យ៉ូប
១ នៅស្រុកអ៊ូស មានបុរសម្នាក់ឈ្មោះយ៉ូប។*+ គាត់ជាមនុស្សសុចរិតនិងមានចិត្តស្មោះឥតងាករេ។*+ គាត់ជាអ្នកកោតខ្លាចព្រះ ហើយគាត់មិនព្រមធ្វើអំពើអាក្រក់ឡើយ។+ ២ គាត់មានកូនប្រុស៧នាក់ និងកូនស្រី៣នាក់។ ៣ គាត់មានចៀម៧.០០០ក្បាល អូដ្ឋ៣.០០០ក្បាល គោ១.០០០ក្បាល លា*៥០០ក្បាល និងមានអ្នកបម្រើជាច្រើននាក់។ ដូច្នេះ គាត់ជាអ្នកមានជាងគេនៅភាគខាងកើត។
៤ កូនប្រុសៗរបស់យ៉ូបតែងតែប្ដូរវេនគ្នាធ្វើពិធីជប់លៀងនៅផ្ទះរបស់ពួកគេម្នាក់ម្ដងៗ។ រាល់ដង ពួកគេក៏អញ្ជើញបងប្អូនស្រីបីនាក់របស់ខ្លួនឲ្យមកចូលរួមដែរ។ ៥ ក្រោយពីពួកគេធ្វើពិធីជប់លៀងម្នាក់ម្ដងៗចប់អស់ហើយ យ៉ូបតែងតែចាត់មនុស្សឲ្យទៅហៅកូនៗរបស់គាត់មក ដើម្បីធ្វើឲ្យពួកគេបានស្អាតបរិសុទ្ធ។ រួចមក យ៉ូបក្រោកពីព្រលឹម ហើយជូនគ្រឿងបូជាដុត+ទៅព្រះសម្រាប់កូនម្នាក់ៗ ព្រោះគាត់និយាយថា៖ «ក្រែងលោកូនៗរបស់ខ្ញុំបានធ្វើខុស ហើយប្រមាថព្រះនៅក្នុងចិត្ត»។ នោះជាអ្វីដែលយ៉ូបធ្វើជាប្រចាំ។+
៦ នៅថ្ងៃមួយ កូនៗ*របស់ព្រះយេហូវ៉ា+បានចូលមកប្រជុំនៅចំពោះមុខលោក+ដែលជាព្រះពិត ហើយសាថាន+ក៏បានចូលមកដែរ។+
៧ បន្ទាប់មក ព្រះយេហូវ៉ាសួរសាថានថា៖ «តើអ្នកទើបមកពីណា?»។ សាថានតបទៅព្រះយេហូវ៉ាវិញថា៖ «ទើបតែមកពីដើរពិនិត្យមើលស្ថានភាពនៅផែនដី»។+ ៨ ព្រះយេហូវ៉ាសួរសាថានទៀតថា៖ «តើអ្នកបានសង្កេតមើលយ៉ូបជាអ្នកបម្រើរបស់ខ្ញុំឬទេ? នៅផែនដី គ្មានមនុស្សណាម្នាក់ដូចគាត់ឡើយ។ គាត់ជាមនុស្សសុចរិតដែលមានចិត្តស្មោះឥតងាករេ*+ និងជាអ្នកកោតខ្លាចព្រះ ហើយគាត់មិនព្រមធ្វើអំពើអាក្រក់ទេ»។ ៩ ឮដូច្នេះ សាថានតបទៅព្រះយេហូវ៉ាថា៖ «ការដែលយ៉ូបកោតខ្លាចព្រះ តើមិនមែនដោយសារគាត់បានទទួលប្រយោជន៍ទេឬ?+ ១០ តើលោកមិនបានដាក់របងការពារគាត់+ និងក្រុមគ្រួសារគាត់ ព្រមទាំងការពារអ្វីៗទាំងអស់ដែលគាត់មានទេឬ? ទោះជាគាត់ធ្វើកិច្ចការណាក៏ដោយ លោកតែងឲ្យពរគាត់ជានិច្ច+ ហើយហ្វូងសត្វរបស់គាត់ក៏កើនឡើងយ៉ាងច្រើនសន្ធឹកនៅក្នុងស្រុកដែរ។ ១១ ប៉ុន្តែ បើលោកសាកធ្វើឲ្យគាត់បាត់បង់អ្វីៗទាំងអស់ នោះគាត់ច្បាស់ជានឹងប្រមាថលោកនៅចំពោះមុខលោកជាមិនខាន»។ ១២ ព្រះយេហូវ៉ាក៏មានប្រសាសន៍ទៅសាថានថា៖ «មើល! អ្វីៗទាំងអស់ដែលគាត់មាន គឺនៅក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ប៉ុន្តែ អ្នកមិនត្រូវប៉ះពាល់រូបកាយគាត់ជាដាច់ខាត!»។ ដូច្នេះ សាថានក៏ចាកចេញពីព្រះយេហូវ៉ាទៅ។+
១៣ នៅថ្ងៃមួយ ពេលដែលកូនប្រុសកូនស្រីរបស់យ៉ូបកំពុងពិសាអាហារពិសាស្រានៅក្នុងផ្ទះបងប្រុសច្បងរបស់ពួកគេ+ ១៤ ក៏មានអ្នកបម្រើម្នាក់មករាយការណ៍ប្រាប់យ៉ូបថា៖ «ពេលគោកំពុងភ្ជួរដី ហើយហ្វូងលាកំពុងស៊ីស្មៅនៅក្បែរនោះ ១៥ ស្រាប់តែពួកសេបៀនបានចូលមកប្លន់យកសត្វគោសត្វលាទាំងអស់ ព្រមទាំងសម្លាប់ពួកអ្នកបម្រើទៀតផង។ មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលបានរត់រួច មកប្រាប់លោកម្ចាស់»។
១៦ កាលដែលអ្នកនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតរត់មកប្រាប់យ៉ូបថា៖ «ភ្លើងរបស់ព្រះបានធ្លាក់ពីលើមេឃ*មកឆេះហ្វូងចៀមនិងពួកអ្នកបម្រើស្លាប់អស់ហើយ! មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលបានរត់រួច មកប្រាប់លោកម្ចាស់»។
១៧ កាលដែលអ្នកនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែមានអ្នកបម្រើម្នាក់ទៀតរត់មកប្រាប់យ៉ូបថា៖ «ពួកខាល់ដេ+បានលើកគ្នាមកចំនួនបីក្រុម សម្រុកចូលប្លន់យកហ្វូងអូដ្ឋ ព្រមទាំងសម្លាប់ពួកអ្នកបម្រើទៀតផង។ មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលបានរត់រួច មកប្រាប់លោកម្ចាស់»។
១៨ កាលដែលអ្នកនោះកំពុងនិយាយនៅឡើយ ក៏មានអ្នកបម្រើម្នាក់ទៀតមកប្រាប់ថា៖ «ខណៈដែលកូនប្រុសកូនស្រីរបស់លោកម្ចាស់កំពុងពិសាអាហារពិសាស្រានៅក្នុងផ្ទះបងប្រុសច្បងរបស់ពួកគេ ១៩ រំពេចនោះ មានខ្យល់ដ៏ធំពីតំបន់ស្ងាត់ជ្រងំ វាយបោកបក់ផ្ទះនោះយ៉ាងខ្លាំង ធ្វើឲ្យបាក់សង្កត់ទៅលើកូនៗរបស់លោកម្ចាស់ បណ្ដាលឲ្យពួកគេស្លាប់ទាំងអស់។ មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលបានរត់រួច មកប្រាប់លោកម្ចាស់»។
២០ ពេលឮដូច្នោះ យ៉ូបក្រោកឡើងហែកអាវ ហើយកោរសក់ រួចគាត់ក្រាបខ្លួនដល់ដី ២១ ហើយនិយាយថា៖
«ខ្ញុំចេញពីផ្ទៃម្ដាយមក មានតែខ្លួនទទេ។ ខ្ញុំទៅវិញ ក៏មានតែខ្លួនទទេដែរ។+
ព្រះយេហូវ៉ាបានឲ្យ+ ហើយព្រះយេហូវ៉ាបានដកចេញវិញ។
សូមឲ្យនាមព្រះយេហូវ៉ាទទួលការសរសើរតម្កើងរហូតតទៅ»។
២២ ទោះជាយ៉ូបបានជួបរឿងទាំងអស់នោះក៏ដោយ គាត់មិនបានប្រព្រឹត្តអំពើខុសឆ្គង ឬចោទប្រកាន់ថាព្រះបានធ្វើខុសឡើយ។
២ លុះក្រោយមក កូនៗ*របស់ព្រះយេហូវ៉ា+បានចូលមកប្រជុំនៅចំពោះមុខលោក+ដែលជាព្រះពិត ហើយសាថានក៏បានចូលមកនៅចំពោះមុខព្រះយេហូវ៉ាដែរ។+
២ បន្ទាប់មក ព្រះយេហូវ៉ាសួរសាថានថា៖ «តើអ្នកទើបមកពីណា?»។ សាថានតបទៅព្រះយេហូវ៉ាវិញថា៖ «ទើបតែមកពីដើរពិនិត្យមើលស្ថានភាពនៅផែនដី»។+ ៣ ព្រះយេហូវ៉ាសួរសាថានទៀតថា៖ «តើអ្នកបានសង្កេតមើលយ៉ូបជាអ្នកបម្រើរបស់ខ្ញុំឬទេ? នៅផែនដី គ្មានមនុស្សណាម្នាក់ដូចគាត់ឡើយ។ គាត់ជាមនុស្សសុចរិតដែលមានចិត្តស្មោះឥតងាករេ*+ និងជាអ្នកកោតខ្លាចព្រះ ហើយគាត់មិនព្រមធ្វើអំពើអាក្រក់ទេ។ ទោះជាអ្នកព្យាយាមជំរុញខ្ញុំឲ្យបំផ្លាញជីវិតគាត់+ដោយគ្មានមូលហេតុក៏ដោយ គាត់នៅតែមានចិត្តស្មោះឥតងាករេចំពោះខ្ញុំជានិច្ច»។+ ៤ សាថានឆ្លើយទៅព្រះយេហូវ៉ាថា៖ «មនុស្សគ្រប់គ្នារមែងស្រឡាញ់ជីវិតខ្លួន។* មនុស្សនឹងសុខចិត្តលះបង់អ្វីៗទាំងអស់ ដើម្បីរក្សាជីវិត*ខ្លួន។ ៥ ប៉ុន្តែ បើលោកសាកបៀតបៀនរូបកាយរបស់គាត់ នោះគាត់ច្បាស់ជានឹងប្រមាថលោកនៅចំពោះមុខលោកជាមិនខាន»។+
៦ ព្រះយេហូវ៉ាក៏មានប្រសាសន៍ទៅសាថានថា៖ «មើល! គាត់នៅក្នុងកណ្ដាប់ដៃរបស់អ្នកហើយ! ប៉ុន្តែ អ្នកមិនត្រូវសម្លាប់គាត់ជាដាច់ខាត!»។ ៧ ដូច្នេះ សាថានក៏ចាកចេញពីព្រះយេហូវ៉ា ហើយធ្វើឲ្យយ៉ូបកើតដំបៅរលួយពេញខ្លួន+ តាំងពីបាតជើងរហូតដល់ក្រយៅក្បាល។ ៨ ម្ល៉ោះហើយ យ៉ូបក៏ទៅអង្គុយលើផេះ ហើយយកអំបែងឆ្នាំងដីមកកោសខ្លួន។+
៩ នៅទីបំផុត ប្រពន្ធរបស់គាត់ស្ដីបន្ទោសគាត់ថា៖ «តើបងនៅតែរក្សាចិត្តស្មោះឥតងាករេចំពោះព្រះទៀតឬ? ចូរប្រមាថព្រះ ហើយស្លាប់ទៅ!»។ ១០ ក៏ប៉ុន្តែ យ៉ូបនិយាយទៅប្រពន្ធថា៖ «នាងនិយាយដូចជាស្រីដែលមិនចេះគិតពិចារណា។ បើយើងព្រមទទួលរបស់ល្អពីព្រះដ៏ពិត តើយើងមិនគួរព្រមទទួលរបស់មិនល្អដែរទេឬ?»។+ ទោះជាអ្វីទាំងអស់នេះកើតឡើងចំពោះយ៉ូបក៏ដោយ គាត់មិនបានពោលពាក្យមិនល្អឡើយ។+
១១ ក្រោយមក បុរសបីនាក់ដែលស្គាល់យ៉ូប បានឮអំពីទុក្ខវេទនាទាំងប៉ុន្មានដែលបានកើតឡើងដល់យ៉ូប នោះពួកគេក៏ណាត់គ្នា ហើយធ្វើដំណើរពីតំបន់របស់ពួកគេរៀងៗខ្លួន ដើម្បីទៅជួយរំលែកទុក្ខនិងសម្រាលទុក្ខយ៉ូប។ បុរសបីនាក់នោះគឺ អេលីផាស+ជាអ្នកស្រុកថេម៉ាន ប៊ីលដាឌ+ជាកូនចៅស៊ូអាក+ និងសូផារ+ជាអ្នកស្រុកណាអាម៉ា។* ១២ ពេលពួកគេឃើញយ៉ូបពីចម្ងាយ ពួកគេមើលគាត់មិនស្គាល់ទេ។ ពេលដឹងថាជាយ៉ូប ពួកគេក៏ទ្រហោយំ ទាំងហែកអាវ បាចដី ហើយដាក់ដីលើក្បាល។+ ១៣ បន្ទាប់មក ពួកគេអង្គុយលើដីជិតយ៉ូបអស់រយៈពេល៧ថ្ងៃ៧យប់។ ពួកគេមិនបាននិយាយអ្វីទៅកាន់យ៉ូបទេ ពីព្រោះឃើញយ៉ូបឈឺចុកចាប់ខ្លាំងពេក។+
៣ ក្រោយមក យ៉ូបចាប់ផ្ដើមនិយាយដាក់បណ្ដាសាថ្ងៃដែលគាត់កើត។+ ២ យ៉ូបពោលថា៖
៣ «សូមឲ្យថ្ងៃដែលខ្ញុំកើតវិនាសទៅ+
សូមឲ្យយប់ដែលគេនិយាយថា៖ ‹កូនកើតមកហើយ!› វិនាសទៅដែរ។
៤ សូមឲ្យថ្ងៃនោះទៅជាងងឹត
សូមឲ្យព្រះនៅស្ថានសួគ៌កុំអើពើនឹងថ្ងៃនោះឡើយ
ហើយកុំឲ្យមានពន្លឺចាំងបំភ្លឺថ្ងៃនោះឲ្យសោះ។
៥ សូមឲ្យភាពងងឹតឈ្លប់គ្របដណ្ដប់ថ្ងៃនោះ
ហើយឲ្យថ្ងៃនោះមានពពកខ្មៅបិទបាំងពីលើ។
សូមឲ្យភាពងងឹតគួរឲ្យខ្លាចគ្របបាំងពន្លឺថ្ងៃ។
៦ សូមឲ្យយប់នោះទៅជាយប់ងងឹតសូន្យសុង+
កុំឲ្យមានអំណរក្នុងថ្ងៃនោះឲ្យសោះ
ហើយកុំរាប់បញ្ចូលថ្ងៃនោះទៅក្នុងខែឡើយ។
៧ បើយប់នោះមិនមានកូនកើតមក មិនដឹងជាល្អយ៉ាងណាទេ!
សូមកុំឲ្យយប់នោះមានឮសំឡេងត្រេកអរ។
៩ សូមឲ្យផ្កាយនៅយប់នោះប្រែជាអាប់រស្មី
កុំឲ្យយប់នោះឃើញពន្លឺឲ្យសោះ
ហើយក៏កុំឲ្យឃើញថ្ងៃរះដែរ។
១០ ពីព្រោះយប់នោះ ខ្ញុំកើតចេញពីផ្ទៃម្ដាយ+
ហើយខ្ញុំមិនបានរួចពីទុក្ខលំបាកទេ។
១១ ហេតុអ្វីមិនឲ្យខ្ញុំស្លាប់ពេលដែលចេញពីផ្ទៃម្ដាយ?
ហេតុអ្វីមិនឲ្យខ្ញុំអស់ជីវិតពេលខ្ញុំកើតមក?+
១២ ហេតុអ្វីបានជាម្ដាយខ្ញុំទទួលខ្ញុំដាក់លើភ្លៅ?
ហេតុអ្វីម្ដាយខ្ញុំបំបៅខ្ញុំ?
១៣ កុំតែដូច្នោះ ម្ល៉េះពេលនេះខ្ញុំបានសម្រាកដោយគ្មានអ្វីរំខានឡើយ+
ខ្ញុំនឹងអាចដេកបានយ៉ាងសុខសាន្ត+
១៤ ជាមួយនឹងស្ដេចនិងទីប្រឹក្សារបស់ពួកគេនៅផែនដី
ជាពួកអ្នកដែលបានសង់កន្លែងសម្រាប់ខ្លួនដែលឥឡូវបាក់បែកអស់
១៥ ឬជាមួយនឹងពួកអ្នកគ្រប់គ្រងដែលមានមាស
និងមានប្រាក់ពេញផ្ទះរបស់ពួកគេ។
១៦ ហេតុអ្វីបានជាខ្ញុំមិនស្លាប់ក្នុងផ្ទៃម្ដាយ
ដូចកូនដែលមិនឃើញពន្លឺថ្ងៃទៅ?
១៧ ក្នុងទីបញ្ចុះសព សូម្បីតែមនុស្សទុច្ចរិតក៏លែងមានចិត្តក្ដៅក្រហាយដែរ។
នៅទីនោះ អ្នកដែលនឿយហត់បានសម្រាក។+
១៨ ក្នុងទីបញ្ចុះសព ពួកអ្នកទោសមានអារម្មណ៍ធូរស្រាល
ពួកគេលែងឮសំឡេងអ្នកដែលបង្ខំពួកគេឲ្យធ្វើការទៀត។
១៩ ទាំងអ្នកតូចទាំងអ្នកធំគឺដូចគ្នានៅទីនោះ+
ហើយខ្ញុំបម្រើក៏មានសេរីភាពពីម្ចាស់ខ្លួន។
២០ ហេតុអ្វីលោកឲ្យពន្លឺដល់អ្នកដែលរងទុក្ខវេទនា
ហើយឲ្យជីវិតដល់អ្នកដែលមានទុក្ខធ្ងន់?+
២១ ហេតុអ្វីពួកអ្នកដែលចង់ស្លាប់ បែរជាមិនស្លាប់+
ទោះជាពួកគេព្យាយាមស្វែងរកសេចក្ដីស្លាប់ខ្លាំងជាងកំណប់ទ្រព្យក៏ដោយ?
២២ ពួកគេនឹងសប្បាយក្រៃលែង
កាលដែលរកឃើញទីបញ្ចុះសព។
២៣ ហេតុអ្វីព្រះឲ្យពន្លឺដល់មនុស្សដែលវង្វេងផ្លូវ
ជាអ្នកដែលលោកបានហ៊ុមព័ទ្ធដោយរបងដើម្បីបង្ខាំងទុក?+
២៤ សូរដង្ហើមធំរបស់ខ្ញុំ គឺជាអាហាររបស់ខ្ញុំ+
ហើយសម្រែកថ្ងូរ+របស់ខ្ញុំចេញមកដូចទឹកទន្លេហូរ។
២៥ ពីព្រោះអ្វីដែលខ្ញុំខ្លាច បានកើតឡើងចំពោះខ្ញុំ
ហើយអ្វីដែលខ្ញុំនឹកភ័យ បានធ្លាក់មកលើខ្ញុំ។
២៦ ខ្ញុំគ្មានសេចក្ដីសុខ គ្មានភាពស្ងប់ស្ងាត់ គ្មានការសម្រាក
មានតែទុក្ខលំបាកផ្ទួនៗឥតឈប់ឈរ»។
៤ បន្ទាប់មក អេលីផាស+ជាអ្នកស្រុកថេម៉ាន ក៏តបវិញថា៖
២ «ប្រសិនបើអ្នកណាម្នាក់ព្យាយាមនិយាយទៅកាន់អ្នក តើអ្នកនឹងអត់ធ្មត់ស្ដាប់ឬទេ?
ព្រោះតើអ្នកណាអាចទ្រាំមិននិយាយបាន?
៣ អ្នកធ្លាប់កែតម្រង់មនុស្សជាច្រើន
ហើយអ្នកក៏ធ្លាប់ជួយមនុស្សដែលខ្សោយឲ្យមាំមួនដែរ។
៤ ពាក្យសម្ដីរបស់អ្នកបានជួយទប់មនុស្សដែលជំពប់ដួល
ហើយអ្នកតែងតែធ្វើឲ្យមនុស្សដែលទន់ខ្សោយហៀបនឹងដួលមានកម្លាំងឡើងវិញ។
៥ ប៉ុន្តែ ឥឡូវអន្តរាយកើតឡើងដល់អ្នក អ្នកគ្មានកម្លាំង
ពេលអន្តរាយប៉ះពាល់ដល់អ្នក អ្នកក៏អស់សង្ឃឹម។
៦ តើការដែលអ្នកគោរពកោតខ្លាចព្រះ មិនបានជួយអ្នកឲ្យមានទំនុកចិត្តទេឬ?
តើអ្វីដែលអ្នកបានធ្វើដោយចិត្តស្មោះឥតងាករេ+ មិនបានផ្ដល់សេចក្ដីសង្ឃឹមឲ្យអ្នកទេឬ?
៧ សូមចាំជានិច្ចថា មនុស្សស្លូតត្រង់គ្មានថ្ងៃជួបអន្តរាយទេ
ហើយមនុស្សទៀងត្រង់ក៏គ្មានថ្ងៃត្រូវបំផ្លាញដែរ។
៨ តាមដែលខ្ញុំធ្លាប់ឃើញ អ្នកដែលភ្ជួររាស់*សេចក្ដីអាក្រក់
និងអ្នកដែលសាបព្រោះគម្រោងអាក្រក់ នឹងច្រូតបានសេចក្ដីនោះឯង។
៩ ពួកគេវិនាសទៅដោយដង្ហើមរបស់ព្រះ
ហើយពួកគេមកដល់ទីបញ្ចប់ដោយកំហឹងរបស់លោក។
១០ សត្វតោបញ្ចេញសំឡេងរន្ទឺ តោស្ទាវបញ្ចេញសូរគ្រហឹម
ប៉ុន្តែ ទោះជាពួកវាខ្លាំងប៉ុនណា ក៏ធ្មេញពួកវាត្រូវបំបាក់ចោលដែរ។
១១ សត្វតោវិនាស ព្រោះខ្វះចំណី។ ឯកូនតោវិញ ពួកវាខ្ចាត់ខ្ចាយទៅ។
១២ នៅថ្ងៃមួយ ខ្ញុំបានឮសំឡេងអាថ៌កំបាំង
មានអ្វីមួយមកខ្សឹបដាក់ត្រចៀកខ្ញុំ។
១៣ នៅពេលរាត្រី ខ្ញុំសុបិនឃើញរឿងដ៏គួរឲ្យភ័យខ្លាច
ក្នុងវេលាដែលមនុស្សដេកលង់លក់។
១៤ ខ្ញុំខ្លាចឡើងញ័រខ្លួនរហូតដល់ខ្ញុំព្រឺអស់ទាំងឆ្អឹង។
១៥ មានវិញ្ញាណមួយកាត់មុខខ្ញុំធ្វើឲ្យខ្ញុំព្រឺរោមច្រាងឡើង។
១៦ វិញ្ញាណនោះក៏នៅទ្រឹង តែខ្ញុំមិនស្គាល់ថាជាវិញ្ញាណអ្វីទេ។
វិញ្ញាណនោះនៅខាងមុខខ្ញុំ
បន្ទាប់មកមានភាពស្ងប់ស្ងាត់ រួចខ្ញុំបានឮសំឡេងមួយពោលថា៖
១៧ ‹តើមនុស្សអាចសុចរិតជាងព្រះដូចម្ដេចបាន?
តើមនុស្សម្នាក់អាចបរិសុទ្ធជាងព្រះដែលជាអ្នកបង្កើតគាត់ឬ?›។
១៨ មើល! លោកមិនទុកចិត្តអ្នកបម្រើរបស់លោកទេ
ហើយលោកក៏ចាប់កំហុសពួកទេវតារបស់លោកដែរ
១៩ ចុះទម្រាំតែមនុស្សដែលធ្វើអំពើខុសឆ្គង ប្រៀបដូចជាផ្ទះធ្វើពីដីឥដ្ឋសង់លើដី+
ហើយស្រួលកម្ទេចជាងញេចសត្វល្អិត
នោះលោកច្បាស់ជាស្រួលចាប់កំហុសជាងនោះទៅទៀត!
២០ នៅពេលព្រឹកពួកគេមានជីវិត តែពេលល្ងាចពួកគេបានត្រូវបំផ្លាញចោលទាំងស្រុង
ពួកគេវិនាសសូន្យទៅ ហើយគ្មាននរណាចាប់អារម្មណ៍ឡើយ។
២១ តើពួកគេមិនមែនដូចជាត្រសាលដែលបានត្រូវគេទាញខ្សែចេញទេឬ?
ពួកគេស្លាប់ទាំងគ្មានប្រាជ្ញា។
៥ «សូមអ្នកស្រែកហៅចុះ! តើមានអ្នកណាឆ្លើយតបមកអ្នកទេ?
តើអ្នកនឹងសុំទេវតា*មួយណាឲ្យមកជួយអ្នក?
២ ការចងគំនុំនឹងបណ្ដាលឲ្យមនុស្សល្ងីល្ងើបាត់បង់ជីវិត
ហើយចិត្តច្រណែននឹងធ្វើឲ្យមនុស្សគ្មានប្រាជ្ញាស្លាប់។
៣ ខ្ញុំធ្លាប់ឃើញមនុស្សដែលមិនចេះគិតពិចារណាបានចម្រុងចម្រើន
ប៉ុន្តែ ភ្លាមៗនោះទីលំនៅរបស់គាត់ក៏ត្រូវបណ្ដាសា។
៤ កូនៗរបស់គាត់គ្មានសុវត្ថិភាពទាល់តែសោះ
ពួកគេបានត្រូវសង្កត់សង្កិននៅឯទ្វារក្រុង+គ្មានអ្នកណាម្នាក់ជួយពួកគេឡើយ។
៥ មនុស្សស្រេកឃ្លានបានបរិភោគផលចម្រូតរបស់គាត់
សូម្បីតែផលដែលនៅក្នុងគុម្ពបន្លា ក៏គេមិនទុកឲ្យនៅសល់ដែរ
ឯទ្រព្យសម្បត្តិរបស់គាត់និងរបស់កូនៗគាត់ បានត្រូវចាប់យកទៅអស់។
៦ ពីព្រោះសេចក្ដីអាក្រក់មិនបានកើតចេញពីធូលីទេ
ហើយទុក្ខលំបាកក៏មិនបានដុះចេញពីដីដែរ។
៧ ជីវិតមនុស្សតែងតែជួបបញ្ហាដូចផ្កាភ្លើងតែងតែខ្ទាតឡើងទៅលើ។
៨ ប៉ុន្តែ ប្រសិនបើខ្ញុំជាអ្នកវិញ ខ្ញុំនឹងប្ដឹងទៅព្រះ
គឺប្រគល់រឿងក្ដីរបស់ខ្ញុំជូនព្រះ ឲ្យលោកវិនិច្ឆ័យ។
៩ ព្រះធ្វើការអស្ចារ្យ ជាការដែលយល់ធ្លុះមិនបាន
លោកធ្វើការដ៏គួរឲ្យស្ញប់ស្ញែង ច្រើនឥតគណនា។
១០ លោកបង្អុរភ្លៀងមកលើផែនដី
ហើយឲ្យមានទឹកស្រោចស្រពលើធរណី។
១១ លោកលើកអ្នកដែលទន់ទាប ឲ្យឡើងខ្ពស់
ហើយជួយសង្គ្រោះអ្នកដែលធ្លាក់ទឹកចិត្ត។
១២ លោករារាំងផែនការអាក្រក់របស់មនុស្សលាក់ពុត
ដើម្បីកុំឲ្យកិច្ចការរបស់ពួកគេបានសម្រេច។
១៣ លោកបណ្ដាលឲ្យពួកអ្នកប្រាជ្ញជាប់អន្ទាក់របស់ខ្លួន+
យ៉ាងនេះគម្រោងការរបស់មនុស្សវាងវៃត្រូវបរាជ័យ។
១៤ ពួកគេជួបភាពងងឹត នៅពេលថ្ងៃ
នៅវេលាថ្ងៃត្រង់ ពួកគេដើរស្ទាបៗដូចជាដើរនៅពេលយប់។
១៥ លោកការពារមនុស្សពីពាក្យសម្ដីដែលប្រៀបដូចជាដាវ
លោកជួយអ្នកក្រីក្រឲ្យចេញពីកណ្ដាប់ដៃរបស់មនុស្សសង្កត់សង្កិន។
១៦ ដូច្នេះ មនុស្សទន់ទាបមានសង្ឃឹម
តែមនុស្សមិនសុចរិតត្រូវព្រះបិទមាត់វិញ។
១៧ មើល! អ្នកណាដែលព្រះប្រដៅតម្រង់ អ្នកនោះមានសុភមង្គលហើយ
ម្ល៉ោះហើយ កុំបដិសេធដំបូន្មានរបស់ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតឡើយ!
១៨ ពីព្រោះលោកធ្វើឲ្យឈឺចាប់ តែរុំរបួសឲ្យ
លោកធ្វើឲ្យរបួស តែធ្វើឲ្យជាឡើងវិញដោយដៃលោកផ្ទាល់។
១៩ លោកនឹងសង្គ្រោះអ្នកពីអន្តរាយមួយហើយមួយទៀត
ទោះជាអ្នកជួបអន្តរាយ៦ដង ឬ៧ដងក៏ដោយ។
២០ ព្រះនឹងជួយអ្នកឲ្យរួចជីវិតក្នុងគ្រាដែលអត់ឃ្លាន
ហើយនៅវេលាសឹកសង្គ្រាម លោកនឹងរំដោះអ្នកឲ្យរួចពីមុខដាវ។
២១ លោកនឹងការពារអ្នកពីពាក្យដែលបញ្ឈឺចិត្ត+
ហើយពេលមានអន្តរាយកើតឡើង អ្នកមិនចាំបាច់ភ័យខ្លាចឡើយ។
២២ អ្នកនឹងលែងព្រួយបារម្ភអំពីការអត់ឃ្លាន និងសេចក្ដីហិនវិនាសទៀត
ហើយអ្នកក៏មិនចាំបាច់ភ័យខ្លាចសត្វសាហាវដែរ។
២៣ ពីព្រោះថ្មនៅឯវាល នឹងមិនរំខានអ្នកទេ
ចំណែកឯសត្វព្រៃវិញ ពួកវានឹងមានសេចក្ដីសុខសាន្តជាមួយនឹងអ្នក។
២៤ អ្នកនឹងដឹងថាត្រសាលរបស់អ្នក មានសេចក្ដីសុខសាន្តត្រាណ
ហើយពេលអ្នកទៅមើលវាលស្មៅ នោះអ្នកនឹងឃើញថាគ្មានអ្វីបាត់ឡើយ។
២៥ អ្នកនឹងមានកូនយ៉ាងច្រើន ហើយមានចៅយ៉ាងសន្ធឹក
ដូចរុក្ខជាតិដែលដុះនៅពាសពេញផែនដី។
២៦ ពេលដែលអ្នកស្លាប់ រាងកាយរបស់អ្នកនឹងនៅតែរឹងមាំ
ដូចកណ្ដាប់ស្រូវដែលត្រូវប្រមូល ពេលដល់រដូវរបស់វា។
២៧ មើល! យើងបានពិនិត្យពិចារណា ហើយឃើញថានេះគឺជាការពិត
ចូរស្ដាប់ ហើយទទួលទុកចុះ»។
៦ យ៉ូបស្រដីតបវិញថា៖
២ «ប្រសិនបើយកទុក្ខលំបាករបស់ខ្ញុំ+
និងអន្តរាយទាំងអស់ដែលខ្ញុំបានជួប មកដាក់លើជញ្ជីង
៣ នោះច្បាស់ជាធ្ងន់ជាងខ្សាច់នៅឆ្នេរសមុទ្រទៅទៀត!
ហេតុនេះហើយបានជាខ្ញុំពោលពាក្យដោយមិនបានគិត។+
៤ ពីព្រោះព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានបាញ់ទម្លុះខ្ញុំ
ហើយពិសរបស់ព្រួញទាំងនោះបានជ្រាបចូលពេញរាងកាយខ្ញុំ+
ព្រះកំពុងវាយប្រហារខ្ញុំ នេះបានធ្វើឲ្យខ្ញុំភ័យខ្លាចយ៉ាងខ្លាំង។
៥ បើលាព្រៃ+មានស្មៅស៊ី តើវានឹងស្រែកឡើងឬ?
តើគោឈ្មោលនឹងរោទ៍ ពេលដែលវាមានចំណីស៊ីឬ?
៦ តើអ្នកណានឹងបរិភោគអាហារគ្មានរសជាតិ ដោយមិនបង់អំបិល?
ហើយតើសារធាតុអន្លាយៗក្នុងរុក្ខជាតិ មានរសជាតិដែរឬ?
៧ ខ្ញុំមិនព្រមពាល់ចំណីបែបនោះឡើយ
វាប្រៀបដូចជាអាហារស្អុយរលួយ។
៨ ឱ ប្រសិនបើព្រះធ្វើតាមសំណូមពររបស់ខ្ញុំ
ហើយបំពេញតាមបំណងប្រាថ្នាខ្ញុំ នោះមិនដឹងជាល្អយ៉ាងណាទេ!
៩ សូមព្រះមេត្តាប្រល័យខ្ញុំឲ្យស្លាប់ទៅ
សូមលោកលូកដៃមកកម្ចាត់ខ្ញុំចោលចុះ!+
១០ បើដូច្នោះមែន ខ្ញុំនឹងបានធូរស្បើយ
ខ្ញុំនឹងលោតដោយត្រេកអរ ទោះជាខ្ញុំឈឺចាប់ឥតឈប់ឈរក៏ដោយ
ព្រោះខ្ញុំពុំបានបោះបង់ប្រសាសន៍របស់ព្រះដ៏បរិសុទ្ធឡើយ។+
១១ តើខ្ញុំនៅមានកម្លាំងរង់ចាំតទៅទៀតឬ?+
តើខ្ញុំគួរបន្តរស់នៅដើម្បីអ្វី?
១២ កម្លាំងខ្ញុំមិនបានរឹងមាំដូចថ្មទេ
ហើយរូបកាយខ្ញុំក៏មិនបានធ្វើពីស្ពាន់ដែរ។
១៣ តើមានវិធីណាដែលខ្ញុំអាចជួយខ្លួនខ្ញុំបាន?
ពីព្រោះគ្មានអ្នកណាម្នាក់គាំទ្រខ្ញុំឡើយ។
១៤ អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកឯទៀត+
អ្នកនោះក៏នឹងលែងកោតខ្លាចព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតដែរ។+
១៥ មិត្តភក្ដិ*របស់ខ្ញុំជាមនុស្សទុកចិត្តមិនបាន+
ពួកគេប្រៀបដូចជាខ្សែទឹកដែលរីងស្ងួតនៅរដូវរងា។
១៦ ពួកគេដូចជាទឹកដែលមើលទៅខ្មៅៗ ដោយសារកកហើយ
ក៏មានព្រិលកប់នៅខាងក្នុងនោះដែរ។
១៧ ប៉ុន្តែ ដល់រដូវក្ដៅ ទឹកនោះក៏លែងមានទៀត
គឺពេលដែលថ្ងៃក្ដៅខ្លាំង វាហួតហែងអស់ទៅ។
១៨ ខ្សែទឹកនោះបែរទៅផ្លូវផ្សេងទៀត
វាហូរទៅតំបន់ស្ងាត់ជ្រងំ រួចក៏បាត់សូន្យទៅ។
១៩ ក្បួនដំណើរដែលមកពីស្រុកតេម៉ា+ ស្វែងរកខ្សែទឹកនោះ
ពួកអ្នកដំណើរពីស្រុកសេបា+ រង់ចាំទឹកនោះ។
២០ ពួកគេអាម៉ាស់មុខ ដោយសារគិតថានឹងរកឃើញទឹកនោះ
ប៉ុន្តែ ពួកគេទទួលបានតែការខកចិត្តប៉ុណ្ណោះ។
២១ ស្រដៀងគ្នាដែរ ពួកអ្នកមិនបានផ្ដល់ការសម្រាលទុក្ខដល់ខ្ញុំទេ+
ពីព្រោះពេលពួកអ្នកឃើញខ្ញុំជួបអន្តរាយ ពួកអ្នកក៏ភ័យខ្លាច។+
២២ តើខ្ញុំធ្លាប់សុំអ្វីពីពួកអ្នក
ឬធ្លាប់សុំឲ្យពួកអ្នកយកទ្រព្យសម្បត្តិរបស់ពួកអ្នក ធ្វើជាអំណោយដល់អ្នកឯទៀតជំនួសខ្ញុំឬទេ?
២៣ តើខ្ញុំបានសុំពួកអ្នកឲ្យសង្គ្រោះខ្ញុំពីកណ្ដាប់ដៃសត្រូវ
ឬជួយខ្ញុំឲ្យរួចពីពួកអ្នកសង្កត់សង្កិនឬទេ?
២៤ សូមណែនាំខ្ញុំ នោះខ្ញុំនឹងនៅស្ងៀម+
ប្រាប់ខ្ញុំឲ្យដឹងផងថាខ្ញុំធ្វើអ្វីខុស។
២៥ ពាក្យសម្ដីពិតមិនធ្វើឲ្យឈឺចិត្តទេ!+
ក៏ប៉ុន្តែ ការដែលពួកអ្នកនិយាយកែតម្រង់ខ្ញុំ តើមានប្រយោជន៍អ្វីដល់ខ្ញុំ?+
២៦ តើពួកអ្នកចាំចាប់កំហុស ពេលខ្ញុំនិយាយខុសឬ?
តើចាំចាប់កំហុស ពេលខ្ញុំពោលពាក្យដោយអស់សង្ឃឹម+ឬនិយាយអ្វីដែលងាយបាត់ទៅដូចជាត្រូវខ្យល់បក់ផាត់ឬ?
២៧ ពួកអ្នកហ៊ានចាប់ឆ្នោតយកកូនកំព្រាមកធ្វើជាខ្ញុំបម្រើ+
ហើយក៏ហ៊ានលក់មិត្តសម្លាញ់របស់ខ្លួនដែរ!+
២៨ ឥឡូវនេះ សូមបែរមកមើលខ្ញុំ
ព្រោះខ្ញុំនឹងមិននិយាយកុហកពួកអ្នកទេ។
២៩ សូមមេត្តាពិចារណាឡើងវិញ កុំវិនិច្ឆ័យខ្ញុំដោយអយុត្តិធម៌
សូមគិតម្ដងទៀត ពីព្រោះខ្ញុំនៅតែជាមនុស្សសុចរិត។
៣០ តើខ្ញុំកំពុងពោលពាក្យមិនត្រឹមត្រូវឬ?
តើពួកអ្នកគិតថាខ្ញុំមិនដឹងអំពីអ្វីដែលកំពុងកើតឡើងឬ?
៧ «ជីវិតមនុស្សនៅផែនដី មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំឲ្យធ្វើការយ៉ាងនឿយហត់នោះទេ
ហើយក៏មិនខុសពីជីវិតរបស់កម្មករស៊ីឈ្នួលដែរ មែនទេ?+
២ គេដូចជាខ្ញុំបម្រើដែលទន្ទឹងចាំម្លប់
ហើយដូចជាកម្មករដែលរង់ចាំទទួលថ្លៃឈ្នួល។+
៣ អស់ជាច្រើនខែ ខ្ញុំមានជីវិតដែលឥតប្រយោជន៍
និងរងទុក្ខវេទនាអស់ជាច្រើនយប់។+
៤ ពេលដេក ខ្ញុំសួរខ្លួនឯងថា៖ ‹តើពេលណាខ្ញុំនឹងក្រោកឡើង?›។+
ប៉ុន្តែ កាលដែលយប់កាន់តែយូរ ខ្ញុំប្រះខ្លួនចុះឡើងរហូតទាល់ភ្លឺ។
៥ សាច់របស់ខ្ញុំពេញដោយដង្កូវ និងដោយធូលីដីក្ដាំងដុំៗ+
ហើយស្បែកខ្ញុំសុទ្ធតែក្រមរនិងខ្ទុះ។+
៦ ថ្ងៃនៃអាយុរបស់ខ្ញុំ កន្លងទៅលឿនជាងត្រល់របស់ជាងតម្បាញទៅទៀត+
ហើយបញ្ចប់ទៅដោយឥតមានសេចក្ដីសង្ឃឹមឡើយ។+
៧ ឱព្រះអើយ សូមចាំថាជីវិតខ្ញុំគឺជាខ្យល់+
ហើយថាភ្នែករបស់ខ្ញុំនឹងលែងឃើញការល្អទៀត។
៨ ភ្នែកដែលធ្លាប់ឃើញខ្ញុំពេលនេះ នឹងមិនឃើញខ្ញុំទៀតទេ
ភ្នែករបស់លោកនឹងរកមើលខ្ញុំ តែខ្ញុំមិននៅឡើយ។+
១១ ហេតុនេះ ខ្ញុំនឹងមិននៅស្ងៀមទេ
ខ្ញុំនឹងនិយាយទាំងក្ដីឈឺចាប់ក្នុងចិត្ត
ខ្ញុំនឹងត្អូញត្អែរអំពីទុក្ខដ៏សែនធ្ងន់របស់ខ្ញុំ!+
១២ តើខ្ញុំជាសមុទ្រ ឬជាសត្វធំសម្បើមក្នុងសមុទ្រឬ
បានជាលោកឲ្យគេចាំយាមខ្ញុំ?
១៣ ពេលខ្ញុំនិយាយថា៖ ‹គ្រែរបស់ខ្ញុំនឹងសម្រាលទុក្ខខ្ញុំ
ហើយនឹងជួយខ្ញុំឲ្យធូរស្បើយពីទុក្ខវេទនា›
១៤ តែពេលខ្ញុំគេងលក់ លោកធ្វើឲ្យខ្ញុំភ័យខ្លាចតាមរយៈសុបិន
ហើយលោកធ្វើឲ្យខ្ញុំឃើញអ្វីដែលគួរឲ្យតក់ស្លុត
១៥ រហូតដល់ខ្ញុំសុខចិត្តថប់ដង្ហើមស្លាប់
ជាជាងមានជីវិតរស់នៅដោយមានរូបកាយបែបនេះ។+
១៦ ខ្ញុំស្អប់ខ្ពើមជីវិតរបស់ខ្ញុំណាស់+ ខ្ញុំមិនចង់រស់នៅតទៅទៀតទេ។
សូមទុកឲ្យខ្ញុំនៅម្នាក់ឯងចុះ ពីព្រោះអាយុជីវិតខ្ញុំប្រៀបដូចជាមួយដង្ហើម។+
១៧ តើមនុស្សជាអ្វី បានជាលោកចាំបាច់ចាប់អារម្មណ៍ពួកគេ
ព្រមទាំងតាមមើលពួកគេជាប់ដូច្នេះ?+
១៨ ហេតុអ្វីលោកពិនិត្យមើលគេរៀងរាល់ព្រឹក
ហើយល្បងលគេគ្រប់វេលា?+
១៩ តើលោកអាចបែរមុខចេញពីខ្ញុំយូរល្មមឲ្យខ្ញុំលេបទឹកមាត់ផងបានទេ?+
២០ លោកជាព្រះដែលសង្កេតមើលមនុស្សជាតិ ប្រសិនបើខ្ញុំធ្វើខុស តើអ្វីដែលខ្ញុំធ្វើនោះប៉ះពាល់ដល់លោកឬ?+
ហេតុអ្វីបានជាលោកយកខ្ញុំធ្វើជាគោលដៅបាញ់របស់លោកដូច្នេះ?
តើខ្ញុំបានទៅជាបន្ទុកដល់លោកឬ?
២១ ហេតុអ្វីលោកមិនលើកលែងទោសឲ្យខ្ញុំ
ហើយអភ័យទោសចំពោះកំហុសរបស់ខ្ញុំ?
ព្រោះមិនយូរទៀត ខ្ញុំនឹងស្លាប់ទៅជាធូលីដី+
លោកនឹងរកមើលខ្ញុំ តែខ្ញុំនឹងលែងនៅហើយ»។
៨ រួចមក ប៊ីលដាឌ+ជាកូនចៅស៊ូអាក+ក៏តបថា៖
២ «តើអ្នកនៅនិយាយបែបនេះដល់កាលណាទៀត?+
សម្ដីដែលចេញពីមាត់អ្នក គឺគ្រាន់តែជាខ្យល់គំហុកប៉ុណ្ណោះ!
៣ តើព្រះនឹងប្រព្រឹត្តដោយអយុត្តិធម៌ឬ?
តើព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត នឹងប្រព្រឹត្តដោយមិនសុចរិតឬ?
៤ ប្រសិនបើកូនៗរបស់អ្នកធ្វើខុសចំពោះលោក
នោះលោកនឹងដាក់ទោសពួកគេឲ្យសមនឹងកំហុស*របស់ពួកគេ។
៥ ចំណែកអ្នកវិញ បើអ្នកស្វែងរកជំនួយពីព្រះ+
និងអង្វរសុំសេចក្ដីមេត្តាពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត
៦ ហើយបើអ្នកពិតជាបរិសុទ្ធនិងទៀងត្រង់មែន+
នោះលោកនឹងជួយអ្នក
ព្រមទាំងឲ្យអ្នកមានជីវិតដូចដើមវិញ។
៧ ទោះជាមុនដំបូងអ្នកតូចទាបក៏ដោយ
តែនាអនាគត អ្នកនឹងបានចម្រុងចម្រើន។+
៨ សូមសួរអ្នកជំនាន់មុន ហើយសូមផ្ដោតអារម្មណ៍ទៅលើអ្វីៗដែលបុព្វបុរសរបស់ពួកគេបានរកឃើញ។+
៩ ព្រោះពួកយើងទើបកើតមកម្សិលមិញ ពួកយើងមិនដឹងអ្វីសោះ
ដោយសារជីវិតរបស់ពួកយើងនៅផែនដីនេះមិនគង់វង្សទេគឺប្រៀបដូចជាស្រមោល។
១០ អ្នកជំនាន់មុននឹងណែនាំអ្នក
ហើយនឹងប្រាប់អ្នកនូវអ្វីដែលពួកគេដឹង។
១១ តើដើមកក់អាចដុះឡើងដោយគ្មានភក់បានឬទេ?
តើដើមត្រែងអាចលូតខ្ពស់បានដោយគ្មានទឹកឬ?
១២ កាលដែលផ្កាវានៅក្រពុំនៅឡើយ ហើយមិនទាន់បានត្រូវបេះផង
នោះវានឹងក្រៀមស្វិតទៅ មុនរុក្ខជាតិផ្សេងទៀត។
១៣ ម្ល៉ោះហើយ អស់អ្នកដែលបំភ្លេចព្រះ ក៏នឹងទទួលផលយ៉ាងដូច្នោះដែរ
ព្រោះសេចក្ដីសង្ឃឹមរបស់មនុស្សដែលមិនគោរពព្រះ* នឹងវិនាសទៅ។
១៤ អ្វីដែលគេពឹងផ្អែក គឺអសារឥតការ
ហើយអ្វីដែលគេទុកចិត្ត គឺងាយដាច់ដូចសំណាញ់ពីងពាង។
១៥ គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះនោះនឹងរលំទៅ
គេខំប្រឹងទប់ តែផ្ទះនោះនឹងមិននៅជាប់ឡើយ។
១៦ អ្នកនោះប្រៀបដូចជារុក្ខជាតិស្រស់បំព្រងដែលស្រូបទឹកក្រោមពន្លឺថ្ងៃ
ហើយបែកមែកសាខាពេញសួនច្បារ+
១៧ ថែមទាំងមានឫសវ័ណ្ដចុះវ័ណ្ដឡើងក្នុងគំនរថ្ម
ហើយរុករកទីលំនៅក្នុងថ្មទាំងនោះ។
១៨ ប៉ុន្តែ ពេលឫសរបស់អ្នកនោះបានត្រូវរំលើងចេញពីកន្លែងរបស់ខ្លួន
កន្លែងនោះនឹងបដិសេធថា៖ ‹ខ្ញុំមិនដែលស្គាល់អ្នកទេ›។+
១៩ គឺយ៉ាងនេះដែលអ្នកនោះនឹងបាត់ទៅ+
រួចអ្នកផ្សេងទៀតនឹងដុះចេញមក។
២០ ប្រាកដណាស់ ព្រះនឹងមិនបោះបង់មនុស្សដែលមានចិត្តស្មោះឥតងាករេ*ទេ
ហើយលោកក៏មិនគាំទ្រមនុស្សប្រព្រឹត្តអំពើអាក្រក់ដែរ។
២១ ព្រោះលោកនឹងធ្វើឲ្យអ្នកសើចក្អាកក្អាយឡើងវិញ
ហើយមាត់របស់អ្នកនឹងស្រែកដោយអំណរ។
២២ ចំណែកមនុស្សដែលស្អប់អ្នក គេនឹងត្រូវអាម៉ាស់ខ្មាស
ហើយត្រសាលរបស់មនុស្សទុច្ចរិតនឹងលែងមានទៀត»។
៩ យ៉ូបតបទៅវិញថា៖
២ «មែន ខ្ញុំក៏ដឹងថាដូច្នោះដែរ។
ប៉ុន្តែ តើមនុស្សអាចនិយាយថាខ្លួនត្រឹមត្រូវនៅចំពោះមុខព្រះដូចម្ដេចបាន?+
៣ ប្រសិនបើបុគ្គលម្នាក់ចង់តវ៉ានឹងលោក*+កុំថាឡើយដល់មួយពាន់សំណួរ
សូម្បីតែលោកសួរគាត់តែមួយសំណួរ ក៏គាត់មិនអាចឆ្លើយបានផង។
៤ លោកពេញទៅដោយប្រាជ្ញានិងឫទ្ធានុភាពដ៏ខ្លាំងក្លា+
តើអ្នកណាអាចតទល់នឹងលោក ហើយមិនមានរបួសជាប់ខ្លួន?+
៥ លោករើភ្នំ*ដោយគ្មាននរណាដឹង
លោករំលើងភ្នំដោយកំហឹងរបស់លោក។
៦ លោកអង្រួនផែនដីឲ្យកក្រើក
ធ្វើឲ្យសសរគ្រឹះផែនដីរញ្ជួយញាប់ញ័រ។+
៧ លោកបង្គាប់ដួងអាទិត្យមិនឲ្យបញ្ចេញរស្មី
ថែមទាំងបិទបាំងពន្លឺដួងតារា។+
៩ លោកបង្កើតកញ្ចុំផ្កាយអែស កញ្ចុំផ្កាយខេស៊ីល និងកញ្ចុំផ្កាយឃីម៉ា+
ព្រមទាំងកញ្ចុំផ្កាយនានានៅប៉ែកខាងត្បូង។
១០ លោកធ្វើកិច្ចការអស្ចារ្យក្រៃលែង ដែលរកយល់មិនបាន+
អ្វីៗដ៏គួរឲ្យស្ញប់ស្ញែងទាំងនោះ មានច្រើនរាប់មិនអស់ឡើយ។+
១១ លោកដើរកាត់ខ្ញុំ តែខ្ញុំមិនឃើញលោកទេ
លោកទៅហួសខ្ញុំ តែខ្ញុំមិនបានកត់សម្គាល់សោះ។
១២ ពេលលោកកញ្ឆក់អ្វីមួយ តើអ្នកណាអាចឃាត់លោកបាន?
អ្នកណាហ៊ានសួរថា‹តើលោកចង់ធ្វើអ្វី?›។+
១៣ ព្រះនឹងមិនព្រមទប់កំហឹងឡើយ+
សូម្បីតែជំនួយការរបស់រ៉ាហាប*+ ក៏នឹងក្រាបក្បាលនៅចំពោះមុខលោកដែរ
១៤ ចុះទម្រាំតែខ្ញុំត្រូវនិយាយតវ៉ានឹងលោក
ខ្ញុំច្បាស់ជាត្រូវជ្រើសរើសពាក្យឲ្យបានហ្មត់ចត់ជាងនោះទៅទៀត!
១៥ ទោះជាខ្ញុំត្រឹមត្រូវក៏ដោយ ក៏ខ្ញុំមិនតបឆ្លើយនឹងលោកដែរ។+
ខ្ញុំបានត្រឹមតែអង្វរសុំសេចក្ដីមេត្តាករុណាពីអ្នកសម្រេចក្ដីរបស់ខ្ញុំ*ប៉ុណ្ណោះ។
១៦ បើខ្ញុំស្រែករកលោក តើលោកនឹងតបឆ្លើយមកខ្ញុំទេ?
ខ្ញុំមិនជឿថាលោកនឹងស្ដាប់សម្ដីរបស់ខ្ញុំឡើយ
១៧ ពីព្រោះលោកបំផ្លាញខ្ញុំដោយខ្យល់ព្យុះ
ហើយធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើន ដោយគ្មានមូលហេតុ។+
១៨ លោកមិនទុកពេលឲ្យខ្ញុំដកដង្ហើមសោះ
លោកឲ្យខ្ញុំជួបសេចក្ដីល្វីងជូរចត់ឥតឈប់ឈរ។
១៩ បើគិតពីឫទ្ធានុភាព នោះលោកជាបុគ្គលដែលខ្លាំងពូកែជាងគេ។+
បើគិតពីយុត្តិធម៌ លោកមានប្រសាសន៍ថា៖ ‹តើអ្នកណាអាចចោទប្រកាន់ខ្ញុំបាន?›។
២០ បើខ្ញុំសុចរិតមែន មាត់របស់ខ្ញុំនឹងស្ដីបន្ទោសខ្ញុំ
ទោះបីជាខ្ញុំរក្សាចិត្តស្មោះឥតងាករេក៏ដោយ ក៏លោកនឹងប្រកាសថាខ្ញុំមានទោសដែរ។
២១ ទោះបីជាខ្ញុំរក្សាចិត្តស្មោះឥតងាករេ*ក៏ដោយ
ក៏ខ្ញុំមិនមានទំនុកចិត្តលើខ្លួនឯងដែរ។
ខ្ញុំខ្ពើមឆ្អើមជីវិតនេះណាស់។
២២ ដោយហេតុថាមិនមានអ្វីខុសគ្នា បានជាខ្ញុំនិយាយថា៖
‹លោកបំផ្លាញមនុស្សទៀងត្រង់*និងមនុស្សទុច្ចរិតដូចគ្នា›។
២៣ បើមានទឹកជន់ឡើងបណ្ដាលឲ្យមានមនុស្សស្លាប់ភ្លាមៗ
លោកមុខជាសើចចំអក ពេលជនទៀងត្រង់រងទុក្ខវេទនា។
២៤ លោកបានប្រគល់ផែនដីដល់មនុស្សទុច្ចរិត+
លោកបិទបាំងភ្នែកពួកអ្នកសម្រេចក្ដី។
បើមិនមែនលោកទេ តើជាអ្នកណាវិញ?
២៥ ថ្ងៃនៃជីវិតខ្ញុំហួសទៅលឿនជាងអ្នកដែលរត់ទៅទៀត+
ជីវិតខ្ញុំកន្លងទៅដោយមិនធ្លាប់មានសុភមង្គលសោះឡើយ។
២៦ ថ្ងៃទាំងនោះខិតទៅលឿនដូចទូកពីដើមត្រែង
ក៏រហ័សដូចឥន្ទ្រីបោះពួយឆាបចំណី។
២៧ បើខ្ញុំពោលថា៖ ‹ខ្ញុំនឹងបំភ្លេចទុក្ខម្នេញរបស់ខ្ញុំ
ហើយខ្ញុំនឹងប្ដូរទឹកមុខមកជាសប្បាយរីករាយវិញ›
២៨ នោះខ្ញុំក៏នៅតែភ័យខ្លាច ដោយសារការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ+
ហើយខ្ញុំដឹងថាលោកនឹងមិនចាត់ទុកថាខ្ញុំទៀងត្រង់ទេ។
២៩ ខ្ញុំនឹងត្រូវវិនិច្ឆ័យថាមានកំហុស។
ដូច្នេះ ហេតុអ្វីខ្ញុំត្រូវនៅតស៊ូដោយឥតប្រយោជន៍?+
៣០ ទោះជាខ្ញុំងូតទឹកដែលរលាយពីព្រិលទឹកកក
៣១ គង់តែលោកនឹងជ្រមុជខ្ញុំទៅក្នុងរណ្ដៅភក់
សូម្បីតែសម្លៀកបំពាក់របស់ខ្ញុំ ក៏នឹងស្អប់ខ្ពើមខ្ញុំដែរ។
៣២ ព្រោះលោកមិនមែនជាមនុស្សដូចខ្ញុំ ដែលខ្ញុំអាចឆ្លើយតបនឹងលោក
ឬដែលខ្ញុំអាចទៅតុលាការជាមួយគ្នាបានទេ។+
៣៣ គ្មានអ្នកណាអាចធ្វើជាអាជ្ញាកណ្ដាលរវាងយើង
ឬធ្វើជាអ្នកសម្រេចក្ដីឲ្យយើងទាំងពីរបានឡើយ។
៣៤ ប្រសិនបើលោកឈប់វាយខ្ញុំ
ហើយលែងធ្វើឲ្យខ្ញុំភ័យស្លុត+
៣៥ នោះខ្ញុំនឹងនិយាយទៅលោកដោយឥតភិតភ័យ
ព្រោះខ្ញុំមិនមានអ្វីត្រូវខ្លាចឡើយ។
ខ្ញុំនឹងបរិយាយអំពីទុក្ខធ្ងន់របស់ខ្ញុំចេញមក!
២ ខ្ញុំនឹងនិយាយទៅព្រះថា៖ ‹កុំវិនិច្ឆ័យខ្ញុំថាមានកំហុស។
សូមប្រាប់ខ្ញុំនូវមូលហេតុដែលលោកទាស់នឹងខ្ញុំ។
៣ លោកសង្កត់សង្កិន ហើយស្អប់ខ្ពើមស្នាដៃរបស់លោក+
រួចទៅពេញចិត្តយោបល់របស់មនុស្សទុច្ចរិត។
តើលោកធ្វើដូច្នេះ បានប្រយោជន៍អ្វី?
៤ តើលោកមានភ្នែកដូចមនុស្សទេ?
តើលោកមើលតាមរបៀបដែលមនុស្សមើលទេ?
៥ តើថ្ងៃរបស់លោកដូចថ្ងៃរបស់មនុស្ស
ឬឆ្នាំរបស់លោកដូចឆ្នាំរបស់មនុស្សទេ?+
៦ ម្ដេចបានជាលោកស្វែងរកកំហុសរបស់ខ្ញុំ
ហើយរកមើលអំពើខុសឆ្គងរបស់ខ្ញុំឥតឈប់ដូច្នេះ?+
៧ លោកដឹងថាខ្ញុំមិនមានកំហុសទេ+
ម្យ៉ាងទៀត គ្មានអ្នកណាអាចជួយសង្គ្រោះខ្ញុំពីដៃរបស់លោកបានឡើយ។+
៨ ដៃលោកផ្ទាល់បានសូនខ្ញុំនិងបង្កើតខ្ញុំមក+
ប៉ុន្តែឥឡូវ លោកបែរជាបំផ្លាញខ្ញុំគ្មានសល់អ្វីសោះ។
៩ សូមលោកមេត្តានឹកចាំថា លោកបានបង្កើតខ្ញុំពីដីឥដ្ឋ+
តែពេលនេះ លោកធ្វើឲ្យខ្ញុំត្រឡប់ទៅជាធូលីដីវិញ។+
១១ លោកដណ្ដប់ខ្ញុំដោយសាច់និងស្បែក
ហើយលោកភ្ជាប់ឆ្អឹងនិងសរសៃឲ្យខ្ញុំ។+
១២ លោកបានផ្ដល់ជីវិតនិងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់ខ្ញុំ
លោកបានថែរក្សាការពារដង្ហើមជីវិតខ្ញុំ។+
១៣ ប៉ុន្តែក្នុងចិត្តរបស់លោក លោកបានគ្រោងធ្វើអាក្រក់ចំពោះខ្ញុំ
ខ្ញុំដឹងថាលោកជាអ្នកធ្វើឲ្យខ្ញុំជួបអន្តរាយ។
១៤ ប្រសិនបើខ្ញុំធ្វើខុស លោកច្បាស់ជាឃើញ+
ហើយមិនលើកលែងទោសឲ្យខ្ញុំទេ។
១៥ បើខ្ញុំធ្វើខុសមែន វេទនាហើយខ្ញុំ!
ទោះជាខ្ញុំបរិសុទ្ធ ក៏ខ្ញុំមិនអាចងើបក្បាលរួចដែរ+
ពីព្រោះខ្ញុំមានតែភាពអាប់យសនិងទុក្ខវេទនាជាប់ប្រាណ។+
១៦ បើខ្ញុំងើបក្បាលឡើង លោកនឹងតាមប្រមាញ់ខ្ញុំដូចសត្វតោ+
ហើយប្រើឫទ្ធានុភាពទាស់នឹងខ្ញុំម្ដងទៀត។
១៧ លោកនាំសាក្សីថ្មីៗមកប្រឆាំងនឹងខ្ញុំ
ហើយលោកខឹងខ្ញុំកាន់តែខ្លាំងឡើងៗ
ស្របពេលដែលទុក្ខលំបាកធ្លាក់មកលើខ្ញុំផ្ទួនៗ។
១៨ បើដូច្នេះ ហេតុអ្វីបានជាលោកឲ្យខ្ញុំកើតចេញពីផ្ទៃម្ដាយ?+
ខ្ញុំគួរតែស្លាប់មុនអ្នកឯទៀតឃើញខ្ញុំ
១៩ ព្រោះបើដូច្នោះ គេនឹងយកខ្ញុំចេញពីផ្ទៃម្ដាយ ហើយបញ្ចុះខ្ញុំក្នុងផ្នូរតែម្ដង
នោះនឹងគ្មានរូបខ្ញុំឡើយ›។
២០ ខ្ញុំរស់មិនយូរទៀតទេ+ សូមលោកទុកខ្ញុំចោលទៅ។
សូមលោកបែរភ្នែកចេញពីខ្ញុំ ដើម្បីឲ្យខ្ញុំបានសម្រាកបន្តិច+
២១ មុនពេលខ្ញុំចាកចេញទៅ ហើយខ្ញុំមិនត្រឡប់មកវិញឡើយ+
គឺទៅកាន់ទឹកដីដែលងងឹតឈ្លប់+
២២ ជាកន្លែងនៃភាពងងឹតសូន្យសុង
ជាទីដែលមានភាពវឹកវរ និងគ្មានពន្លឺទាល់តែសោះ
ទោះបីមានពន្លឺក៏ដោយ ក៏នៅតែមើលអ្វីមិនឃើញដែរ»។
១១ សូផារ+ជាអ្នកស្រុកណាអាម៉ា ក៏ថ្លែងឡើងថា៖
២ «អ្នកនិយាយពាក្យទាំងអស់នេះ តើគិតថាគ្មានអ្នកណាតបវិញឬ?
តើអ្នកគិតថាដោយសារអ្នកនិយាយច្រើន នេះមានន័យថាអ្នកត្រឹមត្រូវឬ?
៣ តើសម្ដីឥតបានការរបស់អ្នកធ្វើឲ្យអ្នកឯទៀតបិទមាត់ឬ?
កាលដែលអ្នកពោលពាក្យចំអកមើលងាយ
តើគ្មានអ្នកណានឹងស្ដីបន្ទោសអ្នកឬ?+
៤ ព្រោះអ្នកស្រដីថា៖ ‹អ្វីដែលខ្ញុំនិយាយគឺត្រឹមត្រូវ*+
ហើយខ្ញុំជាមនុស្សស្អាតស្អំនៅចំពោះព្រះ›។+
៥ ប៉ុន្តែ ប្រសិនបើព្រះមានប្រសាសន៍
ឬពោលពាក្យទៅកាន់អ្នក+
៦ នោះលោកមុខជានឹងបើកបង្ហាញនូវអាថ៌កំបាំងដែលធ្វើឲ្យអ្នកមានប្រាជ្ញា
ព្រោះប្រាជ្ញារួមបញ្ចូលអ្វីៗជាច្រើន
រួចមក អ្នកនឹងដឹងថាព្រះបានបំភ្លេចចោលកំហុសខ្លះរបស់អ្នក។
៧ តើអ្នកអាចយល់សេចក្ដីជ្រាលជ្រៅរបស់ព្រះ
ឬយល់អ្វីទាំងអស់អំពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតទេ?
៨ ប្រាជ្ញាគឺខ្ពស់ជាងមេឃ។ តើអ្នកអាចយល់យ៉ាងដូចម្ដេចបាន?
ប្រាជ្ញាគឺជ្រៅជាងផ្នូរ។* តើអ្នកអាចដឹងទាំងអស់ឬ?
៩ ប្រាជ្ញាគឺវែងជាងផែនដី
ហើយធំជាងសមុទ្រ។
១០ បើលោកចាប់អ្នកណាម្នាក់ ហើយនាំទៅតុលាការ
តើអ្នកណាអាចប្រឆាំងនឹងលោកបាន?
១១ ពីព្រោះលោកដឹងថាអ្នកណាជាមនុស្សបោកប្រាស់
ពេលលោកឃើញសេចក្ដីអាក្រក់ តើលោកនឹងមិនកត់សម្គាល់ទេឬ?
១២ ក៏ប៉ុន្តែ មនុស្សល្ងង់នឹងមិនយល់ឡើយ
លុះត្រាតែសត្វលាព្រៃកើតកូនជាមនុស្ស។
១៣ អ្នកគួរកែប្រែចិត្ត
ហើយអធិដ្ឋានទៅលោក។*
១៤ បើអ្នកប្រព្រឹត្តអំពើអាក្រក់ ចូរឈប់ធ្វើដូច្នោះទៀត
ហើយមិនត្រូវឲ្យមានអំពើទុច្ចរិតនៅក្នុងត្រសាលរបស់អ្នកឡើយ។
១៥ យ៉ាងនេះ អ្នកអាចងើបមុខឡើងដោយគ្មានការអាម៉ាស់
អ្នកអាចរឹងមាំវិញ ហើយលែងមានការភ័យខ្លាចទៀត។
១៦ បន្ទាប់មក អ្នកនឹងភ្លេចទុក្ខលំបាករបស់អ្នក
ហើយលែងនឹកចាំពីទុក្ខទាំងនោះទៀត គឺដូចជាទឹកដែលហូរទៅបាត់។
១៧ ជីវិតអ្នកនឹងភ្លឺត្រចះជាងពេលថ្ងៃត្រង់
សូម្បីតែសេចក្ដីងងឹត នឹងប្រៀបដូចជាពេលអរុណរះ។
១៨ អ្នកនឹងមានទំនុកចិត្ត ព្រោះមានសេចក្ដីសង្ឃឹម
អ្នកនឹងមើលជុំវិញ ហើយដេកទៅដោយមានសេចក្ដីសុខ។
១៩ អ្នកនឹងដេកទៅ ឥតមានអ្នកណាបំភ័យអ្នកឡើយ
ហើយមនុស្សជាច្រើននឹងព្យាយាមយកចិត្តអ្នក។
២០ ប៉ុន្តែ ភ្នែករបស់មនុស្សអាក្រក់នឹងងងឹតទៅ
ពួកគេនឹងរកកន្លែងលាក់ខ្លួនមិនបានទេ
ចុងក្រោយមានតែសេចក្ដីស្លាប់ ចាំទទួលពួកគេ»។+
១២ បន្ទាប់មក យ៉ូបតបវិញថា៖
២ «មើលទៅមនុស្សចេះដឹង អស់ត្រឹមអ្នករាល់គ្នាហើយ
ពេលអ្នករាល់គ្នាស្លាប់ទៅ មនុស្សចេះដឹងក៏លែងមានទៀត!
៣ ប៉ុន្តែ ខ្ញុំក៏យល់ដឹងដូចអ្នករាល់គ្នាដែរ
ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ
តើអ្នកណាមិនដឹងអំពីអ្វីៗទាំងនេះ?
៤ ខ្ញុំត្រូវអ្នកដែលខ្ញុំស្គាល់សើចចំអកឲ្យ+
ព្រោះខ្ញុំស្រែកសុំឲ្យព្រះឆ្លើយតប+
មនុស្សសុចរិតនិងមនុស្សដែលគ្មានកន្លែងបន្ទោស ត្រូវគេស្ដីឡកឡឺយឲ្យ។
៥ មនុស្សដែលមិនធ្លាប់ជួបបញ្ហា មើលងាយអន្តរាយ
ហើយតែងគិតថា មានតែអ្នកដែលងាយនឹងភ្លាត់*ជើងដួលប៉ុណ្ណោះដែលរងទុក្ខវេទនា។
៦ ចំណែកពួកចោររស់នៅយ៉ាងសុខសាន្តក្នុងត្រសាល+
ហើយពួកអ្នកដែលធ្វើឲ្យព្រះខឹង ក៏រស់នៅដោយសុវត្ថិភាពដែរ+
គឺជាពួកអ្នកដែលកាន់រូបព្រះដើម្បីគោរពបូជា។
៧ ក៏ប៉ុន្តែ សូមសួរពពួកសត្វមើលចុះ ពួកវានឹងបង្រៀនអ្នក
ហើយសូមសួរសត្វស្លាបលើមេឃ ពួកវានឹងប្រាប់អ្នក។
៨ សូមពិចារណាមើល*ផែនដី រួចផែនដីនឹងបង្រៀនអ្នក
ហើយត្រីក្នុងសមុទ្រនឹងប្រកាសឲ្យអ្នកដឹង។
៩ ក្នុងចំណោមអ្វីៗទាំងនេះ
តើមានណាមួយដែលមិនដឹងថាព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងនេះ?
១០ ជីវិតទាំងឡាយស្ថិតនៅក្នុងដៃរបស់លោក
រួមទាំងដង្ហើមជីវិតមនុស្សទាំងអស់ផង។+
១១ ត្រចៀកគឺសម្រាប់ស្ដាប់ដើម្បីពិចារណាពាក្យសម្ដី
ដូចអណ្ដាតគឺសម្រាប់ភ្លក់ឲ្យដឹងរសជាតិអាហារ មែនទេ?+
១២ មនុស្សចាស់តែងមានប្រាជ្ញា+
ហើយមនុស្សដែលមានអាយុវែងតែងមានការយល់ដឹង មែនទេ?
១៤ ពេលលោកបំផ្លាញអ្វីមួយ នោះគ្មានអ្នកណាអាចសង់ឡើងវិញបានឡើយ+
ហើយពេលលោកបិទអ្វីមួយ ក៏គ្មានអ្នកណាអាចបើកបានដែរ។
១៦ លោកមានកម្លាំងខ្លាំងក្លា និងមានប្រាជ្ញា+
ហើយទាំងអ្នកដែលធ្វើខុស ទាំងអ្នកដែលនាំឲ្យគេធ្វើខុស
គឺនៅក្នុងដៃរបស់លោក។
១៨ លោកដកអំណាចរបស់ពួកស្ដេច+
រួចធ្វើឲ្យពួកគេទៅជាខ្ញុំបម្រើវិញ។
២០ លោកបំបិទមាត់ពួកទីប្រឹក្សាដែលគេធ្លាប់ទុកចិត្ត
ហើយដកសមត្ថភាពរិះគិតពីមនុស្សវ័យចាស់។*
២១ លោកធ្វើឲ្យពួកមានឋានៈខ្ពស់រងការប្រមាថយ៉ាងច្រើន+
ហើយលោកធ្វើឲ្យពួកអ្នកមានអំណាចទៅជាខ្សោយវិញ។
២២ លោកបង្ហាញឲ្យឃើញអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត+
ហើយលោកនាំភាពងងឹតមកក្នុងពន្លឺ។
២៣ លោកធ្វើឲ្យប្រជាជាតិទាំងឡាយទៅជាខ្លាំងក្លា ទុកសម្រាប់បំផ្លាញចោល
លោកធ្វើឲ្យប្រជាជាតិនានាមានគ្នាកាន់តែច្រើន ដើម្បីនិរទេសពួកគេ។
២៤ លោកដកការយល់ដឹងចេញពីពួកមេដឹកនាំបណ្ដាជន
ហើយធ្វើឲ្យពួកគេដើរវង្វេងក្នុងតំបន់ស្ងាត់ជ្រងំរកផ្លូវចេញមិនឃើញ។+
២៥ ពួកគេដើរពីមពើមក្នុងទីងងឹត+ដែលគ្មានពន្លឺ
លោកធ្វើឲ្យពួកគេវង្វេងដូចមនុស្សស្រវឹងស្រា។+
១៣ «ខ្ញុំបានឃើញអ្វីទាំងអស់នេះ
ត្រចៀកខ្ញុំបានឮ ហើយបានយល់។
២ អ្វីដែលអ្នករាល់គ្នាដឹង ខ្ញុំក៏ដឹងដែរ។ ខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេ។
៣ តាមពិតខ្ញុំចង់និយាយជាមួយនឹងព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត
ខ្ញុំចង់តវ៉ារឿងក្ដីរបស់ខ្ញុំនៅចំពោះមុខលោក។+
៤ ប៉ុន្តែ អ្នករាល់គ្នានិយាយកុហកបង្ខូចឈ្មោះខ្ញុំ
អ្នករាល់គ្នាសុទ្ធតែជាគ្រូពេទ្យឥតបានការ។+
៥ បើអ្នករាល់គ្នានៅស្ងៀមមិនចេញវាចា
នោះបង្ហាញថាអ្នករាល់គ្នាមានប្រាជ្ញាជាង។+
៦ ឥឡូវ សូមស្ដាប់ខ្ញុំបរិយាយ
សូមយកចិត្តទុកដាក់ស្ដាប់ពាក្យអង្វររបស់ខ្ញុំ។
៧ តើអ្នករាល់គ្នាហ៊ានចោទប្រកាន់ខ្ញុំមិនពិតដោយនូវនាមរបស់ព្រះ
ហើយពោលពាក្យមិនពិតដោយអាងនាមរបស់លោកឬ?
៨ តើអ្នករាល់គ្នានឹងលម្អៀងទៅខាងព្រះពិត ហើយព្យាយាមកាន់ក្ដីឲ្យលោកឬ?
៩ បើលោកពិនិត្យមើលអ្នករាល់គ្នា តើលោកនឹងពេញចិត្តអ្នករាល់គ្នាទេ?+
តើអ្នករាល់គ្នាអាចបញ្ឆោតលោកបាន ដូចបញ្ឆោតមនុស្សឬ?
១០ លោកច្បាស់ជានឹងស្ដីបន្ទោសអ្នករាល់គ្នា
បើអ្នករាល់គ្នាហ៊ានលួចបង្ហាញចិត្តល្អៀងទៅខាងលោក។+
១១ តើសិរីរុងរឿងរបស់លោកមិនធ្វើឲ្យអ្នករាល់គ្នារន្ធត់ទេឬ?
ហើយតើអ្នករាល់គ្នាមិនស្ញែងខ្លាចលោកទេឬ?
១២ ពាក្យពេចន៍របស់អ្នករាល់គ្នា គឺជាសុភាសិតឥតប្រយោជន៍*
អំណះអំណាងរបស់អ្នករាល់គ្នា ខ្សោយដូចជាខែលធ្វើពីដីឥដ្ឋ។
១៣ សូមនៅស្ងៀម ស្ដាប់ខ្ញុំស្រដីសិន
បើមានអ្វីកើតឡើងដល់ខ្ញុំ ទុកឲ្យកើតឡើងចុះ!
១៤ ហេតុអ្វីខ្ញុំយករឿងដាក់ខ្លួន?
ម្ដេចបានជាខ្ញុំយកជីវិត*មកប្រថុយនឹងគ្រោះថ្នាក់ដូច្នេះ?
១៥ ទោះជាលោកចង់សម្លាប់ខ្ញុំក៏ដោយ ខ្ញុំនៅតែរង់ចាំ+
ខ្ញុំនឹងចាំការពាររឿងក្ដីរបស់ខ្ញុំនៅចំពោះមុខលោក។
១៦ រួចមក លោកនឹងទៅជាអ្នកសង្គ្រោះខ្ញុំ+
ព្រោះមនុស្សដែលមិនកោតខ្លាចព្រះ*មិនអាចចូលទៅចំពោះមុខលោកបានឡើយ។+
១៧ សូមប្រុងស្ដាប់សម្ដីរបស់ខ្ញុំ
សូមតាំងចិត្តស្ដាប់វាចារបស់ខ្ញុំ។
១៨ មើល! ឥឡូវខ្ញុំបានត្រៀមដាក់រឿងក្ដីរបស់ខ្ញុំ
ខ្ញុំដឹងច្បាស់ថាខ្ញុំត្រូវ។
១៩ តើមានអ្នកណាអាចប្រកែកថាខ្ញុំខុសទេ?
បើខ្ញុំនៅស្ងៀមមិននិយាយ ខ្ញុំនឹងស្លាប់ជាមិនខាន!*
២០ ឱព្រះអើយ ខ្ញុំសុំអ្វីពីរយ៉ាងប៉ុណ្ណោះពីលោក
នោះខ្ញុំនឹងមិនលាក់ខ្លួនពីលោកឡើយគឺ
២១ សូមលោកដកដៃដ៏ធ្ងន់របស់លោកចេញឲ្យឆ្ងាយពីខ្ញុំ
ហើយកុំធ្វើឲ្យខ្ញុំភ័យខ្លាចលោកទៀត។+
២២ សូមលោកមានប្រសាសន៍មុន នោះខ្ញុំនឹងឆ្លើយ
ឬបើលោកឲ្យខ្ញុំនិយាយមុន សូមលោកតបមកវិញផង។
២៣ តើខ្ញុំមានកំហុសឬខុសឆ្គងអ្វី?
សូមលោកស្រដីឲ្យខ្ញុំដឹងផង។
២៥ ខ្ញុំប្រៀបដូចជាស្លឹកឈើដែលត្រូវខ្យល់បក់ផាត់
ហើយប្រៀបដូចជាជញ្ជ្រាំងដែលក្រៀមស្វិត
ហេតុអ្វីលោកធ្វើឲ្យខ្ញុំភ័យខ្លាច ហើយដេញតាមខ្ញុំដូច្នេះ?
២៦ ពីព្រោះលោកបន្តកត់ទុកកំហុសដើម្បីចោទប្រកាន់ខ្ញុំ
ហើយលោកឲ្យខ្ញុំទទួលខុសត្រូវចំពោះកំហុសដែលខ្ញុំបានធ្វើកាលនៅគ្រាយុវវ័យ។
២៧ លោកដាក់ខ្នោះជើងខ្ញុំ
លោកពិនិត្យពិច័យខ្ញុំគ្រប់ជំហាន
ហើយសង្កេតមើលដានជើងទាំងអស់របស់ខ្ញុំ។
២៨ ដូច្នេះ មនុស្ស*រលួយទៅដូចរបស់ដែលពុកផុយ
ឬដូចសម្លៀកបំពាក់ដែលសត្វល្អិតស៊ីបំផ្លាញ។
៤ តើមនុស្សដែលមានភាពខុសឆ្គង*អាចបង្កើតមនុស្សដែលមិនមានភាពខុសឆ្គង*ដូចម្ដេចបាន?+ គឺមិនបានទេ!
៥ អាយុជីវិតរបស់មនុស្សបានត្រូវកំណត់
ហើយចំនួនខែដែលគាត់អាចរស់ ក៏ស្ថិតនៅក្នុងដៃរបស់លោកដែរ
លោកបានកំណត់ថ្ងៃជាស្រេចសម្រាប់គាត់
គាត់មិនអាចរស់ហួសពីថ្ងៃនោះបានឡើយ។+
៦ សូមលោកបែរមុខចេញពីគាត់ ដើម្បីឲ្យគាត់បានសម្រាក
ដូចកម្មករស៊ីឈ្នួលបានសម្រាកក្រោយពីធ្វើការចប់។+
៧ សូម្បីតែដើមឈើក៏មានសេចក្ដីសង្ឃឹម
ទោះបីជាគេកាប់វាចោលក្ដី គង់តែវាដុះឡើងម្ដងទៀត
រួចមែកវានឹងមិនដែលខានលាស់ខ្ចីឡើយ។
៨ ទោះជាឫសវាកាន់តែចាស់នៅក្នុងដី
ហើយគល់របស់វាប្រែទៅជាស្ងួតក្ដី
៩ តែពេលមានចំហាយទឹក វានឹងចេញពន្លក
ហើយបែកមែកសាខា ដូចដើមឈើថ្មី។
១០ ប៉ុន្តែពេលមនុស្សស្លាប់ កម្លាំងគាត់ក៏លែងមានទៀត
ពេលបាត់បង់ជីវិត តើគាត់ទៅឯណា?+
១១ ចំណែកទឹកសមុទ្រក៏ស្រកអស់
ហើយទន្លេក៏រីងស្ងួតទៅ។
១២ ដូចគ្នាដែរ មនុស្សដេកទៅ មិនក្រោកមកវិញទេ+
ពួកគេនឹងមិនភ្ញាក់ ឬងើបពីដំណេកឡើយ
រហូតដល់មេឃសាបសូន្យទៅ។+
១៣ ឱបើលោកលាក់ខ្ញុំនៅក្នុងផ្នូរ*+
ហើយទុកខ្ញុំនៅទីនោះរហូតដល់កំហឹងរបស់លោករសាយទៅ
ហើយកំណត់ពេលឲ្យខ្ញុំ រួចនឹកចាំខ្ញុំ នោះមិនដឹងជាល្អយ៉ាងណាទេ!+
១៤ បើមនុស្សស្លាប់ហើយ តើគាត់អាចរស់ឡើងវិញបានទេ?+
ខ្ញុំនឹងទន្ទឹងចាំដរាបដល់គ្រប់ថ្ងៃកំណត់*
គឺរហូតដល់វេលាដែលខ្ញុំបានត្រូវដោះលែងឲ្យរួចខ្លួន។+
១៥ លោកនឹងហៅ ហើយខ្ញុំនឹងឆ្លើយតប+
លោកនឹងនឹកអាល័យខ្ញុំខ្លាំងណាស់ ព្រោះលោកបានបង្កើតខ្ញុំមក។
១៦ ប៉ុន្តែពេលនេះ លោកសង្កេតមើលខ្ញុំគ្រប់ជំហានឥតឈប់
លោកគន់មើលតែកំហុសរបស់ខ្ញុំប៉ុណ្ណោះ។
១៧ លោកប្រមូលអំពើល្មើសរបស់ខ្ញុំទុកក្នុងថង់បិទជិត
ថែមទាំងបិទកាវយ៉ាងជាប់ទៀតផង។
១៨ ដូចភ្នំរលំបាក់ស្រុតចុះ
ហើយថ្មដាច់ធ្លាក់ចេញពីកន្លែង
១៩ ដូចទឹកហូរកាត់ថ្មឲ្យសឹករេចរឹល
ហើយហូរច្រោះដីទៅឆ្ងាយយ៉ាងណា
នោះលោកក៏បំផ្លាញសេចក្ដីសង្ឃឹមរបស់មនុស្សមិនឲ្យសល់យ៉ាងនោះដែរ។
២០ លោកបន្តបង្ក្រាបគាត់រហូតដល់គាត់វិនាសទៅ+
លោកផ្លាស់ប្ដូររូបរាងមុខមាត់គាត់ រួចបណ្ដេញគាត់ឲ្យចេញឆ្ងាយ។
២១ ទោះជាកូនៗគាត់ទទួលកិត្តិយសក៏ដោយ គាត់មិនដឹងទេ
ទោះជាពួកគេធ្លាក់ខ្លួនទន់ទាបយ៉ាងណា ក៏គាត់មិនដឹងដែរ។+
២២ ប៉ុន្តែ គាត់មានអារម្មណ៍ឈឺចាប់ ក្នុងពេលនៅរស់
គាត់សោកសៅ ក្នុងពេលដែលនៅមានជីវិតនៅឡើយ»។
១៥ អេលីផាស+ជាអ្នកស្រុកថេម៉ានឆ្លើយតបថា៖
២ «តើមនុស្សដែលមានប្រាជ្ញានឹងតវ៉ាដោយពាក្យឥតខ្លឹមសារឬ?
តើមនុស្សដែលមានប្រាជ្ញានឹងមានចិត្តពោរពេញទៅដោយគំនិតអាក្រក់ឬ?*
៣ ការខំប្រដៅតម្រង់ដោយពាក្យបែបនោះគឺអសារឥតការ
ហើយសម្ដីបែបនោះគ្មានប្រយោជន៍ទាល់តែសោះ។
៤ អ្នកធ្វើឲ្យការគោរពកោតខ្លាចចំពោះព្រះចុះខ្សោយ
ហើយធ្វើឲ្យអ្នកឯទៀតលែងអើពើនឹងព្រះ។
៥ ព្រោះអ្នកធ្វើខុស ទើបអ្នកនិយាយបែបនេះ
អ្នកពោលពាក្យលាក់កំណួច។
៦ មាត់របស់អ្នកផ្ដន្ទាទោសអ្នក មិនមែនខ្ញុំទេ
សម្ដីរបស់អ្នកផ្ទាល់ជាភ័ស្តុតាងចងខ្លួនអ្នក។+
៧ តើអ្នកជាមនុស្សទី១ដែលកើតមកឬ?
តើអ្នកកើតមុនអស់ទាំងភ្នំតូចៗឬ?
៨ តើអ្នកស្ដាប់ឮកិច្ចពិភាក្សាសម្ងាត់របស់ព្រះឬ?
តើមានតែអ្នកប៉ុណ្ណោះឬដែលមានប្រាជ្ញា?
៩ តើមានអ្វីដែលអ្នកដឹង ហើយពួកយើងមិនដឹង?+
តើមានអ្វីដែលអ្នកយល់ ហើយពួកយើងមិនយល់?
១០ ពួកយើងមានទាំងអ្នកសក់ស មានទាំងអ្នកវ័យចាស់+
ជាអ្នកដែលមានអាយុច្រើនជាងឪពុកអ្នកទៅទៀត។
១១ តើអ្នកគិតថាពាក្យសម្រាលទុក្ខពីព្រះ
និងសម្ដីទន់ភ្លន់មិនល្មមគ្រប់គ្រាន់សម្រាប់អ្នកទេឬ?
១២ ហេតុអ្វីអ្នកឲ្យអារម្មណ៍គ្រប់គ្រងចិត្តរបស់អ្នក?
ហេតុអ្វីក្រសែភ្នែករបស់អ្នកពោរពេញទៅដោយកំហឹង?
១៣ ដោយសារអ្នកខឹងព្រះ
បានជាអ្នកបណ្ដោយឲ្យពាក្យបែបនោះចេញពីមាត់របស់អ្នក។
១៤ តើមនុស្សអាចស្អាតបរិសុទ្ធនៅចំពោះព្រះបានទេ?
តើមនុស្សដែលកើតពីស្ត្រីអាចជាមនុស្សសុចរិតដូចម្ដេចបាន?+
១៦ ទម្រាំមនុស្សដែលគួរឲ្យស្អប់ខ្ពើមនិងមិនស្អាតស្អំ
ជាអ្នកដែលផឹកសេចក្ដីទុច្ចរិតដូចផឹកទឹក
លោកច្បាស់ជាចាត់ទុកថាមិនបរិសុទ្ធជាងនោះទៅទៀត!+
១៧ សូមស្ដាប់ខ្ញុំ ខ្ញុំនឹងប្រាប់អ្នក! ខ្ញុំនឹងរៀបរាប់អ្វីដែលខ្ញុំបានឃើញ
១៨ ជារឿងដែលមនុស្សមានប្រាជ្ញាបានឮពីបុព្វបុរសពួកគេ+
ពួកគេតំណាលរឿងទាំងនោះដោយមិនលាក់លៀមឡើយ។
១៩ មានតែបុព្វបុរសរបស់ពួកគេប៉ុណ្ណោះដែលបានទទួលទឹកដីនោះ
គ្មានអ្នកក្រៅណាចូលមកក្នុងចំណោមពួកគេទេ។
២០ មនុស្សទុច្ចរិតនិងឃោរឃៅរងទុក្ខវេទនាអស់មួយជីវិត
គាត់ជួបទុក្ខលំបាករហូតដល់ថ្ងៃស្លាប់។
២១ នៅគ្រាមានសេចក្ដីសុខសាន្ត ក្រុមចោរប្លន់វាយប្រហារគាត់
គាត់ឮសំឡេងដ៏គួរឲ្យតក់ស្លុត។+
២២ គាត់ដឹងថាគាត់មិនអាចរួចផុតពីភាពងងឹតទេ+
គាត់បានត្រូវទុកឲ្យស្លាប់ដោយមុខដាវ។
២៣ គាត់ខំស្វះស្វែងរកអាហារ ហើយពោលថា៖ «តើអាហារនៅឯណា?»
គាត់ដឹងជាក់ថាថ្ងៃនៃភាពងងឹតជិតមកដល់។
២៤ គាត់ភ័យតក់ស្លុតព្រោះមានទុក្ខកង្វល់និងទុក្ខព្រួយឥតឈប់ឈរ
ទុក្ខទាំងនោះមកគ្របសង្កត់គាត់ ប្រៀបដូចជាស្ដេចប្រមូលកម្លាំងមកវាយសង្គ្រុប។
២៥ ព្រោះគាត់ហ៊ានលើកដៃតទល់នឹងព្រះ
គាត់ព្យាយាមប្រឆាំងលោក*ដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។
២៦ គាត់ជម្នះរត់ឆ្ពោះទៅឯលោក
ទាំងកាន់ខែលយ៉ាងក្រាស់ទៅជាមួយផង។
២៧ មុខរបស់គាត់ឡើងធាត់*
ពោះរបស់គាត់ឡើងធំ។
២៨ គាត់អាស្រ័យនៅក្នុងក្រុងដែលនឹងត្រូវបំផ្លាញ
គាត់នៅក្នុងផ្ទះដែលនឹងគ្មានមនុស្សរស់នៅ
ហើយសំណង់ទាំងនោះនឹងក្លាយទៅជាគំនរថ្ម។
២៩ គាត់នឹងមិនបានទៅជាអ្នកមាន ហើយទ្រព្យសម្បត្តិគាត់នឹងមិនកើនឡើងឡើយ
ចំណែកឯធនធានរបស់គាត់ ក៏នឹងមិនចម្រុងចម្រើនក្នុងស្រុកដែរ។
៣០ គាត់នឹងមិនជៀសផុតពីភាពងងឹតទេ
អណ្ដាតភ្លើងនឹងធ្វើឲ្យមែកខ្ចី*របស់គាត់ក្រៀមស្វិត
ហើយគាត់នឹងវិនាសទៅដោយសម្ទុះខ្យល់ពីមាត់របស់ព្រះ។+
៣១ គាត់មិនគួរវង្វេងចេញ ហើយទុកចិត្តលើអ្វីដែលឥតប្រយោជន៍ទេ
ព្រោះគាត់នឹងមិនបានអ្វីមកវិញឡើយ។
៣២ បន្តិចទៀត រឿងនោះនឹងកើតឡើងចំពោះគាត់
ហើយមែករបស់គាត់នឹងមិនលូតលាស់ឡើយ។+
៣៣ គាត់នឹងប្រៀបដូចជាវល្លិទំពាំងបាយជូរដែលជ្រុះផ្លែអស់កាលនៅខ្ចីនៅឡើយ
ហើយដូចដើមអូលីវដែលរលេះផ្កា។
៣៤ ការជួបជុំរបស់មនុស្សមិនគោរពកោតខ្លាចព្រះ* គឺឥតកើតការ+
ហើយភ្លើងនឹងឆេះត្រសាលរបស់ពួកស៊ីសំណូក។
៣៥ ពួកគេបង្កើតគម្រោងអាក្រក់ ហើយប្រព្រឹត្តអំពើទុច្ចរិត
ចិត្តរបស់ពួកគេតែងរៀបឧបាយកលគ្រប់វេលា»។
១៦ យ៉ូបតបទៅវិញថា៖
២ «ខ្ញុំធ្លាប់ឮពាក្យដូចនេះច្រើនមកហើយ។
អ្នករាល់គ្នាមកសម្រាលទុក្ខខ្ញុំ តែបែរជាធ្វើឲ្យខ្ញុំឈឺចាប់កាន់តែខ្លាំង!+
៣ តើដល់ពេលណាទើបអ្នក*ឈប់និយាយពាក្យឥតបានការទៀត?
ហេតុអ្វីបានជាអ្នកពោលពាក្យដូច្នេះមកកាន់ខ្ញុំ?
៤ បើអ្នករាល់គ្នាជួបបញ្ហាដូចខ្ញុំ
ខ្ញុំអាចនិយាយដូច្នោះទៅអ្នករាល់គ្នាវិញ
ហើយខ្ញុំក៏អាចនិយាយរិះគន់អ្នករាល់គ្នាដែរ
ថែមទាំងគ្រវីក្បាលដាក់អ្នករាល់គ្នាទៀតផង។+
៥ ប៉ុន្តែខ្ញុំមិនធ្វើដូច្នោះទេ ខ្ញុំនឹងពោលពាក្យដែលផ្ដល់កម្លាំងចិត្តឲ្យអ្នករាល់គ្នា
ហើយខ្ញុំនឹងសម្រាលទុក្ខអ្នករាល់គ្នាដោយសម្ដីសប្បុរស។+
៦ ទោះជាខ្ញុំនិយាយក៏ដោយ សេចក្ដីឈឺចាប់របស់ខ្ញុំមិនរសាយទេ+
ហើយបើខ្ញុំមិននិយាយ ខ្ញុំនៅតែឈឺចាប់ដដែល។
៧ ប៉ុន្តែឥឡូវ ព្រះធ្វើឲ្យខ្ញុំរហិតរហៃ+
លោកបានធ្វើឲ្យពួកអ្នកផ្ទះរបស់ខ្ញុំវិនាសទាំងស្រុង។
៨ មិនត្រឹមតែប៉ុណ្ណោះ លោកបានចាប់ខ្ញុំ ហើយអ្នកណាៗក៏ឃើញស្ថានភាពរបស់ខ្ញុំដែរ
ខ្ញុំធ្លាក់ខ្លួនស្គមស្គាំងជាហេតុដែលនាំឲ្យគេចោទប្រកាន់ខ្ញុំ។
៩ លោកខឹងរហូតដល់ហែកខ្ញុំជាចម្រៀកៗ ហើយលោកក្ដៅចិត្តគុំកួននឹងខ្ញុំ+
លោកសង្កៀតធ្មេញដាក់ខ្ញុំ
លោកសម្លក់សម្លឹងខ្ញុំ ដូចសត្រូវដែលចង់ស៊ីសាច់ហុតឈាមខ្ញុំ។+
១០ ពួកគេបើកមាត់ធំប្រឆាំងនឹងខ្ញុំ+ ហើយទះកំផ្លៀងមើលងាយខ្ញុំ
ពួកគេជាច្រើនព្រួតគ្នាទាស់នឹងខ្ញុំ។+
១១ ព្រះប្រគល់ខ្ញុំទៅឲ្យពួកក្មេងពាល
ហើយលោកច្រានខ្ញុំទៅក្នុងដៃរបស់មនុស្សទុច្ចរិត។+
១២ ខ្ញុំធ្លាប់រស់នៅយ៉ាងសុខសប្បាយ តែលោកមកបំផ្លាញខ្ញុំ+
លោកចាប់កញ្ចឹងកខ្ញុំ ហើយកម្ទេចខ្ញុំ។ លោកយកខ្ញុំធ្វើជាគោលដៅបាញ់។
១៣ ពលធ្នូរបស់លោកព័ទ្ធជុំវិញខ្ញុំ+
លោកទម្លុះតម្រងនោមខ្ញុំ+ដោយឥតត្រាប្រណី
លោកបង្ហូរទឹកប្រមាត់របស់ខ្ញុំមកលើដី។
១៤ លោកប្រហារខ្ញុំម្ដងហើយម្ដងទៀត ដូចគេទម្លាយជញ្ជាំង
លោកសម្រុកមកខ្ញុំដូចអ្នកចម្បាំងដ៏ខ្លាំងក្លា។
១៦ ខ្ញុំយំឡើងមុខក្រហម+
ហើយរង្វង់ភ្នែកខ្ញុំឡើងពណ៌ខ្មៅ។
១៧ ប៉ុន្តែ ខ្ញុំមិនបានប្រព្រឹត្តអំពើឃោរឃៅទេ
ហើយខ្ញុំនៅតែអធិដ្ឋានអស់ពីដួងចិត្ត។
១៨ ឱផែនដីអើយ កុំគ្របបាំងឈាមរបស់ខ្ញុំ!+
ហើយកុំលាក់សម្រែករបស់ខ្ញុំឡើយ!
១៩ ឥឡូវនេះ សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានសួគ៌
អ្នកដែលអាចធ្វើជាសាក្សីគាំទ្រខ្ញុំ គឺនៅទីខ្ពស់។
២០ ចំណែកអ្នកដែលស្គាល់ខ្ញុំវិញ ពួកគេចំអកឡកឡឺយឲ្យខ្ញុំ+
២១ ចូរឲ្យអ្នកណាម្នាក់ធ្វើជាអាជ្ញាកណ្ដាលរវាងមនុស្សនិងព្រះ
ដូចអាជ្ញាកណ្ដាលរវាងមនុស្សនិងមនុស្ស។+
១៧ «កម្លាំងរបស់ខ្ញុំលែងមានទៀត ឯអាយុជីវិតរបស់ខ្ញុំរលត់ផុតទៅ
ហើយទីបញ្ចុះសពកំពុងរង់ចាំខ្ញុំ។+
២ មនុស្សចោមរោមចំអកឡកឡឺយឲ្យខ្ញុំ+
ខ្ញុំគេចមិនផុតពីការឃើញទង្វើបះបោរប្រឆាំងរបស់ពួកគេទេ។
៣ សូមលោកសន្យាចំពោះខ្ញុំថាលោកនឹងគាំទ្រខ្ញុំ។
ក្រៅពីលោក តើមានអ្នកណាទៀតនឹងជួយខ្ញុំ?+
៤ ព្រោះលោកធ្វើឲ្យពួកគេលែងមានសមត្ថភាពវែកញែក+
នេះជាមូលហេតុដែលលោកមិនលើកតម្កើងពួកគេ។
៥ គេយកទ្រព្យចែកឲ្យមិត្តភក្ដិ
កាលដែលភ្នែកកូនៗរបស់គេងងឹតទៅដោយការអត់ឃ្លាន។
៧ ភ្នែកខ្ញុំប្រែជាស្រវាំងដោយសារទុក្ខព្រួយ+
ហើយរាងកាយរបស់ខ្ញុំនៅសល់តែស្បែកដណ្ដប់ឆ្អឹង។
៨ មនុស្សទៀងត្រង់ស្រឡាំងកាំងពេលឃើញស្ថានភាពរបស់ខ្ញុំ
ហើយមនុស្សមិនគោរពកោតខ្លាចព្រះ*ធ្វើឲ្យមនុស្សស្លូតត្រង់មិនសប្បាយចិត្ត។
១០ ទោះជាយ៉ាងណាក៏ដោយ អ្នករាល់គ្នាអាចមកជជែកតវ៉ានឹងខ្ញុំម្ដងទៀត
ប៉ុន្តែ ខ្ញុំមិនឃើញថាអ្នករាល់គ្នាណាម្នាក់មានប្រាជ្ញាឡើយ។+
១១ ថ្ងៃរបស់ខ្ញុំបានមកដល់ទីបញ្ចប់+
គម្រោងការនិងបំណងប្រាថ្នារបស់ខ្ញុំត្រូវសាបសូន្យអស់។+
១២ ពួកគេផ្លាស់ប្ដូរយប់ទៅជាថ្ងៃ
ពួកគេពោលថា៖ ‹ជិតភ្លឺហើយ ដោយសារមេឃងងឹត›។
១៣ ខ្ញុំនឹងចាំបន្តិចទៀត ហើយផ្នូរ*នឹងទៅជាលំនៅរបស់ខ្ញុំ+
ខ្ញុំនឹងក្រាលដំណេកក្នុងភាពងងឹត។+
១៥ បើដូច្នេះ តើសេចក្ដីសង្ឃឹមរបស់ខ្ញុំនៅឯណា?+
តើអ្នកណានឹងគិតថាខ្ញុំនៅមានសេចក្ដីសង្ឃឹម?
១៨ ប៊ីលដាឌ+ជាកូនចៅស៊ូអាកស្រដីតបថា៖
២ «តើដល់ពេលណាទើបអ្នកឈប់និយាយ?
បើអ្នកមានការយល់ដឹងខ្លះ នោះយើងអាចនិយាយគ្នាទៀតបាន។
៤ ទោះជាអ្នកខឹងរហូតដល់ហែកខ្លួនជាចម្រៀកៗក្ដី
តើផែនដីនឹងត្រូវទុកចោលឬ?
តើថ្មនឹងរមៀលចេញពីកន្លែងរបស់វាដោយសារតែអ្នកឬ?
៥ ពន្លឺរបស់មនុស្សទុច្ចរិតនឹងត្រូវរំលត់
ហើយអណ្ដាតភ្លើងរបស់គាត់នឹងលែងភ្លឺទៀត។+
៦ ពន្លឺក្នុងត្រសាលរបស់គាត់នឹងទៅជាងងឹត
ហើយចង្កៀងដែលចាំងពីលើគាត់នឹងត្រូវពន្លត់។
៧ ជំហានដែលធ្លាប់តែវែងនិងស្វាហាប់ប្រែទៅជាខ្លី
ហើយឱវាទរបស់គាត់នឹងនាំឲ្យគាត់ជំពប់ដួល។+
៨ ពីព្រោះជើងគាត់នឹងទាក់សំណាញ់
ហើយគាត់នឹងជាន់សំណាញ់ដោយមិនដឹងខ្លួន។
៩ កែងជើងរបស់គាត់នឹងត្រូវជាប់អន្ទាក់
ហើយលប់ក៏នឹងទាក់គាត់ជាប់ដែរ។+
១០ មានខ្សែពួរបង្កប់ក្នុងដីរង់ចាំគាត់
ហើយមានអន្ទាក់នៅតាមផ្លូវដែលគាត់ដើរ។
១១ អ្វីដ៏គួរឲ្យភ័យខ្លាចហ៊ុមព័ទ្ធគាត់គ្រប់ទិសទី+
ហើយដេញប្រមាញ់គាត់ឥតឈប់ឈរ។
១២ កម្លាំងគាត់ចុះខ្សោយទៅ
ហើយអន្តរាយ+នឹងធ្វើឲ្យគាត់ទ្រេតទ្រោត។
១៣ ជំងឺកាចសាហាវស៊ីដៃជើងរបស់គាត់
ហើយស្បែករបស់គាត់រលេះរលួយ។
១៤ គាត់បានត្រូវយកចេញពីលំនៅដ៏សុខសាន្តរបស់គាត់+
ហើយនាំទៅរកសេចក្ដីស្លាប់ដែលគួរឲ្យភ័យខ្លាចបំផុត។*
១៥ មនុស្សផ្សេងទៀតនឹងមករស់នៅក្នុងត្រសាលរបស់គាត់
១៦ គាត់ប្រៀបដូចជាដើមឈើដែលមានឫសស្ងួត
និងមានមែកក្រៀមស្វិត។
១៧ នៅផែនដីគ្មានអ្នកណានឹកចាំគាត់ទៀត
ហើយនៅតាមផ្លូវក៏គ្មានអ្នកណាស្គាល់ឈ្មោះគាត់ដែរ។
១៨ គាត់នឹងត្រូវបណ្ដេញចេញពីពន្លឺទៅក្នុងភាពងងឹត
ហើយចេញពីទឹកដីដែលសម្បូរភោគផល។
១៩ គាត់នឹងគ្មានកូនចៅនៅក្នុងពូជពង្សរបស់គាត់ទេ
ហើយក្នុងទីអាស្រ័យនៅរបស់គាត់នឹងគ្មានអ្នកណាម្នាក់រួចជីវិតឡើយ។
២០ ពេលថ្ងៃរបស់គាត់មកដល់ មនុស្សពីទិសខាងលិចនឹងរន្ធត់ចិត្ត
ហើយមនុស្សពីទិសខាងកើតនឹងភ័យតក់ស្លុត។
២១ នេះជាអ្វីដែលកើតឡើងចំពោះផ្ទះរបស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គង
និងលំនៅរបស់អ្នកដែលមិនស្គាល់ព្រះ»។
១៩ យ៉ូបតបថា៖
៣ អ្នករាល់គ្នាស្ដីបន្ទោសខ្ញុំ*អស់១០ដងហើយ
ថែមទាំងប្រើសម្ដីបញ្ឈឺចិត្តខ្ញុំដោយឥតអៀនខ្មាស។+
៤ ប៉ុន្តែ បើខ្ញុំពិតជាធ្វើខុសមែន
នោះជារឿងរបស់ខ្ញុំទេ។
៥ ប្រសិនបើអ្នករាល់គ្នានៅតែចាត់ទុកថាខ្លួនប្រសើរជាងខ្ញុំ
ហើយអះអាងថាការដែលខ្ញុំរងការជេរប្រមាថគឺត្រឹមត្រូវ
៦ នោះសូមឲ្យដឹងផងថាគឺព្រះជាអ្នកបំភាន់ខ្ញុំ
ហើយលោកបានប្រើសំណាញ់ចាប់ខ្ញុំជាប់។
៧ មើល! ខ្ញុំខំស្រែកមិនឈប់ថា៖ ‹មានគេធ្វើបាបខ្ញុំ!› តែគ្មានអ្នកណាឮខ្ញុំទេ+
ខ្ញុំប្រឹងស្រែករកយុត្តិធម៌ តែគ្មាននរណាជួយខ្ញុំឡើយ។+
៨ លោករាំងផ្លូវខ្ញុំដោយជញ្ជាំងថ្ម ធ្វើឲ្យខ្ញុំមិនអាចទៅមុខបាន
លោកគ្របបាំងផ្លូវរបស់ខ្ញុំដោយភាពងងឹត។+
៩ លោកធ្វើឲ្យខ្ញុំបាត់បង់កិត្តិយស
ហើយដោះមកុដចេញពីក្បាលខ្ញុំ។
១០ លោកវាយប្រហារខ្ញុំគ្រប់ច្រកល្ហក រហូតដល់ខ្ញុំវិនាសសូន្យ
លោករំលាយសេចក្ដីសង្ឃឹមរបស់ខ្ញុំ ដូចរំលើងដើមឈើ។
១១ លោកខឹងខ្ញុំខ្លាំងណាស់
លោកចាត់ទុកខ្ញុំជាសត្រូវរបស់លោក។+
១២ ពលទ័ពរបស់លោកប្រមូលគ្នាមកឡោមព័ទ្ធខ្ញុំ
ពួកគេបោះទ័ពជុំវិញត្រសាលរបស់ខ្ញុំ។
១៣ លោកបណ្ដេញបងប្អូនខ្ញុំឲ្យចាកឆ្ងាយ
ហើយអ្នកដែលស្គាល់ខ្ញុំបានបែរចេញពីខ្ញុំ។+
១៤ មិត្តជិតស្និទ្ធរបស់ខ្ញុំ*បានបាត់ខ្លួនអស់
ហើយអ្នកដែលខ្ញុំស្គាល់ច្បាស់បានភ្លេចខ្ញុំ។+
១៥ ភ្ញៀវនិងពួកស្រីបម្រើក្នុងផ្ទះខ្ញុំ+ ចាត់ទុកខ្ញុំជាអ្នកដទៃ
ពួកគេមើលមកខ្ញុំជាជនបរទេស។
១៦ ខ្ញុំហៅអ្នកបម្រើរបស់ខ្ញុំ តែគាត់មិនឆ្លើយឡើយ
ទោះជាខ្ញុំអង្វរសុំសេចក្ដីអាណិតពីគាត់ក៏ដោយ។
១៧ ប្រពន្ធខ្ញុំរអើមខ្យល់ដង្ហើមរបស់ខ្ញុំ+
ហើយបងប្អូនបង្កើតខ្ញុំ ស្អុយក្លិនខ្ញុំ។
១៨ សូម្បីតែក្មេងៗក៏ស្អប់ខ្ពើមខ្ញុំដែរ។
ពេលខ្ញុំក្រោកឡើង ពួកគេនាំគ្នាសើចចំអកឲ្យខ្ញុំ។
២១ អ្នកដែលស្គាល់ខ្ញុំអើយ! សូមបង្ហាញចិត្តមេត្តាចំពោះខ្ញុំ
ព្រោះព្រះផ្ទាល់បានវាយប្រហារខ្ញុំ+ សូមមេត្តាខ្ញុំផង។
២២ ហេតុអ្វីអ្នករាល់គ្នាបន្តបៀតបៀន ហើយប្រហារខ្ញុំឥតឈប់
ដូចព្រះប្រព្រឹត្តចំពោះខ្ញុំដូច្នេះ?+
២៣ ប្រសិនបើពាក្យរបស់ខ្ញុំបានត្រូវសរសេរទុក
ហើយកត់ក្នុងក្រាំង នោះមិនដឹងជាល្អយ៉ាងណាទេ!
២៤ សូមឲ្យពាក្យទាំងនោះចារឹកនៅលើថ្ម
ដោយដែកចារនិងសំណ ហើយគង់វង្សរហូតតទៅ!
២៥ ព្រោះខ្ញុំដឹងច្បាស់ថាអ្នកដែលមានសិទ្ធិលោះខ្ញុំ+ គឺមានជីវិតរស់នៅ។
លោកនឹងមកនៅពេលក្រោយ ហើយឈរលើផែនដី។*
២៦ ក្រោយពីជំងឺស៊ីបំផ្លាញស្បែករបស់ខ្ញុំ
ហើយខ្ញុំនៅសល់សាច់នៅឡើយ នោះខ្ញុំនឹងឃើញព្រះ
២៧ គឺខ្ញុំផ្ទាល់នឹងឃើញលោក
ភ្នែកខ្ញុំនឹងឃើញលោក មិនមែនភ្នែកអ្នកឯទៀតទេ+
តែមកដល់ត្រឹមនេះ ក្នុងចិត្តខ្ញុំកើតទុក្ខហួសប្រមាណ!
២៨ ពីព្រោះអ្នករាល់គ្នាសួរថា៖ ‹តើយើងបានបៀតបៀនគាត់ពេលណា?›+
ហាក់ដូចជាបញ្ហាគឺមកពីខ្ញុំ។
២៩ ប៉ុន្តែ គឺអ្នករាល់គ្នាវិញទេដែលត្រូវភ័យខ្លាចដាវ+
ព្រោះដាវដាក់ទោសអ្នកដែលធ្វើខុស
អ្នករាល់គ្នាគួរដឹងថាមានអ្នកវិនិច្ឆ័យទោស»។+
២០ សូផារ+ជាអ្នកស្រុកណាអាម៉ានិយាយឡើងថា៖
២ «ខ្ញុំទ្រាំនៅស្ងៀមមិនបានទេ ខ្ញុំត្រូវតែនិយាយចេញមក
ព្រោះខ្ញុំមិនស្រណុកចិត្តសោះ។
៣ ខ្ញុំបានឮពាក្យដែលអ្នកនិយាយមើលងាយខ្ញុំ
ហើយការយល់ដឹងរបស់ខ្ញុំជំរុញចិត្តខ្ញុំឲ្យតបទៅវិញ។
៤ អ្នកច្បាស់ជាដឹងអ្វីដែលខ្ញុំនឹងប្រាប់អ្នកឥឡូវនេះ
ព្រោះចាប់តាំងពីពេលដែលមនុស្ស*បានត្រូវបង្កើតមក+
៥ មនុស្សទុច្ចរិតត្រេកអរមិនបានយូរទេ
ហើយមនុស្សដែលមិនកោតខ្លាចព្រះ* សប្បាយបានតែមួយភ្លែតប៉ុណ្ណោះ។+
៦ ទោះជាភាពរុងរឿងរបស់គាត់ខ្ពស់ដល់មេឃ
ហើយក្បាលរបស់គាត់ដល់ពពកក៏ដោយ
៧ គាត់នឹងត្រូវសាបសូន្យទៅដូចជាលាមករបស់គាត់
ហើយអ្នកដែលធ្លាប់ឃើញគាត់នឹងសួរថា៖ ‹តើគាត់បាត់ទៅណា?›។
៨ គាត់នឹងបាត់ទៅដូចការយល់សប្ដិ ហើយគេនឹងមិនឃើញគាត់ទៀតទេ
គាត់នឹងវិនាសសូន្យទៅដូចសុបិនក្នុងពេលរាត្រី។
៩ អ្នកដែលធ្លាប់ឃើញគាត់នឹងលែងឃើញគាត់ទៀត
ហើយក្នុងផ្ទះរបស់គាត់ក៏នឹងលែងមានគាត់ទៀតដែរ។+
១០ គាត់នឹងត្រូវប្រគល់ទ្រព្យសម្បត្តិឲ្យគេវិញ+
ហើយកូនៗរបស់គាត់នឹងអង្វរសុំអ្នកក្រីក្រឲ្យជួយ។
១១ គាត់*ពេញទៅដោយកម្លាំងដូចមនុស្សវ័យក្មេង
ប៉ុន្តែ កម្លាំងនេះនឹងទៅក្នុងដីជាមួយនឹងគាត់។
១២ ចំពោះគាត់ ការប្រព្រឹត្តអាក្រក់ប្រៀបដូចជាការបរិភោគអាហារដែលមានរសជាតិផ្អែម
គាត់ទុកឲ្យវារលាយក្រោមអណ្ដាតរបស់គាត់។
១៣ គាត់មិនព្រមលេបចូលទៅ
គាត់បៀមវាទុកក្នុងមាត់។
១៤ ក៏ប៉ុន្តែ ពេលអាហារធ្លាក់ចូលទៅក្នុងពោះ
រសជាតិផ្អែមនឹងប្រែទៅជាល្វីងវិញ
វានឹងដូចជាពិសរបស់ពស់វែកនៅក្នុងពោះគាត់។
១៥ គាត់លេបយកទ្រព្យ តែគាត់នឹងក្អួតចេញមកវិញ
ព្រះនឹងដកយកទ្រព្យចេញពីពោះគាត់ មិនទុកឲ្យនៅសល់ឡើយ។
១៦ គាត់បឺតជញ្ជក់ពិសរបស់ពស់វែក
គាត់នឹងស្លាប់ដោយសារចង្កូមរបស់វា។
១៧ គាត់គ្មានថ្ងៃបានបរិភោគទឹកឃ្មុំនិងខ្លាញ់ទឹកដោះ
ដែលហៀរហូរដូចទឹកឡើយ។
១៨ គាត់នឹងប្រគល់វត្ថុទ្រព្យទៅឲ្យគេវិញទាំងមិនទាន់បានប្រើនៅឡើយ
ហើយគាត់ក៏មិនបានសប្បាយនឹងធនធានដែលគាត់បានទទួលពីការជួញដូរដែរ។+
១៩ ពីព្រោះគាត់បានសង្កត់សង្កិន ហើយបោះបង់ចោលមនុស្សក្រីក្រ
ថែមទាំងរឹបអូសផ្ទះដែលគាត់មិនបានសង់ទៀតផង។
២០ ប៉ុន្តែ គាត់នឹងគ្មានសេចក្ដីសុខសាន្តក្នុងចិត្តឡើយ
ហើយទ្រព្យសម្បត្តិរបស់គាត់នឹងមិនជួយសង្គ្រោះគាត់ទេ។
២១ មិនមានអ្វីនៅសល់ឲ្យគាត់លេបត្របាក់ទៀត
ហេតុនេះ ភាពចម្រុងចម្រើនរបស់គាត់នឹងមិននៅគង់វង្សឡើយ។
២២ ពេលទ្រព្យធនរបស់គាត់កើនដល់កំពូល នោះទុក្ខព្រួយនឹងគ្របសង្កត់លើគាត់
ហើយគាត់នឹងជួបតែរឿងអាក្រក់ៗសព្វបែបយ៉ាង។
២៣ កាលដែលគាត់កំពុងបរិភោគ
ព្រះនឹងចាក់កំហឹងរបស់លោកទៅលើគាត់
ដូចចាក់ភ្លៀងឲ្យហូរចុះទៅក្នុងពោះវៀនគាត់។
២៤ ពេលគាត់រត់គេចពីអាវុធដែក
នោះក៏មានព្រួញចេញពីធ្នូស្ពាន់មកទម្លុះគាត់។
២៥ គាត់ដកព្រួញចេញពីខ្នងរបស់គាត់
គឺដកព្រួញសស្ងាចចេញពីប្រមាត់ ហើយគាត់ក៏តក់ស្លុតជាខ្លាំង។+
២៦ ទ្រព្យសម្បត្តិរបស់គាត់នឹងវិនាសទៅក្នុងភាពងងឹតសូន្យសុង
ភ្លើងដែលគ្មានអ្នកណាបង្កាត់នឹងឆេះបំផ្លាញគាត់។
ក្នុងលំនៅរបស់គាត់ មនុស្សដែលរួចរស់ជីវិតនឹងត្រូវអន្តរាយ។
២៧ ស្ថានសួគ៌នឹងលាតត្រដាងកំហុសរបស់គាត់
ឯផែនដីនឹងក្រោកឡើងប្រឆាំងគាត់។
២៨ ទឹកជំនន់នឹងកញ្ឆក់យកផ្ទះគាត់ទៅ
អ្វីៗគ្រប់យ៉ាងរបស់គាត់នឹងហូរបាត់អស់នៅថ្ងៃនៃកំហឹងរបស់ព្រះ។
២៩ នេះជាចំណែកដែលព្រះឲ្យដល់មនុស្សទុច្ចរិត
ជាមត៌កដែលព្រះទុកសម្រាប់គាត់»។
២១ យ៉ូបនិយាយថា៖
២ «សូមស្ដាប់ខ្ញុំដោយយកចិត្តទុកដាក់
នោះខ្ញុំនឹងចាត់ទុកថាអ្នករាល់គ្នាបានសម្រាលទុក្ខខ្ញុំ។
៣ សូមទ្រាំស្ដាប់ខ្ញុំនិយាយសិន
រួចមកសឹមអ្នករាល់គ្នាសើចចំអកឲ្យខ្ញុំចុះ!+
៤ តើខ្ញុំតវ៉ាទៅមនុស្សឬ? បើមែន ខ្ញុំច្បាស់ជាអត់ធ្មត់មិនបានទេ។
៥ សូមមើលមកខ្ញុំ នោះអ្នករាល់គ្នានឹងស្រឡាំងកាំង
ហើយនិយាយមិនចេញ។
៦ ពេលខ្ញុំគិតអំពីរឿងទាំងប៉ុន្មាន ខ្ញុំមិនសប្បាយចិត្តសោះ
ហើយខ្ញុំក៏ភ័យញ័រពេញរាងកាយ។
៧ ហេតុអ្វីមនុស្សទុច្ចរិតនៅរស់+បានយូរនិងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ?*+
៨ កូនៗរបស់ពួកគេនៅជាមួយនឹងពួកគេ
ហើយពួកគេក៏ឃើញកូនចៅជំនាន់ក្រោយរបស់ពួកគេដែរ។
៩ ផ្ទះរបស់ពួកគេមានសុវត្ថិភាព ពួកគេគ្មានការភ័យខ្លាចឡើយ+
ហើយព្រះមិនដាក់ទោសពួកគេទេ។
១០ គោឈ្មោលរបស់ពួកគេបង្កាត់កូនឥតឈប់
ហើយមេគោរបស់ពួកគេមិនដែលរលូតកូនឡើយ។
១១ រីឯកូនប្រុសៗរបស់ពួកគេរត់លេងខាងក្រៅ ប្រៀបដូចជាហ្វូងសត្វ
ហើយកូនៗឯទៀតលោតកញ្ឆេងយ៉ាងសប្បាយ។
១៤ ពួកគេស្រដីទៅព្រះពិតថា៖ ‹កុំមកអើពើនឹងពួកយើង!
ពួកយើងមិនចង់ស្គាល់ផ្លូវរបស់លោកទេ។+
១៥ តើព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតជាអ្នកណាបានជាពួកយើងត្រូវបម្រើលោក?+
បើយើងបម្រើលោក តើបានប្រយោជន៍អ្វី?›។+
១៦ ប៉ុន្តែ ខ្ញុំដឹងថាពួកគេមិនអាចធ្វើឲ្យភាពចម្រុងចម្រើនរបស់ពួកគេស្ថិតស្ថេរបានទេ+
១៧ តើប៉ុន្មានដងដែលចង្កៀងរបស់មនុស្សទុច្ចរិតបានត្រូវពន្លត់?+
តើប៉ុន្មានដងដែលអន្តរាយកើតឡើងដល់ពួកគេ?
តើប៉ុន្មានដងដែលព្រះខឹងរហូតដល់បំផ្លាញពួកគេ?
១៨ តើពួកគេធ្លាប់ដូចជាចំបើងដែលត្រូវខ្យល់ផាត់
ហើយដូចជាអង្កាមដែលត្រូវខ្យល់ព្យុះកួចយកទៅឬទេ?
១៩ ព្រះនឹងប្រមូលទុកកំហុសរបស់មនុស្សម្នាក់
ហើយឲ្យកូនៗរបស់គាត់ទទួលទោសវិញ
ប៉ុន្តែ សូមព្រះដាក់ទោសគាត់ដើម្បីឲ្យគាត់ដឹងខ្លួន។+
២០ សូមឲ្យគាត់ឃើញអន្តរាយរបស់ខ្លួន
ហើយសូមឲ្យគាត់ផ្ទាល់រង*កំហឹងរបស់ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត។+
២១ បើអាយុជីវិតរបស់គាត់ត្រូវកាត់បន្ថយឲ្យខ្លី*+
គាត់នឹងមិនខ្វល់ខ្វាយអំពីអ្វីដែលកើតឡើងចំពោះកូនចៅរបស់គាត់ ក្រោយពីគាត់ស្លាប់ទៅឡើយ។
២២ សូម្បីតែអ្នកដែលមានឋានៈខ្ពស់បំផុត ព្រះជាអ្នកវិនិច្ឆ័យក្ដីឲ្យគេទៅហើយ+
ដូច្នេះ តើមានអ្នកណាអាចបង្រៀនលោកបាន?+
២៣ មនុស្សម្នាក់ស្លាប់ទៅទាំងនៅមានកម្លាំងពេញ+
មិនមានកង្វល់កង្វាយ មានតែសេចក្ដីសុខសាន្តប៉ុណ្ណោះ។+
២៤ ភ្លៅគាត់ធំសុទ្ធតែខ្លាញ់
ហើយឆ្អឹងរបស់គាត់រឹងមាំ។
២៥ ចំណែកឯមនុស្សម្នាក់ទៀត គាត់ស្លាប់ទៅទាំងមានទុក្ខព្រួយយ៉ាងខ្លាំង
គាត់មិនដែលបានជួបអ្វីល្អៗក្នុងជីវិតឡើយ។
២៧ មើល! ខ្ញុំដឹងច្បាស់នូវអ្វីដែលអ្នករាល់គ្នាកំពុងគិត
ហើយក៏ដឹងដែរអំពីគម្រោងការដែលអ្នករាល់គ្នាចង់ធ្វើបាបខ្ញុំ។*+
២៨ ព្រោះអ្នករាល់គ្នាពោលថា៖ ‹ម្ដេចមិនឃើញផ្ទះរបស់អ្នកមានឋានៈខ្ពស់?
ហើយតើលំនៅរបស់មនុស្សទុច្ចរិតបាត់ទៅណា?›។+
២៩ តើអ្នករាល់គ្នាមិនបានសួរពួកអ្នកដំណើរទេឬ?
តើអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់ស្ដាប់សម្ដីរបស់ពួកគេទេឬថា
៣០ មនុស្សអាក្រក់នឹងរួចជីវិតនៅថ្ងៃអន្តរាយនិងនៅថ្ងៃនៃទុក្ខវេទនា?
៣១ តើអ្នកណានឹងចោទសួរអំពីអ្វីដែលគាត់បានធ្វើ?
ហើយតើអ្នកណានឹងដាក់ទោសគាត់ឲ្យសមនឹងការប្រព្រឹត្តរបស់គាត់?
៣២ ពេលគេសែងសពគាត់ទៅឯផ្នូរ
នោះអ្នកយាមនឹងនៅចាំការពារទីបញ្ចុះសពរបស់គាត់។
៣៣ គាត់ស្លាប់ទៅដោយសុខសាន្តក្នុងដី+
ហើយមនុស្សជាតិទាំងអស់នឹងស្លាប់ទៅតាមក្រោយគាត់+
ដូចមនុស្សរាប់មិនអស់ដែលស្លាប់មុនគាត់ដែរ។
៣៤ ហេតុអ្វីអ្នករាល់គ្នាសម្រាលទុក្ខខ្ញុំដោយពាក្យឥតខ្លឹមសារដូច្នេះ?+
សម្ដីរបស់អ្នករាល់គ្នាសុទ្ធតែបោកបញ្ឆោតទាំងអស់!»។
២២ អេលីផាស+ជាអ្នកស្រុកថេម៉ានឆ្លើយថា៖
២ «តើមនុស្សអាចមានតម្លៃចំពោះព្រះដូចម្ដេចបាន?
តើអ្នកដែលមានការយល់ធ្លុះជ្រៅអាចមានប្រយោជន៍ចំពោះលោកឬ?+
៣ បើអ្នកជាមនុស្សសុចរិត តើនោះសំខាន់ចំពោះព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតឬ?
ប្រសិនបើអ្នករក្សាចិត្តស្មោះឥតងាករេ តើលោកទទួលបានអ្វី?+
៤ ប្រសិនបើអ្នកគោរពកោតខ្លាចព្រះ
តើលោកនឹងនាំអ្នកចូលតុលាការហើយដាក់ទោសអ្នកឬ?
៥ តើមិនមែនដោយសារអ្នកប្រព្រឹត្តអំពើអាក្រក់ខ្លាំងក្រៃលែង
និងធ្វើខុសម្ដងហើយម្ដងទៀតទេឬ?+
៦ ព្រោះអ្នកដកហូតរបស់បញ្ចាំពីបងប្អូនដោយគ្មានមូលហេតុ
ហើយដោះយកសម្លៀកបំពាក់ពួកគេ ទុកឲ្យពួកគេនៅអាក្រាត។+
៧ អ្នកមិនឲ្យទឹកដល់អ្នកដែលនឿយហត់ទេ
ហើយអ្នកក៏មិនឲ្យអាហារដល់អ្នកដែលឃ្លានដែរ។+
៨ អ្នកដែលមានអំណាចខ្លាំងក្លាជាម្ចាស់គ្រប់គ្រងទឹកដី+
ហើយអ្នកដែលគាត់ពេញចិត្តបានរស់នៅក្នុងទឹកដីនោះ។
៩ ប៉ុន្តែ អ្នកបណ្ដេញស្ត្រីមេម៉ាយចេញទៅទាំងដៃទទេ
ហើយអ្នកបានសង្កត់សង្កិនកូនកំព្រា។*
១០ ហេតុនេះហើយបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក+
ហើយភ្លាមៗអន្តរាយក៏ធ្វើឲ្យអ្នកភ័យខ្លាច។
១១ ម្ល៉ោះហើយ អ្នកស្ថិតនៅក្នុងភាពងងឹតមើលអ្វីមិនឃើញ
ហើយទឹកក៏ជន់លិចអ្នក។
១២ តើមិនមែនព្រះទេឬដែលនៅទីខ្ពស់នៃស្ថានសួគ៌?
ចូរមើលផ្កាយទាំងអស់ទៅ តើខ្ពស់យ៉ាងណា!
១៣ ប៉ុន្តែ អ្នកបែរជានិយាយថា៖ ‹តើព្រះពិតជាដឹងអ្វីដែលមនុស្សធ្វើឬ?
តើលោកអាចមើលធ្លុះភាពងងឹតសូន្យសុងដើម្បីវិនិច្ឆ័យបានទេ?
១៤ កាលដែលលោកដើរទៅវិញទៅមកនៅលើមេឃ*
លោកមើលអ្វីមិនឃើញទេ ព្រោះមានពពកបាំង›។
១៥ តើអ្នកនឹងដើរតាមគន្លងចាស់ដែលមនុស្សអាក្រក់ធ្លាប់ដើរទេ?
១៦ ពួកគេបានត្រូវកញ្ឆក់យកទៅមុនថ្ងៃរបស់ពួកគេ*
ប្រៀបដូចជាគ្រឹះសំណង់ដែលត្រូវទឹកជន់ហូរកួចទៅបាត់។+
១៧ ពួកគេនិយាយទៅព្រះពិតថា៖ ‹កុំមករវល់នឹងពួកយើង!›
ហើយ‹តើព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតអាចធ្វើអ្វីពួកយើងបាន?›។
១៨ ក៏ប៉ុន្តែ គឺលោកជាអ្នកដែលឲ្យពួកគេមានរបស់ល្អៗនៅក្នុងផ្ទះ
(ខ្ញុំមិនធ្លាប់គិតអាក្រក់ដូចពួកគេទេ)។
១៩ មនុស្សសុចរិតនឹងឃើញសេចក្ដីហិនវិនាសរបស់មនុស្សអាក្រក់ហើយក៏ត្រេកអរ
ចំណែកមនុស្សស្លូតត្រង់នឹងសើចចំអកពួកគេ ដោយនិយាយថា៖
២០ ‹សត្រូវរបស់យើងបានត្រូវបំផ្លាញចោល
ហើយអ្វីៗដែលពួកគេនៅសល់នឹងត្រូវភ្លើងឆេះអស់›។
២១ ចូរស្គាល់លោកឲ្យបានច្បាស់ ហើយអ្នកនឹងមានសេចក្ដីសុខ
រួចអ្វីល្អៗនឹងចូលមកក្នុងជីវិតរបស់អ្នក។
២២ ចូរទទួលយកច្បាប់របស់ព្រះ
ហើយរក្សាបណ្ដាំរបស់លោកទុកក្នុងចិត្ត។+
២៣ បើអ្នកត្រឡប់មកឯព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត
ព្រមទាំងបំបាត់ចោលអំពើទុច្ចរិតចេញពីត្រសាលរបស់អ្នកនោះអ្នកនឹងបានថ្កុំថ្កើងឡើងវិញ។+
២៤ បើអ្នកចោលមាសរបស់អ្នកទៅដី
ហើយបោះមាសពីអូភា+ទៅក្នុងជ្រលងភ្នំ
២៥ នោះព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតនឹងទៅជាមាសរបស់អ្នក
ហើយលោកនឹងទៅជាប្រាក់ដែលមានគុណភាពល្អបំផុតរបស់អ្នក។
២៦ រួចអ្នកនឹងមានសុភមង្គលដោយសារព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត
ហើយអ្នកនឹងងើបមុខឡើងមើលទៅលោក។
២៧ ពេលអ្នកអង្វរលោក នោះលោកនឹងស្ដាប់អ្នក
ហើយអ្នកនឹងធ្វើតាមពាក្យសម្បថរបស់អ្នក។
២៨ អ្វីក៏ដោយដែលអ្នកសម្រេចចិត្តធ្វើនឹងបានជោគជ័យ
ហើយផ្លូវរបស់អ្នកនឹងបានភ្លឺស្វាង។
២៩ បើអ្នកនិយាយអួតអាង លោកនឹងធ្វើឲ្យអ្នកអាម៉ាស់មុខ
តែលោកនឹងជួយមនុស្សដែលមានចិត្តរាបទាបវិញ។
៣០ លោកនឹងស្រោចស្រង់មនុស្សស្លូតត្រង់
បើអ្នកស្អាតស្អំ លោកនឹងសង្គ្រោះអ្នកជាមិនខាន»។
២៣ យ៉ូបនិយាយតបថា៖
២ «សូម្បីតែថ្ងៃនេះក៏ខ្ញុំមិនបានឈប់តវ៉ាដែរ+
ខ្ញុំអស់កម្លាំងយ៉ាងខ្លាំងដោយសារខ្ញុំដកដង្ហើមធំ។
៤ ខ្ញុំនឹងយករឿងក្ដីរបស់ខ្ញុំទៅជម្រាបលោក
ហើយរៀបរាប់ប្រាប់លោកឲ្យអស់សេចក្ដី។
៥ បន្ទាប់មក ខ្ញុំនឹងដឹងថាលោកតបឆ្លើយយ៉ាងណាមកខ្ញុំ
ហើយខ្ញុំនឹងយកចិត្តទុកដាក់ស្ដាប់ប្រសាសន៍របស់លោក។
៦ តើលោកនឹងប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកដើម្បីតវ៉ានឹងខ្ញុំទេ?
ទេ! លោកច្បាស់ជានឹងស្ដាប់ខ្ញុំនិយាយ។+
៧ នៅទីនោះ មនុស្សទៀងត្រង់អាចដាក់រឿងក្ដីរបស់គាត់ឲ្យលោកដោះស្រាយ
ហើយលោកនឹងវិនិច្ឆ័យក្ដីឲ្យខ្ញុំដាច់ស្រេចតែម្ដងថាខ្ញុំគ្មានទោសទាល់តែសោះ។
៨ ប៉ុន្តែពេលខ្ញុំទៅខាងកើត លោកមិននៅទីនោះទេ
ហើយពេលខ្ញុំទៅខាងលិច ខ្ញុំក៏រកលោកមិនឃើញដែរ។
៩ ពេលលោកធ្វើកិច្ចការនៅខាងឆ្វេង ខ្ញុំមិនឃើញលោកទេ
រួចពេលលោកបែរទៅខាងស្ដាំ ខ្ញុំនៅតែមិនឃើញលោក។
១០ ប៉ុន្តែ លោកស្គាល់ផ្លូវដែលខ្ញុំដើរ+
ក្រោយពីលោកសាកល្បងខ្ញុំ នោះខ្ញុំនឹងទៅជាមាសសុទ្ធ។+
១១ ខ្ញុំដើរតាមលំអានដានលោកយ៉ាងដិតដល់
ខ្ញុំមិនធ្លាប់ងាកចេញពីផ្លូវរបស់លោកឡើយ។+
១២ ខ្ញុំតែងតែធ្វើតាមបញ្ញត្តិរបស់លោក
ថែមទាំងធ្វើច្រើនជាងអ្វីដែលលោកតម្រូវពីខ្ញុំទៅទៀត។+
១៣ ពេលលោកតាំងចិត្តធ្វើអ្វីមួយ តើអ្នកណាអាចរារាំងលោកបាន?+
ពេលលោកចង់ធ្វើអ្វីមួយ លោកនឹងធ្វើ។+
១៤ ព្រោះលោកនឹងប្រព្រឹត្តចំពោះខ្ញុំតាមការសម្រេចចិត្តរបស់លោក
ហើយលោកគ្រោងទុកអ្វីជាច្រើនទៀត។
១៥ យ៉ាងនោះហើយបានជាខ្ញុំព្រួយបារម្ភ
ពេលខ្ញុំគិតអំពីលោក ខ្ញុំក៏កោតខ្លាចលោកកាន់តែខ្លាំង។
១៦ ព្រះបានធ្វើឲ្យខ្ញុំភ័យរន្ធត់
ហើយព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានធ្វើឲ្យខ្ញុំតក់ស្លុត។
១៧ ប៉ុន្តែ ខ្ញុំមិននៅស្ងៀមទេ
ទោះជាភាពងងឹតសូន្យសុងគ្របបាំងមុខរបស់ខ្ញុំក៏ដោយ។
២៤ «ហេតុអ្វីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតមិនកំណត់ពេលវេលា?+
ហេតុអ្វីអ្នកដែលស្គាល់លោកមិនឃើញថ្ងៃរបស់លោក?*
២ មនុស្សខ្លះបង្ខិតព្រំប្រទល់ចូលដីរបស់អ្នកឯទៀត+
ពួកគេលួចហ្វូងសត្វទៅទុកក្នុងវាលស្មៅរបស់ខ្លួន។
៣ ពួកគេដកហូតសត្វលារបស់កូនកំព្រា*
ហើយចាប់យកគោឈ្មោលរបស់ស្ត្រីមេម៉ាយទុកជារបស់បញ្ចាំ។+
៤ ពួកគេបណ្ដេញមនុស្សក្រីក្រចេញពីផ្លូវ
មនុស្សដែលគ្មានទីពឹងត្រូវពួនខ្លួនពីពួកគេ។+
៥ ជនទុគ៌តស្វែងរកអាហារដូចសត្វលាព្រៃ+នៅតំបន់ស្ងាត់ជ្រងំ
នៅកន្លែងដែលគ្មានមនុស្សនៅ ពួកគេសង្វាតរកចំណីឲ្យកូនរបស់ខ្លួន។
៦ ពួកគេទៅរើសផលក្នុងស្រែរបស់អ្នកឯទៀត
ហើយប្រមូលផ្លែទំពាំងបាយជូរក្នុងដីរបស់មនុស្សទុច្ចរិត។
៧ ពេលយប់ពួកគេដេកខ្លួនទទេ ព្រោះគ្មានសម្លៀកបំពាក់+
ពួកគេដេករងាដោយគ្មានអ្វីដណ្ដប់។
៨ ពួកគេទទឹកជោកដោយភ្លៀងធ្លាក់ពីភ្នំ
ហើយអែបខ្លួននៅផ្ទាំងថ្មព្រោះគ្មានជម្រក។
៩ មនុស្សអាក្រក់កញ្ឆក់កូនកំព្រាចេញពីដោះម្ដាយ+
ហើយយកសម្លៀកបំពាក់របស់ជនក្រខ្សត់ទុកជារបស់បញ្ចាំ។+
១០ នេះនាំឲ្យជនក្រខ្សត់បង្ខំចិត្តដើរអាក្រាត
ហើយពួកគេលីកណ្ដាប់ស្រូវទាំងហេវហត់។
១១ ពួកគេធ្វើការយ៉ាងលំបាកនៅឯរងទំពាំងបាយជូរក្រោមកម្ដៅថ្ងៃក្ដៅហែង*
ពួកគេស្រេកទឹកយ៉ាងខ្លាំង កាលដែលបញ្ជាន់ផ្លែទំពាំងបាយជូរឲ្យគេ។+
១២ មនុស្សជិតស្លាប់កំពុងស្រែកថ្ងូរក្នុងក្រុង
ឯមនុស្សរបួសធ្ងន់ស្រែកអង្វរសុំជំនួយ+ តែព្រះមិនខ្វល់ឡើយ។*
១៣ មនុស្សអាក្រក់បះបោរប្រឆាំងនឹងពន្លឺ+
ពួកគេមិនទទួលស្គាល់ផ្លូវនៃពន្លឺទេ ហើយក៏មិនព្រមដើរតាមផ្លូវនោះដែរ។
១៤ ឃាតករក្រោកតាំងពីព្រលឹម គេសម្លាប់មនុស្សគ្មានទីពឹងនិងមនុស្សក្រីក្រ+
លុះយប់ឡើងគេធ្វើជាចោរវិញ។
១៥ ភ្នែករបស់មនុស្សផិតក្បត់ចាំឲ្យតែដល់ថ្ងៃលិច+
គេពោលថា៖ ‹គ្មានអ្នកណានឹងឃើញខ្ញុំទេ!›+ ហើយគេក៏ឃ្លុំមុខ។
១៦ នៅពេលយប់ ពួកគេចូលប្លន់ផ្ទះរបស់អ្នកឯទៀត
ហើយពេលថ្ងៃ ពួកគេសម្ងំនៅក្នុងផ្ទះរបស់ខ្លួន។ ពួកគេមិនស្គាល់ពន្លឺថ្ងៃទេ។+
១៧ ព្រោះពេលថ្ងៃរះភ្លាម ពួកគេតាំងភ័យខ្លាចដូចអ្នកឯទៀតភ័យខ្លាចនៅពេលយប់ងងឹត
តែពួកគេស៊ាំនឹងភាពតក់ស្លុតនៅពេលយប់ងងឹត។
១៨ ប៉ុន្តែ ពួកគេត្រូវទឹកលេបត្របាក់យកទៅបាត់
ចំណែកដីធ្លីរបស់ពួកគេនឹងត្រូវបណ្ដាសា+
ពួកគេនឹងមិនត្រឡប់មកចម្ការទំពាំងបាយជូររបស់ពួកគេវិញឡើយ។
១៩ មនុស្សដែលប្រព្រឹត្តអំពើខុសឆ្គងនឹងសាបសូន្យក្នុងទីបញ្ចុះសព*+
ដូចទឹកកករលាយដោយសារភាពរាំងស្ងួតនិងកម្ដៅ។
២០ ម្ដាយរបស់គាត់នឹងភ្លេចគាត់ រីឯដង្កូវនឹងស៊ីគាត់
ហើយមិនមានអ្នកណានឹកចាំគាត់ទៀត។+
មនុស្សមិនសុចរិតនឹងវិនាសទៅដូចដើមឈើត្រូវគេកាប់រំលំ។
២១ គាត់ធ្វើអាក្រក់ទៅលើស្ត្រីអារ
ហើយធ្វើទុក្ខបុកម្នេញស្ត្រីមេម៉ាយ។
២២ ព្រះនឹងប្រើកម្លាំងរបស់លោកដើម្បីកម្ចាត់ចោលពួកអ្នកមានអំណាច
ទោះជាពួកគេមានឋានៈខ្ពស់ក៏ដោយ ពួកគេមិនដឹងថាខ្លួនអាចរស់នៅយូរតទៅទៀតឬយ៉ាងណាទេ។
២៤ ពួកគេថ្កើងថ្កានបានតែមួយភ្លែត រួចក៏អន្តរាយទៅ+
ពួកគេទៅជាតូចទាប+ ហើយស្លាប់ដូចមនុស្សឯទៀតដែរ។
ពួកគេប្រៀបដូចជាកួរស្រូវដែលត្រូវកាត់ផ្ដាច់។
២៥ ឥឡូវសូមបង្ហាញភ័ស្តុតាងមក
បើខ្ញុំនិយាយខុស»។
២៥ ប៊ីលដាឌ+ជាកូនចៅស៊ូអាកនិយាយបកវិញថា៖
២ «ព្រះមានអំណាចគ្រប់គ្រង និងមានឫទ្ធានុភាពគួរឲ្យកោតខ្លាច
លោកធ្វើឲ្យមានសេចក្ដីសុខសាន្តនៅស្ថានសួគ៌។*
៣ តើអ្នកណាអាចរាប់ចំនួនពលទ័ពរបស់លោកបាន?
តើអ្នកណាដែលមិនបានទទួលពន្លឺចែងចាំងពីលោក?
៤ បើដូច្នេះ តើមនុស្សជាតិអាចសុចរិតនៅចំពោះមុខព្រះយ៉ាងដូចម្ដេចបាន?+
តើមនុស្សដែលកើតពីស្ត្រីអាចគ្មានកំហុស*បានឬ?+
៥ សូម្បីតែដួងចន្ទក៏មិនភ្លឺត្រចះ
ហើយដួងតារាក៏ស្រអាប់នៅចំពោះភ្នែកលោកទៅហើយ
៦ ចុះទម្រាំតែមនុស្សជាតិដែលប្រៀបដូចជាដង្កូវនិងជន្លេន
ពួកគេច្បាស់ជាអន់ជាងនោះទៅទៀត!»។
២៦ យ៉ូបក៏ស្រដីតបថា៖
២ «អ្នកពូកែណាស់ខាងជួយអ្នកដែលទន់ខ្សោយ!
អ្នកប៉ិនណាស់ខាងស្រោចស្រង់អ្នកដែលគ្មានកម្លាំង!+
៣ អ្នកប្រសប់មែនក្នុងការឲ្យយោបល់ល្អៗដល់អ្នកដែលខ្វះប្រាជ្ញា!+
ហើយអ្នកមានចិត្តទូលាយសម្បើមណាស់ក្នុងការឲ្យឱវាទគេ!
៤ តើអ្នកគិតថាអ្នកកំពុងណែនាំអ្នកណា?
ហើយតើអ្នកបានសម្ដីបែបនេះមកពីណា?
៥ មនុស្សស្លាប់នាំគ្នាភ័យញ័រ
ពួកគេទាបជាងសមុទ្រនិងសត្វដែលរស់ក្នុងសមុទ្រទៅទៀត។
៦ គ្មានអ្វីនៅក្នុងផ្នូរ*ដែលកំបាំងពីព្រះឡើយ+
លោកមើលឃើញទាំងអស់ក្នុងទីនៃសេចក្ដីហិនវិនាស។*
៨ លោករុំទឹកទុកក្នុងពពក+
ហើយពពកមិនធ្លាយទឹកទេ ទោះជាធ្ងន់ក៏ដោយ។
៩ លោកត្រដាងពពកបាំងបល្ល័ង្ករបស់លោក
ដើម្បីមិនឲ្យអ្នកណាឃើញ។+
១០ លោកដាក់ខ្សែ* ខណ្ឌចែករវាងជើងមេឃនិងសមុទ្រ+
លោកក៏កំណត់ព្រំប្រទល់រវាងពន្លឺនិងភាពងងឹតដែរ។
១១ ពេលលោកបន្លឺសំឡេង
សសរទាំងប៉ុន្មាននៃស្ថានសួគ៌ក៏ញ័ររញ្ជួយ។
១២ លោកធ្វើឲ្យសមុទ្រកញ្ជ្រោលបោកបក់ដោយឫទ្ធានុភាពរបស់លោក+
ហើយដោយការយល់ដឹង លោកបំផ្លាញសត្វធំសម្បើមនៅក្នុងសមុទ្រ*ជាបំណែកៗ។+
១៤ មើល! នេះគ្រាន់តែជាស្នាដៃបន្តិចបន្តួចរបស់លោក+
យើងបានឮតែសំឡេងខ្សឹបៗរបស់លោកប៉ុណ្ណោះ!
ទម្រាំសូរផ្គរលាន់របស់លោក តើអ្នកណាអាចយល់បាន?»។+
២៧ យ៉ូបថ្លែង*តទៅទៀតថា៖
២ «ខ្ញុំសូមស្បថដោយព្រះដែលមានជីវិតរស់នៅ
ជាព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត
គឺព្រះដែលមិនព្រមផ្ដល់យុត្តិធម៌ឲ្យខ្ញុំ+ និងដែលបានធ្វើឲ្យជីវិត*ខ្ញុំល្វីងជូរចត់។+ ខ្ញុំសូមស្បថថា
៣ ដរាបណាខ្ញុំនៅតែដកដង្ហើម
ហើយច្រមុះរបស់ខ្ញុំនៅតែមានខ្យល់ពីព្រះ+
៤ ដរាបនោះមាត់ខ្ញុំនឹងមិនពោលពាក្យអាក្រក់ឡើយ
ហើយអណ្ដាតខ្ញុំក៏មិននិយាយបោកបញ្ឆោតគេដែរ!
៥ ខ្ញុំគ្មានថ្ងៃទទួលស្គាល់ថាសម្ដីរបស់ពួកអ្នកគឺត្រឹមត្រូវឡើយ!
រហូតដល់ថ្ងៃស្លាប់ ខ្ញុំនឹងមិនព្រមឲ្យអ្វីណាមកធ្វើឲ្យខ្ញុំលែងមានចិត្តស្មោះឥតងាករេចំពោះព្រះជាដាច់ខាត!+
៦ ខ្ញុំនឹងកាន់ខ្ជាប់អំពើសុចរិតរហូតតទៅ។+
ដរាបណាខ្ញុំនៅមានជីវិត ដរាបនោះចិត្តរបស់ខ្ញុំនឹងមិនផ្ដន្ទាទោសខ្ញុំឡើយ។
៧ សូមឲ្យសត្រូវរបស់ខ្ញុំទទួលទោសដូចមនុស្សទុច្ចរិត
គឺឲ្យអ្នកដែលបៀតបៀនខ្ញុំទទួលលទ្ធផលដូចមនុស្សមិនសុចរិត។
៩ ពេលគាត់ជួបទុក្ខលំបាក
តើព្រះនឹងស្ដាប់ការស្រែកអង្វររបស់គាត់ឬ?+
១០ តើគាត់នឹងយកព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតទុកជាអំណររបស់គាត់ឬទេ? តើគាត់នឹងស្រែករកព្រះគ្រប់ពេលវេលាឬ?
១១ ខ្ញុំនឹងបង្រៀនពួកអ្នកអំពីអំណាច*របស់ព្រះ
ខ្ញុំនឹងមិនលាក់លៀមអ្វីសោះអំពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត។
១២ មើល! ប្រសិនបើព្រះបានបើកបង្ហាញឲ្យអ្នកគ្រប់គ្នាឃើញអ្វីក្នុងគំនិតមែន
ហេតុអ្វីពួកអ្នកនិយាយពាក្យឥតបានការដូច្នេះ?
១៣ មត៌កដែលព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបម្រុងទុកឲ្យមនុស្សទុច្ចរិត+
គឺមនុស្សដែលប្រើអំណាចផ្ដាច់ការ មានដូចតទៅ៖
១៤ បើគាត់មានកូនចៅច្រើន កូនចៅទាំងនោះនឹងត្រូវស្លាប់ដោយដាវ+
ហើយពូជពង្សរបស់គាត់នឹងគ្មានអាហារបរិភោគគ្រប់គ្រាន់។
១៥ កូនចៅរបស់គាត់ដែលរួចជីវិតនឹងត្រូវស្លាប់ដោយសារជំងឺ
ហើយប្រពន្ធរបស់ពួកគេនឹងមិនយំស្ដាយស្រណោះពួកគេឡើយ។
១៦ ទោះជាគាត់ប្រមូលប្រាក់ស្រួលដូចកើបដី
ហើយប្រមូលសម្លៀកបំពាក់ប្រណីតៗច្រើនដូចគំនរដីឥដ្ឋក៏ដោយ
១៧ គាត់បានត្រឹមតែប្រមូលទុកប៉ុណ្ណោះ
តែមនុស្សសុចរិតនឹងស្លៀកសម្លៀកបំពាក់ទាំងនោះវិញ+
ហើយមនុស្សស្លូតត្រង់នឹងយកប្រាក់របស់គាត់ចែកគ្នា។
១៨ ផ្ទះដែលគាត់សង់គឺស្រួលបាក់បែកដូចសម្បុកសត្វល្អិត
និងដូចរោងជ្រក+ដែលអ្នកចាំយាមធ្វើ។
១៩ ពេលគាត់ចូលដេក គាត់ជាអ្នកមាន តែគាត់នឹងមិនទទួលផលចំណេញអ្វីសោះ
ពេលគាត់បើកភ្នែក គាត់គ្មានសល់អ្វីឡើយ។
២០ ការភ័យរន្ធត់ធ្លាក់មកលើគាត់ដូចទឹកជំនន់
ហើយនៅពេលយប់ ខ្យល់ព្យុះកន្ដ្រាក់យកគាត់ទៅបាត់។+
២១ ខ្យល់ពីទិសខាងកើតនឹងបក់ផាត់គាត់ទៅ
គឺកញ្ឆក់យកគាត់ចេញពីលំនៅ។+
២៨ «មានកន្លែងជីករកប្រាក់
និងមានកន្លែងសម្រាប់ស្លមាស។+
២ គេយកដែកពីក្នុងដី។ ចំណែកស្ពាន់ គេរំលាយវាចេញពីថ្ម។+
៣ មនុស្សយកប្រដាប់បំភ្លឺទៅក្នុងទីងងឹត
គាត់ចូលទៅកន្លែងងងឹតបំផុត ដើម្បីរុករករ៉ែ។*
៤ នៅតំបន់ដែលគ្មានមនុស្សរស់នៅ
ជាកន្លែងឆ្ងាយពីផ្លូវធ្វើដំណើរ គឺកន្លែងដែលគេបំភ្លេចចោល
គាត់ជីកអណ្ដូងរ៉ែ ក៏មានអ្នកខ្លះសម្រូតខ្សែពួរចុះទៅ។
៥ ផលដំណាំដុះលើផែនដី
ប៉ុន្តែនៅខាងក្រោមវិញ ដីកំពុងត្រូវបំផ្លាញ ហាក់ដូចជាមានភ្លើងឆេះ។*
៦ នៅទីនោះ មានត្បូងកណ្ដៀងក្នុងថ្ម
ហើយក្នុងដីមានមាស។
៧ គ្មានសត្វឥន្ទ្រីណាស្គាល់ផ្លូវទៅទីនោះទេ
ឯសត្វខ្លែងក៏មិនឃើញកន្លែងនោះដែរ។
៨ នៅទីនោះ សត្វព្រៃធំសម្បើមមិនធ្លាប់ដើរកាត់ទេ
រីឯតោស្ទាវក៏មិនដែលដើរក្រវែលដែរ។
៩ មនុស្សខំប្រឹងបំបែកថ្មដ៏រឹង
គាត់ជីករំលើងរហូតដល់ឫសភ្នំ។
១០ គាត់ដាប់ថ្មឲ្យទឹកហូរ+
គាត់ឃើញសុទ្ធតែវត្ថុមានតម្លៃ។
១១ គាត់ទប់ទន្លេមិនឲ្យហូរ
ហើយយកកំណប់ទ្រព្យចេញមកកន្លែងភ្លឺ។
១២ ប៉ុន្តែចុះប្រាជ្ញាវិញ តើអាចរកបាននៅកន្លែងណា?+
ហើយនៅឯណាមានការយល់ដឹង?+
១៣ គ្មានមនុស្សណាម្នាក់ស្គាល់តម្លៃនៃប្រាជ្ញាឡើយ+
ហើយក៏មិនអាចរកឃើញក្នុងចំណោមមនុស្សរស់ដែរ។
១៤ ទឹកដ៏ជ្រៅពោលឡើងថា៖ ‹ប្រាជ្ញាមិននៅក្នុងខ្ញុំទេ!›
ហើយសមុទ្របន្លឺថា៖ ‹ប្រាជ្ញាក៏មិននៅជាមួយនឹងខ្ញុំដូចគ្នា!›។+
១៥ ប្រាជ្ញាមិនអាចទិញដោយមាសសុទ្ធ
ហើយប្រាក់ក៏មិនអាចថ្លឹងប្ដូរយកប្រាជ្ញាបានដែរ។+
១៦ សូម្បីតែមាសពីអូភា+ ឬត្បូងនិល*និងត្បូងកណ្ដៀងដ៏កម្ររកបាននោះ
ក៏នៅតែមិនអាចប្រៀបផ្ទឹមនឹងប្រាជ្ញាដែរ។
១៧ ចំណែកមាសនិងកញ្ចក់មិនអាចស្មើនឹងប្រាជ្ញាទេ
ហើយភាជនៈធ្វើពីមាសសុទ្ធក៏មិនអាចដូរយកប្រាជ្ញាបានដែរ។+
១៨ មិនបាច់និយាយដល់ផ្កាថ្ម*និងកែវចរណៃទេ+
ព្រោះប្រាជ្ញាមានតម្លៃខ្ពស់ជាងគជ់ខ្យងមួយថង់ទៅទៀត។
១៩ ប្រាជ្ញាមានតម្លៃថ្លៃជាងត្បូងថូផាស+ពីស្រុកគូស
ហើយមិនអាចទិញដូរដោយមាសសុទ្ធទេ។
២០ បើដូច្នេះ តើប្រាជ្ញាមកពីណា? ហើយតើការយល់ដឹងនៅឯណា?+
២១ ប្រាជ្ញាបានត្រូវលាក់ពីជីវិតទាំងឡាយនៅផែនដី+
ហើយសត្វស្លាបលើមេឃក៏មិនឃើញប្រាជ្ញាដែរ។
២២ ទីបញ្ចុះសព*និងសេចក្ដីស្លាប់និយាយថា៖
‹ពួកយើងគ្រាន់តែឮគេនិយាយប៉ុណ្ណោះ›។
២៣ ព្រះស្គាល់ផ្លូវទៅរកប្រាជ្ញា
មានតែលោកប៉ុណ្ណោះដឹងថានៅឯណា។+
២៤ ពីព្រោះលោកមើលរហូតដល់ចុងផែនដី
លោកឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។+
២៥ ពេលដែលលោកបានកំណត់កម្លាំង*ខ្យល់+
និងវាស់ទំហំទឹក+
២៦ ពេលដែលលោកបានបង្កើតច្បាប់សម្រាប់ភ្លៀង+
ហើយដាក់ផ្លូវឲ្យពពកព្យុះភ្លៀង ផ្លេកបន្ទោរ និងផ្គរលាន់+
២៧ នៅពេលនោះឯងដែលលោកឃើញប្រាជ្ញាហើយក៏ពន្យល់រៀបរាប់អំពីប្រាជ្ញា
លោកតាំងប្រាជ្ញាឡើង ព្រមទាំងល្បងមើលទៀតផង។
២៨ លោកមានប្រសាសន៍មកមនុស្សថា៖
‹មើល! ការកោតខ្លាចព្រះយេហូវ៉ា នោះហើយជាប្រាជ្ញា+
ហើយការជៀសចេញពីការប្រព្រឹត្តអាក្រក់ នោះហើយជាការយល់ដឹង›»។+
២៩ យ៉ូបពោល*បន្តទៀតថា៖
២ «ខ្ញុំចង់ឲ្យពេលវេលាត្រឡប់ថយក្រោយវិញ
ថយដល់គ្រាដែលព្រះនៅមើលថែខ្ញុំ
៣ វេលាដែលលោកឲ្យពន្លឺចង្កៀងមកបំភ្លឺលើក្បាលរបស់ខ្ញុំ
នៅពេលនោះខ្ញុំបានដើរកាត់ភាពងងឹតដោយសារពន្លឺពីលោក+
៤ ក្នុងពេលដែលខ្ញុំនៅវ័យពេញកម្លាំង
កាលដែលព្រះតែងតែនៅជាមួយនឹងខ្ញុំ*ដូចជាមិត្តសម្លាញ់+
៥ គ្រាដែលព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតនៅជាមួយនឹងខ្ញុំ
ហើយខ្ញុំមានកូនៗ*នៅជុំវិញខ្ញុំ
៦ ជាពេលដែលផ្លូវខ្ញុំពោរពេញដោយខ្លាញ់ទឹកដោះ
ហើយថ្មបង្ហូរប្រេងយ៉ាងហូរហៀរឲ្យខ្ញុំ។+
៧ ខ្ញុំធ្លាប់ចេញទៅឯទ្វារកំពែងក្រុង+
ហើយអង្គុយនៅក្នុងទីលានសាធារណៈ+
៨ ពេលបុរសវ័យក្មេងឃើញខ្ញុំ ពួកគេជៀសផ្លូវឲ្យខ្ញុំ
សូម្បីតែបុរសវ័យចាស់ក៏នាំគ្នាក្រោកឈរដែរ។+
៩ ពួកអ្នកគ្រប់គ្រងមិនហ៊ានហាស្ដី
ពួកគេយកដៃខ្ទប់មាត់នៅស្ងៀមមិនស្រដី។
១០ រីឯពួកអ្នកមានឋានៈខ្ពស់ ពួកគេមិនបញ្ចេញសម្ដីសោះ
គ្មានពាក្យមួយម៉ាត់ណាចេញពីមាត់ពួកគេឡើយ។
១១ អ្នកណាក៏ដោយដែលបានឮសម្ដីខ្ញុំ តែងសរសើរខ្ញុំ
ហើយពួកអ្នកដែលបានឃើញខ្ញុំ តែងគាំទ្រខ្ញុំជានិច្ច។
១២ ព្រោះខ្ញុំរមែងជួយមនុស្សក្រខ្សត់ដែលស្រែកសុំជំនួយ+
ថែមទាំងជួយកូនកំព្រា និងអ្នកដែលគ្មានទីពឹងទៀតផង។+
១៣ មនុស្សដែលរងទុក្ខជិតស្លាប់តែងតែឲ្យពរខ្ញុំ+
ហើយខ្ញុំបានធ្វើឲ្យស្ត្រីមេម៉ាយមានចិត្តត្រេកអរ។+
១៤ ខ្ញុំចាត់ទុកសេចក្ដីសុចរិតជាសម្លៀកបំពាក់របស់ខ្ញុំ
ហើយយុត្តិធម៌គឺប្រៀបដូចជាអាវវែងនិងឈ្នួតក្បាលខ្ញុំ។
១៥ ខ្ញុំជាភ្នែករបស់មនុស្សខ្វាក់
និងជាជើងរបស់មនុស្សខ្វិន។
១៧ ខ្ញុំបំបាក់ថ្គាមរបស់អ្នកប្រព្រឹត្តអំពើខុសឆ្គង+
ហើយកន្ដ្រាក់យកចំណីចេញពីធ្មេញរបស់អ្នកនោះ។
១៨ ខ្ញុំធ្លាប់ពោលថា៖ ‹ខ្ញុំនឹងស្លាប់ក្នុងផ្ទះរបស់ខ្ញុំ+
ហើយចំនួនថ្ងៃនៃជីវិតខ្ញុំនឹងមានច្រើនដូចជាគ្រាប់ខ្សាច់។
១៩ ខ្ញុំនឹងប្រៀបដូចជាដើមឈើដែលចាក់ឫសដល់ក្នុងទឹក
ហើយនៅលើមែកទាំងប៉ុន្មានរបស់ខ្ញុំនឹងមានសន្សើមពេញមួយយប់។
២០ ខ្ញុំទទួលបានកិត្តិយសជានិច្ច
ហើយដៃរបស់ខ្ញុំបន្តបាញ់ធ្នូឥតឈប់›។
២១ មនុស្សទាំងឡាយរមែងត្រងត្រាប់ស្ដាប់ខ្ញុំវាចា
ពួកគេនៅស្ងៀមរង់ចាំទទួលយោបល់ពីខ្ញុំ។+
២២ លុះខ្ញុំនិយាយចប់ ពួកគេគ្មានពាក្យស្រដី
សម្ដីខ្ញុំជ្រាបចូលក្នុងត្រចៀករបស់ពួកគេយ៉ាងស្រួល។
២៣ ពួកគេរង់ចាំខ្ញុំដូចរង់ចាំទឹកភ្លៀង
គឺដូចមនុស្សដែលទន្ទឹងចាំភ្លៀងយ៉ាងអន្ទះសានារដូវស្លឹកឈើលាស់។+
២៤ ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេស្ទើរតែមិនចង់ជឿ
ទឹកមុខស្រស់ស្រាយរបស់ខ្ញុំរមែងធ្វើឲ្យពួកគេរីករាយ។
២៥ ខ្ញុំផ្ដល់ការណែនាំដល់ពួកគេ ដូចជាអ្នកនាំមុខ
ខ្ញុំប្រៀបបាននឹងស្ដេចមួយរូបដែលអមដោយកងទ័ព+
ហើយដូចជាអ្នកដែលសម្រាលទុក្ខដល់មនុស្សសោកសង្រេង។+
៣០ «ឥឡូវ មនុស្សក្មេងជាងខ្ញុំសើចចំអកឲ្យខ្ញុំ+
ឪពុករបស់ពួកគេសុទ្ធតែឥតបានការ
សូម្បីតែឲ្យធ្វើការជាមួយឆ្កែដើម្បីការពារហ្វូងចៀមខ្ញុំ ក៏ខ្ញុំមិនឲ្យធ្វើដែរ។
២ ពួកគេលែងមានកម្លាំងកំហែងទៅហើយ
បើដូច្នេះ តើពួកគេមានប្រយោជន៍អ្វីសម្រាប់ខ្ញុំ?
៣ ពួកគេខ្សោះល្វើយ ដោយសារតែការខ្វះខាតនិងការស្រេកឃ្លាន
ពួកគេកកេរអ្វីដែលពួកគេរកបាននៅតំបន់ហួតហែង
ជាតំបន់ដែលបានត្រូវបំផ្លិចបំផ្លាញនិងទុកចោល។
៤ ពួកគេបោចស្លឹកជីរ*ពីគុម្ពោត
ក៏ប្រមូលឫសឈើល្វីងធ្វើជាអាហារ។
៥ ពួកគេបានត្រូវបណ្ដេញចេញពីសហគមន៍+
មនុស្សស្រែកដេញពួកគេ ដូចស្រែកដេញចោរ។
៦ ពួកគេរស់ទាំងត្រដរតាមជ្រលងភ្នំ
តាមរណ្ដៅនិងតាមក្រហែងថ្ម។
៧ ពួកគេស្រែកយំពីគុម្ពោត
ហើយប្រជ្រៀតគ្នានៅក្នុងគុម្ពខ្ញែរ។
៨ ពួកគេបានត្រូវបណ្ដេញចេញពីទឹកដី
ដោយសារពួកគេជាកូនរបស់មនុស្សល្ងង់ខ្លៅនិងមនុស្សឥតបានការ។
៩ ប៉ុន្តែពេលនេះ ពួកគេថែមទាំងច្រៀងឡកឡឺយឲ្យខ្ញុំទៀតផង+
ពួកគេយកឈ្មោះខ្ញុំទៅនិយាយចំអកមើលងាយ។+
១០ ពួកគេខ្ពើមឆ្អើមខ្ញុំ ហើយនៅឆ្ងាយពីខ្ញុំ+
ពួកគេមិនញញើតនឹងស្ដោះទឹកមាត់ដាក់មុខខ្ញុំឡើយ។+
១១ ព្រះធ្វើឲ្យខ្ញុំអស់ផ្លូវ* ហើយធ្វើឲ្យខ្ញុំធ្លាក់ខ្លួន
ហេតុនេះ ពួកគេធ្វើអ្វីដោយមិនក្រែងចិត្តខ្ញុំទាល់តែសោះ។*
១២ ក្រុមមនុស្សលើកគ្នាមកវាយប្រហារខ្ញុំពីខាងស្ដាំ
ពួកគេបង្ខំខ្ញុំឲ្យរត់គេចខ្លួន ហើយដាក់របងរាំងផ្លូវដើម្បីនាំឲ្យខ្ញុំអន្តរាយ។
១៣ ពួកគេបំផ្លាញផ្លូវដែលខ្ញុំដើរ ហើយធ្វើឲ្យខ្ញុំកាន់តែវេទនា+
តែគ្មានអ្នកណាមកឃាត់ពួកគេទេ។*
១៤ ពួកគេចូលមកប្រហារខ្ញុំដូចជាចូលមកទម្លុះកំពែង
ពួកគេសម្រុកចូលកន្លែងដែលវិនាសហិនហោចរួចទៅហើយ។
១៥ ការតក់ស្លុតគ្របសង្កត់លើខ្ញុំ។ សេចក្ដីថ្លៃថ្នូររបស់ខ្ញុំបាត់ទៅដូចជាខ្យល់។
រីឯសេចក្ដីសង្គ្រោះរបស់ខ្ញុំរសាត់ទៅដូចជាពពក។
១៨ សម្លៀកបំពាក់*របស់ខ្ញុំត្រូវពូតខ្ញុកខ្ញូវ ដោយឥទ្ធិពលដ៏ខ្លាំងក្លា*
ប្រៀបដូចជាកអាវរឹតកខ្ញុំធ្វើឲ្យពិបាកដកដង្ហើម។
១៩ ព្រះបានបោះខ្ញុំទៅក្នុងភក់ជ្រាំ
ខ្ញុំមិនខុសពីធូលីនិងផេះទេ។
២០ ខ្ញុំស្រែកឲ្យលោកជួយ តែលោកមិនឆ្លើយតបសោះ+
ខ្ញុំក្រោកឈរឡើង តែលោកគ្រាន់តែមើលខ្ញុំប៉ុណ្ណោះ។
២១ លោកប្រព្រឹត្តនឹងខ្ញុំយ៉ាងព្រៃផ្សៃ+
លោកធ្វើបាបខ្ញុំដោយឥតសំចៃដៃឡើយ។
២២ លោកធ្វើឲ្យខ្យល់បក់ផាត់ខ្ញុំទៅ
រួចលោកគ្រវីគ្រវាត់ខ្ញុំនៅក្នុងព្យុះ។*
២៣ ព្រោះខ្ញុំដឹងថាលោកនឹងបញ្ជូនខ្ញុំទៅឯសេចក្ដីស្លាប់
គឺទៅលំនៅដែលមនុស្សគ្រប់រូបត្រូវទៅ។
២៤ ប៉ុន្តែ កាលដែលមនុស្សគ្មានទីពឹងស្រែកសុំជំនួយក្នុងវេលាជួបអន្តរាយ
នោះគ្មានអ្នកណាមកប្រហារគាត់ឡើយ។+
២៥ តើខ្ញុំមិនបានយំពេលមនុស្សរងទុក្ខលំបាកទេឬ?
ពេលឃើញជនក្រីក្រ តើខ្ញុំមិនបានសោកសៅទេឬ?+
២៦ ខ្ញុំសង្ឃឹមថានឹងជួបអ្វីដែលល្អ តែខ្ញុំបែរជាជួបអ្វីដែលអាក្រក់
ខ្ញុំរំពឹងថាឃើញពន្លឺ តែបែរជាឃើញភាពងងឹតទៅវិញ។
២៧ ចិត្តខ្ញុំជ្រួលច្របល់មិនឈប់សោះ
ជីវិតខ្ញុំជួបតែភាពគ្រោតគ្រាតគ្រប់វេលា។
២៨ ខ្ញុំដើរចុះឡើងទាំងទឹកមុខក្រៀមក្រំ+ មិនឃើញពន្លឺរស្មីឡើយ
ខ្ញុំក្រោកឈរស្រែករកជំនួយនៅកណ្ដាលទីប្រជុំជន។
៣១ ពិណរបស់ខ្ញុំដេញបានតែបទទំនួញ
ហើយខ្លុយរបស់ខ្ញុំផ្លុំចេញតែសំឡេងយំសោកប៉ុណ្ណោះ។
៣១ «ខ្ញុំប្ដេជ្ញាចិត្តរួចហើយថា+
ខ្ញុំនឹងមិនសម្លឹង*មើលស្ត្រីឯទៀត*ដោយបំណងចិត្តមិនត្រឹមត្រូវឡើយ។+
២ បើខ្ញុំមានចិត្តមិនត្រឹមត្រូវមែន នោះតើព្រះនៅស្ថានលើនឹងឲ្យមត៌កអ្វីដល់ខ្ញុំ?
តើខ្ញុំនឹងបានរង្វាន់អ្វីពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតនៅស្ថានសួគ៌?
៣ តើអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងនឹងមិនរងទុក្ខវេទនា
ហើយមនុស្សដែលធ្វើបាបគេ នឹងមិនជួបអន្តរាយទេឬ?+
៤ តើលោកមិនឃើញផ្លូវដែលខ្ញុំដើរ+
ហើយមិនមើលខ្ញុំគ្រប់ជំហានទេឬ?
៥ តើខ្ញុំធ្លាប់និយាយកុហកឬធ្លាប់បោកបញ្ឆោតអ្នកណាម្នាក់ទេ?+
៧ បើខ្ញុំឈានជើងបែរចេញពីផ្លូវត្រឹមត្រូវ+ ឬចិត្តរបស់ខ្ញុំបណ្ដោយទៅតាមភ្នែក+
ឬដៃខ្ញុំប្រព្រឹត្តអំពើស្មោកគ្រោកណាមួយ
៨ នោះសូមឲ្យអ្នកឯទៀតបរិភោគផលដែលខ្ញុំបានសាបព្រោះ+
ហើយរំលើងដំណាំរបស់ខ្ញុំទាំងឫសចុះ។
៩ បើចិត្តរបស់ខ្ញុំជាប់ជំពាក់លើស្ត្រីផ្សេងទៀត+
ហើយខ្ញុំទៅលាក់ខ្លួនចាំ+នៅជិតទ្វារផ្ទះរបស់អ្នកជិតខាងខ្ញុំ
១០ នោះសូមឲ្យប្រពន្ធខ្ញុំទៅកិនស្រូវឲ្យបុរសដទៃ
ហើយឲ្យបុរសផ្សេងទៀតរួមដំណេកជាមួយនឹងនាងចុះ។+
១១ ព្រោះបើខ្ញុំធ្វើដូច្នោះ នោះជាការប្រព្រឹត្តដែលគួរឲ្យអាម៉ាស់ខ្មាសណាស់
ហើយជាកំហុសដែលសមនឹងទទួលទោសពីចៅក្រម។+
១២ នោះប្រៀបដូចជាភ្លើងឆេះសន្ធោសន្ធៅ+
សូម្បីតែអ្វីៗទាំងអស់ដែលខ្ញុំមានក៏ត្រូវឆេះអស់ដែរ។
១៣ បើអ្នកបម្រើប្រុសស្រីមកប្ដឹងទាស់នឹងខ្ញុំ
ហើយខ្ញុំមិនផ្ដល់យុត្តិធម៌ឲ្យពួកគេទេ
១៤ នោះតើឲ្យខ្ញុំធ្វើយ៉ាងណាពេលព្រះមកវិនិច្ឆ័យខ្ញុំ?
ពេលលោកសួរដេញដោលខ្ញុំអំពីរឿងនោះ តើខ្ញុំគួរឆ្លើយដូចម្ដេច?+
១៥ ព្រះដែលបានសូនខ្ញុំក្នុងផ្ទៃម្ដាយ តើលោកមិនបានសូនពួកគេដែរទេឬ?+
គឺលោកតែមួយប៉ុណ្ណោះដែលបានសូនពួកយើងមក* មែនទេ?+
១៦ បើខ្ញុំមិនព្រមជួយមនុស្សក្រខ្សត់ពេលពួកគេអង្វរសុំ+
ឬបានធ្វើឲ្យភ្នែកស្ត្រីមេម៉ាយប្រែជាអស់សង្ឃឹម*+
១៧ បើខ្ញុំបរិភោគអាហារតែម្នាក់ឯង
ហើយមិនចែករំលែកដល់កូនកំព្រា+
១៨ (ព្រោះកូនកំព្រាធំឡើងជាមួយនឹងខ្ញុំតាំងពីខ្ញុំនៅជាយុវជន។ ខ្ញុំប្រៀបដូចជាឪពុករបស់ពួកគេ។
ចំណែកស្ត្រីមេម៉ាយវិញ ខ្ញុំធ្លាប់ជួយពួកគេតាំងពីខ្ញុំនៅក្មេង)។
១៩ បើខ្ញុំឃើញនរណាម្នាក់ជិតស្លាប់ដោយសាររងាញ័រញាក់ព្រោះគ្មានសម្លៀកបំពាក់ ឬឃើញជនក្រីក្រគ្មានអ្វីដណ្ដប់+
២០ បើខ្ញុំមិនឲ្យរោមចៀមទៅគាត់ដណ្ដប់ឲ្យបានកក់ក្ដៅ
ហើយគាត់ឲ្យពរខ្ញុំ+
២១ បើខ្ញុំក្ដាប់ដៃគំរាមកូនកំព្រា+
ពេលគាត់ត្រូវការជំនួយពីខ្ញុំនៅទ្វារក្រុង*+
២២ នោះសូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា
ហើយឲ្យដៃដាច់ចេញពីកែងដៃរបស់ខ្ញុំទៅចុះ។
២៣ ព្រោះអន្តរាយពីព្រះធ្វើឲ្យខ្ញុំភ័យខ្លាច
ដូច្នេះ ខ្ញុំមិនអាចតស៊ូនឹងលោកដែលប្រកបដោយសិរីរុងរឿងបានទេ។
២៤ បើខ្ញុំទុកចិត្តមាស
ឬនិយាយទៅមាសសុទ្ធថា៖ ‹អ្នកជាគ្រឿងការពារខ្ញុំ!›+
២៥ បើខ្ញុំសប្បាយចិត្តព្រោះខ្ញុំជាអ្នកមានស្តុកស្តម្ភ+
ឬដោយសារខ្ញុំមានទ្រព្យសម្បត្តិច្រើន+
២៦ បើខ្ញុំឃើញដួងអាទិត្យជះពន្លឺ
ឬឃើញដួងចន្ទធ្វើដំណើរលើផ្ទៃមេឃ កំពុងបញ្ចេញរស្មីភ្លឺថ្លា+
២៧ រួចចិត្តខ្ញុំបញ្ឆោតខ្ញុំ
ហើយខ្ញុំបង្ហើរស្នាមថើប*ដើម្បីគោរពបូជាអ្វីទាំងនោះ+
២៨ នោះខ្ញុំសមនឹងទទួលទោសពីចៅក្រម
ព្រោះខ្ញុំបានបោះបង់ចោលព្រះដ៏ពិតនៅស្ថានលើ។
៣១ មនុស្សនៅក្នុងត្រសាលរបស់ខ្ញុំមិនធ្លាប់សួរទេឬថា
‹តើមានអ្នកណាម្នាក់ដែលមិនបានបរិភោគឆ្អែតពីអាហាររបស់គាត់*ឬទេ?›។+
៣២ សូម្បីតែជនដែលខ្ញុំមិនស្គាល់* ក៏ខ្ញុំមិនដែលឲ្យដេកនៅខាងក្រៅដែរ+
ខ្ញុំតែងបើកទ្វារស្វាគមន៍អ្នកដំណើរឲ្យស្នាក់នៅជាមួយនឹងខ្ញុំ។
៣៣ តើខ្ញុំធ្លាប់ព្យាយាមបិទបាំងកំហុសរបស់ខ្ញុំដូចអ្នកឯទៀត+
ឬលាក់អំពើខុសឆ្គងក្នុងថ្នក់អាវរបស់ខ្ញុំឬទេ?
៣៤ តើខ្ញុំធ្លាប់ភ័យខ្លាចនឹងប្រតិកម្មរបស់ក្រុមមនុស្ស
ឬតក់ស្លុតនឹងការប្រមាថមើលងាយពីបណ្ដាគ្រួសារឯទៀត
រហូតដល់ខ្ញុំសម្ងំស្ងៀមមិនហ៊ានចេញពីផ្ទះទេ?
៣៥ ខ្ញុំចង់ឲ្យមានអ្នកណាម្នាក់ព្រមស្ដាប់ខ្ញុំ!+
ខ្ញុំនឹងចារឈ្មោះរបស់ខ្ញុំលើពាក្យទាំងអស់ដែលខ្ញុំបាននិយាយដើម្បីបញ្ជាក់ថាសម្ដីរបស់ខ្ញុំជាពាក្យពិត។
សូមឲ្យព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតមេត្តាតបឆ្លើយមកខ្ញុំផង!+
ខ្ញុំចង់ឲ្យអ្នកដែលប្ដឹងផ្ដល់ខ្ញុំសរសេរពាក្យចោទប្រកាន់នៅលើក្រដាស!
៣៦ ខ្ញុំនឹងដាក់ឯកសារនោះនៅលើស្មារបស់ខ្ញុំ
ហើយយកមករុំលើក្បាលរបស់ខ្ញុំដូចជាមកុដ។
៣៧ ខ្ញុំនឹងទៅជួបលោកដោយមានទំនុកចិត្ត ប្រៀបដូចជាអ្នកដឹកនាំមួយរូប
ខ្ញុំនឹងជម្រាបលោកនូវទង្វើគ្រប់យ៉ាងរបស់ខ្ញុំ។
៣៨ បើដីរបស់ខ្ញុំស្រែកជំទាស់នឹងខ្ញុំ
ហើយគន្លងដីក៏នាំគ្នាទួញយំ
៣៩ បើខ្ញុំបានបរិភោគផលដោយមិនបង់ថ្លៃ+
ឬបើខ្ញុំធ្វើឲ្យម្ចាស់ដីអស់សង្ឃឹមដោយសារខ្ញុំយកដីរបស់គាត់+
៤០ នោះសូមឲ្យដីរបស់ខ្ញុំដុះសុទ្ធតែបន្លាជំនួសស្រូវសាលី
ហើយឲ្យដុះស្មៅស្អុយជំនួសស្រូវបាលីវិញចុះ»។
សម្ដីរបស់យ៉ូបចប់ត្រឹមនេះ។
៣២ ដូច្នេះ បុរសបីនាក់នោះឈប់ឆ្លើយតបទៅយ៉ូបទៀត ព្រោះយ៉ូបជឿជាក់ថាខ្លួនគាត់ជាមនុស្សសុចរិត។+ ២ ប៉ុន្តែពេលនោះ អេលីហ៊ូជាកូនរបស់បារ៉ាកែលដែលជាកូនចៅប៊ូស+មកពីវង្សត្រកូលរ៉ាម គាត់ខឹងយ៉ូបខ្លាំងណាស់ ដោយសារយ៉ូបព្យាយាមបញ្ជាក់ថាខ្លួនត្រឹមត្រូវ មិនមែនព្រះទេ។+ ៣ គាត់ក៏ក្ដៅចិត្តនឹងបុរសបីនាក់ដែលស្គាល់យ៉ូបដែរ ពីព្រោះពួកគេមិនអាចតបឆ្លើយដោយសមហេតុផលទៅយ៉ូបបាន តែបែរជាថាព្រះទុច្ចរិតទៅវិញ។+ ៤ អេលីហ៊ូរង់ចាំនិយាយជាមួយនឹងយ៉ូបក្រោយគេ ដោយសារគាត់មានអាយុតិចជាងគេ។+ ៥ ពេលដែលអេលីហ៊ូឃើញថាបុរសបីនាក់នោះគ្មានពាក្យតបឆ្លើយទៅយ៉ូប គាត់ក៏ខឹងកាន់តែខ្លាំងឡើង។ ៦ រួចមក អេលីហ៊ូជាកូនរបស់បារ៉ាកែលដែលជាកូនចៅប៊ូស ចាប់ផ្ដើមនិយាយដោយពោលថា៖
«ខ្ញុំនៅក្មេង តែអ្នករាល់គ្នាចាស់ជាងខ្ញុំ។+
ដូច្នេះខ្ញុំខំទប់ចិត្តមិនវាចា ព្រោះខ្ញុំគោរពអ្នករាល់គ្នា+
ហើយមិនហ៊ានប្រាប់អ្វីដែលខ្ញុំដឹងទេ។
៧ ខ្ញុំគិតថា‹ទុកឲ្យមនុស្សចាស់និយាយ
ហើយឲ្យអ្នកដែលមានអាយុច្រើនបញ្ចេញប្រាជ្ញា›។
៨ ប៉ុន្តែ មានតែមនុស្សដែលទទួលឫទ្ធានុភាពបរិសុទ្ធនិងដង្ហើមពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតប៉ុណ្ណោះ ទើបអាចមានការយល់ដឹងបាន។+
៩ មិនមែនឲ្យតែមនុស្សមានអាយុច្រើនសុទ្ធតែមានប្រាជ្ញាទេ
ហើយមិនមែនតែមនុស្សមានវ័យចាស់ប៉ុណ្ណោះទេដែលយល់អ្វីដែលខុសនិងអ្វីដែលត្រូវ។+
១០ ហេតុនេះបានជាខ្ញុំនិយាយថា៖ ‹សូមស្ដាប់ខ្ញុំ!
ខ្ញុំក៏ចង់ប្រាប់អ្នករាល់គ្នានូវអ្វីដែលខ្ញុំដឹងដែរ›។
១១ មើល! ខ្ញុំបាននៅស្ងៀមចាំស្ដាប់សម្ដីរបស់អ្នករាល់គ្នា
ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់+ កាលដែលអ្នករាល់គ្នាខំប្រឹងរិះរកពាក្យមកវែកញែក។+
១២ ខ្ញុំបានស្ដាប់អ្នករាល់គ្នាយ៉ាងយកចិត្តទុកដាក់
ប៉ុន្តែ គ្មានអ្នកណាម្នាក់អាចបង្ហាញថាយ៉ូបបានធ្វើខុស*
ឬអាចតបសម្ដីទៅគាត់វិញបានឡើយ។
១៣ ដូច្នេះ កុំនិយាយថា‹ពួកយើងមានប្រាជ្ញា›។
ហើយកុំពោលថា‹ព្រះជាអ្នកកែតម្រង់គាត់ មិនមែនមនុស្សទេ›។
១៤ យ៉ូបមិនបាននិយាយមកកាន់ខ្ញុំទេ
ហេតុនេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់ដូចអ្នករាល់គ្នាឡើយ។
១៥ ពួកគេស្រងាកចិត្ត មិនអាចតបឆ្លើយទៀតបាន
ពួកគេអស់ពាក្យនឹងថ្លែង។
១៦ ខ្ញុំនៅចាំស្ដាប់ តែពួកគេលែងស្រដីទៀត
ពួកគេគ្រាន់តែឈរទ្រឹងមិនហាស្ដី។
១៧ ឥឡូវខ្ញុំនឹងនិយាយម្ដង
ខ្ញុំក៏ចង់ប្រាប់អ្វីដែលខ្ញុំដឹងដែរ
១៨ ខ្ញុំមានពាក្យជាច្រើនចង់និយាយ
ព្រោះឫទ្ធានុភាពរបស់ព្រះជំរុញចិត្តខ្ញុំ។
១៩ ក្នុងចិត្តខ្ញុំប្រៀបដូចជាស្រាថ្មីមួយថង់*ដែលបិទជិតហៀបនឹងផ្ទុះ។+
២០ សូមឲ្យខ្ញុំនិយាយបន្តិចដើម្បីឲ្យបានធូរចិត្ត!
សូមអ្នករាល់គ្នាស្ដាប់ពាក្យពេចន៍របស់ខ្ញុំ។
២១ ខ្ញុំនឹងមិនលម្អៀងទៅខាងអ្នកណាឡើយ+
ហើយក៏នឹងមិនបញ្ជោរអ្នកណាម្នាក់ដែរ
២២ ព្រោះខ្ញុំមិនចេះបញ្ជោរគេទេ
បើខ្ញុំធ្វើមែន ព្រះជាអ្នកបង្កើតខ្ញុំនឹងប្រល័យខ្ញុំមួយរំពេច។
៣៣ «ប៉ុន្តែឥឡូវ សូមយ៉ូបស្ដាប់ខ្ញុំ
ខ្ញុំសូមឲ្យអ្នកស្ដាប់ពាក្យទាំងអស់ដែលខ្ញុំនិយាយ។
២ មើល! ខ្ញុំត្រូវតែបើកមាត់ស្រដី
អណ្ដាតរបស់ខ្ញុំមិនអាចនៅស្ងៀមបានទេ។
៣ សម្ដីរបស់ខ្ញុំបញ្ជាក់ថាចិត្តខ្ញុំទៀងត្រង់+
ហើយបបូរមាត់ខ្ញុំនិយាយពាក្យពិតស្មោះអស់ពីចិត្ត។
៤ ឫទ្ធានុភាពរបស់ព្រះបានសូនខ្ញុំ+
ហើយដង្ហើមដែលមកពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតធ្វើឲ្យខ្ញុំមានជីវិត។+
៥ បើអ្នកអាចឆ្លើយនឹងខ្ញុំបាន សូមឆ្លើយមក
សូមអញ្ជើញលើកហេតុផលមកនិយាយជាមួយនឹងខ្ញុំចុះ។
៦ មើល! នៅចំពោះមុខព្រះដ៏ពិត ខ្ញុំក៏ដូចអ្នកដែរ
ខ្ញុំបានត្រូវបង្កើតពីដីឥដ្ឋដូចគ្នា។+
៧ ម្ល៉ោះហើយ អ្នកមិនចាំបាច់ខ្លាចខ្ញុំឡើយ
ខ្ញុំមិនប្រើសម្ដីធ្ងន់ពេកធ្វើឲ្យអ្នកព្រួយចិត្តទេ។
៨ ក៏ប៉ុន្តែ ខ្ញុំបានឮអ្វីដែលអ្នកនិយាយ
អ្នកតែងតែពោលពាក្យទាំងនេះថា៖
៩ ‹ខ្ញុំជាមនុស្សបរិសុទ្ធឥតបានប្រព្រឹត្តអំពើរំលងទេ+
ខ្ញុំស្អាតស្អំ ខ្ញុំមិនបានធ្វើខុសឡើយ។+
១០ ប៉ុន្តែ ព្រះរកមូលហេតុដើម្បីប្រឆាំងខ្ញុំ
លោកចាត់ទុកខ្ញុំជាសត្រូវរបស់លោក។+
១១ លោកដាក់ខ្នោះជើងខ្ញុំ
លោកពិនិត្យមើលខ្ញុំគ្រប់ជំហាន›។+
១២ ក៏ប៉ុន្តែ យ៉ូបនិយាយដូចនោះមិនត្រូវទេ។ ខ្ញុំសូមប្រាប់អ្នកវិញថា
ព្រះខ្ពង់ខ្ពស់ជាងមនុស្សឆ្ងាយណាស់។+
១៣ ហេតុអ្វីបានជាអ្នកតវ៉ាប្រឆាំងនឹងលោក?+
តើនេះដោយសារលោកមិនបានតបឆ្លើយមកអ្នកឬ?+
១៤ តាមពិត ព្រះបានមានប្រសាសន៍ម្ដងហើយម្ដងទៀត
តែគ្មានអ្នកណាយកចិត្តទុកដាក់ស្ដាប់ទេ
១៥ លោកបើកបង្ហាញឲ្យឃើញក្នុងសុបិននាពេលរាត្រី+
ពេលមនុស្សម្នាចូលនិទ្រាអស់
កាលដែលពួកគេលង់លក់ក្នុងដំណេក។
១៦ រួចមក លោកបើកត្រចៀករបស់ពួកគេ+
ហើយក្នុងគំនិតពួកគេ លោកបោះត្រាបញ្ជាក់សេចក្ដីណែនាំរបស់លោក
១៧ ដើម្បីកុំឲ្យមនុស្សធ្វើអំពើអាក្រក់+
និងដើម្បីកុំឲ្យគាត់មានចិត្តអំណួត។+
១៩ មនុស្សក៏រៀនមេរៀនក្នុងជីវិតដែរ
នៅពេលដែលគាត់ដេកឈឺចុកចាប់ក្នុងឆ្អឹងឥតឈប់
២០ នេះជាហេតុធ្វើឲ្យគាត់ខ្ពើមឆ្អើមអាហារ
សូម្បីតែចំណីឆ្ងាញ់ពិសាក៏គាត់មិនបរិភោគដែរ។+
២១ រូបកាយរបស់គាត់ឡើងស្គមកំព្រឹងរហូតដល់ឃើញឆ្អឹងលេចចេញមក។
២២ ជីវិតរបស់គាត់ចូលកាន់តែជិតរណ្ដៅ*
សង្ខាររបស់គាត់ស្ថិតនៅក្នុងកណ្ដាប់ដៃអ្នកពិឃាត។
២៣ ប្រសិនបើមានអ្នកនាំសារ*ម្នាក់ទៅឯគាត់
គឺម្នាក់ពីចំណោមរាប់ពាន់នាក់ ទៅប្រាប់គាត់ឲ្យដឹងអំពីអ្វីដែលត្រឹមត្រូវ
២៤ នោះព្រះនឹងបង្ហាញសេចក្ដីមេត្តាចំពោះគាត់ ហើយមានប្រសាសន៍ថា៖
‹ចូរសង្គ្រោះគាត់ កុំឲ្យគាត់ធ្លាក់ទៅក្នុងរណ្ដៅ!*+
ខ្ញុំមានថ្លៃលោះសម្រាប់គាត់ហើយ!+
២៥ ចូរឲ្យគាត់មានសាច់ឈាមស្រស់ថ្លាដូចកាលពីក្មេង+
ចូរឲ្យគាត់មានកម្លាំងដូចកាលនៅយុវវ័យវិញ›។+
២៦ គាត់នឹងអង្វរព្រះ+ ហើយលោកនឹងស្ដាប់គាត់
រួចគាត់នឹងបន្លឺសំឡេងត្រេកអរ ពេលឃើញមុខលោក
ហើយគាត់នឹងទទួលបានសេចក្ដីសុចរិតពីលោកម្ដងទៀត។
២៧ គាត់នឹងប្រកាសប្រាប់មនុស្សឯទៀតថា៖
‹ខ្ញុំបានធ្វើអំពើខុសឆ្គង+ ហើយយល់ខុសអំពីអ្វីដែលត្រូវ
តែខ្ញុំមិនបានត្រូវដាក់ទោសទេ។*
២៩ ប្រាកដមែន ព្រះធ្វើអ្វីៗទាំងអស់នេះ
លោកបានធ្វើម្ដងហើយម្ដងទៀតសម្រាប់មនុស្ស
៣០ លោកនាំគាត់ចេញពីរណ្ដៅ
ដើម្បីគាត់អាចមានជីវិតភ្លឺស្វាងឡើងវិញ។+
៣១ យ៉ូបអើយ! សូមប្រុងស្ដាប់ខ្ញុំ!
សូមនៅស្ងៀមសិន ចាំស្ដាប់ខ្ញុំនិយាយតទៅទៀត។
៣២ បើអ្នកមានអ្វីចង់និយាយ សូមតបមកចុះ។
សូមនិយាយមក ព្រោះខ្ញុំចង់បង្ហាញថាអ្នកត្រឹមត្រូវ។
៣៣ ប៉ុន្តែបើអ្នកគ្មានទេ អ្នកគួរស្ដាប់ខ្ញុំ
សូមនៅស្ងៀមសិន ខ្ញុំនឹងបង្រៀនអ្នកឲ្យមានប្រាជ្ញា»។
៣៤ ដូច្នេះ អេលីហ៊ូនិយាយបន្តទៀតថា៖
២ «ឱអស់អ្នកដែលមានប្រាជ្ញា សូមស្ដាប់សម្ដីរបស់ខ្ញុំ
សូមស្ដាប់ខ្ញុំ អស់អ្នកដែលមានចំណេះច្រើនអើយ!
៣ ព្រោះត្រចៀកគឺសម្រាប់ស្ដាប់ឲ្យដឹងពាក្យសម្ដី
ដូចអណ្ដាតគឺសម្រាប់ភ្លក់ឲ្យដឹងរសជាតិអាហារ។
៤ សូមយើងពិចារណាឲ្យដឹងថាអ្វីខុសអ្វីត្រូវ
សូមឲ្យយើងសម្រេចចិត្តជាមួយគ្នាថាអ្វីល្អអ្វីមិនល្អ។
៦ តើសមឲ្យខ្ញុំកុហកអំពីការវិនិច្ឆ័យដែលខ្ញុំគួរទទួលឬ?
ដំបៅខ្ញុំមិនជាសះស្បើយឡើយ ទោះជាខ្ញុំគ្មានកំហុសក៏ដោយ›។+
៧ តើមានអ្នកណាឲ្យដូចយ៉ូប
ដែលទទួលយកការមើលងាយដូចផឹកទឹក?
៨ គាត់សេពគប់មនុស្សអាក្រក់
ហើយរាប់អានជនទុច្ចរិត។+
៩ ព្រោះគាត់បាននិយាយថា៖ ‹គ្មានប្រយោជន៍ឡើយ
ដែលមនុស្សព្យាយាមធ្វើឲ្យព្រះពេញចិត្ត›។+
១០ ហេតុនេះ អស់អ្នកដែលមានការយល់ដឹងអើយ សូមស្ដាប់ខ្ញុំ៖
គឺមិនអាចទៅរួចឡើយដែលព្រះដ៏ពិតប្រព្រឹត្តអំពើទុច្ចរិត។+
ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតមិនធ្វើខុសជាដាច់ខាត!+
១១ ពីព្រោះលោកនឹងឲ្យរង្វាន់ដល់មនុស្សម្នាក់ស្របតាមការប្រព្រឹត្តរបស់គាត់+
ហើយឲ្យគាត់ទទួលផលតាមអ្វីដែលគាត់បានធ្វើ។
១២ ពិតប្រាកដណាស់ ព្រះមិនធ្វើអំពើទុច្ចរិតជាដាច់ខាត+
ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតមិនប្រព្រឹត្តដោយអយុត្តិធម៌ឡើយ។+
១៣ តើអ្នកណាឲ្យលោកមើលការខុសត្រូវផែនដី?
ហើយតើអ្នកណាតែងតាំងលោកឲ្យគ្រប់គ្រងពិភពលោកទាំងមូល?
១៤ បើលោកឃ្លាំមើលមនុស្សជាតិ
បើលោកដកកម្លាំងជីវិតនិងដង្ហើមពីពួកគេ+
១៦ ដូច្នេះ បើអ្នកមានការយល់ដឹង សូមផ្ចង់ចិត្តស្ដាប់ពាក្យរបស់ខ្ញុំ
សូមយកចិត្តទុកដាក់ស្ដាប់ខ្ញុំនិយាយ។
១៧ តើអ្នកដែលស្អប់យុត្តិធម៌ស័ក្តិសមធ្វើជាអ្នកគ្រប់គ្រងទេ?
តើអ្នកហ៊ានផ្ដន្ទាទោសបុគ្គលដែលប្រើអំណាចក្នុងផ្លូវសុចរិតឬទេ?
១៨ តើអ្នកនឹងនិយាយទៅស្ដេចថា‹លោកឥតបានការសោះ›
ឬហាស្ដីទៅពួកមានឋានៈខ្ពស់ថា‹អស់លោកជាមនុស្សទុច្ចរិត›ឬទេ?+
១៩ ប៉ុន្តែ ព្រះមិនលម្អៀងទៅខាងពួកអ្នកមានឋានៈខ្ពស់ឡើយ
ហើយលោកក៏មិនរើសអើងអ្នកមានឬអ្នកក្រដែរ+
ដោយសារពួកគេគ្រប់រូបជាស្នាដៃរបស់លោក។+
២០ ពួកគេអាចស្លាប់ភ្លាមៗ+នៅពាក់កណ្ដាលយប់+
ពួកគេញ័ររន្ធត់ ហើយសូន្យបាត់ទៅ
សូម្បីតែអ្នកមានអំណាចក៏វិនាសដែរ តែមិនមែនដោយដៃមនុស្សទេ។+
២១ ពីព្រោះភ្នែករបស់ព្រះឃើញការប្រព្រឹត្តរបស់មនុស្ស+
លោកមើលគ្រប់ជំហានដែលគាត់ដើរ។
២៣ ព្រោះព្រះមិនបានកំណត់ពេលឲ្យមនុស្សណាម្នាក់
មកនៅចំពោះមុខលោកដើម្បីទទួលការវិនិច្ឆ័យក្ដីទេ។
២៤ លោកបំផ្លាញពួកអ្នកមានអំណាច ដោយមិនចាំបាច់ស៊ើបអង្កេត
ហើយលោកដាក់អ្នកឯទៀតជំនួសកន្លែងពួកគេ។+
២៥ ព្រោះលោកដឹងអ្វីដែលពួកគេកំពុងធ្វើ។+
លោកផ្ដួលរំលំពួកគេនៅពេលយប់ ហើយពួកគេអន្តរាយបាត់ទៅ។+
២៦ លោកប្រហារពួកគេនៅចំពោះមុខមនុស្សទាំងឡាយ+
ដោយសារពួកគេប្រព្រឹត្តអំពើទុច្ចរិត
២៧ និងដោយសារពួកគេបែរចេញមិនធ្វើតាមលោក+
ព្រមទាំងមិនអើពើនឹងបញ្ញត្តិរបស់លោកទាល់តែសោះ។+
២៨ ពួកគេបានធ្វើឲ្យអ្នកក្រខ្សត់ស្រែកអង្វរសុំឲ្យលោកជួយ
ជាលទ្ធផល លោកឮសម្រែករបស់មនុស្សដែលគ្មានទីពឹង។+
២៩ ពេលព្រះនៅស្ងៀម តើអ្នកណាអាចស្ដីបន្ទោសលោកបាន?
ពេលលោកមិនឲ្យឃើញមុខ តើអ្នកណាអាចឃើញបាន?
យ៉ាងនោះ ទោះជាអ្នកណាឬប្រជាជាតិណាក៏ដោយសុទ្ធតែមិនអាចឃើញមុខលោក។
៣០ លោកធ្វើដូច្នេះដើម្បីកុំឲ្យមនុស្សឥតកោតខ្លាចព្រះ*អាចធ្វើជាអ្នកគ្រប់គ្រង+ ឬអាចធ្វើបាបបណ្ដាជនបាន។
៣១ តើមានអ្នកណាហ៊ាននិយាយទៅព្រះទេថា
‹ខ្ញុំមិនបានធ្វើខុសទេ តែខ្ញុំបែរជាទទួលទោសទៅវិញ។+
៣២ បើខ្ញុំបានធ្វើខុសដោយមិនដឹងខ្លួន
សូមណែនាំខ្ញុំ នោះខ្ញុំនឹងមិនធ្វើខុសម្ដងទៀតទេ›?
៣៣ តើលោកនឹងឲ្យរង្វាន់តបស្នងដល់អ្នក ដោយសារតែអ្នកបដិសេធការវិនិច្ឆ័យរបស់លោកឬ? អ្នកត្រូវសម្រេចចិត្ត មិនមែនខ្ញុំទេ។
ដូច្នេះ សូមប្រាប់ខ្ញុំនូវអ្វីដែលអ្នកស្គាល់ច្បាស់។
៣៤ មនុស្សដែលមានការយល់ដឹង
និងមនុស្សមានប្រាជ្ញាដែលស្ដាប់ខ្ញុំនិយាយ នឹងតបមកខ្ញុំថា៖
៣៥ ‹យ៉ូបពោលពាក្យដោយគ្មានចំណេះដឹង+
សម្ដីរបស់គាត់ខ្វះការយល់ធ្លុះជ្រៅ›។
៣៦ ចូរឲ្យយ៉ូបរងការល្បងល*ដល់កម្រិតខ្ពស់បំផុតចុះ
ដោយសារគាត់និយាយដូចមនុស្សទុច្ចរិត!
៣៧ គាត់មិនត្រឹមតែធ្វើខុសប៉ុណ្ណោះទេ គាត់ថែមទាំងបះបោរទៀតផង+
គាត់ទះដៃចំអកនៅចំពោះមុខយើង ហើយពោលពាក្យជាច្រើនប្រឆាំងនឹងព្រះពិត!»។+
៣៥ អេលីហ៊ូនិយាយបន្តទៀតថា៖
២ «តើអ្នកជឿជាក់ថាអ្នកត្រឹមត្រូវ រហូតដល់ហ៊ានពោលថា៖
‹ខ្ញុំសុចរិតជាងព្រះ›ឬ?+
៣ ព្រោះអ្នកស្រដីថា៖ ‹បើខ្ញុំធ្វើអ្វីដែលត្រឹមត្រូវ តើនោះសំខាន់ឬ?*
ដោយសារខ្ញុំមិនបានធ្វើខុស តើនោះបានធ្វើឲ្យជីវិតខ្ញុំប្រសើរជាងទេ?›។+
៤ ខ្ញុំនឹងតបឆ្លើយទៅអ្នក
និងពួកអ្នកដែលស្គាល់អ្នក។+
៥ ចូរងើយទៅមេឃ
ហើយសង្កេតមើលពពកលើវេហា រួចពិចារណាចុះ។+
៦ បើអ្នកប្រព្រឹត្តអំពើខុសឆ្គង តើនេះប៉ះពាល់អ្វីដល់ព្រះ?+
បើអ្នកប្រព្រឹត្តការរំលងជាច្រើន តើអ្នកអាចធ្វើបាបលោកឬ?+
៧ បើអ្នកជាមនុស្សសុចរិត តើមានផលអ្វីដល់លោក?
តើលោកនឹងបានអ្វីពីអ្នក?+
៨ បើអ្នកធ្វើអំពើទុច្ចរិត នោះជះឥទ្ធិពលទៅលើតែមនុស្សដូចគ្នា
ហើយបើអ្នកប្រព្រឹត្តអំពើសុចរិត មានតែមនុស្សជាតិប៉ុណ្ណោះដែលទទួលប្រយោជន៍។
៩ មនុស្សទាំងឡាយស្រែកថ្ងូរ ពេលរងការសង្កត់សង្កិនយ៉ាងខ្លាំង
ពួកគេស្រែកសុំការជួយសង្គ្រោះឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកមានអំណាច។+
១០ ប៉ុន្តែ គ្មានអ្នកណាស្រែកសួរថា‹តើព្រះជាអ្នកបង្កើតដ៏ឧត្ដមរបស់ខ្ញុំនៅឯណា?+
លោកដែលធ្វើឲ្យមានសូរសំឡេងច្រៀងនៅពេលយប់+ម្ដេចបានជាមិនឃើញលោក?›។
១១ លោកបង្រៀនយើង+ឲ្យមានចំណេះច្រើនជាងសត្វនានានៅលើដី+
ហើយលោកបង្កើតយើងឲ្យមានប្រាជ្ញាច្រើនជាងបក្សាបក្សីនៅលើអាកាស។
១២ មនុស្សស្រែកសុំលោកឲ្យជួយ តែលោកមិនតប+
ព្រោះតែពួកគេមានចិត្តអំណួតនិងប្រព្រឹត្តអំពើទុច្ចរិត។+
១៣ ព្រះច្បាស់ជាមិនស្ដាប់អ្នកដែលស្រែកយំដោយគ្មានចិត្តស្មោះ*ទេ+
ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។
១៤ ដូច្នេះ ពេលអ្នកនិយាយថាមិនឃើញព្រះអើពើនឹងអ្នកសោះ
តើលោកនឹងស្ដាប់ពាក្យត្អូញត្អែររបស់អ្នកឬ?+
លោកនឹងវិនិច្ឆ័យរឿងក្ដីរបស់អ្នក ដូច្នេះសូមអ្នករង់ចាំសិន។+
១៥ ពីព្រោះលោកមិនបានខឹង ហើយដាក់ទោសអ្នកទេ
ហើយលោកក៏មិនបានប្រកាន់នឹងសម្ដីជ្រុលហួសរបស់អ្នកដែរ។+
១៦ យ៉ូបចេះតែបើកមាត់ធំឥតបានការ
គាត់ពោលពាក្យច្រើនសុទ្ធតែគ្មានខ្លឹមសារ»។+
៣៦ អេលីហ៊ូស្រដីបន្ថែមទៀតថា៖
២ «សូមអត់ធ្មត់ស្ដាប់ខ្ញុំពន្យល់បន្តិចសិន
ព្រោះខ្ញុំនៅមានពាក្យពេចន៍ជាច្រើនដែលត្រូវនិយាយតាងនាមព្រះ។
៣ ខ្ញុំនឹងរៀបរាប់យ៉ាងក្បោះក្បាយអំពីអ្វីដែលខ្ញុំដឹង
ហើយខ្ញុំនឹងប្រកាសសេចក្ដីសុចរិតរបស់ព្រះដែលបង្កើតខ្ញុំ។+
៤ សម្ដីរបស់ខ្ញុំគឺជាពាក្យពិតឥតភូតភរ
ពាក្យទាំងនេះមកពីលោកដែលមានចំណេះសព្វគ្រប់។+
៥ ប្រាកដណាស់ ព្រះមានឫទ្ធានុភាពខ្លាំងក្លា+ហើយលោកមិនដែលមើលងាយអ្នកណាម្នាក់ឡើយ
ឯការយល់ដឹងរបស់លោកវិញ នោះជ្រាលជ្រៅខ្លាំងណាស់។
៦ លោកនឹងមិនទុកជីវិតឲ្យមនុស្សទុច្ចរិតឡើយ+
ប៉ុន្តែ លោកផ្ដល់យុត្តិធម៌ដល់មនុស្សដែលរងទុក្ខវេទនា។+
៧ លោករមែងមើលមនុស្សសុចរិត+ ហើយលោកឲ្យពួកគេគ្រប់គ្រងជាស្ដេច*+
ពួកគេទទួលបានកិត្តិយសជារៀងរហូត។
៨ ប៉ុន្តែ បើពួកគេរងទុក្ខលំបាកប្រៀបដូចជាជាប់ចំណងឬជាប់ខ្នោះ
៩ លោកនឹងបើកបង្ហាញឲ្យពួកគេដឹងអំពីទង្វើរបស់ខ្លួន
ពួកគេប្រព្រឹត្តអំពើខុសឆ្គង ដោយសារតែចិត្តអំណួត។
១០ លោកបើកត្រចៀកពួកគេឲ្យស្ដាប់ការប្រដៅតម្រង់
ហើយប្រាប់ពួកគេឲ្យជៀសចេញពីការប្រព្រឹត្តអំពើខុសឆ្គង។+
១១ បើពួកគេស្ដាប់បង្គាប់ហើយបម្រើលោក
ជីវិតពួកគេនឹងជួបតែភាពចម្រុងចម្រើន
និងមានសុភមង្គលរហូតដល់មរណា។+
១២ ប៉ុន្តែ បើពួកគេមិនស្ដាប់បង្គាប់ ពួកគេនឹងបាត់បង់ជីវិតដោយមុខដាវ*+
ហើយស្លាប់ទៅទាំងគ្មានចំណេះដឹង។
១៣ មនុស្សឥតកោតខ្លាចព្រះ*ចេះតែមានគំនុំគុំកួន
សូម្បីតែលោកដាក់ទោសពួកគេ ក៏ពួកគេមិនស្រែកសុំអ្នកណាឲ្យជួយដែរ។
១៥ ប៉ុន្តែព្រះសង្គ្រោះមនុស្ស អំឡុងពេលដែលពួកគេជួបទុក្ខវេទនា
លោកបើកត្រចៀកពួកគេ ពេលពួកគេរងការសង្កត់សង្កិន។
១៦ លោកទាញអ្នកចេញពីទុក្ខដ៏សែនធ្ងន់+
ហើយនាំទៅដល់កន្លែងធំទូលាយដែលមានសេរីភាព+
ទាំងមានអាហារបរិបូរនៅលើតុដើម្បីជាការសម្រាលទុក្ខដល់អ្នក។+
១៧ រួចអ្នកនឹងពេញចិត្តចំពោះការវិនិច្ឆ័យទោសមនុស្សទុច្ចរិត+
ពេលការវិនិច្ឆ័យនោះបានត្រូវធ្វើឡើងដោយយុត្តិធម៌។
១៨ ប៉ុន្តែ សូមប្រយ័ត្នកុំឲ្យកំហឹងបណ្ដាលឲ្យអ្នកចងគំនុំ+
ហើយកុំឲ្យអ្នកវង្វេងចេញដោយសារសំណូកយ៉ាងធំឡើយ។
១៩ តើការស្រែកសុំជំនួយឬការខំព្យាយាមរបស់អ្នក
នឹងជួយអ្នកឲ្យជៀសផុតពីទុក្ខលំបាកឬ?+
២០ កុំចង់ឲ្យយប់ឆាប់មកដល់ឡើយ
ព្រោះនោះជាពេលដែលមនុស្សត្រូវបាត់ពីកន្លែងរបស់ពួកគេ។
២១ ចូរអ្នកប្រយ័ត្នកុំបែរទៅធ្វើអាក្រក់
កុំគិតថានោះល្អជាងការរងទុក្ខវេទនាឲ្យសោះ។+
២២ មើល! ព្រះបានត្រូវសរសើរតម្កើងដោយសារលោកមានឫទ្ធានុភាព។
តើមានអ្នកបង្រៀនណាអាចប្រៀបផ្ទឹមនឹងលោកបាន?
២៣ ពេលលោកធ្វើអ្វីមួយ តើមានអ្នកណាអាចជំទាស់*លោកបាន?+
ឬតើមានអ្នកណាហ៊ានប្រាប់លោកថា‹អ្វីដែលលោកធ្វើគឺខុស›?+
២៥ មនុស្សជាតិទាំងឡាយបានឃើញកិច្ចការទាំងនោះ
ពួកគេមើលអ្វីទាំងនោះពីចម្ងាយ។
២៦ ព្រះគឺខ្ពង់ខ្ពស់ហួសពីការដែលយើងអាចយល់បាន+
២៨ រួចពពកបង្អុរភ្លៀងចុះមក+ស្រោចស្រពលើមនុស្សគ្រប់ប្រាណ។
២៩ តើអ្នកណាអាចយល់អំពីស្រទាប់ពពក
ឬអំពីផ្គរលាន់ដែលឮចេញពីលំនៅរបស់លោកបាន?+
៣០ មើល! លោកគ្របលំនៅរបស់លោកដោយផ្លេកបន្ទោរ+
ហើយឲ្យទឹកគ្របដណ្ដប់លើបាតសមុទ្រ។
៣១ លោកទ្រទ្រង់មនុស្សដោយអ្វីៗទាំងនេះ
លោកផ្គត់ផ្គង់អាហារយ៉ាងបរិបូរដល់ពួកគេ។+
៣២ លោកកាន់រន្ទះ
ហើយតម្រង់បាញ់ឲ្យចំគោលដៅ។+
៣៣ ផ្គរលាន់ប្រកាសអំពីលោក
សូម្បីតែហ្វូងសត្វក៏ប្រាប់ថាលោក*កំពុងមកដែរ។
៣៧ «ហេតុនេះហើយបានជាចិត្តខ្ញុំភ័យញាប់ញ័រ
បេះដូងខ្ញុំស្ទើរតែលោតចេញមកក្រៅ។
២ ចូរយកចិត្តទុកដាក់ស្ដាប់សូរខ្ទរខ្ទាររបស់លោក
និងសំឡេងផ្គរលាន់ដែលចេញពីមាត់របស់លោកមក។
៣ លោកបញ្ចេញសំឡេងគ្រហឹមខ្ទរពេញផ្ទៃមេឃ
ហើយធ្វើឲ្យមានផ្លេកបន្ទោរ+ភ្លឺឆ្វាចពេញផែនដី។
៤ រួចក៏មានសូរកងរំពងចេញមក
លោកបន្លឺសំឡេងផ្គរលាន់ដែលពោរពេញទៅដោយភាពរុងរឿង+
ពេលដែលសំឡេងលោកលាន់ឮ លោកមិនបានទប់ផ្លេកបន្ទោរទេ។
៥ ព្រះបញ្ចេញផ្គរលាន់+យ៉ាងអស្ចារ្យ
លោកធ្វើកិច្ចការធំក្រៃលែងដែលហួសពីការយល់ដឹងរបស់យើង។+
៦ ព្រោះលោកមានប្រសាសន៍ទៅព្រិលថា៖ ‹ចូរធ្លាក់ទៅលើផែនដី›+
ហើយស្រដីទៅភ្លៀងថា៖ ‹ចូរធ្លាក់ឲ្យខ្លាំងចុះ›។+
៧ ព្រះបញ្ឈប់កិច្ចការទាំងអស់របស់មនុស្សជាតិ
ដើម្បីឲ្យពួកគេដឹងអំពីស្នាដៃរបស់លោក។
៨ ពពួកសត្វព្រៃនាំគ្នាចូលទៅក្នុងរូង
ហើយពួកវានៅតែក្នុងលំនៅរបស់ពួកវាប៉ុណ្ណោះ។
១១ លោកផ្ទុកចំហាយទឹកពេញក្នុងពពក
ហើយពីក្នុងពពក លោកកម្ចាយផ្លេកបន្ទោរ+ចេញមក។
១២ ពពកវិលរសាត់តាមបង្គាប់របស់លោក
គឺវិលអណ្ដែតក្នុងវេហាលើផែនដី តាមដែលលោកបញ្ជា។+
១៣ លោកធ្វើឲ្យអ្វីៗទាំងនេះកើតឡើងដើម្បីដាក់ទោស+ឬដើម្បីឲ្យមានភ្លៀងធ្លាក់លើធរណី
ឬដើម្បីបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក។+
១៤ យ៉ូបអើយ! សូមស្ដាប់ពាក្យទាំងនេះ
សូមផ្អាកបន្តិច ហើយពិចារណាឲ្យបានដិតដល់អំពីកិច្ចការដ៏អស្ចារ្យទាំងប៉ុន្មានរបស់ព្រះ។+
១៥ តើអ្នកដឹងទេថាព្រះបញ្ជាពពកតាមរបៀបណា?
ហើយតើលោកធ្វើឲ្យមានផ្លេកបន្ទោរបាញ់ពន្លឺព្រាកៗយ៉ាងដូចម្ដេច?
១៦ តើអ្នកដឹងទេថាពពកអណ្ដែតត្រសែតតាមរបៀបណា?+
ស្នាដៃដ៏អស្ចារ្យទាំងនេះគឺមកពីព្រះដែលមានចំណេះសព្វគ្រប់។+
១៧ ពេលដែលខ្យល់ពីទិសខាងត្បូងនាំឲ្យផែនដីស្ងប់ស្ងាត់+
ហេតុអ្វីសម្លៀកបំពាក់នៅខ្លួនអ្នកបែរទៅជាក្ដៅ?
១៨ លោកបានបង្កើតផ្ទៃមេឃយ៉ាងរឹងមាំ+ប្រៀបដូចជាកញ្ចក់លោហៈ
តើអ្នកអាចធ្វើដូច្នេះបានទេ?
១៩ សូមប្រាប់មកថាយើងគួរនិយាយយ៉ាងណាទៅកាន់លោក។
ដោយសារយើងស្ថិតនៅក្នុងភាពងងឹត ដូច្នេះយើងមិនអាចឆ្លើយបានទេ។
២០ តើខ្ញុំគួរជម្រាបលោកថាខ្ញុំចង់និយាយអ្វីឬ?
តើមានអ្នកណាធ្លាប់និយាយអ្វីមួយសំខាន់ដល់ម្ល៉េះ បានជាលោកត្រូវស្ដាប់ឬ?+
២១ ពួកគេមិនអាចមើលឃើញពន្លឺ*ឡើយ
ទាល់តែខ្យល់បក់ផាត់ពពកឲ្យទៅបាត់ ទើបមេឃភ្លឺស្រឡះបាន។
២២ មានពន្លឺរស្មីពណ៌មាសចេញពីទិសខាងជើង
បង្ហាញនូវភាពឧត្តុង្គឧត្តមរបស់ព្រះ+ដែលគួរឲ្យស្ញែងខ្លាច។
២៣ យើងមិនអាចយល់អំពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានទេ+
លោកមានអំណាចខ្លាំងលើសលប់+
២៤ ម្ល៉ោះហើយ មនុស្សជាតិគួរកោតខ្លាចលោក+
ព្រោះលោកមិនពេញចិត្តចំពោះអ្នកដែលគិតថាខ្លួនមានប្រាជ្ញានោះឡើយ»។+
៣៨ រួចមក ព្រះយេហូវ៉ាមានប្រសាសន៍ពីក្នុងខ្យល់ព្យុះទៅកាន់យ៉ូបថា៖+
២ «តើអ្នកណានេះដែលធ្វើឲ្យមានការសង្ស័យទៅលើគោលបំណងរបស់ខ្ញុំ
ហើយនិយាយដោយគ្មានចំណេះដឹងដូច្នេះ?+
៣ សូមត្រៀមខ្លួនជាស្រេចដូចបុរសខ្លាំងក្លា
ព្រោះខ្ញុំនឹងសួរសំណួរអ្នក ហើយអ្នកត្រូវឆ្លើយមកខ្ញុំវិញ។
៤ ពេលដែលខ្ញុំបង្កើតផែនដី តើអ្នកនៅឯណា?+
សូមប្រាប់ខ្ញុំមក បើអ្នកគិតថាអ្នកយល់អំពីរឿងនោះ។
៥ តើអ្នកដឹងទេថាអ្នកណាកំណត់ទំហំផែនដី?
ហើយតើអ្នកណាទាញខ្សែវាស់ផែនដី?
៦ តើគ្រឹះផែនដីបានត្រូវដាក់លើអ្វី? តើអ្នកណាបញ្ចុះសសរផែនដី?+
៨ តើអ្នកណាដាក់របាំងទប់សមុទ្រ+
ពេលដែលទឹកសមុទ្រធ្លាយចេញមក ដូចជាកូនកើតចេញពីផ្ទៃម្ដាយ?
៩ តើអ្នកនៅឯណា ពេលខ្ញុំគ្របដណ្ដប់សមុទ្រដោយពពក
ហើយរុំសមុទ្រក្នុងពពកក្រាស់?
១០ ពេលខ្ញុំដាក់ព្រំដែនលើសមុទ្រ
ហើយដាក់ទ្វារនិងរនុក+
១១ ព្រមទាំងបង្គាប់ថា៖ ‹អ្នកអាចមកត្រឹមនេះប៉ុណ្ណោះមិនអាចទៅឆ្ងាយជាងនេះទេ
រលកធំសម្បើមរបស់អ្នកត្រូវឈប់នៅត្រង់នេះ›+ តើពេលនោះអ្នកនៅឯណា?
១២ តើអ្នកធ្លាប់បញ្ជាទៅព្រឹកព្រលឹម
ឬប្រាប់ថ្ងៃរះថាត្រូវលេចឡើងនៅកន្លែងណា+
១៣ ដើម្បីឲ្យភ្លឺដល់ចុងផែនដី
ហើយបណ្ដេញមនុស្សទុច្ចរិតចេញឬទេ?+
១៤ ផែនដីផ្លាស់ប្រែដូចជាដីឥដ្ឋដែលបានត្រូវបោះត្រា
រួចក៏លេចទ្រង់ទ្រាយឡើងប្រៀបដូចជាក្បាច់រចនានៅលើសម្លៀកបំពាក់។
១៥ ប៉ុន្តែ ពន្លឺរបស់ជនទុច្ចរិតបានត្រូវយកចេញ
ហើយដៃរបស់ពួកគេដែលធ្លាប់តែលើកឡើងបានត្រូវបំបាក់។
១៦ តើអ្នកធ្លាប់ចុះទៅឯប្រភពទឹកសមុទ្រ
ឬធ្លាប់ទៅដល់ទីជ្រៅបំផុតក្នុងសមុទ្រឬទេ?+
១៧ តើមានអ្នកណាធ្លាប់បើកបង្ហាញទ្វារនៃសេចក្ដីស្លាប់+ឲ្យអ្នកឃើញឬទេ?
តើអ្នកធ្លាប់ឃើញទ្វារនៃភាពងងឹតសូន្យសុង*ឬទេ?+
២០ តើអ្នកអាចនាំវាទៅឯជម្រករបស់វាឬអ្នកស្គាល់ផ្លូវទៅឯលំនៅរបស់វាឬទេ?
២១ តើអ្នកដឹងរឿងនេះដោយសារពេលនោះអ្នកបានកើតមកហើយ
ឬក៏ដោយសារអ្នកមានអាយុច្រើនជាងអ្វីទាំងនោះឬ?
២២ តើអ្នកបានចូលទៅក្នុងជង្រុកព្រិល+ឬបានឃើញឃ្លាំងដុំព្រិល+
២៤ តើពន្លឺ*ជះរស្មីចេញពីទិសខាងណា?
ចំណែកខ្យល់ពីទិសខាងកើតដែលបក់ផាត់មកលើផែនដី តើវាមកពីកន្លែងណា?+
២៥ តើអ្នកណាធ្វើគន្លងសម្រាប់ពពកដើម្បីឲ្យមានទឹកជំនន់?
តើអ្នកណាដាក់ផ្លូវឲ្យពពកខ្មៅក្រាស់និងផ្គរលាន់?+
២៦ តើអ្នកណាបង្អុរភ្លៀងមកលើកន្លែងដែលគ្មានមនុស្សរស់នៅ
ហើយមកលើតំបន់ស្ងាត់ជ្រងំដែលគ្មានលំនៅរបស់មនុស្ស+
២៧ ដើម្បីឲ្យដីដែលបានត្រូវបំផ្លិចបំផ្លាញបានសើមជោកជាំ
ហើយធ្វើឲ្យស្មៅលាស់ខ្ចី?+
២៩ តើទឹកកកកើតចេញពីអ្នកណា?
តើអ្នកណាធ្វើឲ្យមេឃធ្លាក់សន្សើមមកកក?+
៣០ តើអ្នកណាធ្វើឲ្យទឹកប្រែទៅដូចជាថ្ម
ហើយធ្វើឲ្យផ្ទៃទឹកដ៏សែនជ្រៅទៅជាកករឹង?+
៣២ តើអ្នកអាចនាំក្រុមផ្កាយឲ្យចេញមកតាមរដូវកាល
ឬនាំផ្លូវកញ្ចុំផ្កាយអែសនិងកូនៗរបស់វាបានឬ?
៣៣ តើអ្នកស្គាល់ច្បាប់ដែលគ្រប់គ្រងអ្វីៗនៅលើមេឃទេ?+
តើអ្នកអាចធ្វើឲ្យច្បាប់ទាំងនោះមានអំណាចលើផែនដីបានឬ?
៣៤ តើអ្នកអាចបន្លឺសំឡេងបញ្ជាទៅពពក
ដើម្បីឲ្យបង្អុរភ្លៀងដូចហែកមេឃមកលើអ្នកឬទេ?+
៣៥ តើអ្នកអាចចាត់ផ្លេកបន្ទោរឲ្យបាញ់ពន្លឺឆ្វាចបានទេ?
តើពួកវានឹងត្រឡប់មកប្រាប់អ្នកថា‹យើងមកវិញហើយ!›ឬ?
៣៧ តើអ្នកណាមានប្រាជ្ញាល្មមនឹងរាប់ចំនួនពពក?
ឬតើអ្នកណាអាចផ្អៀងពពកដូចផ្អៀងក្អមចាក់ទឹកបាន?+
៣៨ តើអ្នកណាធ្វើឲ្យធូលីទៅជាភក់
ហើយឲ្យដុំដីស្អិតជាប់គ្នា?
៣៩ តើអ្នកអាចបរបាញ់រកចំណីឲ្យសត្វតោ
ឬបំពេញការស្រេកឃ្លានរបស់តោស្ទាវបានទេ?+
៤០ ពេលដែលពួកវាក្រាបសម្ងំក្នុងរូង
ឬពេលដែលពួកវាពួនចាំសង្គ្រុប តើអ្នកអាចឲ្យចំណីពួកវាបានទេ?
៤១ តើអ្នកណាផ្ដល់ចំណីដល់សត្វក្អែក+
ពេលកូនៗរបស់វាស្រែកសុំឲ្យព្រះជួយ
ហើយហើរចុះហើរឡើងព្រោះគ្មានអាហារ?
៣៩ «តើអ្នកដឹងទេថាពពែភ្នំកើតកូននៅពេលណា?+
តើអ្នកធ្លាប់មើលក្ដាន់ញីកើតកូនទេ?+
២ តើអ្នកដឹងទេថាពួកវាត្រូវផើមអស់ប៉ុន្មានខែ?
តើអ្នកដឹងឬទេថា ពេលណាពួកវាបង្កើតកូន?
៣ ពេលកើតកូន ពួកវាចំកោងខ្លួន
រួចក៏លែងមានការឈឺចាប់ទៀត។
៤ កូនរបស់ពួកវាកាន់តែរឹងមាំ ហើយធំធាត់ឡើងនៅឯវាល
ក្រោយមកកូនរបស់ពួកវាចេញបាត់ទៅ ហើយមិនត្រឡប់មកវិញឡើយ។
៥ តើនរណាឲ្យលាព្រៃមានសេរីភាព?+
ហើយតើនរណាស្រាយចំណងឲ្យលាព្រៃ?
៦ ខ្ញុំបានឲ្យតំបន់ស្ងាត់ជ្រងំជាលំនៅដល់ពួកវា
ហើយឲ្យពួកវាអាស្រ័យនៅក្នុងទឹកដីអំបិល។
៧ វាមើលងាយក្រុងដែលមានសភាពអ៊ូអរ
វាមិនឮសំឡេងមនុស្សស្រែកបញ្ជាឲ្យវាធ្វើការទេ។
៨ វាដើរចរច្រប់តាមដងភ្នំ ដើម្បីស្វែងរកវាលស្មៅ
វាខំរកមើលអស់ទាំងរុក្ខជាតិខៀវខ្ចី។
៩ តើគោព្រៃ*នឹងព្រមនៅបម្រើអ្នកទេ?+
តើវានឹងនៅក្នុងក្រោលរបស់អ្នកនៅពេលយប់ឬ?
១០ តើអ្នកអាចចងគោព្រៃ ហើយបង្ខំវាឲ្យភ្ជួរដីធ្វើគន្លងបានទេ?
តើវានឹងតាមអ្នកទៅជ្រលងភ្នំដើម្បីរាស់ដីឬ?
១១ តើអ្នកនឹងទុកចិត្តកម្លាំងខ្លាំងក្លារបស់វា
ហើយឲ្យវាធ្វើកិច្ចការធ្ងន់ជំនួសអ្នកឬ?
១២ តើអ្នកនឹងពឹងវាឲ្យដឹកភោគផលត្រឡប់មកវិញទេ?
តើវានឹងប្រមូលស្រូវទៅឯលានបញ្ជាន់ស្រូវឲ្យអ្នកឬ?
១៣ ចំណែកសត្វអូទ្រីសវិញ វាទទះស្លាបដោយក្ដីរីករាយ
ប៉ុន្តែ តើស្លាបនិងចំអេងរបស់អូទ្រីសអាចប្រៀបនឹងស្លាបរបស់សត្វកុកបានទេ?+
១៤ អូទ្រីសពងលើដី ហើយវាទុកស៊ុតក្នុងដីឲ្យកក់ក្ដៅ។
១៥ ប៉ុន្តែ វាភ្លេចគិតថាអាចមានមនុស្សដើរជាន់បំបែក
ឬក៏អាចមានសត្វព្រៃមកជញ្ជ្រំពងរបស់វា។
១៦ វាមិនអើពើនឹងកូនវាទេ ហាក់ដូចជាមិនមែនកូនរបស់វា+
វាមិនខ្លាចថាកូនវាអាចស្លាប់នោះទេ។
១៧ ព្រោះព្រះមិនបានឲ្យប្រាជ្ញាដល់វាឡើយ
ហើយក៏មិនបានឲ្យវាមានការយល់ដឹងដែរ។
១៨ ប៉ុន្តែ ពេលវាទទះស្លាបរត់
វាសើចចំអកឲ្យសេះនិងអ្នកជិះសេះ។
១៩ តើអ្នកឬដែលឲ្យសេះមានកម្លាំង?+
តើអ្នកឬដែលធ្វើឲ្យកសេះមានរោមដ៏វែងស្អាត?
២០ តើអ្នកអាចឲ្យវាលោតដូចកណ្ដូបបានទេ?
សំឡេងខ្យល់ពីច្រមុះរបស់វាខ្លាំងគួរឲ្យខ្លាច។+
២២ វាសើចឡកឡឺយឲ្យសេចក្ដីភ័យរន្ធត់ វាគ្មានការតក់ស្លុតអ្វីសោះ។+
វាមិនរាថយនៅចំពោះមុខដាវឡើយ។
២៣ មានឮសូរក្រឹកៗចេញពីបំពង់ព្រួញនៅលើខ្លួនវា
ថែមទាំងមានពន្លឺព្រាកៗចេញពីលំពែងនិងលំពែងខ្លីទៀតផង។
២៤ វាកញ្ជ្រោលខ្លួន ហើយស្ទុះបោលទៅ
ពេលឮសំឡេងផ្លុំស្នែង វាមិនអាចនៅស្ងៀមបានទេ។*
២៥ ពេលឮគេផ្លុំស្នែង វាក៏កញ្ជ្រៀវឡើងយ៉ាងខ្លាំង
វាដឹងក្លិនចម្បាំងពីចម្ងាយ
ទាំងឮសំឡេងស្រែករបស់មេបញ្ជាការនិងសម្រែកចូលច្បាំង។+
២៦ តើអ្នកឬដែលបានបង្ហាត់ឲ្យសត្វស្ទាំងចេះសំកាំង?
តើអ្នកបានបង្រៀនវាឲ្យហោះទៅទិសខាងត្បូងឬ?
២៨ លុះយប់ឡើង វានៅតាមច្រាំងភ្នំ
វារស់នៅតាមគែមភ្នំ តើនេះដោយសារតែអ្នកបញ្ជាវាឬ?
២៩ ពីទីនោះ វារំពៃរកចំណី។+
ភ្នែករបស់វាមើលឃើញឆ្ងាយ។
៣០ កូនរបស់វាជញ្ជក់ឈាមជាអាហារ
ហើយកន្លែងណាមានសាកសព កន្លែងនោះមានវា»។+
៤០ ព្រះយេហូវ៉ាបន្តមានប្រសាសន៍ទៅយ៉ូបថា៖
២ «តើមនុស្សគួរចាប់កំហុសព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត ហើយប្រកែកតវ៉ានឹងព្រះឬ?+
ចូរឲ្យអ្នកដែលចង់ប្រដៅតម្រង់ព្រះ និយាយមកចុះ»។+
៣ យ៉ូបឆ្លើយទៅព្រះយេហូវ៉ាថា៖
៤ «មើល! ខ្ញុំតូចទាបណាស់+
ខ្ញុំសុខចិត្តបិទមាត់របស់ខ្ញុំវិញ+
ព្រោះខ្ញុំមិនអាចតបឆ្លើយទៅលោកបានឡើយ។
៥ ខ្ញុំបានស្រដីច្រើនដងមកហើយ
តែឥឡូវនេះខ្ញុំនឹងមិននិយាយអ្វីទៀតទេ»។
៦ រួចព្រះយេហូវ៉ាមានប្រសាសន៍ពីក្នុងខ្យល់ព្យុះទៅកាន់យ៉ូបថា៖+
៧ «សូមត្រៀមខ្លួនជាស្រេចដូចបុរសខ្លាំងក្លា
ព្រោះខ្ញុំនឹងសួរសំណួរអ្នក ហើយអ្នកត្រូវឆ្លើយមកខ្ញុំវិញ។+
៨ តើអ្នកគិតថាខ្ញុំមិនយុត្តិធម៌*ឬ?
តើអ្នកនឹងផ្ដន្ទាទោសខ្ញុំដើម្បីបង្ហាញថាអ្នកត្រឹមត្រូវឬ?+
៩ តើអ្នកមានកម្លាំងខ្លាំងក្លាដូចព្រះពិតឬទេ?+
ឬតើសំឡេងរបស់អ្នកអាចលាន់រន្ទឺដូចសំឡេងផ្គរលាន់របស់លោកទេ?+
១០ សូមបង្ហាញភាពរុងរឿងនិងអំណាចរបស់អ្នក
ហើយសូមបង្ហាញភាពថ្លៃថ្នូរនិងភាពឧត្តុង្គឧត្តមរបស់អ្នកមក។
១១ ចូរបញ្ចេញកំហឹងរបស់អ្នក
ចូរមើលអស់អ្នកដែលមានអំណួត ហើយធ្វើឲ្យពួកគេអាប់ឱន។
១២ ចូរមើលអស់អ្នកដែលមានអំណួត ហើយបន្ទាបពួកគេ
ចូរជាន់ឈ្លីមនុស្សទុច្ចរិតនៅនឹងកន្លែង។
១៣ ចូរកប់ពួកគេទាំងអស់នៅក្នុងដី
ហើយចងពួកគេ*ទុកក្នុងទីងងឹត
១៤ នោះខ្ញុំនឹងទទួលស្គាល់*ថាដៃស្ដាំរបស់អ្នកអាចសង្គ្រោះខ្លួនអ្នកបាន។
១៥ សូមពិចារណាអំពីដំរីទឹក ខ្ញុំបានបង្កើតវាដូចខ្ញុំបានបង្កើតអ្នកដែរ។
វាស៊ីស្មៅដូចគោឈ្មោល។
១៦ សូមសង្កេតមើលកម្លាំងនៅត្រគាករបស់វា
និងភាពរឹងមាំក្នុងសាច់ដុំពោះរបស់វាចុះ!
១៧ កន្ទុយរបស់វារឹងដូចដើមស៊ីដារ។
ឯសរសៃភ្លៅរបស់វាវេញចូលគ្នា។
១៨ ឆ្អឹងរបស់វាដូចបំពង់ស្ពាន់។
ចំណែកអវយវៈរបស់វាប្រៀបដូចជាដំបងដែក។
១៩ ក្នុងចំណោមសត្វបែបនេះ វាជាស្នាដៃដំបូងនិងអស្ចារ្យបំផុតរបស់ព្រះ
មានតែអ្នកបង្កើតវាប៉ុណ្ណោះដែលអាចសម្លាប់វាបាន។
២០ ភ្នំនានាមានអាហារសម្រាប់វា។ សត្វព្រៃទាំងអស់ប្រឡែងគ្នាលេងនៅទីនោះ។
២១ វាដេកក្រោមគុម្ពឈើ
គឺជ្រកតាមដើមត្រែងក្នុងដីភក់។
២២ គុម្ពឈើផ្ដល់ម្លប់ឲ្យវា
ហើយវានៅកណ្ដាលដើមឈើដែលដុះតាមជ្រលងភ្នំ។
២៣ ទោះជាទឹកទន្លេកួចខ្លាំងយ៉ាងណាក៏ដោយ ក៏វាមិនតក់ស្លុតដែរ។
វាមិនភិតភ័យទាល់តែសោះ ពេលទឹកទន្លេយ៉ូដាន់+ហូរគំហុកបុកមាត់វា។
២៤ កាលដែលវាសម្លឹងមើល តើមានអ្នកណាអាចចាប់វាបាន?
តើអ្នកណាហ៊ានទៅខ្លុះច្រមុះរបស់វា?
២ តើអ្នកអាចយកខ្សែខ្លុះច្រមុះវាឬដាក់កន្លុះថ្គាមរបស់វាបានទេ?
៣ តើវានឹងអង្វរករអ្នកឬនិយាយទន់ភ្លន់ទៅកាន់អ្នកឬ?
៤ តើវានឹងចុះកិច្ចព្រមព្រៀងជាមួយនឹងអ្នក
ដើម្បីធ្វើជាខ្ញុំបម្រើរបស់អ្នកអស់មួយជីវិតឬ?
៥ តើអ្នកហ៊ានលេងជាមួយនឹងវាដូចលេងជាមួយនឹងសត្វស្លាប
ឬក៏ចងវាទុកឲ្យកូនស្រីរបស់អ្នកមើលកម្សាន្តទេ?
៦ តើពួកឈ្មួញនឹងជួញដូរវាទេ?
តើពួកគេនឹងយកវាទៅចែកគ្នាទេ?
៧ តើអ្នកហ៊ានយកស្នចាក់ស្បែករបស់វា+ឬយកលំពែងទម្លុះក្បាលវាទេ?
៨ បើអ្នកយកដៃពាល់វា នោះវាច្បាស់ជាតទល់នឹងអ្នក
រហូតដល់អ្នករាងចាលលែងហ៊ានប៉ះវាម្ដងទៀត!
៩ កុំសង្ឃឹមឲ្យសោះថាអ្នកអាចបង្ក្រាបវាបាន
គ្រាន់តែក្រឡេកឃើញវា អ្នកក៏ភ័យស្លុតទៅហើយ។
១០ គ្មាននរណាហ៊ានរំខានវាទេ
បើដូច្នេះ តើនរណាហ៊ានប្រឈមមុខនឹងខ្ញុំ?+
១១ តើមានអ្នកណាដែលបានឲ្យអ្វីមកខ្ញុំមុនដើម្បីជាហេតុឲ្យខ្ញុំតបស្នងទៅគេវិញ?+
ព្រោះអ្វីៗទាំងអស់ដែលនៅក្រោមមេឃជារបស់ខ្ញុំ។+
១២ ខ្ញុំចង់និយាយថែមទៀតអំពីជើងរបស់វា
អំពីកម្លាំងខ្លាំងក្លា និងអំពីរាងកាយដ៏អស្ចារ្យរបស់វា។
១៣ តើអ្នកណាអាចពន្លាត់ស្បែកដ៏ក្រាស់របស់វាបាន?
តើអ្នកណាហ៊ានចូលទៅជិតមាត់*វា?
១៤ តើនរណាអាចបើកមាត់របស់វាបាន?
ធ្មេញទាំងអស់របស់វាគួរឲ្យខ្លាចខ្លាំងណាស់។
១៥ ខ្នងរបស់វាមានស្រកាដុះជាជួរ* ហើយស្អិតជាប់គ្នាល្មួត។
១៦ ស្រកានីមួយៗជាប់គ្នាខ្លាំងដល់ម្ល៉េះ
រហូតដល់ខ្យល់មិនអាចចូលបានឡើយ។
១៧ ស្រការបស់វាតោងគ្នាស្អិត
មិនអាចផ្ដាច់ចេញពីគ្នាបានទេ។
១៨ ពេលវាបញ្ចេញខ្យល់តាមច្រមុះ នោះមានពន្លឺភ្លឺផ្លេកចេញមក
ហើយភ្នែករបស់វាដូចជារស្មីនាវេលាថ្ងៃរះ។
១៩ មានពន្លឺផ្លេកបន្ទោរចេញពីមាត់របស់វា
ហើយក៏មានផ្កាភ្លើងព្រោងព្រាតចេញមកដែរ។
២០ មានផ្សែងហុយចេញពីច្រមុះរបស់វា
ប្រៀបដូចជាឡកំពុងឆេះក្ដៅ។*
២១ ខ្យល់ដង្ហើមរបស់វាធ្វើឲ្យមានរងើកភ្លើងឆាបឆេះ
ហើយមានអណ្ដាតភ្លើងចេញពីមាត់របស់វា។
២២ ចំណែកករបស់វា នោះរឹងមាំអស្ចារ្យ
ហើយអស់អ្នកណាដែលជួបវាក៏ភ័យស្លន់ស្លោ។
២៣ ស្រទាប់សាច់របស់វាជាប់គ្នាតឹងណែន
គឺមានភាពស្វិតមាំដូចដែកថែប បកចេញមិនបានទេ។
២៤ រីឯបេះដូងរបស់វារឹងដូចថ្ម
គឺរឹងដូចថ្មត្បាល់កិន។
២៥ ពេលវាងើបខ្លួន សូម្បីតែអ្នកខ្លាំងពូកែក៏ខ្លបខ្លាចវាដែរ
ហើយគ្រប់គ្នាតក់ស្លុត ពេលវាកញ្ជ្រោលឡើង។
២៦ គ្មានដាវ លំពែង ព្រួញឬអាវុធណា
អាចចាក់ទម្លុះវាបានទេ។+
២៧ វាចាត់ទុកដែកដូចចំបើង។ ឯស្ពាន់វិញ ដូចជាឈើពុក។
២៨ ចំណែកមុខព្រួញមិនបានធ្វើឲ្យវាពួនខ្លួនទេ
ចំពោះវា ថ្មរលីងប្រៀបដូចជាជញ្ជ្រាំងប៉ុណ្ណោះ។
២៩ វាចាត់ទុកដំបងដូចជាគល់ស្រូវស្ងួត
ពេលឃើញលំពែងសំដៅមកវា វាសើចចំអកឲ្យ។
៣០ ពោះរបស់វាមានក្រឡាដូចអំបែងឆ្នាំង
ពោះវាធ្វើឲ្យមានដានលើភក់ដូចក្ដារបញ្ជាន់ស្រូវ។+
៣១ ពេលវាចូលក្នុងជលសាក៏មានពពុះស្គុល ដូចទឹកកំពុងពុះក្នុងឆ្នាំង
វាកញ្ជ្រោកមហាសមុទ្រឲ្យបាចសាចដូចប្រេងកំពុងពុះខ្ជោលឡើង។
៣២ កាលដែលវាហែលទៅ វាបន្សល់ទុកពពុះសស្គុសពីក្រោយវា
អ្នកណាដែលបានឃើញ ស្មានថាសមុទ្រមានសក់ស្កូវ។
៣៣ ក្នុងផែនដីនេះគ្មានសត្វណាមួយឲ្យដូចវាទេ
វាបានត្រូវបង្កើតមក ដោយមិនឲ្យភ័យខ្លាចអ្វីឡើយ។
៣៤ វាមិនញញើតនឹងសម្លឹងមើលសត្វទាំងឡាយដែលមានអំណួតឡើយ
ព្រោះវាជាស្ដេចលើអស់ទាំងសត្វព្រៃដ៏ខ្លាំងក្លា»។
៤២ បន្ទាប់មក យ៉ូបឆ្លើយតបទៅព្រះយេហូវ៉ាថា៖
២ «ឥឡូវ ខ្ញុំដឹងថាលោកអាចធ្វើអ្វីៗបានទាំងអស់
អ្វីក៏ដោយដែលលោកចង់ធ្វើ នោះគ្មានអ្នកណាអាចឃាត់លោកបានឡើយ។+
៣ លោកបានមានប្រសាសន៍ថា៖ ‹តើអ្នកណានេះដែលធ្វើឲ្យមានការសង្ស័យទៅលើគោលបំណងរបស់ខ្ញុំ ដោយពោលពាក្យគ្មានចំណេះដឹងដូច្នេះ?›។+
មែនហើយ ខ្ញុំបាននិយាយដោយគ្មានការយល់ដឹង
អំពីអ្វីៗដ៏អស្ចារ្យដែលហួសពីសមត្ថភាពយល់ដឹងរបស់ខ្ញុំ។+
៤ លោកបានមានប្រសាសន៍ទៀតថា៖ ‹សូមស្ដាប់ខ្ញុំនិយាយ។
ខ្ញុំនឹងសួរសំណួរអ្នក ហើយអ្នកត្រូវឆ្លើយមកខ្ញុំវិញ›។+
៥ ពីមុនខ្ញុំធ្លាប់តែឮអំពីលោក។ ប៉ុន្តែ ឥឡូវខ្ញុំឃើញលោកដោយផ្ទាល់ភ្នែក។
៦ ហេតុនេះ ខ្ញុំសុំដកពាក្យសម្ដីរបស់ខ្ញុំមកវិញ+
ហើយខ្ញុំអង្គុយក្នុងធូលីនិងផេះ ដើម្បីបង្ហាញថាខ្ញុំប្រែចិត្ត»។+
៧ ក្រោយពីព្រះយេហូវ៉ាមានប្រសាសន៍ទៅយ៉ូបរួចហើយ ព្រះយេហូវ៉ាក៏មានប្រសាសន៍ទៅអេលីផាសជាអ្នកស្រុកថេម៉ានថា៖
«ខ្ញុំខឹងអ្នកនិងមិត្តភក្ដិពីរនាក់របស់អ្នកខ្លាំងណាស់+ ដោយសារពួកអ្នកមិនបាននិយាយការពិតអំពីខ្ញុំ+ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំទេ។ ៨ ឥឡូវ ចូរយកគោឈ្មោល៧ក្បាលនិងចៀមឈ្មោល៧ក្បាល ហើយទៅជួបយ៉ូបដែលជាអ្នកបម្រើខ្ញុំ។ រួចមក ចូរជូនគ្រឿងបូជាដុតដល់ខ្ញុំដើម្បីលោះអំពើខុសឆ្គងរបស់ពួកអ្នក។ យ៉ូបជាអ្នកបម្រើខ្ញុំនឹងអធិដ្ឋានឲ្យពួកអ្នក+ ហើយខ្ញុំនឹងស្ដាប់តាមសំណូមពររបស់គាត់* ពេលគាត់សុំខ្ញុំកុំឲ្យដាក់ទោសពួកអ្នកដោយសារសម្ដីផ្ដេសផ្ដាសរបស់ពួកអ្នក ព្រោះពួកអ្នកមិនបាននិយាយការពិតអំពីខ្ញុំ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំទេ»។
៩ ដូច្នេះ អេលីផាសជាអ្នកស្រុកថេម៉ាន និងប៊ីលដាឌជាកូនចៅស៊ូអាក ព្រមទាំងសូផារជាអ្នកស្រុកណាអាម៉ា ពួកគេទាំងបីនាក់បានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាក៏ព្រមធ្វើតាមសេចក្ដីអធិដ្ឋានរបស់យ៉ូប។
១០ បន្ទាប់ពីយ៉ូបបានអធិដ្ឋានឲ្យពួកអ្នកដែលស្គាល់គាត់+ ព្រះយេហូវ៉ាបានរំដោះយ៉ូបឲ្យរួចផុតពីទុក្ខវេទនា+ ហើយឲ្យគាត់មានជីវិតចម្រុងចម្រើនឡើងវិញ។ ព្រះយេហូវ៉ាបានឲ្យគាត់មានអ្វីៗច្រើនជាងមុនទ្វេដង។+ ១១ បងប្អូនប្រុសស្រីទាំងអស់របស់យ៉ូប និងមិត្តភក្ដិចាស់ទាំងប៉ុន្មានរបស់គាត់+បានមកជួបគាត់នៅផ្ទះ ហើយបរិភោគអាហារជាមួយនឹងគាត់។ ពួកគេបង្ហាញការអាណិតអាសូរចំពោះយ៉ូប ព្រមទាំងសម្រាលទុក្ខគាត់ ដោយសារគាត់រងទុក្ខវេទនាផ្សេងៗដែលព្រះយេហូវ៉ាបានអនុញ្ញាតឲ្យកើតឡើងដល់គាត់។ ពួកគេម្នាក់ៗបានឲ្យប្រាក់និងចិញ្ចៀនមាសមួយវង់ដល់គាត់។
១២ ដូច្នេះ ព្រះយេហូវ៉ាបានឲ្យពរដល់ជីវិតរបស់យ៉ូបនៅគ្រានេះច្រើនជាងគ្រាមុនទៅទៀត+ ហើយយ៉ូបក៏មានចៀម១៤.០០០ក្បាល អូដ្ឋ៦.០០០ក្បាល គោ១.០០០គូ និងលាញី១.០០០ក្បាល។+ ១៣ មិនត្រឹមតែប៉ុណ្ណោះ គាត់មានកូនប្រុស៧នាក់ និងកូនស្រី៣នាក់ថែមទៀត។+ ១៤ គាត់ដាក់ឈ្មោះឲ្យកូនស្រីទី១ថា យេម៉ាយម៉ា កូនស្រីទី២កេសៀ កូនស្រីទី៣កេរេនហាពូក។ ១៥ នៅក្នុងស្រុកទាំងអស់ គ្មានស្រីណាស្អាតដូចកូនស្រីៗរបស់យ៉ូបឡើយ។ ឪពុករបស់ពួកនាងបានចែកមត៌កឲ្យពួកនាង ដំណាលពេលដែលគាត់ចែកមត៌កឲ្យបងប្អូនប្រុសៗរបស់ពួកនាងដែរ។
១៦ ក្រោយពីនោះមក យ៉ូបរស់នៅបាន១៤០ឆ្នាំទៀត ហើយគាត់បានឃើញកូនចៅរបស់គាត់រហូតដល់បួនជំនាន់។ ១៧ នៅទីបំផុត យ៉ូបបានទទួលមរណភាពក្នុងពេលដែលគាត់មានអាយុវែងនិងមានជីវិតដ៏ស្កប់ចិត្ត។
ប្រហែលជាមានន័យថា«អ្នកដែលត្រូវគេប្រឆាំង»
ឬ«ជាមនុស្សសុចរិតនិងគ្មានកន្លែងបន្ទោស»
ន័យត្រង់«លាញី»
ពាក្យនេះក្នុងភាសាហេប្រឺសំដៅលើទេវតាដែលជាកូនៗរបស់ព្រះ
ឬ«ជាមនុស្សសុចរិតនិងគ្មានកន្លែងបន្ទោស»
ឬប្រហែលជាមានន័យថា«រន្ទះបាញ់ពីលើមេឃ»
ពាក្យនេះក្នុងភាសាហេប្រឺសំដៅលើទេវតាដែលជាកូនៗរបស់ព្រះ
ឬ«ជាមនុស្សសុចរិតនិងគ្មានកន្លែងបន្ទោស»
ន័យត្រង់«ស្បែកប្ដូរនឹងស្បែក»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ជាកូនចៅណាអាម៉ា»
ន័យត្រង់«លេវ៉ាយអាថាន»។ មើលនិយមន័យពាក្យ«លេវ៉ាយអាថាន»
ឬ«គ្រោង»
ន័យត្រង់«អ្នកបរិសុទ្ធ»
ន័យត្រង់«បងប្អូន»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«សមនឹងការបះបោរ»
ឬ«អ្នកក្បត់ជំនឿ»
ឬ«មនុស្សដែលគ្មានកន្លែងបន្ទោស»
ឬ«ចង់នាំលោកចូលតុលាការ»
ឬ«យកភ្នំចេញ»
ប្រហែលជាសត្វធំសម្បើមនៅក្នុងសមុទ្រ
ឬប្រហែលជាមានន័យថា«គូវិវាទក្ដីរបស់ខ្ញុំ»
ឬ«ទោះបីជាខ្ញុំបរិសុទ្ធ»
ឬ«មនុស្សដែលមានចិត្តស្មោះឥតងាករេ»
ឬ«ទឹកក្បុង»
ន័យត្រង់«តើលោកមិនបានចាក់ខ្ញុំដូចចាក់ទឹកដោះ ហើយសូនខ្ញុំដូចធ្វើខ្លាញ់ទឹកដោះទេឬ?»
ឬ«សេចក្ដីបង្រៀនរបស់ខ្ញុំគឺត្រឹមត្រូវ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ន័យត្រង់«លាតដៃរបស់អ្នកទៅលោក»
ឬ«រអិល»
ឬប្រហែលជាមានន័យថា«សូមនិយាយទៅ»
ឬ«លោកធ្វើឲ្យពួកទីប្រឹក្សាបាត់បង់អ្វីៗទាំងអស់»
ឬ«ពីមនុស្សចាស់ទុំ»
ន័យត្រង់«សុភាសិតដូចផេះ»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ព្រោះអ្នកដែលក្បត់ជំនឿ»
ឬប្រហែលជាមានន័យថា«បើមានអ្នកណាអាចប្រកែកថាខ្ញុំខុសមែន ខ្ញុំនឹងនៅស្ងៀមហើយស្លាប់»
ន័យត្រង់«គាត់»។ នេះប្រហែលជាសំដៅលើយ៉ូប
ឬប្រហែលជាមានន័យថា«រួចក៏ត្រូវកាត់ចេញ»
ន័យត្រង់«ខ្ញុំ»
ន័យត្រង់«មនុស្សមិនស្អាតបរិសុទ្ធ»
ន័យត្រង់«មនុស្សស្អាតបរិសុទ្ធ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
នេះសំដៅលើការទន្ទឹងចាំនៅក្នុងផ្នូរ
ឬ«ដោយខ្យល់ពីទិសខាងកើត»
ន័យត្រង់«អ្នកបរិសុទ្ធរបស់លោក»
ឬ«ព្យាយាមយកឈ្នះលោក»
សំដៅលើភាពចម្រុងចម្រើននិងអំណួត
នេះសំដៅលើសេចក្ដីសង្ឃឹមថានឹងបានអ្វីដែលបាត់បង់មកវិញ
ឬ«របស់អ្នកដែលក្បត់ជំនឿ»
នេះសំដៅលើអេលីផាស
ឬ«កម្លាំង»។ ន័យត្រង់«ស្នែង»
ឬប្រហែលជាមានន័យថា«សម្លឹងទៅព្រះទាំងយប់ទាំងថ្ងៃ»
ឬ«អ្នកក្បត់ជំនឿ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«ផ្នូរ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬប្រហែលជាមានន័យថា«មនុស្សមិនស្អាតបរិសុទ្ធ»
ឬ«ទៅរកស្ដេចនៃសេចក្ដីតក់ស្លុត»
ឬ«ស្ពាន់ធ័រដែលកំពុងឆេះ»
ឬ«មើលងាយខ្ញុំ»
ឬ«សាច់ញាតិរបស់ខ្ញុំ»
ន័យត្រង់«លើដី»
ឬ«មនុស្សជាតិ»។ ពាក្យនេះក្នុងភាសាហេប្រឺគឺ«អាដាម»
ឬ«អ្នកក្បត់ជំនឿ»
ន័យត្រង់«ឆ្អឹងគាត់»
ឬ«មានអំណាច»
នេះជាស្គរតូចមានរាងសំប៉ែត
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«មួយរំពេច»សំដៅលើការផុតដង្ហើមយ៉ាងលឿនទាំងគ្មានការឈឺចាប់
ឬ«យោបល់»ឬ«ឧបាយកល»
ន័យត្រង់«ផឹក»
ឬ«កាត់បន្ថយពាក់កណ្ដាល»
ឬប្រហែលជាមានន័យថា«ចង់ប្រព្រឹត្តឃោរឃៅចំពោះខ្ញុំ»
ឬ«កូនកំព្រាឪពុក»
ន័យត្រង់«ដើរលើរង្វង់ផ្ទៃមេឃ»
ឬ«ពួកគេមានអាយុខ្លី»
នេះសំដៅលើថ្ងៃវិនិច្ឆ័យរបស់លោក
ឬ«កូនកំព្រាឪពុក»
ឬប្រហែលជាមានន័យថា«ពួកគេជាន់យកប្រេងក្នុងរងចម្ការ»
ឬប្រហែលជាមានន័យថា«ព្រះមិនចោទប្រកាន់អ្នកណាម្នាក់ថាធ្វើខុសឡើយ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ន័យត្រង់«នៅទីខ្ពស់របស់លោក»
ឬ«អាចបរិសុទ្ធ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«ក្នុងអាបាដូន»
ន័យត្រង់«រង្វង់»
ន័យត្រង់«រ៉ាហាប»
ឬ«ខ្យល់»
ឬ«ពស់ដែលលូនយ៉ាងលឿន»
ន័យត្រង់«ពោលជាសុភាសិត»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«អ្នកក្បត់ជំនឿ»
ឬប្រហែលជាមានន័យថា«បង្រៀនពួកអ្នកតាមរយៈដៃ»
ឬប្រហែលជាមានន័យថា«មនុស្សទះដៃមើលងាយគាត់ ថែមទាំងហួចចំអកឲ្យគាត់ទៀតផង»
ន័យត្រង់«ថ្ម»
ប្រហែលជាសំដៅលើកិច្ចការជីករ៉ែក្រោមដី
ឬ«ត្បូងអូនីក្ស»
មើលនិយមន័យពាក្យ«ផ្កាថ្ម»
ន័យត្រង់«ការបំផ្លាញ»
ន័យត្រង់«ទម្ងន់»
ន័យត្រង់«ពោលជាសុភាសិត»
ន័យត្រង់«នៅក្នុងត្រសាលខ្ញុំ»
ឬ«អ្នកបម្រើ»
ន័យត្រង់«ជីរអំបិល»
ន័យត្រង់«ព្រះបន្ធូរខ្សែធ្នូរបស់ខ្ញុំ»
ឬ«ពួកគេដោះបង្ហៀរនៅមុខខ្ញុំ»
ឬប្រហែលជាមានន័យថា«គ្មានអ្នកណាមកជួយពួកគេទេ»
ប្រហែលជាសំដៅលើស្បែក
ឬប្រហែលជាមានន័យថា«ជំងឺធ្ងន់ធ្ងរបានធ្វើឲ្យខ្ញុំខូចរូបរាង»
ឬប្រហែលជាមានន័យថា«លោកបំផ្លាញខ្ញុំដោយសំឡេងគ្រាំគ្រេង»
ន័យត្រង់«កូនញីរបស់សត្វអូទ្រីស»
ឬប្រហែលជាមានន័យថា«ព្រោះតែក្ដៅខ្លួន»
ន័យត្រង់«ខ្ញុំបានធ្វើកិច្ចព្រមព្រៀងនឹងភ្នែករបស់ខ្ញុំកុំឲ្យ»
ឬ«ស្រីក្រមុំបរិសុទ្ធ»
ន័យត្រង់«សូនពួកយើងក្នុងផ្ទៃមុនកើតមក»
ន័យត្រង់«បណ្ដាលឲ្យភ្នែកស្ត្រីមេម៉ាយទៅជាងងឹត»
ឬប្រហែលជាមានន័យថា«ពេលខ្ញុំឃើញថាខ្ញុំមានការគាំទ្រនៅឯទ្វារក្រុង»
ន័យត្រង់«ខ្ញុំថើបដៃខ្លួនឯង»
នេះសំដៅលើយ៉ូប
ឬ«ជនបរទេស»
ឬ«អាចកែតម្រង់យ៉ូប»
នេះសំដៅលើថង់ធ្វើពីស្បែក
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ផ្នូរ»
ឬ«អាវុធ»
ឬ«ផ្នូរ»
ឬ«ទេវតា»
ឬ«ផ្នូរ»
ឬប្រហែលជាមានន័យថា«ហើយខ្ញុំមិនបានប្រយោជន៍អ្វីឡើយ»
ឬ«ផ្នូរ»
ឬ«មនុស្សទាំងឡាយ»
ឬ«អ្នកក្បត់ជំនឿ»
ឬប្រហែលជាមានន័យថា«សូមបិតាទុកឲ្យយ៉ូបត្រូវល្បងល»
ប្រហែលជាមានន័យថា«តើនោះសំខាន់ចំពោះព្រះឬ?»
ឬ«មិនស្ដាប់ពាក្យកុហក»
ឬប្រហែលជាមានន័យថា«លោកតែងតាំងស្ដេច»
ឬ«ដោយអាវុធ»
ឬ«អ្នកក្បត់ជំនឿ»
ឬប្រហែលជាមានន័យថា«ពួកគេបញ្ចប់ជីវិត»
ឬប្រហែលជាមានន័យថា«រិះគន់ ឬចាប់កំហុស»
ឬ«គ្មានអ្នកណាអាចស្វែងយល់ចំនួនឆ្នាំរបស់លោកបានឡើយ»
ឬប្រហែលជាមានន័យថា«អ្វី»
នេះសំដៅលើដួងអាទិត្យ
ពាក្យនេះក្នុងភាសាហេប្រឺសំដៅលើទេវតាដែលជាកូនៗរបស់ព្រះ
ឬ«ម្លប់នៃសេចក្ដីស្លាប់»
ឬប្រហែលជាមានន័យថា«ផ្លេកបន្ទោរ»
ឬប្រហែលជាមានន័យថា«ក្នុងមនុស្ស»
ឬប្រហែលជាមានន័យថា«ធ្វើឲ្យគំនិត»
មើលនិយមន័យពាក្យ«គោព្រៃ»
ឬប្រហែលជាមានន័យថា«វាមិនចង់ជឿ»
ឬ«អ្នកនឹងលុបបំបាត់យុត្តិធម៌របស់ខ្ញុំ»
ន័យត្រង់«ចងមុខពួកគេ»
ឬ«សរសើរអ្នក»
ន័យត្រង់«លេវ៉ាយអាថាន»។ មើលនិយមន័យពាក្យ«លេវ៉ាយអាថាន»
ឬ«ថ្គាម»
ឬប្រហែលជាមានន័យថា«វាមានអំណួតដោយសារមានស្រកាដុះជាជួរ»
ឬ«ប្រៀបដូចជាយកដើមបបុសដុតក្នុងឡ»
ន័យត្រង់«ខ្ញុំនឹងលើកមុខរបស់គាត់»