពោះ​ការ​ប្រើ​សៀវភៅ​ស្តើង​នេះ សេចក្ដី​តម្រូវ សាខា​ប៉ម​យាម​បាន​សរសេរ​ថា៖ «ការ​ចាប់​ផ្ដើម​សិក្សា​គឺ​ពិបាក​ធ្វើ​ណាស់ ហើយ​ឱកាស​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ ហាក់​ដូច​ជា​ប្រសើរ​ជាង​បើ​ពួក​អ្នក​ផ្សាយ​ចាប់​ផ្ដើម​ប្រើ​សៀវភៅ​ស្តើង​នេះ»។ (អាល្លឺម៉ង់) «សៀវភៅ​ស្តើង​បែប​នេះ​នឹង​មាន​ប្រសិទ្ធិភាព​ណាស់ ក្នុង​ការ​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ថ្មី ដែល​ក្រោយ​មក​អាច​បន្ត​ដោយ​សិក្សា​សៀវភៅ ចំណេះ»។ (អ៊ីតាលី) «ទោះ​បី​ពួក​ជប៉ុន​មាន​ការ​ចេះ​ដឹង​ច្រើន​ក៏​ដោយ ពួក​គេ​ភាគ​ច្រើន​មិន​សូវ​ដឹង​អំពី​ចំណេះ​នៃ​ព្រះ​គម្ពីរ​និង​ការ​បង្រៀន​ដ៏​សំខាន់​ៗ​នោះ​ទេ។ សៀវភៅ​ស្តើង​នេះ​ជា​ជំហាន​នាំ​ទៅ​ការ​រៀន​សៀវភៅ​ចំណេះ»។—ជប៉ុន

១៨. តើ​យើង​ត្រូវ​តែ​ចង​ចាំ​អ្វី​អំពី​ការ​បំពេញ​តាម​សេចក្ដី​តម្រូវ​របស់​ព្រះ?

១៨ សាខា​របស់​សមាគម​នៅ​ជុំ​វិញ​ផែនដី បាន​សុំ​រក​សៀវភៅ​ស្តើង​នេះ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បក​ប្រែ​ក្នុង​ជាង​២២១​ភាសា។ សូម​ឲ្យ​សៀវភៅ​ថ្មី​នេះ​ជួយ​យើង​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​រៀន​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​ពួក​គេ។ រីឯ​យើង​វិញ សូម​ឲ្យ​យើង​ចង​ចាំ​ថា ការ​បំពេញ​តាម​សេចក្ដី​តម្រូវ​របស់​ព្រះ គឺ​រួម​បញ្ចូល​ការ​ទៅ​ផ្សាយ​និង​បង្កើត​ឲ្យ​មាន​សិស្ស ជា​ឱកាស​ដ៏​មាន​តម្លៃ​មួយ​ក្នុង​ការ​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ស្រឡាញ់​ទ្រង់​យ៉ាង​ណា។ ត្រូវ​ហើយ អ្វី​ដែល​ព្រះ​តម្រូវ​ពី​យើង គឺ​មិន​មែន​ជា​បន្ទុក​ទេ។ នេះ​ជា​ផ្លូវ​ដ៏​ប្រសើរ​ក្នុង​ការ​រស់​នៅ!—ទំនុកដំកើង ១៩:៧​-​១១

[កំណត់​សម្គាល់]

a សៀវភៅ Jehovah’s Witnesses—Proclaimers of God’s Kingdom [ស្មរបន្ទាល់​ព្រះ​យេហូវ៉ា—ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​នៃ​ព្រះ] ចែង​ថា៖ «ខ្សែ​អាត់​វីឌីអូ​មិន​មែន​សំរាប់​ផ្លាស់​ប្ដូរ​នឹង​ប្រកាសនវត្ថុ ឬ​ការ​ផ្សាយ​ផ្ទាល់​ខ្លួន​ទេ។ ប្រកាសនវត្ថុ​របស់​សមាគម​មាន​មុខ​នាទី​ដ៏​សំខាន់ ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ។ ការ​ដើរ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​មាន​មូលដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ​ពី​ព្រះ​គម្ពីរ។ ប៉ុន្តែ ឥឡូវ​នេះ​ខ្សែ​អាត់​វីឌីអូ គឺ​ជា​ជំនួយ​ក្នុង​ការ​បណ្ដុះ​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​ដ៏​មាន​តម្លៃ​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​មាន​ការ​អបអរ​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​សម្រេច​នៅ​លើ​ផែនដី​ក្នុង​សម័យ​យើង​នេះ»។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

◻ ក្នុង​កិច្ចការ​ដែល​មាន​ពីរ​ផ្នែក​ណា ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់​ចូល​រួម​ធ្វើ​នោះ?

◻ ហេតុ​អ្វី​ក៏​ភារៈ​របស់​យើង​ក្នុង​ការ​ផ្សាយ​និង​បង្កើត​សិស្ស​មិន​មែន​ជា​បន្ទុក​ចំពោះ​យើង?

◻ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› បាន​ផ្ដល់​ឧបករណ៍​អ្វី​ខ្លះ​សំរាប់​ការ​ប្រើ​ក្នុង​កិច្ច​ការ​ផ្សាយ​និង​ការ​បង្កើត​សិស្ស?

◻ តើ​សៀវភៅ​ស្តើង​ឈ្មោះ សេចក្ដី​តម្រូវ​បាន​ស្ថាបនា​មក​សំរាប់​អ្នក​ណា ហើយ​តើ​យើង​អាច​ប្រើ​ក្នុង​កិច្ច​បំរើ​របស់​យើង​ដោយ​ដូច​ម្ដេច?

[រូប​ភាព​នៅ​ទំព័រ​៣០]

«សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត» (១៩៤៦,បាន​កែ​១៩៥២): ១៩.២៥០.០០០ ក្នុង​៥៤​ភាសា (បាន​បង្ហាញ​ក្នុង​ភាសា​អង់គ្លេស)

«សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច» (១៩៦៨): ១០៧.០០០.០០០ ក្នុង​១១៧​ភាសា (បាន​បង្ហាញ​ក្នុង​ភាសា​បារាំង)

«អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី» (១៩៨២): ៨០.៩០០.០០០ ក្នុង​១៣០​ភាសា (បាន​បង្ហាញ​ក្នុង​ភាសា​រុស្ស៊ី)

«ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច» (១៩៩៥): ៤៥.៥០០.០០០ ក្នុង​១២៥​ភាសា (បាន​បង្ហាញ​ក្នុង​ភាសា​អាល្លឺម៉ង់)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក