បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អាប្រាហាំ បុរសម្នាក់ដែលមានចិត្ដរាបទាប
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ កុម្ភៈ
    • ប៉ុន្តែ យើង​អាន​ថា មាន​ពីរ​ដង​ដែល​អាប្រាហាំ​បាន​ស្ដាប់​យោបល់​របស់​សារ៉ា ហើយ​ធ្វើ​តាម​យោបល់​នោះ។ (​លោកុប្បត្តិ ១៦:២; ២១:៨​-​១៤​) នៅ​ពេល​មួយ ដំបូង​យោបល់​របស់​នាង​ធ្វើ​ឲ្យ​​«​អ័ប្រាហាំ​ពិបាក​ចិត្ត​ណាស់​»។ ប៉ុន្តែ ពេល​ព្រះ​យេហូវ៉ា​បញ្ជាក់​ប្រាប់​អាប្រាហាំ​ថា យោបល់​របស់​នាង​គឺជា​យោបល់​ល្អ​មួយ នោះ​អាប្រាហាំ​ព្រម​ស្ដាប់​តាម​ដោយ​ចិត្ត​រាប​ទាប ហើយ​បាន​ធ្វើ​តាម​យោបល់​របស់​នាង។

      តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​រឿង​នេះ? បើ​យើង​ពិត​ជា​មាន​ចិត្ត​រាប​ទាប យើង​នឹង​សប្បាយ​ចិត្ត​បម្រើ​អ្នក​ឯ​ទៀត។ យើង​នឹង​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​ជីវិត​សុខ​ស្រួល​ជាង។

      យើង​ក៏​អាច​បង្ហាញ​ចិត្ត​រាប​ទាប​តាម​រយៈ​ប្រតិកម្ម​របស់​យើង​ចំពោះ​យោបល់​របស់​អ្នក​ឯ​ទៀត​ដែរ។ ជា​ជាង​បដិសេធ​យោបល់​មួយ ដោយ​សារ​យើង​មិន​បាន​នឹក​ឃើញ​យោបល់​នោះ​ដោយ​ខ្លួន​យើង នោះ​ជា​ការ​ល្អ​ឲ្យ​យើង​ទទួល​យោបល់​ពី​អ្នក​ឯ​ទៀត។ (​សុភាសិត ១៥:២២​) ជា​ពិសេស ទស្សនៈ​ទូលំ​ទូលាយ​បែប​នេះ​គឺ​ល្អ​សម្រាប់​ពួក​អ្នក​ដែល​មាន​អំណាច​លើ​អ្នក​ឯ​ទៀត។ អ្នក​ចាត់​ការ​ដែល​មាន​បទ​ពិសោធន៍​ម្នាក់​ឈ្មោះ​ចន​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​ថា អ្នក​ត្រួត​ពិនិត្យ​ដ៏​ល្អ​ម្នាក់​បង្កើត​ឲ្យ​មាន​បរិយាកាស​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា ខ្លួន​អាច​បញ្ចេញ​មតិ​ដោយ​សេរី​បាន​»។ គាត់​បន្ថែម​ទៀត​ថា​៖ ​«​អ្នក​ត្រូវ​មាន​ចិត្ត​រាប​ទាប​ដើម្បី​ទទួល​ស្គាល់​ថា អ្នក​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក ប្រហែលជា​មាន​របៀប​ធ្វើ​ការ​ដែល​ប្រសើរ​ជាង​អ្នក។ ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​ដែល​តែង​តែ​មាន​យោបល់​ល្អ​ជាង​គេ​នោះ​ទេ សូម្បី​តែ​អ្នក​ត្រួត​ពិនិត្យ​ក៏​មិន​មាន​ផង​»។

      ពេល​យើង​ធ្វើ​តាម​គំរូ​របស់​អាប្រាហាំ​ដោយ​ស្ដាប់​យោបល់​អ្នក​ឯ​ទៀត ហើយ​ជួយ​ពួក​គេ​ដោយ​ធ្វើ​កិច្ចការ​ដែល​មើល​ទៅ​ដូច​ជា​មិន​សូវ​សំខាន់ នោះ​យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ សរុប​សេចក្ដី​មក ​«​ព្រះ​ប្រឆាំង​មនុស្ស​ក្រអឺតក្រទម តែ​លោក​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​»។—ពេត្រុសទី១ ៥:៥

  • អាប្រាហាំ បុរសម្នាក់ដែលមានសេចក្ដីស្រឡាញ់
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ កុម្ភៈ
    • អាប្រាហាំ ​បុរស​ម្នាក់​ដែល​មាន​សេចក្ដី​ស្រឡាញ់​

      អាប្រាហាំ​មិន​អាច​ទ្រាំទ្រ​នឹង​ទុក្ខ​ព្រួយ​របស់​គាត់​បាន​ទេ។ សារ៉ា ភរិយា​ជា​ទី​ស្រឡាញ់​របស់​គាត់​បាន​ស្លាប់​ហើយ។ ក្នុង​ពេល​ដែល​គាត់​និយាយ​ពាក្យ​លា​ជា​លើក​ចុង​ក្រោយ នោះ​បុរស​វ័យ​ចាស់​នេះ​នឹក​ឃើញ​អនុស្សាវរីយ៍​ល្អ​ៗ​យ៉ាង​ច្រើន​រាប់​មិន​អស់។ ពេល​ដែល​គាត់​កើត​ទុក្ខ​យ៉ាង​ខ្លាំង គាត់​ក៏​ស្រក់​ទឹក​ភ្នែក។ (​លោកុប្បត្តិ ២៣:១, ២​) ទឹក​ភ្នែក​ទាំង​នោះ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ខ្មាស​គេ​នោះ​ទេ តែ​ទឹក​ភ្នែក​នេះ​បាន​បង្ហាញ​គុណ​សម្បត្ដិ​មួយ​ដ៏​ប្រសើរ​បំផុត​របស់​អាប្រាហាំ គឺ​សេចក្ដី​ស្រឡាញ់។

      តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី? សេចក្ដី​ស្រឡាញ់​គឺជា​ការ​ជាប់​ចិត្ត ឬ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​បុគ្គល​ម្នាក់។ បុគ្គល​ម្នាក់​ដែល​មាន​សេចក្ដី​ស្រឡាញ់​បង្ហាញ​ថា គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បុគ្គល​ដែល​គាត់​ស្រឡាញ់​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​គាត់ សូម្បី​តែ​ការ​ធ្វើ​ដូច្នេះ​តម្រូវ​ឲ្យ​លះ​បង់​ប្រយោជន៍​ខ្លួន​ក៏​ដោយ។

      តើ​អាប្រាហាំ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច? អាប្រាហាំ​បាន​បង្ហាញ​ថា​គាត់​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​គាត់។ អាប្រាហាំ​ច្បាស់​ជា​បុរស​ដ៏​រវល់​ម្នាក់។ ក៏​ប៉ុន្តែ គាត់​តែង​តែ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​គាត់​ទាំង​ខាង​ផ្លូវ​ចិត្ត ទាំង​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ តាម​ពិត ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​ឃើញ​ថា អាប្រាហាំ​បាន​នាំ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ក្នុង​ឋានៈ​ជា​ប្រមុខ​នៃ​ក្រុម​គ្រួសារ។ (​លោកុប្បត្តិ ១៨:​១៩​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​យ៉ាង​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់​របស់​អាប្រាហាំ។ ពេល​ដែល​លោក​មាន​ប្រសាសន៍​ទៅ​កាន់​អាប្រាហាំ លោក​បាន​ហៅ​អ៊ីសាក​ថា​​«​កូន​សំ​ឡាញ់​»​របស់​គាត់។—លោកុប្បត្តិ ២២:២

      យើង​អាច​ដឹង​ថែម​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​របស់​អាប្រាហាំ ដោយ​សារ​ប្រតិកម្ម​របស់​គាត់ ពេល​សារ៉ា​ដែល​ជា​ភរិយា​ជា​ទី​ស្រឡាញ់​របស់​គាត់​បាន​ស្លាប់​ទៅ។ អាប្រាហាំ​បាន​យំ​សោក​នឹង​នាង។ ទោះ​ជា​គាត់​ជា​បុរស​រឹងប៊ឹង​ក៏​ដោយ គាត់​មិន​ខ្លាច​បង្ហាញ​ទុក្ខ​សោក​របស់​គាត់​ឡើយ។ ដូច្នេះ អាប្រាហាំ​បាន​បង្ហាញ​ភាព​រឹងប៊ឹង​របស់​គាត់​ផង និង​ចិត្ត​សុភាព​របស់​គាត់​ផង​ដែរ។

      អាប្រាហាំ​បាន​បង្ហាញ​ថា​គាត់​ស្រឡាញ់​ព្រះ​របស់​គាត់។ គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ពេញ​មួយ​ជីវិត​របស់​គាត់។ តើ​តាម​របៀប​ណា? យើង​ប្រហែលជា​នឹក​ឃើញ​នូវ​អ្វី​ដែល​គម្ពីរ​បាន​ចែង​នៅ​យ៉ូហានទី១ ៥:៣​ថា​៖ ​«​ការ​ស្រឡាញ់​ព្រះ​មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក​»។ តាម​អត្ថន័យ​នេះ អាប្រាហាំ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ស្តី​អំពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។

      ម្ដង​ហើយ​ម្ដង​ទៀត ពេល​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​បង្គាប់​មួយ​ដល់​អាប្រាហាំ គាត់​ធ្វើ​តាម​បង្គាប់​នោះ​ភ្លាម​ៗ។ (​លោកុប្បត្តិ ១២:៤; ១៧:២២, ២៣; ២១:១២​-​១៤; ២២:១​-​៣​) ចំពោះ​អាប្រាហាំ គឺ​មិន​សំខាន់​ទេ​ដែល​បង្គាប់​នោះ​ពិបាក​ឬ​ស្រួល​ធ្វើ​តាម ឬ​ក៏​គាត់​យល់​ឬ​មិន​យល់​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​សុំ​គាត់​ឲ្យ​ធ្វើ​តាម​បង្គាប់​នោះ។ គាត់​នៅ​តែ​ធ្វើ​តាម។ បើ​ព្រះ​របស់​គាត់​ចង់​ឲ្យ​គាត់​ធ្វើ​អ្វី គាត់​ស្ម័គ្រ​ចិត្ត​ធ្វើ​តាម។ អាប្រាហាំ​មាន​ទស្សនៈ​ថា បង្គាប់​នីមួយ​ៗ​គឺជា​ឱកាស​មួយ​ដើម្បី​ឲ្យ​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ។

      តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​រឿង​នេះ? យើង​អាច​ធ្វើ​តាម​គំរូ​របស់​អាប្រាហាំ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ​ចំពោះ​អ្នក​ឯ​ទៀត ជា​ពិសេស​ចំពោះ​សមាជិក​ក្រុម​គ្រួសារ​របស់​យើង។ យើង​មិន​ចង់​ឲ្យ​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត​ធ្វើ​ឲ្យ​យើង​គ្មាន​ពេល​សម្រាប់​ពួក​អ្នក​ដែល​យើង​ស្រឡាញ់​ឡើយ។

      យើង​គួរ​ខំ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​ផុស​ចេញ​ពី​ដួង​ចិត្ត​ចំពោះ​ព្រះ​យេហូវ៉ា។ សេចក្ដី​ស្រឡាញ់​បែប​នេះ​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ជីវិត​របស់​យើង។ ជា​ឧទាហរណ៍ សេចក្ដី​ស្រឡាញ់​អាច​ជំរុញ​យើង​ឲ្យ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។—ពេត្រុសទី១ ១:១៤​-​១៦

      ពិត​មែន​ហើយ ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​មិន​តែង​តែ​ស្រួល​ទេ តែ​យើង​អាច​ប្រាកដ​ថា ព្រះ​ដែល​បាន​ជួយ​អាប្រាហាំ ពោល​គឺជា​ព្រះ​ដែល​បាន​ហៅ​គាត់​ថា​‹សំ​ឡាញ់​របស់​ខ្ញុំ› ក៏​ចាំ​ជួយ​យើង​ដែរ។ (​អេសាយ ៤១:៨​) គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក​បាន​សន្យា​ថា​៖ ​«​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ហើយ​ខ្លាំងក្លា​ឡើង​»។ (​ពេត្រុសទី១ ៥:១០​) នេះ​ពិត​ជា​សេចក្ដី​សន្យា​ដ៏​កក់​ក្ដៅ​ដែល​មក​ពី​សម្លាញ់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​របស់​អាប្រាហាំ​មែន!

      [​ប្រអប់​នៅ​ទំព័រ​១០​]

      បើ​បុរស​ម្នាក់​យំ តើ​គាត់​ជា​មនុស្ស​ទន់​ជ្រាយ​ឬ?

      មនុស្ស​ជា​ច្រើន​នឹង​ឆ្លើយ​ថា គាត់​ទន់​ជ្រាយ​មែន។ ពួក​គេ​ប្រហែលជា​នឹង​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា គម្ពីរ​បាន​រៀប​រាប់​អំពី​បុរស​អង់អាច និង​ស្មោះ​ត្រង់​មួយ​ចំនួន​ដែល​បាន​យំ។ ក្នុង​នោះ​រួម​មាន​អាប្រាហាំ យ៉ូសែប ដាវីឌ សាវ័ក​ពេត្រុស ពួក​អ្នក​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ ហើយ​សូម្បី​តែ​លោក​យេស៊ូ​ក៏​យំ​ដែរ។ (​លោកុប្បត្តិ ៥០:១; សាំយូអែលទី២ ១៨:៣៣; លូកា ២២:៦១, ៦២; យ៉ូហាន ១១:៣៥; សកម្មភាព ២០:៣៦​-​៣៨​) គម្ពីរ​ច្បាស់​ជា​មិន​បាន​បង្រៀន​ថា បុរស​ដែល​យំ​គឺជា​មនុស្ស​ទន់​ជ្រាយ​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក