បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ដើមកំណើត ១:១-៥០:២៦
  • ដើមកំណើត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដើមកំណើត
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត

ដើម​កំណើត

១ កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​មេឃ*និង​ផែនដី។+

២ ដំបូង ផែនដី​មិន​ទាន់​មាន​រូប​រាង​ច្បាស់​លាស់​ទេ ហើយ​នៅ​ទទេ។ មាន​តែ​ភាព​ងងឹត​គ្រប​លើ​ទឹក​ដ៏​ជ្រៅ*+ ហើយ​ឫទ្ធានុភាព​របស់​ព្រះ+មាន​ចលនា​នៅ​លើ​ផ្ទៃ​ទឹក​នោះ។+

៣ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មាន​ពន្លឺ​»។ ពេល​នោះ ពន្លឺ​ក៏​មាន​ឡើង។+ ៤ ក្រោយ​នោះ ព្រះ​បាន​ឃើញ​ថា​ពន្លឺ​នោះ​ល្អ ហើយ​លោក​ក៏​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ៥ ព្រះ​បាន​ហៅ​ពន្លឺ​ថា​ថ្ងៃ តែ​ហៅ​ភាព​ងងឹត​ថា​យប់+ ហើយ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​១។

៦ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មាន​លំហ+នៅ​រវាង​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា​»។+ ៧ ដូច្នេះ ព្រះ​បាន​ធ្វើ​លំហ ដើម្បី​ញែក​ទឹក​មួយ​ផ្នែក​ឲ្យ​នៅ​ខាង​ក្រោម​លំហ​អាកាស ហើយ​មួយ​ផ្នែក​ទៀត​ឲ្យ​នៅ​លើ​លំហ​អាកាស។+ នោះ​ក៏​កើត​ឡើង​ដូច្នោះ។ ៨ ព្រះ​បាន​ហៅ​លំហ​អាកាស​នោះ​ថា​មេឃ។ រួច​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​២។

៩ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​ផ្ដុំ​នៅ​កន្លែង​មួយ ហើយ​ចូរ​ឲ្យ​ទី​គោក​ផុស​ឡើង​»។+ នោះ​ក៏​កើត​ឡើង​ដូច្នោះ។ ១០ ព្រះ​បាន​ហៅ​ទី​គោក​នោះ​ថា​ដី+ ហើយ​ហៅ​ទឹក​ដែល​បាន​ប្រមូល​ផ្ដុំ​នោះ​ថា​សមុទ្រ។*+ រួច​មក ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​នោះ​គឺ​ល្អ។+ ១១ បន្ទាប់​មក ព្រះបាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​ដី​ដុះ​ស្មៅ និង​រុក្ខជាតិ​ដែល​មាន​គ្រាប់​តាម​ពូជ ព្រម​ទាំង​ដើម​ឈើ​ដែល​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​ផ្លែ​នោះ​ត្រូវ​មាន​គ្រាប់​»។ នោះ​ក៏​កើត​ឡើង​ដូច្នោះ។ ១២ ដូច្នេះ ដី​ចាប់​ផ្ដើម​ដុះ​ស្មៅ និង​រុក្ខជាតិ​ដែល​មាន​គ្រាប់+ ព្រម​ទាំង​ដើម​ឈើ​ដែល​មាន​ផ្លែ​និង​គ្រាប់ ទៅ​តាម​ពូជ​របស់​វា​នីមួយ​ៗ។ រួច​មក ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​នោះ​គឺ​ល្អ ១៣ ហើយ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​៣។

១៤ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មាន​តួ​ពន្លឺ+នៅ​លើ​មេឃ ដើម្បី​ញែក​ថ្ងៃ​និង​យប់​ចេញ​ពី​គ្នា+ ហើយ​តួ​ពន្លឺ​នោះ​នឹង​ធ្វើ​ជា​សញ្ញា​សម្គាល់ សម្រាប់​រដូវ​កាល សម្រាប់​ថ្ងៃ​និង​ឆ្នាំ។+ ១៥ តួ​ពន្លឺ​នោះ​ជា​ពន្លឺ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​ផែនដី​»។ នោះ​ក៏​កើត​ឡើង​ដូច្នោះ។ ១៦ ដូច្នេះ ព្រះ​បាន​ធ្វើ​តួ​ពន្លឺ​ធំ​ពីរ មួយ​ដែល​ភ្លឺ​ខ្លាំង​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ+ មួយ​ដែល​ភ្លឺ​តិច​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ហើយ​លោក​ក៏​បាន​ធ្វើ​ផ្កាយ​ទាំង​ឡាយ​ដែរ។+ ១៧ យ៉ាង​នេះ ព្រះ​បាន​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​ផែនដី ១៨ ថែម​ទាំង​ដើម្បី​កាន់​កាប់​ថ្ងៃ​និង​យប់ ហើយ​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។+ រួច​ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​នោះ​គឺ​ល្អ ១៩ ហើយ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​៤។

២០ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មាន​សត្វ​ជា​ច្រើន​នៅ​ក្នុង​ទឹក ហើយ​ឲ្យ​មាន​សត្វ​ស្លាប​ហោះហើរ​នៅ​លើ​មេឃ​»។+ ២១ ដូច្នេះ ព្រះ​បាន​បង្កើត​សត្វ​ធំ​ៗ​សម្បើម​នៅ​ក្នុង​សមុទ្រ និង​សត្វ​ទាំង​ឡាយ​រស់​រវើក​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា​នីមួយ​ៗ។ លោក​ក៏​បង្កើត​សត្វ​ស្លាប​គ្រប់​ប្រភេទ តាម​ពូជ​វា​ដែរ ហើយ​ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​នោះ​គឺ​ល្អ។ ២២ រួច​ព្រះ​បាន​ឲ្យ​ពរ​ពួក​វា ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​ឲ្យ​មាន​ពេញ​ក្នុង​សមុទ្រ​ចុះ+ ហើយ​ចូរ​ឲ្យ​សត្វ​ស្លាប​មាន​ចំនួន​ជា​ច្រើន​ឡើង​នៅ​ផែនដី​ដែរ​»។ ២៣ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​៥។

២៤ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មាន​សត្វ​ផ្សេង​ៗ​តាម​ពូជ គឺ​សត្វ​លូន​វារ សត្វ​ស្រុក និង​សត្វ​ព្រៃ​នៅ​ផែនដី​»។+ នោះ​ក៏​កើត​ឡើង​ដូច្នោះ។ ២៥ ដូច្នេះ ព្រះ​បាន​សូន​ធ្វើ​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ និង​សត្វ​លូន​វារ​តាម​ពូជ​ដែរ។ រួច​ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​នោះ​គឺ​ល្អ។

២៦ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យើង+ធ្វើ​មនុស្ស​ឲ្យ​មាន​ភាព​ដូច​យើង+និង​មាន​លក្ខណៈ​ដូច​យើង+ ហើយ​ឲ្យ​ពួក​គេ​កាន់​កាប់​លើ​ត្រី​ក្នុង​សមុទ្រ សត្វ​ហើរ​លើ​អាកាស សត្វ​ស្រុក និង​សត្វ​លូន​វារ​គ្រប់​ប្រភេទ ព្រម​ទាំង​ផែនដីទាំង​មូល​»។+ ២៧ ដូច្នេះ ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ភាព​ដូច​លោក។ លោក​បាន​បង្កើត​ពួក​គេ​ជា​ប្រុស​ជា​ស្រី​ឲ្យ​មាន​លក្ខណៈ​ដូច​លោក។+ ២៨ បន្ថែម​ទៅ​ទៀត ព្រះ​បាន​ឲ្យ​ពរ​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ+ ហើយ​ចូរ​គ្រប់​គ្រង​ផែនដី+ ព្រម​ទាំង​កាន់​កាប់+លើ​ត្រី​ក្នុង​សមុទ្រ សត្វ​ហើរ​នៅ​លើ​អាកាស និង​សត្វ​ទាំង​ឡាយ​ដែល​នៅ​ផែនដី​»។

២៩ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ឲ្យ​ដល់​អ្នក​នូវ​រុក្ខជាតិ​ដែល​មាន​គ្រាប់ ព្រម​ទាំង​ដើម​ឈើ​ហូប​ផ្លែ​ដែល​មាន​គ្រាប់ នៅ​ផែនដី​ទាំង​មូល។ រុក្ខជាតិ​ទាំង​នេះ​ជា​អាហារ​ដល់​អ្នក។+ ៣០ រីឯ​សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស ព្រម​ទាំង​សត្វ​ទាំង​អស់​នៅ​ផែនដី ខ្ញុំ​ឲ្យ​រុក្ខជាតិ​ខៀវ​ខ្ចី​គ្រប់​ប្រភេទ​ជា​អាហារ​ដល់​ពួក​វា​»។+ នោះ​ក៏​កើត​ឡើង​ដូច្នោះ។

៣១ ក្រោយ​មក ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្កើត គឺ​សុទ្ធតែ​ល្អ​ប្រពៃ+ ហើយ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​៦។

២ យ៉ាង​នេះ ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​នៅ​លើ​មេឃ​និង​ផែនដី​រួច​រាល់។+ ២ នៅ​ថ្ងៃ​ទី​៧ ព្រះ​បាន​សម្រេច​កិច្ចការ​ដែល​លោក​បាន​ធ្វើ​ចប់​សព្វ​គ្រប់ ហើយ​នៅ​ថ្ងៃ​នោះ​លោក​បាន​សម្រាក​ពី​កិច្ចការ​ទាំង​អស់។+ ៣ ព្រះ​ក៏​បាន​ឲ្យ​ពរ​ដល់​ថ្ងៃ​ទី​៧ ហើយ​កំណត់​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​ពិសិដ្ឋ ព្រោះ​នៅ​ថ្ងៃ​នោះ លោក​បាន​សម្រាក​ពី​កិច្ចការ​បង្កើត គឺ​ជា​កិច្ចការ​ទាំង​អស់​ដែល​លោក​មាន​បំណង​ធ្វើ។

៤ នេះ​ជា​កំណត់​ហេតុ​អំពី​ដើម​កំណើត​មេឃ​និង​ផែនដី​ក្នុង​កាល​ដែល​បាន​ត្រូវ​បង្កើត គឺ​ជា​គ្រា*ដែល​ព្រះ​យេហូវ៉ា*បាន​បង្កើត​មេឃ​និង​ផែនដី។+

៥ នៅ​ផែនដី​មិន​ទាន់​មាន​រុក្ខជាតិ​ណា​ឡើយ ពី​ព្រោះ​ព្រះ​យេហូវ៉ា​មិន​ទាន់​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី ហើយ​ក៏​គ្មាន​អ្នក​ដាំ​ដុះ​ថែ​ទាំ​ដែរ។ ៦ ប៉ុន្តែ ព្រះ​បាន​ធ្វើ​ឲ្យ​ចំហាយ​ទឹក​ចេញ​ពី​ផែនដី មក​ស្រោច​ស្រព​លើ​ផ្ទៃ​ផែនដី​វិញ។

៧ ព្រះ​យេហូវ៉ា​បាន​យក​ដី​មក​សូន​ធ្វើ​ជា​មនុស្ស​ម្នាក់+ ហើយ​ផ្លុំ​ដង្ហើម​ជីវិត​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គាត់។+ ពេល​នោះ គាត់​ក៏​មាន​ជីវិត*ឡើង។+ ៨ បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​ធ្វើ​សួន​មួយ​ក្នុង​តំបន់​អេដែន+នៅ​ភាគ​ខាង​កើត ហើយ​លោក​បាន​ដាក់​បុរស​ដែល​លោក​បាន​បង្កើត​ឲ្យ​នៅ​ទី​នោះ។+ ៩ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ដាំ​ដើម​ឈើ​ស្អាត​ៗ​គ្រប់​ប្រភេទ និង​មាន​ផល​ផ្លែ​អាច​បរិភោគ​បាន។ ឯ​នៅ​កណ្ដាល​សួន​វិញ ព្រះ​បាន​ដាំ​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត+ និង​ដើម​ឈើ​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់។+

១០ នៅ​អេដែន មាន​ប្រភព​ទឹក​មួយ​ហូរ​មក​ស្រោច​ស្រព​សួន​នោះ ហើយ​ក៏​បែក​ចេញ​ទៅ​ជា​ទន្លេ​បួន។ ១១ ទន្លេ​ទី​១​ឈ្មោះ​ពីសុន។ ទន្លេ​នោះ​ហូរ​ព័ទ្ធ​ជុំ​វិញ​ស្រុក​ហាវីឡា ជា​តំបន់​ដែល​មាន​មាស។ ១២ មាស​នៅ​ទឹក​ដី​នោះ​ជា​មាស​ល្អ ហើយ​នៅ​ទី​នោះ​ក៏​សម្បូរ​ជ័រ​ក្រអូប​ដេលាម និង​ត្បូង​អូនីក្ស​ផង​ដែរ។ ១៣ ទន្លេ​ទី​២​ឈ្មោះ​គីហុន។ ទន្លេ​នោះ​ហូរ​ព័ទ្ធ​ជុំ​វិញ​ស្រុក​គូស។ ១៤ ទន្លេ​ទី៣​ឈ្មោះ​ហ៊ីដេកែល។*+ ទន្លេ​នោះ​ហូរ​ទៅ​ភាគ​ខាង​កើត​ស្រុក​អាស៊ីរី+ ហើយ​ទន្លេ​ទី​៤​ឈ្មោះ​អឺប្រាត។+

១៥ ព្រះ​យេហូវ៉ា​បាន​ដាក់​បុរស​នោះ​ឲ្យ​រស់​នៅ​ក្នុង​សួន​អេដែន ដើម្បី​គាត់​អាច​ធ្វើ​ការ​ដាំ​ដុះ​និង​ថែ​ទាំ​សួន​នោះ។+ ១៦ រួច​មក ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ថា​៖ ​«​អ្នក​អាច​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ទាំង​អស់​ក្នុង​សួន​នេះ​បាន​តាម​ចិត្ត។+ ១៧ ប៉ុន្តែ អ្នក​មិន​ត្រូវ​បរិភោគ​ផ្លែ​ពី​ដើម​ដែល​នាំ​ឲ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ឡើយ ព្រោះ​នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ អ្នក​នឹង​ស្លាប់​ជា​មិន​ខាន​»។+

១៨ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​មិន​ល្អ​ទេ ដែល​បុរស​នេះ​នៅ​តែ​ម្នាក់​ឯង។ ខ្ញុំ​នឹង​បង្កើត*ជំនួយ​ម្នាក់​ដែល​សម​នឹងគាត់​»។*+ ១៩ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ព្រៃ​ទាំង​ឡាយ និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។ រួច​មក លោក​នាំ​យក​សត្វ​ទាំង​នោះ​ទៅ​ឲ្យ​បុរស​នោះ​មើល​ថា​គួរ​ដាក់​ឈ្មោះ​អ្វី។ ឯ​ឈ្មោះ​សត្វ​ណា​ដែល​បុរស​នោះ​បាន​ដាក់​ឲ្យ សត្វ​នោះ​ក៏​មាន​ឈ្មោះ​នោះ​ទៅ។+ ២០ ដូច្នេះ បុរស​នោះ​បាន​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ព្រៃ​សត្វ​ស្រុក និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។ ប៉ុន្តែ បុរស​នោះ​គ្មាន​ជំនួយ​ជា​គូ​បង្គ្រប់​គាត់​ទេ។ ២១ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដេក​លក់​ស៊ប់​ទៅ ហើយ​លោក​ដក​យក​ឆ្អឹង​ជំនីរ​មួយ​របស់​គាត់ រួច​ភ្ជិត​សាច់​គាត់​ទៅ​វិញ។ ២២ ព្រះ​យេហូវ៉ា​បាន​យក​ឆ្អឹង​ជំនីរ​នោះ​មក​ធ្វើ​ជា​ស្ត្រី​ម្នាក់ រួច​នាំ​នាង​ទៅ​ប្រគល់​ឲ្យ​បុរស​នោះ។+

២៣ បន្ទាប់​មក បុរស​នោះ​បាន​និយាយ​ថា​៖

​«​នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​ខ្ញុំ ជា​សាច់​ពី​សាច់​ខ្ញុំ។

ដូច្នេះ អ្នក​នេះ​នឹង​ត្រូវ​ហៅ​ថា​ស្ត្រី ព្រោះ​បាន​ត្រូវ​យក​ចេញ​ពី​បុរស​មក​»។+

២៤ ហេតុ​នេះ​ហើយ​បាន​ជា​បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ហើយ​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ។+ ២៥ នៅ​ពេល​នោះ ពួក​គេ​ទាំង​ពីរ​នាក់​នៅ​ខ្លួន​ទទេ+ គឺ​បុរស​នោះ​និង​ប្រពន្ធ​គាត់។ ប៉ុន្តែ ពួក​គេ​គ្មាន​សេចក្ដី​អៀន​ខ្មាស​ឡើយ។

៣ ពស់+ជា​សត្វ​ដែល​ចេះ​ប្រុង​ប្រយ័ត្ន* លើស​អស់​ទាំង​សត្វ​ព្រៃ​ឯ​ទៀត​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត។ វា​បាន​សួរ​ស្ត្រី​ថា​៖ ​«​តើ​ព្រះ​ពិត​ជា​មាន​ប្រសាសន៍​ថា អ្នក​មិន​ត្រូវ​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ទាំង​អស់​ក្នុង​សួន​នេះ​មែន​ឬ?​»។+ ២ ស្ត្រី​ក៏​ឆ្លើយ​ថា​៖ ​«​យើង​អាច​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ទាំង​អស់​នៅ​ក្នុង​សួន​បាន។+ ៣ ប៉ុន្តែ ព្រះ​បាន​មាន​ប្រសាសន៍​អំពី​ផ្លែ​នៃ​ដើម​ឈើ​មួយ​ដែល​នៅ​កណ្ដាល​សួន​នេះ​ថា​៖+ ‹អ្នក​មិន​ត្រូវ​បរិភោគ​ពី​ដើម​នេះ​ឡើយ ថែម​ទាំង​កុំ​ប៉ះ​ពាល់​ផង។ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ស្លាប់​ជា​មិន​ខាន›​»។ ៤ ពេល​នោះ ពស់​បាន​និយាយ​ទៅ​កាន់​ស្ត្រី​ថា​៖ ​«​អ្នក​ប្រាកដ​ជា​មិន​ស្លាប់​ទេ។+ ៥ ព្រោះ​ព្រះ​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ​ផ្លែ​ពី​ដើម​នោះ ភ្នែក​អ្នក​នឹង​ត្រូវ​បំភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ​ដែរ គឺ​ស្គាល់​ល្អ​ស្គាល់​អាក្រក់​»។+

៦ ដូច្នេះ ស្ត្រី​បាន​សម្លឹង​មើល​ដើម​នោះ ហើយ​ឃើញ​ថា​ផ្លែ​ពី​ដើម​នោះ​គួរ​ឲ្យ​ចង់​បរិភោគ ថែម​ទាំង​គួរ​ឲ្យ​ទាក់​ទាញ​ភ្នែក​ទៀត​ផង នោះ​នាង​ក៏​បេះ​យក​មក​បរិភោគ។+ ក្រោយ​មក ពេល​ដែល​នាង​នៅ​ជា​មួយ​ប្ដី នាង​បាន​ចែក​ឲ្យ​ប្ដី ហើយ​គាត់​ក៏​បរិភោគ​ទៅ។+ ៧ រួច​មក ភ្នែក​របស់​ពួក​គេ​បាន​ត្រូវ​បំភ្លឺ ហើយ​ពួក​គេ​បាន​ឃើញ​ថា​ពួក​គេ​នៅ​ខ្លួន​ទទេ។ ដូច្នេះ ពួក​គេ​បាន​ដេរ​ស្លឹក​ល្វា​ធ្វើ​ជា​ប្រដាប់​បិទ​បាំង​កេរ្តិ៍​ខ្មាស។+

៨ ក្រោយ​នោះ ពួក​គេ​បាន​ឮ​សំឡេង​របស់​ព្រះ​យេហូវ៉ា កាល​ដែល​លោក​ដើរ​នៅ​ក្នុង​សួន​ពេល​ខ្យល់​បក់​ត្រសៀក​ៗ។* ពេល​នោះ បុរស​និង​ប្រពន្ធ​របស់​គាត់ បាន​ពួន​ពី​ព្រះ​យេហូវ៉ា នៅ​ក្រោយ​ដើម​ឈើ​ក្នុង​សួន។ ៩ ព្រះ​យេហូវ៉ា​បាន​ហៅ​រក​បុរស​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​តើ​អ្នក​នៅ​ឯ​ណា?​»។ ១០ នៅ​ទី​បំផុត បុរស​នោះ​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឮ​សំឡេង​លោក​នៅ​ក្នុង​សួន តែ​ខ្ញុំ​ភ័យ​ខ្លាច ហើយ​ក៏​រត់​ទៅ​ពួន ព្រោះ​ខ្ញុំ​នៅ​ខ្លួន​ទទេ​»។ ១១ លោក​បាន​សួរ​គាត់​វិញ​ថា​៖ ​«​តើ​អ្នក​ណា​ប្រាប់​អ្នក​ថា​ខ្លួន​អ្នក​នៅ​ទទេ?+ តើ​អ្នក​បាន​បរិភោគ​ផ្លែ​ពី​ដើម​ដែល​ខ្ញុំ​បាន​ហាម​មិន​ឲ្យ​បរិភោគ​ឬ?​»។+ ១២ បុរស​នោះ​ក៏​ឆ្លើយ​ថា​៖ ​«​ស្ត្រី​ដែល​លោក​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​នោះ នាង​បាន​ឲ្យ​ផ្លែ​ពី​ដើម​នោះ​មក​ខ្ញុំ ដូច្នេះ ខ្ញុំ​ក៏​បរិភោគ​ទៅ​»។ ១៣ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​សួរ​ស្ត្រី​ថា​៖ ​«​ម្ដេច​ក៏​នាង​ធ្វើ​ដូច្នេះ?​»។ ស្ត្រី​បាន​ឆ្លើយ​តប​ថា​៖ ​«​សត្វ​ពស់​វា​បាន​បញ្ឆោត​ខ្ញុំ ដូច្នេះ ខ្ញុំ​ក៏​បរិភោគ​ទៅ​»។+

១៤ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​និយាយ​ទៅ​កាន់​សត្វ​ពស់​ថា​៖+ ​«​ដោយ​សារ​អ្នក​បាន​ធ្វើ​ដូច​នោះ អ្នក​ជា​សត្វ​ដែល​ត្រូវ​បណ្ដាសា នៅ​ក្នុង​ពពួក​សត្វ​ស្រុក​និង​សត្វ​ព្រៃ។ អ្នក​នឹង​ត្រូវ​លូន ហើយ​ស៊ី​ធូលី​ដី​អស់​មួយ​ជីវិត។ ១៥ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក+និង​ស្ត្រី+ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា+ ព្រម​ទាំង​ពូជ​អ្នក+និង​ពូជ​នាង​ដែរ។+ ពូជ​នាង​នឹង​កិន​ក្បាល​អ្នក+ ហើយ​អ្នក​នឹង​ចឹក​កែង​ជើង​គាត់​»។+

១៦ បន្ទាប់​មក លោក​បាន​និយាយ​ទៅ​កាន់​ស្ត្រី​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​គ្រា​ដែល​មាន​ផ្ទៃ​ពោះ ហើយ​នាង​នឹង​សម្រាល​កូន​មក​ដោយ​ការ​ឈឺ​ចាប់។ នាង​នឹង​ប្រាថ្នា​រក​ប្ដី ហើយ​ប្ដី​នឹង​ត្រួត​ត្រា​លើ​នាង​»។

១៧ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាដាម*ថា​៖ ​«​ដោយ​ព្រោះ​អ្នក​បាន​ស្ដាប់​តាម​ប្រពន្ធ ហើយ​បាន​បរិភោគ​ផ្លែ​ពី​ដើម​ដែល​ខ្ញុំ​បាន​បង្គាប់​ថា​៖+ ‹អ្នក​មិន​ត្រូវ​បរិភោគ​ពី​ដើម​នេះ​ឡើយ› នោះ​ដី​នឹង​ត្រូវ​បណ្ដាសា​ដោយ​សារ​អ្នក។+ អ្នក​នឹង​បរិភោគ​ផល​ពី​ដី​ដោយ​សេចក្ដី​លំបាក​អស់​មួយ​ជីវិត។+ ១៨ ដី​នឹង​ដុះ​ដើម​បន្លា​និង​ស្មៅ​ចង្រៃ ហើយ​អ្នក​ត្រូវ​បរិភោគ​អស់​ទាំង​រុក្ខជាតិ​ដែល​ដុះ​នៅ​ឯ​វាល។ ១៩ អ្នក​នឹង​បាន​អាហារ*បរិភោគ​ដោយ​ការ​បែក​ញើស រហូត​ដល់​អ្នក​ស្លាប់​ហើយ​ត្រឡប់​ទៅ​ជា​ដី​វិញ ព្រោះ​ខ្ញុំ​បាន​យក​អ្នក​ពី​ដី​មក។+ អ្នក​បាន​ត្រូវ​ធ្វើ​ពី​ដី អ្នក​ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ដី​វិញ​ដែរ​»។+

២០ ក្រោយ​មក អាដាម​បាន​ដាក់​ឈ្មោះ​ប្រពន្ធ​គាត់​ថា​អេវ៉ា* ពី​ព្រោះ​នាង​នឹង​ក្លាយ​ទៅ​ជា​ម្ដាយ​នៃ​មនុស្ស​ទាំង​អស់។+ ២១ ព្រះ​យេហូវ៉ា​បាន​ធ្វើ​អាវ​វែង​ពី​ស្បែក​សត្វ ឲ្យ​អាដាម​និង​ប្រពន្ធ​គាត់​ពាក់។+ ២២ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មើល ឥឡូវ​មនុស្ស​ស្គាល់​ល្អ​ស្គាល់​អាក្រក់​ដូច​យើង​ហើយ។+ ដូច្នេះ ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​មួយ ដើម្បី​កុំ​ឲ្យ​ពួក​គេ​អាច​លូក​ដៃ​ទៅ​បេះ​ផ្លែ​ពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត+យក​មក​បរិភោគ ហើយ​រស់​ជា​រៀង​រហូត​»។ ២៣ រួច​មក ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​គាត់​ពី​សួន​អេដែន+ ឲ្យ​គាត់​ទៅ​ភ្ជួរ​រាស់​ដី​ដែល​ព្រះ​បាន​យក​មក​បង្កើត​គាត់។+ ២៤ ក្រោយ​ពី​ព្រះ​បាន​បណ្ដេញ​គាត់ លោក​បាន​ដាក់​ចេរូប៊ីន​ឲ្យ​ឈរ​យាម​នៅ​ខាង​កើត​សួន​អេដែន+ ព្រម​ទាំង​ដាក់​ដាវ​ភ្លើង​ឲ្យ​វិល​ឥត​ឈប់ ដើម្បី​ការ​ពារ​ផ្លូវ​ទៅ​ឯ​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត។

៤ អាដាម​បាន​រួម​ដំណេក​ជា​មួយ​នឹង​អេវ៉ា​ជា​ប្រពន្ធ ហើយ​នាង​មាន​ផ្ទៃ​ពោះ។+ ក្រោយ​មក នាង​បាន​សម្រាល​កូន​ប្រុស​មួយ​ឈ្មោះ​កាអ៊ីន។+ ពេល​នោះ នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​»។ ២ ក្រោយ​នោះ អេវ៉ា​បាន​សម្រាល​កូន​ប្រុស​ម្នាក់​ទៀត ដែល​មាន​ឈ្មោះ​ថា​អេបិល។+

អេបិល​ជា​គង្វាល​ចៀម តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។ ៣ មាន​ពេល​មួយ កាអ៊ីន​បាន​យក​ភោគ​ផល​ខ្លះ​ពី​ចម្ការ​មក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ ៤ ចំណែក​អេបិល គាត់​បាន​យក​កូន​សត្វ​ដំបូង​មួយ​ចំនួន​ពី​ហ្វូង​សត្វ​របស់​គាត់+ រួម​ទាំង​ខ្លាញ់​របស់​ពួក​វា មក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ លោក​ពេញ​ចិត្ត​នឹង​អេបិល និង​គ្រឿង​បូជា​របស់​គាត់។+ ៥ ប៉ុន្តែ លោក​មិន​ពេញ​ចិត្ត​នឹង​កាអ៊ីន និង​គ្រឿង​បូជា​របស់​គាត់​ទេ។ ដូច្នេះ កាអ៊ីន​ខឹង​យ៉ាង​ខ្លាំង ហើយ​មាន​ទឹក​មុខ​ក្រញូវ។ ៦ ព្រះ​យេហូវ៉ា​បាន​សួរ​កាអ៊ីន​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​មាន​ទឹក​មុខ​ក្រញូវ ហើយ​ខឹង​ខ្លាំង​ដូច្នេះ? ៧ បើ​អ្នក​បែរ​មក​ធ្វើ​ល្អ​វិញ នោះ​ខ្ញុំ​នឹង​ពេញ​ចិត្ត​អ្នក មែន​ទេ? ប៉ុន្តែ បើ​មិន​ដូច្នោះ​ទេ អំពើ​ខុស​ឆ្គង​ក្រាប​នៅ​មាត់​ទ្វារ ចាំ​ត្របាក់​អ្នក​ហើយ។ តើ​អ្នក​នឹង​យក​ឈ្នះ​លើ​វា​ឬ?​»។

៨ ក្រោយ​មក កាអ៊ីន​បាន​បបួល​អេបិល​ជា​ប្អូន​ថា​៖ ​«​តោះ​យើង​ទៅ​ឯ​វាល​»។ ពេល​ទៅ​ដល់ កាអ៊ីន​បាន​វាយ​សម្លាប់​អេបិល​ទៅ។+ ៩ ព្រះ​យេហូវ៉ា​បាន​សួរ​កាអ៊ីន​ថា​៖ ​«​តើ​អេបិល​ប្អូន​អ្នក​នៅ​ឯ​ណា?​»។ គាត់​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ទេ។ តើ​ខ្ញុំ​ជា​អ្នក​មើល​ថែ​គាត់​ឬ?​»។ ១០ រួច​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​បាន​ធ្វើ​អ្វី? មើល! ឈាម​របស់​ប្អូន​អ្នក​កំពុង​ស្រែក​ពី​ដី​រក​យុត្តិធម៌​លាន់​ឮ​ដល់​ខ្ញុំ។+ ១១ ឥឡូវ អ្នក​ត្រូវ​បណ្ដាសា ហើយ​ត្រូវ​បណ្ដេញ​ចេញ​ពី​ទឹក​ដី​ដែល​មាន​ឈាម​របស់​ប្អូន​អ្នក* គឺ​ឈាម​ដែល​អ្នក​បាន​បង្ហូរ​ដោយ​ដៃ​អ្នក​ផ្ទាល់។+ ១២ ពេល​អ្នក​ភ្ជួរ​រាស់ ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​អ្នក​ទេ។ អ្នក​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​សាត់​ព្រាត់ ហើយ​គេច​ខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នៅ​ផែនដី​»។ ១៣ ពេល​ឮ​ដូច្នេះ កាអ៊ីន​ឆ្លើយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទោស​របស់​ខ្ញុំ​ធ្ងន់​ពេក​ណាស់ ខ្ញុំ​មិន​អាច​ទ្រាំ​ទ្រ​បាន​ឡើយ។ ១៤ ថ្ងៃ​នេះ លោក​បាន​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ស្រុក ហើយ​ខ្ញុំ​នឹង​បាត់​ពី​មុខ​លោក​ទៅ។ ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​សាត់​ព្រាត់ ហើយ​គេច​ខ្លួន ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នៅ​ផែនដី នោះ​បើ​អ្នក​ណា​ឃើញ​ខ្ញុំ គេ​នឹង​សម្លាប់​ខ្ញុំ​ជា​មិន​ខាន​»។ ១៥ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​វិញ​ថា​៖ ​«​ដូច្នេះ បើ​អ្នក​ណា​សម្លាប់​អ្នក អ្នក​នោះ​នឹង​ទទួល​ទោស​មួយ​ជា​៧​ដង​»។

ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​សញ្ញា​សម្គាល់​មួយ​សម្រាប់​កាអ៊ីន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ឃើញ​គាត់ សម្លាប់​គាត់​ឡើយ។ ១៦ រួច​មក កាអ៊ីន​បាន​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា ហើយ​ទៅ​តាំង​ទី​លំនៅ​នៅ​ស្រុក​ណូត* នា​ខាង​កើត​អេដែន។+

១៧ ក្រោយ​មក កាអ៊ីន​បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​គាត់។+ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​កូន​ប្រុស​ម្នាក់​ឈ្មោះ​អេណុក។ កាអ៊ីន​បាន​សង់​ក្រុង​មួយ​ឡើង ហើយ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​អេណុក តាម​ឈ្មោះ​កូន​គាត់។ ១៨ ក្រោយ​មក អេណុក​បាន​ក្លាយ​ទៅ​ជា​ឪពុក*អាយរ៉ាត។ អាយរ៉ាត​ជា​ឪពុក​មេហ៊ូយែល។ មេហ៊ូយែល​ជា​ឪពុក​មេធូសែល។ មេធូសែល​ជា​ឪពុក​ឡេម៉េក។

១៩ ឡេម៉េក​មាន​ប្រពន្ធ​ពីរ​នាក់ ប្រពន្ធ​ទី​១​ឈ្មោះ​អាដា ប្រពន្ធ​ទី​២​ឈ្មោះ​ស៊ីលឡា។ ២០ អាដា​បាន​បង្កើត​យ៉ាបាល។ យ៉ាបាល​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ការ​រស់​នៅ​ក្នុង​ត្រសាល និង​ការ​ចិញ្ចឹម​សត្វ។ ២១ ប្អូន​របស់​គាត់​ឈ្មោះ​យូបាល។ យូបាល​ជា​អ្នក​ចេះ​លេង​ពិណ​និង​ខ្លុយ​មុន​គេ​បង្អស់។ ២២ ឯ​ស៊ីលឡា នាង​បាន​បង្កើត​ទូបាលកាអ៊ីន។ ទូបាលកាអ៊ីន​ជា​អ្នក​ធ្វើ​ឧបករណ៍​គ្រប់​ប្រភេទ​ពី​ស្ពាន់​និង​ដែក។ ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​ណាអាម៉ា។ ២៣ បន្ទាប់​មក ឡេម៉េក​បាន​តែង​កំណាព្យ​ឲ្យ​ប្រពន្ធ​ទាំង​ពីរ​របស់​គាត់​ថា​៖

​«​ឱ​អាដា​និង​ស៊ីលឡា​ជា​ប្រពន្ធ​ខ្ញុំ​អើយ!

ចូរ​ស្ដាប់​ខ្ញុំ​ចុះ!

ខ្ញុំ​បាន​សម្លាប់​បុរស​ម្នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស

គឺ​ជា​បុរស​វ័យ​ក្មេង​ដែល​បាន​វាយ​ខ្ញុំ។

២៤ បើ​អ្នក​ដែល​សម្លាប់​កាអ៊ីន​ត្រូវ​ទទួល​ទោស​៧​ដង+​នោះ​អ្នក​ដែល​សម្លាប់​ឡេម៉េក​ត្រូវ​ទទួល​ទោស​៧៧​ដង​»។

២៥ ក្រោយ​មក អាដាម​បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​គាត់។ នាង​មាន​ផ្ទៃពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​ម្នាក់។ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​សេត*+ ព្រោះ​នាង​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ប្រគល់​ពូជ​មួយ​ទៀត​ដល់​ខ្ញុំ​ជំនួស​អេបិល ដោយ​សារ​កាអ៊ីន​បាន​សម្លាប់​អេបិល​ហើយ​»។+ ២៦ ក្រោយ​មក សេត​បាន​ក្លាយ​ទៅ​ជា​ឪពុក​អេណុស។+ នៅ​គ្រា​នោះ បណ្ដា​ជន​ចាប់​ផ្ដើម​ហៅ​នាម​ព្រះ​យេហូវ៉ា។

៥ នេះ​ជា​បញ្ជី​រៀប​រាប់​អំពី​កូន​ចៅ​អាដាម។ នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​អាដាម លោក​បាន​បង្កើត​គាត់​ឲ្យ​មាន​ភាព​ដូច​លោក។+ ២ លោក​បាន​បង្កើត​ពួក​គេ​ជា​ប្រុស​ជា​ស្រី។+ នៅ​ថ្ងៃ​នោះ លោក​បាន​ឲ្យ​ពរ​ពួក​គេ ហើយ​ហៅ​ពួក​គេ​ថា​មនុស្ស។

៣ ពេល​អាដាម​អាយុ​បាន​១៣០​ឆ្នាំ គាត់​មាន​កូន​ប្រុស​ម្នាក់​ដែល​មាន​ភាព​ដូច​គាត់។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា​សេត។+ ៤ ក្រោយ​មក អាដាម​រស់​បាន​៨០០​ឆ្នាំ​ទៀត។ គាត់​មាន​កូន*ប្រុស​កូន​ស្រី​ជា​ច្រើន។ ៥ អាយុ​សរុប​របស់​អាដាម​គឺ​៩៣០​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។+

៦ ពេល​សេត​អាយុ​បាន​១០៥​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​អេណុស។+ ៧ ក្រោយ​មក សេត​រស់​បាន​៨០៧​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ៨ អាយុ​សរុប​របស់​សេត​គឺ​៩១២​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

៩ ពេល​អេណុស​អាយុ​បាន​៩០​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​កេណាន។ ១០ ក្រោយ​មក អេណុស​រស់​បាន​៨១៥​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ១១ អាយុ​សរុប​របស់​អេណុស​គឺ​៩០៥​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

១២ ពេល​កេណាន​អាយុ​បាន​៧០​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​ម៉ាហាឡាលែល។+ ១៣ ក្រោយ​មក កេណាន​រស់​បាន​៨៤០​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ១៤ អាយុ​សរុប​របស់​កេណាន​គឺ​៩១០​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

១៥ ពេល​ម៉ាហាឡាលែល​អាយុ​បាន​៦៥​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​យ៉ារេឌ។+ ១៦ ក្រោយ​មក ម៉ាហាឡាលែល​រស់​បាន​៨៣០​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ១៧ អាយុ​សរុប​របស់​ម៉ាហាឡាលែល​គឺ​៨៩៥​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

១៨ ពេល​យ៉ារេឌ​អាយុ​បាន​១៦២​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​អេណុក។+ ១៩ ក្រោយ​មក យ៉ារេឌ​រស់​បាន​៨០០​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ២០ អាយុ​សរុប​របស់​យ៉ារេឌ​គឺ​៩៦២​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

២១ ពេល​អេណុក​អាយុ​បាន​៦៥​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​ម៉េធូសាឡា។+ ២២ ក្រោយ​មក អេណុក​បាន​បន្ត​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត​អស់​៣០០​ឆ្នាំ។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ២៣ អាយុ​សរុប​របស់​អេណុក​គឺ​៣៦៥​ឆ្នាំ។ ២៤ អេណុក​បាន​បន្ត​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត។+ រួច​មក ក៏​លែង​មាន​គាត់​ទៀត ព្រោះ​ព្រះ​បាន​យក​គាត់។+

២៥ ពេល​ម៉េធូសាឡា​អាយុ​បាន​១៨៧​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​ឡេម៉េក។+ ២៦ ក្រោយ​មក ម៉េធូសាឡា​រស់​បាន​៧៨២​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ២៧ អាយុ​សរុប​របស់​ម៉េធូសាឡា​គឺ​៩៦៩​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

២៨ ពេល​ឡេម៉េក​អាយុ​បាន​១៨២​ឆ្នាំ គាត់​មាន​កូន​ប្រុស​ម្នាក់។ ២៩ គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​ណូអេ*+ ដោយ​និយាយ​ថា​៖ ​«​កូន​នេះ​នឹង​សម្រាល​ទុក្ខ​លំបាក និង​ការ​នឿយ​ហត់​ដែល​ដៃ​យើង​បាន​ធ្វើ ព្រោះ​តែ​ដី​ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​បណ្ដាសា​»។+ ៣០ ក្រោយ​មក ឡេម៉េក​រស់​បាន​៥៩៥​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ៣១ អាយុ​សរុប​របស់​ឡេម៉េក​គឺ​៧៧៧​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​ទៅ។

៣២ ពេល​ណូអេ​អាយុ​បាន​៥០០​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​សិម+ ហាំ+ និង​យ៉ាផេត។+

៦ ពេល​មនុស្សជាតិ​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង ហើយ​ពួក​គេ​មាន​កូន​ស្រី​ៗ​ជា​ច្រើន ២ នោះ​កូន​ប្រុស​ៗ​*របស់​ព្រះ​ពិត+ បាន​ឃើញ​ថា​កូន​ស្រី​ៗ​របស់​មនុស្ស​មាន​រូប​ឆោម​ស្រស់​ស្អាត។ ដូច្នេះ ពួក​គេ​ក៏​យក​ស្ត្រី​ទាំង​នោះ​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​ពួក​គេ​ទៅ។ ៣ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ទ្រាំ​ជា​មួយ​នឹង​មនុស្សជាតិ​រហូត​ទេ+ ព្រោះ​ពួក​គេ​មាន​តែ​ចិត្ត​គំនិត​ខុស​ឆ្គង។ ហេតុ​នេះ ខ្ញុំ​នឹង​ទុក​ពេល​ឲ្យ​ពួក​គេ​តែ​១២០​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​»។+

៤ នៅ​គ្រា​នោះ មាន​មនុស្ស​មាឌ​ធំ​សម្បើម*រស់​នៅ​ផែនដី ហើយ​ក្រោយ​មក​ក៏​នៅ​តែ​មាន​ដែរ។ អ្នក​ទាំង​នោះ​កើត​នៅ​ជំនាន់​ដែល​កូន​ប្រុស​ៗ​របស់​ព្រះ​បាន​រួម​រស់​ជា​មួយ​នឹង​កូន​ស្រី​ៗ​របស់​មនុស្ស។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ​និង​មាន​ឈ្មោះ​ល្បី​នៅ​សម័យ​បុរាណ។

៥ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា​ការ​អាក្រក់​របស់​មនុស្ស​មាន​ច្រើន​ក្រៃ​លែង ហើយ​ចិត្ត​គំនិត​របស់​ពួក​គេ​សុទ្ធតែ​អាក្រក់​ជា​និច្ច។+ ៦ ព្រះ​យេហូវ៉ា​ស្ដាយ​ដែល​បាន​បង្កើត​មនុស្សជាតិ​នៅ​ផែនដី ហើយ​លោក​ឈឺ​ចិត្ត​ជា​ខ្លាំង។+ ៧ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​បំផ្លាញ​មនុស្ស​ដែល​ខ្ញុំ​បាន​បង្កើត​ឲ្យ​សាប​សូន្យ​ពី​ផែនដី ព្រម​ទាំង​សត្វ​ស្រុក សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស​ផង​ដែរ។ ខ្ញុំ​ស្ដាយ​ណាស់​ដែល​ខ្ញុំ​បាន​បង្កើត​ពួក​គេ​»។ ៨ ប៉ុន្តែ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ណូអេ។

៩ នេះ​ជា​ជីវប្រវត្ដិ​របស់​ណូអេ។

ណូអេ​ជា​មនុស្ស​សុចរិត+ និង​ជា​មនុស្ស​ដែល​គ្មាន​កំហុស​នៅ​ក្នុង​ចំណោម​មនុស្ស​ជំនាន់​គាត់។ គាត់​បាន​ដើរ​ជា​មួយ​នឹង​ព្រះ​ពិត។+ ១០ ណូអេ​មាន​កូន​ប្រុស​បី​នាក់ គឺ​សិម ហាំ និង​យ៉ាផេត។+ ១១ នៅ​គ្រា​នោះ ផែនដី​បាន​ទៅ​ជា​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ​ពិត ហើយ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ។ ១២ ពេល​ព្រះ​មើល​មក​ផែនដី លោក​ឃើញ​សុទ្ធតែ​អំពើ​ទុច្ចរិត+ ព្រោះ​មនុស្សជាតិ​តែង​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​និច្ច។+

១៣ ក្រោយ​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ណូអេ​ថា​៖ ​«​ខ្ញុំ​បាន​សម្រេច​ចិត្ត​បំផ្លាញ​ជីវិត​ទាំង​ឡាយ ពី​ព្រោះ​ផែនដី​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ​របស់​មនុស្ស។ ដូច្នេះ ខ្ញុំ​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​ទៅ​ជា​មួយ​នឹង​ផែនដី។+ ១៤ ចូរ​ធ្វើ​ទូក*ធំ​មួយ​ពី​ឈើ​ល្អ*+ ហើយ​លាប​ជ័រ+ទាំង​ក្នុង​ទាំង​ក្រៅ ព្រម​ទាំង​ធ្វើ​បន្ទប់​ផ្សេង​ៗ​នៅ​ក្នុង​ទូក​នោះ​ដែរ។ ១៥ អ្នក​ត្រូវ​ធ្វើ​ទូក​នោះ​ដូច​ត​ទៅ​៖ គឺ​បណ្ដោយ​៣០០​ហត្ថ* ទទឹង​៥០​ហត្ថ និង​កម្ពស់​៣០​ហត្ថ។ ១៦ អ្នក​ត្រូវ​ធ្វើ​បី​ជាន់ ហើយ​ត្រូវ​ធ្វើ​បង្អួច*ចុះ​ពី​ដំបូល​មួយ​ហត្ថ ព្រម​ទាំង​ដាក់​ទ្វារ​នៅ​ចំហៀង​ទូក។+

១៧ ​«​រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​មាន​ទឹក​ជន់​លិច+ផែនដី ដើម្បី​បំផ្លាញ​ជីវិត​ទាំង​ឡាយ​នៅ​ក្រោម​មេឃ ដែល​មាន​ដង្ហើម​ជីវិត។ អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ។+ ១៨ ខ្ញុំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក ហើយ​អ្នក​ត្រូវ​ចូល​ទៅ​ក្នុង​ទូក​នោះ​ជា​មួយ​នឹង​ប្រពន្ធ​កូន​អ្នក ព្រម​ទាំង​កូន​ប្រសា​របស់​អ្នក​ដែរ។+ ១៩ អ្នក​ត្រូវ​នាំ​សត្វ​គ្រប់​ប្រភេទ​មួយ​គូ​ៗ​+ទាំង​ឈ្មោល​ទាំង​ញី​ចូល​ទៅ​ក្នុង​ទូក ដើម្បី​ឲ្យ​ពួក​វា​រួច​ជីវិត​ជា​មួយ​នឹង​អ្នក​ដែរ។+ ២០ ចំណែក​ឯ​សត្វ​ស្លាប​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ និង​សត្វ​លូន​វារ​គ្រប់​ប្រភេទ​តាម​ពូជ ពួក​វា​នឹង​មក​ឯ​អ្នក​មួយ​គូ​ៗ ហើយ​ចូល​ក្នុង​ទូក​ដើម្បី​រួច​ជីវិត។+ ២១ រីឯ​អ្នក​វិញ អ្នក​ត្រូវ​ប្រមូល​ស្បៀងអាហារ​គ្រប់​មុខ+ សម្រាប់​អ្នក​និង​សត្វ​ផង​ដែរ​»។

២២ ណូអេ​ក៏​បាន​ធ្វើ​ដូច្នោះ​តាម​បង្គាប់​របស់​ព្រះ គឺ​គាត់​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់។+

៧ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ណូអេ​ថា​៖ ​«​ចូរ​អ្នក​និង​ក្រុម​គ្រួសារ​ចូល​ក្នុង​ទូក​ធំ ព្រោះ​នៅ​ជំនាន់​នេះ ខ្ញុំ​ឃើញ​មាន​តែ​អ្នក​ប៉ុណ្ណោះ​ជា​មនុស្ស​សុចរិត។+ ២ អ្នក​ត្រូវ​នាំ​យក​សត្វ​ដែល​ស្អាត​បរិសុទ្ធ​ទាំង​ឈ្មោល​ទាំង​ញី តាម​ពូជ​នីមួយ​ៗ​ចំនួន​៧​ក្បាល។*+ ឯ​សត្វ​គ្រប់​ប្រភេទ​ដែល​មិន​ស្អាត​បរិសុទ្ធ ចូរ​យក​មួយ​គូ​ៗ​ទាំង​ឈ្មោល​ទាំង​ញី។ ៣ អ្នក​ក៏​ត្រូវ​នាំ​យក​សត្វ​ស្លាប​ដែល​ហើរ​លើ​អាកាស​ទាំង​ឈ្មោល​ទាំង​ញី តាម​ពូជ​នីមួយ​ៗ​ចំនួន​៧*ដែរ ដើម្បី​ឲ្យ​ពួក​វា​បន្ត​ពូជ​ពេញ​លើ​ផែនដី+ ៤ ព្រោះ​នៅ​សល់​តែ​៧​ថ្ងៃ​ទៀត ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង+ធ្លាក់​មក​លើ​ផែនដី​ចំនួន​៤០​ថ្ងៃ​៤០​យប់។+ ខ្ញុំ​នឹង​បំផ្លាញ​ជីវិត​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​បង្កើត​ឲ្យ​សាប​សូន្យ​ទៅ​»​។+ ៥ ណូអេ​ក៏​បាន​ធ្វើ​ដូច្នោះ តាម​បង្គាប់​ព្រះ​យេហូវ៉ា​គ្រប់​ប្រការ។

៦ ពេល​ដែល​មាន​ទឹក​ជន់​លិច​ផែនដី ណូអេ​មាន​អាយុ​៦០០​ឆ្នាំ។+ ៧ មុន​ទឹក​ជន់​លិច ណូអេ​និង​ប្រពន្ធ​កូន ព្រម​ទាំង​កូន​ប្រសា​ស្រី បាន​ចូល​ក្នុង​ទូក​ធំ។+ ៨ ឯ​សត្វ​គ្រប់​ប្រភេទ​ដែល​ស្អាត​បរិសុទ្ធ និង​មិន​ស្អាត​បរិសុទ្ធ ព្រម​ទាំង​សត្វ​ស្លាប សត្វ​លូន​វារ និង​សត្វ​ល្អិត​គ្រប់​ប្រភេទ+ ៩ ពួក​វា​បាន​មក​ឯ​ណូអេ​មួយ​គូ​ៗ​ទាំង​ឈ្មោល​ទាំង​ញី ចូល​ក្នុង​ទូក​ធំ​ដូច​ដែល​ព្រះ​បាន​ប្រាប់​ណូអេ​មែន។ ១០ លុះ​៧​ថ្ងៃ​ក្រោយ​មក ភ្លៀង​ក៏​ចាប់​ផ្ដើម​ធ្លាក់ ហើយ​បណ្ដាល​ឲ្យ​ទឹក​ជន់​ឡើង​ពេញ​ផែនដី។

១១ នៅ​ថ្ងៃ​ទី​១៧ ខែ​ទី​២ ក្នុង​ឆ្នាំ​ទី​៦០០​នៃ​អាយុ​របស់​ណូអេ ទឹក​បាន​ធ្លាក់​មក​ពី​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​នៅ​ខាង​លើ ហើយ​ទ្វារទឹក​នៅ​លើ​មេឃ​ក៏​បាន​ត្រូវ​បើក​ដែរ។+ ១២ ភ្លៀង​បាន​ធ្លាក់​មក​លើ​ផែនដី​អស់​៤០​ថ្ងៃ​៤០​យប់។ ១៣ នៅ​ថ្ងៃ​នោះ ណូអេ​និង​ប្រពន្ធ​បាន​ចូល​ក្នុង​ទូក​ធំ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​គាត់ គឺ​សិម ហាំ និង​យ៉ាផេត+ ព្រម​ទាំង​ប្រពន្ធ​របស់​ពួក​គេ។+ ១៤ ពួក​គេ​បាន​ចូល​ក្នុង​ទូក​ធំ​ជា​មួយ​នឹង​សត្វ​ព្រៃ​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ សត្វ​លូន​វារ​តាម​ពូជ និង​សត្វ​ហើរ​លើ​អាកាស​តាម​ពូជ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ស្លាប។ ១៥ សត្វ​ទាំង​នោះ​បាន​នាំ​គ្នា​ទៅ​ឯ​ណូអេ ចូល​ក្នុង​ទូក​ធំ​ទាំង​គូ​ៗ គឺ​សត្វ​គ្រប់​ប្រភេទ​ដែល​មាន​ដង្ហើម​ជីវិត។ ១៦ ដូច្នេះ ពួក​វា​បាន​ចូល​ក្នុង​ទូក ទាំង​ឈ្មោល​ទាំង​ញី ដូច​ដែល​ព្រះ​បាន​ប្រាប់​ណូអេ​មែន។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បិទ​ទ្វារ​ទូក។

១៧ ទឹក​បាន​បន្ត​ជន់​លិច​ផែនដី​អស់​៤០​ថ្ងៃ ហើយ​ទឹក​ចេះ​តែ​កើន​ឡើង​ៗ​រហូត​ដល់​ទូក​អណ្ដែត​ផុត​ពី​ដី។ ១៨ ទឹក​នោះ​ជន់​ឡើង​ខ្លាំង​ក្រៃ​លែង ហើយ​បន្ត​ឡើង​កាន់​តែ​ខ្ពស់​ទៅ​ៗ តែ​ទូក​ធំ​បាន​អណ្ដែត​លើ​ផ្ទៃ​ទឹក។ ១៩ ទឹក​ជំនន់​នោះ​ធំ​សម្បើម​ដល់​ម្ល៉េះ បាន​ជា​ភ្នំ​ខ្ពស់​ៗ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្រោម​មេឃ បាន​លិច​ទាំង​អស់+ ២០ ហើយ​ឡើង​ផុត​ភ្នំ​ទាំង​នោះ អស់​១៥​ហត្ថ*ទៀត។

២១ ដូច្នេះ ជីវិត​ទាំង​ឡាយ​ដែល​កម្រើក​នៅ​ផែនដី​បាន​វិនាស​ទៅ+ គឺ​សត្វ​ស្លាប សត្វ​ព្រៃ សត្វ​ស្រុក ពពួក​សត្វ​ល្អិត* និង​មនុស្សជាតិ​ទាំង​ឡាយ។+ ២២ គ្រប់​ទាំង​អស់​ដែល​រស់​នៅ​លើ​ដី​គោក ហើយ​មាន​ដង្ហើម​ជីវិត បាន​ស្លាប់​ទៅ។+ ២៣ ដូច្នេះ ព្រះ​បាន​បំផ្លាញ​ជីវិត​ទាំង​ឡាយ​នៅ​ផែនដី​អស់​ទៅ រួម​ទាំង​មនុស្សជាតិ សត្វ​លូន​វារ សត្វ​ហើរ​លើ​អាកាស និង​សត្វ​ឯ​ទៀត+ មាន​តែ​ណូអេ​និង​ក្រុម​គ្រួសារ​គាត់ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទូក​ធំ​ប៉ុណ្ណោះ បាន​រួច​ជីវិត។+ ២៤ ទឹក​ជំនន់​ដ៏​ធំ​នោះ បាន​នៅ​ទ្រឹង​លើ​ផែនដី​អស់​១៥០​ថ្ងៃ។+

៨ ប៉ុន្តែ ព្រះ​គិត​ដល់​ណូអេ និង​សត្វ​ព្រៃ​សត្វ​ស្រុក​ទាំង​ឡាយ​ដែល​នៅ​ក្នុង​ទូក។+ ដូច្នេះ លោក​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្ដើម​ស្រក​បន្តិច​ម្ដង​ៗ។ ២ ឯ​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​នៅ​ខាង​លើ​បាន​ត្រូវ​បិទ ព្រម​ទាំង​ទ្វារ​ទឹក​នៅ​លើ​មេឃ​ក៏​ត្រូវ​បិទ​ដែរ។ ម្ល៉ោះ​ហើយ ភ្លៀង​ក៏​ឈប់​ធ្លាក់​ទៀត។+ ៣ ក្រោយ​មក ទឹក​ក៏​ចាប់​ផ្ដើម​ស្រក​បន្តិច​ម្ដង​ៗ​ពី​ផែនដី។ លុះ​១៥០​ថ្ងៃ​កន្លង​ទៅ ទឹក​កាន់​តែ​ស្រក​ថែម​ទៀត។ ៤ នៅ​ថ្ងៃ​ទី​១៧ ខែ​ទី​៧ ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ារ៉ាត។ ៥ ទឹក​ចេះ​តែ​ស្រក​ទៅ​ៗ​រហូត​ដល់​ខែ​ទី​១០។ នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​នោះ កំពូល​ភ្នំ​នា​នា​បាន​លេច​ឡើង។+

៦ លុះ​៤០​ថ្ងៃ​ក្រោយ​មក ណូអេ​បាន​បើក​បង្អួច+ទូក​ដែល​គាត់​បាន​ធ្វើ។ ៧ គាត់​បាន​លែង​សត្វ​ក្អែក​មួយ ហើយ​វា​ចេះ​តែ​ហើរ​ទៅ​ហើរ​មក និង​ត្រឡប់​មក​ទូក​វិញ រហូត​ដល់​ទឹក​ស្រក​អស់​ពី​ផែនដី។

៨ ក្រោយ​មក គាត់​បាន​លែង​សត្វ​ព្រាប​មួយ ដើម្បី​ឲ្យ​ដឹង​ថា​ទឹក​បាន​ស្រក​អស់​ហើយ​ឬ​នៅ។ ៩ ប៉ុន្តែ វារ​ក​កន្លែង​ទំ​មិន​បាន​ទេ ព្រោះ​ទឹក​នៅ​ពេញ​ពាស​លើ​ផែនដី​នៅ​ឡើយ។+ ដូច្នេះ វា​បាន​ហើរ​ត្រឡប់​មក​វិញ ហើយ​ណូអេ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​វា​មក​ក្នុង​ទូក។ ១០ ណូអេ​បាន​ចាំ​៧​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ជា​លើក​ទី​២។ ១១ នៅ​ពេល​ល្ងាច ព្រាប​នោះ​បាន​ហើរ​មក​វិញ ទាំង​ពាំ​យក​ត្រួយ​អូលីវ​មក​ជា​មួយ​ផង។ ដូច្នេះ ណូអេ​ដឹង​ថា​ទឹក​បាន​ស្រក​ពី​ផ្ទៃ​ផែនដី។+ ១២ បន្ទាប់​មក គាត់​បាន​រង់​ចាំ​៧​ថ្ងៃ​ទៀត រួច​ក៏​លែង​ព្រាប​ឲ្យ​ចេញ​ទៅ តែ​លើក​នេះ​វា​មិន​បាន​ហើរ​ត្រឡប់​មក​វិញ​ទេ។

១៣ នៅ​ថ្ងៃ​ទី​១ ខែ​ទី​១ ក្នុង​ឆ្នាំ​ទី​៦០១+នៃ​អាយុ​ណូអេ ទឹក​បាន​ស្រក​អស់​ពី​ផ្ទៃ​ផែនដី។ ណូអេ​បាន​បើក​ដំបូល​ទូក ហើយ​មើល​ទៅ​ផ្ទៃ​ដី​ឃើញ​ថា​ចាប់​ផ្ដើម​ស្ងួត។ ១៤ នៅ​ថ្ងៃ​ទី​២​៧ ខែ​ទី​២ ផ្ទៃ​ដី​បាន​ស្ងួត​ធេង។

១៥ ពេល​នោះ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​ណូអេ​ថា​៖ ១៦ ​«​ចូរ​អ្នក​និង​ប្រពន្ធ​កូន ព្រម​ទាំង​កូន​ប្រសា​ចេញ​ពី​ទូក​ធំ​នេះ​ចុះ។+ ១៧ ចូរ​នាំ​សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ និង​សត្វ​ទាំង​ឡាយ​ចេញ​មក+ ដើម្បី​ឲ្យ​ពួក​វា​ទៅ​រស់​នៅ​ពេញ​ពាស​លើ​ផែនដី ហើយ​ឲ្យ​បង្កើត​កូន​ជា​ច្រើន​ឡើង​»។+

១៨ ដូច្នេះ ណូអេ​និង​ប្រពន្ធ​កូន+ ព្រម​ទាំង​កូន​ប្រសា​គាត់​បាន​ចេញ​ពី​ទូក​ធំ។ ១៩ ឯ​សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ និង​សត្វ​ឯ​ទៀត ពួក​វា​បាន​ចេញ​ពី​ទូក​តាម​ពូជ​នីមួយ​ៗ។+ ២០ បន្ទាប់​មក ណូអេ​បាន​សង់​ទី​បូជា​មួយ+ជូន​ព្រះ​យេហូវ៉ា ហើយ​គាត់​យក​សត្វ​ស្លាប​ខ្លះ និង​សត្វ​ឯ​ទៀត​ដែល​ស្អាត​បរិសុទ្ធ+ ទៅ​ជូន​ជា​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា​នោះ។+ ២១ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ក្លិន​ឈ្ងុយ​ពី​គ្រឿង​បូជា​នោះ ហើយ​ព្រះ​យេហូវ៉ា​បាន​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ខ្ញុំ​នឹង​លែង​ដាក់​បណ្ដាសា​ដី+ ដោយ​ព្រោះ​តែ​មនុស្សជាតិ​ទៀត​ហើយ ព្រោះ​ពួក​គេ​មាន​ចិត្ត​គំនិត​អាក្រក់​តាំង​ពី​ក្មេង​មក។+ ខ្ញុំ​នឹង​មិន​បំផ្លាញ​ជីវិត​ទាំង​ឡាយ​ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​ទៀត​ឡើយ។+ ២២ ដរាប​ណា​មាន​ផែនដី ដរាប​នោះ​មាន​រដូវ​សាប​ព្រោះ​រដូវ​ច្រូត​កាត់ រដូវ​ក្ដៅ​រដូវ​ត្រជាក់ ព្រម​ទាំង​មាន​ថ្ងៃ​និង​យប់​ជា​រៀង​ដរាប​ត​ទៅ​»។+

៩ ក្រោយ​មក ព្រះ​បាន​ឲ្យ​ពរ​ណូអេ​និង​កូន​ប្រុស​ៗ​របស់​គាត់ រួច​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ។+ ២ ឯ​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ផែនដី រួម​ទាំង​សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ និង​ត្រី​ក្នុង​សមុទ្រ ពួក​វា​នឹង​បន្ត​ខ្លាច​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​បាន​ប្រគល់​ពួក​វា​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក​រាល់​គ្នា​ហើយ។+ ៣ ចំណែក​អ្វី​ៗ​ទាំង​អស់​ដែល​កម្រើក​និង​មាន​ជីវិត អ្នក​រាល់​គ្នា​អាច​យក​មក​ធ្វើ​ជា​អាហារ​បាន+ ដូច​ជា​រុក្ខ​ជាតិ​ខៀវ​ខ្ចី​ដែល​ខ្ញុំ​បាន​ឲ្យ​ជា​អាហារ​ដល់​អ្នក​រាល់​គ្នា​ដែរ។+ ៤ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​ដែល​នៅ​មាន​ឈាម​ទេ+ ព្រោះ​ឈាម​ជា​ជីវិត។+ ៥ មួយ​វិញ​ទៀត បើ​សត្វ​ឬ​មនុស្ស​ណា​សម្លាប់​អ្នក​រាល់​គ្នា* ខ្ញុំ​នឹង​ទាម​ទារ​ជីវិត​វិញ។ បើ​សត្វ​ណា​សម្លាប់​មនុស្ស សត្វ​នោះ​នឹង​ត្រូវ​ស្លាប់។ បើ​អ្នក​ណា​ម្នាក់​សម្លាប់​មនុស្ស ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​សង​ជីវិត​វិញ។+ ៦ បើ​អ្នក​ណា​ម្នាក់​សម្លាប់*គេ អ្នក​នោះ​នឹង​ត្រូវ​គេ​សម្លាប់​វិញ+ ព្រោះ​ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ភាព​ដូច​លោក។+ ៧ ចំណែក​អ្នក​រាល់​គ្នា​វិញ ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ជា​បរិបូរ​ពេញ​ផែនដី​ចុះ​»។+

៨ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ណូអេ​និង​កូន​ប្រុស​ៗ​របស់​គាត់​ថា​៖ ៩ ​«​ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អ្នក​រាល់​គ្នា+ និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ១០ ព្រម​ទាំង​ជាមួយ​នឹង​សត្វ​ទាំង​ឡាយ​ដែល​ចេញ​ពី​ទូក​ធំ​ជាមួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ទាំង​សត្វ​ស្លាប សត្វ​ស្រុក និង​សត្វ​ព្រៃ ពោល​គឺ​សត្វ​ទាំង​ឡាយ​នៅ​ផែនដី។+ ១១ ខ្ញុំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​នេះ​ជាមួយ​នឹង​អ្នក​រាល់​គ្នា គឺ​ថា ខ្ញុំ​នឹង​មិន​បំផ្លាញ​ជីវិត​ទាំង​ឡាយ​នៅ​ផែនដី​ដោយ​ទឹក​ជំនន់​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​មិន​បំផ្លាញ​ផែនដី​ដោយ​ទឹក​ជំនន់​ទៀត​ដែរ​»។+

១២ ព្រះ​បាន​បន្ថែម​ថា​៖ ​«​នេះ​ជា​សញ្ញា​សម្គាល់​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​ធ្វើ​ជា​មួយ​នឹង​អ្នក ព្រម​ទាំង​ជាមួយ​នឹង​សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​ជាមួយ​នឹង​អ្នក​ដែរ រហូត​ត​ទៅ​ដល់​ជំនាន់​ក្រោយ​ៗ។ ១៣ ខ្ញុំ​ដាក់​ឥន្ទធនូ​នៅ​ក្នុង​ពពក ហើយ​ឥន្ទធនូ​នោះ​នឹង​ធ្វើ​ជា​សញ្ញា​សម្គាល់​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​ផែនដី។ ១៤ ពេល​ណា​ដែល​ខ្ញុំ​ប្រមូល​ពពក​ឲ្យ​ផ្ដុំ​គ្នា​ពី​លើ​ផែនដី ពេល​នោះ​ឥន្ទធនូ​នឹង​លេច​មក​ក្នុង​ពពក​នោះ។ ១៥ ពេល​ខ្ញុំ​ឃើញ​ឥន្ទធនូ​នោះ ខ្ញុំ​នឹង​នឹក​ឃើញ​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​នឹង​អ្នក ព្រម​ទាំង​ជាមួយ​នឹង​សត្វ​គ្រប់​ប្រភេទ ហើយ​ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​បំផ្លាញ​ជីវិត​ទាំង​ឡាយ​ទៀត​ឡើយ។+ ១៦ ពេល​ឥន្ទធនូ​លេច​មក​ក្នុង​ពពក ខ្ញុំ​នឹង​ចាំ​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ជា​រៀង​រហូត រវាង​ខ្ញុំ​និង​ជីវិត​ទាំង​ឡាយ​នៅ​ផែនដី​នេះ​»។

១៧ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ណូអេ​ម្ដង​ទៀត​ថា​៖ ​«​នេះ​ជា​សញ្ញា​សម្គាល់​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​ជីវិត​ទាំង​ឡាយ​នៅ​ផែនដី​»។+

១៨ កូន​ប្រុស​ៗ​របស់​ណូអេ​ដែល​បាន​ចេញ​ពី​ទូក​ធំ​គឺ សិម ហាំ និង​យ៉ាផេត។+ ក្រោយ​មក ហាំ​បាន​ទៅ​ជា​ឪពុក​របស់​កាណាន។+ ១៩ កូន​ប្រុស​ណូអេ​ទាំង​បី​នាក់​នេះ​ហើយ ដែល​បាន​ទៅ​ជា​បុព្វ​បុរស​របស់​មនុស្ស​ជាតិ​ទាំង​ឡាយ​ទូទាំង​ផែនដី។+

២០ ក្រោយ​មក ណូអេ​ចាប់​ផ្ដើម​ភ្ជួរ​រាស់​ធ្វើ​ចម្ការ ហើយ​ដាំ​ទំពាំង​បាយ​ជូរ។ ២១ ថ្ងៃ​មួយ ណូអេ​បាន​ពិសា​ស្រា​ទំពាំង​បាយ​ជូរ ហើយ​ក៏​ស្រវឹង រួច​ដេក​អាក្រាត​នៅ​ក្នុង​ត្រសាល​របស់​គាត់។ ២២ ពេល​ឃើញ​ដូច្នោះ ហាំ​ជា​ឪពុក​របស់​កាណាន បាន​ទៅ​ខាង​ក្រៅ​ប្រាប់​បង​ប្អូន​ទាំង​ពីរ​នាក់​របស់​គាត់។ ២៣ ដូច្នេះ សិម​និង​យ៉ាផេត​បាន​យក​អាវ​វែង កាន់​ត្រដាង​ពី​ក្រោយ​ស្មា រួច​ដើរ​ថយ​ក្រោយ ដើម្បី​គ្រប​កេរ្តិ៍​ខ្មាស​ឪពុក។ ពេល​ពួក​គេ​ដើរ ពួក​គេ​បែរ​មុខ​ចេញ​ដើម្បី​កុំ​ឲ្យ​ឃើញ​កេរ្តិ៍​ខ្មាស​ឪពុក។

២៤ ក្រោយ​ពី​ណូអេ​ស្វាង​ស្រា គាត់​បាន​ដឹង​អំពី​អ្វីដែល​កូន​ពៅ​របស់​គាត់​បាន​ធ្វើ ២៥ ដូច្នេះ គាត់​បាន​និយាយ​ថា​៖

​«​កាណាន​ត្រូវ​បណ្ដាសា​ហើយ។+

គាត់​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​ថោក​ទាប​បំផុត​ដល់​បង​ប្អូន​គាត់​»។+

២៦ ណូអេ​បាន​បន្ថែម​ថា​៖

​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​សិម​ទទួល​ការ​សរសើរ​តម្កើង

ហើយ​ចូរ​ឲ្យ​កាណាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​សិម។+

២៧ សូម​ព្រះ​វាត​ទឹក​ដី​ឲ្យ​យ៉ាផេត

ហើយ​សូម​ឲ្យ​យ៉ាផេត​អាស្រ័យ​នៅ​ក្នុង​ត្រសាល​របស់​សិម។

ចូរ​ឲ្យ​កាណាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​យ៉ាផេត​ដែរ​»។

២៨ ក្រោយ​ពី​ទឹក​ជំនន់ ណូអេ​រស់​បាន​៣៥០​ឆ្នាំ​ទៀត។+ ២៩ អាយុ​សរុប​របស់​ណូអេ​គឺ​៩៥០​ឆ្នាំ រួច​មក​គាត់​ក៏​ស្លាប់​ទៅ។

១០ នេះ​ជា​ជីវប្រវត្តិ​របស់​កូន​ប្រុស​ណូអេ គឺ​សិម+ ហាំ និង​យ៉ាផេត។

ក្រោយ​ពី​ទឹក​ជំនន់ ពួក​គេ​បាន​បង្កើត​កូន​ចៅ​ជា​ច្រើន។+ ២ កូន*របស់​យ៉ាផេត​មាន កូមឺ+ ម៉ាកូក+ ម៉ាដាយ យ៉ាវ៉ាន ទូបាល+ មេសេក+ និង​ធីរ៉េស។+

៣ កូន​របស់​កូមឺ​មាន អាសខិនណាស+ រីផាត និង​ថូកាម៉ា។+

៤ កូន​របស់​យ៉ាវ៉ាន​មាន អេលីសា+ តើស៊ីស+ គីទីម+ និង​ដូដាណេម។

៥ គឺ​អ្នក​ទាំង​នោះ​ហើយ ជា​បុព្វ​បុរស​របស់​ពួក​អ្នក​ដែល​រស់​នៅ​តំបន់​កោះ តាម​ភាសា តាម​គ្រួសារ និង​តាម​ជន​ជាតិ។

៦ កូន​របស់​ហាំ​មាន គូស មីសរៀម+ ផឹត+ និង​កាណាន។+

៧ កូន​របស់​គូស​មាន ស៊ីបា+ ហាវីឡា សាប់តា រ៉ាអាម៉ា+ និង​សាប់តិកា។

កូន​របស់​រ៉ាអាម៉ា​មាន សេបា និង​ដេដាន់។

៨ នីមរ៉ុឌ​ក៏​ជា​កូន​របស់​គូស​ដែរ ហើយ​គាត់​ជា​បុរស​ខ្លាំង​ក្លា​ទី​១​នៅ​ផែនដី។ ៩ គាត់​ជា​អ្នក​ប្រមាញ់​ដ៏​ខ្លាំង​ក្លា និង​ជា​អ្នក​ប្រឆាំង​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ថា​៖ ​«​អ្នក​គឺ​ដូច​នីមរ៉ុឌ​ជា​អ្នក​ប្រមាញ់​ដ៏​ខ្លាំង​ក្លា​ដែល​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​»។ ១០ មុន​ដំបូង នីមរ៉ុឌ​បាន​សង់​ក្រុង​មួយ​ចំនួន​នៅ​ស្រុក​ស៊ីណើរ+ក្នុង​រាជាណាចក្រ​គាត់ គឺ​ក្រុង​បាបិល+ ក្រុង​អេរេក+ ក្រុង​អាកាឌ និង​ក្រុង​កាលនេ។ ១១ ក្រោយ​នោះ គាត់​បាន​ទៅ​ស្រុក​អាស៊ីរី+ ហើយ​សង់​ក្រុង​នីនីវេ+ ក្រុង​រេហូបូតអៀ ក្រុង​កាឡា ១២ និង​ក្រុង​រេសេន ដែល​នៅ​ចន្លោះ​ក្រុង​នីនីវេ និង​ក្រុង​កាឡា។ ក្រុង​នេះ​ជា​ក្រុង​ដ៏​ធំ។*

១៣ កូន​របស់​មីសរៀម​មាន លូតឌីម+ អាណាមីម លេហាប៊ីម ណាធូហ៊ីម+ ១៤ ប៉ាទ្រូស៊ីម+ កាសលូហ៊ីម​(​គាត់​ជា​បុព្វ​បុរស​របស់​ជន​ជាតិ​ភីលីស្ទីន+​) និង​កាបតូរីម។+

១៥ កាណាន​មាន​កូន​ច្បង​ឈ្មោះ​ស៊ីដូន+ ហើយ​កូន​បន្ទាប់​ឈ្មោះ​ហេត។+ ១៦ កាណាន​ក៏​ជា​បុព្វ​បុរស​ជន​ជាតិ​យេប៊ូស+ ជនជាតិអាម៉ូរី+ ជនជាតិកឺកាស៊ី ១៧ ជន​ជាតិ​ហេវី+ ជន​ជាតិ​អាខាយ ជន​ជាតិ​ស៊ីនីត ១៨ ជន​ជាតិ​អាវ៉ាដ+ ជន​ជាតិ​សេម៉ារីត និង​ជន​ជាតិ​ហាម៉ាត។+ ក្រោយ​មក ក្រុម​គ្រួសារ​ពួក​កាណាន​បាន​បែក​ខ្ញែក​គ្នា​ទៅ​កន្លែង​ផ្សេង​ៗ។ ១៩ ដូច្នេះ ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​កាណាន​លាត​សន្ធឹង​ចាប់​ពី​ក្រុង​ស៊ីដូន រហូត​ដល់​ក្រុង​ខេរ៉ា+ ដែល​នៅ​ជិត​ក្រុង​កាសា+ និង​រហូត​ដល់​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា+ ក្រុង​អាត់ម៉ា និង​ក្រុង​សេបោអីម+ ដែល​នៅ​ក្បែរ​ឡាសា។ ២០ ពួក​អ្នក​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​នេះ​សុទ្ធតែ​ជា​កូន​ចៅ​របស់​ហាំ តាម​ក្រុម​គ្រួសារ តាម​ភាសា តាម​ស្រុក និង​តាម​ជន​ជាតិ។

២១ ចំណែក​សិម​វិញ គាត់​ក៏​មាន​កូន​ចៅ​ជា​ច្រើន​ដែរ។ គាត់​ជា​បុព្វ​បុរស​របស់​កូន​ចៅ​ហេបឺរ+ ហើយ​សិម​ត្រូវ​ជា​ប្អូន​របស់​យ៉ាផេត។* ២២ កូន​របស់​សិម​មាន អេឡាំ+ អាសស៊ើរ+ អាប៉ាក់សាឌ+ លូត និង​អេរ៉ាម។+

២៣ កូន​របស់​អេរ៉ាម​មាន អ៊ូស ហ៊ូល កេធើ និង​ម៉ាស។

២៤ អាប៉ាក់សាឌ​ជា​ឪពុក​សេឡា។+ សេឡា​ជា​ឪពុក​ហេបឺរ។

២៥ ហេបឺរ​មាន​កូន​ពីរ​នាក់ កូន​ម្នាក់​ឈ្មោះ​ពេឡេក*+ ព្រោះ​នៅ​ជំនាន់​គាត់ មនុស្ស​នៅ​ផែនដី​បាន​បែក​ខ្ញែក​គ្នា។ កូន​ម្នាក់​ទៀត​ឈ្មោះ​យ៉ុកថាន។+

២៦ កូន​របស់​យ៉ុកថាន​មាន អាល់ម៉ូដាត សេលែប ហាសាម៉ាវេត យេរ៉ា+ ២៧ ហាតដូរ៉ាម យូសាល់ ឌិកឡា ២៨ អូបាល អាប៊ីម៉ាអែល សេបា ២៩ អូភា+ ហាវីឡា និង​យ៉ូបាប។ ពួក​គេ​ទាំង​អស់​នេះ​សុទ្ធតែ​ជា​កូន​របស់​យ៉ុកថាន។

៣០ ទឹក​ដី​របស់​ពួក​គេ​លាត​សន្ធឹង​ចាប់​ពី​តំបន់​មេសា រហូត​ដល់​តំបន់​សេផា​ដែល​ជា​តំបន់​ភ្នំ​នៅ​ភាគ​ខាង​កើត។

៣១ ពួក​គេ​ទាំង​អស់​នេះ​សុទ្ធតែ​ជា​កូន​ចៅ​របស់​សិម តាម​ក្រុម​គ្រួសារ តាម​ភាសា តាម​ស្រុក និង​តាម​ជន​ជាតិ។+

៣២ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​របស់​ណូអេ តាម​វង្ស​ត្រកូល និង​តាម​ជន​ជាតិ។ ក្រោយ​ពី​ទឹក​ជំនន់ ពួក​គេ​បាន​បែក​ចេញ​ជា​ជាតិ​សាសន៍​ផ្សេង​ៗ​រស់​នៅ​ពេញ​ផែនដី។+

១១ នៅ​គ្រា​នោះ នៅ​ផែនដី​មាន​ភាសា​តែ​មួយ ហើយ​ប្រើ​ពាក្យ​ដូច​គ្នា។ ២ ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​កើត ពួក​គេ​បាន​ឃើញ​តំបន់​វាល​មួយ​នៅ​ស្រុក​ស៊ីណើរ+ ហើយ​ពួក​គេ​បាន​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ ៣ បន្ទាប់​មក ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​ចូរ​យើង​ធ្វើ​ឥដ្ឋ ហើយ​ដុត​វា​ឲ្យ​ឆ្អិន​ទៅ​»។ ដូច្នេះ ពួក​គេ​ប្រើ​ឥដ្ឋ​នោះ​ជំនួស​ថ្ម ហើយ​យក​ជ័រ​ខ្មៅ​ធ្វើ​ជា​បាយអ។ ៤ រួច​ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​ចូរ​យើង​សង់​ក្រុង​មួយ​និង​ប៉ម​ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ ហើយ​កុំ​ឲ្យ​បែក​ខ្ញែក​គ្នា​ទៅ​នៅ​ពេញ​ពាស​ផែនដី​ទៀត​»។+

៥ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ចុះ​មក​មើល​ក្រុង​និង​ប៉ម​ដែល​មនុស្ស​បាន​សាង​សង់។ ៦ រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មើល! នេះ​ជា​អ្វី​ដែល​មនុស្សជាតិ​ចាប់​ផ្ដើម​ធ្វើ ព្រោះ​ពួក​គេ​និយាយ​ភាសា​តែ​មួយ+ ហើយ​រួប​រួម​គ្នា។ ដូច្នេះ អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ចង់​ធ្វើ ពួក​គេ​នឹង​សម្រេច​ជាក់​ជា​ពុំ​ខាន។ ៧ ចូរ​យើង+ចុះ​ទៅ​បំភាន់​ភាសា​របស់​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​យល់​គ្នា​បាន​ទៀត​»។ ៨ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​បែក​ខ្ញែក​គ្នា​ទៅ​នៅ​ពេញ​ផែនដី+ ហើយ​ពួក​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៅ។ ៩ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​បាបិល*+ ព្រោះ​នៅ​ទី​នោះ​ព្រះ​យេហូវ៉ា​បាន​បំភាន់​ភាសា​នៅ​ផែនដី។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​បែក​ខ្ចាត់​ខ្ចាយ​ពេញ​ពាស​លើ​ផែនដី។

១០ នេះ​ជា​ជីវប្រវត្ដិ​របស់​សិម។+

កាល​សិម​អាយុ​បាន​១០០​ឆ្នាំ គាត់​ក្លាយ​ទៅ​ជា​ឪពុក​អាប៉ាក់សាឌ+ គឺ​ពីរ​ឆ្នាំ​ក្រោយ​ពី​ទឹក​ជំនន់។ ១១ ក្រោយ​មក សិម​រស់​បាន​៥០០​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។+

១២ ពេល​អាប៉ាក់សាឌ​អាយុ​បាន​៣៥​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​សេឡា។+ ១៣ ក្រោយ​មក អាប៉ាក់សាឌ​រស់​បាន​៤០៣​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

១៤ ពេល​សេឡា​អាយុ​បាន​៣០​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​ហេបឺរ។+ ១៥ ក្រោយ​មក សេឡា​រស់​បាន​៤០៣​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

១៦ ពេល​ហេបឺរ​អាយុ​បាន​៣៤​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​ពេឡេក។+ ១៧ ក្រោយ​មក ហេបឺរ​រស់​បាន​៤៣០​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

១៨ ពេល​ពេឡេក​អាយុ​បាន​៣០​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​រេហ៊ូ។+ ១៩ ក្រោយ​មក ពេឡេក​រស់​បាន​២០៩​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

២០ ពេល​រេហ៊ូ​អាយុ​បាន​៣២​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​សេរូក។ ២១ ក្រោយ​មក រេហ៊ូ​រស់​បាន​២០៧​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

២២ ពេល​សេរូក​អាយុ​បាន​៣០​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​ណេឃ័រ។ ២៣ ក្រោយ​មក សេរូក​រស់​បាន​២០០​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

២៤ ពេល​ណេឃ័រ​អាយុ​បាន​២៩​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​ថេរ៉ា។+ ២៥ ក្រោយ​មក ណេឃ័រ​រស់​បាន​១១៩​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

២៦ ពេល​ថេរ៉ា​អាយុ​បាន​៧០​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​អាប់រ៉ាម+ ណេឃ័រ+ និង​ហារ៉ាន។

២៧ នេះ​ជា​ជីវប្រវត្ដិ​របស់​ថេរ៉ា។

ថេរ៉ា​ជា​ឪពុក​របស់​អាប់រ៉ាម ណេឃ័រ និង​ហារ៉ាន។ ហារ៉ាន​ជា​ឪពុក​ឡុត។+ ២៨ ហារ៉ាន​បាន​ស្លាប់​នៅ​ស្រុក​កំណើត​របស់​គាត់ គឺ​ក្រុង​អឺ+ជា​ក្រុង​របស់​ជន​ជាតិ​ខាល់ដេ+ កាល​ដែល​ថេរ៉ា​ជា​ឪពុក​គាត់​នៅ​រស់​នៅ​ឡើយ។ ២៩ អាប់រ៉ាម​និង​ណេឃ័រ​បាន​រៀប​ការ។ ប្រពន្ធ​អាប់រ៉ាម​ឈ្មោះ​សារ៉ា​យ+ ប្រពន្ធ​ណេឃ័រ​ឈ្មោះ​មីលកា។+ ឯ​ហារ៉ាន គាត់​ជា​ឪពុក​របស់​មីលកា​និង​អ៊ីសកា។ ៣០ ឯ​សារ៉ាយ នាង​ជា​ស្ត្រី​អារ+ នាង​គ្មាន​កូន​ទេ។

៣១ បន្ទាប់​មក ថេរ៉ា​បាន​នាំ​អាប់រ៉ាម​ជា​កូន និង​ឡុត​ជា​ចៅ+ ដែល​ត្រូវ​ជា​កូន​ហារ៉ាន ព្រម​ទាំង​សារ៉ាយ​ជា​កូន​ប្រសា​ស្រី ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​អាប់រ៉ាម ចាក​ចេញ​ពី​ក្រុង​អឺ​ជា​ក្រុង​របស់​ជន​ជាតិ​ខាល់ដេ ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាណាន។+ ពេល​ពួក​គេ​ធ្វើ​ដំណើរ​ដល់​ក្រុង​ហារ៉ាន+ ពួក​គេ​បាន​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ ៣២ អាយុ​សរុប​របស់​ថេរ៉ា​គឺ​២០៥​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​នៅ​ក្រុង​ហារ៉ាន​ទៅ។

១២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាប់រ៉ាម​ថា​៖ ​«​ចូរ​ចេញ​ពី​ស្រុក​អ្នក ពី​ញាតិ​សន្ដាន​របស់​អ្នក និង​ពី​ក្រុម​គ្រួសារ​ឪពុក​អ្នក ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ដែល​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក។+ ២ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ខ្លាំង​ក្លា។ ខ្ញុំ​នឹង​ឲ្យ​ពរ​អ្នក ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី​ល្បាញ ហើយ​អ្នក​ឯ​ទៀត​នឹង​ទទួល​ពរ​តាម​រយៈ​អ្នក។+ ៣ ខ្ញុំ​នឹង​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​អ្នក ហើយ​ខ្ញុំ​នឹង​ដាក់​បណ្ដាសា​ដល់​អ្នក​ណា​ដែល​ដាក់​បណ្ដាសា​ដល់​អ្នក។+ គ្រប់​ក្រុម​គ្រួសារ​នៅ​ផែនដី​នឹង​ទទួល​ពរ​តាម​រយៈ​អ្នក​»។+

៤ ដូច្នេះ អាប់រ៉ាម​បាន​ចេញ​ទៅ​តាម​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ឡុត​ក៏​ទៅ​ជា​មួយ​នឹង​គាត់​ដែរ។ ពេល​អាប់រ៉ាម​ចេញ​ពី​ស្រុក​ហារ៉ាន គាត់​មាន​អាយុ​៧៥​ឆ្នាំ។+ ៥ អាប់រ៉ាម​បាន​នាំ​សារ៉ាយ​ជា​ប្រពន្ធ​គាត់+ និង​ឡុត​ជា​ក្មួយ+ ព្រម​ទាំង​ពួក​អ្នក​បម្រើ​និង​ទ្រព្យ​សម្បត្តិ​ដែល​គាត់​ប្រមូល+បាន​នៅ​ស្រុក​ហារ៉ាន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។+ ពេល​ទៅ​ដល់​ស្រុក​កាណាន ៦ អាប់រ៉ាម​បាន​បន្ត​ដំណើរ​រហូត​ដល់​តំបន់​ស៊ីគឹម+ ដែល​នៅ​ជិត​កន្លែង​មួយ​មាន​ដើម​ឈើ​ធំ​ៗ ហៅ​ថា​ម៉ូរេ។+ នៅ​គ្រា​នោះ ពួក​កាណាន​រស់​នៅ​លើ​ទឹក​ដី​នោះ។ ៧ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​អាប់រ៉ាម ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​នេះ+ដល់​កូន​ចៅ*អ្នក​»។+ ដូច្នេះ គាត់​ក៏​បាន​សង់​ទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ដែល​លោក​បាន​លេច​មក​ជួប​គាត់។ ៨ ក្រោយ​មក គាត់​បាន​រើ​ទៅ​តំបន់​ភ្នំ​ខាង​កើត​ក្រុង​បេតអែល+ ហើយ​គាត់​បាន​ដំឡើង​ត្រសាល​នៅ​រវាង​ក្រុង​បេតអែល​និង​ក្រុង​អៃ។ ក្រុង​បេតអែល​នៅ​ទិស​ខាង​លិច ក្រុង​អៃ+នៅ​ទិស​ខាង​កើត។ រួច​គាត់​បាន​សង់​ទី​បូជា​មួយ​នៅ​កន្លែង​នោះ​ជូន​ព្រះ​យេហូវ៉ា+ ហើយ​ចាប់​ផ្ដើម​ហៅ​រក​នាម​ព្រះ​យេហូវ៉ា។+ ៩ បន្ទាប់​មក អាប់រ៉ាម​បាន​រើពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​តំបន់​ណេកេប។+

១០ នៅ​គ្រា​មួយ មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក។+ ដូច្នេះ អាប់រ៉ាម​បាន​ទៅ​រស់​នៅ​ស្រុក​អេហ្ស៊ីប​អស់​មួយ​រយៈ។+ ១១ កាល​ដែល​គាត់​ហៀបនឹង​ចូល​ស្រុក​អេហ្ស៊ីប គាត់​បាន​និយាយ​ទៅ​កាន់​សារ៉ាយ​ជា​ប្រពន្ធ​ថា​៖ ​«​សូម​ស្ដាប់​បង! បង​ដឹង​ថា​អូន​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។+ ១២ ដូច្នេះ ពេល​ពួក​អេហ្ស៊ីប​ឃើញ​អូន ពួក​គេ​ច្បាស់​ជា​និយាយ​ថា​៖ ‹នេះ​ជា​ប្រពន្ធ​គាត់​ហើយ›។ រួច​ពួក​គេ​មុខ​ជា​សម្លាប់​បង​មិន​ខាន តែ​ទុក​អូន​ឲ្យ​នៅ​រស់​វិញ។ ១៣ ម្ល៉ោះ​ហើយ សូម​អូន​ប្រាប់​គេ​ថា​អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​ឲ្យ​គេ​ប្រព្រឹត្ត​ល្អ​មក​លើ​បង ហើយ​ទុក​ជីវិត​ឲ្យ​បង​ដោយ​សារ​អូន​ផង​»។+

១៤ ពេល​អាប់រ៉ាម​ចូល​ស្រុក​អេហ្ស៊ីប​ភ្លាម ជន​ជាតិ​អេហ្ស៊ីប​ឃើញ​ថា​ប្រពន្ធ​របស់​គាត់​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។ ១៥ រីឯ​ពួក​មន្ត្រី​របស់​ផារ៉ូ​ក៏​បាន​ឃើញ​នាង​ដែរ ហើយ​ពួក​គេ​បាន​និយាយ​សរសើរ​ពី​នាង​នៅ​មុខ​ផារ៉ូ។ ហេតុ​នេះ គេ​បាន​នាំ​នាង​ចូល​ទៅ​វិមាន​ផារ៉ូ។ ១៦ ផារ៉ូ​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​អាប់រ៉ាម ព្រោះ​តែ​សារ៉ាយ។ អាប់រ៉ាម​បាន​ទទួល​សត្វ​ចៀម សត្វ​អូដ្ឋ សត្វ​គោ និង​សត្វ​លា* ព្រម​ទាំង​ខ្ញុំ​បម្រើ​ប្រុស​ស្រី​ផង​ដែរ។+ ១៧ រួច​មក ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ផារ៉ូ​និង​ពួក​អ្នក​ផ្ទះ​គាត់​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ព្រោះ​តែ​សារ៉ាយ​ប្រពន្ធ​អាប់រ៉ាម។+ ១៨ ដូច្នេះ ផារ៉ូ​បាន​ហៅ​អាប់រ៉ាម​មក​ជួប ហើយ​សួរ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​ខ្ញុំ? ម្ដេច​ក៏​អ្នក​មិន​ប្រាប់​ខ្ញុំ​ថា​នាង​ជា​ប្រពន្ធ​របស់​អ្នក? ១៩ ហេតុ​អ្វី​អ្នក​ប្រាប់​ថា​៖ ‹នាង​ជា​ប្អូន​ស្រី›+ទៅ​វិញ? ខ្ញុំ​ហៀបនឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ទៅ​ហើយ។ នេះ! ប្រពន្ធ​របស់​អ្នក! ចូរ​នាំ​នាង​ទៅ​ចុះ!​»។ ២០ ដូច្នេះ ផារ៉ូ​ក៏​បង្គាប់​ពួក​អ្នក​បម្រើ​គាត់ ឲ្យ​បញ្ជូន​អាប់រ៉ាម​និង​ប្រពន្ធ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ទៅ។+

១៣ បន្ទាប់​មក អាប់រ៉ាម​បាន​នាំ​ប្រពន្ធ និង​ឡុត ព្រម​ទាំង​យក​អ្វី​ទាំង​អស់​ដែល​គាត់​មាន ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ណេកេប+វិញ។ ២ អាប់រ៉ាម​មាន​ហ្វូង​សត្វ​និង​មាស​ប្រាក់​ជា​ច្រើន។+ ៣ កាល​ដែល​គាត់​ធ្វើ​ដំណើរ​ពី​តំបន់​ណេកេប​ទៅ​ក្រុង​បេតអែល គាត់​បាន​រើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ក្រោយ​មក គាត់​ទៅ​ដល់​កន្លែង​ដែល​គាត់​បាន​ដំឡើង​ត្រសាល​ពី​មុន គឺ​នៅ​រវាង​ក្រុង​បេតអែល​និង​ក្រុង​អៃ។+ ៤ ពេល​មុន គាត់​បាន​សង់​ទី​បូជា​មួយ​នៅ​ទី​នោះ ហើយ​សរសើរ​តម្កើង​នាម​ព្រះ​យេហូវ៉ា។

៥ ចំណែក​ឡុត កាល​ដែល​គាត់​ធ្វើ​ដំណើរ​ជា​មួយ​នឹង​អាប់រ៉ាម គាត់​ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​ត្រសាល​ជា​ច្រើន​ដែរ។ ៦ ដោយ​សារ​ពួក​គាត់​មាន​ទ្រព្យ​សម្បត្តិ​កាន់​តែ​ច្រើន នោះ​ទឹក​ដី​ដែល​ពួក​គាត់​ស្នាក់​នៅ​មិន​ធំ​ល្មម​ឲ្យ​ពួក​គាត់​រស់​នៅ​ជា​មួយ​គ្នា​ទេ។ ៧ ហេតុ​នេះ ពួក​គង្វាល​របស់​អាប់រ៉ាម និង​ពួក​គង្វាល​របស់​ឡុត​បាន​ឈ្លោះ​ប្រកែក​គ្នា។ (​គ្រា​នោះ ពួក​កាណាន​និង​ពួក​ពេរិស៊ីត​បាន​រស់​នៅ​លើ​ទឹក​ដី​នោះ​)។+ ៨ ដូច្នេះ អាប់រ៉ាម​បាន​និយាយ​ទៅ​កាន់​ឡុត​ថា​៖+ ​«​សូម​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​អ្នក​និង​ខ្ញុំ ហើយ​រវាង​ពួក​គង្វាល​ខ្ញុំ​និង​ពួក​គង្វាល​អ្នក​ឡើយ ព្រោះ​យើង​ជា​សាច់​ញាតិ​នឹង​គ្នា។ ៩ អ្នក​អាច​ជ្រើស​រើស​ទៅ​រស់​នៅ​កន្លែង​ណា​ក៏​បាន​ក្នុង​ស្រុក​នេះ។ ដូច្នេះ សូម​អ្នក​បែក​ចេញ​ពី​ខ្ញុំ​ចុះ។ បើ​អ្នក​ទៅ​ខាង​ឆ្វេង ខ្ញុំ​នឹង​ទៅ​ខាងស្ដាំ តែ​បើ​អ្នក​ទៅ​ខាង​ស្ដាំ ខ្ញុំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ​»។ ១០ ដូច្នេះ ឡុត​បាន​ក្រឡេក​មើល​ជុំ​វិញ ហើយ​ឃើញ​ថា​មាន​តំបន់​ខៀវ​ស្រងាត់​ចាប់​ពី​តំបន់​ទន្លេយ៉ូដាន់+រហូត​ដល់​ក្រុង​សូអា+ (​មុន​ព្រះ​យេហូវ៉ា​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​)។ តំបន់​នោះ​ស្អាត​ដូច​សួន*របស់​ព្រះ​យេហូវ៉ា+ និង​ដូច​ស្រុក​អេហ្ស៊ីប​ដែរ។ ១១ បន្ទាប់​មក ឡុត​បាន​ជ្រើស​រើស​តំបន់​ទន្លេយ៉ូដាន់​ទាំង​មូល ហើយ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត។ យ៉ាង​នេះ អាប់រ៉ាម​និង​ឡុត​បាន​បែក​ចេញ​ពី​គ្នា។ ១២ អាប់រ៉ាម​បាន​រស់​នៅ​ក្នុង​ស្រុក​កាណាន តែ​ឡុត​បាន​អាស្រ័យ​នៅ​តាម​ក្រុង​ក្នុង​តំបន់​ទន្លេយ៉ូដាន់។+ ក្រោយ​មក គាត់​បាន​តាំង​លំនៅ*នៅ​ក្បែរ​ក្រុង​សូដុម។ ១៣ ពួក​អ្នក​ក្រុង​សូដុម​សុទ្ធតែ​ជា​មនុស្ស​ទុច្ចរិត ហើយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។+

១៤ ក្រោយ​ពី​ឡុត​បាន​ចាក​ចេញ​ពី​អាប់រ៉ាម ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាប់រ៉ាម​ថា​៖ ​«​សូម​មើល​ពី​កន្លែង​ដែល​អ្នក​អាស្រ័យ​នៅ ទៅ​ទិស​ខាង​លិច ខាង​កើត ខាង​ជើង និង​ខាង​ត្បូង​ចុះ។ ១៥ ទឹក​ដី​ទាំង​អស់​ដែល​អ្នក​ឃើញ​នោះ ខ្ញុំនឹង​ឲ្យ​ដល់​អ្នក​និង​កូន​ចៅ*អ្នក​ទុក​ជា​មត៌ក​ជា​ដរាប​ត​ទៅ។+ ១៦ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​អ្នក​មាន​ចំនួន​ច្រើន​ដូច​លម្អង​ធូលី​នៅ​ផែនដី គឺ​ច្រើន​ដល់​ម្ល៉េះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ។+ ១៧ ចូរ​ធ្វើ​ដំណើរ​ពេញ​ទឹក​ដី​ទាំង​មូល​នេះ ហើយ​ពិនិត្យ​មើល​ចុះ ព្រោះ​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​នេះ​ដល់​អ្នក​»។ ១៨ ដូច្នេះ អាប់រ៉ាម​បន្ត​រស់​នៅ​ក្នុង​ត្រសាល។ ក្រោយ​មក គាត់​បាន​រើ​ទៅ​រស់​នៅ​ឯ​ហេប្រុន+ នៅ​កន្លែង​មួយ​ដែល​មាន​ដើម​ឈើ​ធំ​ៗ ហៅ​ថា​ម៉ាមរេ។+ នៅ​ទី​នោះ គាត់​បាន​សង់​ទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា។+

១៤ នៅ​គ្រា​អាំរ៉ាផែល​ជា​ស្ដេច​ស្រុក​ស៊ីណើរ+ អារីអាក់​ជា​ស្ដេច​ស្រុក​អែលឡេសា កេដូឡោអូមើរ+ជា​ស្ដេច​ស្រុក​អេឡាំ+ ធីដាល​ជា​ស្ដេច​ស្រុក​កូអ៊ីម ២ ពួក​គេ​បាន​រួម​គ្នា​ធ្វើ​ចម្បាំង​ជា​មួយ​នឹង​ស្ដេច​ប្រាំ​រូប គឺ​បេរ៉ា​ជា​ស្ដេច​ក្រុង​សូដុម+ ប៊ីសា​ជា​ស្ដេច​ក្រុង​កូម៉ូរ៉ា+ ស៊ីណាប​ជា​ស្ដេច​ក្រុង​អាត់ម៉ា សិមអ៊ីបឺ​ជា​ស្ដេច​ក្រុង​សេបោអីម+ និង​ស្ដេច​ក្រុង​បេឡា​ដែល​ជា​ក្រុង​សូអា។ ៣ ស្ដេច​ទាំង​នេះ​បាន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​ស៊ីឌីម+គឺ​សមុទ្រ​អំបិល។*+

៤ ស្ដេច​ទាំង​ប្រាំ​រូប​ធ្លាប់​ចុះ​ចូល​បម្រើ​ស្ដេច​កេដូឡោអូមើរ​អស់​រយៈ​ពេល​១២​ឆ្នាំ។ ប៉ុន្តែ លុះ​ដល់​ឆ្នាំ​ទី​១៣ ពួក​គេ​នាំ​គ្នា​បះ​បោរ​ប្រឆាំង​ស្ដេច​នោះ។ ៥ ដូច្នេះ នៅ​ឆ្នាំ​ទី​១៤ ស្ដេច​កេដូឡោអូមើរ​និង​ពួក​ស្ដេច​ដែល​រួម​ដៃ​ជា​មួយ​នឹង​គាត់ បាន​មក​បង្ក្រាប​ពួក​រេផែម​នៅ​ឯ​អាសថារ៉ូតកានាម ពួក​ស៊ូស៊ីម​នៅ​ក្រុង​ហាំ ពួក​អេមិម+នៅ​តំបន់​សាវេគាយ៉ាថេម ៦ និង​ពួក​ហូរី+ចាប់​ពី​តំបន់​ភ្នំ​សៀ+រហូត​ដល់​តំបន់​អែលប៉ារ៉ាន​ដែល​នៅ​ក្បែរ​តំបន់​ស្ងាត់​ជ្រងំ។ ៧ បន្ទាប់​មក ពួក​គេ​ធ្វើ​ដំណើរ​ទៅ​តំបន់​អេនមីសផាត​ដែល​ជា​តំបន់​កាដេស+ ហើយ​វាយ​យក​បាន​តំបន់​ទាំង​មូល​របស់​ជន​ជាតិ​អាម៉ាលេក+ ព្រម​ទាំង​ក្រុង​ហាសាសូនថេម៉ា+ដែល​ជនជាតិអាម៉ូរី​អាស្រ័យ​នៅ។+

៨ ពេល​នោះ ស្ដេច​ក្រុង​សូដុម ស្ដេច​ក្រុង​កូម៉ូរ៉ា ស្ដេច​ក្រុង​អាត់ម៉ា ស្ដេច​ក្រុង​សេបោអីម និង​ស្ដេច​ក្រុង​បេឡា​ដែល​ជា​ក្រុង​សូអា បាន​លើក​ទ័ព​ទៅ​ជ្រលង​ភ្នំ​ស៊ីឌីម ហើយ​តម្រៀប​ទ័ព​ច្បាំង ៩ ត​ទល់​នឹង​កេដូឡោអូមើរ​ជា​ស្ដេច​ស្រុក​អេឡាំ ធីដាល​ជា​ស្ដេច​ស្រុក​កូអ៊ីម អាំរ៉ាផែល​ជា​ស្ដេច​ស្រុក​ស៊ីណើរ និង​អារីអាក់​ជា​ស្ដេច​ស្រុក​អែលឡេសា+ គឺ​ស្ដេច​បួន​រូប​ច្បាំង​ត​ទល់​នឹង​ស្ដេច​ប្រាំ​រូប។ ១០ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម​មាន​ពេញ​ទៅ​ដោយ​រណ្ដៅ​ជ័រ​ខ្មៅ។ ពេល​នោះ ស្ដេច​ក្រុង​សូដុម​និង​ស្ដេច​ក្រុង​កូម៉ូរ៉ា​បាន​ព្យាយាម​រត់​គេច តែ​ពួក​គេ​បាន​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ជ័រ​ទាំង​នោះ។ ឯ​អ្នក​ផ្សេង​ទៀត​ដែល​នៅ​សល់ ពួក​គេ​បាន​រត់​ទៅ​តំបន់​ភ្នំ។ ១១ រួច​មក ស្ដេច​ទាំង​បួន​រូប​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​និង​ស្បៀងអាហារ​ទាំង​អស់​ពី​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា។ ក្រោយ​នោះ ពួក​គេ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ។+ ១២ ពួក​គេ​ក៏​បាន​ចាប់​ឡុត​ជា​ក្មួយ​របស់​អាប់រ៉ាម​ដែល​រស់​នៅ​ក្នុង​ក្រុង​សូដុម+យក​ទៅ​ជា​មួយ​ដែរ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​គាត់។ រួច​ពួក​គេ​បន្ត​ដំណើរ​ត្រឡប់​ទៅ​វិញ។

១៣ ក្រោយ​មក មាន​បុរស​ម្នាក់​រត់​រួច ហើយ​ទៅ​ប្រាប់​អាប់រ៉ាម​ជា​ជន​ជាតិ​ហេប្រឺ​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ ពេល​នោះ អាប់រ៉ាម​រស់​នៅ​កន្លែង​ដែល​មាន​ដើម​ឈើ​ធំ​ៗ​របស់​ម៉ាមរេ​ដែល​ជា​ជនជាតិអាម៉ូរី។+ ម៉ាមរេ​មាន​បង​ប្អូន​ពីរ​នាក់​ឈ្មោះ​អេសកូល និង​អេនើរ។+ ពួក​គេ​បាន​ចង​សម្ព័ន្ធភាព​ជា​មួយ​នឹង​អាប់រ៉ាម។ ១៤ ពេល​ឮ​ថា​សាច់​ញាតិ+ត្រូវ​គេ​ចាប់ នោះ​អាប់រ៉ាម​បាន​ប្រមូល​ពួក​បុរស​ដែល​ធ្លាប់​ហ្វឹកហាត់​ខាង​ចម្បាំង គឺ​ចំនួន​៣១៨​នាក់​ជា​អ្នក​បម្រើ​ដែល​កើត​ក្នុង​ផ្ទះ​គាត់។ រួច​មក ពួក​គេ​លើក​គ្នា​ដេញ​តាម រហូត​ដល់​ក្រុង​ដាន់។+ ១៥ នៅ​ពេល​យប់ គាត់​បាន​បែង​ចែក​ពួក​បុរស​របស់​គាត់​ជា​ក្រុម​ៗ ហើយ​គាត់​និង​ពួក​គេ​បាន​ទៅ​វាយ​ប្រហារ​ពួក​សត្រូវ។ គាត់​បាន​វាយ​ឈ្នះ​ពួក​សត្រូវ ហើយ​ដេញ​តាម​រហូត​ដល់​តំបន់​ហូបា​ដែល​នៅ​ភាគ​ខាង​ជើង​ក្រុង​ដាម៉ាស់។ ១៦ គាត់​បាន​នាំ​យក​ឡុត​ជា​ក្មួយ ពួក​ស្ត្រី និង​អ្នក​ឯ​ទៀត ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​វិញ។

១៧ ក្រោយ​ពី​អាប់រ៉ាម​ច្បាំង​ឈ្នះ​ស្ដេច​កេដូឡោអូមើរ​និង​ស្ដេច​ឯ​ទៀត​ដែល​រួម​ដៃ​ជា​មួយ​នឹង​គាត់ ស្ដេច​ស្រុក​សូដុម​បាន​ទៅ​ជួប​អាប់រ៉ាម​នៅ​ជ្រលង​ភ្នំ​សាវេ​ដែល​ជា​ជ្រលង​ភ្នំ​ស្ដេច។+ ១៨ ឯ​ម៉េលគីសេដិក+ គាត់​ជា​ស្ដេច​ក្រុង​សាឡិម+និង​ជា​សង្ឃ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។+ ពេល​គាត់​មក​ជួប​អាប់រ៉ាម គាត់​បាន​យក​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​មក​ជា​មួយ​ដែរ។

១៩ បន្ទាប់​មក គាត់​បាន​ឲ្យ​ពរ​អាប់រ៉ាម​ដោយ​និយាយ​ថា​៖

​«​សូម​ឲ្យ​អាប់រ៉ាម​បាន​ទទួល​ពរ​ពី​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត

ជា​ព្រះ​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី។

២០ សូម​ឲ្យ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ទទួល​ការ​សរសើរ​តម្កើង

លោក​ជា​ព្រះ​ដែល​បាន​ប្រគល់​ពួក​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក!​»។

រួច​មក អាប់រ៉ាម​បាន​ជូន​១​ភាគ​១០​នៃ​អ្វី​ៗ​ទាំង​អស់​ដល់​គាត់។+

២១ ក្រោយ​ពី​នោះ ស្ដេច​ក្រុង​សូដុម​បាន​និយាយ​ទៅ​កាន់​អាប់រ៉ាម​ថា​៖ ​«​ចូរ​ប្រគល់​តែ​បណ្ដា​ជន​មក​ខ្ញុំ​បាន​ហើយ។ ឯ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ចូរ​អ្នក​យក​ចុះ​»។ ២២ ប៉ុន្តែ អាប់រ៉ាម​បាន​តប​ទៅ​ស្ដេច​ក្រុង​សូដុម​វិញ​ថា​៖ ​«​ខ្ញុំ​លើក​ដៃ​ស្បថ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ជា​ព្រះ​ដែល​បាន​បង្កើត​មេឃ​និង​ផែនដី ២៣ ថា​ខ្ញុំ​នឹង​មិន​យក​អ្វី​សោះ​ពី​អ្នក សូម្បី​តែ​អំបោះ​មួយ​សរសៃ​ឬ​ខ្សែ​ស្បែក​ជើង​មួយ​ខ្សែ ក៏​ខ្ញុំ​មិន​យក​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​អាច​និយាយ​ថា​៖ ‹ខ្ញុំ​បាន​ធ្វើ​ឲ្យ​អាប់រ៉ាម​ក្លាយ​ទៅ​ជា​អ្នក​មាន›។ ២៤ ខ្ញុំ​នឹង​មិន​យក​អ្វី​ទេ លើក​លែង​តែ​អាហារ​ដែល​ពួក​បុរស​របស់​ខ្ញុំ​បាន​បរិភោគ​ហើយ​ប៉ុណ្ណោះ។ ឯ​អេនើរ អេសកូល និង​ម៉ាមរេ+ដែល​មក​ជា​មួយ​នឹង​ខ្ញុំ ចូរ​ឲ្យ​ពួក​គេ​យក​ចំណែក​របស់​ខ្លួន​គេ​ចុះ​»។

១៥ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​អាប់រ៉ាម​ក្នុង​គំនិត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​អាប់រ៉ាម​អើយ! ចូរ​កុំ​ខ្លាច​ឡើយ+ ព្រោះ​ខ្ញុំ​ជា​ខែល​ការ​ពារ​អ្នក។+ អ្នក​នឹង​ទទួល​រង្វាន់​ដ៏​ធំ​»។+ ២ អាប់រ៉ាម​បាន​ឆ្លើយ​តប​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​អើយ! តើ​លោក​នឹង​ឲ្យ​អ្វី​មក​ខ្ញុំ​ទៅ បើ​ខ្ញុំ​នៅ​តែ​គ្មាន​កូន​ដើម្បី​ស្នង​មត៌ក​ផង​នោះ? គឺ​មាន​តែ​អេលាស៊ើរ​ដែល​ជា​អ្នក​ក្រុង​ដាម៉ាស់​ប៉ុណ្ណោះ​ដែល​នឹង​ស្នង​មត៌ក​ពី​ខ្ញុំ​»។+ ៣ អាប់រ៉ាម​បាន​បន្ថែម​ថា​៖ ​«​លោក​មិន​បាន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ។+ មើល! អ្នក​បម្រើ​ខ្ញុំ​នឹង​ស្នង​មត៌ក​ខ្ញុំ​ហើយ​»។ ៤ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា​៖ ​«​បុរស​នេះ​នឹង​មិន​ស្នង​មត៌ក​ពី​អ្នក​ទេ តែ​គឺ​ជា​កូន​បង្កើត​របស់​អ្នក​ដែល​នឹង​ស្នង​មត៌ក​ពី​អ្នក​វិញ​»។+

៥ ព្រះ​បាន​នាំ​អាប់រ៉ាម​ចេញ​ទៅ​ខាង​ក្រៅ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ទាំង​នោះ​ទៅ តើ​អ្នក​អាច​រាប់​បាន​ទេ?​»។ រួច​លោក​បាន​បន្ថែម​ថា​៖ ​«​អ្នក​នឹង​មាន​កូន​ចៅ*ច្រើន​ដូច្នេះ​ដែរ​»។+ ៦ អាប់រ៉ាម​បាន​ជឿ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​គាត់។+ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចាត់​ទុកគាត់​ជា​មនុស្ស​សុចរិត។+ ៧ ព្រះ​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​នាំ​អ្នក​ចេញ​ពី​ក្រុង​អឺ​ជា​ក្រុង​របស់​ពួក​ខាល់ដេ ដើម្បី​ប្រគល់​ទឹក​ដី​នេះ​ដល់​អ្នក​ជា​មត៌ក​»។+ ៨ អាប់រ៉ាម​បាន​ឆ្លើយ​តប​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​អើយ! តើ​ខ្ញុំ​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ខ្ញុំ​នឹង​ទទួល​មត៌ក​នេះ?​»។ ៩ ព្រះ​បាន​តប​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​ចូរ​យក​គោ​ញី​អាយុ​បី​ឆ្នាំ ពពែ​ញី​អាយុ​បី​ឆ្នាំ និង​ចៀម​ឈ្មោល​អាយុ​បី​ឆ្នាំ ព្រម​ទាំង​ព្រាប​និង​លលក​ជំទើរ​មក​ឲ្យ​ខ្ញុំ​»។ ១០ ដូច្នេះ អាប់រ៉ាម​បាន​យក​សត្វ​ទាំង​នោះ​មក​កាត់​ជា​ពីរ ហើយ​ដាក់​ប្រឈម​គ្នា តែ​គាត់​មិន​បាន​កាត់​សត្វ​ស្លាប​ទេ។ ១១ បន្ទាប់​មក សត្វ​ស្លាប​បាន​ចុះ​មក​ស៊ី​សាច់​សត្វ​ទាំង​នោះ តែ​អាប់រ៉ាម​ចេះ​តែ​ដេញ​ពួក​វា​ចេញ។

១២ លុះ​ថ្ងៃ​រៀប​លិច អាប់រ៉ាម​ក៏​លង់​លក់​ទៅ ហើយ​គាត់​ឃើញ​ភាព​ងងឹត​យ៉ាង​ក្រាស់​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច មក​គ្រប​ដណ្ដប់​លើ​គាត់។ ១៣ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាប់រ៉ាម​ថា​៖ ​«​សូម​អ្នក​ដឹង​ជា​មុន​ថា កូន​ចៅ*របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ជន​បរទេស​នៅ​ស្រុក​មួយ​ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន ហើយ​ពួក​អ្នក​ស្រុក​នោះ​នឹង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ ថែម​ទាំង​ធ្វើ​ទុក្ខ​ពួក​គេ​អស់​រយៈ​ពេល​៤០០​ឆ្នាំ។+ ១៤ ប៉ុន្តែ ខ្ញុំ​នឹង​វិនិច្ឆ័យ​ប្រជា​ជាតិ​ដែល​នឹង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ+ ហើយ​ក្រោយ​មក​កូន​ចៅ*អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ​ទាំង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។+ ១៥ ឯ​អ្នក​វិញ អ្នក​នឹង​មាន​អាយុ​វែង ស្កប់​ស្កល់​នឹង​ជីវិត ហើយ​ស្លាប់​ទៅ​ដោយ​សុខ​សាន្ត រួច​គេ​នឹង​បញ្ចុះ​សព​អ្នក។+ ១៦ ប៉ុន្តែ ដល់​ជំនាន់​ទី​៤ ទើប​កូន​ចៅ*អ្នក​ត្រឡប់​មក​ទី​នេះ​វិញ+ ព្រោះ​អំពើ​ខុស​ឆ្គង​របស់​ជន​ជាតិ​អាម៉ូរី​មិន​ទាន់​ខ្លាំង​ដល់​កម្រិត​នៅ​ឡើយ​ទេ​»។+

១៧ លុះ​ថ្ងៃ​លិច​ផុត​ទៅ មេឃ​ក៏​ងងឹត ហើយ​ស្រាប់​តែ​ឃើញ​មាន​គុក​ភ្លើង​ហុយ​ផ្សែង​ឡើង និង​មាន​ភ្លើង​ចន្លុះ​ឆ្លង​កាត់​កណ្ដាល​ដុំ​សាច់​សត្វ​ដែល​ពុះ​ជា​ពីរ​នោះ។ ១៨ នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប់រ៉ាម+ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​នេះ​ដល់​កូន​ចៅ*អ្នក+ គឺ​ចាប់​ពី​ទន្លេ​ស្រុក​អេហ្ស៊ីប រហូត​ដល់​ទន្លេ​ធំ​ដែល​ជា​ទន្លេ​អឺប្រាត។+ ១៩ គឺ​ជា​ទឹក​ដី​របស់​ជន​ជាតិ​កែន+ ជន​ជាតិ​គេនិស៊ីត ជន​ជាតិ​កាតម៉ូនី ២០ ជន​ជាតិ​ហេត+ ជន​ជាតិ​ពេរិស៊ីត+ ជន​ជាតិ​រេផែម+ ២១ ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​កឺកាស៊ី និង​ជន​ជាតិ​យេប៊ូស​»។+

១៦ រហូត​មក​ដល់​ពេល​នេះ សារ៉ាយ​នៅ​តែ​មិន​ទាន់​មាន​កូន​នៅ​ឡើយ។+ នាង​មាន​អ្នក​បម្រើ​ស្រី​ម្នាក់​ជា​ជន​ជាតិ​អេហ្ស៊ីប ឈ្មោះ​ហាកា។+ ២ ដូច្នេះ សារ៉ាយ​បាន​និយាយ​ទៅ​កាន់​អាប់រ៉ាម​ថា​៖ ​«​មក​ដល់​ពេល​នេះ ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ ដូច្នេះ សូម​បង​រួម​ដំណេក​ជា​មួយ​នឹង​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ​អាច​បាន​កូន​តាម​រយៈ​នាង​ទេ​ដឹង​»។+ អាប់រ៉ាម​ក៏​ស្ដាប់​តាម​សារ៉ាយ។ ៣ ក្រោយ​ពី​រស់​នៅ​ក្នុង​ស្រុក​កាណាន​អស់​រយៈ​ពេល​១០​ឆ្នាំ សារ៉ាយ​បាន​ប្រគល់​ហាកា​ឲ្យ​ទៅ​អាប់រ៉ាម​ធ្វើ​ជា​ប្រពន្ធ។ ៤ ដូច្នេះ អាប់រ៉ាម​បាន​រួម​ដំណេក​ជា​មួយ​នឹង​ហាកា។ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ។ ពេល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ហើយ នាង​ក៏​ចាប់​ផ្ដើម​មើល​ងាយ​ចៅហ្វាយ​ស្រី។

៥ បន្ទាប់​ពី​នោះ សារ៉ាយ​បាន​និយាយ​ទៅ​កាន់​អាប់រ៉ាម​ថា​៖ ​«​ខ្ញុំ​មាន​ទុក្ខ​គឺ​ដោយ​សារ​បង។ ខ្ញុំ​គឺ​ជា​អ្នក​ដែល​ឲ្យ​ស្រី​បម្រើ​នោះ​ទៅ​ក្នុង​រង្វង់​ដៃ​បង តែ​ពេល​នាង​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ នាង​ក៏​ចាប់​ផ្ដើម​មើល​ងាយ​ខ្ញុំ។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​រវាង​ខ្ញុំ​និង​បង​ចុះ!​»។ ៦ ឮ​ដូច្នេះ អាប់រ៉ាម​បាន​និយាយ​ទៅ​កាន់​សារ៉ាយ​ថា​៖ ​«​មើល! ស្រី​បម្រើ​នោះ​នៅ​ក្រោម​អំណាច​អូន​ស្រាប់​ហើយ។ សូម​ប្រព្រឹត្ត​ទៅ​លើ​នាង​តាម​ដែល​អូន​គិត​ថា​គួរ​ចុះ​»។ បន្ទាប់​មក សារ៉ាយ​បាន​ធ្វើ​ទុក្ខ​ហាកា ដូច្នេះ​នាង​ក៏​រត់​ចេញ​ពី​សារ៉ាយ​ទៅ។

៧ ក្រោយ​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ជួប​នាង​នៅ​ក្បែរ​ប្រភព​ទឹក​ក្នុង​តំបន់​ស្ងាត់​ជ្រងំ តាម​ផ្លូវ​ទៅ​តំបន់​ស៊ើ។+ ៨ ទេវតា​បាន​សួរ​នាង​ថា​៖ ​«​ហាកា​ស្រី​បម្រើ​សារ៉ាយ​អើយ! តើ​នាង​ទៅ​ណា​មក​ណា​ដែរ?​»។ នាង​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​កំពុង​រត់​គេច​ពី​ចៅហ្វាយ​ស្រី​ខ្ញុំ​»។ ៩ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ទៅ​កាន់​នាង​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​ស្រី​នាង​វិញ​ទៅ ហើយ​ចុះ​ចូល​ក្រោម​អំណាច​គាត់​ចុះ​»។ ១០ រួច​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បន្ថែម​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ*នាង​មាន​ចំនួន​ច្រើន​ក្រៃ​លែង រហូត​ដល់​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ​»។+ ១១ ទេវតា​របស់​ព្រះ​យេហូវ៉ា​ក៏​បាន​ប្រាប់​ទៀត​ថា​៖ ​«​ឥឡូវ​នាង​កំពុង​មាន​ផ្ទៃ​ពោះ ក្រោយ​មក​នាង​នឹង​សម្រាល​បាន​កូន​ប្រុស​មួយ។ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​អ៊ីសម៉ាអែល* ព្រោះ​ព្រះ​យេហូវ៉ា​បាន​ស្ដាប់​ឮ​ទុក្ខ​លំបាក​របស់​នាង​ហើយ។ ១២ ពេល​កូន​នោះ​ធំ​ឡើង គាត់​នឹង​ប្រៀប​ដូច​ជា​លា​ព្រៃ។* គាត់​នឹង​ប្រឆាំង​មនុស្ស​ទាំង​អស់ ហើយ​មនុស្ស​ទាំង​អស់​នឹង​ប្រឆាំង​គាត់​វិញ។ គាត់​នឹង​រស់​នៅ​ក្បែរ​បង​ប្អូន​របស់​គាត់​»។*

១៣ បន្ទាប់​មក ហាកា​បាន​ហៅ​រក​នាម​ព្រះ​យេហូវ៉ា ហើយ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ជា​ព្រះ​ដែល​មើល​ឃើញ​អ្វី​ៗ​ទាំង​អស់។+ តើ​ខ្ញុំ​ពិត​ជា​បាន​ឃើញ​ព្រះ​ដែល​មើល​ឃើញ​ខ្ញុំ​ឬ?​»។ ១៤ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​អណ្ដូង​នោះ​ថា​បៀរឡាហាយរយ*​(​អណ្ដូង​នោះ​នៅ​ចន្លោះ​កាដេស​និង​បេរេត​)។ ១៥ ក្រោយ​មក ហាកា​សម្រាល​បាន​កូន​ប្រុស​មួយ​ឲ្យ​អាប់រ៉ាម ហើយ​អាប់រ៉ាម​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​អ៊ីសម៉ាអែល។+ ១៦ ពេល​អ៊ីសម៉ាអែល​កើត​មក អាប់រ៉ាម​មាន​អាយុ​៨៦​ឆ្នាំ។

១៧ ពេល​អាប់រ៉ាម​មាន​អាយុ​៩៩​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​គាត់ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ ចូរ​ដើរ​តាម​ខ្ញុំ ហើយ​ចូរ​ធ្វើ​ជា​មនុស្ស​ដែល​គ្មាន​កំហុស។ ២ ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក+ ហើយ​ធ្វើ​ឲ្យ​កូន​ចៅ​អ្នក​មាន​ចំនួន​ច្រើន​ក្រៃ​លែង​»។+

៣ ក្រោយ​ឮ​ដូច្នេះ អាប់រ៉ាម​បាន​ក្រាប​មុខ​ដល់​ដី។ រួច​ព្រះ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ ៤ ​«​ចំណែក​ខ្ញុំ​វិញ ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​ហើយ។+ អ្នក​នឹង​ក្លាយ​ទៅ​ជា​ឪពុក​របស់​ប្រជា​ជាតិ​ជា​ច្រើន។+ ៥ ឈ្មោះ​របស់​អ្នក​លែង​ជា​អាប់រ៉ាម*ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា​អាប្រាហាំ*វិញ ព្រោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ឪពុក​របស់​ប្រជា​ជាតិ​ជា​ច្រើន។ ៦ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន​អនេក ហើយ​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​នា​នា។ ឯ​បណ្ដា​ស្ដេច ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ។+

៧ ​«​ខ្ញុំ​នឹង​កាន់​តាម​កិច្ច​ព្រម​ព្រៀង ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​អ្នក+ ព្រម​ទាំង​ជា​មួយ​នឹង​កូន​ចៅ*របស់​អ្នក​នៅ​ជំនាន់​ក្រោយ​ៗ​ដែរ ព្រោះ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​នៅ​ស្ថិតស្ថេរ​ជា​រៀង​រហូត។ ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​និង​ដល់​ពូជ​របស់​អ្នក។ ៨ ខ្ញុំ​នឹង​ឲ្យ​ស្រុក​កាណាន​ទាំង​មូល​ដល់​អ្នក​និង​កូន​ចៅ​អ្នក​ទុក​ជា​មត៌ក​ជា​ដរាប​ត​ទៅ គឺ​ជា​ទឹក​ដី​ដែល​អ្នក​បាន​រស់​នៅ​ជា​ជន​បរទេស។+ ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​របស់​កូន​ចៅ​អ្នក​»។+

៩ ព្រះ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​ឯ​អ្នក​វិញ អ្នក​ត្រូវ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នេះ ហើយ​កូន​ចៅ​អ្នក​ក៏​ត្រូវ​ធ្វើ​តាម​ដែរ​រហូត​ដល់​ជំនាន់​ក្រោយ​ៗ។ ១០ នេះ​ជា​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​អ្នក ដែល​អ្នក​និង​កូន​ចៅ​អ្នក​ត្រូវ​ធ្វើ​តាម​ជា​និច្ច គឺ​ថា​ប្រុស​ៗ​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​អ្នក ត្រូវ​កាត់​ចុង​ស្បែក។*+ ១១ អ្នក​ត្រូវ​កាត់​ចុង​ស្បែក​របស់​អ្នក ហើយ​នេះ​ជា​សញ្ញា​សម្គាល់​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​អ្នក។+ ១២ កូន​ចៅ​ទាំង​អស់​របស់​អ្នក​គ្រប់​ជំនាន់​ត្រូវ​កាត់​ចុង​ស្បែក គឺ​កូន​ប្រុស​ទាំង​ប៉ុន្មាន​ដែល​មាន​អាយុ​៨​ថ្ងៃ+ និង​អស់​អ្នក​ដែល​កើត​ក្នុង​ក្រុម​គ្រួសារ​អ្នក​ដែល​មិន​មែន​ជា​កូន​ចៅ​អ្នក និង​ពួក​អ្នក​ដែល​អ្នក​បាន​ទិញ​ពី​ជន​បរទេស​ផង​ដែរ។ ១៣ គ្រប់​ទាំង​ប្រុស​ៗ​ដែល​កើត​ក្នុង​គ្រួសារ​អ្នក រួម​ទាំង​ប្រុស​ៗ​ដែល​អ្នក​បាន​ទិញ​ក៏​ត្រូវ​កាត់​ចុង​ស្បែក​ដែរ។+ ការ​កាត់​ចុង​ស្បែក​នេះ​ជា​សញ្ញា​សម្គាល់​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​នឹង​ស្ថិតស្ថេរ​ជា​ដរាប។ ១៤ បើ​បុរស​ណា​មិន​កាត់​ចុង​ស្បែក បុរស​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ចំណោម​បណ្ដា​ជន ព្រោះ​គាត់​បាន​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ​ហើយ​»។

១៥ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​អាប្រាហាំ​ថា​៖ ​«​ឯ​សារ៉ាយ*ប្រពន្ធ​អ្នក​វិញ+ អ្នក​មិន​ត្រូវ​ហៅ​នាង​ថា​សារ៉ាយ​ទៀត​ទេ ព្រោះ​នាង​នឹង​មាន​ឈ្មោះ​ថា​សារ៉ា*វិញ។ ១៦ ខ្ញុំ​នឹង​ឲ្យ​ពរ​នាង ហើយ​នាង​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក។+ ខ្ញុំ​នឹង​ឲ្យ​ពរ​នាង ហើយ​នាង​នឹង​បង្កើត​ប្រជា​ជាតិ​នា​នា។ ឯ​បណ្ដា​ស្ដេច​ក៏​កើត​ចេញ​ពី​នាង​ដែរ​»។ ១៧ ពេល​ឮ​ដូច្នោះ អាប្រាហាំ​បាន​ក្រាប​មុខ​ដល់​ដី ហើយ​នឹក​អស់​សំណើច​ក្នុង​ចិត្ត​ថា​៖+ ​«​តើ​បុរស​អាយុ​១០០​ឆ្នាំ​អាច​មាន​កូន​ឬ? តើ​សារ៉ា​ជា​ស្ត្រី​អាយុ​៩០​ឆ្នាំ​នឹង​សម្រាល​កូន​បាន​ដែរ​ឬ?​»។+

១៨ ដូច្នេះ អាប្រាហាំ​បាន​និយាយ​ទៅ​កាន់​ព្រះ​ពិត​ថា​៖ ​«​សូម​លោក​មេត្តា​ឲ្យ​ពរ​ដល់​អ៊ីសម៉ាអែល​ផង!​»។+ ១៩ ព្រះ​បាន​តប​ទៅ​វិញ​ថា​៖ ​«​សារ៉ា​ប្រពន្ធ​អ្នក​ពិត​ជា​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​អ៊ីសាក។*+ ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ៊ីសាក​និង​កូន​ចៅ​គាត់​ជា​រៀង​ដរាប​ត​ទៅ។+ ២០ ឯ​អ៊ីសម៉ាអែល​វិញ ខ្ញុំ​បាន​ឮ​សំណូម​ពរ​របស់​អ្នក​ស្ដី​អំពី​គាត់​ហើយ។ មើល! ខ្ញុំ​នឹង​ឲ្យ​ពរ​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​មាន​កូន​ចៅ​ច្រើន​សន្ធឹក។ គាត់​នឹង​បង្កើត​មេ​ដឹក​នាំ​១២​នាក់។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ធំ​មួយ។+ ២១ ប៉ុន្តែ ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ៊ីសាក+ ជា​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ​វេលា​នេះ​»។+

២២ លុះ​ព្រះ​មាន​ប្រសាសន៍​ជា​មួយ​នឹង​អាប្រាហាំ​រួច លោក​ក៏​ចាក​ចេញ​ទៅ។ ២៣ នៅ​ថ្ងៃ​នោះ អាប្រាហាំ​បាន​ធ្វើ​តាម​បង្គាប់​ព្រះ គឺ​គាត់​បាន​កាត់​ចុង​ស្បែក​ឲ្យ​អ៊ីសម៉ាអែល ពួក​បុរស​ទាំង​អស់​ដែល​កើត​ក្នុង​ក្រុម​គ្រួសារ​គាត់ និង​ពួក​អ្នក​ដែល​គាត់​បាន​ទិញ ព្រម​ទាំង​ប្រុស​ៗ​ទាំង​អស់​នៅ​ក្នុង​ក្រុម​គ្រួសារ​គាត់។+ ២៤ អាប្រាហាំ​បាន​ត្រូវ​កាត់​ចុង​ស្បែក ក្នុង​កាល​ដែល​គាត់​មាន​អាយុ​៩៩​ឆ្នាំ។+ ២៥ ឯ​អ៊ីសម៉ាអែល​វិញ គាត់​បាន​ត្រូវ​កាត់​ចុង​ស្បែក​ពេល​គាត់​មាន​អាយុ​១៣​ឆ្នាំ។+ ២៦ នៅ​ថ្ងៃ​នោះ​ឯង អាប្រាហាំ​និង​អ៊ីសម៉ាអែល​បាន​ត្រូវ​កាត់​ចុង​ស្បែក។ ២៧ បន្ថែម​ទៅ​ទៀត ពួក​បុរស​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​គាត់ និង​អស់​អ្នក​ដែល​កើត​ក្នុង​ក្រុម​គ្រួសារ​គាត់ ព្រម​ទាំង​ពួក​អ្នក​ដែល​គាត់​បាន​ទិញ​ពី​ជន​បរទេស ក៏​បាន​ត្រូវ​កាត់​ចុង​ស្បែក​ដែរ។

១៨ លុះ​ក្រោយ​មក ព្រះ​យេហូវ៉ា+បាន​លេច​មក​ជួប​អាប្រាហាំ​នៅ​ត្រង់​កន្លែង​មួយ​ដែល​មាន​ដើម​ឈើ​ធំ​ៗ ហៅ​ថា​ម៉ាមរេ។+ ពេល​នោះ​ជា​ពេល​ថ្ងៃ​ត្រង់ ហើយ​អាប្រាហាំ​កំពុង​អង្គុយ​នៅ​ច្រក​ចូល​ត្រសាល។ ២ គាត់​បាន​មើល​ទៅ​ឃើញ​បុរស​បី​នាក់​ពី​ចម្ងាយ។+ ភ្លាម​នោះ គាត់​បាន​រត់​ចេញ​ពី​ត្រសាល​ទៅ​ជួប​ពួក​គេ ហើយ​ក្រាប​ខ្លួន​ដល់​ដី។ ៣ បន្ទាប់​មក គាត់​បាន​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! បើ​លោក​ពេញ​ចិត្ត​នឹង​ខ្ញុំ សូម​លោក​មេត្តា​ឈប់​សម្រាក​នៅ​ទី​នេះ​បន្តិច​សិន។ ៤ សូម​ឲ្យ​គេ​យក​ទឹក​មក​លាង​ជើង​ជូន​លោក​សិន+ រួច​សូម​សម្រាក​នៅ​ក្រោម​ដើម​ឈើ​នេះ។ ៥ ជា​កិត្តិយស​ណាស់​ដែល​លោក​បាន​មក​លេង សូម​ឲ្យ​ខ្ញុំ​យក​នំ​ប៉័ង​មក​ជូន​លោក​ពិសា​ដើម្បី​ឲ្យ​លោក​មាន​កម្លាំង​ឡើង​វិញ។ រួច​សឹម​លោក​បន្ត​ដំណើរ​ទៅ​ទៀត​ចុះ​»។ ពួក​គាត់​ក៏​ឆ្លើយ​ថា​៖ ​«​បាន! សូម​ទៅ​ធ្វើ​ដូច​ដែល​អ្នក​និយាយ​ចុះ​»។

៦ ដូច្នេះ អាប្រាហាំ​ប្រញាប់​ប្រញាល់​ទៅ​ជួប​សារ៉ា​នៅ​ក្នុង​ត្រសាល ហើយ​ប្រាប់​នាង​ថា​៖ ​«​សូម​អូន​យក​ម្សៅ​បី​រង្វាល់* មក​ធ្វើ​នំ​ប៉័ង​ឆាប់​ឡើង!​»។ ៧ បន្ទាប់​មក អាប្រាហាំ​រត់​ទៅ​កន្លែង​ហ្វូង​សត្វ ហើយ​ជ្រើស​រើស​យក​គោ​ស្ទាវ​ល្អ​មួយ រួច​ប្រគល់​ឲ្យ​អ្នក​បម្រើ​គាត់​រៀបចំ​ជា​អាហារ​យ៉ាង​ប្រញាប់។ ៨ ក្រោយ​នោះ អាប្រាហាំ​បាន​យក​អាហារ​មក​ជូន​ភ្ញៀវ មាន​ទាំង​ខ្លាញ់​ទឹក​ដោះ* សាច់​គោ និង​ទឹក​ដោះ​ផង។ កាល​ដែល​ភ្ញៀវ​កំពុង​ពិសា គាត់​ឈរ​ក្រោម​ដើម​ឈើ​ក្បែរ​នោះ​រង់​ចាំ​បម្រើ​ពួក​គាត់។+

៩ ពួក​គាត់​បាន​សួរ​ថា​៖ ​«​តើ​សារ៉ា​ប្រពន្ធ​អ្នក​នៅ​ឯ​ណា?​»។+ គាត់​ឆ្លើយ​ថា​៖ ​«​នាង​នៅ​ក្នុង​ត្រសាល​»។ ១០ បុរស​ម្នាក់​ក្នុង​ចំណោម​ពួក​គាត់​បាន​និយាយ​ថា​៖ ​«​នៅ​ឆ្នាំ​ក្រោយ​វេលា​នេះ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ។ ពេល​នោះ សារ៉ា​ប្រពន្ធ​អ្នក​នឹង​មាន​កូន​ប្រុស​មួយ​»។+ ខណៈ​នោះ សារ៉ា​កំពុង​ឈរ​ស្ដាប់​នៅ​មាត់​ទ្វារ​ត្រសាល ដែល​នៅ​ខាង​ក្រោយ​បុរស​នោះ។ ១១ អាប្រាហាំ​និង​សារ៉ា​មាន​អាយុ​ច្រើន ហើយ​ក៏​កាន់​តែ​ចាស់​ណាស់​ហើយ។+ ឯ​សារ៉ា នាង​ក៏​ហួស​អាយុ​មាន​កូន​ដែរ។+ ១២ ឮ​ដូច្នេះ សារ៉ា​នឹក​អស់​សំណើច​ក្នុង​ចិត្ត ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​ចាស់​ប៉ុណ្ណេះ​ហើយ តើ​អាច​មាន​ឯកសិទ្ធិ*នោះ​ឬ? ឯ​លោក​ម្ចាស់​ខ្ញុំ​វិញ គាត់​ក៏​ចាស់​ណាស់​ដែរ​»។+ ១៣ ព្រះ​យេហូវ៉ា​បាន​សួរ​អាប្រាហាំ​ថា​៖ ​«​ហេតុ​អ្វី​សារ៉ា​សើច​ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​ចាស់​ប៉ុណ្ណេះ​ហើយ តើ​ពិត​ជា​អាច​មាន​កូន​មែន​ឬ?›។ ១៤ តើ​មាន​អ្វី​ដែល​អស្ចារ្យ​ពេក ដែល​ព្រះ​យេហូវ៉ា​ធ្វើ​មិន​បាន​ឬ?+ នៅ​ឆ្នាំ​ក្រោយ​វេលា​នេះ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ។ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ​»។ ១៥ ប៉ុន្តែ សារ៉ា​បាន​ប្រកែក​ថា​៖ ​«​ខ្ញុំ​មិន​បាន​សើច​ទេ!​»។ នាង​ឆ្លើយ​ដូច្នេះ ព្រោះ​តែ​នាង​ភ័យ​ខ្លាច។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ពិត​ជា​បាន​សើច​មែន!​»។

១៦ ក្រោយ​មក បុរស​ទាំង​បី​នាក់​នោះ​បាន​ក្រោក​ឡើង​ធ្វើ​ដំណើរ ហើយ​មើល​ឆ្ពោះ​ទៅ​ក្រុង​សូដុម។+ ពេល​នោះ អាប្រាហាំ​បាន​ជូន​ដំណើរ​ពួក​គាត់។ ១៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​តើ​ខ្ញុំ​គួរ​លាក់​អាប្រាហាំ​មិន​ឲ្យ​គាត់​ដឹង​អំពី​អ្វី​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​ឬ?+ ១៨ ព្រោះ​អាប្រាហាំ​នឹង​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ធំ​និង​ខ្លាំង​ក្លា ហើយ​ប្រជា​ជាតិ​ទាំង​អស់​នៅ​ផែនដី​នឹង​ទទួល​ពរ​តាម​រយៈ​គាត់។+ ១៩ ព្រោះ​ខ្ញុំ​បាន​ជ្រើស​រើស*អាប្រាហាំ ដើម្បី​គាត់​អាច​បង្គាប់​ក្រុម​គ្រួសារ​និង​កូន​ចៅ​របស់​គាត់​ជំនាន់​ក្រោយ ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ព្រះ​យេហូវ៉ា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត​និង​យុត្តិធម៌។+ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​សម្រេច​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​សន្យា​ជា​មួយ​នឹង​អាប្រាហាំ​»។

២០ រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សម្រែក​ទាស់​នឹង​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​លាន់​ឮ​ជា​ខ្លាំង+ ហើយ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ក៏​ធ្ងន់​ធ្ងរ​ណាស់​ដែរ។+ ២១ ខ្ញុំ​នឹង​ចុះ​ទៅ​មើល​ដើម្បី​ឲ្យ​ដឹង​ថា​រឿង​នោះ​ពិត​ឬ​មិន​ពិត​»។+

២២ បន្ទាប់​មក បុរស​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ក្រុង​សូដុម តែ​ព្រះ​យេហូវ៉ា+បន្ត​នៅ​ជា​មួយ​នឹង​អាប្រាហាំ។ ២៣ អាប្រាហាំ​បាន​ចូល​ទៅ​ជិត​ព្រះ ហើយ​សួរ​លោក​ថា​៖ ​«​តើ​លោក​ពិត​ជា​នឹង​បំផ្លាញ​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​ទុច្ចរិត​ឬ?+ ២៤ ឧបមា​ថា នៅ​ក្នុង​ក្រុង​នោះ​មាន​មនុស្ស​សុចរិត​៥០​នាក់។ តើ​លោក​នៅ​តែ​បំផ្លាញ​ក្រុង​នោះ ហើយ​មិន​អនុគ្រោះ​ឲ្យ​ពួក​គេ​ដោយ​យល់​ដល់​មនុស្ស​សុចរិត​៥០​នាក់​ទេ​ឬ? ២៥ លោក​ច្បាស់​ជា​មិន​បំផ្លាញ​មនុស្ស​សុចរិត​ជា​មួយ​នឹង​មនុស្ស​ទុច្ចរិត​ទេ។ បើ​លោក​បំផ្លាញ​មែន នោះ​លទ្ធផល​របស់​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិតគឺ​ដូច​គ្នា!+ លោក​ប្រាកដ​ជា​មិន​ធ្វើ​ដូច្នោះ​ឡើយ+ ព្រោះ​លោក​ជា​ចៅ​ក្រម​នៃ​ផែនដី ហើយ​លោក​តែង​តែ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​ជា​និច្ច​»។+ ២៦ ព្រះ​យេហូវ៉ា​ក៏​មាន​ប្រសាសន៍​ថា​៖ ​«​បើ​ខ្ញុំ​ឃើញ​មាន​មនុស្ស​សុចរិត​៥០​នាក់​នៅ​ក្នុង​ក្រុង ខ្ញុំ​នឹង​អនុគ្រោះ​ឲ្យ ដោយ​យល់​ដល់​អ្នក​ទាំង​នោះ​»។ ២៧ ប៉ុន្តែ អាប្រាហាំ​បាន​បន្ថែម​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​គ្រាន់​តែ​ជា​ធូលី​ដី​និង​ផេះ​ប៉ុណ្ណោះ សូម​លោក​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង ដែល​ខ្ញុំ​ហ៊ាន​សួរ​បញ្ជាក់។ ២៨ ចុះ​បើ​មាន​មនុស្ស​សុចរិត​តែ​៤៥​នាក់​វិញ តើ​លោក​នឹង​បំផ្លាញ​ទីក្រុង​ទាំង​មូល​ដោយ​សារ​ខ្វះ​៥​នាក់​ឬ?​»។ ព្រះ​បាន​ឆ្លើយ​ថា​៖ ​«​បើ​ខ្ញុំ​ឃើញ​មាន​មនុស្ស​សុចរិត​៤៥​នាក់​នៅ​ក្នុង​ក្រុង​នោះ ខ្ញុំ​នឹង​មិន​បំផ្លាញ​ទេ​»។+

២៩ អាប្រាហាំ​បាន​សួរ​ថែម​ទៀត​ថា​៖ ​«​ចុះ​បើ​ឃើញ​មាន​៤០​នាក់?​»។ ព្រះ​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​បំផ្លាញ​ទេ ដោយ​យល់​ដល់​៤០​នាក់​នោះ​»។ ៣០ ប៉ុន្តែ គាត់​និយាយ​ទៀត​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​មេត្តា​កុំ​ខឹង​នឹង​ខ្ញុំ+ ហើយ​សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​សួរ​ត​ទៅ​ទៀត។ ចុះ​បើ​ក្នុង​ក្រុង​មាន​៣០​នាក់?​»។ ព្រះ​បាន​តប​ឆ្លើយ​ថា​៖ ​«​បើ​ខ្ញុំ​ឃើញ​មាន​មនុស្ស​សុចរិត​៣០​នាក់​នៅ​ក្នុង​ក្រុង ខ្ញុំ​នឹង​មិន​បំផ្លាញ​ទេ​»។ ៣១ អាប្រាហាំ​បាន​សួរ​បន្ថែម​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង ដែល​ខ្ញុំ​ហ៊ាន​សួរ​បញ្ជាក់​ត​ទៅ​ទៀត។ ចុះ​បើ​មាន​២០​នាក់?​»។ ព្រះ​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​នឹង​មិន​បំផ្លាញ​ទេ ដោយ​យល់​ដល់​២០​នាក់​នោះ​»។ ៣២ នៅ​ទី​បំផុត គាត់​បាន​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​មេត្តា​កុំ​ខឹង​នឹង​ខ្ញុំ ហើយ​សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​សួរ​តែ​ម្ដង​នេះ​ទៀត។ ចុះ​បើ​មាន​តែ​១០​នាក់​ប៉ុណ្ណោះ?​»។ ព្រះ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​បំផ្លាញ​ទេ ដោយ​យល់​ដល់​១០​នាក់​នោះ​»។ ៣៣ លុះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ជា​មួយ​នឹង​អាប្រាហាំ​រួច​រាល់​ហើយ លោក​ក៏​ចាក​ចេញ​ទៅ។+ ឯ​អាប្រាហាំ គាត់​បាន​ត្រឡប់​ទៅ​ត្រសាល​គាត់​វិញ។

១៩ នៅ​ពេល​ល្ងាច ទេវតា​ពីរ​រូប​នោះ​បាន​មក​ដល់​ក្រុង​សូដុម។ ពេល​នោះ ឡុតកំពុង​អង្គុយ​នៅ​ខ្លោង​ទ្វារ​ក្រុង។ ពេល​គាត់​ឃើញ​ទេវតា​ពីរ​រូប​នោះ គាត់​បាន​ក្រោក​ទៅ​ជួប​ពួក​គាត់ ហើយ​ក្រាប​មុខ​ដល់​ដី។+ ២ គាត់​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់! សូម​អញ្ជើញ​មក​ផ្ទះ​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​លាង​ជើង​ជូន​លោក ហើយ​សូម​លោក​ស្នាក់​នៅ​មួយ​យប់ ចាំ​ដល់​ពេល​ព្រឹក​ព្រលឹម សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ​»។ ពួក​គាត់​ឆ្លើយ​តប​ទៅ​វិញ​ថា​៖ ​«​ទេ! យើង​នឹង​ស្នាក់​នៅ​ទី​លាន​សាធារណៈ​វិញ​»។ ៣ ប៉ុន្តែ ដោយ​សារ​ឡុត​ចេះ​តែ​ទទូច​អង្វរ ពួក​គាត់​ក៏​ព្រម​ទៅ។ បន្ទាប់​មក ឡុត​បាន​ដុត​នំ​ប៉័ង​ឥត​ដំបែ ហើយ​រៀបចំ​អាហារ​ជា​ច្រើន​ជូន​ពួក​គាត់​ពិសា។

៤ មុន​ពួក​គាត់​ចូល​សម្រាន្ត ពួក​ប្រុស​ៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​ទាំង​ចាស់​ទាំង​ក្មេង បាន​មក​ឡោម​ព័ទ្ធ​ជុំ​វិញ​ផ្ទះ​ឡុត។ ៥ ពួក​គេ​ស្រែក​សួរ​ឡុត​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​តើ​បុរស​ទាំង​ពីរ​នាក់​នោះ​នៅ​ឯ​ណា? នាំ​ពួក​គេ​ចេញ​មក​ដើម្បី​ឲ្យ​យើង​រួម​ដំណេក​ជា​មួយ​នឹង​ពួក​គេ​»។+

៦ បន្ទាប់​មក ឡុត​បាន​បើក​ទ្វារ​ចេញ​ទៅ​ជួប​ពួក​គេ រួច​ទាញ​ទ្វារ​បិទ​ពី​ក្រោយ​គាត់។ ៧ គាត់​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​បង​ប្អូន​ខ្ញុំ​អើយ! សូម​កុំ​ប្រព្រឹត្ត​ការ​អាក្រក់​នេះ​ឡើយ។ ៨ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់​ដែល​មិន​ទាន់​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ណា​ឡើយ។ សូម​ឲ្យ​ខ្ញុំ​នាំ​នាង​ទាំង​ពីរ​មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​សូម​ប្រព្រឹត្ត​ទៅ​លើ​ពួក​នាង​តាម​តែ​ចិត្ត​អ្នក​រាល់​គ្នា​ចុះ។ ប៉ុន្តែ សូម​កុំ​ធ្វើ​អ្វី​បែប​នេះ​ចំពោះ​បុរស​ទាំង​ពីរ​នេះ​ឡើយ ព្រោះ​ពួក​គេ​ជា​ភ្ញៀវ​ស្នាក់​នៅ​ផ្ទះ​របស់​ខ្ញុំ​»។*+ ៩ ពេល​ឮ​ដូច្នេះ ពួក​បុរស​ទាំង​នេះ​បាន​និយាយ​ថា​៖ ​«​ថយ​ចេញ​ភ្លាម!​»។ រួច​ពួក​គេ​បន្ថែម​ទៀត​ថា​៖ ​«​ជន​បរទេស​ម្នាក់​នេះ​មក​រស់​នៅ​លើ​ទឹក​ដី​យើង​ហើយ ហ៊ាន​មក​វិនិច្ឆ័យ​យើង​ទៀត! យើង​នឹង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯង​ឲ្យ​អាក្រក់​ជាង​ទៅ​លើ​បុរស​ពីរ​នាក់​នោះ​ទៅ​ទៀត​»។ លុះ​និយាយ​ចប់​ហើយ ពួក​គេ​ក៏​ប្រជ្រៀត​គ្នា​ចូល ក្នុង​បំណង​ទម្លាយ​ទ្វារ។ ១០ ខណៈ​នោះ ភ្ញៀវ​របស់​ឡុត​បាន​លូក​ដៃ​ចាប់​ទាញ​គាត់​ចូល​ក្នុង​ផ្ទះ រួច​ក៏​បិទ​ទ្វារ​ទៅ​វិញ។ ១១ ភ្ញៀវ​នោះ​បាន​ធ្វើ​ឲ្យ​ពួក​បុរស​ទាំង​អស់​ដែល​នៅ​មាត់​ទ្វារ​ងងឹត​ភ្នែក គឺ​ទាំង​ក្មេង​ទាំង​ចាស់។ ពួក​គេ​ខំ​រក​ទ្វារ​ចូល​តែ​រក​មិន​ឃើញ រហូត​ដល់​ពួក​គេ​ល្វើយ។

១២ បន្ទាប់​មក បុរស​ទាំង​ពីរ​នោះ​បាន​សួរ​ឡុត​ថា​៖ ​«​តើ​អ្នក​មាន​អ្នក​ណា​ទៀត​នៅ​ទី​នេះ​ឬ​ទេ? បើ​មាន​កូន​ប្រុស កូន​ស្រី កូន​ប្រសា និង​សាច់​ញាតិ​ឯ​ទៀត ចូរ​នាំ​ពួក​គេ​ចេញ​ពី​ក្រុង​នេះ​ជា​ប្រញាប់! ១៣ ពួក​ខ្ញុំ​បម្រុង​បំផ្លាញ​ក្រុង​នេះ​ចោល​ហើយ ពី​ព្រោះ​សម្រែក​ទាស់​នឹង​ក្រុង​នេះ​លាន់​ឮ​ជា​ខ្លាំង​ដល់​ព្រះ​យេហូវ៉ា។+ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ចាត់​ពួក​ខ្ញុំ​ឲ្យ​មក​បំផ្លាញ​ក្រុង​នេះ​»។ ១៤ ដូច្នេះ ឡុត​ក៏​ចេញ​ទៅ​ហៅ​កូន​ប្រសា​ទាំង​ពីរ​ដែល​នឹង​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ទាំង​ពីរ​របស់​គាត់។ គាត់​ប្រាប់​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ចូរ​ចេញ​ពី​ក្រុង​នេះ​ជា​ប្រញាប់ ព្រោះ​ព្រះ​យេហូវ៉ា​ជិត​បំផ្លាញ​ក្រុង​នេះ​ហើយ!​»។ ប៉ុន្តែ ពួក​គេ​ស្មានថា​គាត់​និយាយ​លេង។+

១៥ លុះ​ទៀប​ភ្លឺ ទេវតា​បាន​តឿន​ឡុត​ថា​៖ ​«​លឿន​ឡើង! ចូរ​នាំ​ប្រពន្ធ​និង​កូន​ស្រី​ទាំង​ពីរ​របស់​អ្នក​ចេញ​ពី​ក្រុង​នេះ​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ស្លាប់​ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ​»។+ ១៦ ពេល​ឡុត​បង្អែ​បង្អង់ ទេវតា​ទាំង​ពីរ​នោះ​បាន​ចាប់​ដៃ​ឡុត​និង​ប្រពន្ធ​គាត់ ព្រម​ទាំង​កូន​ស្រី​ទាំង​ពីរ ហើយ​នាំ​ពួក​គេ​ចេញ​ទៅ​ក្រៅ​ក្រុង។+ នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​ឡុត។+ ១៧ កាល​ដែល​ពួក​គេ​រត់​ចេញ​ផុត​ពី​ក្រុង​ហើយ ទេវតា​មួយ​រូប​បាន​បង្គាប់​ថា​៖ ​«​ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​ក្រោយ​ឲ្យ​សោះ+ ហើយ​ក៏​កុំ​ឈប់​នៅ​តំបន់​ណា​មួយ​ដែរ!+ ចូរ​រត់​ទៅ​តំបន់​ភ្នំ​ចុះ ដើម្បី​បាន​រួច​ជីវិត!​»។

១៨ ប៉ុន្តែ ឡុត​បាន​និយាយ​ទៅ​កាន់​ពួក​គាត់​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​កុំ​ឲ្យ​ខ្ញុំ​ទៅ​ទី​នោះ​អី! ១៩ លោក​បាន​បង្ហាញ​សេចក្ដី​មេត្តា និង​សេចក្ដី​សប្បុរស​ដ៏​លើស​លប់*ចំពោះ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ដោយ​ទុក​ជីវិត​ឲ្យ​ខ្ញុំ។+ ប៉ុន្តែ ខ្ញុំ​មិន​អាច​រត់​ទៅ​តំបន់​ភ្នំ​បាន​ទេ ព្រោះ​ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​នឹង​ជួប​អន្តរាយ ហើយ​ត្រូវ​ស្លាប់​នៅ​ទី​នោះ។+ ២០ នៅ​ជិត​នេះ​មាន​ក្រុង​តូច​មួយ​ដែល​ខ្ញុំ​អាច​រត់​ទៅ​បាន។ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​រត់​ទៅ​ទី​នោះ​ផង ព្រោះ​គ្រាន់​តែ​ជា​ក្រុង​តូច​មួយ​ប៉ុណ្ណោះ។ បើ​ខ្ញុំ​រត់​ទៅ​ទី​នោះ ខ្ញុំ​នឹង​រួច​ជីវិត​ជា​មិន​ខាន​»។ ២១ ទេវតា​នោះ​បាន​និយាយ​ទៅ​កាន់​ឡុត​ថា​៖ ​«​បាន! ដូច្នេះ​ខ្ញុំ​នឹង​មិន​បំផ្លាញ​ក្រុង​នោះ​ទេ+ ដោយ​យោគ​យល់​ដល់​អ្នក។+ ២២ ចូរ​រត់​ទៅ​ទី​នោះ​ជា​ប្រញាប់! ព្រោះ​ខ្ញុំ​ធ្វើ​អ្វី​មិន​បាន​ទេ ទាល់​តែ​អ្នក​បាន​ទៅ​ដល់​ក្រុង​នោះ​សិន​»។+ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​សូអា។*+

២៣ លុះ​ថ្ងៃ​រះ​ឡើង ឡុត​បាន​រត់​ទៅ​ដល់​ក្រុង​សូអា។ ២៤ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​និង​ស្ពាន់ធ័រ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា។ ភ្លើង​និង​ស្ពាន់ធ័រ​នោះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា។+ ២៥ យ៉ាង​នេះ ព្រះ​បាន​បំផ្លាញ​ក្រុង​ទាំង​ពីរ​នោះ និង​តំបន់​ជុំ​វិញ​ឲ្យ​សាប​សូន្យ​ទៅ រួម​ទាំង​បណ្ដា​ជន​និង​រុក្ខជាតិ​នៅ​ក្នុង​ក្រុង​នោះ។+ ២៦ ចំណែក​ប្រពន្ធ​ឡុត​វិញ កាល​ដែល​នាង​កំពុង​រត់​ពី​ក្រោយ​ឡុត នាង​បាន​ងាក​មើល​ទៅ​ក្រោយ ហើយ​ក៏​ក្លាយ​ទៅ​ជា​បង្គោល​អំបិល​ទៅ។+

២៧ ឯ​អាប្រាហាំ គាត់​បាន​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​គាត់​បាន​ឈរ​និយាយ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។+ ២៨ ពេល​គាត់​មើល​ទៅ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា និង​ទឹក​ដី​ទាំង​មូល​ក្បែរ​នោះ គាត់​បាន​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​រន្ធត់ គឺ​ផ្សែង​ហុយ​ឡើង​យ៉ាង​ក្រាស់ ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ។+ ២៩ ប៉ុន្តែ មុន​ព្រះ​បំផ្លាញ​ក្រុង​នៅ​តំបន់​នោះ លោក​បាន​ឲ្យ​ឡុត​ចាក​ចេញ​ពី​ក្រុង​នោះ ជា​ក្រុង​ដែល​គាត់​ស្នាក់​នៅ។ លោក​បាន​ធ្វើ​ដូច្នេះ ដោយ​សារ​លោក​គិត​ដល់​អាប្រាហាំ។+

៣០ ក្រោយ​មក ឡុត​បាន​នាំ​កូន​ស្រី​ទាំង​ពីរ​ចេញ​ពី​ក្រុង​សូអា ទៅ​រស់​នៅ​តំបន់​ភ្នំ+ ព្រោះ​គាត់​មិន​ហ៊ាន​រស់​នៅ​ក្នុង​ក្រុង​សូអា​ទេ។+ ដូច្នេះ គាត់​និង​កូន​ស្រី​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​រស់​នៅ​ក្នុង​រអាង​ភ្នំ។ ៣១ ក្រោយ​នោះ កូន​ស្រី​ច្បង​បាន​និយាយ​ទៅ​កាន់​កូន​ស្រី​ប្អូន​ថា​៖ ​«​ឪពុក​យើង​ចាស់​ណាស់​ហើយ ហើយ​ក៏​គ្មាន​បុរស​ណា​នៅ​ក្នុង​ស្រុក​នេះ មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ ដើម្បី​ឲ្យ​យើង​អាច​មាន​កូន​ដូច​គេ​ដូច​ឯង​នោះ​ទេ។ ៣២ ដូច្នេះ ចូរ​យើង​ចាក់​ស្រា​ឲ្យ​ឪពុក​យើង​ពិសា​រហូត​ដល់​គាត់​ស្រវឹង ហើយ​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​គាត់ ដើម្បី​យើង​អាច​បន្ត​ពូជ​ឲ្យ​ឪពុក​យើង​»។

៣៣ នៅ​យប់​នោះ ពួក​គេ​ក៏​ចាក់​ស្រា​ឲ្យ​ឪពុក​ខ្លួន​ពិសា​រហូត​ដល់​គាត់​ស្រវឹង។ បន្ទាប់​មក កូន​ស្រី​ច្បង​បាន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ឪពុក​ខ្លួន។ ប៉ុន្តែ ឡុត​មិន​បាន​ដឹង​ថា​នាង​ចូល​មក​នៅ​ពេល​ណា ហើយ​ចេញ​ទៅ​វិញ​ពេល​ណា​ឡើយ។ ៣៤ នៅ​ថ្ងៃ​បន្ទាប់ កូន​ស្រី​ច្បង​បាន​និយាយ​ទៅ​កាន់​កូន​ស្រី​ប្អូន​ថា​៖ ​«​យប់​មិញ​បង​បាន​រួម​ដំណេក​ជា​មួយ​នឹង​ឪពុក​យើង​ហើយ។ ដូច្នេះ នៅ​យប់​នេះ ចូរ​យើង​ចាក់​ស្រា​ឲ្យ​ឪពុក​យើង​ពិសា​រហូត​ដល់​គាត់​ស្រវឹង​ម្ដង​ទៀត រួច​ប្អូន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​គាត់ ដើម្បី​យើង​អាច​បន្ត​ពូជ​ឲ្យ​ឪពុក​យើង​»។ ៣៥ នៅ​យប់​នោះ ពួក​គេ​ចាក់​ស្រា​ឲ្យ​ឪពុក​ខ្លួន​ពិសា​រហូត​ដល់​គាត់​ស្រវឹង។ បន្ទាប់​មក នាង​ប្អូន​បាន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ឪពុក​ខ្លួន។ ប៉ុន្តែ ឡុត​មិន​បាន​ដឹង​ថា​នាង​ចូល​មក​នៅ​ពេល​ណា ហើយ​ចេញ​ទៅ​វិញ​ពេល​ណា​ឡើយ។ ៣៦ យ៉ាង​នេះ កូន​ស្រី​ទាំង​ពីរ​នាក់​របស់​ឡុត​ក៏​មាន​ផ្ទៃ​ពោះ​ជា​មួយ​ឪពុក​ខ្លួន។ ៣៧ ក្រោយ​មក កូន​ស្រី​ច្បង​សម្រាល​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា​ម៉ូអាប់។+ កូន​នោះ​បាន​ក្លាយ​ទៅ​ជា​បុព្វ​បុរស​របស់​ជន​ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ។+ ៣៨ ឯ​កូន​ស្រី​ប្អូន នាង​ក៏​សម្រាល​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា​បេនអាំមី។ កូន​នោះ​បាន​ក្លាយ​ទៅ​ជា​បុព្វ​បុរស​របស់​ជន​ជាតិ​អាំម៉ូន+សព្វ​ថ្ងៃ។

២០ បន្ទាប់​មក អាប្រាហាំ​បាន​រើ+ទៅ​តំបន់​ណេកេប ហើយ​តាំង​ទី​លំនៅ​រវាង​កាដេស+និង​ស៊ើ។+ កាល​ដែល​គាត់​រស់​នៅ​ត្រង់​ខេរ៉ា+ ២ គាត់​តែង​តែ​ប្រាប់​គេ​ថា​៖ ​«​សារ៉ា​ជា​ប្អូន​ស្រី​ខ្ញុំ​»។+ ដូច្នេះ អាប៊ីម៉ាឡិច​ជា​ស្ដេច​តំបន់​ខេរ៉ា​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​យក​សារ៉ា​មក​ឯ​គាត់។+ ៣ នៅ​យប់​មួយ ព្រះ​បាន​លេច​មក​ឲ្យ​អាប៊ីម៉ាឡិច​ឃើញ​ក្នុង​សុបិន ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​អ្នក​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ព្រោះ​ស្ត្រី​ដែល​អ្នក​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​យក​មក+ នាង​ជា​ប្រពន្ធ​គេ​ទេ​»។+ ៤ ប៉ុន្តែ អាប៊ីម៉ាឡិច​មិន​បាន​ប៉ះ​ពាល់*នាង​ឡើយ។ ដូច្នេះ គាត់​បាន​ជម្រាប​ព្រះ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​លោក​នឹង​បំផ្លាញ​ប្រជា​ជាតិ​មួយ​ដែល​គ្មាន​ទោស*ឬ? ៥ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​៖ ‹នាង​ជា​ប្អូន​ស្រី​ខ្ញុំ› ហើយ​នាង​ក៏​ប្រាប់​ខ្ញុំ​ដែរ​ថា​៖ ‹គាត់​ជា​បង​ប្រុស​ខ្ញុំ› មែន​ទេ? ខ្ញុំ​បាន​ប្រព្រឹត្ត​ដូច្នេះ​ដោយ​ចិត្ត​ស្អាត​ស្អំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​ខុស​ដែរ​»។ ៦ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​អ្នក​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្អាត​ស្អំ ដូច្នេះ​បាន​ជា​ខ្ញុំ​ឃាត់​អ្នក​មិន​ឲ្យ​ប្រព្រឹត្ត​ខុស​ឆ្គង​ទាស់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​ប៉ះ​ពាល់​នាង​ដែរ។ ៧ ឥឡូវ ចូរ​ប្រគល់​ស្ត្រី​នោះ​ទៅ​ប្ដី​នាង​វិញ​ទៅ ព្រោះ​ប្ដី​នាង​ជា​អ្នក​ប្រកាស​ទំនាយ+ ហើយ​គាត់​នឹង​អធិដ្ឋាន​អង្វរ​ឲ្យ​អ្នក+ដើម្បី​អ្នក​អាច​រួច​ជីវិត។ បើ​អ្នក​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​និង​ក្រុម​គ្រួសារ​អ្នក​នឹង​ស្លាប់​ជា​មិន​ខាន​»។

៨ លុះ​ព្រលឹម​ឡើង អាប៊ីម៉ាឡិច​បាន​កោះ​ហៅ​ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់​ឲ្យ​មក​ជួប​ជុំ​គ្នា រួច​ប្រាប់​ពួក​គេ​អំពី​រឿង​នោះ។ ដូច្នេះ ពួក​គេ​បាន​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ៩ អាប៊ីម៉ាឡិច​បាន​ឲ្យ​គេ​ហៅ​អាប្រាហាំ​ចូល​មក​ជួប ហើយ​និយាយ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​ពួក​យើង? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក បាន​ជា​អ្នក​នាំ​ឲ្យ​ខ្ញុំ​និង​រាជាណាចក្រ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​បែប​នេះ? អ្វី​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​ខ្ញុំ​គឺ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​»។ ១០ អាប៊ីម៉ាឡិច​បាន​បន្ថែម​ថា​៖ ​«​តើ​អ្នក​មាន​បំណង​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​បែប​នេះ?​»។+ ១១ អាប្រាហាំ​បាន​ឆ្លើយ​ថា​៖ ​«​ពី​ព្រោះ​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា​៖ ‹មនុស្ស​នៅ​ទី​នេះ​មិន​កោត​ខ្លាច​ព្រះ​ទេ ដូច្នេះ​ពួក​គេ​ច្បាស់​ជា​សម្លាប់​ខ្ញុំ​ដោយ​សារ​តែ​ប្រពន្ធ​ខ្ញុំ​ជា​មិន​ខាន›។+ ១២ ម្យ៉ាង​ទៀត នាង​ពិត​ជា​ប្អូន​ស្រី​ខ្ញុំ​មែន ព្រោះ​នាង​ជា​កូន​ស្រី​របស់​ឪពុក​ខ្ញុំ តែ​ម្ដាយ​ទីទៃ​ពី​គ្នា ហើយ​ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​នឹង​នាង។+ ១៣ ដូច្នេះ ពេល​ព្រះ​បង្គាប់​ឲ្យ​ខ្ញុំ​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ឪពុក​ខ្ញុំ+ ខ្ញុំ​បាន​ប្រាប់​នាង​ថា​៖ ‹សូម​អូន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​បង​ផង កន្លែង​ណា​ដែល​យើង​ទៅ​ដល់ សូម​អូន​ប្រាប់​គេ​អំពី​បង​ថា​៖ ​«​គាត់​ជា​បង​របស់​ខ្ញុំ​»​›​»។+

១៤ បន្ទាប់​មក អាប៊ីម៉ាឡិច​បាន​ឲ្យ​ហ្វូង​ចៀម ហ្វូង​គោ និង​ខ្ញុំ​បម្រើ​ប្រុស​ស្រី​ដល់​អាប្រាហាំ ហើយ​គាត់​ក៏​ប្រគល់​សារ៉ា​ដល់​អាប្រាហាំ​វិញ។ ១៥ អាប៊ីម៉ាឡិច​ក៏​និយាយ​ថែម​ទៀត​ថា​៖ ​«​ទឹក​ដី​របស់​ខ្ញុំ​នៅ​ចំពោះ​មុខ​អ្នក​ស្រាប់​ហើយ អ្នក​អាច​រស់​នៅ​កន្លែង​ណា​ក៏​បាន​ស្រេច​តែ​ចិត្ត​»។ ១៦ គាត់​ក៏​និយាយ​ទៅ​កាន់​សារ៉ា​ថា​៖ ​«​នេះ​ជា​ប្រាក់​១.០០០​ដុំ! ខ្ញុំ​នឹង​ប្រគល់​ឲ្យ​បង​ប្រុស​របស់​នាង+ ដើម្បី​បញ្ជាក់​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​ថា គ្មាន​រឿង​អ្វី​បាន​កើត​ឡើង​រវាង​នាង​និង​ខ្ញុំ​ទេ ហើយ​នាង​ក៏​មិន​បាន​ខូច​បង់​កិត្តិយស​ដែរ​»។ ១៧ អាប្រាហាំ​បាន​អង្វរ​សុំ​ព្រះ​ពិត​ឲ្យ​អាប៊ីម៉ាឡិច ហើយ​ព្រះ​ក៏​ធ្វើ​ឲ្យ​អាប៊ីម៉ាឡិច ប្រពន្ធ​គាត់ និង​ពួក​ស្រី​បម្រើ​គាត់​ជា​សះ​ស្បើយ ហើយ​ចាប់​ផ្ដើម​មាន​កូន​ម្ដង​ទៀត។ ១៨ ពី​ព្រោះ​ពេល​មុន​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​ស្ត្រី​នៅ​ក្នុង​វិមាន​របស់​អាប៊ីម៉ាឡិច​ពុំ​អាច​មាន​កូន ដោយ​សារ​តែ​សារ៉ា​ប្រពន្ធ​របស់​អាប្រាហាំ។+

២១ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​គិត​ដល់​សារ៉ា ដូច​លោក​បាន​មាន​ប្រសាសន៍។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​សារ៉ា​មែន។+ ២ ដូច្នេះ សារ៉ា​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ+ ហើយ​ក្រោយ​មក​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​អាប្រាហាំ​ក្នុង​គ្រា​ដែល​គាត់​ចាស់​ហើយ គឺ​តាម​ពេល​កំណត់​ដែល​ព្រះ​បាន​សន្យា​ចំពោះ​អាប្រាហាំ។+ ៣ អាប្រាហាំ​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ប្រុស​នោះ​ថា អ៊ីសាក។+ ៤ នៅ​ពេល​អ៊ីសាក​មាន​អាយុ​៨​ថ្ងៃ អាប្រាហាំ​បាន​កាត់​ចុង​ស្បែក​ឲ្យ​គាត់ តាម​បង្គាប់​របស់​ព្រះ។+ ៥ ពេល​អ៊ីសាក​កើត​មក អាប្រាហាំ​មាន​អាយុ​១០០​ឆ្នាំ។ ៦ រួច​មក សារ៉ា​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សំណើច​មែន គ្រប់​គ្នា​ដែល​ឮ​អំពី​នេះ​ក៏​សើច​ជា​មួយ​នឹង​ខ្ញុំ*​ដែរ​»។ ៧ សារ៉ា​បាន​បន្ថែម​ថា​៖ ​«​តើ​អ្នក​ណា​នឹក​ស្មាន​ដល់​ថា​ប្រពន្ធ​អាប្រាហាំ​នឹង​បង្កើត​កូន​ឲ្យ​គាត់? ទោះ​ជា​ដូច្នោះ​ក៏​ដោយ ខ្ញុំ​ពិត​ជា​បាន​បង្កើត​កូន​ឲ្យ​គាត់​មែន គឺ​នៅ​ពេល​ដែល​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​»។

៨ លុះ​អ៊ីសាក​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្ដាច់​ដោះ អាប្រាហាំ​បាន​រៀបចំ​ពិធី​ភោជនាហារ​ដ៏​ធំ​សម្រាប់​គាត់​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។ ៩ ប៉ុន្តែ សារ៉ា​បាន​សម្គាល់​ឃើញ​ថា​កូន​ប្រុស​របស់​ហាកា+ជា​ស្ត្រីជន​ជាតិ​អេហ្ស៊ីប ចេះ​តែ​ចំអក​ឲ្យ​អ៊ីសាក។+ (​កូន​ប្រុស​នោះ​ជា​កូន​ដែល​ហាកា​បាន​បង្កើត​ឲ្យ​អាប្រាហាំ​) ១០ ដូច្នេះ សារ៉ា​បាន​និយាយ​ទៅ​កាន់​អាប្រាហាំ​ថា​៖ ​«​ចូរ​បណ្ដេញ​ស្រី​បម្រើ​និង​កូន​ប្រុស​របស់​នាង​ចេញ​ទៅ ព្រោះ​កូន​របស់​ស្រី​បម្រើ​នេះ​នឹង​មិន​ទទួល​មត៌ក​ជា​មួយ​នឹង​អ៊ីសាក​កូន​ខ្ញុំ​ឡើយ!​»។+ ១១ ប៉ុន្តែ អ្វី​ដែល​សារ៉ា​បាន​និយាយ​អំពី​កូន​ប្រុស​អាប្រាហាំ ធ្វើ​ឲ្យ​អាប្រាហាំ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ។+ ១២ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាប្រាហាំ​ថា​៖ ​«​កុំ​អាក់​អន់​ចិត្ត​ព្រោះ​តែ​អ្វី​ដែល​សារ៉ា​ប្រាប់​អំពី​កូន​ប្រុស​និង​ស្រី​បម្រើ​នោះ​ឡើយ។ ចូរ​ស្ដាប់​តាម​សារ៉ា​ចុះ ព្រោះ​កូន​ចៅ*របស់​អ្នក​នឹង​កើត​ពី​អ៊ីសាក។+ ១៣ ចំណែក​កូន​ប្រុស​របស់​ហាកា​វិញ+ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា​ជាតិ​មួយ​កើត​ចេញ​ពី​គាត់+ ព្រោះ​គាត់​ក៏​ជា​កូន​របស់​អ្នក​ដែរ​»។

១៤ លុះ​ព្រលឹម​ឡើង អាប្រាហាំ​បាន​រៀបចំ​នំ​ប៉័ង​និង​ដាក់​ទឹក​ក្នុង​ថង់​ស្បែក ហើយ​ឲ្យ​ហាកា​ស្ពាយ រួច​ឲ្យ​នាង​ធ្វើ​ដំណើរ​ចេញ​ទៅ​ជា​មួយ​នឹង​កូន។+ នាង​បាន​ដើរ​វិល​វល់​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​ក្បែរ​ក្រុង​បៀរសេបា។+ ១៥ ទី​បំផុត ទឹក​ក្នុង​ថង់​ស្បែក​ក៏​អស់​ទៅ ហើយ​នាង​បាន​ទុក​កូន​ចោល​នៅ​ក្រោម​ដើម​ឈើ​តូច​មួយ។ ១៦ រួច​នាង​ចេញ​ទៅ​អង្គុយ​នៅ​កន្លែង​មួយ​តែ​ម្នាក់​ឯង​ឆ្ងាយ​ពី​កូន* ព្រោះ​នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ចង់​ឃើញ​កូន​ខ្ញុំ​ស្លាប់​នៅ​មុខ​ខ្ញុំ​ទេ​»។ ម្ល៉ោះ​ហើយ នាង​បាន​អង្គុយ​ចុះ​នៅ​ទី​នោះ ហើយ​ស្រែក​យំ​យ៉ាង​ខ្លាំង។

១៧ ពេល​នោះ ព្រះ​បាន​ឮ​សំឡេង​កូន​ប្រុស​នោះ+ ហើយ​ទេវតា​របស់​ព្រះ​បាន​ហៅ​ហាកា​ពី​លើ​មេឃ​មក​ថា​៖+ ​«​ហាកា​អើយ! តើ​នាង​មាន​រឿង​អ្វី​ហ្នឹង? កុំ​ខ្លាច​ឡើយ ព្រះ​បាន​ឮ​សំឡេង​កូន​ប្រុស​អ្នក​ពី​ទី​នោះ​ហើយ។ ១៨ ចូរ​ក្រោក​ឡើង​ទៅ​លើក​កូន​ប្រុស​របស់​អ្នក ហើយ​ដឹក​ដៃ​គាត់​ទៅ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ធំ​មួយ​»។+ ១៩ បន្ទាប់​មក ព្រះ​បាន​ធ្វើ​ឲ្យ​នាង​ឃើញ​អណ្ដូង​ទឹក​មួយ។ នាង​ក៏​ដើរ​ទៅ​អណ្ដូង​នោះ រួច​ដាក់​ទឹក​ពេញ​ថង់​ស្បែក ហើយ​យក​ទៅ​ឲ្យ​កូន​ផឹក។ ២០ កាល​ដែល​កូន​នោះ​មាន​វ័យ​ចម្រើន​ឡើង ព្រះ​បន្ត​នៅ​ជា​មួយ​នឹង​គាត់។+ គាត់​បាន​អាស្រ័យ​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​បាញ់​ធ្នូ។ ២១ គាត់​បាន​តាំង​ទី​លំនៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​ប៉ារ៉ាន+ ហើយ​ម្ដាយ​របស់​គាត់​បាន​ឲ្យ​គាត់​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ពី​ស្រុក​អេហ្ស៊ីប។

២២ នៅ​គ្រា​នោះ អាប៊ីម៉ាឡិច​និង​ភីកុល​ជា​មេ​ទ័ព​គាត់ បាន​និយាយ​ទៅ​កាន់​អាប្រាហាំ​ថា​៖ ​«​ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​ក្នុង​គ្រប់​ការទាំង​អស់​ដែល​អ្នក​ធ្វើ។+ ២៣ ដូច្នេះ សូម​ស្បថ​នឹង​ខ្ញុំ​នៅ​ទី​នេះ ដោយ​នូវ​នាម​របស់​ព្រះ​ថា អ្នក​នឹង​មិន​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​មក​លើ​ខ្ញុំ​និង​កូន​ចៅ​ខ្ញុំ​ទេ។ បន្ថែម​ទៀត អ្នក​ក៏​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ​និង​ស្រុក​ដែល​អ្នក​កំពុង​រស់​នៅ​នេះ ដូច​ដែល​ខ្ញុំ​បាន​បង្ហាញ​ចំពោះ​អ្នក​ដែរ​»។+ ២៤ ដូច្នេះ អាប្រាហាំ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ព្រម​ស្បថ​»។

២៥ ប៉ុន្តែ ក្រោយ​មក​អាប្រាហាំ​បាន​ប្ដឹង​អាប៊ីម៉ាឡិច​អំពី​អណ្ដូង​ទឹក ដែល​អ្នក​បម្រើ​របស់​អាប៊ីម៉ាឡិច​បាន​ដណ្ដើម​យក​ដោយ​កម្លាំង។+ ២៦ អាប៊ីម៉ាឡិច​បាន​តប​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ​ទេ។ ព្រោះ​អ្នក​មិន​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​សោះ ខ្ញុំ​ទើប​តែ​ឮ​នៅ​ថ្ងៃ​នេះ​»។ ២៧ ពេល​នោះ អាប្រាហាំ​បាន​ប្រគល់​ចៀម​និង​គោ​មួយ​ចំនួន​ឲ្យ​ដល់​អាប៊ីម៉ាឡិច ហើយ​ពួក​គាត់​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា។ ២៨ ពេល​ឃើញ​អាប្រាហាំ​ញែក​កូន​ចៀម​ញី​៧​ក្បាល​ចេញ​ពី​ហ្វូង ២៩ អាប៊ីម៉ាឡិច​ក៏​សួរ​អាប្រាហាំ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ញែក​កូន​ចៀម​ញី​៧​ក្បាល​ចេញ​ពី​ហ្វូង​ដូច្នេះ?​»។ ៣០ គាត់​បាន​ឆ្លើយ​តប​ថា​៖ ​«​សូម​លោក​ទទួល​យក​ចៀម​ញី​៧​ក្បាល​នេះ​ពី​ដៃ​ខ្ញុំ​ទៅ ដើម្បី​បញ្ជាក់​ថា​ខ្ញុំ​ពិត​ជា​បាន​ជីក​អណ្ដូង​នេះ​មែន​»។ ៣១ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ហៅ​កន្លែង​នោះ​ថា​បៀរសេបា*+ ព្រោះ​ពួក​គាត់​បាន​ស្បថ​នឹង​គ្នា​នៅ​ទី​នោះ។ ៣២ ក្រោយ​ពី​ពួក​គាត់​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង+ជា​មួយ​គ្នា​នៅ​បៀរសេបា​រួច អាប៊ីម៉ាឡិច​បាន​ចេញ​ដំណើរ​ជា​មួយ​នឹង​ភីកុល​ជា​មេ​ទ័ព​របស់​គាត់ ទៅ​ស្រុក​ភីលីស្ទីន​វិញ។+ ៣៣ ក្រោយ​មក អាប្រាហាំ​បាន​ដាំ​ដើម​ថា​ម៉ារីស​មួយ​នៅ​បៀរសេបា ហើយ​គាត់​បាន​សរសើរ​តម្កើង​នាម​ព្រះ​យេហូវ៉ា+ ជា​ព្រះ​ដែល​មាន​ជីវិត​ជា​រៀង​រហូត។+ ៣៤ អាប្រាហាំ​បាន​ស្នាក់​នៅ*ក្នុង​ស្រុក​ភីលីស្ទីន​អស់​រយៈ​ពេល​យ៉ាង​យូរ។+

២២ លុះ​ក្រោយ​មក ព្រះ​ពិត​បាន​ល្បង​ល​អាប្រាហាំ។+ លោក​បាន​ហៅ​គាត់​ថា​៖ ​«​អាប្រាហាំ​អើយ!​»។ គាត់​បាន​ឆ្លើយ​ថា​៖ ​«​បាទ! លោក​ម្ចាស់!​»។ ២ រួច​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សូម​នាំ​អ៊ីសាក+កូន​តែ​មួយ​ជា​ទី​ស្រឡាញ់​របស់​អ្នក+ ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​ម៉ូរីយ៉ា+ ហើយ​ជូន​គាត់​ជា​គ្រឿង​បូជា​ដុត​នៅ​លើ​ភ្នំ​ដែល​ខ្ញុំ​នឹង​បង្ហាញ​អ្នក​»។

៣ ដូច្នេះ អាប្រាហាំ​បាន​ក្រោក​ពី​ព្រលឹម ហើយ​ពុះ​អុស​សម្រាប់​ដុត​គ្រឿង​បូជា រួច​ចង​កែប​លា។ គាត់​បាន​យក​អ៊ីសាក​និង​អ្នក​បម្រើ​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​រៀបចំ​រួច​រាល់​ហើយ គាត់​បាន​ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ​ពិត​បាន​ប្រាប់​គាត់។ ៤ លុះ​ធ្វើ​ដំណើរ​អស់​បី​ថ្ងៃ អាប្រាហាំ​បាន​ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ។ ៥ ខណៈ​នោះ អាប្រាហាំ​បាន​ប្រាប់​អ្នក​បម្រើ​គាត់​ថា​៖ ​«​ចូរ​ចាំ​នៅ​ទី​នេះ​ជា​មួយ​សត្វ​លា។ ខ្ញុំ​និង​កូន​ខ្ញុំ នឹង​ឡើង​ទៅ​គោរព​ប្រណិប័តន៍​ព្រះ​នៅ​លើ​ភ្នំ​នោះ ហើយ​នឹង​ត្រឡប់​មក​វិញ​»។

៦ អាប្រាហាំ​បាន​ឲ្យ​អ៊ីសាក​លី​អុស​សម្រាប់​ដុត​គ្រឿង​បូជា។ ឯ​គាត់​វិញ គាត់​បាន​កាន់​កាំបិត​និង​យក​ភ្លើង។ បន្ទាប់​មក ពួក​គាត់​ដើរ​ទៅ​ជា​មួយ​គ្នា។ ៧ ពេល​នោះ អ៊ីសាក​បាន​សួរ​ឪពុក​គាត់​ថា​៖ ​«​លោក​ឪពុក!​»។ អាប្រាហាំ​ឆ្លើយ​ថា​៖ ​«​មាន​ការ​អី​កូន?​»។ អ៊ីសាក​សួរ​ថា​៖ ​«​យើង​មាន​ភ្លើង​និង​អុស​ហើយ ចុះ​ចៀម​សម្រាប់​ជូន​ជា​គ្រឿង​បូជា​ដុត នៅ​ឯ​ណា?​»។ ៨ រួច​អាប្រាហាំ​បាន​ឆ្លើយ​ថា​៖ ​«​កូន​អើយ! ព្រះ​នឹង​ផ្ដល់​ចៀម​សម្រាប់​ជូន​ជា​គ្រឿង​បូជា​ដុត​»។+ បន្ទាប់​មក ពួក​គាត់​ដើរ​បន្ត​ទៅ​មុខ​ទៀត។

៩ នៅ​ទី​បំផុត ពួក​គាត់​បាន​ទៅ​ដល់​កន្លែង​ដែល​ព្រះ​ពិត​បាន​បង្ហាញ។ អាប្រាហាំ​បាន​សង់​ទី​បូជា​មួយ ហើយ​រៀប​អុស​នៅ​លើ​ទី​បូជា​នោះ។ រួច​មក គាត់​ចង​ដៃ​ចង​ជើង​អ៊ីសាក ហើយ​ផ្ដេក​គាត់​លើ​គំនរ​អុស​នៅ​លើ​ទី​បូជា​នោះ។+ ១០ បន្ទាប់​មក អាប្រាហាំ​បាន​យក​កាំបិត​មក ហើយ​បម្រុង​នឹង​សម្លាប់​កូន​គាត់។+ ១១ ពេល​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ហៅ​គាត់​ពី​លើ​មេឃ​ថា​៖ ​«​អាប្រាហាំ អាប្រាហាំ!​»។ គាត់​ក៏​ឆ្លើយ​ថា​៖ ​«​បាទ លោក​ម្ចាស់!​»។ ១២ ទេវតា​បាន​និយាយ​ថា​៖ ​«​កុំ​សម្លាប់​កូន​នោះ​ឡើយ កុំ​ធ្វើ​អ្វី​ដល់​គាត់​ឲ្យ​សោះ! ឥឡូវ ខ្ញុំ​ដឹង​ថា​អ្នក​ពិត​ជា​គោរព​កោត​ខ្លាច​ព្រះ​មែន ព្រោះ​អ្នក​មិន​បាន​បដិសេធ​ទេ តែ​បាន​ប្រគល់​កូន​តែ​មួយ​របស់​អ្នក​ឲ្យ​ខ្ញុំ​»។+ ១៣ ភ្លាម​នោះ អាប្រាហាំ​បាន​ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នឹង​គុម្ពោត​ព្រៃ។ ដូច្នេះ គាត់​បាន​ទៅ​យក​ចៀម​នោះ​មក​ជូន​ជា​គ្រឿង​បូជា​ដុត​ជំនួស​កូន​គាត់​ទៅ។ ១៤ អាប្រាហាំ​បាន​ហៅ​កន្លែង​នោះ​ថា​យេហូវ៉ាយៃរ៉ា។* ហេតុ​នេះ​ហើយ​បាន​ជា​រហូត​ដល់​សព្វ​ថ្ងៃ គេ​និយាយ​ថា​៖ ​«​នៅ​លើ​ភ្នំ​របស់​ព្រះ​យេហូវ៉ា លោក​នឹង​ផ្ដល់​ឲ្យ​»។+

១៥ ក្រោយ​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ពី​លើ​មេឃ ទៅ​កាន់​អាប្រាហាំ​ម្ដង​ទៀត​ថា​៖ ១៦ ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ដោយ​សារ​អ្នក​បាន​ធ្វើ​ដូច្នេះ ហើយ​ព្រម​ប្រគល់​កូន​តែ​មួយ​របស់​អ្នក​ឲ្យ​ខ្ញុំ+ នោះ​ខ្ញុំ​ផ្ទាល់​ស្បថ​ថា+ ១៧ ខ្ញុំ​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​កូន​ចៅ*របស់​អ្នក​មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ​និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។+ កូន​ចៅ​របស់​អ្នក​នឹង​ចាប់​យក​បណ្ដា​ក្រុង*របស់​ពួក​សត្រូវ។+ ១៨ ឯ​គ្រប់​ប្រជា​ជាតិ​នៅ​ផែនដី​នឹង​ទទួល​ពរ*តាម​រយៈ​កូន​ចៅ​របស់​អ្នក ពី​ព្រោះ​អ្នក​បាន​ស្ដាប់​តាម​ខ្ញុំ›​»។+

១៩ បន្ទាប់​មក អាប្រាហាំ​បាន​ត្រឡប់​ទៅ​ឯ​ពួក​អ្នក​បម្រើ​គាត់ ហើយ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​បៀរសេបា​វិញ។+ អាប្រាហាំ​ក៏​បាន​ស្នាក់​នៅ​ទី​នោះ​ត​ទៅ​ទៀត។

២០ ក្រោយ​នោះ មាន​គេ​មក​ប្រាប់​អាប្រាហាំ​ថា​៖ ​«​មីលកា​បាន​បង្កើត​កូន​ជា​ច្រើន​ឲ្យ​ណេឃ័រ​ជា​បង​របស់​លោក+ ២១ គឺ​អ៊ូស​ជា​កូន​ច្បង ប៊ូស និង​កេមូអែល។ កេមូអែល​ជា​ឪពុក​អេរ៉ាម។ ២២ កូន​បន្ត​បន្ទាប់​ទៀត​របស់​នាង​មាន កេសេត ហាសូ ពីលដាស យីតឡាប និង​បេធូអែល​»។+ ២៣ បេធូអែល​ជា​ឪពុក​រេបិកា។+ មីលកា​បាន​បង្កើត​កូន​ទាំង​៨​នាក់​នេះ​ឲ្យ​ណេឃ័រ​ជា​បង​ប្រុស​អាប្រាហាំ។ ២៤ ឯ​ប្រពន្ធ​បន្ទាប់​របស់​ណេឃ័រ​ឈ្មោះ​រេយូម៉ា ក៏​បាន​បង្កើត​កូន​ឲ្យ​គាត់​ដែរ។ កូន​ទាំង​នោះ​មាន ថេបា កាហាំ តាហាស និង​ម៉ាអាកា។

២៣ សារ៉ា​រស់​បាន​១២៧​ឆ្នាំ+ នេះ​ហើយ​ជា​អាយុ​របស់​នាង។ ២ នាង​បាន​ស្លាប់​នៅ​ក្រុង​គារីអាតអាបា+ គឺ​ក្រុង​ហេប្រុន+ក្នុង​ស្រុក​កាណាន។+ ពេល​នោះ អាប្រាហាំ​បាន​យំ ហើយ​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ ៣ រួច​មក អាប្រាហាំបាន​ក្រោក​ចេញ​ពី​សព​ប្រពន្ធ​គាត់ ហើយ​ទៅ​និយាយ​នឹង​ជន​ជាតិ​ហេត​ថា​៖+ ៤ ​«​ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ដូច្នេះ​សូម​លក់​ដី​មួយ​កន្លែង​ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​បញ្ចុះ​សព​ប្រពន្ធ​ខ្ញុំ​នៅ​ទី​នេះ​»។ ៥ ឮ​ដូច្នេះ ជន​ជាតិ​ហេត​បាន​ឆ្លើយ​ថា​៖ ៦ ​«​លោក​ម្ចាស់​អើយ! សូម​ស្ដាប់​យើង​ខ្ញុំ​សិន លោក​ជា​អ្នក​ដឹក​នាំ​ដែល​ព្រះ​បាន​ជ្រើស​រើស។+ ដូច្នេះ សូម​បញ្ចុះ​សព​ប្រពន្ធ​លោក​នៅ​ទី​បញ្ចុះ​សព​ដ៏​ល្អ​បំផុត​របស់​យើង​ខ្ញុំ​ចុះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ពេញ​ចិត្ត​ឲ្យ​លោក​បញ្ចុះ​សព​ប្រពន្ធ​លោក​នៅ​ទី​នេះ​»។

៧ អាប្រាហាំ​បាន​ក្រោក​ឡើង ហើយ​ក្រាប​គោរព​ជន​ជាតិ​ហេត​ដែល​ជា​អ្នក​ស្រុក​នោះ។+ ៨ អាប្រាហាំ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​យល់​ព្រម​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​ប្រពន្ធ​ខ្ញុំ​នៅ​ស្រុក​នេះ​មែន សូម​មេត្តា​ជួយ​និយាយ​នឹង​អេប្រុន​ជា​កូន​សូហា​ឲ្យ​ខ្ញុំ​ផង ៩ គឺ​សូម​ឲ្យ​គាត់​លក់​រអាង​ម៉ាក់ពេឡា​ជា​រអាង​ដែល​នៅ​ចុង​ដី​ចម្ការ​របស់​គាត់​មក​ឲ្យ​ខ្ញុំ នៅ​មុខ​អ្នក​រាល់​គ្នា។ សូម​ឲ្យ​គាត់​លក់​ឲ្យ​ខ្ញុំ​តាម​តម្លៃ​កំណត់​ចុះ+ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រើ​កន្លែង​នោះ​ទុក​ជា​ទី​បញ្ចុះ​សព​»។+

១០ ពេល​នោះ អេប្រុន​កំពុង​អង្គុយ​នៅ​ជា​មួយ​នឹង​ជន​រួម​ជាតិ​គាត់។ នៅ​ចំពោះ​មុខ​ពួក​គេ និង​អស់​អ្នក​ដែល​ឆ្លង​កាត់​ខ្លោង​ទ្វារ​ក្រុង+ គាត់​បាន​ឆ្លើយ​ទៅ​អាប្រាហាំ​ថា​៖ ១១ ​«​ទេ លោក​ម្ចាស់! សូម​ស្ដាប់​ខ្ញុំ​សិន។ ខ្ញុំ​សូម​ប្រគល់​ជូន​ដី​ចម្ការ​និង​រអាង​ភ្នំ​នេះ​ដល់​លោក។ ខ្ញុំ​សូម​ប្រគល់​ឲ្យ​លោក​នៅ​ចំពោះ​មុខ​ជន​រួម​ជាតិ​របស់​ខ្ញុំ។ សូម​លោក​យក​ទុក​ធ្វើ​ជា​ទី​បញ្ចុះ​សព​ចុះ​»។ ១២ ឮ​ដូច្នោះ អាប្រាហាំ​បាន​ក្រាប​គោរព​នៅ​ចំពោះ​ពួក​អ្នក​ស្រុក​នោះ ១៣ ហើយ​គាត់​បាន​និយាយ​ទៅ​កាន់​អេប្រុន នៅ​ចំពោះ​មុខ​ពួក​គេ​ថា​៖ ​«​សូម​មេត្តា​ស្ដាប់​ខ្ញុំ​សិន ខ្ញុំ​នឹង​ប្រគល់​ប្រាក់​ឲ្យ​អ្នក​ពេញ​តម្លៃ​សម្រាប់​ដី​ចម្ការ​នេះ។ សូម​ទទួល​យក​ពី​ខ្ញុំ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រើ​ទី​នេះ​ជា​ទី​បញ្ចុះ​សព​របស់​ប្រពន្ធ​ខ្ញុំ​»។

១៤ បន្ទាប់​មក អេប្រុន​ឆ្លើយ​ទៅ​អាប្រាហាំ​ថា​៖ ១៥ ​«​លោក​ម្ចាស់ សូម​ស្ដាប់​ខ្ញុំ​វិញ។ ដី​នេះ​មាន​តម្លៃ​ជា​ប្រាក់​៤០០​ហ្សេគិល* តែ​តម្លៃ​នេះ​មិន​សំខាន់​ទេ។ ដូច្នេះ សូម​លោក​យក​ធ្វើ​ជា​ទី​បញ្ចុះ​សព​ចុះ​»។ ១៦ ពេល​ស្ដាប់​រួច អាប្រាហាំ​ក៏​ថ្លឹង​ប្រាក់​ចំនួន​៤០០​ហ្សេគិល​តាម​ចំនួន​នោះ រួច​ប្រគល់​ឲ្យ​អេប្រុន​នៅ​ចំពោះ​មុខ​ជន​ជាតិ​ហេត ស្រប​តាម​ទម្ងន់​ប្រាក់​កំណត់​ដោយ​អ្នក​ជួញ​ដូរ​នៅ​សម័យ​នោះ។+ ១៧ ដូច្នេះ ដី​ចម្ការ​របស់​អេប្រុន​ដែល​នៅ​ម៉ាក់ពេឡា​ខាង​មុខ​ម៉ាមរេ គឺ​ចម្ការ​និង​រអាង​ភ្នំ ព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​ដែល​នៅ​ក្នុង​ចម្ការ​នោះ បាន​ក្លាយ​ទៅ​ជា ១៨ កម្មសិទ្ធិ​របស់​អាប្រាហាំ ទាំង​មាន​ជន​ជាតិ​ហេត​និង​អស់​អ្នក​ដែល​ឆ្លង​កាត់​ខ្លោង​ទ្វារ​ក្រុង ធ្វើ​ជា​សាក្សី។ ១៩ ក្រោយ​មក អាប្រាហាំ​បាន​បញ្ចុះ​សព​សារ៉ា​ជា​ប្រពន្ធ​គាត់ ក្នុង​រអាង​ភ្នំ​ដែល​នៅ​ចម្ការ​ម៉ាក់ពេឡា​ខាង​មុខ​ម៉ាមរេ គឺ​នៅ​ឯ​ហេប្រុន​ក្នុង​ស្រុក​កាណាន។ ២០ យ៉ាង​នេះ ចម្ការ​និង​រអាង​ភ្នំ​នោះ​បាន​ត្រូវ​ប្ដូរ​ពី​កម្មសិទ្ធិ​របស់​ជន​ជាតិ​ហេត​ទៅ​ជា​កម្មសិទ្ធិ​របស់​អាប្រាហាំ ទុក​ជា​ទី​បញ្ចុះ​សព​រហូត​ត​ទៅ។+

២៤ ឯ​អាប្រាហាំ គាត់​កាន់​តែ​មាន​វ័យ​ចាស់​ណាស់​ហើយ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់​ក្នុង​គ្រប់​ការ​ទាំង​អស់។+ ២ ថ្ងៃ​មួយ អាប្រាហាំ​បាន​ហៅ​អ្នក​បម្រើ​ដែល​មាន​វ័យ​ចាស់​ជាង​គេ​ឲ្យ​ចូល​មក​ជួប​គាត់។ អ្នក​បម្រើ​នោះ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​អា​ប្រា​ហាំ។+ អាប្រាហាំ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​ចូរ​ដាក់​ដៃ​អ្នក​នៅ​ក្រោម​ភ្លៅ​ខ្ញុំ ៣ ហើយ​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌​និង​ផែនដី​ថា អ្នក​នឹង​មិន​ឲ្យ​កូន​ប្រុស​ខ្ញុំ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ជន​ជាតិ​កាណាន ដែល​កំពុង​រស់​នៅ​ជុំ​វិញ​ខ្ញុំ​ឡើយ។+ ៤ ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ឯ​ញាតិ​សន្ដាន​ខ្ញុំ​នៅ​ឯ​ស្រុក​ខ្ញុំ+ ហើយ​នាំ​យក​នារី​ម្នាក់​មក​ឲ្យ​អ៊ីសាក​កូន​ខ្ញុំ ធ្វើ​ជា​ប្រពន្ធ​»។

៥ អ្នក​បម្រើ​បាន​សួរ​ថា​៖ ​«​លោក​ម្ចាស់ ចុះ​បើ​នារី​នោះ​មិន​ព្រម​មក​ជា​មួយ​នឹង​ខ្ញុំ? តើ​ខ្ញុំ​ត្រូវ​នាំ​កូន​លោក​ធ្វើ​ដំណើរ​ទៅ​ស្រុក​នោះ​ឬ?​»។+ ៦ អាប្រាហាំ​ឆ្លើយ​ថា​៖ ​«​អ្នក​មិន​ត្រូវ​នាំ​កូន​ខ្ញុំ​ទៅ​ទី​នោះ​ជា​ដាច់​ខាត+ ៧ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​នាំ​ខ្ញុំ​ចេញ​ពី​ផ្ទះ​របស់​ឪពុក​ខ្ញុំ និង​ពី​ស្រុក​របស់​ញាតិ​សន្ដាន​ខ្ញុំ+ លោក​បាន​ស្បថ​នឹង​ខ្ញុំ​ដោយ​មាន​ប្រសាសន៍​ថា​៖+ ‹ខ្ញុំ​នឹង​ប្រគល់​ស្រុក​នេះ+ឲ្យ​ដល់​កូន​ចៅ*របស់​អ្នក›។+ ព្រះ​នឹង​ចាត់​ទេវតា​របស់​លោក​ឲ្យ​ទៅ​មុន​អ្នក+ ហើយ​អ្នក​ប្រាកដ​ជា​នាំ​នារី​ម្នាក់​ពី​ស្រុក​នោះ​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ខ្ញុំ​បាន​ជា​មិន​ខាន។+ ៨ ប៉ុន្តែ បើ​នារី​នោះ​មិន​ព្រម​មក​ជា​មួយ​នឹង​អ្នក​ទេ អ្នក​នឹង​រួច​ពី​សម្បថ​នេះ​ហើយ។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ អ្នក​មិន​ត្រូវ​នាំ​កូន​ខ្ញុំ​ទៅ​ទី​នោះ​ឡើយ​»។ ៩ ឮ​ដូច្នេះ អ្នក​បម្រើ​នោះ​បាន​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​អាប្រាហាំ​ជា​ម្ចាស់​របស់​គាត់ ហើយ​ស្បថ​នឹង​អាប្រាហាំ​អំពី​រឿង​នេះ។+

១០ ដូច្នេះ អ្នក​បម្រើ​នោះ​បាន​យក​សត្វ​អូដ្ឋ​១០​ក្បាល​របស់​ម្ចាស់​គាត់ ព្រម​ទាំង​របស់​របរ​មាន​តម្លៃ​គ្រប់​យ៉ាង ហើយ​ចេញ​ដំណើរ​ទៅ​តំបន់​មេសូប៉ូតាមា ឆ្ពោះ​ទៅ​ក្រុង​ណេឃ័រ។ ១១ ពេល​ទៅ​ដល់​ខាង​ក្រៅ​ក្រុង គាត់​បាន​ឲ្យ​អូដ្ឋ​លុត​ជង្គង់​ចុះ​ក្បែរ​អណ្ដូង​ទឹក​មួយ។ ពេល​នោះ​ជា​ពេល​ល្ងាច​ហើយ ជា​ពេល​ដែល​ពួក​ស្រី​ៗ​ចេញ​មក​ដង​ទឹក។ ១២ បន្ទាប់​មក គាត់​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ​ម្ចាស់​របស់​ខ្ញុំ​អើយ! ថ្ងៃ​នេះ​សូម​លោក​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​កិច្ចការ​ខ្ញុំ​ផង។ សូម​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អាប្រាហាំ​ម្ចាស់​ខ្ញុំ​ផង។ ១៣ ឥឡូវ​ខ្ញុំ​កំពុង​នៅ​ជិត​អណ្ដូង​ទឹក​មួយ ហើយ​កូន​ស្រី​ៗ​របស់​អ្នក​ក្រុង​នេះ​កំពុង​ចេញ​មក​ដង​ទឹក។ ១៤ បើ​ខ្ញុំ​និយាយ​ទៅ​កាន់​នារី​ណា​ម្នាក់​ថា​៖ ‹សូម​ផ្អៀង​ក្អម ចាក់​ទឹក​ឲ្យ​ខ្ញុំ​ផឹក​ផង› ហើយ​បើ​នាង​និយាយ​ថា​៖ ‹សូម​អញ្ជើញ​ពិសា​ចុះ! ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​លោក​ផឹក​ដែរ› សូម​ឲ្យ​នាង​នោះ​ជា​នារីដែល​លោក​ជ្រើស​រើស​ឲ្យ​អ៊ីសាក​ជា​អ្នក​បម្រើ​លោក។ យ៉ាង​នេះ ខ្ញុំ​នឹង​ដឹង​ថា​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​ខ្ញុំ​ពិត​ប្រាកដ​មែន​»។

១៥ កាល​គាត់​អធិដ្ឋាន​មិន​ទាន់​រួច​ពី​មាត់​ផង ស្រាប់​តែ​រេបិកា​បាន​មក​ដល់​ទាំង​លី​ក្អម​ទឹក​មក​ជា​មួយ។ នាង​ជា​កូន​បេធូអែល+ ត្រូវ​ជា​ចៅ​របស់​មីលកា+ដែល​ជា​ប្រពន្ធ​របស់​ណេឃ័រ+ ណេឃ័រ​ជា​បង​ប្រុស​អាប្រាហាំ។ ១៦ នាង​ក្រមុំ​នោះ​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់ ហើយ​មិន​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ណា​ឡើយ។ នាង​បាន​ចុះ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ។ ១៧ ភ្លាម​នោះ អ្នក​បម្រើ​នោះ​បាន​រត់​ទៅ​ជួប​នាង ហើយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច​ផង​»។ ១៨ នាង​ឆ្លើយ​តប​ថា​៖ ​«​សូម​អញ្ជើញ​ពិសា​លោក​ម្ចាស់​»។ នាង​ក៏​ប្រញាប់​ផ្អៀង​ក្អម​ចាក់​ទឹក​ឲ្យ​គាត់​ពិសា។ ១៩ ពេល​ឲ្យ​ទឹក​គាត់​ពិសា​ហើយ នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​លោក ផឹក​ទាល់​តែ​ឆ្អែត​ដែរ​»។ ២០ ដូច្នេះ នាង​បាន​ចាក់​ទឹក​ទៅ​ក្នុង​ស្នូក រួច​រត់​ទៅ​ដង​ទឹក​ពី​អណ្ដូង​ម្ដង​ហើយ​ម្ដង​ទៀត រហូត​ដល់​អូដ្ឋ​ទាំង​អស់​បាន​ផឹក​ឆ្អែត។ ២១ អំឡុង​ពេល​នោះ អ្នក​បម្រើ​នោះ​សម្លឹង​មើល​នាង​ទាំង​នឹក​ស្ងើច​ក្នុង​ចិត្ត ហើយ​ឆ្ងល់​ថា​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​កិច្ចការ​របស់​ខ្លួន​សម្រេច​ឬ​យ៉ាង​ណា។

២២ ពេល​អូដ្ឋ​ផឹក​ឆ្អែត​ហើយ អ្នក​បម្រើ​នោះ​បាន​ឲ្យ​ក្រវិល​មាស*ដល់​នាង ទម្ងន់​កន្លះ​ហ្សេគិល* ព្រម​ទាំង​កង​ដៃ​មាស​ពីរ ទម្ងន់​១០​ហ្សេគិល។ ២៣ គាត់​បាន​សួរ​នាង​ថា​៖ ​«​សូម​ប្រាប់​ខ្ញុំ តើ​នាង​ជា​កូន​ចៅ​អ្នក​ណា? ហើយ​តើ​ផ្ទះ​ឪពុក​នាង​មាន​កន្លែង​សម្រាប់​ឲ្យ​ពួក​ខ្ញុំ​ស្នាក់​នៅ​យប់​នេះ​បាន​ទេ?​»។ ២៤ ពេល​នោះ​នាង​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ជា​កូន​ស្រី​របស់​បេធូអែល+ ត្រូវ​ជា​ចៅ​របស់​ណេឃ័រ​និង​មីលកា​»។+ ២៥ រួច​នាង​បាន​បន្ថែម​ទៀត​ថា​៖ ​«​នៅ​ផ្ទះ​ខ្ញុំ​មាន​ស្មៅ​ក្រៀម​និង​ចំបើង​គ្រប់​គ្រាន់​សម្រាប់​សត្វ​អូដ្ឋ ព្រម​ទាំង​កន្លែង​ស្នាក់​នៅ​ផង​ដែរ​»។ ២៦ ពេល​ឮ​ដូច្នេះ អ្នក​បម្រើ​នោះ​បាន​ក្រាប​ក្បាល​ដល់​ដី​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ២៧ ហើយ​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ​ម្ចាស់​របស់​ខ្ញុំ ទទួល​ការ​សរសើរ​តម្កើង ព្រោះ​លោក​តែង​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​របស់​ខ្ញុំ។ ព្រះ​យេហូវ៉ា​បាន​នាំ​ផ្លូវ​ខ្ញុំ​ឲ្យ​មក​ដល់​ផ្ទះ​របស់​បង​ប្អូន​ម្ចាស់​ខ្ញុំ​»។

២៨ ឯ​រេបិកា នាង​បាន​រត់​ទៅ​ប្រាប់​ម្ដាយ​និង​ក្រុម​គ្រួសារ​នាង​អំពី​រឿង​នេះ។ ២៩ នាង​មាន​បង​ប្រុស​ម្នាក់​ឈ្មោះ​ឡាបាន់។+ ភ្លាម​នោះ ឡាបាន់​បាន​រត់​ទៅ​ឯ​អណ្ដូង​ទឹក​នៅ​ខាង​ក្រៅ​ក្រុង ដើម្បី​ជួប​នឹង​អ្នក​បម្រើ​នោះ ៣០ ព្រោះ​ឡាបាន់​បាន​ឮ​រេបិកា​រៀប​រាប់​អំពី​អ្វី​ដែល​អ្នក​បម្រើ​នោះ​ប្រាប់ ថែម​ទាំង​បាន​ឃើញ​ប្អូន​ស្រី​ពាក់​ក្រវិល​នៅ​ច្រមុះ និង​ពាក់​កង​ដៃ​នៅ​ដៃ​របស់​នាង។ ពេល​នោះ អ្នក​បម្រើ​នោះ​កំពុង​ឈរ​នៅ​ជិត​សត្វ​អូដ្ឋ​ក្បែរ​អណ្ដូង​ទឹក​នៅ​ឡើយ។ ៣១ ភ្លាម​នោះ ឡាបាន់​បាន​និយាយ​ថា​៖ ​«​ឱ​អ្នក​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​អើយ! សូម​អញ្ជើញ​មក! ម្ដេច​ក៏​អ្នក​នៅ​ឈរ​នៅ​ទី​នេះ​ដូច្នេះ? ខ្ញុំ​បាន​រៀបចំ​កន្លែង​ឲ្យ​អ្នក​ស្នាក់​នៅ និង​កន្លែង​សម្រាប់​សត្វ​អូដ្ឋ​ហើយ​»។ ៣២ អ្នក​បម្រើ​នោះ​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ជា​មួយ​នឹង​គាត់ ហើយ​គាត់*បាន​ដោះ​អីវ៉ាន់​ចេញ​ពី​ខ្នង​អូដ្ឋ។ រួច​មក គាត់​បាន​ឲ្យ​ស្មៅ​ក្រៀម​និង​ចំបើង​ដល់​សត្វ​អូដ្ឋ ព្រម​ទាំង​យក​ទឹក​មក​លាង​ជើង​ឲ្យ​អ្នក​បម្រើ​នោះ និង​ពួក​បុរស​ដែល​មក​ជា​មួយ​ដែរ។ ៣៣ ប៉ុន្តែ ពេល​ដែល​គេ​លើក​អាហារ​មក​ជូន​អ្នក​បម្រើ​នោះ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ទាន់​ពិសា​ទេ ទាល់​តែ​ខ្ញុំ​ប្រាប់​រឿង​ខ្ញុំ​ជា​មុន​សិន​»។ ដូច្នេះ ឡាបាន់​បាន​និយាយ​ថា​៖ ​«​សូម​ប្រាប់​មក​ចុះ!​»។

៣៤ បន្ទាប់​មក អ្នក​បម្រើ​នោះ​និយាយ​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​អាប្រាហាំ។+ ៣៥ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ម្ចាស់​របស់​ខ្ញុំ​យ៉ាង​ច្រើន​ក្រៃ​លែង លោក​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​អ្នក​មាន​ស្តុកស្តម្ភ មាន​មាស​ប្រាក់ អ្នក​បម្រើ​ប្រុស​ស្រី និង​ហ្វូង​ចៀម ហ្វូង​គោ សត្វ​អូដ្ឋ និង​លា​ជា​ច្រើន។+ ៣៦ បន្ថែម​ទៀត សារ៉ា​ប្រពន្ធ​ចៅហ្វាយ​ខ្ញុំ គាត់​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​ចៅហ្វាយ​ខ្ញុំ ក្នុង​កាល​ដែល​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។+ ឯ​ចៅហ្វាយ​ខ្ញុំ គាត់​នឹង​ប្រគល់​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​គាត់​មាន​ឲ្យ​ដល់​កូន​នោះ។+ ៣៧ ដូច្នេះ ចៅហ្វាយ​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ស្បថ​នឹង​គាត់​ថា​៖ ‹អ្នក​នឹង​មិន​ត្រូវ​ឲ្យ​កូន​ប្រុស​ខ្ញុំ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ជន​ជាតិ​កាណាន ដែល​កំពុង​រស់​នៅ​ជុំ​វិញ​ខ្ញុំ​ឡើយ។+ ៣៨ ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​និង​ញាតិ​សន្ដាន​ខ្ញុំ+ ហើយ​នាំ​យក​នារី​ម្នាក់​មក​ឲ្យ​កូន​ខ្ញុំ ធ្វើ​ជា​ប្រពន្ធ›។+ ៣៩ ប៉ុន្តែ ខ្ញុំ​បាន​សួរ​ចៅហ្វាយ​ខ្ញុំ​ថា​៖ ‹ចុះ​បើ​នារី​នោះ​មិន​ព្រម​មក​ជា​មួយ​នឹង​ខ្ញុំ?›។+ ៤០ គាត់​បាន​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ខ្ញុំ​បាន​ដើរ​ជា​មួយ+ លោក​នឹង​ចាត់​ទេវតា+របស់​លោក​ឲ្យ​ទៅ​មុន​អ្នក ហើយ​អ្នក​ប្រាកដ​ជា​នាំ​នារី​ម្នាក់​ពី​ញាតិ​សន្ដាន​ខ្ញុំ​និង​ពី​ផ្ទះ​ឪពុក​ខ្ញុំ ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ខ្ញុំ​បាន​ជា​មិន​ខាន។+ ៤១ ប៉ុន្តែ បើ​ញាតិ​សន្ដាន​ខ្ញុំ​មិន​ព្រម​ឲ្យ​នាង​មក​ជា​មួយ​នឹង​អ្នក​ទេ អ្នក​នឹង​រួច​ពី​សម្បថ​ដែល​អ្នក​បាន​ស្បថ​នឹង​ខ្ញុំ​ហើយ›។+

៤២ ​«​ថ្ងៃ​នេះ ពេល​ខ្ញុំ​មក​ដល់​អណ្ដូង ខ្ញុំ​បាន​អធិដ្ឋាន​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ​ម្ចាស់​របស់​ខ្ញុំ​អើយ! សូម​លោក​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​កិច្ចការ​របស់​ខ្ញុំ​ផង។ ៤៣ ឥឡូវ​ខ្ញុំ​កំពុង​នៅ​ជិត​អណ្ដូង​ទឹក​មួយ។ សូម​ឲ្យ​កើត​ឡើង​ដូច្នេះ បើ​មាន​នារី​ណា​ម្នាក់+ចេញ​មក​ដង​ទឹក ហើយ​ខ្ញុំ​នឹង​និយាយ​ថា​៖ ​«​សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច​ផង​»​ ៤៤ នោះ​នាង​នឹង​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ​«​សូម​អញ្ជើញ​ពិសា​ចុះ! ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​លោក​ផឹក​ដែរ​»។ សូម​ឲ្យ​នាង​នោះ​ជា​នារីដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ឲ្យ​កូន​ប្រុស​របស់​ចៅហ្វាយ​ខ្ញុំ›។+

៤៥ ​«​ពេល​ខ្ញុំ​កំពុង​អធិដ្ឋាន​ក្នុង​ចិត្ត ស្រាប់​តែ​រេបិកា​បាន​មក​ដល់​ទាំង​លី​ក្អម​ទឹក​មក​ជា​មួយ។ នាង​ដើរ​មក​ឯ​អណ្ដូង​ទឹក ហើយ​ចុះ​ទៅ​ដង​ទឹក។ រួច​ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ថា​៖ ‹សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច​ផង›។+ ៤៦ ដូច្នេះ នាង​ប្រញាប់​ផ្អៀង​ក្អម​ពី​ស្មា ហើយ​និយាយ​ថា​៖ ‹សូម​អញ្ជើញ​ពិសា+ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​សត្វ​អូដ្ឋ​លោក​ផឹក​ដែរ›។ រួច​មក ខ្ញុំ​បាន​ពិសា​ទឹក ហើយ​នាង​ក៏​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ។ ៤៧ ក្រោយ​នោះ ខ្ញុំ​បាន​សួរ​នាង​ថា​៖ ‹តើ​នាង​ជា​កូន​ចៅ​អ្នក​ណា?›។ នាង​បាន​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ជា​កូន​ស្រី​របស់​បេធូអែល ត្រូវ​ជា​ចៅ​របស់​ណេឃ័រ​និង​មីលកា›។ ដូច្នេះ ខ្ញុំ​បាន​បំពាក់​ក្រវិល​នៅ​ច្រមុះ​នាង និង​កង​ដៃ​នៅ​ដៃ​នាង​ទាំង​សង​ខាង។+ ៤៨ ខ្ញុំ​បាន​ក្រាប​ក្បាល​ដល់​ដី​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ​ចៅហ្វាយ​ខ្ញុំ។+ លោក​បាន​នាំ​ខ្ញុំ​ឲ្យ​មក​ជួប​កូន​ស្រី​របស់​បង​ប្អូន​ចៅហ្វាយ​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​នាំ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​គាត់។ ៤៩ ឥឡូវ​សូម​ប្រាប់​ខ្ញុំ​ផង ថា​អ្នក​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ និង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ចំពោះ​ចៅហ្វាយ​ខ្ញុំ​ឬ​យ៉ាង​ណា ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ថា​គួរ​ធ្វើ​អ្វី​ទៀត​»។+

៥០ បន្ទាប់​មក ឡាបាន់​និង​បេធូអែល​បាន​ឆ្លើយ​ថា​៖ ​«​យើង​មិន​អាច​និយាយ​ថា​បាន​ឬ​មិន​បាន​នោះ​ទេ ព្រោះ​រឿង​នេះ​មក​ពី​ព្រះ​យេហូវ៉ា។ ៥១ មើល! រេបិកា​នៅ​ចំពោះ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​នាំ​នាង​ទៅ​ចុះ ហើយ​ចូរ​ឲ្យ​នាង​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ចៅហ្វាយ​អ្នក ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ចុះ​»។ ៥២ ពេល​អ្នក​បម្រើ​អាប្រាហាំ​ឮ​ពាក្យ​ទាំង​នេះ គាត់​ក៏​ក្រាប​ក្បាល​ដល់​ដី​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៥៣ រួច​មក អ្នក​បម្រើ​នោះ​បាន​យក​គ្រឿង​មាស​គ្រឿង​ប្រាក់ និង​សម្លៀក​បំពាក់​ប្រគល់​ឲ្យ​រេបិកា។ អ្នក​បម្រើ​នោះ​ក៏​ប្រគល់​របស់​របរ​មាន​តម្លៃ​ឲ្យ​ដល់​បង​ប្រុស​និង​ម្ដាយ​នាង​ផង​ដែរ។ ៥៤ ក្រោយ​ពី​នោះ អ្នក​បម្រើ​អាប្រាហាំ​និង​ពួក​ប្រុស​ៗ​ដែល​មក​ជា​មួយ​គាត់ បាន​បរិភោគ​អាហារ ហើយ​នៅ​ពេល​យប់​ពួក​គេ​បាន​សម្រាក​នៅ​ទី​នោះ។

លុះ​ព្រឹក​ឡើង អ្នក​បម្រើ​នោះ​និយាយ​ថា​៖ ​«​ខ្ញុំ​សូម​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​របស់​ខ្ញុំ​វិញ​ហើយ​»។ ៥៥ ម្ដាយ​និង​បង​ប្រុស​របស់​រេបិកា​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​នាង​នៅ​ជា​មួយ​នឹង​យើង​បន្តិច​សិន ចាំ​១០​ថ្ងៃ​ទៀត​សឹម​នាំ​នាង​យក​ទៅ​ចុះ​»។ ៥៦ ប៉ុន្តែ អ្នក​បម្រើ​នោះ​បាន​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​កិច្ចការ​របស់​ខ្ញុំ​បាន​សម្រេច​ហើយ ដូច្នេះ​សូម​កុំ​ឃាត់​ខ្ញុំ​អី ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​ខ្ញុំ​វិញ​ទៅ​»។ ៥៧ ដូច្នេះ ពួក​គេ​បាន​និយាយ​ថា​៖ ​«​ចាំ​ពួក​ខ្ញុំ​ហៅ​នាង​មក​សួរ​សិន​»។ ៥៨ ពួក​គេ​បាន​ហៅ​រេបិកា​មក ហើយ​សួរ​នាង​ថា​៖ ​«​តើ​នាង​ព្រម​ទៅ​ជា​មួយ​នឹង​បុរស​នេះ​ឬ​ទេ?​»។ នាង​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ព្រម​ទៅ​»។

៥៩ ដូច្នេះ ពួក​គេ​បាន​ឲ្យ​រេបិកា+និង​មេ​ដោះ​នាង+ ចាក​ចេញ​ទៅ​ជា​មួយ​នឹង​អ្នក​បម្រើ​របស់​អាប្រាហាំ និង​ពួក​ប្រុស​ៗ​ដែល​មក​ជា​មួយ​គាត់។ ៦០ ពួក​គេ​បាន​ជូន​ពរ​ដល់​រេបិកា ដោយ​និយាយ​ថា​៖ ​«​ឱ​រេបិកា​អើយ! សូម​ឲ្យ​នាង​មាន​កូន​ចៅ​រាប់​សែន​រាប់​លាន ហើយ​សូម​ឲ្យ​កូន​ចៅ​នាង​ចាប់​យក​បណ្ដា​ក្រុង​របស់​ពួក​អ្នក​ដែល​ស្អប់​ពួក​គេ​»។+ ៦១ បន្ទាប់​មក រេបិកា​និង​ពួក​ស្រី​បម្រើ​របស់​នាង​បាន​ឡើង​ជិះ​លើ​ខ្នង​អូដ្ឋ ហើយ​ធ្វើ​ដំណើរ​តាម​ក្រោយ​អ្នក​បម្រើ​របស់​អាប្រាហាំ។ ដូច្នេះ អ្នក​បម្រើ​នោះ​បាន​នាំ​រេបិកា​ធ្វើ​ដំណើរ​ចេញ​ទៅ។

៦២ ចំណែក​អ៊ីសាក គាត់​បាន​ដើរ​មក​តាម​ផ្លូវ​ពី​បៀរឡាហាយរយ+ ព្រោះ​គាត់​ស្នាក់​នៅ​ស្រុក​ណេកេប។+ ៦៣ លុះ​ពេល​ល្ងាច អ៊ីសាក​បាន​ដើរ​នៅ​ឯ​វាល​ដើម្បី​រំពឹង​គិត។+ ពេល​នោះ គាត់​ក្រឡេក​ទៅ​ឃើញ ក្បួន​អូដ្ឋ​កំពុង​ធ្វើ​ដំណើរ​មក។ ៦៤ ឯ​រេបិកា នាង​ក៏​ឃើញ​អ៊ីសាក​ដែរ។ ពេល​នោះ នាង​ក៏​ប្រញាប់​ចុះ​ពី​លើ​ខ្នង​អូដ្ឋ។ ៦៥ រួច​នាង​សួរ​អ្នក​បម្រើ​នោះ​ថា​៖ ​«​តើ​បុរស​ដែល​កំពុង​ដើរ​តម្រង់​មក​រក​យើង​នោះ​ជា​អ្នក​ណា?​»។ អ្នក​បម្រើ​បាន​ឆ្លើយ​ថា​៖ ​«​គាត់​គឺ​ជា​ម្ចាស់​របស់​ខ្ញុំ​»។ ដូច្នេះ នាង​ក៏​យក​ស្បៃ​មក​បាំង​មុខ។ ៦៦ អ្នក​បម្រើ​នោះ​បាន​ប្រាប់​អ៊ីសាក​អំពី​អ្វី​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ។ ៦៧ បន្ទាប់​មក អ៊ីសាក​បាន​នាំ​រេបិកា​ចូល​ក្នុង​ត្រសាល​របស់​សារ៉ា​ជា​ម្ដាយ។+ យ៉ាង​នេះ គាត់​បាន​យក​រេបិកា​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​ចាប់​ចិត្ត​ស្រឡាញ់​នាង។+ ដូច្នេះ អ៊ីសាក​បាន​ស្រាក​ស្រាន្ត​ពី​ការ​នឹក​ស្រណោះ​ដល់​ម្ដាយ​គាត់​ដែល​បាន​ស្លាប់​ទៅ។+

២៥ អាប្រាហាំ​បាន​យក​ប្រពន្ធ​មួយ​ទៀត។ នាង​មាន​ឈ្មោះ​កេទូរ៉ា។ ២ ក្រោយ​មក នាង​បាន​បង្កើត​កូន​ឲ្យ​អាប្រាហាំ។ កូន​ទាំង​នោះ​មាន ស៊ីមរ៉ាន យ៉ុកសាន មេដាន ម៉ាឌាន+ អ៊ីសបាក និង​ស៊ូអាក។+

៣ កូន​របស់​យ៉ុកសាន​មាន សេបា និង​ដេដាន់។

កូន​របស់​ដេដាន់​មាន អាស៊ូរីម លេធូស៊ីម និង​លេអំមីម។

៤ កូន​របស់​ម៉ាឌាន​មាន អេផា អេផឺ ហាណុក អាបាយដា និង​អែលដេអា។

ពួក​គេ​ទាំង​អស់​នេះ​សុទ្ធតែ​ជា​កូន​ចៅ​របស់​កេទូរ៉ា។

៥ ក្រោយ​មក អាប្រាហាំ​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន ឲ្យ​ដល់​អ៊ីសាក។+ ៦ អាប្រាហាំ​ក៏​បាន​ឲ្យ​អំណោយ​ដល់​កូន​ៗ​ដែល​កើត​ពី​ប្រពន្ធ​បន្ទាប់​របស់​គាត់​ដែរ។ កាល​គាត់​នៅ​រស់​នៅ​ឡើយ គាត់​បាន​ឲ្យ​ពួក​គេ​ទៅ​រស់​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​អ៊ីសាក​កូន​របស់​គាត់។+ ៧ អាយុ​សរុប​របស់​អាប្រាហាំ​គឺ​១៧៥​ឆ្នាំ។ ៨ រួច​គាត់​ក៏​បាន​ស្លាប់​ទៅ។ គាត់​មាន​អាយុ​វែង ហើយ​ស្កប់​ស្កល់​នឹង​ជីវិត​ខ្លួន។ គេ​បាន​បញ្ចុះ​សព​គាត់​ដូច​ជន​រួម​ជាតិ​របស់​គាត់​ដែរ។ ៩ អ៊ីសាក​និង​អ៊ីសម៉ាអែល​ជា​កូន បាន​បញ្ចុះ​សព​ឪពុក​នៅ​ក្នុង​រអាង​ភ្នំ​ម៉ាក់ពេឡា​ខាង​មុខ​ម៉ាមរេ ក្នុង​ចម្ការ​របស់​អេប្រុន​ជា​កូន​សូហា​ដែល​ជា​ជន​ជាតិ​ហេត។+ ១០ ដី​ចម្ការ​នោះ​អាប្រាហាំ​បាន​ទិញ​ពី​ជន​ជាតិ​ហេត។ នៅ​ទី​នោះ​គេ​បាន​បញ្ចុះ​សព​អាប្រាហាំ​ក្បែរ​សព​សារ៉ា​ប្រពន្ធ​គាត់។+ ១១ ក្រោយ​ពី​អាប្រាហាំ​បាន​ស្លាប់ ព្រះ​បាន​បន្ត​ឲ្យ​ពរ​ដល់​អ៊ីសាក។+ ពេល​នោះ អ៊ីសាក​បាន​រស់​នៅ​ក្បែរ​បៀរឡាហាយរយ។+

១២ នេះ​ជា​ជីវប្រវត្ដិ​របស់​អ៊ីសម៉ាអែល+ជា​កូន​របស់​អាប្រាហាំ ដែល​កើត​ពី​ហាកា+ជា​ជន​ជាតិ​អេហ្ស៊ីប​ជា​អ្នក​បម្រើ​សារ៉ា។

១៣ កូន​របស់​អ៊ីសម៉ាអែល ដែល​រាប់​តាម​វង្ស​ត្រកូល​គ្រួសារ មាន​ឈ្មោះ​ដូច​ត​ទៅ​៖ កូន​ច្បង​របស់​អ៊ីសម៉ាអែល​គឺ​ណេបេយ៉ោត+ បន្ទាប់​ពី​នោះ​គឺ​កេដា+ អាតបៀល មីបសាម+ ១៤ មីសម៉ា ឌូម៉ា ម៉ាសា ១៥ ហាដាត តេម៉ា យេថឺ ណាភីស និង​កេដេម៉ា។ ១៦ ពួក​គេ​ទាំង​នេះ​ជា​កូន​ប្រុស​ទាំង​១២​នាក់​របស់​អ៊ីសម៉ាអែល។ ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​កុលសម្ព័ន្ធ​របស់​ខ្លួន ហើយ​ជំរំ​និង​ភូមិ​របស់​ពួក​គេ​សុទ្ធតែ​យក​តាម​ឈ្មោះ​ពួក​គេ។+ ១៧ អ៊ីសម៉ាអែល​រស់​បាន​អាយុ​១៣៧​ឆ្នាំ ហើយ​គាត់​ក៏​បាន​ស្លាប់​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់​ដូច​ជន​រួម​ជាតិ​របស់​គាត់​ដែរ។ ១៨ ពួក​គេ​បាន​តាំង​ទីលំនៅ ចាប់​ពី​ហាវីឡា+ក្បែរ​តំបន់​ស៊ើ+ ដែល​នៅ​ជិត​ស្រុក​អេហ្ស៊ីប រហូត​ដល់​ស្រុក​អាស៊ីរី។ គាត់​បាន​តាំង​ទី​លំនៅ​ជិត​បង​ប្អូន​ទាំង​អស់​របស់​គាត់។*+

១៩ នេះ​ជា​ជីវប្រវត្ដិ​របស់​អ៊ីសាក​ជា​កូន​អាប្រាហាំ។+

អាប្រាហាំ​ជា​ឪពុក​អ៊ីសាក។ ២០ ពេល​អ៊ីសាក​មាន​អាយុ​៤០​ឆ្នាំ គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​រេបិកា​ជា​កូន​ស្រី​របស់​បេធូអែល+ជា​ជន​ជាតិ​អេរ៉ាម​មក​ពី​ប៉ាដាន់អេរ៉ាម ហើយ​នាង​ជា​ប្អូន​ស្រី​របស់​ឡាបាន់​ជា​ជន​ជាតិ​អេរ៉ាម។ ២១ អ៊ីសាក​បាន​អង្វរ​ព្រះ​យេហូវ៉ា​ម្ដង​ហើយ​ម្ដង​ទៀត​សុំ​ឲ្យ​ប្រពន្ធ​គាត់​មាន​កូន ព្រោះ​នាង​ជា​ស្ត្រី​អារ។ ដូច្នេះ ព្រះ​យេហូវ៉ា​ធ្វើ​តាម​ពាក្យ​អង្វរ​សុំ​របស់​គាត់។ ក្រោយ​មក រេបិកា​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ។ ២២ កូន​នៅ​ក្នុង​ផ្ទៃ​នាង​បាន​ប្រធាក់​គ្នា។+ នាង​បាន​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​ត្រូវ​ឈឺ​ចាប់​ដូច្នេះ ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​ប្រសើរ​ជាង​»។ ដូច្នេះ នាង​បាន​សួរ​ព្រះ​យេហូវ៉ា។ ២៣ ព្រះ​យេហូវ៉ា​បាន​ប្រាប់​នាង​ថា​៖ ​«​មាន​ប្រជា​ជាតិ​ពីរ​នៅ​ក្នុង​ផ្ទៃ​នាង+ ហើយ​ប្រជា​ជាតិ​ពីរ​នេះ​នឹង​កើត​ចេញ​ពី​នាង។+ ប្រជា​ជាតិ​មួយ​នឹង​ខ្លាំង​ជាង​ប្រជាជាតិ​មួយ​ទៀត+ ហើយ​កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន​»។+

២៤ លុះ​ដល់​ថ្ងៃ​សម្រាល នាង​ក៏​សម្រាល​បាន​កូន​ភ្លោះ។ ២៥ កូន​ដែល​កើត​មក​មុន មាន​សម្បុរ​ក្រហម និង​មាន​រោម​ពេញ​ខ្លួន។+ ដូច្នេះ ពួក​គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​អេសាវ។*+ ២៦ ក្រោយ​នោះ​កូន​ប្អូន​បាន​កើត​មក ហើយ​ដៃ​គាត់​ចាប់​កាន់​កែង​ជើង​អេសាវ។+ ដូច្នេះ ពួក​គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​យ៉ាកុប។*+ ពេល​ដែល​រេបិកា​សម្រាល​កូន​ភ្លោះ​ទាំង​ពីរ​នេះ អ៊ីសាក​មាន​អាយុ​៦០​ឆ្នាំ។

២៧ លុះ​ពួក​គេ​ធំ​ឡើង អេសាវ​បាន​ក្លាយ​ជា​អ្នក​ប្រមាញ់​ដ៏​ជំនាញ+ ហើយ​គាត់​ចូល​ចិត្ត​នៅ​ឯ​វាល។ ឯ​យ៉ាកុប​វិញ គាត់​ចូល​ចិត្ត​រស់​នៅ​ក្នុង​ត្រសាល ហើយ​ជា​មនុស្ស​សុចរិត។*+ ២៨ អ៊ីសាក​ស្រឡាញ់​អេសាវ ព្រោះ​គាត់​ចូល​ចិត្ត​បរិភោគ​សាច់​សត្វ​ដែល​អេសាវ​បរបាញ់​បាន។ ចំណែក​រេបិកា​វិញ នាង​ស្រឡាញ់​យ៉ាកុប។+ ២៩ មាន​ពេល​មួយ យ៉ាកុប​កំពុង​ស្ងោរ​សណ្ដែក​ក្រហម​ធ្វើ​អាហារ។ ពេល​នោះ អេសាវ​មក​ពី​បរបាញ់​សត្វ​វិញ​ទាំង​ហេវ​ហត់​ជា​ខ្លាំង។ ៣០ ដូច្នេះ អេសាវ​បាន​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​សូម​ឲ្យ​បបរ​សណ្ដែក​ក្រហម​បង​បរិភោគ​ផង។ ឆាប់​ឡើង! បង​ហេវ​ណាស់!​»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គាត់​ថា​អេដំ។*+ ៣១ យ៉ាកុប​ឆ្លើយ​ថា​៖ ​«​សូម​បង​លក់​សិទ្ធិ​កូន​ច្បង​ឲ្យ​ខ្ញុំ​មុន​សិន!​»។+ ៣២ អេសាវ​និយាយ​ថា​៖ ​«​បង​ជិត​ស្លាប់​ឥឡូវ​ហើយ! តើ​សិទ្ធិ​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ទៅ?​»។ ៣៣ យ៉ាកុប​បាន​និយាយ​បន្ថែម​ថា​៖ ​«​សូម​បង​ស្បថ​ឲ្យ​ខ្ញុំ​សិន!​»។ ដូច្នេះ អេសាវ​បាន​ស្បថ ហើយ​លក់​សិទ្ធិ​កូន​ច្បង​ឲ្យ​ដល់​យ៉ាកុប។+ ៣៤ បន្ទាប់​មក យ៉ាកុប​បាន​ឲ្យ​នំ​ប៉័ង​និង​បបរ​សណ្ដែក​ក្រហម​ដល់​អេសាវ។ គាត់​ក៏​បរិភោគ ហើយ​ក្រោក​ដើរ​ចេញ​ទៅ។ យ៉ាង​នេះ អេសាវ​បាន​មើល​ងាយ​សិទ្ធិ​កូន​ច្បង។

២៦ នៅ​គ្រា​នោះ មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក។ នៅ​សម័យ​អាប្រាហាំ​ក៏​ធ្លាប់​មាន​ការ​អត់​ឃ្លាន​ដែរ។+ ពេល​នោះ អ៊ីសាក​បាន​ទៅ​ឯ​អាប៊ីម៉ាឡិច​ជា​ស្ដេច​ស្រុក​ភីលីស្ទីន​នៅ​តំបន់​ខេរ៉ា។ ២ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​អ៊ីសាក ហើយ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ចូរ​កុំ​ចុះ​ទៅ​ស្រុក​អេហ្ស៊ីប​ឲ្យ​សោះ។ ចូរ​រស់​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​នឹង​ជ្រើស​រើស​ទុក​ឲ្យ​អ្នក​វិញ។ ៣ ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ជា​ជន​បរទេស​ចុះ។+ ខ្ញុំ​នឹង​បន្ត​នៅ​ជា​មួយ​នឹង​អ្នក ហើយ​ឲ្យ​ពរ​អ្នក ព្រោះ​ខ្ញុំ​នឹង​ឲ្យ​ស្រុក​ទាំង​អស់​នេះ​ដល់​អ្នក​និង​កូន​ចៅ*របស់​អ្នក។+ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​សម្បថ​ដែល​ខ្ញុំ​បាន​ស្បថ​នឹង​អាប្រាហាំ​ឪពុក​អ្នក ដែល​ថា​៖+ ៤ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។+ ខ្ញុំ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ដល់​កូន​ចៅ​របស់​អ្នក+ ហើយ​ប្រជា​ជាតិ​ទាំង​អស់​នៅ​ផែនដី​នឹង​ទទួល​ពរ​តាម​រយៈ​កូន​ចៅ*របស់​អ្នក›+ ៥ ព្រោះ​តែ​អាប្រាហាំ​បាន​ស្ដាប់​សម្ដី​ខ្ញុំ ហើយ​បន្ត​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​តម្រូវ និង​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ ព្រម​ទាំង​ច្បាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ​ដែរ​»។+ ៦ ម្ល៉ោះ​ហើយ អ៊ីសាក​បាន​បន្ត​ស្នាក់​នៅ​តំបន់​ខេរ៉ា។+

៧ រៀង​រាល់​លើក ពេល​ដែល​ពួក​ប្រុស​ៗ​នៅ​តំបន់​នោះ​សួរ​អ៊ីសាក​អំពី​ប្រពន្ធ​គាត់ គាត់​តែង​ឆ្លើយ​ថា​៖ ​«​នាង​ជា​ប្អូន​ស្រី​ខ្ញុំ​»។+ អ៊ីសាក​មិន​ហ៊ាន​ប្រាប់​ថា​នាង​ជា​ប្រពន្ធ​ឡើយ ព្រោះ​គាត់​ខ្លាច ហើយ​គិត​ថា​៖ ​«​ក្រែង​លោ​ពួក​ប្រុស​ៗ​នៅ​តំបន់​នេះ​សម្លាប់​ខ្ញុំ​ដើម្បី​ដណ្ដើម​យក​រេបិកា​»។ គាត់​ខ្លាច​ដូច្នោះ ព្រោះ​នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។+ ៨ លុះ​កន្លង​យូរ​ថ្ងៃ​ក្រោយ​មក គាប់​ជួន​ថ្ងៃ​មួយ​អាប៊ីម៉ាឡិច​ជា​ស្ដេច​ស្រុក​ភីលីស្ទីន បាន​មើល​តាម​បង្អួច​ឃើញ​អ៊ីសាក​ឱប​រេបិកា​ប្រពន្ធ​គាត់។+ ៩ ភ្លាម​នោះ អាប៊ីម៉ាឡិច​បាន​ហៅ​អ៊ីសាក​ឲ្យ​ចូល​មក​ជួប ហើយ​សួរ​ថា​៖ ​«​នាង​ប្រាកដ​ជា​ប្រពន្ធ​របស់​អ្នក​ហើយ! ម្ដេច​ក៏​អ្នក​និយាយ​ថា​៖ ‹នាង​ជា​ប្អូន​ស្រី›​ទៅ​វិញ?​»។ អ៊ីសាក​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ប្រាប់​ដូច្នោះ ព្រោះ​តែ​ខ្ញុំ​ខ្លាច​ថា​ខ្លួន​នឹង​ត្រូវ​ស្លាប់​ដោយ​សារ​នាង​»។+ ១០ ប៉ុន្តែ អាប៊ីម៉ាឡិច​និយាយ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​យើង?+ បើ​មាន​អ្នក​ណា​ម្នាក់​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​អ្នក នោះ​អ្នក​នឹង​នាំ​ឲ្យ​យើង​មាន​ទោស​ជា​មិន​ខាន!​»។+ ១១ បន្ទាប់​មក អាប៊ីម៉ាឡិច​បាន​ហាម​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ចូរ​កុំ​ប៉ះ​ពាល់​បុរស​នេះ​និង​ប្រពន្ធ​គាត់​ឲ្យ​សោះ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវ​ស្លាប់​ជា​ប្រាកដ!​»។

១២ ក្រោយ​មក អ៊ីសាក​បាន​សាប​ព្រោះ​នៅ​ក្នុង​ស្រុក​នោះ។ នៅ​ឆ្នាំ​នោះ គាត់​បាន​ទទួល​ផល​មួយ​ជា​១០០ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់។+ ១៣ អ៊ីសាក​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ស្តុកស្តម្ភ ហើយ​ទ្រព្យ​សម្បត្តិ​គាត់​មាន​កាន់​តែ​ច្រើន​ឡើង​ៗ រហូត​ដល់​គាត់​ក្លាយ​ទៅ​ជា​មហា​សេដ្ឋី។ ១៤ គាត់​មាន​ហ្វូង​ចៀម​ហ្វូង​គោ​សន្ធឹក​សន្ធាប់ ព្រម​ទាំង​មាន​អ្នក​បម្រើ​ជា​ច្រើន។+ ម្ល៉ោះ​ហើយ ពួក​ភីលីស្ទីន​បាន​ច្រណែន​នឹង​គាត់។

១៥ ដូច្នេះ ពួក​ភីលីស្ទីន​បាន​នាំ​គ្នា​យក​ដី​ទៅ​ចាក់​លុប​អណ្ដូង​ទឹក ដែល​ពួក​អ្នក​បម្រើ​អាប្រាហាំ​បាន​ជីក​កាល​ដែល​គាត់​នៅ​រស់។+ ១៦ រួច​មក អាប៊ីម៉ាឡិច​បាន​និយាយ​ទៅ​កាន់​អ៊ីសាក​ថា​៖ ​«​ចូរ​អ្នក​ចាក​ចេញ​ពី​តំបន់​ពួក​យើង​ទៅ ព្រោះ​អ្នក​ខ្លាំង​ពូកែ​ជាង​យើង​ឆ្ងាយ​ណាស់​»។ ១៧ ដូច្នេះ អ៊ីសាក​បាន​រើ​ចេញ​ពី​ទី​នោះ ទៅ​ដំឡើង​ត្រសាល​នៅ​ជ្រលង​ខេរ៉ា+ ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ ១៨ រួច​មក អ៊ីសាក​បាន​ស្ដារ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ជីក​នៅ​ជំនាន់​អាប្រាហាំ​ឪពុក​គាត់ ព្រោះ​អណ្ដូង​ទាំង​នោះ​ត្រូវ​ពួក​ភីលីស្ទីន​ចាក់​ដី​លុប​ចោល ក្រោយ​ពី​ឪពុក​គាត់​បាន​ស្លាប់។+ បន្ទាប់​មក អ៊ីសាក​បាន​ដាក់​ឈ្មោះ​អណ្ដូង​ទាំង​នោះ​ឡើង​វិញ ដូច​ឈ្មោះ​ដើម​ដែល​ឪពុក​គាត់​បាន​ដាក់​ឲ្យ។+

១៩ ពេល​ពួក​អ្នក​បម្រើ​របស់​អ៊ីសាក កំពុង​ជីក​អណ្ដូង​នៅ​ក្នុង​ជ្រលង​ភ្នំ ពួក​គេ​បាន​ប្រទះ​ឃើញ​អណ្ដូង​ទឹក​ស្អាត​មួយ។ ២០ ពួក​គង្វាល​នៅ​តំបន់​ខេរ៉ា​បាន​ឈ្លោះ​ជា​មួយ​នឹង​ពួក​គង្វាល​របស់​អ៊ីសាក ដោយ​និយាយ​ថា​៖ ​«​ទឹក​នេះ​ជា​របស់​យើង​ទេ!​»។ ដូច្នេះ អ៊ីសាក​បាន​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា​អេសេក* ព្រោះ​ពួក​គេ​បាន​ឈ្លោះ​នឹង​គាត់។ ២១ រួច​មក ពួក​អ្នក​បម្រើ​របស់​អ៊ីសាក​បាន​ជីក​អណ្ដូង​មួយ​ទៀត តែ​ពួក​អ្នក​តំបន់​នោះ​បាន​មក​រក​រឿង​ឈ្លោះ​អំពី​អណ្ដូង​នោះ​ទៀត។ ដូច្នេះ អ៊ីសាក​បាន​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា​ស៊ីតណា។* ២២ ក្រោយ​នោះ គាត់​បាន​រើ​ទៅ​កន្លែង​មួយ​ទៀត ហើយ​នៅ​ទី​នោះ​គាត់​បាន​ជីក​អណ្ដូង​មួយ​ដែរ តែ​មិន​មាន​ការ​ឈ្លោះ​គ្នា​អំពី​អណ្ដូង​នោះ​ទេ។ ដូច្នេះ គាត់​បាន​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា​រេហូបូត* ហើយ​និយាយ​ថា​៖ ​«​ឥឡូវ​នេះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​មាន​កន្លែង​ធំ​ទូលាយ ហើយ​ឲ្យ​យើង​មាន​កូន​ចៅ​នៅ​ក្នុង​ស្រុក​នេះ​»។+

២៣ បន្ទាប់​មក គាត់​បាន​រើ​ចេញ​ពី​ទី​នោះ​ទៅ​ក្រុង​បៀរសេបា។+ ២៤ នៅ​យប់​នោះ ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​អ៊ីសាក​ឃើញ ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​នៃ​អាប្រាហាំ​ឪពុក​របស់​អ្នក+ ចូរ​កុំ​ខ្លាច​ឡើយ+ ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក ហើយ​ខ្ញុំ​នឹង​ឲ្យ​ពរ​អ្នក។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន ដោយ​ព្រោះ​អាប្រាហាំ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​»។+ ២៥ ដូច្នេះ អ៊ីសាក​បាន​ធ្វើ​ទី​បូជា​មួយ​នៅ​ទី​នោះ ហើយ​ចាប់​ផ្ដើម​សរសើរ​តម្កើង​នាម​ព្រះ​យេហូវ៉ា។+ រួច​មក គាត់​បាន​ដំឡើង​ត្រសាល​នៅ​ទី​នោះ+ ហើយ​អ្នក​បម្រើ​របស់​គាត់​បាន​ជីក​អណ្ដូង​មួយ​នៅ​ទី​នោះ​ដែរ។

២៦ ក្រោយ​មក អាប៊ីម៉ាឡិច និង​អាហូសាត​ជា​ទី​ប្រឹក្សា ព្រម​ទាំង​ភីកុល​ជា​មេ​ទ័ព បាន​ធ្វើ​ដំណើរ​ពី​តំបន់​ខេរ៉ា​មក​ជួប​អ៊ីសាក។+ ២៧ ពេល​នោះ អ៊ីសាក​បាន​និយាយ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​លោក​មក​រក​ខ្ញុំ? តើ​មិន​មែន​ជា​លោក​ទេ​ឬ ដែល​បាន​ស្អប់​ខ្ញុំ​និង​បណ្ដេញ​ខ្ញុំ​ចេញ​ពី​តំបន់​របស់​លោក?​»។ ២៨ ពួក​គេ​បាន​ឆ្លើយ​ថា​៖ ​«​យើង​ឃើញ​ច្បាស់​ហើយ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​នៅ​ជា​មួយ​នឹង​អ្នក​មែន។+ ដូច្នេះ ពួក​ខ្ញុំ​បាន​សម្រេច​ចិត្ត​សុំ​អ្នក​ថា​៖ ‹សូម​ធ្វើ​សម្បថ​ជា​មួយ​នឹង​យើង ហើយ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​យើង។+ ២៩ ហេតុ​នេះ សូម​អ្នក​ស្បថ​ថា​អ្នក​នឹង​មិន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​យើង ដូច​យើង​មិន​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​អ្នក​ដែរ។ យើង​តែង​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក ហើយ​បាន​ឲ្យ​អ្នក​ចាក​ចេញ​ដោយ​សុខ​សាន្ត។ ឥឡូវ​អ្នក​បាន​ទទួល​ពរ​ជា​ច្រើន​ពី​ព្រះ​យេហូវ៉ា›​»។ ៣០ បន្ទាប់​មក អ៊ីសាក​បាន​រៀបចំ​ពិធី​ភោជនាហារ​ទទួល​ពួក​គេ ហើយ​ពួក​គេ​បាន​ពិសា​អាហារ​ពិសា​ស្រា។ ៣១ លុះ​ព្រលឹម​ស្រាង​ៗ ពួក​គេ​បាន​ក្រោក​ឡើង ហើយ​បាន​ស្បថ​នឹង​គ្នា។+ បន្ទាប់​ពី​នោះ អ៊ីសាក​បាន​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ​ដោយ​សុខ​សាន្ត។

៣២ នៅ​ថ្ងៃ​នោះ ពួក​អ្នក​បម្រើ​របស់​អ៊ីសាក​បាន​មក​រាយ​ការណ៍​ប្រាប់​គាត់​អំពី​អណ្ដូង​ដែល​ពួក​គេ​បាន​ជីក។+ ពួក​គេ​បាន​ប្រាប់​គាត់​ថា​៖ ​«​យើង​ជីក​បាន​ទឹក​ហើយ!​»។ ៣៣ ដូច្នេះ គាត់​បាន​ដាក់​ឈ្មោះ​អណ្ដូង​នោះ​ថា​សិបា។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា​បៀរសេបា+រហូត​មក​ដល់​សព្វ​ថ្ងៃ។

៣៤ ឯ​អេសាវ ពេល​គាត់​មាន​អាយុ​៤០​ឆ្នាំ គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​យូឌីត​ជា​កូន​ស្រី​បេអេរ៉ាយ​ជា​ជន​ជាតិ​ហេត ព្រម​ទាំង​បាសេម៉ាត​ជា​កូន​ស្រី​អ៊ីឡន​ជា​ជន​ជាតិ​ហេត។+ ៣៥ ពួក​នាង​បាន​ធ្វើ​ឲ្យ​អ៊ីសាក​និង​រេបិកា​ពិបាក​ចិត្ត​ខ្លាំង​ណាស់។+

២៧ ឯ​អ៊ីសាក គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ ភ្នែក​គាត់​ចាប់​ផ្ដើម​ងងឹត​មើល​អ្វី​មិន​ឃើញ​ទេ។ ពេល​នោះ គាត់​បាន​ហៅ​អេសាវ+ជា​កូន​ច្បង​ចូល​មក​ជួប ហើយ​និយាយ​ថា​៖ ​«​កូន​អើយ!​»។ អេសាវ​ឆ្លើយ​តប​ថា​៖ ​«​បាទ! លោក​ឪពុក​»។ ២ អ៊ីសាក​និយាយ​ទៀត​ថា​៖ ​«​ពុក​ចាស់​ណាស់​ហើយ ពុក​មិន​ដឹង​ថា​ថ្ងៃ​ណា​នឹង​ស្លាប់​ទេ។ ៣ ដូច្នេះ ចូរ​កូន​យក​ព្រួញ​និង​ធ្នូ ចេញ​ទៅ​ឯ​វាល ហើយ​បរបាញ់​សត្វ។+ ៤ បន្ទាប់​មក ចូរ​កូន​យក​សាច់​សត្វ​នោះ ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដែល​ពុក​ចូល​ចិត្ត មក​ឲ្យ​ពុក​បរិភោគ រួច​ពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ពុក​ស្លាប់​»។

៥ ក្រោយ​ស្ដាប់​រួច អេសាវ​បាន​ចេញ​ទៅ​បរបាញ់​សត្វ​នៅ​ឯ​វាល។ ឯ​រេបិកា នាង​ស្ដាប់​ឮ​អ្វី​ដែល​អ៊ីសាក​បាន​និយាយ​ជា​មួយ​នឹង​អេសាវ។+ ៦ ដូច្នេះ រេបិកា​ក៏​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖+ ​«​ម្ដាយ​ទើប​តែ​ឮ​ពុក​កូន​និយាយ​ជា​មួយ​នឹង​អេសាវ​បង​កូន​ថា​៖ ៧ ‹ចូរ​កូន​ទៅ​បរបាញ់​សត្វ ហើយ​ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ឲ្យ​ពុក​ពិសា ក្រោយ​មក​ពុក​នឹង​ឲ្យ​ពរ​កូន​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា មុន​ពេល​ពុក​ស្លាប់›។+ ៨ ដូច្នេះ កូន​អើយ! ចូរ​កូន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ម្ដាយ។+ ៩ ចូរ​កូន​ទៅ​ឯ​ហ្វូង​សត្វ ហើយ​យក​កូន​ពពែ​ដ៏​ល្អ​ពីរ​មក​ឲ្យ​ម្ដាយ ដើម្បី​ម្ដាយ​ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជូន​ពុក​កូន​ពិសា គឺ​ជា​ម្ហូប​ដែល​ពុក​កូន​ចូល​ចិត្ត។ ១០ បន្ទាប់​មក ចូរ​កូន​លើក​ម្ហូបនោះ​ទៅ​ជូន​ពុក​កូន​ពិសា ដើម្បី​ឲ្យ​គាត់​ឲ្យ​ពរ​កូន មុន​គាត់​ស្លាប់​»។

១១ យ៉ាកុប​និយាយ​ទៅ​កាន់​ម្ដាយ​ថា​៖ ​«​ប៉ុន្តែ បង​អេសាវ​គាត់​មាន​រោម​ពេញ​ខ្លួន+ ចំណែក​កូន​វិញ កូន​មិន​មាន​រោម​ដូច​គាត់​ទេ។ ១២ ចុះ​បើ​ពុក​ស្ទាប​កូន​ហើយ​ដឹង​ថា​កូន​ជា​អ្នក​ណា?+ គាត់​មុខ​ជា​គិត​ថា​កូន​បញ្ឆោត​គាត់* ហើយ​ច្បាស់​ជា​ដាក់បណ្ដាសា​កូន​មិន​ខាន មិន​មែន​ឲ្យ​ពរ​កូន​ទេ​»។ ១៣ រេបិកា​ក៏​ឆ្លើយ​ទៅ​វិញ​ថា​៖ ​«​ឲ្យ​បណ្ដាសា​នោះ​ធ្លាក់​មក​លើ​ម្ដាយ​វិញ​ចុះ។ ចូរ​កូន​ធ្វើ​តាម​តែ​ម្ដាយ​បង្គាប់​ទៅ​បាន​ហើយ​»។+ ១៤ ដូច្នេះ យ៉ាកុប​បាន​ទៅ​ធ្វើ​តាម​បង្គាប់​ម្ដាយ ហើយ​ម្ដាយ​គាត់​ធ្វើ​ម្ហូបដ៏ឈ្ងុយ​ឆ្ងាញ់ដែល​អ៊ីសាក​ឪពុក​គាត់​ចូល​ចិត្ត។ ១៥ ក្រោយ​នោះ រេបិកា​បាន​យក​សម្លៀក​បំពាក់​វិសេស​របស់​អេសាវ​ពី​ក្នុង​ត្រសាល មក​បំពាក់​ឲ្យ​យ៉ាកុប​ជា​កូន​ប្អូន។+ ១៦ នាង​ក៏​យក​ស្បែក​កូន​ពពែ មក​រុំ​នៅ​ដៃ​និង​ក​យ៉ាកុប។+ ១៧ បន្ទាប់​មក នាង​បាន​ហុច​ម្ហូប​ដ៏​ឆ្ងាញ់​និង​នំ​ប៉័ង​ដែល​នាង​បាន​ធ្វើ ឲ្យ​ដល់​យ៉ាកុប។+

១៨ ដូច្នេះ យ៉ាកុប​ក៏​លើក​អាហារ​នោះ​ទៅ​ជូន​ឪពុក ហើយ​និយាយ​ថា​៖ ​«​លោក​ឪពុក!​»។ អ៊ីសាក​ក៏​ឆ្លើយ​ថា​៖ ​«​មាន​ការ​អី​កូន តើ​កូន​ជា​កូន​មួយ​ណា?​»។ ១៩ យ៉ាកុប​ឆ្លើយ​ទៅ​ឪពុក​ថា​៖ ​«​ខ្ញុំ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក+ ខ្ញុំ​បាន​ធ្វើ​តាម​បង្គាប់​លោក​ឪពុក​រួច​ហើយ។ សូម​លោក​ឪពុក​ក្រោក​អង្គុយ ហើយ​អញ្ជើញ​ពិសា​សាច់​ដែល​កូន​បរបាញ់​បាន ដើម្បី​លោក​ឪពុក​ឲ្យ​ពរ​ដល់​កូន​»។+ ២០ អ៊ីសាក​បាន​សួរ​កូន​ថា​៖ ​«​ម្ដេច​ក៏​កូន​រក​សត្វ​បាន​លឿន​ម្ល៉េះ?​»។ យ៉ាកុប​ឆ្លើយ​ថា​៖ ​«​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឪពុក​បាន​នាំ​វា​មក​ឲ្យ​កូន​»។ ២១ រួច​មក អ៊ីសាក​ក៏​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​សូម​កូន​ចូល​មក​ជិត​ពុក ដើម្បី​ឲ្យ​ពុក​ស្ទាប​មើល​ថា​កូន​ជា​អេសាវ​កូន​ពុក មែន​ឬ​មិន​មែន?​»។+ ២២ ដូច្នេះ យ៉ាកុប​បាន​ចូល​ទៅ​ជិត​អ៊ីសាក​ជា​ឪពុក ហើយ​អ៊ីសាក​ក៏​ស្ទាប​យ៉ាកុប រួច​និយាយ​ថា​៖ ​«​សំឡេង​ជា​សំឡេង​យ៉ាកុប​ទេ តែ​ដៃ​ជា​ដៃ​របស់​អេសាវ​»។+ ២៣ អ៊ីសាក​មិន​អាច​សម្គាល់​យ៉ាកុប​បាន​ទេ ព្រោះ​ដៃ​យ៉ាកុប​មាន​រោម​ច្រើន​ដូច​ជា​ដៃ​របស់​អេសាវ​បង​គាត់។ ដូច្នេះ អ៊ីសាក​ក៏​ឲ្យ​ពរ​ដល់​យ៉ាកុប​ទៅ។+

២៤ ក្រោយ​នោះ អ៊ីសាក​សួរ​ថា​៖ ​«​តើ​កូន​ពិត​ជា​អេសាវ​កូន​ពុក មែន​ឬ?​»។ យ៉ាកុប​បាន​ឆ្លើយ​ថា​៖ ​«​បាទ​ពុក!​»។ ២៥ រួច​អ៊ីសាក​និយាយ​ថា​៖ ​«​ចូរ​កូន​យក​សាច់​សត្វ​ដែល​កូន​បាន​បរបាញ់ មក​ឲ្យ​ពុក​ពិសា រួច​ពុក​នឹង​ឲ្យ​ពរ​កូន​»។ យ៉ាកុប​លើក​ម្ហូប​មក​ជូន​ឪពុក ហើយ​អ៊ីសាក​ក៏​ពិសា​ទៅ។ យ៉ាកុប​ថែម​ទាំង​យក​ស្រា​ទំពាំង​បាយ​ជូរ​មក​ជូន​ឪពុក​គាត់​ពិសា​ផង​ដែរ។ ២៦ បន្ទាប់​មក អ៊ីសាក​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ចូរ​កូន​ចូល​មក​ជិត ហើយ​ថើប​ពុក​»។+ ២៧ ដូច្នេះ យ៉ាកុប​បាន​ចូល​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក​បំពាក់​របស់​អេសាវ+ ហើយ​គាត់​បាន​ឲ្យ​ពរ​ដោយ​និយាយ​ថា​៖

​«​ក្លិន​កូន​ខ្ញុំ​គឺ​ដូច​ជា​ក្លិន​នៅ​ឯ​វាល ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ។ ២៨ សូម​ឲ្យ​ព្រះ​ពិត​ផ្ដល់​ឲ្យ​កូន​នូវ​សន្សើម​ពី​លើ​មេឃ+ ដី​ដែល​មាន​ជី​ជាតិ+ ព្រម​ទាំង​ស្រូវ​និង​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​យ៉ាង​បរិបូរ។+ ២៩ សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​បម្រើ​កូន ហើយ​ឲ្យ​ប្រជា​ជាតិ​នា​នា​ឱន​គោរព​ចំពោះ​កូន។ កូន​នឹង​ធ្វើ​ជា​ចៅហ្វាយ​លើ​បង​ប្អូន​របស់​កូន ឯ​កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​របស់​កូន ក៏​ឱន​គោរព​ចំពោះ​កូន​ដែរ។+ អ្នក​ណា​ដែល​ដាក់​បណ្ដាសា​កូន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា តែ​អ្នក​ណា​ដែល​ឲ្យ​ពរ​កូន អ្នក​នោះ​នឹង​ទទួល​ពរ​វិញ​»។+

៣០ ពេល​អ៊ីសាក​បាន​ឲ្យ​ពរ​យ៉ាកុប​រួច​រាល់​ហើយ យ៉ាកុប​ក៏​ចាក​ចេញ​ទៅ។ ភ្លាម​នោះ អេសាវ​បាន​ត្រឡប់​មក​ពី​បរបាញ់​សត្វ​វិញ។+ ៣១ អេសាវ​ក៏​បាន​យក​សាច់​សត្វ​នោះ​ទៅ​ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់ រួច​យក​ទៅ​ជូន​ឪពុក ហើយ​និយាយ​ថា​៖ ​«​លោក​ឪពុក! សូម​ក្រោក​ឡើង​បរិភោគ​សាច់​សត្វ​ដែល​កូន​បរបាញ់​បាន ដើម្បី​លោក​ឪពុក​ឲ្យ​ពរ​កូន​»។ ៣២ ឮ​ដូច្នេះ អ៊ីសាក​សួរ​ថា​៖ ​«​តើ​កូន​ជា​កូន​មួយ​ណា?​»។ អេសាវ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​អេសាវ ជា​កូន​ច្បង​របស់​លោក​ឪពុក​»។+ ៣៣ អ៊ីសាក​និយាយ​ទាំង​ញ័រ​ខ្លួន​ថា​៖ ​«​ចុះ​អ្នក​ណា​ទើប​តែ​យក​សាច់​មក​ឲ្យ​ពុក​អម្បាញ់មិញ​នេះ? មុន​កូន​មក​ដល់ ពុក​បាន​បរិភោគ​រួច​ហើយ ថែម​ទាំង​បាន​ឲ្យ​ពរ​ដល់​គាត់​ទៀត​ផង។ ដូច្នេះ គាត់​នឹង​ទទួល​ពរ​ទាំង​នោះ​ជាក់​ជា​ពុំ​ខាន!​»។

៣៤ ពេល​ឮ​ដូច្នេះ អេសាវ​បាន​ស្រែក​ឡើង​ទាំង​ឈឺ​ចិត្ត​ជា​ខ្លាំង ហើយ​និយាយ​ទៅ​ឪពុក​ថា​៖ ​«​លោក​ឪពុក​អើយ! សូម​ឲ្យ​ពរ​ខ្ញុំ​ផង​»។+ ៣៥ ប៉ុន្តែ អ៊ីសាក​បាន​និយាយ​ថា​៖ ​«​ប្អូន​របស់​កូន​បាន​មក​បញ្ឆោត​ពុក ដើម្បី​គាត់​អាច​ទទួល​ពរ​របស់​កូន​»។ ៣៦ អេសាវ​បាន​តប​ថា​៖ ​«​គាត់​ឈ្មោះ​យ៉ាកុប*នោះ​ត្រូវ​ហើយ ព្រោះ​គាត់​បាន​ដណ្ដើម​យក​ពី​ខ្ញុំ​អស់​ពីរ​លើក។+ លើក​មុន​គឺ​សិទ្ធិ​កូន​ច្បង+ ហើយ​លើក​នេះ​គឺ​ពរ​របស់​ខ្ញុំ!​»។+ អេសាវ​បាន​បន្ថែម​ថា​៖ ​«​តើ​លោក​ឪពុក​មាន​បម្រុង​ទុក​ពរ​ណា​មួយ​ឲ្យ​ខ្ញុំ​ទេ?​»។ ៣៧ ប៉ុន្តែ អ៊ីសាក​បាន​ឆ្លើយ​ទៅ​អេសាវ​ថា​៖ ​«​ពុក​បាន​ឲ្យ​គាត់​ធ្វើ​ជា​ចៅហ្វាយ​លើ​កូន+ ហើយ​បង​ប្អូន​គាត់​ទាំង​អស់​នឹង​ធ្វើ​ជា​អ្នក​បម្រើ​គាត់។ ពុក​បាន​ឲ្យ​ពរ​គាត់​មាន​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​និង​ស្រូវ​ជា​បរិបូរ។+ កូន​អើយ! ពុក​គ្មាន​សល់​ពរ​ណា​សម្រាប់​កូន​ទេ​»។

៣៨ អេសាវ​និយាយ​ទៅ​កាន់​ឪពុក​ថា​៖ ​«​លោក​ឪពុក! តើ​ពិត​ជា​គ្មាន​សល់​ពរ​ណា​មួយ​សម្រាប់​កូន​មែន​ឬ? សូម​ឲ្យ​ពរ​កូន​ផង​លោក​ឪពុក!​»។ រួច​អេសាវ​បាន​ស្រែក​យំ​យ៉ាង​ខ្លាំង។+ ៣៩ ដូច្នេះ អ៊ីសាក​បាន​ឆ្លើយ​ទៅ​អេសាវ​ថា​៖

​«​កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី​ជាតិ និង​គ្មាន​ទឹក​សន្សើម​ពី​លើ​មេឃ។+ ៤០ កូន​នឹង​រស់​ដោយ​ដាវ+ ហើយ​កូន​នឹង​បម្រើ​ប្អូន​របស់​កូន។+ ប៉ុន្តែ ពេល​កូន​ទ្រាំ​លែង​បាន កូន​នឹង​បំបាក់​នឹម​នោះ​ចេញ​ពី​ក​»។+

៤១ ហេតុ​នេះ អេសាវ​បាន​ចង​គំនុំ​នឹង​យ៉ាកុប ព្រោះ​តែ​ពរ​ដែល​ឪពុក​គាត់​បាន​ឲ្យ+ ហើយ​អេសាវ​បន្ត​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ថ្ងៃ​កាន់​ទុក្ខ​ឪពុក​ខ្ញុំ​ជិត​មក​ដល់​ហើយ។+ ក្រោយ​ថ្ងៃ​នោះ ខ្ញុំ​នឹង​សម្លាប់​យ៉ាកុប​ចោល​»។ ៤២ ក្រោយ​មក មាន​គេ​ដឹង​អំពី​រឿង​នេះ ហើយ​ក៏​នាំ​ទៅ​ប្រាប់​រេបិកា។ ភ្លាម​នោះ នាង​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ាកុប​ឲ្យ​មក​ជួប ហើយ​ប្រាប់​គាត់​ថា​៖ ​«​មើល! អេសាវ​បង​កូន មាន​បំណង​សម្លាប់​កូន​ដើម្បី​សង​សឹក​ហើយ។ ៤៣ ចូរ​កូន​ធ្វើ​តាម​ម្ដាយ ហើយ​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ឡាបាន់​បង​ប្រុស​របស់​ម្ដាយ​នៅ​ឯ​ហារ៉ាន​ទៅ។+ ៤៤ ចូរ​កូន​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ រហូត​ដល់​បង​ប្រុស​របស់​កូន​ស្ងប់​កំហឹង ៤៥ ពេល​បង​ប្រុស​កូន​ភ្លេច​អំពី​រឿង​នោះ​ហើយ ម្ដាយ​នឹង​ចាត់​គេ​ឲ្យ​ទៅ​នាំ​កូន​ត្រឡប់​មក​វិញ។ ម្ដាយ​មិន​ចង់​បាត់​បង់​កូន​ទាំង​ពីរ​នៅ​ថ្ងៃ​តែ​មួយ​នោះ​ទេ​»។

៤៦ ក្រោយ​ពី​នោះ រេបិកា​តែង​តែ​និយាយ​ទៅ​កាន់​អ៊ីសាក​ថា​៖ ​«​ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​កូន​ស្រី​ជន​ជាតិ​ហេត​ទាំង​នេះ​ណាស់។+ បើ​យ៉ាកុប​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ហេត​ទៀត ដូច​ស្ត្រី​ក្នុង​ស្រុក​នេះ ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​ល្អ​ជាង!​»។+

២៨ ដូច្នេះ អ៊ីសាក​បាន​ហៅ​យ៉ាកុប​មក​ជួប ហើយ​ឲ្យ​ពរ​គាត់ ថែម​ទាំង​បង្គាប់គាត់​ថា​៖ ​«​កូន​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ជន​ជាតិ​កាណាន​ឡើយ។+ ២ ចូរ​កូន​ទៅ​ឯ​តំបន់​ប៉ាដាន់អេរ៉ាម ទៅ​ផ្ទះ​របស់​បេធូអែល​ជា​ជីតា​ខាង​ម្ដាយ​កូន ហើយ​ចូរ​កូន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​ឡាបាន់+អ៊ំ​ប្រុស​របស់​កូន។ ៣ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​នឹង​ឲ្យ​ពរ​កូន ហើយ​លោក​នឹង​ធ្វើ​ឲ្យ​កូន​មាន​កូន​ចៅ​ជា​ច្រើន។ បណ្ដា​ជន​មួយ​ក្រុម​ដ៏​ធំ​នឹង​កើត​ចេញ​ពី​កូន។+ ៤ ព្រះ​នឹង​ឲ្យ​ពរ​ដល់​កូន​និង​កូន​ចៅ*របស់​កូន ជា​ពរ​ដែល​លោក​បាន​ឲ្យ​ដល់​អាប្រាហាំ+ ដើម្បី​ឲ្យ​កូន​អាច​ទទួល​ស្រុក​នេះ​ជា​មត៌ក ជា​ស្រុក​ដែល​កូន​រស់​នៅ​ជា​ជន​បរទេស និង​ជា​ស្រុក​ដែល​ព្រះ​បាន​ឲ្យ​ដល់​អាប្រាហាំ​»។+

៥ បន្ទាប់​ពី​និយាយ​រួច អ៊ីសាក​បាន​ឲ្យ​យ៉ាកុប​ធ្វើ​ដំណើរ​ទៅ​តំបន់​ប៉ាដាន់អេរ៉ាម គឺ​ទៅ​ឯ​ឡាបាន់​ជា​កូន​បេធូអែល​ជា​ជន​ជាតិ​អេរ៉ាម។+ ឡាបាន់​ត្រូវ​ជា​បង​ប្រុស​របស់​រេបិកា+ម្ដាយ​យ៉ាកុប​និង​អេសាវ។

៦ ឯ​អេសាវ​វិញ គាត់​បាន​ឃើញ​ថា​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប និង​ឲ្យ​យ៉ាកុប​ទៅ​តំបន់​ប៉ាដាន់អេរ៉ាម​ដើម្បី​យក​ប្រពន្ធ​នៅ​ទី​នោះ។ នៅ​ពេល​នោះ គាត់​ក៏​បាន​ឮ​ឪពុក​បង្គាប់​ដល់​យ៉ាកុប​ថា​៖ ​«​កូន​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ជន​ជាតិ​កាណាន​ឡើយ​»។+ ៧ គាត់​បាន​ឃើញ​យ៉ាកុប​ធ្វើ​តាម​បង្គាប់​ឪពុក​ម្ដាយ ដោយ​ធ្វើ​ដំណើរ​ទៅ​តំបន់​ប៉ាដាន់អេរ៉ាម។+ ៨ ដូច្នេះ អេសាវ​បាន​យល់​ថា​ឪពុក​គាត់​មិន​ពេញ​ចិត្ត​នឹង​កូន​ស្រី​ជន​ជាតិ​កាណាន​ទេ។+ ៩ ម្ល៉ោះ​ហើយ អេសាវ​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​អ៊ីសម៉ាអែល​ជា​កូន​អាប្រាហាំ ហើយ​យក​ម៉ាហាឡាត​ជា​កូន​ស្រី​របស់​អ៊ីសម៉ាអែល​ធ្វើ​ជា​ប្រពន្ធ​មួយ​ទៀត។ នាង​ត្រូវ​ជា​ប្អូន​ស្រី​ណេបេយ៉ោត។+

១០ ចំណែក​យ៉ាកុប គាត់​បាន​ចេញ​ពី​ក្រុង​បៀរសេបា ហើយ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ហារ៉ាន។+ ១១ លុះ​ថ្ងៃ​លិច គាត់​បាន​ទៅ​ដល់​កន្លែង​មួយ ហើយ​សម្រាក​នៅ​ទី​នោះ។ គាត់​យក​ថ្ម​មួយ​ដុំ​មក​កើយ រួច​ក៏​ដេក​លក់​ទៅ។+ ១២ នៅ​យប់​នោះ គាត់​បាន​យល់​សប្ដិ​ឃើញ​មាន​ជណ្ដើរ​មួយ​ឡើង​ពី​ផែនដី​ទៅ​ស្ថាន​សួគ៌ ហើយ​ឃើញ​មាន​ទេវតា​របស់​ព្រះ​កំពុង​ឡើង​ចុះ​តាម​ជណ្ដើរ​នោះ។+ ១៣ នៅ​ខាង​លើ​ជណ្ដើរ​នោះ​ឃើញ​មាន​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​មាន​ប្រសាសន៍​មក​គាត់​ថា​៖

​«​ខ្ញុំ​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ​បុព្វ​បុរស​របស់​អ្នក និង​ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​អ្នក។+ ខ្ញុំ​នឹង​ប្រគល់​ដី​ដែល​អ្នក​កំពុង​ដេក​លើ​នេះ ឲ្យ​ដល់​អ្នក​និង​កូន​ចៅ​អ្នក។+ ១៤ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​អ្នក​មាន​ចំនួន​ច្រើន​ដូច​លម្អង​ធូលី​នៅ​ផែនដី+ ហើយ​ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​ទៅ​ដល់​ភាគ​ខាង​លិច ខាង​កើត ខាង​ជើង និង​ខាង​ត្បូង។ គ្រប់​ក្រុម​គ្រួសារ​នៅ​ផែនដី​នឹង​ទទួល​ពរ​តាម​រយៈ​អ្នក​និង​កូន​ចៅ​អ្នក។+ ១៥ ខ្ញុំ​នៅ​ជា​មួយ​អ្នក​ជា​និច្ច ហើយ​នៅ​កន្លែង​ណា​ដែល​អ្នក​ទៅ ខ្ញុំ​នឹង​ការ​ពារ​អ្នក។ ខ្ញុំ​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ។+ ខ្ញុំ​នឹង​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ទាល់​តែ​ខ្ញុំ​បាន​សម្រេច​តាម​សេចក្ដី​សន្យា​របស់​ខ្ញុំ​ចំពោះ​អ្នក​»។+

១៦ បន្ទាប់​មក យ៉ាកុប​បាន​ភ្ញាក់​ឡើង ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ប្រាកដ​ជា​នៅ​កន្លែង​នេះ​មែន តែ​ខ្ញុំ​មិន​បាន​ដឹង​សោះ!​»។ ១៧ គាត់​បាន​ស្ញែង​ខ្លាច​និង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​និយាយ​បន្ថែម​ថា​៖ ​«​កន្លែង​នេះ​មិន​មែន​ជា​កន្លែង​ធម្មតា​ទេ តែ​ជា​កន្លែង​បរិសុទ្ធ! ទី​នេះ​ច្បាស់​ជា​ផ្ទះ​របស់​ព្រះ​ហើយ។+ នេះ​ជា​ខ្លោង​ទ្វារ​នៃ​ស្ថាន​សួគ៌​»។+ ១៨ ដូច្នេះ គាត់​បាន​ក្រោក​ពី​ព្រលឹម ហើយ​យក​ថ្ម​ដែល​គាត់​បាន​កើយ ទៅ​បញ្ឈរ​ជា​បង្គោល​មួយ រួច​ចាក់​ប្រេង​លើ​នោះ។+ ១៩ គាត់​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា​បេតអែល* តែ​ពី​មុន​ក្រុង​នោះ​ឈ្មោះ​ថា​លូស។+

២០ បន្ទាប់​មក យ៉ាកុប​បាន​សន្យា​នឹង​ព្រះ​ថា​៖ ​«​បើ​លោក​បន្ត​នៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ជួយ​ការ​ពារ​ខ្ញុំ​តាម​ផ្លូវ ផ្ដល់​អាហារ​និង​សម្លៀក​បំពាក់​ដល់​ខ្ញុំ ២១ ព្រម​ទាំង​ជួយ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ​ដោយ​សុខ​សាន្ត នោះ​លោក​នឹង​បង្ហាញ​ថា​លោក​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​ខ្ញុំ​ពិត​មែន។ ២២ កន្លែង​ដែល​ខ្ញុំ​បាន​ដំឡើង​ថ្ម​ទុក​ជា​បង្គោល​រំលឹក នឹង​ក្លាយ​ទៅ​ជា​ផ្ទះ​របស់​ព្រះ។+ ខ្ញុំ​នឹង​ជូន​លោក​១​ភាគ​១០​នៃ​អ្វី​ទាំង​អស់​ដែល​លោក​បាន​ប្រគល់​ដល់​ខ្ញុំ​»។

២៩ ក្រោយ​មក យ៉ាកុប​បាន​បន្ត​ដំណើរ​ទៅ​ស្រុកខាងកើត។ ២ ពេល​ទៅ​ដល់​វាល​មួយ​គាត់​បាន​ឃើញ​អណ្ដូង​ទឹក និង​ចៀម​បី​ហ្វូង​កំពុង​សម្រាក​នៅ​ជិត​នោះ។ ពួក​គង្វាល​តែង​តែ​មក​ដង​ទឹក​ពី​អណ្ដូង​នោះ​ឲ្យ​ចៀម​ផឹក ហើយ​នៅ​មាត់​អណ្ដូង​មាន​ថ្ម​ធំ​មួយ​គ្រប​ពី​លើ។ ៣ ពេល​ពួក​គង្វាល​នាំ​ចៀម​ទាំង​អស់​មក ពួក​គេ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​ឲ្យ​ចៀម​ផឹក ហើយ​ពួក​គេ​ក៏​ប្រមៀល​ថ្ម​គ្រប​អណ្ដូង​វិញ។

៤ យ៉ាកុប​បាន​សួរ​ពួក​គង្វាល​ថា​៖ ​«​បង​ប្អូន​អើយ! តើ​អ្នក​រាល់​គ្នា​មក​ពី​ណា​ដែរ?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ពួក​យើង​មក​ពី​ក្រុង​ហារ៉ាន​»។+ ៥ ដូច្នេះ គាត់​ក៏​សួរ​ពួក​គេ​ទៀត​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ស្គាល់​ឡាបាន់+ចៅ​ណេឃ័រ​ទេ?​»។+ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ពួក​យើង​ស្គាល់​គាត់​»។ ៦ យ៉ាកុប​បាន​សួរ​ទៀត​ថា​៖ ​«​តើ​គាត់​សុខ​សប្បាយ​ជា​ទេ?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​គាត់​សុខ​សប្បាយ​ជា​ទេ។ នុ៎ះ​ន៏! រ៉ាជែល​កូន​ស្រី​របស់​គាត់+ នាង​កំពុង​នាំ​ចៀម​មក​ហើយ!​»។ ៧ ពេល​នោះ​យ៉ាកុប​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​មើល! ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ​មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​ចៀម​ទេ។ សូម​ឲ្យ​ទឹក​ពួក​វា​ផឹក ហើយ​ឲ្យ​ពួក​វា​ទៅ​ស៊ី​ស្មៅ​វិញ​ទៅ​»។ ៨ ពួក​គេ​ឆ្លើយ​ថា​៖ ​«​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ទេ ទាល់​តែ​ពួក​គង្វាល​ប្រមូល​ចៀម​ទាំង​អស់​មក​សិន ទើប​គេ​ប្រមៀល​ថ្ម​ពី​មាត់​អណ្ដូង​ចេញ ដើម្បី​យើង​អាច​ដង​ទឹក​ឲ្យ​ចៀម​ផឹក​បាន​»។

៩ កាល​ដែល​គាត់​កំពុង​និយាយ​ជា​មួយ​នឹង​ពួក​គេ​នៅ​ឡើយ រ៉ាជែល​បាន​នាំ​ហ្វូង​ចៀម​ចូល​មក​ដែរ ព្រោះ​នាង​ជួយ​ឃ្វាល​ចៀម​ឲ្យ​ឪពុក​នាង។ ១០ នាង​ជា​កូន​ស្រី​ឡាបាន់​ដែល​ត្រូវ​ជា​បង​ប្រុស​របស់​ម្ដាយ​យ៉ាកុប។ ពេល​យ៉ាកុប​ឃើញ​រ៉ាជែល​និង​ហ្វូង​ចៀម​របស់​ឡាបាន់ គាត់​ក៏​ចូល​ទៅ​ជួប​ហើយ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​ឲ្យ​ហ្វូង​ចៀម​ផឹក។ ១១ បន្ទាប់​មក យ៉ាកុប​បាន​ថើប​រ៉ាជែល​ហើយ​ទ្រហោ​យំ។ ១២ យ៉ាកុប​បាន​ប្រាប់​រ៉ាជែល​ថា​គាត់​ជា​កូន​រេបិកា​ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​ឪពុក​នាង។ ដូច្នេះ រ៉ាជែល​បាន​រត់​ទៅ​ប្រាប់​ឪពុក។

១៣ ក្រោយ​ពី​ឡាបាន់+ឮ​ដំណឹង​អំពី​យ៉ាកុប​ដែល​ជា​កូន​របស់​ប្អូន​ស្រី​ខ្លួន គាត់​ក៏​បាន​រត់​មក​ទទួល​យ៉ាកុប។ ឡាបាន់​បាន​ឱប​យ៉ា​កុប​ហើយ​ថើប​គាត់ រួច​នាំ​ទៅ​ផ្ទះ។ យ៉ាកុប​បាន​ប្រាប់​ឡាបាន់​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង។ ១៤ ឡាបាន់​បាន​និយាយ​ថា​៖ ​«​ក្មួយ​ពិត​ជា​សាច់​ញាតិ​អ៊ំ​មែន​»។ ម្ល៉ោះ​ហើយ យ៉ាកុប​បាន​ស្នាក់​នៅ​ផ្ទះ​ឡាបាន់​ពេញ​មួយ​ខែ។

១៥ ឡាបាន់​បាន​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ទោះ​ជា​ក្មួយ​ជា​សាច់​ញាតិ​អ៊ំ​ក៏​ដោយ+ ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ​ដោយ​មិន​យក​កម្រៃ​ទេ។ សូម​ប្រាប់​អ៊ំ​មក តើ​ក្មួយ​ចង់​បាន​ប្រាក់​ឈ្នួល​ប៉ុន្មាន?​»។+ ១៦ ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា កូន​ប្អូន​ឈ្មោះ​រ៉ាជែល។+ ១៧ រ៉ាជែល​នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។ ឯ​លេអា​វិញ ភ្នែក​នាង​គ្មាន​មន្ត​ស្នេហ៍​ទេ។ ១៨ យ៉ាកុប​បាន​ចាប់​ចិត្ត​ស្រឡាញ់​រ៉ាជែល ដូច្នេះ​ហើយ​យ៉ាកុប​បាន​និយាយ​ទៅ​កាន់​ឡាបាន់​ថា​៖ ​«​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ការ​ឲ្យ​អ៊ំ​៧​ឆ្នាំ ដើម្បី​បាន​រ៉ាជែល​មក​ធ្វើ​ជា​ប្រពន្ធ​»។+ ១៩ ឡាបាន់​បាន​និយាយ​ថា​៖ ​«​បើ​អ៊ំ​លើក​កូន​ស្រី​ឲ្យ​ក្មួយ គឺ​ប្រសើរ​ជាង​លើក​ឲ្យ​បុរស​ឯ​ទៀត។ ចូរ​ក្មួយ​បន្ត​ស្នាក់​នៅ​ជា​មួយ​នឹង​អ៊ំ​ចុះ​»។ ២០ ដូច្នេះ យ៉ាកុប​ព្រម​ធ្វើ​ការ​ឲ្យ​ឡាបាន់​៧​ឆ្នាំ ដើម្បី​រៀប​ការ​ជា​មួយ​នឹង​រ៉ាជែល។+ ប៉ុន្តែ ចំពោះ​គាត់​រយៈ​ពេល​នោះ​ប្រៀប​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដោយ​សារ​គាត់​ស្រឡាញ់​នាង​ខ្លាំង​ណាស់។

២១ ក្រោយ​មក យ៉ាកុប​បាន​និយាយ​ទៅ​កាន់​ឡាបាន់​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ការ​ឲ្យ​អ៊ំ​គ្រប់​ចំនួន​ឆ្នាំ​ហើយ។ សូម​អ៊ំ​ប្រគល់​រ៉ាជែល​មក​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ប្រពន្ធ​»។* ២២ ដូច្នេះ ឡាបាន់​បាន​ធ្វើ​ពិធី​ភោជនាហារ​ដើម្បី​អបអរ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ ហើយ​គាត់​បាន​អញ្ជើញ​ពួក​អ្នក​ស្រុក​នោះ​ឲ្យ​មក​ចូល​រួម​ដែរ។ ២៣ ប៉ុន្តែ នៅ​យប់​នោះ គាត់​បាន​នាំ​លេអា​ទៅ​ផ្សំ​ដំណេក​ជា​មួយ​នឹង​យ៉ាកុប។ ២៤ ឡាបាន់​បាន​ឲ្យ​អ្នក​បម្រើ​ម្នាក់​របស់​គាត់​ឈ្មោះ​ស៊ីលផា ធ្វើ​ជា​ស្រី​បម្រើ​របស់​លេអា។+ ២៥ លុះ​ព្រឹក​ឡើង យ៉ាកុប​បាន​ឃើញ​ថា​គឺ​ជា​លេអា​ទេ។ ដូច្នេះ គាត់​បាន​ទៅ​សួរ​ឡាបាន់​ថា​៖ ​«​ម្ដេច​ក៏​អ៊ំ​ធ្វើ​បែប​នេះ​ចំពោះ​ខ្ញុំ? ក្រែង​ខ្ញុំ​ធ្វើ​ការ​ឲ្យ​អ៊ំ​ដើម្បី​បាន​រ៉ាជែល​ទេ​តើ។ ម្ដេច​ក៏​អ៊ំ​បញ្ឆោត​ខ្ញុំ​ដូច្នេះ?​»។+ ២៦ ឡាបាន់​បាន​ឆ្លើយ​ទៅ​វិញ​ថា​៖ ​«​ទំនៀម​ទម្លាប់​នៅ​ស្រុក​នេះ​គេ​មិន​ដែល​ឲ្យ​កូន​ប្អូន​រៀប​ការ​មុន​កូន​ច្បង​ទេ។ ២៧ សូម​ក្មួយ​រួម​រស់​ជា​មួយ​នឹង​នាង​បង អស់​មួយ​សប្ដាហ៍​សិន​ចុះ ក្រោយ​នោះ​អ៊ំ​នឹង​ឲ្យ​នាង​ប្អូន​ដល់​ក្មួយ​ដែរ។ ប៉ុន្តែ ក្មួយ​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ​ថែម​៧​ឆ្នាំ​ទៀត​»។+ ២៨ យ៉ាកុប​បាន​យល់​ព្រម ហើយ​រួម​រស់​ជា​មួយ​នឹង​លេអា​មួយ​សប្ដាហ៍។ ក្រោយ​មក ឡាបាន់​បាន​ឲ្យ​រ៉ាជែល​ទៅ​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ​ទៀត។ ២៩ ឡាបាន់​ក៏​បាន​ឲ្យ​ស្រី​បម្រើ​ម្នាក់​ឈ្មោះ​ប៊ីលហា+ ទៅ​ធ្វើ​ជា​អ្នក​បម្រើ​របស់​រ៉ាជែល។+

៣០ បន្ទាប់​មក យ៉ាកុប​បាន​រួម​ដំណេក​ជា​មួយ​នឹង​រ៉ាជែល។ យ៉ាកុប​ស្រឡាញ់​រ៉ាជែល​ជាង​លេអា ហើយ​គាត់​បាន​ធ្វើ​ការ​ឲ្យ​ឡាបាន់​ថែម​៧​ឆ្នាំ​ទៀត។+ ៣១ ពេល​ព្រះ​យេហូវ៉ា​ឃើញ​ថា​លេអា បាន​ទទួល​សេចក្ដី​ស្រឡាញ់​តិច​ជាង* លោក​បាន​ឲ្យ​នាង​មាន​កូន។+ ឯ​រ៉ាជែល​នាង​នៅ​ជា​ស្ត្រី​អារ។+ ៣២ ក្រោយ​មក លេអា​បាន​សម្រាល​កូន​ប្រុស​ម្នាក់ ហើយ​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​រូបេន*+ ព្រោះ​នាង​បាន​និយាយ​ថា​៖ ​«​នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ឃើញ​ទុក្ខ​លំបាក​របស់​ខ្ញុំ។+ ចាប់​ពី​ឥឡូវ​ទៅ ប្ដី​ខ្ញុំ​ច្បាស់​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន​»។ ៣៣ នាង​ក៏​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ នាង​បាន​និយាយ​ថា​៖ ​«​នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ស្ដាប់​ខ្ញុំ កាល​ដែល​ខ្ញុំ​មិន​បាន​ទទួល​សេចក្ដី​ស្រឡាញ់។ ហេតុ​នេះ លោក​បាន​ឲ្យ​ខ្ញុំ​មាន​កូន​មួយ​ទៀត​»។ នាង​ក៏​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​ស៊ីម្មាន។*+ ៣៤ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ នាង​បាន​និយាយ​ថា​៖ ​«​ឥឡូវ​នេះ​ប្ដី​ខ្ញុំ​មុខ​ជា​នៅ​ជាប់​នឹង​ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បាន​បង្កើត​កូន​បី​នាក់​ឲ្យ​គាត់​ហើយ​»។ ហេតុ​នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​លេវី។*+ ៣៥ នាង​ក៏​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ នាង​បាន​និយាយ​ថា​៖ ​«​លើក​នេះ​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​»។ ហេតុ​នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​យូដា។*+ បន្ទាប់​មក នាង​ក៏​លែង​មាន​កូន​ទៅ។

៣០ ពេល​រ៉ាជែល​ឃើញ​ថា នាង​មិន​អាច​មាន​កូន នាង​ក៏​ច្រណែន​នឹង​បង​ស្រី​ខ្លួន ហើយ​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​មាន​កូន​ផង បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ស្លាប់​ជា​មិន​ខាន​»។ ២ ឮ​ដូច្នេះ យ៉ាកុប​បាន​ខឹង​នឹង​រ៉ាជែល​ជា​ខ្លាំង ហើយ​និយាយ​ថា​៖ ​«​បង​មិន​មែន​ជា​ព្រះ​ទេ ព្រះ​ទេ​តើ​ជា​អ្នក​បង្ខាំង​អូន​មិន​ឲ្យ​មាន​កូន​»។ ៣ រ៉ាជែល​បាន​តប​ថា​៖ ​«​នេះ​ប៊ីលហា​ជា​ស្រី​បម្រើ​ខ្ញុំ+ សូម​រួម​ដំណេក​ជា​មួយ​នាង​ចុះ ដើម្បី​នាង​អាច​បង្កើត​កូន​ឲ្យ​ខ្ញុំ ហើយ​តាម​រយៈ​នាង ខ្ញុំ​ក៏​អាច​ក្លាយ​ទៅ​ជា​ម្ដាយ​ម្នាក់​ដែរ​»។ ៤ ដូច្នេះ រ៉ាជែល​បាន​ឲ្យ​ប៊ីលហា​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប ហើយ​យ៉ាកុប​ក៏​រួម​ដំណេក​ជា​មួយ​នឹង​នាង​ទៅ។+ ៥ ក្រោយ​មក ប៊ីលហា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ឲ្យ​យ៉ាកុប។ ៦ រ៉ាជែល​បាន​និយាយ​ថា​៖ ​«​ព្រះ​ធ្វើ​ជា​ចៅ​ក្រម​ខ្ញុំ ហើយ​លោក​បាន​ស្ដាប់​ឮ​ពាក្យ​ខ្ញុំ ដូច្នេះ​លោក​បាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ​»។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា​ដាន់។*+ ៧ ក្រោយ​មក ប៊ីលហា​ជា​អ្នក​បម្រើ​រ៉ាជែល មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​ទី​២​ឲ្យ​យ៉ាកុប។ ៨ រួច​រ៉ាជែល​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ប្រជែង​នឹង​បង​ស្រី​ខ្ញុំ​ជា​ខ្លាំង ហើយ​បាន​ឈ្នះ​មែន!​»។ ដូច្នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​ណែបថាលី។*+

៩ ឯ​លេអា ពេល​នាង​ឃើញ​ថា​ខ្លួន​លែង​មាន​កូន នាង​បាន​ឲ្យ​ស៊ីលផា​ជា​ស្រី​បម្រើ ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប​ដែរ។+ ១០ ក្រោយ​មក ស៊ីលផា​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​យ៉ាកុប។ ១១ រួច​លេអា​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​ពរ​ហើយ!​»។ ដូច្នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​កាដ។*+ ១២ ក្រោយ​មក ស៊ីលផា​បាន​បង្កើត​កូន​មួយ​ទៀត​ឲ្យ​យ៉ាកុប។ ១៣ លេអា​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​សុភមង្គល​ហើយ! ស្ត្រី​ទាំង​ឡាយ​មុខ​ជា​រាប់​ខ្ញុំ​ថា​មាន​សុភមង្គល​»។+ ដូច្នេះ នាង​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា​អេស៊ើរ។*+

១៤ ថ្ងៃ​មួយ នៅ​រដូវ​ច្រូត​កាត់* រូបេន+បាន​ដើរ​នៅ​វាល​ស្រែ ហើយ​ប្រទះ​ឃើញ​ផ្លែ​មេនដ្រេក។* ដូច្នេះ គាត់​បាន​យក​ទៅ​ឲ្យ​លេអា​ជា​ម្ដាយ។ ពេល​នោះ រ៉ាជែល​បាន​ឃើញ ហើយ​និយាយ​ទៅ​កាន់​លេអា​ថា​៖ ​«​សូម​ឲ្យ​ផ្លែ​មេនដ្រេក​របស់​កូន​បង​មក​ខ្ញុំ​ខ្លះ​ផង​»។ ១៥ លេអា​បាន​តប​វិញ​ថា​៖ ​«​ឯង​ដណ្ដើម​ប្ដី​បង​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​គ្រប់​គ្រាន់​ទៀត​ឬ?+ ឥឡូវ​ឯង​ចង់​ដណ្ដើម​ផ្លែ​មេនដ្រេក​ពី​បង​ទៀត​»។ ដូច្នេះ រ៉ាជែល​ឆ្លើយ​ថា​៖ ​«​បើ​បង​ព្រម​ឲ្យ​ផ្លែ​មេនដ្រេក|មក​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​បង​យ៉ាកុប​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​បង​នៅ​យប់​នេះ​»។

១៦ លុះ​ពេល​ល្ងាច យ៉ាកុប​បាន​ត្រឡប់​មក​ពី​ស្រែ​ចម្ការ​វិញ។ លេអា​បាន​ចេញ​ទៅ​ទទួល​គាត់ ហើយ​និយាយ​ថា​៖ ​«​យប់​នេះ គឺ​ខ្ញុំ​ដែល​បង​ត្រូវ​រួម​ដំណេក​ជា​មួយ ព្រោះ​ខ្ញុំ​បាន​ប្ដូរ​ផ្លែ​មេនដ្រេក​ដែល​កូន​ខ្ញុំ​រក​បាន ជា​មួយ​នឹង​រ៉ាជែល​ហើយ​»។ ដូច្នេះ នៅ​យប់​នោះ​យ៉ាកុប​បាន​រួម​ដំណេក​ជា​មួយ​នឹង​នាង។ ១៧ ព្រះ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លេអា។ ហេតុ​នេះ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​ទី​៥​ឲ្យ​យ៉ាកុប។ ១៨ លេអា​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ឲ្យ​ថ្លៃ​ឈ្នួល​ដល់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​ទៅ​ប្ដី​ខ្ញុំ​»។ ដូច្នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​អ៊ីសាខារ។*+ ១៩ រួច​មក លេអា​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​ទី​៦​ឲ្យ​យ៉ាកុប។+ ២០ លេអា​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ឲ្យ​អំណោយ​វិសេស​ដល់​ខ្ញុំ។ លើក​នេះ ប្ដី​ខ្ញុំ​ច្បាស់​ជា​ពេញ​ចិត្ត​នឹង​ខ្ញុំ​ហើយ+ ព្រោះ​ខ្ញុំ​បាន​បង្កើត​កូន​៦​នាក់​ឲ្យ​គាត់​»។+ ដូច្នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​សេប៊ូឡូន។*+ ២១ ក្រោយ​មក នាង​បាន​បង្កើត​កូន​ស្រី​ម្នាក់ ហើយ​បាន​ដាក់​ឈ្មោះ​ថា​ឌីណា។+

២២ ទី​បំផុត ព្រះ​បាន​នឹក​ដល់​រ៉ាជែល ហើយ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​នាង ដោយ​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ។+ ២៣ ក្រោយ​មក នាង​សម្រាល​បាន​កូន​ប្រុស​មួយ រួច​នាង​និយាយ​ថា​៖ ​«​ព្រះ​បាន​ដក​សេចក្ដី​អាម៉ាស់​ចេញ​ពី​ខ្ញុំ​ហើយ!​»។+ ២៤ ដូច្នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​យ៉ូសែប*+ ដោយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បន្ថែម​កូន​ប្រុស​មួយ​ទៀត​ឲ្យ​ខ្ញុំ​»។

២៥ ក្រោយ​រ៉ាជែល​សម្រាល​យ៉ូសែប​រួច យ៉ាកុប​បាន​និយាយ​ទៅ​ឡាបាន់​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​ខ្ញុំ​និង​ស្រុក​របស់​ខ្ញុំ​វិញ​ផង។+ ២៦ សូម​លោក​ឪពុក​ឲ្យ​ប្រពន្ធ​កូន​ខ្ញុំ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការ​ជូន​លោក​ឪពុក​រួច​ហើយ​ដើម្បី​បាន​ពួក​គេ។ លោក​ឪពុក​ជ្រាប​ហើយ​ថា ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ការ​យ៉ាង​ណា​ជូន​លោក​ឪពុក​»។+ ២៧ បន្ទាប់​មក ឡាបាន់​បាន​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​បើ​កូន​មិន​យល់​ទាស់​ទេ សូម​កូន​បន្ត​នៅ​ជា​មួយ​នឹង​ពុក​ត​ទៅ​ទៀត ព្រោះ​ពុក​បាន​ឃើញ​ផ្ទាល់​ភ្នែក​ថា ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ពុក​ដោយ​សារ​តែ​កូន​»។ ២៨ ឡាបាន់​បាន​បន្ថែម​ថា​៖ ​«​តើ​កូន​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន? ពុក​នឹង​ព្រម​ឲ្យ​»។+ ២៩ ដូច្នេះ យ៉ាកុប​បាន​និយាយ​ថា​៖ ​«​លោក​ឪពុក​ជ្រាប​ហើយ​ថា ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ការ​ជូន​លោក​ឪពុក ហើយ​ហ្វូង​សត្វ​លោក​ឪពុក​បាន​កើន​ឡើង​យ៉ាង​ណា។+ ៣០ មុន​ខ្ញុំ​មក​ដល់ ហ្វូង​សត្វ​របស់​លោក​ឪពុក​មាន​ចំនួន​តិច​ទេ តែ​ឥឡូវ​មាន​ចំនួន​ច្រើន​ណាស់ ព្រោះ​តាំង​ពី​ខ្ញុំ​មក ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​លោក​ឪពុក។ ប៉ុន្តែ ឥឡូវ​ដល់​ពេល​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ដើម្បី​ប្រពន្ធ​កូន​ខ្ញុំ​ហើយ​»។+

៣១ បន្ទាប់​មក ឡាបាន់​បាន​និយាយ​ថា​៖ ​«​តើ​ពុក​គួរ​ឲ្យ​អ្វី​ដល់​កូន?​»។ យ៉ាកុប​ឆ្លើយ​ថា​៖ ​«​លោក​ឪពុក​មិន​ចាំ​បាច់​ឲ្យ​អ្វី​ខ្ញុំ​ទេ! បើ​លោក​ឪពុក​ព្រម​ធ្វើ​តាម​សំណើ​ខ្ញុំ ខ្ញុំ​នឹង​នៅ​ឃ្វាល​ហើយ​ការពារ​ហ្វូង​សត្វ​ឲ្យ​លោក​ឪពុក​ត​ទៅ​ទៀត។+ ៣២ ថ្ងៃ​នេះ ខ្ញុំ​នឹង​ទៅ​ពិនិត្យ​មើល​ហ្វូង​សត្វ​របស់​លោក​ឪពុក។ សូម​លោក​ឪពុក​ញែក​ទុក​ដោយ​ឡែក​នូវ​ចៀម​និង​ពពែ​ណា​ដែល​មាន​សម្បុរ​ពព្លាក់ និង​ពពាល ព្រម​ទាំង​ចៀម​ស្ទាវ​ណា​ដែល​មាន​សម្បុរ​ត្នោត​ដែរ។ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ បើ​សត្វ​ចៀម​និង​ពពែ​ណា​ដែល​កើត​មក​មាន​សម្បុរ​ទាំង​នេះ វា​នឹង​ក្លាយ​ទៅ​ជា​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ។+ ៣៣ ដូច្នេះ នៅ​ថ្ងៃ​មុខ លោក​ឪពុក​នឹង​ឃើញ​ថា​ខ្ញុំ​ទៀង​ត្រង់​យ៉ាង​ណា គឺ​នៅ​ពេល​ដែល​លោក​ឪពុក​មក​ពិនិត្យ​មើល​ហ្វូង​សត្វ​ដែល​ជា​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ បើ​លោក​ឪពុក​ឃើញ​ថា​ខ្ញុំ​មាន​ចៀម​ឬ​ពពែ​ណា​ក្រៅ​ពី​សម្បុរ​ពព្លាក់ និង​ពពាល ព្រម​ទាំង​ចៀម​ស្ទាវ​សម្បុរ​ត្នោត នោះ​សូម​ចាត់​ទុក​ខ្ញុំ​ថា​ជា​ចោរ​ទៅ​ចុះ​»។

៣៤ ឡាបាន់​បាន​ឆ្លើយ​ថា​៖ ​«​បាន! សូម​ធ្វើ​តាម​ពាក្យ​កូន​ចុះ​»។+ ៣៥ ដូច្នេះ នៅ​ថ្ងៃ​នោះ ឡាបាន់​បាន​ញែក​ទុក​ដោយ​ឡែក​នូវ​ពពែ​ឈ្មោល​សម្បុរ​ឆ្នូត​ៗ​និង​ពពាល ព្រម​ទាំង​ពពែ​ញី​សម្បុរ​ពព្លាក់ និង​ពពាល។ គាត់​ក៏​បាន​ញែក​ចៀម​ស្ទាវ​ណា​ដែល​មាន​សម្បុរ​ត្នោត​ឬ​ពពែ​ណា​ដែល​មាន​សម្បុរ​លាយ​ស ចេញ​ដោយ​ឡែក​ដែរ។ រួច​ប្រគល់​ហ្វូង​សត្វ​ទាំង​នោះ​ឲ្យ​កូន​ប្រុស​ៗ​របស់​គាត់​មើល​ថែ។ ៣៦ ឡាបាន់​បាន​ឲ្យ​កូន​ប្រុស​ៗ​របស់​គាត់​មើល​ថែ​ហ្វូង​សត្វ​នៅ​កន្លែង​ឆ្ងាយ​ពី​យ៉ាកុប គឺ​ស្មើ​នឹង​ចម្ងាយ​ផ្លូវ​ដើរ​អស់​បី​ថ្ងៃ។ ឯ​ហ្វូង​សត្វ​របស់​ឡាបាន់​ដែល​នៅ​សល់ យ៉ាកុប​បាន​មើល​ថែ។

៣៧ យ៉ាកុប​បាន​យក​មែក​ស្តូរ៉េស មែក​អល់ម៉ុន និង​មែក​ភ្លេន មក​លួស​សំបក​ឲ្យ​ឃើញ​សាច់​ឆ្នូត​លាយ​អុជ​ៗ​ស។ ៣៨ រួច​គាត់​បាន​ដាក់​មែក​ទាំង​នោះ​នៅ​ក្នុង​ស្នូក​ទឹក ដើម្បី​ឲ្យ​ហ្វូង​សត្វ​ពាក់​គ្នា​នៅ​មុខ​មែក​ទាំង​នោះ ពេល​ដែល​ពួក​វា​មក​ផឹក​ទឹក។

៣៩ ដូច្នេះ ពេល​ហ្វូង​ចៀម​ពាក់​គ្នា ហើយ​ឃើញ​មែក​ទាំង​នោះ ពួក​វា​កើត​កូន​មក​មាន​សម្បុរ​ពព្លាក់ ពពាល និង​ឆ្នូត​ៗ។ ៤០ បន្ទាប់​មក យ៉ាកុប​ញែក​ចៀម​ស្ទាវ​ទុក​ដោយ​ឡែក។ ឯ​ហ្វូង​ចៀម​របស់​ឡាបាន់​ដែល​នៅ​សល់ គាត់​ដាក់​ឲ្យ​ពួក​វា​ឃើញ​ចៀម​ឆ្នូត​និង​ចៀម​សម្បុរ​ត្នោត។ រួច​គាត់​ញែក​ហ្វូង​សត្វ​គាត់ ចេញ​ដោយ​ឡែក​ពី​ហ្វូង​សត្វ​របស់​ឡាបាន់។ ៤១ កាល​ណា​យ៉ាកុប​ឃើញ​សត្វ​ណា​ដែល​ខ្លាំង​ៗ​ចង់​ពាក់​គ្នា គាត់​តែង​យក​មែក​ទាំង​នោះ​ទៅ​ដាក់​ក្នុង​ស្នូក ដើម្បី​ឲ្យ​ហ្វូង​សត្វ​ពាក់​គ្នា​នៅ​មុខ​មែក​ទាំង​នោះ។ ៤២ ចំណែក​សត្វ​ណា​ដែល​ខ្សោយ​ៗ គាត់​មិន​បាន​យក​មែក​ឈើ​ទៅ​ដាក់​នៅ​ទី​នោះ​ទេ។ ម្ល៉ោះ​ហើយ សត្វ​ណា​ដែល​ខ្សោយ​ៗ​បាន​ទៅ​ជា​របស់​ឡាបាន់ តែ​សត្វ​ណា​ដែល​ខ្លាំង​ៗ​បាន​ទៅ​ជា​របស់​យ៉ាកុប​វិញ។+

៤៣ ដូច្នេះ យ៉ាកុប​មាន​ទ្រព្យ​សម្បត្តិ​កាន់​តែ​ច្រើន​ឡើង​ៗ។ គាត់​មាន​អ្នក​បម្រើ​ប្រុស​ស្រី និង​ហ្វូង​ចៀម​ហ្វូង​ពពែ​ច្រើន​សន្ធឹក ព្រម​ទាំង​ហ្វូង​អូដ្ឋ​និង​ហ្វូង​លា​ផង​ដែរ។+

៣១ លុះ​ក្រោយ​មក យ៉ាកុប​បាន​ឮ​កូន​ៗ​របស់​ឡាបាន់​និយាយ​គ្នា​ថា​៖ ​«​យ៉ាកុប​បាន​យក​អ្វី​គ្រប់​យ៉ាង​ដែល​ជា​របស់​ឪពុក​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ក្លាយ​ទៅ​ជា​អ្នក​មាន​»។+ ២ យ៉ាកុប​ក៏​បាន​សង្កេត​ឃើញ​ថា​ឡាបាន់​មិន​សូវ​រាក់​ទាក់​នឹង​គាត់​ដូច​ពី​មុន​ទេ។+ ៣ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​ស្រុក​របស់​ឪពុក​អ្នក​និង​សាច់​ញាតិ​អ្នក​វិញ​ទៅ។+ ខ្ញុំ​នឹង​បន្ត​នៅ​ជា​មួយ​នឹង​អ្នក​»។ ៤ ដូច្នេះ យ៉ាកុប​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​រ៉ាជែល​និង​លេអា​ឲ្យ​មក​ជួប​គាត់ នៅ​កន្លែង​ដែល​គាត់​កំពុង​ឃ្វាល​សត្វ។ ៥ ពេល​ពួក​គេ​មក​ដល់ គាត់​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖

​«​បង​ឃើញ​ថា​ឪពុក​អូន​មិន​សូវ​រាក់​ទាក់​នឹង​បង​ដូច​មុន​ទេ។+ ទោះ​ជា​ដូច្នេះ​ក៏​ដោយ ព្រះ​នៃ​ឪពុក​បង​តែង​តែ​នៅ​ជា​មួយ​នឹង​បង​ជា​និច្ច។+ ៦ ពួក​អូន​ដឹង​ហើយ​ថា​បង​បាន​ព្យាយាម​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ឲ្យ​ឪពុក​អូន។+ ៧ យ៉ាង​ណា​មិញ ឪពុក​អូន​បាន​ព្យាយាម​កេង​ប្រវ័ញ្ច​បង​ម្ដង​ហើយ​ម្ដង​ទៀត ថែម​ទាំង​ដូរ​ថ្លៃ​ឈ្នួល​បង​ដល់​ទៅ​១០​ដង​ផង តែ​ព្រះ​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​បាប​បង​ទេ។ ៨ ហេតុ​នេះ ពេល​ដែល​គាត់​និយាយ​ថា​៖ ‹សត្វ​ណា​ដែល​មាន​សម្បុរ​ពព្លាក់​នឹង​ក្លាយ​ទៅ​ជា​ថ្លៃ​ឈ្នួល​របស់​កូន› នោះ​ហ្វូង​សត្វ​កើត​កូន​មក​សុទ្ធតែ​សម្បុរ​ពព្លាក់។ ប៉ុន្តែ ពេល​គាត់​និយាយ​ថា​៖ ‹សត្វ​ណា​ដែល​មាន​ឆ្នូត​ៗ​នឹង​ក្លាយ​ទៅ​ជា​ថ្លៃ​ឈ្នួល​របស់​កូន› នោះ​ហ្វូង​សត្វ​កើត​កូន​មក​សុទ្ធតែ​ឆ្នូត​ៗ។+ ៩ យ៉ាង​នេះ ព្រះ​បាន​ដក​ហូត​ហ្វូង​សត្វ​ពី​ឪពុក​អូន មក​ប្រគល់​ឲ្យ​បង។ ១០ ថ្ងៃ​មួយ នៅ​រដូវ​សត្វ​ដោយ​គ្នា បង​បាន​យល់​សប្ដិ​ឃើញ​ពពែ​ឈ្មោល​សម្បុរ​ពព្លាក់ ឆ្នូត និង​អុជ​ៗ ពាក់​គ្នា​ជា​មួយ​នឹង​សត្វ​នៅ​ក្នុង​ហ្វូង។+ ១១ ក្នុង​សុបិន​នោះ ទេវតា​របស់​ព្រះ​ពិត​បាន​ហៅ​បង​ថា​៖ ‹យ៉ាកុប​អើយ!›។ បង​ឆ្លើយ​ថា​៖ ‹បាទ! លោក​ម្ចាស់›។ ១២ រួច​ទេវតា​នោះ​បាន​និយាយ​ថា​៖ ‹សូម​សម្លឹង​មើល​ចុះ! ពពែ​ឈ្មោល​ទាំង​ប៉ុន្មាន​ដែល​កំពុង​ពាក់​ញី ពួក​វា​សុទ្ធតែ​មាន​សម្បុរ​ពព្លាក់ ឆ្នូត និង​អុជ​ៗ។ នេះ​កំពុង​កើត​ឡើង​ពី​ព្រោះ​ខ្ញុំ​បាន​ឃើញ​ការ​ប្រព្រឹត្ត​ទាំង​អស់​ដែល​ឡាបាន់​បាន​ធ្វើ​មក​លើ​អ្នក។+ ១៣ ខ្ញុំ​ជា​ព្រះ​ពិត​ជា​ព្រះ​នៃ​បេតអែល+ ជា​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​បង្គោល​ថ្ម​និង​ជា​កន្លែង​ដែល​អ្នក​បាន​សន្យា​នឹង​ខ្ញុំ។+ ឥឡូវ ចូរ​ចាក​ចេញ​ពី​ទី​នេះ ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ›​»។+

១៤ ក្រោយ​ពី​ឮ​ដូច្នេះ រ៉ាជែល​និង​លេអា​បាន​និយាយ​ថា​៖ ​«​យើង​គ្មាន​ចំណែក​មត៌ក​ណា​ទៀត​នៅ​ផ្ទះ​របស់​ឪពុក​យើង​ទេ! ១៥ គាត់​បាន​ចាត់​ទុក​យើង​ជា​អ្នក​ក្រៅ ព្រោះ​គាត់​បាន​លក់​យើង ហើយ​ប្រើ​ប្រាក់​បណ្ដាការ​របស់​យើង​អស់​គ្មាន​សល់។+ ១៦ ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​ព្រះ​បាន​ដក​ហូត​ពី​ឪពុក​យើង គឺ​ជា​របស់​យើង​និង​របស់​កូន​យើង​ទេ។+ ដូច្នេះ សូម​បង​ធ្វើ​តាម​បង្គាប់​ព្រះ​ចុះ​»។+

១៧ ក្រោយ​មក យ៉ាកុប​បាន​ក្រោក​ឡើង នាំ​ប្រពន្ធ​កូន​ជិះ​លើ​ខ្នង​អូដ្ឋ។+ ១៨ គាត់​ថែម​ទាំង​នាំ​យក​ទ្រព្យ​សម្បត្តិ​និង​ហ្វូង​សត្វ​ទាំង​អស់​ដែល​គាត់​ទទួល​បាន+ កាល​ដែល​គាត់​នៅ​តំបន់​ប៉ាដាន់​អេរ៉ាម​ទៅ​ជា​មួយ​ដែរ។ រួច​គាត់​ធ្វើ​ដំណើរ​ទៅ​ឯ​ឪពុក​គាត់​នៅ​ស្រុក​កាណាន។+

១៩ មុន​ចាក​ចេញ រ៉ាជែល​បាន​លួច​យក​រូប​ព្រះ*របស់​ឡាបាន់+ កាល​ដែល​ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម។ ២០ ពេល​នោះ យ៉ាកុប​បាន​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ហើយ​ចាក​ចេញ​ទៅ​ដោយ​មិន​ឲ្យ​ឡាបាន់​ជា​ជន​ជាតិ​អេរ៉ាម​ដឹង​ទេ។ ២១ គាត់​បាន​ឆ្លង​ទន្លេ​អឺប្រាត+ទាំង​នាំ​យក​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​ទៅ​ជា​មួយ ហើយ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​គីលាត។+ ២២ លុះ​បី​ថ្ងៃ​កន្លង​ផុត​ទៅ មាន​គេ​ទៅ​ប្រាប់​ឡាបាន់​ថា យ៉ាកុប​បាន​រត់​ទៅ​បាត់​ហើយ។ ២៣ ដូច្នេះ ឡាបាន់​បាន​នាំ​បង​ប្អូន​គាត់​ធ្វើ​ដំណើរ​ដេញ​តាម​យ៉ាកុប។ លុះ​ធ្វើ​ដំណើរ​អស់​៧​ថ្ងៃ ទើប​ពួក​គេ​ទៅ​ទាន់​យ៉ាកុប​នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​គីលាត។ ២៤ នៅ​យប់​នោះ ព្រះ​បាន​លេច​មក​ឲ្យ​ឡាបាន់​ជា​ជន​ជាតិ​អេរ៉ាម+ឃើញ​ក្នុង​សុបិន+ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រយ័ត្ន​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅ​កាន់​យ៉ាកុប ទោះ​ល្អ​ឬ​អាក្រក់​ក្ដី​»។+

២៥ នៅ​ពេល​នោះ យ៉ាកុប​បាន​ដំឡើង​ត្រសាល​នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​គីលាត។ ឯ​ឡាបាន់​ក៏​បាន​បោះ​ជំរំ​ជា​មួយ​នឹង​បង​ប្អូន​គាត់​នៅ​តំបន់​ភ្នំ​ក្បែរ​នោះ​ដែរ។ ឡាបាន់​បាន​ចូល​ទៅ​ជួប​យ៉ាកុប ២៦ ហើយ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​ម្ដេច​ក៏​កូន​ធ្វើ​បែប​នេះ? ហេតុ​អ្វី​កូន​បញ្ឆោត​ពុក ហើយ​នាំ​កូន​ស្រី​ពុក​ចេញ​ទៅ​ដូច​ជា​គេ​ចាប់​ឈ្លើយ​ក្នុង​ចម្បាំង​ដូច្នេះ? ២៧ ហេតុ​អ្វី​កូន​ប្រព្រឹត្ត​ដោយ​ឧបាយ ហើយ​លួច​រត់​ដោយ​ស្ងាត់​ៗ មិន​ឲ្យ​ពុក​ដឹង​យ៉ាង​នេះ? បើ​កូន​ឲ្យ​ពុក​ដឹង​មុន ពុក​ច្បាស់​ជា​ជូន​ដំណើរ​កូន​ដោយ​អរ​សប្បាយ ទាំង​មាន​ការ​ច្រៀង និង​លេង​ពិណ ព្រម​ទាំង​វាយ​ស្គរ​ផង។ ២៨ ប៉ុន្តែ កូន​មិន​បាន​ផ្ដល់​ឱកាស​ឲ្យ​ពុក​ថើប​លា​កូន​ស្រី​ពុក​និង​ចៅ​ៗ​ទេ។ កូន​ប្រព្រឹត្ត​បែប​នេះ​គឺ​ផ្ដេស​ផ្ដាស​ណាស់! ២៩ តាម​ពិត ពុក​អាច​ធ្វើ​បាប​កូន​បាន តែ​ព្រះ​នៃ​ឪពុក​កូន​បាន​មាន​ប្រសាសន៍​មក​កាន់​ពុក​កាល​ពី​យប់​មិញ​ថា​៖ ‹ចូរ​ប្រយ័ត្ន​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅ​កាន់​យ៉ាកុប ទោះ​ល្អ​ឬ​អាក្រក់​ក្ដី›។+ ៣០ បើ​កូន​ចង់​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​កូន​វិញ កូន​ទៅ​ក៏​ទៅ​ចុះ តែ​ម្ដេច​ក៏​កូន​លួច​យក​រូប​ព្រះ​របស់​ពុក​ដូច្នេះ?​»។+

៣១ យ៉ាកុប​បាន​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​បាន​ចាក​ចេញ​ដោយ​ស្ងាត់​ៗ ព្រោះ​ខ្ញុំ​ខ្លាច​ថា​លោក​ឪពុក​មក​ដណ្ដើម​យក​កូន​ស្រី​លោក​ឪពុក​វិញ។ ៣២ បើ​លោក​ឪពុក​រក​ឃើញ​រូប​ព្រះ​របស់​លោក​ឪពុក​នៅ​ជា​មួយ​នឹង​អ្នក​ណា សូម​ឲ្យ​អ្នក​នោះ​ស្លាប់​ចុះ។ សូម​លោក​ឪពុក​ឆែក​មើល​នៅ​ចំពោះ​មុខ​បង​ប្អូន​របស់​យើង​រាល់​គ្នា បើ​រក​ឃើញ​អ្វី​ដែល​ជា​របស់​លោក​ឪពុក សូម​យក​ទៅ​វិញ​ទៅ​»។ យ៉ាកុប​និយាយ​ដូច្នោះ ដោយ​សារ​គាត់​មិន​បាន​ដឹង​ថា​រ៉ាជែល​បាន​លួច​រូប​ព្រះ​ទាំង​នោះ​ទេ។ ៣៣ ដូច្នេះ ឡាបាន់​បាន​ចូល​ទៅ​ឆែក​ក្នុង​ត្រសាល​របស់​យ៉ាកុប និង​ត្រសាល​របស់​លេអា ព្រម​ទាំង​ត្រសាល​របស់​ស្រី​បម្រើ​ទាំង​ពីរ​នាក់+ តែ​គាត់​រក​មិន​ឃើញ​ទេ។ បន្ទាប់​មក គាត់​ចូល​ទៅ​ឆែក​ក្នុង​ត្រសាល​របស់​រ៉ាជែល​ទៀត។ ៣៤ រ៉ាជែល​បាន​យក​រូប​ព្រះ​ទាំង​នោះ​ដាក់​ក្នុង​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ ហេតុ​នេះ ទោះ​ជា​ឡាបាន់​ខំ​រក​មើល​ពេញ​ត្រសាល​នាង ក៏​រក​មិន​ឃើញ​ដែរ។ ៣៥ ពេល​នោះ នាង​បាន​និយាយ​ទៅ​កាន់​ឪពុក​ថា​៖ ​«​សូម​លោក​ឪពុក កុំ​ខឹង​កូន​អី ព្រោះ​កូន​មិន​អាច​ក្រោក​ទទួល​លោក​ឪពុក​បាន​ទេ ដោយ​សារ​កូន​កំពុង​មាន​រដូវ​»។+ ដូច្នេះ ឡាបាន់​បាន​ឆែក​យ៉ាង​ហ្មត់​ចត់ តែ​រក​មិន​ឃើញ​រូប​ព្រះ​ទាំង​នោះ​ទេ។+

៣៦ ក្រោយ​ឆែក​រួច យ៉ាកុប​ចាប់​ផ្ដើម​ខឹង​នឹង​ឡាបាន់ ហើយ​និយាយ​រិះ​គន់​ថា​៖ ​«​តើ​ខ្ញុំ​បាន​ធ្វើ​ខុស​អ្វី​បាន​ជា​លោក​ឪពុក​មក​តាម​រក​រឿង​ខ្ញុំ​ដូច្នេះ? ៣៧ ឥឡូវ លោក​ឪពុក​បាន​ឆែក​មើល​របស់​របរ​ខ្ញុំ​អស់​ហើយ តើ​លោក​ឪពុក​បាន​រក​ឃើញ​អ្វី​ដែល​ជា​របស់​លោក​ឪពុក​ទេ? បើ​មាន សូម​យក​មក​ដាក់​នៅ​ចំពោះ​មុខ​បង​ប្អូន​យើង​ទាំង​អស់​គ្នា​ចុះ ដើម្បី​ឲ្យ​ពួក​គេ​វិនិច្ឆ័យ​យើង​ទាំង​ពីរ​នាក់​ថា​តើ​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ។ ៣៨ ក្នុង​អំឡុង​ពេល​២០​ឆ្នាំ​ដែល​ខ្ញុំ​ធ្វើ​ការ​ឲ្យ​លោក​ឪពុក ចៀម​និង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​រលូត​កូន​ឡើយ+ ហើយ​ខ្ញុំ​ក៏​មិន​ដែល​បរិភោគ​ចៀម​ស្ទាវ​ណា​មួយ​របស់​លោក​ឪពុក​ដែរ។ ៣៩ ពេល​ណា​សត្វ​សាហាវ​ខាំ​សម្លាប់​សត្វ​ណា​មួយ​របស់​លោក​ឪពុក ខ្ញុំ​មិន​ដែល​យក​សត្វ​នោះ​មក​ឲ្យ​លោក​ឪពុក​ទេ+ តែ​ខ្ញុំ​យក​សត្វ​របស់​ខ្ញុំ​មក​សង​ជំនួស​វិញ។ ទោះ​ចោរ​លួច​សត្វ​របស់​លោក​ឪពុក នៅ​ពេល​ថ្ងៃ​ឬពេល​យប់​ក៏​ដោយ លោក​ឪពុក​តែង​តែ​ទាម​ទារ​ឲ្យ​ខ្ញុំ​សង​ជា​និច្ច។ ៤០ នៅ​ពេល​ថ្ងៃ ខ្ញុំ​ទ្រាំ​ធ្វើ​ការ​ទាំង​ក្ដៅ ហើយ​នៅ​ពេល​យប់​ខ្ញុំ​ទ្រាំ​ធ្វើ​ការ​ទាំង​រងា ថែម​ទាំង​អត់​ងងុយ​ជា​ញឹក​ញយ។+ ៤១ ខ្ញុំ​បាន​ធ្វើ​ការ​ឲ្យ​លោក​ឪពុក​អស់​២០​ឆ្នាំ គឺ​១៤​ឆ្នាំ​ដើម្បី​បាន​កូន​ស្រី​ទាំង​ពីរ​នាក់​របស់​លោក​ឪពុក និង​៦​ឆ្នាំ​ដើម្បី​បាន​ហ្វូង​សត្វ​ជា​ថ្លៃ​ឈ្នួល តែ​លោក​ឪពុក​បាន​ដូរ​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ​អស់​១០​ដង​ហើយ។+ ៤២ បើ​ព្រះ​នៃ​អាប្រាហាំ និង​ព្រះ​នៃ​អ៊ីសាក​ដែល​ជា​ឪពុក+ខ្ញុំ​គោរព​កោត​ខ្លាច+ មិន​បាន​នៅ​ជា​មួយ​ខ្ញុំ​ទេ នោះ​លោក​ឪពុក​មុខ​ជា​ឲ្យ​ខ្ញុំ​ចាក​ចេញ​ទៅ​ដោយ​ដៃ​ទទេ​ហើយ។ ព្រះ​បាន​ឃើញ​ការ​នឿយ​ហត់​និង​ទុក្ខ​លំបាក​ទាំង​អស់​របស់​ខ្ញុំ។ ហេតុ​នេះ​ហើយ​បាន​ជា​យប់​មិញ ព្រះ​បាន​ព្រមាន​លោក​ឪពុក​»។+

៤៣ បន្ទាប់​មក ឡាបាន់​បាន​ឆ្លើយ​តប​ថា​៖ ​«​កូន​ស្រី​ទាំង​ពីរ​នាក់​នេះ​ជា​កូន​របស់​ពុក ចៅ​ៗ​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហើយ​ហ្វូង​សត្វ​ទាំង​នេះ​ក៏​ជា​របស់​ពុក​ដែរ ថែម​ទាំង​អ្វី​ៗ​ទាំង​អស់​ដែល​កូន​ឃើញ​នៅ​ទី​នេះ សុទ្ធតែ​ជា​របស់​ពុក និង​របស់​កូន​ស្រី​ពុក។ តើ​ពុក​អាច​ធ្វើ​បាប​កូន​ចៅ​ខ្លួន​ម្ដេច​នឹង​កើត​ទៅ? ៤៤ ឥឡូវ​សូម​ឲ្យ​យើង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ទៅ​ជា​សាក្សី​រវាង​យើង​ទាំង​ពីរ​»។ ៤៥ ដូច្នេះ យ៉ាកុប​បាន​យក​ថ្ម​មួយ មក​បញ្ឈរ​ធ្វើ​ជា​បង្គោល។+ ៤៦ បន្ទាប់​មក យ៉ាកុប​បាន​ប្រាប់​បង​ប្អូន​គាត់​ថា​៖ ​«​សូម​យក​ថ្ម​មក!​»។ ពួក​គេ​ក៏​បាន​យក​ថ្ម​មក​ដាក់​គរ​លើ​គ្នា រួច​ពួក​គេ​ទាំង​អស់​គ្នា​បាន​បរិភោគ​អាហារ​នៅ​លើ​គំនរ​ថ្ម​នោះ។ ៤៧ ឡាបាន់​បាន​ហៅ​កន្លែង​នោះ​ថា​យេកាសាហាឌូថា* តែ​យ៉ាកុប​បាន​ហៅ​កន្លែង​នោះ​ថា​កាលេត។*

៤៨ បន្ទាប់​នោះ ឡាបាន់​បាន​និយាយ​ថា​៖ ​«​ចាប់​ពី​ថ្ងៃ​នេះ​ទៅ គំនរ​ថ្ម​នេះ​នឹង​ទៅ​ជា​សាក្សី​រវាង​យើង​ទាំង​ពីរ​»។ ហេតុ​នេះ​ហើយ​បាន​ជា​កន្លែង​នោះ​ត្រូវ​គេ​ហៅ​ថា​កាលេត+ ៤៩ និង​ប៉ម​យាម ព្រោះ​ឡាបាន់​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​មើល​យើង​ទាំង​ពីរ កាល​ដែល​យើង​នៅ​ឆ្ងាយ​ពី​គ្នា។ ៥០ បើ​កូន​ធ្វើ​បាប​កូន​ស្រី​ពុក ហើយ​យក​ប្រពន្ធ​ថែម​ទៀត សូម​ចាំ​ថា​ទោះ​ជា​គ្មាន​អ្នក​ណា​ឃើញ​កូន​ក៏​ដោយ តែ​ព្រះ​មើល​ឃើញ ព្រោះ​លោក​ជា​សាក្សី​នៃ​យើង​ទាំង​ពីរ​»។ ៥១ ឡាបាន់​បាន​និយាយ​បន្ត​ទៀត​ថា​៖ ​«​មើល! នេះ​ជា​គំនរ​ថ្ម ហើយ​នោះ​ជា​បង្គោល​ថ្ម​ដែល​ពុក​បាន​ដំឡើង​នៅ​ចន្លោះ​យើង​ទាំង​ពីរ។ ៥២ គំនរ​ថ្ម​និង​បង្គោល​នេះ នឹង​ធ្វើ​ជា​សញ្ញា​សម្គាល់​រវាង​យើង​ទាំង​ពីរ+ គឺ​ថា​ពុក​នឹង​មិន​ឆ្លង​ទៅ​ហួស​ពី​គំនរ​ថ្ម​នេះ ដើម្បី​ទៅ​ធ្វើ​បាប​កូន​ទេ ហើយ​កូន​ក៏​មិន​ត្រូវ​ឆ្លង​មក​ហួស​ពី​គំនរ​ថ្ម​និង​បង្គោល​នេះ ដើម្បី​មក​ធ្វើ​បាប​ពុក​ដែរ។ ៥៣ សូម​ឲ្យ​ព្រះ​នៃ​អាប្រាហាំ+ និង​ណេឃ័រ និង​ជា​ព្រះ​នៃ​ឪពុក​របស់​ពួក​គាត់ វិនិច្ឆ័យ​រវាង​យើង​ទាំង​ពីរ​»។ ដូច្នេះ យ៉ាកុប​បាន​ព្រម​ស្បថ​នឹង​ឡាបាន់ ដោយ​នូវ​នាម​ព្រះ​នៃ​អ៊ីសាក​ដែល​ជា​ឪពុក​គាត់​គោរព​កោត​ខ្លាច។+

៥៤ ក្រោយ​នោះ យ៉ាកុប​បាន​ជូន​គ្រឿង​បូជា​នៅ​លើ​ភ្នំ ហើយ​បាន​អញ្ជើញ​បង​ប្អូន​គាត់​ឲ្យ​បរិភោគ​អាហារ​ជា​មួយ​គ្នា។ ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​បរិភោគ​អាហារ ហើយ​ស្នាក់​នៅ​លើ​ភ្នំ​នោះ​អស់​មួយ​យប់។ ៥៥ លុះ​ព្រលឹម​ស្រាង​ៗ ឡាបាន់​បាន​ក្រោក​ឡើង ហើយ​ថើប​លា​កូន​ស្រី​និង​ចៅ​ៗ​+ ព្រម​ទាំង​ជូន​ពរ​ពួក​គេ។+ រួច​គាត់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ។+

៣២ បន្ទាប់​មក យ៉ាកុប​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​ពួក​ទេវតា​របស់​ព្រះ​បាន​លេច​មក​ជួប​គាត់។ ២ ពេល​យ៉ាកុប​ឃើញ​ទេវតា​របស់​ព្រះ​ភ្លាម គាត់​បាន​និយាយ​ថា​៖ ​«​នេះ​ច្បាស់​ជា​ជំរំ​របស់​ព្រះ​ហើយ!​»។ ដូច្នេះ គាត់​បាន​ហៅ​កន្លែង​នោះ​ថា​ម៉ាហាណែម។*

៣ រួច​មក យ៉ាកុប​បាន​ចាត់​អ្នក​នាំ​សារ​របស់​គាត់ ឲ្យ​ទៅ​ជួប​អេសាវ​បង​គាត់​នៅ​ស្រុក​សៀ+ក្នុង​ទឹក​ដី​អេដំ+ ៤ ហើយ​គាត់​បង្គាប់​ពួក​គេ​ថា​៖ ​«​អ្នក​ត្រូវ​និយាយ​ទៅ​កាន់​អេសាវ​ជា​ម្ចាស់​ខ្ញុំ​ថា​៖ ‹យ៉ាកុប​ជា​អ្នក​បម្រើ​លោក​ចង់​ជម្រាប​លោក​ថា​៖ ​«​ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​នឹង​ឡាបាន់​អស់​រយៈ​ពេល​យ៉ាង​យូរ។+ ៥ ខ្ញុំ​បាន​ទទួល​ហ្វូង​គោ* ហ្វូង​ចៀម ហ្វូង​លា និង​អ្នក​បម្រើ​ប្រុស​ស្រី​ជា​ច្រើន។+ ខ្ញុំ​ផ្ញើ​សារ​នេះ​ដល់​លោក​ម្ចាស់​ដើម្បី​សុំ​សេចក្ដី​មេត្តា​ពី​លោក​»​›​»។

៦ លុះ​ក្រោយ​មក ពួក​អ្នក​នាំ​សារបាន​ត្រឡប់​មក​ជួប​យ៉ាកុប​វិញ ហើយ​ប្រាប់​គាត់​ថា​៖ ​«​យើង​បាន​ជួប​អេសាវ​បង​របស់​លោក​ហើយ។ គាត់​កំពុង​ធ្វើ​ដំណើរ​មក​ជួប​លោក​ដោយ​មាន​ពួក​បុរស​៤០០​នាក់​មក​ជា​មួយ​ដែរ​»។+ ៧ ពេល​ឮ​ដូច្នេះ យ៉ាកុប​ភ័យ​ខ្លាច​ណាស់ ហើយ​ខ្វល់​ចិត្ត​ជា​ខ្លាំង។+ ដូច្នេះ គាត់​បាន​បែង​ចែក​ពួក​អ្នក​ដែល​មក​ជា​មួយ​គាត់​ជា​ពីរ​ក្រុម ព្រម​ទាំង​បែង​ចែក​ហ្វូង​ចៀម ហ្វូង​ពពែ ហ្វូង​គោ និង​ហ្វូង​អូដ្ឋ​ជា​ពីរ​ក្រុម​ដែរ។ ៨ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​បើ​អេសាវ​មក​វាយ​ប្រហារ​លើ​ក្រុម​មួយ ក្រុម​មួយ​ទៀត​អាច​រត់​គេច​បាន​»។

៩ ក្រោយ​នោះ យ៉ាកុប​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ជា​ព្រះ​នៃ​អាប្រាហាំ​និង​អ៊ីសាក​ឪពុក​របស់​ខ្ញុំ លោក​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ស្រុក​របស់​ខ្ញុំ​និង​សាច់​ញាតិ​ខ្ញុំ​វិញ ហើយ​លោក​សន្យា​ថា​នឹង​ប្រព្រឹត្ត​ល្អ​មក​លើ​ខ្ញុំ។+ ១០ ខ្ញុំ​មិន​សម​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​សេចក្ដី​សប្បុរស​ដែល​លោក​បាន​បង្ហាញ​ចំពោះ​ខ្ញុំ​ទេ+ ព្រោះ​ពេល​ដែល​ខ្ញុំ​ឆ្លង​ទន្លេយ៉ូដាន់​ចេញ​ទៅ គឺ​មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ តែ​ឥឡូវ​ខ្ញុំ​មាន​អ្វី​ៗ​ជា​ច្រើន​រហូត​ដល់​ខ្ញុំ​អាច​បែង​ចែក​ជា​ពីរ​ក្រុម​ធំ​ៗ​បាន។+ ១១ សូម​លោក​ជួយ​សង្គ្រោះ​ខ្ញុំ+ពី​អេសាវ​ជា​បង​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ខ្លាច​គាត់​មក​វាយ​ប្រហារ​ខ្ញុំ+និង​ប្រពន្ធ​កូន​ខ្ញុំ។ ១២ លោក​ធ្លាប់​ប្រាប់​ខ្ញុំ​ថា​លោក​នឹង​ប្រព្រឹត្ត​ល្អ​មក​លើ​ខ្ញុំ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​កូន​ចៅ*ខ្ញុំ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​ក្នុង​សមុទ្រ​ដែល​មិន​អាច​រាប់​បាន​ឡើយ​»។+

១៣ យ៉ាកុប​បាន​សម្រាក​នៅ​ទី​នោះ​មួយ​យប់។ រួច​គាត់​បាន​យក​ទ្រព្យ​របស់​គាត់​មួយ​ចំនួន ទុក​ធ្វើ​ជា​អំណោយ​ដល់​អេសាវ។+ ១៤ អំណោយ​ទាំង​នោះ​មាន ពពែ​ញី​២០០​ក្បាល ពពែ​ឈ្មោល​២០​ក្បាល ចៀម​ញី​២០០​ក្បាល ចៀម​ឈ្មោល​២០​ក្បាល ១៥ អូដ្ឋ​ទាំង​មេ​ទាំង​កូន​ចំនួន​៣០​ក្បាល គោ​ញី​៤០​ក្បាល គោ​ឈ្មោល​១០​ក្បាល លា​ញី​២០​ក្បាល និង​លា​ឈ្មោល​ពេញ​កម្លាំង​១០​ក្បាល។+

១៦ បន្ទាប់​មក គាត់​បាន​ឲ្យ​ពួក​អ្នក​បម្រើ​នាំ​យក​សត្វ​ទាំង​នោះ​ទៅ​តាម​ក្រុម ហើយ​គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ធ្វើ​ដំណើរ​ទៅ​មុន​ខ្ញុំ​ទៅ! អ្នក​រាល់​គ្នា​ត្រូវ​នាំ​ហ្វូង​សត្វ​ទាំង​នោះ​ធ្វើ​ដំណើរ​តាម​ហ្វូង​ដាច់​ៗ​ពី​គ្នា​»។ ១៧ មុន​ធ្វើ​ដំណើរ គាត់​បាន​ប្រាប់​ក្រុម​ទី​១​ថា​៖ ​«​បើ​អេសាវ​បង​ខ្ញុំ​សួរ​ថា​៖ ‹តើ​ចៅហ្វាយ​របស់​អ្នក​ជា​អ្នក​ណា? តើ​អ្នក​កំពុង​ទៅ​ណា ហើយ​ហ្វូង​សត្វ​ទាំង​នេះ​ជា​របស់​អ្នក​ណា?›។ ១៨ អ្នក​ត្រូវ​ឆ្លើយ​ថា​៖ ‹ចៅហ្វាយ​ខ្ញុំ​ជា​យ៉ាកុប​ដែល​ជា​អ្នក​បម្រើ​លោក ហើយ​នេះ​ជា​អំណោយ​ដែល​គាត់​ជូន​លោក​ម្ចាស់។+ ឯ​គាត់​វិញ គាត់​កំពុង​ធ្វើ​ដំណើរ​មក​តាម​ក្រោយ​យើង›​»។ ១៩ គាត់​ក៏​ប្រាប់​ក្រុម​ទី​២ ក្រុម​ទី៣ និង​ក្រុម​បន្ត​បន្ទាប់​ថា​៖ ​«​ពេល​អ្នក​ជួប​អេសាវ អ្នក​ត្រូវ​និយាយ​ដូច​នេះ​ដែរ។ ២០ អ្នក​ក៏​ត្រូវ​និយាយ​ថា​៖ ‹យ៉ាកុប​ចៅហ្វាយ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក គាត់​កំពុង​ធ្វើ​ដំណើរ​មក​តាម​ក្រោយ​យើង›​»។ យ៉ាកុប​ផ្ដាំ​ដូច្នេះ ដោយ​សារ​គាត់​បាន​គិត​ក្នុង​ចិត្ត​ថា​៖ ‹អំណោយ​ទាំង​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​បង​ខ្ញុំ​ស្ងប់​ចិត្ត+ ដូច្នេះ​ពេល​ខ្ញុំ​ទៅ​ដល់ គាត់​ប្រហែល​ជា​ទទួល​ខ្ញុំ​ដោយ​រាក់​ទាក់​ហើយ›។ ២១ ម្ល៉ោះ​ហើយ គាត់​បាន​ឲ្យ​ពួក​គេ​យក​អំណោយ​ទៅ​មុន តែ​នៅ​យប់​នោះ គាត់​ស្នាក់​នៅ​កន្លែង​ដែល​គាត់​បោះ​ជំរំ។

២២ ក្រោយ​មក គាត់​ក្រោក​ឡើង​ទាំង​យប់ នាំ​ប្រពន្ធ​ទាំង​ពីរ+ និង​ស្រី​បម្រើ​ទាំង​ពីរ+ ព្រម​ទាំង​កូន​ប្រុស​១១​នាក់ ឆ្លង​អូរ​យ៉ាបុក​ត្រង់​កន្លែង​រាក់។+ ២៣ ក្រោយ​ពី​គាត់​នាំ​ពួក​គេ​ឆ្លង​រួច គាត់​ក៏​បាន​យក​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​ទៅ​ជា​មួយ​ដែរ។

២៤ ពេល​យ៉ាកុប​នៅ​ម្នាក់​ឯង មាន​បុរស​ម្នាក់​មក​បោក​ចំបាប់​ជា​មួយ​នឹង​គាត់​រហូត​ដល់​ទៀប​ភ្លឺ។+ ២៥ ពេល​បុរស​នោះ​ឃើញ​ថា​គាត់​មិន​ឈ្នះ​យ៉ាកុប គាត់​ក៏​បាន​លូក​ដៃ​ទៅ​ប៉ះ​សន្លាក់​ឆ្អឹង​ត្រគាក​របស់​យ៉ាកុប ស្រាប់​តែ​ឆ្អឹង​នោះ​ភ្លាត់​ចេញ​ពី​សន្លាក់ ហើយ​យ៉ាកុប​ក៏​ថ្លោះ​ត្រគាក​ទៅ។+ ២៦ បុរស​នោះ​និយាយ​ថា​៖ ​«​លែង​ខ្ញុំ​ទៅ ព្រោះ​មេឃ​ជិត​ភ្លឺ​ហើយ​»។ ប៉ុន្តែ យ៉ាកុប​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​លែង​អ្នក​ទេ ទាល់​តែ​អ្នក​ឲ្យ​ពរ​ខ្ញុំ​សិន​»។+ ២៧ ដូច្នេះ បុរស​នោះ​សួរ​ថា​៖ ​«​តើ​អ្នក​ឈ្មោះ​អ្វី?​»។ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឈ្មោះ​យ៉ាកុប​»។ ២៨ រួច​បុរស​នោះ​និយាយ​ថា​៖ ​«​ឈ្មោះ​អ្នក​លែង​ជា​យ៉ាកុប​ទៀត​ហើយ តែ​ជា​អ៊ីស្រាអែល*+វិញ ព្រោះ​អ្នក​បាន​បោក​ចំបាប់​ជា​មួយ​ព្រះ+និង​មនុស្ស ហើយ​បាន​ឈ្នះ​»។ ២៩ យ៉ាកុប​បាន​សួរ​បុរស​នោះ​ថា​៖ ​«​សូម​ប្រាប់​ខ្ញុំ តើ​អ្នក​មាន​ឈ្មោះ​អ្វី?​»។ បុរស​នោះ​តប​វិញ​ថា​៖ ​«​ហេតុ​អ្វី​ក៏​អ្នក​ចង់​ស្គាល់​ឈ្មោះ​ខ្ញុំ?​»។+ រួច​បុរស​នោះ​បាន​ឲ្យ​ពរ​យ៉ាកុប។ ៣០ ហេតុ​នេះ យ៉ាកុប​បាន​ហៅ​កន្លែង​នោះ​ថា​ភើណែល*+ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​ព្រះ​នៅ​ទល់​មុខ តែ​ខ្ញុំ​នៅ​មាន​ជីវិត​»។+

៣១ កាល​គាត់​បាន​ឆ្លង​ផុត​ពេនួល* ថ្ងៃ​ក៏​រះ​ឡើង។ គាត់​ដើរ​ដោយ​ដំណើរ​ខ្ញើច​ៗ ព្រោះ​គាត់​ថ្លោះ​ត្រគាក។+ ៣២ ហេតុ​នេះ​ហើយ​បាន​ជា​រហូត​មក​ដល់​សព្វ​ថ្ងៃ ជន​ជាតិ​អ៊ីស្រាអែល​មិន​មាន​ទម្លាប់​បរិភោគ​សរសៃ​ដែល​នៅ​ជុំ​វិញ​សន្លាក់​ឆ្អឹង​ត្រគាក​សត្វ​ទេ ព្រោះ​បុរស​នោះ​បាន​ប៉ះ​សន្លាក់​ឆ្អឹង​ត្រគាក​របស់​យ៉ាកុប​ត្រង់​សរសៃ ហើយ​ធ្វើ​ឲ្យ​គាត់​ថ្លោះ​ត្រគាក។

៣៣ យ៉ាកុប​បាន​ឃើញ​អេសាវ​ពី​ចម្ងាយ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​រក​គាត់ ដោយ​មាន​បុរស​៤០០​នាក់​មក​ជា​មួយ។+ ឃើញ​ដូច្នោះ គាត់​បាន​បែង​ចែក​ប្រពន្ធ​កូន​របស់​គាត់​ដោយ​ឡែក​ពី​គ្នា គឺ​លេអា​និង​កូន​ៗ រ៉ាជែល​និង​កូន​ៗ ព្រម​ទាំង​ស្រី​បម្រើ​ទាំង​ពីរ​និង​កូន​ៗ។+ ២ គាត់​បាន​ឲ្យ​ស្រី​បម្រើ​ទាំង​ពីរ​និង​កូន​ៗ​ដើរ​ខាង​មុខ+ ហើយ​ឲ្យ​លេអា​និង​កូន​ៗ​នាង​ដើរ​បន្ទាប់+ រួច​មក​ឲ្យ​រ៉ាជែល+និង​យ៉ូសែប​ដើរ​ខាង​ក្រោយ​បង្អស់។ ៣ ចំណែក​យ៉ាកុប​វិញ គាត់​បាន​ដើរ​ខាង​មុខ​ពួក​គេ។ កាល​ដែល​គាត់​ដើរ​ឆ្ពោះ​ទៅ​អេសាវ គាត់​បាន​ដើរ​បណ្ដើរ​និង​ក្រាប​គោរព​បណ្ដើរ រហូត​ដល់​៧​ដង។

៤ ឯ​អេសាវ គាត់​រត់​ទៅ​ជួប​យ៉ាកុប ហើយ​ឱប​និង​ថើប​គាត់ រួច​ពួក​គេ​បាន​យំ​ជា​មួយ​គ្នា។ ៥ ពេល​អេសាវ​បាន​ឃើញ​ស្ត្រី​និង​ក្មេង​ៗ គាត់​ក៏​សួរ​ថា​៖ ​«​តើ​ពួក​គេ​ជា​អ្នក​ណា?​»។ យ៉ាកុប​ក៏​ឆ្លើយ​ថា​៖ ​«​នោះ​ជា​កូន​ៗ​របស់​ខ្ញុំ ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​»។+ ៦ ពេល​នោះ ស្រី​បម្រើ​និង​កូន​ៗ​របស់​ពួក​នាង បាន​ដើរ​ទៅ​ក្រាប​គោរព​អេសាវ។ ៧ បន្ទាប់​មក លេអា​និង​កូន​ៗ​របស់​នាង បាន​ដើរ​ចូល​ទៅ​ក្រាប​គោរព។ ក្រោយ​បង្អស់ រ៉ាជែល​និង​យ៉ូសែប​ក៏​ដើរ​ចូល​ទៅ ហើយ​ក្រាប​គោរព​ដែរ។+

៨ អេសាវ​បាន​សួរ​ថា​៖ ​«​ហេតុ​អ្វី​ប្អូន​បាន​ចាត់​ក្រុម​អ្នក​ដំណើរ​ឲ្យ​នាំ​អំណោយ​មកឲ្យ​បង​ដូច្នេះ?​»។+ យ៉ាកុប​បាន​ឆ្លើយ​ថា​៖ ​«​ដើម្បី​ទទួល​ការ​សន្ដោស​ប្រណី​ពី​បង​»។+ ៩ រួច​អេសាវ​បាន​និយាយ​ថា​៖ ​«​ប្អូន​អើយ! បង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ហើយ។+ សូម​ប្អូន​ទុក​សម្រាប់​ខ្លួន​ចុះ​»។ ១០ ប៉ុន្តែ យ៉ាកុប​បាន​និយាយ​ថា​៖ ​«​ទេ បើ​បង​សន្ដោស​ប្រណី​ដល់​ខ្ញុំ សូម​បង​ទទួល​យក​អំណោយ​ទាំង​នេះ​ចុះ ព្រោះ​ខ្ញុំ​បាន​យក​មក​ជូន​បង ដើម្បី​ខ្ញុំ​អាច​ឃើញ​មុខ​បង។ ពេល​បាន​ឃើញ​មុខ​បង​ប្រៀប​ដូច​ជា​ខ្ញុំ​បាន​ឃើញ​មុខ​ព្រះ ដោយ​សារ​បង​បាន​ទទួល​ខ្ញុំ​ដោយ​អំណរ។+ ១១ ដូច្នេះ សូម​បង​ទទួល​យក​អំណោយ*ទាំង​នេះ​ចុះ+ ព្រោះ​ព្រះ​បាន​ពេញ​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ការ​»។+ យ៉ាកុប​ចេះ​តែ​ទទូច​ឲ្យ​អេសាវ​ទទួល ដូច្នេះ​អេសាវ​ក៏​ព្រម​ទទួល​ទៅ។

១២ ក្រោយ​មក អេសាវ​បាន​និយាយ​ថា​៖ ​«​តោះ​យើង​ចេញ​ដំណើរ​ទៅ។ បង​នឹង​នាំ​មុខ​ប្អូន​»។ ១៣ ប៉ុន្តែ យ៉ាកុប​បាន​និយាយ​ទៅ​កាន់​អេសាវ​ថា​៖ ​«​ដូច​បង​ដឹង​ស្រាប់​ហើយ កូន​ៗ​ខ្ញុំ​សុទ្ធតែ​នៅ​តូច+ ហើយ​ហ្វូង​ចៀម​និង​ហ្វូង​គោ​ក៏​នៅ​បំបៅ​កូន​ដែរ។ បើ​បង្ខំ​ឲ្យ​ធ្វើ​ដំណើរ​ពេញ​មួយ​ថ្ងៃ ហ្វូង​សត្វ​ទាំង​អស់​មុខ​ជា​ស្លាប់​អស់​មិន​ខាន។ ១៤ សូម​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ។ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​យឺត​ៗ​តាម​កម្លាំង​កូន​ក្មេង និង​ហ្វូង​សត្វ។ រួច​ខ្ញុំ​នឹង​ជួប​បង​នៅ​តំបន់​សៀ​»។+ ១៥ បន្ទាប់​មក អេសាវ​បាន​និយាយ​ថា​៖ ​«​បើ​ដូច្នេះ បង​នឹង​ទុក​ពួក​អ្នក​បម្រើ​ខ្លះ​របស់​បង ឲ្យ​នៅ​ជា​មួយ​នឹង​ប្អូន​»។ យ៉ាកុប​បាន​ឆ្លើយ​ថា​៖ ​«​បង​មិន​ចាំ​បាច់​ធ្វើ​ដូច្នេះ​ទេ ខ្ញុំ​បាន​ទទួល​ការ​សន្ដោស​ប្រណី​ពី​បង នោះ​គឺ​ល្មម​គ្រប់​គ្រាន់​ហើយ​»។ ១៦ ម្ល៉ោះ​ហើយ នៅ​ថ្ងៃ​នោះ​អេសាវ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​តំបន់​សៀ​វិញ។

១៧ ឯ​យ៉ាកុប គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​សិកូត+ ហើយ​សង់​ជម្រក​មួយ​នៅ​ទី​នោះ ព្រម​ទាំង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា​សិកូត។*

១៨ ក្រោយ​ពី​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​ប៉ាដាន់​អេរ៉ាម+ យ៉ាកុប​បាន​ទៅ​ដល់​ក្រុង​ស៊ីគឹម+ក្នុង​ទឹក​ដី​កាណាន​ដោយ​សុវត្ថិភាព។+ រួច​គាត់​បាន​បោះ​ជំរំ​នៅ​ជិត​ក្រុង​នោះ។ ១៩ យ៉ាកុប​បាន​ទិញ​ដី​មួយ​នៅ​កន្លែង​ដែល​គាត់​ដំឡើង​ត្រសាល​ពី​កូន​ចៅ​ហេម័រ​ជា​ឪពុក​ស៊ីគឹម ក្នុង​តម្លៃ​ប្រាក់​១០០​ដុំ។+ ២០ នៅ​ទី​នោះ គាត់​បាន​ធ្វើ​ទី​បូជា​មួយ ហើយ​បាន​ហៅ​ទី​បូជា​នោះ​ថា ព្រះ​នៃ​អ៊ីស្រាអែល។+

៣៤ ឯ​ឌីណា​ជា​កូន​យ៉ាកុប ដែល​កើត​ពី​លេអា+ នាង​មាន​ទម្លាប់​ទៅ​លេង​ជា​មួយ​នឹង​ពួក​កូន​ស្រី​របស់​អ្នក​ស្រុក​នោះ។+ ២ ក្នុង​ស្រុក​នោះ ហេម័រ​ជា​ជន​ជាតិ​ហេវី+ គាត់​ជា​មេ​ដឹក​នាំ​ម្នាក់ ហើយ​គាត់​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ស៊ីគឹម។ ថ្ងៃ​មួយ ស៊ីគឹម​បាន​ឃើញ​ឌីណា ហើយ​គាត់​បាន​ចាប់​នាង​យក​ទៅ​រំលោភ។ ៣ ស៊ីគឹម​បាន​ជាប់​ចិត្ត​ស្រឡាញ់​ឌីណា*ជា​ខ្លាំង ហើយ​គាត់​បាន​និយាយ​លួង​លោម​នាង។ ៤ ក្រោយ​មក គាត់​បាន​និយាយ​ទៅ​កាន់​ហេម័រ+ជា​ឪពុក​គាត់​ថា​៖ ​«​សូម​លោក​ឪពុក​ទៅ​ដណ្ដឹង​នាង​ឲ្យ​កូន​ផង​»។

៥ ពេល​យ៉ាកុប​បាន​ទទួល​ដំណឹង​ថា​ឌីណា​បាន​ត្រូវ​គេ​រំលោភ កូន​ប្រុស​ៗ​របស់​គាត់​នៅ​ឃ្វាល​ហ្វូង​សត្វ​នៅ​ឡើយ។ ដូច្នេះ គាត់​មិន​បាន​និយាយ​អ្វី​ឡើយ ចាំ​រហូត​ដល់​ពួក​គេ​ត្រឡប់​មក​វិញ។ ៦ ក្រោយ​មក ហេម័រ​ជា​ឪពុក​ស៊ីគឹម​បាន​ទៅ​និយាយ​ជា​មួយ​នឹង​យ៉ាកុប។ ៧ ពេល​កូន​ប្រុស​ៗ​របស់​យ៉ាកុប​បាន​ឮ​អំពី​រឿង​នោះ ពួក​គេ​ក៏​ប្រញាប់​ត្រឡប់​មក​វិញ។ ពួក​គេ​បាន​ខឹង​យ៉ាង​ខ្លាំង ព្រោះ​ស៊ីគឹម​បាន​ប្រព្រឹត្ត​មិន​គួរ​គប្បី+ ហើយ​ធ្វើ​ឲ្យ​អ៊ីស្រាអែល​រង​សេចក្ដី​អាម៉ាស់ ដោយ​សារ​តែ​គាត់​បាន​រំលោភ​ឌីណា។+

៨ ហេម័រ​បាន​និយាយ​ទៅ​កាន់​យ៉ាកុប​និង​កូន​ប្រុស​ៗ​គាត់​ថា​៖ ​«​ស៊ីគឹម​កូន​ខ្ញុំ​ស្រឡាញ់​កូន​ស្រី​អ្នក​ខ្លាំង​ណាស់។ សូម​លើក​នាង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ។ ៩ សូម​ឲ្យ​យើង​ចង​សម្ព័ន្ធភាព​នឹង​គ្នា​ដោយ​ចំណង​អាពាហ៍​ពិពាហ៍។ សូម​អ្នក​ឲ្យ​កូន​ស្រី​ៗ​របស់​អ្នក​រៀប​ការ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​យើង ហើយ​យើង​នឹង​ឲ្យ​កូន​ស្រី​ៗ​របស់​យើង​រៀប​ការ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​អ្នក​វិញ។+ ១០ អ្នក​អាច​រស់​នៅ​កន្លែង​ណា​ក៏​បាន​ក្នុង​ចំណោម​យើង​ក្នុង​ស្រុក​នេះ ហើយ​អ្នក​អាច​ធ្វើ​ជំនួញ​ជា​មួយ​នឹង​យើង​ដែរ​»។ ១១ បន្ទាប់​មក ស៊ីគឹម​បាន​និយាយ​ទៅ​កាន់​យ៉ាកុប​និង​បង​ៗ​ឌីណា​ថា​៖ ​«​សូម​បង្ហាញ​សេចក្ដី​មេត្តា​ដល់​ខ្ញុំ​ផង ទោះ​ជា​អ្នក​តម្រូវ​អ្វី​ក៏​ដោយ ខ្ញុំ​ព្រម​ប្រគល់​ឲ្យ​ទាំង​អស់។ ១២ អ្នក​អាច​បង្គាប់​ថ្លៃ​បណ្ដាការ​និង​ជំនូន​ច្រើន​ប៉ុន​ណា​ក៏​បាន+ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម ឲ្យ​តែ​អ្នក​ព្រម​លើក​នាង​ឲ្យ​ខ្ញុំ​»។

១៣ ដោយ​សារ​ស៊ីគឹម​បាន​រំលោភ​ឌីណា នោះ​កូន​ប្រុស​ៗ​របស់​យ៉ាកុប​បាន​ឆ្លើយ​តប​នឹង​ពួក​គេ​ដោយ​ឧបាយ​កល​ថា​៖ ១៤ ​«​យើង​មិន​អាច​លើក​ប្អូន​ស្រី​ឲ្យ​រៀប​ការ​នឹង​បុរស​ដែល​មិន​កាត់​ចុង​ស្បែក​ទេ+ ព្រោះ​នេះ​នាំ​ឲ្យ​យើង​មាន​សេ​ច​ក្ដី​អាម៉ាស់​ណាស់។ ១៥ យើង​យល់​ព្រម​ប្រគល់​នាង​ឲ្យ​អ្នក លុះ​ត្រា​តែ​អ្នក​ទាំង​ពីរ​និង​ពួក​ប្រុស​ៗ​ក្នុង​ក្រុង កាត់​ចុង​ស្បែក​ដូច​យើង​ដែរ។+ ១៦ ដូច្នេះ យើង​នឹង​ឲ្យ​កូន​ស្រី​ៗ​របស់​យើង​រៀប​ការ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​អ្នក ហើយ​យើង​នឹង​យក​កូន​ស្រី​ៗ​របស់​អ្នក​មក​ធ្វើ​ជា​ប្រពន្ធ។ យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​អ្នក ហើយ​យើង​នឹង​រួម​គ្នា​ជា​ប្រជា​ជាតិ​តែ​មួយ។ ១៧ ប៉ុន្តែ បើ​អ្នក​មិន​ព្រម​ធ្វើ​តាម​សំណើ​យើង​ទេ យើង​នឹង​យក​ប្អូន​ស្រី​យើង​ទៅ​វិញ ហើយ​ចាក​ចេញ​ពី​ទី​នេះ​»។

១៨ ហេម័រ+និង​ស៊ីគឹម​ពេញ​ចិត្ត​នឹង​សំណើ​របស់​ពួក​គេ។+ ១៩ ស៊ីគឹម​បាន​ធ្វើ​តាម​សំណើ​នោះ​ដោយ​មិន​បង្អែ​បង្អង់+ ព្រោះ​គាត់​ស្រឡាញ់​ឌីណា​ខ្លាំង​ណាស់។ ស៊ីគឹម​ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន​បំផុត​ក្នុង​ក្រុម​គ្រួសារ​ឪពុក​គាត់។

២០ ហេម័រ​និង​ស៊ីគឹម​បាន​ទៅ​ខ្លោង​ទ្វារ​ក្រុង ហើយ​ប្រាប់​ពួក​បុរស​នៅ​ទី​នោះ+ថា​៖ ២១ ​«​ពួក​អ្នក​ទាំង​នោះ​ចង់​ចង​សម្ព័ន្ធភាព​នឹង​យើង។ ដូច្នេះ ចូរ​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​ពួក​គេ​រស់​នៅ ហើយ​ធ្វើ​ជំនួញ​ក្នុង​ស្រុក​យើង​ចុះ ព្រោះ​ស្រុក​យើង​ធំ​ទូលាយ។ យើង​អាច​យក​កូន​ស្រី​របស់​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ ហើយ​យើង​ក៏​អាច​លើក​កូន​ស្រី​របស់​យើង​ឲ្យ​ពួក​គេ​វិញ​ដែរ។+ ២២ ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង ហើយ​រួប​រួម​នឹង​យើង​ជា​ប្រជា​ជាតិ​តែ​មួយ បើ​ពួក​ប្រុស​ៗ​ទាំង​អស់​របស់​យើង​ព្រម​កាត់​ចុង​ស្បែក​ដូច​ពួក​គេ​ដែរ។+ ២៣ បើ​យើង​យល់​ព្រម ទ្រព្យ​សម្បត្តិ​និង​ហ្វូង​សត្វ​ទាំង​អស់​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​របស់​យើង។ ដូច្នេះ សូម​ឲ្យ​យើង​ធ្វើ​តាម​សំណើ​របស់​ពួក​គេ​ចុះ​»។ ២៤ ក្រោយ​ពី​ឮ​ដូច្នោះ ពួក​បុរស​ដែល​នៅ​ខ្លោង​ទ្វារ​ក្រុង​បាន​ព្រម​តាម​ហេម័រ​និង​ស៊ីគឹម។ ម្ល៉ោះ​ហើយ ពួក​ប្រុស​ៗ​ទាំង​អស់​នៅ​ក្នុង​ក្រុង​បាន​នាំ​គ្នា​កាត់​ចុង​ស្បែក។

២៥ ប៉ុន្តែ នៅ​ថ្ងៃ​ទី៣ កាល​ដែល​ពួក​បុរស​ទាំង​អស់​នៅ​ក្នុង​ក្រុង​កំពុង​នៅ​ឈឺ ហើយ​មិន​បាន​ត្រៀម​ខ្លួន នោះ​កូន​ប្រុស​ពីរ​នាក់​របស់​យ៉ាកុប​ឈ្មោះ​ស៊ីម្មាន​និង​លេវី+ដែល​ត្រូវ​ជា​បង​ប្រុស​របស់​ឌីណា បាន​កាន់​ដាវ​ចូល​ទៅ​សម្លាប់​ពួក​គេ​ទាំង​អស់​ទៅ។+ ២៦ ក្រោយ​ពី​សម្លាប់​ហេម័រ​និង​ស៊ីគឹម ពួក​គេ​បាន​ចូល​ទៅ​ផ្ទះ​ស៊ីគឹម រួច​នាំ​ឌីណា​ចាក​ចេញ​ពី​ទី​នោះ។ ២៧ ឯ​កូន​ប្រុស​ៗ​ឯ​ទៀត​របស់​យ៉ាកុប ពួក​គេ​បាន​ចូល​ក្នុង​ក្រុង​ដែរ។ ពួក​គេ​បាន​ឃើញ​សាក​សព​ពួក​បុរស​ទាំង​នោះ ហើយ​ក៏​ប្រមូល​យក​របស់​របរ​ទាំង​អស់​ក្នុង​ក្រុង​នោះ ព្រោះ​ប្អូន​ស្រី​ពួក​គេ​បាន​ត្រូវ​បន្ទាប​បន្ថោក។+ ២៨ ពួក​គេ​បាន​ចាប់​យក​ហ្វូង​ចៀម ហ្វូង​ពពែ ហ្វូង​គោ ហ្វូង​លា ព្រម​ទាំង​អ្វី​ទាំង​អស់​នៅ​ក្នុង​ក្រុង​និង​នៅ​ឯ​វាល។ ២៩ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ចាប់​ប្រពន្ធ​និង​កូន​តូច​ៗ​របស់​អ្នក​ក្រុង​នោះ ហើយ​ប្រមូល​យក​ទ្រព្យ​សម្បត្តិ និង​របស់​របរ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ផ្ទះ។

៣០ ពេល​យ៉ាកុប​ឮ​ដំណឹង​នេះ គាត់​បាន​និយាយ​ទៅ​កាន់​ស៊ីម្មាន​និង​លេវី​ថា​៖+ ​«​កូន​ទាំង​ពីរ​បាន​នាំ​ឲ្យ​មាន​រឿង​ធំ​ដល់​ពុក​ហើយ ព្រោះ​ជន​ជាតិ​កាណាន​និង​ជន​ជាតិ​ពេរិស៊ីត​ច្បាស់​ជា​ស្អប់ខ្ពើម​ពុក​មិន​ខាន។ ពួក​គេ​នឹង​ពួត​ដៃ​គ្នា​មក​វាយ​ប្រហារ​ពុក។ ពុក​និង​ក្រុម​គ្រួសារ​នឹង​ត្រូវ​វិនាស​ជា​មិន​ខាន ព្រោះ​ពុក​មាន​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ​»។ ៣១ ប៉ុន្តែ ពួក​គេ​បាន​ឆ្លើយ​ថា​៖ ​«​តើ​គួរ​ឲ្យ​គេ​ប្រព្រឹត្ត​មក​លើ​ប្អូន​ស្រី​ពួក​ខ្ញុំ​ដូច​ជា​ស្រី​ពេស្យា​ឬ?​»។

៣៥ ក្រោយ​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​ក្នុង​ក្រុង​បេតអែល+ នៅ​ទី​នោះ ចូរ​ធ្វើ​ទី​បូជា​មួយ​ជូន​ព្រះ​ពិត ជា​ព្រះ​ដែល​បាន​លេច​មក​ជួប​អ្នក កាល​ដែល​អ្នក​រត់​គេច​ពី​អេសាវ​បង​របស់​អ្នក​»។+

២ បន្ទាប់​មក យ៉ាកុប​បាន​ប្រាប់​ក្រុម​គ្រួសារ​គាត់ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់​ថា​៖ ​«​ចូរ​ប្រមូល​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ​យក​ទៅ​បោះ​ចោល+ រួច​សម្អាត​ខ្លួន ហើយ​ផ្លាស់​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​ទៅ។ ៣ ចូរ​យើង​ឡើង​ទៅ​ក្រុង​បេតអែល នៅ​ទី​នោះ​ខ្ញុំ​នឹង​សង់​ទី​បូជា​មួយ​ជូន​ព្រះ​ពិត ជា​ព្រះ​ដែល​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ក្នុង​គ្រា​ដែល​ខ្ញុំ​មាន​ទុក្ខ​លំបាក ហើយ​កន្លែង​ណា​ដែល​ខ្ញុំ​ទៅ លោក​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច​»។+ ៤ ដូច្នេះ ពួក​គេ​បាន​ប្រគល់​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ និង​ក្រវិល​របស់​ពួក​គេ​ឲ្យ​ដល់​យ៉ា​កុប។ រួច​យ៉ាកុប​បាន​យក​ទៅ​កប់​នៅ​ក្រោម​ដើម​ឈើ​ធំ​មួយ​ក្បែរ​ក្រុង​ស៊ីគឹម។

៥ បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ទៅ ហើយ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ ព្រះ​បានធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។ ហេតុនេះ អ្នក​ទាំង​នោះ​មិន​ហ៊ាន​ដេញ​តាម​យ៉ាកុប​និង​កូន​ចៅ​របស់​គាត់​ទេ។ ៦ ក្រោយ​មក យ៉ាកុប​និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់ បាន​មក​ដល់​ក្រុង​លូស+ជា​ក្រុង​បេតអែល​ក្នុង​ស្រុក​កាណាន។ ៧ នៅ​ទី​នោះ គាត់​បាន​សង់​ទី​បូជា​មួយ ហើយ​គាត់​បាន​ហៅ​កន្លែង​នោះ​ថា​អែលបេតអែល* ព្រោះ​នៅ​ទី​នោះ​ព្រះ​ពិត​បាន​លេច​មក​ជួប​គាត់​កាល​ដែល​គាត់​រត់​គេច​ពី​បង​ប្រុស​របស់​គាត់។+ ៨ ក្រោយ​មក ដេបូរ៉ា+ជា​មេ​ដោះរបស់​រេបិកា​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រោម​ដើម​ឈើ​ធំ​មួយ*ជិត​ក្រុង​បេតអែល។ ដូច្នេះ គាត់​បាន​ហៅ​ដើម​នោះ​ថា​អាល់ឡនបាកុត។*

៩ ក្នុង​អំឡុង​ពេល​យ៉ាកុប​ធ្វើ​ដំណើរ​ពី​តំបន់​ប៉ាដាន់​អេ​រ៉ាម ព្រះ​បាន​លេច​មក​ជួប​គាត់​ម្ដង​ទៀត ហើយ​លោក​បាន​ឲ្យ​ពរ​គាត់។ ១០ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ឈ្មោះ​អ្នក​លែង​ជា​យ៉ាកុប+ទៀត​ហើយ តែ​ជា​អ៊ីស្រាអែល​វិញ​»។ ដូច្នេះ តាំង​ពី​នោះ​មក​ព្រះ​បាន​ហៅ​គាត់​ថា​អ៊ីស្រាអែល។+ ១១ ព្រះ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។+ ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង។ ប្រជា​ជាតិ​ជា​ច្រើន+និង​បណ្ដា​ស្ដេច​នឹង​កើត​ចេញ​ពី​អ្នក។+ ១២ ឯ​ទឹក​ដី​ដែល​ខ្ញុំ​បាន​ឲ្យ​អាប្រាហាំ​និង​អ៊ីសាក ខ្ញុំ​នឹង​ប្រគល់​ឲ្យ​អ្នក​និង​កូន​ចៅ*អ្នក​ត​រៀង​ទៅ​»។+ ១៣ ក្រោយ​មាន​ប្រសាសន៍​រួច ព្រះ​ក៏​ចាក​ចេញ​ពី​គាត់​ទៅ។

១៤ ដូច្នេះ យ៉ាកុប​បាន​បញ្ឈរ​បង្គោល​ថ្ម​មួយ​នៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​មក​គាត់។ រួច​គាត់​បាន​ច្រួច​គ្រឿង​បូជា​ជា​ស្រា​និង​ចាក់​ប្រេង​នៅ​លើ​បង្គោល​នោះ។+ ១៥ យ៉ាកុប​នៅ​តែ​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​មក​កាន់​គាត់​ថា​បេតអែល។+

១៦ បន្ទាប់​មក ពួក​គេ​បាន​ចាក​ចេញ​ពី​បេតអែល។ មុន​ទៅ​ដល់​ក្រុង​អេ​ប្រា រ៉ាជែល​បាន​ឈឺ​ពោះ​សម្រាល​កូន​ទាំង​ពិបាក​ជា​ខ្លាំង។ ១៧ កាល​ដែល​នាង​កំពុង​សម្រាល​កូន​ទាំង​ឈឺ​ចាប់ ឆ្មប​បាន​ប្រាប់​នាង​ថា​៖ ​«​កុំ​ខ្លាច​អី! អ្នក​អាច​សម្រាល​កូន​ប្រុស​នេះ​បាន​»។+ ១៨ ពេល​នោះ រ៉ាជែល​ហៀបនឹង​ស្លាប់។ ប៉ុន្តែ មុន​នាង​ផុត​ដង្ហើម នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​បេនអូណាយ* តែ​យ៉ាកុប​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​បេនយ៉ាមីន*វិញ។+ ១៩ ដូច្នេះ រ៉ាជែល​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​អេ​ប្រា ជា​ក្រុង​បេថ្លេហិម។+ ២០ យ៉ាកុប​បាន​បញ្ឈរ​បង្គោល​ថ្ម​មួយ​លើ​ផ្នូរ​របស់​រ៉ាជែល។ បង្គោល​នោះ​នៅ​មាន​រហូត​ដល់​សព្វ​ថ្ងៃ។

២១ ក្រោយ​នោះ អ៊ីស្រាអែល​បាន​បន្ត​ដំណើរ ហើយ​បាន​ទៅ​ដំឡើង​ត្រសាល​នៅ​កន្លែង​មួយ ហួស​ពី​ប៉ម​អ៊ីឌើរ។ ២២ អ៊ីស្រាអែល​បាន​ស្នាក់​នៅ​តំបន់​នោះ​អស់​មួយ​រយៈ។ មាន​ថ្ងៃ​មួយ រូបេន​បាន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ប៊ីលហា​ជា​ប្រពន្ធ​បន្ទាប់​របស់​ឪពុក​គាត់។ អ៊ីស្រាអែល​ជា​ឪពុក​ក៏​បាន​ឮ​អំពី​រឿង​នោះ​ដែរ។+

យ៉ាកុប​មាន​កូន​ប្រុស​១២​នាក់។ ២៣ កូន​ដែល​កើត​ពី​លេអា​មាន រូបេន​ជា​កូន​ច្បង+ ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សេប៊ូឡូន។ ២៤ កូន​ដែល​កើត​ពី​រ៉ាជែល​មាន យ៉ូសែប និង​បេនយ៉ាមីន។ ២៥ កូន​ដែល​កើត​ពី​ប៊ីលហា​ជា​អ្នក​បម្រើ​របស់​រ៉ាជែល​មាន ដាន់ និង​ណែបថាលី។ ២៦ កូន​ដែល​កើត​ពី​ស៊ីលផា​ជា​អ្នក​បម្រើ​របស់​លេអា​មាន កាដ និង​អេស៊ើរ។ ពួក​គេ​ទាំង​អស់​នេះ​ជា​កូន​របស់​យ៉ាកុប​ដែល​កើត​នៅ​តំបន់​ប៉ាដាន់​អេរ៉ាម។

២៧ ទី​បំផុត យ៉ាកុប​បាន​ទៅ​ដល់​ម៉ាមរេ​ជា​កន្លែង​ដែល​អ៊ីសាក​ឪពុក​គាត់​រស់​នៅ+ ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង​គារីអាតអាបា​ជា​ក្រុង​ហេប្រុន។ នៅ​ទី​នោះ អាប្រាហាំ​និង​អ៊ីសាក​បាន​ស្នាក់​នៅ​ជា​ជន​បរទេស។+ ២៨ អ៊ីសាក​រស់​បាន​១៨០​ឆ្នាំ+ ២៩ រួច​គាត់​បាន​ស្លាប់​ទៅ។ គាត់​មាន​អាយុ​វែង ហើយ​ស្កប់​ស្កល់​នឹង​ជីវិត​ខ្លួន។ អេសាវ​និង​យ៉ាកុប​ជា​កូន ក៏​បាន​បញ្ចុះ​សព​គាត់។+

៣៦ នេះ​ជា​ជីវប្រវត្ដិ​របស់​អេសាវ​ដែល​ជា​អេដំ។+

២ អេសាវ​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​អ្នក​ស្រុក​កាណាន គឺ​នាង​អាដា+ជា​កូន​របស់​អ៊ីឡន​ជា​ជន​ជាតិ​ហេត+ និង​នាង​អូហូលីបាម៉ា+ជា​កូន​របស់​អេណា ត្រូវ​ជា​ចៅ​ស៊ីបៀន​ដែល​ជា​ជន​ជាតិ​ហេវី។ ៣ អេសាវ​ក៏​បាន​រៀប​ការ​ជា​មួយ​នឹង​នាង​បាសេម៉ាត+ ជា​កូន​ស្រី​របស់​អ៊ីសម៉ាអែល ហើយ​ត្រូវ​ជា​ប្អូន​ស្រី​របស់​ណេបេយ៉ោត។+

៤ នាង​អាដា​បាន​បង្កើត​អេលីផាស​ឲ្យ​អេសាវ។ ចំណែក​នាង​បាសេម៉ាត​បាន​បង្កើត​រូអាល់។

៥ ឯ​អូហូលីបាម៉ា​បាន​បង្កើត​យេអឺស យ៉ាឡាម និង​កូរ៉ា។+

ពួក​គេ​ជា​កូន​របស់​អេសាវ​ដែល​កើត​ក្នុង​ស្រុក​កាណាន។ ៦ ក្រោយ​មក អេសាវ​បាន​នាំ​ប្រពន្ធ​កូន សមាជិក​ក្រុម​គ្រួសារ​គាត់​ទាំង​អស់ និង​ហ្វូង​សត្វ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​គាត់​រក​បាន+ក្នុង​ស្រុក​កាណាន រួច​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​កន្លែង​មួយ​ដាច់​ឆ្ងាយ​ពី​យ៉ាកុប​ប្អូន​ប្រុស​របស់​គាត់។+ ៧ នេះ​គឺ​ដោយ​សារ​ទ្រព្យ​សម្បត្តិ​របស់​អេសាវ​និង​យ៉ាកុប​មាន​កាន់​តែ​ច្រើន។ ឯ​ហ្វូង​សត្វ​របស់​ពួក​គេ​ក៏​ចេះ​តែ​កើន​ឡើង​ដែរ។ ម្ល៉ោះ​ហើយ ដី​នៅ​ក្នុង​ស្រុក​នោះ​មិន​ធំ​ល្មម​សម្រាប់​ចិញ្ចឹម​ហ្វូង​សត្វ​របស់​ពួក​គេ​ទេ។ ៨ ដូច្នេះ អេសាវ​បាន​រើ​ទៅ​រស់​នៅ​តំបន់​ភ្នំ​សៀ។+ អេសាវ​មាន​ឈ្មោះ​មួយ​ទៀត​គឺ​អេដំ។+

៩ នេះ​ជា​ជីវប្រវត្ដិ​របស់​អេសាវ ជា​បុព្វ​បុរស​របស់​ពួក​អេដំ ដែល​រស់​នៅ​តំបន់​ភ្នំ​សៀ។+

១០ នេះ​ជា​ឈ្មោះ​ប្រពន្ធ​កូន​របស់​អេសាវ។ នាង​អាដា​បង្កើត​អេលីផាស នាង​បាសេម៉ាត​បង្កើត​រូអាល់។+

១១ កូន​របស់​អេលីផាស​មាន ថេម៉ាន+ អូម៉ា សេបផូ កាថាម និង​កេណាស។+ ១២ អេលីផាស​មាន​ប្រពន្ធ​បន្ទាប់​ឈ្មោះ​ធីមណា។ ក្រោយ​មក នាង​បាន​បង្កើត​អាម៉ាលេក​ឲ្យ​គាត់។+ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​របស់​នាង​អាដា ប្រពន្ធ​អេសាវ។

១៣ កូន​របស់​រូអាល់​មាន ណាហាត សេរ៉ា សាម៉ា និង​មីសសា។ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​របស់​នាង​បាសេម៉ាត+ ប្រពន្ធ​អេសាវ។

១៤ ឯ​នាង​អូហូលីបាម៉ា​ដែល​ជា​ប្រពន្ធ​របស់​អេសាវ នាង​ជា​កូន​ស្រី​របស់​អេណា ត្រូវ​ជា​ចៅ​ស៊ីបៀន។ នាង​បាន​បង្កើត​យេអឺស យ៉ាឡាម និង​កូរ៉ា។

១៥ នេះ​ជា​បញ្ជី​ឈ្មោះ​មេ​កុលសម្ព័ន្ធ​ដែល​មក​ពី​កូន​ចៅ​របស់​អេសាវ។+ មេ​កុលសម្ព័ន្ធ​ដែល​ជា​កូនរបស់​អេលីផាស​ជា​កូន​ច្បង​របស់​អេសាវ​មាន ថេម៉ាន អូម៉ា សេបផូ កេណាស+ ១៦ កូរ៉ា កាថាម និង​អាម៉ាលេក។ ពួក​មេ​កុលសម្ព័ន្ធ​ទាំង​នេះ​ជា​កូន​របស់​អេលីផាស+ ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​អេដំ។ ពួក​គេ​ទាំង​នេះ​សុទ្ធតែ​ជា​កូន​ចៅ​នាង​អាដា។

១៧ មេ​កុលសម្ព័ន្ធ​ដែល​ជា​កូន​របស់​រូអាល់ ត្រូវ​ជា​កូន​របស់​អេសាវ​មាន ណាហាត សេរ៉ា សាម៉ា និង​មីសសា។ ពួក​មេ​កុលសម្ព័ន្ធ​ទាំង​នេះ​ជា​កូន​របស់​រូអាល់ ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​អេដំ+ ហើយ​សុទ្ធតែ​ជា​កូន​ចៅ​របស់​នាង​បាសេម៉ាត ប្រពន្ធ​អេសាវ។

១៨ មេ​កុលសម្ព័ន្ធ​ដែល​ជា​កូន​ចៅ​នាង​អូហូលីបាម៉ា​ប្រពន្ធ​អេសាវ​មាន យេអឺស យ៉ាឡាម និង​កូរ៉ា។ នាង​អូហូលីបាម៉ា​ជា​កូន​ស្រី​របស់​អេណា។

១៩ មេ​កុលសម្ព័ន្ធ​ទាំង​នេះ​សុទ្ធតែ​ជា​កូន​ចៅ​របស់​អេសាវ​ដែល​ជា​អេដំ។+

២០ នេះ​ជា​បញ្ជី​ឈ្មោះ​របស់​កូន​ចៅ​សៀ​ជា​ជន​ជាតិ​ហូរី ជា​អ្នក​រស់​នៅ​ក្នុង​ស្រុក​នោះ។+ ពួក​គេ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ ឡូថាន សូបាល ស៊ីបៀន អេណា+ ២១ ឌីសុន អេសឺ និង​ឌីសាន។+ ពួក​គេ​ជា​មេ​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​ហូរី ហើយ​ជា​កូន​ចៅ​របស់​សៀ​ដែល​រស់​នៅ​ក្នុង​ស្រុក​អេដំ។

២២ កូន​របស់​ឡូថាន​មាន ហូរី និង​ហេម៉ាម ហើយ​ប្អូន​ស្រី*របស់​ឡូថាន​គឺ​ធីមណា។+

២៣ កូន​របស់​សូបាល​មាន អាល់វ៉ាន ម៉ាណាហាត អេបាល សេផូ និង​អូណាម។

២៤ កូន​របស់​ស៊ីបៀន​មាន+ អេយ៉ា និង​អេណា។ អេណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​ក្ដៅ​នៅ​តំបន់​ស្ងាត់​ជ្រងំ កាល​ដែល​គាត់​ឃ្វាល​ហ្វូង​លា​ឲ្យ​ស៊ីបៀន​ដែល​ជា​ឪពុក​គាត់។

២៥ កូន​របស់​អេណា​មាន ឌីសុន និង​នាង​អូហូលីបាម៉ា។

២៦ កូន​របស់​ឌីសុន​មាន ហេមដាន់ អេសបេន អ៊ីតរ៉ាន និង​កេរ៉ាន។+

២៧ កូន​របស់​អេសឺ​មាន ប៊ីលហាន សាអាវ៉ាន់ និង​អេកាន។

២៨ កូន​របស់​ឌីសាន​មាន អ៊ូស និង​អេរ៉ាន។+

២៩ នេះ​ជា​បញ្ជី​ឈ្មោះ​មេ​កុលសម្ព័ន្ធ​របស់​ជន​ជាតិ​ហូរី។ ពួក​គេ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ ឡូថាន សូបាល ស៊ីបៀន អេណា ៣០ ឌីសុន អេសឺ និង​ឌីសាន។+ ពួក​គេ​សុទ្ធតែ​ជា​មេ​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​ហូរី។ ពួក​គេ​គ្រប់​គ្រង​តាម​កុលសម្ព័ន្ធ​រៀង​ៗ​ខ្លួន ហើយ​រស់​នៅ​ក្នុង​ស្រុក​សៀ។

៣១ មុន​ពេល​មាន​ស្ដេច​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល+ នោះ​មាន​ស្ដេច​មួយ​ចំនួន​គ្រប់​គ្រង​លើ​ស្រុក​អេដំ+ ដូច​ជា​៖ ៣២ បេឡា​ជា​កូន​បេអ័រ​គ្រប់​គ្រង​នៅ​ក្រុង​ឌីនហាបា។ ៣៣ ក្រោយ​បេឡា​ស្លាប់ យ៉ូបាប​ជា​កូន​សេរ៉ា​ដែល​មក​ពី​ក្រុង​បូសរ៉ា បាន​គ្រប់​គ្រង​ជំនួស​គាត់។ ៣៤ ក្រោយ​យ៉ូបាប​ស្លាប់ ហ៊ូសាម​ដែល​មក​ពី​តំបន់​ថេម៉ាន បាន​គ្រប់​គ្រង​ជំនួស​គាត់។ ៣៥ ក្រោយ​ហ៊ូសាម​ស្លាប់ ហាដាត​ជា​កូន​បេដាត ដែល​បាន​វាយ​ឈ្នះ​ពួក​ម៉ាឌាន+ ក្នុង​ទឹក​ដី​ម៉ូអាប់ បាន​គ្រប់​គ្រង​ជំនួស​គាត់។ ក្រុង​របស់​គាត់​ឈ្មោះ​អាវីត។ ៣៦ ក្រោយ​ហាដាត​ស្លាប់ សាំឡា​ដែល​មក​ពី​ម៉ាសរេកា បាន​គ្រប់​គ្រង​ជំនួស​គាត់។ ៣៧ ក្រោយ​សាំឡា​ស្លាប់ សេល​ដែល​មក​ពី​ក្រុង​រេហូបូត​ដែល​នៅ​តាម​ដង​ទន្លេ បាន​គ្រប់​គ្រង​ជំនួស​គាត់។ ៣៨ ក្រោយ​សេល​ស្លាប់ បាលហាណាន់​ជា​កូន​អាកបូរ បាន​គ្រប់​គ្រង​ជំនួស​គាត់។ ៣៩ ក្រោយ​បាលហាណាន់​ស្លាប់ ហាដារ​បាន​គ្រប់​គ្រង​ជំនួស​គាត់។ ក្រុង​របស់​គាត់​ឈ្មោះ​ភេយូ។ ប្រពន្ធ​របស់​ហាដារ​ឈ្មោះ​មេហេថាបែល ជា​កូន​ម៉ាទ្រេត ហើយ​ត្រូវ​ជា​ចៅ​របស់​មេសាហាប។

៤០ ដូច្នេះ មេ​កុលសម្ព័ន្ធ​ដែល​មក​ពី​អេសាវ គ្រប់​គ្រង​តាម​ក្រុម​គ្រួសារ​តាម​តំបន់ ពួក​គេ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ ធីមណា អាល់វ៉ា យេថេត+ ៤១ អូហូលីបាម៉ា អេឡា ពិណុន ៤២ កេណាស ថេម៉ាន មីបសា ៤៣ ម៉ាកឌាល និង​អាយរ៉ាម។ ពួក​គេ​ទាំង​អស់​នេះ​គឺ​ជា​មេ​កុលសម្ព័ន្ធ​នៃ​ស្រុក​អេដំ ពួក​គេ​គ្រប់​គ្រង​តាម​តំបន់​ក្នុង​ទឹក​ដី​របស់​ខ្លួន។+ អេសាវ​ជា​បុព្វ​បុរស​របស់​ពួក​អេដំ។+

៣៧ យ៉ាកុប​បន្ត​រស់​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​គាត់​ធ្លាប់​រស់​នៅ​ជា​ជន​បរទេស។+

២ នេះ​ជា​កំណត់​ហេតុ​អំពី​ក្រុម​គ្រួសារ​របស់​យ៉ាកុប។

កាល​ដែល​យ៉ូសែប+មាន​អាយុ​១៧​ឆ្នាំ គាត់​បាន​ជួយ​ឃ្វាល​ហ្វូង​ចៀម+ជា​មួយ​នឹង​បង​ប្រុស​ៗ​របស់​គាត់។ ពួក​គេ​ជា​កូន​របស់​ប៊ីលហា+និង​ស៊ីលផា+ជា​ប្រពន្ធ​បន្ទាប់​របស់​ឪពុក​គាត់។ យ៉ូសែប​បាន​ប្រាប់​ឪពុក​អំពី​ទង្វើ​អាក្រក់​របស់​បង​ៗ​គាត់។ ៣ អ៊ីស្រាអែល​ស្រឡាញ់​យ៉ូសែប​ជាង​កូន​ៗ​ឯ​ទៀត+ ព្រោះ​យ៉ូសែប​បាន​កើត​មក​នៅ​ពេល​ដែល​គាត់​មាន​វ័យ​ចាស់​ហើយ។ អ៊ីស្រាអែល​បាន​ឲ្យ​គេ​ដេរ​អាវ​វែង​ស្អាត​មួយ​សម្រាប់​យ៉ូសែប។ ៤ ពេល​បង​ៗ​យ៉ូសែប​បាន​ឃើញ​ថា​ឪពុក​ស្រឡាញ់​គាត់​ជាង​ពួក​គេ នោះ​ពួក​គេ​ក៏​ចាប់​ផ្ដើម​ស្អប់​គាត់ ហើយ​មិន​ចង់​និយាយ​ដោយ​សប្បុរស​ដាក់​គាត់​ទេ។

៥ ថ្ងៃ​មួយ យ៉ូសែប​បាន​យល់​សប្ដិ ហើយ​គាត់​បាន​ប្រាប់​សុបិន​នោះ​ដល់​បង​ៗ​របស់​គាត់។+ នេះ​ធ្វើ​ឲ្យ​ពួក​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។ ៦ គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​មាន​សុបិន​មួយ​ចង់​ប្រាប់​បង​ៗ។ ៧ ខ្ញុំ​បាន​ឃើញ​ពួក​យើង​កំពុង​ចង​កណ្ដាប់​ស្រូវ​នៅ​កណ្ដាល​វាល​ស្រែ។ ពេល​នោះ កណ្ដាប់​ស្រូវ​ខ្ញុំ​ឈរ​ឡើង ហើយ​កណ្ដាប់​ស្រូវ​របស់​បង​ៗ​បាន​មក​ព័ទ្ធ​ជុំ​វិញ រួច​ឱន​គោរព​កណ្ដាប់​ស្រូវ​ខ្ញុំ​»។+ ៨ បង​ៗ​គាត់​បាន​តប​ថា​៖ ​«​តើ​ឯង​ចង់​តាំង​ខ្លួន​ជា​ស្ដេច​គ្រប់​គ្រង​លើ​យើង​ឬ?​»។+ ដូច្នេះ ពួក​គេ​រឹតតែ​ស្អប់​គាត់​ខ្លាំង​ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​គាត់​ប្រាប់​អំពី​សុបិន​នោះ។

៩ ក្រោយ​មក យ៉ូសែប​យល់​សប្ដិ​មួយ​ទៀត ហើយ​គាត់​ក៏​ប្រាប់​បង​ៗ​គាត់​ថា​៖ ​«​ខ្ញុំ​មាន​សុបិន​មួយ​ទៀត។ លើក​នេះ ខ្ញុំ​ឃើញ​ដួង​អាទិត្យ ដួង​ចន្ទ និង​ផ្កាយ​១១​ដួង មក​ក្រាប​គោរព​ខ្ញុំ​»។+ ១០ បន្ទាប់​មក គាត់​បាន​ប្រាប់​សុបិន​ដល់​ឪពុក ពេល​នោះ​បង​ប្អូន​គាត់​ក៏​នៅ​ជា​មួយ​ដែរ រួច​ឪពុក​គាត់​ស្ដី​បន្ទោស​គាត់​ថា​៖ ​«​កូន​យល់​សប្ដិ​ដូច​នេះ មាន​ន័យ​យ៉ាង​ណា? តើ​ឪពុក​ម្ដាយ​និង​បង​ប្អូន​កូន​នឹង​ត្រូវ​មក​ក្រាប​គោរព​កូន​ដែរ​ឬ?​»។ ១១ ឪពុក​គាត់​បាន​រក្សា​ទុក​ពាក្យ​ទាំង​នោះ​ក្នុង​ចិត្ត។ ឯ​បង​ៗ​គាត់​វិញ ពួក​គេ​ច្រណែន​នឹង​គាត់​យ៉ាង​ខ្លាំង។+

១២ នៅ​ពេល​មួយ បង​ៗ​យ៉ូសែប​បាន​ចេញ​ទៅ​ឃ្វាល​ហ្វូង​ចៀម​របស់​ឪពុក​នៅ​ក្បែរ​ក្រុង​ស៊ីគឹម។+ ១៣ ក្រោយ​មក អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​បង​ៗ​កូន​កំពុង​ឃ្វាល​ចៀម​នៅ​ក្បែរ​ក្រុង​ស៊ីគឹម។ ដូច្នេះ ពុក​ចង់​ឲ្យ​កូន​ទៅ​ឯ​ពួក​គេ​»។ យ៉ូសែប​បាន​ឆ្លើយ​ថា​៖ ​«​បាទ​លោក​ឪពុក!​»។ ១៤ អ៊ីស្រាអែល​បាន​បន្ថែម​ថា​៖ ​«​ចូរ​កូន​ទៅ​សួរ​សុខ​ទុក្ខ​បង​ៗ​កូន ហើយ​មើល​ថា​ហ្វូង​ចៀម​យ៉ាង​ណា​ដែរ រួច​នាំ​ដំណឹង​មក​ប្រាប់​ពុក​វិញ​»។ ក្រោយ​ពី​ប្រាប់​រួច គាត់​ក៏​ឲ្យ​យ៉ូសែប​ធ្វើ​ដំណើរ​ពី​ជ្រលង​ភ្នំ​ហេប្រុន+ទៅ​ក្រុង​ស៊ីគឹម។ ១៥ ពេល​យ៉ូសែប​កំពុង​ដើរ​ទៅ​មក​នៅ​ឯ​វាល មាន​បុរស​ម្នាក់​បាន​ឃើញ​គាត់ ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​កំពុង​រក​អ្នក​ណា​ដែរ?​»។ ១៦ គាត់​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​កំពុង​រក​បង​ៗ​ខ្ញុំ។ តើ​អ្នក​ដឹង​ថា​ពួក​គាត់​ឃ្វាល​ហ្វូង​ចៀម​នៅ​ឯ​ណា​ទេ?​»។ ១៧ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​ពួក​គេ​ចាក​ចេញ​ពី​ទី​នេះ​ហើយ។ ខ្ញុំ​ឮ​ពួក​គេ​និយាយ​គ្នា​ថា​៖ ‹តោះ​យើង​ទៅ​ក្រុង​ដូថាន់›​»។ ដូច្នេះ យ៉ូសែប​បាន​ទៅ​តាម ហើយ​ឃើញ​បង​ៗ​គាត់​នៅ​ទី​នោះ។

១៨ ពេល​យ៉ូសែប​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់ ពួក​គេ​បាន​ឃើញ​គាត់​ពី​ចម្ងាយ ហើយ​ពួក​គេ​រៀប​គម្រោង​សម្លាប់​គាត់​ចោល។ ១៩ ពួក​គេ​និយាយ​ថា​៖ ​«​នុ៎ះ​ន៏! មេ​យល់​សប្ដិ​មក​ហើយ។+ ២០ ចូរ​យើង​សម្លាប់​គាត់​ចោល ហើយ​បោះ​ទៅ​ក្នុង​អណ្ដូង​ទៅ។ រួច​យើង​នឹង​និយាយ​ថា​សត្វ​សាហាវ​បាន​ហែក​គាត់​ស៊ី​ហើយ។ ចាំ​មើល៍​ៗ សុបិន​គាត់​អាច​កើត​ឡើង​បាន​ឬ​មិន​បាន​»។ ២១ ឮ​ដូច្នេះ រូបេន+ព្យាយាម​ជួយ​សង្គ្រោះ​យ៉ូសែប ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​កុំ​សម្លាប់​គាត់​អី​»។+ ២២ គាត់​បាន​បន្ថែម​ថា​៖ ​«​ចូរ​បោះ​គាត់​ទៅ​ក្នុង​អណ្ដូង​នៅ​តំបន់​ស្ងាត់​ជ្រងំ​នេះ​ទៅ​បាន​ហើយ+ កុំ​ដល់​ថ្នាក់​សម្លាប់​គាត់​អី​»។+ រូបេន​និយាយ​ដូច្នេះ​ក្នុង​បំណង​ជួយ​សង្គ្រោះ​យ៉ូសែប ឲ្យ​ត្រឡប់​ទៅ​ឪពុក​គាត់​វិញ។

២៣ ពេល​យ៉ូសែប​បាន​ទៅ​ដល់​ភ្លាម បង​ៗ​គាត់​បាន​នាំ​គ្នា​ចាប់​គាត់​ដោះ​អាវ​វែង​ដ៏​ស្អាត​ចេញ+ ២៤ ហើយ​ពួក​គេ​យក​គាត់​ទៅ​បោះ​ក្នុង​អណ្ដូង​មួយ តែ​អណ្ដូង​នោះ​គ្មាន​ទឹក​ទេ។

២៥ រួច​មក ពួក​គេ​អង្គុយ​បរិភោគ​អាហារ។ ពេល​នោះ ពួក​គេ​ក្រឡេក​ទៅ​ឃើញ​ក្បួន​អូដ្ឋ​របស់​ពួក​អ៊ីសម៉ាអែល+ កំពុង​ធ្វើ​ដំណើរ​មក​ពី​ស្រុក​គីលាត។ ពួក​អ៊ីសម៉ាអែល​កំពុង​នាំ​យក​ជ័រ​ក្រអូប* ប្រេង​ក្រអូប* និង​សម្បក​ឈើ​ក្រអូប*+ ទៅ​ស្រុក​អេហ្ស៊ីប។ ២៦ យូដា​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​គាត់​ថា​៖ ​«​បើ​សម្លាប់​គាត់​ចោល យើង​គ្មាន​ចំណេញ​អី​ទេ ថែម​ទាំង​ត្រូវ​លាក់​បាំង​រឿង​នោះ​ទៀត​ផង។+ ២៧ ដូច្នេះ ចូរ​យើង​លក់​គាត់+ឲ្យ​ពួក​អ៊ីសម៉ាអែល​ទៅ។ កុំ​សម្លាប់​គាត់​អី ព្រោះ​គាត់​ជា​ប្អូន​យើង ជា​សាច់​ឈាម​យើង​ដែរ​»។ ម្ល៉ោះ​ហើយ ពួក​គេ​ក៏​ស្ដាប់​តាម​យោបល់​យូដា។ ២៨ ពួក​គេ​បាន​យោង​យ៉ូសែប​ឡើង​ពី​អណ្ដូង​វិញ ហើយ​លក់​គាត់​ឲ្យ​ពួក​ឈ្មួញ​អ៊ីសម៉ាអែល*+ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់។ ពួក​គេ​លក់​គាត់​ក្នុង​តម្លៃ​ប្រាក់​២០​ដុំ។+ បន្ទាប់​មក ពួក​ឈ្មួញ​ទាំង​នោះ​ក៏​នាំ​យ៉ូសែប​ទៅ​ស្រុក​អេហ្ស៊ីប។

២៩ ក្រោយ​មក រូបេន​បាន​ត្រឡប់​ទៅ​ឯ​អណ្ដូង​ទឹក​វិញ តែ​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​នោះ​ទេ ហើយ​គាត់​ក៏​ចាប់​ហែក​អាវ​ខ្លួន។ ៣០ រួច​គាត់​បាន​ទៅ​ជួប​ប្អូន​ៗ​គាត់ ហើយ​ស្រែក​ថា​៖ ​«​បាត់​យ៉ូសែប​ហើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ?​»។

៣១ ដូច្នេះ ពួក​គេ​បាន​នាំ​គ្នា​សម្លាប់​ពពែ​ឈ្មោល​មួយ ហើយ​យក​អាវ​វែង​ដ៏​ស្អាត​របស់​យ៉ូសែប​ទៅ​ជ្រលក់​ក្នុង​ឈាម​ពពែ​នោះ។ ៣២ ក្រោយ​មក ពួក​គេ​បាន​ផ្ញើ​អាវ​នោះ​ទៅ​ឲ្យ​ឪពុក ហើយ​ផ្ដាំ​ថា​៖ ​«​យើង​បាន​ប្រទះ​ឃើញ​អាវ​នេះ។ សូម​លោក​ឪពុក​ពិនិត្យ​មើល​អាវ​នេះ តើ​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន​ឬ​មិន​មែន​»។+ ៣៣ ក្រោយ​ពី​ពិនិត្យ​មើល​រួច អ៊ីស្រាអែល​បាន​ស្រែក​ថា​៖ ​«​នេះ​ជា​អាវ​កូន​ខ្ញុំ! សត្វ​សាហាវ​ច្បាស់​ជា​ហែក​ស៊ី​យ៉ូសែប​កូន​ខ្ញុំ​ហើយ!​»។ ៣៤ ដូច្នេះ យ៉ាកុប​បាន​ចាប់​ហែក​អាវ​ខ្លួន ហើយ​ស្លៀក​បាវ រួច​កាន់​ទុក្ខ​កូន​គាត់​អស់​ជា​យូរ​ថ្ងៃ។ ៣៥ កូន​ប្រុស​ស្រី​របស់​គាត់​បាន​ព្យាយាម​សម្រាល​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ស្ដាប់​ពាក្យ​សម្រាល​ទុក្ខ​របស់​ពួក​គេ​ទេ ហើយ​គាត់​នៅ​តែ​យំ​ស្ដាយ​ស្រណោះ​យ៉ូសែប។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​កាន់​ទុក្ខ​កូន​ខ្ញុំ​រហូត​ដល់​ថ្ងៃ​ខ្ញុំ​ស្លាប់!​»។*+

៣៦ ពេល​ទៅ​ដល់​ស្រុក​អេហ្ស៊ីប ពួក​ម៉ាឌាន​បាន​លក់​យ៉ូសែប​ឲ្យ​ប៉ូទីផា។ ប៉ូទីផា​ជា​មេ​អង្គរក្ស+ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ផារ៉ូ។+

៣៨ នៅ​គ្រា​នោះ យូដា​បាន​ចាក​ចេញ​ពី​បង​ប្អូន​គាត់ ហើយ​ទៅ​ដំឡើង​ត្រសាល​នៅ​ជិត​អ្នក​ក្រុង​អាឌូឡាម​ម្នាក់​ឈ្មោះ​ហ៊ីរ៉ា។ ២ នៅ​ទី​នោះ យូដា​បាន​ឃើញ​កូន​ស្រី​របស់​ស៊ូអា​ជា​ជន​ជាតិ​កាណាន។+ គាត់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ ហើយ​រួម​ដំណេក​ជា​មួយ​នាង។ ៣ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ យូដា​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​អ៊ើរ។+ ៤ នាង​ក៏​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត។ យូដា​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​អូណាន។ ៥ លុះ​កន្លង​ក្រោយ​មក នាង​ក៏​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត។ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​សេឡា។ ពេល​នាង​សម្រាល​កូន​នោះ យូដា​នៅ​ក្រុង​អាក់ស៊ីប។+

៦ ក្រោយ​មក យូដា​បាន​ឲ្យ​អ៊ើរ​កូន​ច្បង​គាត់ រៀប​ការ​ជា​មួយ​នឹង​នាង​ថេម៉ា។+ ៧ ប៉ុន្តែ អ៊ើរ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច្នេះ​ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រហារ​គាត់​ទៅ។ ៨ ហេតុ​នេះ យូដា​បាន​និយាយ​ទៅ​កាន់​អូណាន​ថា​៖ ​«​ចូរ​កូន​យក​បង​ថ្លៃ​កូន​ធ្វើ​ជា​ប្រពន្ធ ហើយ​រួម​ដំណេក​ជា​មួយ​នាង​ទៅ ដើម្បី​កូន​អាច​បន្ត​ពូជ​ឲ្យ​បង​របស់​កូន​»។+ ៩ ប៉ុន្តែ អូណាន​បាន​ដឹង​ថា​កូន​ដែល​កើត​មក នឹង​មិន​រាប់​ជា​កូន​របស់​គាត់​ទេ។+ ដូច្នេះ ពេល​គាត់​រួម​ដំណេក​ជា​មួយ​បង​ថ្លៃ គាត់​បាន​សម្រក់​ទឹក​កាម​ចោល​ទៅ​ដី ព្រោះ​មិន​ចង់​បន្ត​ពូជ​ឲ្យ​បង​គាត់។+ ១០ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​គាត់​ទេ ដូច្នេះ​លោក​បាន​ប្រហារ​គាត់​ដែរ។+ ១១ បន្ទាប់​មក យូដា​បាន​និយាយ​ទៅ​កាន់​ថេម៉ា​ជា​កូន​ប្រសា​ថា​៖ ​«​ចូរ​កូន​នៅ​មេ​ម៉ាយ ហើយ​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​របស់​កូន​សិន​ចុះ ទម្រាំ​ដល់​សេឡា​ធំ​ឡើង ពុក​នឹង​ឲ្យ​គាត់​ធ្វើ​ជា​ប្ដី​កូន​»។ យូដា​បាន​និយាយ​ដូច្នេះ ដោយ​សារ​គាត់​ខ្លាច​ថា​សេឡា​កូន​គាត់​នឹង​ស្លាប់​ដូច​កូន​មុន​ៗ​ដែរ។+ នាង​ថេម៉ា​ក៏​ធ្វើ​តាម ហើយ​ទៅ​រស់​នៅ​ជា​មួយ​នឹង​ឪពុក​របស់​នាង​វិញ។

១២ កន្លង​ក្រោយ​មក ប្រពន្ធ​យូដា+បាន​ស្លាប់ ហើយ​គាត់​បាន​កាន់​ទុក្ខ​នាង​អស់​មួយ​រយៈ។ បន្ទាប់​មក គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ធីមណា+ ជា​មួយ​នឹង​មិត្ត​ភក្ដិ​គាត់​ឈ្មោះ​ហ៊ីរ៉ា​ជា​អ្នក​ក្រុង​អាឌូឡាម។+ គាត់​ទៅ​ទី​នោះ​ដើម្បី​មើល​គេ​កាត់​រោម​ចៀម​របស់​គាត់។ ១៣ ពេល​នោះ មាន​គេ​ទៅ​ប្រាប់​ថេម៉ា​ថា​៖ ​«​ឪពុក​ក្មេក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាត់​រោម​ចៀម​នៅ​ក្រុង​ធីមណា​ហើយ​»។ ១៤ ពេល​ឮ​ដូច្នេះ នាង​បាន​ផ្លាស់​សម្លៀក​បំពាក់​ស្រី​មេ​ម៉ាយ​ចេញ ហើយ​បាន​យក​ស្បៃ​មក​គ្រលុំ​ក្បាល​និង​បាំង​មុខ។ រួច​នាង​ទៅ​អង្គុយ​នៅ​ច្រក​ចូល​អេណែម​តាម​ផ្លូវ​ទៅ​ក្រុង​ធីមណា ព្រោះ​នាង​បាន​ឃើញ​ថា​សេឡា​ធំ​ហើយ តែ​យូដា​មិន​បាន​ឲ្យ​គាត់​មក​ធ្វើ​ជា​ប្ដី​នាង​ទេ។+

១៥ ពេល​យូដា​បាន​ឃើញ​នាង គាត់​ស្មានថា​នាង​ជា​ស្រី​ពេស្យា ព្រោះ​នាង​បាន​យក​ស្បៃ​មក​បាំង​មុខ។ ១៦ យូដា​បាន​ចូល​ទៅ​ជិត​នាង ហើយ​និយាយ​ថា​៖ ​«​សូម​រួម​ដំណេក​ជា​មួយ​ខ្ញុំ​»។ គាត់​និយាយ​ដូច្នេះ ព្រោះ​គាត់​មិន​ដឹង​ថា​នាង​ជា​កូន​ប្រសា​របស់​គាត់​ទេ។+ នាង​បាន​សួរ​ថា​៖ ​«​បើ​ខ្ញុំ​ព្រម តើ​លោក​ឲ្យ​អ្វី​មក​ខ្ញុំ?​»។ ១៧ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​មក​ឲ្យ​នាង​»។ ប៉ុន្តែ នាង​បាន​សួរ​ទៀត​ថា​៖ ​«​តើ​លោក​មាន​របស់​អ្វី​បញ្ចាំ​ខ្ញុំ​ទេ ទម្រាំ​ដល់​ខ្ញុំ​ទទួល​ពពែ​នោះ?​»។ ១៨ ដូច្នេះ គាត់​សួរ​នាង​វិញ​ថា​៖ ​«​តើ​ខ្ញុំ​គួរ​បញ្ចាំ​អ្វី?​»។ នាង​ឆ្លើយ​ថា​៖ ​«​សូម​លោក​ទុក​ចិញ្ចៀន​ត្រា+និង​ខ្សែ ព្រម​ទាំង​ដំបង​ដែល​នៅ​ដៃ​លោក​ឲ្យ​ខ្ញុំ​»។ បន្ទាប់​មក យូដា​បាន​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​នាង ហើយ​ក៏​រួម​ដំណេក​ជា​មួយ​នាង​ទៅ។ នាង​ចាប់​មាន​ផ្ទៃ​ពោះ​ជា​មួយ​គាត់។ ១៩ ក្រោយ​មក នាង​បាន​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ចេញ​ទៅ។ នាង​បាន​ដោះ​ស្បៃ​ចេញ រួច​ពាក់​សម្លៀក​បំពាក់​ស្រី​មេ​ម៉ាយ​វិញ។

២០ ក្រោយ​មក យូដា​បាន​ផ្ញើ​កូន​ពពែ​តាម​មិត្ត​ភក្ដិ​របស់​គាត់​ជា​អ្នក​ក្រុង​អាឌូឡាម+ យក​ទៅ​ឲ្យ​នាង​ដើម្បី​លោះ​របស់​បញ្ចាំ​មក​វិញ។ ប៉ុន្តែ មិត្ត​ភក្ដិ​នោះ​រក​នាង​មិន​ឃើញ​សោះ។ ២១ រួច​គាត់​បាន​សួរ​ពួក​បុរស​នៅ​ទី​នោះ​ថា​៖ ​«​ស្រី​ពេស្យា*ដែល​ធ្លាប់​អង្គុយ​តាម​ផ្លូវ​នៅ​អេណែម តើ​នៅ​ឯ​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​មិន​ដែល​មាន​ស្រី​ពេស្យា​នៅ​ទី​នេះ​ទេ​»។ ២២ ក្រោយ​មក គាត់​បាន​ត្រឡប់​ទៅ​ជួប​យូដា​វិញ ហើយ​ប្រាប់​ថា​៖ ​«​ខ្ញុំ​រក​នាង​មិន​ឃើញ​សោះ ហើយ​អ្នក​នៅ​ទី​នោះ​ប្រាប់​ថា មិន​ដែល​មាន​ស្រី​ពេស្យា​នៅ​ទី​នេះ​ទេ​»។ ២៣ ដូច្នេះ យូដា​បាន​និយាយ​ថា​៖ ​«​ឲ្យ​នាង​យក​របស់​ទាំង​នោះ​ចុះ យើង​មិន​ចាំ​បាច់​សួរ​ដេញ​ដោល​ទៀត​ទេ ដើម្បី​កុំ​ឲ្យ​គេ​មើល​ងាយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​ហើយ តែ​រក​នាង​មិន​ឃើញ​»។

២៤ ប្រមាណ​បី​ខែ​ក្រោយ​មក មាន​គេ​មក​ប្រាប់​យូដា​ថា​៖ ​«​នាង​ថេម៉ា​កូន​ប្រសា​អ្នក ធ្វើ​ជា​ស្រី​ពេស្យា​ហើយ ឥឡូវ​នាង​ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ទៀត​ផង​»។ ឮ​ដូច្នោះ យូដា​បាន​និយាយ​ថា​៖ ​«​ចូរ​យក​នាង​ទៅ​សម្លាប់ ហើយ​ដុត​នាង​ចោល​ទៅ​»។+ ២៥ ពេល​គេ​កំពុង​នាំ​នាង​យក​ទៅ​សម្លាប់ នាង​បាន​ផ្ញើ​របស់​បញ្ចាំ​ទៅ​ឲ្យ​ឪពុក​ក្មេក ហើយ​ឲ្យ​គេ​នាំ​ដំណឹង​ទៅ​ប្រាប់​គាត់​ថា​៖ ​«​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ជា​មួយ​នឹង​ម្ចាស់​របស់​នេះ​»។ នាង​បន្ថែម​ទៀត​ថា​៖ ​«​សូម​លោក​ពិនិត្យ​មើល​ចិញ្ចៀន​ត្រា​និង​ខ្សែ ព្រម​ទាំង​ដំបង​នេះ ថា​ជា​របស់​អ្នក​ណា​»។+ ២៦ ក្រោយ​ពិនិត្យ​របស់​ទាំង​នោះ​រួច យូដា​បាន​និយាយ​ថា​៖ ​«​នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​ឲ្យ​សេឡា​ធ្វើ​ជា​ប្ដី​នាង​»។+ តាំង​ពី​ថ្ងៃ​នោះ​មក គាត់​មិន​បាន​រួម​ដំណេក​ជា​មួយ​នាង​ទៀត​ទេ។

២៧ លុះ​ដល់​គ្រប់​ខែ​ដែល​នាង​ថេម៉ា​ត្រូវ​សម្រាល មាន​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ​នាង។ ២៨ កាល​នាង​កំពុង​សម្រាល កូន​មួយ​បាន​លូក​ដៃ​ចេញ​មក។ ភ្លាម​នោះ ឆ្មប​បាន​យក​អំបោះ​ក្រហម​មក​ចង​ដៃ​គាត់ ហើយ​និយាយ​ថា​៖ ​«​កូន​នេះ​ជា​កូន​ច្បង​ហើយ​»។ ២៩ ប៉ុន្តែ កូន​នោះ​បាន​ដក​ដៃ​ចូល​វិញ ហើយ​កូន​មួយ​ទៀត​បាន​កើត​មក​មុន។ ដូច្នេះ ឆ្មប​នោះ​បាន​និយាយ​ថា​៖ ​«​ម្ដេច​ក៏​ទម្លាយ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ដូច្នេះ?​»។ ហេតុ​នេះ​ហើយ​បាន​ជា​កូន​នោះ​មាន​ឈ្មោះ​ថា​ពេរេស។*+ ៣០ រួច​កូន​បន្ទាប់​ក៏​កើត​មក គឺ​ជា​កូន​ដែល​មាន​អំបោះ​ក្រហម​នៅ​ដៃ ហើយ​កូន​នោះ​បាន​ត្រូវ​ដាក់​ឈ្មោះ​ថា​សេរ៉ា។+

៣៩ រីឯ​យ៉ូសែប​វិញ ពេល​ពួក​កូន​ចៅ​អ៊ីសម៉ាអែល+បាន​នាំ​គាត់​ទៅ​ដល់​ស្រុក​អេហ្ស៊ីប+ ពួក​គេ​បាន​លក់​គាត់​បន្ត​ឲ្យ​ដល់​ប៉ូទីផា+ដែល​ជា​មេ​អង្គរក្ស និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ផារ៉ូ។ ២ ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​យ៉ូសែប+ ហើយ​កិច្ចការ​ណា​ក៏​ដោយ​ដែល​យ៉ូសែប​ធ្វើ​តែង​តែ​សម្រេច​ទាំង​អស់។ ដូច្នេះ ចៅហ្វាយ​ជា​ជន​ជាតិ​អេហ្ស៊ីប​នោះ បាន​តែង​តាំង​យ៉ូសែប​ឲ្យ​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​គាត់ ៣ ព្រោះ​គាត់​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​យ៉ូសែប ហើយ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​យ៉ូសែប​ឲ្យ​សម្រេច​កិច្ចការ​ទាំង​អស់។

៤ ចៅហ្វាយ​នោះ​ពេញ​ចិត្ត​នឹង​យ៉ូសែប​ខ្លាំង​ណាស់។ គាត់​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​ជំនិត ហើយ​ឲ្យ​យ៉ូសែប​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់។ ៥ តាំង​ពី​ថ្ងៃ​ដែល​គាត់​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​ត្រួត​ត្រា​លើ​ផ្ទះ​គាត់ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គាត់​ចម្រុង​ចម្រើន​ឡើង។ បន្ថែម​ទៀត ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន ទាំង​នៅ​ក្នុង​ផ្ទះ​ទាំង​នៅ​ស្រែ​ចម្ការ។+ ៦ ទី​បំផុត ចៅហ្វាយ​នោះ​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​ឲ្យ​យ៉ូសែប​មើល​ការ​ខុស​ត្រូវ ហើយ​គាត់​មិន​ចាំ​បាច់​ខ្វល់​អំពី​អ្វី​ទេ លើក​លែង​តែ​អាហារ​គាត់​បរិភោគ​ប៉ុណ្ណោះ។ ឯ​យ៉ូសែប គាត់​មាន​រាង​កាយ​មាំ​មួន ហើយ​មាន​រូប​រាង​សង្ហា។

៧ ក្រោយ​មក ប្រពន្ធ​របស់​ប៉ូទីផា ចាប់​ផ្ដើម​លួច​សម្លឹង​មើល​យ៉ូសែប ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​ចូរ​មក​រួម​ដំណេក​ជា​មួយ​នឹង​ខ្ញុំ​»។ ៨ ប៉ុន្តែ យ៉ូសែប​បាន​បដិសេធ ហើយ​និយាយ​ទៅ​កាន់​នាង​ថា​៖ ​«​ចៅហ្វាយ​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ ហើយ​ដោយ​សារ​មាន​ខ្ញុំ គាត់​មិន​ចាំ​បាច់​ខ្វល់​អំពី​អ្វី​ឡើយ។ ៩ បន្ទាប់​ពី​គាត់ មាន​តែ​ខ្ញុំ​ទេ​ដែល​ធំ​ជាង​គេ​ក្នុង​ផ្ទះ​នេះ។ គាត់​បាន​ឲ្យ​ខ្ញុំ​មាន​អំណាច​លើ​អ្វី​ៗ​ទាំង​អស់ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​គាត់។ ដូច្នេះ តើ​ខ្ញុំ​អាច​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ ដោយ​ធ្វើ​អំពើ​ដ៏​អាក្រក់​ក្រៃ​លែង​ដូច​នេះ​ម្ដេច​បាន?​»។+

១០ ជា​រៀង​រាល់​ថ្ងៃ នាង​តែង​តែ​ហៅ​យ៉ូសែប​ឲ្យ​មក​រួម​ដំណេក​ជា​មួយ​នាង តែ​យ៉ូសែប​មិន​ព្រម​ទេ សូម្បី​តែ​នាង​ឲ្យ​គាត់​នៅ​ក្បែរ ក៏​គាត់​មិន​ព្រម​ដែរ។ ១១ ថ្ងៃ​មួយ យ៉ូសែប​បាន​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​ដូច​សព្វ​ដង តែ​ថ្ងៃ​នោះ​គ្មាន​អ្នក​បម្រើ​ឯ​ទៀត​នៅ​ក្នុង​ផ្ទះ​ទេ។ ១២ ពេល​នោះ ប្រពន្ធ​ប៉ូទីផា​បាន​ចាប់​ទាញ​អាវ​យ៉ូសែប ហើយ​និយាយ​ថា​៖ ​«​មក​រួម​ដំណេក​ជា​មួយ​នឹង​ខ្ញុំ!​»។ ប៉ុន្តែ យ៉ូសែប​បាន​រលាស់​អាវ​ចោល​នៅ​ដៃ​នាង រួច​រត់​ចេញ​ទៅ​ក្រៅ។ ១៣ ពេល​នាង​ឃើញ​ថា​យ៉ូសែប​រត់​ចោល​អាវ​ដូច្នេះ ១៤ នាង​ក៏​ស្រែក​ហៅ​ពួក​អ្នក​នៅ​ក្នុង​ផ្ទះ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​មើល! ប្ដី​ខ្ញុំ​បាន​នាំ​យក​បុរស​ហេប្រឺ​នោះ​មក​ឲ្យ​មើល​ងាយ​ពួក​យើង​ហើយ។ បុរស​នោះ​ចង់​ចាប់​រំលោភ​ខ្ញុំ តែ​ខ្ញុំ​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង។ ១៥ ពេល​គាត់​ឮ​ខ្ញុំ​ស្រែក គាត់​បាន​រត់​ចេញ​ទៅ​ក្រៅ​ទាំង​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ​»។ ១៦ ក្រោយ​នោះ ប្រពន្ធ​ប៉ូទីផា​បាន​ទុក​អាវ​នោះ​នៅ​ក្បែរ​នាង ហើយ​រង់​ចាំ​ប្ដី​នាង​ត្រឡប់​មក​ផ្ទះ​វិញ។

១៧ ពេល​ប៉ូទីផា​មក​ដល់ នាង​បាន​ប្រាប់​ពាក្យ​ដូច​គ្នា​ដល់​គាត់​ថា​៖ ​«​បុរស​ហេប្រឺ​ដែល​បង​បាន​នាំ​មក​នោះ គាត់​បាន​មក​ដើម្បី​ធ្វើ​ឲ្យ​គេ​មើល​ងាយ​មើល​ថោក​ខ្ញុំ។ ១៨ ប៉ុន្តែ ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង ហើយ​គាត់​បាន​រត់​ចេញ​ទៅ​ក្រៅ​ទាំង​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ​»។ ១៩ ក្រោយ​ពី​ប៉ូទីផា​ឮ​ប្រពន្ធ​គាត់​ប្រាប់​ថា​៖ ​«​នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​បម្រើ​បង​បាន​ធ្វើ​»​ នោះ​គាត់​ខឹង​យ៉ាង​ខ្លាំង។ ២០ ដូច្នេះ ប៉ូទីផា​បាន​ឲ្យ​គេ​ចាប់​យ៉ូសែប​យក​ទៅ​ដាក់​គុក ជា​កន្លែង​ដែល​គេ​ដាក់​អ្នក​ទោស​របស់​ស្ដេច។ ម្ល៉ោះ​ហើយ យ៉ូសែប​បាន​ជាប់​នៅ​ក្នុង​គុក​នោះ​ទៅ។+

២១ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បន្ត​នៅ​ជា​មួយ​នឹង​យ៉ូសែប ហើយ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​គាត់​ជា​និច្ច។ លោក​បាន​ធ្វើ​ឲ្យ​មេ​គុក​ពេញ​ចិត្ត​គាត់។+ ២២ ដូច្នេះ មេ​គុក​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ពួក​អ្នក​ទោស​ទាំង​អស់។ យ៉ូសែប​មាន​ភារកិច្ច​ចាត់​ចែង​កិច្ចការ​នៅ​ក្នុង​គុក+ ២៣ ហើយ​មេ​គុក​មិន​ចាំ​បាច់​បារម្ភ​អំពី​កិច្ចការ​ដែល​គាត់​បាន​ប្រគល់​ដល់​យ៉ូសែប​ទេ។ ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​យ៉ូសែប ហើយ​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​ឲ្យ​កិច្ចការ​របស់​យ៉ូសែប​បាន​សម្រេច។+

៤០ ក្រោយ​នោះ​មក មាន​មន្ត្រី​ពីរ​នាក់​របស់​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប បាន​ប្រព្រឹត្ត​ខុស​នឹង​ផារ៉ូ ម្នាក់​ជា​មេ​លើ​ពួក​អ្នក​កាន់​ពែង+ ហើយ​ម្នាក់​ទៀត​ជា​មេ​លើ​ពួក​អ្នក​ដុត​នំ។ ២ ផារ៉ូ​បាន​ខឹង​នឹង​អ្នក​បម្រើ​ទាំង​ពីរ​នោះ​ជា​ខ្លាំង។+ ៣ ដូច្នេះ គាត់​បាន​ឲ្យ​គេ​យក​អ្នក​បម្រើ​ទាំង​ពីរ​នាក់​នោះ​ទៅ​ឃុំ​នៅ​ផ្ទះ​របស់​មេ​អង្គរក្ស+ ជា​កន្លែង​ដែល​គេ​ឃុំ​ឃាំង​យ៉ូសែប។+ ៤ បន្ទាប់​មក មេ​អង្គរក្ស​បាន​ឲ្យ​យ៉ូសែប​មើល​ការ​ខុស​ត្រូវ​លើ​ពួក​គេ។+ ពួក​គេ​ទាំង​ពីរ​បាន​ជាប់​ឃុំ​ឃាំង​នៅ​ទី​នោះ​អស់​មួយ​រយៈ។

៥ នៅ​យប់​មួយ មេ​លើ​ពួក​អ្នក​កាន់​ពែង និង​មេ​លើ​ពួក​អ្នក​ដុត​នំ បាន​យល់​សប្ដិ។ ប៉ុន្តែ សុបិន​របស់​ពួក​គេ​មាន​អត្ថន័យ​ផ្សេង​ពី​គ្នា។ ៦ លុះ​ព្រឹក​ឡើង យ៉ូសែប​បាន​ចូល​មក ហើយ​ឃើញ​ពួក​គេ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់។ ៧ ដូច្នេះ យ៉ូសែប​បាន​សួរ​មន្ត្រី​ទាំង​នោះ​ដែល​កំពុង​ជាប់​ឃុំ​ជា​មួយ​នឹង​គាត់​ក្នុង​ផ្ទះ​ម្ចាស់​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ទាំង​ពីរ​មាន​ទឹក​មុខ​ស្រងូត​ស្រងាត់​ម្ល៉េះ?​»។ ៨ ពួក​គេ​ឆ្លើយ​ថា​៖ ​«​យើង​ទាំង​ពីរ​នាក់​បាន​យល់​សប្ដិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​សុបិន​ឲ្យ​យើង​បាន​ទេ​»។ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​កាត់​ស្រាយ​សុបិន​បាន។+ សូម​ប្រាប់​សុបិន​របស់​អ្នក​ទាំង​ពីរ​ដល់​ខ្ញុំ​មក​»។

៩ ដូច្នេះ មេ​លើ​ពួក​អ្នក​កាន់​ពែង​បាន​ប្រាប់​យ៉ូសែប​ថា​៖ ​«​ខ្ញុំ​បាន​យល់​សប្ដិ​ឃើញ​ដើម​ទំពាំង​បាយ​ជូរ​មួយ។ ១០ ដើម​នោះ​មាន​ខ្នែង​បី ហើយ​ខ្នែង​ទាំង​នោះ​បាន​ចេញ​ពន្លក កើត​បាន​ជា​ផ្កា រួច​ចេញ​ជា​ចង្កោម​ផ្លែ​ទុំ។ ១១ ពេល​នោះ ខ្ញុំ​កំពុង​កាន់​ពែង​របស់​ផារ៉ូ ហើយ​ខ្ញុំ​បាន​បេះ​ចង្កោម​ទំពាំង​បាយ​ជូរ​ទាំង​នោះ មក​ច្របាច់​យក​ទឹក​ដាក់​ក្នុង​ពែង រួច​លើក​ជូន​ផារ៉ូ​ពិសា​»។ ១២ បន្ទាប់​មក យ៉ូសែប​បាន​ប្រាប់​គាត់​ថា​៖ ​«​នេះ​ជា​អត្ថន័យ​សុបិន​របស់​អ្នក។ ខ្នែង​បី​គឺ​សំដៅ​លើ​បី​ថ្ងៃ។ ១៣ នៅ​បី​ថ្ងៃ​ទៀត ផារ៉ូ​នឹង​ដោះ​លែង​អ្នក ហើយ​នឹង​តែង​តាំង​អ្នក​ឲ្យ​មាន​តំណែង​ឡើង​វិញ។+ អ្នក​នឹង​លើក​ពែង​ជូន​លោក​ដូច​កាល​ពី​មុន។+ ១៤ ពេល​អ្នក​បាន​សុខ​ស្រួល​ហើយ សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ។ សូម​បង្ហាញ​សេ​ច​ក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ ហើយ​សូម​ប្រាប់​ផារ៉ូ​អំពី​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ ១៥ ព្រោះ​ខ្ញុំ​បាន​ត្រូវ​គេ​ចាប់​ពី​ទឹក​ដី​របស់​ជន​ជាតិ​ហេប្រឺ​មក+ ហើយ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​គួរ​នឹង​ជាប់​គុក​ទេ​»។+

១៦ ពេល​មេ​លើ​ពួក​អ្នក​ដុត​នំ​ឃើញ​ថា​យ៉ូសែប​បាន​កាត់​ស្រាយ​រឿង​ល្អ​អំពី​សុបិន​នោះ គាត់​បាន​ប្រាប់​យ៉ូសែប​ថា​៖ ​«​ខ្ញុំ​ក៏​មាន​សុបិន​មួយ​ដែរ។ ខ្ញុំ​យល់​សប្ដិ​ថា ខ្ញុំ​ទូល​នំ​បី​កញ្ច្រែង។ ១៧ កញ្ច្រែង​លើ​បង្អស់​មាន​ពេញ​ទៅ​ដោយ​នំ​គ្រប់​ប្រភេទ​សម្រាប់​ជូន​ផារ៉ូ​ពិសា តែ​ពេល​នោះ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​នំ​ពី​កញ្ច្រែង​នោះ​ទៅ​»។ ១៨ បន្ទាប់​មក យ៉ូសែប​បាន​ប្រាប់​គាត់​ថា​៖ ​«​នេះ​ជា​អត្ថន័យ​សុបិន​របស់​អ្នក។ កញ្ច្រែង​បី​គឺ​សំដៅ​លើ​បី​ថ្ងៃ។ ១៩ នៅ​បី​ថ្ងៃ​ទៀត ផារ៉ូ​នឹង​ឲ្យ​គេ​កាត់​ក្បាល​អ្នក សព​អ្នក​នឹង​ត្រូវ​ព្យួរ​លើ​បង្គោល​ឈើ ហើយ​សត្វ​ស្លាប​នឹង​មក​ចឹក​ស៊ី​សាច់​អ្នក​»។+

២០ លុះ​បី​ថ្ងៃ​ក្រោយ​មក ជា​ថ្ងៃ​ខួប​កំណើត​របស់​ផារ៉ូ។+ គាត់​បាន​ឲ្យ​គេ​រៀបចំ​ពិធី​ភោជនាហារ​សម្រាប់​ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់។ ពេល​នោះ គាត់បាន​ចាត់​គេ​ឲ្យ​នាំ​មេ​លើ​ពួក​អ្នក​កាន់​ពែង និង​មេ​លើ​ពួក​អ្នក​ដុត​នំ​ចេញ​មក។ ២១ ផារ៉ូ​បាន​តែង​តាំង​មេ​លើ​ពួក​អ្នក​កាន់​ពែង​ឲ្យ​មាន​តំណែង​ដូច​ដើម​វិញ។ ម្ល៉ោះ​ហើយ អ្នក​នោះ​ក៏​លើក​ពែង​ជូន​ផារ៉ូ​ត​ទៅ​ទៀត។ ២២ ចំណែក​ឯ​មេ​លើ​ពួក​អ្នក​ដុត​នំ​វិញ ផារ៉ូ​បាន​ឲ្យ​គេ​ព្យួរ​គាត់ ដូច​ដែល​យ៉ូសែប​បាន​កាត់​ស្រាយ​សុបិន​ប្រាប់​គាត់​មែន។+ ២៣ ប៉ុន្តែ មេ​លើ​ពួក​អ្នក​កាន់​ពែង​មិន​បាន​នឹក​ឃើញ​យ៉ូសែប​ទេ។ គាត់​បាន​ភ្លេច​ឈឹង​អំពី​យ៉ូសែប។+

៤១ លុះ​ពីរ​ឆ្នាំ​ក្រោយ​មក ផារ៉ូ​បាន​យល់​សប្ដិ+ឃើញ​ថា គាត់​កំពុង​ឈរ​នៅ​ក្បែរ​ទន្លេ​នីល។ ២ ពេល​នោះ គាត់​ឃើញ​មាន​គោ​ធាត់​ល្អ​៧​ក្បាល ឡើង​ចេញ​ពី​ទន្លេ​នីល​មក​ស៊ី​ស្មៅ​នៅ​មាត់​ច្រាំង។+ ៣ បន្ទាប់​មក គាត់​បាន​ឃើញ​គោ​ស្គមកំព្រឹង​៧​ក្បាល ឡើង​ចេញ​ពី​ទន្លេ​មក​ឈរ​នៅ​មាត់​ច្រាំង​ក្បែរ​គោ​ធាត់​ៗ​ទាំង​នោះ។ ៤ រួច​មក គោ​ស្គម​៧​ក្បាល បាន​ស៊ី​គោ​ធាត់​ល្អ​អស់​ទៅ។ រំពេច​នោះ ផារ៉ូ​ក៏​បាន​ភ្ញាក់​ឡើង។

៥ រួច​គាត់​បាន​សម្រាន្ត​លក់​ទៅ​វិញ ហើយ​បាន​យល់​សប្ដិ​មួយ​ទៀត។ គាត់​ឃើញ​ស្រូវ​មួយ​ដើម​ដុះ​ឡើង បែក​ចេញ​ជា​៧​កួរ មាន​គ្រាប់​ធំ​ៗ​ថ្លោស​ល្អ។+ ៦ បន្ទាប់​នោះ គាត់​ឃើញ​ស្រូវ​ស្កក​៧​កួរ​ដុះ​ចេញ​មក ហើយ​វា​ស្លោ​ក​ដោយ​សារ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត។ ៧ រួច​កួរ​ស្រូវ​ស្កក​នោះ​បាន​លេប​កួរ​ស្រូវ​ទាំង​៧​ដែល​ធំ​ថ្លោស​ល្អ​ទៅ។ ខណៈ​នោះ គាត់​បាន​ភ្ញាក់​ឡើង ហើយ​ដឹង​ថា​ខ្លួន​កំពុង​យល់​សប្ដិ។

៨ លុះ​ព្រឹក​ឡើង គាត់​មាន​អារម្មណ៍​មិន​សុខ​សោះ។ ដូច្នេះ គាត់​បាន​កោះ​ហៅ​ពួក​អ្នក​ប្រាជ្ញ​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប ព្រម​ទាំង​ពួក​គ្រូ​វេទមន្ត​ទាំង​អស់ ឲ្យ​មក​ជួប​គាត់។ ផារ៉ូ​បាន​ប្រាប់​អំពី​សុបិន​ទាំង​នោះ​ដល់​ពួក​គេ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​ឲ្យ​គាត់​បាន​ទេ។

៩ ពេល​នោះ មេ​លើ​ពួក​អ្នក​កាន់​ពែង​បាន​ជម្រាប​ផារ៉ូ​ថា​៖ ​«​ថ្ងៃ​នេះ ខ្ញុំ​សូម​សារភាព​កំហុស​របស់​ខ្ញុំ។ ១០ ពេល​មុន លោក​ម្ចាស់​បាន​ខឹង​នឹង​ខ្ញុំ​និង​មេ​លើ​ពួក​អ្នក​ដុត​នំ ហើយ​លោក​បាន​ឃុំ​ឃាំង​យើង​ទាំង​ពីរ​នាក់​នៅ​ផ្ទះ​របស់​មេ​អង្គរក្ស។+ ១១ នៅ​យប់​មួយ យើង​ទាំង​ពីរ​នាក់​បាន​យល់​សប្ដិ ហើយ​សុបិន​របស់​យើង​ទាំង​ពីរ​មាន​អត្ថន័យ​ផ្សេង​ពី​គ្នា។+ ១២ នៅ​កន្លែង​ឃុំ​ឃាំង​នោះ មាន​យុវជន​ហេប្រឺ​ម្នាក់​ជា​អ្នក​បម្រើ​មេ​អង្គរក្ស។+ យើង​បាន​ប្រាប់​គាត់​អំពី​សុបិន​របស់​យើង+ ហើយ​គាត់​បាន​កាត់​ស្រាយ​សុបិន​ទាំង​នោះ។ ១៣ ក្រោយ​មក មាន​ហេតុ​ការណ៍​កើត​ឡើង​ដូច​ដែល​គាត់​បាន​កាត់​ស្រាយ​មែន គឺ​ខ្ញុំ​បាន​ទទួល​តំណែង​ដូច​ដើម​វិញ តែ​ម្នាក់​ទៀត​បាន​ត្រូវ​គេ​យក​ទៅ​ព្យួរ​»។+

១៤ ដូច្នេះ ផារ៉ូ​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​យ៉ូសែប​មក+ រួច​គេ​ក៏​នាំ​គាត់​ចេញ​ពី​គុក​ជា​ប្រញាប់។+ យ៉ូសែប​បាន​កោរ​សក់ កោរ​ពុក​មាត់ ហើយ​ប្ដូរ​សម្លៀក​បំពាក់ រួច​ចូល​ទៅ​ជួប​ផារ៉ូ។ ១៥ ផារ៉ូ​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ខ្ញុំ​មាន​សុបិន​មួយ​តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​បាន​ទេ។ ខ្ញុំ​ឮ​ថា បើ​មាន​អ្នក​ណា​ប្រាប់​សុបិន​ដល់​អ្នក អ្នក​អាច​កាត់​ស្រាយ​បាន​»។+ ១៦ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ផារ៉ូ​ថា​៖ ​«​មិន​មែន​ខ្ញុំ​បាទ​ទេ តែ​គឺ​ជា​ព្រះ​ដែល​នឹង​ប្រាប់​អំពី​សុខ​ទុក្ខ​របស់​លោក​ម្ចាស់​»។+

១៧ ផារ៉ូ​បាន​និយាយ​បន្ត​ថា​៖ ​«​ខ្ញុំ​បាន​យល់​សប្ដិ​ឃើញ​ថា ខ្ញុំ​ឈរ​នៅ​ឯ​មាត់​ច្រាំង​ទន្លេ​នីល។ ១៨ ខ្ញុំ​បាន​ឃើញ​គោ​ធាត់​ល្អ​៧​ក្បាល ឡើង​ចេញ​ពី​ទន្លេ​មក​ស៊ី​ស្មៅ​នៅ​មាត់​ច្រាំង។+ ១៩ បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​គោ​ស្គមកំព្រឹង​៧​ក្បាល​ដែល​អាក្រក់​មើល​ក្រៃ​លែង ខ្ញុំ​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​បែប​នេះ​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​ពី​មុន​មក​ទេ។ ២០ រួច​មក គោ​ស្គម​ទាំង​៧​ក្បាល​នោះ បាន​ស៊ី​គោ​ធាត់​ល្អ​អស់​ទៅ។ ២១ ទោះ​ជា​ពួក​វា​បាន​ស៊ី​ហើយ​ក្ដី តែ​គ្មាន​អ្នក​ណា​ដឹង​ថា​ពួក​វា​បាន​ស៊ី​ទេ ព្រោះ​ពួក​វា​នៅ​តែ​ស្គមស្គាំង​ដដែល។ រួច​ខ្ញុំ​ក៏​បាន​ភ្ញាក់​ឡើង។

២២ ​«​ក្រោយ​នោះ ខ្ញុំ​បាន​ដេក​ទៅ​វិញ ហើយ​បាន​យល់​សប្ដិ​ឃើញ​ស្រូវ​មួយ​ដើម​បែក​ចេញ​ជា​៧​កួរ មាន​គ្រាប់​ធំ​ថ្លោស​ល្អ។+ ២៣ បន្ទាប់​ពី​នោះ ខ្ញុំ​ឃើញ​ស្រូវ​ស្កក​៧​កួរ ស្លោ​ក​ដោយ​សារ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត។ ២៤ រួច​កួរ​ស្រូវ​ស្កក​នោះ បាន​លេប​កួរ​ស្រូវ​ទាំង​៧​ដែល​ធំ​ថ្លោស​ល្អ​អស់​ទៅ។ ខ្ញុំ​បាន​ប្រាប់​សុបិន​ទាំង​នោះ​ដល់​គ្រូ​វេទមន្ត​ទាំង​អស់។+ ប៉ុន្តែ គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​បាន​ទេ​»។+

២៥ បន្ទាប់​មក យ៉ូសែប​បាន​ប្រាប់​ផារ៉ូ​ថា​៖ ​«​សុបិន​លោក​ម្ចាស់*មាន​អត្ថន័យ​តែ​មួយ​ទេ។ ព្រះ​ពិត​បាន​ប្រាប់​លោក​ម្ចាស់​ឲ្យ​ដឹង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ។+ ២៦ គោ​ធាត់​ល្អ​៧​ក្បាល សំដៅ​លើ​៧​ឆ្នាំ។ ឯ​ស្រូវ​ថ្លោស​៧​កួរ ក៏​សំដៅ​លើ​៧​ឆ្នាំ​ដែរ។ សុបិន​លោក​ម្ចាស់​មាន​អត្ថន័យ​ដូច​គ្នា​ទេ។ ២៧ ចំណែក​គោ​ស្គមកំព្រឹង​៧​ក្បាល​ដែល​ឡើង​ក្រោយ​មក សំដៅ​លើ​ការ​អត់​ឃ្លាន​៧​ឆ្នាំ ហើយ​ស្រូវ​ស្កក​៧​កួរ​ដែល​ស្លោ​ក​ដោយ​សារ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត ក៏​សំដៅ​លើ​ការ​អត់​ឃ្លាន​៧​ឆ្នាំ​ដែរ។ ២៨ ដូច​ខ្ញុំ​បាទ​បាន​ជម្រាប​លោក​ម្ចាស់​រួច​ហើយ ព្រះ​ពិត​បាន​បណ្ដាល​ឲ្យ​លោក​ម្ចាស់​ឃើញ​ជា​មុន​នូវ​អ្វី​ដែល​លោក​នឹង​ធ្វើ។

២៩ ​«​គឺ​រយៈ​ពេល​៧​ឆ្នាំ នឹង​មាន​ភោគ​ផល​ច្រើន​ក្រៃ​លែង នៅ​ទូ​ទាំង​ស្រុក​អេហ្ស៊ីប។ ៣០ ប៉ុន្តែ បន្ទាប់​ពី​នោះ​នឹង​មាន​ការ​អត់​ឃ្លាន​អស់​រយៈ​ពេល​៧​ឆ្នាំ​វិញ។ ទោះ​ជា​ស្រុក​អេហ្ស៊ីប​ធ្លាប់​មាន​ភោគ​ផល​ច្រើន​យ៉ាង​នោះ​ក៏​ដោយ ក៏​គេ​មិន​ចាំ​គ្រា​នោះ​ដែរ ព្រោះ​ការ​អត់​ឃ្លាន​នោះ​នឹង​បង្ហិន​ស្រុក​នេះ​ទៅ។+ ៣១ ការ​អត់​ឃ្លាន​នោះ​គឺ​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​គេ​នឹង​ភ្លេច​ថា​ស្រុក​អេហ្ស៊ីប​ធ្លាប់​មាន​ភោគ​ផល​សម្បូរ​ហូរហៀរ។ ៣២ ព្រះ​ពិត​បាន​ឲ្យ​លោក​ម្ចាស់​យល់​សប្ដិ​អស់​ពីរ​ដង គឺ​ដោយ​សារ​ព្រះ​បាន​សម្រេច​ចិត្ត​ថា​នឹង​ធ្វើ​ឲ្យ​កើត​ឡើង​ពិត​ប្រាកដ​មែន ហើយ​លោក​នឹង​ធ្វើ​ឲ្យ​កើត​ឡើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

៣៣ ​«​ដូច្នេះ សូម​លោក​ម្ចាស់​ស្វែង​រក​បុរស​ម្នាក់​ដែល​មាន​ប្រាជ្ញា​វាង​វៃ​និង​ចេះ​ពិចារណា ហើយ​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ស្រុក​អេហ្ស៊ីប។ ៣៤ សូម​លោក​ម្ចាស់​តែង​តាំង​អ្នក​ត្រួត​ពិនិត្យ​មួយ​ចំនួន ហើយ​ឲ្យ​ពួក​គេ​ប្រមូល​យក​ភោគ​ផល​១​ភាគ​៥ ក្នុង​អំឡុង​ពេល​៧​ឆ្នាំ​ដែល​មាន​ភោគ​ផល​ជា​បរិបូរ។+ ៣៥ បន្ថែម​ទៅ​ទៀត នៅ​ក្នុង​ឆ្នាំ​ទាំង​នោះ សូម​លោក​ម្ចាស់​ឲ្យ​គេ​ប្រមូល​ស្បៀងអាហារ​ទាំង​អស់ ព្រម​ទាំង​ប្រមូល​ស្រូវ​យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​របស់​លោក​ម្ចាស់​នៅ​បណ្ដា​ក្រុង​នានា។+ ៣៦ ក្នុង​អំឡុង​ពេល​៧​ឆ្នាំ​ដែល​មាន​ការ​អត់​ឃ្លាន ស្បៀងអាហារ​ទាំង​នោះ​នឹង​ត្រូវ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​អេហ្ស៊ីប ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​វិនាស​ទៅ​ដោយ​សារ​ការ​អត់​ឃ្លាន​នោះ​ឡើយ​»។+

៣៧ ក្រោយ​ស្ដាប់​យោបល់​នោះ​រួច ផារ៉ូ​និង​ពួក​អ្នក​បម្រើ​ទាំង​អស់​ពេញ​ចិត្ត​ជា​ខ្លាំង។ ៣៨ ផារ៉ូ​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​គាត់​ថា​៖ ​«​តើ​យើង​អាច​រក​បុរស​ណា​ទៀត​ដែល​មាន​ឫទ្ធានុភាព​ពី​ព្រះ​ដូច​បុរស​នេះ​បាន​ទៅ?​»។ ៣៩ បន្ទាប់​មក ផារ៉ូ​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ដោយ​សារ​ព្រះ​បាន​បណ្ដាល​ឲ្យ​អ្នក​ដឹង​អំពី​អ្វី​ទាំង​នេះ នោះ​គ្មាន​អ្នក​ណា​មាន​ប្រាជ្ញា​វាង​វៃ​និង​ចេះ​ពិចារណា​ដូច​អ្នក​ទេ។ ៤០ ខ្ញុំ​នឹង​តែង​តាំង​អ្នក​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ពួក​អ្នក​ផ្ទះ​ខ្ញុំ ហើយ​បណ្ដា​រាស្ត្រ​ខ្ញុំ​នឹង​ស្ដាប់​បង្គាប់​អ្នក​ទាំង​ស្រុង។+ មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​អ្នក​»។ ៤១ រួច​ផារ៉ូ​បន្ថែម​ទៀត​ថា​៖ ​«​ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​តែង​តាំង​អ្នក​ឲ្យ​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប​ទាំង​មូល​»។+ ៤២ បន្ទាប់​មក ផារ៉ូ​បាន​ដោះ​ចិញ្ចៀន​ត្រា​ពី​ដៃ​គាត់​ពាក់​ឲ្យ​យ៉ូសែប ថែម​ទាំង​យក​សម្លៀក​បំពាក់​ក្រណាត់​សាច់​ល្អ និង​ខ្សែក​មាស​បំពាក់​ឲ្យ​យ៉ូសែប​ទៀត​ផង។ ៤៣ គាត់​បាន​ឲ្យ​យ៉ូសែប​ជិះ​រទេះ​ពិសេស​បន្ទាប់​ពី​គាត់ ដើម្បី​ឲ្យ​បណ្ដា​ជន​ផ្ដល់​កិត្តិ​យស​ដល់​យ៉ូសែប​ដោយ​ស្រែក​ថា​៖ ​«​អាវឺរេក!​»។* យ៉ាង​នេះ ផារ៉ូ​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប។

៤៤ ផារ៉ូ​ក៏​បាន​និយាយ​ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​ជា​ផារ៉ូ តែ​បើ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ទេ គ្មាន​អ្នក​ណា​អាច​ធ្វើ​អ្វី​មួយ​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​បាន​ឡើយ​»។+ ៤៥ ផារ៉ូ​បាន​ដាក់​ឈ្មោះ​យ៉ូសែប​ថា​សេបផាណាតពេនា ហើយ​បាន​លើក​នាង​អាសិនណាត+ជា​កូន​ស្រី​ប៉ូទីភឺរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អុន* ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់។ យ៉ូសែប​ក៏​បាន​ចាប់​ផ្ដើម​មើល​ការ​ខុស​ត្រូវ​លើ​ស្រុក​អេហ្ស៊ីប។+ ៤៦ ពេល​យ៉ូសែប​ចូល​ទៅ​ជួប*ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប គាត់​មាន​អាយុ​៣០​ឆ្នាំ។+

បន្ទាប់​មក គាត់​បាន​ចេញ​ពី​ផារ៉ូ ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​ស្រុក​អេហ្ស៊ីប​ទាំង​មូល។ ៤៧ ក្នុង​អំឡុង​៧​ឆ្នាំ​សម្បូរ​ភោគ​ផល ដី​ស្រុក​អេហ្ស៊ីប​បាន​បង្កើត​ផល​ជា​បរិបូរ។ ៤៨ ក្នុង​ឆ្នាំ​ទាំង​នោះ គាត់​បាន​ប្រមូល​ស្បៀងអាហារ​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​តាម​ក្រុង​នា​នា​ក្នុង​ស្រុក​អេហ្ស៊ីប។ ស្បៀង​ដែល​គេ​ប្រមូល​បាន​ពី​វាល​ស្រែ​នៅ​ជុំ​វិញ​ក្រុង​នីមួយ​ៗ គាត់​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​នោះ​តែ​ម្ដង។ ៤៩ យ៉ូសែប​បាន​ប្រមូល​ស្បៀងអាហារ​ច្រើន​ក្រៃ​លែង ដែល​មាន​ចំនួន​ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ចំនួន​នោះ​ច្រើន​ដល់​ម្ល៉េះ រហូត​ដល់​គេ​លែង​រាប់​ទៀត ព្រោះ​មិន​អាច​រាប់​អស់។

៥០ មុន​ដល់​ឆ្នាំ​ដែល​មាន​ការ​អត់​ឃ្លាន នាង​អាសិនណាត​បាន​បង្កើត​កូន​ប្រុស​ពីរ​នាក់​ឲ្យ​យ៉ូសែប។+ នាង​ជា​កូន​ស្រី​ប៉ូទីភឺរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អុន។ ៥១ យ៉ូសែប​បាន​ដាក់​ឈ្មោះ​កូន​ច្បង​នោះ​ថា​ម៉ាណាសេ*+ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​លំបាក​ទាំង​អស់​របស់​ខ្ញុំ និង​ធ្វើ​ឲ្យ​ខ្ញុំ​លែង​នឹក​អាល័យ​ដល់​ឪពុក​និង​សាច់​ញាតិ​ខ្ញុំ​ទៀត​»។ ៥២ យ៉ូសែប​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា​អេប្រាអ៊ីម*+ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចម្រុង​ចម្រើន​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​ជួប​ទុក្ខ​លំបាក​»។+

៥៣ រួច​មក គ្រា​៧​ឆ្នាំ​ដែល​សម្បូរ​ភោគ​ផល​បាន​កន្លង​ផុត​ទៅ+ ៥៤ ហើយ​គ្រា​៧​ឆ្នាំ​នៃ​ការ​អត់​ឃ្លាន​បាន​មក​ដល់ គឺ​ដូច​អ្វី​ដែល​យ៉ូសែប​បាន​ប្រាប់​មែន។+ ការ​អត់​ឃ្លាន​នោះ​បាន​កើត​ឡើង​នៅ​ស្រុក​ទាំង​អស់ តែ​ចំណែក​ស្រុក​អេហ្ស៊ីប​វិញ មាន​ស្បៀងអាហារ*គ្រប់​គ្រាន់។+ ៥៥ ទី​បំផុត បណ្ដា​ជន​ទាំង​អស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​ក៏​ជួប​ការ​អត់​ឃ្លាន​ដែរ។ ដូច្នេះ ពួក​គេ​បាន​ទៅ​អង្វរ​ផារ៉ូ​សុំ​ស្បៀងអាហារ។+ ប៉ុន្តែ ផារ៉ូ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​ជួប​យ៉ូសែប​ទៅ ហើយ​ធ្វើ​តាម​បង្គាប់​គាត់​ចុះ​»។+ ៥៦ ការ​អត់​ឃ្លាន​នោះ​កើត​ឡើង​ពេញ​ផែនដី។+ រួច​មក យ៉ូសែប​បាន​បើក​ឃ្លាំង​ទាំង​អស់ ហើយ​លក់​ស្រូវ​ឲ្យ​ដល់​ជន​ជាតិ​អេហ្ស៊ីប+ ព្រោះ​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប ការ​អត់​ឃ្លាន​នោះ​គឺ​ខ្លាំង​ណាស់។ ៥៧ ឯ​បណ្ដា​ជន​ពី​ស្រុក​នា​នា​បាន​ធ្វើ​ដំណើរ​មក​ស្រុក​អេហ្ស៊ីប ដើម្បី​ទិញ​ស្បៀងអាហារ​ពី​យ៉ូសែប ព្រោះ​ការ​អត់​ឃ្លាន​នោះ​គឺ​ខ្លាំង​ដល់​ម្ល៉េះ​រហូត​ដល់​ពេញ​ផែនដី។+

៤២ ក្រោយ​មក យ៉ាកុប​បាន​ឮ​ថា​មាន​ស្រូវ​នៅ​ស្រុក​អេហ្ស៊ីប។+ ដូច្នេះ គាត់​បាន​និយាយ​ទៅ​កាន់​កូន​ប្រុស​ៗ​របស់​គាត់​ថា​៖ ​«​តើ​កូន​ៗ​នៅ​អង្គុយ​មើល​មុខ​គ្នា​ដល់​កាល​ណា​ទៀត?​»។ ២ យ៉ាកុប​បាន​បន្ថែម​ថា​៖ ​«​ពុក​ឮ​ថា​មាន​ស្រូវ​នៅ​ស្រុក​អេហ្ស៊ីប។ ដូច្នេះ ចូរ​កូន​ៗ​ទៅ​ទិញ​ស្រូវ​ខ្លះ​ពី​ទី​នោះ​មក ដើម្បី​កុំ​ឲ្យ​យើង​ដាច់​ពោះ​ស្លាប់​»។+ ៣ ម្ល៉ោះ​ហើយ បង​ៗ​ទាំង​១០​នាក់​របស់​យ៉ូសែប+ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេហ្ស៊ីប​ដើម្បី​ទិញ​ស្រូវ។ ៤ ប៉ុន្តែ យ៉ាកុប​មិន​បាន​អនុញ្ញាត​ឲ្យ​បេនយ៉ាមីន+ប្អូន​យ៉ូសែប ទៅ​ជា​មួយ​នឹង​បង​ៗ​របស់​គាត់​ទេ ព្រោះ​យ៉ាកុប​និយាយ​ថា​៖ ​«​ពុក​ខ្លាច​គាត់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​»។+

៥ ដូច្នេះ កូន​ប្រុស​ៗ​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ទៅ​ទិញ​ស្រូវ​នៅ​ស្រុក​អេហ្ស៊ីប​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ព្រោះ​នៅ​ស្រុក​កាណាន​ក៏​មាន​ការ​អត់​ឃ្លាន​ដែរ។+ ៦ នៅ​គ្រា​នោះ យ៉ូសែប​មាន​អំណាច​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប+ ហើយ​គាត់​ជា​អ្នក​ចាត់​ចែង​លើ​ការ​លក់​ស្រូវ​ដល់​បណ្ដា​ជន​ដែល​មក​ពី​គ្រប់​ទិស​ទី។+ ពេល​បង​ៗ​របស់​យ៉ូសែប​ទៅ​ដល់ ពួក​គេ​បាន​ចូល​ទៅ​ក្រាប​មុខ​ដល់​ដី​នៅ​ចំពោះ​គាត់។+ ៧ ពេល​ឃើញ​ពួក​គេ​ភ្លាម យ៉ូសែប​ស្គាល់​ច្បាស់​ថា​ជា​បង​ៗ​របស់​គាត់។ ប៉ុន្តែ គាត់​មិន​បាន​ឲ្យ​ពួក​គេ​ដឹង​ថា​គាត់​ជា​យ៉ូសែប​ទេ។+ ដូច្នេះ គាត់​បាន​សួរ​ពួក​គេ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មក​ពី​ណា?​»។ ពួក​គេ​តប​វិញ​ថា​៖ ​«​ពួក​ខ្ញុំ​បាទ មក​ពី​ស្រុក​កាណាន​ដើម្បី​មក​ទិញ​ស្បៀង​អាហារ​»។+

៨ យ៉ូសែប​ស្គាល់​បង​ៗ​គាត់ តែ​ពួក​គេ​មិន​បាន​ស្គាល់​គាត់​ឡើយ។ ៩ ភ្លាម​នោះ យ៉ូសែប​បាន​នឹក​ឃើញ​សុបិន​ស្ដី​អំពី​ពួក​គេ។+ គាត់​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​អ្នក​ស៊ើបការណ៍! អ្នក​រាល់​គ្នា​មក​រក​មើល​ចំណុច​ខ្សោយ​របស់​ស្រុក​យើង!​»។ ១០ ប៉ុន្តែ ពួក​គេ​បាន​និយាយ​ថា​៖ ​«​មិន​មែន​ទេ លោក​ម្ចាស់ ពួក​ខ្ញុំ​បាទ​មក​ទី​នេះ​ដើម្បី​ទិញ​ស្បៀងអាហារ​ទេ។ ១១ ពួក​ខ្ញុំ​បាទ ជា​បង​ប្អូន​រួម​ឪពុក។ ពួក​ខ្ញុំ​បាទ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​អ្នក​ស៊ើបការណ៍​ទេ​»។ ១២ ប៉ុន្តែ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​មិន​ពិត​ទេ! អ្នក​រាល់​គ្នា​មក​រក​មើល​ចំណុច​ខ្សោយ​របស់​ស្រុក​យើង​ហើយ!​»។ ១៣ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ពួក​ខ្ញុំ​បាទ​មាន​បង​ប្អូន​ប្រុស​១២​នាក់+ ជា​កូន​របស់​បុរស​ម្នាក់+នៅ​ស្រុក​កាណាន។ ប្អូន​ពៅ​របស់​ពួក​ខ្ញុំ​បាទ កំពុងនៅ​ជា​មួយ​នឹង​ឪពុក។+ ចំណែក​ម្នាក់​ទៀត លែង​មាន​ទៀត​ហើយ​»។+

១៤ ប៉ុន្តែ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ឃើញ​ទេ ដូច​ខ្ញុំ​និយាយ​មែន អ្នក​រាល់​គ្នា​ជា​អ្នក​ស៊ើបការណ៍! ១៥ ដូច​ផារ៉ូ​មាន​ជីវិត​រស់​នៅ ខ្ញុំ​ស្បថ​ថា​អ្នក​រាល់​គ្នា​នឹង​មិន​អាច​ចាក​ចេញ​ពី​ទី​នេះ​បាន​ជា​ដាច់​ខាត លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ។ ឥឡូវ​ខ្ញុំ​នឹង​ពិសោធ​មើល​ថា​អ្នក​រាល់​គ្នា​និយាយ​ពិត​ឬ​មិន​ពិត។+ ១៦ ចូរ​អ្នក​រាល់​គ្នា​ចាត់​ម្នាក់​ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​មក តែ​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នេះ​ត្រូវ​ជាប់​ឃុំ​សិន។ យ៉ាង​នេះ ខ្ញុំ​នឹង​ដឹង​ថា​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ជា​ការ​ពិត​ឬ​មិន​ពិត។ ប៉ុន្តែ បើ​មិន​មែន​ជា​ការ​ពិត​ទេ ខ្ញុំ​នឹង​ដឹង​ប្រាកដ​ថា​ពួក​អ្នក​ជា​អ្នក​ស៊ើបការណ៍​មែន​»។ ១៧ ក្រោយ​និយាយ​ចប់​ភ្លាម គាត់​បាន​ឲ្យ​គេ​ចាប់​បង​ៗ​គាត់​ដាក់​ឃុំ​អស់​បី​ថ្ងៃ។

១៨ លុះ​បី​ថ្ងៃ​ក្រោយ​មក យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ឥឡូវ​ចូរ​ធ្វើ​តាម​បង្គាប់​ខ្ញុំ ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ ព្រោះ​ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ។ ១៩ បើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ចូរ​ទុក​ម្នាក់​ឲ្យ​ជាប់​ឃុំ​នៅ​ទី​នេះ ឯ​អ្នក​ផ្សេង​ទៀត ចូរ​នាំ​យក​ស្បៀងអាហារ​ទៅ​ឲ្យ​ពួក​អ្នក​ផ្ទះ​ដែល​កំពុង​មាន​ការ​អត់​ឃ្លាន​នោះ​ចុះ។+ ២០ រួច​ចូរ​នាំ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​ថា​សម្ដី​របស់​អ្នក​រាល់​គ្នា​គឺ​ពិត​ប្រាកដ​មែន ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ស្លាប់​ទេ​»។ ដូច្នេះ ពួក​គេ​បាន​ធ្វើ​តាម​សម្ដី​របស់​យ៉ូសែប។

២១ ក្រោយ​មក ពួក​គេ​បាន​និយាយ​គ្នា​ថា​៖ ​«​យើង​បាន​ធ្វើ​ខុស​ចំពោះ​ប្អូន​យើង។+ ពេល​យើង​ឃើញ​ទុក្ខ​លំបាក​របស់​គាត់ យើង​មិន​បាន​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ទេ ហើយ​ពេល​គាត់​សូម​អង្វរ​យើង យើង​ក៏​មិន​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​គាត់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ទុក្ខ​លំបាក​នេះ​ធ្លាក់​មក​លើ​យើង​វិញ​»។ ២២ រួច​រូបេន​បាន​និយាយ​ថា​៖ ​«​បង​បាន​ប្រាប់​ហើយ​ថា​‹កុំ​ធ្វើ​បាប​យ៉ូសែប​អី› តែ​ប្អូន​ៗ​មិន​បាន​ស្ដាប់​បង​ទេ។+ មើល! ឥឡូវ​យើង​ត្រូវ​ទទួល​ខុស​ត្រូវ ព្រោះ​យើង​បាន​សម្លាប់​គាត់​»។*+ ២៣ បង​ៗ​របស់​យ៉ូសែប​មិន​បាន​ដឹង​ថា​យ៉ូសែប​ស្ដាប់​យល់​ពួក​គេ​និយាយ​គ្នា​ទេ ព្រោះ​នៅ​ពេល​នោះ​យ៉ូសែប​និយាយ​ជា​មួយ​នឹង​ពួក​គេ​តាម​រយៈ​អ្នក​បក​ប្រែ។ ២៤ ពេល​នោះ យ៉ូសែប​បាន​បែរ​ចេញ​ពី​ពួក​គេ ហើយ​ចាប់​ផ្ដើម​យំ។+ ក្រោយ​នោះ គាត់​មក​និយាយ​ជា​មួយ​នឹង​ពួក​គេ​ម្ដង​ទៀត រួច​ចាប់​ស៊ីម្មាន+ចង​នៅ​មុខ​ពួក​គេ។+ ២៥ បន្ទាប់​មក យ៉ូសែប​បាន​បង្គាប់​គេ​ឲ្យ​ច្រក​ស្រូវ​ដាក់​ពេញ​បាវ​របស់​បង​ៗ​គាត់ និង​ដាក់​ថង់​ប្រាក់​របស់​ពួក​គេ​ទៅ​ក្នុង​បាវ​រៀង​ៗ​ខ្លួន​វិញ។ បន្ថែម​ទៀត គាត់​ក៏​បាន​ឲ្យ​អាហារ​ពួក​គេ​ទុក​បរិភោគ​តាម​ផ្លូវ​ដែរ។ ដូច្នេះ ពួក​អ្នក​បម្រើ​គាត់​បាន​ធ្វើ​តាម​បង្គាប់​គាត់​ទាំង​អស់។

២៦ បន្ទាប់​ពី​នោះ បង​ៗ​គាត់​បាន​ដាក់​បាវ​ស្រូវ​លើ​ខ្នង​លា រួច​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ទៅ។ ២៧ លុះ​ធ្វើ​ដំណើរ​ដល់​កន្លែង​ស្នាក់​នៅ បង​ប្រុស​ម្នាក់​របស់​យ៉ូសែប​បាន​ស្រាយ​បាវ​យក​ចំណី​ឲ្យ​លា​ស៊ី ស្រាប់​តែ​ឃើញ​ប្រាក់​របស់​គាត់​នៅ​មាត់​បាវ។ ២៨ ពេល​នោះ គាត់​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​គាត់​ថា​៖ ​«​គេ​បាន​ដាក់​ប្រាក់​ឲ្យ​ខ្ញុំ​វិញ មើល! វា​នៅ​ក្នុង​បាវ​ខ្ញុំ!​»។ ឮ​ដូច្នោះ ពួក​គេ​បាន​ភ័យ​ញ័រ​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា​៖ ​«​ម្ដេច​ក៏​ព្រះ​ធ្វើ​ដូច្នេះ​ចំពោះ​យើង?​»។

២៩ ក្រោយ​មក ពួក​គេ​បន្ត​ដំណើរ​ទៅ​ផ្ទះ​នៅ​ស្រុក​កាណាន​វិញ។ ពេល​ទៅ​ដល់ ពួក​គេ​បាន​រៀប​រាប់​ប្រាប់​យ៉ាកុប​ជា​ឪពុក អំពី​អ្វី​ទាំង​អស់​ដែល​បាន​កើត​ឡើង។ ពួក​គេ​បាន​និយាយ​ថា​៖ ៣០ ​«​បុរស​ដែល​ជា​អ្នក​ត្រួត​ត្រា​លើ​ស្រុក​នោះ បាន​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​មក​កាន់​យើង+ ហើយ​ចោទ​ប្រកាន់​ពួក​យើង​ថា​ជា​អ្នក​ស៊ើបការណ៍។ ៣១ ប៉ុន្តែ ពួក​កូន​បាន​និយាយ​ថា​៖ ‹ពួក​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើបការណ៍​ទេ ពួក​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់។+ ៣២ ពួក​ខ្ញុំ​មាន​បង​ប្អូន​ប្រុស​១២​នាក់+ ជា​កូន​របស់​បុរស​ម្នាក់​នៅ​ស្រុក​កាណាន។ ប្អូន​ពៅ​របស់​ពួក​ខ្ញុំ កំពុង​នៅ​ជា​មួយ​នឹង​ឪពុក។+ ចំណែក​ម្នាក់​ទៀត​លែង​មាន​ទៀត​ហើយ›។+ ៣៣ ប៉ុន្តែ បុរស​ដែល​ជា​អ្នក​ត្រួត​ត្រា​លើ​ស្រុក​នោះ បាន​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ជឿ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ខ្ញុំ ដោយ​ទុក​ម្នាក់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ។+ ឯ​អ្នក​ផ្សេង​ទៀត ចូរ​នាំ​យក​ស្បៀងអាហារ​ទៅ​ឲ្យ​ពួក​អ្នក​ផ្ទះ​ដែល​កំពុង​រង​ការ​អត់​ឃ្លាន​នោះ​ចុះ។+ ៣៤ រួច​ចូរ​នាំ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើបការណ៍​ទេ តែ​ជា​មនុស្ស​ទៀង​ត្រង់។ ខ្ញុំ​នឹង​ប្រគល់​បង​ប្អូន​អ្នក​ឲ្យ​អ្នក​វិញ ហើយ​អ្នក​រាល់​គ្នា​អាច​ជួញ​ដូរ​នៅ​ក្នុង​ស្រុក​នេះ​បាន›​»។

៣៥ កាល​ដែល​បង​ៗ​យ៉ូសែប​ចាក់​ស្រូវ​ចេញ​ពី​បាវ ពួក​គេ​បាន​ឃើញ​ថង់​ប្រាក់​របស់​ខ្លួន​ក្នុង​បាវ​ទាំង​នោះ។ ពេល​ពួក​គេ​និង​ឪពុក​ឃើញ​ដូច្នោះ ពួក​គេ​បាន​ភ័យ​តក់​ស្លុត។ ៣៦ យ៉ាកុប​បាន​ស្រែក​ឡើង​ថា​៖ ​«​ពួក​កូន​ធ្វើ​ឲ្យ​ពុក​បាត់​បង់​កូន​អស់​ហើយ!+ យ៉ូសែប​លែង​មាន​ហើយ+ ឯ​ស៊ីម្មាន​ក៏​លែង​នៅ​ដែរ។+ ឥឡូវ ពួក​កូន​ចង់​យក​បេនយ៉ាមីន​ទៅ​ថែម​ទៀត។ ហេតុ​អ្វី​ក៏​រឿង​ទាំង​អស់​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ​ដូច្នេះ?​»។ ៣៧ ប៉ុន្តែ រូបេន​បាន​តប​ទៅ​ឪពុក​វិញ​ថា​៖ ​«​ខ្ញុំ​សន្យា​ថា​នឹង​នាំ​បេនយ៉ាមីន​មក​ជូន​លោក​ឪពុក​វិញ បើ​មិន​ដូច្នោះ​ទេ សូម​លោក​ឪពុក​សម្លាប់​កូន​ប្រុស​ទាំង​ពីរ​របស់​ខ្ញុំ​ចុះ។+ សូម​លោក​ឪពុក​ឲ្យ​គាត់​ទៅ​ជា​មួយ​ខ្ញុំ​ទៅ។ ខ្ញុំ​នឹង​មើល​ថែ​គាត់ ហើយ​នាំ​គាត់​មក​ជូន​លោក​ឪពុក​វិញ​ជា​មិន​ខាន​»។+ ៣៨ ប៉ុន្តែ យ៉ាកុប​និយាយ​ថា​៖ ​«​ពុក​មិន​ឲ្យ​បេនយ៉ាមីន​ទៅ​ជា​មួយ​នឹង​កូន​ទេ ព្រោះ​គាត់​មាន​តែ​ម្នាក់​ឯង បង​គាត់​បាន​ស្លាប់​ចោល​គាត់​ហើយ។+ បើ​គាត់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នៅ​តាម​ផ្លូវ ពុក​មុខ​ជា​កើត​ទុក្ខ+រហូត​ដល់​ស្លាប់​មិន​ខាន​»។+

៤៣ នៅ​គ្រា​នោះ មាន​ការ​អត់​ឃ្លាន​ខ្លាំង​ណាស់+ ២ ហើយ​ក្រោយ​ពី​ក្រុម​គ្រួសារ​យ៉ាកុប​បរិភោគ​ស្រូវ​ដែល​ទិញ​ពី​ស្រុក​អេហ្ស៊ីប​អស់​ហើយ+ នោះ​យ៉ាកុប​បាន​និយាយ​ទៅ​កាន់​កូន​ៗ​គាត់​ថា​៖ ​«​ចូរ​កូន​ៗ​ទៅ​ទិញ​ស្បៀងអាហារ​ថែម​ទៀត​»។ ៣ ប៉ុន្តែ យូដា​បាន​ឆ្លើយ​ទៅ​ឪពុក​ថា​៖ ​«​អ្នក​ត្រួត​ត្រា​នៅ​ទី​នោះ​បាន​ព្រមាន​ពួក​កូន​យ៉ាង​ចំ​ៗ​ថា​៖ ‹កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ! លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​នាំ​ប្អូន​ពៅ​មក​ជា​មួយ›។+ ៤ បើ​លោក​ឪពុក​អនុញ្ញាត​ឲ្យ​ប្អូន​ពៅ​ទៅ​ជា​មួយ​នឹង​ពួក​កូន ទើប​ពួក​កូន​ព្រម​ទៅ​ទិញ​ស្បៀងអាហារ​មក។ ៥ ប៉ុន្តែ បើ​លោក​ឪពុក​មិន​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ទេ ពួក​កូន​ក៏​មិន​ហ៊ាន​ទៅ​ជួប​មុខ​អ្នក​ត្រួត​ត្រា​នោះ​ដែរ ព្រោះ​គាត់​បាន​ប្រាប់​ហើយ​ថា​៖ ‹កុំ​មក​ជួប​មុខ​ខ្ញុំ​ឲ្យ​សោះ! លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​នាំ​ប្អូន​ពៅ​មក​ជា​មួយ›​»។+ ៦ អ៊ីស្រាអែល+បាន​និយាយ​ថា​៖ ​«​ហេតុ​អ្វី​ពួក​កូន​ចាំ​បាច់​ប្រាប់​ថា​មាន​ប្អូន​ប្រុស​ម្នាក់​ទៀត​ធ្វើ​អី? ពួក​កូន​នាំ​ទុក្ខ​ដល់​ពុក​ហើយ​»។ ៧ ពួក​គេ​បាន​ឆ្លើយ​ថា​៖ ​«​បុរស​នោះ​សួរ​ពួក​កូន​យ៉ាង​ហ្មត់​ចត់​ណាស់​អំពី​ក្រុម​គ្រួសារ​និង​អំពី​ពួក​កូន​ផ្ទាល់។ គាត់​សួរ​ថា​៖ ‹តើ​ឪពុក​របស់​អ្នក​រាល់​គ្នា​នៅ​រស់​ទេ? តើ​អ្នក​រាល់​គ្នា​មាន​ប្អូន​ប្រុស​ម្នាក់​ទៀត​ទេ?›។ ដូច្នេះ ពួក​កូន​ក៏​ប្រាប់​ការ​ពិត​ដល់​គាត់​ទៅ។+ ពួក​កូន​មិន​នឹក​ស្មានថា​គាត់​ប្រាប់​ពួក​កូន​ឲ្យ​នាំ​ប្អូន​ពៅ​ទៅ​ជួប​គាត់​នោះ​ទេ​»។+

៨ បន្ទាប់​មក យូដា​បាន​អង្វរ​ឪពុក​គាត់​ថា​៖ ​«​សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​បេនយ៉ាមីន​ទៅ+ទិញ​ស្បៀងអាហារ​ជា​មួយ​នឹង​កូន​ៗ​ទៅ ដើម្បី​កុំ​ឲ្យ​ពួក​យើង លោក​ឪពុក និង​ក្មេង​ៗ​+ដាច់​ពោះ​ស្លាប់​ឡើយ។+ ៩ កូន​សូម​ធានា​ថា​កូន​នឹង​មើល​ថែ​គាត់​មិន​ឲ្យ​មាន​គ្រោះ​ថ្នាក់​ឡើយ។+ បើ​មាន​អ្វី​កើត​ឡើង​ដល់​គាត់ សូម​លោក​ឪពុក​ដាក់​ទោស​កូន​ចុះ ហើយ​បើ​កូន​មិន​នាំ​គាត់​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​កូន​សុខ​ចិត្ត​ទទួល​ទោស​អស់​មួយ​ជីវិត។ ១០ បើ​លោក​ឪពុក​ឲ្យ​ពួក​កូន​ទៅ​តាំង​ពី​យូរ ម្ល៉េះ​ពួក​កូន​បាន​ទៅ​និង​មក​វិញ​អស់​ពីរ​សា​ហើយ​»។

១១ រួច​មក អ៊ីស្រាអែល​បាន​ព្រម​ឲ្យ​ពួក​គេ​ទៅ​ដោយ​និយាយ​ថា​៖ ​«​បើ​ដូច្នេះ ចូរ​កូន​ៗ​ច្រក​ភោគ​ផល​ល្អ​បំផុត​ពី​ស្រុក​នេះ យក​ទៅ​ជូន​បុរស​នោះ​ជា​អំណោយ​ផង​ដែរ+ គឺ​ប្រេង​ក្រអូប+ ទឹក​ឃ្មុំ សម្បក​ឈើ​ក្រអូប ជ័រ​ក្រអូប+ និង​គ្រាប់​ធញ្ញជាតិ។* ១២ ចូរ​កូន​ៗ​យក​ប្រាក់​ទៅ​ច្រើន​ជាង​មុន​ពីរ​ដង ថែម​ទាំង​យក​ប្រាក់​ដែល​កូន​ឃើញ​នៅ​មាត់​បាវ+ទៅ​ឲ្យ​គេ​វិញ​ផង ប្រហែល​ជា​គេ​ច្រឡំ​ហើយ។ ១៣ ចូរ​នាំ​ប្អូន​ទៅ​ជួប​បុរស​នោះ​ចុះ។ ១៤ សូម​ឲ្យ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ធ្វើ​ឲ្យ​បុរស​នោះ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​កូន ដោយ​ឲ្យ​ស៊ីម្មាន​និង​បេនយ៉ាមីន​ត្រឡប់​មក​វិញ។ ចំណែក​ពុក​វិញ បើ​ពុក​ត្រូវ​អត់​កូន ពុក​សុខ​ចិត្ត​ទ្រាំ​អត់​ទៅ​ចុះ!​»។+

១៥ ដូច្នេះ ពួក​គេ​បាន​យក​ប្រាក់​មួយ​ជា​ពីរ និង​អំណោយ ព្រម​ទាំង​នាំ​យក​បេនយ៉ាមីន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អេហ្ស៊ីប។ ពេល​ទៅ​ដល់ ពួក​គេ​បាន​ចូល​ទៅ​ជួប​យ៉ូសែប​ម្ដង​ទៀត។+ ១៦ ពេល​យ៉ូសែប​បាន​ឃើញ​បេនយ៉ាមីន​មក​ជា​មួយ​បង​ៗ​គាត់ ភ្លាម​នោះ​គាត់​បាន​ប្រាប់​អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ​គាត់​ថា​៖ ​«​ចូរ​នាំ​ពួក​គេ​ទៅ​ផ្ទះ​ខ្ញុំ​ទៅ។ បន្ទាប់​មក ឲ្យ​គេ​សម្លាប់​សត្វ ហើយ​រៀបចំ​អាហារ ព្រោះ​ពួក​គេ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​នឹង​ខ្ញុំ​»។ ១៧ អ្នក​ចាត់​ចែង​នោះ​ក៏​ប្រញាប់​ធ្វើ​តាម​បង្គាប់​យ៉ូសែប+ ហើយ​នាំ​ពួក​គេ​ទៅ​ផ្ទះ​យ៉ូសែប​ទៅ។ ១៨ នៅ​តាម​ផ្លូវ បង​ៗ​របស់​យ៉ូសែប​ចាប់​ផ្ដើម​ភ័យ​ខ្លាច ហើយ​និយាយ​គ្នា​ថា​៖ ​«​គេ​នាំ​យើង​ទៅ​ទី​នោះ គឺ​ដោយ​សារ​តែ​ប្រាក់​ដែល​នៅ​ក្នុង​បាវ​នោះ​ហើយ! គេ​មុខ​ជា​ចាប់​បង្ខំ​យើង​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ ហើយ​រឹប​អូស​យក​សត្វ​លា​របស់​យើង​ជា​មិន​ខាន!​»។+

១៩ ពេល​ទៅ​ដល់​មាត់​ទ្វារ​ផ្ទះ ពួក​គេ​ចូល​ទៅ​ជិត​អ្នក​ចាត់​ចែង​នោះ ហើយ​និយាយ​ជា​មួយ​នឹង​គាត់​ថា​៖ ២០ ​«​សូម​អត់​ទោស​លោក​ម្ចាស់! ពេល​មុន ពួក​ខ្ញុំ​បាន​មក​ទិញ​ស្បៀងអាហារ+ ២១ តែ​ពេល​ពួក​ខ្ញុំ​ទៅ​ដល់​កន្លែង​ស្នាក់​នៅ ពួក​ខ្ញុំ​បាន​ស្រាយ​បាវ ស្រាប់​តែ​ឃើញ​ថង់​ប្រាក់​នៅ​ក្នុង​បាវ​របស់​ពួក​ខ្ញុំ​រៀង​ៗ​ខ្លួន។ ប្រាក់​នោះ​នៅ​គ្រប់​ចំនួន​ទាំង​អស់។+ ដូច្នេះ ពួក​ខ្ញុំ​សូម​យក​មក​ជូន​លោក​វិញ​ដោយ​ផ្ទាល់​ដៃ។ ២២ ការ​ពិត ពួក​ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​បាន​ដាក់​ថង់​ប្រាក់​ទាំង​នោះ​នៅ​ក្នុង​បាវ​របស់​ពួក​ខ្ញុំ​ទេ ហើយ​លើក​នេះ ពួក​ខ្ញុំ​បាន​យក​ប្រាក់​មក​ទិញ​ស្បៀងអាហារ​ថែម​ទៀត​»។+ ២៣ រួច​មក អ្នក​ចាត់​ចែង​នោះ​បាន​និយាយ​ថា​៖ ​«​មិន​អី​ទេ កុំ​បារម្ភ​អី! គឺ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា និង​ព្រះ​របស់​ឪពុក​អ្នក​ទេ ដែល​ជា​អ្នក​ដាក់​ថង់​ប្រាក់​ក្នុង​បាវ​ទាំង​នោះ។ ខ្ញុំ​បាន​ទទួល​ប្រាក់​របស់​អ្នក​រាល់​គ្នា​រួច​ហើយ​»។ ក្រោយ​នោះ គាត់​បាន​នាំ​ស៊ីម្មាន​ចេញ​មក​ជួប​ពួក​គេ។+

២៤ បន្ទាប់​មក អ្នក​ចាត់​ចែង​នោះ​បាន​នាំ​ពួក​គេ​ចូល​ក្នុង​ផ្ទះ​យ៉ូសែប រួច​យក​ទឹក​មក​ឲ្យ​ពួក​គេ​លាង​ជើង ហើយ​ឲ្យ​ចំណី​ដល់​សត្វ​លា។ ២៥ រួច​មក បង​ៗ​យ៉ូសែប​បាន​រៀបចំ​អំណោយ+ទុក​ជូន​យ៉ូសែប ព្រោះ​ពួក​គេ​បាន​ឮ​ថា​ពួក​គេ​នឹង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​នឹង​គាត់។+ ២៦ ពេល​យ៉ូសែប​មក​ដល់ ពួក​គេ​បាន​យក​អំណោយ​ទៅ​ជូន​គាត់ ហើយ​ក្រាប​ខ្លួន​ដល់​ដី​គោរព​គាត់។+ ២៧ បន្ទាប់​មក យ៉ូសែប​បាន​សួរ​សុខ​ទុក្ខ​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​ពី​មុន​អ្នក​រាល់​គ្នា​ធ្លាប់​ប្រាប់​ថា​ឪពុក​របស់​អ្នក​រាល់​គ្នា​មាន​វ័យ​ចាស់​ណាស់​ហើយ។ តើ​គាត់​សុខ​សប្បាយ​ជា​ទេ? តើ​គាត់​នៅ​រស់​ឬ?​»។+ ២៨ ពួក​គេ​បាន​ឆ្លើយ​ថា​៖ ​«​បាទ លោក​ម្ចាស់! ឪពុក​របស់​ពួក​ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​គាត់​ក៏​សុខ​សប្បាយ​ដែរ​»។ រួច​ពួក​គេ​ក៏​ក្រាប​ខ្លួន​គោរព​គាត់។+

២៩ ពេល​យ៉ូសែប​ឃើញ​បេនយ៉ាមីន​ជា​ប្អូន​រួម​ម្ដាយ+ គាត់​បាន​សួរ​បង​ៗ​គាត់​ថា​៖ ​«​តើ​គាត់​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​រៀប​រាប់​ប្រាប់​ខ្ញុំ​នោះ​ឬ?​»។+ បន្ទាប់​មក យ៉ូសែប​ក៏​និយាយ​ទៅ​កាន់​បេនយ៉ាមីន​ថា​៖ ​«​កូន​អើយ! សូម​ឲ្យ​ព្រះ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​កូន​»។ ៣០ ពេល​ឃើញ​ប្អូន យ៉ូសែប​បាន​រំជួល​ចិត្ត​ជា​ខ្លាំង រួច​រត់​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់ ព្រោះ​ទប់​ទឹក​ភ្នែក​ពុំ​បាន។+ ៣១ ក្រោយ​នោះ គាត់​បាន​លាង​មុខ ហើយ​ចេញ​ទៅ​វិញ។ បន្ទាប់​ពី​ទប់​អារម្មណ៍​បាន​ហើយ គាត់​ក៏​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​ថា​៖ ​«​ចូរ​លើក​អាហារ​មក​»។ ៣២ ពួក​អ្នក​បម្រើ​បាន​លើក​អាហារ​មក​ជូន​យ៉ូសែប​បរិភោគ​ដោយ​ឡែក និង​បង​ប្អូន​គាត់​ដោយ​ឡែក។ ឯ​ពួក​អេហ្ស៊ីប​ដែល​នៅ​ជា​មួយ​នឹង​យ៉ូសែប ពួក​គេ​ក៏​បរិភោគ​ដោយ​ឡែក​ដែរ។ ពួក​អេហ្ស៊ីប​មិន​មាន​ទម្លាប់​បរិភោគ​ជា​មួយ​នឹង​ពួក​ហេប្រឺ​ទេ ព្រោះ​ការ​នោះ​ជា​អ្វី​ដ៏​គួរ​ខ្ពើម​ឆ្អើម​ចំពោះ​ពួក​អេហ្ស៊ីប។+

៣៣ បង​ប្អូន​យ៉ូសែប​អង្គុយ​នៅ​តុ​ទល់​មុខ​គាត់។ ពួក​គេ​អង្គុយ​តាម​លំដាប់​អាយុ ចាប់​ពី​បង​ច្បង+រហូត​ដល់​ប្អូន​ពៅ។ ពេល​នោះ ពួក​គេ​សម្លឹង​មើល​មុខ​គ្នា​ដោយ​ងឿង​ឆ្ងល់។ ៣៤ យ៉ូសែប​បាន​ឲ្យ​គេ​យក​អាហារ​ពី​តុ​គាត់​ទៅ​ឲ្យ​បង​ៗ​គាត់​ម្ដង​ហើយ​ម្ដង​ទៀត តែ​បេនយ៉ាមីន​ទទួល​បាន​ប្រាំ​ដង លើស​បង​ៗ​គាត់​ទាំង​អស់។+ ពួក​គេ​ក៏​បាន​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​នឹង​យ៉ូសែប​រហូត​ដល់​ឆ្អែត​គ្រប់​ៗ​គ្នា។

៤៤ ក្រោយ​មក យ៉ូសែប​បាន​បង្គាប់​អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ​របស់​គាត់​ថា​៖ ​«​ចូរ​ច្រក​ស្រូវ​ឲ្យ​ច្រើន​ទៅ​ក្នុង​បាវ​របស់​ពួក​គេ តាម​ដែល​ពួក​គេ​អាច​ដឹក​ទៅ​បាន។ រួច​មក ចូរ​ដាក់​ថង់​ប្រាក់​របស់​ពួក​គេ​នៅ​ក្នុង​បាវ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+ ២ ប៉ុន្តែ អ្នក​ត្រូវ​ដាក់​ពែង​ប្រាក់​របស់​ខ្ញុំ ទៅ​ក្នុង​បាវ​ស្រូវ​របស់​អ្នក​ដែល​ក្មេង​ជាង​គេ​»។ ដូច្នេះ អ្នក​ចាត់​ចែង​នោះ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​យ៉ូសែប។

៣ លុះ​ព្រលឹម​ឡើង បង​ប្អូន​របស់​យ៉ូសែប​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ទៅ ទាំង​មាន​អីវ៉ាន់​នៅ​លើ​ខ្នង​លា។ ៤ ក្រោយ​ពី​ពួក​គេ​បាន​ចេញ​ពី​ក្រុង​មិន​យូរ​ប៉ុន្មាន យ៉ូសែប​បាន​បង្គាប់​អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ​របស់​គាត់​ថា​៖ ​«​ចូរ​ដេញ​តាម​ពួក​គេ​ទៅ! ពេល​អ្នក​តាម​ពួក​គេ​ទាន់​ហើយ អ្នក​ត្រូវ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ‹ហេតុ​អ្វី​អ្នក​រាល់​គ្នា​តប​ស្នង​ការ​ល្អ​ដោយ​ការ​អាក្រក់​បែប​នេះ? ៥ ម្ដេច​ក៏​លួច​ពែង​របស់​ចៅហ្វាយ​ខ្ញុំ​ដូច្នេះ? ចៅហ្វាយ​ខ្ញុំ​តែង​តែ​ពិសា​ពី​ពែង​នោះ ហើយ​ក៏​ប្រើ​ពែង​នោះ​ដើម្បី​មើល​ប្រផ្នូល​ដែរ។ អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ​គឺ​អាក្រក់​ខ្លាំង​ណាស់›​»។

៦ លុះ​ស្ដាប់​រួច អ្នក​ចាត់​ចែង​នោះ​ក៏​បាន​ដេញ​តាម​បង​ប្អូន​យ៉ូសែប​រហូត​ដល់​ទាន់ រួច​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ពួក​គេ។ ៧ ប៉ុន្តែ ពួក​គេ​បាន​និយាយ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​មាន​ប្រសាសន៍​ដូច្នេះ? ពួក​ខ្ញុំ​បាទ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ។ ៨ សូម្បី​តែ​ថង់​ប្រាក់​ដែល​ពួក​ខ្ញុំ​បាទ​បាន​ឃើញ​នៅ​ក្នុង​បាវ ក៏​ពួក​ខ្ញុំ​បាទ​សុខ​ចិត្ត​ធ្វើ​ដំណើរ​ពី​ស្រុក​កាណាន យក​មក​ប្រគល់​ជូន​លោក​វិញ​ដែរ+ ចុះ​ទម្រាំ​មាស​ប្រាក់​នៅ​ផ្ទះ​ម្ចាស់​របស់​លោក តើ​ឲ្យ​ពួក​ខ្ញុំ​បាទ​លួច​ម្ដេច​នឹង​បាន​ទៅ? ៩ ប្រសិន​បើ​លោក​ម្ចាស់​រក​ឃើញ​ពែង​នោះ​នៅ​នឹង​អ្នក​ណា ចូរ​ឲ្យ​អ្នក​នោះ​ស្លាប់​ចុះ ឯ​ពួក​ខ្ញុំ​បាទ​ដែល​នៅ​សល់ ពួក​ខ្ញុំ​បាទ​សុខ​ចិត្ត​ធ្វើ​ជា​ខ្ញុំ​បម្រើ​ម្ចាស់​របស់​លោក​»។ ១០ ដូច្នេះ អ្នក​ចាត់​ចែង​នោះ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ដូច​ពាក្យ​អ្នក​ចុះ បើ​រក​ឃើញ​ពែង​នោះ​នៅ​នឹង​អ្នក​ណា អ្នក​នោះ​ត្រូវ​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​ខ្ញុំ តែ​អ្នក​ផ្សេង​ទៀត​នឹង​គ្មាន​ទោស​ទេ​»។ ១១ ភ្លាម​នោះ ពួក​គេ​បាន​លើក​បាវ​ចុះ​ពី​ខ្នង​លា រួច​ស្រាយ​បាវ។ ១២ អ្នក​ចាត់​ចែង​នោះ​បាន​រក​យ៉ាង​ហ្មត់​ចត់ គឺ​ចាប់​ពី​បាវ​របស់​បង​ច្បង​រហូត​ដល់​បាវ​របស់​ប្អូន​ពៅ។ ទី​បំផុត គាត់​បាន​រក​ឃើញ​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេនយ៉ាមីន។+

១៣ ឃើញ​ដូច្នេះ បង​ប្អូន​យ៉ូសែប​បាន​ចាប់​ហែក​អាវ​ខ្លួន ហើយ​លើក​អីវ៉ាន់​ដាក់​លើ​ខ្នង​លា រួច​ធ្វើ​ដំណើរ​ចូល​ទៅ​ទីក្រុង​វិញ។ ១៤ ពេល​យូដា+និង​បង​ប្អូន​គាត់​ចូល​ក្នុង​ផ្ទះ​យ៉ូសែប យ៉ូសែប​នៅ​ទី​នោះ​នៅ​ឡើយ រួច​ពួក​គេ​ក៏​ក្រាប​ខ្លួន​ដល់​ដី​នៅ​ចំពោះ​យ៉ូសែប។+ ១៥ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​ក៏​អ្នករាល់​គ្នា​ធ្វើ​ដូច្នេះ? តើ​មិន​ដឹង​ទេ​ឬ​ថា​ខ្ញុំ​ចេះ​មើល​ប្រផ្នូល?​»។+ ១៦ យូដា​បាន​ឆ្លើយ​ថា​៖ ​«​ពួក​ខ្ញុំ​បាទ​មិន​ដឹង​ថា​គួរ​និយាយ​យ៉ាង​ណា​នឹង​លោក​ម្ចាស់​ទេ ហើយ​ក៏​មិន​ដឹង​គួរ​បង្ហាញ​យ៉ាង​ណា​ថា​ខ្លួន​សុចរិត​ដែរ ព្រោះ​ព្រះ​ពិត​បាន​ស​ឲ្យ​ឃើញ​នូវ​កំហុស​របស់​ពួក​ខ្ញុំ​ហើយ។+ ចាប់​ពី​ឥឡូវ​នេះ​ទៅ ពួក​ខ្ញុំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក​ម្ចាស់ រួម​ទាំង​អ្នក​ដែល​មាន​ពែង​នោះ​ដែរ!​»។ ១៧ ប៉ុន្តែ យ៉ូសែប​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ធ្វើ​ដូច​នោះ​ជា​ដាច់​ខាត! គឺ​អ្នក​លួច​ពែង​នោះ​ទេ​ដែល​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ខ្ញុំ។+ ចំណែក​អ្នក​ផ្សេង​ទៀត ចូរ​ត្រឡប់​ទៅ​ឯ​ឪពុក​អ្នក​រាល់​គ្នា​វិញ​ដោយ​សុខ​សាន្ត​ចុះ​»។

១៨ ពេល​នោះ យូដា​បាន​ចូល​ទៅ​ជិត​យ៉ូសែប ហើយ​អង្វរ​ថា​៖ ​«​លោក​ម្ចាស់ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាទ​ជម្រាប​លោក​បន្តិច​សិន ហើយ​សូម​មេត្តា​កុំ​ខឹង​នឹង​ខ្ញុំ​បាទ​អី ព្រោះ​លោក​ម្ចាស់​ដូច​ជា​ផារ៉ូ​ទៅ​ហើយ។+ ១៩ ពេល​មុន លោក​ម្ចាស់​បាន​សួរ​ពួក​ខ្ញុំ​បាទ​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​មាន​ឪពុក​ឬ​ប្អូន​ប្រុស​ឬ​ទេ?›។ ២០ ដូច្នេះ ពួក​ខ្ញុំ​បាទ​បាន​ជម្រាប​លោក​ម្ចាស់​ដោយ​ត្រង់​ថា​៖ ‹ពួក​ខ្ញុំ​បាទ​មាន​ឪពុក​ចាស់​ជរា​ម្នាក់ ថែម​ទាំង​មាន​ប្អូនប្រុស​ពៅ​ម្នាក់​ដែល​បាន​កើត​មក​នៅ​ពេល​ដែល​ឪពុក​ពួក​ខ្ញុំ​បាទ​មាន​អាយុ​ចាស់​ណាស់​ហើយ។+ បង​ប្រុស​រួម​ម្ដាយ​ជា​មួយ​នឹង​គាត់​បាន​ស្លាប់​ហើយ ដូច្នេះ​សល់​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ។+ ឪពុក​របស់​ពួក​ខ្ញុំ​បាទ​ស្រឡាញ់​គាត់​ខ្លាំង​ណាស់›។ ២១ ក្រោយ​នោះ លោក​ម្ចាស់​បាន​មាន​ប្រសាសន៍​មក​ពួក​ខ្ញុំ​បាទ​ថា​៖ ‹ចូរ​នាំ​ប្អូន​ពៅ​នោះ​មក​ជួប​ខ្ញុំ›។+ ២២ ប៉ុន្តែ ពួក​ខ្ញុំ​បាទ​បាន​ជម្រាប​លោក​ម្ចាស់​ថា​៖ ‹ប្អូន​ប្រុស​របស់​ពួក​ខ្ញុំ​បាទ​មិន​អាច​បែក​ចេញ​ពី​ឪពុក​ពួក​ខ្ញុំ​បាទ​បាន​ទេ។ បើ​គាត់​បែក​ចេញ ឪពុក​ពួក​ខ្ញុំ​បាទ​ច្បាស់​ជា​ស្លាប់​ជា​មិន​ខាន›។+ ២៣ បន្ទាប់​មក លោក​ម្ចាស់​បាន​បង្គាប់​ពួក​ខ្ញុំ​បាទ​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ បើ​មិន​នាំ​មក​ទេ កុំ​មក​ជួប​មុខ​ខ្ញុំ​ទៀត›។+

២៤ ​«​ដូច្នេះ ពួក​ខ្ញុំ​បាទ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ឪពុក​របស់​ពួក​ខ្ញុំ​បាទ​វិញ ហើយ​ប្រាប់​គាត់​នូវ​ពាក្យ​សម្ដី​របស់​លោក​ម្ចាស់។ ២៥ ក្រោយ​មក ឪពុក​របស់​ពួក​ខ្ញុំ​បាទ​បាន​និយាយ​ថា​៖ ‹ចូរ​កូន​ៗ​ទៅ​ទិញ​ស្បៀងអាហារ​ថែម​ទៀត›។+ ២៦ ប៉ុន្តែ ពួក​ខ្ញុំ​បាទ​បាន​និយាយ​ថា​៖ ‹ពួក​កូន​មិន​អាច​ទៅ​បាន​ទេ ទាល់​តែ​លោក​ឪពុក​អនុញ្ញាត​ឲ្យ​ប្អូន​ពៅ​ទៅ​ជា​មួយ​នឹង​ពួក​កូន ព្រោះ​ពួក​កូន​មិន​អាច​ជួប​មុខ​អ្នក​ត្រួត​ត្រា​នៅ​ទី​នោះ​បាន​ទេ បើ​គ្មាន​ប្អូន​ពៅ​ទៅ​ជា​មួយ›។+ ២៧ រួច​មក ឪពុក​ពួក​ខ្ញុំ​បាទ​បាន​និយាយ​ថា​៖ ‹ពួក​កូន​ដឹង​ហើយ​ថា ប្រពន្ធ​ពុក​បាន​បង្កើត​តែ​កូន​ប្រុស​ពីរ​នាក់​ប៉ុណ្ណោះ​ឲ្យ​ពុក។+ ២៨ កូន​ម្នាក់​បាន​ឃ្លាត​ចេញ​ពី​ពុក ហើយ​មក​ដល់​ឥឡូវ​ពុក​មិន​បាន​ឃើញ​គាត់​ទៀត​ទេ។ ពុក​គិត​ថា​គាត់​ច្បាស់​ជា​ត្រូវ​សត្វ​សាហាវ​ហែក​ស៊ី​ហើយ។+ ២៩ បើ​ពួក​កូន​យក​កូន​ពៅ​ពុក​ចេញ​ឆ្ងាយ​ពី​ពុក​ទៀត ហើយ​គាប់​ជួន​គាត់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត នោះ​ពុក​មុខ​ជា​កើត​ទុក្ខ+រហូត​ដល់​ស្លាប់​មិន​ខាន›។+

៣០ ​«​ប្អូន​ពៅ​នេះ​ជា​ដួង​ជីវិត​របស់​ឪពុក​ពួក​ខ្ញុំ​បាទ។ បើ​ពួក​ខ្ញុំ​បាទ​ត្រឡប់​ទៅ​ជួប​ឪពុក​វិញ​ដោយ​គ្មាន​គាត់ ៣១ ហើយ​បើ​ឪពុក​ពួក​ខ្ញុំ​បាទ​មិន​ឃើញ​គាត់​ទេ នោះ​ពួក​ខ្ញុំ​បាទ​ច្បាស់​ជា​នាំ​ឲ្យ​ឪពុក​ពួក​ខ្ញុំ​បាទ​កើត​ទុក្ខ​រហូត​ដល់​ស្លាប់​ជា​មិន​ខាន។ ៣២ ខ្ញុំ​បាទ​បាន​សន្យា​នឹង​ឪពុក​ខ្ញុំ​បាទ​ថា​៖ ‹បើ​កូន​មិន​នាំ​ប្អូន​ពៅ​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​កូន​សុខ​ចិត្ត​ទទួល​ទោស​អស់​មួយ​ជីវិត›។+ ៣៣ ដូច្នេះ សូម​លោក​ម្ចាស់​ឲ្យ​ខ្ញុំ​បាទ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ជំនួស​ប្អូន​ពៅ​ខ្ញុំ​បាទ​វិញ​ទៅ ហើយ​សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ​ជា​មួយ​នឹង​បង​ៗ​គាត់​ផង។ ៣៤ ខ្ញុំ​បាទ​មិន​អាច​ត្រឡប់​ទៅ​វិញ​ដោយ​គ្មាន​គាត់​បាន​ទេ ហើយ​ខ្ញុំ​បាទ​មិន​អាច​ទ្រាំ​មើល​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ឪពុក​ខ្ញុំ​បាទ​បាន​ឡើយ!​»។

៤៥ ក្រោយ​ពី​ស្ដាប់​រួច យ៉ូសែប​មិន​អាច​ទប់​អារម្មណ៍​បាន​ទៀត​ទេ។+ ដូច្នេះ គាត់​ក៏​បង្គាប់​ពួក​អ្នក​បម្រើ​ទាំង​អស់​ថា​៖ ​«​ចូរ​ចេញ​ពី​ទី​នេះ​ទៅ!​»។ ពេល​គ្មាន​អ្នក​ឯ​ទៀត​នៅ​ក្បែរ គាត់​បាន​ប្រាប់​បង​ប្អូន​គាត់​ថា​គាត់​គឺ​ជា​យ៉ូសែប។+

២ ពេល​នោះ យ៉ូសែប​បាន​ទ្រហោ​យំ​យ៉ាង​ខ្លាំង ហើយ​ពួក​អេហ្ស៊ីប​បាន​ឮ។ ចំណែក​ពួក​អ្នក​នៅ​ក្នុង​វិមាន​របស់​ផារ៉ូ ពួក​គេ​ក៏​បាន​ឮ​ដែរ។ ៣ ទី​បំផុត យ៉ូសែប​បាន​ប្រាប់​បង​ប្អូន​គាត់​ថា​៖ ​«​ខ្ញុំ​ជា​យ៉ូសែប! តើ​លោក​ឪពុក​នៅ​រស់​ទេ?​»។ ប៉ុន្តែ បង​ប្អូន​គាត់​បាន​ស្រឡាំងកាំង​ទាំង​អស់​គ្នា ហើយ​រក​ឆ្លើយ​មិន​រួច។ ៤ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​គាត់​ថា​៖ ​«​សូម​ចូល​មក​ជិត​ខ្ញុំ​»។ ដូច្នេះ ពួក​គេ​ក៏​ចូល​ទៅ​ជិត​គាត់។

បន្ទាប់​មក គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ជា​យ៉ូសែប! គឺ​ជា​អ្នក​ដែល​បង​ៗ​បាន​លក់​ឲ្យ​គេ ហើយ​ត្រូវ​គេ​នាំ​យក​មក​ស្រុក​អេហ្ស៊ីប។+ ៥ ប៉ុន្តែ សូម​ពួក​បង​កុំ​ខឹង​គ្នា ហើយ​កុំ​បន្ទោស​ខ្លួន​ចំពោះ​ការ​លក់​ខ្ញុំ​អី ព្រោះ​ព្រះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​សង្គ្រោះ​ជីវិត​យើង​ទាំង​អស់​គ្នា។+ ៦ ឥឡូវ គឺ​ជា​ឆ្នាំ​ទី​២​ដែល​មាន​ការ​អត់​ឃ្លាន​នៅ​ក្នុង​ស្រុក+ ហើយ​អំណត់​នេះ​នឹង​មាន​បន្ត​អស់​ប្រាំ​ឆ្នាំ​ទៀត។ ក្នុង​អំឡុង​ពេល​នោះ នឹង​គ្មាន​ការ​ភ្ជួរ​រាស់​ឬ​ច្រូត​កាត់​ឡើយ។ ៧ ប៉ុន្តែ ព្រះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​រក្សា​ជីវិត​ពួក​បង​ឲ្យ​នៅ​សល់+លើ​ផែនដី ថែម​ទាំង​សង្គ្រោះ​ពួក​បង​តាម​របៀប​ដ៏​អស្ចារ្យ។ ៨ ដូច្នេះ គឺ​ព្រះ​ពិត​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ មិន​មែន​ពួក​បង​ទេ ព្រោះ​លោក​មាន​បំណង​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​មន្ត្រី​ខ្ពស់​បំផុត​របស់​ផារ៉ូ និង​ធ្វើ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិមាន​គាត់ ហើយ​ធ្វើ​ជា​អ្នក​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប​ទាំង​មូល។+

៩ ​«​សូម​ប្រញាប់​ត្រឡប់​ទៅ​ជួប​លោក​ឪពុក​វិញ ហើយ​ប្រាប់​គាត់​ថា​៖ ‹យ៉ូសែប​កូន​លោក​ឪពុក​ផ្ដាំ​ថា​៖ ​«​ព្រះ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប។+ សូម​លោក​ឪពុក​អញ្ជើញ​មក​ជួប​កូន កុំ​បង្អង់​ឡើយ។+ ១០ សូម​លោក​ឪពុក​អញ្ជើញ​មក​រស់​នៅ​ក្នុង​ទឹក​ដី​កូសែន+ជិត​កូន រួម​ទាំង​កូន​ចៅ​លោក​ឪពុក ហ្វូង​ចៀម​ហ្វូង​គោ និង​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន។ ១១ កូន​នឹង​ផ្គត់​ផ្គង់​ស្បៀងអាហារ​ជូន​លោក​ឪពុក ព្រោះ​ការ​អត់​ឃ្លាន​នៅ​សល់​ប្រាំ​ឆ្នាំ​ទៀត។+ បើ​មិន​ដូច្នោះទេ លោក​ឪពុក​និង​ក្រុម​គ្រួសារ​លោក​ឪពុក​នឹង​គ្មាន​ស្បៀងអាហារ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​នឹង​វិនាស​អស់​ទៅ​»​›។ ១២ ឥឡូវ ពួក​បង​និង​បេនយ៉ាមីន​បាន​ឃើញ​ផ្ទាល់​ភ្នែក​ហើយ​ថា គឺ​ខ្ញុំ​ផ្ទាល់​ជា​អ្នក​ដែល​និយាយ​ទៅ​កាន់​បង​ប្អូន។+ ១៣ ដូច្នេះ សូម​ទៅ​ប្រាប់​លោក​ឪពុក​អំពី​ភាព​រុង​រឿង​របស់​ខ្ញុំ​ក្នុង​ស្រុក​អេហ្ស៊ីប និង​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​បង​ប្អូន​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក។ សូម​ទៅ​នាំ​លោក​ឪពុក​មក​ទី​នេះ​ជា​ប្រញាប់​»។

១៤ រួច​យ៉ូសែប​និង​បេនយ៉ាមីន​ក៏​ឱប​គ្នា ហើយ​យំ​ជា​មួយ​គ្នា។+ ១៥ យ៉ូសែប​ក៏​បាន​ថើប​បង​ៗ​គាត់​ទាំង​ស្រក់​ទឹក​ភ្នែក។ រួច​មក បង​ប្អូន​គាត់​ចាប់​ផ្ដើម​និយាយ​ជា​មួយ​នឹង​គាត់។

១៦ ក្រោយ​មក ដំណឹង​នោះ​បាន​លេច​ឮ​ទៅ​ដល់​វិមាន​ផារ៉ូ គឺ​ដំណឹង​ថា​៖ ​«​បង​ប្អូន​របស់​យ៉ូសែប​បាន​មក​ដល់​ហើយ!​»។ ផារ៉ូ​និង​ពួក​អ្នក​បម្រើ​គាត់​សប្បាយ​ដែល​បាន​ឮ​ដំណឹង​នោះ។ ១៧ ដូច្នេះ ផារ៉ូ​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ចូរ​ប្រាប់​បង​ប្អូន​អ្នក​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​យក​ស្បៀងអាហារ​ដាក់​លើ​ខ្នង​សត្វ ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាណាន។ ១៨ រួច​នាំ​យក​ឪពុក​និង​ក្រុម​គ្រួសារ​អ្នក​រាល់​គ្នា​មក​ឯ​ខ្ញុំ។ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​នូវ​អ្វី​ល្អ​ៗ​ពី​ទឹក​ដី​នេះ ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផល​ល្អ​បំផុត*ពី​ស្រុក​អេហ្ស៊ីប›។+ ១៩ បន្ថែម​ទៅ​ទៀត អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ថា​៖+ ‹ចូរ​អ្នក​រាល់​គ្នា​យក​រទេះ​មួយ​ចំនួន+ពី​ស្រុក​អេហ្ស៊ីប ទៅ​ដឹក​ឪពុក​និង​ប្រពន្ធ​កូន​អ្នក​រាល់​គ្នា​មក​ទី​នេះ។+ ២០ ចូរ​កុំ​ព្រួយ​បារម្ភ​អំពី​ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា+ ព្រោះ​ខ្ញុំ​នឹង​ប្រគល់​អ្វី​ដែល​ល្អ​បំផុត​ក្នុង​ស្រុក​អេហ្ស៊ីប​ដល់​អ្នក​រាល់​គ្នា›​»។

២១ ឮ​ដូច្នេះ កូន​ៗ​របស់​អ៊ីស្រាអែល​បាន​ធ្វើ​តាម​បង្គាប់​របស់​ផារ៉ូ។ ឯ​យ៉ូសែប គាត់​ក៏​បាន​ប្រគល់​រទេះ​មួយ​ចំនួន​ដល់​បង​ប្អូន​គាត់ តាម​បង្គាប់​របស់​ផារ៉ូ​ដែរ។ យ៉ូសែប​ថែម​ទាំង​ផ្ដល់​អាហារ​ដល់​ពួក​គេ​ទុក​បរិភោគ​នៅ​តាម​ផ្លូវ ២២ ហើយ​បាន​ឲ្យ​សម្លៀក​បំពាក់​ដល់​បង​ៗ​គាត់​ម្នាក់​មួយ​បន្លាស់​ៗ តែ​គាត់​បាន​ឲ្យ​សម្លៀក​បំពាក់​ដល់​បេនយ៉ាមីន​ប្រាំ​បន្លាស់​វិញ ព្រម​ទាំង​ឲ្យ​ប្រាក់​៣០០​ដុំ​ដល់​គាត់​ផង​ដែរ។+ ២៣ បន្ថែម​ទៅ​ទៀត គាត់​បាន​ផ្ញើ​អំណោយ​ទៅ​ឲ្យ​ឪពុក​គាត់ គឺ​លា​ឈ្មោល​១០​ក្បាល​ដែល​ផ្ទុក​ដោយ​របស់​ល្អ​ៗ​ពី​ស្រុក​អេហ្ស៊ីប ថែម​ទាំង​លា​ញី​១០​ក្បាល​ដែល​ផ្ទុក​ដោយ​ស្រូវ នំ​ប៉័ង និង​អាហារឯ​ទៀត សម្រាប់​ឪពុក​គាត់​បរិភោគ​នៅ​តាម​ផ្លូវ។ ២៤ បន្ទាប់​មក គាត់​បាន​ជូន​ដំណើរ​បង​ប្អូន​គាត់ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​សូម​កុំ​ឈ្លោះ​គ្នា​នៅ​តាម​ផ្លូវ​»។+

២៥ ដូច្នេះ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន។ ២៦ ពេល​ទៅ​ដល់ ពួក​គេ​បាន​ប្រាប់​ឪពុក​ថា​៖ ​«​យ៉ូសែប​នៅ​រស់​ទេ ហើយ​ឥឡូវ​គាត់​គឺ​ជា​អ្នក​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប​ទាំង​មូល!​»។+ ឮ​ដូច្នេះ ឪពុក​ពួក​គេ​បាន​ភាំង​ស្លុត ហើយ​មិន​ជឿ​ពួក​គេ​ទេ។+ ២៧ ប៉ុន្តែ ពេល​ឮ​ពួក​គេ​រៀប​រាប់​សេ​ច​ក្ដី​ទាំង​ប៉ុន្មាន​ដែល​យ៉ូសែប​បាន​ប្រាប់ ថែម​ទាំង​ឃើញ​រទេះ​ដែល​យ៉ូសែប​ផ្ញើ​មក​ឲ្យ​គាត់ នោះ​គាត់​ក៏​ភ្ញាក់​ស្មារតី​ឡើង​វិញ។ ២៨ ពេល​នោះ យ៉ាកុប*បន្លឺ​សំឡេង​ថា​៖ ​«​ប៉ុណ្ណេះ​ពុក​ជឿ​ហើយ! យ៉ូសែប​ពិត​ជា​នៅ​រស់​មែន! ពុក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​គាត់​មុន​នឹង​ពុក​ស្លាប់!​»។+

៤៦ ដូច្នេះ អ៊ីស្រាអែល​បាន​នាំ​សមាជិក​គ្រួសារ​និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ធ្វើ​ដំណើរ​ចេញ​ទៅ។ ពេល​គាត់​មក​ដល់​ក្រុង​បៀរសេបា+ គាត់​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ឪពុក​គាត់។+ ២ លុះ​ពេល​យប់ ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​អ៊ីស្រាអែល​ឃើញ​ក្នុង​គំនិត ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​យ៉ាកុប យ៉ាកុប!​»។ គាត់​បាន​ឆ្លើយ​ថា​៖ ​«​បាទ លោក​ម្ចាស់!​»។ ៣ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​ពិត ជា​ព្រះ​នៃ​ឪពុក​អ្នក។+ ចូរ​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេហ្ស៊ីប​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ធំ​មួយ​នៅ​ក្នុង​ស្រុក​នោះ។+ ៤ ខ្ញុំ​នឹង​ទៅ​ស្រុក​អេហ្ស៊ីប​ជា​មួយ​នឹង​អ្នក ហើយ​ខ្ញុំ​នឹង​នាំ​អ្នក​ត្រឡប់​មក​ស្រុក​នេះ​វិញ។+ ពេល​អ្នក​ស្លាប់ យ៉ូសែប​នឹង​បិទ​ភ្នែក​ឲ្យ​អ្នក​»។+

៥ ក្រោយ​នោះ យ៉ាកុប​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​បៀរសេបា ហើយ​កូន​ៗ​របស់​អ៊ីស្រាអែល​បាន​ប្រើ​រទេះ​ដែល​ផារ៉ូ​បាន​ផ្ញើ​មក ដើម្បី​ដឹក​យ៉ាកុប​និង​ប្រពន្ធ​កូន​របស់​ពួក​គេ។ ៦ ពួក​គេ​ក៏​បាន​នាំ​យក​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ដែល​គេ​រក​បាន​ពី​ស្រុក​កាណាន​ទៅ​ជា​មួយ​ដែរ។ ទី​បំផុត យ៉ាកុប​និង​កូន​ចៅ​គាត់​បាន​មក​ដល់​ស្រុក​អេហ្ស៊ីប។ ៧ យ៉ាកុប​បាន​មក​ដល់​ស្រុក​អេហ្ស៊ីប ទាំង​មាន​កូន​ប្រុស​កូន​ស្រី និង​ចៅ​ៗ​ទាំង​អស់​មក​ជា​មួយ​ដែរ។

៨ នេះ​ជា​បញ្ជី​ឈ្មោះ​កូន​ចៅ​របស់​អ៊ីស្រាអែល​ដែល​បាន​មក​ស្រុក​អេហ្ស៊ីប។+ កូន​ច្បង​របស់​យ៉ាកុប​គឺ​រូបេន។+

៩ កូន​របស់​រូបេន​មាន ហាណុក ផាលូ ហេស្រុន និង​កាម៉ាយ។+

១០ កូន​របស់​ស៊ីម្មាន+មាន យេមូអែល យ៉ាមីន អូហាត យ៉ាគីន សូហា និង​សេល។+ សេល​បាន​កើត​ពី​ស្ត្រី​ជន​ជាតិ​កាណាន។

១១ កូន​របស់​លេវី+មាន គើសុន កូហាត និង​មេរេរ៉ាយ។+

១២ កូន​របស់​យូដា+មាន អ៊ើរ អូណាន សេឡា+ ពេរេស+ និង​សេរ៉ា។+ ប៉ុន្តែ អ៊ើរ​និង​អូណាន​បាន​ស្លាប់​នៅ​ក្នុង​ស្រុក​កាណាន។+

កូន​របស់​ពេរេស​មាន ហេស្រុន​និង​ហាម៉ូល។+

១៣ កូន​របស់​អ៊ីសាខារ​មាន ថូឡា ភូវ៉ា យ៉ប និង​ស៊ីមរ៉ុន។+

១៤ កូន​របស់​សេប៊ូឡូន+មាន សេរេត អ៊ីឡន និង​យ៉ាលែល។+

១៥ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​របស់​លេអា​ប្រពន្ធ​យ៉ាកុប។ ពួក​គេ​បាន​កើត​នៅ​តំបន់​ប៉ាដាន់​អេរ៉ាម រួម​ទាំង​ឌីណា​ជា​កូន​ស្រី​ផង​ដែរ។+ កូន​ប្រុស​កូន​ស្រី​របស់​គាត់​សរុប​ទាំង​អស់​មាន​ចំនួន​៣៣​នាក់។

១៦ កូន​របស់​កាដ+មាន ស៊ីបផន ហាក់កាយ ស៊ូនី អេសបូន អេរី អារ៉ូត និង​អារីឡាយ។+

១៧ កូន​របស់​អេស៊ើរ+មាន អ៊ីមណា អ៊ីសវ៉ា អ៊ីសវ៉ាយ បេរៀ និង​កូន​ស្រី​ឈ្មោះ​សេរ៉ា។

កូន​របស់​បេរៀ​មាន ហេបឺ​និង​ម៉ាលគាល។+

១៨ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​របស់​ស៊ីលផា។+ ស៊ីលផា​នេះ​ហើយ​ដែល​ឡាបាន់​បាន​ឲ្យ​ធ្វើ​ជា​ស្រី​បម្រើ​របស់​លេអា។ នាង​បាន​បង្កើត​កូន​ឲ្យ​យ៉ាកុប​សរុប​ទាំង​អស់​គឺ​១៦​នាក់។

១៩ កូន​របស់​រ៉ាជែល​ប្រពន្ធ​យ៉ាកុប​មាន យ៉ូសែប+និង​បេនយ៉ាមីន។+

២០ កូន​របស់​យ៉ូសែប​មាន ម៉ាណាសេ+និង​អេប្រាអ៊ីម។+ ពួក​គេ​បាន​កើត​នៅ​ស្រុក​អេហ្ស៊ីប។ ម្ដាយ​របស់​ពួក​គេ​គឺ​អាសិនណាត+ជា​កូន​ស្រី​ប៉ូទីភឺរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អុន។*

២១ កូន​របស់​បេនយ៉ាមីន+មាន បេឡា បេគើរ អាសបេល កេរ៉ា+ ណាម៉ាន អ៊ីហាយ រ៉ូស មូភីម ហ៊ូភីម+ និង​អាឌ។+

២២ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​របស់​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ឲ្យ​យ៉ាកុប​សរុប​ទាំង​អស់​គឺ​១៤​នាក់។

២៣ កូន​របស់​ដាន់+គឺ​ហ៊ូស៊ីម។+

២៤ កូន​របស់​ណែបថាលី+មាន យ៉ាស៊ាល គូណាយ យេសឺ និង​ស៊ីលឡាម។+

២៥ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​របស់​ប៊ីលហា។ ប៊ីលហា​នេះ​ហើយ​ដែល​ឡាបាន់​បាន​ឲ្យ​ធ្វើ​ជា​ស្រី​បម្រើ​របស់​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ឲ្យ​យ៉ាកុប​សរុប​ទាំង​អស់​គឺ​៧​នាក់។

២៦ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ចៅ​របស់​យ៉ាកុប​ដែល​បាន​ធ្វើ​ដំណើរ​មក​ស្រុក​អេហ្ស៊ីប​ជា​មួយ​នឹង​គាត់ ពួក​គេ​មាន​ចំនួន​៦៦​នាក់។ ចំនួន​នេះ​មិន​រាប់​បញ្ចូល​កូន​ប្រសា​ស្រី​របស់​យ៉ាកុប​ទេ។+ ២៧ យ៉ូសែប​មាន​កូន​ពីរ​នាក់ កើត​នៅ​ស្រុក​អេហ្ស៊ីប។ ក្រុម​គ្រួសារ​ទាំង​មូល​របស់​យ៉ាកុប​ដែល​ធ្វើ​ដំណើរ​មក​ស្រុក​អេហ្ស៊ីប​មាន​ចំនួន​៧០​នាក់។+

២៨ យ៉ាកុប​បាន​ចាត់​យូដា+ឲ្យ​ទៅ​មុន​ដើម្បី​ប្រាប់​យ៉ូសែប​ថា ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​តំបន់​កូសែន​ហើយ។ ពេល​ពួក​គេ​ចូល​ដល់​តំបន់​កូសែន+ ២៩ យ៉ូសែប​បាន​ឲ្យ​គេ​រៀបចំ​រទេះ ហើយ​ធ្វើ​ដំណើរ​ទៅ​ជួប​ឪពុក​គាត់​នៅ​តំបន់​កូសែន។ ពេល​ឃើញ​ឪពុក​ភ្លាម គាត់​ក៏​រត់​ទៅ​ឱប ហើយ​យំ​យ៉ាង​យូរ។ ៣០ អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ឥឡូវ បើ​ពុក​ស្លាប់​ក៏​ស្លាប់​ទៅ​ចុះ ព្រោះ​ពុក​បាន​ឃើញ​មុខ​កូន ហើយ​ដឹង​ថា​កូន​នៅ​រស់​ទេ​»។

៣១ បន្ទាប់​មក យ៉ូសែប​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​គាត់ និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​ឪពុក​គាត់​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​ជម្រាប​ផារ៉ូ+ថា​៖ ‹បង​ប្អូន​ខ្ញុំ​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​ឪពុក​ខ្ញុំ ដែល​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កាណាន​នោះ ឥឡូវ​ពួក​គាត់​បាន​មក​ដល់​ហើយ។+ ៣២ ពួក​គាត់​ជា​គង្វាល+ ជា​អ្នក​ចិញ្ចឹម​សត្វ+ ហើយ​ពួក​គាត់​បាន​នាំ​យក​ហ្វូង​ចៀម ហ្វូង​គោ និង​របស់​របរ​ទាំង​អស់​ដែល​ពួក​គាត់​មាន​មក​ជា​មួយ​ដែរ›+ ៣៣ ហើយ​ពេល​ផារ៉ូ​ហៅ​បង​ប្អូន​ទៅ​សួរ​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?› ៣៤ បង​ប្អូន​ត្រូវ​និយាយ​ថា​៖ ‹ពួក​ខ្ញុំ​បាទ​និង​បុព្វ​បុរស សុទ្ធតែ​ជា​អ្នក​ចិញ្ចឹម​សត្វ​តាំង​តែ​ពី​ក្មេង​មក​ម្ល៉េះ›។+ បើ​បង​ប្អូន​ឆ្លើយ​ដូច្នេះ បង​ប្អូន​អាច​រស់​នៅ​ក្នុង​ទឹក​ដី​កូសែន+ ព្រោះ​ជន​ជាតិ​អេហ្ស៊ីប​ស្អប់ខ្ពើម​អ្នក​ឃ្វាល​ចៀម​ណាស់​»។+

៤៧ ក្រោយ​មក យ៉ូសែប​បាន​ទៅ​ជម្រាប​ផារ៉ូ​ថា​៖+ ​«​ឪពុក​និង​បង​ប្អូន​ខ្ញុំ​បាន​មក​ដល់​ទឹក​ដី​កូសែន​ហើយ ពួក​គាត់​បាន​នាំ​យក​ហ្វូង​ចៀម​ហ្វូង​គោ​និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​ពួក​គាត់​មាន​ពី​ស្រុក​កាណាន​មក​ជា​មួយ​ដែរ​»។+ ២ ពេល​នោះ យ៉ូសែប​បាន​នាំ​បង​ប្អូន​គាត់​ប្រាំ​នាក់​ទៅ​ជួប​ផារ៉ូ។+

៣ ផារ៉ូ​បាន​សួរ​បង​ប្អូន​នោះ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?​»។ ពួក​គេ​បាន​តប​ទៅ​ផារ៉ូ​ថា​៖ ​«​ពួក​ខ្ញុំ​បាទ​ជា​គង្វាល​ចៀម ដូច​បុព្វ​បុរស​ពួក​ខ្ញុំ​បាទ​ដែរ​»។+ ៤ ពួក​គេ​បាន​និយាយ​បន្ថែម​ថា​៖ ​«​ពួក​ខ្ញុំ​បាទ​សុំ​មក​ជ្រក​កោន​ជា​ជន​បរទេស​នៅ​ទឹក​ដី​នេះ​ផង+ ព្រោះ​នៅ​ស្រុក​កាណាន​មាន​ការ​អត់​ឃ្លាន​ខ្លាំង​ណាស់ ហើយ​នៅ​ទី​នោះ​គ្មាន​វាល​ស្មៅ​សម្រាប់​ហ្វូង​សត្វ​ទេ។+ ដូច្នេះ សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​បាទ​រស់​នៅ​ក្នុង​ទឹក​ដី​កូសែន​ផង​»។+ ៥ ពេល​នោះ ផារ៉ូ​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ឥឡូវ​ឪពុក​និង​បង​ប្អូន​អ្នក​បាន​មក​ឯ​អ្នក​ហើយ។ ៦ អ្នក​កំពុង​គ្រប់​គ្រង​លើ​ស្រុក​អេហ្ស៊ីប​នេះ​ស្រាប់ ដូច្នេះ សូម​ឲ្យ​ឪពុក​និង​បង​ប្អូន​អ្នក​អាស្រ័យ​នៅ​លើ​ទឹក​ដី​កូសែន ជា​កន្លែង​ល្អ​បំផុត​ក្នុង​ស្រុក​នេះ​ទៅ។+ មួយ​វិញ​ទៀត បើ​អ្នក​ឃើញ​ថា​មាន​អ្នក​ណា​ក្នុង​ចំណោម​ពួក​គេ​មាន​សមត្ថភាព ចូរ​តែង​តាំង​អ្នក​ទាំង​នោះ​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ហ្វូង​សត្វ​របស់​ខ្ញុំ​ទៅ​»។

៧ បន្ទាប់​មក យ៉ូសែប​បាន​នាំ​យ៉ាកុប​ជា​ឪពុក ចូល​ទៅ​ជួប​ផារ៉ូ​ដែរ ហើយ​យ៉ាកុប​បាន​ជូន​ពរ​ផារ៉ូ។ ៨ ផារ៉ូ​បាន​សួរ​យ៉ាកុប​ថា​៖ ​«​តើ​អ្នក​មាន​អាយុ​ប៉ុន្មាន​ហើយ?​»។ ៩ យ៉ាកុប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មាន​អាយុ​១៣០​ឆ្នាំ​ហើយ តែ​មិន​វែង​ដូច​អាយុ​របស់​បុព្វ​បុរស​ខ្ញុំ​ទេ។+ ជីវិត​ខ្ញុំ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់។ ខ្ញុំ​និង​បុព្វ​បុរស​ខ្ញុំ​ត្រូវ​រស់​នៅ​ដោយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»។+ ១០ បន្ទាប់​ពី​នោះ យ៉ាកុប​បាន​ជូន​ពរ​ផារ៉ូ រួច​ក៏​លា​ផារ៉ូ​ចេញ​ទៅ។

១១ ដូច្នេះ យ៉ូសែប​បាន​ឲ្យ​ទឹក​ដី​ដ៏​ល្អ​បំផុត​ដល់​ឪពុក​និង​បង​ប្អូន​គាត់​តាម​បង្គាប់​ផារ៉ូ គឺ​ជា​តំបន់​រ៉ាមស៊ីស*+ ក្នុង​ស្រុក​អេហ្ស៊ីប។ ១២ បន្ថែម​ទៀត យ៉ូសែប​បាន​ផ្គត់​ផ្គង់​ស្បៀងអាហារ​ដល់​ឪពុក​និង​បង​ប្អូន​គាត់ ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​ឪពុក​គាត់ ទៅ​តាម​ចំនួន​កូន​ចៅ​របស់​ពួក​គេ។

១៣ នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​គ្មាន​អ្វី​បរិភោគ​ទេ ព្រោះ​មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង។ អំណត់​នោះ​គឺ​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​អ្នក​ស្រុក​អេហ្ស៊ីប​និង​អ្នក​ស្រុក​កាណាន​ល្វើយ​រីង​រៃ។+ ១៤ អ្នក​ស្រុក​កាណាន​និង​អ្នក​ស្រុក​អេហ្ស៊ីប​ចេះ​តែ​យក​ប្រាក់​មក​ទិញ​ស្បៀងអាហារ​ពី​យ៉ូសែប+ ហើយ​យ៉ូសែប​បាន​ប្រមូល​ប្រាក់​ទាំង​នោះ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​ទ្រព្យ​របស់​ផារ៉ូ។ ១៥ ពេល​ពួក​គេ​បាន​ចំណាយ​ប្រាក់​អស់​ហើយ ពួក​គេ​បាន​មក​អង្វរ​សុំ​យ៉ូសែប​ថា​៖ ​«​សូម​មេត្តា​ឲ្យ​អាហារ​យើង​ផង! យើង​អស់​ប្រាក់​រលីង​ហើយ។ តើ​មាន​ប្រយោជន៍​អ្វី​បើ​យើង​ស្លាប់​នៅ​មុខ​លោក?​»។ ១៦ យ៉ូសែប​បាន​ឆ្លើយ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ទេ អ្នក​រាល់​គ្នា​អាច​យក​ហ្វូង​សត្វ​មក​ប្ដូរ​នឹង​ស្បៀងអាហារ​ក៏​បាន​»។ ១៧ ដូច្នេះ នៅ​ឆ្នាំ​នោះ​ពួក​គេ​បាន​យក​សត្វ​ដែល​ខ្លួន​ចិញ្ចឹម គឺ​សេះ លា ចៀម ពពែ និង​គោ មក​ប្រគល់​ឲ្យ​យ៉ូសែប​ដើម្បី​ប្ដូរ​យក​ស្បៀងអាហារ ហើយ​យ៉ូសែប​ក៏​ប្រគល់​ស្បៀងអាហារ​ដល់​ពួក​គេ​វិញ។

១៨ លុះ​ផុត​ឆ្នាំ​នោះ អ្នក​ស្រុក​ទាំង​នោះ​បាន​មក​អង្វរ​យ៉ូសែប​ថា​៖ ​«​យើង​សូម​ជម្រាប​លោក​ម្ចាស់​តាម​ត្រង់​ថា ប្រាក់​របស់​យើង​អស់​ហើយ។ ឯ​ហ្វូង​សត្វ​វិញ យើង​ក៏​បាន​ប្រគល់​ជូន​លោក​ម្ចាស់​អស់​ដែរ។ យើង​គ្មាន​សល់​អ្វី​ទៀត​ទេ មាន​តែ​ដី​ស្រែ​និង​ខ្លួន​ប្រាណ​ប៉ុណ្ណោះ។ ១៩ សូម​លោក​មេត្តា​កុំ​ឲ្យ​យើង​ដាច់​ពោះ​ស្លាប់​អី ហើយ​ក៏​កុំ​ទុក​ដី​ស្រែ​យើង​ឲ្យ​នៅ​ទទេ​ដែរ។ សូម​លោក​ទិញ​ខ្លួន​យើង​និង​ដី​ស្រែ​យើង ដើម្បី​យើង​អាច​បាន​អាហារ​បរិភោគ។ ដី​ស្រែ​ទាំង​នោះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ផារ៉ូ ឯ​យើង​នឹង​ធ្វើ​ជា​ខ្ញុំ​បម្រើ​ផារ៉ូ។ បន្ថែម​ទៀត សូម​លោក​មេត្តា​ផ្ដល់​គ្រាប់​ពូជ​ដល់​យើង ដើម្បី​យើង​អាច​សាប​ព្រោះ​លើ​ដី​នោះ ហើយ​បន្ត​រស់​រាន​មាន​ជីវិត​»។ ២០ ដូច្នេះ យ៉ូសែប​ក៏​ព្រម​ទិញ​ដី​ស្រែ​ទាំង​អស់​ពី​ពួក​អេហ្ស៊ីប ព្រោះ​ក្នុង​ស្រុក​មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ ដី​ស្រែ​ទាំង​អស់​របស់​ពួក​គេ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ផារ៉ូ​ទៅ។

២១ ក្រោយ​នោះ យ៉ូសែប​បាន​ឲ្យ​បណ្ដា​ជន​ដែល​រស់​នៅ​តាម​ជនបទ ទៅ​រស់​នៅ​ក្នុង​ក្រុង​នា​នា​ទូ​ទាំង​ស្រុក​អេហ្ស៊ីប។+ ២២ ចំណែក​ពួក​សង្ឃ​នៅ​ក្នុង​ស្រុក​នោះ ពួក​គេ​មិន​បាន​លក់​ដី​ស្រែ​របស់​ខ្លួន​ទេ+ ព្រោះ​ពួក​គេ​បាន​ទទួល​របប​អាហារ​ពី​ផារ៉ូ។ ហេតុ​នេះ​ហើយ​បាន​ជា​យ៉ូសែប​មិន​បាន​ទិញ​ដី​ស្រែ​ពី​ពួក​គេ។ ២៣ បន្ទាប់​មក យ៉ូសែប​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​មើល! ថ្ងៃ​នេះ​ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា​និង​ដី​ស្រែ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដល់​ផារ៉ូ​ហើយ។ នេះ​ជា​គ្រាប់​ពូជ សូម​អ្នក​រាល់​គ្នា​យក​ទៅ​សាប​ព្រោះ​ចុះ។ ២៤ លុះ​ដល់​រដូវ​ប្រមូល​ផល សូម​អ្នក​រាល់​គ្នា​យក​ផល​១​ភាគ​៥​មក​ប្រគល់​ឲ្យ​ផារ៉ូ។+ ចំណែក​៤​ភាគ​ដែល​នៅ​សល់ សូម​អ្នក​រាល់​គ្នា​ទុក​ធ្វើ​ពូជ​សាប​ព្រោះ​នៅ​ពេល​ក្រោយ ហើយ​ទុក​ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា​និង​កូន​ៗ ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​អ្នក​រាល់​គ្នា​ទៅ​»។ ២៥ ដូច្នេះ ពួក​គេ​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់​បាន​សង្គ្រោះ​ជីវិត​យើង​ខ្ញុំ​ហើយ។+ បើ​លោក​ម្ចាស់​ពេញ​ចិត្ត​នឹង​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ផារ៉ូ​»។+ ២៦ បន្ទាប់​មក យ៉ូសែប​បាន​ចេញ​ច្បាប់​មួយ​នៅ​ស្រុក​អេហ្ស៊ីប​ដែល​មាន​សុពលភាព​រហូត​ដល់​សព្វ​ថ្ងៃ។ ច្បាប់​នោះ​គឺ​ថា​ភោគ​ផល​១​ភាគ​៥​ពី​ដី​ស្រែ​ទាំង​អស់ ត្រូវ​ជា​របស់​ផារ៉ូ។ មាន​តែ​ដី​ស្រែ​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ផារ៉ូ។+

២៧ ជន​ជាតិ​អ៊ីស្រាអែល​បាន​បន្ត​ស្នាក់​នៅ​លើ​តំបន់​កូសែន​ក្នុង​ស្រុក​អេហ្ស៊ីប+ ហើយ​កូន​ចៅ​ពួក​គេ​ចេះ​តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ។+ ២៨ យ៉ាកុប​បាន​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​អស់​រយៈ​ពេល​១៧​ឆ្នាំ អាយុ​សរុប​របស់​គាត់​គឺ​១៤៧​ឆ្នាំ។+

២៩ ពេល​អ៊ីស្រាអែល​ដឹង​ថា​ខ្លួន​ជិត​ស្លាប់+ គាត់​ក៏​ហៅ​យ៉ូសែប​មក​ផ្ដាំ​ផ្ញើ​ថា​៖ ​«​បើ​កូន​បង្ហាញ​សេ​ច​ក្ដី​មេត្តា សេ​ច​ក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ពុក នោះ​សូម​កូន​ដាក់​ដៃ​ក្រោម​ភ្លៅ​ពុក ហើយ​សន្យា​នឹង​ពុក​ថា កូន​នឹងមិន​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​នេះ​ទេ។+ ៣០ ពេល​ពុក​ស្លាប់ កូន​ត្រូវ​យក​សព​ពុក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ទៅ​បញ្ចុះ​នៅ​ក្នុង​ទី​បញ្ចុះ​សព​ជា​មួយ​នឹង​បុព្វ​បុរស​ពុក​កុំ​ខាន​»។+ យ៉ូសែប​ក៏​ឆ្លើយ​ថា​៖ ​«​កូន​នឹង​ធ្វើ​តាម​ការ​ផ្ដែ​ផ្ដាំ​របស់​ពុក​»។ ៣១ រួច​អ៊ីស្រាអែល​និយាយ​ថា​៖ ​«​សូម​កូន​ស្បថ​ឲ្យ​ពុក​មក​»។ ដូច្នេះ យ៉ូសែប​ក៏​ស្បថ​ឲ្យ​គាត់។+ រួច​មក នៅ​លើ​ក្បាល​គ្រែ អ៊ីស្រាអែល​ក្រាប​គោរព​ព្រះ។+

៤៨ ក្រោយ​មក មាន​គេ​មក​ប្រាប់​យ៉ូសែប​ថា​៖ ​«​មើល! ឪពុក​អ្នក​កាន់​តែ​ខ្សោយ​ណាស់​ហើយ​»។ ឮ​ដូច្នេះ យ៉ូសែប​បាន​នាំ​កូន​ទាំង​ពីរ​របស់​គាត់ គឺ​ម៉ាណាសេ​និង​អេប្រាអ៊ីម ទៅ​ជួប​ឪពុក។+ ២ ពេល​ដែល​យ៉ាកុប​បាន​ឮ​ថា​យ៉ូសែប​ជា​កូន​មក​ដល់​ហើយ គាត់​បាន​ខំ​ប្រឹង​ក្រោក​អង្គុយ​លើ​គ្រែ។ ៣ ពេល​នោះ យ៉ាកុប​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖

«​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​បាន​លេច​មក​ជួប​ពុក​នៅ​ក្រុង​លូស​ក្នុង​ស្រុក​កាណាន ហើយ​លោក​បាន​ឲ្យ​ពរ​ពុក។+ ៤ លោក​បាន​មាន​ប្រសាសន៍​មក​កាន់​ពុក​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន​សន្ធឹក។ បណ្ដា​ជន​មួយ​ក្រុម​ដ៏​ធំ​នឹង​កើត​ចេញ​ពី​អ្នក។+ ខ្ញុំ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​កូន​ចៅ*របស់​អ្នក​ទុក​ជា​មត៌ក​ជា​រៀង​រហូត›។+ ៥ រីឯ​កូន​ទាំង​ពីរ​របស់​កូន ដែល​កើត​នៅ​ស្រុក​អេហ្ស៊ីប​មុន​ពេល​ពុក​មក​ដល់ គឺ​អេប្រាអ៊ីម​និង​ម៉ាណាសេ​នោះ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​វិញ+ ដូច​រូបេន​និង​ស៊ីម្មាន​ដែរ។+ ៦ ចំណែក​កូន​ៗ​ដែល​នឹង​កើត​ក្រោយ​មក​ទៀត ពួក​គេ​នឹង​ត្រូវ​រាប់​ជា​របស់​កូន​វិញ។ ប៉ុន្តែ ពួក​គេ​នឹង​ត្រូវ​រាប់​តាម​ឈ្មោះ​បង​ទាំង​ពីរ​របស់​ពួក​គេ ហើយ​ទទួល​ទឹក​ដី​ជា​មត៌ក​តាម​រយៈ​អ្នក​ទាំង​ពីរ​នោះ។+ ៧ កាល​ដែល​ពុក​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​ប៉ាដាន់ រ៉ាជែល​ម្ដាយ​របស់​កូន​បាន​ស្លាប់+នៅ​ក្បែរ​ពុក​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​អេប្រា+ជា​ក្រុង​បេថ្លេហិម។ ដូច្នេះ ពុក​បាន​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ​»។+

៨ បន្ទាប់​មក អ៊ីស្រាអែល​បាន​មើល​ទៅ​កូន​ៗ​របស់​យ៉ូសែប ហើយ​សួរ​គាត់​ថា​៖ ​«​តើ​ពួក​គេ​ជា​អ្នក​ណា?​»។ ៩ យ៉ូសែប​បាន​ឆ្លើយ​ថា​៖ ​«​ពួក​គេ​ជា​កូន​របស់​ខ្ញុំ ជា​កូន​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​នៅ​ស្រុក​នេះ​»។+ អ៊ីស្រាអែល​បាន​និយាយ​ថា​៖ ​«​សូម​កូន​នាំ​ពួក​គេ​ចូល​មក​ជិត​ពុក​មក ដើម្បី​ពុក​អាច​ឲ្យ​ពរ​ពួក​គេ​»។+ ១០ ដូច្នេះ យ៉ូសែប​បាន​នាំ​ពួក​គេ​ចូល​ទៅ​ជិត រួច​អ៊ីស្រាអែល​ក៏​ឱប ហើយ​ថើប​ពួក​គេ។ នៅ​គ្រា​នោះ អ៊ីស្រាអែល​មើល​មិន​សូវ​ឃើញ​ច្បាស់​ទេ ព្រោះ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។ ១១ អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ពុក​មិន​នឹក​ស្មានថា​អាច​ឃើញ​មុខ​កូន​ម្ដង​ទៀត​ទេ។+ ប៉ុន្តែ​មើល! ព្រះ​ថែម​ទាំង​ឲ្យ​ពុក​ឃើញ​ពូជ​ពង្ស​របស់​កូន​ទៀត​ផង​»។ ១២ បន្ទាប់​មក យ៉ូសែប​បាន​យក​កូន​ចេញ​ពី​ឪពុក​បន្តិច រួច​គាត់​ក្រាប​ខ្លួន​ដល់​ដី​គោរព​ឪពុក។

១៣ ក្រោយ​នោះ យ៉ូសែប​បាន​នាំ​កូន​ទាំង​ពីរ​ចូល​ទៅ​ជិត​ឪពុក​ម្ដង​ទៀត គឺ​ឲ្យ​អេប្រាអ៊ីម+នៅ​ខាង​ឆ្វេង​ដៃ​អ៊ីស្រាអែល និង​ឲ្យ​ម៉ាណាសេ+នៅ​ខាង​ស្ដាំ​ដៃ។ ១៤ ប៉ុន្តែ អ៊ីស្រាអែល​បាន​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ជា​កូន​ពៅ ហើយ​ដាក់​ដៃ​ឆ្វេង​លើ​ក្បាល​ម៉ាណាសេ។ គាត់​មាន​បំណង​ដាក់​ដៃ​ដូច្នេះ ទោះ​ជា​គាត់​ដឹង​ថា​ម៉ាណាសេ​ជា​កូន​ច្បង​ក្ដី។+ ១៥ បន្ទាប់​មក អ៊ីស្រាអែល​បាន​ឲ្យ​ពរ​យ៉ូសែប ហើយ​និយាយ​ថា​៖+

​«​សូម​ព្រះ​ពិត​ដែល​អាប្រាហាំ​និង​អ៊ីសាក​ជា​បុព្វ​បុរស​របស់​ពុក​បាន​គោរព​បម្រើ*+

ជា​ព្រះ​ពិត​ដែល​បាន​ថែ​រក្សា​ពុក​តាំង​ពី​ពុក​កើត​មក​រហូត​មក​ដល់​សព្វ​ថ្ងៃ+

១៦ ហើយ​បាន​ជួយ​សង្គ្រោះ​ពុក​ឲ្យ​រួច​ពី​សេ​ច​ក្ដី​អន្តរាយ​សព្វ​បែប​យ៉ាង​តាម​រយៈ​ទេវតា​របស់​លោក+ សូម​លោក​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​នេះ​ផង។+

សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ហៅ​ពួក​គេ​តាម​ឈ្មោះ​ពុក និង​ឈ្មោះ​អាប្រាហាំ​និង​អ៊ីសាក​ជា​បុព្វ​បុរស​របស់​ពុក។

សូម​ឲ្យ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន​នៅ​លើ​ផែនដី​»។+

១៧ ពេល​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម គាត់​មិន​ពេញ​ចិត្ត​ទេ។ ដូច្នេះ គាត់​ព្យាយាម​លើក​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​ម៉ាណាសេ​វិញ។ ១៨ រួច​គាត់​និយាយ​ថា​៖ ​«​លោក​ឪពុក កូន​នេះ​មិន​មែន​ជា​កូន​ច្បង​ទេ+ សូម​លោក​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​កូន​នេះ​វិញ​»។ ១៩ ប៉ុន្តែ ឪពុក​គាត់​បាន​និយាយ​ថា​៖ ​«​ពុក​ដឹង​ហើយ ពុក​ដឹង​ហើយ​កូន។ ម៉ាណាសេ​នឹង​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ក្លាយ​ទៅ​ជា​បណ្ដា​ជន​មួយ​ក្រុម​យ៉ាង​ធំ តែ​អេប្រាអ៊ីម​ប្អូន​គាត់​នឹង​មាន​កូន​ចៅ​ច្រើន​ជាង+ ល្មម​នឹង​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ផ្សេង​ៗ​»។+ ២០ រួច​មក គាត់​បាន​ឲ្យ​ពរ​ពួក​គេ​ថែម​ទៀត+ ដោយ​និយាយ​ថា​៖

​«​ពេល​អ៊ីស្រាអែល​ជូន​ពរ​គ្នា សូម​ឲ្យ​ពួក​គេ​និយាយ​ថា​៖

‹សូម​ព្រះ​ឲ្យ​ពរ​អ្នក ដូច​លោក​ឲ្យ​ពរ​ដល់​អេប្រាអ៊ីម​និង​ម៉ាណាសេ​ដែរ›​»។

យ៉ាង​នេះ គាត់​តែង​លើក​ឈ្មោះ​អេប្រាអ៊ីម​មុន​ម៉ាណាសេ។

២១ បន្ទាប់​មក អ៊ីស្រាអែល​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​មើល! ពុក​ជិត​ស្លាប់​ហើយ។+ ប៉ុន្តែ ព្រះ​នឹង​បន្ត​នៅ​ជា​មួយ​នឹង​កូន ហើយ​លោក​នឹង​នាំ​កូន​ត្រឡប់​ទៅ​ស្រុក​របស់​បុព្វ​បុរស​កូន​វិញ។+ ២២ ពុក​នឹង​ប្រគល់​ដី​មួយ​កន្លែង​ដល់​កូន លើស​ចំណែក​របស់​បង​ប្អូន​កូន។ ដី​នោះ​ហើយ​ដែល​ពុក​បាន​ដណ្ដើម​យក​ពី​ជន​ជាតិ​អាម៉ូរី ដោយ​ដាវ​និង​ធ្នូ​»។

៤៩ យ៉ាកុប​បាន​ហៅ​កូន​ប្រុស​ៗ​ទាំង​អស់​មក ហើយ​និយាយ​ថា​៖ ​«​ចូរ​ពួក​កូន​មក​ជិត​ពុក​មក ដើម្បី​ពុក​អាច​ប្រាប់​កូន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​កូន នៅ​គ្រា​អនាគត។* ២ ឱ​កូន​របស់​យ៉ាកុប​អើយ! ចូរ​មូល​មក​ស្ដាប់​ពុក​ចុះ។ ឱ​កូន​របស់​អ៊ីស្រាអែល​អើយ! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពុក​ចុះ។

៣ ​«​រូបេន+កូន​ច្បង​របស់​ពុក+ កូន​ជា​ផល​ដំបូង​នៃ​កម្លាំង​ពុក។ ពុក​បាន​បង្កើត​កូន​មក​ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង។ កូន​មាន​កិត្តិ​យស​និង​អំណាច​ខ្ពង់​ខ្ពស់។ ៤ ប៉ុន្តែ កូន​នឹង​មិន​ប្រសើរ​ជាង​ប្អូន​ៗ​របស់​កូន​ទេ ព្រោះ​ដូច​ទឹក​ដែល​កញ្ជ្រោល​បក់​បោក កូន​មិន​បាន​ទប់​អារម្មណ៍ ហើយ​បាន​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​ពុក។*+ ពេល​នោះ កូន​បាន​ធ្វើ​ឲ្យ​ពុក​និង​ប្រពន្ធ​ពុក​អាប់​ឱន​កិត្តិយស។ នេះ​ហើយ​ជា​អ្វី​ដែល​កូន​បាន​ប្រព្រឹត្ត!

៥ ​«​ស៊ីម្មាន​និង​លេវី+ជា​បង​ប្អូន​នឹង​គ្នា ពួក​គេ​ប្រើ​អាវុធ​ប្រហារ​អ្នក​ឯ​ទៀត​យ៉ាង​សាហាវ​ឃោរ​ឃៅ។+ ៦ ឱ​ខ្លួន​ខ្ញុំ​អើយ! សូម​កុំ​ឲ្យ​ខ្ញុំ​រាប់​រក​ពួក​គេ​ឡើយ។ ឱ​ចិត្ត*ខ្ញុំ​អើយ! សូម​កុំ​ចង់​ចូល​ក្រុម​របស់​ពួក​គេ​ឲ្យ​សោះ។ ព្រោះ​ពេល​ពួក​គេ​ខឹង ពួក​គេ​បាន​សម្លាប់​មនុស្ស​ដោយ​គ្មាន​ត្រា​ប្រណី+ ហើយ​បាន​កាត់​សរសៃ​ជើង​គោ​ជា​ការ​កម្សាន្ត។ ៧ កំហឹង​និង​ចិត្ត​ក្ដៅ​ក្រហាយ​របស់​ពួក​គេ​ត្រូវ​បណ្ដាសា​ហើយ ព្រោះ​នោះ​សាហាវ​ឃោរ​ឃៅ​ណាស់។+ ពុក​នឹង​បំបែក​ពួក​គេ​ក្នុង​ពូជ​ពង្ស​យ៉ាកុប ហើយ​កំចាត់​កំចាយ​ពួក​គេ​នៅ​ពេញ​ទាំង​ស្រុក​អ៊ីស្រាអែល។+

៨ ​«​រីឯ​យូដា​វិញ+ បង​ប្អូន​របស់​កូន​នឹង​សរសើរ​តម្កើង​កូន+ ហើយ​ពួក​គេ​នឹង​មក​ក្រាប​គោរព​ចំពោះ​កូន។+ កូន​នឹង​វាយ​បង្ក្រាប​ពួក​ខ្មាំង​សត្រូវ​របស់​កូន។+ ៩ យូដា​ប្រៀប​ដូច​ជា​កូន​តោ+ ដែល​ចាប់​ចំណី​ស៊ី ហើយ​ក៏​ក្រោក​ទៅ។ ពេល​គាត់​ដេក​ឬ​សម្រាក គាត់​ប្រៀប​ដូច​ជា​សត្វ​តោ តើ​មាន​អ្នក​ណា​ហ៊ាន​ដាស់​គាត់​ទៅ? ១០ ដំបង​រាជ្យ​នឹង​មិន​ឃ្លាត​ពី​យូដា​ឡើយ។+ ឯ​ដំបង​នៃ​អ្នក​គ្រប់​គ្រង​ក៏​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពី​ជើង​គាត់​ដែរ រហូត​ដល់​ស៊ីឡូរ*មក។+ ពេល​នោះ បណ្ដា​ជន​ទាំង​ឡាយ​នឹង​ស្ដាប់​បង្គាប់​ស៊ីឡូរ។+ ១១ គាត់​ចង​មេ​លា​និង​កូន​លា​នៅ​ជាប់​នឹង​ដើម​ទំពាំង​បាយ​ជូរ​ល្អ។ គាត់​នឹង​បោក​សម្លៀក​បំពាក់​របស់​គាត់​នៅ​ក្នុង​ស្រា​ទំពាំង​បាយ​ជូរ​និង​ទឹក​ទំពាំង​បាយ​ជូរ។ ១២ ភ្នែក​គាត់​ក្រហម​ដោយ​សារ​ស្រា​ទំពាំង​បាយ​ជូរ ហើយ​ធ្មេញ​គាត់​ស​ដោយ​សារ​ទឹក​ដោះ។

១៣ ​«​សេប៊ូឡូន+នឹង​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ជា​កន្លែង​ដែល​គេ​ទម្លាក់​យុថ្កា​ចត​សំពៅ។+ ព្រំ​ប្រទល់​ទឹក​ដី​គាត់​លាត​សន្ធឹង​រហូត​ដល់​ក្រុង​ស៊ីដូន។+

១៤ ​«​អ៊ីសាខារ+ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ ដែល​ដេក​ទាំង​មាន​បន្ទុក​ធ្ងន់​នៅ​សង​ខាង។ ១៥ អ៊ីសាខារ​នឹង​ឃើញ​ថា​កន្លែង​រស់​នៅ​របស់​គាត់​ជា​កន្លែង​ល្អ ហើយ​ជា​ទឹក​ដី​ដែល​ស្រួល​រស់​នៅ។ គាត់​នឹង​ឱន​ខ្លួន​រែក​ពុន​បន្ទុក ហើយ​សុខ​ចិត្ត​ចុះ​ចូល​ធ្វើ​ជា​មនុស្ស​កំណែន។

១៦ ​«​ដាន់+ជា​កុលសម្ព័ន្ធ​មួយ​នៃ​អ៊ីស្រាអែល ហើយ​គាត់​នឹង​វិនិច្ឆ័យ​បណ្ដា​ជន​ទាំង​ឡាយ។+ ១៧ ដាន់​នឹង​ប្រៀប​ដូច​ជា​ពស់​មាន​ពិស ដែល​លូន​វារ​លើ​ផ្លូវ ហើយ​ចឹក​កែង​ជើង​សេះ​បណ្ដាល​ឲ្យ​អ្នក​ជិះ​ធ្លាក់​ផ្ងារ​ក្រោយ។+ ១៨ ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​នឹង​រង់​ចាំ​សេ​ច​ក្ដី​សង្គ្រោះ​ពី​លោក។

១៩ ​«​ឯ​កាដ​វិញ+ គាត់​នឹង​ត្រូវ​ក្រុម​ចោរ​វាយ​ប្រហារ​គាត់ តែ​គាត់​នឹង​ដេញ​តាម​វាយ​ប្រហារ​ពួក​គេ​យ៉ាង​ប្រកិត។+

២០ ​«​អេស៊ើរ+នឹង​មាន​អាហារ*ជា​បរិបូរ ហើយ​គាត់​នឹង​ផ្គត់​ផ្គង់​អាហារ ដូច​អាហារ​ដែល​ស្ដេច​ពិសា។+

២១ ​«​ណែបថាលី+ប្រៀប​ដូច​ជា​ក្ដាន់​ញី​រវៀស​រវៃ។ សម្ដី​គាត់​ពីរោះ​គួរ​ឲ្យ​ចង់​ស្ដាប់។+

២២ ​«​យ៉ូសែប+ប្រៀប​ដូច​ជា​មែក​នៃ​ដើម​ដែល​សម្បូរ​ផ្លែ ជា​ដើម​ដែល​ដុះ​ក្បែរ​ប្រភព​ទឹក បែក​មែក​សាខា​ខ្ពស់​ជាង​កំពែង។ ២៣ ប៉ុន្តែ ពល​ធ្នូ​ចេះ​តែ​រក​រឿង​គាត់ ហើយ​បាញ់​គាត់​ដោយ​សេ​ច​ក្ដី​គុំ​កួន។+ ២៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ធ្នូ​គាត់​នៅ​ក្នុង​ដៃ​គាត់​ជា​និច្ច+ ហើយ​ដៃ​គាត់​ខ្លាំង​និង​រហ័ស+ នេះ​គឺ​ដោយ​សារ​មាន​បុគ្គល​ដ៏​ខ្លាំង​ក្លា​នៃ​យ៉ាកុប ព្រម​ទាំង​គង្វាល​និង​ថ្ម​ដា​នៃ​អ៊ីស្រាអែល​គាំ​ទ្រ​គាត់។ ២៥ គាត់*មក​ពី​ព្រះ​នៃ​ឪពុក​គាត់ លោក​នឹង​ជួយ​គាត់។ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​នឹង​នៅ​ជា​មួយ​គាត់ លោក​នឹង​ឲ្យ​ពរ​គាត់ គឺ​ពរ​ពី​ស្ថាន​សួគ៌ និង​ពរ​ពី​ទី​ជម្រៅ+ ហើយ​លោក​នឹង​ផ្ដល់​ពរ​ឲ្យ​គាត់​មាន​កូន​ចៅ​ច្រើន​និង​ហ្វូង​សត្វ​សន្ធឹក​សន្ធាប់។ ២៦ ពរ​នៃ​ឪពុក​គាត់​នឹង​ប្រសើរ​ជាង​ភាព​ស្រស់បំព្រង​នៃ​ភ្នំ​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត និង​ទួល​ដែល​គង់​វង្ស​ជា​ដរាប។+ យ៉ូសែប​ជា​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​បង​ប្អូន​របស់​គាត់ គាត់​នឹង​ទទួល​ពរ​ទាំង​នោះ​ជា​ដរាប។+

២៧ ​«​បេនយ៉ាមីន+ប្រៀប​ដូច​ជា​ចចក​ហែក​ស៊ី​ចំណី។+ នៅ​ពេល​ព្រឹក គាត់​នឹង​ស៊ី​ចំណី ហើយ​នៅ​ពេល​ល្ងាច​គាត់​នឹង​ចែក​ចំណី​»។*+

២៨ នេះ​ជា​អ្វី​ដែល​យ៉ាកុប​បាន​និយាយ​ទៅ​កាន់​ពួក​គេ ពេល​ដែល​គាត់​ឲ្យ​ពរ​ពួក​គេ​ម្នាក់​ៗ។ ពួក​គេ​សុទ្ធតែ​ជា​មេ​លើ​កុលសម្ព័ន្ធ​ទាំង​១២​នៃ​អ៊ីស្រាអែល ហើយ​ឪពុក​បាន​ឲ្យ​ពរ​តាម​ដែល​ពួក​គេ​សម​នឹង​ទទួល។+

២៩ ក្រោយ​នោះ គាត់​បាន​បង្គាប់​ពួក​គេ​ថា​៖ ​«​ពេល​ពុក​ស្លាប់+ សូម​បញ្ចុះ​សព​របស់​ពុក​ជា​មួយ​នឹង​បុព្វ​បុរស​ពុក នៅ​រអាង​ភ្នំ​ក្នុង​ដី​ចម្ការ​របស់​អេប្រុន​ជា​ជន​ជាតិ​ហេត+ ៣០ គឺ​ជា​រអាង​ភ្នំ​ដែល​នៅ​ចម្ការ​ម៉ាក់ពេឡា​ខាង​មុខ​ម៉ាមរេ​ក្នុង​ស្រុក​កាណាន ជា​ដី​ដែល​អាប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជា​ជន​ជាតិ​ហេត ទុក​ជា​ទី​បញ្ចុះ​សព​រហូត​ត​ទៅ។ ៣១ នៅ​ទី​នោះ​គេ​បាន​បញ្ចុះ​សព​អាប្រាហាំ​និង​សារ៉ា​ប្រពន្ធ​គាត់។+ ឯ​សព​អ៊ីសាក​និង​រេបិកា​ជា​ប្រពន្ធ ក៏​ត្រូវ​បញ្ចុះ​នៅ​ទី​នោះ​ដែរ។+ ក្រោយ​មក ពុក​បាន​បញ្ចុះ​សព​លេអា​នៅ​ក្នុង​រអាង​ភ្នំ​នោះ។ ៣២ ដី​ចម្ការ​និង​រអាង​ភ្នំ​នោះ បាន​ត្រូវ​ទិញ​ពី​កូន​ចៅ​ហេត​»។+

៣៣ យ៉ាង​នោះ យ៉ាកុប​បាន​ផ្ដាំ​ផ្ញើ​កូន​ៗ​របស់​គាត់។ រួច​មក គាត់​បាន​ដាក់​ជើង​លើ​គ្រែ ហើយ​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ។+

៥០ បន្ទាប់​មក យ៉ូសែប​បាន​យំ​ឱប​ឪពុក+ ហើយ​ថើប​គាត់។ ២ ក្រោយ​នោះ យ៉ូសែប​បាន​បញ្ជា​ពួក​អ្នក​បម្រើ​គាត់​ដែល​ជា​គ្រូ​ពេទ្យ ឲ្យ​អប់​សព+ឪពុក​របស់​គាត់។ ដូច្នេះ ពួក​គេ​ក៏​ចាប់​ផ្ដើម​រៀបចំ​អប់​សព​អ៊ីស្រាអែល​ទៅ។ ៣ ពួក​គេ​បាន​ចំណាយ​ពេល​អស់​៤០​ថ្ងៃ​ដើម្បី​អប់​សព​ឪពុក​គាត់ គឺ​ជា​រយៈ​ពេល​ដែល​គេ​មាន​ទម្លាប់​អប់​សព។ ឯ​បណ្ដា​ជន​អេហ្ស៊ីប ពួក​គេ​បាន​នាំ​គ្នា​យំ​កាន់​ទុក្ខ​អស់​រយៈ​ពេល​៧០​ថ្ងៃ។

៤ លុះ​វេលា​កាន់​ទុក្ខ​បាន​កន្លង​ផុត​ទៅ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​មន្ត្រី​ផារ៉ូ​ថា​៖ ​«​បើ​អស់​លោក​មិន​យល់​ទាស់​ទេ សូម​ជួយ​ជម្រាប​ផារ៉ូ​ឲ្យ​ខ្ញុំ​ផង​ថា​៖ ៥ ‹ឪពុក​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ស្បថ+នឹង​គាត់ ហើយ​ផ្ដាំ​ថា​៖ ​«​មើល! ពុក​ជិត​ស្លាប់​ហើយ។+ ពេល​ពុក​ស្លាប់ សូម​កូន​យក​សព​របស់​ពុក​ទៅ​បញ្ចុះ+នៅ​ស្រុក​កាណាន ក្នុង​ទី​បញ្ចុះ​សព​ដែល​ពុក​បាន​រៀបចំ​ទុក​»។+ ដូច្នេះ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​ខ្ញុំ​នៅ​ទី​នោះ​ផង។ ក្រោយ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ›​»។ ៦ ផារ៉ូ​បាន​តប​ឆ្លើយ​មក​វិញ​ថា​៖ ​«​ចូរ​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​អ្នក តាម​ពាក្យ​ដែល​អ្នក​ស្បថ​នឹង​គាត់​ចុះ​»។+

៧ ដូច្នេះ យ៉ូសែប​បាន​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​គាត់ អម​ដោយ​ពួក​អ្នក​បម្រើ​ផារ៉ូ មន្ត្រី​ចាស់​ទុំ+ និង​បុរស​ចាស់​ទុំ​ទាំង​អស់​ក្នុង​ស្រុក​អេហ្ស៊ីប ៨ ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​របស់​យ៉ូសែប និង​បង​ប្អូន​គាត់ រួម​ទាំង​ពួក​អ្នក​ផ្ទះ​របស់​ឪពុក​គាត់​ផង​ដែរ។+ ឯ​ក្មេង​តូច​ៗ​និង​ហ្វូង​ចៀម​ហ្វូង​គោ ពួក​គេ​មិន​បាន​នាំ​យក​ទៅ​ជា​មួយ​ទេ តែ​ទុក​ឲ្យ​នៅ​តំបន់​កូសែន​វិញ។ ៩ ពេល​ដង្ហែ​ទៅ គេ​ក៏​នាំ​យក​រទេះ+ចម្បាំង​ទៅ​ជា​មួយ​ដែរ ទាំង​មាន​ទាហាន​សេះ​ហែហម​ផង។ ដូច្នេះ ក្បួន​ដង្ហែ​នោះ​គឺ​ធំ​ណាស់។ ១០ លុះ​ធ្វើ​ដំណើរ​ដល់​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អេថាត​ដែល​នៅ​ក្នុង​តំបន់​ទន្លេយ៉ូដាន់ ពួក​គេ​បាន​យំ​សោក​ជា​ខ្លាំង។ យ៉ូសែប​បាន​កាន់​ទុក្ខ​ឪពុក​អស់​៧​ថ្ងៃ។ ១១ ពួក​កាណាន​ដែល​ជា​អ្នក​ស្រុក​នោះ បាន​ឃើញ​អ្នក​ទាំង​នោះ​យំ​សោក​នៅ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អេថាត។ ពេល​នោះ​ពួក​គេ​បាន​និយាយ​ថា​៖ ​«​ពួក​អេហ្ស៊ីប​កាន់​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!​»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា​អេបិលមីសរេម។* នោះ​នៅ​តំបន់​ទន្លេយ៉ូដាន់។

១២ ដូច្នេះ កូន​ៗ​របស់​យ៉ាកុប​បាន​ធ្វើ​តាម​ការ​ផ្ដែ​ផ្ដាំ​ទាំង​អស់​របស់​គាត់។+ ១៣ កូន​ៗ​របស់​គាត់​បាន​ដង្ហែ​សព​គាត់​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​នៅ​ក្នុង​រអាង​ភ្នំ​ម៉ាក់ពេឡា​ដែល​នៅ​ខាង​មុខ​ម៉ាមរេ ជា​ដី​ដែល​អាប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជា​ជន​ជាតិ​ហេត ទុក​ជា​ទី​បញ្ចុះ​សព​រហូត​ត​ទៅ។+ ១៤ ក្រោយ​ពី​បញ្ចុះ​សព​ឪពុក​រួច យ៉ូសែប​និង​បង​ប្អូន​គាត់​ទាំង​អស់ ព្រម​ទាំង​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​នឹង​គាត់ បាន​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ។

១៥ ក្រោយ​ពី​បង​ប្អូន​យ៉ូសែប​ឃើញ​ថា​ឪពុក​ខ្លួន​បាន​ស្លាប់​ហើយ ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​យ៉ូសែប​ប្រហែល​ជា​នៅ​ចង​គំនុំ​នឹង​យើង​ហើយ។ គាត់​មុខ​ជា​សង​សឹក​នឹង​យើង​ដែល​បាន​ធ្វើ​អាក្រក់​នឹង​គាត់​ជា​មិន​ខាន​»។+ ១៦ ដូច្នេះ បង​ៗ​យ៉ូសែប​បាន​ឲ្យ​គេ​នាំ​ដំណឹង​ទៅ​ប្រាប់​យ៉ូសែប​នូវ​ពាក្យ​ទាំង​នេះ​ថា​៖ ​«​មុន​លោក​ឪពុក​ស្លាប់ គាត់​បាន​ផ្ដាំ​ថា​៖ ១៧ ‹សូម​ប្រាប់​យ៉ូសែប​ថា​៖ ​«​ពុក​សូម​អង្វរ​កូន សូម​កូន​អភ័យ​ទោស​ឲ្យ​បង​ៗ​របស់​កូន​ចំពោះ​ទោស​កំហុស​ដែល​ពួក​គេ​បាន​ធ្វើ​ដល់​កូន​ផង​»​›។ ឥឡូវ សូម​ប្អូន​អភ័យ​ទោស​ឲ្យ​ពួក​បង​ដែល​ជា​អ្នក​បម្រើ​ព្រះ​នៃ​ឪពុក​ប្អូន​ផង​»។ ពេល​យ៉ូសែប​ឮ​ពាក្យ​ទាំង​នេះ គាត់​បាន​យំ។ ១៨ រួច​មក បង​ៗ​របស់​យ៉ូសែប​បាន​ចូល​មក ហើយ​ក្រាប​ខ្លួន​គោរព​គាត់ ទាំង​និយាយ​ថា​៖ ​«​មើល! ពួក​បង​ជា​អ្នក​បម្រើ​ប្អូន​ហើយ!​»។+ ១៩ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​សូម​ពួក​បង​កុំ​ខ្លាច​អី។ ខ្ញុំ​មិន​មែន​ជា​ព្រះ​ទេ ខ្ញុំ​គ្មាន​សិទ្ធិ​វិនិច្ឆ័យ​បង​ៗ​ឡើយ។ ២០ ទោះ​ជា​ពួក​បង​មាន​បំណង​ធ្វើ​បាប​ខ្ញុំ​ក៏​ពិត​មែន+ តែ​គឺ​ជា​ព្រះ​ទេ​ដែល​បាន​កែ​ប្រែ​ស្ថានភាព​នោះ​ឲ្យ​ទៅ​ជា​ល្អ​ប្រសើរ​វិញ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន ដូច​ពួក​បង​ឃើញ​ស្រាប់​ហើយ។+ ២១ ដូច្នេះ សូម​ពួក​បង​កុំ​ខ្លាច​អី។ ខ្ញុំ​នឹង​បន្ត​ផ្គត់​ផ្គង់​ស្បៀងអាហារ​ដល់​ពួក​បង​និង​កូន​ៗ​»។+ យ៉ាង​នេះ យ៉ូសែប​បាន​សម្រាល​ទុក្ខ​ពួក​គេ ហើយ​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​ឡើង​វិញ។

២២ ឯ​យ៉ូសែប​និង​ពួក​អ្នក​ផ្ទះ​ឪពុក​គាត់​បាន​បន្ត​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​ត​ទៅ​ទៀត។ យ៉ូសែប​រស់​បាន​១១០​ឆ្នាំ។ ២៣ យ៉ូសែប​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអ៊ីម​ដល់​ទៅ​បី​ជំនាន់។+ គាត់​ក៏​ឃើញ​កូន​ចៅ​របស់​ម៉ាគា+ ដែល​ជា​កូន​ម៉ាណាសេ​ផង​ដែរ។ គាត់​បាន​ចាត់​ទុក​ពួក​គេ​ដូច​ជា​កូន​បង្កើត។* ២៤ ក្រោយ​មក យ៉ូសែប​បាន​និយាយ​ទៅ​បង​ប្អូន​គាត់​ថា​៖ ​«​ខ្ញុំ​ជិត​ស្លាប់​ហើយ តែ​ព្រះ​ប្រាកដ​ជា​ជួយ​បង​ប្អូន+ ហើយ​លោក​នឹង​នាំ​បង​ប្អូន​ចេញ​ពី​ស្រុក​នេះ ទៅ​ស្រុក​ដែល​លោក​បាន​ស្បថ​ឲ្យ​ដល់​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ជា​មិន​ខាន​»។+ ២៥ ដូច្នេះ យ៉ូសែប​បាន​ឲ្យ​កូន​ចៅ​អ៊ីស្រាអែល​ស្បថ​នឹង​គាត់ ហើយ​គាត់​បាន​ផ្ដាំ​ពួក​គេ​ថា​៖ ​«​ព្រះ​ប្រាកដ​ជា​នឹង​ជួយ​បង​ប្អូន​មិន​ខាន។ ពេល​នោះ សូម​បង​ប្អូន​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​ស្រុក​នេះ​ផង​»។+ ២៦ រួច​មក យ៉ូសែប​បាន​ស្លាប់​ក្នុង​កាល​ដែល​គាត់​មាន​អាយុ​១១០​ឆ្នាំ។ គេ​បាន​ធ្វើ​ពិធី​អប់​សព​គាត់+ រួច​ដាក់​ក្នុង​មឈូស​ក្នុង​ស្រុក​អេហ្ស៊ីប។

សំដៅ​លើ​សកល​លោក​ទាំង​មូល រួម​បញ្ចូល ផ្កាយ ភព​នា​នា និង​កាឡាក់ស៊ី​ជា​ដើម

ឬ​«​ទឹក​ដែល​កញ្ជ្រោល​បក់​បោក​»​

ពាក្យ​«​សមុទ្រ​»​នៅ​ទី​នេះ​ក៏​អាច​សំដៅ​លើ​ទន្លេ​បឹង​បួ​ដែរ

ន័យ​ត្រង់​«​ថ្ងៃ​»​

នេះ​ជា​ខ​ទី​១​ដែល​មាន​នាម​របស់​ព្រះ​ផ្ទាល់ יהוה (​យ​ហ​វ​ហ​)។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៤

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​«​ទីគ្រី​ស​»​

ន័យ​ត្រង់​«​ធ្វើ​»​

ឬ​«​ដែល​ជា​គូ​បង្គ្រប់​គាត់​»​

ឬ​«​ប្រើ​ល្បិច​»​

ឬ​«​ពេល​ល្ងាច​»​

មាន​ន័យ​ថា​«​មនុស្សជាតិ​»​

ន័យ​ត្រង់​«​នំ​ប៉័ង​»​

មាន​ន័យ​ថា​«​អ្នក​ដែល​មាន​ជីវិត​រស់​នៅ​»​

ន័យ​ត្រង់​«​ទឹក​ដី​ដែល​បាន​ហា​មាត់​ទទួល​ឈាម​របស់​ប្អូន​អ្នក​»​

ឬ​«​ស្រុក​និរទេស​»​

ក្នុង​គម្ពីរ​ពាក្យ​«​ឪពុក​»​អាច​សំដៅ​លើ​ឪពុក​បង្កើត​ឬ​បុព្វ​បុរស

មាន​ន័យ​ថា​«​បាន​ត្រូវ​តែង​តាំង​»​

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

ប្រហែល​ជា​មាន​ន័យ​ថា​«​សម្រាក​ឬ​សម្រាល​ទុក្ខ​»​

ឬ​«​ទេវតា​»​

ន័យ​ត្រង់​«​នីហ្វីលីម​»។ ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ផ្ដួល​»។ មើល​និយម​ន័យ​ពាក្យ​«​នីហ្វីលីម​»​

ទូក​នោះ​រាង​ដូច​ប្រអប់​ធំ​វែង​ដែល​អាច​អណ្ដែត​លើ​ទឹក

នេះ​ប្រហែល​ជា​ឈើ​ស្រល់​ម្យ៉ាង

មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ភាសា​ហេប្រឺ​«​សូហា​»​អាច​សំដៅ​លើ​បង្អួច​ឬ​ដំបូល

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​៧​គូ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​៧​គូ​»​

មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា

ឬ​«​បង្ហូរ​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​»​

ន័យ​ត្រង់​«​បង្ហូរ​ឈាម​»​

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ក្រុង​ទាំង​នេះ​រួម​គ្នា​ក្លាយ​ទៅ​ជា​ក្រុង​ដ៏​ធំ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បង​របស់​យ៉ាផេត​»​

មាន​ន័យ​ថា​«​ការ​បែក​ខ្ញែក​»​

មាន​ន័យ​ថា​«​ការ​បំភាន់​»​

ន័យ​ត្រង់​«​ពូជ​»​

ទាំង​ញី​ទាំង​ឈ្មោល

គឺ​ជា​សួន​អេដែន

ឬ​«​ដំឡើង​ត្រសាល​»​

ន័យ​ត្រង់​«​ពូជ​»​

នេះ​សំដៅ​លើ​សមុទ្រ​ស្លាប់

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ពូជ​»​

មាន​ន័យ​ថា​«​ព្រះ​ឮ​»​

អ្នក​ខ្លះ​គិត​ថា​ជា​សេះ​បង្កង់។ លា​ព្រៃ​ទំនង​ជា​សំដៅ​លើ​ចិត្ត​គំនិត​ឯករាជ្យ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គាត់​នឹង​ទៅ​ជា​សត្រូវ​នឹង​បង​ប្អូន​ទាំង​អស់​របស់​គាត់​»​

មាន​ន័យ​ថា​«​អណ្ដូង​នៃ​ព្រះ​ដែល​មាន​ជីវិត​រស់​ដែល​មើល​ឃើញ​ខ្ញុំ​»​

មាន​ន័យ​ថា​«​ឪពុក​ខ្ពង់​ខ្ពស់​»​

មាន​ន័យ​ថា​«​ឪពុក​នៃ​មនុស្ស​ជា​ច្រើន​»​

ន័យ​ត្រង់​«​ពូជ​»​

សំដៅ​លើ​ការ​កាត់​ចុង​ស្បែក​អវយវៈ​ភេទ​របស់​បុរស

ឬ​«​បុរស​នោះ​នឹង​ត្រូវ​ស្លាប់​»​

ប្រហែល​ជា​មាន​ន័យ​ថា​«​ដែល​ឈ្លោះ​ប្រកែក​»​

មាន​ន័យ​ថា​«​ម្ចាស់​ក្សត្រី​»​

មាន​ន័យ​ថា​«​សំណើច​»​

ន័យ​ត្រង់​«​សៀ​»។ មួយ​សៀ​ស្មើ​នឹង​៧,៣៣​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​បឺ​រ​»​

ឬ​«​អំណរ​»​

ន័យ​ត្រង់​«​ស្គាល់​»​

ន័យ​ត្រង់​«​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ​»​

ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​

មាន​ន័យ​ថា​«​ភាព​តូច​»​

ន័យ​ត្រង់​«​មិន​បាន​ទៅ​ជិត​នាង​»​

ឬ​«​សុចរិត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សើច​ឲ្យ​ខ្ញុំ​»​

ន័យ​ត្រង់​«​ពូជ​»​

ឬ​«​ចម្ងាយ​ប្រហែល​មួយ​សម្ទុះ​ព្រួញ​»​

ប្រហែល​ជា​មាន​ន័យ​ថា​«​អណ្ដូង​នៃ​សម្បថ ឬ​អណ្ដូង​នៃ[​ចៀម​]៧​ក្បាល​»​

ឬ​«​ស្នាក់​នៅ​ជា​ជន​បរទេស​»​

មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​ឲ្យ​»​

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ខ្លោង​ទ្វារ​ក្រុង​»​

​ឬ«ទទួល​ពរ​សម្រាប់​ខ្លួន​ឯង»។ នេះ​ប្រហែល​ជា​បញ្ជាក់​ថា​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ទទួល​ពរ

មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ពូជ​»​

ក្រវិល​សម្រាប់​ពាក់​នៅ​ច្រមុះ

មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ប្រហែល​ជា​សំដៅ​លើ​ឡាបាន់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គាត់​បាន​ទៅ​ជា​សត្រូវ​នឹង​បង​ប្អូន​ទាំង​អស់​របស់​គាត់​»​

មាន​ន័យ​ថា​«​រោម​ពេញ​ខ្លួន​»​

មាន​ន័យ​ថា​«​អ្នក​ចាប់​កែង​ជើង​ឬ​អ្នក​ដណ្ដើម​»​

ឬ​«​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស​»​

មាន​ន័យ​ថា​«​ក្រហម​»​

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ពូជ​»​

មាន​ន័យ​ថា​«​ការ​ប្រកែក​គ្នា​»​

មាន​ន័យ​ថា​«​ការ​ចោទ​ប្រកាន់​»​

មាន​ន័យ​ថា​«​កន្លែង​ធំ​ទូលាយ​»​

ឬ​«​ចំអក​ឲ្យ​គាត់​»​

មាន​ន័យ​ថា​«​អ្នក​ចាប់​កែង​ជើង​ឬ​អ្នក​ដណ្ដើម​»​

ន័យ​ត្រង់​«​ពូជ​»​

មាន​ន័យ​ថា​«​ផ្ទះ​របស់​ព្រះ​»​

ឬ​«​សូម​ឲ្យ​ខ្ញុំ​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​ខ្ញុំ​»​

ន័យ​ត្រង់​«​បាន​ត្រូវ​ស្អប់​»​

មាន​ន័យ​ថា​«​មើល! កូន​ប្រុស​មួយ!​»​

មាន​ន័យ​ថា​«​ស្ដាប់​ឮ​»​

មាន​ន័យ​ថា​«​នៅ​ជាប់​»​

មាន​ន័យ​ថា​«​គួរ​សរសើរ​តម្កើង​»​

មាន​ន័យ​ថា​«​ចៅ​ក្រម​»​

មាន​ន័យ​ថា​«​ការ​ប្រណាំង​ប្រជែង​»​

មាន​ន័យ​ថា​«​លាភ​»​

មាន​ន័យ​ថា​«​សុភមង្គល​»​

នេះ​ជា​រដូវ​ច្រូត​កាត់​ស្រូវ​សាលី

ជា​ដើម​ម្យ៉ាង​ដែល​គេ​គិត​ថា បើ​បរិភោគ​ផ្លែ​វា​នឹង​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ

មាន​ន័យ​ថា​«​គាត់​ជា​ថ្លៃ​ឈ្នួល​»​

មាន​ន័យ​ថា​«​លែង​ទើស​ចិត្ត​»​

ឈ្មោះ​កាត់​នៃ​យ៉ូសិភា ដែល​មាន​ន័យ​ថា​«​សូម​ឲ្យ​យ៉ា​បន្ថែម​»​

ឬ​«​ធេរ៉ាភីម​»​

ជា​ពាក្យ​ភាសា​អេរ៉ាម​ដែល​មាន​ន័យ​ថា​«​គំនរ​នៃ​សក្ខី​ភាព​»​

ជា​ពាក្យ​ភាសា​ហេប្រឺ​ដែល​មាន​ន័យ​ថា​«​គំនរ​នៃ​សក្ខី​ភាព​»​

មាន​ន័យ​ថា​«​ជំរំ​ពីរ​»​

ឬ​«​គោ​ឈ្មោល​»​

ន័យ​ត្រង់​«​ពូជ​»​

មាន​ន័យ​ថា​«​អ្នក​តស៊ូ​នឹង​ព្រះ​»​ឬ​«​ព្រះ​ប្រកួត​»​

មាន​ន័យ​ថា​«​មុខ​ព្រះ​»​

ឬ​«​ភើណែល​»​

ឬ​«​អំណោយ​សម្រាប់​ការ​ជូន​ពរ​»​

មាន​ន័យ​ថា​«​ខ្ទម​ឬ​រោង​»​

ន័យ​ត្រង់​«​កូន​ស្រី​យ៉ាកុប​»​

មាន​ន័យ​ថា​«​ព្រះ​នៃ​បេតអែល​»​

ភាសា​អង់គ្លេស​ដើម​នេះ​ឈ្មោះ​ថា​ដើម​អូក

មាន​ន័យ​ថា​«​ដើម​អូក​ទឹក​ភ្នែក​»​

ន័យ​ត្រង់​«​ពូជ​»​

មាន​ន័យ​ថា​«​កូន​នៃ​ទំនួញ​ខ្ញុំ​»​

មាន​ន័យ​ថា​«​កូន​នៃ​ដៃ​ស្ដាំ​»​

ឬ​«​បង​ស្រី​»​

ន័យ​ត្រង់​«​ឡាប់ដានិម​»​

ឬ​«​ប្រេង​បាលសាម​»​

គេ​យក​ជ័រ​ពី​សម្បក​ឈើ​នេះ​ទៅ​ធ្វើ​ជា​គ្រឿង​ក្រអូប

ឬ​«​ឈ្មួញ​ពួក​ម៉ាឌាន​»​

ឬ​«​រហូត​ដល់​ថ្ងៃ​ខ្ញុំ​ចូល​ក្នុង​ផ្នូរ​»។ ​«​ផ្នូរ​»​ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឬ​«​ពេស្យា​នៅ​វិហារ​»។ ទំនង​ជា​សំដៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​នៅ​វិហារ ហើយ​នោះ​ជា​ផ្នែក​នៃ​ការ​គោរព​បូជា​ព្រះ​នៃ​ពួក​កាណាន

មាន​ន័យ​ថា​«​ទម្លាយ​»​

ឬ​«​ផារ៉ូ​»​

តាម​មើល​ទៅ​នេះ​ជា​ពាក្យ​ប្រកាស​ឲ្យ​គេ​បង្ហាញ​ការ​គោរព​និង​លើក​កិត្តិយស​ដល់​បុគ្គល​ម្នាក់

នេះ​សំដៅ​លើ​ក្រុង​ហេលីអូផូលីស

ឬ​«​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​ជូន​»​

មាន​ន័យ​ថា​«​អ្នក​ដែល​ធ្វើ​ឲ្យ​ភ្លេច​»​

មាន​ន័យ​ថា​«​ភាព​ចម្រុង​ចម្រើន​មួយ​ជា​ពីរ​»​

ន័យ​ត្រង់​«​នំ​ប៉័ង​»​

ឬ​«​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឈាម​គាត់​»​

ន័យ​ត្រង់​«​គ្រាប់​ភី​ស្តា​ឈី​យ៉ូ និង​គ្រាប់​អល់ម៉ុន​»​

ឬ​«​ខ្លាញ់​»​

ឬ​«​អ៊ីស្រាអែល​»​

នេះ​សំដៅ​លើ​ក្រុង​ហេលីអូផូលីស

ប្រហែល​ជា​តំបន់​មួយ​ក្នុង​ទឹក​ដី​កូសែន ឬ​ឈ្មោះ​មួយ​ទៀត​នៃ​ទឹក​ដី​កូសែន

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ដើរ​តាម​»​

ន័យ​ត្រង់​«​គ្រា​ចុង​ក្រោយ​បង្អស់​»​

ន័យ​ត្រង់​«​បាន​ឡើង​ទៅ​គ្រែ​របស់​ពុក​»​

ឬ​«​កិត្តិយស​»​

មាន​ន័យ​ថា​«​អ្នក​ដែល​មាន​សិទ្ធិ​ទទួល​»​

ន័យ​ត្រង់​«​នំ​ប៉័ង​»​

សំដៅ​លើ​យ៉ូសែប

ឬ​«​ជ័យ​ភណ្ឌ​»​

មាន​ន័យ​ថា​«​ការ​កាន់​ទុក្ខ​របស់​ពួក​អេហ្ស៊ីប​»​

ន័យ​ត្រង់​«​ពួក​គេ​បាន​កើត​នៅ​លើ​ភ្លៅ​របស់​យ៉ូសែប​»។ នេះ​មាន​ន័យ​ថា​ពួក​គេ​បាន​ត្រូវ​ចាត់​ទុក​ដូច​ជា​កូន ព្រម​ទាំង​ទទួល​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក