ចូរជួយឲ្យពួកគេមានឱកាសស្ដាប់ដំណឹងល្អតទៅទៀត
១ ជាញយៗ ពេលដែលផ្សាយដំណឹងល្អយើងជួបមនុស្សដែលមិនរស់ក្នុងតំបន់ផ្សាយនៃក្រុមជំនុំរបស់យើង ឬក៏ជួបមនុស្សដែលនិយាយភាសាផ្សេងទៀត ឬមួយក៏ប្រើភាសាគ។ ជួនកាលអ្នកឯទៀតដែលយើងធ្លាប់ពិភាក្សាជាមួយអំពីព្រះគម្ពីរ រើទៅនៅកន្លែងផ្សេងក្រៅពីតំបន់ផ្សាយរបស់យើង។ តើយើងអាចរៀបចំឲ្យអ្នកទាំងនេះមានឱកាសស្ដាប់សារដំណឹងល្អតទៅទៀតយ៉ាងដូចម្ដេច? គឺដោយប្រើក្រដាស សូមរកជួប(S-43)។
២ មនុស្សច្រើនតែចាប់អារម្មណ៍នឹងសារដំណឹងល្អខ្លាំងជាងពេលដែលអាចស្ដាប់សារនោះជាភាសាកំណើតរបស់ខ្លួន។ (កិច្ច. ២២:១, ២) ហេតុនេះហើយ ក្នុងករណីភាគច្រើនពេលដែលយើងជួបអ្នកដែលនិយាយភាសាផ្សេងទៀតនោះ យើងគួរបំពេញក្រដាសសូមរកជួប សូម្បីតែពួកគេមិនចាប់អារម្មណ៍នឹងសារព្រះរាជាណាចក្រក៏ដោយ។ ក៏ប៉ុន្តែ ប្រសិនបើមានមនុស្សជាច្រើនក្នុងតំបន់ដែលនិយាយភាសានោះ ហើយជារឿយៗមានបងប្អូនទៅផ្សព្វផ្សាយជាភាសានោះដែរ យើងប្រហែលជាមិនចាំបាច់បំពេញក្រដាសសូមរកជួបឡើយ លើកលែងតែពួកគេចាប់អារម្មណ៍។
៣ វិធីបំពេញក្រដាសសូមរកជួប: ដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យគេយល់ច្រឡំនោះ ចូរសួរឈ្មោះ អាស័យដ្ឋាន និងលេខទូរស័ព្ទរបស់ម្ចាស់ផ្ទះ។ ចូរសរសេរអំពីចំណាប់អារម្មណ៍របស់គាត់ ពេលដែលអាចជួបគាត់បាន សៀវភៅដែលបានជូនគាត់ ឬសៀវភៅដែលគាត់បានសុំ ហើយភាសាដែលគាត់យល់ច្បាស់ជាងគេ។ ក្រោយបំពេញក្រដាសនោះរួចហើយ ចូរជូនលេខាក្រុមជំនុំយ៉ាងឆាប់បំផុត ហើយគាត់នឹងផ្ញើទៅក្រុមជំនុំឬក្រុមដែលទទួលខុសត្រូវចំពោះភាសានោះ។
៤ ការផ្ញើក្រដាសសូមរកជួប: បើលេខាក្រុមជំនុំមិនដឹងថាក្រុមជំនុំឬក្រុមមួយណាត្រូវទទួលក្រដាសនោះ ឬក៏គាត់គ្មានអាស័យដ្ឋាននៃក្រុមជំនុំឬក្រុមនោះទេ នោះគាត់អាចទូរស័ព្ទទៅទាក់ទងការិយាល័យបកប្រែដើម្បីទទួលពត៌មានបាន។ គាត់មិនចាំបាច់ទាក់ទងអ្នកត្រួតពិនិត្យទីក្រុងឡើយ។
៥ នៅពេលណាក្រុមជំនុំឬក្រុមមួយទទួលក្រដាសសូមរកជួបដែលបានត្រូវបំពេញរួចហើយនោះ គួររៀបចំឲ្យបងប្អូនទៅជួបបុគ្គលនោះភ្លាមៗ។ ពេលដែលយើងខំអស់ពីសមត្ថភាព យើងជឿជាក់ថាព្រះយេហូវ៉ានឹងបំភ្លឺចិត្តគំនិតរបស់អស់អ្នកដែល«ត្រូវបានជីវិតអស់កល្បជានិច្ច»។—កិច្ច. ១៣:៤៨