នេហេមា
១ នេះជាពាក្យសម្ដីរបស់នេហេមា*+ជាកូនហាកាលៀ។ នៅខែគីស្លេវ* ឆ្នាំទី២០ ខ្ញុំនៅក្នុងវិមានស្ដេចនាក្រុងស៊ូសាន។*+ ២ នៅគ្រានោះ ហាណាណៃ+ជាបងប្អូនរបស់ខ្ញុំ និងពួកបុរសឯទៀត បានធ្វើដំណើរពីស្រុកយូដា មកដល់ក្រុងស៊ូសាន។ ខ្ញុំបានសួរពួកគាត់អំពីជនជាតិយូដាដែលធ្លាប់ជាឈ្លើយ+ ហើយក៏សួរអំពីក្រុងយេរូសាឡិម*ដែរ។ ៣ ពួកគាត់ឆ្លើយថា៖ «នៅក្នុងខេត្តយូដា ពួកអ្នកដែលធ្លាប់ជាឈ្លើយ កំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាក និងអាម៉ាស់មុខយ៉ាងខ្លាំង។+ ឯកំពែងក្រុងយេរូសាឡិមបានបែកបាក់អស់ហើយ+ ទ្វារក្រុងក៏បានត្រូវគេដុតបំផ្លាញដែរ»។+
៤ ពេលខ្ញុំឮពាក្យទាំងនោះភ្លាម ខ្ញុំបានអង្គុយចុះ ហើយក៏ចាប់ផ្ដើមយំ និងកើតទុក្ខអស់ជាច្រើនថ្ងៃ។ ខ្ញុំបានតមអាហារ+ ព្រមទាំងអធិដ្ឋានឥតឈប់ទៅព្រះនៃស្ថានសួគ៌។ ៥ ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌អើយ! លោកជាព្រះដ៏ខ្ពង់ខ្ពស់និងគួរឲ្យកោតស្ងើច លោកតែងតែធ្វើតាមកិច្ចព្រមព្រៀងរបស់លោក ព្រមទាំងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអស់អ្នកដែលស្រឡាញ់លោកនិងធ្វើតាមបញ្ញត្តិលោក។+ ៦ សូមលោកមេត្តាសម្លឹងមកខ្ញុំ ហើយយកចិត្តទុកដាក់ស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំជាអ្នកបម្រើលោកផង។ ខ្ញុំអធិដ្ឋានទាំងយប់ទាំងថ្ងៃ+ អំពីជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់លោក និងអំពីកំហុសទាំងប៉ុន្មានដែលពួកគេធ្វើខុសនឹងលោក។ ខ្ញុំនិងពូជពង្សឪពុកខ្ញុំ បានប្រព្រឹត្តខុសនឹងលោកហើយ។+ ៧ យើងបានប្រព្រឹត្តអាក្រក់យ៉ាងខ្លាំងចំពោះលោក+ ដោយសារយើងមិនបានធ្វើតាមច្បាប់ បញ្ញត្តិ និងសេចក្ដីវិនិច្ឆ័យទាំងប៉ុន្មាន ដែលលោកបានឲ្យដល់ម៉ូសេជាអ្នកបម្រើលោកឡើយ។+
៨ «សូមលោកនឹកដល់ប្រសាសន៍*ដែលលោកបានប្រាប់ដល់ម៉ូសេជាអ្នកបម្រើរបស់លោកផង។ លោកធ្លាប់មានប្រសាសន៍ថា៖ ‹បើអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ ខ្ញុំនឹងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា។+ ៩ ប៉ុន្តែ បើអ្នករាល់គ្នាវិលមករកខ្ញុំវិញ ហើយធ្វើតាមបញ្ញត្តិរបស់ខ្ញុំ ទោះជាអ្នករាល់គ្នាបានខ្ចាត់ខ្ចាយរហូតដល់ជើងមេឃក្ដី ក៏ខ្ញុំនឹងប្រមូលអ្នករាល់គ្នាមកវិញ+ ហើយនាំមកកន្លែងដែលខ្ញុំបានជ្រើសរើសសម្រាប់នាមរបស់ខ្ញុំដែរ›។+ ១០ ពួកគេជាអ្នកបម្រើនិងជារាស្ត្ររបស់លោក ជាអ្នកដែលលោកបានសង្គ្រោះដោយអំណាចនិងឫទ្ធានុភាពដ៏ខ្លាំងក្លា។+ ១១ ឱព្រះយេហូវ៉ាអើយ! សូមលោកមេត្តាយកចិត្តទុកដាក់ស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ ព្រមទាំងសេចក្ដីអធិដ្ឋានរបស់អ្នកបម្រើឯទៀតដែលគោរពកោតខ្លាចនាមរបស់លោកយ៉ាងអស់ពីចិត្តផង។ សូមឲ្យបំណងរបស់ខ្ញុំជាអ្នកបម្រើលោកបានសម្រេច ហើយសូមឲ្យស្ដេចបង្ហាញចិត្តអាណិតមេត្តាដល់ខ្ញុំផង»។+
ខ្ញុំមានមុខនាទីជាអ្នកកាន់ពែងជូនស្ដេច។+
២ នៅខែណែសាន* ក្នុងឆ្នាំទី២០+នៃរាជ្យអើថាស៊ើកសេស+ មានពេលមួយគេបានលើកស្រាមកជូនស្ដេច ហើយខ្ញុំក៏យកស្រានោះជូនស្ដេចដូចសព្វដង។+ ប៉ុន្តែ នៅពេលនោះខ្ញុំមានទឹកមុខស្រងូតស្រងាត់ខុសពីធម្មតា។ ២ ពេលឃើញដូច្នេះ ស្ដេចបានសួរខ្ញុំថា៖ «មើលទៅអ្នកដូចជាមិនឈឺទេ តែម្ដេចក៏អ្នកមានទឹកមុខស្រងូតស្រងាត់ម្ល៉េះ? អ្នកច្បាស់ជាពិបាកចិត្តហើយ»។ ឮដូច្នោះខ្ញុំភ័យខ្លាចជាខ្លាំង។
៣ ពេលនោះ ខ្ញុំបានឆ្លើយតបទៅស្ដេចវិញថា៖ «សូមឲ្យស្ដេចមានអាយុវែង! ខ្ញុំមានទឹកមុខស្រងូតស្រងាត់ ពីព្រោះក្រុងដែលជាកន្លែងបញ្ចុះសពបុព្វបុរសរបស់ខ្ញុំបានបាក់បែក ហើយទ្វារក្រុងក៏ត្រូវឆេះអស់ដែរ»។+ ៤ បន្ទាប់មក ស្ដេចបានសួរខ្ញុំថា៖ «តើអ្នកមានបំណងអ្វី?»។ ភ្លាមនោះ ខ្ញុំបានអធិដ្ឋានទៅព្រះនៃស្ថានសួគ៌។+ ៥ រួចខ្ញុំក៏តបទៅស្ដេចវិញថា៖ «បើស្ដេចជាម្ចាស់ប្រណីមេត្តាចំពោះខ្ញុំ ហើយបើលោកមិនយល់ទាស់ទេ សូមលោកចាត់ខ្ញុំឲ្យទៅស្រុកយូដា គឺទៅក្រុងដែលជាកន្លែងបញ្ចុះសពបុព្វបុរសរបស់ខ្ញុំ ដើម្បីខ្ញុំអាចសង់ក្រុងនោះឡើងវិញ»។+ ៦ បន្ទាប់មក ស្ដេចបានសួរខ្ញុំថា៖ «តើអ្នកទៅរយៈពេលប៉ុន្មាន ហើយត្រឡប់មកវិញនៅពេលណា?»។ ក្រោយនោះ ស្ដេចបានអនុញ្ញាតឲ្យខ្ញុំទៅ+ ហើយខ្ញុំកំណត់ថ្ងៃឲ្យស្ដេចជ្រាប។+ ពេលនោះ អគ្គមហេសីក៏អង្គុយនៅជិតស្ដេចដែរ។
៧ រួចមក ខ្ញុំបានស្នើសុំស្ដេចថា៖ «បើស្ដេចជាម្ចាស់មិនយល់ទាស់ទេ សូមលោកចេញលិខិតសម្រាប់ពួកអភិបាលនៅតំបន់ខាងនាយទន្លេអឺប្រាត+ ដើម្បីឲ្យពួកគេអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរឆ្លងកាត់ទៅដល់ស្រុកយូដាដោយសុវត្ថិភាព។ ៨ បន្ថែមទៅទៀត សូមស្ដេចជាម្ចាស់ចេញលិខិតដល់អេសាភជាអ្នកមើលថែឧទ្យាន*របស់លោក ដើម្បីឲ្យគាត់ផ្ដល់ឈើដល់ខ្ញុំសម្រាប់សង់ទ្វារបន្ទាយ+នៃវិហារ សម្រាប់សង់កំពែងក្រុង+ ហើយសម្រាប់សង់ផ្ទះដែលខ្ញុំត្រូវស្នាក់នៅ»។ ដូច្នេះ ស្ដេចក៏ចេញលិខិតទាំងនោះឲ្យខ្ញុំ+ ព្រោះព្រះរបស់ខ្ញុំបានជួយខ្ញុំ។+
៩ មួយរយៈក្រោយមក ខ្ញុំបានទៅជួបពួកអភិបាលនៅតំបន់ខាងនាយទន្លេអឺប្រាត រួចប្រគល់លិខិតរបស់ស្ដេចឲ្យដល់ពួកគេ។ ស្ដេចក៏បានចាត់មេទ័ពខ្លះនិងពលសេះឲ្យមកជាមួយនឹងខ្ញុំដែរ។ ១០ ប៉ុន្តែ ពេលសានបាឡាត+ជាអ្នកក្រុងបេតហូរ៉ុន និងថូបៀ+ជាមន្ត្រីជនជាតិអាំម៉ូន+ ឮថាមានអ្នកណាម្នាក់មកជួយជ្រោមជ្រែងជនជាតិអ៊ីស្រាអែល ពួកគេមិនពេញចិត្តទាល់តែសោះ។
១១ ទីបំផុត ខ្ញុំក៏បានមកដល់ក្រុងយេរូសាឡិម ហើយនៅទីនោះអស់បីថ្ងៃ។ ១២ រួចមក ខ្ញុំបានក្រោកឡើងទាំងយប់ ហើយបាននាំបុរសមួយចំនួនទៅជាមួយ ដោយមិនប្រាប់អ្នកណាអំពីអ្វីដែលព្រះបានជំរុញចិត្តខ្ញុំឲ្យធ្វើនៅក្រុងយេរូសាឡិមទេ ហើយខ្ញុំក៏មិនបាននាំសត្វណាទៅជាមួយនឹងខ្ញុំដែរ លើកលែងតែសត្វដែលខ្ញុំជិះប៉ុណ្ណោះ។ ១៣ ខ្ញុំបានធ្វើដំណើរទាំងយប់តាមទ្វារច្រកភ្នំ+ កាត់តាមទ្វារប្រភពទឹកពស់ធំ តម្រង់ទៅទ្វារសំរាម។+ ពេលនោះ ខ្ញុំបានពិនិត្យមើលកំពែងក្រុងដែលបាក់បែក និងទ្វារទាំងប៉ុន្មានដែលបានឆេះ។+ ១៤ រួចមក ខ្ញុំធ្វើដំណើរឆ្ពោះទៅទ្វារក្បាលទឹក+ និងអាងទឹកស្ដេច តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះ ដើរទៅមុខទៀតបានឡើយ។ ១៥ ប៉ុន្តែ ខ្ញុំនៅតែបន្តដំណើរតាមជ្រលងភ្នំ+ទាំងយប់ ដើម្បីពិនិត្យមើលកំពែងក្រុងតទៅទៀត ហើយខ្ញុំបានត្រឡប់មកវិញតាមទ្វារច្រកភ្នំ។
១៦ ពួកអ្នកគ្រប់គ្រងបន្ទាប់+ មិនបានដឹងថាខ្ញុំទៅកន្លែងណាឬធ្វើអ្វីទេ ព្រោះខ្ញុំមិនទាន់ប្រាប់អ្នកណាម្នាក់ឡើយ។ សូម្បីតែពួកយូដា ពួកសង្ឃ ពួកអ្នកដឹកនាំ ឬពួកអ្នកសាងសង់ ក៏មិនបានដឹងដែរ។ ១៧ ក្រោយមក ខ្ញុំបានប្រាប់ពួកគេថា៖ «ដូចអ្នករាល់គ្នាឃើញស្រាប់ហើយថា យើងកំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាក ព្រោះក្រុងយេរូសាឡិមបានបាក់បែក ហើយទ្វារក្រុងក៏បានឆេះអស់ដែរ។ ដូច្នេះ ចូរយើងនាំគ្នាសង់កំពែងក្រុងយេរូសាឡិមឡើងវិញ ដើម្បីកុំឲ្យយើងអាម៉ាស់មុខតទៅទៀត»។ ១៨ បន្ទាប់មក ខ្ញុំប្រាប់ពួកគេអំពីរបៀបដែលព្រះបានជួយខ្ញុំ+ និងអំពីអ្វីដែលស្ដេចបាននិយាយមកកាន់ខ្ញុំ។+ ពេលស្ដាប់រួច ពួកគេក៏និយាយថា៖ «ចូរយើងនាំគ្នាសាងសង់!»។ យ៉ាងនេះ ពួកគេបានពង្រឹងកម្លាំងចិត្តគ្នាដើម្បីធ្វើកិច្ចការនោះ។+
១៩ ប៉ុន្តែ ក្រោយពីសានបាឡាតជាអ្នកក្រុងបេតហូរ៉ុន និងថូបៀ+ជាមន្ត្រីជនជាតិអាំម៉ូន+ ព្រមទាំងកេសឹមជាជនជាតិអារ៉ាប់+ បានឮអំពីរឿងនេះ ពួកគេបានចំអក+មើលងាយយើង ហើយសួរយើងថា៖ «តើពួកឯងរាល់គ្នាកំពុងធ្វើអ្វី? តើកំពុងបះបោរប្រឆាំងនឹងស្ដេចឬ?»។+ ២០ ប៉ុន្តែ ខ្ញុំបានតបឆ្លើយទៅវិញថា៖ «ព្រះនៃស្ថានសួគ៌គឺជាអ្នកដែលនឹងជួយយើងសម្រេចកិច្ចការនេះ។+ យើងដែលជាអ្នកបម្រើលោក នឹងនាំគ្នាសាងសង់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិនៅក្រុងយេរូសាឡិមទេ ហើយក៏គ្មានអ្វីដើម្បីរំលឹកអំពីអ្នករាល់គ្នាដែរ»។+
៣ គ្រានោះ អេឡាយអាស៊ីប+ជាសម្ដេចសង្ឃនិងសង្ឃឯទៀតជាបងប្អូនគាត់ បានចាប់ផ្ដើមសង់ទ្វារចៀម+ រួចក៏ដាក់ផ្ទាំងសន្លឹកទ្វារ។ ពួកគេបានញែកទ្វារនោះទុកសម្រាប់កិច្ចបម្រើព្រះ+ ចាប់ពីទីនោះរហូតដល់ប៉មម៉េអា+ និងរហូតដល់ប៉មហាណានៀល។+ ២ នៅក្បែរពួកគេ មានអ្នកក្រុងយេរីខូ+សង់ផ្នែកមួយទៀត។ នៅក្បែរនោះ មានសាកឺជាកូនអ៊ីមរ៉ាយសង់ផ្នែកមួយទៀត។
៣ ឯកូនចៅហាសសេណេអា ពួកគេសង់ទ្វារត្រី។+ រួចមក ពួកគេដាក់ធ្នឹមទ្វារ+ ផ្ទាំងសន្លឹកទ្វារ គន្លឹះ និងរនុក។ ៤ នៅក្បែរពួកគេ មានមេរេម៉ត+ជាកូន*យូរ៉ាយ៉ា ត្រូវជាចៅហាក់កូសធ្វើការជួសជុល។ នៅក្បែរគាត់ មានមេស៊ូឡាម+ជាកូនបេរេគា ត្រូវជាចៅមេសេសាបេលធ្វើការជួសជុល។ នៅក្បែរគាត់ មានសេដុកជាកូនបាអាណាធ្វើការជួសជុល។ ៥ នៅក្បែរគាត់ មានអ្នកក្រុងថេកូអា+ធ្វើការជួសជុល។ ប៉ុន្តែ ពួកបុរសដែលមានត្រកូលខ្ពង់ខ្ពស់ មិនបានបន្ទាបខ្លួនជួយកិច្ចការសាងសង់ជាមួយនឹងមេក្រុមរបស់ពួកគេឡើយ។
៦ ឯយ៉ូយ៉ាដាជាកូនផាសេអា និងមេស៊ូឡាមជាកូនបេសូឌា ពួកគេជួសជុលទ្វារក្រុងចាស់+ រួចដាក់ធ្នឹមទ្វារ ផ្ទាំងសន្លឹកទ្វារ គន្លឹះ និងរនុក។ ៧ នៅក្បែរពួកគេ មានមេឡាធាជាអ្នកក្រុងគីបៀន+ និងយ៉ាដុនជាអ្នកក្រុងមេរ៉ូណូតធ្វើការជួសជុល។ បុរសក្រុងគីបៀន និងបុរសក្រុងមីសប៉ា+ ធ្វើការនៅក្រោមអំណាចរបស់អភិបាលតំបន់ខាងនាយទន្លេអឺប្រាត។+ ៨ នៅក្បែរពួកគេ មានអូសៀលជាកូនហាហៃយ៉ាដែលជាជាងមាស គាត់ធ្វើការជួសជុល។ នៅក្បែរគាត់ មានហាណានាដែលជាអ្នកលាយគ្រឿងក្រអូបធ្វើការជួសជុល។ ពួកគាត់បានក្រាលថ្មនៅក្រុងយេរូសាឡិមរហូតដល់កំពែងធំ។+ ៩ នៅក្បែរពួកគាត់ មានរេផាយ៉ាជាកូនហឺរ ដែលជាអ្នកគ្រប់គ្រងតំបន់ក្រុងយេរូសាឡិមពាក់កណ្ដាលធ្វើការជួសជុល។ ១០ នៅក្បែរគាត់ មានយេដាយយ៉ាដែលជាកូនហារ៉ូម៉ាប ជួសជុលផ្នែកនៅខាងមុខផ្ទះគាត់។ នៅក្បែរគាត់ មានហាធូសជាកូនហាសាបនៀធ្វើការជួសជុល។
១១ ឯម៉ាលខាយយ៉ាជាកូនហារីម+ និងហាសស៊ូបជាកូនផាហាតម៉ូអាប់+ ពួកគាត់បានជួសជុលផ្នែកផ្សេងទៀត រួមទាំងប៉មឡនំប៉័ងផងដែរ។+ ១២ នៅក្បែរពួកគាត់ មានសាលូមជាកូនហាឡូហេស គាត់ជាអ្នកគ្រប់គ្រងតំបន់ក្រុងយេរូសាឡិមពាក់កណ្ដាល។ គាត់និងកូនស្រីៗរបស់គាត់ក៏ធ្វើការជួសជុលដែរ។
១៣ ឯហានុននិងអ្នកក្រុងសាណូអា+ បានជួសជុលទ្វារច្រកភ្នំ។+ រួចពួកគេដាក់ផ្ទាំងសន្លឹកទ្វារ គន្លឹះ និងរនុក។ ពួកគេជួសជុលកំពែងប្រវែង១.០០០ហត្ថ* រហូតដល់ទ្វារសំរាម។+ ១៤ ចំណែកម៉ាលខាយយ៉ាជាកូនរេកាប គាត់ជាអ្នកគ្រប់គ្រងនៅតំបន់បេតហាកេរែម+ ហើយគាត់បានជួសជុលទ្វារសំរាម។ រួចគាត់បានដាក់ផ្ទាំងសន្លឹកទ្វារ គន្លឹះ និងរនុក។
១៥ រីឯសាលូនជាកូនកុលហូសេ គាត់ជាអ្នកគ្រប់គ្រងតំបន់មីសប៉ា+ ហើយគាត់បានជួសជុលទ្វារក្បាលទឹក+និងដំបូល រួចបានដាក់ផ្ទាំងសន្លឹកទ្វារ គន្លឹះ និងរនុក។ គាត់ក៏បានជួសជុលកំពែងអាងសេឡា*+ក្បែរសួនច្បារស្ដេច+ រហូតដល់ជណ្ដើរ+ចុះមកពីក្រុងដាវីឌ។+
១៦ នៅក្បែរគាត់ មាននេហេមាជាកូនអាសប៊ូក គាត់ជាអ្នកគ្រប់គ្រងតំបន់ក្រុងបេតស៊ើ+ពាក់កណ្ដាល ហើយគាត់បានជួសជុលចាប់ពីខាងមុខទីបញ្ចុះសពវង្សត្រកូលដាវីឌ+ រហូតដល់អាងទឹក+ ហើយរហូតដល់ផ្ទះរបស់ពួកអ្នកខ្លាំងពូកែ។
១៧ នៅក្បែរគាត់ មានពួកលេវីមួយចំនួនធ្វើការជួសជុល គឺរេហមជាកូនបាណាយ និងហាសាបៀជាអ្នកគ្រប់គ្រងក្រុងកៃឡាពាក់កណ្ដាល។+ ១៨ បន្ទាប់មក មានបងប្អូនរបស់ពួកគេគឺបាវ៉ាយជាកូនហេណាដាត គាត់ជាអ្នកគ្រប់គ្រងក្រុងកៃឡាពាក់កណ្ដាល។
១៩ នៅក្បែរពួកគេ មានអេសឺជាកូនយេសួ+ គាត់ជាអ្នកគ្រប់គ្រងក្រុងមីសប៉ា ហើយគាត់បានជួសជុលផ្នែកមួយទៀតដែលនៅទល់មុខផ្លូវឡើងទៅឃ្លាំងគ្រឿងសស្ដ្រាវុធ ត្រង់សសរទ្រ។+
២០ នៅក្បែរគាត់ មានបារូកជាកូនសាបាយ+ ហើយគាត់ជួសជុលផ្នែកមួយទៀតយ៉ាងស្វាហាប់ ចាប់ពីសសរទ្រ រហូតដល់ទ្វារចូលផ្ទះរបស់អេឡាយអាស៊ីប+ជាសម្ដេចសង្ឃ។
២១ នៅក្បែរគាត់ មានមេរេម៉ត+ជាកូនយូរ៉ាយ៉ា ត្រូវជាចៅហាក់កូស គាត់បានជួសជុលផ្នែកមួយទៀត ចាប់ពីទ្វារចូលផ្ទះរបស់អេឡាយអាស៊ីប រហូតដល់ផុតពីផ្ទះនោះ។
២២ នៅក្បែរគាត់ មានពួកសង្ឃដែលមកពីតំបន់ទន្លេយ៉ូដាន់+ធ្វើការជួសជុល។ ២៣ នៅក្បែរពួកគេ មានបេនយ៉ាមីននិងហាសស៊ូប ពួកគេបានជួសជុលកំពែងនៅផ្នែកខាងមុខផ្ទះរបស់ពួកគេ។ នៅក្បែរពួកគេ មានអាសារៀជាកូនម៉ាអាសៀ ត្រូវជាចៅអាណានៀ ជួសជុលនៅផ្នែកជិតផ្ទះរបស់គាត់។ ២៤ នៅក្បែរគាត់ មានប៊ីននូអាយជាកូនហេណាដាត គាត់បានជួសជុលផ្នែកមួយទៀត ចាប់ពីផ្ទះរបស់អាសារៀ រហូតដល់សសរទ្រ+ ហើយរហូតដល់ជ្រុងកំពែង។
២៥ នៅក្បែរគាត់ មានផាឡាលជាកូនយូសាយ គាត់បានជួសជុលផ្នែកខាងមុខសសរទ្រ និងប៉មដែលលយចេញពីវិមានស្ដេច+ គឺផ្នែកខាងលើជិតទីធ្លាអ្នកយាម។+ នៅក្បែរគាត់ មានភេដាយ៉ាជាកូនផារូសធ្វើការជួសជុល។+
២៦ ឯពួកអ្នកបម្រើនៅវិហារ+ដែលស្នាក់នៅអូផែល+ ពួកគេបានជួសជុលរហូតដល់ខាងមុខទ្វារទឹក+នៅប៉ែកខាងកើត និងប៉មដែលលយចេញពីកំពែង។
២៧ នៅក្បែរពួកគេ មានអ្នកក្រុងថេកូអា+ ពួកគេបានជួសជុលផ្នែកមួយទៀត ចាប់ពីខាងមុខប៉មធំដែលលយចេញពីកំពែង រហូតដល់កំពែងអូផែល។
២៨ ឯពួកសង្ឃ ពួកគេបានជួសជុលប៉ែកខាងលើទ្វារសេះ+ ហើយពួកគេម្នាក់ៗជួសជុលនៅផ្នែកខាងមុខផ្ទះរបស់ខ្លួន។
២៩ នៅក្បែរពួកគេ មានសេដុក+ជាកូនអ៊ីមមឺ គាត់បានជួសជុលផ្នែកខាងមុខផ្ទះរបស់ខ្លួន។
នៅក្បែរគាត់ មានសិមម៉ាយ៉ាជាកូនសេកានៀ ជាអ្នកយាមទ្វារខាងកើត+ គាត់បានជួយជួសជុលដែរ។
៣០ នៅក្បែរគាត់ មានហាណានាជាកូនសេលេមៀ និងហានុនជាកូនទី៦របស់សេឡាប ពួកគេបានជួសជុលផ្នែកមួយទៀត។
នៅក្បែរពួកគេ មានមេស៊ូឡាម+ជាកូនបេរេគា គាត់បានជួសជុលខាងមុខសាលរបស់គាត់។
៣១ នៅក្បែរគាត់ មានម៉ាលខាយយ៉ាជាជាងមាស គាត់បានជួសជុលរហូតដល់ផ្ទះរបស់ពួកអ្នកបម្រើនៅវិហារ+ និងផ្ទះរបស់ពួកអ្នកជំនួញ គឺខាងមុខទ្វារត្រួតពិនិត្យ ហើយរហូតដល់បន្ទប់ដំបូលនៃជ្រុងកំពែង។
៣២ នៅផ្នែកចន្លោះពីបន្ទប់ដំបូលនៃជ្រុងកំពែងទៅទ្វារចៀម+ ពួកជាងមាសនិងពួកអ្នកជំនួញបានជួយធ្វើការជួសជុលផងដែរ។
៤ ក្រោយពីសានបាឡាត+បានឮថាយើងកំពុងសាងសង់កំពែងឡើងវិញ គាត់ទើសចិត្ត និងខឹងយ៉ាងខ្លាំង ហើយចេះតែចំអកមើលងាយពួកយូដា។ ២ គាត់បាននិយាយមើលងាយពួកយូដានៅមុខបងប្អូនរបស់គាត់ និងនៅមុខទ័ពសាម៉ារីថា៖ «តើពួកយូដាកម្សោយនេះកំពុងធ្វើអ្វី? តើពួកគេមានលទ្ធភាពធ្វើកិច្ចការនេះដោយខ្លួនគេឬ? តើពួកគេអាចជូនគ្រឿងបូជាដល់ព្រះរបស់ខ្លួនបានឬ? តើពួកគេស្មានថាខ្លួននឹងបង្ហើយកិច្ចការនេះក្នុងមួយថ្ងៃឬ? តើពួកគេអាចយកដុំថ្មដែលឆេះខ្ទេចខ្ទីពីគំនរបាក់បែកមកប្រើការឡើងវិញបានឬ?»។+
៣ ឯថូបៀ+ដែលជាជនជាតិអាំម៉ូន+ គាត់ឈរនៅក្បែរសានបាឡាត ហើយនិយាយបន្ថែមថា៖ «បើកញ្ជ្រោងឡើងលើកំពែងដែលពួកគេកំពុងសង់ កំពែងនោះច្បាស់ជារលំបាក់បែកមិនខាន»។
៤ ដូច្នេះ ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះនៃយើងខ្ញុំអើយ! សូមលោកស្ដាប់ផង ព្រោះពួកគេកំពុងមើលងាយយើងខ្លាំងណាស់។+ សូមឲ្យពាក្យមើលងាយនោះធ្លាក់ទៅលើពួកគេវិញទៅ+ ហើយឲ្យពួកគេរងការវាយលុក និងត្រូវចាប់យកទៅធ្វើជាឈ្លើយចុះ។ ៥ សូមកុំភ្លេចទោសកំហុសនិងអំពើខុសឆ្គងរបស់ពួកគេឡើយ+ ព្រោះពួកគេបានមើលងាយពួកអ្នកសាងសង់របស់លោក»។
៦ ក្រោយនោះ យើងបន្តសាងសង់កំពែងទាំងមូលជុំវិញរហូតដល់រួចរាល់ និងដល់កម្ពស់ពាក់កណ្ដាល ហើយបណ្ដាជននៅតែខ្នះខ្នែងធ្វើការយ៉ាងអស់ពីចិត្ត។
៧ ឯសានបាឡាត ថូបៀ+ និងពួកអារ៉ាប់+ ជនជាតិអាំម៉ូន និងពួកអាសូតវិញ+ ពួកគេខឹងយ៉ាងខ្លាំង ក្រោយពីឮថាកិច្ចការសាងសង់កំពុងជឿនទៅមុខ ហើយប្រឡោះជាច្រើនបានត្រូវបិទភ្ជិត។ ៨ ដូច្នេះ ពួកគេបានប្រឹក្សាគ្នាមកច្បាំងនឹងក្រុងយេរូសាឡិម ដើម្បីបង្កភាពវឹកវរនៅក្នុងក្រុងនោះ។ ៩ ប៉ុន្តែ យើងបានអធិដ្ឋានទៅព្រះនៃយើង ហើយដាក់អ្នកយាមឲ្យយាមទាំងយប់ទាំងថ្ងៃ។
១០ ទោះជាដូច្នោះក្ដី បណ្ដាជនយូដានាំគ្នានិយាយថា៖ «កម្លាំងរបស់ពួកអ្នកលីសែងកាន់តែខ្សោយទៅៗ ហើយថ្មបាក់បែកក៏មានច្រើនណាស់ដែរ។ យើងច្បាស់ជាមិនអាចសង់កំពែងនេះឡើងវិញបានទេ»។
១១ រីឯសត្រូវយើងវិញ ពួកគេនិយាយម្ដងហើយម្ដងទៀតថា៖ «មុនពួកគេដឹងខ្លួន យើងនឹងលបចូលទៅក្នុងចំណោមពួកគេ ហើយសម្លាប់ពួកគេចោលដើម្បីបញ្ឈប់កិច្ចការសាងសង់នោះ»។
១២ ឯពួកយូដាដែលរស់នៅជិតពួកសត្រូវវិញ រាល់លើកពេលដែលពួកគេធ្វើដំណើរមក ពួកគេតែងតែប្រាប់យើងថា៖ «ពួកសត្រូវនឹងមកវាយប្រហារយើងពីគ្រប់ទិសទី»។
១៣ ដូច្នេះ ខ្ញុំបានដាក់ពួកបុរសខ្លះតាមវង្សត្រកូលរបស់ពួកគេ ឲ្យឈរយាមនៅទីធ្លាទាបៗក្រោយកំពែង ដោយកាន់ដាវ កាន់ធ្នូ និងលំពែង។ ១៤ ពេលខ្ញុំឃើញពួកអ្នកដឹកនាំ+ ពួកអ្នកគ្រប់គ្រងបន្ទាប់ និងបណ្ដាជនទាំងអស់ភ័យខ្លាច ខ្ញុំក៏ចូលទៅលើកទឹកចិត្តពួកគេថា៖ «ចូរកុំខ្លាចពួកគេឡើយ។+ ចូរចាំថាព្រះយេហូវ៉ា គឺជាព្រះដ៏ខ្ពង់ខ្ពស់និងគួរឲ្យកោតស្ងើច។+ ដូច្នេះ ចូរច្បាំងការពារបងប្អូន ប្រពន្ធកូន និងផ្ទះសម្បែងរបស់អ្នករាល់គ្នាចុះ»។
១៥ ចំណែកពួកសត្រូវ ពួកគេបានឮថាយើងដឹងអំពីគម្រោងការរបស់ពួកគេ ហើយពួកគេក៏បានឮថាព្រះពិតបានបំផ្លាញគម្រោងនោះដែរ។ ក្រោយមក យើងទាំងអស់គ្នាក៏បន្តសាងសង់កំពែងតទៅទៀត។ ១៦ ចាប់ពីថ្ងៃនោះមក ពួកបុរសរបស់ខ្ញុំពាក់កណ្ដាលធ្វើការ+ ហើយពាក់កណ្ដាលទៀតឈរចាំយាម ដោយពាក់អាវក្រោះទាំងកាន់លំពែង ខែល និងធ្នូ។ ឯពួកអ្នកគ្រប់គ្រង+ ពួកគេគាំទ្រ*ពួកយូដា ១៧ ដែលកំពុងសាងសង់កំពែង។ ចំណែកពួកអ្នកលីសែង ពួកគេធ្វើការដៃម្ខាង ហើយកាន់អាវុធដៃម្ខាង។ ១៨ ពួកអ្នកសាងសង់ទាំងអស់សុទ្ធតែមានដាវក្រវាត់នៅចង្កេះ កាលដែលកំពុងធ្វើការ។ ឯអ្នកផ្លុំត្រែ+ គាត់ឈរនៅជិតខ្ញុំ។
១៩ បន្ទាប់មក ខ្ញុំបាននិយាយទៅកាន់ពួកអ្នកដឹកនាំ ពួកអ្នកគ្រប់គ្រងបន្ទាប់ និងបណ្ដាជនទាំងអស់ថា៖ «កំពែងដែលយើងត្រូវសង់គឺធំនិងមានប្រវែងវែងទៀត ហើយយើងត្រូវធ្វើការនៅកន្លែងឆ្ងាយៗពីគ្នា។ ២០ ដូច្នេះ ពេលណាអ្នករាល់គ្នាឮសំឡេងផ្លុំត្រែ ចូរមូលគ្នាមកឯខ្ញុំ។ ព្រះរបស់យើងនឹងច្បាំងជំនួសយើង»។+
២១ យ៉ាងនេះ ពួកយើងពាក់កណ្ដាលធ្វើការ ហើយពាក់កណ្ដាលទៀតឈរកាន់លំពែង។ ពួកយើងធ្វើដូច្នេះ តាំងពីព្រលឹមរហូតដល់យប់។ ២២ នៅពេលនោះ ខ្ញុំបាននិយាយទៅកាន់បណ្ដាជនថា៖ «នៅពេលយប់ ចូរឲ្យពួកបុរសទាំងអស់សម្រាកក្នុងក្រុងយេរូសាឡិមជាមួយនឹងពួកអ្នកបម្រើរបស់ពួកគេចុះ។ ពួកគេត្រូវធ្វើការនៅពេលថ្ងៃ ហើយដាក់វេនគ្នាយាមនៅពេលយប់»។ ២៣ ដូច្នេះ ខ្ញុំនិងបងប្អូនខ្ញុំ ព្រមទាំងពួកអ្នកបម្រើរបស់ខ្ញុំ+ និងពួកអ្នកយាមដែលតាមខ្ញុំ ពួកយើងមិនបានប្ដូរសម្លៀកបំពាក់ទេ ហើយយើងគ្រប់គ្នាកាន់អាវុធនៅដៃស្ដាំជានិច្ច។
៥ នៅគ្រានោះ បណ្ដាជនយូដាមួយចំនួនធំនិងប្រពន្ធរបស់ពួកគេ បានស្រែកតវ៉ានឹងពួកយូដាឯទៀត។+ ២ អ្នកខ្លះបាននិយាយថា៖ «គ្រួសារយើងមានគ្នាច្រើនណាស់ យើងត្រូវការអាហារដើម្បីរស់»។ ៣ អ្នកខ្លះទៀតនិយាយថា៖ «ក្នុងអំឡុងពេលដែលមានការអត់ឃ្លាន យើងបានបញ្ចាំស្រែចម្ការនិងផ្ទះសម្បែង ដើម្បីទិញអាហារ»។ ៤ ឯអ្នកខ្លះទៀតបាននិយាយថា៖ «យើងបានបញ្ចាំស្រែចម្ការដើម្បីបានប្រាក់បង់ពន្ធជូនស្ដេច។+ ៥ យើងសុទ្ធតែជាប់សាច់ឈាមគ្នា ហើយកូនរបស់យើងក៏ដូចជាកូនរបស់ពួកគេដែរ។ ប៉ុន្តែ យើងបែរជាត្រូវបង្ខំចិត្តឲ្យកូនរបស់យើងទៅបម្រើគេវិញ ការពិតកូនស្រីខ្លះរបស់យើងកំពុងបម្រើគេរួចហើយ។+ យើងគ្មានលទ្ធភាពបញ្ឈប់រឿងនេះទេ ព្រោះស្រែចម្ការយើងបានទៅជាកម្មសិទ្ធិរបស់គេអស់ហើយ»។
៦ ពេលខ្ញុំឮការតវ៉ានោះ ខ្ញុំខឹងខ្លាំងណាស់។ ៧ ខ្ញុំបានពិចារណាអំពីរឿងនោះ ហើយស្ដីបន្ទោសពួកអ្នកដឹកនាំនិងពួកអ្នកគ្រប់គ្រងបន្ទាប់ថា៖ «អ្នករាល់គ្នាយកការប្រាក់ពីបងប្អូនខ្លួនបែបនេះឬ?»។+
ក្រោយមក ខ្ញុំបានរៀបចំឲ្យមានការប្រជុំធំមួយដើម្បីដោះស្រាយរឿងនេះ។ ៨ ខ្ញុំបាននិយាយទៅកាន់ពួកគេថា៖ «យើងខំព្យាយាមលោះជនជាតិយូដាដែលជាបងប្អូនយើងដែលបានត្រូវលក់ឲ្យប្រជាជាតិផ្សេងៗ តែឥឡូវអ្នករាល់គ្នាបែរជាលក់បងប្អូនខ្លួនទៅវិញ។+ តើយើងត្រូវលោះពួកគេម្ដងទៀតឬ?»។ ពួកគេបាននៅស្ងៀមមិននិយាយអ្វីមួយម៉ាត់សោះ។ ៩ ខ្ញុំនិយាយថែមទៀតថា៖ «អ្នករាល់គ្នាធ្វើដូច្នោះគឺមិនត្រឹមត្រូវទេ។ អ្នករាល់គ្នាគួរតែបង្ហាញថាខ្លួនកោតខ្លាចព្រះ+ ដោយដើរតាមផ្លូវរបស់លោក ដើម្បីកុំឲ្យជនជាតិដទៃដែលជាសត្រូវ មានហេតុមើលងាយយើង មែនទេ? ១០ ចំណែកខ្ញុំ បងប្អូនខ្ញុំ និងពួកអ្នកបម្រើរបស់ខ្ញុំ ក៏បានឲ្យប្រាក់និងស្រូវទៅពួកគេខ្ចីដែរ។ សូមអ្នករាល់គ្នាឈប់ទារការប្រាក់ពីបងប្អូនយើងទៀតទៅ។+ ១១ នៅថ្ងៃនេះ សូមឲ្យដីស្រែ និងផ្ទះសម្បែង រួមទាំងចម្ការទំពាំងបាយជូរ និងចម្ការអូលីវទៅពួកគេវិញទៅ។+ បន្ថែមទៅទៀត សូមសងការមួយភាគរយនៃអ្វីៗដែលអ្នកបានទារពីពួកគេ ឲ្យទៅពួកគេវិញដែរ ទោះជាប្រាក់ ស្រូវ ស្រា និងប្រេងក៏ដោយ»។
១២ ក្រោយស្ដាប់រួច ពួកគេបានសន្យាថា៖ «យើងនឹងធ្វើតាមបង្គាប់ទាំងអស់របស់អ្នក ដោយប្រគល់របស់របរទាំងនោះទៅពួកគេវិញ ហើយក៏មិនទាមទារអ្វីពីពួកគេទៀតដែរ»។ ដូច្នេះ ខ្ញុំបានហៅពួកសង្ឃមក ហើយឲ្យពួកអ្នកដែលធ្វើខុស ស្បថថាខ្លួននឹងធ្វើតាមពាក្យសន្យា។ ១៣ រួចមក ខ្ញុំបានរលាស់ថ្នក់អាវរបស់ខ្ញុំនៅមុខពួកគេ ហើយនិយាយថា៖ «បើអ្នកណាមិនគោរពតាមពាក្យសន្យានេះទេ សូមឲ្យព្រះពិតធ្វើឲ្យពួកគេបាត់បង់ទ្រព្យសម្បត្តិនិងផ្ទះសម្បែងអស់រលីង ដូចជាការរលាស់ថ្នក់អាវនេះដែរ»។ ដូច្នេះ ពួកអ្នកដែលមានវត្តមាន*នៅទីនោះឆ្លើយថា៖ «អាមេន!»។* រួចពួកគេសរសើរតម្កើងព្រះយេហូវ៉ា ហើយក៏ធ្វើតាមពាក្យសន្យារបស់ពួកគេ។
១៤ តាំងពីថ្ងៃដែលខ្ញុំទទួលភារកិច្ចជាអភិបាល+នៅស្រុកយូដា គឺនៅឆ្នាំទី២០+ដល់ឆ្នាំទី៣២+នៃរាជ្យអើថាស៊ើកសេស+ អស់រយៈពេល១២ឆ្នាំ ខ្ញុំនិងបងប្អូនខ្ញុំមិនបានបរិភោគរបបអាហារដែលជាចំណែករបស់អភិបាលឡើយ។+ ១៥ ប៉ុន្តែ ពួកអភិបាលដែលនៅមុនៗខ្ញុំបានដាក់បន្ទុកលើបណ្ដាជន ដោយទារពួកគេនូវប្រាក់៤០ហ្សេគិល* សម្រាប់របបអាហារនិងស្រារៀងរាល់ថ្ងៃ។ ពួកអ្នកបម្រើរបស់ពួកគេក៏គាបសង្កត់បណ្ដាជនដែរ។ ប៉ុន្តែ ខ្ញុំមិនបានធ្វើដូច្នោះទេ+ ព្រោះខ្ញុំកោតខ្លាចព្រះ។+
១៦ ខ្ញុំនិងពួកអ្នកបម្រើខ្ញុំក៏បានចូលរួមសាងសង់កំពែងដែរ តែពួកយើងមិនបានទទួលដីស្រែទេ។+ ១៧ អស់អ្នកដែលបរិភោគអាហារជាមួយនឹងខ្ញុំ មានពួកយូដាចំនួន១៥០នាក់ ព្រមទាំងពួកអ្នកគ្រប់គ្រងបន្ទាប់ និងពួកអ្នកដែលមកពីប្រជាជាតិនានា។ ១៨ ជារៀងរាល់ថ្ងៃ ខ្ញុំឲ្យគេរៀបចំគោឈ្មោល១ក្បាល ចៀមល្អៗ៦ក្បាល និងសត្វស្លាបឯទៀតផងដែរ។ រៀងរាល់១០ថ្ងៃ យើងមានស្រាជាច្រើនគ្រប់ប្រភេទ។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំមិនបានទាមទាររបបអាហារដែលជាចំណែករបស់អភិបាលទេ ព្រោះបណ្ដាជនមានភារៈពីស្ដេចរួចហើយ។ ១៩ ដូច្នេះ ខ្ញុំក៏អធិដ្ឋានទៅព្រះថា៖ «ឱព្រះខ្ញុំអើយ! សូមលោកឲ្យពរខ្ញុំផង ហើយសូមកុំភ្លេចអ្វីៗដែលខ្ញុំបានធ្វើសម្រាប់បណ្ដាជនទាំងនេះ»។+
៦ មិនយូរក្រោយមក សានបាឡាត ថូបៀ+ និងកេសឹមជាជនជាតិអារ៉ាប់+ ព្រមទាំងពួកសត្រូវឯទៀត បានឮថាខ្ញុំសង់កំពែងឡើងវិញ+ ហើយប្រឡោះប្រហោងទាំងអស់ក៏បានត្រូវបិទភ្ជិតដែរ (ទោះជាពេលនោះខ្ញុំមិនទាន់ដាក់ផ្ទាំងសន្លឹកទ្វារនៅឡើយក្ដី)។+ ២ ភ្លាមនោះ សានបាឡាតនិងកេសឹមបានផ្ញើសារមកខ្ញុំថា៖ «សូមអញ្ជើញមក ហើយយើងនឹងកំណត់ពេលមួយដើម្បីជួបគ្នានៅភូមិក្នុងជ្រលងវាលអូណូ»។+ តាមពិត ពួកគេបានរៀបគម្រោងដើម្បីធ្វើបាបខ្ញុំទេ។ ៣ ដូច្នេះ ខ្ញុំបានផ្ញើសារទៅវិញថា៖ «ខ្ញុំជាប់រវល់នឹងកិច្ចការសំខាន់ណាស់ មិនអាចទៅជួបអ្នកបានទេ។ បើខ្ញុំទៅជួបអ្នក ការងារនោះច្បាស់ជាត្រូវផ្អាកមិនខាន»។ ៤ ពួកគេបានផ្ញើសារដូចនោះបួនដង ហើយខ្ញុំបានតបឆ្លើយដោយពាក្យដដែលទៅពួកគេវិញរាល់ដង។
៥ បន្ទាប់មក សានបាឡាតបានផ្ញើសារដូចគ្នាជាលើកទី៥ ហើយឲ្យអ្នកបម្រើគាត់កាន់សំបុត្របើកចំហយកមកឲ្យខ្ញុំ។ ៦ សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «ប្រជាជាតិនានាបាននាំគ្នានិយាយថា អ្នកនិងជនជាតិយូដាមានបំណងបះបោរ។+ ហេតុនេះហើយបានជាអ្នករាល់គ្នាបានសាងសង់កំពែង។ ឯកេសឹម+ក៏យល់ស្របនឹងនោះដែរ។ យើងថែមទាំងឮដំណឹងថា អ្នកមានបំណងធ្វើជាស្ដេចទៀតផង។ ៧ បន្ថែមទៀត អ្នកបានតែងតាំងពួកអ្នកប្រកាសទំនាយឲ្យទៅប្រកាសអំពីខ្លួនអ្នកនៅទូទាំងក្រុងយេរូសាឡិមថា៖ ‹មានស្ដេចមួយរូបនៅស្រុកយូដាហើយ!›។ ឥឡូវ ដំណឹងនោះមុខជាលេចឮដល់ស្ដេចមិនខាន។ ដូច្នេះ សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នាអំពីរឿងនេះ»។
៨ ប៉ុន្តែ ខ្ញុំបានផ្ញើសារត្រឡប់ទៅគាត់វិញថា៖ «គ្មានរឿងដូចនោះកើតឡើងទេ អ្នកចេះតែប្រឌិតឡើងតែខ្លួនឯងប៉ុណ្ណោះ»។ ៩ ការពិត ពួកអ្នកទាំងនោះចង់បំភ័យយើងទេ ថែមទាំងនិយាយថា៖ «ពួកគេនឹងធ្លាក់ទឹកចិត្ត រួចបន្ថយសកម្មភាពពុំខាន ហើយមិនអាចសម្រេចកិច្ចការសាងសង់នោះបានទេ»។+ ពេលនោះ ខ្ញុំបានអធិដ្ឋានទៅព្រះថា៖ «សូមលោកពង្រឹងកម្លាំងចិត្តខ្ញុំផង»។+
១០ បន្ទាប់មក ខ្ញុំបានទៅផ្ទះរបស់សិមម៉ាយ៉ាជាកូនដេឡេយ៉ា ត្រូវជាចៅមេហេថាបែល ដើម្បីជួបគាត់នៅទីនោះ ព្រោះគាត់មិនអាចចេញពីផ្ទះទេ។ គាត់បាននិយាយថា៖ «ចូរយើងណាត់ពេលជួបគ្នានៅវិហាររបស់ព្រះពិត ហើយចូលទៅក្នុងវិហារ បិទទ្វារឲ្យជិត ព្រោះពួកគេកំពុងមកសម្លាប់អ្នកហើយ។ ពួកគេនឹងមកសម្លាប់អ្នកនៅពេលយប់»។ ១១ ប៉ុន្តែ ខ្ញុំបាននិយាយថា៖ «តើខ្ញុំគួរគេចខ្លួនឬ? តើខ្ញុំអាចចូលក្នុងវិហារព្រះ ហើយបន្តរស់បានទេ?+ ខ្ញុំមិនចូលជាដាច់ខាត!»។ ១២ ក្រោយមក ខ្ញុំបានដឹងថាព្រះមិនបានចាត់គាត់ឲ្យមកប្រាប់ខ្ញុំទេ។* តាមពិត គឺជាថូបៀនិងសានបាឡាត+ ជាអ្នកជួលគាត់ឲ្យមកប្រាប់ពាក្យទាំងនេះ។ ១៣ ពួកគេបានជួលគាត់ឲ្យមកបំភ័យខ្ញុំ ដើម្បីឲ្យខ្ញុំធ្វើខុស ក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ និងចាប់កំហុសខ្ញុំ។
១៤ ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះរបស់ខ្ញុំអើយ! សូមលោកចាំនូវការប្រព្រឹត្តទាំងនេះរបស់ថូបៀ+និងសានបាឡាតផង។ សូមលោកចាំនូវអ្វីដែលណូអាឌាជាស្ត្រីប្រកាសទំនាយ រួមទាំងអ្នកប្រកាសទំនាយឯទៀតបានធ្វើដែរ គឺពួកគេព្យាយាមមកបំភ័យខ្ញុំម្ដងហើយម្ដងទៀត»។
១៥ នៅថ្ងៃទី២៥ ខែអេលូល* ពួកយើងបានសង់កំពែងចប់សព្វគ្រប់ ក្នុងរយៈពេល៥២ថ្ងៃ។
១៦ ក្រោយពីពួកសត្រូវបានឮអំពីរឿងនេះ ហើយប្រជាជាតិដែលនៅជុំវិញបានឃើញកំពែងដែលសង់រួចរាល់ហើយ ពួកគេអាម៉ាស់មុខជាខ្លាំង។+ ពួកគេបានទទួលស្គាល់ថាព្រះរបស់យើងបានជួយយើងក្នុងកិច្ចការសាងសង់នេះ។ ១៧ នៅគ្រានោះ ពួកអ្នកដឹកនាំ+ក្នុងស្រុកយូដាបានផ្ញើសារជាច្រើនទៅថូបៀ ហើយថូបៀក៏បានសរសេរតបមកវិញដែរ។ ១៨ បណ្ដាជនជាច្រើនដែលរស់នៅក្នុងស្រុកយូដា បាននាំគ្នាស្បថថានឹងស្មោះត្រង់ចំពោះថូបៀ ព្រោះគាត់ជាកូនប្រសារបស់សេកានៀដែលជាកូនអេរ៉ា។+ ចំណែកយេហូហេណានជាកូនរបស់ថូបៀ គាត់បានរៀបការជាមួយនឹងកូនស្រីរបស់មេស៊ូឡាម+ជាកូនបេរេគា។ ១៩ ម្យ៉ាងទៀត ពួកគេតែងតែសរសើរថូបៀនៅមុខខ្ញុំ រួចនាំពាក្យរបស់ខ្ញុំទៅប្រាប់ដល់ថូបៀវិញ។ ឯថូបៀគាត់តែងតែផ្ញើសំបុត្រមកបំភ័យខ្ញុំ។+
៧ ក្រោយពីសង់កំពែងរួច+ ខ្ញុំបានដាក់ទ្វារ+ ហើយខ្ញុំបានចាត់ចែងឲ្យមានពួកអ្នកយាមទ្វារ+ ពួកអ្នកចម្រៀង+ និងពួកលេវី+ឲ្យបំពេញភារកិច្ចរបស់ពួកគេរៀងៗខ្លួន។ ២ រួចមក ខ្ញុំបានតែងតាំងបុរសពីរនាក់ឲ្យមើលការខុសត្រូវក្នុងក្រុងយេរូសាឡិម។ ម្នាក់ឈ្មោះហាណាណៃ+ជាបងប្អូនរបស់ខ្ញុំ ហើយម្នាក់ទៀតឈ្មោះហាណានាជាមេបន្ទាយក្រុងយេរូសាឡិម+ គាត់ជាអ្នកដែលគួរឲ្យទុកចិត្តណាស់ និងជាអ្នកកោតខ្លាចព្រះពិត+លើសអ្នកឯទៀត។ ៣ ខ្ញុំបានបង្គាប់អ្នកទាំងពីរនោះថា៖ «មិនត្រូវឲ្យអ្នកយាមបើកទ្វារក្រុងយេរូសាឡិមមុនថ្ងៃក្ដៅទេ ហើយមុនពេលចប់វេនយាម ត្រូវឲ្យពួកគេបិទទ្វារក្រុងវិញទាំងដាក់រនុកផង។ ចូរប្រគល់ភារកិច្ចដល់អ្នកក្រុងយេរូសាឡិមឲ្យយាមទ្វារដែរ។ ពួកគេម្នាក់ៗត្រូវយាមនៅតាមកន្លែងរៀងៗខ្លួន និងនៅខាងមុខផ្ទះរបស់ពួកគេ»។ ៤ ក្រុងរបស់យើងធំទូលាយ ហើយមានតែមនុស្សបន្តិចបន្តួចប៉ុណ្ណោះរស់នៅ។+ ចំណែកផ្ទះបណ្ដាជនក៏មិនទាន់បានសង់ឡើងវិញដែរ។
៥ ក្រោយមក ព្រះបានជំរុញចិត្តខ្ញុំឲ្យអញ្ជើញពួកអ្នកដឹកនាំ ពួកអ្នកគ្រប់គ្រងបន្ទាប់ និងបណ្ដាជនទាំងអស់ ឲ្យមកជួបជុំគ្នាដើម្បីចុះបញ្ជី។+ ពេលនោះ ខ្ញុំបានរកឃើញសៀវភៅបញ្ជីឈ្មោះរបស់ពួកអ្នកដែលធ្វើដំណើរត្រឡប់មកវិញមុនគេ។ ក្នុងនោះមានឈ្មោះដូចតទៅ៖
៦ ក្នុងចំណោមពួកអ្នកដែលនេប៊ូក្នេសា+ជាស្ដេចស្រុកបាប៊ីឡូនបានចាប់យកទៅធ្វើជាឈ្លើយ+ មានមួយចំនួនបានត្រឡប់មកក្រុងយេរូសាឡិម និងស្រុកយូដាវិញ ហើយពួកគេទៅរស់នៅតាមក្រុងរៀងៗខ្លួន។+ ៧ អស់អ្នកដែលមកវិញជាមួយនឹងសេរ៉ូបាបិល+ មានយេសួរ+ នេហេមា អាសារៀ រ៉ាអាមៀ ណាហាំម៉ាណាយ ម៉ាដេកាយ ប៊ីលសាន មីសភឺរេត ប៊ីកវ៉ាយ នេហ៊ុម និងបាអាណា។
ឯពួកបុរសជនជាតិអ៊ីស្រាអែលមានដូចតទៅ៖+ ៨ កូនចៅផារូសមានចំនួន២.១៧២នាក់។ ៩ កូនចៅសេផាធាមានចំនួន៣៧២នាក់។ ១០ កូនចៅអេរ៉ា+មានចំនួន៦៥២នាក់។ ១១ កូនចៅយេសួនិងយ៉ូអាប់+ ដែលមកពីវង្សត្រកូលផាហាតម៉ូអាប់+មានចំនួន២.៨១៨នាក់។ ១២ កូនចៅអេឡាំ+មានចំនួន១.២៥៤នាក់។ ១៣ កូនចៅសាធូមានចំនួន៨៤៥នាក់។ ១៤ កូនចៅសាកាយមានចំនួន៧៦០នាក់។ ១៥ កូនចៅប៊ីននូអាយមានចំនួន៦៤៨នាក់។ ១៦ កូនចៅបេបាយមានចំនួន៦២៨នាក់។ ១៧ កូនចៅអាសកាតមានចំនួន២.៣២២នាក់។ ១៨ កូនចៅអាដូណាយខាមមានចំនួន៦៦៧នាក់។ ១៩ កូនចៅប៊ីកវ៉ាយមានចំនួន២.០៦៧នាក់។ ២០ កូនចៅអេដិនមានចំនួន៦៥៥នាក់។ ២១ កូនចៅអេធឺដែលមកពីក្រុមគ្រួសារហេសេគាមានចំនួន៩៨នាក់។ ២២ កូនចៅហាស៊ូមមានចំនួន៣២៨នាក់។ ២៣ កូនចៅបេសាយមានចំនួន៣២៤នាក់។ ២៤ កូនចៅហារីបមានចំនួន១១២នាក់។ ២៥ ពួកអ្នកក្រុងគីបៀន+មានចំនួន៩៥នាក់។ ២៦ ពួកអ្នកក្រុងបេថ្លេហិម និងពួកអ្នកភូមិណេថូផាមានចំនួន១៨៨នាក់។ ២៧ ពួកអ្នកក្រុងអាណាថោត+មានចំនួន១២៨នាក់។ ២៨ ពួកអ្នកក្រុងបេតអាសម៉ាវែតមានចំនួន៤២នាក់។ ២៩ ពួកអ្នកក្រុងគារីអាតយារីម+ ពួកអ្នកក្រុងកេភីរ៉ា និងពួកអ្នកក្រុងបៀរ៉ូត+ សរុបទាំងអស់មានចំនួន៧៤៣នាក់។ ៣០ ពួកអ្នកក្រុងរ៉ាម៉ា និងពួកអ្នកក្រុងកេបា+ សរុបទាំងអស់មានចំនួន៦២១នាក់។ ៣១ ពួកអ្នកដែលមកពីតំបន់មីកម៉ាស+មានចំនួន១២២នាក់។ ៣២ ពួកអ្នកក្រុងបេតអែល+ និងពួកអ្នកក្រុងអៃ+ សរុបទាំងអស់មានចំនួន១២៣នាក់។ ៣៣ ពួកអ្នកក្រុងនេបូរមួយទៀតមានចំនួន៥២នាក់។ ៣៤ កូនចៅរបស់អេឡាំម្នាក់ទៀតមានចំនួន១.២៥៤នាក់។ ៣៥ កូនចៅហារីមមានចំនួន៣២០នាក់។ ៣៦ ពួកអ្នកក្រុងយេរីខូមានចំនួន៣៤៥នាក់។ ៣៧ ពួកអ្នកក្រុងឡូត ពួកអ្នកក្រុងហាឌីត និងពួកអ្នកក្រុងអូណូ+ សរុបទាំងអស់មានចំនួន៧២១នាក់។ ៣៨ ពួកអ្នកដែលមកពីតំបន់សេណាអាមានចំនួន៣.៩៣០នាក់។
៣៩ ឯពួកសង្ឃមានដូចតទៅ៖+ កូនចៅយេដាយយ៉ាដែលមកពីវង្សត្រកូលយេសួមានចំនួន៩៧៣នាក់។ ៤០ កូនចៅអ៊ីមមឺមានចំនួន១.០៥២នាក់។ ៤១ កូនចៅផាសហឺ+មានចំនួន១.២៤៧នាក់។ ៤២ កូនចៅហារីម+មានចំនួន១.០១៧នាក់។
៤៣ រីឯពួកលេវីមានដូចតទៅ៖+ កូនចៅយេសួនិងកូនចៅកាតម៉ែល+ ដែលមកពីវង្សត្រកូលហូដាវ៉ាមានចំនួន៧៤នាក់។ ៤៤ ឯពួកអ្នកចម្រៀង+ពីកូនចៅអេសាភ+មានចំនួន១៤៨នាក់។ ៤៥ ក្រុមអ្នកយាមទ្វារមានដូចតទៅ៖+ កូនចៅសាលូម កូនចៅអេធឺ កូនចៅតាល់ម៉ូន កូនចៅអាកខុប+ កូនចៅហាថាយថា និងកូនចៅសូបាយ សរុបទាំងអស់មានចំនួន១៣៨នាក់។
៤៦ ឯពួកអ្នកដែលបម្រើនៅវិហារមានដូចតទៅ៖+ កូនចៅស៊ីហា កូនចៅហាស៊ូផា កូនចៅថាបេអាត ៤៧ កូនចៅកេរ៉ូស កូនចៅស៊ីយ៉ា កូនចៅផាដន ៤៨ កូនចៅឡេបេណា កូនចៅហាកាបា កូនចៅសាលម៉ាយ ៤៩ កូនចៅហាណាន កូនចៅគីដេល កូនចៅកាហារ ៥០ កូនចៅរ៉េអាយ៉ា កូនចៅរេសិន កូនចៅនេកូដា ៥១ កូនចៅកាសាម កូនចៅអឺសា កូនចៅផាសេអា ៥២ កូនចៅបេសាយ កូនចៅមេយូនីម កូនចៅនេភូសឺស៊ីម ៥៣ កូនចៅបាកប៊ូក កូនចៅហាគូផា កូនចៅហាហឺ ៥៤ កូនចៅបាសលីត កូនចៅមេហាយដា កូនចៅហាសា ៥៥ កូនចៅបាកូស កូនចៅស៊ីសេរ៉ា កូនចៅធេម៉ា ៥៦ កូនចៅនេស៊ា និងកូនចៅហាថាយផា។
៥៧ រីឯកូនចៅពួកអ្នកបម្រើរបស់សាឡូម៉ូនមានដូចតទៅ៖+ កូនចៅសូថាយ កូនចៅសូផេរេត កូនចៅភេរ៉ាយដា ៥៨ កូនចៅយ៉ាអាឡា កូនចៅដាកុន កូនចៅគីដេល ៥៩ កូនចៅសេផាធា កូនចៅហាតថៀល កូនចៅផូកឺរេតហាសេបេម និងកូនចៅអេម៉ុន។ ៦០ ដូច្នេះ ចំនួនអ្នកដែលបម្រើនៅវិហារ+ និងចំនួនកូនចៅពួកអ្នកបម្រើរបស់សាឡូម៉ូន សរុបទាំងអស់គឺ៣៩២នាក់។
៦១ រីឯពួកអ្នកដែលមកពីតំបន់ថេលមេឡា តំបន់ថេលហាសា ក្រុងកេរូប តំបន់អាដាន និងតំបន់អ៊ីមមឺ ពួកគេមិនអាចបញ្ជាក់ថាវង្សត្រកូលពួកគេមានដើមកំណើតមកពីជនជាតិអ៊ីស្រាអែលទេ។ ពួកគេទាំងនោះមានដូចតទៅ៖+ ៦២ កូនចៅដេឡេយ៉ា កូនចៅថូបៀ និងកូនចៅនេកូដា សរុបទាំងអស់មានចំនួន៦៤២នាក់។ ៦៣ ពីចំណោមកូនចៅពួកសង្ឃមានដូចតទៅ៖ កូនចៅហាបាយ៉ា កូនចៅហាក់កូស+ និងកូនចៅបាស៊ីលឡាយ។ បាស៊ីលឡាយនេះបានដាក់ឈ្មោះតាមឪពុកក្មេកគាត់ ក្រោយពីបានរៀបការជាមួយនឹងកូនស្រីរបស់អ្នកស្រុកគីលាតម្នាក់ឈ្មោះបាស៊ីលឡាយ។+ ៦៤ ពួកអ្នកទាំងនោះរកនាមត្រកូលពូជពង្សរបស់ខ្លួនក្នុងបញ្ជីពុំឃើញទេ។ ដូច្នេះ ពួកគេមិនអាចបម្រើជាសង្ឃបានឡើយ។+ ៦៥ អភិបាលខេត្ត+បានប្រាប់ពួកគេថា ពួកគេមិនអាចបរិភោគពីរបស់បរិសុទ្ធបំផុតបានទេ+ ទាល់តែមានសង្ឃម្នាក់សុំការណែនាំពីព្រះតាមរយៈយូរីមនិងធូមីម*ជាមុនសិន។+
៦៦ បណ្ដាជនទាំងអស់ដែលបានធ្វើដំណើរមកមានចំនួន៤២.៣៦០នាក់។+ ៦៧ បន្ថែមទៅទៀត មានអ្នកបម្រើប្រុសស្រី+ចំនួន៧.៣៣៧នាក់ ថែមទាំងមានអ្នកចម្រៀងប្រុសស្រី+ចំនួន២៤៥នាក់ផងដែរ។ ៦៨ ពួកគេបាននាំយកសេះចំនួន៧៣៦ក្បាល និងលាកាត់ចំនួន២៤៥ក្បាល ៦៩ សត្វអូដ្ឋចំនួន៤៣៥ក្បាល និងសត្វលាចំនួន៦.៧២០ក្បាល។
៧០ ប្រមុខគ្រួសារខ្លះបានជូនវិភាគទានសម្រាប់កិច្ចការសាងសង់។+ ចំណែកអភិបាល គាត់បានជូនមាសចំនួន១.០០០ដ្រាកម៉ា* ចានគោមចំនួន៥០ និងអាវវែង៥៣០សម្រាប់ ដល់ពួកសង្ឃ។+ ៧១ ប្រមុខគ្រួសារខ្លះទៀតបានជូនវិភាគទានជាមាសចំនួន២០.០០០ដ្រាកម៉ា និងប្រាក់ចំនួន២.២០០មិណា។* ៧២ រីឯបណ្ដាជនដែលនៅសល់ ពួកគេបានជូនមាសចំនួន២០.០០០ដ្រាកម៉ា ប្រាក់ចំនួន២.០០០មិណា និងអាវវែង៦៧សម្រាប់ ដល់ពួកសង្ឃ។
៧៣ ពួកសង្ឃ ពួកលេវី និងបណ្ដាជនសាមញ្ញ ព្រមទាំងពួកអ្នកចម្រៀង+ អ្នកយាមទ្វារ និងអ្នកបម្រើនៅវិហារ បានតាំងទីលំនៅក្នុងក្រុងរបស់ពួកគេរៀងៗខ្លួន។+ លុះដល់ខែទី៧+ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានតាំងទីលំនៅក្នុងក្រុងរបស់ពួកគេរួចហើយ។+
៨ នៅគ្រាមួយ បណ្ដាជនទាំងអស់បានមកជួបជុំគ្នានៅទីលានសាធារណៈខាងមុខទ្វារទឹក។+ ពេលនោះ ពួកគេបានសុំអែសរ៉ា+ជាអ្នកចម្លងឯកសារ ឲ្យយកសៀវភៅច្បាប់ម៉ូសេ+មក ជាច្បាប់ដែលព្រះយេហូវ៉ាបានឲ្យដល់ជនជាតិអ៊ីស្រាអែល។+ ២ ដូច្នេះ នៅថ្ងៃទី១ ខែទី៧+ អែសរ៉ាជាសង្ឃបានយកច្បាប់នោះមក ហើយឈរនៅមុខបណ្ដាជន+ទាំងប្រុសទាំងស្រីនិងកូនក្មេងទាំងអស់ ដែលអាចស្ដាប់យល់បាន។ ៣ រួចមក គាត់បានអានច្បាប់នោះឮៗ+នៅទីលានសាធារណៈខាងមុខទ្វារទឹក ឲ្យបណ្ដាជនទាំងអស់ស្ដាប់តាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ ហើយពួកគេបានយកចិត្តទុកដាក់ស្ដាប់+ច្បាប់ទាំងនោះ។ ៤ ពេលនោះ អែសរ៉ាឈរលើវេទិកាឈើមួយដែលគេបានដំឡើងសម្រាប់ឱកាសនោះ ហើយមានអ្នកខ្លះឈរនៅខាងស្ដាំគាត់គឺ ម៉ាធីធា សិមម៉ា អាណាយ៉ា អ៊ូរី ហ៊ីលគីយ៉ា និងម៉ាអាសៀ។ រីឯអ្នកឈរនៅខាងឆ្វេងគាត់ មានភេដាយ៉ា មីសាអែល ម៉ាលខាយយ៉ា+ ហាស៊ូម ហាសបាដាណា សាការី និងមេស៊ូឡាម។
៥ អែសរ៉ាបានឈរនៅកន្លែងខ្ពស់ជាងបណ្ដាជន។ ដូច្នេះ ពេលគាត់បើកសៀវភៅច្បាប់នោះ ពួកគេបានឃើញ ហើយក៏ក្រោកឈរឡើង។ ៦ រួចមក អែសរ៉ាបានសរសើរតម្កើងព្រះយេហូវ៉ាជាព្រះដ៏ពិត និងជាព្រះដ៏ឧត្ដុង្គឧត្ដម។ ពេលនោះ បណ្ដាជនបានឆ្លើយទាំងលើកដៃឡើងព្រមគ្នាថា៖ «អាមេន!* អាមេន!»។+ បន្ទាប់មក ពួកគេបានលំឱនកាយក្រាបគោរពព្រះយេហូវ៉ា។ ៧ ឯពួកលេវី គឺមាន យេសួ បាណាយ សេរេបៀ+ យ៉ាមីន អាកខុប សាបបេថាយ ហូឌា ម៉ាអាសៀ កេឡាយថា អាសារៀ យ៉ូសាបាត+ ហាណាន និងភេឡៃអា ពួកគេបានពន្យល់ច្បាប់ម៉ូសេដល់បណ្ដាជន+ដែលកំពុងឈរស្ដាប់។ ៨ ពួកគេបានអានឮៗនូវច្បាប់របស់ព្រះឲ្យបណ្ដាជនស្ដាប់ ថែមទាំងបកស្រាយអត្ថន័យឲ្យបណ្ដាជនយល់ច្បាស់ទៀតផង។+
៩ កាលដែលបណ្ដាជនកំពុងស្ដាប់ច្បាប់របស់ព្រះ ពួកគេបានយំ។ ពេលនោះ នេហេមាជាអភិបាល អែសរ៉ា+ជាសង្ឃនិងជាអ្នកចម្លងឯកសារ ព្រមទាំងពួកលេវីដែលបង្ហាត់បង្រៀនបណ្ដាជន បាននិយាយទៅកាន់ពួកគេទាំងអស់គ្នាថា៖ «សូមកុំកើតទុក្ខឬយំអី ថ្ងៃនេះជាថ្ងៃបរិសុទ្ធចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា»។+ ១០ បន្ទាប់មក នេហេមាបាននិយាយបន្ថែមថា៖ «ចូរនាំគ្នាបរិភោគអាហារឆ្ងាញ់ៗ និងផឹកគ្រឿងផ្អែមៗចុះ។ ចូរចែករំលែកអាហារ+ឲ្យដល់អ្នកដែលគ្មានអ្វីបរិភោគ ព្រោះថ្ងៃនេះជាថ្ងៃបរិសុទ្ធចំពោះព្រះ ជាម្ចាស់នៃយើង។ សូមកុំកើតទុក្ខឡើយ ព្រោះអំណរពីព្រះយេហូវ៉ាជាកម្លាំងរបស់អ្នករាល់គ្នា»។ ១១ ចំណែកពួកលេវី ពួកគេបាននិយាយលួងលោមបណ្ដាជនថា៖ «សូមកុំយំអី! ព្រោះថ្ងៃនេះជាថ្ងៃបរិសុទ្ធ ចូរឈប់ព្រួយចិត្តទៅ»។ ១២ ដូច្នេះ បណ្ដាជនទាំងអស់បាននាំគ្នាបរិភោគអាហារ ហើយចែករំលែកអាហារដល់គ្នា។ ពួកគេសប្បាយរីករាយយ៉ាងខ្លាំង+ ព្រោះពួកគេបានយល់អត្ថន័យច្បាប់របស់ព្រះ។+
១៣ នៅថ្ងៃទី២ ក្នុងខែដដែលនោះ ប្រមុខគ្រួសារទាំងអស់ ពួកសង្ឃនិងពួកលេវីបាននាំគ្នាទៅជួបអែសរ៉ាដែលជាអ្នកចម្លងឯកសារ ដើម្បីយល់ថែមទៀតអំពីច្បាប់របស់ព្រះ។ ១៤ កាលដែលពួកគេកំពុងស្វែងយល់អំពីច្បាប់របស់ព្រះយេហូវ៉ា ដែលលោកបានឲ្យតាមរយៈម៉ូសេ ពួកគេរកឃើញថាក្នុងអំឡុងពិធីបុណ្យនាខែទី៧ ជនជាតិអ៊ីស្រាអែលត្រូវស្នាក់នៅក្នុងខ្ទម+ ១៥ និងត្រូវប្រកាស+នៅទូទាំងក្រុងយេរូសាឡិមនិងក្រុងឯទៀតថា៖ «ចូរនាំគ្នាចេញទៅឯតំបន់ភ្នំ ហើយកាប់យកមែកឈើដែលមានស្លឹកច្រើន ពីដើមអូលីវ ដើមស្រល់ ដើមមើថល ដើមលម៉ើ និងដើមឯទៀត ដើម្បីយកមកប្រក់ធ្វើខ្ទម ស្របតាមច្បាប់ម៉ូសេ»។
១៦ ដូច្នេះ បណ្ដាជននាំគ្នាចេញទៅកាប់មែកឈើ យកមកធ្វើខ្ទមនៅលើដំបូលផ្ទះរបស់ពួកគេ នៅទីធ្លាផ្ទះ នៅទីលានវិហាររបស់ព្រះដ៏ពិត+ ទីលានសាធារណៈក្បែរទ្វារទឹក+ និងទីលានសាធារណៈក្បែរទ្វារអេប្រាអ៊ីម។+ ១៧ យ៉ាងនេះ ជនជាតិអ៊ីស្រាអែលដែលធ្លាប់ធ្វើជាឈ្លើយ បានធ្វើខ្ទមហើយស្នាក់នៅក្នុងខ្ទមទាំងនោះ។ ចាប់តាំងពីគ្រាយ៉ូស្វេ+ជាកូននុន រហូតដល់ថ្ងៃនោះ ពួកគេមិនបានធ្វើដូច្នេះទេ។ ម្ល៉ោះហើយ បណ្ដាជនមានសេចក្ដីសប្បាយរីករាយក្រៃលែង។+ ១៨ រៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃចប់ពិធីបុណ្យខ្ទម គេអានច្បាប់របស់ព្រះដ៏ពិត។+ ពួកគេបានធ្វើពិធីបុណ្យនោះអស់៧ថ្ងៃ ហើយនៅថ្ងៃទី៨ពួកគេមានប្រជុំពិសេស ស្របតាមច្បាប់តម្រូវ។+
៩ នៅថ្ងៃទី២៤ ក្នុងខែទី៧ បណ្ដាជនអ៊ីស្រាអែលបានមកជួបជុំគ្នា។ ពួកគេបានតមអាហារ ទាំងស្លៀកបាវ ហើយយកដីមករោយលើក្បាល។+ ២ បណ្ដាជនដែលមកពីពូជពង្សអ៊ីស្រាអែលបានផ្ដាច់ទំនាក់ទំនងពីជនជាតិដទៃទាំងអស់+ ហើយបានមកឈរសារភាពទោសកំហុសរបស់ខ្លួននិងរបស់បុព្វបុរសពួកគេ។+ ៣ បន្ទាប់មក ពួកគេក្រោកឈរឡើងនៅកន្លែងរៀងៗខ្លួន ហើយអានច្បាប់+របស់ព្រះយេហូវ៉ាអស់បីម៉ោង។ ក្រោយនោះ ពួកគេបានសារភាពកំហុសនិងក្រាបគោរពព្រះយេហូវ៉ាជាព្រះរបស់ពួកគេអស់បីម៉ោងទៀត។
៤ រីឯយេសួ បាណាយ កាតម៉ែល សេបានៀ ប៊ូនណាយ សេរេបៀ+ បាណាយ និងកេណាណាយ ពួកគេឈរលើវេទិកា+សម្រាប់ពួកលេវី ហើយបានបន្លឺសំឡេងអធិដ្ឋានទៅព្រះយេហូវ៉ាជាព្រះរបស់ពួកគេ។ ៥ បន្ទាប់មក ពួកលេវីមាន យេសួ កាតម៉ែល បាណាយ ហាសាបនៀ សេរេបៀ ហូឌា សេបានៀ និងភេតាហ៊ា ពួកគេបាននិយាយថា៖ «ចូរក្រោកឡើង សរសើរតម្កើងព្រះយេហូវ៉ាជារៀងរហូតតទៅ។+ ឱព្រះអើយ! សូមលោកឲ្យពួកគេសរសើរតម្កើងនាមដ៏រុងរឿងរបស់លោកផង ជានាមដ៏ខ្ពង់ខ្ពស់ដែលពុំអាចរកពាក្យមកថ្លែងសរសើរតម្កើងបានឡើយ។
៦ «មានលោកតែប៉ុណ្ណោះជាព្រះយេហូវ៉ា+ លោកបានបង្កើតមេឃ លំហអាកាសដ៏ធំធេងនិងអ្វីៗទាំងអស់ដែលនៅទីនោះ។* លោកក៏បានបង្កើតផែនដីនិងរបស់សព្វសារពើនៅលើផែនដី សមុទ្រនិងអ្វីៗនៅក្នុងសមុទ្រ ហើយលោកទ្រទ្រង់ជីវិតនៃអ្វីៗទាំងនោះដែរ។ ឯបណ្ដាកងទ័ពនៅស្ថានសួគ៌*ក្រាបគោរពចំពោះលោក។ ៧ ឱព្រះយេហូវ៉ាអើយ! លោកគឺជាព្រះដ៏ពិត លោកហើយដែលបានជ្រើសរើសអាប់រ៉ាម+ និងនាំគាត់ចេញពីក្រុងអឺ+ជាក្រុងរបស់ពួកខាល់ដេ ហើយបានប្ដូរឈ្មោះគាត់ទៅជាអាប្រាហាំវិញ។+ ៨ លោកបានឃើញចិត្តស្មោះត្រង់របស់គាត់។+ ហេតុនេះ លោកបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងគាត់ថានឹងឲ្យទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិកឺកាស៊ី ដល់គាត់និងកូនចៅរបស់គាត់។+ លោកបានធ្វើតាមពាក្យសន្យារបស់លោក ព្រោះលោកជាព្រះដ៏សុចរិត។
៩ «លោកបានឃើញទុក្ខវេទនារបស់បុព្វបុរសយើងនៅស្រុកអេហ្ស៊ីប+ ហើយលោកបានឮពួកគេស្រែកសុំជំនួយនៅសមុទ្រក្រហម។ ១០ បន្ទាប់មក លោកបានធ្វើការអស្ចារ្យទាស់នឹងផារ៉ូ ព្រមទាំងពួកអ្នកបម្រើនិងរាស្ត្ររបស់គាត់ទាំងអស់+ ព្រោះលោកបានឃើញថាពួកគេបានធ្វើបាប+រាស្ត្ររបស់លោក។ លោកបានធ្វើឲ្យនាមរបស់លោកល្បីរន្ទឺរហូតដល់សព្វថ្ងៃនេះ។+ ១១ លោកបានញែកសមុទ្រក្រហមនៅមុខពួកគេ ដើម្បីឲ្យពួកគេដើរឆ្លងតាមបាតសមុទ្រ។+ រួចមក លោកបានបោះពួកអ្នកដែលដេញតាមពួកគេទៅក្នុងសមុទ្រជ្រៅ ប្រៀបដូចជាគេបោះថ្មទៅក្នុងសមុទ្រដែលកញ្ជ្រោលបោកបក់ដែរ។+ ១២ លោកបាននាំផ្លូវពួកគេដោយបង្គោលពពកនៅពេលថ្ងៃ និងដោយបង្គោលភ្លើងនៅពេលយប់ ដើម្បីបំភ្លឺផ្លូវឲ្យពួកគេដឹងថាគួរដើរតាមផ្លូវណា។+ ១៣ លោកបានចុះមកភ្នំស៊ីណាយ+ ហើយមានប្រសាសន៍ជាមួយនឹងពួកគេពីលើមេឃ*+ រួចលោកបានឲ្យពួកគេនូវការវិនិច្ឆ័យដ៏សុចរិតយុត្តិធម៌ ច្បាប់ដ៏គួរឲ្យទុកចិត្ត* ព្រមទាំងបញ្ញត្តិនិងសេចក្ដីបង្គាប់ដ៏ប្រសើរ។+ ១៤ លោកបានឲ្យពួកគេស្គាល់ថ្ងៃឈប់សម្រាកជាថ្ងៃដ៏បរិសុទ្ធរបស់លោក+ ហើយបានឲ្យសេចក្ដីបង្គាប់ បញ្ញត្តិ និងច្បាប់ដល់ពួកគេ តាមរយៈម៉ូសេជាអ្នកបម្រើលោក។ ១៥ ពេលពួកគេឃ្លាន លោកបានឲ្យអាហារ*ពីលើមេឃ។+ ពេលពួកគេស្រេកទឹក លោកបានធ្វើឲ្យទឹកចេញពីថ្មដា។+ លោកបានប្រាប់ពួកគេឲ្យចូលទៅចាប់យកទឹកដីដែលលោកបានស្បថថានឹងឲ្យពួកគេ។
១៦ «ប៉ុន្តែ បុព្វបុរសរបស់យើង ពួកគេបានប្រព្រឹត្តយ៉ាងព្រហើន*+ចំពោះលោក ហើយមានចិត្តរឹងចចេស+ មិនព្រមធ្វើតាមសេចក្ដីបង្គាប់របស់លោកឡើយ។ ១៧ ពួកគេមិនព្រមស្ដាប់លោកទេ+ ហើយក៏មិននឹកឃើញនូវការអស្ចារ្យដែលលោកបានធ្វើដើម្បីពួកគេឡើយ។ ពួកគេមានចិត្តរឹងចចេស ហើយបានតែងតាំងមេដឹកនាំម្នាក់ឲ្យនាំមុខពួកគេត្រឡប់ទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេហ្ស៊ីបវិញ។+ ប៉ុន្តែ លោកជាព្រះដែលបម្រុងតែនឹងអភ័យទោសឲ្យពួកគេ លោកមានចិត្តមេត្តាប្រោសប្រណី មិនរហ័សខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ។+ លោកមិនបានបោះបង់ពួកគេចោលឡើយ។+ ១៨ ពួកគេថែមទាំងធ្វើរូបកូនគោពីលោហៈ ហើយបាននិយាយថា៖ ‹នេះជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប›។+ ពួកគេបានប្រព្រឹត្តដោយគ្មានការគោរពចំពោះលោកទាល់តែសោះ។ ១៩ ទោះជាយ៉ាងនោះក្ដី លោកនៅតែបង្ហាញចិត្តមេត្តាករុណាដ៏ធំធេងចំពោះពួកគេ ដោយមិនបោះបង់ពួកគេនៅក្នុងតំបន់ស្ងាត់ជ្រងំទេ។+ លោកនៅតែនាំផ្លូវពួកគេដោយបង្គោលពពកនៅពេលថ្ងៃ ហើយនៅពេលយប់ដោយបង្គោលភ្លើង ដើម្បីបំភ្លឺផ្លូវពួកគេឲ្យដឹងថាគួរដើរតាមផ្លូវណា។+ ២០ លោកបានធ្វើឲ្យពួកគេមានសមត្ថភាពយល់ដឹងតាមរយៈឫទ្ធានុភាពរបស់លោក+ ហើយលោកបានឲ្យនំម៉ាណាដល់ពួកគេបរិភោគដោយចិត្តទូលាយ។+ ពេលពួកគេស្រេកទឹក លោកថែមទាំងបានឲ្យទឹកដល់ពួកគេទៀតផង។+ ២១ អស់រយៈពេល៤០ឆ្នាំ ក្នុងតំបន់ស្ងាត់ជ្រងំ លោកតែងតែផ្គត់ផ្គង់អាហារដល់ពួកគេ។+ ពួកគេមិនខ្វះអ្វីឡើយ។ សម្លៀកបំពាក់របស់ពួកគេមិនសឹករេចរឹល+ ហើយជើងពួកគេក៏មិនហើមដែរ។
២២ «លោកបានប្រគល់រាជាណាចក្រនិងប្រជាជាតិនានាក្នុងកណ្ដាប់ដៃពួកគេ ហើយបែងចែកទឹកដីទាំងនោះដល់ពួកគេ។+ ហេតុនេះ ពួកគេដណ្ដើមយកបានទឹកដីរបស់ស្ដេចស៊ីហុន+ ជាស្ដេចក្រុងហែសបូន+ ព្រមទាំងទឹកដីរបស់ស្ដេចអុក+ ជាស្ដេចនៅតំបន់បាសាន។ ២៣ លោកបានធ្វើឲ្យកូនចៅរបស់ពួកគេមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។+ រួចមក លោកបាននាំពួកគេចូលក្នុងស្រុកដែលលោកបានសន្យាថានឹងឲ្យដល់បុព្វបុរសពួកគេ។+ ២៤ ដូច្នេះ កូនចៅរបស់ពួកគេបានចូលទៅដណ្ដើមយកទឹកដីនោះ+ ហើយលោកបានបង្ក្រាបជនជាតិកាណាន+ដែលរស់នៅក្នុងស្រុកនោះ។ លោកបានប្រគល់ទាំងបណ្ដាស្ដេចទាំងបណ្ដារាស្ត្រដែលនៅក្នុងស្រុកនោះ ទៅក្នុងកណ្ដាប់ដៃរាស្ត្រលោក ដើម្បីឲ្យពួកគេប្រព្រឹត្តទៅលើអ្នកទាំងនោះតាមបំណងចិត្ត។ ២៥ ពួកគេបានដណ្ដើមយកក្រុងរឹងមាំទាំងឡាយ+ និងទឹកដីដែលមានជីជាតិ+ ព្រមទាំងផ្ទះសម្បែងដែលពេញទៅដោយទ្រព្យសម្បត្តិ រួមទាំងអណ្ដូងទឹក ចម្ការទំពាំងបាយជូរ ចម្ការអូលីវ+ និងដំណាំហូបផ្លែជាច្រើន។ ម្ល៉ោះហើយ ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ រហូតដល់ធំធាត់ ហើយពួកគេរស់នៅដោយសប្បាយ ដោយសារលោកបានបង្ហាញគុណធម៌ដ៏លើសលប់ចំពោះពួកគេ។
២៦ «ប៉ុន្តែ ពួកគេបែរជាឈប់ស្ដាប់បង្គាប់លោក ហើយបះបោរប្រឆាំងនឹងលោកទៅវិញ។+ ពួកគេថែមទាំងបានបំពានច្បាប់របស់លោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានសម្លាប់ពួកអ្នកប្រកាសទំនាយរបស់លោក គឺជាអ្នកដែលបានទៅព្រមានពួកគេឲ្យត្រឡប់មករកលោកវិញ។ ពួកគេបានប្រព្រឹត្តដោយគ្មានការគោរពចំពោះលោកទាល់តែសោះ។+ ២៧ ហេតុនេះ លោកបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃពួកសត្រូវ+ដែលតែងតែធ្វើទុក្ខពួកគេ។+ ប៉ុន្តែ នៅគ្រាដែលពួកគេមានទុក្ខ ពួកគេស្រែកសុំជំនួយពីលោក លោកតែងតែស្ដាប់ពួកគេពីស្ថានសួគ៌។ ដោយសារលោកមានសេចក្ដីមេត្តាករុណាដ៏លើសលប់ លោកតែងតែផ្ដល់អ្នកសង្គ្រោះឲ្យទៅជួយពួកគេពីកណ្ដាប់ដៃពួកសត្រូវ។+
២៨ «លុះដល់ពេលបានសុខហើយ ពួកគេក៏បានប្រព្រឹត្តអ្វីដែលលោកមិនពេញចិត្តម្ដងទៀត+ ហើយលោកបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃពួកសត្រូវដែលជិះជាន់ពួកគេ។+ ប៉ុន្តែ ពេលពួកគេវិលមករកលោកវិញ ហើយស្រែកសុំជំនួយពីលោក+ លោកក៏ស្ដាប់ពួកគេពីស្ថានសួគ៌ ហើយជួយសង្គ្រោះពួកគេម្ដងហើយម្ដងទៀត ព្រោះលោកមានសេចក្ដីមេត្តាករុណាដ៏លើសលប់។+ ២៩ លោកបានព្រមានពួកគេឲ្យវិលមកធ្វើតាមច្បាប់របស់លោកវិញ ទោះជាយ៉ាងនោះក្ដី ពួកគេបានប្រព្រឹត្តដោយព្រហើន*ចំពោះលោក ហើយមិនព្រមស្ដាប់តាមសេចក្ដីបង្គាប់របស់លោកទេ។+ បន្ថែមទៅទៀត ពួកគេបានធ្វើខុសនឹងបញ្ញត្តិរបស់លោក ជាបញ្ញត្តិដែលផ្ដល់ជីវិតដល់អស់អ្នកដែលធ្វើតាម។+ ប៉ុន្តែ ពួកគេមិនបានអើពើ ហើយនៅតែរឹងចចេសមិនព្រមស្ដាប់លោកទេ។ ៣០ លោកបានអត់ធ្មត់នឹងពួកគេ+អស់ជាច្រើនឆ្នាំ ហើយតែងតែព្រមានពួកគេតាមរយៈពួកអ្នកប្រកាសទំនាយដែលលោកបានដឹកនាំដោយឫទ្ធានុភាពរបស់លោក។ ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ឡើយ។ នៅទីបំផុត លោកបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃប្រជាជាតិនានា។+ ៣១ ទោះជាយ៉ាងនោះក៏ដោយ លោកមិនបានបោះបង់ចោលពួកគេ ឬបំផ្លាញពួកគេឲ្យសាបសូន្យទេ+ ព្រោះលោកជាព្រះដែលមានសេចក្ដីមេត្តាករុណាដ៏លើសលប់ និងសេចក្ដីអាណិតអាសូរជាបរិបូរ។+
៣២ «ឱព្រះរបស់យើងអើយ! លោកជាព្រះដ៏ខ្ពង់ខ្ពស់ និងមានឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយគួរឲ្យកោតស្ងើច។ លោកតែងតែធ្វើតាមកិច្ចព្រមព្រៀងរបស់លោក និងតែងតែបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។+ ចាប់តាំងពីគ្រានៃបណ្ដាស្ដេចស្រុកអាស៊ីរី+រហូតមកដល់សព្វថ្ងៃ រាស្ត្ររបស់លោកបានជួបទុក្ខលំបាកជាច្រើន គឺទាំងបណ្ដាស្ដេច ទាំងពួកអភិបាល+ ពួកសង្ឃ+ ពួកអ្នកប្រកាសទំនាយ+ និងបុព្វបុរសរបស់យើង។ ដូច្នេះ សូមលោកកុំមើលរំលងទុក្ខលំបាករបស់យើងខ្ញុំឡើយ។ ៣៣ អ្វីដែលបានកើតឡើងចំពោះយើងខ្ញុំ គឺមកពីយើងខ្ញុំបានប្រព្រឹត្តអាក្រក់។ ឯលោកវិញ លោកតែងតែប្រព្រឹត្តស្មោះត្រង់ និងសុចរិតជានិច្ច។+ ៣៤ ចំណែកបណ្ដាស្ដេចរបស់យើងខ្ញុំ ពួកអភិបាល ពួកសង្ឃ និងបុព្វបុរសរបស់យើង ពួកគេមិនបានធ្វើតាមច្បាប់ បញ្ញត្តិ ឬសេចក្ដីរំលឹក*របស់លោកទេ។ ៣៥ នៅគ្រាដែលបណ្ដាស្ដេចគ្រប់គ្រង ពួកគេរស់នៅដោយសប្បាយរីករាយ ដោយសារលោកបានបង្ហាញគុណធម៌ដ៏លើសលប់ចំពោះពួកគេ។ លោកបានឲ្យពួកគេរស់នៅក្នុងទឹកដីធំទូលាយនិងមានជីជាតិ។ ទោះជាយ៉ាងនោះក្ដី ពួកគេមិនបានបម្រើលោកទេ+ ហើយក៏មិនបានបែរចេញពីការប្រព្រឹត្តអាក្រក់ដែរ។ ៣៦ ដូច្នេះ យើងបានធ្លាក់ខ្លួនជាខ្ញុំបម្រើ+នៅក្នុងទឹកដីដែលលោកបានឲ្យដល់បុព្វបុរសយើង គឺជាទឹកដីនោះ ដែលពីមុនលោកបានឲ្យពួកគេបរិភោគភោគផល និងទទួលអ្វីៗដែលល្អនៅក្នុងស្រុកនោះ។ ៣៧ ក៏ប៉ុន្តែ ភោគផលទាំងនោះគឺសម្រាប់បណ្ដាស្ដេចដែលលោកបានឲ្យគ្រប់គ្រងមកលើយើងខ្ញុំទៅវិញ ដោយសារតែយើងខ្ញុំបានប្រព្រឹត្តខុសឆ្គងនឹងលោក។+ ពួកគេប្រព្រឹត្តមកលើយើងខ្ញុំ* និងហ្វូងសត្វរបស់យើងខ្ញុំតាមតែអំពើចិត្តពួកគេ។ ហេតុនេះ យើងខ្ញុំមានទុក្ខលំបាកយ៉ាងខ្លាំង។
៣៨ «ដូច្នេះ យើងខ្ញុំនឹងធ្វើកិច្ចព្រមព្រៀង+ជាលាយលក្ខណ៍អក្សរ ហើយបោះត្រាទទួលស្គាល់ដោយពួកអភិបាល ពួកលេវី និងពួកសង្ឃរបស់យើងខ្ញុំ»។+
១០ ពួកអ្នកដែលបានបោះត្រាលើកិច្ចព្រមព្រៀងនោះ+មានឈ្មោះដូចតទៅ៖
នេហេមាជាអភិបាល ដែលជាកូនហាកាលៀ
ហើយក៏មានសេដេគា ២ សេរ៉ាយ៉ា អាសារៀ យេរេមា ៣ ផាសហឺ អាម៉ារៀ ម៉ាលខាយយ៉ា ៤ ហាធូស សេបានៀ ម៉ាឡាក ៥ ហារីម+ មេរេម៉ត អូបាឌា ៦ ដានីយ៉ែល+ គីនេថូន បារូក ៧ មេស៊ូឡាម អាប៊ីយ៉ា មីយ៉ាមីន ៨ ម៉ាអាស៊ា ប៊ីលកាយ និងសិមម៉ាយ៉ា។ ពួកគេទាំងអស់សុទ្ធតែជាសង្ឃ។
៩ ឯពួកលេវីមានដូចតទៅ៖ យេសួជាកូនអាសានៀ ប៊ីននូអាយមកពីកូនចៅហេណាដាត ព្រមទាំងកាតម៉ែល+ ១០ សេបានៀ ហូឌា កេឡាយថា ភេឡៃអា ហាណាន ១១ មីខា រេហុប ហាសាបៀ ១២ សាកឺ សេរេបៀ+ សេបានៀ ១៣ ហូឌា បាណាយ និងបេណាយនូ។
១៤ ចំណែកពួកអ្នកដឹកនាំបណ្ដាជនមានដូចតទៅ៖ ផារូស ផាហាតម៉ូអាប់+ អេឡាំ សាធូ បាណាយ ១៥ ប៊ូនណាយ អាសកាត បេបាយ ១៦ អាដូនីយ៉ា ប៊ីកវ៉ាយ អេដិន ១៧ អេធឺ ហេសេគា អាសសឺ ១៨ ហូឌា ហាស៊ូម បេសាយ ១៩ ហារីប អាណាថោត នេបាយ ២០ ម៉ាកភីអាស មេស៊ូឡាម ហេសឺ ២១ មេសេសាបេល សេដុក យ៉ាដួរ ២២ ភេឡាធា ហាណាន អាណាយ៉ា ២៣ ហូស៊ា ហាណានា ហាសស៊ូប ២៤ ហាឡូហេស ពីលហា សូបេក ២៥ រេហម ហាសាបណា ម៉ាអាសៀ ២៦ អាហាយ៉ា ហាណាន អេណាន ២៧ ម៉ាឡាក ហារីម និងបាអាណា។
២៨ រីឯបណ្ដាជនដែលនៅសល់មាន ពួកសង្ឃ ពួកលេវី ពួកអ្នកយាមទ្វារ ពួកអ្នកចម្រៀង ពួកអ្នកបម្រើនៅវិហារ និងអស់អ្នកដែលបានផ្ដាច់ខ្លួនពីជនជាតិដទៃដើម្បីធ្វើតាមច្បាប់របស់ព្រះពិត+ ព្រមទាំងប្រពន្ធកូនរបស់ពួកគេទាំងអស់។ ពួកគេសុទ្ធតែជាអ្នកដែលមានចំណេះនិងការយល់ដឹង។ ២៩ ពួកគេទាំងអស់គ្នាបានចូលរួមស្បថ*ជាមួយនឹងបងប្អូនរបស់ពួកគេដែលជាពួកអ្នកមានមុខមាត់ ថាពួកគេនឹងធ្វើតាមច្បាប់របស់ព្រះពិត ដែលលោកបានឲ្យតាមរយៈម៉ូសេជាអ្នកបម្រើលោក។ ពួកគេក៏បានស្បថថាពួកគេនឹងធ្វើតាមបញ្ញត្តិ បង្គាប់ និងការវិនិច្ឆ័យរបស់ព្រះយេហូវ៉ា។ ៣០ ពួកគេស្បថថា៖ «យើងនឹងមិនលើកកូនស្រីរបស់យើងឲ្យកូនប្រុសរបស់ជនជាតិដទៃដែលរស់នៅក្នុងស្រុកនេះទេ ហើយក៏មិនឲ្យកូនប្រុសរបស់យើងរៀបការជាមួយនឹងកូនស្រីរបស់ពួកគេដែរ។+
៣១ «បើជនជាតិដទៃនាំយកទំនិញនិងស្រូវមកលក់នៅថ្ងៃឈប់សម្រាក+ ឬថ្ងៃបរិសុទ្ធណាមួយ+ យើងនឹងមិនទិញពីពួកគេទេ។ បន្ថែមទៅទៀត យើងនឹងលុបបំណុលទាំងអស់+ ហើយនឹងមិនភ្ជួររាស់ដាំដុះឬប្រមូលផលនៅឆ្នាំទី៧ឡើយ។+
៣២ «លើសពីនេះទៀត យើងសន្យាថាយើងម្នាក់ៗនឹងបង់ប្រាក់១ភាគ៣ហ្សេគិល*ជារៀងរាល់ឆ្នាំ សម្រាប់កិច្ចបម្រើនៅវិហាររបស់ព្រះពិត+ ៣៣ សម្រាប់នំប៉័ងតាំងទុក+ សម្រាប់គ្រឿងបូជាពីស្រូវ+និងគ្រឿងបូជាដុតដែលត្រូវជូនជាប្រចាំនៅថ្ងៃឈប់សម្រាក+និងថ្ងៃចូលខែថ្មី+ សម្រាប់ថ្ងៃបុណ្យសំខាន់ៗ+ សម្រាប់របស់របរបរិសុទ្ធ ព្រមទាំងគ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ដើម្បីជម្រះភាពខុសឆ្គងរបស់ប្រជាជាតិអ៊ីស្រាអែល និងសម្រាប់កិច្ចការទាំងអស់ក្នុងវិហាររបស់ព្រះនៃយើង។
៣៤ «មិនត្រឹមតែប៉ុណ្ណោះ យើងបានចាប់ឆ្នោតដើម្បីឲ្យដឹងថាវង្សត្រកូលណាមួយរបស់ពួកសង្ឃ ពួកលេវី និងបណ្ដាជន ជាអ្នកដែលត្រូវយកអុសមកជូននៅវិហារព្រះ តាមពេលកំណត់ជារៀងរាល់ឆ្នាំ សម្រាប់ដុតនៅទីបូជារបស់ព្រះយេហូវ៉ាជាព្រះរបស់យើង ស្របតាមការណែនាំក្នុងច្បាប់ម៉ូសេ។+ ៣៥ យើងនឹងយកផលដំបូងពីចម្ការ និងពីដំណាំហូបផ្លែគ្រប់ប្រភេទ មកជូនព្រះយេហូវ៉ានៅឯវិហាររបស់លោកជារៀងរាល់ឆ្នាំ។+ ៣៦ យើងក៏នឹងយកកូនប្រុសច្បងរបស់យើង កូនដំបូងពីហ្វូងគោ ហ្វូងចៀម ហ្វូងពពែ និងសត្វឯទៀត+ មកឯបណ្ដាសង្ឃដែលបម្រើនៅវិហាររបស់ព្រះ ស្របតាមការណែនាំដែលមានក្នុងច្បាប់ម៉ូសេ។+ ៣៧ យើងនឹងយកវិភាគទាន ម្សៅពីស្រូវដំបូង+ ផលដំបូងពីដើមឈើគ្រប់ប្រភេទ+ ស្រាថ្មី និងប្រេង+ មកជូនពួកសង្ឃដើម្បីដាក់ក្នុងឃ្លាំងវិហារព្រះ។+ បន្ថែមទៅទៀត យើងនឹងយក១ភាគ១០ពីផលនៃស្រែចម្ការយើងទៅជូនពួកលេវី+ ព្រោះពួកគេជាអ្នកដែលត្រូវទទួល១ភាគ១០ពីក្រុងទាំងឡាយដែលធ្វើកសិកម្ម។
៣៨ «ចំណែកសង្ឃដែលជាកូនចៅអេរ៉ុន គាត់ត្រូវនៅជាមួយនឹងពួកលេវីកាលដែលពួកគេទៅប្រមូលវិភាគទាន១ភាគ១០។ រីឯពួកលេវី ពួកគេត្រូវយក១ភាគ១០ពីវិភាគទាននោះ+ ទៅដាក់នៅបន្ទប់ក្នុងឃ្លាំងនៃវិហារព្រះ ៣៩ ព្រោះជនជាតិអ៊ីស្រាអែល និងកូនចៅលេវី ត្រូវយកវិភាគទាន+ជាស្រូវ ស្រាថ្មី និងប្រេង+ ទៅទុកក្នុងឃ្លាំងវិហារ ជាកន្លែងដែលមានពួកសង្ឃ ពួកអ្នកយាមទ្វារ និងពួកអ្នកចម្រៀងបម្រើនៅទីនោះ។ ឯប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ក្នុងវិហារ ក៏នៅទីនោះដែរ។ យើងនឹងមិនបោះបង់ចោលវិហាររបស់ព្រះនៃយើងឡើយ»។+
១១ គ្រានោះ ពួកអ្នកគ្រប់គ្រងបានតាំងទីលំនៅក្នុងក្រុងយេរូសាឡិម។+ រីឯបណ្ដាជនវិញ ពួកគេបានចាប់ឆ្នោត+ គឺក្នុងចំណោម១០នាក់ឲ្យម្នាក់រស់នៅក្នុងក្រុងយេរូសាឡិមជាក្រុងបរិសុទ្ធ ហើយ៩នាក់ទៀតត្រូវរស់នៅតាមក្រុងនានា។ ២ ដូច្នេះ បណ្ដាជនទាំងអស់បានសរសើរពួកអ្នកដែលស្ម័គ្រចិត្តរស់នៅក្នុងក្រុងយេរូសាឡិម។
៣ ចំណែកពួកអ្នកដឹកនាំខេត្ត ពួកគេបានតាំងទីលំនៅក្នុងក្រុងយេរូសាឡិម។ រីឯបណ្ដាជនទាំងអស់ ពួកសង្ឃ ពួកលេវី ពួកអ្នកបម្រើនៅវិហារ+ និងកូនចៅរបស់ពួកអ្នកបម្រើសាឡូម៉ូន+ ពួកគេបានរស់នៅតាមក្រុងនានាក្នុងស្រុកយូដា គឺម្នាក់ៗរស់នៅក្នុងទឹកដីនិងក្រុងរបស់ខ្លួន។+
៤ ឯពួកអ្នកដែលមកពីកុលសម្ព័ន្ធយូដានិងកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេក៏បានតាំងទីលំនៅក្នុងក្រុងយេរូសាឡិមដែរ។ ពួកអ្នកដែលមកពីកុលសម្ព័ន្ធយូដាមាន អាថាយ៉ាជាកូនអូសៀស អូសៀសជាកូនសាការី សាការីជាកូនអាម៉ារៀ អាម៉ារៀជាកូនសេផាធា សេផាធាជាកូនម៉ាហាឡាលែល ម៉ាហាឡាលែលជាកូនចៅពេរេស។+ ៥ បន្ថែមទៀត មានម៉ាអាសៀជាកូនបារូក បារូកជាកូនកុលហូសេ កុលហូសេជាកូនហាសាយ៉ា ហាសាយ៉ាជាកូនអាដាយ៉ា អាដាយ៉ាជាកូនយ៉ូយ៉ារីប យ៉ូយ៉ារីបជាកូនសាការី សាការីជាកូនចៅសេឡា។ ៦ កូនចៅទាំងអស់របស់ពេរេសដែលរស់នៅក្រុងយេរូសាឡិមមានចំនួន៤៦៨នាក់។ ពួកគេទាំងអស់សុទ្ធតែជាអ្នកពូកែអង់អាច។
៧ រីឯពួកអ្នកដែលមកពីកុលសម្ព័ន្ធបេនយ៉ាមីនមានដូចតទៅ៖ សាលលូ+ជាកូនមេស៊ូឡាម មេស៊ូឡាមជាកូនយ៉ូអេត យ៉ូអេតជាកូនភេដាយ៉ា ភេដាយ៉ាជាកូនកូឡាយ៉ា កូឡាយ៉ាជាកូនម៉ាអាសៀ ម៉ាអាសៀជាកូនអ៊ីតធាល អ៊ីតធាលជាកូនយេសេយ៉ា។ ៨ បន្ទាប់ពីគាត់ មានកាបបាយនិងសាឡាយ សរុបទាំងអស់មានចំនួន៩២៨នាក់។ ៩ ចំណែកយ៉ូអែលជាកូនស៊ីកក្រាយ គាត់ជាអ្នកត្រួតពិនិត្យលើពួកគេក្នុងក្រុងយេរូសាឡិម។ ឯយូដាជាកូនហាសេណួអា គាត់ជាអ្នកត្រួតពិនិត្យទី២។
១០ ពីចំណោមពួកសង្ឃមានដូចតទៅ៖ យេដាយយ៉ាជាកូនយ៉ូយ៉ារីប យ៉ាគីន+ ១១ សេរ៉ាយ៉ាជាកូនហ៊ីលគីយ៉ា ហ៊ីលគីយ៉ាជាកូនមេស៊ូឡាម មេស៊ូឡាមជាកូនសេដុក សេដុកជាកូនមេរ៉ាយ៉ុត មេរ៉ាយ៉ុតជាកូនអាហាយថូប+ដែលជាអ្នកដឹកនាំម្នាក់នៅវិហាររបស់ព្រះពិត ១២ ព្រមទាំងបងប្អូនរបស់ពួកគេដែលធ្វើការនៅឯវិហារ សរុបទាំងអស់មានចំនួន៨២២នាក់។ បន្ថែមទៀត មានអាដាយ៉ាជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនភេឡាលៀ ភេឡាលៀជាកូនអាំសាយ អាំសាយជាកូនសាការី សាការីជាកូនផាសហឺ+ ផាសហឺជាកូនម៉ាលខាយយ៉ា ១៣ ព្រមទាំងបងប្អូនរបស់គាត់ សរុបទាំងអស់មានចំនួន២៤២នាក់ ហើយពួកគេទាំងអស់សុទ្ធតែជាប្រមុខគ្រួសារ។ បន្ថែមទៀត មានអាម៉ាសសាយជាកូនអាសារ៉េល អាសារ៉េលជាកូនអាសាយ អាសាយជាកូនមេស៊ីលេម៉ត មេស៊ីលេម៉តជាកូនអ៊ីមមឺ ១៤ ព្រមទាំងបងប្អូនរបស់ពួកគេ សរុបទាំងអស់មានចំនួន១២៨នាក់។ ពួកគេទាំងអស់សុទ្ធតែជាពួកបុរសពូកែអង់អាច។ ចំណែកសាប់ដៀល គាត់មកពីក្រុមគ្រួសារមួយដែលមានមុខមាត់ ហើយគាត់ជាអ្នកត្រួតពិនិត្យលើពួកគេ។
១៥ រីឯពួកលេវីមានដូចតទៅ៖ សិមម៉ាយ៉ា+ជាកូនហាសស៊ូប ហាសស៊ូបជាកូនអាសរ៉ាយខាម អាសរ៉ាយខាមជាកូនហាសាបៀ ហាសាបៀជាកូនប៊ូនណាយ។ ១៦ បន្ថែមទៅទៀត មានសាបបេថាយ+ និងយ៉ូសាបាត+ ពួកគាត់នៅក្នុងចំណោមពួកអ្នកដឹកនាំពួកលេវី ហើយមានភារកិច្ចមើលការខុសត្រូវលើកិច្ចការនៅខាងក្រៅវិហារព្រះ។ ១៧ បន្ថែមទៀត មានម៉ាថានៀ+ជាកូនមីកា មីកាជាកូនសាប់ដាយ សាប់ដាយជាកូនអេសាភ។+ ម៉ាថានៀជាអ្នកដឹកនាំការច្រៀងសរសើរតម្កើងព្រះ ក្នុងពេលអធិដ្ឋាន។+ បន្ថែមទៀត មានបាកប៊ូគាជាជំនួយការរបស់គាត់ និងអាប់ដាជាកូនសាំមូអា សាំមូអាជាកូនកាឡាល កាឡាលជាកូនយេឌូថិន។+ ១៨ ពួកលេវីទាំងអស់ដែលរស់នៅក្រុងបរិសុទ្ធមានចំនួន២៨៤នាក់។
១៩ ចំណែកពួកអ្នកយាមទ្វារមាន អាកខុប តាល់ម៉ូន+ និងបងប្អូនរបស់ពួកគេ សរុបទាំងអស់មានចំនួន១៧២នាក់។
២០ ឯបណ្ដាជនអ៊ីស្រាអែលទាំងអស់ ពួកសង្ឃនិងពួកលេវី ពួកគេរស់នៅតាមក្រុងនានាក្នុងស្រុកយូដា លើដីរបស់ខ្លួនដែលជាកេរមត៌ក។ ២១ រីឯពួកអ្នកបម្រើនៅវិហារ+ ពួកគេបានតាំងទីលំនៅនៅឯអូផែល។+ ចំណែកស៊ីហានិងគីសប៉ា ពួកគេមើលការខុសត្រូវលើពួកអ្នកបម្រើនៅវិហារ។
២២ រីឯអើសាយ គាត់ជាអ្នកត្រួតពិនិត្យលើពួកលេវីនៅក្រុងយេរូសាឡិម ហើយជាអ្នកមើលការខុសត្រូវលើកិច្ចការនៅវិហាររបស់ព្រះពិត។ គាត់ជាកូនបាណាយ បាណាយជាកូនហាសាបៀ ហាសាបៀជាកូនម៉ាថានៀ+ ម៉ាថានៀជាកូនមីខា មីខាជាកូនចៅអេសាភ។ ពួកគេសុទ្ធតែជាអ្នកចម្រៀង។ ២៣ ស្ដេចបានចេញបញ្ជា+ថាពួកអ្នកចម្រៀងត្រូវទទួលអ្វីដែលពួកគេត្រូវការជារៀងរាល់ថ្ងៃ។ ២៤ ចំណែកភេតាហ៊ា គាត់ជាកូនមេសេសាបេល មកពីវង្សត្រកូលសេរ៉ាដែលត្រូវជាកូនយូដា។ ភេតាហ៊ាធ្វើជាទីប្រឹក្សាស្ដេចក្នុងរឿងទាំងអស់ដែលទាក់ទងនឹងបណ្ដាជន។
២៥ បណ្ដាជនខ្លះដែលមកពីកុលសម្ព័ន្ធយូដាបានរស់នៅក្រុងគារីអាតអាបា+និងក្រុងតូចៗដែលនៅជុំវិញ ក្រុងឌីបូននិងក្រុងតូចៗដែលនៅជុំវិញ ព្រមទាំងក្រុងយេកាបសៀល+និងភូមិដែលនៅជុំវិញ។ ២៦ រីឯបណ្ដាជនខ្លះក៏បានទៅរស់នៅក្រុងយេសួ ក្រុងម៉ូឡាដា+ ក្រុងបេតផេលែត+ ២៧ ក្រុងហាសាស៊ូអាល+ ក្រុងបៀរសេបានិងក្រុងតូចៗដែលនៅជុំវិញ ២៨ ក្រុងស៊ីកឡាក់+ ក្រុងមេកូណានិងក្រុងតូចៗដែលនៅជុំវិញ ២៩ ក្រុងអេនរីម៉ូន+ ក្រុងសូរ៉ា+ ក្រុងយ៉ាមុត ៣០ ក្រុងសាណូអា+ ក្រុងអាឌូឡាម ព្រមទាំងភូមិជុំវិញ ក្រុងឡាគីស+និងតំបន់នៅជុំវិញ ក្រុងអាសេកា+និងក្រុងតូចៗដែលនៅជុំវិញ។ ពួកគេបានទៅតាំងទីលំនៅចាប់ពីក្រុងបៀរសេបា រហូតដល់ជ្រលងភ្នំហ៊ីណំ។+
៣១ ចំណែកឯបណ្ដាជនដែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេបានរស់នៅក្រុងកេបា+ តំបន់មីកម៉ាស់ ក្រុងអៃយ៉ា ក្រុងបេតអែល+និងក្រុងតូចៗដែលនៅជុំវិញ ៣២ ក្រុងអាណាថោត+ ក្រុងណូប+ ក្រុងអាណានៀ ៣៣ ក្រុងហាសោ ក្រុងរ៉ាម៉ា+ តំបន់គីថែម ៣៤ ក្រុងហាឌីត ក្រុងសេបូអ៊ីម តំបន់នេបាឡាត ៣៥ ក្រុងឡូត និងក្រុងអូណូ+ជាជ្រលងភ្នំសិប្បករ។* ៣៦ រីឯពួកលេវីខ្លះដែលធ្លាប់រស់នៅក្នុងទឹកដីយូដា បានត្រូវចាត់ឲ្យទៅរស់នៅក្នុងទឹកដីបេនយ៉ាមីន។
១២ រីឯពួកសង្ឃនិងពួកលេវីដែលបានធ្វើដំណើរឡើងទៅជាមួយនឹងសេរ៉ូបាបិល+ជាកូនសាលធាល+ និងយេសួរ+មានដូចតទៅ៖ សេរ៉ាយ៉ា យេរេមា អែសរ៉ា ២ អាម៉ារៀ ម៉ាឡាក ហាធូស ៣ សេកានៀ រេហម មេរេម៉ត ៤ អ៊ីតដូ គីនេថូយ អាប៊ីយ៉ា ៥ មីយ៉ាមីន ម៉ាអាឌា ប៊ីលកា ៦ សិមម៉ាយ៉ា យ៉ូយ៉ារីប យេដាយយ៉ា ៧ សាលលូ អេម៉ក់ ហ៊ីលគីយ៉ា និងយេដាយយ៉ា។ ពួកគេទាំងនេះសុទ្ធតែជាមេដឹកនាំលើពួកសង្ឃនិងលើបងប្អូនរបស់ខ្លួន នៅក្នុងគ្រាយេសួរ។
៨ ពួកលេវីមានដូចជា យេសួ ប៊ីននូអាយ កាតម៉ែល+ សេរេបៀ យូដា និងម៉ាថានៀ។+ ម៉ាថានៀជាអ្នកនាំមុខច្រៀងថ្លែងអំណរគុណជាមួយនឹងបងប្អូនរបស់គាត់។ ៩ ឯបាកប៊ូគានិងអាន់ណាយ ពួកគាត់ឈរទល់មុខពួកអ្នកទាំងនោះ បំពេញភារកិច្ចជាអ្នកយាម។ ១០ យេសួជាឪពុក*យ៉ូយ៉ាគីម យ៉ូយ៉ាគីមជាឪពុកអេឡាយអាស៊ីប+ អេឡាយអាស៊ីបជាឪពុកយ៉ូយ៉ាដា។+ ១១ យ៉ូយ៉ាដាជាឪពុកយ៉ូណាថាន យ៉ូណាថានជាឪពុកយ៉ាដួរ។
១២ នៅគ្រាយ៉ូយ៉ាគីម ពួកសង្ឃដែលជាប្រមុខគ្រួសារមានដូចតទៅ៖ មេរ៉ាយ៉ាជាតំណាងក្រុមគ្រួសារសេរ៉ាយ៉ា។+ ហាណានាជាតំណាងក្រុមគ្រួសារយេរេមា។ ១៣ មេស៊ូឡាមជាតំណាងក្រុមគ្រួសារអែសរ៉ា។+ យេហូហេណានជាតំណាងក្រុមគ្រួសារអាម៉ារៀ។ ១៤ យ៉ូណាថានជាតំណាងក្រុមគ្រួសារម៉ាឡាកាយ។ យ៉ូសែបជាតំណាងក្រុមគ្រួសារសេបានៀ។ ១៥ អាតណាជាតំណាងក្រុមគ្រួសារហារីម។+ ហេលកាយជាតំណាងក្រុមគ្រួសារមេរ៉ាយ៉ុត។ ១៦ សាការីជាតំណាងក្រុមគ្រួសារអ៊ីតដូ។ មេស៊ូឡាមជាតំណាងក្រុមគ្រួសារគីនេថូន។ ១៧ ស៊ីកក្រាយជាតំណាងក្រុមគ្រួសារអាប៊ីយ៉ា។+ តំណាងក្រុមគ្រួសារមីណាយអាមីនគឺ . . .។* ពីលថាយជាតំណាងក្រុមគ្រួសារម៉ូអាឌា។ ១៨ សាំមូអាជាតំណាងក្រុមគ្រួសារប៊ីលកា។+ យេហូណាថានជាតំណាងក្រុមគ្រួសារសិមម៉ាយ៉ា។ ១៩ ម៉ាធីណាយជាតំណាងក្រុមគ្រួសារយ៉ូយ៉ារីប។ អើសាយជាតំណាងក្រុមគ្រួសារយេដាយយ៉ា។+ ២០ កាឡាយជាតំណាងក្រុមគ្រួសារសាឡាយ។ ហេបឺរជាតំណាងក្រុមគ្រួសារអេម៉ក់។ ២១ ហាសាបៀជាតំណាងក្រុមគ្រួសារហ៊ីលគីយ៉ា។ នេថានេលជាតំណាងក្រុមគ្រួសារយេដាយយ៉ា។
២២ គេបានកត់ឈ្មោះប្រមុខគ្រួសារពួកលេវីនិងពួកសង្ឃក្នុងបញ្ជី ចាប់ពីគ្រាអេឡាយអាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និងយ៉ាដួរ+ រហូតដល់រាជ្យដារីយុសជាស្ដេចស្រុកពើស៊ី។
២៣ គេបានកត់ឈ្មោះពួកលេវីដែលជាប្រមុខគ្រួសារ ក្នុងសៀវភៅប្រវត្តិសាស្ត្រ រហូតដល់គ្រាយ៉ូហាណានជាកូនអេឡាយអាស៊ីប។ ២៤ ឯពួកលេវីដែលជាប្រមុខ មានហាសាបៀ សេរេបៀ យេសួ+ជាកូនកាតម៉ែល+ និងបងប្អូនរបស់ពួកគេដែលជាក្រុមអ្នកយាម។ ពួកគេឈរជាក្រុមៗទល់មុខគ្នា ដើម្បីច្រៀងសរសើរតម្កើងនិងថ្លែងអំណរគុណព្រះ ស្របតាមការណែនាំរបស់ដាវីឌ+ជាតំណាងព្រះពិត។ ២៥ ចំណែកម៉ាថានៀ+ បាកប៊ូគា អូបាឌា មេស៊ូឡាម តាល់ម៉ូន និងអាកខុប+ ពួកគេមានភារកិច្ចជាអ្នកយាមទ្វារ។+ ពួកគេឈរយាមបន្ទប់ឃ្លាំងដែលនៅក្បែរទ្វារវិហារ។ ២៦ ពួកអ្នកទាំងនោះបំពេញកិច្ចបម្រើរបស់ពួកគេ នៅគ្រាយ៉ូយ៉ាគីមជាកូនយេសួរ+ ត្រូវជាចៅយ៉ូសាដាក។ ពួកគេក៏បម្រើនៅគ្រានេហេមាជាអភិបាល ព្រមទាំងគ្រាអែសរ៉ា+ជាសង្ឃនិងជាអ្នកចម្លងឯកសារដែរ។
២៧ នៅពិធីសម្ពោធកំពែងក្រុងយេរូសាឡិម គេបានស្វែងរកពួកលេវីពីគ្រប់កន្លែង រួចនាំមកក្រុងយេរូសាឡិម ដើម្បីឲ្យមកអបអរពិធីសម្ពោធ និងច្រៀងថ្លែងអំណរគុណព្រះ+ អមជាមួយនឹងសំឡេងឆាប ពិណ និងឧបករណ៍ភ្លេងមានខ្សែ។ ២៨ ឯក្រុមអ្នកចម្រៀងដែលបានទទួលការបង្ហាត់បង្រៀន* ពួកគេក៏បានមកជួបជុំគ្នាដែរ។ ពួកគេមកពីតំបន់ជិតទន្លេយូដាន់ តំបន់ជុំវិញក្រុងយេរូសាឡិម ពីភូមិនានាក្នុងតំបន់ណេថូផា+ ២៩ ពីក្រុងបេតគីលកាល+ ពីតំបន់វាលនៅក្រុងកេបា+ និងក្រុងអាសម៉ាវែត+ ព្រោះពួកអ្នកចម្រៀងបានតាំងទីលំនៅនៅតំបន់ផ្សេងៗជុំវិញក្រុងយេរូសាឡិម។ ៣០ ពួកសង្ឃនិងពួកលេវី បានជម្រះខ្លួនឲ្យស្អាតបរិសុទ្ធ។ បន្ទាប់មក ពួកគេធ្វើឲ្យបណ្ដាជនស្អាតបរិសុទ្ធដែរ+ រួមទាំងទ្វារក្រុង+ និងកំពែង។+
៣១ បន្ទាប់ពីនោះ ខ្ញុំបាននាំពួកអ្នកគ្រប់គ្រងនៅស្រុកយូដាឡើងលើកំពែង។ រួចខ្ញុំបានរៀបចំឲ្យមានអ្នកចម្រៀងពីរក្រុមធំៗ ដើរដង្ហែគ្នាច្រៀងថ្លែងអំណរគុណព្រះ។ ខ្ញុំបានឲ្យក្រុមមួយដើរលើកំពែងទៅខាងស្ដាំ ឆ្ពោះទៅទ្វារសំរាម។+ ៣២ ពួកអ្នកដែលដើរខាងក្រោយក្រុមទី១ មានហូសាយ៉ា និងពួកអ្នកគ្រប់គ្រងចំនួនពាក់កណ្ដាល ៣៣ ព្រមទាំងអាសារៀ អែសរ៉ា មេស៊ូឡាម ៣៤ យូដា បេនយ៉ាមីន សិមម៉ាយ៉ា និងយេរេមា។ ៣៥ កូនប្រុសខ្លះរបស់ពួកសង្ឃបានកាន់ត្រែដើរដង្ហែជាមួយនឹងពួកគេដែរ ក្នុងនោះមាន៖+ សាការីជាកូនយ៉ូណាថាន យ៉ូណាថានជាកូនសិមម៉ាយ៉ា សិមម៉ាយ៉ាជាកូនម៉ាថានៀ ម៉ាថានៀជាកូនមីកាយ៉ា មីកាយ៉ាជាកូនសាកឺ សាកឺជាកូនអេសាភ+ ៣៦ ព្រមទាំងបងប្អូនរបស់គាត់ដែរ គឺសិមម៉ាយ៉ា អាសារ៉េល មីឡាឡាយ គីឡាឡាយ ម៉ាអាយ នេថានេល យូដា និងហាណាណៃ ពួកគេបានកាន់ឧបករណ៍ភ្លេងដែលដាវីឌ+ជាតំណាងព្រះពិតបានធ្វើ។ ពេលនោះ អែសរ៉ា+ជាអ្នកចម្លងឯកសារ បានដើរពីមុខពួកគេ។ ៣៧ ពេលទៅដល់ទ្វារក្បាលទឹក+ ពួកគេឡើងជណ្ដើរ+ក្រុងដាវីឌ+ ដែលនៅក្បែរជម្រាលកំពែងប៉ែកខាងលើវិមានដាវីឌ ហើយឆ្ពោះទៅទ្វារទឹក+ដែលនៅប៉ែកខាងកើត។
៣៨ ឯក្រុមទី២ ពួកគេដើរដង្ហែគ្នាលើកំពែងទៅខាងឆ្វេងវិញ ដោយច្រៀងថ្លែងអំណរគុណព្រះ។ ឯខ្ញុំនិងអ្នកដែលនៅសល់ពាក់កណ្ដាលទៀតដើរតាមក្រោយក្រុមអ្នកចម្រៀងនោះដែរ យើងធ្វើដំណើរកាត់តាមប៉មឡនំប៉័ង+ និងកំពែងធំ+ ៣៩ ហើយកាត់តាមទ្វារអេប្រាអ៊ីម+ ទ្វារក្រុងចាស់+ ទ្វារត្រី+ ប៉មហាណានៀល+ ប៉មម៉េអា និងទ្វារចៀម។+ បន្ទាប់មក ពួកគេបានឈប់នៅត្រង់ទ្វារអ្នកចាំយាម។
៤០ ទីបំផុត អ្នកចម្រៀងទាំងពីរក្រុម បានទៅដល់ខាងមុខវិហាររបស់ព្រះពិត ហើយខ្ញុំនិងពួកអ្នកគ្រប់គ្រងពាក់កណ្ដាលក៏ទៅដល់ទីនោះដែរ។ ៤១ ឯពួកសង្ឃដែលកាន់ត្រែក៏នៅទីនោះដែរគឺ អេលាគីម ម៉ាអាសៀ មីណាយអាមីន មីកាយ៉ា អេលីយ៉ូអ៊ីណាយ សាការី ហាណានា ៤២ ម៉ាអាសៀ សិមម៉ាយ៉ា អេលាសារ អើសាយ យេហូហេណាន ម៉ាលខាយយ៉ា អេឡាំ និងអេសឺ។ ពេលនោះ ក្រុមអ្នកចម្រៀងបានច្រៀងឡើងយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់អ៊ីសរ៉ាហៀ។
៤៣ នៅថ្ងៃនោះ គេបានជូនគ្រឿងបូជាយ៉ាងច្រើនសន្ធឹកដល់ព្រះ ហើយពួកគេសប្បាយរីករាយក្រៃលែង+ ព្រោះព្រះពិតបានធ្វើឲ្យពួកគេមានអំណរយ៉ាងខ្លាំង ទាំងស្ត្រីទាំងកូនក្មេងក៏អរសប្បាយដែរ។+ យ៉ាងនេះ នៅក្រុងយេរូសាឡិមមានសំឡេងអរសប្បាយលាន់ឮកងរំពងទៅដល់កន្លែងឆ្ងាយៗ។+
៤៤ នៅថ្ងៃដដែលនោះ មានបុរសខ្លះបានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើបន្ទប់ឃ្លាំង+ដាក់វិភាគទាន+ ផលដំបូង+ និងអំណោយ១ភាគ១០។+ ពួកគេត្រូវប្រមូលភោគផលពីស្រែតាមក្រុងនានា មកដាក់ក្នុងឃ្លាំង សម្រាប់ទុកជាចំណែកដល់ពួកសង្ឃនិងពួកលេវី ស្របតាមច្បាប់តម្រូវឲ្យ។+ ពេលនោះ បណ្ដាជនក្នុងស្រុកយូដាមានអំណរជាខ្លាំង ព្រោះពួកសង្ឃនិងពួកលេវីបំពេញតួនាទីនៅឯវិហារ។ ៤៥ បន្ថែមទៀត ពួកសង្ឃនិងពួកលេវីបានបំពេញកិច្ចបម្រើរបស់ខ្លួននៅចំពោះព្រះ និងបំពេញមុខងារក្នុងការញែកឲ្យបានស្អាតបរិសុទ្ធ។ ចំណែកពួកអ្នកចម្រៀងនិងអ្នកយាមទ្វារវិញ ពួកគេក៏បំពេញភារកិច្ចរបស់ខ្លួនដែរ ស្របតាមការណែនាំពីដាវីឌនិងសាឡូម៉ូនជាកូនរបស់គាត់។ ៤៦ តាំងពីយូរមកហើយ នៅគ្រាដាវីឌនិងអេសាភ តែងតែមានពួកអ្នកដឹកនាំអ្នកចម្រៀង ក្នុងការច្រៀងសរសើរនិងការច្រៀងថ្លែងអំណរគុណដល់ព្រះ។+ ៤៧ នៅគ្រាសេរ៉ូបាបិល+និងគ្រានេហេមា បណ្ដាជនអ៊ីស្រាអែលទាំងអស់បានជូនវិភាគទាន សម្រាប់ពួកអ្នកចម្រៀង+ និងពួកអ្នកយាមទ្វារ+ ស្របតាមតម្រូវការប្រចាំថ្ងៃរបស់ពួកគេ។ បណ្ដាជនក៏បានជូនវិភាគទានសម្រាប់ពួកលេវីដែរ។+ ឯពួកលេវីវិញ ពួកគេបានជូនវិភាគទានសម្រាប់កូនចៅអេរ៉ុន។
១៣ នៅថ្ងៃនោះ គេបានអានសៀវភៅម៉ូសេឲ្យបណ្ដាជនស្ដាប់+ ហើយគេបានរកឃើញសេចក្ដីដែលកត់ទុកថា ជនជាតិអាំម៉ូនឬជនជាតិម៉ូអាប់+ មិនគួរចូលក្នុងក្រុមជំនុំនៃអ្នកគោរពប្រណិប័តន៍ព្រះពិតទេ+ ២ ព្រោះអ្នកទាំងនោះមិនបានឲ្យអាហារ*និងទឹកដល់ជនជាតិអ៊ីស្រាអែល តែបែរជាជួលបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រាអែលទៅវិញ។+ ទោះជាដូច្នោះក៏ដោយ ព្រះបានធ្វើឲ្យបណ្ដាសានោះត្រឡប់ទៅជាពរដល់ជនជាតិអ៊ីស្រាអែល។+ ៣ ក្រោយពីស្ដាប់ការអានច្បាប់ទាំងនោះរួច បណ្ដាជនចាប់ផ្ដើមញែកជនជាតិដទៃ និងពួកអ្នកដែលជាប់សាច់ឈាមជនជាតិដទៃ ចេញពីចំណោមជនជាតិអ៊ីស្រាអែល។+
៤ មុនពេលនោះ អេឡាយអាស៊ីប+ជាសង្ឃ មានភារកិច្ចមើលការខុសត្រូវបន្ទប់ឃ្លាំងនៅវិហាររបស់ព្រះនៃយើង។+ គាត់មានសាច់ញាតិម្នាក់ឈ្មោះថូបៀ។+ ៥ គាត់បានរៀបចំបន្ទប់ឃ្លាំងធំមួយឲ្យថូបៀ។ បន្ទប់នោះគេធ្លាប់ប្រើសម្រាប់ដាក់គ្រឿងបូជាពីស្រូវ គ្រឿងក្រអូប និងប្រដាប់ប្រដាផ្សេងៗ និងវិភាគទាន១ភាគ១០ គឺស្រូវ ស្រាថ្មី និងប្រេង។+ អ្វីៗទាំងនោះជាចំណែករបស់ពួកលេវី+ ពួកអ្នកចម្រៀង និងពួកអ្នកយាមទ្វារ។ នៅក្នុងនោះគេក៏ដាក់វិភាគទានសម្រាប់ពួកសង្ឃដែរ។+
៦ នៅគ្រានោះ ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ ព្រោះខ្ញុំបានត្រឡប់ទៅជួបស្ដេចអើថាស៊ើកសេស+ជាស្ដេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទី៣២+នៃរាជ្យគាត់។ អស់មួយរយៈក្រោយមក ខ្ញុំបានសុំច្បាប់ស្ដេច ៧ ហើយធ្វើដំណើរមកក្រុងយេរូសាឡិម។ លុះមកដល់ហើយ ខ្ញុំបានឃើញទង្វើដ៏អាក្រក់របស់អេឡាយអាស៊ីប+ គឺគាត់បានរៀបចំបន្ទប់ឃ្លាំងមួយនៅទីធ្លាវិហារព្រះពិតសម្រាប់ថូបៀ។+ ៨ ការប្រព្រឹត្តនេះនាំឲ្យខ្ញុំទាស់ចិត្តជាខ្លាំង ដូច្នេះខ្ញុំបានប្រមូលប្រដាប់ប្រដារបស់ថូបៀបោះទៅខាងក្រៅ។ ៩ រួចមក ខ្ញុំបានបង្គាប់គេឲ្យសម្អាតបន្ទប់ឃ្លាំងនោះ ហើយខ្ញុំយកប្រដាប់ប្រដាប្រើប្រាស់ក្នុងវិហាររបស់ព្រះពិត+ ព្រមទាំងគ្រឿងបូជាពីស្រូវ និងគ្រឿងក្រអូប+ទៅទុកក្នុងបន្ទប់នោះវិញ។
១០ បន្ថែមទៅទៀត ខ្ញុំបានដឹងថាបណ្ដាជនមិនបានឲ្យ+វិភាគទានសម្រាប់ពួកលេវី+ និងពួកអ្នកចម្រៀងទេ។ ដូច្នេះហើយបានជាពួកគេទៅធ្វើស្រែចម្ការរបស់ខ្លួនវិញ។+ ១១ ហេតុនេះ ខ្ញុំបានស្ដីបន្ទោសពួកអ្នកគ្រប់គ្រងបន្ទាប់+ថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាបោះបង់ចោលវិហាររបស់ព្រះដូច្នេះ?»។+ បន្ទាប់មក ខ្ញុំបានហៅពួកលេវីនិងពួកអ្នកចម្រៀងឲ្យមកបំពេញភារកិច្ចរបស់ខ្លួនឡើងវិញ។ ១២ ក្រោយមក បណ្ដាជនយូដាទាំងអស់បានជូនភោគផល១ភាគ១០+នៃស្រូវ ស្រាថ្មី និងប្រេង សម្រាប់ដាក់ក្នុងឃ្លាំងវិហារ។+ ១៣ រួចមក ខ្ញុំបានតែងតាំងបុរសបីនាក់ ឲ្យមើលការខុសត្រូវលើឃ្លាំងវិហារ គឺសេលេមៀជាសង្ឃ សេដុកជាអ្នកចម្លងឯកសារ និងភេដាយ៉ាជាលេវី។ ខ្ញុំក៏បានតែងតាំងហាណានជាកូនសាកឺ ត្រូវជាចៅម៉ាថានៀ ឲ្យធ្វើជាជំនួយការរបស់ពួកគេដែរ។ បុរសទាំងនេះគឺជាមនុស្សគួរឲ្យទុកចិត្ត ហើយពួកគេមានភារកិច្ចចែកចាយវិភាគទានដល់បងប្អូនរបស់ពួកគេ។
១៤ ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះរបស់ខ្ញុំអើយ! សូមលោកចាំការប្រព្រឹត្តទាំងនេះរបស់ខ្ញុំផង+ ហើយសូមកុំភ្លេចទង្វើដែលផុសចេញពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ដែលខ្ញុំបានធ្វើចំពោះវិហារលោកនិងកិច្ចបម្រើនៅទីនោះដែរ»។+
១៥ នៅគ្រានោះ ខ្ញុំបានឃើញបណ្ដាជនក្នុងស្រុកយូដាជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា នៅថ្ងៃឈប់សម្រាក។+ ខ្ញុំក៏ឃើញគេដឹកកណ្ដាប់ស្រូវលើខ្នងលា ហើយយកស្រា ផ្លែទំពាំងបាយជូរ ផ្លែល្វាតូច* និងទំនិញគ្រប់ប្រភេទ ចូលក្នុងក្រុងយេរូសាឡិមនៅថ្ងៃឈប់សម្រាក។+ ដូច្នេះ ខ្ញុំបានហាមពួកគេមិនឲ្យលក់ដូរនៅថ្ងៃឈប់សម្រាកឡើយ។ ១៦ រីឯពួកទីរ៉ុសដែលរស់នៅក្នុងក្រុងយេរូសាឡិម ពួកគេបានយកត្រីនិងទំនិញគ្រប់ប្រភេទមកលក់ឲ្យបណ្ដាជនយូដាក្នុងក្រុងនោះ នៅថ្ងៃឈប់សម្រាក។+ ១៧ ដូច្នេះ ខ្ញុំបានស្ដីបន្ទោសឲ្យពួកអ្នកដឹកនាំក្នុងស្រុកយូដាថា៖ «ហេតុដូចម្ដេចអ្នករាល់គ្នាប្រព្រឹត្តអាក្រក់បែបនេះ ហើយបំពានច្បាប់ថ្ងៃឈប់សម្រាកដូច្នេះ? ១៨ បុព្វបុរសអ្នករាល់គ្នាក៏បានធ្វើអាក្រក់ដូចនេះដែរ។ ហេតុនេះហើយបានជាព្រះបណ្ដាលឲ្យមានទុក្ខវេទនាមកលើយើង និងក្រុងនេះ។ ឥឡូវអ្នករាល់គ្នាធ្វើឲ្យព្រះខឹងជនជាតិអ៊ីស្រាអែលកាន់តែខ្លាំង ព្រោះតែការបំពានច្បាប់ថ្ងៃឈប់សម្រាក»។+
១៩ ខ្ញុំបានបង្គាប់ឲ្យគេបិទទ្វារក្រុងយេរូសាឡិមមុនថ្ងៃលិច គឺមុនថ្ងៃឈប់សម្រាកចាប់ផ្ដើម។ ខ្ញុំបានដាក់ពួកអ្នកបម្រើខ្លះរបស់ខ្ញុំ ឲ្យយាមទ្វារក្រុង ដើម្បីកុំឲ្យពួកឈ្មួញយកទំនិញចូលក្រុងនៅថ្ងៃឈប់សម្រាក ហើយខ្ញុំក៏បង្គាប់គេមិនឲ្យបើកទ្វារក្រុងឡើយ ទាល់តែផុតថ្ងៃនោះ ទើបខ្ញុំឲ្យគេបើកវិញ។ ២០ ដូច្នេះ មានម្ដងជាពីរដង ពួកឈ្មួញនិងអ្នកលក់ទំនិញគ្រប់ប្រភេទ បានដេកនៅក្រៅក្រុងយេរូសាឡិម។ ២១ បន្ទាប់មក ខ្ញុំបានព្រមានពួកគេដោយនិយាយថា៖ «ម្ដេចអ្នករាល់គ្នាដេកនៅក្រៅកំពែងក្រុងដូច្នេះ? បើអ្នករាល់គ្នាធ្វើដូច្នេះម្ដងទៀត ខ្ញុំនឹងបណ្ដេញអ្នករាល់គ្នាដោយកម្លាំងហើយ»។ តាំងពីពេលនោះមក ពួកគេលែងហ៊ានមកនៅថ្ងៃឈប់សម្រាកទៀត។
២២ ក្រោយមក ខ្ញុំបានប្រាប់ពួកលេវីឲ្យជម្រះខ្លួនឲ្យស្អាតបរិសុទ្ធជាទៀងទាត់ ហើយឲ្យពួកគេទៅយាមទ្វារក្រុងដើម្បីរក្សាថ្ងៃឈប់សម្រាកទុកជាថ្ងៃបរិសុទ្ធ។+ រួចខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះរបស់ខ្ញុំអើយ! សូមលោកចាំការប្រព្រឹត្តរបស់ខ្ញុំ ហើយសូមលោកអាណិតមេត្តាចំពោះខ្ញុំផង ព្រោះលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ»។+
២៣ នៅគ្រានោះ ខ្ញុំឃើញថាពួកយូដាខ្លះបានរៀបការជាមួយនឹងស្ត្រី+មកពីក្រុងអាសូត+ ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់។+ ២៤ កូនចៅពួកគេចំនួនពាក់កណ្ដាលចេះនិយាយភាសាអាសូត និងពាក់កណ្ដាលទៀតចេះនិយាយភាសារបស់ជនជាតិដទៃ តែមិនចេះនិយាយភាសារបស់ជនជាតិយូដាទេ។ ២៥ ដូច្នេះ ខ្ញុំបានស្ដីបន្ទោសពួកគេ ថែមទាំងដាក់បណ្ដាសាទៀតផង។ ខ្ញុំបានវាយពួកបុរសខ្លះ+ ទាំងបោចសក់ពួកគេ ហើយឲ្យពួកគេស្បថនៅចំពោះព្រះ រួចខ្ញុំនិយាយថា៖ «អ្នករាល់គ្នាមិនត្រូវឲ្យកូនប្រុសកូនស្រីរបស់អ្នករាល់គ្នារៀបការជាមួយនឹងកូនប្រុសកូនស្រីរបស់ពួកគេទេ ហើយអ្នករាល់គ្នាក៏មិនត្រូវរៀបការជាមួយនឹងកូនស្រីរបស់ពួកគេដែរ។+ ២៦ គឺដោយសារស្ត្រីដូចនេះហើយ ដែលស្ដេចសាឡូម៉ូនបានធ្វើអំពើខុសឆ្គង មែនទេ? ព្រះរបស់គាត់បានស្រឡាញ់គាត់+ ហើយតាំងគាត់ឡើងជាស្ដេចលើស្រុកអ៊ីស្រាអែលទាំងមូល។ ក្នុងចំណោមប្រជាជាតិនានាគ្មានស្ដេចណាដូចគាត់ទេ។+ ទោះជាយ៉ាងនោះក្ដី ប្រពន្ធទាំងឡាយរបស់គាត់ដែលជាជនជាតិដទៃ នៅតែអាចនាំគាត់ឲ្យប្រព្រឹត្តអំពើខុសឆ្គងបានដែរ។+ ២៧ មិនគួរឲ្យជឿសោះ ថាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះ ដោយហ៊ានរៀបការជាមួយនឹងស្ត្រីជនជាតិដទៃ!»។+
២៨ រីឯយ៉ូយ៉ាដា+ជាកូនអេឡាយអាស៊ីប+ជាសម្ដេចសង្ឃ គាត់មានកូនប្រុសម្នាក់រៀបការជាមួយនឹងកូនស្រីរបស់សានបាឡាត+ជាអ្នកក្រុងបេតហូរ៉ុន។ ដូច្នេះ ខ្ញុំបានបណ្ដេញកូនប្រុសនោះចេញពីមុខខ្ញុំទៅ។
២៩ ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះរបស់ខ្ញុំអើយ! សូមលោកចាំពីទង្វើរបស់ពួកគេផង ព្រោះពួកគេបានបង្អាប់បង្អោនកិច្ចបម្រើជាសង្ឃ ហើយមើលងាយកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងពួកសង្ឃ+និងពួកលេវី»។+
៣០ ខ្ញុំបានធ្វើឲ្យពួកគេស្អាតបរិសុទ្ធពីឥទ្ធិពលសព្វបែបយ៉ាងដែលមកពីជនជាតិដទៃ។ បន្ថែមទៅទៀត ខ្ញុំបានរៀបចំឲ្យពួកសង្ឃនិងពួកលេវីបំពេញភារកិច្ចរបស់ខ្លួនឡើងវិញ។+ ៣១ ខ្ញុំក៏បានរៀបចំឲ្យមានការជូនភោគផលដំបូង និងការផ្ដល់អុស+តាមពេលកំណត់ដែរ។
ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះរបស់ខ្ញុំអើយ! សូមឲ្យពរខ្ញុំ ហើយសូមចាំអំពីអ្វីៗដែលខ្ញុំបានធ្វើផង»។+
មានន័យថា«យ៉ាសម្រាលទុក្ខ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
ឬ«ស៊ូសា»
សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម
ឬ«សេចក្ដីព្រមាន»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
ឬ«ព្រៃរបស់ស្ដេច»
ក្នុងគម្ពីរពាក្យ«កូន»ឬ«បុត្រ»អាចសំដៅលើអ្នកណាក៏ដោយដែលកើតក្នុងវង្សត្រកូល
ប្រហែលជា៤៤៥ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
សេឡាមានន័យថាប្រឡាយ។ នេះជាអាងដែលទឹកប្រឡាយហូរចូល
ន័យត្រង់«ឈរពីក្រោយ»
ន័យត្រង់«ក្រុមជំនុំ»។ មើលនិយមន័យពាក្យ«ក្រុមជំនុំ»
ឬ«សូមឲ្យកើតឡើង!»
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ន័យត្រង់«មិនបានចាត់គាត់ឲ្យមកប្រកាសទំនាយប្រឆាំងនឹងខ្ញុំទេ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
មើលនិយមន័យពាក្យ«យូរីមនិងធូមីម»
ជាទូទៅមួយដ្រាកម៉ាស្មើនឹងកាក់មាសរបស់ពើស៊ីមួយដារីក ដែលមានទម្ងន់៨,៤ក្រាម។ ប៉ុន្តែ មិនដូចដ្រាកម៉ាក្នុងបទគម្ពីរភាសាក្រិចទេ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ក្នុងបទគម្ពីរភាសាហេប្រឺ មួយមិណាស្មើនឹង៥៧០ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«សូមឲ្យកើតឡើង!»
ឬ«បណ្ដាកងទ័ពនៅស្ថានសួគ៌»
ឬ«ផ្កាយទាំងឡាយ»
ឬ«ស្ថានសួគ៌»
ឬ«ច្បាប់ដ៏ពិតត្រង់»
ន័យត្រង់«នំប៉័ង»
ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
ឬ«សេចក្ដីព្រមាន»
ន័យត្រង់«រូបកាយយើង»
ឬ«ស្បថឲ្យត្រូវបណ្ដាសា»
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬប្រហែលជាមានន័យថា«ក្រុងអូណូ និងជ្រលងភ្នំសិប្បករ»
ក្នុងគម្ពីរពាក្យ«ឪពុក»អាចសំដៅលើឪពុកបង្កើតឬបុព្វបុរស
តាមមើលទៅឯកសារជាភាសាហេប្រឺ អត់មានឈ្មោះនៅទីនេះទេ
ន័យត្រង់«កូនចៅពួកអ្នកចម្រៀង»
ន័យត្រង់«នំប៉័ង»
ផ្លែឈើម្យ៉ាងដែលមានតម្លៃខ្ពស់នៅសម័យដែលគេសរសេរគម្ពីរ ពេលផ្លែនោះទុំមិនកើតមានមមង់នៅក្នុងផ្លែនោះទេ