ដានីយ៉ែល
១ នៅឆ្នាំទី៣នៃរាជ្យយេហូយ៉ាគីម+ស្ដេចស្រុកយូដា នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបានមកឡោមព័ទ្ធក្រុងយេរូសាឡិម។*+ ២ មួយរយៈក្រោយមក ព្រះយេហូវ៉ាបានប្រគល់យេហូយ៉ាគីមស្ដេចស្រុកយូដា និងប្រដាប់ប្រដាខ្លះដែលនៅក្នុងវិហារព្រះពិត ទៅក្នុងកណ្ដាប់ដៃស្ដេចស្រុកបាប៊ីឡូន។+ ស្ដេចនោះបាននាំយកប្រដាប់ប្រដាទាំងនោះទៅស្រុកស៊ីណើរ*+ រួចដាក់ក្នុងឃ្លាំងវិហារព្រះរបស់គាត់។+
៣ បន្ទាប់មក ស្ដេចនោះបានបញ្ជាអាសភិនណាសជាមេលើមន្ត្រីជាន់ខ្ពស់ ឲ្យនាំយកពួកអ៊ីស្រាអែលខ្លះ ជាពិសេសពួកអ្នកដែលមកពីវង្សត្រកូលស្ដេចនិងពួកអ្នកដែលមានត្រកូលខ្ពស់។+ ៤ យុវជនទាំងនោះត្រូវមានរូបរាងល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ មានចំណេះដឹង និងការចេះពិចារណា+ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបម្រើក្នុងវិមានស្ដេច។ អាសភិនណាសមានភារកិច្ចអប់រំពួកគេខាងផ្នែកអក្សរសាស្ត្រនិងភាសារបស់ពួកខាល់ដេ។ ៥ បន្ថែមទៅទៀត ស្ដេចបានឲ្យអាហារប្រណីតៗនិងស្រារបស់គាត់ ដល់ពួកគេជារបបអាហារ។ ពួកគេត្រូវទទួលការបង្ហាត់បង្រៀន*រយៈពេលបីឆ្នាំ ហើយក្រោយនោះត្រូវចូលទៅបំពេញភារកិច្ចឲ្យស្ដេច។
៦ ក្នុងចំណោមយុវជនទាំងនោះ មានយុវជនខ្លះមកពីកុលសម្ព័ន្ធយូដា គឺដានីយ៉ែល*+ ហាណានា* មីសាអែល* និងអាសារៀ។*+ ៧ មេលើមន្ត្រីជាន់ខ្ពស់បានដាក់ឈ្មោះថ្មី*ឲ្យយុវជនទាំងបួននោះ ដានីយ៉ែល ហៅថាបេលថេសាសា+ ហាណានា ហៅថាសាដ្រាក់ មីសាអែល ហៅថាមេសាក់ និងអាសារៀ ហៅថាអាបេឌនេកោ។+
៨ ប៉ុន្តែ ដានីយ៉ែលបានតាំងចិត្តមិនធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយអាហារប្រណីតនិងស្រារបស់ស្ដេចឡើយ។ ដូច្នេះ គាត់បានសុំការអនុញ្ញាតពីមេលើមន្ត្រីជាន់ខ្ពស់ មិនបរិភោគអាហារទាំងនោះដែលធ្វើឲ្យខ្លួនស្មោកគ្រោក។ ៩ ព្រះពិតបានបណ្ដាលឲ្យចិត្តមេលើមន្ត្រីជាន់ខ្ពស់បង្ហាញសេចក្ដីសប្បុរសនិងសេចក្ដីមេត្តាករុណាដល់ដានីយ៉ែល។+ ១០ ប៉ុន្តែ មេលើមន្ត្រីជាន់ខ្ពស់នោះនិយាយទៅដានីយ៉ែលថា៖ «ខ្ញុំខ្លាចស្ដេចជាម្ចាស់របស់ខ្ញុំ ព្រោះលោកបានកំណត់របបអាហារឲ្យដល់អ្នករួចហើយ។ ចុះបើលោកឃើញអ្នកស្គមស្គាំងជាងយុវជនឯទៀតនោះ? អ្នកមុខជានាំឲ្យខ្ញុំមានទោសនៅចំពោះស្ដេចមិនខាន»។ ១១ គ្រានោះ មេលើមន្ត្រីជាន់ខ្ពស់បានតែងតាំងអ្នកមើលថែម្នាក់ ឲ្យមើលខុសត្រូវលើដានីយ៉ែល ហាណានា មីសាអែល និងអាសារៀ។ ដានីយ៉ែលនិយាយទៅកាន់អ្នកមើលថែនោះថា៖ ១២ «សូមលោកពិសោធមើលពួកខ្ញុំរយៈពេល១០ថ្ងៃចុះ ដោយគ្រាន់តែឲ្យបន្លែនិងទឹកដល់ពួកខ្ញុំបរិភោគប៉ុណ្ណោះ។ ១៣ បន្ទាប់ពីនោះ សូមពិនិត្យមើលទឹកមុខពួកខ្ញុំ ប្រៀបជាមួយនឹងទឹកមុខយុវជនឯទៀតដែលបរិភោគអាហារប្រណីតរបស់ស្ដេចចុះ។ ក្រោយនោះ សូមលោកប្រព្រឹត្តចំពោះពួកខ្ញុំតាមដែលលោកយល់ថាសមគួរ»។
១៤ ដូច្នេះ អ្នកមើលថែយល់ព្រមនឹងសំណើនោះ ហើយក៏ពិសោធមើលពួកគេអស់រយៈពេល១០ថ្ងៃ។ ១៥ លុះ១០ថ្ងៃកន្លងផុតទៅ ពួកគេមើលទៅមានសុខភាពល្អជាងយុវជនឯទៀតដែលបរិភោគអាហារប្រណីតរបស់ស្ដេច។ ១៦ ដូច្នេះ អ្នកមើលថែក៏បន្តឲ្យបន្លែដល់ពួកគេបរិភោគ ជំនួសអាហារប្រណីតនិងស្រារបស់ស្ដេច។ ១៧ ព្រះពិតបានបណ្ដាលឲ្យយុវជនទាំងបួននាក់ មានចំណេះដឹងនិងការយល់ធ្លុះជ្រៅ ខាងផ្នែកអក្សរសាស្ត្រនិងចំណេះវិជ្ជាគ្រប់មុខ។ ឯដានីយ៉ែល ព្រះបានឲ្យគាត់ចេះបកស្រាយការបើកបង្ហាញដែលឃើញក្នុងគំនិតនិងសុបិនគ្រប់យ៉ាង។+
១៨ លុះផុតគ្រាដែលស្ដេចនេប៊ូក្នេសាបានកំណត់រួចហើយ+ មេលើមន្ត្រីជាន់ខ្ពស់បាននាំយុវជនទាំងអស់ចូលទៅជួបស្ដេច។ ១៩ ពេលស្ដេចនិយាយជាមួយនឹងយុវជនទាំងនោះ គាត់ឃើញថាគ្មានយុវជនណាអាចប្រៀបផ្ទឹមនឹងដានីយ៉ែល ហាណានា មីសាអែល និងអាសារៀបានឡើយ។+ ដូច្នេះ ពួកគេទាំងបួននាក់ក៏ទទួលភារកិច្ចបម្រើស្ដេច។ ២០ ពេលស្ដេចសួរពួកគេអំពីរឿងពិបាកៗដែលត្រូវការប្រើប្រាជ្ញានិងការយល់ដឹង ស្ដេចឃើញថាពួកគេទាំងបួននាក់ ពូកែជាងគ្រូវេទមន្តនិងគ្រូទាយ+ទាំងអស់ក្នុងរាជាណាចក្ររបស់គាត់ ដល់ទៅ១០ដង។ ២១ ដានីយ៉ែលក៏បន្តរស់នៅស្រុកបាប៊ីឡូនរហូតដល់ឆ្នាំទី១នៃរាជ្យស្ដេចស៊ីរូស។+
២ នៅឆ្នាំទី២នៃរាជ្យនេប៊ូក្នេសា គាត់បានយល់សប្ដិ ហើយគាត់ខ្វល់ចិត្តដល់ម្ល៉េះ+រហូតដល់សម្រាន្តមិនលក់។ ២ ដូច្នេះ ស្ដេចក៏បានចេញបញ្ជាឲ្យទៅហៅគ្រូវេទមន្ត គ្រូទាយ គ្រូធ្មប់ និងពួកខាល់ដេ* ឲ្យមករៀបរាប់ប្រាប់សុបិនរបស់ស្ដេច។ ម្ល៉ោះហើយ ពួកគេក៏ចូលមកឈរនៅចំពោះមុខស្ដេច។+ ៣ បន្ទាប់មក ស្ដេចបាននិយាយទៅពួកគេថា៖ «ខ្ញុំបានយល់សប្ដិមួយ ហើយខ្ញុំខ្វល់ចិត្តខ្លាំងណាស់ព្រោះខ្ញុំចង់ដឹងថាខ្ញុំបានយល់សប្ដិឃើញអ្វី»។ ៤ ពួកខាល់ដេបានតបទៅស្ដេចជាភាសាអេរ៉ាម*ថា៖+ «សូមឲ្យស្ដេចជាម្ចាស់រស់ជារៀងរហូត។ សូមលោកម្ចាស់រៀបរាប់ប្រាប់សុបិនដល់ពួកខ្ញុំបាទជាមុនសិន ទើបពួកខ្ញុំបាទអាចបកស្រាយជូនលោកបាន»។
៥ ស្ដេចក៏ឆ្លើយទៅពួកខាល់ដេវិញថា៖ «ខ្ញុំសម្រេចចិត្តថា បើអ្នករាល់គ្នាមិនអាចប្រាប់អំពីសុបិនរបស់ខ្ញុំ ហើយមិនអាចបកស្រាយសុបិននោះបានទេ នោះដៃជើងរបស់អ្នករាល់គ្នានឹងត្រូវកាត់ចេញ ហើយផ្ទះរបស់អ្នករាល់គ្នានឹងក្លាយទៅជាកន្លែងបន្ទោបង់សាធារណៈ។* ៦ ប៉ុន្តែ បើអ្នករាល់គ្នាអាចរៀបរាប់ប្រាប់និងបកស្រាយសុបិនឲ្យខ្ញុំបាន នោះអ្នករាល់គ្នានឹងទទួលរង្វាន់និងអំណោយជាច្រើន ព្រមទាំងទទួលបានកិត្តិយសឧត្តុង្គឧត្តមទៀតផង។+ ដូច្នេះ ឥឡូវចូរប្រាប់អំពីសុបិននោះមក ហើយបកស្រាយផង»។
៧ ពួកគេបានឆ្លើយទៅស្ដេចជាលើកទី២ថា៖ «សូមស្ដេចជាម្ចាស់រៀបរាប់ប្រាប់សុបិនដល់ពួកខ្ញុំបាទជាមុនសិន ទើបពួកខ្ញុំបាទអាចបកស្រាយជូនលោកបាន»។
៨ ស្ដេចបាននិយាយទៅពួកគេថា៖ «ខ្ញុំដឹងច្បាស់ថា អ្នករាល់គ្នាចង់ពន្យារពេល ព្រោះអ្នករាល់គ្នាដឹងថាខ្ញុំបានសម្រេចចិត្តបែបណាហើយ។ ៩ ប្រសិនបើអ្នករាល់គ្នាមិនអាចរៀបរាប់ប្រាប់សុបិនរបស់ខ្ញុំបានទេ អ្នករាល់គ្នានឹងទទួលទោសដូចគ្នា។ អ្នករាល់គ្នាបានព្រមព្រៀងគ្នាប្រឌិតរឿងមកបញ្ឆោតខ្ញុំ ដោយសង្ឃឹមថាខ្ញុំនឹងផ្លាស់ប្ដូរគំនិត។ ដូច្នេះ អ្នករាល់គ្នាត្រូវប្រាប់អំពីសុបិននោះ ដើម្បីឲ្យខ្ញុំដឹងថាអ្នករាល់គ្នាអាចបកស្រាយបានឬយ៉ាងណា»។
១០ ពួកខាល់ដេបានឆ្លើយតបទៅស្ដេចថា៖ «គ្មានមនុស្សណាម្នាក់នៅផែនដីនេះ អាចធ្វើតាមអ្វីដែលស្ដេចទាមទារបាននោះទេ ហើយក៏មិនដែលមានស្ដេចដ៏ខ្លាំងក្លាឬអ្នកគ្រប់គ្រងដ៏ធំណាម្នាក់ ធ្លាប់បង្គាប់គ្រូវេទមន្ត គ្រូទាយ ឬពួកខាល់ដេឲ្យធ្វើបែបនេះដែរ។ ១១ អ្វីដែលស្ដេចជាម្ចាស់បង្គាប់នេះគឺពិបាកណាស់ គ្មានមនុស្សណាម្នាក់អាចប្រាប់ស្ដេចបានទេ លើកលែងតែបណ្ដាព្រះប៉ុណ្ណោះ តែព្រះទាំងនោះមិននៅក្នុងចំណោមមនុស្សទេ»។
១២ ឮដូច្នេះ ស្ដេចមានសេចក្ដីក្រោធជាខ្លាំង រួចក៏ចេញបញ្ជាឲ្យគេសម្លាប់ពួកអ្នកប្រាជ្ញទាំងអស់នៅស្រុកបាប៊ីឡូន។+ ១៣ បន្ទាប់មក គេបានប្រកាសបញ្ជានោះ ហើយក៏ត្រៀមសម្លាប់ពួកអ្នកប្រាជ្ញទាំងអស់។ ពេលនោះ គេក៏ស្វែងរកដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់ ដើម្បីយកទៅសម្លាប់ដែរ។
១៤ គ្រានោះ អារីអាក់ជាមេលើអង្គរក្សស្ដេច បានទទួលបញ្ជាឲ្យទៅសម្លាប់ពួកអ្នកប្រាជ្ញទាំងអស់ក្នុងស្រុកបាប៊ីឡូន។ ដូច្នេះ ដានីយ៉ែលក៏បានសាកសួរគាត់យ៉ាងសម្ងាត់និងដោយប្រុងប្រយ័ត្ន។ ១៥ គាត់បានសួរអារីអាក់ជាមន្ត្រីស្ដេចថា៖ «ហេតុអ្វីក៏ស្ដេចចេញបញ្ជាយ៉ាងតឹងរ៉ឹងបែបនេះ?»។ អារីអាក់ក៏រៀបរាប់រឿងនោះប្រាប់ដានីយ៉ែល។+ ១៦ ដូច្នេះ ដានីយ៉ែលបានចូលទៅជួបស្ដេច ហើយសុំពេលដើម្បីបកស្រាយសុបិនជូនស្ដេច។
១៧ បន្ទាប់មក ដានីយ៉ែលបានចូលទៅក្នុងផ្ទះគាត់ ហើយបានប្រាប់ហាណានា មីសាអែល និងអាសារៀដែលជាមិត្តភក្ដិរបស់គាត់អំពីរឿងនោះ។ ១៨ គាត់សុំពួកគេឲ្យអធិដ្ឋានដល់ព្រះនៃស្ថានសួគ៌ឲ្យលោកបង្ហាញក្ដីមេត្តានិងប្រាប់អំពីអាថ៌កំបាំងនៃសុបិននោះ ដើម្បីកុំឲ្យខ្លួនគាត់និងមិត្តភក្ដិរបស់គាត់ត្រូវស្លាប់ជាមួយនឹងពួកអ្នកប្រាជ្ញទាំងអស់នៅស្រុកបាប៊ីឡូនឡើយ។
១៩ បន្ទាប់មក ព្រះបានបើកបង្ហាញឲ្យដានីយ៉ែលឃើញក្នុងគំនិតអំពីអាថ៌កំបាំងនៃសុបិននោះនៅពេលយប់។+ ដូច្នេះ ដានីយ៉ែលបានសរសើរតម្កើងព្រះនៃស្ថានសួគ៌។ ២០ ដានីយ៉ែលបានពោលថា៖
«សូមឲ្យនាមរបស់ព្រះទទួលការសរសើរតម្កើងជារៀងរហូត
ព្រោះមានតែលោកទេដែលមានប្រាជ្ញានិងឫទ្ធានុភាពដ៏ខ្លាំងក្លា។+
២១ លោកផ្លាស់ប្ដូរពេលវេលានិងរដូវកាល+
លោកតាំងស្ដេចឡើង ហើយក៏ដកស្ដេចចេញដែរ+
លោកឲ្យប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងឲ្យចំណេះដល់អស់អ្នកដែលចេះពិចារណា។+
២២ លោកបើកបង្ហាញអ្វីដែលជ្រាលជ្រៅនិងលាក់កំបាំង+
លោកដឹងអ្វីដែលនៅក្នុងទីងងឹត+ ហើយនៅជាមួយលោកមានពន្លឺ។+
២៣ ឱព្រះនៃបុព្វបុរសរបស់ខ្ញុំអើយ! ខ្ញុំថ្លែងអំណរគុណលោក ហើយសរសើរតម្កើងលោក
ព្រោះលោកបានឲ្យប្រាជ្ញានិងកម្លាំងខ្លាំងក្លាដល់ខ្ញុំ។
ឥឡូវលោកបានឲ្យខ្ញុំដឹងអំពីអ្វីដែលយើងបានសុំ
គឺលោកបានឲ្យយើងដឹងអំពីរឿងរ៉ាវរបស់ស្ដេច»។+
២៤ បន្ទាប់មក ដានីយ៉ែលបានចូលទៅជួបអារីអាក់ ជាអ្នកដែលបានទទួលបញ្ជាឲ្យទៅសម្លាប់ពួកអ្នកប្រាជ្ញទាំងអស់ក្នុងស្រុកបាប៊ីឡូន។+ ដានីយ៉ែលបានប្រាប់គាត់ថា៖ «សូមកុំទាន់សម្លាប់ពួកអ្នកប្រាជ្ញនៅក្នុងស្រុកបាប៊ីឡូនឡើយ។ សូមនាំខ្ញុំទៅជួបស្ដេចសិន ខ្ញុំនឹងបកស្រាយសុបិនជូនលោក»។
២៥ ឮដូច្នេះ អារីអាក់ក៏ប្រញាប់នាំដានីយ៉ែលចូលទៅជួបស្ដេច រួចជម្រាបថា៖ «ខ្ញុំបានរកឃើញបុរសម្នាក់នេះ គាត់អាចបកស្រាយសុបិនជូនលោកបាន។ គាត់ជាជននិរទេសមកពីស្រុកយូដា»។+ ២៦ រួចស្ដេចក៏សួរដានីយ៉ែល(ហៅថាបេលថេសាសា)ថា៖+ «តើអ្នកពិតជាអាចរៀបរាប់ប្រាប់សុបិនរបស់ខ្ញុំ ហើយបកស្រាយឲ្យខ្ញុំបានមែនឬ?»។+ ២៧ ដានីយ៉ែលបានតបថា៖ «គ្មានអ្នកប្រាជ្ញ ឬគ្រូទាយ គ្រូវេទមន្ត ឬអ្នកចេះហោរាសាស្ត្រណាម្នាក់ អាចបកស្រាយអាថ៌កំបាំងនៃសុបិនដែលលោកបានបង្គាប់នោះទេ។+ ២៨ ប៉ុន្តែ មានព្រះមួយរូបនៅស្ថានសួគ៌ ជាអ្នកបើកបង្ហាញរឿងអាថ៌កំបាំង។+ ព្រះនោះហើយដែលបានឲ្យស្ដេចជាម្ចាស់ជ្រាបអំពីអ្វីដែលនឹងកើតឡើងនៅគ្រាចុងបញ្ចប់។ ដូច្នេះ សុបិននិងការបើកបង្ហាញដែលស្ដេចបានឃើញក្នុងគំនិតនៅពេលដែលលោកសម្រាន្ត មានដូចតទៅ៖
២៩ «ឱស្ដេចជាម្ចាស់អើយ! កាលដែលលោកសម្រាន្ត លោកបានឃើញក្នុងគំនិតនូវអ្វីដែលនឹងកើតឡើងនៅគ្រាអនាគត ហើយព្រះដែលជាអ្នកបើកបង្ហាញរឿងអាថ៌កំបាំងបានឲ្យលោកដឹងអំពីហេតុការណ៍នៅថ្ងៃខាងមុខ។ ៣០ ចំណែកខ្ញុំវិញ ខ្ញុំមិនបានទទួលការបើកបង្ហាញឲ្យដឹងរឿងអាថ៌កំបាំង ដោយសារតែខ្ញុំមានប្រាជ្ញាជាងមនុស្សឯទៀតនោះទេ តែដោយសារខ្ញុំត្រូវបកស្រាយជូនស្ដេច ដើម្បីឲ្យលោកដឹងអំពីអ្វីដែលមានក្នុងគំនិតលោក។+
៣១ «ឱស្ដេចជាម្ចាស់អើយ! ក្នុងសុបិន លោកបានឃើញរូបដ៏ធំសម្បើមមួយ ហើយភ្លឺចិញ្ចាច។ រូបនោះឈរនៅចំពោះលោក ហើយមើលទៅគួរឲ្យខ្លាច។ ៣២ ក្បាលរូបនោះធ្វើពីមាសសុទ្ធ+ ទ្រូងនិងដៃធ្វើពីប្រាក់+ ពោះនិងភ្លៅធ្វើពីស្ពាន់+ ៣៣ ជើងធ្វើពីដែក+ ហើយប្រអប់ជើងធ្វើពីដែកលាយដីឥដ្ឋ។+ ៣៤ កាលដែលលោកកំពុងសម្លឹងមើលរូបនោះ ស្រាប់តែឃើញមានដុំថ្មមួយកាត់ចេញពីភ្នំមក តែមិនមែនកាត់ចេញមកដោយដៃមនុស្សទេ។ ថ្មនោះបានមកបុកទង្គិចចំប្រអប់ជើងធ្វើពីដែកលាយដីឥដ្ឋ ហើយក៏បាក់បែកខ្ទេចខ្ទីអស់។+ ៣៥ ពេលនោះ ធាតុដែក ដីឥដ្ឋ ស្ពាន់ ប្រាក់ និងមាស បានខ្ទេចអស់ដូចជាអង្កាមនៅទីលានបញ្ជាន់ស្រូវនារដូវប្រាំង ហើយខ្យល់បានបក់ផាត់នាំយកទៅអស់គ្មានសល់។ ឯដុំថ្មដែលបុកទង្គិចរូបនោះ ក៏បានក្លាយទៅជាភ្នំដ៏ធំ នៅពេញផែនដីទាំងមូល។
៣៦ «នេះហើយជាសុបិនរបស់ស្ដេចជាម្ចាស់។ ឥឡូវយើងខ្ញុំនឹងបកស្រាយសុបិននេះជូនលោក។ ៣៧ ឱស្ដេចជាម្ចាស់អើយ! លោកហើយជាស្ដេចលើអស់ទាំងស្ដេចដែលព្រះនៃស្ថានសួគ៌បានប្រគល់រាជាណាចក្រ+ កម្លាំងខ្លាំងក្លា និងកិត្តិយស ៣៨ ថែមទាំងប្រគល់មនុស្សដែលរស់នៅគ្រប់កន្លែងលើផែនដីក្នុងកណ្ដាប់ដៃលោក ព្រមទាំងសត្វនៅឯវាល និងសត្វស្លាបនៅលើមេឃ គឺព្រះឲ្យលោកគ្រប់គ្រងលើអ្វីៗទាំងនេះ។+ ដូច្នេះ លោកហើយជាក្បាលដែលធ្វើពីមាសនោះ។+
៣៩ «ប៉ុន្តែ ក្រោយលោកនឹងមានរាជាណាចក្រមួយទៀត+ដែលអន់ជាង។ បន្ទាប់មក មានរាជាណាចក្រមួយទៀតជារាជាណាចក្រទី៣ គឺផ្នែកដែលធ្វើពីស្ពាន់។ រាជាណាចក្រនោះនឹងគ្រប់គ្រងពេញផែនដី។+
៤០ «រាជាណាចក្រទី៤មានកម្លាំងខ្លាំងក្លាដូចដែក។+ ដូចដែកបំបាក់បំបែកអ្វីៗឲ្យខ្ទេចខ្ទីយ៉ាងណា រាជាណាចក្រនេះនឹងបំបាក់បំបែករាជាណាចក្រដែលនៅមុនៗឲ្យសាបសូន្យយ៉ាងនោះដែរ។+
៤១ «ឯប្រអប់ជើងនិងម្រាមជើងពីធាតុដែកលាយដីឥដ្ឋដែលលោកឃើញ គឺជារាជាណាចក្រដែលនឹងគ្មានការរួបរួមគ្នាទេ តែផ្នែកខ្លះរឹងដូចជាដែក ផ្នែកខ្លះទន់ដូចជាដីឥដ្ឋ។ ៤២ ការដែលប្រអប់ជើងមានធាតុដែកលាយដីឥដ្ឋ នេះបង្ហាញថារាជាណាចក្រនោះមានផ្នែកខ្លាំង ហើយមានផ្នែកខ្សោយ។ ៤៣ ធាតុដែកលាយនឹងដីឥដ្ឋដែលលោកបានឃើញនោះ មានន័យថាផ្នែកខ្លាំងនៃរាជាណាចក្រនោះនឹងលាយឡំជាមួយនឹងបណ្ដាជន តែពួកគេនឹងមិនជាប់ជាមួយគ្នាទេ គឺដូចដែកមិនអាចជាប់ជាមួយនឹងដីឥដ្ឋដូច្នោះដែរ។
៤៤ «នៅគ្រាដែលស្ដេចទាំងនោះកំពុងគ្រប់គ្រង ព្រះនៃស្ថានសួគ៌នឹងតាំងរាជាណាចក្រមួយឡើង+ដែលនឹងមិនត្រូវបំផ្លាញឡើយ+ ហើយក៏មិនត្រូវផ្ទេរទៅឲ្យមនុស្សណាដែរ។+ រាជាណាចក្រនេះនឹងបំបាក់បំបែក ថែមទាំងកម្ទេចរាជាណាចក្រទាំងអស់នោះឲ្យសាបសូន្យទៅ+ ហើយមានតែរាជាណាចក្រនេះប៉ុណ្ណោះនឹងស្ថិតស្ថេរជារៀងរហូត។+ ៤៥ នេះនឹងកើតឡើងដូចដែលលោកបានឃើញដុំថ្មមួយត្រូវកាត់ចេញពីភ្នំ តែមិនមែនដោយដៃមនុស្សទេ ហើយដុំថ្មនោះមកបំបាក់បំបែកធាតុដែក ស្ពាន់ ដីឥដ្ឋ ប្រាក់ និងមាសឲ្យខ្ទេចខ្ទីអស់។+ នេះហើយជាអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត ដែលព្រះដ៏ឧត្ដមបំផុតបានឲ្យស្ដេចជាម្ចាស់ជ្រាប។+ សុបិននោះជាការពិត ហើយការបកស្រាយគឺគួរឲ្យទុកចិត្ត»។
៤៦ បន្ទាប់មក ស្ដេចនេប៊ូក្នេសាក្រាបមុខដល់ដីនៅចំពោះដានីយ៉ែល ហើយផ្ដល់កិត្តិយសដល់គាត់។ រួចស្ដេចក៏បង្គាប់គេឲ្យយកអំណោយនិងគ្រឿងក្រអូបមកឲ្យដានីយ៉ែល។ ៤៧ ស្ដេចក៏និយាយទៅដានីយ៉ែលថា៖ «ព្រះរបស់អ្នក ជាព្រះលើអស់ទាំងព្រះ ជាម្ចាស់លើអស់ទាំងស្ដេច ហើយជាអ្នកបើកបង្ហាញរឿងអាថ៌កំបាំងពិតមែន ព្រោះអ្នកអាចបកស្រាយអាថ៌កំបាំងនៃសុបិននេះបាន»។+ ៤៨ បន្ទាប់មក ស្ដេចបានឲ្យអំណោយវិសេសជាច្រើនដល់ដានីយ៉ែល ហើយដំឡើងតំណែងគាត់ឲ្យគ្រប់គ្រងលើអាណាខេត្តទាំងឡាយនៅស្រុកបាប៊ីឡូន+ និងឲ្យធ្វើជាមេលើពួកអ្នកប្រាជ្ញទាំងអស់ក្នុងស្រុកនោះ។ ៤៩ លើសពីនោះទៅទៀត ស្ដេចក៏ធ្វើតាមសំណូមពររបស់ដានីយ៉ែល ដោយតែងតាំងសាដ្រាក់ មេសាក់ និងអាបេឌនេកោ+ ឲ្យធ្វើជាអភិបាលរងគ្រប់គ្រងលើតំបន់ទាំងប៉ុន្មានក្នុងស្រុកបាប៊ីឡូន។ ប៉ុន្តែ ដានីយ៉ែលបម្រើនៅក្នុងវិមានស្ដេច។
៣ ស្ដេចនេប៊ូក្នេសាបានធ្វើរូបចម្លាក់ដ៏ធំមួយពីមាស រូបនោះមានកម្ពស់៦០ហត្ថ*និងទទឹង៦ហត្ថ។* គាត់ដំឡើងរូបនោះនៅឯវាលឌូរ៉ាក្នុងខេត្តបាប៊ីឡូន។ ២ បន្ទាប់មក ស្ដេចក៏បានបញ្ជាគេឲ្យទៅអញ្ជើញអភិបាលខេត្ត អភិបាលរង ពួកនាយក ទីប្រឹក្សា មេឃ្លាំង អ្នកសម្រេចក្ដី មន្ត្រីតុលាការ និងមន្ត្រីទាំងអស់ក្នុងអាណាខេត្តបាប៊ីឡូន ឲ្យមកចូលរួមពិធីសម្ពោធរូបចម្លាក់ដែលគាត់បានធ្វើនោះ។
៣ ដូច្នេះ អភិបាលខេត្ត អភិបាលរង ពួកនាយក ទីប្រឹក្សា មេឃ្លាំង អ្នកសម្រេចក្ដី មន្ត្រីតុលាការ និងមន្ត្រីទាំងអស់ក្នុងអាណាខេត្តបាប៊ីឡូន បានមកជួបជុំគ្នា ដើម្បីធ្វើពិធីសម្ពោធរូបចម្លាក់ដែលស្ដេចនេប៊ូក្នេសាបានដំឡើង។ ពួកគេទាំងអស់ក៏ឈរនៅមុខរូបចម្លាក់ដ៏ធំនោះ។ ៤ ពេលនោះ មានអ្នកប្រកាសម្នាក់ ស្រែកខ្លាំងៗថា៖ «ឱបណ្ដាជនដែលមកពីគ្រប់ជាតិសាសន៍និងគ្រប់ភាសាអើយ! ស្ដេចបានបង្គាប់ថា ៥ ពេលអ្នករាល់គ្នាឮសំឡេងស្នែង ប៉ី ពិណ ឃឹម ឧបករណ៍ភ្លេងមានខ្សែ និងគ្រឿងភ្លេងឯទៀត អ្នករាល់គ្នាត្រូវក្រាបគោរពរូបចម្លាក់មាសដែលស្ដេចនេប៊ូក្នេសាបានដំឡើង។ ៦ បើអ្នកណាមិនក្រាបគោរពទេ អ្នកនោះនឹងត្រូវបោះទៅក្នុងឡភ្លើងដែលឆេះសន្ធោសន្ធៅ ភ្លាមមួយរំពេច»។+ ៧ ដូច្នេះ ពេលបណ្ដាជនដែលមកពីគ្រប់ជាតិសាសន៍និងគ្រប់ភាសាឮសំឡេងស្នែង ប៉ី ពិណ ឃឹម ឧបករណ៍ភ្លេងមានខ្សែ និងគ្រឿងភ្លេងឯទៀត ពួកគេទាំងអស់គ្នាក៏ក្រាបគោរពរូបចម្លាក់មាសដែលស្ដេចនេប៊ូក្នេសាបានដំឡើង។
៨ នៅពេលនោះ មានពួកខាល់ដេខ្លះបានចូលទៅជួបស្ដេច ហើយនិយាយបង្កាច់បង្ខូច*អំពីពួកយូដា។ ៩ ពួកគេបាននិយាយទៅស្ដេចនេប៊ូក្នេសាថា៖ «ឱស្ដេចជាម្ចាស់អើយ! សូមឲ្យលោករស់ជារៀងរហូត។ ១០ ស្ដេចជាម្ចាស់បានបញ្ជាថាពេលមនុស្សទាំងអស់ឮសំឡេងស្នែង ប៉ី ពិណ ឃឹម ឧបករណ៍ភ្លេងមានខ្សែ និងគ្រឿងភ្លេងឯទៀត ពួកគេត្រូវក្រាបគោរពរូបចម្លាក់មាសរបស់លោក ១១ ហើយបើអ្នកណាមិនក្រាបគោរពទេ អ្នកនោះនឹងត្រូវបោះទៅក្នុងឡភ្លើងដែលឆេះសន្ធោសន្ធៅ។+ ១២ ប៉ុន្តែ មានពួកយូដាខ្លះដែលលោកបានតែងតាំងឲ្យធ្វើជាអភិបាលរងក្នុងអាណាខេត្តបាប៊ីឡូន គឺសាដ្រាក់ មេសាក់ និងអាបេឌនេកោ។+ ឱស្ដេចជាម្ចាស់អើយ! ពួកបុរសទាំងនោះមិនធ្វើតាមបញ្ជាលោកទេ។ ពួកគេមិនគោរពបូជាព្រះរបស់លោក ហើយក៏មិនព្រមក្រាបគោរពដល់រូបចម្លាក់មាសដែលលោកបានដំឡើងដែរ»។
១៣ ឮដូច្នេះ ស្ដេចនេប៊ូក្នេសាបានខឹងជាខ្លាំង ហើយបញ្ជាគេឲ្យទៅហៅសាដ្រាក់ មេសាក់ និងអាបេឌនេកោ ចូលមកជួបគាត់។ ដូច្នេះ គេក៏នាំបុរសទាំងបីនាក់នោះចូលមកឈរនៅមុខស្ដេច។ ១៤ នេប៊ូក្នេសាបានសួរពួកគេថា៖ «សាដ្រាក់ មេសាក់ អាបេឌនេកោ ខ្ញុំឮថាអ្នករាល់គ្នាមិនគោរពបូជាព្រះរបស់ខ្ញុំទេ+ ហើយក៏មិនព្រមក្រាបគោរពដល់រូបចម្លាក់មាសដែលខ្ញុំបានដំឡើងដែរ។ តើរឿងនេះពិតទេ? ១៥ ឥឡូវ បើអ្នករាល់គ្នាក្រាបគោរពរូបចម្លាក់ដែលខ្ញុំបានធ្វើ ពេលឮសំឡេងស្នែង ប៉ី ពិណ ឃឹម ឧបករណ៍ភ្លេងមានខ្សែ និងគ្រឿងភ្លេងឯទៀត នោះអ្នករាល់គ្នានឹងរួចខ្លួន។ ប៉ុន្តែ បើអ្នករាល់គ្នាមិនក្រាបគោរពទេ នោះអ្នករាល់គ្នានឹងត្រូវបោះទៅក្នុងឡភ្លើងដែលកំពុងឆេះសន្ធោសន្ធៅភ្លាមមួយរំពេច។ មើល! តើមានព្រះណាអាចសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃខ្ញុំបាន?»។+
១៦ សាដ្រាក់ មេសាក់ និងអាបេឌនេកោ ក៏ឆ្លើយទៅស្ដេចថា៖ «ឱស្ដេចនេប៊ូក្នេសាអើយ! យើងខ្ញុំមិនចាំបាច់ឆ្លើយទៅលោកអំពីរឿងនេះទេ។ ១៧ បើយើងខ្ញុំត្រូវទទួលទោសនោះមែន ព្រះដែលយើងខ្ញុំបម្រើអាចសង្គ្រោះយើងខ្ញុំពីឡភ្លើងបាន ហើយក៏អាចរំដោះយើងខ្ញុំពីកណ្ដាប់ដៃស្ដេចជាម្ចាស់បានដែរ។+ ១៨ ប៉ុន្តែ ឱស្ដេចជាម្ចាស់អើយ! សូមលោកជ្រាបថា ទោះជាព្រះរបស់យើងខ្ញុំមិនសង្គ្រោះយើងខ្ញុំក៏ដោយ ក៏យើងខ្ញុំមិនគោរពបូជាព្រះរបស់លោក ហើយក៏មិនក្រាបគោរពដល់រូបចម្លាក់មាសដែលលោកបានដំឡើងនោះដែរ»។+
១៩ ឮដូច្នេះ នេប៊ូក្នេសាក៏ប្រែទឹកមុខ ហើយខឹងយ៉ាងខ្លាំងនឹងសាដ្រាក់ មេសាក់ និងអាបេឌនេកោ។ រួចគាត់បានបញ្ជាគេឲ្យដុតឡភ្លើងឲ្យក្ដៅជាងធម្មតាដល់ទៅ៧ដង។ ២០ បន្ទាប់មក គាត់បញ្ជាទាហានខ្លាំងពូកែខ្លះពីកងទ័ពគាត់ ឲ្យចងសាដ្រាក់ មេសាក់ និងអាបេឌនេកោ ហើយបោះពួកគេទៅក្នុងឡភ្លើង។
២១ ដូច្នេះ គេក៏ចងបុរសទាំងបីនាក់នោះ ហើយបោះទៅក្នុងឡភ្លើង ទាំងមានអាវវែង មួក និងសម្លៀកបំពាក់ឯទៀត។ ២២ ដោយសារឡភ្លើងក្ដៅក្រៃលែង ពួកទាហានដែលនាំយកសាដ្រាក់ មេសាក់ និងអាបេឌនេកោទៅបោះក្នុងឡ ពួកគេបានត្រូវអណ្ដាតភ្លើងឆាបឆេះស្លាប់អស់ ព្រោះបញ្ជារបស់ស្ដេចម៉ឺងម៉ាត់ណាស់។ ២៣ ចំណែកឯសាដ្រាក់ មេសាក់ និងអាបេឌនេកោ ពួកគេបានធ្លាក់ទៅក្នុងឡភ្លើងទាំងជាប់ចំណង។
២៤ ខណៈនោះ ស្ដេចនេប៊ូក្នេសាក៏ភ័យរន្ធត់ជាខ្លាំង ហើយក្រោកឡើងយ៉ាងប្រញាប់ រួចសួរពួកមន្ត្រីជាន់ខ្ពស់ថា៖ «ក្រែងយើងចងបុរសបីនាក់បោះទៅក្នុងឡភ្លើង មែនទេ?»។ ពួកគេបានឆ្លើយតបទៅស្ដេចថា៖ «បាទមែនហើយ លោកម្ចាស់!»។ ២៥ ស្ដេចនិយាយថា៖ «ប៉ុន្តែមើល! ខ្ញុំឃើញបុរសបួននាក់កំពុងដើរនៅកណ្ដាលឡភ្លើងនោះ ពួកគេមិនត្រូវភ្លើងឆាបឆេះទេ។ ឯបុរសទី៤វិញ មើលទៅដូចជាកូនរបស់ព្រះ»។
២៦ ស្ដេចនេប៊ូក្នេសាបានចូលទៅក្បែរមាត់ឡភ្លើង ហើយនិយាយថា៖ «ឱសាដ្រាក់ មេសាក់ និងអាបេឌនេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតអើយ!+ ចូរចេញមក!»។ ដូច្នេះ សាដ្រាក់ មេសាក់ និងអាបេឌនេកោក៏ឡើងចេញពីឡភ្លើងនោះមក។ ២៧ ពេលនោះ អភិបាលខេត្ត អភិបាលរង ពួកនាយក និងមន្ត្រីជាន់ខ្ពស់ដែលបានមកជួបជុំគ្នា+ បានឃើញថាភ្លើងគ្មានឥទ្ធិពលលើរូបកាយរបស់បុរសបីនាក់នោះទេ។+ សក់ក្បាលរបស់ពួកគេមិនបានឆេះ ហើយសម្លៀកបំពាក់របស់ពួកគេនៅដូចដើម សូម្បីតែក្លិនឈ្ងៀមនៅលើខ្លួនពួកគេក៏គ្មានដែរ។
២៨ បន្ទាប់មក ស្ដេចនេប៊ូក្នេសាបានពោលថា៖ «សូមឲ្យព្រះរបស់សាដ្រាក់ មេសាក់ និងអាបេឌនេកោទទួលការសរសើរតម្កើង+ ព្រោះលោកបានចាត់ទេវតាឲ្យមកសង្គ្រោះអ្នកបម្រើលោក។ ពួកគេបានទុកចិត្តលោក ហើយបានបំពាននឹងបញ្ជារបស់ស្ដេច។ ពួកគេសុខចិត្តស្លាប់ ជាជាងគោរពបូជាដល់ព្រះណាទៀតក្រៅពីព្រះរបស់ខ្លួន។+ ២៩ ហេតុនេះ ខ្ញុំចេញបញ្ជាថាបើជនដែលនិយាយភាសាណាឬមកពីជាតិសាសន៍ណា ហ៊ាននិយាយអ្វីប្រឆាំងនឹងព្រះរបស់សាដ្រាក់ មេសាក់ និងអាបេឌនេកោ នោះដៃជើងរបស់ពួកគេនឹងត្រូវកាត់ចេញ ហើយផ្ទះរបស់ពួកគេនឹងទៅជាកន្លែងបន្ទោបង់សាធារណៈ* ព្រោះគ្មានព្រះណាអាចសង្គ្រោះដូចនេះឡើយ»។+
៣០ បន្ទាប់មក ស្ដេចបានដំឡើងតំណែងឲ្យសាដ្រាក់ មេសាក់ និងអាបេឌនេកោ នៅក្នុងអាណាខេត្តបាប៊ីឡូន។+
៤ «នេះជាសារពីស្ដេចនេប៊ូក្នេសាទៅបណ្ដាជនទាំងអស់ដែលមកពីគ្រប់ជាតិសាសន៍គ្រប់ភាសាទូទាំងផែនដី។ សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តជាបរិបូរ! ២ ខ្ញុំរីករាយប្រាប់សញ្ញាសម្គាល់និងការអស្ចារ្យដែលព្រះដ៏ខ្ពង់ខ្ពស់បំផុតបានធ្វើចំពោះខ្ញុំ។ ៣ សញ្ញាសម្គាល់និងការអស្ចារ្យរបស់លោកគឺគួរឲ្យស្ញប់ស្ញែងក្រៃលែង! រាជាណាចក្ររបស់លោកស្ថិតស្ថេរជារៀងរហូត ហើយលោកគ្រប់គ្រងពីជំនាន់មួយទៅជំនាន់មួយ។+
៤ «ខ្ញុំនេប៊ូក្នេសា កំពុងសម្រាកក្នុងវិមានទាំងមានសេចក្ដីសុខសាន្តនិងភាពចម្រុងចម្រើន។ ៥ កាលខ្ញុំកំពុងសម្រាន្ត* ខ្ញុំបានយល់សប្ដិឃើញអ្វីមួយដែលធ្វើឲ្យខ្ញុំភ័យខ្លាច ហើយរូបភាពនិងការបើកបង្ហាញដែលខ្ញុំបានឃើញក្នុងគំនិត ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។+ ៦ ដូច្នេះ ខ្ញុំក៏បានចេញបញ្ជាឲ្យគេទៅហៅពួកអ្នកប្រាជ្ញទាំងអស់ក្នុងស្រុកបាប៊ីឡូនចូលមកជួបខ្ញុំ ដើម្បីឲ្យពួកគេបកស្រាយសុបិនដល់ខ្ញុំ។+
៧ «ពេលនោះ គ្រូវេទមន្ត គ្រូទាយ ពួកខាល់ដេ* និងអ្នកចេះហោរាសាស្ត្រ+បានចូលមក។ ពេលខ្ញុំរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់ខ្ញុំ ពួកគេមិនអាចបកស្រាយបានទេ។+ ៨ នៅទីបំផុត ដានីយ៉ែលក៏ចូលមកជួបខ្ញុំ គាត់មានឈ្មោះថាបេលថេសាសា+តាមឈ្មោះព្រះនៃខ្ញុំ+ ហើយគាត់មានឫទ្ធានុភាពនៃបណ្ដាព្រះបរិសុទ្ធ+ រួចខ្ញុំក៏ប្រាប់សុបិនរបស់ខ្ញុំដល់គាត់ដូចតទៅ៖
៩ «‹ឱបេលថេសាសាជាមេលើគ្រូវេទមន្តអើយ!+ ខ្ញុំដឹងថាឫទ្ធានុភាពនៃបណ្ដាព្រះបរិសុទ្ធស្ថិតលើអ្នក+ ហើយគ្មានរឿងអាថ៌កំបាំងណាដែលអ្នកមិនអាចបកស្រាយបានឡើយ។+ ដូច្នេះ សូមបកស្រាយសុបិនឲ្យខ្ញុំ និងពន្យល់នូវការបើកបង្ហាញដែលខ្ញុំបានឃើញក្នុងគំនិតផង។
១០ «‹កាលខ្ញុំកំពុងសម្រាន្ត ខ្ញុំបានឃើញក្នុងគំនិតនូវដើមឈើ+ដ៏ធំមួយនៅកណ្ដាលផែនដី ដែលមានកម្ពស់ខ្ពស់ក្រៃលែង។+ ១១ ដើមនោះលូតលាស់ធំឡើងទៅជាដើមឈើដ៏មាំ ហើយចុងវាខ្ពស់កប់ពពក។ មនុស្សទាំងអស់នៅផែនដីទាំងមូលអាចឃើញដើមនោះ។ ១២ វាមានស្លឹកត្រសុំត្រសាយស្រស់ស្អាតណាស់ ហើយមានផលផ្លែជាច្រើនជាអាហារដល់មនុស្សនិងសត្វ។ ដើមនោះផ្ដល់ម្លប់ត្រឈឹងត្រឈៃដល់សត្វនៅឯវាល ហើយសត្វស្លាបដែលហើរលើអាកាសមកធ្វើសម្បុកលើមែករបស់វា។ ទាំងមនុស្សទាំងសត្វរកបានចំណីពីដើមនោះ។
១៣ «‹ក្នុងដំណេក កាលខ្ញុំកំពុងឃើញការបើកបង្ហាញនោះ ខ្ញុំក៏បានឃើញអ្នកនាំពាក្យម្នាក់ជាអ្នកបរិសុទ្ធ ចុះមកពីលើមេឃ។+ ១៤ គាត់បានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកាប់ដើមនោះ+ ហើយលួសមែក ថែមទាំងលះស្លឹក និងជម្រុះផ្លែឲ្យធ្លាក់ខ្ចាត់ខ្ចាយអស់ទៅ! ចូរឲ្យសត្វនានានៅក្រោមដើមនោះនិងសត្វស្លាបទាំងប៉ុន្មាននៅលើមែក ផ្អើលចេញឲ្យអស់។ ១៥ ឯគល់និងឫសក្នុងដី ត្រូវទុកចោលនៅកណ្ដាលវាលស្មៅ ទាំងដាក់វ័ណ្ឌដែកនិងស្ពាន់នៅជុំវិញគល់នោះ។ ចូរឲ្យវាជោគជាំដោយទឹកសន្សើមពីលើមេឃ ហើយទុកចំណែករបស់វានៅជាមួយនឹងសត្វនិងរុក្ខជាតិនៅផែនដី។+ ១៦ ចូរឲ្យចិត្តវាផ្លាស់ប្រែពីចិត្តមនុស្សទៅជាចិត្តរបស់សត្វវិញ រហូតដល់គម្រប់៧គ្រា។+ ១៧ នេះជាវិន័យរបស់ពួកអ្នកនាំពាក្យ+ និងជាសំណូមពររបស់ពួកអ្នកបរិសុទ្ធ ដើម្បីឲ្យមនុស្សជាតិអាចដឹងថាព្រះដ៏ខ្ពង់ខ្ពស់បំផុតគឺជាអ្នកគ្រប់គ្រងលើរាជាណាចក្ររបស់មនុស្ស+ ហើយដឹងថាលោកអាចប្រគល់ឲ្យអ្នកណាក៏បានតាមតែចិត្តលោក សូម្បីតែអ្នកនោះតូចទាបបំផុត ក៏លោកអាចតាំងឡើងឲ្យគ្រប់គ្រងបានដែរ»។
១៨ «‹នេះហើយជាសុបិនដែលខ្ញុំជាស្ដេចនេប៊ូក្នេសាបានឃើញ។ ឥឡូវ ឱបេលថេសាសាអើយ! ចូរបកស្រាយមក ព្រោះគ្មានអ្នកប្រាជ្ញណាក្នុងរាជាណាចក្ររបស់ខ្ញុំអាចបកស្រាយឲ្យខ្ញុំបានទេ+ មានតែអ្នកប៉ុណ្ណោះអាចបកស្រាយបាន ព្រោះឫទ្ធានុភាពនៃបណ្ដាព្រះបរិសុទ្ធស្ថិតលើអ្នក›។
១៩ «ពេលនោះ ដានីយ៉ែលដែលហៅថាបេលថេសាសា+ ក៏ភ័យខ្លាច ហើយភាំងស្មារតីអស់មួយស្របក់។
«ស្ដេចក៏និយាយថា៖ ‹បេលថេសាសាអើយ! កុំឲ្យសុបិននិងការបកស្រាយអំពីនោះធ្វើឲ្យអ្នកភ័យខ្លាចឡើយ›។
«បេលថេសាសាក៏ឆ្លើយថា៖ ‹ឱលោកម្ចាស់ខ្ញុំអើយ! សូមឲ្យសុបិននោះកើតឡើងទៅលើពួកអ្នកដែលស្អប់លោកចុះ ហើយឲ្យអត្ថន័យនៃការបកស្រាយនោះកើតឡើងទៅលើពួកសត្រូវរបស់លោកវិញ។
២០ «‹ដើមឈើដែលលោកឃើញលូតលាស់ធំឡើងទៅជាដើមឈើដ៏មាំ ហើយចុងវាខ្ពស់កប់ពពក ដែលមនុស្សទាំងអស់នៅផែនដីអាចមើលឃើញនោះ+ ២១ ជាដើមដែលមានស្លឹកត្រសុំត្រសាយស្រស់ស្អាត មានផលផ្លែជាច្រើនជាអាហារដល់មនុស្សនិងសត្វ ថែមទាំងផ្ដល់ម្លប់ត្រឈឹងត្រឈៃដល់សត្វនៅឯវាល និងសត្វស្លាបដែលហើរលើអាកាសមកធ្វើសម្បុកលើមែករបស់វា+ ២២ ដើមនោះសំដៅទៅលើស្ដេចជាម្ចាស់ ព្រោះលោកបានចម្រើនឡើងយ៉ាងរឹងមាំខ្លាំងក្លា។ ភាពរុងរឿងរបស់លោកខ្ពស់ត្រដែតឡើងទៅដល់មេឃ+ ហើយលោកមានអំណាចគ្រប់គ្រងពេញផែនដីទាំងមូល។+
២៣ «‹ស្ដេចជាម្ចាស់បានឃើញអ្នកនាំពាក្យម្នាក់ជាអ្នកបរិសុទ្ធ+ ចុះមកពីលើមេឃ ហើយបន្លឺសំឡេងថា៖ «ចូរកាប់បំផ្លាញដើមនោះ តែទុកគល់និងឫសក្នុងដី នៅកណ្ដាលវាលស្មៅ ទាំងដាក់វ័ណ្ឌដែកនិងស្ពាន់នៅជុំវិញគល់នោះ។ ចូរឲ្យវាជោកជាំដោយទឹកសន្សើមពីលើមេឃ ហើយទុកចំណែករបស់វានៅជាមួយនឹងសត្វ រហូតដល់គម្រប់៧គ្រា»។+ ២៤ ឱស្ដេចជាម្ចាស់អើយ! នេះជាការបកស្រាយ ហើយជាការសម្រេចដែលព្រះដ៏ខ្ពស់បំផុតបានកំណត់ឲ្យកើតឡើងទៅលើស្ដេចជាម្ចាស់។ ២៥ ស្ដេចជាម្ចាស់នឹងត្រូវបណ្ដេញចេញពីចំណោមមនុស្សជាតិ ឲ្យទៅរស់នៅជាមួយនឹងសត្វនៅឯវាល។ លោកនឹងបរិភោគរុក្ខជាតិជាអាហារដូចជាសត្វគោ ហើយខ្លួនលោកត្រូវទទឹកដោយសន្សើមពីលើមេឃ+ រហូតដល់គម្រប់៧គ្រា+ ទាល់តែស្ដេចជាម្ចាស់ទទួលស្គាល់ថាព្រះដ៏ខ្ពស់បំផុតជាអ្នកគ្រប់គ្រងលើរាជាណាចក្រមនុស្សជាតិ ហើយទទួលស្គាល់ថាព្រះអាចឲ្យអំណាចគ្រប់គ្រងដល់អ្នកណាក៏បានតាមតែចិត្តលោក។+
២៦ «‹ប៉ុន្តែ ដោយសារគេបានប្រាប់ឲ្យទុកគល់និងឫស+ នោះមានន័យថាលោកនឹងគ្រប់គ្រងលើរាជាណាចក្ររបស់លោកម្ដងទៀត ក្រោយពីលោកទទួលស្គាល់ថាព្រះជាអ្នកគ្រប់គ្រងនៅស្ថានសួគ៌។ ២៧ ឥឡូវ ឱស្ដេចជាម្ចាស់អើយ! សូមលោកស្ដាប់យោបល់របស់ខ្ញុំ។ សូមលោកបែរចេញពីអំពើខុសឆ្គងនិងឈប់ប្រព្រឹត្តអំពើទុច្ចរិតទៅ តែចូរប្រព្រឹត្តអ្វីដែលត្រឹមត្រូវ និងបង្ហាញសេចក្ដីមេត្តាដល់ជនក្រីក្រវិញ។ បើលោកធ្វើដូច្នេះ លោកប្រហែលជាអាចមានភាពចម្រុងចម្រើនតទៅទៀត›»។+
២៨ រឿងទាំងនេះបានកើតឡើងដល់ស្ដេចនេប៊ូក្នេសាមែន។
២៩ ដប់ពីរខែក្រោយមក ពេលស្ដេចកំពុងដើរនៅលើដំបូលវិមានក្នុងក្រុងបាប៊ីឡូន ៣០ គាត់បាននិយាយថា៖ «តើនេះមិនមែនជាក្រុងបាប៊ីឡូនដ៏អស្ចារ្យ ដែលខ្ញុំបានសង់ជាដំណាក់ស្ដេច ដោយអំណាចនិងកម្លាំងខ្លាំងក្លារបស់ខ្ញុំ ដើម្បីបង្ហាញភាពរុងរឿងនៃរាជ្យខ្ញុំទេឬ?»។
៣១ កាលគាត់និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែមានឮសំឡេងពីស្ថានសួគ៌មកថា៖ «ឱស្ដេចនេប៊ូក្នេសាអើយ! មានពាក្យមកកាន់អ្នកថា៖ ‹រាជាណាចក្រនេះបានត្រូវដកចេញពីអ្នកហើយ។+ ៣២ ចំណែកអ្នកវិញ អ្នកបានត្រូវបណ្ដេញចេញពីចំណោមមនុស្សជាតិ។ អ្នកនឹងទៅរស់នៅជាមួយនឹងសត្វនៅឯវាល ហើយបរិភោគរុក្ខជាតិជាអាហារដូចជាសត្វគោ រហូតដល់គម្រប់៧គ្រា ទាល់តែស្ដេចជាម្ចាស់ទទួលស្គាល់ថាព្រះដ៏ខ្ពស់បំផុតជាអ្នកគ្រប់គ្រងលើរាជាណាចក្រមនុស្សជាតិ ហើយទទួលស្គាល់ថាព្រះអាចឲ្យអំណាចគ្រប់គ្រងដល់អ្នកណាក៏បានតាមតែចិត្តលោក›»។+
៣៣ រំពេចនោះ ពាក្យសម្ដីនោះបានកើតឡើងចំពោះនេប៊ូក្នេសាមែន។ គាត់បានត្រូវបណ្ដេញចេញពីចំណោមមនុស្សជាតិ រួចចាប់ផ្ដើមបរិភោគរុក្ខជាតិជាអាហារដូចជាសត្វគោ ហើយខ្លួនប្រាណគាត់ទទឹកដោយសន្សើមពីលើមេឃ។ ឯសក់ក្បាលគាត់ វែងដូចជារោមឥន្ទ្រី ហើយក្រចកគាត់វែងដូចជាក្រញាំសត្វស្លាប។+
៣៤ «លុះផុតគ្រានោះ+ ខ្ញុំនេប៊ូក្នេសា ខ្ញុំបានមើលទៅលើមេឃ ហើយខ្ញុំក៏ដឹងស្មារតីឡើងវិញ។ រួចខ្ញុំសរសើរតម្កើងនិងលើកកិត្តិយសដល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដែលមានជីវិតរស់នៅជារៀងរហូត ព្រោះរាជាណាចក្ររបស់លោកស្ថិតស្ថេរជាដរាប ហើយលោកគ្រប់គ្រងពីជំនាន់មួយទៅជំនាន់មួយ។+ ៣៥ មនុស្សទាំងអស់ដែលរស់នៅផែនដី គឺតូចតាចណាស់បើប្រៀបនឹងលោក។ លោកប្រព្រឹត្តទៅលើបណ្ដាទេវតានៅស្ថានសួគ៌និងមនុស្សជាតិទាំងឡាយនៅផែនដី ស្របតាមបំណងប្រាថ្នារបស់លោក។ គ្មានអ្នកណាម្នាក់អាចរារាំងលោក+ ឬសួរលោកថា៖ ‹ហេតុអ្វីក៏លោកធ្វើដូច្នេះ?›។+
៣៦ «ពេលខ្ញុំដឹងស្មារតីឡើងវិញ ខ្ញុំក៏បានទទួលសិរីរុងរឿង កិត្តិយស និងកេរ្តិ៍ឈ្មោះសាជាថ្មី។+ ពួកមន្ត្រីជាន់ខ្ពស់របស់ខ្ញុំនិងពួកអ្នកមានឋានៈខ្ពស់ បានមកប្រឹក្សាជាមួយខ្ញុំ ហើយខ្ញុំក៏បានគ្រប់គ្រងលើរាជាណាចក្រខ្ញុំម្ដងទៀត ថែមទាំងមានភាពឧត្តុង្គឧត្តមជាងមុនទៅទៀត។
៣៧ «ខ្ញុំនេប៊ូក្នេសា កំពុងសរសើរតម្កើងនិងលើកកិត្តិយសស្ដេចនៃស្ថានសួគ៌+ ព្រោះលោកអាចបន្ទាបពួកអ្នកដែលមានអំណួត+ ហើយកិច្ចការទាំងអស់របស់លោកសុទ្ធតែពិតត្រង់ ឯផ្លូវរបស់លោកប្រកបដោយយុត្តិធម៌»។+
៥ គ្រានោះ ស្ដេចបេលសាសារ+បានរៀបចំពិធីភោជនាហារដ៏ធំ ឲ្យដល់ពួកមន្ត្រីជាន់ខ្ពស់របស់គាត់ចំនួន១.០០០នាក់ ហើយគាត់ពិសាស្រាជាមួយនឹងពួកគេ។+ ២ ពេលស្រវឹង គាត់បានបញ្ជាឲ្យគេយកពែងមាសពែងប្រាក់ ដែលនេប៊ូក្នេសាជាឪពុកគាត់បាននាំយកពីវិហារនៅក្រុងយេរូសាឡិម+ ដើម្បីឲ្យគាត់និងពួកមន្ត្រីជាន់ខ្ពស់ ព្រមទាំងប្រពន្ធបន្ទាប់និងស្រីស្នំ ផឹកស្រាពីពែងទាំងនោះ។ ៣ ដូច្នេះ គេក៏យកពែងមាសដែលមកពីវិហារព្រះពិតនៅក្រុងយេរូសាឡិមមកជូនគាត់។ រួចគាត់និងពួកមន្ត្រីជាន់ខ្ពស់ ព្រមទាំងប្រពន្ធបន្ទាប់និងស្រីស្នំ ក៏ផឹកស្រាពីពែងទាំងនោះ។ ៤ ពេលពួកគេកំពុងផឹកស្រា ពួកគេសរសើរតម្កើងរូបព្រះដែលធ្វើពីមាស ពីប្រាក់ ពីស្ពាន់ ដែក ឈើ និងថ្ម។
៥ រំពេចនោះ ស្រាប់តែឃើញមានដៃមួយដូចជាដៃមនុស្សលេចចេញមក ហើយដៃនោះចាប់ផ្ដើមសរសេរអក្សរនៅលើជញ្ជាំងវិមានស្ដេច ដែលនៅទល់មុខជើងចង្កៀង។ ស្ដេចបានឃើញខ្នងដៃនោះ កាលដែលកំពុងសរសេរ។ ៦ ពេលនោះ ទឹកមុខស្ដេចប្រែជាស្លេកស្លាំង ហើយភ័យតក់ស្លុតជាខ្លាំង។+ ជង្គង់គាត់ក៏ចាប់ផ្ដើមញ័ររណ្ដំគ្នា។
៧ បន្ទាប់មក ស្ដេចបានស្រែកឲ្យគេទៅហៅគ្រូទាយ ពួកខាល់ដេ* និងអ្នកចេះហោរាសាស្ត្រក្នុងស្រុកបាប៊ីឡូន ឲ្យចូលមកជួប។+ រួចស្ដេចក៏និយាយទៅកាន់ពួកអ្នកប្រាជ្ញថា៖ «បើអ្នកណាម្នាក់អាចអាននិងបកស្រាយអត្ថន័យអក្សរនៅលើជញ្ជាំងឲ្យខ្ញុំបាន អ្នកនោះនឹងត្រូវបំពាក់ដោយក្រណាត់ពណ៌ស្វាយ និងខ្សែកមាស+ ថែមទាំងទទួលឋានៈជាអ្នកគ្រប់គ្រងទី៣ក្នុងរាជាណាចក្រនេះ»។+
៨ ដូច្នេះ ពួកអ្នកប្រាជ្ញទាំងអស់ក៏បានចូលទៅមើលអក្សរនៅលើជញ្ជាំង តែពួកគេមិនអាចអាននិងបកស្រាយអត្ថន័យអក្សរនោះជូនស្ដេចបានទេ។+ ៩ ហេតុនេះ ស្ដេចបេលសាសារក៏ភ័យខ្លាចជាខ្លាំង ហើយមានទឹកមុខស្លេកស្លាំង។ ឯពួកមន្ត្រីជាន់ខ្ពស់វិញ ពួកគេក៏ជ្រួលច្របល់ខ្វល់គំនិតគ្រប់គ្នា។+
១០ ចំណែកមហាក្សត្រី*វិញ នាងបានឮពាក្យរបស់ស្ដេចនិងពួកមន្ត្រីជាន់ខ្ពស់។ ដូច្នេះ នាងក៏ចូលក្នុងបន្ទប់ពិសាភោជនាហារ រួចនិយាយទៅកាន់ស្ដេចថា៖ «សូមឲ្យស្ដេចជាម្ចាស់រស់ជារៀងរហូត! សូមលោកម្ចាស់កុំភ័យខ្លាច ឬមានទឹកមុខស្លេកស្លាំងឡើយ។ ១១ ឱស្ដេចជាម្ចាស់អើយ! ក្នុងរាជាណាចក្ររបស់លោក មានបុរសម្នាក់ដែលមានឫទ្ធានុភាពនៃបណ្ដាព្រះបរិសុទ្ធ។ នៅគ្រាបិតាលោក គេឃើញថាបុរសនោះមានចំណេះដឹង ការយល់ធ្លុះជ្រៅ និងប្រាជ្ញាវាងវៃដូចជាបណ្ដាព្រះ។+ ម្ល៉ោះហើយ ស្ដេចនេប៊ូក្នេសាជាបិតាលោកបានតែងតាំងគាត់ឲ្យធ្វើជាមេលើគ្រូវេទមន្ត គ្រូទាយ ពួកខាល់ដេ* និងអ្នកចេះហោរាសាស្ត្រ។+ នោះហើយជាអ្វីដែលបិតាលោកបានធ្វើដល់គាត់។ ១២ ព្រោះដានីយ៉ែលដែលបិតាលោកដាក់ឈ្មោះថាបេលថេសាសា+ គាត់មានប្រាជ្ញាវាងវៃ និងសមត្ថភាពពិសេស ហើយមានចំណេះដឹង និងការយល់ធ្លុះជ្រៅ ក្នុងការបកស្រាយសុបិន ការស្រាយប្រស្នា និងការដោះស្រាយរឿងពិបាកផ្សេងៗ។+ សូមលោកចាត់គេឲ្យទៅហៅដានីយ៉ែលមក នោះគាត់នឹងបកស្រាយអត្ថន័យអក្សរនោះជូនលោកបានជាមិនខាន»។
១៣ ដូច្នេះ គេនាំដានីយ៉ែលចូលមកឈរនៅមុខស្ដេច។ ស្ដេចក៏សួរគាត់ថា៖ «តើអ្នកជាដានីយ៉ែលជាជននិរទេសមកពីស្រុកយូដា+ ដែលបិតាខ្ញុំបាននាំមកឬ?+ ១៤ ខ្ញុំឮថាឫទ្ធានុភាពនៃបណ្ដាព្រះស្ថិតលើអ្នក+ ហើយអ្នកមានចំណេះដឹង ការយល់ធ្លុះជ្រៅ និងប្រាជ្ញាវាងវៃ។+ ១៥ ខ្ញុំបានចាត់គេឲ្យនាំពួកអ្នកប្រាជ្ញនិងគ្រូទាយចូលមកជួបខ្ញុំ ដើម្បីអាននិងពន្យល់អត្ថន័យអក្សរនេះ តែពួកគេមិនអាចធ្វើបានទេ។+ ១៦ ក៏ប៉ុន្តែ ខ្ញុំឮថាអ្នកអាចបកស្រាយរឿងអាថ៌កំបាំងបាន ហើយក៏ចេះដោះស្រាយរឿងពិបាកៗដែរ។+ ឥឡូវ បើអ្នកអាចអាននិងបកស្រាយអត្ថន័យអក្សរនេះឲ្យខ្ញុំ នោះខ្ញុំនឹងឲ្យគេបំពាក់ក្រណាត់ពណ៌ស្វាយ និងខ្សែកមាសដល់អ្នក ហើយខ្ញុំនឹងតែងតាំងអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងទី៣ក្នុងរាជាណាចក្រនេះ»។+
១៧ បន្ទាប់មក ដានីយ៉ែលបានតបទៅស្ដេចថា៖ «ខ្ញុំនឹងអានហើយបកស្រាយអត្ថន័យអក្សរនេះជូនស្ដេចជាម្ចាស់ តែខ្ញុំមិនទទួលអំណោយនោះទេ សូមលោកទុកឲ្យអ្នកផ្សេងវិញចុះ។ ១៨ ឱស្ដេចជាម្ចាស់អើយ! ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានឲ្យអំណាចគ្រប់គ្រង ភាពឧត្តុង្គឧត្តម កិត្តិយស និងភាពរុងរឿងអស្ចារ្យ ដល់ស្ដេចនេប៊ូក្នេសាជាបិតាលោក។+ ១៩ ដោយសារអំណាចខ្លាំងក្លាដែលព្រះបានប្រគល់ឲ្យបិតាលោក នោះមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសាបានភ័យតក់ស្លុតនិងខ្លបខ្លាច។+ ហេតុនេះ អ្នកណាដែលបិតាលោកចង់ឲ្យស្លាប់ គឺស្លាប់ ហើយអ្នកណាដែលបិតាលោកចង់ឲ្យរស់ គឺរស់។ ឯអ្នកណាដែលលោកចង់លើកតម្កើង អ្នកនោះបានទទួលការលើកតម្កើង ហើយអ្នកណាដែលលោកចង់បន្ទាបចុះ អ្នកនោះបានបាក់មុខ។+ ២០ ប៉ុន្តែ បិតាលោកចាប់ផ្ដើមមានអំណួត ហើយមានចិត្តរឹងរូស ថែមទាំងប្រព្រឹត្តដោយព្រហើនទៀតផង។+ ម្ល៉ោះហើយ បិតាលោកបានត្រូវទម្លាក់ពីបល្ល័ង្ករាជ្យ ហើយលែងមានកិត្តិយសតទៅទៀត។ ២១ បិតាលោកបានត្រូវបណ្ដេញចេញពីចំណោមមនុស្សជាតិ ហើយចិត្តរបស់លោកបានត្រូវប្ដូរទៅជាចិត្តរបស់សត្វ។ លោកបានរស់នៅជាមួយនឹងលាព្រៃ ហើយបរិភោគរុក្ខជាតិជាអាហារដូចជាសត្វគោ។ ឯខ្លួនប្រាណត្រូវទទឹកដោយសន្សើមពីលើមេឃ រហូតដល់បិតាលោកទទួលស្គាល់ថាព្រះដ៏ខ្ពង់ខ្ពស់បំផុតជាអ្នកគ្រប់គ្រងលើរាជាណាចក្រមនុស្សជាតិ ហើយទទួលស្គាល់ថាព្រះអាចឲ្យអំណាចគ្រប់គ្រងដល់អ្នកណាក៏បានតាមតែចិត្តលោក។+
២២ «ចំណែកលោកជាកូនវិញ ឱបេលសាសារអើយ! លោកមិនបានបន្ទាបខ្លួនទេ ទោះជាបានដឹងរឿងទាំងអស់នេះក៏ដោយ។ ២៣ ផ្ទុយទៅវិញ លោកបែរជាលើកតម្កើងខ្លួនទាស់នឹងម្ចាស់នៃស្ថានសួគ៌+ ហើយបានបញ្ជាគេឲ្យទៅយកពែងដែលមកពីវិហារព្រះពិត+ ដើម្បីលោកនិងពួកមន្ត្រីជាន់ខ្ពស់ ព្រមទាំងប្រពន្ធបន្ទាប់និងស្រីស្នំ ផឹកស្រាពីពែងទាំងនោះ។ រួចលោកនិងពួកគេបានសរសើរតម្កើងរូបព្រះដែលធ្វើពីមាស ពីប្រាក់ ពីស្ពាន់ ដែក ឈើ និងថ្ម ជាព្រះដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយមិនដឹងអ្វីទាំងអស់។+ ប៉ុន្តែ ចំណែកព្រះដែលផ្ដល់ដង្ហើមជីវិត+និងមានអំណាចលើការប្រព្រឹត្តទាំងអស់របស់លោក លោកបែរជាមិនសរសើរតម្កើងវិញ។ ២៤ ហេតុនេះ ព្រះបានចាត់ដៃនោះឲ្យមកសរសេរអក្សរលើជញ្ជាំង។+ ២៥ អក្សរនោះអានថា មេនេ មេនេ ទេកិល និងប៉ាស៊ីន។
២៦ «អត្ថន័យអក្សរនោះមានដូចតទៅ៖ មេនេមានន័យថាព្រះបានរាប់ចំនួនថ្ងៃនៃរាជ្យលោក ហើយបានបញ្ចប់អំណាចគ្រប់គ្រងនោះហើយ។+
២៧ «ទេកិលមានន័យថាព្រះបានថ្លឹងលោកលើជញ្ជឹង ហើយឃើញថាមិនគ្រប់ចំនួន។
២៨ «ពេរេសមានន័យថាព្រះបានបំបែកបំបាក់រាជាណាចក្រលោក ហើយប្រគល់ឲ្យពួកមេឌីនិងពើស៊ី»។+
២៩ ក្រោយស្ដាប់រួច បេលសាសារបានបញ្ជាគេឲ្យបំពាក់ក្រណាត់ពណ៌ស្វាយ និងខ្សែកមាសដល់ដានីយ៉ែល ហើយឲ្យគេប្រកាសថាដានីយ៉ែលជាអ្នកគ្រប់គ្រងទី៣ក្នុងរាជាណាចក្រគាត់។+
៣០ នៅយប់នោះឯង បេលសាសារជាស្ដេចរបស់ពួកខាល់ដេ បានត្រូវគេធ្វើឃាត។+ ៣១ រួចដារីយុស+ជាជនជាតិមេឌីបានគ្រប់គ្រងជាស្ដេចក្នុងរាជាណាចក្រនោះ ពេលគាត់មានអាយុប្រហែល៦២ឆ្នាំ។
៦ គ្រានោះ ស្ដេចដារីយុសបានតែងតាំងអភិបាលខេត្តចំនួន១២០រូប ឲ្យគ្រប់គ្រងនៅក្នុងរាជាណាចក្រទាំងមូល ព្រោះគាត់យល់ឃើញថាល្អ។+ ២ ស្ដេចដារីយុសក៏បានតែងតាំងមន្ត្រីជាន់ខ្ពស់បីរូបឲ្យគ្រប់គ្រងលើពួកគេ។ ដានីយ៉ែល+ក៏ជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីបីនាក់នោះដែរ។ ពួកអភិបាលខេត្ត+ត្រូវរាយការណ៍ដល់មន្ត្រីជាន់ខ្ពស់ទាំងនោះ ដើម្បីកុំឲ្យស្ដេចខាតបង់ប្រយោជន៍អ្វីឡើយ។ ៣ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់និងពួកអភិបាលខេត្តទាំងនោះ ដានីយ៉ែលគឺប្រសើរជាងពួកគេទាំងអស់ ព្រោះគាត់មានប្រាជ្ញាវាងវៃនិងសមត្ថភាពពិសេស។+ ដូច្នេះ ស្ដេចមានបំណងលើកគាត់ឲ្យមានឋានៈខ្ពង់ខ្ពស់លើរាជាណាចក្រទាំងមូល។
៤ នៅគ្រានោះ ពួកមន្ត្រីជាន់ខ្ពស់និងពួកអភិបាលខេត្ត បានស្វែងរកហេតុណាមួយដែលទាក់ទងនឹងច្បាប់រដ្ឋដើម្បីចោទប្រកាន់ដានីយ៉ែល តែពួកគេរកមិនបានទេ ហើយក៏មិនឃើញថាគាត់ប្រព្រឹត្តអំពើពុករលួយណាដែរ ព្រោះដានីយ៉ែលជាមនុស្សគួរឲ្យទុកចិត្ត ហើយមិនធ្វេសប្រហែសនឹងកិច្ចការណាឡើយ។ ៥ ម្ល៉ោះហើយ ពួកគេបាននិយាយគ្នាថា៖ «យើងមិនអាចរកហេតុណាមួយដើម្បីចោទប្រកាន់គាត់បានទេ លើកលែងតែរឿងដែលទាក់ទងនឹងច្បាប់របស់ព្រះគាត់ប៉ុណ្ណោះ»។+
៦ ដូច្នេះ ពួកមន្ត្រីជាន់ខ្ពស់និងពួកអភិបាលខេត្តបាននាំគ្នាចូលទៅជួបស្ដេច ហើយជម្រាបគាត់ថា៖ «ឱស្ដេចដារីយុសអើយ! សូមឲ្យលោកមានជីវិតជារៀងរហូត។ ៧ ពួកមន្ត្រីជាន់ខ្ពស់ អភិបាលខេត្ត អភិបាលរង ពួកនាយក និងមន្ត្រីទាំងអស់ បានប្រឹក្សាគ្នាបង្កើតច្បាប់មួយដោយដាក់បម្រាមថា ក្នុងរយៈពេល៣០ថ្ងៃ បើអ្នកណាម្នាក់អង្វរសុំអ្វីពីព្រះណាមួយឬមនុស្សណាម្នាក់ ក្រៅពីស្ដេចជាម្ចាស់ អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ។+ ៨ ដូច្នេះ ស្ដេចជាម្ចាស់អើយ! សូមលោកបង្កើតច្បាប់នេះ ហើយចុះហត្ថលេខាផង+ ដើម្បីឲ្យច្បាប់នេះមានសុពលភាពតាមច្បាប់របស់ពួកមេឌីនិងពើស៊ី ដែលមិនអាចកែប្រែឬទុកជាមោឃឡើយ»។+
៩ ម្ល៉ោះហើយ ស្ដេចដារីយុសបានចុះហត្ថលេខាលើច្បាប់នោះ រួចចេញបម្រាមនោះទៅ។
១០ បន្ទាប់ពីដានីយ៉ែលដឹងថាស្ដេចចុះហត្ថលេខាបង្កើតច្បាប់នោះភ្លាម គាត់ក៏ទៅផ្ទះ ហើយឡើងទៅបន្ទប់ខាងលើជាប់ដំបូលដែលមានបង្អួចនៅបើកចំហបែរទៅក្រុងយេរូសាឡិម។+ រួចគាត់លុតជង្គង់ចុះអធិដ្ឋានទៅព្រះរបស់គាត់ ហើយសរសើរតម្កើងលោកមួយថ្ងៃបីដងដូចគាត់ធ្វើពីមុន។ ១១ ពេលនោះ ពួកមន្ត្រីបានសម្រុកចូលផ្ទះដានីយ៉ែល ហើយឃើញគាត់កំពុងអធិដ្ឋានអង្វរសុំព្រះរបស់គាត់។
១២ ដូច្នេះ ពួកគេក៏ចូលទៅជួបស្ដេច ហើយរំលឹកស្ដេចអំពីច្បាប់នោះថា៖ «ស្ដេចជាម្ចាស់បានចុះហត្ថលេខាបង្កើតច្បាប់មួយដោយដាក់បម្រាមថា ក្នុងរយៈពេល៣០ថ្ងៃ បើអ្នកណាម្នាក់អង្វរសុំអ្វីពីព្រះណាមួយឬមនុស្សណាម្នាក់ ក្រៅពីស្ដេចជាម្ចាស់ អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ មែនទេ?»។ ស្ដេចក៏ឆ្លើយថា៖ «មែនហើយ! ខ្ញុំបានចេញច្បាប់នោះមែន! យោងទៅតាមច្បាប់របស់ពួកមេឌីនិងពើស៊ី ច្បាប់នោះមិនអាចទៅជាមោឃបានឡើយ»។+ ១៣ ភ្លាមនោះ ពួកគេបានជម្រាបស្ដេចថា៖ «ឱស្ដេចជាម្ចាស់អើយ! ដានីយ៉ែលដែលជាជននិរទេសពីស្រុកយូដា+ មិនគោរពស្ដេចជាម្ចាស់ទាល់តែសោះ ថែមទាំងមិនធ្វើតាមបម្រាមដែលស្ដេចជាម្ចាស់បានចុះហត្ថលេខាទៀតផង។ ផ្ទុយទៅវិញ គាត់នៅតែអធិដ្ឋានដល់ព្រះរបស់គាត់មួយថ្ងៃបីដងដដែល»។+ ១៤ ឮដូច្នេះ ស្ដេចពិបាកចិត្តខ្លាំងណាស់ ហើយខំរិះរកវិធីជួយសង្គ្រោះដានីយ៉ែល។ ប៉ុន្តែ ទោះជាគាត់ខំរករហូតដល់ថ្ងៃលិចក៏ដោយ ក៏នៅតែរកមិនបាន។ ១៥ ក្រោយមក ពួកមន្ត្រីទាំងនោះនាំគ្នាចូលទៅជួបស្ដេច ហើយជម្រាបស្ដេចថា៖ «សូមស្ដេចជាម្ចាស់ជ្រាបថា យោងទៅតាមច្បាប់របស់ពួកមេឌីនិងពើស៊ី ច្បាប់ឬបម្រាមណាដែលស្ដេចចុះហត្ថលេខាហើយ មិនអាចកែប្រែបានទេ»។+
១៦ ដូច្នេះ ស្ដេចបានចេញបញ្ជា ហើយគេក៏ចាប់ដានីយ៉ែល យកទៅបោះក្នុងរូងតោ។+ ស្ដេចបាននិយាយទៅដានីយ៉ែលថា៖ «ព្រះដែលអ្នកតែងតែគោរពបម្រើ លោកនឹងសង្គ្រោះអ្នកជាមិនខាន»។ ១៧ បន្ទាប់មក គេបានយកថ្មមួយមកគ្របនៅមាត់រូងតោ។ រួចស្ដេចនិងពួកមន្ត្រីជាន់ខ្ពស់បានយកចិញ្ចៀនត្រាបោះត្រាលើនោះ ដើម្បីកុំឲ្យសេចក្ដីសម្រេចអំពីដានីយ៉ែលត្រូវផ្លាស់ប្ដូរឡើយ។
១៨ បន្ទាប់ពីនោះ ស្ដេចក៏ត្រឡប់ទៅវិមានវិញ។ នៅយប់នោះ គាត់មិនបានពិសាអ្វីឬមានការកម្សាន្តណាទេ* ហើយគាត់សម្រាន្តមិនលក់ទាល់តែសោះ។ ១៩ លុះព្រលឹមស្រាងៗ ស្ដេចក៏ក្រោកឡើង ហើយប្រញាប់ទៅឯរូងតោ។ ២០ ពេលទៅជិតដល់មាត់រូងតោ គាត់បានស្រែកសួរដានីយ៉ែលដោយសំឡេងក្រៀមក្រំថា៖ «ឱដានីយ៉ែលជាអ្នកបម្រើព្រះដែលមានជីវិតរស់នៅអើយ! តើព្រះដែលអ្នកតែងតែគោរពបម្រើ បានជួយសង្គ្រោះអ្នកពីសត្វតោទេ?»។ ២១ ភ្លាមនោះ ដានីយ៉ែលបានឆ្លើយទៅស្ដេចថា៖ «សូមឲ្យស្ដេចជាម្ចាស់មានជីវិតជារៀងរហូត! ២២ ព្រះរបស់ខ្ញុំបានចាត់ទេវតារបស់លោកឲ្យមកបិទមាត់តោ+ ហើយពួកវាមិនបានធ្វើទុក្ខខ្ញុំទេ+ ព្រោះខ្ញុំមិនមានទោសនៅចំពោះព្រះរបស់ខ្ញុំទេ ហើយក៏មិនបានធ្វើខុសនឹងស្ដេចជាម្ចាស់ដែរ»។
២៣ ឮដូច្នេះ ស្ដេចត្រេកអរជាខ្លាំង ហើយក៏បញ្ជាឲ្យគេយោងដានីយ៉ែលចេញពីរូងតោ។ ពេលដានីយ៉ែលចេញមក មិនឃើញមានរបួសនៅលើខ្លួនគាត់ទេ ព្រោះគាត់បានទុកចិត្តព្រះរបស់គាត់។+
២៤ បន្ទាប់មក ស្ដេចក៏បានចេញបញ្ជាឲ្យគេយកពួកបុរសដែលចោទប្រកាន់ដានីយ៉ែលទៅបោះក្នុងរូងតោ ព្រមជាមួយនឹងប្រពន្ធកូនរបស់ពួកគេដែរ។ កាលពួកគេមិនទាន់ធ្លាក់ដល់បាតរូងផង សត្វតោបានហក់ទៅបំបាក់ឆ្អឹងពួកគេទៅ។+
២៥ រួចមក ស្ដេចដារីយុសបានសរសេរសារទៅបណ្ដាជនគ្រប់ជាតិសាសន៍ គ្រប់ភាសាដែលអាស្រ័យនៅទូទាំងផែនដីថា៖+ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តជាបរិបូរ! ២៦ ខ្ញុំចេញបញ្ជាថា បណ្ដាជនទាំងឡាយក្នុងគ្រប់តំបន់ដែលនៅក្រោមរាជាណាចក្រខ្ញុំ ត្រូវគោរពកោតខ្លាចដល់ព្រះរបស់ដានីយ៉ែល+ ព្រោះលោកជាព្រះដែលមានជីវិតរស់នៅ និងស្ថិតស្ថេរជារៀងរហូត។ រាជាណាចក្ររបស់លោកនឹងមិនត្រូវបំផ្លាញឡើយ ហើយការគ្រប់គ្រង*របស់លោកស្ថិតស្ថេរជាដរាប។+ ២៧ ព្រោះលោកជាអ្នកជួយសង្គ្រោះ+ ហើយជាអ្នកធ្វើសញ្ញាសម្គាល់និងការអស្ចារ្យនៅស្ថានសួគ៌និងផែនដី+ គឺលោកហើយដែលបានជួយដានីយ៉ែលឲ្យរួចផុតពីក្រញាំតោ»។
២៨ យ៉ាងនេះ ដានីយ៉ែលបានចម្រុងចម្រើនក្នុងរាជាណាចក្ររបស់ដារីយុស+ និងក្នុងរាជាណាចក្ររបស់ស៊ីរូសជាស្ដេចពើស៊ី។+
៧ នៅឆ្នាំទី១ក្នុងរាជ្យបេលសាសារ+ស្ដេចស្រុកបាប៊ីឡូន កាលដានីយ៉ែលកំពុងសម្រាន្តនៅលើគ្រែ គាត់បានយល់សប្ដិនិងទទួលការបើកបង្ហាញពីព្រះ។+ បន្ទាប់មក គាត់បានកត់ទុកកំណត់ហេតុទាំងមូលនៃសុបិនរបស់គាត់។+ ២ ដានីយ៉ែលបានរៀបរាប់ថា៖
«នៅពេលយប់ ខ្ញុំបានទទួលការបើកបង្ហាញពីព្រះ ហើយខ្ញុំឃើញខ្យល់ពីទិសទាំងបួនបក់បោកទៅលើសមុទ្រធំធេង ធ្វើឲ្យកក្រើករំពើកជាខ្លាំង។+ ៣ ខណៈនោះ ស្រាប់តែមានសត្វធំសម្បើមបួនក្បាល+ចេញពីសមុទ្រមក ហើយសត្វទាំងនោះមានរូបរាងខុសប្លែកពីគ្នា។
៤ «សត្វធំសម្បើមទី១មានរូបរាងដូចតោ+ ហើយមានស្លាបដូចឥន្ទ្រី។+ ពេលខ្ញុំកំពុងសម្លឹងមើល ខ្ញុំឃើញស្លាបរបស់វាត្រូវដកចេញ ហើយវាត្រូវលើកឡើងផុតពីដី ឲ្យឈរជើងពីរដូចជាមនុស្ស ថែមទាំងឲ្យមានចិត្តជាមនុស្សផងដែរ។
៥ «ឯសត្វធំសម្បើមទី២វិញ មើលទៅវាដូចជាខ្លាឃ្មុំ+ ជើងម្ខាងរបស់វាបានត្រូវលើកឡើង ហើយវាពាំឆ្អឹងជំនីរបីក្នុងមាត់។ រួចមានឮសំឡេងបញ្ជាវាថា៖ ‹ចូរក្រោកឡើង ស៊ីសាច់ឲ្យច្រើនទៅ›។+
៦ «បន្ទាប់មក ខ្ញុំឃើញសត្វធំសម្បើមទី៣ មានរូបរាងដូចខ្លារខិន។+ វាមានក្បាលបួន+ ហើយលើខ្នងវាមានស្លាបបួនដូចជាស្លាបបក្សី។ វាបានទទួលអំណាចដើម្បីគ្រប់គ្រង។
៧ «ក្នុងការបើកបង្ហាញដែលខ្ញុំឃើញក្នុងគំនិតនោះ ខ្ញុំក៏ឃើញសត្វធំសម្បើមទី៤ មានរូបរាងគួរឲ្យស្ញែងខ្លាច។ វាមានកម្លាំងខ្លាំងក្លាក្រៃលែង និងមានធ្មេញដែកធំៗ ហើយមានស្នែង១០។ វាកំពុងត្របាក់ស៊ីកម្ទេច ថែមទាំងជាន់ឈ្លីអ្វីដែលនៅសេសសល់។+ សត្វនោះខុសប្លែកពីសត្វមុនៗ។ ៨ ពេលខ្ញុំកំពុងសង្កេតមើលស្នែងវា ស្រាប់តែឃើញមានស្នែងតូចមួយ+ដុះឡើង ហើយស្នែងបីមុនបានត្រូវដកចេញពីវា។ មើល! ស្នែងតូចនោះមានភ្នែកដូចជាភ្នែកមនុស្ស ថែមទាំងមានមាត់កំពុងពោលយ៉ាងក្រអឺត។+
៩ «ខ្ញុំបន្តសម្លឹងមើល រហូតដល់ឃើញបល្ល័ង្កនានាត្រូវតាំងឡើង ហើយខ្ញុំឃើញព្រះដែលមានជីវិតតាំងពីបុរាណ+អង្គុយលើបល្ល័ង្កលោក។+ សម្លៀកបំពាក់លោកពណ៌សស្គុសដូចព្រិល+ ហើយសក់របស់លោកសស្អាតដូចរោមចៀម។ បល្ល័ង្កលោកជាអណ្ដាតភ្លើង ហើយកង់បល្ល័ង្កនោះជាភ្លើងឆេះសន្ធោសន្ធៅ។+ ១០ រួចខ្ញុំឃើញភ្លើងហូរចេញពីលោកមក+ ហើយមានទេវតា១.០០០រូបគុណនឹង១.០០០រូប កំពុងបម្រើលោក ថែមទាំងមានទេវតា១០.០០០រូបគុណនឹង១០.០០០រូប កំពុងឈរនៅចំពោះលោក។+ ពេលនោះ មានការបើកសវនាការ+ ហើយសៀវភៅផ្សេងៗក៏បានត្រូវបើកឡើង។
១១ «ខណៈនោះ ខ្ញុំនៅសម្លឹងមើលនៅឡើយ ព្រោះឮសំឡេងពីស្នែងតូចនោះពោលដោយអំណួត។+ ខ្ញុំមើលរហូតដល់ឃើញសត្វធំសម្បើមត្រូវសម្លាប់ ហើយសពវាត្រូវបោះទៅក្នុងភ្លើងឲ្យឆេះខ្ទេចខ្ទីអស់។ ១២ រីឯសត្វធំសម្បើមផ្សេងទៀត+ អំណាចគ្រប់គ្រងបានត្រូវដកហូតចេញពីពួកវា ហើយទុកឲ្យពួកវាមានជីវិតមួយរយៈពេលនិងមួយរដូវកាល។
១៣ «ក្នុងការបើកបង្ហាញដែលខ្ញុំឃើញក្នុងគំនិតនៅយប់នោះ ខ្ញុំឃើញបុគ្គលម្នាក់ដូចជាកូនមនុស្ស+ កំពុងមកជាមួយនឹងពពកនៅលើមេឃ។ គាត់បានទទួលការអនុញ្ញាតឲ្យចូលទៅឯព្រះដែលមានជីវិតតាំងពីបុរាណ+ ហើយគេក៏នាំគាត់ចូលទៅខាងមុខលោក។ ១៤ គាត់បានទទួលអំណាចគ្រប់គ្រង+ កិត្តិយស+ និងរាជាណាចក្រមួយ។ ហេតុនេះ មនុស្សទាំងអស់ដែលមកពីគ្រប់ជាតិសាសន៍គ្រប់ភាសាត្រូវបម្រើគាត់។+ អំណាចគ្រប់គ្រងរបស់គាត់នឹងមិនសាបសូន្យទេ គឺនៅស្ថិតស្ថេរជារៀងរហូត ហើយរាជាណាចក្ររបស់គាត់នឹងមិនត្រូវបំផ្លាញឡើយ។+
១៥ «ចំណែកខ្ញុំដានីយ៉ែលវិញ ការបើកបង្ហាញដែលខ្ញុំឃើញក្នុងគំនិតនោះ បានធ្វើឲ្យខ្ញុំព្រួយបារម្ភក្នុងចិត្ត ហើយភ័យតក់ស្លុតជាខ្លាំង។+ ១៦ ខ្ញុំក៏បានចូលទៅក្បែរពួកអ្នកដែលកំពុងឈរនៅទីនោះ ហើយសួរបុគ្គលម្នាក់អំពីអត្ថន័យនៃការបើកបង្ហាញនោះ។ គាត់ក៏តបមកខ្ញុំ ហើយពន្យល់អត្ថន័យដល់ខ្ញុំដូចតទៅ៖
១៧ «‹សត្វធំសម្បើមទាំងបួននោះជាតំណាងស្ដេចបួនរូប+ ដែលនឹងឡើងគ្រងរាជ្យនៅផែនដី។*+ ១៨ ឯពួកអ្នកបរិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ពួកគេនឹងទទួលរាជាណាចក្រ+ ហើយរាជាណាចក្រនោះនឹងក្លាយទៅជារបស់ពួកគេ+ជារៀងរហូត›។
១៩ «បន្ទាប់មក ខ្ញុំក៏សួរថែមទៀតដើម្បីឲ្យដឹងច្បាស់អំពីសត្វធំសម្បើមទី៤ ដែលខុសប្លែកពីសត្វមុនៗ។ វាមានរូបរាងគួរឲ្យស្ញែងខ្លាច ហើយមានធ្មេញដែកធំៗនិងក្រញាំស្ពាន់ វាកំពុងត្របាក់ស៊ីកម្ទេច ថែមទាំងជាន់ឈ្លីអ្វីដែលនៅសេសសល់។+ ២០ រួចខ្ញុំក៏សួរថែមទៀតអំពីស្នែង១០+នៅលើក្បាលវា និងអំពីស្នែងមួយទៀតដែលដុះឡើង បណ្ដាលឲ្យស្នែង៣ធ្លាក់ចុះ។+ ស្នែងមួយនោះមានភ្នែកនិងមាត់ដែលពោលដោយអំណួត ហើយមើលទៅធំជាងស្នែងឯទៀត។
២១ «កាលខ្ញុំកំពុងសម្លឹងមើល ខ្ញុំឃើញស្នែងនោះច្បាំងនឹងពួកអ្នកបរិសុទ្ធ ហើយវាមានប្រៀបលើពួកគេ+ ២២ រហូតដល់ព្រះដែលមានជីវិតតាំងពីបុរាណ+បានមក ហើយកាត់ក្ដីគាំទ្រខាងពួកអ្នកបរិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។+ ពេលនោះ គ្រាកំណត់ដែលពួកអ្នកបរិសុទ្ធត្រូវទទួលរាជាណាចក្រជាមត៌ក ក៏បានមកដល់។+
២៣ «បុរសនោះបានឆ្លើយមកខ្ញុំថា៖ ‹សត្វធំសម្បើមទី៤ជាតំណាងរាជាណាចក្រទី៤ដែលនឹងគ្រប់គ្រងនៅផែនដី។ រាជាណាចក្រនោះនឹងខុសប្លែកពីរាជាណាចក្រទាំងឡាយ ហើយរាជាណាចក្រនោះនឹងវាយប្រហារ ជាន់ឈ្លី ហើយកម្ទេចផែនដីទាំងមូល។+ ២៤ រីឯស្នែង១០វិញ ជាតំណាងស្ដេច១០រូបដែលនឹងលេចចេញពីរាជាណាចក្រនោះ។ រួចស្ដេចមួយរូបទៀតនឹងលេចមក តែស្ដេចនោះខុសប្លែកពីស្ដេចមុនៗ ហើយស្ដេចនោះនឹងបង្ក្រាបស្ដេចបីរូប។+ ២៥ ស្ដេចនោះនឹងនិយាយប្រឆាំងព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ហើយតែងតែធ្វើទុក្ខដល់ពួកអ្នកបរិសុទ្ធរបស់ព្រះដ៏ឧត្តុង្គឧត្តម។ ស្ដេចនោះប៉ុនប៉ងផ្លាស់ប្ដូរពេលកំណត់និងច្បាប់ ហើយពួកអ្នកបរិសុទ្ធនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃគាត់ អស់រយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។*+ ២៦ បន្ទាប់មក មានការបើកសវនាការ ហើយគេបានដកហូតអំណាចគ្រប់គ្រងរបស់ស្ដេចនោះ រួចបំផ្លាញគាត់ឲ្យវិនាសសាបសូន្យទៅ។+
២៧ «‹ក្រោយនោះ រាជាណាចក្រ អំណាចគ្រប់គ្រង និងភាពរុងរឿងនៃរាជាណាចក្រទាំងឡាយដែលនៅក្រោមមេឃ បានត្រូវប្រគល់ដល់ពួកអ្នកបរិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។+ រាជាណាចក្ររបស់ពួកគេនឹងស្ថិតស្ថេរជាដរាប+ ហើយរដ្ឋាភិបាលទាំងអស់នឹងស្ដាប់បង្គាប់ ហើយចុះចូលបម្រើពួកគេ›។
២៨ «សេចក្ដីនោះចប់តែប៉ុណ្ណេះ។ ខ្ញុំដានីយ៉ែលបានភ័យតក់ស្លុតជាខ្លាំង ហើយមានទឹកមុខស្លេកស្លាំង។ ប៉ុន្តែ ខ្ញុំបានរក្សារឿងនោះទុកក្នុងចិត្ត»។
៨ នៅឆ្នាំទី៣នៃរាជ្យបេលសាសារ+ ក្រោយពីខ្ញុំដានីយ៉ែលបានឃើញការបើកបង្ហាញនៅលើកមុន ខ្ញុំក៏បានឃើញការបើកបង្ហាញមួយទៀត។+ ២ កាលខ្ញុំបានឃើញក្នុងគំនិត ខ្ញុំនៅក្នុងរាជធានី*ស៊ូសាន*+ ដែលស្ថិតក្នុងខេត្តអេឡាំ។+ ពេលនោះ ខ្ញុំនៅក្បែរទន្លេ*យូឡាយ។ ៣ ខ្ញុំបានសម្លឹងមើលទៅឃើញមានចៀមឈ្មោលមួយ+ឈរនៅក្បែរទន្លេនោះ។ ចៀមនោះមានស្នែងវែងពីរ+ តែស្នែងម្ខាងវែងជាងស្នែងម្ខាងទៀត។ ស្នែងដែលវែងជាងបានដុះឡើងក្រោយស្នែងដែលខ្លីជាង។+ ៤ ខ្ញុំបានឃើញចៀមឈ្មោលនោះបោលទៅទិសខាងលិច ខាងជើង និងខាងត្បូងដើម្បីជល់សត្រូវរបស់វា។ គ្មានសត្វណាអាចតទល់ជាមួយនឹងវាបានទេ ហើយក៏គ្មានអ្នកណាម្នាក់អាចជួយឲ្យរួចពីអំណាចរបស់វាដែរ។+ វាលើកតម្កើងខ្លួន ហើយធ្វើតាមតែទំនើងចិត្ត។
៥ កាលខ្ញុំកំពុងសម្លឹងមើលនៅឡើយ ខ្ញុំឃើញមានពពែឈ្មោលមួយ+មកពីទិសខាងលិច កំពុងបោលកាត់ផ្ទៃផែនដីយ៉ាងលឿនដោយជើងមិនប៉ះដីឡើយ។ ពពែនោះមានស្នែងមួយដ៏ធំអស្ចារ្យនៅចន្លោះភ្នែកទាំងពីរ។+ ៦ វាបានបោលសំដៅទៅចៀមឈ្មោលដែលមានស្នែងពីរដោយកំហឹងជាខ្លាំង គឺទៅឯចៀមដែលខ្ញុំបានឃើញនៅក្បែរទន្លេ។
៧ ខ្ញុំបានឃើញពពែនោះបោលសម្រុកចូលកាន់តែជិតចៀមឈ្មោលទាំងខឹងយ៉ាងខ្លាំង។ ពពែនោះបានជល់ចៀមឈ្មោល ហើយបំបាក់ស្នែងទាំងពីររបស់វា។ ចៀមនោះគ្មានកម្លាំងតតាំងនឹងពពែវិញទេ។ ពពែបានផ្ដួលចៀមទៅដី ហើយជាន់កម្ទេចចៀមនោះ។ គ្មាននរណាម្នាក់អាចជួយចៀមឲ្យរួចពីអំណាចរបស់ពពែឡើយ។
៨ បន្ទាប់មក ពពែឈ្មោលនោះបានតម្កើងខ្លួនយ៉ាងក្រអឺត។ ប៉ុន្តែ កាលវាកំពុងមានកម្លាំងខ្លាំងក្លា ស្នែងដ៏ធំរបស់វាក៏បានបាក់មួយរំពេច។ រួចមានស្នែងធំបួនដុះមកជំនួសស្នែងនោះ។ ស្នែងទាំងនោះបានបែរតម្រង់ទៅទិសទាំងបួន។+
៩ រួចមក មានស្នែងតូចមួយទៀតបានដុះចេញពីស្នែងមួយក្នុងចំណោមស្នែងទាំងបួន។ ស្នែងនោះបានលូតឡើងយ៉ាងធំ បែរតម្រង់ទៅទិសខាងត្បូង ទិសខាងកើត និងបែរទៅស្រុកដ៏ស្រស់ស្អាត។+ ១០ បន្ទាប់មក ស្នែងនោះលូតឡើងធំក្រៃលែង រហូតទៅដល់បណ្ដាកងទ័ពនៅលើមេឃ ហើយធ្វើឲ្យកងទ័ពខ្លះនិងផ្កាយខ្លះធ្លាក់មកផែនដី រួចវាក៏ជាន់កម្ទេចទៅ។ ១១ ស្នែងនោះថែមទាំងតម្កើងខ្លួនប្រឆាំងនឹងមេបញ្ជាការលើកងទ័ពទាំងនោះទៀតផង។ ម្យ៉ាងទៀត គ្រឿងបូជាដែលត្រូវជូនជាប្រចាំដល់លោក បានត្រូវដកចេញ។ ឯទីបរិសុទ្ធដែលលោកបានតាំងឡើងយ៉ាងមាំ ក៏ត្រូវផ្ដួលរំលំដែរ។+ ១២ ដោយសារតែអំពើរំលង កងទ័ពមួយបានត្រូវប្រគល់ឲ្យវា ហើយគ្រឿងបូជាដែលត្រូវជូនជាប្រចាំបានត្រូវបញ្ឈប់។ វាចេះតែបោះសេចក្ដីពិតទៅដី ហើយវាបានប្រព្រឹត្តដោយជោគជ័យ។
១៣ ក្រោយនោះ ខ្ញុំបានឮអ្នកបរិសុទ្ធម្នាក់និយាយទៅកាន់អ្នកបរិសុទ្ធម្នាក់ទៀតថា៖ «តើការបើកបង្ហាញអំពីគ្រឿងបូជាដែលត្រូវជូនជាប្រចាំ និងអំពើរំលងដែលបណ្ដាលឲ្យមានការបំផ្លាញនឹងមានដល់កាលណា?+ តើកន្លែងបរិសុទ្ធនិងកងទ័ពត្រូវរងការជាន់ឈ្លីដល់កាលណាទៅ?»។ ១៤ ដូច្នេះ គាត់បាននិយាយមកខ្ញុំថា៖ «រហូតដល់គម្រប់២.៣០០ល្ងាចនិងព្រឹក។ រួចមក កន្លែងបរិសុទ្ធនឹងត្រូវស្ថាបនាឲ្យមានស្ថានភាពល្អឡើងវិញ»។
១៥ កាលខ្ញុំដានីយ៉ែលកំពុងមើលការបើកបង្ហាញនោះ ហើយកំពុងស្វែងយល់អំពីអ្វីដែលខ្ញុំបានឃើញ ស្រាប់តែមានបុគ្គលម្នាក់ដែលមើលទៅដូចជាមនុស្ស បានមកឈរនៅចំពោះមុខខ្ញុំ។ ១៦ បន្ទាប់មក ខ្ញុំបានឮសំឡេងបុរសម្នាក់ចេញពីកណ្ដាលទន្លេយូឡាយ+ ស្រែកឡើងថា៖ «កាព្រីយ៉ែល+អើយ! ចូរជួយបំភ្លឺគាត់ឲ្យយល់អំពីអ្វីដែលគាត់បានឃើញនោះផង»។+ ១៧ ដូច្នេះ គាត់ក៏ចូលមកជិតកន្លែងដែលខ្ញុំកំពុងឈរ តែពេលគាត់ចូលមកក្បែរ ខ្ញុំក៏ភ័យតក់ស្លុតជាខ្លាំង ហើយក្រាបមុខដល់ដី។ រួចគាត់និយាយមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរដឹងថាការបើកបង្ហាញនេះនឹងកើតឡើងនៅគ្រាចុងបញ្ចប់»។+ ១៨ ប៉ុន្តែ កាលគាត់កំពុងនិយាយមកកាន់ខ្ញុំ ខ្ញុំបានដេកលក់ទាំងក្រាបមុខនៅដី។ ដូច្នេះ គាត់បានពាល់ខ្ញុំ ហើយលើកខ្ញុំឲ្យក្រោកឈរនៅកន្លែងដដែល។+ ១៩ បន្ទាប់មក គាត់បាននិយាយថា៖ «មើល! ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹងអំពីអ្វីដែលនឹងកើតឡើងនៅផ្នែកចុងក្រោយនៃគ្រាវិនិច្ឆ័យទោស ព្រោះការបើកបង្ហាញនោះនឹងកើតឡើងនៅពេលកំណត់នាគ្រាចុងបញ្ចប់។+
២០ «ចៀមឈ្មោលមានស្នែងពីរដែលអ្នកបានឃើញនោះ សំដៅទៅលើស្ដេចស្រុកមេឌីនិងស្ដេចស្រុកពើស៊ី។+ ២១ ពពែឈ្មោលដែលមានរោមស្រមូវ សំដៅទៅលើស្ដេចស្រុកក្រិច+ ហើយស្នែងដ៏ធំដែលនៅចន្លោះភ្នែកទាំងពីរ គឺសំដៅទៅលើស្ដេចដំបូង។+ ២២ ស្នែងនោះបានបាក់ ហើយដុះជំនួសដោយស្នែងបួនវិញ។+ ស្នែងបួននោះសំដៅទៅលើរាជាណាចក្របួន ដែលបែកចេញពីរាជាណាចក្ររបស់ស្ដេចដំបូងនោះ តែមិនមានអំណាចខ្លាំងក្លាដូចគាត់ទេ។
២៣ «នៅផ្នែកចុងបញ្ចប់នៃការគ្រប់គ្រងរបស់ពួកគេ គឺកាលដែលជនទុច្ចរិតបានប្រព្រឹត្តអំពើរំលងដល់កម្រិតហើយ នោះនឹងមានស្ដេចមួយរូបដែលមានទឹកមុខកាចសាហាវនិងចេះយល់អាថ៌កំបាំង* ឡើងកាន់អំណាច។ ២៤ គាត់នឹងមានអំណាចខ្លាំងក្លា តែមិនមែនដោយអំណាចខ្លួនឯងទេ។ គាត់នឹងបំផ្លិចបំផ្លាញយ៉ាងសម្បើម ហើយរាល់សកម្មភាពរបស់គាត់តែងទទួលជោគជ័យ។ គាត់នឹងបំផ្លាញអ្នកខ្លាំងពូកែនិងបណ្ដាជនបរិសុទ្ធ។+ ២៥ គាត់ពូកែប្រើកលឧបាយដើម្បីបានជ័យជម្នះ ហើយក្នុងចិត្តគាត់តែងលើកតម្កើងខ្លួន។ ក្នុងអំឡុងគ្រាដែលមានសេចក្ដីសុខសាន្ត* គាត់នឹងបំផ្លាញមនុស្សជាច្រើន។ គាត់ថែមទាំងក្រោកឡើងប្រឆាំងនឹងមេដឹកនាំលើអស់ទាំងមេដឹកនាំទៀតផង។ ទីបំផុត គាត់នឹងត្រូវបំបាក់បំបែក តែមិនមែនដោយដៃមនុស្សទេ។
២៦ «អ្វីដែលប្រកាសនៅក្នុងការបើកបង្ហាញអំពីល្ងាចនិងព្រឹក គឺជាការពិត តែអ្នកត្រូវរក្សាទុកការបើកបង្ហាញនោះជារឿងអាថ៌កំបាំង ព្រោះការបើកបង្ហាញនោះនឹងកើតឡើងនៅគ្រាអនាគតដ៏យូរអង្វែង»។+
២៧ ចំណែកខ្ញុំដានីយ៉ែលវិញ ខ្ញុំអស់កម្លាំងខ្លាំងណាស់ ហើយបានឈឺអស់ជាច្រើនថ្ងៃ។+ ក្រោយមក ខ្ញុំបានក្រោកឡើងទៅបំពេញភារកិច្ចឲ្យស្ដេច+ តែខ្ញុំបានភាំងដោយសារអ្វីដែលខ្ញុំបានឃើញ ហើយគ្មានអ្នកណាអាចយល់បានទេ។+
៩ ដារីយុសជាកូនអាហាស៊ូរុស ដែលត្រូវជាកូនចៅរបស់ពួកមេឌី គាត់បានទទួលការតែងតាំងឲ្យធ្វើជាស្ដេចលើរាជាណាចក្ររបស់ពួកខាល់ដេ។+ នៅឆ្នាំទី១ក្នុងរាជ្យដារីយុស+ ២ គឺនៅឆ្នាំដំបូងក្រោមការគ្រប់គ្រងរបស់គាត់ ខ្ញុំដានីយ៉ែលបានស្វែងយល់ក្នុងសៀវភៅពិសិដ្ឋផ្សេងៗនូវប្រសាសន៍របស់ព្រះយេហូវ៉ាតាមរយៈយេរេមាជាអ្នកប្រកាសទំនាយ ស្ដីអំពីចំនួនឆ្នាំដែលក្រុងយេរូសាឡិមត្រូវទុកចោល+ គឺអស់រយៈពេល៧០ឆ្នាំ។+ ៣ ដូច្នេះ ខ្ញុំបានបែរទៅរកព្រះយេហូវ៉ាជាព្រះពិត ហើយអធិដ្ឋានអង្វរសុំលោក ព្រមទាំងតមអាហារ+ ស្លៀកបាវ និងបាចផេះលើខ្លួន។ ៤ ខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ ហើយសារភាពថា៖
«ឱព្រះយេហូវ៉ាជាព្រះពិតអើយ! លោកជាព្រះដ៏ខ្ពង់ខ្ពស់និងគួរឲ្យកោតស្ងើច លោកតែងតែធ្វើតាមកិច្ចព្រមព្រៀងរបស់លោក ព្រមទាំងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+ចំពោះអស់អ្នកដែលស្រឡាញ់លោកនិងធ្វើតាមបញ្ញត្តិលោក។+ ៥ យើងបានធ្វើខុសឆ្គងនិងប្រព្រឹត្តអំពើរំលង ហើយបានបះបោរប្រឆាំងនឹងលោក+ ថែមទាំងប្រព្រឹត្តអំពើទុច្ចរិតទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានបំពានបញ្ញត្តិនិងក្រឹត្យក្រមរបស់លោកដែរ។ ៦ យើងថែមទាំងមិនបានស្ដាប់ពួកអ្នកប្រកាសទំនាយជាអ្នកបម្រើលោក+ កាលដែលពួកគេនិយាយតាងនាមលោក ទៅកាន់បណ្ដាស្ដេច ពួកអ្នកគ្រប់គ្រង បុព្វបុរសយើង និងបណ្ដាជនទាំងអស់ក្នុងស្រុក អំពីអ្វីដែលលោកចង់ឲ្យពួកគេធ្វើ។ ៧ ឱព្រះយេហូវ៉ាអើយ! មានតែលោកទេដែលសុចរិត។ ឯយើងខ្ញុំវិញ សព្វថ្ងៃនេះយើងទាំងអស់គ្នា ទាំងពួកបុរសយូដា ទាំងពួកអ្នកក្រុងយេរូសាឡិម ទាំងជនអ៊ីស្រាអែលទាំងអស់ដែលលោកបានបណ្ដេញឲ្យទៅរស់នៅស្រុកឆ្ងាយជិត រងការអាម៉ាស់ខ្លាំងណាស់ ដោយសារបានប្រព្រឹត្តមិនស្មោះត្រង់ចំពោះលោក។+
៨ «ឱព្រះយេហូវ៉ាអើយ! យើងទាំងអស់គ្នា រួមទាំងបណ្ដាស្ដេច ពួកអ្នកគ្រប់គ្រង និងបុព្វបុរសយើង ពិតជាអាម៉ាស់មុខខ្លាំងណាស់ ព្រោះយើងបានប្រព្រឹត្តខុសឆ្គងទាស់នឹងលោក។ ៩ ចំណែកលោកវិញ ឱព្រះយេហូវ៉ាជាព្រះរបស់យើងអើយ! លោកតែងមានសេចក្ដីមេត្តាករុណា និងអភ័យទោសឲ្យយើងជានិច្ច+ តែយើងបានបះបោរប្រឆាំងនឹងលោក+ ១០ ហើយមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាជាព្រះនៃយើង ដោយកាន់តាមច្បាប់ដែលលោកផ្ដល់ឲ្យតាមរយៈពួកអ្នកប្រកាសទំនាយជាអ្នកបម្រើរបស់លោកទេ។+ ១១ ជនជាតិអ៊ីស្រាអែលទាំងអស់បានបំពានច្បាប់របស់លោក ហើយមិនធ្វើតាមប្រសាសន៍របស់លោកឡើយ។ ហេតុនេះហើយបានជាព្រះពិតបណ្ដាលឲ្យយើងទទួលបណ្ដាសាពីការបំពានពាក្យសម្បថ ដែលបានត្រូវកត់ទុកក្នុងច្បាប់ម៉ូសេជាអ្នកបម្រើលោក។+ ព្រោះយើងបានប្រព្រឹត្តខុសឆ្គងទាស់នឹងលោកហើយ។ ១២ ម្ល៉ោះហើយ លោកបានធ្វើតាមប្រសាសន៍ដែលលោកបានព្រមានយើង+និងពួកអ្នកគ្រប់គ្រងយើងពិតមែន ដោយបណ្ដាលឲ្យយើងជួបប្រទះសេចក្ដីវេទនាជាខ្លាំង ហើយនៅក្រោមមេឃមិនដែលមានសេចក្ដីវេទនាណាដូចសេចក្ដីវេទនាដែលកើតឡើងដល់ក្រុងយេរូសាឡិមនោះទេ។+ ១៣ ដូច្នេះ ទុក្ខវេទនាទាំងអស់ដែលបានត្រូវកត់ទុកក្នុងច្បាប់ម៉ូសេ បានធ្លាក់មកលើយើងខ្ញុំពិតប្រាកដមែន។+ ទោះជាយ៉ាងនោះក៏ដោយ យើងខ្ញុំមិនបានអង្វរសុំសេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដោយបែរចេញពីអំពើរំលង+ និងដោយបង្ហាញថាយើងខ្ញុំយល់សេចក្ដីពិត*របស់លោកទេ។
១៤ «ហេតុនេះ ព្រះយេហូវ៉ាតែងប្រុងប្រៀបជានិច្ច ហើយលោកធ្វើឲ្យសេចក្ដីវេទនាធ្លាក់មកលើយើងខ្ញុំ។ ព្រោះព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ លោកសុចរិតក្នុងគ្រប់ការទាំងអស់។ ទោះជាយ៉ាងនោះក៏ដោយ យើងខ្ញុំមិនបានធ្វើតាមប្រសាសន៍របស់លោកទេ។+
១៥ «ឱព្រះយេហូវ៉ាអើយ! លោកហើយជាអ្នកដែលបានសង្គ្រោះរាស្ត្រលោកចេញពីស្រុកអេហ្ស៊ីបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា+ ថែមទាំងធ្វើឲ្យនាមរបស់លោកល្បីរន្ទឺរហូតមកដល់សព្វថ្ងៃ។+ ឱព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំបានធ្វើខុស ហើយប្រព្រឹត្តអាក្រក់ណាស់។ ១៦ ឱព្រះយេហូវ៉ាអើយ! លោកតែងប្រព្រឹត្តដោយសុចរិតយុត្តិធម៌។+ ដូច្នេះ សូមលោកមេត្តាឈប់បញ្ចេញកំហឹងទៅលើក្រុងយេរូសាឡិមដែលជាភ្នំបរិសុទ្ធរបស់លោកទៅ។ ព្រោះក្រុងយេរូសាឡិមនិងរាស្ត្រលោករងការប្រមាថមើលងាយពីប្រជាជាតិដែលនៅជុំវិញ ដោយសារតែអំពើខុសឆ្គងរបស់យើងខ្ញុំនិងអំពើរំលងរបស់បុព្វបុរសយើងខ្ញុំ។+ ១៧ ឱព្រះយេហូវ៉ាអើយ! សូមលោកមេត្តាស្ដាប់សេចក្ដីអធិដ្ឋាននិងការអង្វរសុំរបស់ខ្ញុំជាអ្នកបម្រើលោកផង។ ឱព្រះនៃយើងអើយ! ដោយយល់ដល់នាមលោក សូមលោកបង្ហាញការពេញចិត្តទៅលើកន្លែងបរិសុទ្ធរបស់លោក+ដែលត្រូវគេបំផ្លាញនោះផង។+ ១៨ ឱព្រះនៃខ្ញុំអើយ! សូមលោកមេត្តាផ្ទៀងត្រចៀកស្ដាប់ខ្ញុំផង! សូមលោកមេត្តាមើលស្ថានភាពពិបាករបស់យើងខ្ញុំ ហើយសូមយកចិត្តទុកដាក់នឹងក្រុងបាក់បែកដែលតាងនាមលោកផង។ យើងខ្ញុំសូមអង្វរលោក មិនមែនដោយសារយើងខ្ញុំបានធ្វើអំពើសុចរិតទេ តែដោយសារសេចក្ដីមេត្តាករុណាដ៏ធំធេងរបស់លោក។+ ១៩ ឱព្រះយេហូវ៉ាអើយ! សូមលោកមេត្តាស្ដាប់ ហើយអភ័យទោសឲ្យយើងខ្ញុំផង។+ ឱព្រះយេហូវ៉ាអើយ! សូមលោកកុំព្រងើយកន្តើយឡើយ តែសូមចាត់វិធានការផង។ ឱព្រះយេហូវ៉ាជាព្រះនៃខ្ញុំអើយ! ដោយយល់ដល់នាមលោក និងក្រុងដែលតាងនាមលោក ព្រមទាំងយល់ដល់រាស្ត្រដែលជាតំណាងនាមលោក សូមលោកកុំបង្អែបង្អង់ឡើយ»។+
២០ ក្នុងអំឡុងពេលខ្ញុំអធិដ្ឋានសារភាពកំហុសខ្លួននិងកំហុសរបស់អ៊ីស្រាអែលជាជនរួមជាតិខ្ញុំ ថែមទាំងអង្វរសុំសេចក្ដីមេត្តាពីព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ស្ដីអំពីភ្នំបរិសុទ្ធរបស់លោក+ ២១ គឺកាលដែលខ្ញុំកំពុងនិយាយទៅកាន់ព្រះនៅឡើយ ស្រាប់តែកាព្រីយ៉ែល+ដែលខ្ញុំបានឃើញក្នុងការបើកបង្ហាញ+ បានលេចមកជួបខ្ញុំនៅពេលល្ងាចជាវេលាដែលត្រូវជូនគ្រឿងបូជាជាអំណោយ។ ពេលនោះ ខ្ញុំអស់កម្លាំងជាខ្លាំង។ ២២ កាព្រីយ៉ែលក៏បកស្រាយឲ្យខ្ញុំយល់ ដោយនិយាយថា៖
«ឱដានីយ៉ែលអើយ! ខ្ញុំមកដើម្បីជួយស្រាយបំភ្លឺឲ្យអ្នកយល់ច្បាស់។ ២៣ ពេលអ្នកចាប់ផ្ដើមអង្វរសុំព្រះ ខ្ញុំបានទទួលដំណឹងមួយ រួចខ្ញុំក៏នាំដំណឹងនោះមកប្រាប់អ្នក ព្រោះអ្នកជាបុគ្គលដ៏មានតម្លៃខ្លាំងណាស់។*+ ឥឡូវសូមស្ដាប់ដំណឹងនោះ ហើយស្វែងយល់អត្ថន័យនៃការបើកបង្ហាញដែលអ្នកឃើញក្នុងគំនិត។
២៤ «មានរយៈពេល៧០អាទិត្យ*ដែលបានត្រូវកំណត់ទុកសម្រាប់ជនរួមជាតិអ្នកនិងក្រុងបរិសុទ្ធ+ ដើម្បីបំបាត់អំពើរំលង ជម្រះទោសកំហុស+ និងដកចេញភាពខុសឆ្គង+ ហើយនាំមកនូវសេចក្ដីសុចរិតជារៀងរហូត+ ថែមទាំងបិទត្រាទំនាយនិងការបើកបង្ហាញ+ ហើយចាក់ប្រេងតែងតាំងទីបរិសុទ្ធបំផុតផងដែរ។ ២៥ ដូច្នេះ អ្នកត្រូវដឹងថាចាប់តាំងពីពេលចេញបញ្ជាឲ្យសាងសង់ក្រុងយេរូសាឡិមឡើងវិញ+ រហូតដល់ពេលមេស្ស៊ី*+ជាអ្នកដឹកនាំលេចមក+ នឹងមានរយៈពេល៧អាទិត្យថែម៦២អាទិត្យ។+ ក្រុងនោះនឹងត្រូវសាងសង់ឡើងវិញ ទាំងមានទីធ្លាសាធារណៈនិងផ្លូវទឹកជុំវិញ។ ប៉ុន្តែ ការនោះនឹងកើតឡើងក្នុងគ្រាលំបាក។
២៦ «លុះក្រោយរយៈពេល៦២អាទិត្យនោះ មេស្ស៊ីនឹងត្រូវគេសម្លាប់+ គ្មានអ្វីនៅសល់សម្រាប់លោកឡើយ។+
«កងទ័ពដែលដឹកនាំដោយមេដឹកនាំម្នាក់ នឹងមកបំផ្លាញក្រុងនោះនិងកន្លែងបរិសុទ្ធ។+ ទីបញ្ចប់នោះនឹងមកដូចជាទឹកជំនន់។ រហូតដល់ទីបញ្ចប់នឹងមានសង្គ្រាមមិនចេះចប់។ ស្របទៅតាមការសម្រេចរបស់ព្រះ នឹងមានការបំផ្លិចបំផ្លាញ។+
២៧ «លោកនឹងទុកកិច្ចព្រមព្រៀងឲ្យនៅមានសុពលភាពអស់រយៈពេលមួយអាទិត្យ ដើម្បីជាប្រយោជន៍ដល់មនុស្សជាច្រើន។ នៅពាក់កណ្ដាលអាទិត្យនោះ លោកនឹងធ្វើឲ្យលែងមានការជូនគ្រឿងបូជាជាអំណោយនិងការជូនគ្រឿងបូជាផ្សេងៗទៀត។+
«បុគ្គលដែលនាំឲ្យមានការបំផ្លិចបំផ្លាញនឹងមកនៅលើស្លាបនៃអ្វីដែលគួរឲ្យស្អប់ខ្ពើម+ ហើយរហូតដល់ពេលមានការហិនវិនាស ការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនឹងកើតឡើងស្របតាមការសម្រេចរបស់ព្រះ»។
១០ នៅឆ្នាំទី៣ក្នុងរាជ្យស៊ីរូស+ជាស្ដេចស្រុកពើស៊ី ដានីយ៉ែលដែលហៅថាបេលថេសាសា+ បានទទួលការបើកបង្ហាញមួយ។ ដំណឹងក្នុងការបើកបង្ហាញនោះជាការពិត ហើយដំណឹងនោះរៀបរាប់អំពីសង្គ្រាមដ៏ធំ។ ដានីយ៉ែលបានយល់ដំណឹងនោះ ហើយបានទទួលការពន្យល់អំពីអ្វីដែលគាត់បានឃើញ។
២ នៅគ្រានោះ ខ្ញុំដានីយ៉ែលបានកាន់ទុក្ខ+អស់បីសប្ដាហ៍។ ៣ ក្នុងអំឡុងពេលនោះ ខ្ញុំមិនបានបរិភោគអាហារប្រណីតទេ ហើយក៏មិនបានបរិភោគសាច់ ឬផឹកស្រាដែរ។ ខ្ញុំមិនបានលាបប្រេងនៅលើខ្លួនអស់បីសប្ដាហ៍។ ៤ នៅថ្ងៃទី២៤ ក្នុងខែទី១ កាលខ្ញុំកំពុងនៅមាត់ច្រាំងទន្លេដ៏ធំឈ្មោះទន្លេទីគ្រីស+ ៥ ខ្ញុំបានក្រឡេកមើលទៅឃើញបុរសម្នាក់ស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ+ ហើយនៅចង្កេះគាត់មានខ្សែក្រវាត់ធ្វើពីមាសដែលមកពីអ៊ូផាស។ ៦ រូបកាយគាត់ដូចជាត្បូងគ្រីសូឡែត+ មុខគាត់មើលទៅដូចជាផ្លេកបន្ទោរ ហើយភ្នែកគាត់ដូចជាភ្លើងចន្លុះ។ ឯដៃនិងជើងវិញ មើលទៅដូចជាស្ពាន់ខាត់យ៉ាងភ្លឺ។+ សំឡេងរបស់គាត់ឮដូចជាសំឡេងអឺងកងនៃក្រុមមនុស្សជាច្រើន។ ៧ មានតែខ្ញុំដានីយ៉ែលប៉ុណ្ណោះដែលមើលឃើញការបើកបង្ហាញនោះ ឯពួកបុរសដែលនៅជាមួយខ្ញុំមិនបានឃើញទេ។+ ប៉ុន្តែ ពួកគេបានភ័យញ័រជាខ្លាំង ហើយរត់ទៅពួន។
៨ ដូច្នេះ ខ្ញុំនៅតែឯង ពេលឃើញការបើកបង្ហាញដ៏ធំនេះ។ ពេលនោះ ខ្ញុំអស់កម្លាំងជាខ្លាំង ទន់ដៃទន់ជើង ហើយមានទឹកមុខស្លេកស្លាំង។+ ៩ រួចមក ខ្ញុំឮសំឡេងគាត់និយាយមកកាន់ខ្ញុំ។ ប៉ុន្តែ ពេលគាត់កំពុងនិយាយ ខ្ញុំបានដេកលក់ទាំងក្រាបមុខដល់ដី។+ ១០ បន្ទាប់មក គាត់បានលូកដៃមកពាល់ខ្ញុំ+ ហើយដាស់ខ្ញុំ រួចខ្ញុំក៏ច្រត់ដៃឡើងលុតជង្គង់។ ១១ គាត់ក៏និយាយមកខ្ញុំថា៖
«ឱដានីយ៉ែលជាបុគ្គលដ៏មានតម្លៃ*អើយ!+ ចូរយកចិត្តទុកដាក់ស្ដាប់អ្វីដែលខ្ញុំប្រាប់អ្នក។ ឥឡូវចូរក្រោកឈរឡើង ព្រោះព្រះបានចាត់ខ្ញុំឲ្យមកឯអ្នក»។
ពេលគាត់និយាយមកកាន់ខ្ញុំ ខ្ញុំបានឈរទាំងញាប់ញ័រ។
១២ បន្ទាប់មក គាត់បាននិយាយមកខ្ញុំថា៖ «ឱដានីយ៉ែលអើយ! កុំភ័យខ្លាចឡើយ។+ ព្រះបានឮសេចក្ដីអធិដ្ឋានរបស់អ្នកហើយ គឺតាំងពីថ្ងៃដំបូងដែលអ្នកមានចិត្តចង់ស្វែងយល់ ហើយបន្ទាបខ្លួននៅចំពោះលោក។ ខ្ញុំបានត្រូវចាត់ឲ្យមក ដោយសារពាក្យអង្វរសុំរបស់អ្នក។+ ១៣ ប៉ុន្តែ មេដឹកនាំ+រាជាណាចក្រពើស៊ី បានមកតតាំងនឹងខ្ញុំអស់២១ថ្ងៃ។ ក្រោយមក មីកែល*+ជាមេដឹកនាំកំពូលបានមកជួយខ្ញុំ ហើយខ្ញុំក៏បន្តនៅទីនោះក្បែរបណ្ដាស្ដេចស្រុកពើស៊ី។ ១៤ ខ្ញុំមកដើម្បីជួយអ្នកឲ្យយល់អ្វីដែលនឹងកើតឡើងចំពោះជនរួមជាតិរបស់អ្នកនៅគ្រាចុងក្រោយបង្អស់+ ព្រោះការបើកបង្ហាញនេះនឹងកើតឡើងនៅគ្រាអនាគត»។+
១៥ ពេលគាត់និយាយពាក្យទាំងនេះមកកាន់ខ្ញុំ ខ្ញុំបានឱនមុខចុះ ហើយនៅស្ងៀមមិននិយាយស្ដី។ ១៦ បន្ទាប់មក បុគ្គលម្នាក់ដែលមើលទៅដូចជាមនុស្សជាតិបានមកពាល់មាត់ខ្ញុំ+ ហើយខ្ញុំបានបើកមាត់និយាយទៅកាន់អ្នកដែលឈរនៅចំពោះមុខខ្ញុំថា៖ «លោកម្ចាស់អើយ! ខ្ញុំភ័យខ្លាំងណាស់ ព្រោះតែឃើញការបើកបង្ហាញនោះ ហើយខ្ញុំអស់កម្លាំងជាខ្លាំង។+ ១៧ ដូច្នេះ ខ្ញុំជាអ្នកបម្រើលោកម្ចាស់មិនអាចតបទៅលោកម្ចាស់បានទេ+ ព្រោះឥឡូវនេះ ខ្ញុំគ្មានកម្លាំងសោះ ហើយដង្ហើមក៏ខ្សោយដែរ»។+
១៨ ខណៈនោះ បុគ្គលដែលមើលទៅដូចមនុស្សជាតិបានមកពាល់ខ្ញុំម្ដងទៀត ហើយពង្រឹងកម្លាំងខ្ញុំ។+ ១៩ រួចគាត់បាននិយាយមកខ្ញុំថា៖ «ឱបុគ្គលដ៏មានតម្លៃអើយ!+ កុំភ័យខ្លាចឡើយ+ ចូរខ្លាំងក្លាឡើង ហើយមានចិត្តក្លាហាន។ សូមឲ្យអ្នកប្រកបដោយសេចក្ដីសុខសាន្ត»។+ កាលគាត់កំពុងនិយាយមកកាន់ខ្ញុំនៅឡើយ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយតបទៅគាត់ថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកចុះ ព្រោះលោកបានពង្រឹងកម្លាំងខ្ញុំហើយ»។
២០ បន្ទាប់មក គាត់និយាយថា៖ «តើអ្នកដឹងមូលហេតុដែលខ្ញុំមកជួបអ្នកទេ? ឥឡូវខ្ញុំនឹងត្រឡប់ទៅវិញដើម្បីប្រយុទ្ធនឹងមេដឹកនាំរាជាណាចក្រពើស៊ី។+ ពេលខ្ញុំចេញទៅ មេដឹកនាំរាជាណាចក្រក្រិចនឹងមក។ ២១ ប៉ុន្តែ ខ្ញុំនឹងប្រាប់អ្នកនូវអ្វីៗដែលបានត្រូវកត់ទុកក្នុងសៀវភៅនៃសេចក្ដីពិត។ គ្មានអ្នកណាគាំទ្រខ្ញុំអំពីរឿងនេះទេ មានតែមីកែល+ជាមេដឹកនាំអ្នក+ប៉ុណ្ណោះ ដែលគាំទ្រខ្ញុំទាំងស្រុង។
១១ «ចំណែកខ្ញុំវិញ នៅឆ្នាំទី១ក្នុងរាជ្យដារីយុស+ជាស្ដេចស្រុកមេឌី ខ្ញុំបានក្រោកឡើងគាំទ្រនិងពង្រឹងកម្លាំងគាត់។ ២ អ្វីដែលខ្ញុំប្រាប់អ្នកឥឡូវនេះគឺជាការពិត។
«មើល! នឹងមានស្ដេចបីរូបទៀតឡើងកាន់អំណាចក្នុងស្រុកពើស៊ី ហើយស្ដេចទី៤នឹងប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀត។ ដោយសារទ្រព្យសម្បត្តិទាំងនោះ ស្ដេចទី៤មានអំណាចខ្លាំងក្លាឡើង ហើយគាត់ក៏ប្រើអ្វីៗទាំងអស់ដែលគាត់មានដើម្បីច្បាំងនឹងរាជាណាចក្រក្រិច។+
៣ «គ្រានោះ នឹងមានស្ដេចខ្លាំងក្លាមួយរូបឡើងកាន់អំណាច គាត់គ្រប់គ្រងលើទឹកដីជាច្រើន+ ហើយធ្វើតាមតែចិត្តខ្លួន។ ៤ ប៉ុន្តែ ពេលគាត់មានអំណាចរឹងមាំឡើង រាជាណាចក្រគាត់នឹងត្រូវបំបាក់បំបែក ហើយត្រូវបែងចែកទៅទិសទាំងបួន+ តែមិនមែនឲ្យដល់កូនចៅគាត់ទេ ហើយក៏មិនខ្លាំងក្លាដូចកាលគាត់គ្រប់គ្រងដែរ។ ព្រោះរាជាណាចក្រគាត់នឹងត្រូវដករំលើង ហើយក្លាយទៅជារបស់អ្នកដទៃវិញ។
៥ «ស្ដេចខាងត្បូងនឹងមានអំណាចរឹងមាំ គឺថាអ្នកដឹកនាំម្នាក់របស់គាត់នឹងខ្លាំងក្លាឡើង។ ប៉ុន្តែ នឹងមានបុគ្គលម្នាក់ទៀតខ្លាំងក្លាជាងអ្នកដឹកនាំនោះ។ បុគ្គលនោះនឹងគ្រប់គ្រងលើទឹកដីជាច្រើន ហើយមានអំណាចខ្លាំងជាងអ្នកដឹកនាំនោះ។*
៦ «ប៉ុន្មានឆ្នាំក្រោយមក ពួកគេចងសម្ព័ន្ធភាពនឹងគ្នា។ កូនស្រីរបស់ស្ដេចខាងត្បូងនឹងទៅជួបស្ដេចខាងជើង ដើម្បីធ្វើកិច្ចព្រមព្រៀង។ ទោះជាយ៉ាងនោះក្ដី នាងនឹងបាត់បង់អំណាច។ ឯស្ដេចនោះវិញ គាត់នឹងដួល ហើយបាត់បង់អំណាចដែរ។ នាងនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃអ្នកឯទៀត គឺទាំងខ្លួននាងផង ទាំងពួកអ្នកដែលនាំនាងមកផង ព្រមទាំងឪពុកនាង និងអ្នកដែលធ្វើឲ្យនាងខ្លាំងក្លានៅគ្រានោះ។ ៧ រួចមក នឹងមានបុគ្គលម្នាក់បែកចេញពីឫសរបស់នាង បុគ្គលនោះនឹងទទួលអំណាចគ្រប់គ្រង ហើយគាត់នឹងទៅឯកងទ័ពនិងបន្ទាយរបស់ស្ដេចខាងជើង ដើម្បីច្បាំងនឹងពួកគេ រួចបានជ័យជម្នះ។ ៨ គាត់នឹងមកស្រុកអេហ្ស៊ីប ទាំងនាំយកបណ្ដាព្រះរបស់ស្ដេចនោះ ព្រមទាំងរូបចម្លាក់ធ្វើពីលោហៈ គ្រឿងមាសគ្រឿងប្រាក់ដ៏មានតម្លៃ និងពួកឈ្លើយសឹកទៅជាមួយដែរ។ អស់ជាច្រើនឆ្នាំ គាត់នឹងមិនទៅក្បែរស្ដេចខាងជើងទេ។ ៩ ប៉ុន្តែ ស្ដេចខាងជើងនឹងមកទាស់នឹងរាជាណាចក្ររបស់ស្ដេចខាងត្បូង តែរួចមកគាត់នឹងត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
១០ «ចំណែកកូនចៅគាត់វិញ ពួកគេប្រមូលកងទ័ពយ៉ាងធំ ដើម្បីត្រៀមធ្វើសង្គ្រាម។ គាត់នឹងនាំទ័ពសម្រុកចូលទៅដូចជាទឹកជំនន់។ ប៉ុន្តែ គាត់នឹងត្រឡប់ទៅវិញ ហើយគាត់ធ្វើចម្បាំងនៅតាមផ្លូវរហូតទៅដល់បន្ទាយរបស់ខ្លួន។
១១ «ពេលនោះ ស្ដេចខាងត្បូងខឹងជាខ្លាំង ហើយចេញទៅច្បាំងនឹងស្ដេចខាងជើង។ ដូច្នេះ គាត់ក៏ប្រមូលមនុស្សមួយក្រុមយ៉ាងធំ តែក្រុមនោះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេច*នោះវិញ។ ១២ ក្រុមមនុស្សនោះនឹងត្រូវនាំយកទៅ។ ហេតុនេះ ក្នុងចិត្តគាត់មានអំណួត ហើយគាត់សម្លាប់មនុស្សរាប់ម៉ឺននាក់។ ប៉ុន្តែ គាត់មិនប្រើអំណាចខ្លួនដើម្បីបានជ័យជម្នះទាំងស្រុងទេ។
១៣ «ស្ដេចខាងជើងនឹងត្រឡប់មកវិញ ហើយប្រមូលមនុស្សមួយក្រុម ធំជាងមុនទៅទៀត។ លុះមួយរយៈពេលកន្លងផុតទៅ គឺប៉ុន្មានឆ្នាំក្រោយមក គាត់នឹងចេញទៅទាំងនាំទ័ពយ៉ាងធំដែលបំពាក់ដោយគ្រឿងចម្បាំងគ្រប់ប្រភេទ។ ១៤ នៅគ្រានោះ មនុស្សជាច្រើននឹងក្រោកឡើងប្រឆាំងនឹងស្ដេចខាងត្បូង។
«រីឯពួកមនុស្សឃោរឃៅក្នុងចំណោមជនរួមជាតិអ្នក ពួកគេនឹងព្យាយាមធ្វើឲ្យការបើកបង្ហាញក្លាយទៅជាការពិត តែពួកគេនឹងបរាជ័យ។
១៥ «ស្ដេចខាងជើងនឹងមក ហើយលើកដីឡើងកំពែងដើម្បីចូលវាយលុក រួចដណ្ដើមយកបានក្រុងដែលមានកំពែងរឹងមាំ។ ពេលនោះ ទ័ពរបស់ស្ដេចខាងត្បូងមិនអាចតបតបានទេ ហើយពួកទាហានខ្លាំងពូកែក៏មិនអាចតទល់បានដែរ គឺពួកគេទាំងអស់គ្មានកម្លាំងតតាំងវិញឡើយ។ ១៦ គាត់*នឹងមកច្បាំងនឹងស្ដេចខាងត្បូង ហើយធ្វើតាមទំនើងចិត្តខ្លួន គ្មាននរណាអាចតទល់នឹងគាត់បានទេ។ គាត់នឹងឈរនៅក្នុងស្រុកដ៏ស្រស់ស្អាត+ ហើយនៅក្នុងដៃគាត់មានសមត្ថភាពបំផ្លាញ។ ១៧ គាត់នឹងតាំងចិត្តមកទាំងនាំកងទ័ពខ្លាំងក្លាទាំងអស់នៃរាជាណាចក្រគាត់ ហើយគាត់នឹងធ្វើកិច្ចព្រមព្រៀងមួយ រួចចាត់វិធានការ។ ស្ដីអំពីកូនស្រីរបស់មនុស្សជាតិ គាត់នឹងទទួលការអនុញ្ញាតឲ្យបំផ្លាញនាងចោល។ នាងនឹងមិនបានសម្រេចអ្វីឡើយ ព្រោះនាងមិនរក្សាភក្ដីភាពចំពោះគាត់។ ១៨ គាត់នឹងបែរមុខទៅតំបន់ឆ្នេរសមុទ្រវិញ ហើយចាប់បានតំបន់ជាច្រើន។ មេបញ្ជាការម្នាក់នឹងបំបាត់ចោលការមើលងាយចេញពីខ្លួន ដើម្បីកុំឲ្យរងការមាក់ងាយទៀត។ មេបញ្ជាការនោះនឹងធ្វើឲ្យការអាម៉ាស់ធ្លាក់ទៅលើអ្នកនោះវិញ។ ១៩ បន្ទាប់មក គាត់នឹងបែរទៅបន្ទាយរឹងមាំក្នុងទឹកដីខ្លួន រួចគាត់នឹងជំពប់ដួល ហើយវិនាសសាបសូន្យទៅ។
២០ «រួចនឹងមានបុគ្គលម្នាក់ទទួលតំណែងគាត់ ហើយបុគ្គលនោះនឹងចាត់អាជ្ញាធរ*ម្នាក់ឲ្យទៅទូទាំងរាជាណាចក្រដ៏រុងរឿង។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក បុគ្គលនោះនឹងត្រូវបំផ្លាញ តែមិនមែនដោយអំពើឃោរឃៅឬសង្គ្រាមទេ។
២១ «ពេលនោះ នឹងមានបុគ្គលម្នាក់ដែលគ្មាននរណាគោរពរាប់អាន* ឡើងកាន់តំណែងគាត់ តែគេនឹងមិនផ្ដល់កិត្តិយសជាស្ដេចដល់បុគ្គលនោះទេ។ គាត់នឹងមកនៅគ្រាដែលមានសេចក្ដីសុខសាន្ត* ហើយដណ្ដើមយករាជាណាចក្រនោះដោយការបោកបញ្ឆោត។ ២២ កងទ័ពដែលប្រៀបដូចជាទឹកជំនន់ នឹងត្រូវកម្ចាត់ចោលដោយសារគាត់។ ពួកគេនឹងត្រូវបំផ្លាញ ហើយមេដឹកនាំ+នៃកិច្ចព្រមព្រៀង+ក៏នឹងត្រូវបំផ្លាញចោលដែរ។ ២៣ ដោយសារពួកគេចងសម្ព័ន្ធភាពជាមួយនឹងគាត់ គាត់នឹងបោកបញ្ឆោតតទៅទៀត រួចមកគាត់ឡើងកាន់អំណាចខ្លាំងក្លាតាមរយៈប្រជាជាតិតូចមួយ។ ២៤ ក្នុងអំឡុងគ្រាដែលមានសេចក្ដីសុខសាន្ត* គាត់នឹងចូលទៅកន្លែងដ៏ល្អបំផុតក្នុងខេត្ត ហើយធ្វើអ្វីដែលឪពុកគាត់និងបុព្វបុរសគាត់មិនដែលធ្វើពីមុនឡើយ។ គាត់នឹងចែកទ្រព្យសម្បត្តិ ព្រមទាំងរបស់របរដែលគាត់រឹបអូសបានជាមួយនឹងពួកគេ។ គាត់នឹងរៀបគម្រោងច្បាំងនឹងកន្លែងរឹងមាំនានា តែគ្រាន់តែមួយរយៈពេលខ្លីប៉ុណ្ណោះ។
២៥ «គាត់នឹងពង្រឹងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីច្បាំងនឹងស្ដេចខាងត្បូងដោយប្រើកងទ័ពដ៏ធំ ហើយស្ដេចខាងត្បូងក៏ប្រមូលទ័ពដ៏ខ្លាំងក្លាច្រើនឥតគណនា ដើម្បីត្រៀមច្បាំងនឹងគាត់វិញដែរ។ ប៉ុន្តែ គាត់នឹងតទល់មិនបានទេ ព្រោះពួកគេបានរៀបគម្រោងទាស់នឹងគាត់ហើយ។ ២៦ ពួកអ្នកដែលបរិភោគអាហារប្រណីតៗរបស់គាត់ នឹងនាំឲ្យគាត់បរាជ័យ។
«ឯកងទ័ពរបស់គាត់វិញ ពួកគេនឹងខ្ចាត់ខ្ចាយ ហើយមនុស្សជាច្រើននឹងស្លាប់។
២៧ «ស្ដីអំពីស្ដេចទាំងពីររូបនេះ ចិត្តពួកគេតែងតែចង់ធ្វើអាក្រក់។ ពួកគេអង្គុយនៅតុជាមួយគ្នាមែន តែនិយាយកុហកគ្នា។ ប៉ុន្តែ គ្មានអ្វីសម្រេចឡើយ ព្រោះគ្រាចុងបញ្ចប់ដែលកំណត់ទុកជាមុន មិនទាន់មកដល់ទេ។+
២៨ «គាត់នឹងត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ ទាំងនាំយករបស់របរច្រើនសន្ធឹកសន្ធាប់ទៅជាមួយដែរ។ ចិត្តគាត់ប្រឆាំងនឹងកិច្ចព្រមព្រៀងបរិសុទ្ធ។ គាត់នឹងចាត់វិធានការ ហើយវិលទៅស្រុករបស់ខ្លួនវិញ។
២៩ «លុះដល់ពេលកំណត់ គាត់នឹងត្រឡប់មកវិញ ហើយច្បាំងនឹងរាជាណាចក្រខាងត្បូង។ ប៉ុន្តែ លើកនេះនឹងមិនដូចលើកមុនទេ ៣០ ព្រោះសំពៅពីស្រុកគីទីម+នឹងមកច្បាំងនឹងគាត់ ហើយគាត់នឹងត្រូវបន្ទាបចុះ។
«គាត់នឹងត្រឡប់ទៅវិញ ហើយបញ្ចេញកំហឹងទៅលើកិច្ចព្រមព្រៀងបរិសុទ្ធ+ រួចគាត់ចាត់វិធានការ។ គាត់នឹងវិលទៅវិញ ហើយផ្ដោតអារម្មណ៍ទៅលើអស់អ្នកដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងបរិសុទ្ធ។ ៣១ កងទ័ពគាត់នឹងក្រោកឡើង ហើយធ្វើឲ្យទីបរិសុទ្ធ+និងបន្ទាយរឹងមាំទៅជាអាប់ឱន ព្រមទាំងបំបាត់ចោលការជូនគ្រឿងបូជាជាប្រចាំទៀតផង។+
«ពួកគេនឹងដំឡើងអ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញ។+
៣២ «ចំពោះអស់អ្នកដែលប្រព្រឹត្តទុច្ចរិតទាស់នឹងកិច្ចព្រមព្រៀង គាត់នឹងនាំពួកគេឲ្យក្បត់ជំនឿដោយពាក្យសម្ដីផ្អែមពីរោះ។* ប៉ុន្តែ បណ្ដាជនដែលស្គាល់ព្រះរបស់ខ្លួន ពួកគេនឹងមិនចាញ់បោកទេ ហើយចាត់វិធានការ។ ៣៣ ក្នុងចំណោមបណ្ដាជននឹងមានពួកអ្នកដែលមានការយល់ធ្លុះជ្រៅ+ ហើយពួកគេនឹងផ្ដល់ការយល់ដឹងដល់មនុស្សជាច្រើន។ អស់មួយរយៈ ពួកគេនឹងត្រូវផ្ដួលដោយដាវ ដោយអណ្ដាតភ្លើង ដោយការជាប់ជាឈ្លើយ និងដោយការប្លន់យកទ្រព្យ។ ៣៤ ប៉ុន្តែ ពេលពួកគេជំពប់ដួល ពួកគេនឹងទទួលជំនួយបន្តិចបន្តួច។ មនុស្សជាច្រើននឹងមកចូលរួមជាមួយនឹងពួកគេ ដោយសារពាក្យសម្ដីផ្អែមពីរោះ។* ៣៥ អ្នកខ្លះដែលមានការយល់ធ្លុះជ្រៅ នឹងត្រូវគេធ្វើឲ្យជំពប់ដួល ដើម្បីធ្វើការសម្រិតសម្រាំងដែលទាក់ទងនឹងពួកគេ និងដើម្បីជម្រះឲ្យសស្អាត+ រហូតដល់គ្រាចុងបញ្ចប់ ព្រោះគ្រាដែលបានត្រូវកំណត់ទុកជាមុននោះ មិនទាន់មកដល់ទេ។
៣៦ «ស្ដេចនោះនឹងធ្វើតាមទំនើងចិត្ត ហើយលើកតម្កើងខ្លួនឲ្យខ្ពស់ជាងព្រះទាំងអស់។ គាត់ថែមទាំងនិយាយយ៉ាងព្រហើនទាស់នឹងព្រះលើអស់ទាំងព្រះទៀតផង។+ គាត់ចេះតែចម្រើនឡើង រហូតដល់គ្រានៃកំហឹងមកដល់ទីបញ្ចប់ ព្រោះអ្វីដែលបានត្រូវសម្រេចហើយនឹងកើតឡើងជាមិនខាន។ ៣៧ គាត់នឹងមិនគោរពព្រះរបស់បុព្វបុរសគាត់ទេ ហើយក៏មិនអើពើនឹងបំណងចិត្តរបស់ពួកស្ត្រី ឬអើពើនឹងព្រះណាដែរ តែគាត់នឹងលើកតម្កើងខ្លួនឲ្យខ្ពស់ជាងមនុស្សទាំងអស់។ ៣៨ ផ្ទុយទៅវិញ គាត់នឹងផ្ដល់កិត្តិយសដល់ព្រះនៃបន្ទាយរឹងមាំ ជាព្រះដែលបុព្វបុរសគាត់មិនធ្លាប់ស្គាល់ឡើយ។ គាត់លើកកិត្តិយសព្រះនោះតាមរយៈមាស ប្រាក់ ត្បូង និងរបស់មានតម្លៃផ្សេងៗ។ ៣៩ គាត់នឹងចាត់វិធានការប្រឆាំងនឹងបន្ទាយដ៏រឹងមាំបំផុត ដោយជំនួយពីព្រះរបស់ជនជាតិដទៃ។ គាត់នឹងផ្ដល់កិត្តិយសខ្ពង់ខ្ពស់ដល់អស់អ្នកដែលទទួលស្គាល់គាត់* ហើយគាត់នឹងឲ្យពួកគេគ្រប់គ្រងក្នុងចំណោមមនុស្សជាច្រើន រួចគាត់នឹងបែងចែកទឹកដីដល់អ្នកណាដែលបង់ប្រាក់ឲ្យគាត់។
៤០ «នៅគ្រាចុងក្រោយ ស្ដេចខាងត្បូងនឹងរុញច្រានជាមួយនឹងគាត់។ ស្ដេចខាងជើងនឹងប្រមូលរទេះចម្បាំង ទ័ពសេះ និងសំពៅជាច្រើន មកច្បាំងនឹងគាត់ដូចជាខ្យល់ព្យុះ ហើយគាត់សម្រុកចូលទៅក្នុងស្រុកនានា ដូចជាទឹកជំនន់។ ៤១ បន្ថែមទៅទៀត គាត់នឹងចូលទៅក្នុងស្រុកដ៏ស្រស់ស្អាត+ ហើយស្រុកជាច្រើននឹងត្រូវគេចាប់យក។ ប៉ុន្តែ មានស្រុកខ្លះនឹងរួចផុតពីកណ្ដាប់ដៃគាត់ គឺស្រុកអេដំ ស្រុកម៉ូអាប់ និងផ្នែកសំខាន់បំផុតនៃស្រុកអាំម៉ូន។ ៤២ គាត់នឹងបន្តលើកដៃទៅទាស់នឹងស្រុកនានា ហើយសូម្បីតែស្រុកអេហ្ស៊ីបក៏គេចមិនរួចដែរ។ ៤៣ គាត់នឹងគ្រប់គ្រងលើកំណប់មាស កំណប់ប្រាក់ និងរបស់ដ៏មានតម្លៃទាំងអស់ក្នុងស្រុកអេហ្ស៊ីប។ ឯពួកលីប៊ីនិងពួកអេត្យូពីវិញ ពួកគេនឹងតាមគាត់។
៤៤ «ប៉ុន្តែ នឹងមានដំណឹងចេញពីទិសខាងកើតនិងទិសខាងជើង មករំខានចិត្តគាត់ រួចគាត់នឹងចេញទៅទាំងមានកំហឹងជាខ្លាំង ដើម្បីបំផ្លិចបំផ្លាញ ព្រមទាំងប្រហារមនុស្សជាច្រើន។ ៤៥ គាត់នឹងដំឡើងរាជ្យត្រសាល*របស់គាត់នៅចន្លោះសមុទ្រធំនិងភ្នំបរិសុទ្ធក្នុងស្រុកដ៏ស្រស់ស្អាត។+ គាត់នឹងមកដល់ទីបញ្ចប់ ហើយគ្មាននរណាអាចជួយគាត់បានឡើយ។
១២ «ក្នុងអំឡុងគ្រានោះ មីកែល*+នឹងក្រោកឡើង។ គាត់ជាមេដឹកនាំដ៏ឧត្ដម+ ដែលកំពុងឈរជួយជនរួមជាតិរបស់អ្នក។ នឹងមានគ្រាវេទនាដែលមិនធ្លាប់មានតាំងពីកំណើតប្រជាជាតិរហូតមកដល់ពេលនោះ។ អំឡុងពេលនោះ ជនរួមជាតិរបស់អ្នកនឹងរួចខ្លួន+ គឺអស់អ្នកដែលមានឈ្មោះក្នុងសៀវភៅជីវិត។+ ២ មនុស្សជាច្រើនដែលដេកស្លាប់ក្នុងដី នឹងភ្ញាក់ឡើង។ អ្នកខ្លះនឹងទទួលជីវិតជារៀងរហូត ឯអ្នកខ្លះទៀតនឹងទទួលការអាម៉ាស់និងការមាក់ងាយជាដរាប។
៣ «ពួកអ្នកដែលមានការយល់ធ្លុះជ្រៅ នឹងភ្លឺចែងចាំងដូចជាពន្លឺផ្ទៃមេឃ ហើយអស់អ្នកដែលនាំមនុស្សជាច្រើនមកឯសេចក្ដីសុចរិត នឹងរះចិញ្ចាចជារៀងរហូតដូចជាផ្កាយនៅលើមេឃ។
៤ «ចំណែកអ្នកវិញ ឱដានីយ៉ែលអើយ! ចូររក្សាទុកពាក្យទាំងនេះជាអាថ៌កំបាំង ហើយបិទត្រាលើសៀវភៅនេះ រហូតដល់គ្រាចុងបញ្ចប់។+ មនុស្សជាច្រើននឹងខំស្វែងយល់* ហើយចំណេះពិតនឹងមានជាបរិបូរ»។+
៥ បន្ទាប់មក ខ្ញុំដានីយ៉ែលបានក្រឡេកមើលទៅ ឃើញបុគ្គលពីរនាក់ទៀតកំពុងឈរនៅទីនោះ គឺម្នាក់ឈរនៅច្រាំងទន្លេម្ខាង ហើយម្នាក់ឈរនៅច្រាំងម្ខាងទៀត។+ ៦ រួចមក បុគ្គលម្នាក់សួរទៅបុរសដែលស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ+ ដែលកំពុងឈរលើផ្លូវទឹកថា៖ «តើកាលណាទីបញ្ចប់នៃអ្វីដ៏អស្ចារ្យទាំងនេះនឹងមកដល់?»។ ៧ បន្ទាប់មក ខ្ញុំឃើញបុរសដែលស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ ដែលកំពុងឈរនៅលើផ្លូវទឹក លើកដៃស្ដាំនិងដៃឆ្វេងទៅលើមេឃ ហើយស្បថដោយនូវនាមព្រះដែលមានជីវិតជារៀងរហូត។+ រួចខ្ញុំឮគាត់ឆ្លើយថា៖ «នេះនឹងមកដល់តាមគ្រាកំណត់ គឺមួយគ្រា ពីរគ្រា និងកន្លះគ្រា។* កាលណាគេវាយកម្ទេចអំណាចរបស់ពួកអ្នកបរិសុទ្ធអស់ភ្លាម+ ការទាំងនោះនឹងមកដល់ទីបញ្ចប់»។
៨ ចំណែកខ្ញុំវិញ ខ្ញុំឮពាក្យទាំងនោះ តែមិនអាចយល់បានទេ។+ ដូច្នេះ ខ្ញុំក៏សួរថា៖ «ឱលោកម្ចាស់ខ្ញុំអើយ! តើការទាំងនោះនឹងនាំឲ្យមានលទ្ធផលយ៉ាងណាទៅ?»។
៩ បន្ទាប់មក គាត់ក៏ឆ្លើយថា៖ «ឱដានីយ៉ែលអើយ! ចូរទៅចុះ ព្រោះពាក្យទាំងនេះនឹងត្រូវរក្សាទុកជាអាថ៌កំបាំង ហើយត្រូវបិទត្រារហូតដល់គ្រាចុងបញ្ចប់។+ ១០ មនុស្សជាច្រើននឹងជម្រះខ្លួនឲ្យសស្អាត ហើយនឹងត្រូវសម្រិតសម្រាំងឲ្យស្អាតបរិសុទ្ធ។+ ជនទុច្ចរិតនឹងប្រព្រឹត្តយ៉ាងអាក្រក់ ហើយនឹងគ្មានពួកគេណាម្នាក់យល់បានទេ មានតែពួកអ្នកដែលចេះគិតពិចារណាប៉ុណ្ណោះ នឹងយល់បាន។+
១១ «ចាប់ពីពេលដែលលែងមានការជូនគ្រឿងបូជាជាប្រចាំ+ និងក្រោយពីដំឡើងអ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញ+ នោះនឹងមានរយៈពេល១.២៩០ថ្ងៃ។
១២ «មានសុភមង្គលហើយ! អស់អ្នកដែលរង់ចាំដោយរំភើប រហូតដល់ទីបញ្ចប់នៃរយៈពេល១.៣៣៥ថ្ងៃ។
១៣ «រីឯអ្នកវិញ ចូរបន្តនៅរហូតដល់ទីបញ្ចប់។ ក្រោយមក អ្នកនឹងសម្រាក តែអ្នកនឹងក្រោកឡើងវិញដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបញ្ចប់»។+
សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម
នេះសំដៅលើស្រុកបាប៊ីឡូន
ឬប្រហែលជាមានន័យថា«ការបំប៉ន»
មានន័យថា«ព្រះជាចៅក្រមខ្ញុំ»
មានន័យថា«ព្រះយេហូវ៉ាបានបង្ហាញចិត្តមេត្តា»
ប្រហែលជាមានន័យថា«តើមានអ្នកណាដូចព្រះ?»
មានន័យថា«ព្រះយេហូវ៉ាបានជួយ»
នេះសំដៅលើឈ្មោះជាភាសារបស់ពួកបាប៊ីឡូន
នេះសំដៅទៅលើមនុស្សមួយក្រុមដែលចេះទស្សន៍ទាយនិងមើលហោរាសាស្ត្រ
ចាប់ពីដាន ២:៤ខ រហូតដល់៧:២៨ ច្បាប់ដើមបានត្រូវសរសេរជាភាសាអេរ៉ាម
ឬប្រហែលជាមានន័យថា«កន្លែងចាក់សំរាម ឬទួលលាមក»
ប្រហែលជាប្រវែង២៧ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ប្រហែលជាប្រវែង២,៧ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ចោទប្រកាន់»
ឬប្រហែលជាមានន័យថា«កន្លែងចាក់សំរាម ឬទួលលាមក»
ន័យត្រង់«នៅលើគ្រែ»
នេះសំដៅលើមនុស្សមួយក្រុមដែលចេះទស្សន៍ទាយនិងមើលហោរាសាស្ត្រ
នេះសំដៅលើមនុស្សមួយក្រុមដែលចេះទស្សន៍ទាយនិងមើលហោរាសាស្ត្រ
តាមមើលទៅនេះសំដៅលើមាតាស្ដេច
នេះសំដៅលើមនុស្សមួយក្រុមដែលចេះទស្សន៍ទាយនិងមើលហោរាសាស្ត្រ
ឬប្រហែលជាមានន័យថា«មិនឲ្យគេនាំអ្នកលេងភ្លេងចូលមក»
ឬ«សិទ្ធិគ្រប់គ្រង»
ន័យត្រង់«ដែលនឹងក្រោកឡើងពីផែនដី»
នេះសំដៅលើបីគ្រាកន្លះ
ឬ«វិមាន»
ឬ«ស៊ូសា»
ឬ«ព្រែក»
ឬ«ពូកែរៀបគម្រោងអាក្រក់»
ឬប្រហែលជាមានន័យថា«ដោយគ្មានការព្រមានជាមុន»
ឬ«សេចក្ដីស្មោះត្រង់»
ឬ«អ្នកជាទីគាប់ចិត្តព្រះខ្លាំងណាស់»
នេះសំដៅលើអាទិត្យគិតជាឆ្នាំ
ឬ«អ្នកដែលព្រះរើសតាំង»
ឬ«អ្នកជាទីគាប់ចិត្តព្រះខ្លាំងណាស់»
មានន័យថា«តើមានអ្នកណាដូចព្រះ?»
តាមមើលទៅនេះសំដៅលើស្ដេចខាងត្បូង
តាមមើលទៅនេះសំដៅលើស្ដេចខាងត្បូង
តាមមើលទៅនេះសំដៅលើស្ដេចខាងជើង
ប្រហែលជាសំដៅលើអ្នកយកពន្ធ
ឬ«មនុស្សគម្រក់»
ឬប្រហែលជាមានន័យថា«ដោយគ្មានការព្រមានជាមុន»
ឬប្រហែលជាមានន័យថា«ដោយគ្មានការព្រមានជាមុន»
ឬ«ពាក្យបញ្ចើចបញ្ចើ»
ឬ«ពាក្យបញ្ចើចបញ្ចើ»
ឬប្រហែលជាមានន័យថា«ដល់អស់អ្នកដែលគាត់ទទួលស្គាល់»
ឬ«វិមានរុងរឿង»
មានន័យថា«តើមានអ្នកណាដូចព្រះ?»
ឬ«ពិនិត្យមើលសៀវភៅនោះយ៉ាងល្អិតល្អន់»
នេះសំដៅលើបីគ្រាកន្លះ