គ្រាបុណ្យរំឭកជាពេលសំរាប់បង្កើនសកម្មភាពផ្សព្វផ្សាយ
១ រាល់ឆ្នាំនៅថ្ងៃដែលបានកំណត់ ជនជាតិអ៊ីស្រាអែលនៅសម័យបុរាណធ្លាប់ប្រារព្ធ«ថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា»។ (លេវី. ២៣:២) ការឆ្លៀតពេលរំពឹងគិតទៅលើសេចក្ដីល្អដែលព្រះបានប្រោសដល់ពួកគេ បានធ្វើឲ្យមានអំណរក្រៃលែងហើយក៏បានជំរុញឲ្យពួកគេខ្នះខ្នែងចំពោះការថ្វាយបង្គំពិត។—២របា. ៣០:២១-៣១:២
២ នៅសម័យយើងដែរ ជារៀងរាល់ឆ្នាំយើងបង្កើនសកម្មភាពខាងវិញ្ញាណពេលដែលគ្រាបុណ្យរំឭកជិតឈានចូលមកដល់។ នោះជាគ្រាដែលយើងរំពឹងគិតយ៉ាងជ្រាលជ្រៅអំពីអំណោយដ៏មានតម្លៃក្រៃលែងដែលព្រះយេហូវ៉ាបានប្រទានចំពោះយើង ពោលគឺព្រះរាជបុត្រាតែមួយរបស់ទ្រង់។ (យ៉ូន. ៣:១៦; ១ពេ. ១:១៨, ១៩) នៅពេលដែលយើងរំពឹងគិតអំពីសេចក្ដីស្រឡាញ់ដែលព្រះនិងព្រះរាជបុត្រារបស់ទ្រង់បានសម្ដែង នោះគួរជំរុញយើងឲ្យសរសើរព្រះយេហូវ៉ាហើយព្យាយាមធ្វើតាមព្រះហឫទ័យរបស់ទ្រង់។—២កូ. ៥:១៤, ១៥
៣ ឆ្នាំនេះពិធីអាហារល្ងាចរបស់ព្រះអម្ចាស់នឹងត្រូវប្រារព្ធនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ក្រោយថ្ងៃលិច។ តើយើងអាចធ្វើដូចម្ដេចដើម្បីចូលរួមឲ្យបានច្រើនជាងក្នុងកិច្ចបំរើផ្សាយនៅកំឡុងខែមីនា មេសា និងឧសភានោះ?
៤ ការរកជួបមនុស្សឲ្យបានច្រើនជាង: ពេលដែលផ្សព្វផ្សាយ ចូររកវិធីជួបមនុស្សឲ្យបានច្រើនបំផុត។ តើអ្នកអាចកំណត់ពេលខ្លះសំរាប់ចូលរួមក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយបានឬទេនៅពេលរសៀលឬល្ងាចជាដើម ជាពេលដែលមានមនុស្សច្រើនជាងនៅផ្ទះនោះ? ប្រសិនបើបងប្អូនខ្លះក្នុងក្រុមសិក្សាសៀវភៅរបស់អ្នកចង់ចូលរួមកិច្ចផ្សាយមុនប្រជុំ អ្នកត្រួតពិនិត្យក្រុមសិក្សាអាចរៀបចំ ការប្រជុំផ្សព្វផ្សាយមួយយ៉ាងខ្លីដើម្បីទៅផ្សាយនៅតំបន់មួយនៅក្បែរនោះ។
៥ វិធីមួយទៀតដែលយើងអាចជួបមនុស្សជាច្រើន គឺដោយផ្សាយតាមទីសាធារណៈ។ បងស្រីម្នាក់នៅប្រទេសជប៉ុនចង់ត្រួសត្រាយជំនួយទោះជាគាត់ធ្វើការពេញពេលក៏ដោយ។ អ្នកចាស់ទុំម្នាក់បានជូនយោបល់ថា បងស្រីនោះអាចផ្សព្វផ្សាយនៅជិតស្ថានីយរថភ្លើងរាល់ថ្ងៃ មុននឹងទៅកន្លែងធ្វើការ។ ក្រោយគាត់បានយកឈ្នះចរិតអៀនប្រៀនរបស់ខ្លួននិងអារម្មណ៍ខ្មាសដោយសារអ្នកដំណើរសើចឡកឡឺយដាក់គាត់នោះ គាត់រកឃើញមនុស្ស៤០នាក់ដែលចង់ទទួលទស្សនាវដ្ដីជាទៀងទាត់ ដែលក្នុងនោះរួមមានអ្នកដំណើរ អ្នកធ្វើការនៅស្ថានីយរថភ្លើង ហើយអ្នកធ្វើការនៅហាងក្បែរៗនោះទៀតផង។ រៀងរាល់ខែជាមធ្យម គាត់ចែកទស្សនាវដ្ដី២៣៥ក្បាល។ ដោយបង្ហាញមនុស្សនូវចំណុចពីបទគម្ពីរតែប៉ុន្មាននាទីជារៀងរាល់ថ្ងៃនោះ គាត់បានរកឃើញសិស្សព្រះគម្ពីរប្រាំមួយនាក់។
៦ ឱកាសផ្សព្វផ្សាយ: អ្នកផ្សាយជាច្រើននាក់ដែលនៅរៀននៅឡើយ មានពេលដែលឈប់សំរាកពីសាលា។ នេះជាឱកាសល្អដើម្បីត្រួសត្រាយជំនួយ។ ម្យ៉ាងទៀត យុវជនគ្រីស្ទានអាចបង្កើនសកម្មភាពរបស់ពួកគេដោយផ្សព្វផ្សាយនៅឯសាលារៀនទៀត។ ប្រហែលជាមានសិស្សរួមថ្នាក់ជាច្រើននាក់ដែលចង់ដឹងអំពីជំនឿរបស់អ្នក។ អ្នកក៏អាចឆ្លៀតផ្សព្វផ្សាយពេលដែលមានការពិភាក្សាជាថ្នាក់រៀន ឬត្រូវធ្វើតែងសេចក្ដី។ ប្អូនៗឯទៀតក៏ធ្លាប់ផ្សព្វផ្សាយដោយប្រើកាសែតវីដេអូរបស់អង្គការយើង។ អ្នកខ្លះបានចាប់ផ្ដើមការសិក្សាព្រះគម្ពីរជាមួយនឹងសិស្សរួមថ្នាក់ ហើយបានជួយឲ្យពួកគេរីកចំរើនទៅដល់ការថ្វាយខ្លួននិងធ្វើបុណ្យជ្រមុជទឹក។ នេះជាវិធីដ៏ប្រសើរដែលយើងអាច«សរសើរដល់ព្រះនាមព្រះយេហូវ៉ា»។—ទំនុក. ១៤៨:១២, ១៣
៧ ជារៀងរាល់ថ្ងៃ ចូរឆ្លៀតឱកាសដើម្បីនិយាយជាមួយមនុស្សដែលអ្នកជួបអំពីព្រះដ៏ឧត្តុង្គឧត្តមរបស់យើង ហើយសេចក្ដីសន្យាដ៏អស្ចារ្យរបស់ទ្រង់។ បងប្រុសម្នាក់ដែលជិះរថភ្លើងនៅម៉ោងដដែលរាល់ថ្ងៃ គាត់បានផ្សព្វផ្សាយដល់អ្នកដំណើរពេលដែលមានឱកាសសមរម្យ។ ជាឧទាហរណ៍ នៅស្ថានីយរថភ្លើងមួយពេលដែលគាត់កំពុងតែចាំឡើងជិះរថភ្លើង គាត់បានផ្សព្វផ្សាយដល់យុវជនម្នាក់រាល់ថ្ងៃអស់ប្រាំនាទី។ ជាលទ្ធផលយុវជននោះនិងសហការីរបស់គាត់បានយល់ព្រមសិក្សាព្រះគម្ពីរ។ ពួកគេបានសិក្សាព្រះគម្ពីរពេលកំពុងតែធ្វើដំណើរក្នុងរថភ្លើង។ ក្រោយមក ស្ត្រីវ័យចាស់ម្នាក់ដែលបានស្ដាប់ការសន្ទនារបស់ពួកគេ បានទៅសុំសិក្សាព្រះគម្ពីរដែរ។ ឥឡូវគាត់ក៏សិក្សាពេលដែលជិះរថភ្លើងដែរ។ តាមវិធីនេះ គាត់បានសិក្សាជាមួយនឹងមនុស្សដប់នាក់ដែលជិះរថភ្លើង។
៨ ចុះបើអ្នកមិនអាចចេញទៅផ្សាយបានច្រើនដោយសារមានអាយុច្រើនឬបញ្ហាសុខភាពនោះ? ប្រហែលជានៅមានវិធីដែលអ្នកអាចបង្កើនការសរសើរដល់ព្រះយេហូវ៉ា។ តើអ្នកធ្លាប់សាកផ្សព្វផ្សាយតាមទូរស័ព្ទឬដោយសរសេរសំបុត្រទេ? ប្រសិនបើអ្នកមិនច្បាស់អំពីវិធីផ្សព្វផ្សាយតាមវិធីនេះ ចូរនិយាយជាមួយនឹងអ្នកត្រួតពិនិត្យក្រុមសិក្សារបស់អ្នក។ គាត់ប្រហែលជាអាចរៀបចំឲ្យអ្នកផ្សាយដែលធ្លាប់ប្រើវិធីនេះចូលរួមជាមួយនឹងអ្នក។ ដោយផ្សាយជាមួយគ្នា អ្នកទាំងពីរអាចទាញយកបទពិសោធន៍ហើយជួយគ្នាឲ្យមានប្រសិទ្ធភាពក្នុងកិច្ចផ្សាយ។
៩ ការចូលរួមបុណ្យរំឭកប្រហែលជានឹងជំរុញអ្នកថ្មីឲ្យចង់បង្កើនការសរសើរដល់ព្រះយេហូវ៉ាដែរ។ អ្នកអាចជួយពួកគេឲ្យយកឈ្នះអារម្មណ៍ភ័យខ្លាចក្នុងការចូលរួមក្នុងកិច្ចផ្សព្វផ្សាយជាផ្លូវការ ដោយប្រាប់បទពិសោធន៍ល្អៗហើយបង្ហាត់បង្រៀនពួកគេបន្ដិចម្ដងៗឲ្យចេះពន្យល់សេចក្ដីបង្រៀនពីព្រះគម្ពីរហើយការពារជំនឿរបស់ពួកគេ។ (១ពេ. ៣:១៥) ប្រសិនបើសិស្សព្រះគម្ពីរចង់ចាប់ផ្ដើមផ្សាយដំណឹងល្អ ចូរនិយាយជាមួយនឹងប្រធានត្រួតពិនិត្យ។ គាត់នឹងរៀបចំជួបជាមួយនឹងសិស្សដើម្បីដឹងថាតើគាត់មានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមជាមួយនឹងក្រុមជំនុំក្នុងកិច្ចផ្សព្វផ្សាយឬយ៉ាងណា? ពេលដែលព្រះយេហូវ៉ាទតឃើញអ្នកថ្មីគាំទ្រទ្រង់ជាអធិបតីលើសកលលោកនោះ ទ្រង់ច្បាស់ជាមានព្រះទ័យរីករាយណាស់!—សុ. ២៧:១១
១០ តើអ្នកអាចត្រួសត្រាយជំនួយបានទេ? ការផ្សព្វផ្សាយឲ្យគ្រប់៥០ម៉ោងតាមតម្រូវការសំរាប់ការត្រួសត្រាយជំនួយនោះ មិនមែនជារឿងស្រាលនោះទេ។ (ម៉ាថ. ៥:៣៧) នេះមានន័យថាជារៀងរាល់សប្ដាហ៍អ្នកត្រូវរៀបចំចំណាយជាមធ្យម១២ម៉ោងក្នុងកិច្ចផ្សព្វផ្សាយ។ តើកាលវិភាគមួយនៅទំព័រ៤សមស្របតាមកាលៈទេសៈរបស់អ្នកឬទេ? បើមិនដូច្នេះទេ តើអ្នកអាចរៀបចំកាលវិភាគមួយដើម្បីអាចត្រួសត្រាយជំនួយក្នុងខែមីនា មេសា ឬក៏ឧសភាបានទេ? ចូរសូមព្រះយេហូវ៉ាប្រទានពរទៅលើការព្យាយាមរបស់អ្នកក្នុងការបង្កើនកិច្ចផ្សព្វផ្សាយ។—សុ. ១៦:៣
១១ អ្នកចាស់ទុំនិងអ្នកងារជំនួយនឹងគាំទ្រទាំងស្រុងនូវការព្យាយាមរបស់អ្នកក្នុងការធ្វើឲ្យគ្រាបុណ្យរំឭកជាគ្រាពិសេសសំរាប់លើកសរសើរព្រះយេហូវ៉ា។ ពួកគាត់ជាច្រើននាក់ប្រហែលជានឹងត្រួសត្រាយជំនួយដែរ។ អ្នកចាស់ទុំនឹងរៀបចំឲ្យមានការប្រជុំថែមទៀតសំរាប់ទៅផ្សព្វផ្សាយ ដូចជានៅពេលរសៀល ពេលល្ងាច ហើយនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យតាមដែលត្រូវការ។ ដើម្បីសម្រេចចិត្តថាត្រូវប្រជុំគ្នានៅកន្លែងណា ម៉ោងណា ហើយអ្នកណានឹងនាំមុខនោះ អ្នកចាស់ទុំអាចនិយាយជាមួយនឹងបងប្អូនដែលមានគម្រោងត្រួសត្រាយឬអ្នកដែលកំពុងតែគិតពីការត្រួសត្រាយ។ អ្នកចាស់ទុំនឹងព្យាយាមរៀបចំដើម្បីឲ្យមានអ្នកផ្សាយឯទៀតដែលអាចផ្សព្វផ្សាយជាមួយនឹងអ្នកនៅថ្ងៃដែលអ្នកបានកំណត់សំរាប់ចេញទៅផ្សាយនោះ។ តាមវិធីនេះ អស់ទាំងគម្រោងនឹងបានសំរេចមែនទែន ហើយនឹងបានលទ្ធផលល្អជាច្រើន។—សុ. ២០:១៨
១២ ចូរខំអស់ពីសមត្ថភាព: ប្រសិនបើអ្នកមិនអាចត្រួសត្រាយជំនួយដោយសារកាលៈទេសៈរបស់ខ្លួននោះ ចូរចាំថាព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងការព្យាយាមហើយការលះបង់របស់យើង«តាមដែលមាន មិនមែនតាមដែលគ្មាននោះទេ»។ (២កូ. ៨:១២) យើងមានហេតុជាច្រើនដែលគួរអរព្រះគុណព្រះយេហូវ៉ា។ ដោយហេតុនោះដាវីឌបានសរសេរថា៖ «ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលា សេចក្ដីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច»។ (ទំនុក. ៣៤:១) ចូរយើងតាំងចិត្តដូចគ្នាដែរក្នុងកំឡុងគ្រាបុណ្យរំឭក។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើ«ថ្ងៃបុណ្យ»ផ្សេងៗរបស់ជនជាតិអ៊ីស្រាអែលដែលកោតខ្លាចព្រះបានមានឥទ្ធិពលយ៉ាងណាទៅលើពួកគេ?
២, ៣. ហេតុអ្វីគឺសមរម្យដែលយើងបង្កើនសកម្មភាពខាងវិញ្ញាណក្នុងកំឡុងគ្រាបុណ្យរំឭក? តើយើងនឹងប្រារព្ធពិធីបុណ្យរំឭកនៅពេលណាឆ្នាំនេះ?
៤, ៥. (ក) តើអ្វីបានជួយឲ្យបងប្អូនខ្លះជួបមនុស្សបានច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយ? (ខ) តើវិធីណាខ្លះមានប្រសិទ្ធភាពនៅតំបន់របស់អ្នក?
៦. តើយុវជនអាចបង្កើនសកម្មភាពខាងវិញ្ញាណយ៉ាងដូចម្ដេច?
៧. (ក) តើបងប្រុសម្នាក់បានឆ្លៀតឱកាសអ្វីដើម្បីផ្សព្វផ្សាយដល់អ្នកឯទៀត? (ខ) តើអ្នកធ្លាប់មានបទពិសោធន៍បែបនេះឬទេ?
៨. តើវិធីផ្សព្វផ្សាយណាខ្លះធ្វើឲ្យអ្នកដែលមានអាយុច្រើនឬបញ្ហាសុខភាពបង្កើនសកម្មភាពក្នុងកិច្ចផ្សព្វផ្សាយ?
៩. តើយើងអាចជួយឲ្យសិស្សព្រះគម្ពីរមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមក្នុងកិច្ចផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំយ៉ាងដូចម្ដេច?
១០. (ក) បើមានកាលវិភាគល្អមួយ តើនោះអាចជួយឲ្យយើងត្រួសត្រាយជំនួយយ៉ាងដូចម្ដេច? (ខ) ក្នុងកំឡុងគ្រាបុណ្យរំឭកឆ្នាំមុននោះ តើអ្នកបានត្រួសត្រាយជំនួយឬទេ? តើអ្នកបានរៀបចំកាលវិភាគយ៉ាងដូចម្ដេច?
១១. តើអ្នកចាស់ទុំនិងអ្នកងារជំនួយអាចគាំទ្របងប្អូនដែលត្រួសត្រាយជំនួយយ៉ាងដូចម្ដេច?
១២. តើអ្វីជំរុញឲ្យយើងចង់សរសើរព្រះយេហូវ៉ាគ្រប់ពេលវេលា?
[ប្រអប់នៅទំព័រ៣]
តើអ្នកនឹងបង្កើនសកម្មភាពផ្សព្វផ្សាយរបស់អ្នកយ៉ាងដូចម្ដេច?
◼ ផ្សព្វផ្សាយនៅពេលមានមនុស្សនៅផ្ទះ
◼ ផ្សព្វផ្សាយតាមទីសាធារណៈ
◼ ផ្សព្វផ្សាយនៅកន្លែងធ្វើការ ឬនៅឯសាលារៀន
◼ ផ្សព្វផ្សាយតាមទូរស័ព្ទ
◼ ត្រួសត្រាយជំនួយ
[តារាងនៅទំព័រ៤]
កាលវិភាគគំរូសំរាប់ត្រួសត្រាយជំនួយ វិធីចំណាយពេល១២ម៉ោងក្នុងកិច្ចផ្សព្វផ្សាយរាល់សប្ដាហ៍
ព្រឹកថ្ងៃចន្ទដល់ថ្ងៃសៅរ៍
អាចយកថ្ងៃអាទិត្យជំនួសថ្ងៃណាមួយក៏បាន
ថ្ងៃ ពេល ចំនួនម៉ោង
ចន្ទ ព្រឹក ២
អង្គារ ព្រឹក ២
ពុធ ព្រឹក ២
ព្រហស្បតិ៍ ព្រឹក ២
សុក្រ ព្រឹក ២
សៅរ៍ ព្រឹក ២
ចំនួនម៉ោង សរុប: ១២
ពីរថ្ងៃពេញ
អាចរើសពីរថ្ងៃណាក៏បាន (អាស្រ័យលើថ្ងៃដែលរើស កាលវិភាគនេះប្រហែលសរុបទៅបានតែ៤៨ម៉ោងក្នុងមួយខែ)
ថ្ងៃ ពេល ចំនួនម៉ោង
ពុធ មួយថ្ងៃពេញ ៦
សៅរ៍ មួយថ្ងៃពេញ ៦
ចំនួនម៉ោង សរុប: ១២
ពេលល្ងាចចំនួនពីរថ្ងៃនិងថ្ងៃសៅរ៍ថ្ងៃអាទិត្យ
ពីរល្ងាចនេះអាចរើសថ្ងៃណាក៏បាន
ថ្ងៃ ពេល ចំនួនម៉ោង
ចន្ទ ល្ងាច ១១/២
ពុធ ល្ងាច ១១/២
សៅរ៍ មួយថ្ងៃពេញ ៦
អាទិត្យ កន្លះថ្ងៃ ៣
ចំនួនម៉ោង សរុប: ១២
ពេលរសៀលចំនួនបីថ្ងៃនិងថ្ងៃសៅរ៍
អាចយកថ្ងៃអាទិត្យជំនួសថ្ងៃណាក៏បាន
ថ្ងៃ ពេល ចំនួនម៉ោង
ចន្ទ រសៀល ២
ពុធ រសៀល ២
សុក្រ រសៀល ២
សៅរ៍ មួយថ្ងៃពេញ ៦
ចំនួនម៉ោង សរុប: ១២
កាលវិភាគរបស់ខ្ញុំសំរាប់ផ្សព្វផ្សាយ
សូមសម្រេចដោយខ្លួនឯងអំពីចំនួនម៉ោងដែលនឹងផ្សព្វផ្សាយក្នុងថ្ងៃនិមួយៗ
ថ្ងៃ ពេល ចំនួនម៉ោង
ចន្ទ
អង្គារ
ពុធ
ព្រហស្បតិ៍
សុក្រ
សៅរ៍
អាទិត្យ
ចំនួនម៉ោង សរុប: ១២