ចូរឲ្យតម្លៃអាពាហ៍ពិពាហ៍ជាអំណោយពីព្រះ
«ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។—លោ. ២:២៤
១. ហេតុអ្វីព្រះយេហូវ៉ាសមទទួលការគោរពពីយើង?
ព្រះយេហូវ៉ាជាអ្នកផ្ដើមឲ្យមានអាពាហ៍ពិពាហ៍ដំបូង ពិតជាសមទទួលការគោរពពីយើង។ ដោយសារលោកជាអ្នកបង្កើត ជាមហាក្សត្រ ជាបិតានៅស្ថានសួគ៌ គម្ពីរបានចែងយ៉ាងត្រឹមត្រូវអំពីលោកថាជាអ្នកផ្ដល់«គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ»។ (យ៉ា. ១:១៧; បប. ៤:១១) នេះគឺជាការសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់លោក។ (១យ៉ូន. ៤:៨) អ្វីៗទាំងអស់ដែលលោកបានបង្រៀនយើង អ្វីៗទាំងអស់ដែលលោកចង់ឲ្យយើងធ្វើ និងអ្វីៗទាំងអស់ដែលលោកបានឲ្យយើង នោះគឺគ្មានអ្វីក្រៅពីចង់ឲ្យយើងមានសុភមង្គលនិងទទួលប្រយោជន៍ប៉ុណ្ណោះ។—អេ. ៤៨:១៧
២. តើព្រះយេហូវ៉ាបានឲ្យការណែនាំអ្វីដល់ប្ដីប្រពន្ធដំបូង?
២ គម្ពីរបញ្ជាក់អំពីអាពាហ៍ពិពាហ៍ថាជាអំណោយមួយក្នុងចំណោមអំណោយដ៏«ល្អ»ទាំងនោះពីព្រះ។ (រស់. ១:៩; ២:១២) ពេលព្រះយេហូវ៉ារៀបការអាដាមនិងអេវ៉ាឲ្យទៅជាប្ដីប្រពន្ធដំបូង នោះលោកបានឲ្យពួកគាត់នូវការណែនាំជាក់លាក់អំពីរបៀបទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍។ (សូមអាន ម៉ាថាយ ១៩:៤-៦) បើពួកគេបានធ្វើតាមការណែនាំរបស់ព្រះ ពួកគាត់នឹងមានសុភមង្គលជានិច្ច។ ក៏ប៉ុន្តែ ពួកគាត់ប្រព្រឹត្តដោយល្ងង់ខ្លៅដោយសារមិនអើពើនឹងបង្គាប់របស់ព្រះ ហើយបានទទួលផលវិបាកដ៏ធ្ងន់ធ្ងរ។—លោ. ៣:៦-១៣, ១៦-១៩, ២៣
៣, ៤. (ក) សព្វថ្ងៃ តើតាមរបៀបណាដែលមនុស្សជាច្រើនមិនឲ្យតម្លៃអាពាហ៍ពិពាហ៍ផងមិនគោរពព្រះយេហូវ៉ាផង? (ខ) តើយើងនឹងពិចារណាគំរូណាខ្លះក្នុងអត្ថបទនេះ?
៣ ដូចប្ដីប្រពន្ធដំបូង មនុស្សជាច្រើនសព្វថ្ងៃនេះធ្វើការសម្រេចចិត្តក្នុងអាពាហ៍ពិពាហ៍ដោយមិនសូវខ្វល់ឬមិនខ្វល់សោះនឹងការណែនាំរបស់ព្រះយេហូវ៉ាទេ។ មនុស្សខ្លះបដិសេធមិនរៀបការជាដាច់ខាត ចំណែកអ្នកឯទៀតខំធ្វើតាមការប៉ងប្រាថ្នារបស់ពួកគេ ដោយចាត់ទុកថាអាពាហ៍ពិពាហ៍មិនមែនសម្រាប់តែមនុស្សដែលមានភេទផ្ទុយគ្នាប៉ុណ្ណោះទេ ហើយថាប្ដីប្រពន្ធអាចលែងលះគ្នាបានតាមចិត្ត។ (រ៉ូម ១:២៤-៣២; ២ធី. ៣:១-៥) ពួកគេមិនទទួលស្គាល់ថាអាពាហ៍ពិពាហ៍គឺជាអំណោយពីព្រះទេ ហើយដោយសារពួកគេមិនឲ្យតម្លៃដល់អំណោយនោះ ពួកគេក៏មិនគោរពព្រះយេហូវ៉ាដែលជាអ្នកផ្ដល់អំណោយដែរ។
៤ ជួនកាល សូម្បីតែរាស្ត្រខ្លះរបស់ព្រះ ក៏មិនយល់ច្បាស់អំពីទស្សនៈរបស់ព្រះយេហូវ៉ាស្តីអំពីអាពាហ៍ពិពាហ៍ដែរ។ គ្រិស្តសាសនិកខ្លះសម្រេចចិត្តរស់នៅបែកគ្នា ឬលះលែងគ្នាដោយគ្មានមូលហេតុពីគម្ពីរឲ្យពួកគេធ្វើដូច្នោះឡើយ។ តើតាមរបៀបណាដែលគេអាចជៀសវាងពីបញ្ហានេះ? តើតាមរបៀបណាដែលការណែនាំរបស់ព្រះនៅលោកុប្បត្តិ ២:២៤ជួយគូស្វាមីភរិយាគ្រិស្តសាសនិកឲ្យពង្រឹងអាពាហ៍ពិពាហ៍របស់ពួកគេ? តើពួកអ្នកដែលកំពុងគិតរៀបការអាចប្រុងប្រៀបខ្លួនយ៉ាងដូចម្ដេច? ចូរយើងពិចារណាអំពីអាពាហ៍ពិពាហ៍បីនៅសម័យគម្ពីរ ដែលបានជោគជ័យដែលបង្ហាញថាការគោរពចំពោះព្រះយេហូវ៉ាគឺជាគន្លឹះសំខាន់ចាំបាច់ដើម្បីមានចំណងអាពាហ៍ពិពាហ៍ដែលស្ថិតស្ថេរ។
បណ្ដុះនិងរក្សាភក្ដីភាព
៥, ៦. តើស្ថានភាពអ្វីដែលប្រហែលជាល្បងលសាការីនិងអេលីសាបិត? ហើយតើភក្ដីភាពរបស់ពួកគាត់នាំឲ្យពួកគាត់ទទួលរង្វាន់អ្វី?
៥ សាការីនិងអេលីសាបិតបានធ្វើអ្វីៗត្រឹមត្រូវទាំងអស់។ ពួកគាត់ទាំងពីរនាក់ជាអ្នកបម្រើដែលមានភក្ដីភាពចំពោះព្រះយេហូវ៉ា។ សាការីបានបំពេញយ៉ាងស្មោះត្រង់នូវភារកិច្ចរបស់គាត់ជាសង្ឃ ហើយពួកគាត់ទាំងពីរនាក់បានធ្វើតាមច្បាប់របស់ព្រះអស់ពីសមត្ថភាព។ ពួកគាត់ពិតជាមានមូលហេតុជាច្រើនឲ្យមានអំណរគុណ។ ក៏ប៉ុន្តែ បើអ្នកបានទៅលេងផ្ទះគាត់នៅស្រុកយូដា នោះអ្នកនឹងដឹងភ្លាមថាពួកគាត់ខ្វះអ្វីមួយ។ ពួកគាត់គ្មានកូនទេ។ អេលីសាបិតជាស្ត្រីអារ ម្យ៉ាងទៀតពួកគាត់ទាំងពីរនាក់មានអាយុច្រើនហើយ។—លូក. ១:៥-៧
៦ នៅអ៊ីស្រាអែលនាសម័យបុរាណ គេឲ្យតម្លៃខ្លាំងណាស់ទៅលើការមានកូន ហើយក្រុមគ្រួសារតែងតែមានកូនច្រើនបង្គួរ។ (១សាំ. ១:២, ៦, ១០; ទំនុក. ១២៨:៣, ៤) នៅសម័យនោះ បុរសជាតិអ៊ីស្រាអែលអាចលះលែងប្រពន្ធគាត់ បើនាងមិនអាចមានកូន។ ក៏ប៉ុន្តែ សាការីបានរក្សាភក្ដីភាពចំពោះអេលីសាបិត។ គាត់មិនបានយកស្ថានភាពនោះធ្វើជាលេសដើម្បីលែងលះគ្នាទេ ហើយប្រពន្ធគាត់ក៏ដូច្នោះដែរ។ ទោះជាការគ្មានកូនធ្វើឲ្យពួកគាត់ព្រួយក៏ដោយ តែពួកគាត់បន្តបម្រើព្រះយេហូវ៉ាជាមួយគ្នាយ៉ាងស្មោះត្រង់។ នៅទីបំផុត ពេលពួកគាត់មានវ័យចាស់ហើយ ព្រះយេហូវ៉ាបានធ្វើការអស្ចារ្យឲ្យពួកគាត់មានកូនប្រុសមួយជារង្វាន់វិសេសដល់ពួកគាត់។—លូក. ១:៨-១៤
៧. តើតាមរបៀបម្យ៉ាងទៀតណាដែលអេលីសាបិតបានបង្ហាញភក្ដីភាពចំពោះប្ដីនាង?
៧ ប៉ុន្តែអេលីសាបិតបានបង្ហាញភក្ដីភាពដ៏គួរឲ្យសរសើរតាមរបៀបម្យ៉ាងទៀត។ ពេលដែលយ៉ូហានដែលជាកូនប្រុសគាត់បានកើតមក សាការីនិយាយមិនរួចទេ ពីព្រោះគាត់បានទៅជាគ ដោយសារគាត់មិនជឿពាក្យទេវតារបស់ព្រះ។ ក៏ប៉ុន្តែ តាមរបៀបណាមួយ សាការីប្រាកដជាបានធ្វើឲ្យប្រពន្ធគាត់ដឹងថាទេវតារបស់ព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យដាក់ឈ្មោះកូនប្រុសនោះថា«យ៉ូហាន»។ អ្នកជិតខាងនិងសាច់ញាតិចង់ដាក់ឈ្មោះកូននោះថាសាការីតាមឈ្មោះឪពុក។ ប៉ុន្តែអេលីសាបិតបានគាំទ្រការណែនាំរបស់ប្ដីយ៉ាងស្មោះ។ គាត់បានពោលថា៖ «ទេ! ត្រូវហៅឈ្មោះវា យ៉ូហានវិញ»។—លូក. ១:៥៩-៦៣
៨, ៩. (ក) តើភក្ដីភាពពង្រឹងចំណងអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច? (ខ) តើតាមវិធីជាក់លាក់ណាខ្លះដែលប្ដីនិងប្រពន្ធអាចបង្ហាញភក្ដីភាព?
៨ ដូចសាការីនិងអេលីសាបិត សព្វថ្ងៃនេះ គូស្វាមីភរិយាប្រឈមមុខនឹងអ្វីផ្សេងៗដែលធ្វើឲ្យពួកគេខកចិត្តនិងមានការពិបាកឯទៀត។ អាពាហ៍ពិពាហ៍ដែលគ្មានភក្ដីភាពនឹងមិនបានជោគជ័យទេ។ បើមានការចែចង់ ការមើលរូបអាសអាភាស ការផិតក្បត់និងអ្វីៗឯទៀតដូចនេះក្នុងអាពាហ៍ពិពាហ៍ដ៏ល្អ នេះអាចធ្វើឲ្យគូស្វាមីភរិយាលែងទុកចិត្តគ្នារហូត។ កាលណាប្ដីប្រពន្ធលែងទុកចិត្តគ្នា នោះសេចក្ដីស្រឡាញ់ក៏ចាប់ផ្ដើមរសាយដែរ។ ភក្ដីភាពគឺអាចប្រៀបដូចរបងការពារផ្ទះដែលរារាំងមិនឲ្យមនុស្សណាឬអ្វីណាដែលអាចនាំឲ្យមានគ្រោះថ្នាក់ចូលមក ហើយផ្ដល់នូវសុវត្ថិភាពមួយកម្រិតដល់អ្នកស្នាក់នៅ។ យ៉ាងនេះ ពេលប្ដីប្រពន្ធមានភក្ដីភាពចំពោះគ្នា ពួកគេអាចរស់នៅជាមួយគ្នាដោយសុខសាន្ត ហើយប្រាប់ពីអារម្មណ៍របស់ខ្លួនអស់ពីដួងចិត្ត ថែមទាំងស្រឡាញ់គ្នាកាន់តែខ្លាំងឡើង។ ពិតមែន ភក្ដីភាពគឺសំខាន់ចាំបាច់។
៩ ព្រះយេហូវ៉ាមានប្រសាសន៍ទៅអាដាមថា៖ «មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ»។ (លោ. ២:២៤) តើនេះមានន័យយ៉ាងណា? គូស្វាមីភរិយាត្រូវកែប្រែទំនាក់ទំនងពីមុនរបស់ពួកគាត់ជាមួយមិត្តភក្ដិនិងញាតិសន្ដាន។ ពួកគាត់ត្រូវចំណាយពេលនិងយកចិត្តទុកដាក់ចំពោះគ្នាមុនអ្នកឯទៀត។ ពួកគាត់លែងទុកមិត្តភក្ដិឬញាតិសន្ដានថាសំខាន់ណាស់ក្នុងជីវិត ដោយភ្លេចគិតដល់គ្រួសារថ្មីរបស់ខ្លួន។ ម្យ៉ាងទៀត ពេលពួកគាត់ធ្វើការសម្រេចចិត្តឬមានការខ្វែងគំនិតគ្នា ពួកគាត់ក៏មិនគួរអនុញ្ញាតឲ្យឪពុកម្ដាយជ្រៀតជ្រែកក្នុងរឿងរបស់ពួកគាត់ដែរ។ ជាប្ដីប្រពន្ធពួកគាត់ត្រូវនៅជាប់ជាមួយគ្នា។ នេះគឺជាការណែនាំរបស់ព្រះ។
១០. តើអ្វីនឹងជួយគូស្វាមីភរិយាឲ្យបណ្ដុះភក្ដីភាព?
១០ សូម្បីតែក្នុងគ្រួសារដែលប្រកាន់ជំនឿផ្សេងពីគ្នាក៏ដោយ ភក្ដីភាពនាំឲ្យមានលទ្ធផលល្អ។ បងស្រីម្នាក់ដែលប្ដីមិនមែនជាអ្នកជឿបានស្រដីថា៖ «ខ្ញុំអរគុណព្រះយេហូវ៉ាដោយសារលោកបានបង្រៀនខ្ញុំឲ្យចុះចូលនឹងប្ដីខ្ញុំ ហើយគោរពគាត់យ៉ាងជ្រាលជ្រៅ។ ការរក្សាភក្ដីភាពនាំឲ្យមានសេចក្ដីស្រឡាញ់និងការគោរពគ្នាជានិច្ចអស់រយៈពេល៤៧ឆ្នាំ»។ (១កូ. ៧:១០, ១១; ១ពេ. ៣:១, ២) ដូច្នេះ ចូរព្យាយាមធ្វើឲ្យគូរបស់អ្នកដឹងថាអ្នកនឹងនៅជាមួយគាត់រហូត។ តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់អ្នក សូមរកវិធីផ្សេងៗដើម្បីពង្រឹងទំនុកចិត្តគូរបស់អ្នកថា ចំពោះអ្នក គាត់ជាបុគ្គលសំខាន់បំផុតនៅលើផែនដី។ ចូរខំអស់ពីសមត្ថភាពដើម្បីកុំឲ្យអ្នកណាឬអ្វីណាបង្ខូចចំណងអាពាហ៍ពិពាហ៍របស់អ្នក។ (សូមអាន សុភាសិត ៥:១៥-២០) រ៉ននិងចាណិតដែលបានរៀបការដោយមានសុភមង្គលជាង៣៥ឆ្នាំហើយ បានស្រដីថា៖ «ដោយសារយើងធ្វើអ្វីដែលព្រះចង់ឲ្យយើងធ្វើដោយស្មោះភក្ដី នោះអាពាហ៍ពិពាហ៍របស់យើងមានសុភមង្គលនិងជោគជ័យ»។
សាមគ្គីភាពពង្រឹងអាពាហ៍ពិពាហ៍
១១, ១២. តើតាមរបៀបណាដែលអាគីឡានិងព្រីស៊ីលបានសហការគ្នា (ក) ពេលនៅផ្ទះ? (ខ) ក្នុងមុខរបររបស់ពួកគាត់? (គ) ក្នុងកិច្ចបម្រើផ្សាយរបស់គ្រិស្តសាសនិក?
១១ ពេលដែលសាវ័កប៉ូលរៀបរាប់អំពីអាគីឡានិងព្រីស៊ីល ដែលជាមិត្តជិតស្និទ្ធរបស់គាត់ គាត់មិនបាននិយាយអំពីម្នាក់ដោយឥតបាននិយាយអំពីម្នាក់ទៀតឡើយ។ គូស្វាមីភរិយាដែលមានសាមគ្គីភាពនេះ គឺជាគំរូដ៏ល្អអំពីអ្វីដែលព្រះចង់មានន័យពេលលោកពោលថា ប្ដីនិងប្រពន្ធគួរក្លាយទៅជា«សាច់តែ១»។ (លោ. ២:២៤) ពួកគាត់ធ្វើអ្វីៗជាមួយគ្នាជានិច្ចនៅផ្ទះពួកគាត់ នៅកន្លែងធ្វើការនិងក្នុងកិច្ចបម្រើផ្សាយជាគ្រិស្តសាសនិក។ ជាឧទាហរណ៍ ពេលដែលប៉ូលមកដល់ក្រុងកូរិនថូសលើកដំបូង អាគីឡានិងព្រីស៊ីលបានអញ្ជើញគាត់ដោយចិត្តសប្បុរសឲ្យស្នាក់នៅផ្ទះពួកគាត់ ជាកន្លែងដែលប៉ូលទំនងជាប្រើមួយរយៈពេលសម្រាប់កិច្ចការផ្សេងៗឯទៀត។ ក្រោយមក នៅក្រុងអេភេសូរ អាគីឡានិងព្រីស៊ីលបានប្រើផ្ទះគាត់សម្រាប់កិច្ចប្រជុំរបស់ក្រុមជំនុំ ហើយសហការគ្នាដើម្បីជួយបងប្អូនរួមជំនឿថ្មីៗដូចជាអាប៉ូឡុសឲ្យយល់សេចក្ដីពិតកាន់តែច្បាស់។ (សកម្ម. ១៨:២, ១៨-២៦) បន្ទាប់មក គូស្វាមីភរិយាដែលមានចិត្តខ្នះខ្នែងនេះបានទៅនៅក្រុងរ៉ូម ហើយនៅទីនោះ ពួកគាត់ក៏បានប្រើផ្ទះគាត់សម្រាប់កិច្ចប្រជុំក្រុមជំនុំដែរ។ ក្រោយមក ពួកគាត់ត្រឡប់ទៅក្រុងអេភេសូរវិញ ហើយបានពង្រឹងបងប្អូននៅទីនោះ។—រ៉ូម ១៦:៣-៥
១២ អស់មួយរយៈពេល អាគីឡានិងព្រីស៊ីលក៏បានធ្វើការជាមួយប៉ូលដែរ ក្នុងមុខរបររបស់ពួកគាត់ជាអ្នកធ្វើត្រសាល។ ម្ដងទៀត យើងឃើញថាគូស្វាមីភរិយានេះនៅជាមួយគ្នា សហការគ្នាដោយមិនប្រកួតប្រជែងឬឈ្លោះគ្នាឡើយ។ (សកម្ម. ១៨:៣) ក៏ប៉ុន្តែ ដោយសារពួកគាត់ចំណាយពេលជាមួយគ្នាក្នុងសកម្មភាពរបស់គ្រិស្តសាសនិក នេះប្រាកដជាបានជួយពួកគាត់ឲ្យចាត់ទុកការបម្រើព្រះយេហូវ៉ាជាកិច្ចការសំខាន់បំផុតក្នុងអាពាហ៍ពិពាហ៍របស់ពួកគាត់។ ហេតុនេះពួកគាត់មានចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល។ ទោះជាពួកគាត់នៅក្រុងកូរិនថូស ក្រុងអេភេសូរឬក្រុងរ៉ូមក្ដី គេស្គាល់ពួកគាត់ជាទូទៅថា«ជាអ្នករួមធ្វើការ . . . ក្នុងគ្រិស្តយេស៊ូ»។ (រ៉ូម ១៦:៣) ទោះជានៅទីណាក៏ដោយ ពួកគាត់បានធ្វើអ្វីៗជាមួយគ្នាដើម្បីធ្វើឲ្យកិច្ចការផ្សព្វផ្សាយបានជឿនទៅមុខ។
១៣, ១៤. (ក) តើស្ថានភាពណាខ្លះមិនធ្វើឲ្យមានសាមគ្គីភាពក្នុងអាពាហ៍ពិពាហ៍? (ខ) តើគូស្វាមីភរិយាអាចធ្វើអ្វីខ្លះដើម្បីពង្រឹងភាពជិតស្និទ្ធរបស់ពួកគេជា«សាច់តែ១»?
១៣ ពិតមែន ការមានសាមគ្គីភាពក្នុងការសម្រេចគោលដៅ និងក្នុងសកម្មភាពផ្សេងៗ ពង្រឹងចំណងអាពាហ៍ពិពាហ៍។ (សាស្ដ. ៤:៩, ១០) តែគួរឲ្យស្ដាយណាស់ គូស្វាមីភរិយាសព្វថ្ងៃនេះចំណាយពេលតែបន្ដិចបន្តួចប៉ុណ្ណោះជាមួយគ្នា។ ពួកគាត់ធ្វើការច្រើនម៉ោងក្នុងការងារដោយឡែកពីគ្នា។ អ្នកខ្លះទៀតមានការងារដែលតម្រូវឲ្យពួកគេធ្វើដំណើរច្រើនឬរើទៅនៅប្រទេសក្រៅតែម្នាក់ឯងដើម្បីផ្ញើលុយមកផ្ទះវិញ។ សូម្បីតែនៅផ្ទះក៏ដោយ គូស្វាមីភរិយាខ្លះនៅដាច់ពីគ្នាដោយសារពួកគេចំណាយពេលរៀងៗខ្លួនមើលទូរទស្សន៍ លេងកីឡា លេងហ្គេមវីដេអូ អ៊ីនធឺណិតឬធ្វើអ្វីមួយដើម្បីកម្សាន្តចិត្ត។ តើនេះកើតឡើងក្នុងរង្វង់គ្រួសារអ្នកឬ? បើដូច្នេះ តើអ្នកអាចកែប្រែស្ថានភាពរបស់អ្នកដើម្បីចំណាយពេលជាមួយគ្នាឬទេ? តើអ្នកចំណាយពេលជាមួយគ្នាក្នុងកិច្ចការប្រចាំថ្ងៃដូចជាធ្វើម្ហូបអាហារ លាងចានឬធ្វើការក្នុងទីធ្លាផ្ទះឬទេ? តើអ្នកអាចជួយគ្នាថែទាំកូនឬជួយឪពុកម្ដាយដែលចាស់ជរាឬទេ?
១៤ សំខាន់បំផុត សូមចំណាយពេលឲ្យបានទៀងទាត់ជាមួយគ្នាដើម្បីធ្វើកិច្ចការដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ការពិភាក្សាអំពីបទគម្ពីរប្រចាំថ្ងៃជាមួយគ្នានិងការមានកម្មវិធីគោរពប្រណិប័តន៍ជាគ្រួសារផ្ដល់ឱកាសដ៏ល្អបំផុតឲ្យគ្រួសារអ្នកមានរបៀបគិតគូរនិងគោលដៅដូចគ្នា។ មួយវិញទៀត សូមផ្សព្វផ្សាយជាមួយគ្នាដែរ។ បើអាចធ្វើបាន សូមសាកល្បងត្រួសត្រាយជាមួយគ្នា សូម្បីតែកាលៈទេសៈរបស់អ្នកអនុញ្ញាតឲ្យអ្នកធ្វើតែមួយខែឬមួយឆ្នាំក៏ដោយ។ (សូមអាន កូរិនថូសទី១ ១៥:៥៨) បងស្រីម្នាក់ដែលបានត្រួសត្រាយជាមួយប្ដីគាត់បានពោលថា៖ «កិច្ចបម្រើផ្សាយគឺជាឱកាសមួយដែលយើងអាចចំណាយពេលជាមួយគ្នា ហើយនិយាយគ្នាអស់ពីដួងចិត្ត។ ដោយសារយើងទាំងពីរនាក់មានគោលដៅដូចគ្នា ពោលគឺជួយអ្នកឯទៀតឲ្យរៀនអំពីព្រះ ខ្ញុំមានអារម្មណ៍ថាយើងទាំងពីរនាក់សហការគ្នាយ៉ាងល្អ។ ខ្ញុំកាន់តែជិតស្និទ្ធជាមួយគាត់ មិនគ្រាន់តែជាប្ដីប្រពន្ធប៉ុណ្ណោះទេ តែជាមិត្តដ៏ល្អ»។ កាលដែលអ្នកធ្វើអ្វីៗជាមួយគ្នាដើម្បីសម្រេចកិច្ចការដែលមានប្រយោជន៍ នោះបន្ដិចម្ដងៗអ្នកទាំងពីរនឹងមានចំណាប់អារម្មណ៍ ទម្លាប់ និងអាទិភាពដូចគ្នា រហូតដល់អ្នកនឹងគិត មានអារម្មណ៍ និងប្រព្រឹត្តដូចជា«សាច់តែ១»កាន់តែច្រើនឡើង ដូចអាគីឡានិងព្រីស៊ីល។
ចូរចាត់ទុកព្រះថាសំខាន់បំផុតក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នក
១៥. តើអ្វីជាកត្ដាដើម្បីឲ្យអាពាហ៍ពិពាហ៍បានជោគជ័យ? សូមពន្យល់។
១៥ លោកយេស៊ូបានដឹងអំពីសារៈសំខាន់នៃការចាត់ទុកព្រះថាសំខាន់ទី១ក្នុងជីវិតអាពាហ៍ពិពាហ៍។ លោកបានឃើញព្រះយេហូវ៉ារៀបការឲ្យអាដាមនិងអេវ៉ាទៅជាគូស្វាមីភរិយាដំបូង។ លោកបានសង្កេតឃើញថាពួកគេមានសុភមង្គលយ៉ាងណាដរាបណាពួកគេធ្វើតាមការណែនាំរបស់ព្រះ ហើយក៏បានឃើញផ្ទាល់ភ្នែកនូវទុក្ខលំបាកដែលពួកគេមាន ពេលដែលពួកគេមិនធ្វើតាមការណែនាំនោះ។ ហេតុនេះ ពេលលោកយេស៊ូបានបង្រៀនអ្នកឯទៀត លោកបានបញ្ជាក់ម្ដងទៀតនូវការណែនាំរបស់បិតាលោក ដែលមាននៅលោកុប្បត្តិ ២:២៤។ លោកក៏បានឲ្យឱវាទថែមទៀតដែរដែលថា៖ «កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»។ (ម៉ាថ. ១៩:៦) ដូច្នេះ ការគោរពព្រះយេហូវ៉ាយ៉ាងជ្រាលជ្រៅនៅតែជាកត្ដាដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍មានសុភមង្គលនិងជោគជ័យ។ ស្តីអំពីរឿងនេះ យ៉ូសែបនិងម៉ារៀដែលជាឪពុកម្ដាយរបស់លោកយេស៊ូ បានទុកគំរូដ៏ប្រសើរមួយ។
១៦. តើយ៉ូសែបនិងម៉ារៀបានបង្ហាញយ៉ាងដូចម្ដេចថា ពួកគាត់ចាត់ទុកព្រះថាសំខាន់បំផុតក្នុងជីវិតគ្រួសាររបស់ពួកគាត់?
១៦ យ៉ូសែបមានចិត្តល្អចំពោះម៉ារៀ ហើយក៏បានបង្ហាញការគោរពចំពោះនាងដែរ។ ពេលគាត់ដឹងជាលើកដំបូងថាម៉ារៀមានផ្ទៃពោះ គាត់ចង់ប្រព្រឹត្តទៅលើនាងដោយមេត្ដាករុណា ទោះជាទេវតារបស់ព្រះមិនទាន់បានពន្យល់អំពីអ្វីដែលបានកើតឡើងដល់ម៉ារៀក៏ដោយ។ (ម៉ាថ. ១:១៨-២០) ជាប្ដីប្រពន្ធ ពួកគេបានធ្វើតាមក្រឹត្យរបស់សេសារ ហើយក៏ធ្វើតាមច្បាប់ម៉ូសេយ៉ាងដិតដល់ដែរ។ (លូក. ២:១-៥, ២១, ២២) ម្យ៉ាងទៀត ទោះជាមានតែបុរសប៉ុណ្ណោះដែលត្រូវទៅពិធីបុណ្យធំៗខាងសាសនានៅក្រុងយេរូសាឡិមក៏ដោយ តែយ៉ូសែបនិងម៉ារៀ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគាត់ បានទៅក្រុងយេរូសាឡិមជារៀងរាល់ឆ្នាំ។ (ចោ. ១៦:១៦; លូក. ២:៤១) តាមវិធីនេះនិងតាមវិធីផ្សេងៗទៀត គូស្វាមីភរិយានេះដែលកោតខ្លាចព្រះបានព្យាយាមធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះអ្វីៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍លោក។ ហេតុនេះហើយបានជាព្រះយេហូវ៉ាជ្រើសរើសពួកគាត់ឲ្យថែរក្សាបុត្ររបស់លោក ពេលដែលលោកយេស៊ូនៅក្មេងនៅឡើយ។
១៧, ១៨. (ក) តើតាមរបៀបណាដែលគូស្វាមីភរិយាអាចចាត់ទុកព្រះថាសំខាន់ទី១ក្នុងគ្រួសាររបស់ពួកគេ? (ខ) តើនេះនឹងនាំឲ្យពួកគេទទួលប្រយោជន៍យ៉ាងដូចម្ដេច?
១៧ ស្រដៀងគ្នាដែរ តើអ្នកចាត់ទុកព្រះថាសំខាន់បំផុតក្នុងជីវិតគ្រួសាររបស់អ្នក ហើយឲ្យលោកណែនាំអ្នកឬទេ? ជាឧទាហរណ៍ មុនអ្នកត្រូវធ្វើការសម្រេចចិត្តសំខាន់ៗ តើអ្នកស្រាវជ្រាវគោលការណ៍គម្ពីរ អធិដ្ឋានទៅព្រះអំពីរឿងនេះ ហើយក្រោយមក សុំយោបល់ពីគ្រិស្តសាសនិកដែលមានភាពចាស់ទុំឬទេ? ឬក៏តើអ្នកចូលចិត្តដោះស្រាយបញ្ហាតាមគំនិតរបស់អ្នកឬរបស់គ្រួសារនិងមិត្តភក្ដិវិញ? តើអ្នកខំធ្វើតាមយោបល់ល្អៗដែលខ្ញុំបម្រើដ៏ស្មោះត្រង់បានបោះពុម្ពផ្សាយស្តីអំពីអាពាហ៍ពិពាហ៍និងជីវភាពគ្រួសារឬទេ? ឬក៏តើអ្នកធ្វើតាមទម្លាប់ក្នុងតំបន់អ្នកឬតាមយោបល់ដែលមនុស្សពេញនិយមវិញ? តើអ្នកអធិដ្ឋាននិងសិក្សាជាមួយគ្នាយ៉ាងទៀងទាត់ កំណត់គោលដៅក្នុងកិច្ចបម្រើព្រះ ហើយពិភាក្សាអំពីអាទិភាពរបស់គ្រួសារអ្នកឬទេ?
១៨ ស្តីអំពីអាពាហ៍ពិពាហ៍របស់ពួកគាត់ដែលប្រកបដោយសុភមង្គលអស់៥០ឆ្នាំហើយ រ៉េបានពោលថា៖ «យើងមិនដែលមានបញ្ហាណាដែលយើងមិនអាចដោះស្រាយបានឡើយ ដោយសារយើងបានទុកព្រះយេហូវ៉ាជាពួរមួយនៃ‹ពួរ៣ធ្លុង›របស់យើង»។ (សូមអាន សាស្ដា ៤:១២) ដានីនិងទ្រីណាក៏យល់ស្របដែរ។ ពួកគាត់បានស្រដីថា៖ «កាលដែលយើងបម្រើព្រះជាមួយគ្នា ចំណងអាពាហ៍ពិពាហ៍របស់យើងគឺកាន់តែរឹងមាំឡើង»។ ពួកគាត់បានរៀបការយ៉ាងសប្បាយរីករាយជាង៣៤ឆ្នាំហើយ។ បើអ្នកតែងតែចាត់ទុកព្រះថាសំខាន់ទី១ក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នក នោះលោកនឹងជួយអ្នកឲ្យមានជោគជ័យ ហើយនឹងឲ្យពរជាច្រើនដល់អ្នក។—ទំនុក. ១២៧:១
ចូរបន្តឲ្យតម្លៃចំពោះអំណោយរបស់ព្រះ
១៩. ហេតុអ្វីបានជាព្រះឲ្យអំណោយជាអាពាហ៍ពិពាហ៍?
១៩ សព្វថ្ងៃ មនុស្សជាច្រើនខ្វល់តែអំពីសុភមង្គលរបស់ខ្លួនគេប៉ុណ្ណោះ។ ប៉ុន្តែអ្នកបម្រើរបស់ព្រះយេហូវ៉ាមានទស្សនៈផ្សេង។ គាត់ដឹងថាព្រះបានឲ្យអំណោយជាអាពាហ៍ពិពាហ៍ដើម្បីសម្រេចគោលបំណងរបស់លោក។ (លោ. ១:២៦-២៨) បើអាដាមនិងអេវ៉ាបានឲ្យតម្លៃចំពោះអំណោយនោះ ផែនដីទាំងមូលនឹងក្លាយទៅជាសួនឧទ្យានដែលពោរពេញទៅដោយមនុស្សសុចរិតនិងមានសុភមង្គល ដែលបម្រើព្រះ។
២០, ២១. (ក) ហេតុអ្វីយើងត្រូវចាត់ទុកអាពាហ៍ពិពាហ៍ថាពិសិដ្ឋ? (ខ) នៅសប្ដាហ៍ក្រោយ តើយើងនឹងសិក្សាអំពីអំណោយអ្វី?
២០ អ្នកបម្រើព្រះចាត់ទុកអាពាហ៍ពិពាហ៍ជាឱកាសមួយដើម្បីលើកតម្កើងព្រះយេហូវ៉ា។ (សូមអាន កូរិនថូសទី១ ១០:៣១) ដូចយើងបានឃើញស្រាប់ហើយ ភក្ដីភាព សាមគ្គីភាពនិងការចាត់ទុកព្រះថាសំខាន់បំផុត ធ្វើឲ្យព្រះពេញចិត្ត ហើយពង្រឹងចំណងអាពាហ៍ពិពាហ៍។ ដូច្នេះ ទោះជាយើងកំពុងប្រុងប្រៀបរៀបការ ពង្រឹងចំណងអាពាហ៍ពិពាហ៍ ឬខិតខំរក្សាអាពាហ៍ពិពាហ៍របស់យើងក្ដី មុនបង្អស់យើងត្រូវចាត់ទុកអាពាហ៍ពិពាហ៍ថាជារបៀបរៀបចំមួយដ៏ពិសិដ្ឋដែលមកពីព្រះ។ ការចាំជានិច្ចនូវសេចក្ដីពិតនេះនឹងជំរុញចិត្តយើងឲ្យខំអស់ពីសមត្ថភាពដើម្បីធ្វើការសម្រេចចិត្តផ្សេងៗដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយផ្អែកលើបណ្ដាំរបស់ព្រះ។ តាមវិធីនេះ យើងមិនត្រឹមតែបង្ហាញថាយើងឲ្យតម្លៃចំពោះអាពាហ៍ពិពាហ៍ដែលជាអំណោយពីព្រះប៉ុណ្ណោះទេ តែក៏បង្ហាញការគោរពចំពោះព្រះយេហូវ៉ាដែលជាអ្នកផ្ដល់អំណោយនោះដែរ។
២១ ពិតមែន អាពាហ៍ពិពាហ៍មិនមែនជាអំណោយតែមួយដែលព្រះឲ្យយើងទេ ហើយក៏មិនមែនជាវិធីតែមួយគត់ដែលនាំឲ្យមានសុភមង្គលក្នុងជីវិតឡើយ។ នៅអត្ថបទបន្ទាប់ យើងនឹងពិនិត្យមើលអំណោយដ៏មានតម្លៃមួយទៀតពីព្រះ ពោលគឺអំណោយជាភាពនៅលីវ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើភក្ដីភាពគួរមានឥទ្ធិពលយ៉ាងណាលើគ្រិស្តសាសនិកដែលបានរៀបការហើយ?
• ហេតុអ្វីការធ្វើអ្វីៗជាមួយគ្នាដោយសាមគ្គីភាពពង្រឹងអាពាហ៍ពិពាហ៍?
• តើគូស្វាមីភរិយាអាចចាត់ទុកព្រះថាសំខាន់បំផុតក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេតាមរបៀបណាខ្លះ?
• តើយើងអាចបង្ហាញការគោរពយ៉ាងដូចម្ដេចចំពោះព្រះយេហូវ៉ាដែលជាអ្នកផ្ដើមឲ្យមានអាពាហ៍ពិពាហ៍ដំបូង?
[រូបភាពនៅទំព័រ១៧]
ពេលប្ដីប្រពន្ធធ្វើអ្វីៗជាមួយគ្នា នេះនឹងជួយពួកគេឲ្យរក្សាសាមគ្គីភាព