វិធីបង្រៀនដែលមានឥទ្ធិពលទៅលើចិត្តរបស់សិស្ស
១. តើសេចក្ដីបង្រៀនរបស់លោកយេស៊ូបានមានឥទ្ធិពលយ៉ាងណាទៅលើចិត្តពួកអ្នកដែលស្ដាប់លោក?
១ លោកយេស៊ូគ្រិស្តបានបង្រៀនតាមរបៀបដែលមានឥទ្ធិពលទៅលើចិត្តរបស់អ្នកដែលស្ដាប់លោក។ ជាឧទាហរណ៍ មានពេលមួយពួកអ្នកកាន់តាមលោកបាន«រំភើបចិត្តជាខ្លាំង» ក្រោយពីលោកបានពន្យល់បទគម្ពីរយ៉ាងអស់សេចក្ដីដល់ពួកគាត់។ (លូក. ២៤:៣២) ដោយសារការស្ដាប់បង្គាប់ព្រះត្រូវចេញពីចិត្ត តើតាមរបៀបណាយើងអាចជំរុញចិត្តអ្នកដែលយើងបង្រៀនឲ្យកែប្រែជីវិត?—រ៉ូម ៦:១៧
២. បើអ្នកបង្រៀនដោយមិនធ្វើឲ្យសិស្សទើសចិត្តហើយចេះគិតអំពីគាត់ តើនោះអាចមានឥទ្ធិពលយ៉ាងណាទៅលើចិត្តរបស់គាត់?
២ ដោយមិនធ្វើឲ្យសិស្សទើសចិត្ត ហើយចេះគិតអំពីគាត់: ចំពោះមនុស្សជាច្រើន បើយើងគ្រាន់តែប្រាប់ពួកគេនូវអ្វីដែលខុសនិងអ្វីដែលត្រូវ នោះមិនអាចជំរុញចិត្តពួកគេឲ្យប្រព្រឹត្តតាមបានទេ។ តាមពិត បើយើងខំបញ្ជាក់ថាជំនឿសាសនារបស់ពួកគេគឺខុស ដោយប្រើបទគម្ពីរផ្សេងៗ នោះអាចនឹងធ្វើឲ្យពួកគេលែងចង់រៀនជាមួយនឹងយើងទៀតផង។ ដើម្បីយើងអាចជំរុញចិត្តបុគ្គលម្នាក់ មុនសិនយើងត្រូវគិតអំពីមូលហេតុដែលគាត់ជឿ និងប្រព្រឹត្តដូច្នោះ។ ដោយមិនធ្វើឲ្យគាត់ទើសចិត្ត សូមគិតទុកជាមុននូវសំណួរត្រិះរិះ ដែលលើកទឹកចិត្តគាត់ឲ្យប្រាប់អំពីគំនិតដែលកប់ជ្រៅក្នុងចិត្តគាត់។ (សុភ. ២០:៥) លុះត្រាតែយើងដឹងគំនិតរបស់គាត់ ទើបយើងអាចជ្រើសរើសព័ត៌មានពីបណ្ដាំរបស់ព្រះដែលមានឥទ្ធិពលទៅលើចិត្តរបស់គាត់។ ហេតុនេះ យើងត្រូវបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះ និងអត់ធ្មត់ចំពោះគាត់។ (សុភ. ២៥:១៥) សូមចាំថា បុគ្គលម្នាក់ៗមានការរីកចម្រើនខាងការគោរពប្រណិប័តន៍ព្រះ ក្នុងកម្រិតខុសៗគ្នា។ សូមទុកពេលវេលាឲ្យសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាមានឥទ្ធិពលទៅលើចិត្តគំនិតនិងការប្រព្រឹត្តរបស់ពួកគេ។—ម៉ាក. ៤:២៦-២៩
៣. តើតាមរបៀបណាយើងអាចជួយសិស្សបណ្ដុះឲ្យមានគុណសម្បត្ដិដែលព្រះពេញចិត្ត?
៣ ជួយសិស្សបណ្ដុះឲ្យមានគុណសម្បត្ដិដែលព្រះពេញចិត្ត: កំណត់ហេតុក្នុងគម្ពីរដែលរៀបរាប់អំពីសេចក្ដីស្រឡាញ់និងគុណធម៌របស់ព្រះយេហូវ៉ា អាចជួយសិស្សបណ្ដុះឲ្យមានគុណសម្បត្ដិដែលព្រះពេញចិត្ត។ យើងអាចប្រើបទគម្ពីរដូចជាទំនុកតម្កើង ១៣៩:១-៤ ឬលូកា ១២:៦, ៧ ដើម្បីបង្ហាញគាត់ថាព្រះយេហូវ៉ាពិតជាយកចិត្តទុកដាក់នឹងយើងម្នាក់ៗដោយស្មោះ។ ពេលបុគ្គលម្នាក់ចាប់ផ្ដើមមានអំណរគុណចំពោះគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា នោះសេចក្ដីស្រឡាញ់និងភក្ដីភាពដែលគាត់មានចំពោះព្រះ នឹងមានកាន់តែខ្លាំងឡើងៗ។ (រ៉ូម ៥:៦-៨; ១យ៉ូន. ៤:១៩) ម្យ៉ាងទៀត ពេលដែលគាត់ដឹងថា ការប្រព្រឹត្តរបស់គាត់អាចប៉ះពាល់ដល់អារម្មណ៍របស់ព្រះយេហូវ៉ា នោះនឹងជំរុញចិត្តគាត់ឲ្យធ្វើអ្វីដែលព្រះពេញចិត្ត និងដែលលើកកិត្ដិយសលោក។—ទំនុក. ៧៨:៤០, ៤១; សុភ. ២៣:១៥
៤. ក្នុងកិច្ចបម្រើផ្សាយ ពេលយើងបង្រៀនបុគ្គលម្នាក់ តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងគោរពសិទ្ធិសម្រេចចិត្តរបស់គាត់?
៤ ព្រះយេហូវ៉ាមិនបង្ខំនរណាម្នាក់ឲ្យស្ដាប់បង្គាប់លោកទេ។ ផ្ទុយទៅវិញ លោកបង្ហាញឲ្យពួកគេឃើញថា ការធ្វើតាមឱវាទរបស់លោកនាំឲ្យពួកគេទទួលប្រយោជន៍។ (អេ. ៤៨:១៧, ១៨) ពេលយើងបង្រៀនមនុស្សឲ្យចេះសន្និដ្ឋានដោយខ្លួនគេផ្ទាល់ យើងកំពុងយកតម្រាប់ព្រះយេហូវ៉ា។ ពេលពួកគេទទួលស្គាល់ថាពួកគេត្រូវកែប្រែជីវិត ហើយធ្វើការកែប្រែទាំងនោះ ពួកគេនឹងទទួលប្រយោជន៍ជាយូរអង្វែង។ (រ៉ូម ១២:២) នេះក៏នឹងជួយឲ្យពួកគេចូលកាន់តែជិតព្រះយេហូវ៉ា ជាព្រះដែលពិនិត្យ«មើលចិត្ត»។—សុភ. ១៧:៣