ការខំព្យាយាមនិងសហការគ្នាទូទាំងពិភពលោកដើម្បីផ្សាយប្រកាស មហាសន្និបាតដែលមានចំណងជើង«ចូរដើរតាមលំអានព្រះគ្រិស្ត!»
អ្នកផ្សាយនឹងចែកជាថ្មីម្ដងទៀតខិត្តប័ណ្ណពិសេសមួយ
១ ឆ្នាំមុន កិច្ចការចែកខិត្តប័ណ្ណទូទាំងពិភពលោកដើម្បីផ្សាយប្រកាសមហាសន្និបាតដែលមានចំណងជើង«សេចក្ដីសង្គ្រោះជិតណាស់ហើយ!» ពិតជាមានអានុភាពយ៉ាងខ្លាំងទៅលើអ្នកចាប់អារម្មណ៍។ អស់អ្នកដែលបានទទួលលិខិតអញ្ជើញពិសេសនោះ បានមកជាលើកដំបូងហើយបានឃើញថាស្មរបន្ទាល់ព្រះយេហូវ៉ាទទួលការបង្រៀនពីព្រះដែលប្រៀបដូចជាការជប់លៀងដ៏ធំមួយ។ (អេសា. ៦៥:១៣) ពួកគេមានចិត្តសប្បាយចូលរួមយ៉ាងកក់ក្ដៅជាមួយគ្រិស្តសាសនិកគ្នីគ្នាដែលមានសាមគ្គីភាព។ (ទំនុក. ១៣៣:១) ដើម្បីជួយមនុស្សចូលរួមឲ្យបានច្រើនបំផុត មហាសន្និបាតដែលមានចំណងជើង«ចូរដើរតាមលំអានព្រះគ្រិស្ត!» នោះឆ្នាំនេះទៀតយើងនិងចូលរួមកិច្ចការចែកខិត្តប័ណ្ណពិសេសមួយទូទាំងពិភពលោក។
២ លទ្ធផលពីឆ្នាំទៅ : យោងទៅតាមរបាយការណ៍ដែលបានទទួលពីទូទាំងពិភពលោក ការផ្សាយប្រកាសមហាសន្និបាតដែលមានចំណងជើង«សេចក្ដីសង្គ្រោះជិតណាស់ហើយ!»បានសម្រេចលទ្ធផលដ៏ល្អប្រសើរ។ នៅតំបន់ជាច្រើន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានពណ៌នាយ៉ាងល្អអំពីយើង។ ជាឧទាហរណ៍នៅទីក្រុងមួយមានកាសែតដែលបានចុះផ្សាយអស់៦ជួរស្តីអំពីកិច្ចការចែកខិត្តប័ណ្ណដែលបានចែងថា៖ «ក្នុងគោលបំណងជួបមនុស្សទាំងអស់នៅក្នុងតំបន់ឲ្យបានទាន់ពេល នោះស្មរបន្ទាល់បានខំខ្នះខ្នែងលើសពីធម្មតាដើម្បីចំណាយពេលច្រើនជាង ទៅកន្លែងឆ្ងាយជាង និងនិយាយញាប់ជាងដែរ»។ នៅឯទីក្រុងផ្សេង ការចាត់ចែងចែកខិត្តប័ណ្ណបាននាំឲ្យមានចំណាប់អារម្មណ៍ពីប្រព័ន្ធព័ត៌មានដែលបានផ្សាយយ៉ាងល្អិតល្អន់អំពីកិច្ចការនោះ។ យ៉ាងហោចណាស់មានកាសែតបីដែលបានពណ៌នាយ៉ាងល្អអំពីកិច្ចការរបស់យើងមុនមហាសន្និបាត។ អ្នកសារព័ត៌មានម្នាក់បានសរសេរចំណុចជាច្រើនលើសពីរទំព័រក្នុងកាសែតមួយដែលចេញផ្សាយនៅថ្ងៃអាទិត្យ។ អត្ថបទទាំងនោះបានរៀបរាប់អំពីជំនឿ ភាតរភាពរបស់យើង កិច្ចការចែកខិត្តប័ណ្ណ និងមហាសន្និបាត។ ពេលដែលអ្នកផ្សាយម្នាក់បានជូនលិខិតអញ្ជើញឲ្យម្ចាស់ផ្ទះ នោះគាត់និយាយកាត់ថា៖ «ចាស ខ្ញុំទើបនឹងអានអំពីរឿងនេះក្នុងកាសែត!»។ ម្ចាស់ផ្ទះផ្សេងទៀតបាននិយាយថា៖ «ខ្ញុំទើបនឹងអានអំពីស្មរបន្ទាល់ ស្រាប់តែអ្នកមកដល់តែម្ដង! តើលិខិតអញ្ជើញនេះ ជារបស់ខ្ញុំទេ?»។ ក្រោយមកស្ត្រីនេះបាននិយាយទៀតថា៖ «កិច្ចការនេះដែលស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើគួរឲ្យសរសើរមែន»។
៣ អ្នកចាប់អារម្មណ៍ភាគច្រើនបានមកកន្លែងមហាសន្និបាតដោយកាន់លិខិតអញ្ជើញ។ អ្នកចាប់អារម្មណ៍ខ្លះបានមកពីទីក្រុងឆ្ងាយដើម្បីចូលរួមកម្មវិធីមហាសន្និបាត។ ការខំខ្នះខ្នែងរបស់យើងដើម្បីអញ្ជើញអ្នកឯទៀតនាំឲ្យចំនួនអ្នកចូលរួមកាន់តែកើនឡើង។ នៅប្រទេសមួយចំនួនអ្នកចូលរួមមហាសន្និបាតបានកើនឡើង២៧ភាគរយលើសឆ្នាំមុន។
៤ ការណែនាំក្នុងការចែកខិត្តប័ណ្ណ : អ្នកអាចចាប់ផ្ដើមចែកលិខិតអញ្ជើញបីអាទិត្យមុនមហាសន្និបាត។ ត្រូវខំអស់ពីសមត្ថភាពដើម្បីចែកខិត្តប័ណ្ណនៅគ្រប់តំបន់ផ្សាយរបស់ក្រុមជំនុំ។ មួយអាទិត្យមុនសន្និបាត ក្នុងក្រុមជំនុំដែលមានតំបន់ផ្សាយធំ នោះអ្នកផ្សាយអាចទុកខិត្តប័ណ្ណនៅកន្លែងមួយដែលអ្នកដទៃមើលមិនឃើញ បើមនុស្សអត់នៅផ្ទះ។ ក្រុមជំនុំត្រូវខំព្យាយាមចែកខិត្តប័ណ្ណទាំងអស់ដែលគេបានទទួល ព្រមទាំងខំចែកខិត្តប័ណ្ណនៅគ្រប់តំបន់ផ្សាយរបស់ក្រុមជំនុំ។ បើមានខិត្តប័ណ្ណសល់ នោះអ្នកត្រួសត្រាយអាចចែកបាន។
៥ របៀបនិយាយ : ប្រហែលជាអ្នកអាចនិយាយថា៖ «យើងកំពុងរួមចំណែកក្នុងការចែកលិខិតអញ្ជើញនេះឲ្យចូលរួមកម្មវិធីសំខាន់មួយដែលនឹងមានទូទាំងពិភពលោក។ សូមជូនមួយសន្លឹក។ ព័ត៌មានថែមទៀតត្រូវបានរៀបរាប់នៅក្នុងលិខិតអញ្ជើញនេះ»។ ដោយនិយាយយ៉ាងខ្លី នោះយើងអាចចែកបានច្រើនកន្លែង។ បើម្ចាស់ផ្ទះមានសំណួរ សូមចំណាយពេលដើម្បីឆ្លើយសំណួររបស់គាត់។ បើមានអ្នកចាប់អារម្មណ៍ សូមកត់កំណត់ ហើយត្រឡប់ទៅជួបឲ្យបានឆាប់បំផុត។
៦ គឺជាការសំខាន់ណាស់ដែលយើងខំដើរតាមលំអានព្រះគ្រិស្ត! (យ៉ូន. ៣:៣៦) មហាសន្និបាតនេះនឹងជួយអស់អ្នកដែលចូលរួមឲ្យធ្វើដូច្នេះ។ យើងពិតជាអាចចាត់ទុកថាការខំខ្នះខ្នែងផ្សាយប្រកាសមហាសន្និបាតដែលមានចំណងជើង«ចូរដើរតាមលំអានព្រះគ្រិស្ត!» និងផ្ដល់ឲ្យនូវសេចក្ដីបញ្ជាក់យ៉ាងពេញលេញ។ ដូច្នេះសូមខ្នះខ្នែងដោយអញ្ជើញមនុស្សចូលរួមឲ្យបានច្រើនបំផុត។ សូមឲ្យព្រះយេហូវ៉ាប្រទានពរជាបរិបូរទៅលើការខ្នះខ្នែងរបស់អ្នក ក្នុងពេលដែលអ្នកសហការគ្នាក្នុងកិច្ចការផ្សាយប្រកាសទូទាំងពិភពលោក។