តើមានអ្នកណាម្នាក់ដែលពិតជាយកចិត្តទុកដាក់ឬទេ?
«ទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន» ក៏ក្លាយទៅជាហូរដូចទឹកអូរមួយ។ ទឹកភ្នែកនេះគឺបានត្រូវហូរដោយពួករងគ្រោះ នូវ«អស់ទាំងការសង្កត់សង្កិន»ដែលរាប់មិនចេះអស់នៅទូទាំងពិភពលោក។ អស់អ្នកដែលបានត្រូវរងគ្រោះច្រើនមានអារម្មណ៍ថា ពួកគេ«គ្មានអ្នកណានឹងជួយដោះទុក្ខ» គឺថាគ្មានអ្នកណាម្នាក់ដែលពិតជាយកចិត្តទុកដាក់នឹងពួកនោះឡើយ។—សាស្ដា ៤:១
ទោះជាមានទឹកភ្នែកហូរសស្រាក់នេះក៏ដោយ អ្នកខ្លះគឺឥតបានខ្វល់ខ្វាយនឹងសេចក្ដីរងទុក្ខវេទនានៃមនុស្សគ្នីគ្នានោះទេ។ ពួកគេមិនអើពើដោយចេតនានូវការឈឺចាប់របស់មនុស្សឯទៀត ដូចជាសង្ឃម្នាក់និងបុរសលេវីម្នាក់នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអ៊ីចឹងដែរ អំពីបុរសម្នាក់ដែលបានត្រូវគេវាយប្លន់ ហើយទុកឲ្យស្លាប់នៅតាមផ្លូវនោះ។ (លូកា ១០:៣០-៣២) ឲ្យតែពួកគេនិងក្រុមគ្រួសាររបស់គេមានការស្រួលមួយកំរិត នោះពួកគេនឹងមិនយកចិត្តទុកដាក់នឹងអ្នកដទៃឡើយ។ តាមការពិត ពួកគេនិយាយថា «តើចាំបាច់យកចិត្តទុកដាក់ធ្វើអ្វី»?
យើងមិនគួរមានចិត្តភ្ញាក់ផ្អើលនឹងរឿងនេះឡើយ។ សាវ័កប៉ុលបានទាយប្រាប់ថានៅថ្ងៃ«ជាន់ក្រោយបង្អស់» នោះមនុស្សជាច្រើននឹងមិនសូវចេះ«ស្រឡាញ់តាមធម្មតា»ទេ។ (ធីម៉ូថេទី២ ៣:១, ៣) អ្នកសង្កេតម្នាក់បានទុក្ខសោកនឹងអាកប្បកិរិយាដ៏ឥតខ្វល់ខ្វាយនេះ ដែលបានបណ្ដុះបណ្ដាលឡើង។ លោកបានមានប្រសាសន៍ថា៖ «ទស្សនវិជ្ជានិងទំនៀមទម្លាប់របស់ប្រជាជនអៀកឡង់ពីដើម ស្តីអំពីការយកចិត្តទុកដាក់និងការចែកគ្នា បានត្រូវផ្លាស់ជំនួសដោយក្រមថ្មីមួយ គឺជាការមើលថែរក្សាតែខ្លួនឯងវិញ»។ ទូទាំងពិភពលោក មនុស្សធ្វើហើយយកតែប្រយោជន៍ខ្លួនគេ ដោយសឹងតែឥតអើពើដល់ស្ថានការណ៍នៃអ្នកដទៃទៀតផង។
សេចក្ដីត្រូវការឲ្យអ្នកណាម្នាក់យកចិត្តទុកដាក់
យ៉ាងប្រាកដហើយ គឺមានសេចក្ដីត្រូវការឲ្យអ្នកណាម្នាក់យកចិត្តទុកដាក់។ ជាឧទាហរណ៍ ចូរគិតអំពីបុរសម្នាក់ដែលនៅតែឯងនៅប្រទេសអាល្លឺម៉ង់ ដែលគេ«រកឃើញកំពុងតែអង្គុយពីមុខទូរទស្សន៍ ប្រាំឆ្នាំក្រោយមកគាត់បានស្លាប់ក្នុងកាលធ្វើបុណ្យណូអែល»។ «បុរសដែលនៅតែម្នាក់ឯងដែលពិការ ហើយបានលែងលះពីប្រពន្ធ»នេះ មានចិត្តក្រៀមក្រំនឹងបទពិសោធន៍ដ៏សោកស្ដាយរបស់គាត់ក្នុងជីវិត នោះគេមិនបាននឹកទេ រហូតដល់ប្រាក់ក្នុងគណនីធនាគារ ដែលបង់ថ្លៃឈ្នួលផ្ទះគាត់បានត្រូវអស់រលីងទៅ។ គ្មានអ្នកណាម្នាក់ដែលពិតជាបានយកចិត្តទុកដាក់នឹងគាត់ឡើយ។
ចូរគិតដែរ អំពីពួករងគ្រោះដែលឥតជំនួយពីអធិរាជដែលលោភលន់ហើយដ៏ខ្លាំងក្លានោះ។ នៅក្នុងតំបន់មួយ មនុស្សប្រមាណ២០០.០០០នាក់ (មួយភាគបួននៃប្រជាជន) «បានស្លាប់ដោយការបង្ក្រាបនិងការអត់បាយ» ក្រោយពីបានចាប់យកដីពីគេដោយឃោរឃៅនោះ។ ឬគិតអំពីកូនក្មេងដែលបានឃើញនូវភាពសាហាវដែលមិនគួរឲ្យជឿនោះ។ របាយការណ៍មួយបានចែងថា៖ «ការកំរិតភាគរយនៃកូនក្មេងនៅក្នុង[ប្រទេសមួយ] ដែលបានឃើញអំពើឃោរឃៅសន្ធឹកសន្ធាប់ ការសម្លាប់ ការវាយតប់ ការរំលោភ ដែលនៅពេលខ្លះបានប្រព្រឹត្តដោយក្មេងៗឯទៀត គឺគួរឲ្យញញើត»។ អ្នកអាចយល់នូវមូលហេតុដែលអ្នករងគ្រោះនឹងភាពអយុត្ដិធម៌បែបនេះ ប្រហែលជាសួរដោយទឹកភ្នែកថា «តើមានអ្នកណាម្នាក់ដែលពិតជាយកចិត្តទុកដាក់នឹងខ្ញុំឬទេ»?
យោងទៅតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ មានមនុស្ស១៣០កោដិនាក់នៅក្នុងប្រទេសដែលកំពុងតែអភិវឌ្ឍន៍ ត្រូវតែរស់នៅដោយពឹងតិចជាងមួយដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ពួកគេច្បាស់ជាឆ្ងល់ថាតើមានអ្នកណាយកចិត្តទុកដាក់ឬក៏អត់។ ហើយពួកជនភៀសខ្លួនរាប់ពាន់នាក់ក៏មានអារម្មណ៍អ៊ីចឹងដែរ ដែលយោងទៅតាមរបាយការណ៍មួយក្នុងកាសែត ឌឺអៃរិយថែម្ស «គឺបានប្រឈមមុខនឹងសេចក្ដីសម្រេចចិត្តដ៏ពិបាកហើយមិនជាទីពេញចិត្ត នៃការស្នាក់នៅក្នុងជំរំជនភៀសខ្លួន ឬនៅក្នុងប្រទេសមួយដែលមិនសូវចង់ទទួលស្គាល់គេ ឬការប៉ុនប៉ងត្រឡប់ទៅស្រុកកំណើត ដែលបានធ្វើឲ្យបែកបាក់ [ឬបានបែកខ្ញែក]ដោយសង្គ្រាមនិងការទាស់ទែងខាងពូជសាសន៍»។ របាយការណ៍ដដែលនេះបានរួមបញ្ចូលដំណើរការដ៏ព្រឺក្បាលនេះថា៖ «បិទភ្នែករបស់អ្នក រាប់ដល់បី នោះក្មេងម្នាក់ទើបតែបានស្លាប់។ វាជាក្មេងម្នាក់ពីចំណោម៣៥.០០០នាក់ដែលនឹងស្លាប់នៅថ្ងៃនេះ ដោយសារការទទួលអាហារមិនគ្រប់គ្រាន់ ឬពីរោគដែលអាចបង្ការបាន»។ អ៊ីចឹងហើយ បានជាមនុស្សជាច្រើននឹងនិយាយដោយសេចក្ដីវេទនានិងភាពជូរចត់!—ប្រៀបមើល យ៉ូប ៧:១១
តើការរងទុក្ខវេទនាបែបនេះពិតជាធម្មតាឬ? តាមការពិត តើមានអ្នកណាម្នាក់ដែលមិនគ្រាន់តែយកចិត្តទុកដាក់ប៉ុណ្ណោះ តែមានអំណាចដើម្បីនឹងបញ្ឈប់នូវសេចក្ដីរងទុក្ខវេទនា ហើយប្រោសឲ្យជាពីការឈឺចាប់ទាំងឡាយ ដែលមនុស្សបានពិសោធន៍នោះឬទេ?
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ២]
Cover and page 32: Reuters/Nikola Solic/Archive Photos
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
A. Boulat/Sipa Press