អ្នកត្រួសត្រាយពេញពេលផ្ដល់ជំនួយដល់អ្នកឯទៀត
១ ព្រះយេស៊ូមានបន្ទូលថា៖ «ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ឲ្យសូមអង្វរដល់ព្រះអម្ចាស់ចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់»។ ដោយព្រោះពួកអ្នកច្រូតនៅសតវត្សទីមួយមានចំនួនតិច ហើយពួកគេនៅមានកន្លែងផ្សាយច្រើនទៀត នោះព្រះយេស៊ូក៏អាចចាត់ពួកគេឲ្យទៅផ្សាយដល់មនុស្សឲ្យបានច្រើនជាទីបំផុត ដោយចាត់ឲ្យទៅម្នាក់ឯង។ ផ្ទុយទៅវិញ ទ្រង់«ចាត់ឲ្យគេទៅមួយគូៗ»។ (លូកា ១០:១, ២) ហេតុអ្វីមួយគូៗ?
២ ពួកសិស្សទាំងអស់នោះ គឺថ្មីថ្មោងហើយគ្មានការពិសោធន៍។ ដោយធ្វើការជាមួយគ្នា ពួកគេអាចរៀនហើយលើកទឹកចិត្តគ្នាទៅវិញទៅមក។ ដូចដែលស្តេចសាឡូម៉ូនមានបន្ទូលមកអញ្ចឹង «គ្នា២នាក់ នោះវិសេសជាងនៅតែឯង»។ (សាស្ដា ៤:៩, ១០) សូម្បីតែក្រោយពីបានត្រូវចាក់វិញ្ញាណបរិសុទ្ធមកនៅបុណ្យភិន្ដាកុស ឆ្នាំ៣៣ ស.យ. ប៉ុល បាណាបាស និងអ្នកឯទៀតទៅជាមួយមិត្តមានជំនឿដូចគ្នាក្នុងកិច្ចបំរើ។ (កិច្ចការ ១៥:៣៥) តើនេះជាឯកសិទ្ធិដ៏ល្អអ្វីម្ល៉េះហ្ន៎ ចំពោះអ្នកខ្លះដែលបានត្រូវអប់រំដ៏ផ្ទាល់ពីបងប្អូនប្រុស ដែលមានសមត្ថភាពបែបនេះ!
៣ កម្មវិធីអប់រំដ៏ល្អមួយ: ដូចពួកនៅសតវត្សទីមួយ ក្រុមជំនុំគ្រីស្ទានសម័យទំនើបនេះ គឺជាអង្គការខាងការផ្សព្វផ្សាយ។ អង្គការនេះក៏ផ្ដល់ឲ្យការអប់រំដល់យើងដែរ។ ជាបុគ្គលម្នាក់ៗ សេចក្ដីប្រាថ្នាដ៏អស់ពីដួងចិត្តរបស់យើង គឺសំរាប់ផ្ដល់ដំណឹងល្អដ៏ប្រសិទ្ធិភាពជាទីបំផុត។ ដូច្នេះ គឺមានជំនួយដើម្បីឲ្យអ្នកផ្សាយជាច្រើនអាចមានការប្រសើរក្នុងការប៉ិនប្រសប់របស់គេឡើង។
៤ នៅសាលាខាងកិច្ចបំរើព្រះរាជាណាចក្រដែលទើបតែមានថ្មីៗនេះ សមាគមបានប្រកាសកម្មវិធីសំរាប់អ្នកត្រួសត្រាយពេញពេល ដើម្បីជួយអ្នកឯទៀត។ តើមានសេចក្ដីត្រូវការក្នុងរឿងនេះទេ? ពិតហើយ គឺមានមែន។ ក្នុងបីឆ្នាំកន្លះកន្លងទៅនេះ មានអ្នកផ្សាយជាងមួយលាននាក់ដែលបានធ្វើបុណ្យជ្រមុជទឹក ហើយភាគច្រើនត្រូវការការអប់រំ ដើម្បីឲ្យមានការប៉ិនប្រសប់ក្នុងកិច្ចការផ្សាយ។ តើអាចប្រើអ្នកណាដើម្បីបំពេញកិច្ចការនេះ?
៥ អ្នកត្រួសត្រាយពេញពេលអាចជួយបាន។ អង្គការព្រះយេហូវ៉ាផ្ដល់ពួកគេនូវឱវាទហើយការអប់រំជាច្រើន។ អ្នកត្រួសត្រាយពេញពេលទទួលការបង្រៀនដែលប្រែប្រួលទៅតាមសេចក្ដីត្រូវការរបស់គេ ក្នុងពេលទៅសាលាខាងកិច្ចបំរើជាអ្នកត្រួតត្រាយពេញពេលពីសប្ដាហ៍។ ពួកគេក៏មានផលប្រយោជន៍ពីការជួបជាមួយនឹងអ្នកត្រួតពិនិត្យមណ្ឌលនិងអ្នកត្រួតពិនិត្យតំបន់ ហើយក៏ទទួលការដឹកនាំពីអ្នកចាស់ទុំដែរ។ ថ្វីបើអ្នកត្រួសត្រាយទាំងប៉ុន្មានមិនមានការពិសោធន៍ដូចប៉ុល បាណាបាសក៏ដោយ ពួកគេបានទទួលការអប់រំដ៏មានតម្លៃ ដែលគេសប្បាយរីករាយនឹងចែកចាយ។
៦ តើនឹងមានប្រយោជន៍ដល់អ្នកណា? តើការចូលរួមក្នុងកម្មវិធីនេះ សំរាប់តែអ្នកផ្សាយថ្មីៗ ឬចំពោះអ្នកទើបតែធ្វើបុណ្យជ្រមុជទឹកប៉ុណ្ណោះទេឬ? គឺមិនមែនទេ! ពួកក្មេងៗនិងចាស់ៗណាដែលមានសេចក្ដីពិតយូរឆ្នាំមកហើយ នឹងអបអរក្នុងការជួយនូវកន្លែងខ្លះៗក្នុងកិច្ចបំរើផ្សាយដែរ។ អ្នកខ្លះធ្វើការដ៏អស្ចារ្យក្នុងការផ្ដល់ឧបករណ៍ផ្សាយ ប៉ុន្តែមានការពិបាកក្នុងការត្រឡប់ទៅជួបវិញ ឬការចាប់ផ្ដើមសិក្សាព្រះគម្ពីរ។ អ្នកឯទៀតប្រហែលចាប់ផ្ដើមបង្រៀនព្រះគម្ពីរយ៉ាងស្រួល ប៉ុន្តែមើលទៅសិស្សគ្មានការលូតលាស់សោះ។ តើអ្វីទៅដែលបង្អាក់មិនឲ្យមានការលូតលាស់នោះ? អ្នកត្រួសត្រាយពេញពេលដែលមានការពិសោធន៍ ប្រហែលអាចសុំឲ្យជួយក្នុងរឿងនេះ។ អ្នកត្រួសត្រាយពេញពេលខ្លះ គឺមានការប៉ិនប្រសប់ខាងបណ្ដុះឲ្យមានការចាប់អារម្មណ៍ ចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ហើយប្រាប់សិស្សថ្មីៗឲ្យដឹងច្បាស់អំពីអង្គការព្រះ។ ការពិសោធន៍របស់គេនឹងមានប្រយោជន៍ក្នុងកម្មវិធីថ្មីនេះ។
៧ តើតារាងពេលរបស់អ្នកមិនអនុញ្ញាតឲ្យអ្នកគាំទ្រកិច្ចប្រជុំក្រុមជំនុំឲ្យបានរឿយៗ សំរាប់កិច្ចផ្សាយឲ្យបានច្រើនជាទីបំផុត ដូចដែលអ្នកចង់នោះទេ? អ្នកត្រួសត្រាយពេញពេលប្រហែលអាចជួយអ្នក នៅពេលដែលអ្នកផ្សាយឯទៀតមិនទំនេរ។
៨ ត្រូវការសហប្រតិបត្ដិការល្អ: ពីរដងក្នុងមួយឆ្នាំ ពួកអ្នកចាស់ទុំនឹងរៀបចំជាមួយអ្នកផ្សាយណា ដែលមានបំណងចង់បានជំនួយ ដើម្បីចូលរួម ក្នុងកម្មវិធី «អ្នកត្រួសត្រាយពេញពេលផ្ដល់ជំនួយដល់អ្នកឯទៀត»។ ប្រសិនជាអ្នកយល់ព្រមទទួលការជួយបែបនេះ ត្រូវជួបជាមួយអ្នកត្រួសត្រាយពេញពេល ដែលបានចាត់ឲ្យជួយអ្នក ដោយរៀបចំតារាងពេលដែលអាចមានប្រយោជន៍សំរាប់កិច្ចបំរើ ហើយត្រូវធ្វើឲ្យបានដូចតារាងពេលនោះ។ ចូររក្សាទុកពេលណាត់ជួបគ្នានោះ។ កាលដែលអ្នកធ្វើការជាមួយគ្នា សូមកត់សំគាល់នូវផ្លូវដ៏មានប្រសិទ្ធភាពសំរាប់ផ្សាយដំណឹងល្អ។ សូមវែកញែកនូវមូលហេតុដែលរបៀបនិយាយខ្លះៗមានប្រសិទ្ធិភាព។ សូមយកចិត្តទុកដាក់នឹងយោបល់ ដែលអ្នកត្រួសត្រាយពេញពេលអាចផ្ដល់សំរាប់ការលូតលាស់ក្នុងការហាត់និយាយរបស់អ្នក។ កាលណាអ្នកធ្វើតាមអ្វីដែលអ្នកបានរៀន ការលូតលាស់ក្នុងកិច្ចបំរើរបស់អ្នកនឹងឃើញជាក់ស្តែង ចំពោះអ្នកនិងអ្នកឯទៀត។ (សូមមើល ធីម៉ូថេទី១ ៤:១៥) សូមធ្វើការជាមួយគ្នាឲ្យបានច្រើន ដោយចូលរួមក្នុងការផ្សាយទាំងអស់ រួមបញ្ចូលការធ្វើទីបន្ទាល់ក្រៅផ្លូវការ ប៉ុន្តែយកចិត្តទុកដាក់នៅកន្លែងណាអ្នកផ្ទាល់ត្រូវការជួយ។
៩ អ្នកត្រួតពិនិត្យកិច្ចបំរើគឺចង់ដឹងនូវការរីកចំរើន។ យូរៗម្ដង គាត់នឹងឆែកជាមួយអ្នកបង្រៀនក្រុមសិក្សាតាមក្រុមជំនុំ ដើម្បីចង់ដឹងថា អ្នកមានប្រយោជន៍យ៉ាងណាពីកម្មវិធីនេះ។ អ្នកត្រួតពិនិត្យមណ្ឌលក៏នឹងជួយអ្នកដែរ ពេលដែលគាត់មកក្រុមជំនុំអ្នក។
១០ ព្រះយេហូវ៉ាចង់ឲ្យរាស្ត្ររបស់ទ្រង់មានការអប់រំ និង«មានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការគ្រប់មុខ»។ (ធីម៉ូថេទី២ ៣:១៧) សូមចាត់ទុកកម្មវិធី «អ្នកត្រួសត្រាយពេញពេលផ្ដល់ជំនួយដល់អ្នកឯទៀត» ជាសំវិធានការដ៏ល្អមួយ ដើម្បីជួយអ្នកណាដែលមានគោលបំណងចង់ចំរើនសមត្ថភាពរបស់គេ ដើម្បីផ្សាយពាក្យបន្ទូលរបស់ព្រះ។ ប្រសិនជាអ្នកមានឯកសិទ្ធិ ដើម្បីមានចំណែកក្នុងរឿងនេះ សូមធ្វើដោយដឹងគុណ ការរាបទាប ហើយដោយអំណរផង។