បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 សីហា ទំ. ១៤-១៩
  • ចូរ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អ្នក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​យើង​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង?
  • តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង?
  • សូម​កុំ​ភ្លេច​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹក​ចាំ
  • ចូរ​បន្ត​ជឿ​ជាក់
  • តើ​អ្នក​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • ព្រះយេហូវ៉ា ជាព្រះ«បំរុងតែនឹងអត់ទោស»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះមួយអង្គដែល«បំរុងតែនឹងអត់ទោស»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ព្រះយេហូវ៉ាបម្រុងតែនឹងអភ័យទោស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 សីហា ទំ. ១៤-១៩

អត្ថបទសិក្សា ៣៤

ចម្រៀង​លេខ​៣ ព្រះ​ជា​កម្លាំង ជា​សេចក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង

ចូរ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អ្នក

​«​លោក​បាន​លើក​លែង​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្ញុំ​»។—ចសព. ៣២:៥

ចំណុច​ផ្ដោត

មូលហេតុ​ដែល​យើង​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង ហើយ​របៀប​ដែល​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា លោក​អភ័យ​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត។

១​-​២. តើ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ពេល​យើង​ប្រែ​ចិត្ត​ពី​ការ​ខុស​ឆ្គង​របស់​យើង ហើយ​តើ​នោះ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​ណា? (​សូម​មើល​រូប​ភាពផង​ដែរ​)

ស្ដេច​ដាវីឌ​យល់​ថា​ការ​បន្ទោស​ខ្លួន​ចំពោះ​កំហុស​នៅ​អតីតកាល​គឺ​យ៉ាង​ណា។ (​ចសព. ៤០:១២; ៥១:៣; ពាក្យ​ផ្ដើម​) គាត់​ធ្លាប់​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​ក្នុង​ជីវិត​របស់​គាត់។ ប៉ុន្តែ គាត់​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់។ (​២សាំ. ១២:១៣​) ជា​លទ្ធផល ដាវីឌ​ក៏​យល់​អារម្មណ៍​ធូរ​ស្រាល​ដែល​មក​ពី​ការ​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា​ដែរ។—ចសព. ៣២:១

២ ដូច​ដាវីឌ យើង​អាច​មាន​អារម្មណ៍​ធូរ​ចិត្ត​ដែល​មក​ពី​ការ​ទទួល​សេចក្ដី​មេត្តា​ករុណា​និង​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ យើង​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​សុខ​ចិត្ត​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង មិន​ថា​នោះ​ជា​ការ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ក្ដី បើ​យើង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ សារភាព​កំហុស​របស់​យើង ហើយ​ខំ​អស់​ពី​សមត្ថភាព​មិន​ធ្វើ​ខុស​ដូច​នោះ​ម្ដង​ទៀត។ (​សុភ. ២៨:១៣; សកម្ម. ២៦:២០; ១យ៉ូន. ១:៩​) យើង​សប្បាយ​ចិត្ត​ដោយ​ដឹង​ថា ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង លោក​អភ័យ​ទោស​ទាំង​ស្រុង គឺ​ហាក់​ដូច​ជា​យើង​មិន​ដែល​ប្រព្រឹត្ត​ការ​ខុស​ឆ្គង​នោះ​ទាល់​តែ​សោះ!—អេគ. ៣៣:១៦

ស្ដេច​ដាវីឌ​អង្គុយ​នៅ​រាន​ហាល លេង​ពិណ និង​ច្រៀង។

ស្ដេច​ដាវីឌ​បាន​តែង​ចម្រៀង​សរសើរ​ព្រះ​ជា​ច្រើន​បទ​ដែល​រៀប​រាប់​អំពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១​-​២​)​


៣​-​៤. តើ​បង​ស្រី​ម្នាក់​មាន​អារម្មណ៍​យ៉ាង​ណា​ក្រោយ​ពី​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

៣ ប៉ុន្តែ ជួន​កាល​បុគ្គល​ខ្លះ​ប្រហែល​ជា​ពិបាក​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​គាត់។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ជេននីហ្វើ​ដែល​បាន​ធំ​ឡើង​ក្នុង​សេចក្ដី​ពិត។ កាល​ដែល​គាត់​មាន​វ័យ​ជំទង់ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​និង​រស់​នៅ​ដោយ​មាន​មុខ​ពីរ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​ធ្វើ​ការ​កែ​ប្រែ ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា និង​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​និយាយ​ថា​៖ ​«​ជីវិត​ខ្ញុំ​ពី​មុន​គឺ​ពោរ​ពេញ​ទៅ​ដោយ​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្តិ ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​ផឹក​ស្រា​ហួស​ប្រមាណ និង​ការ​ខឹង​សម្បា។ ខ្ញុំ​ដឹង​ថា​ក្រោយ​ពី​ខ្ញុំ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​អភ័យ​ទោស​ឲ្យ​ខ្ញុំ ហើយ​ប្រែ​ចិត្ត នោះ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្អាត​ស្អំ។ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​ខ្ញុំ​វិញ ខ្ញុំ​មិន​អាច​ជឿ​ជាក់​ថា​ខ្ញុំ​បាន​ទទួល​ការ​អភ័យ​ទោស​ទេ​»។

៤ ជួន​កាល តើ​អ្នក​ពិបាក​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក​នៅ​អតីតកាល​ឬ​ទេ? ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា​លោក​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​យើង ដូច​ដាវីឌ​មាន​ទំនុក​ចិត្ត​នោះ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង ហើយ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នោះ។

ហេតុ​អ្វី​យើង​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង?

៥. តើ​សាថាន​ចង់​ឲ្យ​យើង​ជឿ​អំពី​អ្វី? សូម​លើក​ឧទាហរណ៍​មួយ។

៥ ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង យើង​អាច​ជៀស​វាង​ពី​ការ​ធ្លាក់​ចូល​អន្ទាក់​មួយ​របស់​សាថាន។ សូម​ចាំ​ថា​សាថាន​នឹង​ខំ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​យើង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ ដើម្បី​សម្រេច​គោល​ដៅ​របស់​វា សាថាន​ប្រហែល​ជា​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា យើង​មិន​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង​បាន​ទេ។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បុរស​ម្នាក់​នៅ​ក្រុម​ជំនុំ​នា​ក្រុង​កូរិនថូស ដែល​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ​ដោយ​សារ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ (​១កូ. ៥:១, ៥, ១៣​) ក្រោយ​មក ពេល​គាត់​ប្រែ​ចិត្ត សាថាន​ចង់​ឲ្យ​ពួក​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ​មិន​ព្រម​អភ័យ​ទោស​ឲ្យ​គាត់ គឺ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្តា​រហូត​ដល់​ពួក​គេ​មិន​ស្វាគមន៍​បុរស​នោះ​មក​វិញ។ នៅ​ដំណាល​គ្នា​នោះ សាថាន​ចង់​ឲ្យ​បុរស​ដែល​បាន​ប្រែ​ចិត្ត​នោះ​មាន​អារម្មណ៍​ថា គាត់​មិន​អាច​ទទួល​ការ​អភ័យ​ទោស គឺ​ធ្វើ​ឲ្យ​គាត់​«​ព្រួយ​ចិត្ត​ខ្លាំង​ហួស​ហេតុ​ពេក​»​រហូត​ដល់​គាត់​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ សាថាន​មិន​បាន​ផ្លាស់​ប្ដូរ​គោល​ដៅ​ឬ​កល​ល្បិច​របស់​វា​ឡើយ។ ប៉ុន្តែ ​«​មិន​មែន​យើង​មិន​ដឹង​អំពី​កល​ល្បិច​ទាំង​ប៉ុន្មាន​របស់​សាថាន​ទេ​»។—២កូ. ២:៥​-​១១

៦. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ឈប់​បន្ទោស​ខ្លួន​ទៀត?

៦ ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង យើង​អាច​ឈប់​បន្ទោស​ខ្លួន​ទៀត។ ពេល​យើង​ធ្វើ​ខុស តាម​ធម្មតា​យើង​បន្ទោស​ខ្លួន។ (​ចសព. ៥១:១៧​) នេះ​ជា​អ្វី​ដែល​ល្អ។ សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​និង​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​ឡើង​វិញ។ (​២កូ. ៧:១០, ១១​) ប៉ុន្តែ បើ​យើង​នៅ​តែ​បន្ដ​បន្ទោស​ខ្លួន​ក្រោយ​ពី​យើង​បាន​ប្រែ​ចិត្ត​ហើយ នោះ​យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត ហើយ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង យើង​អាច​ឈប់​បន្ទោស​ខ្លួន។ យ៉ាង​នេះ យើង​អាច​បម្រើ​ព្រះ​យេហូវ៉ា​តាម​បំណង​ប្រាថ្នា​របស់​លោក គឺ​ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ស្អាត​ស្អំ ហើយ​មាន​អំណរ​យ៉ាង​ខ្លាំង។ (​កូឡ. ១:១០, ១១; ២ធី. ១:៣​) ប៉ុន្តែ តើ​តាម​របៀប​ណា​យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​បាន​អភ័យ​ទោស​ឲ្យ​យើង?

តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង?

៧​-​៨. តើ​ព្រះ​យេហូវ៉ា​រៀប​រាប់​យ៉ាង​ណា​អំពី​ខ្លួន​លោក​ទៅ​ម៉ូសេ ហើយ​តើ​យើង​អាច​ប្រាកដ​អំពី​អ្វី? (​ដំណើរ​ចាក​ចេញ ៣៤:៦, ៧​)

៧ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​អំពី​ខ្លួន​លោក។ ជា​ឧទាហរណ៍ សូម​កត់​សម្គាល់​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​នៅ​ភ្នំ​ស៊ីណាយ។a (​សូម​អាន ដំណើរ​ចាក​ចេញ ៣៤:៦, ៧​) ទោះ​បី​ជា​ព្រះ​យេហូវ៉ា​មាន​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​ជា​ច្រើន​ក្ដី លោក​សម្រេច​ចិត្ត​ប្រាប់​ម៉ូសេ​ថា លោក​«​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ​»។ ដូច្នេះ តើ​អ្នក​គិត​ថា​ព្រះ​នឹង​មិន​ព្រម​អភ័យ​ទោស​ឲ្យ​បុគ្គល​ដែល​ស្រឡាញ់​លោក​ដែល​ប្រែ​ចិត្ត​ពី​ការ​ខុស​ឆ្គង​ឬ​ទេ? ព្រះ​យេហូវ៉ា​ច្បាស់​ជា​មិន​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្តា​បែប​នោះ​ទេ។

៨ យើង​អាច​ប្រាកដ​ថា ពេល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​លោក​មាន​សេចក្ដី​មេត្តា​ករុណា លោក​កំពុង​និយាយ​សេចក្ដី​ពិត។ លោក​មិន​ដែល​កុហក​ឡើយ។ (​ចសព. ៣១:៥​) ដូច្នេះ យើង​អាច​ជឿ​អ្វី​ដែល​លោក​មាន​ប្រសាសន៍។ បើ​អ្នក​ពិបាក​ឈប់​បន្ទោស​ខ្លួន​ចំពោះ​កំហុស​នៅ​អតីតកាល សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ ហើយ​ថា​លោក​អភ័យ​ទោស​ឲ្យ​អ្នក​ណា​ក៏​ដោយ​ដែល​ប្រែ​ចិត្ត​ពី​ការ​ខុស​ឆ្គង​ឬ​ទេ? បើ​ដូច្នេះ ខ្ញុំ​គួរ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ដែរ›។

៩. តើ​ការ​លើក​លែង​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​មាន​ន័យ​យ៉ាង​ណា? (​ចម្រៀង​សរសើរ​ព្រះ ៣២:៥​)

៩ សូម​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​អ្នក​សរសេរ​គម្ពីរ​ឲ្យ​រៀប​រាប់​អំពី​ការ​អភ័យ​ទោស​របស់​លោក។ ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ដែល​ដាវីឌ​រៀប​រាប់​អំពី​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣២:៥​) ដាវីឌ​បាន​និយាយ​ថា​៖ ​«​លោក​បាន​លើក​លែង​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្ញុំ​»។ ពាក្យ​ជា​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​លើក​លែង​ទោស​»​ អាច​មាន​ន័យ​ថា​«​លើង​ឡើង​»​ឬ​«​យក​ចេញ​»។ ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​ដាវីឌ គឺ​ហាក់​ដូច​ជា​លោក​លើក​ការ​ខុស​ឆ្គង​របស់​គាត់​ឡើង ហើយ​យក​ការ​ខុស​ឆ្គង​នោះ​ចេញ។ រួច​មក ដាវីឌ​អាច​មាន​អំណរ​ដែល​មក​ពី​ការ​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់​ទាំង​ស្រុង។ (​ចសព. ៣២:២​-​៤​) យើង​ក៏​អាច​មាន​អំណរ​ស្រដៀង​នឹង​នេះ​ដែរ។ ពេល​យើង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ពី​ការ​ខុស​ឆ្គង​របស់​យើង យើង​មិន​ចាំ​បាច់​បន្ដ​បន្ទោស​ខ្លួន​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​ទេ តែ​យើង​អាច​អរ​សប្បាយ​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង​ទាំង​ស្រុង។

១០​-​១១. តើ​ពាក្យ​«​បម្រុង​តែ​នឹង​អភ័យ​ទោស​»​បង្ហាញ​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា? (​ចម្រៀង​សរសើរ​ព្រះ ៨៦:៥​)

១០ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៨៦:៥។ នៅ​ខ​នេះ ដាវីឌ​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​បម្រុង​តែ​នឹង​អភ័យ​ទោស​»។ ស្ដី​អំពី​ពាក្យ​ទាំង​នេះ ឯកសារ​យោង​មួយ​អំពី​គម្ពីរ​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​[​លោក​]​គឺ​ជា​អ្នក​អភ័យ​ទោស។ នេះ​គឺ​ជា​លក្ខណៈ​ធម្មជាតិ​មួយ​របស់​លោក​»។ ហេតុ​អ្វី​ការ​អភ័យ​ទោស​គឺ​ជា​លក្ខណៈ​ធម្មជាតិ​របស់​ព្រះ​យេហូវ៉ា? ពាក្យ​បន្ទាប់​ក្នុង​ខ​គម្ពីរ​នោះ​ពន្យល់​ថា​៖ ​«​លោក​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​មនុស្ស​ទាំង​អស់​ដែល​ហៅ​រក​លោក​»។ ដូច​យើង​បាន​រៀន​នៅ​អត្ថបទ​មុន សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជំរុញ​ព្រះ​យេហូវ៉ា​មិន​ឲ្យ​បោះ​បង់​ចោល​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក។ ដោយ​សារ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក លោក​នឹង​«​អភ័យ​ទោស​ឲ្យ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»​ចំពោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត។ (​អេ. ៥៥:៧, កំ.ស.​) បើ​អ្នក​ពិបាក​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ជឿ​ថា​ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស​ដល់​អស់​អ្នក​ដែល​ប្រែ​ចិត្ត ហើយ​ដែល​អធិដ្ឋាន​សុំ​សេចក្ដី​មេត្តា​ករុណា​ពី​លោក​ឬ​ទេ? បើ​ដូច្នេះ ខ្ញុំ​អាច​ប្រាកដ​ថា​លោក​បាន​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ដែរ ពេល​ដែល​ខ្ញុំ​សុំ​លោក​ឲ្យ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ខ្ញុំ​និង​អភ័យ​ទោស​ឲ្យ​ខ្ញុំ›។

១១ យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​យល់​យ៉ាង​ច្បាស់​ថា​យើង​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង។ (​ចសព. ១៣៩:១, ២​) សូម​យើង​មើល​អ្វី​ដែល​ដាវីឌ​បាន​និយាយ​នៅ​ក្នុង​ចម្រៀង​សរសើរ​ព្រះ​មួយ​ទៀត ហើយ​របៀប​ដែល​នោះ​ក៏​អាច​ជួយ​យើង​ឲ្យ​ជឿ​ថា​ព្រះ​យេហូវ៉ា​ចង់​អភ័យ​ទោស​ឲ្យ​យើង។

សូម​កុំ​ភ្លេច​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹក​ចាំ

១២​-​១៣. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ១០៣:១៤ តើ​ព្រះ​យេហូវ៉ា​ចាំ​អ្វី​អំពី​យើង ហើយ​តើ​នេះ​ជំរុញ​ចិត្ត​លោក​ឲ្យ​ធ្វើ​អ្វី?

១២ សូម​អាន ចម្រៀង​សរសើរ​ព្រះ ១០៣:១៤។ ដាវីឌ​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា លោក​«​ចាំ​ថា​យើង​ជា​ធូលី​ដី​»។ តាម​រយៈ​ពាក្យ​ទាំង​នេះ ដាវីឌ​ពន្យល់​អំពី​មូលហេតុ​មួយ​ដែល​ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​ដែល​ប្រែ​ចិត្ត ពោល​គឺ​លោក​ដឹង​ថា​យើង​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង។ ដើម្បី​យល់​ចំណុច​នេះ​ឲ្យ​កាន់​តែ​ច្បាស់ សូម​យើង​ពិនិត្យ​មើល​ពាក្យ​របស់​ដាវីឌ​យ៉ាង​ដិត​ដល់​ជាង។

១៣ ដាវីឌ​និយាយ​ថា ព្រះ​យេហូវ៉ា​«​ដឹង​ច្បាស់​អំពី​របៀប​ដែល​យើង​បាន​ត្រូវ​បង្កើត​»។ លោក​បាន​«​យក​ដី​មក​សូន​ធ្វើ​ជា​»​អាដាម។ លោក​ដឹង​ថា​មនុស្ស​ល្អ​ឥត​ខ្ចោះ​មាន​កម្រិត​មួយ​ចំនួន​ដូច​ជា ត្រូវ​ការ​បរិភោគ គេង និង​ដក​ដង្ហើម។ (​ដក. ២:៧​) ប៉ុន្តែ ដោយ​សារ​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង មនុស្ស​បាន​ទៅ​ជា​ដី​ក្នុង​ន័យ​មួយ​ទៀត។ តើ​នោះ​គឺ​ជា​អ្វី? ក្នុង​នាម​ជា​កូន​ចៅ​របស់​ពួក​គេ យើង​ឆ្លង​ភាព​ខុស​ឆ្គង ហើយ​នោះ​ងាយ​ឲ្យ​យើង​ធ្វើ​ខុស។ ព្រះ​យេហូវ៉ា​ស្គាល់​អំពី​នេះ​យ៉ាង​ច្បាស់។ ប៉ុន្តែ ពេល​ដាវីឌ​និយាយ​ថា​ព្រះ​យេហូវ៉ា​«​ចាំ​»​ថា​យើង​ជា​ធូលី​ដី គាត់​ក៏​ចង់​មាន​ន័យ​ថា ដោយ​សារ​ព្រះ​យេហូវ៉ា​ស្គាល់​ថា​យើង​មាន​ភាព​ខុស​ឆ្គង លោក​តែង​តែ​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​ក្ដី​អាណិត​មេត្តា។ និយាយ​រួម​ទៅ ពាក្យ​របស់​ដាវីឌ​អាច​មាន​ន័យ​ថា លោក​ដឹង​ថា​ជួន​កាល​យើង​នឹង​ធ្វើ​ខុស ហើយ​ពេល​លោក​ឃើញ​ថា​យើង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​និង​អភ័យ​ទោស​ឲ្យ​យើង។—ចសព. ៧៨:៣៨, ៣៩

១៤. (​ក​) តើ​ដាវីឌ​ពន្យល់​យ៉ាង​ណា​អំពី​ការ​អភ័យ​ទោស​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា? (​ចម្រៀង​សរសើរ​ព្រះ ១០៣:១២​) (​ខ​)​ តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​ដាវីឌ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​របៀប​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​និង​បំភ្លេច​»​)

១៤ តើ​ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​គឺ​ធំ​យ៉ាង​ណា? (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១០៣:១២​) ដាវីឌ​និយាយ​ថា ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស លោក​ដក​ការ​ខុស​ឆ្គង​របស់​យើង​ចេញ​ឆ្ងាយ​«​ដូច​ទិស​ខាង​លិច​[​កន្លែង​ដែល​ថ្ងៃ​លិច​]​ឆ្ងាយ​ពី​ទិស​ខាង​កើត​[​កន្លែង​ដែល​ថ្ងៃ​រះ​]​»។ ទិស​ខាង​កើត​និង​ទិស​ខាង​លិច គឺ​ឆ្ងាយ​ពី​គ្នា​ណាស់។ នេះ​មាន​ន័យ​ថា ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ការ​ខុស​ឆ្គង​របស់​យើង គឺ​ហាក់​ដូច​ជា​លោក​យក​ការ​ខុស​ឆ្គង​នោះ​ចេញ​ឆ្ងាយ​ពី​យើង។ លោក​យក​ការ​ខុស​ឆ្គង​នោះ​ចេញ​ឆ្ងាយ​ដល់​ម្ល៉េះ រហូត​ដល់​គ្មាន​អ្វី​នឹង​ធ្វើ​ឲ្យ​លោក​នឹក​ចាំ​អំពី​ការ​ខុស​ឆ្គង​របស់​យើង​ម្ដង​ទៀត ឬ​ធ្វើ​ឲ្យ​លោក​រំលឹក​យើង​អំពី​ការ​ខុស​ឆ្គង​ទាំង​នោះ។ លោក​ក៏​មិន​ចោទ​ប្រកាន់​ឬ​ដាក់​ទោស​យើង​ចំពោះ​ការ​ខុស​ឆ្គង​ទាំង​នោះ​ដែរ។—អេគ. ១៨:២១, ២២; សកម្ម. ៣:១៩

បណ្ដុំ​រូប​ភាព​៖ ១. ស្ដេច​ដាវីឌ​នៅ​លើ​ដំបូល​សម្លឹង​មើល​បាតសេបា​កាល​ដែល​នាង​កំពុង​ងូត​ទឹក។ ២. គាត់​អធិដ្ឋាន​អស់​ពី​ចិត្ត។ ៣. គាត់​គិត​កាល​ដែល​គាត់​សរសេរ។

របៀប​ដែល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​និង​បំភ្លេច

ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង លោក​បំភ្លេច​ការ​ខុស​ឆ្គង​របស់​យើង​ក្នុង​ន័យ​ថា លោក​នឹង​មិន​ប្រកាន់​ទោស​ឬ​ដាក់​ទោស​យើង​ចំពោះ​ការ​ខុស​ឆ្គង​នោះ​ម្ដង​ទៀត​ទេ។ (​អេ. ៤៣:២៥​) ជា​ឧទាហរណ៍ សូម​គិត​អំពី​ស្ដេច​ដាវីឌ។ គំរូ​របស់​គាត់​បង្ហាញ​ថា យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យ​ហូ​វ៉ា សូម្បី​តែ​យើង​ធ្លាប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ក្ដី។

ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ រួម​មាន​អំពើ​ផិត​ក្បត់​និង​ឃាតកម្ម។ ប៉ុន្តែ ដោយ​សារ​គាត់​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ នោះ​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់។ ដាវីឌ​បាន​ទទួល​យក​ការ​ប្រដៅ​តម្រង់ កែ​តម្រូវ​ការ​ប្រព្រឹត្ត​របស់​គាត់ ហើយ​ក្រោយ​មក គាត់​មិន​ដែល​បែរ​ចេញ​ពី​ការ​គោរព​ប្រណិប័តន៍​ពិត​ទេ។—២សាំ. ១១:១​-​២៧; ១២:១៣

ពេល​គិត​អំពី​ជីវិត​របស់​ដាវីឌ ព្រះ​យេហូវ៉ា​បាន​ប្រាប់​សាឡូម៉ូន​ថា​៖ ​«​[​ចូរ​]​ដើរ​តាម​ខ្ញុំ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​ដោយ​ទៀង​ត្រង់​ដូច​ដាវីឌ​ឪពុក​របស់​អ្នក​»។ (​១បស. ៩:៤, ៥​) ព្រះ​យេហូវ៉ា​មិន​ដែល​លើក​ឡើង​អំពី​ការ​ខុស​ឆ្គង​របស់​ដាវីឌ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​និយាយ​ល្អ​អំពី​ដាវីឌ​ថា គាត់​ជា​បុរស​ដែល​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​និង​ទៀង​ត្រង់។ ព្រះ​យេហូវ៉ា​បាន​«​ផ្ដល់​រង្វាន់​ជា​បរិបូរ​»​ដល់​ដាវីឌ​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​គាត់។—ចសព. ១៣:៦

តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? ពេល​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង លោក​មិន​ផ្ដោត​អារម្មណ៍​លើ​ការ​ខុស​ឆ្គង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ស្វែង​រក​អ្វី​ល្អ​ៗ​ដែល​យើង​ធ្វើ ហើយ​ចង់​ផ្ដល់​រង្វាន់​ដល់​យើង។ (​ហេ. ១១:៦​) ដូច្នេះ យើង​មិន​ត្រូវ​បន្ត​នឹក​ចាំ​អំពី​កំហុស​នៅ​អតីតកាល​ដែល​ព្រះ​យេហូវ៉ា​បាន​បំភ្លេច​ហើយ​នោះ​ទេ។

១៥. តើ​យើង​អាច​ធ្វើ​អ្វី​បើ​យើង​បន្ត​បន្ទោស​ខ្លួន​ចំពោះ​ការ​ខុស​ឆ្គង​នៅ​អតីតកាល?

១៥ តើ​ពាក្យ​របស់​ដាវីឌ​នៅ​ចម្រៀង​សរសើរ​ព្រះ ១០៣​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង? បើ​យើង​បន្ត​បន្ទោស​ខ្លួន​ចំពោះ​ការ​ខុស​ឆ្គង​នៅ​អតីតកាល យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​កំពុង​ភ្លេច​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹក​ចាំ ពោល​គឺ​តើ​ខ្ញុំ​ភ្លេច​ថា​លោក​ដឹង​ថា​ខ្ញុំ​មាន​ភាព​ខុស​ឆ្គង ហើយ​ថា​លោក​នឹង​អភ័យ​ទោស​ឲ្យ​បុគ្គល​ដែល​ប្រព្រឹត្ត​ការ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត​ដូច​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​ក៏​នឹក​ចាំ​អ្វី​ដែល​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​ថា​បំភ្លេច ពោល​គឺ​តើ​ខ្ញុំ​ចាំ​ការ​ខុស​ឆ្គង​ដែល​លោក​បាន​អភ័យ​ទោស​ឲ្យ​និង​មិន​ប្រកាន់​ទោស​ខ្ញុំ​ឬ​ទេ?›។ ព្រះ​យេហូវ៉ា​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ខុស​ឆ្គង​របស់​យើង​នៅ​អតីតកាល​ទេ ហើយ​យើង​ក៏​មិន​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ខុស​ឆ្គង​នោះ​ដែរ។ (​ចសព. ១៣០:៣​) ពេល​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង យើង​នឹង​អាច​អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង​ចំពោះ​កំហុស​នៅ​អតីតកាល ហើយ​ជឿន​ទៅ​មុខ។

១៦. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​ការ​បន្ត​បន្ទោស​ខ្លួន​ចំពោះ​កំហុស​នៅ​អតីតកាល​គឺ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៦ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ការ​បន្ត​បន្ទោស​ខ្លួន​ចំពោះ​កំហុស​នៅ​អតីតកាល គឺ​ប្រៀប​ដូច​ជា​ការ​ព្យាយាម​បើក​ឡាន​ទៅ​មុខ​ផង ហើយ​មើល​កញ្ចក់​ក្រោយ​ជាប់​រហូត​ផង។ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​មើល​កញ្ចក់​ក្រោយ​ម្ដង​ម្កាល​ដើម្បី​ការ​ពារ​ពី​គ្រោះ​ថ្នាក់​ដែល​នៅ​ខាង​ក្រោយ​យើង។ ប៉ុន្តែ ដើម្បី​បើក​បរ​ទៅ​មុខ​ដោយ​សុវត្ថិភាព យើង​ត្រូវ​ផ្ចង់​អារម្មណ៍​ទៅ​ផ្លូវ​ខាង​មុខ។ ស្រដៀង​គ្នា​ដែរ គឺ​ជា​ការ​ល្អ​ដែល​ជួន​កាល​យើង​គិត​អំពី​កំហុស​ដែល​យើង​បាន​ធ្វើ​នៅ​អតីតកាល។ នេះ​អាច​ជួយ​យើង​មិន​ឲ្យ​ធ្វើ​ខុស​ដូច​នោះ​ម្ដង​ទៀត។ ប៉ុន្តែ បើ​យើង​បន្ត​គិត​អំពី​កំហុស​នៅ​អតីតកាល នោះ​យើង​ប្រហែល​ជា​បាត់​បង់​អំណរ ហើយ​មិន​អាច​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ពេញ​លេញ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ផ្លូវ​ដែល​នៅ​ខាង​មុខ​យើង។ យើង​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត​ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា ជា​កន្លែង​ដែល​«​នឹង​គ្មាន​នរណា​នឹក​ឃើញ​ទៀត​»​នូវ​ការ​នឹក​ចាំ​មិន​ល្អ​ដែល​ធ្លាប់​ឆ្លង​កាត់។—អេ. ៦៥:១៧; សុភ. ៤:២៥

បុរស​ម្នាក់​មើល​កញ្ចក់​ក្រោយ កាល​ដែល​គាត់​បើក​ឡាន​លើ​ផ្លូវ​បត់​បែន។

ដូច​អ្នក​បើក​បរ​ត្រូវ​ផ្ចង់​អារម្មណ៍​លើ​ផ្លូវ​ខាង​មុខ ជា​ជាង​មើល​ខាង​ក្រោយ​តាម​កញ្ចក់​មើល​ក្រោយ យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ច្រើន​ជាង​លើ​ពរ​នៅ​ថ្ងៃ​ខាង​មុខ ជា​ជាង​កំហុស​នៅ​អតីតកាល ​(​សូម​មើល​វគ្គ​១៦​)​


ចូរ​បន្ត​ជឿ​ជាក់

១៧. ហេតុ​អ្វី​យើង​ត្រូវ​បន្ត​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​អភ័យ​ទោស​ឲ្យ​យើង?

១៧ យើង​ត្រូវ​បន្ត​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​អភ័យ​ទោស​ឲ្យ​យើង។ (​១យ៉ូន. ៣:១៩​) ហេតុ​អ្វី? ពីព្រោះ​សាថាន​នឹង​បន្ត​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​ឬ​អភ័យ​ទោស​ឲ្យ​យើង​ទេ។ គោល​ដៅ​របស់​វា​គឺ​បញ្ឈប់​យើង​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ យើង​អាច​រំពឹង​ថា​សាថាន​នឹង​ព្យាយាម​កាន់​តែ​ខ្លាំង​ឡើង ដោយ​សារ​វា​ដឹង​ថា​ពេល​វេលា​របស់​វា​គឺ​ខ្លី។ (​បប. ១២:១២​) យើង​មិន​ត្រូវ​ឲ្យ​សាថាន​ឈ្នះ​យើង​ឡើយ!

១៨. តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​អភ័យ​ទោស​ឲ្យ​អ្នក?

១៨ ដើម្បី​ពង្រឹង​ការ​ជឿ​ជាក់​របស់​អ្នក​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក សូម​ធ្វើ​តាម​យោបល់​ដែល​បាន​ត្រូវ​ពិគ្រោះ​នៅ​អត្ថបទ​មុន។ ដើម្បី​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​អំពី​ខ្លួន​លោក។ សូម​រំពឹង​គិត​អំពី​អ្វី​ដែល​លោក​បាន​ដឹក​នាំ​អ្នក​សរសេរ​គម្ពីរ​ឲ្យ​រៀប​រាប់​អំពី​ការ​អភ័យ​ទោស​របស់​លោក។ សូម​កុំ​ភ្លេច​ថា លោក​ដឹង​ថា​អ្នក​មាន​ភាព​ខុស​ឆ្គង ហើយ​ថា​លោក​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សេចក្ដី​មេត្តា​ករុណា។ ម្យ៉ាង​ទៀត សូម​ចាំ​ថា​ពេល​លោក​អភ័យ​ទោស​ឲ្យ លោក​អភ័យ​ទោស​ឲ្យ​ទាំង​ស្រុង។ យ៉ាង​នេះ ដោយ​មាន​ទំនុក​ចិត្ត​ដូច​ដាវីឌ​ចំពោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​យេហូវ៉ា អ្នក​អាច​និយាយ​ថា​៖ ​«​អរគុណ​ព្រះ​យេហូវ៉ា​ដែល​បាន​លើក​លែង​ទោស​ចំពោះ​‹អំពើ​ខុស​ឆ្គង​របស់​ខ្ញុំ›!​»។—ចសព. ៣២:៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​យើង​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង?

  • តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អ្នក?

  • ហេតុ​អ្វី​យើង​ត្រូវ​បន្ដ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង?

ចម្រៀង​លេខ​១ គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា

a សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ព្រះ​យេហូវ៉ា​បម្រុង​តែ​នឹង​អភ័យ​ទោស​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មិថុនា ឆ្នាំ​២០២២ វគ្គ​៤​-​៧។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក