បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ម៉ាកុស ១:១-១៦:៨
  • ម៉ាកុស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ម៉ាកុស
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ម៉ាកុស

រៀប​រាប់​ដោយ​ម៉ាកុស

១ ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​របស់​ព្រះ ចាប់​ផ្ដើម​ដូច​ត​ទៅ​នេះ​៖ ២ ដូច​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​សរសេរ​ថា​៖ ​«​(​មើល! ខ្ញុំ​នឹង​ចាត់​ទូត​របស់​ខ្ញុំ​ឲ្យ​ទៅ​មុន​អ្នក ហើយ​គាត់​នឹង​រៀបចំ​ផ្លូវ​ទុក​សម្រាប់​អ្នក​)+ ៣ មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖ ‹ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!* ចូរ​ធ្វើ​ឲ្យ​ផ្លូវ​របស់​លោក​ត្រង់›​»។+ ៤ យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជទឹកបាន​មក​តំបន់​ស្ងាត់​ជ្រងំ ហើយ​ប្រកាស​ប្រាប់​មនុស្ស​ថា ពួក​គេ​គួរ​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន ដោយ​ទទួល​ការ​ជ្រមុជ​ទឹក* ដើម្បី​ឲ្យ​ព្រះ​អភ័យ​ទោស​ឲ្យ​ពួក​គេ។+ ៥ បណ្ដា​ជន​ទាំង​អស់​នៅ​តំបន់​យូឌា និង​មនុស្ស​គ្រប់​គ្នា​នៅ​ក្រុង​យេរូសាឡិម* បាន​ចេញ​ទៅ​ជួប​យ៉ូហាន។ រួច​ពួក​គេ​បាន​សារភាព​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​ជា​សាធារណៈ ហើយ​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ​ក្នុង​ទន្លេ​យ៉ូដាន់។+ ៦ យ៉ូហាន​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ឯ​ខ្សែ​ក្រវាត់​របស់​គាត់​ធ្វើ​ពី​ស្បែក+ ហើយ​អាហារ​របស់​គាត់​គឺ​ជា​សត្វ​កណ្ដូប​និង​ទឹក​ឃ្មុំ​ព្រៃ។+ ៧ គាត់​ធ្លាប់​ប្រកាស​ថា​៖ ​«​លោក​ដែល​មក​ក្រោយ​ខ្ញុំ គឺ​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មិន​សម​ទាំង​ឱន​ស្រាយ​ខ្សែ​ស្បែក​ជើង​របស់​លោក​ផង។+ ៨ ខ្ញុំ​បាន​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ទឹក តែ​លោក​នឹង​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុងឫទ្ធានុភាព​បរិសុទ្ធ​»។+

៩ នៅ​គ្រា​នោះ លោក​យេស៊ូ​បាន​មក​ពី​ក្រុង​ណាសារ៉ែត​នៃ​ស្រុកកាលីឡេ ហើយ​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​លោក​ក្នុង​ទន្លេ​យ៉ូដាន់។+ ១០ ក្រោយ​ងើប​ពី​ទឹក​ភ្លាម លោក​ក៏​ឃើញ​មេឃ​បើក​ចំហ ហើយ​ឃើញ​ឫទ្ធានុភាព​របស់​ព្រះ​ដូច​ជា​សត្វ​ព្រាប ចុះ​មក​សណ្ឋិត​លើ​លោក។+ ១១ រួច​មាន​សំឡេង​មួយ​មក​ពី​លើ​មេឃ​ថា​៖ ​«​អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ ខ្ញុំ​ពេញ​ចិត្ត​អ្នក​ណាស់​»។+

១២ រំពេច​នោះ ឫទ្ធានុភាព​របស់​ព្រះ​បាន​បណ្ដាល​ចិត្ត​លោក​ឲ្យ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។ ១៣ ម្ល៉ោះ​ហើយ លោក​បាន​នៅ​តំបន់​ស្ងាត់​ជ្រងំ​អស់​៤០​ថ្ងៃ នៅ​ទី​នោះ​មាន​សត្វ​ព្រៃ។ សាថាន*បាន​មក​ល្បួង​លោក។+ ក្រោយ​មក ពួក​ទេវតា​បាន​មក​បម្រើ​លោក។+

១៤ ក្រោយ​ពេល​ដែល​យ៉ូហាន​ត្រូវ​គេ​ចាប់​ខ្លួន លោក​យេស៊ូ​បាន​ទៅ​ស្រុកកាលីឡេ+ ហើយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ+ ១៥ ដោយ​ពោល​ថា​៖ ​«​គ្រា​កំណត់​បាន​មក​ដល់​ហើយ រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ។ ចូរ​ប្រែ​ចិត្ត+ ហើយ​មាន​ជំនឿ​លើ​ដំណឹង​ល្អ​ចុះ!​»។

១៦ កាល​ដែល​លោក​កំពុង​ដើរ​តាម​ឆ្នេរ​សមុទ្រ*កាលីឡេ លោក​ឃើញ​ស៊ីម៉ូន​និង​អនទ្រេ​ជា​ប្អូន+កំពុង​បង់​សំណាញ់​ក្នុង​សមុទ្រ+ ពី​ព្រោះ​ពួក​គាត់​ជា​អ្នក​នេសាទ។+ ១៧ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​ចុះ! ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្នក​នេសាទ​មនុស្ស​វិញ​»។+ ១៨ ពួក​គាត់​បាន​ទុក​សំណាញ់​ចោល​ភ្លាម ហើយ​ទៅ​តាម​លោក។+ ១៩ ពេល​លោក​ដើរ​ទៅ​មុខ​បន្តិច ក៏​ឃើញ​កូន​ប្រុស​ៗ​របស់​សេបេដេ គឺ​យ៉ាកុប​និង​ប្អូន​របស់​គាត់​ឈ្មោះ​យ៉ូហាន។ ពួក​គាត់​នៅ​ក្នុង​ទូក​កំពុង​ជួស​ជុល​សំណាញ់។+ ២០ លោក​ក៏​បាន​ហៅ​ពួក​គាត់​ភ្លាម​ៗ។ ដូច្នេះ ពួក​គាត់​ក៏​បាន​ចាក​ចេញ​ពី​សេបេដេ​ជា​ឪពុក​ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​ពួក​កូន​ឈ្នួល រួច​ទៅ​តាម​លោក។ ២១ ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​ក្រុង​កាពើណិម។

ពេល​ថ្ងៃ​ឈប់​សម្រាក*មក​ដល់​ភ្លាម លោក​ក៏​ចូល​ទៅ​សាលា​ប្រជុំ* ហើយចាប់​ផ្ដើម​បង្រៀន។+ ២២ អស់​អ្នក​ដែល​បាន​ស្ដាប់​ក៏​នឹក​អស្ចារ្យ​នឹង​វិធី​បង្រៀនរបស់​លោក ពី​ព្រោះ​លោក​មិន​មែន​បង្រៀន​ដូច​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់*ទេ តែ​បង្រៀន​ដូច​អ្នក​ដែល​បាន​ទទួល​អំណាច​ពី​ព្រះ។+ ២៣ នៅ​ពេល​នោះ​ដែរ ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អសោច​ចូល ហើយ​គាត់​បាន​ស្រែក​សួរ​ថា​៖ ២៤ ​«​នែ! យេស៊ូ​ពី​ក្រុង​ណាសារ៉ែត!+ តើ​អ្នក​មក​រំខាន​ពួក​យើង​ធ្វើ​អ្វី? តើ​អ្នក​មក​បំផ្លាញ​ពួក​យើង​ឬ? ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នក​ជា​អ្នក​ណា។ អ្នក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ​»។+ ២៥ ប៉ុន្តែ លោក​យេស៊ូ​ស្ដី​បន្ទោស​វា​ថា​៖ ​«​ស្ងៀម​ទៅ! ហើយ​ចេញ​ពី​គាត់!​»។ ២៦ រួច​វិញ្ញាណ​អសោច​បាន​ចេញ​ពី​បុរស​នោះ ក្រោយ​ពី​បាន​ស្រែក​អស់​សំឡេង ហើយ​ធ្វើ​ឲ្យ​គាត់​ដួល​ប្រកាច់។ ២៧ មនុស្ស​ទាំង​ឡាយ​នឹក​ស្ងើច​ក្នុង​ចិត្ត​ដល់​ម្ល៉េះ បាន​ជា​ពួក​គេ​ចាប់​ផ្ដើម​និយាយ​គ្នា​ថា​៖ ​«​តើ​នេះ​ជា​អ្វី​ទៅ? នេះ​ជា​សេចក្ដី​បង្រៀន​ថ្មី! លោក​មាន​អំណាច​បង្គាប់​ទាំង​វិញ្ញាណ​អសោច ហើយ​ពួក​វា​ស្ដាប់​បង្គាប់​លោក​»។ ២៨ ដូច្នេះ ដំណឹង​អំពី​លោក​បាន​ចាប់​ផ្ដើម​ឮ​សុសសាយ​យ៉ាង​លឿន​ទូទាំង​ស្រុក​កាលីឡេ។

២៩ លោក​និង​ពួក​គាត់​ក៏​ចាក​ចេញ​ពី​សាលា​ប្រជុំ រួច​ចូល​ផ្ទះ​របស់​ស៊ីម៉ូន​និង​អនទ្រេ​ជា​មួយ​នឹង​យ៉ាកុប​និង​យ៉ូហាន។+ ៣០ ពេល​នោះ ម្ដាយ​ក្មេក​របស់​ស៊ីម៉ូន+កំពុង​សម្រាន្ត​លើ​គ្រែ​ដោយ​សារ​គាត់​គ្រុន​ក្ដៅ។ ពួក​គាត់​បាន​ជម្រាប​លោក​ភ្លាម​អំពី​គាត់។ ៣១ លោក​បាន​ដើរ​ទៅ​ជិត ហើយ​ចាប់​ដៃ​គាត់​ឲ្យ​ងើប​ឡើង នោះ​គ្រុន​ក្ដៅ​ក៏​បាត់​ទៅ។ រួច​គាត់​ចាប់​ផ្ដើម​ធ្វើ​អាហារ​ជូន​លោក​និង​ពួក​គាត់។

៣២ លុះ​ដល់​ល្ងាច ក្រោយ​ថ្ងៃ​លិច មនុស្ស​ចាប់​ផ្ដើម​នាំ​អស់​អ្នក​ដែល​ឈឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​កំណាច*ចូល ឲ្យ​មក​ជួប​លោក។+ ៣៣ អ្នក​នៅ​ក្រុង​នោះ​ទាំង​អស់ បាន​មក​មូល​គ្នា​នៅ​មាត់​ទ្វារ​ផ្ទះ​តែ​ម្ដង។ ៣៤ ដូច្នេះ លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​មាន​ជំងឺ​ផ្សេង​ៗ​ជា​សះ​ស្បើយ+ ក៏​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ជា​ច្រើន​ដែរ តែ​លោក​មិន​ឲ្យ​វិញ្ញាណ​កំណាច​ទាំង​នោះ​និយាយ​ទេ ពី​ព្រោះ​ពួក​វា​ដឹង​ថា​លោក​គឺ​ជា​គ្រិស្ត។*

៣៥ លុះ​ព្រលឹម​ស្រាង​ៗ កាល​មេឃ​ងងឹត​នៅ​ឡើយ លោក​បាន​ភ្ញាក់​ពី​សម្រាន្ត ហើយ​ចេញ​ទៅ​រក​កន្លែង​មួយ​ឆ្ងាយ​ពី​គេ។ នៅ​ទី​នោះ លោក​ចាប់​ផ្ដើម​អធិដ្ឋាន។+ ៣៦ ប៉ុន្តែ ស៊ីម៉ូន​និង​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់ នាំ​គ្នា​តាម​រក​លោក។ ៣៧ ពេល​រក​ឃើញ​ហើយ ពួក​គាត់​ប្រាប់​លោក​ថា​៖ ​«​មនុស្ស​ទាំង​អស់​កំពុង​រក​លោក​»។ ៣៨ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​យើង​ទៅ​កន្លែង​ផ្សេង​វិញ ទៅ​ក្រុង​ជិត​ៗ​នេះ ដើម្បី​ខ្ញុំ​អាច​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ​ដែរ ពី​ព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​មក​»។+ ៣៩ រួច​លោក​បាន​ទៅ​ផ្សព្វ​ផ្សាយ​ក្នុង​សាលា​ប្រជុំ​ទាំង​ឡាយ​ពេញ​ស្រុកកាលីឡេ​ទាំង​មូល ថែម​ទាំង​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ទៀត​ផង។+

៤០ មាន​បុរស​កើត​ជំងឺ​ឃ្លង់​ម្នាក់​មក​រក​លោក ហើយ​លុត​ជង្គង់​អង្វរ​ថា​៖ ​«​បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»។+ ៤១ ឃើញ​ដូច្នេះ លោក​មាន​ចិត្ត​ក្ដួល​អាណិត រួច​លូក​ដៃ​ទៅ​ពាល់​គាត់ ហើយ​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន! សូម​ឲ្យ​ជា​ស្អាត​ចុះ​»។+ ៤២ រំពេច​នោះ ជំងឺ​ឃ្លង់​បាន​បាត់​ពី​ខ្លួន​គាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត។ ៤៣ រួច​លោក​ប្រាប់​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម ទាំង​បង្គាប់​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ ៤៤ ដោយ​ពោល​ថា​៖ ​«​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ តែ​ដោយ​សារ​អ្នក​បាន​ជា​ស្អាត ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ ថែម​ទាំង​ជូន​អ្វី​ដែល​ច្បាប់​ម៉ូសេ​បាន​បង្គាប់+ ដើម្បី​ឲ្យ​ពួក​សង្ឃ​អាច​ឃើញ​ថា​អ្នក​បាន​ជា​ស្អាត​ហើយ​»។+ ៤៥ ប៉ុន្តែ ក្រោយ​ពី​គាត់​បាន​ចេញ​ទៅ គាត់​ចាប់​ផ្ដើម​ប្រកាស​ឲ្យ​មនុស្ស​ឮ​សុសសាយ​នៅ​ទី​ជិត​ឆ្ងាយ​អំពី​រឿង​នោះ រហូត​ដល់​លោក​យេស៊ូ​មិន​អាច​ចូល​ក្នុង​ក្រុង​ណា​មួយ​ដោយ​បើក​ចំហ​បាន​ទៀត។ ផ្ទុយ​ទៅ​វិញ លោក​ត្រូវ​នៅ​ខាង​ក្រៅ នា​កន្លែង​ឆ្ងាយ​ពី​គេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​នៅ​តែ​មក​រក​លោក​ពី​គ្រប់​ទិស​ទី។+

២ ក៏​ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​បាន​ចូល​ក្រុង​កាពើណិម​ម្ដង​ទៀត ហើយ​មនុស្ស​បាន​ឮ​ថា​លោក​កំពុង​នៅ​ផ្ទះ។+ ២ ម្ល៉ោះ​ហើយ មនុស្ស​ជា​ច្រើន​បាន​ផ្ដុំ​គ្នា​នៅ​ទី​នោះ រហូត​ដល់​គ្មាន​កន្លែង​សល់​ទេ សូម្បី​តែ​នៅ​មាត់​ទ្វារ​ផ្ទះ។ លោក​ក៏​ចាប់​ផ្ដើម​ប្រាប់​ពួក​គេ​អំពី​ដំណឹង​ល្អ។+ ៣ រួច​មាន​បុរស​បួន​នាក់​សែងបុរសស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​រក​លោក។+ ៤ ប៉ុន្តែ ដោយ​សារ​មាន​មនុស្ស​ច្រើន​កក​កុញ ពួក​គេ​មិន​អាច​នាំ​បុរស​នោះ​ចូល​ទៅ​ជិត​លោក​យេស៊ូ​បាន​ទេ។ ដូច្នេះ ពួក​គេ​ក៏​បើក​ដំបូល​ត្រង់​កន្លែង​ដែល​លោក​នៅ រួច​ចោះ​ប្រឡោះ​មួយ ហើយ​សម្រូត​គ្រែ​ស្នែង​ដែល​មាន​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក ចុះ​តាម​ប្រឡោះ​នោះ។ ៥ ពេល​ដែល​លោក​យេស៊ូ​ឃើញ​ជំនឿ​របស់​ពួក​គេ+ លោក​មាន​ប្រសាសន៍​ទៅ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ​«​កូន​អើយ! ការ​ខុស​ឆ្គង​របស់​កូន​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ​»។+ ៦ នៅ​ទី​នោះ មាន​អ្នក​ខ្លះ​ជា​អ្នក​ជំនាញ​ខាង​ច្បាប់​កំពុង​អង្គុយ​រិះ​គិត​ក្នុង​ចិត្ត​ថា​៖+ ៧ ​«​ហេតុ​អ្វី​បុរស​នេះ​និយាយ​ដូច្នេះ? គាត់​កំពុង​និយាយ​ប្រមាថ​ព្រះ។ តើ​អ្នក​ណា​អាច​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​បាន​ក្រៅ​ពី​ព្រះ?​»។+ ៨ ប៉ុន្តែ លោក​យេស៊ូ​បាន​ជ្រាប​ភ្លាម​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​រិះ​គិត។ ម្ល៉ោះ​ហើយ លោក​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​រិះ​គិត​បែប​នេះ?+ ៩ តើ​មួយ​ណា​ស្រួល​ជាង? និយាយ​ទៅ​កាន់​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ‹ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ› ឬ​និយាយ​ថា​៖ ‹ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›។ ១០ ក៏​ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស+មាន​អំណាច​នៅ​ផែនដី​ដើម្បី​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​»។+ រួច​លោក​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ១១ ​«​ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​ចុះ​»។ ១២ រំពេច​នោះ គាត់​បាន​ងើប​ឡើង ហើយ​យក​គ្រែ​ស្នែង ដើរ​កាត់​មុខ​ពួក​គេ​ទាំង​អស់​គ្នា។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង ហើយ​សរសើរ​តម្កើង​ព្រះ​ដោយ​និយាយ​ថា​៖ ​«​យើង​មិន​ដែល​ឃើញ​អ្វី​ដូច្នេះ​ឡើយ​»។+

១៣ លោក​បាន​ចេញ​ទៅ​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត រួច​បណ្ដា​ជន​បាន​មក​រក​លោក​យ៉ាង​ហូរហែ ហើយ​លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ។ ១៤ បន្ទាប់​មក កាល​ដែល​លោក​កំពុង​ដើរ​ហួស​ពី​នោះ លោក​ក្រឡេក​ឃើញ​លេវី​ជា​កូន​អាល់ផៀស កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​»។* រួច​គាត់​ក៏​ក្រោក​ឡើង​ទៅ​តាម​លោក។+ ១៥ ក្រោយ​មក ពេល​លោក​យេស៊ូ​កំពុង​អង្គុយ​ពិសា​អាហារ​ក្នុង​ផ្ទះ​របស់​លេវី នោះ​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន​នាក់ បាន​មក​រួម​តុ​ជា​មួយ​នឹង​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក ហើយ​ពួក​គេ​ជា​ច្រើន​នាក់​បាន​ក្លាយ​ជា​អ្នក​កាន់​តាម​លោក។+ ១៦ ប៉ុន្តែ ពេល​ដែល​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ពី​ក្រុម​ផារិស៊ី បាន​ឃើញ​លោក​កំពុង​ពិសា​អាហារ​ជា​មួយ​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​និង​អ្នក​យក​ពន្ធ នោះ​ពួក​គេ​សួរ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​តើ​គាត់​ក៏​បរិភោគ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ​ឬ?​»។ ១៧ ពេល​ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​ដែល​មាន​សុខភាព​មាំ​មួន​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ តែ​អ្នក​ដែល​ឈឺ ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ឡើយ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិញ​»។+

១៨ ចំណែក​ឯ​អ្នក​កាន់​តាម​យ៉ូហាន​និង​អ្នក​កាន់​តាម​ពួក​ផារិស៊ី ពួក​គេ​មាន​ទម្លាប់​តម​អាហារ។ ដូច្នេះ ពួក​គេ​បាន​មក​សួរ​លោក​ថា​៖ ​«​អ្នក​កាន់​តាម​យ៉ូហាន​និង​អ្នក​កាន់​តាម​ពួក​ផារិស៊ី មាន​ទម្លាប់​តម​អាហារ តែ​ហេតុ​អ្វី​បាន​ជា​អ្នក​កាន់​តាម​លោក​មិន​តម​អាហារ?​»។+ ១៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ក្នុង​ពេល​ដែល​កូន​កំលោះ+នៅ​ជា​មួយ​នឹង​មិត្ត​ភក្ដិ នោះ​ពួក​គេ​គ្មាន​មូលហេតុ​ឲ្យ​តម​អាហារ​ឡើយ មែន​ទេ? ដរាប​ណា​ពួក​គេ​មាន​កូន​កំលោះ​នៅ​ជា​មួយ ពួក​គេ​មិន​អាច​តម​អាហារ​បាន​ទេ។ ២០ ក៏​ប៉ុន្តែ នឹង​មាន​គ្រា​មក​ដល់ ពេល​ដែល​កូន​កំលោះ​នឹង​ត្រូវ​គេ​ពង្រាត់​ចេញ​ពី​មិត្ត​ភក្ដិ+ ហើយ​នៅ​ថ្ងៃ​នោះ​ពួក​គេ​នឹង​តម​អាហារ​វិញ។ ២១ គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ឡើយ។ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នោះ​នឹង​រួញ ហើយ​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ចាស់​រហែក​លើស​ដើម។+ ២២ ម្យ៉ាង​ទៀត ក៏​គ្មាន​អ្នក​ណា​យក​ស្រា​ថ្មី​មក​ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ។ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នោះ​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ចាស់​ធ្លាយ ហើយ​ស្រា​ក៏​ហូរ​ចេញ​អស់ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ដែរ។ ប៉ុន្តែ គេ​ដាក់​ស្រា​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ​»។

២៣ នៅ​ថ្ងៃ​ឈប់​សម្រាក លោក​កំពុង​ដើរ​កាត់​វាល​ស្រូវ ហើយ​ពួក​អ្នក​កាន់​តាម​លោក​ដើរ​បណ្ដើរ កាច់​កួរ​ស្រូវ​បណ្ដើរ។+ ២៤ ម្ល៉ោះ​ហើយ ពួក​ផារិស៊ី​សួរ​លោក​ថា​៖ ​«​មើល! ហេតុ​អ្វី​ពួក​គេ​កំពុង​ធ្វើ​អ្វី​ដែល​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ?​»។ ២៥ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​អំពី​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ ពេល​គាត់​និង​ពួក​បុរស​ដែល​នៅ​ជា​មួយ​នឹង​គាត់​ឃ្លាន​ទេ​ឬ?+ ២៦ តើ​អ្នក​មិន​ធ្លាប់​អាន​ក្នុង​កំណត់​ហេតុ​អំពី​សង្ឃ​នាយក​អាប៊ីយ៉ាថា​ទេ​ឬ+ ដែល​ថា​ដាវីឌ​បាន​ចូល​ក្នុង​វិហារ*របស់​ព្រះ ហើយ​យក​នំ​ប៉័ង​តាំង​ទុក​ជា​គ្រឿង​បូជា​មក​បរិភោគ​ជា​មួយ​នឹង​ពួក​បុរស​របស់​គាត់ ដែល​គ្មាន​អ្នក​ណា​មាន​ច្បាប់​បរិភោគ​ទេ ក្រៅ​ពី​ពួក​សង្ឃ?​»។+ ២៧ ម្ល៉ោះ​ហើយ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ថ្ងៃ​ឈប់​សម្រាក​បាន​ត្រូវ​បង្កើត​ជា​ប្រយោជន៍​ដល់​មនុស្ស+ មិន​មែន​មនុស្ស​បាន​ត្រូវ​បង្កើត​ជា​ប្រយោជន៍​ដល់​ថ្ងៃ​ឈប់​សម្រាក​ទេ។ ២៨ ដូច្នេះ កូន​មនុស្ស​ជា​ម្ចាស់​សូម្បី​តែ​លើ​ថ្ងៃ​ឈប់​សម្រាក​»។+

៣ ម្ដង​ទៀត លោក​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​មួយ ហើយ​នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ដែល​ស្វិត​ដៃ​ម្ខាង។+ ២ ដូច្នេះ ពួក​ផារិស៊ី​ចាំ​សង្កេត​មើល​ថា​តើ​លោក​នឹង​ធ្វើ​ឲ្យ​បុរស​នោះ​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​ទេ ដើម្បី​ឲ្យ​ពួក​គេ​មាន​ហេតុ​ចោទ​ប្រកាន់​លោក។ ៣ លោក​មាន​ប្រសាសន៍​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​មក​ឈរ​នៅ​ចំ​កណ្ដាល​»។ ៤ បន្ទាប់​មក លោក​សួរ​ពួក​គេ​ថា​៖ ​«​នៅ​ថ្ងៃ​ឈប់​សម្រាក តើ​មាន​ច្បាប់​ធ្វើ​អំពើ​ល្អ​ឬ​អំពើ​អាក្រក់? តើ​មាន​ច្បាប់​សង្គ្រោះ​ឬ​សម្លាប់​ជីវិត?​»។*+ តែ​ពួក​គេ​នៅ​ស្ងៀម។ ៥ បន្ទាប់​ពី​បាន​មើល​មុខ​ពួក​គេ​ទាំង​ទាស់​ចិត្ត ថែម​ទាំង​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​ចិត្ត​ពួក​គេ​ស្ពឹក+ នោះ​លោក​ក៏​ប្រាប់​បុរស​ស្វិត​ដៃ​ថា​៖ ​«​ចូរ​លា​ដៃ​របស់​អ្នក​»។ គាត់​បាន​លា​ដៃ ហើយ​ដៃ​របស់​គាត់​បាន​ជា​ឡើង​វិញ។ ៦ ឃើញ​ដូច្នេះ ពួក​ផារិស៊ី​ចេញ​ទៅ​ភ្លាម​ៗ ហើយ​ចាប់​ផ្ដើម​ប្រឹក្សា​ជា​មួយ​នឹង​ពួក​អ្នក​គាំទ្រ​ហេរ៉ូឌ+ ដើម្បី​រក​វិធី​សម្លាប់​លោក។

៧ ប៉ុន្តែ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ចេញ​ពី​ទី​នោះ​ទៅ​ឆ្នេរ​សមុទ្រ​វិញ ហើយ​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​ដែល​មក​ពី​ស្រុកកាលីឡេ​និង​តំបន់​យូឌា បាន​ទៅ​តាម​លោក។+ ៨ ក្រោយ​ពី​បាន​ឮ​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​លោក​កំពុង​ធ្វើ សូម្បី​តែ​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ ដែល​មក​ពី​ក្រុង​យេរូសាឡិម ពី​ស្រុក​អ៊ីឌុំមេ ពី​ខាង​នាយ​ទន្លេ​យ៉ូដាន់ ព្រម​ទាំង​ពី​តំបន់​ទីរ៉ុស​និង​ស៊ីដូន ក៏​បាន​មក​រក​លោក​ដែរ។ ៩ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​ឲ្យ​ត្រៀម​ទូក​មួយ​ទុក​សម្រាប់​លោក ដើម្បី​កុំ​ឲ្យ​បណ្ដា​ជន​ចោម​រោម​លោក ១០ ពី​ព្រោះ​លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជា​សះ​ស្បើយ។ ហេតុ​នេះ អស់​អ្នក​ដែល​កំពុង​មាន​ជំងឺ​ធ្ងន់​បាន​ប្រជ្រៀត​គ្នា​ដើម្បី​ពាល់​លោក។+ ១១ សូម្បី​តែ​ពួក​វិញ្ញាណ​អសោច+ ពេល​ឃើញ​លោក ក៏​ក្រាប​ពី​មុខ​លោក ហើយ​ស្រែក​ថា​៖ ​«​លោក​ជា​បុត្រ​របស់​ព្រះ​»។+ ១២ ប៉ុន្តែ លោក​បង្គាប់​ពួក​វា​យ៉ាង​ម៉ឺង​ម៉ាត់​ជា​ច្រើន​ដង មិន​ឲ្យ​ប្រាប់​គេ​ថា​លោក​ជា​អ្នក​ណា​ឡើយ។+

១៣ លោក​បាន​ឡើង​លើ​ភ្នំ​មួយ រួច​ហៅ​អ្នក​កាន់​តាម​ខ្លះ​ឲ្យ​មក​ឯ​លោក+ ហើយ​ពួក​គាត់​បាន​ទៅ​ជួប​លោក។+ ១៤ រួច​មក លោក​បាន​ជ្រើស​រើស*បុរស​១២​នាក់ ដែល​លោក​ហៅ​ថា​សាវ័ក* ដើម្បី​ឲ្យ​ពួក​គាត់​នៅ​ជាប់​ជា​មួយ​នឹង​លោក ហើយ​លោក​នឹង​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ ១៥ ថែម​ទាំង​ឲ្យ​ពួក​គាត់​មាន​អំណាច​បណ្ដេញ​ពួក​វិញ្ញាណ​កំណាច​ទៀត​ផង។+

១៦ ចំណែក​បុរស​១២​នាក់+ដែល​លោក​បាន​ជ្រើស​រើស* រួម​មាន​៖ ស៊ីម៉ូន ដែល​លោក​បាន​ដាក់​ឈ្មោះ​មួយ​ទៀត​ថា​ពេត្រុស+ ១៧ យ៉ាកុប​ជា​កូន​របស់​សេបេដេ និង​យ៉ូហាន​ជា​ប្អូន​របស់​យ៉ាកុប (​លោក​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​ពីរ​នាក់​នោះ​ថា​បោណាគើស ដែល​មាន​ន័យ​ថា​«​កូន​ផ្គរ​លាន់​»​)+ ១៨ អនទ្រេ ភីលីព បាថូឡូម៉េ ម៉ាថាយ ថូម៉ាស់ យ៉ាកុប​ជា​កូន​អាល់ផៀស ថាដេ និង​ស៊ីម៉ូន​កាណានៀន* ១៩ ព្រម​ទាំង​យូដាស​អ៊ីស្ការីយ៉ុត ដែល​ក្រោយ​មក​បាន​ក្បត់​លោក។

បន្ទាប់​មក លោក​ចូល​ក្នុង​ផ្ទះ​មួយ។ ២០ រួច​មក មាន​មនុស្ស​ជា​ច្រើន​មូល​គ្នា​មក​រក​លោក​ម្ដង​ទៀត រហូត​ដល់​លោក​និង​ពួក​អ្នក​កាន់​តាម​មិន​ទាំង​មាន​ពេល​បរិភោគ​ផង។ ២១ ប៉ុន្តែ ពេល​ដែល​ញាតិ​សន្ដាន​របស់​លោក​ឮ​អំពី​រឿង​នោះ ពួក​គេ​នាំ​គ្នា​ចេញ​ទៅ​ដើម្បី​ចាប់​លោក ពី​ព្រោះ​ពួក​គេ​បាន​និយាយ​ថា​៖ ​«​គាត់​វង្វេង​ស្មារតី​ហើយ​»។+ ២២ ម្យ៉ាង​ទៀត ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ដែល​មក​ពី​ក្រុង​យេរូសាឡិម​បាន​និយាយ​ថា​៖ ​«​អ្នក​នេះ​មាន​បេលសេប៊ូល*ចូល ហើយ​គាត់​បណ្ដេញ​វិញ្ញាណ​កំណាច​បាន ដោយ​សារ​តែ​ទទួល​អំណាច​ពី​អ្នក​គ្រប់​គ្រង​ពួក​វិញ្ញាណ​កំណាច​»។+ ២៣ ម្ល៉ោះ​ហើយ ក្រោយ​ពី​លោក​បាន​ហៅ​ពួក​គេ​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​ប្រើ​ឧទាហរណ៍​ថា​៖ ​«​តើ​សាថាន*អាច​បណ្ដេញ​សាថានដូចម្ដេចបាន? ២៤ ប្រសិន​បើ​រាជាណាចក្រ​ណា​ប្រឆាំង​គ្នា​ឯង រាជាណាចក្រ​នោះ​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ+ ២៥ ហើយ​បើ​ក្រុម​គ្រួសារ​ណា​ប្រឆាំង​គ្នា ក្រុម​គ្រួសារ​នោះ​នឹង​បែក​បាក់​ទៅ។ ២៦ ដូច​គ្នា​ដែរ បើ​សាថាន​កំពុង​ប្រឆាំង​ខ្លួន​ឯង ហើយ​បែក​បាក់​គ្នា នោះ​សាថាន​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ តែ​កំពុង​ហៀប​នឹង​វិនាស​វិញ។ ២៧ តាម​ពិត គ្មាន​អ្នក​ណា​អាច​ចូល​ផ្ទះ​របស់​បុរស​ខ្លាំង​ពូកែ​ម្នាក់ ហើយ​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ទេ លុះ​ត្រា​តែ​ចង​បុរស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​ផ្ទះ​គាត់​បាន។ ២៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ទោះ​ជា​មនុស្ស​ធ្វើ​ខុស​អ្វី ឬ​ពោល​ពាក្យ​ប្រមាថ​អ្វី​ក៏​ដោយ នោះ​នឹង​ត្រូវ​អភ័យ​ទោស​ឲ្យ។ ២៩ ក៏​ប៉ុន្តែ អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ ព្រះ​នឹង​មិន​អភ័យ​ទោស​ឲ្យ​អ្នក​នោះ​ឡើយ+ តែ​ការ​ខុស​ឆ្គង​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​»។+ ៣០ លោក​យេស៊ូ​មាន​ប្រសាសន៍​ដូច្នេះ ពី​ព្រោះ​ពួក​គេ​បាន​និយាយ​ថា​៖ ​«​អ្នក​នេះ​មាន​វិញ្ញាណ​អសោច​ចូល​»។+

៣១ រួច​ម្ដាយ​និង​ប្អូន​ៗ​របស់​លោក+បាន​មក​ដល់ ហើយ​ឈរ​ចាំ​នៅ​ខាង​ក្រៅ។ ពួក​គាត់​បាន​ចាត់​គេ​ឲ្យ​ចូល​ទៅ​ហៅ​លោក។+ ៣២ ពេល​នោះ មាន​មនុស្ស​មួយ​ក្រុម​កំពុង​អង្គុយ​នៅ​ជុំវិញ​លោក ហើយ​មាន​គេ​ជម្រាប​លោក​ថា​៖ ​«​មើល! ម្ដាយ​និង​ប្អូន​ប្រុស​ៗ​របស់​លោក​នៅ​ខាង​ក្រៅ កំពុង​ចាំ​ជួប​លោក​»។+ ៣៣ ប៉ុន្តែ លោក​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​ណា​ជា​ម្ដាយ​និង​ជា​ប្អូន​ប្រុស​ៗ​របស់​ខ្ញុំ?​»។ ៣៤ រួច​លោក​មើល​ទៅ​អស់​អ្នក​ដែល​កំពុង​អង្គុយ​ជុំវិញ​លោក ហើយ​លោក​ពោល​ថា​៖ ​«​នុ៎ះ​ន៏! ម្ដាយ​របស់​ខ្ញុំ និង​ប្អូន​ប្រុស​ៗ​របស់​ខ្ញុំ។+ ៣៥ អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស ប្អូន​ស្រី និង​ម្ដាយ​របស់​ខ្ញុំ​»។+

៤ ក្រោយ​មក លោក​ចាប់​ផ្ដើម​បង្រៀន​នៅ​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ ពេល​នោះ មនុស្ស​ច្រើន​សន្ធឹក​បាន​មូល​គ្នា​មក​ជិត​លោក។ ដូច្នេះ លោក​ក៏​ចុះ​ទៅ​អង្គុយ​ក្នុង​ទូក​មួយ ហើយ​ចេញ​ពី​ច្រាំង​បន្តិច តែ​បណ្ដា​ជន​បាន​នៅ​លើ​មាត់​ច្រាំង​វិញ។+ ២ រួច​លោក​ចាប់​ផ្ដើម​បង្រៀន​សេចក្ដី​ពិត​ជា​ច្រើន ដោយ​ប្រើ​ឧទាហរណ៍។+ លោក​បាន​បង្រៀន​ថា​៖+ ៣ ​«​ចូរ​ស្ដាប់​ចុះ។ មើល! បុរស​ម្នាក់​បាន​ចេញ​ទៅ​សាប​ព្រោះ​គ្រាប់​ពូជ។+ ៤ ពេល​ដែល​គាត់​កំពុង​សាប​ព្រោះ នោះ​គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​តាម​ផ្លូវ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​អស់​ទៅ។ ៥ គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​លើ​កន្លែង​មាន​ផ្ទាំង​ថ្ម មិន​សូវ​មាន​ដី រួច​ក៏​ដុះ​ចេញ​ផុត​ពី​ដី​ភ្លាម​ៗ ដោយ​សារ​ដី​នោះ​រាក់។+ ៦ ប៉ុន្តែ ពេល​ដែល​ថ្ងៃ​រះ​ឡើង វា​ក៏​ស្លោក​ទៅ ហើយ​ដោយ​សារ​ឫស​ចាក់​មិន​ជ្រៅ វា​ក៏​ក្រៀម​ស្វិត។ ៧ ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​លើ​ដី​ដែល​មាន​ដើម​បន្លា រួច​ដើម​បន្លា​ក៏​ដុះ​ឡើង​គ្រប​ជិត​គ្រាប់​ពូជ​នោះ ហើយ​វា​មិន​បង្កើត​ផល​ឡើយ។+ ៨ ប៉ុន្តែ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​លើ​ដី​ល្អ ហើយ​បាន​ដុះ​ឡើង រួច​បង្កើត​ផល​១​ជា​៣០ ១​ជា​៦០ និង​១​ជា​១០០​»។+ ៩ ដូច្នេះ លោក​ពោល​បន្ថែម​ថា​៖ ​«​អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ​»។+

១០ ពេល​ដែល​លោក​នៅ​ម្នាក់​ឯង នោះ​អ្នក​កាន់​តាម​ខ្លះ​និង​សាវ័ក​ទាំង​១២​នាក់ ចាប់​ផ្ដើម​សួរ​លោក​អំពី​ឧទាហរណ៍​ទាំង​នោះ។+ ១១ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ព្រះ​បាន​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​យល់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+អំពី​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ​ចំពោះ​អ្នក​ក្រៅ​វិញ ពួក​គេ​បាន​ត្រឹម​តែ​ឮ តែ​មិន​យល់​ឧទាហរណ៍​ទាំង​នោះ​ទេ។+ ១២ ម្ល៉ោះ​ហើយ ទោះ​ជា​ពួក​គេ​អាច​មើល ក៏​នៅ​តែ​មើល​មិន​ឃើញ ហើយ​ទោះ​ជា​អាច​ឮ ក៏​នៅ​តែ​មិន​យល់​អត្ថន័យ ហើយ​ក៏​មិន​វិល​មក​វិញ​ដើម្បី​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​ដែរ​»។+ ១៣ លោក​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​មិន​យល់​ឧទាហរណ៍​នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​យល់​ឧទាហរណ៍​ឯ​ទៀត​បាន?

១៤ ​«​គ្រាប់​ពូជ​ដែល​បុរស​នោះ​សាប​ព្រោះ គឺ​ជា​បណ្ដាំ​របស់​ព្រះ។+ ១៥ ដូច្នេះ មនុស្ស​ដែល​ប្រៀប​ដូច​ជា​ផ្លូវ​នោះ គឺ​ជា​អ្នក​ដែល​បណ្ដាំ​របស់​ព្រះ​បាន​ត្រូវ​សាប​ព្រោះ​ក្នុង​ពួក​គេ តែ​កាល​បាន​ឮ​បណ្ដាំ​របស់​ព្រះ​ភ្លាម សាថាន​ក៏​មក+យក​បណ្ដាំ​ដែល​បាន​ត្រូវ​សាប​ព្រោះ​នោះ​ទៅ។+ ១៦ ចំណែក​មនុស្ស​ដែល​ប្រៀប​ដូច​ជា​ផ្ទាំង​ថ្ម គឺ​ជា​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ​ភ្លាម ក៏​ទទួល​បណ្ដាំ​នោះ​ដោយ​អំណរ។+ ១៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បណ្ដាំ​របស់​ព្រះ​គ្មាន​ឫស​ក្នុង​ពួក​គេ​ឡើយ។ តែ​ពួក​គេ​នៅ​ជាប់​បាន​មួយ​រយៈ រួច​ពេល​កើត​មាន​ទុក្ខ​លំបាក​ឬ​ការ​បៀត​បៀន​ភ្លាម​ៗ​ដោយ​សារ​បណ្ដាំ​របស់​ព្រះ នោះ​ពួក​គេ​ក៏​ជំពប់​ដួល។ ១៨ ឯ​មនុស្ស​ខ្លះ​ទៀត​ដែល​ប្រៀប​ដូច​ជា​ដី​ដែល​មាន​ដើម​បន្លា នោះ​សំដៅ​លើ​អ្នក​ដែល​បាន​ឮ​បណ្ដាំ​របស់​ព្រះ+ ១៩ តែ​ការ​ខ្វល់​ខ្វាយ+អំពី​ជីវភាព​នៅ​សម័យ*នេះ ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្តិ+ និង​ចិត្ត​ប្រាថ្នា+ឲ្យ​បាន​អ្វី​ៗ​ផ្សេង​ទៀត ក៏​ចូល​មក​គ្រប​បាំង​បណ្ដាំ​របស់​ព្រះ​ជិត មិន​ឲ្យ​អ្នក​នោះ​បង្កើត​ផល​ឡើយ។ ២០ ចុង​ក្រោយ មនុស្ស​ដែល​ប្រៀប​ដូច​ជា​ដី​ល្អ គឺ​ជា​អ្នក​ដែល​ស្ដាប់​បណ្ដាំ​របស់​ព្រះ ហើយ​ទទួល​ដោយ​អំណរ រួច​បង្កើត​ផល​១​ជា​៣០ ១​ជា​៦០ និង​១​ជា​១០០​»។+

២១ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា​៖ ​«​គេ​មិន​ដែល​យក​ចង្កៀង​មក​ដាក់​ក្រោម​កញ្ឆេ* ឬ​ក្រោម​គ្រែ​ឡើយ មែន​ទេ? ប៉ុន្តែ​គេ​យក​មក​ដាក់​លើ​ជើង​ចង្កៀង​វិញ+ ២២ ព្រោះ​ថា​អ្វី​ដែល​បាន​ត្រូវ​លាក់ នឹង​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ ហើយ​អ្វី​ដែល​បាន​បិទ​បាំង​យ៉ាង​ជិត នឹង​ត្រូវ​បើក​បង្ហាញ​ឲ្យ​ដឹង។+ ២៣ អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ​»។+

២៤ លោក​មាន​ប្រសាសន៍​ថែម​ទៀត​ថា​៖ ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​អ្នក​កំពុង​ឮ។+ អ្នក​វាល់​ប៉ុនណា អ្នក​នឹង​ទទួល​ប៉ុណ្ណឹង ហើយ​អ្នក​នឹង​ទទួល​ថែម​ទៀត​ផង ២៥ ព្រោះ​ថា​អ្នក​ណា​ដែល​មាន នឹង​ទទួល​ថែម​ទៀត+ តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន ក៏​នឹង​ត្រូវ​ដក​ហូត​ដែរ​»។+

២៦ ដូច្នេះ លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​គឺ​ដូច​ពេល​បុរស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​លើ​ដី។ ២៧ ពេល​យប់​គាត់​ដេក ហើយ​ពេល​ថ្ងៃ​គាត់​ក្រោក។ ចំណែក​គ្រាប់​ពូជ​វិញ វា​ចេញ​ពន្លក​ហើយ​ធំ​ឡើង តែ​គាត់​មិន​ដឹង​ថា​វា​ដុះ​តាម​របៀប​ណា​ឡើយ។ ២៨ បន្តិច​ម្ដង​ៗ ដី​បង្កើត​ផល​ដោយ​ឯកឯង មុន​ដំបូង​ចេញ​ដើម រួច​មាន​កួរ ហើយ​ទី​បំផុត​មាន​គ្រាប់។ ២៩ កាល​ស្រូវ​ទុំ​ហើយ គាត់​ទាញ​កណ្ដៀវ​មក​ច្រូត ពី​ព្រោះ​រដូវ​ចម្រូត​បាន​មក​ដល់​ហើយ​»។

៣០ រួច​លោក​ពោល​ត​ទៅ​ទៀត​ថា​៖ ​«​តើ​យើង​អាច​ប្រដូច​រាជាណាចក្រ​របស់​ព្រះ​ទៅ​នឹង​អ្វី? ឬ​តើ​យើង​អាច​ប្រើ​ឧទាហរណ៍​អ្វី ដើម្បី​ពន្យល់​អំពី​រាជាណាចក្រ​របស់​ព្រះ? ៣១ រាជាណាចក្រ​របស់​ព្រះ​គឺ​ប្រៀប​ដូច​ជា​គ្រាប់​មូស្ដាត។* កាល​គេ​ដាំ​ក្នុង​ដី គ្រាប់​នោះ​ជា​គ្រាប់​តូច​បំផុត​នៅ​ផែនដី។+ ៣២ តែ​ក្រោយ​ពី​បាន​ត្រូវ​ដាំ​ហើយ គ្រាប់​នោះ​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ទាំង​អស់ ហើយ​បែក​មែក​ធំ​ៗ ដូច្នេះ​សត្វ​ស្លាប​នៅ​លើ​មេឃ​អាច​មក​ជ្រក​អាស្រ័យ​ក្នុង​ម្លប់​ដើម​នោះ​បាន​»។

៣៣ លោក​យេស៊ូ​មាន​ប្រសាសន៍​ប្រាប់​ពួក​គេ​អំពី​បណ្ដាំ​របស់​ព្រះ​ដោយ​ប្រើ​ឧទាហរណ៍​ជា​ច្រើន+ តាម​ដែល​ពួក​គេ​អាច​យល់​បាន។ ៣៤ លោក​មិន​ដែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​មិន​ប្រើ​ឧទាហរណ៍​ឡើយ។ ប៉ុន្តែ ពេល​លោក​នៅ​ដាច់​ដោយ​ឡែក​ពី​គេ លោក​ពន្យល់​អ្វី​ៗ​ទាំង​អស់​ដល់​អ្នក​កាន់​តាម​លោក។+

៣៥ នៅ​យប់​ថ្ងៃ​នោះ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង​»។+ ៣៦ ម្ល៉ោះ​ហើយ ក្រោយ​ពី​បាន​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ លោក​និង​ពួក​គាត់​បាន​ចូល​ក្នុង​ទូក រួច​ចេញ​ដំណើរ​ទៅ​តែ​ម្ដង។ នៅ​ពេល​នោះ ក៏​មានទូក​ឯទៀត​ចេញ​ដំណើរ​ទៅ​ជា​មួយ​នឹង​លោក​ដែរ។+ ៣៧ ក្រោយ​មក មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ ហើយ​រលក​បាន​បក់​បោក​វាយ​ផ្ទប់​ទូក​នោះ រហូត​ដល់​ទឹក​ចូល​ជិត​ពេញ។+ ៣៨ ប៉ុន្តែ លោក​កំពុង​សម្រាន្ត​លក់​លើ​ខ្នើយ​នៅ​កន្សៃ​ទូក។ ដូច្នេះ ពួក​គាត់​បាន​ដាស់​លោក ហើយ​សួរ​ថា​៖ ​«​លោក​គ្រូ! តើ​លោក​មិន​ខ្វល់​ថា​យើង​ជិត​វិនាស​ទេ​ឬ?​»។ ៣៩ ឮ​ដូច្នេះ លោក​ក៏​ងើប​ឡើង ហើយ​ស្ដី​បន្ទោស​ខ្យល់ ថែម​ទាំង​ស្រដី​ទៅ​សមុទ្រ​ថា​៖ ​«​ចូរ​ស្ងៀម​ទៅ!​»។+ រួច​ខ្យល់​ក៏​ស្ងប់ ហើយ​ក៏​កើតមាន​សភាព​ស្ងប់​ស្ងាត់​ក្រៃ​លែង។ ៤០ ម្ល៉ោះ​ហើយ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ភ័យ​ខ្លាច​ដូច្នេះ? តើ​អ្នក​នៅ​តែ​មិន​ទាន់​មាន​ជំនឿ​ទេ​ឬ?​»។ ៤១ ប៉ុន្តែ ពួក​គាត់​នឹក​ស្ញប់​ស្ញែង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ហើយ​បាន​សួរ​គ្នា​ថា​៖ ​«​តើ​លោក​នេះ​ពិត​ជា​អ្នក​ណា? សូម្បី​តែ​ខ្យល់​និង​សមុទ្រ ក៏​ស្ដាប់​បង្គាប់​លោក​ដែរ​»។+

៥ ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​ត្រើយ​ម្ខាង​សមុទ្រ ដែល​នៅ​ជិត​តំបន់​កេរ៉ា​សា។+ ២ ពេល​លោក​យេស៊ូ​ចេញ​ពី​ទូក​ភ្លាម បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អសោច​ចូល បាន​ចេញ​ពី​ទី​បញ្ចុះ​សព​មក ហើយ​បាន​ជួប​លោក។ ៣ បុរស​នោះ​ស្នាក់​នៅ​តាម​ទី​បញ្ចុះ​សព ហើយ​មក​ដល់​ពេល​នោះ គ្មាន​អ្នក​ណា​អាច​ចង​គាត់​ជាប់​ឡើយ សូម្បី​តែ​ដាក់​ច្រវាក់​ក៏​មិន​ជាប់​ដែរ។ ៤ គាត់​ត្រូវ​គេ​ដាក់​ខ្នោះ​និង​ដាក់​ច្រវាក់​ជា​ច្រើន​ដង តែ​គាត់​តែង​តែ​ផ្ដាច់​ច្រវាក់​និង​បំបាក់​ខ្នោះ​ទាំង​នោះ ហើយ​គ្មាន​អ្នក​ណា​មាន​កម្លាំង​ល្មម​នឹង​ចាប់​សង្កត់​គាត់​បាន​ឡើយ។ ៥ គាត់​ចេះ​តែ​ស្រែក​ទាំង​យប់​ទាំង​ថ្ងៃ​តាម​ទី​បញ្ចុះ​សព​និង​តាម​ភ្នំ ហើយ​យក​ថ្ម​មក​ឆូត​សាច់​ខ្លួន​ឯង​ទៀត​ផង។ ៦ ប៉ុន្តែ ពេល​ដែល​គាត់​ក្រឡេក​ឃើញ​លោក​យេស៊ូ​ពី​ចម្ងាយ គាត់​ក៏​រត់​ទៅ​លំឱន​កាយ​ពី​មុខ​លោក។+ ៧ រួច​គាត់​ស្រែក​យ៉ាង​ខ្លាំង​ថា​៖ ​«​លោក​យេស៊ូជា​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត! តើ​លោក​មក​រំខាន​ខ្ញុំ​ធ្វើ​អ្វី? លោក​ត្រូវ​ស្បថ​នៅ​មុខ​ព្រះ​ថា លោក​នឹង​មិន​ធ្វើ​ទារុណកម្ម​ខ្ញុំ​ឡើយ​»។+ ៨ វា​និយាយ​ដូច្នេះ ដោយ​សារមុននោះ​លោក​បាន​បង្គាប់​វា​ថា​៖ ​«​វិញ្ញាណ​អសោច! ចូរ​ចេញ​ពី​បុរស​នោះ​ទៅ​»។+ ៩ រួច​លោក​សួរ​វា​ថា​៖ ​«​តើ​អ្នក​ឈ្មោះ​អ្វី?​»​ ហើយ​វា​ឆ្លើយ​ថា​៖ ​«​ឈ្មោះ​កង​ពល ពី​ព្រោះ​យើង​មាន​គ្នា​ច្រើន​»។ ១០ វា​បាន​ទទូច​អង្វរ​លោក​យេស៊ូ កុំ​ឲ្យ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។+

១១ នៅ​ពេល​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ+ កំពុង​រក​ចំណី​ស៊ី​នៅ​លើ​ភ្នំ។+ ១២ ដូច្នេះ ពួក​វិញ្ញាណ​បាន​អង្វរ​លោក​ថា​៖ ​«​សូម​ឲ្យ​យើង​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​»។ ១៣ លោក​ក៏​អនុញ្ញាត។ ដូច្នេះ ពួក​វិញ្ញាណ​អសោច​បាន​ចេញ​ពី​បុរស​នោះ ហើយ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ។ រួច​ហ្វូង​ជ្រូក​ប្រមាណ​២.០០០​ក្បាល​បាន​បោល​ពី​ច្រាំង​ចោត​ធ្លាក់​ចូល​ក្នុង​សមុទ្រ ហើយ​លង់​ទឹក​ងាប់​អស់​ទៅ។ ១៤ ចំណែក​ពួក​អ្នក​ដែល​ឃ្វាល​សត្វ​ទាំង​នោះ ពួក​គេ​បាន​រត់​ទៅ​ប្រាប់​មនុស្ស​នៅ​ក្នុង​ក្រុង​និង​នៅ​ជនបទ រួច​មនុស្ស​បាន​មក​មើល​ឲ្យ​ដឹង​ថា​មាន​អ្វី​បាន​កើត​ឡើង។+ ១៥ ពួក​គេ​បាន​មក​រក​លោក​យេស៊ូ ហើយ​ឃើញ​បុរស​ដែល​ធ្លាប់​មាន​ពួក​វិញ្ញាណ​កំណាច​មួយ​កង​ពល​ចូល កំពុង​អង្គុយ​នៅ​ទី​នោះ​ដោយ​មាន​សម្លៀក​បំពាក់ ព្រម​ទាំង​លែង​វង្វេង​ស្មារតី​ទៀត។ ដូច្នេះ ពួក​គេ​ក៏​តាំង​ភ័យ​ខ្លាច។ ១៦ ម្យ៉ាង​ទៀត អស់​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ផ្ទាល់​ភ្នែក បាន​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​បុរស​ដែល​មាន​វិញ្ញាណ​កំណាច​ចូល និង​អំពី​សត្វ​ជ្រូក​ទាំង​នោះ។ ១៧ ម្ល៉ោះ​ហើយ ពួក​គេ​ចាប់​ផ្ដើម​អង្វរ​លោក​យេស៊ូ​ឲ្យ​ចេញ​ពី​តំបន់​របស់​ពួក​គេ។+

១៨ បន្ទាប់​មក ពេល​ដែល​លោក​កំពុង​ចូល​ក្នុង​ទូក នោះ​បុរស​ដែល​មាន​វិញ្ញាណ​កំណាច​ចូល​បាន​អង្វរ​សុំ​ទៅ​តាម​លោក។+ ១៩ ក៏​ប៉ុន្តែ លោក​មិន​ឲ្យ​គាត់​ទៅ​ទេ តែ​បាន​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ប្រាប់​ញាតិ​សន្ដាន​របស់​អ្នក​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា*បាន​ធ្វើ​ដើម្បី​អ្នក និង​អំពី​របៀប​ដែល​លោក​បាន​បង្ហាញ​សេចក្ដី​មេត្តា​ដល់​អ្នក​»។ ២០ ម្ល៉ោះ​ហើយ បុរស​នោះ​បាន​ចេញ​ទៅ រួច​ចាប់​ផ្ដើម​ប្រកាស​នៅ​តំបន់​ដេកាប៉ូល*អំពី​អ្វី​ៗ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ដើម្បី​គាត់ ហើយ​មនុស្ស​ទាំង​ឡាយ​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។

២១ ក្រោយ​ពី​លោក​យេស៊ូ​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ មនុស្ស​មួយ​ក្រុម​ធំ​បាន​មូល​គ្នា​មក​រក​លោក ពេល​លោក​នៅ​ឆ្នេរ​សមុទ្រ។+ ២២ ពេល​នោះ អ្នក​ទទួល​ខុស​ត្រូវ​សាលា​ប្រជុំ​មួយ​រូប​ឈ្មោះ​យ៉ែរ៉ូស ក៏​បាន​មក​ដែរ។ ពេល​គាត់​ឃើញ​លោក គាត់​លំឱន​កាយ​នៅ​ជិត​ជើង​លោក។+ ២៣ គាត់​បាន​អង្វរ​លោក​ជា​ច្រើន​ដង​ថា​៖ ​«​កូន​ស្រី​របស់​ខ្ញុំ​ឈឺ​ធ្ងន់​ណាស់។* សូម​លោក​អញ្ជើញ​មក​ដាក់​ដៃ​លើ​នាង+ ដើម្បី​ឲ្យ​នាង​បាន​ជា​ឡើង​វិញ ហើយ​អាច​រស់​ត​ទៅ​ទៀត​»។ ២៤ ឮ​ដូច្នេះ លោក​បាន​ទៅ​ជា​មួយ​នឹង​គាត់ ហើយ​មនុស្ស​មួយ​ក្រុម​ធំ​បាន​ទៅ​តាម​ទាំង​ប្រជ្រៀត​លោក។

២៥ មាន​ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម+អស់​១២​ឆ្នាំ។+ ២៦ គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​បែរ​ជា​នាំ​ឲ្យ​នាង​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ នាង​បាន​ចំណាយ​ធន​ធាន​ខ្លួន​អស់​រលីង តែ​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​សោះ។ ផ្ទុយ​ទៅ​វិញ ជំងឺ​របស់​នាង​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។ ២៧ ពេល​នាង​បាន​ឮ​អ្វី​ដែល​មនុស្ស​និយាយ​អំពី​លោក​យេស៊ូ នាង​បាន​ចូល​ពី​ក្រោយ​បណ្ដា​ជន​ទៅ​ឯ​លោក រួច​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក+ ២៨ ដោយ​ប្រាប់​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក នោះ​ខ្ញុំ​នឹង​បាន​ជា​»។+ ២៩ រំពេច​នោះ គាត់​ឈប់​ធ្លាក់​ឈាម ហើយ​មាន​អារម្មណ៍​ថា គាត់​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​រង​ទុក្ខ។

៣០ ភ្លាម​នោះ លោក​យេស៊ូ​ដឹង​ក្នុង​អារម្មណ៍​ថា ថាមពល+បាន​ចេញ​ពី​ខ្លួន​លោក​ទៅ ហើយ​លោក​បែរ​ទៅ​បណ្ដា​ជន រួច​សួរ​ថា​៖ ​«​តើ​អ្នក​ណា​បាន​ពាល់​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្ញុំ?​»។+ ៣១ ប៉ុន្តែ អ្នក​កាន់​តាម​លោក​និយាយ​ថា​៖ ​«​លោក​ឃើញ​បណ្ដា​ជន​កំពុង​ប្រជ្រៀត​លោក ហេតុ​អ្វី​ក៏​លោក​សួរ​ថា​៖ ‹តើ​អ្នក​ណា​បាន​ពាល់​ខ្ញុំ?›​»។ ៣២ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​បាន​ខំ​រក​មើល​អ្នក​ដែល​បាន​ពាល់​លោក។ ៣៣ រីឯ​ស្ត្រី​នោះ ដោយ​សារបាន​ដឹង​អ្វី​ដែល​កើត​ឡើង​ចំពោះ​នាង នាង​បាន​ភ័យ​ញាប់​ញ័រ ហើយ​ក៏​មក​លុត​ជង្គង់​នៅ​ចំពោះ​មុខ​លោក រួច​នាង​បាន​ជម្រាប​លោក​ពី​ការ​ពិត​ទាំង​អស់។ ៣៤ លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​កូន​ស្រី​អើយ ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​ហើយ។ ពេល​នេះ នាង​បាន​រួច​ផុត​ពី​ជំងឺ​ដែល​បាន​ធ្វើ​ឲ្យ​រង​ទុក្ខ+ សូម​នាង​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ​ចុះ​»។+

៣៥ ពេល​ដែល​លោក​កំពុង​មាន​ប្រសាសន៍ បុរស​ខ្លះ​ពី​ផ្ទះ​របស់​អ្នក​ទទួល​ខុស​ត្រូវ​សាលា​ប្រជុំ បាន​មក​ប្រាប់​ថា​៖ ​«​កូន​ស្រី​របស់​អ្នក​ស្លាប់​ហើយ! មិន​ចាំ​បាច់​រំខាន​លោក​គ្រូ​ទៀត​ទេ​»។+ ៣៦ ប៉ុន្តែ លោក​យេស៊ូ​ឮ​អ្វី​ដែល​ពួក​គេ​បាន​និយាយ រួច​មាន​ប្រសាសន៍​ទៅ​អ្នក​ទទួល​ខុស​ត្រូវ​សាលា​ប្រជុំ​ថា​៖ ​«​កុំ​ខ្លាច​ឡើយ ចូរ​បង្ហាញ​ជំនឿ​ប៉ុណ្ណោះ​»។+ ៣៧ លោក​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​ជា​មួយ​នឹង​លោក​ឡើយ ក្រៅ​ពី​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ដែល​ជា​ប្អូន​របស់​យ៉ាកុប។+

៣៨ លុះ​ក្រោយ​មក ពេល​ដែល​លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​ផ្ទះ​របស់​អ្នក​ទទួល​ខុស​ត្រូវ​សាលា​ប្រជុំ នោះ​លោក​ឃើញ​មាន​ភាព​ជ្រួល​ច្របល់ ហើយ​មនុស្ស​កំពុង​ស្រែក​ទ្រហោ​យំ។+ ៣៩ ពេល​លោក​ចូល​ទៅ​ដល់​ក្នុង លោក​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ជ្រួល​ច្របល់​ហើយ​យំ​ស្រែក​ដូច្នេះ? ក្មេង​នេះ​មិន​បាន​ស្លាប់​ទេ តែ​នាង​កំពុង​ដេក​លក់​»។+ ៤០ ឮ​ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​សើច​ចំអក​ឲ្យ​លោក។ ប៉ុន្តែ ក្រោយ​ពី​លោក​បាន​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​ចេញ​ទៅ​ក្រៅ លោក​នាំ​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ និង​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ចូល​ទៅ​កន្លែង​ដែល​ក្មេង​នោះ​នៅ។ ៤១ រួច​មក លោក​ចាប់​ដៃ​របស់​ក្មេង​នោះ ហើយ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ថាលីតា គូមី​»​ ដែល​បក​ប្រែ​ថា​«​នាង​តូច​អើយ! ខ្ញុំ​ប្រាប់​ថា​៖ ‹ចូរ​ក្រោក​ឡើង!›​»។+ ៤២ ភ្លាម​នោះ នាង​ក៏​ក្រោក​ឡើង ហើយ​ចាប់​ផ្ដើម​ដើរ (​នាង​មាន​អាយុ​១២​ឆ្នាំ​)។ រំពេច​នោះ ពួក​គាត់​ត្រេក​អរ​ហួស​ប្រមាណ។ ៤៣ ប៉ុន្តែ លោក​ហាម​ពួក​គាត់​ម្ដង​ហើយ​ម្ដង​ទៀត* កុំ​ឲ្យ​ប្រាប់​អ្នក​ណា​អំពី​រឿង​នេះ+ ហើយ​លោក​ក៏​ប្រាប់​ពួក​គាត់​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិភោគ។

៦ លោក​បាន​ចេញ​ពី​ទី​នោះ ចូល​ទៅ​ស្រុក​កំណើត​របស់​លោក​វិញ+ ហើយ​ពួក​អ្នក​កាន់​តាម​ក៏​បាន​ទៅ​ជា​មួយ​នឹង​លោក​ដែរ។ ២ លុះ​ដល់​ថ្ងៃ​ឈប់​សម្រាក លោក​ចាប់​ផ្ដើម​បង្រៀន​នៅ​សាលា​ប្រជុំ ហើយ​មនុស្ស​ភាគ​ច្រើន​ដែល​ស្ដាប់​លោក បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ទាំង​និយាយ​ថា​៖ ​«​តើ​បុរស​នេះ​ចេះ​អ្វី​ៗ​ទាំង​នេះ​មក​ពី​ណា?+ ហេតុ​អ្វី​បុរស​នេះ​បាន​ទទួល​ប្រាជ្ញា​បែប​នេះ? ហើយ​ម្ដេច​បាន​ជា​គាត់​អាច​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទាំង​នេះ​បាន?+ ៣ តើ​បុរស​នេះ​មិន​មែន​ជា​ជាង​ឈើ+ ដែល​ជា​កូន​របស់​ម៉ារៀ+ និង​ជា​បង​ប្រុស​របស់​យ៉ាកុប+ យ៉ូសែប យូដាស និង​ស៊ីម៉ូន+ទេ​ឬ? ប្អូន​ស្រី​ៗ​របស់​គាត់​ក៏​នៅ​ទី​នេះ​ជា​មួយ​នឹង​យើង​ដែរ មែន​ទេ?​»។ ដូច្នេះ ពួក​គេ​មិន​ព្រម​ជឿ​លើ​លោក​ឡើយ។ ៤ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​នៅ​គ្រប់​កន្លែង គេ​តែង​គោរព​អ្នក​ប្រកាស​ទំនាយ លើក​លែង​តែ​នៅ​ស្រុក​ នៅ​ក្នុង​ញាតិ​សន្ដាន និង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​»។+ ៥ ដូច្នេះ លោក​មិន​បាន​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​នៅ​ទី​នោះ​ទេ ក្រៅ​ពី​ដាក់​ដៃ​លើ​មនុស្ស​ឈឺ​ពីរ​បី​នាក់​ឲ្យ​បាន​ជា​សះ​ស្បើយ។ ៦ លោក​បាន​នឹក​ឆ្ងល់ ដោយ​ឃើញ​ថា​ពួក​គេ​គ្មាន​ជំនឿ។ រួច​មក លោក​បាន​ចេញ​ទៅ​បង្រៀន​តាម​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​នោះ។+

៧ ក្រោយ​មក លោក​ហៅ​សាវ័ក​ទាំង​១២​នាក់​មក ហើយ​ចាប់​ផ្ដើម​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ជា​គូ​ៗ​+ ថែម​ទាំង​ផ្ដល់​ឲ្យ​ពួក​គាត់​មាន​អំណាច​លើ​ពួក​វិញ្ញាណ​អសោច​ទៀត​ផង។+ ៨ ម្យ៉ាង​ទៀត លោក​ហាម​ពួក​គាត់​មិន​ឲ្យ​យក​អាហារ* ថង់​យាម ឬ​យក​ប្រាក់*ដាក់​ថង់​សៀត​ចង្កេះ​ទៅ​ជា​មួយ​ឡើយ ក្រៅ​ពី​យក​ដំបង​មួយ​ប៉ុណ្ណោះ+ ៩ ហើយ​មិន​ត្រូវ​យក​សម្លៀក​បំពាក់​មួយ​បន្លាស់​ទៀត​ទៅ​ជា​មួយ​ទេ* ក៏​មិន​ចាំ​បាច់​យក​ស្បែក​ជើង​សង្រែក​មួយ​គូ​ទៀត​ដែរ។ ១០ លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ពេល​ណា​អ្នក​ចូល​ក្នុង​ផ្ទះ​ណា​មួយ ចូរ​នៅ​ទី​នោះ​រហូត​ដល់​អ្នក​ចេញ​ពី​ក្រុង​នោះ។+ ១១ ប៉ុន្តែ នៅ​កន្លែង​ណា​ដែល​មនុស្ស​មិន​ព្រម​ទទួល​ស្វាគមន៍​ឬ​ស្ដាប់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​កន្លែង​នោះ ហើយ​រលាស់​ដី​ពី​ជើង​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា​អ្នក​បាន​ព្រមាន​ពួក​គេ​រួច​ហើយ​»។+ ១២ ដូច្នេះ ពួក​គាត់​បាន​ចេញ​ទៅ​ផ្សព្វ​ផ្សាយ ដើម្បី​ឲ្យ​មនុស្ស​ប្រែ​ចិត្ត។+ ១៣ ពួក​គាត់​ក៏​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ជា​ច្រើន+ ថែម​ទាំង​លាប​ប្រេង​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ដែល​ឈឺ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។

១៤ លុះ​ក្រោយ​មក រឿង​ទាំង​នេះ​បាន​ឮ​ដល់​ស្ដេច*ហេរ៉ូឌ ព្រោះ​ឈ្មោះ​លោក​យេស៊ូ​ចាប់​ផ្ដើម​ល្បី​សុសសាយ ហើយ​មនុស្ស​កំពុង​និយាយ​ថា​៖ ​«​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ។ ហេតុ​នេះ​ហើយ​បានជា​លោក​អាច​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទាំង​នេះ​បាន​»។+ ១៥ ប៉ុន្តែ អ្នក​ឯ​ទៀត​បាន​និយាយ​ថា​៖ ​«​លោក​គឺ​អេលីយ៉ា​»។ រីឯ​អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា​៖ ​«​លោក​គឺ​ជា​អ្នក​ប្រកាស​ទំនាយ​មួយ​រូប ដូច​អ្នក​ប្រកាស​ទំនាយ​នៅ​សម័យ​បុរាណ​»។+ ១៦ ពេល​ហេរ៉ូឌ​ឮ​ដូច្នេះ គាត់​ពោល​ថា​៖ ​«​យ៉ូហាន​ដែល​ខ្ញុំ​បាន​ឲ្យ​គេ​កាត់​ក្បាល​នោះ បាន​រស់​ឡើង​វិញ​មែន​»។ ១៧ ហេរ៉ូឌ​បាន​រៀប​ការ​ជា​មួយ​នឹង​ហេរ៉ូឌាស ដែល​ជា​ភរិយា​របស់​ភីលីព​ជា​បង។ ហេរ៉ូឌ​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​យ៉ូហាន រួច​ចង​គាត់​ដាក់​ក្នុង​គុក ដើម្បី​ផ្គាប់​ចិត្ត​ហេរ៉ូឌាស+ ១៨ ពី​ព្រោះ​យ៉ូហាន​បាន​ជម្រាប​ហេរ៉ូឌ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​គ្មាន​ច្បាប់​ឲ្យ​អ្នក​យក​ភរិយា​របស់​ប្អូន​ធ្វើ​ជា​ភរិយា​របស់​អ្នក​ទេ​»។+ ១៩ ដូច្នេះ ហេរ៉ូឌាស​បាន​ចង​គំនុំ​នឹង​យ៉ូហាន ហើយ​ចង់​សម្លាប់​គាត់ តែ​សម្លាប់​មិន​បាន ២០ ព្រោះ​ហេរ៉ូឌ​កោត​ក្រែង​យ៉ូហាន។ ហេរ៉ូឌ​ដឹង​ថា​គាត់​ជា​មនុស្ស​សុចរិត​និង​បរិសុទ្ធ។+ ហេតុ​នេះ ហេរ៉ូឌ​បាន​រក្សា​ការ​ពារ​គាត់។ ក្រោយ​ពេល​បាន​ឮ​អ្វី​ដែល​យ៉ូហាន​និយាយ​ប្រាប់ ហេរ៉ូឌ​ទាល់​ប្រាជ្ញា មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​គាត់​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ហេរ៉ូឌ​នៅ​តែ​ពេញ​ចិត្ត​ស្ដាប់​គាត់។

២១ ប៉ុន្តែ​មាន​ឱកាស​ល្អ​មួយ​សម្រាប់​ហេរ៉ូឌាស គឺ​នៅ​ថ្ងៃ​ខួប​កំណើត+របស់​ហេរ៉ូឌ ពេល​ដែល​ហេរ៉ូឌ​ធ្វើ​ពិធី​ជប់​លៀង​ពិសា​អាហារ​ពេល​ល្ងាច សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ឡាយ ពួក​មេ​ទ័ព និង​អ្នក​មាន​មុខ​មាត់​ធំ​ដុំ​ក្នុង​ស្រុកកាលីឡេ។+ ២២ រួច​កូន​ស្រី​របស់​ហេរ៉ូឌាស​បាន​ចូល​មក​រាំ ធ្វើ​ឲ្យ​ហេរ៉ូឌ​និង​អ្នក​រួម​តុ​ជា​មួយ​នឹង​គាត់​ពេញ​ចិត្ត​ខ្លាំង​ណាស់។ បន្ទាប់​មក ស្ដេច​ហេរ៉ូឌ​បាន​ប្រាប់​នាង​ថា​៖ ​«​បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ ខ្ញុំ​នឹង​ឲ្យ​នាង​»។ ២៣ គាត់​ថែម​ទាំង​ស្បថ​នឹង​នាង​ថា​៖ ​«​អ្វី​ក៏​ដោយ​ដែល​នាង​សុំ​ពី​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ ទោះ​ជា​សុំ​រាជាណាចក្រ​ខ្ញុំ​មួយ​ចំហៀង​ក៏ដោយ​»។ ២៤ ម្ល៉ោះ​ហើយ នាង​ចេញ​ទៅ​សួរ​ម្ដាយ​របស់​នាង​ថា​៖ ​«​តើ​ខ្ញុំ​គួរ​សុំ​អ្វី?​»។ ម្ដាយ​នាង​ឆ្លើយ​ថា​៖ ​«​ចូរ​សុំ​ក្បាល​របស់​យ៉ូហាន ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​គេ​»។ ២៥ ដូច្នេះ នាង​ក៏​ប្រញាប់​ចូល​ទៅ​សុំ​ស្ដេច​ថា​៖ ​«​ខ្ញុំ​ចង់​បាន​ក្បាល​របស់​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ភ្លាម​»។+ ២៦ ពិត​មែន​តែ​នេះ​ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូឌ​កើត​ទុក្ខ​យ៉ាង​ខ្លាំង តែ​គាត់​មិន​អាច​បដិសេធ​សំណើ​របស់​នាង​ឡើយ ដោយ​សារ​គាត់​បាន​ស្បថ​នៅ​ចំពោះ​មុខ​អ្នក​ឯ​ទៀត​ដែល​កំពុង​រួម​តុ​ជា​មួយ។ ២៧ ដូច្នេះ ស្ដេច​ក៏​ចាត់​អង្គរក្ស​ម្នាក់​ឲ្យ​ទៅ​យក​ក្បាល​របស់​យ៉ូហាន​មក​ភ្លាម។ ម្ល៉ោះ​ហើយ អ្នក​នោះ​បាន​ចេញ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក ២៨ រួច​ដាក់​ក្បាល​គាត់​លើ​ថាស​មួយ ហើយ​យក​ទៅ​ឲ្យ​នាង។ បន្ទាប់​មក នាង​ក៏​ឲ្យ​ដល់​ម្ដាយ។ ២៩ លុះ​ពេល​អ្នក​កាន់​តាម​យ៉ូហាន​ឮ​អំពី​រឿង​នោះ ពួក​គេ​បាន​មក​យក​សព​យ៉ូហាន​ទៅ​ដាក់​ក្នុង​ទី​បញ្ចុះ​សព។

៣០ ពួក​សាវ័ក​បាន​មក​ជួប​ជុំ​គ្នា​នៅ​មុខ​លោក​យេស៊ូ ហើយ​រៀប​រាប់​ពី​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គាត់​បាន​ធ្វើ​និង​បង្រៀន។+ ៣១ រួច​លោក​ប្រាប់​ពួក​គាត់​ថា​៖ ​«​សូម​អ្នក​រាល់​គ្នា​មក​ជា​មួយ​នឹង​ខ្ញុំ​ដោយ​ឡែក ទៅ​កន្លែង​ឆ្ងាយ​ពី​គេ ហើយ​សម្រាក​បន្តិច​»។+ លោក​ប្រាប់​ដូច្នេះ ព្រោះ​ថា​មាន​មនុស្ស​ជា​ច្រើន​ទៅ​មក ហើយ​ពួកគាត់​គ្មាន​ពេល​ទំនេរ​សោះ សូម្បី​តែ​រក​ពេល​បរិភោគ​ក៏​មិន​បាន​ផង។ ៣២ ដូច្នេះ លោក​និង​ពួក​គាត់​បាន​ចុះ​ទូក ចេញ​ទៅ​កន្លែង​ឆ្ងាយ​ពី​គេ។+ ៣៣ ក៏​ប៉ុន្តែ បណ្ដា​ជន​បាន​ឃើញ​ពួក​គាត់​ចេញ​ទៅ ហើយ​មនុស្ស​ជា​ច្រើន​ដឹង​កន្លែង​ដែល​ពួក​គាត់​ទៅ។ ដូច្នេះ មនុស្ស​ពី​គ្រប់​ក្រុង​បាន​នាំ​គ្នា​រត់​ទៅ​ទី​នោះ ហើយ​បាន​ទៅ​ដល់​មុន​ពួក​គាត់។ ៣៤ លុះ​ពេល​ឡើង​ពី​ទូក​មក លោក​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ ក៏​មាន​ចិត្ត​ក្ដួល​អាណិត​ពួក​គេ+ ពី​ព្រោះ​ពួក​គេ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល។+ រួច​មក លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អំពី​អ្វី​ៗ​ជា​ច្រើន។+

៣៥ លុះ​ថ្ងៃ​កាន់​តែ​ជ្រេ​ទៅ ពួក​អ្នក​កាន់​តាម​បាន​មក​ជួប​លោក ហើយ​ជម្រាប​ថា​៖ ​«​កន្លែង​នេះ​នៅ​ដាច់​ឆ្ងាយ​ពី​គេ ហើយ​ថ្ងៃ​ក៏​កាន់​តែ​ជ្រេ​ដែរ។+ ៣៦ សូម​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ ដើម្បី​ពួក​គេ​អាច​ទៅ​ទិញ​អាហារ​បរិភោគ នៅ​ជនបទ​និង​នៅ​ភូមិ​ជិត​ៗ​នេះ​»។+ ៣៧ លោក​តប​ឆ្លើយ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​ចុះ​»។ រួច​ពួក​គាត់​និយាយ​ថា​៖ ​«​តើ​ចង់​ឲ្យ​យើង​យក​ប្រាក់​២០០​ឌីណារី* ទៅ​ទិញ​នំ​ប៉័ង​ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​ឬ?​»។+ ៣៨ លោក​សួរ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន​ដុំ? ចូរ​ទៅ​មើល!​»។ ក្រោយ​ពេល​បាន​មើល​ហើយ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​មាន​នំ​ប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​»។+ ៣៩ បន្ទាប់​មក លោក​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​ជា​ក្រុម​ៗ​លើ​ស្មៅ​ខៀវ​ខ្ចី។+ ៤០ រួច​បណ្ដា​ជន​បាន​អង្គុយ​ជា​ក្រុម​ៗ ក្រុម​ខ្លះ​១០០​នាក់ និង​ក្រុម​ខ្លះ​៥០​នាក់។ ៤១ ក្រោយ​មក លោក​យក​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ ងើយ​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ ហើយ​អធិដ្ឋាន។+ រួច​មក លោក​កាច់​នំ​ប៉័ង ហើយ​ឲ្យ​អ្នក​កាន់​តាម​លោក​ចែក​ដល់​បណ្ដា​ជន។ លោក​ក៏​បាន​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ដល់​គ្រប់​ៗ​គ្នា​ដែរ។ ៤២ ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត។ ៤៣ បន្ទាប់​មក ពួក​គាត់​បាន​ប្រមូល​នំ​ប៉័ង​ដែល​នៅ​សល់ បាន​១២​កញ្ជើ ដោយ​មិន​រាប់​ត្រី​ដែល​នៅ​សល់​ទេ។+ ៤៤ ចំនួន​បុរស​ដែល​បាន​បរិភោគ​នំ​ប៉័ង​នោះ មាន​៥.០០០​នាក់។

៤៥ បន្ទាប់​មក ដោយ​មិន​បង្អែ​បង្អង់ លោក​បាន​បង្គាប់​ឲ្យ​អ្នក​កាន់​តាម​ចុះ​ទូក ឆ្លង​ទៅ​ក្រុង​បេតសេដា​មុន​លោក ទុក​ឲ្យ​លោក​ជា​អ្នក​ប្រាប់​បណ្ដា​ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។+ ៤៦ ប៉ុន្តែ ក្រោយ​ពេល​លោក​បាន​លា​ពួក​គេ​ហើយ លោក​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​អធិដ្ឋាន។+ ៤៧ លុះ​ដល់​ពេល​ព្រលប់ ទូក​នោះ​នៅ​កណ្ដាល​សមុទ្រ តែ​លោក​នៅ​លើ​គោក​ម្នាក់​ឯង។+ ៤៨ ពេល​ជិត​យាម​ទី​៤* លោក​ឃើញ​ពួក​គាត់​កំពុង​អុំទូក​ទាំង​លំបាក ដោយ​សារ​អុំ​បញ្ច្រាស​ខ្យល់។ ដូច្នេះ លោក​បាន​ទៅ​ឯ​ពួក​គាត់ ដោយ​ដើរ​លើ​ទឹក​សមុទ្រ ប៉ុន្តែ​មើល​ទៅ​ដូច​ជា​លោក​មាន​បំណង​ដើរ​ហួស​ពួក​គាត់។ ៤៩ ពេល​ដែល​ពួក​គាត់​ក្រឡេក​ទៅ​ឃើញ​លោក​កំពុង​ដើរ​លើ​ទឹក​សមុទ្រ ពួក​គាត់​និយាយ​គ្នា​ថា​៖ ​«​តើ​នោះ​ជា​អ្វី​ហ្នឹង!​»។* នោះ​ពួក​គាត់​បាន​ស្រែក​ឡើង ៥០ ពី​ព្រោះ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ឃើញ​លោក រួច​ចាប់​ផ្ដើម​វិល​វល់​ក្នុង​គំនិត។ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ភ្លាម​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! គឺ​ខ្ញុំ​ទេ កុំ​ខ្លាច​ឡើយ​»។+ ៥១ រួច​លោក​ចូល​ក្នុង​ទូក​ជា​មួយ​នឹង​ពួក​គាត់ ហើយ​ខ្យល់​ក៏​ស្ងប់​ទៅ។ ឃើញ​ដូច្នេះ ពួក​គាត់​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ៥២ ព្រោះ​ពួក​គាត់​មិន​បាន​យល់​អត្ថន័យ​នៃ​ការ​អស្ចារ្យ​អំពី​នំ​ប៉័ង​នោះ​ទេ។ ពួក​គាត់​នៅ​តែ​គិត​មិន​យល់។

៥៣ លុះ​ឆ្លង​ដល់​ត្រើយ​ហើយ លោក​និង​អ្នក​កាន់​តាម​បាន​ចូល​តំបន់​កេណិសារ៉ែត ហើយ​បោះ​យុថ្កា​នៅ​ឆ្នេរ​ជិត​នោះ។+ ៥៤ ប៉ុន្តែ ភ្លាម​នោះ ពេល​ដែល​លោក​និង​ពួក​គាត់​ឡើង​ពី​ទូក មនុស្ស​ក៏​បាន​ស្គាល់​លោក។ ៥៥ ពួក​គេ​បាន​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់​នោះ ហើយ​យក​មនុស្ស​ឈឺ​ដាក់​លើ​គ្រែ​ស្នែង រួច​នាំ​ទៅ​កន្លែង​ដែល​ពួក​គេ​ឮ​ថា​លោក​នៅ។ ៥៦ ម្ល៉ោះ​ហើយ កាល​ណា​លោក​ចូល​ក្នុង​ភូមិ ក្រុង ឬ​ជនបទ មនុស្ស​តែង​នាំ​អ្នក​ដែល​ឈឺ​ទៅ​ដាក់​នៅ​ឯ​ផ្សារ។ រួច​ពួក​គេ​បាន​អង្វរ​សុំ​ពាល់​តែ​ជាយ​សម្លៀក​បំពាក់​លោក​ប៉ុណ្ណោះ+ ហើយ​អស់​អ្នក​ណា​ដែល​បាន​ពាល់ ក៏​បាន​ជា​សះ​ស្បើយ។

៧ ពួក​ផារិស៊ី​និង​អ្នក​ជំនាញ​ខាង​ច្បាប់​ខ្លះ​បាន​មក​ពី​ក្រុង​យេរូសាឡិម ហើយ​នាំ​គ្នា​ទៅ​ឯ​លោក។+ ២ រួច​ពួក​គេ​បាន​ឃើញ​អ្នក​កាន់​តាម​ខ្លះ​របស់​លោកមិន​បាន​លាង​ដៃ​មុន​បរិភោគ​អាហារ​ទេ ពោល​គឺ​មិន​បាន​លាង​ដៃ​តាម​ទំនៀម​ទម្លាប់​ឡើយ ៣ (​ព្រោះ​ពួក​ផារិស៊ី​និង​ជនជាតិ​យូដា​ទាំង​អស់​មិន​បរិភោគ​ឡើយ លុះ​ត្រា​តែ​ពួក​គេ​បាន​លាង​ដៃ​រហូត​ដល់​កែង​ដៃ​ជា​មុន​សិន ដើម្បី​កាន់​តាម​ទំនៀម​ទម្លាប់​របស់​ពួក​បុព្វបុរស។ ៤ ម្យ៉ាង​ទៀត ពេល​ត្រឡប់​មក​ពី​ផ្សារ ពួក​គេ​មិន​បរិភោគ​ឡើយ លុះ​ត្រា​តែ​បាន​សម្អាត​ខ្លួន​ជា​មុន​សិន ហើយ​ក៏​មាន​ទំនៀម​ទម្លាប់​ជា​ច្រើន​ទៀត​ពី​សម័យ​មុន​ដែល​ពួក​គេ​កាន់​តាម ដូច​ជា​ការ​ជ្រមុជ​ពែង ថូ និង​ប្រដាប់​ធ្វើ​ពី​ស្ពាន់​ក្នុង​ទឹក​ជា​ដើម​)។+ ៥ ដូច្នេះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​ទាំង​នេះ បាន​សួរ​លោក​ថា​៖ ​«​ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​មិន​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ពួក​បុព្វ​បុរស​ដូច្នេះ? ពួក​គេ​បរិភោគ​អាហារ​ដោយ​ដៃ​មិន​ស្អាត​»។+ ៦ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​នែ! មនុស្ស​លាក់​ពុត! គឺ​ត្រូវ​ណាស់ ដែល​អេសាយ​បាន​ប្រកាស​ទំនាយ​អំពី​អ្នក​រាល់​គ្នា ពេល​គាត់​សរសេរ​ថា​៖ ‹បណ្ដា​ជន​នេះ​គោរព​ខ្ញុំ​តែ​បបូរ​មាត់​ទេ តែ​ចិត្ត​របស់​ពួក​គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ។+ ៧ គឺ​ជា​ការ​ឥត​ប្រយោជន៍​ទេ ដែល​ពួក​គេ​បន្ត​គោរព​ប្រណិប័តន៍​ខ្ញុំ ពី​ព្រោះ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស​ប៉ុណ្ណោះ›។+ ៨ អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ដិ​របស់​ព្រះ ហើយ​កាន់​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​វិញ​»។+

៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា​៖ ​«​អ្នក​រាល់​គ្នា​ពូកែ​លើក​ចោល​បញ្ញត្ដិ​របស់​ព្រះ​ណាស់ ដើម្បី​រក្សា​ទុក​ទំនៀម​ទម្លាប់​របស់​អ្នក​វិញ។+ ១០ ជា​ឧទាហរណ៍ ម៉ូសេ​ប្រាប់​ថា​៖ ‹ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក›+ ហើយ​‹អ្នក​ណា​ដែល​និយាយ​ប្រមាថ​ឪពុក​ម្ដាយ អ្នក​នោះ​ត្រូវ​ស្លាប់›។+ ១១ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ថា​៖ ‹បើ​អ្នក​ណា​ម្នាក់​ប្រាប់​ឪពុក​ម្ដាយ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​មាន ដែល​អាច​យក​មក​ជួយ​ឪពុក​ម្ដាយ​បាន គឺ​ជា​គ័របាន់ (​មាន​ន័យ​ថា​ជា​អ្វី​ដែល​បាន​សន្យា​ប្រគល់​ជូន​ព្រះ​)​»​›។ ១២ អ្នក​រាល់​គ្នា​មិន​ឲ្យ​អ្នក​នោះ​ធ្វើ​អ្វី​សោះ​ដើម្បី​ឪពុក​ម្ដាយ។+ ១៣ ដូច្នេះ អ្នករាល់​គ្នា​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ទៅ​ជា​អសារ​ឥត​ការ ដោយ​សារ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​ត​ៗ​មក។+ អ្នក​ក៏​ធ្វើ​អ្វី​ជា​ច្រើន​ទៀត​ដែល​ស្រដៀង​នឹង​នេះ​ដែរ​»។+ ១៤ ម្ល៉ោះ​ហើយ លោក​ហៅ​បណ្ដា​ជន​មក​ឯ​លោក​ម្ដង​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​អ្នក​ទាំង​អស់​គ្នា​ស្ដាប់​ខ្ញុំ ហើយ​យល់​អត្ថន័យ​ចុះ។+ ១៥ គ្មាន​អ្វី​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​អ្នក​ណា​ម្នាក់ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ​ឡើយ តែ​គឺ​ជា​អ្វី​ដែល​ចេញ​ពី​អ្នក​នោះ​មក ដែល​ធ្វើ​ឲ្យ​មិន​ស្អាត​បរិសុទ្ធ​វិញ​»។+ ១៦ *——

១៧ លុះ​ក្រោយ​ពី​លោក​បាន​ចូល​ក្នុង​ផ្ទះ​មួយ​ឆ្ងាយ​ពី​បណ្ដា​ជន ពួក​អ្នក​កាន់​តាម​ចាប់​ផ្ដើម​សួរ​លោក​អំពី​ឧទាហរណ៍​នោះ។+ ១៨ ដូច្នេះ លោក​សួរ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ក៏​គ្មាន​សមត្ថភាព​យល់​ដឹង​ដូច​ពួក​គេ​ដែរ​ឬ? តើ​អ្នក​មិន​ដឹង​ទេ​ឬ? គ្មាន​អ្វី​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​អ្នក​ណា​ម្នាក់ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ​ឡើយ ១៩ ពី​ព្រោះ​របស់​នោះ​មិន​ចូល​ក្នុង​ចិត្ត​របស់​អ្នក​នោះ​ទេ តែ​ចូល​ក្នុង​ពោះ​វៀន រួច​ចេញ​ទៅ​កន្លែង​បន្ទោបង់​វិញ​»។ ដោយ​និយាយ​ដូច្នេះ លោក​បញ្ជាក់​ថា​អាហារ​គ្រប់​យ៉ាង​គឺ​ស្អាត​បរិសុទ្ធ។ ២០ លោក​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា​៖ ​«​គឺ​អ្វី​ដែល​ចេញ​ពី​ក្នុង​អ្នក​ណា​ម្នាក់​មក​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។+ ២១ ព្រោះ​អ្វី​ដែល​ចេញ​ពី​ក្នុង​មនុស្ស​ម្នាក់ ក៏​ចេញ​ពី​ក្នុង​ចិត្ត+ គឺ​ចេញ​មក​ពី​គំនិត​អាក្រក់ ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ធ្វើ​ឃាតកម្ម លួច ២២ ផិត​ក្បត់ លោភ​លន់ ប្រព្រឹត្ត​អំពើ​ទុច្ចរិត បោក​បញ្ឆោត ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង* ច្រណែន​ឈ្នានីស ជេរ​ប្រមាថ ក្រអឺត​ក្រទម និង​គ្មាន​វិចារណញ្ញាណ។ ២៣ អំពើ​ទុច្ចរិត​ទាំង​អស់​នេះ​ចេញ​ពី​ក្នុង​ចិត្ត​មក ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មិន​ស្អាត​បរិសុទ្ធ​»។

២៤ លោក​យេស៊ូ​ក្រោក​ឡើង​ចាក​ចេញ​ពី​ទី​នោះ រួច​ទៅ​តំបន់​ទីរ៉ុស​និង​ស៊ីដូន។+ លោក​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង តែ​មិន​អាច​គេច​ពី​ភ្នែក​របស់​មនុស្ស​បាន​ឡើយ។ ២៥ ភ្លាម​ៗ​នោះ ស្ត្រី​ម្នាក់​បាន​ឮ​អំពី​លោក រួច​នាង​បាន​ទៅ​ក្រាប​នៅ​ជិត​ជើង​លោក។ នាង​មាន​កូន​ស្រី​តូច​ម្នាក់​ដែល​មាន​វិញ្ញាណ​អសោច​ចូល។+ ២៦ ស្ត្រី​នោះ​ជា​ជន​ជាតិ​ក្រិច តែ​សញ្ជាតិ​ស៊ីរ៉ូភេនីស៊ី។ នាង​បាន​សុំ​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​បណ្ដេញ​វិញ្ញាណ​កំណាច​ចេញ​ពី​កូន​ស្រី​របស់​នាង។ ២៧ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ត្រូវ​ឲ្យ​កូន​ក្មេង​បរិភោគ​ឆ្អែត​ជា​មុន​សិន ព្រោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ បើ​យក​នំ​ប៉័ង​របស់​កូន​ក្មេង ហើយ​បោះ​ទៅ​ឲ្យ​ឆ្កែ​តូច​ៗ​វិញ​»។+ ២៨ ក៏​ប៉ុន្តែ នាង​តប​ឆ្លើយ​ថា​៖ ​«​ពិត​មែន​ហើយ​លោក តែ​ទោះ​ជា​យ៉ាង​នោះ​ក្ដី ឆ្កែ​តូច​ៗ​ដែល​នៅ​ក្រោម​តុ​ស៊ី​កម្ទេច​នំ​ប៉័ង​របស់​កូន​ក្មេង​ទាំង​នោះ​»។ ២៩ ឮ​ដូច្នេះ លោក​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ដោយ​សារ​នាង​និយាយ​យ៉ាង​នេះ ចូរ​ទៅ​ចុះ! វិញ្ញាណ​កំណាច​បាន​ចេញ​ពី​កូន​ស្រី​របស់​នាង​ហើយ​»។+ ៣០ ដូច្នេះ នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​ឃើញ​កូន​កំពុង​ដេក​លើ​គ្រែ ហើយ​វិញ្ញាណ​កំណាច​នោះ​បាន​ចេញ​ពី​កូន​របស់​នាង។+

៣១ លោក​បាន​ចេញ​ពី​តំបន់​ទីរ៉ុស ឆ្ពោះ​ទៅ​សមុទ្រ​កាលីឡេ ដោយ​កាត់​តាម​តំបន់​ស៊ីដូន​និង​តំបន់​ដេកាប៉ូល។*+ ៣២ នៅ​ទី​នោះ ពួក​គេ​បាន​នាំ​បុរស​ម្នាក់​មក​រក​លោក។ បុរស​នោះ​ថ្លង់​មិន​អាច​គ្រលាស់​អណ្ដាត​និយាយ​បាន+ ហើយ​ពួក​គេ​បាន​អង្វរ​សុំ​លោក​ឲ្យ​ដាក់​ដៃ​លើ​គាត់។ ៣៣ ក្រោយ​មក លោក​នាំ​បុរស​នោះ​ទៅ​ឆ្ងាយ​ពី​បណ្ដា​ជន។ រួច​លោក​ដាក់​ម្រាម​ដៃ​របស់​លោក​ក្នុង​ត្រចៀក​គាត់ ហើយ​ស្ដោះ​ទឹក​មាត់ បន្ទាប់​មក​ពាល់​អណ្ដាត​របស់​គាត់+ ៣៤ ហើយ​លោក​ងើយ​ភ្នែក​មើល​មេឃ ដក​ដង្ហើម​វែង រួច​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អេផាថា​»​ ដែល​មាន​ន័យ​ថា​«​ចូរ​បើក​ឡើង​»។ ៣៥ រំពេច​នោះ គាត់​ក៏​អាច​ស្ដាប់​ឮ+ ហើយ​អាច​គ្រលាស់​អណ្ដាត​បាន រួច​ចាប់​ផ្ដើម​និយាយ​ដូច​ធម្មតា។ ៣៦ រួច​មក លោក​បាន​បង្គាប់​ពួក​គេ​កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ។+ ប៉ុន្តែ លោក​កាន់​តែ​ហាម ពួក​គេ​កាន់​តែ​ប្រកាស​អំពី​រឿង​នោះ។+ ៣៧ បណ្ដា​ជន​ភ្ញាក់​ផ្អើល​ក្រៃ​លែង+ ហើយ​បាន​និយាយ​ថា​៖ ​«​លោក​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​យ៉ាង​ល្អ​ប្រសើរ សូម្បី​តែ​មនុស្ស​ថ្លង់ ក៏​លោក​ធ្វើ​ឲ្យ​ស្ដាប់​ឮ ហើយ​មនុស្ស​គ ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ​»។+

៨ នៅ​ពេល​នោះ មាន​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​មក​ឯ​លោក​ម្ដង​ទៀត ហើយ​ពួក​គេ​អស់​អាហារ​បរិភោគ​ហើយ។ ដូច្នេះ លោក​បាន​ហៅ​អ្នក​កាន់​តាម រួច​ប្រាប់​ពួក​គាត់​ថា​៖ ២ ​«​ខ្ញុំ​អាណិត​បណ្ដា​ជន​ទាំង​នេះ​ណាស់+ ពី​ព្រោះ​អស់​បី​ថ្ងៃ​ហើយ​ដែល​ពួក​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ពួក​គេ​អស់​អាហារ​បរិភោគ​ហើយ។+ ៣ បើ​ខ្ញុំ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​គ្មាន​អ្វី​បរិភោគ ពួក​គេ​នឹង​អស់​កម្លាំង​តាម​ផ្លូវ ព្រោះ​អ្នក​ខ្លះ​មក​ពី​កន្លែង​ឆ្ងាយ​ៗ​»។ ៤ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​សួរ​លោក​ថា​៖ ​«​នៅ​កន្លែង​ដាច់​ឆ្ងាយ​យ៉ាង​នេះ តើ​អាច​បាន​នំ​ប៉័ង​ពី​ណា​ល្មម​គ្រប់​គ្រាន់​ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​ឆ្អែត?​»។ ៥ លោក​បាន​សួរ​ពួក​គាត់​វិញ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន​ដុំ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​៧​ដុំ​»។+ ៦ លោក​ក៏​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​លើ​ដី។ រួច​លោក​បាន​យក​នំ​ប៉័ង​៧​ដុំ​នោះ អធិដ្ឋាន​អរគុណ​ព្រះ ហើយ​កាច់​នំ​ប៉័ង​ឲ្យ​ដល់​ពួក​អ្នក​កាន់​តាម។ បន្ទាប់​មក ពួក​គាត់​ក៏​ចែក​ដល់​បណ្ដា​ជន។+ ៧ ពួក​គាត់​មាន​ត្រី​តូច​ៗ​ពីរ​បី​កន្ទុយ។ ដូច្នេះ លោក​អរគុណ​ព្រះ​ម្ដង​ទៀត រួច​ប្រាប់​ពួក​គាត់​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ដែរ។ ៨ ម្ល៉ោះ​ហើយ ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត។ រួច​មក ពួក​គាត់​បាន​ប្រមូល​អាហារ​ដែល​នៅ​សល់ បាន​ពេញ​៧​កញ្ឆេ​ធំ​ៗ។+ ៩ នៅ​ទី​នោះ​មាន​បុរស​ប្រមាណ​៤.០០០​នាក់។ បន្ទាប់​មក លោក​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ។

១០ ភ្លាម​នោះ លោក​ចុះ​ទូក​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម ហើយ​ចេញ​ដំណើរ​ទៅ​តំបន់ដាលម៉ានូថា។+ ១១ នៅ​ទី​នោះ ពួក​ផារិស៊ី​ចេញ​មក​ជជែក​តវ៉ា ចង់​ល្បង​មើល​លោក ដោយ​ទាម​ទារ​ឲ្យ​លោក​បង្ហាញ​សញ្ញា​សម្គាល់​មួយ​ពី​លើ​មេឃ។+ ១២ ដូច្នេះ លោក​ដក​ដង្ហើម​ធំ​ដោយ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ក្នុង​ចិត្ត ហើយ​សួរ​ថា​៖ ​«​ហេតុ​អ្វី​មនុស្ស​ជំនាន់​នេះ​ចង់​បាន​សញ្ញា​សម្គាល់?+ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា គ្មាន​សញ្ញា​សម្គាល់​ណា​នឹង​ត្រូវ​បង្ហាញ​ឲ្យ​មនុស្ស​ជំនាន់​នេះ​ឃើញ​ឡើយ​»។+ ១៣ រួច​មក លោក​ចេញ​ពី​ពួក​គេ​ចុះ​ទូក​ម្ដង​ទៀត ហើយ​ទៅ​ត្រើយ​ម្ខាង​វិញ។

១៤ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​បាន​ភ្លេច​យក​នំ​ប៉័ង​ទៅ​ជា​មួយ ហើយ​ក្រៅ​ពី​នំ​ប៉័ង​មួយ​ដុំ​ក្នុង​ទូក ពួក​គាត់​គ្មាន​អាហារ​សោះ។+ ១៥ រួច​មក លោក​ព្រមាន​ពួក​គាត់​យ៉ាង​ច្បាស់​ថា​៖ ​«​ចូរ​ប្រុង​ស្មារតី​ជា​និច្ច ហើយ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ដំបែ​របស់​ហេរ៉ូឌ​»។+ ១៦ ដូច្នេះ ពួក​គាត់​ចាប់​ផ្ដើម​ជជែក​គ្នា​អំពី​រឿង​ដែល​ពួក​គាត់​ភ្លេច​យក​នំ​ប៉័ង។ ១៧ ឃើញ​ដូច្នេះ លោក​សួរ​ពួក​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ជជែក​គ្នា​អំពី​រឿង​នំ​ប៉័ង? តើ​អ្នក​រាល់​គ្នា​មិន​ទាន់​មាន​សមត្ថភាព​យល់​ដឹង និង​មិន​ទាន់​យល់​អត្ថន័យ​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​នៅ​តែ​រក​គិត​មិន​យល់​ទៀត​ឬ? ១៨ ‹ទោះ​ជា​មាន​ភ្នែក​ក៏​ដោយ តើ​អ្នក​មើល​មិន​ឃើញ​ឬ? ហើយ​ទោះ​ជា​មាន​ត្រចៀក​ក៏​ដោយ តើ​អ្នក​ស្ដាប់​មិន​ឮ​ទេ​ឬ?› តើ​អ្នក​មិន​ចាំ​ទេ? ១៩ ពេល​ដែល​ខ្ញុំ​កាច់​នំ​ប៉័ង​ប្រាំ​ដុំ+ចែក​ឲ្យ​បុរស​៥.០០០​នាក់​នោះ តើ​អ្នក​រាល់​គ្នា​ប្រមូល​នំ​ប៉័ង​ដែល​នៅ​សល់​បាន​ប៉ុន្មាន​កញ្ជើ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​១២​កញ្ជើ​»។+ ២០ ​«​ពេល​ខ្ញុំ​កាច់​នំ​ប៉័ង​៧​ដុំ​ចែក​ឲ្យ​បុរស​៤.០០០​នាក់​នោះ តើ​អ្នក​រាល់​គ្នា​ប្រមូល​អាហារ​ដែល​នៅ​សល់​បាន​ប៉ុន្មាន​កញ្ឆេ​ធំ​ៗ​?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​៧​កញ្ឆេ​»។+ ២១ រួច​លោក​សួរ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ទាន់​យល់​អត្ថន័យ​ទេ​ឬ?​»។

២២ បន្ទាប់​មក លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​ភូមិ​បេតសេដា។ នៅ​ទី​នោះ មនុស្ស​បាន​នាំ​បុរស​ងងឹត​ភ្នែក​ម្នាក់​មក ហើយ​ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោក​ពាល់​គាត់។+ ២៣ រួច​លោក​ដឹក​ដៃ​បុរស​ងងឹត​ភ្នែក​នោះ នាំ​ទៅ​ក្រៅ​ភូមិ ហើយ​ស្ដោះ​ដាក់​ភ្នែក​គាត់+ រួច​ដាក់​ដៃ​លើ​គាត់។ បន្ទាប់​មក លោក​សួរ​ថា​៖ ​«​តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?​»។ ២៤ បុរស​នោះ​ងើប​មុខ​ឡើង ហើយ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​គិត​ថា​ខ្ញុំ​ឃើញ​មនុស្ស តែ​មើល​ទៅ​ដូច​ជា​ដើម​ឈើ​កំពុង​ដើរ​ចុះ​ឡើង​»។ ២៥ លោក​ក៏​ដាក់​ដៃ​លើ​ភ្នែក​បុរស​នោះ​ម្ដង​ទៀត ហើយ​គាត់​បាន​ជា ក៏​មើល​អ្វី​ៗ​ទាំង​អស់​ឃើញ​ច្បាស់។ ២៦ ដូច្នេះ លោក​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ប្រាប់​ថា​៖ ​«​កុំ​ចូល​ក្នុង​ភូមិ​ឡើយ​»។

២៧ លោក​យេស៊ូ​និង​អ្នក​កាន់​តាម​បាន​ចេញ​ទៅ​ភូមិ​ទាំង​ប៉ុន្មាន នៅ​ក្រុង​សេសារៀភីលីព។ នៅ​តាម​ផ្លូវ លោក​ចាប់​ផ្ដើម​សួរ​អ្នក​កាន់​តាម​ថា​៖ ​«​តើ​មនុស្ស​ទាំង​ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា?​»។+ ២៨ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​អ្នក​ខ្លះ​ថា​លោក​ជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក+ អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​អេលីយ៉ា+ ហើយ​អ្នក​ឯ​ទៀត​ថា​លោក​ជា​អ្នក​ប្រកាស​ទំនាយ​មួយ​រូប​»។ ២៩ រួច​លោក​សួរ​ពួក​គាត់​ថា​៖ ​«​ចុះ​អ្នក​រាល់​គ្នា​វិញ តើ​គិត​ថា​ខ្ញុំ​ជា​អ្នក​ណា?​»។ ពេត្រុស​ឆ្លើយ​ថា​៖ ​«​លោក​ជា​គ្រិស្ត​»។+ ៣០ ឮ​ដូច្នេះ លោក​បង្គាប់​ពួក​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​អំពី​លោក។+ ៣១ ម្យ៉ាង​ទៀត លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គាត់​ថា កូន​មនុស្ស​នឹង​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​ពួក​អ្នក​ចាស់​ទុំ ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ នឹង​មិន​ព្រម​ទទួល​ស្គាល់​លោក​ទេ។ លោក​ក៏​នឹង​ត្រូវ​គេ​សម្លាប់+ រួច​បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ។+ ៣២ លោក​មាន​ប្រសាសន៍​ត្រង់​ៗ​អំពី​រឿង​ទាំង​នេះ។ ប៉ុន្តែ ពេត្រុស​បាន​នាំ​លោក​ទៅ​ឆ្ងាយ​ពី​ពួក​គាត់​បន្តិច រួច​ចាប់​ផ្ដើម​ស្ដី​បន្ទោស​លោក។+ ៣៣ លោក​បែរ​ទៅ​មើល​អ្នក​កាន់​តាម រួច​ស្ដី​បន្ទោស​ពេត្រុស​ថា​៖ ​«​នែ! សាថាន* ចូរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!* ពី​ព្រោះ​អ្នក​មិន​គិត​តាម​គំនិត​របស់​ព្រះ​ទេ តែ​គិត​តាម​គំនិត​របស់​មនុស្ស​វិញ​»។+

៣៤ រួច​លោក​ហៅ​បណ្ដា​ជន​និង​ពួក​អ្នក​កាន់​តាម​ឲ្យ​មក​ឯ​លោក ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ រួច​លី​បង្គោល​ទារុណកម្ម*របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ។+ ៣៥ ព្រោះ​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត*ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​វិញ។ ប៉ុន្តែ អ្នក​ណា​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ​និង​ដំណឹង​ល្អ អ្នក​នោះ​នឹង​រក្សា​ជីវិត​វិញ។+ ៣៦ បើ​អ្នក​ណា​ម្នាក់​បាន​អ្វី​ៗ​ទាំង​អស់​ក្នុង​ពិភព​លោក* តែ​បាត់​បង់​ជីវិត​ខ្លួន​វិញ តើ​នោះ​មាន​ប្រយោជន៍​អ្វី?+ ៣៧ តើ​មនុស្ស​សុខ​ចិត្ត​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​ខ្លួន?+ ៣៨ ក្នុង​ចំណោម​មនុស្ស​ជំនាន់​នេះ​ដែល​មិន​ស្មោះ​ត្រង់​នឹង​ព្រះ* ហើយ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​ណា​ដែល​ខ្មាស​គេ​ដោយ​សារ​កាន់​តាម​ខ្ញុំ​និង​ជឿ​ពាក្យ​របស់​ខ្ញុំ កូន​មនុស្ស​ក៏​នឹង​ខ្មាស​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ+ ពេល​ដែល​លោក​មក​ជា​មួយ​នឹង​បណ្ដា​ទេវតា​បរិសុទ្ធ ដោយ​មាន​សិរី​រុង​រឿង​ពី​បិតា​របស់​លោក​»។+

៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ត​ទៅ​ទៀត​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ខ្លះ​ដែល​កំពុង​ឈរ​នៅ​ទី​នេះ នឹង​មិន​ស្លាប់​ឡើយ ទាល់​តែ​បាន​ឃើញ​រាជាណាចក្រ​របស់​ព្រះ​គ្រប់​គ្រង​ជា​មុន​សិន​»។+ ២ លុះ​៦​ថ្ងៃ​ក្រោយ​មក លោក​យេស៊ូ​បាន​នាំ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ​នឹង​លោក​ដោយ​ឡែក​ពី​គេ ហើយ​ឡើង​លើ​ភ្នំ​ខ្ពស់​មួយ។ រួច​មក លក្ខណៈ​ក្រៅ​របស់​លោក​បាន​ផ្លាស់​ប្រែ​នៅ​មុខ​ពួក​គាត់+ ៣ ហើយ​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​ចាប់​ផ្ដើម​ស​ភ្លឺ​ត្រចះ ដែល​គ្មាន​អ្នក​ណា​នៅ​ផែនដី​អាច​ធ្វើ​ឲ្យ​ស​យ៉ាង​នេះ​បាន​ឡើយ។ ៤ ម្យ៉ាង​ទៀត ពួក​គាត់​ឃើញ​អេលីយ៉ា​និង​ម៉ូសេ​កំពុង​សន្ទនា​ជា​មួយ​នឹង​លោក​យេស៊ូ។ ៥ ឃើញ​ដូច្នេះ ពេត្រុស​ជម្រាប​លោក​យេស៊ូ​ថា​៖ ​«​រ៉ាប៊ី!* យើង​នៅ​ទី​នេះ​ជា​ការ​ល្អ​ប្រសើរ​ណាស់! ដូច្នេះ យើង​សុំ​ដំឡើង​ត្រសាល​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា​»។ ៦ តាម​ពិត ពេត្រុស​មិន​ដឹង​ថា​គួរ​និយាយ​អ្វី​ទៀត​ឡើយ ពី​ព្រោះ​ពួក​គាត់​ទាំង​បី​ភ័យ​ខ្លាច​ណាស់។ ៧ ពេល​នោះ ស្រាប់​តែ​មាន​ពពក​មួយ​មក​គ្រប​បាំង​ពួក​គាត់ ហើយ​មាន​សំឡេង+បន្លឺ​ចេញ​ពី​ពពក​នោះ​ថា​៖ ​«​នេះ​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ+ ចូរ​ស្ដាប់​បង្គាប់​លោក​»។+ ៨ រួច​រំពេច​នោះ ពួក​គាត់​បាន​រក​មើល​ជុំវិញ​ខ្លួន ហើយ​ឃើញ​ថា​គ្មាន​អ្នក​ណា​នៅ​ជា​មួយ​នឹង​ពួក​គាត់​ទៀត​ឡើយ ក្រៅ​ពី​លោក​យេស៊ូ។

៩ កាល​ដែល​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ លោក​បង្គាប់​ពួក​គាត់​យ៉ាង​ម៉ឺង​ម៉ាត់ កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​អំពី​អ្វី​ដែល​ពួក​គាត់​បាន​ឃើញ+ រហូត​ដល់​ក្រោយ​ពី​កូន​មនុស្ស​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។+ ១០ ពួក​គាត់​បាន​ស្ដាប់​បង្គាប់​លោក តែ​ពួក​គាត់​ពិភាក្សា​គ្នា​ថា​តើ​លោក​ចង់​មាន​ន័យ​អ្វី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ។ ១១ ក្រោយ​មក ពួក​គាត់​ចាប់​ផ្ដើម​សួរ​លោក​ថា​៖ ​«​ហេតុ​អ្វី​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និយាយ​ថា អេលីយ៉ា+ត្រូវ​មក​មុន?​»។+ ១២ លោក​តប​ឆ្លើយ​ថា​៖ ​«​អេលីយ៉ា​ត្រូវ​មក​មុន ហើយ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ឲ្យ​ដូច​ដើម​វិញ។+ ប៉ុន្តែ តើ​នោះ​ជាប់​ទាក់​ទង​យ៉ាង​ដូច​ម្ដេច​នឹង​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ទុក​អំពី​កូន​មនុស្ស​ថា ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន+ ហើយ​ត្រូវ​គេ​ប្រមាថ​មើល​ងាយ?+ ១៣ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អេលីយ៉ា+ពិត​ជា​បាន​មក​មែន ហើយ​ពួក​គេ​បាន​ប្រព្រឹត្ត​ទៅ​លើ​គាត់​តាម​អំពើ​ចិត្ត​ពួក​គេ ដូច​អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​គាត់​»។+

១៤ ពេល​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​មក​ជួប​អ្នក​កាន់​តាម​ឯ​ទៀត នោះ​ពួក​គាត់​ឃើញ​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​នៅ​ជុំវិញ​អ្នក​កាន់​តាម​ទាំង​នោះ ហើយ​មាន​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ កំពុង​ជជែក​តវ៉ា​ជា​មួយ​នឹង​ពួក​គេ។+ ១៥ ប៉ុន្តែ ខណៈ​ដែល​បណ្ដា​ជន​ក្រឡេក​ទៅ​ឃើញ​លោក ពួក​គេ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង រួច​បាន​រត់​ទៅ​ទទួល​ស្វាគមន៍​លោក។ ១៦ ដូច្នេះ លោក​សួរ​បណ្ដា​ជន​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​កំពុង​ជជែក​តវ៉ា​អំពី​រឿង​អ្វី?​»។ ១៧ មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ឆ្លើយ​ថា​៖ ​«​លោក​គ្រូ! ខ្ញុំ​បាន​នាំ​កូន​ប្រុស​របស់​ខ្ញុំ​មក​ជួប​លោក ពី​ព្រោះ​គាត់​មាន​វិញ្ញាណ​មួយ​ចូល ដែល​ធ្វើ​ឲ្យ​គាត់​និយាយ​មិន​បាន។+ ១៨ ទោះ​ជា​នៅ​កន្លែង​ណា​ក៏​ដោយ ពេល​ដែល​វា​គ្រប​សង្កត់​គាត់ វា​ផ្ដួល​គាត់​ទៅ​លើ​ដី​ធ្វើ​ឲ្យ​បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ និង​ខ្សោះ​កម្លាំង។ ខ្ញុំ​បាន​សុំ​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បណ្ដេញ​វា​ចេញ តែ​ពួក​គាត់​បណ្ដេញ​វា​មិន​បាន​ទេ​»។ ១៩ លោក​ក៏​មាន​ប្រសាសន៍​ទៅ​បណ្ដា​ជន​ថា​៖ ​«​ឱ​ជំនាន់​មនុស្ស​ដែល​គ្មាន​ជំនឿ​អើយ!+ តើ​ខ្ញុំ​ត្រូវ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ខ្ញុំ​ត្រូវ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត? ចូរ​នាំ​ក្មេង​ប្រុស​នោះ​មក​ឯ​ខ្ញុំ​»។+ ២០ ដូច្នេះ ពួក​គេ​នាំ​ក្មេង​ប្រុស​នោះ​មក​ឯ​លោក។ ប៉ុន្តែ ពេល​ដែល​ឃើញ​លោក​ភ្លាម វិញ្ញាណ​នោះ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ប្រកាច់​យ៉ាង​ខ្លាំង។ រួច​ក្រោយ​ពី​បាន​ផ្ដួល​គាត់​លើ​ដី វា​ក៏​ធ្វើ​ឲ្យ​គាត់​ននៀល​ចុះ​ឡើង ហើយ​បែក​ពពុះ​មាត់។ ២១ បន្ទាប់​មក លោក​យេស៊ូ​សួរ​ឪពុក​របស់​ក្មេង​ប្រុស​នោះ​ថា​៖ ​«​តើ​កូន​ប្រុស​អ្នក​មាន​បញ្ហា​នេះ​តាំង​ពី​ពេល​ណា?​»។ ឪពុក​ឆ្លើយ​ថា​៖ ​«​តាំង​ពី​តូច​មក ២២ ហើយ​វិញ្ញាណ​នោះ​ផ្ដួល​គាត់​ក្នុង​ភ្លើង និង​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ដើម្បី​បំផ្លាញ​គាត់។ ប៉ុន្តែ បើ​លោក​អាច​ជួយ​បាន សូម​អាណិត​យើង ហើយ​ជួយ​យើង​ផង​»។ ២៣ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​និយាយ​ថា​‹បើ​លោក​អាច​ជួយ​បាន›? ព្រោះ​អ្វី​ៗ​ទាំង​អស់​អាច​កើត​ឡើង​បាន​ចំពោះ​អ្នក​ដែល​មាន​ជំនឿ​»។+ ២៤ ភ្លាម​ៗ​នោះ ឪពុក​របស់​ក្មេង​ប្រុស​ស្រែក​ឡើង​ថា​៖ ​«​ខ្ញុំ​មាន​ជំនឿ! សុំ​ជួយ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ផង!​»។+

២៥ ពេល​នោះ​លោក​យេស៊ូ​ឃើញ​មនុស្ស​កាន់​តែ​ច្រើន​កំពុង​រត់​មក​ចោម​រោម លោក​ក៏​ស្ដី​បន្ទោស​វិញ្ញាណ​អសោច ដោយ​ពោល​ថា​៖ ​«​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​ថ្លង់​និង​និយាយ​មិន​បាន! ខ្ញុំ​បង្គាប់​ឲ្យ​ចេញ​ពី​គាត់​ទៅ ហើយ​កុំ​ចូល​គាត់​ទៀត​ឡើយ​»។+ ២៦ បន្ទាប់​ពី​បាន​ស្រែក​ឡើង​និង​ប្រកាច់​យ៉ាង​ខ្លាំង នោះ​វា​ក៏​ចេញ​ទៅ។ ឯ​ក្មេង​ប្រុស​នោះ​មើល​ទៅ​ដូច​ជា​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​និយាយ​ថា​៖ ​«​គាត់​ស្លាប់​ហើយ!​»។ ២៧ ប៉ុន្តែ លោក​យេស៊ូ​បាន​ចាប់​ដៃ​គាត់​លើក ហើយ​គាត់​ក៏​ងើប​ឡើង។ ២៨ ដូច្នេះ ក្រោយ​ពី​លោក​ចូល​ក្នុង​ផ្ទះ​មួយ អ្នក​កាន់​តាម​សួរ​លោក​ដោយ​ឡែក​ពី​គេ​ថា​៖ ​«​ហេតុ​អ្វី​ក៏​យើង​មិន​អាច​បណ្ដេញ​វា​បាន?​»។+ ២៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​វិញ្ញាណ​បែប​នេះ​អាច​បណ្ដេញ​ចេញ​បាន ដោយ​សេចក្ដី​អធិដ្ឋាន​តែ​ប៉ុណ្ណោះ​»។

៣០ លោក​និង​ពួក​គាត់​បាន​ចេញ​ពី​កន្លែង​នោះ ហើយ​ធ្វើ​ដំណើរ​កាត់​ស្រុកកាលីឡេ តែ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ទេ។ ៣១ ព្រោះ​លោក​កំពុង​បង្រៀន​អ្នក​កាន់​តាម ហើយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​កូន​មនុស្ស​នឹង​ត្រូវ​គេ​ក្បត់ ហើយ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ហើយ​ពួក​គេ​នឹង​សម្លាប់​លោក។+ ប៉ុន្តែ ទោះ​ជា​លោក​ត្រូវ​គេ​សម្លាប់​ក៏​ដោយ តែ​បី​ថ្ងៃ​ក្រោយ​លោក​នឹង​រស់​ឡើង​វិញ​»។+ ៣២ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពួក​គាត់​មិន​យល់​អ្វី​ដែល​លោក​ប្រាប់​ទេ ហើយ​ក៏​មិន​ហ៊ាន​សួរ​លោក​អំពី​រឿង​នោះ​ដែរ។

៣៣ ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ចូល​ក្នុង​ក្រុង​កាពើណិម។ លុះ​ពេល​លោក​នៅ​ក្នុង​ផ្ទះ​ហើយ លោក​បាន​សួរ​ពួក​គាត់​ថា​៖ ​«​តើ​នៅ​តាម​ផ្លូវ​អ្នក​រាល់​គ្នា​បាន​ប្រកែក​គ្នា​អំពី​រឿង​អ្វី?​»។+ ៣៤ ពួក​គាត់​បាន​នៅ​ស្ងៀម ពី​ព្រោះ​នៅ​តាម​ផ្លូវ​ពួក​គាត់​បាន​ប្រកែក​គ្នា​ថា​អ្នក​ណា​ធំ​ជាង​គេ។ ៣៥ ដូច្នេះ លោក​បាន​អង្គុយ​ចុះ រួច​ហៅ​សាវ័ក​ទាំង​១២​នាក់​មក ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​បើ​អ្នក​ណា​ចង់​នាំ​មុខ​គេ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​តូច​ជាង​គេ​បំផុត ហើយ​ក៏​ត្រូវ​បម្រើ​គេ​ទាំង​អស់គ្នា​ផង​»។+ ៣៦ ក្រោយ​មក លោក​ហៅ​កូន​ក្មេង​ម្នាក់​មក ហើយ​ឲ្យ​ឈរ​នៅ​កណ្ដាល​ពួក​គាត់។ រួច​លោក​ឱប​ក្មេង​នោះ ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ៣៧ ​«​អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​ក្មេង​តូច​បែប​នេះ+ដោយ​ឈ្មោះ​របស់​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​ស្វាគមន៍​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​ខ្ញុំ មិន​មែន​ទទួល​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ទទួល​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​»។+

៣៨ យ៉ូហាន​ជម្រាប​លោក​ថា​៖ ​«​លោក​គ្រូ យើង​ឃើញ​បុរស​ម្នាក់​កំពុង​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​នាម​របស់​លោក ហើយ​យើង​ខំ​ឃាត់​គាត់ ដោយ​សារ​គាត់​មិន​មក​ជា​មួយ​នឹង​យើង​ទេ​»។+ ៣៩ ប៉ុន្តែ លោក​យេស៊ូ​ពោល​ថា​៖ ​«​កុំ​ឃាត់​គាត់ ព្រោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ដោយ​ឈ្មោះ​របស់​ខ្ញុំ រួច​បែរ​មក​និយាយ​ប្រមាថ​មើល​ងាយ​ខ្ញុំ​ភ្លាម​នោះ​ទេ។ ៤០ ព្រោះ​អ្នក​ណា​ដែល​មិន​ប្រឆាំង​យើង អ្នក​នោះ​គឺ​នៅ​ខាង​យើង​ហើយ។+ ៤១ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ជូន​ទឹក​មួយ​ពែង​ឲ្យ​អ្នក​រាល់​គ្នា​ពិសា ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​គ្រិស្ត+ គាត់​នឹង​មិន​បាត់​បង់​រង្វាន់​របស់​គាត់​ឡើយ។+ ៤២ ប៉ុន្តែ អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​អ្នក​តូច​បែប​នេះ​ដែល​ជឿ​ជំពប់​ដួល* គឺ​ល្អ​ជាង​បើ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មួយ​ចង​ជាប់​ក​របស់​អ្នក​នោះ ហើយ​យក​ទៅ​ចោល​ក្នុង​សមុទ្រ។+

៤៣ ​«​ប្រសិន​បើ​ដៃ​ម្ខាង​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ។ ព្រោះ​ថា​បើ​អ្នក​ពិការ តែ​ទទួល​ជីវិត នោះ​គឺ​ប្រសើរ​ជាង​មាន​ដៃ​ទាំង​សង​ខាង ហើយ​ចូល​ក្នុង​កេហេណា* ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន​ឡើយ។+ ៤៤ *—— ៤៥ បើជើង​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ។ ព្រោះ​ថា​បើ​អ្នក​មាន​ជើង​តែ​ម្ខាង ប៉ុន្តែ​ទទួល​ជីវិត នោះ​គឺ​ប្រសើរ​ជាង​មាន​ជើង​ទាំង​សង​ខាង តែ​ត្រូវ​បោះ​ទៅ​ក្នុង​កេហេណា។*+ ៤៦ *—— ៤៧ ម្យ៉ាង​ទៀត បើ​ភ្នែក​ម្ខាង​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​បោះ​ភ្នែក​នោះ​ចោល​ទៅ។+ ព្រោះ​ថា​បើ​អ្នក​មាន​ភ្នែក​តែ​ម្ខាង ប៉ុន្តែ​បាន​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ គឺ​ប្រសើរ​ជាង​មាន​ភ្នែក​ទាំង​សង​ខាង តែ​ត្រូវ​បោះ​ទៅ​ក្នុង​កេហេណា។*+ ៤៨ នៅ​ទី​នោះ​ដង្កូវ​មិន​ចេះ​ងាប់ ហើយ​ភ្លើង​មិន​ត្រូវ​ពន្លត់។+

៤៩ ​«​ពី​ព្រោះ​ព្រះ​នឹង​ទម្លាក់​ភ្លើង​ទៅ​លើ​មនុស្ស​បែប​នោះ ដូច​គេ​រោយ​អំបិល។+ ៥០ អំបិល​គឺ​ល្អ ប៉ុន្តែ​បើ​អំបិល​បាត់​បង់​ជាតិ​ប្រៃ តើ​អ្នក​អាច​ដាក់​អ្វី​លើ​អំបិល​នោះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ជាតិ​ប្រៃ​ឡើង​វិញ​បាន?+ ចូរ​មាន​អំបិល​ក្នុង​ខ្លួន+ ហើយ​រក្សា​សេចក្ដី​សុខ​សាន្ត​នឹង​គ្នា​ជា​និច្ច​»។+

១០ លោក​បាន​ចេញ​ពី​ទី​នោះ ហើយ​ឆ្លង​ទន្លេ​យ៉ូដាន់​ទៅ​ដល់​ព្រំ​ប្រទល់​តំបន់​យូឌា រួច​បណ្ដា​ជន​បាន​មូល​គ្នា​មក​ឯ​លោក​ម្ដង​ទៀត។ លោក​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​តាម​ទម្លាប់​របស់​លោក។+ ២ នៅ​ពេល​នោះ ពួក​ផារិស៊ី​ខ្លះ​បាន​មក​ដើម្បី​ល្បង​ល​លោក ដោយ​សួរ​ថា តើ​មាន​ច្បាប់​ឲ្យ​បុរស​លែង​លះ​ប្រពន្ធ​ឬ​ទេ?+ ៣ លោក​តប​វិញ​ថា​៖ ​«​តើ​ម៉ូសេ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ដូច​ម្ដេច?​»។ ៤ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​សរសេរ​សំបុត្រ​លែង​លះ​ទៅ​នាង ហើយ​ឲ្យ​នាង​ចុះ​ចេញ​»។+ ៥ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ម៉ូសេ​បាន​សរសេរ​បញ្ញត្ដិ​នេះ​សម្រាប់​អ្នក​រាល់​គ្នា+ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង។+ ៦ ក៏​ប៉ុន្តែ កាល​ដែល​ព្រះ​បង្កើត​មនុស្សជាតិ​ដំបូង ‹ព្រះ​បាន​បង្កើត​ពួក​គេ​ជា​ប្រុស​ជា​ស្រី។+ ៧ ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន+ ៨ ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ›។+ ដូច្នេះ ពួក​គេ​លែង​ជា​ពីរ​ទៀត​ហើយ ប៉ុន្តែ​ជា​សាច់​ឈាម​តែ​មួយ​វិញ។ ៩ ម្ល៉ោះ​ហើយ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ*ឡើយ​»។+ ១០ លុះ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ម្ដង​ទៀត អ្នក​កាន់​តាម​ចាប់​ផ្ដើម​សួរ​លោក​អំពី​រឿង​នេះ។ ១១ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ផិត​ក្បត់+ប្រពន្ធ​ហើយ។ ១២ បើ​ស្ត្រី​ណា​លែង​លះ​ប្ដី រួច​រៀប​ការ​ជា​មួយ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ក៏​ផិត​ក្បត់​ប្ដី​ដែរ​»។+

១៣ បន្ទាប់​មក មនុស្ស​ម្នា​ចាប់​ផ្ដើម​នាំ​កូន​ក្មេង​មក​ឲ្យ​លោក​ពាល់ តែ​ពួក​អ្នក​កាន់​តាម​លោក​បាន​ស្ដី​បន្ទោស​មនុស្ស​ទាំង​នោះ។+ ១៤ ឃើញ​ដូច្នេះ លោក​យេស៊ូ​ទាស់​ចិត្ត ហើយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ឲ្យ​កូន​ក្មេង​ទាំង​នោះ​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ពី​ព្រោះ​រាជាណាចក្រ​ព្រះ​ជា​របស់​អ្នក​ដែល​មាន​លក្ខណៈ​ដូច​កូន​ក្មេង​ទាំង​នោះ។+ ១៥ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​មិន​ព្រម​ទទួល​រាជាណាចក្រ​របស់​ព្រះ ដូច​ក្មេង​តូច​ម្នាក់​ទេ អ្នក​នោះ​នឹង​មិន​បាន​ចូល​រាជាណាចក្រ​របស់​ព្រះ​ឡើយ​»។+ ១៦ រួច​មក លោក​ឱប​កូន​ក្មេង​ទាំង​នោះ ហើយ​ឲ្យ​ពរ​ដោយ​ដាក់​ដៃ​លើ​ពួក​គេ។+

១៧ ពេល​លោក​កំពុង​ចេញ​ពី​ទី​នោះ បុរស​ម្នាក់​បាន​រត់​ទៅ​លុត​ជង្គង់​នៅ​មុខ​លោក ហើយ​សួរ​ថា​៖ ​«​លោក​គ្រូ​ល្អ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក?​»។+ ១៨ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ថា​ខ្ញុំ​ល្អ​ដូច្នេះ? ក្រៅ​ពី​ព្រះ គ្មាន​អ្នក​ណា​ល្អ​ឡើយ។+ ១៩ អ្នក​បាន​ស្គាល់​បញ្ញត្ដិ ដែល​ថា​៖ ‹កុំ​ធ្វើ​ឃាតកម្ម+ កុំ​ផិត​ក្បត់+ កុំ​លួច+ កុំ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ+ កុំ​បោក​ប្រាស់+ តែ​ចូរ​គោរព​ឪពុក​ម្ដាយ​ខ្លួន›​»។+ ២០ បុរស​នោះ​ជម្រាប​លោក​ថា​៖ ​«​លោក​គ្រូ! ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​តាំង​ពី​នៅ​ក្មេង​ម្ល៉េះ​»។ ២១ លោក​យេស៊ូ​មើល​ទៅ​បុរស​នោះ ហើយ​មាន​ចិត្ត​ស្រឡាញ់​គាត់ រួច​ប្រាប់​ថា​៖ ​«​នៅ​មាន​អ្វី​មួយ​ទៀត​ដែល​អ្នក​ត្រូវ​ធ្វើ។ ចូរ​ទៅ​លក់​អ្វី​ៗ​ដែល​អ្នក​មាន ហើយ​ឲ្យ​ដល់​អ្នក​ក្រ នោះ​អ្នក​នឹង​មាន​ទ្រព្យ​វិសេស​នៅ​ស្ថាន​សួគ៌ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ!​»។*+ ២២ ប៉ុន្តែ ពេល​ឮ​ដូច្នេះ បុរស​នោះ​បែរ​ជា​ព្រួយ​ចិត្ត ហើយ​បាន​ចេញ​ទៅ​ទាំង​កើត​ទុក្ខ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។+

២៣ លោក​យេស៊ូ​មើល​ជុំវិញ រួច​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​អ្នក​ដែល​មាន​ប្រាក់​ច្រើន​នឹង​ពិបាក​ចូល​រាជាណាចក្រ​របស់​ព្រះ​ណាស់!​»។+ ២៤ ប៉ុន្តែ ពាក្យ​របស់​លោក​បាន​ធ្វើ​ឲ្យ​អ្នក​កាន់​តាម​ភ្ញាក់​ផ្អើល។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​កូន​ៗ​អើយ! ការ​ចូល​រាជាណាចក្រ​របស់​ព្រះ​គឺ​ពិបាក​ណាស់! ២៥ សត្វ​អូដ្ឋ​អាច​ចូល​តាម​រន្ធ​ម្ជុល​ងាយ​ជាង​អ្នក​មាន​ចូល​រាជាណាចក្រ​របស់​ព្រះ​ទៅ​ទៀត​»។+ ២៦ ពួក​គាត់​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង រួច​សួរ​លោក*ថា​៖ ​«​តើ​អ្នក​ណា​ទៅ​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?​»។+ ២៧ លោក​យេស៊ូ​មើល​ចំ​ពួក​គាត់ រួច​ពោល​ថា​៖ ​«​មនុស្ស​មិន​អាច​សម្រេច​ការ​នេះ​បាន​ឡើយ តែ​ព្រះ​អាច​សម្រេច​ការ​នេះ​បាន ពី​ព្រោះ​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​»។+ ២៨ ពេត្រុស​ក៏​ជម្រាប​លោក​ថា​៖ ​«​មើល! យើង​បាន​ចាក​ចេញ​ពី​អ្វី​ៗ​ទាំង​អស់ ហើយ​បាន​តាម​លោក​»។+ ២៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ចាក​ចេញ​ពី​ផ្ទះ ឬ​បង​ប្អូន​ប្រុស​ស្រី ឬ​ម្ដាយ ឬ​ឪពុក ឬ​កូន ឬ​ស្រែ​ចម្ការ ដើម្បី​ខ្ញុំ​និង​ដើម្បី​ដំណឹង​ល្អ+ ៣០ អ្នក​នោះ​នឹង​បាន​ទទួល​១​ជា​១០០​ក្នុង​គ្រា​ឥឡូវ​នេះ​គឺ ផ្ទះ បង​ប្អូន​ប្រុស​ស្រី ម្ដាយ កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ការ​បៀត​បៀន​ផង​ដែរ+ ហើយ​ក្នុង​របៀប​របប​ពិភព​លោក*ដែល​នឹង​មក​ដល់ នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ៣១ ក៏​ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​មុន​គេ នឹង​ទៅ​ជា​អ្នក​ក្រោយ​គេ​វិញ ហើយ​អ្នក​ដែល​ក្រោយ​គេ នឹង​ទៅ​ជា​អ្នក​មុន​គេ​វិញ​»។+

៣២ លុះ​ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ លោក​យេស៊ូ​កំពុង​ដើរ​នៅ​មុខ​ពួក​គាត់ ហើយ​ពួក​គាត់​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត តែ​អ្នក​ឯ​ទៀត​ដែល​ដើរ​តាម​ពី​ក្រោយ​ពួក​គាត់ ក៏​តាំង​ភ័យ​ខ្លាច។ រួច​មក លោក​ហៅ​សាវ័ក​ទាំង​១២​នាក់​មក​ដោយ​ឡែក​ពី​គេ ហើយ​ចាប់​ផ្ដើម​ប្រាប់​ពួក​គាត់​ម្ដង​ទៀត​អំពី​អ្វី​ដែល​ហៀប​នឹង​កើត​ឡើង​ដល់​លោក ដោយ​មាន​ប្រសាសន៍​ថា​៖+ ៣៣ ​«​មើល! យើង​កំពុង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ហើយ​ពួក​គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក រួច​នឹង​ប្រគល់​លោក​ឲ្យ​ជន​ជាតិ​ដទៃ ៣៤ ហើយ​ពួក​គេ​នឹង​ចំអក​ឲ្យ​លោក ស្ដោះ​ទឹក​មាត់​ដាក់​លោក ថែម​ទាំង​វាយ​លោក​នឹង​រំពាត់​ខ្សែ​តី រួច​សម្លាប់​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ លោក​នឹង​រស់​ឡើង​វិញ​»។+

៣៥ រួច​មក យ៉ាកុប​និង​យ៉ូហាន ដែល​ជា​កូន​របស់​សេបេដេ+បាន​មក​ឯ​លោក ហើយ​ជម្រាប​ថា​៖ ​«​លោក​គ្រូ! សុំ​លោក​ធ្វើ​តាម​សំណូម​ពរ​របស់​យើង​»។+ ៣៦ លោក​សួរ​ពួក​គាត់​ថា​៖ ​«​តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?​»។ ៣៧ ពួក​គាត់​ជម្រាប​ថា​៖ ​«​សុំ​អនុញ្ញាត​ឲ្យ​យើង​អង្គុយ ម្នាក់​នៅ​ខាង​ស្ដាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង​លោក​ក្នុង​រាជាណាចក្រ​របស់​លោក​ផង​»។*+ ៣៨ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​កំពុង​សុំ​អ្វី​ទេ។ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​កំពុង​ផឹក ឬ​ទទួល​ការ​ជ្រមុជ​ទឹក ដូច​ដែល​ខ្ញុំ​កំពុង​ទទួល​បាន​ឬ​ទេ?​»។+ ៣៩ ពួក​គាត់​ជម្រាប​លោក​ថា​៖ ​«​បាន!​»។ ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ពួក​អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​កំពុង​ផឹក ហើយ​ក៏​នឹង​ទទួល​ការ​ជ្រមុជ​ទឹក ដូច​ដែល​ខ្ញុំ​កំពុង​ទទួល​ដែរ។+ ៤០ ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​សម្រេច​ឲ្យ​អង្គុយ​នៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ តែ​កន្លែង​នោះ​បាន​ត្រូវ​រៀបចំ​ទុក​ជា​ស្រេច​សម្រាប់​អ្នក​ដែល​ត្រូវ​អង្គុយ​»។

៤១ ពេល​ដែល​សាវ័ក​១០​នាក់​ទៀត​ឮ​អំពី​រឿង​នេះ ពួក​គាត់​បាន​ទាស់​ចិត្ត​នឹង​យ៉ាកុប​និង​យ៉ូហាន។+ ៤២ ប៉ុន្តែ លោក​យេស៊ូ​បាន​ហៅ​ពួក​គាត់​មក​ឯ​លោក រួច​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​គ្រប់​គ្រង​ប្រជា​ជាតិ​នា​នា​ត្រួត​ត្រា​លើ​បណ្ដា​ជន ហើយ​អ្នក​ធំ​ក៏​ប្រើ​អំណាច​លើ​ពួក​គេ​ដែរ។+ ៤៣ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គឺ​មិន​ដូច្នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​បម្រើ​អ្នក​រាល់​គ្នា+ ៤៤ ហើយ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​នាំ​មុខ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​បម្រើ​អ្នក​ឯ​ទៀត​វិញ។ ៤៥ ព្រោះ​សូម្បី​តែ​កូន​មនុស្ស​បាន​មក មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ទេ តែ​ដើម្បី​បម្រើ​គេ​វិញ+ ហើយ​ឲ្យ​ជីវិត*ខ្លួន​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​ផង​»។+

៤៦ រួច​មក លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​ក្រុង​យេរីខូ។ ប៉ុន្តែ នៅ​ពេល​ដែល​លោក អ្នក​កាន់​តាម និង​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ចេញ​ពី​ក្រុង​យេរីខូ មាន​បុរស​ងងឹត​ភ្នែក​ម្នាក់​ឈ្មោះ​បាទីមេ (​កូន​ប្រុស​របស់​ទីមេ​) ដែល​ជា​អ្នក​សុំ​ទាន កំពុង​អង្គុយ​ក្បែរ​ផ្លូវ។+ ៤៧ ពេល​ដែល​គាត់​ឮ​ថា​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​នៅ​ទី​នោះ គាត់​ចាប់​ផ្ដើម​ស្រែក​ថា​៖ ​«​លោក​យេស៊ូ! បុត្រ​ដាវីឌ!+ សូម​មេត្តា​ជួយ​ខ្ញុំ​ផង!​»។+ ៤៨ ឮ​ដូច្នេះ មនុស្ស​ជា​ច្រើន​ក៏​ស្ដី​បន្ទោស​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​កាន់តែខ្លាំងថា​៖ ​«​បុត្រ​ដាវីឌ! សូម​មេត្តា​ជួយ​ខ្ញុំ​ផង!​»។ ៤៩ ម្ល៉ោះ​ហើយ លោក​យេស៊ូ​បាន​ឈប់ ហើយ​ប្រាប់​ថា​៖ ​«​សូម​ហៅ​គាត់​មក​»។ ពួក​គេ​បាន​ហៅ​បុរស​ងងឹត​ភ្នែក​នោះ ដោយ​និយាយ​ថា​៖ ​«​កុំ​អស់​សង្ឃឹម​ឡើយ ចូរ​ក្រោក​ឡើង លោក​កំពុង​ហៅ​អ្នក​»។ ៥០ គាត់​ដោះ​សម្លៀក​បំពាក់​ក្រៅ​ចោល​យ៉ាង​លឿន រួច​ស្ទុះ​ក្រោក​ឡើង រូត​រះ​ទៅ​ឯ​លោក​យេស៊ូ។ ៥១ បន្ទាប់​មក លោក​យេស៊ូ​សួរ​គាត់​ថា​៖ ​«​តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដើម្បី​អ្នក?​»។ បុរស​ងងឹត​ភ្នែក​ជម្រាប​លោក​ថា​៖ ​«​រ៉ាបូនី!* សូម​ធ្វើ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ឡើង​វិញ​»។ ៥២ ម្ល៉ោះ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​ទៅ​ចុះ! ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​ហើយ​»។+ រំពេច​នោះ គាត់​អាច​មើល​ឃើញ​ឡើង​វិញ+ ក៏​ចាប់​ផ្ដើម​ដើរ​តាម​លោក​យេស៊ូ។

១១ ពេល​លោក​និង​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យេរូសាឡិម ក្បែរ​ភូមិ​បេតផាជី​និង​ភូមិ​បេថានី+ដែល​នៅ​ភ្នំ​ដើម​អូលីវ នោះ​លោក​ក៏​ចាត់​អ្នក​កាន់​តាម​ពីរ​នាក់+ ២ ដោយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ចូរ​ទៅ​ភូមិ​នៅ​ខាង​មុខ​នុះ។ លុះ​ចូល​ទៅ​ភ្លាម អ្នក​នឹង​ឃើញ​លា​ស្ទាវ​មួយ​ក្បាល​ដែល​គេ​បាន​ចង​ទុក ហើយ​មិន​ទាន់​មាន​មនុស្ស​ជិះ​វា​ឡើយ។ ចូរ​ស្រាយ​វា ហើយ​ដឹក​មក។ ៣ ប្រសិន​បើ​មាន​អ្នក​ណា​សួរ​ថា​៖ ‹ហេតុ​អ្វី​អ្នក​ធ្វើ​ដូច្នេះ?› ចូរ​ប្រាប់​ថា​៖ ‹លោក​ម្ចាស់​ត្រូវ​ការ​វា។ ពេល​រួច​រាល់​ហើយ នឹង​ឲ្យ​វា​មក​វិញ​ភ្លាម›​»។ ៤ ដូច្នេះ ពួក​គាត់​បាន​ចេញ​ទៅ ហើយ​ឃើញ​លា​ស្ទាវ​មួយ​ដែល​គេ​ចង​ទុក នៅ​មាត់​ទ្វារ​ខាង​ក្រៅ​ផ្ទះ​ជិត​ផ្លូវ រួច​ពួក​គាត់​ក៏​ស្រាយ​វា។+ ៥ ប៉ុន្តែ មនុស្ស​ខ្លះ​ដែល​កំពុង​ឈរ​នៅ​ទី​នោះ​សួរ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ស្រាយ​លា​នេះ?​»។ ៦ ពួក​គាត់​បាន​ឆ្លើយ​តាម​អ្វី​ដែល​លោក​យេស៊ូ​ប្រាប់ រួច​មនុស្ស​ទាំង​នោះ​អនុញ្ញាត​ឲ្យ​ពួក​គាត់​យក​ទៅ។

៧ ពួក​គាត់​ដឹក​លា​នោះ+មក​ឯ​លោក​យេស៊ូ ហើយ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គាត់​ក្រាល​លើ​ខ្នង​វា។ ក្រោយ​មក លោក​ក៏​ឡើង​ជិះ។+ ៨ ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​បាន​ក្រាល​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គេ​នៅ​លើ​ផ្លូវ។ ចំណែក​អ្នក​ឯ​ទៀត​បាន​កាត់​មែក​ឈើ​ពី​វាល មក​រាយ​នៅ​លើ​ផ្លូវ​ដែរ។+ ៩ រួច​អស់​អ្នក​ដែល​ដើរ​នៅ​ខាង​មុខ និង​ពួក​អ្នក​ដែល​ដើរ​តាម​ក្រោយ បាន​ស្រែក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​សូម​មេត្តា​សង្គ្រោះ!+ អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា* មាន​ពរ​ហើយ!+ ១០ រាជាណាចក្រ​របស់​ដាវីឌ​ដែល​ជា​ឪពុក​យើង មាន​ពរ​ហើយ!+ សូម​ឲ្យ​លោក​ដែល​នៅ​ស្ថាន​សួគ៌​មេត្តា​សង្គ្រោះ!​»។ ១១ ក្រោយ​មក លោក​ចូល​ក្រុង​យេរូសាឡិម ហើយ​ចូល​ក្នុង​វិហារ រួច​បាន​សង្កេត​មើល​អ្វី​ៗ​ទាំង​អស់។ ប៉ុន្តែ ដោយ​សារ​ព្រលប់​ហើយ លោក​បាន​ចេញ​ទៅ​ភូមិ​បេថានី​ជា​មួយ​នឹង​សាវ័ក​ទាំង​១២​នាក់។+

១២ លុះ​ស្អែក​ឡើង ពេល​ដែល​លោក​និង​ពួក​គាត់​បាន​ចេញ​ពី​ភូមិ​បេថានី លោក​ក៏​ចាប់​ផ្ដើម​ឃ្លាន។+ ១៣ រួច​មក លោក​ក្រឡេក​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ដើម​ល្វា​តូច*មួយ​ដែល​មាន​ស្លឹក។ លោក​ដើរ​ទៅ​មើល​ឲ្យ​ដឹង​ថា​តើ​មាន​ផ្លែ​ឬ​មិន​មាន។ ប៉ុន្តែ​ពេល​ទៅ​ដល់ លោក​ឃើញ​ដើម​នោះ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ពី​ព្រោះ​មិន​មែន​ជា​រដូវ​ផ្លែ​ល្វា​ទេ។ ១៤ ដូច្នេះ លោក​ស្រដី​ទៅ​កាន់​ដើម​នោះ​ថា​៖ ​«​ចាប់​តាំង​ពី​ឥឡូវ​នេះ​រហូត​ទៅ កុំ​ឲ្យ​មាន​អ្នក​ណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ​»។+ នៅ​ពេល​នោះ ពួក​អ្នក​កាន់​តាម​លោក​ក៏​បាន​ឮ​ដែរ។

១៥ រួច​មក លោក​និង​ពួក​គាត់​ចូល​ក្រុង​យេរូសាឡិម។ នៅ​ទី​នោះ លោក​ចូល​ទៅ​ក្នុង​វិហារ ហើយ​ចាប់​ផ្ដើម​បណ្ដេញ​ទាំង​អ្នក​លក់​ទាំង​អ្នក​ទិញ ក៏​ផ្កាប់​តុ​របស់​អ្នក​ដូរ​ប្រាក់ និង​ជើងម៉ា​របស់​អ្នក​លក់​សត្វ​ព្រាប+ ១៦ ហើយ​លោក​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ជញ្ជូន​របស់​របរ​កាត់​តាម​វិហារ​ឡើយ។ ១៧ លោក​បាន​បង្រៀន​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​៖ ‹វិហារ​របស់​ខ្ញុំ​នឹង​ត្រូវ​ហៅ​ថា​កន្លែង​សម្រាប់​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​មក​អធិដ្ឋាន› មែន​ទេ?+ ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​ជា​សម្បុក​ចោរ​ទៅ​វិញ​»។+ ១៨ ម្ល៉ោះ​ហើយ ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​បាន​ឮ​អំពី​រឿង​នោះ រួច​ចាប់​ផ្ដើម​រក​មធ្យោបាយ​សម្លាប់​លោក+ តែ​ពួក​គេ​ខ្លាច​លោក ពី​ព្រោះ​បណ្ដា​ជន​តែង​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​សេចក្ដី​បង្រៀន​របស់​លោក។+

១៩ លុះ​ព្រលប់ លោក​និង​ពួក​គាត់​ក៏​ចេញ​ពី​ក្រុង។ ២០ ប៉ុន្តែ នៅ​ពេល​ព្រលឹម​ស្រាង​ៗ កាល​ដែល​លោក​និង​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ឃើញ​ដើម​ល្វា​បាន​ក្រៀម​ស្វិត​ចាប់​ពី​ឫស​រហូត​ដល់​ចុង។+ ២១ ពេត្រុស​បាន​ចាំ​អំពី​ដើម​នោះ ហើយ​ជម្រាប​លោក​ថា​៖ ​«​រ៉ាប៊ី!* មើល! ដើម​ល្វា​ដែល​លោក​ដាក់​បណ្ដាសា​បាន​ក្រៀម​ស្វិត​ហើយ​»។+ ២២ លោក​យេស៊ូ​មាន​ប្រសាសន៍​តប​ទៅ​វិញ​ថា​៖ ​«​ចូរ​មាន​ជំនឿ​លើ​ព្រះ។ ២៣ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​ប្រាប់​ភ្នំ​នេះ​ថា​៖ ‹ចូរ​រើ​ចេញ​ពី​ទី​នេះ ទៅ​ធ្លាក់​ក្នុង​សមុទ្រ​វិញ› ហើយ​អ្នក​នោះ​និយាយ​ដោយ​គ្មាន​ការ​សង្ស័យ​សោះ តែ​មាន​ជំនឿ​ក្នុង​ចិត្ត​ថា អ្វី​ដែល​គាត់​និយាយ​នឹង​កើត​ឡើង នោះ​នឹង​កើត​ឡើង​ពិត​មែន។+ ២៤ ហេតុ​នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​អធិដ្ឋាន​សុំ ចូរ​មាន​ជំនឿ​ថា អ្នក​បាន​ទទួល​តាម​សំណូម​ពរ​នោះ​រួច​ហើយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​បាន​ទទួល​មែន។+ ២៥ ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​កំពុង​ប្រកាន់​ទោស​អ្នក​ណា​ម្នាក់ ពេល​ដែល​អ្នក​កំពុង​ឈរ​អធិដ្ឋាន ចូរ​អភ័យ​ទោស​ឲ្យ​អ្នក​នោះ ដើម្បី​ឲ្យបិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌ អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ​»។+ ២៦ * ——

២៧ ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ម្ដង​ទៀត។ ពេល​ដែល​លោក​កំពុង​ដើរ​ក្នុង​វិហារ នោះ​ពួក​សង្ឃនាយក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​អ្នក​ចាស់​ទុំ​បាន​មក​ឯ​លោក ២៨ ហើយ​សួរ​ថា​៖ ​«​តើ​លោក​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី? ឬ​តើ​អ្នក​ណា​បាន​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​លោក​ធ្វើ​អ្វី​ៗ​ទាំង​នេះ?​»។+ ២៩ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​សួរ​អ្នក​រាល់​គ្នា​សំណួរ​មួយ។ អ្នក​ត្រូវ​ឆ្លើយ​សំណួរ​នោះ​សិន រួច​ខ្ញុំ​នឹង​ប្រាប់​ថា​ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី។ ៣០ តើ​យ៉ូហាន​បាន​ទទួល​សិទ្ធិ​អំណាច​ជ្រមុជ​ទឹក*ឲ្យ​គេ+ ពី​ស្ថាន​សួគ៌ ឬ​ពី​មនុស្ស? ចូរ​ឆ្លើយ​ប្រាប់​មក​»។+ ៣១ ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​ជជែក​វែក​ញែក​គ្នា​ថា​៖ ​«​ប្រសិន​បើ​យើង​ឆ្លើយ​ថា​៖ ‹ពី​ស្ថាន​សួគ៌› នោះ​គាត់​នឹង​សួរ​ថា​៖ ‹បើ​ដូច្នេះ ហេតុ​អ្វី​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​យ៉ូហាន?›។ ៣២ ក៏​ប៉ុន្តែ តើ​យើង​គួរ​និយាយ​ថា​៖ ‹ពី​មនុស្ស›​ឬ?​»។ តែ​ពួក​គេ​មិន​ហ៊ាន​និយាយ​ដូច្នេះ​ទេ ដោយ​សារ​ខ្លាច​បណ្ដា​ជន ពី​ព្រោះ​មនុស្ស​ទាំង​នោះ​ចាត់​ទុក​យ៉ូហាន​ជា​អ្នក​ប្រកាស​ទំនាយ​ពិត​មែន។+ ៣៣ ម្ល៉ោះ​ហើយ ពួក​គេ​ឆ្លើយ​ប្រាប់​លោក​យេស៊ូ​ថា​៖ ​«​យើង​មិន​ដឹង​ទេ​»។ រួច​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី​ដែរ​»។

១២ ក្រោយ​មក លោក​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ ដោយ​ប្រើ​ឧទាហរណ៍​ថា​៖ ​«​បុរស​ម្នាក់​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ+ ក៏​បាន​ព័ទ្ធ​របង និង​ជីក​កន្លែង​សម្រាប់​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា ហើយ​សង់​ប៉ម​មួយ+ រួច​ប្រវាស់​ចម្ការ​នោះ​ឲ្យ​ពួក​កសិករ។ បន្ទាប់​មក បុរស​នោះ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។+ ២ លុះ​ដល់​រដូវ​ផ្លែ​ទុំ គាត់​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ឯ​ពួក​កសិករ ដើម្បី​ទទួល​ផល​ដែល​ជា​ចំណែក​របស់​គាត់​ពី​ពួក​គេ។ ៣ ប៉ុន្តែ ពួក​កសិករ​បាន​ចាប់ខ្ញុំ​បម្រើ​នោះ វាយ​ដំ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ៤ ក្រោយ​មក បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ឯ​ពួក​កសិករ​ម្ដង​ទៀត តែ​ពួក​គេ​វាយ​ក្បាល​អ្នក​នោះ ហើយ​ប្រមាថ​មើល​ងាយ​គាត់។+ ៥ រួច​បុរស​នោះ​បាន​ចាត់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត តែ​ពួក​កសិករ​សម្លាប់​អ្នក​នោះ​ចោល។ បុរស​នោះ​ចាត់​ខ្ញុំ​បម្រើ​ជា​ច្រើន​នាក់​ទៀត​ឲ្យ​ទៅ តែ​អ្នក​ខ្លះ​ត្រូវ​ពួក​កសិករ​វាយ​ដំ ហើយ​ខ្លះ​ទៀត​ត្រូវ​ពួក​គេ​សម្លាប់។ ៦ បុរសនោះ​មាន​កូន​ប្រុស​ម្នាក់​ដែល​គាត់​ស្រឡាញ់​ខ្លាំង​ណាស់។+ ក្រោយ​បង្អស់ គាត់​ក៏​ចាត់​កូន​ប្រុស​នោះ​ឲ្យ​ទៅ ដោយ​ពោល​ថា​៖ ‹ពួក​គេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ›។ ៧ ប៉ុន្តែ កសិករ​ទាំង​នោះ​បាន​និយាយ​គ្នា​ថា​៖ ‹គាត់​ជា​អ្នក​ទទួល​មត៌ក។+ ចូរ​យើង​នាំ​គ្នា​សម្លាប់​គាត់ រួច​មត៌ក​នេះ​នឹង​ក្លាយ​ជា​របស់​យើង›។ ៨ ដូច្នេះ ពួក​គេ​ចាប់​កូន​ប្រុស​នោះ ហើយ​សម្លាប់​ចោល រួច​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយ​ជូរ។+ ៩ តើ​ម្ចាស់​ចម្ការ​នោះ​នឹង​ធ្វើ​យ៉ាង​ណា? គាត់​នឹង​មក​សម្លាប់​កសិករ​ទាំង​នោះ រួច​ប្រវាស់​ចម្ការ​ឲ្យ​អ្នក​ផ្សេង​ទៀត។+ ១០ តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ‹ថ្ម​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត›*ទេ​ឬ?+ ១១ តើ​មិន​ធ្លាប់​អាន​ទេ​ឬ​ថា​៖ ‹ព្រះ​យេហូវ៉ា*បាន​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង ហើយ​នោះ​ជា​ការ​អស្ចារ្យ​ចំពោះ​យើង›?​»។+

១២ ឮ​ដូច្នេះ ពួក​គេ​ចង់​ចាប់​លោក ព្រោះ​ពួក​គេ​ដឹង​ថា​លោក​លើក​ឧទាហរណ៍​នេះ​សំដៅ​លើ​ពួក​គេ។ ប៉ុន្តែ ដោយ​សារ​ខ្លាច​បណ្ដា​ជន ពួក​គេ​បាន​ចេញ​ពី​លោក​ទៅ។+

១៣ បន្ទាប់​មក ពួក​គេ​ចាត់​ផារិស៊ី​ខ្លះ និង​អ្នក​គាំទ្រ​ខ្លះ​របស់​ហេរ៉ូឌ ឲ្យ​ទៅ​និយាយ​ជា​មួយ​នឹង​លោក ដើម្បី​រក​ហេតុ​ចោទ​ប្រកាន់​លោក។+ ១៤ ពេល​ទៅ​ដល់ អ្នក​ទាំង​នោះ​ក៏​សួរ​លោក​ថា​៖ ​«​លោក​គ្រូ! យើង​ដឹង​ថា​លោក​តែង​មាន​ប្រសាសន៍​ជា​សេចក្ដី​ពិត ហើយ​មិន​ផ្គាប់​ផ្គុន​អ្នក​ណា​ឡើយ ពី​ព្រោះ​លោក​មិន​ចាប់​អារម្មណ៍​នឹង​សម្បក​ក្រៅ​របស់​អ្នក​ណា​ទេ តែ​លោក​បង្រៀន​សេចក្ដី​ពិត​អំពី​ផ្លូវ​របស់​ព្រះ។ សូម​ប្រាប់​យើង តើ​មាន​ច្បាប់​ឲ្យ​បង់​ពន្ធ​ជូន​សេសារ*ឬ​ទេ?* ១៥ តើ​យើង​ត្រូវ​បង់​ពន្ធ​ឬ​មិន​ត្រូវ​បង់?​»។ ប៉ុន្តែ លោក​ជ្រាប​អំពី​ពុត​ត្បុត​របស់​ពួក​គេ។ លោក​ក៏​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​ល្បង​មើល​ខ្ញុំ​ដូច្នេះ? ចូរ​យក​ប្រាក់​ឌីណារី*មួយ​មក​បង្ហាញ​ខ្ញុំ​»។ ១៦ ពួក​គេ​យក​ប្រាក់​ឌីណារី​មួយ​មក រួច​លោក​សួរ​ពួក​គេ​ថា​៖ ​«​តើ​នេះ​ជា​រូប​និង​ឈ្មោះ​របស់​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ជា​រូប​និង​ឈ្មោះ​របស់​សេសារ​»។ ១៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ+ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។+ រួច​ពួក​គេ​កោត​ស្ងើច​នឹង​លោក។

១៨ បន្ទាប់​មក ពួក​សាឌូស៊ី​ដែល​ជា​អ្នក​មិន​ជឿ​ថា​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ+ បាន​មក​សួរ​លោក​ថា​៖+ ១៩ ​«​លោក​គ្រូ! ម៉ូសេ​បាន​សរសេរ​បង្គាប់​យើង​ថា បើ​អ្នក​ណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ ហើយ​មិន​មាន​កូន​ទេ នោះ​បង​ឬ​ប្អូន​ប្រុស​របស់​គាត់​គួរ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ដើម្បី​បង្កើត​កូន​បន្ត​ពូជ​ឲ្យ​បង​ឬ​ប្អូន​ដែល​បាន​ស្លាប់​ទៅ។+ ២០ មាន​បង​ប្អូន​ប្រុស​៧​នាក់។ បង​ច្បង​បាន​រៀប​ការ តែ​ពេល​ស្លាប់​ទៅ គាត់​មិន​មាន​កូន​ទេ។ ២១ រួច​មក ប្អូន​បន្ទាប់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ តែ​ពេល​ស្លាប់​ទៅ គាត់​ក៏​គ្មាន​កូន​ដែរ។ ប្អូន​ទី​២​ក៏​ដូច្នេះ​ដែរ។ ២២ បង​ប្អូន​ទាំង​៧​នាក់​នោះ​មិន​មាន​កូន​សោះ។ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ២៣ នៅ​ពេល​ដែល​រស់​ឡើង​វិញ តើ​អ្នក​ណា​ត្រូវ​ជា​ប្ដី​របស់​នាង? ព្រោះ​ថា​បង​ប្អូន​ទាំង​៧​នាក់​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​»។ ២៤ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​គឺ​ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​យល់​ខុស ពី​ព្រោះ​អ្នក​មិន​ស្គាល់​បទ​គម្ពីរ ហើយ​ក៏​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះ​ដែរ។+ ២៥ ពេល​ដែល​មនុស្ស​រស់​ឡើង​វិញ បុរស​និង​ស្ត្រី​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ឡើយ តែ​ពួក​គេ​គឺ​ដូច​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ។+ ២៦ ប៉ុន្តែ ស្ដី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ តើ​អ្នក​មិន​ធ្លាប់​អាន​ក្នុង​កំណត់​ហេតុ​ដែល​ម៉ូសេ​បាន​សរសេរ​អំពី​គុម្ព​បន្លា​ទេ​ឬ ពេល​ដែល​ព្រះ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ខ្ញុំ​ជា​ព្រះ​របស់​អាប្រាហាំ និង​ជា​ព្រះ​របស់​អ៊ីសាក ហើយ​ជា​ព្រះ​របស់​យ៉ាកុប›?+ ២៧ លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​»។+

២៨ ពេល​នោះ មាន​អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​កំពុង​ស្ដាប់​ពួក​គេ​ជជែក​ជា​មួយ​នឹង​លោក។ គាត់​ឃើញ​ថា​លោក​បាន​ឆ្លើយ​សំណួរ​របស់​ពួក​គេ​យ៉ាង​ល្អ​ប្រសើរ។ ដូច្នេះ គាត់​សួរ​លោក​ថា​៖ ​«​តើ​បញ្ញត្ដិ​មួយ​ណា​ជា​បញ្ញត្ដិ​ទី​១?​»។+ ២៩ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​បញ្ញត្ដិ​ទី​១​គឺ ‹ឱ​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់! ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​យើង គឺ​ព្រះ​យេហូវ៉ា*តែ​មួយ​ប៉ុណ្ណោះ។ ៣០ អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត* អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ›។+ ៣១ បញ្ញត្ដិ​ទី​២​គឺ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›។+ គ្មាន​បញ្ញត្ដិ​ណា​សំខាន់​ជាង​បញ្ញត្ដិ​ទាំង​នេះ​ឡើយ​»។ ៣២ អ្នក​ជំនាញ​ខាង​ច្បាប់​នោះ​ជម្រាប​លោក​ថា​៖ ​«​លោក​គ្រូ! លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ ហើយ​សម​ស្រប​តាម​សេចក្ដី​ពិត​ថា​៖ ‹មាន​ព្រះ​តែ​មួយ​ទេ ហើយ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ›។+ ៣៣ ម្យ៉ាង​ទៀត បើ​មនុស្ស​ម្នាក់​ស្រឡាញ់​ព្រះ​អស់​ពី​ដួង​ចិត្ត អស់​ពី​សមត្ថភាព​យល់​ដឹង និង​អស់​ពី​កម្លាំង ហើយ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​មាន​តម្លៃ​ជាង​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ឯ​ទៀត​ទាំង​អស់​»។+ ៣៤ ឮ​ដូច្នេះ លោក​យេស៊ូ​ជ្រាប​ថា​គាត់​បាន​ឆ្លើយ​ដោយ​ប្រាជ្ញា ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​នៅ​មិន​ឆ្ងាយ​ពី​រាជាណាចក្រ​របស់​ព្រះ​ទេ​»។ រួច​គ្មាន​អ្នក​ណា​ហ៊ាន​សួរ​លោក​ត​ទៅ​ទៀត​ឡើយ។+

៣៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​បន្ត​បង្រៀន​ក្នុង​វិហារ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​បង្រៀន​ថា​គ្រិស្ត​ជា​បុត្រ​របស់​ដាវីឌ?+ ៣៦ ប៉ុន្តែ ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ+ ដាវីឌ​បាន​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម្ចាស់​របស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​សត្រូវ​របស់​អ្នក​នៅ​ក្រោម​បាត​ជើង​អ្នក​»​›។+ ៣៧ បើ​ដាវីឌ​បាន​ហៅ​លោក​ថា​លោក​ម្ចាស់ នោះ​តើ​លោក​អាច​ជា​បុត្រ​របស់​ដាវីឌ​ដូច​ម្ដេច​បាន?​»។+

បណ្ដា​ជន​មួយ​ក្រុម​ធំ​ពេញ​ចិត្ត​ស្ដាប់​អ្វី​ដែល​លោក​មាន​ប្រសាសន៍។ ៣៨ រួច​លោក​បង្រៀន​ត​ទៅ​ទៀត ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ដែល​ចូល​ចិត្ត​ពាក់​អាវ​ផាយ​ដើរ​ចុះ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​មនុស្ស​ជម្រាប​សួរ បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គេ​នៅ​ឯ​ផ្សារ+ ៣៩ ព្រម​ទាំង​ចូល​ចិត្ត​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ពេល​ពិសា​ភោជនាហារ ពួក​គេ​ចូល​ចិត្ត​អង្គុយ​នៅ​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ។+ ៤០ ពួក​គេ​ប្រវ័ញ្ច​យក​ផ្ទះ*របស់​ស្ត្រី​មេម៉ាយ ហើយ​អធិដ្ឋាន​យ៉ាង​យូរ​ដើម្បី​ឲ្យ​មនុស្ស​កោត​ស្ងើច។ ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​ធ្ងន់​ជាង​អ្នក​ឯ​ទៀត​»។

៤១ រួច​មក លោក​អង្គុយ​នៅ​ទល់​មុខ​ប្រដាប់​ដាក់​កាក់​សម្រាប់​ឃ្លាំង​ប្រាក់+ ហើយ​សង្កេត​មើល​បណ្ដា​ជន​មក​ដាក់​កាក់​ក្នុង​ប្រដាប់​ទាំង​នោះ។ ពួក​អ្នក​មាន​ជា​ច្រើន​នាក់​បាន​ដាក់​កាក់​ជា​ច្រើន។+ ៤២ ពេល​នោះ មាន​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​មក​ដាក់​កាក់​តូច​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់។*+ ៤៣ ម្ល៉ោះ​ហើយ លោក​ហៅ​ពួក​អ្នក​កាន់​តាម​ឲ្យ​មក​ឯ​លោក រួច​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ស្ត្រី​មេម៉ាយ​ក្រី​ក្រ​មួយ​រូប​នេះ បាន​ដាក់​ច្រើន​ជាង​ពួក​គេ​ទាំង​អស់​ដែល​មក​ដាក់​ក្នុង​ប្រដាប់​ដាក់​កាក់+ ៤៤ ព្រោះ​ពួក​គេ​បាន​ដាក់​ប្រាក់​សំណល់​របស់​ខ្លួន។ ចំណែក​នាង​វិញ ពិត​មែន​តែ​នាង​ខ្វះ​ខាត ប៉ុន្តែ​នាង​បាន​ដាក់​ប្រាក់​ទាំង​អស់ គឺ​អ្វី​ៗ​ទាំង​អស់​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត​»។+

១៣ ពេល​ដែល​លោក​កំពុង​ចេញ​ពី​វិហារ អ្នក​កាន់​តាម​ម្នាក់​បាន​ជម្រាប​លោក​ថា​៖ ​«​លោក​គ្រូ! មើល! ថ្ម​និង​សំណង់​ទាំង​នេះ​អស្ចារ្យ​ណាស់!​»។+ ២ ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​មែន តែ​ថ្ម​និង​សំណង់​ដ៏​អស្ចារ្យ​ដែល​អ្នក​បាន​ឃើញ​នេះ​នឹង​ត្រូវ​ទម្លាក់​ដល់​ដី ហើយ​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​ថ្ម​ណា​ទៀត​ឡើយ​»។+

៣ ពេល​ដែល​លោក​កំពុង​អង្គុយ​នៅ​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ​បាន​សួរ​លោក​ដោយ​ឡែក​ពី​គេ​ថា​៖ ៤ ​«​សូម​ប្រាប់​យើង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ហើយ​តើ​អ្វី​ជា​សញ្ញា​សម្គាល់​បញ្ជាក់​ថា អ្វី​ៗ​ទាំង​នេះ​ជិត​ដល់​ទី​បញ្ចប់?​»។+ ៥ ដូច្នេះ លោក​យេស៊ូ​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​រាល់​គ្នា​ឡើយ។+ ៦ មនុស្ស​ជា​ច្រើន​នឹង​មក​ដោយ​អាង​ឈ្មោះ​ខ្ញុំ ហើយ​បំភាន់​មនុស្ស​ជា​ច្រើន ដោយ​ពោល​ថា​៖ ‹ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ›។ ៧ ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​ឮ​សូរ​សង្គ្រាម និង​ឮ​គេ​និយាយ​អំពី​សង្គ្រាម កុំ​ភ័យ​ស្លុត​ឡើយ។ ការ​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង ប៉ុន្តែ​ទី​បញ្ចប់​មិន​ទាន់​មក​ដល់​ទេ។+

៨ ​«​ព្រោះ​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ+ ក៏​នឹង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ថែម​ទាំង​មាន​ការ​អត់​ឃ្លាន​ទៀត​ផង។+ ការ​ទាំង​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​គ្រា​លំបាក។*+

៩ ​«​ចំណែក​អ្នក​រាល់​គ្នា​វិញ ចូរ​ប្រយ័ត្ន​ខ្លួន។ មនុស្ស​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលាការ+ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ+ ក៏​នឹង​នាំ​ទៅ​ឈរ​នៅ​មុខ​ពួក​អភិបាល​និង​បណ្ដា​ស្ដេច ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​នៅ​ចំពោះ​មុខ​ពួក​គេ។+ ១០ បន្ថែម​ទៅ​ទៀត ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ប្រជា​ជាតិ​ជា​មុន​សិន។+ ១១ ពេល​ដែល​ពួក​គេ​កំពុង​នាំ​អ្នក​ទៅ កុំ​ខ្វល់​ចិត្ត​ថា អ្នក​នឹង​ត្រូវ​និយាយ​អ្វី​ឡើយ តែ​ចូរ​និយាយ​តាម​អ្វី​ដែល​ឫទ្ធានុភាព​បរិសុទ្ធ​ណែនាំ​អ្នក​ឲ្យ​និយាយ​នៅ​ពេល​នោះ ពី​ព្រោះ​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​នឹង​និយាយ តែ​គឺ​ជា​ឫទ្ធានុភាព​បរិសុទ្ធ​វិញ។+ ១២ ម្យ៉ាង​ទៀត បង​ប្អូន​នឹង​បញ្ជូន​បង​ប្អូន​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​ប្រឆាំង​ឪពុក​ម្ដាយ ថែម​ទាំង​ឲ្យ​គេ​សម្លាប់​ទៀត​ផង+ ១៣ ហើយ​មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ។+ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់+ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ។+

១៤ ​«​ក៏​ប៉ុន្តែ ពេល​ដែល​អ្នក​ក្រឡេក​ទៅ​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស+ កំពុង​ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឈរ (​ចូរ​អ្នក​អាន​ប្រើ​សមត្ថភាព​វែក​ញែក​) នោះ​ចូរ​ឲ្យ​អ្នក​ដែល​នៅ​តំបន់​យូឌា​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ។+ ១៥ អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​មិន​ត្រូវ​ចុះ​មក ឬ​ចូល​ក្នុង​ផ្ទះ​យក​អ្វី​ចេញ​ទៅ​ឡើយ ១៦ ហើយ​អ្នក​ដែល​នៅ​ស្រែ​ចម្ការ​ក៏​មិន​ត្រូវ​ត្រឡប់​ទៅ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន​ដែរ។ ១៧ នៅ​គ្រា​នោះ ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​និង​ស្ត្រី​ដែល​នៅ​បំបៅ​កូន​ត្រូវ​វេទនា​ណាស់!+ ១៨ ចូរ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ការ​នោះ​កើត​ឡើង​នៅ​រដូវ​រងា ១៩ ព្រោះ​គ្រា​នោះ​នឹង​ជា​គ្រា​វេទនា+ដែល​មិន​ធ្លាប់​មាន​សោះ តាំង​ពី​ព្រះ​បាន​បង្កើត​ពិភព​លោក​រហូត​មក​ដល់​គ្រា​នោះ ហើយ​ក៏​នឹង​មិន​មាន​ដូច្នោះ​ទៀត​ដែរ។+ ២០ តាម​ការ​ពិត ប្រសិន​បើ​ព្រះ​យេហូវ៉ា*មិន​បាន​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី​ទេ នោះ​គ្មាន​អ្នក​ណា​នឹង​ត្រូវ​សង្គ្រោះ​ឡើយ។ ប៉ុន្តែ​ដោយ​យល់​ដល់​ពួក​អ្នក​ដែល​លោក​បាន​រើស​តាំង នោះ​លោក​បាន​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី។+

២១ ​«​ម្យ៉ាង​វិញ​ទៀត បើ​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹មើល! គ្រិស្ត​នៅ​ទី​នេះ› ឬ​‹មើល! លោក​នៅ​ទី​នោះ› កុំ​ជឿ​ឲ្យ​សោះ+ ២២ ព្រោះ​នឹង​មាន​អ្នក​ក្លែង​ខ្លួន​ជា​គ្រិស្ត និង​អ្នក​ប្រកាស​ទំនាយ​មិន​ពិត+ ហើយ​ពួក​គេ​នឹង​បង្ហាញ​សញ្ញា​សម្គាល់​និង​ធ្វើ​ការ​អស្ចារ្យ ដើម្បី​បំភាន់​ទាំង​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ប្រសិន​បើ​អាច​បំភាន់​បាន។ ២៣ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន។+ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​អ្វី​ៗ​ទាំង​អស់​ទុក​ជា​មុន​ហើយ។

២៤ ​«​ប៉ុន្តែ បន្ទាប់​ពី​ទុក្ខ​វេទនា​នោះ​កន្លង​ផុត​ទៅ នៅ​គ្រា​នោះ​ដួង​អាទិត្យ​នឹង​ទៅ​ជា​ងងឹត ហើយ​ដួង​ខែ​នឹង​លែង​ភ្លឺ+ ២៥ ផ្កាយ​ទាំង​ឡាយ​នឹង​ធ្លាក់​ពីលើមេឃ ហើយ​កម្លាំង​ធម្មជាតិ​នៅ​លើ​មេឃ​នឹង​ត្រូវ​អង្រួន។ ២៦ រួច​មក ពួក​គេ​នឹងឃើញ​កូនមនុស្ស+មក​ក្នុង​ពពក ទាំង​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​និង​សិរី​រុង​រឿង+ ២៧ ហើយ​លោក​នឹង​ចាត់​បណ្ដា​ទេវតា​ទៅ​ប្រមូល​អ្នក​ដែល​លោក​បាន​រើស​តាំង​ពី​ទិស​ខាង​ជើង ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង។+

២៨ ​«​ចូរ​ទាញ​យក​មេ​រៀន​ពី​ឧទាហរណ៍​អំពី​ដើម​ល្វា​តូច​ដូច​ត​ទៅ​នេះ​៖ កាល​ដែល​មែក​ខ្ចី​របស់​វា​ទៅ​ជា​ទន់ ហើយ​លាស់​ស្លឹក អ្នក​ដឹង​ភ្លាម​ថា រដូវ​ក្ដៅ​ជិត​ដល់​ហើយ។+ ២៩ ចំពោះ​អ្នក​រាល់​គ្នា​ក៏​ដូច​គ្នា​ដែរ កាល​ដែល​អ្នក​ឃើញ​ការ​ទាំង​នេះ​កំពុង​កើត​ឡើង ចូរ​ដឹង​ថា​កូន​មនុស្ស​នៅ​ជិត​មាត់​ទ្វារ​ហើយ។+ ៣០ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ជំនាន់​នេះ​នឹង​មិន​កន្លង​បាត់​ឡើយ ទាល់​តែ​ការ​ទាំង​អស់​នេះ​កើត​ឡើង។+ ៣១ មេឃ​និង​ផែនដី​នឹង​កន្លង​បាត់​ទៅ+ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ។+

៣២ ​«​គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ មាន​តែ​បិតា​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប។+ ៣៣ ចូរ​ឃ្លាំ​មើល​ជា​និច្ច ចូរ​ប្រុង​ប្រយ័ត្ន+ ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ពេល​ណា​ជា​ពេល​កំណត់​ឡើយ។+ ៣៤ នេះ​គឺ​ដូច​ជា​បុរស​ម្នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ គាត់​ចេញ​ពី​ផ្ទះ​ដោយ​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​ពួក​ខ្ញុំ​បម្រើ​របស់​គាត់+ ហើយ​កំណត់​ការងារ​ឲ្យ​ពួក​គេ រួច​បង្គាប់​អ្នក​យាម​ទ្វារ​ឲ្យ​ចាំ​យាម​ជា​និច្ច។+ ៣៥ ដូច្នេះ ចូរ​ចាំ​យាម ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ម្ចាស់​ផ្ទះ​នឹង​មក​វិញ​ពេល​ណា​ឡើយ+ មិន​ដឹង​ថា​ពេល​ព្រលប់* ពេល​អធ្រាត្រ* ពេល​មាន់​រងាវ* ឬ​ពេល​ព្រលឹម*ទេ។+ ៣៦ យ៉ាង​នេះ ពេល​ដែល​ម្ចាស់​ផ្ទះ​មក​ដល់​ភ្លាម គាត់​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​មិន​ដេក​លក់​ទេ។+ ៣៧ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក ខ្ញុំ​ក៏​ប្រាប់​គ្រប់​គ្នា​ដែរ​ថា ចូរ​ចាំ​យាម​»។+

១៤ ពីរ​ថ្ងៃ​បន្ទាប់​មក+ គឺ​ជា​បុណ្យ​រំលង+និង​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ។+ ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ កំពុង​រិះ​រក​កលល្បិច ដើម្បី​ចាប់​លោក​យក​ទៅ​សម្លាប់។+ ២ ប៉ុន្តែ ពួក​គេ​បាន​និយាយ​គ្នា​ថា​៖ ​«​កុំ​ធ្វើ​អ្វី​ដល់​គាត់​ក្នុង​អំឡុង​ពេល​បុណ្យ ក្រែង​លោ​នាំ​ឲ្យ​បណ្ដា​ជន​កើត​ចលាចល​»។

៣ ពេល​លោក​នៅ​ភូមិ​បេថានី​កំពុង​អង្គុយ*ពិសា​អាហារ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ដែល​មាន​ជំងឺ​ឃ្លង់ នោះ​មាន​ស្ត្រី​ម្នាក់​មក​ទាំង​យក​ដប​ថ្ម​កែវ​មួយ​ដែល​មាន​ប្រេង​ក្រអូប គឺ​ប្រេង​ណាត*សុទ្ធ ដែល​មាន​តម្លៃ​ថ្លៃ​ណាស់។ នាង​បាន​បំបែក​មាត់​ដប​នោះ រួច​ក៏​ចាក់​ប្រេង​លើ​ក្បាល​លោក​យេស៊ូ។+ ៤ ឃើញ​ដូច្នេះ អ្នក​ខ្លះ​ក៏​ទើស​ចិត្ត ហើយ​និយាយ​គ្នា​ថា​៖ ​«​ហេតុ​អ្វី​បង្ខាត​ប្រេង​ក្រអូប​ចោល​ដូច្នេះ? ៥ ព្រោះ​ប្រេង​ក្រអូប​នេះ​អាច​លក់​បាន​ប្រាក់​ជាង​៣០០​ឌីណារី* ហើយ​អាច​ចែក​ឲ្យ​អ្នក​ក្រ​បាន!​»។ ដូច្នេះ ពួក​គាត់​ខឹង*នាង​យ៉ាង​ខ្លាំង។ ៦ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​រំខាន​នាង។ ហេតុ​អ្វី​អ្នក​រាល់​គ្នា​រក​រឿង​នាង​ដូច្នេះ? នាង​បាន​ធ្វើ​អំពើ​ល្អ​ចំពោះ​ខ្ញុំ។+ ៧ អ្នក​រាល់​គ្នា​តែង​តែ​មាន​អ្នក​ក្រ​នៅ​ជា​មួយ+ ហើយ​ពេល​ណា​ដែល​អ្នក​ចង់​ធ្វើ​ល្អ​ចំពោះ​ពួក​គេ អ្នក​អាច​ធ្វើ​បាន។ ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​មិន​មាន​ខ្ញុំ​នៅ​ជា​មួយ​រហូត​ទេ។+ ៨ នាង​បាន​ធ្វើ​អស់​ពី​សមត្ថភាព​នាង​ហើយ។ នាង​បាន​ចាក់​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ​ទុក​ជា​មុន ដោយ​សារ​សព​របស់​ខ្ញុំ​នឹង​ត្រូវ​យក​ទៅ​បញ្ចុះ។+ ៩ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា នៅ​គ្រប់​កន្លែង​ក្នុង​ពិភព​លោក ដែល​ដំណឹង​ល្អ​នេះ​ត្រូវ​ផ្សព្វ​ផ្សាយ+ អ្វី​ដែល​ស្ត្រី​នេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវ​រៀប​រាប់​ដែរ ដើម្បី​រំលឹក​អំពី​នាង​»។+

១០ រួច​មក យូដាស​អ៊ីស្ការីយ៉ុត​ពី​ចំណោម​សាវ័ក​ទាំង​១២​នាក់​បាន​ទៅ​ជួប​ពួក​សង្ឃនាយក ដើម្បី​បញ្ជូន*លោក​ទៅ​ឲ្យ​ពួក​គេ។+ ១១ ពេល​ដែល​ពួក​សង្ឃ​នាយក​ឮ​អំពី​រឿង​នោះ ពួក​គេ​ត្រេក​អរ ហើយ​សន្យា​ឲ្យ​ប្រាក់​ដល់​គាត់។+ ដូច្នេះ យូដាស​ចាប់​ផ្ដើម​រក​ឱកាស​ដើម្បី​ក្បត់​លោក។

១២ នៅ​ថ្ងៃ​ដំបូង​នៃ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ+ ពួក​គេ​មាន​ទម្លាប់​បូជា​សត្វ​សម្រាប់​បុណ្យ​រំលង។+ ពួក​អ្នក​កាន់​តាម​លោក​សួរ​ថា​៖ ​«​តើ​លោក​ចង់​ឲ្យ​យើង​ទៅ​រៀបចំ​អាហារ​បុណ្យ​រំលង​ឲ្យ​លោក​ពិសា​នៅ​កន្លែង​ណា?​»។+ ១៣ ដូច្នេះ លោក​ចាត់​អ្នក​កាន់​តាម​ពីរ​នាក់​ឲ្យ​ទៅ ដោយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ចូរ​ចូល​ទៅ​ក្នុង​ក្រុង ហើយ​អ្នក​នឹង​ជួប​បុរស​ម្នាក់​ដែល​កំពុង​លី​ក្អម​ទឹក។ ចូរ​ទៅ​តាម​គាត់។+ ១៤ បើ​គាត់​ចូល​ក្នុង​ផ្ទះ​ណា អ្នក​ចូល​ក្នុង​ផ្ទះ​នោះ​ដែរ​ទៅ រួច​ប្រាប់​ម្ចាស់​ផ្ទះ​ថា​៖ ‹លោក​គ្រូ​សួរថា​៖ ​«​តើបន្ទប់​ដែល​ទុក​ឲ្យ​ខ្ញុំ​ពិសា​អាហារ​បុណ្យ​រំលង​ជា​មួយ​នឹង​អ្នក​កាន់​តាម​ខ្ញុំ​នៅឯ​ណា?​»​›។ ១៥ គាត់​នឹង​បង្ហាញ​បន្ទប់​ធំ​មួយ​នៅ​ជាន់​លើ។ ក្នុង​បន្ទប់​នោះ​មាន​ប្រដាប់​ប្រដា​សព្វ​គ្រប់​អស់​ហើយ។ ចូរ​រៀបចំ​អាហារ​បុណ្យ​រំលង​សម្រាប់​យើង​នៅ​ទី​នោះ​»។ ១៦ ដូច្នេះ អ្នក​កាន់​តាម​បាន​ចេញ​ទៅ ហើយ​ពេល​ដែល​ចូល​ទៅ​ក្នុង​ក្រុង ពួក​គាត់​ឃើញ​ថា​អ្វី​ៗ​គឺ​ដូច​លោក​មាន​ប្រសាសន៍​មែន។ រួច​មក ពួក​គាត់​រៀបចំ​សម្រាប់​បុណ្យ​រំលង។

១៧ លុះ​ពេល​ល្ងាច លោក​បាន​ទៅ​ទី​នោះ​ជា​មួយ​នឹង​សាវ័ក​ទាំង​១២​នាក់។+ ១៨ កាល​ដែល​លោក​យេស៊ូ​និង​ពួក​គាត់​កំពុង​អង្គុយ​ពិសា​អាហារ​នៅ​តុ នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​កំពុង​ពិសា​ជា​មួយ​នឹង​ខ្ញុំ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​»។+ ១៩ ពួក​គាត់​ក៏​តាំង​កើត​ទុក្ខ រួច​សួរ​លោក​ម្នាក់​ម្ដង​ៗ​ថា​៖ ​«​មិន​មែន​ខ្ញុំ​ទេ មែន​ទេ?​»។ ២០ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ក្នុង​ចំណោម​១២​នាក់ គឺ​ម្នាក់​ដែល​កំពុង​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ។+ ២១ ព្រោះ​កូន​មនុស្ស​នឹង​ចាក​ចេញ​ទៅ ដូច​អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​លោក។ ប៉ុន្តែ បុរស​ដែល​គេ​ប្រើ​ដើម្បី​ក្បត់​លោក ត្រូវ​វេទនា​ណាស់!+ ចំពោះ​អ្នក​នោះ បើ​គាត់​មិន​បាន​កើត​មក នោះ​ប្រសើរ​ជាង​»។+

២២ ពេល​ដែល​ពួក​គាត់​កំពុង​ពិសា​អាហារ លោក​ក៏​យក​នំ​ប៉័ង​មួយ​ដុំ ហើយ​អធិដ្ឋាន រួច​កាច់ បន្ទាប់​មក​ឲ្យ​ពួក​គាត់ ទាំង​ពោល​ថា​៖ ​«​ចូរ​យក​ចុះ។ នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ​»។+ ២៣ ក្រោយ​នោះ លោក​យក​ស្រា​មួយ​ពែង រួច​អរគុណ​ព្រះ ហើយ​ឲ្យ​ពួក​គាត់។ បន្ទាប់​មក ពួក​គាត់​ទាំង​អស់​គ្នា​បាន​ពិសា​ពី​ពែង​នោះ។+ ២៤ រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​នេះ​ជា​តំណាង​ឈាម​របស់​ខ្ញុំ+ ជា​‹ឈាម​សម្រាប់​កិច្ច​ព្រម​ព្រៀង›។+ ឈាម​នោះ​នឹង​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន។+ ២៥ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ក្នុង​រាជាណាចក្រ​របស់​ព្រះ​»។ ២៦ រួច​មក ក្រោយ​ពី​បាន​ច្រៀង​សរសើរ​ព្រះ​ហើយ លោក​និង​ពួក​គាត់​បាន​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។+

២៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គាត់​ថា​៖ ​«​អ្នក​ទាំង​អស់​គ្នា​នឹង​ជំពប់​ដួល* ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹ខ្ញុំ​នឹង​ប្រហារ​គង្វាល+ ហើយ​ហ្វូង​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ›។+ ២៨ ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុកកាលីឡេ ហើយ​រង់​ចាំ​អ្នក​រាល់​គ្នា​នៅ​ទី​នោះ​»។+ ២៩ ប៉ុន្តែ ពេត្រុស​ជម្រាប​លោក​ថា​៖ ​«​ទោះ​ជា​ពួក​គេ​ទាំង​អស់​គ្នា​ជំពប់​ដួល​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​ជំពប់​ដួល​ដែរ​»។+ ៣០ ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង​»។+ ៣១ ប៉ុន្តែ គាត់​នៅ​តែ​និយាយ​បញ្ជាក់​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​លោក​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​លែង​ទទួល​ស្គាល់​លោក​ដែរ​»។ ពួក​គាត់​គ្រប់​គ្នា​ក៏​ចាប់​ផ្ដើម​និយាយ​ដូច​គ្នា​ដែរ។+

៣២ លុះ​ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា​កេតសេម៉ានី ហើយ​លោក​ប្រាប់​អ្នក​កាន់​តាម​ថា​៖ ​«​ពេល​ខ្ញុំ​ទៅ​អធិដ្ឋាន សូម​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន​»។+ ៣៣ រួច​មក លោក​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ+ ហើយ​លោក​ក៏​តាំង​កើត​ទុក្ខ​ជា​ខ្លាំង និង​ពិបាក​ចិត្ត​ក្រៃ​លែង។ ៣៤ លោក​ប្រាប់​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​កំពុង​កើត​ទុក្ខ+ស្ទើរ​ស្លាប់។ សូម​នៅ​ទី​នេះ ហើយ​ចាំ​យាម​ចុះ​»។+ ៣៥ ក្រោយ​មក លោក​ដើរ​ទៅ​មុខ​បន្តិច ហើយ​ក្រាប​មុខ​ដល់​ដី រួច​ចាប់​ផ្ដើម​អធិដ្ឋាន​សូម​ឲ្យ​វេលា​នេះ​កន្លង​ផុត​ពី​លោក​ទៅ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។ ៣៦ លោក​អធិដ្ឋាន​ថា​៖ ​«​អប្បា* បិតា​អើយ!+ លោក​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន។ សូម​ដក​ពែង*នេះ​ចេញ​ពី​ខ្ញុំ។ ប៉ុន្តែ សូម​ឲ្យ​បំណង​របស់​លោក​បាន​សម្រេច មិន​មែន​បំណង​របស់​ខ្ញុំ​ទេ​»។+ ៣៧ ក្រោយ​មក លោក​វិល​មក​វិញ ហើយ​ឃើញ​ពួក​គាត់​កំពុង​ដេក​លក់។ ដូច្នេះ លោក​សួរ​ពេត្រុស​ថា​៖ ​«​ស៊ីម៉ូន! តើ​អ្នក​កំពុង​ដេក​លក់​ឬ? តើ​មិន​មាន​កម្លាំង​ចាំ​យាម​មួយ​ម៉ោង​ទេ​ឬ?+ ៣៨ ចូរ​ចាំយាម ហើយ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​ឡើយ។+ ចិត្ត​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​សាច់​ឈាម​គឺ​ខ្សោយ​ណាស់​»។+ ៣៩ រួច​មក លោក​ចេញ​ទៅ​ម្ដង​ទៀត ហើយ​អធិដ្ឋាន​ដោយ​ពោល​ពាក្យ​ដូច​គ្នា។+ ៤០ បន្ទាប់​មក លោក​វិល​មក​វិញ ហើយ​ឃើញ​ពួក​គាត់​កំពុង​ដេក​លក់​ម្ដង​ទៀត ពី​ព្រោះ​ងងុយ​ដេក​ខ្លាំង​ណាស់។ ពេល​នោះ ពួក​គាត់​មិន​ដឹង​ឆ្លើយ​យ៉ាង​ណា​ទៅ​លោក​ទេ។ ៤១ លោក​វិលមក​ជា​លើក​ទី​៣ ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ដេក​យក​កម្លាំង​នៅ​ពេល​ដ៏​សំខាន់​នេះ? ណ្ហើយ​ចុះ! ពេល​កំណត់​បាន​មក​ដល់​ហើយ!+ មើល! កូន​មនុស្ស​ហៀប​នឹង​ត្រូវ​បញ្ជូន*ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ហើយ។ ៤២ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ។ មើល! អ្នក​ដែល​ក្បត់​ខ្ញុំ មក​ជិត​ដល់​ហើយ​»។+

៤៣ ភ្លាម​នោះ កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍ យូដាស​ពី​ចំណោម​សាវ័ក​ទាំង​១២​នាក់ បាន​មក​ជា​មួយ​នឹង​មនុស្ស​មួយ​ក្រុម​ធំ​ដែល​ពួក​សង្ឃនាយក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​អ្នក​ចាស់​ទុំ បាន​បញ្ជូន​មក។ ពួក​គេ​មក​ទាំង​កាន់​ដាវ​កាន់​ដំបង។+ ៤៤ អ្នក​ដែល​ក្បត់​លោក​បាន​ប្រាប់​នូវ​សញ្ញា​សម្គាល់​មួយ​ថា​៖ ​«​អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ។ ចូរ​ចាប់​គាត់ ហើយ​នាំ​ទៅ​ដោយ​ប្រុង​ប្រយ័ត្ន​»។ ៤៥ គាត់​ដើរ​តម្រង់​ទៅ​ឯ​លោក ហើយ​ពោល​ថា​៖ ​«​រ៉ាប៊ី!​»​* រួច​ថើប​លោក​ដោយ​ថ្នម។ ៤៦ ដូច្នេះ ពួក​គេ​ក៏​ចាប់​លោក។ ៤៧ ប៉ុន្តែ ខណៈ​នោះ​មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​ឈរ​ក្បែរ​លោក បាន​ដក​ដាវ រួច​កាប់​ដាច់​ស្លឹក​ត្រចៀក​ខ្ញុំបម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ។+ ៤៨ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ប្លន់​ដូច្នេះ?+ ៤៩ ខ្ញុំ​ធ្លាប់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​រៀង​រាល់​ថ្ងៃ​ក្នុង​វិហារ+ ហើយ​បាន​បង្រៀន​នៅ​ទី​នោះ តែ​អ្នក​រាល់​គ្នា​មិន​បាន​មក​ចាប់​ខ្ញុំ​ទេ។ ប៉ុន្តែ នេះ​កើត​ឡើង​ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​»។+

៥០ រួច​ពួក​អ្នក​កាន់​តាម​បាន​រត់​ចោល​លោក​ទាំង​អស់​គ្នា។+ ៥១ ប៉ុន្តែ យុវជន​ម្នាក់​ដែល​មាន​ក្រណាត់​សាច់​ល្អ​ដណ្ដប់​ខ្លួន ចាប់​ផ្ដើម​ដើរ​តាម​ក្រោយ​លោក ហើយ​ពួក​គេ​ក៏​ចង់​ចាប់​គាត់​ដែរ។ ៥២ ប៉ុន្តែ គាត់​ចោល​ក្រណាត់​សាច់​ល្អ​នោះ ហើយ​គេច​ចេញ​ទៅ​ដោយ​គ្មាន​អ្វី​ដណ្ដប់។*

៥៣ ក្រោយ​មក ពួក​គេ​នាំ​លោក​យេស៊ូ​ទៅ​ឯ​សម្ដេច​សង្ឃ+ ហើយ​ពួក​សង្ឃ​នាយក ពួក​អ្នក​ចាស់​ទុំ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ទាំង​អស់​បាន​ជួប​ជុំ​គ្នា។+ ៥៤ ប៉ុន្តែ ពេត្រុស​បាន​ដើរ​តាម​ក្រោយ​នៅ​ឆ្ងាយ​ល្មម​ពី​លោក រហូត​ទៅ​ដល់​ទី​ធ្លា​ផ្ទះ​របស់​សម្ដេច​សង្ឃ រួច​គាត់​បាន​អង្គុយ​អាំង​ភ្លើង​ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​នៅ​ផ្ទះ​នោះ។+ ៥៥ ពួក​សង្ឃនាយក​និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល កំពុង​រក​សាក្សី​ចោទ​ប្រកាន់​លោក​យេស៊ូ ដើម្បី​មាន​ហេតុ​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ ពួក​គេ​រក​ហេតុ​មិន​បាន​ទេ។+ ៥៦ ពិត​មែន​តែ​មាន​សាក្សី​ក្លែង​ក្លាយ​ជា​ច្រើន​បាន​ចោទ​ប្រកាន់​លោក+ ប៉ុន្តែ​សម្ដី​របស់​ពួក​គេ​មិន​ស្រប​គ្នា​ទេ។ ៥៧ បន្ថែម​ទៀត ក៏​មាន​អ្នក​ខ្លះ​ទៀត​បាន​ចេញ​មក​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ ហើយ​ចោទ​ប្រកាន់​លោក ដោយ​ពោល​ថា​៖ ៥៨ ​«​យើង​ធ្លាប់​ឮ​គាត់​និយាយ​ថា​៖ ‹វិហារ​នេះ​ដែល​បាន​ត្រូវ​សង់​ដោយ​ដៃ​មនុស្ស ខ្ញុំ​នឹង​រុះ​ចោល ហើយ​ខ្ញុំ​នឹង​សង់​មួយ​ទៀត​ក្នុង​បី​ថ្ងៃ ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ›​»។+ ៥៩ ប៉ុន្តែ សូម្បី​តែ​ពួក​គេ​ចោទ​ប្រកាន់​លោក​អំពី​រឿង​នេះ ក៏​សម្ដី​ពួក​គេ​មិន​ស្រប​គ្នា​ដែរ។

៦០ បន្ទាប់​មក សម្ដេច​សង្ឃ​បាន​ក្រោក​ឈរ​ក្នុង​ចំណោម​ពួក​គេ រួច​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ឬ? តើ​អ្នក​គិត​ដូច​ម្ដេច​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក?​»។+ ៦១ ប៉ុន្តែ លោក​នៅ​ស្ងៀម ហើយ​មិន​តប​ឆ្លើយ​សោះ។+ សម្ដេច​សង្ឃ​សួរ​លោក​ម្ដង​ទៀត​ថា​៖ ​«​តើ​អ្នក​ជា​គ្រិស្ត ជា​បុត្រ​របស់​ព្រះ*ឬ?​»។ ៦២ រួច​លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​គឺ​ខ្ញុំ​មែន ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស+អង្គុយ​នៅ​ខាង​ស្ដាំ+នៃ​ឫទ្ធានុភាព* ព្រម​ទាំង​មក​ជា​មួយ​នឹង​ពពក​នៅ​លើ​មេឃ​»។+ ៦៣ ឮ​ដូច្នេះ សម្ដេច​សង្ឃ​ក៏​ហែក​សម្លៀក​បំពាក់​របស់​គាត់ ហើយ​និយាយ​ថា​៖ ​«​តើ​យើង​ត្រូវ​ការ​សាក្សី​ធ្វើ​អ្វី​ទៀត?+ ៦៤ អ្នក​រាល់​គ្នា​បាន​ឮ​អ្នក​នេះ​និយាយ​ប្រមាថ​ព្រះ​ហើយ។ តើ​អ្នក​រាល់​គ្នា​សម្រេច​ចិត្ត​យ៉ាង​ណា?​»។* ពួក​គេ​ទាំង​អស់​គ្នា​សម្រេច​ចិត្ត​កាត់​ទោស​លោក​ថា​សម​នឹង​ស្លាប់។+ ៦៥ ពួក​គេ​ខ្លះ​ចាប់​ផ្ដើម​ស្ដោះ​ទឹក​មាត់​ដាក់​លោក+ ហើយ​គ្រប​មុខ​លោក ក៏​ដាល់​លោក រួច​និយាយ​ថា​៖ ​«​បើ​ឯង​ចេះ​ប្រកាស​ទំនាយ​មែន តើ​អ្នក​ណា​បាន​វាយ​ឯង? ចូរ​ប្រាប់​មក!​»។ ក្រោយ​មក មន្ត្រី​ជំនួយ​តុលាការ​បាន​ទះ​កំផ្លៀង​លោក រួច​នាំ​លោក​ទៅ។+

៦៦ ពេល​ដែល​ពេត្រុស​នៅ​ខាង​ក្រោម​ក្នុង​ទី​ធ្លា ស្ត្រី​អ្នក​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​បាន​មក។+ ៦៧ ពេល​នាង​ឃើញ​ពេត្រុស​កំពុង​អាំង​ភ្លើង នាង​បាន​សម្លឹង​មុខ​គាត់ ហើយ​និយាយ​ថា​៖ ​«​អ្នក​ក៏​ជា​គ្នា​របស់​យេស៊ូ​នេះ ពី​ក្រុង​ណាសារ៉ែត​ដែរ​»។ ៦៨ ប៉ុន្តែ គាត់​បាន​ប្រកែក​ថា​៖ ​«​ខ្ញុំ​មិន​ស្គាល់​គាត់​ទេ ហើយ​ក៏​មិន​យល់​អ្វី​ដែល​អ្នក​កំពុង​និយាយ​ដែរ​»។ រួច​គាត់​ចេញ​ទៅ​ឯ​ល្វែង​ក្រៅ។* ៦៩ នៅ​ទី​នោះ ពេល​ស្ត្រី​អ្នក​បម្រើ​បាន​ឃើញ​គាត់ នាង​ក៏​និយាយ​ម្ដង​ទៀត​ប្រាប់​ពួក​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ថា​៖ ​«​ម្នាក់​នេះ​ក៏​ជា​ពួក​នោះ​ដែរ​»។ ៧០ ពេត្រុស​បដិសេធ​ម្ដង​ទៀត។ មិន​យូរ​ក្រោយ​មក ពួក​អ្នក​ដែល​ឈរ​នៅ​ក្បែរ​នោះ​ក៏​និយាយ​ទៅ​កាន់​ពេត្រុស​ម្ដង​ទៀត​ថា​៖ ​«​អ្នក​ច្បាស់​ជា​ពួក​នោះ​ដែរ ព្រោះ​អ្នក​ជា​អ្នក​ស្រុកកាលីឡេ​»។ ៧១ ប៉ុន្តែ គាត់​ចាប់​ផ្ដើម​ដាក់​បណ្ដាសា​ខ្លួន​ឯង ហើយ​ស្បថ​ថា​៖ ​«​ខ្ញុំ​មិន​ស្គាល់​បុរស​ដែល​អ្នក​រាល់​គ្នា​និយាយ​នោះ​ទេ!​»។ ៧២ រំពេច​នោះ មាន់​រងាវ​ជា​លើក​ទី​២+ ហើយ​ពេត្រុស​ក៏​នឹក​ឃើញ​អ្វី​ដែល​លោក​យេស៊ូ​ប្រាប់​គាត់​ថា​៖ ​«​មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង​»។+ រួច​គាត់​រំជួល​ចិត្ត​ក្រៃ​លែង ហើយ​ក៏​យំ។

១៥ ពេល​ថ្ងៃ​រះ​ភ្លាម ពួក​សង្ឃនាយក ពួក​អ្នក​ចាស់​ទុំ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* បាន​ជួប​ជុំ​ពិគ្រោះ​គ្នា។ រួច​ពួក​គេ​ចង​លោក​យេស៊ូ ហើយ​នាំ​ទៅ​ប្រគល់​ឲ្យ​ពីឡាត។+ ២ ដូច្នេះ ពីឡាត​សួរ​លោក​ថា​៖ ​«​តើ​អ្នក​ជា​ស្ដេច​នៃ​ជនជាតិ​យូដា​ឬ?​»។+ លោក​តប​ឆ្លើយ​ថា​៖ ​«​គឺ​អ្នក​ហើយ​ដែល​និយាយ​»។+ ៣ ពួក​សង្ឃនាយក​ចាប់​ផ្ដើម​ចោទ​ប្រកាន់​លោក​អំពី​រឿង​ជា​ច្រើន។ ៤ រួច​ពីឡាត​សួរ​លោក​ម្ដង​ទៀត​ថា​៖ ​«​តើ​អ្នក​មិន​តប​ឆ្លើយ​ទេ​ឬ?+ មើល! ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក​អំពី​រឿង​ជា​ច្រើន​»។+ ៥ ប៉ុន្តែ លោក​យេស៊ូ​មិន​តប​ឆ្លើយ​ទៀត​ទេ។ ដូច្នេះ ពីឡាត​ក៏​ឆ្ងល់​យ៉ាង​ខ្លាំង។+

៦ ក្នុង​អំឡុង​បុណ្យ​រំលង គាត់​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​តាម​សំណូម​ពរ​របស់​បណ្ដា​ជន។+ ៧ នៅ​ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​បារ៉ាបាស គាត់​ជាប់​គុក​ជា​មួយ​នឹង​ពួក​អ្នក​បំបះ​បំបោរ ដែល​បាន​ធ្វើ​ឃាតកម្ម​ក្នុង​ពេល​បះ​បោរ​នោះ។ ៨ ដូច្នេះ បណ្ដា​ជន​បាន​មក​សុំ​ពីឡាត​ឲ្យ​ដោះ​លែង​អ្នក​ទោស តាម​អ្វី​ដែល​ពីឡាត​ធ្លាប់​ធ្វើ​សម្រាប់​ពួក​គេ។ ៩ ពីឡាត​តប​ឆ្លើយ​នឹង​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​នៃ​ជនជាតិ​យូដា​ឲ្យ​អ្នក​រាល់​គ្នា​ឬ?​»។+ ១០ ព្រោះ​គាត់​ដឹង​ថា​ពួក​សង្ឃនាយក​បាន​ប្រគល់​លោក​យេស៊ូ​មក ដោយ​សារ​ពួក​គេ​មាន​ចិត្ត​ច្រណែន។+ ១១ ប៉ុន្តែ ពួក​សង្ឃនាយក​បាន​ញុះញង់​បណ្ដា​ជន​ឲ្យ​សុំ​ពីឡាត​ដោះ​លែង​បារ៉ាបាស​វិញ។+ ១២ ពីឡាត​តប​ឆ្លើយ​ទៅ​ពួក​គេ ដោយ​សួរ​ថា​៖ ​«​ចុះ​តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ណា​ចំពោះ​បុរស​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា​ស្ដេច​នៃ​ជនជាតិ​យូដា?​»។+ ១៣ ពួក​គេ​ស្រែក​ឡើង​ម្ដង​ទៀត​ថា​៖ ​«​ព្យួរ​គាត់​ទៅ!​»។*+ ១៤ ប៉ុន្តែ ពីឡាត​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី? តើ​គាត់​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​ទៅ?​»។ ទោះ​ជា​សួរ​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា​៖ ​«​ព្យួរ​គាត់​ទៅ!​»។*+ ១៥ ឮ​ដូច្នេះ ពីឡាត​បាន​ដោះ​លែង​បារ៉ាបាស​តាម​ការ​សុំ​របស់​ពួក​គេ ពី​ព្រោះ​គាត់​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន។ ក្រោយ​មក គាត់​បញ្ជា​គេ​ឲ្យ​វាយ​លោក​យេស៊ូ+ រួច​ប្រគល់​លោក​ឲ្យ​ពួក​ទាហាន​យក​ទៅ​ព្យួរ​លើ​បង្គោល។+

១៦ ពួក​ទាហាន​នាំ​លោក​ចូល​ទៅ​ក្នុង​ទី​ធ្លា​ដែល​នៅ​ក្នុង​វិមាន​របស់​អភិបាល។ រួច​ពួក​គេ​ប្រមូល​ពួក​ទាហាន​គ្រប់​រូប​មក។+ ១៧ បន្ទាប់​មក ពួក​គេ​យក​ក្រណាត់​ដណ្ដប់​ពណ៌​ស្វាយ​បំពាក់​ឲ្យ​លោក ក៏​បាន​ក្រង​បន្លា​ធ្វើ​ជា​មកុដ​មួយ ហើយ​បំពាក់​ឲ្យ​លោក​ដែរ។ ១៨ រួច​មក ពួក​គេ​ចាប់​ផ្ដើម​ស្រែក​ទៅ​លោក​ថា​៖ ​«​សូម​គោរព​ស្ដេច​នៃ​ជនជាតិ​យូដា!​»។+ ១៩ ម្យ៉ាង​ទៀត ពួក​គេ​ក៏​យក​ដើម​ត្រែង​វាយ​ក្បាល​លោក ស្ដោះ​ទឹក​មាត់​ដាក់​លោក ហើយ​លុត​ជង្គង់​គោរព​លោក។ ២០ ក្រោយ​ពី​ចំអក​ឲ្យ​លោក​រួច​ហើយ ពួក​គេ​ដោះ​ក្រណាត់​ដណ្ដប់​ពណ៌​ស្វាយ​ចេញ​ពី​លោក។ ក្រោយ​មក ពួក​គេ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​មក​បំពាក់​ឲ្យ​វិញ។ រួច​ពួក​គេ​នាំ​លោក​យក​ទៅ​ព្យួរ។+ ២១ ពេល​នោះ មាន​បុរស​ម្នាក់​ដែល​ធ្វើ​ដំណើរ​មក​ពី​ជនបទ កំពុង​ឆ្លង​កាត់​តាម​នោះ។ ពួក​គេ​បាន​បង្ខំ​គាត់​ឲ្យ​លី​បង្គោល​ទារុណកម្ម*ជំនួស​លោក។+ បុរស​នោះ​គឺ​ស៊ីម៉ូន​ពី​ក្រុង​គីរេន ជា​ឪពុក​របស់​អាឡិចសង់​និង​រូហ្វូស។

២២ ដូច្នេះ ពួក​គេ​នាំ​លោក​យេស៊ូ​ទៅ​កន្លែង​មួយ​ហៅ​ថា​កុលកូថា ដែល​មាន​ន័យ​ថា​«​កន្លែង​លលាដ៍​ក្បាល​»។+ ២៣ ពួក​គេ​បង្ខំ​លោក​ឲ្យ​ពិសា​ស្រា​ដែល​លាយ​ជ័រ​ល្វីង​ទេស*+ តែ​លោក​មិន​ព្រម​ពិសា​ទេ។ ២៤ ក្រោយ​មក ពួក​គេ​ព្យួរ​លោក​លើ​បង្គោល។* រួច​ពួក​គេ​ចែក​អាវ​ក្រៅ​របស់​លោក​ដោយ​ចាប់​ឆ្នោត ដើម្បី​ដឹងថា​អ្នក​ណា​នឹង​បាន​ចំណែក​ណា។+ ២៥ ពេល​ដែល​ពួក​គេ​ព្យួរ​លោក គឺ​ជា​ម៉ោង​ទី៣។* ២៦ នៅ​ខាង​លើ​មាន​អក្សរ​ចារឹក​អំពី​អ្វី​ដែល​គេ​ចោទ​ប្រកាន់​លោក ដែល​ថា​៖ ​«​ស្ដេច​នៃ​ជនជាតិ​យូដា​»។+ ២៧ ពួក​គេ​ក៏​បាន​ព្យួរ​ចោរ​ប្លន់​ពីរ​នាក់​នៅ​ក្បែរ​លោក​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​លោក និង​ម្នាក់​នៅ​ខាង​ឆ្វេង​លោក។+ ២៨ *—— ២៩ ហើយ​អស់​អ្នក​ដែល​ដើរ​កាត់​បាន​គ្រវី​ក្បាល ទាំង​និយាយ​មើល​ងាយ​លោក+ថា​៖ ​«​ហាស! អ្នក​ដែល​រុះ​វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​បី​ថ្ងៃ​អើយ!+ ៣០ ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ដោយ​ចុះ​ពី​បង្គោល​ទារុណកម្ម​មក!​»។* ៣១ ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​បាន​និយាយ​គ្នា ក្នុង​បំណង​ចំអក​ឲ្យ​លោក​ថា​៖ ​«​គាត់​អាច​សង្គ្រោះ​អ្នក​ដទៃ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​គាត់​បាន​ទេ!+ ៣២ សូម​ឲ្យ​គ្រិស្ត​ជា​ស្ដេច​នៃ​អ៊ីស្រាអែល​ចុះ​ពី​បង្គោល​ទារុណកម្ម​មក* ដើម្បី​ឲ្យ​យើង​ឃើញ ហើយ​ជឿ​ផង!​»។+ សូម្បី​តែ​អ្នក​ដែល​បាន​ត្រូវ​ព្យួរ​ក្បែរ​លោក ក៏​បាន​តិះ​ដៀល​លោក​ដែរ។+

៣៣ លុះ​ដល់​ម៉ោង​ទី​៦* ស្រុក​ទាំង​មូល​បាន​ទៅ​ជា​ងងឹត​រហូត​ដល់​ម៉ោង​ទី៩។*+ ៣៤ នៅ​ម៉ោង​ទី​៩ លោក​យេស៊ូ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​អេលី អេលី ឡាម៉ា សាបាក់ ថានី?​»​ ដែល​មាន​ន័យ​ថា​«​ព្រះ​ខ្ញុំ​អើយ ព្រះ​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​លោក​បោះ​បង់​ចោល​ខ្ញុំ?​»។+ ៣៥ ពេល​ឮ​ដូច្នេះ អ្នក​ខ្លះ​ដែល​ឈរ​នៅ​ក្បែរ​នោះ ក៏​និយាយ​ថា​៖ ​«​ឮ​ទេ! គាត់​កំពុង​ហៅ​អេលីយ៉ា​»។ ៣៦ ពេល​នោះ មាន​ម្នាក់​រត់​ទៅ​យក​វត្ថុ​ម្យ៉ាង​ដែល​អាច​ជក់​ទឹក ទៅ​ជ្រលក់​ក្នុង​ស្រា​ជូរ រួច​ដាក់​លើ​ចុង​ដើម​ត្រែង​មួយ ហើយ​ហុច​ឲ្យ​លោក​ពិសា+ រួច​និយាយ​ថា​៖ ​«​ចាំ​មើល​មើល៍! តើ​អេលីយ៉ា​មក​ដាក់​គាត់​ចុះ​ឬ​មិន​មក?​»។ ៣៧ ប៉ុន្តែ លោក​យេស៊ូ​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង រួច​ផុត​ដង្ហើម​ទៅ។+ ៣៨ ខណៈ​នោះ វាំងនន*នៅ​វិហារ+បាន​រហែក​ជា​ពីរ ចាប់​ពី​លើ​ចុះ​មក​ក្រោម។+ ៣៩ រីឯ​នាយ​ទាហាន​ដែល​កំពុង​ឈរ​នៅ​ខាង​មុខ​លោក កាល​ដែល​គាត់​ឃើញ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ពេល​លោក​ផុត​ដង្ហើម នោះ​គាត់​និយាយ​ថា​៖ ​«​បុរស​នេះ​ប្រាកដ​ជា​បុត្រ​ព្រះ​មែន​»។+

៤០ ពេល​នោះ​មាន​ស្ត្រី​មួយ​ចំនួន​កំពុង​ឈរ​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ពួក​នាង​មាន​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​យ៉ាកុប​តូច​និង​យ៉ូសេ ហើយ​ក៏​មាន​សាឡូមេ និង​ម៉ារៀ​ម៉ាក់ដាឡេន​ដែរ។+ ៤១ ពួក​នាង​បាន​តាម​បម្រើ​លោក​យេស៊ូ+ តាំង​ពី​ស្រុកកាលីឡេ​មក ហើយ​ក៏​មាន​ស្ត្រី​ជា​ច្រើន​នាក់​ទៀត ដែល​បាន​មក​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​លោក។

៤២ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ* គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សម្រាក ហើយ​ជា​ពេល​ព្រលប់។ ៤៣ នៅ​ពេល​នោះ យ៉ូសែប​ពី​ក្រុង​អារីម៉ាថេ​បាន​មក​ដល់។ គាត់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*ម្នាក់​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ហើយ​ក៏​កំពុង​រង់​ចាំ​រាជាណាចក្រ​របស់​ព្រះ​ដែរ។ គាត់​បាន​តាំង​ចិត្ត​ក្លាហាន​ទៅ​ជួប​ពីឡាត ហើយ​សុំ​យក​សព​របស់​លោក​យេស៊ូ។+ ៤៤ ប៉ុន្តែ ពីឡាត​ចង់​ដឹង​ថា​លោក​យេស៊ូ​ស្លាប់​ហើយ​ឬ​នៅ។ ដូច្នេះ គាត់​ក៏​ហៅ​នាយ​ទាហាន​ម្នាក់​មក​សួរ​បញ្ជាក់។ ៤៥ ក្រោយ​ពី​បាន​ទទួល​ការ​បញ្ជាក់​ពី​នាយ​ទាហាន​នោះ​ហើយ គាត់​អនុញ្ញាត​ឲ្យ​យ៉ូសែប​យក​សព​លោក​យេស៊ូ​ទៅ។ ៤៦ ក្រោយ​ពី​យ៉ូសែប​បាន​ទិញ​ក្រណាត់​សាច់​ល្អ​ហើយ គាត់​ក៏​ដាក់​សព​របស់​លោក​ចុះ រួច​រុំ​ក្នុង​ក្រណាត់​សាច់​ល្អ​នោះ។ បន្ទាប់​មក គាត់​ដាក់​សព​លោក​នៅ​ក្នុង​រូង​ថ្ម+ដែល​គេ​បាន​ដាប់​ធ្វើ​ជា​ទី​បញ្ចុះ​សព។ ក្រោយ​មក គាត់​ប្រមៀល​ថ្ម​មួយ​មក​បិទ​ទី​បញ្ចុះ​សព​នោះ។+ ៤៧ ប៉ុន្តែ ម៉ារៀ​ម៉ាក់ដាឡេន និង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​យ៉ូសេ បន្ត​មើល​កន្លែង​ដែល​សព​លោក​បាន​ត្រូវ​បញ្ចុះ។+

១៦ ដូច្នេះ ពេល​ដែល​ថ្ងៃ​ឈប់​សម្រាក+បាន​កន្លង​ផុត​ទៅ នោះ​ម៉ារៀ​ម៉ាក់ដាឡេន និង​ម៉ារៀ+ដែល​ជា​ម្ដាយ​របស់​យ៉ាកុប ព្រម​ទាំង​សាឡូមេ បាន​ទិញ​គ្រឿង​ក្រអូប​ដើម្បី​យក​ទៅ​លាប​សព​របស់​លោក។+ ២ ពេល​ព្រលឹម ក្រោយ​ថ្ងៃ​រះ នា​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍​នោះ ពួក​នាង​បាន​ទៅ​ទី​បញ្ចុះ​សព។+ ៣ ពួក​នាង​បាន​សួរ​គ្នា​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ច្រក​ទី​បញ្ចុះ​សព​ឲ្យ​យើង?​»។ ៤ ប៉ុន្តែ ពេល​ដែល​ស្ត្រី​ទាំង​នោះ​ងើប​មុខ​ឡើង ពួក​នាង​ឃើញ​ថា​ថ្ម​ដ៏​ធំ​នោះ​បាន​ត្រូវ​ប្រមៀល​ចេញ​រួច​ហើយ។+ ៥ កាល​ដែល​ពួក​នាង​ចូល​ទៅ​ក្នុង​ទី​បញ្ចុះ​សព​នោះ ពួក​នាង​ឃើញ​យុវជន​ម្នាក់​អង្គុយ​នៅ​ខាង​ស្ដាំ ពាក់​អាវ​វែង​ពណ៌​ស ហើយ​ពួក​នាង​ក៏​ភាំង​ស្មារតី។ ៦ យុវជន​នោះ​ប្រាប់​ពួក​នាង​ថា​៖ ​«​កុំ​ភាំង​ស្មារតី​ឡើយ។+ ខ្ញុំ​ដឹង​ថា​អ្នក​កំពុង​រក​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត ដែល​គេ​បាន​ព្យួរ។ លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ។+ លោក​មិន​នៅ​ទី​នេះ​ទេ។ មើល! នេះ​ជា​កន្លែង​ដែល​គេ​បាន​ដាក់​សព​របស់​លោក។+ ៧ ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​និង​ពេត្រុស​ថា​៖ ‹លោក​នឹង​ទៅ​ស្រុកកាលីឡេ​មុន​អ្នក​រាល់​គ្នា+ ហើយ​អ្នក​នឹង​ឃើញ​លោក​នៅ​ទី​នោះ ដូច​អ្វី​ដែល​លោក​បាន​ប្រាប់​អ្នក›​»។+ ៨ ដូច្នេះ ពេល​ដែល​ស្ត្រី​ទាំង​នោះ​ចេញ​ពី​ទី​បញ្ចុះ​សព​មក ពួក​នាង​ក៏​បាន​រត់​ទៅ​ទាំង​ភ័យ​ញាប់​ញ័រ និង​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។ ពួក​នាង​មិន​បាន​ប្រាប់​រឿង​នេះ​ដល់​អ្នក​ណា​ឡើយ ពី​ព្រោះ​ពួក​នាង​ភ័យ​ខ្លាច​ពេក។*+

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

មើល​កំណត់​សម្គាល់​ម៉ាថ ៤:១៨

មើល​កំណត់​សម្គាល់​ម៉ាថ ១២:១

មើល​កំណត់​សម្គាល់​ម៉ាថ ៤:២៣

មើល​កំណត់​សម្គាល់​ម៉ាថ ២:៤

ភាសា​ក្រិច​«​ដាយម៉ូនីហ្សូម៉ាយ​»។ សំដៅ​លើ​មនុស្ស​ដែល​មាន​ទេវតា​អាក្រក់​ចូល

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​វា​ដឹង​ថា​លោក​ជា​អ្នក​ណា​»​

ក្នុង​ខ​នេះ ពាក្យ​ថា​«​មក​តាម​ខ្ញុំ​»​សំដៅ​លើ​ការ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

នេះ​សំដៅ​លើ​ត្រសាល

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឬ​«​តែង​តាំង​»​

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

ឬ​«​តែង​តាំង​»​

​«​កាណានៀន​»​មាន​ន័យ​ថា​បុរស​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង

ឈ្មោះ​មួយ​ដែល​សំដៅ​លើ​សាថាន

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ឬ​«​របៀប​របប​ពិភព​លោក​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឬ​«​ប្រដាប់​វាល់​ស្រូវ​»​

គ្រាប់​ពូជ​តូច​ល្អិត​ម្យ៉ាង​ដែល​មាន​នៅ​ស្រុក​ប៉ាឡេស្ទីន អាច​ដុះ​បែក​មែក​សាខា ហើយ​មាន​កម្ពស់​ដល់​បួន​ម៉ែត្រ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​តំបន់​ក្រុង​ទាំង​១០​»​

ឬ​«​ជិត​ស្លាប់​»​

ឬ​«​លោក​បង្គាប់​ពួក​គាត់​យ៉ាង​ម៉ឺង​ម៉ាត់​»​

ន័យ​ត្រង់​«​នំ​ប៉័ង​»​

ន័យ​ត្រង់​«​ស្ពាន់​»​

ន័យ​ត្រង់​«​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ពីរ​ជាន់​ទេ​»​

តាម​ពិត​ហេរ៉ូឌ​ជា​អភិបាល​ស្រុក ប៉ុន្តែ​បណ្ដា​ជន​និយម​ហៅ​គាត់​ថា​«​ស្ដេច​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ប្រហែល​ជា​ម៉ោង​៣​ព្រឹក​រហូត​ដល់​ថ្ងៃ​រះ​ប្រហែល​ម៉ោង​៦​ព្រឹក

ឬ​«​នេះ​ជា​ការ​យល់​សប្ដិ​ទេ!​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

ឬ​«​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​»។ ភាសា​ក្រិច​«​អាសិលគា​»។ មើល​និយម​ន័យ​ពាក្យ​«​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង​»​

ឬ​«​តំបន់​ក្រុង​ទាំង​១០​»​

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ន័យ​ត្រង់​«​ចូរ​នៅ​ខាង​ក្រោយ​ខ្ញុំ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ន័យ​ត្រង់​«​បាន​ពិភព​លោក​ទាំង​មូល​»​

ន័យ​ត្រង់​«​ផិត​ក្បត់​ព្រះ​»​

មាន​ន័យ​ថា​«​លោក​គ្រូ​»​

សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ន័យ​ត្រង់​«​បាន​ទឹម​នឹម​ជា​មួយ​គ្នា​»​

ក្នុង​ខ​នេះ ពាក្យ​ថា​«​មក​តាម​ខ្ញុំ​»​សំដៅ​លើ​ការ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រួច​សួរ​គ្នា​»​

មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ន័យ​ត្រង់​«​ក្នុង​សិរី​រុង​រឿង​របស់​លោក​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មាន​ន័យ​ថា​«​លោក​គ្រូ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​សម័យ​ដែល​គេ​សរសេរ​គម្ពីរ ពេល​ផ្លែ​នោះ​ទុំ​មិន​កើត​មាន​មមង់​នៅ​ក្នុង​ផ្លែ​នោះ​ទេ

មាន​ន័យ​ថា​«​លោក​គ្រូ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

សំដៅ​លើ​ដុំ​ថ្ម​ដែល​ដាក់​នៅ​ជំនួប​ជញ្ជាំង​ពីរ​នៅ​កែង​ឬ​ជ្រុង​សំណង់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​អធិរាជ​»​

ឬ​«​តើ​ការ​បង់​ពន្ធ​ជូន​សេសារ​ជា​ការ​ត្រឹម​ត្រូវ​ទេ?​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ទ្រព្យ​សម្បត្តិ​»​

ន័យ​ត្រង់​«​ពីរ​ឡិបតា ស្មើ​នឹង​មួយ​ខ្វាដ្រាន​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ប្រៀប​ដូច​ជា​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ពេល​សម្រាល​កូន

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

​«​ពេល​ព្រលប់​»​ជា​យាម​ទី​១ តាម​របៀប​ជន​ជាតិ​ក្រិច​និង​រ៉ូម​បែង​ចែក​វេលា​យប់។ យាម​ទី​១​គឺ​ពី​ថ្ងៃ​លិច​ដល់​ម៉ោង​៩​យប់

​«​ពេល​អធ្រាត្រ​»​ជា​យាម​ទី​២ តាម​របៀប​ជន​ជាតិ​ក្រិច​និង​រ៉ូម​បែង​ចែក​វេលា​យប់។ យាម​ទី​២​គឺ​ពី​ម៉ោង​៩​យប់​ដល់​អធ្រាត្រ

​«​ពេល​មាន់​រងាវ​»​ជា​យាម​ទី​៣ តាម​របៀប​ជន​ជាតិ​ក្រិច​និង​រ៉ូម​បែង​ចែក​វេលា​យប់។ យាម​ទី​៣​គឺ​ពី​អធ្រាត្រ​ដល់​ម៉ោង​បី​យប់

​«​ពេល​ព្រលឹម​»​ជា​យាម​ទី​៤ តាម​របៀប​ជន​ជាតិ​ក្រិច​និង​រ៉ូម​បែង​ចែក​វេលា​យប់។ យាម​ទី​៤​គឺ​ពី​ម៉ោង​បី​យប់​ដល់​ថ្ងៃ​រះ

ឬ​«​អង្គុយ​នៅ​តុ​»​

មើល​និយម​ន័យ​ពាក្យ​«​ណាត​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ពួក​គាត់​បន្ទោស​»​

ឬ​«​ក្បត់​»​

សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ

ភាសា​អេរ៉ាម មាន​ន័យ​ថា​«​ឱ​លោក​ឪពុក​អើយ!​»​

ពាក្យ​«​ពែង​»​ជា​តំណាង​បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​លោក​យេស៊ូ គឺ​អនុញ្ញាត​ឲ្យ​លោក​ស្លាប់​ដោយ​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា​បាន​ប្រមាថ​ព្រះ

ឬ​«​ក្បត់​»​

មាន​ន័យ​ថា​«​លោក​គ្រូ​»​

ឬ​«​ដោយ​បិទ​បាំង​ខ្លួន​តែ​បន្តិច​បន្តួច ឬ​មាន​តែ​សម្លៀក​បំពាក់​ក្នុង​ប៉ុណ្ណោះ​»​

ន័យ​ត្រង់​«​អ្នក​ដែល​មាន​ពរ​»។ ការ​«​ឲ្យ​ពរ​»​អាច​សំដៅ​លើ​ការ​លើក​តម្កើង​ជា​បរិសុទ្ធ ការ​សរសើរ ឬ​ការ​និយាយ​ល្អ​អំពី​អ្នក​ណា​ម្នាក់

ឬ​«​អ្នក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​»​

ឬ​«​តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច?​»​

ឬ​«​ទៅ​ឯ​មាត់​ទ្វារ​»​

តុលាការ​កំពូល​របស់​ជនជាតិ​យូដា

ឬ​«​ប្រហារ​ជីវិត​គាត់​លើ​បង្គោល​ទៅ!​»​

ឬ​«​ប្រហារ​ជីវិត​គាត់​លើ​បង្គោល​ទៅ!​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ថ្នាំ​ម្យ៉ាង​ដែល​បំបាត់​ការ​ឈឺ​ចាប់

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​»​

ប្រហែល​ជា​ម៉ោង​៩​ព្រឹក

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ប្រហែល​ជា​ម៉ោង​១២​ថ្ងៃ​ត្រង់

ប្រហែល​ជា​ម៉ោង​បី​រសៀល

វាំងនន​នេះ​ជា​របាំង​រវាង​បន្ទប់​បរិសុទ្ធ​និង​បន្ទប់​បរិសុទ្ធ​បំផុត

សំដៅ​លើ​មួយ​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​សប្ដាហ៍។ នៅ​ថ្ងៃ​នោះ​ជនជាតិ​យូដា​រៀបចំ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក

តុលាការ​កំពូល​របស់​ជនជាតិ​យូដា

យោង​តាម​ឯក​សារ​បុរាណ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត សៀវភៅ​ដំណឹង​ល្អ​ម៉ាកុស​បាន​ចប់​នៅ​ខ៨។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក