បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt យ៉ូហាន ១:១-២១:២៥
  • យ៉ូហាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូហាន
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
យ៉ូហាន

រៀប​រាប់​ដោយ​យ៉ូហាន

១ នៅ​ដើម​ដំបូង មាន​លោក​ដែល​ហៅ​ថា​បណ្ដាំ+ ហើយ​លោក​ដែល​ហៅ​ថា​បណ្ដាំ​បាន​នៅ​ជា​មួយ​នឹង​ព្រះ+ ហើយ​លោក​ដែល​ហៅ​ថា​បណ្ដាំ​ប្រៀប​ដូច​ជា​ព្រះ​មួយ។*+ ២ នៅ​ដើម​ដំបូង លោក​បាន​នៅ​ជា​មួយ​នឹង​ព្រះ។ ៣ អ្វី​ៗ​ទាំង​អស់​បាន​កើត​មក​តាម​រយៈ​លោក+ ហើយ​គ្មាន​អ្វី​ដែល​មិន​កើត​មក​តាម​រយៈ​លោក​ឡើយ សូម្បី​តែ​អ្វី​មួយ។

អ្វី​ដែល​បាន​កើត​មក ៤ តាម​រយៈ​លោក​គឺ​ជា​ជីវិត ហើយ​ជីវិត​នោះ​គឺ​ជា​ពន្លឺ​បំភ្លឺ​មនុស្សជាតិ+ ៥ ហើយ​ពន្លឺ​នោះ​កំពុង​ភ្លឺ​ក្នុង​ភាព​ងងឹត+ តែ​ភាព​ងងឹត​នោះ​មិន​ឈ្នះ​ពន្លឺ​ឡើយ។

៦ មាន​បុរស​ម្នាក់​ដែល​ព្រះ​បាន​ចាត់​ជា​តំណាង​លោក គាត់​ឈ្មោះ​យ៉ូហាន។+ ៧ គាត់​បាន​មក​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ពន្លឺ+ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ជឿ​តាម​រយៈ​គាត់។ ៨ គាត់​មិន​មែន​ជា​ពន្លឺ​នោះ​ទេ+ តែ​គាត់​បាន​មក​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ពន្លឺ​នោះ​វិញ។

៩ ពេល​នោះ ពន្លឺ​ដ៏​ពិត​ដែល​បំភ្លឺ​មនុស្ស​គ្រប់​ប្រភេទ ហៀប​នឹង​ចូល​មក​ក្នុង​ពិភព​លោក។+ ១០ លោក​បាន​នៅ​ក្នុង​ពិភព​លោក+ ហើយ​ពិភព​លោក​បាន​កើត​មក​តាម​រយៈ​លោក+ តែ​ពិភព​លោក​មិន​បាន​ស្គាល់​លោក​ទេ។ ១១ លោក​បាន​មក​ឯ​ជន​រួម​ជាតិ​របស់​លោក តែ​ពួក​គេ​មិន​បាន​ទទួល​លោក​ទេ។ ១២ ក៏​ប៉ុន្តែ ចំពោះ​អស់​អ្នក​ណា​ដែល​បាន​ទទួល​លោក នោះ​លោក​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​គេ​ទៅ​ជា​កូន​របស់​ព្រះ+ ពី​ព្រោះ​ពួក​គេ​មាន​ជំនឿ​លើ​នាម​របស់​លោក+ ១៣ ហើយ​ពួក​គេ​មិន​មែន​កើត​មក​ពី​សាច់​ឈាម​ឡើយ ក៏​មិន​បាន​កើត​មក​ដោយ​សារ​បំណង​ប្រាថ្នា​របស់​ឪពុក​ជា​មនុស្ស​ដែរ។ ប៉ុន្តែ ពួក​គេ​បាន​កើត​មក​ពី​ព្រះ​វិញ។+

១៤ ដូច្នេះ លោក​ដែល​ហៅ​ថា​បណ្ដាំ​បាន​ទៅ​ជា​សាច់​ឈាម+ ក៏​បាន​រស់​នៅ​ជា​មួយ​នឹង​យើង ហើយ​យើង​បាន​ឃើញ​សិរី​រុង​រឿង​របស់​លោក គឺ​ជា​សិរី​រុង​រឿង​របស់​បុត្រ​តែ​មួយ*+ពី​បិតា ហើយ​លោក​ជា​អ្នក​ដែល​ព្រះ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង* និង​ជា​អ្នក​ដែល​បង្រៀន​សេចក្ដី​ពិត ១៥ (​យ៉ូហាន​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក ដោយ​ស្រែក​ប្រកាស​ថា​៖ ​«​លោក​នេះ​ហើយ​ដែល​ខ្ញុំ​បាន​ប្រាប់​ថា​៖ ‹លោក​ដែល​មក​ក្រោយ​ខ្ញុំ​បាន​ទៅ​មុខ​ខ្ញុំ​ហើយ ពី​ព្រោះ​លោក​រស់​នៅ​មុន​ខ្ញុំ›​»​)។+ ១៦ ដោយ​សារ​លោក​ពេញ​ទៅ​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ នោះ​យើង​ទាំង​អស់​គ្នា​បន្ត​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ជា​បរិបូរ។ ១៧ ពី​ព្រោះ​ច្បាប់​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​រយៈ​ម៉ូសេ+ តែ​គុណ​ដ៏​វិសេស​លើស​លប់+និង​សេចក្ដី​ពិត​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។+ ១៨ គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ឃើញ​ព្រះ​ម្ដង​ណា​ឡើយ។+ ប៉ុន្តែ បុត្រ​តែ​មួយ​របស់​ព្រះ*+ដែល​នៅ​ក្បែរ​បិតា*+ គឺ​ជា​អ្នក​ដែល​បាន​ពន្យល់​អំពី​លោក។+

១៩ នេះ​ជា​ការ​បញ្ជាក់​របស់​យ៉ូហាន ពេល​ដែល​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​និង​ពួក​លេវី​ខ្លះ​ពី​ក្រុង​យេរូសាឡិម ឲ្យ​មក​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា?​»។+ ២០ យ៉ូហាន​បាន​ឆ្លើយ​ត្រង់​ដោយ​ឥត​លាក់​លៀម​ថា​៖ ​«​ខ្ញុំ​មិន​មែន​ជា​គ្រិស្ត​ទេ​»។ ២១ រួច​ពួក​គេ​សួរ​គាត់​ថា​៖ ​«​បើ​ដូច្នេះ តើ​អ្នក​ជា​អ្នក​ណា​វិញ? ជា​អេលីយ៉ា​ឬ?​»។+ យ៉ូហាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​មែន​ជា​អេលីយ៉ា​ទេ​»។ ពួក​គេ​សួរ​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ត្រូវ​មក​ឬ?​»។+ គាត់​ឆ្លើយ​ថា​៖ ​«​ទេ!​»។ ២២ ម្ល៉ោះ​ហើយ ពួក​គេ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា? ចូរ​ប្រាប់​មក ដើម្បី​យើង​អាច​ប្រាប់​ពួក​អ្នក​ដែល​បាន​ចាត់​យើង​ឲ្យ​មក។ តើ​អ្នក​ថា​ខ្លួន​ជា​អ្នក​ណា?​»។ ២៣ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​ដែល​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ឥត​ឈប់​ថា​៖ ‹ចូរ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​ទទួល​ព្រះ​យេហូវ៉ា›*+ ដូច​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​»។+ ២៤ ពួក​អ្នក​ដែល​សួរ​នោះ គឺ​ជា​ពួក​អ្នក​ដែល​ពួក​ផារិស៊ី​បាន​ចាត់​ឲ្យ​មក។ ២៥ ដូច្នេះ ពួក​គេ​បាន​សួរ​គាត់​ថា​៖ ​«​ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ​ដូច្នេះ បើ​អ្នក​មិន​មែន​ជា​គ្រិស្ត មិន​មែន​ជា​អេលីយ៉ា ឬ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ត្រូវ​មក​នោះ?​»។ ២៦ យ៉ូហាន​ឆ្លើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ជ្រមុជ​គេ​ក្នុង​ទឹក។ ប៉ុន្តែ នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មនុស្ស​ម្នាក់​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ២៧ គឺ​លោក​ដែល​មក​ក្រោយ​ខ្ញុំ តែ​ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក​ផង​»។+ ២៨ ការ​ទាំង​នេះ​បាន​កើត​ឡើង​នៅ​បេថានី* នា​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់ ជា​កន្លែង​ដែល​យ៉ូហាន​កំពុង​ជ្រមុជ​ទឹក​ឲ្យ​គេ។+

២៩ លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​លោក​យេស៊ូ​កំពុង​ដើរ​តម្រង់​មក​រក​គាត់ រួច​គាត់​និយាយ​ថា​៖ ​«​មើល​ហ្ន៎! កូន​ចៀម+របស់​ព្រះ ដែល​ដក​យក​ភាព​ខុស​ឆ្គង+របស់​ពិភព​លោក​ចេញ!+ ៣០ គឺ​លោក​នេះ​ហើយ​ដែល​ខ្ញុំ​បាន​និយាយ​ថា​៖ ‹បុរស​ម្នាក់​ដែល​មក​ក្រោយ​ខ្ញុំ បាន​ទៅ​មុខ​ខ្ញុំ​ហើយ ពី​ព្រោះ​លោក​រស់​នៅ​មុន​ខ្ញុំ›។+ ៣១ សូម្បី​តែ​ខ្ញុំ​ក៏​មិន​ស្គាល់​លោក​ដែរ។ ប៉ុន្តែ មូលហេតុ​ដែល​ខ្ញុំ​បាន​មក​ជ្រមុជ​ទឹកឲ្យ​គេ គឺ​ដើម្បី​ឲ្យ​អ៊ីស្រាអែល​ស្គាល់​លោក​»។+ ៣២ យ៉ូហាន​ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ដោយ​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​ឫទ្ធានុភាព​របស់​ព្រះ​ចុះ​ពី​ស្ថាន​សួគ៌​មក​ដូច​ជា​សត្វ​ព្រាប ហើយ​សណ្ឋិត​លើ​លោក។+ ៣៣ សូម្បី​តែ​ខ្ញុំ​ក៏​មិន​ស្គាល់​លោក​ដែរ។ ប៉ុន្តែ ព្រះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជ្រមុជ​គេ​ក្នុង​ទឹក បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ពេល​អ្នក​ឃើញ​ឫទ្ធានុភាព​របស់​ខ្ញុំ​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា+ គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ដែល​ជ្រមុជ​គេ​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ខ្ញុំ›។+ ៣៤ រួច​ខ្ញុំ​បាន​ឃើញ​ការ​នោះ ក៏​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា លោក​នេះ​ហើយ​ជា​បុត្រ​របស់​ព្រះ​»។+

៣៥ នៅ​ថ្ងៃ​មួយ​ទៀត យ៉ូហាន​កំពុង​ឈរ​ជា​មួយ​នឹង​អ្នក​កាន់​តាម​ពីរ​នាក់​របស់​គាត់ ៣៦ ហើយ​កាល​ដែល​គាត់​មើល​លោក​យេស៊ូ​កំពុង​ដើរ នោះ​គាត់​និយាយ​ថា​៖ ​«​មើល​ហ្ន៎! កូន​ចៀម+របស់​ព្រះ!​»។ ៣៧ ពេល​ដែល​ឮ​គាត់​និយាយ​ដូច្នេះ អ្នក​កាន់​តាម​ពីរ​នាក់​នោះ​ក៏​ទៅ​តាម​លោក​យេស៊ូ។ ៣៨ រួច​លោក​យេស៊ូ​បែរ​ទៅ​ឃើញ​ពួក​គាត់​កំពុង​ដើរ​តាម ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​កំពុង​រក​អ្វី?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​រ៉ាប៊ី (​ដែល​មាន​ន័យ​ថា​«​លោក​គ្រូ​»​) តើ​លោក​ស្នាក់​នៅ​ឯ​ណា?​»។ ៣៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ នោះ​អ្នក​នឹង​ឃើញ​»។ ដូច្នេះ ពួក​គាត់​បាន​ទៅ​ឃើញ​កន្លែង​ដែល​លោក​កំពុង​ស្នាក់​នៅ ហើយ​ពួក​គាត់​ក៏​នៅ​ជា​មួយ​នឹង​លោក​នៅ​ថ្ងៃ​នោះ។ ពេល​នោះ​គឺ​ប្រហែល​ជា​ម៉ោង​ទី​១០។* ៤០ អនទ្រេ+ជា​បង​ប្អូន​របស់​ស៊ីម៉ូន​ពេត្រុស គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​កាន់​តាម​ពីរ​នាក់​ដែល​បាន​ឮ​អ្វី​ដែល​យ៉ូហាន​បាន​និយាយ ហើយ​គាត់​បាន​ទៅ​តាម​លោក​យេស៊ូ។ ៤១ មុន​បង្អស់ គាត់​ទៅ​ជួប​ស៊ីម៉ូន​ជា​បង​ប្អូន​របស់​គាត់ ហើយ​ប្រាប់​ថា​៖ ​«​យើង​បាន​ជួប​មេស្ស៊ី​ហើយ​»​+ (​ដែល​មាន​ន័យ​ថា​«​គ្រិស្ត​»​)។ ៤២ បន្ទាប់​មក គាត់​នាំ​ស៊ីម៉ូន​ទៅ​ឯ​លោក​យេស៊ូ។ ពេល​លោក​យេស៊ូ​មើល​គាត់ នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​គឺ​ស៊ីម៉ូន+ ជា​កូន​យ៉ូហាន។ អ្នក​នឹង​ត្រូវ​ហៅ​ថា​កេផាស​»​ (​ដែល​ភាសា​ក្រិច​ហៅ​ថា​«​ពេត្រុស​»​)។*+

៤៣ លុះ​ថ្ងៃ​បន្ទាប់ លោក​យេស៊ូ​ចង់​ចេញ​ទៅ​ស្រុកកាលីឡេ។ រួច​លោក​បាន​ជួប​ភីលីព+ ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​»។* ៤៤ ភីលីព​មក​ពី​ក្រុង​បេតសេដា ដូច​អនទ្រេ​និង​ពេត្រុស​ដែរ។ ៤៥ ភីលីព​បាន​ជួប​ណាថាណែល+ ហើយ​ប្រាប់​គាត់​ថា​៖ ​«​យើង​បាន​ជួប​លោក ដែល​ច្បាប់​ម៉ូសេ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ចែង​អំពី​លោក គឺ​លោក​យេស៊ូ ជា​កូន​យ៉ូសែប+ពី​ក្រុង​ណាសារ៉ែត​»។ ៤៦ ប៉ុន្តែ ណាថាណែល​បាន​និយាយ​ថា​៖ ​«​តើ​អាច​មាន​អ្វី​ល្អ​ចេញ​មក​ពី​ក្រុង​ណាសារ៉ែត​ឬ?​»។ ភីលីព​ប្រាប់​គាត់​ថា​៖ ​«​សូម​មក​មើល​»។ ៤៧ លោក​យេស៊ូ​ឃើញ​ណាថាណែល​កំពុង​ដើរ​តម្រង់​មក​រក​លោក ក៏​មាន​ប្រសាសន៍​អំពី​គាត់​ថា​៖ ​«​មើល​ហ្ន៎! ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ពិត​ម្នាក់ ដែល​គ្មាន​កិច្ចកល​អ្វី​សោះ​»។+ ៤៨ ណាថាណែល​សួរ​លោក​ថា​៖ ​«​ម្ដេច​បាន​ជា​លោក​ស្គាល់ខ្ញុំ?​»។ លោក​យេស៊ូ​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​មុន​ភីលីព​ហៅ​អ្នក​កាល​ដែល​អ្នក​នៅ​ក្រោម​ដើម​ល្វា​នៅ​ឡើយ នោះ​ខ្ញុំ​បាន​ឃើញ​អ្នក​ហើយ​»។ ៤៩ ណាថាណែល​ជម្រាប​លោក​ថា​៖ ​«​រ៉ាប៊ី លោក​ជា​បុត្រ​របស់​ព្រះ ហើយ​លោក​ជា​ស្ដេច​នៃ​អ៊ីស្រាអែល​»។+ ៥០ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​តើ​អ្នក​ជឿ​ដោយ​សារ​ខ្ញុំ​ប្រាប់​អ្នក​ថា ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​ឬ? អ្នក​នឹង​ឃើញ​ការ​អស្ចារ្យ​ច្រើន​ជាង​នេះ​ទៅ​ទៀត​»។ ៥១ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ត​ទៅ​ទៀត​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​ស្ថាន​សួគ៌​បើក​ឡើង ហើយ​ក៏​ឃើញ​បណ្ដា​ទេវតា​របស់​ព្រះ​ឡើង​ចុះ​ៗ ដើម្បី​មក​ឯ​កូន​មនុស្ស​»។+

២ លុះ​នៅ​ថ្ងៃ​ទី​៣ មាន​គេ​រៀបចំ​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍​មួយ​នៅ​ភូមិ​កាណា​ក្នុង​ស្រុកកាលីឡេ ហើយ​ម្ដាយ​របស់​លោក​យេស៊ូ​នៅ​ទី​នោះ។ ២ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​ក៏​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​នោះ​ដែរ។

៣ នៅ​ពេល​ជិត​អស់​ស្រា​ទំពាំង​បាយ​ជូរ ម្ដាយ​របស់​លោក​យេស៊ូ​ជម្រាប​លោក​ថា​៖ ​«​ពួក​គេ​អស់​ស្រា​ហើយ​»។ ៤ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ម្ដាយ​ថា​៖ ​«​ស្ត្រី​អើយ នេះ​មិន​មែន​ជា​រឿង​របស់​យើង​ទាំង​ពីរ​ទេ។* វេលា​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​ទេ​»។ ៥ ម្ដាយ​របស់​លោក​ក៏​ប្រាប់​ពួក​អ្នក​ដែល​កំពុង​បម្រើ​ថា​៖ ​«​ចូរ​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ​ចុះ​»។ ៦ នៅ​ទី​នោះ​មាន​ពាង​ទឹក​៦​ធ្វើ​ពី​ថ្ម ទុក​សម្រាប់​លាង​សម្អាត​ស្រប​តាម​វិន័យ​របស់​ជនជាតិ​យូដា។+ ពាង​នីមួយ​ៗ​មាន​ចំណុះ​ប្រហែល​ពីរ​ទៅ​បី​រង្វាល់។* ៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​«​ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​»។ រួច​ពួក​គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង។ ៨ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ឥឡូវ ចូរ​ដង​ខ្លះ​យក​ទៅ​ឲ្យ​អ្នក​ចាត់​ចែង​ពិធី​»។ ដូច្នេះ ពួក​គេ​ក៏​ដង​ខ្លះ​ទៅ។ ៩ ពេល​អ្នក​ចាត់​ចែង​ពិធី​បាន​ភ្លក់​ទឹក​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​ស្រា​ទំពាំង​បាយ​ជូរ នោះ​គាត់​មិន​ដឹង​ថា​ស្រា​នោះ​បាន​មក​ពី​ណា​ទេ (​តែ​ពួក​អ្នក​ដែល​កំពុង​បម្រើ​បាន​ដឹង ដោយ​សារ​ពួក​គេ​បាន​ដង​ទឹក​នោះ​ចេញ​)។ រួច​អ្នក​ចាត់​ចែង​ពិធី​ក៏​ហៅ​កូន​កំលោះ​មក ១០ ហើយ​ប្រាប់​គាត់​ថា​៖ ​«​មនុស្ស​គ្រប់​គ្នា​តែង​តែ​ជូន​ស្រា​ដែល​មាន​គុណ​ភាព​ល្អ​មុន រួច​ពេល​ដែល​ភ្ញៀវ​ស្រវឹង​ហើយ ទើប​យក​ស្រា​ដែល​មាន​គុណ​ភាព​អន់​មក​ជូន​វិញ។ ប៉ុន្តែ អ្នក​បាន​ទុក​ស្រា​ល្អ​រហូត​ដល់​ឥឡូវ​នេះ​ទើប​ជូន​ភ្ញៀវ​»។ ១១ លោក​យេស៊ូ​បាន​ធ្វើ​ការ​នេះ​នៅ​ភូមិ​កាណា​ក្នុង​ស្រុក​កាលីឡេ ហើយ​នេះ​ជា​សញ្ញា​សម្គាល់​ដំបូង​បង្អស់​របស់​លោក។ លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​សិរី​រុង​រឿង​របស់​លោក+ ហើយ​ពួក​អ្នក​កាន់​តាម​លោក​ក៏​មាន​ជំនឿ​លើ​លោក។

១២ បន្ទាប់​ពី​ការ​នេះ លោក​និង​ម្ដាយ ព្រម​ទាំង​ប្អូន​ប្រុស​ៗ​របស់​លោក+ និង​ពួក​អ្នក​កាន់​តាម​បាន​ចុះ​ទៅ​ក្រុង​កាពើណិម+ តែ​មិន​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​ថ្ងៃ​ទេ។

១៣ បុណ្យ​រំលង+របស់​ជនជាតិ​យូដា​គឺ​ជិត​ដល់​ហើយ។ ពេល​នោះ លោក​យេស៊ូ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ១៤ ពេល​ទៅ​ដល់ លោក​ឃើញ​មនុស្ស​នៅ​ក្នុង​វិហារ​កំពុង​លក់​គោ ចៀម និង​ព្រាប+ ហើយ​ឃើញ​អ្នក​ដូរ​ប្រាក់​កំពុង​អង្គុយ​នៅ​ទី​នោះ។ ១៥ ដូច្នេះ ក្រោយ​ពី​បាន​យក​ខ្សែ​មក​វេញ​ធ្វើ​ជា​រំពាត់ លោក​ក៏​ដេញ​ពួក​គេ​ទាំង​អស់​គ្នា​ចេញ​ពី​វិហារ​ជា​មួយ​នឹង​ចៀម​និង​គោ​របស់​ពួក​គេ ហើយ​បាន​ចាក់​កាក់​របស់​ពួក​អ្នក​ដូរ​ប្រាក់​ចោល ទាំង​ផ្កាប់​តុ​របស់​ពួក​គេ​ផង។+ ១៦ លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា​៖ ​«​ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ! ឈប់​យក​កន្លែង​គោរព​បូជា​របស់​បិតា​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ!​»។+ ១៧ ពួក​អ្នក​កាន់​តាម​លោក​បាន​នឹក​ឃើញ​អ្វី​ដែល​បទ​គម្ពីរ​ចែង​ថា​៖ ​«​ចិត្ត​ខ្នះ​ខ្នែង​របស់​ខ្ញុំ​ចំពោះ​កន្លែង​គោរព​ប្រណិប័តន៍​របស់​លោក ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​ក្នុង​ខ្លួន​ខ្ញុំ​»។+

១៨ ម្ល៉ោះ​ហើយ ជនជាតិ​យូដា​បាន​សួរ​លោក​ថា​៖ ​«​តើ​អ្នក​មាន​សញ្ញា​សម្គាល់​អ្វី​ដើម្បី​បង្ហាញ​ឲ្យ​យើង+ដឹង​ថា អ្នក​មាន​អំណាច​ធ្វើ​ការ​ទាំង​នេះ?​»។ ១៩ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​ចូរ​រុះ​វិហារ​នេះ​ចោល ហើយ​ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​»។+ ២០ ឮ​ដូច្នេះ ជនជាតិ​យូដា​សួរ​ថា​៖ ​«​វិហារ​នេះ​បាន​ត្រូវ​សង់​ក្នុង​រយៈ​ពេល​៤៦​ឆ្នាំ ដូច្នេះ​តើ​អ្នក​អាច​ធ្វើ​ឡើង​វិញ​ក្នុង​បី​ថ្ងៃ​ដូច​ម្ដេច​បាន?​»។ ២១ ប៉ុន្តែ ពេល​លោក​មាន​ប្រសាសន៍​អំពី​វិហារ​នោះ លោក​កំពុង​មាន​ប្រសាសន៍​សំដៅ​លើ​រូប​កាយ​របស់​លោក។+ ២២ ក៏​ប៉ុន្តែ ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​អ្នក​កាន់​តាម​លោក​នឹក​ឃើញ​ថា​លោក​ធ្លាប់​មាន​ប្រសាសន៍​ដូច្នេះ​ជា​រឿយ​ៗ​+ ហើយ​ពួក​គាត់​ជឿ​បទ​គម្ពីរ​និង​ប្រសាសន៍​របស់​លោក​យេស៊ូ។

២៣ កាល​ដែល​លោក​នៅ​ក្រុង​យេរូសាឡិម​ក្នុង​ពេល​បុណ្យ​រំលង នោះ​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​នាម​របស់​លោក ពេល​ដែល​ពួក​គេ​ឃើញ​សញ្ញា​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​លោក​កំពុង​ធ្វើ។ ២៤ ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ទុក​ចិត្ត​ពួក​គេ​ទាំង​ស្រុង​ឡើយ ពី​ព្រោះ​លោក​ស្គាល់​ចិត្ត​របស់​ពួក​គេ​ទាំង​អស់​គ្នា ២៥ ហើយ​លោក​ក៏​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​បញ្ជាក់​អំពី​មនុស្ស​ដែរ ពី​ព្រោះ​លោក​ជ្រាប​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស។+

៣ មាន​បុរស​ផារិស៊ី​ម្នាក់​ឈ្មោះ​នីកូដេម+ គាត់​ជា​អ្នក​គ្រប់​គ្រង​ម្នាក់​របស់​ជនជាតិ​យូដា។ ២ គាត់​មក​ជួប​លោក​យេស៊ូ​នៅ​ពេល​យប់+ ហើយ​ជម្រាប​ថា​៖ ​«​រ៉ាប៊ី*+ យើង​ដឹង​ថា​លោក​ជា​អ្នក​បង្រៀន​ដែល​មក​ពី​ព្រះ ព្រោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​សញ្ញា​សម្គាល់​ទាំង​ប៉ុន្មាន+ដែល​លោក​ធ្វើ​ទេ លុះ​ត្រា​តែ​ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​នោះ​»។+ ៣ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា អ្នក​ណា​ដែល​មិន​កើត​ម្ដង​ទៀត+ អ្នក​នោះ​មិន​អាច​ឃើញ​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ​»។+ ៤ នីកូដេម​សួរ​លោក​ថា​៖ ​«​តើ​មនុស្ស​វ័យ​ចាស់​ម្នាក់​អាច​កើត​ម្ដង​ទៀត​ដូច​ម្ដេច​បាន? គាត់​មិន​អាច​ចូល​ក្នុង​ផ្ទៃ​ម្ដាយ​ម្ដង​ទៀត ហើយ​កើត​មក​បាន​ឡើយ មែន​ទេ?​»។ ៥ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា គ្មាន​អ្នក​ណា​អាច​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​កើត​ពី​ទឹក+និង​ពី​ឫទ្ធានុភាព​របស់​ព្រះ។+ ៦ អ្វី​ដែល​កើត​ពី​សាច់​ឈាម​គឺ​ជា​កូន​របស់​មនុស្ស ហើយ​អ្វី​ដែល​កើត​ពី​ឫទ្ធានុភាព​របស់​ព្រះ​គឺ​ជា​កូន​របស់​ព្រះ។ ៧ កុំ​ឲ្យ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា​អ្នក​រាល់​គ្នា​ត្រូវ​កើត​ម្ដង​ទៀត ធ្វើ​ឲ្យ​អ្នក​ងឿង​ឆ្ងល់​ឡើយ។ ៨ ខ្យល់​បក់​ទៅ​ទិស​ណា​ក៏​បាន ហើយ​អ្នក​ឮ​សូរ​ខ្យល់ តែ​មិន​ដឹង​ថា​ខ្យល់​នោះ​មក​ពី​ណា​និង​កំពុង​បក់​ទៅ​ណា​ទេ។ ម្ល៉ោះ​ហើយ អស់​អ្នក​ដែល​កើត​ពី​ឫទ្ធានុភាព​របស់​ព្រះ​ក៏​ដូច្នោះ​ដែរ​»។+

៩ នីកូដេម​តប​ទៅ​លោក​ថា​៖ ​«​តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?​»។ ១០ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​អ្នក​ជា​អ្នក​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល តើ​អ្នក​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ? ១១ ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា យើង​និយាយ​អំពី​អ្វី​ដែល​យើង​ដឹង ហើយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​អ្វី​ដែល​យើង​បាន​ឃើញ។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ទទួល​សក្ខី​ភាព​ពី​យើង​ទេ។ ១២ ពេល​ដែល​ខ្ញុំ​ប្រាប់​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ទម្រាំ​តែ​ខ្ញុំ​ប្រាប់​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​ស្ថាន​សួគ៌ អ្នក​រាល់​គ្នា​ច្បាស់​ជា​មិន​ជឿ​ទេ។ ១៣ ម្យ៉ាង​ទៀត គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ឡើង​ទៅ​ស្ថាន​សួគ៌​ឡើយ+ មាន​តែ​លោក​ដែល​បាន​ចុះ​ពី​ស្ថាន​សួគ៌​ប៉ុណ្ណោះ+ គឺ​កូន​មនុស្ស។ ១៤ ដូច​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង​នៅ​តំបន់​ស្ងាត់​ជ្រងំ+ នោះ​កូន​មនុស្ស​ក៏​នឹង​ត្រូវ​លើក​ឡើង​ដូច្នោះ​ដែរ+ ១៥ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លោក អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+

១៦ ​«​ពី​ព្រោះ​ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ*+របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ។+ ១៧ ព្រោះ​ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​ចូល​ក្នុង​ពិភព​លោក មិន​មែន​ដើម្បី​វិនិច្ឆ័យ​ពិភព​លោក​ទេ តែ​ដើម្បី​ឲ្យពិភព​លោក​អាច​ត្រូវ​សង្គ្រោះ​តាម​រយៈ​បុត្រ​របស់​លោក។+ ១៨ អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ត្រូវ​វិនិច្ឆ័យ​ឡើយ។+ ឯ​អ្នក​ណា​ដែល​មិន​បង្ហាញ​ជំនឿ អ្នក​នោះ​បាន​ត្រូវ​វិនិច្ឆ័យ​រួច​ហើយ ពី​ព្រោះ​អ្នក​នោះ​មិន​បាន​បង្ហាញ​ជំនឿ​លើ​នាម​នៃ​បុត្រ​តែ​មួយ​របស់​ព្រះ​ទេ។+ ១៩ នេះ​ជា​មូលដ្ឋាន​សម្រាប់​ការ​វិនិច្ឆ័យ ពោល​គឺ​ពន្លឺ​បាន​ចូល​ក្នុង​ពិភព​លោក+ តែ​មនុស្ស​បាន​ស្រឡាញ់​ភាព​ងងឹត​ជា​ជាង​ពន្លឺ​នោះ ព្រោះ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​គឺ​ទុច្ចរិត។ ២០ ពី​ព្រោះ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​ទម្លាប់ អ្នក​នោះ​ស្អប់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ឡើយ ដើម្បី​កុំ​ឲ្យ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ត្រូវ​លាត​ត្រដាង។ ២១ ប៉ុន្តែ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​មក​ឯ​ពន្លឺ+ ដើម្បី​ស​ឲ្យ​ឃើញ​ថា​ការ​ប្រព្រឹត្ត​របស់​ខ្លួន​គឺ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​»។

២២ ក្រោយ​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​បាន​ទៅ​ឯ​ជនបទ​ក្នុង​តំបន់​យូឌា។ នៅ​ទី​នោះ លោក​បាន​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គាត់ ហើយ​បណ្ដា​ជន​ក៏​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដែរ។+ ២៣ ចំណែក​យ៉ូហាន​វិញ គាត់​កំពុង​ជ្រមុជ​ទឹក​ឲ្យ​គេ​នៅ​អ៊ីណន​ជិត​សាលិម ពី​ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន+ ហើយ​មាន​មនុស្ស​មក​ឥត​ដាច់ ដើម្បី​ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ+ ២៤ ព្រោះ​ពេល​នោះ​យ៉ូហាន​មិន​ទាន់​ត្រូវ​គេ​ដាក់​គុក​ទេ។+

២៥ នៅ​ពេល​មួយ ពួក​អ្នក​កាន់​តាម​យ៉ូហាន​មាន​ជម្លោះ​ជា​មួយ​នឹង​ជនជាតិ​យូដា​ម្នាក់ អំពី​រឿង​លាង​សម្អាត​ឲ្យ​បរិសុទ្ធ។ ២៦ ដូច្នេះ ពួក​គាត់​បាន​មក​ឯ​យ៉ូហាន ហើយ​ប្រាប់​គាត់​ថា​៖ ​«​រ៉ាប៊ី បុរស​ដែល​បាន​នៅ​ជា​មួយ​នឹង​អ្នក​ឯ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់ ដែល​អ្នក​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ឲ្យ​នោះ+ សូម​មើល! គាត់​កំពុង​ជ្រមុជ​ទឹក​ឲ្យ​គេ ហើយ​មនុស្ស​ទាំង​អស់​កំពុង​ទៅ​ឯ​គាត់​»។ ២៧ យ៉ូហាន​តប​ថា​៖ ​«​គ្មាន​អ្នក​ណា​ម្នាក់​អាច​ទទួល​អ្វី​សោះ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ទទួល​ពី​ស្ថាន​សួគ៌។ ២៨ អ្នក​រាល់​គ្នា​ជា​សាក្សី​ដែល​ខ្ញុំ​បាន​និយាយ​ថា​៖ ‹ខ្ញុំ​មិន​មែន​ជា​គ្រិស្ត​ទេ+ តែ​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​មុន​លោក›។+ ២៩ កូន​ក្រមុំ​នៅ​ជា​មួយ​នឹង​អ្នក​ណា អ្នក​នោះ​ជា​កូន​កំលោះ​ហើយ។+ ក៏​ប៉ុន្តែ មិត្ត​ភក្ដិ​របស់​កូន​កំលោះ​ត្រេក​អរ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឮ​សំឡេង​របស់​កូន​កំលោះ។ ដូច្នេះ ខ្ញុំ​មាន​អំណរ​ខ្លាំង​ក្រៃ​លែង។ ៣០ លោក​ត្រូវ​តែ​ចម្រើន​ឡើង​ត​ទៅ​ទៀត តែ​ខ្ញុំ​ត្រូវ​តែ​បន្ត​ថយ​ចុះ​»។

៣១ លោក​ដែល​មក​ពី​ស្ថាន​លើ+គឺ​ធំ​ជាង​អ្នក​ឯ​ទៀត​ទាំង​អស់។ អ្នក​ដែល​មក​ពី​ផែនដី គឺ​មក​ពី​ផែនដី ហើយ​និយាយ​តែ​អំពី​អ្វី​ដែល​ទាក់​ទង​នឹង​ផែនដី។ លោក​ដែល​មក​ពី​ស្ថាន​សួគ៌​គឺ​ធំ​ជាង​អ្នក​ឯ​ទៀត​ទាំង​អស់។+ ៣២ លោក​ធ្វើ​ការ​បញ្ជាក់​អំពី​អ្វី​ដែល​លោក​បាន​ឃើញ​និង​បាន​ឮ+ តែ​គ្មាន​មនុស្ស​ណា​ម្នាក់​ព្រម​ទទួល​ការ​បញ្ជាក់​របស់​លោក​ឡើយ។+ ៣៣ អ្នក​ណា​ដែល​បាន​ទទួល​ការ​បញ្ជាក់​របស់​លោក ក៏​បាន​បោះ​ត្រា*ថា​ព្រះ​គឺ​ពិត​ត្រង់​មែន។+ ៣៤ ពី​ព្រោះ​លោក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក មាន​ប្រសាសន៍​តាម​ប្រសាសន៍​របស់​ព្រះ+ ព្រោះ​ព្រះ​ឲ្យ​ឫទ្ធានុភាព​របស់​លោក​ដោយ​ចិត្ត​ទូលាយ។* ៣៥ បិតា​ដែល​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​បុត្រ​របស់​លោក+ ហើយ​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​ដៃ​របស់​បុត្រ​លោក។+ ៣៦ អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ រីឯ​អ្នក​ណា​ដែល​មិន​ស្ដាប់​បង្គាប់​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ទទួល​ជីវិត​ឡើយ+ តែ​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​អ្នក​នោះ​វិញ។+

៤ ក្រោយ​មក មាន​គេ​ប្រាប់​ពួក​ផារិស៊ី​ថា​លោក​កំពុង​មាន​អ្នក​កាន់​តាម​ច្រើន​ជាង​យ៉ូហាន ហើយ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស+ច្រើន​ជាង​យ៉ូហាន។ ពេល​លោក​ម្ចាស់​យេស៊ូ​បាន​ឮ​ដូច្នោះ ២ (​តាម​ពិត​លោក​យេស៊ូ​មិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ដោយ​ផ្ទាល់​ឡើយ តែ​ពួក​អ្នក​កាន់​តាម​លោក​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ​វិញ​) ៣ នោះ​លោក​បាន​ចេញ​ពី​តំបន់​យូឌា ហើយ​ទៅ​ស្រុកកាលីឡេ​ម្ដង​ទៀត។ ៤ ប៉ុន្តែ លោក​ត្រូវ​ធ្វើ​ដំណើរ​កាត់​ស្រុក​សាម៉ារី។ ៥ ដូច្នេះ លោក​បាន​ទៅ​ដល់​ក្រុង​មួយ​ហៅ​ថា​ស៊ីខា នៅ​ស្រុក​សាម៉ារី ជិត​ដី​វាល​ដែល​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន​ប្រុស​គាត់។+ ៦ តាម​ពិត​អណ្ដូង​របស់​យ៉ាកុប​ក៏​នៅ​ទី​នោះ​ដែរ។+ ឯ​លោក​យេស៊ូ លោក​អស់​កម្លាំង​ដោយ​សារ​ការ​ធ្វើ​ដំណើរ ដូច្នេះ​លោក​ក៏​អង្គុយ​នៅ​អណ្ដូង​នោះ។ ពេល​នោះ​ប្រហែល​ម៉ោង​ទី​៦។*

៧ ស្ត្រីជន​ជាតិ​សាម៉ារី​ម្នាក់​បាន​មក​ដង​ទឹក។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​ផង​»​ ៨ (​ព្រោះ​ពួក​អ្នក​កាន់​តាម​លោក​បាន​ចេញ​ទៅ​ក្រុង​ដើម្បី​ទិញ​ស្បៀង​អាហារ​)។ ៩ ម្ល៉ោះ​ហើយ ស្ត្រីជន​ជាតិ​សាម៉ារី​សួរ​លោក​ថា​៖ ​«​ម្ដេច​បាន​ជា​លោក​សុំ​ទឹក​ពី​ខ្ញុំ​ដូច្នេះ? ព្រោះ​លោក​ជា​ជនជាតិ​យូដា ហើយ​ខ្ញុំ​ជា​ស្ត្រីជន​ជាតិ​សាម៉ារី​»​ (​ដោយ​សារ​ជនជាតិ​យូដា​មិន​ទាក់​ទង​ជា​មួយ​នឹង​ជន​ជាតិ​សាម៉ារី​ឡើយ​)។+ ១០ លោក​យេស៊ូ​តប​ទៅ​នាង​ថា​៖ ​«​ប្រសិន​បើ​នាង​បាន​ស្គាល់​អំណោយ​ទាន​របស់​ព្រះ+ ហើយ​ដឹង​ថា​អ្នក​ណា​កំពុង​និយាយ​ទៅ​នាង​ថា​‹សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​ផង› នោះ​នាង​មុខ​ជា​បាន​សុំ​ទឹក​ពី​លោក ហើយ​លោក​នឹង​ឲ្យ​ទឹក​ដែល​ផ្ដល់​ជីវិត​ដល់​នាង​»។+ ១១ នាង​ជម្រាប​លោក​ថា​៖ ​«​លោក​គ្មាន​អ្វី​សម្រាប់​ដង​ទឹក​ទេ ហើយ​អណ្ដូង​នេះ​ក៏​ជ្រៅ​ដែរ។ ដូច្នេះ តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​មក​ពី​ណា? ១២ លោក​មិន​មែន​ធំ​ជាង​យ៉ាកុប ជា​បុព្វ​បុរស​របស់​យើង​ដែល​បាន​ឲ្យ​អណ្ដូង​នេះ​មក​យើង ហើយ​ដែល​បាន​ផឹក​ទឹក​ពី​អណ្ដូង​នេះ​ជា​មួយ​នឹង​កូន​ៗ​និង​ហ្វូង​សត្វ​របស់​គាត់​ទេ មែន​ទេ?​»។ ១៣ លោក​យេស៊ូ​តប​ទៅ​នាង​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ស្រេក​ម្ដង​ទៀត។ ១៤ ប៉ុន្តែ អ្នក​ណា​ដែល​ផឹក​ទឹក​ដែល​ខ្ញុំ​ឲ្យ អ្នក​នោះ​នឹង​មិន​ស្រេក​ម្ដង​ទៀត​ឡើយ។+ ក៏​ប៉ុន្តែ ទឹក​ដែល​ខ្ញុំ​ឲ្យ​អ្នក​នោះ នឹង​ទៅ​ជា​ទឹក​ផុស​ក្នុង​អ្នក​នោះ ហើយ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។+ ១៥ ស្ត្រី​នោះ​ជម្រាប​លោក​ថា​៖ ​«​លោក សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក​ទៀត ឬ​ត្រូវ​មក​ដង​ទឹក​ពី​កន្លែង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​ឡើយ​»។

១៦ លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ចូរ​ទៅ​ហៅ​ប្ដី​របស់​នាង រួច​ត្រឡប់​មក​កន្លែង​នេះ​វិញ​»។ ១៧ នាង​តប​ទៅ​លោក​ថា​៖ ​«​ខ្ញុំ​គ្មាន​ប្ដី​ទេ​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​នាង​និយាយ​ថា​៖ ‹ខ្ញុំ​គ្មាន​ប្ដី​ទេ› នោះ​ត្រឹម​ត្រូវហើយ។ ១៨ ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​នាក់ ហើយ​បុរស​ដែល​រស់​នៅ​ជា​មួយ​នឹង​នាង​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្ដី​របស់​នាង​ឡើយ។ នាង​បាន​និយាយ​ពិត​ត្រង់​អំពី​រឿងនេះ​»។ ១៩ ស្ត្រី​នោះ​ជម្រាប​លោក​ថា​៖ ​«​លោក ខ្ញុំ​យល់​ឃើញ​ថា​លោក​ជា​អ្នក​ប្រកាស​ទំនាយ។+ ២០ បុព្វ​បុរស​របស់​យើង​ធ្លាប់​គោរព​បូជា​នៅ​ភ្នំ​នេះ ប៉ុន្តែ​ពួក​លោក​និយាយ​ថា​ត្រូវ​គោរព​បូជា​នៅ​ក្រុង​យេរូសាឡិម​វិញ​»។+ ២១ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​នាង​អើយ ចូរ​ជឿ​ខ្ញុំ​ចុះ​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​មិន​គោរព​ប្រណិប័តន៍​ព្រះ* នៅ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ។ ២២ អ្នក​រាល់​គ្នា​គោរព​ប្រណិប័តន៍​អ្វី​ដែល​អ្នក​មិន​ស្គាល់+ តែ​យើង​គោរព​ប្រណិប័តន៍​អ្វី​ដែល​យើង​ស្គាល់ ព្រោះ​សេចក្ដី​សង្គ្រោះ​គឺ​មក​តាម​រយៈ​ជនជាតិ​យូដា។+ ២៣ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នឹង​មាន​វេលា​មក​ដល់ ក៏​នៅ​ឥឡូវ​នេះ​ហើយ ពេល​ដែល​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ពិត​នឹង​គោរព​ប្រណិប័តន៍​បិតា​នៅ​ស្ថាន​សួគ៌ ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​របស់​លោក​និង​ដោយ​សេចក្ដី​ពិត ព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​កំពុង​រក​មនុស្ស​បែប​នេះ​ឲ្យ​មក​គោរព​ប្រណិប័តន៍​លោក។+ ២៤ ព្រះ​ជា​វិញ្ញាណ+ ហើយ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក ត្រូវ​តែ​គោរព​ប្រណិប័តន៍​ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​របស់​លោក​និង​ដោយ​សេចក្ដីពិត​»។+ ២៥ ស្ត្រី​នោះ​ជម្រាប​លោក​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​មេស្ស៊ី*ដែល​គេ​ហៅ​ថា​គ្រិស្ត​នឹង​មក​ដល់។ នៅ​ពេល​លោក​មក​ដល់​ហើយ លោក​នឹង​ប្រកាស​ជា​ចំហ​ឲ្យ​យើង​ដឹង​អ្វី​ៗ​ទាំង​អស់​»។ ២៦ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ខ្ញុំ​ដែល​កំពុង​និយាយ​ជា​មួយ​នឹង​នាង គឺ​ជា​លោក​នោះ​ហើយ​»។+

២៧ ពេល​នោះ ពួក​អ្នក​កាន់​តាម​លោក​បាន​មក​ដល់ ហើយ​ក៏​ឆ្ងល់ ពី​ព្រោះ​ឃើញ​លោក​កំពុង​និយាយ​ជា​មួយ​នឹង​ស្ត្រី។ ប៉ុន្តែ គ្មាន​អ្នក​ណា​សួរ​លោក​ទេ​ថា​៖ ​«​តើ​លោក​កំពុង​រក​អ្វី?​»​ ឬ​«​ហេតុ​អ្វី​លោក​មាន​ប្រសាសន៍​ជា​មួយ​នឹង​នាង?​»។ ២៨ ម្ល៉ោះ​ហើយ ស្ត្រី​នោះ​បាន​ទុក​ក្អម​ទឹក​ចោល រួច​ចូល​ទៅ​ក្នុង​ក្រុង ហើយ​ប្រាប់​មនុស្ស​នៅ​ទី​នោះ​ថា​៖ ២៩ ​«​សូម​មក​មើល​បុរស​ដែល​បាន​ប្រាប់​ខ្ញុំ​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ។ ប្រហែល​លោក​នោះ​ជា​គ្រិស្ត​ទេ​ដឹង?​»។ ៣០ ពួក​គេ​ក៏​ចេញ​ពី​ក្រុង ហើយ​នាំ​គ្នា​ទៅ​ឯ​លោក។

៣១ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​អ្នក​កាន់​តាម​កំពុង​តឿន​លោក​ថា​៖ ​«​រ៉ាប៊ី*+ អញ្ជើញ​ពិសា​ទៅ​»។ ៣២ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​មាន​អាហារ​បរិភោគ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់​ឡើយ​»។ ៣៣ ដូច្នេះ ពួក​អ្នក​កាន់​តាម​លោក​ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​៖ ​«​គ្មាន​អ្នក​ណា​បាន​យក​អ្វី​ជូន​លោក​ពិសា​ទេ មែន​ទេ?​»។ ៣៤ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អាហារ​របស់​ខ្ញុំ គឺខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក+ ព្រម​ទាំង​បង្ហើយ​កិច្ចការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ផង។+ ៣៥ អ្នក​រាល់​គ្នា​និយាយ​ថា បួន​ខែ​ទៀត​ទើប​ដល់​រដូវ​ច្រូត​ប្រមូល​ផល មែន​ទេ? មើល! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ។+ ៣៦ អ្នក​ច្រូត​កាត់​កំពុង​ទទួល​ប្រាក់​ឈ្នួល និង​ប្រមូល​ផល​សម្រាប់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​រួច​ហើយ ប្រយោជន៍​ឲ្យ​អ្នក​សាប​ព្រោះ​និង​អ្នក​ច្រូត​ប្រមូល​ផល អរ​សប្បាយ​ជា​មួយ​គ្នា។+ ៣៧ ស្ដី​អំពី​រឿង​នេះ ពាក្យ​ដែល​គេ​តែង​និយាយ​គឺ​ជា​ការ​ពិត​មែន: ម្នាក់​សាប​ព្រោះ ម្នាក់​ទៀត​ច្រូត​ប្រមូល​ផល។ ៣៨ ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត​ប្រមូល​អ្វី​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ចំណាយ​កម្លាំង​សោះ។ អ្នក​ឯ​ទៀត​បាន​ចំណាយ​កម្លាំង តែ​អ្នក​រាល់​គ្នា​បាន​ចូល​មក​ទទួល​ប្រយោជន៍​ពី​ការ​នឿយ​ហត់​របស់​អ្នក​ទាំង​នោះ​»។

៣៩ ជន​ជាតិ​សាម៉ារី​ជា​ច្រើន​នាក់​នៅ​ក្រុង​នោះ ចាប់​ផ្ដើម​មាន​ជំនឿ​លើ​លោក ដោយ​សារ​ពាក្យ​របស់​ស្ត្រី​ដែល​បាន​ធ្វើ​ជា​សាក្សី​ថា​៖ ​«​លោក​បាន​ប្រាប់​ខ្ញុំ​អំពី​អ្វី​ៗ​​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ​»។+ ៤០ ដូច្នេះ ក្រោយ​ពី​ជន​ជាតិ​សាម៉ារី​បាន​មក​ឯ​លោក នោះ​ពួក​គេ​ចាប់​ផ្ដើម​សុំ​លោក​ឲ្យ​ស្នាក់​នៅ​ជា​មួយ​នឹង​ពួក​គេ ហើយ​លោក​ក៏​ស្នាក់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។ ៤១ ម្ល៉ោះ​ហើយ ពួក​គេ​ជា​ច្រើន​នាក់​ទៀត​បាន​ជឿ ដោយ​សារ​អ្វី​ដែល​លោក​មាន​ប្រសាសន៍ ៤២ ហើយ​ពួក​គេ​និយាយ​ទៅ​ស្ត្រី​នោះ​ថា​៖ ​«​ឥឡូវ​យើង​ជឿ មិន​មែន​ដោយ​សារ​តែ​សម្ដី​របស់​នាង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​យើង​បាន​ឮ​ដោយ​ខ្លួន​យើង​ផ្ទាល់​ដែរ ហើយ​យើង​ដឹង​ប្រាកដ​ថា​បុរស​នេះ​ជា​អ្នក​សង្គ្រោះ​ពិភព​លោក​មែន​»។+

៤៣ លុះ​ពីរ​ថ្ងៃ​ក្រោយ​មក លោក​ចេញ​ពី​ទី​នោះ​ទៅ​ស្រុកកាលីឡេ។ ៤៤ ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​បញ្ជាក់​ដោយ​ខ្លួន​លោក​ថា អ្នក​ប្រកាស​ទំនាយ​មិន​ទទួល​កិត្តិយស​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ។+ ៤៥ ដូច្នេះ ពេល​ដែល​លោក​បាន​ទៅ​ដល់​ស្រុកកាលីឡេ នោះ​អ្នក​ស្រុកកាលីឡេ​បាន​ទទួល​លោក ពី​ព្រោះ​ពួក​គេ​បាន​ឃើញ​ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​នៅ​ក្រុង​យេរូសាឡិម​ក្នុង​អំឡុង​ពេល​បុណ្យ+ ព្រោះ​ពួក​គេ​ក៏​បាន​ទៅ​ចូល​រួម​បុណ្យ​នោះ​ដែរ។+

៤៦ ក្រោយ​មក លោក​បាន​មក​ភូមិ​កាណា​នៅ​ស្រុកកាលីឡេ​ម្ដង​ទៀត ជា​កន្លែង​ដែល​លោក​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា។+ មាន​បុរស​ម្នាក់​ដែល​ជា​អ្នក​បម្រើ​ស្ដេច ហើយ​កូន​ប្រុស​របស់​គាត់​កំពុង​ឈឺ​នៅ​ក្រុង​កាពើណិម។ ៤៧ នៅ​ពេល​ដែល​បុរស​នេះ​ឮ​ថា​លោក​យេស៊ូ​បាន​ចេញ​ពី​តំបន់​យូឌា​មក​ស្រុកកាលីឡេ នោះ​គាត់​បាន​ចេញ​ទៅ​សុំ​លោក​ឲ្យ​ចុះ​មក ហើយ​ជួយ​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​គាត់​ជា​ផង ព្រោះ​កូន​របស់​គាត់​ជិត​ស្លាប់​ហើយ។ ៤៨ ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មិន​ជឿ​ឡើយ លុះ​ត្រា​តែ​ឃើញ​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ​»។+ ៤៩ អ្នក​បម្រើ​ស្ដេច​ជម្រាប​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​ចុះ​មក មុន​កូន*របស់​ខ្ញុំ​ស្លាប់​»។ ៥០ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អញ្ជើញ​ទៅ​ចុះ កូន​ប្រុស​របស់​អ្នក​បាន​ជា​ឡើង​វិញ​ហើយ​»។+ បុរស​នោះ​ជឿ​ប្រសាសន៍​របស់​លោក​យេស៊ូ ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ៥១ លុះ​ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​ខ្ញុំ​បម្រើ​របស់​គាត់​បាន​មក​ជួប​គាត់ ហើយ​ប្រាប់​ថា​កូន​ប្រុស​របស់​គាត់​បាន​ជា​ឡើង​វិញ​ហើយ។ ៥២ ដូច្នេះ គាត់​សួរ​ពួក​គេ​អំពី​ម៉ោង​ណា​ដែល​កូន​របស់​គាត់​មាន​សុខភាព​ល្អ​ឡើង​វិញ។ ពួក​គេ​ប្រាប់​គាត់​ថា​៖ ​«​ម្សិលមិញ នៅ​ម៉ោង​ទី​៧* គ្រុន​ក៏​បាត់​ពី​គាត់​ទៅ​»។ ៥៣ ដូច្នេះ ឪពុក​របស់​កូន​នោះ​ក៏​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កូន​ប្រុស​របស់​អ្នក​បាន​ជា​ឡើង​វិញ​ហើយ​»។+ រួច​គាត់​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​បាន​ទៅ​ជា​អ្នក​ជឿ។ ៥៤ នេះ​ជា​សញ្ញា​សម្គាល់​ទី​២+ដែល​លោក​យេស៊ូ​បាន​ធ្វើ ពេល​ចេញ​ពី​តំបន់​យូឌា​មក​ស្រុកកាលីឡេ​វិញ។

៥ បន្ទាប់​ពី​ការ​ទាំង​នេះ មាន​បុណ្យ​មួយ+របស់​ជនជាតិ​យូដា ហើយ​លោក​យេស៊ូ​បាន​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ២ នៅ​ក្រុង​យេរូសាឡិម ជិត​ខ្លោង​ទ្វារ​មួយ​ឈ្មោះ​ថា​ខ្លោង​ទ្វារ​ចៀម+ មាន​អាង​ទឹក​មួយ​ដែល​ភាសា​ហេប្រឺ​ហៅ​ថា​បេតសាថា ហើយ​អាង​នោះ​ព័ទ្ធ​ដោយ​ល្វែង​ប្រាំ។ ៣ ក្នុង​ល្វែង​ទាំង​នេះ មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​ឈឺ ងងឹត​ភ្នែក ខ្វិន ស្វិត​ដៃ ឬ​ស្វិត​ជើង*កំពុង​ដេក​នៅ​ទី​នោះ។ ៤ *—— ៥ ប៉ុន្តែ​នៅ​ទី​នោះ មាន​បុរស​ម្នាក់​ដែល​បាន​ឈឺ​អស់​៣៨​ឆ្នាំ។ ៦ ពេល​ដែល​លោក​យេស៊ូ​ឃើញ​បុរស​នេះ​កំពុង​ដេក​នៅ​ទី​នោះ និង​ដោយ​ដឹង​ថា​គាត់​ឈឺ​យូរ​ហើយ នោះ​លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​តើ​អ្នក​ចង់​ជា​ឡើង​វិញ​ទេ?​»។+ ៧ បុរស​ដែល​ឈឺ​នោះ​បាន​ឆ្លើយ​ថា​៖ ​«​លោក គ្មាន​អ្នក​ណា​ជួយ​ដាក់​ខ្ញុំ​ក្នុង​អាង​ពេល​ដែល​ទឹក​កំពុង​កម្រើក​ទេ តែ​ពេល​ខ្ញុំ​កំពុង​ចុះ​ទៅ ក៏​មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ​»។ ៨ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ងើប​ឡើង! យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ​»។+ ៩ រំពេច​នោះ បុរស​នោះ​បាន​ជា​ឡើង​វិញ ក៏​យក​គ្រែ​ស្នែង​របស់​គាត់ ហើយ​ចាប់​ផ្ដើម​ដើរ​ទៅ។

ថ្ងៃ​នោះ​ជា​ថ្ងៃ​ឈប់​សម្រាក។* ១០ ដូច្នេះ ជនជាតិ​យូដា​ចាប់​ផ្ដើម​ប្រាប់​បុរស​ដែល​បាន​ជា​ឡើង​វិញ​នោះ​ថា​៖ ​«​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក អ្នក​គ្មាន​ច្បាប់​យួរ​គ្រែ​ស្នែង​ទេ​»។+ ១១ ប៉ុន្តែ គាត់​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ឡើង​វិញ បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›​»។ ១២ ពួក​គេ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ណា​បាន​ប្រាប់​អ្នក​ថា​៖ ‹យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›?​»។ ១៣ ប៉ុន្តែ បុរស​ដែល​បាន​ជា​ឡើង​វិញ​មិន​បាន​ដឹង​ថា​លោក​ជា​អ្នក​ណា​ឡើយ ព្រោះ​លោក​យេស៊ូ​បាន​ចូល​ទៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ធំ​នៅ​ទី​នោះ។

១៤ បន្ទាប់​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​បាន​ប្រទះ​ឃើញ​គាត់​ក្នុង​វិហារ ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​មើល! អ្នក​ជា​ឡើង​វិញ​ហើយ។ កុំ​ធ្វើ​ខុស​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​អ្វី​អាក្រក់​ជាង​នេះ​កើត​ឡើង​ដល់​អ្នក​»។ ១៥ បុរស​នោះ​ចេញ​ទៅ​ប្រាប់​ជនជាតិ​យូដា​ថា គឺ​លោក​យេស៊ូ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​ឡើង​វិញ។ ១៦ ម្ល៉ោះ​ហើយ ជនជាតិ​យូដា​ចាប់​ផ្ដើម​បៀត​បៀន​លោក​យេស៊ូ ពី​ព្រោះ​លោក​ធ្វើ​ការ​ទាំង​នេះ​នៅ​ថ្ងៃ​ឈប់​សម្រាក។ ១៧ ប៉ុន្តែ លោក​តប​ទៅ​ពួក​គេ​ថា​៖ ​«​បិតា​របស់​ខ្ញុំ​នៅ​តែ​ធ្វើ​ការ​រហូត​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​នៅ​តែ​ធ្វើ​ការ​ដែរ​»។+ ១៨ ហេតុ​នេះ​ហើយ​បាន​ជា​ជនជាតិ​យូដា​ខំ​ប្រឹង​ខ្លាំង​ជាង​មុន​ដើម្បី​រក​វិធី​សម្លាប់​លោក ពី​ព្រោះ​ពួក​គេ​គិត​ថា​លោក​មិន​ត្រឹម​តែ​ឥត​គោរព​ថ្ងៃ​ឈប់​សម្រាក​ប៉ុណ្ណោះ​ទេ តែ​ក៏​ហៅ​ព្រះ​ថា​ជា​បិតា​របស់​លោក+ ថែម​ទាំង​តាំង​ខ្លួន​ស្មើ​នឹង​ព្រះ​ទៀត​ផង។+

១៩ ដូច្នេះ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា បុត្រ​ព្រះ​មិន​អាច​ធ្វើ​អ្វី​ដោយ​គំនិត​របស់​លោក​ផ្ទាល់​បាន​ឡើយ សូម្បី​តែ​អ្វី​មួយ។ ប៉ុន្តែ លោក​ធ្វើ​តែ​អ្វី​ដែល​លោក​ឃើញ​បិតា​របស់​លោក​ធ្វើ​ប៉ុណ្ណោះ+ ព្រោះ​អ្វី​ក៏​ដោយ​ដែល​បិតា​ធ្វើ នោះ​បុត្រ​របស់​លោក​ក៏​ធ្វើ​ដូច្នោះ​ដែរ។ ២០ បិតា​ដែល​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​បុត្រ​របស់​លោក+ ក៏​បង្ហាញ​បុត្រ​របស់​លោក​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ធ្វើ ថែម​ទាំង​នឹង​បង្ហាញ​បុត្រ​លោក​នូវ​ការ​អស្ចារ្យ​ច្រើន​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។+ ២១ ព្រោះ​ដូច​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ+ នោះ​បុត្រ​របស់​លោក​ក៏​ប្រោស​អ្នក​ណា​ដែល​លោក*ចង់​ឲ្យ​រស់​ឡើង​វិញ​ដែរ។+ ២២ ព្រោះ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​មិន​វិនិច្ឆ័យ​អ្នក​ណា​ឡើយ តែ​លោក​បាន​ប្រគល់​ការ​វិនិច្ឆ័យ​ទាំង​អស់​ឲ្យ​បុត្រ​របស់​លោក+ ២៣ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ផ្ដល់​កិត្តិយស​ជូន​បុត្រ​របស់​លោក ដូច​ពួក​គេ​ផ្ដល់​កិត្តិយស​ជូន​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ដែរ។ អ្នក​ណា​ដែល​មិន​ផ្ដល់​កិត្តិយស​ជូន​បុត្រ​របស់​លោក អ្នក​នោះ​ក៏​មិន​ផ្ដល់​កិត្តិយស​ជូន​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ដែរ។+ ២៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ ហើយ​ជឿ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ ហើយ​មិន​ទទួល​ការ​វិនិច្ឆ័យ​ឡើយ តែ​អ្នក​នោះ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត​រួច​ហើយ។+

២៥ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា នឹង​មាន​វេលា​មក​ដល់ ក៏​នៅ​ឥឡូវ​នេះ​ហើយ ពេល​ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​បុត្រ​របស់​ព្រះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់​តាម​នឹង​មាន​ជីវិត។ ២៦ ព្រោះ​ដូច​បិតា​ដែល​នៅ​ស្ថាន​សួគ៌​មាន​អំណាច​ផ្ដល់​ជីវិត+ នោះ​លោក​ក៏​ឲ្យ​បុត្រ​របស់​លោក​មាន​អំណាច​ផ្ដល់​ជីវិត​ដែរ។+ ២៧ លោក​បាន​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​បុត្រ​របស់​លោក​ធ្វើ​ការ​វិនិច្ឆ័យ+ ព្រោះ​បុត្រ​របស់​លោក​ជា​កូន​មនុស្ស។+ ២៨ កុំ​ឲ្យ​ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​បុត្រ​របស់​លោក+ ២៩ ហើយ​ចេញ​មក គឺ​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ ហើយ​បាន​ជីវិត ឯ​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ ហើយ​ទទួល​ការ​វិនិច្ឆ័យ។+ ៣០ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​គំនិត​របស់​ខ្ញុំ​ផ្ទាល់​បាន​ឡើយ សូម្បី​តែ​អ្វី​មួយ។ ខ្ញុំ​វិនិច្ឆ័យ​តាម​អ្វី​ដែល​ខ្ញុំ​ឮ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​គឺ​សុចរិត+ ពី​ព្រោះ​ខ្ញុំ​មិន​រក​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ តែ​ខ្ញុំ​រក​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+

៣១ ​«​ប្រសិន​បើ​ខ្ញុំ​ធ្វើ​ជា​សាក្សី​អំពី​ខ្លួន​ខ្ញុំ​តែ​ម្នាក់​ឯង នោះ​ការ​បញ្ជាក់​របស់​ខ្ញុំ​គឺ​មិន​ពិត​ឡើយ។+ ៣២ ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ធ្វើ​ជា​សាក្សី​អំពី​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​លោក​បញ្ជាក់​អំពី​ខ្ញុំ​គឺ​ជា​ការ​ពិត។+ ៣៣ អ្នក​រាល់​គ្នា​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ជួប​យ៉ូហាន ហើយ​គាត់​បាន​បញ្ជាក់​អំពី​សេចក្ដី​ពិត។+ ៣៤ ក៏​ប៉ុន្តែ ខ្ញុំ​មិន​ពឹង​ផ្អែក​លើ​ការ​បញ្ជាក់​របស់​មនុស្ស​ទេ តែ​ខ្ញុំ​និយាយ​អ្វី​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទទួល​សេចក្ដី​សង្គ្រោះ។ ៣៥ បុរស​នោះ​ធ្លាប់​ជា​ចង្កៀង​មួយ​ដែល​ឆេះ ហើយ​ភ្លឺ​ត្រចះ។ អស់​មួយ​រយៈ​ពេល​ខ្លី អ្នក​រាល់​គ្នា​ព្រម​ត្រេក​អរ​យ៉ាង​ខ្លាំង​នឹង​ពន្លឺ​របស់​គាត់។+ ៣៦ ប៉ុន្តែ ខ្ញុំ​មាន​ការ​បញ្ជាក់​ដែល​ប្រសើរ​ជាង​ការ​បញ្ជាក់​របស់​យ៉ូហាន ព្រោះ​កិច្ចការ​ដែល​បិតា​របស់​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​សម្រេច ពោល​គឺ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ គឺ​កិច្ច​ការ​នោះ​ឯង​ដែល​បញ្ជាក់​ថា បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+ ៣៧ ម្យ៉ាង​ទៀត បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​ដែរ។+ អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​សំឡេង​របស់​លោក ឬ​ឃើញ​រូប​លោក​ម្ដង​ណា​ឡើយ+ ៣៨ ហើយ​បណ្ដាំ​របស់​លោក​មិន​នៅ​ជាប់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​អ្នក​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​ឲ្យ​មក​នោះ​ទេ។

៣៩ ​«​អ្នក​រាល់​គ្នា​ពិនិត្យ​មើល​បទ​គម្ពីរ+ ពី​ព្រោះ​អ្នក​រាល់​គ្នា​គិត​ថា​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​តាម​រយៈ​បទ​គម្ពីរ ហើយ​គឺ​បទ​គម្ពីរ​នោះ​ឯង​ដែល​បញ្ជាក់​អំពីខ្ញុំ។+ ៤០ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​មិន​ចង់​មក​ឯ​ខ្ញុំ+ដើម្បី​អាច​ទទួល​ជីវិតទេ។ ៤១ ខ្ញុំ​មិន​ព្រម​ទទួល​ការ​លើក​តម្កើង​ពី​មនុស្ស​ទេ។ ៤២ ប៉ុន្តែ ខ្ញុំ​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ឡើយ។ ៤៣ ខ្ញុំ​បាន​មក​ក្នុង​នាម​បិតា​របស់​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ។ ប្រសិន​បើ​អ្នក​ផ្សេង​ទៀត​មក​ក្នុង​នាម​ផ្ទាល់​ខ្លួន អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ។ ៤៤ អ្នក​រាល់​គ្នា​កំពុង​ទទួល​ការ​លើក​តម្កើង​ពី​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ស្វែង​រក​ការ​លើក​តម្កើង​ដែល​មក​ពី​ព្រះ​តែ​មួយ​ទេ ដូច្នេះ​តើ​អ្នក​រាល់​គ្នា​អាច​ជឿ​ខ្ញុំ​ដូច​ម្ដេច​បាន?+ ៤៥ កុំ​គិត​ថា​ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា​នៅ​មុខ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ឡើយ។ មាន​តែ​ម្នាក់​ដែល​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា គឺ​ម៉ូសេ+ដែល​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា។ ៤៦ តាម​ពិត បើ​អ្នក​រាល់​គ្នា​ជឿ​ម៉ូសេ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​ជឿ​ខ្ញុំ​ដែរ ព្រោះ​គាត់​បាន​សរសេរ​អំពី​ខ្ញុំ។+ ៤៧ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​អ្វី​ដែល​គាត់​បាន​សរសេរ​ទេ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ពាក្យ​របស់​ខ្ញុំ​ដូច​ម្ដេច​បាន?​»។

៦ បន្ទាប់​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​បាន​ចេញ​ដំណើរ​ឆ្លង​សមុទ្រ*កាលីឡេ ឬ​ទិបេរៀស។+ ២ ប៉ុន្តែ មនុស្ស​មួយ​ក្រុម​ធំ​បាន​តាម​លោក​ជាប់+ ពី​ព្រោះ​ពួក​គេ​ឃើញ​អព្ភូតហេតុ​ដែល​លោក​ធ្វើ​ឲ្យ​អ្នក​ឈឺ​ជា​សះ​ស្បើយ។+ ៣ ដូច្នេះ លោក​យេស៊ូ​បាន​ឡើង​ភ្នំ​មួយ រួច​បាន​អង្គុយ​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក។ ៤ ពេល​នោះ គឺ​ជិត​ដល់​បុណ្យ​រំលង+ ជា​បុណ្យ​របស់​ជនជាតិ​យូដា។ ៥ កាល​ដែល​លោក​យេស៊ូ​ងើប​ភ្នែក​ទៅ​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ដើរ​តម្រង់​មក​រក​លោក នោះ​លោក​មាន​ប្រសាសន៍​ទៅ​ភីលីព​ថា​៖ ​«​តើ​យើង​នឹង​ទិញ​នំ​ប៉័ង​ពី​កន្លែង​ណា​ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ?​»។+ ៦ លោក​មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​សាក​ល្បង​គាត់ ព្រោះ​លោក​ដឹង​រួច​ហើយ​ថា​លោក​ហៀប​នឹង​ធ្វើ​អ្វី។ ៧ ភីលីព​តប​ឆ្លើយ​ថា​៖ ​«​សូម្បី​តែ​យើង​ទិញ​នំ​ប៉័ង​អស់​២០០​ឌីណារី* ហើយ​ឲ្យ​ពួក​គេ​បរិភោគ​ម្នាក់​បន្តិច​ៗ ក៏​មិន​គ្រប់​គ្រាន់​ដែរ​»។ ៨ អនទ្រេ​ជា​បង​ប្អូន​របស់​ស៊ីម៉ូន​ពេត្រុស និង​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក បាន​ជម្រាប​លោក​ថា​៖ ៩ ​«​ក្មេង​ប្រុស​នេះ​មាន​នំ​ប៉័ង*ប្រាំ​ដុំ​និង​ត្រី​តូច​ពីរ​កន្ទុយ។ ប៉ុន្តែ តើ​របស់​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី​សម្រាប់​មនុស្ស​ច្រើន​យ៉ាង​នេះ?​»។+

១០ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រាប់​មនុស្ស​ទាំង​នេះ​ឲ្យ​អង្គុយ​ចុះ​»។ កន្លែង​នោះ​មាន​ស្មៅ​ច្រើន ដូច្នេះ​ពួក​គេ​ក៏​អង្គុយ​ចុះ។ ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ មាន​បុរស​ប្រហែល​៥.០០០​នាក់។+ ១១ បន្ទាប់​មក លោក​យេស៊ូ​យក​នំ​ប៉័ង​ទាំង​នោះ ក៏​អរគុណ​ព្រះ រួច​ចែក​ដល់​អស់​អ្នក​ដែល​កំពុង​អង្គុយ ថែម​ទាំង​ចែក​ត្រី​តូច​ៗ​ទាំង​នោះ​តាម​ដែល​ពួក​គេ​ចង់​បាន។ ១២ ប៉ុន្តែ ពេល​ដែល​ពួក​គេ​បាន​បរិភោគ​ឆ្អែត​ហើយ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ចូរ​ប្រមូល​អាហារ​ដែល​នៅ​សល់ កុំ​ឲ្យ​ខាត​បង់​អ្វី​ឡើយ​»។ ១៣ ដូច្នេះ ពួក​គាត់​ក៏​ប្រមូល​អាហារ​ដែល​សល់ បាន​ពេញ​១២​កញ្ជើ ជា​អាហារ​ដែល​នៅ​សល់​ពី​នំ​ប៉័ង​ប្រាំ​ដុំ​ដែល​មនុស្ស​ទាំង​នោះ​បាន​បរិភោគ។

១៤ ពេល​ដែល​មនុស្ស​ទាំង​នោះ​ឃើញ​សញ្ញា​សម្គាល់​ដែល​លោក​បាន​ធ្វើ នោះ​ពួក​គេ​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​អ្នក​នេះ​ប្រាកដ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ត្រូវ​ចូល​មក​ក្នុង​ពិភព​លោក​ហើយ​»។+ ១៥ ពេល​លោក​យេស៊ូ​ដឹង​ថា​ពួក​គេ​ហៀប​នឹង​មក​ចាប់​លោក ហើយ​តែង​តាំង​លោក​ជា​ស្ដេច នោះ​លោក​ក៏​ចេញ​ទៅ+ភ្នំ​ម្ដង​ទៀត​តែ​ម្នាក់​ឯង។+

១៦ លុះ​ដល់​ល្ងាច ពួក​អ្នក​កាន់​តាម​លោក​បាន​ចុះ​ទៅ​ឯ​សមុទ្រ+ ១៧ រួច​ចុះ​ទូក​មួយ ហើយ​ចេញ​ដំណើរ​ឆ្លង​សមុទ្រ​ទៅ​ក្រុង​កាពើណិម។ ពេល​នោះ​មេឃ​ងងឹត​ហើយ ចំណែក​លោក​យេស៊ូ លោក​មិន​ទាន់​មក​ឯ​ពួក​គាត់​នៅ​ឡើយ។+ ១៨ ម្យ៉ាង​ទៀត ខ្យល់​បក់​មក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ចាប់​ផ្ដើម​បោក​កញ្ជ្រោល។+ ១៩ ប៉ុន្តែ ពេល​ដែល​ពួក​គាត់​អុំ​បាន​ប្រហែល​៥​ទៅ​៦​គីឡូ​ម៉ែត្រ* ពួក​គាត់​ឃើញ​លោក​យេស៊ូ​កំពុង​ដើរ​លើ​សមុទ្រ មក​កាន់​តែ​ជិត​ទូក នោះ​ពួក​គាត់​ក៏​តាំង​ភ័យ​ខ្លាច។ ២០ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​គឺ​ខ្ញុំ​ទេ កុំ​ខ្លាច​ឡើយ!​»។+ ២១ ដូច្នេះ ពួក​គាត់​សប្បាយ​ចិត្ត​ទទួល​លោក​ចូល​ក្នុង​ទូក។ មួយ​ស្របក់​ក្រោយ​មក ទូក​ក៏​ទៅ​ដល់​គោក គឺ​នៅ​ចំ​កន្លែង​ដែល​ពួក​គាត់​ចង់​ធ្វើ​ដំណើរ​ទៅ។+

២២ លុះ​ស្អែក​ឡើង បណ្ដា​ជន​ដែល​នៅ​ត្រើយ​ម្ខាង​នៃ​សមុទ្រ​ឃើញ​ថា​មិន​មាន​ទូក​នៅ​ទី​នោះ​ទេ។ តាម​ពិត​ពី​មុន​មាន​ទូក​តូច​មួយ​ចត​នៅ​ទី​នោះ តែ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ចេញ​ទូក​នោះ​ទៅ​បាត់​ហើយ តែ​លោក​មិន​បាន​ទៅ​ជា​មួយ​នឹង​ពួក​គាត់​ឡើយ។ ២៣ ពេល​នោះ ទូក​ខ្លះ​ពី​ក្រុង​ទិបេរៀស​បាន​មក​ដល់​ជិត​កន្លែង​ដែល​លោក​ម្ចាស់​បាន​ចែក​នំ​ប៉័ង​ឲ្យ​ពួក​គេ ក្រោយ​ពី​លោក​បាន​អរគុណ​ព្រះ។ ២៤ ដូច្នេះ កាល​ដែល​បណ្ដា​ជន​ឃើញ​ថា​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​មិន​នៅ​ទី​នោះ​ទេ ពួក​គេ​ក៏​ចុះ​ទូក​ទៅ​ក្រុង​កាពើណិម​ដើម្បី​រក​លោក​យេស៊ូ។

២៥ លុះ​រក​ឃើញ​លោក​នៅ​ត្រើយ​ម្ខាង​ហើយ ពួក​គេ​សួរ​លោក​ថា​៖ ​«​រ៉ាប៊ី*+ តើ​លោក​មក​ទី​នេះ​តាំង​ពី​ពេល​ណា?​»។ ២៦ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​រាល់​គ្នា​មិន​មែន​រក​ខ្ញុំ​ដោយ​សារបាន​ឃើញ​សញ្ញា​សម្គាល់​ទេ ប៉ុន្តែ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ប៉័ង​ឆ្អែត។+ ២៧ កុំ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​ខូច​ទៅ​ឡើយ តែ​ចូរ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត​ស្ថេរ ជា​អាហារ​ដែល​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ និង​ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​អ្នក​រាល់​គ្នា ព្រោះ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ពោល​គឺ​ព្រះ​បាន​បិទ​ត្រា​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​កូន​មនុស្ស​ហើយ​»។+

២៨ ដូច្នេះ ពួក​គេ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត?​»។ ២៩ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ គឺ​អ្នក​រាល់​គ្នា​ត្រូវ​បង្ហាញ​ជំនឿ​លើ​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​»។+ ៣០ រួច​ពួក​គេ​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​លោក​នឹង​ធ្វើ​សញ្ញា​សម្គាល់​អ្វី​ឲ្យ​យើង​ឃើញ+ ដើម្បី​ឲ្យ​យើង​មាន​ជំនឿ​លើ​លោក? តើ​លោក​នឹង​ធ្វើ​កិច្ច​ការ​អ្វី? ៣១ នៅ​តំបន់​ស្ងាត់​ជ្រងំ បុព្វបុរស​របស់​យើង​បាន​បរិភោគ​ម៉ាណា​ដែល​ព្រះ​ផ្ដល់​ឲ្យ+ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ‹លោក​បាន​ផ្ដល់​នំ​ប៉័ង​ពី​ស្ថាន​សួគ៌*ឲ្យ​ពួក​គេ​បរិភោគ›​»។+ ៣២ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ម៉ូសេ​មិន​បាន​ផ្ដល់​នំ​ប៉័ង​ពី​ស្ថាន​សួគ៌​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ​បិតា​របស់​ខ្ញុំ​ផ្ដល់​នំ​ប៉័ង​ដ៏​ពិត​ពី​ស្ថាន​សួគ៌​ឲ្យ​អ្នក​រាល់​គ្នា។ ៣៣ ព្រោះ​នំ​ប៉័ង​ពី​ព្រះ គឺ​អ្នក​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌ ហើយ​ផ្ដល់​ជីវិត​ឲ្យ​ពិភព​លោក​»។ ៣៤ ម្ល៉ោះ​ហើយ ពួក​គេ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​ផ្ដល់​នំ​ប៉័ង​នេះ​ឲ្យ​យើង​ជា​និច្ច​»។

៣៥ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ជា​នំ​ប៉័ង​នៃ​ជីវិត។ អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដែល​ឃ្លាន​ឡើយ ហើយ​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដែល​ស្រេក​ទេ។+ ៣៦ ក៏​ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ ប៉ុន្តែ​នៅ​តែ​មិន​ជឿ។+ ៣៧ អស់​អ្នក​ណា​ដែល​បិតា​ខ្ញុំ​ឲ្យ​មក​ខ្ញុំ អ្នក​ទាំង​នោះ​នឹង​មក​ឯ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មិន​បណ្ដេញ​អ្នក​ដែល​មក​ឯ​ខ្ញុំ​ចេញ​ឡើយ+ ៣៨ ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌+ ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក មិន​មែន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ។+ ៣៩ បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​គឺ កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​អ្នក​ណា​ម្នាក់​ពី​ចំណោម​អស់​អ្នក​ដែល​លោក​បាន​ឲ្យ​មក​ខ្ញុំ តែ​លោក​ឲ្យ​ខ្ញុំ​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​រស់​ឡើង​វិញ+នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ ៤០ ពី​ព្រោះ​នេះ​ជា​បំណង​ប្រាថ្នា​របស់​បិតា​ខ្ញុំ ពោល​គឺ​អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​បុត្រ​លោក ហើយ​បង្ហាញ​ជំនឿ​លើ​បុត្រ​លោក អ្នក​ទាំង​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ+នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​»។

៤១ បន្ទាប់​មក ជនជាតិ​យូដា​ចាប់​ផ្ដើម​ត្អូញត្អែរ​អំពី​លោក ដោយ​សារ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​នំ​ប៉័ង​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌​»។+ ៤២ ពួក​គេ​ក៏​និយាយ​ថា​៖ ​«​នេះ​ជា​យេស៊ូ ជា​កូន​ប្រុស​របស់​យ៉ូសែប ហើយ​យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ​របស់​គាត់ មែន​ទេ?+ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ឥឡូវ​នេះ​គាត់​បែរ​ជា​និយាយថា​៖ ‹ខ្ញុំបាន​ចុះ​មក​ពី​ស្ថាន​សួគ៌›​ទៅ​វិញ?​»។ ៤៣ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ឈប់​ត្អូញត្អែរ​ដាក់​គ្នា​ទៅ។ ៤៤ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​មក​ឯ​ខ្ញុំ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ត្រូវ​ទាញ​នាំ​មក​ដោយ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក+ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។+ ៤៥ ពួក​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា​៖ ‹ពួក​គេ​ទាំង​អស់​គ្នា​នឹង​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា›។*+ អស់​អ្នក​ណា​ដែល​ស្ដាប់​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​បាន​រៀន​ពី​លោក អ្នក​នោះ​មក​ឯ​ខ្ញុំ។ ៤៦ មិន​ធ្លាប់​មាន​មនុស្ស​ណា​ម្នាក់​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌​ឡើយ+ លើក​លែង​តែ​អ្នក​ដែល​មក​ពី​ព្រះ គឺ​អ្នក​នោះ​ឯង​ដែល​បាន​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌។+ ៤៧ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ជឿ អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+

៤៨ ​«​ខ្ញុំ​ជា​នំ​ប៉័ង​នៃ​ជីវិត។+ ៤៩ បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​ម៉ាណា​នៅ​តំបន់​ស្ងាត់​ជ្រងំ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ស្លាប់។+ ៥០ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដែល​បរិភោគ​នំ​ប៉័ង​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ។ ៥១ ខ្ញុំ​ជា​នំ​ប៉័ង​រស់​ដែល​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌។ បើ​អ្នក​ណា​បរិភោគ​នំ​ប៉័ង​នេះ អ្នក​នោះ​នឹង​រស់​ជា​រៀង​រហូត ហើយ​ជា​ការ​ពិត​ថា នំ​ប៉័ង​ដែល​ខ្ញុំ​នឹង​ឲ្យ គឺ​ជា​សាច់​របស់​ខ្ញុំ ដើម្បី​ឲ្យ​មនុស្សជាតិ​អាច​រស់​»។+

៥២ ដូច្នេះ ជនជាតិ​យូដា​ចាប់​ផ្ដើម​ឈ្លោះ​ប្រកែក​គ្នា​ថា​៖ ​«​តើ​បុរស​នេះ​អាច​ឲ្យ​សាច់​របស់​គាត់​មក​យើង​បរិភោគ​ដូច​ម្ដេច​បាន?​»។ ៥៣ រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​របស់​កូន​មនុស្ស ហើយ​មិន​ផឹក​ឈាម​របស់​លោក​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​ជីវិត​ឡើយ។*+ ៥៤ អ្នក​ណា​ដែល​បរិភោគ​សាច់​របស់​ខ្ញុំ ហើយ​ផឹក​ឈាម​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះឲ្យ​រស់​ឡើង​វិញ+នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ៥៥ ព្រោះ​សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត ហើយ​ឈាម​របស់​ខ្ញុំ​ជា​ភេសជ្ជៈ​ដ៏​ពិត។ ៥៦ អ្នក​ណា​ដែល​បរិភោគ​សាច់​របស់​ខ្ញុំ ហើយ​ផឹក​ឈាម​របស់​ខ្ញុំ អ្នក​នោះ​នៅ​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ​ដែរ។+ ៥៧ ដូច​បិតា​នៅ​ស្ថាន​សួគ៌​ដែល​មាន​ជីវិត​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ខ្ញុំ​រស់​ដោយ​សារ​បិតា នោះ​អ្នក​ណា​ដែល​បរិភោគ​សាច់​ខ្ញុំ អ្នក​នោះ​ក៏​នឹង​រស់​ដោយ​សារ​ខ្ញុំ​ដែរ។+ ៥៨ នេះ​ជា​នំ​ប៉័ង​ដែល​ចុះ​មក​ពី​ស្ថាន​សួគ៌។ មិន​មែន​ដូច​នំ​ប៉័ង​ដែល​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​ហើយ ក៏​នៅ​តែ​ស្លាប់​នោះ​ទេ។ អ្នក​ណា​ដែល​បរិភោគ​នំ​ប៉័ង​នេះ អ្នក​នោះ​នឹង​រស់​ជា​រៀង​រហូត​»។+ ៥៩ លោក​បាន​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ កាល​ដែល​លោក​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ*មួយ​នៅ​ក្រុង​កាពើណិម។

៦០ ពេល​ឮ​ដូច្នោះ ពួក​អ្នក​កាន់​តាម​ជា​ច្រើន​របស់​លោក​បាន​និយាយ​ថា​៖ ​«​សម្ដី​នេះ​គួរ​ឲ្យ​ទាស់​ចិត្ត​ណាស់ តើ​អ្នក​ណា​ទ្រាំ​ស្ដាប់​បាន?​»។ ៦១ ប៉ុន្តែ លោក​យេស៊ូ​ជ្រាប​ថា ពួក​អ្នក​កាន់​តាម​កំពុង​ត្អូញត្អែរ​ដោយ​សារ​សម្ដី​នេះ ដូច្នេះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​តើ​សម្ដី​នេះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល*ឬ? ៦២ ចុះ​យ៉ាង​ណា​វិញ បើ​អ្នក​រាល់​គ្នា​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​កន្លែង​ដែល​លោក​នៅ​ពី​មុន?+ ៦៣ គឺ​ឫទ្ធានុភាព​របស់​ព្រះ​ទេ​ដែល​ផ្ដល់​ជីវិត+ សាច់​ឈាម​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ ហើយ​ក៏​ផ្ដល់​ជីវិត។+ ៦៤ ប៉ុន្តែ មាន​អ្នក​រាល់​គ្នា​ខ្លះ​មិន​ជឿ​ទេ​»។ ព្រោះ​លោក​យេស៊ូ​ជ្រាប​ជា​មុន*អំពី​អ្នក​ខ្លះ​ដែល​មិន​ជឿ​លោក និង​អំពី​អ្នក​ដែល​នឹង​ក្បត់​លោក។+ ៦៥ លោក​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​មក​ឯ​ខ្ញុំ​បាន​ទេ លុះ​ត្រា​តែ​បិតា​នៅ​ស្ថាន​សួគ៌​អនុញ្ញាត​»។+

៦៦ ប្រសាសន៍​របស់​លោក​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​កាន់​តាម​ជា​ច្រើន ត្រឡប់​ទៅ​ប្រកប​កិច្ច​ការ​ពី​មុន​វិញ+ ហើយ​លែង​ទៅ​តាម​លោក​ទៀត។ ៦៧ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​សាវ័ក​ទាំង​១២​នាក់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ចង់​ទៅ​ដែរ​ឬ?​»។ ៦៨ ស៊ីម៉ូន​ពេត្រុស​ឆ្លើយ​ថា​៖ ​«​លោក​ម្ចាស់ តើ​យើង​នឹង​ទៅ​ឯ​អ្នក​ណា​វិញ?+ ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ ៦៩ យើង​បាន​ជឿ ក៏​បាន​ដឹង​ថា លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ​»។+ ៧០ លោក​យេស៊ូ​តប​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ទាំង​១២ មែន​ទេ?+ ប៉ុន្តែ មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ជា​អ្នក​បង្កាច់​បង្ខូច​»។*+ ៧១ ការ​ពិត លោក​កំពុង​មាន​ប្រសាសន៍​អំពី​យូដាស​ដែល​ជា​កូន​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត ព្រោះ​អ្នក​នោះ​នឹង​ក្បត់​លោក ទោះ​ជា​គាត់​នៅ​ក្នុង​ចំណោម​សាវ័ក​ទាំង​១២​នាក់​ក៏​ដោយ។+

៧ បន្ទាប់​ពី​ការ​ទាំង​នេះ លោក​យេស៊ូ​នៅ​ក្នុង​ស្រុកកាលីឡេ​ត​ទៅ​ទៀត ព្រោះ​លោក​មិន​ចង់​ទៅ​តំបន់​យូឌា​ឡើយ ដោយ​សារ​ជនជាតិ​យូដា​កំពុង​រក​ឱកាស​ដើម្បី​សម្លាប់​លោក។+ ២ ក៏​ប៉ុន្តែ នៅ​ពេល​នោះ​គឺ​ជិត​ដល់​បុណ្យ​រោង*+ហើយ ជា​បុណ្យ​របស់​ជនជាតិ​យូដា។ ៣ ដូច្នេះ ប្អូន​ប្រុស​ៗ​របស់​លោក+បាន​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​សូម​ចេញ​ពី​ទី​នេះ​ទៅ​តំបន់​យូឌា ដើម្បី​ឲ្យ​ពួក​អ្នក​កាន់​តាម​របស់​បង​ក៏​អាច​ឃើញ​ការ​ដែល​បង​ធ្វើ​ដែរ។ ៤ ព្រោះ​គ្មាន​អ្នក​ណា​ធ្វើ​អ្វី​ដោយ​សម្ងាត់​ទេ ប្រសិន​បើ​អ្នក​នោះ​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​ជា​សាធារណៈ។ បើ​បង​ធ្វើ​ការ​ទាំង​នេះ សូម​បង្ហាញ​ខ្លួន​ឲ្យ​ពិភព​លោក​ទាំង​មូល​ឃើញ​»។ ៥ តាម​ពិត ប្អូន​ប្រុស​ៗ​របស់​លោក​មិន​បង្ហាញ​ជំនឿ​លើ​លោក​ឡើយ។+ ៦ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ពេល​កំណត់​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​ទេ+ តែ​សម្រាប់​ប្អូន​ៗ​វិញ ពេល​ណា​ក៏​ជា​ពេល​ល្អ​ដែរ។ ៧ ពិភព​លោក​គ្មាន​ហេតុ​ស្អប់​ប្អូន​ៗ​ទេ តែ​ចំណែក​ខ្ញុំ​វិញ គេ​ស្អប់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បញ្ជាក់​ថា​ការ​ប្រព្រឹត្ត​របស់​គេ​គឺ​ទុច្ចរិត។+ ៨ សូម​ប្អូន​ៗ​ឡើង​ទៅ​បុណ្យ​នោះ​ចុះ។ ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​បុណ្យ​នោះ​ទេ ពី​ព្រោះ​ពេល​កំណត់​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​»។+ ៩ ដូច្នេះ បន្ទាប់​ពី​លោក​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ​ទៅ​កាន់​ពួក​គេ លោក​ក៏​នៅ​ស្រុកកាលីឡេ​ត​ទៅ​ទៀត។

១០ ប៉ុន្តែ ក្រោយ​ពី​ប្អូន​ៗ​របស់​លោក​បាន​ឡើង​ទៅ​បុណ្យ​នោះ​ហើយ លោក​ក៏​បាន​ឡើង​ទៅ​ដែរ មិន​មែន​ដោយ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ទេ តែ​ដោយ​សម្ងាត់​វិញ។ ១១ នៅ​បុណ្យ​នោះ ជនជាតិ​យូដា​ចាប់​ផ្ដើម​រក​មើល​លោក ហើយ​និយាយ​គ្នា​ថា​៖ ​«​តើ​បុរស​នោះ​នៅ​ឯ​ណា?​»។ ១២ បណ្ដា​ជន​ចេះ​តែ​ខ្សឹបខ្សៀវ​អំពី​លោក។ អ្នក​ខ្លះ​បាន​និយាយ​ថា​៖ ​«​បុរស​នោះ​ជា​មនុស្ស​ល្អ​»។ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា​៖ ​«​បុរស​នោះ​មិន​មែន​ល្អ​ទេ គាត់​បំភាន់​បណ្ដា​ជន​»។+ ១៣ ប៉ុន្តែ គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​ជា​ចំហ​អំពី​លោក​ទេ ពី​ព្រោះ​ពួក​គេ​ខ្លាច​ជនជាតិ​យូដា។+

១៤ លុះ​ដល់​ពាក់​កណ្ដាល​បុណ្យ​នោះ លោក​យេស៊ូ​បាន​ឡើង​ទៅ​ក្នុង​វិហារ រួច​ចាប់​ផ្ដើម​បង្រៀន។ ១៥ ជនជាតិ​យូដា​ក៏​ភ្ញាក់​ផ្អើល ហើយ​និយាយ​ថា​៖ ​«​បុរស​នេះ​មិន​ដែល​រៀន​នៅ​សាលា​សាសនា​ទេ+ ចុះ​ហេតុ​អ្វី​បាន​ជា​គាត់​មាន​ចំណេះ​ដឹង​អំពី​គម្ពីរ​ច្រើន​យ៉ាង​នេះ?​»។+ ១៦ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​បង្រៀន មិន​មែន​ជា​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ទេ តែ​ជា​សេចក្ដី​បង្រៀន​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+ ១៧ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក អ្នក​នោះ​នឹង​ដឹង​ថា​នេះ​ជា​សេចក្ដី​បង្រៀន​មក​ពី​ព្រះ+ ឬ​ក៏​ជា​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​និយាយ​ចេញ​ពី​ខ្លួន​ខ្ញុំ។ ១៨ អ្នក​ណា​ដែល​និយាយ​ចេញ​ពី​គំនិត​ខ្លួន អ្នក​នោះ​ចង់​ឲ្យ​គេ​លើក​តម្កើង​ខ្លួន​ហើយ។ ប៉ុន្តែ អ្នក​ណា​ដែល​ចង់​ឲ្យ​គេ​លើក​តម្កើង​អ្នក​ដែល​បាន​ចាត់​ខ្លួន​ឲ្យ​មក+ គឺ​អ្នក​នោះ​ហើយ​ដែល​ពិត​ត្រង់ ហើយ​គ្មាន​ភាព​មិន​សុចរិត​នៅ​ក្នុង​ខ្លួន​គាត់​ឡើយ។ ១៩ ម៉ូសេ​បាន​ឲ្យ​ច្បាប់​ដល់​អ្នក​រាល់​គ្នា+ មែន​ទេ? ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ធ្វើ​តាម​ច្បាប់​នោះ​សោះ។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​រក​សម្លាប់​ខ្ញុំ?​»។+ ២០ បណ្ដា​ជន​ឆ្លើយ​ថា​៖ ​«​អ្នក​មាន​វិញ្ញាណ​កំណាច*ចូល​ហើយ។ តើ​អ្នក​ណា​កំពុង​រក​សម្លាប់​អ្នក?​»។ ២១ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​អព្ភូតហេតុ​តែ​មួយ​ប៉ុណ្ណោះ ហើយ​អ្នក​ទាំង​អស់​គ្នា​ភ្ញាក់​ផ្អើល។ ២២ ចូរ​គិត​អំពី​រឿង​នេះ ម៉ូសេ​បាន​ឲ្យ​ច្បាប់​ដល់​អ្នក​រាល់​គ្នា​អំពី​ការ​កាត់​ចុង​ស្បែក*+ (​មិន​មាន​ន័យ​ថា​ច្បាប់​នោះ​មក​ពី​ម៉ូសេ​ទេ តែ​មក​ពី​ពួក​បុព្វ​បុរស​វិញ​)+ ហើយ​អ្នក​រាល់​គ្នា​កាត់​ចុង​ស្បែក​ឲ្យ​បុរស​ម្នាក់​នៅ​ថ្ងៃ​ឈប់​សម្រាក។ ២៣ ប្រសិន​បើ​បុរស​ម្នាក់​ទទួល​ការ​កាត់​ចុង​ស្បែក​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​កុំ​ឲ្យ​បំពាន​លើ​ច្បាប់​ម៉ូសេ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ក្ដៅ​ចិត្ត​នឹង​ខ្ញុំ ព្រោះ​តែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក?+ ២៤ ឈប់​វិនិច្ឆ័យ​ដោយ​មើល​តែ​សម្បក​ក្រៅ ប៉ុន្តែ​ចូរ​វិនិច្ឆ័យ​ដោយ​សេចក្ដី​សុចរិត​វិញ​»។+

២៥ ដូច្នេះ អ្នក​ក្រុង​យេរូសាឡិម​ខ្លះ​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​នេះ​ជា​បុរស​ដែល​ពួក​គេ​កំពុង​រក​សម្លាប់ មែន​ទេ?+ ២៦ តែ​មើល! គាត់​កំពុង​និយាយ​ជា​សាធារណៈ ហើយ​ពួក​គេ​មិន​ថា​អ្វី​សោះ​ឲ្យ​លោក។ តើ​នេះ​ដោយ​សារ​ពួក​អ្នក​គ្រប់​គ្រង​ដឹង​ច្បាស់​ថា​បុរស​នេះ​ជា​គ្រិស្ត​ឬ? ២៧ ផ្ទុយ​ទៅ​វិញ យើង​ដឹង​ថា​បុរស​នេះ​មក​ពី​ណា+ តែ​ពេល​គ្រិស្ត​មក​ដល់ គ្មាន​អ្នក​ណា​ដឹង​ថា​លោក​មក​ពី​ណា​ឡើយ​»។ ២៨ រួច​មក កាល​ដែល​លោក​យេស៊ូ​កំពុង​បង្រៀន​ក្នុង​វិហារ លោក​បាន​បន្លឺ​សំឡេង​ថា​៖ ​«​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ ក៏​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ដែរ។ ម្យ៉ាង​ទៀត ខ្ញុំ​មិន​បាន​មក​ដោយ​គំនិត​ខ្ញុំ​ទេ+ តែ​មាន​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន ហើយ​អ្នក​រាល់​គ្នា​មិន​ស្គាល់​លោក​ទេ។+ ២៩ ខ្ញុំ​ស្គាល់​លោក+ ពី​ព្រោះ​ខ្ញុំ​ជា​តំណាង​ម្នាក់​ដែល​មក​ពី​លោក ហើយ​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ ៣០ ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​រក​ចាប់​លោក។+ ប៉ុន្តែ គ្មាន​អ្នក​ណា​អាច​ធ្វើ​អ្វី​លោក​បាន​ទេ ពី​ព្រោះ​វេលា​របស់​លោក​មិន​ទាន់​មក​ដល់​នៅ​ឡើយ។+ ៣១ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​បណ្ដា​ជន​ចាប់​ផ្ដើម​ជឿ​លោក+ ហើយ​ពួក​គេ​បាន​និយាយ​ថា​៖ ​«​ពេល​គ្រិស្ត​មក​ដល់ លោក​នឹង​ធ្វើ​សញ្ញា​សម្គាល់​ជា​ច្រើន។ តើ​នេះ​មិន​មែន​ជា​សញ្ញា​សម្គាល់​ដែល​បុរស​នេះ​បាន​ធ្វើ​ទេ​ឬ?​»។

៣២ ពួក​ផារិស៊ី​បាន​ឮ​បណ្ដា​ជន​កំពុង​ខ្សឹបខ្សៀវ​រឿង​ទាំង​នេះ​អំពី​លោក រួច​ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​ក៏​ចាត់​ពួក​អាជ្ញាធរ​ឲ្យ​ទៅ​ចាប់​លោក។ ៣៣ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​នៅ​ជា​មួយនឹងអ្នករាល់គ្នាបន្តិចទៀត មុនខ្ញុំ​ទៅ​ឯ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+ ៣៤ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ឡើយ ហើយ​កន្លែង​ដែល​ខ្ញុំ​នឹង​នៅ អ្នក​រាល់​គ្នា​មិន​អាច​មក​បាន​ទេ​»។+ ៣៥ ម្ល៉ោះ​ហើយ ជនជាតិ​យូដា​ចាប់​ផ្ដើម​និយាយ​គ្នា​ថា​៖ ​«​តើ​បុរស​នេះ​បម្រុង​នឹង​ទៅ​កន្លែង​ណា​បាន​ជា​គាត់​និយាយ​ថា យើង​នឹង​រក​គាត់​មិន​ឃើញ​ឡើយ? តើ​គាត់​បម្រុង​នឹង​ទៅ​ឯ​ជនជាតិ​យូដា​ដែល​នៅ​ខ្ចាត់​ខ្ចាយ​ក្នុង​ចំណោម​ជន​ជាតិ​ក្រិច ហើយ​បង្រៀន​ជន​ជាតិ​ក្រិច​ដែរ​ឬ? ៣៦ តើ​មាន​ន័យ​ដូច​ម្ដេច​ពេល​គាត់​និយាយ​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ឡើយ ហើយ​កន្លែង​ដែល​ខ្ញុំ​នឹង​នៅ អ្នក​រាល់​គ្នា​មិន​អាច​មក​បាន​ទេ›?​»។

៣៧ នៅ​ថ្ងៃ​ចុង​ក្រោយ​ជា​ថ្ងៃ​សំខាន់​បំផុត​នៃ​បុណ្យ​នោះ+ លោក​យេស៊ូ​បាន​ក្រោក​ឈរ ហើយ​បន្លឺ​សំឡេង​ឡើង​ថា​៖ ​«​ប្រសិន​បើ​មាន​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះមក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ។+ ៣៨ បើ​អ្នក​ណា​មាន​ជំនឿ​លើ​ខ្ញុំ នោះ​‹ទឹក​ដែល​ផ្ដល់​ជីវិត​នឹង​ហូរ​ចេញ​ពី​ក្នុង​ខ្លួន​អ្នក​នោះ›​ដូច​បទ​គម្ពីរ​បាន​ចែង​»។+ ៣៩ ក៏​ប៉ុន្តែ លោក​កំពុង​មាន​ប្រសាសន៍​អំពី​ឫទ្ធានុភាព​របស់​ព្រះ​ដែល​អស់​អ្នក​ដែល​មាន​ជំនឿ​លើ​លោក​ហៀបនឹង​ទទួល ព្រោះ​នៅ​ពេល​នោះ​ពួក​គេ​មិន​ទាន់​ទទួល​ឫទ្ធានុភាព​របស់​ព្រះ​ទេ+ ដោយ​សារ​លោក​យេស៊ូ​មិន​ទាន់​ទទួល​សិរី​រុង​រឿង​នៅ​ឡើយ។+ ៤០ អ្នក​ខ្លះ​ក្នុង​បណ្ដា​ជន​ដែល​បាន​ឮ​ពាក្យ​ទាំង​នេះ ក៏​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​បុរស​នេះ​ប្រាកដ​ជា​អ្នក​ប្រកាស​ទំនាយ​»។+ ៤១ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា​៖ ​«​បុរស​នេះ​ជា​គ្រិស្ត​»។+ ប៉ុន្តែ អ្នក​ខ្លះ​ទៀត​និយាយ​ថា​៖ ​«​គ្រិស្ត​មិន​មែន​ចេញ​មក​ពី​ស្រុកកាលីឡេ​ទេ មែន​ទេ?+ ៤២ តើ​បទ​គម្ពីរ​មិន​ចែង​ទេ​ឬ​ថា គ្រិស្ត​នឹង​មក​ពី​កូន​ចៅ​របស់​ដាវីឌ+ និង​មក​ពី​ភូមិ​បេថ្លេហិម+ ជា​ភូមិ​ដែល​ដាវីឌ​ធ្លាប់​នៅ?​»។+ ៤៣ ដូច្នេះ បណ្ដា​ជន​បាន​បែក​បាក់​គ្នា​ដោយ​សារ​លោក។ ៤៤ ប៉ុន្តែ ពួក​គេ​ខ្លះ​ចង់​ចាប់​លោក តែ​គ្មាន​អ្នក​ណា​អាច​ធ្វើ​អ្វី​លោក​បាន​ឡើយ។

៤៥ រួច​មក ពួក​អាជ្ញាធរ​បាន​ត្រឡប់​ទៅ​ឯ​ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​វិញ ហើយ​ពួក​ផារិស៊ី​បាន​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​នាំ​ខ្លួន​គាត់​មក?​»។ ៤៦ ពួក​អាជ្ញាធរ​តប​ឆ្លើយ​ថា​៖ ​«​មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ​»។+ ៤៧ ពួក​ផារិស៊ី​និយាយ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​បាន​ត្រូវ​បំភាន់​ដែរឬ? ៤៨ តើ​មាន​អ្នក​គ្រប់​គ្រង​ឬ​ផារិស៊ី​ណា​ម្នាក់​ជឿ​គាត់​ទេ?+ ៤៩ ប៉ុន្តែ អ្នក​ដែល​ជឿ​មាន​តែ​បណ្ដា​ជន​នេះ​ដែល​មិន​ស្គាល់​ច្បាប់ ជា​ពួក​មនុស្ស​ដែល​ត្រូវ​បណ្ដាសា​»។ ៥០ នីកូដេម​ដែល​បាន​ទៅ​ឯ​លោក​ពី​មុន និង​ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ផារិស៊ី បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ៥១ ​«​ច្បាប់​របស់​យើង​មិន​វិនិច្ឆ័យ​អ្នក​ណា​ឡើយ ទាល់​តែ​បាន​ស្ដាប់​អ្នក​នោះ​ជា​មុន​សិន ហើយ​ដឹង​ថា​គាត់​កំពុង​ធ្វើ​អ្វី មែន​ទេ?​»។+ ៥២ ពួក​គេ​តប​ថា​៖ ​«​តើ​អ្នក​មក​ពី​ស្រុកកាលីឡេ​ដែរ​ឬ? ចូរ​ពិនិត្យ​មើល​បទ​គម្ពីរ​ទៅ ហើយ​អ្នក​នឹង​ឃើញ​ថា គ្មាន​អ្នក​ប្រកាស​ទំនាយ​ណា​ម្នាក់​ចេញ​មក​ពី​ស្រុកកាលីឡេ​ទេ​»។*

៨ ១២ រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា​៖ ​«​ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក។+ អ្នក​ណា​ដែល​កាន់​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​ភាព​ងងឹត​ឡើយ ប៉ុន្តែ​គាត់​នឹង​មាន​ពន្លឺ+ដែល​នាំ​ឲ្យ​បាន​ជីវិត​»។ ១៣ ដូច្នេះ ពួក​ផារិស៊ី​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​អ្នក​កំពុង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្លួន​អ្នក។ ការ​បញ្ជាក់​របស់​អ្នក​គឺ​មិន​ពិត​ទេ​»។ ១៤ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្លួន​ខ្ញុំ​ក៏​ដោយ ការ​បញ្ជាក់​របស់​ខ្ញុំ​គឺ​ពិត ពី​ព្រោះ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា ហើយ​ដឹង​ថា​ខ្ញុំ​នឹង​ទៅ​ណា។+ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ឡើយ ក៏​មិន​ដឹង​ថា​ខ្ញុំនឹង​ទៅ​ណា​ដែរ។ ១៥ អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ដោយ​មើល​សម្បក​ក្រៅ។*+ ខ្ញុំ​មិន​វិនិច្ឆ័យ​មនុស្ស​ណា​ម្នាក់​ឡើយ។ ១៦ ក៏​ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​គឺ​យុត្តិធម៌ ពី​ព្រោះ​ខ្ញុំ​មិន​មែន​វិនិច្ឆ័យ​តែ​ម្នាក់​ឯង​ឡើយ តែ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​វិនិច្ឆ័យ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។+ ១៧ ម្យ៉ាង​ទៀត ច្បាប់*របស់​អ្នករាល់​គ្នាចែង​ថា​៖ ‹ការ​បញ្ជាក់​របស់​សាក្សី​ពីរ​នាក់​គឺ​ជា​ការ​ពិត›។+ ១៨ សាក្សី​ម្នាក់​គឺ​ខ្ញុំ ដែល​បញ្ជាក់​អំពី​ខ្លួន​ខ្ញុំ ហើយ​សាក្សី​ម្នាក់​ទៀត​គឺ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក លោក​ក៏​បញ្ជាក់​អំពី​ខ្ញុំ​ដែរ​»។+ ១៩ ដូច្នេះ ពួក​គេ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​តើ​បិតា​របស់​អ្នក​នៅ​ឯ​ណា?​»។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ ហើយ​ក៏​មិន​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ។+ ប្រសិន​បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ​មែន នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ​»។+ ២០ លោក​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ កាល​ដែល​លោក​កំពុង​បង្រៀន​ក្នុង​វិហារ​នៅ​កន្លែង​ឃ្លាំង​ប្រាក់។+ ប៉ុន្តែ គ្មាន​អ្នក​ណា​បាន​ចាប់​លោក​ទេ ពី​ព្រោះ​វេលា​របស់​លោក​មិន​ទាន់​មក​ដល់​នៅ​ឡើយ។+

២១ ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា​៖ ​«​ខ្ញុំ​នឹង​ចេញ​ទៅ រួច​អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​កាល​ដែល​អ្នក​រាល់​គ្នា​មាន​ភាព​ខុស​ឆ្គង​នៅ​ឡើយ។+ កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​មិន​អាច​មក​បាន​ទេ​»។+ ២២ ជនជាតិ​យូដា​ក៏​និយាយ​គ្នា​ថា​៖ ​«​តើ​គាត់​នឹង​សម្លាប់​ខ្លួន​ឬ? ពី​ព្រោះ​គាត់​និយាយ​ថា​៖ ‹កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​មិន​អាច​មក​បាន​ទេ›​»។ ២៣ ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា​៖ ​«​អ្នក​រាល់​គ្នា​មក​ពី​ផែនដី តែ​ខ្ញុំ​មក​ពី​ស្ថាន​លើ។+ អ្នក​រាល់​គ្នា​មក​ពី​ពិភព​លោក​នេះ តែ​ខ្ញុំ​មិន​មក​ពី​ពិភព​លោក​នេះ​ទេ។ ២៤ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​កាល​ដែល​អ្នក​រាល់​គ្នា​មាន​ការ​ខុស​ឆ្គង​នៅ​ឡើយ។ ព្រោះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ជឿ​ថា​ខ្ញុំ​ជា​អ្នក​ដែល​ត្រូវ​មក​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​កាល​ដែល​អ្នក​រាល់​គ្នា​មាន​ការ​ខុស​ឆ្គង​នៅ​ឡើយ​»។ ២៥ ដូច្នេះ ពួក​គេ​ក៏​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា?​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​និយាយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​គឺ​គ្មាន​ប្រយោជន៍​អ្វី​ទេ។ ២៦ ខ្ញុំ​មាន​អ្វី​ជា​ច្រើន​ដែល​ខ្ញុំ​នឹង​និយាយ​អំពី​អ្នក​រាល់​គ្នា ហើយ​មាន​អ្វី​ជា​ច្រើន​ដែល​ខ្ញុំ​នឹង​វិនិច្ឆ័យ។ ការ​ពិត លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​គឺ​ពិត​ត្រង់ ហើយ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​លោក ជា​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ក្នុង​ពិភព​លោក​»។+ ២៧ ពួក​គេ​មិន​បាន​យល់​ថា លោក​កំពុង​មាន​ប្រសាសន៍​អំពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ទេ។ ២៨ រួច​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ព្យួរ​កូន​មនុស្ស​ឡើង+ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ខ្ញុំ​ជា​អ្នក​នោះ​ហើយ+ ក៏​នឹង​ដឹង​ថា​ខ្ញុំ​មិន​ធ្វើ​អ្វី​សោះ​ដោយ​គំនិត​របស់​ខ្ញុំ​ផ្ទាល់​ឡើយ+ ប៉ុន្តែ​ខ្ញុំ​និយាយ​អ្វី​ៗ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្រៀន​ខ្ញុំ។ ២៩ លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក៏​នៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។ លោក​មិន​បាន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ទេ ពី​ព្រោះ​ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត​»។+ ៣០ កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​លោក។

៣១ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជនជាតិ​យូដា​ដែល​ជឿ​លោក​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ជា​និច្ច នោះ​អ្នក​រាល់​គ្នា​ពិត​ជា​អ្នក​កាន់​តាម​ខ្ញុំ​មែន ៣២ ហើយ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត+ ហើយ​សេចក្ដី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព​»។+ ៣៣ ពួក​គេ​តប​ទៅ​លោក​ថា​៖ ​«​យើង​ជា​កូន​ចៅ​របស់​អាប្រាហាំ យើង​មិន​ដែល​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ណា​សោះ។ ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​មាន​សេរី​ភាព›?​»។ ៣៤ លោក​យេស៊ូ​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​ជា​ខ្ញុំ​បម្រើ​នៃ​ភាព​ខុស​ឆ្គង។+ ៣៥ ម្យ៉ាង​ទៀត ខ្ញុំ​បម្រើ​មិន​នៅ​ជាប់​ជា​មួយ​នឹង​ពួក​អ្នក​ផ្ទះ​ជា​រៀង​រហូត​ទេ តែ​បុត្រ​នៅ​ជាប់​ជា​រៀង​រហូត​វិញ។ ៣៦ ដូច្នេះ ប្រសិន​បើ​បុត្រ​នោះ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេរី​ភាព អ្នក​រាល់​គ្នា​នឹង​មាន​សេរី​ភាព​ពិត​មែន។ ៣៧ ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អាប្រាហាំ ប៉ុន្តែ​អ្នក​រាល់​គ្នា​កំពុង​រក​សម្លាប់​ខ្ញុំ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ឡើយ។ ៣៨ ខ្ញុំ​និយាយ​អំពី​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយនឹងបិតា​របស់​ខ្ញុំ+ តែ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ឪពុក​របស់​អ្នក​រាល់​គ្នា​»។ ៣៩ ពួក​គេ​តប​ទៅ​លោក​ថា​៖ ​«​អាប្រាហាំ​ជា​ឪពុក​របស់​យើង​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អាប្រាហាំមែន+ អ្នក​ច្បាស់​ជា​ធ្វើ​តាម​អ្វី​ដែល​អាប្រាហាំ​បាន​ធ្វើ។ ៤០ ប៉ុន្តែ ឥឡូវ​នេះ​អ្នក​រាល់​គ្នា​កំពុង​រក​សម្លាប់​ខ្ញុំ ជា​អ្នក​ដែល​បាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ពិត​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ។+ អាប្រាហាំ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ៤១ អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ឪពុក​របស់​អ្នក​រាល់​គ្នា​ធ្វើ​»។ ពួក​គេ​ជម្រាប​លោក​ថា​៖ ​«​យើង​មិន​មែន​ជា​កូន​ឥត​ស្រប​ច្បាប់*ទេ យើង​មាន​បិតា​តែ​មួយ គឺ​ព្រះ​»។

៤២ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ប្រសិន​បើ​ព្រះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ស្រឡាញ់​ខ្ញុំ+ ព្រោះ​ខ្ញុំ​បាន​មក​ពី​ព្រះ ក៏​នៅ​ទី​នេះ​ដោយ​សារ​ព្រះ។ ខ្ញុំ​មិន​មែន​មក​ដោយ​គំនិត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ព្រះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+ ៤៣ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ? ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​សេចក្ដី​បង្រៀន​របស់​ខ្ញុំ។ ៤៤ មេកំណាច*ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ឪពុក​អ្នក។+ មេកំណាច​ជា​ឃាតករ​តាំង​ពី​ដើម​ដំបូង+ ហើយ​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ ពី​ព្រោះ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ។ ពេល​ដែល​មេកំណាច​ភូត​ភរ អ្នក​នោះ​និយាយ​តាម​ចរិត​លក្ខណៈ​របស់​ខ្លួន ពី​ព្រោះ​មេកំណាច​ជា​អ្នក​ភូត​ភរ ព្រម​ទាំង​ជា​ឪពុក​នៃ​ការ​ភូត​ភរ​ទៀត​ផង។+ ៤៥ ក៏​ប៉ុន្តែ ពេល​ខ្ញុំ​និយាយ​សេចក្ដី​ពិត អ្នក​រាល់​គ្នា​បែរ​ជា​មិន​ជឿ​ខ្ញុំ​ទៅ​វិញ។ ៤៦ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​អ្នក​ណា​អាច​បង្ហាញ​ភ័ស្តុតាង​ថា​ខ្ញុំ​ធ្វើ​អំពើ​ខុស​ឆ្គង? ប្រសិន​បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​អ្វី​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ? ៤៧ អ្នក​ណា​ដែល​មក​ពី​ព្រះ អ្នក​នោះ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ។+ ហេតុ​នោះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ទេ ដោយ​សារ​អ្នក​រាល់​គ្នា​មិន​មក​ពី​ព្រះ​ឡើយ​»។+

៤៨ ជនជាតិ​យូដា​តប​ទៅ​លោក​ថា​៖ ​«​តើ​យើង​មិន​បាន​និយាយ​ត្រឹម​ត្រូវ​ទេ​ថា​៖ ‹អ្នក​ជា​ជន​ជាតិ​សាម៉ារី+ ហើយ​ក៏​មាន​វិញ្ញាណ​កំណាច​ចូល›?​»។+ ៤៩ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​មាន​វិញ្ញាណ​កំណាច​ចូល​ទេ តែ​ខ្ញុំ​លើក​កិត្តិយស​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​បង្ខូច​កិត្តិយស​ខ្ញុំ។ ៥០ ខ្ញុំ​មិន​រក​ការ​លើក​តម្កើង​សម្រាប់​ខ្លួន​ខ្ញុំ​ទេ+ តែ​មាន​លោក​ម្នាក់​ដែល​ចង់​ឲ្យ​ខ្ញុំ​ទទួល​ការ​លើក​តម្កើង ហើយ​លោក​ជា​អ្នក​វិនិច្ឆ័យ។ ៥១ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​មាន​អ្នក​ណា​ប្រព្រឹត្ត​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ​»។+ ៥២ ជនជាតិ​យូដា​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​ឥឡូវ​យើង​ដឹង​ប្រាកដ​ថា អ្នក​មាន​វិញ្ញាណ​កំណាច​ចូល​មែន។ អាប្រាហាំ​បាន​ស្លាប់ ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​ស្លាប់​ដែរ ប៉ុន្តែ​អ្នក​បែរ​ជា​និយាយ​ថា​៖ ‹ប្រសិន​បើ​មាន​អ្នក​ណា​ប្រព្រឹត្ត​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ›។ ៥៣ អ្នក​មិន​មែន​ធំ​ជាង​អាប្រាហាំ ជា​បុព្វ​បុរស​របស់​យើង​ដែល​បាន​ស្លាប់​ទៅ​ហើយ​ទេ មែន​ទេ? ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​ស្លាប់​ដែរ។ តើ​អ្នក​អះអាង​ថា​ខ្លួន​អ្នក​ជា​អ្នក​ណា?​»។ ៥៤ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​ប្រសិន​បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ ការ​លើក​តម្កើង​នោះ​គ្មាន​តម្លៃ​ទេ។ គឺ​បិតា​របស់​ខ្ញុំ​ទេ​ដែល​លើក​តម្កើង​ខ្ញុំ+ ជា​លោក​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា​ជា​ព្រះ​របស់​អ្នក។ ៥៥ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ស្គាល់​លោក​ទេ+ តែ​ខ្ញុំ​ស្គាល់​លោក។+ ប្រសិន​បើ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​មិន​ស្គាល់​លោក​ទេ ខ្ញុំ​ក៏​ជា​អ្នក​ភូត​ភរ​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ​ខ្ញុំ​ស្គាល់​លោក ហើយ​កំពុង​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​លោក។ ៥៦ អាប្រាហាំ​ដែល​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា​បាន​ត្រេក​អរ​ជា​ខ្លាំង ដោយ​សង្ឃឹម​ថា​នឹង​ឃើញ​គ្រា​របស់​ខ្ញុំ ហើយ​គាត់​បាន​ឃើញ ក៏​ត្រេក​អរ​ផង​»។+ ៥៧ ជនជាតិ​យូដា​បាន​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​អ្នក​មាន​អាយុ​មិន​ទាន់​បាន​៥០​ឆ្នាំ​ផង ម្ដេច​ក៏​ថា​បាន​ឃើញ​អាប្រាហាំ?​»។ ៥៨ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា មុន​អាប្រាហាំ​កើត​មក មាន​ខ្ញុំ​ហើយ​»។+ ៥៩ ឮ​ដូច្នោះ ពួក​គេ​ក៏​រើស​ដុំ​ថ្ម​បម្រុង​គប់​លោក​យេស៊ូ ប៉ុន្តែ​លោក​បាន​លាក់​ខ្លួន រួច​ចេញ​ពី​វិហារ​ទៅ។

៩ កាល​ដែល​លោក​យេស៊ូ​កំពុង​ធ្វើ​ដំណើរ នោះ​លោក​ឃើញ​បុរស​ម្នាក់​ដែល​ងងឹត​ភ្នែក​តាំង​ពី​កំណើត។ ២ ពួក​អ្នក​កាន់​តាម​ក៏​សួរ​លោក​ថា​៖ ​«​រ៉ាប៊ី*+ តើ​បុរស​នេះ​ងងឹត​ភ្នែក​ពី​កំណើត ដោយ​សារ​គាត់​បាន​ធ្វើ​ខុស ឬ​ក៏​ដោយ​សារ​ឪពុក​ម្ដាយ​របស់​គាត់​បាន​ធ្វើ​ខុស?​»។ ៣ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​បុរស​នេះ​មិន​បាន​ធ្វើ​ខុស​ទេ ហើយ​ឪពុក​ម្ដាយ​របស់​គាត់​ក៏​មិន​បាន​ធ្វើ​ខុស​ដែរ ប៉ុន្តែ​គឺ​ដើម្បី​ឲ្យ​មនុស្ស​អាច​ឃើញ​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ។+ ៤ យើង​ត្រូវ​ធ្វើ​កិច្ច​ការ​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទាន់​នៅ​ថ្ងៃ​នៅ​ឡើយ+ ព្រោះ​យប់​នឹង​មក​ដល់ ហើយ​ពេល​នោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​កិច្ច​ការ​នោះ​បាន​ទេ។ ៥ ដរាប​ណា​ខ្ញុំ​នៅ​ក្នុង​ពិភព​លោក ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភព​លោក​»។+ ៦ ក្រោយ​ពី​លោក​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ លោក​ស្ដោះ​ទឹក​មាត់​លើ​ដី ហើយ​យក​មក​ឈ្លី​ធ្វើ​ជា​ភក់ រួច​ដាក់​លើ​ភ្នែក​របស់​បុរស​នោះ+ ៧ ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ទៅ​លាង​ភ្នែក​ក្នុង​អាង​ទឹក​ស៊ីឡូម​»​ (​ដែល​មាន​ន័យ​ថា​‹ចាត់​ឲ្យ​ទៅ›​)។ រួច​គាត់​ក៏​ទៅ​លាង​ភ្នែក ហើយ​ត្រឡប់​មក​វិញ​ទាំង​អាច​មើល​ឃើញ​បាន។+

៨ បន្ទាប់​មក ពួក​អ្នក​ជិត​ខាង​និង​អស់​អ្នក​ដែល​ធ្លាប់​ឃើញ​គាត់​អង្គុយ​សុំ​ទាន ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​នេះ​ជា​បុរស​ដែល​ធ្លាប់​អង្គុយ​សុំ​ទាន មែន​ទេ?​»។ ៩ អ្នក​ខ្លះ​បាន​និយាយ​ថា​៖ ​«​គឺ​គាត់​ហើយ​»។ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា​៖ ​«​មិន​មែន​គាត់​ទេ តែ​បុរស​នេះ​ដូច​គាត់​»។ បុរស​នោះ​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ​»។ ១០ ដូច្នេះ ពួក​គេ​សួរ​គាត់​ថា​៖ ​«​បើ​ដូច្នេះ ហេតុ​អ្វី​អ្នក​អាច​មើល​ឃើញ?​»។ ១១ គាត់​ឆ្លើយ​ថា​៖ ​«​បុរស​ឈ្មោះ​យេស៊ូ​បាន​យក​ដី​មក​ឈ្លី​ធ្វើ​ជា​ភក់ រួច​លាប​ភ្នែក​របស់​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា​៖ ‹ចូរ​ទៅ​អាង​ទឹក​ស៊ីឡូម ហើយ​លាង​ភ្នែក​ចុះ›។+ ខ្ញុំ​ក៏​ទៅ​លាង​ភ្នែក រួច​អាច​មើល​ឃើញ​បាន​»។ ១២ ឮ​ដូច្នេះ ពួក​គេ​និយាយ​ទៅ​គាត់​ថា​៖ ​«​តើ​បុរស​នោះ​នៅ​ឯ​ណា?​»។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ទេ​»។

១៣ ពួក​គេ​ក៏​នាំ​បុរស​ដែល​ធ្លាប់​ងងឹត​ភ្នែក​នោះ​ទៅ​ឯ​ពួក​ផារិស៊ី។ ១៤ ថ្ងៃ​ដែល​លោក​យេស៊ូ​បាន​យក​ដី​មក​ឈ្លី ហើយ​ធ្វើ​ឲ្យ​បុរស​នោះ​មើល​ឃើញ+ គឺ​ជា​ថ្ងៃ​ឈប់​សម្រាក។+ ១៥ ដូច្នេះ នៅ​ពេល​នោះ​ពួក​ផារិស៊ី​ក៏​សួរ​គាត់​ដែរ អំពី​មូលហេតុ​ដែល​គាត់​អាច​មើល​ឃើញ។ បុរស​នោះ​ប្រាប់​ពួក​គេ​ថា​៖ ​«​គាត់​យក​ដី​ភក់​មក​ដាក់​លើ​ភ្នែក​របស់​ខ្ញុំ រួច​ខ្ញុំ​ទៅ​លាង​ភ្នែក ហើយ​ក៏​មើល​ឃើញ​»។ ១៦ រួច​ពួក​ផារិស៊ី​ខ្លះ​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​បុរស​នោះ​មិន​មក​ពី​ព្រះ​ទេ ពី​ព្រោះ​គាត់​មិន​បាន​កាន់​ថ្ងៃ​ឈប់​សម្រាក​»។+ អ្នក​ឯ​ទៀត​និយាយ​ថា​៖ ​«​តើ​មនុស្ស​ម្នាក់​ដែល​ជា​អ្នក​ធ្វើ​អំពើ​ខុស​ឆ្គង អាច​ធ្វើ​សញ្ញា​សម្គាល់​បែប​នេះ​ដូច​ម្ដេច​បាន?​»។+ ម្ល៉ោះ​ហើយ ពួក​គេ​បាន​បែក​បាក់​គ្នា។+ ១៧ ដូច្នេះ ពួក​គេ​សួរ​បុរស​ដែល​ធ្លាប់​ងងឹត​ភ្នែក​នោះ​ម្ដង​ទៀត​ថា​៖ ​«​តើ​អ្នក​គិត​យ៉ាង​ណា​អំពី​បុរស​នោះ ដោយ​សារ​គាត់​បាន​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ?​»។ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​»។

១៨ ក៏​ប៉ុន្តែ ជនជាតិ​យូដា​មិន​ជឿ​ថា​ពី​មុន​បុរស​នោះ​ងងឹត​ភ្នែក ហើយ​ឥឡូវ​មើល​ឃើញ​បាន​ទេ ទាល់​តែ​ពួក​គេ​ហៅ​ឪពុក​ម្ដាយ​របស់​គាត់​មក។ ១៩ រួច​ពួក​គេ​សួរ​ឪពុក​ម្ដាយ​របស់​បុរស​នោះ​ថា​៖ ​«​តើ​នេះ​ជា​កូន​ប្រុស​របស់​អ្នក ដែល​អ្នក​និយាយ​ថា​បាន​ងងឹត​ភ្នែក​ពី​កំណើត​ឬ? បើ​ដូច្នេះ ហេតុ​អ្វី​ឥឡូវ​នេះ​គាត់​អាច​មើល​ឃើញ​បាន?​»។ ២០ ឪពុក​ម្ដាយ​របស់​បុរស​នោះ​ឆ្លើយ​ថា​៖ ​«​យើង​ដឹង​ថា​នេះ​ជា​កូន​ប្រុស​របស់​យើង ហើយ​ដឹង​ថា​គាត់​ងងឹត​ភ្នែក​ពី​កំណើត។ ២១ ប៉ុន្តែ យើង​មិន​ដឹង​មូលហេតុ​ដែល​គាត់​អាច​មើល​ឃើញ​ឥឡូវ​នេះ​ទេ ហើយ​ក៏​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ឲ្យ​ភ្នែក​គាត់​ភ្លឺ​ដែរ។ សូម​សួរ​គាត់។ គាត់​មាន​អាយុ​ពេញ​វ័យ​តាម​ច្បាប់​ហើយ។ គាត់​ត្រូវ​និយាយ​ដោយ​ខ្លួន​គាត់​»។ ២២ ឪពុក​ម្ដាយ​របស់​គាត់​បាន​និយាយ​ដូច្នេះ ដោយ​សារ​ពួក​គាត់​ខ្លាច​ជនជាតិ​យូដា+ ពី​ព្រោះ​ជនជាតិ​យូដា​បាន​សន្មត​គ្នា​ថា បើ​មាន​អ្នក​ណា​ទទួល​ស្គាល់​លោក​ជា​គ្រិស្ត អ្នក​នោះ​នឹង​ត្រូវ​បណ្ដេញ​ចោល​ពី​សាលា​ប្រជុំ។+ ២៣ ហេតុ​នេះ​ហើយ​បាន​ជា​ឪពុក​ម្ដាយ​របស់​គាត់​និយាយ​ថា​៖ ​«​គាត់​មាន​អាយុ​ពេញ​វ័យ​តាម​ច្បាប់​ហើយ។ សូម​សួរ​គាត់​»។

២៤ ដូច្នេះ ពួក​គេ​ក៏​ហៅ​បុរស​ដែល​ធ្លាប់​ងងឹត​ភ្នែក​នោះ​មក​ជា​លើក​ទី​២ រួច​និយាយ​ទៅ​គាត់​ថា​៖ ​«​ចូរ​លើក​តម្កើង​ព្រះ។ យើង​ដឹង​ថា​បុរស​នោះ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។ ២៥ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ថា​បុរស​នោះ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឬ​ក៏​មិន​មែន​ទេ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ដឹង គឺ​ពី​មុន​ខ្ញុំ​ងងឹត​ភ្នែក តែ​ឥឡូវ​ខ្ញុំ​អាច​មើល​ឃើញ​»។ ២៦ ដូច្នេះ ពួក​គេ​សួរ​គាត់​ថា​៖ ​«​តើ​បុរស​នោះ​បាន​ធ្វើ​អ្វី​ដល់​អ្នក? តើ​បុរស​នោះ​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ភ្លឺ​យ៉ាង​ដូច​ម្ដេច?​»។ ២៧ គាត់ឆ្លើយ​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ តែ​អ្នក​មិន​បាន​ស្ដាប់​ខ្ញុំ​ទេ។ ហេតុអ្វី​អ្នកចង់​ឮ​រឿង​នោះ​ម្ដង​ទៀត? តើ​អ្នក​រាល់​គ្នា​ចង់​ទៅ​ជា​អ្នក​កាន់​តាម​របស់​គាត់​ដែរ​ឬ?​»។ ២៨ ឮ​ដូច្នេះ ពួក​គេ​ក៏​ប្រមាថ​គាត់ ហើយ​និយាយ​ថា​៖ ​«​អ្នក​ឯង​ជា​អ្នក​កាន់​តាម​បុរស​នោះ តែ​យើង​ជា​អ្នក​កាន់​តាម​ម៉ូសេ។ ២៩ យើង​ដឹង​ថា​ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ តែ​យើង​មិន​ដឹង​ថា​បុរស​នោះ​មក​ពី​ណា​ទេ​»។ ៣០ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​គួរ​ឲ្យ​អស្ចារ្យ​ណាស់! ដែល​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​គាត់​មក​ពី​ណា តែ​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មើល​ឃើញ។ ៣១ យើង​ដឹង​ថា​ព្រះ​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ។+ ប៉ុន្តែ បើ​អ្នក​ណា​កោត​ខ្លាច​ព្រះ ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​លោក​ស្ដាប់​អ្នក​នោះ។+ ៣២ តាំង​ពី​បុរាណកាល​មក យើង​មិន​ដែល​ឮ​ថា​មាន​អ្នក​ណា​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​ពី​កំណើត អាច​មើល​ឃើញ​ឡើយ។ ៣៣ ប្រសិន​បើ​បុរស​នោះ​មិន​មក​ពី​ព្រះ​ទេ គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ទាល់​តែ​សោះ​»។+ ៣៤ ពួក​គេ​បាន​តប​ទៅ​គាត់​ថា​៖ ​«​អ្នក​ឯង​បាន​កើត​មក​ក្នុង​ភាព​ខុស​ឆ្គង​សុទ្ធសាធ តើ​អ្នក​ឯង​ហ៊ាន​បង្រៀន​យើង​ផង​ឬ?​»។ រួច​ពួក​គេ​ក៏​បណ្ដេញ​គាត់​ចេញ!+

៣៥ លោក​យេស៊ូ​ឮ​ថា​ពួក​គេ​បាន​បណ្ដេញ​បុរស​នោះ​ចេញ ហើយ​ពេល​ដែល​លោក​រក​ឃើញ​គាត់ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​តើ​អ្នក​មាន​ជំនឿ​លើ​កូន​មនុស្ស​ទេ?​»។ ៣៦ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​តើ​លោក​នោះ​ជា​អ្នក​ណា? សូម​ប្រាប់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​មាន​ជំនឿ​លើ​លោក​»។ ៣៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​ធ្លាប់​ជួប​លោក​ហើយ តាម​ពិត​លោក​នោះ​កំពុង​និយាយ​ជា​មួយ​នឹង​អ្នក​»។ ៣៨ គាត់​ក៏​និយាយ​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​ជឿ​លោក​ហើយ​»។ រួច​គាត់​លំឱន​កាយ​គោរព​លោក។ ៣៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ចូល​មក​ក្នុង​ពិភព​លោក​ដើម្បី​ផ្ដល់​មូលដ្ឋាន​សម្រាប់​ការ​វិនិច្ឆ័យ​នេះ ពោល​គឺ​ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មើល​មិន​ឃើញ អាច​មើល​ឃើញ​បាន+ ហើយ​ឲ្យ​អស់​អ្នក​ដែល​មើល​ឃើញ ទៅ​ជា​ងងឹត​ភ្នែក​វិញ​»។+ ៤០ ពួក​ផារិស៊ី​ដែល​នៅ​ជា​មួយ​នឹង​លោក​ឮ​ពាក្យ​ទាំង​នេះ ក៏​សួរ​លោក​ថា​៖ ​«​តើ​អ្នក​គិត​ថា​យើង​ងងឹត​ភ្នែក​ដែរ​ឬ?​»។ ៤១ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ងងឹត​ភ្នែក អ្នក​រាល់​គ្នា​នឹង​គ្មាន​ភាព​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ដោយ​សារ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ‹យើង​មើល​ឃើញ› នោះ​អ្នក​រាល់​គ្នា​នៅ​មាន​ភាព​ខុស​ឆ្គង​នៅ​ឡើយ​»។+

១០ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​មិន​ចូល​ក្រោល​ចៀម​តាម​ទ្វារ ប៉ុន្តែ​ឡើង​ចូល​តាម​កន្លែង​ផ្សេង​ទៀត អ្នក​នោះ​ជា​ចោរ​លួច​និង​ជា​ចោរ​ប្លន់។+ ២ ក៏​ប៉ុន្តែ អ្នក​ណា​ដែល​ចូល​តាម​ទ្វារ អ្នក​នោះ​ជា​គង្វាល​របស់​ចៀម​ទាំង​នោះ។+ ៣ អ្នក​យាម​ទ្វារ​បើក​ទ្វារ​ឲ្យ​អ្នក​នោះ+ ហើយ​ចៀម​ទាំង​នោះ​ស្ដាប់​សំឡេង​របស់​គាត់។+ គាត់​ហៅ​ចៀម​របស់​គាត់​តាម​ឈ្មោះ រួច​គាត់​នាំ​ពួក​វា​ចេញ​ទៅ​ក្រៅ។ ៤ ពេល​ដែល​ចៀម​របស់​គាត់​ចេញ​មក​អស់​ហើយ នោះ​គាត់​ដើរ​នាំ​មុខ​ពួក​វា ហើយ​ពួក​វា​ក៏​ទៅ​តាម​គាត់ ដោយ​សារ​ស្គាល់​សំឡេង​របស់​គាត់។ ៥ ពួក​វា​នឹង​មិន​ទៅ​តាម​មនុស្ស​ចម្លែក​ណា​ម្នាក់​ទេ តែ​ពួក​វា​នឹង​រត់​ចេញ​ពី​អ្នក​នោះ​វិញ ពី​ព្រោះ​ពួក​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្ស​ចម្លែក​ឡើយ​»។ ៦ លោក​យេស៊ូ​បាន​ប្រាប់​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​ពួក​គេ តែ​ពួក​គេ​មិន​បាន​យល់​អត្ថន័យ​នៃ​អ្វី​ដែល​លោក​កំពុង​ប្រាប់​ទេ។

៧ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ម្ដង​ទៀត​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​ជា​ទ្វារ​សម្រាប់​ចៀម។+ ៨ អស់​អ្នក​ដែល​បាន​មក​ដោយ​អះអាង​ថា​ពួក​គេ​គឺ​ជា​ខ្ញុំ អ្នក​ទាំង​នោះ​ជា​ចោរ​លួច​និង​ជា​ចោរ​ប្លន់ ប៉ុន្តែ​ចៀម​មិន​បាន​ស្ដាប់​ពួក​គេ​ឡើយ។ ៩ ខ្ញុំ​ជា​ទ្វារ អ្នក​ណា​ដែល​ចូល​តាម​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​នឹង​ចេញ​ចូល ក៏​រក​ឃើញ​វាល​ស្មៅ។+ ១០ ចោរ​មក​ដើម្បី​សម្លាប់ លួច និង​បំផ្លាញ​តែ​ប៉ុណ្ណោះ។+ ខ្ញុំ​បាន​មក​ដើម្បី​ឲ្យ​ពួក​គេ*មាន​ជីវិត ទាំង​ឲ្យ​ពួក​គេ​មាន​ជីវិត​យូរ​អង្វែង​ទៀត​ផង។ ១១ ខ្ញុំ​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ។+ គង្វាល​ដ៏​ល្អ​ប្រសើរ​លះ​បង់​ជីវិត*ដើម្បី​ចៀម។+ ១២ រីឯ​អ្នក​ដែល​គេ​ជួល​ឲ្យ​មើល​ថែ​រក្សា​ចៀម​វិញ គាត់​មិន​មែន​ជា​គង្វាល​ទេ ហើយ​ក៏​មិន​មែន​ជា​ម្ចាស់​ចៀម​ទាំង​នោះ​ដែរ។ ដូច្នេះ ពេល​ដែល​ឃើញ​ឆ្កែ​ចចក​មក គាត់​ក៏​រត់​ចោល​ចៀម (​រួច​ឆ្កែ​ចចក​នោះ​ឆក់​យក​ចៀម ហើយ​កម្ចាត់​កម្ចាយ​ចៀម​) ១៣ ពី​ព្រោះ​គាត់​ជា​អ្នក​ស៊ី​ឈ្នួល​គេ ហើយ​មិន​ខ្វល់​អំពី​ចៀម​ទាំង​នោះ​ទេ។ ១៤ ខ្ញុំ​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​ដែរ+ ១៥ ដូច​បិតា​នៅ​ស្ថាន​សួគ៌​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​បិតា​នៅ​ស្ថាន​សួគ៌​ដែរ។+ ខ្ញុំ​លះ​បង់​ជីវិត*ដើម្បី​ចៀម។+

១៦ ​«​ខ្ញុំ​មាន​ចៀម​ឯ​ទៀត ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។+ ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ ហើយ​ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ រួច​ចៀម​ទាំង​អស់​នោះ​នឹង​ទៅ​ជា​ហ្វូង​តែ​មួយ ហើយ​មាន​គង្វាល​តែ​ម្នាក់។+ ១៧ នេះ​ជា​មូលហេតុ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​ខ្ញុំ+ ពី​ព្រោះ​ខ្ញុំ​លះ​បង់​ជីវិត+ ដើម្បី​ខ្ញុំ​អាច​ទទួល​ជីវិត​ម្ដង​ទៀត។ ១៨ គ្មាន​អ្នក​ណា​ដក​យក​ជីវិត​ខ្ញុំ​បាន​ទេ តែ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​លះ​បង់​ជីវិត។ ខ្ញុំ​មាន​សិទ្ធិ​លះ​បង់​ជីវិត ក៏​មាន​សិទ្ធិ​ទទួល​ជីវិត​ម្ដង​ទៀត។+ ខ្ញុំ​បាន​ទទួល​បញ្ញត្ដិ​នេះ​ពី​បិតា​នៅ​ស្ថាន​សួគ៌​»។

១៩ ពេល​លោក​មាន​ប្រសាសន៍​ទាំង​នេះ ក៏​ធ្វើ​ឲ្យ​ជនជាតិ​យូដា​បែក​បាក់​គ្នា​ម្ដង​ទៀត។+ ២០ ពួក​គេ​ជា​ច្រើន​នាក់​បាន​និយាយ​ថា​៖ ​«​គាត់​មាន​វិញ្ញាណ​កំណាច​ចូល ហើយ​ឆ្កួត​ទៀត​ផង។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ស្ដាប់​គាត់?​»។ ២១ អ្នក​ឯ​ទៀត​បាន​និយាយ​ថា​៖ ​«​នេះ​មិន​មែន​ជា​សម្ដី​របស់​មនុស្ស​មាន​វិញ្ញាណ​កំណាច​ចូល​ទេ។ វិញ្ញាណ​កំណាច​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​មើល​ឃើញ​បាន​ឡើយ មែន​ទេ?​»។

២២ នៅ​ពេល​នោះ មាន​ពិធី​បុណ្យ​ប្រគល់​ជូន*នៅ​ក្នុង​ក្រុង​យេរូសាឡិម។ នោះ​ជា​រដូវ​ត្រជាក់ ២៣ ហើយ​លោក​យេស៊ូ​កំពុង​ដើរ​ក្នុង​វិហារ​នា​ល្វែង​សាឡូម៉ូន។+ ២៤ រួច​ជនជាតិ​យូដា​បាន​មក​ចោម​រោម​លោក ហើយ​តាំង​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​តើ​អ្នក​នឹង​ទុក​ឲ្យ​យើង​ឆ្ងល់​ដល់​ណា​ទៀត? ប្រសិន​បើ​អ្នក​ជា​គ្រិស្ត សូម​ប្រាប់​យើង​ឲ្យ​ត្រង់​មក​»។ ២៥ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ជឿ។ ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ​ក្នុង​នាម​បិតា​របស់​ខ្ញុំ នោះ​បញ្ជាក់​អំពី​ខ្ញុំ។+ ២៦ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ ព្រោះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ។+ ២៧ ចៀម​របស់​ខ្ញុំ​ស្ដាប់​សំឡេង​របស់​ខ្ញុំ ខ្ញុំ​ស្គាល់​ពួក​គេ ហើយ​ពួក​គេ​មក​តាម​ខ្ញុំ។+ ២៨ ខ្ញុំ​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​គេ+ ហើយ​ពួក​គេ​នឹង​មិន​ដែល​ត្រូវ​បំផ្លាញ ក៏​នឹង​គ្មាន​អ្នក​ណា​អាច​ឆក់​យក​ពួក​គេ​ចេញ​ពី​ដៃ​របស់​ខ្ញុំ​បាន​ឡើយ។+ ២៩ អ្វី​ដែល​បិតា​របស់​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ គឺ​មាន​តម្លៃ​ជាង​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​អាច​ឆក់​យក​ពួក​គេ​ពី​ដៃ​បិតា​នៅ​ស្ថាន​សួគ៌​ឡើយ។+ ៣០ ខ្ញុំ​និង​បិតា​នៅ​ស្ថាន​សួគ៌​គឺ​តែ​មួយ​»។*+

៣១ ម្ដង​នេះ​ទៀត ជនជាតិ​យូដា​រើស​ដុំ​ថ្ម​ដើម្បី​គប់​លោក។ ៣២ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន​ពី​បិតា​នៅ​ស្ថាន​សួគ៌។ តើ​ការ​មួយ​ណា​ជា​ហេតុ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ចង់​គប់​ខ្ញុំ?​»។ ៣៣ ជន​ជាតិ​យូដា​ឆ្លើយ​ថា​៖ ​«​យើង​ចង់​គប់​អ្នក មិន​មែន​ដោយ​សារ​ការ​ល្អ​ណា​មួយ​ទេ ប៉ុន្តែ​ដោយ​សារ​អ្នក​ប្រមាថ*ព្រះ+ ព្រោះ​អ្នក​ជា​មនុស្ស តែ​បាន​តាំង​ខ្លួន​ជា​ព្រះ​មួយ​វិញ​»។ ៣៤ លោក​យេស៊ូ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចែង​ថា​៖ ‹ខ្ញុំ​បាន​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​ព្រះ​»​›* មែន​ទេ?+ ៣៥ សូម​គិត​ទៅ​មើល ព្រះ​បាន​ហៅ​អ្នក​ទាំង​នោះ​ថា​‹ព្រះ›+ ទោះ​ជា​បណ្ដាំ​របស់​លោក​បាន​ផ្ដន្ទា​ទោស​ពួក​គេ​ក៏​ដោយ ហើយ​បទ​គម្ពីរ​នោះ​មិន​អាច​ត្រូវ​ទុក​ជា​មោឃ។ ៣៦ ចំណែក​ខ្ញុំ​វិញ បិតា​នៅ​ស្ថាន​សួគ៌​បាន​ញែក​ខ្ញុំ​ជា​បរិសុទ្ធ និង​បាន​ចាត់​ឲ្យ​ចូល​មក​ក្នុង​ពិភព​លោក​នេះ។ បើ​ដូច្នេះ ហេតុ​អ្វី​អ្នក​រាល់​គ្នា​និយាយ​មក​ថា​៖ ‹អ្នក​ប្រមាថ​ព្រះ› ដោយ​សារ​ខ្ញុំ​បាន​និយាយ​ថា​៖ ‹ខ្ញុំ​ជា​បុត្រ​របស់​ព្រះ›?+ ៣៧ ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​កិច្ច​ការ​របស់​បិតា​ខ្ញុំ​ទេ នោះ​កុំ​ជឿ​ខ្ញុំ។ ៣៨ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​ធ្វើ​កិច្ច​ការ​របស់​បិតា​ខ្ញុំ​មែន ចូរ​ជឿ​ដោយ​សារ​ការ​ទាំង​នោះ+ ទោះ​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ក៏​ដោយ ដើម្បី​អ្នក​រាល់​គ្នា​អាច​ដឹង ហើយ​ជឿ​រហូត​ថា បិតា​នៅ​ស្ថាន​សួគ៌​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​រួប​រួម​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌​ដែរ​»។+ ៣៩ ដូច្នេះ ពួក​គេ​ខំ​ព្យាយាម​ចាប់​លោក​ម្ដង​ទៀត តែ​លោក​បាន​គេច​ផុត​ពី​ពួក​គេ។

៤០ រួច​មក លោក​បាន​ចេញ​ទៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់​ម្ដង​ទៀត ជា​កន្លែង​ដែល​យ៉ូហាន​បាន​ជ្រមុជ​ទឹក*ឲ្យ​គេ​ពី​មុន+ ហើយ​លោក​បាន​ស្នាក់​នៅ​ទី​នោះ។ ៤១ មនុស្ស​ជា​ច្រើន​បាន​ទៅ​ឯ​លោក ក៏​តាំង​និយាយ​ថា​៖ ​«​ពិត​មែន​តែ​យ៉ូហាន​មិន​បាន​ធ្វើ​សញ្ញា​សម្គាល់​ណា​មួយ​ទេ ប៉ុន្តែ​អ្វី​ៗ​ទាំង​ប៉ុន្មាន​ដែល​យ៉ូហាន​បាន​និយាយ​អំពី​បុរស​ម្នាក់​នេះ​គឺ​ពិត​ទាំង​អស់​»។+ ៤២ ដូច្នេះ មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​លោក​នៅ​ទី​នោះ។

១១ នៅ​ភូមិ​បេថានី មាន​បុរស​ម្នាក់​ឈ្មោះ​ឡាសា គាត់​កំពុង​ឈឺ ហើយ​បង​ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​ម៉ារៀ​និង​ម៉ាថា ក៏​រស់​នៅ​ក្នុង​ភូមិ​នោះ​ដែរ។+ ២ ឡាសា​ដែល​ឈឺ​នោះ គឺ​ជា​ប្អូន​ប្រុស​របស់​ម៉ារៀ ដែល​បាន​យក​ប្រេង​ក្រអូប​មក​ចាក់​លាប​លើ​លោក​ម្ចាស់​យេស៊ូ ហើយ​យក​សក់​មក​ជូត​ជើង​របស់​លោក​ឲ្យ​ស្ងួត។+ ៣ ដូច្នេះ បង​ស្រី​ៗ​របស់​គាត់​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​ថា​៖ ​«​លោក​ម្ចាស់! មើល! មិត្ត​ជា​ទី​ស្រឡាញ់​របស់​លោក​កំពុង​ឈឺ​»។ ៤ ប៉ុន្តែ ពេល​ដែល​លោក​យេស៊ូ​ឮ​ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​លទ្ធផល​នៃ​ជំងឺ​នេះ​មិន​មែន​ជា​សេចក្ដី​ស្លាប់​ទេ តែ​គឺ​ជា​ការ​លើក​តម្កើង​ព្រះ​វិញ+ ដើម្បី​ឲ្យ​បុត្រ​របស់​ព្រះ​ទទួល​ការ​លើក​តម្កើង​ដោយ​សារ​ជំងឺ​នេះ​»។

៥ លោក​យេស៊ូ​ស្រឡាញ់​ម៉ាថា ម៉ារៀ និង​ឡាសា។ ៦ ក៏​ប៉ុន្តែ ពេល​ដែល​លោក​ឮ​ថា​ឡាសា​កំពុង​ឈឺ លោក​បន្ត​ស្នាក់​នៅ​កន្លែង​ដដែល​អស់​ពីរ​ថ្ងៃ​ទៀត។ ៧ បន្ទាប់​ពី​ពីរ​ថ្ងៃ​នោះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​យើង​ទៅ​តំបន់​យូឌា​ម្ដង​ទៀត​»។ ៨ ពួក​អ្នក​កាន់​តាម​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​រ៉ាប៊ី*+ ថ្មី​ៗ​នេះ​ពួក​អ្នក​តំបន់​យូឌា​ចង់​យក​ថ្ម​គប់​សម្លាប់​លោក+ ដូច្នេះ តើ​លោក​នឹង​ទៅ​ទី​នោះ​ម្ដង​ទៀត​ឬ?​»។ ៩ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​ក្នុង​មួយ​ថ្ងៃ​មាន​ពន្លឺ​១២​ម៉ោង មែន​ទេ?+ ប្រសិន​បើ​អ្នក​ណា​ដើរ​ក្នុង​ពន្លឺ​ថ្ងៃ អ្នក​នោះ​នឹង​មិន​ជំពប់​ដួល​ដោយ​សារ​អ្វី​ឡើយ ពី​ព្រោះ​គាត់​ឃើញ​ពន្លឺ​នៃ​ពិភព​លោក​នេះ។ ១០ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ដើរ​ពេល​យប់ អ្នក​នោះ​នឹង​ជំពប់​ដួល ពី​ព្រោះ​គាត់​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​ឡើយ​»។

១១ បន្ទាប់​ពី​លោក​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នោះ លោក​ក៏​បន្ថែម​ទៀត​ថា​៖ ​«​ឡាសា​ជា​សម្លាញ់​របស់​យើង​បាន​ដេក​លក់​ទៅ​ហើយ+ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​ទី​នោះ​ដើម្បី​ដាស់​គាត់​ពី​ដំណេក​»។ ១២ ពួក​អ្នក​កាន់​តាម​និយាយ​ទៅ​លោក​ថា​៖ ​«​លោក​ម្ចាស់ ប្រសិន​បើ​គាត់​បាន​ដេក​លក់ នោះ​គាត់​នឹង​ជា​ឡើង​វិញ​»។ ១៣ ក៏​ប៉ុន្តែ លោ​ក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​មរណភាព​របស់​គាត់ តែ​ពួក​គាត់​នឹក​ស្មានថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​ការ​ដេក​លក់​ធម្មតា។ ១៤ ដូច្នេះ លោក​យេស៊ូ​ក៏​ប្រាប់​ពួក​គាត់​ដោយ​ត្រង់​ថា​៖ ​«​ឡាសា​បាន​ស្លាប់​ហើយ។+ ១៥ ប៉ុន្តែ ខ្ញុំ​ត្រេក​អរ​ដែល​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ពី​ព្រោះ​អ្វី​ដែល​ខ្ញុំ​បម្រុង​ធ្វើ​នឹង​ពង្រឹង​ជំនឿ​អ្នក​រាល់​គ្នា។ ចូរ​យើង​ទៅ​ឯ​គាត់​ចុះ​»។ ១៦ ដូច្នេះ ថូម៉ាស​ដែល​គេ​ហៅ​ថា​កូន​ភ្លោះ ក៏​និយាយ​ទៅ​អ្នក​កាន់​តាម​ឯ​ទៀត​ថា​៖ ​«​ចូរ​យើង​ទៅ​ជា​មួយ​នឹង​លោក​ដែរ ដើម្បី​យើង​អាច​ស្លាប់​ជា​មួយ​នឹង​លោក​»។+

១៧ ពេល​ដែល​លោក​យេស៊ូ​ទៅ​ដល់ លោក​ឃើញ​ថា​ឡាសា​នៅ​ក្នុង​ទី​បញ្ចុះ​សព​អស់​បួន​ថ្ងៃ​ហើយ។ ១៨ ឯ​ភូមិ​បេថានី​នោះ មាន​ចម្ងាយ​ប្រហែល​បី​គីឡូ​ម៉ែត្រ*ពី​ក្រុង​យេរូសាឡិម។ ១៩ មាន​ជនជាតិ​យូដា​ជា​ច្រើន​នាក់​បាន​មក​សម្រាល​ទុក្ខ​ម៉ាថា​និង​ម៉ារៀ ដោយ​សារ​ប្អូន​ប្រុស​របស់​ពួក​នាង​បាន​ស្លាប់។ ២០ ពេល​ម៉ាថា​បាន​ឮ​ថា​លោក​យេស៊ូ​កំពុង​មក នាង​បាន​ចេញ​ទៅ​ជួប​លោក តែ​ម៉ារៀ+អង្គុយ​នៅ​ផ្ទះ​ត​ទៅ​ទៀត។ ២១ រួច​ម៉ាថា​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ។ ២២ ប៉ុន្តែ សូម្បី​តែ​នៅ​គ្រា​ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​អ្វី​ក៏​ដោយ​ដែល​លោក​សុំ​ពី​ព្រះ នោះ​ព្រះ​នឹង​ឲ្យ​ដល់​លោក​»។ ២៣ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ​»។ ២៤ ម៉ាថា​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ ពេល​ដែល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ+នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​»។ ២៥ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ការ​រស់​ឡើង​វិញ​និង​ការ​មាន​ជីវិត​គឺ​ដោយ​សារ​ខ្ញុំ។+ អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ ទោះ​ជា​អ្នក​នោះ​ស្លាប់​ក៏ដោយ ក៏​នឹង​រស់​ឡើង​វិញ​ដែរ។ ២៦ ឯ​អស់​អ្នក​ណា​ដែល​មាន​ជីវិត​រស់​នៅ ហើយ​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​ទាំង​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ។+ តើ​នាង​ជឿ​ទេ?​»។ ២៧ នាង​ឆ្លើយ​ទៅ​លោក​ថា​៖ ​«​ចាស​លោក​ម្ចាស់ ខ្ញុំ​ជឿ​ថា​លោក​ជា​គ្រិស្ត ជា​បុត្រ​របស់​ព្រះ និង​ជា​អ្នក​ដែល​បាន​ចូល​មក​ក្នុង​ពិភព​លោក​»។ ២៨ លុះ​និយាយ​ចប់​ហើយ នាង​ទៅ​ហៅ​ម៉ារៀ​ជា​ប្អូន​ស្រី​របស់​នាង ដោយ​ប្រាប់​ស្ងាត់​ៗ​ថា​៖ ​«​លោក​គ្រូ+មក​ដល់​ហើយ លោក​កំពុង​សួរ​រក​ប្អូន​»។ ២៩ ឮ​ដូច្នេះ នាង​ក៏​ប្រញាប់​ក្រោក​ឡើង​ចេញ​ទៅ​ឯ​លោក។

៣០ ពេល​នោះ លោក​យេស៊ូ​មិន​ទាន់​ចូល​ក្នុង​ភូមិ​នៅ​ឡើយ ប៉ុន្តែ​លោក​នៅ​កន្លែង​ដែល​ម៉ាថា​បាន​ជួប​លោក។ ៣១ ពេល​ជនជាតិ​យូដា​ដែល​កំពុង​សម្រាល​ទុក្ខ​ម៉ារៀ​ក្នុង​ផ្ទះ ឃើញ​នាង​ប្រញាប់​ក្រោក​ឡើង ហើយ​ចេញ​ទៅ នោះ​ពួក​គេ​ក៏​ចេញ​ទៅ​តាម​នាង ដោយ​នឹក​ស្មានថា​នាង​កំពុង​ចេញ​ទៅ​ទី​បញ្ចុះ​សព+ដើម្បី​យំ​នៅ​ទី​នោះ។ ៣២ ពេល​ម៉ារៀ​មក​ដល់​កន្លែង​ដែល​លោក​យេស៊ូ​នៅ ហើយ​ឃើញ​លោក នោះ​នាង​បាន​លំឱន​កាយ​នៅ​ជិត​ជើង​លោក ដោយ​និយាយ​ថា​៖ ​«​លោក​ម្ចាស់ ប្រសិន​បើ​លោក​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​ច្បាស់​ជា​មិន​ស្លាប់​ទេ​»។ ៣៣ កាល​ដែល​លោក​យេស៊ូ​ឃើញ​នាង​និង​ជនជាតិ​យូដា​ដែល​បាន​មក​ជា​មួយ​នឹង​នាង​កំពុង​យំ នោះ​លោក​មាន​ចិត្ត​ក្ដុក​ក្ដួល ក៏​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។ ៣៤ លោក​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​បាន​ដាក់​គាត់​នៅ​ឯ​ណា?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​លោក​ម្ចាស់ សូម​មក​មើល​»។ ៣៥ លោក​យេស៊ូ​ក៏​ស្រក់​ទឹក​ភ្នែក។+ ៣៦ ឃើញ​ដូច្នេះ ជន​ជាតិ​យូដា​ក៏​និយាយ​ថា​៖ ​«​មើល! គាត់​ស្រឡាញ់​ឡាសា​ខ្លាំង​ណាស់!​»។ ៣៧ ប៉ុន្តែ ពួក​គេ​ខ្លះ​និយាយ​ថា​៖ ​«​អ្នក​នេះ​បាន​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​នោះ​មើល​ឃើញ+ ដូច្នេះ​តើ​គាត់​មិន​អាច​ជួយ​កុំ​ឲ្យ​អ្នក​នេះ​ស្លាប់​ទេ​ឬ?​»។

៣៨ ក្រោយ​ពី​លោក​យេស៊ូ​មក​ដល់​ទី​បញ្ចុះ​សព លោក​ក៏​មាន​ចិត្ត​ក្ដុក​ក្ដួល​ម្ដង​ទៀត។ ទី​បញ្ចុះ​សព​នោះ​ជា​រូង​ថ្ម ហើយ​មាន​ដុំ​ថ្ម​មួយ​បិទ​មាត់​រូង។ ៣៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​ថ្ម​នោះ​ចេញ​»។ ម៉ាថា​ជា​បង​ស្រី​របស់​សព បាន​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ សព​ច្បាស់​ជា​ធុំ​ក្លិន ព្រោះ​បួន​ថ្ងៃ​បាន​កន្លង​ទៅ​ហើយ​»។ ៤០ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិន​បើ​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​ទេ​ឬ?​»។+ ៤១ ដូច្នេះ ពួក​គេ​បាន​យក​ថ្ម​នោះ​ចេញ។ បន្ទាប់​មក លោក​យេស៊ូ​ងើយ​ភ្នែក​ទៅ​លើ+ ក៏​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​អើយ ខ្ញុំ​សូម​អរគុណ​លោក​ដែល​លោក​បាន​ស្ដាប់​ខ្ញុំ។ ៤២ ពិត​មែន​តែ​ខ្ញុំ​ដឹង​ថា​លោក​តែង​តែ​ស្ដាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​និយាយ​ដូច្នេះ​ដោយ​សារ​មាន​បណ្ដា​ជន​កំពុង​ឈរ​នៅ​ជុំវិញ ដើម្បី​ពួក​គេ​អាច​ជឿ​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។+ ៤៣ លុះ​មាន​ប្រសាសន៍​ចប់​ហើយ លោក​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​ឡាសា! ចូរ​ចេញ​មក!​»។+ ៤៤ បុរស​ដែល​ស្លាប់​នោះ​បាន​ចេញ​មក​ទាំង​មាន​ក្រណាត់​រុំ​ដៃ ជើង និង​មុខ​របស់​គាត់។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ស្រាយ​គាត់ ដើម្បី​ឲ្យ​គាត់​ដើរ​បាន​»។

៤៥ ដូច្នេះ ជនជាតិ​យូដា​ជា​ច្រើន​នាក់​ដែល​មក​ឯ​ម៉ារៀ បាន​ឃើញ​អ្វី​ដែល​លោក​យេស៊ូ​ធ្វើ ក៏​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​លោក។+ ៤៦ ប៉ុន្តែ ពួក​គេ​ខ្លះ​បាន​ចេញ​ទៅ​ប្រាប់​ពួក​ផារិស៊ី​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ ៤៧ ម្ល៉ោះ​ហើយ ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​បាន​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*មក​ជុំ​គ្នា រួច​និយាយ​ថា​៖ ​«​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា? ព្រោះ​បុរស​នេះ​ធ្វើ​សញ្ញា​សម្គាល់​ជា​ច្រើន។+ ៤៨ ប្រសិន​បើ​យើង​ទុក​ឲ្យ​គាត់​ធ្វើ​ដូច្នេះ ពួក​គេ​ទាំង​អស់​គ្នា​នឹង​ជឿ​គាត់ រួច​ជន​ជាតិ​រ៉ូម​នឹង​មក​ដណ្ដើម​យក​ទាំង​កន្លែង*របស់​យើង​ទាំង​ជាតិ​របស់​យើង​ផង​»។ ៤៩ ក៏​ប៉ុន្តែ ម្នាក់​ក្នុង​ចំណោម​ពួក​គេ ឈ្មោះ​កៃផាស+ ដែល​ជា​សម្ដេច​សង្ឃ​នៅ​ឆ្នាំ​នោះ បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ ៥០ ហើយ​មិន​បាន​ពិចារណាថា គឺ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែល​មនុស្ស​ម្នាក់​ស្លាប់​ដើម្បី​បណ្ដា​ជន ជា​ជាង​ជាតិ​ទាំង​មូល​របស់​យើង​ត្រូវ​បំផ្លាញ​ចោល​»។ ៥១ ប៉ុន្តែ គាត់​មិន​បាន​និយាយ​ដូច្នេះ​ចេញ​ពី​គំនិត​របស់​គាត់​ឡើយ តែ​ដោយ​សារ​គាត់​ជា​សម្ដេច​សង្ឃ​នៅ​ឆ្នាំ​នោះ គាត់​ប្រកាស​ទំនាយ​ថា​លោក​យេស៊ូ​ត្រូវ​ស្លាប់​ដើម្បី​ជាតិ​របស់​លោក ៥២ ហើយ​មិន​មែន​ដើម្បី​ជាតិ​របស់​លោក​ប៉ុណ្ណោះ តែ​ដើម្បី​ឲ្យ​លោក​ប្រមូល​កូន​ទាំង​អស់​របស់​ព្រះ​ដែល​នៅ​ខ្ចាត់​ខ្ចាយ ឲ្យ​រួម​គ្នា​ជា​ក្រុម​តែ​មួយ។ ៥៣ ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ពួក​គេ​បាន​ប្រឹក្សា​គ្នា​រក​វិធី​សម្លាប់​លោក។

៥៤ ហេតុ​នោះ លោក​យេស៊ូ​លែង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទៀត តែ​លោក​បាន​ចេញ​ពី​ទី​នោះ ទៅ​ក្រុង​មួយ​ហៅ​ថា​អេប្រាអ៊ីម+ ដែល​នៅ​ជិត​តំបន់​ស្ងាត់​ជ្រងំ រួច​លោក​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម។ ៥៥ បុណ្យ​រំលង+របស់​ជនជាតិ​យូដា​គឺ​ជិត​ដល់​ហើយ។ មនុស្ស​ជា​ច្រើន​បាន​ចេញ​ពី​ជនបទ​ទៅ​ក្រុង​យេរូសាឡិម​មុន​បុណ្យ​រំលង ដើម្បី​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​តាម​ច្បាប់។* ៥៦ ពួក​គេ​រក​មើល​លោក​យេស៊ូ ហើយ​ពេល​ដែល​ពួក​គេ​កំពុង​ឈរ​ក្នុង​វិហារ ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច? តើ​អ្នក​គិត​ថា​លោក​នឹង​មិន​មក​បុណ្យ​នេះ​សោះ​ឬ?​»។ ៥៧ ម្យ៉ាង​ទៀត ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​បាន​បង្គាប់​ថា បើ​អ្នក​ណា​ឮ​ថា​លោក​យេស៊ូ​នៅ​ឯ​ណា អ្នក​នោះ​ត្រូវ​ប្រាប់​ពួក​គេ ដើម្បី​ពួក​គេ​អាច​ចាប់​លោក​បាន។

១២ ដូច្នេះ ៦​ថ្ងៃ​មុន​បុណ្យ​រំលង លោក​យេស៊ូ​បាន​មក​ដល់​ភូមិ​បេថានី ជា​កន្លែង​ដែល​ឡាសា+នៅ។ គាត់​ជា​អ្នក​ដែល​លោក​យេស៊ូ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ២ ដូច្នេះ គេ​បាន​រៀបចំ​ភោជនាហារ​ជូន​លោក ហើយ​ម៉ាថា​កំពុង​បម្រើ​ពួក​គេ។+ ប៉ុន្តែ ឡាសា​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ​នឹង​លោក។ ៣ រួច​មក ម៉ារៀ​បាន​យក​ប្រេង​ក្រអូប​ប្រហែល​កន្លះ​លីត្រ*មក ជា​ប្រេង​ណាត*សុទ្ធ ដែល​មាន​តម្លៃ​ថ្លៃ​ណាស់ ហើយ​នាង​បាន​ចាក់​លាប​ជើង​របស់​លោក​យេស៊ូ រួច​នាង​ក៏​យក​សក់​មក​ជូត​ជើង​របស់​លោក​ឲ្យ​ស្ងួត។ ក្លិន​ប្រេង​ក្រអូប​នោះ​បាន​សាយភាយ​ពេញ​ផ្ទះ។+ ៤ ប៉ុន្តែ យូដាស​អ៊ីស្ការីយ៉ុត+ដែល​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក និង​ជា​អ្នក​ដែល​បម្រុង​នឹង​ក្បត់​លោក បាន​និយាយ​ថា​៖ ៥ ​«​ហេតុ​អ្វីមិន​យក​ប្រេង​ក្រអូប​នេះ​ទៅ​លក់​បាន​ប្រាក់​៣០០​ឌីណារី* រួច​ចែក​ឲ្យ​អ្នក​ក្រ?​»។ ៦ ក៏​ប៉ុន្តែ គាត់​និយាយ​ដូច្នេះ​មិន​មែន​ដោយ​សារ​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​ជន​ក្រី​ក្រ​ទេ តែ​ដោយ​សារ​គាត់​ជា​ចោរ និង​ជា​អ្នក​កាន់​ប្រអប់​ទុក​ប្រាក់ ក៏​ធ្លាប់​លួច​ប្រាក់​ដែល​គេ​ដាក់​ក្នុង​ប្រអប់​នោះ​ដែរ។ ៧ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​រំខាន​នាង នាង​ធ្វើ​ដូច្នេះ​ដើម្បី​ត្រៀម​សម្រាប់​ថ្ងៃ​បញ្ចុះ​សព​របស់​ខ្ញុំ។+ ៨ ព្រោះ​អ្នក​រាល់​គ្នា​តែង​តែ​មាន​អ្នក​ក្រ​នៅ​ជា​មួយ+ តែ​អ្នក​រាល់​គ្នា​នឹង​មិន​មាន​ខ្ញុំ​នៅ​ជា​មួយ​រហូត​ទេ​»។+

៩ ពេល​ជនជាតិ​យូដា​មួយ​ក្រុម​ធំ​បាន​ឮ​ថា​លោក​នៅ​ទី​នោះ ពួក​គេ​ក៏​បាន​មក មិន​មែន​ដោយ​សារ​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយ​សារ​ពួក​គេ​ចង់​ឃើញ​ឡាសា ដែល​លោក​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។+ ១០ នៅ​ពេល​នោះ ពួក​សង្ឃនាយក​ក៏​ប្រឹក្សា​គ្នា​រក​វិធី​សម្លាប់​ឡាសា​ដែរ ១១ ព្រោះ​គាត់​ជា​ហេតុ​ដែល​នាំ​ឲ្យ​ជនជាតិ​យូដា​ជា​ច្រើន​នាក់​ទៅ​ទី​នោះ ហើយ​ពួក​គេ​ក៏​មាន​ជំនឿ​លើ​លោក​យេស៊ូ។+

១២ លុះ​ស្អែក​ឡើង មនុស្ស​មួយ​ក្រុម​ធំ​ដែល​មក​បុណ្យ​នោះ បាន​ឮ​ថា​លោក​យេស៊ូ​កំពុង​ធ្វើ​ដំណើរ​មក​ក្រុង​យេរូសាឡិម។ ១៣ ដូច្នេះ ពួក​គេ​ក៏​យក​ធាង​លម៉ើ រួច​បាន​ចេញ​ទៅ​ជួប​លោក ហើយ​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា​៖ ​«​សូម​លោក​មេត្តា​សង្គ្រោះ! អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា* មាន​ពរ​ហើយ!+ លោក​ជា​ស្ដេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល!​»។+ ១៤ ពេល​ដែល​លោក​យេស៊ូ​បាន​ឃើញ​សត្វ​លា​ស្ទាវ​មួយ លោក​ក៏​ជិះ​លើ​វា+ ដូច​បទ​គម្ពីរ​បាន​ចែង​ថា​៖ ១៥ ​«​កុំ​ខ្លាច​ឡើយ កូនស្រី​នៃស៊ីយ៉ូន*អើយ! មើល! ស្ដេច​របស់​នាង​កំពុង​មក ដោយ​ជិះ​លើ​លា​ស្ទាវ​»។+ ១៦ នៅ​ដើម​ដំបូង ពួក​អ្នក​កាន់​តាម​លោក​មិន​បាន​យល់​ការ​ទាំង​នេះ​ឡើយ។ ប៉ុន្តែ ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​សិរី​រុង​រឿង+ នោះ​ពួក​គាត់​បាន​នឹក​ឃើញ​ថា​ការ​ទាំង​នេះ​ដែល​បាន​កើត​ឡើង​ដល់​លោក គឺ​ដូច​អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​លោក។+

១៧ ឯ​បណ្ដា​ជន​ដែល​បាន​ឃើញ​លោក​យេស៊ូ​ពេល​ដែល​លោក​ហៅ​ឡាសា​ឲ្យ​ចេញ​ពី​ទី​បញ្ចុះ​សព+ ដោយ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​នាំ​គ្នា​បញ្ជាក់​អំពី​លោក​ឥត​ឈប់។+ ១៨ ហេតុ​នេះ មនុស្ស​ជា​ច្រើន​ក៏​បាន​មក​ជួប​លោក​ដែរ ដោយ​សារ​ពួក​គេ​បាន​ឮ​ថា​លោក​បាន​ធ្វើ​សញ្ញា​សម្គាល់​នេះ។ ១៩ ដូច្នេះ ពួក​ផារិស៊ី​និយាយ​គ្នា​ថា​៖ ​«​ឃើញ​ទេ? គម្រោង​របស់​យើង​មិន​បាន​ជោគ​ជ័យ​សោះ។ មើល! ពិភព​លោក​ទាំង​មូល​បាន​ចេញ​ទៅ​តាម​អ្នក​នោះ​ហើយ​»។+

២០ ក្នុង​ពិធី​បុណ្យ​នោះ ក៏​មាន​ជន​ជាតិ​ក្រិច​មួយ​ចំនួន​បាន​មក​គោរព​បូជា​ដែរ។ ២១ ដូច្នេះ ពួក​គេ​បាន​ទៅ​ជួប​ភីលីព+ដែល​មក​ពី​ក្រុង​បេតសេដា​នៅ​ស្រុកកាលីឡេ ហើយ​ពួក​គេ​ក៏​សុំ​ថា​៖ ​«​លោក យើង​ចង់​ជួប​លោក​យេស៊ូ​»។ ២២ ភីលីព​បាន​មក​ប្រាប់​អនទ្រេ រួច​អនទ្រេ​និង​ភីលីព​បាន​មក​ជម្រាប​លោក​យេស៊ូ។

២៣ ប៉ុន្តែ លោក​យេស៊ូ​បាន​តប​ទៅ​ពួក​គាត់​ថា​៖ ​«​គឺ​ដល់​ពេល​ឲ្យ​កូន​មនុស្ស​ទទួល​សិរី​រុង​រឿង​ហើយ។+ ២៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​គ្រាប់​ស្រូវ​សាលី​មួយ​មិន​ធ្លាក់​ដល់​ដី ហើយ​ងាប់​ទេ នោះ​វា​នៅ​តែ​ជា​គ្រាប់​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ បើ​គ្រាប់​នោះ​ងាប់​វិញ+ វា​បង្កើត​ផល​ជា​ច្រើន។ ២៥ អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត*ខ្លួន អ្នក​នោះ​បំផ្លាញ​ជីវិត​ខ្លួន​វិញ។ ប៉ុន្តែ អ្នក​ណា​ដែល​ស្អប់​ជីវិត+ខ្លួន​ក្នុង​ពិភព​លោក​នេះ អ្នក​នោះ​នឹង​រក្សា​ជីវិត​ខ្លួន​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ ២៦ ប្រសិន​បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ហើយ​កន្លែង​ណា​ដែល​ខ្ញុំ​នៅ អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។+ ប្រសិន​បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ នោះ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​នឹង​លើក​កិត្តិយស​អ្នក​នោះ។ ២៧ ឥឡូវ​នេះ ខ្ញុំ​ពិបាក​ចិត្ត​ណាស់។+ តើ​ខ្ញុំ​គួរ​និយាយ​យ៉ាង​ណា? បិតា​អើយ សូម​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​គ្រា​នេះ។+ ប៉ុន្តែ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មក គឺ​ដើម្បី​ឆ្លង​កាត់​គ្រា​នេះ។ ២៨ បិតា​អើយ សូម​លើក​តម្កើង​នាម​របស់​លោក​»។ រួច​ក៏​មាន​សំឡេង​មួយ+មក​ពី​លើ​មេឃ*ថា​៖ ​«​ខ្ញុំ​បាន​លើក​តម្កើង​នាម​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​លើក​តម្កើង​ម្ដង​ទៀត​»។+

២៩ បណ្ដា​ជន​ដែល​កំពុង​ឈរ​នៅ​ទី​នោះ បាន​ឮ​សំឡេង​នោះ រួច​តាំង​និយាយថា នោះ​ជា​សូរ​ផ្គរ​លាន់។ អ្នក​ឯ​ទៀត​និយាយ​ថា​៖ ​«​ទេវតា​មួយ​បាន​និយាយ​ទៅ​កាន់​គាត់​»។ ៣០ លោក​យេស៊ូ​តប​ថា​៖ ​«​សំឡេង​នេះ​បាន​បន្លឺ​ឡើង​សម្រាប់អ្នករាល់គ្នា មិន​មែន​សម្រាប់​ខ្ញុំ​ទេ។ ៣១ ឥឡូវ​ពិភព​លោក​នេះ​កំពុង​ទទួល​ការ​វិនិច្ឆ័យ ហើយ​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ+នឹង​ត្រូវ​បណ្ដេញ​ចោល។+ ៣២ ក៏​ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ត្រូវ​លើក​ឡើង​ពី​ដី*+ ខ្ញុំ​នឹង​ទាញ​នាំ​មនុស្ស​គ្រប់​ប្រភេទ​មក​ឯ​ខ្ញុំ​»។ ៣៣ តាម​ពិត លោក​មាន​ប្រសាសន៍​ដូច្នេះ ដើម្បី​បញ្ជាក់​អំពី​របៀប​ដែល​លោក​នឹង​ទទួល​មរណភាព។+ ៣៤ ម្ល៉ោះ​ហើយ បណ្ដា​ជន​តប​ទៅ​លោក​ថា​៖ ​«​យើង​បាន​ឮ​អ្វី​ដែល​ចែង​ក្នុង​ច្បាប់*ថា គ្រិស្ត​នឹង​ស្ថិត​នៅ​ជា​រៀង​រហូត។+ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​ថា​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង?+ តើ​កូន​មនុស្ស​នេះ​ជា​អ្នក​ណា?​»។ ៣៥ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ពន្លឺ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ។ ចូរ​អ្នក​រាល់​គ្នា​ដើរ​កាល​ដែល​នៅ​មាន​ពន្លឺ ដើម្បី​កុំ​ឲ្យ​ភាព​ងងឹត​ឈ្នះ​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ដែល​ដើរ​ក្នុង​ភាព​ងងឹត អ្នក​នោះ​មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ឯ​ណា​ទេ។+ ៣៦ កាល​ដែល​អ្នក​រាល់​គ្នា​នៅ​មាន​ពន្លឺ ចូរ​បង្ហាញ​ជំនឿ​លើ​ពន្លឺ ដើម្បី​អាច​ទៅ​ជា​កូន​នៃ​ពន្លឺ​»​។+

លុះ​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ​ចប់ លោក​យេស៊ូ​ក៏​ចេញ​ទៅ ហើយ​លាក់​ខ្លួន​ពី​ពួក​គេ។ ៣៧ ទោះ​ជា​លោក​បាន​ធ្វើ​សញ្ញា​សម្គាល់​ជា​ច្រើន​នៅ​មុខ​ពួក​គេ​ក៏​ដោយ ពួក​គេ​មិន​ជឿ​លោក​ទេ។ ៣៨ យ៉ាង​នេះ ពាក្យ​របស់​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ត្រូវ​សម្រេច។ ពាក្យ​នោះ​ថា​៖ ​«​ព្រះ​យេហូវ៉ា* តើ​អ្នក​ណា​បាន​ជឿ​អ្វី​ដែល​យើង​បាន​ប្រាប់?+ ហើយ​តើ​ព្រះ​យេហូវ៉ា*បាន​បើក​បង្ហាញ​ឫទ្ធានុភាព*របស់​លោក​ដល់​អ្នក​ណា?​»។+ ៣៩ ម្យ៉ាង​ទៀត អេសាយ​បាន​បញ្ជាក់​មូលហេតុ​ដែល​ពួក​គេ​មិន​អាច​ជឿ​បាន ដោយ​និយាយ​ថា​៖ ៤០ ​«​លោក​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួក​គេ​ងងឹត ហើយ​បាន​ធ្វើ​ឲ្យ​ចិត្ត​របស់​ពួក​គេ​រឹង ដើម្បី​កុំ​ឲ្យ​ភ្នែក​របស់​ពួក​គេ​មើល​ឃើញ ហើយ​យល់​អត្ថន័យ​និង​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួក​គេ រួច​វិល​មក​វិញ ហើយ​ខ្ញុំធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​»។+ ៤១ អេសាយ​បាន​ពោល​អ្វី​ៗ​ទាំង​នេះ ពី​ព្រោះ​គាត់​បាន​ឃើញ​សិរី​រុង​រឿង​របស់​លោក ហើយ​បាន​និយាយ​អំពី​លោក។+ ៤២ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​អ្នក​គ្រប់​គ្រង​ជា​ច្រើន​នាក់​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​លោក។+ ប៉ុន្តែ ដោយ​សារ​ពួក​ផារិស៊ី អ្នក​គ្រប់​គ្រង​ទាំង​នោះ​មិន​ហ៊ាន​ទទួល​ស្គាល់​លោក​ទេ ដើម្បី​កុំ​ឲ្យ​គេ​បណ្ដេញ​ចោល​ពី​សាលា​ប្រជុំ+ ៤៣ ព្រោះ​ពួក​គេ​ស្រឡាញ់​ការ​សរសើរ​ពី​មនុស្ស ជាង​ទទួល​ការ​ពេញ​ចិត្ត*ពី​ព្រះ។+

៤៤ ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​បន្លឺ​សំឡេង​ថា​៖ ​«​អ្នក​ណា​ដែល​ជឿ​ខ្ញុំ អ្នក​នោះ​មិន​គ្រាន់​តែ​ជឿ​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជឿ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ+ ៤៥ ហើយ​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ អ្នក​នោះ​ក៏​ឃើញ​លោក​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។+ ៤៦ ខ្ញុំ​បាន​មក​ធ្វើ​ជា​ពន្លឺ​ក្នុង​ពិភព​លោក​នេះ+ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ខ្ញុំ​ស្ថិត​ក្នុង​ភាព​ងងឹត​តទៅ​ទៀត។+ ៤៧ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ឮ​ពាក្យ​របស់​ខ្ញុំ តែ​មិន​ធ្វើ​តាម ខ្ញុំមិន​វិនិច្ឆ័យ​អ្នក​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​បាន​មក​ដើម្បី​វិនិច្ឆ័យ​ពិភព​លោក​ឡើយ តែ​ដើម្បី​សង្គ្រោះ​ពិភព​លោក​វិញ។+ ៤៨ អ្នក​ណា​ដែល​មិន​អើពើ​ចំពោះ​ខ្ញុំ ហើយ​មិន​ទទួល​ពាក្យ​របស់​ខ្ញុំ នឹង​មាន​អ្នក​ដែល​វិនិច្ឆ័យ​អ្នក​នោះ។ ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ ជា​អ្វី​ដែល​នឹង​វិនិច្ឆ័យ​អ្នក​នោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ ៤៩ ពី​ព្រោះ​អ្វី​ដែល​ខ្ញុំ​និយាយ មិន​មែន​មក​ពី​ខ្ញុំ​ទេ តែ​មក​ពី​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​លោក​ផ្ទាល់​បាន​ឲ្យ​បញ្ញត្ដិ​មួយ​មក​ខ្ញុំ ស្ដី​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​បង្រៀន និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ។+ ៥០ ខ្ញុំ​ដឹង​ថា​បញ្ញត្ដិ​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+ ដូច្នេះ អ្វី​ៗ​ដែល​ខ្ញុំ​និយាយ នោះ​ខ្ញុំ​និយាយ​ដូច​បិតា​នៅ​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​»​។+

១៣ មុន​បុណ្យ​រំលង លោក​យេស៊ូ​ដឹង​ថា​វេលា​ដែល​លោក​ត្រូវ​ចេញ​ពី​ពិភព​លោក​នេះ​ទៅ​ឯ​បិតា​នៅ​ស្ថាន​សួគ៌+ បាន​មក​ដល់​ហើយ។+ ដោយ​សារ​លោក​ស្រឡាញ់​ពួក​អ្នក​ដែល​ជា​របស់​លោក ដែល​នៅ​ក្នុង​ពិភព​លោក​នេះ នោះ​លោក​ស្រឡាញ់​ពួក​គាត់​រហូត​ដល់​ទី​បំផុត។+ ២ កាល​ដែល​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​កំពុង​បរិភោគ មេកំណាច*បាន​ធ្វើ​ឲ្យ​យូដាស​អ៊ីស្ការីយ៉ុត+ ជា​កូន​ស៊ីម៉ូន មាន​គំនិត​ក្បត់​លោក​រួច​ហើយ។+ ៣ លោក​យេស៊ូ​ដឹង​ថា​បិតា​នៅ​ស្ថាន​សួគ៌​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​ដៃ​របស់​លោក ហើយ​ដឹង​ថា​លោក​មក​ពី​ព្រះ ក៏​នឹង​ទៅ​ឯ​ព្រះ​វិញ។+ ៤ លោក​យេស៊ូ​បាន​ក្រោក​ឡើង​ពី​តុ​អាហារ ហើយ​ដោះ​សម្លៀក​បំពាក់​ក្រៅ​ចេញ។ រួច​មក លោក​យក​កន្សែង​មក​ក្រវាត់​ចង្កេះ។+ ៥ បន្ទាប់​មក លោក​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ​ធំ​មួយ ហើយ​ចាប់​ផ្ដើម​លាង​ជើង​របស់​ពួក​អ្នក​កាន់​តាម ក៏​បាន​យក​កន្សែង​ដែល​ក្រវាត់​ចង្កេះ មក​ជូត​ជើង​ពួក​គាត់​ឲ្យ​ស្ងួត។ ៦ កាល​ដែល​លោក​មក​ឯ​ស៊ីម៉ូន​ពេត្រុស នោះ​ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​នឹង​លាង​ជើង​របស់​ខ្ញុំ​ឬ?​»។ ៧ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​ឥឡូវនេះ អ្នក​មិន​យល់​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ប៉ុន្តែ​បន្ទាប់​ពី​ការ​ទាំង​នេះ អ្នក​នឹង​យល់​»។ ៨ ពេត្រុស​និយាយ​ទៅ​លោក​ថា​៖ ​«​លោក​មិន​ត្រូវ​លាង​ជើង​ខ្ញុំ​ទេ​»​។ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​បើ​ខ្ញុំ​មិន​លាង​ជើង​របស់​អ្នក​ទេ+ អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ឡើយ​»។ ៩ ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​កុំ​លាង​តែ​ជើង​ខ្ញុំ​ប៉ុណ្ណោះ តែ​សូម​លាង​ទាំង​ដៃ​ទាំង​ក្បាល​របស់​ខ្ញុំ​ផង​»។ ១០ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ងូត​ទឹក​ហើយ រូប​កាយ​ទាំង​មូល​របស់​អ្នក​នោះ​គឺ​ស្អាត ដូច្នេះ​គាត់​មិន​ត្រូវ​ការ​លាង​អ្វី​ក្រៅ​ពី​ជើង​របស់​គាត់​ទេ។ អ្នក​រាល់​គ្នា​គឺ​ស្អាត​ហើយ តែ​មិន​មែន​គ្រប់​គ្នា​ទេ​»។ ១១ លោក​ដឹង​ហើយ​ថា អ្នក​ណា​នឹង​ក្បត់​លោក។+ ហេតុ​នោះ​ហើយ​បាន​ជា​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ​»។

១២ បន្ទាប់​ពី​លោក​លាង​ជើង​របស់​ពួក​គាត់​រួច លោក​ក៏​ពាក់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​វិញ។ រួច​លោក​អង្គុយ​នៅ​តុ​ម្ដង​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​យល់​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ទេ? ១៣ អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា​‹លោក​គ្រូ›​និង​‹លោក​ម្ចាស់› ហើយ​ជា​ការ​ត្រឹម​ត្រូវ​ដែល​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ដូច្នេះ ព្រោះ​ខ្ញុំ​ជា​គ្រូ​និង​ជា​ម្ចាស់​មែន។+ ១៤ ដូច្នេះ ប្រសិន​បើ​ខ្ញុំ​ជា​ម្ចាស់​និង​ជា​គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា+ នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ*លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។+ ១៥ ព្រោះ​ខ្ញុំ​បាន​ទុក​គំរូ​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា។+ ១៦ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​បម្រើ​គឺ​មិន​ធំ​ជាង​ម្ចាស់​ខ្លួន​ទេ ហើយ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ ក៏​មិន​ធំ​ជាង​អ្នក​ដែល​ចាត់​អ្នក​នោះ​ឲ្យ​ទៅ​ដែរ។ ១៧ ឥឡូវ​អ្នក​រាល់​គ្នា​ដឹង​ការ​ទាំង​នេះ តែ​បើ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​នេះ អ្នក​រាល់​គ្នា​នឹង​មាន​សុភមង្គល។+ ១៨ ខ្ញុំ​មិន​មែន​និយាយ​អំពី​អ្នក​ទាំង​អស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស។ ប៉ុន្តែ នេះ​គឺ​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា​៖+ ‹អ្នក​ដែល​ធ្លាប់​បរិភោគ​នំ​ប៉័ង​របស់​ខ្ញុំ បាន​លើក​កែង​ជើង​ទាស់​នឹង​ខ្ញុំ​វិញ›។+ ១៩ ឥឡូវ​នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​មុន​ការ​ទាំង​នោះ​កើត​ឡើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា ខ្ញុំ​ជា​អ្នក​នោះ ពេល​ការ​ទាំង​នោះ​កើត​ឡើង។+ ២០ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ទទួល​អ្នក​ដែល​ខ្ញុំ​ចាត់​ឲ្យ​ទៅ អ្នក​នោះ​ក៏​ទទួល​ខ្ញុំ​ដែរ។+ ឯ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​»។+

២១ ក្រោយ​ពី​លោក​យេស៊ូ​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ​ហើយ លោក​ក៏​កើត​ទុក្ខ​ក្នុង​ចិត្ត រួច​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​»។+ ២២ ពួក​អ្នក​កាន់​តាម​លោក​ចាប់​ផ្ដើម​មើល​មុខ​គ្នា ដោយ​មិន​ដឹង​ថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​អ្នក​ណា​ឡើយ។+ ២៣ មាន​អ្នក​កាន់​តាម​ម្នាក់​ដែល​កំពុង​អង្គុយ​នៅ​ជិត*លោក​យេស៊ូ គាត់​ជា​អ្នក​ដែល​លោក​ស្រឡាញ់។+ ២៤ ដូច្នេះ ស៊ីម៉ូន​ពេត្រុស​ធ្វើ​សញ្ញា​ទៅ​អ្នក​នោះ ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​ប្រាប់​យើង​ថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​អ្នក​ណា​»។ ២៥ ដូច្នេះ អ្នក​នោះ​ផ្អែក​ខ្លួន​ទៅ​លើ​ទ្រូង​លោក​យេស៊ូ ហើយ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្នក​ណា​ទៅ?​»។+ ២៦ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ឲ្យ​នំ​ប៉័ង​ដែល​ខ្ញុំ​កំពុង​ជ្រលក់​នេះ​»។+ ដូច្នេះ លោក​ក៏​ហុច​នំ​ប៉័ង​ដែល​លោក​បាន​ជ្រលក់ ទៅ​ឲ្យ​យូដាស ជា​កូន​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត។ ២៧ បន្ទាប់​ពី​យូដាស​ទទួល​នំ​ប៉័ង​នោះ សាថាន*ក៏​ចូល​គាត់។+ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់​ទៅ​»។ ២៨ ក៏​ប៉ុន្តែ ពួក​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ មិន​ដឹង​មូលហេតុ​ដែល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ទៅ​យូដាស​ទេ។ ២៩ ដោយ​សារ​យូដាស​ជា​អ្នក​កាន់​ប្រអប់​ទុក​ប្រាក់+ នោះ​អ្នក​កាន់​តាម​ខ្លះ​បាន​គិត​ថា​លោក​យេស៊ូ​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ទៅ​ទិញ​អ្វី​ដែល​យើង​ត្រូវ​ការ​សម្រាប់​បុណ្យ​នេះ​»​ ឬ​ប្រាប់​គាត់​ឲ្យ​ទៅ​ចែក​ប្រាក់​ខ្លះ​ដល់​អ្នក​ក្រ។ ៣០ ដូច្នេះ ក្រោយ​ពី​គាត់​បាន​ទទួល​នំ​ប៉័ង​នោះ គាត់​ក៏​ចេញ​ទៅ​ភ្លាម។ ពេល​នោះ​គឺ​យប់​ហើយ។+

៣១ ក្រោយ​ពី​យូដាស​ចេញ​ទៅ​បាត់ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ឥឡូវ​កូន​មនុស្ស​បាន​ត្រូវ​លើក​តម្កើង+ ហើយ​ព្រះ​បាន​ត្រូវ​លើក​តម្កើង​តាម​រយៈ​លោក។ ៣២ ព្រះ​នឹង​លើក​តម្កើង​លោក​ដោយ​ផ្ទាល់+ ហើយ​នឹង​លើក​តម្កើង​លោក​ភ្លាម​ៗ។ ៣៣ កូន​ៗ​អើយ ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ។ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ឥឡូវ​នេះ​ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​បាន​ប្រាប់​ជនជាតិ​យូដា​ដែរ​ថា​៖ ‹កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​មិន​អាច​មក​បាន​ទេ›។+ ៣៤ ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក+ ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា។+ ៣៥ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។+

៣៦ ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​នឹង​ទៅ​ឯ​ណា?​»។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​មិន​អាច​មក​តាម​ខ្ញុំ​ឥឡូវ​នេះ​បាន​ទេ តែ​អ្នក​នឹង​មក​នៅ​ពេល​ក្រោយ​»។+ ៣៧ ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ទៅ​តាម​លោក​ឥឡូវ​នេះ? ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ជីវិត*ដើម្បី​លោក​»។+ ៣៨ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​តើ​អ្នក​ពិត​ជា​សុខ​ចិត្ត​លះ​បង់​ជីវិត*ដើម្បី​ខ្ញុំ​មែន​ឬ? ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា មាន់​នឹង​មិន​រងាវ​ទេ រហូត​ដល់​អ្នក​មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង​»។+

១៤ ​«​កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ។+ ចូរ​បង្ហាញ​ជំនឿ​លើ​ព្រះ+ ហើយ​បង្ហាញ​ជំនឿ​លើ​ខ្ញុំ​ដែរ។ ២ ក្នុង​លំនៅ​របស់​បិតា​ខ្ញុំ​មាន​ទី​អាស្រ័យ​ជា​ច្រើន។ បើ​មិន​មាន​ច្រើន​ទេ ខ្ញុំ​មិន​និយាយ​ដូច្នេះ​ទេ។ ប៉ុន្តែ ខ្ញុំ​នឹង​ទៅ​ដើម្បី​រៀបចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា។+ ៣ ម្យ៉ាង​ទៀត ប្រសិន​បើ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​មក​ម្ដង​ទៀត រួច​នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​លំនៅ​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​ដែរ។+ ៤ ឯ​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​រាល់​គ្នា​ស្គាល់​ផ្លូវ​ហើយ​»។

៥ ថូម៉ាស់+និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ យើង​មិន​ដឹង​ថា​លោក​នឹង​ទៅ​ឯ​ណា​ទេ តើ​យើង​អាច​ស្គាល់​ផ្លូវ​ដូច​ម្ដេច​បាន?​»។

៦ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ+ ជា​សេចក្ដី​ពិត+ និង​ជា​ជីវិត។+ គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ។+ ៧ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​ស្គាល់​បិតា​របស់​ខ្ញុំ​ដែរ។ ចាប់​ពី​ឥឡូវ​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ស្គាល់​លោក តាម​ពិត​អ្នក​រាល់​គ្នា​បាន​ឃើញ​លោក​ហើយ​»។+

៨ ភីលីព​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌ នោះ​គ្រប់​គ្រាន់​ហើយ​សម្រាប់​យើង​»។

៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ភីលីព ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យូរ​ហើយ តើ​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ​ឬ? អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ។+ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​និយាយ​ថា​៖ ‹សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌›​ដូច្នេះ? ១០ តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​បិតា​នៅ​ស្ថាន​សួគ៌​ក៏​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ដែរ​ទេ​ឬ?+ អ្វី​ៗ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​មក​ពី​ខ្ញុំ​ឡើយ+ ប៉ុន្តែ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច លោក​កំពុង​ធ្វើ​កិច្ច​ការ​របស់​លោក។ ១១ ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​បិតា​នៅ​ស្ថាន​សួគ៌​ក៏​រួប​រួម​ជាមួយ​នឹង​ខ្ញុំ​ដែរ។ បើ​មិន​ដូច្នោះ​ទេ ចូរ​ជឿ​ដោយ​សារ​ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ។+ ១២ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​ការ​ដ៏​ធំ​ជាង​នោះ​ទៅ​ទៀត+ ពី​ព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌។+ ១៣ ម្យ៉ាង​ទៀត អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សុំ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ ដើម្បី​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ទទួល​ការ​លើក​តម្កើង​តាម​រយៈ​បុត្រ​របស់​លោក។+ ១៤ ប្រសិន​បើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ។

១៥ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​ខ្ញុំ។+ ១៦ ខ្ញុំ​នឹង​សុំ​បិតា​នៅ​ស្ថាន​សួគ៌ រួច​លោក​នឹង​ឲ្យ​អ្នក​ជួយ*មួយ​ទៀត​ដល់​អ្នក​រាល់​គ្នា ដែល​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រហូត+ ១៧ ពោល​គឺ​ឫទ្ធានុភាព​ដែល​បង្ហាញ​ពី​សេចក្ដី​ពិត។+ ពិភព​លោក​នេះ​មិន​អាច​ទទួល​ឫទ្ធានុភាព​នោះ​បាន​ទេ ពី​ព្រោះ​ពិភព​លោក​នេះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ឫទ្ធានុភាព​នោះ​ឡើយ។+ អ្នក​រាល់​គ្នា​ស្គាល់​ឫទ្ធានុភាព​នោះ ពី​ព្រោះ​ឫទ្ធានុភាព​នោះ​នៅ​ជាប់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ទៀត​ផង។ ១៨ ខ្ញុំ​នឹង​មិន​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​កំព្រា​ឡើយ។ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា។+ ១៩ បន្តិច​ទៀត​ពិភព​លោក​នេះ​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ+ ពី​ព្រោះ​ខ្ញុំ​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​រស់​ដែរ។ ២០ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ។+ ២១ អ្នក​ណា​ដែល​មាន​បញ្ញត្ដិ​របស់​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ស្រឡាញ់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ថែម​ទាំង​បង្ហាញ​ខ្លួន​ជា​ចំហ​ឲ្យ​អ្នក​នោះ​ឃើញ​ផង​»។

២២ យូដាស+ (​មិន​មែន​អ៊ីស្ការីយ៉ុត​ទេ​) បាន​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្វី​បាន​កើត​ឡើង​បាន​ជា​លោក​នឹង​បង្ហាញ​ខ្លួន​ជា​ចំហ​ឲ្យ​យើង​ឃើញ តែ​មិន​បង្ហាញ​ខ្លួន​ឲ្យ​ពិភព​លោក​ឃើញ?​»។

២៣ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ+ ហើយ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ រួច​យើង​ទាំង​ពីរ​នឹង​មក​ឯ​អ្នក​នោះ ហើយ​តាំង​លំនៅ​ជា​មួយ​នឹង​គាត់។+ ២៤ អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ​ឡើយ។ ពាក្យ​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្ដាប់ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ តែ​ជា​បណ្ដាំ​របស់​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+

២៥ ​«​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រាប់​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា។ ២៦ ប៉ុន្តែ អ្នក​ជួយ*ដែល​ជា​ឫទ្ធានុភាព​បរិសុទ្ធ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​នឹង​ចាត់​ឲ្យ​មក​ក្នុង​ឈ្មោះ​ខ្ញុំ នឹង​បង្រៀន​អ្នក​រាល់​គ្នា​នូវ​អ្វី​ៗ​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ប្រាប់។+ ២៧ ខ្ញុំ​ទុក​សេចក្ដី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា។ ខ្ញុំ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា។+ ខ្ញុំ​មិន​ឲ្យ​តាម​របៀប​ដែល​ពិភព​លោក​នេះ​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ ហើយ​កុំ​មាន​ចិត្ត​រួញ​រា​ឡើយ។ ២៨ អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ រួច​នឹង​ត្រឡប់​មកឯ​អ្នក​រាល់​គ្នា​វិញ›។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រេក​អរ​ដោយ​សារ​ខ្ញុំ​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ពី​ព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​ខ្ញុំ។+ ២៩ ដូច្នេះ ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​មុន​ការ​ទាំង​នោះ​កើត​ឡើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ ពេល​ដែល​ការ​ទាំង​នោះ​កើត​ឡើង។+ ៣០ ខ្ញុំ​នឹង​មិន​និយាយ​ច្រើន​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ថែម​ទៀត​ឡើយ ព្រោះ​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ+ជិត​មក​ដល់​ហើយ។ អ្នក​នោះ​មិន​មាន​អំណាច​លើ​ខ្ញុំ​ទេ+ ៣១ ប៉ុន្តែ ដើម្បី​ឲ្យ​ពិភព​លោក​នេះ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌ បាន​ជា​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្គាប់​ខ្ញុំ​ឲ្យ​ធ្វើ។+ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ។

១៥ ​«​ខ្ញុំ​ជា​វល្លិ​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​បិតា​របស់​ខ្ញុំ​ជា​អ្នក​ដាំ។ ២ មែក​ណា​របស់​ខ្ញុំ​ដែល​មិន​មាន​ផល​ផ្លែ លោក​នឹង​យក​មែក​នោះ​ចេញ ហើយ​លោក​នឹង​សម្អាត*មែក​ណា​ដែល​មាន​ផល​ផ្លែ ដើម្បី​ឲ្យ​មែក​នោះ​អាច​មាន​ផល​ផ្លែ​ថែម​ទៀត។+ ៣ អ្នក​រាល់​គ្នា​គឺ​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា។+ ៤ ចូរ​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​ខ្ញុំ​ក៏​នឹង​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​និច្ច​ដែរ។ បើ​មែក​ទំពាំង​បាយ​ជូរ​មិន​នៅ​ជាប់​នឹង​ដើម​ទេ នោះ​វា​មិន​អាច​មាន​ផល​ផ្លែ​បាន​ឡើយ។ អ្នក​រាល់​គ្នា​ក៏​នឹង​ដូច្នេះ​ដែរ បើ​មិន​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច។+ ៥ ខ្ញុំ​ជា​វល្លិ​ទំពាំង​បាយ​ជូរ ហើយ​អ្នក​រាល់​គ្នា​ជា​មែក។ បើ​អ្នក​ណា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ អ្នក​នោះ​មាន​ផល​ផ្លែ​ជា​ច្រើន+ ពី​ព្រោះ​បើ​មិន​នៅ​ជាប់​នឹង​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​បាន​សោះ។ ៦ ប្រសិន​បើ​អ្នក​ណា​មិន​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច​ទេ អ្នក​នោះ​ជា​មែក​ដែល​នឹង​ត្រូវ​បោះ​ចោល ហើយ​នឹង​ក្រៀម​ស្វិត។ រួច​គេ​នឹង​ប្រមូល​មែក​ទាំង​នោះ រួច​បោះ​ក្នុង​ភ្លើង​ឲ្យ​ឆេះ​អស់​ទៅ។ ៧ ប្រសិន​បើ​អ្នក​រាល់​គ្នា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​ពាក្យ​របស់​ខ្ញុំ​ក៏​នៅ​ជាប់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ជា​និច្ច​ដែរ នោះ​ទោះ​ជា​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ការ​នោះ​នឹង​កើត​ឡើង​ចំពោះ​អ្នក​រាល់​គ្នា។+ ៨ បិតា​របស់​ខ្ញុំ​បាន​ត្រូវ​លើក​តម្កើង ពេល​ដែល​អ្នក​រាល់​គ្នា​បន្ត​មាន​ផល​ផ្លែ​ជា​ច្រើន និង​ពេល​ដែល​អ្នក​រាល់​គ្នា​បង្ហាញ​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ។+ ៩ ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​ដូច​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​ខ្ញុំ។+ ដូច្នេះ ចូរ​រក្សា​ខ្លួន​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់។ ១០ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​រក្សា​ខ្លួន​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​រក្សា​ខ្លួន​ជា​អ្នក​ដែល​លោក​ស្រឡាញ់​ដែរ។

១១ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​អ្វី​ៗ​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពោរ​ពេញ​ដោយ​អំណរ​ដូច​ខ្ញុំ​ដែរ។+ ១២ នេះ​ជា​បញ្ញត្តិ​របស់​ខ្ញុំ​គឺ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា។+ ១៣ គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​អ្នក​ដែល​លះ​បង់​ជីវិត*ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​ឡើយ។+ ១៤ អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បញ្ញត្តិ​របស់​ខ្ញុំ។+ ១៥ ខ្ញុំ​មិន​ហៅ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​បម្រើ​ទៀត​ឡើយ ពី​ព្រោះ​ខ្ញុំ​បម្រើ​មិន​ដឹង​ថា​ម្ចាស់​របស់​ខ្លួន​ធ្វើ​អ្វី​ទេ។ ប៉ុន្តែ ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​មិត្ត​សម្លាញ់ ពី​ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឮ​ពី​បិតា​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា។ ១៦ អ្នក​រាល់​គ្នា​មិន​បាន​ជ្រើស​រើស​ខ្ញុំ​ទេ តែ​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​វិញ ក៏​បាន​តែង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាន​ផល​ផ្លែ​ត​ទៅ​ទៀត ពោល​គឺ​ផល​ផ្លែ​ដែល​ស្ថិត​ស្ថេរ ដើម្បី​ឲ្យ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ផ្ដល់​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សុំ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ។+

១៧ ​«​ការ​ទាំង​នេះ​ជា​បញ្ញត្តិ​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។+ ១៨ ប្រសិន​បើ​ពិភព​លោក​នេះ​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ថា​គេ​បាន​ស្អប់​ខ្ញុំ មុន​គេ​ស្អប់​អ្នក​រាល់​គ្នា។+ ១៩ ប្រសិន​បើ​អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ពិភព​លោក នោះ​ពិភព​លោក​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ តែ​ឥឡូវ អ្នក​រាល់​គ្នា​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ+ ពី​ព្រោះ​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ចេញ​ពី​ពិភព​លោក ហេតុ​នេះ​ហើយ​បាន​ជា​ពិភព​លោក​ស្អប់​អ្នក​រាល់​គ្នា។+ ២០ ចូរ​ចង​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​បម្រើ​មិន​មែន​ធំ​ជាង​ម្ចាស់​ខ្លួន​ទេ។ ប្រសិន​បើ​ពួក​គេ​បាន​បៀត​បៀន​ខ្ញុំ នោះ​ពួក​គេ​នឹង​បៀត​បៀន​អ្នករាល់គ្នា​ដែរ។+ ប្រសិន​បើ​ពួក​គេ​បាន​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ នោះ​ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។ ២១ ប៉ុន្តែ ពួក​គេ​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ទាស់​នឹង​អ្នក​រាល់​គ្នា ដោយ​សារ​ឈ្មោះ​ខ្ញុំ ពី​ព្រោះ​ពួក​គេ​មិន​ស្គាល់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។+ ២២ ប្រសិន​បើ​ខ្ញុំ​មិន​បាន​មក​និយាយ​ជា​មួយ​នឹង​ពួក​គេ នោះ​ពួក​គេ​គ្មាន​ភាព​ខុស​ឆ្គង​ទេ។+ ប៉ុន្តែ​ឥឡូវ ពួក​គេ​មិន​អាច​ដោះ​សា​អំពី​ភាព​ខុស​ឆ្គង​របស់​ពួក​គេ​បាន​ឡើយ។+ ២៣ អ្នក​ណា​ដែល​ស្អប់​ខ្ញុំ អ្នក​នោះ​ក៏​ស្អប់​បិតា​របស់​ខ្ញុំ​ដែរ។+ ២៤ ប្រសិន​បើ​ក្នុង​ចំណោម​ពួក​គេ ខ្ញុំ​មិន​បាន​ធ្វើ​កិច្ច​ការ​ដែល​អ្នក​ផ្សេង​ទៀត​មិន​បាន​ធ្វើ​ទេ នោះ​ពួក​គេ​គ្មាន​ភាព​ខុស​ឆ្គង​ឡើយ។+ ប៉ុន្តែ​ឥឡូវ ពួក​គេ​បាន​ឃើញ ហើយ​បាន​ស្អប់​ខ្ញុំ ព្រម​ទាំង​ស្អប់​បិតា​របស់​ខ្ញុំ​ផង។ ២៥ ប៉ុន្តែ នេះ​គឺ​ដើម្បី​សម្រេច​អ្វី​ដែល​ចែង​ក្នុង​ច្បាប់​របស់​ពួក​គេ​ថា​៖ ‹ពួក​គេ​បាន​ស្អប់​ខ្ញុំ ដោយ​គ្មាន​មូលហេតុ›។+ ២៦ ខ្ញុំ​នឹង​ចាត់​អ្នក​ជួយ*ពី​បិតា​នៅ​ស្ថាន​សួគ៌​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គឺ​ឫទ្ធានុភាព​របស់​ព្រះ​ដែល​បង្ហាញ​ពី​សេចក្ដី​ពិត+ និង​ដែល​ចេញ​មក​ពី​បិតា​នៅ​ស្ថាន​សួគ៌។ ពេល​ដែល​អ្នក​ជួយ​មក​ដល់ អ្នក​នោះ​នឹង​បញ្ជាក់​អំពី​ខ្ញុំ។+ ២៧ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ+ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​តាំង​ពី​ដើម​ដំបូង។

១៦ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​អ្វី​ៗ​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល។ ២ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដេញ​ចោល​ពី​សាលា​ប្រជុំ។+ តាម​ការ​ពិត នឹង​មាន​វេលា​មក​ដល់ ពេល​អស់​អ្នក​ដែល​សម្លាប់​អ្នក​រាល់​គ្នា+នឹង​គិត​ថា ការ​ធ្វើ​ដូច្នេះ​ជា​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ។ ៣ ប៉ុន្តែ ពួក​គេ​នឹង​ធ្វើ​ការ​ទាំង​នេះ ដោយ​សារ​ពួក​គេ​មិន​ស្គាល់​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ដែរ។+ ៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ ដូច្នេះ​នៅ​វេលា​ដែល​ការ​ទាំង​នេះ​នឹង​កើត​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​ថា ខ្ញុំ​បាន​ប្រាប់​អំពី​ការ​ទាំង​នេះ​រួច​ហើយ។+

​«​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ​នៅ​ដើម​ដំបូង​ទេ ពី​ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ៥ ក៏​ប៉ុន្តែ ឥឡូវ​ខ្ញុំ​នឹង​ទៅ​ឯ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​សួរ​ខ្ញុំ​ទេ​ថា​៖ ‹តើ​លោក​នឹង​ទៅ​ឯ​ណា?›។ ៦ ដោយ​សារ​ខ្ញុំ​បាន​ប្រាប់​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា នោះ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ណាស់។+ ៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​នឹង​ចេញ​ទៅ​ដើម្បី​ប្រយោជន៍​អ្នក​រាល់​គ្នា ព្រោះ​ប្រសិន​បើ​ខ្ញុំ​មិន​ចេញ​ទៅ​ទេ នោះ​អ្នក​ជួយ*+នឹង​មិន​មក​ឯ​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ជួយ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា។ ៨ កាល​ដែល​អ្នក​ជួយ​មក​ដល់ អ្នក​ជួយ​នឹង​ផ្ដល់​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ពិភព​លោក​ជឿ​ជាក់ ស្ដី​អំពី​ភាព​ខុស​ឆ្គង សេចក្ដី​សុចរិត និង​ការ​វិនិច្ឆ័យ​៖ ៩ មុន​បង្អស់ ស្ដី​អំពី​ភាព​ខុស​ឆ្គង+ ពី​ព្រោះ​ពួក​គេ​មិន​បង្ហាញ​ជំនឿ​លើ​ខ្ញុំ​ទេ។+ ១០ បន្ទាប់​មក ស្ដី​អំពី​សេចក្ដី​សុចរិត ពី​ព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត។ ១១ រួច​មក ស្ដី​អំពី​ការ​វិនិច្ឆ័យ ពី​ព្រោះ​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​បាន​ត្រូវ​វិនិច្ឆ័យ​ហើយ។+

១២ ​«​ខ្ញុំ​នៅ​មាន​រឿង​ជា​ច្រើន​ដែល​ចង់​ប្រាប់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​មិន​អាច​យល់​បាន​ឡើយ។ ១៣ ក៏​ប៉ុន្តែ ពេល​ដែល​អ្នក​ជួយ​មក​ដល់ ពោល​គឺ​ឫទ្ធានុភាព​របស់​ព្រះ​ដែល​បង្ហាញ​ពី​សេចក្ដី​ពិត+ អ្នក​ជួយ​នោះ​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា​ឲ្យ​យល់​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ ព្រោះ​អ្នក​ជួយ​នឹង​មិន​និយាយ​ចេញ​ពី​ខ្លួន​ឯង​ទេ ប៉ុន្តែ​អ្វី​ដែល​អ្នក​ជួយ​ឮ នោះ​អ្នក​ជួយ​នឹង​និយាយ ហើយ​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​អំពី​ការ​ដែល​នឹង​មក​ដល់។+ ១៤ អ្នក​ជួយ​នឹង​លើក​តម្កើង​ខ្ញុំ+ ពី​ព្រោះ​អ្នក​ជួយ​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នូវ​អ្វី​ដែល​អ្នក​ជួយ​ទទួល​ពី​ខ្ញុំ។+ ១៥ អ្វី​ៗ​ទាំង​អស់​ដែល​បិតា​នៅ​ស្ថាន​សួគ៌​មាន ជា​របស់​ខ្ញុំ។+ នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ជួយ​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នូវ​អ្វី​ដែល​អ្នក​ជួយ​ទទួល​ពី​ខ្ញុំ។ ១៦ បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ+ រួច​បន្តិច​ទៀត​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​»។

១៧ ពេល​ឮ​ដូច្នេះ អ្នក​កាន់​តាម​ខ្លះ​របស់​លោក​និយាយ​គ្នា​ថា​៖ ​«​តើ​មាន​ន័យ​ដូច​ម្ដេច​ពេល​ដែល​លោក​មាន​ប្រសាសន៍​មក​យើង​ថា​៖ ‹បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ រួច​បន្តិច​ទៀត​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ› ហើយ​ថា​៖ ‹ពី​ព្រោះ​ខ្ញុំ​នឹង​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌›?​»។ ១៨ ម្ល៉ោះ​ហើយ ពួក​គាត់​និយាយ​គ្នា​ថា​៖ ​«​តើ​មាន​ន័យ​ដូច​ម្ដេច​ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ‹បន្តិច​ទៀត›? យើង​មិន​ដឹង​ថា​លោក​ចង់​មាន​ប្រសាសន៍​អំពី​អ្វី​ទេ​»។ ១៩ លោក​យេស៊ូ​ជ្រាប​ថា​ពួក​គាត់​ចង់សួរ​លោក ដូច្នេះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​កំពុង​សួរ​គ្នា​ដោយ​សារ​ខ្ញុំ​បាន​និយាយ​ថា​៖ ‹បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ រួច​បន្តិច​ទៀត​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ›​ឬ? ២០ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ ប៉ុន្តែ​ពិភព​លោក​នេះ​នឹង​ត្រេក​អរ។ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ ប៉ុន្តែ​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ។+ ២១ ពេល​ដែល​ស្ត្រី​កំពុង​សម្រាល​កូន នាង​មាន​ទុក្ខ ពី​ព្រោះ​វេលា​របស់​នាង​បាន​មក​ដល់​ហើយ។ ប៉ុន្តែ ក្រោយ​ពី​បាន​សម្រាល​កូន​រួច នាង​មិន​នឹក​ឃើញ​អំ​ពី​សេចក្ដី​វេទនា​នោះ​ត​ទៅ​ទៀត​ទេ ពី​ព្រោះ​នាង​មាន​អំណរ​ដោយ​សារ​មាន​កូន​ម្នាក់​កើត​មក​ក្នុង​ពិភព​លោក។ ២២ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ក៏​មាន​ទុក្ខ​ព្រួយ​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ជួប​អ្នក​រាល់​គ្នា​ម្ដង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ+ ហើយ​គ្មាន​អ្នក​ណា​នឹង​យក​អំណរ​នេះ​ចេញ​ពី​អ្នក​រាល់​គ្នា​ទេ។ ២៣ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សួរ​ខ្ញុំ​នូវ​សំណួរ​ណា​មួយ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ​ពី​បិតា​ដែល​នៅ​ស្ថាន​សួគ៌+ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​លោក​នឹង​ឲ្យ​អ្នក​រាល់​គ្នា។+ ២៤ មក​ដល់​ពេល​នេះ អ្នក​រាល់​គ្នា​មិន​បាន​សុំ​អ្វី​មួយ​សោះ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ។ ចូរ​សុំ ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពោរ​ពេញ​ដោយ​អំណរ។

២៥ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អ្វី​ៗ​ទាំង​នេះ​ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច។ ប៉ុន្តែ វេលា​នឹង​មក​ដល់ ពេល​ដែល​ខ្ញុំ​នឹង​មិន​និយាយ​ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ទៀត​ទេ តែ​ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា​ចំ​ៗ​អំពី​បិតា​ដែល​នៅ​ស្ថាន​សួគ៌។ ២៦ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សុំ​ពី​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ដោយ​នូវ​ឈ្មោះ​ខ្ញុំ។ ខ្ញុំ​មិន​មែន​និយាយ​ថា​ខ្ញុំ​នឹង​សុំ​ជំនួស​អ្នក​រាល់​គ្នា​ទេ ២៧ ព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ+ ហើយ​ជឿ​ថា​ខ្ញុំ​បាន​មក​ជា​តំណាង​បិតា​ដែល​នៅ​ស្ថាន​សួគ៌។+ ២៨ ខ្ញុំ​បាន​មក​ជា​តំណាង​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​បាន​ចូល​ក្នុង​ពិភព​លោក។ ឥឡូវ ខ្ញុំ​នឹង​ចេញ​ពី​ពិភព​លោក ហើយ​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​»។+

២៩ ពួក​អ្នក​កាន់​តាម​លោក​បាន​និយាយ​ថា​៖ ​«​មើល! ឥឡូវ​លោក​កំពុង​មាន​ប្រសាសន៍​យ៉ាង​ចំ​ៗ មិន​មែន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ទេ។ ៣០ ឥឡូវ​យើង​ដឹង​ថា​លោក​ជ្រាប​អ្វី​ៗ​ទាំង​អស់ ក៏​មិន​ត្រូវ​ការ​អ្នក​ណា​សួរ​លោក​ដែរ។ ដោយ​ហេតុ​នេះ យើង​ជឿ​ថា​លោក​គឺ​មក​ពី​ព្រះ​»។ ៣១ លោក​យេស៊ូ​សួរ​ពួក​គាត់​ថា​៖ ​«​តើ​ឥឡូវ​អ្នក​រាល់​គ្នា​ពិត​ជា​ជឿ​មែន​ឬ? ៣២ មើល! នឹង​មាន​វេលា​មក​ដល់ តាម​ពិត​វេលា​នោះ​បាន​មក​ដល់​ហើយ ពេល​ដែល​អ្នក​រាល់​គ្នា​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​ផ្ទះ​រៀង​ខ្លួន ហើយ​នឹង​ទុក​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង។+ ប៉ុន្តែ ខ្ញុំ​មិន​មែន​នៅ​ម្នាក់​ឯង​ទេ ពី​ព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​នៅ​ជា​មួយ​នឹង​ខ្ញុំ។+ ៣៣ ខ្ញុំ​បាន​ប្រាប់​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត​ដោយ​សារ​ខ្ញុំ។+ ក្នុង​ពិភព​លោក អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​វេទនា ប៉ុន្តែ​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ខ្ញុំ​បាន​ឈ្នះ​ពិភព​លោក​ហើយ​»។+

១៧ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ ហើយ​បាន​ងើប​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ រួច​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​អើយ វេលា​បាន​មក​ដល់​ហើយ។ សូម​តម្កើង​បុត្រ​លោក ដើម្បី​បុត្រ​លោក​អាច​តម្កើង​លោក។+ ២ លោក​បាន​ប្រគល់​ឲ្យ​បុត្រ​លោក​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់+ ដើម្បី​បុត្រ​លោក​អាច​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ដល់​អស់​អ្នក​ដែល​លោក​បាន​ប្រគល់​ឲ្យ​បុត្រ​លោក។+ ៣ អស់​អ្នក​ដែល​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់+ ត្រូវ​ស្គាល់​លោក*ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់+ និង​ត្រូវ​ស្គាល់​យេស៊ូ​គ្រិស្ត​ដែល​លោក​បាន​ចាត់​ឲ្យ​មក។+ ៤ ខ្ញុំ​បាន​តម្កើង​លោក​នៅ​ផែនដី+ ដោយ​បាន​បង្ហើយ​កិច្ចការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ធ្វើ។+ ៥ ដូច្នេះ បិតា​អើយ ឥឡូវ​នេះ​សូម​តម្កើង​ខ្ញុំ​ឲ្យ​នៅ​ក្បែរ​លោក គឺ​ឲ្យខ្ញុំ​មាន​សិរី​រុង​រឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ក្បែរ​លោក កាល​ដែល​មិន​ទាន់​មាន​ពិភព​លោក​នៅ​ឡើយ។+

៦ ​«​ពួក​បុរស​ដែល​លោក​បាន​យក​ចេញ​ពី​ពិភព​លោក រួច​ប្រគល់​ឲ្យ​ខ្ញុំ ខ្ញុំ​បាន​បង្ហាញ​នាម​របស់​លោក​ឲ្យ​ពួក​គាត់​ស្គាល់។+ ពួក​គាត់​ជា​របស់​លោក ហើយ​លោក​បាន​ប្រគល់​ពួក​គាត់​ឲ្យ​ខ្ញុំ។ ពួក​គាត់​បាន​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​លោក។ ៧ ឥឡូវ​ពួក​គាត់​ដឹង​ថា អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ប្រគល់​ឲ្យ​ខ្ញុំ សុទ្ធ​តែ​មក​ពី​លោក។ ៨ ពី​ព្រោះ​គ្រប់​ទាំង​ប្រសាសន៍​ដែល​លោក​បាន​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​បាន​ឲ្យ​ពួក​គាត់+ ហើយ​ពួក​គាត់​បាន​ទទួល​យក​ប្រសាសន៍​ទាំង​នោះ ក៏​ដឹង​ប្រាកដ​ថា​ខ្ញុំ​បាន​មក​ជា​តំណាង​លោក+ ហើយ​ពួក​គាត់​ជឿ​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។+ ៩ ខ្ញុំ​សូម​ធ្វើ​សំណូម​ពរ​អំពី​ពួក​គាត់។ ខ្ញុំ​មិន​ធ្វើ​សំណូម​ពរ​អំពី​ពិភព​លោក​ទេ ប៉ុន្តែ​អំពី​អស់​អ្នក​ដែល​លោក​បាន​ឲ្យ​ខ្ញុំ ពី​ព្រោះ​ពួក​គាត់​ជា​របស់​លោក។ ១០ អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​មាន ជា​របស់​លោក ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​មាន ជា​របស់​ខ្ញុំ+ ហើយ​ខ្ញុំ​បាន​ត្រូវ​តម្កើង​ក្នុង​ចំណោម​ពួក​គាត់។

១១ ​«​ខ្ញុំ​មិន​នៅ​ក្នុង​ពិភព​លោក​ទៀត​ទេ ប៉ុន្តែ​ពួក​គាត់​នៅ​ក្នុង​ពិភព​លោក+ តែ​ខ្ញុំ​នឹង​ទៅ​ឯ​លោក។ បិតា​បរិសុទ្ធ​អើយ សូម​ការ​ពារ​ពួក​គាត់+ដោយ​យល់​ដល់​នាម​របស់​លោក ដែល​លោក​បាន​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គាត់​រួម​គ្នា​តែ​មួយ ដូច​យើង​រួម​គ្នា​តែ​មួយ​ដែរ។+ ១២ ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​ពួក​គាត់ ខ្ញុំ​ធ្លាប់​ការ​ពារ​ពួក​គាត់+ដើម្បី​នាម​របស់​លោក ដែល​លោក​បាន​ឲ្យ​ខ្ញុំ។ ដោយ​សារ​ខ្ញុំ​បាន​ការ​ពារ​ពួក​គាត់ នោះ​គ្មាន​ពួក​គាត់​ណា​ម្នាក់​បាន​បាត់​បង់​ឡើយ+ លើក​លែង​តែ​អ្នក​នោះ​ដែល​នឹង​ត្រូវ​បំផ្លាញ*+ ដើម្បី​ឲ្យ​បទ​គម្ពីរ​ក្លាយ​ជា​ការ​ពិត។+ ១៣ ប៉ុន្តែ ឥឡូវ​ខ្ញុំ​នឹង​ទៅ​ឯ​លោក ហើយ​ខ្ញុំ​កំពុង​និយាយ​អ្វី​ៗ​ទាំង​នេះ​ក្នុង​ពិភព​លោក ដើម្បី​ឲ្យ​ពួក​គាត់​ពោរ​ពេញ​ដោយ​អំណរ​របស់​ខ្ញុំ។+ ១៤ ខ្ញុំ​បាន​ឲ្យ​បណ្ដាំ​របស់​លោក​ដល់​ពួក​គាត់ ប៉ុន្តែ​ពិភព​លោក​បាន​ស្អប់​ពួក​គាត់ ពី​ព្រោះ​ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ+ ដូច​ខ្ញុំ​ក៏​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ដែរ។

១៥ ​«​ខ្ញុំ​មិន​សុំ​លោក​ឲ្យ​យក​ពួក​គាត់​ចេញ​ពី​ពិភព​លោក​ទេ ប៉ុន្តែ​ខ្ញុំ​សុំ​លោក​ការ​ពារ​ពួក​គាត់ ឲ្យ​រួច​ពី​មេកំណាច។+ ១៦ ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ+ ដូច​ខ្ញុំ​ក៏​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ដែរ។+ ១៧ សូម​ញែក​ពួក​គាត់​ចេញ​ជា​បរិសុទ្ធ តាម​រយៈ​សេចក្ដី​ពិត។+ ឯ​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត។+ ១៨ ខ្ញុំ​បាន​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ក្នុង​ពិភព​លោក ដូច​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​ពិភព​លោក​ដែរ។+ ១៩ ខ្ញុំ​កំពុង​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដើម្បី​ពួក​គាត់។ យ៉ាង​នេះ ពួក​គាត់​អាច​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ តាម​រយៈ​សេចក្ដី​ពិត។

២០ ​«​ខ្ញុំ​មិន​គ្រាន់​តែ​ធ្វើ​សំណូម​ពរ​អំពី​ពួក​គាត់​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​សុំ​ធ្វើ​សំណូម​អំពី​អស់​អ្នក​ណា​ដែល​មាន​ជំនឿ​លើ​ខ្ញុំ ដោយ​សារ​ពាក្យ​របស់​ពួក​គាត់​ផង​ដែរ។ ២១ ហេតុ​ដូច្នេះ ពួក​គាត់​អាច​រួម​គ្នា​តែ​មួយ+ ដូច​លោក​ដែល​ជា​បិតា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​លោក។+ យ៉ាង​នោះ ពួក​គាត់​ក៏​អាច​រួប​រួម​ជា​មួយ​នឹង​យើង​ដែរ ដើម្បី​ឲ្យ​ពិភព​លោក​ជឿ​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ២២ ខ្ញុំ​បាន​តម្កើង​ពួក​គាត់ ដូច​លោក​បាន​តម្កើង​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​ពួក​គាត់​រួម​គ្នា​តែ​មួយ ដូច​យើង​រួម​គ្នា​តែ​មួយ។+ ២៣ ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​ពួក​គាត់ ហើយ​លោក​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គាត់​បាន​រួម​គ្នា​តែ​មួយ​យ៉ាង​ពិត​ប្រាកដ ប្រយោជន៍​ឲ្យ​ពិភព​លោក​ដឹង​ថា លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ដឹង​ថា​លោក​ស្រឡាញ់​ពួក​គាត់ ដូច​លោក​ស្រឡាញ់​ខ្ញុំ​ដែរ។ ២៤ បិតា​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​អ្នក​ដែល​លោក​បាន​ប្រគល់​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​ខ្ញុំ​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ+ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ឃើញ​សិរី​រុង​រឿង​ដែល​លោក​បានឲ្យខ្ញុំ ពី​ព្រោះ​លោក​បាន​ស្រឡាញ់​ខ្ញុំ​មុន​កំណើត​ពិភព​លោក។+ ២៥ បិតា​សុចរិត​អើយ ពិភព​លោក​នេះ​ពិត​ជា​មិន​ស្គាល់​លោក​ទេ+ តែ​ខ្ញុំ​ស្គាល់​លោក+ ហើយ​អ្នក​ទាំង​នេះ​ដឹង​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ២៦ ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក ក៏​នឹង​បង្ហាញ​ឲ្យ​ស្គាល់​ត​ទៅ​ទៀត+ ដើម្បី​ឲ្យ​ពួក​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​ខ្ញុំ និង​ដើម្បី​ឲ្យ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​ពួក​គាត់​»។+

១៨ លុះ​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ​ចប់ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ឆ្លង​ជ្រលង​គីដ្រុន+ទៅ​សួន​ច្បារ​មួយ រួច​ក៏​ចូល​ទៅ​ក្នុង​សួន​ច្បារ​នោះ។+ ២ យូដាស​ដែល​ជា​អ្នក​ក្បត់​លោក ក៏​បាន​ស្គាល់​កន្លែង​នោះ​ដែរ ពី​ព្រោះ​លោក​យេស៊ូ​ធ្លាប់​ជួប​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក​នៅ​ទី​នោះ​ជា​ច្រើន​ដង។ ៣ ដូច្នេះ យូដាស​បាន​នាំ​កង​ទាហាន និង​ពួក​អាជ្ញាធរ​នៃ​ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី មក​ទី​នោះ​ទាំង​កាន់​ចន្លុះ ចង្កៀង និង​អាវុធ។+ ៤ លោក​យេស៊ូ​ជ្រាប​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​នឹង​កើត​ឡើង​ដល់​លោក នោះ​លោក​បាន​ចេញ​មក​ខាង​មុខ ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​កំពុង​រក​អ្នក​ណា?​»។ ៥ ពួក​គេ​ឆ្លើយ​ថា​៖ ​«​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​»។+ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ​»។ ឯ​យូដាស​ដែល​ជា​អ្នក​ក្បត់​លោក គាត់​កំពុង​ឈរ​ជា​មួយ​នឹង​ពួក​គេ​ដែរ។+

៦ ក៏​ប៉ុន្តែ ពេល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ​»​ នោះ​ពួក​គេ​ក៏​ថយ​ក្រោយ ហើយ​ដួល​ដល់​ដី។+ ៧ ដូច្នេះ លោក​សួរ​ពួក​គេ​ម្ដង​ទៀត​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​កំពុង​រក​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​»។ ៨ លោក​យេស៊ូ​តប​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ។ ដូច្នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​កំពុង​រក​ខ្ញុំ ចូរ​ឲ្យ​អ្នក​ទាំង​នេះ​ទៅ​ចុះ​»។ ៩ នេះ​គឺ​ដើម្បី​សម្រេច​ពាក្យ​របស់​លោក ដែល​ថា​៖ ​«​ខ្ញុំ​មិន​បាន​បាត់​បង់​អ្នក​ណា​ម្នាក់​ពី​ចំណោម​ពួក​អ្នក​ដែល​លោក​បាន​ប្រគល់​ឲ្យ​ខ្ញុំ​ទេ​»។+

១០ បន្ទាប់​មក ដោយ​សារ​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ គាត់​ក៏​ហូត​ដាវ​នោះ​កាប់​ដាច់​ស្លឹក​ត្រចៀក​ស្ដាំ​របស់​ខ្ញុំ​បម្រើ​សម្ដេច​សង្ឃ។+ ខ្ញុំ​បម្រើ​នោះ​ឈ្មោះ​ម៉ាលឃូស។ ១១ ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពេត្រុស​ថា​៖ ​«​ចូរ​ស៊ក​ដាវ​ក្នុង​ស្រោម​វិញ។+ តើ​ខ្ញុំ​មិន​គួរ​ផឹក​ពី​ពែង*ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឲ្យ​ខ្ញុំ​ទេ​ឬ?​»។+

១២ រួច​មក កង​ទាហាន មេ​បញ្ជាការ និង​ពួក​អាជ្ញាធរ​នៃ​ជនជាតិ​យូដា បាន​ចាប់​ចង​លោក​យេស៊ូ។ ១៣ មុន​ដំបូង ពួក​គេ​នាំ​លោក​ទៅ​ឯ​អេណាស ព្រោះ​គាត់​ជា​ឪពុក​ក្មេក​របស់​កៃផាស+ ដែល​ជា​សម្ដេច​សង្ឃ​នៅ​ឆ្នាំ​នោះ។+ ១៤ កៃផាស​ជា​អ្នក​ដែល​បាន​ឲ្យ​យោបល់​ដល់​ជនជាតិ​យូដា​ថា គឺ​មាន​ប្រយោជន៍​ដល់​ពួក​គេ បើ​មនុស្ស​ម្នាក់​ស្លាប់​ដើម្បី​បណ្ដា​ជន។+

១៥ ពេល​នោះ ស៊ីម៉ូន​ពេត្រុស​និង​អ្នក​កាន់​តាម​ម្នាក់​ទៀត​កំពុង​ដើរ​តាម​លោក​យេស៊ូ។+ សម្ដេច​សង្ឃ​ស្គាល់​អ្នក​កាន់​តាម​ម្នាក់​នោះ ដូច្នេះ​អ្នក​នោះ​បាន​ចូល​ទី​ធ្លា​ផ្ទះ​របស់​សម្ដេច​សង្ឃ​ជា​មួយ​នឹង​លោក​យេស៊ូ។ ១៦ ប៉ុន្តែ ពេត្រុស​កំពុង​ឈរ​ខាង​ក្រៅ​នៅ​ឯ​មាត់​ទ្វារ។* ដូច្នេះ អ្នក​កាន់​តាម​ដែល​សម្ដេច​សង្ឃ​ស្គាល់ បាន​ចេញ​ទៅ​និយាយ​ជា​មួយ​នឹង​អ្នក​យាម​ទ្វារ រួច​បាន​នាំ​ពេត្រុស​ចូល​ក្នុង។ ១៧ ស្ត្រី​បម្រើ​ដែល​ជា​អ្នក​យាម​ទ្វារ​នោះ បាន​សួរ​ពេត្រុស​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​បុរស​នេះ​ដែរ​ឬ?​»។ គាត់​និយាយ​ថា​៖ ​«​មិន​មែន​ទេ​»។+ ១៨ ដោយ​សារ​មាន​អាកាសធាតុ​ត្រជាក់ នោះ​ពួក​ខ្ញុំ​បម្រើ​និង​ពួក​អាជ្ញាធរ​បាន​យក​ធ្យូង​មក​បង្កាត់​ភ្លើង រួច​នាំ​គ្នា​ឈរ​អាំង​ភ្លើង។ ពេត្រុស​ក៏​បាន​ឈរ​អាំង​ភ្លើង​ជា​មួយ​នឹង​ពួក​គេ​ដែរ។

១៩ ពេល​នោះ សង្ឃនាយក​បាន​សួរ​លោក​យេស៊ូ​អំពី​ពួក​អ្នក​កាន់​តាម និង​អំពី​សេចក្ដី​បង្រៀន​របស់​លោក។ ២០ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពិភព​លោក​ជា​ចំហ។ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ​និង​ក្នុង​វិហារ+ ជា​កន្លែង​ដែល​ជនជាតិ​យូដា​ទាំង​ឡាយ​ជួប​ជុំ​គ្នា ហើយ​ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ។ ២១ ហេតុ​អ្វី​អ្នក​សួរ​ខ្ញុំ? ចូរ​សួរ​អ្នក​ដែល​បាន​ឮ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពួក​គេ។ មើល! ពួក​គេ​ដឹង​អំពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​»។ ២២ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ដូច្នោះ អាជ្ញាធរ​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ បាន​ទះ​កំផ្លៀង​លោក+ ក៏​និយាយ​ថា​៖ ​«​តើ​អ្នក​ឯង​ហ៊ាន​ឆ្លើយ​បែប​នេះ​ទៅ​សង្ឃនាយក​ផង​ឬ?​»។ ២៣ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​បើ​ខ្ញុំ​បាន​និយាយ​ខុស ចូរ​ប្រាប់​មក​ថា​ខ្ញុំ​និយាយ​ខុស​ត្រង់​ណា តែ​បើ​ខ្ញុំ​និយាយ​ត្រូវ ហេតុ​អ្វី​អ្នក​វាយ​ខ្ញុំ?​»។ ២៤ រួច​មក អេណាស​បញ្ជូន​លោក​ទាំង​ជាប់​ចំណង​ទៅ​ឯ​កៃផាស ដែល​ជា​សម្ដេច​សង្ឃ។+

២៥ ឯ​ស៊ីម៉ូន​ពេត្រុស គាត់​កំពុង​ឈរ​អាំង​ភ្លើង។ ពេល​នោះ​ពួក​គេ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​គាត់​ដែរ​ឬ?​»។ គាត់​បដិសេធ​ថា​៖ ​«​មិន​មែន​ទេ​»។+ ២៦ ខ្ញុំ​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ ដែល​ជា​សាច់​ញាតិ​របស់​បុរស​ដែល​ត្រូវ​ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក+ បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ពិត​ជា​បាន​ឃើញ​អ្នក​នៅ​សួន​ច្បារ​ជា​មួយ​នឹង​គាត់​មែន​»។ ២៧ ប៉ុន្តែ ពេត្រុស​បដិសេធ​ម្ដង​ទៀត ហើយ​រំពេច​នោះ​មាន់​ក៏​រងាវ​ឡើង។+

២៨ បន្ទាប់​មក ពួក​គេ​នាំ​លោក​យេស៊ូ​ចេញ​ពី​កៃផាស​ទៅ​វិមាន​របស់​អភិបាល។+ ពេល​នោះ​ព្រលឹម​ហើយ ប៉ុន្តែ​ពួក​គេ​មិន​ចូល​ក្នុង​វិមាន​របស់​អភិបាល​ទេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្មោក​គ្រោក+ ហើយ​មិន​អាច​បរិភោគ​អាហារ​បុណ្យ​រំលង​បាន។ ២៩ ដូច្នេះ ពីឡាត​ក៏​ចេញ​មក​ក្រៅ ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​បុរស​នេះ​អំពី​បទ​អ្វី?​»។ ៣០ ពួក​គេ​តប​ទៅ​គាត់​ថា​៖ ​«​ប្រសិន​បើ​បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​ខុស* យើង​មិន​ប្រគល់​គាត់​ឲ្យ​លោក​ទេ​»។ ៣១ ដូច្នេះ ពីឡាត​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​យក​គាត់​ទៅ​វិនិច្ឆ័យ​តាម​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចុះ​»។+ ជនជាតិ​យូដា​និយាយ​ទៅ​គាត់​ថា​៖ ​«​យើង​គ្មាន​ច្បាប់​សម្លាប់​អ្នក​ណា​ទេ​»។+ ៣២ នោះ​គឺ​ដើម្បី​សម្រេច​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ ដែល​បាន​បញ្ជាក់​អំពី​របៀប​ដែល​លោក​នឹង​ទទួល​មរណភាព។+

៣៣ ដូច្នេះ ពីឡាត​ចូល​ក្នុង​វិមាន​របស់​អភិបាល​ម្ដង​ទៀត រួច​ហៅ​លោក​យេស៊ូ ហើយ​សួរ​លោក​ថា​៖ ​«​តើ​អ្នក​ជា​ស្ដេច​នៃ​ជនជាតិ​យូដា​ឬ?​»។+ ៣៤ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​តើ​អ្នក​និយាយ​ដូច្នេះ​ចេញ​ពី​ខ្លួន​អ្នក​ទេ? ឬ​ក៏​តើ​អ្នក​ឯ​ទៀត​បាន​ប្រាប់​អ្នក​អំពី​ខ្ញុំ?​»។ ៣៥ ពីឡាត​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​មែន​ជា​ជនជាតិ​យូដា​ទេ មែន​ទេ? ជន​រួម​ជាតិ​របស់​អ្នក​និង​ពួក​សង្ឃនាយក​បាន​ប្រគល់​អ្នក​ឲ្យ​ខ្ញុំ។ តើ​អ្នក​បាន​ធ្វើ​អ្វី?​»។ ៣៦ លោក​យេស៊ូ​ឆ្លើយ​ថា​៖+​«​រាជាណាចក្រ​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ។+ ប្រសិន​បើ​រាជាណាចក្រ​ខ្ញុំ​ជា​របស់​ពិភព​លោក​នេះ ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​បាន​ត​យុទ្ធ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រគល់​ឲ្យ​ជនជាតិ​យូដា។+ ប៉ុន្តែ រាជាណាចក្រ​ខ្ញុំ​មិន​មែន​មក​ពី​ពិភព​លោក​នេះ​ទេ​»។ ៣៧ ម្ល៉ោះ​ហើយ ពីឡាត​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​បើ​ដូច្នេះ តើ​អ្នក​ជា​ស្ដេច​ឬ?​»។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​អ្នក​ហើយ​ដែល​និយាយ​ថា​ខ្ញុំ​ជា​ស្ដេច។+ ខ្ញុំ​បាន​កើត​មក ក៏​បាន​ចូល​ក្នុង​ពិភព​លោក​ដើម្បី​ការ​នោះ​ឯង គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​សេចក្ដី​ពិត។+ អស់​អ្នក​ណា​ដែល​នៅ​ខាង​សេចក្ដី​ពិត អ្នក​ទាំង​នោះ​ស្ដាប់​សំឡេង​ខ្ញុំ​»។ ៣៨ ពីឡាត​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​តើ​សេចក្ដី​ពិត​ជា​អ្វី?​»។

លុះ​និយាយ​ចប់ គាត់​ក៏​ចេញ​ទៅ​ម្ដង​ទៀត ហើយ​និយាយ​ទៅ​កាន់​ជន​ជាតិ​យូដា​ថា​៖ ​«​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​កំហុស​អ្វី​ទេ។+ ៣៩ ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​មាន​ទម្លាប់​ឲ្យ​ខ្ញុំ​ដោះ​លែង​បុរស​ម្នាក់​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ឱកាស​បុណ្យ​រំលង។+ ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​នៃ​ជនជាតិ​យូដា​ឲ្យ​អ្នក​រាល់​គ្នា​ឬ​ទេ?​»។ ៤០ រួច​ពួក​គេ​ស្រែក​ឡើង​ម្ដង​ទៀត​ថា​៖ ​«​មិន​មែន​បុរស​នោះ​ទេ! ចូរ​ដោះ​លែង​បារ៉ាបាស​វិញ!​»។ ឯ​បារ៉ាបាស​ជា​ចោរ​ប្លន់។+

១៩ រួច​មក ពីឡាត​ឲ្យ​គេ​យក​លោក​យេស៊ូ​ទៅ​វាយ​នឹង​រំពាត់​ខ្សែ​តី។+ ២ ពួក​ទាហាន​បាន​យក​បន្លា​មក​ក្រង​ធ្វើ​ជា​មកុដ​មួយ​បំពាក់​លើ​ក្បាល​លោក ហើយ​យក​សម្លៀក​បំពាក់​ក្រៅ​ពណ៌​ស្វាយ​មក​បំពាក់​ឲ្យ​លោក​ដែរ។+ ៣ បន្ទាប់​មក ពួក​ទាហាន​ចូល​ទៅ​ជិត​លោក ហើយ​ចេះ​តែ​ចំអក​ឲ្យ​លោក​ថា​៖ ​«​សូម​គោរព​ស្ដេច​នៃ​ជនជាតិ​យូដា!​»។ រួច​ពួក​គេ​ទះ​កំផ្លៀង​លោក​ម្ដង​ហើយ​ម្ដង​ទៀត។+ ៤ ពីឡាត​ចេញ​ទៅ​ក្រៅ​ម្ដង​ទៀត ហើយ​និយាយ​ទៅ​កាន់​ជនជាតិ​យូដា​ថា​៖ ​«​មើល! ខ្ញុំ​នាំ​គាត់​ចេញ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​កំហុស​អ្វី​ទេ​»។+ ៥ ដូច្នេះ លោក​យេស៊ូ​ចេញ​មក​ក្រៅ​ទាំង​មាន​មកុដ​បន្លា​លើ​ក្បាល និង​សម្លៀក​បំពាក់​ក្រៅ​ពណ៌​ស្វាយ។ រួច​ពីឡាត​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​មើល! គឺ​បុរស​នេះ​ហើយ!​»។ ៦ ក៏​ប៉ុន្តែ ពេល​ដែល​ពួក​សង្ឃនាយក​និង​ពួក​អាជ្ញាធរ​ឃើញ​លោក ពួក​គេ​ស្រែក​ឡើង​ថា​៖ ​«​ព្យួរ​គាត់​ទៅ! ព្យួរ​គាត់​ទៅ!​»។*+ ពីឡាត​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​យក​គាត់​ទៅ​ព្យួរ​ដោយ​ខ្លួន​អ្នក​ចុះ ព្រោះ​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​កំហុស​អ្វី​ទេ​»។+ ៧ ជនជាតិ​យូដា​តប​ថា​៖ ​«​យើង​មាន​ច្បាប់ ហើយ​យោង​តាម​ច្បាប់​នោះ គាត់​គួរ​តែ​ស្លាប់+ ពី​ព្រោះ​គាត់​អះអាង​ថា​គាត់​ជា​បុត្រ​របស់​ព្រះ​»។+

៨ ពេល​ឮ​ដូច្នេះ ពីឡាត​ក៏​ខ្លាច​ជាង​មុន។ ៩ រួច​គាត់​បាន​ចូល​ក្នុង​វិមាន​របស់​អភិបាល​ម្ដង​ទៀត ហើយ​និយាយ​ទៅ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​មក​ពី​ណា?​»។ ប៉ុន្តែ លោក​យេស៊ូ​មិន​ឆ្លើយ​ទេ។+ ១០ ដូច្នេះ ពីឡាត​សួរ​លោក​ថា​៖ ​«​តើ​អ្នក​មិន​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ទេ​ឬ? តើ​អ្នក​មិន​ដឹង​ថា ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក ហើយ​ក៏​មាន​អំណាច​ប្រហារ​ជីវិត​អ្នក*ទេ​ឬ?​»។ ១១ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​អ្នក​នឹង​គ្មាន​អំណាច​លើ​ខ្ញុំ​ទេ លុះ​ត្រា​តែ​អ្នក​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ។ ហេតុ​នេះ បុរស​ដែល​បាន​ប្រគល់​ខ្ញុំ​ឲ្យ​អ្នក បាន​ធ្វើ​ខុស​ធ្ងន់​ជាង​អ្នក​»។

១២ ម្ល៉ោះ​ហើយ ពីឡាត​ខំ​រិះ​រក​វិធី​ដើម្បី​ដោះ​លែង​លោក។ ប៉ុន្តែ ជនជាតិ​យូដា​ស្រែក​ឡើង​ថា​៖ ​«​ប្រសិន​បើ​លោក​ដោះ​លែង​បុរស​នេះ លោក​មិន​មែន​ជា​មិត្ត​របស់​សេសារ*ទេ។ អ្នក​ណា​ដែល​លើក​ខ្លួន​ជា​ស្ដេច អ្នក​នោះ​និយាយ​ប្រឆាំង​សេសារ​ហើយ​»។+ ១៣ ពេល​ពីឡាត​ឮ​ពាក្យ​ទាំង​នេះ គាត់​ក៏​យក​លោក​យេស៊ូ​ចេញ​មក​ក្រៅ រួច​អង្គុយ​នៅ​កន្លែង​កាត់​ក្ដី​ដែល​ហៅ​ថា ទី​លាន​ក្រាល​ថ្ម តែ​ភាសា​ហេប្រឺ​ហៅ​ថា​កាបបាថា។ ១៤ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ*+សម្រាប់​បុណ្យ​រំលង។ ពេល​នោះ​ប្រហែល​ជា​ម៉ោង​ទី​៦។* ពីឡាត​និយាយ​ទៅ​កាន់​ជនជាតិ​យូដា​ថា​៖ ​«​មើល! ស្ដេច​របស់​អ្នក​រាល់​គ្នា!​»។ ១៥ ក៏​ប៉ុន្តែ ពួក​គេ​ស្រែក​ឡើង​ថា​៖ ​«​យក​គាត់​ចេញ! យក​គាត់​ចេញ! ព្យួរ​គាត់​ទៅ!​»។* ពីឡាត​សួរ​ពួក​គេ​ថា​៖ ​«​តើ​ឲ្យ​ខ្ញុំ​ប្រហារ​ជីវិត​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?​»។ ពួក​សង្ឃនាយក​ឆ្លើយ​ថា​៖ ​«​យើង​គ្មាន​ស្ដេច​ក្រៅ​ពី​សេសារ​ទេ​»។ ១៦ ដូច្នេះ គាត់​ប្រគល់​លោក​ឲ្យ​ពួក​គេ​យក​ទៅ​ព្យួរ​លើ​បង្គោល។+

រួច​ពួក​គេ​ក៏​នាំ​យក​លោក​យេស៊ូ​ទៅ។ ១៧ លោក​យេស៊ូ​លី​បង្គោល​ទារុណកម្ម*ដោយ​ផ្ទាល់ ចេញ​ទៅ​ឯ​កន្លែង​ហៅ​ថា​លលាដ៍​ក្បាល+ ដែល​ភាសា​ហេប្រឺ​ហៅ​ថា​កុលកូថា។+ ១៨ នៅ​ទី​នោះ ពួក​គេ​ព្យួរ​លោក​យេស៊ូ​លើ​បង្គោល*+ ក៏​ព្យួរ​បុរស​ពីរ​នាក់​ទៀត​នៅ​សង​ខាង ដោយ​មាន​លោក​យេស៊ូ​នៅ​កណ្ដាល។+ ១៩ ពីឡាត​សរសេរ​សេចក្ដី​ប្រកាស​មួយ ហើយ​បិទ​លើ​បង្គោល​ទារុណកម្ម។* សេចក្ដី​ប្រកាស​នោះ​ថា​៖ ​«​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត ជា​ស្ដេច​នៃ​ជនជាតិ​យូដា​»។+ ២០ ជនជាតិ​យូដា​ជា​ច្រើន​នាក់​បាន​អាន​សេចក្ដី​ប្រកាស​នោះ ដោយ​សារ​កន្លែង​ដែល​គេ​ព្យួរ​លោក​យេស៊ូ​លើ​បង្គោល​គឺ​នៅ​ជិត​ក្រុង ហើយ​សេចក្ដី​ប្រកាស​នោះ​បាន​ត្រូវ​សរសេរ​ជា​ភាសា​ហេប្រឺ ឡាតាំង និង​ក្រិច។ ២១ ក៏​ប៉ុន្តែ ពួក​សង្ឃនាយក​នៃ​ជនជាតិ​យូដា​និយាយ​ទៅ​កាន់​ពីឡាត​ថា​៖ ​«​សូម​កុំ​សរសេរ​ថា​‹ស្ដេច​នៃ​ជនជាតិ​យូដា› តែ​សូម​សរសេរ​ដូច​ដែល​គាត់​បាន​និយាយ​ថា​៖ ‹ខ្ញុំ​ជា​ស្ដេច​នៃ​ជនជាតិ​យូដា›​»។ ២២ ពីឡាត​តប​ថា​៖ ​«​ខ្ញុំ​សរសេរ​យ៉ាង​ណា ត្រូវ​ទុក​យ៉ាង​នោះ​»។

២៣ ក្រោយ​ពី​ពួក​ទាហាន​បាន​ព្យួរ​លោក​យេស៊ូ​លើ​បង្គោល ពួក​គេ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក រួច​ចែក​ជា​បួន​ផ្នែក ហើយ​ទាហាន​ម្នាក់​ៗ​បាន​មួយ​ផ្នែក។ ពួក​គេ​ក៏​បាន​យក​សម្លៀក​បំពាក់​ក្នុង​របស់​លោក​ដែរ។ ប៉ុន្តែ សម្លៀក​បំពាក់​ក្នុង​នោះ​គ្មាន​ថ្នេរ​ឡើយ ព្រោះ​បាន​ត្រូវ​ត្បាញ​ពី​លើ​ចុះ​មក។ ២៤ ដូច្នេះ ពួក​គេ​និយាយ​គ្នាថា​៖ ​«​កុំ​ហែក​សម្លៀក​បំពាក់​នោះ ប៉ុន្តែ​ចូរ​យើង​ចាប់​ឆ្នោត​ដើម្បី​ដឹង​ថា​អ្នក​ណា​នឹង​បាន​»។+ នេះ​គឺ​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ​«​ពួក​គេ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្ញុំ​ចែក​គ្នា ហើយ​ពួក​គេ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​របស់​ខ្ញុំ​»។+ ពួក​ទាហាន​ពិត​ជា​ធ្វើ​ដូច្នោះ​មែន។

២៥ ឯ​ម្ដាយ​របស់​លោក​យេស៊ូ+ ប្អូន​ស្រី​របស់​ម្ដាយ​លោក ម៉ារៀ​ដែល​ជា​ប្រពន្ធ​របស់​ក្លូប៉ាស និង​ម៉ារៀ​ម៉ាក់ដាឡេន ពួក​នាង​ឈរ​នៅ​ក្បែរ​បង្គោល​ទារុណកម្ម*របស់​លោក។+ ២៦ ពេល​ដែល​លោក​យេស៊ូ​ឃើញ​ម្ដាយ​លោក និង​អ្នក​កាន់​តាម​ដែល​លោក​ស្រឡាញ់+កំពុង​ឈរ​នៅ​ក្បែរ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ម្ដាយ​លោក​ថា​៖ ​«​មើល! កូន​របស់​អ្នក​ម្ដាយ!​»។ ២៧ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​នោះ​ថា​៖ ​«​មើល! ម្ដាយ​របស់​អ្នក!​»។ ចាប់​ពី​ពេល​នោះ​មក អ្នក​កាន់​តាម​នោះ​បាន​យក​ម្ដាយ​របស់​លោក​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់។

២៨ បន្ទាប់​ពី​នោះ ពេល​ដែល​លោក​យេស៊ូ​ជ្រាប​ថា​ការ​ទាំង​អស់​បាន​សម្រេច​ហើយ តែ​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ លោក​ក៏​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្រេក​ទឹក​»។+ ២៩ មាន​ភាជនៈ​មួយ​នៅ​ទី​នោះ​ដែល​ពេញ​ទៅ​ដោយ​ស្រា​ជូរ។ ដូច្នេះ គេ​បាន​ជ្រលក់​ប្រដាប់​ជក់​ទឹក​ក្នុង​ស្រា​ជូរ រួច​ដាក់​លើ​ចុង​ដើម​ហ៊ីសុប* ហើយ​ហុច​ដល់​មាត់​របស់​លោក។+ ៣០ លុះ​បាន​ភ្លក់​ស្រា​ជូរ​នោះ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ការ​ទាំង​អស់​បាន​សម្រេច​ហើយ!​»។+ រួច​លោក​ឱន​ក្បាល ហើយ​ផុត​ដង្ហើម​ទៅ។+

៣១ ក្រោយ​មក ជនជាតិ​យូដា​បាន​សុំ​ឲ្យ​ពីឡាត​បំបាក់​ជើង​របស់​ពួក​អ្នក​ដែល​នៅ​ជាប់​បង្គោល​ទារុណកម្ម ហើយ​យក​សព​របស់​ពួក​គេ​ចេញ ពី​ព្រោះ​នោះ​ជា​ថ្ងៃ​រៀបចំ+ ហើយ​ពួក​គេ​មិន​ចង់​ឲ្យ​សព​ទាំង​នោះ​នៅ​ជាប់​បង្គោល​ទារុណកម្ម+នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ (​ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក​ធំ​)។*+ ៣២ ដូច្នេះ ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​របស់​បុរស​ទី​១ និង​បុរស​មួយ​ទៀត​ដែល​បាន​ត្រូវ​ព្យួរ​លើ​បង្គោល​ក្បែរ​លោក។ ៣៣ ប៉ុន្តែ ពេល​ដែល​មក​ដល់​លោក​យេស៊ូ ពួក​គេ​មិន​បាន​បំបាក់​ជើង​លោក​ទេ ព្រោះ​ឃើញ​ថា​លោក​ស្លាប់​ហើយ។ ៣៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ទាហាន​ម្នាក់​បាន​ចាក់​ចំហៀង​ខ្លួន​លោក​នឹង​លំពែង+ ហើយ​ឈាម​និង​ទឹក​ក៏​ចេញ​មក​ភ្លាម។ ៣៥ ឯ​អ្នក​ដែល​បាន​ឃើញ​ការ​នេះ​បាន​ធ្វើ​ជា​សាក្សី ហើយ​ការ​បញ្ជាក់​របស់​គាត់​គឺ​ពិត។ គាត់​ក៏​ដឹង​ថា​គាត់​និយាយ​ការ​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ។+ ៣៦ ការ​ទាំង​នេះ​បាន​កើត​ឡើង​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ​«​គ្មាន​ឆ្អឹង​ណា​មួយ​របស់​គាត់​បាន​ត្រូវ​បំបាក់​ឡើយ​»។+ ៣៧ បទ​គម្ពីរ​មួយ​ទៀត​ចែង​ថា​៖ ​«​ពួក​គេ​នឹង​មើល​ទៅ​អ្នក​ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ​»។+

៣៨ បន្ទាប់​ពី​ការ​ទាំង​នេះ យ៉ូសែប​ពី​ក្រុង​អារីម៉ាថេ​បាន​សុំ​ពីឡាត​យក​សព​របស់​លោក​យេស៊ូ។ គាត់​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ ប៉ុន្តែ​គាត់​កាន់​តាម​លោក​ដោយ​សម្ងាត់ ដោយ​សារ​ខ្លាច​ជនជាតិ​យូដា។+ ពេល​ពីឡាត​អនុញ្ញាត​ហើយ គាត់​ក៏​មក​យក​សព​របស់​លោក​ចេញ។+ ៣៩ រីឯ​នីកូដេម+ជា​បុរស​ដែល​ធ្លាប់​មក​ជួប​លោក​យេស៊ូ​នៅ​ពេល​យប់ គាត់​ក៏​បាន​មក​ដែរ ដោយ​យក​ជ័រ​ល្វីង​ទេស និង​គ្រឿង​ក្រអូប​អាឡូ​ដែល​លាយ​ស្រាប់* ប្រហែល​៣៣​គីឡូ​ក្រាម*មក​ជា​មួយ​ផង។+ ៤០ ដូច្នេះ ពួក​គេ​យក​សព​របស់​លោក​យេស៊ូ​មក​រុំ​នឹង​ក្រណាត់​សាច់​ល្អ​ដែល​មាន​គ្រឿង​ក្រអូប​ទាំង​នោះ+ តាម​ទំនៀម​ទម្លាប់​របស់​ជនជាតិ​យូដា​ក្នុង​ការ​រៀបចំ​បញ្ចុះ​សព។ ៤១ រីឯ​កន្លែង​ដែល​គេ​បាន​ប្រហារ​ជីវិត​លោក* មាន​សួន​ច្បារ​មួយ ហើយ​ក្នុង​សួន​ច្បារ​នោះ​មាន​ទី​បញ្ចុះ​សព​ថ្មី+ ដែល​គេ​មិន​ទាន់​ដាក់​សព​ណា​មួយ​នៅ​ឡើយ។ ៤២ ដូច្នេះ ពួក​គេ​បាន​ដាក់​លោក​យេស៊ូ​ក្នុង​ទី​បញ្ចុះ​សព​នោះ ដោយ​សារ​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ+របស់​ជនជាតិ​យូដា ហើយ​ទី​បញ្ចុះ​សព​នោះ​នៅ​ជិត។

២០ នៅ​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ ម៉ារៀ​ម៉ាក់ដាឡេន​បាន​មក​ទី​បញ្ចុះ​សព​តាំង​ពី​ព្រលឹម+ កាល​ដែល​មេឃ​ងងឹត​នៅ​ឡើយ។ ពេល​នោះ នាង​ឃើញ​ថា​ថ្ម​បាន​ត្រូវ​ប្រមៀល​ចេញ​ពី​ទី​បញ្ចុះ​សព​ហើយ។+ ២ ដូច្នេះ នាង​រត់​ទៅ​រក​ស៊ីម៉ូន​ពេត្រុស​និង​អ្នក​កាន់​តាម​ម្នាក់​ទៀត​ដែល​លោក​យេស៊ូ​ស្រឡាញ់+ ហើយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ពួក​គេ​បាន​យក​លោក​ម្ចាស់​ចេញ​ពី​ទី​បញ្ចុះ​សព​បាត់​ហើយ។+ យើង​មិន​ដឹង​ថា​ពួក​គេ​បាន​ដាក់​លោក​នៅ​កន្លែង​ណា​ទេ​»។

៣ រួច​មក ពេត្រុស​និង​អ្នក​កាន់​តាម​នោះ​បាន​ចេញ​ទៅ​ទី​បញ្ចុះ​សព។ ៤ ពួក​គាត់​ទាំង​ពីរ​នាក់​ចាប់​ផ្ដើម​រត់​ទៅ​ជា​មួយ​គ្នា តែ​អ្នក​កាន់​តាម​នោះ​រត់​លឿន​ជាង​ពេត្រុស ដូច្នេះ​គាត់​បាន​ទៅ​ដល់​ទី​បញ្ចុះ​សព​មុន។ ៥ រួច​គាត់​ឱន​ទៅ​ឃើញ​ក្រណាត់​សាច់​ល្អ​នៅ​ទី​នោះ+ តែ​គាត់​មិន​បាន​ចូល​ក្នុង​ទេ។ ៦ ស៊ីម៉ូន​ពេត្រុស​មក​តាម​ក្រោយ​គាត់ ក៏​ចូល​ទៅ​ក្នុង​ទី​បញ្ចុះ​សព ហើយ​ឃើញ​ក្រណាត់​សាច់​ល្អ​នៅ​ទី​នោះ។ ៧ ក្រណាត់​ដែល​គេ​បាន​ដាក់​លើ​ក្បាល​លោក មិន​នៅ​ជា​មួយ​នឹង​ក្រណាត់​ផ្សេង​ទៀត​ទេ តែ​បាន​ត្រូវ​មូរ​ទុក​ដោយ​ឡែក​នៅ​កន្លែង​មួយ។ ៨ រួច​អ្នក​កាន់​តាម​ដែល​បាន​មក​ដល់​ទី​បញ្ចុះ​សព​មុន ក៏​ចូល​ទៅ​ក្នុង​ដែរ គាត់​បាន​ឃើញ ហើយ​ក៏​ជឿ។ ៩ ប៉ុន្តែ ពួក​គាត់​នៅ​មិន​ទាន់​យល់​ទេ​អំពី​បទ​គម្ពីរ​ដែល​ចែង​ថា លោក​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ។+ ១០ ដូច្នេះ ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន។

១១ ក៏​ប៉ុន្តែ ម៉ារៀ​នៅ​ឈរ​យំ​ខាង​ក្រៅ​ជិត​ទី​បញ្ចុះ​សព​នោះ។ កាល​ដែល​នាង​កំពុង​យំ​នៅ​ឡើយ នាង​ឱន​ទៅ​មើល​ក្នុង​ទី​បញ្ចុះ​សព ១២ ហើយ​ឃើញ​ទេវតា​ពីរ​រូប+ស្លៀក​ពាក់​ស កំពុង​អង្គុយ​នៅ​កន្លែង​ដែល​គេ​បាន​ដាក់​សព​លោក​យេស៊ូ ម្នាក់​អង្គុយ​នៅ​ក្បាល​និង​ម្នាក់​អង្គុយ​នៅ​ជើង។ ១៣ ទេវតា​សួរ​នាង​ថា​៖ ​«​ហេតុ​អ្វី​នាង​យំ?​»។ នាង​ឆ្លើយ​ថា​៖ ​«​ពួក​គេ​បាន​យក​លោក​ម្ចាស់​របស់​ខ្ញុំ​ចេញ​បាត់​ហើយ។ ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​ដាក់​លោក​នៅ​កន្លែង​ណា​ទេ​»។ ១៤ លុះ​និយាយ​ចប់ នាង​បែរ​ទៅ ក៏​ឃើញ​លោក​យេស៊ូ​ឈរ​នៅ​ទី​នោះ តែ​នាង​មិន​បាន​ដឹង​ថា​ជា​លោក​យេស៊ូ​ទេ។+ ១៥ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ហេតុ​អ្វី​នាង​យំ? តើ​នាង​កំពុង​រក​អ្នក​ណា?​»។ នាង​គិត​ថា​លោក​ជា​អ្នក​ថែ​សួន​ច្បារ ដូច្នេះ​នាង​និយាយ​ទៅ​កាន់លោក​ថា​៖ ​«​ប្រសិន​បើ​អ្នក​បាន​យក​សព​របស់​លោក​ចេញ សូម​ប្រាប់​ខ្ញុំ​ថា​អ្នក​បាន​ដាក់​លោក​នៅ​កន្លែង​ណា ខ្ញុំ​នឹង​ទៅ​យក​»។ ១៦ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ម៉ារៀ!​»។ នាង​ក៏​បែរ​ទៅ​រក​លោក ហើយ​និយាយ​ទៅ​លោក​ជា​ភាសា​ហេប្រឺ​ថា​៖ ​«​រ៉ាបូនី!​»​ (​ដែល​មាន​ន័យ​ថា​«​លោក​គ្រូ!​»​)។ ១៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ឈប់​តោង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​បិតា​នៅ​ស្ថាន​សួគ៌​ទេ។ ប៉ុន្តែ ចូរ​នាង​ទៅ​ឯ​បង​ប្អូន​របស់​ខ្ញុំ+ ហើយ​ប្រាប់​ពួក​គាត់​ថា​៖ ‹ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​បិតា​របស់​ខ្ញុំ+ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា ហើយ​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ+ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។ ១៨ ម៉ារៀ​ម៉ាក់ដាឡេន​បាន​នាំ​ដំណឹង​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​លោក​ម្ចាស់!​»។ នាង​ក៏​បាន​រៀប​រាប់​ប្រាប់​ពួក​គាត់​អំពី​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ទៅ​នាង។+

១៩ នៅ​ល្ងាច​ថ្ងៃ​ដដែល ជា​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ ពួក​អ្នក​កាន់​តាម​បាន​ជួប​ជុំ​គ្នា ហើយ​បាន​ចាក់​សោ​ទ្វារ​ដោយ​សារ​ខ្លាច​ជនជាតិ​យូដា។ លោក​យេស៊ូ​បាន​លេច​មក​ឈរ​នៅ​កណ្ដាល​ពួក​គាត់ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​»។+ ២០ បន្ទាប់​ពី​មាន​ប្រសាសន៍​ដូច្នេះ លោក​បាន​បង្ហាញ​ដៃ​ទាំង​ពីរ​និង​ចំហៀង​ខ្លួន​ឲ្យ​ពួក​គាត់​ឃើញ។+ រួច​ពួក​អ្នក​កាន់​តាម​ក៏​ត្រេក​អរ ដោយ​សារ​ឃើញ​លោក​ម្ចាស់។+ ២១ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ម្ដង​ទៀត​ថា​៖ ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ។+ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ+ ដូច​បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​»។+ ២២ លុះ​មាន​ប្រសាសន៍​ហើយ លោក​ក៏​ផ្លុំ​លើ​ពួក​គាត់ រួច​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ចុះ។+ ២៣ ប្រសិន​បើ​អ្នក​រាល់​គ្នា​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក​ណា ការ​ខុស​ឆ្គង​របស់​អ្នក​នោះ​នឹង​ត្រូវ​អភ័យ​ទោស។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​អ្នក​ណា ការ​ខុស​ឆ្គង​របស់​អ្នក​នោះ​នឹង​មិន​ត្រូវ​អភ័យ​ទោស​ទេ​»។

២៤ ប៉ុន្តែ ពេល​ដែល​លោក​យេស៊ូ​លេច​មក ថូម៉ាស់+ដែល​គេ​ហៅ​ថា​កូន​ភ្លោះ* ដែល​ជា​សាវ័ក​ម្នាក់​ក្នុង​ចំណោម​សាវ័ក​ទាំង​១២​នាក់ មិន​បាន​នៅ​ជា​មួយ​នឹង​ពួក​គាត់​ទេ។ ២៥ ដូច្នេះ ពួក​អ្នក​កាន់​តាម​ឯ​ទៀត​ប្រាប់​គាត់​ថា​៖ ​«​យើង​បាន​ឃើញ​លោក​ម្ចាស់!​»។ ប៉ុន្តែ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ជឿ​ដាច់​ខាត លុះ​ត្រា​តែ​ខ្ញុំ​ឃើញ​ស្នាម​ដែកគោល​លើ​ដៃ​របស់​លោក ហើយ​ដាក់​ម្រាម​ដៃ​ខ្ញុំ​ក្នុង​ស្នាម​ដែក​គោល​នោះ ថែម​ទាំង​លូក​ដៃ​ទៅ​ក្នុង​ចំហៀង​ខ្លួន​លោក​»។+

២៦ លុះ​៨​ថ្ងៃ​ក្រោយ​មក ពួក​អ្នក​កាន់​តាម​លោក​នៅ​ក្នុង​ផ្ទះ​ម្ដង​ទៀត ហើយ​ថូម៉ាស់​ក៏​នៅ​ជា​មួយ​នឹង​ពួក​គាត់​ដែរ។ លោក​យេស៊ូ​បាន​លេច​មក ទោះ​ជា​ទ្វារ​ចាក់​សោ​ក៏​ដោយ ហើយ​លោក​បាន​ឈរ​នៅ​កណ្ដាល​ពួក​គាត់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​»។+ ២៧ រួច​លោក​មាន​ប្រសាសន៍​ទៅ​ថូម៉ាស់​ថា​៖ ​«​ចូរ​ដាក់​ម្រាម​ដៃ​របស់​អ្នក​នៅ​ទី​នេះ មើល​ដៃ​របស់​ខ្ញុំ ហើយ​លូក​ដៃ​ទៅ​ក្នុង​ចំហៀង​ខ្លួន​ខ្ញុំ ហើយ​ឈប់​សង្ស័យ តែ​ចូរ​ជឿ​ចុះ​»។ ២៨ ថូម៉ាស់​និយាយ​ទៅ​លោក​ថា​៖ ​«​លោក​ម្ចាស់​របស់​ខ្ញុំ​និង​ព្រះ​របស់​ខ្ញុំ​អើយ!​»។ ២៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​តើ​អ្នក​ជឿ​ដោយ​សារបាន​ឃើញ​ខ្ញុំ​ឬ? អស់​អ្នក​ណា​ដែល​ជឿ​ទោះ​ជា​មិន​ឃើញ​ក៏​ដោយ អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។

៣០ តាម​ការ​ពិត លោក​យេស៊ូ​ក៏​បាន​ធ្វើ​សញ្ញា​សម្គាល់​ជា​ច្រើន​ទៀត​នៅ​មុខ​ពួក​អ្នក​កាន់​តាម​លោក​ដែរ តែ​មិន​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​នេះ​ទេ។+ ៣១ ប៉ុន្តែ ការ​ទាំង​នេះ​បាន​ត្រូវ​សរសេរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា លោក​យេស៊ូ​ជា​គ្រិស្ត និង​ជា​បុត្រ​របស់​ព្រះ ហើយ​ឲ្យ​ជឿ​ថា​អ្នក​រាល់​គ្នា​អាច​បាន​ជីវិត​តាម​រយៈ​នាម​របស់​លោក ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ។+

២១ បន្ទាប់​មក លោក​យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នក​កាន់​តាម​ឃើញ​ម្ដង​ទៀត​នៅ​សមុទ្រ​ទិបេរៀស។ លោក​បាន​បង្ហាញ​ខ្លួន​ដូច​ត​ទៅ​នេះ​៖ ២ ស៊ីម៉ូន​ពេត្រុស ថូម៉ាស់ (​ដែល​គេ​ហៅ​ថា​កូន​ភ្លោះ​)+ ណាថាណែល+ពី​ក្រុង​កាណា​នៅ​ស្រុកកាលីឡេ កូន​ប្រុស​ៗ​សេបេដេ+ និង​អ្នក​កាន់​តាម​ពីរ​នាក់​ទៀត​របស់​លោក បាន​នៅ​ជា​មួយ​គ្នា។ ៣ ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​នេសាទ​ត្រី​»។ ពួក​គាត់​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​យើង​ក៏​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ​»។ ដូច្នេះ ពួក​គាត់​ក៏​ចេញ​ទៅ ហើយ​ចុះ​ទូក តែ​យប់​នោះ​ពួក​គាត់​នេសាទ​មិន​បាន​ត្រី​សោះ។+

៤ ក៏​ប៉ុន្តែ ពេល​ព្រឹក​ឡើង លោក​យេស៊ូ​ឈរ​នៅ​ឯ​ឆ្នេរ តែ​ពួក​អ្នក​កាន់​តាម​មិន​បាន​ដឹង​ថា​ជា​លោក​យេស៊ូ​ទេ។+ ៥ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​កូន​ៗ​អើយ! អ្នក​រាល់​គ្នា​គ្មាន​អ្វី*បរិភោគ​ទេ មែន​ទេ?​»។ ពួក​គាត់​តប​ទៅ​លោក​ថា​៖ ​«​បាទ!​»។ ៦ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​ទម្លាក់​អួន​នៅ​ខាង​ស្ដាំ​ទូក ហើយ​អ្នក​នឹង​រក​បាន​»។ ពួក​គាត់​ក៏​ទម្លាក់​អួន​ទៅ តែ​មិន​អាច​ទាញ​ឡើង​វិញ​បាន​ឡើយ ដោយ​សារ​ជាប់​បាន​ត្រី​ច្រើន​សន្ធឹក​ណាស់។+ ៧ ដូច្នេះ អ្នក​កាន់​តាម​ដែល​លោក​យេស៊ូ​ស្រឡាញ់+ បាន​និយាយ​ទៅ​កាន់​ពេត្រុស​ថា​៖ ​«​គឺ​ជា​លោក​ម្ចាស់!​»។ កាល​ដែល​ស៊ីម៉ូន​ពេត្រុស​ឮ​ថា​ជា​លោក​ម្ចាស់ គាត់​ក៏​ពាក់​អាវ​ក្រៅ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ* រួច​លោត​ចុះ​ក្នុង​ទឹក​សមុទ្រ។ ៨ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​ឯ​ទៀត​បាន​ជិះ​ទូក​តូច​នោះ​មក ទាំង​ទាញ​អួន​ពេញ​ទៅ​ដោយ​ត្រី​មក​ជា​មួយ​ផង ព្រោះ​ពួក​គាត់​នៅ​មិន​ឆ្ងាយ​ពី​គោក​ទេ ប្រហែល​តិច​ជាង​១០០​ម៉ែត្រ។*

៩ ពេល​ដែល​ពួក​គាត់​ឡើង​មក​លើ​គោក​វិញ ពួក​គាត់​ឃើញ​មាន​រងើក​ធ្យូង​និង​មាន​ត្រី​នៅ​លើ​រងើក​នោះ ក៏​ឃើញ​មាន​នំ​ប៉័ង​ដែរ។ ១០ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​យក​ត្រី​ខ្លះ​ដែល​អ្នក​រាល់​គ្នា​ទើប​តែ​ចាប់​បាន​មក​»។ ១១ ដូច្នេះ ស៊ីម៉ូន​ពេត្រុស​បាន​ចុះ​ក្នុង​ទូក ហើយ​ទាញ​អួន​ពេញ​ទៅ​ដោយ​ត្រី​ធំ​ៗ​ចំនួន​១៥​៣​ក្បាល អូស​មក​លើ​គោក។ ទោះ​ជា​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ អួន​មិន​បាន​ធ្លាយ​ទេ។ ១២ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អញ្ជើញ​មក​បរិភោគ​»។ គ្មាន​អ្នក​កាន់​តាម​ណា​ម្នាក់​ហ៊ាន​សួរ​លោក​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា?​»​ទេ ពី​ព្រោះ​ពួក​គាត់​ដឹង​ថា​ជា​លោក​ម្ចាស់។ ១៣ លោក​យេស៊ូ​មក​យក​នំ​ប៉័ង​នោះ​ចែក​ឲ្យ​ពួក​គាត់ ហើយ​ក៏​យក​ត្រី​ចែក​ឲ្យ​ពួក​គាត់​ដែរ។ ១៤ នេះ​ជា​លើក​ទី​៣+ដែល​លោក​យេស៊ូ​លេច​មក​ជួប​ពួក​អ្នក​កាន់​តាម​លោក បន្ទាប់​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។

១៥ លុះ​បាន​បរិភោគ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ស៊ីម៉ូន​ពេត្រុស​ថា​៖ ​«​ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ច្រើន​ជាង​អ្វី​ៗ​ទាំង​នេះ​ទេ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​បាទ លោក​ម្ចាស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក​»។ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​របស់​ខ្ញុំ​»។+ ១៦ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ម្ដង​ទៀត​ជា​លើក​ទី​២​ថា​៖ ​«​ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​បាទ លោក​ម្ចាស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក​»។ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ឃ្វាល​ចៀម​តូច​ៗ​របស់​ខ្ញុំ​»។+ ១៧ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ជា​លើក​ទី​៣​ថា​៖ ​«​ស៊ីម៉ូន កូន​យ៉ូហាន តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ?​»។ ពេត្រុស​តាំង​កើត​ទុក្ខ​ក្នុង​ចិត្ត ដោយ​សារ​លោក​សួរ​គាត់​ជា​លើក​ទី​៣​ថា​៖ ​«​តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ?​»។ ដូច្នេះ គាត់​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ លោក​ជ្រាប​អ្វី​ៗ​ទាំង​អស់ លោក​ជ្រាប​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ឲ្យ​ចំណី​ដល់​ចៀម​តូច​ៗ​របស់​ខ្ញុំ។+ ១៨ ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា កាល​ដែល​អ្នក​នៅ​ក្មេង អ្នក​ធ្លាប់​ស្លៀក​ពាក់​ខ្លួន​ឯង ហើយ​ដើរ​ទៅ​កន្លែង​ណា​ដែល​អ្នក​ចង់​ទៅ។ ប៉ុន្តែ ពេល​ដែល​អ្នក​ចាស់​ទៅ អ្នក​នឹង​លា​ដៃ ហើយ​មាន​ម្នាក់​ទៀត​នឹង​ស្លៀក​ពាក់​ឲ្យ​អ្នក រួច​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ទេ​»។ ១៩ លោក​មាន​ប្រសាសន៍​ដូច្នេះ​ដើម្បី​បញ្ជាក់​ថា គាត់​នឹង​លើក​តម្កើង​ព្រះ​ដោយ​ស្លាប់​តាម​របៀប​ណា។ បន្ទាប់​ពី​លោក​បាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ​ហើយ លោក​ក៏​ប្រាប់​គាត់​ថា​៖ ​«​ចូរ​បន្ត​កាន់​តាម​ខ្ញុំ​»។+

២០ កាល​ដែល​ពេត្រុស​បែរ​ទៅ គាត់​ឃើញ​អ្នក​កាន់​តាម​ដែល​លោក​យេស៊ូ​ស្រឡាញ់+កំពុង​ដើរ​តាម គឺ​អ្នក​ដែល​បាន​ផ្អែក​ខ្លួន​លើ​ទ្រូង​លោក​ពេល​បរិភោគ​អាហារ​ល្ងាច ហើយ​បាន​សួរ​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្នក​ណា​នឹង​ក្បត់​លោក?​»។ ២១ ដូច្នេះ ពេល​ក្រឡេក​ទៅ​ឃើញ​គាត់ ពេត្រុស​សួរ​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ ចុះ​បុរស​នេះ​វិញ?​»។ ២២ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពេត្រុស​ថា​៖ ​«​ប្រសិន​បើ​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ឲ្យ​គាត់​នៅ​រហូត​ដល់​ខ្ញុំ​មក តើ​នោះ​ទាក់​ទង​អ្វី​នឹង​អ្នក? ប៉ុន្តែ ចូរ​អ្នក​បន្ត​កាន់​តាម​ខ្ញុំ​»។ ២៣ ម្ល៉ោះ​ហើយ ពាក្យ​នេះ​បាន​លេច​ឮ​ក្នុង​ចំណោម​បង​ប្អូន​ថា អ្នក​កាន់​តាម​នោះ​នឹង​មិន​ស្លាប់​ឡើយ។ ក៏​ប៉ុន្តែ នោះ​មិន​មែន​ជា​អ្វី​ដែល​លោក​យេស៊ូ​ចង់​មាន​ប្រសាសន៍​ទៅ​គាត់​ទេ តែ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ឲ្យ​គាត់​នៅ​រហូត​ដល់​ខ្ញុំ​មក តើ​នោះ​ទាក់​ទង​អ្វី​នឹង​អ្នក?​»។

២៤ គឺ​អ្នក​កាន់​តាម​នោះ​ហើយ+ដែល​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ការ​ទាំង​នេះ ក៏​ជា​អ្នក​ដែល​បាន​សរសេរ​អ្វី​ៗ​ទាំង​នេះ ហើយ​យើង​ដឹង​ថា​ការ​បញ្ជាក់​របស់​គាត់​គឺ​ជា​ការ​ពិត។

២៥ តាម​ការ​ពិត មាន​ការ​ជា​ច្រើន​ទៀត​ដែល​លោក​យេស៊ូ​បាន​ធ្វើ ហើយ​ប្រសិន​បើ​សរសេរ​អំពី​ការ​ទាំង​នោះ​ឲ្យ​បាន​ល្អិត​ល្អន់ ខ្ញុំ​គិត​ថា​ពិភព​លោក​ទាំង​មូល​មិន​ល្មម​ទុក​រមូរ​ទាំង​អស់​នោះ​ឡើយ។+

ន័យ​ត្រង់​«​ជា​ព្រះ​មួយ​»​

ន័យ​ត្រង់​«​កូន​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់​»​

ឬ​«​ជា​អ្នក​ដែល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ពី​ព្រះ​»​

ឬ​«​កូន​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់ ហើយ​ដែល​មាន​លក្ខណៈ​ដូច​ព្រះ​»​

ឬ​«​នៅ​ជិត​ដើម​ទ្រូង​របស់​បិតា​»​ នេះ​សំដៅ​លើ​កន្លែង​កិត្តិយស​បំផុត

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មិន​មែន​ជា​ភូមិ​បេថានី​នៅ​ជិត​ក្រុង​យេរូសាឡិម​ទេ

ប្រហែល​ជា​ម៉ោង​បួន​រសៀល

​«​កេផាស​»​ឬ​«​ពេត្រុស​»​មាន​ន័យ​ថា​«​ថ្ម​»​

ក្នុង​ខ​នេះ ពាក្យ​ថា​«​មក​តាម​ខ្ញុំ​»​សំដៅ​លើ​ការ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

ន័យ​ត្រង់​«​ស្ត្រី​អើយ តើ​រឿង​នេះ​ទាក់​ទង​អ្វី​នឹង​ខ្ញុំ​និង​អ្នក?​»។ នេះ​ជា​សម្ដី​ដើម្បី​ជំទាស់​នឹង​សំណូម​ពរ​ណា​មួយ ហើយ​ពាក្យ​«​ស្ត្រី​»​មិន​មែន​ជា​សម្ដី​ដែល​មិន​បង្ហាញ​ការ​គោរព​ទេ

ប្រហែល​ជា​រង្វាល់​វត្ថុ​រាវ​ដែល​ហៅ​ថាបាត។ មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មាន​ន័យ​ថា​«​លោក​គ្រូ​»​

ន័យ​ត្រង់​«​កូន​តែ​មួយ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់​»​

ឬ​«​បាន​បញ្ជាក់​»​

ឬ​«​ដោយ​គ្មាន​កម្រិត​»​

ប្រហែល​ជា​ម៉ោង​១២​ថ្ងៃ​ត្រង់

ឬ​«​បិតា​ដែល​នៅ​ស្ថាន​សួគ៌​»​

មើល​និយម​ន័យ​ពាក្យ​«​មេស្ស៊ី​»​

មាន​ន័យ​ថា​«​លោក​គ្រូ​»​

ឬ​«​កូន​ជំទង់​»​

ប្រហែល​ជា​ម៉ោង​មួយ​រសៀល

ឬ​«​ស្លាប់​ដៃ​ឬ​ស្លាប់​ជើង​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

មើល​និយម​ន័យ​ពាក្យ​«​ថ្ងៃ​ឈប់​សម្រាក​»​

នេះ​សំដៅ​លើ​បុត្រ​របស់​លោក

មើល​កំណត់​សម្គាល់​ម៉ាថ ៤:១៨

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ភាសា​ក្រិច​«​នំ​ប៉័ង​ធ្វើ​ពី​គ្រីធី​»​ ស្រូវ​ម្យ៉ាង​ដែល​ថោក​ជាង​ស្រូវ​សាលី ហើយ​ច្រើន​តែ​ជា​អាហារ​របស់​មនុស្ស​ក្រី​ក្រ

ន័យ​ត្រង់​«​ប្រហែល​២៥​ឬ​៣០​ស្ដាដ​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មាន​ន័យ​ថា​«​លោក​គ្រូ​»​

ឬ​«​មេឃ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ការ​ប្រជុំ​សាធារណៈ​»​

សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ

ន័យ​ត្រង់​«​តាំង​ពី​ដំបូង​»​

ឬ​«​មេកំណាច​»​

ឬ​«​បុណ្យ​ខ្ទម​»​

ភាសា​ក្រិច​«​ដាយម៉ូនីអន​»​សំដៅ​លើ​ពួក​ទេវតា​អាក្រក់

មើល​និយម​ន័យ​ពាក្យ​«​ការ​កាត់​ចុង​ស្បែក​»​

រមូរ​ឯក​សារ​ចាស់​មួយ​ចំនួន​ដែល​អាច​ទុក​ចិត្ត​បាន មិន​មាន​ខ​៥៣​ដល់​ជំពូក​ទី​៨​ខ​១១​ទេ

ឬ​«​វិនិច្ឆ័យ​តាម​ទស្សនៈ​របស់​មនុស្ស​»​

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ឬ​«​កូន​កើត​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

មាន​ន័យ​ថា​«​លោក​គ្រូ​»​

សំដៅ​លើ​ចៀម

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​បុណ្យ​ប្រគល់​ជូន​»​

ឬ​«​គឺ​រួប​រួម​គ្នា​»​

សំដៅ​លើ​ការ​ពោល​ពាក្យ​ប្រមាថ​ព្រះ​ឬ​អ្វី​ដែល​ពិសិដ្ឋ

ឬ​«​ពួក​អ្នក​ដែល​ដូច​ព្រះ​»​

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មាន​ន័យ​ថា​«​លោក​គ្រូ​»​

ន័យ​ត្រង់​«​ប្រហែល​១៥​ស្ដាដ​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

តុលាការ​កំពូល​របស់​ជនជាតិ​យូដា

សំដៅ​លើ​វិហារ

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

នេះ​គឺ​មួយ​ផោន​របស់​រ៉ូម ប្រហែល​៣២៧​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មើល​និយម​ន័យ​ពាក្យ​«​ណាត​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​«​ស្ថាន​សួគ៌​»​

នេះ​សំដៅ​លើ​ការ​ព្យួរ​លើ​បង្គោល

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​ដៃ​»​

ន័យ​ត្រង់​«​ការ​សរសើរ​»​

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

ឬ​«​មាន​កាតព្វកិច្ច​»​

ន័យ​ត្រង់​«​ជិត​ដើម​ទ្រូង​»​

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​«​អ្នក​សម្រាល​ទុក្ខ​»​

ឬ​«​អ្នក​សម្រាល​ទុក្ខ​»​

ឬ​«​លួស​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​«​អ្នក​សម្រាល​ទុក្ខ​»​

ឬ​«​អ្នក​សម្រាល​ទុក្ខ​»​

ឬ​«​ត្រូវ​មាន​ចំណេះ​អំពី​លោក​»​

ន័យ​ត្រង់​«​កូន​នៃ​ការ​បំផ្លាញ​»​

ពាក្យ​«​ពែង​»​ជា​តំណាង​បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​លោក​យេស៊ូ គឺ​អនុញ្ញាត​ឲ្យ​លោក​ស្លាប់​ដោយ​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា​បាន​ប្រមាថ​ព្រះ

ឬ​«​ច្រក​ចូល​»​

ឬ​«​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​»​

ឬ​«​ប្រហារ​ជីវិត​គាត់​លើ​បង្គោល​ទៅ! ប្រហារ​ជីវិត​គាត់​លើ​បង្គោល​ទៅ!​»​

ឬ​«​ប្រហារ​ជីវិត​អ្នក​លើ​បង្គោល​»​

ន័យ​ត្រង់​«​អធិរាជ​»​

មើល​និយម​ន័យ​ពាក្យ​«​ថ្ងៃ​រៀបចំ​»​

ប្រហែល​ជា​ម៉ោង​១២​ថ្ងៃ​ត្រង់

ឬ​«​ប្រហារ​ជីវិត​គាត់​លើ​បង្គោល​ទៅ!​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ឬ​«​បោះ​ដែក​គោល​ភ្ជាប់​លោក​យេស៊ូ​នឹង​បង្គោល​ឈើ​»។ មើល​និយម​ន័យ​ពាក្យ​«​បង្គោល​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​និយម​ន័យ​ពាក្យ​«​ហ៊ីសុប​»​

នេះ​មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​ធម្មតា​ទេ (​ថ្ងៃ​ទី​៧​រាល់​សប្ដាហ៍​) ប៉ុន្តែ​ជា​ថ្ងៃ​ឈប់​សម្រាក​«​ធំ​»។ គេ​ហៅ​ដូច្នេះ​ដោយ​សារ​ថ្ងៃ​ទី​១៥ ខែ​ណែសាន ដែល​ជា​ថ្ងៃ​ដំបូង​នៃ​បុណ្យ​នំ​ឥត​ដំបែ ដែល​មាន​រយៈ​ពេល​៧​ថ្ងៃ គឺ​ចំ​នឹង​ថ្ងៃ​ឈប់​សម្រាក​ធម្មតា (​ឯ​ថ្ងៃ​ទី​១៥ ខែ​ណែសាន​តែង​តែ​ជា​ថ្ងៃ​ឈប់​សម្រាក ទោះ​ជា​ចំ​ថ្ងៃ​ណា​ក្នុង​សប្ដាហ៍​នោះ​ក៏​ដោយ​)

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដែល​មូរ​ចូល​គ្នា​»​

នេះ​គឺ​១០០​ផោន​របស់​ជន​ជាតិ​រ៉ូម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ប្រហារ​ជីវិត​លោក​លើ​បង្គោល​»​

ឬ​«​ឌីឌីម​»​

ឬ​«​គ្មាន​ត្រី​»​

ឬ​«​ពាក់​តែ​សម្លៀក​បំពាក់​ក្នុង​»​

ន័យ​ត្រង់​«​ប្រហែល​២០០​ហត្ថ​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក