អេសេគាល
១ នៅថ្ងៃទី៥ ខែទី៤ ក្នុងឆ្នាំទី៣០* កាលខ្ញុំនៅជាមួយនឹងពួកអ្នកដែលជាប់ជាឈ្លើយ+ក្បែរទន្លេកេបា+ មេឃបានបើកចំហឡើង ហើយព្រះបានបើកបង្ហាញឲ្យខ្ញុំឃើញក្នុងគំនិតអំពីលោក។ ២ នៅថ្ងៃទី៥ ក្នុងខែនោះ គឺនៅឆ្នាំទី៥នៃគ្រាដែលស្ដេចយេហូយ៉ាគីនជាប់ជាឈ្លើយ+ ៣ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំអេសេគាល*ជាកូនប៊ូសាយជាសង្ឃ ដែលរស់នៅក្បែរទន្លេកេបាក្នុងស្រុកខាល់ដេ។+ នៅទីនោះ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានមកសណ្ឋិតលើខ្ញុំ។+
៤ កាលខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឃើញខ្យល់ព្យុះយ៉ាងខ្លាំង+បក់មកពីទិសខាងជើង ហើយឃើញមានពពកយ៉ាងក្រាស់និងផ្លេកបន្ទោរ+ ថែមទាំងមានពន្លឺភ្លឺចិញ្ចាចនៅជុំវិញ ហើយនៅកណ្ដាលផ្លេកបន្ទោរនោះ ខ្ញុំមើលទៅឃើញអ្វីមួយដូចជាលោហៈចែងចាំង។*+ ៥ នៅក្នុងនោះ មើលទៅដូចជាបុគ្គលវិញ្ញាណបួនរូប+ ហើយមួយរូបៗមានរូបរាងដូចជាមនុស្ស។ ៦ បុគ្គលមួយរូបៗ មានមុខបួននិងមានស្លាបបួន។+ ៧ ជើងរបស់ពួកគេត្រង់ និងប្រអប់ជើងពួកគេមើលទៅដូចជាប្រអប់ជើងគោ ហើយជើងទាំងនោះភ្លឺចិញ្ចែងដូចជាស្ពាន់ភ្លឺរលោង។+ ៨ ដៃរបស់ពួកគេដូចជាដៃមនុស្ស ហើយដៃទាំងនោះនៅក្រោមស្លាបទាំងបួន។ ពួកគេទាំងបួនរូប មានមុខបួននិងស្លាបបួន។ ៩ ស្លាបរបស់ពួកគេប៉ះគ្នា។ ពេលពួកគេធ្វើដំណើរ ពួកគេទៅយ៉ាងត្រង់ ហើយមិនបែរខ្លួនឡើយ។+
១០ មុខទាំងបួនរបស់ពួកគេគឺដូចតទៅ៖ នៅចំហៀងមួយមានមុខជាមនុស្ស នៅខាងស្ដាំមានមុខជាសត្វតោ+ នៅខាងឆ្វេងមានមុខជាគោឈ្មោល+ និងនៅចំហៀងមួយទៀតមានមុខជាសត្វឥន្ទ្រី។+ ១១ មុខពួកគេមានលក្ខណៈដូចនោះ។ ស្លាបរបស់ពួកគេត្រដាងឡើងលើ។ ស្លាបពីរប៉ះគ្នា ហើយស្លាបពីរទៀតបាំងរាងកាយពួកគេ។+
១២ ពេលពួកគេធ្វើដំណើរ ពួកគេទៅយ៉ាងត្រង់មិនបែរខ្លួនទេ ហើយធ្វើដំណើរទៅតាមឫទ្ធានុភាពព្រះដែលជំរុញពួកគេ។+ ១៣ បុគ្គលវិញ្ញាណទាំងនោះ មានសណ្ឋានដូចជារងើកភ្លើងកំពុងឆេះ ហើយនៅចន្លោះពួកគេមានអ្វីមួយមើលទៅដូចជាភ្លើងចន្លុះដែលកំពុងមានចលនាទៅមក ថែមទាំងមានផ្លេកបន្ទោរព្រាកៗចេញពីភ្លើងនោះផងដែរ។+ ១៤ ពេលបុគ្គលវិញ្ញាណទាំងនោះធ្វើដំណើរទៅមក ចលនារបស់ពួកគេដូចជាពន្លឺផ្លេកបន្ទោរ។
១៥ កាលខ្ញុំកំពុងមើលបុគ្គលវិញ្ញាណដែលមានមុខបួន ខ្ញុំក៏បានឃើញកង់ដែលមើលទៅដូចជាកង់រទេះនៅលើដីក្បែរពួកគេមួយរូបៗ+ ១៦ គឺឃើញមានកង់បួន ហើយកង់នោះមានសណ្ឋានដូចគ្នា និងភ្លឺដូចជាត្បូងគ្រីសូឡែត ហើយមើលទៅក្នុងកង់នីមួយៗមានកង់មួយទៀត។* ១៧ ពេលវាធ្វើដំណើរ វាអាចទៅទិសណាមួយក្នុងទិសដៅទាំងបួន ដោយមិនចាំបាច់បត់ទេ។ ១៨ ខ្នងកង់ទាំងនោះខ្ពស់ដល់ម្ល៉េះដែលមើលទៅអស្ចារ្យណាស់ ហើយលើខ្នងកង់ទាំងនោះមានពេញទៅដោយភ្នែក។+ ១៩ ពេលបុគ្គលវិញ្ញាណទាំងនោះធ្វើដំណើរទៅកន្លែងណា កង់ទាំងនោះក៏ធ្វើដំណើរទៅជាមួយដែរ។ ពេលបុគ្គលវិញ្ញាណបានត្រូវលើកឡើងផុតពីដី កង់ទាំងនោះក៏ត្រូវលើកឡើងដែរ។+ ២០ បុគ្គលវិញ្ញាណទាំងនោះទៅកន្លែងណាដែលឫទ្ធានុភាពរបស់ព្រះជំរុញពួកគេឲ្យទៅ ហើយកង់ទាំងនោះបានត្រូវលើកឡើងទៅជាមួយនឹងពួកគេដែរ ព្រោះឫទ្ធានុភាពរបស់ព្រះដឹកនាំពួកគេនិងកង់ទាំងនោះ។ ២១ ពេលបុគ្គលវិញ្ញាណទាំងនោះធ្វើដំណើរ កង់ទាំងនោះក៏ធ្វើដំណើរទៅជាមួយដែរ។ ពេលបុគ្គលវិញ្ញាណឈប់ កង់ទាំងនោះក៏ឈប់ដែរ។ ពេលបុគ្គលវិញ្ញាណបានត្រូវលើកឡើងផុតពីដី កង់ទាំងនោះក៏ត្រូវលើកឡើងដែរ ព្រោះឫទ្ធានុភាពរបស់ព្រះដឹកនាំពួកគេនិងកង់ទាំងនោះ។
២២ នៅលើក្បាលបុគ្គលវិញ្ញាណទាំងបួន មើលទៅឃើញមានកម្រាលមួយភ្លឺរលោងដូចជាផ្ទាំងទឹកកកដ៏អស្ចារ្យសន្ធឹងនៅលើនោះ។+ ២៣ នៅក្រោមកម្រាលនោះ ស្លាបរបស់បុគ្គលវិញ្ញាណ ត្រង់*ប៉ះគ្នា ស្លាបពីរសម្រាប់បាំងរាងកាយម្ខាង ហើយស្លាបពីរសម្រាប់បាំងរាងកាយម្ខាងទៀត។ ២៤ ខ្ញុំឮសន្ធឹកស្លាបរបស់ពួកគេ ដូចជាសូរសន្ធឹកទឹកបក់បោក គឺដូចជាសំឡេងដ៏ខ្លាំងមហិមាពីព្រះ។+ ពេលពួកគេធ្វើដំណើរទៅ នោះឮសូរដូចជាកងទ័ព ហើយពេលពួកគេឈរទ្រឹង ពួកគេទម្លាក់ស្លាបចុះ។
២៥ ពេលនោះ មានសូរសំឡេងមួយ ចេញពីខាងលើកម្រាលដែលនៅលើក្បាលបុគ្គលវិញ្ញាណទាំងនោះ។ (ពេលពួកគេឈរទ្រឹង ពួកគេទម្លាក់ស្លាបចុះ)។ ២៦ នៅលើកម្រាលដែលនៅលើក្បាលពួកគេ មើលទៅមានអ្វីមួយដូចជាត្បូងកណ្ដៀង+ ហើយមានទ្រង់ទ្រាយដូចជាបល្ល័ង្កមួយ។+ បុគ្គលដែលអង្គុយនៅលើបល្ល័ង្កនោះមើលទៅដូចជាមនុស្សជាតិ។+ ២៧ ចាប់ពីចង្កេះបុគ្គលនោះឡើងលើ ខ្ញុំបានឃើញអ្វីមួយដូចជាអណ្ដាតភ្លើងចេញមក ហើយភ្លើងនោះមើលទៅដូចជាលោហៈភ្លឺត្រចះ។+ ចាប់ពីចង្កេះចុះក្រោម ខ្ញុំឃើញអ្វីមួយដែលមើលទៅដូចជាភ្លើង។+ នៅជុំវិញបុគ្គលនោះមានរស្មីភ្លឺចិញ្ចាចចិញ្ចែង ២៨ ដូចជាឥន្ទធនូ+ក្នុងពពកពេលភ្លៀង។ នោះហើយជាពន្លឺត្រចះដែលខ្ញុំបានឃើញ។ ពន្លឺនោះមើលទៅដូចជាសិរីរុងរឿងរបស់ព្រះយេហូវ៉ា។+ ពេលឃើញភ្លាម ខ្ញុំក៏ក្រាបមុខចុះ ហើយខ្ញុំឮសំឡេងបុគ្គលម្នាក់និយាយមកកាន់ខ្ញុំ។
២ បន្ទាប់មក លោកក៏មានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្ស*អើយ! ចូរក្រោកឈរឡើង ខ្ញុំចង់និយាយជាមួយអ្នក»។+ ២ ពេលលោកមានប្រសាសន៍មកខ្ញុំ ឫទ្ធានុភាពលោកក៏មកសណ្ឋិតលើខ្ញុំ ហើយធ្វើឲ្យខ្ញុំក្រោកឈរឡើង+ ដើម្បីខ្ញុំអាចស្ដាប់ប្រសាសន៍របស់លោក។
៣ លោកមានប្រសាសន៍តទៅទៀតថា៖ «កូនមនុស្សអើយ! ខ្ញុំចាត់អ្នកឲ្យទៅឯប្រជាជាតិអ៊ីស្រាអែល+ ជាប្រជាជាតិដែលរឹងចចេស ហើយបះបោរប្រឆាំងខ្ញុំ។+ ពួកគេនិងបុព្វបុរសពួកគេចេះតែប្រព្រឹត្តខុសឆ្គងទាស់នឹងខ្ញុំរហូតមកដល់សព្វថ្ងៃ។+ ៤ ខ្ញុំចាត់អ្នកឲ្យទៅឯបណ្ដាជនដែលមានចិត្តមានះនិងក្បាលរឹង+ រួចអ្នកត្រូវប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចនេះ›។ ៥ ទោះជាពួកអ្នកបះបោរប្រឆាំងទាំងនោះព្រមស្ដាប់ឬមិនព្រមស្ដាប់ក្ដី+ ពួកគេនឹងដឹងច្បាស់ថាមានអ្នកប្រកាសទំនាយម្នាក់ក្នុងចំណោមពួកគេ។+
៦ «រីឯអ្នកវិញ កូនមនុស្សអើយ! ទោះជាអ្នកស្ថិតក្នុងចំណោមមនុស្សដែលប្រៀបដូចជាបន្លា+និងខ្យាដំរីក៏ដោយ* ចូរកុំខ្លាចពួកគេឡើយ+ ហើយក៏កុំខ្លាចពាក្យសម្ដីរបស់ពួកគេដែរ។+ ចូរកុំខ្លាចពាក្យគំរាមរបស់ពួកគេឲ្យសោះ ហើយក៏កុំភ័យតក់ស្លុតនឹងទឹកមុខពួកគេដែរ+ ព្រោះពួកគេជាពូជពង្សមនុស្សដែលបះបោរប្រឆាំង។ ៧ អ្នកត្រូវប្រាប់ពាក្យសម្ដីរបស់ខ្ញុំដល់ពួកគេ ទោះជាពួកគេស្ដាប់ឬមិនស្ដាប់ក្ដី ព្រោះពួកគេជាមនុស្សដែលបះបោរប្រឆាំង។+
៨ «ចំណែកអ្នកវិញ កូនមនុស្សអើយ! ចូរស្ដាប់ពាក្យរបស់ខ្ញុំ ហើយកុំបះបោរប្រឆាំងដូចមនុស្សទាំងនោះឡើយ។ ចូរហាមាត់ ហើយបរិភោគអ្វីដែលខ្ញុំនឹងឲ្យអ្នក»។+
៩ ពេលខ្ញុំក្រឡេកមើលទៅ ខ្ញុំឃើញដៃមួយកាន់រមូរ+ហុចមកឲ្យខ្ញុំ។+ ១០ ពេលលោកលារមូរនោះនៅមុខខ្ញុំ ខ្ញុំឃើញមានអក្សរទាំងខាងក្នុងទាំងខាងក្រៅ+ ដែលរៀបរាប់អំពីបទទំនួញ ការកាន់ទុក្ខ និងការទ្រហោយំ។+
៣ បន្ទាប់មក លោកមានប្រសាសន៍មកកាន់ខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគអ្វីដែលនៅខាងមុខអ្នកទៅ គឺបរិភោគរមូរនេះ ហើយទៅប្រាប់ដល់ពូជពង្សអ៊ីស្រាអែល»។+
២ ដូច្នេះ ខ្ញុំក៏ហាមាត់ ហើយលោកឲ្យរមូរនោះមកខ្ញុំបរិភោគ។ ៣ លោកមានប្រសាសន៍តទៅទៀតថា៖ «កូនមនុស្សអើយ! ចូរបរិភោគរមូរដែលខ្ញុំឲ្យដល់អ្នក ហើយលេបចូលទៅក្នុងពោះចុះ»។ ម្ល៉ោះហើយ ខ្ញុំក៏បរិភោគរមូរនោះទៅ ហើយរមូរនោះមានរសជាតិផ្អែមដូចទឹកឃ្មុំក្នុងមាត់ខ្ញុំ។+
៤ លោកមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរទៅក្នុងចំណោមពូជពង្សអ៊ីស្រាអែល ហើយប្រាប់ពាក្យរបស់ខ្ញុំដល់ពួកគេ។ ៥ ព្រោះខ្ញុំមិនបានចាត់អ្នកឲ្យទៅឯបណ្ដាជនដែលនិយាយភាសាដែលអ្នកមិនចេះឬមិនយល់នោះទេ តែទៅឯពូជពង្សអ៊ីស្រាអែលវិញ។ ៦ ខ្ញុំមិនបានចាត់អ្នកទៅឯប្រជាជាតិនានាដែលនិយាយភាសាផ្សេងៗដែលអ្នកមិនចេះឬស្ដាប់មិនបានឬមិនយល់នោះទេ តែបើខ្ញុំចាត់អ្នកទៅឯពួកគេ ពួកគេមុខជាស្ដាប់អ្នកមិនខាន។+ ៧ ចំណែកពូជពង្សអ៊ីស្រាអែលវិញ ពួកគេនឹងមិនព្រមស្ដាប់អ្នកទេ ព្រោះពួកគេមិនចង់ស្ដាប់ខ្ញុំឡើយ។+ ពួកគេទាំងអស់ជាពូជពង្សដែលមានចិត្តរឹងចចេសនិងក្បាលរឹងណាស់។+ ៨ មើល! ខ្ញុំបានធ្វើឲ្យមុខអ្នករឹងដូចជាមុខពួកគេ ហើយធ្វើឲ្យថ្ងាសអ្នករឹងដូចជាថ្ងាសពួកគេដែរ។+ ៩ ខ្ញុំបានធ្វើឲ្យថ្ងាសអ្នករឹងដូចជាគ្រាប់ពេជ្រ គឺរឹងជាងថ្ម*ទៅទៀត។+ កុំខ្លាចពួកគេឡើយ ហើយក៏កុំភ័យតក់ស្លុតនឹងទឹកមុខពួកគេដែរ+ ព្រោះពួកគេជាពូជពង្សមនុស្សដែលបះបោរប្រឆាំង»។
១០ លោកបានមានប្រសាសន៍មកខ្ញុំបន្តទៀតថា៖ «កូនមនុស្សអើយ! ចូរយកចិត្តទុកដាក់ស្ដាប់ពាក្យទាំងប៉ុន្មានដែលខ្ញុំប្រាប់អ្នក ហើយចាំទុកក្នុងចិត្តចុះ។ ១១ ចូរទៅក្នុងចំណោមជនរួមជាតិរបស់អ្នកដែលជាប់ជាឈ្លើយ+ ហើយប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចនេះ›។ ចូរទៅប្រាប់ពួកគេ ទោះជាពួកគេស្ដាប់ឬមិនស្ដាប់ក៏ដោយ»។+
១២ បន្ទាប់មក ឫទ្ធានុភាព*របស់ព្រះបានលើកខ្ញុំឡើង+ ហើយខ្ញុំបានឮសំឡេងលាន់រំពងនៅខាងក្រោយខ្ញុំថា៖ «សូមឲ្យសិរីរុងរឿងរបស់ព្រះយេហូវ៉ា បានត្រូវលើកតម្កើងពីកន្លែងរបស់លោក»។ ១៣ ពេលនោះ មានឮសន្ធឹកស្លាបរបស់បុគ្គលវិញ្ញាណទាំងបួនទទះប៉ះគ្នា+ និងមានសំឡេងកង់ដែលនៅក្បែរពួកគេ+ ថែមទាំងមានសំឡេងលាន់ឮខ្ទរខ្ទារដែរ។ ១៤ ឫទ្ធានុភាពរបស់ព្រះបានលើកខ្ញុំយកទៅ ហើយខ្ញុំមានអារម្មណ៍មួហ្មងនិងខ្វល់ចិត្ត។ ពេលនោះ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំ។ ១៥ ដូច្នេះ ខ្ញុំបានទៅឯបណ្ដាជនដែលជាប់ជាឈ្លើយនៅតំបន់ថេលអាប៊ីប ក្បែរទន្លេកេបា។+ ខ្ញុំបានស្នាក់នៅទីនោះជាមួយពួកគេអស់រយៈពេល៧ថ្ងៃ ក្នុងសភាពភាំងស្មារតី។+
១៦ លុះផុត៧ថ្ងៃនោះ ព្រះយេហូវ៉ាក៏មានប្រសាសន៍មកកាន់ខ្ញុំថា៖
១៧ «កូនមនុស្សអើយ! ខ្ញុំបានតែងតាំងអ្នកជាអ្នកចាំយាមសម្រាប់ពូជពង្សអ៊ីស្រាអែល។+ ពេលអ្នកឮពាក្យរបស់ខ្ញុំ អ្នកត្រូវព្រមានពួកគេជំនួសខ្ញុំ។+ ១៨ ពេលខ្ញុំនិយាយទៅមនុស្សទុច្ចរិតថា៖ ‹អ្នកនឹងស្លាប់ជាប្រាកដ› ហើយបើអ្នកមិនបានព្រមានគាត់ ឬមិនបានប្រាប់គាត់ឲ្យកែខ្លួនដើម្បីឲ្យគាត់រួចជីវិតទេ+ នោះគាត់នឹងស្លាប់ព្រោះតែអំពើខុសឆ្គងរបស់ខ្លួនគាត់ជាមិនខាន ដោយសារគាត់ជាមនុស្សទុច្ចរិត។+ ប៉ុន្តែ ខ្ញុំនឹងឲ្យអ្នកទទួលខុសត្រូវចំពោះឈាមរបស់គាត់វិញ។+ ១៩ ប៉ុន្តែ បើអ្នកព្រមានមនុស្សទុច្ចរិតហើយ តែគាត់មិនព្រមកែខ្លួនឬបែរចេញពីផ្លូវអាក្រក់ទេ នោះគាត់នឹងស្លាប់ដោយសារតែកំហុសឆ្គងរបស់ខ្លួន។ ចំណែកអ្នកវិញ អ្នកនឹងសង្គ្រោះជីវិតខ្លួនបាន។+ ២០ ប៉ុន្តែ ពេលមនុស្សសុចរិតឈប់ប្រព្រឹត្តអំពើសុចរិត ហើយបែរជាប្រព្រឹត្តខុស*វិញ នោះខ្ញុំនឹងដាក់ឧបសគ្គនៅចំពោះមុខគាត់ ហើយគាត់នឹងស្លាប់ជាមិនខាន។+ បើអ្នកមិនបានព្រមានគាត់ទេ គាត់នឹងស្លាប់ដោយសារតែអំពើខុសឆ្គងរបស់ខ្លួនគាត់ ហើយខ្ញុំនឹងមិននឹកចាំអំពើសុចរិតរបស់គាត់ឡើយ។ ប៉ុន្តែ ខ្ញុំនឹងឲ្យអ្នកទទួលខុសត្រូវចំពោះឈាមរបស់គាត់។+ ២១ ផ្ទុយទៅវិញ បើអ្នកបានព្រមានមនុស្សសុចរិតកុំឲ្យប្រព្រឹត្តខុសឆ្គង ហើយគាត់មិនបានប្រព្រឹត្តខុសឆ្គងមែន នោះគាត់នឹងបន្តរស់រានមានជីវិត ព្រោះគាត់បានស្ដាប់ការព្រមានរបស់អ្នក+ ហើយអ្នកនឹងសង្គ្រោះជីវិតខ្លួនបាន»។
២២ នៅទីនោះ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមកសណ្ឋិតលើខ្ញុំ ហើយលោកមានប្រសាសន៍មកកាន់ខ្ញុំថា៖ «ចូរក្រោកឡើងទៅជ្រលងភ្នំ នៅទីនោះខ្ញុំនឹងនិយាយជាមួយអ្នក»។ ២៣ ដូច្នេះ ខ្ញុំបានក្រោកឡើងធ្វើដំណើរទៅជ្រលងភ្នំ។ នៅទីនោះ ខ្ញុំឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា+ដូចជាសិរីរុងរឿងដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបា+ ហើយខ្ញុំក៏ក្រាបមុខចុះ។ ២៤ បន្ទាប់មក ឫទ្ធានុភាពរបស់ព្រះមកសណ្ឋិតលើខ្ញុំ ហើយធ្វើឲ្យខ្ញុំក្រោកឈរឡើង+ រួចលោកមានប្រសាសន៍មកកាន់ខ្ញុំថា៖
«ចូរចូលទៅក្នុងផ្ទះ រួចបិទទ្វារ។ ២៥ កូនមនុស្សអើយ! ពួកគេនឹងយកខ្សែមកចងអ្នក ដើម្បីកុំឲ្យអ្នកចេញទៅឈរនៅចំពោះមុខពួកគេ។ ២៦ ខ្ញុំនឹងធ្វើឲ្យអណ្ដាតអ្នកជាប់នឹងក្រអូមមាត់អ្នក ហើយអ្នកនឹងទៅជាមនុស្សគមិនអាចនិយាយកែតម្រង់ពួកគេបានទេ ព្រោះពួកគេជាពូជពង្សមនុស្សដែលបះបោរប្រឆាំង។ ២៧ ប៉ុន្តែ ពេលខ្ញុំនិយាយជាមួយអ្នក ខ្ញុំនឹងឲ្យអ្នកអាចនិយាយឡើងវិញ ហើយអ្នកត្រូវនិយាយប្រាប់ពួកគេថា៖+ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចនេះ›។ ចូរឲ្យពួកអ្នកដែលចង់ស្ដាប់ ស្ដាប់ចុះ។+ ចំណែកពួកអ្នកដែលមិនចង់ស្ដាប់ តាមតែចិត្តគេចុះ ព្រោះពួកគេជាពូជពង្សមនុស្សដែលបះបោរប្រឆាំង។+
៤ «ចំណែកឯអ្នកវិញ កូនមនុស្សអើយ! ចូរយកដុំឥដ្ឋមួយមកដាក់នៅមុខអ្នក ហើយឆ្លាក់រូបក្រុងយេរូសាឡិមនៅលើនោះ។ ២ ចូរត្រៀមវាយប្រហារក្រុងនេះ+ ដោយដោតឈើព័ទ្ធជុំវិញ+ រួចពូនដីឡើងសម្រាប់វាយលុក+ ព្រមទាំងបោះជំរំទ័ពជុំវិញ ហើយដាក់ប្រដាប់សម្រាប់ទម្លាយកំពែង។+ ៣ ចូរយកខ្ទះដែកមកដាក់ខណ្ឌរវាងអ្នកនិងក្រុងនេះ ហើយសម្លឹងមើលទៅក្រុងនេះ រួចឡោមព័ទ្ធ ព្រោះក្រុងនេះនឹងត្រូវវាយប្រហារជាប្រាកដ។ អ្វីទាំងនេះជាសញ្ញាសម្គាល់ដល់ពូជពង្សអ៊ីស្រាអែល។+
៤ «បន្ទាប់មក អ្នកត្រូវដេកផ្អៀងខាងឆ្វេង ហើយដាក់អំពើខុសឆ្គងរបស់ពូជពង្សអ៊ីស្រាអែលលើខ្លួនអ្នក។+ អ្នកត្រូវរែកពុនអំពើខុសឆ្គងរបស់ពួកគេក្នុងរយៈពេលដែលអ្នកដេកផ្អៀងនោះ។ ៥ ខ្ញុំឲ្យអ្នកដេកដូច្នេះរយៈពេល៣៩០ថ្ងៃ ស្មើនឹងចំនួនឆ្នាំនៃអំពើខុសឆ្គងរបស់ពួកគេ។+ យ៉ាងនេះ អ្នកត្រូវរែកពុនអំពើខុសឆ្គងរបស់ពូជពង្សអ៊ីស្រាអែល។ ៦ អ្នកត្រូវដេកឲ្យគ្រប់ចំនួនថ្ងៃទាំងនោះ។
«បន្ទាប់មក អ្នកត្រូវដេកផ្អៀងម្ដងទៀត តែនៅខាងស្ដាំវិញ។ រួចអ្នកត្រូវដាក់អំពើខុសឆ្គងរបស់ពូជពង្សយូដា+លើខ្លួនអ្នក អស់រយៈពេល៤០ថ្ងៃ។ ១ថ្ងៃស្មើ១ឆ្នាំ គឺ១ថ្ងៃស្មើ១ឆ្នាំ ជាអ្វីដែលខ្ញុំបានកំណត់សម្រាប់អ្នក។ ៧ អ្នកត្រូវលាត់ដៃអាវ ហើយបែរមុខមើលទៅក្រុងយេរូសាឡិម+ដែលត្រូវឡោមព័ទ្ធនោះ រួចអ្នកត្រូវប្រកាសទំនាយទាស់នឹងក្រុងនោះ។
៨ «មើល! ខ្ញុំនឹងចងអ្នកដោយខ្សែ ដើម្បីកុំឲ្យអ្នកប្រែខ្លួនពីម្ខាងទៅម្ខាង រហូតដល់ចប់គ្រាដែលអ្នកត្រូវឡោមព័ទ្ធក្រុងនោះ។
៩ «អ្នកត្រូវយកអង្ករស្រូវសាលី ស្រូវបាលី ស្រូវមីឡេត និងស្រូវសាលីមួយប្រភេទទៀត* ព្រមទាំងគ្រាប់សណ្ដែកពីរប្រភេទ មកដាក់ក្នុងចានមួយ រួចធ្វើជានំប៉័ងសម្រាប់ខ្លួន។ ក្នុងរយៈពេល៣៩០ថ្ងៃដែលអ្នកដេកផ្អៀង អ្នកត្រូវបរិភោគនំប៉័ងនោះ។+ ១០ ជារៀងរាល់ថ្ងៃ អ្នកត្រូវថ្លឹងនំប៉័ងទម្ងន់២០ហ្សេគិល*សម្រាប់បរិភោគ ហើយត្រូវបរិភោគតាមពេលកំណត់។
១១ «អ្នកក៏ត្រូវវាល់ទឹក១ភាគ៦ហ៊ីន*សម្រាប់ផឹកដែរ ហើយត្រូវផឹកតាមពេលកំណត់។
១២ «អ្នកត្រូវបរិភោគនំប៉័ងនោះដូចនំមូលធ្វើពីស្រូវបាលីដែរ។ អ្នកត្រូវដុតចម្អិននំប៉័ងនោះនៅមុខបណ្ដាជន ដោយប្រើលាមកក្រៀមរបស់មនុស្ស»។ ១៣ ព្រះយេហូវ៉ាមានប្រសាសន៍បន្តថា៖ «តាមរបៀបនេះហើយដែលជនជាតិអ៊ីស្រាអែលនឹងបរិភោគនំប៉័ងរបស់ខ្លួន នៅក្នុងចំណោមប្រជាជាតិនានាដែលខ្ញុំនឹងកម្ចាត់កម្ចាយពួកគេ គឺពួកគេនឹងបរិភោគនំប៉័ងដែលមិនស្អាតបរិសុទ្ធ»។+
១៤ ប៉ុន្តែ ខ្ញុំនិយាយថា៖ «កុំឲ្យខ្ញុំធ្វើដូច្នេះអី ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! ព្រោះតាំងពីក្មេងមក ខ្ញុំមិនដែលទៅជាមិនស្អាតបរិសុទ្ធដោយបរិភោគសាច់សត្វដែលងាប់ឯង ឬសាច់សត្វដែលត្រូវសត្វសាហាវខាំសម្លាប់នោះទេ+ គឺខ្ញុំមិនដែលបរិភោគសាច់ដែលគួរឲ្យខ្ពើមម្ដងណាឡើយ»។+
១៥ ដូច្នេះ លោកមានប្រសាសន៍ថា៖ «ណ្ហើយចុះ! ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកប្រើលាមកគោជំនួសលាមកមនុស្ស សម្រាប់ដុតចម្អិននំប៉័ងវិញ»។ ១៦ បន្ទាប់មក លោកមានប្រសាសន៍ថា៖ «កូនមនុស្សអើយ! មើល! ខ្ញុំនឹងផ្ដាច់ស្បៀងអាហារពីក្រុងយេរូសាឡិម+ ហើយបណ្ដាជននឹងបរិភោគដោយខ្វល់ចិត្តជាខ្លាំង ព្រមទាំងផឹកទឹកដោយចិត្តភ័យរន្ធត់។ ពេលនោះ ពួកគេត្រូវថ្លឹងនំប៉័ងបរិភោគ+ ហើយត្រូវវាល់ទឹកផឹក។+ ១៧ យ៉ាងនេះ ពួកគេនឹងខ្វះនំប៉័ងខ្វះទឹក ហើយមើលមុខគ្នាដោយភ័យតក់ស្លុត។ ពួកគេនឹងខ្សោយទៅៗ ដោយសារតែកំហុសឆ្គងរបស់ខ្លួន។
៥ «រីឯអ្នកវិញ កូនមនុស្សអើយ! ចូរយកដាវមុតមួយមកប្រើដូចជាកាំបិតកោររបស់ជាងកាត់សក់។ បន្ទាប់មក អ្នកត្រូវកោរសក់និងពុកចង្ការបស់ខ្លួន ហើយយកសក់ទាំងនោះទៅថ្លឹង រួចចែកជាបីចំណែក។ ២ សក់មួយចំណែក អ្នកត្រូវដុតនៅក្នុងក្រុងយេរូសាឡិម ពេលដែលការឡោមព័ទ្ធបានចប់។+ មួយចំណែកទៀត អ្នកត្រូវយកមកកាត់ដោយដាវនៅជុំវិញក្រុងនោះ។+ ឯចំណែកចុងក្រោយ អ្នកត្រូវយកទៅរោយឲ្យរសាត់តាមខ្យល់ ហើយខ្ញុំនឹងហូតដាវដេញតាម។+
៣ «បន្ថែមទៅទៀត អ្នកត្រូវយកសក់ខ្លះពីសក់ទាំងនោះ មករុំនៅក្នុងថ្នក់អាវរបស់អ្នក។ ៤ រួចយកសក់ខ្លះទៀតទៅបោះក្នុងភ្លើងដើម្បីឲ្យឆេះអស់។ ភ្លើងនឹងឆេះរាលដាលទៅដល់ពូជពង្សអ៊ីស្រាអែលទាំងអស់។+
៥ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ ‹នេះជាក្រុងយេរូសាឡិម ខ្ញុំបានដាក់ក្រុងនេះនៅកណ្ដាលប្រជាជាតិនានា ហើយមានស្រុកទាំងឡាយនៅជុំវិញ។ ៦ ប៉ុន្តែ អ្នកក្រុងនេះបានបំពានបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំ ដោយប្រព្រឹត្តអាក្រក់ លើសប្រជាជាតិនានានិងស្រុកដែលនៅជុំវិញពួកគេទៅទៀត។+ ព្រោះពួកគេមិនបានធ្វើតាមក្រឹត្យក្រមរបស់ខ្ញុំទេ ហើយក៏មិនបានកាន់តាមបញ្ញត្តិរបស់ខ្ញុំដែរ›។
៧ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ដោយសារអ្នករាល់គ្នាបង្កបញ្ហាច្រើនជាងប្រជាជាតិនានាដែលនៅជុំវិញ ហើយមិនបានកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំទេ តែបែរជាធ្វើតាមក្រឹត្យក្រមរបស់ប្រជាជាតិនានាដែលនៅជុំវិញអ្នកទៅវិញ+ ៨ នោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ឱក្រុងយេរូសាឡិមអើយ! ខ្ញុំទាស់នឹងអ្នកហើយ!+ ខ្ញុំផ្ទាល់នឹងវិនិច្ឆ័យទោសអ្នកនៅចំពោះមុខប្រជាជាតិទាំងឡាយជាមិនខាន។+ ៩ ខ្ញុំនឹងធ្វើទៅលើអ្នកតាមរបៀបមួយដែលខ្ញុំមិនធ្លាប់ធ្វើពីមុន ហើយក៏នឹងមិនធ្វើដូចនោះម្ដងទៀតដែរ។ ខ្ញុំនឹងធ្វើដូច្នោះ ព្រោះតែអំពើដ៏គួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាងដែលអ្នកបានប្រព្រឹត្ត។+
១០ «‹«មើល! ឪពុកនឹងស៊ីសាច់កូនខ្លួន+ ហើយកូនក៏ស៊ីសាច់ឪពុកខ្លួនដែរ។ ខ្ញុំនឹងវិនិច្ឆ័យទោសអ្នក ហើយកម្ចាត់កម្ចាយអ្នកដែលនៅសេសសល់ឲ្យទៅគ្រប់ទិសទី»›។+
១១ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹អ្នកបានធ្វើឲ្យកន្លែងបរិសុទ្ធរបស់ខ្ញុំទៅជាស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានដ៏គួរឲ្យស្អប់ខ្ពើម និងអំពើដ៏ថោកទាបគ្រប់បែបយ៉ាងរបស់អ្នក។+ ហេតុនេះ ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងបោះបង់ចោលអ្នក ខ្ញុំនឹងមិនអាណិតអាសូរអ្នកទេ ហើយក៏មិនបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នកដែរ+ ១២ ១ភាគ៣នៃអ្នករាល់គ្នា នឹងត្រូវស្លាប់ដោយរោគរាតត្បាតឬការអត់ឃ្លាន ១ភាគ៣ទៀត នឹងត្រូវស្លាប់ដោយដាវ+ ១ភាគ៣ចុងក្រោយ ខ្ញុំនឹងកម្ចាត់កម្ចាយទៅគ្រប់ទិសទី ហើយខ្ញុំនឹងហូតដាវដេញតាមប្រហារពួកគេ។+ ១៣ បន្ទាប់មក ខ្ញុំនឹងឈប់ខឹងពួកគេ ហើយកំហឹងរបស់ខ្ញុំនឹងរសាយទៅ រួចខ្ញុំនឹងស្ងប់ចិត្ត។+ ក្រោយពីខ្ញុំបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងទាស់នឹងពួកគេ ពួកគេនឹងដឹងច្បាស់ថា ខ្ញុំយេហូវ៉ាបាននិយាយទៅពួកគេដើម្បីបញ្ជាក់ថា ខ្ញុំតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ។+
១៤ «‹ខ្ញុំនឹងធ្វើឲ្យអ្នកទៅជាកន្លែងស្ងាត់ជ្រងំ ហើយរងការប្រមាថមើលងាយពីប្រជាជាតិដែលនៅជុំវិញ និងពួកអ្នកដែលដើរឆ្លងកាត់។+ ១៥ ពេលខ្ញុំវិនិច្ឆ័យទោសអ្នកដោយកំហឹងនិងសេចក្ដីក្រោធដ៏ខ្លាំងក្រៃលែង ថែមទាំងដាក់ទោសយ៉ាងធ្ងន់ដល់អ្នក នោះអ្នកនឹងទទួលការមើលងាយ ការប្រទេចផ្ដាសាពីប្រជាជាតិដែលនៅជុំវិញ+ ហើយពួកគេនឹងភ័យតក់ស្លុតពេលឮអំពីអ្នក។ អ្នកនឹងទៅជាគំរូសម្រាប់ព្រមានអ្នកឯទៀត។ ខ្ញុំគឺយេហូវ៉ា ខ្ញុំបានចេញវាចាហើយ។
១៦ «‹ខ្ញុំនឹងបណ្ដាលឲ្យអ្នកជួបប្រទះការអត់ឃ្លាន ហើយការអត់ឃ្លាននោះនឹងធ្វើឲ្យអ្នកវិនាសសាបសូន្យ ប្រៀបដូចជាព្រួញយ៉ាងមុត។+ ខ្ញុំនឹងធ្វើឲ្យការអត់ឃ្លាននោះកាន់តែខ្លាំងឡើងៗ ដោយផ្ដាច់ស្បៀងអាហាររបស់អ្នក។+ ១៧ ខ្ញុំនឹងធ្វើឲ្យមានទុរភិក្ស ហើយបណ្ដាលឲ្យមានសត្វព្រៃសាហាវៗចូលមក។+ ការទាំងនោះធ្វើឲ្យអ្នកព្រាត់ប្រាសកូន។ អ្នកនឹងមានរោគរាតត្បាត និងរងការបង្ហូរឈាមឥតស្រាកស្រាន្ត ហើយខ្ញុំនឹងចាត់សត្រូវឲ្យវាយប្រហារអ្នកដោយដាវ។+ ខ្ញុំគឺយេហូវ៉ា ខ្ញុំបានចេញវាចាហើយ›»។
៦ ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់ខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរបែរមុខតម្រង់ទៅបណ្ដាភ្នំនៅស្រុកអ៊ីស្រាអែល ហើយប្រកាសទំនាយទាស់នឹងទីនោះចុះ។ ៣ អ្នកត្រូវប្រកាសថា៖ ‹ឱបណ្ដាភ្នំនៅស្រុកអ៊ីស្រាអែលអើយ! ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត៖ នេះជាពាក្យដែលព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅកាន់បណ្ដាភ្នំ ទីទួល អូរ និងជ្រលងទាំងឡាយ។ លោកមានប្រសាសន៍ថា៖ «មើល! ខ្ញុំនឹងបណ្ដាលឲ្យមានដាវមួយមកទាស់នឹងអ្នក ហើយខ្ញុំនឹងបំផ្លាញទីខ្ពស់ៗទាំងប៉ុន្មានរបស់អ្នក។ ៤ ទីបូជារបស់អ្នកនឹងត្រូវកម្ទេចចោល ហើយទីបូជាសម្រាប់ដុតគ្រឿងក្រអូបរបស់អ្នកក៏ត្រូវបំបាក់បំបែកដែរ។+ ខ្ញុំនឹងបោះសាកសពមនុស្សដែលគេសម្លាប់ នៅមុខរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នក។+ ៥ ខ្ញុំនឹងបោះសាកសពបណ្ដាជនអ៊ីស្រាអែល នៅមុខរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ។ ខ្ញុំនឹងរាយឆ្អឹងអ្នកនៅជុំវិញទីបូជារបស់អ្នក។+ ៦ លំនៅនិងក្រុងទាំងឡាយរបស់អ្នកនឹងត្រូវបំផ្លាញចោល។+ ទីខ្ពស់ៗនឹងត្រូវវាយកម្ទេច ហើយទុកចោលឲ្យនៅស្ងាត់ជ្រងំ។+ ទីបូជារបស់អ្នកនឹងត្រូវវាយកម្ទេចចោល ហើយរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នក នឹងត្រូវវិនាសអស់។ ឯទីបូជាសម្រាប់ដុតគ្រឿងក្រអូប ក៏នឹងត្រូវកាប់រំលំដែរ។ ដូច្នេះ ស្នាដៃទាំងប៉ុន្មានរបស់អ្នកនឹងសាបសូន្យគ្មានសល់។ ៧ ពួកអ្នកដែលគេសម្លាប់នឹងដួលស្លាប់ក្នុងចំណោមអ្នក+ ហើយអ្នកនឹងដឹងច្បាស់ថាខ្ញុំនេះហើយជាយេហូវ៉ា។+
៨ «‹«ប៉ុន្តែ ខ្ញុំនឹងទុកឲ្យនៅសល់មនុស្សមួយចំនួនតូច ព្រោះក្នុងចំណោមអ្នករាល់គ្នានឹងមានអ្នកខ្លះរួចជីវិតពីដាវនៅស្រុកនានាដែលអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅ។+ ៩ ពួកអ្នកដែលរួចជីវិតនឹងចាំអំពីខ្ញុំនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ។+ ពេលនោះ ពួកគេនឹងទទួលស្គាល់ថាខ្លួនបានធ្វើឲ្យខ្ញុំឈឺចិត្ត ព្រោះពួកគេមិនស្មោះត្រង់នឹងខ្ញុំ ហើយបានបែរចេញពីខ្ញុំ+ ថែមទាំងបានសម្លឹងមើលរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមដោយក្ដីស្រើបស្រាល។+ ពួកគេនឹងខ្មាសចំពោះអំពើអាក្រក់របស់ខ្លួន ហើយក៏ស្អប់អំពើដ៏គួរឲ្យខ្ពើមរអើមដែលពួកគេបានប្រព្រឹត្តដែរ។+ ១០ ដូច្នេះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា រួចទទួលស្គាល់ថាសេចក្ដីវេទនាដែលពួកគេនឹងជួបដូចខ្ញុំបានព្រមាន ពិតជាកើតឡើងមែន»›។+
១១ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ ‹ចូរទះដៃកើតទុក្ខ ហើយតន្ត្រំជើង រួចទួញយំចំពោះអំពើអាក្រក់និងអំពើដ៏គួរឲ្យខ្ពើមរអើមដែលពូជពង្សអ៊ីស្រាអែលបានប្រព្រឹត្តទៅ ព្រោះពួកគេនឹងស្លាប់ដោយដាវ ការអត់ឃ្លាន និងរោគរាតត្បាតជាមិនខាន។+ ១២ អ្នកណាដែលនៅឆ្ងាយនឹងស្លាប់ដោយរោគរាតត្បាត អ្នកណាដែលនៅជិតនឹងស្លាប់ដោយដាវ ហើយអ្នកណាដែលគេចរួចពីការទាំងនោះ នឹងស្លាប់ដោយការអត់ឃ្លាន ព្រោះខ្ញុំនឹងបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងទៅលើពួកគេ។+ ១៣ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា+ ពេលដែលអ្នករាល់គ្នាឃើញសាកសពពួកអ្នកដែលត្រូវគេប្រហារ នៅមុខរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ ហើយក៏ឃើញមានសាកសពនៅជុំវិញទីបូជានៃព្រះទាំងនោះ+ ថែមទាំងនៅលើទីទួលនិងកំពូលភ្នំទាំងប៉ុន្មាន ព្រមទាំងនៅក្រោមដើមឈើខៀវខ្ចីទាំងឡាយ និងនៅក្រោមមែកនៃដើមឈើធំៗ ដែលពួកគេធ្លាប់ដុតគ្រឿងក្រអូបដើម្បីផ្គាប់ចិត្តរូបព្រះទាំងនោះ។+ ១៤ ខ្ញុំនឹងលើកដៃទៅទាស់នឹងពួកគេ ហើយធ្វើឲ្យស្រុកពួកគេទៅជាតំបន់ស្ងាត់ជ្រងំ។ ឯលំនៅទាំងអស់របស់ពួកគេ នឹងសូន្យស្ងាត់ជាងតំបន់ស្ងាត់ជ្រងំនៅក្បែរតំបន់ឌីបឡាទៅទៀត។ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›»។
៧ ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «ចំណែកអ្នកវិញ កូនមនុស្សអើយ! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅកាន់ស្រុកអ៊ីស្រាអែលថា៖ ‹ទីបញ្ចប់មកដល់! ទីបញ្ចប់ធ្លាក់មកលើស្រុកទាំងមូលហើយ! ៣ អ្នកមកដល់ទីបញ្ចប់ហើយ! ខ្ញុំនឹងបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងមកលើអ្នក។ ខ្ញុំនឹងវិនិច្ឆ័យអ្នកស្របតាមការប្រព្រឹត្តរបស់អ្នក ហើយឲ្យអ្នកទទួលទោសចំពោះអំពើដ៏គួរឲ្យខ្ពើមរអើមគ្រប់យ៉ាងដែលអ្នកបានធ្វើ។ ៤ ខ្ញុំនឹងមិនអាណិតអាសូរអ្នកទេ ហើយក៏មិនមេត្តាដល់អ្នកដែរ។+ ព្រោះខ្ញុំនឹងបណ្ដាលឲ្យអ្នកទទួលផលពីការប្រព្រឹត្តរបស់ខ្លួន។ អ្នកនឹងរងផលវិបាកដែលមកពីការប្រព្រឹត្តដ៏ស្មោកគ្រោករបស់ខ្លួន។+ ពេលនោះ អ្នកនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។+
៥ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! នឹងមានសេចក្ដីវេទនាមកដល់ ជាសេចក្ដីវេទនាដែលខុសប្លែកពីធម្មតា។+ ៦ ទីបញ្ចប់នឹងមកដល់ ទីបញ្ចប់នឹងមកដល់! គឺអ្នកនឹងមកដល់ទីបញ្ចប់ភ្លាមមួយរំពេច។ មើល! វាកំពុងមកហើយ! ៧ ឱអ្នកស្រុកនេះអើយ! ឥឡូវដល់វេនអ្នកហើយ។ ថ្ងៃនោះកំពុងមក គឺមកកាន់តែកៀកណាស់ហើយ។+ ពេលនោះ មានការច្របូកច្របល់ជាខ្លាំង ហើយគ្មានសម្រែកអរសប្បាយនៅលើភ្នំទៀតទេ។
៨ «‹មិនយូរទៀត ខ្ញុំនឹងបញ្ចេញកំហឹងរបស់ខ្ញុំទៅលើអ្នក+ គឺសេចក្ដីក្រោធដ៏ខ្លាំងក្រៃលែងរបស់ខ្ញុំ។+ ខ្ញុំនឹងវិនិច្ឆ័យអ្នកស្របតាមការប្រព្រឹត្តរបស់អ្នក ហើយឲ្យអ្នកទទួលទោសចំពោះអំពើគ្រប់យ៉ាងដ៏គួរឲ្យខ្ពើមរអើមដែលអ្នកបានធ្វើ។ ៩ ខ្ញុំនឹងមិនអាណិតអាសូរអ្នកទេ ហើយក៏មិនមេត្តាដល់អ្នកដែរ។+ ព្រោះខ្ញុំនឹងបណ្ដាលឲ្យអ្នកទទួលផលពីការប្រព្រឹត្តរបស់ខ្លួន។ អ្នកនឹងរងផលវិបាកដែលមកពីការប្រព្រឹត្តដ៏ស្មោកគ្រោករបស់ខ្លួន។ ពេលនោះ អ្នកនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា ជាអ្នកវាយប្រហារអ្នក។+
១០ «‹មើលថ្ងៃនោះ! មើលថ្ងៃនោះកំពុងមកហើយ!+ ឥឡូវដល់វេនអ្នកហើយ។ ដំបងដែលខ្ញុំប្រើដើម្បីដាក់ទោសអ្នកគឺនៅទីនេះហើយ។ ឯពួកសត្រូវក៏មានអំណួតកាន់តែខ្លាំងឡើងដែរ។ ១១ អំពើឃោរឃៅបានលូតលាស់ឡើងទៅជាដំបងនៃសេចក្ដីទុច្ចរិត។+ ពេលនោះ ខ្លួនពួកគេ គ្នីគ្នាពួកគេ ទ្រព្យសម្បត្តិពួកគេ និងមុខមាត់ពួកគេ មិនអាចជួយពួកគេឲ្យរួចពីទោសបានឡើយ។ ១២ ថ្ងៃនោះនឹងមក គ្រានោះនឹងមកដល់ជាមិនខាន។ កុំឲ្យអ្នកទិញអរសប្បាយឡើយ ហើយក៏កុំឲ្យអ្នកលក់កើតទុក្ខដែរ ព្រោះមានកំហឹងទាស់នឹងពួកគេទាំងអស់គ្នា។*+ ១៣ ព្រោះអ្នកទិញនឹងមិនត្រឡប់ទៅដីធ្លីដែលគាត់បានលក់នោះទេ ទោះជាគាត់រួចជីវិតក៏ដោយ ព្រោះព្រះបានបើកបង្ហាញឲ្យឃើញក្នុងគំនិត ថាលោកទាស់នឹងបណ្ដាជនទាំងមូល។ គ្មានអ្នកណារួចជីវិតទេ ហើយក៏គ្មានអ្នកណាម្នាក់ត្រឡប់ទៅវិញដែរ ព្រោះតែកំហុសឆ្គងរបស់ខ្លួន។
១៤ «‹ពួកគេបានផ្លុំត្រែ+ ហើយគ្រប់គ្នាបានត្រៀមខ្លួន តែគ្មានអ្នកណាចូលប្រយុទ្ធទេ ព្រោះខ្ញុំបញ្ចេញកំហឹងទៅទាស់នឹងបណ្ដាជនទាំងមូល។+ ១៥ ដាវនៅខាងក្រៅ+ រោគរាតត្បាតនិងការអត់ឃ្លាននៅខាងក្នុង។ អ្នកណាដែលនៅក្រៅក្រុងនឹងស្លាប់ដោយដាវ។ អ្នកណាដែលនៅក្នុងក្រុងនឹងស្លាប់ដោយរោគរាតត្បាតនិងការអត់ឃ្លាន។+ ១៦ អ្នកណាដែលរួចជីវិត នឹងរត់ទៅឯតំបន់ភ្នំ។ ដូចព្រាបនៅតាមជ្រលងភ្នំ ពួកគេនឹងយំថ្ងូរចំពោះកំហុសឆ្គងរបស់ខ្លួន។+ ១៧ ពួកគេទាំងអស់គ្នានឹងទន់ដៃទន់ជើង ហើយលេចនោម។*+ ១៨ ពួកគេនឹងស្លៀកបាវ+ ហើយភ័យញាប់ញ័រជាខ្លាំង។ ពួកគេនឹងអាម៉ាស់មុខ ហើយកោរសក់គ្រប់គ្នា។*+
១៩ «‹ពួកគេនឹងបោះចោលប្រាក់នៅតាមផ្លូវ ហើយស្អប់ខ្ពើមមាសរបស់ខ្លួន។ មាសនិងប្រាក់របស់ពួកគេមិនអាចសង្គ្រោះពួកគេនៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានទេ។+ ពួកគេនឹងមិនស្កប់ស្កល់ ហើយក៏មិនចម្អែតក្រពះខ្លួនដែរ ព្រោះមាសប្រាក់ទាំងនោះបានទៅជាឧបសគ្គដែលបណ្ដាលឲ្យពួកគេធ្វើខុស។ ២០ ពួកគេមានអំណួតចំពោះគ្រឿងអលង្ការដ៏ស្រស់ស្អាតរបស់ខ្លួន រួចពួកគេក៏យកអ្វីទាំងនោះ*ទៅធ្វើជារូបព្រះដែលគួរឲ្យស្អប់ខ្ពើម។+ ហេតុនេះហើយបានជាខ្ញុំធ្វើឲ្យអ្វីទាំងនោះទៅជារបស់ស្មោកគ្រោកដល់ពួកគេវិញ។ ២១ ខ្ញុំនឹងឲ្យជនជាតិដទៃមកប្លន់អ្វីទាំងនោះ*ពីពួកគេ ហើយឲ្យជនទុច្ចរិតនៅផែនដីមករឹបអូសយក រួចអ្នកទាំងនោះធ្វើឲ្យអ្វីទាំងនោះលែងបរិសុទ្ធទៀត។
២២ «‹ខ្ញុំនឹងបែរមុខចេញពីពួកគេ។+ ឯកន្លែងបិទបាំង*របស់ខ្ញុំ នឹងត្រូវគេធ្វើឲ្យអាប់ឱន។ ពួកចោរនឹងចូលទៅកន្លែងនោះ ហើយធ្វើឲ្យលែងបរិសុទ្ធទៀត។+
២៣ «‹ចូរធ្វើច្រវាក់*ចុះ+ ព្រោះជនស្លូតត្រង់ត្រូវគេប្រហារជីវិតដោយអយុត្តិធម៌ពេញស្រុកនេះ+ ហើយក្រុងនេះពេញទៅដោយអំពើឃោរឃៅ។+ ២៤ ខ្ញុំនឹងនាំប្រជាជាតិដ៏អាក្រក់បំផុតឲ្យមក+ ហើយពួកគេនឹងដណ្ដើមយកផ្ទះសម្បែងរបស់រាស្ត្រខ្ញុំ។+ ខ្ញុំនឹងបំបាក់អំណួតរបស់ជនខ្លាំងពូកែ ហើយកន្លែងបរិសុទ្ធរបស់ពួកគេនឹងលែងបរិសុទ្ធទៀត។+ ២៥ ពេលពួកគេជួបទុក្ខវេទនា ពួកគេខំស្វែងរកសេចក្ដីសុខសាន្ត តែគ្មានទាល់តែសោះ។+ ២៦ គ្រានោះ នឹងមានអន្តរាយមួយហើយមួយទៀត និងមានដំណឹងអាក្រក់ផ្ទួនៗគ្នា។ បណ្ដាជនខំសួររកការបើកបង្ហាញពីព្រះតាមរយៈអ្នកប្រកាសទំនាយ+ តែគ្មានទេ សូម្បីតែការណែនាំពីពួកសង្ឃនិងដំបូន្មានពីពួកបុរសចាស់ទុំក៏គ្មានដែរ។+ ២៧ ស្ដេចនឹងកាន់ទុក្ខ+ ហើយមេដឹកនាំនឹងអស់សង្ឃឹម ដៃរបស់បណ្ដាជនក្នុងស្រុកនឹងញ័រ។ ខ្ញុំនឹងប្រព្រឹត្តទៅលើពួកគេស្របតាមការប្រព្រឹត្តរបស់ពួកគេ ហើយខ្ញុំនឹងវិនិច្ឆ័យពួកគេដូចពួកគេវិនិច្ឆ័យអ្នកឯទៀត។ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›»។+
៨ នៅថ្ងៃទី៥ ខែទី៦ ក្នុងឆ្នាំទី៦* ពេលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះ ហើយមានពួកបុរសចាស់ទុំនៃយូដាកំពុងអង្គុយនៅមុខខ្ញុំ នោះឫទ្ធានុភាពរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានមកសណ្ឋិតលើខ្ញុំ។ ២ ពេលខ្ញុំមើលទៅ ឃើញបុគ្គលម្នាក់ដែលមានសណ្ឋានដូចជាភ្លើង។ ចាប់ពីចង្កេះចុះក្រោម ខ្ញុំឃើញដូចជាភ្លើង ហើយចាប់ពីចង្កេះឡើងលើ+ ខ្ញុំឃើញទ្រង់ទ្រាយលោកភ្លឺចិញ្ចាចដូចជាលោហៈ*ភ្លឺត្រចះ។+ ៣ បន្ទាប់មក ខ្ញុំមើលទៅឃើញទ្រង់ទ្រាយដូចជាដៃមួយលូកមកចាប់សក់ខ្ញុំ ហើយតាមរយៈការបើកបង្ហាញដែលលោកឲ្យខ្ញុំឃើញក្នុងគំនិត ឫទ្ធានុភាពរបស់លោកបានលើកខ្ញុំឡើងផុតពីដីទៅលើមេឃ រួចនាំខ្ញុំទៅក្រុងយេរូសាឡិម ហើយចូលទៅឯទ្វារខាងក្នុង+ដែលបែរមុខទៅទិសខាងជើង។ នៅទីនោះ មានរូបព្រះនៃសេចក្ដីប្រច័ណ្ឌដែលនាំឲ្យលោកខឹង។*+ ៤ មើល! នៅទីនោះខ្ញុំឃើញសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែល+ដូចអ្វីដែលខ្ញុំបានឃើញនៅក្នុងជ្រលងភ្នំដែរ។+
៥ បន្ទាប់មក លោកមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរមើលទៅទិសខាងជើង»។ ដូច្នេះ ខ្ញុំក៏មើលទៅទិសខាងជើង ហើយឃើញរូបព្រះនៃសេចក្ដីប្រច័ណ្ឌនៅត្រង់ច្រកចូលទ្វារខាងជើងក្បែរទីបូជា។ ៦ លោកមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! តើឃើញការដែលគួរឲ្យស្អប់ខ្ពើមដែលពូជពង្សអ៊ីស្រាអែលកំពុងធ្វើនៅទីនេះទេ?+ ការដ៏អាក្រក់ទាំងនេះហើយដែលនាំឲ្យខ្ញុំចាកចេញឆ្ងាយពីកន្លែងបរិសុទ្ធរបស់ខ្ញុំ។+ ប៉ុន្តែ អ្នកនឹងឃើញអំពើដ៏គួរឲ្យស្អប់ខ្ពើមដែលអាក្រក់ជាងនេះទៅទៀត»។
៧ រួចលោកបាននាំខ្ញុំទៅឯខ្លោងទ្វារចូលទីធ្លាវិហារ ហើយពេលខ្ញុំមើលទៅ ខ្ញុំឃើញប្រហោងមួយនៅក្នុងជញ្ជាំង។ ៨ លោកបានមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! សូមចោះទម្លុះជញ្ជាំងនោះទៅ»។ ដូច្នេះ ខ្ញុំក៏ចោះទម្លុះជញ្ជាំងនោះ ហើយខ្ញុំបានឃើញច្រកចូលមួយ។ ៩ លោកបានមានប្រសាសន៍មកខ្ញុំថា៖ «ចូរចូលទៅមើលការអាក្រក់ដ៏គួរឲ្យស្អប់ខ្ពើមដែលពួកគេកំពុងធ្វើនៅទីនេះចុះ!»។ ១០ ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញរូបសត្វលូនវារនិងសត្វដ៏គួរឲ្យស្អប់ខ្ពើមគ្រប់បែបយ៉ាង+ រួមទាំងរូបព្រះផ្សេងៗដ៏គួរឲ្យខ្ពើមរអើមរបស់ពូជពង្សអ៊ីស្រាអែលដែរ។+ រូបទាំងនេះបានត្រូវឆ្លាក់នៅលើជញ្ជាំងជុំវិញ។ ១១ ខ្ញុំក៏បានឃើញបុរសចាស់ទុំនៃពូជពង្សអ៊ីស្រាអែល៧០នាក់ កំពុងឈរនៅមុខរូបទាំងនោះ ទាំងមានយ៉ាអាសានៀជាកូនសាផាន+នៅជាមួយនឹងពួកគេដែរ។ ពួកគេម្នាក់ៗកំពុងកាន់ប្រដាប់ដុតគ្រឿងក្រអូប ទាំងមានផ្សែងគ្រឿងក្រអូបហុយទ្រលោម។+ ១២ លោកបានមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! តើអ្នកឃើញអ្វីដែលពួកបុរសចាស់ទុំនៃពូជពង្សអ៊ីស្រាអែលកំពុងធ្វើក្នុងទីងងឹត និងក្នុងបន្ទប់ខាងក្នុងដែលមានរូបព្រះរបស់ពួកគេឬទេ? ព្រោះពួកគេនិយាយថា៖ ‹ព្រះយេហូវ៉ាមិនឃើញយើងទេ។ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ›»។+
១៣ លោកមានប្រសាសន៍បន្តមកកាន់ខ្ញុំថា៖ «អ្នកនឹងឃើញអំពើដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេដែលអាក្រក់ជាងនេះទៅទៀត»។ ១៤ ដូច្នេះ ព្រះយេហូវ៉ាក៏នាំខ្ញុំទៅឯខ្លោងទ្វារខាងជើងនៃវិហាររបស់លោក។ នៅទីនោះ ខ្ញុំបានឃើញពួកស្ត្រីកំពុងអង្គុយយំនៅមុខព្រះថាមូស។
១៥ លោកមានប្រសាសន៍បន្ថែមមកខ្ញុំថា៖ «កូនមនុស្សអើយ! តើអ្នកឃើញអំពើនេះទេ? អ្នកនឹងឃើញអំពើដ៏គួរឲ្យស្អប់ខ្ពើមដែលអាក្រក់ជាងនេះទៅទៀត»។+ ១៦ ដូច្នេះ ព្រះយេហូវ៉ាបាននាំខ្ញុំទៅទីធ្លាខាងក្នុងវិហាររបស់ព្រះយេហូវ៉ា។+ នៅទ្វារចូលវិហារព្រះយេហូវ៉ា ត្រង់ចន្លោះសាលវិហារនិងទីបូជា មានប្រុសៗប្រហែលជា២៥នាក់បែរខ្នងដាក់វិហារ ហើយបែរមុខទៅទិសខាងកើត ក្រាបគោរពដល់ដួងអាទិត្យ។+
១៧ លោកមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! តើអ្នកឃើញអំពើនេះទេ? ពូជពង្សយូដាបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមនិងអំពើឃោរឃៅពេញក្នុងស្រុកនេះ+ ហើយពួកគេចេះតែធ្វើឲ្យខ្ញុំទាស់ចិត្ត។ តើនេះគឺជារឿងតូចតាចឬ? មើល! ពួកគេកំពុងតែយកមែកឈើ*រុកច្រមុះខ្ញុំហើយ។ ១៨ ដូច្នេះ ខ្ញុំនឹងបញ្ចេញកំហឹងរបស់ខ្ញុំ។ ខ្ញុំនឹងមិនអាណិតអាសូរឬបង្ហាញសេចក្ដីមេត្តាករុណាដល់ពួកគេឡើយ។+ ទោះបីជាពួកគេស្រែកសុំអង្វរខ្ញុំយ៉ាងណាក្ដី ក៏ខ្ញុំមិនស្ដាប់ពួកគេដែរ»។+
៩ បន្ទាប់មក លោកបន្លឺសំឡេងយ៉ាងខ្លាំងមកខ្ញុំថា៖ «ចូរហៅពួកអ្នកដែលនឹងដាក់ទោសក្រុងនេះមក ហើយឲ្យពួកគេម្នាក់ៗកាន់អាវុធសម្រាប់ប្រហារមកជាមួយផង»។
២ ខ្ញុំឃើញបុរស៦នាក់ធ្វើដំណើរចូលមកតាមខ្លោងទ្វារខាងលើ+ដែលនៅប៉ែកខាងជើង ទាំងកាន់អាវុធសម្រាប់ប្រហារមកជាមួយដែរ។ ខ្ញុំក៏ឃើញបុរសម្នាក់ទៀតមកជាមួយពួកគេ គាត់ស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ ហើយនៅចង្កេះគាត់មានប្រដាប់ប្រដាសរសេររបស់លេខាធិការ។* បុរសទាំងនោះចូលមកឈរនៅក្បែរទីបូជាធ្វើពីស្ពាន់។+
៣ បន្ទាប់មក សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែល+ដែលស្ថិតនៅលើចេរូប៊ីន បានអណ្ដែតឡើងពីទីនោះទៅឯមាត់ទ្វារវិហារ+ ហើយលោកក៏ហៅបុរសដែលស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ ជាបុរសដែលមានប្រដាប់ប្រដាសរសេររបស់លេខាធិការនៅចង្កេះ។ ៤ ព្រះយេហូវ៉ាមានប្រសាសន៍ទៅគាត់ថា៖ «ចូរដើរឲ្យសព្វក្នុងក្រុងយេរូសាឡិម ហើយគូសសញ្ញាសម្គាល់លើថ្ងាសមនុស្សណាដែលដកដង្ហើមធំនិងស្រែកថ្ងូរ+ ព្រោះតែអំពើដ៏គួរឲ្យស្អប់ខ្ពើមដែលកំពុងកើតឡើងនៅក្នុងក្រុងនេះ»។+
៥ រួចខ្ញុំឮលោកបង្គាប់ទៅបុរសឯទៀតថា៖ «ចូរចូលទៅក្នុងក្រុងតាមបុរសនោះ ហើយប្រហារទៅ។ កុំអាណិតអាសូរឬមានចិត្តមេត្តាចំពោះអ្នកណាឲ្យសោះ។+ ៦ អ្នករាល់គ្នាត្រូវសម្លាប់ទាំងចាស់ ទាំងក្មេង ទាំងស្រីក្រមុំ ទាំងយុវជន ឲ្យអស់គ្មានសល់។+ ប៉ុន្តែ មិនត្រូវចូលទៅជិតអ្នកណាដែលមានសញ្ញាសម្គាល់នៅលើថ្ងាសឡើយ។+ អ្នករាល់គ្នាត្រូវចាប់ផ្ដើមប្រហារពីទីបរិសុទ្ធរបស់ខ្ញុំ»។+ ដូច្នេះ ពួកគេក៏សម្លាប់ពួកបុរសចាស់ទុំដែលនៅខាងមុខវិហារទៅ។+ ៧ រួចមក លោកប្រាប់ពួកគេថា៖ «ចូរទៅធ្វើឲ្យវិហារស្មោកគ្រោក ហើយធ្វើឲ្យទីធ្លាវិហារពេញទៅដោយសាកសពចុះ»។+ ដូច្នេះ ពួកគេក៏ចេញទៅប្រហារបណ្ដាជនដែលនៅក្នុងក្រុង។
៨ កាលដែលបុរសទាំងនោះកំពុងសម្លាប់បណ្ដាជន ពួកគេបានទុកជីវិតឲ្យខ្ញុំ។ ខ្ញុំក៏ក្រាបមុខចុះ ហើយស្រែកឡើងថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! តើលោកនឹងបំផ្លាញជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់ ពេលលោកបញ្ចេញកំហឹងទៅលើក្រុងយេរូសាឡិមឬ?»។+
៩ លោកក៏តបមកខ្ញុំថា៖ «កំហុសឆ្គងរបស់ពូជពង្សអ៊ីស្រាអែលនិងពូជពង្សយូដា គឺធ្ងន់ធ្ងរណាស់។+ ស្រុកនេះមានសុទ្ធតែការបង្ហូរឈាម+ ហើយមានអំពើខូចអាក្រក់ពេញក្នុងក្រុង។+ ព្រោះពួកគេនិយាយថា៖ ‹ព្រះយេហូវ៉ាមិនឃើញយើងទេ។ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ›។+ ១០ ចំណែកខ្ញុំវិញ ខ្ញុំនឹងមិនអាណិតអាសូរ ឬបង្ហាញសេចក្ដីមេត្តាករុណាដល់ពួកគេទេ។+ ខ្ញុំនឹងឲ្យពួកគេទទួលផលពីការប្រព្រឹត្តរបស់ខ្លួន»។
១១ បន្ទាប់មក ខ្ញុំឃើញបុរសដែលស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ ទាំងមានប្រដាប់ប្រដាសរសេររបស់លេខាធិការនៅចង្កេះ ត្រឡប់មកវិញ ហើយជម្រាបថា៖ «ខ្ញុំបានធ្វើតាមដូចដែលលោកបានបង្គាប់ហើយ»។
១០ កាលខ្ញុំកំពុងសម្លឹងមើល ខ្ញុំឃើញខាងលើកម្រាលដែលនៅលើក្បាលពួកចេរូប៊ីន មានអ្វីមួយដូចជាត្បូងកណ្ដៀង ហើយមានទ្រង់ទ្រាយដូចជាបល្ល័ង្កមួយ។+ ២ បន្ទាប់មក លោកបានមានប្រសាសន៍ទៅកាន់បុរសដែលស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អថា៖+ «ចូរចូលក្នុងចន្លោះកង់វិល+ ខាងក្រោមពួកចេរូប៊ីន រួចយករងើកភ្លើង+ពីចន្លោះពួកចេរូប៊ីន ហើយបោះទៅលើក្រុងនេះទៅ»។+ ដូច្នេះ ខ្ញុំបានឃើញបុរសនោះចូលទៅ។
៣ កាលបុរសនោះចូលទៅ ពួកចេរូប៊ីនកំពុងឈរនៅខាងស្ដាំវិហារ ហើយមានពពកពេញនៅទីធ្លាខាងក្នុងវិហារ។ ៤ ពេលនោះ សិរីរុងរឿងរបស់ព្រះយេហូវ៉ា+បានអណ្ដែតឡើងចេញពីពួកចេរូប៊ីន ទៅឯមាត់ទ្វារវិហារ។ បន្តិចម្ដងៗ វិហារនោះក៏មានពេញទៅដោយពពក+ ហើយទីធ្លាវិហារមានពេញដោយពន្លឺចិញ្ចាចចិញ្ចែងនៃសិរីរុងរឿងរបស់ព្រះយេហូវ៉ា។ ៥ សូរសន្ធឹកស្លាបរបស់ពួកចេរូប៊ីន បានឮទៅដល់ទីធ្លាខាងក្រៅ។ សំឡេងនោះលាន់ឮដូចជាសំឡេងរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតកំពុងមានប្រសាសន៍។+
៦ បន្ទាប់មក លោកបានបង្គាប់បុរសដែលស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អថា៖ «ចូរយកភ្លើងពីចន្លោះកង់វិល គឺពីចន្លោះពួកចេរូប៊ីន»។ ដូច្នេះ គាត់ក៏ចូលទៅឈរនៅក្បែរកង់នោះ។ ៧ រួចមក ចេរូប៊ីនមួយរូបបានលូកដៃតម្រង់ទៅភ្លើងដែលនៅចន្លោះចេរូប៊ីនឯទៀត+ ហើយយកភ្លើងខ្លះទៅដាក់នៅលើដៃរបស់បុរសដែលស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ។+ បុរសនោះក៏ទទួលយកភ្លើងនោះ រួចចេញទៅ។ ៨ ដៃរបស់ចេរូប៊ីនទាំងនោះមានសណ្ឋានដូចជាដៃមនុស្ស ហើយដៃនោះនៅក្រោមស្លាបពួកគេ។+
៩ កាលខ្ញុំកំពុងមើល ខ្ញុំបានឃើញកង់បួន។ កង់នីមួយៗនៅក្បែរចេរូប៊ីនមួយរូបៗ ហើយកង់នោះមើលទៅភ្លឺដូចជាត្បូងគ្រីសូឡែត។+ ១០ កង់ទាំងបួននោះមានសណ្ឋានដូចគ្នា ហើយមើលទៅក្នុងកង់នីមួយៗមានកង់មួយទៀត។ ១១ ពេលកង់ទាំងនោះធ្វើដំណើរ កង់ទាំងនោះអាចទៅទិសណាមួយក្នុងទិសដៅទាំងបួនដោយមិនចាំបាច់បត់ទេ ព្រោះកង់ទាំងនោះនឹងទៅតាមទិសដៅដែលក្បាលចេរូប៊ីនតម្រង់ទៅ។ ១២ រូបកាយរបស់ចេរូប៊ីន និងខ្នងពួកគេ ដៃនិងស្លាប ព្រមទាំងកង់ទាំងបួនរបស់ពួកគេ មានពេញទៅដោយភ្នែកនៅជុំវិញទាំងអស់។+ ១៣ ខណៈនោះ ខ្ញុំបានឮសំឡេងហៅទៅកង់ទាំងនោះថា«កង់វិល!»។
១៤ ចេរូប៊ីនមួយរូបៗមានមុខបួន។ មុខទី១ជាមុខរបស់ចេរូប៊ីន មុខទី២ជាមុខមនុស្ស មុខទី៣ជាមុខតោ មុខទី៤ជាមុខឥន្ទ្រី។+
១៥ ពួកចេរូប៊ីនទាំងនោះក៏ឡើងទៅ ពួកគេគឺដូចបុគ្គលវិញ្ញាណដែលខ្ញុំបានឃើញនៅឯទន្លេកេបា។+ ១៦ ពេលចេរូប៊ីនទាំងនោះធ្វើដំណើរទៅកន្លែងណា កង់ទាំងនោះក៏ធ្វើដំណើរទៅជាមួយដែរ។ ពេលចេរូប៊ីនទាំងនោះត្រដាងស្លាបហោះឡើងផុតពីដី កង់ទាំងនោះមិនបែរទៅណាឬចេញពីពួកគេទេ។+ ១៧ ពេលពួកចេរូប៊ីនឈប់ កង់ទាំងនោះក៏ឈប់ដែរ។ ពេលពួកគេហោះឡើងផុតពីដី កង់ទាំងនោះក៏ឡើងតាមដែរ ព្រោះឫទ្ធានុភាពរបស់ព្រះដឹកនាំពួកគេនិងកង់ទាំងនោះ។
១៨ បន្ទាប់មក សិរីរុងរឿងរបស់ព្រះយេហូវ៉ា+បានអណ្ដែតចេញពីមាត់ទ្វារវិហារ ទៅស្ថិតលើពួកចេរូប៊ីនវិញ។+ ១៩ កាលខ្ញុំកំពុងសម្លឹងមើលនៅឡើយ ចេរូប៊ីនទាំងនោះក៏ត្រដាងស្លាបហោះឡើងផុតពីដី ហើយកង់ទាំងនោះទៅជាមួយនឹងពួកគេដែរ។ ពួកគេបានឈប់នៅត្រង់ច្រកចូលទ្វារខាងកើតនៃវិហារព្រះយេហូវ៉ា ហើយសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលស្ថិតនៅលើពួកគេ។+
២០ ដូច្នេះ ខ្ញុំដឹងថាបុគ្គលវិញ្ញាណដែលខ្ញុំបានឃើញនៅក្រោមព្រះនៃជនជាតិអ៊ីស្រាអែលនៅឯទន្លេកេបា+ គឺជាចេរូប៊ីន។ ២១ ពួកគេមានមុខបួន ស្លាបបួន ហើយដៃដែលនៅក្រោមស្លាបពួកគេ មានសណ្ឋានដូចជាដៃមនុស្ស។+ ២២ មុខរបស់ពួកគេមានសណ្ឋានដូចមុខ ដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបា។+ ពួកគេតែងធ្វើដំណើរត្រង់ទៅមុខជានិច្ច។+
១១ បន្ទាប់មក ឫទ្ធានុភាពព្រះបានលើកខ្ញុំឡើង ហើយនាំទៅឯទ្វារខាងកើតនៃវិហារព្រះយេហូវ៉ា ជាទ្វារដែលបែរមុខទៅទិសខាងកើត។+ នៅត្រង់ច្រកចូលទ្វារនោះ ខ្ញុំឃើញបុរស២៥នាក់ ហើយក្នុងចំណោមពួកគេមានយ៉ាអាសានៀជាកូនអាសសឺ និងភេឡាធាជាកូនបេនណាយ៉ា។ ពួកអ្នកទាំងនោះជាអ្នកដឹកនាំបណ្ដាជន។+ ២ រួចមក លោកមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! ពួកបុរសទាំងនេះហើយដែលបានរៀបគម្រោងការទុច្ចរិត ហើយផ្ដល់ឱវាទអាក្រក់ដល់បណ្ដាជនក្នុង*ក្រុងនេះ។ ៣ ពួកគេនិយាយថា៖ ‹តើនេះមិនមែនជាពេលសម្រាប់សង់ផ្ទះទេឬ?+ ក្រុង*នេះប្រៀបដូចជាឆ្នាំង+ ហើយយើងប្រៀបដូចជាសាច់›។
៤ «ដូច្នេះ កូនមនុស្សអើយ! ចូរប្រកាស! ចូរប្រកាសទំនាយទាស់នឹងពួកគេទៅ»។+
៥ បន្ទាប់មក ឫទ្ធានុភាពព្រះយេហូវ៉ាបានមកសណ្ឋិតលើខ្ញុំ+ ហើយលោកមានប្រសាសន៍មកខ្ញុំថា៖ «ចូរនិយាយថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ដូចតទៅ៖ «ឱពូជពង្សអ៊ីស្រាអែលអើយ! អ្វីដែលអ្នករាល់គ្នានិយាយគឺត្រឹមត្រូវ ហើយខ្ញុំក៏ដឹងគំនិតរបស់អ្នករាល់គ្នាដែរ។ ៦ អ្នករាល់គ្នាបានបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់ក្នុងក្រុងនេះ ហើយនៅតាមផ្លូវក្រុងមានសុទ្ធតែសាកសព»›»។+ ៧ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ ‹សាកសពដែលអ្នករាល់គ្នាពង្រាយពេញក្នុងក្រុងគឺជាសាច់ ហើយក្រុងនេះគឺជាឆ្នាំង។+ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងត្រូវយកចេញពីក្រុងនេះពុំខាន›»។
៨ «‹អ្នករាល់គ្នាខ្លាចសង្គ្រាម+ ដូច្នេះខ្ញុំនឹងធ្វើឲ្យមានសង្គ្រាមទាស់នឹងអ្នករាល់គ្នា›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ៩ ‹ខ្ញុំនឹងយកអ្នករាល់គ្នាចេញពីក្រុងនេះ ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃជនបរទេស រួចខ្ញុំនឹងដាក់ទោសអ្នករាល់គ្នា។+ ១០ អ្នករាល់គ្នានឹងដួលស្លាប់ដោយដាវ។+ ខ្ញុំនឹងវិនិច្ឆ័យអ្នករាល់គ្នានៅឯព្រំប្រទល់ស្រុកអ៊ីស្រាអែល។+ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។+ ១១ ចំពោះអ្នករាល់គ្នា ក្រុងនេះមិនមែនជាឆ្នាំងទេ ហើយអ្នករាល់គ្នាក៏មិនមែនជាសាច់ដាក់ក្នុងនោះដែរ។ ខ្ញុំនឹងវិនិច្ឆ័យអ្នករាល់គ្នានៅឯព្រំប្រទល់ស្រុកអ៊ីស្រាអែល។ ១២ នោះអ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។ ព្រោះអ្នករាល់គ្នាមិនបានកាន់តាមច្បាប់និងធ្វើតាមការវិនិច្ឆ័យរបស់ខ្ញុំទេ+ តែបែរជាធ្វើតាមការវិនិច្ឆ័យរបស់ប្រជាជាតិនានាដែលនៅជុំវិញអ្នករាល់គ្នាទៅវិញ›»។+
១៣ ក្រោយពីខ្ញុំប្រកាសទំនាយចប់ភ្លាម ភេឡាធាជាកូនបេនណាយ៉ាបានស្លាប់។ ខ្ញុំក៏ក្រាបមុខចុះ ហើយស្រែកឡើងថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! តើលោកនឹងបំផ្លាញជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់ឬ?»។+
១៤ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ១៥ «កូនមនុស្សអើយ! អ្នកក្រុងយេរូសាឡិមបានប្រាប់បងប្អូនរបស់អ្នក ដែលមានសិទ្ធិលោះមកវិញ និងប្រាប់ពូជពង្សអ៊ីស្រាអែលទាំងមូលថា៖ ‹ចូរនៅឆ្ងាយពីព្រះយេហូវ៉ាទៅ ព្រោះទឹកដីនេះជាទឹកដីដែលយើងបានទទួលជាមត៌កហើយ›។ ១៦ ហេតុនេះ អ្នកត្រូវនិយាយថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «ខ្ញុំបានបណ្ដេញរាស្ត្រខ្ញុំឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិនានា ហើយធ្វើឲ្យពួកគេខ្ចាត់ខ្ចាយនៅស្រុកឯទៀត។+ ទោះជាយ៉ាងនេះក្ដី អស់មួយរយៈខ្ញុំនឹងប្រៀបដូចជាទីបរិសុទ្ធដល់ពួកគេក្នុងទឹកដីទាំងនោះ»›។+
១៧ «ម្ល៉ោះហើយ អ្នកត្រូវប្រកាសថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំនឹងប្រមូលអ្នករាល់គ្នាពីចំណោមប្រជាជាតិនានា និងពីស្រុកទាំងប៉ុន្មានដែលអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅនោះឲ្យត្រឡប់មកវិញ ហើយខ្ញុំនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យអ្នករាល់គ្នា»។+ ១៨ «ពួកគេនឹងត្រឡប់ទៅទីនោះ ហើយបំបាត់ចោលនូវអ្វីៗដែលគួរឲ្យស្អប់ខ្ពើម ព្រមទាំងការប្រព្រឹត្តដ៏ស្មោកគ្រោកគ្រប់បែបយ៉ាង។+ ១៩ ខ្ញុំនឹងឲ្យពួកគេមានចិត្តតែមួយ+ ហើយខ្ញុំនឹងដាក់ចិត្តគំនិតថ្មីក្នុងពួកគេ។+ ខ្ញុំនឹងដកចិត្តរឹងដូចថ្មចេញពីពួកគេ+ ហើយឲ្យពួកគេមានចិត្តទន់*វិញ+ ២០ ដើម្បីឲ្យពួកគេកាន់តាមច្បាប់និងការវិនិច្ឆ័យរបស់ខ្ញុំ ហើយប្រព្រឹត្តតាមអ្វីទាំងនោះ។ បើពួកគេធ្វើដូច្នេះ ពួកគេនឹងទៅជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើជាព្រះរបស់ពួកគេ»›។
២១ «‹«ប៉ុន្តែ ចំពោះពួកអ្នកដែលនៅតែមានចិត្តចង់ប្រព្រឹត្តអ្វីដែលស្មោកគ្រោក និងកាន់តាមអ្វីដ៏គួរឲ្យស្អប់ខ្ពើមទៀត ខ្ញុំនឹងឲ្យពួកគេទទួលផលពីការទាំងនោះមិនខាន»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត›»។
២២ ឥឡូវ ពួកចេរូប៊ីនបានត្រដាងស្លាបឡើង ហើយកង់ក៏នៅក្បែរពួកគេ+ ព្រមទាំងមានសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលស្ថិតនៅលើពួកគេ។+ ២៣ បន្ទាប់មក សិរីរុងរឿងរបស់ព្រះយេហូវ៉ា+បានអណ្ដែតឡើងពីក្រុង ទៅស្ថិតលើភ្នំដែលនៅទិសខាងកើតក្រុងនោះ។+ ២៤ បន្ទាប់មក ឫទ្ធានុភាពព្រះបានលើកខ្ញុំឡើង ហើយនាំទៅឯបណ្ដាជនដែលជាប់ជាឈ្លើយនៅស្រុកខាល់ដេ។ នោះបានកើតឡើងពេលដែលឫទ្ធានុភាពព្រះបើកបង្ហាញឲ្យខ្ញុំឃើញក្នុងគំនិត។ ក្រោយនោះ ខ្ញុំក៏លែងឃើញការបើកបង្ហាញនោះទៀត។ ២៥ រួចមក ខ្ញុំក៏ប្រាប់បណ្ដាជនដែលជាប់ជាឈ្លើយ អំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្ហាញដល់ខ្ញុំ។
១២ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! អ្នកកំពុងរស់នៅក្នុងចំណោមពូជពង្សមនុស្សដែលបះបោរប្រឆាំង។ ពួកគេមានភ្នែក តែមើលមិនឃើញ។ ពួកគេមានត្រចៀក តែស្ដាប់មិនឮទេ+ ព្រោះពួកគេជាពូជពង្សមនុស្សដែលបះបោរប្រឆាំង។+ ៣ ចំណែកអ្នកវិញ កូនមនុស្សអើយ! ចូររៀបចំបង្វេចសម្រាប់ធ្វើដំណើរនិរទេសចុះ។ នៅពេលថ្ងៃកាលពួកគេកំពុងមើលអ្នក អ្នកត្រូវធ្វើដំណើរដូចជាត្រូវគេនិរទេស គឺចេញពីផ្ទះអ្នកទៅកន្លែងផ្សេងទៀត។ ទោះជាពួកគេជាពូជពង្សមនុស្សដែលបះបោរប្រឆាំងក្ដី ប្រហែលជាពួកគេនឹងកត់សម្គាល់អំពីរឿងនេះ។ ៤ នៅពេលថ្ងៃ ចូរយកបង្វេចសម្រាប់ការនិរទេសចេញមកនៅចំពោះមុខពួកគេ ហើយនៅពេលល្ងាចអ្នកត្រូវធ្វើដំណើរចេញទៅ ធ្វើដូចជាបុគ្គលម្នាក់ត្រូវគេនិរទេសទៅស្រុកឆ្ងាយ។+
៥ «អ្នកត្រូវចោះទម្លុះជញ្ជាំងនៅចំពោះមុខពួកគេ រួចយកបង្វេចរបស់អ្នកចេញតាមនោះ។+ ៦ កាលពួកគេកំពុងមើលអ្នកនៅឡើយ អ្នកត្រូវដាក់បង្វេចលើស្មា រួចចេញទៅទាំងយប់ងងឹត។ ចូរគ្របមុខអ្នកដើម្បីកុំឲ្យមើលដីឃើញ ព្រោះខ្ញុំនឹងឲ្យអ្នកធ្វើជាសញ្ញាសម្គាល់ដល់ពូជពង្សអ៊ីស្រាអែល»។+
៧ ដូច្នេះ ខ្ញុំក៏ធ្វើដូចដែលលោកបានបង្គាប់។ នៅពេលថ្ងៃ ខ្ញុំយកបង្វេចសម្រាប់ការនិរទេសចេញ។ នៅពេលល្ងាច ខ្ញុំបានចោះទម្លុះជញ្ជាំងដោយដៃ ហើយដល់យប់ងងឹត ខ្ញុំបានយកបង្វេចរបស់ខ្ញុំដាក់លើស្មា រួចចេញទៅ នៅចំពោះមុខពួកគេ។
៨ លុះព្រឹកឡើង ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ៩ «កូនមនុស្សអើយ! តើពូជពង្សអ៊ីស្រាអែលជាពូជពង្សមនុស្សដែលបះបោរប្រឆាំងបានសួរអ្នកទេថា៖ ‹តើអ្នកកំពុងធ្វើអ្វី?›។ ១០ ចូរប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ «នេះជាការព្រមានដល់មេដឹកនាំ+ក្នុងក្រុងយេរូសាឡិមនិងពូជពង្សអ៊ីស្រាអែលទាំងអស់ដែលរស់នៅក្នុងក្រុងនោះ»›។
១១ «ចូរនិយាយថា៖ ‹ខ្ញុំជាសញ្ញាសម្គាល់ដល់អ្នករាល់គ្នា។+ ដូច្នេះ ខ្ញុំបានធ្វើយ៉ាងណា ពួកគេនឹងត្រូវបង្ខំឲ្យធ្វើយ៉ាងនោះដែរ។ ពួកគេនឹងត្រូវចាប់យកទៅធ្វើជាឈ្លើយ ហើយនឹងត្រូវនិរទេស។+ ១២ មេដឹកនាំដែលនៅក្នុងចំណោមពួកគេ នឹងដាក់បង្វេចលើស្មា រួចចេញទៅទាំងយប់ងងឹត។ គាត់នឹងចោះទម្លុះជញ្ជាំងកំពែង ហើយលីបង្វេចចេញតាមនោះ។+ គាត់នឹងគ្របមុខខ្លួនមើលដីមិនឃើញឡើយ›។ ១៣ ខ្ញុំនឹងបោះសំណាញ់លើគាត់ ហើយគាត់នឹងជាប់សំណាញ់ខ្ញុំ។+ រួចខ្ញុំនឹងនាំគាត់ទៅស្រុកបាប៊ីឡូន គឺទៅស្រុករបស់ពួកខាល់ដេ។ ប៉ុន្តែ គាត់នឹងមិនឃើញស្រុកនោះទេ ហើយគាត់នឹងស្លាប់នៅទីនោះ។+ ១៤ ឯពួកអ្នកដែលនៅជុំវិញគាត់ គឺទាំងជំនួយការ ទាំងពលទាហាន ពួកគេនឹងត្រូវខ្ញុំធ្វើឲ្យខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។+ រួចខ្ញុំនឹងហូតដាវដេញតាមប្រហារពួកគេ។+ ១៥ នោះពួកគេនឹងដឹងច្បាស់ថាខ្ញុំនេះហើយជាយេហូវ៉ា ពេលដែលខ្ញុំបណ្ដេញពួកគេទៅក្នុងចំណោមប្រជាជាតិនានា និងធ្វើឲ្យពួកគេខ្ចាត់ខ្ចាយទៅស្រុកឯទៀត។ ១៦ ប៉ុន្តែ ខ្ញុំនឹងឲ្យពួកគេមួយចំនួន រួចជីវិតពីសង្គ្រាម ការអត់ឃ្លាន និងរោគរាតត្បាត ដើម្បីឲ្យពួកគេអាចប្រាប់អំពីអំពើដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លួន ក្នុងចំណោមប្រជាជាតិដែលពួកគេនឹងទៅរស់នៅនោះ។ ក្រោយមក ពួកគេនឹងដឹងច្បាស់ថាខ្ញុំនេះហើយជាយេហូវ៉ា»។
១៧ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ១៨ «កូនមនុស្សអើយ! អ្នកត្រូវបរិភោគនំប៉័ងដោយភ័យញាប់ញ័រ ហើយត្រូវផឹកទឹកដោយខ្វល់ចិត្តនិងថប់បារម្ភ។+ ១៩ រួចចូរទៅប្រាប់អ្នកស្រុកនេះថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅកាន់អ្នកក្រុងយេរូសាឡិមដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលថា៖ «ពួកគេនឹងបរិភោគនំប៉័ងរបស់ខ្លួនដោយខ្វល់ចិត្ត ហើយផឹកទឹកដោយភ័យតក់ស្លុត ព្រោះស្រុករបស់ពួកគេនឹងទៅជាកន្លែងសូន្យស្ងាត់។+ នេះកើតឡើងដោយសារមនុស្សនៅទីនោះបានប្រព្រឹត្តយ៉ាងសាហាវឃោរឃៅ។+ ២០ រីឯបណ្ដាក្រុងដែលពួកគេរស់នៅវិញ ក្រុងទាំងនោះនឹងត្រូវកម្ទេចចោល+ ហើយទឹកដីរបស់ពួកគេនឹងត្រូវបោះបង់ចោល។ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»›»។+
២១ ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់ខ្ញុំម្ដងទៀតថា៖ ២២ «កូនមនុស្សអើយ! សុភាសិតមួយនៅអ៊ីស្រាអែលចែងថា៖ ‹ពេលវេលាចេះតែកន្លងទៅ តែរាល់ការបើកបង្ហាញឲ្យឃើញក្នុងគំនិតមិនបានកើតឡើងសោះ›។ អ្នកក៏ធ្លាប់ឮសុភាសិតនេះដែរមែនទេ?+ ២៣ ហេតុនេះ ចូរនិយាយទៅពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំនឹងបំបាត់សុភាសិតនេះចោល ហើយនឹងគ្មានអ្នកណាប្រើសុភាសិតនេះនៅស្រុកអ៊ីស្រាអែលទៀតទេ»›។ ប៉ុន្តែ អ្នកត្រូវប្រាប់ពួកគេវិញថា៖ ‹គ្រានោះជិតមកដល់ហើយ+ រាល់ការបើកបង្ហាញឲ្យឃើញក្នុងគំនិតនឹងកើតឡើងជាក់ជាមិនខាន›។ ២៤ ព្រោះនឹងលែងមានការបើកបង្ហាញក្លែងក្លាយ ឬការទស្សន៍ទាយដែលបោកបញ្ឆោតនៅក្នុងចំណោមពូជពង្សអ៊ីស្រាអែលទៀតហើយ។+ ២៥ ‹«ព្រោះខ្ញុំយេហូវ៉ា ខ្ញុំនឹងមានប្រសាសន៍ ហើយពាក្យដែលខ្ញុំពោលចេញហើយ ខ្ញុំនឹងធ្វើឲ្យកើតឡើងដោយឥតបង្អង់។+ ឱពូជពង្សដែលបះបោរប្រឆាំងអើយ!+ នៅគ្រារបស់អ្នក ពាក្យដែលខ្ញុំមានប្រសាសន៍ទៅហើយ ខ្ញុំនឹងធ្វើឲ្យក្លាយទៅជាការពិតជាក់ជាមិនខាន»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត›»។
២៦ ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់ខ្ញុំម្ដងទៀតថា៖ ២៧ «កូនមនុស្សអើយ! បណ្ដាជនអ៊ីស្រាអែលកំពុងនិយាយគ្នាថា៖ ‹ការបើកបង្ហាញដែលគាត់បានឃើញក្នុងគំនិតនោះ គឺសម្រាប់អនាគតដ៏យូរអង្វែង ហើយអ្វីដែលគាត់កំពុងប្រកាសទុកជាមុននោះ គឺសម្រាប់គ្រាដ៏ឆ្ងាយទេ›។+ ២៨ ហេតុនេះ ចូរនិយាយទៅពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «‹គ្មានពាក្យណាមួយរបស់ខ្ញុំនឹងត្រូវបង្អង់ឡើយ ហើយអ្វីដែលខ្ញុំមានប្រសាសន៍ នឹងកើតឡើងជាប្រាកដ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»›»។
១៣ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរប្រកាសទុកជាមុន ទាស់នឹងពួកអ្នកប្រកាសទំនាយក្នុងស្រុកអ៊ីស្រាអែល+ គឺប្រាប់ពួកអ្នកប្រកាសទំនាយដែលប្រកាសតាមចិត្តខ្លួនថា៖+ ‹ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។ ៣ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ «វេទនាដល់ពួកអ្នកប្រកាសទំនាយល្ងីល្ងើ ដែលប្រកាសតាមតែចិត្តខ្លួន តាមការពិតពួកគេមិនបានទទួលការបើកបង្ហាញពីខ្ញុំឡើយ!+ ៤ ឱអ៊ីស្រាអែលអើយ! ពួកអ្នកប្រកាសទំនាយរបស់អ្នករាល់គ្នាប្រៀបទៅនឹងហ្វូងកញ្ជ្រោងនៅតាមគំនរបាក់បែក។ ៥ ឱពួកអ្នកប្រកាសទំនាយអើយ! អ្នករាល់គ្នានឹងមិនទៅសង់កំពែងបាក់បែកឡើងវិញ ដើម្បីឲ្យពូជពង្សអ៊ីស្រាអែល+អាចការពារខ្លួនក្នុងចម្បាំងនៅថ្ងៃរបស់ព្រះយេហូវ៉ាទេ»។+ ៦ «ពួកគេបានប្រកាសទំនាយមិនពិត ហើយក៏មិនបានទទួលការបើកបង្ហាញពីព្រះដែរ។ ពួកគេចេះតែថា៖ ‹នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា› តែតាមការពិតព្រះយេហូវ៉ាមិនបានចាត់ពួកគេទេ។ ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែគិតថាព្រះនឹងធ្វើឲ្យពាក្យរបស់ពួកគេក្លាយជាការពិត។+ ៧ ពេលអ្នករាល់គ្នាឃើញអ្វីក្នុងគំនិត ហើយប្រកាសទំនាយដោយនិយាយថា៖ ‹នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា› នោះសុទ្ធតែជាការបោកប្រាស់និងពាក្យកុហក មែនទេ? ព្រោះតាមពិតខ្ញុំមិនបាននិយាយអ្វីសោះទៅអ្នករាល់គ្នា»›។
៨ «‹ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «‹ដោយសារអ្វីដែលអ្នករាល់គ្នានិយាយគឺមិនពិត ហើយអ្វីដែលអ្នកឃើញក្នុងគំនិតជាការបោកប្រាស់ នោះខ្ញុំទាស់នឹងអ្នករាល់គ្នាហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។+ ៩ ខ្ញុំនឹងលើកដៃទៅទាស់នឹងពួកអ្នកប្រកាសទំនាយដែលនិយាយបោកប្រាស់អំពីការបើកបង្ហាញមិនពិត ហើយប្រាប់ពាក្យកុហកអំពីអនាគត។+ ពួកគេនឹងមិននៅក្នុងចំណោមអស់អ្នកដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងខ្ញុំទេ ហើយឈ្មោះពួកគេក៏មិនត្រូវកត់ទុកក្នុងបញ្ជីពូជពង្សអ៊ីស្រាអែលដែរ។ ពួកគេនឹងមិនអាចត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។+ ១០ រឿងនេះនឹងកើតឡើងដោយសារពួកអ្នកប្រកាសទំនាយទាំងនោះបាននាំរាស្ត្រខ្ញុំឲ្យវង្វេង ដោយប្រាប់ពួកគេថា៖ «មានសេចក្ដីសុខសាន្តហើយ!» តែគ្មានទាល់តែសោះ។+ ជញ្ជាំងមួយបានត្រូវសង់ឡើងតែមិនមាំទេ រួចពួកគេក៏យកកំបោរសមកបូកពីលើ›។*+
១១ «ចូរប្រាប់ពួកអ្នកដែលយកកំបោរសមកបូកពីលើជញ្ជាំងនោះថា ជញ្ជាំងនោះនឹងរលំបាក់បែកជាមិនខាន ព្រោះនឹងមានភ្លៀងដ៏ធំ ហើយដុំទឹកកកនឹងធ្លាក់មក ថែមទាំងព្យុះសង្ឃរានឹងបក់ផ្ទប់ទៅលើជញ្ជាំងនោះ។+ ១២ ពេលជញ្ជាំងនោះរលំ គេនឹងសួរអ្នករាល់គ្នាថា៖ ‹តើកំបោរសនោះមានប្រយោជន៍អ្វីទៅ?›។+
១៣ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ដោយកំហឹង ខ្ញុំនឹងធ្វើឲ្យមានព្យុះសង្ឃរាបក់បោកមក ដោយសេចក្ដីក្រោធ ខ្ញុំនឹងបង្អុរភ្លៀងដ៏ធំ ដោយចិត្តក្ដៅខ្ញុំនឹងធ្វើឲ្យដុំទឹកកកធ្លាក់មក។ ១៤ ខ្ញុំនឹងផ្ដួលរំលំជញ្ជាំងដែលអ្នករាល់គ្នាបូកកំបោរសនោះ ហើយគេនឹងឃើញគ្រឹះជញ្ជាំង។ ពេលក្រុងនេះរលំ អ្នករាល់គ្នាក៏វិនាសទៅជាមួយដែរ។ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។
១៥ «‹ក្រោយពីខ្ញុំបញ្ចេញកំហឹងដ៏ខ្លាំងរបស់ខ្ញុំទៅលើជញ្ជាំងនោះ និងទៅលើពួកអ្នកដែលបូកកំបោរស នោះខ្ញុំនឹងនិយាយថា៖ «ជញ្ជាំងនោះលែងមានទៀតហើយ ពួកអ្នកដែលបូកកំបោរសក៏វិនាសអស់ដែរ។+ ១៦ ពេលនោះ ពួកអ្នកប្រកាសទំនាយនឹងវិនាសពីស្រុកអ៊ីស្រាអែល គឺពួកអ្នកដែលប្រកាសទំនាយអំពីក្រុងយេរូសាឡិម ជាពួកអ្នកដែលប្រាប់ពួកអ្នកក្រុងអំពីសេចក្ដីសុខសាន្តដែលខ្លួនបានឃើញក្នុងគំនិត តែគ្មានសេចក្ដីសុខសាន្តសោះ»›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
១៧ «ចំណែកអ្នកវិញ កូនមនុស្សអើយ! ចូរបែរមុខទៅស្រីៗជនរួមជាតិអ្នក ហើយប្រកាសទំនាយទាស់នឹងពួកគេទៅ ព្រោះពួកគេបានប្រកាសទំនាយតាមតែចិត្តខ្លួន។ ១៨ ចូរប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ «វេទនាហើយ! ស្រីៗណាដែលដេរខ្សែសម្រាប់ពាក់នៅដៃ* ហើយធ្វើស្បៃគ្របក្បាលគ្រប់ទំហំ ដើម្បីបរបាញ់ជីវិតមនុស្ស។ តើពួកនាងកំពុងបរបាញ់ជីវិតរាស្ត្រខ្ញុំ ហើយដំណាលគ្នានោះខំព្យាយាមឲ្យខ្លួនបានរួចជីវិតឬ? ១៩ ពួកនាងបានសម្លាប់អ្នកដែលមិនសមនឹងស្លាប់ តែទុកជីវិតឲ្យអ្នកដែលសមនឹងស្លាប់វិញ។ រឿងនេះបានកើតឡើងដោយសារពួកនាងបានកុហករាស្ត្រខ្ញុំ ហើយពួកគេក៏ជឿតាមពួកនាង។+ តើពួកនាងនឹងធ្វើឲ្យខ្ញុំអាប់ឱននៅក្នុងចំណោមរាស្ត្រខ្ញុំ ដើម្បីបានស្រូវប៉ុន្មានក្ដាប់និងនំប៉័ងពីរបីដុំឬ?»›។+
២០ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ ‹ឱពួកនាងអើយ! មើល ខ្ញុំស្អប់ខ្សែដែលពួកនាងពាក់នៅដៃណាស់ ជាខ្សែដែលពួកនាងប្រើដើម្បីបរបាញ់មនុស្សដូចជាបរបាញ់សត្វស្លាប។ ខ្ញុំនឹងផ្ដាច់ខ្សែនោះពីដៃពួកនាង ហើយដោះលែងអស់អ្នកដែលពួកនាងតាមបរបាញ់ឲ្យមានសេរីភាពឡើងវិញ។ ២១ ខ្ញុំនឹងហែកស្បៃរបស់ពួកនាង ហើយសង្គ្រោះរាស្ត្រខ្ញុំពីកណ្ដាប់ដៃពួកនាង។ ពួកគេនឹងលែងដូចជាសត្វសម្រាប់ឲ្យពួកនាងបរបាញ់ទៀតហើយ។ ពេលនោះ ពួកនាងនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។+ ២២ ព្រោះកាលខ្ញុំមិនបានធ្វើឲ្យមនុស្សសុចរិតមានទុក្ខព្រួយ* ពួកនាងបានធ្វើឲ្យពួកគេបាក់ទឹកចិត្ត ដោយពាក្យភូតភររបស់ពួកនាង+ ហើយពួកនាងបែរជាលើកទឹកចិត្តមនុស្សទុច្ចរិតទៅវិញ។+ យ៉ាងនេះ ពួកគេមិនបានបែរចេញពីផ្លូវរបស់ខ្លួន ដើម្បីបន្តរស់រានមានជីវិតទេ។+ ២៣ ម្ល៉ោះហើយ ពួកនាងនឹងលែងឃើញអ្វីមិនពិតក្នុងគំនិតទៀតហើយ ថែមទាំងមិនអាចទស្សន៍ទាយទៀតដែរ+ ព្រោះខ្ញុំនឹងសង្គ្រោះរាស្ត្រខ្ញុំពីកណ្ដាប់ដៃពួកនាង ហើយពួកនាងនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›»។
១៤ ក្រោយនោះ ពួកបុរសចាស់ទុំជនជាតិអ៊ីស្រាអែលមួយចំនួនបានមក ហើយអង្គុយចុះនៅមុខខ្ញុំ។+ ២ រួចមក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ ៣ «កូនមនុស្សអើយ! ពួកបុរសទាំងនេះបានតាំងចិត្តកាន់តាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេហើយ។ ពួកគេថែមទាំងបានដាក់ឧបសគ្គដែលនាំឲ្យបណ្ដាជនប្រព្រឹត្តខុសឆ្គងទៀតផង។ ដូច្នេះ តើខ្ញុំគួរតបឆ្លើយនឹងពួកគេឬ?+ ៤ ឥឡូវចូរប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានមានប្រសាសន៍ដូចតទៅ៖ «បើជនអ៊ីស្រាអែលណាតាំងចិត្តកាន់តាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ និងដាក់ឧបសគ្គដែលនាំឲ្យអ្នកឯទៀតប្រព្រឹត្តខុសឆ្គង ហើយមកសួរនាំអ្នកប្រកាសទំនាយម្នាក់ នោះខ្ញុំយេហូវ៉ា ខ្ញុំនឹងតបទៅអ្នកនោះស្របតាមចំនួនរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ។ ៥ ព្រោះខ្ញុំនឹងធ្វើឲ្យចិត្តរបស់បណ្ដាជនអ៊ីស្រាអែលភ័យតក់ស្លុត ព្រោះពួកគេទាំងអស់បានដកខ្លួនចេញពីខ្ញុំ ហើយបែរទៅតាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេវិញ»›។+
៦ «ដូច្នេះ ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានមានប្រសាសន៍ដូចតទៅ៖ «ចូរត្រឡប់មកវិញ រួចបែរចេញពីរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នករាល់គ្នា ហើយឈប់ប្រព្រឹត្តអំពើដ៏គួរឲ្យខ្ពើមរអើមទៀតទៅ។+ ៧ ព្រោះបើជនអ៊ីស្រាអែលឬជនបរទេសណាម្នាក់ដែលកំពុងរស់នៅក្នុងស្រុកអ៊ីស្រាអែល ញែកខ្លួនចេញពីខ្ញុំ ហើយតាំងចិត្តកាន់តាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លួន ព្រមទាំងដាក់ឧបសគ្គដែលនាំឲ្យអ្នកឯទៀតប្រព្រឹត្តខុសឆ្គង រួចអ្នកនោះមកសួរនាំអ្នកប្រកាសទំនាយខ្ញុំ+ នោះខ្ញុំយេហូវ៉ា ខ្ញុំនឹងឆ្លើយទៅអ្នកនោះដោយផ្ទាល់។ ៨ ខ្ញុំនឹងប្រឆាំងនឹងអ្នកនោះ ហើយទុកគាត់ជាគំរូសម្រាប់ព្រមានដល់អ្នកឯទៀត និងជាសុភាសិតសម្រាប់តិះដៀល ហើយខ្ញុំនឹងកាត់គាត់ចេញពីចំណោមរាស្ត្រខ្ញុំ។+ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»›។
៩ «‹ប៉ុន្តែ បើអ្នកប្រកាសទំនាយនោះបានត្រូវបញ្ឆោត ហើយគាត់តបឆ្លើយទៅគេ នោះគឺខ្ញុំយេហូវ៉ាទេដែលបញ្ឆោតគាត់។+ រួចខ្ញុំនឹងលើកដៃទៅទាស់នឹងគាត់ ហើយប្រហារគាត់ឲ្យបាត់ពីចំណោមពួកអ៊ីស្រាអែលជារាស្ត្រខ្ញុំ។ ១០ ពួកគេនឹងទទួលទោសចំពោះកំហុសរបស់ខ្លួន គឺទាំងអ្នកដែលមកសួរ ទាំងអ្នកប្រកាសទំនាយ។ ១១ ជាលទ្ធផល ពូជពង្សអ៊ីស្រាអែលនឹងលែងចាកចេញពីខ្ញុំទៀត ហើយឈប់ធ្វើឲ្យខ្លួនស្មោកគ្រោកដោយកំហុសឆ្គងទាំងប៉ុន្មានរបស់ពួកគេ។ ពេលនោះ ពួកគេនឹងទៅជារាស្ត្រខ្ញុំ ហើយខ្ញុំនឹងទៅជាព្រះរបស់ពួកគេ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១២ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ១៣ «កូនមនុស្សអើយ! បើពួកអ្នកស្រុកធ្វើខុសឆ្គងទាស់នឹងខ្ញុំ ដោយប្រព្រឹត្តមិនស្មោះត្រង់ នោះខ្ញុំនឹងលើកដៃទៅទាស់នឹងស្រុកនោះ ហើយបំផ្លាញស្បៀងអាហារនៅទីនោះ។+ រួចខ្ញុំនឹងបណ្ដាលឲ្យមានការអត់ឃ្លាន+ ហើយមនុស្សនិងសត្វនឹងស្លាប់អស់ពីក្នុងស្រុកនោះ»។+ ១៤ «‹ទោះបើណូអេ+ ដានីយ៉ែល+ និងយ៉ូប+ នៅទីនោះក្ដី ក៏ពួកគេទាំងបីនាក់ពុំអាចសង្គ្រោះអ្នកស្រុកនោះបានដែរ។ ព្រោះអំពើសុចរិតរបស់ពួកគេអាចសង្គ្រោះបានតែខ្លួនពួកគេប៉ុណ្ណោះ›+។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១៥ «‹ឬក៏ខ្ញុំធ្វើឲ្យសត្វព្រៃសាហាវៗឆ្លងកាត់ស្រុកនោះ។ សត្វសាហាវទាំងនោះនឹងខាំសម្លាប់មនុស្សជាច្រើន* ហើយធ្វើឲ្យស្រុកនោះស្ងាត់ជ្រងំគ្មានអ្នកណាហ៊ានដើរឆ្លងកាត់ទៀត។+ ១៦ ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាទោះបើបុរសបីនាក់នោះនៅក្នុងស្រុកនោះក្ដី ក៏ពួកគេមិនអាចសង្គ្រោះកូនប្រុសកូនស្រីខ្លួនបានដែរ។ ពួកគេអាចសង្គ្រោះតែខ្លួនពួកគេប៉ុណ្ណោះ ហើយស្រុកនោះនឹងត្រូវទុកចោល›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១៧ «‹ឬមួយខ្ញុំបណ្ដាលឲ្យមានដាវមកទាស់នឹងស្រុកនោះ+ ដោយនិយាយថា៖ «ចូរឲ្យដាវឆ្លងកាត់ស្រុកនេះទៅ» ហើយប្រហារទាំងមនុស្សទាំងសត្វ។+ ១៨ ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាទោះបើបុរសបីនាក់នោះនៅក្នុងស្រុកនោះក្ដី ក៏ពួកគេមិនអាចសង្គ្រោះកូនប្រុសកូនស្រីខ្លួនបានដែរ។ ពួកគេអាចសង្គ្រោះតែខ្លួនពួកគេប៉ុណ្ណោះ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១៩ «‹ឬមួយក៏ខ្ញុំបណ្ដាលឲ្យមានរោគរាតត្បាតក្នុងស្រុកនោះ+ ហើយខ្ញុំបញ្ចេញកំហឹងទៅលើស្រុកនោះដោយធ្វើឲ្យមនុស្សនិងសត្វជាច្រើនស្លាប់។ ២០ ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាទោះបើណូអេ+ ដានីយ៉ែល+ និងយ៉ូប+នៅក្នុងស្រុកនោះក្ដី ក៏ពួកគេមិនអាចសង្គ្រោះកូនប្រុសកូនស្រីខ្លួនបានដែរ។ ដោយសារសេចក្ដីសុចរិតរបស់ពួកគេ ពួកគេអាចសង្គ្រោះបានតែខ្លួនពួកគេប៉ុណ្ណោះ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
២១ «ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ការទាំងនេះនឹងកើតឡើងដូច្នេះមែន ពេលដែលខ្ញុំដាក់ទោសពួកគេដោយសេចក្ដីវេទនាទាំងបួន+ គឺធ្វើឲ្យមានសង្គ្រាម ការអត់ឃ្លាន សត្វសាហាវ និងរោគរាតត្បាត+ ទៅលើក្រុងយេរូសាឡិមដើម្បីប្រហារទាំងមនុស្សទាំងសត្វឲ្យអស់ពីទីនោះ។+ ២២ ប៉ុន្តែ អ្នកខ្លះដែលនៅក្នុងក្រុងនោះ នឹងរួចជីវិត ហើយនឹងត្រូវនាំចេញទៅ+ រួមទាំងកូនប្រុសកូនស្រីផងដែរ។ ពួកគេនឹងមកឯអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាឃើញទង្វើនិងការប្រព្រឹត្តរបស់ពួកគេ អ្នករាល់គ្នានឹងទទួលការសម្រាលទុក្ខចំពោះសេចក្ដីវេទនាដែលខ្ញុំបានបណ្ដាលឲ្យធ្លាក់ទៅលើក្រុងយេរូសាឡិម គឺអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើទៅលើក្រុងនោះ›»។
២៣ «‹ពេលអ្នករាល់គ្នាឃើញទង្វើនិងការប្រព្រឹត្តរបស់ពួកគេ អ្នករាល់គ្នានឹងទទួលការសម្រាលទុក្ខ ហើយអ្នករាល់គ្នានឹងដឹងថាអ្វីដែលខ្ញុំបានធ្វើឲ្យកើតឡើងមិនមែនគ្មានមូលហេតុនោះទេ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! តើមែកពីដើមទំពាំងបាយជូរ ល្អជាងមែកពីដើមឯទៀតក្នុងព្រៃឬ? ៣ តើគេអាចយកមែកពីដើមនោះមកប្រើការបានឬ? តើគេអាចយកមកធ្វើជាឧបករណ៍សម្រាប់ព្យួរប្រដាប់ប្រដាឯទៀតបានទេ? ៤ មើល! គេយកមែកនោះធ្វើជាអុសដុតក្នុងភ្លើង ហើយភ្លើងឆាបឆេះកន្ទុយអុសនោះទាំងចុងសងខាងនិងផ្នែកកណ្ដាល។ ឥឡូវ តើអាចយកវាទៅប្រើការបានទេ? ៥ ព្រោះពេលវានៅទាំងមូល គេមិនអាចយកវាទៅប្រើការបានទៅហើយ ចុះទម្រាំតែពេលវាឆេះអស់ នោះកាន់តែលែងប្រើការបានទៅទៀត!»។
៦ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ដូចមែកពីដើមទំពាំងបាយជូរក្នុងចំណោមដើមឯទៀតក្នុងព្រៃ ដែលខ្ញុំឲ្យគេប្រើធ្វើជាអុសដុតយ៉ាងណា នោះខ្ញុំនឹងប្រព្រឹត្តទៅលើពួកអ្នកក្រុងយេរូសាឡិមយ៉ាងនោះដែរ។+ ៧ ព្រោះខ្ញុំបានបែរមុខទៅទាស់នឹងពួកគេហើយ។ ទោះជាពួកគេរត់គេចពីភ្លើងក៏ដោយ ក៏ភ្លើងនឹងឆាបឆេះពួកគេជាមិនខាន។ ពេលខ្ញុំតតាំងនឹងពួកគេ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›»។+
៨ «‹ខ្ញុំនឹងធ្វើឲ្យស្រុករបស់ពួកគេទៅជាកន្លែងស្ងាត់ជ្រងំ+ ព្រោះពួកគេបានប្រព្រឹត្តមិនស្មោះត្រង់នឹងខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១៦ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរឲ្យមនុស្សដឹងអំពីការប្រព្រឹត្តដ៏គួរឲ្យខ្ពើមរអើមរបស់អ្នកក្រុងយេរូសាឡិម។+ ៣ អ្នកត្រូវនិយាយថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅកាន់ក្រុងយេរូសាឡិមថា៖ «អ្នកមានដើមកំណើតនៅស្រុកកាណាន។ ឪពុកអ្នកជាជនជាតិអាម៉ូរី+ ម្ដាយអ្នកជាជនជាតិហេត។+ ៤ នៅថ្ងៃដែលអ្នកកើតមក គេមិនបានកាត់ទងផ្ចិតអ្នកទេ ហើយក៏មិនបានលាងសម្អាតអ្នកដែរ។ គេមិនបានលាបអំបិលលើខ្លួនអ្នក ហើយក៏មិនបានយកក្រណាត់មករុំអ្នកដែរ។ ៥ គ្មានអ្នកណាអើពើ អាណិតអាសូរ ឬមេត្តាដល់អ្នកឡើយ។ ផ្ទុយទៅវិញ គេបានយកអ្នកទៅបោះចោលនៅកណ្ដាលវាល ព្រោះគេស្អប់អ្នកតាំងពីថ្ងៃដែលអ្នកកើតមកម្ល៉េះ។
៦ «‹«ពេលខ្ញុំឆ្លងកាត់តាមនោះ ខ្ញុំបានឃើញអ្នកកំពុងបម្រះក្នុងថ្លុកឈាម។ កាលអ្នកនៅក្នុងឈាមនៅឡើយ ខ្ញុំបាននិយាយថា៖ ‹កុំស្លាប់អី!›។ កាលអ្នកដេកក្នុងឈាម ខ្ញុំបាននិយាយទៀតថា៖ ‹ចូរខំរស់តទៅទៀត!›។ ៧ ខ្ញុំបានធ្វើឲ្យអ្នកធំឡើងដូចជារុក្ខជាតិលូតលាស់នៅឯវាល។ អ្នកបានធំពេញរូបពេញរាង ហើយពាក់គ្រឿងលម្អដ៏ប្រណីតបំផុត។ ដោះអ្នកដុះឡើងពេញរាង ហើយសក់អ្នកក៏ដុះវែងដែរ។ ប៉ុន្តែ អ្នកនៅអាក្រាតខ្លួនទទេវិញ»›។
៨ «‹ពេលខ្ញុំដើរកាត់អ្នក ខ្ញុំឃើញថាអ្នកធំពេញវ័យដល់ពេលមានគូស្រករហើយ។ ដូច្នេះ ខ្ញុំក៏លាតសម្លៀកបំពាក់របស់ខ្ញុំគ្របអ្នក+និងបាំងកេរ្តិ៍ខ្មាសរបស់អ្នក។ រួចខ្ញុំធ្វើសម្បថនិងចុះកិច្ចព្រមព្រៀងជាមួយនឹងអ្នក ហើយអ្នកបានក្លាយជារបស់ខ្ញុំ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ៩ ‹បន្ថែមទៅទៀត ខ្ញុំបានយកទឹកមកលាងសម្អាតអ្នក និងលាងជម្រះឈាមរបស់អ្នក រួចលាបប្រេងឲ្យអ្នក។+ ១០ បន្ទាប់មក ខ្ញុំបានយកសម្លៀកបំពាក់ធ្វើពីក្រណាត់ប៉ាក់មកបំពាក់ឲ្យអ្នក ហើយរុំក្រណាត់សាច់ល្អ ព្រមទាំងបំពាក់សម្លៀកបំពាក់ប្រណីតឲ្យអ្នកទៀតផង។ រួចខ្ញុំក៏ឲ្យស្បែកជើងស្បែកដ៏ល្អដល់អ្នកដែរ។ ១១ ក្រោយនោះ ខ្ញុំបំពាក់គ្រឿងលម្អ និងកងដៃ ព្រមទាំងខ្សែកឲ្យអ្នក។ ១២ ខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះនិងនៅត្រចៀកអ្នក រួចខ្ញុំបំពាក់មកុដដ៏ស្រស់ស្អាតនៅលើក្បាលអ្នក។ ១៣ អ្នកតែងតែលម្អខ្លួនដោយគ្រឿងមាសគ្រឿងប្រាក់ និងស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ និងក្រណាត់ថ្លៃៗ ព្រមទាំងសម្លៀកបំពាក់ដែលប៉ាក់យ៉ាងស្អាត។ បន្ថែមទៅទៀត អ្នកបានបរិភោគសុទ្ធតែអាហារល្អៗ ដូចជាម្សៅម៉ដ្ឋ ទឹកឃ្មុំ និងប្រេង។ ដូច្នេះហើយ អ្នកបានធំឡើងទៅជាស្ត្រីដ៏ស្រស់ប្រិមប្រិយ+ ហើយស័ក្ដិសមជាមហាក្សត្រីម្នាក់›»។
១៤ «‹ដោយសារសម្រស់ស្រស់ស្អាត អ្នកបានល្បីរន្ទឺទៅដល់ប្រជាជាតិនានា។+ សម្រស់របស់អ្នកបានទៅជាល្អឥតខ្ចោះ ដោយសារខ្ញុំបានដាក់សិរីរុងរឿងរបស់ខ្ញុំទៅលើអ្នក›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១៥ «‹ប៉ុន្តែ ដោយអាងថាខ្លួនស្រស់ស្អាត+និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ+ អ្នកក៏តាំងប្រព្រឹត្តអំពើពេស្យាចារ។ អ្នកបានប្រព្រឹត្តអំពើនោះដោយឥតអៀនខ្មាសជាមួយនឹងពួកអ្នកដែលដើរឆ្លងកាត់។+ ទីបំផុត ភាពស្រស់ស្អាតរបស់អ្នកបានទៅជារបស់គេវិញ។ ១៦ អ្នកបានយកសម្លៀកបំពាក់ពណ៌ចម្រុះរបស់ខ្លួនទៅតុបតែងនៅទីខ្ពស់ៗ ជាកន្លែងដែលអ្នកបានប្រព្រឹត្តអំពើពេស្យាចារ។+ រឿងនោះមិនគួរមានឬកើតឡើងទាល់តែសោះ។ ១៧ អ្នកក៏បានយកគ្រឿងអលង្ការស្អាតៗដែលធ្វើពីមាសពីប្រាក់ដែលខ្ញុំបានប្រគល់ឲ្យអ្នក ទៅធ្វើជារូបចម្លាក់ប្រុសៗ* រួចប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងរូបទាំងនោះ។+ ១៨ អ្នកបានយកសម្លៀកបំពាក់ដែលប៉ាក់ស្អាតៗទៅគ្របលើរូបទាំងនោះ ហើយយកប្រេងនិងគ្រឿងក្រអូបរបស់ខ្ញុំទៅជូនជាគ្រឿងបូជាដល់រូបទាំងនោះ។+ ១៩ ឯនំប៉័ងដែលធ្វើពីម្សៅម៉ដ្ឋ ប្រេង និងទឹកឃ្មុំ ដែលខ្ញុំបានឲ្យដល់អ្នកសម្រាប់បរិភោគ អ្នកបែរជាយកទៅដុតជូនជាគ្រឿងបូជាឲ្យមានក្លិនឈ្ងុយដើម្បីផ្គាប់ចិត្តរូបទាំងនោះវិញ។+ នោះហើយជាអ្វីដែលអ្នកបានធ្វើ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
២០ «‹អ្នកបានយកកូនប្រុសកូនស្រីដែលអ្នកបានបង្កើតឲ្យខ្ញុំ+ ទៅដុតជូនជាគ្រឿងបូជាដល់រូបព្រះទាំងនោះ។+ អ្នកបានប្រព្រឹត្តអំពើពេស្យាចារប៉ុណ្ណឹងហើយ តើនៅមិនល្មមគ្រប់គ្រាន់ឬ? ២១ អ្នកបានសម្លាប់កូនប្រុសៗរបស់ខ្ញុំ ហើយដុតពួកគេជាគ្រឿងបូជា។+ ២២ កាលដែលអ្នកប្រព្រឹត្តអំពើពេស្យាចារនិងអំពើដ៏គួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាង អ្នកមិនបាននឹកឃើញគ្រាដែលអ្នកនៅក្មេងពេលនៅអាក្រាតខ្លួនទទេ ហើយដេកបម្រះក្នុងថ្លុកឈាមនោះទេ។ ២៣ វេទនាហើយ! អ្នកនឹងវេទនាជាមិនខាន ដោយសារអំពើអាក្រក់ទាំងប៉ុន្មានដែលអ្នកបានប្រព្រឹត្ត›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ២៤ ‹អ្នកបានសង់ទួលមួយនិងធ្វើទីខ្ពស់សម្រាប់ខ្លួននៅគ្រប់កន្លែងសាធារណៈ។ ២៥ អ្នកបានសង់ទីខ្ពស់ៗនៅតាមផ្លូវនានាត្រង់កន្លែងលេចធ្លោជាងគេ។ អ្នកបានធ្វើឲ្យសម្រស់របស់ខ្លួនទៅជាអ្វីដ៏គួរឲ្យស្អប់ខ្ពើមដោយប្រគល់ខ្លួនឲ្យពួកអ្នកដែលដើរឆ្លងកាត់+ គឺប្រព្រឹត្តអំពើពេស្យាចារដោយឥតអៀនខ្មាសទាល់តែសោះ។+ ២៦ អ្នកបានប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងកូនប្រុសៗរបស់ជនជាតិអេហ្ស៊ីប+ គឺជាអ្នកជិតខាងដែលមានតណ្ហាក្រាស់។ អ្នកបានធ្វើឲ្យខ្ញុំឈឺចិត្តដោយសារតែអំពើពេស្យាចារដ៏ច្រើនរាប់មិនអស់របស់អ្នក។ ២៧ ឥឡូវខ្ញុំនឹងលើកដៃទៅទាស់នឹងអ្នក ហើយផ្ដាច់របបអាហាររបស់អ្នក។+ រួចខ្ញុំនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃពួកស្ត្រីដែលស្អប់អ្នក+ គឺកូនស្រីៗរបស់ជនជាតិភីលីស្ទីនដែលស្អប់ខ្ពើមការប្រព្រឹត្តដ៏គួរឲ្យខ្ពើមរអើមរបស់អ្នក។+
២៨ «‹ដោយសារអ្នកមិនឆ្អែតឆ្អន់ អ្នកបានទៅប្រព្រឹត្តអំពើពេស្យាចារថែមទៀតជាមួយនឹងកូនប្រុសៗរបស់ជនជាតិអាស៊ីរី។+ ប៉ុន្តែ ក្រោយពីប្រព្រឹត្តជាមួយនឹងពួកគេហើយ អ្នកនៅតែមិនស្កប់ស្កល់ទៀត។ ២៩ ដូច្នេះ អ្នកបន្តប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងពួកកាណាននិងពួកខាល់ដេ។+ ទោះជាយ៉ាងនោះក្ដី អ្នកនៅតែមិនឆ្អែតឆ្អន់ឡើយ។ ៣០ ពេលអ្នកប្រព្រឹត្តអំពើទាំងនោះ អ្នកប្រព្រឹត្តដូចជាស្រីពេស្យាឥតអៀនខ្មាស!+ ចិត្តរបស់អ្នកមិនរឹងប៉ឹងទាល់តែសោះ!›។* នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ៣១ ‹ប៉ុន្តែ ពេលអ្នកសង់ទួលនៅតាមផ្លូវនានាត្រង់កន្លែងលេចធ្លោជាងគេ និងធ្វើទីខ្ពស់នៅកន្លែងសាធារណៈ អ្នកមិនបានប្រព្រឹត្តដូចជាស្រីពេស្យាទេ ព្រោះអ្នកមិនព្រមយកប្រាក់ពីគេឡើយ។ ៣២ អ្នកជាប្រពន្ធផិតក្បត់ដែលស្រឡាញ់អ្នកដទៃជាជាងប្ដីខ្លួន!+ ៣៣ មនុស្សច្រើនតែឲ្យអំណោយដល់ស្រីពេស្យា+ តែអ្នកបែរជាឲ្យអំណោយដល់ពួកអ្នកដែលមករួមដំណេកជាមួយអ្នកទៅវិញ។+ អ្នកថែមទាំងឲ្យប្រាក់ដើម្បីទាក់ទាញពួកគេពីគ្រប់ទិសទី ឲ្យមកប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងអ្នកទៀតផង។+ ៣៤ អ្នកខុសពីស្រីពេស្យាឯទៀត ហើយគ្មានអ្នកណាប្រព្រឹត្តអំពើពេស្យាចារដូចអ្នកទេ។ អ្នកឲ្យប្រាក់ដល់គេ ហើយគេមិនចាំបាច់បង់ប្រាក់ឲ្យអ្នកឡើយ។ ទង្វើរបស់អ្នកគឺផ្ទុយពីគេទាំងស្រុង!›។
៣៥ «ហេតុនេះ ឱស្រីពេស្យាអើយ!+ ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ា! ៣៦ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹អ្នកបង្ហាញការត្រេកត្រអាល ហើយបើកបង្ហាញកេរ្តិ៍ខ្មាសខ្លួន ពេលដែលអ្នកប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងគូស្នេហ៍របស់អ្នក ព្រមទាំងជាមួយនឹងរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម+ដែលអ្នកបានយកឈាមកូនប្រុសៗរបស់អ្នកជូនជាគ្រឿងបូជា។+ ៣៧ ហេតុនេះ ខ្ញុំនឹងប្រមូលគូស្នេហ៍ទាំងអស់ដែលអ្នកធ្លាប់រួមដំណេកជាមួយ គឺទាំងពួកអ្នកដែលអ្នកស្រឡាញ់ទាំងពួកអ្នកដែលអ្នកស្អប់ពីគ្រប់ទិសទី ឲ្យមកទាស់នឹងអ្នក។ រួចខ្ញុំនឹងបើកបង្ហាញកេរ្តិ៍ខ្មាសរបស់អ្នកដល់ពួកគេ ហើយពួកគេនឹងឃើញកេរ្តិ៍ខ្មាសទាំងអស់របស់អ្នក។+
៣៨ «‹ខ្ញុំនឹងដាក់ទោសអ្នកឲ្យសមនឹងទោសស្ត្រីផិតក្បត់+និងស្ត្រីដែលបង្ហូរឈាមគេ+ ហើយឈាមអ្នកនឹងត្រូវគេបង្ហូរវិញ ដោយកំហឹងនិងសេចក្ដីប្រច័ណ្ឌ។+ ៣៩ ខ្ញុំនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃគូស្នេហ៍របស់អ្នក ហើយពួកគេនឹងរំលំទីទួលនិងទីខ្ពស់ទាំងប៉ុន្មានរបស់អ្នក។+ បន្ទាប់មក ពួកគេនឹងហែកសម្លៀកបំពាក់របស់អ្នក+ ហើយយកគ្រឿងអលង្ការស្អាតៗរបស់អ្នក+ រួចទុកអ្នកចោលឲ្យនៅអាក្រាតខ្លួនទទេ។ ៤០ ពួកគេនឹងនាំគ្នាជាច្រើនមកទាស់នឹងអ្នក+ ហើយពួកគេនឹងគប់ដុំថ្មទៅលើអ្នក+ រួចនឹងសម្លាប់អ្នកដោយដាវ។+ ៤១ ពួកគេនឹងដុតផ្ទះរបស់អ្នក+ ហើយកាត់ទោសអ្នកនៅចំពោះមុខស្ត្រីជាច្រើន។ ខ្ញុំនឹងបញ្ឈប់អំពើពេស្យាចាររបស់អ្នក+ ហើយអ្នកនឹងឈប់បង់ប្រាក់ឲ្យពួកគេទៀត។ ៤២ ក្រោយនោះ ខ្ញុំនឹងអន់ខឹងនឹងអ្នក+ ហើយកំហឹងរបស់ខ្ញុំនឹងរសាយទៅ+ ហើយខ្ញុំនឹងស្ងប់ចិត្តលែងខឹងនឹងអ្នកទៀត›។
៤៣ «‹ដោយសារអ្នកមិនបាននឹកឃើញគ្រាដែលអ្នកនៅក្មេង+ ហើយបានធ្វើឲ្យខ្ញុំខឹងដោយប្រព្រឹត្តអំពើបែបនេះ ឥឡូវខ្ញុំនឹងឲ្យអ្នកទទួលលទ្ធផលពីការប្រព្រឹត្តរបស់អ្នកវិញ ហើយអ្នកនឹងមិនអាចប្រព្រឹត្តអំពើពេស្យាចារនិងអំពើស្មោកគ្រោកគ្រប់បែបយ៉ាងទៀតឡើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៤៤ «‹មើល! គ្រប់គ្នានឹងនិយាយពាក្យស្លោកមួយអំពីអ្នកថា៖ «ម្ដាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ!»។+ ៤៥ ម្ដាយអ្នក ជាស្រីដែលស្អប់ប្ដីស្អប់កូន។ បងប្អូនរបស់អ្នក ក៏ជាស្រីដែលស្អប់ប្ដីស្អប់កូនដែរ។ ម្ដាយអ្នកជាជនជាតិហេត ហើយឪពុកអ្នកជាជនជាតិអាម៉ូរី›»។+
៤៦ «‹បងស្រីអ្នកជាក្រុងសាម៉ារី+ ដែលរស់នៅខាងជើងអ្នកជាមួយនឹងកូនស្រីៗ*របស់នាង។+ ប្អូនស្រីអ្នកជាក្រុងសូដុម+ ដែលរស់នៅខាងត្បូងអ្នកជាមួយនឹងកូនស្រីៗរបស់នាង។+ ៤៧ អ្នកមិនគ្រាន់តែដើរតាមគន្លងពួកគេ និងប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមដូចពួកគេប៉ុណ្ណោះទេ តែក្នុងរយៈពេលដ៏ខ្លី អ្នកបានប្រព្រឹត្តខូចអាក្រក់ខ្លាំងជាងពួកគេទៅទៀត។+ ៤៨ ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំប្រាប់ថាក្រុងសូដុមជាប្អូនស្រីអ្នកនិងកូនស្រីៗនាង មិនបានប្រព្រឹត្តអាក្រក់ដូចដែលអ្នកនិងកូនស្រីរបស់អ្នកបានប្រព្រឹត្តទេ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ៤៩ ‹មើល! ទោសកំហុសរបស់ក្រុងសូដុមប្អូនស្រីអ្នកមានដូចតទៅ៖ នាងនិងកូនស្រីនាង+ក្រអឺតក្រអោងណាស់។+ ពួកគេមានអាហារជាបរិបូរ+និងមានសេចក្ដីសុខសាន្ត+ តែពួកគេមិនបានជួយទំនុកបម្រុងដល់ជនក្រីក្រនិងជនរងទុក្ខនោះទេ។+ ៥០ ពួកគេនៅតែក្រអឺតក្រអោងដដែល+ ហើយបន្តប្រព្រឹត្តអំពើដែលខ្ញុំស្អប់ខ្ពើមទៀត។+ ដូច្នេះ ខ្ញុំត្រូវតែដកពួកគេចេញ។+
៥១ «‹ឯក្រុងសាម៉ារី+ដែលជាបងស្រីអ្នកវិញ ទោះជានាងប្រព្រឹត្តអំពើខុសឆ្គងច្រើនក្ដី ក៏មិនស្មើនឹងពាក់កណ្ដាលអំពើខុសឆ្គងរបស់អ្នកដែរ។ អ្នកចេះតែប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមច្រើនដល់ម្ល៉េះ បានជាមើលទៅបងស្រីនិងប្អូនស្រីរបស់អ្នកហាក់ដូចជាមិនបានធ្វើខុសសោះ។+ ៥២ ឥឡូវអ្នកត្រូវទ្រាំសេចក្ដីអាម៉ាស់ខ្មាស ព្រោះអ្នកបានគាំទ្រការប្រព្រឹត្តរបស់បងប្អូនស្រីអ្នក។ ដោយសារតែអ្នកបានប្រព្រឹត្តអាក្រក់ជាងពួកគេឆ្ងាយណាស់ នោះពួកគេមានទោសតិចជាងអ្នកវិញ។ ដូច្នេះ ចូរទ្រាំនឹងការអាប់មុខអាម៉ាស់ខ្មាស ព្រោះអ្នកបានធ្វើឲ្យបងប្អូនស្រីរបស់អ្នកមើលទៅដូចជាសុចរិត›។
៥៣ «‹ខ្ញុំនឹងប្រមូលពួកអ្នកដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ គឺពួកអ្នកដែលជារបស់ក្រុងសូដុមនិងកូនស្រីៗនាង ព្រមទាំងពួកអ្នកដែលជារបស់ក្រុងសាម៉ារីនិងកូនស្រីៗនាង។ ខ្ញុំក៏នឹងប្រមូលពួកអ្នកដែលជាប់ជាឈ្លើយរបស់អ្នកមកវិញដែរ។+ ៥៤ យ៉ាងនេះ អ្នកនឹងរងការអាម៉ាស់និងការបាក់មុខ ព្រោះអ្នកបានសម្រាលទុក្ខពួកគេ។ ៥៥ បងប្អូនស្រីរបស់អ្នកគឺក្រុងសូដុមនិងកូនស្រីៗនាង នឹងមានស្ថានភាពដូចដើម ហើយក្រុងសាម៉ារីនិងកូនស្រីៗនាងនឹងមានស្ថានភាពដូចពីមុន ហើយអ្នកក៏នឹងមានស្ថានភាពដូចនោះដែរ។+ ៥៦ ឯក្រុងសូដុមជាប្អូនស្រីអ្នក នាងមិនសមឲ្យអ្នកលើកមកនិយាយតំណាលនៅគ្រាដែលអ្នកនិយាយអួតអាងនោះទេ ៥៧ គឺមុនពេលដែលអំពើទុច្ចរិតរបស់អ្នកត្រូវបកអាក្រាត។+ ឥឡូវកូនស្រីៗរបស់ស្រុកស៊ីរី និងពួកអ្នកជិតខាងនាងបានមើលងាយអ្នក ហើយកូនស្រីៗរបស់ពួកភីលីស្ទីន+ដែលនៅជុំវិញអ្នក ក៏សើចចំអកឲ្យអ្នកដែរ។ ៥៨ អ្នកនឹងទទួលលទ្ធផលពីការប្រព្រឹត្តអំពើពេស្យាចារនិងអំពើដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លួន›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
៥៩ «ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងធ្វើទៅលើអ្នកដូចអ្នកបានធ្វើដែរ+ ព្រោះអ្នកបានមើលងាយសម្បថខ្លួន ដោយបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំ។+ ៦០ ប៉ុន្តែ រូបខ្ញុំផ្ទាល់នឹងចងចាំនូវកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងអ្នកនៅគ្រាដែលអ្នកនៅក្មេង ហើយខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងដ៏ស្ថិតស្ថេរជាមួយនឹងអ្នក។+ ៦១ ពេលអ្នកស្វាគមន៍បងស្រីនិងប្អូនស្រីខ្លួន អ្នកនឹងនឹកឃើញការប្រព្រឹត្តរបស់អ្នក ហើយមានសេចក្ដីខ្មាស។+ ពេលនោះ ខ្ញុំនឹងប្រគល់ពួកគេដល់អ្នកដូចជាកូនស្រីៗ តែមិនមែនដោយសារកិច្ចព្រមព្រៀងជាមួយនឹងអ្នកនោះទេ›។
៦២ «‹ខ្ញុំផ្ទាល់នឹងធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នក ហើយអ្នកនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។ ៦៣ បន្ទាប់មក អ្នកនឹងចាំនូវកំហុសរបស់ខ្លួន ហើយខ្មាសមិនហ៊ានបើកមាត់និយាយទេ+ កាលដែលខ្ញុំបានជម្រះភាពខុសឆ្គងរបស់អ្នក ទោះជាអ្នកបានប្រព្រឹត្តអំពើខុសឆ្គងជាច្រើនក៏ដោយ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១៧ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរប្រាប់ប្រស្នានិងសុភាសិតមួយដល់ពូជពង្សអ៊ីស្រាអែល។+ ៣ អ្នកត្រូវនិយាយថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «មើល! មានឥន្ទ្រីធំមួយ+ ដែលមានចំអេងស្លាបធំវែង ហើយមានរោមពណ៌ចម្រុះ។ វាហោះមកតំបន់ភ្នំលីបង់+ រួចកាច់យកមែកមួយពីចុងដើមស៊ីដារ។+ ៤ ក្រោយពីកាច់រួច វាក៏យកមែកនោះហោះទៅស្រុករបស់ពួកឈ្មួញ* ហើយដាក់ក្នុងក្រុងពួកគេ។+ ៥ បន្ទាប់មក វាបានយកគ្រាប់ពូជខ្លះពីស្រុកមួយ*+ យកទៅដាំដូចជាដើមវីឡូក្នុងដីវាលដែលមានជីជាតិនៅក្បែរផ្លូវទឹក។ ៦ ដូច្នេះ គ្រាប់ពូជក៏ដុះឡើងទៅជាដើមទំពាំងបាយជូរទាបមួយវារលើដី+ មានស្លឹកខៀវខ្ចី និងមានឫសចាក់ទៅក្រោម ហើយដើមនោះលាស់ពន្លក រួចបែកមែកសាខា។+
៧ «‹«រួចមក មានឥន្ទ្រីធំមួយទៀត+ ដែលមានចំអេងស្លាបធំវែងហោះមក។+ ពេលនោះ ដើមទំពាំងបាយជូរក៏ចាក់ឫសចេញពីដីវាល តម្រង់ទៅរកឥន្ទ្រីនោះ ហើយស្លឹកក៏ទេរទៅរកវាដែរ ដើម្បីទទួលទឹកពីវា។+ ៨ ដើមនោះបានត្រូវដាំក្នុងដីល្អជិតផ្លូវទឹក ដើម្បីឲ្យវាបែកមែកសាខា បង្កើតផលផ្លែ និងធំលូតលាស់ឡើងទៅជាដើមទំពាំងបាយជូរដ៏អស្ចារ្យ»›។+
៩ «ចូរនិយាយថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «តើដើមនោះនឹងបន្តលូតលាស់ឡើងឬ? មើល! នឹងមានបុគ្គលម្នាក់មកដករំលើងឫសវា+ ហើយធ្វើឲ្យផ្លែវារលួយនិងត្រួយក្រៀមស្វិតទៅ។+ ដើមទាំងមូលនឹងក្រៀមស្វិតអស់ ដូច្នេះមិនត្រូវការកម្លាំងខ្លាំងឬមនុស្សច្រើនដករំលើងវាទេ។ ១០ ទោះជាដើមនោះត្រូវគាស់ចេញយកទៅដាំនៅកន្លែងផ្សេងទៀត តើវានឹងលូតលាស់បានឬ? វានឹងក្រៀមស្វិតអស់ ពេលដែលខ្យល់ពីទិសខាងកើតបក់មកលើវា។ វានឹងក្រៀមស្វិតនៅលើដីនោះតែម្ដង»›»។
១១ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំម្ដងទៀតថា៖ ១២ «សូមសួរពូជពង្សមនុស្សដែលបះបោរប្រឆាំងថា៖ ‹តើអ្នកយល់អត្ថន័យពាក្យប្រស្នាទាំងនេះទេ?›។ រួចចូរនិយាយថា៖ ‹មើល! ស្ដេចស្រុកបាប៊ីឡូនបានមកក្រុងយេរូសាឡិម ហើយនាំយកស្ដេចក្រុងនោះនិងពួកមន្ត្រី ទៅស្រុកបាប៊ីឡូនជាមួយនឹងគាត់។+ ១៣ បន្ថែមទៅទៀត ស្ដេចស្រុកបាប៊ីឡូនក៏រើសយកបុគ្គលម្នាក់ដែលជាប់ពូជស្ដេច+ ឲ្យមកធ្វើកិច្ចព្រមព្រៀង និងធ្វើសម្បថជាមួយនឹងគាត់។+ រួចមក ស្ដេចនោះបាននិរទេសពួកអ្នកមានមុខមាត់ទៅស្រុកគាត់+ ១៤ ដើម្បីបន្ទាបរាជាណាចក្រនោះកុំឲ្យងើបឡើងបាន។ រាជាណាចក្រនោះអាចនៅគង់វង្សបាន លុះត្រាតែធ្វើតាមកិច្ចព្រមព្រៀងរបស់គាត់។+ ១៥ ប៉ុន្តែ បុគ្គលនោះបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន+ ដោយចាត់អ្នកនាំសារទៅស្រុកអេហ្ស៊ីប ដើម្បីស្នើសុំហ្វូងសេះ+និងកងទ័ពដ៏ធំពីទីនោះ។+ តើគាត់នឹងទទួលជោគជ័យឬ? តើបុគ្គលដែលធ្វើដូច្នេះអាចរួចពីទោសបានទេ? តើបុគ្គលដែលបំពានកិច្ចព្រមព្រៀងអាចរួចខ្លួនឬ?›។+
១៦ «‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតប្រកាសថា៖ «ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាបុគ្គលនោះ*នឹងស្លាប់នៅស្រុកបាប៊ីឡូនជាទឹកដីរបស់ស្ដេច*ដែលបានតែងតាំងគាត់ឲ្យឡើងគ្រប់គ្រង។ គាត់ជាបុគ្គលដែលមិនបានធ្វើតាមសម្បថ ហើយបំពានកិច្ចព្រមព្រៀងជាមួយនឹងស្ដេចស្រុកបាប៊ីឡូន។+ ១៧ ពេលដែលសត្រូវដាក់បង្គោលឡោមព័ទ្ធ ហើយលើកដីឡើងវាយប្រហារ ទ័ពដ៏ធំនិងទាហានយ៉ាងច្រើនរបស់ផារ៉ូមិនអាចជួយបានទេ។+ ពួកសត្រូវនឹងសម្លាប់មនុស្សជាច្រើន។ ១៨ ព្រោះបុគ្គលនោះមិនបានធ្វើតាមសម្បថទេ ព្រមទាំងបំពានកិច្ចព្រមព្រៀងទៀតផង។ ទោះជាគាត់បានសន្យាហើយក្ដី ក៏គាត់នៅតែប្រព្រឹត្តដូច្នោះផ្ទុយពីពាក្យសន្យាដែរ។ ដូច្នេះ គាត់នឹងមិនរួចខ្លួនទេ»›។
១៩ «‹ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងឲ្យគាត់ទទួលលទ្ធផលស្របតាមការប្រព្រឹត្តរបស់គាត់ ព្រោះគាត់បានមើលងាយពាក្យសម្បថរបស់ខ្ញុំ+ ហើយបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំ។ ២០ ខ្ញុំនឹងបោះសំណាញ់របស់ខ្ញុំទៅលើគាត់ ហើយគាត់នឹងជាប់សំណាញ់ខ្ញុំ។+ ខ្ញុំនឹងនាំគាត់ទៅស្រុកបាប៊ីឡូន ហើយកាត់ទោសគាត់នៅទីនោះ ព្រោះគាត់បានប្រព្រឹត្តមិនស្មោះត្រង់នឹងខ្ញុំ។+ ២១ គ្រានោះ ទាហានទាំងអស់របស់គាត់ដែលព្យាយាមរត់គេច នឹងដួលស្លាប់ដោយដាវ ហើយពួកអ្នកដែលនៅសេសសល់នឹងរត់ខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។+ នោះអ្នកនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចាហើយ»›។+
២២ «‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំផ្ទាល់នឹងកាច់មែកមួយពីចុងដើមស៊ីដារ+ គឺត្រួយពីមែកខាងលើបំផុត+ រួចយកទៅដាំនៅលើកំពូលភ្នំដ៏ខ្ពស់ស្កឹមស្កៃ។+ ២៣ ខ្ញុំនឹងដាំត្រួយនោះនៅលើកំពូលភ្នំស្រុកអ៊ីស្រាអែល។ ត្រួយនោះនឹងដុះធំឡើងទៅជាដើមស៊ីដារដ៏អស្ចារ្យ មានមែកត្រសុំត្រសាយ ថែមទាំងមានផលផ្លែទៀតផង។ សត្វស្លាបគ្រប់ប្រភេទនឹងមកធ្វើសម្បុក ហើយជ្រកកោនក្រោមម្លប់ត្រឈឹងត្រឈៃនៃដើមនោះ។ ២៤ ពេលនោះ ដើមឈើទាំងឡាយដែលនៅឯវាលនឹងដឹងថាខ្ញុំជាយេហូវ៉ា ខ្ញុំនេះហើយដែលបានបន្ទាបដើមដ៏ខ្ពស់ និងតម្កើងដើមដ៏តូចទាប។+ ខ្ញុំបានធ្វើឲ្យដើមខៀវខ្ចីទៅជាក្រៀមស្វិត ហើយធ្វើឲ្យដើមក្រៀមស្វិតលូតលាស់ឡើងវិញ។+ ខ្ញុំនេះហើយជាយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចា ហើយក៏ធ្វើឲ្យសម្រេចដែរ»›»។
១៨ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «មានសុភាសិតមួយនៅស្រុកអ៊ីស្រាអែលដែលចែងថា៖ ‹ឪពុកបរិភោគផ្លែទំពាំងបាយជូរដែលមានរសជាតិជូរ តែកូនជាអ្នកសង្កៀរធ្មេញវិញ› តើសុភាសិតនេះមានន័យដូចម្ដេច?+
៣ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានប្រកាសថា៖ ‹ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាអ្នករាល់គ្នានឹងមិននិយាយសុភាសិតនេះនៅស្រុកអ៊ីស្រាអែលទៀតឡើយ។ ៤ មើល! ជីវិត*ទាំងអស់ជារបស់ខ្ញុំ។ ជីវិតឪពុកជារបស់ខ្ញុំ ហើយជីវិតកូនក៏ជារបស់ខ្ញុំដែរ។ បុគ្គល*ណាដែលធ្វើអំពើខុសឆ្គង បុគ្គលនោះនឹងត្រូវស្លាប់។
៥ «‹ឧបមាថា មានមនុស្សសុចរិតម្នាក់តែងប្រព្រឹត្តអ្វីដែលសុចរិតនិងយុត្តិធម៌។ ៦ គាត់មិនបរិភោគគ្រឿងបូជាដែលជូនដល់រូបព្រះនៅលើភ្នំទេ+ ហើយគាត់មិនអធិដ្ឋានទៅរូបព្រះដែលគួរឲ្យស្អប់ខ្ពើមរបស់ពូជពង្សអ៊ីស្រាអែលឡើយ។ គាត់មិនរួមដំណេកជាមួយនឹងប្រពន្ធអ្នកជិតខាងខ្លួន+ ហើយក៏មិនរួមដំណេកជាមួយនឹងស្ត្រីដែលមានរដូវដែរ។+ ៧ គាត់មិនធ្វើបាបអ្នកណាទេ+ តែគាត់ប្រគល់របស់បញ្ចាំដល់ម្ចាស់ដើមវិញ។+ គាត់មិនលួចពីអ្នកណាទេ+ តែឲ្យអាហារដល់អ្នកដែលស្រេកឃ្លានវិញ+ ព្រមទាំងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយទៀតផង។+ ៨ គាត់មិនយកការប្រាក់ឬកេងប្រវ័ញ្ចពីគេឡើយ។+ គាត់មិនប្រព្រឹត្តដោយអយុត្តិធម៌ជាដាច់ខាត។+ គាត់កាត់ក្ដីឲ្យអ្នកឯទៀតដោយយុត្តិធម៌។+ ៩ គាត់តែងកាន់តាមបញ្ញត្តិរបស់ខ្ញុំ និងធ្វើតាមក្រឹត្យក្រមរបស់ខ្ញុំជានិច្ច ដើម្បីគាត់អាចបន្តប្រព្រឹត្តដោយស្មោះត្រង់។ បុគ្គលបែបនេះគឺជាមនុស្សសុចរិតមែន ហើយគាត់នឹងរស់រានមានជីវិតតទៅទៀត›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
១០ «‹ប៉ុន្តែ ឧបមាថាគាត់មានកូនជាចោរ+ឬជាឃាតករ+ ឬក៏ប្រព្រឹត្តអំពើឯទៀតដូចតទៅនេះ ១១ (ឪពុកនោះមិនបានប្រព្រឹត្តអំពើទាំងនេះទេ) កូននោះបរិភោគគ្រឿងបូជាដែលជូនដល់រូបព្រះនៅលើភ្នំ ហើយរួមដំណេកជាមួយនឹងប្រពន្ធអ្នកជិតខាងខ្លួន ១២ គាត់ធ្វើបាបជនក្រីក្រនិងអ្នកខ្វះខាត+ ហើយលួចប្លន់ពីគេ ថែមទាំងមិនប្រគល់របស់បញ្ចាំដល់ម្ចាស់ដើមទៀតផង។ គាត់អធិដ្ឋានទៅរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម+ និងប្រព្រឹត្តអំពើដ៏គួរឲ្យខ្ពើមរអើម+ ១៣ ហើយកេងប្រវ័ញ្ចគេ ព្រមទាំងយកការប្រាក់ពីគេដែរ។+ ដូច្នេះ កូននោះនឹងមិនអាចរស់រានមានជីវិតតទៅទៀតទេ។ ដោយសារគាត់ប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាង នោះគាត់នឹងត្រូវស្លាប់ជាមិនខាន។ គាត់នឹងស្លាប់ព្រោះតែកំហុសរបស់ខ្លួន។*
១៤ «‹ឧបមាថា ឪពុកម្នាក់មានកូនប្រុសមួយ កូននោះឃើញឪពុកប្រព្រឹត្តអំពើខុសឆ្គងគ្រប់បែបយ៉ាង តែគាត់មិនបានធ្វើតាមគំរូឪពុកគាត់ទេ។ ១៥ គាត់មិនបរិភោគគ្រឿងបូជាដែលជូនដល់រូបព្រះនៅលើភ្នំ ហើយគាត់មិនអធិដ្ឋានទៅរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពូជពង្សអ៊ីស្រាអែលឡើយ។ គាត់ក៏មិនរួមដំណេកជាមួយនឹងប្រពន្ធអ្នកជិតខាងខ្លួនដែរ។ ១៦ គាត់មិនធ្វើបាបអ្នកណាទេ តែគាត់ប្រគល់របស់បញ្ចាំដល់ម្ចាស់ដើមវិញ។ គាត់មិនលួចគេទេ តែគាត់ឲ្យអាហាររបស់ខ្លួនដល់អ្នកដែលស្រេកឃ្លាន ព្រមទាំងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយទៀតផង។ ១៧ គាត់មិនគាបសង្កត់ជនក្រីក្រ ហើយមិនយកការប្រាក់ឬកេងប្រវ័ញ្ចគេឡើយ។ គាត់តែងតែកាន់តាមបញ្ញត្តិរបស់ខ្ញុំ និងធ្វើតាមក្រឹត្យក្រមរបស់ខ្ញុំជានិច្ច។ បុគ្គលបែបនេះនឹងមិនស្លាប់ដោយសារកំហុសឆ្គងរបស់ឪពុកទេ។ គាត់ប្រាកដជារស់រានមានជីវិតតទៅទៀត។ ១៨ ចំណែកឪពុកវិញ គាត់នឹងស្លាប់ដោយសារកំហុសឆ្គងរបស់គាត់ជាមិនខាន ព្រោះគាត់បានបោកប្រាស់គេ លួចប្លន់ពីបងប្អូនគាត់ និងប្រព្រឹត្តអ្វីដែលខុសចំពោះជនរួមជាតិរបស់ខ្លួន។
១៩ «‹ប៉ុន្តែ អ្នករាល់គ្នានឹងសួរថា៖ «ហេតុអ្វីក៏កូនមិនទទួលទោសចំពោះអំពើខុសឆ្គងរបស់ឪពុកដូច្នេះ?»។ នេះគឺដោយសារកូនបានប្រព្រឹត្តសុចរិតនិងយុត្តិធម៌ ហើយគាត់តែងតែកាន់តាមបញ្ញត្តិរបស់ខ្ញុំ និងធ្វើតាមក្រឹត្យក្រមរបស់ខ្ញុំជានិច្ច។ ដូច្នេះ កូននោះនឹងរស់រានមានជីវិតតទៅទៀត។+ ២០ បុគ្គល*ណាដែលធ្វើអំពើខុសឆ្គងគឺបុគ្គលនោះហើយដែលត្រូវស្លាប់។+ កូនមិនទទួលទោសចំពោះកំហុសឆ្គងរបស់ឪពុកទេ ហើយឪពុកក៏មិនទទួលទោសចំពោះកំហុសឆ្គងរបស់កូនដែរ។ ជនសុចរិតនឹងទទួលផលពីអំពើសុចរិតរបស់ខ្លួន ហើយជនទុច្ចរិតនឹងទទួលផលពីអំពើទុច្ចរិតរបស់ខ្លួន។+
២១ «‹ប៉ុន្តែ បើជនទុច្ចរិតកែខ្លួនឈប់ប្រព្រឹត្តអំពើខុសឆ្គងទៀត ហើយកាន់តាមបញ្ញត្តិរបស់ខ្ញុំ ព្រមទាំងប្រព្រឹត្តអ្វីដែលសុចរិតនិងយុត្តិធម៌ នោះគាត់នឹងរស់រានមានជីវិតតទៅទៀត។ គាត់នឹងមិនស្លាប់ទេ។+ ២២ អំពើខុសឆ្គងដែលគាត់បានធ្វើទាំងប៉ុន្មាន នឹងមិនត្រូវលើកមកទាស់នឹងគាត់ទេ។+ គាត់នឹងរស់រានមានជីវិតតទៅទៀតដោយសារគាត់ប្រព្រឹត្តអ្វីដែលសុចរិត›។+
២៣ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានប្រកាសថា៖ ‹ខ្ញុំមិនត្រេកអរទេ ពេលឃើញមនុស្សទុច្ចរិតស្លាប់។+ ប៉ុន្តែ ខ្ញុំពេញចិត្តណាស់ពេលឃើញពួកគេកែខ្លួន ហើយរស់រានមានជីវិតតទៅទៀត›។+
២៤ «‹ប៉ុន្តែ បើជនសុចរិតលះចោលការប្រព្រឹត្តរបស់ខ្លួន ហើយទៅប្រព្រឹត្តអំពើអាក្រក់*គឺប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមសព្វបែបយ៉ាង តើគាត់នឹងរស់រានមានជីវិតតទៅទៀតឬ? គាត់នឹងមិនអាចរស់បានទេ ព្រោះគាត់បានប្រព្រឹត្តអំពើខុសឆ្គងនិងប្រព្រឹត្តមិនស្មោះត្រង់។+ រីឯអំពើសុចរិតទាំងប៉ុន្មានរបស់គាត់ នឹងគ្មានអ្នកណានឹកចាំទៀតឡើយ។+
២៥ «‹ប៉ុន្តែ អ្នករាល់គ្នានឹងនិយាយថា៖ «ផ្លូវរបស់ព្រះយេហូវ៉ាមិនយុត្តិធម៌ទេ»។+ សូមស្ដាប់ ឱពូជពង្សអ៊ីស្រាអែលអើយ! តើផ្លូវរបស់ខ្ញុំមិនយុត្តិធម៌ឬ?+ ការពិតគឺផ្លូវរបស់អ្នកទេ ដែលមិនយុត្តិធម៌!+
២៦ «‹បើជនសុចរិតលះចោលការប្រព្រឹត្តរបស់ខ្លួន ហើយទៅប្រព្រឹត្តអំពើអាក្រក់ គាត់នឹងស្លាប់ដោយសារអំពើខុសឆ្គងដែលខ្លួនបានប្រព្រឹត្ត។
២៧ «‹បើជនទុច្ចរិតកែខ្លួនឈប់ប្រព្រឹត្តអំពើខុសឆ្គងទៀត ហើយចាប់ផ្ដើមប្រព្រឹត្តអ្វីដែលសុចរិតនិងយុត្តិធម៌ នោះគាត់នឹងរស់រានមានជីវិតតទៅទៀត។+ ២៨ បើគាត់ដឹងខ្លួន ហើយបែរចេញពីការប្រព្រឹត្តអំពើខុសឆ្គងគ្រប់យ៉ាង នោះគាត់នឹងមិនស្លាប់ទេ តែនឹងរស់នៅតទៅទៀត។
២៩ «‹ប៉ុន្តែ ពូជពង្សអ៊ីស្រាអែលនឹងនិយាយថា៖ «ផ្លូវរបស់ព្រះយេហូវ៉ាមិនយុត្តិធម៌ទេ»។ ឱពូជពង្សអ៊ីស្រាអែលអើយ! តើផ្លូវរបស់ខ្ញុំពិតជាមិនយុត្តិធម៌មែនឬ?+ ការពិតគឺផ្លូវរបស់អ្នកទេ ដែលមិនយុត្តិធម៌!›។
៣០ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានប្រកាសថា៖ ‹ហេតុនេះ ឱពូជពង្សអ៊ីស្រាអែលអើយ! ខ្ញុំនឹងវិនិច្ឆ័យទោសគ្រប់គ្នាស្របទៅតាមការប្រព្រឹត្តរបស់ខ្លួន។+ ដូច្នេះ ចូរបែរចេញពីផ្លូវទុច្ចរិតទៅ ហើយឈប់ប្រព្រឹត្តអំពើខុសឆ្គងទៀត ដើម្បីកុំឲ្យអំពើទាំងនោះទៅជាឧបសគ្គដែលនាំឲ្យអ្នករាល់គ្នាមានទោស។ ៣១ ឱពូជពង្សអ៊ីស្រាអែលអើយ! ចូរលះចោលការប្រព្រឹត្តអាក្រក់សព្វបែបយ៉ាង+ ហើយកែប្រែចិត្តគំនិតសាជាថ្មីវិញ។+ តើអ្នករាល់គ្នាចង់ស្លាប់ធ្វើអ្វី?›។+
៣២ «‹ខ្ញុំមិនរីករាយពេលឃើញអ្នកណាម្នាក់ស្លាប់ទេ។+ ដូច្នេះ ចូរកែខ្លួនហើយរស់រានមានជីវិតតទៅទៀតចុះ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។+
១៩ «អ្នកត្រូវច្រៀងបទទំនួញអំពីពួកមេដឹកនាំជនជាតិអ៊ីស្រាអែល។ ២ ចូរច្រៀងដូចតទៅ៖
‹តើម្ដាយរបស់អ្នករាល់គ្នាជាអ្វី? គឺជាតោញីក្នុងចំណោមហ្វូងតោ
ដែលដេកបំបៅកូននៅក្នុងហ្វូងតោស្ទាវ។
៣ មេតោនោះបង្ហាត់កូន ឲ្យធំឡើងទៅជាតោដ៏ខ្លាំងក្លាមួយ។+
កូននោះចេះហែកស៊ីចំណី ថែមទាំងត្របាក់ស៊ីមនុស្សទៀតផង។
៤ ប្រជាជាតិនានាបានឮអំពីវា ហើយនាំគ្នាជីករណ្ដៅដាក់អន្ទាក់ចាប់វា
រួចថ្ពក់នាំយកទៅស្រុកអេហ្ស៊ីប។+
៥ មេតោបានចាំផ្លូវកូន តែទីបំផុតវាដឹងថាកូនមិនអាចត្រឡប់មកវិញទេ។
ដូច្នេះ មេតោបង្ហាត់កូនមួយទៀត ឲ្យធំឡើងទៅជាតោដ៏ខ្លាំងក្លា។
៦ កូននោះដើរជាមួយតោឯទៀត ហើយវាជាតោដ៏ខ្លាំងពូកែ។
វាចេះហែកស៊ីចំណី ថែមទាំងត្របាក់ស៊ីមនុស្សទៀតផង។+
៧ វាដើរលបៗតាមប៉មរឹងមាំទាំងឡាយ រួចបំផ្លាញក្រុងនានា។
ម្ល៉ោះហើយ ទឹកដីស្ងាត់ជ្រងំនោះឮសូរតែសំឡេងគ្រហឹមរបស់វា។+
៨ ប្រជាជាតិនានាដែលនៅតំបន់ជុំវិញ បាននាំគ្នាមកបោះសំណាញ់ចាប់វា
ហើយវាក៏ធ្លាក់ក្នុងរណ្ដៅរបស់ពួកគេ។
៩ គេថ្ពក់វាយកទៅដាក់ក្នុងទ្រុង ហើយនាំយកទៅស្រុកបាប៊ីឡូន។
គេឃុំវានៅទីនោះ ដើម្បីកុំឲ្យសូរសំឡេងគ្រហឹមរបស់វាលាន់ឮនៅតំបន់ភ្នំអ៊ីស្រាអែលទៀត។
១០ ម្ដាយអ្នករាល់គ្នាប្រៀបដូចជាដើមទំពាំងបាយជូរ*+ដែលដាំនៅក្បែរផ្លូវទឹក។
ដើមនោះបែកមែកសាខា ហើយមានផលផ្លែជាច្រើនដោយសារមានទឹកបរិបូរ។
១១ ដើមនោះមានមែកធំមាំ អាចយកទៅធ្វើដំបងរាជ្យបាន។
វាលូតលាស់ខ្ពស់ត្រដែតជាងដើមឯទៀត
គេអាចមើលវាឃើញ ដោយសារវាខ្ពស់ស្កឹមស្កៃនិងមានស្លឹកត្រសុំត្រសាយ។
១២ ប៉ុន្តែ ដោយកំហឹង វាបានត្រូវដករំលើង+ ហើយផ្ដួលទៅដី។
រួចខ្យល់ពីទិសខាងកើតធ្វើឲ្យផលផ្លែវាក្រៀមស្វិតទៅ។
ឯមែកធំៗ ក៏បានត្រូវកាប់បំបាក់ដែរ។ មែកទាំងនោះបានក្រៀមស្វិត+ហើយភ្លើងឆាបឆេះអស់គ្មានសល់។+
១៣ ឥឡូវ ដើមនោះបានត្រូវយកទៅដាំនៅតំបន់ស្ងាត់ជ្រងំ
ជាតំបន់រីងស្ងួតហួតហែងគ្មានទឹក។+
១៤ បន្ទាប់មក ភ្លើងដែលឆេះមែក ក៏ឆេះរាលដាលទៅដល់ត្រួយខ្ចីៗនិងផ្លែទាំងអស់។
គ្មានសល់មែកមាំណាដែលគេអាចយកទៅធ្វើដំបងរាជ្យបានទៀតទេ។+
«‹នេះជាបទទំនួញដែលគេយកមកច្រៀង›»។
២០ នៅថ្ងៃទី១០ ខែទី៥ ក្នុងឆ្នាំទី៧* ពួកបុរសចាស់ទុំជនជាតិអ៊ីស្រាអែលមួយចំនួនបានមក ហើយអង្គុយនៅមុខខ្ញុំដើម្បីសុំការណែនាំពីព្រះយេហូវ៉ា។ ២ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ ៣ «កូនមនុស្សអើយ! ចូរប្រាប់ពួកបុរសចាស់ទុំជនជាតិអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាមកសុំការណែនាំពីខ្ញុំឬ? ‹ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងមិនតបឆ្លើយចំពោះសំណូមពររបស់អ្នករាល់គ្នាទេ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»›។
៤ «កូនមនុស្សអើយ! តើអ្នកត្រៀមវិនិច្ឆ័យទោសពួកគេហើយឬ? តើអ្នកត្រៀមខ្លួនវិនិច្ឆ័យទោសពួកគេហើយឬនៅ? ចូរឲ្យពួកគេដឹងអំពីការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមដែលបុព្វបុរសរបស់ពួកគេបានប្រព្រឹត្តចុះ។+ ៥ ចូរប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «នៅថ្ងៃដែលខ្ញុំបានជ្រើសរើសអ៊ីស្រាអែល+ ខ្ញុំក៏បានស្បថនឹងពូជពង្សយ៉ាកុបដែរ ហើយខ្ញុំបានបង្ហាញឲ្យពួកគេស្គាល់ខ្ញុំនៅស្រុកអេហ្ស៊ីប+ គឺខ្ញុំបានស្បថនឹងពួកគេ ហើយនិយាយថា៖ ‹ខ្ញុំគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា›។ ៦ នៅថ្ងៃនោះ ខ្ញុំបានស្បថថាខ្ញុំនឹងនាំពួកគេចេញពីស្រុកអេហ្ស៊ីប ទៅរស់នៅក្នុងស្រុកដែលខ្ញុំបានជ្រើសរើសឲ្យពួកគេ ជាស្រុកដែលសម្បូរទឹកដោះនិងទឹកឃ្មុំហូរហៀរ។+ ស្រុកនោះជាស្រុកដែលស្អាតជាងគេបំផុត។ ៧ រួចមក ខ្ញុំបាននិយាយទៅពួកគេថា៖ ‹ចូរបោះចោលរបស់ដែលគួរឲ្យស្អប់ខ្ពើមចេញពីមុខអ្នករាល់គ្នាទៅ ហើយកុំធ្វើឲ្យខ្លួនមិនស្អាតបរិសុទ្ធដោយរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកអេហ្ស៊ីបទៀតឡើយ។+ ខ្ញុំគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា›។+
៨ «‹«ប៉ុន្តែ ពួកគេបានបះបោរប្រឆាំងនឹងខ្ញុំ ហើយមិនព្រមស្ដាប់ខ្ញុំទេ។ ពួកគេមិនបានបោះចោលរបស់ដែលគួរឲ្យស្អប់ខ្ពើមចេញពីមុខពួកគេឡើយ ហើយថែមទាំងមិនបោះចោលរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកអេហ្ស៊ីបទៀតផង។+ ដូច្នេះ ខ្ញុំស្បថថាខ្ញុំបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងទៅលើពួកគេនៅស្រុកអេហ្ស៊ីប។ ៩ ប៉ុន្តែ ខ្ញុំបានប្រព្រឹត្តដូច្នេះដោយយល់ដល់នាមខ្ញុំ ដើម្បីកុំឲ្យប្រជាជាតិនានាដែលពួកគេរស់នៅជាមួយនោះ មកប្រមាថមើលងាយខ្ញុំ។+ ព្រោះខ្ញុំបានធ្វើឲ្យពួកគេ*ស្គាល់ខ្ញុំនៅចំពោះមុខប្រជាជាតិទាំងនោះ ពេលដែលខ្ញុំបាននាំពួកគេចេញពីស្រុកអេហ្ស៊ីប។+ ១០ ដូច្នេះ ខ្ញុំបាននាំពួកគេចេញពីស្រុកអេហ្ស៊ីប រួចនាំទៅតំបន់ស្ងាត់ជ្រងំ។+
១១ «‹«បន្ទាប់មក ខ្ញុំបានឲ្យបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំដល់ពួកគេ+ ដើម្បីឲ្យអ្នកណាដែលកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមទាំងនោះ អាចរស់រានមានជីវិតតទៅទៀត។+ ១២ បន្ថែមទៅទៀត ខ្ញុំបានឲ្យច្បាប់ថ្ងៃឈប់សម្រាក+ ទុកជាសញ្ញាសម្គាល់រវាងខ្ញុំនិងពួកគេ+ ដើម្បីឲ្យពួកគេដឹងថា ខ្ញុំគឺយេហូវ៉ា ខ្ញុំនេះហើយដែលញែកពួកគេជាបរិសុទ្ធ។
១៣ «‹«ប៉ុន្តែ ពូជពង្សអ៊ីស្រាអែលបានបះបោរប្រឆាំងនឹងខ្ញុំនៅតំបន់ស្ងាត់ជ្រងំ។+ ពួកគេមិនបានកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំទេ។ ប៉ុន្តែ បើបុគ្គលម្នាក់កាន់តាម គាត់អាចរស់រានមានជីវិតតទៅទៀត។ បន្ថែមទៅទៀត ពួកគេបានបំពានច្បាប់ថ្ងៃឈប់សម្រាករបស់ខ្ញុំទាំងស្រុង។ ដូច្នេះ ខ្ញុំស្បថថាខ្ញុំនឹងបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងទៅលើពួកគេនៅតំបន់ស្ងាត់ជ្រងំដើម្បីបំផ្លាញពួកគេឲ្យសាបសូន្យអស់។+ ១៤ ប៉ុន្តែ ខ្ញុំបានប្រព្រឹត្តដូច្នេះដោយយល់ដល់នាមរបស់ខ្ញុំ ដើម្បីកុំឲ្យប្រជាជាតិនានាដែលឃើញខ្ញុំនាំពួកគេ*ចេញពីស្រុកអេហ្ស៊ីប ប្រមាថមើលងាយនាមខ្ញុំឡើយ។+ ១៥ ខ្ញុំបានស្បថនៅតំបន់ស្ងាត់ជ្រងំថា ខ្ញុំនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលខ្ញុំបានជ្រើសរើសឲ្យពួកគេឡើយ។+ នោះជាស្រុកដែលសម្បូរទឹកដោះនិងទឹកឃ្មុំហូរហៀរ+ និងជាស្រុកដែលស្អាតជាងគេបំផុត។ ១៦ ព្រោះពួកគេមិនបានកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំទេ ហើយក៏បំពានច្បាប់ថ្ងៃឈប់សម្រាករបស់ខ្ញុំដែរ។ ព្រោះចិត្តពួកគេចេះតែចង់ធ្វើតាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេវិញ។+
១៧ «‹«ប៉ុន្តែ ខ្ញុំបានអាណិតអាសូរពួកគេ ហើយខ្ញុំមិនបំផ្លាញពួកគេទេ គឺខ្ញុំមិនបំផ្លាញពួកគេឲ្យសាបសូន្យនៅតំបន់ស្ងាត់ជ្រងំឡើយ។ ១៨ ខ្ញុំបាននិយាយទៅកាន់កូនចៅរបស់ពួកគេនៅតំបន់ស្ងាត់ជ្រងំថា៖+ ‹ចូរកុំកាន់តាមច្បាប់និងក្រឹត្យក្រមរបស់បុព្វបុរសអ្នករាល់គ្នា+ ហើយក៏កុំធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេដែរ។ ១៩ ខ្ញុំគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំ និងធ្វើតាមក្រឹត្យក្រមរបស់ខ្ញុំចុះ។+ ២០ ចូរញែកថ្ងៃឈប់សម្រាករបស់ខ្ញុំជាបរិសុទ្ធ+ ហើយទុកថ្ងៃនោះជាសញ្ញាសម្គាល់រវាងខ្ញុំនិងអ្នក ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាព្រះរបស់អ្នក›។+
២១ «‹«ប៉ុន្តែ កូនចៅពួកគេក៏បានបះបោរប្រឆាំងនឹងខ្ញុំដែរ។+ ពួកគេមិនបានកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំទេ តែបើបុគ្គលម្នាក់កាន់តាម គាត់អាចរស់រានមានជីវិតតទៅទៀត។ បន្ថែមទៅទៀត ពួកគេបានបំពានច្បាប់ថ្ងៃឈប់សម្រាករបស់ខ្ញុំ។ ដូច្នេះ ខ្ញុំស្បថថាខ្ញុំនឹងបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងទៅលើពួកគេនៅតំបន់ស្ងាត់ជ្រងំ។+ ២២ ប៉ុន្តែ ខ្ញុំបានទប់ចិត្ត+ ហើយបានប្រព្រឹត្តដោយយល់ដល់នាមខ្ញុំ+ ដើម្បីកុំឲ្យប្រជាជាតិនានាដែលឃើញខ្ញុំនាំពួកគេ*ចេញពីស្រុកអេហ្ស៊ីប ប្រមាថមើលងាយនាមខ្ញុំឡើយ។ ២៣ ម្ល៉ោះហើយ ខ្ញុំបានស្បថនឹងពួកគេនៅតំបន់ស្ងាត់ជ្រងំថា ខ្ញុំនឹងធ្វើឲ្យពួកគេខ្ចាត់ខ្ចាយទៅរស់នៅក្នុងចំណោមប្រជាជាតិនានានិងស្រុកឯទៀត+ ២៤ ព្រោះពួកគេមិនបានកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំទេ+ ហើយក៏បំពានច្បាប់ថ្ងៃឈប់សម្រាករបស់ខ្ញុំដែរ។ ព្រោះពួកគេចេះតែចង់កាន់តាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់បុព្វបុរសពួកគេវិញ។+ ២៥ ដូច្នេះ ខ្ញុំបណ្ដោយឲ្យពួកគេធ្វើតាមបញ្ញត្តិដែលមិនផ្ដល់ប្រយោជន៍ដល់ពួកគេ ហើយឲ្យពួកគេធ្វើតាមក្រឹត្យក្រមដែលមិននាំឲ្យពួកគេរស់រានមានជីវិតដែរ។+ ២៦ ខ្ញុំបណ្ដោយឲ្យពួកគេស្មោកគ្រោកដោយគ្រឿងបូជារបស់ខ្លួន គឺនៅពេលដែលពួកគេដុតកូនច្បងខ្លួនជាគ្រឿងបូជា។+ ខ្ញុំនឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។ យ៉ាងនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»›។
២៧ «ដូច្នេះ កូនមនុស្សអើយ! ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «តាមរបៀបនេះហើយដែលបុព្វបុរសអ្នករាល់គ្នា បានប្រមាថមើលងាយខ្ញុំដោយប្រព្រឹត្តមិនស្មោះត្រង់នឹងខ្ញុំ។ ២៨ ខ្ញុំបាននាំពួកគេចូលទៅក្នុងស្រុកដែលខ្ញុំបានស្បថឲ្យពួកគេ។+ ប៉ុន្តែ ពេលពួកគេឃើញទីខ្ពស់ៗទាំងប៉ុន្មាននិងដើមឈើធំៗដែលមានស្លឹកត្រសុំត្រសាយ+ ពួកគេចាប់ផ្ដើមជូនគ្រឿងបូជាផ្សេងៗនិងគ្រឿងបូជាដែលគួរឲ្យស្អប់ខ្ពើមនៅទីនោះ។ ពួកគេថែមទាំងដុតគ្រឿងបូជាឲ្យមានក្លិនឈ្ងុយនិងច្រួចស្រាជាគ្រឿងបូជាទៀតផង។ ២៩ ដូច្នេះ ខ្ញុំបានសួរពួកគេថា៖ ‹តើអ្នករាល់គ្នាទៅទីខ្ពស់ទាំងនោះក្នុងបំណងអ្វី? (រហូតដល់សព្វថ្ងៃ គេនៅតែហៅទីនោះថាទីខ្ពស់ដដែល)›»›។+
៣០ «ឥឡូវចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាកំពុងធ្វើឲ្យខ្លួនស្មោកគ្រោកដូចបុព្វបុរសរបស់អ្នករាល់គ្នាឬ? ព្រោះអ្នករាល់គ្នាកំពុងកាន់តាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម ហើយប្រព្រឹត្តអំពើពេស្យាចារ*ជាមួយនឹងរូបទាំងនោះ។+ ៣១ រហូតមកដល់សព្វថ្ងៃ តើអ្នករាល់គ្នានៅតែធ្វើឲ្យខ្លួនស្មោកគ្រោកដោយដុតកូនប្រុសៗជាគ្រឿងបូជាដល់រូបព្រះដ៏គួរឲ្យស្អប់ខ្ពើមទៀតឬ?+ នៅដំណាលគ្នានេះ ឱពូជពង្សអ៊ីស្រាអែលអើយ! តើខ្ញុំគួរតបឆ្លើយនឹងសំណូមពររបស់អ្នករាល់គ្នាឬ?»›។+
«ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតប្រកាសថា៖ ‹ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងមិនតបឆ្លើយនឹងសំណូមពររបស់អ្នករាល់គ្នាជាដាច់ខាត។+ ៣២ អ្វីដែលអ្នករាល់គ្នាបានគិតក្នុងចិត្ត ហើយនិយាយថា៖ «ចូរឲ្យយើងដូចជាប្រជាជាតិនានាចុះ គឺដូចជាប្រជាជាតិនៅស្រុកឯទៀត ដែលគោរពបូជា*រូបព្រះពីឈើនិងពីថ្មទៅ»+ ការនោះនឹងមិនកើតឡើងទេ›»។
៣៣ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងគ្រប់គ្រងជាស្ដេចលើអ្នករាល់គ្នាដោយឫទ្ធានុភាពនិងកម្លាំងដ៏ខ្លាំងក្លា ហើយដោយកំហឹងរបស់ខ្ញុំ។+ ៣៤ ខ្ញុំនឹងនាំអ្នករាល់គ្នាចេញពីប្រជាជាតិនិងស្រុកនានាដែលអ្នករាល់គ្នាបានខ្ចាត់ខ្ចាយទៅនោះ ឲ្យមកជួបជុំគ្នា ដោយឫទ្ធានុភាពនិងកម្លាំងដ៏ខ្លាំងក្លា ហើយដោយកំហឹងរបស់ខ្ញុំ។+ ៣៥ ខ្ញុំនឹងនាំអ្នករាល់គ្នាចូលទៅក្នុងតំបន់ស្ងាត់ជ្រងំរបស់ប្រជាជាតិនានា ហើយនៅទីនោះខ្ញុំនឹងវិនិច្ឆ័យទោសអ្នករាល់គ្នានៅប្រទល់មុខតែម្ដង។+
៣៦ «‹ដូចខ្ញុំបានវិនិច្ឆ័យទោសបុព្វបុរសអ្នករាល់គ្នានៅតំបន់ស្ងាត់ជ្រងំក្នុងស្រុកអេហ្ស៊ីបយ៉ាងណា នោះខ្ញុំក៏នឹងវិនិច្ឆ័យទោសអ្នករាល់គ្នាយ៉ាងនោះដែរ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ៣៧ ‹ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាឆ្លងកាត់ក្រោមដំបងរបស់គង្វាល+ ហើយអ្នករាល់គ្នាត្រូវធ្វើតាមកិច្ចព្រមព្រៀងរបស់ខ្ញុំ។ ៣៨ ឯពួកអ្នកដែលបះបោរនិងប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងខ្ញុំ ខ្ញុំនឹងដកពួកគេចេញ។+ ព្រោះខ្ញុំនឹងនាំពួកគេចេញពីស្រុករបស់ជនបរទេស តែពួកគេមិនអាចចូលស្រុកអ៊ីស្រាអែលបានទេ។+ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។
៣៩ «ចំណែកអ្នករាល់គ្នាវិញ ឱពូជពង្សអ៊ីស្រាអែលអើយ! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ចូរទៅគោរពបម្រើដល់រូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លួនទៅចុះ។+ ប៉ុន្តែ ក្រោយមកអ្នករាល់គ្នានឹងរងទុក្ខពីការប្រព្រឹត្តនោះ។ រួចអ្នករាល់គ្នានឹងមិនអាចធ្វើឲ្យនាមដ៏បរិសុទ្ធរបស់ខ្ញុំអាប់ឱន ដោយគ្រឿងបូជានិងរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នករាល់គ្នាទៀតទេ›។+
៤០ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ព្រោះនៅភ្នំបរិសុទ្ធរបស់ខ្ញុំជាភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រាអែល+ ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងគោរពប្រណិប័តន៍ខ្ញុំ+ ហើយខ្ញុំនឹងពេញចិត្តពួកគេ។ នៅទីនោះហើយដែលអ្នករាល់គ្នានឹងជូនវិភាគទាននិងគ្រឿងបូជាដ៏ល្អបំផុតដល់ខ្ញុំ ពោលគឺអ្វីៗទាំងអស់ដែលបរិសុទ្ធ។+ ៤១ ដោយសារក្លិនឈ្ងុយពីគ្រឿងបូជារបស់អ្នករាល់គ្នា នោះខ្ញុំនឹងពេញចិត្តអ្នករាល់គ្នា។ នេះនឹងកើតឡើង ពេលខ្ញុំនាំអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិនានានិងស្រុកឯទៀតដែលអ្នករាល់គ្នាបានខ្ចាត់ខ្ចាយទៅ ឲ្យត្រឡប់មកវិញ។+ រួចខ្ញុំនឹងត្រូវញែកជាបរិសុទ្ធក្នុងចំណោមអ្នករាល់គ្នានៅចំពោះមុខប្រជាជាតិទាំងនោះ›។+
៤២ «‹អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា+ ពេលដែលខ្ញុំនាំអ្នករាល់គ្នាចូលទៅក្នុងស្រុកអ៊ីស្រាអែល+ គឺក្នុងស្រុកដែលខ្ញុំបានស្បថឲ្យដល់បុព្វបុរសអ្នករាល់គ្នា។ ៤៣ នៅទីនោះ អ្នករាល់គ្នានឹងនឹកឃើញការប្រព្រឹត្តទាំងប៉ុន្មានដែលបណ្ដាលឲ្យអ្នករាល់គ្នាស្មោកគ្រោក+ ហើយអ្នករាល់គ្នានឹងស្អប់ខ្ពើមខ្លួនឯង ព្រោះតែអំពើអាក្រក់គ្រប់យ៉ាងដែលអ្នករាល់គ្នាបានធ្វើ។+ ៤៤ ដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ! អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា គឺពេលខ្ញុំប្រព្រឹត្តទៅលើអ្នករាល់គ្នាដោយយល់ដល់នាមខ្ញុំ។+ ខ្ញុំមិនមែនប្រព្រឹត្តទៅលើអ្នករាល់គ្នា ដោយសារអំពើទុច្ចរិតឬការប្រព្រឹត្តដ៏ខូចអាក្រក់របស់អ្នករាល់គ្នានោះទេ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
៤៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ៤៦ «កូនមនុស្សអើយ! ចូរបែរមុខតម្រង់ទៅទិសខាងត្បូង រួចប្រកាសទៅតំបន់នោះ គឺប្រកាសទំនាយទៅកាន់ព្រៃឈើនៅតំបន់ខាងត្បូង។ ៤៧ ចូរនិយាយទៅព្រៃនោះថា៖ ‹ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ាចុះ! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «មើល! ខ្ញុំនឹងបង្កាត់ភ្លើងដុតបំផ្លាញអ្នក+ ភ្លើងនឹងឆាបឆេះទាំងដើមឈើស្រស់ទាំងដើមឈើងាប់ ហើយឆេះសន្ធោសន្ធៅមិនអាចពន្លត់បានឡើយ។+ ពីទិសខាងត្បូងទៅដល់ទិសខាងជើង មនុស្សទាំងអស់នឹងត្រូវរលាកភ្លើង។ ៤៨ ពេលនោះ មនុស្សជាតិនឹងឃើញថាខ្ញុំនេះហើយជាយេហូវ៉ា ជាអ្នកបង្កាត់ភ្លើងឲ្យឆាបឆេះសន្ធោសន្ធៅ គ្មានអ្នកណាអាចពន្លត់បានឡើយ»›»។+
៤៩ រួចខ្ញុំក៏និយាយថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! ពួកគេកំពុងនិយាយអំពីខ្ញុំថា៖ ‹តើគាត់មិនគ្រាន់តែនិយាយជាពាក្យប្រស្នាទេឬ?›»។
២១ ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរបែរមុខទៅក្រុងយេរូសាឡិម ហើយប្រកាសទាស់នឹងកន្លែងបរិសុទ្ធ ព្រមទាំងប្រកាសទំនាយទាស់នឹងស្រុកអ៊ីស្រាអែលទាំងមូលផង។ ៣ ចូរនិយាយទៅស្រុកអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ «មើល! ខ្ញុំនឹងប្រឆាំងអ្នករាល់គ្នា។ ខ្ញុំនឹងហូតដាវចេញពីស្រោម+ រួចប្រហារទាំងមនុស្សសុចរិតទាំងមនុស្សទុច្ចរិត។ ៤ ហេតុនេះ ដាវខ្ញុំនឹងនៅក្រៅស្រោមដើម្បីសម្លាប់ទាំងមនុស្សសុចរិតទាំងមនុស្សទុច្ចរិត ពោលគឺមនុស្សទាំងអស់ ចាប់ពីទិសខាងត្បូងរហូតដល់ទិសខាងជើង។ ៥ ពេលនោះ មនុស្សជាតិទាំងឡាយនឹងដឹងថាខ្ញុំជាយេហូវ៉ា ខ្ញុំផ្ទាល់បានហូតដាវចេញពីស្រោម ហើយមិនស៊កចូលទៅវិញទេ»›។+
៦ «ចំណែកអ្នកវិញ ឱកូនមនុស្សអើយ! ចូរដកដង្ហើមធំដោយញាប់ញ័រ គឺដកដង្ហើមធំដោយល្វីងជូរចត់នៅមុខពួកគេចុះ!+ ៧ បើពួកគេសួរអ្នកថា៖ ‹ម្ដេចក៏ដកដង្ហើមធំដូច្នេះ?›។ អ្នកត្រូវនិយាយថា៖ ‹គឺដោយសារខ្ញុំបានឮដំណឹងអាក្រក់មួយ›។ ព្រោះរឿងនោះនឹងកើតឡើងជាមិនខាន ហើយមនុស្សទាំងឡាយនឹងតក់ស្លុត ស្រយុតដៃ បាក់ទឹកចិត្ត ហើយភ័យរហូតដល់លេចនោម។+ ‹រឿងនោះនឹងក្លាយជាការពិតជាក់ជាពុំខាន ហើយនឹងកើតឡើងពិតប្រាកដមែន›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
៨ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ៩ «កូនមនុស្សអើយ! ចូរប្រកាសទំនាយថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ដូចតទៅ៖ «ចូរប្រកាសថា៖ ‹មើល! មានដាវមួយ! ដាវនោះ+បានត្រូវសំលៀងយ៉ាងមុត ហើយក៏បានត្រូវខាត់យ៉ាងភ្លឺដែរ។ ១០ ដាវនោះបានត្រូវសំលៀងសម្រាប់ការប្រហារដ៏ធំសម្បើម ហើយវាបានត្រូវខាត់ឲ្យភ្លឺផ្លេកដូចជាពន្លឺផ្លេកបន្ទោរ›»›»។
«តើយើងមិនគួរសប្បាយរីករាយទេឬ?»។
«‹តើដាវនោះ*នឹងមិនទទួលស្គាល់ដំបងរាជ្យរបស់កូនប្រុសខ្ញុំ+ ដូចមិនទទួលស្គាល់ដើមឈើឯទៀតដែរឬ?
១១ «‹គេយកដាវនោះទៅខាត់យ៉ាងរលោង ដើម្បីលើកវាយប្រហារ។ ដាវនោះបានត្រូវខាត់និងសំលៀង រួចប្រគល់ទៅក្នុងដៃអ្នកប្រហារជីវិត។+
១២ «‹កូនមនុស្សអើយ! ចូរទ្រហោយំកាន់ទុក្ខទៅ+ ព្រោះដាវនោះបានមកទាស់នឹងរាស្ត្រខ្ញុំ ហើយក៏ប្រឆាំងនឹងមេដឹកនាំជនជាតិអ៊ីស្រាអែលដែរ។+ ដាវនោះនឹងប្រហារពួកគេទាំងអស់គ្នា។ ដូច្នេះ ចូរទះភ្លៅខ្លួនកាន់ទុក្ខចុះ! ១៣ ព្រោះមានការត្រួតពិនិត្យមួយបានត្រូវធ្វើឡើងហើយ។+ តើនឹងមានអ្វីកើតឡើងបើដាវនោះមិនទទួលស្គាល់ដំបងរាជ្យ? ទីបំផុត ដំបងនោះនឹងលែងមានទៀត›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
១៤ «ចំណែកអ្នកវិញ កូនមនុស្សអើយ! ចូរប្រកាសទំនាយ ហើយទះដៃ រួចនិយាយដដែលៗបីដងថា៖ ‹ដាវអើយ!›។ នោះជាដាវដែលប្រហារជីវិត ជាដាវដែលប្រហារយ៉ាងសម្បើម វាប្រហារពួកគេពីគ្រប់ទិសទី។+ ១៥ ពួកគេនឹងបាក់ទឹកចិត្តព្រោះតែការភ័យខ្លាច+ ហើយពួកគេជាច្រើននឹងដួលនៅឯខ្លោងទ្វារក្រុង។ ខ្ញុំនឹងប្រើដាវនោះប្រហារមនុស្សជាច្រើន។ ដាវនោះនឹងភ្លឺចិញ្ចាចដូចផ្លេកបន្ទោរ ហើយវាបានត្រូវខាត់ឲ្យរលោងសម្រាប់ការវាយប្រហារ។ ១៦ ដាវអើយ! ចូរកាប់ទៅខាងស្ដាំ រួចវាត់ទៅខាងឆ្វេង! ចូរតម្រង់ទៅតាមទិសរបស់មុខដាវទៅ! ១៧ ខ្ញុំក៏នឹងទះដៃដែរ ហើយកំហឹងខ្ញុំក៏ស្ងប់ទៅ។+ ខ្ញុំគឺយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចាហើយ»។
១៨ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ១៩ «ចំណែកអ្នកវិញ កូនមនុស្សអើយ! ចូរគូសផ្លូវពីរសម្រាប់ដាវរបស់ស្ដេចស្រុកបាប៊ីឡូន។ ផ្លូវពីរនោះចេញមកពីស្រុកតែមួយ។ ចូរដាក់បង្គោលសញ្ញាមួយនៅត្រង់ផ្លូវបំបែកទៅក្រុងពីរចុះ។ ២០ អ្នកត្រូវគូសផ្លូវមួយសម្រាប់ឲ្យដាវនោះទៅទាស់នឹងក្រុងរ៉ាបា+របស់ពួកអាំម៉ូន និងផ្លូវមួយទៀតសម្រាប់ឲ្យដាវនោះទៅច្បាំងនឹងក្រុងយេរូសាឡិមដ៏រឹងមាំ+ក្នុងស្រុកយូដា។ ២១ ព្រោះពេលស្ដេចស្រុកបាប៊ីឡូនទៅដល់ផ្លូវបំបែក គាត់ទស្សន៍ទាយដោយក្រឡុកបំពង់ព្រួញ ហើយពិនិត្យមើលថ្លើម រួចសុំការណែនាំពីរូបព្រះរបស់គាត់។ ២២ គាត់ប្រើដៃស្ដាំដើម្បីទស្សន៍ទាយ រួចគាត់ដឹងថាគាត់ត្រូវទៅក្រុងយេរូសាឡិមដើម្បីដំឡើងគ្រឿងយន្តសម្រាប់ទម្លាយកំពែងនិងខ្លោងទ្វារ ហើយដើម្បីលើកដីឡើងវាយលុក និងបោះបង្គោលដើម្បីឡោមព័ទ្ធ រួចបញ្ជាទ័ពឲ្យវាយប្រហារ ហើយបន្លឺសំឡេងសម្រាប់ចម្បាំង។+ ២៣ ប៉ុន្តែ តាមមើលទៅការទស្សន៍ទាយនោះគឺមិនត្រឹមត្រូវតាមទស្សនៈអ្នកក្រុងយេរូសាឡិមដែលបានធ្វើសម្បថជាមួយនឹងពួកគេទេ។+ ទោះជាយ៉ាងនេះក្ដី គាត់នៅចាំទោសកំហុសរបស់អ្នកក្រុងនោះ ហើយគាត់នឹងចាប់ពួកគេធ្វើជាឈ្លើយ។+
២៤ «ដូច្នេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹អ្នករាល់គ្នាបានធ្វើឲ្យគេចាំទោសកំហុសរបស់អ្នករាល់គ្នា ដោយប្រព្រឹត្តអំពើខុសឆ្គងនិងអំពើអាក្រក់សព្វបែបយ៉ាងជាចំហ។ ឥឡូវគេចាំពីទង្វើរបស់អ្នកហើយ អ្នករាល់គ្នានឹងត្រូវគេចាប់យកទៅដោយកម្លាំងជាមិនខាន›។
២៥ «ឱមេដឹកនាំអ៊ីស្រាអែលដ៏ទុច្ចរិតនិងដែលរបួសធ្ងន់អើយ! ថ្ងៃរបស់អ្នកបានមកដល់ហើយ+ គឺជាថ្ងៃដែលអ្នកទទួលទោសផ្ដាច់ព្រ័ត្រ។ ២៦ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ចូរដោះឈ្នួតនិងដកមកុដចេញទៅ។+ ព្រោះអ្វីទាំងនេះនឹងមិនដូចពីមុនទេ។+ ចូរតម្កើងអ្នកទន់ទាប+ ហើយបន្ទាបអ្នកខ្ពង់ខ្ពស់។+ ២៧ ខ្ញុំនឹងធ្វើឲ្យមកុដនោះវិនាសហិនហោចខូចបង់ទៅ។ វានឹងលែងជាកម្មសិទ្ធិរបស់អ្នកណាទៀតហើយ ទាល់តែអ្នកដែលមានសិទ្ធិទទួលមកដល់+ ទើបខ្ញុំប្រគល់ដល់គាត់›។+
២៨ «កូនមនុស្សអើយ! ចូរប្រកាសទំនាយដោយនិយាយថា៖ ‹នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត ស្ដីអំពីពួកអាំម៉ូននិងអំពីពាក្យប្រមាថមើលងាយរបស់ពួកគេ›។ ចូរនិយាយថា៖ ‹មានដាវមួយ គឺជាដាវដែលបានត្រូវហូតជាស្រេចសម្រាប់ប្រហារជីវិត។ ដាវនោះបានត្រូវខាត់យ៉ាងភ្លឺចិញ្ចាចដូចផ្លេកបន្ទោរដើម្បីវាយប្រហារ។ ២៩ មានការទស្សន៍ទាយបោកបញ្ឆោតនិងការបើកបង្ហាញមិនពិតអំពីអ្នក។ ទោះជាយ៉ាងនោះក៏ដោយ អ្នកនឹងត្រូវគេបោះទៅលើគំនរសាកសព។ ព្រោះថ្ងៃរបស់ពួកមនុស្សទុច្ចរិតមកដល់ហើយ គឺជាថ្ងៃដែលពួកគេទទួលទោសផ្ដាច់ព្រ័ត្រ។ ៣០ ចូរស៊កដាវនោះទៅក្នុងស្រោមវិញទៅ។ ខ្ញុំនឹងវិនិច្ឆ័យទោសអ្នក នៅក្នុងទឹកដីដែលអ្នកកើតមក គឺនៅស្រុកកំណើតរបស់អ្នកតែម្ដង។ ៣១ ខ្ញុំនឹងបញ្ចេញកំហឹងទៅលើអ្នក ហើយខ្ញុំនឹងបញ្ឆេះអ្នកដោយភ្លើងកំហឹងរបស់ខ្ញុំ។ រួចខ្ញុំនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃមនុស្សសាហាវឃោរឃៅដែលពូកែបំផ្លិចបំផ្លាញ។+ ៣២ អ្នកនឹងប្រៀបដូចជាអុសសម្រាប់ដុត។+ ឈាមអ្នកនឹងត្រូវបង្ហូរក្នុងស្រុកនោះ ហើយនឹងគ្មានអ្នកណានឹកចាំពីអ្នកទៀតឡើយ ព្រោះខ្ញុំជាយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចាហើយ›»។
២២ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! តើអ្នកប្រុងប្រៀបប្រកាសការវិនិច្ឆ័យទោសក្រុងដែលកម្ចាយឈាមហើយឬ?+ តើអ្នកបានត្រៀមខ្លួនលាតត្រដាងនូវអំពើដ៏គួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាងដល់ក្រុងនោះហើយឬនៅ?+ ៣ អ្នកត្រូវនិយាយថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ឱក្រុងដែលកម្ចាយឈាមអើយ!+ វេលារបស់អ្នកនឹងមកដល់+ អ្នកហើយដែលបានធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម។+ ៤ អ្នកមានទោសដោយសារអ្នកបានកម្ចាយឈាមគេ+ ហើយអ្នកបានទៅជាមិនស្អាតបរិសុទ្ធដោយសាររូបព្រះដ៏គួរឲ្យស្អប់ខ្ពើម។+ អ្នកធ្វើឲ្យថ្ងៃបញ្ចប់របស់ខ្លួនមកកាន់តែឆាប់ ហើយឆ្នាំអវសានរបស់ខ្លួនមកកាន់តែលឿន។ ហេតុនេះហើយបានជាខ្ញុំនឹងធ្វើឲ្យប្រជាជាតិនានានិងស្រុកទាំងឡាយ មើលងាយសើចចំអកឲ្យអ្នក+ ៥ គឺទាំងស្រុកដែលនៅជិតទាំងស្រុកដែលនៅឆ្ងាយ សុទ្ធតែមើលងាយអ្នកទាំងអស់។+ កេរ្តិ៍ឈ្មោះអ្នកស្អុយរលួយ ហើយអ្នកពេញទៅដោយការច្របូកច្របល់។ ៦ មើលហ្ន៎! ពួកមេដឹកនាំជនជាតិអ៊ីស្រាអែលទាំងអស់ សុទ្ធតែប្រើអំណាចខ្លួនដើម្បីសម្លាប់អ្នកឯទៀត។+ ៧ នៅក្នុងអ្នក* មានសុទ្ធតែមនុស្សដែលមើលងាយឪពុកម្ដាយខ្លួន។+ ពួកគេបោកប្រាស់ជនបរទេសដែលស្នាក់នៅក្នុងស្រុក ហើយធ្វើបាបកូនកំព្រានិងស្ត្រីមេម៉ាយទៀតផង»›»។+
៨ «‹អ្នកបានមើលងាយកន្លែងបរិសុទ្ធរបស់ខ្ញុំ ហើយក៏បំពានច្បាប់ថ្ងៃឈប់សម្រាករបស់ខ្ញុំដែរ។+ ៩ នៅក្នុងអ្នក មានអ្នកនិយាយបង្កាច់បង្ខូចក្នុងបំណងឲ្យគេស្លាប់+ ហើយអ្នកខ្លះបរិភោគគ្រឿងបូជាដែលគេជូនដល់រូបព្រះនៅលើភ្នំ ព្រមទាំងអ្នកខ្លះប្រព្រឹត្តអំពើអាសអាភាស។+ ១០ បន្ថែមទៅទៀត មានពួកអ្នកដែលរួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកខ្លួន+ ហើយក៏មានអ្នកដែលរួមដំណេកជាមួយនឹងស្ត្រីមានរដូវដែរ។+ ១១ មានអ្នកខ្លះប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមជាមួយនឹងប្រពន្ធអ្នកជិតខាងខ្លួន+ អ្នកខ្លះទៀតធ្វើឲ្យកូនប្រសាស្រីរបស់ខ្លួនស្មោកគ្រោកដោយប្រព្រឹត្តអំពើអាសអាភាស។+ អ្នកខ្លះរំលោភបងប្អូនស្រីបង្កើតរបស់ខ្លួន។+ ១២ ឯអ្នកខ្លះទៀតទទួលសំណូកដើម្បីបង្ហូរឈាមគេ។+ អ្នកខ្លះឲ្យគេខ្ចីដោយយកការប្រាក់+ អ្នកខ្លះទៀតកេងប្រវ័ញ្ចនិងជំរិតយកប្រាក់ពីអ្នកជិតខាងខ្លួន។+ យ៉ាងនេះ អ្នកទាំងអស់គ្នាបានបំភ្លេចខ្ញុំហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
១៣ «‹មើល! ខ្ញុំទះដៃដោយក្ដីស្អប់ខ្ពើមចំពោះកម្រៃដែលបានមកពីការមិនទៀងត្រង់និងការកម្ចាយឈាមក្នុងអ្នក។ ១៤ តើអ្នកនៅតែក្លាហាននិងខ្លាំងក្លានៅគ្រាដែលខ្ញុំចាត់វិធានការទាស់នឹងអ្នកឬ?+ ខ្ញុំគឺយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចាហើយ។ ខ្ញុំនឹងចាត់វិធានការជាមិនខាន។ ១៥ ខ្ញុំនឹងធ្វើឲ្យអ្នកខ្ចាត់ខ្ចាយទៅក្នុងចំណោមប្រជាជាតិនានានិងទៅស្រុកឯទៀត+ ហើយខ្ញុំនឹងបំបាត់ចោលការមិនស្អាតបរិសុទ្ធរបស់អ្នក។+ ១៦ អ្នកនឹងត្រូវអាប់ឱននៅចំពោះប្រជាជាតិនានា។ ពេលនោះ អ្នកនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›»។+
១៧ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ១៨ «កូនមនុស្សអើយ! ពូជពង្សអ៊ីស្រាអែលប្រៀបបានទៅនឹងអាចម៍ដែកដែលគ្មានតម្លៃទាល់តែសោះ។ ពួកគេទាំងអស់ប្រៀបដូចជាស្ពាន់ ទង់ដែង ដែក និងសំណនៅក្នុងឡ។ ពួកគេប្រៀបបានទៅនឹងអាចម៍ប្រាក់។+
១៩ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ដោយសារអ្នករាល់គ្នាប្រៀបដូចជាអាចម៍ដែកដែលគ្មានតម្លៃ+ នោះខ្ញុំនឹងប្រមូលផ្ដុំអ្នករាល់គ្នានៅក្នុងក្រុងយេរូសាឡិម ២០ ហើយដូចគេប្រមូលប្រាក់ ស្ពាន់ ដែក សំណ និងទង់ដែង មកដុតរំលាយក្នុងឡយ៉ាងណា នោះខ្ញុំក៏នឹងប្រមូលអ្នករាល់គ្នាដោយកំហឹងរបស់ខ្ញុំ ហើយសប់ភ្លើងឲ្យក្ដៅដើម្បីរំលាយអ្នករាល់គ្នាយ៉ាងនោះដែរ+ ២១ ខ្ញុំនឹងប្រមូលអ្នករាល់គ្នា រួចផ្លុំភ្លើងនៃកំហឹងទៅលើអ្នករាល់គ្នា+ឲ្យរលាយសាបសូន្យនៅក្នុងក្រុងនោះ។+ ២២ ដូចប្រាក់រលាយនៅក្នុងឡយ៉ាងណា នោះអ្នករាល់គ្នានឹងរលាយនៅក្នុងក្រុងនោះយ៉ាងនោះដែរ ហើយអ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។ ខ្ញុំផ្ទាល់បានបញ្ចេញកំហឹងទៅលើអ្នករាល់គ្នា›»។
២៣ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២៤ «កូនមនុស្សអើយ! ចូរនិយាយទៅក្រុងនោះថា៖ ‹នៅថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំ អ្នកមិនបានស្អាតបរិសុទ្ធទេ ហើយក៏គ្មានភ្លៀងបង្អុរមកលើអ្នកដែរ។ ២៥ ពួកអ្នកប្រកាសទំនាយក្នុងក្រុងនោះបានឃុបឃិតគ្នា+ ហើយពួកគេប្រៀបដូចជាតោគ្រហឹមហែកស៊ីចំណី។+ ពួកគេត្របាក់លេបបណ្ដាជន ហើយរឹបអូសយកទ្រព្យសម្បត្តិនិងរបស់មានតម្លៃ ថែមទាំងធ្វើឲ្យស្ត្រីជាច្រើនទៅជាស្ត្រីមេម៉ាយទៀតផង។ ២៦ ឯពួកសង្ឃវិញ ពួកគេចេះតែបំពានច្បាប់ខ្ញុំ+ ហើយធ្វើឲ្យកន្លែងបរិសុទ្ធរបស់ខ្ញុំអាប់ឱន។+ ពួកគេលាយឡំអ្វីដែលបរិសុទ្ធនិងអ្វីដែលធម្មតា+ ហើយមិនបង្រៀនបណ្ដាជនឲ្យដឹងថាអ្វីដែលមិនស្អាតបរិសុទ្ធនិងអ្វីដែលស្អាតបរិសុទ្ធឡើយ។+ ពួកគេមិនព្រមកាន់តាមច្បាប់ថ្ងៃឈប់សម្រាករបស់ខ្ញុំ ថែមទាំងធ្វើឲ្យខ្ញុំអាប់ឱនកិត្តិយសទៀតផង។ ២៧ ចំណែកពួកអ្នកគ្រប់គ្រងវិញ ពួកគេប្រៀបដូចជាឆ្កែចចកហែកស៊ីចំណី។ ពួកគេបង្ហូរឈាមនិងសម្លាប់មនុស្សស្លូតត្រង់ដើម្បីទទួលកម្រៃ។+ ២៨ ប៉ុន្តែ ពួកអ្នកប្រកាសទំនាយបានបិទបាំងការប្រព្រឹត្តរបស់អ្នកទាំងនោះ ប្រៀបដូចជាគេយកកំបោរសមកបូកពីលើ។ ពួកគេមិនបានទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិតពីខ្ញុំទេ ហើយពួកគេចេះតែទស្សន៍ទាយបោកបញ្ឆោតបណ្ដាជន។+ ពួកគេនិយាយថា៖ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះ» តែតាមការពិតខ្ញុំយេហូវ៉ា ខ្ញុំមិនបានមានប្រសាសន៍តាមរយៈពួកគេទេ។ ២៩ ពួកអ្នកស្រុកនោះបានបោកបញ្ឆោតនិងលួចប្លន់គេ+ ហើយធ្វើបាបជនក្រីក្រនិងអ្នកខ្វះខាត ថែមទាំងបោកប្រាស់ជនបរទេស និងមិនរកយុត្តិធម៌ឲ្យគាត់ទេ›។
៣០ «‹ខ្ញុំខំស្វែងរកមនុស្សម្នាក់ពីចំណោមពួកគេ ឲ្យមកជួសជុលកំពែងបាក់បែក ឬឈរការពារស្រុកនេះនៅចំពោះមុខខ្ញុំត្រង់កន្លែងបាក់បែក ដើម្បីកុំឲ្យស្រុកនេះត្រូវបំផ្លាញ+ តែខ្ញុំរកមិនបានសោះ។ ៣១ ដូច្នេះ ខ្ញុំនឹងបញ្ចេញកំហឹងទៅលើពួកគេ ហើយបំផ្លាញពួកគេឲ្យសាបសូន្យដោយភ្លើងនៃសេចក្ដីក្រោធរបស់ខ្ញុំ។ ខ្ញុំនឹងឲ្យពួកគេទទួលលទ្ធផលពីការប្រព្រឹត្តរបស់ខ្លួន›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
២៣ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! មានស្ត្រីពីរនាក់ជាបងប្អូនបង្កើតពីម្ដាយតែមួយ។+ ៣ ពួកគេបានក្លាយជាស្ត្រីពេស្យាតាំងពីនៅវ័យជំទង់ក្នុងស្រុកអេហ្ស៊ីប។+ អ្នកនៅទីនោះបានច្របាច់និងអង្អែលសុដន់របស់ពួកនាង។ ៤ នាងបងឈ្មោះអូហូឡា* ឯនាងប្អូនឈ្មោះអូហូលីបា។* ពួកនាងបានក្លាយជារបស់ខ្ញុំ ហើយបង្កើតកូនប្រុសកូនស្រីឲ្យខ្ញុំ។ អូហូឡាសំដៅលើក្រុងសាម៉ារី+ និងអូហូលីបាសំដៅលើក្រុងយេរូសាឡិម។
៥ «កាលអូហូឡានៅជារបស់ខ្ញុំនៅឡើយ នាងក៏បានប្រព្រឹត្តអំពើពេស្យាចារ។+ នាងបានត្រេកត្រអាលជាមួយនឹងគូស្នេហ៍នាង+ដែលជាអ្នកជិតខាង ពោលគឺពួកអាស៊ីរី។+ ៦ ពួកគេសុទ្ធតែជាអ្នកគ្រប់គ្រងនិងជាអភិបាល ដែលបំពាក់ដោយក្រណាត់ពណ៌ខៀវ។ ពួកគេមានវ័យក្មេង រូបរាងសង្ហា ហើយពូកែជិះសេះ។ ៧ នាងបន្តប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងពួកអាស៊ីរីដែលមានយសស័ក្ដិ ហើយនាងបានធ្វើឲ្យខ្លួនស្មោកគ្រោក+ជាមួយនឹងរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ។ ៨ នាងមិនបានឈប់ប្រព្រឹត្តអំពើពេស្យាចារដែលនាងធ្លាប់ប្រព្រឹត្តនៅស្រុកអេហ្ស៊ីបទេ។ ព្រោះកាលនៅវ័យជំទង់ គេបានរួមដំណេកជាមួយនឹងនាង ហើយអង្អែលដោះនាង ថែមទាំងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយនឹងនាងទៀតផង។+ ៩ ដូច្នេះ ខ្ញុំបានប្រគល់នាងទៅក្នុងកណ្ដាប់ដៃគូស្នេហ៍នាង គឺពួកអាស៊ីរី+ដែលនាងបានត្រេកត្រអាលជាមួយ។ ១០ ពួកគេបានបើកកេរ្តិ៍ខ្មាសនាង+ ហើយចាប់កូនប្រុសកូនស្រីនាង+ រួចសម្លាប់នាងដោយដាវ។ នាងមានកេរ្តិ៍ឈ្មោះអាក្រក់ក្នុងចំណោមស្ត្រីឯទៀត។ ហេតុនេះ គេបានកាត់ទោសប្រហារជីវិតនាង។
១១ «ពេលអូហូលីបាជាប្អូនបានឃើញដូច្នេះ នាងមានចិត្តត្រេកត្រអាលខ្លាំងជាងបងស្រីនាងទៅទៀត។ អូហូលីបាបានប្រព្រឹត្តអំពើពេស្យាចារលើសបងនាងឆ្ងាយណាស់។+ ១២ នាងបានឈ្លក់វង្វេងទៅតាមពួកអាស៊ីរីដែលជាអ្នកជិតខាងខ្លួន។+ ពួកអ្នកទាំងនោះជាអ្នកគ្រប់គ្រងនិងជាអភិបាល ដែលស្លៀកសម្លៀកបំពាក់ប្រណីតៗ។ ពួកគេមានវ័យក្មេង រូបរាងសង្ហា ថែមទាំងពូកែជិះសេះផង។ ១៣ ពេលនាងធ្វើឲ្យខ្លួនស្មោកគ្រោក ខ្ញុំបានឃើញថាពួកនាងដើរតាមគន្លងតែមួយ។+ ១៤ ប៉ុន្តែ នាងបានប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។ នាងបានមើលរូបចម្លាក់ប្រុសៗដែលគេឆ្លាក់លើជញ្ជាំង ជារូបរបស់ពួកខាល់ដេដែលលាបថ្នាំពណ៌ក្រហម។ ១៥ រូបទាំងនោះមានរូបរាងជាទាហានខ្លាំងពូកែ មានខ្សែក្រវាត់នៅចង្កេះ និងមានឈ្នួតធ្លាក់រំភើយ។ រូបទាំងនោះជាតំណាងពួកបាប៊ីឡូន ដែលកើតនៅក្នុងទឹកដីពួកខាល់ដេ។ ១៦ ពេលនាងឃើញរូបទាំងនោះភ្លាម នាងក៏ឈ្លក់វង្វេងស្រឡាញ់ភ្លែត ហើយបានចាត់ពួកអ្នកនាំសារឲ្យទៅឯពួកខាល់ដេ។+ ១៧ ដូច្នេះ ពួកបាប៊ីឡូនបាននាំគ្នាមកហូរហែដើម្បីរួមដំណេកជាមួយនឹងនាង គឺប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយនាង។ ក្រោយពីនាងបានប្រព្រឹត្តអំពើស្មោកគ្រោកជាមួយនឹងពួកគេហើយ នាងបែរជាជិនណាយនឹងពួកគេទៅវិញ។
១៨ «ពេលឃើញនាងប្រព្រឹត្តអំពើពេស្យាចារជាចំហនិងបើកបង្ហាញកេរ្តិ៍ខ្មាសខ្លួនដូច្នេះ+ ខ្ញុំក៏បែរចេញពីនាងដោយក្ដីស្អប់ខ្ពើម ដូចខ្ញុំបានធ្វើចំពោះបងស្រីនាងដែរ។+ ១៩ ពេលនាងនឹកឃើញគ្រាដែលនាងប្រព្រឹត្តអំពើពេស្យាចារក្នុងវ័យជំទង់នៅស្រុកអេហ្ស៊ីប+ នាងរឹតតែប្រព្រឹត្តអំពើពេស្យាចារកាន់តែខ្លាំងឡើង។+ ២០ នាងឈ្លក់វង្វេងទៅតាមពួកគេដូចជាស្រីកំដរដែលមានតណ្ហាក្រាស់ ដេញតាមពួកបុរសដែលមានប្រដាប់បន្តពូជដូចសត្វលានិងសត្វសេះ។ ២១ នាងចង់ប្រព្រឹត្តអំពើពេស្យាចារជាខ្លាំង ដូចបានប្រព្រឹត្តនៅស្រុកអេហ្ស៊ីប+ កាលដែលគេបានច្របាច់និងអង្អែលសុដន់របស់នាង។+
២២ «ហេតុនេះ ឱអូហូលីបាអើយ! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ ‹មើល! ខ្ញុំនឹងជំរុញចិត្តគូស្នេហ៍ទាំងប៉ុន្មាន+ដែលនាងបានជិនណាយ ឲ្យមកទាស់នឹងនាង គឺខ្ញុំនឹងនាំពួកគេឲ្យមកពីគ្រប់ទិសទី។+ ២៣ ពួកអ្នកទាំងនោះគឺ ពួកខាល់ដេ+ ពួកបាប៊ីឡូន+ ពួកភីកូដ+ ពួកសួអា ពួកកូអា និងពួកអាស៊ីរី។ ពួកគេសុទ្ធតែជាអ្នកគ្រប់គ្រង ជាអភិបាល និងជាទាហានជម្រើសខ្លាំងពូកែ ដែលមានវ័យក្មេង រូបរាងសង្ហា ថែមទាំងពូកែជិះសេះផង។ ២៤ ពួកគេនឹងមកវាយប្រហារនាងដោយមានរទេះចម្បាំងយ៉ាងសន្ធឹកសន្ធាប់ និងទាហានជាច្រើន។ ពួកគេនឹងពាក់មួកសឹក ហើយលើកគ្នាមកឡោមព័ទ្ធនាងទាំងកាន់ខែលតូច*និងខែលធំ។ រួចខ្ញុំនឹងឲ្យសិទ្ធិពួកគេវិនិច្ឆ័យទោសនាង ហើយពួកគេនឹងកាត់ទោសនាងតាមតែចិត្តពួកគេ។+ ២៥ ខ្ញុំនឹងបញ្ចេញកំហឹងទៅលើនាង ហើយពួកគេនឹងធ្វើបាបនាងយ៉ាងសាហាវឃោរឃៅ។ ពួកគេនឹងកាត់ច្រមុះកាត់ត្រចៀកនាង ហើយអ្នកដែលនៅសេសសល់របស់នាងនឹងត្រូវប្រហារដោយដាវ។ រួចពួកគេនឹងចាប់យកកូនប្រុសកូនស្រីនាង ហើយអ្នកណាដែលនៅសល់នឹងទៅជាចំណីភ្លើង។+ ២៦ ពួកគេនឹងដោះយកសម្លៀកបំពាក់នាង+ ហើយក៏រឹបអូសយកគ្រឿងអលង្ការប្រណីតៗរបស់នាងដែរ។+ ២៧ ឯអំពើអាសអាភាសនិងអំពើពេស្យាចារ+ដែលនាងផ្ដើមធ្វើនៅស្រុកអេហ្ស៊ីប+ ខ្ញុំនឹងបំបាត់ចោលឲ្យអស់។ ពេលនោះ នាងនឹងលែងនឹកឃើញស្រុកអេហ្ស៊ីបទៀត ហើយក៏ឈប់មើលពួកគេដែរ›។
២៨ «ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំហៀបនឹងប្រគល់នាងទៅក្នុងកណ្ដាប់ដៃពួកអ្នកដែលនាងស្អប់ខ្ពើមនិងជិនណាយហើយ។+ ២៩ ពួកគេនឹងប្រព្រឹត្តទៅលើនាងដោយចិត្តស្អប់ ហើយរឹបអូសយកអ្វីៗទាំងអស់ដែលនាងខំប្រឹងរក+ រួចទុកនាងចោលឲ្យនៅអាក្រាត។ ពួកគេនឹងលាតត្រដាងអំពើប្រាសចាកសីលធម៌ អំពើអាសអាភាស និងអំពើពេស្យាចាររបស់នាង។+ ៣០ រឿងទាំងអស់នេះនឹងកើតឡើងទៅលើនាង ដោយសារនាងបានដេញតាមប្រជាជាតិនានាដូចជាស្ត្រីពេស្យា+ ហើយដោយសារនាងបានធ្វើឲ្យខ្លួនស្មោកគ្រោកជាមួយនឹងរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ។+ ៣១ នាងបានដើរតាមគន្លងរបស់បងស្រីនាង។+ ដូច្នេះ ខ្ញុំនឹងហុចពែងរបស់បងស្រីនាងឲ្យដល់នាង›។+
៣២ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
‹នាងនឹងផឹកពីពែងរបស់បងស្រីនាង ជាពែងធំហើយជ្រៅ+
និងពេញទៅដោយការមើលងាយ ដូច្នេះមនុស្សនឹងចំអកមើលងាយនាង។+
៣៣ នាងនឹងស្រវឹងជោកជាំ ហើយកើតទុក្ខជាខ្លាំង
ដោយសារតែពែងនៃសេចក្ដីភ័យរន្ធត់ និងការហិនវិនាស
គឺជាពែងរបស់សាម៉ារីជាបងស្រីនាង។
៣៤ នាងត្រូវផឹកពីពែងនោះឲ្យអស់+ ហើយអង្កៀមអំបែងពែងនោះ
រួចហែកដោះខ្លួនទៅ។
«ព្រោះខ្ញុំផ្ទាល់បានចេញវាចាហើយ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត›។
៣៥ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ ‹ដោយសារនាងបានបំភ្លេចខ្ញុំ ហើយមិនអើពើនឹងខ្ញុំសោះ+ នោះនាងនឹងទទួលលទ្ធផលពីអំពើអាសអាភាសនិងអំពើពេស្យាចាររបស់ខ្លួនជាមិនខាន›»។
៣៦ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! តើអ្នកនឹងកាត់ទោសអូហូឡានិងអូហូលីបា+ទេ? តើអ្នកនឹងផ្ដន្ទាទោសពួកនាងចំពោះការប្រព្រឹត្តដ៏គួរស្អប់ខ្ពើមរបស់ពួកនាងឬ? ៣៧ ពួកនាងបានប្រព្រឹត្តអំពើផិតក្បត់*+ ហើយដៃពួកនាងប្រឡាក់ដោយឈាម។ ពួកនាងមិនគ្រាន់តែប្រព្រឹត្តអំពើពេស្យាចារជាមួយនឹងរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមប៉ុណ្ណោះទេ តែពួកនាងថែមទាំងយកកូនប្រុសៗដែលខ្លួនបានបង្កើតឲ្យខ្ញុំ ទៅដុតជាគ្រឿងបូជាជូនដល់រូបព្រះទាំងនោះទៀតផង។+ ៣៨ បន្ថែមទៅទៀត ពួកនាងបានប្រព្រឹត្តមកលើខ្ញុំដូចតទៅ គឺពួកនាងធ្វើឲ្យកន្លែងបរិសុទ្ធរបស់ខ្ញុំលែងបរិសុទ្ធនៅថ្ងៃនោះតែម្ដង ហើយក៏មិនបានកាន់តាមថ្ងៃឈប់សម្រាករបស់ខ្ញុំដែរ។ ៣៩ ក្រោយពីពួកនាងសម្លាប់កូនប្រុសៗខ្លួនដើម្បីជូនជាគ្រឿងបូជាដល់រូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរួច+ នៅថ្ងៃដដែលនោះពួកនាងបានចូលទៅក្នុងទីបរិសុទ្ធរបស់ខ្ញុំ ហើយធ្វើឲ្យទីនោះអាប់ឱន។+ នោះហើយជាអ្វីដែលពួកនាងបានធ្វើនៅក្នុងវិហាររបស់ខ្ញុំ។ ៤០ ពួកនាងថែមទាំងចាត់អ្នកនាំសារឲ្យទៅហៅពួកបុរសដែលនៅកន្លែងឆ្ងាយឲ្យមក។+ ពេលពួកបុរសទាំងនោះកំពុងធ្វើដំណើរមក អូហូលីបាបានលាងសម្អាតខ្លួន ហើយគូសភ្នែក ព្រមទាំងតុបតែងខ្លួនដោយគ្រឿងលម្អ។+ ៤១ រួចនាងអង្គុយលើកៅអីវែងដ៏ប្រណីត+ ដែលមានតុនៅខាងមុខ។+ នៅលើតុនោះ នាងបានដាក់គ្រឿងក្រអូប+និងប្រេងរបស់ខ្ញុំ។+ ៤២ នៅទីនោះ មានឮសូរសំឡេងអ៊ូអែរបស់ពួកប្រុសៗដែលចូលចិត្តតែការសប្បាយ ហើយក្នុងចំណោមនោះក៏មានជនប្រមឹកពីតំបន់ស្ងាត់ជ្រងំដែរ។ ពួកគេបំពាក់កងដៃឲ្យនាងទាំងពីរ ហើយបំពាក់មកុដលើក្បាលពួកនាង។
៤៣ «រួចមក ខ្ញុំនិយាយអំពីស្ត្រីដែលល្វើយដោយសារអំពើផិតក្បត់នោះថា៖ ‹មើល! នាងនឹងប្រព្រឹត្តអំពើពេស្យាចារតទៅទៀត›។ ៤៤ ដូច្នេះ គេចូលទៅឯនាងបន្តបន្ទាប់គ្នា ដូចជាគេចូលទៅរកស្ត្រីពេស្យា។ នេះហើយជារបៀបដែលគេចូលទៅរកអូហូឡានិងអូហូលីបា ជាស្ត្រីដែលប្រព្រឹត្តអំពើអាសអាភាស។ ៤៥ ប៉ុន្តែ ជនសុចរិតនឹងកាត់ទោសនាងយ៉ាងត្រឹមត្រូវចំពោះអំពើផិតក្បត់+និងការបង្ហូរឈាម+ ព្រោះពួកនាងជាស្ត្រីផិតក្បត់ ហើយដៃពួកនាងប្រឡាក់ដោយឈាម។+
៤៦ «ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹កងទ័ពមួយនឹងមកច្បាំងនឹងពួកនាង ហើយធ្វើឲ្យពួកនាងទៅជាកន្លែងដែលប្រជាជាតិនានាភ័យខ្លាច។ ឯទ្រព្យរបស់ពួកនាង នឹងត្រូវគេប្លន់យកអស់គ្មានសល់។+ ៤៧ ទ័ពនោះនឹងគ្រវែងថ្មទៅលើពួកនាង+ ហើយកាប់សម្លាប់ពួកនាងដោយដាវ។ ពួកគេនឹងសម្លាប់កូនប្រុសកូនស្រីរបស់ពួកនាង+ ព្រមទាំងដុតបំផ្លាញផ្ទះទាំងឡាយផងដែរ។+ ៤៨ ខ្ញុំនឹងបំបាត់ចោលអំពើអាសអាភាសរបស់ពួកនាងឲ្យអស់ពីក្នុងស្រុក។ យ៉ាងនេះ ស្ត្រីទាំងឡាយនឹងទាញមេរៀនពីគំរូអាក្រក់របស់ពួកនាង ហើយមិនយកតម្រាប់តាមពួកនាងឡើយ។+ ៤៩ ពួកគេនឹងដាក់ទោសពួកនាងចំពោះអំពើអាសអាភាសនិងអំពើខុសឆ្គងរបស់ពួកនាងជាមួយនឹងរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម។ ពេលនោះ ពួកនាងនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា ជាម្ចាស់ដ៏ឧត្ដមបំផុត›»។+
២៤ នៅថ្ងៃទី១០ ខែទី១០ ក្នុងឆ្នាំទី៩* ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរកត់ថ្ងៃនេះទុក ព្រោះនៅថ្ងៃនេះឯងដែលស្ដេចស្រុកបាប៊ីឡូនចាប់ផ្ដើមវាយប្រហារក្រុងយេរូសាឡិម។+ ៣ ចូររៀបរាប់ការប្រៀបប្រដូចមួយស្ដីអំពីពូជពង្សមនុស្សដែលបះបោរប្រឆាំង ហើយប្រាប់ពួកគេថា៖
«‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
«ចូរបង្កាត់ភ្លើង ហើយដាក់ឆ្នាំងពីលើ រួចចាក់ទឹកចូលក្នុងឆ្នាំងនោះទៅ។+
៤ ចូរដាក់ដុំសាច់ល្អៗចូលទៅក្នុងនោះ+
គឺសាច់ភ្លៅនិងសាច់ស្មា រួចដាក់ឆ្អឹងល្អបំផុតឲ្យពេញ
៥ គឺយកចៀមល្អបំផុតពីហ្វូង។+ ចូរតម្រៀបអុសក្រោមឆ្នាំង
រួចស្ងោរដុំសាច់និងឆ្អឹងទាំងនោះ»›។
៦ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
‹វេទនាហើយ! ក្រុងដែលប្រឡាក់ដោយឈាម+ ដែលប្រៀបដូចជាឆ្នាំងមានច្រែះ។ ច្រែះនោះ គេមិនទាន់ដុសខាត់ចេញទេ។
ចូរយកដុំសាច់ចេញម្ដងមួយៗ+ ហើយកុំចាប់ឆ្នោតដើម្បីបានដុំសាច់នោះឡើយ។
៧ ព្រោះនៅមានឈាមពេញក្រុងនេះ។+ នាងបានចាក់ឈាមនោះទៅលើផ្ទាំងថ្ម។
នាងមិនបានចាក់ទៅលើដី រួចយកដីគ្របលើនោះទេ។+
៨ ដូច្នេះ ខ្ញុំនឹងបញ្ចេញកំហឹងទៅលើនាង ហើយសងសឹកនាងវិញ
ដោយចាក់ឈាមនាងទៅលើផ្ទាំងថ្ម ហើយមិនយកដីលុបឡើយ›។+
៩ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
‹វេទនាហើយ! ក្រុងដែលប្រឡាក់ដោយឈាម+ ព្រោះខ្ញុំនឹងគរអុសឲ្យខ្ពស់។
១០ ចូរគរអុសថែមភ្លើង ហើយស្ងោរសាច់ឲ្យឆ្អិន
រួចចាក់ទឹកចេញ តែទុកឆ្អឹងនៅក្នុងឆ្នាំងឲ្យខ្លោចចុះ។
១១ ចូរទុកឆ្នាំងស្ពាន់ទទេនោះនៅលើភ្លើងឲ្យក្ដៅរហូតដល់ឡើងក្រហម
ដើម្បីឲ្យអ្វីៗដែលមិនស្អាតនិងច្រែះរលាយទៅ។+
១២ ខ្ញុំអស់កម្លាំងនិងធុញថប់ណាស់! ព្រោះច្រែះនោះក្រាស់ ដុសមិនចេញទេ។+
ដូច្នេះ ចូរបោះឆ្នាំងនោះទៅក្នុងភ្លើងទៅ!›។
១៣ «‹នាងមិនស្អាតបរិសុទ្ធ ដោយសារអំពើអាសអាភាសរបស់នាង។+ ខ្ញុំព្យាយាមសម្អាតនាង តែនាងមិនជ្រះស្អាតពីការស្មោកគ្រោកនោះទេ។ នាងនឹងមិនស្អាតបរិសុទ្ធឡើយ ទាល់តែកំហឹងខ្ញុំរសាយទៅ។+ ១៤ ខ្ញុំគឺយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចាហើយ។ នោះនឹងកើតឡើងជាប្រាកដ ព្រោះខ្ញុំនឹងចាត់វិធានការដោយមិនបង្អែបង្អង់ ដោយគ្មានក្ដីអាណិតអាសូរ ឬសោកស្ដាយឡើយ។+ ពួកគេនឹងវិនិច្ឆ័យនាងស្របតាមការប្រព្រឹត្តរបស់នាង›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ១៦ «កូនមនុស្សអើយ! ខ្ញុំនឹងដកជីវិតបុគ្គលជាទីស្រឡាញ់របស់អ្នកភ្លាមមួយរំពេច+ តែអ្នកមិនត្រូវកាន់ទុក្ខ* ឬយំសោកឡើយ។ ១៧ ចូរថ្ងូរក្នុងចិត្ត ហើយកុំធ្វើពិធីកាន់ទុក្ខមនុស្សស្លាប់ឡើយ។+ ចូរចងឈ្នួតរបស់ខ្លួន+ ហើយពាក់ស្បែកជើង។+ អ្នកមិនត្រូវគ្របបាំងពុកមាត់ទេ+ ហើយក៏មិនត្រូវបរិភោគអាហារដែលអ្នកឯទៀតយកមកឲ្យអ្នកដែរ»។+
១៨ ដូច្នេះ នៅពេលព្រឹកខ្ញុំបាននិយាយទៅកាន់បណ្ដាជន ហើយនៅពេលល្ងាចប្រពន្ធខ្ញុំបានស្លាប់។ រួចនៅព្រឹកបន្ទាប់ ខ្ញុំបានធ្វើតាមដូចដែលលោកបានបង្គាប់។ ១៩ បណ្ដាជនបាននិយាយមកខ្ញុំថា៖ «សូមប្រាប់យើងមក តើការទាំងនេះទាក់ទងអ្វីនឹងយើង?»។ ២០ ខ្ញុំក៏តបទៅពួកគេថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ ២១ ‹ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ ‹មើល! ខ្ញុំហៀបនឹងធ្វើឲ្យកន្លែងបរិសុទ្ធរបស់ខ្ញុំអាប់ឱនហើយ+ ជាកន្លែងដែលអ្នករាល់គ្នាមានអំណួតជាខ្លាំង និងជាកន្លែងដែលអ្នករាល់គ្នាស្រឡាញ់ពេញចិត្ត។ ឯកូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកចោល ពួកគេនឹងត្រូវប្រហារដោយដាវ។+ ២២ ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចដែលអេសេគាលបានធ្វើដែរ គឺអ្នករាល់គ្នានឹងមិនគ្របបាំងពុកមាត់ទេ ហើយក៏មិនបរិភោគអាហារដែលអ្នកឯទៀតយកមកឲ្យអ្នករាល់គ្នាដែរ។+ ២៣ អ្នករាល់គ្នានឹងពាក់ឈ្នួតនៅលើក្បាល ហើយពាក់ស្បែកជើង។ អ្នករាល់គ្នានឹងមិនយំកាន់ទុក្ខឬទួញសោកទេ។ ផ្ទុយទៅវិញ អ្នករាល់គ្នានឹងរីងរៃទៅ ដោយអំពើខុសឆ្គងរបស់ខ្លួន+ ហើយអ្នករាល់គ្នានឹងថ្ងូរជាមួយគ្នា។ ២៤ អេសេគាលបានទៅជាសញ្ញាសម្គាល់ដល់អ្នករាល់គ្នា។+ ដូចដែលគាត់បានធ្វើ អ្នករាល់គ្នានឹងធ្វើយ៉ាងនោះដែរ។ ពេលដែលមានសេចក្ដីវេទនានោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត›»›»។
២៥ «កូនមនុស្សអើយ! នៅថ្ងៃដែលខ្ញុំបំផ្លាញទីពំនាក់របស់ពួកគេចោល ជាកន្លែងស្អាតដែលពួកគេស្រឡាញ់ពេញចិត្តនិងមានអំណរ នោះខ្ញុំក៏នឹងបំផ្លាញកូនប្រុសកូនស្រីពួកគេដែរ។+ ២៦ ពេលនោះ បុគ្គលម្នាក់ដែលរត់រួច នឹងនាំដំណឹងមកប្រាប់អ្នក។+ ២៧ នៅថ្ងៃនោះឯង អ្នកនឹងបើកមាត់និយាយទៅកាន់បុគ្គលដែលរត់រួចនោះ ហើយអ្នកនឹងលែងនៅស្ងៀមទៀត។+ អ្នកនឹងទៅជាសញ្ញាសម្គាល់ដល់ពួកគេ ហើយពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»។
២៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរបែរមុខទៅឯពួកអាំម៉ូន+ ហើយប្រកាសទំនាយទាស់នឹងពួកគេទៅ។+ ៣ អ្នកត្រូវប្រាប់ពួកអាំម៉ូនថា៖ ‹ចូរស្ដាប់ពាក្យរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «កាលដែលកន្លែងបរិសុទ្ធរបស់ខ្ញុំបានត្រូវធ្វើឲ្យលែងបរិសុទ្ធ អ្នករាល់គ្នានិយាយថា៖ ‹ឲ្យស្រឡះទៅ!› ហើយកាលដែលស្រុកអ៊ីស្រាអែលបានត្រូវបំផ្លាញខ្ទេចខ្ទី និងកាលដែលពូជពង្សយូដាបានត្រូវនិរទេស អ្នករាល់គ្នាបានពោលថា៖ ‹សមមុខហើយ!›។ ៤ ហេតុនេះ ខ្ញុំនឹងប្រគល់អ្នករាល់គ្នាឲ្យធ្វើជាកម្មសិទ្ធិរបស់ប្រជាជាតិដែលនៅទិសខាងកើត។ ពួកគេនឹងមកបោះជំរំហើយដំឡើងត្រសាលក្នុងទឹកដីអ្នករាល់គ្នា ហើយពួកគេនឹងបរិភោគភោគផល ព្រមទាំងផឹកទឹកដោះពីហ្វូងសត្វរបស់អ្នករាល់គ្នាដែរ។ ៥ ខ្ញុំនឹងធ្វើឲ្យក្រុងរ៉ាបា+ទៅជាវាលស្មៅសម្រាប់ហ្វូងអូដ្ឋ ហើយធ្វើឲ្យទឹកដីពួកអាំម៉ូនទៅជាកន្លែងសម្រាករបស់ហ្វូងចៀម។ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»›»។
៦ «ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ពេលឃើញស្រុកអ៊ីស្រាអែលវិនាស អ្នករាល់គ្នាបានទះដៃអបអរ+ ហើយលោតកញ្ឆេង ព្រមទាំងចំអកមើលងាយពួកគេទៀតផង។+ ៧ ហេតុនេះ ខ្ញុំនឹងលើកដៃទៅទាស់នឹងអ្នករាល់គ្នាដោយឲ្យប្រជាជាតិផ្សេងៗមកប្លន់អ្នករាល់គ្នា។ ខ្ញុំនឹងកាត់អ្នករាល់គ្នាចេញពីចំណោមប្រជាជាតិនានា ហើយបំបាត់អ្នករាល់គ្នាពីស្រុកទាំងឡាយ។+ ខ្ញុំនឹងបំផ្លាញអ្នករាល់គ្នាឲ្យសាបសូន្យទៅ នោះអ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។
៨ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ពួកម៉ូអាប់+និងពួកអ្នកស្រុកសៀ+បាននិយាយថា៖ «មើលចុះ! រាជាណាចក្រយូដាក៏មិនខុសពីរាជាណាចក្រឯទៀតដែរ!»។ ៩ ដូច្នេះ ខ្ញុំនឹងបើកឲ្យពួកសត្រូវមកវាយលុកក្រុងនានារបស់ស្រុកម៉ូអាប់ នៅតាមជម្រាលភ្នំជាប់ព្រំប្រទល់ ចាប់ពីក្រុងបេតយេស៊ីម៉ូត ក្រុងបាលមេអន រហូតដល់ក្រុងគារីអាតថេម គឺក្រុងទាំងប៉ុន្មានដែលធ្វើឲ្យស្រុកម៉ូអាប់មានទេសភាពស្រស់ស្អាត។+ ១០ ខ្ញុំនឹងប្រគល់ស្រុកនោះនិងស្រុកអាំម៉ូនឲ្យធ្វើជាកម្មសិទ្ធិរបស់ប្រជាជាតិដែលនៅទិសខាងកើត។+ យ៉ាងនោះ គេនឹងមិននឹកចាំថាធ្លាប់មានជនជាតិអាំម៉ូនក្នុងចំណោមប្រជាជាតិទាំងឡាយទេ។+ ១១ ខ្ញុំនឹងកាត់ទោសពួកម៉ូអាប់+ ហើយពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។
១២ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ពួកអេដំបានប្រព្រឹត្តទៅលើពូជពង្សយូដាដោយគំនុំ ហើយបានសងសឹកនឹងពួកគេ។ ដូច្នេះ ពួកអេដំនឹងទទួលទោសយ៉ាងធ្ងន់។+ ១៣ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ខ្ញុំនឹងលើកដៃទៅទាស់នឹងស្រុកអេដំ ហើយប្រហារទាំងមនុស្សទាំងសត្វក្នុងស្រុកនោះ។ រួចខ្ញុំនឹងធ្វើឲ្យស្រុកនោះទៅជាកន្លែងស្ងាត់ជ្រងំ។+ ឯអ្នកនៅតំបន់ថេម៉ានរហូតដល់តំបន់ដេដាន់ ពួកគេនឹងត្រូវប្រហារដោយដាវ។+ ១៤ ‹ខ្ញុំនឹងសងសឹកពួកអេដំដោយដៃរបស់ពួកអ៊ីស្រាអែលជារាស្ត្រខ្ញុំ។+ ពួកគេនឹងបញ្ចេញកំហឹងជំនួសខ្ញុំទៅលើពួកអេដំ ដើម្បីឲ្យពួកអេដំស្គាល់រសជាតិនៃការសងសឹករបស់ខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»›។
១៥ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ដោយសារពួកភីលីស្ទីនបានស្អប់ពួកអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំយ៉ាងខ្លាំង នោះពួកគេបានប៉ុនប៉ងសងសឹកនិងប៉ុនប៉ងបំផ្លាញរាស្ត្ររបស់ខ្ញុំ។+ ១៦ ហេតុនេះ ខ្ញុំយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «មើល! ខ្ញុំនឹងលើកដៃទៅទាស់នឹងពួកភីលីស្ទីន+ ហើយបំផ្លាញពួកកេរ៉ែត+ ថែមទាំងកម្ទេចពួកអ្នកដែលនៅសេសសល់ ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រទៀតផង។+ ១៧ ខ្ញុំនឹងកាត់ទោសពួកគេដោយកំហឹង ហើយប្រហារពួកគេដោយសេចក្ដីក្រោធ។ ពេលខ្ញុំសងសឹកពួកគេ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»›»។
២៦ នៅថ្ងៃទី១ដើមខែ ក្នុងឆ្នាំទី១១* ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ ២ «កូនមនុស្សអើយ! ក្រុងទីរ៉ុសបាននិយាយទាស់នឹងក្រុងយេរូសាឡិមថា៖+ ‹ជយោ! ក្រុងដែលទាក់ទាញប្រជាជាតិនានាបានរលំហើយ!+ ដូច្នេះ អ្វីៗទាំងអស់នឹងបានមកខ្ញុំ រួចខ្ញុំនឹងក្លាយទៅជាអ្នកមាន ព្រោះនាងបានត្រូវបំផ្លាញខ្ទេចខ្ទីហើយ!›។ ៣ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! ឱក្រុងទីរ៉ុសអើយ! ខ្ញុំនឹងនាំប្រជាជាតិនានាមកទាស់នឹងអ្នក ដូចជារលកសមុទ្របក់បោក។ ៤ ពួកគេនឹងកម្ទេចកំពែងក្រុងទីរ៉ុសនិងប៉មទាំងប៉ុន្មាន+ ហើយខ្ញុំនឹងយកដីចេញ រួចធ្វើឲ្យក្រុងនោះនៅសល់តែដុំថ្មរលោងប៉ុណ្ណោះ។ ៥ ក្រុងនោះនឹងទៅជាកន្លែងហាលអួននៅកណ្ដាលសមុទ្រ›។+
«‹ព្រោះខ្ញុំផ្ទាល់បានចេញវាចាហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ‹ប្រជាជាតិនានានឹងទៅប្លន់ក្រុងនោះ។ ៦ ឯអ្នកភូមិ*ដែលនៅលើដីគោកក្បែរក្រុងនោះ នឹងត្រូវគេសម្លាប់ដោយដាវ។ ពេលនោះ ប្រជាជាតិនានានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។
៧ «ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំនឹងនាំនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន ដែលជាស្ដេចលើអស់ទាំងស្ដេច+ ឲ្យមកទាស់នឹងក្រុងទីរ៉ុស។ គាត់នឹងមកពីទិសខាងជើង+ ដោយមានទ័ពសេះ+ ទ័ពរទេះចម្បាំង+ និងទាហានយ៉ាងច្រើន។ ៨ គាត់នឹងកម្ទេចភូមិនានាដែលនៅក្បែរអ្នក។ គាត់នឹងដំឡើងបង្គោលដើម្បីឡោមព័ទ្ធ ហើយលើកដីដើម្បីវាយលុក ព្រមទាំងដាក់របាំងដ៏ធំដើម្បីការពារ។ ៩ គាត់នឹងប្រើគ្រឿងយន្តបុកទម្លាយកំពែងអ្នក ហើយគាត់នឹងផ្ដួលរំលំប៉មនានាដោយពូថៅ។* ១០ សេះគាត់មានច្រើនដល់ម្ល៉េះបានជាធ្វើឲ្យដីហុយទ្រលោមគ្របលើអ្នក។ ពេលគាត់ចូលខ្លោងទ្វារក្រុងរបស់អ្នក សូរសន្ធឹកទាហានសេះ និងរទេះចម្បាំង ធ្វើឲ្យកំពែងក្រុងអ្នកញ័ររញ្ជួយ ដូចជាពេលគេសម្រុកចូលក្រុងដែលមានកំពែងបាក់បែក។ ១១ សេះរបស់គាត់នឹងផាយនៅលើផ្លូវនានា+ ហើយគាត់នឹងសម្លាប់បណ្ដាជនដោយដាវ។ សូម្បីតែបង្គោលថ្មមាំៗ ក៏គាត់បំបាក់បំបែកអស់ដែរ។ ១២ ពួកគេនឹងរឹបអូសយកទ្រព្យសម្បត្តិ ហើយប្លន់យកទំនិញទាំងប៉ុន្មានរបស់អ្នក+ និងរំលំកំពែងក្រុង ព្រមទាំងបំផ្លាញផ្ទះស្អាតៗរបស់អ្នកទៀតផង។ បន្ទាប់មក ពួកគេយកថ្ម ឈើ និងដីរបស់អ្នក ទៅបោះនៅក្នុងទឹក›។
១៣ «‹ខ្ញុំនឹងធ្វើឲ្យសំឡេងច្រៀងនិងសំឡេងពិណដែលនៅក្នុងអ្នកលែងមានទៀត។+ ១៤ ខ្ញុំនឹងធ្វើឲ្យអ្នកនៅសល់តែដុំថ្មរលោងៗប៉ុណ្ណោះ ហើយអ្នកនឹងទៅជាកន្លែងហាលអួន។+ អ្នកនឹងមិនត្រូវសង់ឡើងវិញឡើយ ព្រោះខ្ញុំគឺយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចាហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
១៥ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅក្រុងទីរ៉ុសថា៖ ‹ពេលឮសំឡេងអ្នកដួលរលំ គឺពេលពួកអ្នកដែលហៀបនឹងស្លាប់ស្រែកថ្ងូរ និងពេលមានការកាប់សម្លាប់ក្នុងចំណោមអ្នក តើបណ្ដាកោះនឹងមិនភ័យរន្ធត់ទេឬ?+ ១៦ ពួកអ្នកគ្រប់គ្រង*ទាំងអស់នៅសមុទ្រ នឹងចុះពីបល្ល័ង្កខ្លួន ហើយដោះអាវវែងនិងអាវប៉ាក់របស់ខ្លួនចេញ ហើយពួកគេភ័យរន្ធត់។ ពួកគេនឹងអង្គុយនៅលើដី ហើយភ័យញាប់ញ័រ រួចមើលមកអ្នកដោយនឹកហួសចិត្ត។+ ១៧ ពួកគេនឹងច្រៀងបទទំនួញ+អំពីអ្នក ហើយនិយាយមកកាន់អ្នកថា៖
«ឱក្រុងដ៏ល្បីល្បាញអើយ! អ្នកហើយជាទីអាស្រ័យរបស់ពួកអ្នកដែលមកពីសមុទ្រ។ មិនគួរណាអ្នកត្រូវវិនាសទៅបែបនេះសោះ!+
អ្នកនិងពួកអ្នកជ្រកកោនក្នុងអ្នក ខ្លាំងក្លាណាស់នៅសមុទ្រ+
ថែមទាំងបានធ្វើឲ្យប្រជាជាតិនៅផែនដីភ័យតក់ស្លុតទៀតផង។
១៨ នៅថ្ងៃដែលអ្នកដួលរលំ បណ្ដាកោះនឹងភ័យរន្ធត់
នៅពេលអ្នកសាបសូន្យទៅ បណ្ដាកោះនៅសមុទ្រនឹងថប់បារម្ភ»›។+
១៩ «ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ពេលដែលខ្ញុំធ្វើឲ្យអ្នកវិនាសដូចបណ្ដាក្រុងដែលគ្មានមនុស្សរស់នៅ និងពេលដែលខ្ញុំបំផ្លាញអ្នកដោយធ្វើឲ្យទឹកកញ្ជ្រោលបក់បោកយ៉ាងខ្លាំងមកគ្របសង្កត់លើអ្នក+ ២០ នោះខ្ញុំនឹងទម្លាក់អ្នកទៅក្នុងរណ្ដៅ* ជាមួយនឹងពួកអ្នកដែលធ្លាក់ទៅមុនអ្នក ដូចខ្ញុំទម្លាក់អ្នកឯទៀតដែរ។ ខ្ញុំនឹងឲ្យអ្នករស់នៅកន្លែងទាបបំផុត ដូចកន្លែងបុរាណដែលគេបានបំផ្លាញខ្ទេចខ្ទី។ ខ្ញុំនឹងឲ្យអ្នកនៅជាមួយនឹងពួកអ្នកដែលធ្លាក់ទៅក្នុងរណ្ដៅ+ ដើម្បីកុំឲ្យអ្នកណាអាស្រ័យនៅក្នុងអ្នកតទៅទៀត។ បន្ទាប់មក ខ្ញុំនឹងលើកតម្កើង*ស្រុករបស់មនុស្សរស់វិញ។
២១ «‹ខ្ញុំនឹងធ្វើឲ្យអ្នកភ័យរន្ធត់ ហើយអ្នកនឹងលែងមានទៀត។+ គេនឹងស្វែងរកអ្នក តែរកមិនឃើញឡើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
២៧ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរច្រៀងបទទំនួញអំពីក្រុងទីរ៉ុស+ ៣ ហើយពោលទៅក្រុងនោះថា៖
‹អ្នកហើយដែលរស់នៅឯច្រកចូលនៃសមុទ្រ
អ្នកបានជួញដូរជាមួយនឹងមនុស្សនៅលើកោះជាច្រើន
ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
«ឱក្រុងទីរ៉ុសអើយ! អ្នកបានអួតខ្លួនថា៖ ‹ខ្ញុំមានសម្រស់ល្អឥតខ្ចោះ›។+
៤ តំបន់របស់អ្នកនៅកណ្ដាលសមុទ្រ
ហើយពួកជាងបានសង់អ្នកយ៉ាងល្អប្រណីត។
៥ គេយកដើមយូនីពើពីតំបន់សេនៀ+ មកធ្វើជាបន្ទះក្ដារ
ហើយគេយកដើមស៊ីដារពីតំបន់ភ្នំលីបង់ មកធ្វើជាដងក្ដោងឲ្យអ្នក។
៦ គេបានយកដើមអូកពីតំបន់បាសាន មកធ្វើជាច្រវា
ហើយយកដើមស្រល់ មកធ្វើជាក្បាលសំពៅ រួចយកភ្លុកពីបណ្ដាកោះគីទីមមកស្រោបពីលើ។+
៧ គេយកក្រណាត់សាច់ល្អមានពណ៌ចម្រុះពីស្រុកអេហ្ស៊ីប មកធ្វើជាស្លាបក្ដោង
ហើយគេយកអំបោះពណ៌ខៀវនិងក្រណាត់ពីរោមចៀមជ្រលក់ពណ៌ស្វាយពីបណ្ដាកោះនៅអេលីសា មកធ្វើជាដំបូល។+
៨ រីឯអ្នកចែវ ពួកគេមកពីក្រុងស៊ីដូននិងកោះអាវ៉ាដ។+
ឱទីរ៉ុសអើយ! ពួកបុរសដែលមានជំនាញរបស់អ្នក ជាអ្នកធ្វើការលើសំពៅ។+
៩ ពួកបុរសពីក្រុងកេបាល+ដែលមានបទពិសោធន៍និងមានជំនាញជាអ្នកបិទជ័រសំពៅ។+
សំពៅទាំងឡាយនៅសមុទ្រនិងអ្នកដើរសំពៅ បានចូលមកឯអ្នកដើម្បីលក់ដូរទំនិញ។
១០ ឯពួកបុរសដែលជាជនជាតិពើស៊ី ជនជាតិលូត និងជនជាតិផឹត+ពួកគេបម្រើក្នុងកងទ័ពរបស់អ្នក។
ពួកគេព្យួរខែលនិងមួកចម្បាំងនៅក្នុងអ្នក ហើយនាំឲ្យអ្នកមានភាពរុងរឿង។
១១ ពួកបុរសពីកោះអាវ៉ាដ បម្រើក្នុងកងទ័ពអ្នក ហើយពួកគេឈរយាមនៅលើកំពែងជុំវិញ
ពួកបុរសអង់អាច ឈរយាមល្បាតនៅលើប៉មទាំងឡាយ។
ពួកគេព្យួរខែលមូលនៅជុំវិញកំពែងក្រុង
ដែលធ្វើឲ្យអ្នកស្រស់ស្អាតល្អឥតខ្ចោះ។
១២ «‹«ដោយសារអ្នកមានធនធានជាច្រើន+ អ្នកស្រុកតើស៊ីស+បានមកធ្វើជំនួញជាមួយនឹងអ្នក។ ពួកគេបានយកប្រាក់ ដែក ទង់ដែង និងសំណ មកប្ដូរនឹងទំនិញរបស់អ្នក។+ ១៣ ពួកអ្នកនៅតំបន់យ៉ាវ៉ាន ទូបាល+ និងមេសេក+ បានមកជួញដូរជាមួយនឹងអ្នក។ ពួកគេយកខ្ញុំបម្រើនិងប្រដាប់ប្រដាដែលធ្វើពីស្ពាន់ មកប្ដូរនឹងទំនិញរបស់អ្នក។+ ១៤ ឯពូជពង្សថូកាម៉ាវិញ+ ពួកគេក៏បានយកហ្វូងសេះ ហ្វូងសេះចម្បាំង និងហ្វូងលា មកប្ដូរនឹងទំនិញរបស់អ្នកដែរ។ ១៥ ពួកអ្នកនៅតំបន់ដេដាន់+ បានមកធ្វើជំនួញជាមួយនឹងអ្នក។ ពួកឈ្មួញនៅកោះជាច្រើនបានធ្វើការឲ្យអ្នក ពួកគេបានយកភ្លុក+និងឈើប្រណីតពណ៌ខ្មៅ មកជូនជាអំណោយដល់អ្នក។ ១៦ ពួកអេដំក៏បានធ្វើជំនួញជាមួយនឹងអ្នកដែរ ព្រោះអ្នកមានផលិតផលជាច្រើន។ ពួកគេបានយកថ្មកែវពណ៌ខៀវ ក្រណាត់ធ្វើពីរោមចៀមជ្រលក់ពណ៌ស្វាយ និងក្រណាត់ប៉ាក់ពណ៌ចម្រុះ ក្រណាត់ប្រណីតៗ ផ្កាថ្ម និងត្បូងទទឹម មកប្ដូរនឹងទំនិញរបស់អ្នក។
១៧ «‹«ពួកយូដានិងអ្នកស្រុកអ៊ីស្រាអែល បានធ្វើជំនួញជាមួយនឹងអ្នក ដោយយកស្រូវសាលីពីក្រុងមីនីត+ អាហារល្អៗ ទឹកឃ្មុំ+ ប្រេង+ និងប្រេងបាលសាម មកប្ដូរនឹងទំនិញរបស់អ្នក។+
១៨ «‹«ពួកអ្នកក្រុងដាម៉ាស់+បានធ្វើជំនួញជាមួយនឹងអ្នក ព្រោះអ្នកមានផលិតផលជាច្រើននិងធនធានជាបរិបូរ។ ពួកគេបានយកស្រាទំពាំងបាយជូរពីក្រុងហេលបូន និងរោមចៀមពីតំបន់សេហា មកប្ដូរនឹងទំនិញរបស់អ្នក។ ១៩ ពួកវេដាន់និងពួកយ៉ាវ៉ានដែលមកពីតំបន់យូសាល់ បានយកដែកស្មិត ឈើខេហ្សា* និងឈើក្រអូប មកប្ដូរនឹងទំនិញរបស់អ្នក។ ២០ ពួកដេដាន់+បានធ្វើជំនួញជាមួយនឹងអ្នក ដោយយកកែប*សម្រាប់ដាក់លើខ្នងសត្វ មកប្ដូរនឹងទំនិញរបស់អ្នក។ ២១ អ្នកបានជួលជនជាតិអារ៉ាប់និងពួកមេដឹកនាំទាំងអស់ពីស្រុកកេដា+ ដែលជាឈ្មួញលក់កូនចៀម ចៀមឈ្មោល និងពពែ។+ ២២ ពួកឈ្មួញពីស្រុកសេបានិងក្រុងរ៉ាអាម៉ា+ បានធ្វើជំនួញជាមួយនឹងអ្នក។ ពួកគេបានយកគ្រឿងក្រអូបល្អបំផុតគ្រប់ប្រភេទ និងមាស ព្រមទាំងត្បូងមានតម្លៃ មកប្ដូរនឹងទំនិញរបស់អ្នក។+ ២៣ ពួកហារ៉ាន+ ពួកកាននេ និងពួកអេដែន+ ព្រមទាំងឈ្មួញពីតំបន់សេបា+ អាសស៊ើរ+ និងគីលម៉ាត ក៏មកធ្វើជំនួញជាមួយនឹងអ្នកដែរ។ ២៤ នៅទីផ្សាររបស់អ្នក គេលក់ដូរសម្លៀកបំពាក់ស្អាតៗ ក្រណាត់ពណ៌ខៀវសម្រាប់គ្របខាងក្រៅនិងមានប៉ាក់ពណ៌ចម្រុះ ព្រមទាំងកម្រាលព្រំពណ៌ផ្សេងៗ។ អ្វីៗទាំងនោះបានត្រូវចងដោយខ្សែយ៉ាងមាំ។
២៥ ក្រុមសំពៅតើស៊ីស+បានដឹកជញ្ជូនទំនិញរបស់អ្នក។
យ៉ាងនេះ អ្នកមានទ្រព្យសម្បត្តិច្រើនលើសលប់*នៅកណ្ដាលសមុទ្រ។
២៦ ពួកអ្នកចែវបាននាំយកអ្នកទៅឯសមុទ្រធំល្វឹងល្វើយ
ហើយខ្យល់ពីទិសខាងកើតបានបក់បោកមកកម្ទេចអ្នកនៅកណ្ដាលសមុទ្រ។
២៧ ពេលនោះ ទាំងធនធាន ទាំងផលិតផល និងទំនិញរបស់អ្នកព្រមទាំងពួកអ្នកដើរសមុទ្រនិងពួកអ្នកធ្វើការលើសំពៅ
ថែមទាំងពួកអ្នកបិទជ័រសំពៅ និងអស់អ្នកដែលធ្វើជំនួញជាមួយនឹងអ្នក+និងពួកទាហាន+
ពោលគឺអ្វីៗទាំងអស់ដែលនៅក្នុងអ្នក
នឹងលិចលង់នៅកណ្ដាលសមុទ្រក្នុងថ្ងៃវិនាសរបស់អ្នក។+
២៨ ពេលពួកអ្នកធ្វើការលើសំពៅស្រែកឡើង តំបន់ឆ្នេរសមុទ្រទាំងប៉ុន្មាននឹងភ័យញាប់ញ័រ។
២៩ ចំណែកពួកអ្នកចែវ ពួកអ្នកដើរសមុទ្រ និងកម្មករសំពៅ
ពួកគេនឹងចុះពីសំពៅរបស់ខ្លួន មកឈរនៅលើដីគោក។
៣០ ពួកគេនឹងបន្លឺសំឡេងឡើង ហើយយំស្ដាយអ្នកយ៉ាងខ្លាំង+
ដំណាលគ្នានោះ ពួកគេបាចធូលីដីលើក្បាល ហើយដេកននៀលក្នុងផេះ។
៣១ ពួកគេនឹងកោរសក់ ហើយស្លៀកបាវ
ថែមទាំងយំសោកស្រណោះអ្នកយ៉ាងជូរចត់ទៀតផង។
៣២ កាលដែលពួកគេទួញយំ ពួកគេច្រៀងបទទំនួញអំពីអ្នកថា៖
‹តើមានអ្នកណាដូចទីរ៉ុស ដែលលិចលង់ទៅក្នុងសមុទ្របែបនេះ?+
៣៣ កាលដែលអ្នកដឹកជញ្ជូនទំនិញតាមសមុទ្រ អ្នកបានធ្វើឲ្យមនុស្សជាច្រើនសប្បាយរីករាយ+
ហើយដោយសារធនធាននិងផលិតផលជាច្រើនរបស់អ្នកបណ្ដាស្ដេចនៅផែនដីបានក្លាយទៅជាអ្នកមាន។+
៣៤ ប៉ុន្តែ ឥឡូវអ្នកបានត្រូវបំបាក់បំបែកដោយរលកសមុទ្រហើយលិចទៅក្នុងទឹកជ្រៅ។+
ឯទំនិញនិងបណ្ដាជនទាំងអស់របស់អ្នក ក៏បានលិចទៅជាមួយនឹងអ្នកដែរ។+
៣៥ មនុស្សទាំងឡាយដែលរស់នៅតាមកោះ នឹងសម្លឹងមើលអ្នកដោយនឹកស្មានមិនដល់+
ហើយបណ្ដាស្ដេចរបស់ពួកគេនឹងភ័យរន្ធត់+ ទាំងមានទឹកមុខស្លេកស្លាំង។
៣៦ ពួកឈ្មួញដែលមកពីប្រជាជាតិនានា នឹកហួសចិត្តចំពោះអ្វីដែលបានកើតឡើងដល់អ្នក។
ថ្ងៃអវសានរបស់អ្នកនឹងមកភ្លាមមួយរំពេច គួរឲ្យតក់ស្លុតជាខ្លាំង
រួចអ្នកនឹងវិនាសសាបសូន្យទៅជារៀងរហូត›»›»។+
២៨ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរប្រាប់មេដឹកនាំក្រុងទីរ៉ុសថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖
«ដោយសារអ្នកមានចិត្តក្រអឺតក្រអោង+ ហើយចេះតែនិយាយថា៖ ‹ខ្ញុំជាព្រះ
ខ្ញុំអង្គុយលើបល្ល័ង្ករបស់ព្រះ នៅកណ្ដាលសមុទ្រ›។+
ប៉ុន្តែ អ្នកគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ
ទោះជាអ្នកគិតក្នុងចិត្តថាខ្លួនអ្នកជាព្រះក៏ដោយ។
៣ មើល! អ្នកមានប្រាជ្ញាជាងដានីយ៉ែលទៅទៀត+
ហើយគ្មានរឿងអាថ៌កំបាំងណាដែលអ្នកមិនដឹងឡើយ។
៤ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដោយសារប្រាជ្ញានិងការយល់ដឹងរបស់ខ្លួន
ហើយអ្នកតែងប្រមូលមាសប្រាក់ទុកក្នុងឃ្លាំង។+
៥ ដោយសារអ្នកពូកែធ្វើជំនួញ អ្នកបានទៅជាអ្នកមានដ៏លើសលប់+
ហើយដោយសារទ្រព្យសម្បត្តិនោះ អ្នកកាន់តែមានអំណួត»›។
៦ «‹ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
«ដោយសារអ្នកគិតក្នុងចិត្តថាខ្លួនជាព្រះ
៧ នោះខ្ញុំនឹងនាំជនជាតិដទៃឲ្យមកទាស់នឹងអ្នក គឺជាប្រជាជាតិដែលគ្មានមេត្តា+
ពួកគេនឹងដកដាវមកបំផ្លាញអ្វីៗដ៏ស្រស់ស្អាតដែលមកពីប្រាជ្ញារបស់អ្នក
ហើយធ្វើឲ្យភាពរុងរឿងរបស់អ្នកអាប់ឱនទៅ។+
៨ ពួកគេនឹងទម្លាក់អ្នកទៅក្នុងរណ្ដៅ*
ហើយចាក់សម្លាប់អ្នកយ៉ាងសាហាវឃោរឃៅ នៅកណ្ដាលសមុទ្រធំធេង។+
៩ តើអ្នកនៅតែនិយាយថា‹ខ្ញុំជាព្រះ› ទៅកាន់បុគ្គលដែលសម្លាប់អ្នកឬ?
អ្នកមិនមែនជាព្រះទេ អ្នកគ្រាន់តែជាមនុស្សធម្មតានៅក្នុងកណ្ដាប់ដៃពួកអ្នកដែលធ្វើឲ្យអ្នកអាប់ឱនប៉ុណ្ណោះ»›។
១០ ‹អ្នកនឹងស្លាប់ក្នុងដៃជនជាតិដទៃ ដូចជាជនដែលមិនបានកាត់ចុងស្បែក
ព្រោះខ្ញុំផ្ទាល់បានចេញវាចាហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១១ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ១២ «កូនមនុស្សអើយ! ចូរច្រៀងបទទំនួញអំពីស្ដេចក្រុងទីរ៉ុស ហើយពោលទៅគាត់ថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
«អ្នកធ្លាប់ជាគំរូនៃភាពល្អឥតខ្ចោះ
១៣ អ្នកធ្លាប់នៅក្នុងសួនអេដែន ជាសួនរបស់ព្រះ។
អ្នកបានត្រូវតុបតែងលម្អដោយត្បូងមានតម្លៃគ្រប់ប្រភេទ
គឺត្បូងទទឹម ត្បូងថូផាស ត្បូងយ៉ាស្បា ត្បូងគ្រីសូឡែត ត្បូងអូនីក្សត្បូងកណ្ដៀង ត្បូងមរកត ថ្មកែវពណ៌ខៀវ+ និងថ្លើមថ្ម
ហើយត្បូងទាំងនោះបានដាំនៅលើគ្រោងមាស។
អ្វីៗទាំងនោះបានត្រូវរៀបចំទុកឲ្យអ្នក នៅថ្ងៃដែលអ្នកបានត្រូវបង្កើតមក។
១៤ ខ្ញុំបានតែងតាំងអ្នកជាចេរូប៊ីនដែលមានតួនាទីជាអ្នកការពារ។
អ្នកនៅលើភ្នំបរិសុទ្ធរបស់ព្រះ+ ហើយអ្នកបានដើរទៅមកក្បែរថ្មភ្លើងភ្លឺផ្លេក។
១៥ តាំងពីថ្ងៃដែលអ្នកបានត្រូវបង្កើត គ្រប់ការប្រព្រឹត្តរបស់អ្នកគ្មានខុសទាស់កន្លែងណាទេ
រហូតដល់ពេលអ្នកចាប់ផ្ដើមប្រព្រឹត្តមិនសុចរិត។+
១៦ ដោយសារអ្នកមានមុខជំនួញជាច្រើនក្រៃលែង+
នោះអ្នកបានទៅជាឃោរឃៅ ហើយចាប់ផ្ដើមធ្វើអំពើខុសឆ្គង។+
ដូច្នេះ ឱចេរូប៊ីនដែលមានតួនាទីជាអ្នកការពារអើយ! ខ្ញុំនឹងដកអ្នកចេញឆ្ងាយពីថ្មភ្លើងភ្លឺផ្លេក
ខ្ញុំនឹងបោះអ្នកចោលដូចជាអ្វីដែលមិនស្អាតបរិសុទ្ធ ចេញពីភ្នំរបស់ព្រះ រួចខ្ញុំនឹងបំផ្លាញអ្នក។+
១៧ អ្នកចាប់ផ្ដើមមានចិត្តក្រអឺតក្រទម ដោយសារតែរូបសម្ផស្សរបស់ខ្លួន។+
អ្នកបានធ្វើឲ្យប្រាជ្ញាខ្លួនខូចបង់ទៅ ព្រោះតែភាពរុងរឿងដ៏អស្ចារ្យរបស់អ្នក។+
ខ្ញុំនឹងបោះអ្នកទៅដី+
ហើយឲ្យបណ្ដាស្ដេចសម្លឹងមើលអ្វីដែលបានកើតឡើងចំពោះអ្នក។
១៨ ដោយសារកំហុសឆ្គងដ៏ធំនិងការជួញដូរមិនទៀងត្រង់របស់អ្នកនោះអ្នកបានធ្វើឲ្យកន្លែងបរិសុទ្ធរបស់ខ្លួនអាប់ឱន។
ខ្ញុំនឹងបណ្ដាលឲ្យមានភ្លើងនៅកណ្ដាលអ្នក ហើយវានឹងឆាបឆេះអ្នក។+
ខ្ញុំនឹងបំផ្លាញអ្នកឲ្យទៅជាផេះនៅដី នៅខាងមុខពួកអ្នកដែលសម្លឹងមើលអ្នក។
១៩ ប្រជាជាតិនានាដែលស្គាល់អ្នក នឹងសម្លឹងមើលអ្នកដោយនឹកអស្ចារ្យក្នុងចិត្ត។+
ថ្ងៃអវសានរបស់អ្នកនឹងមកភ្លាមមួយរំពេច គួរឲ្យតក់ស្លុតជាខ្លាំង
រួចអ្នកនឹងវិនាសសាបសូន្យទៅជារៀងរហូត»›»។+
២០ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២១ «កូនមនុស្សអើយ! ចូរបែរមុខទៅក្រុងស៊ីដូន+ ហើយប្រកាសទំនាយទាស់នឹងនាងទៅ។ ២២ អ្នកត្រូវនិយាយថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
«ឱក្រុងស៊ីដូនអើយ! ខ្ញុំទាស់នឹងនាងហើយ ហើយខ្ញុំនឹងត្រូវលើកតម្កើងនៅកណ្ដាលនាង។
មនុស្សទាំងឡាយនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាពេលដែលខ្ញុំកាត់ទោសនាង ហើយខ្ញុំត្រូវញែកជាបរិសុទ្ធនៅក្នុងនាង។
២៣ ខ្ញុំនឹងបណ្ដាលឲ្យមានរោគរាតត្បាតនៅក្នុងនាង ហើយនឹងមានការបង្ហូរឈាមនៅតាមផ្លូវ។
ពេលពួកសត្រូវពីគ្រប់ទិសទី កាន់ដាវមកវាយប្រហារនាង ពួកគេនឹងសម្លាប់មនុស្សជាច្រើន។
ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។+
២៤ «‹«បន្ទាប់មក ពូជពង្សអ៊ីស្រាអែលនឹងលែងត្រូវឡោមព័ទ្ធដោយប្រជាជាតិនានាដែលចាំតែមាក់ងាយពួកគេដូចជាបន្លាមុតស្រួចទៀតហើយ។+ ពេលនោះ មនុស្សនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»›។
២៥ «‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ពេលខ្ញុំប្រមូលពូជពង្សអ៊ីស្រាអែល ចេញពីចំណោមប្រជាជាតិនានាដែលពួកគេបានខ្ចាត់ខ្ចាយទៅនោះ+ ខ្ញុំនឹងត្រូវញែកជាបរិសុទ្ធតាមរយៈពួកគេនៅចំពោះមុខប្រជាជាតិទាំងឡាយ។+ ពួកគេនឹងរស់នៅក្នុងស្រុករបស់ខ្លួនវិញ+ ជាស្រុកដែលខ្ញុំបានប្រគល់ឲ្យដល់យ៉ាកុបជាអ្នកបម្រើខ្ញុំ។+ ២៦ ពួកគេនឹងអាស្រ័យនៅក្នុងស្រុកនោះដោយសុវត្ថិភាព+ ហើយសង់ផ្ទះ និងដាំចម្ការទំពាំងបាយជូរ។+ ពួកគេនឹងរស់នៅដោយសុខសាន្ត ពេលខ្ញុំកាត់ទោសប្រជាជាតិនៅជុំវិញដែលមាក់ងាយពួកគេ។+ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាព្រះរបស់ពួកគេ»›»។
២៩ នៅថ្ងៃទី១២ ខែទី១០ ក្នុងឆ្នាំទី១០* ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ ២ «កូនមនុស្សអើយ! ចូរបែរមុខតម្រង់ទៅស្រុកអេហ្ស៊ីប ហើយប្រកាសទំនាយទាស់នឹងផារ៉ូជាស្ដេច ព្រមទាំងទាស់នឹងស្រុកនោះទាំងមូល។+ ៣ ចូរនិយាយដូចតទៅ៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
«ឱផារ៉ូស្ដេចស្រុកអេហ្ស៊ីបអើយ! ខ្ញុំទាស់នឹងអ្នកហើយ។+
អ្នកប្រៀបដូចជាសត្វធំសម្បើមដែលរស់នៅតាមដៃទន្លេនីល។+
អ្នកបាននិយាយថា៖ ‹ទន្លេនីលជារបស់ខ្ញុំ
ខ្ញុំបានធ្វើវាសម្រាប់ខ្លួនខ្ញុំ›។+
៤ ប៉ុន្តែ ខ្ញុំនឹងដាក់ផ្លែសន្ទូចក្នុងមាត់អ្នក ហើយបណ្ដាលឲ្យត្រីនៅក្នុងទន្លេនីលមកជាប់នឹងស្រកាអ្នក។
រួចខ្ញុំនឹងស្ទូចអ្នកឡើងពីទន្លេនីល ព្រមជាមួយនឹងត្រីទាំងប៉ុន្មានដែលជាប់នឹងស្រកាអ្នកដែរ។
៥ ខ្ញុំនឹងយកអ្នកនិងត្រីទាំងឡាយពីទន្លេនីល ទៅបោះចោលនៅទីរហោស្ថាន
អ្នកនឹងធ្លាក់នៅកណ្ដាលវាល ហើយមិនមានគេយកអ្នកមកវិញទេ។+
ខ្ញុំនឹងទុកអ្នកចោលឲ្យទៅជាចំណីដល់សត្វព្រៃនៅលើដីនិងសត្វស្លាបលើអាកាស។+
៦ ពេលនោះ អ្នកស្រុកអេហ្ស៊ីបទាំងអស់នឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។
អេហ្ស៊ីបប្រៀបដូចជាដើមត្រែង មិនអាចធ្វើជាបង្អែកដល់ពូជពង្សអ៊ីស្រាអែលបានទេ។+
៧ ពេលពួកអ៊ីស្រាអែលចាប់កាន់ដៃអ្នក អ្នកក៏បាក់ទៅ
ហើយអ្នកបានធ្វើឲ្យពួកគេរបួសស្មា។
ពេលពួកគេច្រត់លើអ្នក អ្នកក៏បាក់ទៅ ហើយអ្នកបានបណ្ដាលឲ្យជើងពួកគេភ្លាត់»។+
៨ «‹ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «មើល! ខ្ញុំនឹងនាំយកដាវមួយមកទាស់នឹងអ្នក+ ហើយខ្ញុំនឹងប្រហារទាំងមនុស្សទាំងសត្វ។ ៩ ស្រុកអេហ្ស៊ីបនឹងខ្ទេចខ្ទី ហើយក្លាយទៅជាទីសូន្យស្ងាត់។+ ពេលនោះ ពួកអេហ្ស៊ីបនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។ ព្រោះអ្នកបាននិយាយថា៖ ‹ទន្លេនីលជារបស់ខ្ញុំ គឺខ្ញុំដែលបានធ្វើវា›។+ ១០ ដូច្នេះ ខ្ញុំប្រឆាំងនឹងអ្នក ព្រមទាំងទន្លេនីលរបស់អ្នកដែរ។ ខ្ញុំនឹងធ្វើឲ្យទឹកដីអេហ្ស៊ីបហិនហោច រីងស្ងួត និងស្ងាត់ជ្រងំ+ គឺចាប់ពីមីកដុល+ ដល់ក្រុងស៊ីយេន+ និងរហូតដល់ព្រំប្រទល់ស្រុកអេត្យូពី។ ១១ នៅស្រុកនោះ នឹងគ្មានមនុស្សឬសត្វដើរឆ្លងកាត់+ ហើយគ្មានមនុស្សរស់នៅទីនោះអស់រយៈពេល៤០ឆ្នាំ។ ១២ ខ្ញុំនឹងធ្វើឲ្យទឹកដីអេហ្ស៊ីបនិងបណ្ដាក្រុងក្នុងស្រុកនោះទៅជាតំបន់ដែលស្ងាត់ជ្រងំបំផុតអស់រយៈពេល៤០ឆ្នាំ។+ ខ្ញុំនឹងបណ្ដេញពួកអេហ្ស៊ីបឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិនានា ហើយធ្វើឲ្យពួកគេខ្ចាត់ខ្ចាយទៅស្រុកទាំងឡាយ»។+
១៣ «‹ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ក្រោយ៤០ឆ្នាំ ខ្ញុំនឹងប្រមូលពួកអេហ្ស៊ីបពីស្រុកនានាឲ្យត្រឡប់មកវិញ។+ ១៤ ខ្ញុំនឹងនាំពួកអេហ្ស៊ីបដែលជាប់ជាឈ្លើយឲ្យត្រឡប់មកស្រុកប៉ាត្រូស+ជាស្រុកកំណើតរបស់ពួកគេ តែស្រុកនោះនឹងទៅជារាជាណាចក្រតូចតាចវិញ។ ១៥ រាជាណាចក្រអេហ្ស៊ីបនឹងទន់ខ្សោយជាងរាជាណាចក្រផ្សេងៗ ហើយនឹងលែងត្រួតត្រាលើប្រជាជាតិឯទៀត។+ ខ្ញុំនឹងធ្វើឲ្យពួកគេអន់ថយរហូតដល់មិនអាចបង្ក្រាបជនជាតិដទៃបានឡើយ។+ ១៦ ស្រុកអេហ្ស៊ីបនឹងលែងជាទីពឹងពំនាក់ដល់ពូជពង្សអ៊ីស្រាអែលទៀតហើយ។+ ប៉ុន្តែ ស្រុកនោះនឹងទៅជាទីរំលឹកដល់ពួកអ៊ីស្រាអែលថា ពួកគេខកចិត្តខ្លាំងប៉ុនណា កាលដែលទៅសុំជំនួយពីពួកអេហ្ស៊ីប។ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»›»។
១៧ លុះដល់ថ្ងៃទី១ ខែទី១ ក្នុងឆ្នាំទី២៧ ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ ១៨ «កូនមនុស្សអើយ! នេប៊ូក្នេសា+ជាស្ដេចស្រុកបាប៊ីឡូន បានបញ្ជាកងទ័ពគាត់ឲ្យធ្វើការយ៉ាងនឿយហត់ដើម្បីច្បាំងនឹងក្រុងទីរ៉ុស+ រហូតដល់ក្បាលពួកគេគ្រប់គ្នាតម្ពែក ហើយស្មាពួកគេរលាត់ស្បែក។ ប៉ុន្តែ គាត់និងកងទ័ពគាត់មិនបានទទួលប្រាក់ឈ្នួលសម្រាប់កម្លាំងពលកម្ម ដែលខ្លួនបានបញ្ចេញទៅលើក្រុងទីរ៉ុសឡើយ។
១៩ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំនឹងប្រគល់ស្រុកអេហ្ស៊ីបដល់នេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន។+ គាត់នឹងរឹបអូសយកទ្រព្យសម្បត្តិនិងរបស់របរជាច្រើនពីទីនោះ ហើយអ្វីៗទាំងនោះនឹងទៅជាប្រាក់ឈ្នួលដល់កងទ័ពគាត់›។
២០ «‹ខ្ញុំនឹងឲ្យស្រុកអេហ្ស៊ីបទុកជាប្រាក់ឈ្នួលដល់ស្ដេចស្រុកបាប៊ីឡូន សម្រាប់កម្លាំងពលកម្មដែលគាត់បានបញ្ចេញទៅលើក្រុងទីរ៉ុស ព្រោះគាត់បានធ្វើការឲ្យខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
២១ «នៅថ្ងៃនោះ ខ្ញុំនឹងធ្វើឲ្យមានស្នែងមួយដុះចេញពីពូជពង្សអ៊ីស្រាអែល*+ ហើយខ្ញុំនឹងឲ្យអ្នកមានឱកាសនិយាយក្នុងចំណោមពួកគេ។ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»។
៣០ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរប្រកាសទំនាយថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
«ចូរទ្រហោយំថា៖ ‹វរហើយ! ថ្ងៃនោះកំពុងមកហើយ!›។
៣ ព្រោះថ្ងៃនោះជិតមកដល់ គឺថ្ងៃនៃព្រះយេហូវ៉ាជិតមកដល់ហើយ។+
ថ្ងៃនោះមានពពកយ៉ាងក្រាស់+ ជាគ្រាកំណត់នៃប្រជាជាតិនានា។+
៤ មើល! នឹងមានដាវមួយមកទាស់នឹងស្រុកអេហ្ស៊ីប
ហើយពេលដែលសត្រូវសម្លាប់ពួកអេហ្ស៊ីប ពួកអេត្យូពីនឹងភ័យស្លន់ស្លោ។
ពួកសត្រូវនឹងរឹបអូសយកទ្រព្យសម្បត្តិពីស្រុកនោះ ហើយដករំលើងគ្រឹះនៃស្រុកនោះ។+
៥ ឯជនជាតិអេត្យូពី+ ជនជាតិផឹត+ ជនជាតិលូត និងប្រជាជាតិផ្សេងៗ
ព្រមទាំងពួកគូប និងពួកអ្នកដែលមកពីស្រុកនៃកិច្ចព្រមព្រៀង*
ពួកគេទាំងអស់នឹងត្រូវគេសម្លាប់ដោយដាវ»›។
៦ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
‹ពួកអ្នកគាំទ្រអេហ្ស៊ីប ក៏នឹងត្រូវគេសម្លាប់ដោយដាវដែរ
ហើយអំណាចអួតអាងរបស់អេហ្ស៊ីប នឹងត្រូវបន្ទាបចុះ›។+
«‹ចាប់ពីមីកដុល+ រហូតដល់ស៊ីយេន+ ពួកគេទាំងអស់នឹងត្រូវសម្លាប់ដោយដាវក្នុងស្រុកនោះ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ៧ ‹ស្រុកទាំងនោះនិងបណ្ដាក្រុងលើទឹកដីនោះ ខ្ញុំនឹងធ្វើឲ្យទៅជាកន្លែងស្ងាត់ជ្រងំបំផុត។+ ៨ ពេលដែលខ្ញុំដុតបំផ្លាញស្រុកអេហ្ស៊ីប និងកម្ទេចពួកអ្នកដែលចងសម្ព័ន្ធភាពជាមួយស្រុកនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។ ៩ នៅថ្ងៃនោះ ខ្ញុំនឹងចាត់ពួកអ្នកនាំសារឲ្យធ្វើដំណើរតាមសំពៅនានា ទៅបំភ័យអ្នកស្រុកអេត្យូពីដែលទុកចិត្តលើខ្លួនឯង។ នៅថ្ងៃដែលពួកអេហ្ស៊ីបរងទុក្ខវេទនា ពួកអេត្យូពីនឹងភ័យស្លន់ស្លោ ព្រោះថ្ងៃនោះនឹងមកជាមិនខាន›។
១០ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងប្រគល់បក្សពួកដ៏ច្រើនរបស់អេហ្ស៊ីបទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន។+ ១១ ខ្ញុំនឹងបណ្ដាលឲ្យគាត់និងកងទ័ពគាត់ដែលជាប្រជាជាតិដ៏សាហាវឃោរឃៅ+ ទៅបំផ្លាញស្រុកនោះ។ ពួកគេនឹងហូតដាវទៅទាស់នឹងស្រុកអេហ្ស៊ីប ហើយធ្វើឲ្យស្រុកនោះពេញទៅដោយសាកសព។+ ១២ ខ្ញុំនឹងធ្វើឲ្យដៃទន្លេនីល+រីងស្ងួតទៅ ហើយខ្ញុំនឹងលក់ស្រុកនោះឲ្យដល់ជនទុច្ចរិត។ ខ្ញុំនឹងឲ្យជនជាតិដទៃមកបំផ្លាញស្រុកនោះនិងអ្វីៗទាំងអស់ក្នុងស្រុក។+ ខ្ញុំគឺយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចាហើយ›។
១៣ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ខ្ញុំក៏នឹងបំផ្លាញរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ហើយបំបាក់បំបែករូបព្រះឥតបានការនៅក្រុងណូព*ដែរ។+ ពេលនោះ ស្រុកអេហ្ស៊ីបនឹងលែងមានអ្នកដឹកនាំទៀត ហើយខ្ញុំនឹងធ្វើឲ្យអ្នកស្រុកនោះភ័យខ្លាច។+ ១៤ ខ្ញុំនឹងធ្វើឲ្យស្រុកប៉ាត្រូស+ទៅជាកន្លែងស្ងាត់ជ្រងំ ហើយខ្ញុំនឹងដុតបំផ្លាញក្រុងសូអាន រួចកាត់ទោសក្រុងណូ។*+ ១៥ ខ្ញុំនឹងបញ្ចេញកំហឹងទៅលើក្រុងស៊ីនដែលជាបន្ទាយរឹងមាំរបស់ស្រុកអេហ្ស៊ីប ហើយខ្ញុំនឹងបំផ្លាញអ្នកក្រុងណូទាំងអស់។ ១៦ ខ្ញុំនឹងដុតបំផ្លាញស្រុកអេហ្ស៊ីប។ ពេលនោះ ក្រុងស៊ីននឹងភ័យរន្ធត់ ហើយក្រុងណូនឹងត្រូវបុកទម្លាយ។ ឯក្រុងណូពវិញនឹងរងការវាយប្រហារទាំងកណ្ដាលថ្ងៃ! ១៧ ពួកយុវជននៅក្រុងអុន*និងក្រុងភីបេសែត នឹងត្រូវសម្លាប់ដោយដាវ ហើយអ្នកឯទៀតក្នុងក្រុងនោះនឹងត្រូវចាប់យកទៅធ្វើជាឈ្លើយ។ ១៨ ពេលដែលខ្ញុំបំបាក់នឹមរបស់ស្រុកអេហ្ស៊ីប+ ពន្លឺថ្ងៃនៅក្រុងថាផានីសនឹងទៅជាងងឹត ហើយអំណាចអួតអាងរបស់នាងនឹងដល់ទីបញ្ចប់។+ ពពកនឹងគ្របបាំងនាង ហើយអ្នកក្រុងតូចៗដែលនៅជុំវិញនោះ នឹងត្រូវគេចាប់យកទៅធ្វើជាឈ្លើយ។+ ១៩ ខ្ញុំនឹងកាត់ទោសស្រុកអេហ្ស៊ីប ហើយពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›»។
២០ នៅថ្ងៃទី៧ ខែទី១ ក្នុងឆ្នាំទី១១* ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ ២១ «កូនមនុស្សអើយ! ខ្ញុំបានបំបាក់ដៃផារ៉ូជាស្ដេចស្រុកអេហ្ស៊ីប។ ដៃនោះនឹងមិនត្រូវរុំឬចងអបឲ្យជាសះស្បើយ ដើម្បីមានកម្លាំងអាចកាន់ដាវបានទៀតទេ»។
២២ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំទាស់នឹងផារ៉ូស្ដេចស្រុកអេហ្ស៊ីបហើយ។+ ខ្ញុំនឹងបំបាក់ដៃទាំងពីររបស់គាត់ គឺទាំងដៃដែលរឹងមាំ ទាំងដៃដែលបាក់ហើយ។+ រួចខ្ញុំនឹងធ្វើឲ្យដាវធ្លាក់ពីដៃគាត់។+ ២៣ ក្រោយនោះ ខ្ញុំនឹងបណ្ដេញពួកអេហ្ស៊ីបទៅក្នុងចំណោមប្រជាជាតិនានា ហើយធ្វើឲ្យពួកគេខ្ចាត់ខ្ចាយទៅស្រុកឯទៀត។+ ២៤ ខ្ញុំនឹងពង្រឹងកម្លាំងដៃស្ដេចស្រុកបាប៊ីឡូន+ ហើយដាក់ដាវខ្ញុំនៅក្នុងដៃគាត់។+ ខ្ញុំនឹងបំបាក់ដៃទាំងពីររបស់ផារ៉ូ ហើយគាត់នឹងស្រែកថ្ងូរយ៉ាងខ្លាំងនៅចំពោះមុខស្ដេចស្រុកបាប៊ីឡូន ដូចជាមនុស្សជិតស្លាប់។ ២៥ ខ្ញុំនឹងពង្រឹងកម្លាំងដៃស្ដេចស្រុកបាប៊ីឡូន តែដៃរបស់ផារ៉ូនឹងធ្លាក់ចុះ។ ពេលខ្ញុំដាក់ដាវខ្ញុំនៅក្នុងដៃស្ដេចស្រុកបាប៊ីឡូន គាត់ក៏នឹងវាយប្រហារទៅលើស្រុកអេហ្ស៊ីប។ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។+ ២៦ ខ្ញុំនឹងបណ្ដេញពួកអេហ្ស៊ីបទៅក្នុងចំណោមប្រជាជាតិនានា ហើយធ្វើឲ្យពួកគេខ្ចាត់ខ្ចាយទៅស្រុកឯទៀត។+ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›»។
៣១ នៅថ្ងៃទី១ ខែទី៣ ក្នុងឆ្នាំទី១១* ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរប្រាប់ផារ៉ូស្ដេចស្រុកអេហ្ស៊ីបនិងបក្សពួកដ៏ច្រើនរបស់គាត់ថា៖+
‹តើមានអ្នកណាឧត្តុង្គឧត្ដមដូចអ្នកទៅ?
៣ អ្នកដូចជាជនជាតិអាស៊ីរីម្នាក់ ដែលប្រៀបដូចជាដើមស៊ីដារនៅតំបន់ភ្នំលីបង់
ដែលមានមែកបែកសាខាស្រស់បំព្រងផ្ដល់ម្លប់ត្រឈឹងត្រឈៃ ដូចជាព្រៃស្ដុក
ហើយមានចុងខ្ពស់កប់ពពក។
៤ ផ្លូវទឹកធ្វើឲ្យដើមនោះធំឡើង ហើយទឹកផុសធ្វើឲ្យវាលូតលាស់ឡើង។
នៅជុំវិញដើមនោះមានអូរជាច្រើន
ហើយប្រឡាយដែលចេញពីអូរទាំងនោះ ផ្គត់ផ្គង់ទឹកដល់ដើមឈើទាំងអស់នៅឯវាល។
៥ ហេតុនេះហើយបានជាដើមនោះខ្ពស់ជាងដើមឯទៀតនៅឯវាល។
វាមានមែកធំៗជាច្រើន ហើយមែកតូចៗលូតកាន់តែវែងទៅៗ
ដោយសារអូរនៅជុំវិញវាមានទឹកបរិបូរ។
៦ បក្សាបក្សីនៅលើមេឃ មកធ្វើសម្បុកលើមែកធំៗរបស់វា
សត្វព្រៃទាំងពួងបង្កើតកូននៅក្រោមមែក*របស់វា។
ឯប្រជាជាតិធំៗទាំងឡាយ ក៏នាំគ្នាមកជ្រកក្រោមម្លប់វាដែរ។
៧ ដើមនោះស្អាតអស្ចារ្យណាស់ ហើយមានមែកវែងៗបែកសាខា
ព្រោះឫសវាចាក់ជ្រៅស្រូបយកទឹកជាច្រើន។
៨ គ្មានដើមស៊ីដារណាក្នុងសួនព្រះ+ អាចប្រៀបផ្ទឹមនឹងវាបានទេ។
គ្មានមែកដើមយូនីពើណា ធំៗដូចជាមែករបស់វាឡើយ
គ្មានមែកដើមភ្លេនណា បែកសាខាដូចជាមែករបស់វាទេ។
គ្មានដើមណាក្នុងសួនព្រះ ស្រស់ស្អាតស្មើនឹងវាឡើយ។
៩ ខ្ញុំបានធ្វើឲ្យដើមនោះស្រស់បំព្រង ព្រមទាំងមានស្លឹកត្រសុំត្រសាយ
ហើយដើមទាំងអស់ក្នុងសួនអេដែនដែលជាសួនរបស់ព្រះពិតមានចិត្តច្រណែននឹងវា›។
១០ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ដើមនោះខ្ពស់ណាស់ ចុងរបស់វាលូតឡើងកប់ពពក។ ដោយសារកម្ពស់នោះ វាក៏ចាប់ផ្ដើមមានអំណួត។ ១១ ដូច្នេះ ខ្ញុំនឹងប្រគល់វាទៅក្នុងកណ្ដាប់ដៃរបស់អ្នកគ្រប់គ្រងដ៏ខ្លាំងក្លាលើប្រជាជាតិនានា។+ អ្នកនោះនឹងចាត់វិធានការប្រឆាំងនឹងវាជាមិនខាន។ ខ្ញុំនឹងបោះបង់វាចោល ព្រោះតែអំពើទុច្ចរិតរបស់វា។ ១២ ជនជាតិដទៃដែលជាប្រជាជាតិសាហាវឃោរឃៅបំផុត នឹងកាប់រំលំវា ហើយទុកវាចោលនៅលើបណ្ដាភ្នំ។ ស្លឹកវានឹងធ្លាក់ទៅក្នុងជ្រលងទាំងឡាយ ហើយមែកវានឹងបាក់ធ្លាក់ទៅលើអូរទាំងប៉ុន្មាន។+ ពេលនោះ ប្រជាជាតិនានានៅផែនដីនឹងបោះបង់វាចោល ហើយលែងជ្រកក្រោមម្លប់វាទៀត។ ១៣ សត្វស្លាបលើមេឃនឹងរស់នៅលើដើមដែលរលំនោះ ហើយសត្វព្រៃនឹងមកអាស្រ័យលើមែកទាំងប៉ុន្មានរបស់វា។+ ១៤ នេះកើតឡើងដើម្បីកុំឲ្យដើមណាដែលដុះក្បែរផ្លូវទឹកលូតឡើងខ្ពស់កប់ពពកទៀត ហើយដើម្បីកុំឲ្យដើមណាដែលមានទឹកគ្រប់គ្រាន់ដុះឡើងយ៉ាងខ្ពស់ដូចនោះដែរ ព្រោះដើមទាំងនោះត្រូវងាប់អស់ ហើយទៅនៅក្រោមដី រួមជាមួយមនុស្សជាតិទាំងឡាយដែលត្រូវធ្លាក់ទៅក្នុងរណ្ដៅ*ផង›។
១៥ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងធ្វើឲ្យមានការកាន់ទុក្ខ នៅថ្ងៃដែលដើមនោះធ្លាក់ទៅក្នុងរណ្ដៅ។* ហេតុនេះ ខ្ញុំនឹងគ្របបាំងទឹកជ្រៅទាំងប៉ុន្មាន ថែមទាំងទប់អូរនានាកុំឲ្យទឹកជាច្រើនហូរទៀត។ ដោយសារដើមនោះ ខ្ញុំនឹងធ្វើឲ្យតំបន់ភ្នំលីបង់ទៅជាងងឹត ហើយដើមឈើទាំងឡាយនៅឯវាលនឹងក្រៀមស្វិតអស់។ ១៦ ខ្ញុំនឹងធ្វើឲ្យប្រជាជាតិនានាភ័យញាប់ញ័រ ពេលឮសូរដើមនោះរលំ គឺពេលខ្ញុំទម្លាក់វាទៅក្នុងរណ្ដៅ* ព្រមជាមួយនឹងអស់អ្នកដែលត្រូវធ្លាក់ទៅក្នុងរណ្ដៅ។* គ្រានោះ ដើមឈើនានាដែលនៅផ្ទៃដីខាងក្រោម នឹងបានសប្បាយចិត្ត គឺដើមឈើនៅសួនអេដែន+ និងដើមឈើប្រណីតៗនៅតំបន់ភ្នំលីបង់ ព្រមទាំងដើមឈើស្រស់បំព្រងឯទៀត។ ១៧ ដូចវាដែរ ដើមទាំងនោះបានធ្លាក់ទៅក្នុងរណ្ដៅ* គឺទៅឯពួកអ្នកដែលបានត្រូវសម្លាប់ដោយដាវ+ ព្រមជាមួយនឹងប្រជាជាតិនានាដែលធ្លាប់គាំទ្រនិងជ្រកក្រោមម្លប់ដើមនោះ›។+
១៨ «‹តើមានដើមណានៅសួនអេដែនដែលមានភាពរុងរឿងនិងឧត្តុង្គឧត្ដមដូចអ្នកទៅ?+ ប៉ុន្តែ អ្នកនឹងត្រូវកាប់រំលំ ហើយទម្លាក់ទៅផ្ទៃដីខាងក្រោម ដូចដើមឈើឯទៀតនៅសួននោះដែរ។ អ្នកនឹងវិនាសជាមួយនឹងពួកអ្នកមិនកាត់ចុងស្បែក ដែលបានត្រូវសម្លាប់ដោយដាវ។ តាមរបៀបនេះហើយដែលផារ៉ូនិងបក្សពួករបស់គាត់នឹងវិនាសសាបសូន្យ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
៣២ នៅថ្ងៃទី១ ខែទី១២ ក្នុងឆ្នាំទី១២ ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរច្រៀងបទទំនួញអំពីផារ៉ូស្ដេចស្រុកអេហ្ស៊ីបថា៖
‹ពីមុន អ្នកប្រៀបដូចជាតោស្ទាវដ៏មាំក្នុងចំណោមប្រជាជាតិនានា
តែឥឡូវអ្នកត្រូវគេបំបិទមាត់ចោល។
អ្នកប្រៀបដូចជាសត្វធំសម្បើម+ដែលទទះទឹកក្នុងទន្លេរបស់អ្នក
ហើយជើងរបស់អ្នកធ្វើឲ្យទឹកទន្លេល្អក់កករ›។
៣ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
‹តាមរយៈប្រជាជាតិមួយក្រុម ខ្ញុំនឹងបោះសំណាញ់ខ្ញុំទៅលើអ្នក
រួចពួកគេនឹងទាញសំណាញ់នោះឡើងមកទាំងជាប់អ្នក។
៤ ខ្ញុំនឹងបោះអ្នកទៅកណ្ដាលវាល រួចទុកអ្នកចោលនៅស្រុកនោះ។
ខ្ញុំនឹងឲ្យអ្នកទៅជាចំណីដល់សត្វស្លាបនៅលើមេឃ
និងជាអាហារដល់សត្វសាហាវនៅផែនដីទាំងមូល។+
៥ ខ្ញុំនឹងបោះសាច់អ្នកទៅលើបណ្ដាភ្នំ
ហើយអ្វីដែលនៅសេសសល់ ខ្ញុំនឹងចាក់បំពេញជ្រលងនានា។+
៦ ខ្ញុំនឹងស្រោចស្រពស្រុកនោះដោយឈាមរបស់អ្នក រហូតដល់ភ្នំទាំងឡាយ
ហើយឈាមនោះនឹងហូរពេញអូរទាំងប៉ុន្មាន›។
៧ ‹ពេលជីវិតអ្នកផុតទៅ ខ្ញុំនឹងគ្របមេឃ ហើយធ្វើឲ្យផ្កាយងងឹត
ខ្ញុំនឹងគ្របបាំងដួងអាទិត្យដោយពពក។ ឯដួងខែវិញ នឹងអាប់រស្មី។+
៨ ខ្ញុំនឹងធ្វើឲ្យតួពន្លឺទាំងអស់នៅលើមេឃ ទៅជាងងឹតដោយសារអ្នក
ហើយខ្ញុំនឹងគ្របបាំងស្រុកអ្នកដោយភាពងងឹតសូន្យសុង›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៩ ‹ខ្ញុំនឹងធ្វើឲ្យមនុស្សជាច្រើនកើតទុក្ខ ពេលដែលខ្ញុំនាំពួកឈ្លើយរបស់អ្នកទៅស្រុកដទៃ ជាស្រុកដែលអ្នកមិនដែលស្គាល់ឡើយ។+
១០ នៅថ្ងៃដែលអ្នកវិនាស ខ្ញុំនឹងធ្វើឲ្យប្រជាជាតិជាច្រើន នឹកស្ញែងខ្លាចជាខ្លាំង
ហើយបណ្ដាស្ដេចរបស់ពួកគេនឹងភ័យតក់ស្លុត ពេលដែលខ្ញុំគ្រវីដាវនៅមុខពួកគេ។
ពួកគេនឹងភ័យញាប់ញ័រឥតឈប់ ដោយសារខ្លាចស្លាប់›។
១១ ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖
‹ដាវរបស់ស្ដេចស្រុកបាប៊ីឡូន នឹងមកប្រហារអ្នក។+
១២ ខ្ញុំនឹងបណ្ដាលឲ្យបក្សពួករបស់អ្នក ដួលស្លាប់ដោយដាវរបស់ទាហានដ៏ខ្លាំងពូកែ គឺប្រជាជាតិដែលសាហាវឃោរឃៅបំផុត។+
ពួកគេនឹងបំបាក់អំណួតរបស់ពួកអេហ្ស៊ីប ហើយបក្សពួករបស់ពួកគេនឹងត្រូវវិនាសសាបសូន្យ។+
១៣ ខ្ញុំនឹងបំផ្លាញហ្វូងសត្វទាំងអស់របស់អ្នក ដែលនៅក្បែរផ្លូវទឹក+
ហើយនឹងលែងមានជើងមនុស្សឬជើងសត្វ មកធ្វើឲ្យទឹកល្អក់ទៀតហើយ›។+
១៤ ‹នៅគ្រានោះ ខ្ញុំនឹងធ្វើឲ្យទឹករបស់ពួកគេថ្លាឡើងវិញ
ហើយធ្វើឲ្យទន្លេរបស់ពួកគេហូរដូចប្រេង›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
១៥ ‹ពេលខ្ញុំធ្វើឲ្យស្រុកអេហ្ស៊ីបហិនហោចខ្ទេចខ្ទីអស់+
និងពេលខ្ញុំប្រហារអ្នកស្រុកទាំងមូល
នោះពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។+
១៦ នេះជាបទទំនួញមួយ ដែលបណ្ដាជននឹងច្រៀងជាមិនខាន។
ឯកូនស្រីៗរបស់ប្រជាជាតិនានា ក៏នឹងច្រៀងបទនេះដែរ។
ពួកគេទាំងអស់គ្នានឹងច្រៀងអំពីស្រុកអេហ្ស៊ីបនិងបក្សពួករបស់ពួកគេ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១៧ នៅថ្ងៃទី១៥ ខែនោះ* ក្នុងឆ្នាំទី១២ ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ១៨ «កូនមនុស្សអើយ! ចូរទ្រហោយំសោកសង្រេងនឹងបក្សពួករបស់អេហ្ស៊ីប ហើយទម្លាក់នាងទៅផ្ទៃដីខាងក្រោម ព្រមជាមួយនឹងបណ្ដាជននៃប្រជាជាតិនានា*ដែលខ្លាំងក្លា គឺជាអស់អ្នកដែលនឹងធ្លាក់ទៅក្នុងរណ្ដៅ។*
១៩ «‹តើអ្នកគិតថាខ្លួនស្រស់ស្អាតលើសគេឬ? ចូរចុះទៅក្រោម ហើយដេកស្លាប់ក្បែរពួកអ្នកដែលមិនកាត់ចុងស្បែកទៅ!›។
២០ «‹ពួកគេនឹងដួលស្លាប់ក្នុងចំណោមអ្នកដែលស្លាប់ដោយដាវ។+ ខ្ញុំបានប្រគល់នាងឲ្យគេប្រហារដោយដាវហើយ។ ចូរអូសនាងចេញជាមួយនឹងបក្សពួករបស់នាងទៅ។
២១ «‹ពីទីជម្រៅនៃផ្នូរ* កងទ័ពដ៏ខ្លាំងក្លាបំផុត នឹងនិយាយទៅកាន់គាត់និងជំនួយការទាំងប៉ុន្មានរបស់គាត់។ ពួកគេនឹងចុះទៅខាងក្រោមជាមិនខាន ហើយនឹងដេកស្លាប់ដូចជាអ្នកមិនកាត់ចុងស្បែកដែលស្លាប់ដោយដាវ។ ២២ នៅទីនោះ ក៏មានអាស៊ីរីនិងក្រុមទាំងអស់របស់នាងដែរ។ ផ្នូររបស់ពួកគេនៅជុំវិញគាត់* ពួកគេទាំងអស់បានដួលស្លាប់ដោយដាវ។+ ២៣ ផ្នូរទាំងប៉ុន្មានរបស់នាង ស្ថិតនៅក្នុងទីជម្រៅនៃរណ្ដៅ* ហើយមានក្រុមរបស់នាងនៅជុំវិញផ្នូរនាង។ ពួកគេទាំងអស់សុទ្ធតែបានត្រូវប្រហារដោយដាវ ព្រោះពួកគេបានធ្វើឲ្យមនុស្សភ័យតក់ស្លុត។
២៤ «‹នៅទីនោះ ក៏មានអេឡាំ+និងបក្សពួករបស់នាងដែរ។ សាកសពពួកគេនៅជុំវិញផ្នូរនាង ពួកគេទាំងអស់បានដួលស្លាប់ដោយដាវ។ ពួកគេបានចុះទៅខាងក្រោមទាំងមិនកាត់ចុងស្បែក គឺពួកគេនោះហើយដែលបានធ្វើឲ្យមនុស្សភ័យតក់ស្លុត។ ឥឡូវពួកគេនឹងរងការអាម៉ាស់ ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងរណ្ដៅ។* ២៥ គេបានរៀបគ្រែសម្រាប់នាងក្នុងចំណោមមនុស្សស្លាប់ ទាំងមានផ្នូររបស់បក្សពួកនាងនៅជុំវិញផ្នូរទាំងប៉ុន្មានរបស់នាងដែរ។ ពួកគេទាំងអស់សុទ្ធតែមិនបានកាត់ចុងស្បែក ហើយបានដួលស្លាប់ដោយដាវ ដោយសារពួកគេបានធ្វើឲ្យមនុស្សភ័យតក់ស្លុត។ ពួកគេនឹងរងការអាម៉ាស់ ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងរណ្ដៅ។* យ៉ាងនេះ គាត់បានត្រូវដាក់នៅក្នុងចំណោមមនុស្សស្លាប់។
២៦ «‹នៅទីនោះ ក៏មានមេសេកនិងទូបាល+ ព្រមទាំងបក្សពួករបស់ពួកគេដែរ។ ផ្នូរទាំងប៉ុន្មានរបស់ពួកគេ*នៅជុំវិញផ្នូរគាត់។ ពួកគេទាំងអស់សុទ្ធតែមិនបានកាត់ចុងស្បែក។ ពួកគេបានត្រូវចាក់ទម្លុះដោយដាវ ព្រោះពួកគេបានធ្វើឲ្យមនុស្សភ័យតក់ស្លុត។ ២៧ ពួកគេប្រាកដជាដេកស្លាប់ក្បែរសាកសពកងទ័ពខ្លាំងក្លាដែលមិនបានកាត់ចុងស្បែកជាមិនខាន គឺក្បែរពួកអ្នកដែលបានត្រូវទម្លាក់ទៅក្នុងផ្នូរ រួមជាមួយនឹងអាវុធរបស់ពួកគេដែរ។ ពួកគេនឹងដាក់ដាវនៅក្រោមក្បាល* ហើយដាក់អំពើខុសឆ្គងនៅលើឆ្អឹង ព្រោះពួកទាហានខ្លាំងក្លាទាំងនោះបានធ្វើឲ្យមនុស្សភ័យតក់ស្លុត។ ២៨ ចំណែកអ្នកវិញ អ្នកនឹងត្រូវកម្ទេចទៅជាមួយនឹងពួកអ្នកដែលមិនបានកាត់ចុងស្បែក ហើយអ្នកនឹងដេកស្លាប់ក្បែរពួកអ្នកដែលស្លាប់ដោយដាវ។
២៩ «‹នៅទីនោះ ក៏មានអេដំ+និងបណ្ដាស្ដេចរបស់នាង ព្រមទាំងពួកមេដឹកនាំរបស់នាងដែរ។ ទោះជាពួកគេមានកម្លាំងខ្លាំងក្លាក៏ដោយ ក៏ពួកគេបានត្រូវបញ្ចុះជាមួយនឹងពួកអ្នកដែលស្លាប់ដោយដាវដែរ។ ពួកគេនឹងដេកស្លាប់ក្បែរពួកអ្នកដែលមិនបានកាត់ចុងស្បែក+ និងពួកអ្នកដែលចុះទៅក្នុងរណ្ដៅ។*
៣០ «‹នៅទីនោះ ក៏មានពួកអ្នកគ្រប់គ្រងទាំងអស់ដែលមកពីទិសខាងជើង និងពួកអ្នកក្រុងស៊ីដូនទាំងអស់ដែរ។+ ពួកគេបានចុះទៅខាងក្រោមទាំងអាប់ឱនកិត្តិយសដូចអ្នកស្លាប់ឯទៀត ទោះជាពួកគេធ្លាប់ប្រើកម្លាំងខ្លាំងក្លារបស់ខ្លួន ដើម្បីបំភ័យអ្នកឯទៀតក្ដី។ ពួកគេនឹងដេកស្លាប់ទាំងមិនបានកាត់ចុងស្បែក នៅក្បែរពួកអ្នកដែលស្លាប់ដោយដាវ ហើយពួកគេនឹងរងការអាម៉ាស់ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងរណ្ដៅ។*
៣១ «‹ផារ៉ូនឹងឃើញពួកអ្នកទាំងនេះ ហើយគាត់នឹងទទួលការសម្រាលទុក្ខចំពោះអ្វីដែលបានកើតឡើងដល់បក្សពួករបស់គាត់។+ ផារ៉ូនិងកងទ័ពទាំងអស់របស់គាត់ នឹងត្រូវស្លាប់ដោយដាវ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៣២ «‹ដោយសារផារ៉ូបានធ្វើឲ្យមនុស្សភ័យតក់ស្លុត នោះគាត់និងបក្សពួកទាំងអស់របស់គាត់ នឹងត្រូវបញ្ចុះជាមួយនឹងពួកអ្នកមិនបានកាត់ចុងស្បែកដែលបានស្លាប់ដោយដាវ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
៣៣ រួចមក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ ២ «កូនមនុស្សអើយ! ចូរនិយាយទៅកាន់ជនរួមជាតិអ្នក+ដូចតទៅ៖
«‹ឧបមាថា ខ្ញុំបណ្ដាលឲ្យសត្រូវមកវាយប្រហារស្រុកមួយ+ ហើយអ្នកស្រុកទាំងមូលបានតែងតាំងបុរសម្នាក់ឲ្យធ្វើជាអ្នកចាំយាម។ ៣ ពេលគាត់ឃើញសត្រូវធ្វើដំណើរឆ្ពោះមក គាត់ផ្លុំស្នែងព្រមានបណ្ដាជន។+ ៤ បើអ្នកណាឮសំឡេងស្នែង តែមិនធ្វើតាមការព្រមាននោះ+ ហើយសត្រូវចូលមកសម្លាប់គាត់ នោះគាត់នឹងទទួលខុសត្រូវចំពោះការស្លាប់របស់ខ្លួន។+ ៥ ព្រោះគាត់បានឮសំឡេងផ្លុំស្នែងហើយ តែមិនធ្វើតាមការព្រមាននោះទេ។ ហេតុនេះ គាត់នឹងទទួលខុសត្រូវចំពោះឈាមរបស់ខ្លួន។ ប៉ុន្តែ បើគាត់ធ្វើតាមការព្រមានវិញ គាត់នឹងរួចជីវិត។
៦ «‹បើអ្នកចាំយាមឃើញសត្រូវមក ហើយមិនបានផ្លុំស្នែងព្រមានបណ្ដាជនទេ+ នោះពេលសត្រូវចូលមកសម្លាប់អ្នកណាម្នាក់ក្នុងក្រុង ជននោះនឹងស្លាប់ដោយទោសកំហុសរបស់ខ្លួនមែន តែខ្ញុំនឹងឲ្យអ្នកចាំយាមទទួលខុសត្រូវចំពោះឈាមរបស់ជននោះ›។+
៧ «ចំណែកអ្នកវិញ កូនមនុស្សអើយ! ខ្ញុំបានតែងតាំងអ្នកជាអ្នកចាំយាមសម្រាប់ពូជពង្សអ៊ីស្រាអែល។ ដូច្នេះ ពេលអ្នកឮប្រសាសន៍របស់ខ្ញុំ អ្នកត្រូវព្រមានពួកគេជំនួសខ្ញុំ។+ ៨ ពេលខ្ញុំនិយាយទៅមនុស្សទុច្ចរិតថា៖ ‹ជនទុច្ចរិតអើយ! អ្នកនឹងស្លាប់ជាប្រាកដ!›+ ហើយបើអ្នកមិនបានព្រមានគាត់ ឬមិនបានប្រាប់គាត់ឲ្យកែខ្លួនទេ នោះគាត់នឹងស្លាប់ព្រោះតែអំពើខុសឆ្គងរបស់គាត់ជាមិនខាន ដោយសារគាត់ជាមនុស្សទុច្ចរិត។+ ប៉ុន្តែ ខ្ញុំនឹងឲ្យអ្នកទទួលខុសត្រូវចំពោះឈាមរបស់គាត់វិញ។ ៩ ប៉ុន្តែ បើអ្នកព្រមានមនុស្សទុច្ចរិតហើយ តែគាត់មិនកែខ្លួនឬបែរចេញពីផ្លូវអាក្រក់ទេ នោះគាត់នឹងស្លាប់ដោយសារតែកំហុសឆ្គងរបស់គាត់។+ ចំណែកអ្នកវិញ អ្នកនឹងសង្គ្រោះជីវិតខ្លួនបាន។+
១០ «កូនមនុស្សអើយ! ចូរនិយាយទៅកាន់ពូជពង្សអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាបាននិយាយថា៖ «អំពើខុសឆ្គងនិងការបះបោរប្រឆាំងរបស់យើងជាបន្ទុកធ្ងន់ណាស់ដល់យើង។ ដោយសារនោះយើងកាន់តែរីងរៃទៅៗ។+ ដូច្នេះ តើឲ្យយើងបន្តរស់នៅម្ដេចនឹងបាន?»›។+ ១១ ចូរប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានប្រកាសថា៖ «ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំមិនត្រេកអរទេ ពេលឃើញមនុស្សទុច្ចរិតស្លាប់។+ ប៉ុន្តែ ខ្ញុំពេញចិត្តណាស់ពេលឃើញមនុស្សទុច្ចរិតកែខ្លួន+ហើយបន្តរស់រានមានជីវិត។+ ឱពូជពង្សអ៊ីស្រាអែលអើយ! ចូរលះចោលការប្រព្រឹត្តអាក្រក់+ ហើយកែប្រែចិត្តគំនិតសាជាថ្មីវិញ។ តើអ្នករាល់គ្នាចង់ស្លាប់ធ្វើអ្វី?»›។+
១២ «កូនមនុស្សអើយ! ចូរនិយាយទៅកាន់ជនរួមជាតិអ្នកថា៖ ‹ពេលមនុស្សសុចរិតបះបោរប្រឆាំង នោះអំពើសុចរិតរបស់គាត់មិនអាចជួយសង្គ្រោះគាត់បានទេ។+ ប៉ុន្តែ ពេលមនុស្សទុច្ចរិតបែរចេញពីផ្លូវអាក្រក់ នោះគាត់នឹងមិនវិនាសដោយសារអំពើទុច្ចរិតរបស់គាត់ឡើយ។+ នៅថ្ងៃដែលមនុស្សសុចរិតបែរទៅប្រព្រឹត្តអំពើខុសឆ្គង គាត់នឹងមិនបន្តរស់រានមានជីវិត ដោយសារអំពើសុចរិតរបស់ខ្លួនទេ។+ ១៣ ពេលខ្ញុំនិយាយទៅមនុស្សសុចរិតថា៖ «អ្នកនឹងបន្តរស់រានមានជីវិតជាប្រាកដ!» តែបើអ្នកនោះបែរទៅធ្វើខុសដោយអាងថាខ្លួនជាមនុស្សសុចរិត+ អ្នកនោះនឹងស្លាប់ដោយសារកំហុសឆ្គងរបស់ខ្លួន។+ រីឯអំពើសុចរិតទាំងប៉ុន្មានរបស់គាត់ នឹងគ្មានអ្នកណានឹកចាំទៀតឡើយ។
១៤ «‹ពេលខ្ញុំនិយាយទៅមនុស្សទុច្ចរិតថា៖ «អ្នកនឹងស្លាប់ជាប្រាកដ!» តែបើមនុស្សទុច្ចរិតនោះកែខ្លួនឈប់ប្រព្រឹត្តអំពើខុសឆ្គងទៀត ហើយបែរមកប្រព្រឹត្តអ្វីដែលសុចរិតនិងយុត្តិធម៌វិញ+ ១៥ រួចប្រគល់របស់បញ្ចាំដល់ម្ចាស់ដើម+ និងសងអ្វីដែលគាត់បានប្លន់ដល់គេវិញ+ ថែមទាំងកាន់តាមបញ្ញត្តិដែលផ្ដល់ជីវិតដោយមិនធ្វើខុសទៀត នោះគាត់នឹងមិនស្លាប់ទេ តែបន្តរស់រានមានជីវិត។+ ១៦ ឯអំពើខុសឆ្គងទាំងប៉ុន្មានដែលគាត់បានប្រព្រឹត្ត នឹងគ្មាននរណានឹកចាំទៀតទេ+ ព្រោះគាត់បានបែរមកប្រព្រឹត្តអ្វីដែលសុចរិតនិងយុត្តិធម៌វិញហើយ។ យ៉ាងនោះ គាត់នឹងបន្តរស់រានមានជីវិតជាមិនខាន›។+
១៧ «ប៉ុន្តែ ជនរួមជាតិអ្នកបាននិយាយថា៖ ‹ផ្លូវរបស់ព្រះយេហូវ៉ាមិនយុត្តិធម៌ទេ› តែតាមការពិតជាផ្លូវរបស់ពួកគេទេ ដែលមិនយុត្តិធម៌!
១៨ «បើជនសុចរិតលះចោលការប្រព្រឹត្តរបស់ខ្លួន ហើយទៅប្រព្រឹត្តអំពើអាក្រក់ គាត់នឹងស្លាប់ដោយសារអំពើខុសឆ្គងរបស់ខ្លួន។+ ១៩ ប៉ុន្តែ បើជនទុច្ចរិតកែខ្លួនឈប់ប្រព្រឹត្តអំពើខុសឆ្គងទៀត ហើយចាប់ផ្ដើមប្រព្រឹត្តអ្វីដែលសុចរិតនិងយុត្តិធម៌ នោះគាត់នឹងបន្តរស់រានមានជីវិតវិញ។+
២០ «ប៉ុន្តែ អ្នករាល់គ្នាបាននិយាយថា៖ ‹ផ្លូវរបស់ព្រះយេហូវ៉ាមិនយុត្តិធម៌ទេ›។+ ឱពូជពង្សអ៊ីស្រាអែលអើយ! ខ្ញុំនឹងវិនិច្ឆ័យអ្នករាល់គ្នាម្នាក់ៗស្របតាមការប្រព្រឹត្តរបស់ខ្លួន»។
២១ លុះដល់ថ្ងៃទី៥ ខែទី១០ ក្នុងឆ្នាំទី១២ ក្នុងគ្រាដែលយើងជាប់ជាឈ្លើយ មានបុរសម្នាក់រត់រួចពីក្រុងយេរូសាឡិមមកប្រាប់ខ្ញុំថា៖+ «ក្រុងយេរូសាឡិមបានត្រូវផ្ដួលរំលំហើយ!»។+
២២ ប៉ុន្តែ នៅល្ងាចមុនថ្ងៃនោះ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានមកសណ្ឋិតលើខ្ញុំ ហើយលោកបើកមាត់ខ្ញុំឲ្យហាស្ដី គឺមុនពេលដែលបុរសនោះមកជួបខ្ញុំនៅពេលព្រឹក។ ដូច្នេះ ខ្ញុំក៏អាចនិយាយឡើងវិញបាន។+
២៣ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២៤ «កូនមនុស្សអើយ! ពួកអ្នករស់នៅបណ្ដាក្រុងដែលខ្ទេចខ្ទីអស់+ កំពុងនិយាយអំពីស្រុកអ៊ីស្រាអែលថា៖ ‹សូម្បីតែអាប្រាហាំជាមនុស្សម្នាក់ប៉ុណ្ណោះ គាត់បានទទួលស្រុកនេះជាមត៌កទៅហើយ+ ចុះទម្រាំដល់យើងដែលមានគ្នាច្រើនបែបនេះ យើងប្រាកដជានឹងទទួលទឹកដីនេះជាមិនខាន›។
២៥ «ហេតុនេះ ចូរនិយាយទៅកាន់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «អ្នករាល់គ្នាបរិភោគសាច់ដែលមានឈាម+ និងគោរពបូជារូបព្រះដ៏គួរឲ្យស្អប់ខ្ពើម ហើយចេះតែសម្លាប់មនុស្ស។+ ដូច្នេះ តើអ្នករាល់គ្នាគិតថាខ្លួនគួរទទួលស្រុកនោះជាមត៌កឬ? ២៦ អ្នករាល់គ្នាបានទុកចិត្តលើដាវរបស់ខ្លួន+ ហើយប្រព្រឹត្តអំពើដ៏ស្មោកគ្រោក ថែមទាំងរួមដំណេកជាមួយនឹងប្រពន្ធរបស់អ្នកជិតខាងទៀតផង។+ ដូច្នេះ តើអ្នករាល់គ្នាគិតថាខ្លួនគួរទទួលស្រុកនោះជាមត៌កឬ?»›។+
២៧ «អ្នកត្រូវប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាអស់អ្នកដែលនៅបណ្ដាក្រុងបាក់បែក នឹងស្លាប់ដោយដាវ។ ឯអស់អ្នកដែលនៅឯវាល នឹងទៅជាចំណីសត្វសាហាវ។ ចំណែកអស់អ្នកដែលនៅកន្លែងរឹងមាំនិងក្នុងរូងភ្នំទាំងឡាយ ពួកគេនឹងស្លាប់ដោយរោគរាតត្បាត។+ ២៨ ខ្ញុំនឹងបំផ្លាញស្រុកនោះឲ្យខ្ទេចខ្ទីអស់+ ហើយពួកគេនឹងលែងមានអំណួតទៀត។ តំបន់ភ្នំអ៊ីស្រាអែល នឹងទៅជាតំបន់ស្ងាត់ជ្រងំ+ ហើយគ្មានអ្នកណាដើរកាត់ឡើយ។ ២៩ ដោយសារអំពើដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ+ ខ្ញុំនឹងធ្វើឲ្យស្រុកនោះទៅជាកន្លែងស្ងាត់ជ្រងំគ្មានមនុស្សរស់នៅ។+ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»›។
៣០ «ចំណែកអ្នកវិញ កូនមនុស្សអើយ! ជនរួមជាតិអ្នកកំពុងនិយាយគ្នាអំពីអ្នកនៅតាមកំពែងក្រុងនិងមាត់ទ្វារផ្ទះរបស់ពួកគេ។+ ពួកគេកំពុងនិយាយគ្នាថា៖ ‹ចូរមក យើងនាំគ្នាទៅស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា›។ ៣១ ពួកគេនឹងនាំគ្នាមកអង្គុយនៅខាងមុខអ្នក ធ្វើដូចជារាស្ត្រខ្ញុំ។ ពួកគេនឹងស្ដាប់ពាក្យសម្ដីរបស់អ្នក តែពួកគេនឹងមិនធ្វើតាមទេ។+ ព្រោះមាត់ពួកគេនិយាយបញ្ជោរអ្នក តែចិត្តពួកគេលោភលន់ចង់បានតែកម្រៃដែលមិនទៀងត្រង់។ ៣២ មើល! ពាក្យសម្ដីរបស់អ្នកប្រៀបដូចជាចម្រៀងស្នេហាយ៉ាងលន្លង់លន្លោច អមដោយបទភ្លេងដែលគេប្រគុំយ៉ាងពីរោះ។ ម្ល៉ោះហើយ ពួកគេនឹងស្ដាប់សម្ដីអ្នក តែមិនធ្វើតាមទេ។ ៣៣ មើល! ពាក្យទាំងនោះនឹងកើតឡើងជាមិនខាន! ពេលដែលឃើញថារឿងនោះក្លាយជាការពិត ពួកគេនឹងដឹងថាមានអ្នកប្រកាសទំនាយម្នាក់ក្នុងចំណោមពួកគេមែន»។+
៣៤ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរប្រកាសទំនាយទាស់នឹងពួកគង្វាលនៃអ៊ីស្រាអែល ហើយនិយាយទៅកាន់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «វេទនាហើយពួកគង្វាលនៃអ៊ីស្រាអែល!+ ព្រោះអ្នករាល់គ្នាបរិភោគតែខ្លួនឯងប៉ុណ្ណោះ ហើយមិនបានឲ្យចំណីដល់ហ្វូងចៀមទេ។ តើគង្វាលគួរធ្វើដូចនោះឬ?+ ៣ អ្នករាល់គ្នាសម្លាប់ចៀមធាត់ៗ+ធ្វើជាអាហារ ហើយបរិភោគខ្លាញ់ ព្រមទាំងដណ្ដប់ខ្លួនដោយរោមចៀមទៀតផង។ ប៉ុន្តែ អ្នករាល់គ្នាមិនបានឲ្យចំណីដល់ហ្វូងចៀមទេ។+ ៤ អ្នករាល់គ្នាមិនបានពង្រឹងចៀមខ្សោយឲ្យរឹងមាំទេ ហើយក៏មិនបានធ្វើឲ្យចៀមដែលឈឺជាសះស្បើយឬរុំរបួសឲ្យដែរ។ អ្នកថែមទាំងមិនបានស្វែងរកឬនាំចៀមដែលវង្វេងត្រឡប់មកវិញទេ។+ ផ្ទុយទៅវិញ អ្នករាល់គ្នាបានប្រើអំណាចខ្លួន ជិះជាន់សង្កត់សង្កិនចៀមទាំងនោះវិញ។+ ៥ ដូច្នេះ ហ្វូងចៀមបានខ្ចាត់ខ្ចាយ ហើយទៅជាចំណីសត្វព្រៃនៅឯវាល ព្រោះគ្មានគង្វាល។+ ៦ ហ្វូងចៀមខ្ញុំដើរវង្វេងទៅភ្នំតូចធំទាំងឡាយ។ ចៀមទាំងនោះនៅរាត់រាយពេញផែនដី គ្មាននរណាទៅស្វែងរកឡើយ។
៧ «‹«ហេតុនេះ ឱគង្វាលទាំងឡាយអើយ! ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ាដូចតទៅ៖ ៨ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំចង់ប្រាប់ថាចៀមខ្ញុំបានក្លាយជាចំណីដល់សត្វព្រៃ ព្រោះគង្វាលខ្ញុំមិនបានរក្សាការពារនិងខំស្វែងរកចៀមខ្ញុំឡើយ។ គង្វាលទាំងនោះផ្គត់ផ្គង់អាហារដល់ខ្លួនឯងប៉ុណ្ណោះ តែមិនបានផ្ដល់ចំណីដល់ចៀមខ្ញុំសោះ»›។ ៩ ហេតុនេះ ឱគង្វាលទាំងឡាយអើយ! ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ាចុះ។ ១០ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំទាស់នឹងពួកគង្វាលទាំងនោះ ហើយខ្ញុំនឹងឲ្យពួកគេទទួលខុសត្រូវចំពោះចៀមខ្ញុំ រួចខ្ញុំឈប់ឲ្យពួកគេឃ្វាលចៀមខ្ញុំទៀត។+ ម្ល៉ោះហើយ គង្វាលទាំងនោះនឹងមិនអាចផ្គត់ផ្គង់អាហារដល់ខ្លួនបានទៀតទេ។ ខ្ញុំនឹងសង្គ្រោះចៀមខ្ញុំពីមាត់ពួកគេ ហើយចៀមខ្ញុំនឹងលែងទៅជាចំណីរបស់ពួកគេទៀត›»។
១១ «‹ព្រោះព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «មើល! ខ្ញុំនៅទីនេះហើយ ខ្ញុំផ្ទាល់នឹងស្វែងរកចៀមខ្ញុំ ហើយខ្ញុំនឹងថែរក្សាពួកគេ។+ ១២ ខ្ញុំនឹងថែរក្សាចៀមខ្ញុំ ដូចជាគង្វាលដែលបានរកឃើញចៀមវង្វេងរបស់ខ្លួន រួចផ្ដល់ចំណីដល់ចៀមទាំងនោះ។+ នៅថ្ងៃដែលមានពពកនិងភាពងងឹតយ៉ាងក្រាស់+ ខ្ញុំនឹងប្រមូលចៀមខ្ញុំពីកន្លែងដែលពួកគេបានខ្ចាត់ខ្ចាយទៅ។ ១៣ ខ្ញុំនឹងនាំពួកគេចេញពីប្រជាជាតិនានា ហើយប្រមូលពួកគេពីស្រុកឯទៀត រួចនាំពួកគេចូលទៅក្នុងស្រុករបស់ពួកគេវិញ ហើយខ្ញុំនឹងឲ្យចំណីពួកគេតាមតំបន់ភ្នំក្នុងស្រុកអ៊ីស្រាអែល+ តាមដងអូរ និងនៅគ្រប់កន្លែងដែលពួកគេរស់នៅ។ ១៤ ខ្ញុំនឹងឃ្វាលពួកគេនៅលើវាលស្មៅខៀវខ្ចី ហើយពួកគេនឹងបានចំណីល្អៗនៅលើភ្នំខ្ពស់ៗក្នុងទឹកដីអ៊ីស្រាអែល។+ ពួកគេនឹងដេកនៅលើកន្លែងដ៏ស្រស់បំព្រង+ ហើយពួកគេមានស្មៅខៀវខ្ចីជាអាហារនៅតំបន់ភ្នំក្នុងស្រុកអ៊ីស្រាអែល»។
១៥ «‹«ខ្ញុំផ្ទាល់នឹងឲ្យចំណីដល់ចៀមខ្ញុំ+ ហើយខ្លួនខ្ញុំផ្ទាល់នឹងឲ្យពួកគេដេកសម្រាក»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ១៦ «ចៀមណាដែលបាត់ ខ្ញុំនឹងស្វែងរក។+ ចៀមណាដែលវង្វេង ខ្ញុំនឹងនាំត្រឡប់មកវិញ។ ចៀមណាដែលមានរបួស ខ្ញុំនឹងរុំរបួសឲ្យ។ ចៀមណាដែលខ្សោយ ខ្ញុំនឹងពង្រឹងកម្លាំង។ ប៉ុន្តែ ចៀមណាដែលធាត់និងមាំ ខ្ញុំនឹងបំផ្លាញចោល។ ខ្ញុំនឹងវិនិច្ឆ័យ ហើយដាក់ទោសពួកគេស្របតាមកំហុសឆ្គងរបស់ពួកគេ»។
១៧ «‹ឱចៀមខ្ញុំអើយ! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «មើល! ខ្ញុំហៀបនឹងវិនិច្ឆ័យរវាងចៀមមួយនិងចៀមមួយទៀត ហើយរវាងចៀមឈ្មោលនិងពពែឈ្មោល។+ ១៨ អ្នកបានចំណីនៅលើវាលស្មៅដ៏ល្អបំផុតហើយ តើមិនគ្រប់គ្រាន់ឬ? តើត្រូវជាន់កម្ទេចវាលស្មៅឯទៀតឬ? ក្រោយពីផឹកទឹកដ៏ថ្លាឆ្វង់រួច តើអ្នកគួរយកជើងកូរទឹកឲ្យល្អក់ឬ? ១៩ តើចៀមខ្ញុំគួរតែបានចំណីនៅលើវាលស្មៅដែលអ្នកជាន់ ហើយផឹកទឹកដែលអ្នកបានកូរឲ្យល្អក់ឬ?»។
២០ «‹ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅពួកគេថា៖ «មើល! ខ្ញុំផ្ទាល់នឹងវិនិច្ឆ័យរវាងចៀមធាត់និងចៀមស្គម ២១ ព្រោះស្មានិងចំហៀងខ្លួនអ្នក ចេះតែរុលចូលទៅពួកអ្នកដែលឈឺ ហើយស្នែងអ្នក ចេះតែបុកពួកគេ រហូតដល់ពួកគេខ្ចាត់ខ្ចាយអស់។ ២២ ខ្ញុំនឹងសង្គ្រោះចៀមខ្ញុំ ហើយអ្នកដទៃនឹងលែងធ្វើបាបចៀមខ្ញុំទៀតហើយ។+ ខ្ញុំនឹងវិនិច្ឆ័យរវាងចៀមមួយនិងចៀមមួយទៀត។ ២៣ ខ្ញុំនឹងតែងតាំងបុគ្គលម្នាក់ឲ្យឃ្វាលចៀមខ្ញុំ+ គឺជាដាវីឌជាអ្នកបម្រើខ្ញុំ+ ហើយគាត់នឹងឲ្យចំណីពួកគេ។ គាត់ផ្ទាល់នឹងផ្គត់ផ្គង់អាហារដល់ពួកគេ ព្រោះគាត់ជាគង្វាលរបស់ពួកគេ។+ ២៤ ខ្ញុំជាយេហូវ៉ា ខ្ញុំនឹងទៅជាព្រះរបស់ពួកគេ+ ហើយដាវីឌជាអ្នកបម្រើខ្ញុំ នឹងធ្វើជាអ្នកដឹកនាំពួកគេ។+ ខ្ញុំគឺយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចាហើយ។
២៥ «‹«ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងពួកគេ+ ហើយខ្ញុំនឹងបណ្ដេញសត្វសាហាវទាំងប៉ុន្មានឲ្យអស់ពីស្រុកនោះ+ ដើម្បីឲ្យពួកគេអាចរស់នៅដោយសុខសាន្តនៅតំបន់ស្ងាត់ជ្រងំ ហើយដេកដោយសុខស្រួលនៅក្នុងព្រៃ។+ ២៦ ខ្ញុំនឹងធ្វើឲ្យពួកគេនិងតំបន់ជុំវិញទីទួលរបស់ខ្ញុំទទួលពរ+ ហើយខ្ញុំនឹងបង្អុរភ្លៀងឲ្យធ្លាក់មកតាមរដូវកាល។ ពរទាំងប៉ុន្មាននឹងធ្លាក់មកដូចជាភ្លៀង។+ ២៧ គ្រានោះ ដីនឹងបង្កើតផល ដើមឈើទាំងឡាយនៅឯវាលនឹងមានផ្លែ+ ហើយរាស្ត្រខ្ញុំនឹងរស់នៅក្នុងស្រុកនោះដោយសុខសាន្ត។ ពេលខ្ញុំបំបាក់នឹមដែលនៅលើករបស់ពួកគេ+ ហើយសង្គ្រោះពួកគេឲ្យរួចផុតពីការធ្វើជាឈ្លើយ នោះពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។ ២៨ ពួកគេនឹងលែងទៅជាចំណីដល់ប្រជាជាតិនានា ហើយសត្វសាហាវនៅផែនដីនឹងមិនត្របាក់ពួកគេទៀតទេ។ ពួកគេនឹងរស់នៅដោយសុខសាន្ត គ្មានអ្នកណាមកបំភ័យពួកគេឡើយ។+
២៩ «‹«ខ្ញុំនឹងដាំចម្ការដ៏ល្បីមួយឲ្យពួកគេ ហើយពួកគេនឹងលែងស្លាប់ដោយការអត់ឃ្លានទៀត។+ ប្រជាជាតិនានាក៏នឹងឈប់មើលងាយពួកគេដែរ។+ ៣០ ‹ពេលនោះ ពូជពង្សអ៊ីស្រាអែលនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាព្រះរបស់ពួកគេ ខ្ញុំនៅជាមួយនឹងពួកគេ ហើយពួកគេក៏ដឹងដែរថាពួកគេជារាស្ត្ររបស់ខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»›។
៣១ «‹ឱចៀមដែលខ្ញុំថែរក្សាអើយ!+ អ្នកគ្រាន់តែជាមនុស្សប៉ុណ្ណោះ ហើយខ្ញុំជាព្រះរបស់អ្នក›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
៣៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ ២ «កូនមនុស្សអើយ! ចូរបែរមុខទៅតំបន់ភ្នំសៀ+ ហើយប្រកាសទំនាយទាស់នឹងតំបន់នោះ។+ ៣ ចូរប្រកាសថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «ឱតំបន់ភ្នំសៀអើយ! មើល! ខ្ញុំទាស់នឹងអ្នកហើយ។ ខ្ញុំនឹងលើកដៃប្រហារអ្នក ហើយធ្វើឲ្យអ្នកទៅជាតំបន់ស្ងាត់ជ្រងំគ្មានមនុស្សរស់នៅទៀត។+ ៤ ខ្ញុំនឹងបំផ្លាញបណ្ដាក្រុងរបស់អ្នកឲ្យខ្ទេចខ្ទីអស់ ហើយអ្នកនឹងទៅជាកន្លែងដែលគេបោះបង់ចោល។+ ពេលនោះ អ្នកនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។ ៥ ព្រោះអ្នកតែងតែមានចិត្តស្អប់ចំពោះពួកអ៊ីស្រាអែល+ ហើយបានប្រគល់ពួកគេឲ្យសត្រូវសម្លាប់ដោយដាវ នៅគ្រាដែលពួកគេមានទុក្ខវេទនា គឺនៅពេលដែលពួកគេទទួលការវិនិច្ឆ័យផ្ដាច់ព្រ័ត្រ»›។+
៦ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតប្រកាសថា៖ ‹ហេតុនេះ ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងញែកអ្នកទុកសម្រាប់ការបង្ហូរឈាម ហើយការបង្ហូរឈាមនឹងតាមអ្នកទាន់។+ ដោយសារអ្នកបានបង្ហូរឈាមជនដែលអ្នកស្អប់ នោះអ្នកនឹងរងការបង្ហូរឈាមវិញ។+ ៧ ខ្ញុំនឹងធ្វើឲ្យតំបន់ភ្នំសៀទៅជាកន្លែងស្ងាត់ជ្រងំគ្មានមនុស្សរស់នៅ+ ហើយខ្ញុំនឹងធ្វើឲ្យលែងមានទាំងអ្នកដែលដើរឆ្លងកាត់ ទាំងអ្នកដែលធ្វើដំណើរត្រឡប់មកវិញ។ ៨ ខ្ញុំនឹងធ្វើឲ្យភ្នំទាំងប៉ុន្មានរបស់អ្នកពេញទៅដោយសាកសព។ ឯទីទួល ជ្រលង និងអូរទាំងឡាយ មានសុទ្ធតែសាកសពមនុស្សដែលត្រូវគេសម្លាប់ដោយដាវ។ ៩ ខ្ញុំនឹងធ្វើឲ្យអ្នកទៅជាកន្លែងដែលគេបោះបង់ចោលជាដរាបតទៅ ហើយបណ្ដាក្រុងរបស់អ្នកនឹងគ្មានមនុស្សរស់នៅទៀត។+ ពេលនោះ អ្នកនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។
១០ «អ្នកបាននិយាយថា៖ ‹ប្រជាជាតិទាំងពីរនិងទឹកដីទាំងនេះនឹងទៅជាកម្មសិទ្ធិរបស់ខ្ញុំ ហើយខ្ញុំនឹងដណ្ដើមយកស្រុកទាំងពីរនេះ›។+ អ្នកបាននិយាយដូច្នេះ ទោះបីខ្ញុំយេហូវ៉ាកំពុងមានវត្តមាននៅទីនោះក្ដី ១១ ‹ហេតុនេះ ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងចាត់វិធានការទាស់នឹងអ្នកស្របតាមកំហឹង ការច្រណែន និងចិត្តស្អប់ដែលអ្នកមានចំពោះរាស្ត្រខ្ញុំ។+ ខ្ញុំនឹងឲ្យពួកគេស្គាល់ខ្ញុំយ៉ាងច្បាស់ ពេលដែលខ្ញុំវិនិច្ឆ័យអ្នក›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ១២ ពេលនោះ អ្នកនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា ខ្ញុំផ្ទាល់បានឮពាក្យដែលអ្នកបានប្រមាថមើលងាយដល់តំបន់ភ្នំអ៊ីស្រាអែល កាលដែលអ្នកនិយាយថា៖ «ពួកគេបានត្រូវបំផ្លាញខ្ទេចខ្ទីហើយ ព្រមទាំងប្រគល់ឲ្យយើងត្របាក់លេបទៀតផង»។ ១៣ អ្នកបាននិយាយដោយអំណួតទាស់នឹងខ្ញុំ ហើយនិយាយពាក្យជាច្រើនប្រឆាំងនឹងខ្ញុំ។+ ខ្ញុំបានឮពាក្យទាំងនោះហើយ›។
១៤ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ផែនដីទាំងមូលនឹងអរសប្បាយ ពេលដែលខ្ញុំធ្វើឲ្យអ្នកទៅជាតំបន់ស្ងាត់ជ្រងំគ្មានមនុស្សរស់នៅ។ ១៥ ដូច្នេះ ពេលអ្នកឃើញមត៌កនៃពូជពង្សអ៊ីស្រាអែលបានត្រូវបំផ្លាញ អ្នកអរសប្បាយយ៉ាងណា នោះខ្ញុំនឹងធ្វើយ៉ាងនោះទៅលើអ្នកដែរ។+ ឱតំបន់ភ្នំសៀជាស្រុកអេដំទាំងមូលអើយ!+ អ្នកនឹងវិនាសសាបសូន្យជាមិនខាន។ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›»។
៣៦ «ចំណែកអ្នកវិញ កូនមនុស្សអើយ! ចូរប្រកាសទំនាយអំពីភ្នំទាំងឡាយក្នុងស្រុកអ៊ីស្រាអែលថា៖ ‹ឱភ្នំទាំងឡាយក្នុងស្រុកអ៊ីស្រាអែលអើយ! ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។ ២ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ពួកសត្រូវបាននិយាយទាស់នឹងអ្នកថា៖ ‹ឃើញទេ! សូម្បីតែតំបន់ខ្ពស់ៗពីបុរាណ ក៏ធ្លាក់មកជាកម្មសិទ្ធិរបស់យើងដែរ!›»›។+
៣ «ដូច្នេះ ចូរប្រកាសទំនាយថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «ពួកសត្រូវបានមកវាយកម្ទេចអ្នកពីគ្រប់ទិសទី ហើយធ្វើឲ្យអ្នកទៅជាកម្មសិទ្ធិរបស់ពួកអ្នកដែលរួចជីវិតពីចំណោមប្រជាជាតិនានា។ ពួកអ្នកទាំងនោះចេះតែនិយាយដើមនិងបង្កាច់បង្ខូចអ្នកជានិច្ច។+ ៤ ម្ល៉ោះហើយ ឱតំបន់ភ្នំស្រុកអ៊ីស្រាអែលអើយ! ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅកាន់ភ្នំតូចធំ ជ្រលង អូរ និងតំបន់បាក់បែកខ្ទេចខ្ទី+ ព្រមទាំងទៅកាន់ក្រុងបាក់បែកទាំងឡាយ ដែលប្រជាជាតិរួចជីវិតនៅជុំវិញ បានចំអកមើលងាយ និងប្លន់យកទ្រព្យ។+ ៥ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅកាន់កន្លែងទាំងនោះថា៖ ‹មើល! ដោយចិត្តខ្នះខ្នែងដែលប្រៀបដូចជាភ្លើង+ ខ្ញុំនឹងនិយាយទាស់នឹងប្រជាជាតិនានាដែលរួចជីវិត ហើយនិយាយប្រឆាំងនឹងពួកអេដំទាំងអស់ ពោលគឺពួកអ្នកដែលដណ្ដើមយកស្រុកខ្ញុំ និងតំបន់វាលស្មៅជុំវិញ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។+ ពួកគេធ្វើដូច្នេះ ទាំងចំអកមើលងាយនិងអរសប្បាយជាខ្លាំង›»›។+
៦ «ដូច្នេះ ចូរប្រកាសទំនាយស្ដីអំពីស្រុកអ៊ីស្រាអែល ហើយនិយាយទៅភ្នំតូចធំ ជ្រលង និងអូរថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «មើល! ខ្ញុំនឹងនិយាយដោយចិត្តខ្នះខ្នែងនិងដោយកំហឹងរបស់ខ្ញុំ ព្រោះអ្នកបានរងការមាក់ងាយពីប្រជាជាតិនានា»›។+
៧ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! ខ្លួនខ្ញុំផ្ទាល់នឹងលើកដៃស្បថថា ប្រជាជាតិនានាដែលនៅជុំវិញ នឹងរងការអាម៉ាស់ជាមិនខាន។+ ៨ ចំណែកអ្នកវិញ ឱតំបន់ភ្នំស្រុកអ៊ីស្រាអែលអើយ! អ្នកនឹងមានព្រៃឈើបែកមែកសាខា ហើយបង្កើតផលផ្លែឲ្យអ៊ីស្រាអែលជារាស្ត្រខ្ញុំ+ ព្រោះពួកគេជិតត្រឡប់មកវិញហើយ។ ៩ ដ្បិតខ្ញុំនៅជាមួយអ្នក ហើយយកចិត្តទុកដាក់ចំពោះអ្នក។ នៅលើអ្នក នឹងមានការសាបព្រោះដាំដុះម្ដងទៀត។ ១០ ខ្ញុំនឹងធ្វើឲ្យពូជពង្សអ៊ីស្រាអែលដែលជារាស្ត្រខ្ញុំមានចំនួនច្រើនឡើងៗ។ ក្រុងនានានឹងមានមនុស្សរស់នៅ។+ ឯកន្លែងបាក់បែក នឹងត្រូវសង់ឡើងវិញ។+ ១១ ខ្ញុំនឹងធ្វើឲ្យចំនួនមនុស្សនិងចំនួនសត្វនៅលើអ្នកកើនឡើង+ គឺនឹងមានកូនចៅជាច្រើន។ ខ្ញុំនឹងធ្វើឲ្យអ្នកទៅជាទីអាស្រ័យនៅដូចពីមុន។+ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំនឹងធ្វើឲ្យអ្នកមានភាពចម្រុងចម្រើនជាងពីមុនទៅទៀត។+ ពេលនោះ អ្នកនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។+ ១២ ខ្ញុំនឹងធ្វើឲ្យអ៊ីស្រាអែលរាស្ត្រខ្ញុំ ដើរនៅលើអ្នក ហើយពួកគេនឹងយកអ្នកធ្វើជាកម្មសិទ្ធិ។+ ដូច្នេះ អ្នកនឹងទៅជាមត៌ករបស់ពួកគេ ហើយអ្នកនឹងលែងធ្វើឲ្យពួកគេបាត់បង់កូនទៀតហើយ›»។+
១៣ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ ‹ដោយសារពួកគេនិយាយមកកាន់អ្នកថា៖ «អ្នកជាស្រុកដែលលេបត្របាក់បណ្ដាជន ហើយពង្រាត់កូនចៅរបស់ប្រជាជាតិអ្នក»› ១៤ ‹ដូច្នេះ អ្នកនឹងលែងលេបត្របាក់បណ្ដាជនទៀត ហើយក៏លែងពង្រាត់កូនចៅរបស់ប្រជាជាតិអ្នកដែរ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ១៥ ‹ខ្ញុំនឹងលែងបណ្ដាលឲ្យប្រជាជាតិនានាមាក់ងាយ និងសើចចំអកឲ្យអ្នកទៀតហើយ។+ អ្នកក៏នឹងលែងធ្វើឲ្យប្រជាជាតិខ្លួនជំពប់ដួលទៀតដែរ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
១៦ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ១៧ «កូនមនុស្សអើយ! ពេលដែលពូជពង្សអ៊ីស្រាអែលរស់នៅក្នុងស្រុកខ្លួន ពួកគេបានធ្វើឲ្យទីនោះស្មោកគ្រោកដោយទង្វើនិងការប្រព្រឹត្តរបស់ពួកគេ។+ ចំពោះខ្ញុំ ការទាំងនោះគឺមិនស្អាតបរិសុទ្ធដូចជាឈាមរដូវរបស់ស្ត្រី។+ ១៨ ម្ល៉ោះហើយ ខ្ញុំបានបញ្ចេញកំហឹងទៅលើពួកគេ ព្រោះពួកគេបានបង្ហូរឈាមនៅក្នុងស្រុកនោះ+ ហើយធ្វើឲ្យទីនោះស្មោកគ្រោកដោយរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ។+ ១៩ ដូច្នេះ ខ្ញុំបានបណ្ដេញពួកគេទៅក្នុងចំណោមប្រជាជាតិនានា ហើយធ្វើឲ្យពួកគេខ្ចាត់ខ្ចាយទៅស្រុកឯទៀត។+ ខ្ញុំបានវិនិច្ឆ័យពួកគេស្របតាមទង្វើនិងការប្រព្រឹត្តរបស់ពួកគេ។ ២០ ប៉ុន្តែ ពេលរាស្ត្រខ្ញុំទៅឯប្រជាជាតិនានា បណ្ដាជនទាំងនោះបានបង្អាប់នាមបរិសុទ្ធរបស់ខ្ញុំ+ ដោយនិយាយចំអកថា៖ ‹ក្រែងពួកគេជារាស្ត្ររបស់ព្រះយេហូវ៉ា ម្ដេចក៏ត្រូវចាកចេញពីស្រុករបស់លោកដូចនេះ?›។ ២១ ដូច្នេះ ខ្ញុំនឹងចាត់វិធានការដោយយល់ដល់នាមបរិសុទ្ធរបស់ខ្ញុំ ជានាមដែលពូជពង្សអ៊ីស្រាអែលបានធ្វើឲ្យអាប់ឱននៅក្នុងចំណោមប្រជាជាតិនានាដែលពួកគេទៅរស់នៅនោះ»។+
២២ «ហេតុនេះ ចូរទៅប្រាប់ពូជពង្សអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «ឱពូជពង្សអ៊ីស្រាអែលអើយ! ខ្ញុំនឹងចាត់វិធានការយ៉ាងនេះ មិនមែនដោយយល់ដល់អ្នករាល់គ្នាទេ តែដោយយល់ដល់នាមបរិសុទ្ធរបស់ខ្ញុំវិញ ជានាមដែលអ្នករាល់គ្នាបានធ្វើឲ្យអាប់ឱននៅក្នុងចំណោមប្រជាជាតិនានាដែលអ្នករាល់គ្នាទៅរស់នៅនោះ»›។+ ២៣ ‹ខ្ញុំនឹងញែកនាមដ៏ឧត្ដមរបស់ខ្ញុំជាបរិសុទ្ធ+ ជានាមដែលប្រជាជាតិទាំងឡាយបានមើលងាយ ព្រោះអ្នករាល់គ្នាបានធ្វើឲ្យនាមខ្ញុំអាប់ឱនកិត្តិយស។ ពេលខ្ញុំញែកខ្លួនខ្ញុំជាបរិសុទ្ធក្នុងចំណោមអ្នករាល់គ្នានៅចំពោះមុខពួកគេ នោះពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ២៤ ‹ខ្ញុំនឹងយកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិនានា ហើយប្រមូលអ្នករាល់គ្នាពីស្រុកទាំងឡាយ រួចនាំអ្នករាល់គ្នាមករស់នៅក្នុងស្រុករបស់ខ្លួនវិញ។+ ២៥ ខ្ញុំនឹងប្រោះទឹកស្អាតទៅលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានស្អាតបរិសុទ្ធ។+ ខ្ញុំនឹងសម្អាតអ្នករាល់គ្នាឲ្យជ្រះស្អាតពីភាពស្មោកគ្រោក+ និងពីរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមទាំងអស់។+ ២៦ ខ្ញុំនឹងឲ្យអ្នករាល់គ្នាមានចិត្តថ្មី+ ហើយដាក់គំនិតថ្មីនៅក្នុងអ្នករាល់គ្នា។+ ខ្ញុំនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា+ ហើយឲ្យអ្នករាល់គ្នាមានចិត្តទន់*វិញ។ ២៧ ខ្ញុំនឹងប្រើឫទ្ធានុភាពខ្ញុំផ្លាស់ប្ដូរគំនិតអ្នករាល់គ្នា។ ខ្ញុំនឹងជំរុញចិត្តអ្នករាល់គ្នាឲ្យធ្វើតាមបញ្ញត្តិខ្ញុំ+ ហើយអ្នករាល់គ្នានឹងកាន់តាមក្រឹត្យក្រមរបស់ខ្ញុំ។ ២៨ ក្រោយនោះ អ្នករាល់គ្នានឹងរស់នៅក្នុងស្រុកដែលខ្ញុំបានឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា›។+
២៩ «‹ខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នាពីអ្វីទាំងអស់ដែលមិនស្អាតបរិសុទ្ធ រួចបង្គាប់ស្រូវឲ្យមានភោគផលជាច្រើន នោះអ្នករាល់គ្នានឹងគ្មានការអត់ឃ្លានទៀត។+ ៣០ ខ្ញុំនឹងធ្វើឲ្យដើមឈើនិងស្រែចម្ការនានាមានផលផ្លែជាបរិបូរ ដើម្បីកុំឲ្យអ្នករាល់គ្នារងការអាម៉ាស់ទៀតក្នុងចំណោមប្រជាជាតិទាំងឡាយ ដោយសារការអត់ឃ្លាន។+ ៣១ ពេលនោះ អ្នករាល់គ្នានឹងនឹកឃើញទង្វើនិងការប្រព្រឹត្តដ៏អាក្រក់របស់ខ្លួន ហើយក៏ស្អប់ខ្ពើមខ្លួនឯងចំពោះទោសកំហុស និងអំពើដ៏គួរឲ្យខ្ពើមរអើមដែលខ្លួនបានប្រព្រឹត្ត។+ ៣២ ប៉ុន្តែ ចូរចាំថា ខ្ញុំមិនមែនធ្វើដូច្នោះដោយយល់ដល់អ្នករាល់គ្នាទេ។+ ដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ! ចូររអៀសខ្លួននិងអៀនខ្មាសចំពោះការប្រព្រឹត្តរបស់ខ្លួនចុះ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៣៣ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹នៅថ្ងៃដែលខ្ញុំសម្អាតអ្នករាល់គ្នាឲ្យជ្រះស្អាតពីទោសកំហុសគ្រប់យ៉ាង ខ្ញុំនឹងធ្វើឲ្យក្រុងនានាមានមនុស្សរស់នៅម្ដងទៀត។+ ឯកន្លែងបាក់បែក នឹងត្រូវសង់ឡើងវិញ។+ ៣៤ ចំណែកទឹកដីសូន្យស្ងាត់ដែលអ្នកដំណើរតែងតែសម្លឹងមើល នៅទីនោះនឹងមានការសាបព្រោះដាំដុះសាជាថ្មី។ ៣៥ ពេលនោះ បណ្ដាជននឹងនិយាយថា៖ «មើលហ្ន៎! ស្រុកសូន្យស្ងាត់នោះ ឥឡូវស្អាតដូចជាសួនអេដែន+ ហើយក្រុងនានាដែលបានត្រូវបំផ្លាញខ្ទេចខ្ទី ឥឡូវមានកំពែងរឹងមាំនិងមានមនុស្សរស់នៅកុះករ»។+ ៣៦ ដូច្នេះ ប្រជាជាតិដែលសេសសល់នៅជុំវិញអ្នករាល់គ្នា នឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា ខ្ញុំផ្ទាល់ជាអ្នកសង់អ្វីដែលបានត្រូវផ្ដួលរំលំ ហើយខ្ញុំក៏ដាំដុះនៅលើទឹកដីដែលគេបានបំផ្លាញខ្ទេចខ្ទីដែរ។ ខ្ញុំគឺយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចា ហើយខ្ញុំបានធ្វើឲ្យកើតឡើងមែន›។+
៣៧ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងឲ្យពូជពង្សអ៊ីស្រាអែលធ្វើសំណូមពរដល់ខ្ញុំ គឺសុំខ្ញុំឲ្យចម្រើនពួកគេមានគ្នាច្រើនដូចជាហ្វូងចៀម។ ៣៨ ឯបណ្ដាក្រុងដែលបាក់បែកខ្ទេចខ្ទី នឹងមានមនុស្សច្រើនសន្ធឹករស់នៅ។+ ពួកគេដូចជាក្រុមមនុស្សបរិសុទ្ធ និងប្រៀបដូចជាហ្វូងចៀមនៅក្រុងយេរូសាឡិម* ក្នុងអំឡុងពេលមានពិធីបុណ្យផ្សេងៗ។+ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›»។
៣៧ បន្ទាប់មក ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានមកសណ្ឋិតលើខ្ញុំ។ រួចឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានយកខ្ញុំទៅដាក់នៅកណ្ដាលជ្រលងភ្នំមួយ+ ដែលមានពេញទៅដោយឆ្អឹងសាកសព។ ២ លោកបានឲ្យខ្ញុំដើរកាត់ឆ្អឹងទាំងនោះ។ នៅក្នុងជ្រលងភ្នំនោះ ខ្ញុំឃើញមានឆ្អឹងសាកសពជាច្រើនដែលស្ងួតហែង។+ ៣ លោកបានសួរខ្ញុំថា៖ «កូនមនុស្សអើយ! តើឆ្អឹងទាំងនោះអាចមានជីវិតឡើងវិញបានទេ?»។ ខ្ញុំក៏ឆ្លើយថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! មានតែលោកទេដែលជ្រាប»។+ ៤ ដូច្នេះ លោកមានប្រសាសន៍មកខ្ញុំថា៖ «ចូរប្រកាសទំនាយអំពីឆ្អឹងទាំងនេះ រួចនិយាយទៅកាន់ឆ្អឹងទាំងនេះថា៖ ‹ឱឆ្អឹងស្ងួតហែងអើយ! ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាដូចតទៅ៖
៥ «‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ទៅកាន់ឆ្អឹងទាំងនោះថា៖ «ខ្ញុំនឹងបណ្ដាលឲ្យខ្យល់ដង្ហើមចូលទៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងរស់ឡើងវិញ។+ ៦ ខ្ញុំនឹងដាក់សរសៃ និងធ្វើឲ្យសាច់ដុះឡើង ហើយគ្របដណ្ដប់ដោយស្បែក។ រួចខ្ញុំនឹងដាក់ខ្យល់ដង្ហើមចូលទៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងរស់រានមានជីវិត។ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»›»។
៧ បន្ទាប់មក ខ្ញុំបានប្រកាសទំនាយតាមបង្គាប់លោក។ ក្រោយពីប្រកាសរួច ភ្លាមនោះខ្ញុំឮសូរសំឡេងគ្រឹកៗ ហើយឆ្អឹងចាប់ផ្ដើមផ្គុំគ្នា គឺឆ្អឹងមួយភ្ជាប់នឹងឆ្អឹងមួយ។ ៨ រួចមក ខ្ញុំឃើញមានសរសៃនិងសាច់ដុះឡើង ហើយក៏មានស្បែកគ្របពីលើដែរ។ ប៉ុន្តែ មិនទាន់មានខ្យល់ដង្ហើមក្នុងនោះទេ។
៩ ក្រោយនោះ លោកមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរប្រកាសប្រាប់ខ្យល់ទៅ! ចូរប្រកាសទំនាយ ហើយនិយាយទៅកាន់ខ្យល់ថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «ឱខ្យល់អើយ! ចូរបក់មកពីទិសទាំងបួនទៅលើសាកសពមនុស្សដែលគេបានសម្លាប់ ដើម្បីឲ្យសាកសពទាំងនេះមានជីវិតឡើងវិញ»›»។
១០ ដូច្នេះ ខ្ញុំបានប្រកាសទំនាយតាមបង្គាប់លោក។ រួចខ្យល់ដង្ហើមបានចូលក្នុងសាកសពទាំងនោះ ហើយពួកគេក៏មានជីវិត រួចក្រោកឈរឡើង+ ទៅជាកងទ័ពដ៏ធំមួយ។
១១ បន្ទាប់មក លោកមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងនេះគឺជាពូជពង្សអ៊ីស្រាអែលទាំងមូល។+ មើល! ពួកគេនិយាយគ្នាថា៖ ‹ឆ្អឹងរបស់យើងស្ងួតហែង ហើយយើងក៏គ្មានសេចក្ដីសង្ឃឹមដែរ+ គឺយើងវិនាសទាំងស្រុងហើយ›។ ១២ ដូច្នេះ ចូរប្រកាសទំនាយ ហើយនិយាយទៅកាន់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ឱរាស្ត្រខ្ញុំអើយ! ខ្ញុំនឹងបើកផ្នូរអ្នករាល់គ្នា+ ហើយឲ្យអ្នករាល់គ្នាចេញពីផ្នូរមក។ រួចខ្ញុំនឹងនាំអ្នករាល់គ្នាទៅស្រុកអ៊ីស្រាអែល។+ ១៣ ឱរាស្ត្រខ្ញុំអើយ! ពេលដែលខ្ញុំបើកផ្នូរអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាចេញមក នោះអ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»›។+ ១៤ ‹ខ្ញុំនឹងដាក់ឫទ្ធានុភាពខ្ញុំនៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងរស់រានមានជីវិត។+ រួចខ្ញុំនឹងឲ្យអ្នករាល់គ្នារស់នៅក្នុងស្រុករបស់ខ្លួនវិញ។ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា ខ្ញុំផ្ទាល់បានចេញវាចាហើយ គឺខ្ញុំបានធ្វើឲ្យកើតឡើងមែន›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។
១៥ ក្រោយមក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ១៦ «កូនមនុស្សអើយ! ចូរយកឈើមួយមក រួចចារលើនោះថា៖ ‹ឈើនៃយូដានិងបណ្ដាជនអ៊ីស្រាអែលដែលនៅជាមួយគាត់›។+ បន្ទាប់មក ចូរយកឈើមួយទៀត ហើយចារលើនោះថា៖ ‹ឈើនៃយ៉ូសែបដែលជាតំណាងអេប្រាអ៊ីម និងពូជពង្សអ៊ីស្រាអែលទាំងមូលដែលនៅជាមួយគាត់›។+ ១៧ រួចមក ចូរភ្ជាប់ឈើទាំងពីរនោះ ឲ្យទៅជាឈើតែមួយក្នុងដៃអ្នក។+ ១៨ ពេលជនរួមជាតិអ្នកសួរថា៖ ‹សូមប្រាប់យើងមក តើការទាំងនេះមានន័យយ៉ាងណា?› ១៩ អ្នកត្រូវឆ្លើយទៅពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ខ្ញុំនឹងយកឈើនៃយ៉ូសែប ដែលនៅក្នុងដៃអេប្រាអ៊ីម និងកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែលដែលនៅជាមួយគាត់ ទៅភ្ជាប់នឹងឈើនៃយូដា ហើយឈើទាំងពីរនោះនឹងទៅជាឈើតែមួយក្នុងដៃខ្ញុំ»›។+ ២០ អ្នកត្រូវកាន់ឈើទាំងពីរដែលមានអក្សរលើនោះ ដើម្បីឲ្យពួកគេមើលឃើញ។
២១ «បន្ទាប់មក ចូរប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «ខ្ញុំនឹងយកជនជាតិអ៊ីស្រាអែលចេញពីស្រុកនានាដែលពួកគេបានទៅរស់នៅ ហើយខ្ញុំនឹងប្រមូលពួកគេពីគ្រប់ទិសទី រួចនាំទៅរស់នៅក្នុងស្រុករបស់ពួកគេវិញ។+ ២២ ខ្ញុំនឹងបង្រួបបង្រួមពួកគេឲ្យទៅជាប្រជាជាតិតែមួយនៅក្នុងស្រុក+លើតំបន់ភ្នំអ៊ីស្រាអែល ហើយនឹងមានស្ដេចមួយរូបគ្រប់គ្រងលើពួកគេ។+ ពួកគេនឹងលែងជាប្រជាជាតិពីរទៀត ហើយក៏លែងបែកជារាជាណាចក្រពីរទៀតដែរ។+ ២៣ ពួកគេនឹងលែងធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម ព្រមទាំងដោយទោសកំហុសនិងអំពើដ៏គួរឲ្យខ្ពើមរអើមរបស់ពួកគេទៀតហើយ។+ ខ្ញុំនឹងជួយពួកគេឲ្យរួចផុតពីការប្រព្រឹត្តមិនស្មោះត្រង់គ្រប់យ៉ាងដែលនាំឲ្យពួកគេធ្វើអំពើខុសឆ្គង រួចខ្ញុំនឹងជម្រះពួកគេឲ្យស្អាតបរិសុទ្ធ។ ក្រោយនោះ ពួកគេនឹងទៅជារាស្ត្រខ្ញុំ ហើយខ្ញុំផ្ទាល់នឹងទៅជាព្រះរបស់ពួកគេ។+
២៤ «‹«ពេលនោះ ដាវីឌជាអ្នកបម្រើខ្ញុំនឹងទៅជាស្ដេចរបស់ពួកគេ+ ហើយពួកគេនឹងមានគង្វាលតែម្នាក់ប៉ុណ្ណោះ។+ ពួកគេនឹងកាន់តាមច្បាប់និងក្រឹត្យក្រមរបស់ខ្ញុំយ៉ាងដិតដល់។+ ២៥ ពួកគេនឹងរស់នៅក្នុងស្រុកដែលខ្ញុំបានប្រគល់ដល់យ៉ាកុបជាអ្នកបម្រើខ្ញុំ ជាស្រុកដែលបុព្វបុរសពួកគេបានរស់នៅ។+ ពួកគេនឹងអាស្រ័យនៅទីនោះជារៀងរហូត+ គឺទាំងពួកគេ ទាំងកូនចៅជំនាន់ក្រោយៗ+ ហើយមានដាវីឌជាអ្នកបម្រើខ្ញុំធ្វើជាមេដឹកនាំពួកគេជាដរាបតទៅ។+
២៦ «‹«ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងពួកគេ+ ជាកិច្ចព្រមព្រៀងដ៏ស្ថិតស្ថេរ។ ខ្ញុំនឹងតាំងពួកគេឡើង ហើយធ្វើឲ្យពួកគេមានគ្នាជាច្រើន+ រួចខ្ញុំដាក់ទីបរិសុទ្ធរបស់ខ្ញុំឲ្យនៅក្នុងចំណោមពួកគេជាដរាប។ ២៧ ត្រសាលខ្ញុំនឹងនៅជាមួយនឹងពួកគេ ខ្ញុំនឹងទៅជាព្រះរបស់ពួកគេ ហើយពួកគេនឹងទៅជារាស្ត្ររបស់ខ្ញុំ។+ ២៨ កាលដែលខ្ញុំយេហូវ៉ាដាក់ទីបរិសុទ្ធរបស់ខ្ញុំឲ្យនៅស្ថិតស្ថេរក្នុងចំណោមរាស្ត្រខ្ញុំ នោះប្រជាជាតិនានានឹងដឹងថាខ្ញុំកំពុងញែកប្រជាជាតិអ៊ីស្រាអែលជាបរិសុទ្ធ»›»។+
៣៨ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ២ «កូនមនុស្សអើយ! ចូរបែរមុខទៅទាស់នឹងកូកនៃស្រុកម៉ាកូក+ ដែលជាមេដឹកនាំនៃមេសេកនិងទូបាល+ រួចប្រកាសទំនាយទាស់នឹងគាត់ទៅ។+ ៣ ចូរនិយាយថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ឱកូកដែលជាមេដឹកនាំនៃមេសេកនិងទូបាលអើយ! មើល! ខ្ញុំទាស់នឹងអ្នកហើយ។ ៤ ខ្ញុំនឹងទាញបង្វែរអ្នកមក ហើយដាក់តម្ពក់នៅថ្គាមអ្នក+ រួចខ្ញុំបណ្ដាលឲ្យអ្នកនិងកងទ័ពដ៏ធំរបស់អ្នកចេញទៅច្បាំង+ គឺទ័ពសេះដែលបំពាក់ដោយសម្លៀកបំពាក់ដ៏រុងរឿង ហើយប្រដាប់ដោយដាវ ខែលតូចនិងខែលធំ។ ៥ ក្នុងនោះក៏មានជនជាតិពើស៊ី ជនជាតិអេត្យូពី និងជនជាតិផឹត+ទៅជាមួយដែរ ពួកគេសុទ្ធតែពាក់មួកសឹក និងកាន់ខែលតូចគ្រប់គ្នា។ ៦ ក្នុងចំណោមពួកគេ ក៏មានពួកកូមឺនិងទ័ពទាំងអស់របស់ពួកគេ រួមទាំងពូជពង្សថូកាម៉ា+និងទ័ពទាំងអស់ដែលមកពីតំបន់ឆ្ងាយបំផុតនៅទិសខាងជើង។ ដូច្នេះ នឹងមានមនុស្សជាច្រើនទៅជាមួយអ្នក។+
៧ «‹«ហេតុនេះ ចូរអ្នកនិងទ័ពទាំងអស់ដែលមករួមដៃជាមួយនឹងអ្នក ត្រៀមខ្លួន ហើយប្រុងប្រៀបជាស្រេច! ព្រោះអ្នកនឹងធ្វើជាមេបញ្ជាការលើពួកគេ។
៨ «‹«ច្រើនថ្ងៃក្រោយមក ខ្ញុំនឹងកោះហៅអ្នកមក។ នៅទីបំផុត ក្រោយប៉ុន្មានឆ្នាំកន្លងផុតទៅ អ្នកនឹងវាយប្រហារទៅលើស្រុករបស់បណ្ដាជនដែលបានត្រូវស្ដារឡើងវិញក្រោយពីសង្គ្រាម។ ពួកគេបានត្រូវនាំចេញពីប្រជាជាតិជាច្រើន ហើយទៅរស់នៅតំបន់ភ្នំនៃស្រុកអ៊ីស្រាអែល ជាទឹកដីដែលហិនហោចជាយូរមកហើយ។ អ្នកស្រុកនោះបានត្រូវរំដោះចេញពីប្រជាជាតិនានា ហើយកំពុងរស់នៅដោយសុខសាន្ត។+ ៩ អ្នកនិងកងទ័ពអ្នក ព្រមទាំងមនុស្សជាច្រើនដែលរួមដៃជាមួយអ្នក នឹងមកវាយប្រហារពួកគេដូចជាខ្យល់ព្យុះ ហើយគ្របដណ្ដប់លើស្រុកនោះដូចជាពពក»›។
១០ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹នៅថ្ងៃនោះ នឹងកើតមានគំនិតនៅក្នុងចិត្តអ្នក ហើយអ្នកនឹងរៀបចំគម្រោងដ៏អាក្រក់មួយ។ ១១ អ្នកនឹងនិយាយថា៖ «ខ្ញុំនឹងវាយយកក្រុងតូចៗក្នុងស្រុកដែលគ្មានអ្វីការពារ។+ ខ្ញុំនឹងទៅទាស់នឹងពួកអ្នកដែលរស់នៅដោយសុខសាន្តគ្មានអ្វីរំខាន គឺពួកអ្នកដែលរស់នៅក្នុងក្រុងដែលគ្មានកំពែង គ្មានរនុក ឬខ្លោងទ្វារឡើយ»។ ១២ អ្នកនឹងប្លន់ ហើយរឹបអូសយករបស់របរជាច្រើន រួចវាយប្រហារកន្លែងបាក់បែកដែលមនុស្សកំពុងរស់នៅ+ ជាប្រជាជាតិមួយដែលបានត្រូវរំដោះចេញពីប្រជាជាតិឯទៀត។+ ប្រជាជាតិនោះមានទ្រព្យសម្បត្តិនិងរបស់របរកាន់តែច្រើនឡើង+ ហើយពួកគេកំពុងរស់នៅកណ្ដាលផែនដី។
១៣ «‹ពេលនោះ ពួកសេបា+និងពួកដេដាន់+ ដែលជាឈ្មួញមកពីតើស៊ីស+ រួមទាំងទ័ពទាំងអស់របស់ពួកគេ នឹងនិយាយមកអ្នកថា៖ «តើអ្នកកំពុងវាយលុកដើម្បីប្លន់និងចាប់យករបស់របរជាច្រើនឬ? តើអ្នកបានប្រមូលកងទ័ពដើម្បីទៅរឹបអូសយកមាសប្រាក់ ព្រមទាំងទ្រព្យសម្បត្តិនិងទំនិញដ៏ច្រើនសន្ធឹកសន្ធាប់ឬ?»›។
១៤ «ដូច្នេះ កូនមនុស្សអើយ! ចូរប្រកាសទំនាយទៅកូកថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «នៅថ្ងៃនោះ អ្នកនឹងដឹងយ៉ាងជាក់ថាអ៊ីស្រាអែលជារាស្ត្រខ្ញុំកំពុងរស់នៅដោយសុខសាន្ត។+ ១៥ អ្នកនឹងមកពីកន្លែងរបស់អ្នក ដែលនៅឆ្ងាយបំផុតនាទិសខាងជើង+ គឺអ្នកនិងមនុស្សជាច្រើនដែលនៅជាមួយអ្នក ជាកងទ័ពដ៏ធំដែលមកដោយជិះសេះ។+ ១៦ ឱកូកអើយ! អ្នកនឹងមកទាស់នឹងអ៊ីស្រាអែលជារាស្ត្រខ្ញុំ ដូចជាពពកយ៉ាងក្រាស់គ្របលើស្រុកទាំងមូល។ នៅផ្នែកចុងក្រោយនៃគ្រានោះ ខ្ញុំនឹងនាំអ្នកទៅទាស់នឹងស្រុកខ្ញុំ+ ដើម្បីឲ្យប្រជាជាតិទាំងឡាយស្គាល់ខ្ញុំ ពេលដែលខ្ញុំធ្វើឲ្យពួកគេឃើញថាខ្ញុំបរិសុទ្ធតាមរយៈអ្វីដែលខ្ញុំធ្វើទៅលើអ្នក»›។+
១៧ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹អ្នកជាបុគ្គលដែលខ្ញុំបាននិយាយតាំងពីគ្រាមុន តាមរយៈពួកអ្នកប្រកាសទំនាយដែលជាអ្នកបម្រើខ្ញុំ មែនទេ? អ្នកជាបុគ្គលដែលពួកអ្នកប្រកាសទំនាយរបស់ខ្ញុំបានប្រកាសទុកជាមុនអស់ជាច្រើនឆ្នាំថានឹងមកទាស់នឹងពួកអ៊ីស្រាអែល មែនទេ?›។
១៨ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតប្រកាសថា៖ ‹នៅថ្ងៃនោះ គឺថ្ងៃដែលកូកវាយប្រហារស្រុកអ៊ីស្រាអែល កំហឹងដ៏ខ្លាំងរបស់ខ្ញុំនឹងឆួលឡើង។+ ១៩ នៅថ្ងៃនោះ ខ្ញុំនឹងនិយាយដោយចិត្តខ្នះខ្នែងនិងដោយកំហឹងដែលប្រៀបដូចជាភ្លើង ហើយនៅស្រុកអ៊ីស្រាអែលនឹងមានការរញ្ជួយដីដ៏ធំ។ ២០ ម្ល៉ោះហើយ ត្រីក្នុងសមុទ្រ សត្វស្លាបនៅលើមេឃ សត្វព្រៃនៅឯវាល សត្វលូនវារនៅដី និងមនុស្សជាតិទាំងឡាយនៅផែដី នឹងភ័យញាប់ញ័រដោយសារខ្ញុំ។ ឯបណ្ដាភ្នំនឹងដួលរលំ+ គែមភ្នំនឹងបាក់ធ្លាក់មក ហើយកំពែងទាំងឡាយនឹងរលំមកលើដីដោយសារខ្ញុំ›។
២១ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតប្រកាសថា៖ ‹ខ្ញុំនឹងចាត់ដាវមួយឲ្យមកទាស់នឹងកូកនៅលើភ្នំទាំងប៉ុន្មានរបស់ខ្ញុំ។ ពេលនោះ កងទ័ពគាត់នឹងវាយប្រហារគ្នាឯង។+ ២២ ខ្ញុំនឹងដាក់ទោសគាត់ ដោយរោគរាតត្បាត+និងការបង្ហូរឈាម។ ខ្ញុំនឹងធ្វើឲ្យមានព្យុះភ្លៀង ដុំទឹកកក+ ភ្លើង+ និងស្ពាន់ធ័រ+ ធ្លាក់ទៅលើគាត់និងកងទ័ពគាត់ ព្រមទាំងមនុស្សជាច្រើនដែលនៅជាមួយគាត់។+ ២៣ ខ្ញុំនឹងលើកតម្កើងខ្លួនខ្ញុំ ហើយញែកខ្លួនខ្ញុំជាបរិសុទ្ធ ថែមទាំងធ្វើឲ្យប្រជាជាតិជាច្រើនស្គាល់ខ្ញុំទៀតផង។ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។
៣៩ «ចំណែកអ្នកវិញ កូនមនុស្សអើយ! ចូរប្រកាសទំនាយទាស់នឹងកូក+ ហើយប្រាប់គាត់ថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ឱកូកដែលជាមេដឹកនាំនៃមេសេកនិងទូបាលអើយ! មើល! ខ្ញុំទាស់នឹងអ្នកហើយ។+ ២ ខ្ញុំនឹងបង្វែរអ្នក ហើយដឹកនាំអ្នកឲ្យឡើងមកពីកន្លែងឆ្ងាយបំផុតនៅទិសខាងជើង+ ហើយខ្ញុំនឹងនាំអ្នកឡើងទៅតំបន់ភ្នំនៃស្រុកអ៊ីស្រាអែល។ ៣ ខ្ញុំនឹងវាយទម្លាក់ដងធ្នូចេញពីដៃឆ្វេងរបស់អ្នក ហើយវាយទម្លាក់ព្រួញចេញពីដៃស្ដាំរបស់អ្នក។ ៤ នៅលើតំបន់ភ្នំនៃស្រុកអ៊ីស្រាអែល អ្នកនិងកងទ័ពអ្នក ព្រមទាំងបណ្ដាជនដែលនៅជាមួយអ្នក នឹងដួលស្លាប់ទាំងអស់គ្នា។+ រួចខ្ញុំនឹងឲ្យសាកសពអ្នកជាចំណីដល់សត្វស្លាបគ្រប់ប្រភេទ ហើយដល់សត្វព្រៃទាំងឡាយ»›។+
៥ «‹ដូច្នេះ អ្នកនឹងដួលស្លាប់នៅឯវាលជាប្រាកដ+ ព្រោះខ្ញុំផ្ទាល់បានចេញវាចាហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៦ «‹ខ្ញុំនឹងចាត់ភ្លើងឲ្យទៅបញ្ឆេះស្រុកម៉ាកូកនិងពួកអ្នកដែលកំពុងរស់នៅតាមកោះនានាដោយសុខសាន្ត។+ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា។ ៧ ខ្ញុំនឹងធ្វើឲ្យនាមដ៏បរិសុទ្ធរបស់ខ្ញុំល្បីរន្ទឺក្នុងចំណោមអ៊ីស្រាអែលជារាស្ត្រខ្ញុំ ហើយខ្ញុំនឹងមិនអនុញ្ញាតឲ្យគេមើលងាយនាមដ៏បរិសុទ្ធរបស់ខ្ញុំទៀតឡើយ។ ប្រជាជាតិនានានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា+ ខ្ញុំជាព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល›។+
៨ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតប្រកាសថា៖ ‹មើល! ការទាំងនោះនឹងកើតឡើងមែន ហើយនឹងក្លាយទៅជាការពិតមិនខាន។ នេះជាថ្ងៃដែលខ្ញុំបានប្រាប់ទុកជាមុន។ ៩ ពួកអ្នកដែលរស់នៅតាមបណ្ដាក្រុងក្នុងស្រុកអ៊ីស្រាអែលនឹងចេញទៅដុតគ្រឿងសាស្ត្រាវុធ គឺខែលតូច ខែលធំ ធ្នូ ព្រួញ ស្ន និងលំពែង។ ពួកគេនឹងប្រើអ្វីទាំងនោះធ្វើជាអុសដុត+អស់រយៈពេល៧ឆ្នាំ។ ១០ ពួកគេមិនចាំបាច់ទៅរកអុសនៅឯវាលឬប្រមូលនៅព្រៃឡើយ ព្រោះពួកគេនឹងប្រើគ្រឿងសាស្ត្រាវុធទាំងនោះធ្វើជាអុសវិញ›។
«‹អ្វីៗដែលពួកសត្រូវបានរឹបអូស ពួកគេនឹងយកមកវិញ ហើយអ្វីៗដែលពួកសត្រូវបានប្លន់យកទៅ ក៏ពួកគេយកមកវិញដែរ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
១១ «‹នៅថ្ងៃនោះ ខ្ញុំនឹងឲ្យទីបញ្ចុះសពក្នុងស្រុកអ៊ីស្រាអែលដល់កូក+ គឺក្នុងជ្រលងភ្នំនៃអ្នកដំណើរខាងកើតសមុទ្រ ហើយកន្លែងនោះនឹងទៅជាទីបាំងផ្លូវមិនឲ្យគេដើរឆ្លងកាត់ទៀត។ នោះហើយជាកន្លែងដែលគេបញ្ចុះសពកូកនិងបក្សពួករបស់គាត់ រួចគេនឹងហៅទីនោះថាជ្រលងភ្នំហេម៉ូនកូក។*+ ១២ ពូជពង្សអ៊ីស្រាអែលនឹងចំណាយពេលអស់៧ខែកប់សាកសពទាំងនោះ ដើម្បីសម្អាតស្រុកទាំងមូល។+ ១៣ បណ្ដាជនទាំងអស់ក្នុងស្រុក នឹងនាំគ្នាកប់សាកសពពួកគេ ហើយនេះនឹងនាំឲ្យអ្នកស្រុកល្បីឈ្មោះ នៅថ្ងៃដែលខ្ញុំលើកតម្កើងខ្លួនខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
១៤ «‹គេនឹងចាត់មនុស្សឲ្យដើរពិនិត្យមើលស្រុកនោះឥតដាច់ និងឲ្យកប់សាកសពដែលសេសសល់នៅលើដី ដើម្បីសម្អាតស្រុកទាំងមូល។ ពួកគេនឹងបន្តស្វែងរកសាកសពអស់រយៈពេល៧ខែ។ ១៥ ពេលពួកអ្នកដែលដើរពិនិត្យមើល ប្រទះឃើញឆ្អឹងសាកសព ពួកគេនឹងដាក់សញ្ញាសម្គាល់នៅក្បែរនោះ។ បន្ទាប់មក ពួកអ្នកដែលមានភារកិច្ចកប់សព នឹងយកឆ្អឹងនោះទៅកប់នៅជ្រលងភ្នំហេម៉ូនកូក។+ ១៦ បន្ថែមទៅទៀត នៅទីនោះនឹងមានក្រុងមួយមានឈ្មោះថាហាម៉ូណា។* ពួកគេទាំងអស់គ្នាជួយសម្អាតស្រុកទាំងមូល›។+
១៧ «ចំណែកអ្នកវិញ កូនមនុស្សអើយ! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ចូរនិយាយទៅកាន់សត្វស្លាបគ្រប់ប្រភេទនិងសត្វព្រៃទាំងឡាយថា៖ «ចូរនាំគ្នាមកចោមរោមជុំវិញគ្រឿងបូជាដែលខ្ញុំបានរៀបចំសម្រាប់ឯងរាល់គ្នាចុះ គឺជាគ្រឿងបូជាដ៏ធំនៅលើភ្នំទាំងឡាយក្នុងស្រុកអ៊ីស្រាអែល។+ ដូច្នេះ ឯងរាល់គ្នានឹងស៊ីសាច់ ហើយផឹកឈាម។+ ១៨ ឯងរាល់គ្នានឹងស៊ីសាច់ពួកអ្នកខ្លាំងពូកែ ហើយផឹកឈាមពួកមេដឹកនាំនៅផែនដី។ ពួកគេប្រៀបដូចជាចៀមឈ្មោល កូនចៀម ពពែ និងគោឈ្មោល ដែលគេបានបំប៉នយ៉ាងធាត់ពីតំបន់បាសាន។ ១៩ ឯងរាល់គ្នានឹងស៊ីខ្លាញ់ពីគ្រឿងបូជាដែលខ្ញុំបានរៀបចំឲ្យឯងរាល់គ្នារហូតដល់ឆ្អែតឆ្អន់ ហើយផឹកឈាមពីគ្រឿងបូជានោះរហូតដល់ស្រវឹង»›។
២០ «‹នៅលើតុខ្ញុំ មានសេះ មានទ័ពរទេះចម្បាំង អ្នកខ្លាំងពូកែនិងទាហានដ៏អង់អាចទាំងអស់ ដូច្នេះឯងរាល់គ្នានឹងស៊ីអ្វីទាំងនោះទាល់តែឆ្អែតស្កប់ស្កល់›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
២១ «‹ខ្ញុំនឹងបង្ហាញសិរីរុងរឿងរបស់ខ្ញុំនៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយប្រជាជាតិទាំងនោះនឹងឃើញការវិនិច្ឆ័យរបស់ខ្ញុំ ព្រមទាំងឃើញឫទ្ធានុភាពដែលខ្ញុំបានបង្ហាញនៅក្នុងចំណោមពួកគេ។+ ២២ ចាប់តាំងពីថ្ងៃនោះមក ពូជពង្សអ៊ីស្រាអែលនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាព្រះរបស់ពួកគេ។ ២៣ ប្រជាជាតិនានានឹងដឹងថាពូជពង្សអ៊ីស្រាអែលបានត្រូវនាំទៅធ្វើជាឈ្លើយ ព្រោះតែកំហុសឆ្គងរបស់ខ្លួន និងដោយសារពួកគេមិនស្មោះត្រង់ចំពោះខ្ញុំ។+ ម្ល៉ោះហើយ ខ្ញុំបានបែរចេញពីពួកគេ+ រួចប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃពួកសត្រូវ+ ហើយពួកគេទាំងអស់បានស្លាប់ដោយដាវ។ ២៤ ខ្ញុំបានប្រព្រឹត្តទៅលើពួកគេស្របតាមអំពើស្មោកគ្រោកនិងអំពើរំលងរបស់ពួកគេ ហើយខ្ញុំបានបែរចេញពីពួកគេ›។
២៥ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងនាំកូនចៅយ៉ាកុបដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ+ ហើយបង្ហាញសេចក្ដីមេត្តាករុណាចំពោះពូជពង្សអ៊ីស្រាអែល។+ ខ្ញុំនឹងការពារនាមដ៏បរិសុទ្ធរបស់ខ្ញុំដោយចិត្តខ្នះខ្នែង។+ ២៦ ក្រោយពីពួកគេបានរងការអាម៉ាស់ដោយសារការប្រព្រឹត្តមិនស្មោះត្រង់ចំពោះខ្ញុំ+ នោះពួកគេនឹងរស់នៅដោយសុខសាន្តនៅលើទឹកដីរបស់ខ្លួន ហើយគ្មានអ្នកណាធ្វើឲ្យពួកគេភ័យខ្លាចឡើយ។+ ២៧ ពេលខ្ញុំនាំពួកគេចេញពីប្រជាជាតិនានា ហើយប្រមូលពួកគេពីទឹកដីរបស់ពួកសត្រូវ+ ខ្ញុំក៏នឹងញែកខ្លួនខ្ញុំជាបរិសុទ្ធក្នុងចំណោមពួកគេនៅចំពោះមុខប្រជាជាតិជាច្រើនដែរ›។+
២៨ «‹ពេលខ្ញុំអនុញ្ញាតឲ្យពួកគេជាប់ជាឈ្លើយនៅក្នុងស្រុកនានា ហើយខ្ញុំប្រមូលពួកគេត្រឡប់មកវិញ ដោយមិនទុកពួកគេណាម្នាក់ចោលទេ នោះពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាព្រះរបស់ពួកគេ។+ ២៩ ខ្ញុំនឹងមិនបែរចេញពីពួកគេទៀតឡើយ+ ព្រោះខ្ញុំនឹងចាក់ឫទ្ធានុភាពរបស់ខ្ញុំទៅលើពូជពង្សអ៊ីស្រាអែល›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
៤០ នាដើមឆ្នាំទី២៥ក្នុងគ្រាដែលយើងជាប់ជាឈ្លើយ+ គឺនៅឆ្នាំទី១៤ក្រោយពីក្រុងយេរូសាឡិមបានត្រូវផ្ដួលរំលំ នៅថ្ងៃទី១០ ខែទី១+ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានសណ្ឋិតលើខ្ញុំ រួចលោកបានយកខ្ញុំទៅក្រុងនោះ។+ ២ តាមរយៈការបើកបង្ហាញដែលព្រះឲ្យខ្ញុំឃើញក្នុងគំនិត លោកបានយកខ្ញុំទៅស្រុកអ៊ីស្រាអែល រួចដាក់ខ្ញុំនៅលើភ្នំដ៏ខ្ពស់មួយ។+ ខ្ញុំមើលឃើញសំណង់ធំមួយដូចជាទីក្រុងនៅទិសខាងត្បូង។
៣ ពេលលោកនាំខ្ញុំទៅទីនោះ ខ្ញុំបានឃើញបុរសម្នាក់មានសណ្ឋានដូចស្ពាន់។+ គាត់កំពុងឈរនៅច្រកចូល ហើយក្នុងដៃគាត់មានខ្សែធ្វើពីដើមផ្លេច* និងដំបងមួយពីដើមត្រែង*សម្រាប់វាស់វែង។+ ៤ បុរសនោះនិយាយមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរមើលឲ្យហ្មត់ចត់ ហើយផ្ទៀងស្ដាប់ ព្រមទាំងយកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំបង្ហាញអ្នក ព្រោះនេះជាមូលហេតុដែលអ្នកបានត្រូវនាំមកទីនេះ។ ក្រោយមក ចូរប្រាប់ដល់ពូជពង្សអ៊ីស្រាអែលអំពីអ្វីទាំងអស់ដែលអ្នកបានឃើញ»។+
៥ ខ្ញុំឃើញមានកំពែងព័ទ្ធជុំវិញបរិវេណវិហារ។ ដើមត្រែងសម្រាប់វាស់ដែលបុរសនោះកាន់ មានប្រវែង៦ហត្ថវែង (មួយហត្ថវែងស្មើនឹងមួយហត្ថថែមមួយទះ)។* គាត់ក៏ចាប់ផ្ដើមវាស់កំពែងនោះ ឃើញកម្ពស់ស្មើមួយដើមត្រែង និងកម្រាស់ស្មើមួយដើមត្រែងដែរ។
៦ បន្ទាប់មក គាត់បានទៅឯខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត+ រួចឡើងជណ្ដើរ។ ពេលគាត់វាស់ទទឹងកំណល់ទ្វារនោះ ឃើញមានប្រវែងមួយដើមត្រែង ហើយទទឹងកំណល់ទ្វារមួយទៀតក៏មានប្រវែងមួយដើមត្រែងដែរ។ ៧ ឯបន្ទប់អ្នកយាមនីមួយៗ មានបណ្ដោយប្រវែងមួយដើមត្រែង និងទទឹងប្រវែងមួយដើមត្រែង ហើយចន្លោះរវាងបន្ទប់អ្នកយាមនីមួយៗមានប្រវែងប្រាំហត្ថ។+ ឯកំណល់ទ្វារក្បែរសាលក្នុងខ្លោងទ្វារដែលបែរមុខទៅវិហារ ក៏មានប្រវែងមួយដើមត្រែងដែរ។
៨ រួចគាត់វាស់សាលក្នុងខ្លោងទ្វារដែលបែរមុខទៅវិហារ ឃើញមានប្រវែងមួយដើមត្រែង។ ៩ បន្ទាប់មក គាត់វាស់សាលក្នុងខ្លោងទ្វារ ឃើញមានប្រវែង៨ហត្ថ។ រួចគាត់វាស់សសរសងខាងសាលនោះ ឃើញមានប្រវែង២ហត្ថ។ សាលក្នុងខ្លោងទ្វារនោះ បែរមុខទៅវិហារ។
១០ នៅសងខាងក្នុងខ្លោងទ្វារខាងកើត មានបន្ទប់អ្នកយាមបី ដែលមានទំហំប៉ុនគ្នា ហើយម្ខាងៗក៏មានសសរដែលមានទំហំប៉ុនគ្នាដែរ។
១១ រួចគាត់វាស់ទទឹងច្រកចូលទ្វារនោះ។ ទទឹងផ្នែកខាងក្រៅ ឃើញមានប្រវែង១៣ហត្ថ និងទទឹងផ្នែកខាងក្នុង ឃើញមានប្រវែង១០ហត្ថ។
១២ ទីខណ្ឌផ្នែកខាងមុខបន្ទប់អ្នកយាម នៅសងខាងមានប្រវែង១ហត្ថ ហើយបណ្ដោយបន្ទប់អ្នកយាម មានប្រវែង៦ហត្ថ។
១៣ បន្ទាប់មក គាត់វាស់ទទឹងខ្លោងទ្វារ ដោយវាស់ចាប់ពីដំបូលបន្ទប់អ្នកយាមមួយ ទៅដំបូលបន្ទប់អ្នកយាមមួយទៀតដែលនៅទល់មុខគ្នា ឃើញមានប្រវែង២៥ហត្ថ។+ ១៤ បន្ទាប់ពីនោះ គាត់វាស់សសរសងខាង ហើយសសរនីមួយៗមានកម្ពស់ប្រវែង៦០ហត្ថ រួចគាត់ក៏វាស់សសរសងខាងក្នុងខ្លោងទ្វារទាំងប៉ុន្មានដែលនៅជុំវិញទីធ្លាដែរ។ ១៥ ចាប់ពីច្រកចូលខ្លោងទ្វារ រហូតដល់ខាងមុខសាលដែលបែរមុខទៅវិហារ មានប្រវែង៥០ហត្ថ។
១៦ បន្ទប់អ្នកយាមមានបង្អួច*+ ហើយសសរសងខាងក្នុងខ្លោងទ្វារក៏មានបង្អួចដែរ។ ចំណែកឯសាលជាប់នោះវិញ ក៏មានបង្អួចនៅសងខាងផងដែរ។ នៅលើសសរទាំងនោះមានក្បាច់ដើមលម៉ើ។+
១៧ បន្ទាប់មក បុរសនោះបាននាំខ្ញុំចូលទៅទីធ្លាខាងក្រៅ ហើយខ្ញុំបានឃើញបន្ទប់បរិភោគអាហារ+ចំនួន៣០ នៅលើកម្រាលថ្មជុំវិញទីធ្លា។ ១៨ កម្រាលថ្មនោះមានប្រវែង ស្មើនឹងបណ្ដោយខ្លោងទ្វារនីមួយៗ។ កម្រាលថ្មនោះជាកម្រាលផ្នែកខាងក្រោម។
១៩ រួចគាត់វាស់ចម្ងាយពីខាងមុខខ្លោងទ្វារផ្នែកខាងក្រោមដែលនៅទិសខាងកើត ទៅដល់ខាងមុខទីធ្លាខាងក្នុង ឃើញមានប្រវែង១០០ហត្ថ ហើយពីខ្លោងទ្វារដែលនៅទិសខាងជើងដល់ខាងមុខទីធ្លាខាងក្នុង ក៏មានប្រវែង១០០ហត្ថដែរ។
២០ នៅទីធ្លាខាងក្រៅមានខ្លោងទ្វារមួយ ដែលបែរមុខទៅទិសខាងជើង ហើយគាត់ក៏វាស់បណ្ដោយនិងទទឹងខ្លោងទ្វារនោះ។ ២១ ក្នុងខ្លោងទ្វារនោះ ម្ខាងៗមានបន្ទប់អ្នកយាមបី។ រីឯសសរនៅសងខាងនិងសាលដែលនៅក្នុងខ្លោងទ្វារនោះ មានទំហំដូចសសរនិងសាលក្នុងខ្លោងទ្វារទី១ដែរ។ ខ្លោងទ្វារនោះមានបណ្ដោយ៥០ហត្ថ និងទទឹង២៥ហត្ថ។ ២២ នៅខ្លោងទ្វារនោះ មានបង្អួច សាល និងក្បាច់ដើមលម៉ើ+ ដែលមានទំហំប៉ុននឹងអ្វីដែលមាននៅក្នុងខ្លោងទ្វារខាងកើតដែរ។ មនុស្សអាចចូលទៅខ្លោងទ្វារនោះបាន ដោយឡើងជណ្ដើរអស់៧កាំ ហើយឃើញសាលនៅខាងមុខ។
២៣ នៅទីធ្លាខាងក្នុង មានខ្លោងទ្វារមួយនៅទល់មុខនឹងខ្លោងទ្វារទិសខាងជើង ហើយមានខ្លោងទ្វារមួយទៀតទល់មុខនឹងខ្លោងទ្វារទិសខាងកើត។ បុរសនោះបានវាស់ចម្ងាយពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយ ឃើញមានប្រវែង១០០ហត្ថ។
២៤ បន្ទាប់មក គាត់បាននាំខ្ញុំទៅទិសខាងត្បូង ហើយខ្ញុំបានឃើញខ្លោងទ្វារនៅទិសនោះ។+ រួចគាត់វាស់សសរសងខាងនិងសាលនៅក្នុងខ្លោងទ្វារនោះ ឃើញថាមានទំហំប៉ុននឹងអ្វីដែលមាននៅក្នុងខ្លោងទ្វារមុនៗដែរ។ ២៥ ឯបង្អួចសងខាងនៅក្នុងខ្លោងទ្វារ និងបង្អួចក្នុងសាល ក៏ដូចបង្អួចមុនៗដែរ។ ខ្លោងទ្វារនោះមានបណ្ដោយ៥០ហត្ថ និងទទឹង២៥ហត្ថ។ ២៦ មានជណ្ដើរ៧កាំឡើងទៅទីនោះ+ ហើយឃើញសាលនៅខាងមុខ។ ក្នុងខ្លោងទ្វារនោះ មានក្បាច់ដើមលម៉ើនៅលើសសរនីមួយៗ។
២៧ នៅទីធ្លាខាងក្នុង មានខ្លោងទ្វារមួយបែរមុខទៅទិសខាងត្បូង។ គាត់វាស់ចម្ងាយពីខ្លោងទ្វារនោះទៅខ្លោងទ្វារមួយទៀតដែលនៅទិសខាងត្បូង ឃើញមានប្រវែង១០០ហត្ថ។ ២៨ បន្ទាប់មក គាត់បាននាំខ្ញុំចូលទៅទីធ្លាខាងក្នុង តាមខ្លោងទ្វារខាងត្បូង។ ពេលគាត់វាស់ខ្លោងទ្វារនោះ ឃើញមានទំហំប៉ុនខ្លោងទ្វារឯទៀតដែរ។ ២៩ ក្នុងខ្លោងទ្វារនោះ មានបន្ទប់អ្នកយាម និងសសរ ព្រមទាំងមានសាល ដែលមានទំហំដូចអ្វីៗនៅក្នុងខ្លោងទ្វារឯទៀតដែរ។ ឯបង្អួចសងខាងក្នុងខ្លោងទ្វារនោះ និងបង្អួចក្នុងសាល ក៏ដូចបង្អួចមុនៗដែរ។ ខ្លោងទ្វារនោះមានបណ្ដោយប្រវែង៥០ហត្ថ និងទទឹង២៥ហត្ថ។+ ៣០ ខ្លោងទ្វារទាំងអស់ដែលចូលទៅទីធ្លាខាងក្នុង សុទ្ធតែមានសាល។ សាលទាំងនោះមានបណ្ដោយប្រវែង២៥ហត្ថ និងទទឹង៥ហត្ថ។ ៣១ ខ្លោងទ្វារទីធ្លាខាងក្នុងប៉ែកខាងត្បូង មានសាលបែរមុខមកទីធ្លាខាងក្រៅ និងមានក្បាច់ដើមលម៉ើនៅលើសសរសងខាង+ ហើយមានជណ្ដើរ៨កាំសម្រាប់ឡើងទៅខ្លោងទ្វារនោះ។+
៣២ ពេលបុរសនោះនាំខ្ញុំចូលទៅទីធ្លាខាងក្នុង តាមខ្លោងទ្វារខាងកើត គាត់វាស់ខ្លោងទ្វារនោះ ហើយឃើញមានទំហំប៉ុននឹងខ្លោងទ្វារឯទៀតដែរ។ ៣៣ ក្នុងខ្លោងទ្វារនោះ ម្ខាងៗមានបន្ទប់អ្នកយាម និងសសរ ព្រមទាំងមានសាល ដែលមានទំហំដូចអ្វីៗនៅក្នុងខ្លោងទ្វារឯទៀតដែរ។ ឯបង្អួចសងខាង និងបង្អួចក្នុងសាល ក៏ដូចបង្អួចមុនៗដែរ។ ខ្លោងទ្វារនោះមានបណ្ដោយប្រវែង៥០ហត្ថ និងទទឹង២៥ហត្ថ។ ៣៤ ខ្លោងទ្វារនោះមានសាលបែរមុខមកទីធ្លាខាងក្រៅ និងមានក្បាច់ដើមលម៉ើនៅលើសសរពីរដើមដែលនៅសងខាង ហើយមានជណ្ដើរ៨កាំសម្រាប់ឡើងទៅខ្លោងទ្វារនោះ។
៣៥ បន្ទាប់មក បុរសនោះបាននាំខ្ញុំចូលទៅខ្លោងទ្វារខាងជើង។+ ពេលគាត់វាស់ខ្លោងទ្វារនោះ ឃើញមានទំហំប៉ុនខ្លោងទ្វារឯទៀតដែរ។ ៣៦ ក្នុងខ្លោងទ្វារនោះ មានបន្ទប់អ្នកយាម សសរ និងបង្អួច ព្រមទាំងមានសាល ដែលមានទំហំដូចអ្វីៗដែលនៅក្នុងខ្លោងទ្វារឯទៀតដែរ។ ខ្លោងទ្វារនោះមានបណ្ដោយប្រវែង៥០ហត្ថ និងទទឹង២៥ហត្ថ។ ៣៧ ខ្លោងទ្វារនោះមានសសរពីរនៅសងខាងដែលបែរទៅទីធ្លាខាងក្រៅ ហើយមានក្បាច់ដើមលម៉ើនៅលើ ព្រមទាំងមានជណ្ដើរ៨កាំសម្រាប់ឡើងទៅខ្លោងទ្វារនោះផងដែរ។
៣៨ នៅក្បែរសសរខ្លោងទ្វារ មានបន្ទប់បរិភោគអាហារមួយដែលមានច្រកចូល។ នៅទីនោះ គេលាងសម្អាតសត្វសម្រាប់ទុកជាគ្រឿងបូជាដុត។+
៣៩ នៅក្នុងសាលនៃខ្លោងទ្វារ ម្ខាងៗមានតុពីរដែលគេប្រើសម្រាប់សម្លាប់សត្វជាគ្រឿងបូជាដុត+ សត្វជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ និងសត្វជាគ្រឿងបូជាសម្រាប់អំពើរំលង។+ ៤០ នៅផ្លូវឡើងទៅខ្លោងទ្វារខាងជើង នៅសងខាងច្រកចូល ម្ខាងៗមានតុពីរ ហើយផ្នែកខាងក្នុងសាលនៃខ្លោងទ្វារ ម្ខាងៗក៏មានតុពីរដែរ។ ៤១ ដូច្នេះ មានតុ៤នៅម្ខាងៗខ្លោងទ្វារ សរុបទាំងអស់មានតុ៨ ដែលគេប្រើសម្រាប់សម្លាប់សត្វដែលត្រូវជូនជាគ្រឿងបូជា។ ៤២ តុបួនដែលគេប្រើសម្រាប់សម្លាប់សត្វជាគ្រឿងបូជាដុត សុទ្ធតែធ្វើពីថ្មដាប់។ តុនីមួយៗមានបណ្ដោយមួយហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ ហើយមានកម្ពស់មួយហត្ថ។ នៅលើតុទាំងនោះមានឧបករណ៍ផ្សេងៗដែលគេប្រើសម្រាប់សម្លាប់សត្វសម្រាប់ជូនជាគ្រឿងបូជាដុតនិងគ្រឿងបូជាឯទៀត។ ៤៣ គេក៏បានទុកសាច់សត្វដែលជាគ្រឿងបូជាជាអំណោយនៅលើតុទាំងនោះដែរ។ បន្ថែមទៅទៀត មានធ្នើរភ្ជាប់ជុំវិញនៅលើជញ្ជាំងខាងក្នុង។ ធ្នើរទាំងនោះមានទទឹងប្រវែងមួយទះ។
៤៤ នៅក្រៅខ្លោងទ្វារខាងក្នុង មានបន្ទប់បរិភោគអាហារសម្រាប់ពួកអ្នកចម្រៀង។+ បន្ទប់ទាំងនោះនៅទីធ្លាខាងក្នុងក្បែរខ្លោងទ្វារខាងជើង ហើយមានច្រកចូលបែរមុខទៅទិសខាងត្បូង។ ឯបន្ទប់បរិភោគអាហារមួយទៀត មានច្រកចូលបែរមុខទៅទិសខាងជើង ហើយនៅក្បែរខ្លោងទ្វារខាងកើត។
៤៥ បុរសនោះបាននិយាយមកខ្ញុំថា៖ «បន្ទប់បរិភោគអាហារមួយនេះ ដែលបែរមុខទៅទិសខាងត្បូង គឺទុកសម្រាប់ឲ្យពួកសង្ឃដែលមានភារកិច្ចបម្រើនៅវិហារ។+ ៤៦ ឯបន្ទប់បរិភោគអាហារមួយទៀត ដែលបែរមុខទៅទិសខាងជើង គឺទុកសម្រាប់ឲ្យពួកសង្ឃដែលមានភារកិច្ចបម្រើនៅទីបូជា។+ ពួកគេជាកូនចៅរបស់សេដុក+ ជាពូជពង្សលេវីដែលព្រះយេហូវ៉ាបានតែងតាំងឲ្យបំពេញកិច្ចបម្រើដល់លោក»។+
៤៧ បន្ទាប់មក បុរសនោះបានវាស់ទីធ្លាខាងក្នុង ឃើញមានបណ្ដោយ១០០ហត្ថ ទទឹង១០០ហត្ថបួនជ្រុងស្មើ ហើយមានទីបូជានៅមុខវិហារ។
៤៨ រួចគាត់បាននាំខ្ញុំចូលទៅក្នុងសាលវិហារ+ ហើយវាស់បង្គោលដែលនៅសងខាងច្រកចូល។ បង្គោលទាំងនោះមានជ្រុងម្ខាងប្រវែងប្រាំហត្ថ និងជ្រុងម្ខាងទៀតមានប្រវែងបីហត្ថ គឺបង្គោលខាងឆ្វេងនិងបង្គោលខាងស្ដាំ។
៤៩ សាលនោះមានបណ្ដោយ២០ហត្ថ ទទឹង១១ហត្ថ។ មនុស្សអាចចូលទៅក្នុងសាលនោះដោយឡើងជណ្ដើរ។ នៅក្បែរបង្គោលទាំងនោះមានសសរពីរ ម្ខាងមួយៗ។+
៤១ បន្ទាប់មក បុរសនោះនាំខ្ញុំចូលទៅក្នុងទីបរិសុទ្ធផ្នែកខាងក្រៅ។ រួចគាត់វាស់បង្គោលសងខាងច្រកចូល បង្គោលមួយមានជ្រុងម្ខាងប្រវែង៦ហត្ថ* ហើយបង្គោលមួយទៀតមានជ្រុងម្ខាងប្រវែង៦ហត្ថដែរ។ ២ មាត់ច្រកចូលមានប្រវែង១០ហត្ថ ហើយជញ្ជាំងនៅសងខាងច្រកចូលនោះ ម្ខាងៗមានប្រវែង៥ហត្ថ។ រួចគាត់ក៏វាស់បន្ទប់បរិសុទ្ធនោះ ឃើញបណ្ដោយមានប្រវែង៤០ហត្ថ និងទទឹងប្រវែង២០ហត្ថ។
៣ រួចមក គាត់ចូលទៅទីបរិសុទ្ធផ្នែកខាងក្នុង* ហើយវាស់បង្គោលច្រកចូល ឃើញមានកម្រាស់២ហត្ថ និងជញ្ជាំងច្រកចូលម្ខាងៗ ឃើញមានប្រវែង៧ហត្ថ។ ឯមាត់ច្រកចូលវិញ ឃើញមានប្រវែង៦ហត្ថ។ ៤ បន្ទាប់ពីនោះ គាត់ក៏វាស់បន្ទប់បរិសុទ្ធផ្នែកខាងក្នុង ដែលជាប់នឹងបន្ទប់បរិសុទ្ធផ្នែកខាងក្រៅ ឃើញមានបណ្ដោយ២០ហត្ថនិងទទឹង២០ហត្ថ។+ រួចគាត់ប្រាប់ខ្ញុំថា៖ «នេះគឺជាបន្ទប់បរិសុទ្ធបំផុត»។+
៥ ក្រោយនោះ គាត់វាស់កម្រាស់ជញ្ជាំងវិហារ ឃើញមានប្រវែង៦ហត្ថ។ ឯបន្ទប់នីមួយៗដែលអមជុំវិញវិហារ គាត់វាស់ឃើញមានប្រវែង៤ហត្ថ។+ ៦ បន្ទប់ដែលអមជុំវិញវិហារមានបីជាន់ ហើយមួយជាន់ៗមាន៣០បន្ទប់។ នៅលើជញ្ជាំងជុំវិញវិហារមានគន្លាក់សម្រាប់ទ្រធ្នឹមបន្ទប់ទាំងនោះ ដើម្បីមិនចាំបាច់ចោះជញ្ជាំងវិហារទេ។+ ៧ នៅចំហៀងសងខាងវិហារ មានជណ្ដើរវង់ឡើងទៅលើ។ ជណ្ដើរនោះរីកធំពីមួយជាន់ទៅមួយជាន់+ គឺពីជាន់ក្រោមទៅជាន់កណ្ដាល និងពីជាន់កណ្ដាលទៅជាន់លើ។
៨ ខ្ញុំឃើញមានរានជុំវិញវិហារនោះ ហើយគ្រឹះបន្ទប់ដែលអមជុំវិញវិហារមានកម្ពស់មួយដើមត្រែងឬ៦ហត្ថ។ ៩ ជញ្ជាំងផ្នែកខាងក្រៅនៃបន្ទប់ដែលអមជុំវិញវិហារ មានកម្រាស់៥ហត្ថ។ នៅជាប់បន្ទប់ទាំងនោះ ខ្ញុំឃើញមានយ៉*ជុំវិញដែលជាផ្នែកនៃវិហារ។
១០ នៅបរិវេណចន្លោះវិហារនិងបន្ទប់បរិភោគអាហារ+ ម្ខាងៗមានប្រវែង២០ហត្ថ។ ១១ នៅចំហៀងយ៉ប៉ែកខាងជើងមានច្រកចូលមួយ នៅចំហៀងយ៉ប៉ែកខាងត្បូងមានច្រកចូលមួយទៀត។ ច្រកចូលទាំងនោះនាំទៅឯបន្ទប់នានាដែលអមជុំវិញវិហារ។ ទទឹងយ៉ដែលនៅជុំវិញវិហារមានប្រវែងប្រាំហត្ថ។
១២ នៅទិសខាងលិច មានអគារមួយដែលបែរមុខទៅបរិវេណខាងក្រោយវិហារ អគារនោះមានបណ្ដោយ៩០ហត្ថនិងទទឹង៧០ហត្ថ ហើយជញ្ជាំងជុំវិញមានកម្រាស់៥ហត្ថ។
១៣ បុរសនោះបានវាស់បណ្ដោយវិហារ ឃើញមានប្រវែង១០០ហត្ថ។ ឯចម្ងាយពីបរិវេណខាងក្រោយវិហារ កាត់តាមជញ្ជាំងទៅដល់ខាងក្រោយអគារ ក៏មានប្រវែង១០០ហត្ថដែរ។ ១៤ ចំណែកចម្ងាយទទឹងផ្នែកខាងមុខវិហារដែលបែរទៅទិសខាងកើត រួមទាំងបរិវេណសងខាងនោះ មានប្រវែង១០០ហត្ថ។
១៥ រួចគាត់វាស់បណ្ដោយអគារដែលបែរមុខទៅបរិវេណខាងក្រោយវិហារ រួមបញ្ចូលផ្លូវដើរនៅសងខាង ឃើញមានប្រវែង១០០ហត្ថ។
បន្ទាប់មក គាត់ក៏វាស់ទីបរិសុទ្ធផ្នែកខាងក្រៅ ទីបរិសុទ្ធផ្នែកខាងក្នុង+ និងសាលដែលបែរមុខទៅទីធ្លាវិហារ ១៦ ព្រមទាំងកំណល់ទ្វារ បង្អួច*ទាំងអស់+ និងផ្លូវដើរនៅក្បែរកន្លែងទាំងបីនោះ។ នៅជិតកំណល់ទ្វារមានបន្ទះក្ដារ+ ដែលបានត្រូវតម្រៀបចាប់ពីខាងក្រោមទៅដល់បង្អួច ហើយជុំវិញបង្អួចទាំងនោះ ក៏មានបន្ទះក្ដារដែរ។ ១៧ បន្ថែមទៅទៀត គាត់ក៏វាស់ផ្នែកខាងលើច្រកចូល ផ្នែកខាងក្នុងនិងខាងក្រៅវិហារ ព្រមទាំងជញ្ជាំងជុំវិញផងដែរ។ ១៨ លើជញ្ជាំងនោះមានចម្លាក់ចេរូប៊ីន+និងដើមលម៉ើ+ គឺដើមលម៉ើមួយនៅចន្លោះចេរូប៊ីនពីរ។ ចេរូប៊ីននីមួយៗមានមុខពីរ ១៩ គឺម្ខាងមុខមនុស្សម្ខាងមុខតោ។ មុខមនុស្សបែរទៅដើមលម៉ើម្ខាង ហើយមុខតោបែរទៅដើមលម៉ើម្ខាងទៀត។+ ចម្លាក់ទាំងនោះបានត្រូវឆ្លាក់ដូចគ្នានៅជុំវិញវិហារទាំងមូល។ ២០ នៅលើជញ្ជាំងក្នុងទីបរិសុទ្ធ ចាប់ពីផ្នែកខាងក្រោមទៅដល់ផ្នែកខាងលើច្រកចូល មានសុទ្ធតែចម្លាក់ចេរូប៊ីននិងដើមលម៉ើ។
២១ ប្រអប់ទ្វារ*វិហារ មានរាងបួនជ្រុងស្មើ។+ នៅខាងមុខបន្ទប់បរិសុទ្ធបំផុត មានអ្វីមួយដូចជា ២២ ទីបូជាដែលធ្វើពីឈើ+ មានកម្ពស់បីហត្ថនិងបណ្ដោយពីរហត្ថ។ ទីបូជានោះមានជ្រុងបួន ហើយផ្នែកខាងក្រោមនិងផ្ទៃជ្រុងទាំងបួនសុទ្ធតែធ្វើពីឈើ។ បុរសនោះប្រាប់ខ្ញុំថា៖ «នេះគឺជាតុនៅចំពោះមុខព្រះយេហូវ៉ា»។+
២៣ បន្ទប់បរិសុទ្ធនិងបន្ទប់បរិសុទ្ធបំផុត មានផ្ទាំងទ្វារពីរ+ ២៤ ហើយផ្ទាំងទ្វារម្ខាងៗមានពីរសន្លឹកដែលអាចបត់បាន។ ២៥ នៅលើសន្លឹកទ្វារទាំងនោះមានចម្លាក់ចេរូប៊ីននិងដើមលម៉ើ ដូចចម្លាក់នៅលើជញ្ជាំងដែរ។+ នៅមុខសាលវិហារ មានសំយាបមួយធ្វើពីឈើ។ ២៦ បន្ថែមទៀត មានបង្អួច*+និងចម្លាក់ដើមលម៉ើនៅលើជញ្ជាំងសងខាងសាលវិហារ ព្រមទាំងនៅសងខាងបន្ទប់អមវិហារ និងសំយាបជុំវិញដែរ។
៤២ បន្ទាប់មក បុរសនោះបាននាំខ្ញុំទៅទីធ្លាខាងក្រៅ ដែលនៅទិសខាងជើង។+ រួចគាត់បាននាំខ្ញុំទៅឯអគារដែលមានបន្ទប់បរិភោគអាហារ។ អគារនោះនៅក្បែរបរិវេណវិហារ+ ខាងជើងអគារដែលនៅក្រោយវិហារ។+ ២ អគារដែលមានបន្ទប់បរិភោគអាហារនោះ មានបណ្ដោយប្រវែង១០០ហត្ថ* និងទទឹង៥០ហត្ថ ហើយមានច្រកចូលនៅទិសខាងជើង។ ៣ អគារនោះមានទីតាំង នៅចន្លោះទីធ្លាខាងក្នុងដែលមានប្រវែង២០ហត្ថ+ និងកម្រាលថ្មនៃទីធ្លាខាងក្រៅ។ ផ្លូវដើរទាំងសងខាងនៃអគារនោះទល់មុខគ្នា ហើយមានបីជាន់។ ៤ នៅខាងមុខបន្ទប់បរិភោគអាហារ មានផ្លូវដើរខាងក្នុងមួយ+ ដែលមានទទឹង១០ហត្ថ និងបណ្ដោយ១០០ហត្ថ។ ច្រកចូលបន្ទប់នីមួយៗបែរទៅទិសខាងជើង។ ៥ បន្ទប់បរិភោគអាហារនៅជាន់ខាងលើក្នុងអគារនោះ មានទំហំតូចជាងបន្ទប់នៅជាន់កណ្ដាលនិងជាន់ក្រោម ដោយសារតែផ្លូវដើរធំជាង។ ៦ អគារបីជាន់នោះគ្មានសសរដូចនៅទីធ្លាទេ។ ហេតុនេះហើយបានជាជាន់លើតូចជាងជាន់ក្រោមនិងជាន់កណ្ដាល។
៧ ជញ្ជាំងថ្មខាងក្រៅក្បែរអគារបរិភោគអាហារនោះ ជាប់ទីធ្លាខាងក្រៅដែលទល់មុខបន្ទប់បរិភោគអាហារផ្សេងទៀត។ ជញ្ជាំងថ្មនោះមានបណ្ដោយប្រវែង៥០ហត្ថ។ ៨ ដូច្នេះ បណ្ដោយអគារបរិភោគអាហារដែលបែរមុខទៅទីធ្លាខាងក្រៅមានប្រវែង៥០ហត្ថ តែបណ្ដោយអគារបរិភោគអាហារដែលនៅទល់មុខវិហារមានប្រវែង១០០ហត្ថ។ ៩ អគារបរិភោគអាហារនោះ មានច្រកចូលមួយនៅទិសខាងកើត ដែលចូលពីទីធ្លាខាងក្រៅ។
១០ នៅក្រោយជញ្ជាំងថ្មនៃទីធ្លាបែរមុខទៅទិសខាងកើត ក៏មានបន្ទប់បរិភោគអាហារផ្សេងទៀតដែលនៅក្បែរទីលានទទេនិងទល់មុខអគារនោះ។+ ១១ នៅមុខបន្ទប់បរិភោគអាហារក្នុងអគារខាងត្បូង មានផ្លូវដើរដូចនៅក្នុងអគារបរិភោគអាហារនៅប៉ែកខាងជើងដែរ។+ អគារទាំងនោះមានបណ្ដោយ និងទទឹងប្រវែងដូចគ្នា ហើយក៏មានប្លង់ដូចគ្នាដែរ។ ចំណែកច្រកចូលបន្ទប់នីមួយៗ ១២ គឺដូចច្រកចូលបន្ទប់បរិភោគអាហារនៅប៉ែកខាងត្បូង។ នៅដើមផ្លូវដើរមានច្រកចូលជាប់នឹងជញ្ជាំងថ្មបែរមុខទៅទិសខាងកើត ដែលគេអាចចូលបាន។+
១៣ បន្ទាប់មក បុរសនោះប្រាប់ខ្ញុំថា៖ «អគារដែលមានបន្ទប់បរិភោគអាហារនៅក្បែរបរិវេណវិហារ ទាំងនៅទិសខាងជើងទាំងនៅទិសខាងត្បូង សុទ្ធតែជាបន្ទប់បរិសុទ្ធសម្រាប់បរិភោគអាហារ+ ហើយពួកសង្ឃដែលចូលទៅឯព្រះយេហូវ៉ា ពួកគេបរិភោគគ្រឿងបូជាបរិសុទ្ធបំផុតនៅទីនោះ។+ នៅកន្លែងនោះ គេដាក់គ្រឿងបូជាបរិសុទ្ធបំផុត គ្រឿងបូជាពីស្រូវ គ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងគ្រឿងបូជាសម្រាប់អំពើរំលង ព្រោះកន្លែងនោះគឺបរិសុទ្ធ។+ ១៤ ពេលពួកសង្ឃចេញពីកន្លែងបរិសុទ្ធទៅទីធ្លាខាងក្រៅ ពួកគេមិនត្រូវចេញទៅដោយពាក់សម្លៀកបំពាក់សម្រាប់កិច្ចបម្រើរបស់ពួកគេនោះឡើយ តែត្រូវដោះសម្លៀកបំពាក់នោះចេញជាមុនសិន+ ព្រោះសម្លៀកបំពាក់នោះបរិសុទ្ធ។ ពួកគេត្រូវពាក់សម្លៀកបំពាក់ផ្សេង ដើម្បីអាចចេញទៅកន្លែងដែលបណ្ដាជនមានសិទ្ធិចូល»។
១៥ ក្រោយបុរសនោះវាស់ផ្នែកខាងក្នុងនៃសំណង់វិហាររួចរាល់ហើយ គាត់ក៏បាននាំខ្ញុំចេញតាមខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត+ រួចគាត់វាស់ផ្នែកខាងក្រៅនៃសំណង់វិហារទាំងមូល។
១៦ គាត់បានប្រើដើមត្រែង*សម្រាប់វាស់វែង ដើម្បីវាស់ប៉ែកខាងកើត ពីចុងម្ខាងទៅចុងម្ខាង ហើយឃើញមានប្រវែង៥០០ដើមត្រែង។
១៧ គាត់បានវាស់ប៉ែកខាងជើង ដោយប្រើខ្នាតពីដើមត្រែង ឃើញមានប្រវែង៥០០ដើមត្រែង។
១៨ គាត់បានវាស់ប៉ែកខាងត្បូង ដោយប្រើខ្នាតពីដើមត្រែង ឃើញមានប្រវែង៥០០ដើមត្រែង។
១៩ រួចគាត់បានទៅប៉ែកខាងលិច ហើយវាស់ប៉ែកនោះឃើញមានប្រវែង៥០០ដើមត្រែង។
២០ យ៉ាងនេះ គាត់បានវាស់សំណង់វិហារទាំងបួនជ្រុង។ សំណង់នោះមានកំពែងព័ទ្ធជុំវិញ+ ដើម្បីខណ្ឌចែកទឹកដីបរិសុទ្ធពីទឹកដីមិនបរិសុទ្ធ+ ហើយមានបណ្ដោយប្រវែង៥០០ដើមត្រែង និងទទឹងប្រវែង៥០០ដើមត្រែង។+
៤៣ បន្ទាប់មក បុរសនោះបាននាំខ្ញុំទៅឯខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត។+ ២ នៅទីនោះ ខ្ញុំបានឃើញសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ចេញមកពីទិសខាងកើត+ ហើយខ្ញុំបានឮសំឡេងរបស់លោកដូចជាសូរសន្ធឹកទឹកហូរ។+ ឯផែនដីបានភ្លឺចិញ្ចាចដោយសារសិរីរុងរឿងរបស់លោក។+ ៣ អ្វីដែលខ្ញុំបានឃើញនោះ គឺដូចជាអ្វីដែលខ្ញុំបានឃើញក្នុងគំនិត កាលខ្ញុំ*បានមកបំផ្លាញ*ក្រុងយេរូសាឡិម ហើយនោះមើលទៅដូចជាអ្វីដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបាដែរ។+ ដូច្នេះ ខ្ញុំក៏ក្រាបមុខដល់ដី។
៤ បន្ទាប់មក សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានចូលវិហារតាមខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត។+ ៥ ក្រោយនោះ ឫទ្ធានុភាពរបស់ព្រះ*បានលើកខ្ញុំឡើង រួចនាំខ្ញុំចូលទៅទីធ្លាខាងក្នុង ហើយខ្ញុំឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាមានពេញវិហារ។+ ៦ រួចមក ខ្ញុំឮសំឡេងនិយាយចេញពីវិហារមកកាន់ខ្ញុំ។ រីឯបុរសនោះវិញ គាត់បានចូលមកឈរក្បែរខ្ញុំ។+ ៧ បុរសនោះ*និយាយមកខ្ញុំថា៖
«កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់ខ្ញុំ+និងជាកំណល់កល់ជើងខ្ញុំ+ គឺជាកន្លែងដែលខ្ញុំអាស្រ័យនៅជាមួយនឹងប្រជាជាតិអ៊ីស្រាអែលជាដរាប។+ ជនជាតិអ៊ីស្រាអែលនិងបណ្ដាស្ដេចរបស់ពួកគេ នឹងលែងធ្វើឲ្យនាមដ៏បរិសុទ្ធរបស់ខ្ញុំអាប់ឱនទៀត+ ដោយប្រព្រឹត្តមិនស្មោះត្រង់នឹងខ្ញុំ* និងដោយគោរពបូជារូបព្រះរបស់ពួកគេដូចជាស្ដេច។* ៨ ពួកគេបានដាក់កំណល់ទ្វាររបស់ពួកគេជិតកំណល់ទ្វាររបស់ខ្ញុំ ព្រមទាំងដាក់បង្គោលទ្វាររបស់ពួកគេក្បែរបង្គោលទ្វាររបស់ខ្ញុំ ដោយគ្រាន់តែខណ្ឌជញ្ជាំងមួយរវាងខ្ញុំនិងពួកគេប៉ុណ្ណោះ។+ ពួកគេថែមទាំងប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមផងដែរ។ ការទាំងនោះធ្វើឲ្យនាមដ៏បរិសុទ្ធរបស់ខ្ញុំលែងបរិសុទ្ធទៀត។ ហេតុនេះ ខ្ញុំបានបំផ្លាញពួកគេឲ្យសាបសូន្យទៅ ដោយកំហឹងរបស់ខ្ញុំ។+ ៩ ឥឡូវ ចូរឲ្យពួកគេឈប់ប្រព្រឹត្តមិនស្មោះត្រង់នឹងខ្ញុំ* ហើយឈប់គោរពបូជារូបព្រះរបស់ពួកគេដូចជាស្ដេចទៀតទៅ។ បើពួកគេធ្វើដូច្នោះ ខ្ញុំនឹងនៅជាមួយពួកគេជារៀងរហូត។+
១០ «ចំណែកអ្នកវិញ កូនមនុស្សអើយ! ចូររៀបរាប់ប្រាប់ពូជពង្សអ៊ីស្រាអែលអំពីវិហារចុះ+ ដើម្បីឲ្យពួកគេរអៀសខ្លួនចំពោះកំហុសឆ្គងដែលពួកគេបានប្រព្រឹត្ត+ ហើយឲ្យពួកគេសិក្សាប្លង់វិហារនោះ។ ១១ បើពួកគេខ្មាសចំពោះកំហុសឆ្គងរបស់ខ្លួនមែន ចូររៀបរាប់ប្រាប់ពួកគេអំពីប្លង់វិហារ ការរចនាប្លង់ និងច្រកចេញចូលទាំងប៉ុន្មានក្នុងវិហារនោះ។+ ចូរបង្ហាញប្លង់ និងច្បាប់ ព្រមទាំងបញ្ញត្តិវិហារដល់ពួកគេ រួចកត់ទុកនៅមុខពួកគេ ដើម្បីឲ្យពួកគេអាចធ្វើតាមច្បាប់និងបញ្ញត្តិទាំងនោះ។+ ១២ នេះហើយជាច្បាប់វិហារ។ តំបន់ទាំងមូលនៅលើកំពូលភ្នំគឺបរិសុទ្ធបំផុត។+ មើល! នេះហើយជាច្បាប់វិហារ។
១៣ «ទំហំនៃទីបូជាគិតតាមរង្វាស់ហត្ថវែង+ (មួយហត្ថវែងស្មើនឹងមួយហត្ថថែមមួយទះ)។* ថ្នាក់ទី១នៃទីបូជាមានកម្ពស់មួយហត្ថ ហើយលយចេញធំជាងថ្នាក់ទី២ប្រវែងមួយហត្ថ។ ផ្នែកដែលលយចេញនោះមានគែមកម្ពស់មួយចំអាម។* នេះហើយជាផ្នែកខាងក្រោមនៃទីបូជា។ ១៤ ពីថ្នាក់ទី១ដល់ថ្នាក់ទី២មានកម្ពស់ពីរហត្ថ។ ថ្នាក់ទី២លយចេញធំជាងថ្នាក់ទី៣ប្រវែងមួយហត្ថ។ ថ្នាក់ទី៣មានកម្ពស់បួនហត្ថ ហើយលយចេញធំជាងថ្នាក់ខាងលើបំផុតប្រវែងមួយហត្ថ។ ១៥ ថ្នាក់ខាងលើបំផុតជាជើងក្រាននៃទីបូជា ហើយមានកម្ពស់បួនហត្ថ។ ជ្រុងទាំងបួនខាងលើទីបូជាមានស្នែងបួនលយឡើង។+ ១៦ ផ្នែកជើងក្រាននោះមានរាងបួនជ្រុងស្មើ គឺបណ្ដោយ១២ហត្ថនិងទទឹង១២ហត្ថ។+ ១៧ ចំណែកថ្នាក់ទី៣ ក៏មានរាងបួនជ្រុងស្មើដែរ គឺបណ្ដោយ១៤ហត្ថនិងទទឹង១៤ហត្ថ ហើយមានគែមជុំវិញលយចេញប្រវែងកន្លះហត្ថ។ ឯថ្នាក់ទី១ដែលជាផ្នែកខាងក្រោមនៃទីបូជា មានប្រវែង១ហត្ថគ្រប់ជ្រុង។
«ទីបូជានោះមានជណ្ដើរបែរមុខទៅទិសខាងកើត»។
១៨ បន្ទាប់មក បុរសនោះបាននិយាយមកខ្ញុំថា៖ «កូនមនុស្សអើយ! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹នៅពេលធ្វើទីបូជានេះ ចូរធ្វើតាមច្បាប់ទាំងនោះ ដើម្បីអាចជូនគ្រឿងបូជាដុត និងប្រោះឈាមលើនោះ›។+
១៩ «‹អ្នកត្រូវយកគោស្ទាវមួយពីហ្វូង មកឲ្យពួកសង្ឃជាកូនចៅសេដុកដែលមកពីកុលសម្ព័ន្ធលេវី+ ដើម្បីទុកជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ ព្រោះពួកគេមានភារកិច្ចចូលមកបម្រើនៅចំពោះខ្ញុំ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ២០ ‹រួចអ្នកត្រូវយកឈាមខ្លះរបស់សត្វនៃគ្រឿងបូជានោះទៅលាបលើស្នែងទាំងបួននៃទីបូជា ព្រមទាំងជ្រុងនិងគែមទាំងបួននៃទីបូជាផងដែរ ដើម្បីឲ្យទីបូជានោះស្អាតបរិសុទ្ធ និងជ្រះពីភាពខុសឆ្គង។+ ២១ បន្ទាប់មក ត្រូវយកគោដែលទុកជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងនោះ ទៅដុតត្រង់កន្លែងដែលបានត្រូវកំណត់ទុកនៅបរិវេណវិហារ គឺខាងក្រៅកន្លែងបរិសុទ្ធ។+ ២២ នៅថ្ងៃបន្ទាប់ អ្នកត្រូវជូនពពែឈ្មោលល្អឥតខ្ចោះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ហើយពួកសង្ឃនឹងជម្រះទីបូជាពីភាពខុសឆ្គង ដូចដែលពួកគេបានជម្រះទីបូជាពីភាពខុសឆ្គងដោយប្រើឈាមគោស្ទាវដែរ›។
២៣ «‹កាលណាអ្នកជម្រះទីបូជាពីភាពខុសឆ្គងហើយ អ្នកត្រូវយកគោស្ទាវល្អឥតខ្ចោះមួយក្បាលនិងចៀមឈ្មោលឥតខ្ចោះមួយក្បាលពីហ្វូង មកជូនជាគ្រឿងបូជា។ ២៤ អ្នកត្រូវជូនសត្វទាំងនោះដល់ព្រះយេហូវ៉ា ហើយពួកសង្ឃត្រូវបាចអំបិលទៅលើសត្វទាំងនោះ+ រួចដុតសត្វនោះទាំងមូលជូនព្រះយេហូវ៉ាជាគ្រឿងបូជាដុត។ ២៥ អស់រយៈពេល៧ថ្ងៃ អ្នកត្រូវជូនពពែឈ្មោលមួយក្បាល គោស្ទាវមួយក្បាល និងចៀមឈ្មោលមួយក្បាល ជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងប្រចាំថ្ងៃ។+ សត្វទាំងនោះត្រូវជាសត្វដែលល្អឥតខ្ចោះពីក្នុងហ្វូង។ ២៦ អស់រយៈពេល៧ថ្ងៃ ពួកសង្ឃត្រូវជម្រះទីបូជាពីភាពខុសឆ្គង ហើយពួកគេត្រូវធ្វើឲ្យទីបូជានោះស្អាតបរិសុទ្ធ ដើម្បីត្រៀមទុកសម្រាប់ប្រើប្រាស់។ ២៧ លុះចប់ថ្ងៃទាំងនោះហើយ គឺចាប់ពីថ្ងៃទី៨ទៅ+ ពួកសង្ឃអាចជូនគ្រឿងបូជាដុត និងគ្រឿងបូជានៃមេត្រីភាពរបស់អ្នករាល់គ្នានៅលើទីបូជានោះ ហើយខ្ញុំនឹងពេញចិត្តអ្នករាល់គ្នា›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
៤៤ បន្ទាប់មក បុរសនោះបាននាំខ្ញុំមកឯខ្លោងទ្វារខាងក្រៅដែលបែរមុខទៅទិសខាងកើត+ តែខ្លោងទ្វារនោះបានត្រូវបិទជិត។+ ២ រួចព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ «ខ្លោងទ្វារនេះនឹងត្រូវបិទ ហើយមិនត្រូវបើកវិញទេ។ គ្មានមនុស្សណាម្នាក់នឹងចូលតាមខ្លោងទ្វារនេះបានឡើយ ព្រោះព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានចូលតាមទ្វារនេះ។+ ដូច្នេះ ខ្លោងទ្វារនេះត្រូវបិទជានិច្ច។ ៣ ប៉ុន្តែ មេដឹកនាំអាចអង្គុយបរិភោគនំប៉័ងនៅចំពោះមុខព្រះយេហូវ៉ា+ក្នុងខ្លោងទ្វារនេះបាន ព្រោះគាត់ជាមេដឹកនាំ។ គាត់នឹងចូលមក កាត់តាមសាលនៃខ្លោងទ្វារ ហើយក៏នឹងចេញទៅវិញ កាត់តាមសាលនោះដែរ»។+
៤ បន្ទាប់មក គាត់បាននាំខ្ញុំចូលតាមខ្លោងទ្វារខាងជើង ទៅខាងមុខវិហារ។ ពេលនោះ ខ្ញុំបានក្រឡេកមើលទៅឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាពេញវិហាររបស់ព្រះយេហូវ៉ា។+ ដូច្នេះ ខ្ញុំក៏ក្រាបមុខដល់ដី។+ ៥ រួចព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរមើលឲ្យហ្មត់ចត់ និងស្ដាប់ដោយយកចិត្តទុកដាក់ចំពោះអ្វីទាំងអស់ដែលខ្ញុំប្រាប់អ្នក ស្ដីអំពីបញ្ញត្តិនិងច្បាប់នៃវិហាររបស់ព្រះយេហូវ៉ា។ ចូរសង្កេតមើលច្រកចូលវិហារនិងច្រកចេញពីកន្លែងបរិសុទ្ធឲ្យបានដិតដល់។+ ៦ អ្នកត្រូវនិយាយទៅពូជពង្សអ៊ីស្រាអែលដែលបះបោរប្រឆាំងថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ឱពូជពង្សអ៊ីស្រាអែលអើយ! អ្នករាល់គ្នាបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមច្រើនពេកហើយ។ ៧ ឯជនជាតិដទៃដែលមិនបានកាត់ចុងស្បែកនិងមានចិត្តមិនស្អាតស្អំ អ្នករាល់គ្នាបាននាំពួកគេចូលមកក្នុងទីបរិសុទ្ធរបស់ខ្ញុំ ហើយពួកគេបានធ្វើឲ្យវិហាររបស់ខ្ញុំលែងបរិសុទ្ធទៀត។ អ្នករាល់គ្នាបានជូននំប៉័ង ខ្លាញ់ និងឈាមដល់ខ្ញុំមែន តែដំណាលគ្នានោះ អ្នករាល់គ្នាបានបំពានកិច្ចព្រមព្រៀងខ្ញុំដោយប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមគ្រប់បែបយ៉ាង។ ៨ អ្នករាល់គ្នាមិនបានថែរក្សារបស់បរិសុទ្ធរបស់ខ្ញុំទេ+ តែបែរជាតែងតាំងអ្នកផ្សេងឲ្យបំពេញភារកិច្ចក្នុងទីបរិសុទ្ធរបស់ខ្ញុំវិញ»›។
៩ «‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «មិនត្រូវឲ្យជនជាតិដទៃណាម្នាក់ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល ដែលមិនបានកាត់ចុងស្បែកនិងមានចិត្តមិនស្អាតស្អំ ចូលមកក្នុងទីបរិសុទ្ធរបស់ខ្ញុំជាដាច់ខាត»›។
១០ «‹កាលដែលពួកអ៊ីស្រាអែលបែរចេញពីខ្ញុំ+ទៅតាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ ពួកលេវីក៏បានចាកឆ្ងាយពីខ្ញុំដែរ។ ដូច្នេះ ពួកលេវីនឹងទទួលទោសចំពោះកំហុសឆ្គងរបស់ខ្លួនមិនខាន។ ១១ ក្រោយនោះ ពួកគេនឹងបំពេញភារកិច្ចនៅក្នុងទីបរិសុទ្ធរបស់ខ្ញុំវិញ ដោយមើលខុសត្រូវខ្លោងទ្វារទាំងអស់+ ហើយបម្រើនៅវិហារ។ ពួកគេនឹងសម្លាប់សត្វដែលត្រូវជូនជាគ្រឿងបូជាដុតនិងគ្រឿងបូជាឯទៀតឲ្យបណ្ដាជន ហើយពួកគេនឹងឈរបម្រើដើម្បីជាប្រយោជន៍ដល់បណ្ដាជន។ ១២ ដោយសារពួកគេបានបម្រើបណ្ដាជននៅចំពោះមុខរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ ហើយបានបណ្ដាលឲ្យពូជពង្សអ៊ីស្រាអែលធ្វើអំពើខុសឆ្គង+ ហេតុនោះហើយបានជាខ្ញុំទាស់នឹងពួកគេ ហើយលើកដៃស្បថថា ពួកគេនឹងទទួលទោសចំពោះកំហុសឆ្គងរបស់ខ្លួនជាក់ជាមិនខាន›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ១៣ ‹ពួកគេនឹងមិនអាចចូលមកជិតខ្ញុំ ដើម្បីបម្រើជាសង្ឃរបស់ខ្ញុំបានទេ ហើយក៏មិនអាចចូលទៅជិតរបស់បរិសុទ្ធនិងរបស់បរិសុទ្ធបំផុតបានដែរ។ ពួកគេនឹងរងការអាម៉ាស់ ព្រោះតែការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លួន។ ១៤ ប៉ុន្តែ ខ្ញុំនឹងឲ្យពួកគេមានភារកិច្ចមើលថែវិហារនិងបំពេញកិច្ចការបន្ទាប់បន្សំវិញ›។+
១៥ «‹ចំណែកពួកសង្ឃដែលជាកូនចៅសេដុក+ មកពីកុលសម្ព័ន្ធលេវី ពួកគេបានបំពេញភារកិច្ចរបស់ខ្លួននៅទីបរិសុទ្ធរបស់ខ្ញុំ ក្នុងគ្រាដែលពួកអ៊ីស្រាអែលបែរចេញពីខ្ញុំ។+ ម្ល៉ោះហើយ ពួកគេអាចចូលមកបម្រើខ្ញុំ ហើយឈរនៅចំពោះមុខខ្ញុំដើម្បីជូនខ្លាញ់+និងឈាមដល់ខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ១៦ ‹ពួកគេនោះហើយដែលនឹងចូលទៅក្នុងទីបរិសុទ្ធរបស់ខ្ញុំ ហើយនឹងចូលទៅជិតតុរបស់ខ្ញុំដើម្បីបម្រើខ្ញុំ។+ ពួកគេនឹងបំពេញភារកិច្ចរបស់ខ្លួននៅចំពោះខ្ញុំតទៅទៀត។+
១៧ «‹ពេលពួកគេចូលមកខ្លោងទ្វារទីធ្លាខាងក្នុង ពួកគេត្រូវស្លៀកសម្លៀកបំពាក់ក្រណាត់សាច់ល្អ។+ ពួកគេមិនត្រូវពាក់អ្វីដែលធ្វើពីរោមចៀមឡើយ ពេលបម្រើនៅខ្លោងទ្វារនៃទីធ្លាខាងក្នុង ឬកន្លែងឯទៀតដែលនៅខាងក្នុង។ ១៨ ពួកគេត្រូវពាក់ឈ្នួតក្បាលដែលធ្វើពីក្រណាត់សាច់ល្អ និងស្លៀកខោខ្លីដែលធ្វើពីក្រណាត់សាច់ល្អ។+ ពួកគេមិនត្រូវស្លៀកពាក់អ្វីដែលធ្វើឲ្យបែកញើសឡើយ។ ១៩ មុនពួកសង្ឃចេញទៅទីធ្លាខាងក្រៅជាកន្លែងដែលបណ្ដាជនមានសិទ្ធិចូល ពួកគេត្រូវដោះសម្លៀកបំពាក់សម្រាប់កិច្ចបម្រើ+របស់ខ្លួនជាមុនសិន ហើយទុកនៅក្នុងបន្ទប់បរិសុទ្ធសម្រាប់បរិភោគអាហារ។+ រួចពួកគេត្រូវស្លៀកសម្លៀកបំពាក់ផ្សេង ដើម្បីកុំឲ្យភាពបរិសុទ្ធពីសម្លៀកបំពាក់របស់ពួកគេឆ្លងទៅដល់បណ្ដាជន។ ២០ ពួកគេមិនត្រូវកោរសក់+ឬទុកឲ្យដុះវែងទេ តែត្រូវកាត់តម្រឹមវិញ។ ២១ ពួកសង្ឃមិនត្រូវផឹកស្រាទេ ពេលពួកគេចូលទីធ្លាខាងក្នុង។+ ២២ ពួកគេមិនត្រូវយកប្រពន្ធជាស្ត្រីមេម៉ាយឬស្ត្រីប្ដីលែងនោះទេ+ តែពួកគេអាចរៀបការជាមួយស្ត្រីក្រមុំបរិសុទ្ធដែលជាកូនចៅអ៊ីស្រាអែល ឬស្ត្រីមេម៉ាយដែលធ្លាប់ជាប្រពន្ធរបស់សង្ឃណាម្នាក់›។+
២៣ «‹ពួកគេត្រូវណែនាំរាស្ត្រខ្ញុំអំពីភាពខុសគ្នារវាងអ្វីដែលបរិសុទ្ធនិងអ្វីដែលធម្មតា ហើយក៏ត្រូវបង្រៀនរាស្ត្រខ្ញុំអំពីភាពខុសគ្នារវាងអ្វីដែលស្អាតបរិសុទ្ធនិងអ្វីដែលមិនស្អាតបរិសុទ្ធដែរ។+ ២៤ ពួកគេត្រូវបំពេញភារកិច្ចជាចៅក្រម+ ហើយសម្រេចក្ដីឲ្យបណ្ដាជនស្របតាមក្រឹត្យក្រមរបស់ខ្ញុំ។+ ពួកគេត្រូវកាន់តាមច្បាប់និងបញ្ញត្តិរបស់ខ្ញុំស្ដីអំពីពិធីបុណ្យផ្សេងៗដែលខ្ញុំបានបង្គាប់+ ហើយញែកថ្ងៃឈប់សម្រាករបស់ខ្ញុំជាបរិសុទ្ធ។ ២៥ ពួកគេមិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធ ដោយចូលទៅក្បែរសាកសពអ្នកណាម្នាក់ឡើយ លើកលែងតែសាកសពនោះជាឪពុកម្ដាយ ជាកូនប្រុសកូនស្រី ជាបងប្អូនប្រុស ឬបងប្អូនស្រីដែលមិនទាន់រៀបការប៉ុណ្ណោះ។+ ២៦ ក្រោយពីធ្វើពិធីជម្រះខ្លួនឲ្យស្អាតបរិសុទ្ធសម្រាប់សង្ឃរួចរាល់ហើយ សង្ឃនោះត្រូវរង់ចាំអស់រយៈពេល៧ថ្ងៃ។ ២៧ នៅថ្ងៃដែលគាត់ចូលទៅទីធ្លាខាងក្នុង ដើម្បីបម្រើក្នុងកន្លែងបរិសុទ្ធ គាត់ត្រូវជូនគ្រឿងបូជាសម្រាប់អំពើខុសឆ្គងរបស់ខ្លួន›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
២៨ «‹ចំណែកមត៌ករបស់ពួកគេវិញ គឺខ្ញុំនេះហើយជាមត៌ករបស់ពួកគេ។+ អ្នករាល់គ្នាមិនត្រូវប្រគល់ដីធ្លីណាមួយក្នុងស្រុកអ៊ីស្រាអែលដល់ពួកគេទេ ព្រោះខ្ញុំជាកម្មសិទ្ធិរបស់ពួកគេហើយ។ ២៩ ពួកគេនឹងមានសិទ្ធិបរិភោគគ្រឿងបូជាពីស្រូវ+ គ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងគ្រឿងបូជាសម្រាប់អំពើរំលង។+ ឯអ្វីៗដែលជនជាតិអ៊ីស្រាអែលប្រគល់ជូនព្រះ ក៏នឹងបានជាចំណែករបស់ពួកសង្ឃដែរ។+ ៣០ ចំណែកផលដំបូងល្អបំផុតទាំងអស់ និងវិភាគទានគ្រប់យ៉ាងដែលអ្នករាល់គ្នាយកមកជូន នឹងបានទៅជាចំណែករបស់ពួកសង្ឃ។+ អ្នករាល់គ្នាក៏ត្រូវឲ្យម្សៅពីផលដំបូងដល់ពួកសង្ឃដែរ។+ ការនេះនឹងនាំឲ្យក្រុមគ្រួសាររបស់អ្នករាល់គ្នាទទួលពរជាបរិបូរ។+ ៣១ ពួកសង្ឃមិនត្រូវបរិភោគសត្វស្លាបឬសត្វណាដែលងាប់ឯង ឬត្រូវហែកហួរនោះឡើយ›។+
៤៥ «‹ពេលដែលអ្នករាល់គ្នាចាប់ឆ្នោតបែងចែកដីជាមត៌ក+ អ្នករាល់គ្នាត្រូវជូនដីធ្លីមួយចំណែក ជាវិភាគទានបរិសុទ្ធដល់ព្រះយេហូវ៉ា។+ ដីនោះត្រូវមានបណ្ដោយប្រវែង២៥.០០០ហត្ថ* និងទទឹង១០.០០០ហត្ថ។+ ដីទាំងមូលនោះនឹងទៅជាចំណែកដ៏បរិសុទ្ធ។ ២ នៅទីនោះ ត្រូវទុកដីបួនជ្រុងស្មើសម្រាប់កន្លែងបរិសុទ្ធដែលមានបណ្ដោយ៥០០ហត្ថនិងទទឹង៥០០ហត្ថ+ ហើយត្រូវទុកប្រវែង៥០ហត្ថជុំវិញនោះសម្រាប់ធ្វើជាវាលស្មៅ។+ ៣ នៅលើផ្ទៃដីនោះ អ្នកត្រូវវាស់បណ្ដោយប្រវែង២៥.០០០ និងទទឹង១០.០០០ ហើយនៅក្នុងនោះនឹងមានវិហារដែលជាកន្លែងបរិសុទ្ធបំផុត។ ៤ ដីនោះជាកន្លែងពិសិដ្ឋសម្រាប់វិហារព្រះយេហូវ៉ា និងជាចំណែកបរិសុទ្ធរបស់ពួកសង្ឃ+ដែលមានភារកិច្ចចូលទៅបម្រើលោកនៅឯវិហារ+ ហើយទុកសម្រាប់សង់ផ្ទះរបស់ពួកគេ។
៥ «‹រីឯពួកលេវីដែលបម្រើនៅវិហារ ពួកគេនឹងទទួលដីដែលមានបណ្ដោយ២៥.០០០ហត្ថនិងទទឹង១០.០០០ហត្ថ+ ហើយពួកគេនឹងទទួលបន្ទប់បរិភោគអាហារចំនួន២០+ជាកម្មសិទ្ធិ។
៦ «‹អ្នករាល់គ្នាត្រូវទុកផ្ទៃដីដែលមានបណ្ដោយប្រវែង២៥.០០០ហត្ថ (ស្មើនឹងប្រវែងដីដែលជាវិភាគទានបរិសុទ្ធ) និងទទឹងប្រវែង៥.០០០ហត្ថ ជាដីធ្លីក្រុង។+ ដីនោះនឹងទៅជាកម្មសិទ្ធិរបស់ពូជពង្សអ៊ីស្រាអែលទាំងអស់។
៧ «‹ចំពោះមេដឹកនាំវិញ គាត់នឹងទទួលដីនៅសងខាងផ្ទៃដីដែលជាវិភាគទានបរិសុទ្ធនិងផ្ទៃដីក្រុង ជាប់នឹងដីដែលជាវិភាគទានបរិសុទ្ធនិងដីក្រុងតែម្ដង គឺទាំងប៉ែកខាងកើតទាំងប៉ែកខាងលិច។ ប្រវែងដីនោះគិតចាប់ពីព្រំប្រទល់ទិសខាងលិចទៅដល់ព្រំប្រទល់ទិសខាងកើត គឺស្មើនឹងប្រវែងផ្ទៃដីដែលជាចំណែកនៃកុលសម្ព័ន្ធមួយ។+ ៨ មេដឹកនាំនោះនឹងបានដីនេះជាកម្មសិទ្ធិក្នុងស្រុកអ៊ីស្រាអែល ហើយពួកមេដឹកនាំរបស់ខ្ញុំនឹងលែងធ្វើបាបរាស្ត្រខ្ញុំទៀត។+ ពួកគេនឹងប្រគល់ដីធ្លីដល់ពូជពង្សអ៊ីស្រាអែលតាមកុលសម្ព័ន្ធនីមួយៗ›។+
៩ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ឱពួកមេដឹកនាំប្រជាជាតិអ៊ីស្រាអែលអើយ! អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!›។
«‹ចូរឈប់ប្រព្រឹត្តឃោរឃៅនិងឈប់គាបសង្កត់គេទៀត តែត្រូវប្រព្រឹត្តអ្វីដែលសុចរិតយុត្តិធម៌វិញ+ ហើយឈប់រឹបអូសយកដីធ្លីរបស់រាស្ត្រខ្ញុំតទៅទៀត›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ១០ ‹អ្នករាល់គ្នាត្រូវប្រើជញ្ជីងត្រឹមត្រូវ ហើយក៏ត្រូវប្រើរង្វាល់អេហ្វា*ត្រឹមត្រូវ និងរង្វាល់បាត*ត្រឹមត្រូវដែរ។+ ១១ អ្នករាល់គ្នាត្រូវប្រើរង្វាល់អេហ្វានិងរង្វាល់បាត ដែលគេបានកំណត់រួចហើយ គឺមួយបាតស្មើនឹង១ភាគ១០ហូម៉ើរ* ហើយមួយអេហ្វាស្មើនឹង១ភាគ១០ហូម៉ើរ។ ហូម៉ើរជាខ្នាតដែលគេប្រើសម្រាប់វាស់វាល់។ ១២ ចំពោះអ្នករាល់គ្នា មួយហ្សេគិល*+ត្រូវស្មើនឹង២០កេរ៉ា* ហើយមួយម៉េណា*ត្រូវស្មើនឹង៦០ហ្សេគិល›។
១៣ «‹អ្នករាល់គ្នាត្រូវជូនវិភាគទានដូចតទៅ៖ ពីស្រូវសាលីមួយហូម៉ើរ ត្រូវជូន១ភាគ៦អេហ្វា ហើយពីស្រូវបាលីមួយហូម៉ើរ ត្រូវជូន១ភាគ៦អេហ្វា។ ១៤ រីឯប្រេងវិញ អ្នករាល់គ្នាត្រូវជូនតាមរង្វាល់បាត គឺមួយបាតស្មើនឹង១ភាគ១០គ័រ* ហើយ១០បាតស្មើនឹងមួយហូម៉ើរ ព្រោះមួយហូម៉ើរត្រូវជា១០បាត។ ១៥ ចំណែកហ្វូងសត្វរបស់អ៊ីស្រាអែលវិញ ពីចៀម២០០ក្បាល អ្នករាល់គ្នាត្រូវជូនចៀមមួយក្បាល។ អ្វីទាំងនោះនឹងត្រូវប្រើសម្រាប់ជូនជាគ្រឿងបូជាពីស្រូវ+ ជាគ្រឿងបូជាដុត+ និងជាគ្រឿងបូជានៃមេត្រីភាព+ ដើម្បីជម្រះភាពខុសឆ្គងរបស់បណ្ដាជន›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
១៦ «‹បណ្ដាជនទាំងអស់ត្រូវជូនវិភាគទាននេះ+ដល់មេដឹកនាំនៃជនជាតិអ៊ីស្រាអែល។ ១៧ មេដឹកនាំនោះនឹងទទួលខុសត្រូវលើការជូនគ្រឿងបូជាដុត+ គ្រឿងបូជាពីស្រូវ+ និងគ្រឿងបូជាជាស្រា ក្នុងពេលធ្វើពិធីបុណ្យផ្សេងៗ+ បុណ្យចូលខែថ្មី និងបុណ្យថ្ងៃឈប់សម្រាក+ ពោលគឺបុណ្យទាំងអស់ដែលពូជពង្សអ៊ីស្រាអែលត្រូវធ្វើ។+ គាត់ក៏ត្រូវមើលការខុសត្រូវលើការជូនគ្រឿងបូជាសម្រាប់អំពើខុសឆ្គង គ្រឿងបូជាពីស្រូវ គ្រឿងបូជាដុត និងគ្រឿងបូជានៃមេត្រីភាព ដើម្បីជម្រះភាពខុសឆ្គងឲ្យពូជពង្សអ៊ីស្រាអែល›។
១៨ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹នៅថ្ងៃទី១ ក្នុងខែទី១ អ្នកត្រូវយកគោស្ទាវមួយក្បាលពីហ្វូងមក ហើយត្រូវសម្អាតទីបរិសុទ្ធឲ្យជ្រះស្អាតពីភាពខុសឆ្គង។+ ១៩ សង្ឃត្រូវយកឈាមសត្វនៃគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ទៅលាបលើប្រអប់ទ្វារវិហារ+ និងជ្រុងទាំងបួននៃទីបូជា ហើយលាបលើប្រអប់ទ្វារនៃខ្លោងទ្វារទីធ្លាខាងក្នុង។ ២០ នៅថ្ងៃទី៧ ក្នុងខែនោះ អ្នកក៏ត្រូវធ្វើដូចនោះដែរ សម្រាប់អ្នកណាម្នាក់ដែលបានធ្វើអំពើខុសឆ្គងដោយអចេតនាឬដោយធ្វេសប្រហែស។+ ដូច្នេះ អ្នករាល់គ្នាត្រូវសម្អាតវិហារឲ្យជ្រះស្អាតពីភាពខុសឆ្គង។+
២១ «‹លុះដល់ថ្ងៃទី១៤ ក្នុងខែទី១ អ្នករាល់គ្នាត្រូវធ្វើបុណ្យរំលង+ ហើយត្រូវបរិភោគនំប៉័ងឥតដំបែអស់រយៈពេល៧ថ្ងៃ។+ ២២ នៅថ្ងៃនោះដែរ មេដឹកនាំនឹងជូនគោស្ទាវជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង សម្រាប់ខ្លួនគាត់និងបណ្ដាជនទាំងអស់ក្នុងស្រុក។+ ២៣ ក្នុងពិធីបុណ្យ៧ថ្ងៃនោះ ជារៀងរាល់ថ្ងៃគាត់ត្រូវជូនគោស្ទាវល្អឥតខ្ចោះ៧ក្បាល និងចៀមឈ្មោលល្អឥតខ្ចោះ៧ក្បាលជាគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា+ ហើយជូនពពែឈ្មោលល្អឥតខ្ចោះ៧ក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។ ២៤ ពេលជូនគោស្ទាវនិងចៀមឈ្មោលមួយក្បាលៗ គាត់ត្រូវជូនគ្រឿងបូជាពីស្រូវមួយអេហ្វា ព្រមជាមួយប្រេងមួយហ៊ីន*ដែរ។
២៥ «‹នៅថ្ងៃទី១៥ ក្នុងខែទី៧ ក៏មានបុណ្យរយៈពេល៧ថ្ងៃដែរ+ ហើយគាត់ត្រូវជូនគ្រឿងបូជាដូចគ្នា គឺគ្រឿងបូជាសម្រាប់អំពើខុសឆ្គង គ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងប្រេង›»។
៤៦ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ខ្លោងទ្វារទីធ្លាខាងក្នុងដែលបែរមុខទៅទិសខាងកើត+ ត្រូវបិទ+អស់រយៈពេល៦ថ្ងៃដែលជាថ្ងៃធ្វើការ+ តែនៅថ្ងៃឈប់សម្រាកនិងនៅថ្ងៃចូលខែថ្មី ទ្វារនោះនឹងត្រូវបើកវិញ។ ២ មេដឹកនាំនឹងចូលពីខាងក្រៅកាត់តាមសាលខ្លោងទ្វារ+ ហើយគាត់នឹងឈរក្បែរប្រអប់ទ្វារនៃខ្លោងទ្វារ។ ពួកសង្ឃនឹងជូនគ្រឿងបូជាដុត និងគ្រឿងបូជានៃមេត្រីភាពរបស់មេដឹកនាំនោះ រួចគាត់នឹងក្រាបខ្លួននៅឯកំណល់ទ្វារ ហើយចេញមកក្រៅ។ ប៉ុន្តែ ទ្វារនោះត្រូវទុកចំហរហូតដល់ល្ងាច។ ៣ បណ្ដាជនក្នុងស្រុកក៏ត្រូវក្រាបខ្លួនចំពោះមុខព្រះយេហូវ៉ា នៅឯច្រកចូលខ្លោងទ្វារនោះនាថ្ងៃឈប់សម្រាកនិងនៅថ្ងៃចូលខែថ្មីដែរ។+
៤ «‹ឯគ្រឿងបូជាដុតដែលមេដឹកនាំនោះត្រូវយកមកជូនព្រះយេហូវ៉ានៅថ្ងៃឈប់សម្រាក មានកូនចៀមឈ្មោលល្អឥតខ្ចោះ៦ក្បាល និងចៀមឈ្មោលល្អឥតខ្ចោះមួយក្បាល។+ ៥ ពេលជូនចៀមឈ្មោល ត្រូវជូនគ្រឿងបូជាពីស្រូវមួយអេហ្វា* ហើយពេលជូនកូនចៀមឈ្មោល អាចជូនគ្រឿងបូជាពីស្រូវតាមលទ្ធភាព។ កាលណាជូនគ្រឿងបូជាពីស្រូវមួយអេហ្វា ត្រូវជូនប្រេងមួយហ៊ីន*ដែរ។+ ៦ ចំណែកគ្រឿងបូជាសម្រាប់ថ្ងៃចូលខែថ្មី មានគោស្ទាវមួយក្បាល កូនចៀមឈ្មោល៦ក្បាល និងចៀមឈ្មោលមួយក្បាល។ សត្វទាំងនោះត្រូវតែជាសត្វល្អឥតខ្ចោះពីហ្វូង។+ ៧ ពេលជូនគោស្ទាវ ត្រូវជូនគ្រឿងបូជាពីស្រូវមួយអេហ្វា ហើយពេលជូនចៀមឈ្មោល ក៏ត្រូវជូនគ្រឿងបូជាពីស្រូវមួយអេហ្វាដែរ។ ប៉ុន្តែ ពេលជូនកូនចៀមឈ្មោល គាត់អាចជូនគ្រឿងបូជាពីស្រូវតាមលទ្ធភាព។ កាលណាជូនគ្រឿងបូជាពីស្រូវមួយអេហ្វា ត្រូវជូនប្រេងមួយហ៊ីន។
៨ «‹ពេលមេដឹកនាំនោះចូលទៅ គាត់ត្រូវចូលកាត់តាមសាលខ្លោងទ្វារ ហើយត្រូវចេញមកវិញកាត់តាមនោះដែរ។+ ៩ ពេលបណ្ដាជនក្នុងស្រុកចូលទៅគោរពប្រណិប័តន៍ព្រះយេហូវ៉ាក្នុងអំឡុងពេលមានពិធីបុណ្យ+ អស់អ្នកដែលចូលតាមខ្លោងទ្វារខាងជើង+ ត្រូវចេញតាមខ្លោងទ្វារខាងត្បូង។+ ឯពួកអ្នកដែលចូលតាមខ្លោងទ្វារខាងត្បូង ត្រូវចេញតាមខ្លោងទ្វារខាងជើង។ គ្មានអ្នកណាម្នាក់អាចចេញតាមខ្លោងទ្វារដែលខ្លួនបានចូលនោះទេ តែត្រូវចេញតាមខ្លោងទ្វារដែលនៅទិសផ្ទុយគ្នា។ ១០ ចំណែកមេដឹកនាំបណ្ដាជនវិញ គាត់ត្រូវចូលពេលដែលបណ្ដាជនចូល ហើយគាត់ត្រូវចេញពេលដែលពួកគេចេញដែរ។ ១១ ក្នុងអំឡុងពេលមានពិធីបុណ្យផ្សេងៗ* ពេលជូនគោស្ទាវ ត្រូវជូនគ្រឿងបូជាពីស្រូវមួយអេហ្វា ហើយពេលជូនចៀមឈ្មោល ក៏ត្រូវជូនគ្រឿងបូជាពីស្រូវមួយអេហ្វាដែរ។ ប៉ុន្តែ ពេលជូនកូនចៀមឈ្មោល គាត់អាចជូនគ្រឿងបូជាពីស្រូវតាមលទ្ធភាព។ កាលណាជូនគ្រឿងបូជាពីស្រូវមួយអេហ្វា ត្រូវជូនប្រេងមួយហ៊ីន។+
១២ «‹ពេលមេដឹកនាំជូនគ្រឿងបូជាដុត+ឬគ្រឿងបូជានៃមេត្រីភាព ជាគ្រឿងបូជាស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា នោះខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត នឹងត្រូវបើកឲ្យគាត់ចូល ហើយគាត់ត្រូវជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាព ដូចដែលគាត់ជូននៅថ្ងៃឈប់សម្រាកដែរ។+ ក្រោយជូនរួច គាត់ក៏ចេញមកក្រៅ ហើយខ្លោងទ្វារនោះនឹងត្រូវបិទជិតវិញ។+
១៣ «‹រៀងរាល់ថ្ងៃ នាពេលព្រឹកអ្នកត្រូវជូនកូនចៀមឈ្មោលល្អឥតខ្ចោះអាយុខ្ទង់មួយឆ្នាំ ជាគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា។+ ១៤ រៀងរាល់ព្រឹក អ្នកក៏ត្រូវជូនគ្រឿងបូជាពីស្រូវ១ភាគ៦អេហ្វានិងប្រេង១ភាគ៣ហ៊ីនដែរ។ អ្នកត្រូវយកប្រេងនោះចាក់ច្រួចលើម្សៅម៉ដ្ឋ ដែលជាគ្រឿងបូជាពីស្រូវជូនដល់ព្រះយេហូវ៉ា។ នេះជាច្បាប់ជារៀងរហូតតទៅ។ ១៥ ពួកគេត្រូវជូនកូនចៀមឈ្មោលជាគ្រឿងបូជាដុតជារៀងរាល់ព្រឹក ព្រមជាមួយនឹងគ្រឿងបូជាពីស្រូវនិងប្រេងដែរ›។
១៦ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹បើមេដឹកនាំនោះចែកដីធ្លីឲ្យកូនប្រុសៗគាត់ ដីធ្លីនោះនឹងទៅជាកម្មសិទ្ធិនិងជាមត៌ករបស់ពួកគេ។ ១៧ ប៉ុន្តែ បើមេដឹកនាំនោះប្រគល់ដីធ្លីដល់អ្នកបម្រើណាម្នាក់របស់គាត់ ដីនោះនឹងបានជាកម្មសិទ្ធិអ្នកបម្រើនោះរហូតដល់ឆ្នាំនៃសេរីភាព។+ ក្រោយនោះ ត្រូវប្រគល់ដល់មេដឹកនាំវិញ។ មានតែកូនប្រុសៗរបស់មេដឹកនាំនោះប៉ុណ្ណោះ ដែលនឹងទទួលដីធ្លីជាមត៌កជារៀងរហូត។ ១៨ មេដឹកនាំនោះមិនត្រូវរឹបអូសយកដីធ្លីរបស់បណ្ដាជនទេ។ ប៉ុន្តែ គាត់ត្រូវប្រគល់ដីធ្លីរបស់ខ្លួនផ្ទាល់ ឲ្យដល់កូនប្រុសៗរបស់គាត់ទុកជាមត៌ក ដើម្បីកុំឲ្យអ្នកណាម្នាក់ក្នុងចំណោមរាស្ត្រខ្ញុំបាត់បង់ដីធ្លីមត៌ករបស់ខ្លួនឡើយ›»។
១៩ បន្ទាប់មក គាត់បាននាំខ្ញុំទៅតាមច្រកចូល+នៅក្បែរខ្លោងទ្វារដែលនាំទៅបន្ទប់បរិសុទ្ធសម្រាប់ពួកសង្ឃបរិភោគអាហារ (បន្ទប់ទាំងនោះបែរមុខទៅទិសខាងជើង)+ ហើយនៅទីនោះខ្ញុំបានឃើញកន្លែងមួយនៅខាងក្រោយប៉ែកខាងលិច។ ២០ គាត់និយាយមកខ្ញុំថា៖ «នេះជាកន្លែងដែលពួកសង្ឃនឹងស្ងោរសាច់សត្វនៃគ្រឿងបូជាសម្រាប់អំពើរំលង និងគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ហើយនៅទីនោះពួកគេនឹងដុតគ្រឿងបូជាពីស្រូវ+ ដើម្បីមិនចាំបាច់យកអ្វីចេញទៅទីធ្លាខាងក្រៅ ហើយនាំភាពបរិសុទ្ធឆ្លងទៅដល់បណ្ដាជនឡើយ»។+
២១ គាត់បាននាំខ្ញុំចេញទៅទីធ្លាខាងក្រៅ រួចនាំខ្ញុំដើរកាត់ជ្រុងទីធ្លាទាំងបួន ហើយនៅជ្រុងនីមួយៗ ខ្ញុំឃើញបរិវេណទទេមួយ។ ២២ បរិវេណនោះមានទំហំតូច គឺមានបណ្ដោយប្រវែង៤០ហត្ថ* និងទទឹង៣០ហត្ថ។ បរិវេណនៅជ្រុងទាំងបួននោះ មានទំហំប៉ុនគ្នា។ ២៣ ក្នុងបរិវេណនីមួយៗមានធ្នើរជុំវិញ ហើយក្រោមនោះមានកន្លែងផ្សេងៗដែលគេសង់ ដើម្បីស្ងោរគ្រឿងបូជា។ ២៤ បន្ទាប់មក គាត់និយាយមកខ្ញុំថា៖ «នេះជាកន្លែងដែលពួកអ្នកបម្រើនៅវិហារស្ងោរគ្រឿងបូជារបស់បណ្ដាជន»។+
៤៧ បន្ទាប់មក បុរសនោះបាននាំខ្ញុំត្រឡប់ទៅឯច្រកចូលវិហារ+ ហើយនៅទីនោះខ្ញុំឃើញទឹកហូរចេញពីក្រោមកំណល់ទ្វារវិហារ+ ឆ្ពោះទៅទិសខាងកើត (វិហារនោះបែរមុខទៅទិសខាងកើត)។ ទឹកនោះហូរចេញពីខាងស្ដាំក្រោមវិហារ កាត់តាមប៉ែកខាងត្បូងទីបូជា។
២ រួចមក គាត់នាំខ្ញុំចេញទៅតាមខ្លោងទ្វារទិសខាងជើង+ ហើយនាំខ្ញុំចេញទៅខាងក្រៅ រួចដើរវាងមកខ្លោងទ្វារខាងក្រៅដែលបែរមុខទៅទិសខាងកើត។+ នៅទីនោះ ខ្ញុំឃើញទឹកហូររិញៗពីប៉ែកខាងស្ដាំ។
៣ ពេលបុរសនោះដើរទៅដល់ទិសខាងកើតទាំងមានខ្សែវាស់នៅដៃ+ គាត់ក៏វាស់អូរនោះប្រវែង១.០០០ហត្ថ* រួចឲ្យខ្ញុំដើរឆ្លងកាត់។ ទឹកនោះមានជម្រៅត្រឹមកជើង។
៤ បន្ទាប់មក គាត់វាស់ប្រវែង១.០០០ហត្ថទៀត រួចឲ្យខ្ញុំដើរឆ្លងកាត់។ ទឹកនោះមានជម្រៅត្រឹមក្បាលជង្គង់។
គាត់ក៏វាស់ប្រវែង១.០០០ហត្ថទៀត រួចឲ្យខ្ញុំដើរឆ្លងកាត់។ ទឹកនោះមានជម្រៅត្រឹមចង្កេះ។
៥ ពេលគាត់វាស់ប្រវែង១.០០០ហត្ថទៀត ឃើញថាអូរនោះធំដូចជាទន្លេ ហើយជ្រៅណាស់ ខ្ញុំមិនអាចដើរកាត់បានទេ ទាល់តែហែលទើបឆ្លងរួច។ ទន្លេនោះមិនអាចដើរលុយបានឡើយ។
៦ បុរសនោះសួរខ្ញុំថា៖ «កូនមនុស្សអើយ! តើអ្នកឃើញឬទេ?»។
បន្ទាប់មក គាត់បានឲ្យខ្ញុំដើរត្រឡប់ទៅច្រាំងវិញ។ ៧ ពេលខ្ញុំទៅដល់ ខ្ញុំឃើញមានសុទ្ធតែដើមឈើនៅសងខាងច្រាំង។+ ៨ រួចមក គាត់ប្រាប់ខ្ញុំថា៖ «ទឹកនេះហូរទៅតំបន់នៅទិសខាងកើត ចុះទៅតំបន់អារ៉ាបា*+ រួចចូលទៅក្នុងសមុទ្រ។ ពេលទឹកនេះហូរចូលទៅក្នុងសមុទ្រ+ ទឹកសមុទ្រក៏ប្រែទៅជាទឹកសាប។ ៩ ទីណាដែលទឹកនេះហូរទៅដល់ ទីនោះនឹងមានសត្វគ្រប់ប្រភេទរស់រវើក ហើយមានត្រីច្រើនឥតគណនា។ ទឹកសមុទ្រនឹងប្រែទៅជាទឹកសាប។ នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ។
១០ «ពួកអ្នកនេសាទនឹងឈរត្រៀបត្រាក្បែរសមុទ្រ ចាប់ពីអេនកេឌី+រហូតដល់អេនអេកលេម ដែលមានកន្លែងហាលអួន។ ក្នុងសមុទ្រនឹងមានត្រីគ្រប់ប្រភេទច្រើនអនេក ដូចជាត្រីនៅក្នុងសមុទ្រធំ*ដែរ។+
១១ «ឯទឹកត្រពាំងបឹងបួរដែលនៅក្បែរនោះ នៅពេញដោយជាតិអំបិលដដែល គឺមិនប្រែទៅជាទឹកសាបទេ។+
១២ «នៅមាត់ច្រាំងទន្លេទាំងសងខាង នឹងមានដើមឈើហូបផ្លែគ្រប់យ៉ាង ហើយស្លឹកមិនចេះក្រៀមស្វិតទេ ថែមទាំងមិនអាក់ខានបង្កើតផលផ្លែដែរ។ រៀងរាល់ខែ ដើមទាំងនោះនឹងបង្កើតផលផ្លែថ្មី ព្រោះមានទឹកពីទីបរិសុទ្ធហូរមកស្រោចស្រព។+ ផលផ្លែពីដើមទាំងនោះសម្រាប់ជាអាហារ ហើយស្លឹកសម្រាប់ធ្វើឲ្យជាសះស្បើយ»។+
១៣ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «នេះជាទឹកដីដែលអ្នករាល់គ្នាត្រូវបែងចែកឲ្យដល់កុលសម្ព័ន្ធទាំង១២នៃជនជាតិអ៊ីស្រាអែល ទុកជាមត៌ក។ ឯយ៉ូសែប គាត់នឹងទទួលបានពីរចំណែក។+ ១៤ អ្នករាល់គ្នានឹងទទួលដីធ្លីស្មើៗគ្នា ព្រោះខ្ញុំបានស្បថថាប្រគល់ទឹកដីនេះដល់បុព្វបុរសរបស់អ្នករាល់គ្នាហើយ។+ មើល! ឥឡូវខ្ញុំប្រគល់ដល់អ្នករាល់គ្នាទុកជាមត៌ក។
១៥ «ព្រំប្រទល់នៅភាគខាងជើងទឹកដីនោះ គឺចាប់ពីសមុទ្រធំ កាត់តាមហេតឡូន+ ឆ្ពោះទៅសេដាត់+ ១៦ តំបន់ហាម៉ាត+ ក្រុងបេរ៉ូថា+ និងតំបន់ស៊ីបរេមដែលនៅចន្លោះក្រុងដាម៉ាស់និងតំបន់ហាម៉ាត ហើយឆ្ពោះទៅតំបន់ហាសាហាទីកុនដែលជាប់ព្រំប្រទល់តំបន់ហោរ៉ាន។+ ១៧ ដូច្នេះ ព្រំប្រទល់នោះគឺចាប់ពីសមុទ្រឆ្ពោះទៅតំបន់ហាសាអេណន+ តាមបណ្ដោយព្រំប្រទល់តំបន់ដាម៉ាស់ទៅប៉ែកខាងជើង និងតាមបណ្ដោយព្រំប្រទល់តំបន់ហាម៉ាត។+ នេះហើយជាព្រំដែននៅទិសខាងជើង។
១៨ «ព្រំប្រទល់នៅភាគខាងកើតទឹកដីនោះ គឺនៅរវាងតំបន់ហោរ៉ាននិងតំបន់ដាម៉ាស់ តាមបណ្ដោយទន្លេយ៉ូដាន់ នៅចន្លោះតំបន់គីលាត+និងទឹកដីអ៊ីស្រាអែល។ អ្នករាល់គ្នាត្រូវវាស់ចាប់ពីព្រំប្រទល់ខាងជើងរហូតទៅដល់សមុទ្រ*ដែលនៅប៉ែកខាងកើត។ នេះហើយជាព្រំដែននៅទិសខាងកើត។
១៩ «ព្រំប្រទល់នៅភាគខាងត្បូងទឹកដីនោះ គឺចាប់ពីក្រុងថេម៉ារហូតទៅដល់ផ្លូវទឹកនៅមេរីបាកាដេស+ ហើយឆ្ពោះទៅជ្រលងអេហ្ស៊ីប រួចឆ្ពោះទៅសមុទ្រធំ។+ នេះហើយជាព្រំដែននៅទិសខាងត្បូង។
២០ «ព្រំប្រទល់នៅភាគខាងលិចមានសមុទ្រធំ ចាប់ពីព្រំប្រទល់ខាងត្បូងឡើងទៅកន្លែងទល់មុខតំបន់លេបូហាម៉ាត។*+ នេះហើយជាព្រំដែននៅទិសខាងលិច»។
២១ «អ្នករាល់គ្នាត្រូវបែងចែកទឹកដីនេះឲ្យដល់កុលសម្ព័ន្ធទាំង១២នៃជនជាតិអ៊ីស្រាអែល។ ២២ អ្នករាល់គ្នាត្រូវបែងចែកទឹកដីនេះឲ្យដល់ជនរួមជាតិខ្លួនជាមត៌ក ហើយត្រូវចែកឲ្យជនបរទេសដែលបង្កើតកូនចៅកាលដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវចាត់ទុកពួកគេដូចជាជនជាតិអ៊ីស្រាអែលដែរ។ ហេតុនេះ ពួកគេនឹងទទួលចំណែកមត៌កក្នុងចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។ ២៣ អ្នករាល់គ្នាត្រូវប្រគល់ចំណែកដីធ្លីជាមត៌កដល់ជនបរទេស ក្នុងទឹកដីរបស់កុលសម្ព័ន្ធណាដែលគេបានទៅរស់នៅ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៤៨ «ឈ្មោះកុលសម្ព័ន្ធនីមួយៗ និងទឹកដីរបស់ពួកគេដែលរាប់ចាប់ពីភាគខាងជើងមានដូចតទៅ៖ ទឹកដីចំណែករបស់ដាន់+ គឺចាប់ពីផ្លូវទៅតំបន់ហេតឡូន ទៅដល់លេបូហាម៉ាត*+ ឆ្ពោះទៅតំបន់ហាសាអេណាន តាមបណ្ដោយព្រំប្រទល់តំបន់ដាម៉ាស់នៅភាគខាងជើង ក្បែរក្រុងហាម៉ាត+ ហើយលាតសន្ធឹងចាប់ពីទិសខាងកើតទៅទិសខាងលិច។ ២ ទឹកដីចំណែករបស់អេស៊ើរ+នៅជាប់ព្រំប្រទល់ទឹកដីរបស់ដាន់ គឺចាប់ពីព្រំប្រទល់ទិសខាងកើតទៅព្រំប្រទល់ទិសខាងលិច។ ៣ ទឹកដីចំណែករបស់ណែបថាលី+នៅជាប់ព្រំប្រទល់ទឹកដីរបស់អេស៊ើរ គឺចាប់ពីព្រំប្រទល់ទិសខាងកើតទៅព្រំប្រទល់ទិសខាងលិច។ ៤ ទឹកដីចំណែករបស់ម៉ាណាសេ+នៅជាប់ព្រំប្រទល់ទឹកដីរបស់ណែបថាលី គឺចាប់ពីព្រំប្រទល់ទិសខាងកើតទៅព្រំប្រទល់ទិសខាងលិច។ ៥ ទឹកដីចំណែករបស់អេប្រាអ៊ីមនៅជាប់ព្រំប្រទល់ទឹកដីរបស់ម៉ាណាសេ+ គឺចាប់ពីព្រំប្រទល់ទិសខាងកើតទៅព្រំប្រទល់ទិសខាងលិច។ ៦ ទឹកដីចំណែករបស់រូបេននៅជាប់ព្រំប្រទល់ទឹកដីរបស់អេប្រាអ៊ីម+ គឺចាប់ពីព្រំប្រទល់ទិសខាងកើតទៅព្រំប្រទល់ទិសខាងលិច។ ៧ ទឹកដីចំណែករបស់យូដានៅជាប់ព្រំប្រទល់ទឹកដីរបស់រូបេន+ គឺចាប់ពីព្រំប្រទល់ទិសខាងកើតទៅព្រំប្រទល់ទិសខាងលិច។ ៨ នៅតាមព្រំប្រទល់ទឹកដីរបស់យូដា ចាប់ពីព្រំប្រទល់ភាគខាងកើតទៅព្រំប្រទល់ភាគខាងលិច អ្នករាល់គ្នាត្រូវញែកដីប្រវែង២៥.០០០ហត្ថ*ទុកជាវិភាគទានដល់ព្រះ។+ ប្រវែងដីនោះស្មើនឹងប្រវែងដីចំណែករបស់កុលសម្ព័ន្ធនីមួយៗគិតចាប់ពីព្រំប្រទល់ភាគខាងកើតទៅព្រំប្រទល់ភាគខាងលិច។ ទីបរិសុទ្ធនឹងស្ថិតនៅកណ្ដាលដីនោះ។
៩ «ទឹកដីដែលអ្នករាល់គ្នាត្រូវញែកទុកជូនព្រះយេហូវ៉ាជាវិភាគទាន ត្រូវមានបណ្ដោយ២៥.០០០ហត្ថ និងទទឹង១០.០០០ហត្ថ។ ១០ ដីដែលជាវិភាគទានបរិសុទ្ធនេះទុកសម្រាប់ពួកសង្ឃ។+ ដីនេះមានប្រវែង២៥.០០០ហត្ថនៅភាគខាងជើង ហើយមានប្រវែង១០.០០០ហត្ថនៅភាគខាងលិច និងប្រវែង១០.០០០ហត្ថនៅភាគខាងកើត ព្រមទាំងមានប្រវែង២៥.០០០ហត្ថនៅភាគខាងត្បូង។ ទីបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងស្ថិតនៅកណ្ដាលដីនោះ។ ១១ ដីនោះសម្រាប់ពួកសង្ឃជាកូនចៅសេដុកដែលបានត្រូវញែកជាបរិសុទ្ធ+ ព្រោះពួកគេបានបំពេញភារកិច្ចរបស់ខ្លួននៅចំពោះមុខខ្ញុំ ហើយមិនបានថយចេញពីខ្ញុំឡើយ កាលដែលបណ្ដាជនអ៊ីស្រាអែលនិងពួកលេវីបានថយចេញ។+ ១២ ពួកគេនឹងទទួលដីមួយចំណែកពីផ្ទៃដីវិភាគទានដែលបានត្រូវញែកទុកជាអ្វីដែលបរិសុទ្ធបំផុត។ ដីនោះនៅជាប់ដីចំណែករបស់ពួកលេវី។
១៣ «ដីរបស់ពួកលេវីដែលនៅជាប់ដីរបស់ពួកសង្ឃ ត្រូវមានបណ្ដោយ២៥.០០០ហត្ថ និងទទឹង១០.០០០ហត្ថ (ប្រវែងផ្ទៃដីទាំងមូលគឺបណ្ដោយ២៥.០០០ និងទទឹង១០.០០០)។ ១៤ ពួកគេមិនត្រូវលក់ ឬដូរ ឬផ្ទេរដីចំណែកល្អបំផុតនេះជាដាច់ខាត ព្រោះដីនេះជាអ្វីដែលបរិសុទ្ធចំពោះព្រះយេហូវ៉ា។
១៥ «ឯដីនៅសល់ដែលមានបណ្ដោយប្រវែង២៥.០០០ហត្ថ និងទទឹងប្រវែង៥.០០០ហត្ថ ត្រូវទុកសម្រាប់ប្រើជាដីក្រុង+ គឺសម្រាប់សង់ផ្ទះនិងវាលស្មៅ។ ក្រុងនោះនឹងស្ថិតនៅកណ្ដាលផ្ទៃដីនោះ។+ ១៦ ផ្ទៃដីក្រុងមានប្រវែងបួនជ្រុងស្មើ គឺនៅភាគខាងជើងប្រវែង៤.៥០០ហត្ថ ភាគខាងត្បូងប្រវែង៤.៥០០ហត្ថ ភាគខាងកើតប្រវែង៤.៥០០ហត្ថ និងភាគខាងលិចប្រវែង៤.៥០០ហត្ថ។ ១៧ ផ្ទៃដីវាលស្មៅជុំវិញក្រុងមានប្រវែង២៥០ហត្ថនៅទិសខាងជើង ២៥០ហត្ថនៅទិសខាងត្បូង ២៥០ហត្ថនៅទិសខាងកើត និង២៥០ហត្ថនៅទិសខាងលិច។
១៨ «ផ្ទៃដីសល់ដែលនៅសងខាងក្រុង នៅភាគខាងលិចមានប្រវែង១០.០០០ហត្ថ និងភាគខាងកើត១០.០០០ហត្ថ ហើយប្រវែងពីលិចទៅកើតស្មើនឹងប្រវែងដីវិភាគទានបរិសុទ្ធ។+ ដីនោះនៅជាប់នឹងដីវិភាគទានបរិសុទ្ធតែម្ដង។ ភោគផលនៅលើដីនោះ នឹងបានជាអាហារដល់ពួកអ្នកដែលបម្រើនៅក្នុងក្រុង។ ១៩ ពួកគេមកពីកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ហើយមានភារកិច្ចបម្រើនៅក្រុងនោះ។ ពួកគេនឹងភ្ជួររាស់ដាំដុះនៅលើដីនោះ។+
២០ «ផ្ទៃដីវិភាគទានទាំងមូលមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែង២៥.០០០ហត្ថ។ អ្នករាល់គ្នាត្រូវញែកដីនោះទុកជាវិភាគទានបរិសុទ្ធ និងទុកជាដីក្រុងដែរ។
២១ «ឯដីសល់ដែលនៅសងខាងផ្ទៃដីវិភាគទានបរិសុទ្ធនិងផ្ទៃដីក្រុង នឹងបានទៅជារបស់មេដឹកនាំ។+ ដីនោះមានព្រំប្រទល់ជាប់នឹងដីដែលមានប្រវែង២៥.០០០ហត្ថ គឺទាំងខាងកើតនិងខាងលិចផ្ទៃដីវិភាគទាន។ ប្រវែងដីនោះស្មើនឹងប្រវែងដីដែលនៅជាប់ព្រំប្រទល់ខាងជើងនិងខាងត្បូង ហើយដីនោះជាកម្មសិទ្ធិរបស់មេដឹកនាំ។ ផ្ទៃដីវិភាគទានបរិសុទ្ធនិងផ្ទៃដីវិហារស្ថិតនៅកណ្ដាលដីនោះ។
២២ «ដីរបស់ពួកលេវីនិងដីក្រុង នឹងនៅចន្លោះដីរបស់មេដឹកនាំ។ ទឹកដីរបស់មេដឹកនាំនៅជាប់ព្រំប្រទល់ដីរបស់យូដា+ដែលនៅខាងជើង និងជាប់ព្រំប្រទល់ដីរបស់បេនយ៉ាមីនដែលនៅខាងត្បូង។
២៣ «ឯដីនៅសល់ដែលជាចំណែករបស់កុលសម្ព័ន្ធផ្សេងទៀត មានដូចតទៅ៖ ទឹកដីចំណែករបស់បេនយ៉ាមីន គឺចាប់ពីព្រំប្រទល់ទិសខាងកើតទៅព្រំប្រទល់ទិសខាងលិច។+ ២៤ ទឹកដីចំណែករបស់ស៊ីម្មាននៅជាប់ព្រំប្រទល់ទឹកដីរបស់បេនយ៉ាមីន+ គឺចាប់ពីព្រំប្រទល់ទិសខាងកើតទៅព្រំប្រទល់ទិសខាងលិច។ ២៥ ទឹកដីចំណែករបស់អ៊ីសាខារ+នៅជាប់ព្រំប្រទល់ទឹកដីរបស់ស៊ីម្មាន គឺចាប់ពីព្រំប្រទល់ទិសខាងកើតទៅព្រំប្រទល់ទិសខាងលិច។ ២៦ ទឹកដីចំណែករបស់សេប៊ូឡូននៅជាប់ព្រំប្រទល់ទឹកដីរបស់អ៊ីសាខារ+ គឺចាប់ពីព្រំប្រទល់ទិសខាងកើតទៅព្រំប្រទល់ទិសខាងលិច។+ ២៧ ទឹកដីចំណែករបស់កាដនៅជាប់ព្រំប្រទល់ទឹកដីរបស់សេប៊ូឡូន+ គឺចាប់ពីព្រំប្រទល់ទិសខាងកើតទៅព្រំប្រទល់ទិសខាងលិច។ ២៨ ព្រំប្រទល់នៅភាគខាងត្បូងក្បែរទឹកដីរបស់កាដ គឺចាប់ពីក្រុងថេម៉ា+រហូតទៅដល់ផ្លូវទឹកនៅមេរីបាកាដេស+ ហើយឆ្ពោះទៅជ្រលងអេហ្ស៊ីប+ និងឆ្ពោះទៅសមុទ្រធំ។*
២៩ «នោះហើយជាទឹកដីដែលអ្នកត្រូវបែងចែកឲ្យដល់កុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែលទុកជាមត៌ក+ ហើយដីធ្លីទាំងនោះនឹងទៅជាកម្មសិទ្ធិរបស់ពួកគេ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៣០ «ច្រកចេញចូលក្រុងនោះមានដូចតទៅ៖ នៅព្រំប្រទល់ខាងជើងនឹងមានប្រវែង៤.៥០០ហត្ថ។+
៣១ «ខ្លោងទ្វារនីមួយៗនៃក្រុងនោះ នឹងមានឈ្មោះតាមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល។ នៅទិសខាងជើងមានខ្លោងទ្វារបី គឺខ្លោងទ្វាររូបេន ខ្លោងទ្វារយូដា និងខ្លោងទ្វារលេវី។
៣២ «នៅព្រំប្រទល់ខាងកើត នឹងមានប្រវែង៤.៥០០ហត្ថ ហើយមានខ្លោងទ្វារបី គឺខ្លោងទ្វារយ៉ូសែប ខ្លោងទ្វារបេនយ៉ាមីន និងខ្លោងទ្វារដាន់។
៣៣ «នៅព្រំប្រទល់ខាងត្បូង នឹងមានប្រវែង៤.៥០០ហត្ថ ហើយមានខ្លោងទ្វារបី គឺខ្លោងទ្វារស៊ីម្មាន ខ្លោងទ្វារអ៊ីសាខារ និងខ្លោងទ្វារសេប៊ូឡូន។
៣៤ «នៅព្រំប្រទល់ខាងលិច នឹងមានប្រវែង៤.៥០០ហត្ថ ហើយមានខ្លោងទ្វារបី គឺខ្លោងទ្វារកាដ ខ្លោងទ្វារអេស៊ើរ និងខ្លោងទ្វារណែបថាលី។
៣៥ «នៅជុំវិញក្រុងនឹងមានប្រវែង១៨.០០០ហត្ថ។ ចាប់ពីថ្ងៃនោះទៅ គេនឹងហៅក្រុងនោះថាព្រះយេហូវ៉ាស្ថិតនៅទីនោះ»។+
តាមមើលទៅសំដៅលើអាយុរបស់អេសេគាល
មានន័យថា«ព្រះពង្រឹងកម្លាំង»
ជាមាសលាយប្រាក់
ប្រហែលជាកង់មួយកែងនឹងកង់មួយទៀត
ឬប្រហែលជាមានន័យថា«ត្រដាងយ៉ាងត្រង់»
ពាក្យ«កូនមនុស្ស»មាន៩៣ដងក្នុងសៀវភៅអេសេគាល ហើយនេះប្រើជាលើកទី១
ឬប្រហែលជាមានន័យថា«ទោះជាពួកគេជាមនុស្សរឹងចចេស ហើយប្រៀបដូចជាបន្លាចាក់អ្នកក៏ដោយ»
ឬ«ថ្មភ្លើង»
ភាសាហេប្រឺពាក្យនេះអាចសំដៅលើឫទ្ធានុភាពរបស់ព្រះឬជាបុគ្គលវិញ្ញាណ
ឬ«ប្រព្រឹត្តដោយអយុត្តិធម៌»
ពាក្យភាសាហេប្រឺសំដៅលើស្រូវសាលីម្យ៉ាងដែលមានគុណភាពអន់ ដែលគេដាំនៅស្រុកអេហ្ស៊ីបសម័យបុរាណ
ប្រហែល២៣០ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ប្រហែលជា០,៦លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
នេះសំដៅលើទាំងអ្នកទិញទាំងអ្នកលក់នឹងមិនទទួលប្រយោជន៍អ្វីឡើយ ដោយសារពួកគេទាំងអស់គ្នានឹងទទួលការបំផ្លិចបំផ្លាញ
នេះសំដៅលើការលេចនោមដោយសារភ័យខ្លាច
នេះសំដៅលើការកោរសក់កាន់ទុក្ខ
នេះសំដៅលើវត្ថុដែលធ្វើពីមាសប្រាក់
នេះសំដៅលើមាសប្រាក់ដែលពួកគេប្រើដើម្បីធ្វើរូបព្រះ
តាមមើលទៅនេះសំដៅលើបន្ទប់ខាងក្នុងបំផុតក្នុងវិហារព្រះយេហូវ៉ា
នេះសំដៅលើច្រវាក់សម្រាប់ដាក់ឈ្លើយសឹក
នេះសំដៅលើឆ្នាំដែលស្ដេចយេហូយ៉ាគីន អេសេគាល និងពួកយូដា ជាប់ជាឈ្លើយ
ជាមាសលាយប្រាក់
ដោយសារព្រះតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ នេះសំដៅលើកំហឹងដែលលោកមានពេលរាស្ត្រលោកប្រព្រឹត្តមិនស្មោះត្រង់នឹងលោក។ (ដច ២០:៥)
តាមមើលទៅនេះជាមែកឈើដែលគេប្រើក្នុងការគោរពបូជារូបព្រះ
ឬ«ប្រដាប់ដាក់ទឹកខ្មៅរបស់អ្នកចម្លងច្បាប់»
ឬ«ទាស់នឹង»
នេះសំដៅលើក្រុងយេរូសាឡិមដែលពួកយូដាស្មានថាខ្លួននឹងទទួលការការពារពីទីនោះ
នេះសំដៅលើការឆាប់ធ្វើតាមការណែនាំរបស់ព្រះ
នេះសំដៅលើជញ្ជាំងខាងក្នុងដែលមិនមាំ តែគេបូកកំបោរសពីលើដើម្បីឲ្យមើលទៅមាំ
នេះសំដៅលើខ្សែដែលគេពាក់នៅកដៃឬកែងដៃដើម្បីទុកជាគ្រឿងការពារខ្លួន
ឬ«ឈឺចាប់»
ឬ«នឹងធ្វើឲ្យព្រាត់ប្រាសកូន»
ឬប្រហែលជាមានន័យថា«ប្រដាប់ភេទបុរស»
ឬប្រហែលជាមានន័យថា«ចិត្តខ្ញុំពេញដោយកំហឹងទាស់នឹងអ្នក»
នេះទំនងជាសំដៅលើក្រុងតូចៗដែលនៅជុំវិញ
ន័យត្រង់«ស្រុកកាណាន»
តាមមើលទៅនេះសំដៅលើស្រុកយូដា
នេះសំដៅលើសេដេគា
នេះសំដៅលើនេប៊ូក្នេសា
មើលនិយមន័យពាក្យ«ជីវិត»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ឈាមរបស់គាត់នឹងធ្លាក់មកលើគាត់»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«អំពើអយុត្តិធម៌»
ន័យត្រង់«ដើមទំពាំងបាយជូរនៅក្នុងឈាមអ្នក»
នេះសំដៅលើឆ្នាំដែលស្ដេចយេហូយ៉ាគីន អេសេគាល និងពួកយូដា ជាប់ជាឈ្លើយ
នេះសំដៅលើអ៊ីស្រាអែល
នេះសំដៅលើអ៊ីស្រាអែល
នេះសំដៅលើអ៊ីស្រាអែល
ឬ«ប្រព្រឹត្តអំពើប្រាកចាកសីលធម៌ខាងផ្លូវភេទ»។ មើលនិយមន័យពាក្យ«ស្រីពេស្យា»
ឬ«បម្រើ»
នេះសំដៅលើដាវរបស់ព្រះយេហូវ៉ា
នេះសំដៅលើក្រុងយេរូសាឡិម
មានន័យថា«ត្រសាលនាង»
មានន័យថា«ត្រសាលខ្ញុំគឺនៅក្នុងនាង»
ធម្មតាពលធ្នូកាន់ខែលតូច
នេះសំដៅលើការក្បត់ជំនឿ
នេះសំដៅលើឆ្នាំដែលស្ដេចយេហូយ៉ាគីន អេសេគាល និងពួកយូដា ជាប់ជាឈ្លើយ
ឬ«គក់ទ្រូង»
នេះសំដៅលើឆ្នាំដែលស្ដេចយេហូយ៉ាគីន អេសេគាល និងពួកយូដា ជាប់ជាឈ្លើយ
ន័យត្រង់«កូនស្រីៗ»
ឬ«ដាវ»
ឬ«មេកុលសម្ព័ន្ធ»
ឬ«ផ្នូរ»
ឬ«តុបតែង»
ជាប្រភេទឈើម្យ៉ាងនៅក្នុងពពួកឈើអែម
ឬ«ក្រណាត់ត្បាញ»
ឬប្រហែលជាមានន័យថា«អ្នកមានភាពរុងរឿង»
ឬ«ផ្នូរ»
នេះសំដៅលើឆ្នាំដែលស្ដេចយេហូយ៉ាគីន អេសេគាល និងពួកយូដា ជាប់ជាឈ្លើយ
ឬ«ខ្ញុំនឹងផ្ដល់កម្លាំងឲ្យពូជពង្សអ៊ីស្រាអែល»
ប្រហែលជាសំដៅលើពួកអ៊ីស្រាអែលដែលចងសម្ព័ន្ធមិត្តនឹងពួកអេហ្ស៊ីប
ឬ«មេមផឺស»
នេះសំដៅលើក្រុងធេប
នេះសំដៅលើក្រុងហេលីអូផូលីស
នេះសំដៅលើឆ្នាំដែលស្ដេចយេហូយ៉ាគីន អេសេគាល និងពួកយូដា ជាប់ជាឈ្លើយ
នេះសំដៅលើឆ្នាំដែលស្ដេចយេហូយ៉ាគីន អេសេគាល និងពួកយូដា ជាប់ជាឈ្លើយ
ឬ«មែកតូចៗ»
ឬ«ផ្នូរ»
ន័យត្រង់«ផ្នូរ»ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ន័យត្រង់«ផ្នូរ»ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«ផ្នូរ»
ន័យត្រង់«ផ្នូរ»ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ប្រហែលជាសំដៅលើខែ១២ ដូចខទី១ដែរ
ន័យត្រង់«កូនស្រីរបស់ប្រជាជាតិនានា»
ឬ«ផ្នូរ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ប្រហែលជាសំដៅលើស្ដេចស្រុកអាស៊ីរី
ឬ«ផ្នូរ»
ឬ«ផ្នូរ»
ឬ«ផ្នូរ»
ន័យត្រង់«នាង»
ប្រហែលជាសំដៅទៅលើការបញ្ចុះសពទាហានអង់អាចជាមួយនឹងដាវរបស់ខ្លួន ដើម្បីផ្ដល់កិត្តិយសដល់ពួកគេ
ឬ«ផ្នូរ»
ឬ«ផ្នូរ»
នេះសំដៅលើការឆាប់ធ្វើតាមការណែនាំរបស់ព្រះ
ឬប្រហែលជាមានន័យថា«ប្រៀបដូចជាហ្វូងចៀមសម្រាប់ជូនជាគ្រឿងបូជានៅក្រុងយេរូសាឡិម»
ឬ«ជ្រលងភ្នំនៃគ្នីគ្នាកូក»
មានន័យថា«គ្នីគ្នា»
ដើមម្យ៉ាងដែលគេដាំតាំងពីសម័យបុរាណ។ គេយកសរសៃវាទៅធ្វើជាក្រណាត់
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
បង្អួចទាំងនោះមានរាងបួនជ្រុង ហើយជ្រុងនីមួយៗមានជម្រាលរួមតូច
នេះសំដៅលើប្រវែងហត្ថវែង។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
នេះសំដៅលើបន្ទប់បរិសុទ្ធបំផុត
តាមមើលទៅនេះជាផ្លូវដើរតូចជុំវិញវិហារ
បង្អួចទាំងនោះមានរាងបួនជ្រុង ហើយជ្រុងនីមួយៗមានជម្រាលរួមតូច
តាមមើលទៅនេះជាច្រកចូលបន្ទប់បរិសុទ្ធ
បង្អួចទាំងនោះមានរាងបួនជ្រុង ហើយជ្រុងនីមួយៗមានជម្រាលរួមតូច
នេះសំដៅលើប្រវែងហត្ថវែង។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬប្រហែលជាមានន័យថា«គាត់»
តាមមើលទៅដោយប្រាប់ទុកជាមុនអំពីការបំផ្លាញក្រុងនោះ
ឬប្រហែលជាទេវតារបស់ព្រះ
តាមមើលទៅគាត់ជាអ្នកនាំសារពីព្រះ
ឬ«ប្រព្រឹត្តអំពើប្រាកចាកសីលធម៌ខាងផ្លូវភេទ»។ មើលនិយមន័យពាក្យ«ស្រីពេស្យា»
ន័យត្រង់«សាកសពស្ដេចរបស់ពួកគេ»
ឬ«ប្រព្រឹត្តអំពើប្រាកចាកសីលធម៌ខាងផ្លូវភេទ»។ មើលនិយមន័យពាក្យ«ស្រីពេស្យា»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយចំអាមប្រហែលស្មើនឹង២២,២សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
នេះសំដៅលើប្រវែងហត្ថវែង។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«មិណា»។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ន័យត្រង់«រដូវដែលមានពិធីបុណ្យ»
នេះសំដៅលើប្រវែងហត្ថវែង។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
នេះសំដៅលើប្រវែងហត្ថវែង។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«តំបន់វាលទំនាប»
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ
នេះសំដៅលើសមុទ្រស្លាប់
ឬ«ច្រកចូលហាម៉ាត»
ឬ«ច្រកចូលហាម៉ាត»
នេះសំដៅលើប្រវែងហត្ថវែង។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
នេះសំដៅលើសមុទ្រមេឌីទែរ៉ានេ