បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt អ្នកទូន្មាន ១:១-១២:១៤
  • អ្នកទូន្មាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកទូន្មាន
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកទូន្មាន

អ្នក​ទូន្មាន

១ នេះ​ជា​ពាក្យ​ពេចន៍​របស់​អ្នក​ទូន្មាន។*+ គាត់​ជា​កូន​ប្រុស​របស់​ដាវីឌ

និង​ជា​ស្ដេច​នៅ​ក្រុង​យេរូសាឡិម។*+

 ២ អ្នក​ទូន្មាន​ពោល​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ!

សុទ្ធ​តែ​អសារ​ឥត​ការ! សុទ្ធ​តែ​អសារ​ឥត​ការ!​»។+

 ៣ តើ​មនុស្ស​ទទួល​បាន​អ្វី​ពី​ការ​ខំ​ប្រឹង​យ៉ាង​នឿយ​ហត់

និង​ការ​លំបាក​លំបិន​នៅ​ក្រោម​ថ្ងៃ?+

 ៤ ជំនាន់​មួយ​កន្លង​ទៅ ជំនាន់​មួយ​ទៀត​ក៏​ចូល​មក​ដល់

ប៉ុន្តែ ផែនដី​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+

 ៥ ថ្ងៃ​រះ​ឡើង ហើយ​ក៏​លិច​ទៅ​វិញ

រួច​ប្រញាប់​វិល​មក​កន្លែង​ដើម ហើយ​រះ​ម្ដង​ទៀត។+

 ៦ ខ្យល់​បក់​ទៅ​ទិស​ខាង​ត្បូង ហើយ​វិល​ទៅ​ទិស​ខាង​ជើង

គឺ​វិល​ចុះ​វិល​ឡើង ត្រឡប់​ទៅ​ត្រឡប់​មក​តាម​គន្លង​ដដែល​ឥត​ឈប់។

 ៧ ខ្សែ​ទឹក​ទាំង​អស់*ហូរ​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ។+

ខ្សែ​ទឹក​ទាំង​នោះ​ត្រឡប់​ទៅ​ហូរ​តាម​ផ្លូវ​មុន​វិញ រួច​ហូរ​សា​ជា​ថ្មី។+

 ៨ គ្រប់​ទាំង​អ្វី​ៗ​សុទ្ធ​តែ​គួរ​ឲ្យ​នឿយ​ណាយ

គ្មាន​អ្នក​ណា​ម្នាក់​អាច​បរិយាយ​បាន​ទេ។

ទោះ​ជា​ភ្នែក​មើល​ឃើញ ត្រចៀក​ស្ដាប់​ឮ​ក៏​ដោយ

ក៏​មិន​ស្កប់​ចិត្ត​ដែរ។

 ៩ អ្វី​ដែល​បាន​កើត​ឡើង នឹង​កើត​ឡើង​ម្ដង​ទៀត

ហើយ​អ្វី​ដែល​ធ្លាប់​ធ្វើ​ពី​មុន ក៏​នឹង​ធ្វើ​ម្ដង​ទៀត​ដែរ។

មិន​មាន​អ្វី​ថ្មី​សោះ​នៅ​ក្រោម​ថ្ងៃ។+

១០ តើ​មាន​អ្វី​ដែល​អ្នក​ណា​ម្នាក់​អាច​និយាយ​ថា​៖ ​«​មើល! នេះ​ជា​អ្វី​ដែល​ថ្មី​»​?

តាម​ពិត​អ្វី​នោះ​មាន​តាំង​ពី​យូរ​មក​ហើយ

គឺ​មាន​មុន​សម័យ​យើង​ទៅ​ទៀត។

១១ គ្មាន​អ្នក​ណា​នឹក​ចាំ​មនុស្ស​ជំនាន់​មុន​ទេ

ក៏​គ្មាន​អ្នក​ណា​នឹង​នឹក​ចាំ​មនុស្ស​ជំនាន់​ក្រោយ​ដែរ

ហើយ​គ្មាន​អ្នក​ណា​នឹង​នឹក​ចាំ​មនុស្ស​ដែល​កើត​មក​ក្រោយ​ៗ​ទៀត​ឡើយ។+

១២ ខ្ញុំ​ជា​អ្នក​ទូន្មាន និង​ជា​ស្ដេច​គ្រប់​គ្រង​អ៊ីស្រាអែល​នៅ​ក្រុង​យេរូសាឡិម។+ ១៣ ខ្ញុំ​តាំង​ចិត្ត​សិក្សា ហើយ​ប្រើ​ប្រាជ្ញា+ស្រាវ​ជ្រាវ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​នៅ​ក្រោម​មេឃ+ ពោល​គឺ​កិច្ច​ការ​ដ៏​នឿយ​ណាយ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​មនុស្សជាតិ។

១៤ ខ្ញុំ​បាន​ឃើញ​អស់​ទាំង​កិច្ចការ​ដែល​មនុស្ស​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ

ហើយ​មើល! អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ​ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។+

១៥ អ្វី​ដែល​ក្ងិច​ក្ងក់​មិន​អាច​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន​ឡើយ

ហើយ​អ្វី​ដែល​ចន្លោះ​ប្រហោង ក៏​មិន​អាច​រាប់​បាន​ដែរ។

១៦ រួច​មក ខ្ញុំ​បាន​នឹក​គិត​ក្នុង​ចិត្ត​ថា​៖ ​«​មើល! ខ្ញុំ​មាន​ប្រាជ្ញា​លើស​អស់​អ្នក​ណា​ៗ​ដែល​នៅ​ក្រុង​យេរូសាឡិម​មុន​ខ្ញុំ+ ហើយ​ចិត្ត​របស់​ខ្ញុំ​ពោរ​ពេញ​ដោយ​ប្រាជ្ញា​និង​ចំណេះ​ដឹង​ច្រើន​ក្រៃ​លែង​»។+ ១៧ ខ្ញុំ​ព្យាយាម​សិក្សា​ឲ្យ​ស្គាល់​អំពី​ប្រាជ្ញា ភាព​ឆ្កួត​លីលា* និង​ភាព​ល្ងី​ល្ងើ។+ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​ក៏​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់​ដែរ។

១៨ ព្រោះ​ការ​មាន​ប្រាជ្ញា​ច្រើន នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត​មួហ្មង​ច្រើន

ហើយ​អ្នក​ណា​ដែល​បង្កើន​ចំណេះ អ្នក​នោះ​ក៏​បង្កើន​ទុក្ខ​ព្រួយ​ដែរ។+

២ បន្ទាប់​មក ខ្ញុំ​បាន​ពោល​ក្នុង​ចិត្ត​ថា​៖ ​«​ខ្ញុំ​នឹង​សាកល្បង​អ្វី​ដែល​សប្បាយ​ៗ​* រួច​ចាំ​មើល​ថា​នឹង​ទទួល​បាន​អ្វី​ល្អ​ទេ​»។ ប៉ុន្តែ មើល! នោះ​ក៏​អសារ​ឥត​ការ​ដែរ។

 ២ ខ្ញុំ​បាន​និយាយ​អំពី​ការ​សើច​សប្បាយ​ថា​៖ ​«​នេះ​ជា​ការ​ឆ្កួត​លីលា!​»​

ហើយ​អំពី​ការ​ត្រេក​អរ*ថា​៖ ​«​តើ​នេះ​មាន​ប្រយោជន៍​អ្វី?​»។

៣ ខ្ញុំ​ខំ​សាក​មើល​ថា តើ​ការ​ពិសា​ស្រា​ធ្វើ​ឲ្យ​សប្បាយ​យ៉ាង​ណា។+ ប៉ុន្តែ ខ្ញុំ​ចេះ​រក្សា​ប្រាជ្ញា​របស់​ខ្ញុំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​ថែម​ទាំង​ប្រព្រឹត្ត​អំពើ​ល្ងី​ល្ងើ​ទៀត​ផង ដើម្បី​ដឹង​ថា អ្វី​ទៅ​ជា​ការ​ល្អ​បំផុត​ដែល​មនុស្ស​គួរ​ធ្វើ​ក្នុង​ជីវិត​ដ៏​ខ្លី​របស់​ពួក​គេ​នៅក្រោម​មេឃ​នេះ។ ៤ ខ្ញុំ​បាន​ធ្វើ​កិច្ច​ការ​ធំ​ៗ​ជា​ច្រើន+ ខ្ញុំ​សង់​វិមាន​ផ្សេង​ៗ​+ ហើយ​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​ទុក​សម្រាប់​ខ្លួន។+ ៥ ខ្ញុំ​បាន​ធ្វើ​សួន​តូច និង​សួន​ធំ ព្រម​ទាំង​ដាំ​ដើម​ឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ​ក្នុង​សួន​ទាំង​នោះ​ទៀត​ផង។ ៦ ខ្ញុំ​បាន​ជីក​ស្រះ​ទឹក​ជា​ច្រើន​ទុក​ស្រោច​ចម្ការ*ផ្សេង​ៗ ដើម្បី​ឲ្យ​ដើម​ឈើ​ដុះ​លូត​លាស់​ល្អ។ ៧ ខ្ញុំ​មាន​អ្នក​បម្រើ​ប្រុស​ស្រី+ និង​មាន​អ្នក​បម្រើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​ដែរ។ ខ្ញុំ​មាន​ហ្វូង​សត្វ​យ៉ាង​ក្រាស់​ក្រែល មាន​ទាំង​ហ្វូង​គោ ទាំង​ហ្វូង​ចៀម+ គឺ​មាន​ច្រើន​លើស​អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​ក្រុង​យេរូសាឡិម​មុន​ខ្ញុំ។ ៨ ខ្ញុំ​បាន​ប្រមូល​មាស​ប្រាក់+ និង​ទ្រព្យ​មាន​តម្លៃ ជា​ទ្រព្យ​របស់​ពួក​ស្ដេច​នៃ​បណ្ដា​ខេត្ត​ផ្សេង​ៗ។+ ខ្ញុំ​ក៏​បាន​ប្រមូល​ផ្ដុំ​អ្នក​ចម្រៀង​ប្រុស​ស្រី ថែម​ទាំង​ប្រមូល​ស្ត្រី​ជា​ច្រើន​នាក់​មក​កំដរ​ខ្ញុំ នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​បុរស​ទាំង​ឡាយ​រីករាយ​ក្រៃ​លែង។ ៩ ម្ល៉ោះ​ហើយ ខ្ញុំ​បាន​ធំ​ខ្ពង់​ខ្ពស់​លើស​អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​ក្រុង​យេរូសាឡិម​មុន​ខ្ញុំ។+ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​មាន​ប្រាជ្ញា​ជា​និច្ច។

១០ អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​បាន​ធ្វើ​ទាំង​អស់។+ ខ្ញុំ​តែង​តែ​ប្រឡូក​ការ​សប្បាយ*គ្រប់​ប្រភេទ ព្រោះ​ចិត្ត​ខ្ញុំ​រីករាយ​នឹង​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន។ នេះ​ជា​រង្វាន់*ដែល​ខ្ញុំ​បាន​ទទួល​ពី​កិច្ច​ការ​នឿយ​ហត់​ទាំង​អស់​របស់​ខ្ញុំ។+ ១១ ប៉ុន្តែ ពេល​ខ្ញុំ​រំពឹង​គិត​អំពី​អស់​ទាំង​ស្នា​ដៃ និង​អស់​ទាំង​កិច្ច​ការ​នឿយ​ហត់​ដែល​ខ្ញុំ​បាន​សម្រេច+ នោះ​ខ្ញុំ​បាន​ឃើញ​ថា​អ្វី​ៗ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​អសារ​ឥត​ការ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់+ ហើយ​គ្មាន​ប្រយោជន៍*ទាល់​តែ​សោះ​នៅ​ក្រោម​ថ្ងៃ។+

១២ រួច​មក ខ្ញុំ​បែរ​ទៅ​គិត​ពិចារណា​អំពី​ប្រាជ្ញា ភាព​ឆ្កួត​លីលា និង​ភាព​ល្ងី​ល្ងើ​វិញ​ម្ដង+ (​ព្រោះ​តើ​អ្នក​ដែល​មក​ក្រោយ​ស្ដេច​នេះ​នឹង​អាច​ធ្វើ​អ្វី​បាន? គេ​ធ្វើ​បាន​តែ​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្លាប់​ធ្វើ​រួច​មក​ហើយ​)។ ១៣ ខ្ញុំ​បាន​ឃើញ​ថា​ប្រាជ្ញា​ប្រសើរ​ជាង​ភាព​ល្ងី​ល្ងើ+ ដូច​ពន្លឺ​ប្រសើរ​ជាង​ភាព​ងងឹត។

១៤ រីឯ​មនុស្ស​មាន​ប្រាជ្ញា​ឃើញ​ច្បាស់​អំពី​ផ្លូវ​ដែល​ខ្លួន​ដើរ+ តែ​មនុស្ស​ល្ងី​ល្ងើ​ចេះ​តែ​ដើរ​ទៅ​ក្នុង​ភាព​ងងឹត។+ ខ្ញុំ​ក៏​បាន​យល់​ដែរ​ថា នៅ​ទី​បំផុត​ពួក​គេ​មាន​ទី​បញ្ចប់​ដូច​គ្នា។+ ១៥ រួច​ខ្ញុំ​បាន​ពោល​ក្នុង​ចិត្ត​ថា​៖ ​«​អ្វី​ដែល​កើត​ឡើង​ដល់​មនុស្ស​ល្ងី​ល្ងើ ក៏​នឹង​កើត​ឡើង​ដល់​ខ្ញុំ​ដែរ​»។+ បើ​ដូច្នេះ តើ​ខ្ញុំ​មាន​ប្រាជ្ញា​ច្រើន​លើស​លប់​ដើម្បី​អ្វី? ហេតុ​នេះ ខ្ញុំ​ពោល​ក្នុង​ចិត្ត​ទៀត​ថា​៖ ​«​នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា​»។ ១៦ ព្រោះ​មនុស្ស​មាន​ប្រាជ្ញា​ក៏​ដូច​មនុស្ស​ល្ងី​ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​អំ​ពី​ពួក​គេ​រហូត​ទេ។+ កាល​ដែល​ពេល​វេលា​កន្លង​ទៅ មនុស្ស​គ្រប់​រូប​នឹង​ភ្លេច​ពួក​គេ​ជា​មិន​ខាន។ មនុស្ស​មាន​ប្រាជ្ញា​និង​មនុស្ស​ល្ងី​ល្ងើ​គង់​តែ​ស្លាប់​ដូច​តែ​គ្នា។+

១៧ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្អប់​ជីវិត​នេះ+ ដោយ​សារ​ខ្ញុំ​ឃើញ​ថា អ្វី​ៗ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​សុទ្ធ​តែ​ជា​ទុក្ខ​លំបាក ព្រោះ​អ្វី​ៗ​សព្វ​បែប​យ៉ាង​គឺ​អសារ​ឥត​ការ+ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។+ ១៨ ខ្ញុំ​ស្អប់​អ្វី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ប្រែង​ធ្វើ​នៅ​ក្រោម​ថ្ងៃ+ ដោយ​សារ​ខ្ញុំ​ត្រូវ​រក្សា​ទុក​អ្វី​ទាំង​នោះ​ឲ្យ​អ្នក​ដែល​មក​ក្រោយ​ខ្ញុំ។+ ១៩ តើ​អ្នក​ណា​ដឹង​ថា​គាត់​នឹង​មាន​ប្រាជ្ញា​ឬ​ល្ងង់​ខ្លៅ?+ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​នឹង​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​ព្យាយាម​រក​បាន​ដោយ​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ។ នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា។ ២០ ដូច្នេះ ខ្ញុំ​ចាប់​ផ្ដើម​អស់​សង្ឃឹម​ចំពោះ​ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ។ ២១ មនុស្ស​ម្នាក់​ប្រហែល​ជា​ខិត​ខំ​ធ្វើ​ការ​ដោយ​ប្រើ​ប្រាជ្ញា ចំណេះ និង​ជំនាញ​របស់​ខ្លួន តែ​គាត់​បែរ​ជា​ត្រូវ​ប្រគល់​អ្វី​គ្រប់​យ៉ាង*ឲ្យ​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែល​មិន​បាន​ធ្វើ​អ្វី​សោះ។+ នេះ​ក៏​អសារ​ឥត​ការ​ដែរ ថែម​ទាំង​ជា​ការ​បរាជ័យ​យ៉ាង​ធំ*ទៀត​ផង។

២២ តើ​មនុស្ស​ទទួល​បាន​អ្វី​ពិត​ប្រាកដ​ពី​ការ​ខំ​ប្រឹង​ប្រែង និង​គោល​ដៅ​ដែល​ជំរុញ​ចិត្ត​គាត់*ឲ្យ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ?+ ២៣ ព្រោះ​ការងារ​របស់​គាត់​នាំ​ឲ្យ​គាត់​រង​ទុក្ខ​លំបាក និង​តាន​តឹង​ចិត្ត​ពេញ​មួយ​ជីវិត+ សូម្បី​តែ​នៅ​ពេល​យប់​ក៏​ចិត្ត​របស់​គាត់​មិន​បាន​ស្ងប់​ដែរ។+ នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា។

២៤ ចំពោះ​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ផឹក ការ​បរិភោគ និង​ការ​សប្បាយ​រីក​រាយ​ដែល​បាន​មក​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​ឡើយ។+ ខ្ញុំ​ក៏​ជឿ​ជាក់​ដែរ​ថា នេះ​គឺ​មក​ពី​ព្រះ​ដ៏​ពិត+ ២៥ ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​ផឹក​ឬ​បរិភោគ​ប្រសើរ​ជាង​ខ្ញុំ​ឡើយ។+

២៦ ចំពោះ​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត នោះ​លោក​ផ្ដល់​ប្រាជ្ញា ចំណេះ និង​ចិត្ត​រីករាយ​ដល់​អ្នក​នោះ។+ ប៉ុន្តែ ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង លោក​ផ្ដល់​ការងារ​ឲ្យ​ពួក​គេ គឺ​ឲ្យ​ពួក​គេ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ពិត​ពេញ​ចិត្ត។+ នេះ​ក៏​អសារ​ឥត​ការ​ដែរ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។

៣ មាន​ពេល​កំណត់​សម្រាប់​អ្វី​ៗ​ទាំង​អស់

មាន​ពេល​សម្រាប់​គ្រប់​សកម្មភាព​នៅ​ក្រោម​មេឃ ដូច​ជា​៖

 ២ មាន​ពេល​កើត មាន​ពេល​ស្លាប់

មាន​ពេល​ដាំ មាន​ពេល​ដក​រំលើង។

 ៣ មាន​ពេល​សម្លាប់ មាន​ពេល​សង្គ្រោះ*

មាន​ពេល​រំលំ មាន​ពេល​សង់។

 ៤ មាន​ពេល​យំ មាន​ពេល​សើច

មាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ។*

 ៥ មាន​ពេល​បោះ​ចោល​ថ្ម មាន​ពេល​ប្រមូល​ថ្ម

មាន​ពេល​ឱប មាន​ពេល​មិន​ឱប។

 ៦ មាន​ពេល​ស្វែង​រក មាន​ពេល​ឈប់​ស្វែង​រក

មាន​ពេល​រក្សា​ទុក មាន​ពេល​បោះ​ចោល។

 ៧ មាន​ពេល​ហែក+ មាន​ពេល​ដេរ​ភ្ជាប់

មាន​ពេល​នៅ​ស្ងៀម+ មាន​ពេល​និយាយ។+

 ៨ មាន​ពេល​ស្រឡាញ់ មាន​ពេល​ស្អប់+

មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សុខ​សាន្ត។

៩ តើ​មនុស្ស​បាន​ទទួល​អ្វី​ពី​ការ​ខំ​ប្រឹង​ប្រែង​ទាំង​ប៉ុន្មាន​របស់​ខ្លួន?+ ១០ ខ្ញុំ​បាន​ឃើញ​ការ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​មនុស្សជាតិ​ធ្វើ។ ១១ លោក​បាន​បង្កើត​អ្វី​ៗ​​ទាំង​អស់​យ៉ាង​ល្អ​ប្រពៃ*តាម​រដូវ​កាល។+ លោក​បាន​ដាក់​គំនិត​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ក្នុង​ចិត្ត​មនុស្ស។ ប៉ុន្តែ ពួក​គេ​នឹង​គ្មាន​ថ្ងៃ​យល់​ទាំង​ស្រុង​អំពី​កិច្ចការ​ដែល​ព្រះ​ពិត​បាន​ធ្វើ​តាំង​ពី​ដើម​រហូត​ដល់​ចប់​ឡើយ។

១២ ខ្ញុំ​បាន​សន្និដ្ឋាន​ថា សម្រាប់​ពួក​គេ​គ្មាន​អ្វី​ប្រសើរ​ជាង ក្រៅ​ពី​ការ​ត្រេក​អរ និង​ការ​ធ្វើ​ល្អ​ពេល​ដែល​មាន​ជីវិត​នៅ​ឡើយ+ ១៣ ហើយ​មនុស្ស​ម្នាក់​ៗ​គួរ​ផឹក បរិភោគ និង​សប្បាយ​រីករាយ​ដោយ​សារ​ការ​នឿយ​ហត់​របស់​ខ្លួន។ នេះ​ហើយ​ជា​អំណោយ​ពី​ព្រះ។+

១៤ ខ្ញុំ​បាន​យល់​ដឹង​ថា អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​ពិត​បាន​បង្កើត​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប។ គ្មាន​អ្វី​ដែល​ត្រូវ​បន្ថែម​ឬ​បន្ថយ​ទេ។ ព្រះ​ពិត​បាន​បង្កើត​តាម​របៀប​នោះ ដើម្បី​ឲ្យ​មនុស្ស​គោរព​កោត​ខ្លាច​លោក។+

១៥ អ្វី​ៗ​ដែល​កើត​ឡើង​ឥឡូវ​នេះ ធ្លាប់​កើត​ឡើង​ពី​មុន​ហើយ។ អ្វី​ដែល​ត្រូវ​មក ក៏​ធ្លាប់​មក​រួច​ហើយ​ដែរ។+ ប៉ុន្តែ ព្រះ​ពិត​ស្វែង​រក​អ្វី​ដែល​មនុស្ស​ខំ​ព្យាយាម​រក។*

១៦ មួយ​វិញ​ទៀត ខ្ញុំ​បាន​ឃើញ​រឿង​នេះ​នៅ​ក្រោម​ថ្ងៃ​គឺ​៖ នៅ​កន្លែង​យុត្តិធម៌ បែរ​ជា​មាន​អំពើ​ទុច្ចរិត ហើយ​នៅ​កន្លែង​សុចរិត បែរ​ជា​មាន​អំពើ​ទុច្ចរិត​ទៅ​វិញ។+ ១៧ ដូច្នេះ ខ្ញុំ​ពោល​ក្នុង​ចិត្ត​ថា​៖ ​«​ព្រះ​ដ៏​ពិត​នឹង​វិនិច្ឆ័យ​ទាំង​មនុស្ស​សុចរិត​ទាំង​មនុស្ស​ទុច្ចរិត+ ព្រោះ​មាន​ពេល​សម្រាប់​សកម្មភាព​គ្រប់​បែប​យ៉ាង​»។

១៨ ម្យ៉ាង​ទៀត ខ្ញុំ​ពោល​ក្នុង​ចិត្ត​អំពី​មនុស្សជាតិ​ថា ព្រះ​នឹង​ល្បង​ល​ពួក​គេ ហើយ​បង្ហាញ​ពួក​គេ​ថា ពួក​គេ​មិន​ខុស​ពី​សត្វ​ទេ ១៩ ដោយ​សារ​មនុស្ស​និង​សត្វ​មាន​ទី​បញ្ចប់​ដូច​គ្នា។+ មនុស្ស​ក៏​ស្លាប់ សត្វ​ក៏​ស្លាប់។ ទាំង​អស់​នោះ​មាន​កម្លាំង​ជីវិត*ដូច​តែ​គ្នា។+ ហេតុ​នេះ មនុស្ស​មិន​ប្រសើរ​ជាង​សត្វ​ទេ ព្រោះ​អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ។ ២០ ទាំង​មនុស្ស​ទាំង​សត្វ​ទៅ​កន្លែង​តែ​មួយ។+ ទាំង​អស់​នោះ​មក​ពី​ដី+ ហើយ​ក៏​ត្រឡប់​ទៅ​ជា​ដី​វិញ។+ ២១ តើ​អ្នក​ណា​ដឹង​ប្រាកដ​ថា​កម្លាំង​ជីវិត​របស់​មនុស្ស​នឹង​ឡើង​ទៅ​លើ​ឬ​យ៉ាង​ណា? ហើយ​តើ​អ្នក​ណា​ដឹង​ច្បាស់​ថា​កម្លាំង​ជីវិត​របស់​សត្វ​នឹង​ទៅ​ក្នុង​ដី​ឬ​យ៉ាង​ណា?+ ២២ ខ្ញុំ​បាន​ឃើញ​ថា សម្រាប់​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​សប្បាយ​រីករាយ​នឹង​ការ​ងារ​ទេ+ ព្រោះ​នោះ​ហើយ​ជា​រង្វាន់*របស់​គាត់។ ព្រោះ​តើ​អ្នក​ណា​អាច​ឲ្យ​គាត់​ឃើញ​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​ពេល​គាត់​ស្លាប់​ទៅ?+

៤ ខ្ញុំ​ត្រឡប់​មក​គិត​ពិចារណា​អំពី​ការ​សង្កត់​សង្កិន​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​នៅ​ក្រោម​ថ្ងៃ។ ខ្ញុំ​បាន​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​រង​ការ​សង្កត់​សង្កិន ហើយ​គ្មាន​អ្នក​ណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ឡើយ+ ព្រោះ​អស់​អ្នក​ដែល​សង្កត់​សង្កិន​ជា​អ្នក​មាន​អំណាច។ ម្ល៉ោះ​ហើយ គ្មាន​អ្នក​ណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ទេ។ ២ ដូច្នេះ ខ្ញុំ​បាន​យល់​ថា មនុស្ស​ដែល​ស្លាប់​ទៅ​ប្រសើរ​ជាង​មនុស្ស​ដែល​នៅ​រស់។+ ៣ ប៉ុន្តែ ប្រសើរ​ជាង​ពួក​អ្នក​ទាំង​នោះ​ទៅ​ទៀត គឺ​អ្នក​ដែល​មិន​ទាន់​កើត​មក+ ជា​អ្នក​ដែល​មិន​បាន​ឃើញ​ទុក្ខ​វេទនា​ផ្សេង​ៗ​នៅ​ក្រោម​ថ្ងៃ។+

៤ ខ្ញុំ​បាន​យល់​ទៀត​ថា ច្រើន​ដង​ការ​ប្រឹង​ប្រែង​ធ្វើ​ការ​និង​ការ​ខំ​ធ្វើ​ការ​យ៉ាង​ប៉ិន​ប្រសប់ គឺ​កើត​ចេញ​ពី​ការ​ច្រណែន​ឈ្នានីស។+ នេះ​ក៏​អសារ​ឥត​ការ​ដែរ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។

៥ មនុស្ស​ល្ងី​ល្ងើ​ឱប​ដៃ​មិន​ធ្វើ​អ្វី​សោះ ខណៈ​ដែល​រូប​កាយ​របស់​ខ្លួន​កំពុង​វិនាស​ទៅ។+

៦ បើ​សម្រាក​បន្តិច នោះ​ប្រសើរ​ជាង​ប្រឹង​ធ្វើ​ការ​ហួស​ប្រមាណ ដែល​ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។+

៧ ខ្ញុំ​ក៏​បែរ​មក​គិត​ពិចារណា​អំពី​រឿង​មួយ​ទៀត​ដែល​អសារ​ឥត​ការ​នៅ​ក្រោម​ថ្ងៃ​គឺ​៖ ៨ មាន​មនុស្ស​ម្នាក់​ដែល​នៅ​តែ​ឯង គាត់​គ្មាន​មិត្ត​ភក្ដិ គ្មាន​កូន គ្មាន​បង​ប្អូន​ទេ។ ប៉ុន្តែ គាត់​ប្រឹង​ប្រែង​ធ្វើ​ការ​ឥត​ឈប់។ គាត់​មិន​ចេះ​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​ឡើយ។+ តែ​គាត់​មិន​ដែល​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ខ្ញុំ​ខំ​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​អ្នក​ណា? ម្ដេច​បាន​ជា​ខ្ញុំ​មិន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​សប្បាយ​ទៅ?›។+ នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា និង​ជា​ការ​នឿយ​លំបាក​ទទេ​ៗ។+

៩ មាន​គ្នា​ពីរ​នាក់​ប្រសើរ​ជាង​នៅ​តែ​ឯង+ ព្រោះ​ពីរ​នាក់​ទទួល​រង្វាន់*ដែល​មក​ពី​ការ​នឿយ​ហត់​របស់​ពួក​គេ។ ១០ ប្រសិន​បើ​ម្នាក់​ដួល នោះ​បាន​ម្នាក់​ទៀត​ជួយ​លើក​គាត់​ឡើង។ ចុះ​យ៉ាង​ណា​មនុស្ស​ដែល​នៅ​តែ​ឯង តើ​នឹង​បាន​អ្នក​ណា​ជួយ​លើក​គាត់​ឡើង​ពេល​គាត់​ដួល?

១១ បន្ថែម​ទៅ​ទៀត បើ​ពីរ​នាក់​គេង​នៅ​ជា​មួយ​គ្នា ពួក​គេ​នឹង​បាន​កក់​ក្ដៅ ចុះ​យ៉ាង​ណា​មនុស្ស​ដែល​នៅ​តែ​ឯង តើ​គាត់​អាច​កក់​ក្ដៅ​ដូច​ម្ដេច​បាន? ១២ មនុស្ស​ម្នាក់​អាច​វាយ​ឈ្នះ​អ្នក​ដែល​នៅ​តែ​ឯង តែ​បើ​មាន​ពីរ​នាក់ ពួក​គេ​អាច​ត​ស៊ូ​នឹង​មនុស្ស​ម្នាក់​នោះ​បាន។ ចំណែក​ឯ​ខ្សែ​បី​ធ្លុង នោះ​មិន​ងាយ​ដាច់​ទេ។

១៣ ប្រសិន​បើ​ជា​ក្មេង​ក្រី​ក្រ​តែ​មាន​ប្រាជ្ញា នោះ​ប្រសើរ​ជាង​ស្ដេច​វ័យ​ចាស់​ដែល​ល្ងី​ល្ងើ+ ហើយ​មិន​ព្រម​ធ្វើ​តាម​ការ​ដាស់​តឿន។+ ១៤ ពី​ព្រោះ​គាត់*ចេញ​មក​ពី​គុក ហើយ​ក្លាយ​ទៅ​ជា​ស្ដេច+ ទោះ​ជា​គាត់​កើត​មក​ក្រ​ខ្សត់​ក្នុង​ពេល​ដែល​ស្ដេច​នោះ​គ្រប់​គ្រង​ក៏​ដោយ។+ ១៥ ខ្ញុំ​បាន​សង្កេត​មើល​អ្វី​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​រូប​ដែល​នៅ​ក្រោម​ថ្ងៃ រួម​ទាំង​ក្មេង​ប្រុស​ដែល​បាន​ឡើង​ស្នង​តំណែង​ជំនួស​អ្នក​មុន​ផង។ ១៦ ទោះ​ជា​មាន​បណ្ដា​រាស្ត្រ​ច្រើន​រាប់​មិន​អស់​គាំទ្រ​គាត់​ក៏​ដោយ តែ​អស់​អ្នក​ដែល​មក​ក្រោយ​នឹង​មិន​ពេញ​ចិត្ត​គាត់​ទេ។+ នេះ​ក៏​អសារ​ឥត​ការ​ដែរ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។

៥ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រព្រឹត្ត​របស់​អ្នក គ្រប់​ពេល​ដែល​អ្នក​ចូល​ទៅ​វិហារ​របស់​ព្រះ​ពិត។+ ការ​ចូល​ទៅ​ដើម្បី​ស្ដាប់+ នោះ​ប្រសើរ​ជាង​ការ​ចូល​ទៅ​ដើម្បី​ជូន​គ្រឿង​បូជា​ដូច​មនុស្ស​ល្ងី​ល្ងើ+ ព្រោះ​ពួក​គេ​មិន​ដឹង​ថា​ពួក​គេ​កំពុង​ធ្វើ​អាក្រក់​ទេ។

២ កុំ​រហ័ស​និយាយ ហើយ​កុំ​ពោល​ពាក្យ​ដោយ​មិន​គិត​ពិចារណា​នៅ​ចំពោះ​មុខ​ព្រះ​ពិត+ ព្រោះ​ព្រះ​ពិត​នៅ​ស្ថាន​សួគ៌ តែ​អ្នក​នៅ​ផែនដី។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ត្រូវ​ចេះ​ជ្រើស​រើស​ពាក្យ​សម្ដី។+ ៣ ការ​គិត​ច្រើន​ពេក​នាំ​ឲ្យ​យល់​សប្ដិ*+ ហើយ​ការ​និយាយ​ច្រើន​ពេក បណ្ដាល​ឲ្យ​ពោល​ពាក្យ​ល្ងី​ល្ងើ។+ ៤ ពេល​ដែល​អ្នក​ស្បថ​ចំពោះ​ព្រះ ចូរ​ប្រញាប់​ធ្វើ​តាម+ ព្រោះ​លោក​មិន​ពេញ​ចិត្ត​មនុស្ស​ល្ងី​ល្ងើ​ទេ។+ ដូច្នេះ ចូរ​ធ្វើ​តាម​សម្បថ​របស់​អ្នក​កុំ​ខាន។+ ៥ បើ​អ្នក​ស្បថ​ហើយ តែ​មិន​ធ្វើ​តាម នោះ​កុំ​ស្បថ​ល្អ​ជាង។+ ៦ កុំ​ឲ្យ​មាត់​របស់​អ្នក​នាំ​ឲ្យ​អ្នក*ធ្វើ​ខុស+ ហើយ​កុំ​និយាយ​នៅ​ចំពោះ​មុខ​ទេវតា*ថា អ្នក​ស្បថ​ជ្រុល​ហួស​ឲ្យ​សោះ។+ តើ​អ្នក​នឹង​ពោល​ពាក្យ​ដែល​ធ្វើ​ឲ្យ​ព្រះ​ពិត​ខឹង​ដើម្បី​ឲ្យ​លោក​បំផ្លាញ​កិច្ច​ការ​របស់​អ្នក​ឬ?+ ៧ ពី​ព្រោះ​ដូច​ការ​ព្រួយ​បារម្ភ​ច្រើន​ពេក​នាំ​ឲ្យ​យល់​សប្ដិ*+ នោះ​ការ​និយាយ​ច្រើន​ពេក​ក៏​បណ្ដាល​ឲ្យ​ទៅ​ជា​អសារ​ឥត​ការ​ដែរ។ ប៉ុន្តែ ចូរ​កោត​ខ្លាច​ព្រះ​ពិត។+

៨ បើ​អ្នក​ឃើញ​ជន​ក្រី​ក្រ​រង​ការ​សង្កត់​សង្កិន ហើយ​ឃើញ​មន្ត្រី​ជាន់​ខ្ពស់​បំពាន​យុត្តិធម៌​និង​សេចក្ដី​សុចរិត​ក្នុង​តំបន់​របស់​អ្នក ចូរ​កុំ​ភ្ញាក់​ផ្អើល​ឡើយ។+ ព្រោះ​អ្នក​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​កំពុង​ឃ្លាំ​មើល​មន្ត្រី​នោះ ហើយ​ក៏​មាន​អ្នក​ផ្សេង​ទៀត​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​កំពុង​ឃ្លាំ​មើល​ពួក​គេ​ដែរ។

៩ ម្យ៉ាង​ទៀត ភោគ​ផល​ដែល​បាន​មក​ពី​ទឹក​ដី បាន​ត្រូវ​បែង​ចែក​ឲ្យ​ដល់​ពួក​គេ​ទាំង​អស់​គ្នា។ សូម្បី​តែ​ស្ដេច​ក៏​ទទួល​ផល​ពី​ស្រែ​ចម្ការ​ដែរ។+

១០ អ្នក​ដែល​ស្រឡាញ់​ប្រាក់​មិន​ចេះ​ស្កប់​ស្កល់​នឹង​ប្រាក់​ឡើយ ហើយ​អ្នក​ដែល​ស្រឡាញ់​ទ្រព្យ​សម្បត្តិ ក៏​មិន​ចេះ​ឆ្អែត​ឆ្អន់​នឹង​ប្រាក់​ចំណូល​ដែរ។+ នេះ​សុទ្ធ​តែ​អសារ​ឥត​ការ។+

១១ ពេល​មាន​របស់​ល្អ​កាន់​តែ​ច្រើន អ្នក​ដែល​ប្រើ​របស់​ល្អ​ទាំង​នោះ​ក៏​មាន​ចំនួន​កាន់​តែ​ច្រើន​ដែរ។+ បើ​ដូច្នេះ ម្ចាស់​នៃ​របស់​ល្អ​ទាំង​នោះ​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​ទេ គាត់​បាន​ត្រឹម​តែ​សម្លឹង​មើល​ប៉ុណ្ណោះ។+

១២ អ្នក​បម្រើ​ដេក​លក់​ស្រួល ទោះ​ជា​គាត់​បរិភោគ​តិច​ឬ​ច្រើន​ក្ដី។ ចំណែក​ឯ​អ្នក​ដែល​មាន​ទ្រព្យ​បរិបូរ គាត់​ដេក​មិន​លក់​ទេ។

១៣ ខ្ញុំ​បាន​ឃើញ​រឿង​ដ៏​សែន​ខ្លោច​ផ្សា*នៅ​ក្រោម​ថ្ងៃ​គឺ​៖ អ្នក​ខ្លះ​បាន​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​ច្រើន​ពេក រហូត​ដល់​នាំ​ឲ្យ​ខ្លួន​ជួប​អន្តរាយ។ ១៤ អ្នក​មាន​ទាំង​នោះ​បាត់​បង់​ទ្រព្យ​សម្បត្តិ ដោយ​សារ​ជំនួញ​បរាជ័យ ហើយ​ពេល​គាត់​មាន​កូន គាត់​គ្មាន​មត៌ក​អ្វី​សោះ​ឲ្យ​កូន​របស់​គាត់។+

១៥ ដូច​មនុស្ស​កើត​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ពួក​គេ​ក៏​នឹង​ទៅ​វិញ​ដោយ​ខ្លួន​ទទេ​ដែរ។+ ពួក​គេ​មិន​អាច​យក​អ្វី​ៗ​ដែល​ពួក​គេ​ខំ​រក​យ៉ាង​នឿយ​ហត់​ទៅ​ជា​មួយ​បាន​ទេ។+

១៦ នេះ​ក៏​ជា​រឿង​ដ៏​សែន​ខ្លោច​ផ្សា*មួយ​ដែរ​គឺ​៖ ដូច​គាត់​កើត​មក​យ៉ាង​ណា គាត់​នឹង​ត្រឡប់​ទៅ​វិញ​យ៉ាង​នោះ ហើយ​អ្វី​ដែល​គាត់​ខិត​ខំ​ធ្វើ​យ៉ាង​នឿយ​ហត់ នោះ​គ្មាន​ប្រយោជន៍​សោះ​ឡើយ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។+ ១៧ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រាល់​ថ្ងៃ​គាត់​មិន​ដែល​បាន​បរិភោគ​យ៉ាង​សប្បាយ​ទេ* គាត់​មាន​តែ​ការ​តាន​តឹង​ចិត្ត ជំងឺ និង​ការ​ក្ដៅ​ក្រហាយ​ជាប់​ខ្លួន។+

១៨ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​យល់​ឃើញ​ថា​ជា​ការ​ល្អ​និង​សម​ត្រឹម​ត្រូវ​គឺ​៖ ក្នុង​មួយជីវិត​ដ៏​ខ្លី​ដែល​ព្រះ​ពិត​បាន​ឲ្យ​ដល់​មនុស្ស គេ​គួរ​ផឹក បរិភោគ និង​សប្បាយ​រីករាយ​ដោយ​សារ​ការងារ​ដែល​គេ​បាន​ធ្វើ​យ៉ាង​នឿយ​ហត់+នៅ​ក្រោម​ថ្ងៃ ព្រោះ​នេះ​ហើយ​ជា​រង្វាន់*របស់​គេ។+ ១៩ ម្យ៉ាង​ទៀត ពេល​ព្រះ​ពិត​ឲ្យ​មនុស្ស​ណា​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​និង​ធន​ធាន​ច្រើន+ ព្រម​ទាំង​ឲ្យ​គាត់​ចេះ​សប្បាយ​នឹង​អ្វី​ដែល​គាត់​មាន គាត់​គួរ​ទទួល​យក​រង្វាន់*ទាំង​នោះ ហើយ​រីករាយ​នឹង​ការ​នឿយ​ហត់​របស់​គាត់។ នេះ​ហើយ​ជា​អំណោយ​ពី​ព្រះ។+ ២០ យ៉ាង​នេះ គាត់​នឹង​មិន​គិត​ច្រើន​ពេក​អំពី​បញ្ហា​ដែល​កើត​ឡើង​ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គាត់​ឡើយ ដោយ​សារ​ព្រះ​ពិត​ឲ្យ​គាត់​ជាប់​រវល់​នឹង​អ្វី​ដែល​នាំ​ឲ្យ​គាត់​មាន​អំណរ។+

៦ ខ្ញុំ​បាន​ឃើញ​រឿង​ខ្លោច​ផ្សា*មួយ​ទៀត​ដែល​កើត​ឡើង​នៅ​ក្រោម​ថ្ងៃ ហើយ​នេះ​ជា​រឿង​ធម្មតា​របស់​មនុស្ស​៖ ២ ព្រះ​ពិត​ផ្ដល់​ឲ្យ​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ មាន​ធន​ធាន និង​មាន​កិត្តិយស។ យ៉ាង​នេះ គាត់​មិន​ខ្វះ​អ្វី​ដែល​គាត់​ចង់​បាន​ឡើយ។ ប៉ុន្តែ ព្រះ​ពិត​មិន​បាន​ឲ្យ​គាត់​សប្បាយ​នឹង​អ្វី​ទាំង​នោះ​ទេ តែ​លោក​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​មក​សប្បាយ​ជំនួស​គាត់​វិញ។ នេះ​ក៏​អសារ​ឥត​ការ និង​ជា​ទុក្ខ​វេទនា​ដ៏​ធ្ងន់​ធ្ងរ​ដែរ។ ៣ ឧបមា​ថា បុរស​ម្នាក់​មាន​កូន​១០០​នាក់ គាត់​មាន​អាយុ​វែង ហើយ​រស់​បាន​យូរ​រហូត​ដល់​ចាស់​ជរា តែ​គាត់​មិន​ដែល​បាន​សប្បាយ​នឹង​អ្វី​ល្អ​ៗ​ដែល​គាត់​មាន​មុន​ពេល​ស្លាប់​ទេ។ ខ្ញុំ​សូម​ប្រាប់​ថា​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់+ ៤ ព្រោះ​កូន​នោះ​កើត​មក​ជា​ឥត​ប្រយោជន៍ ហើយ​បាត់​ទៅ​ក្នុង​ភាព​ងងឹត​វិញ ហើយ​ឈ្មោះ​របស់​គាត់​ក៏​សាប​សូន្យ​ទៅ​ដែរ។* ៥ ទោះ​ជា​គាត់​មិន​បាន​ឃើញ​ពន្លឺ​ថ្ងៃ និង​មិន​បាន​ដឹង​អ្វី​សោះ​ក៏​ដោយ តែ​គាត់​នៅ​តែ​ប្រសើរ​ជាង​បុរស​នោះ។+ ៦ ប្រសិន​បើ​មនុស្ស​អាច​រស់​ដល់​២.០០០​ឆ្នាំ តែ​មិន​ដែល​បាន​សប្បាយ​រីករាយ តើ​មាន​ប្រយោជន៍​អ្វី? ព្រោះ​នៅ​ចុង​បញ្ចប់ មនុស្ស​គ្រប់​រូប​ទៅ​កន្លែង​ដូច​គ្នា។+

៧ មនុស្ស​ខំ​ធ្វើ​ការ​ទាំង​អស់​យ៉ាង​នឿយ​ហត់ គឺ​ដើម្បី​ចម្អែត​ក្រពះ​របស់​ខ្លួន។+ ប៉ុន្តែ គេ​មិន​ចេះ​ស្កប់​ស្កល់​ឡើយ។ ៨ រីឯ​មនុស្ស​ឈ្លាស​វៃ​វិញ តើ​មាន​អ្វី​ល្អ​ជាង​មនុស្ស​ល្ងី​ល្ងើ​ទៅ?+ ហើយ​ចំពោះ​មនុស្ស​ក្រី​ក្រ​ដែល​ប្រឹង​ត្រដរ​រស់ តើ​គាត់​បាន​ប្រយោជន៍​អ្វី? ៩ បើ​សប្បាយ​នឹង​អ្វី​ដែល​ភ្នែក​មើល​ឃើញ នោះ​ប្រសើរ​ជាង​ដេញ​តាម​អ្វី​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន។ នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។

១០ អ្វី​ៗ​ដែល​មាន​ស្រាប់ នោះ​បាន​ត្រូវ​ដាក់​ឈ្មោះ​រួច​អស់​ហើយ។ ចំ​ណែ​ក​ឯ​ធាតុ​ពិត​របស់​មនុស្ស​ក៏​បាន​ត្រូវ​ស្គាល់​រួច​ហើយ​ដែរ។ មនុស្ស​មិន​អាច​ប្រកែក​តវ៉ា*ជា​មួយ​នឹង​អ្នក​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ជាង​ខ្លួន​បាន​ទេ។ ១១ និយាយ​ច្រើន* អសារ​ឥត​ការ​ក៏​ច្រើន។ ដូច្នេះ តើ​បាន​ប្រយោជន៍​អ្វី? ១២ តើ​អ្វី​ទៅ​មាន​ប្រយោជន៍​ច្រើន​បំផុត​ដែល​មនុស្ស​គួរ​ធ្វើ​ក្នុង​ជីវិត​ដ៏​ខ្លី​ឥត​បាន​ការ​របស់​ពួក​គេ ដែល​ប្រៀប​ដូច​ជា​ស្រមោល​រសាត់​បាត់?+ តើ​មាន​អ្នក​ណា​ដឹង​ទេ? តើ​អ្នក​ណា​អាច​ប្រាប់​បាន​ថា​ក្រោយ​មនុស្ស​ស្លាប់​ទៅ នឹង​មាន​អ្វី​កើត​ឡើង​នៅ​ក្រោម​ថ្ងៃ?

៧ កេរ្តិ៍​ឈ្មោះ​ល្អ​គឺ​ប្រសើរ​ជាង​ប្រេង​មាន​តម្លៃ+ ហើយ​ថ្ងៃ​ស្លាប់​គឺ​ប្រសើរ​ជាង​ថ្ងៃ​កើត។ ២ ទៅ​ផ្ទះ​ដែល​មាន​គេ​កាន់​ទុក្ខ នោះ​ប្រសើរ​ជាង​ទៅ​ផ្ទះ​ដែល​មាន​ពិធី​ជប់​លៀង+ ព្រោះ​សេចក្ដី​ស្លាប់​ជា​ទី​បញ្ចប់​របស់​មនុស្ស​ទាំង​អស់។ ដូច្នេះ មនុស្ស​ដែល​នៅ​រស់​គួរ​ចាំ​ទុក​ក្នុង​ចិត្ត។ ៣ ការ​មាន​ទុក្ខ​ព្រួយ​ល្អ​ជាង​ការ​សើច​សប្បាយ+ ព្រោះ​ទឹក​មុខ​ក្រៀម​ក្រំ​នាំ​ឲ្យ​ចិត្ត​ស្រស់ថ្លា​ឡើង។+ ៤ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ផ្ទះ​ដែល​មាន​គេ​កាន់​ទុក្ខ។ ប៉ុន្តែ ចិត្ត​របស់​មនុស្ស​ល្ងី​ល្ងើ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​កម្សាន្ត​សប្បាយ។+

៥ ស្ដាប់​មនុស្ស​មាន​ប្រាជ្ញា​ស្ដី​បន្ទោស+ ប្រសើរ​ជាង​ស្ដាប់​មនុស្ស​ល្ងី​ល្ងើ​ច្រៀង។ ៦ ព្រោះ​សំឡេង​សើច​សប្បាយ​របស់​មនុស្ស​ល្ងី​ល្ងើ ដូច​ជា​សូរ​ដើម​បន្លា​ដែល​កំពុង​ឆេះ​នៅ​ក្រោម​ឆ្នាំង+ ហើយ​នេះ​ក៏​អសារ​ឥត​ការ​ដែរ។ ៧ ការ​សង្កត់​សង្កិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា​ប្រព្រឹត្ត​ដូច​មនុស្ស​ឆ្កួត ហើយ​សំណូក​នាំ​ឲ្យ​ចិត្ត​គំនិត​ខូច​អាក្រក់។+

៨ ពេល​បញ្ចប់​ប្រសើរ​ជាង​ពេល​ចាប់​ផ្ដើម។ ចិត្ត​អត់​ធ្មត់​ល្អ​ជាង​ចិត្ត​អំណួត។+ ៩ កុំ​ឆាប់​ទើស​ចិត្ត+ ព្រោះ​កំហឹង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងង់​ខ្លៅ។*+

១០ កុំ​សួរ​ថា​៖ ​«​ហេតុ​អ្វី​ពី​មុន​ល្អ​ជាង​បច្ចុប្បន្ន?​»។ បើ​អ្នក​សួរ​ដូច្នេះ អ្នក​គ្មាន​ប្រាជ្ញា​ទេ។+

១១ ពេល​មនុស្ស​ដែល​មាន​ប្រាជ្ញា​ទទួល​បាន​មត៌ក នេះ​ជា​អ្វី​ដ៏​ល្អ។ ប្រាជ្ញា​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​នៅ​រស់។* ១២ ព្រោះ​ប្រាជ្ញា​ជា​គ្រឿង​ការ​ពារ+ ដូច​ប្រាក់​ក៏​ជា​គ្រឿង​ការ​ពារ​ដែរ។+ ប៉ុន្តែ ការ​មាន​ចំណេះ​និង​ប្រាជ្ញា​គឺ​ប្រសើរ​ជាង ដោយ​សារ​នោះ​រមែង​ជួយ​រក្សា​ជីវិត​របស់​អ្នក​ដែល​មាន​អ្វី​ទាំង​នោះ។+

១៣ សូម​ពិចារណា​អំពី​ស្នា​ដៃ​របស់​ព្រះ​ពិត ព្រោះ​តើ​អ្នក​ណា​អាច​តម្រង់​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​វៀច​ទេ?+ ១៤ នៅ​ថ្ងៃ​ល្អ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ*+ តែ​នៅ​ថ្ងៃ​លំបាក* ចូរ​ដឹង​ថា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទាំង​ថ្ងៃ​ល្អ​ទាំង​ថ្ងៃ​អាក្រក់+ ដើម្បី​កុំ​ឲ្យ​មនុស្ស​អាច​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​អនាគត។+

១៥ ក្នុង​ជីវិត​អសារ​ឥត​ការ​របស់​ខ្ញុំ+ ខ្ញុំ​បាន​ឃើញ​អ្វី​ៗ​ទាំង​អស់។ ខ្ញុំ​បាន​ឃើញ​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ ទោះ​ជា​គេ​ប្រព្រឹត្ត​អំពើ​សុចរិត​ក៏​ដោយ+ ហើយ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ទុច្ចរិត​ដែល​រស់​នៅ​យូរ​អង្វែង ទោះ​ជា​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្ដី។+

១៦ កុំ​ធ្វើ​ខ្លួន​សុចរិត​ហួស​ហេតុ​ពេក+ ហើយ​កុំ​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ជ្រុល​ពេក​ដែរ។+ ហេតុ​អ្វី​អ្នក​ចង់​នាំ​អន្តរាយ​ដល់​ខ្លួន?+ ១៧ កុំ​ធ្វើ​អំពើ​ទុច្ចរិត​ហួស​ល្បត់ ហើយ​កុំ​ប្រព្រឹត្ត​អំពើ​ល្ងង់​ខ្លៅ។*+ តើ​អ្នក​ចង់​ស្លាប់​មុន​អាយុ​ឬ?+ ១៨ ជា​ការ​ល្អ​បំផុត​បើ​អ្នក​ស្ដាប់​ការ​ព្រមាន​ទាំង​ពីរ​នេះ ហើយ​កុំ​បដិសេធ​ណា​មួយ​ឡើយ+ ព្រោះ​អ្នក​ដែល​កោត​ខ្លាច​ព្រះ​នឹង​ធ្វើ​តាម​ការ​ព្រមាន​ទាំង​ពីរ​នេះ។

១៩ ប្រាជ្ញា​ធ្វើ​ឲ្យ​មនុស្ស​ឈ្លាស​វៃ​មាន​កម្លាំង​ខ្លាំង​ក្លា​ជាង​មនុស្ស​ដែល​មាន​អំណាច​១០​នាក់​នៅ​ក្នុង​ក្រុង​ទៅ​ទៀត។+ ២០ ព្រោះ​នៅ​ផែនដី គ្មាន​មនុស្ស​សុចរិត​ណា​ម្នាក់​ដែល​តែង​តែ​ធ្វើ​ល្អ​ជា​និច្ច ហើយ​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ។+

២១ កុំ​គិត​ច្រើន​ពេក​អំពី​ពាក្យ​ទាំង​អស់​ដែល​មនុស្ស​និយាយ។+ ពុំ​នោះ​សោត អ្នក​នឹង​ឮ​ពួក​អ្នក​បម្រើ​និយាយ​អាក្រក់​អំពី​អ្នក។* ២២ ព្រោះ​អ្នក​ដឹង​ជាក់​ក្នុង​ចិត្ត​ហើយ​ថា ខ្លួន​អ្នក​ផ្ទាល់​ក៏​បាន​និយាយ​អាក្រក់​អំពី​គេ​ជា​ច្រើន​ដង​ដែរ។+

២៣ ខ្ញុំ​បាន​ប្រើ​ប្រាជ្ញា​ត្រិះរិះ​អំពី​អ្វី​ទាំង​អស់​នេះ ហើយ​ខ្ញុំ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ខំ​ឲ្យ​បាន​ប្រាជ្ញា​ច្រើន​ជាង​»។ ប៉ុន្តែ ប្រាជ្ញា​គឺ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ណាស់។ ២៤ អ្វី​ៗ​ដែល​បាន​កើត​ឡើង នោះ​នៅ​ឆ្ងាយ​ពេក ហើយ​ក៏​ជ្រៅ​ហួស​ពី​ការ​នឹក​ស្មាន។ តើ​អ្នកណា​អាច​យល់​បាន?+ ២៥ ខ្ញុំ​បាន​សម្រេច​ចិត្ត​សិក្សា ស្រាវ​ជ្រាវ ស្វែង​រក​ប្រាជ្ញា​និង​ដើមហេតុ​នៃ​អ្វី​ៗ​ទាំង​ឡាយ ហើយ​ខំ​ស្វែង​យល់​អំពី​ការ​ប្រព្រឹត្ត​ទុច្ចរិត​របស់​មនុស្ស​ល្ងី​ល្ងើ និង​ទង្វើ​ផ្ដេស​ផ្ដាស​របស់​មនុស្ស។+ ២៦ បន្ទាប់​មក ខ្ញុំ​បាន​រក​ឃើញ​ថា​៖ អ្វី​ដែល​អាក្រក់​ជាង​សេចក្ដី​ស្លាប់​គឺ ស្ត្រី​ដែល​ប្រៀប​ដូច​ជា​សំណាញ់​របស់​នាយ​ព្រាន ហើយ​ចិត្ត​របស់​នាង​ដូច​ជា​អួន ឯ​ដៃ​របស់​នាង​ដូច​ជា​ច្រវាក់។ អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​ពិត​ពេញ​ចិត្ត​នឹង​ជៀស​ចេញ​ពី​នាង+ តែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ជាប់​អន្ទាក់​របស់​នាង​វិញ។+

២៧ អ្នក​ទូន្មាន​ពោល​ថា​៖ ​«​មើល! នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​រក​ឃើញ។+ ខ្ញុំ​បាន​ស៊ើប​អង្កេត​រឿង​មួយ​ហើយ​មួយ​ទៀត​ដើម្បី​ដឹង​ការ​ពិត។ ២៨ ប៉ុន្តែ រឿង​ដែល​ខ្ញុំ​ខំ​ព្យាយាម​ស្វែង​យល់ បែរ​ជា​គ្មាន​ចម្លើយ។ ក្នុង​ចំណោម​មនុស្ស​១.០០០​នាក់ ខ្ញុំ​ឃើញ​មាន​បុរស​ទៀង​ត្រង់​ម្នាក់ តែ​មិន​ឃើញ​មាន​ស្ត្រី​ទៀង​ត្រង់​ណា​ម្នាក់​សោះ។ ២៩ អ្វី​មួយ​ប៉ុណ្ណោះ​ដែល​ខ្ញុំ​បាន​រក​ឃើញ​គឺ​៖ ព្រះ​ពិត​បាន​បង្កើត​មនុស្សជាតិ​មក​ជា​មនុស្ស​ទៀង​ត្រង់+ តែ​ពួក​គេ​ទេ​ជា​អ្នក​ដែល​គិត​ធ្វើ​គម្រោង​ជា​ច្រើន​»។+

៨ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​មនុស្ស​មាន​ប្រាជ្ញា? តើ​អ្នក​ណា​ស្គាល់​វិធី​ដោះ​ស្រាយ​បញ្ហា? ប្រាជ្ញា​របស់​មនុស្ស​ធ្វើ​ឲ្យ​ទឹក​មុខ​ភ្លឺ​ថ្លា ហើយ​ធ្វើ​ឲ្យ​មុខ​មាំ​ប្រែ​ទៅ​ជា​រីករាយ។

២ ខ្ញុំ​ប្រាប់​ថា​៖ ​«​ចូរ​ធ្វើ​តាម​បង្គាប់​របស់​ស្ដេច+ ព្រោះ​អ្នក​បាន​ស្បថ​ចំពោះ​មុខ​ព្រះ​រួច​ហើយ។+ ៣ ពេល​នៅ​ចំពោះ​មុខ​ស្ដេច កុំ​ប្រញាប់​ថយ​ចេញ​ឡើយ។+ កុំ​រួម​ចំណែក​ជា​មួយ​នឹង​អំពើ​អាក្រក់​ឲ្យ​សោះ+ ព្រោះ​ស្ដេច​អាច​ធ្វើ​អ្វី​ក៏​ដោយ​ដែល​គាត់​ពេញ​ចិត្ត។ ៤ ដោយ​សារ​សម្ដី​របស់​ស្ដេច​ជា​សម្ដី​ដាច់​ខាត+ នោះ​គ្មាន​អ្នក​ណា​ហ៊ាន​សួរ​ថា​៖ ‹ហេតុ​អ្វី​លោក​ធ្វើ​ដូច្នេះ?›​»។

៥ អ្នក​ដែល​ធ្វើ​តាម​បញ្ញត្តិ​នឹង​មិន​ជួប​ទុក្ខ​លំបាក​ឡើយ។+ មនុស្ស​មាន​ប្រាជ្ញា​នឹង​ស្គាល់​ពេល​វេលា​ត្រឹម​ត្រូវ ហើយ​ស្គាល់​វិធី​ដោះ​ស្រាយ​បញ្ហា​នីមួយ​ៗ។*+ ៦ ព្រោះ​ទោះ​ជា​មនុស្សជាតិ​មាន​បញ្ហា​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ពេល​វេលា​និង​វិធី​ត្រឹម​ត្រូវ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដែរ។+ ៧ គ្មាន​នរណា​ម្នាក់​ដឹង​ថា​នឹង​មានអ្វី​កើត​ឡើង​ឡើយ ដូច្នេះ​តើ​មាន​នរណា​អាច​ប្រាប់​បាន​ថា​នោះ​នឹង​កើត​ឡើង​តាម​របៀប​ណា?

៨ គ្មាន​មនុស្ស​ណា​ម្នាក់​មាន​អំណាច​គ្រប់​គ្រង​លើ​កម្លាំង​ជីវិត* ឬ​អាច​ឃាត់​ឃាំង​កម្លាំង​ជីវិត​បាន​ទេ។ ដូច​គ្នា​ដែរ គ្មាន​អ្នក​ណា​អាច​គ្រប់​គ្រង​លើ​ថ្ងៃ​មរណៈ​បាន​ឡើយ។+ ដូច​ជា​ក្នុង​អំឡុង​សង្គ្រាម​គ្មាន​អ្នក​ណា​ម្នាក់​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ នោះ​អំពើ​ទុច្ចរិត​ក៏​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​នោះ​បាន​រួច​ខ្លួន​ដែរ។*

៩ ខ្ញុំ​បាន​ឃើញ​អ្វី​ទាំង​អស់​នេះ ហើយ​ខ្ញុំ​បាន​ពិចារណា​មើល​អស់​ទាំង​កិច្ចការ​ដែល​បាន​ត្រូវ​ធ្វើ​នៅ​ក្រោម​ថ្ងៃ។ ក្នុង​អំឡុង​ពេល​ដែល​មនុស្ស​បាន​ត្រួត​ត្រា​លើ​មនុស្ស នោះ​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា។*+ ១០ ម្យ៉ាង​ទៀត ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​ជន​ទុច្ចរិត។ ជន​ទាំង​នោះ​ជា​ពួក​អ្នក​ដែល​ធ្លាប់​ចេញ​ចូល​កន្លែង​បរិសុទ្ធ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន មនុស្ស​នៅ​ក្នុង​ក្រុង​បាន​ភ្លេច​អំពើ​ទុច្ចរិត​ដែល​ពួក​អ្នក​ទាំង​នោះ​បាន​ធ្វើ​នៅ​ក្នុង​ក្រុង។+ នេះ​ក៏​អសារ​ឥត​ការ​ដែរ។

១១ ដោយ​សារ​ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​បាន​ត្រូវ​ដាក់​ទោស​ភ្លាម​ៗ​+ នោះ​នាំ​ឲ្យ​មនុស្ស​កាន់​តែ​ហ៊ាន​ធ្វើ​អំពើ​អាក្រក់។+ ១២ ទោះ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រហែល​ជា​ធ្វើ​អំពើ​អាក្រក់​១០០​ដង និង​មាន​អាយុ​វែង​ក៏​ដោយ តែ​ខ្ញុំ​ដឹង​ច្បាស់​ថា​មាន​តែ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​ពិត​ប៉ុណ្ណោះ ដែល​ទទួល​បាន​សេចក្ដី​ល្អ ព្រោះ​ពួក​គេ​គោរព​កោត​ខ្លាច​លោក។+ ១៣ ចំណែក​ឯ​មនុស្ស​ទុច្ចរិត​វិញ គេ​គ្មាន​ថ្ងៃ​ទទួល​បាន​សេចក្ដី​ល្អ​ទេ+ ហើយ​ជីវិត​របស់​គេ​ដែល​ប្រៀប​ដូច​ជា​ស្រមោល នឹង​មិន​បាន​វែង​ឡើយ+ ដោយ​សារ​គេ​មិន​គោរព​កោត​ខ្លាច​ព្រះ។

១៤ មាន​រឿង​អសារ​ឥត​ការ*ខ្លះ​ទៀត​ដែល​កើត​ឡើង​នៅ​ផែនដី​៖ មនុស្ស​សុចរិត​ខ្លះ​បាន​ទទួល​លទ្ធផល ហាក់​ដូច​ជា​ពួក​គេ​បាន​ធ្វើ​អំពើ​ទុច្ចរិត+ ហើយ​មនុស្ស​ទុច្ចរិត​ខ្លះ​បាន​ទទួល​លទ្ធផល ហាក់​ដូច​ជា​ពួក​គេ​បាន​ធ្វើ​អំពើ​សុចរិត។+ ខ្ញុំ​ចង់​ប្រាប់​ថា នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា។

១៥ ដូច្នេះ ខ្ញុំ​សូម​ជូន​យោបល់​ថា ចូរ​រីករាយ​ត្រេក​អរ​ចុះ+ ព្រោះ​សម្រាប់​មនុស្ស គ្មាន​អ្វី​នៅ​ក្រោម​ថ្ងៃ​ដែល​ប្រសើរ​ជាង​ការ​ផឹក ការ​បរិភោគ និង​ការ​សប្បាយ​រីករាយ កាល​ដែល​គេ​ខំ​ព្យាយាម​ធ្វើ​ការ​នឿយ​ហត់+ ក្នុង​អំឡុង​ពេល​ដែល​ព្រះ​ពិត​ឲ្យ​គេ​មាន​ជីវិត​នៅ​ក្រោម​ថ្ងៃ។

១៦ ខ្ញុំ​បាន​តាំង​ចិត្ត​ខំ​រក​ឲ្យ​បាន​ប្រាជ្ញា និង​ព្យាយាម​យល់​គ្រប់​កិច្ចការ​ដែល​កំពុងកើត​ឡើង​នៅ​ផែនដី+ រហូត​ដល់​ខ្ញុំ​មិន​បាន​ដេក​ទាំង​ថ្ងៃ​ទាំង​យប់។* ១៧ រួច​មក ខ្ញុំ​បាន​រំពឹង​គិត​អំពី​កិច្ចការ​ទាំង​អស់​របស់​ព្រះ​ពិត ហើយ​ខ្ញុំ​យល់​ឃើញ​ថា​មនុស្សជាតិ​មិន​អាច​យល់​អ្វី​ដែល​កើត​ឡើង​នៅ​ក្រោម​ថ្ងៃ​បាន​ទេ។+ ទោះ​បី​ជា​ពួក​គេ​ខំ​ប្រឹង​យល់​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​មិន​អាច​យល់​បាន​ដែរ។ ទោះ​ជា​ពួក​គេ​អះអាង​ថា​ខ្លួន​មាន​ប្រាជ្ញា​ល្មម​នឹង​យល់​បាន​ក៏​ដោយ ពួក​គេ​នៅ​តែ​មិន​អាច​យល់​បាន​ច្បាស់​ឡើយ។+

៩ ដូច្នេះ ខ្ញុំ​បាន​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​អ្វី​ទាំង​នេះ ហើយ​ខ្ញុំ​បាន​សន្និដ្ឋាន​ថាទាំង​មនុស្ស​សុចរិត​ទាំង​មនុស្ស​មាន​ប្រាជ្ញា និង​កិច្ច​ការ​របស់​ពួក​គេ សុទ្ធ​តែនៅ​ក្នុង​ដៃ​របស់​ព្រះ​ពិត។+ មនុស្ស​មិន​ដឹង​អំពី​ការ​ស្រឡាញ់​និង​ការ​ស្អប់​របស់​ពួក​អ្នក​ដែល​រស់​នៅ​សម័យ​មុន​ទេ។ ២ មនុស្ស​គ្រប់​រូប​មាន​ទី​បញ្ចប់​ដូច​គ្នា+ ទាំង​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត+ ទាំង​មនុស្ស​ល្អ មនុស្ស​ស្អាត​ស្អំ​និង​មនុស្ស​មិន​ស្អាត​ស្អំ ទាំង​អ្នក​ដែល​ជូន​គ្រឿង​បូជា​ទាំង​អ្នក​ដែល​មិន​ជូន​គ្រឿង​បូជា។ មនុស្ស​ល្អ​ក៏​ដូច​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​អ្នក​ដែល​ស្បថ​ក៏​ដូច​អ្នក​ដែល​មិន​ហ៊ាន​ស្បថ​ដែរ។ ៣ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ដែល​កើត​ឡើង​នៅ​ក្រោម​ថ្ងៃ​គឺ​៖ ដោយ​សារ​មនុស្ស​គ្រប់​រូប​មាន​ទី​បញ្ចប់​ដូច​គ្នា+ នោះ​ចិត្ត​របស់​មនុស្ស​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អាក្រក់ ហើយ​កាល​ដែល​ពួក​គេ​នៅ​រស់ ពួក​គេ​មាន​តែ​ភាព​ឆ្កួត​លីលា​នៅ​ក្នុង​ចិត្ត។ ក្រោយ​មក ពួក​គេ​ក៏​ស្លាប់​ទៅ!

៤ អ្នក​ដែល​នៅ​រស់​នៅ​មាន​សង្ឃឹម ព្រោះ​ឆ្កែ​រស់​ប្រសើរ​ជាង​តោ​ស្លាប់។+ ៥ មនុស្ស​ដែល​នៅ​រស់​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន+ តែ​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ទាល់​តែ​សោះ+ ក៏​មិន​ទទួល​រង្វាន់*អ្វី​ដែរ ហើយ​គ្មាន​អ្នក​ណា​នឹក​ចាំ​អំពី​ពួក​គេ​ទៀត​ទេ។+ ៦ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ស្រឡាញ់ ការ​ស្អប់ និង​ការ​ច្រណែន​របស់​ពួក​គេ បាន​វិនាស​បាត់​ទៅ​ហើយ។ ពួក​គេ​ក៏​លែង​មាន​ចំណែក​អ្វី​នៅ​ក្រោម​ថ្ងៃ​ទៀត​ដែរ។+

៧ ហេតុ​នេះ ចូរ​អ្នក​ទៅ​បរិភោគ​អាហារ​ឲ្យ​បាន​សប្បាយ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ឲ្យ​បាន​រីករាយ​ចុះ+ ព្រោះ​ព្រះ​ពិត​ពេញ​ចិត្ត​កិច្ច​ការ​របស់​អ្នក។+ ៨ ចូរ​អ្នក​ស្លៀក​ពាក់​ស*ជា​និច្ច ហើយ​កុំ​ខាន​លាប​ប្រេង​លើ​ក្បាល​អ្នក​ឡើយ។+ ៩ ចូរ​អ្នក​រស់​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ជា​ទី​ស្រឡាញ់​ដោយ​ចិត្ត​សប្បាយ+អស់​មួយ​ជីវិត ជា​ជីវិត​អសារ​ឥត​ការ​ដែល​ព្រះ​បាន​ឲ្យ​ដល់​អ្នក​នៅ​ក្រោម​ថ្ងៃ។ អស់​ទាំង​ថ្ងៃ​របស់​អ្នក​សុទ្ធ​តែ​ឥត​ប្រយោជន៍។ ព្រោះ​នោះ​ហើយ​ជា​ចំណែក​ក្នុង​ជីវិត​របស់​អ្នក និង​ជា​រង្វាន់​ចំពោះ​កិច្ច​ការ​នឿយ​ហត់​ដែល​អ្នក​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ។+ ១០ ដូច្នេះ អ្វី​ក៏​ដោយ​ដែល​ដៃ​របស់​អ្នក​អាច​ធ្វើ​បាន ចូរ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​ចុះ ដោយ​សារ​នៅ​ក្នុង​ផ្នូរ*ជា​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ គ្មាន​ការងារ គ្មាន​គម្រោង គ្មាន​ចំណេះ ឬ​គ្មាន​ប្រាជ្ញា​ឡើយ។+

១១ ខ្ញុំ​បាន​ឃើញ​អ្វី​មួយ​ទៀត​នៅ​ក្រោម​ថ្ងៃ​គឺ អ្នក​ដែល​រត់​លឿន​មិន​តែង​តែ​ឈ្នះ​ក្នុង​ការ​ប្រណាំង​ទេ ហើយ​អ្នក​ដែល​ពូកែ​ច្បាំង​ក៏​មិន​តែង​តែ​ច្បាំង​ឈ្នះ​ជា​និច្ច​ដែរ។+ រីឯ​មនុស្ស​មាន​ប្រាជ្ញា​មិន​តែង​តែ​មាន​អាហារ​បរិភោគ​ទេ ហើយ​មនុស្ស​ឈ្លាស​វៃ​ក៏​មិន​តែង​តែ​មាន​ទ្រព្យ​សម្បត្តិ​ដែរ។+ ចំណែក​អស់​អ្នក​ដែល​មាន​ចំណេះ​ក៏​មិន​បាន​ជោគ​ជ័យ​គ្រប់​ពេល​ដែរ+ ពី​ព្រោះ​មនុស្ស​ទាំង​អស់​អាច​ជួប​ហេតុ​ការណ៍​ដែល​មិន​បាន​រំពឹង​ទុក នៅ​ពេល​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ដល់។ ១២ ព្រោះ​មនុស្ស​មិន​ដឹង​ថា​ពេល​ណា​នឹង​ដល់​វេលា​របស់​ខ្លួន​ទេ។+ មនុស្ស​អាច​ជួប​អន្តរាយ*ក្នុង​មួយ​រំពេច ដូច​ត្រី​ជាប់​ក្នុង​សំណាញ់ និង​ដូច​សត្វ​ស្លាប​ជាប់​អន្ទាក់។

១៣ ខ្ញុំ​បាន​សង្កេត​មើល​រឿង​មួយ​ទៀត​អំពី​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អស្ចារ្យ​ក្នុង​ចិត្ត​៖ ១៤ មាន​ក្រុង​តូច​មួយ​ដែល​មាន​បណ្ដា​ជន​តិច​តួច​រស់​នៅ ហើយ​មាន​ស្ដេច​មួយ​ដ៏​អង់អាច​ខ្លាំង​ក្លា​បាន​លើក​ទ័ព​មក​វាយ​ប្រហារ​ក្រុង​នោះ ទាំង​ឡោម​ព័ទ្ធ​និង​ចាក់​ដី​បង្គរ​ជុំវិញ​ក្រុង​នោះ។ ១៥ នៅ​ក្នុង​ក្រុង​នោះ មាន​បុរស​ក្រី​ក្រ​ម្នាក់​ដែល​មាន​ប្រាជ្ញា។ គាត់​បាន​ប្រើ​ប្រាជ្ញា​សង្គ្រោះ​ក្រុង​នោះ។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​នឹក​ចាំ​អំពី​បុរស​ក្រី​ក្រ​នោះ​ឡើយ។+ ១៦ ឃើញ​ដូច្នោះ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ការ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​ការ​មាន​កម្លាំង​ខ្លាំង​ក្លា។+ ប៉ុន្តែ អ្នក​ណា​ៗ​ក៏​មើល​ងាយ​ប្រាជ្ញា​របស់​មនុស្ស​ក្រី​ក្រ​ដែរ ហើយ​គ្មាន​អ្នក​ណា​អើពើ​នឹង​សម្ដី​របស់​គាត់​ទេ›។+

១៧ ការ​ស្ដាប់​ពាក្យ​ពេចន៍​ទន់ភ្លន់​របស់​មនុស្ស​មាន​ប្រាជ្ញា នោះ​ប្រសើរ​ជាង​ស្ដាប់​សំឡេង​ស្រែក​របស់​មេ​ដឹក​នាំ​មនុស្ស​ល្ងង់​ខ្លៅ។*

១៨ ការ​មាន​ប្រាជ្ញា​ប្រសើរ​ជាង​ការ​មាន​គ្រឿង​ចម្បាំង តែ​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តែ​ម្នាក់​អាច​បំផ្លាញ​អ្វី​ល្អ​ជា​ច្រើន។+

១០ ដូច​រុយ​ងាប់​បណ្ដាល​ឲ្យ​ប្រេង​ក្រអូប​របស់​អ្នក​អប់​ប្រេង​ទៅ​ជា​ស្អុយ​និង​បែក​ពពុះ នោះ​អំពើ​ល្ងង់​ខ្លៅ​តិច​តួច​ក៏​អាច​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​មនុស្ស​ដែល​គេ​គោរព និង​ដែល​គេ​ចាត់​ទុក​ថា​មាន​ប្រាជ្ញា​ដែរ។+

២ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​នាំ​គាត់​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ តែ​ចិត្ត​របស់​មនុស្ស​ល្ងី​ល្ងើ​នាំ​គាត់​ឲ្យ​ដើរ​តាម​ផ្លូវ​ខុស។+ ៣ គ្រប់​ទាំង​ផ្លូវ​ដែល​មនុស្ស​ល្ងង់​ខ្លៅ*ដើរ ស​ឲ្យ​ឃើញ​ថា​គាត់​មិន​ចេះ​គិត​ពិចារណា+ ហើយ​គាត់​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​ថា​គាត់​ជា​មនុស្ស​ល្ងង់​ខ្លៅ។+

៤ បើ​អ្នក​គ្រប់​គ្រង​ណា​ម្នាក់​ផ្ទុះ​កំហឹង​នឹង​អ្នក ចូរ​កុំ​ចាក​ចេញ​ពី​កន្លែង​របស់​អ្នក​ឡើយ+ ព្រោះ​ចិត្ត​ស្ងប់​ជួយ​ទប់​ស្កាត់​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។+

៥ ខ្ញុំ​បាន​ឃើញ​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ដែល​កើត​ឡើង​នៅ​ក្រោម​ថ្ងៃ គឺ​កំហុស​ដែល​បង្ក​ឡើង​ដោយ​ពួក​អ្នក​មាន​អំណាច​៖+ ៦ មនុស្ស​ល្ងង់​ខ្លៅ​បាន​កាន់​ឋានៈ​ខ្ពស់ តែ​មនុស្ស​ដែល​មាន​សមត្ថភាព*បន្ត​មាន​ឋានៈ​ទាប​វិញ។

៧ ខ្ញុំ​ធ្លាប់​ឃើញ​ពួក​អ្នក​បម្រើ​ជិះ​សេះ តែ​ពួក​អ្នក​គ្រប់​គ្រង​បែរ​ជា​ដើរ​ដូច​អ្នក​បម្រើ​ទៅ​វិញ។+

៨ អ្នក​ណា​ដែល​ជីក​រណ្ដៅ អ្នក​នោះ​អាច​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ+ ហើយ​អ្នក​ណា​ដែល​ទម្លាយ​ជញ្ជាំង​ថ្ម អ្នក​នោះ​អាច​ត្រូវ​ពស់​ចឹក។

៩ អ្នក​ដែល​ជីក​ថ្ម​អាច​ត្រូវ​របួស ហើយ​អ្នក​ដែល​កាប់​ឈើ​អាច​រង​គ្រោះ​ថ្នាក់។*

១០ បើ​អ្នក​ណា​ម្នាក់​មាន​ពូថៅ​ដែល​មាន​មុខ​រឹល តែ​មិន​សំលៀង​ឲ្យ​មុត​ទេ នោះ​គាត់​នឹង​ត្រូវ​បញ្ចេញ​កម្លាំង​យ៉ាង​ច្រើន។ ប៉ុន្តែ ប្រាជ្ញា​ជួយ​ឲ្យ​បាន​ជោគ​ជ័យ។

១១ បើ​ពស់​ចឹក​មុន​ដែល​គ្រូ​បាន​សូត្រ​មន្តអាគម តើ​អាគម​ដែល​គាត់​សូត្រ​នោះ​មាន​ប្រយោជន៍​អ្វី?

១២ ពាក្យ​ពេចន៍​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​គួរ​ឲ្យ​ចង់​ស្ដាប់។+ ប៉ុន្តែ សម្ដី​ដែល​ចេញ​ពី​មាត់​មនុស្ស​ល្ងី​ល្ងើ នាំ​ឲ្យ​គាត់​ជួប​អន្តរាយ។+ ១៣ គាត់​ចាប់​ផ្ដើម​ដោយ​សម្ដី​ល្ងង់​ខ្លៅ+ ហើយ​បញ្ចប់​ដោយ​សម្ដី​លី​លា​ដែល​នាំ​ឲ្យ​វិនាស។ ១៤ ប៉ុន្តែ មនុស្ស​ល្ងង់​ខ្លៅ​និយាយ​ឥត​ឈប់។+

មនុស្ស​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ។ តើ​អ្នក​ណា​អាច​ប្រាប់​គេ​បាន​ថា​ក្រោយ​គេ​ស្លាប់​ទៅ នឹង​មាន​អ្វី​កើត​ឡើង?+

១៥ មនុស្ស​ល្ងី​ល្ងើ​ធ្វើ​ការ​រហូត​ដល់​អស់​កម្លាំង​រលីង ព្រោះ​សូម្បី​តែ​ផ្លូវ​ទៅ​ឯ​ក្រុង​វិញ ក៏​គាត់​មិន​ទាំង​ដឹង​ផង។

១៦ បើ​ស្រុក​ណា​មាន​កូន​ក្មេង​ឡើង​ធ្វើ​ជា​ស្ដេច ហើយ​មាន​ពួក​មន្ត្រី​ធ្វើ​ពិធី​ជប់​លៀង​តាំង​ពី​ព្រឹក ស្រុក​នោះ​នឹង​វេទនា​ហើយ!+ ១៧ ប៉ុន្តែ បើ​ស្រុក​ណា​មាន​ពូជ​ពង្ស​អ្នក​មាន​ឋានៈ​ខ្ពស់​ឡើង​ធ្វើ​ជា​ស្ដេច ហើយ​មាន​ពួក​មន្ត្រី​បរិភោគ​អាហារ​តាម​ត្រូវ​ពេល​ដើម្បី​ឲ្យ​មាន​កម្លាំង មិន​មែន​ដើម្បី​ឲ្យ​ស្រវឹង ស្រុក​នោះ​នឹង​មាន​សេចក្ដី​សុខ​ហើយ!+

១៨ ការ​ខ្ជិល​ច្រអូស​នាំ​ឲ្យ​ដំបូល​សំយាក ហើយ​ដៃ​កម្ជិល​នាំ​ឲ្យ​ផ្ទះ​លិច​ទឹក។+

១៩ អាហារ*នាំ​ឲ្យ​សើច​សប្បាយ ហើយ​ស្រា​ទំពាំង​បាយ​ជូរ​ធ្វើ​ឲ្យ​ជីវិត​រីករាយ+ តែ​ប្រាក់​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​បែប​យ៉ាង។+

២០ កុំ​ដាក់​បណ្ដាសា​ស្ដេច សូម្បី​តែ​នៅ​ក្នុង​ចិត្ត*+ ហើយ​កុំ​ដាក់​បណ្ដាសា​អ្នក​មាន ពេល​អ្នក​នៅ​ក្នុង​បន្ទប់​ដេក​ឡើយ។ ព្រោះ​បក្សា​បក្សី​អាច​នាំ​សម្ដី*របស់​អ្នក ឬ​សត្វ​ស្លាប​អាច​ពោល​ប្រាប់​តាម​ពាក្យ​ដែល​ចេញ​ពី​មាត់​អ្នក។

១១ ចូរ​បោះ​នំ​ប៉័ង​របស់​អ្នក​ទៅ​លើ​ទឹក+ ព្រោះ​ច្រើន​ថ្ងៃ​ក្រោយ​មក អ្នក​នឹង​ឃើញ​នំ​ប៉័ង​នោះ​ម្ដង​ទៀត។+ ២ ចូរ​ចែក​អ្វី​ដែល​អ្នក​មាន​ដល់​៧​ឬ​ដល់​៨​នាក់​ផង+ ដោយ​សារ​អ្នក​មិន​ដឹង​ថា​នឹង​កើត​មាន​អន្តរាយ*អ្វី​នៅ​ផែនដី​ឡើយ។

៣ បើ​ពពក​ពេញ​ទៅ​ដោយ​ទឹក នោះ​នឹង​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី ហើយ​បើ​ដើម​ឈើ​រលំ​ទៅ​ខាង​ត្បូង​ឬ​ខាង​ជើង ដើម​ឈើ​នោះ​នឹង​រលំ​នៅ​ត្រង់​កន្លែង​នោះ​ឯង។

៤ អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ អ្នក​នោះ​នឹង​មិន​សាប​ព្រោះ​គ្រាប់​ពូជ​ទេ ហើយ​អ្នក​ណា​ដែល​មើល​តែ​ពពក អ្នក​នោះ​ក៏​មិន​ច្រូត​ប្រមូល​ផល​ដែរ។+

៥ ដូច​អ្នក​មិន​ដឹង​ថា​កម្លាំង​ជីវិត*មាន​ដំណើរ​ការ​យ៉ាង​ណា​ក្នុង​ឆ្អឹង​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ+ នោះ​អ្នក​ក៏​មិន​ដឹង​អំពី​កិច្ច​ការ​របស់​ព្រះ​ពិត ជា​ព្រះ​ដែល​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែរ។+

៦ ចូរ​សាប​ព្រោះ​គ្រាប់​ពូជ​របស់​អ្នក​នៅ​ពេល​ព្រឹក ហើយ​កុំ​ឈប់​ឡើយ​រហូត​ដល់​ពេល​ល្ងាច។+ ព្រោះ​អ្នក​មិន​ដឹង​ថា​មួយ​ណា​នឹង​កើត​ផល​ទេ អាច​មួយ​នេះ ឬ​មួយ​នោះ ឬ​អាច​នឹង​កើត​ផល​ល្អ​ទាំង​ពីរ​ផង។

៧ ពន្លឺ​ធ្វើ​ឲ្យ​ចិត្ត​រីករាយ ហើយ​ការ​ឃើញ​ដួង​អាទិត្យ​នាំ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា។ ៨ ព្រោះ​បើ​មនុស្ស​ណា​ម្នាក់​មាន​អាយុ​វែង គាត់​គួរ​អរ​សប្បាយ​រាល់​ថ្ងៃ។+ ប៉ុន្តែ គាត់​គួរ​ចាំ​ថា​គ្រា​នៃ​ទុក្ខ​លំបាក​អាច​មាន​រយៈ​ពេល​យូរ។ អ្វី​ៗ​ទាំង​អស់​ដែល​នឹង​កើត​ឡើង សុទ្ធ​តែ​អសារ​ឥត​ការ។+

៩ ឱ​យុវជន​អើយ ចូរ​សប្បាយ​កាល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ។ ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​ត្រេក​អរ​ក្នុង​គ្រា​យុវវ័យ។ ចូរ​ធ្វើ​តាម​ចិត្ត​ប៉ង​ប្រាថ្នា និង​ទៅ​កន្លែង​ណា​ដែល​អ្នក​ចង់​ទៅ។ ប៉ុន្តែ អ្នក​ត្រូវ​ដឹង​ថា​ព្រះ​ពិត​នឹង​វិនិច្ឆ័យ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​អ្នក។+ ១០ ដូច្នេះ ចូរ​បំបាត់​អ្វី​ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ចេញ​ពី​ចិត្ត​របស់​អ្នក ហើយ​ជៀស​វាង​ពី​អ្វី​ដែល​អាច​នាំ​ឲ្យ​រូប​កាយ​របស់​អ្នក​មាន​គ្រោះ​ថ្នាក់ ព្រោះ​គ្រា​យុវវ័យ​និង​គ្រា​ពេញ​កម្លាំង​សុទ្ធ​តែ​អសារ​ឥត​ការ។+

១២ ដូច្នេះ ចូរ​នឹក​ចាំ​អំពី​ព្រះ​ដ៏​ឧត្ដម​ដែល​បាន​បង្កើត​អ្នក កាល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ+ មុន​ថ្ងៃ​នៃ​ទុក្ខ​លំបាក*មក​ដល់+ និង​មុន​ឆ្នាំ​ដែល​អ្នក​នឹង​និយាយ​ថា​៖ ​«​ខ្ញុំ​អស់​សប្បាយ​ហើយ​»។ ២ មុន​ពេល​ពន្លឺ​នៃ​ដួង​អាទិត្យ ដួង​ខែ និង​ដួង​ផ្កាយ​ងងឹត​ទៅ+ ហើយ​ពពក​ចេញ​មក​វិញ​ក្រោយ​ភ្លៀង​ធំ* ៣ គឺ​មុន​ថ្ងៃ​ដែល​អ្នក​យាម​ផ្ទះ​ញ័រ​ញាក់ បុរស​ខ្លាំង​ក្លា​ឈរ​លែង​ត្រង់ ពួក​ស្ត្រី​ឈប់​កិន​ម្សៅ​ព្រោះ​មាន​គ្នា​តិច និង​មុន​ពេល​ស្រី​ៗ​មើល​ទៅ​ខាង​ក្រៅ​តាម​បង្អួច​ឃើញ​តែ​ភាព​ងងឹត។+ ៤ មុន​ពេល​ទ្វារ​ទៅ​ឯ​ផ្លូវ​ត្រូវ​បិទ សំឡេង​ត្បាល់​កិន​ឮ​តិច​ទៅ​ៗ មុន​ពេល​អ្នក​ក្រោក​ឡើង​កាល​ដែល​ឮ​សំឡេង​សត្វ​ស្លាប និង​មុន​ពេល​កូន​ស្រី​ៗ​ទាំង​អស់​ច្រៀង​មិន​សូវ​ឮ។+ ៥ មុន​ពេល​អ្នក​ភ័យ​ខ្លាច​ទី​ខ្ពស់ ឬ​ព្រួយ​បារម្ភ​អំពី​គ្រោះ​ថ្នាក់​តាម​ផ្លូវ និង​មុន​ពេល​ដើម​អល់ម៉ុន​ចេញ​ផ្កា+ សត្វ​កណ្ដូប​ធ្វើ​ដំណើរ​ទាំង​អូស​ខ្លួន ផ្លែ​ដើម​ខេបផឺ​ប្រេះ​បែក ហើយ​មនុស្ស​ដើរ​ទៅ​ផ្ទះ​ដែល​ពួក​គេ​ត្រូវ​នៅ​យូរ​អង្វែង+ និង​ពួក​អ្នក​យំ​កាន់​ទុក្ខ​ដើរ​ចុះ​ឡើង​តាម​ផ្លូវ។+ ៦ គឺ​មុន​ខ្សែ​ពួរ​ប្រាក់​ត្រូវ​ដក​ចេញ ចាន​គោម​មាស​ត្រូវ​បំបែក ក្អម​នៅ​ប្រភព​ទឹក​ត្រូវ​បំផ្លាញ ហើយ​មុន​រហាត់​ទឹក​នៅ​អណ្ដូង​ត្រូវ​កម្ទេច។ ៧ រួច​ធូលី​ត្រឡប់​ទៅ​ឯ​ដី​ដូច​ដើម​វិញ+ ហើយ​កម្លាំង​ជីវិត​វិល​ទៅ​ឯ​ព្រះ​ពិត​ដែល​ជា​អ្នក​ផ្ដល់​កម្លាំង​ជីវិត។+

៨ អ្នក​ទូន្មាន​ពោល​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ!+ សុទ្ធ​តែ​អសារ​ឥត​ការ​»។+

៩ អ្នក​ទូន្មាន​មិន​គ្រាន់​តែ​មាន​ប្រាជ្ញា​ច្រើន​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បន្ត​បង្រៀន​បណ្ដា​ជន​អំពី​អ្វី​ដែល​គាត់​ដឹង​ដែរ។+ គាត់​រំពឹង​គិត​និង​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់ ដើម្បី​ចង​ក្រង​សុភាសិត​ជា​ច្រើន។+ ១០ អ្នក​ទូន្មាន​បាន​ស្វះ​ស្វែង​រក​ពាក្យ​ពេចន៍​ពីរោះ​ៗ​+ ហើយ​ខិត​ខំ​កត់​ទុក​ពាក្យ​ពិត​យ៉ាង​ត្រឹម​ត្រូវ។

១១ សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ប្រៀប​ដូច​ជា​ជន្លួញ+ ហើយ​សុភាសិត​ដែល​គេ​បាន​ប្រមូល​ទុក ប្រៀប​ដូច​ជា​ដែក​គោល​ដែល​បាន​ត្រូវ​បោះ​យ៉ាង​ជាប់។ គេ​បាន​សម្ដី​ទាំង​នោះ​មក​ពី​គង្វាល​ម្នាក់។ ១២ ប៉ុន្តែ កូន​អើយ ក្រៅ​ពី​អ្វី​ទាំង​នោះ សូម​ប្រយ័ត្ន ព្រោះ​មនុស្ស​រៀប​រៀង​សៀវភៅ​មិន​ចេះ​ចប់​ឡើយ ហើយ​ការ​ព្យាយាម​សិក្សា​សៀវភៅ​ទាំង​នោះ​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​ខ្សោះ​កម្លាំង។+

១៣ ក្រោយ​ពី​បាន​ស្ដាប់​អ្វី​ៗ​ទាំង​អស់​នេះ​រួច​ហើយ សរុប​សេចក្ដី​គឺ​៖ ចូរ​គោរព​កោត​ខ្លាច​ព្រះ​ពិត+ ហើយ​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​ជា​និច្ច+ ព្រោះ​នេះ​ជា​កាតព្វកិច្ច​ទាំង​មូល​របស់​មនុស្ស។+ ១៤ ព្រោះ​ព្រះ​ពិត​នឹង​វិនិច្ឆ័យ​ការ​ប្រព្រឹត្ត​ទាំង​អស់ រួម​ទាំង​អ្វី​ៗ​ដែល​លាក់​កំបាំង​ផង ដើម្បី​សម្រេច​ថា​ជា​ការ​ល្អ​ឬ​អាក្រក់។+

ភាសា​ហេប្រឺ​ពាក្យ​នេះ​សំដៅ​លើ​អ្នក​ដែល​ប្រមូល​បណ្ដា​ជន​ឲ្យ​មក​ជួប​ជុំ​គ្នា

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឬ​«​ខ្សែ​ទឹក​តាម​រដូវ​»​

ឬ​«​ភាព​ល្ងី​ល្ងើ​បំផុត​»​

ឬ​«​ត្រេក​អរ​»​

ឬ​«​ការ​សប្បាយ​»​

ឬ​«​ព្រៃ​»​

ឬ​«​ត្រេក​អរ​»​

ឬ​«​ចំណែក​»​

ឬ​«​គ្មាន​តម្លៃ​ពិត​ប្រាកដ​»​

ឬ​«​ប្រគល់​ចំណែក​របស់​គាត់​»​

ឬ​«​ជា​អន្តរាយ​ធំ​»​

ន័យ​ត្រង់​«​និង​ការ​ត​ស៊ូ​ព្យាយាម​នៃ​ចិត្ត​ប្រាថ្នា​របស់​គាត់​»​

ន័យ​ត្រង់​«​ពេល​ប្រោស​ឲ្យ​ជា​សះ​ស្បើយ​»​

ន័យ​ត្រង់​«​ពេល​លោត​កញ្ឆេង​»​

ឬ​«​ដោយ​មាន​របៀប​រៀប​រយ ត្រឹម​ត្រូវ ឬ​សម​រម្យ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្វី​ដែល​បាន​កន្លង​ហួស​ទៅ​»​

ឬ​«​ដង្ហើម​»​

ឬ​«​ចំណែក​»​

ឬ​«​ទទួល​ផល​បាន​ច្រើន​ជាង​»​

ប្រហែល​ជា​សំដៅ​លើ​ក្មេង​ដែល​មាន​ប្រាជ្ញា

ឬ​«​នាំ​ឲ្យ​ស្រមើ​ស្រមៃ​»​

ន័យ​ត្រង់​«​សាច់​ឈាម​»​

ឬ​«​អ្នក​នាំ​ពាក្យ​»​

ឬ​«​នាំ​ឲ្យ​ស្រមើ​ស្រមៃ​»​

ឬ​«​រឿង​អន្តរាយ​»​

ឬ​«​រឿង​អន្តរាយ​»​

ន័យ​ត្រង់​«​បរិភោគ​ក្នុង​ភាព​ងងឹត​»​

ឬ​«​ចំណែក​»​

ឬ​«​ចំណែក​»​

ឬ​«​រឿង​អន្តរាយ​»​

ន័យ​ត្រង់​«​ឈ្មោះ​របស់​គាត់​ក៏​ត្រូវ​គ្រប​ដោយ​ភាព​ងងឹត​ដែរ​»​

ឬ​«​មិន​អាច​ការ​ពារ​ក្ដី​របស់​ខ្លួន​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មាន​វត្ថុ​ទ្រព្យច្រើន​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កំហឹង​ជា​សញ្ញា​សម្គាល់​របស់​មនុស្ស​ល្ងង់​ខ្លៅ​»​

ន័យ​ត្រង់​«​អស់​អ្នក​ដែល​ឃើញ​ពន្លឺ​ថ្ងៃ​»​

ន័យ​ត្រង់​«​ចូរ​ប្រព្រឹត្ត​ដោយ​គុណធម៌​»​

ឬ​«​ថ្ងៃ​អន្តរាយ​»​

ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា

ន័យ​ត្រង់​«​ដាក់​បណ្ដាសា​អ្នក​»​

ឬ​«​ស្គាល់​វិធី​វិនិច្ឆ័យ​ក្ដី​»​

ឬ​«​ដង្ហើម ឬ​ខ្យល់​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អំពើ​ទុច្ចរិត​របស់​ពួក​គេ​មិន​អាច​សង្គ្រោះ​ខ្លួន​គេ​បាន​ទេ​»​

ឬ​«​ការ​ឈឺ​ចាប់ ឬ​អន្តរាយ​»​

ឬ​«​មាន​រឿង​ដែល​ធ្វើ​ឲ្យ​ទើស​ចិត្ត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទោះ​ជា​ពេល​ថ្ងៃ​ពេល​យប់​ក៏​ដោយ ក៏​មនុស្ស​មិន​បាន​ដេក​ដែរ​»​

ឬ​«​កម្រៃ​»​

នេះ​សំដៅ​លើ​សម្លៀក​បំពាក់​ពណ៌​ភ្លឺ​ដែល​បង្ហាញ​ពី​អារម្មណ៍​រីករាយ មិន​មែន​សម្លៀក​បំពាក់​សម្រាប់​កាន់​ទុក្ខ​ទេ

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឬ​«​ជួប​ទុក្ខ​វេទនា​»​

ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា

ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា

ឬ​«​អ្នក​មាន​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ដែល​កាប់​ឈើ​គួរ​ប្រយ័ត្ន​ប្រយែង​»​

ន័យ​ត្រង់​«​នំ​ប៉័ង​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នៅ​លើ​គ្រែ​»​

ឬ​«​សំឡេង​»​

ឬ​«​មហន្តរាយ​»​

នេះ​ក៏​អាច​សំដៅ​លើ​ឫទ្ធានុភាព​របស់​ព្រះ​ដែរ

ឬ​«​ថ្ងៃ​អន្តរាយ​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ត្រឡប់​មក​ព្រម​ជា​មួយ​នឹង​ភ្លៀង​ធំ​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក