បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w23 វិច្ឆិកា ទំ. ២០-២៥
  • តើព្រះយេហូវ៉ានឹងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះយេហូវ៉ានឹងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ខ្ញុំឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​យើង​អាច​រំពឹង​យ៉ាង​ណា​ពី​ព្រះ​យេហូវ៉ា?
  • តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង?
  • ហេតុ​អ្វី​យើង​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​សំណូម​ពរ​ខ្លះ​របស់​យើង?
  • របៀបព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចូរចូលទៅជិតព្រះតាមរយៈការអធិស្ឋាន
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ហេតុ​អ្វី​ព្រះ​មិន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​ទាំង​អស់?
    The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • ការធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់យើងល្អប្រសើរជាង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
w23 វិច្ឆិកា ទំ. ២០-២៥

អត្ថបទ​សិក្សា ៤៩

តើ​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ឬ​ទេ?

​«​ពេល​ដែល​អ្នក​រាល់​គ្នា​ហៅ​រក​ខ្ញុំ​និង​អធិដ្ឋាន​មក​ខ្ញុំ ខ្ញុំ​នឹង​ស្ដាប់​អ្នក​រាល់​គ្នា​»។—យេ. ២៩:១២

ចម្រៀង​លេខ​៤១ សូម​លោក​ស្ដាប់​ខ្ញុំ​អធិដ្ឋាន

សេចក្ដី​សង្ខេបa

១​-​២. ហេតុ​អ្វី​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង?

​«​អ្នក​នឹង​មាន​អំណរ​ក្រៃ​លែង​ដោយ​សារ​ព្រះ​យេហូវ៉ា ហើយ​លោក​នឹង​ផ្ដល់​ឲ្យ​អ្នក​តាម​ដែល​ចិត្ត​អ្នក​ប្រាថ្នា​»។ (​ចសព. ៣៧:៤​) នេះ​ជា​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ! ប៉ុន្តែ តើ​យើង​គួរ​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​យើង​ភ្លាម​ៗ​នូវ​អ្វី​ទាំង​អស់​ដែល​យើង​សុំ​ឬ​ទេ? ហេតុ​អ្វី​យើង​សួរ​សំណួរ​នេះ? សូម​គិត​អំពី​ស្ថានភាព​បន្ត​បន្ទាប់​នេះ។ បង​ស្រី​នៅ​លីវ​ម្នាក់​អធិដ្ឋាន​អំពី​ការ​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ប៉ុន្តែ​ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ គាត់​នៅ​តែ​មិន​ទទួល​ការ​អញ្ជើញ​ឡើយ។ បង​ប្រុស​វ័យ​ក្មេង​ម្នាក់​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​គាត់​ជា​ពី​ជំងឺ​ធ្ងន់​ធ្ងរ​ម្យ៉ាង ដើម្បី​គាត់​អាច​បម្រើ​ក្នុង​ក្រុម​ជំនុំ​ឲ្យ​បាន​ច្រើន​ជាង។ ប៉ុន្តែ សុខភាព​របស់​គាត់​មិន​បាន​ល្អ​ប្រសើរ​ទេ។ ឪពុក​ម្ដាយ​គ្រិស្ត​សាសនិក​អធិដ្ឋាន​ឲ្យ​កូន​របស់​ពួក​គេ​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត។ ប៉ុន្តែ​កូន​របស់​ពួក​គេ​សម្រេច​ចិត្ត​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។

២ អ្នក​ក៏​ប្រហែល​ជា​បាន​សុំ​អ្វី​មួយ​ពី​ព្រះ​យេហូវ៉ា​ដែរ ប៉ុន្តែ​មិន​ទទួល​ទេ។ ជា​លទ្ធផល អ្នក​ប្រហែល​ជា​សន្និដ្ឋាន​ថា​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ខ្លះ ប៉ុន្តែ​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ ឬ​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្លួន​ទំនង​ជា​បាន​ធ្វើ​អ្វី​ខុស។ បង​ស្រី​ម្នាក់​ឈ្មោះ​ចានអ៊ិសbមាន​អារម្មណ៍​បែប​នេះ។ គាត់​និង​ប្ដី​របស់​គាត់​បាន​អធិដ្ឋាន​អំពី​ការ​ចង់​បម្រើ​នៅ​បេតអែល។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​ថា​ឆាប់​ៗ​យើង​នឹង​បាន​បម្រើ​នៅ​បេតអែល​»។ ក៏​ប៉ុន្តែ​ពី​មួយ​ខែ​ទៅ​មួយ​ខែ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្ដី​ប្រពន្ធ​នោះ​មិន​ទាន់​បាន​ទទួល​ការ​អញ្ជើញ​នៅ​ឡើយ​ទេ។ បង​ចានអ៊ិស​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ក្រៀម​ក្រំ ហើយ​ច្របូក​ច្របល់។ ខ្ញុំ​ឆ្ងល់​ថា​ខ្ញុំ​បាន​ធ្វើ​អ្វី បាន​ជា​ព្រះ​យេហូវ៉ា​ខក​ចិត្ត​នឹង​ខ្ញុំ។ ខ្ញុំ​បាន​អធិដ្ឋាន​យ៉ាង​ច្រើន​អំពី​ការ​បម្រើ​នៅ​បេតអែល។ ប៉ុន្តែ​ម៉េច​បាន​ជា​លោក​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ?​»។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

៣ ជួន​កាល យើង​ប្រហែល​ជា​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឬ​យ៉ាង​ណា។ សូម្បី​តែ​បុរស​ខ្លះ​ដែល​ជា​អ្នក​ស្មោះ​ត្រង់​នៅ​សម័យ​បុរាណ ក៏​ធ្លាប់​ឆ្ងល់​ដូច្នេះ​ដែរ។ (​យ៉ូប ៣០:២០; ចសព. ២២:២; ហាប. ១:២​) តើ​អ្វី​អាច​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក? (​ចសព. ៦៥:២​) ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​នឹង​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​បន្ត​បន្ទាប់​នេះ​ជា​មុន​សិន​៖ (​១​) តើ​យើង​អាច​រំពឹង​យ៉ាង​ណា​ពី​ព្រះ​យេហូវ៉ា? (​២​) តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង? (​៣​) ហេតុ​អ្វី​យើង​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​សំណូម​ពរ​ខ្លះ​របស់​យើង?

តើ​យើង​អាច​រំពឹង​យ៉ាង​ណា​ពី​ព្រះ​យេហូវ៉ា?

៤. យោង​ទៅ​តាម​យេរេមា ២៩:១២ តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ធ្វើ​អ្វី?

៤ ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ (​សូម​អាន យេរេមា ២៩:១២​) ព្រះ​របស់​យើង​ស្រឡាញ់​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក ដូច្នេះ​លោក​នឹង​មិន​ព្រងើយ​កន្តើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ​ទេ។ (​ចសព. ១០:១៧; ៣៧:២៨​) ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​លោក​នឹង​ធ្វើ​តាម​សំណូម​ពរ​ទាំង​អស់​របស់​យើង​ឡើយ។ យើង​ប្រហែល​ជា​ត្រូវ​រង់​ចាំ​រហូត​ដល់​ពិភព​លោក​ថ្មី ទើប​យើង​អាច​ទទួល​តាម​សំណូម​ពរ​ខ្លះ​របស់​យើង។

៥. តើ​ព្រះ​យេហូវ៉ា​ពិចារណា​អ្វី​ពេល​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង? សូម​ពន្យល់។

៥ ព្រះ​យេហូវ៉ា​គិត​អំពី​របៀប​ដែល​សំណូម​ពរ​របស់​យើង​ជាប់​ទាក់​ទង​នឹង​គោល​បំណង​របស់​លោក។ (​អេ. ៥៥:៨, ៩​) ផ្នែក​មួយ​នៃ​គោល​បំណង​នោះ​រួម​មាន​ការ​ធ្វើ​ឲ្យ​ផែន​ដី​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​លោក​ជា​អ្នក​គ្រប់​គ្រង​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ប៉ុន្តែ សាថាន​អះអាង​ថា​មនុស្ស​នឹង​សប្បាយ​ជាង​បើ​ពួក​គេ​គ្រប់​គ្រង​ខ្លួន​ឯង។ (​ដក. ៣:១​-​៥​) ដើម្បី​បង្ហាញ​ថា​ការ​អះអាង​របស់​មេ​កំណាច​គឺ​ជា​ការ​កុហក ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្រង​ខ្លួន​ឯង។ ប៉ុន្តែ​ការ​គ្រប់​គ្រង​របស់​មនុស្ស​បាន​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ។ (​អទ. ៨:៩​) យើង​យល់​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បំបាត់​បញ្ហា​ទាំង​អស់​នោះ​នៅ​ឥឡូវ​នេះ​ទេ។ បើ​លោក​ធ្វើ​ដូច្នេះ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា​មនុស្ស​គ្រប់​គ្រង​បាន​ល្អ គឺ​ថា​ការ​គ្រប់​គ្រង​របស់​មនុស្ស​អាច​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្សជាតិ​បាន។

៦. ហេតុ​អ្វី​យើង​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​តែង​តែង​ធ្វើ​អ្វី​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​យុត្តិធម៌?

៦ ព្រះ​យេហូវ៉ា​ប្រហែល​ជា​នឹង​តប​ឆ្លើយ​សំណូម​ពរ​ស្រដៀង​គ្នា​តាម​របៀប​ផ្សេង​ៗ។ ជា​ឧទាហរណ៍ ពេល​ស្ដេច​ហេសេគា​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ គាត់​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់​ជា​សះ​ស្បើយ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ​មែន។ (​២បស. ២០:១​-​៦​) ផ្ទុយ​ទៅ​វិញ ពេល​សាវ័ក​ប៉ូល​បាន​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ដក​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​ដែល​ប្រហែល​ជា​បញ្ហា​សុខភាព ព្រះ​យេហូវ៉ា​មិន​បាន​បំបាត់​ចោល​បញ្ហា​នោះ​ទេ។ (​២កូ. ១២:៧​-​៩​) សូម​គិត​ផង​ដែរ​អំពី​គំរូ​របស់​សាវ័ក​ពីរ​នាក់​គឺ​យ៉ាកុប​និង​ពេត្រុស។ ស្ដេច​ហេរ៉ូឌ​ចង់​សម្លាប់​ពួក​គាត់​ទាំង​ពីរ។ ក្រុម​ជំនុំ​បាន​អធិដ្ឋាន​ឲ្យ​ពេត្រុស ហើយ​ទំនង​ជា​អធិដ្ឋាន​ឲ្យ​យ៉ាកុប​ផង​ដែរ។ ប៉ុន្តែ​យ៉ាកុប​បាន​ត្រូវ​គេ​សម្លាប់ ចំណែក​ឯ​ពេត្រុស​វិញ គាត់​បាន​ត្រូវ​សង្គ្រោះ​ដោយ​អព្ភូតហេតុ។ (​សកម្ម. ១២:១​-​១១​) យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សង្គ្រោះ​ពេត្រុស តែ​មិន​សង្គ្រោះ​យ៉ាកុប​ផង?›។ គម្ពីរ​មិន​បាន​ចែង​ទេ។c យើង​អាច​ប្រាកដ​ថា​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​គឺ​«​សុទ្ធ​តែ​យុត្តិធម៌​»។ (​បច. ៣២:៤​) ម្យ៉ាង​ទៀត យើង​ដឹង​ថា​ទាំង​ពេត្រុស​ទាំង​យ៉ាកុប បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ (​បប. ២១:១៤​) ជួន​កាល យើង​ប្រហែល​ជា​ទទួល​លទ្ធផល​ដែល​យើង​មិន​បាន​រំពឹង​ទុក។ ប៉ុន្តែ​ដោយ​សារ​យើង​ទុក​ចិត្ត​ថា​ការ​តប​ឆ្លើយ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​នឹង​តែង​តែ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​យុត្តិធម៌ យើង​នឹង​មិន​សង្ស័យ​អំពី​របៀប​ដែល​លោក​ជ្រើស​រើស​ដើម្បី​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឡើយ។—យ៉ូប ៣៣:១៣

៧. តើ​យើង​ព្យាយាម​ជៀស​វាង​ពី​អ្វី ហើយ​ហេតុ​អ្វី?

៧ យើង​ព្យាយាម​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប​ស្ថានភាព​របស់​យើង​ទៅ​នឹង​ស្ថានភាព​របស់​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង​យ៉ាង​ជាក់​លាក់ ប៉ុន្តែ​យើង​មិន​បាន​ទទួល​តាម​សំណូម​ពរ​របស់​យើង​ទេ។ ក្រោយ​មក យើង​ដឹង​ថា​អ្នក​ផ្សេង​បាន​ធ្វើ​សំណូម​ពរ​ស្រដៀង​នឹង​យើង ហើយ​មើល​ទៅ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​គាត់។ បង​ស្រី​ម្នាក់​ឈ្មោះ​អាណា​មាន​បទ​ពិសោធន៍​នេះ។ គាត់​បាន​អធិដ្ឋាន​សុំ​ឲ្យ​ប្ដី​គាត់​ម៉ាធីយូ​ជា​ពី​ជំងឺ​មហា​រីក។ នៅ​ពេល​ដំណាល​គ្នា​នោះ បង​ស្រី​គ្រិស្ត​សាសនិក​វ័យ​ចាស់​ពីរ​នាក់​ក៏​មាន​ជំងឺ​មហា​រីក​ដែរ។ បង​អាណា​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​ឲ្យ​បង​ម៉ាធីយូ​និង​បង​ស្រី​ពីរ​នាក់​នោះ។ បង​ស្រី​ទាំង​នោះ​បាន​ជា​សះ​ស្បើយ ប៉ុន្តែ​បង​ម៉ាធីយូ​បាន​ស្លាប់។ ដំបូង បង​អាណា​បាន​ឆ្ងល់​ថា តើ​បង​ស្រី​ទាំង​ពីរ​នោះ​ជា​សះ​ស្បើយ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គាត់​ឬ​យ៉ាង​ណា។ បើ​ដូច្នេះ ហេតុ​អ្វី​លោក​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​ដែល​សុំ​ឲ្យ​ប្ដី​គាត់​ជា​សះ​ស្បើយ? តាម​ពិត យើង​មិន​ដឹង​ថា​បង​ស្រី​ពីរ​នាក់​នោះ​បាន​ជា​សះ​ស្បើយ​ដោយ​សារ​មូលហេតុ​អ្វី​ទេ។ អ្វី​ដែល​យើង​ដឹង​គឺ​ថា​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់ ហើយ​លោក​ចង់​ប្រោស​មិត្ត​ជា​ទី​ស្រឡាញ់​របស់​លោក​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។—យ៉ូប ១៤:១៥

៨. (​ក​) យោង​ទៅ​តាម​អេសាយ ៤៣:២ តើ​ព្រះ​យេហូវ៉ា​គាំទ្រ​យើង​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ការ​អធិដ្ឋាន​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ពេល​យើង​រង​ទុក្ខ​លំបាក? (​សូម​មើល​វីដេអូ​សេចក្ដី​អធិដ្ឋាន​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​)

៨ ព្រះ​យេហូវ៉ា​នឹង​តែង​តែ​គាំទ្រ​យើង។ ក្នុង​នាម​ជា​បិតា​ដែល​ស្រឡាញ់​យើង ព្រះ​យេហូវ៉ា​មិន​ចង់​ឃើញ​យើង​ឈឺ​ចាប់​ទេ។ (​អេ. ៦៣:៩​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មិន​ការ​ពារ​យើង​ពី​ទុក្ខ​លំបាក​ទាំង​អស់​ដែល​អាច​ប្រៀប​ដូច​ជា​ទន្លេ​ឬ​ភ្លើង​ទេ។ (​សូម​អាន អេសាយ ៤៣:២​) ប៉ុន្តែ លោក​សន្យា​ថា​លោក​នឹង​ជួយ​យើង​ឲ្យ​«​ឆ្លង​កាត់​»​ទុក្ខ​លំបាក​ទាំង​នោះ។ ម្យ៉ាង​ទៀត មិន​ថា​យើង​មាន​ទុក្ខ​លំបាក​អ្វី​នៅ​ឥឡូវ​នេះ​ក្ដី លោក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​តែង​តែ​អាច​រក្សា​ចំណង​មិត្តភាព​ជា​មួយ​លោក​ឲ្យ​រឹង​មាំ។ ព្រះ​យេហូវ៉ា​ក៏​ឲ្យ​យើង​នូវ​ឫទ្ធានុភាព​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​លោក​ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ។ (​លូក. ១១:១៣; ភី. ៤:១៣​) ជា​លទ្ធផល យើង​អាច​មាន​ទំនុក​ចិត្ត​ថា​យើង​នឹង​តែង​តែ​មាន​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ ហើយ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក។d

តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង?

៩. ស្រប​ទៅ​តាម​យ៉ាកុប ១:៦, ៧ ហេតុ​អ្វី​យើង​ត្រូវ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង?

៩ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ទុក​ចិត្ត​លោក។ (​ហេ. ១១:៦​) ជួន​កាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​បញ្ហា​របស់​យើង​គឺ​ហួស​ពី​សមត្ថភាព​របស់​យើង។ យើង​ប្រហែល​ជា​ថែម​ទាំង​ចាប់​ផ្ដើម​សង្ស័យ​ថា តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឬ​ក៏​យ៉ាង​ណា។ ប៉ុន្តែ គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ដោយ​ឫទ្ធានុភាព​របស់​ព្រះ យើង​អាច​«​លោត​រំលង​កំពែង​បាន​»។ (​ចសព. ១៨:២៩​) ដូច្នេះ​ជា​ជាង​បន្ត​មាន​ការ​សង្ស័យ យើង​គួរ​អធិដ្ឋាន​ដោយ​មាន​ជំនឿ​និង​ការ​ទុក​ចិត្ត​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។—សូម​អាន យ៉ាកុប ១:៦, ៧

១០. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង។

១០ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​ប្រហែល​ជា​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់​សុំ​ច្បាប់​ការ​ងារ ដើម្បី​គាត់​អាច​ចូល​រួម​មហា​សន្និបាត​តាម​ភូមិ​ភាគ។ តើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​នោះ​តាម​របៀប​ណា? លោក​ប្រហែល​ជា​ផ្ដល់​ចិត្ត​ក្លាហាន​ដែល​បង​ប្រុស​នោះ​ត្រូវ​ការ​ដើម្បី​សុំ​ថៅកែ​របស់​គាត់។ ប៉ុន្តែ បង​ប្រុស​នោះ​នឹង​នៅ​តែ​ត្រូវ​ទៅ​ជួប​ថៅកែ​នោះ​ដើម្បី​សុំ​ច្បាប់។ គាត់​ប្រហែល​ជា​ត្រូវ​សុំ​ម្ដង​ហើយ​ម្ដង​ទៀត។ គាត់​ប្រហែល​ជា​ថែម​ទាំង​ចង់​ស្នើ​សុំ​បុគ្គលិក​ផ្សេង​ឲ្យ​ធ្វើ​ការ​ជំនួស​គាត់។ ម្យ៉ាង​ទៀត​បើ​ចាំ​បាច់ គាត់​ប្រហែល​ជា​សុខ​ចិត្ត​សុំ​ឲ្យ​កាត់​ប្រាក់​ខែ។

១១. ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​កង្វល់​របស់​យើង?

១១ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​កង្វល់​របស់​យើង។ (​១ថែ. ៥:១៧​) លោក​យេស៊ូ​បង្ហាញ​ថា​សំណូម​ពរ​ខ្លះ​របស់​យើង​នឹង​មិន​បាន​ត្រូវ​ទទួល​ចម្លើយ​ភ្លាម​ៗ​ទេ។ (​លូក. ១១:៩​) ដូច្នេះ សូម​កុំ​ឈប់​ព្យាយាម​ឡើយ! សូម​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត។ (​លូក. ១៨:១​-​៧​) ពេល​យើង​បន្ត​អធិដ្ឋាន​អំពី​រឿង​ណា​មួយ យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​សំណូម​ពរ​អំពី​រឿង​នោះ​គឺ​ពិត​ជា​សំខាន់​ចំពោះ​យើង។ យើង​ក៏​បង្ហាញ​ជំនឿ​របស់​យើង​លើ​សមត្ថភាព​របស់​លោក​ឲ្យ​ជួយ​យើង។

ហេតុ​អ្វី​យើង​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​សំណូម​ពរ​ខ្លះ​របស់​យើង?

១២. (​ក​) ស្ដី​អំពី​សំណូម​ពរ​របស់​យើង តើ​យើង​គួរ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី ហើយ​ហេតុ​អ្វី? (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្ដី​អធិដ្ឋាន​របស់​យើង​បង្ហាញ​ថា​យើង​គោរព​ព្រះ​យេហូវ៉ា? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​សំណូម​ពរ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​គោរព​ព្រះ​យេហូវ៉ា​ឬ​ទេ?​»​)

១២ បើ​យើង​មិន​ទាន់​ទទួល​បាន​អ្វី​ដែល​យើង​បាន​សុំ​ក្នុង​ការ​អធិដ្ឋាន យើង​អាច​សួរ​ខ្លួន​នូវ​សំណួរ​បី។ សំណួរ​ទី​១​គឺ ‹តើ​ខ្ញុំ​កំពុង​អធិដ្ឋាន​អំពី​អ្វី​ត្រឹម​ត្រូវ​ឬ​ទេ?›។ យើង​ច្រើន​តែ​គិត​ថា​យើង​ស្គាល់​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន។ ប៉ុន្តែ យើង​ប្រហែល​ជា​សុំ​អ្វី​ដែល​មិន​ផ្ដល់​ប្រយោជន៍​យូរ​អង្វែង​ដល់​យើង​ទេ។ បើ​យើង​អធិដ្ឋាន​អំពី​បញ្ហា​ណា​មួយ ប្រហែល​ជា​មាន​វិធី​ដោះ​ស្រាយ​ល្អ​ជាង​អ្វី​ដែល​យើង​បាន​សុំ។ ម្យ៉ាង​ទៀត សំណូម​ពរ​ខ្លះ​របស់​យើង​ប្រហែល​ជា​មិន​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ឡើយ។ (​១យ៉ូន. ៥:១៤​) ជា​ឧទាហរណ៍ សូម​គិត​អំពី​ឪពុក​ម្ដាយ​ដែល​បាន​ត្រូវ​លើក​ឡើង​នៅ​ខាង​លើ។ ពួក​គាត់​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​កូន​របស់​ពួក​គាត់​នៅ​ជាប់​នឹង​សេចក្ដី​ពិត។ នេះ​ស្ដាប់​ទៅ​ជា​សំណូម​ពរ​សម​ត្រឹម​ត្រូវ។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បង្ខំ​បុគ្គល​ណា​ម្នាក់​ឲ្យ​បម្រើ​លោក​ទេ។ លោក​ចង់​ឲ្យ​យើង​ទាំង​អស់​គ្នា រួម​ទាំង​កូន​ៗ សម្រេច​ចិត្ត​គោរព​ប្រណិប័តន៍​លោក។ (​បច. ១០:១២, ១៣; ៣០:១៩, ២០​) ដូច្នេះ ឪពុក​ម្ដាយ​អាច​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​បែប​នេះ​វិញ គឺ​ជួយ​ឲ្យ​ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​កូន​ដើម្បី​ជំរុញ​ចិត្ត​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ទៅ​ជា​មិត្ត​របស់​លោក។—សុភ. ២២:៦; អេភ. ៦:៤

តើ​សំណូម​ពរ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​គោរព​ព្រះ​យេហូវ៉ា​ឬ​ទេ?

ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ចង់​តប​ឆ្លើយ​សំណូម​ពរ​របស់​យើង។ ប៉ុន្តែ លោក​ក៏​ជា​អ្នក​បង្កើត​របស់​យើង ហើយ​សម​នឹង​ទទួល​ការ​គោរព​ពី​យើង។ (​បប. ៤:១១​) តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ការ​គោរព​ចំពោះ​បិតា​នៅ​ស្ថាន​សួគ៌​ពេល​សុំ​អ្វី​ពី​លោក?

  • សូម​ប្រាកដ​ថា​អ្វី​ដែល​អ្នក​សុំ​គឺ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ថា​អ្នក​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ។ (​១យ៉ូន. ៥:១៤​) យើង​មិន​ត្រូវ​គិត​តែ​ប្រយោជន៍​ខ្លួន​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង ដោយ​ផ្ដោត​អារម្មណ៍​តែ​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​និង​បំណង​ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ។ យ៉ាកុប​បាន​ព្រមាន​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ថា ពួក​គេ​នឹង​មិន​ទទួល​ចម្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ បើ​ពួក​គេ​អធិដ្ឋាន​ដោយ​មាន​«​បំណង​អាក្រក់​»​ ពោល​គឺ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។—យ៉ា. ៤:៣

  • សូម​កុំ​ទាម​ទារ​ឡើយ។ (​ម៉ាថ. ៤:៧​) សូម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ស្គាល់​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ ម្យ៉ាង​ទៀត ជួន​កាល​ចម្លើយ​របស់​លោក​ប្រហែល​ជា​ខុស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក។—អេភ. ៣:២០

  • សូម​កុំ​ភ្លេច​អរគុណ​លោក​ជា​រៀង​រាល់​ថ្ងៃ​ចំពោះ​អ្វី​ដែល​លោក​ឲ្យ​អ្នក។ សូម​ស្រមៃ​គិត​ថា​អ្នក​ធ្វើ​ឲ្យ​លោក​អរ​សប្បាយ​យ៉ាង​ណា​ពេល​អ្នក​ប្រាប់​លោក​អំពី​ចិត្ត​កតញ្ញូ​ដែល​អ្នក​មាន​ចំពោះ​ជំនួយ​ពី​លោក។—កូឡ. ៣:១៥; ១ថែ. ៥:១៧, ១៨

១៣. យោង​ទៅ​តាម​ហេប្រឺ ៤:១៦ តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​នៅ​ពេល​ណា? សូម​ពន្យល់។

១៣ សំណួរ​ទី​២​គឺ​ថា ‹តើ​ឥឡូវ​គឺ​ជា​ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សំណូម​ពរ​របស់​ខ្ញុំ​ឬ?›។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​ត្រូវ​ទទួល​ចម្លើយ​ភ្លាម​ៗ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ពិត​ជា​ស្គាល់​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ។ (​សូម​អាន ហេប្រឺ ៤:១៦​) ពេល​យើង​មិន​ទទួល​អ្វី​ដែល​យើង​សុំ​ភ្លាម​ៗ យើង​ប្រហែល​ជា​គិត​ថា​ចម្លើយ​របស់​ព្រះ​យេហូវ៉ា​គឺ​‹ទេ›។ ប៉ុន្តែ​ចម្លើយ​របស់​លោក​អាច​ជា​‹មិន​ទាន់​ដល់​ពេល›។ ជា​ឧទាហរណ៍ សូម​គិត​ម្ដង​ទៀត​អំពី​បង​ប្រុស​វ័យ​ក្មេង​ដែល​បាន​អធិដ្ឋាន​សុំ​ឲ្យ​ជា​ពី​ជំងឺ។ បើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អព្ភូតហេតុ​ឲ្យ​គាត់​ជា​សះ​ស្បើយ សាថាន​អាច​ចោទ​ប្រកាន់​ថា​បង​ប្រុស​នោះ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ដោយ​សារ​តែ​គាត់​បាន​ជា​សះ​ស្បើយ។ (​យ៉ូប ១:៩​-​១១; ២:៤​) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​កំណត់​ពេល​រួច​ហើយ ដើម្បី​ធ្វើ​ឲ្យ​លែង​មាន​ជំងឺ​ទាំង​អស់​ទៀត។ (​អេ. ៣៣:២៤; បប. ២១:៣, ៤​) ទម្រាំ​ដល់​ពេល​នោះ យើង​មិន​អាច​រំពឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អព្ភូតហេតុ​ដើម្បី​ឲ្យ​យើង​ជា​ពី​ជំងឺ​ទេ។ ដូច្នេះ បង​ប្រុស​នោះ​អាច​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​កម្លាំង​និង​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ជំងឺ ហើយ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។—ចសព. ២៩:១១

១៤. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ចានអ៊ិស?

១៤ សូម​គិត​អំពី​បង​ចានអ៊ិស​ដែល​បាន​អធិដ្ឋាន​អំពី​ការ​ចង់​បម្រើ​នៅ​បេតអែល។ ប្រាំ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ទើប​គាត់​បាន​យល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់។ គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ប្រើ​ពេល​វេលា​នោះ​ដើម្បី​បង្រៀន​ខ្ញុំ​និង​ដុស​ខាត់​ខ្ញុំ។ ខ្ញុំ​ត្រូវ​រៀន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ថែម​ទៀត។ ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​ទម្លាប់​សិក្សា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​កាន់​តែ​ប្រសើរ​ឡើង។ ម្យ៉ាង​ទៀត ខ្ញុំ​ត្រូវ​រៀន​ឲ្យ​ចេះ​មាន​អំណរ មិន​ថា​ខ្ញុំ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ណា​ក៏​ដោយ​»។ ក្រោយ​មក បង​ចានអ៊ិស​និង​ប្ដី​របស់​គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល។ ពេល​គិត​អំពី​ពេល​វេលា​កន្លង​មក បង​ចានអ៊ិស​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​មែន តែ​តាម​របៀប​ដែល​ខ្ញុំ​មិន​នឹក​ស្មាន។ គឺ​អស់​មួយ​រយៈ​ពេល ទើប​ខ្ញុំ​ឃើញ​ថា​ការ​តប​ឆ្លើយ​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ប្រពៃ តែ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​អាច​ឃើញ​អំពី​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​សប្បុរស​របស់​លោក​»។

បណ្ដុំរូបភាព៖ ១. បងស្រីពីរនាក់កំពុងបំពេញពាក្យសុំម្នាក់មួយសម្រាប់សាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ ពួកគេម្នាក់ៗអធិដ្ឋានមុនបំពេញពាក្យសុំនោះ។ ២. បងស្រីម្នាក់ប្រាប់មិត្តភក្តិរបស់គាត់នៅសាលប្រជុំទាំងសប្បាយចិត្តអំពីសំបុត្រដែលអញ្ជើញគាត់ឲ្យចូលសាលា ហើយនៅក្នុងចំណោមនោះ មានបងស្រីម្នាក់ទៀតដែលបានដាក់ពាក្យសុំដែរ។ ៣. បងស្រីដែលមិនបានត្រូវអញ្ជើញឲ្យចូលសាលាអធិដ្ឋានទៅព្រះយេហូវ៉ា រួចមកគាត់សរសេរសំបុត្រ។ ក្រោយមក គាត់ផ្សព្វផ្សាយនៅប្រទេសក្រៅ ហើយជួយកិច្ចការផ្នែកសាងសង់។

បើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​ទទួល​ចម្លើយ​ពី​ព្រះ​យេហូវ៉ា សូម​រក​មើល​ថា​មាន​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​អាច​អធិដ្ឋាន ​(​សូម​មើល​វគ្គ​១៥​)​f

១៥. ហេតុ​អ្វី​យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​សំណូម​ពរ​មិន​សូវ​ចំ​ៗ​? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ សំណួរ​ទី​៣​គឺ​ថា ‹តើ​ខ្ញុំ​គួរ​អធិដ្ឋាន​សម្រាប់​អ្វី​ផ្សេង​ទៀត​ឬ​ទេ?›។ ទោះ​ជា​គឺ​ល្អ​ឲ្យ​អធិដ្ឋាន​ជាក់​លាក់​ក្ដី យើង​ប្រហែល​ជា​អាច​ស្វែង​យល់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង​ដោយ​ធ្វើ​សំណូម​ពរ​មិន​សូវ​ចំ​ៗ។ សូម​គិត​អំពី​ឧទាហរណ៍​របស់​បង​ស្រី​នៅ​លីវ​ម្នាក់​ដែល​បាន​អធិដ្ឋាន​អំពី​ការ​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ គាត់​ចង់​ចូល​សាលា​នោះ​ដើម្បី​គាត់​អាច​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ ដូច្នេះ ពេល​គាត់​បន្ត​អធិដ្ឋាន​ឲ្យ​ចូល​សាលា​នោះ គាត់​ក៏​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​ស្វែង​រក​ឱកាស​ផ្សេង​ទៀត​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់។ (​សកម្ម. ១៦:៩, ១០​) បន្ទាប់​មក គាត់​អាច​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​នោះ​ដោយ​សួរ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​របស់​គាត់​ថា តើ​ក្រុម​ជំនុំ​នៅ​ជិត​ៗ​ត្រូវ​ការ​អ្នក​ត្រួស​ត្រាយ​ច្រើន​ជាង​ឬ​ទេ? ឬ​គាត់​អាច​សរសេរ​សំបុត្រ​ទៅ​ការិយាល័យ​សាខា​ដើម្បី​សួរ​អំពី​កន្លែង​ណា​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ច្រើន​ជាង។e

១៦. តើ​យើង​អាច​ជឿ​ជាក់​អំពី​អ្វី?

១៦ ដូច​ដែល​យើង​បាន​រៀន យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​យុត្តិធម៌។ (​ចសព. ៤:៣; អេ. ៣០:១៨​) ជួន​កាល ចម្លើយ​ដែល​យើង​ទទួល​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​គឺ​ខុស​ពី​អ្វី​ដែល​យើង​នឹក​ស្មាន។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​នឹង​មិន​ព្រងើយ​កន្តើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឡើយ។ លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ លោក​នឹង​មិន​បោះ​បង់​ចោល​យើង​ទេ។ (​ចសព. ៩:១០​) ដូច្នេះ សូម​បន្ត​«​ទុក​ចិត្ត​លោក​គ្រប់​ពេល​វេលា​»​ដោយ​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត។—ចសព. ៦២:៨

ស្ដី​អំពី​ការ​អធិដ្ឋាន​របស់​យើង . . .

  • តើ​យើង​អាច​រំពឹង​អ្វី​ពី​ព្រះ​យេហូវ៉ា?

  • តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង?

  • ហេតុ​អ្វី​យើង​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​សំណូម​ពរ​ខ្លះ​របស់​យើង?

ចម្រៀង​លេខ​៤៣ សេចក្ដី​អធិដ្ឋាន​ថ្លែង​អំណរ​គុណ

a អត្ថបទ​នេះ​នឹង​ពន្យល់​អំពី​មូលហេតុ​ដែល​យើង​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​តែង​តែ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​របៀប​យុត្តិធម៌​និង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។

b ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

c សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​អ្នក​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឬ​ទេ?​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កុម្ភៈ ឆ្នាំ​២០២២ វ.៣​-​៦។

d ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក សូម​មើល​វីដេអូ​សេចក្ដី​អធិដ្ឋាន​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ ក្នុង​គេហទំព័រ​jw.org/km។

e ដើម្បី​ទទួល​ការ​ណែនាំ​អំពី​របៀប​ដែល​អ្នក​អាច​បម្រើ​នៅ​តំបន់​ក្រោម​ការ​មើល​ថែ​នៃ​ការិយាល័យ​សាខា​ផ្សេង សូម​មើល​សៀវភៅ​អង្គការ​មួយ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​យេហូវ៉ា ជំ.១០ វ.៦​-​៩។

f ការ​ពណ៌នា​អំពី​រូប​ភាព​៖ បង​ស្រី​ពីរ​នាក់​អធិដ្ឋាន​មុន​ដាក់​ពាក្យ​សុំ​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ក្រោយ​មក បង​ស្រី​ម្នាក់​បាន​ត្រូវ​អញ្ជើញ ប៉ុន្តែ​បង​ស្រី​ម្នាក់​ទៀត​មិន​បាន​ត្រូវ​អញ្ជើញ​ទេ។ ជា​ជាង​ខក​ចិត្ត​ជា​ខ្លាំង បង​ស្រី​ដែល​មិន​បាន​ត្រូវ​អញ្ជើញ អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​រក​ឃើញ​ឱកាស​ផ្សេង​ទៀត ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់។ ក្រោយ​មក គាត់​សរសេរ​សំបុត្រ​ទៅ​ការិយាល័យ​សាខា​ដើម្បី​ប្រាប់​ថា​គាត់​សុខ​ចិត្ត​ទៅ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក