បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt សាំយូអែលទី១ ១:១-៣១:១៣
  • សាំយូអែលទី១

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សាំយូអែលទី១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១

សាំយូអែល​ទី​១

១ មាន​បុរស​ម្នាក់​នៅ​ក្រុង​រ៉ាម៉ាថេមសូភីម*+ក្នុង​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម+ គាត់​ឈ្មោះ​អេលកាណា។+ គាត់​ជា​កូន​ប្រុស​របស់​យេរ៉ូហាំ យេរ៉ូហាំ​ជា​កូន​ប្រុស​របស់​អេលីហ៊ូ អេលីហ៊ូ​ជា​កូន​ប្រុស​របស់​ថូហ៊ូ ថូហ៊ូ​ជា​កូន​ប្រុស​របស់​ស៊ូប ដែល​ជា​កូន​ចៅ​អេប្រាអ៊ីម។ ២ អេលកាណា​មាន​ប្រពន្ធ​ពីរ​នាក់ ម្នាក់​ឈ្មោះ​ហាណា ម្នាក់​ទៀត​ឈ្មោះ​ផេនីណា។ ផេនីណា​មាន​កូន តែ​ហាណា​គ្មាន​កូន​ទេ។ ៣ ជា​រៀង​រាល់​ឆ្នាំ អេលកាណា​តែង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​ស៊ីឡូរ ដើម្បី​គោរព​ប្រណិប័តន៍​និង​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។+ នៅ​ទី​នោះ​កូន​ប្រុស​ពីរ​នាក់​របស់​អេលី ឈ្មោះ​ហូណាយ​និង​ភីនេហាស+ កំពុង​បម្រើ​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា។+

៤ នៅ​ថ្ងៃ​មួយ ពេល​ដែល​អេលកាណា​ជូន​គ្រឿង​បូជា គាត់​បាន​ចែក​សាច់​ខ្លះ​ឲ្យ​ផេនីណា និង​កូន​ប្រុស​កូន​ស្រី​របស់​នាង។+ ៥ ប៉ុន្តែ គាត់​ឲ្យ​សាច់​ផ្នែក​ដែល​ល្អ​ជាង​ដល់​ហាណា ដោយ​សារ​គាត់​ស្រឡាញ់​នាង​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​ហាណា​មាន​កូន​ទេ។ ៦ ម្យ៉ាង​ទៀត ផេនីណា*រក​រឿង​ឈ្នានីស​ហាណា​ឥត​ឈប់​ឈរ។ នេះ​បាន​ធ្វើ​ឲ្យ​ហាណា​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ពី​ព្រោះ​ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​នាង​មាន​កូន។ ៧ រាល់​ឆ្នាំ ពេល​ដែល​ហាណា​ធ្វើ​ដំណើរ​ឡើង​ទៅ​វិហារ*របស់​ព្រះ​យេហូវ៉ា+ ផេនីណា​តែង​តែ​ធ្វើ​បែប​នោះ។ ផេនីណា*រុក​កួន​ហាណា​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​នាង​យំ ហើយ​មិន​ព្រម​បរិភោគ​ទេ។ ៨ ឃើញ​ដូច​នោះ អេលកាណា​ជា​ប្ដី​ក៏​សួរ​នាង​ថា​៖ ​«​ហាណា ហេតុ​អ្វី​អូន​យំ? ហេតុ​អ្វី​មិន​បរិភោគ? ហើយ​ហេតុ​អ្វី​ពិបាក​ចិត្ត​ខ្លាំង​ម្ល៉េះ? តើ​បង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អូន ប្រសើរ​ជាង​ការ​មាន​កូន​ប្រុស​ដប់​នាក់​ទេ​ឬ?​»។

៩ បន្ទាប់​ពី​ពួក​គាត់​បាន​បរិភោគ​នៅ​ក្រុង​ស៊ីឡូរ​រួច​ហើយ ហាណា​ក្រោក​ចេញ​ទៅ​វិហារ*របស់​ព្រះ​យេហូវ៉ា។ នៅ​ពេល​នោះ អេលី​ដែល​ជា​សង្ឃ​កំពុង​អង្គុយ​ក្បែរ​ទ្វារ​វិហារ។+ ១០ ឯ​ហាណា​ជូរ​ចត់​ក្នុង​ចិត្ត​ខ្លាំង​ណាស់ នាង​ក៏​ចាប់​ផ្ដើម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា+ ទាំង​យំ​អណ្ដឺតអណ្ដក​ឥត​ឈប់។ ១១ នាង​បាន​ស្បថ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​អើយ សូម​លោក​មេត្តា​មើល​ទុក្ខ​វេទនា​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ផង។ សូម​លោក​នឹក​ចាំ​ខ្ញុំ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ឡើយ។ សូម​មេត្តា​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ។+ បើ​ព្រះ​យេហូវ៉ា​ឲ្យ​ខ្ញុំ​មាន​កូន ខ្ញុំ​នឹង​ប្រគល់​កូន​នោះ​ឲ្យ​នៅ​បម្រើ​លោក​អស់​មួយ​ជីវិត ហើយ​សក់​កូន​នោះ​នឹង​មិន​ត្រូវ​កាត់​ឡើយ​»។+

១២ ហាណា​អធិដ្ឋាន​យ៉ាង​យូរ​ទៅ​ព្រះ​យេហូវ៉ា ពេល​នោះ​អេលី​មើល​មុខ​នាង។ ១៣ ខណៈ​ដែល​ហាណា​អធិដ្ឋាន​ក្នុង​ចិត្ត បបូរ​មាត់​នាង​ហើប​តិច​ៗ តែ​មិនចេញ​សំឡេង​ទេ។ ហេតុ​នេះ អេលី​គិត​ថា​នាង​ស្រវឹង​ស្រា។ ១៤ អេលី​ក៏​និយាយ​ទៅ​នាង​ថា​៖ ​«​តើ​នាង​នៅ​ស្រវឹង​ដល់​កាល​ណា​ទៀត? ឈប់​ផឹក​ស្រា​ទៀត​ទៅ!​»។ ១៥ ហាណា​តប​ឆ្លើយ​ថា​៖ ​«​ទេ លោក​ម្ចាស់! ខ្ញុំ​មិន​បាន​ផឹក​ស្រា ឬ​ផឹក​អ្វី​ដែល​មាន​ជាតិ​ស្រា​ទេ។ ប៉ុន្តែ ខ្ញុំ​ជា​ស្ត្រី​ដែល​មាន​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់។ ខ្ញុំ​កំពុង​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត*ទៅ​ព្រះ​យេហូវ៉ា។+ ១៦ សូម​កុំ​ចាត់​ទុក​ខ្ញុំ​ថា​ជា​ស្ត្រី​ដែល​គ្មាន​តម្លៃ​ឡើយ។ ខ្ញុំ​អធិដ្ឋាន​យូរ​យ៉ាង​នេះ ដោយ​សារ​ខ្ញុំ​កំពុង​ជម្រាប​ព្រះ​អំពី​ទុក្ខ​ដ៏​សែន​ធ្ងន់​របស់​ខ្ញុំ​»។ ១៧ រួច​អេលី​និយាយ​ថា​៖ ​«​សូម​ឲ្យ​នាង​បាន​សេចក្ដី​សុខ ហើយ​សូម​ឲ្យ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​សំណូម​ពរ​របស់​នាង​»។+ ១៨ នាង​តប​ថា​៖ ​«​សូម​ឲ្យ​លោក​ពេញ​ចិត្ត​នឹង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​លោក​»។ រួច​នាង​ក៏​ចេញ​ទៅ​បរិភោគ​អាហារ ហើយ​លែង​មាន​ទឹក​មុខ​ព្រួយ​ទៀត។

១៩ លុះ​ព្រឹក​ព្រលឹម អេលកាណា​និង​ក្រុម​គ្រួសារ​បាន​ភ្ញាក់​ឡើង ហើយ​ទៅ​លំឱន​កាយ​គោរព​ព្រះ​យេហូវ៉ា រួច​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​រ៉ាម៉ា​វិញ។+ អេលកាណា​បាន​រួម​ដំណេក​ជា​មួយ​នឹង​ហាណា ហើយ​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​នាង។+ ២០ ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក* ហាណា​ក៏​ចាប់​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ រួច​ដាក់​ឈ្មោះ+ថា​សាំយូអែល* ព្រោះ​ដូច​នាង​បាន​និយាយ​ថា​៖ ​«​នេះ​ជា​កូន​ដែល​ខ្ញុំ​បាន​សុំ​ពី​ព្រះ​យេហូវ៉ា​»។

២១ មួយ​រយៈ​ពេល​ក្រោយ​មក អេលកាណា​ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ដូច​រាល់​ឆ្នាំ+ ហើយ​ជូន​ជំនូន​ដែល​គាត់​បាន​សន្យា។ ២២ ប៉ុន្តែ ហាណា​មិន​បាន​ទៅ​ទេ។+ នាង​ប្រាប់​ប្ដី​ថា​៖ ​«​ក្រោយ​ពេល​ដែល​អូន​ផ្ដាច់​ដោះ​កូន​ភ្លាម អូន​នឹង​យក​កូន​ទៅ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា ហើយ​កូន​នឹង​នៅ​ទី​នោះ​បម្រើ​លោក​រហូត​ត​ទៅ​»។+ ២៣ អេលកាណា​តប​ទៅ​នាង​ថា​៖ ​«​សូម​ធ្វើ​អ្វី​ដែល​អូន​គិត​ថា​ល្អ​ចុះ! សូម​នៅ​ផ្ទះ​រហូត​ដល់​អូន​ផ្ដាច់​ដោះ​កូន។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សំណូម​ពរ​របស់​អូន​»។ ម្ល៉ោះ​ហើយ ហាណា​នៅ​ផ្ទះ​បំបៅ​កូន​ទាល់​តែ​នាង​ផ្ដាច់​ដោះ​កូន​នោះ។

២៤ ក្រោយ​ពី​ហាណា​ផ្ដាច់​ដោះ​កូន​ប្រុស​រួច​ហើយ នាង​បាន​យក​កូន​ធ្វើ​ដំណើរ​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ស៊ីឡូរ+ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​អេហ្វា* និង​ស្រា​ទំពាំង​បាយ​ជូរ​មួយ​ក្រឡ​ធំ​ផង​ដែរ។+ ២៥ បន្ទាប់​មក ពួក​គេ​សម្លាប់​គោ​ឈ្មោល​នោះ ហើយ​នាំ​កូន​ប្រុស​ទៅ​ជួប​អេលី។ ២៦ ហាណា​និយាយ​ថា​៖ ​«​សូម​អធ្យាស្រ័យ​លោក​ម្ចាស់! ខ្ញុំ​នេះ​ជា​ស្ត្រី​ដែល​បាន​ឈរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា នៅ​ទី​នេះ​ជិត​លោក។+ ២៧ ព្រះ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ខ្ញុំ។ នេះ​ជា​កូន​ដែល​ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ពី​ព្រះ​យេហូវ៉ា។+ ២៨ ឥឡូវ​ដល់​ពេល​ដែល​ខ្ញុំ​សូម​ប្រគល់​កូន​នេះ​ជូន​ព្រះ​យេហូវ៉ា។ កូន​នេះ​នឹង​នៅ​បម្រើ​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត​»។

រួច​គាត់*បាន​លំឱន​កាយ​គោរព​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ។

២ បន្ទាប់​មក ហាណា​អធិដ្ឋាន​ទៅ​ព្រះ​ថា​៖

​«​ខ្ញុំ​ត្រេក​អរ​ដោយ​សារ​ព្រះ​យេហូវ៉ា+

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កម្លាំង*ឲ្យ​ខ្ញុំ។

ខ្ញុំ​ហ៊ាន​ពោល​ពាក្យ​តតាំង​នឹង​សត្រូវ​របស់​ខ្ញុំ

ពី​ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​ខ្លាំង​ពន់​ពេក។

 ២ គ្មាន​ព្រះ​ណា​ដែល​បរិសុទ្ធ​ដូច​ព្រះ​យេហូវ៉ា​ឡើយ

គឺ​មាន​តែ​លោក​ប៉ុណ្ណោះ។+

ព្រះ​របស់​យើង​រឹង​មាំ​ដូច​ថ្ម​ដា គ្មាន​ព្រះ​ណា​ដូច​លោក​ទេ។+

 ៣ កុំ​ឲ្យ​អ្នក​ពោល​ពាក្យ​អួត​ក្អេង​ក្អាង​ឡើយ

កុំ​ឲ្យ​អំណួត​ចេញ​ពី​មាត់​របស់​អ្នក​ឲ្យ​សោះ

ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ជ្រាប​អ្វី​ៗ​ទាំង​អស់+

ហើយ​លោក​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។

 ៤ ធ្នូ​របស់​មនុស្ស​ខ្លាំង​ពូកែ​បាន​បាក់​បែក​ខ្ទេច​ខ្ទី​អស់​ទៅ

ប៉ុន្តែ​ពួក​អ្នក​ដែល​ខ្សោយ បាន​ទទួល​កម្លាំង​ឡើង​វិញ។+

 ៥ ពួក​អ្នក​ដែល​បរិភោគ​ឆ្អែត បែរ​ជា​ទៅ​បម្រើ​គេ​ដើម្បី​បាន​អាហារ

ចំណែក​ពួក​អ្នក​ដែល​អត់​ឃ្លាន ពួក​គេ​បែរ​ជា​បរិភោគ​ឆ្អែត​វិញ។+

ឯ​ស្ត្រី​ដែល​មិន​អាច​មាន​កូន បែរ​ជា​បង្កើត​កូន​បាន​ដល់​ទៅ​៧​នាក់+

តែ​ស្ត្រី​ដែល​មាន​កូន​ច្រើន នឹង​លែង​មាន​កូន​ទៀត។

 ៦ ព្រះ​យេហូវ៉ា​អាច​បំផ្លាញ​ជីវិត ហើយ​លោក​ក៏​អាច​រក្សា​ជីវិត​ដែរ

លោក​អាច​នាំ​ជីវិត​មនុស្ស​ទៅ​ឯ​ផ្នូរ* ហើយ​លោក​ក៏​អាច​ប្រោស​ពួក​គេ​ពី​ផ្នូរ​ឲ្យ​រស់​ឡើង​វិញ​ដែរ។+

 ៧ ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​ក្រ ហើយ​លោក​ក៏​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​មាន​ដែរ។+

លោក​អាច​ធ្វើ​ឲ្យ​ពួក​គេ​អាប់​ឱន ហើយ​លោក​ក៏​អាច​លើក​តម្កើង​ពួក​គេ​ឡើង​ដែរ។+

 ៨ លោក​លើក​មនុស្ស​ទន់​ទាប​ឡើង​ពី​ធូលី​ដី

ហើយ​លោក​លើក​មនុស្ស​ក្រី​ក្រ​ឡើង​ពី​គំនរ​ផេះ*+

ដើម្បី​ឲ្យ​ពួក​គេ​អង្គុយ​ជា​មួយ​នឹង​ពួក​មាន​ឋានៈ​ខ្ពស់

លោក​ឲ្យ​ពួក​គេ​អង្គុយ​នៅ​កន្លែង​កិត្តិយស។

គ្រឹះ​ផែនដី​ជា​របស់​ព្រះ​យេហូវ៉ា+

ហើយ​លោក​ដាក់​ផែនដី​នៅ​លើ​គ្រឹះ​ទាំង​នោះ។

 ៩ លោក​ការពារ​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក+

ប៉ុន្តែ មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បំផ្លាញ​ក្នុង​ទី​ងងឹត+

ព្រោះ​មនុស្ស​មិន​អាច​មាន​ជ័យ​ជម្នះ ដោយ​អាង​កម្លាំង​របស់​ខ្លួន​ឡើយ។+

១០ ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ប្រឆាំង​លោក*+

លោក​នឹង​បញ្ចេញ​ផ្គរ​លាន់​ពី​លើ​មេឃ​មក​ទាស់​នឹង​ពួក​គេ។+

ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​ផែនដី​ទាំង​មូល+

ហើយ​លោក​នឹង​ផ្ដល់​អំណាច​ដល់​ស្ដេច​ដែល​លោក​បាន​តែង​តាំង+

ព្រម​ទាំង​តម្កើង​អំណាច*របស់​អ្នក​ដែល​លោក​បាន​រើស​តាំង​»។+

១១ រួច​មក អេលកាណា​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​រ៉ាម៉ា​វិញ។ ក៏​ប៉ុន្តែ កូន​តូច​នោះ​នៅ​បម្រើ​ព្រះ​យេហូវ៉ា+ជា​មួយ​នឹង​អេលី​ដែល​ជា​សង្ឃ។

១២ ចំណែក​កូន​ប្រុស​ៗ​របស់​អេលី ពួក​គេ​ជា​មនុស្ស​ទុច្ចរិត។+ ពួក​គេ​គ្មាន​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ១៣ ស្ដី​អំពី​ចំណែក​ដែល​ពួក​សង្ឃ​មាន​សិទ្ធិ​ទទួល​ពី​បណ្ដា​ជន នេះ​ជា​អ្វី​ដែល​កូន​ប្រុស​ៗ​អេលី​បាន​ធ្វើ+ គឺ​កាល​ណា​មនុស្ស​ណា​ម្នាក់​មក​ជូន​គ្រឿង​បូជា ហើយ​ឲ្យ​សាច់​យក​ទៅ​ស្ងោរ នោះ​អ្នក​បម្រើ​ម្នាក់​របស់​សង្ឃ​កាន់​សម​ធំ​មួយ​មក។ ១៤ អ្នក​បម្រើ​នោះ​យក​សម​ទៅ​ចាក់​សាច់​ក្នុង​ឆ្នាំង​ណា​មួយ។ ពេល​ដែល​អ្នក​បម្រើ​ដក​សម​មក​វិញ សាច់​ផ្នែក​ណា​ដែល​ជាប់​នឹង​សម សង្ឃ​ទុក​សម្រាប់​ខ្លួន​ឯង។ នោះ​ជា​អ្វី​ដែល​ពួក​គេ​ធ្វើ​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​មក​ជូន​គ្រឿង​បូជា​នៅ​ក្រុង​ស៊ីឡូរ។ ១៥ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មុន​ពេល​គេ​ដុត​ខ្លាញ់​នៃ​គ្រឿង​បូជា+ អ្នក​បម្រើ​ម្នាក់​របស់​សង្ឃ​បាន​ទៅ​និយាយ​នឹង​អ្នក​ជូន​ថា​៖ ​«​ចូរ​ឲ្យ​សាច់​ទៅ​សង្ឃ​ដើម្បី​អាំង ព្រោះ​គាត់​មិន​ទទួល​សាច់​ស្ងោរ​ពី​អ្នក​ទេ គឺ​ទទួល​តែ​សាច់​ឆៅ​ប៉ុណ្ណោះ​»។ ១៦ ពេល​ដែល​អ្នក​នោះ​និយាយ​ថា​៖ ​«​ចាំ​ឲ្យ​គេ​ដុត​ខ្លាញ់​ហើយ​សិន+ រួច​សឹម​យក​តាម​ចិត្ត​ចុះ​»។ អ្នក​បម្រើ​សង្ឃ​តប​ថា​៖ ​«​អត់​ទេ! ឲ្យ​សាច់​មក​ភ្លាម បើ​មិន​ឲ្យ​ទេ ខ្ញុំ​នឹង​ចាប់​យក​ទៅ!​»។ ១៧ ដោយ​ហេតុ​នេះ ពួក​អ្នក​បម្រើ​សង្ឃ​មាន​កំហុស​កាន់​តែ​ធំ​ចំពោះ​ព្រះ​យេហូវ៉ា+ ដោយ​សារ​ពួក​គេ​មើល​ងាយ​គ្រឿង​បូជា​របស់​ព្រះ​យេហូវ៉ា។

១៨ នៅ​ពេល​នោះ សាំយូអែល​កំពុង​បម្រើ+នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ ទោះ​បី​គាត់​ជា​ក្មេង​តូច​ក៏​ដោយ គាត់​ពាក់​អាវ​អេផូឌ*ធ្វើ​ពី​ក្រណាត់​សាច់​ល្អ។+ ១៩ ម្យ៉ាង​ទៀត ជា​រៀង​រាល់​ឆ្នាំ ម្ដាយ​របស់​សាំយូអែល​ធ្វើ​អាវ​វែង​តូច​មួយ*សម្រាប់​គាត់។ នាង​យក​អាវ​នោះ​ឲ្យ​គាត់ ពេល​ដែល​នាង​និង​ប្ដី​នាង​ធ្វើ​ដំណើរ​ឡើង​ទៅ​ជូន​គ្រឿង​បូជា។+ ២០ អេលី​បាន​ជូន​ពរ​អេលកាណា​និង​ប្រពន្ធ​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ប្រពន្ធ​អ្នក​មាន​កូន​មួយ​ទៀត ជំនួស​កូន​ដែល​អ្នក​បាន​ជូន​ព្រះ​យេហូវ៉ា​»។+ រួច​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ២១ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​ហាណា។ ក្រោយ​មក នាង​ក៏​មាន​កូន​ថែម​ទៀត​គឺ+ កូន​ប្រុស​បី​នាក់ និង​កូន​ស្រី​ពីរ​នាក់។ រីឯ​ក្មេង​ប្រុស​សាំយូអែល​ក៏​ធំ​ឡើង​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។+

២២ ឥឡូវ អេលី​មាន​វ័យ​ចាស់​ណាស់​ហើយ។ គាត់​បាន​ឮ​អំពី​អ្វី​ទាំង​អស់​ដែល​កូន​ប្រុស​ៗ​គាត់​បាន​ប្រព្រឹត្ត+ទៅ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ឡាយ ព្រម​ទាំង​រឿង​ដែល​កូន​ប្រុស​ៗ​គាត់​បាន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ដែល​បម្រើ​នៅ​ទ្វារ​ត្រសាល​ជំនុំ។+ ២៣ អេលី​រមែង​សួរ​កូន​ប្រុស​ៗ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​កូន​ចេះ​តែ​ធ្វើ​អំពើ​បែប​នេះ? អ្វី​ដែល​ពុក​បាន​ឮ​មនុស្ស​ទាំង​អស់​និយាយ​អំពី​កូន សុទ្ធតែ​អាក្រក់។ ២៤ ឈប់​ទៅ​កូន! រឿង​ដែល​ពុក​ឮ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​និយាយ​អំពី​កូន គឺ​មិន​ល្អ​ទេ។ ២៥ បើ​មនុស្ស​ម្នាក់​ធ្វើ​ខុស​ចំពោះ​មនុស្ស​ម្នាក់​ទៀត នោះ​អ្នក​ឯ​ទៀត​អាច​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​គាត់​បាន* តែ​បើ​មនុស្ស​ម្នាក់​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា+ តើ​អ្នក​ណា​អាច​អធិដ្ឋាន​អង្វរ​ឲ្យ​គាត់​បាន?​»។ ក៏​ប៉ុន្តែ កូន​ប្រុស​ទាំង​នោះ​មិន​ស្ដាប់​បង្គាប់​ឪ​ពុក​ទេ ព្រោះ​ព្រះ​យេហូវ៉ា​បាន​តាំង​ចិត្ត​សម្លាប់​ពួក​គេ​ចោល។+ ២៦ ដំណាល​គ្នា​នោះ​ដែរ ក្មេង​ប្រុស​សាំយូអែល​កាន់​តែ​ធំ​ឡើង ហើយ​ទាំង​ព្រះ​យេហូវ៉ា​ទាំង​មនុស្ស​ពេញ​ចិត្ត​គាត់​កាន់​តែ​ខ្លាំង​ឡើង​ៗ។+

២៧ ព្រះ​បាន​ចាត់​បុរស​ម្នាក់​ឲ្យ​មក​ជួប​អេលី ហើយ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹កាល​ដែល​បុព្វ​បុរស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ​ផារ៉ូ*នៅ​ស្រុក​អេហ្ស៊ីប តើ​ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ទេ​ឬ?+ ២៨ ហើយ​ពី​គ្រប់​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ខ្ញុំ​បាន​ជ្រើស​រើស​គាត់+ឲ្យ​ធ្វើ​ជា​សង្ឃ​របស់​ខ្ញុំ ហើយ​ឲ្យ​ឡើង​ទៅ​ទី​បូជា​របស់​ខ្ញុំ+ដើម្បី​ជូន​គ្រឿង​បូជា ដុត​គ្រឿង​ក្រអូប* និង​ពាក់​អាវ​អេផូឌ​នៅ​ចំពោះ​មុខ​ខ្ញុំ។ កាល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​គេ​ដុត​គ្រឿង​បូជា ខ្ញុំ​បាន​ឲ្យ​គ្រឿង​បូជា​ដុត​ទាំង​អស់​នោះ​ដល់​កូន​ចៅ​របស់​បុព្វ​បុរស​អ្នក។+ ២៩ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រមាថ​មើល​ងាយ​គ្រឿង​បូជា និង​ជំនូន​ដែល​ខ្ញុំ​បង្គាប់​ឲ្យ​ជូន​នៅ​ក្នុង​ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ?+ ហេតុ​អ្វី​អ្នក​លើក​កិត្តិយស​កូន​របស់​អ្នក​ច្រើន​ជាង​លើក​កិត្តិយស​ខ្ញុំ ដោយ​ចម្អែត​ខ្លួន​អ្នក​រាល់​គ្នា​នូវ​ផ្នែក​ល្អ​បំផុត​ពី​គ្រប់​ទាំង​គ្រឿង​បូជា​របស់​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​ខ្ញុំ?+

៣០ ​«​‹ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ធ្លាប់​និយាយ​ថា​កូន​ចៅ​របស់​អ្នក​និង​របស់បុព្វបុរសអ្នក នឹង​បម្រើ​ខ្ញុំ​ជា​និច្ច​»។+ ប៉ុន្តែ​ឥឡូវ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ឲ្យ​ការ​នោះ​កើត​ឡើង​ឡើយ ព្រោះ​ខ្ញុំ​នឹង​លើក​កិត្តិយស​អ្នក​ដែល​បាន​លើក​កិត្តិយស​ខ្ញុំ+ តែ​អ្នកដែល​ប្រមាថ​មើល​ងាយ​ខ្ញុំ ខ្ញុំ​នឹង​ចាត់​ទុក​អ្នក​នោះ​ថា​គ្មាន​តម្លៃ​»។ ៣១ មើល! នៅ​គ្រានោះ​មក​ដល់ ខ្ញុំ​នឹង​ផ្ដាច់​អំណាច​របស់​អ្នក ព្រម​ទាំង​អំណាច​កូន​ចៅ​របស់​ឪ​ពុកអ្នកដែរ ហើយ​គ្មាន​កូន​ចៅ​ណា​ម្នាក់​របស់​អ្នក​ដែល​នឹង​រស់​នៅ​រហូត​ដល់​ចាស់​ឡើយ។+ ៣២ ក្នុង​អំឡុង​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​កំពុង​ចម្រុង​ចម្រើន អ្នក​នឹង​ឃើញ​សត្រូវ​នៅ​ក្នុង​ទី​អាស្រ័យ​របស់​ខ្ញុំ+ ហើយ​កូន​ចៅ​របស់​អ្នក​នឹង​ស្លាប់​មុន​អាយុ។ ៣៣ ចំណែក​កូន​ចៅ​ម្នាក់​របស់​អ្នក​ដែល​ខ្ញុំ​មិន​បាន​កាត់​ចេញ​ពី​ការ​បម្រើ​ខ្ញុំ​នៅ​ទី​បូជា អ្នក​នោះ​នឹង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ទៅ​ជា​ងងឹត ព្រម​ទាំង​នាំ​ឲ្យ​អ្នក​មាន​ទុក្ខ​សោក ហើយ​កូន​ចៅភាគ​ច្រើន​របស់​អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ។+ ៣៤ អ្វី​ដែល​កើត​ឡើង​ចំពោះ​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក គឺ​ហូណាយ​និង​ភីនេហាស នឹង​ទៅ​ជា​សញ្ញា​សម្គាល់​ដល់​អ្នក ពោល​គឺ​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ។+ ៣៥ រួច​មក ខ្ញុំ​នឹង​ជ្រើស​រើស​សង្ឃ​ស្មោះ​ត្រង់​ម្នាក់​សម្រាប់​ខ្ញុំ។+ គាត់​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ​គាត់​នៅ​ស្ថិតស្ថេរ។* គាត់​នឹង​បម្រើ​ជា​សង្ឃ​សម្រាប់​អ្នក​ដែល​ខ្ញុំ​បាន​រើស​តាំង​រហូត​ត​ទៅ។ ៣៦ រីឯ​កូន​ចៅ​របស់​អ្នក​ដែល​នៅ​មាន​ជីវិត ពួក​គេ​នឹង​មក​ក្រាប​អង្វរ​សុំ​ប្រាក់​កម្រៃ និង​សុំ​អាហារ*ពី​គាត់ ដោយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​បាន​តំណែង​ជា​សង្ឃ​ម្នាក់ ដើម្បី​បាន​ចំណែក​អាហារ​បន្តិច​បន្តួច*បរិភោគ​ផង​»​›​»។+

៣ នៅ​ពេល​នោះ​ដែរ កុមារ​សាំ​យូ​អែល​កំពុង​បម្រើ+ព្រះ​យេហូវ៉ា​ក្រោម​ការ​ណែនាំ​របស់​អេលី។ នៅ​គ្រា​នោះ កម្រ​ណាស់​ដែល​មនុស្ស​បាន​ឮ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​មិន​សូវ​ទទួល​ការ​បើក​បង្ហាញ*+ពី​លោក​ទេ។

២ អេលី​មើល​អ្វី​សឹង​តែ​មិន​ឃើញ ភ្នែក​របស់​គាត់​ចាប់​ផ្ដើម​ងងឹត​ហើយ។ នា​ថ្ងៃ​មួយ អេលី​កំពុង​សម្រាន្ត​នៅ​ក្នុង​បន្ទប់​របស់​គាត់។+ ៣ ពេល​នោះ​ចង្កៀង​ក្នុង​វិហារ*របស់​ព្រះ+ មិន​ទាន់​ពន្លត់​នៅ​ឡើយ។ សាំយូអែល​កំពុង​គេង​នៅ​ក្នុង​វិហារ+របស់​ព្រះ​យេហូវ៉ា ជា​កន្លែង​ដែល​មាន​ហឹប​នៃ​ព្រះ។ ៤ រួច​មក ព្រះ​យេហូវ៉ា​បាន​ហៅ​សាំយូអែល។ គាត់​ក៏​ឆ្លើយ​ថា​៖ ​«​បាទ​លោក​ម្ចាស់!​»។ ៥ គាត់​រត់​ទៅ​ជួប​អេលី ហើយ​និយាយ​ថា​៖ ​«​លោក​ម្ចាស់ លោក​បាន​ហៅ​ខ្ញុំ​មែន​ទេ?​»។ ប៉ុន្តែ អេលី​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ហៅ​កូន​ទេ។ ទៅ​គេង​វិញ​ទៅ​កូន​»។ ដូច្នេះ សាំយូអែល​ក៏​ទៅ​គេង​វិញ។ ៦ ព្រះ​យេហូវ៉ា​ហៅ​សាំយូអែល​ម្ដង​ទៀត​ថា​៖ ​«​សាំយូអែល!​»។ សាំយូអែល​ក៏​ក្រោក​ឡើង​ទៅ​ជួប​អេលី ហើយ​និយាយ​ថា​៖ ​«​បាទ​លោក​ម្ចាស់! លោក​បាន​ហៅ​ខ្ញុំ​មែន​ទេ?​»។ ប៉ុន្តែ អេលី​ពោល​ថា​៖ ​«​កូន​អើយ ខ្ញុំ​មិន​បាន​ហៅ​ទេ។ ទៅ​គេង​វិញ​ទៅ​កូន​»​ ៧ (​នៅ​ពេល​នោះ សាំយូអែល​មិន​ទាន់​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ទេ ហើយ​ព្រះ​យេហូវ៉ា​ក៏​មិន​ទាន់​ឲ្យ​គាត់​ដឹង​អំពី​ប្រសាសន៍​របស់​លោក​ដែរ​)។+ ៨ ព្រះ​យេហូវ៉ា​បាន​ហៅ​សាំយូអែល​ម្ដង​ទៀត​ជា​លើក​ទី​បី​ថា​៖ ​«​សាំយូអែល!​»។ គាត់​ក៏​ក្រោក​ឡើង​ទៅ​ជួប​អេលី ហើយ​និយាយ​ថា​៖ ​«​បាទ​លោក​ម្ចាស់! លោក​បាន​ហៅ​ខ្ញុំ​មែន​ទេ?​»។

ពេល​នោះ​អេលី​ដឹង​ថា គឺ​ព្រះ​យេហូវ៉ា​ដែល​បាន​ហៅ​សាំយូអែល។ ៩ ម្ល៉ោះ​ហើយ អេលី​ប្រាប់​សាំយូអែល​ថា​៖ ​«​ចូរ​ទៅ​គេង​វិញ ហើយ​បើ​ឮ​សំឡេង​ហៅ​កូន​ម្ដង​ទៀត កូន​គួរ​ឆ្លើយ​ថា​៖ ‹សូម​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក។ ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក​កំពុង​រង់​ចាំ​ស្ដាប់›​»។ ពេល​អេលី​និយាយ​ចប់ សាំយូអែល​ក៏​ទៅ​គេង​វិញ។

១០ ព្រះ​យេហូវ៉ា​លេច​មក​ឈរ​នៅ​ទី​នោះ ហើយ​លោក​បាន​ហៅ​សាំយូអែល​ដូច​លើក​មុន​ថា​៖ ​«​សាំយូអែល! សាំយូអែល!​»។ គាត់​ឆ្លើយ​ថា​៖ ​«​សូម​លោក​មាន​ប្រសាសន៍​មក។ ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក​កំពុង​រង់​ចាំ​ស្ដាប់​»។ ១១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​សាំយូអែល​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​ហេតុ​ការណ៍​មួយ​កើត​ឡើង​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ហើយ​អ្នក​ណា​ដែល​ឮ​អំពី​ហេតុ​ការណ៍​នោះ អ្នក​នោះ​នឹង​ស្រឡាំងកាំង។+ ១២ នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​ទាំង​អស់​ដែល​ខ្ញុំ​បាន​និយាយ​អំពី​អេលី​និង​កូន​ចៅ​របស់​គាត់ តាំង​ពី​ដើម​រហូត​ដល់​ចប់។+ ១៣ អ្នក​ត្រូវ​ប្រាប់​អេលី​ថា ខ្ញុំ​នឹង​ដាក់​ទោស​កូន​ចៅ​របស់​គាត់​រហូត​ត​ទៅ ព្រោះ​ពួក​គេ​បាន​ប្រមាថ​មើល​ងាយ​ខ្ញុំ។+ អេលី​ដឹង​ថា​កូន​ប្រុស​ៗ​គាត់​បាន​ធ្វើ​ខុស+ តែ​គាត់​មិន​បាន​ស្ដី​បន្ទោស​ពួក​គេ​ទេ។+ ១៤ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្បថ​ថា គ្មាន​គ្រឿង​បូជា​ឬ​ជំនូន​ណា​ដែល​អាច​លុប​លាង​កំហុស​របស់​កូន​ចៅ​អេលី​បាន​ឡើយ​»។+

១៥ សាំយូអែល​បាន​គេង​ទាល់​ភ្លឺ រួច​មក​គាត់​ក្រោក​ឡើង​បើក​ទ្វារ​វិហារ​របស់​ព្រះ​យេហូវ៉ា។ សាំយូអែល​មិន​ហ៊ាន​ប្រាប់​អេលី​នូវ​អ្វី​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត​ទេ។ ១៦ អេលី​បាន​ហៅ​សាំយូអែល​ថា​៖ ​«​សាំយូអែល កូន​អើយ!​»។ គាត់​ក៏​តប​ថា​៖ ​«​បាទ​លោក​ម្ចាស់​»។ ១៧ អេលី​សួរ​គាត់​ថា​៖ ​«​តើ​ព្រះ​បាន​និយាយ​អ្វី​ជា​មួយ​នឹង​កូន? សូម​កុំ​លាក់​ពី​ខ្ញុំ​ឡើយ។ បើ​កូន​មិន​ប្រាប់​ពាក្យ​ទាំង​អស់​ដល់​ខ្ញុំ​ទេ សូម​ឲ្យ​ព្រះ​ដាក់​ទោស​កូន​ឲ្យ​ធ្ងន់​ចុះ​»។ ១៨ ដូច្នេះ សាំយូអែល​បាន​ប្រាប់​រឿង​ទាំង​អស់​ដល់​អេលី ដោយ​គ្មាន​លាក់​លៀម​ឡើយ។ អេលី​ក៏​និយាយ​ថា​៖ ​«​នេះ​ជា​បំណង​របស់​ព្រះ​យេហូវ៉ា។ សូម​លោក​ធ្វើ​តាម​បំណង​របស់​លោក​ចុះ​»។

១៩ សាំយូអែល​កាន់​តែ​ធំ​ឡើង ហើយ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់។+ លោក​ធ្វើ​ឲ្យ​ប្រសាសន៍​ទាំង​អស់​របស់​លោក​ក្លាយ​ទៅ​ជា​ការ​ពិត។ ២០ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ​សេបា បាន​ដឹង​ថា​សាំយូអែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា។ ២១ ព្រះ​យេហូវ៉ា​បន្ត​លេច​មក​នៅ​ក្រុង​ស៊ីឡូរ ដោយ​សារ​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​ឲ្យ​សាំយូអែល​ស្គាល់​លោក​នៅ​ក្រុង​នោះ តាម​រយៈ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។+

៤ តាម​រយៈ​សាំយូអែល ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​ឮ​ប្រសាសន៍​របស់​ព្រះ។

នៅ​ថ្ងៃ​មួយ កង​ទ័ព​អ៊ីស្រាអែល​បាន​ចេញ​ទៅ​សមរភូមិ​ដើម្បី​ច្បាំង​នឹង​កង​ទ័ព​ភីលីស្ទីន។ ពួក​អ៊ីស្រាអែល​បោះ​ទ័ព​នៅ​ជិត​អេបេណេសឺ រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​ក្នុង​ទឹក​ដី​ក្រុង​អាផែក។ ២ ពួក​ភីលីស្ទីន​បាន​តម្រៀប​ទ័ព រួច​ចូល​ប្រយុទ្ធ​នឹង​ពួក​អ៊ីស្រាអែល។ ប៉ុន្តែ ពួក​អ៊ីស្រាអែល​ច្បាំង​ចាញ់​ពួក​ភីលីស្ទីន។ នៅ​វាល​សមរភូមិ ពួក​ភីលីស្ទីន​បាន​សម្លាប់​ពួក​អ៊ីស្រាអែល​អស់​ប្រហែល​ជា​៤.០០០​នាក់។ ៣ ពេល​ពួក​អ៊ីស្រាអែល​ត្រឡប់​មក​ទី​បោះ​ទ័ព​វិញ ពួក​អ្នក​ចាស់​ទុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​និយាយ​ថា​៖ ​«​ហេតុ​អ្វី​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​ឲ្យ​យើង​ចាញ់​ពួក​ភីលីស្ទីន​ដូច្នេះ?*+ ចូរ​យើង​ទៅ​ក្រុង​ស៊ីឡូរ​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​មក​ទី​នេះ+ ដើម្បី​ឲ្យ​ហឹប​នោះ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ​»។ ៤ ដូច្នេះ ពួក​គេ​ក៏​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​ក្រុង​ស៊ីឡូរ។ បុរស​ទាំង​នោះ​បាន​នាំ​យក​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ដែល​ជា​ព្រះ​អង្គុយ​ពី​លើ*ចេរូប៊ីន+ ហើយ​កូន​ប្រុស​ពីរ​នាក់​របស់​អេលី គឺ​ហូណាយ​និង​ភីនេហាស+ ក៏​បាន​មក​ជា​មួយ​នឹង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​ពិត​ដែរ។

៥ កាល​ដែល​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​យក​មក​ដល់​ទី​បោះ​ទ័ព​ភ្លាម ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ខ្ទរ​ខ្ទារ​យ៉ាង​ខ្លាំង​រហូត​ដល់​ញ័រ​ដី។ ៦ ពេល​ដែល​ពួក​ភីលីស្ទីន​ឮ​សំឡេង​ស្រែក​ហ៊ោ​ដូច្នោះ ពួក​គេ​សួរ​គ្នា​ថា​៖ ​«​ហេតុ​អ្វី​ឮ​សំឡេង​មក​ពី​ជំរំ​ទ័ព​ពួក​ហេប្រឺ​ខ្លាំង​ម្ល៉េះ?​»។ ក្រោយ​មក​ទើប​ពួក​គេ​ដឹង​ថា ហឹប​នៃ​ព្រះ​យេហូវ៉ា​បាន​ត្រូវ​យក​ចូល​ក្នុង​ទី​បោះ​ទ័ព​នោះ។ ៧ ហេតុ​នេះ ពួក​ភីលីស្ទីន​ចាប់​ផ្ដើម​ភ័យ​ខ្លាច រួច​និយាយ​ថា​៖ ​«​ព្រះ​បាន​មក​ក្នុង​ទី​បោះ​ទ័ព​ហើយ!​»។+ ពួក​គេ​និយាយ​បន្ថែម​ទៀត​ថា​៖ ​«​វេទនា​ហើយ​យើង! ព្រោះ​មិន​ដែល​មាន​រឿង​បែប​នេះ​កើត​ឡើង​ពី​មុន​ទេ! ៨ វេទនា​ហើយ​យើង! តើ​អ្នក​ណា​នឹង​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ព្រះ​ដ៏​ខ្លាំង​ក្លា​នេះ? គឺ​ព្រះ​នេះ​ហើយ​ដែល​បាន​សម្លាប់​ជន​ជាតិ​អេហ្ស៊ីប ដោយ​ធ្វើ​ឲ្យ​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង​នៅ​តំបន់​ស្ងាត់​ជ្រងំ។+ ៩ ជន​រួម​ជាតិ​ភីលីស្ទីន​អើយ! ចូរ​ក្លាហាន ហើយ​អង់អាច​ឡើង! ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ពួក​ហេប្រឺ ដូច​ពួក​គេ​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​ឡើយ។+ ចូរ​ក្លាហាន ហើយ​ទៅ​ប្រយុទ្ធ​នឹង​ពួក​គេ!​»។ ១០ ដូច្នេះ ពួក​ភីលីស្ទីន​ក៏​ចេញ​ទៅ​ប្រយុទ្ធ ហើយ​បាន​វាយ​ឈ្នះ​ពួក​អ៊ីស្រាអែល+ នាំ​ឲ្យ​ពួក​គេ​បាក់​ទ័ព​រត់​ទៅ​ត្រសាល​រៀង​ៗ​ខ្លួន​វិញ។ ក្នុង​ចម្បាំង​នោះ មាន​មនុស្ស​ស្លាប់​ច្រើន​ណាស់។ ខាង​ពួក​អ៊ីស្រាអែល ទាហាន​ថ្មើរ​ជើង​ស្លាប់​អស់​ចំនួន​៣០.០០០​នាក់។ ១១ លើស​ពី​នោះ​ទៅ​ទៀត ពួក​ភីលីស្ទីន​បាន​ចាប់​យក​ហឹប​នៃ​ព្រះ។ ចំណែក​កូន​ប្រុស​ពីរ​នាក់​របស់​អេលី គឺ​ហូណាយ​និង​ភីនេហាស បាន​បាត់​បង់​ជីវិត។+

១២ នៅ​ថ្ងៃ​ដដែល​នោះ បុរស​ម្នាក់​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​រត់​រួច​ពី​សមរភូមិ ហើយ​ត្រឡប់​ទៅ​ក្រុង​ស៊ីឡូរ​វិញ។ គាត់​បាន​ហែក​សម្លៀក​បំពាក់ ហើយ​ដាក់​ដី​លើ​ក្បាល។+ ១៣ ពេល​ដែល​បុរស​នោះ​ទៅ​ដល់​ក្រុង អេលី​កំពុង​អង្គុយ​រង់​ចាំ​លើ​កៅអី​នា​ចិញ្ចើម​ផ្លូវ ព្រោះ​គាត់​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ហឹប​នៃ​ព្រះ​ពិត។+ បុរស​នោះ​ចូល​ទៅ​ក្នុង​ក្រុង​ប្រាប់​ដំណឹង​នោះ ហើយ​អ្នក​ក្រុង​ទាំង​មូល​ចាប់​ផ្ដើម​ស្រែក​ទ្រហោ​យំ។ ១៤ ពេល​អេលី​ឮ​សំឡេង​ស្រែក​យំ គាត់​ក៏​សួរ​ថា​៖ ​«​ហេតុ​អ្វី​ឮ​សំឡេង​ស្រែក​យំ​ខ្លាំង​យ៉ាង​នេះ?​»។ បុរស​នោះ​ក៏​ប្រញាប់​ចូល​ទៅ​ជម្រាប​អេលី​អំពី​ដំណឹង​នោះ ១៥ (​ពេល​នោះ អេលី​មាន​អាយុ​៩៨​ឆ្នាំ ហើយ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​លែង​ឃើញ​)។+ ១៦ បុរស​នោះ​ជម្រាប​អេលី​ថា​៖ ​«​ខ្ញុំ​បាន​រត់​រួច​ពី​សមរភូមិ! គឺ​រត់​រួច​នៅ​ថ្ងៃ​នេះ​ឯង!​»។ អេលី​សួរ​ថា​៖ ​«​តើ​មាន​រឿង​អ្វី​កើត​ឡើង​កូន?​»។ ១៧ បុរស​នោះ​ជម្រាប​គាត់​ថា​៖ ​«​ពួក​ទ័ព​អ៊ីស្រាអែល​បាន​ចាញ់ ហើយ​រត់​គេច​ពី​ពួក​ទ័ព​ភីលីស្ទីន។ ពួក​យើង​ស្លាប់​ច្រើន​ណាស់+ ហើយ​កូន​ប្រុស​ពីរ​នាក់​របស់​លោក គឺ​ហូណាយ​និង​ភីនេហាស​ក៏​ស្លាប់​ដែរ។+ ពួក​គេ​ថែម​ទាំង​ចាប់​យក​ហឹប​នៃ​ព្រះ​ពិត​ទៀត​ផង​»។+

១៨ ខណៈ​ដែល​បុរស​នោះ​រៀប​រាប់​ដល់​រឿង​ហឹប​នៃ​ព្រះ​ពិត ស្រាប់​តែ​អេលី​ផ្ងារ​ក្រោយ​ធ្លាក់​ពី​លើ​កៅអី​ជិត​មាត់​ទ្វារ បាក់​ក​ស្លាប់​នៅ​នឹង​កន្លែង ដោយ​សារ​គាត់​ធាត់​ហើយ​មាន​វ័យ​ចាស់​ផង។ អស់​រយៈ​ពេល​៤០​ឆ្នាំ អេលី​បាន​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ ១៩ ចំណែក​កូន​ប្រសា​ស្រី​របស់​អេលី​ដែល​ជា​ប្រពន្ធ​របស់​ភីនេហាស នាង​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ហើយ។ ពេល​ដែល​នាង​ឮ​ដំណឹង​ថា​ហឹប​នៃ​ព្រះ​ពិត​បាន​ត្រូវ​គេ​ចាប់​យក ហើយ​ថា​ឪ​ពុក​ក្មេក​និង​ប្ដី​របស់​នាង​ស្លាប់ នោះ​នាង​ក៏​ទន់​ជង្គង់​ឈឺ​ពោះ រួច​សម្រាល​កូន ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន។ ២០ កាល​ដែល​នាង​ជិត​ស្លាប់ ស្ត្រី​ដែល​ឈរ​នៅ​ក្បែរ​នាង​និយាយ​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឡើយ ព្រោះ​អ្នក​កើត​បាន​កូន​ប្រុស​មួយ​»។ ប៉ុន្តែ នាង​មិន​បាន​ឆ្លើយ​តប​ទេ ហើយ​ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដែរ។ ២១ នាង​ដាក់​ឈ្មោះ​កូន​ថា​អ៊ីកាបុត*+ ហើយ​និយាយ​ថា​៖ ​«​សិរី​រុង​រឿង​បាន​ត្រូវ​ចាប់​យក​ពី​ជន​ជាតិ​អ៊ីស្រាអែល​ហើយ​»។+ នាង​ពោល​ដូច្នេះ ដោយ​សារ​ហឹប​នៃ​ព្រះ​ពិត​ត្រូវ​គេ​ចាប់​យក​ទៅ​បាត់ និង​ដោយ​សារ​ឪ​ពុក​ក្មេក​និង​ប្ដី​របស់​នាង​ស្លាប់។+ ២២ នាង​និយាយ​ថា​៖ ​«​សិរី​រុង​រឿង​បាន​ត្រូវ​ចាប់​យក​ពី​ជន​ជាតិ​អ៊ីស្រាអែល ដោយ​សារ​ហឹប​នៃ​ព្រះ​ពិត​ត្រូវ​គេ​ចាប់​យក​ទៅ​បាត់​»។+

៥ ក្រោយ​ពី​ពួក​ទ័ព​ភីលីស្ទីន​បាន​ចាប់​យក​ហឹប+នៃ​ព្រះ​ពិត ពួក​គេ​នាំ​យក​ហឹប​នោះ​ពី​អេបេណេសឺ​ទៅ​ក្រុង​អាសូត។ ២ ពួក​ភីលីស្ទីន​បាន​យក​ហឹប​នៃ​ព្រះ​ពិត​ចូល​ទៅ​ក្នុង​វិហារ*របស់​ព្រះដាកុន ហើយ​ដាក់​នៅ​ក្បែរ​រូប​សំណាក​ព្រះ​នោះ។+ ៣ លុះ​ស្អែក​ឡើង ពេល​ដែល​អ្នក​ក្រុង​អាសូត​ក្រោក​ពី​ព្រលឹម ពួក​គេ​ឃើញ​ព្រះ​ដាកុន​រលំ​ផ្កាប់​មុខ​លើ​ដី នៅ​ខាង​មុខ​ហឹប​នៃ​ព្រះ​យេហូវ៉ា។+ ដូច្នេះ ពួក​គេ​ក៏​លើក​ព្រះដាកុន​ដាក់​នៅ​កន្លែង​ដើម​វិញ។+ ៤ នៅ​ថ្ងៃ​បន្ទាប់ ពេល​ពួក​គេ​ក្រោក​ពី​ព្រលឹម ពួក​គេ​ឃើញ​ព្រះដាកុន​រលំ​ផ្កាប់​មុខ​លើ​ដី នៅ​ខាង​មុខ​ហឹប​នៃ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។ ក្បាល​និង​ដៃ​ទាំង​សង​ខាង​របស់​ព្រះដាកុន​បាន​ត្រូវ​កាត់​ផ្ដាច់ ហើយ​ខ្ទាត​ទៅ​មាត់​ទ្វារ​វិហារ នៅ​សល់​តែ​ដង​ខ្លួន*ប៉ុណ្ណោះ។ ៥ ហេតុ​នោះ​ហើយ​បាន​ជា​មក​ដល់​សព្វ​ថ្ងៃ​នេះ ពួក​សង្ឃ​នៃ​ព្រះ​ដាកុន និង​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះដាកុន មិន​ហ៊ាន​ដើរ​ជាន់​មាត់​ទ្វារ​វិហារ​នៃ​ព្រះដាកុន​នៅ​ក្រុង​អាសូត​ឡើយ។

៦ ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​អ្នក​ក្រុង​អាសូត​យ៉ាង​ធ្ងន់​ធ្ងរ។ លោក​បាន​វាយ​ប្រហារ​ពួក​គេ ដោយ​ធ្វើ​ឲ្យ​មាន​ជំងឺ​ឫសដូងបាត​នៅ​ក្នុង​ក្រុង​អាសូត​និង​តំបន់​ទាំង​ប៉ុន្មាន​របស់​ក្រុង​នោះ។+ ៧ ពេល​អ្នក​ក្រុង​អាសូត​បាន​ឃើញ​ហេតុ​ការណ៍​ទាំង​នេះ ពួក​គេ​និយាយ​ថា​៖ ​«​កុំ​ទុក​ហឹប​នៃ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​នៅ​ជា​មួយ​នឹង​យើង​ទៀត ពី​ព្រោះ​ព្រះ​នោះ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្តា​ចំពោះ​យើង​និង​ព្រះដាកុន​របស់​យើង​»។ ៨ ហេតុ​នេះ ពួក​គេ​ក៏​កោះ​ហៅ​អ្នក​នាំ​មុខ​ទាំង​អស់​នៃ​ពួក​ភីលីស្ទីន​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​សួរ​ថា​៖ ​«​តើ​ពួក​យើង​គួរ​ធ្វើ​យ៉ាង​ណា​ជា​មួយ​នឹង​ហឹប​នៃ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល?​»។ អ្នក​នាំ​មុខ​ទាំង​នោះ​ឆ្លើយ​ថា​៖ ​«​ចូរ​យក​ហឹប​នៃ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ក្រុង​កាថ​»។+ ដូច្នេះ ពួក​គេ​ក៏​យក​ហឹប​ទៅ​ទី​នោះ។

៩ បន្ទាប់​ពី​ពួក​គេ​យក​ហឹប​នោះ​ទៅ​ក្រុង​កាថ ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ក្រុង​នោះ ហើយ​នាំ​ឲ្យ​មាន​ការ​ភិត​ភ័យ​ជ្រួល​ច្របល់​ជា​ខ្លាំង។ លោក​ធ្វើ​ឲ្យ​ពួក​គេ​គ្រប់​គ្នា​ទាំង​ក្មេង​ទាំង​ចាស់ កើត​ឫសដូងបាត។+ ១០ ដូច្នេះ ពួក​គេ​ក៏​យក​ហឹប​នៃ​ព្រះ​ពិត​ទៅ​ក្រុង​អេក្រុន។+ លុះ​ទៅ​ដល់​ភ្លាម អ្នក​ក្រុង​នោះ​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា​៖ ​«​ពួក​គេ​បាន​យក​ហឹប​នៃ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មក​ក្រុង​យើង ដើម្បី​សម្លាប់​យើង​និង​កូន​ចៅ​របស់​យើង​ហើយ!​»។+ ១១ រួច​មក ពួក​គេ​បាន​កោះ​ហៅ​អ្នក​នាំ​មុខ​ទាំង​អស់​នៃ​ពួក​ភីលីស្ទីន​ឲ្យ​មក​ជួប​ជុំ​គ្នា ហើយ​និយាយ​ថា​៖ ​«​សូម​យក​ហឹប​នៃ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ! សូម​យក​ហឹប​នោះ​ទៅ​កន្លែង​ដើម​វិញ ដើម្បី​កុំ​ឲ្យ​យើង​និង​កូន​ចៅ​យើង​ត្រូវ​ស្លាប់​ឡើយ!​»។ ពួក​គេ​និយាយ​ដូច្នេះ ព្រោះ​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​នោះ​ខ្លាច​ថា​នឹង​ត្រូវ​ស្លាប់​ដោយ​សារ​ហឹប​នោះ។ ព្រះ​ពិត​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់​ធ្ងរ។+ ១២ អ្នក​ដែល​នៅ​មាន​ជីវិត​ក្នុង​ក្រុង​នោះ សុទ្ធតែ​កើត​ឫសដូងបាត។ ពួក​គេ​ទាំង​អស់​គ្នា​ស្រែក​យំ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ឮ​ទៅ​ដល់​ស្ថាន​សួគ៌។

៦ អស់​រយៈ​ពេល​៧​ខែ ហឹប+នៃ​ព្រះ​យេហូវ៉ា​នៅ​ក្នុង​តំបន់​របស់​ពួក​ភីលីស្ទីន។ ២ ពួក​ភីលីស្ទីន​បាន​អញ្ជើញ​ពួក​សង្ឃ​និង​ពួក​គ្រូ​ទាយ​មក+ ហើយ​សួរ​ពួក​គេ​ថា​៖ ​«​តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហឹប​នៃ​ព្រះ​យេហូវ៉ា? សូម​ប្រាប់​យើង​ផង តើ​តាម​របៀប​ណា​យើង​អាច​បញ្ជូន​ហឹប​នោះ​ទៅ​កន្លែង​ដើម​វិញ?​»។ ៣ ពួក​គេ​តប​ឆ្លើយ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​បញ្ជូន​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ត្រឡប់​ទៅ​វិញ អ្នក​រាល់​គ្នា​ក៏​ត្រូវ​បញ្ជូន​គ្រឿង​បូជា​លោះ​អំពើ​រំលង​ទៅ​ឯ​លោក​ផង​ដែរ+ ទើប​អ្នក​រាល់​គ្នា​អាច​ជា​សះ​ស្បើយ ហើយ​អាច​ដឹង​អំពី​មូលហេតុ​ដែល​លោក​នៅ​តែ​ដាក់​ទោស​អ្នក​រាល់​គ្នា​»។ ៤ ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា​៖ ​«​តើ​យើង​គួរ​ជូន​គ្រឿង​បូជា​អ្វី​ទៅ​ព្រះ​នោះ?​»។ ពួក​សង្ឃ​និង​ពួក​គ្រូ​ទាយ​ឆ្លើយ​ថា​៖ ​«​ស្រប​តាម​ចំនួន​អ្នក​នាំ​មុខ​នៃ​ពួក​ភីលីស្ទីន+ ចូរ​បញ្ជូន​រូប​ឫសដូងបាត​ធ្វើ​ពី​មាស​ចំនួន​ប្រាំ និង​រូប​កណ្ដុរ​ធ្វើ​ពី​មាស​ចំនួន​ប្រាំ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​និង​អ្នក​នាំ​មុខ​របស់​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​វេទនា​ដូច​គ្នា។ ៥ ចូរ​ធ្វើ​រូប​ឫសដូងបាត​និង​រូប​កណ្ដុរ+ដែល​កំពុង​បំផ្លាញ​ស្រុក​របស់​អ្នក​រាល់​គ្នា ហើយ​លើក​កិត្តិយស​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ យ៉ាង​នេះ ប្រហែល​ជា​លោក​នឹង​ឈប់​ដាក់​ទោស​អ្នក​រាល់​គ្នា និង​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្រុក​របស់​អ្នក​រាល់​គ្នា​ទៀត។+ ៦ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចាំ​បាច់​មាន​ចិត្ត​រឹង​រូស​ដូច​ជន​ជាតិ​អេហ្ស៊ីប​និង​ផារ៉ូ​ដូច្នេះ?+ ដោយ​សារ​តែ​រឿង​នេះ​ហើយ​បាន​ជា​ព្រះ​នោះ​ធ្វើ​ឲ្យ​ពួក​អេហ្ស៊ីប​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង+ ហើយ​ក្រោយ​មក​ពួក​គេ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ។+ ៧ ដូច្នេះ ចូរ​រៀបចំ​រទេះ​ថ្មី​មួយ ហើយ​យក​មេ​គោ​ពីរ​ដែល​មាន​កូន និង​មិន​ដែល​ទឹម​សោះ ឲ្យ​មក​ទឹម​រទេះ​ថ្មី​នោះ។ ប៉ុន្តែ ចូរ​នាំ​កូន​របស់​ពួក​វា​ត្រឡប់​ទៅ​ក្រោល​វិញ។ ៨ បន្ទាប់​មក ចូរ​យក​ហឹប​នៃ​ព្រះ​យេហូវ៉ា​មក​ដាក់​លើ​រទេះ​នោះ ហើយ​ដាក់​ប្រអប់​ដែល​មាន​រូប​មាស​ទាំង​ប៉ុន្មាន​នៅ​ក្បែរ​ហឹប​នោះ ទុក​ជូន​ព្រះ​នោះ​ជា​គ្រឿង​បូជា​លោះ​អំពើ​រំលង​របស់​អ្នក​រាល់​គ្នា។+ រួច​មក លែង​គោ​ដែល​ទឹម​រទេះ​នោះ​ឲ្យ​ចេញ​ទៅ។ ៩ ចូរ​ទៅ​តាម​មើល បើ​គោ​នោះ​ដើរ​ឆ្ពោះ​ទៅ​ឯ​ក្រុង​បេតសេមែស+ នោះ​យើង​នឹង​ដឹង​ថា គឺ​ព្រះ​នោះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​យើង​ជួប​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នេះ។ ក៏​ប៉ុន្តែ បើ​ពួក​វា​ដើរ​ទៅ​ផ្លូវ​ផ្សេង នោះ​យើង​នឹង​ដឹង​ថា​ទុក្ខ​វេទនា​ដែល​យើង​ជួប​មិន​មែន​មក​ពី​ព្រះ​នោះ​ទេ តែ​កើត​ឡើង​ដោយ​ចៃដន្យ​វិញ​»។

១០ ពួក​គេ​បាន​ធ្វើ​តាម​ទាំង​អស់។ ពួក​គេ​យក​មេ​គោ​ពីរ​ដែល​មាន​កូន ទៅ​ទឹម​រទេះ​មួយ ហើយ​បង្ខាំង​កូន​របស់​ពួក​វា​ទុក​នៅ​ក្នុង​ក្រោល។ ១១ រួច​មក ពួក​គេ​ដាក់​ហឹប​នៃ​ព្រះ​យេហូវ៉ា​លើ​រទេះ​នោះ រួម​ទាំង​ប្រអប់​ដែល​មាន​រូប​កណ្ដុរ​មាស​និង​រូប​ឫសដូងបាត​មាស​ទៅ​ជា​មួយ​ផង។ ១២ មេ​គោ​ទាំង​ពីរ​ដើរ​ត្រង់​ទៅ​មុខ​តាម​ផ្លូវ​ទៅ​ឯ​ក្រុង​បេតសេមែស។+ ពួក​វា​ដើរ​តាម​ផ្លូវ​នោះ​ប៉ុណ្ណោះ។ ពួក​វា​ដើរ​បណ្ដើរ រោទ៍​បណ្ដើរ ហើយ​មិន​ងាក​ស្ដាំ​ឬ​ឆ្វេង​សោះ។ ឯ​អ្នក​នាំ​មុខ​នៃ​ពួក​ភីលីស្ទីន​បាន​ដើរ​តាម​ក្រោយ​ពួក​វា រហូត​ដល់​ព្រំ​ប្រទល់​ក្រុង​បេតសេមែស។ ១៣ ពេល​នោះ​អ្នក​ក្រុង​បេតសេមែស​កំពុង​ច្រូត​ស្រូវ​សាលី​នៅ​ឯ​ជ្រលង​ភ្នំ។* កាល​ដែល​ពួក​គេ​ងើប​ភ្នែក​ទៅ​ឃើញ​ហឹប​នោះ ពួក​គេ​ត្រេក​អរ​ក្រៃ​លែង។ ១៤ គោ​ដែល​ទឹម​រទេះ​នោះ​បាន​ចូល​ទៅ​ក្នុង​ស្រែ​ចម្ការ​របស់​យ៉ូស្វេ​ដែល​ជា​អ្នក​ក្រុង​បេតសេមែស ហើយ​ឈប់​នៅ​ជិត​ថ្ម​ធំ​មួយ។ ដូច្នេះ ពួក​គេ​ក៏​កាប់​រទេះ​ឈើ​នោះ ហើយ​យក​មេ​គោ​ទាំង​ពីរ+មក​ដុត​ធ្វើ​ជា​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា។

១៥ ពួក​លេវី+បាន​យក​ហឹប​នៃ​ព្រះ​យេហូវ៉ា និង​ប្រអប់​ដែល​មាន​រូប​មាស​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​លើ​ថ្ម​ធំ​នោះ។ នៅ​ថ្ងៃ​នោះ​ឯង អ្នក​ក្រុង​បេតសេមែស+ជូន​គ្រឿង​បូជា​និង​ដុត​ជំនូន​ដល់​ព្រះ​យេហូវ៉ា។

១៦ ពេល​ដែល​អ្នក​នាំ​មុខ​ទាំង​ប្រាំ​នាក់​របស់​ពួក​ភីលីស្ទីន​បាន​ឃើញ​ដូច្នោះ ពួក​គេ​ក៏​ត្រឡប់​ទៅ​ក្រុង​អេក្រុន​វិញ​នៅ​ថ្ងៃ​ដដែល​នោះ។ ១៧ ពួក​ភីលីស្ទីន​បាន​ផ្ញើ​រូប​ឫសដូងបាត​មាស​ជូន​ព្រះ​យេហូវ៉ា​ទុក​ជា​គ្រឿង​បូជា ដើម្បី​សុំ​លោក​អភ័យ​ទោស​ចំពោះ​អំពើ​រំលង​របស់​ពួក​គេ។+ រូប​ឫសដូងបាត​មួយ​សម្រាប់​ក្រុង​អាសូត+ មួយ​សម្រាប់​ក្រុង​កាសា មួយ​សម្រាប់​ក្រុង​អាសកាឡូន មួយ​សម្រាប់​ក្រុង​កាថ+ និង​មួយ​ទៀត​សម្រាប់​ក្រុង​អេក្រុន។+ ១៨ រីឯ​ចំនួន​រូប​កណ្ដុរ​មាស​វិញ ពួក​ភីលីស្ទីន​បាន​ធ្វើ​តាម​ចំនួន​ក្រុង​ទាំង​អស់​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​អ្នក​នាំ​មុខ​ទាំង​ប្រាំ​នាក់ ពោល​គឺ​ក្រុង​ដែល​មាន​កំពែង​មាំ​មួន​និង​ភូមិ​ដែល​គ្មាន​កំពែង​ផង។

ឯ​ថ្ម​ធំ​ដែល​ពួក​លេវី​បាន​តម្កល់​ហឹប​នៃ​ព្រះ​យេហូវ៉ា​ក្នុង​ស្រែ​ចម្ការ​របស់​យ៉ូស្វេ​ដែល​ជា​អ្នក​ក្រុង​បេតសេមែស បាន​ត្រូវ​ទុក​ជា​ទី​រំលឹក​នៅ​ទី​នោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ១៩ ព្រះ​បាន​សម្លាប់​អ្នក​ក្រុង​បេតសេមែស ដោយ​សារ​ពួក​គេ​សម្លឹង​មើល​ហឹប​នៃ​ព្រះ​យេហូវ៉ា។ លោក​សម្លាប់​ពួក​គេ​អស់​៥០.០៧០​នាក់។ ពួក​អ្នក​ក្រុង​នោះ​ចាប់​ផ្ដើម​យំ​សោក ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រហារ​ជីវិត​ពួក​គេ​ច្រើន​ណាស់។+ ២០ ពួក​អ្នក​ក្រុង​បេតសេមែស​ពោល​ឡើង​ថា​៖ ​«​តើ​អ្នក​ណា​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​នេះ​បាន?+ បើ​លោក​ចេញ​ពី​យើង​ទៅ​អ្នក​ឯ​ទៀត គឺ​ជា​ការ​ល្អ​ណាស់!​»។+ ២១ ម្ល៉ោះ​ហើយ ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ក្រុង​គារីអាតយារីម+ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ពួក​ភីលីស្ទីន​បាន​បញ្ជូន​ហឹប​នៃ​ព្រះ​យេហូវ៉ា​ត្រឡប់​មក​វិញ​ហើយ។ សូម​មក​ទទួល​ហឹប​នោះ​យក​ទៅ​ក្រុង​របស់​អ្នក​វិញ​ចុះ​»។+

៧ ដូច្នេះ អ្នក​ក្រុង​គារីអាតយារីម​បាន​មក​យក​ហឹប​នៃ​ព្រះ​យេហូវ៉ា ទៅ​ទុក​នៅ​ផ្ទះ​របស់​អាប៊ីណាដាប+ដែល​នៅ​លើ​ទួល ហើយ​ពួក​គេ​បាន​តែង​តាំង*កូន​ប្រុស​របស់​អេលាសារ​ឲ្យ​ការពារ​ហឹប​នៃ​ព្រះ​យេហូវ៉ា។

២ អស់​រយៈ​ពេល​២០​ឆ្នាំ​កន្លង​ទៅ​ហើយ ដែល​ហឹប​នៃ​ព្រះ​នៅ​ក្នុង​ក្រុង​គារីអាតយារីម។ ក្រោយ​មក កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ចាប់​ផ្ដើម​អង្វរ​សុំ*ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។+ ៣ សាំយូអែល​និយាយ​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ពិត​ជា​កំពុង​ត្រឡប់​មក​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​អស់​ពី​ចិត្ត​មែន+ នោះ​ចូរ​បោះ​បង់​ចោល​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ+និង​រូប​ព្រះ​អាសថារ៉ូត+ រួច​ប្រគល់​ចិត្ត​ទាំង​ស្រុង​ជូន​ព្រះ​យេហូវ៉ា ហើយ​បម្រើ​តែ​លោក​ប៉ុណ្ណោះ។+ បើ​ធ្វើ​ដូច្នេះ លោក​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​»។+ ៤ ពេល​ឮ​ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​បោះ​បង់​ចោល​រូប​ព្រះ​បាល​និង​រូប​ព្រះ​អាសថារ៉ូត ហើយ​បម្រើ​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។+

៥ បន្ទាប់​មក សាំយូអែល​ក៏​បង្គាប់​ថា​៖ ​«​ចូរ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​មីសប៉ា+ ហើយ​ខ្ញុំ​នឹង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក​រាល់​គ្នា​»។+ ៦ ដូច្នេះ ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​មីសប៉ា។ រួច​ពួក​គេ​ដង​ទឹក​មក​ចាក់​ចោល​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា* ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។+ ពួក​គេ​និយាយ​ថា​៖ ​«​យើង​បាន​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា​ហើយ​»។+ សាំយូអែល​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី+ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រុង​មីសប៉ា។

៧ ពេល​ដែល​ពួក​ភីលីស្ទីន​ឮ​ថា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​មី​ស​ប៉ា អ្នក​នាំ​មុខ​ពួក​ភីលីស្ទីន+ក៏​លើក​គ្នា​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ខណៈ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ឮ​ដំណឹង​នោះ ពួក​គេ​ក៏​តាំង​ភ័យ​ខ្លាច​ពួក​ភីលីស្ទីន។ ៨ ហេតុ​នេះ ពួក​គេ​និយាយ​ទៅ​កាន់​សាំយូអែល​ថា​៖ ​«​សូម​បន្ត​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង+ ឲ្យ​លោក​ជួយ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​ផង!​»។ ៩ ម្ល៉ោះ​ហើយ សាំយូអែល​បាន​យក​កូន​ចៀម​មួយ​ដែល​នៅ​បៅ មក​ដុត​ទាំង​មូល​ទុក​ជា​គ្រឿង​បូជា+ជូន​ដល់​ព្រះ​យេហូវ៉ា។ រួច​មក សាំយូអែល​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ព្រះ​យេហូវ៉ា​ក៏​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់។+ ១០ ក្នុង​អំឡុង​ពេល​ដែល​សាំយូអែល​កំពុង​ដុត​គ្រឿង​បូជា ពួក​ភីលីស្ទីន​សម្រុក​ចូល​មក​ដើម្បី​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រាអែល។ ប៉ុន្តែ​ពេល​នោះ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​ឮ​រំពង+ នាំ​ឲ្យ​ពួក​ភីលីស្ទីន​ជ្រួល​ច្របល់+ ហើយ​ច្បាំង​ចាញ់​ជន​ជាតិ​អ៊ីស្រាអែល។+ ១១ ខណៈ​នោះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ចេញ​ពី​ក្រុង​មីសប៉ា ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​សម្លាប់​ពួក​គេ​ជា​ហូរហែ​រហូត​ដល់​ភាគ​ខាង​ត្បូង​នៃ​ក្រុង​បេតកា។ ១២ ក្រោយ​មក សាំយូអែល​យក​ថ្ម​ធំ​មួយ+ទៅ​ដាក់​នៅ​កណ្ដាល​រវាង​ក្រុង​មីសប៉ា​និង​ក្រុង​យេសាណា ហើយ​ឲ្យ​ឈ្មោះ​ថ្ម​នោះ​ថា អេបេណេសឺ* រួច​គាត់​ពោល​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​រហូត​មក​ដល់​ពេល​នេះ​»។+ ១៣ ពួក​ភីលីស្ទីន​ចាញ់​បាក់​ស្បាត លែង​ហ៊ាន​ចូល​ឈ្លានពាន​ទឹក​ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទៀត។+ ព្រះ​យេហូវ៉ា​ទាស់​ប្រឆាំង​នឹង​ពួក​ភីលីស្ទីន​រហូត​អស់​មួយ​ជីវិត​របស់​សាំយូអែល។+ ១៤ មួយ​វិញ​ទៀត ក្រុង​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ពួក​ភីលីស្ទីន​បាន​ដណ្ដើម​យក ចាប់​ពី​ក្រុង​អេក្រុន​រហូត​ដល់​ក្រុង​កាថ បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​បាន​តំបន់​ជុំវិញ​ក្រុង​ទាំង​នោះ​ពី​ពួក​ភីលីស្ទីន​មក​វិញ​ដែរ។

នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រាអែល​និង​ជន​ជាតិ​អាម៉ូរី​មាន​សន្តិភាព​នឹង​គ្នា។+

១៥ សាំយូអែល​បាន​បម្រើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​មួយ​ជីវិត​របស់​គាត់។+ ១៦ ជា​រៀង​រាល់​ឆ្នាំ គាត់​ធ្វើ​ដំណើរ​ទៅ​ក្រុង​បេតអែល+ ក្រុង​គីលកាល+ និង​ក្រុង​មីសប៉ា+ ហើយ​គាត់​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​កន្លែង​ទាំង​អស់​នោះ។ ១៧ ក្រោយ​មក គាត់​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​នៅ​ក្រុង​រ៉ាម៉ា​វិញ+ ហើយ​គាត់​ក៏​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ទី​នោះ​ដែរ។ គាត់​បាន​ធ្វើ​ទី​បូជា​នៅ​ក្រុង​នោះ​ជូន​ព្រះ​យេហូវ៉ា។+

៨ កាល​ដែល​សាំយូអែល​មាន​វ័យ​កាន់​តែ​ចាស់ គាត់​បាន​តែង​តាំង​កូន​ប្រុស​ៗ​របស់​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ ២ កូន​ប្រុស​ទី​១​ឈ្មោះ​យ៉ូអែល និង​កូន​ប្រុស​ទី​២​ឈ្មោះ​អាប៊ីយ៉ា។+ ពួក​គេ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​នៅ​ក្រុង​បៀរសេបា។ ៣ ក៏​ប៉ុន្តែ ពួក​គេ​មិន​បាន​ប្រព្រឹត្ត​តាម​គន្លង​របស់​ឪ​ពុក​ទេ។ ពួក​គេ​ខំ​រក​កម្រៃ​តាម​របៀប​មិន​ទៀង​ត្រង់។+ ពួក​គេ​ទទួល​សំណូក+ ថែម​ទាំង​កាត់​ក្ដី​ដោយ​អយុត្តិធម៌​ទៀត​ផង។+

៤ ក្រោយ​មក បុរស​ចាស់​ទុំ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មក​ជួប​ជុំ​គ្នា រួច​ទៅ​ជួប​សាំយូអែល​នៅ​ក្រុង​រ៉ាម៉ា។ ៥ ពួក​គេ​និយាយ​ទៅ​កាន់​សាំយូអែល​ថា​៖ ​«​មើល! អ្នក​ចាស់​ហើយ។ តែ​កូន​ប្រុស​ៗ​របស់​អ្នក​មិន​ដើរ​តាម​គន្លង​របស់​អ្នក​ទេ។ ឥឡូវ សូម​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង*លើ​យើង ដូច​ជន​ជាតិ​ឯ​ទៀត​ដែរ​»។+ ៦ ប៉ុន្តែ សាំយូអែល​មិន​ពេញ​ចិត្ត​ទេ ពេល​ឮ​ពួក​គេ​និយាយ​ថា​៖ ​«​សូម​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​យើង​»។ ដូច្នេះ សាំយូអែល​ក៏​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល​ថា​៖ ​«​ចូរ​ធ្វើ​តាម​ពាក្យ​សម្ដី​ទាំង​អស់​របស់​បណ្ដា​ជន​ចុះ។ ពួក​គេ​មិន​មែន​បដិសេធ​អ្នក​ទេ តែ​ពួក​គេ​បដិសេធ​ខ្ញុំ​វិញ ព្រោះ​ពួក​គេ​មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ស្ដេច​របស់​ពួក​គេ​ឡើយ។+ ៨ តាំង​ពី​ពេល​ដែល​ខ្ញុំ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប ពួក​គេ​បាន​ប្រព្រឹត្ត​បែប​នេះ​រហូត​មក​ដល់​ពេល​នេះ។ ពួក​គេ​បោះ​បង់​ចោល​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត+ ហើយ​ទៅ​បម្រើ​ព្រះ​ដទៃ។+ ឥឡូវ ពួក​គេ​ក៏​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ​ចំពោះ​អ្នក​ដែរ។ ៩ ចូរ​អ្នក​ធ្វើ​តាម​សម្ដី​របស់​ពួក​គេ​ចុះ។ ក៏​ប៉ុន្តែ អ្នក​ត្រូវ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង​ម៉ាត់ ហើយ​ប្រាប់​ថា​ស្ដេច​ដែល​នឹង​គ្រប់​គ្រង​លើ​ពួក​គេ​មាន​សិទ្ធិ​បង្គាប់​អ្វី​ខ្លះ​»។

១០ ដូច្នេះ សាំយូអែល​បាន​ប្រាប់​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ដល់​បណ្ដា​ជន​ដែល​បាន​ទាម​ទារ​ឲ្យ​មាន​ស្ដេច។ ១១ គាត់​ប្រាប់​ថា​៖ ​«​ស្ដេច​ដែល​នឹង​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​បង្គាប់​ដូច​ត​ទៅ​៖+ ស្ដេច​នឹង​យក​កូន​ប្រុស​ៗ​របស់​អ្នក+ ឲ្យ​ធ្វើ​ជា​ទាហាន​រទេះ​ចម្បាំង+ និង​ទាហាន​សេះ+ ហើយ​ឲ្យ​ពួក​គេ​ខ្លះ​ទៀត​រត់​នៅ​ពី​មុខ​រទេះ​ចម្បាំង។ ១២ ស្ដេច​នឹង​តែង​តាំង​ឲ្យ​មាន​មេ​លើ​ក្រុម​មនុស្ស​១.០០០​នាក់​ៗ​+ និង​មេ​លើ​ក្រុម​មនុស្ស​៥០​នាក់​ៗ។+ ស្ដេច​នឹង​ឲ្យ​អ្នក​ខ្លះ​ភ្ជួរ​រាស់+ ហើយ​ឲ្យ​អ្នក​ខ្លះ​ច្រូត​កាត់។+ ស្ដេច​នឹង​ឲ្យ​អ្នក​ខ្លះ​ទៀត​ធ្វើ​គ្រឿង​ចម្បាំង និង​ឧបករណ៍​សម្រាប់​រទេះ​ចម្បាំង​របស់​គាត់។+ ១៣ ស្ដេច​នឹង​យក​កូន​ស្រី​ៗ​របស់​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​លាយ​ប្រេង​ក្រអូប អ្នក​ចម្អិន​អាហារ និង​អ្នក​ធ្វើ​នំ។+ ១៤ ស្ដេច​នឹង​យក​ផល​ល្អ​បំផុត​ពី​ដី​ស្រែ ពី​ចម្ការ​ទំពាំង​បាយ​ជូរ និង​ពី​ចម្ការ​ផ្លែ​អូលីវ​របស់​អ្នក+ រួច​ស្ដេច​នឹង​ឲ្យ​ផល​ទាំង​នោះ​ដល់​អ្នក​បម្រើ​របស់​គាត់។ ១៥ ស្ដេច​នឹង​យក​ដប់​ភាគ​រយ​ពី​ផល​ស្រូវ និង​ពី​ផល​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ឲ្យ​ដល់​មន្ត្រី​ជាន់​ខ្ពស់​និង​អ្នក​បម្រើ​របស់​ស្ដេច។ ១៦ ស្ដេច​នឹង​យក​អ្នក​បម្រើ​ប្រុស និង​អ្នក​បម្រើ​ស្រី​របស់​អ្នក ព្រម​ទាំង​ហ្វូង​សត្វ​លា​និង​ហ្វូង​សត្វ​ដែល​ល្អ​បំផុត​របស់​អ្នក ឲ្យ​មក​ធ្វើ​ការ​សម្រាប់​គាត់។+ ១៧ ស្ដេច​នឹង​យក​ដប់​ភាគ​រយ​ពី​ហ្វូង​សត្វ​របស់​អ្នក+ ហើយ​អ្នក​នឹង​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​របស់​គាត់។ ១៨ ពេល​នោះ​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ស្រែក​រក​ព្រះ ដោយ​សារ​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស។+ ប៉ុន្តែ នៅ​ពេល​នោះ​ព្រះ​យេហូវ៉ា​នឹង​មិន​ឆ្លើយ​តប​ទៅ​អ្នក​រាល់​គ្នា​ឡើយ​»។

១៩ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បណ្ដា​ជន​មិន​ព្រម​ស្ដាប់​សាំយូអែល​ទេ។ ពួក​គេ​នៅ​តែ​និយាយ​ថា​៖ ​«​ទេ! យើង​ចង់​បាន​ស្ដេច​គ្រប់​គ្រង​លើ​យើង។ ២០ បើ​យើង​មាន​ស្ដេច យើង​នឹង​បាន​ដូច​ជន​ជាតិ​ឯ​ទៀត​ដែរ។ ស្ដេច​របស់​យើង​នឹង​គ្រប់​គ្រង*លើ​យើង ហើយ​ដឹក​នាំ​យើង ព្រម​ទាំង​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​យើង​ផង​»។ ២១ ក្រោយ​ពី​សាំយូអែល​បាន​ស្ដាប់​ពាក្យ​ទាំង​អស់​របស់​បណ្ដា​ជន​ហើយ គាត់​បាន​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ជម្រាប​ព្រះ​យេហូវ៉ា។ ២២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល​ថា​៖ ​«​ចូរ​ធ្វើ​តាម​ពួក​គេ ហើយ​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ​ចុះ​»។+ រួច​មក សាំយូអែល​និយាយ​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ក្រុង​រៀង​ៗ​ខ្លួន​វិញ​»។

៩ ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន​បុរស​ម្នាក់​ឈ្មោះ​គីស។+ គាត់​ជា​កូន​របស់​អាបែល អាបែល​ជា​កូន​របស់​សេរ៉ូ សេរ៉ូ​ជា​កូន​របស់​បេកូរ៉ាត បេកូរ៉ាត​ជា​កូន​របស់​អាភា ដែល​ជា​កូន​ចៅ​បេនយ៉ាមីន។+ គីស​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ។ ២ គាត់​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​សុល+ ដែល​ជា​បុរស​ស្រស់​សង្ហា គ្មាន​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ណា​សង្ហា​ដូច​គាត់​ទេ។ សុល​មាន​រាង​ខ្ពស់​ស្រឡះ បណ្ដា​ជន​ទាំង​អស់​ខ្ពស់​បាន​ត្រឹម​ស្មា​គាត់​ប៉ុណ្ណោះ។

៣ នៅ​ថ្ងៃ​មួយ គីស​ដែល​ជា​ឪពុក​របស់​សុល បាត់​សត្វ​លា​មួយ​ហ្វូង។ ហេតុ​នេះ គីស​ប្រាប់​សុល​ថា​៖ ​«​សូម​កូន​ចេញ​ទៅ​ស្វែង​រក​ហ្វូង​សត្វ​លា​ជា​មួយ​នឹង​អ្នក​បម្រើ​ម្នាក់​ទៅ​»។ ៤ សុល​និង​អ្នក​បម្រើ​ក៏​ចេញ​ទៅ។ ពួក​គេ​បាន​ដើរ​កាត់​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម​និង​ស្រុក​សាលីសា តែ​រក​មិន​ឃើញ​សត្វ​លា​ទាំង​នោះ​ទេ។ ដូច្នេះ ពួក​គេ​ធ្វើ​ដំណើរ​បន្ត​ទៅ​ស្រុក​ស្អាលីម នៅ​តែ​រក​មិន​ឃើញ​សោះ។ ពួក​គេ​ក៏​ទៅ​រក​ពេញ​ស្រុក​របស់​កូន​ចៅ​បេនយ៉ាមីន តែ​នៅ​តែ​រក​មិន​ឃើញ​ដដែល។

៥ នៅ​ពេល​ដែល​ពួក​គេ​មក​ដល់​ស្រុក​ស៊ូប សុល​ក៏​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា​៖ ​«​តោះ! យើង​ត្រឡប់​ទៅ​វិញ។ បើ​មិន​ដូច្នេះ​ទេ ប្រហែល​ជា​ឪពុក​របស់​ខ្ញុំ​នឹង​ឈប់​គិត​ពី​សត្វ​លា​ទាំង​នោះ ហើយ​បារម្ភ​ពី​យើង​វិញ​»។+ ៦ ប៉ុន្តែ អ្នក​បម្រើ​តប​វិញ​ថា​៖ ​«​មើល! នៅ​ក្រុង​នោះ​មាន​បុរស​ម្នាក់​ដែល​មក​ពី​ព្រះ​ពិត ហើយ​អ្នក​ណា​ៗ​ក៏​គោរព​គាត់​ដែរ។ អ្វី​ណា​ក៏​ដោយ​ដែល​គាត់​និយាយ​នឹង​ក្លាយ​ទៅ​ជា​ការ​ពិត។+ សូម​យើង​ទៅ​រក​គាត់​ឥឡូវ ប្រហែល​ជា​គាត់​អាច​ប្រាប់​យើង​ថា​សត្វ​លា​នៅ​ឯ​ណា​»។ ៧ ឮ​ដូច្នេះ សុល​និយាយ​ទៅ​អ្នក​បម្រើ​ថា​៖ ​«​បើ​យើង​ទៅ តើ​យើង​មាន​អ្វី​ជូន​គាត់? ក្នុង​ថង់​យាម​របស់​យើង​អស់​នំ​ប៉័ង​ហើយ។ យើង​គ្មាន​អំណោយ​ជូន​គាត់​ទេ។ តើ​យើងជូន​អ្វី​ដល់​គាត់?​»។ ៨ អ្នក​បម្រើ​ឆ្លើយ​ថា​៖ ​«​មើល! ខ្ញុំ​មាន​ប្រាក់​១​ភាគ​៤​ហ្សេគិល។* ខ្ញុំ​នឹង​ជូន​ដល់​បុរស​ដែល​មក​ពី​ព្រះ​ពិត ហើយ​គាត់​នឹង​ប្រាប់​យើង​ថា​គួរ​ធ្វើ​យ៉ាង​ណា​»​ ៩ (​នៅ​គ្រា​មុន​ៗ​ក្នុង​ស្រុក​អ៊ីស្រាអែល ពេល​អ្នក​ណា​ចង់​បាន​ការ​ណែនាំ​ពី​ព្រះ អ្នក​នោះ​នឹង​និយាយ​ថា​៖ ​«​សូម​យើង​ទៅ​ជួប​អ្នក​មើល​ធ្លុះ​»។+ ប៉ុន្តែ​នៅ​សព្វ​ថ្ងៃ​នេះ គេ​ហៅ​អ្នក​មើល​ធ្លុះ​ថា​ជា​អ្នក​ប្រកាស​ទំនាយ​)។ ១០ រួច​មក សុល​និយាយ​ទៅ​អ្នក​បម្រើ​ថា​៖ ​«​គំនិត​នេះ​ល្អ​មែន។ ចូរ​យើង​ទៅ​ជួប​គាត់​»។ ដូច្នេះ ពួក​គេ​ទៅ​ក្រុង​នោះ​ដើម្បី​ជួប​បុរស​ដែល​មក​ពី​ព្រះ​ពិត។

១១ កាល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​នោះ ចៃដន្យ​បាន​ជួប​ពួក​ស្ត្រី​វ័យ​ក្មេង​ដែល​ចេញ​មក​ដង​ទឹក។ ពួក​គេ​សួរ​ពួក​នាង​ថា​៖ ​«​តើ​បុរស​ដែល​ចេះ​មើល​ធ្លុះ+នៅ​ទី​នេះ​ទេ?​»។ ១២ ពួក​នាង​ឆ្លើយ​ថា​៖ ​«​ចាស​គាត់​នៅ។ មើល! គាត់​ទើប​តែ​ចូល​ទៅ​ក្នុង​ក្រុង។ គាត់​មក​ក្រុង​ថ្ងៃ​នេះ ដោយ​សារ​បណ្ដា​ជន​កំពុង​ជូន​គ្រឿង​បូជា+នៅ​ឯ​ទី​ខ្ពស់។*+ សូម​ប្រញាប់​ប្រញាល់​ទៅ។ ១៣ បើ​អ្នក​ចូល​ក្រុង​ឥឡូវ អ្នក​មុខ​ជា​ជួប​គាត់ មុន​ពេល​គាត់​ឡើង​ទៅ​បរិភោគ​នៅ​ទី​ខ្ពស់។ អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​នឹង​មិន​បរិភោគ​ឡើយ លុះ​ត្រា​តែ​គាត់​ទៅ​អធិដ្ឋាន​សិន* ទើប​ពួក​គេ​អាច​បរិភោគ​បាន។ ដូច្នេះ សូម​អ្នក​ប្រញាប់​ឡើង​ទៅ នោះ​អ្នក​នឹង​ជួប​គាត់​ជា​មិន​ខាន​»។ ១៤ ពួក​គេ​ក៏​ធ្វើ​ដំណើរ​ចូល​ក្រុង​នោះ។ កាល​ដែល​ពួក​គេ​ចូល​ដល់​កណ្ដាល​ក្រុង នោះ​សាំយូអែល​ចេញ​មក​ជួប​ពួក​គេ ដើម្បី​ឡើង​ទៅ​ទី​ខ្ពស់​ជា​មួយ​គ្នា។

១៥ មួយ​ថ្ងៃ​មុន​សុល​មក​ដល់​ក្រុង​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​សាំយូអែល​ថា​៖ ១៦ ​«​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​នេះ ខ្ញុំ​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​បេនយ៉ាមីន​ឲ្យ​មក​ជួប​អ្នក។+ អ្នក​ត្រូវ​រើស​តាំង​គាត់​ជា​អ្នក​ដឹក​នាំ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ។+ បុរស​នោះ​នឹង​សង្គ្រោះ​រាស្ត្រ​របស់​ខ្ញុំ​ពី​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន ពី​ព្រោះ​ខ្ញុំ​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ពួក​គេ ហើយ​ក៏​បាន​ឮ​សម្រែក​របស់​ពួក​គេ​ដែរ​»។+ ១៧ ពេល​ដែល​សាំយូអែល​ឃើញ​សុល ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ ​«​បុរស​នេះ​ហើយ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា​៖ ‹គាត់​នឹង​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​ខ្ញុំ›​»។*+

១៨ ពេល​សុល​ឃើញ​សាំយូអែល សុល​ដើរ​ទៅ​ជិត​គាត់​ត្រង់​កណ្ដាល​ទ្វារ​កំពែង ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​ដឹង​ទេ​ថា​ផ្ទះ​របស់​បុរស​ដែល​ចេះ​មើល​ធ្លុះ​នៅ​ឯ​ណា?​»។ ១៩ សាំយូអែល​ឆ្លើយ​ទៅ​សុល​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​មើល​ធ្លុះ។ សូម​នាំ​មុខ​ខ្ញុំ​ឡើង​ទៅ​ទី​ខ្ពស់ ហើយ​ថ្ងៃ​នេះ​សូម​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ។+ ដល់​ព្រឹក​ស្អែក ខ្ញុំ​នឹង​ជូន​ដំណើរ​អ្នក ហើយ​ប្រាប់​អ្នក​នូវ​អ្វី​ទាំង​អស់​ដែល​អ្នក​ចង់​ដឹង។ ២០ ចំណែក​ឯ​ហ្វូង​សត្វ​លា​ដែល​បាត់​បី​ថ្ងៃ​ហើយ​នោះ+ សូម​កុំ​បារម្ភ​ឡើយ ព្រោះ​គេ​រក​ឃើញ​សត្វ​ទាំង​នោះ​ហើយ។ ម្យ៉ាង​ទៀត អ្វី​ៗ​ទាំង​ឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​នឹង​ទៅ​ជា​របស់​អ្នក និង​កូន​ចៅ​ទាំង​អស់​របស់​ឪពុក​អ្នក​»។+ ២១ សុល​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​កូន​ចៅ​បេនយ៉ាមីន​ដែល​ជា​កុលសម្ព័ន្ធ​តូច​បំផុត​នៃ​ជន​ជាតិ​អ៊ីស្រាអែល+ ហើយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​តូច​ទាប​ជាង​ក្រុម​គ្រួសារ​ទាំង​ប៉ុន្មាន​នៃ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ។ ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​មក​ខ្ញុំ​យ៉ាង​ដូច្នេះ?​»។

២២ រួច​សាំយូអែល​នាំ​សុល​និង​អ្នក​បម្រើ​របស់​គាត់​ទៅ​បន្ទប់​ទទួល​ទាន​អាហារ ហើយ​ឲ្យ​ពួក​គេ​អង្គុយ​នៅ​កន្លែង​កិត្តិយស​បំផុត។ ក្នុង​បន្ទប់​នោះ អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​មាន​ប្រហែល​៣០​នាក់។ ២៣ សាំយូអែល​ប្រាប់​ចុង​ភៅ​ថា​៖ ​«​សូម​យក​សាច់​ដែល​ខ្ញុំ​ផ្ដាំ​អ្នក​ឲ្យ​‹ទុក​ដោយ​ឡែក›​មក​នេះ​»។ ២៤ ចុង​ភៅ​ក៏​យក​សាច់​ភ្លៅ​មក​ជូន​សុល។ រួច​សាំយូអែល​ពោល​ថា​៖ ​«​ខ្ញុំ​បាន​ឲ្យ​ពួក​គេ​ទុក​សាច់​ទាំង​នេះ​សម្រាប់​អ្នក​ក្នុង​ឱកាស​នេះ ព្រោះ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​៖ ‹ខ្ញុំ​មាន​ភ្ញៀវ›។ ឥឡូវ សូម​អញ្ជើញ​បរិភោគ​»។ សុល​ក៏​បរិភោគ​ជា​មួយ​នឹង​សាំយូអែល​នៅ​ថ្ងៃ​នោះ។ ២៥ ក្រោយ​មក ពួក​គេ​ចុះ​ពី​ទី​ខ្ពស់+មក​ក្រុង​វិញ ហើយ​សាំយូអែល​បន្ត​និយាយ​ជា​មួយ​នឹង​សុល​នៅ​លើ​ដំបូល​ផ្ទះ។* ២៦ លុះ​ស្អែក​ឡើង ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាង។ ដល់​ថ្ងៃ​រះ សាំយូអែល​ហៅ​សុល​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ថា​៖ ​«​សុល​អើយ! សូម​រៀបចំ​ខ្លួន។ ខ្ញុំ​នឹង​ជូន​ដំណើរ​អ្នក​»។ ដូច្នេះ សុល​រៀបចំ​ខ្លួន រួច​គាត់​និង​សាំយូអែល​ចេញ​ពី​ផ្ទះ។ ២៧ កាល​ដែល​ពួក​គេ​កំពុង​ចុះ​ទៅ​ជាយ​ក្រុង សាំយូអែល​និយាយ​ទៅ​កាន់​សុល​ថា​៖ ​«​សូម​ប្រាប់​អ្នក​បម្រើ+ឲ្យ​ដើរ​ទៅ​មុន​យើង​»។ ដូច្នេះ សុល​ក៏​ប្រាប់​អ្នក​បម្រើ​ឲ្យ​ដើរ​ទៅ​មុន។ សាំយូអែល​និយាយ​បន្ត​ទៀត​ថា​៖ ​«​តែ​សូម​អ្នក​ឈប់​នៅ​ត្រង់​នេះ​សិន ខ្ញុំ​ចង់​ប្រាប់​អ្នក​អំពី​ប្រសាសន៍​របស់​ព្រះ​»។

១០ បន្ទាប់​មក សាំយូអែល​បាន​យក​ប្រេង​មក​ចាក់​ពី​លើ​ក្បាល​របស់​សុល។+ រួច​គាត់​ថើប​សុល ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ+លើ​រាស្ត្រ​របស់​លោក។+ ២ នៅ​ថ្ងៃ​នេះ ពេល​អ្នក​ធ្វើ​ដំណើរ​ចេញ​ទៅ អ្នក​នឹង​ជួប​បុរស​ពីរ​នាក់​ដែល​នៅ​ជិត​ទី​បញ្ចុះ​សព​របស់​រ៉ាជែល+ ត្រង់​សេលសា​ក្នុង​តំបន់​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ បុរស​ពីរ​នាក់​នោះ​នឹង​ប្រាប់​អ្នក​ថា​៖ ‹ហ្វូង​សត្វ​លា​ដែល​អ្នក​រក​នោះ គេ​បាន​រក​ឃើញ​ហើយ។ ប៉ុន្តែ​ឥឡូវ ឪ​ពុក​របស់​អ្នក​ឈប់​គិត​ពី​សត្វ​លា​ទាំង​នោះ​ទៀត​ហើយ+ តែ​គាត់​បារម្ភ​អំពី​អ្នក​វិញ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ឃើញ​កូន​ប្រុស​ខ្ញុំ​ត្រឡប់​មក​វិញ​ទេ តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្ដេច​ទៅ?​»​›។ ៣ កាល​ដែល​អ្នក​បន្ត​ដំណើរ​ទៅ​ដល់​ដើម​ឈើ​ធំ​មួយ​នៅ​ត្រង់​ថេបោ នោះ​អ្នក​នឹង​ជួប​បុរស​បី​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​បេតអែល+ ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ពិត។ បុរស​ម្នាក់​មាន​កូន​ពពែ​បី ម្នាក់​ទៀត​មាន​នំ​ប៉័ង​បី​ដុំ និង​ម្នាក់​ទៀត​មាន​ក្រឡ​ស្រា​ធំ​មួយ។ ៤ ពួក​គេ​នឹង​សួរ​សុខ​ទុក្ខ​អ្នក រួច​ឲ្យ​នំ​ប៉័ង​ពីរ​ដុំ​ដល់​អ្នក។ សូម​ទទួល​យក​នំ​ប៉័ង​ទាំង​នោះ។ ៥ បន្ទាប់​ពី​នោះ អ្នក​នឹង​ទៅ​ដល់​ទួល​នៃ​ព្រះ​ពិត។ នៅ​ទី​នោះ​មាន​បន្ទាយ​កង​ទ័ព​ភីលីស្ទីន។ ពេល​ដែល​អ្នក​ទៅ​ដល់​ក្រុង​នោះ អ្នក​នឹង​ជួប​អ្នក​ប្រកាស​ទំនាយ*មួយ​ក្រុម​ដែល​កំពុង​ចុះ​ពី​ទី​ខ្ពស់*មក​ទាំង​ប្រកាស​ទំនាយ* ដោយ​មាន​អ្នក​លេង​ភ្លេង* ស្គរ​ដៃ* ខ្លុយ និង​ពិណ​នាំ​មុខ​ផង។ ៦ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក+ ហើយ​អ្នក​ក៏​នឹង​ប្រកាស​ទំនាយ​ជា​មួយ​នឹង​ពួក​គេ​ដែរ។ នៅ​ពេល​នោះ អ្នក​នឹង​ហាក់​ដូច​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត។+ ៧ ពេល​ដែល​អ្នក​ឃើញ​សញ្ញា​សម្គាល់​ទាំង​នេះ សូម​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដោយ​សារ​ព្រះ​ពិត​នៅ​ជា​មួយ​នឹង​អ្នក។ ៨ ក្រោយ​មក សូម​អ្នក​ចុះ​ទៅ​ក្រុង​គីលកាល​មុន​ខ្ញុំ។+ ខ្ញុំ​នឹង​ទៅ​ជួប​អ្នក​នៅ​ទី​នោះ ដើម្បី​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព។ សូម​អ្នក​រង់​ចាំ​ខ្ញុំ​៧​ថ្ងៃ ទាល់​តែ​ខ្ញុំ​ទៅ​ដល់។ បន្ទាប់​មក ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​អំពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ​»។

៩ កាល​ដែល​សុល​ចាក​ចេញ​ពី​សាំយូអែល​ភ្លាម ព្រះ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​របស់​សុល​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ នៅ​ថ្ងៃ​នោះ សញ្ញា​សម្គាល់​ទាំង​ប៉ុន្មាន​នេះ​បាន​កើត​ឡើង​មែន។ ១០ សុល​និង​អ្នក​បម្រើ​ចេញ​ពី​ទី​នោះ​ទៅ​ដល់​ទួល​នៃ​ព្រះ​ពិត។ រួច​មក សុល​ក៏​ជួប​ក្រុម​អ្នក​ប្រកាស​ទំនាយ។ រំពេច​នោះ ឫទ្ធានុភាព​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​សុល+ ហើយ​គាត់​ចាប់​ផ្ដើម​ប្រកាស​ទំនាយ+ជា​មួយ​នឹង​ពួក​គេ។ ១១ ពេល​ពួក​អ្នក​ដែល​ធ្លាប់​ស្គាល់​សុល ឃើញ​គាត់​កំពុង​ប្រកាស​ទំនាយ​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​នោះ ពួក​គេ​ក៏​សួរ​គ្នា​ថា​៖ ​«​តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​កូន​ប្រុស​របស់​គីស? តើ​សុល​ក៏​ជា​អ្នក​ប្រកាស​ទំនាយ​ដែរ​ឬ?​»។ ១២ បុរស​ម្នាក់​នៅ​ទី​នោះ​និយាយ​ថា​៖ ​«​ចុះ​អ្នក​ប្រកាស​ទំនាយ​ឯ​ទៀត​នោះ តើ​អ្នក​ណា​ជា​ឪពុក​របស់​ពួក​គេ?​»។ ហេតុ​នោះ​ហើយ​បាន​ជា​មាន​ពាក្យ*ថា​៖ ​«​តើ​សុល​ក៏​ជា​អ្នក​ប្រកាស​ទំនាយ​ដែរ​ឬ?​»។+

១៣ បន្ទាប់​ពី​សុល​ប្រកាស​ទំនាយ​រួច​ហើយ គាត់​បាន​ឡើង​ទៅ​ទី​ខ្ពស់។ ១៤ ក្រោយ​មក​ពូ​របស់​សុល សួរ​សុល​និង​អ្នក​បម្រើ​ថា​៖ ​«​តើ​អ្នក​ទាំង​ពីរ​ទើប​មក​ពី​ណា?​»។ សុល​ឆ្លើយ​ថា​៖ ​«​ពួក​ខ្ញុំ​ទៅ​រក​ហ្វូង​លា+ តែ​រក​មិន​ឃើញ​សោះ។ ម្ល៉ោះ​ហើយ ពួក​ខ្ញុំ​ក៏​ទៅ​ជួប​សាំយូអែល​»។ ១៥ ឮ​ដូច្នេះ ពូ​របស់​សុល​សួរ​គាត់​ថា​៖ ​«​សូម​ប្រាប់​ពូ តើ​សាំយូអែល​បាន​ប្រាប់​អ្វី​ដល់​ក្មួយ?​»។ ១៦ សុល​ឆ្លើយ​តប​ទៅ​ពូ​វិញ​ថា​៖ ​«​គាត់​បាន​ប្រាប់​ពួក​ខ្ញុំ​ថា គេ​រក​ឃើញ​ហ្វូង​លា​នោះ​ហើយ​»។ ប៉ុន្តែ សុល​មិន​បាន​ប្រាប់​ពូ​គាត់​អំពី​រឿង​ដែល​សាំយូអែល​តែង​តាំង​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច​ឡើយ។

១៧ ក្រោយ​មក សាំយូអែល​បាន​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មីសប៉ា។+ ១៨ រួច​សាំយូអែល​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល លោក​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ជា​អ្នក​ដែល​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប ហើយ​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​ពួក​អេហ្ស៊ីប+ និង​ពី​កណ្ដាប់​ដៃ​របស់​រាជាណាចក្រ​ទាំង​ប៉ុន្មាន​ដែល​បាន​សង្កត់​សង្កិន​អ្នក​រាល់​គ្នា។ ១៩ ប៉ុន្តែ នៅ​ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​បដិសេធ​ខ្ញុំ+ ជា​ព្រះ​ដែល​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​អន្តរាយ និង​ពី​ទុក្ខ​លំបាក​ទាំង​អស់។ អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​សូម​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​យើង​»។ ឥឡូវ សូម​ឈរ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា តាម​កុលសម្ព័ន្ធ និង​តាម​វង្ស​ត្រកូល​រៀង​ៗ​ខ្លួន›​»។*

២០ ក្រោយ​ពី​សាំយូអែល​ប្រាប់​អំពី​ប្រសាសន៍​របស់​ព្រះ​ចប់ គាត់​ឲ្យ​កុលសម្ព័ន្ធ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ចូល​មក​បន្ត​បន្ទាប់​គ្នា។+ រួច​មក កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ត្រូវ​ជ្រើស​រើស។+ ២១ បន្ទាប់​មក សាំយូអែល​បាន​ឲ្យ​កុលសម្ព័ន្ធ​បេនយ៉ាមីន​ចូល​មក​តាម​វង្ស​ត្រកូល រួច​ក្រុម​គ្រួសារ​ម៉ាទ្រី​បាន​ត្រូវ​ជ្រើស​រើស។ នៅ​ទី​បំផុត សុល​ដែល​ជា​កូន​ប្រុស​របស់​គីស​បាន​ត្រូវ​ជ្រើស​រើស។+ ប៉ុន្តែ ពេល​ពួក​គេ​រក​សុល នោះ​ពួក​គេ​រក​គាត់​មិន​ឃើញ​ទេ។ ២២ ដូច្នេះ ពួក​គេ​ក៏​សួរ​ព្រះ​យេហូវ៉ា​ថា​៖+ ​«​តើ​បុរស​នោះ​នៅ​ឯ​ណា?​»។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​គាត់​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​អីវ៉ាន់​»។ ២៣ ពួក​គេ​រត់​ទៅ​នាំ​គាត់​ចេញ​ពី​ទី​នោះ​មក។ កាល​ដែល​គាត់​ឈរ​នៅ​កណ្ដាល​ចំណោម​បណ្ដា​ជន ពួក​គេ​ទាំង​អស់​ខ្ពស់​បាន​ត្រឹម​ស្មា​គាត់​ប៉ុណ្ណោះ។+ ២៤ សាំយូអែល​និយាយ​ទៅ​កាន់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​សូម​មើល! បុរស​នេះ​ហើយ​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស។+ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ដូច​គាត់​ទេ​»។ បណ្ដា​ជន​ទាំង​អស់​ក៏​បន្លឺ​សំឡេង​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង!​»។

២៥ រួច​មក សាំយូអែល​ប្រាប់​បណ្ដា​ជន​អំពី​សិទ្ធិ​បង្គាប់​របស់​ស្ដេច។+ រួច​គាត់​កត់​ទុក​ក្នុង​សៀវភៅ​មួយ ហើយ​តម្កល់​ទុក​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក សាំយូអែល​ឲ្យ​បណ្ដា​ជន​ទាំង​អស់​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ។ ២៦ ចំណែក​សុល គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​គីបៀ​វិញ​ដែរ មាន​ទាំង​ពួក​អ្នក​អង់អាច​ដែល​ព្រះ​យេហូវ៉ា​បណ្ដាល​ចិត្ត​ពួក​គេ​ឲ្យ​អម​ដំណើរ​ទៅ​ជា​មួយ​ផង។ ២៧ ប៉ុន្តែ មនុស្ស​ឥត​បាន​ការ​ខ្លះ​និយាយ​ថា​៖ ​«​តើ​អ្នក​នេះ​អាច​សង្គ្រោះ​យើង​យ៉ាង​ដូច​ម្ដេច​បាន?​»។+ ពួក​គេ​ប្រមាថ​មើល​ងាយ​សុល ហើយ​ពួក​គេ​មិន​បាន​នាំ​យក​អំណោយ​ទៅ​ជូន​សុល​ទេ។+ ប៉ុន្តែ សុល​មិន​បាន​និយាយ​អ្វី​ទាល់​តែ​សោះ។

១១ ក្រោយ​មក ណាហាស​ដែល​ជា​ជន​ជាតិ​អាំម៉ូន+បាន​ឡើង​មក​បោះ​ទ័ព ដើម្បី​ច្បាំង​នឹង​អ្នក​ក្រុង​យ៉ាបេស+នៅ​ស្រុក​គីលាត។ បុរស​ទាំង​អស់​ដែល​ជា​តំណាង​ក្រុង​យ៉ាបេស​និយាយ​ទៅ​ណាហាស​ថា​៖ ​«​បើ​អ្នក​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​យើង នោះ​យើង​សុខ​ចិត្ត​នៅ​ក្រោម​អំណាច​របស់​អ្នក​»។ ២ ណាហាស​ដែល​ជា​ជន​ជាតិ​អាំម៉ូន​តប​ទៅ​ពួក​គេ​វិញ​ថា​៖ ​«​យើង​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ល័ក្ខខ័ណ្ឌ​មួយ គឺ​ឲ្យ​យើង​ចាក់​យក​ភ្នែក​ស្ដាំ​របស់​អ្នក​រាល់​គ្នា​ចេញ ដើម្បី​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​អាម៉ាស់​មុខ​»។ ៣ ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យ៉ាបេស​ឆ្លើយ​នឹង​ណាហាស​ថា​៖ ​«​សូម​ទុក​ពេល​ឲ្យ​យើង​៧​ថ្ងៃ ដើម្បី​យើង​អាច​ចាត់​មនុស្ស​ឲ្យ​នាំ​ដំណឹង​នេះ​ទៅ​ដល់​គ្រប់​តំបន់​ក្នុង​ស្រុក​អ៊ីស្រាអែល។ បើ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ជួយ​សង្គ្រោះ​យើង​បាន​ទេ យើង​នឹង​ព្រម​តាម​ល័ក្ខខ័ណ្ឌ​របស់​អ្នក​»។ ៤ ក្រោយ​មក អ្នក​នាំ​ដំណឹង​បាន​ទៅ​ដល់​ក្រុង​គីបៀ+ដែល​សុល​កំពុង​រស់​នៅ ហើយ​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​បណ្ដា​ជន។ ពេល​ឮ​ដូច្នោះ បណ្ដា​ជន​ទាំង​អស់​ក៏​ស្រែក​យំ​យ៉ាង​ខ្លាំង។

៥ នៅ​ពេល​នោះ​សុល​កំពុង​កៀង​ហ្វូង​សត្វ​មក​ពី​វាល។ ពេល​គាត់​ឃើញ​បណ្ដា​ជន​យំ គាត់​សួរ​ថា​៖ ​«​តើ​បណ្ដា​ជន​មាន​រឿង​អ្វី? ហេតុ​អ្វី​ពួក​គេ​យំ?​»។ ដូច្នេះ ពួក​គេ​ប្រាប់​គាត់​នូវ​ពាក្យ​របស់​អ្នក​ក្រុង​យ៉ាបេស។ ៦ ពេល​សុល​ឮ​ពាក្យ​ទាំង​នោះ ឫទ្ធានុភាព​របស់​ព្រះ​បាន​មាន​ឥទ្ធិពល​ទៅ​លើ​គាត់+ ហើយ​គាត់​ខឹង​យ៉ាង​ខ្លាំង។ ៧ សុល​យក​គោ​ពីរ​ក្បាល​មក​កាប់​ជា​កំណាត់​ៗ ហើយ​គាត់​ឲ្យ​អ្នក​នាំ​ដំណឹង​យក​កំណាត់​គោ​ទាំង​នោះ​ទៅ​គ្រប់​តំបន់​ក្នុង​ស្រុក​អ៊ីស្រាអែល ដោយ​ប្រកាស​ថា​៖ ​«​អ្នក​ណា​ក៏​ដោយ​ដែល​មិន​គាំទ្រ​សុល​និង​សាំយូអែល គោ​របស់​អ្នក​នោះ​នឹង​ត្រូវ​កាប់​ជា​កំណាត់​ដូច​គោ​នេះ!​»។ រួច​មក ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​បណ្ដា​ជន​មាន​ចិត្ត​កោត​ខ្លាច ដើម្បី​ឲ្យ​ពួក​គេ​ចេញ​មក​ដោយ​ព្រម​ចិត្ត​គ្នា។ ៨ បន្ទាប់​មក សុល​បាន​រាប់​ចំនួន​ពួក​គេ​នៅ​ឯ​ប៊ីសាក ហើយ​ឃើញ​ថា​មាន​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​៣០០.០០០​នាក់ និង​បុរស​កុលសម្ព័ន្ធ​យូដា​ចំនួន​៣០.០០០​នាក់។ ៩ ពួក​គេ​ប្រាប់​អ្នក​នាំ​ដំណឹង​ដែល​មក​ពី​ក្រុង​យ៉ាបេស​ថា​៖ ​«​អ្នក​ត្រូវ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស​នៅ​ស្រុក​គីលាត​ថា​៖ ‹ថ្ងៃ​ស្អែក​ពេល​ថ្ងៃ​ត្រង់ អ្នក​រាល់​គ្នា​នឹង​ត្រូវ​សង្គ្រោះ›​»។ រួច​មក អ្នក​នាំ​ដំណឹង​យក​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស​វិញ ហើយ​ពួក​គេ​សប្បាយ​រីក​រាយ​ជា​ពន់​ពេក។ ១០ ហេតុ​នេះ អ្នក​ក្រុង​យ៉ាបេស​ប្រាប់​ណាហាស​ថា​៖ ​«​ថ្ងៃ​ស្អែក យើង​នឹង​ព្រម​តាម​ល័ក្ខខ័ណ្ឌ​របស់​អ្នក។ សូម​ធ្វើ​ចំពោះ​យើង​តាម​ចិត្ត​អ្នក​ចុះ​»។+

១១ នៅ​ថ្ងៃ​បន្ទាប់ សុល​ចែក​ទ័ព​ជា​បី​កង។ អំឡុង​ពេល​ទៀប​ភ្លឺ* ពួក​គេ​លប​ចូល​ទៅ​កណ្ដាល​ទី​បោះ​ទ័ព​របស់​ទាហាន​អាំម៉ូន+ ហើយ​វាយ​សម្លាប់​ពួក​គេ​រហូត​ដល់​ពេល​ថ្ងៃ​ត្រង់។ ឯ​ទាហាន​អាំម៉ូន​ដែល​នៅ​រស់ ពួក​គេ​រត់​ខ្ចាត់​ខ្ចាយ​រៀង​ៗ​ខ្លួន​អស់​ទៅ។ ១២ ក្រោយ​មក បណ្ដា​ជន​និយាយ​ទៅ​កាន់​សាំយូអែល​ថា​៖ ​«​តើ​អ្នក​ណា​ខ្លះ​បាន​និយាយ​ថា​៖ ‹សុល​មិន​សម​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​យើង›?+ សូម​នាំ​អ្នក​ទាំង​នោះ​ចេញ​មក យើង​នឹង​សម្លាប់​ពួក​គេ​ចោល​»។ ១៣ ប៉ុន្តែ សុល​និយាយ​ថា​៖ ​«​សូម​កុំ​សម្លាប់​មនុស្ស​ណា​ម្នាក់​នៅ​ថ្ងៃ​នេះ​ឲ្យ​សោះ+ ព្រោះ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​»។

១៤ ក្រោយ​មក សាំយូអែល​និយាយ​ទៅ​បណ្ដា​ជន​ថា​៖ ​«​សូម​យើង​ទៅ​ក្រុង​គីលកាល+ ដើម្បី​ប្រកាស​ម្ដង​ទៀត​ថា​សុល​គឺ​ជា​ស្ដេច​»។+ ១៥ ដូច្នេះ បណ្ដា​ជន​ទាំង​អស់​នាំ​គ្នា​ទៅ​ក្រុង​គីលកាល។ នៅ​ក្រុង​នោះ ពួក​គេ​បាន​តែង​តាំង​សុល​ជា​ស្ដេច​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ រួច​មក ពួក​គេ​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា+ ហើយ​សុល​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ធ្វើ​ពិធី​អបអរសាទរ ដោយ​សេចក្ដី​រីក​រាយ​ក្រៃ​លែង។+

១២ ជា​ចុង​ក្រោយ សាំយូអែល​និយាយ​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ​«​មើល! ខ្ញុំ​បាន​ធ្វើ​តាម​សំណូម​ពរ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​ហើយ។ ខ្ញុំ​បាន​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា។+ ២ នេះ​ជា​ស្ដេច​របស់​អ្នក​រាល់​គ្នា!+ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ចាស់​សក់​ស្កូវ​ហើយ។ ឯ​កូន​ប្រុស​ៗ​របស់​ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ។+ ខ្ញុំ​បាន​នាំ​មុខ​អ្នក​រាល់​គ្នា តាំង​ពី​ខ្ញុំ​នៅ​ក្មេង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។+ ៣ ឥឡូវ​ខ្ញុំ​នៅ​ត្រង់​នេះ! នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា និង​អ្នក​ដែល​លោក​បាន​រើស​តាំង+ បើ​អ្នក​រាល់​គ្នា​មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ សូម​បង្ហាញ​ភ័ស្តុតាង​មក។ តើ​ខ្ញុំ​ធ្លាប់​យក​សត្វ​គោ​ឬ​សត្វ​លា​ពី​អ្នក​ណា​ទេ?+ តើ​ខ្ញុំ​ធ្លាប់​កេង​ប្រវ័ញ្ច​ឬ​ជិះ​ជាន់​អ្នក​ណា​ទេ? តើ​ខ្ញុំ​ធ្លាប់​ទទួល​សំណូក​ដើម្បី​កាត់​ក្ដី​ដោយ​អយុត្តិធម៌​ឬ​ទេ?+ បើ​ខ្ញុំ​ធ្លាប់​ធ្វើ​មែន ខ្ញុំ​នឹង​សង​អ្នក​រាល់​គ្នា​វិញ​»។+ ៤ ពួក​គេ​ឆ្លើយ​ថា​៖ ​«​អ្នក​មិន​ធ្លាប់​កេង​ប្រវ័ញ្ច​យើង ឬ​ជិះ​ជាន់​យើង ឬ​ទទួល​សំណូក​ពី​យើង​ឡើយ​»។ ៥ ដូច្នេះ សាំយូអែល​ប្រាប់​ពួក​គេ​ថា​៖ ​«​នៅ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​និង​អ្នក​ដែល​លោក​បាន​រើស​តាំង គឺ​ជា​សាក្សី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​គ្មាន​អ្វី​ចោទ​ប្រកាន់​ខ្ញុំ​ទេ​»។ ពួក​គេ​និយាយ​ថា​៖ ​«​ត្រូវ​ហើយ! លោក​គឺ​ជា​សាក្សី​ក្នុង​រឿង​នេះ​»។

៦ ម្ល៉ោះ​ហើយ សាំយូអែល​និយាយ​ទៅ​បណ្ដា​ជន​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​សាក្សី​ក្នុង​រឿង​នេះ។ លោក​ជា​អ្នក​ដែល​បាន​ប្រើ​ម៉ូសេ​និង​អេរ៉ុន ហើយ​ជា​អ្នក​ដែល​បាន​នាំ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ៧ ឥឡូវ សូម​អ្នក​រាល់​គ្នា​តម្រៀប​ជួរ រួច​ខ្ញុំ​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា ដោយ​គិត​ពី​សេចក្ដី​ល្អ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា និង​ចំពោះ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។

៨ ​«​យ៉ាកុប​ដែល​ជា​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​មក​រស់​នៅ​ស្រុក​អេហ្ស៊ីប។+ ក្រោយ​មក កូន​ចៅ​របស់​គាត់​ដែល​ត្រូវ​ជា​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ចាប់​ផ្ដើម​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ពួក​គេ។+ ព្រះ​យេហូវ៉ា​បាន​ចាត់​ម៉ូសេ+និង​អេរ៉ុន​ឲ្យ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប ឲ្យ​មក​រស់​នៅ​ទឹក​ដី​នេះ។+ ៩ ក៏​ប៉ុន្តែ ពួក​គេភ្លេច​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ពួក​គេ។ ដូច្នេះ លោក​បាន​ប្រគល់​ពួក​គេ+ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស៊ីសេរ៉ា+ ដែល​ជា​មេ​ទ័ព​នៃ​ក្រុង​ហាសោ។ បន្ថែម​ទៅទៀត លោក​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន+ និង​ស្ដេច​របស់​ពួក​ម៉ូអាប់។+ ពួក​សត្រូវ​ទាំង​នេះ​បាន​ច្បាំង​នឹង​ពួក​គេ​ឥត​ឈប់​ឈរ។ ១០ រួច​មក ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ+ ដោយ​និយាយ​ថា​៖ ‹យើង​បាន​ធ្វើ​ខុស​ហើយ+ ព្រោះ​យើង​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ទៅ​បម្រើ​រូប​ព្រះ​បាល+និង​រូប​ព្រះ​អាសថារ៉ូត។+ សូម​លោក​ជួយ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ​ផង នោះ​យើង​នឹង​ត្រឡប់​មក​បម្រើ​លោក​វិញ›។ ១១ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ចាត់​យេរូបាល+ បេដាន យែបថា+ និង​សាំយូអែល+ ឲ្យ​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ​ដែល​នៅ​ជុំវិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​ដោយ​សុខ​សាន្ត។+ ១២ ពេល​អ្នក​រាល់​គ្នា​បាន​ឃើញ​ណាហាស+ជា​ស្ដេច​របស់​ពួក​អាំម៉ូន មក​ប្រឆាំង​ទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ចេះ​តែ​និយាយ​មក​ខ្ញុំ​ថា​៖ ‹យើង​ចង់​បាន​ស្ដេច​គ្រប់​គ្រង​លើ​យើង!›+ ទោះ​ជា​អ្នក​រាល់​គ្នា​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​និង​ជា​ស្ដេច​របស់​អ្នក​រាល់​គ្នា​ក៏​ដោយ។+ ១៣ នេះ​ហើយ​ជា​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស ជា​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​សុំ។ មើល! ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា។+ ១៤ បើ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ព្រះ​យេហូវ៉ា+ ហើយ​បម្រើ​លោក+ ព្រម​ទាំង​ស្ដាប់​ប្រសាសន៍*របស់​លោក+ ដោយ​មិន​បះ​បោរ​ប្រឆាំង​នឹង​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​បើ​អ្នក​រាល់​គ្នា​និង​ស្ដេច​ដែល​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សុខ។ ១៥ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទេ ហើយ​បះ​បោរ​ប្រឆាំង​នឹង​បង្គាប់​របស់​ព្រះ​យេហូវ៉ា នោះ​ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ព្រម​ទាំង​ឪពុក​របស់​អ្នក​រាល់​គ្នា​ដែរ។+ ១៦ ឥឡូវ សូម​អ្នក​រាល់​គ្នា​តម្រៀប​ជួរ ហើយ​មើល​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា។ ១៧ តើ​ពេល​នេះ​មិន​មែន​ជា​រដូវ​ច្រូត​កាត់​ទេ​ឬ? តែ​ខ្ញុំ​នឹង​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​និង​ភ្លៀង រួច​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា​អ្នក​រាល់​គ្នា​បាន​ធ្វើ​ខុស​ធ្ងន់​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សារ​អ្នក​រាល់​គ្នា​បាន​សុំ​ឲ្យ​មាន​ស្ដេច​»។+

១៨ ភ្លាម​នោះ សាំយូអែល​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​និង​ភ្លៀង​នៅ​ពេល​នោះ​ឯង។ បណ្ដា​ជន​ទាំង​អស់​ភ័យ​ខ្លាច​ព្រះ​យេហូវ៉ា​និង​សាំ​យូ​អែ​ល​ខ្លាំង​ណាស់។ ១៩ ដូច្នេះ ពួក​គេ​និយាយ​ទៅ​សាំយូអែល​ថា​៖ ​«​សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​របស់​អ្នក​ឲ្យ​យើង​ផង+ ពី​ព្រោះ​យើង​មិន​ចង់​ស្លាប់​ទេ។ យើង​បាន​ធ្វើ​ខុស​ម្ដង​ទៀត ដោយ​សុំ​ឲ្យ​មាន​ស្ដេច​»។

២០ ដូច្នេះ សាំយូអែល​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឡើយ។ ពិត​មែន​តែ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ខុស​ធ្ងន់ តែ​សូម​អ្នក​រាល់​គ្នា​កុំ​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ឲ្យ​សោះ។+ អ្នក​រាល់​គ្នា​ត្រូវ​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ត។+ ២១ អ្នក​រាល់​គ្នាមិន​ត្រូវ​ចាក​ចេញ​ពី​លោក ហើយ​ទៅ​គោរព​បូជា​បណ្ដា​ព្រះ​មិន​ពិត​ឡើយ+ ព្រោះ​ព្រះទាំង​នោះ​គឺ​អសារ​ឥត​ការ​និង​គ្មាន​ប្រយោជន៍+ ហើយ​ក៏​មិន​អាច​ជួយ​អ្នក​រាល់​គ្នា​បាន​ដែរ។ ២២ ព្រះ​យេហូវ៉ា​ច្បាស់​ជា​មិន​បោះ​បង់​ចោល​រាស្ត្រ​របស់​លោក​ទេ+ ព្រោះ​តែ​នាម​ដ៏​អស្ចារ្យ​របស់​លោក+ និង​ព្រោះ​តែ​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​រាស្ត្រ​របស់​លោក។+ ២៣ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​គ្មាន​ថ្ងៃ​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​ឈប់​អធិដ្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ ខ្ញុំ​នឹង​បន្ត​ណែនាំ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​ល្អ​និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ផ្លូវ​របស់​ព្រះ។ ២៤ ចូរ​អ្នក​រាល់​គ្នា​កោត​ខ្លាច​តែ​ព្រះ​យេហូវ៉ា​មួយ​ប៉ុណ្ណោះ+ ហើយ​បម្រើ​លោក​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត ព្រោះ​អ្នក​រាល់​គ្នា​បាន​ឃើញ​ការ​អស្ចារ្យ​ជា​ច្រើន​ដែល​លោក​ធ្វើ​ដើម្បី​អ្នក​រាល់​គ្នា។+ ២៥ ក៏​ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​នៅ​តែ​ចចេស​ធ្វើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​និង​ស្ដេច​របស់​អ្នក​រាល់​គ្នា+ច្បាស់​ជា​វិនាស​មិន​ខាន​»។+

១៣ ពេល​សុល​ក្លាយ​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ . . .*ឆ្នាំ។+ គាត់​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ ២ រួច​មក សុល​បាន​ជ្រើស​រើស​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​៣.០០០​នាក់។ សុល​ឲ្យ​បុរស​២.០០០​នាក់​នៅ​ជា​មួយ​នឹង​គាត់​នៅ​មីកម៉ាស់​និង​តំបន់​ភ្នំ​ក្រុង​បេតអែល ហើយ​គាត់​ឲ្យ​បុរស​១.០០០​នាក់​ទៀត​នៅ​ជា​មួយ​នឹង​យ៉ូណាថាន+នៅ​ឯ​ក្រុង​គីបៀ+ក្នុង​ស្រុក​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ចំណែក​បណ្ដា​ជន​ដែល​នៅ​សល់ សុល​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ត្រសាល​រៀង​ៗ​ខ្លួន​វិញ។ ៣ រួច​មក យ៉ូណាថាន​វាយ​ប្រហារ​បន្ទាយ​ទ័ព​ពួក​ភីលីស្ទីន+នៅ​ក្រុង​កេបា។+ រឿង​នេះ​បាន​ឮ​ទៅ​ដល់​ពួក​ភីលីស្ទីន។ ម្ល៉ោះ​ហើយ សុល​បាន​ឲ្យ​គេ​ផ្លុំ​ស្នែង+នៅ​ទូ​ទាំង​ស្រុក​អ៊ីស្រាអែល ដោយ​ប្រកាស​ថា​៖ ​«​ជន​រួម​ជាតិ​ហេប្រឺ​អើយ សូម​អ្នក​ទាំង​អស់​គ្នា​ស្ដាប់!​»។ ៤ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​ទទួល​ដំណឹង​ថា​៖ ​«​សុល​បាន​វាយ​ប្រហារ​បន្ទាយ​ទ័ព​របស់​ពួក​ភីលីស្ទីន នេះ​ធ្វើ​ឲ្យ​ពួក​គេ​ស្អប់​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង​ណាស់​»។ ដូច្នេះ អ្នក​នាំ​ដំណឹង​បាន​ហៅ​បណ្ដា​ជន​ឲ្យ​មក​ជួប​សុល​នៅ​ក្រុង​គីលកាល។+

៥ ពួក​ភីលីស្ទីន​ប្រមូល​គ្នា​ដើម្បី​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​មាន​រទេះ​ចម្បាំង​៣០.០០០ ទាហាន​សេះ​៦.០០០ និង​កង​ទ័ព​ច្រើន​សន្ធឹក​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។+ រួច​ពួក​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​បោះ​ទ័ព​នៅ​មីកម៉ាស់ ដែល​នៅ​ភាគ​ខាង​កើត​នៃ​ក្រុង​បេតអាវេន។+ ៦ ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ថា​ពួក​គេ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ពួក​គេ​ភ័យ​ស្លន់ស្លោ ហើយ​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​រូង​ភ្នំ+ រណ្ដៅ ក្រហែង​ថ្ម បន្ទប់​ក្រោម​ដី* និង​អណ្ដូង​ស្ងួត។ ៧ រីឯ​ជន​ជាតិ​ហេប្រឺ​ខ្លះ​បាន​ឆ្លង​ទន្លេយ៉ូដាន់​ទៅ​ស្រុក​កាដ​និង​ស្រុក​គីលាត។+ ប៉ុន្តែ សុល​បន្ត​នៅ​ក្រុង​គីលកាល ហើយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់​ភ័យ​ញាប់​ញ័រ។ ៨ សុល​បន្ត​រង់​ចាំ​សាំយូអែល​អស់​៧​ថ្ងៃ​ដូច​ដែល​គាត់​បាន​ប្រាប់ តែ​មិន​ឃើញ​សាំយូអែល​មក​ក្រុង​គីលកាល​ទេ ហើយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​សុល ចាប់​ផ្ដើម​រត់​ចោល​គាត់។ ៩ ដោយ​ឃើញ​ដូច្នេះ សុល​និយាយ​ថា​៖ ​«​យក​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព​មក​ឲ្យ​ខ្ញុំ​»។ រួច​គាត់​បាន​ជូន​គ្រឿង​បូជា​ដុត។+

១០ កាល​ដែល​សុល​ជូន​គ្រឿង​បូជា​ដុត​រួច​ភ្លាម នោះ​សាំយូអែល​ក៏​មក​ដល់។ សុល​ចេញ​ទៅ​ស្វាគមន៍​គាត់។ ១១ រួច​សាំយូអែល​សួរ​សុល​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ធ្វើ​ដូច្នេះ?​»។ សុល​តប​ថា​៖ ​«​ខ្ញុំ​ឃើញ​បណ្ដា​ជន​ចាប់​ផ្ដើម​រត់​ចោល​ខ្ញុំ+ ហើយ​អ្នក​ក៏​មិន​បាន​មក​តាម​ពេល​កំណត់​ដែរ។ រីឯ​ពួក​ភីលីស្ទីន​វិញ ពួក​គេ​កំពុង​ប្រជុំ​គ្នា​នៅ​មីកម៉ាស់។+ ១២ ដូច្នេះ ខ្ញុំ​គិត​ថា​៖ ‹ពួក​ភីលីស្ទីន​នឹង​មក​ច្បាំង​នឹង​ខ្ញុំ​នៅ​ក្រុង​គីលកាល ហើយ​ខ្ញុំ​មិន​ទាន់​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ​ទេ›។ ម្ល៉ោះ​ហើយ​បាន​ជា​ខ្ញុំ​បង្ខំ​ចិត្ត​ជូន​គ្រឿង​បូជា​ដុត​នេះ​»។

១៣ សាំយូអែល​និយាយ​ទៅ​សុល​វិញ​ថា​៖ ​«​អ្នក​បាន​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ហើយ។ អ្នក​មិន​បាន​ធ្វើ​តាម​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ឲ្យ​ទេ។+ បើ​អ្នក​ធ្វើ​តាម នោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​រាជ្យ​របស់​អ្នក​បាន​រឹង​មាំ​ស្ថិតស្ថេរ​រហូត​ត​ទៅ។ ១៤ ប៉ុន្តែ​ឥឡូវ រាជ្យ​របស់​អ្នក​នឹង​មិន​នៅ​ស្ថិតស្ថេរ​ឡើយ+ ដោយ​សារ​អ្នក​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។+ ព្រះ​យេហូវ៉ា​នឹង​រក​បុរស​ម្នាក់​ទៀត​ដែល​លោក​ពេញ​ចិត្ត+ ហើយ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ភារកិច្ច​ឲ្យ​គាត់​ដឹក​នាំ​លើ​រាស្ត្រ​របស់​លោក​វិញ​»។+

១៥ ក្រោយ​មក សាំយូអែល​ចេញ​ពី​ក្រុង​គីលកាល​ឡើង​ទៅ​ក្រុង​គីបៀ​ក្នុង​ស្រុក​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ រួច​សុល​បាន​រាប់​ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​គាត់ ឃើញ​ថា​មាន​បុរស​ប្រហែល​៦០០​នាក់។+ ១៦ សុល​និង​យ៉ូណាថាន​ដែល​ជា​កូន ព្រម​ទាំង​មនុស្ស​ទាំង​ប៉ុន្មាន​នោះ បាន​ទៅ​អាស្រ័យ​នៅ​ក្រុង​កេបា+ក្នុង​ស្រុក​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ឯ​ពួក​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​មីកម៉ាស់។+ ១៧ ក្រុម​វាយ​ឆ្មក់​បី​កង​របស់​ពួក​ភីលីស្ទីន​បាន​ចេញ​ពី​ទី​បោះ​ទ័ព។ កង​ទី​១​ចេញ​តាម​ផ្លូវ​ក្រុង​អូប្រា​ទៅ​ឯ​ស្រុក​ស៊ូអាល។ ១៨ កង​ទី​២​ចេញ​តាម​ផ្លូវ​ដែល​ទៅ​ដល់​ក្រុង​បេតហូរ៉ុន+ ហើយ​កង​ទី​៣​ចេញ​តាម​ផ្លូវ​ដែល​ទៅ​ដល់​ព្រំ​ប្រទល់ ដែល​នៅ​មុខ​ជ្រលង​ភ្នំ​សេបូអ៊ីម​ខាង​តំបន់​ស្ងាត់​ជ្រងំ។

១៩ នៅ​គ្រា​នោះ ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល​គ្មាន​ជាង​ដែក​ទេ ដោយ​សារ​ពួក​ភីលីស្ទីន​មិន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ហេប្រឺ​ធ្វើ​ដាវ​លំពែង​ឡើយ។ ២០ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ត្រូវ​ចុះ​ទៅ​ឯ​ពួក​ភីលីស្ទីន ដើម្បី​សំលៀង​ផាល​នង្គ័ល ចប​ត្រសេះ ពូថៅ ឬ​កណ្ដៀវ។ ២១ ថ្លៃ​ឈ្នួល​សម្រាប់​សម្រួច​ជន្លួញ សំលៀង​ផាល​នង្គ័ល ចប​ត្រសេះ រនាស់ និង​ពូថៅ គឺ​ថ្លៃ​មួយ​ភីម។* ២២ នៅ​ថ្ងៃ​ចម្បាំង បុរស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​សុល​និង​យ៉ូណាថាន មិន​មាន​ដាវ​ឬ​លំពែង​ទេ+ លើក​លែង​តែ​សុល​និង​យ៉ូណាថាន​ប៉ុណ្ណោះ​ដែល​មាន។

២៣ នៅ​ថ្ងៃ​មួយ ទាហាន​មួយ​ក្រុម​របស់​ពួក​ភីលីស្ទីន​បាន​ចេញ​ទៅ​តាម​ផ្លូវ​ច្រក​ភ្នំ​មីកម៉ាស់។+

១៤ ថ្ងៃ​មួយ យ៉ូណាថាន+កូន​ប្រុស​សុល និយាយ​ទៅ​អ្នក​បម្រើ​ដែល​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ថា​៖ ​«​តោះ! យើង​ឆ្លង​ទៅ​បន្ទាយ​ទ័ព​ពួក​ភីលីស្ទីន​ដែល​នៅ​ម្ខាង​ទៀត​»។ ប៉ុន្តែ គាត់​មិន​បាន​ប្រាប់​ឪពុក​របស់​គាត់​ទេ។ ២ សុល​បាន​បន្ត​នៅ​ក្រោម​ដើម​ទទឹម​មួយ​នៅ​មីករ៉ូន ដែល​ស្ថិត​នៅ​ជាយ​ក្រុង​គីបៀ។+ នៅ​ទី​នោះ មាន​បុរស​ប្រហែល​៦០០​នាក់​ដែល​នៅ​ជា​មួយ​នឹង​គាត់+ ៣ (​គ្រា​នោះ អាហាយ៉ា​ដែល​ជា​សង្ឃ​ពាក់​អាវ​អេផូឌ។+ គាត់​ជា​កូន​ប្រុស​របស់​អាហាយថូប+ដែល​ជា​បង​ប្រុស​របស់​អ៊ីកាបុត+ អ៊ីកាបុត​ជា​កូន​ប្រុស​របស់​ភីនេហាស+ ភីនេហាស​ជា​កូន​ប្រុស​អេលី+ដែល​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​ស៊ីឡូរ​)។+ ឯ​ពួក​ទាហាន​មិន​បាន​ដឹង​ថា​យ៉ូណាថាន​ចេញ​ទៅ​បន្ទាយ​ទ័ព​ពួក​ភីលីស្ទីន​ទេ។ ៤ យ៉ូណាថាន​រក​ផ្លូវ​ឆ្លង​ច្រក​ភ្នំ​ទៅ​បន្ទាយ​ទ័ព​ពួក​ភីលីស្ទីន។ នៅ​ចន្លោះ​ច្រក​ភ្នំ​នោះ​មាន​ថ្ម​ធំ​ៗ​ពីរ​ខ្ពស់​ចោត​អម​សង​ខាង។ ថ្ម​មួយ​ឈ្មោះ​បូសេស ហើយ​ថ្ម​មួយ​ទៀត​ឈ្មោះ​សេនេ។ ៥ ថ្ម​មួយ​បែរ​មុខ​ទៅ​ឯ​មីកម៉ាស់​ដែល​នៅ​ទិស​ខាង​ជើង ហើយ​ថ្ម​មួយ​ទៀត​បែរ​មុខ​ទៅ​ឯ​ក្រុង​កេបា​ដែល​នៅ​ទិស​ខាង​ត្បូង។+

៦ យ៉ូណាថាន​និយាយ​ទៅ​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ថា​៖ ​«​តោះ! យើង​ឆ្លង​ទៅ​បន្ទាយ​ទ័ព​ជន​ជាតិ​ដទៃ*ទាំង​នោះ។+ ប្រហែល​ជា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង ព្រោះ​គ្មាន​អ្វី​អាច​រា​រាំង​ព្រះ​យេហូវ៉ា​មិន​ឲ្យ​សង្គ្រោះ​យើង​ឡើយ ទោះ​ជា​យើង​មាន​គ្នា​តិច​ឬ​ច្រើន​ក្ដី​»។+ ៧ អ្នក​កាន់​គ្រឿង​ចម្បាំង​និយាយ​ថា​៖ ​«​បាទ ស្រេច​តែ​លោក​ទេ។ កន្លែង​ណា​ដែល​លោក​ចង់​ទៅ ខ្ញុំ​នឹង​ទៅ​តាម​លោក​»។ ៨ រួច​មក យ៉ូណាថាន​និយាយ​ថា​៖ ​«​យើង​នឹង​ឆ្លង​ទៅ​ទី​តាំង​របស់​ពួក​គេ ហើយ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​គេ​ឃើញ។ ៩ បើ​ពួក​គេ​និយាយ​មក​យើង​ថា​៖ ‹ចូរ​ចាំ​នៅ​ត្រង់​ហ្នឹង​ហើយ!› នោះ​យើង​នឹង​រង់​ចាំ ហើយ​មិន​ឡើង​ទៅ​ច្បាំង​នឹង​ពួក​គេ​ទេ។ ១០ តែ​បើ​ពួក​គេ​និយាយ​ថា​៖ ‹ចូរ​ឡើង​មក​ច្បាំង​មក!› នោះ​យើង​នឹង​ឡើង​ទៅ ព្រោះ​នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​»។+

១១ រួច​មក យ៉ូណាថាន​និង​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់ ក៏​បង្ហាញ​ខ្លួន​ឲ្យ​ពួក​ទ័ព​ភីលីស្ទីន​ឃើញ។ ពួក​ទ័ព​ភីលីស្ទីន​និយាយ​ថា​៖ ​«​មើល! ជន​ជាតិ​ហេប្រឺ​ចេញ​ពី​កន្លែង​ដែល​ពួក​គេ​លាក់​ខ្លួន​»។+ ១២ ដូច្នេះ ពួក​ភីលីស្ទីន​ស្រែក​ប្រាប់​យ៉ូណាថាន​និង​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ថា​៖ ​«​ចូរ​ឡើង​មក​ច្បាំង​មក ចាំ​យើង​ប្រដៅ​ពួក​ឯង​ឲ្យ​ដឹង​ដៃ​ម្ដង!​»។+ ភ្លាម​នោះ យ៉ូណាថាន​ប្រាប់​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ថា​៖ ​«​សូម​មក​តាម​ខ្ញុំ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល​»។+ ១៣ យ៉ូណាថាន​តោង​ជម្រាល​ថ្ម​ឡើង ហើយ​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ឡើង​តាម​ពី​ក្រោយ​គាត់។ យ៉ូណាថាន​វាយ​ប្រហារ​ពួក​ភីលីស្ទីន ហើយ​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ផ្ដាច់​ជីវិត​ពួក​គេ​តាម​ក្រោយ។ ១៤ ដំបូង យ៉ូណាថាន​និង​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​បាន​វាយ​សម្លាប់​មនុស្ស​អស់​ប្រហែល​២០​នាក់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​តូច។*

១៥ ពេល​នោះ ទាហាន​ភីលីស្ទីន​ទាំង​អស់​ក្នុង​ជំរំ​និង​ក្នុង​បន្ទាយ​ទ័ព​ក៏​ភ័យ​ស្លុត​គ្រប់​ៗ​គ្នា សូម្បី​តែ​ក្រុម​វាយ​ឆ្មក់+ក៏​ភ័យ​ខ្លាច​ដែរ។ ឯ​ដី​ចាប់​ផ្ដើម​រញ្ជួយ ហើយ​ព្រះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ស្លុត​យ៉ាង​ខ្លាំង។ ១៦ អ្នក​យាម​ល្បាត​របស់​សុល​នៅ​ក្រុង​គីបៀ+ក្នុង​ស្រុក​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន បាន​ឃើញ​ថា​មាន​ភាព​ចលាចល​ពេញ​ជំរំ​សត្រូវ។+

១៧ សុល​និយាយ​ទៅ​កាន់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់​ថា​៖ ​«​សូម​រាប់​ចំនួន​មនុស្ស ដើម្បី​ដឹង​ថា​បាត់​អ្នក​ណា​ខ្លះ​»។ ពេល​ពួក​គេ​រាប់​ហើយ ឃើញ​ថា​បាត់​យ៉ូណាថាន​និង​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់។ ១៨ សុល​និយាយ​ទៅ​អាហាយ៉ា+ ដោយ​ពោល​ថា​៖ ​«​សូម​យក​ហឹប​នៃ​ព្រះ​ពិត​មក​ទី​នេះ!​»​ (​នៅ​ពេលនោះ ហឹប​នៃ​ព្រះពិត​នៅ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​)។ ១៩ កាល​ដែល​សុលកំពុងនិយាយ​ទៅ​កាន់​សង្ឃ​នោះ ភាព​ចលាចល​ក៏​កើត​មាន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ទី​បោះ​ទ័ព​ពួកភីលីស្ទីន។ សុល​និយាយ​ទៅ​សង្ឃ​ថា​៖ ​«​សូម​ឈប់​ធ្វើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ទៅ​»។ ២០ ដូច្នេះ សុល​និង​ទាហាន​ទាំង​អស់​របស់​គាត់​បាន​ជួប​ជុំ​គ្នា រួច​ចេញ​ទៅ​សមរភូមិ។ ពេល​ទៅ​ដល់ ពួក​គេ​ឃើញ​ពួក​ភីលីស្ទីន​កំពុង​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឃើញ​មាន​ភាព​វឹកវរ​ក្រៃ​លែង។ ២១ ម្យ៉ាង​ទៀត ជន​ជាតិ​ហេប្រឺ​ដែល​ធ្លាប់​គាំទ្រ​ពួក​ភីលីស្ទីន និង​ដែល​បាន​ឡើង​ទៅ​ទី​បោះ​ទ័ព​ជា​មួយ​នឹង​ពួក​គេ ឥឡូវ​បែរ​មកគាំទ្រ​ជន​ជាតិ​អ៊ីស្រាអែល​ក្រោម​ការ​គ្រប់​គ្រង​របស់​សុល​និង​យ៉ូណាថាន​វិញ។ ២២ ឯ​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​លាក់​ខ្លួន+នៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម ពួក​គេ​បាន​ឮ​ថា​ពួក​ភីលីស្ទីន​កំពុង​រត់​គេច​ខ្លួន​ហើយ។ ដូច្នេះ ពួក​គេ​ក៏​ចូល​រួម​ដេញ​តាម​សម្លាប់​ពួក​ភីលីស្ទីន​ដែរ។ ២៣ នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល+ ហើយ​ការ​ច្បាំង​គ្នា​នោះ​បន្ត​រហូត​ទៅ​ដល់​ក្រុង​បេតអាវេន។+

២៤ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​នោះ ទាហាន​ជន​ជាតិ​អ៊ីស្រាអែល​ហេវ​ហត់​ខ្លាំង​ណាស់ ព្រោះ​សុល​បាន​ឲ្យ​ពួក​គេ​ធ្វើ​តាម​សម្បថ​របស់​គាត់ ដែល​ថា​៖ ​«​បើ​មាន​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ*មុន​ពេល​ល្ងាច និង​មុន​ពេល​ខ្ញុំ​សង​សឹក​សត្រូវ​របស់​ខ្ញុំ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា!​»។ ម្ល៉ោះ​ហើយ ពួក​គេ​ទាំង​អស់​គ្នា​មិន​ហ៊ាន​បរិភោគ​អ្វី​ឡើយ។+

២៥ ទាហាន​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ដល់​ព្រៃ​មួយ។ នៅ​ទី​នោះ​មាន​ទឹក​ឃ្មុំ​ស្រក់​ហូរហៀរ​លើ​ដី។ ២៦ ពេល​ពួក​គេ​ចូល​ក្នុង​ព្រៃ​នោះ ពួក​គេ​បាន​ឃើញ​ទឹក​ឃ្មុំ​កំពុង​ស្រក់​ចុះ។ ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​លូក​ដៃ​យក​ទឹក​ឃ្មុំ​នោះ​មក​បរិភោគ​ទេ ដោយ​សារ​ពួក​គេ​ខ្លាច​ត្រូវ​សម្បថ​របស់​សុល។ ២៧ ចំណែក​យ៉ូណាថាន គាត់​មិន​បាន​ដឹង​អំពី​សម្បថ​របស់​ឪពុក​គាត់​ឡើយ។+ គាត់​លូក​ចុង​ដំបង​ទៅ​ចាក់​ក្នុង​ផ្លិត​ឃ្មុំ ហើយ​យក​មក​បរិភោគ ពេល​នោះ​ស្រាប់​តែ​គាត់​មាន​កម្លាំង​ឡើង​វិញ។ ២៨ ភ្លាម​នោះ ទាហាន​ម្នាក់​ប្រាប់​យ៉ូណាថាន​ថា​៖ ​«​ឪពុក​របស់​លោក​បាន​ឲ្យ​ពួក​យើង​ធ្វើ​តាម​សម្បថ​ថា​៖ ‹បើ​មាន​អ្នក​ណា​ម្នាក់​បរិភោគ​នៅ​ថ្ងៃ​នេះ អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន!›។+ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​ហេវ​ហត់​ខ្លាំង​យ៉ាង​នេះ​»។ ២៩ ដូច្នេះ យ៉ូណាថាន​និយាយ​ថា​៖ ​«​ឪពុក​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វេទនា​ហើយ។ អ្នក​រាល់​គ្នា​ឃើញ​ទេ ខ្ញុំ​គ្រាន់​តែ​បរិភោគ​ទឹក​ឃ្មុំ​តែ​បន្តិច​ប៉ុណ្ណោះ ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ​ភ្លាម។ ៣០ បើ​ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​បាន​បរិភោគ​ឆ្អែត+ពី​ជ័យ​ភណ្ឌ នោះ​យើង​ច្បាស់​ជា​ទទួល​ជ័យ​ជម្នះ​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់ ហើយ​អ្នក​រាល់​គ្នា​ក៏​អាច​សម្លាប់​ពួក​ភីលីស្ទីន​ច្រើន​ជាង​នេះ​ទៅ​ទៀត​»។

៣១ នៅ​ថ្ងៃ​នោះ ពួក​គេ​បន្ត​សម្លាប់​ពួក​ភីលីស្ទីន​តាំង​ពី​មីកម៉ាស់​រហូត​ដល់​ក្រុង​អៃយ៉ាឡូន។+ នេះ​ធ្វើ​ឲ្យ​ពួក​គេ​ហេវ​ហត់​កាន់​តែ​ខ្លាំង​ឡើង។ ៣២ ហេតុ​នេះ ពួក​គេ​ស្ទុះ​ទៅ​ចាប់​យក​ជ័យ​ភណ្ឌ​យ៉ាង​លោភ​លន់។ ពួក​គេ​បាន​យក​ចៀម​និង​គោ​របស់​សត្រូវ​មក​សម្លាប់​នៅ​នឹង​កន្លែង ហើយ​បរិភោគ​សាច់​ដែល​មាន​ឈាម​ទៀត​ផង។+ ៣៣ ពេល​នោះ​មាន​គេ​ប្រាប់​សុល​ថា​៖ ​«​មើល​ហ្ន៎! ទាហាន​ជន​ជាតិ​អ៊ីស្រាអែល​កំពុង​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា ដោយ​សារ​ពួក​គេ​បរិភោគ​សាច់​ដែល​មាន​ឈាម​»។+ នោះ​សុល​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ។ ចូរ​ប្រមៀល​ថ្ម​ធំ​មួយ​មក​ឲ្យ​ខ្ញុំ​ភ្លាម​»។ ៣៤ រួច​សុល​បង្គាប់​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​ពួក​ទាហាន​ទាំង​អស់​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​យក​គោ​និង​ចៀម​មក​សម្លាប់​នៅ​លើ​ថ្ម​នេះ ហើយ​បរិភោគ​ទៅ។ កុំ​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា ដោយ​បរិភោគ​សាច់​ដែល​មាន​ឈាម​ឡើយ›​»។+ ដូច្នេះ​នៅ​យប់​នោះ ពួក​គេ​គ្រប់​គ្នា​បាន​យក​គោ​មក​សម្លាប់​នៅ​លើ​ថ្ម​នោះ។ ៣៥ សុល​បាន​សង់​ទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា។+ នេះ​ជា​ទី​បូជា​ដំបូង​ដែល​គាត់​បាន​សង់​ជូន​ព្រះ​យេហូវ៉ា។

៣៦ ក្រោយ​មក សុល​និយាយ​ថា​៖ ​«​យប់​នេះ ចូរ​យើង​ចេញ​ដំណើរ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​រឹប​អូស​ទ្រព្យ​របស់​ពួក​គេ​រហូត​ដល់​ថ្ងៃ​រះ។ យើង​នឹង​មិន​ទុក​ជីវិត​ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ​»។ ពួក​ទាហាន​តប​ថា​៖ ​«​សូម​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​លោក​ចុះ​»។ រួច​សង្ឃ​និយាយ​ថា​៖ ​«​ចូរ​យើង​សុំ​ការ​ណែនាំ​ពី​ព្រះ​ពិត​នៅ​ទី​នេះ​ជា​មុន​សិន​»។+ ៣៧ ហេតុ​នេះ សុល​អធិដ្ឋាន​សួរ​ព្រះ​ថា​៖ ​«​តើ​ខ្ញុំ​គួរ​ដេញ​តាម​ពួក​ភីលីស្ទីន​ឬ​ទេ?+ តើ​លោក​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​អ៊ីស្រាអែល​ទេ?​»។ ប៉ុន្តែ​នៅ​ថ្ងៃ​នោះ ព្រះ​មិន​បាន​ឆ្លើយ​តប​នឹង​គាត់​ឡើយ។ ៣៨ ដូច្នេះ សុល​និយាយ​ថា​៖ ​«​សូម​មេ​ទ័ព​ទាំង​អស់​មក​នេះ ហើយ​រក​មូលហេតុ​មើល​ថា​យើង​បាន​ធ្វើ​ខុស​អ្វី​នៅ​ថ្ងៃ​នេះ។ ៣៩ ខ្ញុំ​សូម​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ និង​ជា​ព្រះ​ដែល​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ថា សូម្បី​តែ​អ្នក​ធ្វើ​ខុស​នោះ​ជា​យ៉ូណាថាន​កូន​ប្រុស​របស់​ខ្ញុំ ក៏​គាត់​ត្រូវ​តែ​ស្លាប់​ដែរ​»។ ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្រាប់​សុល​ទេ។ ៤០ ដូច្នេះ សុល​ប្រាប់​ទាហាន​ទាំង​អស់​ថា​៖ ​«​សូម​អ្នក​រាល់​គ្នា​ទៅ​ម្ខាង ហើយ​ខ្ញុំ​និង​យ៉ូណាថាន​ទៅ​ម្ខាង​ទៀត​»។ ពួក​គេ​និយាយ​ទៅ​សុល​ថា​៖ ​«​សូម​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​លោក​ចុះ​»។

៤១ រួច​សុល​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​លោក​មេត្តា​ឆ្លើយ​តាម​រយៈ​ធូមីម*ផង!​»។+ រួច​យ៉ូណាថាន​និង​សុល​បាន​ត្រូវ​ជ្រើស​រើស តែ​ពួក​ទាហាន​មិន​បាន​ត្រូវ​ជ្រើស​រើស​ទេ។ ៤២ រួច​មក សុល​និយាយ​ថា​៖ ​«​សូម​ចាប់​ឆ្នោត*+រវាង​ខ្ញុំ​និង​យ៉ូណាថាន​ជា​កូន​ប្រុស​របស់​ខ្ញុំ​»។ ដូច្នេះ ឆ្នោត​បាន​ត្រូវ​ចំ​យ៉ូណាថាន។ ៤៣ សុល​សួរ​យ៉ូណាថាន​ថា​៖ ​«​ប្រាប់​ពុក​មក តើ​កូន​បាន​ធ្វើ​អ្វី?​»។ យ៉ូណាថាន​ប្រាប់​សុល​ថា​៖ ​«​ខ្ញុំ​បរិភោគ​ទឹក​ឃ្មុំ​ពី​ចុង​ដំបង​តែ​បន្តិច​ប៉ុណ្ណោះ។+ បើ​ខុស​មែន ខ្ញុំ​សុខ​ចិត្ត​ស្លាប់!​»។

៤៤ សុល​និយាយ​ថា​៖ ​«​យ៉ូណាថាន! កូន​ត្រូវ​តែ​ស្លាប់! បើ​កូន​មិន​ស្លាប់​ទេ សូម​ព្រះ​ដាក់​ទោស​ពុក​ឲ្យ​ធ្ងន់​ចុះ!​»។+ ៤៥ ប៉ុន្តែ ពួក​ទាហាន​និយាយ​ទៅ​សុល​ថា​៖ ​«​យ៉ូណាថាន​ជា​អ្នក​ដែល​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទទួល​ជ័យ​ជម្នះ​ដ៏​ធំ​ធេង​នេះ+ ហេតុ​អ្វី​គាត់​ត្រូវ​ស្លាប់? គឺ​មិន​សម​ហេតុ​ផល​ឡើយ! យើង​សូម​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា សូម្បី​តែ​សក់​គាត់​មួយ​សរសៃ ក៏​មិន​ត្រូវ​ជ្រុះ​ដល់​ដី​ដែរ ព្រោះ​ថ្ងៃ​នេះ​ព្រះ​បាន​ជួយ​គាត់​ឲ្យ​មាន​ជ័យ​ជម្នះ​»។+ ដោយ​សារ​ហេតុ​ផល​ទាំង​នេះ ពួក​គេ​បាន​សង្គ្រោះ​ជីវិត​យ៉ូណាថាន។

៤៦ ដូច្នេះ សុល​ឈប់​ដេញ​តាម​ច្បាំង​នឹង​ពួក​ភីលីស្ទីន។ ឯ​ពួក​ភីលីស្ទីន​ត្រឡប់​ទៅ​តំបន់​របស់​ពួក​គេ​វិញ។

៤៧ សុល​បាន​ពង្រឹង​ការ​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បាន​ច្បាំង​នឹង​សត្រូវ​នៅ​គ្រប់​ទិស​ទី។ សុល​បាន​ច្បាំង​នឹង​ជន​ជាតិ​ម៉ូអាប់+ ជន​ជាតិ​អាំម៉ូន+ ជន​ជាតិ​អេដំ+ ពួក​ស្ដេច​នៃ​ស្រុក​សូបា+ និង​ជន​ជាតិ​ភីលីស្ទីន+ ហើយ​សុល​បាន​ច្បាំង​ឈ្នះ​គ្រប់​ទី​កន្លែង។ ៤៨ សុល​ធ្វើ​ចម្បាំង​យ៉ាង​ក្លាហាន ហើយ​បាន​វាយ​ឈ្នះ​ជន​ជាតិ​អាម៉ាលេក+ ព្រម​ទាំង​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​កណ្ដាប់​ដៃ​សត្រូវ​ទៀត​ផង។

៤៩ កូន​ប្រុស​ៗ​របស់​សុល​គឺ​ឈ្មោះ យ៉ូណាថាន អ៊ីសវ៉ាយ និង​ម៉ាលខាយស៊ូអា។+ សុល​ក៏​មាន​កូន​ស្រី​ពីរ​នាក់​ដែរ​គឺ​ឈ្មោះ មេរ៉ាប​ជា​កូន​ស្រី​បង+ និង​មីកាល​ជា​កូន​ស្រី​ប្អូន។+ ៥០ ប្រពន្ធ​របស់​សុល​ឈ្មោះ​អាហ៊ីណោម ដែល​ជា​កូន​ស្រី​របស់​អាហ៊ីមម៉ាអេស។ មេ​ទ័ព​របស់​សុល​ឈ្មោះ​អាប់ណឺ+ ជា​កូន​ប្រុស​របស់​ណឺ ណឺ​ត្រូវ​ជា​ឪពុកមា​របស់​សុល។ ៥១ គីស+ជា​ឪពុក​របស់​សុល ហើយ​ណឺ+ដែល​ជា​ឪពុក​របស់​អាប់ណឺ គាត់​ត្រូវ​ជា​កូន​ប្រុស​របស់​អាបែល។

៥២ អស់​មួយ​ជីវិត​របស់​សុល គាត់​បាន​ធ្វើ​ចម្បាំង​នឹង​ពួក​ភីលីស្ទីន​យ៉ាង​ស្វិត​ស្វាញ។+ ហេតុ​នេះ ពេល​សុល​ឃើញ​បុរស​ណា​ដែល​មាន​ចិត្ត​អង់អាច​ក្លាហាន​និង​មាន​កម្លាំង​ខ្លាំង​ក្លា គាត់​ជ្រើស​រើស​បុរស​នោះ​ឲ្យ​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​របស់​គាត់។+

១៥ សាំយូអែល​បាន​និយាយ​ទៅ​កាន់​សុល​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​រើស​តាំង​អ្នក​ជា​ស្ដេច​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​លោក។+ ឥឡូវ សូម​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។+ ២ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ដាក់​ទោស​ពួក​អាម៉ាលេក ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ដល់​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​បាន​ចេញ​មក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ពេល​កំពុង​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ៣ ឥឡូវ ចូរ​ទៅ​សម្លាប់​ពួក​អាម៉ាលេក+ ហើយ​បំផ្លាញ​ពួក​គេ​ចោល+ រួម​ទាំង​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​មាន។ កុំ​ត្រា​ប្រណី*ពួក​គេ​ឲ្យ​សោះ។ ទោះ​ជា​ប្រុស ស្រី កូន​ក្មេង ទារក សត្វ​គោ សត្វ​ចៀម សត្វ​អូដ្ឋ និង​សត្វ​លា​ក៏​ដោយ+ អ្នក​ត្រូវ​សម្លាប់​ចោល​ទាំង​អស់›​»។+ ៤ សុល​បាន​កោះ​ហៅ​បណ្ដា​ជន​ឲ្យ​មក ហើយ​រាប់​ចំនួន​ពួក​គេ​នៅ​ថេលែម ឃើញ​ថា​មាន​ពល​ទ័ព​ថ្មើរ​ជើង​ចំនួន​២០០.០០០​នាក់ និង​បុរស​យូដា​ចំនួន​១០.០០០​នាក់។+

៥ សុល​បាន​ទៅ​ដល់​ក្រុង​របស់​ពួក​អាម៉ាលេក ហើយ​បាន​បង្កប់​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ។ ៦ សុល​បាន​ប្រាប់​ទៅ​ជន​ជាតិ​កែន​ថា​៖+ ​«​ចូរ​ចាក​ចេញ​ពី​ពួក​អាម៉ាលេក ក្រែង​លោ​ខ្ញុំ​សម្លាប់​ទាំង​អ្នក​រាល់​គ្នា​ដែរ+ ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់+ កាល​ដែល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប​»។ ម្ល៉ោះ​ហើយ ជន​ជាតិ​កែន​បាន​ចេញ​ពី​ចំណោម​ពួក​អាម៉ាលេក។ ៧ បន្ទាប់​មក សុល​សម្លាប់​ពួក​អាម៉ាលេក+ ចាប់​ពី​ស្រុក​ហាវីឡា+រហូត​ដល់​ស៊ើ+ដែល​នៅ​ជាប់​នឹង​ស្រុក​អេហ្ស៊ីប។ ៨ សុល​បាន​សម្លាប់​ពួក​អាម៉ាលេក​ចោល​ទាំង​អស់+ តែ​គាត់​មិន​សម្លាប់​អាកាក់+ដែល​ជា​ស្ដេច​ពួក​អាម៉ាលេក​ទេ។ សុល​ចាប់​ស្ដេច​នោះ​ទៅ​ទាំង​រស់។ ៩ សុល​និង​ពួក​ទ័ព​បាន​ត្រា​ប្រណី*អាកាក់ និង​សត្វ​ធាត់​ៗ​ល្អ​បំផុត​ពី​ហ្វូង​សត្វ​ផ្សេង​ៗ មាន​សត្វ​ចៀម សត្វ​គោ សត្វ​ចៀម​ឈ្មោល ព្រម​ទាំង​អ្វី​ល្អ​ៗ​ឯ​ទៀត។+ ប៉ុន្តែ អ្វី​ៗ​ដែល​ពួក​គេ​មិន​ចង់​បាន​និង​គ្មាន​តម្លៃ ពួក​គេ​បំផ្លាញ​ចោល​វិញ។

១០ រួច​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​សាំយូអែល​ថា​៖ ១១ ​«​ខ្ញុំ​ស្ដាយ​ដែល​បាន​រើស​តាំង​សុល​ឲ្យ​ធ្វើ​ជា​ស្ដេច។ គាត់​បាន​បែរ​ចេញ​ពី​ខ្ញុំ ហើយ​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ​ទេ​»។+ ឮ​ដូច្នេះ សាំយូអែល​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ហើយ​គាត់​បាន​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​ពេញ​មួយ​យប់។+ ១២ សាំយូអែល​បាន​ក្រោកពីព្រលឹម ធ្វើ​ដំណើរ​ទៅ​ជួប​សុល តែ​គេ​ប្រាប់​សាំយូអែល​ថា​៖ ​«​សុល​បាន​ចេញ​ទៅ​ក្រុង​កើមែល+ ដើម្បី​សង់​បង្គោល​សម្រាប់​រំលឹក​អំពី​ខ្លួន​គាត់។+ រួច​មក គាត់​នឹង​ត្រឡប់​ចុះ​ទៅ​ក្រុង​គីលកាល​វិញ​»។ ១៣ ពេល​សាំយូអែល​បាន​ជួប​សុល នោះ​សុល​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​អ្នក។ ខ្ញុំ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ហើយ​»។ ១៤ ប៉ុន្តែ សាំយូអែល​និយាយ​ថា​៖ ​«​ចុះ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ឮ​សំឡេង​ហ្វូង​គោ​ហ្វូង​ចៀម?​»។+ ១៥ សុល​ឆ្លើយ​ថា​៖ ​«​ពួក​ទាហាន​បាន​យក​សត្វ​ទាំង​នោះ​ពី​ពួក​អាម៉ាលេក ព្រោះ​ពួក​គេ​ចង់​ទុក​ហ្វូង​សត្វ​ល្អ​បំផុត ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ ប៉ុន្តែ ក្រៅ​ពី​នោះ​យើង​បាន​បំផ្លាញ​ចោល​អស់​ហើយ​»។ ១៦ ភ្លាម​នោះ សាំយូអែល​និយាយ​ទៅ​កាន់​សុល​ថា​៖ ​«​បាន​ហើយ! ខ្ញុំ​ចង់​ប្រាប់​អ្នក​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​កាល​ពី​យប់​មិញ​»។+ សុល​និយាយ​ថា​៖ ​«​សូម​ប្រាប់​មក!​»។

១៧ ដូច្នេះ សាំយូអែល​ប្រាប់​ថា​៖ ​«​អ្នក​បាន​ដឹង​ច្បាស់​ហើយ​ថា ព្រះ​យេហូវ៉ា​បាន​រើស​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​ជន​ជាតិ​អ៊ីស្រាអែល+ ហើយ​អ្នក​បាន​ត្រូវ​លើក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ក្នុង​ពេល​ដែល​អ្នក​ចាត់​ទុក​ខ្លួន​ថា​ទន់​ទាប​នៅ​ឡើយ មែន​ទេ?+ ១៨ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ចាត់​អ្នក​ឲ្យ​បំពេញ​ភារកិច្ច​មួយ ដោយ​ប្រាប់​ថា​៖ ‹ចូរ​ទៅ​សម្លាប់​ពួក​អាម៉ាលេក​ជា​ពួក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង+ ហើយ​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សាប​សូន្យ​ទៅ›។+ ១៩ ប៉ុន្តែ ហេតុ​អ្វី​អ្នក​មិន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា? អ្នក​បាន​ស្ទុះ​ទៅ​ចាប់​យក​ជ័យភណ្ឌ​ដោយ​ចិត្ត​លោភ​លន់+ ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ក៏​ដោយ!​»។

២០ សុល​និយាយ​ទៅ​សាំយូអែល​ថា​៖ ​«​តែ​ខ្ញុំ​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ហើយ! ខ្ញុំ​បាន​បំពេញ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ធ្វើ ហើយ​ខ្ញុំ​បាន​ចាប់​អាកាក់​ជា​ស្ដេច​របស់​ពួក​អាម៉ាលេក ថែម​ទាំង​បាន​សម្លាប់​ចោល​ពួក​អាម៉ាលេក​ទាំង​អស់​ទៀត​ផង។+ ២១ ប៉ុន្តែ ពួក​ទ័ព​បាន​យក​ចៀម​និង​គោ​ដែល​ល្អ​បំផុត​ពី​ជ័យ​ភណ្ឌ​ដែល​ត្រូវ​បំផ្លាញ​នោះ មក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ក្រុង​គីលកាល​»។+

២២ រួច​សាំយូអែល​និយាយ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ផ្សេង​ទៀត+ ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឬ? ការ​ស្ដាប់​បង្គាប់​គឺ​ប្រសើរ​ជាង​ការ​ជូន​គ្រឿង​បូជា+ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ជូន​ខ្លាញ់+នៃ​ចៀម​ឈ្មោល​ដែរ។ ២៣ រីឯ​ការ​រឹង​ទទឹង​គឺ​អាក្រក់+ដូច​ការ​ទស្សន៍​ទាយ+ ហើយ​ការ​ប្រព្រឹត្ត​ដោយ​ព្រហើន*គឺ​អាក្រក់​ដូច​ការ​ប្រើ​វេទមន្ត​និង​ការ​គោរព​បូជា​រូប​ព្រះ។* ដោយ​សារ​អ្នក​បាន​បោះ​បង់​ចោល​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា+ នោះ​លោក​បាន​បោះ​បង់​ចោល​អ្នក ហើយ​លែង​ឲ្យ​អ្នក​ធ្វើ​ជា​ស្ដេច​ទៀត​»។+

២៤ រួច​សុល​និយាយ​ទៅ​សាំយូអែល​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ ព្រោះ​ខ្ញុំ​បាន​ល្មើស​បញ្ជា​របស់​ព្រះ​យេហូវ៉ា​និង​បញ្ជា​របស់​អ្នក។ ខ្ញុំ​ខ្លាច​ពួក​ទ័ព ដូច្នេះ​ខ្ញុំ​ក៏​ស្ដាប់​តាម​សម្ដី​ពួក​គេ។ ២៥ ឥឡូវ​នេះ សូម​លើក​លែ​ង​ទោស​ឲ្យ​ខ្ញុំ​ផង។ សូម​អ្នក​ត្រឡប់​ទៅ​ជា​មួយ​នឹង​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​លំឱន​កាយ​គោរព​ព្រះ​យេហូវ៉ា​»។+ ២៦ ប៉ុន្តែ សាំយូអែល​និយាយ​ទៅ​សុល​ថា​៖ ​«​ខ្ញុំ​មិន​ត្រឡប់​ទៅ​ជា​មួយ​នឹង​អ្នក​ទេ ព្រោះ​អ្នក​បាន​បោះ​បង់​ចោល​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​បាន​បោះ​បង់​ចោល​អ្នក ហើយ​លែង​ឲ្យ​អ្នក​បន្ត​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​»។+ ២៧ កាល​ដែល​សាំយូអែល​ហៀបនឹង​ដើរ​ចេញ​ទៅ នោះ​សុល​លូក​ដៃ​ទៅ​ចាប់​ជាយ​អាវ​វែង​របស់​សាំយូអែល ស្រាប់​តែ​ជាយ​អាវ​នោះ​រហែក​ទៅ។ ២៨ សាំយូអែល​និយាយ​ទៅ​សុល​ថា​៖ ​«​នៅ​ថ្ងៃ​នេះ ដូច​អាវ​នេះ​រហែក នោះ​ព្រះ​យេហូវ៉ា​បាន​ដក​ហូត​អំណាច​ពី​អ្នក លែង​ឲ្យ​អ្នក​គ្រប់​គ្រង​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត។ រួច​លោក​នឹង​ប្រគល់​អំណាច​ជា​ស្ដេច​ឲ្យ​បុរស​ម្នាក់​ទៀត​ដែល​ល្អ​ជាង​អ្នក។+ ២៩ ព្រះ​ដ៏​ឧត្តុង្គឧត្តម​នៃ​ជន​ជាតិ​អ៊ីស្រាអែល+នឹង​មិន​កុហក+ ឬ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត*ទេ ពី​ព្រោះ​លោក​ខុស​ពី​មនុស្ស លោក​ពុំ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​ឡើយ​»។+

៣០ នោះ​សុល​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ។ តែ​សូម​មេត្តា​ផ្ដល់​កិត្តិយស​ឲ្យ​ខ្ញុំ​នៅ​ចំពោះ​មុខ​បុរស​ចាស់​ទុំ​នៃ​រាស្ត្រ​របស់​ខ្ញុំ និង​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ផង។ សូម​ត្រឡប់​ទៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នឹង​លំឱន​កាយ​គោរព​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​អ្នក​»។+ ៣១ ម្ល៉ោះ​ហើយ សាំយូអែល​ក៏​ត្រឡប់​ទៅ​ជា​មួយ​នឹង​សុល ហើយ​សុល​បាន​លំឱន​កាយ​គោរព​ព្រះ​យេហូវ៉ា។ ៣២ រួច​មក សាំយូអែល​និយាយ​ថា​៖ ​«​ចូរ​នាំ​អាកាក់​ស្ដេច​អាម៉ាលេក​មក​ជួប​ខ្ញុំ​»។ អាកាក់​ចេញ​មក​ជួប​សាំយូអែល​ដោយ​ចិត្ត​ស្ទាក់​ស្ទើរ* ព្រោះ​អាកាក់​ធ្លាប់​គិត​ថា​៖ ‹ខ្ញុំ​ច្បាស់​ជា​បាន​រួច​ពី​ស្លាប់​ហើយ›។ ៣៣ ប៉ុន្តែ សាំយូអែល​និយាយ​ថា​៖ ​«​ដូច​អ្នក​បាន​ធ្វើ​ឲ្យ​ពួក​ស្ត្រី​ត្រូវ​សោកសង្រេង​ដោយ​សារ​ការ​ព្រាត់​ប្រាស​កូន នោះ​ម្ដាយ​របស់​អ្នក​ក៏​នឹង​ត្រូវ​សោកសង្រេង​ខ្លាំង​ជាង​ពួក​គេ​ទៅ​ទៀត ដោយ​សារ​ការ​ព្រាត់​ប្រាស​កូន​របស់​ខ្លួន​»។ រួច​សាំយូអែល​ក៏​កាប់​អាកាក់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ត្រង់​ក្រុង​គីលកាល។+

៣៤ បន្ទាប់​មក សាំយូអែល​ត្រឡប់​ទៅ​ក្រុង​រ៉ាម៉ា​វិញ។ រីឯ​សុល​បាន​ត្រឡប់​ទៅ​លំនៅ​របស់​គាត់​នៅ​ឯ​ក្រុង​គីបៀ​វិញ។ ៣៥ សាំយូអែល​កើត​ទុក្ខ​ដោយ​សារ​រឿង​សុល។+ គាត់​លែង​ជួប​សុល​ទៀត រហូត​ដល់​គាត់​ស្លាប់។ ចំណែក​ព្រះ​យេហូវ៉ា​វិញ លោក​ស្ដាយ​ដែល​បាន​រើស​តាំង​សុល​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល។+

១៦ នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល​ថា​៖ ​«​ខ្ញុំ​លែង​ទទួល​ស្គាល់​សុល​ជា​ស្ដេច​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ហើយ។+ ដូច្នេះ តើ​អ្នក​នៅ​ពិបាក​ចិត្ត​ដោយ​សារ​គាត់​ដល់​កាល​ណា​ទៀត?+ ចូរ​ចាក់​ប្រេង​ឲ្យ​ពេញ​ស្នែង+ ហើយ​ធ្វើ​ដំណើរ​ចេញ​ទៅ។ ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​អ៊ីសាយ+ដែល​ជា​អ្នក​ក្រុង​បេថ្លេហិម ព្រោះ​ខ្ញុំ​បាន​ជ្រើស​រើស​កូន​ប្រុស​ម្នាក់​របស់​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច​»។+ ២ ប៉ុន្តែ សាំយូអែល​និយាយ​ថា​៖ ​«​តើ​ឲ្យ​ខ្ញុំ​ទៅ​ដូច​ម្ដេច​បាន? បើ​សុល​ដឹង គាត់​នឹង​សម្លាប់​ខ្ញុំ​មិន​ខាន​»។+ ព្រះ​យេហូវ៉ា​ឆ្លើយ​ថា​៖ ​«​ចូរ​អ្នក​យក​គោ​ជំទង់​មួយ​ទៅ​ជា​មួយ ហើយ​ប្រាប់​គេ​ថា​៖ ‹ខ្ញុំ​មក​ដើម្បី​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា›។ ៣ ចូរ​អញ្ជើញ​អ៊ីសាយ​មក​កន្លែង​ជូន​គ្រឿង​បូជា រួច​ខ្ញុំ​នឹង​ប្រាប់​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ។ អ្នក​ត្រូវ​រើស​តាំង​បុរស​ម្នាក់​ដែល​ខ្ញុំ​នឹង​បញ្ជាក់​ឲ្យ​អ្នក​ដឹង​»។+

៤ សាំយូអែល​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ពេល​គាត់​មក​ដល់​ក្រុង​បេថ្លេហិម+ បុរស​ចាស់​ទុំ​ក្នុង​ក្រុង​នោះ​មក​ជួប​គាត់​ទាំង​ភ័យ​ញ័រ។ ពួក​គេ​សួរ​គាត់​ថា​៖ ​«​តើ​មាន​រឿង​អ្វី?​»។ ៥ គាត់​តប​ថា​៖ ​«​មិន​មាន​រឿង​អ្វី​ទេ។ ខ្ញុំ​មក​ដើម្បី​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ សូម​អ្នក​រាល់​គ្នា​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ រួច​មក​តាម​ខ្ញុំ​ទៅ​កន្លែង​ជូន​គ្រឿង​បូជា​»។ បន្ទាប់​មក សាំយូអែល​បាន​សម្អាត​អ៊ីសាយ​និង​កូន​ប្រុស​ៗ​របស់​គាត់​ឲ្យ​ស្អាត​បរិសុទ្ធ ហើយ​សាំយូអែល​ប្រាប់​ពួក​គេ​ឲ្យ​ទៅ​កន្លែង​ជូន​គ្រឿង​បូជា។ ៦ កាល​ដែល​ពួក​គេ​ដើរ​ចូល​មក សាំយូអែល​បាន​ឃើញ​អេលាប+ នោះ​គាត់​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ម្នាក់​នេះ​ច្បាស់​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​»។ ៧ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល​ថា​៖ ​«​កុំ​មើលតែ​សម្បក​ក្រៅ​ឬ​កម្ពស់​របស់​គាត់​ឡើយ+ ខ្ញុំ​មិន​បាន​ជ្រើស​រើស​គាត់​ទេ។ របៀប​ដែល​មនុស្ស​មើល គឺ​ខុស​ពី​របៀប​ដែល​ព្រះ​មើល ព្រោះ​មនុស្ស​មើល​តែ​សម្បក​ក្រៅ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មើល​ក្នុង​ចិត្ត​វិញ​»។+ ៨ រួច​អ៊ីសាយ​ហៅ​អាប៊ីណាដាប+ឲ្យ​មក​ឈរ​នៅ​មុខ​សាំយូអែល តែ​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ក៏​មិន​បាន​ជ្រើស​រើស​ម្នាក់​នេះ​ដែរ​»។ ៩ បន្ទាប់​មក អ៊ីសាយ​ឲ្យ​សាម៉ា+មក​ឈរ​នៅ​មុខ​សាំយូអែល តែ​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ក៏​មិន​បាន​ជ្រើស​រើស​ម្នាក់​នេះ​ដែរ​»។ ១០ ដូច្នេះ អ៊ីសាយ​ឲ្យ​កូន​ប្រុស​ទាំង​៧​នាក់​មក​ឈរ​នៅ​មុខ​សាំយូអែល តែ​គាត់​ប្រាប់​អ៊ីសាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មិន​បាន​ជ្រើស​រើស​អ្នក​ទាំង​នេះ​ទេ​»។

១១ ចុង​ក្រោយ សាំយូអែល​សួរ​អ៊ីសាយ​ថា​៖ ​«​តើ​អ្នក​មាន​កូន​ប្រុស​តែ​ប៉ុន្មាន​នាក់​ហ្នឹង​ឬ?​»។ អ៊ីសាយ​ឆ្លើយ​ថា​៖ ​«​កូន​ប្រុស​ពៅ+នៅ​ខាង​ក្រៅ​មិន​ទាន់​មក​វិញ​ទេ។ គាត់​កំពុង​ឃ្វាល​ចៀម​»។+ សាំយូអែល​និយាយ​ទៅ​អ៊ីសាយ​ថា​៖ ​«​សូម​ឲ្យ​គេ​ទៅ​ហៅ​គាត់​មក។ យើង​មិន​បរិភោគ​ឡើយ ទាល់​តែ​គាត់​មក​ទី​នេះ​»។ ១២ ដូច្នេះ អ៊ីសាយ​ឲ្យ​គេ​ទៅ​ហៅ​គាត់ ហើយ​នាំ​គាត់​ចូល​មក។ គាត់​មាន​សាច់​ឈាម​ស្រស់ថ្លា កែវ​ភ្នែក​ថ្លា​យង់ ហើយ​មាន​រូប​រាង​សង្ហា។+ រួច​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​ម្នាក់​នេះ​ហើយ ចូរ​ចាក់​ប្រេង​រើស​តាំង​គាត់!​»។+ ១៣ ម្ល៉ោះ​ហើយ សាំយូអែល​បាន​យក​ស្នែង​មក​ចាក់​ប្រេង+លើ​ក្បាល​ដាវីឌ​នៅ​ចំពោះ​មុខ​បង​ប្រុស​ៗ​របស់​គាត់។ ចាប់​ពី​ថ្ងៃ​នោះ​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​ទៅ​លើ​ដាវីឌ។+ ក្រោយ​មក សាំយូអែល​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ាម៉ា​វិញ។+

១៤ ពេល​នោះ​ព្រះ​យេហូវ៉ា​បាន​ដក​ឫទ្ធានុភាព​របស់​លោក​ចេញ​ពី​សុល+ ហើយ​ព្រះ​យេហូវ៉ា​ទុក​ឲ្យ​គាត់​ជ្រួល​ច្របល់​ក្នុង​ចិត្ត​រហូត​ដល់​គាត់​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។+ ១៥ ពួក​អ្នក​បម្រើ​របស់​សុល​និយាយ​ទៅ​គាត់​ថា​៖ ​«​លោក​ឃើញ​ហើយ​ថា ព្រះ​ទុក​ឲ្យ​លោក​ជ្រួល​ច្របល់​ក្នុង​ចិត្ត។ ១៦ ហេតុ​នេះ សូម​លោក​ម្ចាស់​ឲ្យ​យើង​ខ្ញុំ​ទៅ​ស្វែង​រក​បុរស​ម្នាក់​ដែល​ប្រសប់​ដេញ​ពិណ។+ ពេល​ណា​ដែល​ព្រះ​ទុក​ឲ្យ​លោក​ជ្រួល​ច្របល់​ក្នុង​ចិត្ត ពេល​នោះ​គាត់​នឹង​ដេញ​ពិណ ហើយ​លោក​នឹង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​»។ ១៧ ដូច្នេះ សុល​និយាយ​ទៅ​ពួក​អ្នក​បម្រើ​ថា​៖ ​«​សូម​ទៅ​ស្វែង​រក​បុរស​ម្នាក់​ដែល​ពូកែ​ដេញ​ពិណ ហើយ​នាំ​គាត់​មក​ជួប​ខ្ញុំ​»។

១៨ អ្នក​បម្រើ​ម្នាក់​ទៀត​និយាយ​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​ធ្លាប់​ឃើញ​កូន​កំលោះ​ម្នាក់​របស់​អ៊ីសាយ​ជា​អ្នក​ក្រុង​បេថ្លេហិម អ្នក​កំលោះ​នោះ​ជំនាញ​ដេញ​ពិណ​ណាស់។ គាត់​ជា​អ្នក​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន។+ គាត់​ប្រសប់​និយាយ មាន​រូប​រាង​សង្ហា+ ហើយ​ព្រះ​យេហូវ៉ា​ក៏​នៅ​ជា​មួយ​នឹង​គាត់​ដែរ​»។+ ១៩ រួច​មក សុល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា​៖ ​«​សូម​ឲ្យ​ដាវីឌ​ជា​កូន​ប្រុស​របស់​អ្នក ដែល​ជា​អ្នក​ឃ្វាល​ចៀម​មក​ជួប​ខ្ញុំ​»។+ ២០ ម្ល៉ោះ​ហើយ អ៊ីសាយ​យក​នំ​ប៉័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​មួយ​ផ្ទុក​លើ​សត្វ​លា រួច​ឲ្យ​ដាវីឌ​យក​ទៅ​ជូន​សុល។ ២១ ដូច្នេះ ដាវីឌ​បាន​ទៅ​ជួប​សុល ហើយ​ចាប់​ផ្ដើម​បម្រើ​គាត់។+ សុល​ស្រឡាញ់​ដាវីឌ​ខ្លាំង​ណាស់ គាត់​ឲ្យ​ដាវីឌ​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់។ ២២ សុល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា​៖ ​«​សូម​ឲ្យ​ដាវីឌ​នៅ​បម្រើ​ខ្ញុំ​ត​ទៅ​ទៀត ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​គាត់​ខ្លាំង​ណាស់​»។ ២៣ ពេល​ណា​ដែល​ព្រះ​ទុក​ឲ្យ​សុល​ជ្រួល​ច្របល់​ក្នុង​ចិត្ត ដាវីឌ​យក​ពិណ​មក​ដេញ ធ្វើ​ឲ្យ​សុល​ធូរ​ស្រាល​និង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ រួច​គាត់​លែង​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ទៀត។+

១៧ រីឯ​ពួក​ភីលីស្ទីន+បាន​ប្រមូល​កង​ទ័ព​របស់​ពួក​គេ​ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​បាន​ផ្ដុំ​គ្នា​នៅ​ក្រុង​សូគរ+ដែល​ជា​ក្រុង​របស់​កុលសម្ព័ន្ធ​យូដា រួច​ពួក​គេ​បោះ​ទ័ព​ត្រង់​អេផេសដាមីម+ ដែល​នៅ​រវាង​ក្រុង​សូគរ​និង​ក្រុង​អាសេកា។+ ២ សុល​និង​ពួក​ទាហាន​អ៊ីស្រាអែល​បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ*អេឡា។+ ពួក​គេ​តម្រៀប​ទ័ព​ដើម្បី​ច្បាំង​នឹង​ពួក​ភីលីស្ទីន។ ៣ ទ័ព​ភីលីស្ទីន​នៅ​ភ្នំ​ម្ខាង ឯ​ទ័ព​អ៊ីស្រាអែល​នៅ​ភ្នំ​ម្ខាង​ទៀត ហើយ​មាន​ជ្រលង​នៅ​កណ្ដាល​កង​ទ័ព​ទាំង​ពីរ។

៤ ខណៈ​នោះ ទាហាន​ជើង​ឯក​ម្នាក់​បាន​ចេញ​ពី​ជំរំ​ទ័ព​ពួក​ភីលីស្ទីន គាត់​ឈ្មោះ​កូលីយ៉ាត+មក​ពី​ក្រុង​កាថ។+ គាត់​មាន​កម្ពស់​៦​ហត្ថ​និង​១​ចំអាម។* ៥ គាត់​ពាក់​មួក​ស្ពាន់ និង​ពាក់​អាវ​ក្រោះ​ស្រកា។ អាវ​ក្រោះ​នោះ​ធ្វើ​ពី​ស្ពាន់+ មាន​ទម្ងន់​៥.០០០​ហ្សេគិល។* ៦ គាត់​ពាក់​ប្រដាប់​ការពារ​ស្មង​ជើង​ធ្វើ​ពី​ស្ពាន់ ហើយ​ស្ពាយ​លំពែង+ស្ពាន់​ខ្លី​មួយ។ ៧ ដង​លំពែង​ឈើ​របស់​គាត់​មាន​រាង​ដូច​ជា​ក្ដារ​កី​របស់​ជាង​តម្បាញ+ ឯ​ផ្លែ​លំពែង​វិញ​ធ្វើ​ពី​ដែក មាន​ទម្ងន់​៦០០​ហ្សេគិល។* មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ​ទៀត​ផង។ ៨ គាត់​ឈរ​ស្រែក​ទៅ​ពល​ទ័ព​អ៊ីស្រាអែល​នៅ​ទី​ចម្បាំង+ថា​៖ ​«​ហេតុ​អ្វី​ឯង​រាល់​គ្នា​ចាំ​បាច់​ចេញ​មក​តម្រៀប​ក្បួន​ទ័ព​ដូច្នេះ? អញ​ជា​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​របស់​ជន​ជាតិ​ភីលីស្ទីន ហើយ​ឯង​រាល់​គ្នា​ជា​អ្នក​បម្រើ​របស់​សុល។ ចូរ​ជ្រើស​រើស​មនុស្ស​ម្នាក់​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​អញ​មក! ៩ បើ​អ្នក​នោះ​អាច​វាយ​សម្លាប់​អញ​បាន ពួក​អញ​នឹង​បម្រើ​ឯង​រាល់​គ្នា។ ប៉ុន្តែ បើ​អញ​វាយ​ឈ្នះ ហើយ​សម្លាប់​អ្នក​នោះ​បាន នោះ​ឯង​រាល់​គ្នា​នឹង​ក្លាយ​ជា​កញ្ជះ​របស់​ពួក​អញ​វិញ​»។ ១០ ជន​ជាតិ​ភីលីស្ទីន​នោះ​និយាយ​ថែម​ទៀត​ថា​៖ ​«​ថ្ងៃ​នេះ ទាហាន​អ៊ីស្រាអែល+ត្រូវ​មក​ប្រកួត​ជា​មួយ​នឹង​អញ។* ចូរ​ឲ្យ​បុរស​ម្នាក់​ចេញ​មក​ប្រយុទ្ធ​ស្លាប់​រស់​នឹង​អញ!​»។

១១ ពេល​សុល​និង​ទាហាន​អ៊ីស្រាអែល​ទាំង​អស់ ឮ​សម្ដី​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ ពួក​គេ​ភ័យ​ស្លុត​ហើយ​រន្ធត់​ចិត្ត​ខ្លាំង​ណាស់។

១២ ដាវីឌ​ជា​កូន​របស់​អ៊ីសាយ​ដែល​ជា​អ្នក​ក្រុង​អេប្រាតា។+ ក្រុង​នោះ​គឺ​ក្រុង​បេថ្លេហិម+ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា។ អ៊ីសាយ+មាន​កូន​ប្រុស​៨​នាក់។+ នៅ​ជំនាន់​សុល អ៊ីសាយ​មាន​វ័យ​ចាស់​ហើយ។ ១៣ កូន​ប្រុស​បី​នាក់​របស់​អ៊ីសាយ បាន​ទៅ​តាម​សុល​ដើម្បី​ធ្វើ​សង្គ្រាម។+ កូន​ច្បង​ទី​១​ឈ្មោះ​អេលាប+ ទី​២​ឈ្មោះ​អាប៊ីណាដាប+ និង​ទី​៣​ឈ្មោះ​សាម៉ា។+ ១៤ ដាវីឌ​ជា​កូន​ពៅ។+ បង​ប្រុស​គាត់​ទាំង​បី​នាក់​នោះ​បាន​ទៅ​ជា​មួយ​នឹង​សុល។

១៥ ក្នុង​អំឡុង​ពេល​ដាវីឌ​បម្រើ​សុល គាត់​តែង​តែ​ទៅ​លេង​ផ្ទះ​ដើម្បី​ឃ្វាល​ចៀម+ឲ្យ​ឪពុក​នៅ​ក្រុង​បេថ្លេហិម។ ១៦ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ជន​ជាតិ​ភីលីស្ទីន​ម្នាក់​នោះ​ចេះ​តែ​ដើរ​ចេញ​មក​ទាំង​ព្រឹក​ទាំង​ល្ងាច​អស់​រយៈ​ពេល​៤០​ថ្ងៃ ដើម្បី​ស្រែក​បបួល​ទាហាន​អ៊ីស្រាអែល​ឲ្យ​មក​ប្រកួត​ជា​មួយ​នឹង​គាត់។

១៧ អ៊ីសាយ​បាន​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​សូម​កូន​យក​លាជ​មួយ​អេហ្វា* និង​នំ​ប៉័ង​១០​ដុំ​នេះ ទៅ​ឲ្យ​បង​ប្រុស​ៗ​កូន​នៅ​ឯ​ជំរំ​ទ័ព​ជា​ប្រញាប់ ១៨ ហើយ​យក​ទឹក​ដោះ​ខាប់*១០​ដុំ​នេះ​ទៅ​ឲ្យ​មេ​ទ័ព*របស់​ពួក​គេ​ដែរ។ សូម​កូន​សួរ​សុខ​ទុក្ខ​បង​ៗ​កូន ហើយ​យក​វត្ថុ​សម្គាល់​មួយ​ពី​បង​ៗ​កូន​មក​វិញ​ផង ដើម្បី​ឲ្យ​ពុក​ដឹង​ថា​ពួក​គេ​សុខ​សប្បាយ​»។ ១៩ ពួក​បង​ៗ​របស់​ដាវីឌ​នៅ​ជា​មួយ​នឹង​សុល​និង​ទាហាន​អ៊ីស្រាអែល​ទាំង​អស់​នៅ​ជ្រលង​ភ្នំ​អេឡា+ ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ទាហាន​ភីលីស្ទីន។+

២០ ដូច្នេះ ដាវីឌ​ក្រោក​ពី​ព្រលឹម ហើយ​ឲ្យ​មនុស្ស​ម្នាក់​នៅ​មើល​ខុស​ត្រូវ​ហ្វូង​ចៀម។ រួច​ដាវីឌ​រៀបចំ​អីវ៉ាន់ ហើយ​ចេញ​ដំណើរ​ទៅ​ដូច​អ៊ីសាយ​បាន​បង្គាប់។ ពេល​ដាវីឌ​មក​ដល់​ជំរំ​ទ័ព ពួក​ទាហាន​កំពុង​ចេញ​ទៅ​ឯ​សមរភូមិ​ទាំង​ស្រែក​សម្រែក​សង្គ្រាម។ ២១ ទាហាន​អ៊ីស្រាអែល​និង​ទាហាន​ភីលីស្ទីន តម្រៀប​ទ័ព​ប្រឈម​មុខ​គ្នា​នៅ​ឯ​សមរភូមិ។ ២២ ភ្លាម​នោះ ដាវីឌ​ទុក​អីវ៉ាន់​នៅ​នឹង​អ្នក​យាម ហើយ​រត់​ទៅ​ឯ​សមរភូមិ។ ពេល​គាត់​ទៅ​ដល់ គាត់​សួរ​សុខ​ទុក្ខ​បង​ប្រុស​ៗ​របស់​គាត់។+

២៣ កាល​ដែល​ដាវីឌ​កំពុង​និយាយ នោះ​ទាហាន​ជើង​ឯក​របស់​ពួក​ភីលីស្ទីន​ឈ្មោះ​កូលីយ៉ាត+ជា​អ្នក​ក្រុង​កាថ បាន​ចេញ​មក​ឈរ​នៅ​មុខ​ទាហាន​ភីលីស្ទីន​ក្នុង​សមរភូមិ ទាំង​ពោល​ពាក្យ​ដដែល​ដូច​ពី​មុន។+ ពេល​នោះ ដាវីឌ​ឮ​សម្ដី​របស់​គាត់។ ២៤ ពេល​ទាហាន​អ៊ីស្រាអែល​ទាំង​អស់​ឃើញ​កូលីយ៉ាត ពួក​គេ​បាន​ស្ទុះ​ចេញ​ដោយ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។+ ២៥ ទាហាន​អ៊ីស្រាអែល​និយាយ​គ្នា​ថា​៖ ​«​តើ​អ្នក​ឃើញ​បុរស​នោះ​ឬ​ទេ? គាត់​ចេញ​មក​ទាម​ទារ​ឲ្យ​ពួក​អ៊ីស្រាអែល​យើង​ប្រកួត​នឹង​គាត់។+ បើ​អ្នក​ណា​អាច​សម្លាប់​បុរស​នោះ​បាន ស្ដេច​នឹង​ប្រគល់​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​លប់​ដល់​អ្នក​នោះ ថែម​ទាំង​លើក​កូន​ស្រី​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ទៀត​ផង។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្ដេច​នឹង​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​នោះ​រួច​ពន្ធ​ក្នុង​ស្រុក​អ៊ីស្រាអែល​»។

២៦ ដាវីឌ​ចាប់​ផ្ដើម​សួរ​ទាហាន​ដែល​ឈរ​នៅ​ជិត​គាត់​ថា​៖ ​«​តើ​អ្នក​ដែល​អាច​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​នោះ​បាន ហើយ​ដក​ការ​ដៀល​ត្មះ​ចេញ​ពី​ជន​ជាតិ​អ៊ីស្រាអែល នឹង​ទទួល​រង្វាន់​អ្វី? តើ​ជន​ជាតិ​ភីលីស្ទីន​ដែល​មិន​កាត់​ចុង​ស្បែក​នោះ​ជា​នរណា បាន​ជា​ហ៊ាន​ប្រមាថ​មើល​ងាយ​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ?​»។*+ ២៧ ពួក​ទាហាន​ឆ្លើយ​ប្រាប់​ដាវីឌ​អំពី​ពាក្យ​សន្យា​របស់​ស្ដេច ហើយ​បាន​បន្ថែម​ថា​៖ ​«​នោះ​ជា​រង្វាន់​ដែល​អ្នក​សម្លាប់​បុរស​នោះ​នឹង​ទទួល​»។ ២៨ ពេល​អេលាប​ដែល​ជា​បង​ច្បង+បាន​ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​ទាហាន​ទាំង​នោះ គាត់​ខឹង​ដាវីឌ ហើយ​ពោល​ថា​៖ ​«​ចុះ​ឯង​មក​ទី​នេះ​ធ្វើ​អ្វី? ហើយ​តើ​អ្នក​ណា​មើល​ចៀម​នៅ​ឯ​វាល?+ បង​ដឹង​ថា​ឯង​ជា​មនុស្ស​ព្រហើន* ឯង​មក​ទី​នេះ​គ្មាន​បំណង​ល្អ​ទេ! ឯង​គ្រាន់​តែ​ចង់​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ​»។ ២៩ ដាវីឌ​តប​ថា​៖ ​«​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ទេ។ ខ្ញុំ​គ្រាន់​តែ​សួរ​គេ​ប៉ុណ្ណោះ!​»។ ៣០ រួច​មក ដាវីឌ​បែរ​ចេញ​ពី​បង​គាត់ ទៅ​សួរ​អ្នក​ផ្សេង​ទៀត​នូវ​សំណួរ​ដដែល+ ហើយ​គាត់​បាន​ទទួល​ចម្លើយ​ដូច​មុន​ដែរ។+

៣១ កាល​ដែល​ទាហាន​ឮ​ពាក្យ​របស់​ដាវីឌ ពួក​គេ​បាន​ទៅ​ប្រាប់​សុល។ ដូច្នេះ សុល​ចាត់​គេ​ឲ្យ​ទៅ​ហៅ​គាត់​មក។ ៣២ ដាវីឌ​ប្រាប់​សុល​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បាត់​បង់​ចិត្ត​ក្លាហាន​ដោយ​សារ​ជន​ជាតិ​ភីលីស្ទីន​ម្នាក់​នោះ​ឡើយ។ ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​លោក​នឹង​ចេញ​ទៅ​ច្បាំង​នឹង​បុរស​នោះ​»។+ ៣៣ ក៏​ប៉ុន្តែ សុល​ប្រាប់​ដាវីឌ​ថា​៖ ​«​អ្នក​មិន​អាច​ប្រយុទ្ធ​នឹង​ជន​ជាតិ​ភីលីស្ទីន​នោះ​បាន​ទេ ព្រោះ​អ្នក​នៅ​ក្មេង​ណាស់។+ រីឯ​ជន​ជាតិ​ភីលីស្ទីន​នោះ​វិញ គាត់​ធ្វើ​ចម្បាំង*តាំង​ពី​ជំទង់​មក​ម្ល៉េះ​»។ ៣៤ ដាវីឌ​តប​ទៅ​សុល​វិញ​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​ជា​អ្នក​ឃ្វាល​ហ្វូង​ចៀម​ឲ្យ​ឪពុក។ នៅ​ពេល​មាន​សត្វ​តោ+ និង​សត្វ​ខ្លា​ឃ្មុំ ចេញ​មក​ចាប់​សត្វ​ចៀម ៣៥ នោះ​ខ្ញុំ​ដេញ​តាម​វាយ​វា រួច​យក​សត្វ​ចៀម​ចេញ​ពី​មាត់​វា​មក​វិញ។ ពេល​វា​ហក់​មក ខ្ញុំ​បាន​ចាប់​ពុក​ចង្កា​របស់​វា ហើយ​វាយ​សម្លាប់​វា​តែ​ម្ដង។ ៣៦ ខ្ញុំ​បាន​សម្លាប់​សត្វ​តោ​និង​សត្វ​ខ្លា​ឃ្មុំ។ ដូច្នេះ ជន​ជាតិ​ភីលីស្ទីន​ដែល​មិន​កាត់​ចុង​ស្បែក​នោះ ក៏​នឹង​ត្រូវ​ខ្ញុំ​សម្លាប់​ដូច​សត្វ​ទាំង​នោះ​ដែរ ព្រោះ​គាត់​បាន​ប្រមាថ​មើល​ងាយ​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​»។*+ ៣៧ ដាវីឌ​និយាយ​បន្ត​ទៀត​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បាន​សង្គ្រោះ​ខ្ញុំ​ពី​ក្រញាំ​តោ​និង​ខ្លា​ឃ្មុំ លោក​ប្រាកដ​ជា​នឹង​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ​ដែរ​»។+ ឮ​ដូច្នេះ សុល​ប្រាប់​ដាវីឌ​ថា​៖ ​«​ចូរ​ទៅ​ចុះ សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​»។

៣៨ សុល​បាន​បំពាក់​គ្រឿង​សឹក​របស់​គាត់​ឲ្យ​ដាវីឌ។ សុល​យក​មួក​ស្ពាន់​មក​បំពាក់​លើ​ក្បាល​ដាវីឌ រួច​មក​បំពាក់​អាវ​ក្រោះ​ឲ្យ​គាត់។ ៣៩ បន្ទាប់​មក ដាវីឌ​បាន​ក្រវាត់​ដាវ​ពី​លើ​អាវ​ក្រោះ ហើយ​ខំ​ដើរ​ចេញ​ទៅ តែ​ទៅ​មិន​បាន​ទេ ដោយ​សារ​គាត់​មិន​ស៊ាំ​នឹង​គ្រឿង​សឹក​ទាំង​នោះ។ ដាវីឌ​និយាយ​ទៅ​សុល​ថា​៖ ​«​ខ្ញុំ​មិន​អាច​ពាក់​គ្រឿង​ទាំង​នេះ​ចេញ​ទៅ​បាន​ទេ ព្រោះ​ខ្ញុំ​មិន​ទាន់​ស៊ាំ​នៅ​ឡើយ​»។ ម្ល៉ោះ​ហើយ ដាវីឌ​ដោះ​គ្រឿង​ទាំង​នោះ​ចេញ។ ៤០ រួច​គាត់​យក​ដំបង​របស់​គាត់ ហើយ​រើស​ថ្ម​រលីង​ប្រាំ​គ្រាប់​ពី​អូរ។ គាត់​ដាក់​ថ្ម​ទាំង​នោះ​ក្នុង​ថ្នក់​ថង់​យាម ហើយ​នៅ​នឹង​ដៃ​គាត់​មាន​ខ្សែ​ដង្ហក់។+ រួច​មក គាត់​ចាប់​ផ្ដើម​ចូល​ទៅ​ប្រយុទ្ធ​នឹង​ជន​ជាតិ​ភីលីស្ទីន​នោះ។

៤១ រីឯ​ជន​ជាតិ​ភីលីស្ទីន​នោះ​វិញ បាន​ដើរ​មក​កាន់​តែ​ជិត​ដាវីឌ ដោយ​មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ​ផង។ ៤២ ពេល​ជន​ជាតិ​ភីលីស្ទីន​នោះ​ឃើញ​ដាវីឌ គាត់​បង្ហាញ​ទឹក​មុខ​មើល​ងាយ​មើល​ថោក ដោយ​សារ​ដាវីឌ​ជា​ក្មេង​កំលោះ​សង្ហា​និង​មាន​សាច់​ឈាម​ស្រស់ថ្លា។+ ៤៣ ជន​ជាតិ​ភីលីស្ទីន​នោះ​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​តើ​អញ​ជា​ឆ្កែ​ឬ+ បាន​ជា​ឯង​កាន់​ដំបង​មក​ប្រកួត​នឹង​អញ?​»។ ដូច្នេះ ជន​ជាតិ​ភីលីស្ទីន​នោះ​ប្រើ​ឈ្មោះ​ព្រះ​ផ្សេង​ៗ​របស់​គាត់​មក​ដាក់​បណ្ដាសា​ដាវីឌ។ ៤៤ ជន​ជាតិ​ភីលីស្ទីន​នោះ​និយាយ​ទៅ​ដាវីឌ​ទៀត​ថា​៖ ​«​ឯង​ចូល​មក! អញ​នឹង​ឲ្យ​សាក​សព​របស់​ឯង​ដល់​សត្វ​ស្លាប​និង​សត្វ​សាហាវ​ស៊ី​ជា​ចំណី​»។

៤៥ ដាវីឌ​តប​ទៅ​ជន​ជាតិ​ភីលីស្ទីន​នោះ​វិញ​ថា​៖ ​«​អ្នក​មក​ប្រកួត​នឹង​ខ្ញុំ​ដោយ​មាន​ដាវ និង​លំពែង​ពីរ+ តែ​ខ្ញុំ​មក​ប្រកួត​នឹង​អ្នក​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌+ និង​ជា​ព្រះ​នៃ​កង​ទ័ព​អ៊ីស្រាអែល ដែល​អ្នក​បាន​ប្រមាថ​មើល​ងាយ។*+ ៤៦ នៅ​ថ្ងៃ​នេះ​ឯង ព្រះ​យេហូវ៉ា​នឹង​ប្រគល់​អ្នក​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។+ ខ្ញុំ​នឹង​សម្លាប់​អ្នក រួច​កាត់​ក្បាល​របស់​អ្នក។ ថ្ងៃ​នេះ ខ្ញុំ​នឹង​ឲ្យ​សាក​សព​ពល​ទ័ព​ភីលីស្ទីន​ដល់​សត្វ​ស្លាប​និង​សត្វ​សាហាវ​ស៊ី​ជា​ចំណី ហើយ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​នឹង​ដឹង​ថា មាន​ព្រះ​ដ៏​ពិត​នៅ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល។+ ៤៧ អស់​អ្នក​ដែល​នៅ​ទី​នេះ​នឹង​ដឹង​ថា មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ជួយ​យើង​ឲ្យ​ឈ្នះ​សង្គ្រាម។+ ព្រះ​យេហូវ៉ា​មិន​សង្គ្រោះ​យើង​ដោយ​ដាវ​ឬ​លំពែង​ទេ។+ លោក​នឹង​ប្រគល់​ពួក​អ្នក​រាល់​គ្នា​មក​ក្នុង​កណ្ដាប់​ដៃ​យើង​»។+

៤៨ រួច​មក ជន​ជាតិ​ភីលីស្ទីន​នោះ​បាន​ក្រោក​ឡើង ហើយ​ដើរ​ឆ្ពោះ​ទៅ​កាន់​តែ​ជិត​ដាវីឌ។ ផ្ទុយ​ទៅ​វិញ ដាវីឌ​រត់​យ៉ាង​លឿន​ឆ្ពោះ​ទៅ​ជន​ជាតិ​ភីលីស្ទីន​នោះ។ ៤៩ ដាវីឌ​លូក​ដៃ​ទៅ​ក្នុង​ថង់​យាម​យក​ថ្ម​មួយ​គ្រាប់ ហើយ​ដាក់​ក្នុង​ខ្សែ​ដង្ហក់ រួច​គ្រវី។ បន្ទាប់​មក ដាវីឌ​ពន្លែង​ខ្សែ​ដង្ហក់​ទៅ រួច​គ្រាប់​ថ្ម​បោះ​ពួយ​យ៉ាង​លឿន​ត្រូវ​ចំ​ថ្ងាស ហើយ​ទ្រុឌ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ​ទៅ។ គាត់​ក៏​ដួល​ផ្កាប់​មុខ​នៅ​លើ​ដី។+ ៥០ ដូច្នេះ ដាវីឌ​បាន​យក​ឈ្នះ​ជន​ជាតិ​ភីលីស្ទីន​នោះ​ដោយ​ខ្សែ​ដង្ហក់​និង​ថ្ម​មួយ​គ្រាប់។ ដាវីឌ​បាន​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​នោះ ទោះ​ជា​ដាវីឌ​គ្មាន​ដាវ​ក្នុង​ដៃ​ក៏​ដោយ។+ ៥១ ដាវីឌ​រត់​ចូល​ទៅ​ជិត​ជន​ជាតិ​ភីលីស្ទីន​នោះ រួច​ហូត​ដាវ​ចេញ​ពី​ស្រោម​ដាវ​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ+មក​កាត់​ក្បាល​របស់​គាត់ ដើម្បី​ឲ្យ​ប្រាកដ​ថា​គាត់​បាន​ស្លាប់​មែន។ ពេល​ទាហាន​ភីលីស្ទីន​ឃើញ​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ស្លាប់​ហើយ ពួក​គេ​ក៏​រត់​គេច​ខ្លួន​ទៅ។+

៥២ នៅ​ពេល​នោះ ទាហាន​អ៊ីស្រាអែល​និង​ទាហាន​យូដា​បាន​ស្រែក​ហ៊ោ​ឡើង ហើយ​ដេញ​តាម​ទាហាន​ភីលីស្ទីន​តាំង​ពី​ជ្រលង​ភ្នំ+រហូត​ដល់​ទ្វារ​កំពែង​ក្រុង​អេក្រុន។+ ពួក​គេ​សម្លាប់​ទាហាន​ភីលីស្ទីន​អស់​ជា​ច្រើន​នាក់​តាម​ផ្លូវ​ពី​ក្រុង​ស្អារេម+រហូត​ដល់​ក្រុង​កាថ​និង​ក្រុង​អេក្រុន។ ៥៣ ក្រោយ​ពី​ទាហាន​អ៊ីស្រាអែល​ត្រឡប់​មក​ពី​ដេញ​តាម​ទាហាន​ភីលីស្ទីន​យ៉ាង​ប្រកិត​វិញ ពួក​គេ​ចូល​ទៅ​ក្នុង​ជំរំ​ទ័ព​ភីលីស្ទីន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ។

៥៤ រីឯ​ដាវីឌ​វិញ គាត់​បាន​យក​ក្បាល​ជន​ជាតិ​ភីលីស្ទីន​នោះ​មក​ក្រុង​យេរូសាឡិម* តែ​គាត់​ទុក​គ្រឿង​ចម្បាំង​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ​ក្នុង​ត្រសាល​របស់​គាត់។+

៥៥ នៅ​ខណៈ​ពេល​ដែល​សុល​ឃើញ​ដាវីឌ​ចេញ​ទៅ​ប្រកួត​នឹង​ជន​ជាតិ​ភីលីស្ទីន​នោះ គាត់​បាន​សួរ​អាប់ណឺ+ជា​មេ​ទ័ព​ថា​៖ ​«​អាប់ណឺ តើ​ក្មេង​កំលោះ​នោះ​ជា​កូន​របស់​នរណា?​»។+ អាប់ណឺ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​សូម​ស្បថ​ចំពោះ​លោក​ម្ចាស់​ថា ខ្ញុំ​មិន​ដឹង​ទេ!​»។ ៥៦ ស្ដេច​បញ្ជា​ថា​៖ ​«​ចូរ​ទៅ​សួរ​មើល​ថា​ក្មេង​កំលោះ​នោះ​ជា​កូន​របស់​នរណា​»។ ៥៧ ក្រោយ​ពី​ដាវីឌ​ត្រឡប់​មក​ពី​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​នោះ​ភ្លាម អាប់ណឺ​បាន​នាំ​ដាវីឌ​មក​ឈរ​នៅ​ចំពោះ​មុខ​សុល ទាំង​មាន​ក្បាល​របស់​ជន​ជាតិ​ភីលីស្ទីន​នោះ+មក​ជា​មួយ​ដែរ។ ៥៨ ដូច្នេះ សុល​សួរ​ដាវីឌ​ថា​៖ ​«​តើ​អ្នក​កំលោះ​ជា​កូន​របស់​នរណា?​»។ ដាវីឌ​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ជា​កូន​ប្រុស​របស់​អ៊ីសាយ+នៅ​ក្រុង​បេថ្លេហិម​»។+

១៨ ពេល​យ៉ូណាថាន+បាន​ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​សុល យ៉ូណាថាន​ចាប់​ផ្ដើម​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​គាត់។ យ៉ូណាថាន​និង​ដាវីឌ​បាន​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា។+ ២ ចាប់​តាំង​ពី​ថ្ងៃ​នោះ សុល​បាន​ឲ្យ​ដាវីឌ​នៅ​ជា​មួយ​នឹង​គាត់ ហើយ​គាត់​មិន​ឲ្យ​ដាវីឌ​ត្រឡប់​ទៅ​ផ្ទះ​របស់​ឪពុក​វិញ​ទេ។+ ៣ ក្រោយ​មក យ៉ូណាថាន​និង​ដាវីឌ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា+ ពី​ព្រោះ​យ៉ូណាថាន​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​គាត់។+ ៤ យ៉ូណាថាន​ដោះ​អាវ​វែង អាវ​សឹក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​គាត់​ឲ្យ​ទៅ​ដាវីឌ។ ៥ ដាវីឌ​ចាប់​ផ្ដើម​ចេញ​ទៅ​ច្បាំង ហើយ​គាត់​បាន​ទទួល​ជ័យ​ជម្នះ*+នៅ​គ្រប់​សមរភូមិ​ដែល​សុល​ចាត់​គាត់​ឲ្យ​ទៅ។ ដូច្នេះ សុល​ឲ្យ​គាត់​គ្រប់​គ្រង​លើ​ទាហាន​ចម្បាំង+ ហើយ​នេះ​ធ្វើ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ និង​អ្នក​បម្រើ​របស់​សុល ពេញ​ចិត្ត​គ្រប់​ៗ​គ្នា។

៦ ពេល​ដែល​ដាវីឌ​និង​ទាហាន​ឯ​ទៀត​ត្រឡប់​មក​ពី​វាយ​ប្រហារ​ពួក​ភីលីស្ទីន​វិញ ពួក​ស្ត្រី​ពី​គ្រប់​ក្រុង​នៅ​ស្រុក​អ៊ីស្រាអែល ចេញ​មក​ទទួល​ពួក​គេ​និង​ស្ដេច​សុល​ទាំង​ច្រៀង​ផង+រាំ​ផង អម​ដោយ​ការ​វាយ​ស្គរ*+និង​ដេញ​ចាប៉ី ដោយ​ចិត្ត​អរ​សប្បាយ​យ៉ាង​ខ្លាំង។ ៧ ពួក​ស្ត្រី​ដែល​ចេញ​មក​អបអរ បាន​ច្រៀង​ថា​៖

​«​សុល​សម្លាប់​រាប់​ពាន់

តែ​ដាវីឌ​សម្លាប់​រាប់​ម៉ឺន​»។+

៨ ឮ​ដូច្នោះ សុល​ក្ដៅ​ឆួល​ក្នុង​ចិត្ត+ ដោយ​សារ​គាត់​មិន​ពេញ​ចិត្ត​ចម្រៀង​នោះ​ទាល់​តែ​សោះ។ សុល​នឹក​ក្នុង​ចិត្ត​ថា​៖ ​«​ពួក​គេ​សរសើរ​ថា​ដាវីឌ​សម្លាប់​រាប់​ម៉ឺន ឯ​ខ្ញុំ​វិញ​ត្រឹម​តែ​រាប់​ពាន់។ ពេល​នេះ​នៅ​សល់​តែ​ការ​ប្រគល់​បល្ល័ង្ក​ឲ្យ​គាត់​ប៉ុណ្ណោះ!​»។+ ៩ តាំង​ពី​ថ្ងៃ​នោះ​មក សុល​រំពៃ​មើល​ដាវីឌ​ដោយ​ក្ដី​មន្ទិល​សង្ស័យ។

១០ នៅ​ថ្ងៃ​បន្ទាប់ ព្រះ​ទុក​ឲ្យ​សុល​ជ្រួល​ច្របល់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង+ ហើយ​ពេល​ដែល​ដាវីឌ​កំពុង​ដេញ​ពិណ+ដូច​សព្វ​ដង សុល​ចាប់​ផ្ដើម​ធ្វើ​អ្វី​ចម្លែក​ៗ​*ក្នុង​វិមាន។ ពេល​នោះ សុល​កាន់​លំពែង+ ១១ ហើយ​គាត់​ពួយ​លំពែង​ទៅ​ដាវីឌ+ ដោយ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ខ្ញុំ​នឹង​ចាក់​ទម្លុះ​ដាវីឌ​ឲ្យ​ជាប់​នឹង​ជញ្ជាំង!›។ ប៉ុន្តែ ដាវីឌ​បាន​គេច​ផុត​ទាំង​ពីរ​លើក។ ១២ សុល​ខ្លាច​ដាវីឌ ដោយ​សារ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ដាវីឌ+ តែ​លោក​មិន​បាន​នៅ​ជា​មួយ​នឹង​សុល​ទៀត​ទេ។+ ១៣ ដូច្នេះ សុល​ឈប់​ឲ្យ​ដាវីឌ​នៅ​បម្រើ​គាត់​ទៀត តែ​គាត់​ឲ្យ​ដាវីឌ​ទៅ​គ្រប់​គ្រង​លើ​ទាហាន​មួយ​ពាន់​នាក់​វិញ។ ម្ល៉ោះ​ហើយ ដាវីឌ​ក្លាយ​ទៅ​ជា​អ្នក​នាំ​មុខ​កង​ទ័ព​ទៅ​សមរភូមិ។+ ១៤ ដាវីឌ​តែង​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា+ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​គាត់​ធ្វើ ហើយ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់។+ ១៥ ពេល​សុល​ឃើញ​ថា​ដាវីឌ​តែង​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា នោះ​សុល​ខ្លាច​ដាវីឌ។ ១៦ ប៉ុន្តែ ទាហាន​អ៊ីស្រាអែល​និង​ទាហាន​យូដា​ទាំង​អស់​ស្រឡាញ់​ដាវីឌ ដោយ​សារ​គាត់​នាំ​មុខ​ពួក​គេ​ក្នុង​សមរភូមិ។

១៧ ក្រោយ​មក សុល​បាន​គិត​ក្នុង​ចិត្ត​ថា​៖ ‹កុំ​ឲ្យ​ដាវីឌ​ស្លាប់​ក្នុង​ដៃ​ខ្ញុំ​ឡើយ ទុក​ឲ្យ​គាត់​ស្លាប់​ក្នុង​ដៃ​របស់​ពួក​ភីលីស្ទីន​វិញ›។+ ដូច្នេះ សុល​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​នេះ​គឺ​មេរ៉ាប​ជា​កូន​ស្រី​ច្បង​របស់​ខ្ញុំ។+ ខ្ញុំ​នឹង​ឲ្យ​នាង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក+ តែ​អ្នក​ត្រូវ​បន្ត​បម្រើ​ខ្ញុំ​ដោយ​អង់អាច​ក្លាហាន ហើយ​តយុទ្ធ​ក្នុង​សង្គ្រាម​របស់​ព្រះ​យេហូវ៉ា​»។+ ១៨ ដាវីឌ​ឆ្លើយ​នឹង​សុល​ថា​៖ ​«​តើ​ខ្ញុំ​ជា​នរណា ហើយ​សាច់​ញាតិ​និង​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ​ជា​នរណា​ក្នុង​ស្រុក​អ៊ីស្រាអែល បាន​ជា​ខ្ញុំ​អាច​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច?​»។+ ១៩ ទោះ​ជា​សុល​បាន​និយាយ​យ៉ាង​នោះ​ហើយ​ក៏​ដោយ សុល​បាន​លើក​មេរ៉ាប​ជា​កូន​ស្រី​គាត់​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អេទ្រាល+ដែល​ជា​អ្នក​ក្រុង​មិហូឡា មុន​ដល់​វេលា​កំណត់​ដែល​ដាវីឌ​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​នាង។

២០ ចំណែក​ឯ​មីកាល​ជា​កូន​ស្រី​ម្នាក់​ទៀត​របស់​សុល+ នាង​បាន​ចាប់​ចិត្ត​ស្រឡាញ់​ដាវីឌ ហើយ​មាន​គេ​យក​រឿង​នេះ​ទៅ​ប្រាប់​សុល នោះ​ធ្វើ​ឲ្យ​សុល​ពេញ​ចិត្ត។ ២១ ហេតុ​នេះ សុល​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ខ្ញុំ​នឹង​លើក​កូន​ស្រី​ឲ្យ​គាត់ ដើម្បី​ខ្ញុំ​អាច​បញ្ឆោត​គាត់​ឲ្យ​ស្លាប់​ក្នុង​ដៃ​របស់​ពួក​ភីលីស្ទីន​»។+ រួច​មក សុល​និយាយ​ទៅ​ដាវីឌ​ជា​លើក​ទី​២​ថា​៖ ​«​នៅ​ថ្ងៃ​នេះ អ្នក​នឹង​ភ្ជាប់​សាច់​ភ្ជាប់​ឈាម​ជា​មួយ​នឹង​ខ្ញុំ​»។* ២២ សុល​បញ្ជា​អ្នក​បម្រើ​ថា​៖ ​«​ចូរ​ទៅ​និយាយ​ជា​មួយ​នឹង​ដាវីឌ​ដោយ​សម្ងាត់។ អ្នក​ត្រូវ​ប្រាប់​គាត់​ថា​៖ ‹ដឹង​ទេ! ស្ដេច​ពេញ​ចិត្ត​អ្នក ហើយ​អ្នក​បម្រើ​ទាំង​អស់​របស់​ស្ដេច​ក៏​ពេញ​ចិត្ត​អ្នក​ដែរ។ ដូច្នេះ សូម​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច​ទៅ›​»។ ២៣ ពេល​អ្នក​បម្រើ​របស់​សុល​ប្រាប់​រឿង​ទាំង​នេះ​ដល់​ដាវីឌ ដាវីឌ​និយាយ​ថា​៖ ​«​ខ្ញុំ​ជា​មនុស្ស​ក្រី​ក្រ ហើយ​មិន​សូវ​មាន​កេរ្ដិ៍​ឈ្មោះ​ទៀត តើ​អស់​លោក​គិត​ថា​ការ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច ជា​រឿង​តូច​តាច​ឬ?​»។+ ២៤ បន្ទាប់​មក អ្នក​បម្រើ​ទាំង​នោះ​បាន​យក​ពាក្យ​សម្ដី​របស់​ដាវីឌ​ទៅ​ប្រាប់​សុល​វិញ។

២៥ សុល​និយាយ​ទៅ​អ្នក​បម្រើ​ទាំង​នោះ​ថា​៖ ​«​អ្នក​ត្រូវ​ប្រាប់​ដាវីឌ​ថា​៖ ‹ស្ដេច​មិន​ចង់​បាន​ថ្លៃ​បណ្ណាការ​អ្វី​ពី​អ្នក​ទេ+ ក្រៅ​ពី​ចុង​ស្បែក*របស់​ពួក​ភីលីស្ទីន​ចំនួន​១០០+ ដើម្បី​សង​សឹក​ពួក​គេ›​»។ សុល​បាន​រៀប​ផែន​ការ​នេះ​ដើម្បី​ឲ្យ​ដាវីឌ​ស្លាប់​ក្នុង​ដៃ​របស់​ពួក​ភីលីស្ទីន។ ២៦ ដូច្នេះ អ្នក​បម្រើ​ក៏​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ប្រាប់​ដាវីឌ ហើយ​ដាវីឌ​យល់​ព្រម​ភ្ជាប់​សាច់​ឈាម​ជា​មួយ​នឹង​ស្ដេច​សុល។+ មុន​ពេល​កំណត់​ដែល​ត្រូវ​ជូន​ចុង​ស្បែក​ដល់​សុល ២៧ ដាវីឌ​និង​ទាហាន​របស់​គាត់​បាន​ចេញ​ទៅ​សម្លាប់​ទាហាន​ភីលីស្ទីន​អស់​២០០​នាក់ ហើយ​ដាវីឌ​បាន​កាត់​ចុង​ស្បែក​របស់​ពួក​គេ​ទាំង​២០០​នាក់​នោះ​យក​ទៅ​ជូន​សុល ដើម្បី​ភ្ជាប់​សាច់​ឈាម​ជា​មួយ​នឹង​សុល។ ម្ល៉ោះ​ហើយ សុល​លើក​មីកាល​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ដាវីឌ។+ ២៨ សុល​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ដាវីឌ+ ហើយ​គាត់​ក៏​ដឹង​ដែរ​ថា​មីកាល​កូន​ស្រី​របស់​គាត់​ស្រឡាញ់​ដាវីឌ។+ ២៩ នេះ​ធ្វើ​ឲ្យ​សុល​ភ័យ​ខ្លាច​ដាវីឌ​កាន់​តែ​ខ្លាំង ហើយ​សុល​បាន​ក្លាយ​ទៅ​ជា​សត្រូវ​របស់​ដាវីឌ​អស់​មួយ​ជីវិត។+

៣០ រាល់​ដង​ដែល​ពួក​មេ​ទ័ព​ភីលីស្ទីន​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ដាវីឌ​តែង​តែ​ទទួល​ជ័យ​ជម្នះ​លើស​អស់​ទាំង​អ្នក​បម្រើ​របស់​សុល+ នេះ​ជា​ហេតុ​នាំ​ឲ្យ​ដាវីឌ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ល្បាញ។+

១៩ លុះ​ក្រោយ​មក សុល​បាន​និយាយ​ទៅ​យ៉ូណាថាន​ជា​កូន​របស់​គាត់ និង​អ្នកបម្រើ​ទាំង​អស់​ថា​គាត់​ចង់​សម្លាប់​ដាវីឌ។+ ២ ដោយ​សារ​យ៉ូណាថាន​ស្រឡាញ់​ពេញ​ចិត្ត​ដាវីឌ​ខ្លាំង​ណាស់+ បាន​ជា​គាត់​ប្រាប់​ដាវីឌ​ថា​៖ ​«​សុល​ឪពុក​របស់​ខ្ញុំ គាត់​ចង់​សម្លាប់​អ្នក។ ដូច្នេះ​ពេល​ព្រឹក​ស្អែក សូម​អ្នក​ប្រយ័ត្ន​ខ្លួន ហើយ​ទៅ​ពួន​នៅ​កន្លែង​មួយ។ ៣ ខ្ញុំ​នឹង​ចេញ​ទៅ​ឈរ​ក្បែរ​ឪពុក​ខ្ញុំ​នៅ​ដី​វាល​ត្រង់​កន្លែង​ដែល​អ្នក​លាក់​ខ្លួន។ ខ្ញុំ​នឹង​ប្រាប់​ឪពុក​អំពី​អ្នក ហើយ​បើ​ខ្ញុំ​ដឹង​រឿង​អ្វី​ថែម​ទៀត ខ្ញុំ​មុខ​ជា​ប្រាប់​អ្នក​មិន​ខាន​»។+

៤ ដូច្នេះ យ៉ូណាថាន​និយាយ​ល្អ​អំពី​ដាវីឌ+ប្រាប់​សុល​ជា​ឪពុក​ថា​៖ ​«​លោក​ឪពុក​មិន​គួរ​ធ្វើ​អាក្រក់​ចំពោះ​ដាវីឌ​ជា​អ្នក​បម្រើ​លោក​ឪពុក​ឡើយ ព្រោះ​គាត់​មិន​បាន​ធ្វើ​អាក្រក់​ចំពោះ​លោក​ឪពុក​ទេ។ អ្វី​ដែល​គាត់​បាន​ធ្វើ​សុទ្ធតែ​ជា​ប្រយោជន៍​ដល់​លោក​ឪពុក។ ៥ គាត់​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​ម្នាក់​នោះ។+ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​ទទួល​ជ័យ​ជម្នះ​ដ៏​ធំ​ធេង។ លោក​ឪពុក​ក៏​ឃើញ ហើយ​ក៏​ត្រេក​អរ​យ៉ាង​ខ្លាំង​ដែរ។ ដាវីឌ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​ប៉ុន​ប៉ង​សម្លាប់​គាត់?​»។+ ៦ សុល​ស្ដាប់​អ្វី​ដែល​យ៉ូណាថាន​និយាយ ហើយ​សុល​ស្បថ​ថា​៖ ​«​ពុក​សូម​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា ពុក​នឹង​មិន​សម្លាប់​ដាវីឌ​ទេ​»។ ៧ បន្ទាប់​មក យ៉ូណាថាន​ហៅ​ដាវីឌ​មក​ប្រាប់​រឿង​ទាំង​អស់​នោះ ហើយ​នាំ​ដាវីឌ​ទៅ​ឯ​សុល។ រួច​មក ដាវីឌ​នៅ​បម្រើ​សុល​ដូច​ពី​មុន។+

៨ ក្រោយ​មក សង្គ្រាម​រវាង​ជន​ជាតិ​អ៊ីស្រាអែល​និង​ជន​ជាតិ​ភីលីស្ទីន បាន​ផ្ទុះ​ឡើង​ម្ដង​ទៀត។ ដូច្នេះ ដាវីឌ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន ហើយ​បាន​សម្លាប់​ពួក​គេ​យ៉ាង​រង្គាល។ ឯ​ពួក​អ្នក​ដែល​នៅ​សល់​បាន​រត់​បាក់​ទ័ព។

៩ នៅ​ថ្ងៃ​មួយ ព្រះ​យេហូវ៉ា​បាន​ទុក​ឲ្យ​សុល​ជ្រួល​ច្របល់​ក្នុង​ចិត្ត+ កាល​ដែល​សុល​កាន់​លំពែង​អង្គុយ​នៅ​ក្នុង​វិមាន ហើយ​ដាវីឌ​កំពុង​ដេញ​ពិណ។+ ១០ រំពេច​នោះ សុល​ពួយ​លំពែង​ក្នុង​បំណង​ទម្លុះ​ដាវីឌ​ឲ្យ​ជាប់​នឹង​ជញ្ជាំង តែ​ដាវីឌ​គេច​ផុត ហើយ​លំពែង​ក៏​ដោត​ជាប់​នឹង​ជញ្ជាំង។ ដូច្នេះ ដាវីឌ​រត់​គេច​ខ្លួន​នៅ​យប់​នោះ​ឯង។ ១១ ក្រោយ​មក សុល​ចាត់​ពួក​បុរស​ឲ្យ​ទៅ​ផ្ទះ​របស់​ដាវីឌ ដើម្បី​ឃ្លាំចាំ​សម្លាប់​គាត់នៅ​ពេល​ព្រឹក។+ ប៉ុន្តែ មីកាល​ដែល​ជា​ប្រពន្ធ​ប្រាប់​គាត់​ថា​៖ ​«​បើ​អ្នក​មិន​គេច​ខ្លួន​នៅ​យប់​នេះ​ទេ ព្រឹក​ស្អែក​អ្នក​ច្បាស់​ជា​ស្លាប់​មិន​ខាន​»។ ១២ ដូច្នេះ មីកាល​ប្រញាប់​ឲ្យ​ដាវីឌ​ចុះ​តាម​បង្អួច យ៉ាង​នេះ​គាត់​អាច​រត់​គេច​ខ្លួន​បាន។ ១៣ មីកាល​បាន​យក​រូប​ព្រះ*មក​ដាក់​នៅ​លើ​គ្រែ រួច​ដាក់​ក្រណាត់​រោម​ពពែ​នៅ​ក្បាល​ដំណេក​របស់​ដាវីឌ ហើយ​យក​សម្លៀក​បំពាក់​មក​ដណ្ដប់​ពី​លើ​រូប​នោះ។

១៤ សុល​បាន​ចាត់​ពួក​បុរស​ឲ្យ​ទៅ​នាំ​ដាវីឌ​មក តែ​ពេល​ទៅ​ដល់​ផ្ទះ​គាត់ មីកាល​ប្រាប់​ថា​៖ ​«​គាត់​ឈឺ​»។ ១៥ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សុល​ចាត់​ពួក​បុរស​ឲ្យ​ទៅ​ជួប​ដាវីឌ​ម្ដង​ទៀត ដោយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​សែង​គាត់​ទាំង​គ្រែ មក​ឲ្យ​ខ្ញុំ​សម្លាប់​ចោល​»។+ ១៦ ពេល​ពួក​បុរស​ចូល​ទៅ​រក​ដាវីឌ ពួក​គេ​ឃើញ​រូប​ព្រះ*នៅ​លើ​គ្រែ​និង​ក្រណាត់​រោម​ពពែ​នៅ​ក្បាល​ដំណេក​របស់​គាត់។ ១៧ សុល​សួរ​មីកាល​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​កូន​បញ្ឆោត​ពុក ហើយ​ជួយ​សត្រូវ​ពុក+ឲ្យ​គេច​ខ្លួន​ដូច្នេះ?​»។ មីកាល​ឆ្លើយ​ទៅ​សុល​ថា​៖ ​«​គាត់​គំរាម​ខ្ញុំ​ថា បើ​ខ្ញុំ​មិន​ឲ្យ​គាត់​ទៅ​ទេ គាត់​នឹង​សម្លាប់​ខ្ញុំ!​»។

១៨ ចំណែក​ឯ​ដាវីឌ គាត់​បាន​រត់​គេច​ខ្លួន ហើយ​ទៅ​ជួប​សាំយូអែល​នៅ​ក្រុង​រ៉ាម៉ា។+ គាត់​រៀប​រាប់​ប្រាប់​សាំយូអែល​គ្រប់​រឿង​ដែល​សុល​បាន​ធ្វើ​មក​លើ​គាត់។ រួច​មក គាត់​និង​សាំយូអែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្នាក់​នៅ​ណាយ៉ូត។+ ១៩ ក្រោយ​មក មាន​គេ​ប្រាប់​សុល​ថា​៖ ​«​មើល! ដាវីឌ​នៅ​ណាយ៉ូត​ក្រុង​រ៉ាម៉ា​»។ ២០ សុល​ក៏​ប្រញាប់​ចាត់​ពួក​បុរស​របស់​គាត់​ឲ្យ​ទៅ​ចាប់​ដាវីឌ។ ពេល​ពួក​បុរស​ទៅ​ដល់ ក៏​ឃើញ​អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​ខ្លះ​កំពុង​ប្រកាស​ទំនាយ* ហើយ​ឃើញ​សាំយូអែល​កំពុង​ឈរ​នាំ​មុខ​ពួក​គេ។ ពេល​នោះ ឫទ្ធានុភាព​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​ពួក​បុរស​ដែល​សុល​បាន​ចាត់​ឲ្យ​ទៅ ហើយ​ពួក​គេ​ក៏​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​ដែរ។

២១ ពេល​សុល​បាន​ទទួល​ដំណឹង​នោះ គាត់​ប្រញាប់​ចាត់​ពួក​បុរស​ផ្សេង​ទៀត​ឲ្យ​ទៅ តែ​ពួក​គេ​ក៏​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​ដែរ។ ម្ល៉ោះ​ហើយ សុល​ចាត់​ពួក​បុរស​ខ្លះ​ទៀត​ឲ្យ​ទៅ​ជា​លើក​ទី​៣ តែ​ពួក​គេ​ក៏​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​ដែរ។ ២២ នៅ​ទី​បំផុត សុល​ក៏​ចេញ​ទៅ​ក្រុង​រ៉ាម៉ា​ដោយ​ផ្ទាល់។ ពេល​គាត់​ទៅ​ដល់​អណ្ដូង​ធំ​មួយ​នៅ​សេគូ គាត់​សួរ​គេ​ថា​៖ ​«​តើ​សាំយូអែល​និង​ដាវីឌ​នៅ​ឯ​ណា?​»។ គេ​ឆ្លើយ​ថា​៖ ​«​នៅ​ណាយ៉ូត+ក្រុង​រ៉ាម៉ា​»។ ២៣ កាល​ដែល​សុល​ធ្វើ​ដំណើរ​ទៅ​ណាយ៉ូត​ក្រុង​រ៉ាម៉ា ឫទ្ធានុភាព​របស់​ព្រះ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​គាត់​ផង​ដែរ។ ដូច្នេះ គាត់​ធ្វើ​ដំណើរ​បណ្ដើរ ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​បណ្ដើរ រហូត​ដល់​ណាយ៉ូត​ក្រុង​រ៉ាម៉ា។ ២៤ បន្ថែម​ទៀត សុល​បាន​ដោះ​សម្លៀក​បំពាក់​ចេញ ហើយ​ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​នៅ​ចំពោះ​មុខ​សាំយូអែល។ សុល​ដេក​ទាំង​ខ្លួន​អាក្រាត​នៅ​ទី​នោះ* ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ។ ហេតុ​នេះ​បាន​ជា​ពួក​គេ​និយាយ​ថា​៖ ​«​តើ​សុល​ជា​អ្នក​ប្រកាស​ទំនាយ​ដែរ​ឬ?​»។+

២០ ក្រោយ​មក ដាវីឌ​រត់​ចេញ​ពី​ណាយ៉ូត​ក្រុង​រ៉ាម៉ា។ រួច​មក គាត់​បាន​ទៅ​ជួប​យ៉ូណាថាន ហើយ​សួរ​ថា​៖ ​«​តើ​ខ្ញុំ​បាន​ធ្វើ​ខុស​អ្វី?+ តើ​ខ្ញុំ​ធ្វើ​អាក្រក់​អ្វី​ខ្លះ​ទៅ​លើ​ឪពុក​របស់​អ្នក បាន​ជា​គាត់​ចង់​សម្លាប់​ខ្ញុំ*ដូច្នេះ?​»។ ២ យ៉ូណាថាន​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​មិន​អាច​ទៅ​រួច​ឡើយ+ដែល​ឪពុក​ខ្ញុំ​ចង់​សម្លាប់​អ្នក! មុន​នឹង​គាត់​ធ្វើ​អ្វី​មួយ គាត់​ប្រាប់​ខ្ញុំ​ទាំង​អស់ ទោះ​រឿង​នោះ​តូច​ឬ​ធំ​ក្ដី។ គាត់​គ្មាន​មូលហេតុ​លាក់​មិន​ឲ្យ​ខ្ញុំ​ដឹង​ទេ។ បើ​គាត់​ចង់​សម្លាប់​អ្នក​មែន គាត់​ច្បាស់​ជា​ប្រាប់​ខ្ញុំ​»។ ៣ តែ​ដាវីឌ​និយាយ​ថា​៖ ​«​ឪពុក​របស់​អ្នក​ដឹង​ថា​អ្នក​ស្រឡាញ់​ពេញ​ចិត្ត​ខ្ញុំ។+ ដូច្នេះ គាត់​ប្រហែល​ជា​គិត​ថា​‹បើ​ឲ្យ​យ៉ូណាថាន​ដឹង​អំពី​រឿង​នេះ គាត់​នឹង​ពិបាក​ចិត្ត›។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​មុខ​អ្នក​និង​នៅ​មុខ​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​ពិត។ មិន​យូរ​ទៀត ខ្ញុំ​ប្រាកដ​ជា​ត្រូវ​គេ​សម្លាប់​ជា​មិន​ខាន!​»។+

៤ រួច​មក យ៉ូណាថាន​តប​ទៅ​ដាវីឌ​ថា​៖ ​«​ប្រាប់​ខ្ញុំ​មក អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​អ្នក​»។ ៥ ដាវីឌ​ប្រាប់​យ៉ូណាថាន​ថា​៖ ​«​ថ្ងៃ​ស្អែក​នេះ​គឺ​ជា​ថ្ងៃ​ចូល​ខែ​ថ្មី*+ ហើយ​ខ្ញុំ​ត្រូវ​អង្គុយ​បរិភោគ​ជា​មួយ​នឹង​ឪពុក​របស់​អ្នក។ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ទៅ​លាក់​ខ្លួន​នៅ​ក្រៅ​ក្រុង​រហូត​ដល់​ល្ងាច​ខាន​ស្អែក។ ៦ បើ​ឪពុក​របស់​អ្នក​សួរ​រក​ខ្ញុំ សូម​ប្រាប់​គាត់​ថា​៖ ‹ដាវីឌ​បាន​សុំ​ការ​អនុញ្ញាត​ពី​ខ្ញុំ ប្រញាប់​ទៅ​ផ្ទះ​របស់​គាត់​នៅ​ក្រុង​បេថ្លេហិម+ ព្រោះ​នៅ​ទី​នោះ​ក្រុម​គ្រួសារ​គាត់​ទាំង​មូល​ត្រូវ​ជូន​គ្រឿង​បូជា​ប្រចាំ​ឆ្នាំ›។+ ៧ បើ​ឪពុក​អ្នក​ឆ្លើយ​ថា​‹មិន​អី​ទេ› នោះ​មាន​ន័យ​ថា​គាត់​មិន​មាន​បំណង​អាក្រក់​មក​លើ​ខ្ញុំ​ទេ។ ប៉ុន្តែ បើ​គាត់​ខឹង អ្នក​អាច​ដឹង​ច្បាស់​ថា​គាត់​តាំង​ចិត្ត​ធ្វើ​អាក្រក់​មក​លើ​ខ្ញុំ​ហើយ។ ៨ សូម​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ+ ព្រោះ​យើង​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។+ តែ​បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន+ សូម​អ្នក​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ មិន​ចាំ​បាច់​ប្រគល់​ខ្ញុំ​ឲ្យ​ឪពុក​អ្នក​ទេ​»។

៩ ឮ​ដូច​នោះ យ៉ូណាថាន​និយាយ​ថា​៖ ​«​គ្មាន​ថ្ងៃ​ដែល​ខ្ញុំ​ធ្វើ​បែប​នោះ​ចំពោះ​អ្នក​ឡើយ! បើ​ខ្ញុំ​ដឹង​ថា​ឪពុក​ខ្ញុំ​តាំង​ចិត្ត​ធ្វើ​អាក្រក់​ចំពោះ​អ្នក ខ្ញុំ​នឹង​ប្រាប់​អ្នក​ជា​មិន​ខាន​»។+ ១០ រួច​ដាវីឌ​សួរ​យ៉ូណាថាន​ថា​៖ ​«​បើ​ឪពុក​អ្នក​ខឹង​ខ្ញុំ តើ​អ្នក​ណា​នឹង​ប្រាប់​ខ្ញុំ?​»។ ១១ យ៉ូណាថាន​និយាយ​ទៅ​កាន់​ដាវីឌ​ថា​៖ ​«​តោះ! សូម​យើង​ចេញ​ទៅ​ក្រៅ​ក្រុង​»។ ដូច្នេះ ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​ចេញ​ទៅ​ក្រៅ​ក្រុង។ ១២ យ៉ូណាថាន​និយាយ​ទៅ​ដាវីឌ​ថែម​ទៀត​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ជា​សាក្សី​ថា ថ្ងៃ​ស្អែក​ឬ​ខាន​ស្អែក​នា​វេលា​ថ្មើរ​នេះ ខ្ញុំ​នឹង​ស្ទាប​ស្ទង់​គំនិត​របស់​ឪពុក​ខ្ញុំ​ឲ្យ​ដឹង​ថា​គាត់​គិត​យ៉ាង​ណា​ចំពោះ​អ្នក។ បើ​គាត់​អនុគ្រោះ​ឲ្យ​អ្នក នោះ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង។ ១៣ ផ្ទុយ​ទៅ​វិញ បើ​ឪពុក​ខ្ញុំ​ប៉ុន​ប៉ង​ធ្វើ​អាក្រក់​មក​លើ​អ្នក ខ្ញុំ​ច្បាស់​ជា​ប្រាប់​អ្នក​ឲ្យ​ដឹង ហើយ​នឹង​ជួយ​អ្នក​ឲ្យ​គេច​ខ្លួន​ដោយ​សុវត្ថិភាព។ តែ​បើ​ខ្ញុំ​មិន​ធ្វើ​តាម​ពាក្យ​របស់​ខ្ញុំ​ទេ សូម​ព្រះ​យេហូវ៉ា​ដាក់​ទោស​ខ្ញុំ​ឲ្យ​ធ្ងន់​ចុះ! សូម​ឲ្យ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក+ ដូច​លោក​ធ្លាប់​នៅ​ជា​មួយ​នឹង​ឪពុក​ខ្ញុំ​ដែរ។+ ១៤ ទោះ​ជា​ខ្ញុំ​ស្លាប់​ឬ​រស់​ក្ដី សូម​ដាវីឌ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ ដូច​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។+ ១៥ សូម​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​កូន​ចៅ​របស់​ខ្ញុំ​ជា​និច្ច​ត​ទៅ+ ទោះ​ជា​ព្រះ​យេហូវ៉ា​បំផ្លាញ​សត្រូវ​របស់​ដាវីឌ​អស់​ពី​ផែនដី​ក៏​ដោយ​»។ ១៦ ដូច្នេះ យ៉ូណាថាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ* ហើយ​និយាយ​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ដាក់​ទោស​សត្រូវ​របស់​ដាវីឌ​»។ ១៧ ម្ល៉ោះ​ហើយ យ៉ូណាថាន​បាន​ឲ្យ​ដាវីឌ​ស្បថ​ម្ដង​ទៀត​ដោយ​អាង​លើ​សេចក្ដី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​យ៉ូណាថាន ព្រោះ​យ៉ូណាថាន​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​គាត់។+

១៨ បន្ទាប់​មក យ៉ូណាថាន​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​ថ្ងៃ​ស្អែក​នេះ​គឺ​ជា​ថ្ងៃ​ចូល​ខែ​ថ្មី+ ហើយ​គេ​នឹង​សួរ​រក​អ្នក ដោយ​សារ​កៅអី​របស់​អ្នក​នៅ​ទំនេរ។ ១៩ ដល់​ខាន​ស្អែក គេ​ច្បាស់​ជា​សួរ​រក​អ្នក​ទៀត។ ហេតុ​នេះ អ្នក​ត្រូវ​មក​ពួន​នៅ​កន្លែង​នេះ​ដូច​ថ្ងៃ​មុន ហើយ​លាក់​ខ្លួន​ក្បែរ​ថ្ម​នៅ​ទី​នេះ។ ២០ ក្រោយ​មក ខ្ញុំ​នឹង​បាញ់​ព្រួញ​បី​ដើម​ទៅ​ចំហៀង​ថ្ម​នេះ​ដូច​ជា​កំពុង​បាញ់​អ្វី​មួយ។ ២១ ដូច្នេះ ពេល​ខ្ញុំ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​យក​ព្រួញ ខ្ញុំ​នឹង​និយាយ​ថា​៖ ‹ចូរ​ទៅ​រើស​ព្រួញ​ទាំង​នោះ›។ បើ​ខ្ញុំ​និយាយ​ទៅ​អ្នក​បម្រើ​ថា​៖ ‹នុ៎ះ​ន៏! ព្រួញ​នៅ​ជិត​អ្នក ចូរ​ទៅ​យក​មក› នោះ​អ្នក​អាច​ត្រឡប់​មក​វិញ​បាន ព្រោះ​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា អ្នក​នឹង​មាន​សុវត្ថិភាព ហើយ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។ ២២ ប៉ុន្តែ បើ​ខ្ញុំ​ប្រាប់​អ្នក​បម្រើ​ថា​៖ ‹នុ៎ះ​ន៏! ព្រួញ​នៅ​ឆ្ងាយ​ពី​អ្នក› នោះ​សូម​ដាវីឌ​ទៅ​ចុះ ព្រោះ​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក​ចេញ​ទៅ។ ២៣ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​សាក្សី​រហូត​ត​ទៅ+ ចំពោះ​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​គ្នា​»។+

២៤ ដូច្នេះ ដាវីឌ​បាន​ទៅ​លាក់​ខ្លួន​នៅ​ក្រៅ​ក្រុង។ ពេល​ដល់​ថ្ងៃ​ចូល​ខែ​ថ្មី ស្ដេច​បរិភោគ​អាហារ​នៅ​កន្លែង​អង្គុយ​របស់​គាត់។+ ២៥ ដូច​សព្វ​ដង ស្ដេច​អង្គុយ​កៅអី​ជាប់​ជញ្ជាំង។ រីឯ​យ៉ូណាថាន​អង្គុយ​ទល់​មុខ​គាត់ ហើយ​អាប់ណឺ+អង្គុយ​នៅ​ចំហៀង​សុល តែ​កន្លែង​របស់​ដាវីឌ​នៅ​ទំនេរ។ ២៦ នៅ​ថ្ងៃ​នោះ សុល​មិន​បាន​និយាយ​អ្វី​ទេ ព្រោះ​គាត់​គិត​ក្នុង​ចិត្ត​ថា​៖ ‹ដាវីឌ​មិន​មក ប្រហែល​ជា​ដោយ​សារ​មាន​អ្វី​កើត​ឡើង​ដែល​នាំ​ឲ្យ​គាត់​មិន​ស្អាត​បរិសុទ្ធ។*+ ច្បាស់​ជា​គាត់​មិន​ស្អាត​បរិសុទ្ធ​មែន​ហើយ›។ ២៧ នៅ​ថ្ងៃ​ទី​២ កន្លែង​អង្គុយ​របស់​ដាវីឌ​នៅ​ទំនេរ​ម្ដង​ទៀត។ ហេតុ​នេះ សុល​សួរ​យ៉ូណាថាន​ថា​៖ ​«​ហេតុ​អ្វី​មិន​ឃើញ​កូន​របស់​អ៊ីសាយ+មក​បរិភោគ​អាហារ? ម្សិលមិញ​ក៏​មិន​ឃើញ ថ្ងៃ​នេះ​ក៏​មិន​ឃើញ​»។ ២៨ យ៉ូណាថាន​ឆ្លើយ​ទៅ​សុល​ថា​៖ ​«​ដាវីឌ​សុំ​ការ​អនុញ្ញាត​ពី​ខ្ញុំ​ទៅ​ក្រុង​បេថ្លេហិម។+ ២៩ ដាវីឌ​សុំ​ខ្ញុំ​ថា​៖ ‹សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ក្រុង​របស់​ខ្ញុំ ព្រោះ​ក្រុម​គ្រួសារ​យើង​ត្រូវ​ជូន​គ្រឿង​បូជា​នៅ​ទី​នោះ ហើយ​បង​ៗ​ខ្ញុំ​ហៅ​ខ្ញុំ​ឲ្យ​ទៅ។ បើ​អ្នក​មេត្តា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចូល​រួម​ជា​មួយ​នឹង​ពួក​គាត់​ផង›។ ហេតុ​នេះ​ហើយ​បាន​ជា​ដាវីឌ​មិន​អាចម​ក​បរិភោគ​ជា​មួយ​នឹង​លោក​ឪពុក​បាន​»។ ៣០ ភ្លាម​នោះ សុល​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ស្រែក​ឲ្យ​យ៉ូណាថាន​ថា​៖ ​«​ឯង​នេះ ជា​កូន​រឹង​ទទឹង! តើ​ឯង​គិត​ថា​ពុក​មិន​ដឹង​ថា​ឯង​រើស​យក​ខាង​កូន​អ៊ីសាយ​ឬ? ឯង​មុខ​ជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​និង​ម្ដាយ​ឯង​ត្រូវ​អាម៉ាស់​មុខ​ហើយ។ ៣១ ដរាប​ណា​កូន​អ៊ីសាយ​នៅ​រស់ នោះ​ឯង​និង​រាជ្យ​របស់​ឯង​មិន​អាច​រឹង​មាំ​ស្ថិតស្ថេរ​បាន​ឡើយ។+ ដូច្នេះ ចូរ​ចាត់​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ​នាំ​ដាវីឌ​មក​ឲ្យ​ពុក​ឥឡូវ​ភ្លាម ព្រោះ​វា​សម​តែ​ស្លាប់​»។+

៣២ ប៉ុន្តែ យ៉ូណាថាន​និយាយ​ទៅ​សុល​ថា​៖ ​«​ហេតុ​អ្វី​ដាវីឌ​ត្រូវ​ស្លាប់?+ តើ​គាត់​បាន​ធ្វើ​អ្វី​ខុស?​»។ ៣៣ រំពេច​នោះ សុល​ពួយ​លំពែង​សំដៅ​ទៅ​យ៉ូណាថាន។+ ពេល​នោះ​ហើយ​ដែល​យ៉ូណាថាន​ដឹង​ប្រាកដ​ថា ឪពុក​របស់​គាត់​តាំង​ចិត្ត​សម្លាប់​ដាវីឌ​ឲ្យ​ទាល់​តែ​បាន។+ ៣៤ យ៉ូណាថាន​ក៏​ស្ទុះ​ក្រោក​ឡើង​ចេញ​ពី​តុ ដោយ​សារ​គាត់​ខឹង​ជា​ខ្លាំង។ គាត់​មិន​បរិភោគ​អ្វី​សោះ​នៅ​ថ្ងៃ​ទី​២​នោះ ព្រោះ​គាត់​ពិបាក​ចិត្ត​អំពី​ដាវីឌ+ និង​អំពី​រឿង​ដែល​ឪពុក​របស់​គាត់​បាន​ប្រមាថ​មើល​ងាយ​គាត់។

៣៥ លុះ​ព្រឹក​ឡើង យ៉ូណាថាន​ចេញ​ទៅ​ក្រៅ​ក្រុង​តាម​ពាក្យ​សន្យា​ជា​មួយ​នឹង​ដាវីឌ ថែម​ទាំង​មាន​អ្នក​បម្រើ​វ័យ​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ដែរ។+ ៣៦ រួច​យ៉ូណាថាន​ប្រាប់​អ្នក​បម្រើ​ថា​៖ ​«​ចូរ​រត់​ទៅ​ចាំ​រើស​ព្រួញ​មក​ឲ្យ​ខ្ញុំ​»។ អ្នក​បម្រើ​ក៏​រត់​ទៅ ហើយ​យ៉ូណាថាន​បាញ់​ព្រួញ​ហួស​អ្នក​បម្រើ​នោះ។ ៣៧ ពេល​អ្នក​បម្រើ​ទៅ​ដល់​កន្លែង​ដែល​ព្រួញ​ធ្លាក់ យ៉ូណាថាន​ស្រែក​សួរ​អ្នក​បម្រើ​ថា​៖ ​«​ព្រួញ​នៅ​ឆ្ងាយ​ពី​អ្នក​ទៀត មែន​ទេ?​»។ ៣៨ យ៉ូណាថាន​ស្រែក​ប្រាប់​អ្នក​បម្រើ​នោះ​ទៀត​ថា​៖ ​«​ប្រញាប់​ឡើង! ចូរ​ទៅ​ឲ្យ​លឿន! កុំ​បង្អង់​ឡើយ!​»។ ដូច្នេះ អ្នក​បម្រើ​រើស​ព្រួញ​ទាំង​នោះ​មក​ឲ្យ​ម្ចាស់​វិញ។ ៣៩ អ្នក​បម្រើ​មិន​យល់​អត្ថន័យ​នៃ​ពាក្យ​ទាំង​នោះ​ទេ មាន​តែ​យ៉ូណាថាន​និង​ដាវីឌ​ប៉ុណ្ណោះ​ដែល​ដឹង​ថា​ពាក្យ​ទាំង​នោះ​មាន​ន័យ​យ៉ាង​ណា។ ៤០ រួច​មក យ៉ូណាថាន​ឲ្យ​ធ្នូ​និង​ព្រួញ​ទៅ​អ្នក​បម្រើ ហើយ​បង្គាប់​ថា​៖ ​«​ចូរ​យក​ទៅ​ក្រុង​វិញ​»។

៤១ ពេល​អ្នក​បម្រើ​ចេញ​ផុត​ទៅ ដាវីឌ​ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​ជិត​នោះ នៅ​ប៉ែក​ខាង​ត្បូង។ ដាវីឌ​ក្រាប​គោរព​យ៉ូណាថាន​បី​ដង។ រួច​មក ពួក​គាត់​ទាំង​ពីរ​ថើប​លា​គ្នា ហើយ​យំ តែ​ដាវីឌ​យំ​ខ្លាំង​ជាង។ ៤២ យ៉ូណាថាន​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​សូម​អ្នក​ចេញ​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ ដោយ​សារ​យើង​ទាំង​ពីរ​បាន​ស្បថ+ក្នុង​នាម​ព្រះ​យេហូវ៉ា​រួច​ហើយ​ថា​៖ ‹សូម​ព្រះ​យេហូវ៉ា​ធ្វើ​ជា​សាក្សី​ឲ្យ​អ្នក​និង​ខ្ញុំ ព្រម​ទាំង​កូន​ចៅ*របស់​អ្នក​និង​កូន​ចៅ*របស់​ខ្ញុំ​ជា​រៀង​រហូត›​»។+

បន្ទាប់​មក ដាវីឌ​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ។ ចំណែក​យ៉ូណាថាន គាត់​ត្រឡប់​ទៅ​ក្រុង​វិញ។

២១ ក្រោយ​មក ដាវីឌ​បាន​ទៅ​ជួប​អាហ៊ីម៉ាឡិច​ដែល​ជា​សង្ឃ​នៅ​ក្រុង​ណូប។+ ពេល​អាហ៊ីម៉ាឡិច​ជួប​ដាវីឌ គាត់​ចាប់​ផ្ដើម​ភ័យ​ញ័រ ហើយ​សួរ​ដាវីឌ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​មក​តែ​ម្នាក់​ឯង គ្មាន​អ្នក​ណា​មក​ជា​មួយ​ដូច្នេះ?​»។+ ២ ដាវីឌ​តប​ទៅ​អាហ៊ីម៉ាឡិច​ថា​៖ ​«​ស្ដេច​បាន​បញ្ជា​ខ្ញុំ​ឲ្យ​បំពេញ​បេសកកម្ម​មួយ តែ​គាត់​ផ្ដាំ​ថា​៖ ‹កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​បេសកកម្ម​របស់​អ្នក​ឲ្យ​សោះ›។ ខ្ញុំ​បាន​សន្យា​ជួប​ពួក​បុរស​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។ ៣ ឥឡូវ បើ​អ្នក​មាន​នំ​ប៉័ង​ប្រាំ​ដុំ ឬ​អ្វី​ផ្សេង​ទៀត សូម​ឲ្យ​មក​ខ្ញុំ​»។ ៤ សង្ឃ​នោះ​ឆ្លើយ​ទៅ​ដាវីឌ​ថា​៖ ​«​ខ្ញុំ​គ្មាន​នំ​ប៉័ង​ធម្មតា​ទេ មាន​តែ​នំ​ប៉័ង​បរិសុទ្ធ។+ ប៉ុន្តែ បើ​ពួក​បុរស​របស់​អ្នក​បាន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី នោះ​ពួក​គេ​មិន​អាច​បរិភោគ​បាន​ឡើយ​»។+ ៥ ដាវីឌ​តប​ទៅ​វិញ​ថា​៖ ​«​ដូច​ពី​មុន ក្នុង​អំឡុង​ពេល​ចេញ​ធ្វើ​សង្គ្រាម ពួក​យើង​មិន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ទេ។+ សូម្បី​តែ​នៅ​ពេល​ចេញ​បំពេញ​បេសកកម្ម​ធម្មតា រូប​កាយ​របស់​ពួក​បុរស​ទាំង​នោះ​បរិសុទ្ធ​ទៅ​ហើយ ទម្រាំ​តែ​ចេញ​បំពេញ​បេសកកម្ម​ពិសេស ពួក​គេ​ច្បាស់​ជា​បរិសុទ្ធ​ជាង​នោះ​ទៅ​ទៀត!​»។ ៦ ដូច្នេះ សង្ឃ​នោះ​បាន​ឲ្យ​នំ​ប៉័ង​បរិសុទ្ធ​ទៅ​ដាវីឌ+ ដោយ​សារ​គ្មាន​នំ​ប៉័ង​ណា​ក្រៅ​ពី​នំ​ប៉័ង​តាំង​ទុក​ទេ។ នំ​ប៉័ង​ទាំង​នោះ​បាន​ត្រូវ​ដក​ចេញ​ពី​ត្រសាល​របស់​ព្រះ​យេហូវ៉ា ហើយ​នំ​ប៉័ង​ថ្មី​បាន​ត្រូវ​ដាក់​ជំនួស​វិញ​នៅ​ថ្ងៃ​ដដែល​នោះ។

៧ នៅ​ថ្ងៃ​នោះ អ្នក​បម្រើ​ម្នាក់​របស់​សុល​ក៏​នៅ​ទី​នោះ​ដែរ គាត់​បាន​ត្រូវ​បង្ខាំង*នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ គាត់​មាន​ឈ្មោះ​ដូអេក+ជន​ជាតិ​អេដំ+ គាត់​ជា​មេ​គ្រប់​គ្រង​លើ​ពួក​អ្នក​ឃ្វាល​ហ្វូង​ចៀម​របស់​សុល។

៨ ក្រោយ​ពី​ទទួល​នំ​ប៉័ង​ហើយ ដាវីឌ​សួរ​អាហ៊ីម៉ាឡិច​ថា​៖ ​«​តើ​អ្នក​មាន​ដាវ​ឬ​លំពែង​នៅ​ទី​នេះ​ទេ? ដោយ​សារ​បេសកកម្ម​ដែល​ស្ដេច​បញ្ជា​បន្ទាន់​ពេក ដូច្នេះ​ខ្ញុំ​មិន​បាន​យក​ដាវ​ឬ​អាវុធ​របស់​ខ្ញុំ​មក​ជា​មួយ​ទេ​»។ ៩ សង្ឃ​នោះ​និយាយ​ថា​៖ ​«​នៅ​ទី​នេះ​មាន​ដាវ​របស់​កូលីយ៉ាត+ជន​ជាតិ​ភីលីស្ទីន ដែល​អ្នក​បាន​សម្លាប់​នៅ​ជ្រលង​ភ្នំ​អេឡា។+ គេ​រុំ​ដាវ​នោះ​ដោយ​ក្រណាត់ ដាក់​នៅ​ខាង​ក្រោយ​អាវ​អេផូឌ។+ បើ​អ្នក​ចង់​យក សូម​យក​ចុះ ព្រោះ​នៅ​ទី​នេះ​មាន​តែ​ដាវ​នេះ​ប៉ុណ្ណោះ​»។ ដាវីឌ​និយាយ​ថា​៖ ​«​គ្មាន​ដាវ​ណា​ដូច​ដាវ​នេះ​ឡើយ សូម​ឲ្យ​មក​ខ្ញុំ​»។

១០ នៅ​ថ្ងៃ​នោះ ដាវីឌ​បន្ត​រត់​គេច​ខ្លួន+ពី​សុល​ទៀត។ លុះ​ក្រោយ​មក គាត់​ទៅ​ដល់​ក្រុង​កាថ​ដែល​គ្រប់​គ្រង​ដោយ​ស្ដេច​អាគីស។+ ១១ អ្នក​បម្រើ​ជម្រាប​ស្ដេច​អាគីស​ថា​៖ ​«​នោះ​ជា​ដាវីឌ​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ដាវីឌ​នេះ​ឯង​ដែល​គេ​បាន​ច្រៀង​រាំ​ថា​៖

‹សុល​សម្លាប់​រាប់​ពាន់

តែ​ដាវីឌ​សម្លាប់​រាប់​ម៉ឺន›​»។+

១២ ដាវីឌ​បាន​រិះ​គិត​ពាក្យ​សម្ដី​របស់​ពួក​គេ ហើយ​ក៏​តាំង​ភ័យ​ខ្លាច+អាគីស​ស្ដេច​ក្រុង​កាថ​យ៉ាង​ខ្លាំង។ ១៣ ដូច្នេះ គាត់​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ឆ្កួត+នៅ​ចំពោះ​មុខ​ពួក​គេ។ គាត់​យក​ដៃ​គូស​វាស​លើ​ទ្វារ​កំពែង ហើយ​បង្ហៀរ​ទឹក​មាត់​លើ​ពុក​ចង្កា។ ១៤ ក្រោយ​មក អាគីស​និយាយ​ទៅ​អ្នក​បម្រើ​ថា​៖ ​«​អ្នក​ឃើញ​ហើយ​ថា បុរស​នេះ​ជា​មនុស្ស​ឆ្កួត! ហេតុ​អ្វី​បាន​ជា​នាំ​គាត់​មក​ជួប​ខ្ញុំ? ១៥ តើ​ខ្ញុំ​ខ្វះ​មនុស្ស​ឆ្កួត​ឬ បាន​ជា​នាំ​មនុស្ស​ឆ្កួត​នេះ​មក​ឲ្យ​ខ្ញុំ? មិន​គួរ​នាំ​មនុស្ស​ឆ្កួត​នេះ​ចូល​ក្នុង​វិមាន​ខ្ញុំ​ទេ​»។

២២ ដាវីឌ​បាន​ចេញ​ពី​ទី​នោះ+ ហើយ​ទៅ​លាក់​ខ្លួន​នៅ​ឯ​រូង​ភ្នំ​នៃ​ក្រុង​អាឌូឡាម។+ ពេល​បង​ប្រុស​ៗ​និង​ក្រុម​គ្រួសារ​ទាំង​អស់​របស់​ឪពុក​គាត់​បាន​ដឹង ពួក​គេ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ជួប​ដាវីឌ​នៅ​ទី​នោះ។ ២ ម្យ៉ាង​ទៀត អស់​អ្នក​ដែល​ប្រឈម​មុខ​ទុក្ខ​លំបាក និង​អ្នក​ដែល​ជំពាក់​បំណុល​គេ រួម​ទាំង​អ្នក​ដែល​ព្រួយ​ចំបែង​ចិត្ត បាន​ទៅ​ផ្ដុំ​គ្នា​នឹង​ដាវីឌ ហើយ​គាត់​ក្លាយ​ទៅ​ជា​មេ​ពួក​គេ។ បុរស​ដែល​នៅ​ជា​មួយ​នឹង​ដាវីឌ​មាន​ប្រហែល​ជា​៤០០​នាក់។

៣ ក្រោយ​មក ដាវីឌ​បាន​ចេញ​ពី​ទី​នោះ​ទៅ​ក្រុង​មីសពេ​ក្នុង​ស្រុក​ម៉ូអាប់ ហើយ​និយាយ​ទៅ​ស្ដេច​ស្រុក​ម៉ូអាប់​ថា​៖+ ​«​សូម​អនុញ្ញាត​ឲ្យ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​លោក​ផង រហូត​ដល់​ពេល​ដែល​ខ្ញុំ​ដឹង​ថា​ព្រះ​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ខ្ញុំ​»។ ៤ ម្ល៉ោះ​ហើយ ដាវីឌ​បាន​នាំ​ឪពុក​ម្ដាយ​មក​ឯ​ស្ដេច​ស្រុក​ម៉ូអាប់។ ពួក​គេ​អាស្រ័យ​នៅ​ស្រុក​របស់​ស្ដេច​នោះ ក្នុង​អំឡុង​ពេល​ដែល​ដាវីឌ​នៅ​កន្លែង​លាក់​ខ្លួន។+

៥ ក្រោយ​មក កាដ+ជា​អ្នក​ប្រកាស​ទំនាយ​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​កុំ​លាក់​ខ្លួន​នៅ​ទី​នោះ​ទៀត។ សូម​ចេញ​ពី​ទី​នោះ​ទៅ​ឯ​ស្រុក​យូដា​វិញ​»។+ ដូច្នេះ ដាវីឌ​បាន​ចេញ​ពី​ទី​នោះ​ទៅ​ព្រៃ​ហេរេត។

៦ សុល​ឮ​ថា មាន​គេ​ឃើញ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់។ ពេល​នោះ​សុល​កំពុង​អង្គុយ​កាន់​លំពែង​ក្រោម​ដើម​ថា​ម៉ារីស​នៅ​ទី​ខ្ពស់​ក្នុង​ក្រុង​គីបៀ+ ហើយ​អ្នក​បម្រើ​ទាំង​អស់​នៅ​ជុំវិញ​គាត់។ ៧ រួច​មក សុល​និយាយ​ទៅ​កាន់​ពួក​អ្នក​បម្រើ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដែល​ជា​កូន​ចៅ​បេនយ៉ាមីន​អើយ! សូម​ស្ដាប់ តើ​កូន​ប្រុស​អ៊ីសាយ+នោះ​នឹង​ផ្ដល់​ដី​ស្រែ​និង​ចម្ការ​ទំពាំង​បាយ​ជូរ​ដល់​អ្នក​ទាំង​អស់​គ្នា​ដូច​ខ្ញុំ​ដែរ​ឬ​ទេ? តើ​គាត់​នឹង​តែង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​មេ​លើ​១.០០០​នាក់ និង​មេ​លើ​១០០​នាក់​ឬ​ទេ?+ ៨ អ្នក​រាល់​គ្នា​បាន​ឃុប​ឃិត​គ្នា​ទាស់​នឹង​ខ្ញុំ! គ្មាន​អ្នក​ណា​ម្នាក់​ប្រាប់​ខ្ញុំ​សោះ​ថា​កូន​ប្រុស​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​កូន​ប្រុស​អ៊ីសាយ!+ គ្មាន​អ្នក​ណា​ម្នាក់​អាណិត​ខ្ញុំ​ទេ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ប្រាប់​ខ្ញុំ​ថា​កូន​ប្រុស​ខ្ញុំ​បាន​ជំរុញ​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ ឲ្យ​ពួន​ចាំ​វាយ​ប្រហារ​ខ្ញុំ​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ​»។

៩ ឮ​ដូច្នោះ ដូអេក+ដែល​ជា​ជន​ជាតិ​អេដំ និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​អ្នក​បម្រើ​របស់​សុល​នៅ​ទី​នោះ បាន​ឆ្លើយ​ថា​៖+ ​«​ខ្ញុំ​បាន​ឃើញ​កូន​ប្រុស​របស់​អ៊ីសាយ​មក​ក្រុង​ណូប ជួប​អាហ៊ីម៉ាឡិច​កូន​ប្រុស​អាហាយថូប។+ ១០ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អាហ៊ីម៉ាឡិច​បាន​សួរ​ព្រះ​យេហូវ៉ា​ឲ្យ​ដាវីឌ ហើយ​ឲ្យ​អាហារ​គាត់​ទៀត។ សូម្បី​តែ​ដាវ​របស់​កូលីយ៉ាត​ជន​ជាតិ​ភីលីស្ទីន​នោះ ក៏​អាហ៊ីម៉ាឡិច​ឲ្យ​ទៅ​គាត់​ដែរ​»។+ ១១ ភ្លាម​នោះ ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អាហ៊ីម៉ាឡិច​ជា​សង្ឃ ដែល​ជា​កូន​ប្រុស​អាហាយថូប និង​សង្ឃ​ទាំង​អស់​ដែល​ជា​ពូជ​ពង្ស​របស់​ឪពុក​គាត់​នៅ​ក្រុង​ណូប។ ដូច្នេះ ពួក​គេ​ទាំង​អស់​បាន​មក​ជួប​ស្ដេច។

១២ រួច​សុល​និយាយ​ថា​៖ ​«​កូន​ប្រុស​អាហាយថូប សូម​ស្ដាប់!​»។ គាត់​ឆ្លើយ​ថា​៖ ​«​បាទ លោក​ម្ចាស់​»។ ១៣ សុល​និយាយ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​សម​គំនិត​ជា​មួយ​នឹង​កូន​ប្រុស​អ៊ីសាយ​ប្រឆាំង​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​អ្នក​ឲ្យ​នំ​ប៉័ង ឲ្យ​ដាវ ហើយ​សួរ​ព្រះ​ឲ្យ​គាត់? ឥឡូវ​នេះ គាត់​ប្រឆាំង​ខ្ញុំ​ហើយ​ពួន​ចាំ​វាយ​ប្រហារ​ខ្ញុំ​ទៀត​»។ ១៤ ឮ​ដូច្នេះ អាហ៊ីម៉ាឡិច​ឆ្លើយ​ទៅ​ស្ដេច​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​បម្រើ​ទាំង​អស់​របស់​លោក តើ​មាន​អ្នក​ណា​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​ដាវីឌ?*+ គាត់​ជា​កូន​ប្រសា​លោក+ និង​ជា​មេ​អង្គរក្ស​របស់​លោក ថែម​ទាំង​ជា​អ្នក​មាន​កិត្តិយស​ក្នុង​វិមាន​របស់​លោក​ទៀត​ផង។+ ១៥ នេះ​មិន​មែន​ជា​លើក​ដំបូង​ដែល​ខ្ញុំ​សួរ​ព្រះ​ឲ្យ​គាត់​ទេ មែន​ទេ?+ សម្ដី​របស់​លោក​មិន​សម​ហេតុ​សម​ផល​ទេ! សូម​លោក​កុំ​សង្ស័យ​ខ្ញុំ​និង​កូន​ចៅ​ទាំង​អស់​របស់​ឪពុក​ខ្ញុំ​ឡើយ ព្រោះ​ខ្ញុំ​មិន​ដឹង​អ្វី​ទាល់​តែ​សោះ​អំពី​រឿង​នេះ​»។+

១៦ ប៉ុន្តែ ស្ដេច​និយាយ​ថា​៖ ​«​អាហ៊ីម៉ាឡិច អ្នក​និង​កូន​ចៅ​ទាំង​អស់​របស់​ឪពុក​អ្នក​ត្រូវ​តែ​ស្លាប់!​»។+ ១៧ ដូច្នេះ ស្ដេច​បង្គាប់​អង្គរក្ស​ដែល​នៅ​ជុំវិញ​គាត់​ថា​៖ ​«​ចូរ​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ​យេហូវ៉ា​ចោល​ទៅ ពី​ព្រោះ​ពួក​គេ​ចូល​ដៃ​ជា​មួយ​នឹង​ដាវីឌ! ពួក​គេ​ដឹង​ហើយ​ថា​គាត់​រត់​គេច​ខ្លួន តែ​ពួក​គេ​មិន​ប្រាប់​ខ្ញុំ​សោះ!​»។ ក៏​ប៉ុន្តែ ពួក​អ្នក​បម្រើ​ស្ដេច​មិន​ហ៊ាន​លើក​ដៃ​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ​យេហូវ៉ា​ទេ។ ១៨ ហេតុ​នោះ ស្ដេច​បង្គាប់​ទៅ​ដូអេក​ថា​៖+ ​«​ចូរ​អ្នក​សម្លាប់​ពួក​សង្ឃ​ទាំង​នេះ​ចោល​ទៅ!​»។ ដូច្នេះ ដូអេក​ដែល​ជា​ជន​ជាតិ​អេដំ+ក៏​ស្ទុះ​ទៅ​សម្លាប់​ពួក​សង្ឃ​ដោយ​ផ្ទាល់​ដៃ​គាត់។ នៅ​ថ្ងៃ​នោះ គាត់​សម្លាប់​ពួក​សង្ឃ*អស់​៨៥​នាក់។+ ១៩ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​ទៅ​វាយ​ប្រហារ​ក្រុង​ណូប+ជា​ក្រុង​របស់​ពួក​សង្ឃ​ទាំង​នោះ ហើយ​បាន​សម្លាប់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ព្រម​ទាំង​សត្វ​គោ សត្វ​លា និង​សត្វ​ចៀម​ទៀត​ផង។

២០ នៅ​ពេល​នោះ អាប៊ីយ៉ាថា+ជា​កូន​ប្រុស​ម្នាក់​របស់​អាហ៊ីម៉ាឡិច​ដែល​ជា​កូន​អាហាយថូប គាត់​បាន​រត់​ភៀស​ខ្លួន​ទៅ​ឯ​ដាវីឌ។ ២១ អាប៊ីយ៉ាថា​បាន​ប្រាប់​ដាវីឌ​ថា​៖ ​«​សុល​បាន​សម្លាប់​ពួក​សង្ឃ​របស់​ព្រះ​យេហូវ៉ា​»។ ២២ ដាវីឌ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​នៅ​ថ្ងៃ​នោះ ខ្ញុំ​ឃើញ​ដូអេក​ជន​ជាតិ​អេដំ​នៅ​ទី​នោះ ខ្ញុំ​ដឹង​ថា+គាត់​នឹង​ប្រាប់​សុល​ជា​មិន​ខាន។ ខ្ញុំ​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​អស់​របស់​ឪ​ពុក​អ្នក​ស្លាប់។ ២៣ សូម​អ្នក​អាស្រ័យ​នៅ​ជា​មួយ​នឹង​ខ្ញុំ។ កុំ​ភ័យ​ខ្លាច​ឡើយ ព្រោះ​អ្នក​ដែល​រក​សម្លាប់​អ្នក ក៏​រក​សម្លាប់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ការពារ​ជីវិត​អ្នក​»។+

២៣ ក្រោយ​មក មាន​គេ​ប្រាប់​ដាវីឌ​ថា​៖ ​«​ទាហាន​ភីលីស្ទីន​កំពុង​ច្បាំង​នឹង​ក្រុង​កៃឡា+ ថែម​ទាំង​វាយលុក​ទី​លាន​បញ្ជាន់​ស្រូវ​ទៀត​ផង​»។ ២ ម្ល៉ោះ​ហើយ ដាវីឌ​សួរ​ព្រះ​យេហូវ៉ា​ថា​៖ +​«​តើ​ខ្ញុំ​គួរ​ទៅ​សម្លាប់​ទាហាន​ភីលីស្ទីន​ទាំង​នោះ​ឬ​ទេ?​»។ ព្រះ​យេហូវ៉ា​ឆ្លើយ​ទៅ​ដាវីឌ​ថា​៖ ​«​ចូរ​ទៅ​សម្លាប់​ទាហាន​ភីលីស្ទីន ហើយ​សង្គ្រោះ​ក្រុង​កៃឡា​ចុះ!​»។ ៣ ប៉ុន្តែ ពួក​បុរស​របស់​ដាវីឌ​និយាយ​ទៅ​គាត់​ថា​៖ ​«​មើល! សូម្បី​តែ​នៅ​ក្នុង​ទឹក​ដី​កុលសម្ព័ន្ធ​យូដា​នេះ យើង​ភ័យ​ខ្លាច​ទៅ​ហើយ+ ទម្រាំ​តែ​យើង​ទៅ​ក្រុង​កៃឡា​ច្បាំង​នឹង​ទាហាន​ភីលីស្ទីន យើង​ច្បាស់​ជា​នឹង​ភ័យ​ខ្លាច​ជាង​នោះ​ទៅ​ទៀត!​»។+ ៤ ហេតុ​នេះ ដាវីឌ​សួរ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។+ ព្រះ​យេហូវ៉ា​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​ចូរ​ចុះ​ទៅ​ក្រុង​កៃឡា ព្រោះ​ខ្ញុំ​នឹង​ប្រគល់​ទាហាន​ភីលីស្ទីន​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​»។+ ៥ ដូច្នេះ ដាវីឌ​ចុះ​ទៅ​ក្រុង​កៃឡា​ជា​មួយ​នឹង​ពួក​បុរស​របស់​គាត់ ហើយ​ច្បាំង​នឹង​ទាហាន​ភីលីស្ទីន។ ដាវីឌ​បាន​ចាប់​យក​ហ្វូង​សត្វ​របស់​ពួក​គេ ព្រម​ទាំង​សម្លាប់​ពួក​គេ​យ៉ាង​រង្គាល។ យ៉ាង​នេះ ដាវីឌ​បាន​សង្គ្រោះ​អ្នក​ក្រុង​កៃឡា។+

៦ ពេល​អាប៊ីយ៉ាថា+កូន​ប្រុស​របស់​អាហ៊ីម៉ាឡិច រត់​គេច​ខ្លួន​ទៅ​ឯ​ដាវីឌ​នៅ​ក្រុង​កៃឡា គាត់​បាន​យក​អាវ​អេផូឌ​ទៅ​ជា​មួយ​ដែរ។ ៧ នៅ​ពេល​នោះ​មាន​គេ​ប្រាប់​សុល​ថា​៖ ​«​ដាវីឌ​បាន​មក​ក្រុង​កៃឡា​»។ ដូច្នេះ សុល​និយាយ​ថា​៖ ​«​ព្រះ​បាន​ប្រគល់​គាត់​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ​ហើយ+ ព្រោះ​គាត់​បិទ​ផ្លូវ​ខ្លួន​ឯង ដោយ​ចូល​ក្នុង​ក្រុង​ដែល​មាន​ទាំង​ទ្វារ​ទាំង​រនុក​»។ ៨ ម្ល៉ោះ​ហើយ សុល​បញ្ជា​ឲ្យ​ទាហាន​ទាំ​ង​អស់​ចុះ​ទៅ​ក្រុង​កៃឡា ដើម្បី​ឡោម​ព័ទ្ធ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់។ ៩ ពេល​ដាវីឌ​ដឹង​ថា​សុល​រៀប​គម្រោង​ចាប់​គាត់ គាត់​ប្រាប់​អាប៊ីយ៉ាថា​ដែល​ជា​សង្ឃ​ថា​៖ ​«​សូម​យក​អាវ​អេផូឌ​មក​ទី​នេះ​»។+ ១០ រួច​ដាវីឌ​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ទទួល​ដំណឹង​ច្បាស់​ថា សុល​មាន​បំណង​មក​បំផ្លាញ​ក្រុង​កៃឡា​ដោយ​សារ​ខ្ញុំ។+ ១១ តើ​ពួក​មេ​ដឹក​នាំ*ក្រុង​កៃឡា​នឹង​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សុល​ឬ​ទេ? តើ​សុល​នឹង​ចុះ​មក​រក​ខ្ញុំ ដូច​ដែល​ខ្ញុំ​បាន​ឮ​ដែរ​ទេ? ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! សូម​លោក​មេត្តា​ប្រាប់​ខ្ញុំ​ផង​»។ ព្រះ​យេហូវ៉ា​ឆ្លើយ​ថា​៖ ​«​គាត់​នឹង​ចុះ​មក​មែន​»។ ១២ ដាវីឌ​អធិដ្ឋាន​សួរ​ទៀត​ថា​៖ ​«​តើ​ពួក​មេ​ដឹក​នាំ​ក្រុង​កៃឡា​នឹង​ប្រគល់​ខ្ញុំ​និង​ពួក​បុរស​របស់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សុល​ឬ​ទេ?​»។ ព្រះ​យេហូវ៉ា​តប​ថា​៖ ​«​ពួក​គេ​នឹង​ប្រគល់​អ្នក​រាល់​គ្នា​មែន​»។

១៣ ម្ល៉ោះ​ហើយ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ប្រមាណ​៦០០​នាក់+ ប្រញាប់​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​កៃឡា ហើយ​ទៅ​កន្លែង​ណា​ដែល​ពួក​គេ​អាច​ទៅ​បាន។ ពេល​គេ​ប្រាប់​សុល​ថា ដាវីឌ​បាន​រត់​ចេញ​ពី​ក្រុង​កៃឡា​ហើយ នោះ​សុល​មិន​បាន​ដេញ​តាម​គាត់​ទេ។ ១៤ ដាវីឌ​ពួន​នៅ​តំបន់​ស្ងាត់​ជ្រងំ ត្រង់​កន្លែង​ផ្សេង​ៗ​ដែល​គេ​ពិបាក​ចូល​ទៅ​ជិត ដែល​ស្ថិត​នៅ​ប្រជុំ​ភ្នំ​នៃ​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​ស៊ីប។+ ឯ​សុល​តាម​រក​ដាវីឌ​ឥត​ឈប់​ឈរ+ តែ​ព្រះ​យេហូវ៉ា​មិន​ប្រគល់​ដាវីឌ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គាត់​ទេ។ ១៥ កាល​ដែល​ដាវីឌ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​ស៊ីប​នៅ​ហូរេស ដាវីឌ​បាន​ដឹង​ថា*សុល​តាម​រក​សម្លាប់​គាត់។

១៦ នៅ​ពេល​មួយ យ៉ូណាថាន​កូន​ប្រុស​របស់​សុល​បាន​ទៅ​ជួប​ដាវីឌ​នៅ​ហូរេស ហើយ​គាត់​បាន​ជួយ​ដាវីឌ​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។+ ១៧ គាត់​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឡើយ! សុល​ឪពុក​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​អ្នក​បាន​ទេ។ អ្នក​នឹង​ទៅ​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល+ ហើយ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​ទី​២​បន្ទាប់​ពី​អ្នក។ សុល​ឪពុក​ខ្ញុំ​ក៏​ដឹង​ដែរ​»។+ ១៨ បន្ទាប់​មក ពួក​គាត់​ទាំង​ពីរ​នាក់​ធ្វើ​កិច្ច​ព្រម​ព្រៀង+នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ រួច​ដាវីឌ​បន្ត​នៅ​ហូរេស ឯ​យ៉ូណាថាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។

១៩ ក្រោយ​មក អ្នក​ក្រុង​ស៊ីប​ឡើង​ទៅ​ជួប​សុល​នៅ​ក្រុង​គីបៀ+ ហើយ​និយាយ​ថា​៖ ​«​ដាវីឌ​កំពុង​លាក់​ខ្លួន​នៅ​ហូរេស ក្បែរ​កន្លែង​ពួក​យើង នោះ​ជា​កន្លែង​ដែល​ពិបាក​ចូល​ទៅ​ជិត។+ កន្លែង​នោះ​នៅ​ទួល​ហាគីឡា+ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​តំបន់​យេស៊ីម៉ូន។*+ ២០ ដូច្នេះ ពេល​ណា​ដែល​ស្ដេច​ចង់​មក សូម​មក​ចុះ! យើង​នឹង​ជួយ​លោក​ទៅ​ចាប់​គាត់​»។+ ២១ សុល​និយាយ​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ដល់​ខ្ញុំ។ ២២ សូម​ទៅ​រក​មើល​ឲ្យ​ច្បាស់​ថា​ដាវីឌ​លាក់​ខ្លួន​នៅ​កន្លែង​ណា ហើយ​ស៊ើប​សួរ​ថា​អ្នក​ណា​ខ្លះ​បាន​ឃើញ​គាត់ ព្រោះ​ខ្ញុំ​ឮ​ថា​គាត់​មាន​ល្បិច​កល​ច្រើន​ណាស់។ ២៣ សូម​ស៊ើប​ឲ្យ​បាន​ហ្មត់​ចត់​ដើម្បី​ស្គាល់​គ្រប់​កន្លែង​ដែល​គាត់​លាក់​ខ្លួន ហើយ​យក​ភ័ស្តុតាង​មក​ជួប​ខ្ញុំ​វិញ។ រួច​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក ហើយ​ទោះ​ជា​គាត់​នៅ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​យូដា​រាប់​ពាន់​នាក់​ក៏​ដោយ ខ្ញុំ​នឹង​រក​គាត់​ឲ្យ​ទាល់​តែ​ឃើញ​»។

២៤ ដូច្នេះ ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ស៊ីប+មុន​សុល។ អំឡុង​ពេល​នោះ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​លាក់​ខ្លួន​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​ម៉ាអន+នៅ​តំបន់​អារ៉ាបា+ នា​ប៉ែក​ខាង​ត្បូង​នៃ​តំបន់​យេស៊ីម៉ូន។ ២៥ រួច​មក សុល​និង​ពួក​បុរស​របស់​គាត់​បាន​មក​តាម​រក​ដាវីឌ​នៅ​ក្រុង​ម៉ាអន។+ ពេល​ដាវីឌ​ដឹង​អំពី​រឿង​នេះ គាត់​ប្រញាប់​ចុះ​ទៅ​ឯ​ផ្ទាំង​ថ្ម​ធំ​ៗ​+ ហើយ​លាក់​ខ្លួន​នៅ​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​នោះ។ ពេល​សុល​ឮ​ដូច្នេះ គាត់​ក៏​តាម​រក​ដាវីឌ​ដល់​តំបន់​ស្ងាត់​ជ្រងំ​នោះ។ ២៦ កាល​ដែល​សុល​មក​ដល់​ភ្នំ​ម្ខាង ដាវីឌ​និង​ពួក​បុរស​របស់​គាត់​នៅ​ភ្នំ​ម្ខាង​ទៀត។ ពួក​គេ​ប្រញាប់​រត់​គេច+ពី​សុល តែ​សុល​និង​ពួក​បុរស​របស់​គាត់​ដេញ​តាម​ចាប់​ពួក​គេ​កាន់​តែ​ជិត។+ ២៧ ស្រាប់​តែ​ពេល​នោះ​មាន​អ្នក​នាំ​ដំណឹង​មក​ប្រាប់​សុល​ថា​៖ ​«​សូម​ប្រញាប់​មក​វិញ ព្រោះ​ជន​ជាតិ​ភីលីស្ទីន​ចូល​វាយលុក​ទឹក​ដី​របស់​យើង​ហើយ!​»។ ២៨ ឮ​ដូច្នោះ សុល​ឈប់​ដេញ​តាម​ដាវីឌ+ ហើយ​បក​ទៅ​ច្បាំង​នឹង​ជន​ជាតិ​ភីលីស្ទីន​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ថ្ម​នៃ​ការ​បែក​បាក់។

២៩ រួច​មក ដាវីឌ​ចាក​ចេញ​ពី​ទី​នោះ ហើយ​ទៅ​ក្រុង​អេនកេឌី​ដើម្បី​លាក់​ខ្លួន​នៅ​តាម​កន្លែង​ដែល​គេ​ពិបាក​ចូល​ទៅ​ជិត។+

២៤ ក្រោយ​ពី​សុល​ត្រឡប់​មក​ពី​ដេញ​តាម​ទាហាន​ភីលីស្ទីន​វិញ​ភ្លាម ពួក​គេ​ប្រាប់​គាត់​ថា​៖ ​«​មើល! ដាវីឌ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​អេនកេឌី​»។+

២ ដូច្នេះ សុល​បាន​ជ្រើស​រើស​បុរស​៣.០០០​នាក់​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ រួច​ទៅ​តាម​រក​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​នៅ​តាម​ចំណោត​ភ្នំ​ពពែ។* ៣ នៅ​តាម​ផ្លូវ សុល​បាន​ទៅ​ដល់​ក្រោល​ចៀម​ដែល​ធ្វើ​ពី​ថ្ម។ នៅ​ទី​នោះ​មាន​រូង​ភ្នំ​មួយ ហើយ​គាត់​ចូល​ទៅ​បន្ទោ​បង់​នៅ​ក្នុង​រូង​នោះ។ ឯ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ក៏​នៅ​ក្នុង​រូង​ភ្នំ​នោះ​ដែរ តែ​ពួក​គេ​អង្គុយ​នៅ​ខាង​ក្នុង​បំផុត។+ ៤ ពួក​បុរស​របស់​ដាវីឌ​និយាយ​ទៅ​គាត់​ថា​៖ ​«​នេះ​ជា​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​អ្នក​ថា​៖ ‹មើល! ខ្ញុំ​នឹង​ប្រគល់​សត្រូវ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។+ សូម​អ្នក​ធ្វើ​តាម​អ្វី​ដែល​អ្នក​គិត​ថា​ល្អ​ចុះ!›​»។ ហេតុ​នេះ ដាវីឌ​ក្រោក​ឡើង ហើយ​ដើរ​លប​ៗ​ចូល​ទៅ​កាត់​ជាយ​អាវ​វែង​របស់​សុល។ ៥ តែ​ក្រោយ​មក សមត្ថភាព​វិនិច្ឆ័យ*របស់​ដាវីឌ​បាន​ស្ដី​បន្ទោស​គាត់+ ដោយ​សារ​គាត់​បាន​កាត់​ជាយ​អាវ​របស់​សុល។ ៦ ដាវីឌ​និយាយ​ទៅ​កាន់​ពួក​បុរស​របស់​គាត់​ថា​៖ ​«​ពេល​ខ្ញុំ​គិត​ពិចារណា​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ខ្ញុំ​មិន​គួរ​ធ្វើ​ដូច្នេះ​ចំពោះ​លោក​ម្ចាស់​របស់​ខ្ញុំ ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​នោះ​ឡើយ។ ខ្ញុំ​មិន​គួរ​លើក​ដៃ​ទាស់​នឹង​គាត់​ទេ ព្រោះ​គាត់​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​»។+ ៧ ដាវីឌ​និយាយ​ដូច្នេះ​ដើម្បី​ឃាត់*ពួក​បុរស​របស់​គាត់ ហើយ​គាត់​មិន​ឲ្យ​ពួក​គេ​សម្លាប់​សុល​ទេ។ រីឯ​សុល​វិញ គាត់​ក្រោក​ឡើង​ចេញ​ពី​រូង​ភ្នំ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

៨ រួច​មក ដាវីឌ​ក្រោក​ចេញ​ពី​រូង​នោះ ហើយ​ស្រែក​ហៅ​ពី​ក្រោយ​សុល​ថា​៖ ​«​លោក​ម្ចាស់ ជា​ស្ដេច​របស់​ខ្ញុំ​អើយ!​»។+ ពេល​សុល​ងាក​មក​ក្រោយ ក៏​ឃើញ​ដាវីឌ​ក្រាប​ក្បាល​ដល់​ដី បង្ហាញ​ការ​គោរព​ចំពោះ​គាត់។ ៩ ដាវីឌ​និយាយ​ទៅ​សុល​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​លោក​ស្ដាប់​មនុស្ស​ដែល​និយាយ​ថា​៖ ‹មើល! ដាវីឌ​ព្យាយាម​ធ្វើ​បាប​លោក›?+ ១០ នៅ​ថ្ងៃ​នេះ​ឯង លោក​ឃើញ​ថា​កាល​ដែល​លោក​នៅ​ក្នុង​រូង​ភ្នំ ព្រះ​យេហូវ៉ា​បាន​ប្រគល់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ទោះ​ជា​មាន​គេ​ជំរុញ​ខ្ញុំ​ឲ្យ​សម្លាប់​លោក​ក៏​ដោយ+ តែ​ខ្ញុំ​អាណិត​មេត្តា​លោក ហើយ​ខ្ញុំ​បាន​និយាយ​ថា​៖ ‹ខ្ញុំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​លោក​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ព្រោះ​គាត់​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង›។+ ១១ សូម​លោក​ឪពុក​មើល​នេះ! ជាយ​អាវ​វែង​របស់​លោក​នៅ​ក្នុង​ដៃ​ខ្ញុំ។ ពិត​មែន​តែ​ខ្ញុំ​បាន​កាត់​ជាយ​អាវ​របស់​លោក តែ​ខ្ញុំ​មិន​បាន​សម្លាប់​លោក​ទេ។ ឥឡូវ​លោក​អាច​ឃើញ​ច្បាស់​ហើយ​ថា ខ្ញុំ​គ្មាន​គំនិត​ធ្វើ​បាប​ឬ​បះ​បោរ​ប្រឆាំង​លោក​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ខុស​នឹង​លោក​ដែរ។+ ចំណែក​លោក​វិញ លោក​តាម​រក​ប្រហារ​ជីវិត*ខ្ញុំ​ឥត​ឈប់។+ ១២ សូម​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​លោក​និង​ខ្ញុំ+ ហើយ​សូម​ព្រះ​យេហូវ៉ា​សង​សឹក​លោក​ជំនួស​ខ្ញុំ​ចុះ។+ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​លោក​ទេ។+ ១៣ ដូច​សុភាសិត​បុរាណ​ថា​៖ ‹មនុស្ស​ទុច្ចរិត​តែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត›។ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​លោក​ឡើយ។ ១៤ តើ​ស្ដេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​មក​តាម​រក​អ្នក​ណា? តើ​អ្នក​ណា​ដែល​លោក​កំពុង​ដេញ​តាម? តើ​មិន​មែន​ដេញ​តាម​ឆ្កែ​ងាប់​ឬ​ចៃ​មួយ​ក្បាល​ទេ​ឬ?+ ១៥ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ចៅ​ក្រម​វិនិច្ឆ័យ​ក្ដី​រវាង​លោក​និង​ខ្ញុំ។ ព្រះ​នឹង​ពិនិត្យ​ពិចារណា ហើយ​ការពារ​ក្ដី​ឲ្យ​ខ្ញុំ។+ ព្រះ​នឹង​វិនិច្ឆ័យ​ខ្ញុំ ហើយ​សង្គ្រោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ​របស់​លោក​ម្ចាស់​»។

១៦ លុះ​ដាវីឌ​និយាយ​ចប់​ហើយ សុល​ពោល​ថា​៖ ​«​ឱ​ដាវីឌ​កូន​ប្រុស​របស់​ខ្ញុំ​អើយ! តើ​នេះ​ជា​សំឡេង​កូន​ឬ?​»។+ រួច​សុល​ក៏​ចាប់​ផ្ដើម​ទ្រហោ​យំ។ ១៧ គាត់​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​អ្នក​ជា​មនុស្ស​សុចរិត​ជាង​ខ្ញុំ ព្រោះ​អ្នក​បាន​ធ្វើ​ល្អ​ចំពោះ​ខ្ញុំ តែ​ខ្ញុំ​បែរ​ជា​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ទៅ​វិញ។+ ១៨ នៅ​ថ្ងៃ​នេះ អ្នក​បង្ហាញ​ថា​អ្នក​បាន​មេត្តា​ដល់​ខ្ញុំ ដោយ​មិន​សម្លាប់​ខ្ញុំ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ក៏​ដោយ។+ ១៩ បើ​មនុស្ស​ណា​ម្នាក់​ប្រទះ​ឃើញ​សត្រូវ​របស់​ខ្លួន តើ​គាត់​នឹង​ឲ្យ​សត្រូវ​នោះ​រួច​ខ្លួន​ឬ? ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ចំពោះ​អំពើ​ល្អ​ដែល​អ្នក​បាន​ធ្វើ+មក​លើ​ខ្ញុំ​នៅ​ថ្ងៃ​នេះ។ ២០ មើល! ខ្ញុំ​ដឹង​យ៉ាង​ពិត​ប្រាកដ​ថា​អ្នក​នឹង​គ្រប់​គ្រង​ជា​ស្ដេច+ ហើយ​ថា​វង្ស​ត្រកូល​របស់​អ្នក​នឹង​គ្រប់​គ្រង​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​រហូត​ត​ទៅ។ ២១ ឥឡូវ សូម​អ្នក​ស្បថ​នឹង​ខ្ញុំ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ថា+ អ្នក​នឹង​មិន​បំផ្លាញ​កូន​ចៅ*របស់​ខ្ញុំ ហើយ​មិន​កាត់​ឈ្មោះ​ខ្ញុំ​ចេញ​ពី​ពូជ​ពង្ស​របស់​ឪពុក​ខ្ញុំ​ឡើយ​»។+ ២២ ដូច្នេះ ដាវីឌ​បាន​ស្បថ​នឹង​សុល រួច​មក​សុល​ត្រឡប់​ទៅ​វិមាន​វិញ។+ រីឯ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ក៏​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​កន្លែង​លាក់​ខ្លួន។+

២៥ មិន​យូរ​ក្រោយ​មក សាំយូអែល+បាន​ទទួល​មរណភាព។ ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​ជួប​ជុំ​គ្នា ហើយ​យំ​កើត​ទុក្ខ​នឹង​គាត់។ ពួក​គេ​បញ្ចុះ​សព​គាត់​ជិត​ផ្ទះ​របស់​គាត់​នៅ​ក្រុង​រ៉ាម៉ា។+ បន្ទាប់​មក ដាវីឌ​ធ្វើ​ដំណើរ​ចុះ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ប៉ារ៉ាន។

២ នៅ​ឯ​ក្រុង​ម៉ាអន+ មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ស្តុកស្តម្ភ។ គាត់​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្រុង​កើមែល។*+ គាត់​មាន​ចៀម​៣.០០០​ក្បាល និង​ពពែ​១.០០០​ក្បាល។ នៅ​ពេល​នោះ គាត់​កំពុង​កាត់​រោម​ចៀម​នៅ​ក្រុង​កើមែល។ ៣ គាត់​ឈ្មោះ​ណាបាល+ មាន​ប្រពន្ធ​ឈ្មោះ​អាប៊ីកែល។+ នាង​ជា​ស្ត្រី​ដែល​ចេះ​គិត​ពិចារណា​និង​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត។ ឯ​ណាបាល​ប្ដី​នាង​ជា​កូន​ចៅ​កាលែប+ គាត់​ជា​មនុស្ស​កោង​កាច​និង​មាន​កិរិយា​អាក្រក់​ខ្លាំង​ណាស់។+ ៤ ពេល​ដាវីឌ​នៅ​តំបន់​ស្ងាត់​ជ្រងំ គាត់​បាន​ឮ​ថា​ណាបាល​កំពុង​កាត់​រោម​ចៀម។ ៥ ដូច្នេះ ដាវីឌ​ចាត់​បុរស១០​នាក់​ឲ្យ​ទៅ​ជួប​ណាបាល ហើយ​ដាវីឌ​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ឡើង​ទៅ​ក្រុង​កើមែល។ ពេល​អ្នក​រាល់​គ្នា​ជួប​ណាបាល សូម​ប្រាប់​គាត់​ថា​ខ្ញុំ​ផ្ដាំ​សួរ​សុខ​ទុក្ខ​គាត់។ ៦ រួច​ជូន​ពរ​គាត់​ថា​៖ ‹សូម​ឲ្យ​អ្នក​មាន​អាយុ​វែង និង​មាន​សុខភាព​ល្អ។* សូម​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​និង​អ្វី​ៗ​ដែល​អ្នក​មាន បាន​ចម្រុង​ចម្រើន។ ៧ ពេល​នេះ ខ្ញុំ​ឮ​ថា​អ្នក​កំពុង​កាត់​រោម​ចៀម។ កាល​ដែល​ពួក​គង្វាល​របស់​អ្នក​នៅ​ជា​មួយ​នឹង​យើង យើង​មិន​ដែល​ធ្វើ​បាប​ពួក​គេ​ទេ។+ ក្នុង​អំឡុង​ពេល​ពួក​គេ​នៅ​ក្រុង​កើមែល ពួក​គេ​មិន​ដែល​បាត់​អ្វី​សោះ​ឡើយ។ ៨ អ្នក​អាច​សួរ​ពួក​បុរស​របស់​អ្នក​បាន ពួក​គេ​នឹង​ប្រាប់​អ្នក។ សូម​អ្នក​ទទួល​ពួក​បុរស​របស់​ខ្ញុំ​ដោយ​រាក់​ទាក់ ព្រោះ​យើង​មក​ចំ​ពេល​ដ៏​សប្បាយ​រីក​រាយ។ សូម​មេត្តា​ឲ្យ​អ្វី​ក៏​ដោយ​ដែល​អ្នក​អាច​ឲ្យ​បាន​ដល់​យើង​ដែល​ជា​អ្នក​បម្រើ និង​ឲ្យ​ដល់​ដាវីឌ​ជា​កូន*អ្នក​ផង›​»។+

៩ លុះ​ដាវីឌ​និយាយ​ចប់​ហើយ ពួក​បុរស​របស់​គាត់​ធ្វើ​ដំណើរ​ទៅ​ជួប​ណាបាល ហើយ​ប្រាប់​ណាបាល​តាម​ពាក្យ​សម្ដី​ទាំង​អស់​របស់​ដាវីឌ។ ពេល​ពួក​គេ​និយាយ​ចប់ ១០ ណាបាល​ឆ្លើយ​ទៅ​វិញ​ថា​៖ ​«​តើ​ដាវីឌ​ជា​អ្នក​ណា? តើ​កូន​ប្រុស​អ៊ីសាយ​ជា​អ្នក​ណា? សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ច្រើន​ណាស់​រត់​ចោល​ម្ចាស់​របស់​ពួក​គេ។+ ១១ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​យក​នំ​ប៉័ង ទឹក និង​សាច់​ដែល​ខ្ញុំ​កាប់​សម្រាប់​ពួក​អ្នក​កាត់​រោម​ចៀម ឲ្យ​ដល់​មនុស្ស​ដែល​ខ្ញុំ​មិន​ដឹង​ថា​មក​ពី​ណា​ផង​នោះ?​»។

១២ ពួក​បុរស​ទាំង​នោះ​នាំ​ពាក្យ​សម្ដី​ទាំង​អស់​របស់​ណាបាល​ទៅ​ប្រាប់​ដាវីឌ​វិញ។ ១៣ ខណៈ​នោះ ដាវីឌ​បញ្ជា​ពួក​បុរស​របស់​គាត់​ថា​៖ ​«​ចូរ​គ្រប់​គ្នា​ប្រដាប់​ដាវ​របស់​ខ្លួន!​»។+ ដូច្នេះ ពួក​គេ​ទាំង​អស់​ប្រដាប់​ដាវ​រៀង​ៗ​ខ្លួន ហើយ​ដាវីឌ​ក៏​ប្រដាប់​ដាវ​របស់​គាត់​ដែរ។ បុរស​ដែល​ទៅ​ជា​មួយ​នឹង​ដាវីឌ មាន​ចំនួន​ប្រហែល​៤០០​នាក់។ រីឯ​បុរស​២០០​នាក់​ទៀត​នៅ​យាម​អីវ៉ាន់។

១៤ ដំណាល​គ្នា​នោះ អ្នក​បម្រើ​ម្នាក់​បាន​ទៅ​ប្រាប់​អាប៊ីកែល​ដែល​ជា​ប្រពន្ធ​ណាបាល​ថា​៖ ​«​លោក​ស្រី! ដាវីឌ​បាន​ចាត់​អ្នក​នាំ​ដំណឹង​ពី​តំបន់​ស្ងាត់​ជ្រងំ​ឲ្យ​មក​ជូន​ពរ​លោក​ម្ចាស់​ឲ្យ​បាន​សេចក្ដី​សុខ តែ​លោក​ម្ចាស់​បែរ​ជា​ស្រែក​ប្រមាថ​មើល​ងាយ​ពួក​គេ​ទៅ​វិញ។+ ១៥ បុរស​ទាំង​នោះ​ល្អ​នឹង​យើង​ខ្លាំង​ណាស់។ ក្នុង​អំឡុង​ពេលយើង​នៅ​ឯ​វាល​ជា​មួយ​នឹង​ពួក​គេ ពួក​គេ​មិន​ដែល​ធ្វើ​បាប​យើង​ទេ ហើយ​យើង​ក៏​មិន​ដែល​បាត់​អ្វី​ដែរ។+ ១៦ ពេល​ដែល​យើង​ឃ្វាល​ហ្វូង​ចៀម​នៅ​ជិត​ពួក​គេ ពួក​គេ​ប្រៀប​ដូច​ជា​កំពែង​ការពារ​ជុំវិញ​យើង​ទាំង​យប់​ទាំង​ថ្ងៃ។ ១៧ ឥឡូវ​នេះ តើ​លោក​ស្រី​គិតធ្វើយ៉ាង​ណា? ព្រោះ​អន្តរាយ​ច្បាស់​ជា​កើត​មាន​ដល់​លោក​ម្ចាស់​និង​យើង​គ្រប់​គ្នា​ហើយ។+ លោក​ម្ចាស់​ជា​មនុស្ស​កោង​កាច*+ ហើយ​គាត់​មិន​ស្ដាប់​អ្នក​ណា​ឡើយ​»។

១៨ ពេល​អាប៊ីកែល+ឮ​ដូច្នេះ នាង​រូត​រះ​រៀបចំ​នំ​ប៉័ង​២០០​ដុំ ស្រា​២​ក្រឡ​ធំ​ៗ លាជ​៥​រង្វាល់* នំ​ទំពាំង​បាយ​ជូរ​ក្រៀម​១០០ នំ​ល្វា​២០០ ព្រម​ទាំង​ចៀម​៥​ក្បាល​ដែល​បាន​ត្រូវ​សម្លាប់​ជា​ស្រេច រួច​យក​អ្វី​ទាំង​នោះ​ទៅ​ដាក់​លើ​ខ្នង​លា។+ ១៩ បន្ទាប់​មក នាង​ប្រាប់​អ្នក​បម្រើ​ថា​៖ ​«​សូម​ទៅ​មុន​ខ្ញុំ​ចុះ! ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ​»។ ប៉ុន្តែ នាង​មិន​បាន​ប្រាប់​ណាបាល​ទេ។

២០ កាល​ដែល​នាង​កំពុង​ជិះ​លា​តាម​ជម្រាល​ភ្នំ គាប់​ជួន​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ឯ​នាង​ដែរ តែ​ពួក​គេ​មិន​បាន​ឃើញ​នាង​ទេ​ដោយ​សារ​បាំង​ភ្នំ។ នៅ​ទី​បំផុត នាង​ជួប​ពួក​គេ។ ២១ មុន​នោះ ដាវីឌ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ខំ​ការពារ​ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​បុរស​នេះ​នៅ​តំបន់​ស្ងាត់​ជ្រងំ គ្មាន​ទ្រព្យ​ណា​មួយ​របស់​គាត់​បាន​បាត់​ឡើយ+ តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ​គ្មាន​តម្លៃ​សោះ។ ផ្ទុយ​ទៅ​វិញ គាត់​តប​ស្នង​អំពើ​ល្អ​របស់​ខ្ញុំ​ដោយ​អំពើ​អាក្រក់។+ ២២ បើ​ខ្ញុំ​ទុក​បុរស​ណា​ម្នាក់​របស់​គាត់​ឲ្យ​នៅ​រស់​រហូត​ដល់​ព្រឹក​ស្អែក នោះ​សូម​ព្រះ​ដាក់​ទោស​ខ្ញុំ​ឲ្យ​ធ្ងន់​ចុះ!​»។

២៣ ពេល​អាប៊ីកែល​ឃើញ​ដាវីឌ​ភ្លាម នាង​ក៏​ស្ទុះស្ទា​ចុះ​ពី​លើ​ខ្នង​លា ហើយ​ក្រាប​ក្បាល​ដល់​ដី​គោរព​ដាវីឌ។ ២៤ រួច​នាង​លំឱន​កាយ​នៅ​ជិត​ជើង​ដាវីឌ ទាំង​និយាយ​ថា​៖ ​«​លោក​ម្ចាស់ សូម​ដាក់​ទោស​ខ្ញុំ​វិញ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​និយាយ​ជា​មួយ​នឹង​លោក​បន្តិច​សិន។ សូម​មេត្តា​ស្ដាប់​ខ្ញុំ​ផង។ ២៥ សូម​លោក​ម្ចាស់​កុំ​ស្ដាប់​សម្ដី​របស់​ណាបាល​ជា​មនុស្ស​កោង​កាច​ម្នាក់​នោះ​ឡើយ។+ គាត់​ឈ្មោះ​ណាបាល* គាត់​ដូច​ឈ្មោះ​របស់​គាត់​មែន ដោយ​សារ​គាត់​មិន​ចេះ​គិត​ពិចារណា​ទាល់​តែ​សោះ។ ពេល​ពួក​បុរស​របស់​លោក​ម្ចាស់​អញ្ជើញ​មក ខ្ញុំជាអ្នក​បម្រើលោក​មិន​នៅ​ទី​នោះ​ទេ។ ២៦ លោក​ម្ចាស់ ខ្ញុំ​សូម​យក​ព្រះ​យេហូវ៉ា​ជា​សាក្សី* ហើយ​សូម​ស្បថ​ជូន​លោក​ម្ចាស់​ថា គឺ​ព្រះ​យេហូវ៉ា​ជា​អ្នក​ឃាត់​លោក+មិន​ឲ្យ​មាន​ទោស​សម្លាប់​មនុស្ស*+ និង​រា​រាំង​លោក​មិន​ឲ្យ​សង​សឹក​ដោយ​ដៃ​លោក​ផ្ទាល់​ឡើយ។ សូម​ឲ្យ​សត្រូវ​របស់​លោក​និង​អ្នក​ដែល​តាម​ធ្វើ​អាក្រក់​ចំពោះ​លោក បាន​ដូច​ជា​ណាបាលចុះ។ ២៧ ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​បាន​យក​អំណោយ​ទាំង​នេះ+មក​ជូន​លោក​ម្ចាស់ សូម​លោក​ទទួល​យក​ទុក​ចែក​ដល់​ពួក​បុរស​ដែល​នៅ​ជា​មួយ​នឹង​លោក។+ ២៨ សូម​លោក​ម្ចាស់​លើក​លែង​ទោស​ចំពោះ​ការ​រំលង​របស់​ខ្ញុំ​ផង។ ព្រះ​យេហូវ៉ា​ប្រាកដ​ជា​ធ្វើ​ឲ្យ​ពូជ​ពង្ស​របស់​លោក​ស្ថិតស្ថេរ​រហូត​ទៅ+ ពី​ព្រោះ​លោក​ម្ចាស់​ធ្វើ​សង្គ្រាម​ជូន​ព្រះ​យេហូវ៉ា+ ហើយ​ក្នុង​ជីវិត​របស់​លោក​រហូត​មក​ដល់​ពេល​នេះ មិន​ដែល​ឃើញ​លោក​ប្រព្រឹត្ត​អាក្រក់​ឡើយ។+ ២៩ បើ​អ្នក​ណា​ម្នាក់​ដេញ​តាម​សម្លាប់​លោក​ម្ចាស់ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ម្ចាស់​នឹង​ការពារ​ជីវិត*លោក​ម្ចាស់ ដូច​វេច​ខ្ចប់​ទ្រព្យ​ថ្លៃ​វិសេស។ ចំណែក​ជីវិត*សត្រូវ​របស់​លោក​ម្ចាស់​វិញ ព្រះ​នឹង​គ្រវែង​ពួក​គេ​ចោល​ដូច​ពន្លែង​ថ្ម​ចេញ​ពី​ខ្សែ​ដង្ហក់។ ៣០ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ផ្ដល់អ្វី​ល្អ​ទាំង​អស់​ដែល​លោក​សន្យា​ដល់​លោក​ម្ចាស់ ហើយ​តែង​តាំង​លោក​ម្ចាស់​ជា​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល+ ៣១ នោះ​លោក​ម្ចាស់​នឹង​មិន​ស្ដាយ​ក្រោយ​ឡើយ ព្រោះ​លោក​ម្ចាស់​មិន​បាន​សម្លាប់​មនុស្ស​ដោយ​គ្មាន​មូលហេតុ​ទេ។ លោក​ម្ចាស់​ក៏​មិន​បាន​សង​សឹក​ដោយ​ដៃ​លោក​ម្ចាស់​ដែរ។+ ពេល​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​លោក​ម្ចាស់ សូម​នឹក​ឃើញ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក​ផង​»។

៣២ ដូច្នេះ ដាវីឌ​និយាយ​ទៅ​កាន់​អាប៊ីកែល​ថា​៖ ​«​សូម​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដែល​ចាត់​នាង​ឲ្យ​មក​ជួប​ខ្ញុំ​នៅ​ថ្ងៃ​នេះ! ៣៣ សូម​ព្រះ​ឲ្យ​ពរ​នាង​ដែល​នាង​ចេះ​គិត​ពិចារណា! សូម​ព្រះ​ឲ្យ​ពរ​នាង ដោយ​សារ​នាង​បាន​ឃាត់​ខ្ញុំ​នៅ​ថ្ងៃ​នេះ កុំ​ឲ្យ​មាន​ទោស​សម្លាប់​មនុស្ស+ និង​កុំ​ឲ្យ​សង​សឹក​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ ៣៤ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​អាក្រក់​ចំពោះ​នាង។+ ប្រសិន​បើ​នាង​មិន​ប្រញាប់​មក​ជួប​ខ្ញុំ​ទេ+ ខ្ញុំ​សូម​យក​ព្រះ​ជា​សាក្សី​ថា ច្បាស់​ជា​គ្មាន​បុរស​ណា​ម្នាក់​របស់​ណាបាល​មាន​ជីវិត​រស់​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ​»។+ ៣៥ ដូច្នេះ ដាវីឌ​ព្រម​ទទួល​អំណោយ​ពី​នាង ហើយ​គាត់​ប្រាប់​នាង​ថា​៖ ​«​សូម​នាង​ត្រឡប់​ទៅ​ផ្ទះ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ។ ខ្ញុំ​ព្រម​ស្ដាប់​សម្ដី​របស់​នាង ហើយ​ក៏​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​នាង​ដែរ​»។

៣៦ ពេល​អាប៊ីកែល​ត្រឡប់​ទៅ​ផ្ទះ​វិញ នាង​ឃើញ​ណាបាល​កំពុង​ធ្វើ​ពិធី​ជប់​លៀង​ដូច​ជា​ពិធី​ជប់​លៀង​របស់​ស្ដេច។ ពេល​នោះ​ណាបាល​សប្បាយ​ចិត្ត ហើយ​ស្រវឹង​ស្រា​ខ្លាំង​ណាស់។ ឃើញ​ដូច្នេះ អាប៊ីកែល​មិន​ប្រាប់​គាត់​អ្វី​សោះ​រហូត​ដល់​ព្រឹក​ស្អែក។ ៣៧ លុះ​ព្រឹក​ឡើង ពេល​ដែល​ណាបាល​ស្វាង​ស្រា អាប៊ីកែល​ប្រាប់​រឿង​ទាំង​នោះ​ដល់​គាត់។ ខណៈ​នោះ ស្រាប់​តែ​បេះ​ដូង​របស់​គាត់​លោត​ខ្សោយ​ទៅ​ៗ ហើយ​គាត់​ក៏​ដេក​ស្ដូក​កម្រើក​លែង​បាន​ដូច​ដុំ​ថ្ម។ ៣៨ ប្រហែល​១០​ថ្ងៃ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រល័យ​ជីវិត​ណាបាល។

៣៩ ពេល​ដាវីឌ​ឮ​ថា​ណាបាល​ស្លាប់ គាត់​និយាយ​ថា​៖ ​«​ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដែល​បាន​ការពារ​ក្ដី​ឲ្យ​ខ្ញុំ+រួច​ពី​ការ​ប្រមាថ​មើល​ងាយ​របស់​ណាបាល+ ហើយ​លោក​បាន​ឃាត់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​មិន​ឲ្យ​ធ្វើ​អាក្រក់​ឡើយ។+ ព្រះ​យេហូវ៉ា​បាន​នាំ​អំពើ​អាក្រក់​របស់​ណាបាល​ឲ្យ​ធ្លាក់​ទៅ​លើ​ក្បាល​របស់​គាត់​វិញ!​»។ ក្រោយ​មក ដាវីឌ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ស្នើ​អាប៊ីកែល​ដើម្បី​ធ្វើ​ជា​ប្រពន្ធ​របស់​គាត់។ ៤០ អ្នក​បម្រើ​របស់​ដាវីឌ​បាន​ទៅ​ជួប​អាប៊ីកែល​នៅ​ក្រុង​កើមែល ហើយ​និយាយ​ទៅ​នាង​ថា​៖ ​«​ដាវីឌ​បាន​ចាត់​ពួក​យើង​មក​ដើម្បី​ស្នើ​នាង​ធ្វើ​ជា​ប្រពន្ធ​របស់​គាត់​»។ ៤១ ភ្លាម​នោះ នាង​ក៏​ក្រោក​ឡើង ហើយ​ក្រាប​ក្បាល​ចុះ​ដល់​ដី រួច​និយាយ​ថា​៖ ​«​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អ្នក​បម្រើ លាង​ជើង+ជូន​អ្នក​បម្រើ​របស់​លោក​ម្ចាស់​ខ្ញុំ​»​។ ៤២ រួច​មក អាប៊ីកែល+ប្រញាប់​ក្រោក​ឡើង ហើយ​ជិះ​លើ​ខ្នង​លា ទាំង​មាន​អ្នក​បម្រើ​ស្រី​៥​នាក់​ដើរ​ពី​ក្រោយ​នាង។ នាង​ធ្វើ​ដំណើរ​ជា​មួយ​នឹង​អ្នក​បម្រើ​របស់​ដាវីឌ។ ក្រោយ​មក នាង​ក្លាយ​ទៅ​ជា​ប្រពន្ធ​របស់​ដាវីឌ។

៤៣ ដាវីឌ​ក៏​បាន​រៀប​ការ​ជា​មួយ​នឹង​អាហ៊ីណោម+ពី​ក្រុង​យេសរៀល​ដែរ។+ ដូច្នេះ ស្ត្រី​ទាំង​ពីរ​នាក់​នោះ​បាន​ទៅ​ជា​ប្រពន្ធ​របស់​គាត់។+

៤៤ រីឯ​មីកាល​ជា​កូន​ស្រី​របស់​សុល+ និង​ជា​ប្រពន្ធ​របស់​ដាវីឌ បាន​ត្រូវ​សុល​លើក​ឲ្យ​ផាលថាយ+ដែល​ជា​កូន​ប្រុស​របស់​ឡាអ៊ីស​ជា​អ្នក​ក្រុង​កាលីម។

២៦ លុះ​ក្រោយ​មក ពួក​បុរស​នៅ​ក្រុង​ស៊ីប+បាន​មក​ឯ​សុល​នៅ​ក្រុង​គីបៀ+ ហើយ​ប្រាប់​ថា​៖ ​«​ដាវីឌ​កំពុង​លាក់​ខ្លួន​នៅ​ទួល​ហាគីឡា​ទល់​មុខ​តំបន់​យេស៊ីម៉ូន​»។*+ ២ ដូច្នេះ សុល​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ចេញ​ទៅ​ជា​មួយ​នឹង​កង​ទ័ព​៣.០០០​នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​តាម​ចាប់​ដាវីឌ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​ស៊ីប។+ ៣ សុល​បាន​បោះ​ទ័ព​លើ​ទួល​ហាគីឡា​ដែល​នៅ​ក្បែរ​ផ្លូវ​ទល់​មុខ​តំបន់​យេស៊ីម៉ូន។ ចំណែក​ឯ​ដាវីឌ​ដែល​កំពុង​អាស្រ័យ​នៅ​តំបន់​ស្ងាត់​ជ្រងំ គាត់​បាន​ឮ​ថា​សុល​មក​តាម​ចាប់​គាត់​ដល់​ទី​នេះ។ ៤ ម្ល៉ោះ​ហើយ ដាវីឌ​បាន​ចាត់​អ្នក​ស៊ើបការណ៍​ឲ្យ​ទៅ​ស៊ើប​មើល​ឲ្យ​ដឹង​ច្បាស់​ថា សុល​ពិត​ជា​បាន​មក​មែន​ឬ​យ៉ាង​ណា។ ៥ ក្រោយ​ពី​ដាវីឌ​ដឹង​ថា​សុល​ពិត​ជា​បាន​មក​មែន គាត់​បាន​ចេញ​ទៅ​ដល់​កន្លែង​ដែល​សុល​បោះ​ទ័ព។ គាត់​ឃើញ​សុល​និង​អាប់ណឺ+ជា​មេ​ទ័ព​ដែល​ត្រូវ​ជា​កូន​ប្រុស​ណឺ​កំពុង​ដេក។ សុល​ដេក​ក្នុង​ជំរំ​ទាំង​មាន​ជំរំ​ទ័ព​នៅ​ជុំវិញ​គាត់។ ៦ បន្ទាប់​មក ដាវីឌ​និយាយ​ជា​មួយ​នឹង​អាហ៊ីម៉ាឡិច​ជា​ជន​ជាតិ​ហេត+ និង​អាប៊ីសាយ+ជា​បង​បង្កើត​របស់​យ៉ូអាប់ ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​សេរូយ៉ា+ ដោយ​សួរ​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ជំរំ​របស់​សុល​ជា​មួយ​នឹង​ខ្ញុំ?​»។ អាប៊ីសាយ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​ចុះ​ទៅ​ជា​មួយនឹង​អ្នក​»។ ៧ ដូច្នេះ ដាវីឌ​និង​អាប៊ីសាយ​ក៏​ចូល​ទៅ​ជំរំ​ទ័ព​នៅ​យប់​នោះ​ឯង។ ពេល​ទៅ​ដល់ ពួក​គេ​ឃើញ​សុល​កំពុង​ដេក​ក្នុង​ជំរំ ទាំង​មាន​លំពែង​ដោត​ជាប់​ដី​ជិត​ក្បាល​ដំណេក​គាត់។ ឯ​អាប់ណឺ​និង​ពួក​ទាហាន​កំពុង​ដេក​នៅ​ជុំវិញ​គាត់។

៨ ឃើញ​ដូច្នេះ អាប៊ីសាយ​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​ថ្ងៃ​នេះ ព្រះ​បាន​ប្រគល់​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។+ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​គាត់​ម្ដង​ឲ្យ​ស្លាប់​ទៅ មិន​ចាំ​បាច់​ចាក់​ពីរ​ដង​ទេ​»។ ៩ ក៏​ប៉ុន្តែ ដាវីឌ​និយាយ​ទៅ​អាប៊ីសាយ​ថា​៖ ​«​កុំ​ធ្វើ​អាក្រក់​ចំពោះ​លោក​ឡើយ។ តើ​អ្នក​ដែល​លើក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង+ នឹង​គ្មាន​ទោស​ឬ?​»។+ ១០ ដាវីឌ​និយាយ​បន្ត​ទៀត​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា ព្រះ​យេហូវ៉ា​នឹង​សម្លាប់​លោក​ដោយ​ផ្ទាល់+ ឬ​លោក​នឹង​អស់​ជីវិត​ដូច​មនុស្ស​ទូទៅ​ដែរ+ ឬ​លោក​នឹង​ស្លាប់​ក្នុង​សមរភូមិ។+ ១១ ដោយ​គិត​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ខ្ញុំ​មិន​អាច​លើក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ឡើយ!+ ឥឡូវ សូម​អ្នក​យក​ក្អម​ទឹក​និង​លំពែង​នៅ​ជិត​ក្បាល​ដំណេក​លោក​មក រួច​យើង​នឹង​ចេញ​ទៅ​វិញ​»។ ១២ ដូច្នេះ ដាវីឌ​ក៏​យក​ក្អម​ទឹក​និង​លំពែង​ដែល​នៅ​ជិត​ក្បាល​ដំណេក​របស់​សុល ហើយ​នាំ​គ្នា​ចេញ​ទៅ។ គ្មាន​ទាហាន​ណា​ម្នាក់​បាន​ឃើញ+ ឬ​ដឹង​ថា​ពួក​គេ​មក​ទេ ព្រោះ​ពួក​ទាហាន​បាន​ដេក​លង់​លក់​ទាំង​អស់​គ្នា។ នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដេក​លក់​ស៊ប់។ ១៣ រួច​មក ដាវីឌ​ក៏​ឆ្លង​ទៅ​ជ្រលង​ម្ខាង​ទៀត ហើយ​ឈរ​លើ​កំពូល​ភ្នំ​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​របស់​សុល។ នៅ​ចន្លោះ​រវាង​ពួក​គេ​មាន​ប្រឡោះ​ធំ​មួយ។

១៤ ដាវីឌ​ស្រែក​ហៅ​ពួក​ទាហាន និង​អាប់ណឺ+ជា​កូន​ប្រុស​របស់​ណឺ​ថា​៖ ​«​អាប់ណឺ! ឮ​ខ្ញុំ​ហៅ​ទេ?​»។ អាប់ណឺ​ឆ្លើយ​ថា​៖ ​«​តើ​អ្នក​ជា​នរណា​បាន​ជា​ហ៊ាន​ស្រែក​ហៅ​រំខាន​ស្ដេច​ដូច្នេះ?​»។* ១៥ ដាវីឌ​ឆ្លើយ​ទៅ​អាប់ណឺ​ថា​៖ ​«​តើ​អ្នក​មិន​មែន​ជា​បុរស​ក្លាហាន​ទេ​ឬ? ក្នុង​ស្រុក​អ៊ី​ស្រា​អែ​ល តើ​មាន​អ្នក​ណា​ដូច​អ្នក? ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ចាំ​ការពារ​ស្ដេច​ជា​ម្ចាស់? អ្នក​ដឹង​ទេ មាន​ទាហាន​ម្នាក់​បាន​ចូល​ទៅ​ប៉ុន​ប៉ង​សម្លាប់​ស្ដេច​ជា​ម្ចាស់​របស់​អ្នក។+ ១៦ អ្នក​បាន​ធ្វេស​ប្រហែស​នឹង​ភារកិច្ច​របស់​អ្នក​ហើយ។ ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា អ្នក​សម​តែ​ស្លាប់ ពី​ព្រោះ​អ្នក​មិន​បាន​ចាំ​ការពារ​លោក​ម្ចាស់​របស់​អ្នក ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ឡើយ។+ ចូរ​អ្នក​រក​មើល! តើ​ក្អម​ទឹក​និង​លំពែង+ដែល​នៅ​ជិត​ក្បាល​ដំណេក​ស្ដេច​នៅ​ឯ​ណា?​»។

១៧ សុល​ស្គាល់​សំឡេង​របស់​ដាវីឌ ដូច្នេះ​សុល​ក៏​សួរ​ថា​៖ ​«​ដាវីឌ​កូន​អើយ តើ​នេះ​ជា​សំឡេង​របស់​កូន​ឬ?​»។+ ដាវីឌ​ឆ្លើយ​ថា​៖ ​«​ឱ​ស្ដេច​ជា​ម្ចាស់​របស់​ខ្ញុំ នេះ​ជា​សំឡេង​ខ្ញុំ​មែន​»។ ១៨ ដាវីឌ​និយាយ​ទៀត​ថា​៖ ​«​ហេតុ​អ្វី​លោក​ម្ចាស់​ដេញ​តាម​ចាប់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក?+ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស? តើ​ខ្ញុំ​មាន​ទោស​កំហុស​អ្វី?+ ១៩ ស្ដេច​ជា​ម្ចាស់​របស់​ខ្ញុំ សូម​មេត្តា​ស្ដាប់​ខ្ញុំ​សិន។ បើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ញុះញង់​លោក​ឲ្យ​ទាស់​នឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​ជូន​គ្រឿង​បូជា​ពី​ស្រូវ​ដល់​ព្រះ។ ប៉ុន្តែ បើ​មនុស្ស​ជា​អ្នក​ញុះញង់​លោក​វិញ+ នោះ​ពួក​គេ​នឹង​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា ព្រោះ​ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​សិទ្ធិ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ជា​មត៌ក​របស់​ព្រះ​យេហូវ៉ា​ឡើយ។+ ពួក​គេ​បណ្ដេញ​ខ្ញុំ​ឲ្យ​ចេញ​ឆ្ងាយ ដោយ​និយាយ​ថា​៖ ‹ចូរ​ទៅ​បម្រើ​ព្រះ​ផ្សេង​ទៅ!›។ ២០ ដូច្នេះ សូម​កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឆ្ងាយ​ពី​មុខ​ព្រះ​យេហូវ៉ា​ឡើយ* ព្រោះ​ស្ដេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល​តាម​ចាប់​ខ្ញុំ​ដែល​ជា​ចៃ​មួយ​ក្បាល+ ដូច​ដេញ​តាម​ចាប់​សត្វ​ទទា​នៅ​លើ​ភ្នំ​»។

២១ ឮ​ដូច្នេះ សុល​និយាយ​ថា​៖ ​«​ខ្ញុំ​ធ្វើ​ខុស​ហើយ។+ ដាវីឌ​កូន​អើយ សូម​កូន​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ឈប់​ធ្វើ​អាក្រក់​ចំពោះ​កូន​ទៀត ព្រោះ​នៅ​ថ្ងៃ​នេះ​កូន​បាន​ចាត់​ទុក​ជីវិត*ខ្ញុំ​ថា​ថ្លៃ​វិសេស។+ តែ​ខ្ញុំ​បែរ​ជា​ប្រព្រឹត្ត​ដោយ​ឆោត​ល្ងង់ ថែម​ទាំង​ធ្វើ​ខុស​យ៉ាង​ធ្ងន់​ទៀត​ផង​»។ ២២ ដាវីឌ​តប​ថា​៖ ​«​នេះ​ជា​លំពែង​របស់​ស្ដេច។ សូម​លោក​ចាត់​យុវជន​ម្នាក់​ឲ្យ​មក​យក​ទៅ​វិញ​ចុះ។ ២៣ ព្រះ​យេហូវ៉ា​នឹង​សង​ដល់​មនុស្ស​ម្នាក់​ៗ​តាម​សេចក្ដី​សុចរិត​និង​សេចក្ដី​ស្មោះ​ត្រង់​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+ នៅ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រគល់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ តែ​ខ្ញុំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ឡើយ។+ ២៤ មើល! ថ្ងៃ​នេះ​ខ្ញុំ​បាន​ចាត់​ទុក​ជីវិត*របស់​លោក​ថា​ថ្លៃ​វិសេស ដូច្នេះ​សូម​ឲ្យ​ជីវិត*របស់​ខ្ញុំ​ថ្លៃ​វិសេស​នៅ​ភ្នែក​របស់​ព្រះ​យេហូវ៉ា​យ៉ាង​នោះ​ដែរ ហើយ​សូម​ឲ្យ​ព្រះ​សង្គ្រោះ​ខ្ញុំ​ពី​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង​ផង​»។+ ២៥ សុល​តប​ទៅ​ដាវីឌ​វិញ​ថា​៖ ​«​ដាវីឌ​កូន​អើយ សូម​ឲ្យ​ព្រះ​ផ្ដល់​ពរ​ដល់​កូន។ កូន​ច្បាស់​ជា​នឹង​សម្រេច​កិច្ចការ​អស្ចារ្យ​ជា​ច្រើន ហើយ​កូន​ច្បាស់​ជា​នឹង​បាន​ជ័យ​ជម្នះ​ជា​មិន​ខាន​»។+ រួច​មក ដាវីឌ​ធ្វើ​ដំណើរ​ចេញ​ទៅ រីឯ​សុល​ត្រឡប់​ទៅ​វិមាន​គាត់​វិញ។+

២៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដាវីឌ​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ថ្ងៃ​មួយ​ខ្ញុំ​ច្បាស់​ជា​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​របស់​សុល​ជា​មិន​ខាន។ គ្មាន​ផ្លូវ​ណា​ល្អ​ជាង​ឲ្យ​ខ្ញុំ​រត់​ភៀស​ខ្លួន+ទៅ​នៅ​ទឹក​ដី​ភីលីស្ទីន​ទេ។ បើ​ទៅ​ទី​នោះ សុល​នឹង​ឈប់​តាម​ចាប់​ខ្ញុំ​ក្នុង​តំបន់​ទាំង​អស់​នៅ​ស្រុក​អ៊ីស្រាអែល​ទៀត+ ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​គាត់​»។ ២ ដូច្នេះ ដាវីឌ​និង​បុរស​៦០០​នាក់+ដែល​នៅ​ជា​មួយ​នឹង​គាត់ បាន​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​ឯ​អាគីស+ជា​ស្ដេច​ក្រុង​កាថ ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ម៉ាអក់។ ៣ ដាវីឌ​និង​ពួក​បុរស​របស់​គាត់ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ បាន​មក​អាស្រ័យ​នៅ​ក្នុង​ក្រុង​កាថ​ជា​មួយ​នឹង​អាគីស។ ដាវីឌ​ក៏​នាំ​ប្រពន្ធ​ពីរ​នាក់​របស់​គាត់​មក​ជា​មួយ​ដែរ គឺ​អាហ៊ីណោម+ជា​អ្នក​ក្រុង​យេសរៀល និង​អាប៊ីកែល+ជា​អ្នក​ក្រុង​កើមែល ដែល​ជា​ប្រពន្ធ​របស់​សព​ណាបាល។ ៤ ពេល​សុល​ឮ​ដំណឹង​ថា ដាវីឌ​បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រុង​កាថ គាត់​ឈប់​ស្វែង​រក​ដាវីឌ​ទៀត។+

៥ ក្រោយ​មក ដាវីឌ​ជម្រាប​អាគីស​ថា​៖ ​«​បើ​លោក​ពេញ​ចិត្ត​ខ្ញុំ សូម​លោក​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ក្រុង​មួយ​នៅ​ជនបទ ព្រោះ​មិន​សម​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​អាស្រ័យ​នៅ​ក្នុង​រាជធានី​ជា​មួយ​នឹង​លោក​ទេ​»។ ៦ នៅ​ថ្ងៃ​នោះ អាគីស​បាន​ឲ្យ​ក្រុង​ស៊ីកឡាក់+ទៅ​គាត់។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​ស៊ីកឡាក់​ក្លាយ​ទៅ​ជា​ក្រុង​របស់​ស្ដេច​ស្រុក​យូដា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

៧ ដាវីឌ​អាស្រ័យ​នៅ​ជនបទ​ក្នុង​ស្រុក​ភីលីស្ទីន អស់​រយៈ​ពេល​១​ឆ្នាំ​៤​ខែ។+ ៨ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​ឡើង​ទៅ​វាយលុក​ជន​ជាតិ​កេសឺ+ ជន​ជាតិ​គីសាយ និង​ជន​ជាតិ​អាម៉ាលេក+ ព្រោះ​ពួក​គេ​រស់​នៅ​ក្នុង​ទឹក​ដី​ដែល​លាត​សន្ធឹង​ពី​ធីឡាម​រហូត​ដល់​ស៊ើ+ និង​រហូត​ដល់​ស្រុក​អេហ្ស៊ីប។ ៩ ពេល​ដែល​ដាវីឌ​វាយលុក​ទឹក​ដី​ទាំង​នោះ គាត់​មិន​ទុក​ជីវិត​ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ ទោះ​ជា​ស្រី​ឬ​ប្រុស​ក្ដី។+ គាត់​រឹប​អូស​យក​ហ្វូង​ចៀម ហ្វូង​គោ ហ្វូង​លា ហ្វូង​អូដ្ឋ និង​សម្លៀក​បំពាក់។ រួចគាត់​ត្រឡប់​មក​ឯ​អាគីស​វិញ។ ១០ ក្រោយ​ពី​ដាវីឌ​ត្រឡប់​មក​វិញ អាគីស​តែង​សួរ​គាត់​ថា​៖ ​«​ថ្ងៃ​នេះ តើ​អ្នក​ទៅ​វាយ​លុក​កន្លែង​ណា?​»។ ពេល​ខ្លះ​ដាវីឌ​ឆ្លើយ​ថា​៖ ​«​ទៅ​វាយលុក​ខាង​ត្បូង*ស្រុក​យូដា​»។+ ពេល​ខ្លះ​ទៀត​គាត់​ឆ្លើយ​ថា​៖ ​«​ទៅ​វាយលុក​ខាង​ត្បូង​ស្រុក​របស់​កូន​ចៅ​យេរ៉ាមេល​»​+ ឬ​គាត់​និយាយ​ថា​៖ ​«​ទៅ​វាយលុក​ខាង​ត្បូង​ស្រុក​របស់​ជន​ជាតិ​កែន​»។+ ១១ ដាវីឌ​មិន​ទុក​ជីវិត​បុរស​ឬ​ស្ត្រី​ណា​ម្នាក់​ឲ្យ​នៅ​រស់​ទេ ក្រែង​លោ​ពួក​គេ​ទៅ​ប្រាប់​អ្នក​ក្រុង​កាថ​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ (​ដាវីឌ​តែង​តែ​ធ្វើ​ដូច្នោះ ក្នុង​អំឡុង​ពេល​ដែល​គាត់​ស្នាក់​នៅ​ជនបទ​ក្នុង​ស្រុក​ភីលីស្ទីន​)។ ១២ អាគីស​ជឿ​សម្ដី​ដាវីឌ ហើយ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​ជន​រួម​ជាតិ​របស់​គាត់ ច្បាស់​ជា​ស្អប់ខ្ពើម​គាត់​ជា​មិន​ខាន។ ដូច្នេះ គាត់​នឹង​បន្ត​ធ្វើ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​រហូត›។

២៨ នៅ​គ្រា​នោះ ពួក​ភីលីស្ទីន​ប្រមូល​ពល​ទ័ព​ដើម្បី​ធ្វើ​សង្គ្រាម​នឹង​ពួក​អ៊ីស្រាអែល។+ ដូច្នេះ អាគីស​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​អ្នក​និង​ពួក​បុរស​របស់​អ្នក​ត្រូវ​ចេញ​ទៅ​សមរភូមិ​ជា​មួយ​នឹង​ខ្ញុំ​»។+ ២ ដាវីឌ​តប​ទៅ​អាគីស​ថា​៖ ​«​លោក​ជ្រាប​ច្បាស់​ហើយ​ថា យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​លោក​នឹង​ធ្វើ​យ៉ាង​ណា​»។ អាគីស​ប្រាប់​ដាវីឌ​ថា​៖ ​«​បើ​ដូច្នោះ​មែន ខ្ញុំ​នឹង​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អង្គរក្ស​ការពារ​ខ្ញុំ​រហូត​ត​ទៅ​»។+

៣ ចំណែក​សាំយូអែល គាត់​បាន​ទទួល​មរណភាព។ ឯ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​យំ​សោក​នឹង​គាត់ ហើយ​ពួក​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​រ៉ាម៉ា​ជា​ស្រុក​កំណើត​របស់​គាត់។+ រីឯ​សុល​វិញ គាត់​បាន​បំបាត់​ចោល​គ្រូ​ខាប និង​គ្រូ​ទាយ​ចេញ​ពី​ស្រុក​អ៊ីស្រាអែល។+

៤ ឥឡូវ ទាហាន​ភីលីស្ទីន​បាន​ប្រមូល​ផ្ដុំ​គ្នា រួច​ចេញ​ទៅ​បោះ​ទ័ព​នៅ​ក្រុង​ស៊ូណែម។+ ដូច្នេះ សុល​ក៏​បាន​ប្រមូល​ទាហាន​អ៊ីស្រាអែល​ទាំង​អស់​ទៅ​បោះ​ទ័ព​ត្រង់​ភ្នំ​គីលបោ​ដែរ។+ ៥ ពេល​សុល​ឃើញ​ជំរំ​ទ័ព​ភីលីស្ទីន គាត់​ភ័យ​ញាប់​ញ័រ​ក្នុង​ចិត្ត​ជា​ខ្លាំង។+ ៦ សុល​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា+ តែ​ព្រះ​យេហូវ៉ា​មិន​ឆ្លើយ​តប​នឹង​គាត់​សោះ ទោះ​ជា​តាម​រយៈ​សុបិន តាម​រយៈ​យូរីម*+ ឬ​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ក្ដី។ ៧ នៅ​ទី​បំផុត គាត់​បង្គាប់​ពួក​អ្នក​បម្រើ​ថា​៖ ​«​ចូរ​ទៅ​រក​ស្ត្រី​ម្នាក់​ដែល​ចេះ​ខាប+ រួច​ខ្ញុំ​នឹង​ទៅ​ជួប​នាង​»។ ពួក​អ្នក​បម្រើ​តប​ទៅ​សុល​ថា​៖ ​«​នៅ​ក្រុង​អេនដោ មាន​ស្ត្រី​ម្នាក់​ជា​គ្រូ​ខាប​»។+

៨ ម្ល៉ោះ​ហើយ សុល​បាន​ក្លែង​ខ្លួន​ដោយ​ស្លៀក​សម្លៀក​បំពាក់​ធម្មតា ហើយ​ចេញ​ទៅ​ជួប​ស្ត្រី​នោះ​នៅ​ពេល​យប់​ជា​មួយ​នឹង​អ្នក​បម្រើ​ពីរ​នាក់។ សុល​និយាយ​ទៅ​នាង​ថា​៖ ​«​ខ្ញុំ​ចង់​ដឹង​អំពី​អនាគត ដូច្នេះ​សូម​នាង​ប្រើ​វិជ្ជា​ខាប​របស់​នាង+ ហៅ​បុគ្គល​ម្នាក់​ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​»។ ៩ ក៏​ប៉ុន្តែ ស្ត្រី​នោះ​និយាយ​ទៅ​គាត់​ថា​៖ ​«​អ្នក​ច្បាស់​ជា​ដឹង​នូវ​អ្វី​ដែល​សុល​បាន​ធ្វើ​ហើយ។ គាត់​បាន​បំបាត់​ចោល​គ្រូ​ខាប និង​គ្រូ​ទាយ​ចេញ​ពី​ស្រុក​អ៊ីស្រាអែល។+ ចុះ​ហេតុ​អ្វី​អ្នក​ប៉ុន​ប៉ង​ដាក់​អន្ទាក់​ខ្ញុំ​ឲ្យ​ត្រូវ​ស្លាប់​ដូច្នេះ?​»។+ ១០ ឮ​នាង​និយាយ​ដូច​នោះ សុល​ស្បថ​ឲ្យ​នាង​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា នាង​នឹង​គ្មាន​ទោស​ក្នុង​រឿង​នេះ​ឡើយ!​»។ ១១ ដូច្នេះ នាង​ក៏​សួរ​ថា​៖ ​«​តើ​ចង់​ឲ្យ​ខ្ញុំ​ខាប​អ្នក​ណា​មក​ឲ្យ​អ្នក?​»។ សុល​ឆ្លើយ​ថា​៖ ​«​សូម​ខាប​សាំយូអែល​មក​ឲ្យ​ខ្ញុំ​»។ ១២ ពេល​ស្ត្រី​នោះ​ឃើញ​«​សាំយូអែល​»​*+ នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​និយាយ​ទៅ​សុល​ថា​៖ ​«​ហេតុ​អ្វី​លោក​បោក​បញ្ឆោត​ខ្ញុំ​ដូច្នេះ? លោក​ជា​សុល!​»។ ១៣ ស្ដេច​សុល​និយាយ​ទៅ​នាង​ថា​៖ ​«​កុំ​ខ្លាច​ឡើយ។ សូម​ប្រាប់​ខ្ញុំ តើ​នាង​ឃើញ​អ្វី?​»។ ស្ត្រី​នោះ​ឆ្លើយ​ទៅ​សុល​ថា​៖ ​«​ខ្ញុំ​ឃើញ​បុគ្គល​ម្នាក់​ដូច​ជា​ព្រះ​មួយ​រូប​កំពុង​ចេញ​ពី​ដី​មក​»។ ១៤ ភ្លាម​នោះ សុល​សួរ​នាង​ថា​៖ ​«​តើ​គាត់​មាន​រូប​រាង​ដូច​ម្ដេច?​»។ នាង​ឆ្លើយ​ថា​៖ ​«​គាត់​ជា​បុរស​វ័យ​ចាស់​ម្នាក់ ចេញ​មក​ទាំង​ពាក់​អាវ​វែង​គ្មាន​ដៃ​»។+ សុល​ដឹង​ភ្លាម​ថា​គាត់​ជា​«​សាំយូអែល​»​ ដូច្នេះ​សុល​ក៏​ក្រាប​មុខ​ដល់​ដី​បង្ហាញ​ការ​គោរព។

១៥ រួច​មក ​«​សាំយូអែល​»​សួរ​សុល​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រំខាន​ខ្ញុំ​ដោយ​ហៅ​ខ្ញុំ​មក​ដូច្នេះ?​»។ សុល​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មាន​ទុក្ខ​ធ្ងន់​ណាស់ ពី​ព្រោះ​ពួក​ភីលីស្ទីន​ជិត​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ​ហើយ។ ចំណែក​ឯ​ព្រះ​វិញ លោក​បាន​បោះ​បង់​ចោល​ខ្ញុំ ហើយ​មិន​ព្រម​ឆ្លើយ​តប​មក​ខ្ញុំ​សោះ ទោះ​ជា​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ ឬ​តាម​រយៈ​សុបិន​ក្ដី។+ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ហៅ​អ្នក​មក​សួរ​ថា តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា?​»។+

១៦ ​«​សាំយូអែល​»​និយាយ​ថា​៖ ​«​បើ​ព្រះ​យេហូវ៉ា​បាន​ចាក​ចេញ​ពី​អ្នក+ ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​អ្នក ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មក​សុំ​យោបល់​ពី​ខ្ញុំ? ១៧ ព្រះ​យេហូវ៉ា​ផ្ទាល់​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​ប្រកាស​ទុក​ជា​មុន​តាម​រយៈ​ខ្ញុំ​ថា ព្រះ​យេហូវ៉ា​នឹង​ដក​ហូត​រាជាណាចក្រ​ចេញ​ពី​ដៃ​របស់​អ្នក រួច​ប្រគល់​ទៅ​ឲ្យ​បុរស​ម្នាក់​ទៀត គឺ​ដាវីឌ។+ ១៨ ព្រះ​យេហូវ៉ា​ធ្វើ​បែប​នេះ​ចំពោះ​អ្នក​នៅ​ថ្ងៃ​នេះ ដោយ​សារ​អ្នក​មិន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត អ្នក​មិន​បាន​សម្លាប់​ជន​ជាតិ​អាម៉ាលេក+ដែល​បាន​ធ្វើ​ឲ្យ​លោក​ខឹង​ទេ។ ១៩ ព្រះ​យេហូវ៉ា​នឹង​ប្រគល់​អ្នក​និង​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន+ ហើយ​នៅ​ថ្ងៃ​ស្អែក អ្នក+និង​កូន​ប្រុស​ៗ​របស់​អ្នក+នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ទាហាន​អ៊ីស្រាអែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន​»។+

២០ គ្រាន់​តែ​ឮ​សម្ដី​របស់​«​សាំយូអែល​»​ភ្លាម សុល​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ផ្កាប់​មុខ​ដល់​ដី។ សុល​គ្មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន​សោះ ព្រោះ​គាត់​មិន​បាន​បរិភោគ​អស់​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។ ២១ ពេល​ដែល​ស្ត្រី​ជា​គ្រូ​ខាប​នោះ​ចូល​មក​ជិត​សុល នាង​ឃើញ​ថា​គាត់​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ជា​ខ្លាំង។ នាង​និយាយ​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក បាន​ប្រថុយ​ជីវិត+ធ្វើ​តាម​បង្គាប់​របស់​លោក​ហើយ។ ២២ ឥឡូវ សូម​លោក​ស្ដាប់​ខ្ញុំ​សិន។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​នំ​ប៉័ង​មួយ​ដុំ​ជូន​លោក​បរិភោគ ដើម្បី​លោក​អាច​មាន​កម្លាំង​ធ្វើ​ដំណើរ​ទៅ​វិញ​»។ ២៣ ប៉ុន្តែ សុល​បដិសេធ​ថា​៖ ​«​ខ្ញុំ​មិន​បរិភោគ​ទេ​»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​បម្រើ​ពីរ​នាក់​របស់​សុល​និង​ស្ត្រី​នោះ​អង្វរ​សុល​ម្ដង​ហើយ​ម្ដង​ទៀត។ នៅ​ទី​បំផុត សុល​ព្រម​ស្ដាប់​ពួក​គេ គាត់​ក្រោក​ពី​ដី​មក​អង្គុយ​នៅ​លើ​គ្រែ។ ២៤ ស្ត្រី​នោះ​មាន​កូន​គោ​ធាត់​មួយ ដូច្នេះ​នាង​ប្រញាប់​យក​វា​មក​សម្លាប់។ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​ជា​នំ​ប៉័ង​ឥត​ដំបែ។ ២៥ ក្រោយ​ពី​ចម្អិន​រួច​រាល់ នាង​អញ្ជើញ​សុល​និង​អ្នក​បម្រើ​របស់​គាត់​ឲ្យ​បរិភោគ។ លុះ​បរិភោគ​ហើយ ពួក​គេ​ចាក​ចេញ​ទៅ​វិញ​នៅ​យប់​ដដែល​នោះ។+

២៩ ទាហាន​ភីលីស្ទីន+ទាំង​អស់​ជួប​ជុំ​គ្នា​នៅ​ក្រុង​អាផែក។ ដំណាល​គ្នា​នោះ ទាហាន​អ៊ីស្រាអែល​បោះ​ទ័ព​ក្បែរ​ជ្រលង​ទឹក​ផុស​នៅ​យេសរៀល។+ ២ ពួក​មេ​ដឹក​នាំ​ជន​ជាតិ​ភីលីស្ទីន​ហែ​ក្បួន​ទ័ព ទាំង​មាន​ពល​ទាហាន​រាប់​រយ​រាប់​ពាន់​នាក់ ហើយ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ធ្វើ​ដំណើរ​ហែហម​ពី​ក្រោយ​ស្ដេច​អាគីស។+ ៣ ពេល​ឃើញ​ដូច្នោះ ពួក​មេ​ដឹក​នាំ​ជន​ជាតិ​ភីលីស្ទីន​សួរ​អាគីស​ថា​៖ ​«​ហេតុ​អ្វី​ពួក​ហេប្រឺ​នៅ​ទី​នេះ?​»។ អាគីស​ឆ្លើយ​ថា​៖ ​«​គាត់​ជា​ដាវីឌ ជា​អ្នក​បម្រើ​សុល​ដែល​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ គាត់​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ​អស់​ជាង​មួយ​ឆ្នាំ​ហើយ។+ តាំង​ពី​គាត់​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ​រហូត​មក​ដល់​ឥឡូវ គាត់​មិន​ដែល​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ​»។ ៤ ពេល​ឮ​ដូច្នេះ ពួក​មេ​ដឹក​នាំ​ទាំង​នោះ​តាំង​ខឹង​នឹង​អាគីស ហើយ​និយាយ​ថា​៖ ​«​ចូរ​ឲ្យ​បុរស​នោះ​ត្រឡប់​ទៅ​ក្រុង​ដែល​លោក​បាន​ឲ្យ​គាត់​នោះ​វិញ​ទៅ!+ កុំ​ឲ្យ​គាត់​ចេញ​ទៅ​ច្បាំង​ជា​មួយ​នឹង​យើង​ឡើយ ក្រែង​លោ​គាត់​បែរ​ជា​មក​ប្រឆាំង​យើង​វិញ។+ គាត់​មុខ​ជា​សម្លាប់​ទាហាន​របស់​យើង​ដើម្បី​ផ្គាប់​ចិត្ត​ម្ចាស់​របស់​គាត់​ជា​មិន​ខាន។ ៥ គឺ​ដាវីឌ​នេះ​ឯង​ដែល​គេ​បាន​ច្រៀង​រាំ​ថា​៖

‹សុល​សម្លាប់​រាប់​ពាន់

តែ​ដាវីឌ​សម្លាប់​រាប់​ម៉ឺន›​»។+

៦ ហេតុ​នេះ អាគីស+ហៅ​ដាវីឌ​មក​ប្រាប់​ថា​៖ ​«​ខ្ញុំ​សូម​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា អ្នក​ជា​មនុស្ស​ទៀង​ត្រង់ ព្រោះ​តាំង​ពី​អ្នក​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ​រហូត​មក​ដល់​ឥឡូវ អ្នក​មិន​ដែល​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ។+ ខ្ញុំ​ចង់ឲ្យ​អ្នក​ចូល​រួម​ចម្បាំង​ជា​មួយ​នឹង​កង​ទ័ព​របស់​ខ្ញុំ+ តែ​ពួក​មេ​ដឹក​នាំ​ទាំង​នោះ​មិន​ទុក​ចិត្ត​អ្នក​ឡើយ។+ ៧ ដូច្នេះ សូម​អ្នក​ត្រឡប់​ទៅ​វិញ​ដោយ​សុវត្ថិភាព ហើយ​សូម​កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ពួក​មេ​ដឹក​នាំ​ជន​ជាតិ​ភីលីស្ទីន​ទាស់​ចិត្ត​ឲ្យ​សោះ​»។ ៨ ប៉ុន្តែ ដាវីឌ​និយាយ​ទៅ​អាគីស​ថា​៖ ​«​ហេតុ​អ្វី​លោក​ម្ចាស់? តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​នឹង​លោក​រហូត​មក​ដល់​ឥឡូវ តើ​លោក​ឃើញ​ថា​ខ្ញុំ​ធ្វើ​ខុស​អ្វី​ឬ? ហេតុ​អ្វី​បាន​ជា​ស្ដេច​ជា​ម្ចាស់​មិន​ឲ្យ​ខ្ញុំ​ទៅ​ច្បាំង​នឹង​សត្រូវ​ជា​មួយ​លោក​ដូច្នេះ?​»។ ៩ អាគីស​ឆ្លើយ​នឹង​ដាវីឌ​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​ថា​អ្នក​ជា​មនុស្ស​ល្អ​ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ។+ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​ជន​ជាតិ​ភីលីស្ទីន​និយាយ​ថា កុំ​ឲ្យ​អ្នក​ចូល​រួម​ចម្បាំង​ជា​មួយ​នឹង​យើង​ឡើយ។ ១០ ម្ល៉ោះ​ហើយ សូម​អ្នក​និង​ពួក​បុរស​ដែល​មក​ជា​មួយ​នឹង​អ្នក​ក្រោក​ពី​ព្រលឹម ហើយ​ពេល​ថ្ងៃ​រះ​សូម​ធ្វើ​ដំណើរ​ចេញ​ទៅ​ចុះ​»។

១១ ដូច្នេះ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​ក្រោក​ពី​ព្រលឹម ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​ស៊ីកឡាក់​ក្នុង​ស្រុក​ភីលីស្ទីន​វិញ។ ឯ​ទាហាន​ភីលីស្ទីន​ក៏​ឡើង​ទៅ​តំបន់​យេសរៀល។+

៣០ នៅ​ថ្ងៃ​ទី​៣ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​មក​ដល់​ក្រុង​ស៊ីកឡាក់។+ ប៉ុន្តែ មុន​ពេល​ដាវីឌ​និង​ពួក​បុរស​មក​ដល់ ជន​ជាតិ​អាម៉ាលេក+បាន​វាយលុក​តំបន់​នៅ​ទិស​ខាង​ត្បូង*និង​ក្រុង​ស៊ីកឡាក់។ ពួក​គេ​បាន​វាយ​ប្រហារ​ក្រុង​ស៊ីកឡាក់ ហើយ​ដុត​ក្រុង​នោះ​ចោល។ ២ ពួក​គេ​បាន​ចាប់​យក​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុង​នោះ គឺ​ចាប់​ទាំង​ក្មេង​ទាំង​ចាស់ និង​ពួក​ស្រី​ៗ​+យក​ទៅ​ជា​ឈ្លើយ។ ពួក​គេ​មិន​បាន​សម្លាប់​អ្នក​ណា​ម្នាក់​ឡើយ តែ​ពួក​គេ​ចាប់​មនុស្ស​ទាំង​នោះ​ទៅ​ជា​មួយ។ ៣ ម្ល៉ោះ​ហើយ ពេល​ដែល​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​មក​ដល់​ក្រុង​ស៊ីកឡាក់​វិញ ពួក​គេ​ឃើញ​ក្រុង​នោះ​ត្រូវ​គេ​ដុត​ឆេះ​អស់។ ចំណែក​ឯ​ប្រពន្ធ​និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ។ ៤ ពេល​ដាវីឌ​និង​ពួក​បុរស​ឃើញ​ដូច្នោះ ពួក​គេ​ស្រែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង រហូត​ដល់​លែង​មាន​កម្លាំង​យំ​ទៀត។ ៥ ប្រពន្ធ​ទាំង​ពីរ​នាក់​របស់​ដាវីឌ គឺ​អាហ៊ីណោម​ជា​អ្នក​ក្រុង​យេសរៀល និង​អាប៊ីកែល​ជា​អ្នក​ក្រុង​កើមែល ដែល​ជា​ប្រពន្ធ​របស់​សព​ណាបាល ក៏​បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​ដែរ។+ ៦ ដាវីឌ​មាន​ទុក្ខ​កង្វល់​ពន់​ពេក ដោយ​សារ​ពួក​បុរស​ទាំង​នោះ​គិត​ចង់​យក​ថ្ម​គប់​សម្លាប់​គាត់ ព្រោះ​ពួក​គេ​គ្រប់​គ្នា​ឈឺ​ចិត្ត​ខ្លាំង​ណាស់​ដែល​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​ត្រូវ​គេ​ចាប់​យក​ទៅ។ ក៏​ប៉ុន្តែ ដាវីឌ​ទទួល​កម្លាំង​ឡើង​វិញ ដោយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់។+

៧ បន្ទាប់​មក ដាវីឌ​និយាយ​ទៅ​អាប៊ីយ៉ាថា+ដែល​ជា​សង្ឃ​និង​ជា​កូន​ប្រុស​របស់​អាហ៊ីម៉ាឡិច​ថា​៖ ​«​សូម​យក​អាវ​អេផូឌ​មក​ទី​នេះ​»។+ ដូច្នេះ អាប៊ីយ៉ាថា​ក៏​យក​អាវ​អេផូឌ​មក​ឲ្យ​ដាវីឌ។ ៨ ដាវីឌ​សួរ​ព្រះ​យេហូវ៉ា+ថា​៖ ​«​តើ​ខ្ញុំ​គួរ​ដេញ​តាម​ក្រុម​ចោរ​ប្លន់​ទាំង​នោះ​ឬ​ទេ? តើ​ខ្ញុំ​តាម​ទាន់​ពួក​គេ​ទេ?​»។ លោក​ឆ្លើយ​ទៅ​ដាវីឌ​ថា​៖ ​«​ចូរ​ដេញ​តាម​ពួក​គេ​ចុះ។ អ្នក​នឹង​តាម​ទាន់​ពួក​គេ ហើយ​ថែម​ទាំង​រំដោះ​អស់​អ្នក​ដែល​ពួក​គេ​ចាប់​ទៀត​ផង​»។+

៩ ដូច្នេះ ដាវីឌ​និង​បុរស​៦០០​នាក់+ប្រញាប់​ធ្វើ​ដំណើរ​ចេញ​ទៅ។ លុះ​ទៅ​ដល់​ជ្រលង​បេសោ បុរស​ខ្លះ​បាន​ឈប់​នៅ​ទី​នោះ។ ១០ ពួក​បុរស​ដែល​បាន​ឈប់​នោះ​មាន​ចំនួន​២០០​នាក់។ ពួក​គេ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទេ ព្រោះ​ពួក​គេ​អស់​កម្លាំង​ខ្លាំង​ពេក តែ​ដាវីឌ​និង​បុរស​៤០០​នាក់​ទៀត​បន្ត​ដេញ​តាម​ក្រុម​ចោរ​ប្លន់។+

១១ ពេល​ធ្វើ​ដំណើរ ពួក​គេ​ប្រទះ​ឃើញ​បុរស​ជន​ជាតិ​អេហ្ស៊ីប​ម្នាក់​នៅ​ឯ​វាល ហើយ​ពួក​គេ​នាំ​គាត់​មក​ជួប​ដាវីឌ។ ពួក​គេ​បាន​ឲ្យ​ទឹក​និង​អាហារ​គាត់​បរិភោគ ១២ ព្រម​ទាំង​ឲ្យ​នំ​ល្វា​មួយ​ដុំ និង​នំ​ទំពាំង​បាយ​ជូរ​ក្រៀម​ពីរ​ដុំ។ ក្រោយ​គាត់​បរិភោគ​រួច គាត់​មាន​កម្លាំង​ឡើង​វិញ ព្រោះ​គាត់​គ្មាន​អ្វី​បរិភោគ​អស់​បី​ថ្ងៃ​បី​យប់​មក​ហើយ។ ១៣ ដាវីឌ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​ណា ហើយ​មក​ពី​ណា?​»។ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​ជន​ជាតិ​អេហ្ស៊ីប ជា​ខ្ញុំ​បម្រើ​របស់​ជន​ជាតិ​អាម៉ាលេក។ ម្ចាស់​របស់​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ព្រោះ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​អស់​បី​ថ្ងៃ​មក​ហើយ។ ១៤ យើង​បាន​វាយលុក​តំបន់​ទិស​ខាង​ត្បូង*ស្រុក​កេរ៉ែត+ ខាង​ត្បូង*តំបន់​កាលែប+ និង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា ហើយ​យើង​ក៏​បាន​ដុត​បំផ្លាញ​ចោល​ក្រុង​ស៊ីកឡាក់​ផង​ដែរ​»។ ១៥ ដាវីឌ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​រក​ក្រុម​ចោរ​ប្លន់​នោះ​បាន​ទេ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​បើ​អ្នក​ស្បថ​ដោយ​នូវ​នាម​របស់​ព្រះ​ថា​អ្នក​នឹង​មិន​សម្លាប់​ខ្ញុំ ហើយ​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ម្ចាស់​របស់​ខ្ញុំ​វិញ នោះ​ខ្ញុំ​នឹង​នាំ​អ្នក​ទៅ​រក​ក្រុម​ចោរ​ប្លន់​នោះ​»។

១៦ ដូច្នេះ គាត់​នាំ​ដាវីឌ​ទៅ​កន្លែង​ក្រុម​ចោរ​ប្លន់​នោះ។ ពេល​ទៅ​ដល់ ពួក​គេ​ឃើញ​ក្រុម​ចោរ​ប្លន់​កំពុង​ស៊ី​ផឹក​សប្បាយ​ពាស​ពេញ​កន្លែង​នោះ ដោយ​សារ​ពួក​គេ​ប្លន់​បាន​វត្ថុ​ទ្រព្យ​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រុក​ភីលីស្ទីន​និង​ស្រុក​យូដា។ ១៧ បន្ទាប់​មក ដាវីឌ​សម្លាប់​ពួក​គេ​តាំង​ពី​ព្រលឹម​ទាល់​ព្រលប់។ គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ+ មាន​តែ​បុរស​៤០០​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ​គេច​ខ្លួន​ប៉ុណ្ណោះ​ដែល​រួច​ជីវិត។ ១៨ ដាវីឌ​បាន​យក​អ្វី​ៗ​ទាំង​អស់​ពី​ជន​ជាតិ​អាម៉ាលេក​មក​វិញ+ ហើយ​គាត់​ក៏​បាន​រំដោះ​ប្រពន្ធ​ពីរ​នាក់​របស់​គាត់​មក​វិញ​ដែរ។ ១៩ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​មិន​បាន​បាត់​អ្វី​ណា​មួយ​ឬ​មនុស្ស​ណា​ម្នាក់​ឡើយ។ ពួក​គេ​បាន​រំដោះ​កូន​ប្រុស​កូន​ស្រី និង​យក​វត្ថុ​ទ្រព្យ​ទាំង​អស់​ត្រឡប់​មក​វិញ។+ ដាវីឌ​បាន​យក​អ្វី​ៗ​ទាំង​អស់​មក​វិញ។ ២០ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដាវីឌ​ក៏​យក​ហ្វូង​ចៀម​និង​ហ្វូង​គោ​ទាំង​អស់​ដែរ។ ពួក​បុរស​របស់​គាត់​បាន​ដឹក​ហ្វូង​សត្វ​ទាំង​នោះ​ពី​មុខ​ហ្វូង​សត្វ​របស់​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​នោះ​ជា​ជ័យ​ភណ្ឌ​របស់​ដាវីឌ​»។

២១ ក្រោយ​មក ដាវីឌ​ត្រឡប់​ទៅ​ជ្រលង​បេសោ ដើម្បី​ជួប​បុរស​២០០​នាក់​ដែល​មិន​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​សារ​អស់​កម្លាំង​ខ្លាំង​ពេក។+ បុរស​ទាំង​នោះ​បាន​ចេញ​មក​ជួប​ដាវីឌ​និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់។ ដាវីឌ​ដើរ​ទៅ​ជិត ហើយ​សួរ​សុខ​ទុក្ខ​ពួក​គេ។ ២២ ប៉ុន្តែ ពួក​បុរស​ខ្លះ​ដែល​ជា​មនុស្ស​អាក្រក់​និង​លោភ​លន់​ដែល​បាន​ទៅ​ជា​មួយ​នឹង​ដាវីឌ នាំ​គ្នា​និយាយ​ថា​៖ ​«​ដោយ​សារ​ពួក​គេ​មិន​ទៅ​ជា​មួយ​នឹង​យើង នោះ​យើង​មិន​ចាំ​បាច់​ចែក​ជ័យ​ភណ្ឌ​ឲ្យ​ពួក​គេ​ទេ ប្រគល់​តែ​ប្រពន្ធ​និង​កូន​ឲ្យ​ពួក​គេ​វិញ​ទៅ​បាន​ហើយ​»។ ២៣ ឮ​ដូច្នោះ ដាវីឌ​និយាយ​ថា​៖ ​«​បង​ប្អូន​អើយ សូម​កុំ​ធ្វើ​បែប​នេះ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​ឡើយ។ លោក​បាន​ការពារ​យើង ហើយ​ជួយ​យើង​ឲ្យ​វាយ​ឈ្នះ​ក្រុម​ចោរ​ប្លន់​នោះ។+ ២៤ គ្មាន​អ្នក​ណា​នឹង​យល់​ស្រប​តាម​គំនិត​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​ចុះ​ទៅ​ច្បាំង​បាន​ចំណែក​ប៉ុន​ណា នោះ​អ្នក​ដែល​នៅ​យាម​អីវ៉ាន់​ក៏​បាន​ចំណែក​ប៉ុណ្ណឹង​ដែរ។+ យើង​ត្រូវ​ចែក​ឲ្យ​ស្មើ​ៗ​គ្នា​»។+ ២៥ ពាក្យ​ដែល​ដាវីឌ​បាន​និយាយ​នៅ​ថ្ងៃ​នោះ បាន​ទៅ​ជា​បទ​បញ្ជា​និង​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​រហូត​មក​ដល់​សព្វ​ថ្ងៃ។

២៦ ពេល​ដាវីឌ​ទៅ​ដល់​ក្រុង​ស៊ីកឡាក់​វិញ គាត់​បាន​ផ្ញើ​ជ័យ​ភណ្ឌ​ខ្លះ​ទៅ​ឲ្យ​មិត្ត​ភក្ដិ​របស់​គាត់​ដែល​ជា​បុរស​ចាស់​ទុំ​នៃ​កុលសម្ព័ន្ធ​យូដា ហើយ​ប្រាប់​ថា​៖ ​«​នេះ​ជា​អំណោយ​សម្រាប់​អ្នក ដែល​យើង​បាន​យក​ពី​សត្រូវ​របស់​ព្រះ​យេហូវ៉ា​»។ ២៧ ដាវីឌ​ផ្ញើ​អំណោយ​ទាំង​នោះ​ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​បេតអែល+ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​រ៉ាម៉ូត​នៅ​តំបន់​ណេកេប* ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​យ៉ាទៀ+ ២៨ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​អារ៉ូអ៊ើរ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​ស៊ីបម៉ូត ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​អែសធេម័រ+ ២៩ ឲ្យ​បុរស​ចាស់​ទុំ​នៅ​រ៉ាកាល ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​របស់​កូន​ចៅ​យេរ៉ាមេល+ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​របស់​ជន​ជាតិ​កែន+ ៣០ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​ហោម៉ា+ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​បូរ៉ាសាន ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​អេថាក ៣១ ឲ្យ​បុរស​ចាស់​ទុំ​នៅ​ក្រុង​ហេប្រុន+ ហើយ​ឲ្យ​បុរស​ចាស់​ទុំ​នៅ​កន្លែង​ទាំង​អស់​ដែល​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​ធ្លាប់​ទៅ​ជា​ញឹក​ញាប់។

៣១ ទាហាន​ភីលីស្ទីន​កំពុង​ប្រយុទ្ធ​នឹង​ទាហាន​អ៊ីស្រាអែល។+ ទាហាន​អ៊ីស្រាអែល​រត់​បាក់​ទ័ព​នៅ​មុខ​ទាហាន​ភីលីស្ទីន ហើយ​ទាហាន​អ៊ីស្រាអែល​ជា​ច្រើន​នាក់​បាន​ត្រូវ​សម្លាប់​នៅ​លើ​ភ្នំ​គីលបោ។+ ២ ទាហាន​ភីលីស្ទីន​បន្ត​ដេញ​តាម​សុល​និង​កូន​ប្រុស​ៗ​របស់​គាត់​យ៉ាង​ប្រកិត ហើយ​ពួក​គេ​បាន​សម្លាប់​យ៉ូណាថាន+ អាប៊ីណាដាប និង​ម៉ាលខាយស៊ូអា ដែល​ជា​កូន​ប្រុស​ៗ​របស់​សុល។+ ៣ ការ​ប្រយុទ្ធ​គ្នា​នោះ​កាន់​តែ​ក្ដៅ​គគុក ធ្វើ​ឲ្យ​សុល​ពិបាក​ទប់​ទល់។ ពួក​ខ្មាន់​ធ្នូ​ឃើញ​សុល រួច​បាញ់​គាត់​របួស​យ៉ាង​ធ្ងន់​ធ្ងរ។+ ៤ សុល​ប្រាប់​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់​ថា​៖ ​«​ចូរ​ដក​ដាវ​សម្លាប់​ខ្ញុំ​មក ដើម្បី​កុំ​ឲ្យ​ជន​ជាតិ​ដទៃ*+ធ្វើ​ទារុណកម្ម​ខ្ញុំ ហើយ​សម្លាប់​ខ្ញុំ​»។ ប៉ុន្តែ អ្នក​កាន់​គ្រឿង​ចម្បាំង​មិន​ហ៊ាន​លើក​ដៃ​សម្លាប់​សុល​ទេ ព្រោះ​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ សុល​ដក​ដាវ ហើយ​ផ្ដួល​ខ្លួន​ពី​លើ​ដាវ​នោះ។+ ៥ ពេល​អ្នក​កាន់​គ្រឿង​ចម្បាំង​ឃើញ​ថា​សុល​ស្លាប់​ហើយ+ គាត់​ក៏​ផ្ដួល​ខ្លួន​ពី​លើ​ដាវ​របស់​គាត់ ហើយ​ស្លាប់​ទៅ​ជា​មួយ​នឹង​សុល​ដែរ។ ៦ ដូច្នេះ សុល កូន​ប្រុស​បី​នាក់​របស់​គាត់ អ្នក​កាន់​គ្រឿង​ចម្បាំង និង​ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​នោះ។+ ៧ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​តំបន់​ជ្រលង​ភ្នំ​និង​នៅ​តំបន់​ទន្លេយ៉ូដាន់​ឃើញ​ថា ទាហាន​អ៊ីស្រាអែល​បាក់​ទ័ព ហើយ​សុល​និង​កូន​ប្រុស​ៗ​គាត់​បាន​ស្លាប់ ពួក​គេ​ចាប់​ផ្ដើម​រត់​ភៀស​ខ្លួន​បោះ​បង់​ចោល​ក្រុង​របស់​ពួក​គេ។+ បន្ទាប់​មក ពួក​ភីលីស្ទីន​បាន​ចូល​ទៅ​កាន់​កាប់​តំបន់​ទាំង​នោះ។

៨ នៅ​ថ្ងៃ​បន្ទាប់ ពួក​ភីលីស្ទីន​មក​យក​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក​សព​ទាហាន។ ពេល​នោះ​ពួក​គេ​ឃើញ​សព​របស់​សុល​និង​កូន​ប្រុស​៣​នាក់​របស់​គាត់​នៅ​លើ​ភ្នំ​គីលបោ។+ ៩ ដូច្នេះ ពួក​គេ​កាត់​ក្បាល​សុល ហើយ​ដោះ​យក​គ្រឿង​សឹក​របស់​គាត់។ រួច​ពួក​គេ​ផ្សាយ​ដំណឹង​នោះ​ទូ​ទាំង​ស្រុក​ភីលីស្ទីន​ឲ្យ​បណ្ដា​ជន​របស់​ពួក​គេ​បាន​ដឹង+ ហើយ​ក៏​ផ្សាយ​ដល់​វិហារ​រូប​ព្រះ​របស់​ពួក​គេ+ផង​ដែរ។ ១០ បន្ទាប់​មក ពួក​គេ​ដាក់​គ្រឿង​សឹក​របស់​សុល​ក្នុង​វិហារ​នៃ​រូប​ព្រះ​អាសថារ៉ូត ហើយ​ពួក​គេ​ព្យួរ​សព​គាត់​នៅ​កំពែង​ក្រុង​បេតសាន។+ ១១ ពេល​អ្នក​ក្រុង​យ៉ាបេសគីលាត+ដឹង​អំពី​អ្វី​ដែល​ពួក​ភីលីស្ទីន​បាន​ធ្វើ​ចំពោះ​សព​សុល ១២ អ្នក​អង់អាច​ទាំង​អស់​ដែល​នៅ​ក្រុង​នោះ​នាំ​គ្នា​ធ្វើ​ដំណើរ​ពេញ​មួយ​យប់​ទៅ​ក្រុង​បេតសាន ហើយ​យក​សព​របស់​សុល​និង​កូន​ប្រុស​ៗ​របស់​គាត់​ចុះ​ពី​កំពែង។ ពួក​គេ​ត្រឡប់​ទៅ​ក្រុង​យ៉ាបេស​វិញ ហើយ​បូជា​សព​ទាំង​នោះ។ ១៣ ក្រោយ​មក ពួក​គេ​យក​ធាតុ+ទៅ​បញ្ចុះ​ក្រោម​ដើម​ថា​ម៉ារីស​នៅ​ក្រុង​យ៉ាបេស+ ហើយ​ពួក​គេ​តម​អាហារ​អស់​រយៈ​ពេល​៧​ថ្ងៃ។

ឬ​«​នៅ​ក្រុង​រ៉ាម៉ា ជា​កូន​ចៅ​ស៊ូប​»​

ន័យ​ត្រង់​«​អ្នក​ឈ្នានីស​នាង​»​

នេះ​សំដៅ​លើ​ត្រសាល

ន័យ​ត្រង់​«​អ្នក​ឈ្នានីស​នាង​»​

នេះ​សំដៅ​លើ​ត្រសាល

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មួយ​រយៈ​ពេល​ក្រោយ​មក​»​

មាន​ន័យ​ថា​«​នាម​របស់​ព្រះ​»​

ប្រហែល​ជា​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

តាម​មើល​ទៅ​នេះ​សំដៅ​លើ​អេលកាណា

ន័យ​ត្រង់​«​ស្នែង​»។ មើល​និយម​ន័យ​ពាក្យ​«​ស្នែង​»​

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គំនរ​សំរាម​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​អ្នក​ដែល​ប្រឆាំង​ព្រះ​យេហូវ៉ា​នឹង​ភ័យ​ស្លុត​»​

ន័យ​ត្រង់​«​ស្នែង​»។ មើល​និយម​ន័យ​ពាក្យ​«​ស្នែង​»​

មើល​និយម​ន័យ​ពាក្យ​«​អេផូឌ​»​

ន័យ​ត្រង់​«​អាវ​វែង​តូច​គ្មាន​ដៃ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នោះ​ព្រះ​នឹង​សម្រេច​ក្ដី​ឲ្យ​គាត់​»​

ន័យ​ត្រង់​«​ផារ៉ូ​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដុត​គ្រឿង​បូជា​ឲ្យ​ហុយ​ផ្សែង​»​

មាន​ន័យ​ថា​កូន​ចៅ​គាត់​នឹង​ធ្វើ​ជា​សង្ឃ​ត​រៀង​ទៅ

ន័យ​ត្រង់​«​នំ​ប៉័ង​»​

ន័យ​ត្រង់​«​នំ​ប៉័ង​មួយ​ដុំ​»​

នេះ​សំដៅ​លើ​អ្វី​ដែល​ព្រះ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​របស់​អ្នក​ណា​ម្នាក់

នេះ​សំដៅ​លើ​ត្រសាល

ន័យ​ត្រង់​«​ហេតុ​អ្វី​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​វាយ​ប្រហារ​យើង​ឲ្យ​ចាញ់​ពួក​ភីលីស្ទីន?​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រវាង​»​

មាន​ន័យ​ថា​«​តើ​សិរី​រុង​រឿង​នៅ​ឯ​ណា?​»​

ន័យ​ត្រង់​«​ផ្ទះ​»​

ឬ​«​ផ្នែក​រាង​ដូច​ជា​ត្រី​»​

ឬ​«​វាល​ទំនាប​»​

ន័យ​ត្រង់​«​ធ្វើ​ឲ្យ​បរិសុទ្ធ​»​

ឬ​«​យំ​នៅ​មុខ​»​

តាម​មើល​ទៅ​នេះ​សំដៅ​លើ​វិធី​មួយ​ដែល​បង្ហាញ​ថា​ពួក​គេ​ប្រែ​ចិត្ត

មាន​ន័យ​ថា​«​ថ្ម​នៃ​ការ​ជួយ​សង្គ្រោះ​»​

ឬ​«​ស្ដេច​ម្នាក់​ដែល​វិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌​»​

ឬ​«​ស្ដេច​របស់​យើង​នឹង​វិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌​»​

មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

នេះ​សំដៅ​លើ​កន្លែង​ពិសិដ្ឋ​សម្រាប់​គោរព​បូជា

ន័យ​ត្រង់​«​គាត់​ទៅ​ឲ្យ​ពរ​គ្រឿង​បូជា​»​

ឬ​«​គាត់​នឹង​ជួយ​ហាមប្រាម​រាស្ត្រ​របស់​ខ្ញុំ​»​

ផ្ទះ​ភាគ​ច្រើន​នៅ​ស្រុក​អ៊ីស្រាអែល​មាន​ដំបូល​រាប​ស្មើ ដែល​គេ​អាច​ប្រើ​ដើម្បី​គេង ដើរ ឬ​បរិភោគ​ជា​មួយ​គ្នា​បាន

មើល​និយម​ន័យ​ពាក្យ«​អ្នក​ប្រកាស​ទំនាយ​»​

នេះ​សំដៅ​លើ​កន្លែង​ពិសិដ្ឋ​សម្រាប់​គោរព​បូជា

មើល​និយម​ន័យ​ពាក្យ​«​ទំនាយ​»​

ឬ​«​លេង​ឧបករណ៍​ភ្លេង​ដែល​មាន​ខ្សែ​»​

នេះ​ជា​ស្គរ​តូច​មាន​រាង​សំប៉ែត

ឬ​«​មាន​សុភាសិត​»​

ឬ​«​តាម​ក្រុម​ទាំង​ពាន់​ៗ​»​

នេះ​ប្រហែល​ជា​ម៉ោង​២​ព្រឹក​ដល់​ម៉ោង​៦​ព្រឹក

ន័យ​ត្រង់​«​សំឡេង​»​

មិន​ឃើញ​មាន​ចំនួន​ឆ្នាំ​ក្នុង​ឯកសារ​ហេប្រឺ​ទេ

ឬ​«​ឃ្លាំង​ក្រោម​ដី​»​

ទម្ងន់​នៅ​សម័យ​បុរាណ ប្រមាណ​២​ភាគ​៣​នៃ​មួយ​ហ្សេគិល

ន័យ​ត្រង់​«​ពួក​មិន​កាត់​ចុង​ស្បែក​»។ មើល​និយម​ន័យ​ពាក្យ​«ការ​កាត់​ចុង​ស្បែក​»​

ន័យ​ត្រង់​«​នៅ​លើ​ផ្ទៃ​ដី​ដែល​គោ​មួយ​នឹម​អាច​ព្យួរ​ក្នុង​មួយ​ថ្ងៃ​»​

ន័យ​ត្រង់​«​នំ​ប៉័ង​»​

មើល​និយម​ន័យ​ពាក្យ​«​យូរីម​និង​ធូមីម​»​

មើល​និយម​ន័យ​ពាក្យ​«​ឆ្នោត​»​

ឬ​«​បង្ហាញ​ចិត្ត​មេត្តា​ករុណា​ចំពោះ​»​

ឬ​«​បង្ហាញ​ចិត្ត​មេត្តា​ករុណា​ចំពោះ​»​

ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​សំដៅ​លើ​ការ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន ព្រម​ទាំង​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​មិន​ត្រឹម​ត្រូវ ទាំង​ការ​ប្រព្រឹត្ត​ទាំង​ចិត្ត​គំនិត

ន័យ​ត្រង់​«​រូប​ធេរ៉ាភីម​»​សំដៅ​លើ​រូប​ព្រះ​ក្នុង​ផ្ទះ និង​រូប​សំណាក​ផ្សេង​ៗ​

ឬ​«​ស្ដាយ​ក្រោយ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដោយ​មាន​ទំនុក​ចិត្ត​»​

ឬ​«​វាល​ទំនាប​»​

គាត់​មាន​កម្ពស់​ប្រហែល​ជា​២,៩​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ប្រហែល​ជា​៥៧​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ប្រហែល​ជា​៦,៨៤​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ថ្ងៃ​នេះ អញ​បបួល​ទាហាន​អ៊ីស្រាអែល​ឲ្យ​មក​ប្រកួត​នឹង​អញ​»​

ប្រហែលជា​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ឈីស​»​

ឬ​«​មេ​លើ​១.០០០​នាក់​»​

ឬ​«​បាន​បបួល​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ឲ្យ​មក​ប្រកួត​»​

ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​សំដៅ​លើ​ការ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន ព្រម​ទាំង​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​មិន​ត្រឹម​ត្រូវ ទាំង​ការ​ប្រព្រឹត្ត​ទាំង​ចិត្ត​គំនិត

ឬ​«​ធ្វើ​ជា​ទាហាន​»​

ឬ​«​បាន​បបួល​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ឲ្យ​មក​ប្រកួត​»​

ឬ​«​អ្នក​បាន​បបួល​ប្រកួត​»​

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឬ​«​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​»​

នេះ​ជា​ស្គរ​តូច​មាន​រាង​សំប៉ែត

ឬ​«​ប្រព្រឹត្ត​ដូច​អ្នក​ប្រកាស​ទំនាយ​»​

ឬ​«​អ្នក​នឹង​ធ្វើ​ជា​កូន​ប្រសា​របស់​ខ្ញុំ​»​

នេះ​សំដៅ​លើ​ស្បែក​ចុង​អង្គជាត

មើល​និយម​ន័យ​ពាក្យ​«​ធេរ៉ាភីម​»​

មើល​និយម​ន័យ​ពាក្យ​«​ធេរ៉ាភីម​»​

មើល​និយម​ន័យ​ពាក្យ​«​ទំនាយ​»​

ឬ​«​សុល​នៅ​សល់​តែ​សម្លៀក​បំពាក់​ក្នុង ដេក​នៅ​ទី​នោះ​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​ខែ​ថ្មី​»​

នេះ​សំដៅ​លើ​កូន​ចៅ​របស់​ដាវីឌ

មើល​និយម​ន័យ​ពាក្យ​«​ស្អាត​បរិសុទ្ធ​»​

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ពូជ​»​

ប្រហែល​ជា​គាត់​ជាប់​សម្បថ ឬ​មិន​ស្អាត​បរិសុទ្ធ ឬ​កើត​រោគ​ឃ្លង់

ឬ​«​តើ​មាន​អ្នក​ណា​ស្មោះ​ត្រង់​ដូច​ដាវីឌ?​»​

ន័យ​ត្រង់​«​បុរស​ដែល​ពាក់​អាវ​អេផូឌ​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​អ្នក​កាន់​កាប់​ទឹក​ដី​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ភ័យ​ខ្លាច​ដោយ​សារ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​វាល​ខ្សាច់​ឬ​តំបន់​ស្ងាត់​ជ្រងំ​»​

ឬ​«​ភ្នំ​ដែល​មាន​ពពែ​រស់​នៅ​»​

ន័យ​ត្រង់​«​ចិត្ត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រំសាយ​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ន័យ​ត្រង់​«​ពូជ​»​

ក្រុង​មួយ​នៅ​ស្រុក​យូដា តែ​មិន​មែន​ជា​ភ្នំ​កើមែល​ទេ

ឬ​«​មាន​សេចក្ដី​សុខ​សាន្ត​»​

ពេល​និយាយ​ទៅ​អ្នក​ណា​ម្នាក់​ដោយ​ហៅ​ខ្លួន​ឯង​ថា​«​កូន​»​ នោះ​ជា​របៀប​បង្ហាញ​ការ​គោរព

ឬ​«​មនុស្ស​ចោល​ម្សៀត​»​

ន័យ​ត្រង់​«​ប្រាំ​សៀ​»។ មួយ​សៀ​ស្មើ​នឹង​៧,៣៣​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មាន​ន័យ​ថា​«​មិន​ចេះ​គិត​ពិចារណា ឬ​ល្ងង់​ខ្លៅ​»​

ន័យ​ត្រង់​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​»​

ន័យ​ត្រង់​«​មាន​ទោស​ចំពោះ​ឈាម​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​វាល​ខ្សាច់​ឬ​តំបន់​ស្ងាត់​ជ្រងំ​»​

ន័យ​ត្រង់​«​តើ​អ្នក​ជា​នរណា​បាន​ជា​ស្រែក​ហៅ​ស្ដេច?​»​

ន័យ​ត្រង់​«​សូម​កុំ​ឲ្យ​ឈាម​ខ្ញុំ​ស្រក់​ដល់​ដី​ឆ្ងាយ​ពី​មុខ​ព្រះ​យេហូវ៉ា​ឡើយ​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​«​ណេកេប​»​

មើល​និយម​ន័យ​ពាក្យ​«​យូរីម​និង​ធូមីម​»​

ឬ​«​មើល​ទៅ​ដូច​ជា​សាំយូអែល​»​

ឬ​«​ណេកេប​»​

ឬ​«​ណេកេប​»​

ឬ​«​ណេកេប​»​

ឬ​«​ខាង​ត្បូង​»​

ន័យ​ត្រង់​«​ពួក​មិន​កាត់​ចុង​ស្បែក​»។ មើល​និយម​ន័យ​ពាក្យ​«ការ​កាត់​ចុង​ស្បែក​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក