«ខ្ញុំកាន់ជំហរមាំមួន! ខ្ញុំកាន់ជំហរមាំមួន! ខ្ញុំកាន់ជំហរមាំមួន!»
១ ពាក្យនេះគឺជាពាក្យរបស់គ្រីស្ទានស្មោះត្រង់ម្នាក់ ដែលបានរួចរស់ជីវិតពីការប្រល័យពូជសាសន៍ដោយពួកណាត្ស៊ី គឺស្មើនិងការតាំងចិត្តរបស់ស្មរបន្ទាល់រាប់ពាន់នាក់ទៀត ទាំងអ្នកដែលនៅរស់និងអ្នកដែលបានស្លាប់ទៅហើយនោះ ដែលបានកាន់ខ្ជាប់នឹងជំនឿរបស់គេ ទោះជាបានរងទុក្ខនឹងការប្រព្រឹត្តដ៏ឃោរឃៅក្នុងកណ្ដាប់ដៃពួកណាត្ស៊ីក៏ដោយ។ (អេភេសូរ ៦:១១, ១៣) រឿងដ៏គួរឲ្យរំជើបរំជួលក្នុងចិត្តនេះ បង្ហាញពីចិត្តក្លាហាននិងជ័យជំនះរបស់គេ ដែលបានត្រូវរៀបរាប់ក្នុងវីដេអូដែលមានចំណងជើងថា ស្មរបន្ទាល់ព្រះយេហូវ៉ាកាន់ជំហរមាំមួននឹងការប្រយុទ្ធពីរបបណាត្ស៊ី។ ទាំងអស់គ្នាក្នុងក្រុមជំនុំគួរមើលវីដេអូនោះ ហើយវិភាគយោបល់និងអារម្មណ៍របស់គ្នាទៅវិញទៅមក។
២ សូមគិតពិចារណាពីសំនួរដូចតទៅនេះ: (១) ហេតុអ្វីបានជាស្មរបន្ទាល់ព្រះយេហូវ៉ាបានកាន់ជំហរមាំមួនទាស់នឹងពួកណាត្ស៊ី? (២ក) តើបានមានការប្រឆាំងអ្វីកើតឡើងដែលទាក់ទងនឹងពាក្យគំនាប់មួយ? ហើយហេតុអ្វី? (២ខ) តើនេះប៉ះពាល់ទៅលើក្រុមគ្រួសារស្មរបន្ទាល់យ៉ាងណា? (៣) តើស្មរបន្ទាល់ប៉ុន្មាននាក់ដែលបានបញ្ជូនទៅជំរំឃុំឃាំង? តើអ្នកទាំងនោះត្រូវសម្គាល់យ៉ាងដូចម្ដេចក្នុងជំរំ? ហើយតើទាហានហ្គេស្ដាប៉ូ បានប្រព្រឹត្តយ៉ាងណាចំពោះពួកគេ? (៤) តើបងប្អូនរបស់យើងមិនសុខចិត្តធ្វើអ្វី ដើម្បីទទួលសេរីភាពនោះ? (៥ក) តើតាមរបៀបណា និងនៅពេលណា ដែលស្មរបន្ទាល់ព្រះយេហូវ៉ាបាននិយាយប្រឆាំងនឹងអំពើព្រៃផ្សៃនៃរបបហ៊ីត្លែ? (៥ខ) តើហ៊ីត្លែបានមានប្រតិកម្មតបវិញយ៉ាងណា? (៦) តើតាមរបៀបណាដែលសាមគ្គីភាពនៃរាស្ត្ររបស់ព្រះយេហូវ៉ា បានជួយសង្គ្រោះជីវិតរបស់គេផ្ទាល់និងអ្នកឯទៀត ទាំងខាងរាងកាយនិងខាងវិញ្ញាណ? (៧) តើចំរៀងមួយណាខាងព្រះរាជាណាចក្រដែលបានត្រូវសរសេរក្នុងជំរំឃុំឃាំង? (៨) តើគំរូរបស់បុរស ស្ត្រី និងយុវជនស្មោះត្រង់ណាខ្លះ ដែលលើកទឹកចិត្តអ្នកឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ទោះជាមានអ្វីកើតឡើងក៏ដោយ? (សូមមើល សៀវភៅប្រចាំឆ្នាំ ឆ្នាំ១៩៩៩ ទំព័រ១៤៤-១៤៧) (៩) ដោយសារអ្នកជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ដែរ តើវីដេអូនេះនាំឲ្យអ្នកមានអារម្មណ៍យ៉ាងណា ចំពោះការរក្សាខ្លួនដោយឡែកពីលោកីយ៍?
៣ គំរូដ៏ល្អនៃស្មរបន្ទាល់ព្រះយេហូវ៉ាដែលត្រូវសម្ដែងមកក្នុងវីដេអូកាន់ជំហរមាំមួន អាចជួយយុវជន ហើយសូម្បីតែមិនមែនជាស្មរបន្ទាល់អាចមានសមត្ថភាពប្រឈមមុខនឹងរឿងសំខាន់ៗដូចជាការមិនត្រាប្រណី ការបង្ខិតបង្ខំពីពួកម៉ាក និងមនសិការ។ បើសិនជាអ្នកគឺជាយុវជនម្នាក់ ដែលកំពុងតែសិក្សានៅថ្នាក់មធ្យមឬក៏ខ្ពស់ជាង តើអ្នកអាចឲ្យលោកគ្រូអ្នកគ្រូរបស់អ្នកប្រើពត៌មាននេះក្នុងថ្នាក់អ្នកបានទេ? ប្រហែលជាអ្នកអាចស្នើផ្ដល់ឲ្យគេវីដេអូមួយ ដោយពន្យល់ថា នោះគឺជាកំណត់ហេតុប្រវត្ដិសាស្ត្រដែលមិនសូវមានគេស្គាល់ទូទៅ ឬក៏នាទីឯកសារដែលបញ្ជាក់អំពីមេរៀនខាងសីលធម៌។
៤ វីដេអូកាន់ជំហរមាំមួន គឺជាឧបករណ៍មួយដ៏ប្រសើរសំរាប់ការបង្ហាញពីរបៀបបង្រៀនពីព្រះ ផ្ដល់មកយើងនូវកម្លាំងខាងវិញ្ញាណដើម្បីពេញព្រះហឫទ័យរបស់ព្រះ ដោយការកាន់យ៉ាងមាំមួនតាមអ្វីដ៏ត្រឹមត្រូវ។ (កូរិនថូសទី១ ១៦:១៣) ចូរបង្ហាញវីដេអូនោះដល់អស់អ្នកណាដែលចាប់អារម្មណ៍ទៅលើសេចក្ដីពិត។