ការលើកទឹកចិត្តគ្នាទៅវិញទៅមកយ៉ាងពិសេស
១ រៀងរាល់ថ្ងៃរាស្ត្ររបស់ព្រះយេហូវ៉ាជួបនូវការល្បងលនូវជំនឿរបស់ពួកគេ។ ដោយដឹងថាវាមានពេលវេលាដ៏ខ្លី នោះអារក្សគឺកំពុងតែធ្វើការព្យាបាទចុងក្រោយ ដើម្បីបំបាក់ចិត្តភក្ដីរបស់យើងចំពោះព្រះយេហូវ៉ា។ (វិវរ. ១២:១២) គឺសំខាន់ណាស់ដែលយើង«មានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្ដាទ្រង់» ដើម្បីឲ្យយើង«អាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណា[យើង]បានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល»។—អេភ. ៦:១០, ១៣
២ ការជួបជុំជាមួយនឹងអ្នកជឿគ្នីគ្នា គឺជាសំវិធានការមួយពីព្រះយេហូវ៉ា ដើម្បីជួយយើងឲ្យមានកម្លាំង។ សាវ័កប៉ុលបានយល់នូវសារៈសំខាន់នៃការជួបជុំគ្នានេះ។ គាត់ចង់ជួបយ៉ាងខ្លាំងដើម្បីសំណេះសំណាលជាមួយបងប្អូនគ្រីស្ទាន ដើម្បីឲ្យគាត់និងបងប្អូនអាច«លើកទឹកចិត្តគ្នាទៅវិញទៅមក» និងឲ្យ«បានមាំមួនឡើង»។ (រ៉ូម ១:១១, ១២, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ដើម្បីពង្រឹងយើងក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ នោះដោយសេចក្ដីស្រឡាញ់ គណៈអភិបាលបានរៀបចំឱកាសឲ្យយើងទទួលប្រយោជន៍ពីការលើកទឹកចិត្តគ្នា នៅឯមហាសន្និបាតតាមតំបន់ខាងមុខនេះ ដែលមានប្រធានថា«អ្នកប្រកាសដ៏ខ្នះខ្នែងអំពីព្រះរាជាណាចក្ររបស់ព្រះ»។
៣ ចូរមានវត្តមានដើម្បីទទួលប្រយោជន៍: ចូរតាំងចិត្តមានវត្តមានគ្រប់បីថ្ងៃ។ យើង‹ទទួលបានប្រយោជន៍ចំពោះខ្លួន›ដោយមកមុនចំរៀងដំបូង ហើយនៅរហូតដល់យើងរួមគ្នានិយាយ«អាម៉ែន»អស់ពីចិត្តក្រោយសេចក្ដីអធិស្ឋានបញ្ចប់។ (អេសា. ៤៨:១៧, ១៨) បងប្អូនជាច្រើននាក់នឹងត្រូវរៀបចំកាលវិភាគការងារទុកជាមុន ដើម្បីឲ្យពួកគាត់មានពេលវេលាអាចមានវត្តមានគ្រប់ទាំងបីថ្ងៃបាន។ ពិតមែន គឺប្រហែលជាមិនស្រួលទេដើម្បីសុំច្បាប់ពីនិយោជក ប៉ុន្តែយើងមានការធានារបស់ព្រះយេហូវ៉ា ថាទ្រង់នឹងជួយយើងឲ្យធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ (១យ៉ូន. ៥:១៤, ១៥) ប្រសិនបើយើងមិនទាន់ធ្វើនៅឡើយទេ ឥឡូវនេះយើងគួររៀបចំឲ្យបានច្បាស់លាស់នូវកន្លែងស្នាក់នៅ ឬក៏យានជំនិះសំរាប់ធ្វើដំណើរ មិនទុកឲ្យនេះទៅជារឿងចៃដន្យនោះឡើយ។ យើងអាចប្រាកដក្នុងចិត្តថា ព្រះយេហូវ៉ានឹងប្រទានពរដល់ការខំប្រឹងប្រែងរបស់យើង ដើម្បីមានវត្តមានគ្រប់ទាំងបីថ្ងៃនៅឯមហាសន្និបាតនោះ។—សុ. ១០:២២
៤ ចូរទន្ទឹងចាំនូវការលើកទឹកចិត្ត: តើអ្នកធ្លាប់ចេញពីមហាសន្និបាត ដោយពោលថា៖ «មហាសន្និបាតនេះគឺល្អជាងគេបង្អស់!»។ ហេតុអ្វីបានជាអ្នកមានអារម្មណ៍ដូច្នេះ? ពីព្រោះជាមនុស្សឥតគ្រប់ល័ក្ខណ៍ យើងទៅជាអស់កម្លាំងជាបណ្ដើរៗ ដែលធ្វើឲ្យយើងត្រូវការនូវការលើកទឹកចិត្តខាងវិញ្ញាណ។ (អេសា. ៤០:៣០) បងស្រីម្នាក់បានពន្យល់ថា៖ «របបលោកីយ៍នេះធ្វើឲ្យខ្ញុំអស់កម្លាំងណាស់ និងមហាសន្និបាតបានជួយខ្ញុំឲ្យផ្ដោតអារម្មណ៍ទៅលើអ្វីខាងវិញ្ញាណវិញ ដែលផ្ដល់ឲ្យខ្ញុំនូវកម្លាំងខាងវិញ្ញាណដែលខ្ញុំត្រូវការ។ គឺហាក់ដូចជាការលើកទឹកចិត្តនោះមកចំគ្រាដែលខ្ញុំត្រូវការជាងគេ»។ អ្នកប្រហែលជាធ្លាប់មានអារម្មណ៍ដូចនេះដែរហើយមើលទៅ។
៥ យើងទទួលនូវការលើកទឹកចិត្តជាចាំបាច់ មិនមែនដោយសារតែសុន្ទរកថានិងការសម្ភាសន៍ប៉ុណ្ណោះទេ តែក៏ដោយសារទិដ្ឋភាពដ៏វិសេសៗនៃមហាសន្និបាតរបស់យើងដែរ។ បងប្រុសម្នាក់បានពោលថា៖ «អ្វីដែលខ្ញុំពិតជាគាប់ចិត្តយ៉ាងខ្លាំងនោះ គឺជាការបង្ហាញយ៉ាងច្បាស់នូវការអនុវត្តតាមគោលការណ៍ព្រះគម្ពីរ។ ប្រាកដហើយ ឈុតសម្ដែងគឺមានប្រយោជន៍ណាស់ ដែលបង្ហាញយើងនូវរបៀបដែលយើងអាចទទួលប្រយោជន៍ពីគំរូនៅសម័យដើម ដែលមានទាំងគំរូល្អនិងគំរូអាក្រក់ផងដែរ។ ខ្ញុំតែងតែទន្ទឹងចាំនូវប្រកាសនវត្ថុថ្មីៗ ហើយទោះបីជាខ្ញុំត្រឡប់មកផ្ទះវិញហើយក៏ដោយ ក៏ខ្ញុំនៅតែពេញចិត្តនឹងប្រកាសនវត្ថុទាំងនោះណាស់»។
៦ មហាសន្និបាតគឺជាការរៀបចំដ៏សំខាន់ពីព្រះយេហូវ៉ាក្នុងកំឡុង«គ្រាលំបាក»ដែលមាននៅសព្វថ្ងៃនេះ។ (២ធី. ៣:១) មហាសន្និបាតជួយយើងឲ្យធ្វើតាមឱវាទរបស់ព្រះ ដែលថា៖ «ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ!»។ (១កូ. ១៦:១៣) ដូច្នេះហើយ សូមឲ្យយើងតាំងចិត្តមានវត្តមាននៅគ្រប់ផ្នែកនៃកម្មវិធី និងទទួលនូវការលើកទឹកចិត្តយ៉ាងវិសេសនៅឯមហាសន្និបាតតាមតំបន់របស់យើង ដែលមានប្រធានថា «អ្នកប្រកាសដ៏ខ្នះខ្នែងអំពីព្រះរាជាណាចក្ររបស់ព្រះ!»។
[ប្រអប់នៅទំព័រ៣]
ចូររៀបចំដើម្បីអាចចូលរួម បានគ្រប់ទាំងបីថ្ងៃ
■ សុំច្បាប់និយោជករបស់អ្នក
■ រៀបចំទុកជាមុននូវកន្លែងស្នាក់នៅ
■ រៀបចំឲ្យមានយានជំនិះដើម្បីធ្វើដំណើរទៅមហាសន្និបាត