តើលោកអ្នកដឹងឬទេ?
តើមេបញ្ជាការកងទ័ពរ៉ូមមានតួនាទីអ្វី?
រូបចម្លាក់មេបញ្ជាការ ឈ្មោះម៉ាគុស ហ្វេវូនាស ហ្វេសេឡឺស
បទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចបានរៀបរាប់ខ្លះៗអំពីមេបញ្ជាការកងទ័ពរ៉ូម។ ជាឧទាហរណ៍ នាយទាហានម្នាក់ដែលឈរមើលការប្រហារជីវិតលោកយេស៊ូ ក៏មានឋានៈជាមេបញ្ជាការដូចកូនេលាសដែរ។ កូនេលាសជាជនជាតិដទៃដែលបានដូរមកកាន់គ្រិស្តសាសនាមុនគេ។ រីឯនាយទាហានម្នាក់ដែលបានត្រួតពិនិត្យការធ្វើទារុណកម្មសាវ័កប៉ូល និងយូលាសដែលនាំប៉ូលទៅឯក្រុងរ៉ូម ពួកគេក៏ជាមេបញ្ជាការផងដែរ។—ម៉ាកុស ១៥:៣៩; សកម្មភាព ១០:១; ២២:២៥; ២៧:១
ជាធម្មតា មេបញ្ជាការមានកូនទាហានពី៥០នាក់ដល់១០០នាក់។ គាត់មានតួនាទីបង្វឹកបង្វឺន និងប្រៀនប្រដៅពលទាហានទាំងនោះ ហើយត្រួតពិនិត្យមើលសម្លៀកបំពាក់និងគ្រឿងចម្បាំងផ្សេងៗ ព្រមទាំងដឹកនាំពលទាហានក្នុងអំឡុងពេលប្រយុទ្ធគ្នា។
បើកូនទាហានម្នាក់នឹងឡើងតំណែង នោះតំណែងខ្ពស់បំផុតដែលគាត់អាចទទួលបានគឺជាមេបញ្ជាការ។ អ្នកដែលធ្វើជាមេបញ្ជាការ គឺជាអ្នកដែលពូកែដឹកនាំកងទ័ពរបស់ខ្លួន។ កងទ័ពរ៉ូមមានវិន័យនិងពូកែធ្វើសង្គ្រាមគឺដោយសារមេបញ្ជាការ។ យោងទៅតាមឯកសារមួយ មេបញ្ជាការ«ច្រើនតែជាអ្នកដែលមានបទពិសោធន៍ច្រើនជាងគេ និងពូកែដឹកនាំកងទ័ពរបស់ខ្លួន»។
តើកញ្ចក់នៅសម័យគម្ពីរខុសគ្នាពីសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
កញ្ចក់នៅសម័យអេស៊ីបពីបុរាណ
កញ្ចក់នៅសម័យគម្ពីរខុសគ្នាពីកញ្ចក់នៅសព្វថ្ងៃនេះ ពីព្រោះតាមធម្មតាកញ្ចក់នៅសម័យគម្ពីរបានត្រូវធ្វើឡើងពីលោហធាតុ ហើយខាត់ឲ្យរលោង។ លោហធាតុទាំងនោះរួមមានស្ពាន់ ទង់ដែង ប្រាក់ មាស ឬក៏មាសស។ គម្ពីររៀបរាប់អំពីកញ្ចក់មុនដំបូងបង្អស់គឺនៅពេលជនជាតិអ៊ីស្រាអែលសាងសង់ត្រសាលដែលជាកន្លែងគោរពប្រណិប័តន៍ព្រះរបស់ពួកគេ។ ពួកស្ត្រីបានឲ្យកញ្ចក់ដែលធ្វើពីលោហធាតុនោះជាវិភាគទានដើម្បីធ្វើជាចានក្លាំពីលង្ហិន ព្រមទាំងជើងចានក្លាំដែរ។ (និក្ខមនំ ៣៨:៨) តាមមើលទៅ កញ្ចក់ទាំងនោះបានត្រូវដុតរំលាយ ដើម្បីយកមកធ្វើវត្ថុទាំងនោះ។
អ្នកបុរាណវត្ថុវិទ្យាបានរកឃើញកញ្ចក់ពីសម័យគម្ពីរនៅជុំវិញនិងក្នុងស្រុកអ៊ីស្រាអែល ហើយជាទូទៅកញ្ចក់ទាំងនោះមាននៅក្នុងចំណោមគ្រឿងអលង្ការ និងគ្រឿងតុបតែងខ្លួនរបស់ស្ត្រី។ តាមធម្មតា កញ្ចក់ទាំងនោះមានរាងមូល ហើយមានដងដែលមានក្បាច់ធ្វើពីឈើ ដែក ឬស្នែង។ ជាញឹកញយ ដងទាំងនោះមានរាងដូចមនុស្សស្រី។ ជាធម្មតា ផ្នែកខាងក្រោយកញ្ចក់ទាំងនោះមិនរលោងទេ ហើយក៏គ្មានឆ្លាក់ក្បាច់ដែរ។
បើប្រៀបធៀបនឹងកញ្ចក់នៅសព្វថ្ងៃនេះ កញ្ចក់ទាំងនោះនៅសម័យបុរាណមិនសូវភ្លឺទេ។ នេះទំនងជាពន្យល់អំពីអត្ថន័យនៃពាក្យសម្ដីរបស់សាវ័កប៉ូល ពេលគាត់និយាយថា៖ «នៅគ្រាឥឡូវនេះ យើងមើលឃើញស្រពិលៗដូចមើលក្នុងដែកឆ្លុះមុខ»។—កូរិនថូសទី១ ១៣:១២