ចូរទទួលប្រយោជន៍ពីកម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យ នៅឆ្នាំ១៩៩៩
១ ព្រះយេស៊ូជាគ្រូដ៏ឧត្តម។ ពួកបណ្ដាជន«នឹកប្លែកក្នុងចិត្ត ពីសេចក្ដីបង្រៀនរបស់ទ្រង់»។ (ម៉ាកុស ១:២២) ទោះជាយើងគ្រប់គ្នាមិនអាចនិយាយនិងបង្រៀនឲ្យបានប្រសើរដូចព្រះយេស៊ូក៏ដោយ ក៏យើងអាចខំប្រឹងយកតម្រាប់តាមទ្រង់ដែរ។ (កិច្ចការ ៤:១៣) ដើម្បីឲ្យសម្រេចគោលដៅនេះ ការចូលរួមក្នុងកម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យ នឹងជួយយើងឲ្យបន្តបានរីកចំរើននូវសមត្ថភាពខាងការនិយាយនិងការបង្រៀនរបស់យើង។
២ នៅឆ្នាំ១៩៩៩ ការអធិប្បាយទី ១ នឹងមានមូលដ្ឋានច្រើនតែពីអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ឆ្នាំ១៩៩៦និង១៩៩៧។ ការយល់របស់យើងលើរឿងខាងវិញ្ញាណនឹងបានប្រសើរឡើងក្រៃលែង ប្រសិនបើយើងអាចអានពត៌មាននេះទុកជាមុន ហើយក្រោយមកឮពត៌មាននេះត្រូវគេអធិប្បាយក្នុងកម្មវិធីសាលានោះ។ អស់អ្នកដែលបានចាត់ចែងឲ្យថ្លែងការអធិប្បាយនេះ គួរបង្ហាញប្រយោជន៍នៃពត៌មាននេះ ហើយថ្លែងតាមរបៀបដ៏គួរឲ្យចាប់អារម្មណ៍និងឲ្យរស់រវើក។ ការអធិប្បាយលេខ៣ និងលេខ៤ នឹងមានមូលដ្ឋានពីសៀវភៅរស់នៅជានិរន្តរ៍ និងសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ អ្នកត្រួតពិនិត្យសាលាគួរគិតអំពីពត៌មានឲ្យមែនទែន មុននឹងប្រគល់ឲ្យការអធិប្បាយនិមួយៗ។
៣ អនុវត្តតាមឱវាទ ហើយរៀបចំឲ្យបានល្អ: យើងគ្រប់គ្នាអាចធ្វើឲ្យមានការប្រសើរឡើងទៀត ខាងការប៉ិនប្រសប់ខាងការនិយាយនិងការបង្រៀន។ (ធីម៉ូថេទី១ ៤:១៣) ដូច្នេះ យើងត្រូវទទួលយកឱវាទ មិនត្រូវចាត់ទុកជាអ្វីដែលត្រូវជៀសវាងនោះទេ។ (សុភាសិត ១២:១៥; ១៩:២០) ការសម្ដែងសេចក្ដីពិតដោយប្រសិទ្ធិភាពនៅឯកិច្ចប្រជុំ និងក្នុងកន្លែងផ្សាយ តម្រូវឲ្យមានច្រើនជាង ការរៀបរាប់នូវហេតុការណ៍ពិត ឬអានបទគម្ពីរតាមរបៀបដែលធ្វើគ្រាន់តែគម្រប់កិច្ចនោះទេ។ យើងត្រូវតែបង្រៀនដល់ចិត្ត ហើយជំរុញទឹកចិត្តអស់អ្នកដែលស្ដាប់យើង។ យើងអាចធ្វើបែបនេះ ដោយនិយាយអំពីសេចក្ដីពិតដោយរបៀបដ៏គួរឲ្យជឿស៊ប់ពីចិត្តរបស់យើង។ (ប្រៀបមើល កិច្ចការ ២:៣៧) ឱវាទដែលយើងទទួលពីសាលានេះ នឹងជួយយើងឲ្យសម្រេចកិច្ចការនេះ។
៤ ពេលយើងទទួលកិច្ចការអធិប្បាយមួយភ្លាម ចូរគិតអំពីគុណភាពនិយាយ ដែលអ្នកត្រូវហាត់ ដូចបានពន្យល់ក្នុង សៀវភៅណែនាំពីសាលា។ (ភាសាអង់គ្លេស) ចូរពិចារណានូវអ្វីដែលអ្នកត្រូវធ្វើ ដើម្បីអនុវត្តតាមឱវាទពីមុន ដែលអ្នកបានទទួលនោះ។ ចូររំពឹងគិតលើចំណងជើង និងពីលំដាប់រៀបចំអ្នកនឹងប្រើ បើត្រូវការនោះ និងពីរបៀបដែលអ្នកនឹងអនុវត្តបទគម្ពីរក្នុងពត៌មានរបស់អ្នក។ ចូរសញ្ជឹងគិតនូវរបៀបដ៏ប្រសើរណា ដើម្បីប្រើពត៌មាននេះ ក្នុងការបង្រៀននិងជំរុញទឹកចិត្ត។—ធីម៉ូថេទី១ ៤:១៥, ១៦
៥ ប្រសិនបើអ្នកថប់ចិត្តអំពីការចុះឈ្មោះក្នុងសាលានេះ ចូរអធិស្ឋានអំពីរឿងនេះ ហើយរួចមកពិគ្រោះជាមួយអ្នកត្រួតពិនិត្យសាលាអំពីអារម្មណ៍របស់អ្នក។ មនុស្សគ្រប់គ្នាអាចទទួលប្រយោជន៍ ដោយឆ្លៀតយកប្រយោជន៍ពីកម្មវិធីនេះ ដែលនឹងសម្ដែងក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យនៅក្នុង១៩៩៩។