ប្អូនៗយុវវ័យ ចូរមានគោលដៅក្នុងកិច្ចបម្រើព្រះចុះ!
«ចូរបង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ»។—ធីម៉ូថេទី១ ៤:៧
១, ២. (ក) ហេតុអ្វីបានជាប៉ុលសរសើរធីម៉ូថេ? (ខ) តើប្អូនៗយុវវ័យកំពុង«បង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ»ដោយរបៀបណាខ្លះ?
«ខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នាដោយស្មោះត្រង់នោះទេ . . . គាត់បានបំរើនៅជាមួយនឹងខ្ញុំក្នុងដំណឹងល្អដូចជាកូនបំរើឪពុក»។ (ភីលីព ២:២០, ២២) ពាក្យសរសើរទាំងនេះជាផ្នែកមួយនៃសំបុត្រដែលសាវ័កប៉ុលបានសរសេរចំពោះក្រុមជំនុំនៃពួកគ្រិស្តសាសនិកនៅទីក្រុងភីលីពនាសតវត្សរ៍ទីមួយ។ តើប៉ុលបានសរសើរអ្នកណា? គាត់បានសរសើរប្អូនប្រុសធីម៉ូថេដែលធ្លាប់ជាគូកនដែលធ្វើដំណើរជាមួយនឹងគាត់។ សូមគិតអំពីអារម្មណ៍របស់ធីម៉ូថេពេលប៉ុលបញ្ជាក់ពីសេចក្ដីស្រឡាញ់និងទំនុកចិត្តដែលគាត់មានចំពោះប្អូន។ ធីម៉ូថេច្បាស់ជាមានចិត្តសប្បាយណាស់!
២ យូរឆ្នាំមកហើយ រាស្ត្ររបស់ព្រះយេហូវ៉ាបានឲ្យតម្លៃចំពោះប្អូនៗយុវវ័យដែលគោរពព្រះតាមគំរូរបស់ធីម៉ូថេ។ (ទំនុកដំកើង ១១០:៣) នៅសព្វថ្ងៃនេះ ប្អូនៗយុវវ័យជាច្រើនក្នុងអង្គការរបស់ព្រះយេហូវ៉ាកំពុងបម្រើការជាអ្នកត្រួសត្រាយ សាសនទូត អ្នកជំនួយក្នុងកិច្ចការសាងសង់ ហើយខ្លះធ្វើការនៅការិយាល័យបេតអែល។ គួរឲ្យសរសើរដែរ គឺប្អូនៗទាំងឡាយដែលមានចិត្តខ្នះខ្នែងក្នុងក្រុមជំនុំនានា ពេលកំពុងបំពេញភារកិច្ចឯទៀត។ ប្អូនៗយុវវ័យទាំងនេះមានចិត្តស្កប់ស្កល់ដែលមកពីការបំពេញគោលដៅក្នុងការលើកតម្កើងព្រះយេហូវ៉ាជាបិតារបស់យើងនៅស្ថានសួគ៌។ ពិតណាស់ ប្អូនៗជាច្រើនកំពុង«បង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ»មែន។—ធីម៉ូថេទី១ ៤:៧, ៨
៣. តើយើងនឹងឆ្លើយសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
៣ ក្នុងនាមជាយុវជនយុវតីម្នាក់ តើប្អូនមានគោលដៅផ្សេងៗក្នុងកិច្ចបម្រើព្រះទេ? តើអ្នកណាអាចជួយលើកទឹកចិត្តប្អូនឲ្យធ្វើដូច្នេះ? ពេលមានការបង្ខិតបង្ខំពីមនុស្សដទៃឲ្យប្រមូលទ្រព្យសម្បត្ដិ តើអ្វីនឹងជួយឲ្យប្អូនទប់ចិត្តបាន? បើប្អូនៗមានគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ា តើប្អូនអាចទទួលពរអ្វីខ្លះ? ឥឡូវយើងសូមឆ្លើយសំណួរទាំងនេះដោយពិនិត្យមើលជីវប្រវត្ដិរបស់ធីម៉ូថេ និងអ្វីដែលគាត់យកជាការងារសំខាន់ប្រៀបដូចជាអាជីព។
ជីវប្រវត្ដិរបស់ធីម៉ូថេ
៤. សូមពន្យល់យ៉ាងសង្ខេបអំពីកិច្ចការដែលធីម៉ូថេធ្វើជាគ្រិស្តសាសនិកដែលប្រៀបដូចជាអាជីពរបស់គាត់។
៤ ធីម៉ូថេបានធំឡើងក្នុងក្រុងតូចមួយឈ្មោះលីស្ដ្រា នៅខេត្តកាឡាទីក្រោមអំណាចពួករ៉ូម។ មើលទៅដូចជាធីម៉ូថេបានរៀនអំពីអ្នកដែលកាន់តាមព្រះគ្រិស្តពេលគាត់មានវ័យជំទង់នៅឡើយ ប្រហែលជានៅឆ្នាំ៤៧ គ.ស. ពេលប៉ុលបានផ្សព្វផ្សាយនៅទីក្រុងលីស្ដ្រា។ មិនយូរប៉ុន្មានក្រោយមក ធីម៉ូថេមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមគ្រិស្តសាសនិកនាតំបន់នោះ។ ពីរឆ្នាំក្រោយមក ពេលប៉ុលត្រឡប់ទៅទីក្រុងលីស្ដ្រាវិញ គាត់ឃើញថាធីម៉ូថេមានជំនឿមុតមាំ ដូច្នេះគាត់អញ្ជើញប្អូនឲ្យធ្វើដំណើរជាមួយនឹងគាត់ជាសាសនទូត។ (កិច្ចការ ១៤:៥-២០; ១៦:១-៣) ពេលធីម៉ូថេមានភាពចាស់ទុំកើនឡើង គាត់ក៏បានទទួលភារកិច្ចកាន់តែធ្ងន់ដែរ ដែលរួមបញ្ចូលកិច្ចការសំខាន់ដែលតម្រូវឲ្យគាត់ធ្វើដំណើរទៅពង្រឹងកម្លាំងបងប្អូនរួមជំនឿ។ កាលដែលប៉ុលជាប់គុកនៅទីក្រុងរ៉ូម ប្រហែលជានៅឆ្នាំ៦៥ គ.ស. គាត់បានសរសេរសំបុត្រចំពោះធីម៉ូថេដែលកំពុងបម្រើការជាអ្នកចាស់ទុំគ្រិស្តសាសនិកនៅទីក្រុងអេភេសូរ។
៥. យោងទៅតាមធីម៉ូថេទី២ ៣:១៤, ១៥ តើកត្ដាពីរយ៉ាងអ្វីដែលធ្វើឲ្យធីម៉ូថេមានគោលដៅក្នុងកិច្ចបម្រើព្រះ?
៥ តាមមើលទៅ ធីម៉ូថេបានសម្រេចចិត្តបំពេញគោលដៅផ្សេងៗក្នុងកិច្ចបម្រើព្រះ។ ហេតុអ្វីបានជាគាត់សម្រេចចិត្តធ្វើដូច្នេះ? ក្នុងសំបុត្រទីពីរដែលប៉ុលសរសេរទៅកាន់ធីម៉ូថេ គាត់ប្រាប់អំពីកត្ដាពីរយ៉ាងដែលជះឥទ្ធិពលល្អលើធីម៉ូថេ។ ប៉ុលសរសេរថា៖ «ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀនហើយជឿប្រាកដវិញ ដោយដឹងថាអ្នកបានរៀនសេចក្ដីនោះពីអ្នកណា ហើយថាតាំងពីក្មេងតូចមកអ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន»។ (ធីម៉ូថេទី២ ៣:១៤, ១៥, កំណែជាអក្សរទ្រេត) មុនបង្អស់ យើងសូមពិនិត្យមើលថា តើបងប្អូនគ្រិស្តសាសនិកឯទៀតបានជះឥទ្ធិពលយ៉ាងណាលើធីម៉ូថេដើម្បីឲ្យគាត់ធ្វើការសម្រេចចិត្តល្អៗនោះ?
ចូរទទួលប្រយោជន៍ពីអ្នកដែលជះឥទ្ធិពលល្អ
៦. តើធីម៉ូថេបានទទួលការបង្វឹកបង្វឺនបែបណា? តើការបង្វឹកបង្វឺននោះមានឥទ្ធិពលយ៉ាងណាលើធីម៉ូថេ?
៦ ធីម៉ូថេបានធំឡើងក្នុងក្រុមគ្រួសារដែលមិនមានជំនឿសាសនាដូចគ្នាទេ ពីព្រោះធីម៉ូថេមានបិតាជាជនជាតិក្រិច ហើយមាតាឈ្មោះអ៊ើនីស និងជីដូនឈ្មោះឡូអ៊ីស ជាជនជាតិយូដាវិញ។ (កិច្ចការ ១៦:១) តាំងពីតូចមក អ៊ើនីសនិងឡូអ៊ីសបានបង្រៀនធីម៉ូថេនូវសេចក្ដីពិតពីបទគម្ពីរភាសាហេព្រើរ។ ពេលមាតានិងជីដូនរបស់ធីម៉ូថេបានក្លាយជាគ្រិស្តសាសនិកវិញ ពួកគាត់ច្បាស់ជាបានជួយប្អូនឲ្យមានជំនឿលើសេចក្ដីបង្រៀនអំពីព្រះគ្រិស្តដែរ។ គឺច្បាស់ហើយថា ធីម៉ូថេបានឆ្លៀតយកប្រយោជន៍ពីការបង្វឹកបង្វឺនដ៏ល្អនោះមែន។ ប៉ុលបានកត់សម្គាល់ថា៖ «ខ្ញុំនឹកចាំពីសេចក្ដីជំនឿស្មោះត្រង់ដែលនៅក្នុងអ្នក។ សេចក្ដីជំនឿនោះបាននៅក្នុងយាយឡូអ៊ីសជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីសជាម្ដាយអ្នកដែរ ហើយខ្ញុំជឿជាក់ថា ក៏នៅក្នុងអ្នកផង»។—ធីម៉ូថេទី២ ១:៥
៧. តើប្អូនៗជាច្រើនទទួលការលើកទឹកចិត្តពីអ្នកណា? តើពួកគាត់អាចជួយប្អូនៗបានយ៉ាងណា?
៧ នៅសព្វថ្ងៃនេះ ប្អូនៗយុវវ័យជាច្រើនទទួលការលើកទឹកចិត្តពីមាតាបិតានិងជីដូនជីតាដែលជាអ្នកគោរពព្រះយេហូវ៉ា ហើយពួកគាត់ចាត់ទុកគោលដៅក្នុងកិច្ចបម្រើទ្រង់ជាអ្វីដែលសំខាន់ ដូចឡូអ៊ីសនិងអ៊ើនីសដែរ។ ជាឧទាហរណ៍ ប្អូនស្រីសមីរ៉ានៅតែនឹកចាំពេលដែលនាងមានវ័យជំទង់ ហើយបានពិភាក្សាច្រើនជាមួយឪពុកម្ដាយ។ នាងមានប្រសាសន៍ថា៖ «ឪពុកម្ដាយបានបង្រៀនខ្ញុំឲ្យមានទស្សនៈដូចព្រះយេហូវ៉ា ហើយនេះជួយឲ្យខ្ញុំចាត់ទុកកិច្ចការផ្សព្វផ្សាយជាអ្វីដែលមានអាទិភាពក្នុងជីវិត។ ឪពុកម្ដាយខ្ញុំតែងតែលើកទឹកចិត្តខ្ញុំឲ្យមានគោលដៅធ្វើកិច្ចបម្រើពេញពេល»។ សមីរ៉ាបានធ្វើតាមយោបល់របស់ឪពុកម្ដាយនាង ហើយឥឡូវនាងមានឯកសិទ្ធិរួមចំណែកជាសមាជិកម្នាក់ក្នុងក្រុមគ្រួសារបេតអែលនៅប្រទេសគាត់។ បើឪពុកម្ដាយលើកទឹកចិត្តប្អូនឲ្យផ្ដោតអារម្មណ៍លើគោលដៅក្នុងកិច្ចបម្រើព្រះ សូមគិតឲ្យវែងឆ្ងាយអំពីយោបល់របស់គាត់ចុះ! ពីព្រោះតាមពិត ពួកគាត់ចង់ឲ្យប្អូនទទួលប្រយោជន៍ច្រើនជាទីបំផុត។—សុភាសិត ១:៥
៨. តើធីម៉ូថេបានទទួលប្រយោជន៍អ្វីខ្លះពីការសេពគប់ជាមួយបងប្អូនគ្រិស្តសាសនិកដែលអាចពង្រឹងជំនឿគាត់?
៨ ការសេពគប់ជាមួយបងប្អូនគ្រិស្តសាសនិកដែលពង្រឹងជំនឿរបស់ប្អូន ក៏ជាអ្វីដែលសំខាន់ដែរ។ អ្នកចាស់ទុំក្នុងក្រុមជំនុំរបស់ធីម៉ូថេ រួមទាំងអ្នកចាស់ទុំក្នុងក្រុមជំនុំនៅទីក្រុងអ៊ីកូនាមដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងលីស្ដ្រា បានស្គាល់ធីម៉ូថេយ៉ាងច្បាស់។ (កិច្ចការ ១៦:១, ២) ធីម៉ូថេក៏មានភាពជិតស្និទ្ធជាមួយប៉ុលដែលជាមនុស្សដែលមានលក្ខណៈស្វាហាប់ហើយរួសរាយ។ (ភីលីព ៣:១៤) សំបុត្ររបស់ប៉ុលបង្ហាញឲ្យដឹងថា ធីម៉ូថេពេញចិត្តទទួលយោបល់ពីអ្នកដទៃ ហើយគាត់ខំធ្វើតាមគំរូរបស់នរណាក៏ដោយដែលមានជំនឿមាំមួន។ (កូរិនថូសទី១ ៤:១៧; ធីម៉ូថេទី១ ៤:៦, ១២-១៦) ប៉ុលសរសេរថា៖ «អ្នកបានស្គាល់គ្រប់សេចក្ដីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត នឹងបំណងចិត្ត សេចក្ដីជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់[និង]សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ»។ (ធីម៉ូថេទី២ ៣:១០) ត្រូវមែន ធីម៉ូថេបានធ្វើតាមគំរូរបស់ប៉ុលយ៉ាងដិតដល់។ ដូចគ្នាដែរ បើប្អូនៗចូលទៅជិតបងប្អូនដែលមានជំនឿមាំមួនក្នុងក្រុមជំនុំ នេះនឹងជួយប្អូនបណ្ដុះឲ្យមានគោលដៅល្អៗក្នុងកិច្ចបម្រើព្រះយេហូវ៉ា។—ធីម៉ូថេទី២ ២:២០-២២
ចូរសិក្សា«គម្ពីរ»ចុះ!
៩. ក្រៅពីការជ្រើសរើសពួកម៉ាកល្អ តើអ្វីនឹងជួយប្អូនៗឲ្យ«បង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ»?
៩ តើការបំពេញគោលដៅក្នុងកិច្ចបម្រើព្រះពឹងផ្អែកលើជម្រើសពួកម៉ាកល្អប៉ុណ្ណោះទេ? មិនទេ។ ប្អូនៗក៏គួរធ្វើតាមគំរូរបស់ធីម៉ូថេដោយពិនិត្យមើល«បទគម្ពីរទាំងប៉ុន្មាន»។ ប្រហែលជាប្អូនៗខ្ជិលរៀនបន្ដិច ប៉ុន្តែសូមចាំថា ប៉ុលបានទូន្មានធីម៉ូថេឲ្យ‹បង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ›។ ដូចកីឡាករដែលត្រូវហាត់ពត់ខ្លួនច្រើនខែទើបអាចបំពេញគោលដៅរបស់គាត់បាន នោះប្អូនៗក៏ត្រូវព្យាយាមហើយមានស្មារតីលះបង់ ទើបប្អូនអាចបំពេញគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ាបាន។ (ធីម៉ូថេទី១ ៤:៧, ៨, ១០) ប៉ុន្តែ ប្អូនៗប្រហែលជាឆ្ងល់ថា ‹តើការសិក្សាគម្ពីរព្រះអាចជួយឲ្យខ្ញុំបំពេញគោលដៅក្នុងកិច្ចបម្រើទ្រង់បានយ៉ាងណា?›។ សូមពិនិត្យមើលវិធីបីយ៉ាង។
១០, ១១. ហេតុអ្វីក៏ការសិក្សាគម្ពីរអាចជួយជំរុញចិត្តប្អូនៗឲ្យមានគោលដៅក្នុងកិច្ចបម្រើព្រះ? សូមរៀបរាប់ឧទាហរណ៍មួយ។
១០ ទីមួយ គម្ពីរព្រះផ្ដល់មូលហេតុល្អឲ្យប្អូនមានគោលដៅក្នុងកិច្ចបម្រើទ្រង់។ ពេលសិក្សាគម្ពីរ ប្អូននឹងរៀនអំពីលក្ខណៈដ៏អស្ចារ្យនៃបិតាយើងនៅស្ថានសួគ៌។ ប្អូនក៏នឹងរៀនអំពីរបៀបព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដែលប្រៀបផ្ទឹមពុំបានចំពោះយើង ហើយអំពីពរដែលអ្នកបម្រើស្មោះត្រង់របស់ទ្រង់អាចទទួលជារៀងរហូតបាន។ (អេម៉ុស ៣:៧; យ៉ូហាន ៣:១៦; រ៉ូម ១៥:៤) ពេលប្អូនមានចំណេះកាន់តែច្រើនអំពីព្រះយេហូវ៉ា ប្អូនក៏នឹងស្រឡាញ់ទ្រង់កាន់តែខ្លាំងដែរ ហើយមានចិត្តប្រាថ្នាចង់ថ្វាយខ្លួនចំពោះទ្រង់។
១១ ប្អូនៗយុវជនយុវតីជាច្រើនដែលជាគ្រិស្តសាសនិកបានប្រាប់ឲ្យដឹងថា ការសិក្សាគម្ពីរយ៉ាងទៀងទាត់ជាគន្លឹះសំខាន់មួយដែលជំរុញពួកគេឲ្យក្រសោបយកសេចក្ដីពិតជាជំនឿរបស់ខ្លួន។ ជាឧទាហរណ៍ គ្រប់គ្នាក្នុងក្រុមគ្រួសាររបស់ប្អូនស្រីអាដិលជាគ្រិស្តសាសនិក ប៉ុន្តែនាងមិនដែលមានគោលដៅផ្ទាល់ខ្លួនក្នុងកិច្ចបម្រើព្រះទេ។ នាងពន្យល់ថា៖ «ខ្ញុំបានទៅសាលព្រះរាជាណាចក្រជាមួយឪពុកម្ដាយ ប៉ុន្តែខ្ញុំមិនបានសិក្សាខ្លួនឯងឬស្ដាប់កម្មវិធីប្រជុំទេ»។ ពេលបងស្រីរបស់អាដិលបានត្រូវជ្រមុជទឹក អាដិលចាប់ផ្ដើមយកចិត្តទុកដាក់ច្រើនជាងចំពោះសេចក្ដីពិតក្នុងគម្ពីរ។ នាងមានប្រសាសន៍ថា៖ «ខ្ញុំមានគោលដៅអានគម្ពីរទាំងមូល។ ខ្ញុំបានអានខ្លះៗ ហើយក្រោយមកខ្ញុំកត់ចំណាំស្តីអំពីអ្វីដែលខ្ញុំបានអាន។ ឥឡូវ ខ្ញុំនៅតែមានកំណត់ទាំងអស់នោះនៅឡើយ។ ខ្ញុំបានអានគម្ពីរទាំងមូលក្នុងរយៈពេលតែមួយឆ្នាំ»។ ជាលទ្ធផល អាដិលមានចិត្តជំរុញឲ្យថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ហើយទោះជានាងពិការក៏ដោយ នាងកំពុងធ្វើកិច្ចបម្រើជាអ្នកត្រួសត្រាយឬអ្នកផ្សព្វផ្សាយពេញពេល។
១២, ១៣. (ក) តើការសិក្សាគម្ពីរនឹងជួយប្អូនៗឲ្យកែប្រែអ្វីខ្លះ? ហើយតាមរបៀបណា? (ខ) សូមរៀបរាប់អំពីយោបល់ល្អៗដែលមានក្នុងគម្ពីរ។
១២ ទីពីរ ការសិក្សាគម្ពីរនឹងជួយប្អូនឲ្យកែប្រែដើម្បីមានលក្ខណៈគួរសម។ ប៉ុលបានប្រាប់ធីម៉ូថេថា ការសិក្សា«បទគម្ពីរទាំងប៉ុន្មាន»មាន«ប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។ (ធីម៉ូថេទី២ ៣:១៦, ១៧) ពេលប្អូនឆ្លៀតឱកាសជាទៀងទាត់ដើម្បីរំពឹងគិតពីបណ្ដាំរបស់ព្រះ ព្រមទាំងអនុវត្តតាមគោលការណ៍ក្នុងគម្ពីរ នេះនឹងអនុញ្ញាតឲ្យសកម្មពលរបស់ទ្រង់ជួយកែប្រែលក្ខណៈរបស់ប្អូនឲ្យបានល្អឡើង។ ប្អូននឹងបណ្ដុះឲ្យមានគុណសម្បត្ដិសំខាន់ៗដូចជាសេចក្ដីស្រឡាញ់ចំពោះបងប្អូនគ្រិស្តសាសនិកឯទៀតនិងចិត្តរាបទាប ព្រមទាំងជួយប្អូនឲ្យមានចិត្តខ្នះខ្នែងហើយចេះស៊ូទ្រាំផង។ (ធីម៉ូថេទី១ ៤:១៥) ដោយសារធីម៉ូថេមានលក្ខណៈសម្បត្ដិបែបនេះ ប៉ុលនិងក្រុមជំនុំដែលធីម៉ូថេបម្រើជាមួយនោះ បានរាប់អានគាត់ជាមនុស្សម្នាក់ដែលមានតម្លៃណាស់។—ភីលីព ២:២០-២២
១៣ ទីបី គម្ពីរព្រះពេញទៅដោយយោបល់ល្អៗ។ (ទំនុកដំកើង ១:១-៣; ១៩:៧; ធីម៉ូថេទី២ ២:៧; ៣:១៥) ការសិក្សាគម្ពីរនឹងជួយប្អូនៗឲ្យធ្វើការសម្រេចចិត្តល្អ ដូចជាជម្រើសពួកម៉ាកនិងការកម្សាន្តជាដើម។ (លោកុប្បត្តិ ៣៤:១, ២; ទំនុកដំកើង ១១៩:៣៧; កូរិនថូសទី១ ៧:៣៦) គឺចាំបាច់ណាស់ឲ្យប្អូនចេះធ្វើការសម្រេចចិត្តល្អៗនៅពេលឥឡូវនេះ ទើបប្អូនអាចបំពេញគោលដៅក្នុងកិច្ចបម្រើព្រះបាន។
‹ចូរពុះពារតយុទ្ធអោយបានល្អ›
១៤. ហេតុអ្វីក៏មិនតែងតែងាយស្រួលឲ្យប្អូនៗបំពេញគោលដៅក្នុងកិច្ចបម្រើព្រះ?
១៤ ការរក្សាទុកគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ាជាអាទិភាព ពិតជាមានប្រយោជន៍មែន ប៉ុន្តែមិនតែងតែងាយស្រួលទេ។ ជាឧទាហរណ៍ ពេលប្អូនៗកំពុងគិតសម្រេចចិត្តអំពីមុខរបរចិញ្ចឹមជីវិត ប្រហែលជាញាតិមិត្តនិងគ្រូបង្រៀនដែលស្រឡាញ់ប្អូន នឹងជំរុញចិត្តប្អូនឲ្យរៀនថែមទៀតដើម្បីឲ្យមានអាជីពល្អនិងប្រាក់ខែច្រើន ដោយគិតថារបស់ទាំងនោះជាអ្វីដែលនាំឲ្យមានសុភមង្គលនិងជោគជ័យក្នុងជីវិត។ (រ៉ូម ១២:២) បើដូច្នេះ ប្អូនៗត្រូវធ្វើដូចធីម៉ូថេដោយ«ពុះពារតយុទ្ធសំរាប់ជំនឿអោយបានល្អប្រសើរ»ដើម្បី«តោងចាប់ជីវិត»គ្មានទីបញ្ចប់ដែលព្រះយេហូវ៉ាដាក់នៅមុខប្អូនៗ។—ធីម៉ូថេទី១ ៦:១២; ខ.ស.; ធីម៉ូថេទី២ ៣:១២
១៥. តើធីម៉ូថេប្រហែលជាមានបញ្ហាអ្វី?
១៥ បើប្អូនៗមានសមាជិកគ្រួសារខ្លះដែលមិនជឿលើព្រះយេហូវ៉ា ហើយពួកគាត់មិនពេញចិត្តចំពោះគោលដៅរបស់ប្អូនក្នុងកិច្ចបម្រើព្រះ នេះធ្វើឲ្យមានស្ថានការណ៍រឹតតែពិបាកស៊ូទ្រាំថែមទៀត។ ប្រហែលជាធីម៉ូថេបានជួបប្រទះស្ថានការណ៍ដូចគ្នាដែរ។ យោងទៅតាមសៀវភៅមួយ ក្រុមគ្រួសាររបស់ធីម៉ូថេប្រហែលជា«មានឋានៈក្នុងសង្គមជាពួកអ្នកដែលមានការអប់រំខ្ពស់និងទ្រព្យធនច្រើន»។ ឪពុករបស់ធីម៉ូថេប្រហែលជាចង់ឲ្យកូនរៀនច្រើនថែមទៀត និងកាន់កាប់បន្តមុខរបរប្រចាំគ្រួសារ។a សូមគិតអំពីអារម្មណ៍របស់ឪពុកធីម៉ូថេពេលគាត់ឮថា កូនចង់ធ្វើជាសាសនទូតជាមួយប៉ុលដែលអាចនាំឲ្យកូនរងគ្រោះថ្នាក់និងមិនដឹងមានលុយកាក់មកពីណាទេ!
១៦. តើប្អូនប្រុសម្នាក់បានធ្វើអ្វីពេលឪពុកជំទាស់នឹងគាត់?
១៦ នៅសព្វថ្ងៃនេះ ប្អូនៗយុវវ័យខ្លះដែលជាគ្រិស្តសាសនិកក៏ជួបប្រទះបញ្ហាដូចគ្នា។ ប្អូនប្រុសឈ្មោះម៉ាធ្យូ កំពុងបម្រើការនៅការិយាល័យសាខាមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា ហើយគាត់ប្រាប់ពីកាលៈទេសៈក្នុងជីវិតរបស់គាត់ពីមុនថា៖ «ពេលខ្ញុំចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយ ឪពុកខ្ញុំមិនសប្បាយសោះ។ ពេលខ្ញុំទទួលការងារជាអ្នកបោសសម្អាត ទុកជាមុខរបរចិញ្ចឹមជីវិតក្នុងកិច្ចបម្រើព្រះ ប៉ាមានអារម្មណ៍ថា ខ្ញុំខាតប្រយោជន៍ពីការអប់រំដែលខ្ញុំបានទទួលនៅសាលា។ គាត់តែងតែចំអកដាក់ខ្ញុំដោយសង្កត់ធ្ងន់ទៅលើរឿងប្រាក់ខែច្រើន បើខ្ញុំធ្វើការពេញពេល»។ តើប្អូនម៉ាធ្យូបានធ្វើអ្វីដើម្បីស៊ូទ្រាំ? «ខ្ញុំមិនខានអានគម្ពីរតាមកាលវិភាគខ្ញុំ ហើយខ្ញុំបានអធិស្ឋានដោយឥតឈប់ឈរ ជាពិសេសពេលខ្ញុំមានអារម្មណ៍ចង់ខឹងប៉ា»។ យ៉ាងណាក៏ដោយ ការប្ដេជ្ញាចិត្តរបស់ម៉ាធ្យូបាននាំឲ្យគាត់ទទួលប្រយោជន៍។ បន្ដិចម្ដងៗគាត់មានទំនាក់ទំនងកាន់តែល្អជាមួយឪពុកគាត់។ ម៉ាធ្យូក៏មានភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាដែរ។ គាត់មានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាបានជួយចិញ្ចឹមខ្ញុំ ទ្រង់បានលើកទឹកចិត្តខ្ញុំ ហើយទ្រង់បានជួយការពារកុំឲ្យខ្ញុំធ្វើការសម្រេចចិត្តមិនល្អ។ បើខ្ញុំមិនមានគោលដៅក្នុងកិច្ចបម្រើទ្រង់ ខ្ញុំមិនអាចទទួលប្រយោជន៍ដូចនេះបានទេ»។
ចូរឲ្យគោលដៅក្នុងកិច្ចបម្រើព្រះមានអាទិភាពជានិច្ច
១៧. តើបងប្អូនខ្លះនិយាយយ៉ាងណា ដែលអាចបង្អាក់ដល់គោលដៅរបស់ប្អូនៗក្នុងកិច្ចបម្រើព្រះពេញពេល? (ម៉ាថាយ ១៦:២២)
១៧ ជួនកាលសម្ដីរបស់បងប្អូនរួមជំនឿក៏អាចបង្អាក់ដល់គោលដៅដែលប្អូនៗមានក្នុងកិច្ចបម្រើព្រះ។ បងប្អូនខ្លះប្រហែលជាសួរថា៖ ‹ម៉េចបានជាប្អូនចង់ធ្វើជាអ្នកត្រួសត្រាយ? ប្អូនឯងអាចរកស៊ីធម្មតាហើយនៅតែផ្សព្វផ្សាយល្មមៗបានតើ! គឺប្រសើរជាងឲ្យប្អូនរកការងារល្អដើម្បីមានលុយសម្រាប់អនាគត›។ យោបល់នេះប្រហែលជាមើលទៅដូចជាសមហេតុសមផលមែន ប៉ុន្តែបើប្អូនៗធ្វើតាមយោបល់នោះ តើប្អូនពិតជានឹងបង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្ដិដល់ព្រះទេ?
១៨, ១៩. (ក) តើអ្វីនឹងជួយប្អូនៗឲ្យផ្ដោតអារម្មណ៍ទៅលើគោលដៅក្នុងកិច្ចបម្រើព្រះ? (ខ) សូមឲ្យប្អូនៗប្រាប់អំពីអ្វីដែលប្អូនកំពុងលះចោលដើម្បីធ្វើកិច្ចបម្រើខាងរាជាណាចក្ររបស់ព្រះ។
១៨ តាមមើលទៅ គ្រិស្តសាសនិកខ្លះនៅសម័យធីម៉ូថេមានទស្សនៈដូចគ្នាដែរ។ (ធីម៉ូថេទី១ ៦:១៧) ប៉ុន្តែ ប៉ុលបានជួយធីម៉ូថេឲ្យផ្ដោតអារម្មណ៍លើគោលដៅក្នុងកិច្ចបម្រើព្រះដោយសរសេរថា៖ «ធម្មតា អ្នកដែលធ្វើទាហាននោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នកដែលកេណ្ឌខ្លួនទៅនោះវិញ»។ (ធីម៉ូថេទី២ ២:៤) ពេលបុរសធ្វើទាហាន គាត់មិនគួរអនុញ្ញាតឲ្យកិច្ចការក្នុងសង្គមបង្វែរចិត្តបំបែរអារម្មណ៍គាត់ទេ។ កូនទាហានត្រូវប្រុងប្រៀបខ្លួនជានិច្ចដើម្បីធ្វើតាមបង្គាប់មេទាហានភ្លាមៗ ហើយជីវិតរបស់គាត់និងមនុស្សដទៃពឹងផ្អែកលើការត្រៀមខ្លួននោះឯង។ ប្អូនៗប្រៀបដូចជាកូនទាហានក្រោមបញ្ជាការនៃព្រះគ្រិស្ត ដូច្នេះប្អូនក៏ត្រូវប្រមូលអារម្មណ៍ផងដែរ ដោយមិនដេញតាមទ្រព្យសម្បត្ដិ ពីព្រោះនេះអាចបង្អាក់ដល់កិច្ចបម្រើផ្សាយរបស់ប្អូនដែលអាចសង្គ្រោះជីវិតមនុស្សដទៃ។—ម៉ាថាយ ៦:២៤; ធីម៉ូថេទី១ ៤:១៦; ធីម៉ូថេទី២ ៤:២, ៥
១៩ ជាជាងចង់បានជីវិតសប្បាយ ចូរឲ្យប្អូនៗបណ្ដុះឲ្យមានស្មារតីលះបង់ប្រយោជន៍ខ្លួនឯង។ «ពេលរួមជាមួយទាហានរបស់ព្រះគ្រិស្តយេស៊ូ ចូរសុខចិត្តលះបង់ជីវិតស្រណុកស្រួលចុះ!»។ (ធីម៉ូថេទី២ ២:៣, The English Bible in Basic English) ដោយសារធីម៉ូថេបានសេពគប់ជាមួយប៉ុល គាត់បានរៀនឲ្យចេះស្កប់ចិត្ត សូម្បីតែក្នុងករណីដ៏ពិបាកណាក្ដី។ (ភីលីព ៤:១១, ១២; ធីម៉ូថេទី១ ៦:៦-៨) ប្អូនៗក៏អាចធ្វើដូចគ្នាដែរ។ តើប្អូនសុខចិត្តលះបង់ប្រយោជន៍ខ្លួនឯងដើម្បីធ្វើកិច្ចបម្រើខាងរាជាណាចក្ររបស់ព្រះទេ?
ពរដែលប្អូនៗអាចទទួលឥឡូវនិងនៅអនាគត
២០, ២១. (ក) សូមរៀបរាប់អំពីពរផ្សេងៗដែលប្អូនអាចទទួលបានពេលមានគោលដៅល្អក្នុងកិច្ចបម្រើព្រះ។ (ខ) តើប្អូនៗបានតាំងចិត្តធ្វើអ្វី?
២០ អស់រយៈពេលប្រមាណ១៥ឆ្នាំ ធីម៉ូថេបានធ្វើការជិតស្និទ្ធជាមួយនឹងប៉ុល។ ក្នុងអំឡុងពេលដែលពួកគាត់បានផ្សាយដំណឹងល្អជិតគ្រប់ទីកន្លែងនៅខាងជើងសមុទ្រមេឌីទែរ៉ានេ នោះធីម៉ូថេមានឯកសិទ្ធិពិសេសដោយឃើញក្រុមជំនុំថ្មីជាច្រើនបានស្ថាបនាឡើង។ ធីម៉ូថេបានពិសោធនូវអ្វីដ៏គួរឲ្យរំភើបដែលនាំឲ្យគាត់មានចិត្តស្កប់ស្កល់ច្រើនជាងអ្វីៗដែលអាចមានបើគាត់ជ្រើសរើសវិថីជីវិតដែលមនុស្សចាត់ទុកជារបៀបរស់នៅធម្មតា។ ពេលប្អូនៗខំបំពេញតាមគោលដៅផ្សេងៗក្នុងកិច្ចបម្រើព្រះយេហូវ៉ា ប្អូនក៏នឹងទទួលពរយ៉ាងវិសេសផងដែរ។ ប្អូននឹងចូលទៅជិតព្រះយេហូវ៉ា ទាំងផ្ដល់ហេតុឲ្យបងប្អូនគ្រិស្តសាសនិកស្រឡាញ់និងឲ្យតម្លៃចំពោះប្អូន។ ជាជាងកើតទុក្ខនិងមានចិត្តមួម៉ៅដូចមនុស្សឯទៀតដែលចេះតែដេញតាមទ្រព្យសម្បត្ដិ នោះប្អូនៗនឹងមានសុភមង្គលពិតដោយព្រោះប្អូនចេះចែកឲ្យអ្នកដទៃដោយឥតសន្សំសំចៃ។ ហើយសំខាន់បំផុត ប្អូននឹង«ចាប់បានជីវិត»ដែលគ្មានទីបញ្ចប់ក្នុងសួនមនោរម្យនៅផែនដី។—ធីម៉ូថេទី១ ៦:៩, ១០, ១៧-១៩; កិច្ចការ ២០:៣៥
២១ ដូច្នេះ បើប្អូនមិនទាន់បង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ យើងសូមលើកទឹកចិត្តឲ្យប្អូនចាប់ផ្ដើមធ្វើដូច្នេះភ្លាម។ ចូរឲ្យប្អូនៗមានភាពជិតស្និទ្ធជាមួយបងប្អូនក្នុងក្រុមជំនុំដែលអាចជួយប្អូនឲ្យមានគោលដៅផ្សេងៗក្នុងកិច្ចបម្រើព្រះ។ ចូរសុំការណែនាំពីពួកគាត់ចុះ! ចូរទុកការសិក្សាបណ្ដាំរបស់ព្រះជាអ្វីដែលមានអាទិភាពក្នុងជីវិត។ ចូរតាំងចិត្តឲ្យរឹងមាំដើម្បីទប់ទល់នឹងទស្សនៈរបស់មនុស្សនៅសម័យនេះដែលចេះតែរវល់ក្នុងការប្រមូលទ្រព្យសម្បត្ដិ។ ហើយចូរឲ្យប្អូនៗទាំងអស់គ្នាចងចាំថា ព្រះដែល«ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ» ទ្រង់សន្យាថាទ្រង់នឹងប្រទានពរយ៉ាងវិសេសលើប្អូនពេលឥឡូវនេះ ហើយនៅអនាគតផងដែរ ឲ្យតែប្អូនមានគោលដៅល្អក្នុងកិច្ចបម្រើទ្រង់។—ធីម៉ូថេទី១ ៦:១៧
[កំណត់សម្គាល់]
a មនុស្សក្នុងសង្គមពួកក្រិចបានចាត់ទុកការអប់រំជាអ្វីដែលសំខាន់។ លោកភ្លូតាកដែលរស់នៅសម័យធីម៉ូថេដែរ បានសរសេរថា៖ «ការអប់រំល្អជាប្រភពនិងឫសគល់នៃអំពើល្អ . . . នេះហើយជាអ្វីដែលជួយមនុស្សឲ្យមានសីលធម៌និងសុភមង្គល។ . . . គោលដៅឯទៀតសុទ្ធតែមិនសំខាន់ហើយគ្មានបំណង ដូច្នេះមិនគួរនឹងដេញតាមទេ» (សៀវភៅMoralia, I អំពី«ការអប់រំកូន»)។
តើប្អូនៗនៅចាំទេ?
• តើអ្វីនឹងជួយប្អូនៗឲ្យមានគោលដៅក្នុងកិច្ចបម្រើព្រះ?
• ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យប្អូនៗយកចិត្តទុកដាក់ក្នុងការសិក្សាគម្ពីរ?
• តើប្អូនៗអាចធ្វើអ្វីដើម្បីទប់ទល់នឹងទស្សនៈរបស់មនុស្សនៅសម័យនេះដែលចេះតែរវល់ក្នុងការប្រមូលទ្រព្យសម្បត្ដិ?
• តើប្អូនៗអាចទទួលពរអ្វីខ្លះពេលមានគោលដៅល្អក្នុងកិច្ចបម្រើព្រះ?
[រូបភាពនៅទំព័រ២៨]
ធីម៉ូថេមានគោលដៅល្អៗ
[រូបភាពនៅទំព័រ៣១]
តើអ្នកណាខ្លះបានជះឥទ្ធិពលល្អលើធីម៉ូថេ?
[រូបភាពនៅទំព័រ៣២]
តើប្អូនមានគោលដៅក្នុងកិច្ចបម្រើព្រះទេ?