បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១២ ទំ. ១១-១៥
  • តើអ្នកសុខចិត្តលះបង់ដើម្បីរាជាណាចក្រព្រះឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកសុខចិត្តលះបង់ដើម្បីរាជាណាចក្រព្រះឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គ្រឿង​បូជា​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ
  • ការ​លះ​បង់​នៅ​សព្វ​ថ្ងៃ​នេះ
  • ការ​លះ​បង់​ស្រប​តាម​អ្វី​ដែល​យើង​មាន
  • ការ​លះ​បង់​របស់​យើង​មាន​តម្លៃ​ខ្លាំង​ណាស់
  • ចូររៀនពី‹លក្ខណៈសំខាន់ៗនៃសេចក្ដីពិត›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • យញ្ញបូជាដែលលើកសរសើរ ហើយផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • ចូរជូនគ្រឿងបូជាដោយអស់ពីកម្លាំងកាយកម្លាំងចិត្ដទៅព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • យញ្ញបូជាដែលផ្គាប់ព្រះហឫទ័យព្រះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១២ ទំ. ១១-១៥

តើ​អ្នក​សុខ​ចិត្ត​លះ​បង់​ដើម្បី​រាជាណាចក្រ​ព្រះ​ឬ​ទេ?

​«​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ​»។—២កូ. ៩:៧

បទ​គម្ពីរ​សម្រាប់​រំពឹង​គិត

តើ​តាម​របៀប​ណា​បទ​គម្ពីរ​នីមួយ​ៗ​ទាំង​នេះ​ជួយ​អ្នក​ឲ្យ​គិត​អំពី​ការ​លះ​បង់​របស់​អ្នក​ដើម្បី​រាជាណាចក្រ​ព្រះ?

  • របាក្សត្រទី១ ២៩:៩

  • កូរិនថូសទី១ ១៦:១, ២

  • កូរិនថូសទី២ ៨:១២

១​. តើ​ការ​លះ​បង់​បែប​ណា​ដែល​បុគ្គល​ជា​ច្រើន​នាក់​បាន​ធ្វើ ហើយ​ហេតុ​អ្វី?

មនុស្ស​សុខ​ចិត្ត​លះ​បង់​ដើម្បី​អ្វី​ៗ​ដែល​សំខាន់​ចំពោះ​ពួក​គេ។ ឪពុក​ម្ដាយ​លះ​បង់​ពេល​វេលា លុយ​កាក់ និង​កម្លាំង​ដើម្បី​ជួយ​កូន​ៗ​របស់​ពួក​គេ។ កីឡាករ​វ័យ​ក្មេង​ដែល​មាន​បំណង​ធ្វើ​ជា​តំណាង​ប្រទេស​របស់​ខ្លួន​នៅ​កីឡា​អូឡាំពិក ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ហាត់​និង​ហ្វឹកហ្វឺន​យ៉ាង​ខ្លាំង កាល​ដែល​មនុស្ស​ស្រករ​គ្នា​លេង ហើយ​កម្សាន្ត​សប្បាយ។ លោក​យេស៊ូ​ក៏​បាន​លះ​បង់​ដើម្បី​អ្វី​ៗ​ដែល​សំខាន់​សម្រាប់​លោក​ដែរ។ លោក​មិន​បាន​ព្យាយាម​ឲ្យ​មាន​ជីវភាព​សម្បូរ​សប្បាយ ហើយ​លោក​ក៏​មិន​មាន​កូន​ដែរ។ ផ្ទុយ​ទៅ​វិញ លោក​បាន​សម្រេច​ចិត្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ជឿន​ទៅ​មុខ​នៃ​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ។ (​ម៉ាថ. ៤:១៧; លូក. ៩:៥៨​) ដូច​គ្នា​ដែរ អ្នក​កាន់​តាម​លោក​បាន​លះ​បង់​អ្វី​ៗ​ជា​ច្រើន​ដើម្បី​គាំ​ទ្រ​រាជាណាចក្រ​ព្រះ។ ការ​ជឿន​ទៅ​មុខ​នៃ​រាជាណាចក្រ​នោះ គឺ​សំខាន់​បំផុត​សម្រាប់​ពួក​គាត់ ហើយ​ពួក​គាត់​បាន​សុខ​ចិត្ត​លះ​បង់​ដើម្បី​រួម​ចំណែក​គាំ​ទ្រ​រាជាណាចក្រ​នោះ​ឲ្យ​បាន​ពេញ​លេញ​បំផុត។ (​ម៉ាថ. ៤:១៨​-​២២; ១៩:២៧​) ដូច្នេះ យើង​គួរ​សួរ​ខ្លួន​យើង​ថា ‹តើ​អ្វី​គឺ​សំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ?›។

២​. (​ក​) តើ​ការ​លះ​បង់​អ្វី​ខ្លះ​ដែល​សំខាន់​ចាំ​បាច់​សម្រាប់​គ្រិស្ត​សាសនិក​ពិត​ទាំង​អស់? (​ខ​) តើ​បង​ប្អូន​ខ្លះ​អាច​ធ្វើ​ការ​លះ​បង់​អ្វី​ខ្លះ​ថែម​ទៀត?

២ ការ​លះ​បង់​ខ្លះ​គឺ​សំខាន់​ចាំ​បាច់​សម្រាប់​គ្រិស្ត​សាសនិក​ពិត​ទាំង​អស់ ហើយ​ក៏​សំខាន់​ចាំ​បាច់​ដើម្បី​បណ្ដុះ​និង​រក្សា​ចំណង​មិត្តភាព​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ការ​លះ​បង់​បែប​នេះ​រួម​មាន​ការ​ចំណាយ​ពេល​និង​កម្លាំង​ដើម្បី​អធិដ្ឋាន អាន​គម្ពីរ គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ។a (​យ៉ូស. ១:៨; ម៉ាថ. ២៨:១៩, ២០; ហេ. ១០:២៤, ២៥​) ដោយ​សារ​យើង​ខំ​ព្យាយាម​និង​ដោយ​មាន​ពរ​ពី​ព្រះ​យេហូវ៉ា កិច្ច​ផ្សព្វ​ផ្សាយ​កំពុង​ជឿន​ទៅ​មុខ ហើយ​មនុស្ស​ជា​ច្រើន​បន្ត​មក​«​ភ្នំ​ជា​ទី​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​»។ (​អេ. ២:២​) ដើម្បី​គាំ​ទ្រ​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​ព្រះ បង​ប្អូន​ជា​ច្រើន​នាក់​បាន​សុខ​ចិត្ត​លះ​បង់​ដើម្បី​បម្រើនៅ​បេតអែល ជួយ​សាងសង់​សាល​ប្រជុំ​និង​សាល​សន្និបាត រៀបចំ​មហាសន្និបាត ឬ​ជួយ​បង​ប្អូន​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ។ ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​លះ​បង់​ថែម​ទៀត​ទាំង​នេះ​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក៏​ដោយ ការ​លះ​បង់​ទាំង​នេះ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​គាំ​ទ្រ​រាជាណាចក្រ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។

៣​. (​ក​) តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ ពេល​យើង​សុខ​ចិត្ត​លះ​បង់​ដើម្បី​រាជាណាចក្រ​ព្រះ? (​ខ​) តើ​យើង​គួរ​ពិចារណា​សំណួរ​អ្វី​ខ្លះ?

៣ ឥឡូវ​នេះ​យើង​ត្រូវ​គាំ​ទ្រ​រាជាណាចក្រ​ព្រះ​ឲ្យ​បាន​សកម្ម​ជាង​មុន​ទៅ​ទៀត។ គួរ​ឲ្យ​សប្បាយ​រីករាយ​មែន ពេល​យើង​ឃើញ​បង​ប្អូន​ជា​ច្រើន​នាក់​បាន​សុខ​ចិត្ត​លះ​បង់​ដើម្បី​ព្រះ​យេហូវ៉ា! (​សូម​អាន ទំនុក​តម្កើង ៥៤:៦​) បើ​យើង​ធ្វើ​ដូច្នេះ​ដែរ យើង​នឹង​មាន​អំណរ​កាល​ដែល​យើង​រង់​ចាំ​រាជាណាចក្រ​របស់​លោក​ដែល​នឹង​មក​ដល់។ (​ចោ. ១៦:១៥; សកម្ម. ២០:៣៥​) ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​គួរ​ពិចារណា​អំពី​ខ្លួន​យើង​ឲ្យ​បាន​ដិត​ដល់។ តើ​មាន​របៀប​ណាខ្លះ​ដែល​យើង​អាច​ធ្វើ​ការ​លះ​បង់​ថែម​ទៀត​ដើម្បី​រាជាណាចក្រ​ព្រះ? តើ​យើង​កំពុង​ប្រើ​ពេល លុយ​កាក់ កម្លាំង​និង​សមត្ថភាព​របស់​យើង​យ៉ាង​ដូច​ម្ដេច? តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី? យើង​នឹង​ពិនិត្យ​មើល​គំរូ​មួយ​ដែល​យើង​អាច​ធ្វើ​តាម ដើម្បី​ធ្វើ​ការ​លះ​បង់​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ ហើយ​នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​អំណរ​កាន់​តែ​ខ្លាំង​ឡើង។

គ្រឿង​បូជា​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ

៤​. តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ជូន​គ្រឿង​បូជា?

៤ ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​ត្រូវ​ជូន​គ្រឿង​បូជា​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ។ គ្រឿង​បូជា​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ គ្រឿង​បូជា​ខ្លះ​ពួក​គេ​ត្រូវ​ជូន គ្រឿង​បូជា​ខ្លះ​ទៀត​ពួក​គេ​ជូន​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ (​លេវី. ២៣:៣៧, ៣៨​) ពួក​គេ​អាច​ជូន​សត្វ​ដុត​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត ឬ​អំណោយ​ជូន​ព្រះ​យេហូវ៉ា។ គំរូ​ដ៏​ល្អ​ប្រសើរ​មួយ​ស្តី​អំពី​ការ​ជូន​គ្រឿង​បូជា​គឺ​នៅ​ពិធី​សម្ពោធ​វិហារ​នៅ​សម័យ​សាឡូម៉ូន។—២រប. ៧:៤​-​៦

៥​. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​រៀបចំ​អ្វី ដើម្បី​ឲ្យ​អ្នក​ក្រ​អាច​ជូន​គ្រឿង​បូជា​បាន?

៥ ព្រះ​យេហូវ៉ា​បាន​យល់​ថា​មិន​មែន​ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​រូប​អាច​ជូន​គ្រឿង​បូជា​ដូច​គ្នា​ឡើយ ហើយ​ដោយ​សេចក្ដី​ស្រឡាញ់ លោក​បាន​តម្រូវ​ឲ្យ​ពួក​គេ​ម្នាក់​ៗ​ជូន​តាម​លទ្ធភាព​របស់​ខ្លួន​ប៉ុណ្ណោះ។ ច្បាប់​របស់​ព្រះ​យេហូវ៉ា​បាន​ចែង​ថា​ឈាម​សត្វ​ត្រូវ​បង្ហូរ ដែល​ជា​«​ស្រមោល​នៃ​ពរ​ដែល​នឹង​មក​ដល់​»​តាម​រយៈ​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក។ (​ហេ. ១០:១​-​៤​) ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​តឹងរ៉ឹង​អំពី​ប្រភេទ​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​នោះ​ទេ។ ជា​ឧទាហរណ៍ ប្រសិនបើ​បុគ្គល​ម្នាក់​គ្មាន​លទ្ធភាព​ជូន​សត្វ​ចៀម​ឬ​ពពែ ឬ​គោ​ទេ នោះព្រះ​នឹង​ទទួល​យក​គ្រឿង​បូជា​ជា​សត្វ​លលក។ ហេតុ​នេះ សូម្បី​តែ​អ្នក​ក្រ​ក៏​អាច​ជូន​ព្រះ​យេហូវ៉ា​នូវ​គ្រឿង​បូជា​ដោយ​អំណរ​ដែរ។ (​លេវី. ១:៣, ១០, ១៤; ៥:៧​) ទោះ​ជា​សត្វ​ដែល​ជូន​ជា​គ្រឿង​បូជា​អាច​ខុស​គ្នា​ក្ដី ប៉ុន្តែ​មាន​អ្វី​ពីរ​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​បុគ្គល​ម្នាក់​ៗ​ដែល​ជូន​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត។

៦​. តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​បុគ្គល​ម្នាក់​ៗ ពេល​ដែល​គាត់​ជូន​គ្រឿង​បូជា ហើយ​តើ​ការ​ធ្វើ​តាម​តម្រូវ​ការ​ទាំង​នោះ​គឺ​សំខាន់​យ៉ាង​ណា?

៦ ទី១ បុគ្គល​នោះ​ត្រូវ​ឲ្យ​អ្វី​ដែល​ល្អ​បំផុត។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ប្រជាជាតិ​នោះ​ថា​ពួក​គេ​ត្រូវ​ជូន​គ្រឿង​បូជា​ដែល​ល្អ​ឥត​ខ្ចោះ​ដើម្បី​ឲ្យ​លោក​«​ទទួល​»​ឬ​ពេញ​ចិត្ត។ (​លេវី. ២២:១៨, ២០​) បើ​សត្វ​នោះ​មាន​ខ្ចោះ សត្វ​នោះ​មិន​សម​ធ្វើ​ជា​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា​ឡើយ។ ទី២ បុគ្គល​ដែល​ជូន​គ្រឿង​បូជា​នោះ​ត្រូវ​ស្អាត​ស្អំ​និង​ឥត​សៅហ្មង។ បើ​បុគ្គល​ណា​ម្នាក់​មិន​ស្អាត​ស្អំ គាត់​ត្រូវ​ជូន​គ្រឿង​បូជា​សម្រាប់​ជម្រះ​ការ​ខុស​ឆ្គង ឬ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​របស់​ខ្លួន ដើម្បី​ផ្សះ​ផ្សា​ទំនាក់​ទំនង​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ មុន​នឹង​គាត់​ជូន​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត។ (​លេវី. ៥:៥, ៦, ១៥​) នេះ​ជា​រឿង​ធ្ងន់ធ្ងរ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ថា បើ​អ្នក​ណា​ម្នាក់​បរិភោគ​តង្វាយ​មេត្រី ដែល​រួម​បញ្ចូល​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត ខណៈ​ដែល​គាត់​មិន​ស្អាត​ស្អំ នោះ​គាត់​នឹង​ត្រូវ​ប្រហារ​ជីវិត។ (​លេវី. ៧:២០, ២១​) ប៉ុន្តែ បើ​បុគ្គល​ម្នាក់​ស្អាត​ស្អំ ហើយ​គ្រឿង​បូជា​របស់​គាត់​គ្មាន​ខ្ចោះ នោះ​គាត់​នឹង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ហើយ​មាន​អំណរ​ជា​ខ្លាំង។—សូម​អាន របាក្សត្រទី១ ២៩:៩

ការ​លះ​បង់​នៅ​សព្វ​ថ្ងៃ​នេះ

៧, ៨​. (​ក​) តើ​អំណរ​អ្វី​ដែល​បង​ប្អូន​ជា​ច្រើន​នាក់​ទទួល​ពី​ការ​លះ​បង់​ដើម្បី​រាជាណាចក្រ​ព្រះ? (​ខ​) តើ​មាន​អ្វី​ខ្លះ​ដែល​យើង​អាច​លះ​បង់​ជូន​ព្រះ​យេហូវ៉ា?

៧ សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ បង​ប្អូន​ជា​ច្រើន​នាក់​ខំ​ប្រឹង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​នេះ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ការ​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​ជួយ​បង​ប្អូន​របស់​យើង​នាំ​ឲ្យ​បាន​ពរ។ បង​ប្រុស​ម្នាក់​ដែល​រួម​ចំណែក​ក្នុង​ការ​សង់​សាល​ប្រជុំ ហើយ​ជួយ​ពួក​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​មហន្តរាយ​ធម្មជាតិ​និយាយ​ថា គាត់​ពិបាក​រៀប​រាប់​អំពី​ការ​ស្កប់​ចិត្ត​ដែល​គាត់​ទទួល​ពី​ការ​បម្រើ​ទាំង​នេះ។ គាត់​និយាយ​ថា​៖ ​«​ពេល​ឃើញ​បង​ប្អូន​ប្រុស​ស្រី​នៅ​ទី​នោះ​សប្បាយ ហើយ​មាន​ចិត្ត​ដឹង​គុណ​ក្រោយ​ពី​ពួក​គាត់​នៅ​ក្នុង​សាល​ប្រជុំ​ថ្មី​របស់​ពួក​គាត់ ឬ​ពេល​ពួក​គាត់​ទទួល​ជំនួយ​ក្រោយ​មហន្តរាយ​ធម្មជាតិ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​ចំពោះ​កិច្ច​ការ​និង​ការ​ខំ​ប្រឹង​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ​»។

៨ អង្គការ​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​តែង​តែ​ស្វែងរក​ឱកាស​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា។ នៅ​ឆ្នាំ​១៩០៤ បង​ប្រុស​ឆាល ថេស រ៉ាសិល​បាន​ពន្យល់​ថា យើង​ទាំង​អស់​គ្នា​គួរ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ប្រើ​ពេល ឥទ្ធិពល លុយ​កាក់​ជា​ដើម ដើម្បី​សរសើរ​តម្កើង​ព្រះយេហូវ៉ា។ ទោះ​ជា​យើង​ត្រូវ​លះ​បង់​អ្វី​មួយ​ជូន​ព្រះ​យេហូវ៉ា​ក៏​ដោយ យើង​ទទួល​ពរ​ជា​ច្រើន។ (​២សាំ. ២៤:២១​-​២៤​) តើ​យើង​អាច​ប្រើ​អ្វី​ដែល​យើង​មាន​ឲ្យ​បាន​ប្រយោជន៍​ច្រើន​ជាង​ឬ​ទេ?

៩​. ស្តី​អំពី​ការ​ប្រើ​ពេល​វេលា​របស់​យើង តើ​យើង​អាច​អនុវត្ត​គោល​ការណ៍​អ្វី ដែល​លោក​យេស៊ូ​បាន​ឲ្យ​នៅ​លូកា ១០:២​-​៤?

៩ ពេល​វេលា​របស់​យើង។ ដើម្បី​បក​ប្រែ​និង​បោះពុម្ព​សៀវភៅ​របស់​យើង សង់​កន្លែង​គោរព​ប្រណិប័តន៍ រៀបចំ​មហាសន្និបាត ជួយ​បង​ប្អូន​ដែល​រង​គ្រោះ​ដោយ​មហន្តរាយ ហើយ​ចូល​រួម​ក្នុង​សកម្មភាព​សំខាន់​ចាំ​បាច់​ជា​ច្រើន​ទៀត នេះ​ត្រូវ​ការ​ពេល​វេលា​និង​ការ​ខំ​ប្រឹង​ជា​ច្រើន។ យើង​មាន​ពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​គោល​ការណ៍​មួយ​ដែល​អាច​ជួយ​យើង​ឲ្យ​ប្រើ​ពេល​វេលា​របស់​យើង​ដោយ​ឈ្លាស​វៃ។ ពេល​លោក​យេស៊ូ​ចាត់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ លោក​បាន​ប្រាប់​ពួក​គាត់​មិន​ឲ្យ​«​ឱប​សួរ​សុខទុក្ខ​អ្នក​ណា​តាម​ផ្លូវ​»។ (​លូក. ១០:២​-​៤​) ហេតុ​អ្វី​លោក​យេស៊ូ​បាន​ឲ្យ​ការ​ណែនាំ​បែប​នេះ? បណ្ឌិត​ម្នាក់​ខាង​គម្ពីរ​និយាយ​ថា​៖ ​«​ពេល​យើង​សួរ​សុខទុក្ខ​គ្នា យើង​លំឱន​កាយ​បន្ដិច​ឬ​ហុច​ដៃ ប៉ុន្តែ​មនុស្ស​នៅ​មជ្ឈិម​បូព៌ា​សួរ​សុខទុក្ខ​គ្នា​ដោយ​ឱប​គ្នា​ជា​ច្រើន​ដង ឱន​ក្បាល ហើយ​ថែម​ទាំង​ក្រាប​នៅ​ដី​ទៀត​ផង។ ការ​សួរ​សុខទុក្ខ​គ្នា​បែប​នេះ​តម្រូវ​ឲ្យ​ចំណាយ​ពេល​ច្រើន​»។ លោក​យេស៊ូ​មិន​បាន​លើក​ទឹក​ចិត្ត​អ្នក​កាន់​តាម​លោក​ឲ្យ​ប្រព្រឹត្ត​ដោយ​មិន​គួរ​សម​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ជួយ​ពួក​គាត់​ឲ្យ​ដឹង​ថា ពេល​វេលា​របស់​ពួក​គាត់​គឺ​មាន​កម្រិត ហើយ​ពួក​គាត់​ត្រូវ​ប្រើ​ពេល​វេលា​នោះ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត​ដើម្បី​ធ្វើ​អ្វី​ដែល​សំខាន់​ជាង។ (​អេភ. ៥:១៦​) តើ​យើង​អាច​អនុវត្ត​គោល​ការណ៍​នេះ​ដើម្បី​ឲ្យ​យើង​មាន​ពេល​ច្រើន​ជាង​ដើម្បី​ជួយ​ក្នុង​កិច្ច​ការ​រាជាណាចក្រ​ព្រះ​ឬ​ទេ?

១០, ១១​. (​ក​) តើ​វិភាគ​ទាន​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​បាន​ត្រូវ​ប្រើ​តាម​របៀប​ណាខ្លះ? (​ខ​) តើ​គោល​ការណ៍​អ្វី​នៅ​កូរិនថូសទី១ ១៦:១, ២ ដែល​អាច​ជួយ​យើង?

១០ លុយ​កាក់​របស់​យើង។ ដើម្បី​គាំ​ទ្រ​កិច្ច​ការ​រាជាណាចក្រ​ព្រះ នោះ​ត្រូវ​ការ​លុយ​ជា​ច្រើន។ រាល់​ឆ្នាំ​លុយ​រាប់​សិប​លាន​ដុល្លារ​បាន​ត្រូវ​ប្រើ​ដើម្បី​បង់​ចំណាយ​របស់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ អ្នក​ត្រួស​ត្រាយ​ពិសេស​និង​សាសនទូត។ តាំង​ពី​ឆ្នាំ​១៩៩៩ សាល​ប្រជុំ​ជាង​២៤​.​៥០០​បាន​ត្រូវ​សង់​នៅ​ប្រទេស​ដែល​មាន​ធន​ធាន​តិច។ ប៉ុន្តែ នៅ​តែ​ត្រូវ​ការ​សាល​ប្រជុំ​ជិត​៦​.​៤០០​ថែម​ទៀត។ រាល់​ខែ​ទស្សនាវដ្ដី​ប៉មយាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) ប្រហែលជា​១០០​លាន​ច្បាប់​បាន​ត្រូវ​បោះពុម្ព។ អ្វី​ៗ​ទាំង​អស់​នេះ​បាន​ត្រូវ​គាំ​ទ្រ​ដោយ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត។

១១ សាវ័ក​ប៉ូល​បាន​ផ្ដល់​គោល​ការណ៍​មួយ​ឲ្យ​យើង​ធ្វើ​តាម ពេល​គិត​អំពី​វិភាគ​ទាន។ (​សូម​អាន កូរិនថូសទី១ ១៦:១, ២​) ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គាត់​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​របស់​គាត់​នៅ​ក្រុង​កូរិនថូស​មិន​ឲ្យ​ចាំ​រហូត​ដល់​ចុង​សប្ដាហ៍​ដើម្បី​ដឹង​ថា​មាន​សល់​លុយ​ប៉ុន្មាន​ទេ តែ​ផ្ទុយ​ទៅ​វិញ ឲ្យ​ទុក​លុយ​ដោយ​ឡែក​នៅ​ដើម​សប្ដាហ៍​ស្រប​តាម​អ្វី​ដែល​ពួក​គាត់​អាច​ធ្វើ​បាន។ ដូច​នៅ​សតវត្សរ៍​ទី១ បង​ប្អូន​ប្រុស​ស្រី​របស់​យើង​នៅ​សម័យ​នេះ​ធ្វើ​គម្រោង​ជា​មុន​ដើម្បី​ជូន​វិភាគ​ទាន​ដោយ​ចិត្ត​ទូលាយ​ស្រប​តាម​ស្ថានភាព​របស់​ពួក​គាត់។ (​លូក. ២១:១​-​៤; សកម្ម. ៤:៣២​-​៣៥​) ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​ឲ្យ​ដោយ​ចិត្ត​ទូលាយ​បែប​នេះ។

១២, ១៣​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​បង​ប្អូន​ខ្លះ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រើ​កម្លាំង​និង​សមត្ថភាព​របស់​ពួក​គាត់ ប៉ុន្តែ​តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

១២ កម្លាំង​និង​សមត្ថភាព​របស់​យើង។ ព្រះ​យេហូវ៉ា​គាំ​ទ្រ​យើង ពេល​យើង​ព្យាយាម​ប្រើ​កម្លាំង​និង​សមត្ថភាព​របស់​យើង​ដើម្បី​រាជាណាចក្រ​ព្រះ។ លោក​សន្យា​ថា​ជួយ​យើង​ពេល​យើង​ល្វើយ។ (​អេ. ៤០:២៩​-​៣១​) តើ​យើង​គិត​ថា​យើង​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ជួយ​ក្នុង​កិច្ច​ការ​នោះ​ឬ? តើ​យើង​គិត​ថា​មាន​អ្នក​ឯ​ទៀត​ដែល​មាន​សមត្ថភាព​ជាង​យើង​ឬ​ទេ? សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​អាច​ជួយ​បង្កើន​សមត្ថភាព​របស់​យើង ដូច​លោក​បាន​ជួយ​បេតសាលាល​និង​អូហូលីអាប់ (​សូម​មើល​រូបភាព​នៅ​ដើម​អត្ថបទ​)។—និក្ខ. ៣១:១​-​៦

១៣ ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ផ្ដល់​អ្វី​ដ៏​ល្អ​បំផុត​របស់​យើង ហើយ​មិន​ស្ទាក់​ស្ទើរ​ឡើយ។ (​សុភ. ៣:២៧​) ក្នុង​អំឡុង​ការ​សង់​វិហារ​ឡើង​វិញ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​ឲ្យ​រំពឹង​គិត​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ដើម្បី​ជួយ​កិច្ច​ការ​សាងសង់។ (​ហាក. ១:២​-​៥​) ពួក​គេ​បាន​ឲ្យ​អ្វី​ផ្សេង​មក​បំបែរ​អារម្មណ៍ ហើយ​មិន​បាន​ចាត់​ទុក​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត​ទេ។ យើង​គួរ​ពិចារណា​ថា​តើ​អ្វី​ដែល​យើង​ចាត់​ទុក​ថា​សំខាន់​បំផុត​គឺ​ដូច​គ្នា​នឹង​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​សំខាន់​បំផុត​ឬមិន​មែន។ តើ​យើង​អាច‹ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​យើង› ដើម្បី​យើង​អាច​រួម​ចំណែក​ក្នុង​កិច្ច​ការ​រាជាណាចក្រ​ព្រះ​ឲ្យ​បាន​ច្រើន​ជាង​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​ឬ​ទេ?

ការ​លះ​បង់​ស្រប​តាម​អ្វី​ដែល​យើង​មាន

១៤, ១៥​. (​ក​) តើ​គំរូ​របស់​បង​ប្អូន​យើង​ដែល​មាន​ធន​ធាន​តិច​បាន​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ណា? (​ខ​) តើ​យើង​គួរ​ចង់​ធ្វើ​អ្វី?

១៤ មនុស្ស​ជា​ច្រើន​រស់​នៅ​តំបន់​ដែល​ជីវិត​ជួប​ការ​លំបាក​ជា​ខ្លាំង ហើយ​បញ្ហា​ដូច​ជា​ភាព​ក្រី​ក្រ​ជា​ដើម គឺ​ជា​រឿង​ធម្មតា។ អង្គការ​របស់​យើង​ខំ​«​បំពេញ​ការ​ខ្វះ​ខាត​»​របស់​បង​ប្អូន​យើង​ដែល​រស់​នៅ​ប្រទេស​បែប​នេះ។ (​២កូ. ៨:១៤​) ប៉ុន្តែ សូម្បី​តែ​បង​ប្អូន​ដែល​មាន​ធន​ធាន​តិច​ក៏​ដោយ ក៏​ចាត់​ទុក​ថា​ការ​ឲ្យ​ជា​ឯកសិទ្ធិ​ចំពោះ​ពួក​គាត់​ដែរ។ ព្រះ​យេហូវ៉ា​សប្បាយ​រីករាយ​ពេល​ឃើញ​ពួក​គាត់​ឲ្យ​ដោយ​ចិត្ត​សប្បាយ​នូវ​អ្វី​ដែល​ពួក​គាត់​អាច​ឲ្យ​បាន។—២កូ. ៩:៧

១៥ នៅ​ប្រទេស​មួយ​ដែល​ក្រី​ក្រ​យ៉ាង​ខ្លាំង​នា​ទ្វីប​អាហ្វ្រិក បង​ប្អូន​ខ្លះ​ទុក​ដី​មួយ​ផ្នែក​តូច​នៃ​សួន​ដំណាំ​របស់​ពួក​គាត់​ដោយ​ឡែក ហើយ​ប្រើ​លុយ​ដែល​ពួក​គាត់​បាន​មក​ពី​ការ​លក់​ដំណាំ​នៅ​ក្នុង​ផ្នែក​នោះ​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​រាជាណាចក្រ​ព្រះ។ នៅ​ប្រទេស​ដដែល​នោះ មាន​គម្រោង​សាងសង់​មួយ​នៅ​កន្លែង​ដែល​ត្រូវ​ការ​សាល​ប្រជុំ​ជា​ខ្លាំង។ បង​ប្អូន​ក្នុង​តំបន់​នោះ​ចង់​ជួយ​កិច្ច​ការ​នេះ។ ប៉ុន្តែ​ការ​សាងសង់​នោះ​ត្រូវ​ធ្វើ​ឡើង​នៅ​ចំ​រដូវ​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​ការ​ដាំ​ដុះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គាត់​នៅ​តែ​តាំង​ចិត្ត​រួម​ចំណែក​ក្នុង​កិច្ច​ការ​សាងសង់​នេះ។ ដូច្នេះ​ពួក​គាត់​ចូល​រួម​សាងសង់​នៅ​ពេល​ថ្ងៃ ហើយ​បន្ទាប់​មក​ទៅ​ស្រែ​របស់​ពួក​គាត់​នៅ​ពេល​ល្ងាច​ដើម្បី​ដាំ​ដំណាំ​របស់​ពួក​គាត់។ នេះ​ពិត​ជា​ស្មារតី​លះ​បង់​មែន! នេះ​រំលឹក​យើង​អំពី​បង​ប្អូន​នៅ​សតវត្សរ៍​ទី១​នៅ​តំបន់​ម៉ាសេដូន។ ពួក​គាត់​«​ក្រ​តោកយ៉ាក​»​ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​សុំ​ប៉ូល​អនុញ្ញាត​ឲ្យ​ពួក​គាត់​ផ្ដល់​លុយ​ដើម្បី​ជួយ​បង​ប្អូន​របស់​ពួក​គាត់។ (​២កូ. ៨:១​-​៤​) ដូច​គ្នា​ដែរ សូម​ឲ្យ​យើង​ម្នាក់​ៗ​‹ជូន​ព្រះ​យេហូវ៉ា​ស្រប​តាម​ពរ​ដែល​លោក​បាន​ឲ្យ​យើង›។—សូម​អាន ចោទិយកថា ១៦:១៧

១៦​. តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ការ​លះ​បង់​របស់​យើង?

១៦ ប៉ុន្តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី​មួយ។ ដូច​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ព្រះ​ទទួល​យក​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត​របស់​យើង។ យើង​ត្រូវ​មាន​តុល្យ​ភាព ដើម្បី​យើង​អាច​បំពេញ​ភារកិច្ច​សំខាន់​ចម្បង​របស់​យើង​ចំពោះ​ក្រុម​គ្រួសារ​របស់​យើង​និង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ការ​ចំណាយ​ពេល​វេលា​និង​ធន​ធាន​របស់​យើង​ដើម្បី​អ្នក​ឯ​ទៀត​មិន​គួរ​ធ្វើ​ឲ្យ​យើង​ខក​ខាន​មិន​បាន​ជួយ​ក្រុម​គ្រួសារ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ឬ​មិន​បាន​ផ្គត់​ផ្គង់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​សម្រាប់​ជីវិត​រស់​នៅ​នោះ​ឡើយ។ យើង​មិន​អាច​លះ​បង់​ជូន​ព្រះ​នូវ​ពេល​វេលា កម្លាំង​និង​ធន​ធាន ដែល​យើង​មិន​មាន​នោះ​ទេ។ (​សូម​អាន កូរិនថូសទី២ ៨:១២​) ម្យ៉ាង​វិញ​ទៀត យើង​ត្រូវ​រក្សា​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​១កូ. ៩:២៦, ២៧​) សូម​មាន​ទំនុក​ចិត្ត​ថា កាល​ណា​យើង​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ ការ​លះ​បង់​របស់​យើង​នាំ​ឲ្យ​យើង​មាន​អំណរ​និង​ការ​ស្កប់​ចិត្ត​ជា​ខ្លាំង ហើយ​ព្រះ​យេហូវ៉ា​«​ពេញ​ចិត្ត​ណាស់​»​នឹង​ការ​លះ​បង់​ទាំង​នោះ។

ការ​លះ​បង់​របស់​យើង​មាន​តម្លៃ​ខ្លាំង​ណាស់

១៧, ១៨​. តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​កំពុង​ធ្វើ​ការ​លះ​បង់​ដើម្បី​រាជាណាចក្រ​ព្រះ ហើយ​តើ​យើង​ទាំង​អស់​គ្នា​គួរ​ពិចារណា​អំពី​អ្វី?

១៧ តាម​រយៈ​កិច្ច​ការ​របស់​ពួក​គាត់ បង​ប្អូន​ប្រុស​ស្រី​របស់​យើង‹ប្រគល់​ខ្លួន​ពួក​គាត់​ដូច​គ្រឿង​បូជា​ជា​ស្រា› ដើម្បី​គាំ​ទ្រ​កិច្ច​ការ​សំខាន់​ចាំ​បាច់​នៃ​រាជាណាចក្រ​ព្រះ។ (​ភី. ២:១៧​) យើង​ដឹង​គុណ​យ៉ាង​ស្មោះ​ចំពោះ​ពួក​អ្នក​ដែល​ជូន​ព្រះ​ដោយ​ចិត្ត​ទូលាយ​បែប​នេះ។ ស្មារតី​លះ​បង់​និង​ចិត្ត​ទូលាយ​របស់​ប្រពន្ធ​និង​កូន​នៃ​បង​ប្អូន​ដែល​នាំ​មុខ​ក្នុង​កិច្ច​ការ​រាជាណាចក្រ​ព្រះ​ក៏​គួរ​ឲ្យ​សរសើរ​ដែរ។

១៨ ដើម្បី​គាំ​ទ្រ​កិច្ច​ការ​រាជាណាចក្រ​ព្រះ នោះ​ត្រូវ​ការ​ការ​ងារ​នឿយ​ហត់​ជា​ច្រើន។ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​អធិដ្ឋាន ហើយ​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​រួម​ចំណែក​ឲ្យ​បាន​ច្រើន​បំផុត។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​បាន​ពរ​ជា​ច្រើន​នៅ​ពេល​ឥឡូវ​នេះ ហើយ​នឹង​បាន​ពរ​កាន់​តែ​ច្រើន​ទៀត​នៅ​«​ក្នុង​របៀប​របប​ពិភព​លោក​ដែល​នឹង​មក​ដល់​»។—ម៉ាក. ១០:២៨​-​៣០

a សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ជូន​គ្រឿង​បូជា​ដោយ​អស់ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា​»​ នៅ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១២ ទំព័រ​២៣​-​២៧។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក