បណ្ដាំរបស់ព្រះមានប្រយោជន៍សម្រាប់បង្រៀន
១. តើកម្មវិធីសន្និបាតប្រចាំមណ្ឌលសម្រាប់ឆ្នាំកិច្ចបម្រើ២០១៤មានប្រធានអ្វី ហើយតើសំណួរអ្វីនឹងត្រូវឆ្លើយក្នុងកម្មវិធីនោះ?
១ ព្រះយេហូវ៉ាជា«អ្នកបង្ហាត់បង្រៀនដ៏ឧត្តម»របស់យើង លោកជាអ្នកបង្រៀនដ៏ល្អបំផុតក្នុងសកលលោក។ (អេ. ៣០:២០, ២១, ព.ថ.) ប៉ុន្តែ តើព្រះយេហូវ៉ាបង្រៀនយើងយ៉ាងដូចម្ដេច? លោកបានផ្ដល់ឲ្យសៀវភៅមួយដែលល្អប្រសើរជាងសៀវភៅឯទៀតទាំងអស់ ពោលគឺគម្ពីរដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់លោក។ តើតាមរបៀបណាដែលការបង្រៀនពីព្រះអាចផ្ដល់ប្រយោជន៍ដល់យើងខាងផ្លូវកាយផ្លូវចិត្ត ខាងគំនិត និងខាងការគោរពប្រណិប័តន៍ព្រះ? ចម្លើយនៃសំណួរនេះនឹងត្រូវពិចារណាក្នុងកម្មវិធីសន្និបាតប្រចាំមណ្ឌល សម្រាប់ឆ្នាំកិច្ចបម្រើ២០១៤។ កម្មវិធីនេះមានប្រធានថា «បណ្ដាំរបស់ព្រះមានប្រយោជន៍សម្រាប់បង្រៀន» ដែលមានមូលដ្ឋានលើធីម៉ូថេទី២ ៣:១៦។
២. តើចម្លើយចំពោះសំណួរអ្វីខ្លះនឹងបញ្ជាក់អំពីចំណុចសំខាន់ៗក្នុងកម្មវិធី?
២ ស្វែងរកចំណុចសំខាន់ៗទាំងនេះ: ចម្លើយចំពោះសំណួរខាងក្រោមនេះនឹងបញ្ជាក់អំពីចំណុចសំខាន់ៗក្នុងកម្មវិធី។
• តើសេចក្ដីបង្រៀនរបស់ព្រះមានឥទ្ធិពលយ៉ាងណាទៅលើជីវិតរបស់យើង? (អេ. ៤៨:១៧, ១៨)
• បើយើងខំរកវិធីកែប្រែកាលៈទេសៈរបស់យើងដើម្បីបម្រើព្រះយេហូវ៉ាពេញពេល តើយើងអាចមានទំនុកចិត្តអ្វី? (ម៉ាឡ. ៣:១០)
• តើយើងគួរមានប្រតិកម្មយ៉ាងណាពេលឃើញ‹សេចក្ដីបង្រៀនដែលចម្លែក›? (ហេ. ១៣:៩)
• តើយើងអាចយកតម្រាប់តាមរបៀបដែលលោកយេស៊ូបង្រៀនយ៉ាងដូចម្ដេច? (ម៉ាថ. ៧:២៨, ២៩)
• ហេតុអ្វីអ្នកបង្រៀនក្នុងក្រុមជំនុំគួរបង្រៀនខ្លួនដែរ? (រ៉ូម ២:២១)
• តើបណ្ដាំរបស់ព្រះមានប្រយោជន៍សម្រាប់អ្វីខ្លះ? (២ធី. ៣:១៦)
• តើការ«អង្រួន»សាសន៍នានាជះឥទ្ធិពលយ៉ាងណាទៅលើមនុស្ស? (ហាក. ២:៦, ៧)
• តើព្រះយេហូវ៉ាមានទំនុកចិត្តអ្វីចំពោះយើង? (អេភ. ៥:១)
• ហេតុអ្វីយើងត្រូវខំប្រឹងឲ្យខ្លាំងដើម្បីនៅជាប់នឹងសេចក្ដីបង្រៀនរបស់ព្រះយេហូវ៉ា? (លូក. ១៣:២៤)
៣. ហេតុអ្វីជាការសំខាន់ឲ្យយើងចូលរួមនិងប្រុងស្មារតីស្ដាប់កម្មវិធីនេះដែលបានត្រូវរៀបចំឡើងសម្រាប់យើងយ៉ាងត្រូវពេល?
៣ មុនសាវ័កប៉ូលសរសេរពាក្យដែលជាមូលដ្ឋាននៃប្រធានកម្មវិធីនេះ ក្នុងធីម៉ូថេទី២នៅដើមជំពូក៣ គាត់បានរៀបរាប់អំពីគ្រាលំបាកដែលត្រូវគេស្គាល់ថាជាគ្រាចុងក្រោយបង្អស់។ គាត់បានសរសរថា៖ «មនុស្សទុច្ចរិតព្រមទាំងជនបោកប្រាស់នឹងកាន់តែអាក្រក់ទៅៗ ដោយបំភាន់អ្នកឯទៀត ព្រមទាំងត្រូវគេបំភាន់ដែរ។»។ (២ធី. ៣:១៣) ដើម្បីកុំឲ្យយើងត្រូវបំភាន់ គឺសំខាន់ណាស់ឲ្យយើងស្ដាប់និងធ្វើតាមសេចក្ដីបង្រៀនរបស់ព្រះ! ដូច្នេះហើយ សូមឲ្យយើងតាំងចិត្តចូលរួមហើយប្រុងស្មារតីស្ដាប់កម្មវិធីនេះដែលបានត្រូវរៀបចំឡើងសម្រាប់យើងយ៉ាងត្រូវពេល។