បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៣ ទំ. ១៧-២២
  • ព្រះយេហូវ៉ាជាជំនួយរបស់យើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាជាជំនួយរបស់យើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ប្រភព​ជំនួយ​ដែល​អាច​ពឹង​ជានិច្ច
  • ជំនួយ​ពី​បណ្ដា​ទេវតា
  • ជំនួយ​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ
  • ជំនួយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ
  • ជំនួយ​ពី​អ្នក​ជឿ​គ្នីគ្នា
  • តើអ្នកព្រមទទួលជំនួយពីព្រះយេហូវ៉ាទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ជំនួយពីពួកទេវតារបស់ព្រះ
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • របៀបដែលទេវតាអាចជួយលោកអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • ពួកទេវតា តើពួកគេមានអានុភាពលើជីវិតយើងយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៣ ទំ. ១៧-២២

ព្រះ​យេហូវ៉ា​ជា​ជំនួយ​របស់​យើង

«សេចក្ដី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ​យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី»។—ទំនុកដំកើង ១២១:២

១, ២​. (ក) ហេតុ​អ្វី​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ជំនួយ​ម្ដងម្កាល? (ខ) តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ដែល​មាន​លក្ខណៈ​បែប​ណា?

មនុស្ស​គ្រប់​រូប​ត្រូវ​ការ​ជំនួយ​ម្ដងម្កាល មែន​ទេ? តាម​ការ​ពិត យើង​ទាំង​អស់​គ្នា​ម្ដងម្កាល​ត្រូវ​ការ​ជំនួយ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ធំ​ណា​មួយ ឬ​ស៊ូ​ទ្រាំ​នឹង​ការ​ល្បងល​ឬ​ទុក្ខ​លំបាក ឬ​ក៏​ស៊ូ​ទ្រាំ​ពេល​មាន​ការ​ព្រាត់ប្រាស​ឬ​បាត់បង់​ដែល​នាំ​ឲ្យ​កើត​ទុក្ខ ក្រៀម​ក្រំ​ចិត្ត។ នៅ​ពេល​ដែល​ត្រូវ​ការ​ជំនួយ មនុស្ស​តែង​តែ​ទៅ​រក​មិត្តភក្ដិ​ដែល​ស្រឡាញ់​ពួក​គេ។ ពេល​ដែល​មិត្តភក្ដិ​យក​អាសា​យើង​នោះ យើង​អាច​ទ្រាំ​នឹង​បញ្ហា​បាន​ស្រួល​ជាង។ ប៉ុន្តែ ជំនួយ​ពី​មនុស្ស​មាន​កំរិត។ ម្យ៉ាង​ទៀត មនុស្ស​មិន​តែង​មាន​សមត្ថភាព​ឬ​លទ្ធភាព​ជួយ​យើង​ពេល​មាន​សេចក្ដី​ត្រូវ​ការ​នោះ​ឡើយ។

២ ក៏​ប៉ុន្តែ មាន​ព្រះ​មួយ​អង្គ​ដែល​អាច​ជួយ​យើង​បាន។ ទ្រង់​មាន​អំណាច​និង​ធនធាន​មិន​ចេះ​អស់។ បន្ថែម​ទៅ​ទៀត ទ្រង់​សន្យា​ថា ទ្រង់​នឹង​មិន​ដែល​បោះបង់​យើង​ចោល​ឡើយ។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ប្រាប់​នាម​របស់​ព្រះ​មួយ​អង្គ​នោះ​ដែល​អាច​ជួយ​បាន ពេល​ថ្លែង​ដោយ​ជំនឿ​មុត​មាំ​ថា៖ «សេចក្ដី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ​យេហូវ៉ា​ទេ»។ (ទំនុកដំកើង ១២១:២) ហេតុ​អ្វី​ក៏​អ្នក​តែង​ទំនុក​នេះ​ជឿជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​គាត់? ដើម្បី​ឆ្លើយ​សំនួរ​នេះ យើង​នឹង​ពិនិត្យ​មើល​ទំនុក​ទី​១២១។ ការ​ពិនិត្យ​មើល​ទំនុក​ទី​១២១​នឹង​ជួយ​ឲ្យ​យើង​យល់​នូវ​មូលហេតុ​ដែល​យើង​ក៏​អាច​ពឹងពាក់​ព្រះ​យេហូវ៉ា​ដោយ​មាន​ជំនឿ​មុត​មាំ​ថា ទ្រង់​ជា​អ្នក​ជួយ​យើង។

ប្រភព​ជំនួយ​ដែល​អាច​ពឹង​ជានិច្ច

៣​. តើ​អ្នក​តែង​ទំនុក​នេះ​ប្រហែល​ជា​បាន​ងើយ​ភ្នែក​មើល​ភ្នំ​អ្វី? ហេតុ​អ្វី?

៣ មុន​ដំបូង អ្នក​តែង​ទំនុក​នេះ​បាន​បញ្ជាក់​ថា​យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ដោយសារ​ទ្រង់​ជា​អ្នក​បង្កើត។ គាត់​បាន​សរសេរ​ថា៖ «ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្ដី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា? សេចក្ដី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ​យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី»។ (ទំនុកដំកើង ១២១:១, ២) អ្នក​តែង​ទំនុក​នេះ​កំពុង​តែ​សំដៅ​លើ​ភ្នំ​ពិសេស។ ពេល​ដែល​គាត់​សរសេរ​ពាក្យ​នេះ ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ទី​ក្រុង​យេរូសាឡិម។ ទី​ក្រុង​នោះ​ស្ថិត​នៅ​ទី​ខ្ពស់​លើ​ភ្នំ​ស្រុក​យូដា ធ្លាប់​ជា​ដំណាក់​របស់​ព្រះ​យេហូវ៉ា​បើ​និយាយ​ជា​អត្ថបដិរូប។ (ទំនុកដំកើង ១៣៥:២១) ដោយ​មាន​ជំនឿ​ជាក់​ថា​នឹង​បាន​ជំនួយ អ្នក​តែង​ទំនុក​នេះ​ប្រហែល​ជា​បាន​ងើយ​ភ្នែក​មើល​ទៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​យេរូសាឡិម ដែល​នៅ​លើ​នោះ​មាន​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​បាន​ជា​គាត់​ប្រាកដ​ក្នុង​ចិត្ត​ថា​ព្រះ​យេហូវ៉ា​អាច​ជួយ​គាត់​បាន? ពីព្រោះ​ទ្រង់​ជា«ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី»។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត អ្នក​តែង​ទំនុក​នេះ​ចង់​ប្រាប់​ថា‹ប្រាកដ​ជា​គ្មាន​អ្វី​អាច​ឃាត់​អ្នក​បង្កើត​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា​ពី​ការ​ជួយ​ខ្ញុំ​ទេ!›។—អេសាយ ៤០:២៦

៤​. ដើម្បី​ពន្យល់​ថា​ព្រះ​យេហូវ៉ា​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​សេចក្ដី​ត្រូវ​ការ​របស់​រាស្ត្រ​ទ្រង់​នោះ តើ​អ្នក​តែង​ទំនុក​បាន​សរសេរ​យ៉ាង​ណា? ហេតុ​អ្វី​នេះ​បង្កើន​ទំនុក​ចិត្ត​របស់​យើង?

៤ ក្រោយ​មក អ្នក​តែង​ទំនុក​នេះ​ពន្យល់​ថា ព្រះ​យេហូវ៉ា​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​បំរើ​ទ្រង់។ គាត់​សរសេរ​ថា៖ «ទ្រង់​នឹង​មិន​ឲ្យ​ជើង​អ្នក​រឥល​ភ្លាត់​ឡើយ ព្រះ​អង្គ​ដែល​រក្សា​អ្នក ទ្រង់​នឹង​មិន​ផ្ទំ​រលីវ​ឡើយ មើល! ព្រះ​អង្គ​ដែល​រក្សា​អ៊ីស្រាអែល ទ្រង់​នឹង​មិន​ដែល​ងោក​ងុយ ក៏​មិន​ដែល​ផ្ទំ​លក់​ឡើយ»។ (ទំនុកដំកើង ១២១:៣, ៤) ព្រះ​មិន​អាច​ឲ្យ​អ្នក​ដែល​ទុក​ចិត្ត​ទ្រង់«រឥល​ភ្លាត់»ឬ​ដួល​ក្រោក​ឡើង​លែង​បាន​នោះ​ឡើយ។ (សុភាសិត ២៤:១៦) តើ​ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​គឺ​ដូច​ជា​អ្នក​គង្វាល​ដែល​មិន​ងោក​ងុយ​ពេល​កំពុង​តែ​ចាំ​យាម​ហ្វូង​ចៀម។ ចំណុច​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​ណាស់ មែន​ទេ? ទ្រង់​មិន​ដែល​បិទ​ព្រះ​នេត្រ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​រាស្ត្រ​ទ្រង់ សូម្បី​តែ​មួយ​រំពេច​ក៏​ដោយ។ ទ្រង់​ប្រុង​ស្មារតី​យាម​ពួក​គេ​ទាំង​យប់​ទាំង​ថ្ងៃ។

៥​. ហេតុ​អ្វី​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​ឈរ​នៅ«ខាង​ស្ដាំ»?

៥ ដោយ​ជឿជាក់​ថា​ព្រះ​យេហូវ៉ា​ការពារ​រាស្ត្រ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់​នោះ អ្នក​តែង​ទំនុក​បាន​សរសេរ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែរក្សា​អ្នក ព្រះ​យេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាង​ស្ដាំ​អ្នក។ នៅ​ពេល​ថ្ងៃ​អ្នក​នឹង​មិន​ត្រូវ​ព្រះ​អាទិត្យ​ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់​ក៏​មិន​ត្រូវ​ព្រះ​ចន្ទ​ធ្វើ​ទុក្ខ​ដែរ»។ (ទំនុកដំកើង ១២១:៥, ៦) នៅ​មជ្ឈិម​បូព៌ា អ្នក​ដែល​ត្រូវ​ដើរ​ឆ្ងាយៗពិត​ជា​នឹង​សប្បាយ​មែន បើ​ឃើញ​កន្លែង​មាន​ម្លប់​អាច​ជ្រក​ការពារ​ពី​កំដៅ​ព្រះ​អាទិត្យ​នោះ។ ព្រះ​យេហូវ៉ា​ការពារ​រាស្ត្រ​ទ្រង់​ពី​អន្តរាយ ដូច​ម្លប់​ការពារ​ពី​កំដៅ​ព្រះ​អាទិត្យ។ សូម​កត់​សម្គាល់​ខ​នោះ​ថា ព្រះ​យេហូវ៉ា​ឈរ«នៅ​ខាង​ស្ដាំ»។ ពេល​មាន​សង្គ្រាម​នៅ​សម័យ​បុរាណ ខែល​ដែល​ទាហាន​ម្នាក់ៗកាន់​មិន​បាន​ការពារ​ដៃ​ស្ដាំ​របស់​ពួក​គេ​ទាំង​ស្រុង​ឡើយ ពីព្រោះ​ពួក​គេ​កាន់​ខែល​នៅ​ដៃ​ឆ្វេង។ មិត្តភក្ដិ​ស្មោះ​ត្រង់​ម្នាក់​អាច​ជួយ​ការពារ​ទាហាន​នោះ​ដោយ​ឈរ​តយុទ្ធ​នៅ​ខាង​ស្ដាំ​គាត់។ ព្រះ​យេហូវ៉ា​គឺ​ដូច​ជា​មិត្តភក្ដិ​ស្មោះ​ត្រង់​នោះ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​អ្នក​ថ្វាយ​បង្គំ​ទ្រង់ ថែម​ទាំង​ប្រុង​ជួយ​ជានិច្ច។

៦, ៧​. (ក) តើ​អ្នក​តែង​ទំនុកដំកើង​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ព្រះ​យេហូវ៉ា​នឹង​មិន​ឈប់​ជួយ​រាស្ត្រ​ទ្រង់​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​យើង​អាច​ជឿជាក់​ដូច​អ្នក​តែង​ទំនុក​នោះ?

៦ តើ​ក្រោយ​មក​ព្រះ​យេហូវ៉ា​នឹង​ឈប់​ជួយ​រាស្ត្រ​ទ្រង់​ទេ? ពិត​ជា​មិន​អាច​ទេ! អ្នក​តែង​ទំនុក​បាន​បញ្ចប់​សេចក្ដី​ដោយ​សរសេរ​ថា៖ «ព្រះ​យេហូវ៉ា​នឹង​រក្សា​អ្នក​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ទ្រង់​នឹង​ថែរក្សា​ព្រលឹង​របស់​អ្នក ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ​រៀង​ត​ទៅ»។ (ទំនុកដំកើង ១២១:៧, ៨) សូម​កត់​សម្គាល់​ថា មុន​ដំបូង​អ្នក​តែង​ទំនុក​បាន​និយាយ​អំពី​បច្ចុប្បន្ន​កាល តែ​ក្រោយ​មក​ប្ដូរ​ទៅ​និយាយ​អំពី​អនាគត​វិញ។ ក្នុង​ខ​៥​គាត់​សរសេរ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែរក្សា​អ្នក»។ នេះ​សំដៅ​ទៅ​បច្ចុប្បន្ន​កាល។ ប៉ុន្តែ ក្នុង​ខ​៧​និង​៨ គាត់​សរសេរ​ថា៖ «ព្រះ​យេហូវ៉ា​នឹង​រក្សា​អ្នក»។ នេះ​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ថ្វាយ​បង្គំ​ពិត​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​ពួក​គេ​ជា​ដរាប។ មិន​ថា​ពួក​គេ​ទៅ​កន្លែង​ណា​ឬ​ជួប​នឹង​វិបត្ដិ​អ្វី​ក៏​ដោយ ក៏​ពួក​គេ​អាច​ពឹង​ជំនួយ​ទ្រង់​ជានិច្ច។—សុភាសិត ១២:២១

៧ ពិត​មែន អ្នក​សរសេរ​ទំនុក​១២១​ជឿជាក់​ថា ព្រះ​ដែល​មានគ្រប់​ព្រះ​ចេស្ដា​ទ្រង់​ថែរក្សា​ថ្នាក់ថ្នម​អ្នក​បំរើ​របស់​ទ្រង់​ដូច​អ្នក​គង្វាល​ដែល​ស្រឡាញ់​ចៀម ហើយ​ទ្រង់​ក៏​ប្រុង​ស្មារតី​ដូច​អ្នក​យាម​ផង​ដែរ។ យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ឲ្យ​ជឿជាក់​ដូច​អ្នក​តែង​បទ​ទំនុក​នោះ ដ្បិត​ព្រះ​យេហូវ៉ា​មិន​ប្រែប្រួល​ឡើយ។ (ម៉ាឡាគី ៣:៦) តើ​នេះ​មាន​ន័យ​ថា​ទ្រង់​នឹង​ការពារ​យើង​ខាង​រូប​កាយ​ជានិច្ច​ទេ? មិន​មាន​ន័យ​ដូច្នេះ​ទេ! ប៉ុន្តែ​ដរាប​ណា​ដែល​យើង​ពឹង​ទ្រង់​ជា​អ្នក​ជួយ​យើង ទ្រង់​នឹង​ការពារ​យើង​ពី​អ្វី​ទាំង​អស់​ដែល​អាច​នាំ​ឲ្យ​ជួប​នឹង​គ្រោះថ្នាក់​ខាង​វិញ្ញាណ។ ធម្មតា​យើង​ឆ្ងល់​ថា ‹តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?›។ យើង​នឹង​ពិចារណា​វិធី​បួន​យ៉ាង​ដែល​ទ្រង់​ជួយ​យើង។ ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​វិធី​ដែល​ទ្រង់​ធ្លាប់​ជួយ​អ្នក​បំរើ​របស់​ទ្រង់​នៅ​សម័យ​បុរាណ។ អត្ថបទ​បន្ទាប់​នឹង​ពន្យល់​វិធី​ដែល​ទ្រង់​ជួយ​រាស្ត្រ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ។

ជំនួយ​ពី​បណ្ដា​ទេវតា

៨​. ហេតុ​អ្វី​មិន​មែន​ជា​ការ​ចម្លែក​ដែល​ទេវតា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សេចក្ដី​សុខ​របស់​អ្នក​បំរើ​ព្រះ​នៅ​ផែនដី?

៨ ព្រះ​យេហូវ៉ា​មាន​ទេវតា​រាប់​លាន​រូប​នៅ​ក្រោម​បង្គាប់​ទ្រង់។ (ដានីយ៉ែល ៧:៩, ១០) បុត្រ​វិញ្ញាណ​ទាំង​នោះ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យ៉ាង​ស្មោះ​ត្រង់។ (ទំនុកដំកើង ១០៣:២០) ទេវតា​ទាំង​នោះ​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស​ដែល​ថ្វាយ​បង្គំ​ទ្រង់ ហើយ​ទ្រង់​ចង់​ជួយ​ពួក​គេ។ គ្មាន​អ្វី​ចម្លែក​ឡើយ​ដែល​ទេវតា​ក៏​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សេចក្ដី​សុខ​របស់​អ្នក​ដែល​បំរើ​ព្រះ​នៅ​ផែនដី។ (លូកា ១៥:១០) ដូច្នេះ បណ្ដា​ទេវតា​ច្បាស់​ជា​សប្បាយ​ពេល​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ពួក​គេ​ដើម្បី​ជួយ​មនុស្ស។ តើ​ព្រះ​យេហូវ៉ា​ធ្លាប់​ប្រើ​ទេវតា​ដើម្បី​ជួយ​មនុស្ស​ដែល​បំរើ​ទ្រង់​នៅ​សម័យ​បុរាណ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

៩​. សូម​ឲ្យ​ឧទាហរណ៍​ដែល​បញ្ជាក់​ថា​ព្រះ​ប្រគល់​អំណាច​ឲ្យ​ទេវតា​ការពារ​មនុស្ស​ស្មោះ​ភក្ដី។

៩ ព្រះ​ធ្លាប់​ប្រគល់​អំណាច​ឲ្យ​ទេវតា​ការពារ​និង​រំដោះ​មនុស្ស​ស្មោះ​ភក្ដី។ ទេវតា​ពីរ​រូប​បាន​ជួយ​ឡុត​និង​កូន​ស្រី​របស់​គាត់​ឲ្យ​រួច​រស់​ជីវិត​ពេល​ដែល​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា​ត្រូវ​បំផ្លាញ​ចោល។ (លោកុប្បត្តិ ១៩:១, ១៥​-​១៧) ទេវតា​តែ​មួយ​ប៉ុណ្ណោះ​បាន​សម្លាប់​ទាហាន​១៨៥.០០០​នាក់​របស់​សាសន៍​អាសស៊ើរ ដែល​គំរាម​កំហែង​ទី​ក្រុង​យេរូសាឡិម។ (ពង្សាវតារក្សត្រទី២ ១៩:៣៥) នៅ​ពេល​ដែល​ដានីយ៉ែល​ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង​រូង​សិង្ហ ព្រះ​យេហូវ៉ា«ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំង​អស់»។ (ដានីយ៉ែល ៦:២១, ២២) ទេវតា​មួយ​រូប​បាន​ដោះលែង​សាវ័ក​ពេត្រុស​ឲ្យ​ចេញ​ពី​គុក។ (កិច្ចការ ១២:៦​-​១១) ព្រះ​គម្ពីរ​មាន​ឧទាហរណ៍​ជា​ច្រើន​ឯ​ទៀត​អំពី​ពេល​ដែល​ទេវតា​បាន​ការពារ​មនុស្ស។ នេះ​បញ្ជាក់​អ្វី​ដែល​ចែង​នៅ​ទំនុកដំកើង ៣៤:៧​ថា៖ «ទេវតា​នៃ​ព្រះ​យេហូវ៉ា​ចោម​រោម​នៅ​ជុំវិញ​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច»។

១០​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ទេវតា​មួយ​រូប​ដើម្បី​លើក​ទឹក​ចិត្ត​ដានីយ៉ែល​យ៉ាង​ដូច​ម្ដេច?

១០ ជួន​កាល ព្រះ​យេហូវ៉ា​ប្រើ​ទេវតា​ដើម្បី​លើក​ទឹក​ចិត្ត ពង្រឹង​កម្លាំង​មនុស្ស​ស្មោះ​ភក្ដី។ មាន​ឧទាហរណ៍​មួយ​ដែល​លើក​ទឹក​ចិត្ត​យើង​នៅ​ដានីយ៉ែល​ជំពូក​ទី១០។ នៅ​គ្រា​នោះ ដានីយ៉ែល​ប្រហែល​ជា​មាន​អាយុ​ជិត​១០០​ឆ្នាំ​ហើយ។ តាម​មើល​ទៅ គាត់​បាន​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​ទី​ក្រុង​យេរូសាឡិម​មាន​សភាព​ស្ងាត់​ជ្រងំ ហើយ​ប្រជាជន​បង្អែបង្អង់​មិន​ទាន់​កសាង​ព្រះ​វិហារ​ឡើង​វិញ​ឡើយ។ ចក្ខុនិមិត្ត​មួយ​ដែល​គួរ​ឲ្យ​ខ្លាច​ក៏​បាន​រំខាន​ចិត្ត​គាត់​ដែរ។ (ដានីយ៉ែល ១០:២, ៣, ៨) ព្រះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ចាត់​ទេវតា​មួយ​រូប​ទៅ​លើក​ទឹក​ចិត្ត​ដានីយ៉ែល។ ទេវតា​នោះ​បាន​រំឭក​ដានីយ៉ែល​ម្ដង​ហើយ​ម្ដង​ទៀត​ថា គាត់«ជា​អ្នក​សំណប់​យ៉ាង​សំខាន់»ចំពោះ​ព្រះ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ព្យាការី​ដែល​មាន​វ័យ​ចាស់​នេះ​ប្រាប់​ទេវតា​ថា៖ «លោក​បាន​ចំរើន​កំឡាំង​ដល់​ខ្ញុំ​ហើយ»។—ដានីយ៉ែល ១០:១១, ១៩

១១​. តើ​មាន​ឧទាហរណ៍​អ្វី​ដែល​បង្ហាញ​នូវ​វិធី​ដែល​ទេវតា​បាន​ត្រូវ​ប្រើ​ដើម្បី​ដឹក​នាំ​កិច្ច​ផ្សព្វផ្សាយ​ដំណឹង​ល្អ?

១១ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រើ​ទេវតា​ដើម្បី​ដឹក​នាំ​កិច្ច​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដែរ។ ទេវតា​មួយ​រូប​បាន​ណែនាំ​ភីលីព​ឲ្យ​ទៅ​ផ្សព្វផ្សាយ​អំពី​ព្រះ​គ្រីស្ទ​ដល់​បុរស​ជនជាតិ​អេចូ​ពី​ម្នាក់ ហើយ​ក្រោយ​មក​បុរស​នោះ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ (កិច្ចការ ៨:២៦, ២៧, ៣៦, ៣៨) មិន​យូរ​ក្រោយ​នោះ ព្រះ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ដំណឹង​ល្អ​ត្រូវ​ផ្សាយ​ដល់​សាសន៍​ដទៃ​ដែល​មិន​កាត់​ស្បែក។ កូនេលាស បុរស​សាសន៍​ដទៃ​ម្នាក់​ដែល​កោត​ខ្លាច​ព្រះ​បាន​ឃើញ​ចក្ខុនិមិត្ត ដែល​ក្នុង​នោះ​ទេវតា​មួយ​រូប​បាន​លេច​មក​ឲ្យ​ឃើញ ហើយ​បាន​ប្រាប់​គាត់​ឲ្យ​ចាត់​មនុស្ស​ទៅ​ហៅ​សាវ័ក​ពេត្រុស។ នៅ​ពេល​ដែល​អ្នក​នាំ​សារ​រក​ពេត្រុស​ឃើញ​ហើយ ពួក​គេ​ប្រាប់​ថា៖ «កូនេលាស . . . បាន​ទទួល​បង្គាប់​នៃ​ព្រះ ដោយសារ​ទេវតា​បរិសុទ្ធ ឲ្យ​ចាត់​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ឯ​ផ្ទះ​លោក ដើម្បី​នឹង​បាន​ស្ដាប់​លោក​គ្រូ​អធិប្បាយ​ខ្លះ»។ ពេត្រុស​បាន​ទៅ​ជា​មួយ​ពួក​គេ ហើយ​ជន​សាសន៍​ដទៃ​ដំបូង​បង្អស់​បាន​ទៅ​ជា​សមាជិក​ក្រុមជំនុំ​គ្រីស្ទាន​នៅ​ពេល​នោះ។ (កិច្ចការ ១០:២២, ៤៤​-​៤៨) សូម​គិត​ទៅ​មើល! តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​ដឹង​ថា​ទេវតា​បាន​ជួយ​អ្នក​រក​ឃើញ​មនុស្ស​ដែល​ត្រូវ​បាន​ជីវិត​អស់កល្ប​ជានិច្ច​នោះ!

ជំនួយ​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ

១២, ១៣​. (ក) ហេតុ​អ្វី​បាន​ជា​សាវ័ក​របស់​ព្រះ​យេស៊ូ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ក្នុង​ការ​ជឿ​ថា វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួក​គេ​បាន​នោះ? (ខ) តើ​វិញ្ញាណ​បរិសុទ្ធ​បាន​ផ្ដល់​កម្លាំង​ដល់​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ​ឲ្យ​ធ្វើ​អ្វី?

១២ មិន​យូរ​មុន​ដែល​ព្រះ​យេស៊ូ​សោយទិវង្គត​នោះ ទ្រង់​បាន​សន្យា​នឹង​សាវ័ក​របស់​ទ្រង់​ថា ព្រះ​នឹង​មិន​បោះបង់​ចោល​ពួក​គាត់​ដោយ​ឥត​ផ្ដល់​ជំនួយ​នោះ​ឡើយ។ ព្រះ​វរបិតា​នឹង​ប្រទាន​នូវ«ជំនួយ គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ (យ៉ូហាន ១៤:២៦) សាវ័ក​របស់​ទ្រង់​មាន​ហេតុ​ត្រឹម​ត្រូវ​ក្នុង​ការ​ជឿ​ថា វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួក​គាត់​បាន។ យ៉ាង​ណា​មិញ បទ​គម្ពីរ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ គឺ​ពោរពេញ​ទៅ​ដោយ​ឧទាហរណ៍​អំពី​វិធី​ព្រះ​យេហូវ៉ា​បាន​ប្រើ​វិញ្ញាណ​បរិសុទ្ធ​ដែល​ជា​ថាមពល​ខ្លាំង​បំផុត​ដើម្បី​ជួយ​រាស្ត្រ​ទ្រង់។

១៣ ជា​ច្រើន​ដង វិញ្ញាណ​បរិសុទ្ធ​បាន​ត្រូវ​ប្រើ​ដើម្បី​ផ្ដល់​កម្លាំង​ដល់​មនុស្ស​ឲ្យ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ។ វិញ្ញាណ​បរិសុទ្ធ​បាន​ផ្ដល់​កម្លាំង​ដល់​ពួក​ចៅហ្វាយ​ដើម្បី​អាច​រំដោះ​សាសន៍​អ៊ីស្រាអែល។ (ពួក​ចៅហ្វាយ ៣:៩, ១០; ៦:៣៤) វិញ្ញាណ​ដដែល​នោះ​បាន​ផ្ដល់​កម្លាំង​ដល់​ជន​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ ដើម្បី​បន្ត​ផ្សព្វផ្សាយ​យ៉ាង​ក្លាហាន​ទោះ​ជា​មាន​ការ​ប្រឆាំង​ក៏​ដោយ។ (កិច្ចការ ១:៨; ៤:៣១) ជោគជ័យ​របស់​ពួក​គេ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ជា​ភស្តុតាង​គួរ​ឲ្យ​ជឿ​ថា វិញ្ញាណ​បរិសុទ្ធ​បាន​មាន​ឥទ្ធិពល​លើ​ពួក​គេ។ បើ​មិន​មែន​មក​ពី​វិញ្ញាណ​បរិសុទ្ធ តើ​មនុស្ស​ដែល​«មិន​សូវ​ចេះ​ជ្រៅជ្រះ ហើយ​ឥត​បាន​រៀន​សូត្រ​ប៉ុន្មាន»នឹង​អាច​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទូទាំង​ពិភពលោក​នៅ​សម័យ​នោះ​បាន​យ៉ាង​ដូច​ម្ដេច?—កិច្ចការ ៤:១៣; កូល៉ុស ១:២៣

១៤​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​បំភ្លឺ​ភ្នែក​រាស្ត្រ​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១៤ ព្រះ​យេហូវ៉ា​ក៏​ធ្លាប់​ប្រើ​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​បំភ្លឺ​ភ្នែក​រាស្ត្រ​ទ្រង់។ ដោយ​មាន​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ​នោះ យ៉ូសែប​បាន​បកស្រាយ​សុបិន​របស់​ស្តេច​ផារ៉ោន។ (លោកុប្បត្តិ ៤១:១៦,៣៨, ៣៩) តាម​រយៈ​វិញ្ញាណ​របស់​ទ្រង់ ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​មនុស្ស​មាន​ចិត្ត​រាប​ទាប​យល់​ពី​គោល​បំណង​របស់​ទ្រង់ ប៉ុន្តែ​បាន​លាក់​សេចក្ដី​នោះ​ពី​មនុស្ស​អួត​ខ្លួន​វិញ។ (ម៉ាថាយ ១១:២៥) ហេតុ​នេះ ស្តី​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រទាន«សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»នោះ សាវ័ក​ប៉ុល​បាន​និយាយ​ថា៖ «ព្រះ​ទ្រង់​បាន​សំដែង​ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ ដោយសារ​ព្រះ​វិញ្ញាណ​ទ្រង់»។ (កូរិនថូសទី១ ២:៧​-​១០) ពិត​ជា​ត្រូវ​មាន​ជំនួយ​ពី​វិញ្ញាណ​របស់​ព្រះ ទើប​អាច​យល់​នូវ​គោល​បំណង​របស់​ព្រះ​ជាក់​ច្បាស់​បាន។

ជំនួយ​ពី​ព្រះ​បន្ទូល​របស់​ព្រះ

១៥, ១៦​. ដើម្បី​ឲ្យ​ចំរើន​ឡើង​នូវ​គ្រប់​ទាំង​ផ្លូវ តើ​យ៉ូស្វេ​បាន​ត្រូវ​ណែនាំ​ឲ្យ​ធ្វើ​អ្វី?

១៥ ព្រះ​បន្ទូល​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ គឺ«មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន»ហើយ​ក៏​ផ្ដល់​សមត្ថភាព​ឲ្យ​អ្នក​បំរើ​ព្រះ«មាន​គ្រប់​ទាំង​ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។ (ធីម៉ូថេទី២ ៣:១៦, ១៧) ព្រះ​គម្ពីរ​មាន​ឧទាហរណ៍​ជា​ច្រើន​ដែល​បង្ហាញ​ថា រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​បុរាណ​បាន​ទទួល​ជំនួយ​ពី​ផ្នែក​ណា​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់ ដែល​បាន​កត់​សរសេរ​រួច​ហើយ​នៅ​សម័យ​នោះ។

១៦ បទ​គម្ពីរ​បាន​ជួយ​អ្នក​ថ្វាយ​បង្គំ​ព្រះ​ដោយ​ផ្ដល់​ការ​ណែនាំ​ដ៏​ត្រឹម​ត្រូវ។ នៅ​ពេល​ដែល​យ៉ូស្វេ​ទទួល​រង​ភារកិច្ច​ដឹក​នាំ​សាសន៍​អ៊ីស្រាអែល​នោះ គាត់​បាន​ប្រាប់​ថា៖ «កុំ​ឲ្យ​គម្ពីរ​ក្រិត្យ​វិន័យ​នេះ[ដែល​ម៉ូសេ​បាន​កត់​សរសេរ]ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹក​ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់​ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង»។ សូម​កត់​សម្គាល់ ព្រះ​មិន​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​អព្ភូតហេតុ​ប្រទាន​ប្រាជ្ញា​ដល់​យ៉ូស្វេ​ទេ។ ផ្ទុយ​ទៅ​វិញ យ៉ូស្វេ​ត្រូវ​អាន​និង​រំពឹង​គិត​ពី«គម្ពីរ​ក្រិត្យ​វិន័យ»នោះ ទើប​គាត់​នឹង​ចំរើន​ឡើង។—យ៉ូស្វេ ១:៨; ទំនុកដំកើង ១:១​-​៣

១៧​. តើ​ដានីយ៉ែល​និង​ស្តេច​យ៉ូសៀស​បាន​ទទួល​ជំនួយ​យ៉ាង​ដូច​ម្ដេច​ពី​ការ​អាន​បទ​គម្ពីរ​ដែល​មាន​នៅ​សម័យ​នោះ?

១៧ ព្រះ​បន្ទូល​ដែល​បាន​ត្រូវ​សរសេរ​នោះ​ក៏​បាន​ជួយ​បើក​សម្ដែង​ឲ្យ​យល់​នូវ​ព្រះ​ហឫទ័យ​និង​គោល​បំណង​របស់​ព្រះ។ ជា​ឧទាហរណ៍ ដានីយ៉ែល​បាន​អាន​សំនេរ​របស់​យេរេមា រួច​បាន​យល់​អំពី​រយៈ​ពេល​ដែល​ទី​ក្រុង​យេរូសាឡិម​នឹង​មាន​សភាព​ស្ងាត់​ជ្រងំ។ (យេរេមា ២៥:១១; ដានីយ៉ែល ៩:២) សូម​ពិចារណា​ដែរ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​កំឡុង​រជ្ជកាល​ស្តេច​យ៉ូសៀស​នៅ​ស្រុក​យូដា។ នៅ​សម័យ​នោះ សាសន៍​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា ហើយ​តាម​មើល​ទៅ​ស្តេច​ទាំង​ប៉ុន្មាន​មិន​បាន​ចម្លង​ក្រិត្យ​វិន័យ​ទុក​សំរាប់​អង្គ​ទ្រង់​ផ្ទាល់​ទេ​ក៏​មិន​បាន​ធ្វើ​តាម​ដែរ។ (ចោទិយកថា ១៧:១៨​-​២០) ប៉ុន្តែ ពេល​ដែល​កំពុង​តែ​ជួសជុល​ព្រះ​វិហារ​នោះ «គម្ពីរ​ក្រិត្យ​វិន័យ»បាន​ត្រូវ​រក​ឃើញ ប្រហែល​ជា​ក្រិត្យ​វិន័យ​ដែល​ម៉ូសេ​បាន​សរសេរ​ដោយ​ផ្ទាល់​ដៃ។ នេះ​ប្រហែល​ជា​ឯកសារ​ដើម​ដំបូង ដែល​បាន​សរសេរ​ប្រមាណ​៨០០​ឆ្នាំ​មុន។ ក្រោយ​ស្តេច​យ៉ូសៀស​ស្ដាប់​ពួក​គេ​អាន​វិន័យ​នោះ ទ្រង់​បាន​ទទួល​ស្គាល់​ថា សាសន៍​អ៊ីស្រាអែល​បាន​បែរ​ចេញ​ឆ្ងាយ​ប៉ុន​ណា​ពី​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ហើយ​ស្តេច​យ៉ូសៀស​បាន​ចាត់​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ធ្វើ​តាម​អ្វី​ដែល​បាន​សរសេរ​ក្នុង​សៀវភៅ​នោះ។ (ពង្សាវតារក្សត្រទី២ ២២:៨; ២៣:១​-​៧) គឺ​ច្បាស់​ហើយ​ថា ការ​អាន​បទ​គម្ពីរ​ពិសិដ្ឋ​ដែល​មាន​នៅ​សម័យ​នោះ​បាន​ជួយ​រាស្ត្រ​របស់​ព្រះ មែន​ទេ?

ជំនួយ​ពី​អ្នក​ជឿ​គ្នីគ្នា

១៨​. ពេល​ដែល​អ្នក​ថ្វាយ​បង្គំ​ពិត​ជួយ​គ្នា ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ព្រះ​យេហូវ៉ា​ជា​ប្រភព​ពិត​នៃ​ជំនួយ​នោះ?

១៨ ជា​ច្រើន​ដង ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​មក​តាម​រយៈ​អ្នក​ជឿ​គ្នីគ្នា។ តាម​ការ​ពិត ពេល​ដែល​អ្នក​ថ្វាយ​បង្គំ​ពិត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ជំនួយ​នោះ​មក​ពី​ព្រះ។ ហេតុ​អ្វី​អាច​និយាយ​ដូច្នេះ​បាន? មាន​មូលហេតុ​ពីរ។ ទី​មួយ វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ជាប់​ទាក់ទង​នឹង​រឿង​នេះ។ សំរាប់​អ្នក​ដែល​ស្វែង​រក​ជំនួយ​ពី​វិញ្ញាណ​នោះ វិញ្ញាណ​បរិសុទ្ធ​បណ្ដាល​ឲ្យ​បង្កើត​ផល​ដែល​រួម​មាន​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ល្អ។ (កាឡាទី ៥:២២, ២៣) ដូច្នេះ នៅ​ពេល​ដែល​អ្នក​បំរើ​ម្នាក់​របស់​ព្រះ​ត្រូវ​ជំរុញ​ឲ្យ​ជួយ​អ្នក​បំរើ​ម្នាក់​ទៀត នេះ​ជា​ភស្តុតាង​បង្ហាញ​ថា​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​កំពុង​តែ​មាន​ឥទ្ធិពល​លើ​ពួក​គេ។ ទីពីរ យើង​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ភាព​ដូច​ព្រះ។ (លោកុប្បត្តិ ១:២៦) នេះ​មាន​ន័យ​ថា​យើង​អាច​បង្ហាញ​គុណសម្បត្ដិ​ដូច​ទ្រង់​ដែរ រួម​ទាំង​សេចក្ដី​សប្បុរស​និង​សេចក្ដី​មេត្ដាករុណា។ ដូច្នេះ នៅ​ពេល​ដែល​អ្នក​បំរើ​ម្នាក់​របស់​ព្រះ​យេហូវ៉ា​ជួយ​អ្នក​បំរើ​គ្នីគ្នា ប្រភព​ពិត​នៃ​ជំនួយ​នោះ​គឺ​មក​ពី​ព្រះ ដ្បិត​ពួក​គេ​កំពុង​តែ​យក​តម្រាប់​តាម​លក្ខណៈ​របស់​ទ្រង់។

១៩​. យោង​ទៅ​តាម​កំណត់​ហេតុ​ព្រះ​គម្ពីរ តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជំនួយ​តាម​រយៈ​អ្នក​ជឿ​គ្នីគ្នា​យ៉ាង​ដូច​ម្ដេច?

១៩ នៅ​សម័យ​បុរាណ តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជំនួយ​តាម​រយៈ​អ្នក​ជឿ​គ្នីគ្នា​យ៉ាង​ដូច​ម្ដេច? ជា​ច្រើន​ដង ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​អ្នក​បំរើ​ទ្រង់​ជូន​ឱវាទ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ពេល​ដែល​យេរេមា​បាន​ជូន​ឱវាទ​បារូក ហើយ​ឱវាទ​នោះ​បាន​សង្គ្រោះ​ជីវិត​គាត់។ (យេរេមា ៤៥:១​-​៥) ជួន​កាល អ្នក​ថ្វាយ​បង្គំ​ពិត​បាន​ត្រូវ​ជំរុញ​ឲ្យ​ផ្ដល់​ជំនួយ​ជា​លុយ​កាក់​ឬ​សម្ភារៈ​ដល់​អ្នក​ជឿ​គ្នីគ្នា ដូច​ពេល​ដែល​គ្រីស្ទាន​នៅ​ប្រទេស​ម៉ាសេដូន​និង​តំបន់​អាខៃ​មាន​ចិត្ត​រំភើប​ចង់​ជួយ​បងប្អូន​ដែល​ខ្វះ​ខាត​នៅ​ទី​ក្រុង​យេរូសាឡិម។ សាវ័ក​ប៉ុល​បាន​កត់​សម្គាល់​ថា ការ​បង្ហាញ​ចិត្ត​ទូលាយ​យ៉ាង​នេះ​នាំ​ឲ្យ​មាន«សេចក្ដី​អរ​ព្រះ​គុណ​ដល់​ព្រះ»។—កូរិនថូសទី២ ៩:១១

២០, ២១​. តើ​សាវ័ក​ប៉ុល​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ដោយ​បងប្អូន​ពី​ទី​ក្រុង​រ៉ូម​ក្នុង​កាលៈទេសៈ​បែប​ណា?

២០ កំណត់​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កក់ក្ដៅ​បំផុត គឺ​ពេល​ដែល​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ខំ​លើក​ទឹក​ចិត្ត​ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក។ សូម​ពិចារណា​ឧទាហរណ៍​ដែល​ទាក់ទង​នឹង​សាវ័ក​ប៉ុល។ ពេល​ដែល​ប៉ុល​ជា​ជន​ជាប់​ទោស​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​រ៉ូម​នោះ គាត់​ធ្វើ​ដំណើរ​ទៅ​តាម​ដង​វិថី​មួយ​ដែល​ហៅ​ថា​ផ្លូវ​អាប់ភា​ស​ដែល​ជនជាតិ​រ៉ូម​ជា​អ្នក​កសាង។ ជើង​ចុង​ក្រោយ​នៃ​ដំណើរ​នេះ​គឺ​ពិបាក​ណាស់ ជា​ពិសេស​ដោយសារ​ត្រូវ​ធ្វើ​ដំណើរ​កាត់​ស្រុក​ទំនាប​ដែល​មាន​ល្បាប់។a បងប្អូន​ក្នុង​ក្រុមជំនុំ​នៅ​ទី​ក្រុង​រ៉ូម​ដឹង​ថា​ប៉ុល​ជិត​មក​ដល់​ហើយ។ តើពួក​គេ​នឹង​ធ្វើ​យ៉ាង​ណា? តើ​ពួក​គេ​នឹង​រង់ចាំ​នៅ​ផ្ទះ​ខ្លួន​ឯង​យ៉ាង​ស្រួល​ទាល់តែ​ប៉ុល​មក​ដល់ ទើប​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ឬ?

២១ លូកា ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​នូវ​អ្វី​ដែល​កើត​ឡើង​ពេល​នោះ​ថា៖ «រីឯ​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម កាល​បាន​ឮ​និយាយ​ពី​យើង នោះ​គេ​ក៏​ចេញ​មក​ចួប​នឹង​យើង​ត្រឹម​ផ្សារ​អាប់ភាស នឹង​ផ្ទះ​សំណាក់​បី»។ តើ​អ្នក​អាច​គិត​ស្រមៃ​ក្នុង​ចិត្ត​អំពី​ទិដ្ឋភាព​នោះ​ទេ? ដោយសារ​បងប្អូន​ដឹង​ថា​ប៉ុល​កំពុង​តែ​មក បងប្អូន​មួយ​ចំនួន​ពី​ទី​ក្រុង​រ៉ូម​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ប៉ុល។ បងប្អូន​ខ្លះ​បាន​ចាំ​នៅ​ផ្សារ​អាប់ភាស ជា​កន្លែង​មួយ​ប្រជាជន​ស្គាល់​ទូទៅ ហើយ​មាន​ចំងាយ​ប្រមាណ​៧៤​គីឡូម៉ែត្រ​ពី​ទី​ក្រុង​រ៉ូម។ បងប្អូន​ទាំង​ប៉ុន្មាន​ទៀត​បាន​ចាំ​នៅ​កន្លែង​ហៅ​ថា​ផ្ទះ​សំណាក់​បី ជា​កន្លែង​ឈប់​សំរាក​មាន​ចំងាយ​ប្រមាណ​៥៨​គីឡូម៉ែត្រ​ពី​ទី​ក្រុង។ តើ​ប៉ុល​ធ្វើ​យ៉ាង​ណា? លូកា​ប្រាប់​ថា៖ «លុះ​ប៉ុល​ឃើញ​គេ នោះ​ក៏​អរ​ព្រះ​គុណ​ដល់​ព្រះ ហើយ​មាន​ចិត្ត​សង្ឃឹម​ឡើង»។ (កិច្ចការ ២៨:១៥) សូម​គិត​ទៅ​មើល! ប៉ុល​គ្រាន់​តែ​ក្រឡេក​ឃើញ​បងប្អូន​ទាំង​នោះ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​មក​ជួប​គាត់ គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​ការ​សម្រាល​ទុក្ខ​ក្នុង​មួយ​រំពេច! ហើយ​តើ​ប៉ុល​បាន​អរគុណ​អ្នក​ណា​សំរាប់​ជំនួយ​នេះ? គាត់​បាន​អរ​ព្រះ​គុណ​អ្នក​ដែល​ជា​ប្រភព​ជំនួយ គឺ​ព្រះ​យេហូវ៉ា។

២២​. តើ​អ្វី​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៥? តើ​អត្ថបទ​បន្ទាប់​នឹង​ពន្យល់​អំពី​អ្វី?

២២ គឺ​ច្បាស់​ហើយ កំណត់​ហេតុ​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​ជា​ភស្តុតាង​ជាក់​ស្តែង​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន។ គឺ​សមរម្យ​ណាស់​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស​ទំនុកដំកើង ១២១:២ ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៥​ដែល​ថា៖ «សេចក្ដី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ​យេហូវ៉ា»។ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​សព្វ​ថ្ងៃ​នេះ? អត្ថបទ​បន្ទាប់​នឹង​ពន្យល់។

[កំណត់​សម្គាល់]

a កវី​ជនជាតិ​រ៉ូម​ម្នាក់​ឈ្មោះ​ហូរេស(៦៥​-​៦៨​មុនស.យ.)ដែល​ធ្លាប់​ធ្វើ​ដំណើរ​កាត់​កន្លែង​នោះ​ដែរ​បាន​និយាយ​អំពី​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ។ ហូ​រេ​ស​បាន​ពណ៌នា​អំពី​ផ្សារ​អាប់ភាស​ថា«មាន​អ្នក​ដើរ​នាវា​និង​ម្ចាស់​ផ្ទះ​សំណាក់​ដែល​កំណាញ់​ច្រើន​កុះករ»។ គាត់​ក៏​បាន​រអ៊ូ​រទាំ​អំពី«សត្វ​សុច​និង​កង្កែប​ចង្រៃ»ហើយ​ទឹក​ដែល​«មាន​ក្លិន​និង​រសជាតិ​អាក្រក់»។

តើ​អ្នក​នៅ​ចាំ​បាន​ទេ?

តើ​ព្រះ​យេហូវ៉ា​ធ្លាប់​ផ្ដល់​ជំនួយ​យ៉ាង​ដូច​ម្ដេច

• តាម​រយៈ​ទេវតា?

• តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់?

• តាម​រយៈ​ព្រះ​បន្ទូល​ដែល​ទ្រង់​បណ្ដាល​ឲ្យ​សរសេរ?

• តាម​រយៈ​អ្នក​ជឿ​គ្នីគ្នា?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ២០]

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៥​គឺ:«សេចក្ដី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ​យេហូវ៉ា»។—ទំនុកដំកើង ១២១:២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក