ប្រអប់សំនួរ
▪ ដើម្បីធានាឲ្យកិច្ចប្រជុំរបស់ក្រុមជំនុំមានដំណើរការស្របតាមពេលកំណត់ តើយើងអាចធ្វើដូចម្ដេចខ្លះ?
ពេលដែលកំពុងតែសប្បាយជាមួយនឹងមិត្តភក្ដិ ពេលវេលាកន្លងទៅយ៉ាងឆាប់។ ហេតុនេះ ការរក្សាឲ្យផ្នែកនិមួយៗនៃកិច្ចប្រជុំមានដំណើរការស្របតាមពេលកំណត់អាចពិបាកធ្វើណាស់។ តើអ្វីអាចជួយបាន?
ចូរចាប់ផ្ដើមនៅពេលកំណត់។ ពេលក្រុមជំនុំទាំងមូលជួបជុំគ្នា យកល្អយើងអញ្ជើញអ្នកស្ដាប់មកអង្គុយមួយឬពីរនាទីមុនចាប់ផ្ដើម ដើម្បីកិច្ចប្រជុំអាចចាប់ផ្ដើមតាមពេលកំណត់ទាំងមានរបៀបរៀបរយផង។ (សាស. ៣:១) នៅកិច្ចប្រជុំដែលមានមនុស្សតិច ដូចជាការប្រជុំទៅផ្សព្វផ្សាយជាដើម នោះមិនត្រូវរង់ចាំអ្នកដែលប្រហែលជានឹងមកយឺតទេ។
ចូររៀបចំឲ្យបានល្អ។ កត្ដាសំខាន់មួយចំពោះការធ្វើតាមកំណត់ពេលគឺការរៀបចំទុកជាមុន។ ចូរស្វែងយល់ពីគោលបំណងនៃសុន្ទរកថាឲ្យបានច្បាស់លាស់។ ចូររកចំណុចសំខាន់ៗ រួចសង្កត់ចំណុចទាំងនោះឲ្យលេចធ្លោ។ សូមកុំនិយាយចាកសាច់រឿងដោយលើកឡើងពត៌មានល្អិតល្អន់ដែលមិនសូវសំខាន់។ ចូរពន្យល់ពត៌មានតាមរបៀបស្រួលយល់។ បើផ្នែកនោះមានការសម្ដែងឬបទសម្ភាសន៍ ចូរសមទុកជាមុន។ បើអាចធ្វើទៅបាន ចូរផ្ទៀងម៉ោងសុន្ទរកថារបស់អ្នកពេលដែលហាត់និយាយឲ្យឮ។
ចូរបែងចែកពត៌មាន។ មិនថាផ្នែករបស់អ្នកជាសុន្ទរកថាឬជាការពិគ្រោះជាមួយនឹងអ្នកស្ដាប់ក្ដី ការបែងចែកពត៌មានទៅជាផ្នែកៗនឹងជួយអ្នក។ ចូរសម្រេចចិត្តថាត្រូវចំណាយពេលប៉ុន្មានលើផ្នែកនិមួយៗ ហើយសរសេរពេលនោះលើរឹមទំព័រនៃកំណត់របស់អ្នក។ រួចមក ចូរផ្ទៀងមើលម៉ោងក្នុងកំឡុងដែលថ្លែង។ បើផ្នែកនោះជាការពិគ្រោះជាមួយនឹងអ្នកស្ដាប់ នោះសូមកុំហៅអ្នកឆ្លើយច្រើននាក់ពេកនៅដើមដំបូង ព្រោះពេលដល់ពត៌មានដែលស៊ីជំរៅជាង នោះអ្នកនឹងត្រូវពិភាក្សាដោយប្រញាប់ប្រញាល់វិញ។ អ្នកដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាម គួរទុកពេលល្មមសំរាប់ពិចារណាប្រអប់រៀនសាឡើងវិញនៅចុងអត្ថបទ។ ពួកគាត់ក៏ត្រូវប្រុងប្រយ័ត្នដែរថាមិនស៊ីពេលដែលបានកំណត់សំរាប់ចំរៀងនិងសេចក្ដីអធិស្ឋាន។
បញ្ចប់នៅពេលកំណត់។ បើប្រជុំមួយមានផ្នែកផ្សេងៗ ដូចជាប្រជុំអប់រំកិច្ចបំរើជាដើម នោះអ្នកថ្លែងម្នាក់ៗគួរយកចិត្តទុកដាក់ទៅលើពេលដែលផ្នែករបស់គាត់ត្រូវចាប់ផ្ដើមនិងចប់។ តើអាចធ្វើយ៉ាងណាបើកិច្ចប្រជុំជិតលើសម៉ោង? បងប្រុសម្នាក់ឬបងប្រុសខ្លះអាចទូទាត់ពេលដោយបញ្ជាក់តែចំណុចសំខាន់ៗនិងរំលងពត៌មានល្អិតល្អន់ក្នុងផ្នែករបស់ខ្លួន។ សមត្ថភាពធ្វើដូច្នេះជាទីសម្គាល់អ្នកបង្រៀនដ៏ចំណាន។
យើងដែលជាអ្នកស្ដាប់អាចជួយអ្នកដឹកនាំដោយឆ្លើយយ៉ាងខ្លីៗនិងចំៗ។ យ៉ាងនេះ យើងទាំងអស់គ្នាអាចជួយឲ្យកិច្ចប្រជុំមានដំណើរការតាម«បែបគួរសម ហើយដោយលំដាប់លំដោយផង»។—១កូ. ១៤:៤០