បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w23 មិថុនា ទំ. ១៤-១៩
  • ហេតុអ្វីយើងគួរកោតខ្លាចព្រះយេហូវ៉ា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីយើងគួរកោតខ្លាចព្រះយេហូវ៉ា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ការ​កោត​ខ្លាច​ព្រះ​មាន​ន័យ​អ្វី?
  • ការ​រៀន​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ
  • ចូរ​មាន​ចិត្ត​ក្លាហាន​ដូច​អូបាឌា
  • ចូរ​មាន​ភក្ដី​ភាព​ដូច​សម្ដេច​សង្ឃ​យេហូយ៉ាដា
  • ចូរ​កុំ​ធ្វើ​តាម​ស្ដេច​យេហូអាស
  • ភាពក្លាហានរបស់យេហូយ៉ាដា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះយេហូវ៉ាឲ្យរង្វាន់ដល់ការប្រព្រឹត្តដ៏ក្លាហាន
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ប្អូនៗវ័យក្មេង តើប្អូនចង់បានជីវិតបែបណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ព្រះយេហូវ៉ារមែងការពារ និងប្រទានពរដល់អស់អ្នកដែលស្ដាប់បង្គាប់ទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
w23 មិថុនា ទំ. ១៤-១៩

អត្ថបទ​សិក្សា ២៧

ហេតុ​អ្វី​យើង​គួរ​កោត​ខ្លាច​ព្រះ​យេហូវ៉ា?

«​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា អ្នក​នោះ​ជា​មិត្ត​សម្លាញ់​របស់​លោក​»។—ចសព. ២៥:១៤

ចម្រៀង​លេខ​៨ ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​របស់​យើង

សេចក្ដី​សង្ខេបa

១​-​២. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ២៥:១៤ តើ​យើង​ត្រូវ​ធ្វើ​អ្វី​បើ​យើង​ចង់​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា?

តើ​អ្នក​គិត​ថា​គុណ​សម្បត្តិ​អ្វី​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ណា​ម្នាក់? អ្នក​នឹង​ទំនង​ជា​ឆ្លើយ​ថា​មិត្ត​ល្អ​គួរ​ស្រឡាញ់​គ្នា​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​ប្រហែល​ជា​គិត​ថា​ការ​កោត​ខ្លាច​មិន​មែន​ជា​គុណ​សម្បត្តិ​សំខាន់​ដើម្បី​មាន​ចំណង​មិត្តភាព​ល្អ​នោះ​ទេ។ ប៉ុន្តែ ដូច​បទ​គម្ពីរ​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ​ចែង ពួក​អ្នក​ដែល​ចង់​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ត្រូវ​«​កោត​ខ្លាច​»​លោក។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ២៥:១៤

២ មិន​ថា​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​ប៉ុណ្ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​ត្រូវ​បន្ត​គោរព​កោត​ខ្លាច​លោក។ តើ​ការ​កោត​ខ្លាច​ព្រះ​មាន​ន័យ​យ៉ាង​ណា? តើ​យើង​អាច​រៀន​ឲ្យ​ចេះ​កោត​ខ្លាច​លោក​យ៉ាង​ដូច​ម្ដេច? ម្យ៉ាង​ទៀត តើ​យើង​អាច​រៀន​អ្វី​អំពី​ការ​កោត​ខ្លាច​ព្រះ​ពី​អូបាឌា​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច សម្ដេច​សង្ឃ​យេហូយ៉ាដា និង​ស្ដេច​យេហូអាស?

តើ​ការ​កោត​ខ្លាច​ព្រះ​មាន​ន័យ​អ្វី?

៣. សូម​ពន្យល់​អំពី​របៀប​ដែល​ការ​ខ្លាច​អាច​ការ​ពារ​យើង។

៣ យើង​ប្រហែល​ជា​ខ្លាច​បើ​យើង​គិត​ថា​យើង​អាច​រង​គ្រោះ​ណា​មួយ។ ការ​ខ្លាច​បែប​នេះ​អាច​ជា​ការ​ល្អ ដោយ​សារ​នេះ​អាច​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ។ ជា​ឧទាហរណ៍ ការ​ខ្លាច​ធ្លាក់​ធ្វើ​ឲ្យ​យើង​មិន​ដើរ​ទៅ​ជិត​ច្រាំង​ចោត​ពេក។ ការ​ខ្លាច​រង​របួស​ប្រហែល​ជា​ជំរុញ​ចិត្ត​យើង​ឲ្យ​គេច​ពី​គ្រោះ​ថ្នាក់​ណា​មួយ។ ការ​ខ្លាច​ថា​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​បុគ្គល​ដែល​យើង​ស្រឡាញ់​ប្រេះ​ឆា ការ​ពារ​យើង​មិន​ឲ្យ​និយាយ​ឬ​ធ្វើ​អ្វី​ដែល​មិន​សប្បុរស។

៤. តើ​សាថាន​ចង់​ឲ្យ​មនុស្ស​ខ្លាច​ព្រះ​ក្នុង​ន័យ​យ៉ាង​ណា?

៤ សាថាន​ចង់​ឲ្យ​មនុស្ស​ភ័យ​ខ្លាច​ព្រះ​យេហូវ៉ា។ សាថាន​លើក​ស្ទួយ​គំនិត​ដែល​អេលីផាស​មាន គឺ​ថា​៖ ព្រះ​យេហូវ៉ា​តែង​តែ​ខឹង​និង​ចង់​ដាក់​ទោស​យើង ហើយ​ថា​យើង​មិន​អាច​ផ្គាប់​ចិត្ត​លោក​បាន​ទេ។ (​យ៉ូប ៤:១៨, ១៩​) សាថាន​ចង់​ឲ្យ​យើង​ភ័យ​ខ្លាច​ព្រះ​យេហូវ៉ា​ដល់​ម្ល៉េះ​រហូត​ដល់​យើង​ឈប់​បម្រើ​លោក។ ដើម្បី​ជៀស​វាង​ពី​អន្ទាក់​នេះ យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ការ​កោត​ខ្លាច​ត្រឹម​ត្រូវ​ចំពោះ​ព្រះ។

៥. តើ​ការ​កោត​ខ្លាច​ព្រះ​មាន​ន័យ​អ្វី?

៥ បុគ្គល​ដែល​មាន​ការ​កោត​ខ្លាច​ត្រឹម​ត្រូវ​ចំពោះ​ព្រះ ស្រឡាញ់​លោក​និង​មិន​ចង់​ធ្វើ​អ្វី​ណា​ដែល​នឹង​បង្ខូច​ចំណង​មិត្តភាព​ជា​មួយ​លោក​ទេ។ លោក​យេស៊ូ​ក៏​មាន​ការ​«​កោត​ខ្លាច​ព្រះ​»​ដែរ។ (​ហេ. ៥:៧​) លោក​មិន​ភ័យ​ខ្លាច​ព្រះ​យេហូវ៉ា​ទេ។ (​អេ. ១១:២, ៣​) ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ចង់​ស្ដាប់​បង្គាប់​លោក។ (​យ៉ូន. ១៤:២១, ៣១​) ដូច​លោក​យេស៊ូ យើង​កោត​ស្ងើច​និង​គោរព​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ ដោយ​សារ​លោក​ជា​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា យុត្តិធម៌ និង​ឫទ្ធានុភាព។ យើង​ក៏​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​ថា​ប្រ​តិ​កម្ម​របស់​យើង​ចំពោះ​ការ​ណែនាំ​ពី​លោក​ជះ​ឥទ្ធិពល​លើ​លោក។ យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ឬ​សប្បាយ​ចិត្ត។—ចសព. ៧៨:៤១; សុភ. ២៧:១១

ការ​រៀន​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ

៦. តើ​អ្វី​ជា​របៀប​មួយ​ដែល​យើង​អាច​រៀន​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ? (​ចម្រៀង​សរសើរ​ព្រះ ៣៤:១១​)

៦ យើង​មិន​មែន​កើត​មក​ដោយ​ចេះ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ទេ យើង​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​អារម្មណ៍​នេះ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៤:១១​) របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​គឺ​ដោយ​ពិនិត្យ​មើល​អ្វី​ដែល​ព្រះ​បាន​បង្កើត។ កាល​ដែល​យើង​កាន់​តែ​ឃើញ​ប្រាជ្ញា ឫទ្ធានុភាព និង​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​លោក​ចំពោះ​យើង​ដែល​ស​ឲ្យ​ឃើញ​ក្នុង​«​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​»​ យើង​នឹង​កាន់​តែ​គោរព​និង​ស្រឡាញ់​លោក។ (​រ៉ូម ១:២០​) បង​ស្រី​ម្នាក់​ឈ្មោះ​អេឌ្រាន​បាន​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​មើល​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត ហើយ​ឃើញ​ថា​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ជ្រាល​ជ្រៅ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ងើច​និង​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា​លោក​ស្គាល់​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ​»។ ការ​រំពឹង​គិត​របស់​គាត់​បាន​នាំ​ឲ្យ​គាត់​មាន​ទស្សនៈ​ថា​៖ ​«​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ផ្ដល់​ជីវិត​ឲ្យ​ខ្ញុំ​ទេ​»។ តើ​អ្នក​អាច​លៃ​ទុក​ពេល​ខ្លះ​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​គិត​អំពី​អ្វី​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ឬ​ទេ? ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​អ្នក​ឲ្យ​គោរព​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ឡើង។—ចសព. ១១១:២, ៣

៧. តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​បណ្ដុះ​ការ​កោត​ខ្លាច​ចំពោះ​ព្រះ​យេហូវ៉ា?

៧ របៀប​មួយ​ទៀត​ដែល​យើង​អាច​បណ្ដុះ​ការ​កោត​ខ្លាច​របស់​យើង​ចំពោះ​ព្រះ​គឺ​ដោយ​អធិដ្ឋាន​ជា​ទៀង​ទាត់។ កាល​ដែល​យើង​កាន់​តែ​អធិដ្ឋាន ព្រះ​យេហូវ៉ា​កាន់​តែ​ទៅ​ជា​បុគ្គល​ពិត​ចំពោះ​យើង។ រាល់​ដង​ដែល​យើង​សុំ​កម្លាំង​ពី​លោក​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក យើង​នឹក​ឃើញ​អំពី​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក។ ពេល​យើង​អរគុណ​លោក​ចំពោះ​អំណោយ​ជា​បុត្រ​របស់​លោក យើង​នឹក​ឃើញ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង។ ម្យ៉ាង​ទៀត ពេល​យើង​អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ដោះ​ស្រាយ​បញ្ហា យើង​នឹក​ឃើញ​ថា​លោក​មាន​ប្រាជ្ញា​ជា​ខ្លាំង។ សេចក្ដី​អធិដ្ឋាន​ដូច​នេះ​ជួយ​យើង​ឲ្យ​គោរព​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង ហើយ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ណា​ដែល​នឹង​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក។

៨. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បន្ត​កោត​ខ្លាច​ព្រះ?

៨ យើង​អាច​បន្ត​កោត​ខ្លាច​ព្រះ​តាម​រយៈ​ការ​សិក្សា​គម្ពីរ​ដោយ​មាន​គោល​ដៅ​រៀន​ពី​គំរូ​ល្អ​និង​គំរូ​មិន​ល្អ​ដែល​មាន​នៅ​ទី​នោះ។ សូម​យើង​ពិចារណា​អំពី​អ្នក​បម្រើ​ស្មោះ​ត្រង់​ពីរ​នាក់​របស់​ព្រះ​យេហូវ៉ា​គឺ អូបាឌា​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច​អាហាប់​និង​សម្ដេច​សង្ឃ​យេហូយ៉ាដា។ បន្ទាប់​មក យើង​នឹង​ឃើញ​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ស្ដេច​យេហូអាស​នៃ​ស្រុក​យូដា​ដែល​ដំបូង​ជា​បុគ្គល​ល្អ ប៉ុន្តែ​ក្រោយ​មក​បាន​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា។

ចូរ​មាន​ចិត្ត​ក្លាហាន​ដូច​អូបាឌា

៩. តើ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​អូបាឌា? (​បណ្ដា​ស្ដេច​ទី១ ១៨:៣, ១២​)

៩ គម្ពីរ​រៀប​រាប់​អំពី​អូបាឌាbជា​លើក​ទី​១​ថា​៖ ​«​គាត់​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង​»។ (​សូម​អាន បណ្ដា​ស្ដេច​ទី១ ១៨:៣, ១២​) តើ​ការ​កោត​ខ្លាច​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​អូបាឌា? នេះ​បាន​ជួយ​គាត់​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​និង​គួរ​ឲ្យ​ទុក​ចិត្ត ដូច្នេះ​ស្ដេច​បាន​ឲ្យ​គាត់​មើល​ការ​ខុស​ត្រូវ​លើ​វិមាន។ (​សូម​ពិនិត្យ​បន្ថែម នេហេមា ៧:២​) ការ​កោត​ខ្លាច​ព្រះ​ក៏​បាន​ជួយ​អូបាឌា​ឲ្យ​មាន​ចិត្ត​ក្លាហាន​ជា​ខ្លាំង ហើយ​នោះ​ជា​អ្វី​ដែល​គាត់​ពិត​ជា​ត្រូវ​ការ។ គាត់​រស់​នៅ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​នៃ​ស្ដេច​ដ៏​ទុច្ចរិត​គឺ​អាហាប់ ដែល​«​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត គឺ​អាក្រក់​លើស​អស់​[​ទាំង​ស្ដេច​]​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត​»។ (​១បស. ១៦:៣០​) ម្យ៉ាង​វិញ​ទៀត ប្រពន្ធ​របស់​គាត់​យេសេបិល​ដែល​ជា​អ្នក​គោរព​បូជា​ព្រះ​បាល ស្អប់​ព្រះ​យេហូវ៉ា​ជា​ខ្លាំង​បាន​ជា​នាង​ព្យាយាម​កំចាត់​ចោល​ការ​គោរព​ប្រណិប័តន៍​ពិត​ទាំង​ស្រុង​នៅ​រាជាណាចក្រ​ខាង​ជើង។ នាង​ថែម​ទាំង​សម្លាប់​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​ជា​ច្រើន​នាក់​ទៀត​ផង។ (​១បស. ១៨:៤​) យើង​ឃើញ​ច្បាស់​ថា អូបាឌា​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​គ្រា​ដ៏​ពិបាក។

១០. តើ​អូបាឌា​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ជា​ខ្លាំង​យ៉ាង​ដូច​ម្ដេច?

១០ តើ​អូបាឌា​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដ៏​ខ្លាំង​យ៉ាង​ដូច​ម្ដេច? ពេល​យេសេបិល​បាន​ចាប់​ផ្ដើម​ស្វែង​រក​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យក​ទៅ​សម្លាប់​ចោល អូបាឌា​បាន​យក​ពួក​គេ​១០០​នាក់​ទៅ​លាក់​ទុក​«​ដោយ​ដាក់​មួយ​ក្រុម​ៗ​៥០​នាក់​នៅ​ក្នុង​រអាង​ភ្នំ ហើយ​ផ្គត់​ផ្គង់​នំ​ប៉័ង​និង​ទឹក​ដល់​ពួក​គេ​»។ (​១បស. ១៨:១៣, ១៤​) បើ​យេសេបិល​ដឹង​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ នោះ​អូបាឌា​ដែល​ជា​បុរស​ដ៏​ក្លាហាន​នេះ​មុខ​ជា​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។ ពិត​មែន​ថា​អូបាឌា​ទំនង​ជា​ភ័យ​ខ្លាច ហើយ​មិន​ចង់​ស្លាប់​ទេ ប៉ុន្តែ​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ពួក​អ្នក​ដែល​បម្រើ​លោក​ច្រើន​ជាង​ស្រឡាញ់​ជីវិត​ខ្លួន​ឯង។

បងប្រុសម្នាក់ចូលក្នុងផ្ទះប្ដីប្រពន្ធសាក្សីមួយគូ។ គាត់ឲ្យសៀវភៅរបស់យើងដល់ប្ដី កាលដែលប្រពន្ធឃ្លាំមើលនៅមាត់ទ្វារ។

ទោះ​ជា​មាន​បម្រាម​លើ​កិច្ច​ការ​របស់​យើង​ក្ដី បង​ប្រុស​ម្នាក់​ចែក​ចាយ​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដោយ​ចិត្ត​ក្លាហាន​ដល់​សាក្សី​គ្នី​គ្នា (​សូម​មើល​វគ្គ​១១​)d

១១. តើ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ដូច​អូបាឌា​តាម​របៀប​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ នៅ​សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​រស់​នៅ​ប្រទេស​ដែល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​ដាក់​បម្រាម។ ពួក​គេ​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អាជ្ញាធរ ប៉ុន្តែ​ដូច​អូបាឌា បង​ប្អូន​ជា​ទី​ស្រឡាញ់​ទាំង​នេះ​មិន​ព្រម​ឈប់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ។ (​ម៉ាថ. ២២:២១​) ពួក​គេ​បង្ហាញ​ការ​កោត​ខ្លាច​ព្រះ​ដោយ​ស្ដាប់​បង្គាប់​លោក​ជា​ជាង​មនុស្ស។ (​សកម្ម. ៥:២៩​) ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​បន្ត​ប្រកាស​ផ្សាយ​ដំណឹង​ល្អ ហើយ​ប្រជុំ​គ្នា​ដោយ​សម្ងាត់។ (​ម៉ាថ. ១០:១៦, ២៨​) ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​ប្រាកដ​ថា​បង​ប្អូន​របស់​ពួក​គេ​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​បង​ប្អូន​ទាំង​នោះ​ត្រូវ​ការ។ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​អងរី​ពី​ប្រទេស​មួយ​នា​ទ្វីប​អាហ្វ្រិក​ដែល​ធ្លាប់​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​យើង។ ក្នុង​អំឡុង​ពេល​ដាក់​បម្រាម​នោះ បង​អងរី​បាន​ស្ម័គ្រ​ចិត្ត​ដឹក​ជញ្ជូន​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ទៅ​ឲ្យ​សាក្សី​គ្នី​គ្នា។ គាត់​សរសេរ​ថា​៖ ​«​ខ្ញុំ​ជា​មនុស្ស​អៀន ដូច្នេះ​ខ្ញុំ​ជឿ​ជាក់​ថា​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​បែប​នេះ​បាន ដោយ​សារ​ខ្ញុំ​មាន​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា​»។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ខ្លួន​អ្នក​មាន​ចិត្ត​ក្លាហាន​ដូច​បង​អងរី​ឬ​ទេ? អ្នក​អាច​មាន​គុណ​សម្បត្តិ​នេះ​បាន បើ​អ្នក​បណ្ដុះ​ឲ្យ​មាន​ការ​កោត​ខ្លាច​ចំពោះ​ព្រះ។

ចូរ​មាន​ភក្ដី​ភាព​ដូច​សម្ដេច​សង្ឃ​យេហូយ៉ាដា

១២. តើ​សម្ដេច​សង្ឃ​យេហូយ៉ាដា​និង​ប្រពន្ធ​របស់​គាត់​បាន​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១២ សម្ដេច​សង្ឃ​យេហូយ៉ាដា​កោត​ខ្លាច​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​មាន​ភក្ដី​ភាព និង​លើក​ស្ទួយ​ការ​គោរព​ប្រណិប័តន៍​ពិត។ នេះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ពេល​អាថាលៀ​ដែល​ជា​កូន​ស្រី​របស់​យេសេបិល បាន​ដណ្ដើម​រាជ្យ​នៅ​ស្រុក​យូដា។ បណ្ដា​ជន​មាន​ហេតុ​ភ័យ​ខ្លាច​អាថាលៀ។ គាត់​ឃោរឃៅ​និង​លោភ​លន់​ចង់​បាន​អំណាច​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ព្យាយាម​សម្លាប់​កូន​ស្ដេច​ទាំង​អស់​ដែល​ជា​ចៅ​របស់​គាត់។ (​២ប្រ. ២២:១០, ១១​) ក្នុង​ចំណោម​កូន​ក្មេង​ទាំង​នោះ មាន​ម្នាក់​បាន​រួច​ជីវិត​គឺ​យេហូអាស ដោយ​សារ​ប្រពន្ធ​របស់​យេហូយ៉ាដា​គឺ​យេហូសាបៀរ​បាន​សង្គ្រោះ​គាត់។ យេហូសាបៀរ​និង​ប្ដី​របស់​គាត់​បាន​លាក់​និង​មើល​ថែ​កូន​នោះ។ តាម​របៀប​នេះ យេហូយ៉ាដា​និង​យេហូសាបៀរ​បាន​ជួយ​រក្សា​ពូជ​ពង្ស​ស្ដេច​ដែល​មក​ពី​វង្ស​ត្រកូល​ដាវីឌ។ យេហូយ៉ាដា​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​មិន​ខ្លាច​អាថាលៀ​ឡើយ។—សុភ. ២៩:២៥

១៣. ពេល​យេហូអាស​មាន​អាយុ​៧​ឆ្នាំ តើ​យេហូយ៉ាដា​បាន​បង្ហាញ​ភក្ដី​ភាព​ម្ដង​ទៀត​តាម​របៀប​ណា?

១៣ ពេល​យេហូអាស​មាន​អាយុ​៧​ឆ្នាំ យេហូយ៉ាដា​បាន​បង្ហាញ​ម្ដង​ទៀត​ថា​គាត់​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ គាត់​បាន​រៀប​គម្រោង​មួយ។ បើ​គម្រោង​នោះ​ជោគ​ជ័យ យេហូអាស​នឹង​គ្រង​រាជ្យ​ជា​ស្ដេច​ដែល​ជា​អ្នក​ស្នង​តំណែង​ពី​ពូជ​ពង្ស​របស់​ដាវីឌ។ ប៉ុន្តែ បើ​គម្រោង​នោះ​បរាជ័យ​វិញ យេហូយ៉ាដា​ប្រាកដ​ជា​នឹង​បាត់​បង់​ជីវិត។ ដោយ​មាន​ពរ​ពី​ព្រះ​យេហូវ៉ា គម្រោង​នោះ​បាន​ជោគ​ជ័យ! យេហូយ៉ាដា​បាន​ទទួល​ការ​គាំទ្រ​ពី​ពួក​មេ​ដឹក​នាំ​និង​ពួក​លេវី ដើម្បី​តែង​តាំង​យេហូអាស​ជា​ស្ដេច និង​ឲ្យ​គេ​ប្រហារ​ជីវិត​អាថាលៀ។ (​២ប្រ. ២៣:១​-​៥, ១១, ១២, ១៥; ២៤:១​) បន្ទាប់​មក យេហូយ៉ាដា​«​បាន​រៀប​ចំ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​រវាង​ព្រះ​យេហូវ៉ា​និង​ស្ដេច​រួម​ទាំង​បណ្ដា​ជន គឺ​ថា​ពួក​គេ​នឹង​បន្ត​ធ្វើ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​»។ (​២បស. ១១:១៧​) យេហូយ៉ាដា​ក៏​«​បាន​ដាក់​ពួក​អ្នក​យាម ឲ្យ​យាម​ទ្វារ​វិហារ​ព្រះ​យេហូវ៉ា ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​បរិសុទ្ធ​ចូល​បាន​ឡើយ​»។—២ប្រ. ២៣:១៩

១៤. តើ​តាម​របៀប​ណា​យេហូយ៉ាដា​បាន​ទទួល​កិត្តិយស​ចំពោះ​ការ​លើក​កិត្តិយស​ព្រះ​យេហូវ៉ា?

១៤ មុន​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​លើក​កិត្តិយស​អ្នក​ដែល​បាន​លើក​កិត្តិយស​ខ្ញុំ​»។ មែន​ហើយ លោក​បាន​ឲ្យ​រង្វាន់​ដល់​យេហូយ៉ាដា។ (​១សាំ. ២:៣០​) ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ឲ្យ​គេ​កត់​ទុក​ការ​ប្រព្រឹត្ត​ល្អ​របស់​យេហូយ៉ាដា​នៅ​ក្នុង​គម្ពីរ​ដើម្បី​ណែនាំ​យើង។ (​រ៉ូម ១៥:៤​) ម្យ៉ាង​ទៀត ពេល​យេហូយ៉ាដា​ស្លាប់ គាត់​បាន​ទទួល​ឯកសិទ្ធិ​ដ៏​ពិសេស គឺ​សព​របស់​គាត់​បាន​ត្រូវ​បញ្ចុះ​«​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​បណ្ដា​ស្ដេច ដោយ​សារ​គាត់​បាន​ធ្វើ​កិច្ច​ការ​ល្អ​ជា​ច្រើន​សម្រាប់​ព្រះ​ពិត សម្រាប់​វិហារ​របស់​លោក និង​បណ្ដា​ជន​អ៊ីស្រាអែល​»។—២ប្រ. ២៤:១៥, ១៦

ដូច​សម្ដេច​សង្ឃ​យេហូយ៉ាដា សូម​ឲ្យ​ការ​កោត​ខ្លាច​ព្រះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ជួយ​បង​ប្អូន​របស់​យើង​ដោយ​ស្មោះ​ភក្ដី (​សូម​មើល​វគ្គ​១៥​)e

១៥. តើ​យើង​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​អំពី​យេហូយ៉ាដា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ កំណត់​ហេតុ​អំពី​យេហូយ៉ាដា​អាច​ជួយ​យើង​ទាំង​អស់​គ្នា​បណ្ដុះ​ឲ្យ​មាន​ការ​កោត​ខ្លាច​ចំពោះ​ព្រះ។ ពួក​អ្នក​ចាស់​ទុំ​អាច​យក​តម្រាប់​យេហូយ៉ាដា ដោយ​តែង​តែ​រក​វិធី​ដើម្បី​ការ​ពារ​ក្រុម​ជំនុំ។ (​សកម្ម. ២០:២៨​) បង​ប្អូន​វ័យ​ចាស់​អាច​រៀន​ពី​យេហូយ៉ាដា​ថា ពេល​ពួក​គេ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​និង​រក្សា​ភក្ដី​ភាព លោក​អាច​ប្រើ​ពួក​គេ​ឲ្យ​សម្រេច​គោល​បំណង​របស់​លោក។ លោក​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។ ប្អូន​ៗ​វ័យ​ក្មេង​អាច​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ​យេហូយ៉ាដា​និង​យក​តម្រាប់​លោក ដោយ​លើក​កិត្តិយស​បង​ប្អូន​វ័យ​ចាស់ ជា​ពិសេស​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ។ (​សុភ. ១៦:៣១​) យើង​ទាំង​អស់​គ្នា​ក៏​អាច​រៀន​ពី​ពួក​មេ​ដឹក​នាំ​និង​ពួក​លេវី​ដែល​គាំទ្រ​យេហូយ៉ាដា។ សូម​យើង​គាំទ្រ​យ៉ាង​ស្មោះ​ភក្ដី​ចំពោះ​«​ពួក​អ្នក​ដែល​នាំ​មុខ​»​ ដោយ​ស្ដាប់​បង្គាប់​ពួក​គេ។—ហេ. ១៣:១៧

ចូរ​កុំ​ធ្វើ​តាម​ស្ដេច​យេហូអាស

១៦. តើ​អ្វី​បង្ហាញ​ថា​ស្ដេច​យេហូអាស​មាន​ជំនឿ​ខ្សោយ?

១៦ ស្ដេច​យេហូអាស​បាន​ទទួល​ឥទ្ធិពល​ល្អ​ពី​យេហូយ៉ាដា។ (​២បស. ១២:២​) ដូច្នេះ ពេល​យេហូអាស​នៅ​ក្មេង គាត់​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ប៉ុន្តែ ក្រោយ​ពី​យេហូយ៉ាដា​ស្លាប់​ទៅ ស្ដេច​យេហូអាស​បាន​ស្ដាប់​តាម​ពួក​អ្នក​គ្រប់​គ្រង​ដែល​ក្បត់​ជំនឿ។ តើ​មាន​លទ្ធផល​អ្វី? គាត់​និង​ប្រជា​រាស្ត្រ​របស់​គាត់​បាន​«​ចាប់​ផ្ដើម​គោរព​បូជា​ដល់​រូប​ព្រះ​និង​បង្គោល​ឈើ​ពិសិដ្ឋ​»។ (​២ប្រ. ២៤:៤, ១៧, ១៨​) ទោះ​ជា​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ខ្លាំង​ក៏​ដោយ លោក​«​បាន​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ . . . ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ឲ្យ​ពួក​គេ​ត្រឡប់​មក​រក​លោក​វិញ។ ប៉ុន្តែ បណ្ដា​ជន​មិន​ព្រម​ស្ដាប់​តាម​»​ទេ។ ពួក​គេ​ថែម​ទាំង​មិន​បាន​ស្ដាប់​សាការី​ជា​កូន​ប្រុស​យេហូយ៉ាដា ដែល​មិន​គ្រាន់​តែ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​និង​ជា​សង្ឃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ជីដូន​មួយ​របស់​យេហូអាស​ដែរ។ ស្ដេច​យេហូអាស​ថែម​ទាំង​បាន​ឲ្យ​គេ​សម្លាប់​សាការី​ទៀត​ផង ទោះ​ជា​ក្រុម​គ្រួសារ​របស់​សាការី​គឺ​ជា​អ្នក​សង្គ្រោះ​ជីវិត​យេហូអាស​ក៏​ដោយ។—២ប្រ. ២២:១១; ២៤:១៩​-​២២

១៧. តើ​មាន​លទ្ធផល​អ្វី​ចំពោះ​យេហូអាស?

១៧ យេហូអាស​មិន​បាន​រក្សា​ការ​កោត​ខ្លាច​ចំពោះ​ព្រះ​យេហូវ៉ា​ទេ ហើយ​គាត់​ទទួល​លទ្ធផល​អាក្រក់។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ដែល​ប្រមាថ​មើល​ងាយ​ខ្ញុំ ខ្ញុំ​នឹង​ចាត់​ទុក​អ្នក​នោះ​ថា​គ្មាន​តម្លៃ​»។ (​១សាំ. ២:៣០​) ក្រោយ​មក កង​ទ័ព​ដែល​មាន​ចំនួន​តិច​របស់​ស៊ីរី​បាន​ឈ្នះ​លើ​ទ័ព​របស់​យេហូអាស​«​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​»​ ហើយ​គាត់​បាន​រង​«​របួស​ជា​ទម្ងន់​»។ ក្រោយ​ពី​ពួក​ស៊ីរី​បាន​ដក​ទ័ព​ចេញ​ទៅ ពួក​អ្នក​បម្រើ​របស់​យេហូអាស​បាន​សម្លាប់​គាត់ ដោយ​សារ​គាត់​បាន​សម្លាប់​សាការី។ ស្ដេច​ដ៏​អាក្រក់​នេះ​ថែម​ទាំង​បាន​ត្រូវ​គេ​ចាត់​ទុក​ថា​មិន​សម​បញ្ចុះ​«​នៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​បណ្ដា​ស្ដេច​»។—២ប្រ. ២៤:២៣​-​២៥; ម៉ាថ. ២៣:៣៥c

១៨. យោង​ទៅ​តាម​យេរេមា ១៧:៧, ៨ តើ​យើង​អាច​ជៀស​វាង​មិន​ធ្វើ​តាម​យេហូអាស​យ៉ាង​ដូច​ម្ដេច?

១៨ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​យេហូអាស? គាត់​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​មាន​ឫស​រាក់ ដែល​ត្រូវ​ការ​បង្គោល​ឈើ​ដើម្បី​ជួយ​ទប់។ ក្រោយ​ពី​យេហូយ៉ាដា​ដែល​បាន​ជួយ​គាត់​បាន​ស្លាប់​បាត់​ទៅ យេហូអាស​បាន​ចាប់​ផ្ដើម​ស្ដាប់​តាម​ពួក​អ្នក​ក្បត់​ជំនឿ ហើយ​ក៏​លែង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ការ​កោត​ខ្លាច​ព្រះ​មិន​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ឥទ្ធិពល​ល្អ​ពី​គ្រិស្ត​សាសនិក​ឯ​ទៀត រួម​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​យើង​ទេ។ ដើម្បី​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​ពង្រឹង​ការ​កោត​ខ្លាច​និង​ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ ដោយ​សិក្សា រំពឹង​គិត និង​អធិដ្ឋាន​ជា​ទៀង​ទាត់។—សូម​អាន យេរេមា ១៧:៧, ៨; កូឡ. ២:៦, ៧

១៩. តើ​ព្រះ​យេហូវ៉ា​សុំ​អ្វី​ពី​យើង?

១៩ ព្រះ​យេហូវ៉ា​មិន​សុំ​អ្វី​ច្រើន​ពី​យើង​ទេ។ អ្វី​ដែល​លោក​តម្រូវ​គឺ​បាន​ត្រូវ​សង្ខេប​នៅ​អ្នក​ទូន្មាន ១២:១៣ ដែល​ចែង​ថា​៖ ​«​ចូរ​គោរព​កោត​ខ្លាច​ព្រះ​ពិត ហើយ​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​ជា​និច្ច ព្រោះ​នេះ​ជា​កាតព្វកិច្ច​ទាំង​មូល​របស់​មនុស្ស​»។ ពេល​យើង​កោត​ខ្លាច​ព្រះ យើង​នឹង​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​លោក​មិន​ថា​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ​ក្ដី ដូច​អូបាឌា​និង​យេហូយ៉ាដា​បាន​ធ្វើ​ដែរ។ យ៉ាង​នេះ គ្មាន​អ្វី​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​បាន​ឡើយ។

តើ​អ្នក​ចាំ​ឬ​ទេ?

  • តើ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា?

  • តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​អូបាឌា​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច​និង​សម្ដេច​សង្ឃ​យេហូយ៉ាដា?

  • តើ​យើង​អាច​ជៀស​វាង​មិន​ធ្វើ​តាម​ស្ដេច​យេហូអាស​យ៉ាង​ដូច​ម្ដេច?

ចម្រៀង​លេខ​៣ ព្រះ​ជា​កម្លាំង ជា​សេចក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង

a ក្នុង​បទ​គម្ពីរ ពាក្យ​«​កោត​ខ្លាច​»​មាន​អត្ថន័យ​ទូលាយ។ ស្រប​ទៅ​តាម​បរិបទ ពាក្យ​កោត​ខ្លាច​អាច​សំដៅ​ទៅ​លើ​ការ​ខ្លាច ការ​គោរព ឬ​ការ​កោត​ស្ងើច។ អត្ថបទ​នេះ​នឹង​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​ការ​កោត​ខ្លាច​មួយ​ប្រភេទ​ដែល​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​ភក្ដី​ភាព ក្នុង​កិច្ច​បម្រើ​របស់​យើង​ចំពោះ​បិតា​នៅ​ស្ថាន​សួគ៌។

b អូបាឌា​នេះ​មិន​មែន​ជា​អ្នក​ប្រកាស​ទំនាយ​អូបាឌា​ដែល​បាន​រស់​នៅ​រាប់​រយ​ឆ្នាំ​ក្រោយ​មក និង​ដែល​បាន​សរសេរ​សៀវភៅ​គម្ពីរ​ដែល​មាន​ឈ្មោះ​របស់​គាត់​ទេ។

c ម៉ាថាយ ២៣:៣៥​ចែង​ថា​សាការី​ជា​កូន​របស់​បារ៉ាគា អ្នក​ខ្លះ​គិត​ថា​យេហូយ៉ាដា​ប្រហែល​ជា​មាន​ឈ្មោះ​ពីរ ដូច​បុគ្គល​ឯ​ទៀត​ក្នុង​គម្ពីរ​ដែរ (​សូម​ប្រៀប​ធៀប ម៉ាថ. ៩:៩​ទៅ​នឹង​ម៉ាក. ២:១៤​) ឬ​ថា​បារ៉ាគា​គឺ​ជា​ជីតា​របស់​សាការី ឬ​ក៏​ជា​បុព្វ​បុរស​ម្នាក់​ទៀត។

d ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​ការ​សម្ដែង​នេះ ប្អូន​ប្រុស​ម្នាក់​ចែក​ចាយ​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ក្នុង​អំឡុង​ពេល​មាន​បម្រាម។

e ការ​ពណ៌នា​អំពី​រូប​ភាព: ប្អូន​ស្រី​ម្នាក់​រៀន​ពី​បង​ស្រី​វ័យ​ចាស់​អំពី​របៀប​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ បង​ប្រុស​វ័យ​ចាស់​ម្នាក់​ទុក​គំរូ​ល្អ​អំពី​ចិត្ត​ក្លាហាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​សាធារណៈ បង​ប្រុស​ដែល​មាន​បទ​ពិសោធន៍​បង្ហាត់​បង្រៀន​បង​ប្អូន​ឯ​ទៀត​អំពី​របៀប​ថែ​ទាំ​សាល​ប្រជុំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក