បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១២ ទំ. ២៧-៣១
  • ពេលប្រឈមមុខនឹងការបាត់បង់គូអាពាហ៍ពិពាហ៍របស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលប្រឈមមុខនឹងការបាត់បង់គូអាពាហ៍ពិពាហ៍របស់អ្នក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទុក្ខ​ព្រួយ​ដែល​ហាក់​ដូច​ជា​គ្មាន​ទី​បញ្ចប់
  • ចូរ​គិត​តែ​មួយ​ថ្ងៃ​ៗ​វិញ
  • សេចក្ដី​សង្ឃឹម​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជួយ​សម្រាល​ទុក្ខ​យើង
  • មូលហេតុ​មួយ​ដើម្បី​មាន​សេចក្ដី​សង្ឃឹម
  • «ចូរយំជាមួយនឹងអ្នកដែលកំពុងយំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ការលួងចិត្ដពី«ព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់»
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ថ្វីបើមានចិត្តសោកសង្រេងក្ដី យើងមិនមែនឥតមានសេចក្ដីសង្ឃឹមឡើយ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ស៊ូទ្រាំនឹងការកើតទុក្ខ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១២ ទំ. ២៧-៣១

ពេល​ប្រឈម​មុខ​នឹង​ការ​បាត់បង់​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក

គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា ប្ដី​ត្រូវ​«​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​»​គាត់។ ប្រពន្ធ​ក៏​«​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ​»​ដែរ។ ពួក​គាត់​ទាំង​ពីរ​នាក់​គួរ​បំពេញ​តួនាទី​របស់​ខ្លួន​ដូច​ជា​«​សាច់​តែ​១​»។ (​អេភ. ៥:៣៣; លោ. ២:២៣, ២៤​) កាល​ដែល​ពេល​វេលា​កន្លង​ទៅ គូ​អាពាហ៍ពិពាហ៍​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ ហើយ​ពួក​គាត់​ស្រឡាញ់​គ្នា​កាន់​តែ​ខ្លាំង​ឡើង។ ចំណង​អាពាហ៍ពិពាហ៍​អាច​ប្រៀប​បាន​នឹង​ឫស​នៃ​ដើម​ឈើ​ពីរ​ដែល​ដុះ​ឡើង​ក្បែរ​គ្នា។ ប្ដី​ប្រពន្ធ​ដែល​មាន​សុភមង្គល ស្គាល់​ចិត្ត​គ្នា​ដូច​ឫស​ឈើ​ដែល​ប្រទាក់​គ្នា។

ប៉ុន្តែ​ចុះ​យ៉ាង​ណា​បើ​ប្ដី​ឬ​ប្រពន្ធ​ស្លាប់? ពេល​នោះ​ចំណង​អាពាហ៍ពិពាហ៍​ដែល​មិន​អាច​ផ្ដាច់​បាន​ក្នុង​ជីវិត បាន​ដាច់។ គូ​ដែល​នៅ​រស់ ច្រើន​តែ​មាន​អារម្មណ៍​ឈឺ​ចិត្ត​ផង កណ្ដោច​កណ្ដែង​ផង និង​ប្រហែលជា​គាត់​អាច​មាន​អារម្មណ៍​ខឹង​ឬ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​កំហុស​ផង​ដែរ។ ក្នុង​អំឡុង​ជីវិត​អាពាហ៍ពិពាហ៍​អស់​៥៨​ឆ្នាំ ដានយេឡា​បាន​ស្គាល់​មនុស្ស​ជា​ច្រើន​ដែល​បាន​បាត់បង់​គូ​អាពាហ៍ពិពាហ៍។a ប៉ុន្តែ ក្រោយ​ពី​ប្ដី​របស់​គាត់​បាន​ស្លាប់ ដានយេឡា​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​យល់​អំពី​រឿង​នេះ​ពី​មុន​ទេ។ បើ​យើង​មិន​បាន​ឆ្លង​កាត់​រឿង​នេះ​ដោយ​ផ្ទាល់​ទេ នោះ​យើង​មិន​អាច​យល់​បាន​ឡើយ​»។

ទុក្ខ​ព្រួយ​ដែល​ហាក់​ដូច​ជា​គ្មាន​ទី​បញ្ចប់

អ្នក​ស្រាវជ្រាវ​ខ្លះ​បាន​ប្រាប់​ថា ការ​តាន​តឹង​ចិត្ត​ដោយ​សារ​គូ​អាពាហ៍ពិពាហ៍​ជា​ទី​ស្រឡាញ់​បាន​ស្លាប់ គឺ​ខ្លាំង​ជាង​ការ​តាន​តឹង​ចិត្ត​ផ្សេង​ទៀត។ មនុស្ស​ជា​ច្រើន​ដែល​មាន​សមាជិក​ក្រុម​គ្រួសារ​ស្លាប់ យល់​ស្រប​នឹង​ពាក្យ​នេះ។ ប្ដី​របស់​មីលី​បាន​ស្លាប់​ជា​ច្រើន​ឆ្នាំ​មុន។ កាល​ដែល​មីលី​រៀប​រាប់​អំពី​ជីវិត​របស់​គាត់​ជា​ស្ត្រី​មេម៉ាយ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្ញុំ​ជា​ជន​ពិការ​»។ គាត់​ចង់​បញ្ជាក់​អំពី​អារម្មណ៍​ដែល​គាត់​មាន ដោយ​សារ​បាត់បង់​គូ​របស់​គាត់​ដែល​បាន​រៀប​ការ​អស់​២៥​ឆ្នាំ​ហើយ។

ស៊ូសាន​ធ្លាប់​គិត​ថា​ស្ត្រី​មេម៉ាយ​ដែល​កើត​ទុក្ខ​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​សារ​ប្ដី​របស់​ពួក​គេ​បាន​ស្លាប់ បង្ហាញ​ទុក្ខ​សោក​ហួស​ហេតុ​ពេក។ ក្រោយ​មក ប្ដី​របស់​គាត់​ដែល​បាន​រៀប​ការ​អស់​៣៨​ឆ្នាំ​បាន​ស្លាប់។ ជាង​២០​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ​តាំង​ពី​ពេល​ប្ដី​ស្លាប់ ប៉ុន្តែ​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​អំពី​ប្ដី​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​»។ ជា​រឿយ​ៗ​គាត់​ស្រក់​ទឹក​ភ្នែក ដោយ​សារ​គាត់​នឹក​ប្ដី​គាត់​យ៉ាង​ខ្លាំង។

គម្ពីរ​បញ្ជាក់​ថា ការ​ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​ការ​បាត់បង់​គូ​អាពាហ៍ពិពាហ៍ គឺ​ខ្លាំង ហើយ​មាន​រយៈ​ពេល​យូរ។ នៅ​ពេល​ដែល​សារ៉ា​បាន​ស្លាប់ អាប្រាហាំ​ដែល​ជា​ប្ដី​របស់​គាត់​បាន​«​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​សារ៉ា​»។ (​លោ. ២៣:១, ២​) ទោះ​បី​ជា​អាប្រាហាំ​មាន​ជំនឿ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក៏​ដោយ គាត់​នៅ​តែ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង​កាល​ណា​បុគ្គល​ដែល​គាត់​ស្រឡាញ់​បាន​ស្លាប់។ (​ហេ. ១១:១៧​-​១៩​) ក្រោយ​ពី​រ៉ាជែល​ដែល​ជា​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​គាត់​បាន​ស្លាប់ យ៉ាកុប​មិន​ដែល​ភ្លេច​នាង​ឡើយ។ គាត់​បាន​និយាយ​ប្រាប់​កូន​ប្រុស​ៗ​របស់​គាត់​អំពី​រ៉ាជែល​ដោយ​សេចក្ដី​ស្រឡាញ់។—លោ. ៤៤:២៧; ៤៨:៧

តើ​យើង​គួរ​ទាញ​មេរៀន​អ្វី​ពី​កំណត់​ហេតុ​ទាំង​នេះ​ក្នុង​គម្ពីរ? ស្ត្រី​មេម៉ាយ​និង​បុរស​ពោះម៉ាយ​ច្រើន​តែ​មាន​អារម្មណ៍​ឈឺ​ចាប់​អស់​ជា​ច្រើន​ឆ្នាំ។ យើង​គួរ​យល់​ថា ពេល​ដែល​ពួក​គាត់​មាន​ទុក្ខ​ព្រួយ​ហើយ​យំ នោះ​មិន​មាន​ន័យ​ថា​ពួក​គាត់​ជា​មនុស្ស​ទន់​ខ្សោយ​ទេ ប៉ុន្តែ​នោះ​ជា​អារម្មណ៍​ធម្មតា​ដែល​មក​ពី​ការ​បាត់បង់​យ៉ាង​ធំ​របស់​ពួក​គាត់។ ពួក​គាត់​ប្រហែលជា​នឹង​ត្រូវ​ការ​ការ​ចេះ​យល់​អារម្មណ៍​និង​ការ​គាំ​ទ្រ​ពី​យើង​អស់​មួយ​រយៈ​ពេល​យូរ។

ចូរ​គិត​តែ​មួយ​ថ្ងៃ​ៗ​វិញ

ជីវិត​របស់​ស្ត្រី​មេម៉ាយ​និង​បុរស​ពោះម៉ាយ មិន​មែន​ត្រឡប់​ទៅ​ដូច​ពេល​នៅ​លីវ​ម្ដង​ទៀត​ទេ។ ក្រោយ​ពី​រៀប​ការ​យូរ​ឆ្នាំ ជា​ធម្មតា​ប្ដី​ដឹង​អំពី​របៀប​សម្រាល​ទុក្ខ​និង​ជួយ​លើក​ទឹក​ចិត្ត​ប្រពន្ធ​នៅ​ពេល​នាង​ពិបាក​ចិត្ត​ឬ​ធ្លាក់​ទឹក​ចិត្ត។ បើ​ប្ដី​ស្លាប់​ទៅ ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​ស្រឡាញ់​ដែល​នាង​បាន​ទទួល​ពី​គាត់​លែង​មាន​ទៀត។ ស្រដៀង​គ្នា​ដែរ យូរ​ៗ​ទៅ​ប្រពន្ធ​ដឹង​អំពី​របៀប​ដែល​គាត់​អាច​ធ្វើ​ឲ្យ​ប្ដី​មាន​អារម្មណ៍​សប្បាយ​ហើយ​មាន​ទំនុក​ចិត្ត។ ចំពោះ​ប្ដី គ្មាន​អ្វី​ប្រៀប​បាន​នឹង​ការ​ពាល់​ថ្នម​ៗ ពាក្យ​លួង​លោម​របស់​ប្រពន្ធ ការ​យក​ចិត្ត​ទុក​ដាក់​របស់​នាង​ចំពោះ​អ្វី​ដែល​គាត់​ចាប់​អារម្មណ៍​និង​អ្វី​ដែល​គាត់​ត្រូវ​ការ។ បើ​នាង​ស្លាប់ គាត់​ប្រហែលជា​មាន​អារម្មណ៍​ថា​ជីវិត​របស់​គាត់​គ្មាន​ន័យ​ខ្លឹម​សារ​ឡើយ។ ដូច្នេះ មនុស្ស​ខ្លះ​ដែល​បាត់បង់​គូ​អាពាហ៍ពិពាហ៍​ព្រួយ​បារម្ភ​ហើយ​ខ្លាច​អំពី​អនាគត។ តើ​គោល​ការណ៍​គម្ពីរ​មួយ​ណា​អាច​ជួយ​ពួក​គាត់​ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព​និង​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត?

​«​កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពីព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ សេចក្ដី​អាក្រក់​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ​»។ (​ម៉ាថ. ៦:៣៤​) ពាក្យ​ទាំង​នេះ​របស់​លោក​យេស៊ូ​គឺ​សំដៅ​លើ​សេចក្ដី​ត្រូវ​ការ​ខាង​សម្ភារ ប៉ុន្តែ​ក៏​បាន​ជួយ​បង​ប្អូន​ជា​ច្រើន​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​មក​ពី​ការ​បាត់បង់​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ដែរ។ ប៉ុន្មាន​ខែ​ក្រោយ​ពី​ប្រពន្ធ​របស់​គាត់​ស្លាប់ បុរស​ពោះម៉ាយ​ម្នាក់​ឈ្មោះ​ឆាល​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​នៅ​តែ​នឹក​ម៉ូនីក​យ៉ាង​ខ្លាំង ហើយ​នៅ​ពេល​ខ្លះ អារម្មណ៍​នេះ​គឺ​ហាក់​ដូច​ជា​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ប៉ុន្តែ​ខ្ញុំ​យល់​ថា នេះ​ជា​អារម្មណ៍​ធម្មតា ហើយ​កាល​ដែល​ពេល​វេលា​កន្លង​ទៅ នៅ​ទី​បំផុត​ការ​ឈឺ​ចាប់​នេះ នឹង​អន់​ថយ​ទៅ​ខ្លះ​»។

មែន​ហើយ ឆាល​ត្រូវ​ឲ្យ​«​ពេល​វេលា​កន្លង​ទៅ​»។ តើ​គាត់​បាន​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច? គាត់​បាន​និយាយ​ថា​៖ ​«​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​គិត​តែ​មួយ​ថ្ងៃ​ៗ​»​វិញ។ ឆាល​មិន​ដែល​ឲ្យ​ទុក្ខ​ព្រួយ​របស់​គាត់​ធ្វើ​ឲ្យ​គាត់​អស់​សង្ឃឹម​ឡើយ។ ទុក្ខ​ព្រួយ​របស់​គាត់​មិន​បាន​បាត់​ទៅ​ក្នុង​មួយ​យប់​ទេ ប៉ុន្តែ​នោះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​គាត់​អស់​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដែរ។ បើ​អ្នក​បាន​បាត់បង់​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក ចូរ​ព្យាយាម​ប្រឈម​មុខ​នឹង​រឿង​នេះ​ដោយ​គិត​តែ​មួយ​ថ្ងៃ​ៗ​វិញ។ អ្នក​មិន​អាច​ដឹង​ថា​ថ្ងៃ​ស្អែក​អ្នក​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​អ្វី ឬ​នឹង​មាន​អ្វី​ល្អ​កើត​ឡើង​ទេ។

សេចក្ដី​ស្លាប់​មិន​មែន​ជា​គោល​បំណង​ដំបូង​របស់​ព្រះ​យេហូវ៉ា​ទេ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​ស្លាប់​គឺ​ជា​ផ្នែក​មួយ​នៃ​«​ស្នា​ដៃ​របស់​មេកំណាច​»។ (​១យ៉ូន. ៣:៨; រ៉ូម ៦:២៣​) សាថាន​ប្រើ​សេចក្ដី​ស្លាប់​និង​ការ​ខ្លាច​ស្លាប់​ដើម្បី​ឲ្យ​មនុស្ស​បន្ត​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​វា ហើយ​ធ្វើ​ឲ្យ​ពួក​គេ​អស់​សង្ឃឹម។ (​ហេ. ២:១៤, ១៥​) សាថាន​សប្បាយ​ពេល​ដែល​បុគ្គល​ម្នាក់​គិត​ថា​គាត់​មិន​អាច​មាន​សុភមង្គល​ពិត​និង​ការ​ស្កប់​ចិត្ត សូម្បី​តែ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​ក៏​ដោយ។ ដូច្នេះ ការ​ឈឺ​ចាប់​របស់​គូ​ដែល​បាន​បាត់បង់​ប្ដី​ឬ​ប្រពន្ធ គឺ​មក​ពី​អំពើ​ខុស​ឆ្គង​របស់​អាដាម​និង​កលល្បិច​របស់​សាថាន។ (​រ៉ូម ៥:១២​) ព្រះ​យេហូវ៉ា​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដែល​បណ្ដាល​មក​ពី​សាថាន ហើយ​យក​ឈ្នះ​សេចក្ដី​ស្លាប់​ដែល​វា​ប្រើ​ជា​អាវុធ។ បុគ្គល​ដែល​បាន​ត្រូវ​រំដោះ​ពី​ការ​ភ័យ​ខ្លាច​ដែល​សាថាន​ប្រើ រួម​បញ្ចូល​មនុស្ស​ជា​ច្រើន​ដែល​បាន​បាត់បង់​គូ​អាពាហ៍ពិពាហ៍ ដូច​អ្នក​ក៏​ប្រហែលជា​បាន​បាត់បង់​គូ​របស់​អ្នក​ដែរ។

ចំពោះ​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើ​ផែន​ដី ច្បាស់​ជា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ទំនាក់​ទំនង​ដែល​ពួក​គាត់​ធ្លាប់​មាន​ជា​មួយ​មនុស្ស​ឯ​ទៀត។ សូម​គិត​អំពី​ឪពុក​ម្ដាយ ជីដូន​ជីតា​និង​បុព្វ​បុរស​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​មាន​ជីវិត​ឡើង​វិញ ហើយ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ជា​មួយ​នឹង​កូន​ចៅ​របស់​ពួក​គាត់។ លែង​មាន​ផល​វិបាក​ដែល​មក​ពី​ការ​មាន​វ័យ​ចាស់។ មនុស្ស​ជំនាន់​ក្រោយ​ប្រហែលជា​នឹង​ត្រូវ​រៀន​ឲ្យ​មាន​ទស្សនៈ​ខុស​គ្នា​ឆ្ងាយ​ពី​ទស្សនៈ​ដែល​ពួក​គេ​មាន​សព្វ​ថ្ងៃ​នេះ ចំពោះ​ជីដូន​ជីតា​របស់​ពួក​គេ។ យើង​ជឿ​ថា​ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​នាំ​ឲ្យ​មនុស្សជាតិ​មាន​ជីវិត​កាន់​តែ​ល្អ​ប្រសើរ។

យើង​ប្រហែលជា​មាន​សំណួរ​ជា​ច្រើន​អំពី​មនុស្ស​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ជា​ពិសេស​អំពី​បុគ្គល​ដែល​បាន​បាត់បង់​គូ​អាពាហ៍ពិពាហ៍​ពីរ​នាក់​ឬ​ច្រើន​ជាង។ ពួក​សាឌូស៊ី​បាន​សួរ​សំណួរ​អំពី​ស្ត្រី​ម្នាក់​ដែល​មាន​ប្ដី​ដែល​ស្លាប់ ក្រោយ​មក​ប្ដី​ទី២​ក៏​ស្លាប់​ដែរ រហូត​ដល់​ប្ដី​ទាំង​ប៉ុន្មាន​របស់​នាង​បាន​ស្លាប់។ (​លូក. ២០:២៧​-​៣៣​) តើ​ពួក​គាត់​ត្រូវ​មាន​ទំនាក់​ទំនង​បែប​ណា​នៅ​ពេល​ដែល​ពួក​គាត់​រស់​ឡើង​វិញ? យើង​មិន​ដឹង​ចម្លើយ​ទេ ហើយការ​ប៉ាន់ស្មាន​ឬ​ការ​ពិបាក​ចិត្ត​អំពី​អ្វី​ដែល​យើង​មិន​អាច​ដឹង​នៅ​ពេល​ឥឡូវ​នេះ​គឺ​គ្មាន​ប្រយោជន៍​ទេ។ នៅ​ពេល​នេះ យើង​ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ព្រះ។ ចំណុច​មួយ​ដែល​យើង​ត្រូវ​ដឹង​ច្បាស់​គឺ អ្វី​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​នៅ​ពេល​អនាគត​ពិត​ជា​ល្អ នឹង​ជា​អ្វី​ដែល​យើង​គួរ​សង្ឃឹម ហើយ​មិន​ចាំ​បាច់​បារម្ភ​ទេ។

សេចក្ដី​សង្ឃឹម​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជួយ​សម្រាល​ទុក្ខ​យើង

សេចក្ដី​បង្រៀន​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​គម្ពីរ​គឺ​ថា មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ធានា​ថា​៖ ​«​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​លោក[​យេស៊ូ​]ហើយ​ចេញ​មក​»។ (​យ៉ូន. ៥:២៨, ២៩​) មនុស្ស​ដែល​រស់​នៅ​ពេល​នោះ នឹង​អរ​សប្បាយ​នៅ​ពេល​ពួក​គាត់​ជួប​អ្នក​ដែល​បាន​ត្រូវ​រំដោះ​ពី​អំណាច​នៃ​សេចក្ដី​ស្លាប់។ ម្យ៉ាង​ទៀត យើង​មិន​អាច​គិត​ស្មាន​ដល់​អំពី​ការ​អរ​សប្បាយ​របស់​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ទេ។

កាល​ដែល​មនុស្ស​រាប់​ពាន់​លាន​នាក់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ផែន​ដី​នឹង​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ច្រើន​ជាង​សម័យ​មុន​ៗ។ (​ម៉ាក. ៥:៣៩​-​៤២; បប. ២០:១៣​) ដោយ​រំពឹង​គិត​អំពី​ការ​អស្ចារ្យ​នេះ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត អស់​អ្នក​ដែល​ធ្លាប់​បាត់បង់​បង​ប្អូន​ជា​ទី​ស្រឡាញ់​ក្នុង​សេចក្ដី​ស្លាប់ អាច​ទទួល​ការ​សម្រាល​ទុក្ខ។

តើ​មនុស្ស​ណា​ម្នាក់​នឹង​មាន​មូលហេតុ​ព្រួយ​ចិត្ត នៅ​ពេល​ដែល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នេះ​កើត​ឡើង​ឬ​ទេ? គម្ពីរ​ឆ្លើយ​ថា​ទេ។ យោង​ទៅ​តាម​អេសាយ ២៥:៨ ព្រះ​យេហូវ៉ា ​«​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប​»។ ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ឲ្យ​សាប​សូន្យ​ទុក្ខ​លំបាក​ទាំង​អស់​ដែល​ផ្ដើម​មក​ពី​សេចក្ដី​ស្លាប់ ដូច​ទំនាយ​ចែង​ត​ទៅ​ទៀត​ថា​៖ ​«​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់​»។ បើ​អ្នក​មាន​ទុក្ខ​ព្រួយ​ដោយ​សារ​គូ​អាពាហ៍ពិពាហ៍​បាន​ស្លាប់ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ច្បាស់​ជា​នឹង​ផ្ដល់​មូលហេតុ​ឲ្យ​អ្នក​សប្បាយ។

គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​អាច​យល់​ទាំង​ស្រុង​អំពី​អ្វី​ទាំង​អស់​ដែល​ព្រះ​នឹង​ធ្វើ​ក្នុង​ពិភព​លោក​ថ្មី​ទេ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែន​ដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ​»។ (​អេ. ៥៥:៩​) សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​ស្តី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ផ្ដល់​ឱកាស​ឲ្យ​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ដូច​អាប្រាហាំ​ធ្លាប់​ទុក​ចិត្ត​លោក។ អ្វី​ដែល​សំខាន់​សម្រាប់​គ្រិស្ត​សាសនិក​ម្នាក់​ៗ​នៅ​សព្វ​ថ្ងៃ​នេះ​គឺ ធ្វើ​អ្វី​ដែល​ព្រះ​សុំ​ឲ្យ​យើង​ធ្វើ​ដើម្បី​យើង​នឹង​«​ត្រូវ​ចាត់​ទុក​ថា​សម​ទទួលជីវិត​ក្នុង​របៀប​របប​ពិភព​លោក​ដែល​នឹង​មក​ដល់​»​ជា​មួយ​នឹង​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—លូក. ២០:៣៥

មូលហេតុ​មួយ​ដើម្បី​មាន​សេចក្ដី​សង្ឃឹម

ចូរ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ជា​ជាង​បារម្ភ​អំពី​អនាគត។ តាម​ទស្សនៈ​របស់​មនុស្ស មិន​អាច​មាន​អនាគត​ល្អ​ទេ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​សង្ឃឹម​សម្រាប់​អ្វី​ដែល​ប្រសើរ​ជាង។ ទោះ​ជា​យើង​មិន​អាច​ដឹង​ច្បាស់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​និង​បំណង​ប្រាថ្នា​ទាំង​អស់​របស់​យើង​ក៏​ដោយ យើង​គួរ​ទុក​ចិត្ត​ថា​លោក​នឹង​ធ្វើ​ដូច្នេះ។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ពេល​ដែល​ទទួល​ដូច​សង្ឃឹម​ហើយ នោះ​លែង​ហៅ​ថា​សង្ឃឹម​ទៀត ព្រោះ​ប្រសិនបើ​មនុស្ស​ម្នាក់​ទទួល​អ្វី​ដែល​គាត់​សង្ឃឹម​ថា​នឹង​ទទួល តើ​គាត់​នៅ​តែ​សង្ឃឹម​ទទួល​ទៀត​ទេ? ប៉ុន្តែ​ប្រសិនបើ​យើង​សង្ឃឹម​ឲ្យ​បាន​អ្វី​ដែល​យើង​មិន​ទាន់​ទទួល នោះ​យើង​បន្ត​រង់​ចាំ​ទទួល​ដោយ​ស៊ូ​ទ្រាំ​ទៀត​ផង​»។ (​រ៉ូម ៨:២៤, ២៥​) ដោយ​សង្ឃឹម​យ៉ាង​ខ្លាំង​លើ​ពាក្យ​សន្យា​របស់​ព្រះ នោះ​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ។ តាម​រយៈ​ការ​ស៊ូ​ទ្រាំ អ្នក​នឹង​ទទួល​អនាគត​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​នឹង​«​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត​»។ លោក​នឹង​«​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ​»។—ទំនុក. ៣៧:៤; ១៤៥:១៦; លូក. ២១:១៩

ជិត​ដល់​ពេល​ដែល​លោក​យេស៊ូ​ស្លាប់ ពួក​សាវ័ក​របស់​លោក​បាន​មាន​ទុក្ខ​ព្រួយ។ លោក​យេស៊ូ​បាន​ជួយ​សម្រាល​ទុក្ខ​ពួក​គាត់​ដោយ​ពាក្យ​នេះ​ដែល​ថា​៖ ​«​កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ។ ចូរ​បង្ហាញ​ជំនឿ​លើ​ព្រះ ហើយ​បង្ហាញ​ជំនឿ​លើ​ខ្ញុំ​ដែរ​»។ លោក​ក៏​និយាយ​ទៀត​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​កំព្រា​ឡើយ។ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​»។ (​យ៉ូន. ១៤:១​-​៤, ១៨, ២៧​) ក្នុង​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍ ពាក្យ​នោះ​បាន​ផ្ដល់​ឲ្យ​អ្នក​កាន់​តាម​លោក​ដែល​បាន​ត្រូវ​រើស​តាំង​នូវ​មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គាត់​មាន​សេចក្ដី​សង្ឃឹម ហើយ​ស៊ូ​ទ្រាំ។ ពួក​អ្នក​ដែល​ចង់​ជួប​បុគ្គល​ជា​ទី​ស្រឡាញ់​នៅ​ពេល​ដែល​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក៏​គ្មាន​ហេតុ​អស់​សង្ឃឹម​ឡើយ។ ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​នឹង​មិន​ឲ្យ​ពួក​គាត់​បាត់បង់​បុគ្គល​ជា​ទី​ស្រឡាញ់​នោះ​ជា​រៀង​រហូត​ទេ។ នៅ​ពេល​ឆាប់​ៗ​នេះ អ្នក​នឹង​ជួប​បុគ្គល​ដែល​អ្នក​នឹក​យ៉ាង​ខ្លាំង។

a ឈ្មោះ​ខ្លះ​បាន​ត្រូវ​ប្ដូរ។

ចូរ​លើក​ទឹក​ចិត្ត​បុគ្គល​ដែល​កើត​ទុក្ខ ក្រោយ​ពី​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់

អស់​មួយ​រយៈ​ពេល ក្រោយ​ពី​គូ​អាពាហ៍ពិពាហ៍​របស់​គ្រិស្ត​សាសនិក​ម្នាក់​បាន​ស្លាប់ បង​ប្អូន​ភាគ​ច្រើន​ប្រហែលជា​មក​ផ្ទះ​របស់​គាត់​ដើម្បី​សម្រាល​ទុក្ខ ហើយ​ជួយ​គាត់​តាម​របៀប​ផ្សេង​ៗ។ ជា​ឧទាហរណ៍ ស្ត្រី​មេម៉ាយ​ម្នាក់​ទំនង​ជា​សប្បាយ​នឹង​ការ​យក​ទុក​ដាក់​របស់​សមាជិក​ក្រុម​គ្រួសារ និង​មិត្ត​ភក្ដិ។ ប៉ុន្តែ ទុក្ខ​ព្រួយ​របស់​គាត់​ដោយ​សារ​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ប្រហែលជា​រសាយ​ទៅ​បន្ដិច​ម្ដង​ៗ ហើយ​គាត់​នឹង​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​និង​ជំនួយ​អស់​មួយ​រយៈ​ពេល។ គម្ពីរ​ចែង​ថា​៖ ​«​មិត្រ​សំ​ឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំ​រាប់​គ្រា​លំបាក​ដែរ​»។—សុភ. ១៧:១៧

តើ​អ្នក​គួរ​សួរ​សុខទុក្ខ​បុគ្គល​ដែល​មាន​ទុក្ខ​ព្រួយ​យ៉ាង​ដូច​ម្ដេច? គម្ពីរ​ផ្ដល់​ការ​ណែនាំ​ដូច​នេះ​ថា​៖ ​«​ចូរ​អ្នក​ទាំង​អស់​គ្នា​មាន​ចិត្ត​គំនិត​តែ​មួយ ចូរ​កើត​ទុក្ខ​ជា​មួយ​គ្នា ស្រឡាញ់​រាប់​អាន​គ្នា​ជា​បង​ប្អូន មាន​ចិត្ត​អាណិត​មេត្ដា​»។ (​១ពេ. ៣:៨​) អស់​មួយ​រយៈ​ពេល គ្រិស្ត​សាសនិក​ម្នាក់​ប្រហែលជា​កើត​ទុក្ខ​ក្រោយ​ពី​បាត់បង់​សមាជិក​ក្រុម​គ្រួសារ។ ដូច្នេះ ការ​សួរ​គាត់​ដោយ​បំណង​ល្អ​ថា ​«​តើ​បង​សុខ​សប្បាយ​ទេ?​»​ឬ​«​តើ​បង​អត់​អី​ទេ?​»​ ប្រហែលជា​មិន​មែន​ជា​របៀប​ដ៏​ល្អ​បំផុត​ទេ។ សំណួរ​នេះ​ប្រហែលជា​នាំ​ឲ្យ​បង​ប្អូន​នោះ​គិត​ថា ‹អ្នក​មិន​យល់​អារម្មណ៍​របស់​ខ្ញុំ​ទេ› ឬ‹តើ​ក្នុង​ពេល​បែប​នេះ​ខ្ញុំ​អត់​អី​យ៉ាង​ម៉េច?›។ ដូច្នេះ ជា​ការ​ល្អ​ជាង​ឲ្យ​យើង​និយាយ​ដោយ​ស្មោះ​ត្រង់​ថា ​«​ខ្ញុំ​ពិត​ជា​សប្បាយ​ណាស់​ដោយ​បាន​ជួប​បង​»​ ឬ​«​ខ្ញុំ​ពិត​ជា​ទទួល​ការ​លើក​ទឹក​ចិត្ត​ពេល​ជួប​បង​នៅ​ក្រុម​ជំនុំ​»។

អ្នក​អាច​អញ្ជើញ​បង​ប្អូន​ដែល​បាត់បង់​សមាជិក​គ្រួសារ​ឲ្យ​មក​ពិសា​ម្ហូប​ធម្មតា​មួយ​ពេល ឬ​ទៅ​ដើរ​លេង​ជា​មួយ​គ្នា។ បុរស​ពោះម៉ាយ​ម្នាក់​ឈ្មោះ​ម៉ាកុស បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​មិត្ត​ភក្ដិ​ដែល​បាន​មក​លេង​គាត់។ តើ​ពួក​គាត់​បាន​និយាយ​គ្នា​អំពី​អ្វី? គាត់​រៀប​រាប់​ថា​៖ ​«​យើង​មិន​បាន​និយាយ​ច្រើន​អំពី​បញ្ហា​របស់​ខ្ញុំ​ទេ ប៉ុន្តែ​អំពី​អ្វី​ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ​»។ ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ​នីណឺ​បាន​និយាយ​ថា​៖ ​«​មិត្ត​ល្អ​របស់​ខ្ញុំ​ច្រើន​តែ​និយាយ​ពាក្យ​ត្រឹម​ត្រូវ​នៅ​ចំ​ពេល។ ជួនកាល​ពួក​គាត់​មិន​និយាយ​អ្វី​ច្រើន​ទេ ពួក​គាត់​គ្រាន់តែ​នៅ​ជិត​ខ្ញុំ​ប៉ុណ្ណោះ​»។

ប្រសិនបើ​បង​ប្អូន​នោះ​ចង់​និយាយ​អំពី​អារម្មណ៍​ខ្លោច​ផ្សា​របស់​គាត់ អ្នក​អាច​ស្ដាប់​គាត់​ដោយ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ដោយ​អត់​ធ្មត់។ សូម​កុំ​សួរ​សំណួរ​ហាក់​ដូច​ជា​ចង់​ដឹង​ចង់​ឮ​រឿង​របស់​គាត់ ហើយ​សូម​កុំ​វិនិច្ឆ័យ​គាត់។ អ្នក​មិន​ចាំ​បាច់​ជូន​ឱវាទ​អំពី​របៀប​ដែល​គាត់​គួរ​បង្ហាញ​ទុក្ខ​ព្រួយ ឬ​រយៈ​ពេល​ដែល​គាត់​គួរ​មាន​ទុក្ខ​ព្រួយ​ឡើយ។ សូម​កុំ​ឈឺ​ចិត្ត​ប្រសិនបើ​បុគ្គល​នោះ​ចង់​នៅ​ម្នាក់​ឯង។ អ្នក​អាច​ត្រឡប់​មក​វិញ​នៅ​ពេល​ក្រោយ។ សូម​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់។—យ៉ូន. ១៣:៣៤, ៣៥

តើ​អ្នក​មាន​សំណួរ​អំពី​អនាគត​ឬ​ទេ?

គឺ​ជា​រឿង​ធម្មតា​ទេ​ដែល​យើង​ឆ្ងល់​អំពី​ការ​សម្រេច​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ អាប្រាហាំ​ច្រើន​តែ​បាន​គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះ ដែល​ថា​លោក​នឹង​ឲ្យ​កូន​ប្រុស​ម្នាក់​ដល់​គាត់។ ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​អត់​ធ្មត់។ បុរស​ដ៏​ស្មោះ​ត្រង់​នេះ​មិន​បាន​ខក​ចិត្ត​ឡើយ។—លោ. ១៥:២​-​៥; ហេ. ៦:១០​-​១៥

ក្រោយ​ពី​បាន​ឮ​ដំណឹង​ថា​យ៉ូសែប​ស្លាប់ យ៉ាកុប​បាន​នឹក​គាត់​យ៉ាង​ខ្លាំង។ ច្រើន​ឆ្នាំ​ក្រោយ​មក យ៉ាកុប​នៅ​តែ​កើត​ទុក្ខ​ដោយ​សារ​កូន​របស់​គាត់ ដែល​គាត់​ស្មានថា​បាន​ស្លាប់។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​រក្សា​ទុក​ពរ​មួយ​សម្រាប់​យ៉ាកុប​ដែល​ជា​បុរស​ស្មោះ​ត្រង់ ពោល​គឺ​ពរ​ដែល​យ៉ាកុប​នឹក​ស្មាន​មិន​ដល់។ ក្រោយ​មក យ៉ាកុប​បាន​ជួប​ជុំ​គ្នា​ជា​មួយ​យ៉ូសែប​ម្ដង​ទៀត ហើយ​គាត់​ក៏​សប្បាយ​ជួប​ចៅ​ៗ​របស់​គាត់​ដែរ។ យ៉ាកុប​បាន​និយាយ​ថា​៖ ​«​អញ​ស្មានថា​លែង​ឃើញ​មុខ​ឯង​ហើយ តែ​មើល ព្រះ​បាន​ឲ្យ​អញ​ឃើញ​ទាំង​ពូជ​ឯង​ផង​»។—លោ. ៣៧:៣៣​-​៣៥; ៤៨:១១

តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​កំណត់​ហេតុ​នេះ? ទី១ សូម​ទុក​ចិត្ត​ថា​គ្មាន​អ្វី​អាច​រារាំង​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មិន​ឲ្យ​សម្រេច​បំណង​ប្រាថ្នា​របស់​លោក​បាន​ឡើយ។ ទី២ ប្រសិនបើ​យើង​អធិដ្ឋាន ហើយ​ប្រព្រឹត្ត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា លោក​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​នៅ​ពេល​ឥឡូវ​នេះ ហើយ​លោក​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​និង​បំណង​ប្រាថ្នា​របស់​យើង​នា​ពេល​អនាគត។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចំពោះ​ព្រះ​ដែល​អាច​ធ្វើ​ហួស​ពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​សុំ​ឬ​គិត​ឃើញ ដោយ​ឫទ្ធានុភាព​របស់​លោក​ដែល​កំពុង​មាន​សកម្មភាព​ក្នុង​យើង សូម​ឲ្យ​លោក​ទទួល​ការ​សរសើរ​តម្កើង​តាម​រយៈ​ក្រុម​ជំនុំ និង​តាម​រយៈ​គ្រិស្ត​យេស៊ូ នៅ​គ្រប់​ជំនាន់​ជា​រៀង​រហូត​ត​ទៅ។ អាមេន​»។—អេភ. ៣:២០, ២១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក