ពួកគាត់បានតាំងគំរូល្អស្តីអំពីភក្ដីភាព
១ នៅឆ្នាំ១៩៣៧ លក្ខណៈថ្មីមួយនៃកិច្ចបម្រើពេញពេលត្រូវបានបង្កើតឡើងជាលើកដំបូង ពោលគឺកិច្ចបម្រើជាអ្នកត្រួសត្រាយពិសេស។ បុរសនិងស្ត្រីដែលមានសមត្ថភាពនិងបទពិសោធន៍ក្នុងកិច្ចបម្រើផ្សាយ បានទទួលយកដោយចិត្តអរសប្បាយនូវបេសកកម្មដើម្បីបម្រើនៅទីណាដែលអង្គការយើងចាត់ឲ្យទៅ។ ច្រើនទសវត្សរ៍ក្រោយមក នៅពេលឥឡូវនេះអ្នកត្រួសត្រាយពិសេសបន្តតាំងគំរូល្អស្តីអំពីចិត្តស្មោះភក្ដីដែលគួរយកតម្រាប់តាម។—ហេ. ៦:១២
២ ពួកគាត់បាននាំមុខ: នៅដើមដំបូង អ្នកត្រួសត្រាយពិសេសបាននាំមុខកិច្ចការផ្សព្វផ្សាយដោយប្រើម៉ាស៊ីនចាក់ថាសនៅមាត់ទ្វារផ្ទះ។ ពួកគាត់បានប្រើថាសថតសំឡេងជាមូលដ្ឋានសម្រាប់ការពិគ្រោះអំពីព្រះគម្ពីរពេលធ្វើការត្រឡប់ទៅជួប។ ពួកគាត់បានធ្វើយ៉ាងនេះនៅទីក្រុងធំៗដែលមានក្រុមជំនុំរួចហើយ។ ក្រោយមកអ្នកត្រួសត្រាយពិសេសត្រូវបានបញ្ជូនទៅតំបន់ដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ ពួកគាត់បានត្រឡប់ទៅជួបមនុស្សទាំងអស់ដែលបង្ហាញចំណាប់ចាប់អារម្មណ៍នឹងសារព្រះរាជាណាចក្រ ហើយក៏បានដឹកនាំការសិក្សាព្រះគម្ពីរ។ ដោយសារពួកគាត់ព្យាយាមអស់ពីសមត្ថភាព នោះក្រុមជំនុំថ្មីរាប់រយត្រូវបានបង្កើតឡើង។ កិច្ចការផ្សព្វផ្សាយមិនចេះនឿយហត់របស់ពួកគាត់នាំឲ្យអង្គការយើងមានការរីកចម្រើនយ៉ាងខ្លាំងដូចសព្វថ្ងៃនេះ។ (អេសា. ៦០:២២) អ្នកត្រួសត្រាយពិសេសនៅតែមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយដំណឹងល្អ«ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃ»។—កូល. ១:២៣
៣ អ្នកត្រួសត្រាយពិសេសពិតជាគួរឲ្យយកតម្រាប់តាម: ពួកអ្នកត្រួសត្រាយខ្លះបានធ្វើកិច្ចបម្រើផ្សាយពេញពេលអស់ជាច្រើនទសវត្សរ៍មកហើយ។ ច្រើនឆ្នាំកន្លងទៅ ជំនឿរបស់បុរសនិងស្ត្រីដ៏ស្មោះភក្ដីទាំងនេះត្រូវបានពង្រឹងដោយសារបានឆ្លងកាត់ការល្បងលផ្សេងៗ។ (១ពេ. ១:៦, ៧) ពួកគាត់បានសុខចិត្តលះបង់របៀបរស់នៅដ៏សុខស្រួលដើម្បីបម្រើនៅទីណាដែលមានសេចក្ដីត្រូវការពិសេស។ ឥឡូវនេះ ពួកគាត់ខ្លះមានវ័យចំណាស់ហើយ មានសុខភាពមិនល្អ ឬប្រឈមមុខនឹងកាលៈទេសៈពិបាកឯទៀត។ (២កូ. ៤:១៦, ១៧) ក៏ប៉ុន្តែ ពួកគាត់«កាលណាចាស់ហើយ នោះ . . . នៅតែកើតផល»។ (ទំនុក. ៩២:១៤) ពួកគាត់មានទំនុកចិត្តទៅលើព្រះយេហូវ៉ាហើយទទួលពរពីទ្រង់។—ទំនុក. ៣៤:៨; សុ. ១០:២២
៤ អ្នកត្រួសត្រាយពិសេសពិតជាគួរទទួលការសរសើរដ៏កក់ក្ដៅអំពីយើង។ នេះជាឯកសិទ្ធិមួយ បើអ្នកត្រួសត្រាយពិសេសត្រូវបានចាត់ឲ្យមកក្រុមជំនុំរបស់អ្នក។ ចូរឆ្លៀតឱកាសចំណាយពេលជាមួយពួកគាត់ហើយទទួលប្រយោជន៍ពីបទពិសោធន៍ដែលពួកគាត់មាន។ ចូរបង្ហាញការដឹងគុណចំពោះកិច្ចបម្រើផ្សាយដ៏ស្មោះភក្ដីរបស់ពួកគាត់។ ចូរទទួលការលើកទឹកចិត្តពីភាពរឹងមាំខាងវិញ្ញាណដែលពួកគាត់មាន។ ដូចគ្នាដែរ អស់អ្នកណាដែលយកតម្រាប់តាមជំនឿរបស់ពួកគាត់អាចទទួលព្រះគុណនិងពរពីព្រះយេហូវ៉ា ពីព្រោះ«ពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់»។—សុ. ១២:២២