បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ម៉ាថាយ ១:១-២៨:២០
  • ម៉ាថាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ម៉ាថាយ
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ម៉ាថាយ

រៀប​រាប់​ដោយ​ម៉ាថាយ

១ នេះ​ជា​សៀវភៅ​ជីវប្រវត្ដិ​របស់​លោក​យេស៊ូ​គ្រិស្ត*ជា​កូន*របស់​ដាវីឌ+ និង​ជា​កូន​របស់​អាប្រាហាំ​៖+

 ២ អាប្រាហាំ​ជា​ឪពុក*របស់​អ៊ីសាក+

អ៊ីសាក​ជា​ឪពុក​របស់​យ៉ាកុប+

យ៉ាកុប​ជា​ឪពុក​របស់​យូដា+ ហើយ​យ៉ាកុប​មាន​កូន​ប្រុស​ៗ​ផ្សេង​ទៀត

 ៣ យូដា​ជា​ឪពុក​របស់​ពេរេស​និង​សេរ៉ា+ ហើយ​ថេម៉ា​ជា​ម្ដាយ

ពេរេស​ជា​ឪពុក​របស់​ហេស្រុន+

ហេស្រុន​ជា​ឪពុក​របស់​រ៉ាម+

 ៤ រ៉ាម​ជា​ឪពុក​របស់​អាមីណាដាប

អាមីណាដាប​ជា​ឪពុក​របស់​ណាសូន+

ណាសូន​ជា​ឪពុក​របស់​សាលម៉ូន

 ៥ សាលម៉ូន​ជា​ឪពុក​របស់​បូអូស ហើយ​រ៉ាហាប​ជា​ម្ដាយ+

បូអូស​ជា​ឪពុក​របស់​អូបិឌ ហើយ​រូថ​ជា​ម្ដាយ+

អូបិឌ​ជា​ឪពុក​របស់​អ៊ីសាយ+

 ៦ អ៊ីសាយ​ជា​ឪពុក​របស់​ស្ដេច​ដាវីឌ+

ដាវីឌ​ជា​ឪពុក​របស់​សាឡូម៉ូន+ ហើយ​ម្ដាយ​របស់​សាឡូម៉ូន​ធ្លាប់​ជា​ភរិយា​របស់​អ៊ូរី

 ៧ សាឡូម៉ូន​ជា​ឪពុក​របស់​រេហូបោម+

រេហូបោម​ជា​ឪពុក​របស់​អាប៊ីយ៉ា

អាប៊ីយ៉ា​ជា​ឪពុក​របស់​អេសា+

 ៨ អេសា​ជា​ឪពុក​របស់​យេហូសាផាត+

យេហូសាផាត​ជា​ឪពុក​របស់​យេហូរ៉ាម+

យេហូរ៉ាម​ជា​ឪពុក​របស់​អូសៀស

 ៩ អូសៀស​ជា​ឪពុក​របស់​យ៉ូថាម+

យ៉ូថាម​ជា​ឪពុក​របស់​អេហាស+

អេហាស​ជា​ឪពុក​របស់​ហេសេគា+

១០ ហេសេគា​ជា​ឪពុក​របស់​ម៉ាណាសេ+

ម៉ាណាសេ​ជា​ឪពុក​របស់​អេម៉ុន+

អេម៉ុន​ជា​ឪពុក​របស់​យ៉ូសៀស+

១១ យ៉ូសៀស+ជា​ឪពុក​របស់​យេកូនាស+ និង​ជា​ឪពុក​របស់​កូន​ប្រុស​ៗ​ឯ​ទៀត ដែល​កើត​នៅ​សម័យ​ដែល​ជនជាតិ​យូដា​ត្រូវ​និរទេស​ទៅ​បាប៊ីឡូន+

១២ យេកូនាស​ជា​ឪពុក​របស់​សាលធាល ដែល​កើត​មក​ក្រោយ​ពី​យេកូនាស​ត្រូវ​និរទេស​ទៅ​បាប៊ីឡូន

សាលធាល​ជា​ឪពុក​របស់​សេរ៉ូបាបិល+

១៣ សេរ៉ូបាបិល​ជា​ឪពុក​របស់​អាប៊ីយ៉ូដ

អាប៊ីយ៉ូដ​ជា​ឪពុក​របស់​អេលាគីម

អេលាគីម​ជា​ឪពុក​របស់​អេសូរ

១៤ អេសូរ​ជា​ឪពុក​របស់​សេដុក

សេដុក​ជា​ឪពុក​របស់​អេខឹម

អេខឹម​ជា​ឪពុក​របស់​អេលីយ៉ូដ

១៥ អេលីយ៉ូដ​ជា​ឪពុក​របស់​អេលាសារ

អេលាសារ​ជា​ឪពុក​របស់​ម៉ាថាន

ម៉ាថាន​ជា​ឪពុក​របស់​យ៉ាកុប

១៦ យ៉ាកុប​ជា​ឪពុក​របស់​យ៉ូសែប​ដែល​ជា​ប្ដី​របស់​ម៉ារៀ។ លោក​យេស៊ូ​ដែល​ហៅ​ថា​គ្រិស្ត+បាន​កើត​ពី​ម៉ារៀ។+

១៧ ដូច្នេះ ពី​អាប្រាហាំ​រហូត​ដល់​ដាវីឌ​មាន​១៤​ជំនាន់ ពី​ដាវីឌ​រហូត​ដល់​ពេល​និរទេស​ទៅ​បាប៊ីឡូន​មាន​១៤​ជំនាន់ ហើយ​ពី​ពេល​និរទេស​ទៅ​បាប៊ីឡូន​រហូត​ដល់​គ្រិស្ត​មាន​១៤​ជំនាន់។

១៨ ដំណើរ​រឿង​អំពី​កំណើត​របស់​លោក​យេស៊ូ​គ្រិស្ត​គឺ​ដូច​ត​ទៅ​៖ ម៉ារៀ​ជា​ម្ដាយ​របស់​លោក និង​ជា​គូ​ដណ្ដឹង​របស់​យ៉ូសែប។ ប៉ុន្តែ មុន​ពេល​ម៉ារៀ​និង​យ៉ូសែប​ចាប់​ផ្ដើម​រួម​រស់​ជា​ប្ដី​ប្រពន្ធ នាង​មាន​ផ្ទៃ​ពោះ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ+របស់​ព្រះ​រួច​ហើយ។ ១៩ ក៏​ប៉ុន្តែ ដោយ​សារ​យ៉ូសែប​ដែល​ជា​ប្ដី*របស់​នាង ជា​មនុស្ស​សុចរិត នោះ​គាត់​មិន​ចង់​ធ្វើ​ឲ្យ​នាង​អាម៉ាស់​មុខ​ឡើយ។ ដូច្នេះ គាត់​គិត​ចង់​លែង​លះ*នាង​ដោយ​សម្ងាត់។+ ២០ ប៉ុន្តែ ក្រោយ​ពី​យ៉ូសែប​បាន​គិត​អំពី​រឿង​ទាំង​នេះ​រួច​ហើយ នោះ​ទេវតា​របស់​ព្រះ​យេហូវ៉ា*បាន​លេច​មក​ក្នុង​សុបិន ហើយ​ប្រាប់​គាត់​ថា​៖ ​«​យ៉ូសែប កូន​ដាវីឌ ចូរ​យក​ម៉ារៀ​ជា​ប្រពន្ធ​ទៅ​ផ្ទះ​របស់​អ្នក ហើយ​កុំ​ខ្លាច​ឡើយ ព្រោះ​នាង​មាន​ផ្ទៃ​ពោះ គឺ​ដោយ​សារ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។+ ២១ នាង​នឹង​បង្កើត​បុត្រ​មួយ ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​បុត្រ​នោះ​ថា​យេស៊ូ*+ ព្រោះ​លោក​នឹង​សង្គ្រោះ​មនុស្ស​ឲ្យ​រួច​ពី​ការ​ខុស​ឆ្គង*របស់​ពួក​គេ​»។+ ២២ ការ​ទាំង​នេះ​បាន​កើត​ឡើង​ពិត​មែន ដើម្បី​សម្រេច​ទំនាយ​របស់​ព្រះ​យេហូវ៉ា*ដែល​មក​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​របស់​លោក។ ទំនាយ​នោះ​ថា​៖ ២៣ ​«​មើល! ស្រី​ក្រមុំ​បរិសុទ្ធ​នឹង​មាន​ផ្ទៃ​ពោះ ហើយ​នាង​នឹង​បង្កើត​បាន​បុត្រ​មួយ។ ពួក​គេ​នឹង​ដាក់​ឈ្មោះ​បុត្រ​នោះ​ថា​អេម៉ាញូអែល​»​+ ដែល​បក​ប្រែ​ថា​«​ព្រះ​នៅ​ជា​មួយ​នឹង​យើង​»។+

២៤ ក្រោយ​ពី​នោះ យ៉ូសែប​ភ្ញាក់​ពី​ដំណេក ហើយ​យក​ប្រពន្ធ​ទៅ​ផ្ទះ​របស់​គាត់ ដូច​ដែល​ទេវតា​របស់​ព្រះ​យេហូវ៉ា*បាន​បង្គាប់។ ២៥ ប៉ុន្តែ យ៉ូសែប​មិន​បាន​រួម​ដំណេក​ជា​មួយ​នឹង​ម៉ារៀ​ឡើយ រហូត​ដល់​នាង​បាន​បង្កើត​កូន​ហើយ។+ រួច​យ៉ូសែប​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​យេស៊ូ។+

២ ក្រោយ​ពី​លោក​យេស៊ូ​បាន​កើត​នៅ​ក្រុង​បេថ្លេហិម+ក្នុង​តំបន់​យូឌា អំឡុង​ពេល​ដែល​ស្ដេច*ហេរ៉ូឌ*+កំពុង​គ្រប់​គ្រង នោះ​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ពី​តំបន់​ខាង​កើត បាន​មក​ដល់​ក្រុង​យេរូសាឡិម* ២ ហើយ​សួរ​ថា​៖ ​«​តើ​ស្ដេច​នៃ​ជនជាតិ​យូដា​ដែល​ទើប​តែ​កើត​មក​នោះ​នៅ​ឯ​ណា?+ ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​លោក​ពេល​ដែល​យើង​នៅ​តំបន់​ខាង​កើត ហើយ​យើង​មក​ទី​នេះ​ដើម្បី​លំឱន​កាយ​គោរព​លោក​»។ ៣ ពេល​ដែល​ឮ​សម្ដី​នេះ ស្ដេច​ហេរ៉ូឌ​ព្រម​ទាំង​អ្នក​ក្រុង​យេរូសាឡិម​ទាំង​អស់ ក៏​ចាប់​ផ្ដើម​ជ្រួល​ច្របល់​ក្នុង​ចិត្ត។ ៤ ក្រោយ​មក ស្ដេច​ហេរ៉ូឌ​ហៅ​ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់*គ្រប់​រូប​ឲ្យ​មក​ជួប​ជុំ​គ្នា រួច​គាត់​ចាប់​ផ្ដើម​សួរ​ពួក​គេ​ដើម្បី​ឲ្យ​ដឹង​អំពី​កន្លែង​ដែល​គ្រិស្ត*បាន​កើត។ ៥ ពួក​គេ​តប​ឆ្លើយ​ថា​៖ ​«​នៅ​ក្រុង​បេថ្លេហិម+ក្នុង​តំបន់​យូឌា ពី​ព្រោះ​នោះ​បាន​ត្រូវ​សរសេរ​ទុក​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ថា​៖ ៦ ‹ឯ​អ្នក ឱ​បេថ្លេហិម​ក្នុង​ស្រុក​យូដា​អើយ! អ្នក​មិន​មែន​តូច​តាច​ជាង​គេ​ក្នុង​ចំណោម​ពួក​អភិបាល​ស្រុក​យូដា​ឡើយ ព្រោះ​នឹង​មាន​អភិបាល​មួយ​រូប​ចេញ​ពី​អ្នក​មក ហើយ​គាត់​នឹង​ឃ្វាល​អ៊ីស្រាអែល​ជា​រាស្ដ្រ​របស់​ខ្ញុំ›​»។+

៧ រួច​មក ហេរ៉ូឌ​បាន​ហៅ​ពួក​អ្នក​ចេះ​ហោរា​សាស្ត្រ​មក​ជួប​ដោយ​សម្ងាត់ ហើយ​សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​នោះ​បាន​លេច​មក។ ៨ នៅ​ពេល​ដែល​ស្ដេចចាត់​ពួក​គេ​ឲ្យ​ទៅ​ក្រុង​បេថ្លេហិម គាត់​បង្គាប់​ថា​៖ ​«​ចូរ​ទៅ​រក​កូន​តូច​នោះ​ឲ្យ​ទាល់​តែ​ឃើញ។ ពេល​រក​ឃើញ​ហើយ ចូរ​ត្រឡប់​មក​ប្រាប់​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទៅ​លំឱន​កាយ​គោរព​កូន​តូច​នោះ​ដែរ​»។ ៩ ក្រោយ​ពី​ស្ដេច​បង្គាប់​ហើយ នោះ​ពួក​គេ​បាន​ចេញ​ទៅ។ ខណៈ​នោះ ផ្កាយ​ដែល​ពួក​គេ​បាន​ឃើញ​ពេល​ដែល​ពួក​គេ​នៅ​តំបន់​ខាង​កើត+ បាន​នាំ​ផ្លូវ​ពួក​គេ​រហូត​ដល់​កន្លែង​ដែល​កូន​តូច​នោះ​នៅ រួច​ផ្កាយ​បាន​ឈប់​នៅ​ពី​លើ​កន្លែង​នោះ។ ១០ ពេល​ដែល​ឃើញ​ផ្កាយ​នោះ​ឈប់ ពួក​គេ​ត្រេក​អរ​ជា​ខ្លាំង។ ១១ លុះ​ចូល​ក្នុង​ផ្ទះ​នោះ​ហើយ ពួក​គេ​បាន​ឃើញ​កូន​តូច​នៅ​ជា​មួយ​នឹង​ម៉ារៀ​ជា​ម្ដាយ។ រួច​មក ពួក​គេ​លំឱន​កាយ​គោរព​កូន​តូច​នោះ ព្រម​ទាំង​បើក​យក​មាស ម្សៅ​ក្រអូប និង​ជ័រ​ល្វីង​ទេស* ធ្វើ​ជា​អំណោយ​ជូន​ដល់​កូន​តូច​នោះ​ផង។ ១២ ក៏​ប៉ុន្តែ ព្រះ​បាន​ព្រមាន​ពួក​គេ​តាម​រយៈ​សុបិន+មិន​ឲ្យ​ត្រឡប់​ទៅ​ជួប​ហេរ៉ូឌ​វិញ​ទេ។ ដូច្នេះ ពួក​គេ​បាន​ត្រឡប់​ទៅ​ស្រុក​របស់​ពួក​គេ​តាម​ផ្លូវ​ផ្សេង​វិញ។

១៣ ក្រោយ​ពី​ពួក​គេ​បាន​ចេញ​ទៅ នោះ​ទេវតា​របស់​ព្រះ​យេហូវ៉ា*បាន​លេច​មក​ក្នុង​សុបិន​ប្រាប់​យ៉ូសែប+ថា​៖ ​«​ចូរ​ក្រោក​ឡើង យក​កូន​តូច​និង​ប្រពន្ធ​អ្នក ហើយ​រត់​ទៅ​ស្រុក​អេហ្ស៊ីប។ អ្នក​ត្រូវ​នៅ​ទី​នោះ​រហូត​ដល់​ខ្ញុំ​ប្រាប់​ឲ្យ​ត្រឡប់​មក​វិញ ព្រោះ​ហេរ៉ូឌ​បម្រុង​នឹង​ស្វែង​រក​កូន​តូច​នោះ​ដើម្បី​សម្លាប់​ចោល​»។ ១៤ ដូច្នេះ យ៉ូសែប​បាន​ក្រោក​ឡើង ហើយ​យក​កូន​តូច​និង​ប្រពន្ធ ចេញ​ទៅ​ស្រុក​អេហ្ស៊ីប​ទាំង​យប់។ ១៥ គាត់​បាន​នៅ​ទី​នោះ រហូត​ដល់​ហេរ៉ូឌ​ទទួល​មរណភាព។ នេះ​បាន​សម្រេច​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា*បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ ដែល​ថា​៖ ​«​ខ្ញុំ​បាន​ហៅ​បុត្រ​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​»។+

១៦ រួច​មក ពេល​ដែល​ហេរ៉ូឌ​ដឹង​ថា​គាត់​បាន​ចាញ់​បោក​ពួក​អ្នក​ចេះ​ហោរា​សាស្ត្រ​ទាំង​នោះ គាត់​ខឹង​ខ្លាំង​ណាស់ ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​បេថ្លេហិម​និង​គ្រប់​តំបន់​នៅ​ជុំវិញ​នោះ ដើម្បី​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​ពីរ​ឆ្នាំ​ចុះ យោង​តាម​អ្វី​ដែល​ពួក​អ្នក​ចេះ​ហោរា​សាស្ត្រ​បាន​បញ្ជាក់ ស្ដី​អំពី​ពេល​ដែល​ផ្កាយ​នោះ​បាន​លេច​មក។+ ១៧ នោះ​បាន​សម្រេច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ដែល​ថា​៖ ១៨ ​«​នៅ​ក្រុង​រ៉ាម៉ា មាន​សំឡេង​ទ្រហោ​យំ​យ៉ាង​ខ្លាំង។ នោះ​ជា​សំឡេង​របស់​រ៉ាជែល+ដែល​កំពុង​យំ​ស្ដាយ​កូន​ៗ​របស់​នាង ហើយ​នាង​មិន​ព្រម​ឲ្យ​អ្នក​ណា​មក​សម្រាល​ទុក្ខ​នាង​ឡើយ ពី​ព្រោះ​កូន​ៗ​របស់​នាង​លែង​នៅ​ទៀត​ហើយ​»។+

១៩ ក្រោយ​ពី​ហេរ៉ូឌ​បាន​ទទួល​មរណភាព នោះ​ទេវតា​របស់​ព្រះ​យេហូវ៉ា*លេច​មក​ក្នុង​សុបិន+របស់​យ៉ូសែប ពេល​គាត់​នៅ​ស្រុក​អេហ្ស៊ីប។ ២០ ទេវតា​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​យក​កូន​តូច​និង​ប្រពន្ធ​អ្នក​ទៅ​ស្រុក​អ៊ីស្រាអែល ព្រោះ​អស់​អ្នក​ដែល​រក​ប្រហារ​ជីវិត*កូន​តូច​នោះ​បាន​ស្លាប់​អស់​ហើយ​»។ ២១ ដូច្នេះ យ៉ូសែប​ក្រោក​ឡើង​យក​កូន​តូច​និង​ប្រពន្ធ ហើយ​ចូល​ទៅ​ស្រុក​អ៊ីស្រាអែល។ ២២ ប៉ុន្តែ គាត់​ខ្លាច​មិន​ហ៊ាន​ទៅ​តំបន់​យូឌា​ទេ ពី​ព្រោះ​គាត់​បាន​ឮ​ថា អាខេឡាស​បាន​គ្រប់​គ្រង​ជា​ស្ដេច​ស្នង​ហេរ៉ូឌ​ដែល​ជា​ឪពុក។ ម្យ៉ាង​ទៀត ដោយ​សារ​ព្រះ​បាន​ព្រមាន​គាត់​តាម​រយៈ​សុបិន+ នោះ​គាត់​ក៏​ទៅ​តំបន់​កាលីឡេ​វិញ។+ ២៣ រួច​គាត់​ទៅ​រស់​នៅ​ក្នុង​ក្រុង​មួយ​ហៅ​ថា​ណាសារ៉ែត+ ដើម្បី​សម្រេច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ដែល​ថា​៖ ​«​លោក​នឹង​ត្រូវ​គេ​ហៅ​ថា​អ្នក​ក្រុង​ណាសារ៉ែត​»។*+

៣ នៅ​គ្រា​នោះ យ៉ូហាន+ដែល​ជា​អ្នក​ជ្រមុជ​ទឹក*បាន​មក​តំបន់​ស្ងាត់​ជ្រងំ​នៃ​តំបន់​យូឌា ដោយ​ផ្សព្វ​ផ្សាយ+ថា​៖ ២ ​«​ចូរ​ប្រែ​ចិត្ត ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។+ ៣ តាម​ការ​ពិត ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ+ គឺ​អំពី​យ៉ូហាន។ ទំនាយ​នោះ​ថា​៖ ​«​មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖ ‹ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!* ចូរ​ធ្វើ​ឲ្យ​ផ្លូវ​របស់​លោក​ត្រង់›​»។+ ៤ យ៉ូហាន​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ឯ​ខ្សែ​ក្រវាត់​របស់​គាត់​ធ្វើ​ពី​ស្បែក+ ហើយ​អាហារ​របស់​គាត់​គឺ​ជា​សត្វ​កណ្ដូប​និង​ទឹក​ឃ្មុំ​ព្រៃ។+ ៥ បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម និង​មនុស្ស​ទាំង​ឡាយ​នៅ​តំបន់​យូឌា ព្រម​ទាំង​អស់​អ្នក​នៅ​តំបន់​ជនបទ​ក្បែរ​ទន្លេ​យ៉ូដាន់ ក៏​នាំ​គ្នា​ចេញ​ទៅ​ជួប​គាត់។+ ៦ រួច​គាត់​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ*ក្នុង​ទន្លេ​យ៉ូដាន់+ ហើយ​ពួក​គេ​បាន​សារភាព​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​ជា​សាធារណៈ។

៧ ពេល​ដែល​គាត់​ក្រឡេក​ឃើញ​ពួក​ផារិស៊ី*និង​ពួក​សាឌូស៊ី*+ជា​ច្រើន​នាក់​កំពុង​មក​ឯ​កន្លែង​ជ្រមុជ​ទឹក គាត់​សួរ​ពួក​គេ​ថា​៖ ​«​នែ! ពូជ​ពស់​មាន​ពិស!+ តើ​អ្នក​ណា​បាន​នាំ​ឲ្យ​អ្នក​គិត​ថា អ្នក​អាច​រួច​ជីវិត​ពី​កំហឹង​របស់​ព្រះ​ដែល​នឹង​ត្រូវ​មក?+ ៨ ដូច្នេះ ចូរ​ប្រព្រឹត្ត​យ៉ាង​ណា​ដែល​បង្ហាញ​ថា​អ្នក​បាន​ប្រែ​ចិត្ត​ចុះ* ៩ ហើយ​កុំ​អាង​ថា​៖ ‹អាប្រាហាំ​ជា​ឪពុក​របស់​យើង›+ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​អាច​បង្កើត​កូន​ឲ្យ​អាប្រាហាំ​ពី​ដុំ​ថ្ម​ទាំង​នេះ​បាន។ ១០ ពូថៅ​នៅ​គល់​ឈើ​ស្រាប់​ហើយ។ ដូច្នេះ ដើម​ឈើ​ណា​ដែល​មិន​បង្កើត​ផល​ល្អ នោះ​នឹង​ត្រូវ​កាប់​ចោល ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។+ ១១ ខ្ញុំ​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រែ​ចិត្ត+ តែ​លោក​ដែល​មក​ក្រោយ​ខ្ញុំ គឺ​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មិន​សម​នឹង​ដោះ​ស្បែក​ជើង​របស់​លោក​ឡើយ។+ លោក​នឹង​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ+និង​ក្នុង​ភ្លើង។+ ១២ លោក​កំពុង​កាន់​ប្រដាប់​រោយ​ស្រូវ ក៏​នឹង​សម្អាត​លាន​បញ្ជាន់​ស្រូវ​របស់​លោក​ឲ្យ​ស្អាត​ធេង។ លោក​នឹង​ប្រមូល​ស្រូវ​សាលី​ដាក់​ក្នុង​ជង្រុក តែ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង+ដែល​មិន​អាច​ត្រូវ​ពន្លត់​បាន​ឡើយ​»។

១៣ លុះ​ក្រោយ​មក លោក​យេស៊ូ​បាន​ចេញ​ពី​ស្រុកកាលីឡេ​ទៅ​ជួប​យ៉ូហាន​នៅ​ឯ​ទន្លេ​យ៉ូដាន់ ដើម្បី​ឲ្យ​គាត់​ជ្រមុជ​ទឹក​ឲ្យ។+ ១៤ ប៉ុន្តែ យ៉ូហាន​ខំ​ឃាត់​លោក​ថា​៖ ​«​គឺ​ខ្ញុំ​ទេ​ដែល​ត្រូវ​ការ​លោក​ជ្រមុជ​ទឹក​ឲ្យ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​មក​រក​ខ្ញុំ​វិញ​ដូច្នេះ?​»។ ១៥ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​ចូរ​ធ្វើ​ម្ដង​នេះ​ចុះ ពី​ព្រោះ​គឺ​សម​ត្រឹម​ត្រូវ​ឲ្យ​យើង​សម្រេច​គ្រប់​ការ​សុចរិត​តាម​របៀប​នេះ​»។ ដូច្នេះ យ៉ូហាន​មិន​ឃាត់​លោក​ត​ទៅ​ទៀត​ទេ។ ១៦ ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ជ្រមុជ​ទៅ​ក្នុង​ទឹក​ហើយ នោះ​លោក​បាន​ងើប​ឡើង​ពី​ទឹក​ភ្លាម ហើយ​មើល! មេឃ​ក៏​បើក​ចំហ+ រួច​គាត់​ឃើញ​ឫទ្ធានុភាព​របស់​ព្រះ​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ហើយ​សណ្ឋិត​លើ​លោក។+ ១៧ ខណៈ​នោះ ក៏​មាន​សំឡេង​មួយ​ពី​លើ​មេឃ+ថា​៖ ​«​នេះ​ជា​បុត្រ+ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់​»។+

៤ ក្រោយ​មក ឫទ្ធានុភាព​របស់​ព្រះ​បាន​នាំ​លោក​យេស៊ូ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ហើយ​មេកំណាច*+បាន​ល្បួង​លោក។+ ២ ក្រោយ​ពី​លោក​បាន​តម​អាហារ​អស់​៤០​ថ្ងៃ​៤០​យប់ នោះ​លោក​ក៏​ឃ្លាន។ ៣ រួច​មក មេ​ល្បួង+បាន​មក ហើយ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​ប្រសិន​បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំ​ប៉័ង*ទៅ​»។ ៤ ប៉ុន្តែ លោក​តប​ឆ្លើយ​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​៖ ‹មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង*ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ប្រសាសន៍​ដែល​ចេញ​ពី​មាត់​របស់​ព្រះ​យេហូវ៉ា›​»។*+

៥ ក្រោយ​មក មេកំណាច​នាំ​លោក​ចូល​ទៅ​ក្នុង​ក្រុង​បរិសុទ្ធ*+ រួច​ដាក់​លោក​នៅ​លើ​ទី​ខ្ពស់​បំផុត*នៃ​កំពែង​វិហា​រ+ ៦ ហើយ​ប្រាប់​ថា​៖ ​«​ប្រសិន​បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​លោត​ចុះ​ទៅ​ក្រោម ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹លោក​នឹង​ឲ្យ​ការ​ណែនាំ​ស្ដី​អំពី​អ្នក ដល់​បណ្ដា​ទេវតា​របស់​លោក› ហើយ​‹ពួក​គេ​នឹង​ទ្រ​អ្នក​លើ​ដៃ​របស់​ពួក​គេ មិន​ឲ្យ​ជើង​របស់​អ្នក​ទង្គិច​នឹង​ថ្ម​ឡើយ›​»។+ ៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​មេកំណាច​ថា​៖ ​«​បទ​គម្ពីរ​ចែង​ទៀត​ថា​៖ ‹អ្នក​មិន​ត្រូវ​ល្បង​ល​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក​ឡើយ›​»។+

៨ បន្ទាប់​មក មេកំណាច​បាន​យក​លោក​ទៅ​លើ​ភ្នំ​មួយ​ដ៏​ខ្ពស់​ក្រៃ​លែង រួច​បង្ហាញ​លោក​នូវ​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក និង​ភាព​រុង​រឿង​របស់​រាជាណាចក្រ​ទាំង​នោះ+ ៩ ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក ប្រសិន​បើ​អ្នក​ក្រាប​ប្រណិប័តន៍​ខ្ញុំ​ម្ដង​»។ ១០ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​អ្នក​នោះ​ថា​៖ ​«​នែ! សាថាន!* ចូរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹គឺ​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍+ ហើយ​គឺ​សម្រាប់​តែ​លោក​ប៉ុណ្ណោះ ដែល​អ្នក​ត្រូវ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ›​»។+ ១១ រួច​មេកំណាច​បាន​ចេញ​ពី​លោក​ទៅ+ ហើយ​មើល! ពួក​ទេវតា​បាន​មក​បម្រើ​លោក។+

១២ ពេល​ដែល​លោក​ឮ​ថា​យ៉ូហាន​បាន​ត្រូវ​ចាប់​ខ្លួន+ នោះ​លោក​ចេញ​ទៅ​ស្រុក​កាលីឡេ។+ ១៣ បន្ថែម​ទៀត ក្រោយ​ពី​លោក​ចេញ​ពី​ក្រុង​ណាសារ៉ែត លោក​បាន​ទៅ​រស់​នៅ​ក្រុង​កាពើណិម+ដែល​នៅ​ក្បែរ​សមុទ្រ ក្នុង​តំបន់​សេប៊ូឡូន និង​តំបន់​ណែបថាលី។ ១៤ នេះ​ដើម្បី​សម្រេច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​អេសាយ។ ទំនាយ​នោះ​ថា​៖ ១៥ ​«​ឱ​ទឹក​ដី​សេប៊ូឡូន​និង​ទឹក​ដី​ណែបថាលី ជា​ស្រុក​កាលីឡេ​នៃ​ប្រជា​ជាតិ​នា​នា​អើយ អ្នក​ជា​ស្រុក​ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ ហើយ​ក៏​នៅ​ខាង​លិច​នៃ​ទន្លេ​យ៉ូដាន់! ១៦ បណ្ដា​ជន​ដែល​កំពុង​រស់​នៅ​ទី​ងងឹត​បាន​ឃើញ​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច ហើយ​ចំណែក​អស់​អ្នក​ដែល​នៅ​តំបន់​ដែល​នៅ​ក្រោម​ស្រមោល​នៃ​សេចក្ដី​ស្លាប់ នោះ​ពន្លឺ+បាន​រះ​មក​លើ​ពួក​គេ​»។+ ១៧ ចាប់​ពី​ពេល​នោះ​មក លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ថា​៖ ​«​ចូរ​ប្រែ​ចិត្ត ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។+

១៨ លុះ​ពេល​ដែល​លោក​កំពុង​ដើរ​តាម​ឆ្នេរ​សមុទ្រ*កាលីឡេ លោក​ឃើញ​បង​ប្អូន​ប្រុស​ពីរ​នាក់​ដែល​ជា​អ្នក​នេសាទ ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស+ ហើយ​ម្នាក់​ទៀត​ឈ្មោះ​អនទ្រេ​ជា​ប្អូន។ នៅ​ពេល​នោះ ពួក​គាត់​កំពុង​បង់​សំណាញ់​ទៅ​ក្នុង​សមុទ្រ។+ ១៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំចុះ! ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​អ្នក​នេសាទ​មនុស្ស​វិញ​»។+ ២០ ពួក​គាត់​បាន​ទុក​សំណាញ់​ចោល​ភ្លាម ហើយ​ទៅ​តាម​លោក។*+ ២១ កាល​បាន​ដើរ​ហួស​ពី​នោះ លោក​ឃើញ​កូន​ប្រុស​ពីរ​នាក់​របស់​សេបេដេ គឺ​យ៉ាកុប​និង​ប្អូន​របស់​គាត់​ឈ្មោះ​យ៉ូហាន។+ ពួក​គាត់​កំពុង​ជួស​ជុល​សំណាញ់​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​សេបេដេ​ដែល​ជា​ឪពុក​របស់​ពួក​គាត់។ លោក​ក៏​បាន​ហៅ​ពួក​គាត់​ដែរ។+ ២២ ភ្លាម​នោះ ពួក​គាត់​បាន​ចាក​ចេញ​ពី​ឪពុក​និង​ទូក ហើយ​ទៅ​តាម​លោក។

២៣ រួច​មក លោក​បាន​ធ្វើ​ដំណើរ​ពេញ​ស្រុកកាលីឡេ​ទាំង​មូល។+ លោក​បាន​បង្រៀន​ក្នុង​សាលា​ប្រជុំ*+ និង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ​និង​រោគា​គ្រប់​ប្រភេទ។+ ២៤ រួច​ដំណឹង​អំពី​លោក​បាន​លេច​ឮ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​ពួក​គេ​បាន​នាំ​អស់​អ្នក​ដែល​មាន​ទុក្ខ​លំបាក មនុស្ស​ដែល​កំពុង​ឈឺ​ចាប់​ដោយ​ជំងឺ​ផ្សេង​ៗ​+ មនុស្ស​ដែល​មាន​វិញ្ញាណ​កំណាច​ចូល*+ មនុស្ស​ឆ្កួត​ជ្រូក+ និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​ឯ​លោក ហើយ​លោក​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ជា​សះ​ស្បើយ។ ២៥ ម្ល៉ោះ​ហើយ មនុស្ស​ជា​ច្រើន​ពី​ស្រុក​កាលីឡេ តំបន់​ដេកាប៉ូល* ក្រុង​យេរូសាឡិម តំបន់​យូឌា និង​ពី​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់ បាន​ទៅ​តាម​លោក។

៥ ពេល​លោក​ឃើញ​បណ្ដា​ជន លោក​ក៏​ឡើង​លើ​ភ្នំ ហើយ​អង្គុយ​ចុះ។ រួច​ពួក​អ្នក​កាន់​តាម​បាន​មក​ឯ​លោក។ ២ បន្ទាប់​មក លោក​ចាប់​ផ្ដើម​មាន​ប្រសាសន៍ ហើយ​បង្រៀន​ពួក​គេ​ថា​៖

៣ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។

៤ ​«​អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ នោះ​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ការ​សម្រាល​ទុក្ខ។+

៥ ​«​អស់​អ្នក​ដែល​មាន​ចិត្ត​ស្លូត​បូត* នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ផែនដី​ជា​មត៌ក។+

៦ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត​ស្កប់​ស្កល់។+

៧ ​«​អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ករុណា នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​អ្នក​ទាំង​នោះ​ក៏​នឹង​ទទួល​សេចក្ដី​មេត្តា​ករុណា​ដែរ។

៨ ​«​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ឃើញ​ព្រះ។

៩ ​«​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ហៅ​ថា​កូន​ព្រះ។

១០ ​«​អស់​អ្នក​ដែល​ត្រូវ​គេ​បៀត​បៀន​ដោយ​សារ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ!+ ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។

១១ ​«​នៅ​ពេល​ដែល​មនុស្ស​តិះ​ដៀល+ បៀត​បៀន+ និង​និយាយ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង​ដើម្បី​បង្កាច់​បង្ខូច​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ!+ ១២ ពី​ព្រោះ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​សម័យ​មុន ក៏​ធ្លាប់​ត្រូវ​គេ​បៀត​បៀន​ដូច​អ្នក​រាល់​គ្នា​ដែរ។+ ហេតុ​នេះ ចូរ​សប្បាយ ហើយ​ត្រេក​អរ​ចុះ!+ ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​រង្វាន់+យ៉ាង​ធំ​នៅ​ស្ថាន​សួគ៌។

១៣ ​«​អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី។+ ប៉ុន្តែ ប្រសិន​បើ​អំបិល​បាត់​បង់​ជាតិ​ប្រៃ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​ជាតិ​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​នឹង​គ្មាន​ប្រយោជន៍​អ្វី​សោះ គឺ​សម​តែ​បោះ​ចោល+ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។

១៤ ​«​អ្នក​រាល់​គ្នា​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក។+ ក្រុង​មួយ​ដែល​ស្ថិត​នៅ​លើ​ភ្នំ គឺ​មិន​កំបាំង​ពី​ភ្នែក​មនុស្ស​ឡើយ។ ១៥ មនុស្ស​មិន​ដែល​អុជ​ចង្កៀង រួច​ដាក់​ក្រោម​កញ្ឆេ*ឡើយ តែ​ពួក​គេ​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​បំភ្លឺ​ផ្ទះ​ទាំង​មូល។+ ១៦ ដូច​គ្នា​ដែរ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក​រាល់​គ្នា។+ យ៉ាង​នោះ ពួក​គេ​នឹង​សរសើរ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​ស្ថាន​សួគ៌+ ពេល​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។+

១៧ ​«​កុំ​គិត​ស្មានថា ខ្ញុំ​បាន​មក​ដើម្បី​បំផ្លាញ​ច្បាប់* ឬ​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​ឡើយ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​បំផ្លាញ​នោះ​ទេ តែ​ខ្ញុំ​មក​ដើម្បី​ធ្វើឲ្យ​ច្បាប់ និង​សេចក្ដី​បង្រៀន​ទាំង​នោះ​បាន​សម្រេច​វិញ។+ ១៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ទោះ​ជា​មេឃ​និង​ផែនដី​បាត់​សូន្យ​ទៅ​ក៏​ដោយ ក៏​សញ្ញា​បន្តក់​មួយ​ក្នុង​ច្បាប់​នឹង​មិន​បាត់​សូន្យ​ឡើយ ទាល់​តែ​ច្បាប់​ទាំង​មូល​បាន​ត្រូវ​សម្រេច​គ្រប់​ជំពូក។+ ១៩ ហេតុ​នេះ សូម្បី​តែ​បញ្ញត្ដិ​ដែល​មនុស្ស​ចាត់​ទុក​ថា​មិន​សូវ​សំខាន់ តែ​បើ​អ្នក​ណា​ល្មើស​បញ្ញត្ដិ​នោះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ អ្នក​នោះ​មិន​សម​នឹង​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​ទាំង​នោះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ប្រព្រឹត្ត​តាម​ដែរ អ្នក​នោះ​សម​នឹង​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌។ ២០ ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន​បើ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​មិន​សុចរិត​ជាង​ពួក​ផារិស៊ី និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ទេ+ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។+

២១ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​អ្វី​ដែល​គេ​ប្រាប់​ដល់​មនុស្ស​នៅ​សម័យ​បុរាណ​ថា​៖ ‹កុំ​ធ្វើ​ឃាតកម្ម​ឲ្យ​សោះ+ តែ​អ្នក​ណា​ដែល​ធ្វើ​ឃាតកម្ម អ្នក​នោះ​នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ›។+ ២២ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​ខឹង​ងំ​នឹង​បង​ប្អូន​ខ្លួន+ អ្នក​នោះ​នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ។ តែ​អ្នក​ណា​ដែល​និយាយ​ទៅ​កាន់​បង​ប្អូន​ដោយ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​មិន​គួរ​ឲ្យ​ពោល អ្នក​នោះ​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​តុលាការ​កំពូល។ រីឯ​អ្នក​ដែល​ប្រើ​ពាក្យ​ថា​៖ ‹អា​គម្រក់!› នឹង​ត្រូវ​ទទួល​ទោស​ក្នុង​ភ្លើង​កេហេណា។*+

២៣ ​«​ដូច្នេះ ប្រសិន​បើ​អ្នក​កំពុង​យក​គ្រឿង​បូជា​មក​ទី​បូជា+ ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា​មាន​បង​ប្អូន​ណា​ម្នាក់​កំពុង​ប្រកាន់​ទោស​អ្នក ២៤ ចូរ​ទុក​គ្រឿង​បូជា​របស់​អ្នក​នៅ​មុខ​ទី​បូជា រួច​ទៅ​រក​ជា​នឹង​បង​ប្អូន​របស់​អ្នក​សិន។ បន្ទាប់​មក ចូរ​ត្រឡប់​មក​បូជា​អ្វី​ទាំង​នោះ​ចុះ។+

២៥ ​«​កាល​ដែល​ធ្វើ​ដំណើរ​ទៅ​តុលាការ​ជា​មួយ​នឹង​អ្នក​ដែល​រក​ប្ដឹង​អ្នក ចូរ​ឆាប់​ដោះ​ស្រាយ​ជា​មួយ​នឹង​គាត់។ បើ​មិន​ដូច្នោះ​ទេ គាត់​អាច​បញ្ជូន​អ្នក​ទៅ​ចៅ​ក្រម រួច​ចៅ​ក្រម​ប្រគល់​អ្នក​ទៅ​មន្ត្រី​ជំនួយ​តុលាការ ហើយ​អ្នក​ត្រូវ​ជាប់​គុក។+ ២៦ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា គេ​ប្រាកដ​ជា​មិន​ដោះ​លែង​អ្នក​ពី​គុក​ទេ ទាល់​តែ​អ្នក​បាន​សង​បំណុល​ឲ្យ​អស់​ឥត​ខ្វះ​មួយ​សេន។*

២៧ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​មិន​ត្រូវ​ផិត​ក្បត់​ឡើយ›។+ ២៨ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី+រហូត​ដល់​កើត​មាន​ចិត្ត​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ត​រួច​ហើយ។+ ២៩ ដូច្នេះ ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល* ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ+ ពី​ព្រោះ​បើ​អ្នក​បាត់​បង់​ភ្នែក​ម្ខាង គឺ​ប្រសើរ​ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​កេហេណា។*+ ៣០ បន្ថែម​ទៅ​ទៀត ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ទៅ+ ពី​ព្រោះ​បើ​អ្នក​បាត់​បង់​ដៃ​ម្ខាង គឺ​ប្រសើរ​ជាង​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​កេហេណា។*+

៣១ ​«​ម្យ៉ាង​វិញ​ទៀត អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ អ្នក​នោះ​ត្រូវ​ឲ្យ​លិខិត​លែង​លះ​ទៅ​នាង›។+ ៣២ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* អ្នក​នោះ​ធ្វើ​ឲ្យ​នាង​អាច​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​ផិត​ក្បត់។ រីឯ​អ្នក​ណា​ដែល​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ដែល​ប្ដី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ។+

៣៣ ​«​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ឮ​អ្វី​ដែល​គេ​ប្រាប់​ដល់​មនុស្ស​នៅ​សម័យ​បុរាណ​ថា​៖ ‹អ្នក​មិន​ត្រូវ​ស្បថ​បំពាន​ឡើយ+ តែ​អ្នក​ត្រូវ​ធ្វើ​តាម​ពាក្យ​សម្បថ​ចំពោះ​ព្រះ​យេហូវ៉ា*កុំ​ខាន›។+ ៣៤ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ។+ អ្នក​មិន​ត្រូវ​ស្បថ​ដោយ​យក​ស្ថាន​សួគ៌​ជា​សាក្សី​ឡើយ ពី​ព្រោះ​នោះ​ជា​បល្ល័ង្ក​របស់​ព្រះ ៣៥ ក៏​មិន​ត្រូវ​ស្បថ​ដោយ​យក​ផែនដី​ជា​សាក្សី​ដែរ ពី​ព្រោះ​នោះ​ជា​ទី​កំណល់​ជើង​របស់​លោក។+ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូសាឡិម​ជា​សាក្សី​ឡើយ ពី​ព្រោះ​នោះ​ជា​ក្រុង​របស់​ស្ដេច​ដ៏​ឧត្ដុង្គ​ឧត្ដម+ ៣៦ ហើយ​អ្នក​មិន​ត្រូវ​យក​ជីវិត*ខ្លួន​មក​ស្បថ​ទេ ពី​ព្រោះ​សូម្បី​តែ​សក់​មួយ​សរសៃ ក៏​អ្នក​មិន​អាច​ធ្វើ​ឲ្យ​ប្រែ​ទៅ​ជា​ស​ឬ​ខ្មៅ​បាន​ដែរ។ ៣៧ អ្នក​គ្រាន់​តែ​រក្សា​សម្ដី​ប៉ុណ្ណោះ បើ​ថា​‹មែន› គឺ​មែន បើ​ថា​‹ទេ› គឺ​ទេ+ ពី​ព្រោះ​សម្ដី​ណា​ដែល​លើស​ពី​នេះ គឺ​មក​ពី​មេកំណាច។+

៣៨ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹បើ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​របួស​ភ្នែក អ្នក​ត្រូវ​ទទួល​ទោស​ឲ្យ​របួស​ភ្នែក​ដែរ ហើយ​បើ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​បាក់​ធ្មេញ អ្នក​ត្រូវ​ទទួល​ទោស​ឲ្យ​បាក់​ធ្មេញ​ដែរ›។+ ៣៩ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​សង​សឹក​មនុស្ស​ទុច្ចរិត​ឡើយ តែ​បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ+ ៤០ ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ចង់​ប្ដឹង​អ្នក​ទៅ​តុលាការ ដើម្បី​ទារ​យក​សម្លៀក​បំពាក់​ក្នុង​របស់​អ្នក នោះ​ចូរ​ឲ្យ​អ្នក​នោះ​យក​ទាំង​សម្លៀក​បំពាក់​ក្រៅ​របស់​អ្នក​ផង។+ ៤១ បន្ថែម​ទៅ​ទៀត បើ​អ្នក​ដែល​មាន​អំណាច​ប្រើ​អ្នក​ឲ្យ​ធ្វើ​ការ ដោយ​បញ្ជា​ឲ្យ​ទៅ​តាម​គាត់​មួយ​គីឡូ​ម៉ែត្រ* ចូរ​ទៅ​ជា​មួយ​នឹង​គាត់​ពីរ​គីឡូ​ម៉ែត្រ​ចុះ។ ៤២ ពេល​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​ទៅ​អ្នក​នោះ​ចុះ ហើយ​កុំ​បែរ​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី*អ្វី​ពី​អ្នក​ឡើយ។+

៤៣ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ឮ​គេ​ថា​៖ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង+ តែ​ត្រូវ​ស្អប់​សត្រូវ›។ ៤៤ ក៏​ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​បន្ត​ស្រឡាញ់​សត្រូវ​របស់​អ្នក+ ហើយ​អធិដ្ឋាន​ឲ្យ​អ្នក​ដែល​បៀត​បៀន​អ្នក។+ ៤៥ យ៉ាង​នេះ អ្នក​អាច​បង្ហាញ​ថា​អ្នក​ជា​កូន​នៃ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌+ ពី​ព្រោះ​លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់ ថែម​ទាំង​បង្អុរ​ភ្លៀង​លើ​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត។+ ៤៦ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក តើ​នោះ​មាន​ប្រយោជន៍​អ្វី?+ ពួក​អ្នក​យក​ពន្ធ​ក៏​ធ្វើ​ដូច្នោះ​ដែរ មែន​ទេ? ៤៧ ហើយ​បើ​អ្នក​រាល់​គ្នា​សួរ​សុខ​ទុក្ខ​តែ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ​ទៅ? ពី​ព្រោះ​ជន​ជាតិ​ដទៃ​ក៏​ធ្វើ​ដូច្នោះ​ដែរ មែន​ទេ? ៤៨ ហេតុ​នេះ អ្នក​រាល់​គ្នា​ត្រូវ​មាន​គុណ​សម្បត្តិ​សព្វ​គ្រប់ ដូច​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​មាន​គុណ​សម្បត្តិ​សព្វ​គ្រប់​ដែរ។+

៦ ​«​ចូរ​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​សុចរិត​នៅ​មុខ​មនុស្ស​ដើម្បី​ឲ្យ​គេ​ឃើញ​ឡើយ+ ពី​ព្រោះ​បើ​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​បាន​ទទួល​រង្វាន់​ពី​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ទេ។ ២ ម្ល៉ោះ​ហើយ ពេល​ដែល​អ្នក​ធ្វើ​ទាន កុំ​ផ្លុំ​ត្រែ​មុន​ឡើយ ព្រោះ​នោះ​ជា​អ្វី​ដែល​មនុស្ស​លាក់​ពុត​ធ្វើ​នៅ​សាលា​ប្រជុំ និង​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​កោត​សរសើរ​ពួក​គេ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​គេ​បានទទួល​រង្វាន់​សព្វ​គ្រប់​ហើយ។ ៣ ប៉ុន្តែ​អ្នក​វិញ កាល​ណា​អ្នក​ធ្វើ​ទាន កុំ​ឲ្យ​ដៃ​ឆ្វេង​របស់​អ្នក​ដឹង​អំពី​អ្វី​ដែល​ដៃ​ស្ដាំ​កំពុង​ធ្វើ​ឡើយ ៤ ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើ​ទាន​ដោយ​ស្ងាត់​កំបាំង រួច​បិតា​របស់​អ្នក​ដែល​កំពុង​មើល​ពី​ទី​ស្ងាត់​កំបាំង នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក។+

៥ ​«​ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​រាល់​គ្នា​អធិដ្ឋាន អ្នក​មិន​ត្រូវ​ធ្វើ​ដូច​មនុស្ស​លាក់​ពុត​ទេ+ ពី​ព្រោះ​ពួក​គេ​ចូល​ចិត្ត​ឈរ​អធិដ្ឋាន​ក្នុង​សាលា​ប្រជុំ និង​នៅ​កាច់​ជ្រុង​ផ្លូវ​ធំ​ៗ ដើម្បី​ឲ្យ​មនុស្ស​ឃើញ។+ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​គេ​បាន​ទទួល​រង្វាន់​សព្វ​គ្រប់​ហើយ។ ៦ ក៏​ប៉ុន្តែ ពេល​ដែល​អ្នក​ចង់​អធិដ្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន ហើយ​បិទ​ទ្វារ រួច​អធិដ្ឋាន​ជម្រាប​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ស្ងាត់​កំបាំង។+ នោះ​បិតា​របស់​អ្នក​ដែល​មើល​ពី​ទី​ស្ងាត់​កំបាំង នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក។ ៧ ប៉ុន្តែ ពេល​អធិដ្ឋាន កុំ​ពោល​ពាក្យ​ដដែល​ៗ​ដូច​ជន​ជាតិ​ដទៃ​ឡើយ ព្រោះ​ពួក​គេ​នឹក​ស្មានថា ព្រះ​នឹង​ស្ដាប់​ពួក​គេ​ដោយ​សារបាន​ពោល​ពាក្យ​ជា​ច្រើន។ ៨ ម្ល៉ោះ​ហើយ កុំ​ធ្វើ​តាម​ពួក​គេ​ឡើយ ព្រោះ​ព្រះ​ដែល​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​ពី​អ្វី​ដែល​អ្នក​ត្រូវ​ការ+ មុន​ដែល​អ្នក​សុំ​ទៅ​ទៀត។

៩ ​«​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​អធិដ្ឋាន​តាម​របៀប​នេះ​វិញ​៖+

​«​‹ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​នាម​របស់​លោក+បាន​បរិសុទ្ធ។*+ ១០ សូម​ឲ្យ​រាជាណាចក្រ+របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា+របស់​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ។+ ១១ សូម​ផ្ដល់​អាហារ*ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ។+ ១២ សូម​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ដូច​យើង​បាន​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​យើង​ដែរ។*+ ១៣ សូម​កុំ​ឲ្យ​យើង​ចាញ់​សេចក្ដី​ល្បួង​ឡើយ*+ តែ​សូម​សង្គ្រោះ*យើង​ឲ្យ​រួច​ពី​មេកំណាច​វិញ›។+

១៤ ​«​ពី​ព្រោះ​បើ​អ្នក​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត នោះ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ដែរ។+ ១៥ ក៏​ប៉ុន្តែ បើ​អ្នក​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត​ទេ នោះ​បិតា​របស់​អ្នក​ក៏​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ។+

១៦ ​«​កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ+ ឈប់​ធ្វើ​មុខ​ស្រងូត​ដូច​មនុស្ស​លាក់​ពុត ពី​ព្រោះ​ពួក​គេ​ធ្វើ​ឲ្យ​មុខ​មិន​ស្អាត ដើម្បី​ឲ្យ​មនុស្ស​ឃើញ​ថា​ពួក​គេ​កំពុង​តម​អាហារ។+ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​គេ​បាន​ទទួល​រង្វាន់​សព្វ​គ្រប់​ហើយ។ ១៧ ប៉ុន្តែ​អ្នក​រាល់​គ្នា​វិញ កាល​ណា​តម​អាហារ ចូរ​លាប​ប្រេង​លើ​ក្បាល* ហើយ​លុប​មុខ​ផង ១៨ ដើម្បី​កុំ​ឲ្យ​មនុស្ស​ឃើញ​ថា​អ្នក​រាល់​គ្នា​កំពុង​តម​អាហារ​ឡើយ តែ​ដើម្បី​ឲ្យ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​ទី​ស្ងាត់​កំបាំង​ឃើញ​វិញ។ នោះ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​មើល​ពី​ទី​ស្ងាត់​កំបាំង នឹង​ផ្ដល់​រង្វាន់​ឲ្យ​អ្នក​រាល់​គ្នា។

១៩ ​«​ឈប់​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែនដី+ ជា​កន្លែង​ដែល​សត្វ​ល្អិត​និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​ចោរ​ចូល​លួច។ ២០ ប៉ុន្តែ ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​វិញ+ ជា​កន្លែង​ដែល​គ្មាន​សត្វ​ល្អិត​និង​ច្រែះ​ស៊ី​បំផ្លាញ+ ហើយ​គ្មាន​ចោរ​ចូល​លួច​ឡើយ។ ២១ ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ។

២២ ​«​ភ្នែក​ជា​ចង្កៀង​នៃ​រូប​កាយ។+ ប្រសិន​បើ​ភ្នែក​របស់​អ្នក​សម្លឹង​មើល​របស់​តែ​មួយ នោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​នឹង​បាន​ភ្លឺ។ ២៣ ប៉ុន្តែ បើ​ភ្នែក​របស់​អ្នក​សម្លឹង​មើល​ដោយ​ចិត្ត​ច្រណែន*+ នោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​នឹង​ងងឹត​វិញ។ ប្រសិន​បើ​ពន្លឺ​ដែល​នៅ​ក្នុង​អ្នក​ជា​ភាព​ងងឹត​វិញ នោះ​អ្នក​នឹង​ងងឹត​ក្រៃ​លែង!

២៤ ​«​គ្មាន​អ្នក​ណា​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​អ្នក​នោះ​នឹង​ស្រឡាញ់​ម្ចាស់​មួយ ហើយ​ស្អប់​ម្ចាស់​មួយ+ ឬ​ក៏​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ ហើយ​មើល​ងាយ​ម្ចាស់​មួយ។ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ។+

២៥ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ឈប់​ខ្វល់​ខ្វាយ+អំពី​ជីវិត*ខ្លួន​ថា នឹង​បាន​អ្វី​បរិភោគ​ឬ​ផឹក ហើយ​ឈប់​ខ្វល់​ខ្វាយ​អំពី​រូប​កាយ​ថា នឹង​បាន​អ្វី​ស្លៀក​ពាក់​ឡើយ។+ ជីវិត​មាន​តម្លៃ​ជាង​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​ជាង​សម្លៀក​បំពាក់ មែន​ទេ?+ ២៦ ចូរ​សង្កេត​មើល​សត្វ​ស្លាប​នៅ​លើ​មេឃ+ ព្រោះ​វា​មិន​សាប​ព្រោះ ច្រូត​កាត់ ឬ​ប្រមូល​ផល​ទុក​ក្នុង​ជង្រុក​ឡើយ តែ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ផ្ដល់​ចំណី​ឲ្យ​វា។ តើ​អ្នក​រាល់​គ្នា​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទាំង​នោះ​ទេ​ឬ? ២៧ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ខ្វល់​ខ្វាយ តើ​អ្នក​អាច​ធ្វើ​ឲ្យ​អាយុជីវិត​របស់​ខ្លួន​វែង​ជាង សូម្បី​តែ​បន្តិច*បាន​ទេ?+ ២៨ ម្យ៉ាង​ទៀត ហេតុ​អ្វី​អ្នក​ខ្វល់​ខ្វាយ​អំពី​សម្លៀក​បំពាក់? ចូរ​ទាញ​យក​មេ​រៀន​ពី​របៀប​ដែល​ផ្កា​នៅ​ឯ​វាល​ដុះ​ឡើង។ វា​មិន​ធ្វើ​ការ​នឿយ​ហត់​ទេ ក៏​មិន​ត្បាញ​រវៃ​ដែរ។ ២៩ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​សាឡូម៉ូន+កាល​ដែល​តែង​ខ្លួន​ល្អ​ប្រណីត​បំផុត ក៏​មិន​ស្មើ​នឹង​ផ្កាមួយ​ទង​បែប​នោះ​ផង។ ៣០ អ្នក​មាន​ជំនឿ​តិច​អើយ បើ​ព្រះ​តុបតែង​រុក្ខជាតិ​ដែល​ដុះ​នៅ​ឯ​វាល​នៅ​ថ្ងៃ​នេះ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​នៅ​ថ្ងៃ​ស្អែក តើ​ព្រះ​នឹង​មិន​ផ្ដល់​សម្លៀក​បំពាក់​លើស​ជាង​នោះ​ទៅ​ទៀត​ឲ្យ​អ្នក​រាល់​គ្នា​ទេ​ឬ? ៣១ ដូច្នេះ កុំ​ខ្វល់​ខ្វាយ​ឲ្យ​សោះ+ថា​៖ ‹តើ​យើង​នឹង​បាន​អ្វី​បរិភោគ?› ឬ​‹តើ​យើង​នឹង​បាន​អ្វី​ផឹក?› ឬ​‹តើ​យើង​នឹង​បាន​អ្វី​ស្លៀក​ពាក់?›+ ៣២ ព្រោះ​របស់​ទាំង​អស់​នេះ​ជា​អ្វី​ដែល​ជន​ជាតិ​ដទៃ​កំពុង​ស្វះ​ស្វែង​រក។ បិតា​របស់​អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​ទាំង​នេះ។

៣៣ ​«​ដូច្នេះ ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ហើយ​លោក​នឹង​ផ្ដល់​របស់​ទាំង​នេះ​ឲ្យ​អ្នក។+ ៣៤ ម្ល៉ោះ​ហើយ កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ+ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ ទុក្ខ​លំបាក​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ។

៧ ​«​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត+ ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​ការ​វិនិច្ឆ័យ ២ ព្រោះ​អ្នក​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​យ៉ាង​ណា អ្នក​នឹង​ទទួល​ការ​វិនិច្ឆ័យ​យ៉ាង​នោះ​ដែរ+ ហើយ​អ្នក​វាល់​ឲ្យ​គេ​ប៉ុន​ណា គេ​ក៏​នឹង​វាល់​ឲ្យ​អ្នក​ប៉ុណ្ណឹង​ដែរ។+ ៣ បើ​ដូច្នេះ ហេតុ​អ្វី​អ្នកមើល​ឃើញ​កម្ទេច​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​ដែល​នៅ​ក្នុង​ភ្នែក​របស់​អ្នក?+ ៤ ហើយ​តើ​អ្នក​អាច​ប្រាប់​បង​ប្អូន​បាន​យ៉ាង​ដូច​ម្ដេច​ថា​៖ ‹សូម​ឲ្យ​ខ្ញុំ​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បង› ពេល​ដែល​អ្នក​មាន​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​ដូច្នេះ? ៥ មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់​អ្នក​ជា​មុន​សិន ទើប​អ្នក​អាច​មើល​ឃើញ​ច្បាស់ ហើយ​អ្នក​អាច​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន។

៦ ​«​កុំ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ដល់​ឆ្កែ ហើយ​កុំ​បោះ​គជ់​ខ្យង​របស់​អ្នក​នៅ​មុខ​សត្វ​ជ្រូក​ឡើយ+ ក្រែង​វា​ជញ្ជ្រំ​គជ់​ទាំង​នោះ រួច​បែរ​មក​ខ្វេះ​អ្នក​វិញ។

៧ ​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល+ ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ។+ ៨ ពី​ព្រោះ​អស់​អ្នក​ដែល​សុំ នឹង​ទទួល+ ហើយ​អស់​អ្នក​ដែល​រក នឹង​រក​ឃើញ ហើយ​ចំពោះ​អស់​អ្នក​ដែល​គោះ ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ។ ៩ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំ​ប៉័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ដុំ​ថ្ម​ទៅ​កូន? ១០ ចុះ​បើ​កូន​សុំ​ត្រី តើ​មាន​អ្នក​ណា​នឹង​ឲ្យ​សត្វ​ពស់​ទៅ​កូន? ១១ ដូច្នេះ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​ទុច្ចរិត ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន ទម្រាំ​តែ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដ​ជា​នឹង​ផ្ដល់​អ្វី​ល្អ​ៗ​+ដល់​អ្នក​ដែល​សុំ​ពី​លោក​ច្រើន​ជាង​នោះ​ទៅ​ទៀត!+

១២ ​«​ម្ល៉ោះ​ហើយ អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ។+ តាម​ពិត នេះ​ជា​ខ្លឹម​សារ​នៃ​សេចក្ដី​បង្រៀន​នៅ​ក្នុង​ច្បាប់ និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ។+

១៣ ​«​ចូរ​ចូល​តាម​ខ្លោង​ទ្វារ​តូច+ ពី​ព្រោះ​ផ្លូវ​និង​ខ្លោង​ទ្វារ​ដែល​នាំ​ទៅ​ដល់​ការ​វិនាស​ជីវិត គឺ​ធំ​ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ច្រើន​ចូល​តាម​ផ្លូវ​នោះ។ ១៤ រីឯ​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត នោះ​ចង្អៀត ក៏​មាន​ខ្លោង​ទ្វារ​តូច​ផង ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ។+

១៥ ​«​ចូរ​ប្រយ័ត្ន​ចំពោះ​ពួក​អ្នក​ប្រកាស​ទំនាយ​មិន​ពិត+ ដែល​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​ក្លែង​ខ្លួន​ជា​សត្វ​ចៀម។+ ប៉ុន្តែ​តាម​ពិត ពួក​គេ​ជា​ឆ្កែ​ចចក​ដែល​ស្រេក​ឃ្លាន​ជា​ខ្លាំង។+ ១៦ អ្នក​រាល់​គ្នា​នឹង​ស្គាល់​ពួក​គេ​ដោយ​ផល​ផ្លែ​របស់​ពួក​គេ។ មិន​ដែល​មាន​អ្នក​ណា​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​ឬ​ល្វា​តូច*ពី​ដើម​បន្លា​ទេ មែន​ទេ?+ ១៧ ស្រដៀង​គ្នា​ដែរ ដើម​ឈើ​ល្អ បង្កើត​ផល​ល្អ។ ប៉ុន្តែ ដើម​ឈើ​មិន​ល្អ បង្កើត​ផល​មិន​ល្អ។+ ១៨ ដើម​ឈើ​ល្អ​មិន​អាច​បង្កើត​ផល​មិន​ល្អ​បាន​ទេ។ ឯ​ដើម​ឈើ​មិន​ល្អ​ក៏​មិន​អាច​បង្កើត​ផល​ល្អ​បាន​ដែរ។+ ១៩ ដើម​ឈើ​ណា​ដែល​មិន​បង្កើត​ផល​ល្អ ត្រូវ​កាប់​ចោល ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។+ ២០ ដូច្នេះ អ្នក​រាល់​គ្នា​ពិត​ជា​នឹង​ស្គាល់​មនុស្ស​ទាំង​នោះ ដោយ​ផល​ផ្លែ​របស់​ពួក​គេ។+

២១ ​«​មិន​មែន​អស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់!› នឹង​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នានៃ​បិតា​របស់​ខ្ញុំ​ដែល​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​នឹង​ចូល​បាន។+ ២២ នៅ​ថ្ងៃ​នោះ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់!+ តើ​យើង​មិន​បាន​ប្រកាស​ទំនាយ​តាង​នាម​លោក ហើយ​បណ្ដេញ​វិញ្ញាណ​កំណាច​តាង​នាម​លោក ថែម​ទាំង​ធ្វើ​ការ​ជា​ច្រើន​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​តាង​នាម​លោក​ទេ​ឬ?›។+ ២៣ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពួក​គេ​ជា​សាធារណៈ​ថា​៖ ‹នែ! មនុស្ស​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់! ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ! ចូរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!›។+

២៤ ​«​ដូច្នេះ អស់​អ្នក​ដែល​ឮ​សម្ដី​របស់​ខ្ញុំ​ហើយ​ធ្វើ​តាម អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ចេះ​ពិចារណា ដែល​សង់​ផ្ទះ​នៅ​លើ​ថ្ម។+ ២៥ រួច​មក ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​បោក​វាយ​សន្ធាប់​មក​លើ​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​បាន​បាក់​ស្រុត​ទេ ពី​ព្រោះ​បាន​ត្រូវ​សង់​នៅ​លើ​ថ្ម។ ២៦ ម្យ៉ាង​ទៀត អស់​អ្នក​ណា​ដែល​ឮ​សម្ដី​របស់​ខ្ញុំ​តែ​មិន​ធ្វើ​តាម អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ ដែល​សង់​ផ្ទះ​នៅ​លើ​ខ្សាច់។+ ២៧ បន្ទាប់​មក ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​បោក​វាយ​សន្ធាប់​មក​លើ​ផ្ទះ​នោះ+ រួច​ក៏​បាក់​ស្រុត​ខូច​អស់​»។

២៨ ពេល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ចប់​ហើយ នោះ​បណ្ដា​ជន​បាន​កោត​ស្ងើច​ក្រៃ​លែង​អំពី​វិធី​បង្រៀន​របស់​លោក+ ២៩ ពី​ព្រោះ​លោក​មិន​មែន​បង្រៀន​ដូច​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ទេ តែ​លោក​បង្រៀន​ក្នុង​នាម​ជា​អ្នក​ដែល​មាន​អំណាច​ពី​ព្រះ។+

៨ ក្រោយ​ពី​លោក​បាន​ចុះ​ពី​ភ្នំ នោះ​មនុស្ស​មួយ​ក្រុម​ធំ​បាន​ទៅ​តាម​លោក។ ២ ខណៈ​នោះ មាន​បុរស​កើត​ជំងឺ​ឃ្លង់​ម្នាក់​បាន​មក​ឯ​លោក ហើយ​លំឱន​កាយ​គោរព​លោក ទាំង​និយាយ​ថា​៖ ​«​លោក​ម្ចាស់ បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»។+ ៣ ម្ល៉ោះ​ហើយ លោក​លូ​ក​ដៃ​ទៅ​ពាល់​គាត់ ហើយ​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន! សូម​ឲ្យ​ជា​ស្អាត​ចុះ​»។+ រំពេច​នោះ គាត់​បាន​ជា​ស្អាត​ពី​ជំងឺ​ឃ្លង់។+ ៤ រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ+ តែ​ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ+ ថែម​ទាំង​ជូន​គ្រឿង​បូជា​ដែល​ច្បាប់​ម៉ូសេ​បាន​កំណត់+ ដើម្បី​ឲ្យ​ពួក​សង្ឃ​អាច​ឃើញ​ថា​អ្នក​បាន​ជា​ស្អាត​ហើយ​»។

៥ ពេល​ដែល​លោក​បាន​ចូល​ទៅ​ក្នុង​ក្រុង​កាពើណិម​ហើយ នោះ​នាយ​ទាហាន​ម្នាក់​បាន​មក​អង្វរ​លោក+ ៦ ដោយ​ពោល​ថា​៖ ​«​លោក! អ្នក​បម្រើ​របស់​ខ្ញុំ​កំពុង​ដេក​នៅ​ផ្ទះ​ព្រោះ​កម្រើក​មិន​បាន ហើយ​គាត់​ឈឺ​ចាប់​ខ្លាំង​ណាស់​»។ ៧ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ទី​នោះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ​»។ ៨ នាយ​ទាហាន​ជម្រាប​ថា​៖ ​«​ទេ​លោក! ខ្ញុំ​មិន​សម​នឹង​ទទួល​លោក​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្ញុំ​ឡើយ។ ប៉ុន្តែ សូម​លោក​គ្រាន់​តែ​មាន​ប្រសាសន៍​ប៉ុណ្ណោះ នោះ​អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ជា​សះ​ស្បើយ។ ៩ ព្រោះ​ខ្ញុំ​ក៏​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​ក៏​មាន​កូន​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​ខ្ញុំ។ បើ​ខ្ញុំ​បង្គាប់​អ្នក​ណា​ឲ្យ​‹ទៅ!› អ្នក​នោះ​ក៏​ទៅ ហើយ​បើ​ខ្ញុំ​បង្គាប់​អ្នក​ណា​ឲ្យ​‹មក!› អ្នក​នោះ​ក៏​មក។ បើ​ខ្ញុំ​បង្គាប់​ខ្ញុំ​បម្រើ​របស់​ខ្ញុំ​ឲ្យ​‹ធ្វើ​ការ​នេះ!› គាត់​ក៏​ធ្វើ​តាម​»។ ១០ ពេល​ឮ​ដូច្នេះ លោក​យេស៊ូ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត រួច​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​បាន​មក​តាម​លោក​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​មាន​ជំនឿ​ខ្លាំងយ៉ាង​នេះ​ទេ។+ ១១ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត​និង​ទិស​ខាង​លិច នឹង​មក​អង្គុយ​នៅ​តុ​ជា​មួយ​នឹង​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌។+ ១២ រីឯ​កូន​នៃ​រាជាណាចក្រ​វិញ ពួក​គេ​នឹង​ត្រូវ​បោះ​ទៅ​ខាង​ក្រៅ​ក្នុង​ទី​ងងឹត។ នៅ​ទី​នោះ ពួក​គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ​»។+ ១៣ រួច​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​នោះ​ថា​៖ ​«​ចូរ​ទៅ​ចុះ! ដោយ​សារ​អ្នក​បាន​បង្ហាញ​ជំនឿ សូម​ឲ្យ​សំណូម​ពរ​របស់​អ្នក​ក្លាយ​ជា​ការ​ពិត​»។+ នៅ​វេលា​នោះ​ឯង អ្នក​បម្រើ​របស់​គាត់​ក៏​បាន​ជា​សះ​ស្បើយ។+

១៤ ក្រោយ​មក ពេល​លោក​យេស៊ូ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស លោក​ឃើញ​ម្ដាយ​ក្មេក​របស់​គាត់+កំពុង​ដេក​ដោយ​សារ​គ្រុន​ក្ដៅ។+ ១៥ ដូច្នេះ លោក​ពាល់​ដៃ​របស់​គាត់+ នោះ​គ្រុន​ក្ដៅ​ក៏​បាត់​ទៅ រួច​គាត់​ងើប​ឡើង ហើយ​ចាប់​ផ្ដើម​ធ្វើ​អាហារ​ជូន​លោក។ ១៦ ប៉ុន្តែ លុះ​ពេល​ល្ងាច មាន​គេ​នាំ​មនុស្ស​ជា​ច្រើន​ដែល​មាន​វិញ្ញាណ​កំណាច​ចូល ឲ្យ​មក​ជួប​លោក។ លោក​បាន​បណ្ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ ហើយ​លោក​ក៏​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​មាន​ជំងឺ​ជា​សះ​ស្បើយ​ដែរ ១៧ ដើម្បី​សម្រេច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ។ ទំនាយ​នោះ​ថា​៖ ​«​រូប​លោក​បាន​ទទួល​យក​ជំងឺ​របស់​យើង ក៏​បាន​ផ្ទុក​រោគា​របស់​យើង​លើ​ខ្លួន​លោក​»។+

១៨ នៅ​ពេល​លោក​យេស៊ូ​ឃើញ​បណ្ដា​ជន លោក​បង្គាប់​ពួក​អ្នក​កាន់​តាម​ឲ្យ​ចេញ​ដំណើរ​ទៅ​ត្រើយ​ម្ខាង។+ ១៩ រួច​មក អ្នក​ជំនាញ​ខាង​ច្បាប់​ម្នាក់​បាន​មក​ឯ​លោក ហើយ​ជម្រាប​ថា​៖ ​«​លោក​គ្រូ! ខ្ញុំ​នឹង​ទៅ​តាម​លោក ទោះ​ជា​លោក​ទៅ​ទី​ណា​ក៏​ដោយ​»។+ ២០ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​កញ្ជ្រោង​មាន​រូង ហើយ​សត្វ​ស្លាប​លើ​មេឃ​មាន​ទ្រនំ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ស្នាក់​នៅ​ទេ​»។*+ ២១ ក្រោយ​មក អ្នក​កាន់​តាម​ម្នាក់​ទៀត​របស់​លោក​បាន​សុំ​ថា​៖ ​«​លោក​ម្ចាស់! សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​បញ្ចុះ​សព​ឪពុក​ខ្ញុំ​សិន​»។+ ២២ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ទៅ តែ​អ្នក​កុំ​ឈប់​កាន់​តាម​ខ្ញុំ​ឡើយ​»។+

២៣ លុះ​ក្រោយ​មក លោក​ចុះ​ក្នុង​ទូក​មួយ ហើយ​អ្នក​កាន់​តាម​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​លោក​ដែរ។+ ២៤ រួច​មក កើត​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​នៅ​សមុទ្រ ហើយ​រលក​បាន​បោក​កញ្ជ្រោល​គ្រប​លើ​ទូក។ ចំណែក​លោក​វិញ លោក​កំពុង​សម្រាន្ត​លក់។+ ២៥ ពួក​គាត់​បាន​មក​ដាស់​លោក​ថា​៖ ​«​លោក​ម្ចាស់! សូម​សង្គ្រោះ​យើង​ផង! យើង​ជិត​វិនាស​ហើយ!​»។ ២៦ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​ដែល​មាន​ជំនឿ​តិច ហេតុ​អ្វី​បាន​ជា​ភ័យ​ខ្លាច​ដូច្នេះ?​»។+ រួច​មក លោក​ក្រោក​ឡើង ហើយ​ស្ដី​បន្ទោស​ខ្យល់​និង​សមុទ្រ នោះ​ក៏​កើត​មាន​សភាព​ស្ងប់​ស្ងាត់​ក្រៃ​លែង។+ ២៧ ដូច្នេះ បុរស​ទាំង​នោះ​បាន​នឹក​អស្ចារ្យ ហើយ​និយាយ​គ្នា​ថា​៖ ​«​តើ​លោក​ជា​នរណា សូម្បី​តែ​ខ្យល់​និង​សមុទ្រ ក៏​ស្ដាប់​បង្គាប់​លោក​ដែរ?​»។

២៨ លុះ​ទៅ​ដល់​ត្រើយ​ម្ខាង​ក្នុង​តំបន់​កេដារ៉ា​ហើយ មាន​បុរស​ពីរ​នាក់​ដែល​មាន​វិញ្ញាណ​កំណាច​ចូល បាន​ចេញ​ពី​ទី​បញ្ចុះ​សព​មក​ជួប​លោក។+ បុរស​ទាំង​ពីរ​នោះ​សាហាវ​ក្រៃ​លែង បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​ផ្លូវ​នោះ​ទេ។ ២៩ ខណៈ​នោះ ពួក​គេ​បាន​ស្រែក​ឡើង​ថា​៖ ​«​បុត្រ​ព្រះ! តើ​លោក​មក​រំខាន​យើង​ធ្វើ​អ្វី?+ តើ​លោក​មក​ធ្វើ​ទារុណកម្ម​យើង+មុន​ពេល​កំណត់​ឬ?​»។+ ៣០ នៅ​ឆ្ងាយ​ពី​ពួក​គេ មាន​សត្វ​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ចំណី​ស៊ី។+ ៣១ ដូច្នេះ វិញ្ញាណ​កំណាច​ទាំង​នោះ​ចាប់​ផ្ដើម​អង្វរ​លោក​ថា​៖ ​«​បើ​លោក​បណ្ដេញ​យើង សូម​ចាត់​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​»។+ ៣២ ម្ល៉ោះ​ហើយ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ទៅ​ចុះ!​»​ ហើយ​ពួក​គេ​ក៏​ចេញ​ទៅ រួច​ចូល​ក្នុង​ហ្វូង​ជ្រូក។ ខណៈ​នោះ ជ្រូក​ទាំង​ហ្វូង​បាន​បោល​ពី​ច្រាំង​ចោត​ធ្លាក់​ចូល​ក្នុង​សមុទ្រ ហើយ​ងាប់​អស់​ទៅ។ ៣៣ ប៉ុន្តែ អ្នក​ដែល​ឃ្វាល​សត្វ​ទាំង​នោះ​បាន​រត់​ចេញ ហើយ​ចូល​ទៅ​ក្នុង​ក្រុង។ រួច​ពួក​គេ​បាន​រៀប​រាប់​ប្រាប់​ពី​អ្វី​ៗ​ទាំង​អស់ រួម​ទាំង​រឿង​របស់​បុរស​ពីរ​នាក់​ដែល​មាន​វិញ្ញាណ​កំណាច​ចូល​ដែរ។ ៣៤ បន្ទាប់​មក អ្នក​ក្រុង​គ្រប់​គ្នា​បាន​ចេញ​មក​ជួប​លោក​យេស៊ូ។ លុះ​ជួប​ហើយ ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោក​ចេញ​ពី​តំបន់​របស់​ពួក​គេ។+

៩ ដូច្នេះ លោក​បាន​ចុះ​ទូក ហើយ​ឆ្លង​ទៅ​ក្រុង​របស់​លោក*វិញ។+ ២ រួច​មក មាន​គេ​សែង​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ដែល​ដេក​លើ​គ្រែ មក​ឯ​លោក។ ពេល​ដែល​លោក​យេស៊ូ​ឃើញ​ជំនឿ​របស់​ពួក​គេ នោះ​លោក​មាន​ប្រសាសន៍​ទៅ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ​«​កូន​អើយ! ចូរ​មាន​សង្ឃឹម​ឡើង ការ​ខុស​ឆ្គង​របស់​កូន​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ​»។+ ៣ ខណៈ​នោះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ខ្លះ​បាន​គិត​ក្នុង​ចិត្ត​ថា​៖ ​«​បុរស​នេះ​កំពុង​និយាយ​ប្រមាថ​ព្រះ​»។ ៤ លោក​យេស៊ូ​ជ្រាប​អំពី​គំនិត​របស់​ពួក​គេ។ ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​គិត​អ្វី​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ?+ ៥ ជា​ឧទាហរណ៍ តើ​មួយ​ណា​ស្រួល​ជាង? និយាយ​ថា​៖ ‹ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ› ឬនិយាយ​ថា​៖ ‹ចូរ​ងើប​ឡើង​ហើយ​ដើរ​ទៅ​ចុះ›។+ ៦ ក៏​ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នៅ​ផែនដី​ដើម្បី​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​»។ រួច​លោក​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា​៖ ​«​ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​ចុះ​»។+ ៧ គាត់​ក៏​ងើប​ឡើង​ទៅ​ផ្ទះ​គាត់​វិញ។ ៨ ពេល​ឃើញ​ដូច្នេះ បណ្ដា​ជន​តាំង​ភ័យ​ខ្លាច ហើយ​សរសើរ​តម្កើង​ព្រះ ដែល​បាន​ផ្ដល់​អំណាច​ដូច​នេះ​ដល់​មនុស្ស។

៩ បន្ទាប់​មក ពេល​ដែល​លោក​យេស៊ូ​ដើរ​ហួស​ពី​ទី​នោះ លោក​ក្រឡេក​ទៅ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ​កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​»។* រួច​គាត់​ក្រោក​ឡើង​ទៅ​តាម​លោក។+ ១០ ក្រោយ​មក ពេល​លោក​យេស៊ូ​កំពុង​អង្គុយ​ពិសា​អាហារ​ក្នុង​ផ្ទះ នោះ​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន​នាក់​បាន​មក ហើយ​អង្គុយ​រួម​តុ​ជា​មួយ​នឹង​លោក​និង​ពួក​អ្នក​កាន់​តាម​លោក។+ ១១ ឃើញ​ដូច្នេះ ពួក​ផារិស៊ី​ចាប់​ផ្ដើម​សួរ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ហេតុ​អ្វី​គ្រូ​របស់​អ្នក​បរិភោគ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?​»។+ ១២ ពេល​ឮ​ពួក​គេ​និយាយ​ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ។+ ១៣ ហេតុ​នេះ ចូរ​ទៅ​រៀន​អំពី​អត្ថន័យ​នៃ​ពាក្យ​ដែល​ថា​៖ ‹ខ្ញុំ​ចង់​បាន​សេចក្ដី​មេត្តា​ករុណា មិន​មែន​គ្រឿង​បូជា​ទេ›។+ ព្រោះ​ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ឡើយ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិញ​»។

១៤ ក្រោយ​មក អ្នក​កាន់​តាម​យ៉ូហាន​បាន​មក​សួរ​លោក​ថា​៖ ​«​យើង​និង​ពួក​ផារិស៊ី​មាន​ទម្លាប់​តម​អាហារ តែ​ហេតុ​អ្វី​បាន​ជា​អ្នក​កាន់​តាម​លោក​មិន​តម​អាហារ?​»។+ ១៥ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​មិត្ត​ភក្ដិ​របស់​កូន​កំលោះ​គ្មាន​មូលហេតុ​ឲ្យ​តម​អាហារ​ទេ ដរាប​ណា​កូន​កំលោះ+នៅ​ជា​មួយ​នឹង​ពួក​គេ មែន​ទេ? ក៏​ប៉ុន្តែ​នឹង​មាន​គ្រា​មក​ដល់ ពេល​ដែល​កូន​កំលោះ​នឹង​ត្រូវ​គេ​ពង្រាត់​ចេញ​ពី​មិត្ត​ភក្ដិ+ ហើយ​ពេល​នោះ​ពួក​គេ​នឹង​តម​អាហារ។ ១៦ គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក​បំពាក់​ចាស់​ឡើយ ពី​ព្រោះ​ក្រណាត់​ថ្មី​នោះ​នឹង​រួញ ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ចាស់​រហែក​លើស​ដើម។+ ១៧ ក៏​គ្មាន​អ្នក​ណា​យក​ស្រា​ថ្មី​មក​ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ។ បើ​ធ្វើ​ដូច្នោះ ថង់​ស្បែក​នឹង​ធ្លាយ ស្រា​ក៏​ហូរ​ចេញ​អស់ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ដែរ។ ប៉ុន្តែ គេ​ដាក់​ស្រា​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ ទើប​អាច​រក្សា​របស់​ទាំង​ពីរ​បាន​»។

១៨ ពេល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ នាយក​សាលា​ប្រជុំ​ម្នាក់​បាន​មក​លំឱន​កាយ​គោរព​លោក ហើយ​ជម្រាប​ថា​៖ ​«​ឥឡូវ​នេះ​កូន​ស្រី​របស់​ខ្ញុំ​ច្បាស់​ជា​ស្លាប់​ហើយ ប៉ុន្តែ​សូម​លោក​អញ្ជើញ​មក​ដាក់​ដៃ​លើ​នាង នោះ​នាង​នឹង​រស់​ឡើង​វិញ​»។+

១៩ រួច​មក លោក​យេស៊ូ​ក្រោក​ឡើង​ទៅ​តាម​គាត់ ហើយ​អ្នក​កាន់​តាម​ក៏​បាន​ទៅ​ដែរ។ ២០ មើល! មាន​ស្ត្រី​ម្នាក់​ដែល​បាន​រង​ទុក្ខ​អស់​១២​ឆ្នាំ​ដោយ​សារ​ជំងឺ​ធ្លាក់​ឈាម+ នាង​បាន​ដើរ​មក​ពី​ក្រោយ រួច​ចូល​ទៅ​ពាល់​ជាយ​សម្លៀក​បំពាក់​ក្រៅ​របស់​លោក+ ២១ ព្រោះ​នាង​បាន​ប្រាប់​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​ជាយ​សម្លៀក​បំពាក់​ក្រៅ​របស់​លោក នោះ​ខ្ញុំ​នឹង​បាន​ជា​»។ ២២ លោក​យេស៊ូ​បែរ​ទៅ​ឃើញ​នាង ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​កូន​ស្រី​អើយ កុំ​ភ័យ​ឡើយ! ជំនឿ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​ជា​ហើយ​»។+ តាំង​ពី​ពេល​នោះ​មក ស្ត្រី​នោះ​ក៏​បាន​ជា។+

២៣ លុះ​លោក​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​នាយក​សាលា​ប្រជុំ លោក​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ​លេង​ភ្លេង​កាន់​ទុក្ខ ឯ​បណ្ដា​ជន​កំពុង​ជ្រួល​ច្របល់។+ ២៤ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ចេញ​ពី​ទី​នេះ​ទៅ ព្រោះ​ក្មេង​ស្រី​នេះ​មិន​បាន​ស្លាប់​ទេ តែ​នាង​កំពុង​ដេក​លក់​»។+ ឮ​ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​សើច​ចំអក​ឲ្យ​លោក។ ២៥ ពេល​បណ្ដា​ជន​បាន​ចេញ​ទៅ​ក្រៅ​អស់​ហើយ លោក​ក៏​ចូល​ទៅ​ខាង​ក្នុង ហើយ​ចាប់​ដៃ​របស់​នាង+ នោះ​នាង​បាន​ងើប​ឡើង។+ ២៦ ដំណឹង​អំពី​រឿង​នេះ បាន​លេច​ឮ​ខ្ចរ​ខ្ចាយ​ពេញ​តំបន់​នោះ។

២៧ ពេល​ដែល​លោក​យេស៊ូ​ដើរ​ហួស​ពី​ទី​នោះ បុរស​ងងឹត​ភ្នែក​ពីរ​នាក់+បាន​ទៅ​តាម​លោក ហើយ​ស្រែក​ថា​៖ ​«​បុត្រ​ដាវីឌ! សូម​មេត្តា​ជួយ​យើង​ផង​»។ ២៨ ក្រោយ​ពី​លោក​បាន​ចូល​ទៅ​ក្នុង​ផ្ទះ បុរស​ងងឹត​ភ្នែក​ទាំង​នោះ​បាន​មក​ឯ​លោក។ រួច​លោក​យេស៊ូ​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ទេ?​»។+ ពួក​គេ​ឆ្លើយ​ថា​៖ ​«​យើង​ជឿ! លោក​ម្ចាស់​»។ ២៩ រួច​លោក​ពាល់​ភ្នែក​របស់​ពួក​គេ+ ដោយ​ពោល​ថា​៖ ​«​សូម​ឲ្យ​កើត​ឡើង​ចំពោះ​អ្នក សម​ស្រប​ទៅ​តាម​ជំនឿ​របស់​អ្នក​»។ ៣០ ក្រោយ​មក ភ្នែក​របស់​ពួក​គេ​ក៏​ភ្លឺ​ឡើង ហើយ​លោក​យេស៊ូ​បង្គាប់​ពួក​គេ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​»។+ ៣១ ប៉ុន្តែ ក្រោយ​ពី​ពួក​គេ​បាន​ចេញ​ទៅ​ក្រៅ នោះ​ពួក​គេ​ក៏​រៀប​រាប់​ប្រាប់​អំពី​លោក​ពេញ​តំបន់​នោះ។

៣២ ពេល​ដែល​ពួក​គេ​កំពុង​ចេញ​ពី​ទី​នោះ មនុស្ស​បាន​នាំ​បុរស​គ​ម្នាក់​ដែល​មាន​វិញ្ញាណ​កំណាច​ចូល មក​ឯ​លោក។+ ៣៣ ក្រោយ​ពី​វិញ្ញាណ​កំណាច​បាន​ត្រូវ​បណ្ដេញ​ចេញ​ហើយ បុរស​គ​នោះ​ចាប់​ផ្ដើម​និយាយ។+ ម្ល៉ោះ​ហើយ បណ្ដា​ជន​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ក៏​ពោល​ថា​៖ ​«​យើង​មិន​ដែល​ឃើញ​អ្វី​បែប​នេះ​នៅ​ស្រុក​អ៊ីស្រាអែល​ទេ​»។+ ៣៤ ប៉ុន្តែ ពួក​ផារិស៊ី​និយាយ​ថា​៖ ​«​អ្នក​នេះ​បណ្ដេញ​វិញ្ញាណ​កំណាច ដោយ​សារបាន​ទទួល​អំណាច​ពី​អ្នក​គ្រប់​គ្រង​ពួក​វិញ្ញាណ​កំណាច​»។+

៣៥ រួច​មក លោក​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ក្រុង​គ្រប់​ភូមិ ដោយ​បង្រៀនក្នុង​សាលា​ប្រជុំ ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ជាសះ​ស្បើយ​ពី​ជំងឺ​និង​រោគា​គ្រប់​យ៉ាង។+ ៣៦ ពេល​ដែល​ឃើញ​បណ្ដា​ជន លោក​មាន​ចិត្ត​ក្ដួល​អាណិត​ពួក​គេ+ ពី​ព្រោះ​ពួក​គេ​បាន​ត្រូវ​សង្កត់​សង្កិន* និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល។+ ៣៧ ក្រោយ​មក លោក​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ។+ ៣៨ ដូច្នេះ ចូរ​អង្វរ​សុំ​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​ដំណាំ ចាត់​កម្មករ​ថែម​ទៀត​ឲ្យ​ចូល​រួម​ធ្វើ​កិច្ច​ការ​របស់​លោក​»។+

១០ ដូច្នេះ លោក​បាន​ហៅ​អ្នក​កាន់​តាម​ទាំង​១២​នាក់​មក​ឯ​លោក រួច​បាន​ប្រគល់​អំណាច​ឲ្យ​ពួក​គាត់​ដើម្បី​បណ្ដេញ​ពួក​វិញ្ញាណ​អសោច+ និង​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ​និង​រោគា​គ្រប់​យ៉ាង។

២ សាវ័ក*ទាំង​១២​នាក់​មាន​ឈ្មោះ​ដូច​ត​ទៅ​នេះ​៖+ មុន​ដំបូង​មាន​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស*+ ហើយ​អនទ្រេ+ជា​ប្អូន​របស់​គាត់ ក៏​មាន​យ៉ាកុប និង​យ៉ូហាន+ជា​ប្អូន​របស់​គាត់ ហើយ​អ្នក​ទាំង​ពីរ​ជា​កូន​របស់​សេបេដេ។ ៣ មាន​ភីលីព បាថូឡូម៉េ*+ ថូម៉ាស់+ ម៉ាថាយ*+ដែល​ជា​អ្នក​យក​ពន្ធ យ៉ាកុប​ដែល​ជា​កូន​អាល់ផៀស និង​ថាដេ* ៤ ស៊ីម៉ូន​កាណានៀន* និង​យូដាស​អ៊ីស្ការីយ៉ុត ដែល​ក្រោយ​មក​បាន​ក្បត់​លោក​យេស៊ូ។+

៥ លោក​យេស៊ូ​បាន​ចាត់​អ្នក​ទាំង​១២​នាក់​នេះ​ឲ្យ​ទៅ ដោយ​ផ្ដល់​ការ​ណែនាំ​ថា​៖+​«​កុំ​ទៅ​តំបន់​របស់​ជន​ជាតិ​ដទៃ ឬ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ជន​ជាតិ​សាម៉ារី​ឡើយ។+ ៦ ប៉ុន្តែ ចូរ​ទៅ​ឯ​ចៀម​ដែល​វង្វេង​បាត់​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ប៉ុណ្ណោះ។+ ៧ កាល​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ ចូរ​ផ្សព្វ​ផ្សាយ​ថា​៖ ‹រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ›។+ ៨ ចូរ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ជា​សះ​ស្បើយ+ ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ឃ្លង់​ជា​ស្អាត ហើយ​បណ្ដេញ​វិញ្ញាណ​កំណាច​ផង។ អ្នក​រាល់​គ្នា​បាន​ទទួល​ដោយ​ឥត​បង់​ថ្លៃ ចូរ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។ ៩ កុំ​យក​មាស ប្រាក់ ឬ​ស្ពាន់​សម្រាប់​ដាក់​ក្នុង​ថង់​សៀត​ចង្កេះ+ ១០ ឬ​យក​ថង់​យាម​សម្រាប់​ពេល​ធ្វើ​ដំណើរ ឬ​សម្លៀក​បំពាក់​ក្នុង​ពីរ​បន្លាស់ ឬ​ស្បែក​ជើង ឬ​ដំបង+ ពី​ព្រោះ​កម្មករ​គឺ​សម​នឹង​ទទួល​អាហារ។+

១១ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ចូល​ក្នុង​ក្រុង​ឬ​ភូមិ​ណា​មួយ ចូរ​ស្វែង​រក​អ្នក​ណា​ដែល​សម​នឹង​ទទួល​អ្នក​ជា​ភ្ញៀវ រួច​ចូរ​នៅ​ជា​មួយ​នឹង​អ្នក​នោះ រហូត​ដល់​អ្នក​ចេញ​ពី​ទី​នោះ។+ ១២ ពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ ចូរ​ជម្រាប​សួរ​អ្នក​ផ្ទះ​នោះ ហើយ​ជូន​ពរ​ឲ្យ​ពួក​គេ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ។ ១៣ ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ ចូរ​ឲ្យ​សេចក្ដី​សុខ​កើត​មាន​ដល់​អ្នក​ផ្ទះ​នោះ ដូច​អ្នក​បាន​ជូន​ពរ​ចុះ។+ ប៉ុន្តែ បើ​អ្នក​ផ្ទះ​នោះ​មិន​សម​នឹង​ទទួល​ទេ ចូរ​ឲ្យ​សេចក្ដី​សុខ​ដែល​អ្នក​បាន​ជូន​ពរ វិល​មក​ឯ​អ្នក​រាល់​គ្នា​វិញ។ ១៤ នៅ​កន្លែង​ណា​ដែល​មនុស្ស​មិន​ទទួល​ស្វាគមន៍​អ្នក ឬ​ស្ដាប់​ពាក្យ​របស់​អ្នក​ទេ ចូរ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក ពេល​ដែល​អ្នក​ចេញ​ពី​ផ្ទះ​ឬ​ក្រុង​នោះ។+ ១៥ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី ក្រុង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ជាង​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​ទៅ​ទៀត។+

១៦ ​«​មើល! ខ្ញុំ​កំពុង​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​សត្វ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក។ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​ដូច​សត្វ​ពស់ តែ​មាន​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។+ ១៧ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មនុស្ស ពី​ព្រោះ​ពួក​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលាការ+ ក៏​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់​ខ្សែ​តី+នៅ​ក្នុង​សាលា​ប្រជុំ​ដែរ។+ ១៨ អ្នក​រាល់គ្នា​នឹង​ត្រូវ​គេ​នាំ​ទៅ​ឯ​ពួក​អភិបាល​និង​បណ្ដា​ស្ដេច+ ដោយ​សារ​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អាច​ធ្វើ​ជា​សាក្សី​អំពី​ខ្ញុំ​នៅ​ចំពោះ​មុខ​ពួក​គេ​និង​ជន​ជាតិ​ដទៃ។+ ១៩ ក៏​ប៉ុន្តែ ពេល​ដែល​ពួក​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ កុំ​ខ្វល់​ចិត្ត​ថា​អ្នក​ត្រូវ​និយាយ​អ្វី​ឬ​និយាយ​យ៉ាង​ណា​ឡើយ ពី​ព្រោះ​អ្នក​នឹង​ដឹង​នូវ​អ្វី​ៗ​ដែល​ត្រូវ​និយាយ​នៅ​វេលា​នោះ​ឯង+ ២០ ព្រោះ​មិន​មែន​តែ​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ តែ​គឺ​ជា​ឫទ្ធានុភាព​នៃ​បិតា​របស់​អ្នក ដែល​និយាយ​តាម​រយៈ​អ្នក។+ ២១ ម្យ៉ាង​ទៀត បង​ប្អូន​នឹង​បញ្ជូន​បង​ប្អូន​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​ប្រឆាំង​ឪពុក​ម្ដាយ ថែម​ទាំង​ឲ្យ​គេ​សម្លាប់​ទៀត​ផង+ ២២ ហើយ​មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នករាល់​គ្នា​ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ។+ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ។+ ២៣ កាល​ណា​គេ​បៀត​បៀន​អ្នក​នៅ​ក្រុង​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត+ ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា មុន​អ្នក​រាល់​គ្នា​បាន​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ​នៅ​ស្រុក​អ៊ីស្រាអែល នោះ​កូន​មនុស្ស​នឹង​មក​ដល់។

២៤ ​«​សិស្ស​មិន​ធំ​ជាង​គ្រូ​ឡើយ ហើយ​ខ្ញុំ​បម្រើ​ក៏​មិន​ធំ​ជាង​ម្ចាស់​ដែរ។+ ២៥ បើ​សិស្ស​បាន​ស្មើ​នឹង​គ្រូ ហើយ​ខ្ញុំ​បម្រើ​បាន​ស្មើ​នឹង​ម្ចាស់ នោះ​ល្មម​គ្រប់​គ្រាន់​ហើយ។+ ប្រសិន​បើ​មនុស្ស​បាន​ហៅ​ម្ចាស់​ផ្ទះ​ថា​បេលសេប៊ូល*+ នោះ​ពួក​គេ​ប្រាកដ​ជា​នឹង​ហៅ​ពួក​អ្នក​ផ្ទះ​គាត់​លើស​ជាង​នោះ​ទៅ​ទៀត! ២៦ ដូច្នេះ កុំ​ខ្លាច​ពួក​គេ​ឡើយ ព្រោះ​គ្រប់​រឿង​លាក់​កំបាំង​នឹង​ត្រូវ​បើក​ឲ្យ​ឃើញ ហើយ​គ្រប់​រឿង​សម្ងាត់​នឹង​ត្រូវ​បើក​ឲ្យ​ដឹង។+ ២៧ អ្វី​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​យក​ទៅ​និយាយ​ក្នុង​ពន្លឺ​វិញ ហើយ​អ្វី​ដែល​អ្នក​ឮ​ខ្ញុំ​ខ្សឹប ចូរ​យក​ទៅ​ប្រកាស​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ។+ ២៨ កុំ​ខ្លាច​អស់​អ្នក​ដែល​អាច​សម្លាប់​រូប​កាយ តែ​មិន​អាច​សម្លាប់​ជីវិត*+ដែល​អ្នក​នឹង​ទទួល​នៅ​អនាគត​នោះ​ឡើយ។ តែ​ត្រូវ​ខ្លាច​លោក​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​វិនាស​ទៅ​ក្នុង​កេហេណា*+វិញ។ ២៩ គេ​លក់​ចាប​ពូក​ពីរ​ក្បាល​ថ្លៃ​មួយ​សេន* មែន​ទេ? ប៉ុន្តែ គ្មាន​ចាប​ពូក​ណា​មួយ​ធ្លាក់​ដល់​ដី ដែល​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មិន​ជ្រាប​ឡើយ។+ ៣០ សូម្បី​តែ​ចំនួន​សរសៃ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​លោក​ជ្រាប​ដែរ។ ៣១ ដូច្នេះ កុំ​ខ្លាច​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត។+

៣២ ​«​ម្ល៉ោះ​ហើយ អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស+ ខ្ញុំ​ក៏​នឹង​ទទួល​ស្គាល់​អ្នក​នោះ​នៅ​មុខ​បិតា​របស់​ខ្ញុំ​ដែល​នៅ​ស្ថាន​សួគ៌​ដែរ។+ ៣៣ ប៉ុន្តែ អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​មុខ​មនុស្ស ខ្ញុំ​ក៏​នឹង​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​មុខ​បិតា​របស់​ខ្ញុំ​ដែល​នៅ​ស្ថាន​សួគ៌​ដែរ។+ ៣៤ កុំ​គិត​ស្មានថា​ខ្ញុំ​បាន​មក ដើម្បី​នាំ​យក​សន្តិភាព​មក​ឲ្យ​ផែនដី​ឡើយ។ ប៉ុន្តែ ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​មាន​ទំនាស់* មិនមែន​ដើម្បី​នាំ​ឲ្យ​មាន​សន្តិភាព​ទេ។+ ៣៥ ព្រោះ​ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​កូន​ប្រុស​ទាស់​នឹង​ឪពុក កូន​ស្រី​ទាស់​នឹង​ម្ដាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក។+ ៣៦ ដូច្នេះ សត្រូវ​របស់​មនុស្ស នឹង​មក​ពី​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​ពួក​គេ។ ៣៧ អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក​ឬ​ម្ដាយ​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស​ឬ​កូន​ស្រី​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​ក៏​មិន​សម​នឹង​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ដែរ។+ ៣៨ អ្នក​ណា​ដែល​មិន​ព្រម​លី​បង្គោល​ទារុណកម្ម*របស់​ខ្លួន​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ទេ។+ ៣៩ អ្នក​ណា​ដែល​រក្សា​ជីវិត*ខ្លួន អ្នក​នោះ​នឹង​វិនាស​ជីវិត ឯ​អ្នក​ណា​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។+

៤០ ​«​អ្នក​ណា​ដែល​ទទួល​អ្នក​រាល់​គ្នា ក៏​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ ក៏​ទទួល​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។+ ៤១ អ្នក​ណា​ដែល​ទទួល​អ្នក​ប្រកាស​ទំនាយ ដោយ​សារ​បុគ្គល​នោះ​ជា​អ្នក​ប្រកាស​ទំនាយ អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​អ្នក​ប្រកាស​ទំនាយ+ ហើយ​អ្នក​ណា​ដែល​ទទួល​មនុស្ស​សុចរិត​ម្នាក់ ដោយ​សារ​បុគ្គល​នោះ​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​មនុស្ស​សុចរិត។ ៤២ បើ​អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​ពែង​ដល់​អ្នក​តូច​ម្នាក់​ផឹក ដោយ​សារ​បុគ្គល​នោះ​ជា​អ្នក​កាន់​តាម​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន​»។+

១១ ក្រោយ​ពី​លោក​យេស៊ូ​ផ្ដល់​ការ​ណែនាំ​ដល់​អ្នក​កាន់​តាម​ទាំង​១២​នាក់​រួច​ហើយ លោក​ចេញ​ពី​ទី​នោះ​ដើម្បី​ទៅ​បង្រៀន​និង​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ផ្សេង​ទៀត។+

២ ចំណែក​ឯ​យ៉ូហាន​ដែល​នៅ​ក្នុង​គុក+ គាត់​បាន​ឮ​អំពី​ការ​ដែល​គ្រិស្ត​បាន​ធ្វើ។ ដូច្នេះ គាត់​ចាត់​អ្នក​កាន់​តាម​គាត់​ឲ្យ​ទៅ​ឯ​លោក+ ៣ ហើយ​សួរ​ថា​៖ ​«​តើ​លោក​ជា​អ្នក​ដែល​ត្រូវ​មក​ឬ? ឬ​ក៏​យើង​ត្រូវ​រង់​ចាំ​អ្នក​ផ្សេង​ទៀត?​»។+ ៤ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​យ៉ូហាន​នូវ​អ្វី​ដែល​អ្នក​កំពុង​ឮ​ហើយ​ឃើញ+ ៥ គឺ​មនុស្ស​ងងឹត​ភ្នែក​កំពុង​មើល​ឃើញ+ មនុស្ស​ខ្វិន​កំពុង​ដើរ មនុស្ស​កើត​ឃ្លង់+បាន​ជា​ស្អាត មនុស្ស​ថ្លង់​កំពុង​ស្ដាប់​ឮ មនុស្ស​ស្លាប់​កំពុង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ដំណឹង​ល្អ​កំពុង​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ក្រី​ក្រ។+ ៦ ឯ​អ្នក​ណា​ដែល​មិន​រក​ហេតុ​សង្ស័យ​លើ​ខ្ញុំ* អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។+

៧ ពេល​ដែល​អ្នក​ទាំង​នោះ​ចេញ​ទៅ​វិញ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា​ជន​អំពី​យ៉ូហាន​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ដើម្បី​មើល​អ្វី?+ តើ​បាន​ចេញ​ទៅ​មើល​ដើម​ត្រែង​មួយ​ដែល​យោល​ចុះ​យោល​ឡើង​តាម​ខ្យល់​ឬ?+ ៨ បើ​មិន​ដូច្នេះ​ទេ តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​បុរស​ម្នាក់​ដែល​មាន​សម្លៀក​បំពាក់​ទន់​ល្មឿយ*ឬ? មិន​មែន​ទេ ព្រោះ​ពួក​អ្នក​ដែល​នៅ​ក្នុង​វិមាន​ស្ដេច ទើប​មាន​សម្លៀក​បំពាក់​ទន់​ល្មឿយ។ ៩ បើ​មិន​ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​អ្នក​ប្រកាស​ទំនាយ​ឬ? ត្រូវ​ហើយ! ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​សំខាន់​ជាង​អ្នក​ប្រកាស​ទំនាយ​ទៅ​ទៀត។+ ១០ អ្នក​នោះ​ហើយ​ដែល​បាន​ត្រូវ​ចែង​ទុក​ថា​៖ ‹មើល! ខ្ញុំ​នឹង​ចាត់​ទូត​របស់​ខ្ញុំ​ឲ្យ​ទៅ​មុន​អ្នក ហើយ​គាត់​នឹង​រៀបចំ​ផ្លូវ​ទុក​សម្រាប់​អ្នក!›។+ ១១ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​រស់​នៅ គ្មាន​អ្នក​ណា​លេច​មក​ដែល​ធំ​ជាង​យ៉ូហាន ជា​អ្នក​ជ្រមុជ​ទឹក​ឡើយ។ ប៉ុន្តែ អ្នក​ដែល​តូច​ជាង​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​គាត់។+ ១២ ក៏​ប៉ុន្តែ តាំង​ពី​គ្រា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​រហូត​មក​ដល់​ឥឡូវ រាជាណាចក្រ​ស្ថាន​សួគ៌​ជា​គោល​ដៅ​ដែល​មនុស្ស​សង្វាត​ឈោង​ចាប់ ហើយ​អស់​អ្នក​ដែល​សង្វាត ក៏​ឈោង​ចាប់​បាន។+ ១៣ ពី​ព្រោះ​គ្រប់​ទាំង​អ្នក​ប្រកាស​ទំនាយ និង​គ្រប់​ទាំង​ច្បាប់*បាន​ប្រកាស​ទុក​ជា​មុន រហូត​មក​ដល់​គ្រា​យ៉ូហាន+ ១៤ ហើយ​ទោះ​ជា​អ្នក​រាល់​គ្នា​ជឿ​ឬ​មិន​ជឿ​ក្ដី គាត់​នោះ​ឯង​ជា​‹អេលីយ៉ា ដែល​ត្រូវ​មក›។+ ១៥ អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ។

១៦ ​«​តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្នក​ណា?+ មនុស្ស​ជំនាន់​នេះ​គឺ​ដូច​កូន​ក្មេង​ដែល​អង្គុយ​នៅ​ផ្សារ ហើយ​ស្រែក​ប្រាប់​កូន​ក្មេង​ឯ​ទៀត​ថា​៖ ១៧ ‹យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​រាំ​ទេ។ យើង​បាន​ទ្រហោ​យំ តែ​ឯង​រាល់​គ្នា​មិន​បាន​គក់​ទ្រូង​កើត​ទុក្ខ​ឡើយ›។ ១៨ ដូច​គ្នា​ដែរ ពេល​ដែល​យ៉ូហាន​មក គាត់​មិន​បាន​ពិសា​អាហារ ពិសា​ស្រា ដូច​អ្នក​ឯ​ទៀត​ទេ តែ​គេ​និយាយ​ថា​៖ ‹គាត់​មាន​វិញ្ញាណ​កំណាច​ចូល›។ ១៩ ពេល​ដែល​កូន​មនុស្ស​មក លោក​បាន​ពិសា​អាហារ ពិសា​ស្រា ដូច​អ្នក​ឯ​ទៀត។+ ក៏​ប៉ុន្តែ គេ​នៅ​តែ​និយាយ​ថា​៖ ‹មើល! បុរស​នេះ​ល្មោភ​ស៊ី ក៏​ជា​អ្នក​ល្មោភ​ស្រា ហើយ​ជា​មិត្ត​ភក្ដិ​របស់​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង!›។+ ទោះ​ជា​គេ​និយាយ​យ៉ាង​នោះ​ក៏​ដោយ អំពើ​សុចរិត​ដែល​មនុស្ស​ម្នាក់​ធ្វើ បង្ហាញ​ថា​អ្នក​នោះ​មាន​ប្រាជ្ញា​»។+

២០ រួច​មក លោក​ចាប់​ផ្ដើម​បន្ទោស​ក្រុង​ទាំង​ប៉ុន្មាន ដែល​ភាគ​ច្រើន​ជា​កន្លែង​ដែល​លោក​បាន​ធ្វើ​ការ​ប្រកប​ដោយ​ឫទ្ធានុភាព ពី​ព្រោះ​អ្នក​ក្រុង​ទាំង​នោះ​មិន​បាន​ប្រែ​ចិត្ត​ទេ។ ២១ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ក្រុង​ខូរ៉ាស៊ីន​អើយ អ្នក​នឹង​ត្រូវ​វេទនា​មិន​ខាន! ក្រុង​បេតសេដា​អើយ អ្នក​ក៏​ត្រូវ​វេទនា​ដែរ! ពី​ព្រោះ​បើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​នៅ​ទី​នោះ បាន​កើត​ឡើង​នៅ​ក្នុង​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​វិញ អ្នក​ក្រុង​ទាំង​នោះ​មុខ​ជា​បាន​ប្រែ​ចិត្ត​ជា​យូរ​យារ​មក​ហើយ ទាំង​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​ផង។+ ២២ ដូច្នេះ ខ្ញុំ​សូម​ប្រាប់​ថា នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី អ្នក​នឹង​ទទួល​ទោស​ធ្ងន់​ជាង​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​ទៅ​ទៀត។+ ២៣ ចំណែក​អ្នក​វិញ ក្រុង​កាពើណិម​អើយ+ តើ​អ្នក​នឹង​ត្រូវ​លើក​តម្កើង​ដល់​មេឃ​ឬ? អ្នក​នឹង​ចុះ​ទៅ​ក្នុង​ផ្នូរ*វិញ+ ពី​ព្រោះ​ប្រសិន​បើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ដែល​បាន​កើត​ឡើង​នៅ​ទី​នោះ បាន​កើត​ឡើង​នៅ​ក្រុង​សូដុម​វិញ ក្រុង​នោះ​មុខ​ជា​បាន​នៅ​គង់​វង្ស​រហូត​មក​ដល់​ឥឡូវ​នេះ។ ២៤ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី អ្នក*នឹង​ទទួល​ទោស​ធ្ងន់​ជាង​ក្រុង​សូដុម​ទៅ​ទៀត​»។+

២៥ នៅ​ពេល​នោះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​បិតា​ជា​ម្ចាស់​ស្ថាន​សួគ៌​និង​ផែនដី ខ្ញុំ​សូម​សរសើរ​លោក​នៅ​មុខ​មនុស្ស ពី​ព្រោះ​លោក​បាន​លាក់​អ្វី​ៗ​ទាំង​នេះ​ពី​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង តែ​បាន​បើក​បង្ហាញ​ឲ្យ​កូន​តូច​ៗ​យល់​វិញ។+ ២៦ ឱ​បិតា​អើយ ពី​ព្រោះ​នេះ​គឺ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។ ២៧ បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​មក​ឲ្យ​ខ្ញុំ។+ គ្មាន​អ្នក​ណា​ស្គាល់​បុត្រ​របស់​ព្រះ​ច្បាស់​ជាង​ព្រះ​ដែល​ជា​បិតា+ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ​ដែល​ជា​បិតា​ច្បាស់​ជាង​បុត្រ​របស់​លោក និង​អ្នក​ដែល​បុត្រ​របស់​លោក​សុខ​ចិត្ត​បើក​បង្ហាញ​ឲ្យ​ស្គាល់​នោះ​ទេ។+ ២៨ អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់ ហើយ​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ២៩ ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ចុះ ពី​ព្រោះ​ខ្ញុំ​ស្លូត ក៏​មាន​ចិត្ត​រាប​ទាប​ផង+ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ៣០ ព្រោះ​នឹម​របស់​ខ្ញុំ​ស្រួល​ពាក់ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​»។

១២ នៅ​ពេល​នោះ លោក​យេស៊ូ​បាន​ធ្វើ​ដំណើរ​កាត់​វាល​ស្រែ​នៅ​ថ្ងៃ​ឈប់​សម្រាក។* ពួក​អ្នក​កាន់​តាម​លោក​ក៏​ចាប់​ឃ្លាន ហើយ​បាន​កាច់​កួរ​ស្រូវ​មក​បរិភោគ។+ ២ ឃើញ​ដូច្នេះ ពួក​ផារិស៊ី​ជម្រាប​លោក​ថា​៖ ​«​មើល! ពួក​អ្នក​កាន់​តាម​អ្នក​កំពុង​ធ្វើ​អ្វី​ដែល​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​»។+ ៣ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​អំពី​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ ពេល​គាត់​និង​ពួក​បុរស​ដែល​នៅ​ជា​មួយ​នឹង​គាត់​ឃ្លាន​ទេ​ឬ?+ ៤ គាត់​បាន​ចូល​ក្នុង​វិហារ*របស់​ព្រះ ហើយ​យក​នំ​ប៉័ង​តាំង​ទុក​ជា​គ្រឿង​បូជា មក​បរិភោគ​ជា​មួយ​នឹង​ពួក​បុរស​របស់​គាត់+ ដែល​តាម​ច្បាប់​ពួក​គាត់​គ្មាន​សិទ្ធិ​បរិភោគ​ឡើយ លើក​លែង​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បរិភោគ មែន​ទេ?+ ៥ ឬ​តើ​អ្នក​មិន​ធ្លាប់​អាន​ច្បាប់​ទេ​ឬ ថា​នៅ​ថ្ងៃ​ឈប់​សម្រាក ពួក​សង្ឃ​នៅ​តែ​ធ្វើ​ការ​ក្នុង​វិហារ តែ​គ្មាន​ទោស​ទេ?+ ៦ ប៉ុន្តែ ខ្ញុំប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ដែល​វិសេស​ជាង​វិហារ​នោះ គឺ​នៅ​ទី​នេះ​ហើយ។+ ៧ ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​បាន​យល់​អត្ថន័យ​នៃ​ពាក្យ​ថា​៖ ‹ខ្ញុំ​ចង់​បាន​សេចក្ដី​មេត្តា​ករុណា+ មិន​មែន​គ្រឿង​បូជា​ឡើយ›+ នោះ​អ្នក​មុខ​ជា​មិន​បាន​ផ្ដន្ទា​ទោស​អ្នក​ដែល​គ្មាន​ទោស​នោះ​ទេ។ ៨ ពី​ព្រោះ​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក​»។+

៩ រួច​លោក​ចេញ​ពី​កន្លែង​នោះ ហើយ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ។ ១០ មើល! នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។+ ដូច្នេះ ពួក​គេ​សួរ​លោក​ថា​៖ ​«​នៅ​ថ្ងៃ​ឈប់​សម្រាក តើ​មាន​ច្បាប់​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ឬ​ទេ?​»។ ពួក​គេ​សួរ​ដូច្នេះ ដើម្បី​ឲ្យ​មាន​ហេតុ​ចោទ​ប្រកាន់​លោក។+ ១១ លោក​សួរ​ពួក​គេ​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​មិន​ទៅ​លើក​យក​ចៀម​តែ​មួយ​របស់​ខ្លួន​ចេញ​ពី​រណ្ដៅ បើ​វា​ធ្លាក់​នៅ​ថ្ងៃ​ឈប់​សម្រាក​នោះ?+ ១២ ម្ល៉ោះ​ហើយ មនុស្ស​មាន​តម្លៃ​ជាង​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ មាន​ច្បាប់​ឲ្យ​មនុស្ស​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​»។ ១៣ រួច​មក លោក​ប្រាប់​បុរស​ស្វិត​ដៃ​នោះ​ថា​៖ ​«​ចូរ​លា​ដៃ​របស់​អ្នក​»។ គាត់​ក៏​លា​ដៃ ហើយ​ដៃ​របស់​គាត់​បាន​ជា​ឡើង​វិញ ដូច​ដៃ​ម្ខាង​ទៀត។ ១៤ ប៉ុន្តែ ពួក​ផារិស៊ី​បាន​ចេញ​ទៅ ហើយ​ប្រឹក្សា​គ្នា​រក​វិធី​សម្លាប់​លោក។ ១៥ ពេល​លោក​យេស៊ូ​ជ្រាប​ដូច្នេះ លោក​បាន​ចេញ​ពី​ទី​នោះ។ មនុស្ស​ជា​ច្រើន​ក៏​បាន​ទៅ​តាម​លោក​ដែរ+ ហើយ​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​ជា​សះ​ស្បើយ។ ១៦ ប៉ុន្តែ លោក​បាន​បង្គាប់​ពួក​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​ប្រាប់​គេ​ថា​លោក​ជា​អ្នក​ណា​ឡើយ។+ ១៧ នេះ​ដើម្បី​សម្រេច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ ដែល​ថា​៖

១៨ ​«​មើល! អ្នក​បម្រើ+ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ជ្រើស​រើស និង​ជា​ទី​ពេញ​ចិត្ត​របស់​ខ្ញុំ!+ ខ្ញុំ​នឹង​ដាក់​ឫទ្ធានុភាព​របស់​ខ្ញុំ​ឲ្យ​សណ្ឋិត​លើ​គាត់+ ហើយ​គាត់​នឹង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នា​នា​ស្គាល់​យុត្តិធម៌​យ៉ាង​ច្បាស់។ ១៩ គាត់​នឹង​មិន​ឈ្លោះ​ប្រកែក+ ឬ​ស្រែក​ឡើយ ហើយ​គ្មាន​អ្នក​ណា​នឹង​ឮ​សំឡេង​របស់​គាត់​នៅ​តាម​ផ្លូវ​ធំ​ទេ។ ២០ គាត់​នឹង​មិន​ជាន់​ឈ្លី​ដើម​ត្រែង​ណា​ដែល​ទក់​ឡើយ ក៏​មិន​ពន្លត់​ប្រឆេះ​ណា​ដែល​ជិត​រលត់​ដែរ+ រហូត​ដល់​គាត់​នាំ​ឲ្យ​មាន​យុត្តិធម៌​ពិត​ប្រាកដ។ ២១ ពិត​ណាស់ ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​សង្ឃឹម​លើ​នាម​របស់​គាត់​»។+

២២ រួច​មក ពួក​គេ​នាំ​បុរស​ម្នាក់​ដែល​ងងឹត​ភ្នែក​និង​គ​ដោយ​សារ​មាន​វិញ្ញាណ​កំណាច​ចូល មក​ឯ​លោក។ លោក​ក៏​បាន​បណ្ដេញ​វិញ្ញាណ​កំណាច ហើយ​ធ្វើ​ឲ្យ​បុរស​នោះ​និយាយ​និង​មើល​ឃើញ​ឡើង​វិញ។ ២៣ ឃើញ​ដូច្នោះ បណ្ដា​ជន​រំភើប​ចិត្ត​ក្រៃ​លែង ហើយ​ចាប់​ផ្ដើម​សួរ​គ្នា​ថា​៖ ​«​តើ​លោក​ជា​បុត្រ​ដាវីឌ​ទេ​ដឹង?​»។ ២៤ ឮ​ដូច្នេះ ពួក​ផារិស៊ី​និយាយ​ថា​៖ ​«​បុរស​នេះ​បណ្ដេញ​វិញ្ញាណ​កំណាច​បាន ដោយ​សារ​តែ​ទទួល​អំណាច​ពី​បេលសេប៊ូល*ដែល​ជា​អ្នក​គ្រប់​គ្រង​ពួក​វិញ្ញាណ​កំណាច​»។+ ២៥ លោក​ជ្រាប​អំពី​គំនិត​របស់​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​រាជាណាចក្រ​ណា​ដែល​ប្រឆាំង​គ្នា​ឯង នឹង​វិនាស​ទៅ ហើយ​ផ្ទះ​ណា​ឬ​ក្រុង​ណា​ដែល​ប្រឆាំង​គ្នា​ឯង នឹង​មិន​ស្ថិត​ស្ថេរ​ឡើយ។ ២៦ ដូច​គ្នា​ដែរ បើ​សាថាន*បណ្ដេញ​សាថាន នោះ​សាថាន​ប្រឆាំង​ខ្លួន​ឯង​ហើយ។ បើ​ដូច្នេះ តើ​រាជាណាចក្រ​របស់​សាថាន​នឹង​អាច​ស្ថិត​ស្ថេរ​ដូច​ម្ដេច​បាន? ២៧ ម្យ៉ាង​ទៀត បើ​ខ្ញុំ​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​សារ​បេលសេប៊ូល ចុះ​តើ​អ្នក​កាន់​តាម​អ្នក​រាល់​គ្នា​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​សារ​អ្នក​ណា​វិញ? ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​កាន់​តាម​អ្នក​រាល់​គ្នា​នឹង​បង្ហាញ​ថា​អ្នក​រាល់​គ្នា​និយាយ​ខុស។ ២៨ ក៏​ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​វិញ នោះ​មាន​ន័យ​ថា​រាជាណាចក្រ​របស់​ព្រះ​បាន​មក​ដល់​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ខ្លួន។+ ២៩ ឬ​តើ​មាន​អ្នក​ណា​អាច​ចូល​ផ្ទះ​របស់​បុរស​ខ្លាំង​ពូកែ​ម្នាក់ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន? លុះ​ត្រា​តែ​ចង​បុរស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​ផ្ទះ​គាត់​បាន។ ៣០ អ្នក​ណា​ដែល​មិន​គាំទ្រ​ខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មនុស្ស​ជា​មួយ​នឹង​ខ្ញុំ អ្នក​នោះ​ធ្វើ​ឲ្យ​មនុស្ស​ខ្ចាត់​ខ្ចាយ​វិញ។+

៣១ ​«​ហេតុ​នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្រប់​ទាំង​ពាក្យ​ប្រមាថ*និង​ការ​ខុស​ឆ្គង​របស់​មនុស្ស​នឹង​ត្រូវ​អភ័យ​ទោស​ឲ្យ។ ប៉ុន្តែ ការ​ពោល​ពាក្យ​ប្រមាថ​ឫទ្ធានុភាព​របស់​ព្រះ​នឹង​មិន​ត្រូវ​អភ័យ​ទោស​ឲ្យ​ទេ។+ ៣២ ជា​ឧទាហរណ៍ អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រឆាំង​កូន​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​អភ័យ​ទោស​ឲ្យ។+ ប៉ុន្តែ​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រឆាំង​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ អ្នក​នោះ​នឹង​មិន​ត្រូវ​អភ័យ​ទោស​ឲ្យ​ទេ ទោះ​ជា​នៅ​សម័យ*នេះ ឬ​នៅ​អនាគត​ក៏​ដោយ។+

៣៣ ​«​ប្រសិន​បើ​អ្នក​ជា​ដើម​ឈើ​ល្អ នោះ​ផល​ផ្លែ​របស់​អ្នក​ក៏​ល្អ​ដែរ។ ប៉ុន្តែ បើ​អ្នក​ជា​ដើម​ឈើ​មិន​ល្អ នោះ​ផល​ផ្លែ​របស់​អ្នក​ក៏​មិន​ល្អ​ដែរ។ ព្រោះ​មនុស្ស​សម្គាល់​ដើម​ឈើ​ដោយ​ផល​ផ្លែ​របស់​វា។+ ៣៤ ពូជ​ពស់​មាន​ពិស!+ តើ​អ្នក​អាច​និយាយ​អ្វី​ល្អ​ដូច​ម្ដេច​បាន កាល​ដែល​អ្នក​ជា​មនុស្ស​ទុច្ចរិត? ពី​ព្រោះ​មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត។+ ៣៥ មនុស្ស​ល្អ បញ្ចេញ​អ្វី​ល្អ ពី​របស់​ល្អ​ដែល​គាត់​បាន​សន្សំ​ទុក។ រីឯ​មនុស្ស​អាក្រក់​វិញ គាត់​បញ្ចេញ​អ្វី​អាក្រក់​ពី​របស់​អាក្រក់ ដែល​គាត់​បាន​សន្សំ​ទុក។+ ៣៦ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី មនុស្ស​នឹង​ទទួល​ខុស​ត្រូវ+ចំពោះ​ពាក្យ​ឥត​ប្រយោជន៍​ទាំង​អស់​ដែល​ពួក​គេ​បាន​ពោល។ ៣៧ ពី​ព្រោះ​អ្នក​នឹង​ត្រូវ​រាប់​ជា​សុចរិត​ដោយ​សារ​សម្ដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ដោយ​សារ​សម្ដី​របស់​ខ្លួន​»។

៣៨ ពេល​នោះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​ខ្លះ បាន​តប​នឹង​សម្ដី​របស់​លោក ដោយ​និយាយ​ថា​៖ ​«​លោក​គ្រូ! យើង​ចង់​ឃើញ​សញ្ញា​សម្គាល់​មួយ​ពី​លោក​»។+ ៣៩ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​មនុស្ស​ជំនាន់​នេះ​ដែល​ទុច្ចរិត ហើយ​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ* ចេះ​តែ​រក​មើល​សញ្ញា​សម្គាល់។ ប៉ុន្តែ សញ្ញា​សម្គាល់​នឹង​មិន​ត្រូវ​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ឡើយ ក្រៅ​ពី​សញ្ញា​សម្គាល់​នៃ​យ៉ូណាស​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។+ ៤០ ពី​ព្រោះ​ដូច​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ​អស់​បី​ថ្ងៃ​បី​យប់+ នោះ​កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​អស់​បី​ថ្ងៃ​បី​យប់​ដែរ។+ ៤១ នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី មនុស្ស​ពី​ក្រុង​នីនីវេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​មនុស្ស​ជំនាន់​នេះ ហើយ​អ្នក​ក្រុង​នោះ​នឹង​ផ្ដន្ទា​ទោស​ពួក​គេ ពី​ព្រោះ​អ្នក​ក្រុង​នោះ​បាន​ប្រែ​ចិត្ត​ពេល​ស្ដាប់​អ្វី​ដែល​យ៉ូណាស​ផ្សព្វ​ផ្សាយ។+ ប៉ុន្តែ​មើល! អ្នក​ដែល​ធំ​ជាង​យ៉ូណាស គឺ​នៅ​ទី​នេះ​ហើយ។+ ៤២ នៅ​ថ្ងៃ​វិនិច្ឆ័យ​ក្ដី មហា​ក្សត្រី​នៃ​ភាគ​ខាង​ត្បូង​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​មួយ​នឹង​មនុស្ស​ជំនាន់​នេះ ហើយ​មហា​ក្សត្រី​នោះ​នឹង​ផ្ដន្ទា​ទោស​ពួក​គេ ពី​ព្រោះ​នាង​បាន​មក​ពី​ចុង​ផែនដី​ដើម្បី​ស្ដាប់​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​របស់​សាឡូម៉ូន។+ ប៉ុន្តែ​មើល! អ្នក​ដែល​ធំ​ជាង​សាឡូម៉ូន គឺ​នៅ​ទី​នេះ​ហើយ។+

៤៣ ​«​នៅ​ពេល​ដែល​វិញ្ញាណ​អសោច​ចេញ​ពី​បុគ្គល​ម្នាក់ វា​ឆ្លង​កាត់​ទី​ហួត​ហែង ដើម្បី​រក​កន្លែង​សម្រាក តែ​រក​មិន​បាន​ទេ។+ ៤៤ រួច​មក វា​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ត្រឡប់​ទៅ​ឯ​បុគ្គល​នោះ​ដែល​ធ្លាប់​ជា​ផ្ទះ​របស់​ខ្ញុំ​វិញ›។ លុះ​ទៅ​ដល់​ហើយ វា​ឃើញ​ថា​ផ្ទះ​នោះ​គ្មាន​អ្នក​ណា​នៅ​ទេ តែ​បែរ​ជា​បាន​ត្រូវ​បោស​ស្អាត និង​តុបតែង​យ៉ាង​ល្អ​ទៅ​វិញ។ ៤៥ ក្រោយ​មក វា​ចេញ​ទៅ ហើយ​នាំ​វិញ្ញាណ​៧​ទៀត​ដែល​ទុច្ចរិត​ជាង​វា​ចូល​បុគ្គល​នោះ។ ពេល​ចូល​ហើយ ពួក​វា​អាស្រ័យ​នៅ​ទី​នោះ ហើយ​ស្ថានភាព​ចុង​ក្រោយ​របស់​បុគ្គល​នោះ គឺ​អាក្រក់​លើស​មុន​ទៅ​ទៀត។+ នោះ​ជា​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​មនុស្ស​ជំនាន់​ទុច្ចរិត​នេះ​»។

៤៦ កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា​ជន មើល! ម្ដាយ​និង​ប្អូន​ប្រុស​ៗ​របស់​លោក+កំពុង​ឈរ​នៅ​ខាង​ក្រៅ ចាំ​និយាយ​ជា​មួយ​នឹង​លោក។+ ៤៧ ដូច្នេះ មាន​គេ​មក​ជម្រាប​លោក​ថា​៖ ​«​មើល! ម្ដាយ​និង​ប្អូន​ប្រុស​ៗ​របស់​លោក​កំពុង​ឈរ​ចាំ​នៅ​ខាង​ក្រៅ។ ពួក​គេ​ចង់​និយាយ​ជា​មួយ​នឹង​លោក​»។ ៤៨ លោក​មាន​ប្រសាសន៍​តប​ទៅ​វិញ​ថា​៖ ​«​តើ​អ្នក​ណា​ជា​ម្ដាយ​ខ្ញុំ? ហើយ​តើ​អ្នក​ណា​ជា​ប្អូន​ប្រុស​ៗ​របស់​ខ្ញុំ?​»។ ៤៩ រួច​មក លោក​លាត​ដៃ​សំដៅ​ទៅ​ពួក​អ្នក​កាន់​តាម​លោក ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​នុ៎ះ​ន៏! ម្ដាយ​របស់​ខ្ញុំ និង​ប្អូន​ប្រុស​ៗ​របស់​ខ្ញុំ!+ ៥០ ព្រោះ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស ប្អូន​ស្រី និង​ម្ដាយ​របស់​ខ្ញុំ​»។+

១៣ នៅ​ថ្ងៃ​នោះ លោក​យេស៊ូ​បាន​ចេញ​ពី​ផ្ទះ ទៅ​អង្គុយ​នៅ​មាត់​សមុទ្រ។ ២ ក្រោយ​មក មនុស្ស​មួយ​ក្រុម​ធំ​បាន​មូល​គ្នា​មក​ឯ​លោក រហូត​ដល់​លោក​ត្រូវ​ចុះ​ទៅ​អង្គុយ​ក្នុង​ទូក​មួយ តែ​បណ្ដា​ជន​បាន​ឈរ​នៅ​ឆ្នេរ​សមុទ្រ​វិញ។+ ៣ រួច​មក លោក​ប្រាប់​ពួក​គេ​អំពី​អ្វី​ៗ​ជា​ច្រើន​ដោយ​ប្រើ​ឧទាហរណ៍​ថា​៖+​«​មើល! មនុស្ស​ម្នាក់​បាន​ចេញ​ទៅ​សាប​ព្រោះ​គ្រាប់​ពូជ។+ ៤ ពេល​ដែល​គាត់​កំពុង​សាប​ព្រោះ នោះ​គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​តាម​ផ្លូវ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​អស់​ទៅ។+ ៥ គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​លើ​កន្លែង​មាន​ផ្ទាំង​ថ្ម មិន​សូវ​មាន​ដី រួច​ក៏​ដុះ​ចេញ​ផុត​ពី​ដី​ភ្លាម​ៗ ដោយ​សារ​ដី​នោះ​រាក់។+ ៦ ក៏​ប៉ុន្តែ ពេល​ដែល​ថ្ងៃ​រះ​ឡើង វា​បាន​ស្លោក​ទៅ ហើយ​ដោយ​សារ​ឫស​ចាក់​មិន​ជ្រៅ វា​បាន​ក្រៀម​ស្វិត។ ៧ ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​បាន​ធ្លាក់​លើ​ដី​ដែល​មាន​ដើម​បន្លា រួច​ដើម​បន្លា​ក៏​ដុះ​ឡើង​គ្រប​ជិត​គ្រាប់​ពូជ​នោះ។+ ៨ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​លើ​ដី​ល្អ ហើយ​បាន​បង្កើត​ផល ១​ជា​១០០ ១​ជា​៦០ និង​១​ជា​៣០។+ ៩ អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ​»។+

១០ ដូច្នេះ អ្នក​កាន់​តាម​បាន​មក​សួរ​លោក​ថា​៖ ​«​ហេតុ​អ្វី​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​ប្រើ​ឧទាហរណ៍?​»។+ ១១ លោក​តប​ឆ្លើយ​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​យល់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+អំពី​រាជាណាចក្រ​ស្ថាន​សួគ៌។ ប៉ុន្តែ មនុស្ស​ទាំង​នោះ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​យល់​ទេ។ ១២ ពី​ព្រោះ​អ្នក​ណា​ដែល​មាន នឹង​ទទួល​ថែម​ទៀត ដើម្បី​ឲ្យ​អ្នក​នោះ​មាន​ជា​បរិបូរ។ ប៉ុន្តែ អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន ក៏​នឹង​ត្រូវ​ដក​ហូត​ដែរ។+ ១៣ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​និយាយ​ទៅ​ពួក​គេ​ដោយ​ប្រើ​ឧទាហរណ៍ ពី​ព្រោះ​ទោះ​ជា​ពួក​គេ​មើល ក៏​មើល​មិន​ឃើញ ហើយ​ទោះ​ជា​ពួក​គេ​ស្ដាប់ ក៏​ស្ដាប់​មិន​ឮ ហើយ​ក៏​មិន​យល់​អត្ថន័យ​ដែរ។+ ១៤ ទំនាយ​ដែល​អេសាយ​បាន​ប្រកាស កំពុង​សម្រេច​ក្នុង​ករណី​ពួក​គេ។ ទំនាយ​នោះ​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​ស្ដាប់​ឮ តែ​មិន​យល់​អត្ថន័យ​អ្វី​សោះ ហើយ​អ្នក​រាល់​គ្នា​នឹង​មើល តែ​មិន​ឃើញ​អ្វី​សោះ។+ ១៥ ពី​ព្រោះ​ចិត្ត​របស់​មនុស្ស​ទាំង​នេះ​បាន​ទៅ​ជា​រឹង ហើយ​ពួក​គេ​បាន​ឮ​នឹង​ត្រចៀក តែ​មិន​បាន​អើពើ​ទេ។ ពួក​គេ​បាន​បិទ​ភ្នែក​ដើម្បី​កុំ​ឲ្យ​មើល​ឃើញ ហើយ​បិទ​ត្រចៀក​ដើម្បី​កុំ​ឲ្យ​ស្ដាប់​ឮ ហើយ​យល់​អត្ថន័យ រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​ឡើយ›។+

១៦ ​«​ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ពី​ព្រោះ​ភ្នែក​របស់​អ្នក​មើល​ឃើញ ហើយ​ត្រចៀក​របស់​អ្នក​ស្ដាប់​ឮ។+ ១៧ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ធ្លាប់​មាន​អ្នក​ប្រកាស​ទំនាយ​និង​មនុស្ស​សុចរិត​ជា​ច្រើន​នាក់​ដែល​ចង់​ឃើញ​អ្វី​ដែល​អ្នក​កំពុង​ឃើញ តែ​ពួក​គេ​មិន​បាន​ឃើញ​ឡើយ+ ហើយ​ចង់​ឮ​អ្វី​ដែល​អ្នក​កំពុង​ឮ តែ​ក៏​មិន​បាន​ឮ​ដែរ។

១៨ ​«​ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្ដាប់​ឧទាហរណ៍​អំពី​អ្នក​សាប​ព្រោះ។+ ១៩ ពេល​អ្នក​ណា​ម្នាក់​ឮ​បណ្ដាំ​ស្ដី​អំពី​រាជាណាចក្រ តែ​មិន​យល់​អត្ថន័យ នោះ​មេកំណាច+ក៏​មក ហើយ​ឆក់​យក​អ្វី​ដែល​បាន​ត្រូវ​សាប​ព្រោះ​ក្នុង​ចិត្ត​របស់​អ្នក​នោះ។ នេះ​ជា​គ្រាប់​ពូជ​ដែល​បាន​ត្រូវ​សាប​ព្រោះ​តាម​ផ្លូវ។+ ២០ ចំណែក​គ្រាប់​ពូជ​ដែល​បាន​ត្រូវ​សាប​ព្រោះ​លើ​ផ្ទាំង​ថ្ម​គឺ​ជា​អ្នក​ដែល​ឮ​បណ្ដាំ​នោះ ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ។+ ២១ ទោះ​ជា​ដូច្នោះ​ក៏​ដោយ បណ្ដាំ​ស្ដី​អំពី​រាជាណាចក្រ​គ្មាន​ឫស​ក្នុង​អ្នក​នោះ​ឡើយ តែ​អ្នក​នោះ​នៅ​ជាប់​បាន​មួយ​រយៈ រួច​ពេល​កើត​មាន​ទុក្ខ​លំបាក​ឬ​ការ​បៀត​បៀន​ដោយ​សារ​បណ្ដាំ​នោះ អ្នក​នោះ​ក៏​ជំពប់​ដួល​ភ្លាម។ ២២ រីឯ​គ្រាប់​ពូជ​ដែល​បាន​ត្រូវ​សាប​ព្រោះ​លើ​ដី​មាន​ដើម​បន្លា នោះ​សំដៅ​ទៅ​អ្នក​ដែល​ឮ​បណ្ដាំ​នោះ ប៉ុន្តែ​ការ​ខ្វល់​ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ*នេះ+ និង​ការ​ល្បួង*នៃ​ទ្រព្យ​សម្បត្តិ ក៏​គ្រប​បាំង​បណ្ដាំ​នោះ​ជិត មិន​ឲ្យ​អ្នក​នោះ​បង្កើត​ផល​ឡើយ។+ ២៣ ចំណែក​គ្រាប់​ពូជ​ដែល​ធ្លាក់​លើ​ដី​ល្អ​គឺ​ជា​អ្នក​ដែល​ឮ​បណ្ដាំ​នោះ ហើយ​យល់​អត្ថន័យ ក៏​បង្កើត​ផល​ពិត​មែន អ្នក​នេះ​បង្កើត​ផល​១​ជា​១០០ អ្នក​នោះ​១​ជា​៦០ ហើយ​ម្នាក់​ទៀត​១​ជា​៣០​»។+

២៤ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​ប្រើ​ឧទាហរណ៍​មួយ​ទៀត​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ដែល​បាន​សាប​ព្រោះ​គ្រាប់​ពូជ​ល្អ​នៅ​លើ​ដី​របស់​គាត់។ ២៥ កាល​ដែល​មនុស្ស​ទាំង​ឡាយ​កំពុង​ដេក​លក់ សត្រូវ​របស់​គាត់​បាន​មក​សាប​ព្រោះ​ស្រងែ*លើ​ស្រូវ​សាលី រួច​ចេញ​បាត់​ទៅ។ ២៦ ពេល​ស្រូវ​សាលី​ចេញ​ជា​ដើម​ហើយ​មាន​កួរ នោះ​ស្រងែ​ក៏​បាន​ដុះ​ឡើង​ដែរ។ ២៧ ដូច្នេះ ពួក​ខ្ញុំ​បម្រើ​របស់​បុរស​ដែល​ជា​ម្ចាស់​ផ្ទះ​នោះ បាន​មក​សួរ​គាត់​ថា​៖ ‹លោក​ម្ចាស់! លោក​បាន​សាប​ព្រោះ​គ្រាប់​ពូជ​ល្អ​នៅ​លើ​ដី​របស់​លោក មែន​ទេ? ចុះ​ហេតុ​អ្វី​បាន​ជា​មាន​ស្រងែ​នៅ​ទី​នោះ?› ២៨ គាត់​ឆ្លើយ​ថា​៖ ‹នេះ​ជា​ស្នា​ដៃ​របស់​បុរស​ម្នាក់​ដែល​ជា​សត្រូវ​របស់​ខ្ញុំ›។+ ពួក​គេ​សួរ​តប​ថា​៖ ‹បើ​ដូច្នេះ តើ​លោក​ចង់​ឲ្យ​យើង​ចេញ​ទៅ​ដក​ស្រងែ​ទាំង​នោះ​ទេ?›។ ២៩ គាត់​ឆ្លើយ​ថា​៖ ‹កុំ​ដក ក្រែង​លោ​កាល​ណា​ដក​ស្រងែ​ចេញ ស្រូវ​សាលី​ក៏​រលើង​ឫស​ដែរ។ ៣០ ចូរ​ឲ្យ​ទាំង​ពីរ​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​រដូវ​ច្រូត​កាត់ ហើយ​នៅ​រដូវ​នោះ ខ្ញុំ​នឹង​ប្រាប់​អ្នក​ច្រូត​ឲ្យ​ដក​ស្រងែ​មុន​សិន រួច​ចង​ជា​កណ្ដាប់​ដើម្បី​ដុត​ចោល ហើយ​សឹម​ទៅ​ប្រមូល​ស្រូវ​សាលី​ទុក​ក្នុង​ជង្រុក​របស់​ខ្ញុំ›​»។+

៣១ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​ប្រើ​ឧទាហរណ៍​មួយ​ទៀត​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ប្រៀប​ដូច​ជា​គ្រាប់​មូស្ដាត*ដែល​បុរស​ម្នាក់​បាន​យក​ទៅ​ដាំ​នៅ​ក្នុង​ដី​របស់​គាត់។+ ៣២ តាម​ពិត គ្រាប់​នោះ​ជា​គ្រាប់​តូច​បំផុត តែ​ពេល​បាន​ដុះ​ឡើង​ហើយ នោះ​វា​ទៅ​ជា​ដំណាំ​ធំ​បំផុត ក៏​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​សត្វ​ស្លាប​នៅ​លើ​មេឃ​មក​ជ្រក​អាស្រ័យ​ក្នុង​មែក​របស់​វា​»។

៣៣ លោក​ប្រាប់​ពួក​គេ​ឧទាហរណ៍​មួយ​ទៀត​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ដូច​ជា​ដំបែ​ដែល​ស្ត្រី​ម្នាក់​បាន​យក​ទៅ​លាយ​ក្នុង​ម្សៅ​បី​រង្វាល់​ទាល់​តែ​ម្សៅ​ទាំង​អស់​នោះ​បាន​ដោរ​ឡើង​»។+

៣៤ លោក​យេស៊ូ​បាន​ប្រាប់​បណ្ដា​ជន​អំពី​អ្វី​ៗ​ទាំង​នេះ​ដោយ​ប្រើ​ឧទាហរណ៍។ លោក​មិន​ដែល​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ដោយ​មិន​ប្រើ​ឧទាហរណ៍​ឡើយ។+ ៣៥ នេះ​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​បាន​ត្រូវ​ថ្លែង​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ ដែល​ថា​៖ ​«​ខ្ញុំ​នឹង​បើក​មាត់​និយាយ​ជា​ឧទាហរណ៍ ក៏​នឹង​ប្រកាស​ប្រាប់​ឲ្យ​ដឹង​អំពី​អ្វី​ៗ​ដែល​បាន​ត្រូវ​លាក់​បាំង​តាំង​ពី​កំណើត​ពិភព​លោក​»។+

៣៦ ក្រោយ​ពី​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ លោក​បាន​ចូល​ទៅ​ក្នុង​ផ្ទះ។ រួចមក អ្នក​កាន់​តាម​បាន​មក​ឯ​លោក ហើយ​ជម្រាប​ថា​៖ ​«​សូម​ពន្យល់​យើង​ឲ្យ​យល់​ឧទាហរណ៍​អំពី​ស្រងែ​ក្នុង​វាល​ស្រូវ​សាលី​»។ ៣៧ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ដែល​សាប​ព្រោះ​គ្រាប់​ពូជ​ល្អ​គឺ​ជា​កូន​មនុស្ស ៣៨ ឯ​វាល​ស្រូវ​សាលី​គឺ​ជា​ពិភព​លោក។+ ចំណែក​គ្រាប់​ពូជ​ល្អ​គឺ​ជា​កូន​នៃ​រាជាណាចក្រ ប៉ុន្តែ​ស្រងែ​គឺ​ជា​កូន​របស់​មេកំណាច+ ៣៩ ហើយ​សត្រូវ​ដែល​បាន​សាប​ព្រោះ​នោះ​គឺ​ជា​មេកំណាច។* ការ​ច្រូត​គឺ​ជា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក* ហើយ​បណ្ដា​ទេវតា​គឺ​ជា​អ្នក​ច្រូត។ ៤០ ម្ល៉ោះ​ហើយ ដូច​ស្រងែ​បាន​ត្រូវ​ដក​ចេញ ហើយ​ដុត​ចោល​ក្នុង​ភ្លើង នោះ​នៅ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។+ ៤១ កូន​មនុស្ស​នឹង​ចាត់​បណ្ដា​ទេវតា​របស់​លោក​ឲ្យ​មក ហើយ​ទេវតា​ទាំង​នោះ​នឹង​ដក​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ជំពប់​ដួល* ព្រម​ទាំង​ដក​មនុស្ស​ទាំង​អស់​ដែល​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់ ចេញ​ពី​រាជាណាចក្រ​របស់​លោក ៤២ រួច​ទេវតា​ទាំង​នោះ​នឹង​បោះ​ពួក​គេ​ទៅ​ក្នុង​ឡ​ដែល​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ។+ នៅ​ទី​នោះ ពួក​គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។ ៤៣ នៅ​គ្រា​នោះ មនុស្ស​សុចរិត​នឹង​ភ្លឺ​ដូច​ថ្ងៃ+ ក្នុង​រាជាណាចក្រ​នៃ​បិតា​របស់​ពួក​គេ។ អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ។

៤៤ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ដូច​ជា​កំណប់​ទ្រព្យ​ក្នុង​វាល​មួយ ដែល​បុរស​ម្នាក់​បាន​រក​ឃើញ ហើយ​លាក់​ទុក។ រួច​ដោយ​សារ​គាត់​ត្រេក​អរ​ជា​ខ្លាំង គាត់​ក៏​ទៅ​លក់​អ្វី​ៗ​ដែល​គាត់​មាន ហើយ​ទិញ​វាល​នោះ។+

៤៥ ​«​ម្យ៉ាង​ទៀត រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់ ដែល​កំពុង​រក​គជ់​ខ្យង​ល្អ​វិសេស។ ៤៦ ពេល​ដែល​រក​ឃើញ​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់ គាត់​ក៏​ចេញ​ទៅ ហើយ​ប្រញាប់​លក់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន រួច​ទិញ​គជ់​ខ្យង​នោះ។+

៤៧ ​«​ម្យ៉ាង​វិញ​ទៀត រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ដូច​ជា​អួន​ដែល​ត្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ហើយ​ជាប់​បាន​ត្រី​គ្រប់​ប្រភេទ។ ៤៨ ពេល​ដែល​អួន​ពេញ​ហើយ ពួក​គេ​អូស​មក​លើ​ឆ្នេរ រួច​អង្គុយ​ប្រមូល​ត្រី​ល្អ+ដាក់​ក្នុង​កញ្ជើ តែ​ត្រី​ដែល​មិន​អាច​បរិភោគ​បាន+ ពួក​គេ​បោះ​ចោល​វិញ។ ៤៩ នៅ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ ក៏​នឹង​ដូច្នេះ​ដែរ។ បណ្ដា​ទេវតា​នឹង​ចេញ​ទៅ​ញែក​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​មនុស្ស​សុចរិត ៥០ ហើយ​នឹង​បោះ​មនុស្ស​ទុច្ចរិត​ទៅ​ក្នុង​ឡ​ដែល​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ។ នៅ​ទី​នោះ ពួក​គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ​»។

៥១ បន្ទាប់​មក លោក​យេស៊ូ​សួរ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​យល់​អត្ថន័យ​នៃ​អ្វី​ៗ​ទាំង​នេះ​ឬ​ទេ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​យល់​ហើយ​លោក​ម្ចាស់!​»។ ៥២ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​បើ​ដូច្នេះ គ្រូ​បង្រៀន​គ្រប់​រូប ក្រោយ​ពី​បាន​ត្រូវ​គេ​បង្រៀន​អំពី​រាជាណាចក្រ​ស្ថាន​សួគ៌​ហើយ គឺ​ដូច​ជា​បុរស​ម្នាក់​ជា​ម្ចាស់​ផ្ទះ ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​ទ្រព្យ​របស់​ខ្លួន​»។

៥៣ ក្រោយ​ពី​លោក​យេស៊ូ​បាន​ប្រាប់​ឧទាហរណ៍​ទាំង​នេះ​ចប់ លោក​ចាក​ចេញ​ពី​កន្លែង​នោះ។ ៥៤ លុះ​ក្រោយ​ពី​បាន​ចូល​ស្រុក​កំណើត​របស់​លោក​ហើយ+ លោក​ចាប់​ផ្ដើម​បង្រៀន​បណ្ដា​ជន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ។ ជា​លទ្ធផល ពួក​គេ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​និយាយ​ថា​៖ ​«​តើ​បុរស​នេះ​បាន​ទទួល​ប្រាជ្ញា​បែប​នេះ និង​អំណាច​ដើម្បី​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទាំង​នេះ​ពី​ណា​មក?+ ៥៥ តើ​បុរស​នេះ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ?+ ម្ដាយ​របស់​គាត់​ឈ្មោះ​ម៉ារៀ និង​ប្អូន​ប្រុស​ៗ​របស់​គាត់​ឈ្មោះ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន និង​យូដាស មែន​ទេ?+ ៥៦ ហើយ​តើ​ប្អូន​ស្រី​ៗ​របស់​គាត់​មិន​មែន​នៅ​ទី​នេះ​ជា​មួយ​នឹង​យើង​ទេ​ឬ? ចុះ​តើ​បុរស​នេះ​ចេះ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ពី​ណា​មក?​»។+ ៥៧ ម្ល៉ោះ​ហើយ ពួក​គេ​មិន​ព្រម​ជឿ​លើ​លោក​ឡើយ។+ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​នៅ​គ្រប់​កន្លែង គេ​តែង​គោរព​អ្នក​ប្រកាស​ទំនាយ លើក​លែង​តែ​នៅ​ស្រុក និង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​»។+ ៥៨ ដូច្នេះ លោក​មិន​បាន​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ជា​ច្រើន​នៅ​ទី​នោះ​ឡើយ ពី​ព្រោះ​ពួក​គេ​គ្មាន​ជំនឿ។

១៤ នៅ​គ្រា​នោះ ហេរ៉ូឌ​ដែល​ជា​អភិបាល​ស្រុក បាន​ឮ​អំពី​លោក​យេស៊ូ។+ ២ គាត់​បាន​ប្រាប់​ពួក​អ្នក​បម្រើ​របស់​គាត់​ថា​៖ ​«​អ្នក​នោះ​គឺ​យ៉ូហាន ជា​អ្នក​ជ្រមុជ​ទឹក។ គាត់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទាំង​នេះ​បាន​»។+ ៣ ព្រោះ​មុន​នោះ ហេរ៉ូឌ*បាន​ចាប់​យ៉ូហាន​ចង ហើយ​បញ្ជូន​ទៅ​គុក ដើម្បី​ផ្គាប់​ចិត្ត​ហេរ៉ូឌាស ដែល​ជា​ភរិយា​របស់​ភីលីព​ជា​បង​គាត់។+ ៤ ពី​ព្រោះ​យ៉ូហាន​បាន​ជម្រាប​ហេរ៉ូឌ​ច្រើន​ដង​ថា​៖ ​«​គ្មាន​ច្បាប់​ឲ្យ​លោក​យក​នាង​ធ្វើ​ជា​ភរិយា​ទេ​»។+ ៥ ទោះ​ជា​ហេរ៉ូឌ​ចង់​សម្លាប់​យ៉ូហាន​ក៏​ដោយ តែ​គាត់​ខ្លាច​បណ្ដា​ជន ដោយ​សារ​ពួក​គេ​ចាត់​ទុក​យ៉ូហាន​ជា​អ្នក​ប្រកាស​ទំនាយ។+ ៦ នៅ​ថ្ងៃ​មួយ ពេល​ដែល​កំពុង​ជប់​លៀង​អបអរ​ថ្ងៃ​កំណើត​របស់​ហេរ៉ូឌ+ នោះ​កូន​ស្រី​របស់​ហេរ៉ូឌាស​បាន​ចូល​មក​រាំ​ក្នុង​ពិធី​នោះ ហើយ​ធ្វើ​ឲ្យ​ហេរ៉ូឌ​ពេញ​ចិត្ត​ខ្លាំង​ណាស់។+ ៧ ដូច្នេះ គាត់​បាន​ស្បថ​ថា​នឹង​ឲ្យ​នាង​នូវ​អ្វី​ក៏​ដោយ​ដែល​នាង​សុំ។ ៨ រួច​មក នាង​បាន​សុំ​តាម​ពាក្យ​បង្គាប់​របស់​ម្ដាយ​ថា​៖ ​«​ខ្ញុំ​សុំ​ក្បាល​របស់​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក ដាក់​លើ​ថាស​»។+ ៩ ទោះ​ជា​ការ​ស្នើ​សុំ​របស់​នាង​ធ្វើ​ឲ្យ​ស្ដេច​ពិបាក​ចិត្ត​ក៏​ដោយ គាត់​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​នាង ដោយ​សារ​គាត់​បាន​ស្បថ​នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​បរិភោគ​ជា​មួយ​នឹង​គាត់​រួច​ហើយ។ ១០ ដូច្នេះ គាត់​បាន​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក។ ១១ រួច​មក គេ​ដាក់​ក្បាល​របស់​យ៉ូហាន​លើ​ថាស​មួយ យក​មក​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ឲ្យ​ម្ដាយ។ ១២ ក្រោយ​មក អ្នក​កាន់​តាម​យ៉ូហាន​បាន​មក​យក​សព​គាត់​ទៅ​បញ្ចុះ រួច​នាំ​ដំណឹង​ទៅ​ជម្រាប​លោក​យេស៊ូ។ ១៣ ឮ​ដូច្នេះ លោក​យេស៊ូ​បាន​ចុះ​ទូក​ចេញ​ពី​ទី​នោះ​ទៅ​កន្លែង​មួយ​ឆ្ងាយ​ពី​គេ ដើម្បី​នៅ​ម្នាក់​ឯង។ ប៉ុន្តែ ពេល​ដែល​ដំណឹង​នេះ​ឮ​ដល់​បណ្ដា​ជន ពួក​គេ​ក៏​ចេញ​ពី​ក្រុង​នា​នា ហើយ​ដើរ​ទៅ​តាម​លោក។+

១៤ ពេល​លោក​ឡើង​មក​ដល់​ច្រាំង លោក​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ ក៏​មាន​ចិត្ត​អាណិត​អាសូរ​ពួក​គេ+ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​ឈឺ​ក្នុង​ចំណោម​ពួក​គេ​បាន​ជា​សះ​ស្បើយ។+ ១៥ ប៉ុន្តែ​ពេល​ល្ងាច ពួក​អ្នក​កាន់​តាម​បាន​មក​ឯ​លោក ហើយ​ជម្រាប​ថា​៖ ​«​កន្លែង​នេះ​នៅ​ដាច់​ឆ្ងាយ​ពី​គេ ថ្ងៃ​ក៏​កាន់​តែ​ជ្រេ​ដែរ។ សូម​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ ដើម្បី​ពួក​គេ​អាច​ទិញ​អាហារ​នៅ​តាម​ភូមិ​»។+ ១៦ ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ពួក​គេ​មិន​ចាំ​បាច់​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​ទៅ​»។ ១៧ ពួក​គាត់​ជម្រាប​លោក​ថា​៖ ​«​នៅ​ទី​នេះ​យើង​គ្មាន​អ្វី​ទេ ក្រៅ​ពី​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​»។ ១៨ លោក​មាន​ប្រសាសន៍​ថា​៖ ​«​យក​នំ​ប៉័ង​និង​ត្រី​ទាំង​នោះ​មក​ឲ្យ​ខ្ញុំ​»។ ១៩ បន្ទាប់​មក លោក​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​លើ​ស្មៅ។ លោក​ក៏​បាន​យក​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ ហើយ​ងើយ​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ រួច​អធិដ្ឋាន។+ ក្រោយ​នោះ លោក​កាច់​នំ​ប៉័ង ចែក​ឲ្យ​ពួក​អ្នក​កាន់​តាម ហើយ​ពួក​គាត់​ក៏​ចែក​ឲ្យ​បណ្ដា​ជន។ ២០ ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត ហើយ​ពួក​គាត់​បាន​ប្រមូល​អាហារ​ដែល​នៅ​សល់​បាន​១២​កញ្ជើ។+ ២១ ឯ​អ្នក​ដែល​បាន​បរិភោគ មាន​បុរស​ប្រហែល​៥.០០០​នាក់ ដោយ​មិន​រាប់​ស្ត្រី​និង​កូន​ក្មេង​ទេ។+ ២២ រួច​មក ដោយ​មិន​បង្អែ​បង្អង់ លោក​បាន​បង្គាប់​អ្នក​កាន់​តាម​ឲ្យ​ចុះ​ទូក​ទៅ​ត្រើយ​ម្ខាង​មុន​លោក ទុក​ឲ្យ​លោក​ជា​អ្នក​ប្រាប់​បណ្ដា​ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។+

២៣ ក្រោយ​ពី​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ លោក​បាន​ឡើង​ភ្នំ​តែ​ម្នាក់​ឯង​ដើម្បី​អធិដ្ឋាន។+ លុះ​ដល់​ពេល​យប់ លោក​នៅ​ទី​នោះ​តែ​ម្នាក់​ឯង។ ២៤ ពេល​នោះ ទូក​នៅ​ឆ្ងាយ​ពី​ច្រាំង​រាប់​រយ​ម៉ែត្រ​ហើយ ក៏​ត្រូវ​រលក​បោក​យ៉ាង​ខ្លាំង ដោយ​សារ​ទូក​នោះ​ទៅ​បញ្ច្រាស​ខ្យល់។ ២៥ លុះ​ដល់​យាម​ទី​៤*នៅ​យប់​នោះ លោក​បាន​ដើរ​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​អ្នក​កាន់​តាម។ ២៦ ពេល​ពួក​គាត់​ក្រឡេក​ទៅ​ឃើញ​លោក​កំពុង​ដើរ​លើ​ទឹក​សមុទ្រ ពួក​គាត់​ចាប់​ផ្ដើម​វិល​វល់​ក្នុង​គំនិត ហើយ​តាំង​ភ័យ​ខ្លាច ក៏​ស្រែក​ឡើង​ថា​៖ ​«​តើ​នោះ​ជា​អ្វី​ហ្នឹង!​»។* ២៧ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ភ្លាម​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! គឺ​ខ្ញុំ​ទេ កុំ​ខ្លាច​ឡើយ​»។+ ២៨ ពេត្រុស​បាន​តប​ទៅ​លោក​ថា​៖ ​«​លោក​ម្ចាស់! បើ​ពិត​ជា​លោក​មែន សូម​ឲ្យ​ខ្ញុំ​ដើរ​លើ​ទឹក​ទៅ​ឯ​លោក​ផង​»។ ២៩ នោះ​លោក​បង្គាប់​ថា​៖ ​«​ចូរ​មក​ចុះ!​»។ ឮ​ដូច្នេះ ពេត្រុស​បាន​ចេញ​ពី​ទូក ហើយ​ដើរ​លើ​ទឹក​ទៅ​ឯ​លោក​យេស៊ូ។ ៣០ ប៉ុន្តែ​ដោយ​មើល​ទៅ​ខ្យល់​ព្យុះ គាត់​ក៏​ភ័យ​ខ្លាច ហើយ​ពេល​ដែល​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក គាត់​ស្រែក​ឡើង​ថា​៖ ​«​លោក​ម្ចាស់! សូម​ជួយ​ខ្ញុំ​ផង!​»។ ៣១ ភ្លាម​នោះ លោក​យេស៊ូ​បាន​លូក​ដៃ​ទៅ​ចាប់​គាត់ ហើយ​សួរ​ថា​៖ ​«​អ្នក​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​ចាប់​ផ្ដើម​សង្ស័យ?​»។+ ៣២ ក្រោយ​ពី​លោក​យេស៊ូ​និង​ពេត្រុស​បាន​ចូល​ក្នុង​ទូក​ហើយ ខ្យល់​ព្យុះ​ក៏​ស្ងប់​បាត់​ទៅ។ ៣៣ រួច​មក អ្នក​កាន់​តាម​លោក​ដែល​នៅ​ក្នុង​ទូក​បាន​លំឱន​កាយ​គោរព​លោក ហើយ​ពោល​ថា​៖ ​«​លោក​ពិត​ជា​បុត្រ​របស់​ព្រះ​មែន​»។ ៣៤ ក្រោយ​មក លោក​និង​ពួក​គាត់​បាន​ឆ្លង​ទៅ​តំបន់​កេណិសារ៉ែត។+

៣៥ ពេល​ទៅ​ដល់ អ្នក​ស្រុក​នោះ​បាន​ស្គាល់​លោក​ភ្លាម ក៏​បាន​ចាត់​គេ​ឲ្យ​នាំ​ដំណឹង​ទៅ​ផ្សាយ​ពេញ​តំបន់​នៅ​ជុំវិញ រួច​មនុស្ស​បាន​នាំ​អស់​អ្នក​ដែល​ឈឺ​មក​ឯ​លោក។ ៣៦ ក្រោយ​មក ពួក​គេ​បាន​អង្វរ​សុំ​ពាល់​តែ​ជាយ​សម្លៀក​បំពាក់​លោក​ប៉ុណ្ណោះ+ ហើយ​អស់​អ្នក​ដែល​បាន​ពាល់​ជាយ​សម្លៀក​បំពាក់​លោក ក៏​បាន​ជា​សះ​ស្បើយ។

១៥ រួច​មក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​ដែល​មក​ពី​ក្រុង​យេរូសាឡិម​បាន​ទៅ​ឯ​លោក​យេស៊ូ+ ហើយ​សួរ​ថា​៖ ២ ​«​ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​បំពាន​ទំនៀម​ទម្លាប់​របស់​ពួក​បុរស​ពី​សម័យ​មុន​ដូច្នេះ? ជា​ឧទាហរណ៍ ពួក​គេ​មិន​លាង​ដៃ*ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​បរិភោគ​»។+

៣ លោក​តប​ទៅ​ពួក​គេ​ថា​៖ ​«​ចុះ​អ្នក​រាល់​គ្នា​វិញ ហេតុ​អ្វី​បាន​ជា​អ្នក​បំពាន​បញ្ញត្ដិ​របស់​ព្រះ ដោយ​សារ​ទំនៀម​ទម្លាប់​របស់​អ្នក​ដូច្នេះ?+ ៤ ជា​ឧទាហរណ៍ ព្រះ​បង្គាប់​ថា​៖ ‹ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក›+ ហើយ​‹អ្នក​ណា​ដែល​និយាយ​ប្រមាថ​ឪពុក​ម្ដាយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់›។+ ៥ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​និយាយ​ថា​៖ ‹អ្នក​ណា​ដែល​ប្រាប់​ឪពុក​ម្ដាយ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​បាន​សន្យា​ប្រគល់​ជូន​ព្រះ​ហើយ នោះ​ខ្ញុំ​មិន​អាច​យក​មក​ជួយ​ឪពុក​ម្ដាយ​បាន​ទេ​»​+ ៦ អ្នក​នោះ​មិន​ត្រូវ​ជួយ​ឪពុក​ទាល់​តែ​សោះ›។ យ៉ាង​នេះ អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ទៅ​ជា​អសារ​ឥត​ការ​ដោយ​សារ​ទំនៀម​ទម្លាប់​របស់​អ្នក។+ ៧ មនុស្ស​លាក់​ពុត! គឺ​ត្រូវ​ណាស់ ដែល​អេសាយ​បាន​ប្រកាស​ទំនាយ​អំពី​អ្នក​រាល់​គ្នា​ថា​៖+ ៨ ‹បណ្ដា​ជន​នេះ​គោរព​ខ្ញុំ​តែ​បបូរ​មាត់​ទេ តែ​ចិត្ត​របស់​ពួក​គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ។ ៩ ដូច្នេះ ការ​ដែល​ពួក​គេ​បន្ត​គោរព​ប្រណិប័តន៍​ខ្ញុំ គឺ​ឥត​ប្រយោជន៍​ទេ ពី​ព្រោះ​សេចក្ដី​បង្រៀន​របស់​ពួក​គេ គឺ​ជា​បង្គាប់​របស់​មនុស្ស​តែ​ប៉ុណ្ណោះ›​»។+ ១០ រួច​លោក​ហៅ​បណ្ដា​ជន​មក ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ស្ដាប់ ហើយ​យល់​អត្ថន័យ​ចុះ។+ ១១ អ្វី​ៗ​ដែល​ចូល​តាម​មាត់ មិន​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ​ឡើយ តែ​គឺ​អ្វី​ៗ​ដែល​ចេញ​មក​ពី​មាត់​វិញ​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ​»។+

១២ ក្រោយ​មក ពួក​អ្នក​កាន់​តាម​បាន​ចូល​មក​ជិត ហើយ​សួរ​លោក​ថា​៖ ​«​តើ​លោក​ជ្រាប​ថា​ពួក​ផារិស៊ី​បាន​ជំពប់​ដួល​នឹង​សម្ដី​របស់​លោក​ឬ​ទេ?​»។+ ១៣ លោក​តប​ឆ្លើយ​ថា​៖ ​«​គ្រប់​រុក្ខជាតិ​ដែល​បិតា​របស់​ខ្ញុំ​នៅ​ស្ថាន​សួគ៌​មិន​បាន​ដាំ នោះ​នឹង​ត្រូវ​ដក​ចេញ។ ១៤ កុំ​អំពល់​នឹង​ពួក​គេ​ឡើយ។ ពួក​គេ​ជា​មនុស្ស​ខ្វាក់​ដែល​កំពុង​នាំ​ផ្លូវ​អ្នក​ឯ​ទៀត។ ប្រសិន​បើ​មនុស្ស​ខ្វាក់​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​ដូច​គ្នា នោះ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​រណ្ដៅ​»។+ ១៥ ពេត្រុស​ជម្រាប​លោក​វិញ​ថា​៖ ​«​សូម​បក​ស្រាយ​អត្ថន័យ​នៃ​ឧទាហរណ៍​នោះ​ឲ្យ​យើង​យល់​ផង​»។ ១៦ ឮ​ដូច្នេះ លោក​សួរ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ដែរ​ឬ?+ ១៧ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្វី​ៗ​ទាំង​អស់​ដែល​ចូល​តាម​មាត់ ក៏​ចូល​ទៅ​ក្នុង​ក្រពះ រួច​ចេញ​ទៅ​ឯ​កន្លែង​បន្ទោបង់? ១៨ ក៏​ប៉ុន្តែ អ្វី​ៗ​ដែល​ចេញ​ពី​មាត់ នោះ​ចេញ​ពី​ក្នុង​ចិត្ត​មក ហើយ​គឺ​អ្វី​ៗ​ទាំង​នោះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ។+ ១៩ ជា​ឧទាហរណ៍ គំនិត​អាក្រក់​តែង​តែ​ផ្ដើម​ចេញ​ពី​ក្នុង​ចិត្ត+ គឺ​ឃាតកម្ម ការ​ផិត​ក្បត់ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ការ​លួច ការ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ និង​ពាក្យ​ប្រមាថ។ ២០ គឺ​អ្វី​ៗ​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ។ ប៉ុន្តែ ការ​បរិភោគ​ដោយ​មិន​លាង​ដៃ* មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ​ឡើយ​»។

២១ រួច​មក លោក​យេស៊ូ​បាន​ចាក​ចេញ​ពី​ទី​នោះ​ទៅ​តំបន់​ទីរ៉ុស​និង​ស៊ីដូន។+ ២២ មើល! ស្ត្រីជន​ជាតិ​ភេនីស៊ី​ម្នាក់​ពី​តំបន់​នោះ​បាន​ចេញ​មក ហើយ​ស្រែក​ថា​៖ ​«​លោក​ម្ចាស់ ជា​បុត្រ​ដាវីឌ​អើយ! សូម​មេត្តា​ជួយ​ខ្ញុំ​ផង កូន​ស្រី​ខ្ញុំ​មាន​វិញ្ញាណ​កំណាច​ចូល ធ្វើ​ទុក្ខ​ខ្លាំង​ណាស់​»។+ ២៣ ក៏​ប៉ុន្តែ លោក​មិន​បាន​តប​ឆ្លើយ​ទៅ​នាង​មួយ​ម៉ាត់​សោះ។ ដូច្នេះ ពួក​អ្នក​កាន់​តាម​បាន​មក​ទទូច​សុំ​លោក​ថា​៖ ​«​សូម​លោក​ប្រាប់​នាង​ឲ្យ​ទៅ​វិញ ពី​ព្រោះ​នាង​ចេះ​តែ​ស្រែក ហើយ​ដើរ​តាម​យើង​ឥត​ឈប់​»។ ២៤ លោក​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ឯ​អ្នក​ណា​ទេ ក្រៅ​ពី​ចៀម​ដែល​វង្វេង​ផ្លូវ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​»។+ ២៥ ប៉ុន្តែ ស្ត្រី​នោះ​ក៏​ចូល​មក​លំឱន​កាយ​គោរព​លោក ហើយ​អង្វរ​ថា​៖ ​«​លោក​ម្ចាស់! សូម​ជួយ​ខ្ញុំ​ផង!​»។ ២៦ លោក​តប​ឆ្លើយ​ថា​៖ ​«​គឺ​មិន​ត្រឹម​ត្រូវ​ទេ បើ​យក​នំ​ប៉័ង​របស់​កូន​ក្មេង ហើយ​បោះ​ទៅ​ឲ្យ​ឆ្កែ​តូច​ៗ​វិញ​»។ ២៧ នាង​ឆ្លើយ​ថា​៖ ​«​មែន​ហើយ​លោក​ម្ចាស់! ប៉ុន្តែ​តាម​ការ​ពិត ឆ្កែ​តូច​ៗ​ស៊ី​កម្ទេច​នំ​ប៉័ង​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា​»។+ ២៨ នោះ​លោក​យេស៊ូ​តប​ឆ្លើយ​ទៅ​នាង​ថា​៖ ​«​នាង​អើយ! នាង​មាន​ជំនឿ​ខ្លាំង​ណាស់ សូម​ឲ្យ​នាង​បាន​ដូច​ប្រាថ្នា​ចុះ​»។ រួច​កូន​ស្រី​របស់​នាង​បាន​ជា​សះ​ស្បើយ​តាំង​ពី​ពេល​នោះ​មក។

២៩ ក្រោយ​ពី​លោក​យេស៊ូ​ចេញ​ពី​ទី​នោះ លោក​ទៅ​ជិត​សមុទ្រ​កាលីឡេ។+ បន្ទាប់​មក លោក​ឡើង​ទៅ​លើ​ភ្នំ ហើយ​អង្គុយ​នៅ​ទី​នោះ។ ៣០ ក្រោយ​មក បណ្ដា​ជន​មួយ​ក្រុម​ធំ​បាន​មក​ឯ​លោក ព្រម​ទាំង​នាំ​អ្នក​ដែល​ខ្វិន ពិការ ងងឹត​ភ្នែក គ និង​អ្នក​ដែល​ឈឺ​ជា​ច្រើន​នាក់​ទៀត​មក​ឯ​លោក​ដែរ ហើយ​បាន​ដាក់​ពួក​គេ​នៅ​ជិត​ជើង​របស់​លោក រួច​លោក​ក៏​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។+ ៣១ ពេល​ដែល​បណ្ដា​ជន​ឃើញ​មនុស្ស​គ​កំពុង​និយាយ មនុស្ស​ខ្វិន​កំពុង​ដើរ ហើយ​មនុស្ស​ងងឹត​ភ្នែក​កំពុង​មើល​ឃើញ នោះ​ពួក​គេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ក៏​បាន​សរសើរ​តម្កើង​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+

៣២ លោក​យេស៊ូ​ហៅ​ពួក​អ្នក​កាន់​តាម​មក​ឯ​លោក ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​អាណិត​បណ្ដា​ជន​ទាំង​នេះ​ណាស់+ ពី​ព្រោះ​អស់​បី​ថ្ងៃ​ហើយ​ដែល​ពួក​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ពួក​គេ​លែង​មាន​អាហារ​បរិភោគ​ទៀត។ ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គេ​ទៅ​វិញ​ដោយ​គ្មាន​អ្វី​បរិភោគ​ទេ ក្រែង​លោ​ពួក​គេ​អស់​កម្លាំង​តាម​ផ្លូវ​»។+ ៣៣ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​បាន​សួរ​លោក​ថា​៖ ​«​នៅ​កន្លែង​ដាច់​ស្រយាល​នេះ តើ​យើង​អាច​បាន​នំ​ប៉័ង​ពី​ណា​ល្មម​គ្រប់​គ្រាន់​ឲ្យ​មនុស្ស​ច្រើន​យ៉ាង​នេះ​បរិភោគ​ឆ្អែត?​»។+ ៣៤ ឮ​ដូច្នេះ លោក​យេស៊ូ​សួរ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន​ដុំ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​៧​ដុំ និង​ត្រី​តូច​ៗ​ពីរ​បី​កន្ទុយ​»។ ៣៥ ដូច្នេះ ក្រោយ​ពី​លោក​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​លើ​ដី ៣៦ លោក​យក​នំ​ប៉័ង​៧​ដុំ​និង​ត្រី​ទាំង​នោះ ក៏​បាន​អធិដ្ឋាន​អរគុណ​ព្រះ រួច​កាច់​នំ​ប៉័ង​ឲ្យ​ដល់​ពួក​អ្នក​កាន់​តាម។ បន្ទាប់​មក ពួក​អ្នក​កាន់​តាម​ក៏​ចែក​ដល់​បណ្ដា​ជន+ ៣៧ ហើយ​ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត។ រួច​មក ពួក​គាត់​បាន​ប្រមូល​អាហារ​ដែល​នៅ​សល់ បាន​ពេញ​៧​កញ្ឆេ​ធំ​ៗ។+ ៣៨ ប៉ុន្តែ អ្នក​ដែល​បាន​បរិភោគ​មាន​បុរស​ចំនួន​៤.០០០​នាក់ ដោយ​មិន​រាប់​ស្ត្រី​និង​កូន​ក្មេង​ទេ។ ៣៩ នៅ​ទី​បំផុត ក្រោយ​ពី​បាន​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ នោះ​លោក​បាន​ចុះ​ទូក ហើយ​ទៅ​តំបន់​ម៉ាកាដាន។+

១៦ នៅ​ទី​នេះ ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​បាន​មក​ឯ​លោក ដើម្បី​ល្បង​ល​លោក។ ពួក​គេ​បាន​សុំ​ឲ្យ​លោក​បង្ហាញ​សញ្ញា​សម្គាល់​មួយ​ពី​លើ​មេឃ​ឲ្យ​ពួក​គេ​ឃើញ។+ ២ លោក​តប​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​នៅ​ពេល​ល្ងាច អ្នក​រាល់​គ្នា​និយាយ​ថា​៖ ‹មេឃ​ក្រហម​ឆ្អៅ ដូច្នេះ​នឹង​មាន​អាកាសធាតុ​ល្អ›។ ៣ នៅ​ពេល​ព្រឹក អ្នក​រាល់​គ្នា​ក៏​និយាយ​ថា​៖ ‹ថ្ងៃ​នេះ​នឹង​មាន​ភ្លៀង ហើយ​ក៏​នឹង​ត្រជាក់​ផង ព្រោះ​មេឃ​ក្រហម​ឆ្អៅ ហើយ​ស្រទំ›។ អ្នក​រាល់​គ្នា​ចេះ​បក​ស្រាយ​លក្ខណៈ​នៃ​ផ្ទៃ​មេឃ​មែន តែ​មិន​ចេះ​បក​ស្រាយ​សញ្ញា​សម្គាល់​នៃ​សម័យ​នេះ​ឡើយ។ ៤ មនុស្ស​ជំនាន់​នេះ​ដែល​ទុច្ចរិត ហើយ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ* ចេះ​តែ​រក​មើល​សញ្ញា​សម្គាល់ តែ​គ្មាន​សញ្ញា​សម្គាល់​ណា​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ​ឡើយ+ ក្រៅ​ពី​សញ្ញា​សម្គាល់​នៃ​យ៉ូណាស​»។+ ពេល​មាន​ប្រសាសន៍​ចប់​ហើយ លោក​បាន​ចេញ​ពី​ពួក​គេ​ទៅ។

៥ រួច​មក អ្នក​កាន់​តាម​លោក​បាន​ឆ្លង​ទៅ​ត្រើយ​ម្ខាង តែ​ភ្លេច​យក​នំ​ប៉័ង​ទៅ​ជា​មួយ។+ ៦ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​ប្រុង​ស្មារតី​ជា​និច្ច ហើយ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​»។+ ៧ ដូច្នេះ ពួក​គាត់​ចាប់​ផ្ដើម​ជជែក​គ្នា​ថា​៖ ​«​យើង​មិន​បាន​យក​នំ​ប៉័ង​មក​ជា​មួយ​ទេ​»។ ៨ លោក​យេស៊ូ​ជ្រាប​អំពី​រឿង​នេះ ក៏​បាន​សួរ​ថា​៖ ​«​អ្នក​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​ជជែក​គ្នា​ដោយ​សារ​គ្មាន​នំ​ប៉័ង​ដូច្នេះ? ៩ តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទេ​ឬ? ឬ​ក៏​អ្នក​មិន​ចាំ​ទេ​ថា ពេល​ដែល​មាន​នំ​ប៉័ង​៥​ដុំ​សម្រាប់​បុរស​៥.០០០​នាក់ តើ​អ្នក​ប្រមូល​បាន​អាហារ​ប៉ុន្មាន​កញ្ជើ?+ ១០ ឬ​ក៏​អ្នក​មិន​ចាំ​ទេ​ថា ពេល​ដែល​មាន​នំ​ប៉័ង​៧​ដុំ​សម្រាប់​បុរស​៤.០០០​នាក់ តើ​អ្នក​ប្រមូល​បាន​អាហារ​ប៉ុន្មាន​កញ្ឆេ​ធំ​ៗ​?+ ១១ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ថា ខ្ញុំ​មិន​មែន​និយាយ​អំពី​នំ​ប៉័ង​នោះ​ទេ? ប៉ុន្តែ ចូរ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​»។+ ១២ នោះ​ទើប​ពួក​គាត់​យល់​ថា លោក​មិន​មែន​ប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ដំបែ​នំ​ប៉័ង​នោះ​ទេ តែ​ប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​វិញ។

១៣ លុះ​ពេល​ដែល​លោក​យេស៊ូ​បាន​ទៅ​ដល់​តំបន់​សេសារៀភីលីព​ហើយ នោះ​លោក​សួរ​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​តើ​មនុស្ស​ទាំង​ឡាយ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?​»។+ ១៤ ពួក​គាត់​បាន​ឆ្លើយ​ថា​៖ ​«​អ្នក​ខ្លះ​ថា​លោក​ជា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក+ អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​អេលីយ៉ា+ ហើយ​អ្នក​ឯ​ទៀត​ថា​លោក​ជា​យេរេមា ឬ​ជា​អ្នក​ប្រកាស​ទំនាយ​មួយ​រូប​»។ ១៥ លោក​បាន​សួរ​ពួក​គាត់​ថា​៖ ​«​ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​ថា​ខ្ញុំ​ជា​អ្នក​ណា?​»។ ១៦ ស៊ីម៉ូន​ពេត្រុស​ឆ្លើយ​ថា​៖ ​«​លោក​ជា​គ្រិស្ត+ ជា​បុត្រ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។+ ១៧ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​ស៊ីម៉ូន កូន​យ៉ូណាស! អ្នក​មាន​សុភមង្គល​ហើយ! ពី​ព្រោះ​នេះ​មិន​មែន​មនុស្ស​ទេ​ដែល​បាន​បើក​បង្ហាញ​ឲ្យ​អ្នក​ដឹង តែ​គឺ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​វិញ។+ ១៨ ម្យ៉ាង​ទៀត ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​គឺ​ពេត្រុស*+ ហើយ​លើ​ថ្ម​នេះ+ ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ។ ទ្វារ​កំពែង​ផ្នូរ*នឹង​មិន​ឈ្នះ​ក្រុម​ជំនុំ​នោះ​ឡើយ។ ១៩ ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​រាជាណាចក្រ​ស្ថាន​សួគ៌​ដល់​អ្នក ហើយ​អ្វី​ដែល​អ្នក​ចង​នៅ​ផែនដី នោះ​ជា​អ្វី​ដែល​បាន​ត្រូវ​ចង​នៅ​ស្ថាន​សួគ៌ ហើយ​អ្វី​ដែល​អ្នក​ស្រាយ​នៅ​ផែនដី នោះ​ជា​អ្វី​ដែល​បាន​ត្រូវ​ស្រាយ​នៅ​ស្ថាន​សួគ៌​»។ ២០ រួច​មក លោក​បង្គាប់​យ៉ាង​ម៉ឺង​ម៉ាត់​ទៅ​អ្នក​កាន់​តាម កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ថា​លោក​ជា​គ្រិស្ត។+

២១ តាំង​ពី​ពេល​នោះ​មក លោក​យេស៊ូ​ចាប់​ផ្ដើម​ពន្យល់​អ្នក​កាន់​តាម​ថា លោក​ត្រូវ​ទៅ​ក្រុង​យេរូសាឡិម ហើយ​ពួក​អ្នក​ចាស់​ទុំ ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ នឹង​ធ្វើ​ឲ្យ​លោក​រង​ទុក្ខ​លំបាក​ជា​ច្រើន។ លោក​ក៏​នឹង​ត្រូវ​គេ​សម្លាប់ ហើយ​នៅ​ថ្ងៃ​ទី​៣ លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។+ ២២ ឮ​ដូច្នេះ ពេត្រុស​បាន​នាំ​លោក​ទៅ​ឆ្ងាយ​ពី​ពួក​គាត់​បន្តិច រួច​ចាប់​ផ្ដើម​បន្ទោស​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​អាណិត​ខ្លួន​ផង។ ការ​នេះ​នឹង​មិន​កើត​ឡើង​ដល់​លោក​ឡើយ​»។+ ២៣ ប៉ុន្តែ លោក​បែរ​ចេញ រួច​ប្រាប់​ពេត្រុស​ថា​៖ ​«​នែ! សាថាន* ចូរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!* អ្នក​កំពុង​ដាក់​ឧបសគ្គ​រា​រាំង​ខ្ញុំ ពី​ព្រោះ​អ្នក​មិន​គិត​តាម​គំនិត​របស់​ព្រះ​ទេ តែ​គិត​តាម​គំនិត​របស់​មនុស្ស​វិញ​»។+

២៤ បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​លី​បង្គោល​ទារុណកម្ម*របស់​ខ្លួន រួច​មក​តាម​ខ្ញុំ​ជា​ដរាប។+ ២៥ ព្រោះ​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត*ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។ ប៉ុន្តែ អ្នក​ណា​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។+ ២៦ តាម​ពិត ប្រសិន​បើ​អ្នក​ណា​ម្នាក់​បាន​អ្វី​ៗ​ទាំង​អស់​ក្នុង​ពិភព​លោក* តែ​បាត់​បង់​ជីវិត​ខ្លួន​វិញ តើ​នោះ​មាន​ប្រយោជន៍​អ្វី?+ ឬ​តើ​មនុស្ស​សុខ​ចិត្ត​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​ខ្លួន?+ ២៧ ព្រោះ​កូន​មនុស្ស​នឹង​ត្រូវ​មក​ជា​មួយ​នឹង​បណ្ដា​ទេវតា​របស់​លោក ដោយ​មាន​សិរី​រុង​រឿង​ពី​បិតា​របស់​លោក ហើយ​លោក​នឹង​សង​ដល់​គ្រប់​គ្នា​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+ ២៨ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ខ្លះ​ដែល​កំពុង​ឈរ​នៅ​ទី​នេះ នឹង​មិន​ស្លាប់​ឡើយ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក​ក្នុង​ឋានៈ​ជា​ស្ដេច*ជា​មុន​សិន​»។+

១៧ លុះ​៦​ថ្ងៃ​ក្រោយ​មក លោក​យេស៊ូ​បាន​នាំ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន​ប្រុស​គាត់ ទៅ​ជា​មួយ​នឹង​លោក​ដោយ​ឡែក​ពី​គេ ហើយ​ឡើង​លើ​ភ្នំ​ខ្ពស់​មួយ។+ ២ រួច​មក លក្ខណៈ​ក្រៅ​របស់​លោក​បាន​ផ្លាស់​ប្រែ​នៅ​មុខ​ពួក​គាត់។ មុខ​របស់​លោក​បាន​បញ្ចេញ​រស្មី​ដូច​ថ្ងៃ ហើយ​សម្លៀក​បំពាក់​របស់​លោក​ចាប់​ផ្ដើម​ភ្លឺ​ត្រចះ​ដូច​ពន្លឺ។+ ៣ មើល! ពួក​គាត់​ក៏​ឃើញ​ម៉ូសេ​និង​អេលីយ៉ា​កំពុង​សន្ទនា​ជា​មួយ​នឹង​លោក។ ៤ ឃើញ​ដូច្នេះ ពេត្រុស​ជម្រាប​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ យើង​នៅ​ទី​នេះ​ជា​ការ​ល្អ​ប្រសើរ​ណាស់! បើ​លោក​ពេញ​ចិត្ត នោះ​ខ្ញុំ​នឹង​ដំឡើង​ត្រសាល​បី​នៅ​ទី​នេះ មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា​»។ ៥ កាល​ដែល​ពេត្រុស​កំពុង​និយាយ​នៅ​ឡើយ មើល! មាន​ពពក​ដ៏​ភ្លឺ​មួយ​បាន​មក​គ្រប​បាំង​ពួក​គាត់ ហើយ​មើល! មាន​សំឡេង​មួយ​បន្លឺ​ចេញ​ពី​ពពក​នោះ​ថា​៖ ​«​នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់។+ ចូរ​ស្ដាប់​បង្គាប់​លោក​»។+ ៦ ឮ​ដូច្នេះ អ្នក​កាន់​តាម​បាន​ក្រាប​មុខ​ដល់​ដី ហើយ​ក៏​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ៧ រួច​លោក​យេស៊ូ​បាន​មក​ជិត ហើយ​ពាល់​ពួក​គាត់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ក្រោក​ឡើង កុំ​ខ្លាច​ឡើយ​»។ ៨ ពេល​ដែល​ពួក​គាត់​ងើប​មុខ​ឡើង នោះ​ពួក​គាត់​មិន​ឃើញ​អ្នក​ណា​ទេ ឃើញ​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ។ ៩ កាល​ដែល​កំពុង​ធ្វើ​ដំណើរ​ចុះ​ពី​ភ្នំ នោះ​លោក​យេស៊ូ​បង្គាប់​ពួក​គាត់​ថា​៖ ​«​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ​អំពី​អ្វី​ៗ​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត រហូត​ដល់​កូន​មនុស្ស​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។+

១០ ក៏​ប៉ុន្តែ អ្នក​កាន់​តាម​បាន​សួរ​លោក​ថា​៖ ​«​បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និយាយ​ថា អេលីយ៉ា​ត្រូវ​មក​មុន?​»។+ ១១ លោក​តប​ឆ្លើយ​ថា​៖ ​«​អេលីយ៉ា​នឹង​មក​ពិត​មែន ហើយ​នឹង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ឲ្យ​ដូច​ដើម​វិញ។+ ១២ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​អេលីយ៉ា​បាន​មក​ហើយ តែ​ពួក​គេ​មិន​បាន​ស្គាល់​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ប្រព្រឹត្ត​ទៅ​លើ​គាត់​តាម​អំពើ​ចិត្ត​របស់​ពួក​គេ។+ កូន​មនុស្សក៏​ត្រូវ​រង​ទុក្ខ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​ដូច្នោះ​ដែរ​»។+ ១៣ ពេល​នោះ អ្នក​កាន់​តាម​លោក​បាន​យល់​ថា លោក​កំពុង​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​អំពី​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។

១៤ ពេល​ដែល​លោក​និង​ពួក​គាត់​ដើរ​ឆ្ពោះ​ទៅ​បណ្ដា​ជន+ នោះ​មាន​បុរស​ម្នាក់​មក​ឯ​លោក ហើយ​លុត​ជង្គង់​ជម្រាប​ថា​៖ ១៥ ​«​លោក​ម្ចាស់ សូម​មេត្តា​ជួយ​កូន​ប្រុស​ខ្ញុំ​ផង ពី​ព្រោះ​គាត់​មាន​ជំងឺ​ឆ្កួត​ជ្រូក ហើយ​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ណាស់។ គាត់​ដួល​ក្នុង​ភ្លើង និង​ក្នុង​ទឹក​ជា​ញឹក​ញាប់។+ ១៦ ខ្ញុំ​បាន​នាំ​គាត់​មក​ជួប​ពួក​អ្នក​កាន់​តាម​លោក តែ​ពួក​គាត់​មិន​អាច​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ជា​បាន​ឡើយ​»។ ១៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​ជំនាន់​មនុស្ស​ដែល​គ្មាន​ជំនឿ​និង​វៀច​វេរ​អើយ!+ តើ​ខ្ញុំ​ត្រូវ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ខ្ញុំ​ត្រូវ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត? ចូរ​នាំ​ក្មេង​ប្រុស​នោះ​មក​ឯ​ខ្ញុំ​»។ ១៨ រួច​មក លោក​យេស៊ូ​ស្ដី​បន្ទោស​វិញ្ញាណ​កំណាច​នោះ ហើយ​វា​ក៏​ចេញ​ពី​ក្មេង​ប្រុស​នោះ។ ចាប់​ពី​ពេល​នោះ​មក ក្មេង​ប្រុស​នោះ​បាន​ជា​សះ​ស្បើយ។+ ១៩ ក្រោយ​មក អ្នក​កាន់​តាម​លោក​យេស៊ូ​មក​សួរ​លោក​ដោយ​ឡែក​ពី​គេ​ថា​៖ ​«​ហេតុ​អ្វី​ពួក​ខ្ញុំ​មិន​អាច​បណ្ដេញ​វា​បាន?​»។ ២០ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​គឺ​ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​អ្នក​មាន​ជំនឿ​ប៉ុន​គ្រាប់​មូស្ដាត នោះ​អ្នក​អាច​បញ្ជា​ទៅ​ភ្នំ​នេះ​ថា​៖ ‹ចូរ​រើ​ចេញ​ពី​កន្លែង​នេះ ទៅ​កន្លែង​ផ្សេង› នោះ​ភ្នំ​នឹង​រើ​ទៅ​មែន ហើយ​នឹង​គ្មាន​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​ឡើយ​»។+ ២១ *——

២២ ពេល​ដែល​ពួក​គាត់​នៅ​ជុំ​គ្នា​ក្នុង​ស្រុកកាលីឡេ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​កូន​មនុស្ស​នឹង​ត្រូវ​គេ​ក្បត់ ហើយ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ+ ២៣ ហើយ​ពួក​គេ​នឹង​សម្លាប់​លោក រួច​នៅ​ថ្ងៃ​ទី​៣ លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។+ ឮ​ដូច្នេះ ពួក​គាត់​កើត​ទុក្ខ​ខ្លាំង​ណាស់។

២៤ ក្រោយ​ពី​លោក​និង​ពួក​គាត់​ទៅ​ដល់​ក្រុង​កាពើណិម នោះ​អ្នក​យក​ពន្ធ​វិហារ​មក​ឯ​ពេត្រុស ហើយ​សួរ​ថា​៖ ​«​តើ​គ្រូ​របស់​អ្នក​មិន​បង់​ពន្ធ*វិហារ​ទេ​ឬ?​»។+ ២៥ គាត់​ឆ្លើយ​ថា​៖ ​«​បង់​»។ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​ពេត្រុស​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​មុន​ថា​៖ ​«​ស៊ីម៉ូន តើ​អ្នក​គិត​ដូច​ម្ដេច? តើ​ស្ដេច​ទាំង​ឡាយ​នៅ​ផែនដី​ទទួល​ពន្ធ​គយ​និង​ពន្ធដារ​ពី​អ្នក​ណា? ពី​បុត្រា​របស់​ស្ដេច ឬ​ពី​អ្នក​ដទៃ?​»។ ២៦ ពេល​ដែល​ពេត្រុស​ឆ្លើយ​ថា​៖ ​«​ពី​អ្នក​ដទៃ​»​ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​បើ​ដូច្នេះ បុត្រា​របស់​ស្ដេច​មិន​ចាំ​បាច់​បង់​ពន្ធ​ទេ។ ២៧ ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​យើង​បណ្ដាល​ឲ្យ​ពួក​គេ​ជំពប់​ដួល+ ចូរ​អ្នក​ទៅ​ឯ​សមុទ្រ ហើយ​បោះ​សន្ទូច​យក​ត្រី​ដែល​ជាប់​មុន​គេ រួច​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​ប្រាក់​មួយ។* ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ​និង​អ្នក​ចុះ​»។

១៨ នៅ​វេលា​នោះ អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​មក​ឯ​លោក ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌?​»។+ ២ ដូច្នេះ លោក​បាន​ហៅ​កូន​ក្មេង​ម្នាក់​មក ហើយ​ឲ្យ​ឈរ​នៅ​កណ្ដាល​ពួក​គាត់ ៣ រួច​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ត​គំនិត​ឲ្យ​ដូច​ជា​កូន​ក្មេង​ទេ+ នោះ​អ្នក​នឹង​មិន​បាន​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។+ ៤ ដូច្នេះ អ្នក​ណា​ដែល​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប​ដូច​កូន​ក្មេង​នេះ អ្នក​នោះ​គឺ​ធំ​ជាង​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌+ ៥ ហើយ​អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​កូន​ក្មេង​បែប​នេះ ដោយ​សារ​ឈ្មោះ​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​ស្វាគមន៍​ខ្ញុំ​ដែរ។ ៦ ប៉ុន្តែ អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​អ្នក​តូច​បែប​នេះ​ដែល​មាន​ជំនឿ​លើ​ខ្ញុំ​ជំពប់​ដួល គឺ​ប្រសើរ​ជាង​បើ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មួយ មក​ចង​ជាប់​ក​របស់​អ្នក​នោះ ហើយ​យក​ទៅ​ចោល​កណ្ដាល​សមុទ្រ។+

៧ ​«​ពិភព​លោក​នេះ​នឹង​ត្រូវ​វេទនា​ណាស់ ដោយ​សារ​ឧបសគ្គ​ដែល​នាំ​ឲ្យ​ជំពប់​ដួល! ឧបសគ្គ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់​មែន។ ប៉ុន្តែ អ្នក​ណា​ដែល​ដាក់​ឧបសគ្គ​ដែល​នាំ​ឲ្យ​ជំពប់​ដួល អ្នក​នោះ​នឹង​ត្រូវ​វេទនា​ណាស់! ៨ ដូច្នេះ ប្រសិន​បើ​ដៃ​ម្ខាង​ឬ​ជើង​ម្ខាង​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ។+ បើ​អ្នក​ពិការ​ឬ​ខ្វិន តែ​ទទួល​ជីវិត គឺ​ប្រសើរ​ជាង​មាន​ដៃ​ទាំង​ពីរ ឬ​ជើង​ទាំង​ពីរ តែ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​ជា​រៀង​រហូត។+ ៩ ម្យ៉ាង​ទៀត ប្រសិន​បើ​ភ្នែក​ម្ខាង​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ។ បើ​អ្នក​មាន​ភ្នែក​តែ​ម្ខាង ប៉ុន្តែ​ទទួល​ជីវិត គឺ​ប្រសើរ​ជាង​មាន​ភ្នែក​ទាំង​សង​ខាង តែ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​កេហេណា។*+ ១០ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មើល​ងាយ​អ្នក​តូច​បែប​នេះ​ឡើយ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា​របស់​អ្នក​ទាំង​នោះ​ដែល​នៅ​ស្ថាន​សួគ៌ តែង​តែ​ឃើញ​មុខ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។+ ១១ *——

១២ ​«​តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច? បើ​មាន​បុរស​ម្នាក់​ដែល​មាន​ចៀម​១០០​ក្បាល តែ​មាន​ចៀម​មួយ​បាន​វង្វេង​បាត់+ តើ​គាត់​នឹង​មិន​ទុក​ចៀម​៩៩​ក្បាល​នៅ​លើ​ភ្នំ រួច​ទៅ​ស្វែង​រក​ចៀម​មួយ​ដែល​វង្វេង​បាត់​នោះ​ទេ​ឬ?+ ១៣ ប្រសិន​បើ​គាត់​រក​ឃើញ​ចៀម​នោះ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា គាត់​មាន​អំណរ​ចំពោះ​ចៀម​មួយ​នោះ ខ្លាំង​ជាង​ចំពោះ​ចៀម​៩៩​ក្បាល​ដែល​មិន​បាន​វង្វេង​បាត់​ទៅ​ទៀត។ ១៤ ដូច​គ្នា​ដែរ បិតា​របស់​ខ្ញុំ*ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មិន​ចង់​ឲ្យ​អ្នក​តូច​ណា​ម្នាក់​បែប​នេះ​វិនាស​ឡើយ។+

១៥ ​«​ម្យ៉ាង​ទៀត ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់​របស់​អ្នក​បាន​ធ្វើ​ខុស ចូរ​ទៅ​ជួប​គាត់​ម្នាក់​ឯង ហើយ​លាត​ត្រដាង​កំហុស​របស់​គាត់។*+ បើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​បាន​បង​ប្អូន​នោះ​មក​វិញ។+ ១៦ ប៉ុន្តែ បើ​គាត់​មិន​ស្ដាប់​អ្នក​ទេ ចូរ​យក​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ដើម្បី​ឲ្យ​គ្រប់​រឿង​ទាំង​អស់​អាច​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​ពិត ដោយ​ការ​បញ្ជាក់​របស់​សាក្សី​ពីរ​ឬ​បី​នាក់។+ ១៧ បើ​គាត់​មិន​ស្ដាប់​ពួក​គេ​ទេ ចូរ​ប្រាប់​ដល់​ក្រុម​ជំនុំ។ ប្រសិន​បើ​គាត់​មិន​ស្ដាប់​ក្រុម​ជំនុំ​ទៀត នោះ​ចូរ​ចាត់​ទុក​គាត់​ជា​ជន​ជាតិ​ដទៃ+ និង​ជា​អ្នក​យក​ពន្ធ។+

១៨ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្វី​ក៏​ដោយ​ដែល​អ្នក​ចង​នៅ​ផែនដី នោះ​ជា​អ្វី​ដែល​បាន​ត្រូវ​ចង​នៅ​ស្ថាន​សួគ៌ ហើយ​អ្វី​ក៏​ដោយ​ដែល​អ្នក​ស្រាយ​នៅ​ផែនដី នោះ​ជា​អ្វី​ដែល​បាន​ត្រូវ​ស្រាយ​នៅ​ស្ថាន​សួគ៌។ ១៩ ម្យ៉ាង​ទៀត ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​មាន​ពីរ​នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នៅ​ផែនដី ព្រម​ព្រៀង​គ្នា​អធិដ្ឋាន​សុំ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ អំពី​រឿង​អ្វី​ក៏​ដោយ​ដែល​សំខាន់ នោះ​លោក​នឹង​សម្រេច​ការ​នោះ​ឲ្យ​ពួក​គេ។+ ២០ ពី​ព្រោះ​នៅ​កន្លែង​ណា​ដែល​មាន​ពីរ​ឬ​បី​នាក់​ជួប​ជុំ​គ្នា​តាង​នាម​ខ្ញុំ*+ នោះ​ខ្ញុំ​ក៏​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ​»។

២១ ក្រោយ​មក ពេត្រុស​មក​ឯ​លោក ហើយ​សួរ​ថា​៖ ​«​លោក​ម្ចាស់ ពេល​បង​ប្អូន​ខ្ញុំ​ធ្វើ​ខុស​នឹង​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​អភ័យ​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង? រហូត​ដល់​៧​ដង​ឬ?​»។ ២២ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ថា មិន​មែន​រហូត​ដល់​៧​ដង​ទេ តែ​រហូត​ដល់​៧៧​ដង។+

២៣ ​«​ហេតុ​នេះ រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ប្រៀប​ដូច​ជា​ស្ដេច​មួយ​រូប ដែល​ចង់​ឲ្យ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​សង​បំណុល។ ២៤ នៅ​ពេល​ដែល​លោក​ចាប់​ផ្ដើម​ទារ​បំណុល នោះ​គេ​បាន​នាំ​បុរស​ម្នាក់​ដែល​ជំពាក់​លោក​៦០​លាន​ឌីណារី* មក​ឯ​លោក។ ២៥ ប៉ុន្តែ ដោយ​សារ​បុរស​នោះ​គ្មាន​លទ្ធភាព​សង​បំណុល នោះ​ស្ដេច​ដែល​ជា​ម្ចាស់​របស់​គាត់ បាន​បង្គាប់​គេ​ឲ្យ​លក់​គាត់ ប្រពន្ធ​កូន​របស់​គាត់ និង​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន រួច​យក​ប្រាក់​មក​សង​បំណុល។+ ២៦ ដូច្នេះ ខ្ញុំ​បម្រើ​នោះ​បាន​លុត​ជង្គង់​ក្រាប​ក្បាល​ចុះ ហើយ​អង្វរ​ម្ចាស់​ថា​៖ ‹សូម​លោក​មេត្តា​ពន្យារ​ពេល​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​នឹង​សង​លោក​ឲ្យ​គ្រប់​ចំនួន›។ ២៧ នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​មាន​ចិត្ត​ក្ដួល​អាណិត ហើយ​លោក​បាន​លែង​គាត់​ទៅ ដោយ​ឲ្យ​រួច​បំណុល​ទាំង​អស់។+ ២៨ ប៉ុន្តែ ខ្ញុំ​បម្រើ​នោះ​បាន​ចេញ​ទៅ​រក​ខ្ញុំ​បម្រើ​ដូច​គ្នា​ម្នាក់​ទៀត ដែល​ជំពាក់​គាត់១០០​ឌីណារី។* លុះ​រក​ឃើញ​ហើយ ក៏​ចាប់​គាត់ រួច​ច្របាច់​ក ដោយ​ប្រាប់​ថា​៖ ‹សង​ប្រាក់​ដែល​ឯង​ជំពាក់​មក!›។ ២៩ ដូច្នេះ ខ្ញុំ​បម្រើ​ម្នាក់​នោះ​បាន​លុត​ជង្គង់​អង្វរ​ថា​៖ ‹សូម​មេត្តា​ពន្យារ​ពេល​ឲ្យ​ខ្ញុំ​ផង ហើយ​ខ្ញុំ​នឹង​សង​អ្នក›។ ៣០ ប៉ុន្តែ គាត់​មិន​សុខ​ចិត្ត​ទេ ក៏​បាន​ចេញ​ទៅ ហើយ​ឲ្យ​គេ​ចាប់​អ្នក​នោះ​ដាក់​គុក រហូត​ដល់​អ្នក​នោះ​សង​ប្រាក់​ដែល​បាន​ជំពាក់។ ៣១ ពេល​ដែល​ខ្ញុំ​បម្រើ​ឯ​ទៀត​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង ពួក​គេ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង ក៏​បាន​ទៅ​រាយ​ការណ៍​ប្រាប់​ម្ចាស់​របស់​ពួក​គេ​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​បាន​កើត​ឡើង។ ៣២ រួច​មក ម្ចាស់​បាន​ហៅ​គាត់​មក ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​បម្រើ​ទុច្ចរិត! ខ្ញុំ​បាន​ឲ្យ​អ្នក​រួច​បំណុល​ទាំង​អស់ ពេល​ដែល​អ្នក​អង្វរ​ខ្ញុំ។ ៣៣ ដូច្នេះ អ្នក​គួរ​តែ​មេត្តា​ដល់​ខ្ញុំ​បម្រើ​ដូច​គ្នា ដូច​ខ្ញុំ​បាន​មេត្តា​ដល់​អ្នក​ដែរ មែន​ទេ?›។+ ៣៤ ម្ចាស់​បាន​ខឹង​ខ្លាំង​ណាស់ ក៏​បាន​ប្រគល់​ខ្ញុំ​បម្រើ​នោះ​ទៅ​ឲ្យ​អ្នក​យាម​គុក រហូត​ដល់​គាត់​សង​ប្រាក់​ទាំង​អស់​ដែល​បាន​ជំពាក់។ ៣៥ បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ+ បើ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​មិន​អភ័យ​ទោស​ឲ្យ​បង​ប្អូន​ខ្លួន​ស្មោះ​ពី​ចិត្ត​»។+

១៩ ពេល​ដែល​លោក​យេស៊ូ​បាន​ពោល​ពាក្យ​ទាំង​នេះ​ចប់​ហើយ លោក​បាន​ចាក​ចេញ​ពី​ស្រុកកាលីឡេ ហើយ​ឆ្លង​ទន្លេ​យ៉ូដាន់ រួច​ទៅ​ដល់​ព្រំ​ប្រទល់​តំបន់​យូឌា។+ ២ ម្យ៉ាង​ទៀត មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​បាន​ទៅ​តាម​លោក ហើយ​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​នៅ​ទី​នោះ។

៣ ក្រោយ​មក ពួក​ផារិស៊ី​បាន​មក​ឯ​លោក​ក្នុង​បំណង​ល្បង​ល​លោក ដោយ​សួរ​ថា​៖ ​«​តើ​មាន​ច្បាប់​ឲ្យ​បុរស​លែង​លះ​ប្រពន្ធ ដោយ​មូលហេតុ​អ្វី​ក៏​ដោយ​ឬ​ទេ?​»។+ ៤ លោក​តប​ឆ្លើយ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​ទេ​ថា ព្រះ​ដែល​បាន​បង្កើត​មនុស្សជាតិ​ដំបូង បាន​បង្កើត​ពួក​គេ​ជា​ប្រុស​ជា​ស្រី+ ៥ ហើយ​មាន​ប្រសាសន៍​ថា​៖ ‹ហេតុ​នេះ​ហើយ​បាន​ជា​បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ហើយ​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ›​នោះ?+ ៦ ដូច្នេះ ពួក​គេ​លែង​ជា​ពីរ​ទៀត​ហើយ ប៉ុន្តែ​ជា​សាច់​ឈាម​តែ​មួយ​វិញ។ ម្ល៉ោះ​ហើយ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ*ឡើយ​»។+ ៧ ពួក​គេ​សួរ​លោក​ថា​៖ ​«​បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែង​លះ​ទៅ​នាង ហើយ​ឲ្យ​នាង​ចុះ​ចេញ?​»។+ ៨ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​លះ​ប្រពន្ធ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង។+ ក៏​ប៉ុន្តែ នៅ​ដើម​ដំបូង មិន​មែន​ដូច្នេះ​ទេ។+ ៩ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ជា​អ្នក​ផិត​ក្បត់​»។+

១០ អ្នក​កាន់​តាម​លោក​បាន​ជម្រាប​លោក​ថា​៖ ​«​ប្រសិន​បើ​ប្ដី​ប្រពន្ធ​គឺ​ដូច្នោះ​មែន មិន​រៀប​ការ​ល្អ​ជាង​»។ ១១ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​មិន​មែន​មនុស្ស​ទាំង​អស់​ធ្វើ​ដូច្នេះ​ឡើយ មាន​តែ​អ្នក​ដែល​បាន​ទទួល​អំណោយ​ទាន​នេះ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ដូច្នេះ។+ ១២ មាន​អ្នក​ខ្លះ​ជា​ជន​គម្រៀវ​ពី​កំណើត ហើយ​មាន​អ្នក​ខ្លះ​ទៀត​បាន​ត្រូវ​គេ​គ្រៀវ រីឯ​អ្នក​ខ្លះ​មិន​រៀប​ការ​ព្រោះ​តែ​រាជាណាចក្រ​ស្ថាន​សួគ៌។ អ្នក​ណា​ដែល​អាច​ទទួល​យក​អ្វី​បែប​នេះ​បាន ចូរ​ទទួល​យក​ចុះ​»។+

១៣ រួច​មក មាន​គេ​នាំ​កូន​ក្មេង​មក​ឯ​លោក ដើម្បី​ឲ្យ​លោក​ដាក់​ដៃ​លើ* ហើយ​អធិដ្ឋាន​ឲ្យ​ពួក​គេ។ ប៉ុន្តែ អ្នក​កាន់​តាម​លោក​បាន​ស្ដី​បន្ទោស​មនុស្ស​ទាំង​នោះ។+ ១៤ ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ឲ្យ​កូន​ក្មេង​ទាំង​នោះ​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ដែល​មាន​លក្ខណៈ​ដូច​កូន​ក្មេង​ទាំង​នោះ​»។+ ១៥ ក្រោយ​មក លោក​ដាក់​ដៃ​លើ​ពួក​គេ រួច​ចាក​ចេញ​ពី​កន្លែង​នោះ។

១៦ មើល! មនុស្ស​ម្នាក់​បាន​មក​ឯ​លោក ហើយ​សួរ​ថា​៖ ​«​លោក​គ្រូ តើ​ខ្ញុំត្រូវ​ធ្វើ​អំពើ​ល្អ​អ្វី​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់?​»។+ ១៧ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​សួរ​ខ្ញុំ​ដើម្បី​ដឹង​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ល្អ។*+ ប៉ុន្តែ ប្រសិន​បើ​អ្នក​ចង់​ទទួល​ជីវិត ចូរ​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​ទាំង​ប៉ុន្មាន​ជា​ដរាប​ចុះ​»។+ ១៨ គាត់​សួរ​លោក​ថា​៖ ​«​តើ​បញ្ញត្ដិ​អ្វី​ខ្លះ​លោក?​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​មិន​ត្រូវ​ធ្វើ​ឃាតកម្ម+ អ្នក​មិន​ត្រូវ​ផិត​ក្បត់+ អ្នក​មិន​ត្រូវ​លួច+ អ្នក​មិន​ត្រូវ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ+ ១៩ ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក+ ហើយ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។+ ២០ យុវជន​នោះ​បាន​ជម្រាប​លោក​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​ហើយ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?​»។ ២១ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ប្រសិន​បើ​អ្នក​ចង់​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ ចូរ​ទៅ​លក់​អ្វី​ដែល​អ្នក​មាន ហើយ​ឲ្យ​ដល់​អ្នក​ក្រ នោះ​អ្នក​នឹង​មាន​ទ្រព្យ​វិសេស​នៅ​ស្ថាន​សួគ៌+ រួច​ចូរ​មក​តាម​ខ្ញុំ​»។+ ២២ ពេល​ដែល​យុវជន​នោះ​ឮ​លោក​មាន​ប្រសាសន៍​ដូច្នេះ គាត់​បាន​ចេញ​ទៅ​ទាំង​កើត​ទុក្ខ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។+ ២៣ រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​មាន​នឹង​ពិបាក​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ណាស់។+ ២៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​អាច​ចូល​តាម​រន្ធ​ម្ជុល​បាន​ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​ទៅ​ទៀត​»។+

២៥ ឮ​ដូច្នេះ អ្នក​កាន់​តាម​លោក​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក៏​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​ទៅ​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?​»។+ ២៦ លោក​យេស៊ូ​មើល​ចំ​មុខ​ពួក​គាត់ រួច​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​មិន​អាច​សម្រេច​ការ​នេះ​បាន​ឡើយ ប៉ុន្តែ​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន​»។+

២៧ នោះ​ពេត្រុស​ជម្រាប​លោក​ថា​៖ ​«​មើល! យើង​ខ្ញុំ​បាន​ចាក​ចេញ​ពី​អ្វី​ៗ​ទាំង​អស់ ហើយ​មក​តាម​លោក តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី?​»។+ ២៨ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​គ្រា​បង្កើត​សា​ជាថ្មី ពេល​ដែល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​រុង​រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​កាន់​តាម​ខ្ញុំ នឹង​អង្គុយ​លើ​បល្ល័ង្ក​១២ ហើយ​វិនិច្ឆ័យ​ក្ដី​កុល​សម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​១២+ ២៩ ហើយ​អ្នក​ណា​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ ឬ​បង​ប្អូន​ប្រុស​ស្រី ឬ​ឪពុក ឬ​ម្ដាយ ឬ​កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​នាម​របស់​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​អ្វី​ៗ​ទាំង​នោះ​១ជា​១០០ ក៏​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​មត៌ក​ដែរ។+

៣០ ​«​ក៏​ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​មុន​គេ នឹង​ទៅ​ជា​អ្នក​ក្រោយ​គេ​វិញ ហើយ​អ្នក​ដែល​ក្រោយ​គេ នឹង​ទៅ​ជា​អ្នក​មុន​គេ​វិញ។+

២០ ​«​ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ប្រៀប​ដូច​ជា​បុរស​ម្ចាស់​ដី​ម្នាក់ ដែល​បាន​ចេញ​តាំង​ពី​ព្រលឹម​ទៅ​ជួល​កម្មករ​ឲ្យ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​គាត់។+ ២ ក្រោយ​ពី​បាន​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​កម្មករ​ថា គាត់​នឹង​ឲ្យ​ប្រាក់​ឈ្នួល​ពួក​គេ​មួយ​ឌីណារី*ក្នុង​មួយ​ថ្ងៃ​ហើយ នោះ​គាត់​បាន​ចាត់​ពួក​គេ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​របស់​គាត់។ ៣ នៅ​ប្រហែល​ជា​ម៉ោង​ទី​៣* គាត់​បាន​ចេញ​ទៅ​ម្ដង​ទៀត ហើយ​ឃើញ​អ្នក​ឯ​ទៀត​ដែល​គ្មាន​ការងារ​ធ្វើ កំពុង​ឈរ​នៅ​ផ្សារ។ ៤ គាត់​ប្រាប់​អ្នក​ទាំង​នោះ​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ទៅ​ចម្ការ​របស់​ខ្ញុំ​ដែរ​ទៅ ហើយ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​តាម​អ្វី​ដែល​ត្រឹម​ត្រូវ›។ ៥ រួច​អ្នក​ទាំង​នោះ​ក៏​ទៅ។ នៅ​ប្រហែល​ជា​ម៉ោង​ទី​៦* និង​ម៉ោង​ទី​៩* គាត់​ក៏​បាន​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ទៀត។ ៦ លុះ​ដល់​ប្រហែល​ជា​ម៉ោង​ទី​១១* គាត់​បាន​ចេញ​ទៅ ហើយ​ឃើញ​មាន​អ្នក​ឯ​ទៀត​កំពុង​ឈរ​ទំនេរ ក៏​បាន​សួរ​ពួក​គេ​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​នៅ​ទី​នេះ​ពេញ​មួយ​ថ្ងៃ​ដោយ​គ្មាន​ការងារ​ធ្វើ​ដូច្នេះ?›។ ៧ ពួក​គេ​បាន​ឆ្លើយ​ថា​៖ ‹ពី​ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ទេ›។ នោះ​គាត់​ប្រាប់​ពួក​គេ​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ទៅ​ចម្ការ​របស់​ខ្ញុំ​ដែរ​ទៅ›។

៨ ​«​លុះ​ពេល​ល្ងាច ម្ចាស់​ចម្ការ​បាន​ប្រាប់​អ្នក​មើល​ការ​ខុស​ត្រូវ​ថា​៖ ‹ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​ឲ្យ​ប្រាក់​ឈ្នួល​ពួក​គេ​ទៅ+ ចាប់​ផ្ដើម​ពី​អ្នក​ដែល​មក​ក្រោយ​គេ រហូត​ដល់​អ្នក​ដែល​មក​មុន​គេ›។ ៩ នៅ​ពេល​ពួក​កម្មករ​ដែល​បាន​ធ្វើ​ការ​ពី​ម៉ោង​ទី​១១​មក​ដល់ ពួក​គេ​ម្នាក់​ៗ​បាន​ទទួល​មួយ​ឌីណារី។* ១០ ដូច្នេះ ពេល​អ្នក​ដែល​បាន​ចូល​ធ្វើ​ការ​មុន​គេ​មក​ដល់ ពួក​គេ​បាន​សន្និដ្ឋាន​ថា ពួក​គេ​នឹង​ទទួល​ប្រាក់​ឈ្នួល​ច្រើន​ជាង។ ប៉ុន្តែ ពួក​គេ​ក៏​បាន​ទទួល​ប្រាក់​ឈ្នួល​មួយ​ឌីណារី*ដូច​គ្នា​ដែរ។ ១១ ពេល​ដែល​ទទួល​ហើយ ពួក​គេ​ចាប់​ផ្ដើម​ត្អូញត្អែរ​នឹង​ម្ចាស់​ដី​នោះ ១២ ដោយ​និយាយ​ថា​៖ ‹អ្នក​ដែល​មក​ក្រោយ​គេ​បាន​ធ្វើ​ការ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​លោក​នៅ​តែ​ឲ្យ​ពួក​គេ​ស្មើ​នឹង​យើង​ដែល​បាន​ធ្វើ​ការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ​ទាំង​ហាល​ក្ដៅ​ទៀត​ផង!›។ ១៣ ប៉ុន្តែ ម្ចាស់​ចម្ការ​តប​ឆ្លើយ​នឹង​ពួក​គេ​ម្នាក់​ថា​៖ ‹សម្លាញ់ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ អ្នក​បាន​យល់​ព្រម​យក​ប្រាក់​ឈ្នួល​មួយ​ឌីណារី* មែន​ទេ?+ ១៤ សូម​យក​ប្រាក់​ឈ្នួល​របស់​អ្នក ហើយ​ទៅ​ចុះ។ ខ្ញុំ​ចង់​ឲ្យ​ប្រាក់​ឈ្នួល​ដល់​អ្នក​ដែល​មក​ក្រោយ​គេ ដូច​ខ្ញុំ​បាន​ឲ្យ​អ្នក​ដែរ។ ១៥ តើ​ខ្ញុំ​មិន​មាន​សិទ្ធិ​ប្រើ​ប្រាស់​ប្រាក់​របស់​ខ្ញុំ​តាម​ចិត្ត​ទេ​ឬ? ឬ​ក៏​អ្នក​ច្រណែន* ដោយ​សារ​ខ្ញុំ​ចិត្ត​ល្អ?›។+ ១៦ គឺ​យ៉ាង​នេះ​ហើយ​ដែល​អ្នក​ក្រោយ​គេ​នឹង​ទៅ​ជា​មុន​គេ ហើយ​អ្នក​ដែល​មុន​គេ នឹង​ទៅ​ជា​អ្នក​ក្រោយ​គេ​វិញ​»។+

១៧ រួច​មក ពេល​កំពុង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម លោក​យេស៊ូ​នាំ​អ្នក​កាន់​តាម​ទាំង​១២​នាក់​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​នៅ​តាម​ផ្លូវ​ថា​៖+ ១៨ ​«​មើល! យើង​កំពុង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់។ ពួក​គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក+ ១៩ រួច​នឹង​ប្រគល់​លោក​ឲ្យ​ជន​ជាតិ​ដទៃ ដើម្បី​ឲ្យ​ពួក​គេ​ចំអក​ឲ្យ​លោក ហើយ​វាយ​លោក​នឹង​រំពាត់​ខ្សែ​តី ព្រម​ទាំង​ព្យួរ​លោក​នៅ​បង្គោល+ រួច​នៅ​ថ្ងៃ​ទី​៣ លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។+

២០ រួច​មក ប្រពន្ធ​របស់​សេបេដេ+បាន​នាំ​កូន​ប្រុស​ៗ​មក​ឯ​លោក ក៏​បាន​លំឱន​កាយ​គោរព​លោក ហើយ​មាន​សំណូម​ពរ​មួយ។+ ២១ លោក​សួរ​នាង​ថា​៖ ​«​តើ​ចង់​បាន​អ្វី?​»។ នាង​ជម្រាប​ថា​៖ ​«​ខ្ញុំ​សុំ​ឲ្យ​កូន​ប្រុស​ទាំង​ពីរ​នាក់​នេះ​របស់​ខ្ញុំ​អង្គុយ​ជា​មួយ​នឹង​លោក​ក្នុង​រាជាណាចក្រ​របស់​លោក។ ម្នាក់​អង្គុយ​នៅ​ខាង​ស្ដាំ​លោក ហើយ​ម្នាក់​ទៀត​អង្គុយ​នៅ​ខាង​ឆ្វេង​លោក​»។+ ២២ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​កំពុង​សុំ​អ្វី​នោះ​ទេ។ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក​បាន​ឬ​ទេ?​»។+ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​យើង​អាច​ផឹក​បាន​»។ ២៣ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ប្រាកដ​ជា​នឹង​ផឹក​ពី​ពែង​ខ្ញុំ​ជា​មិន​ខាន។+ ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​សម្រេច​ឲ្យ​អង្គុយ​នៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ ព្រោះ​អស់​អ្នក​ដែល​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​អង្គុយ​កន្លែង​ទាំង​នោះ គឺ​បិតា​របស់​ខ្ញុំ​បាន​សម្រេច​ហើយ​»។+

២៤ ពេល​ដែល​សាវ័ក​១០​នាក់​ទៀត​ឮ​អំពី​រឿង​នេះ ពួក​គាត់​ទាស់​ចិត្ត​នឹង​បង​ប្អូន​ទាំង​២​នាក់​នោះ​ណាស់។+ ២៥ ប៉ុន្តែ លោក​យេស៊ូ​ហៅ​ពួក​គាត់​មក រួច​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​គ្រប់​គ្រង​ប្រជា​ជាតិ​នា​នា​ត្រួត​ត្រា​លើ​បណ្ដា​ជន ហើយ​អ្នក​ធំ​ក៏​ប្រើ​អំណាច​លើ​ពួក​គេ​ដែរ។+ ២៦ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គឺ​មិន​ដូច្នេះ​ឡើយ។+ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​បម្រើ​អ្នក​រាល់​គ្នា+ ២៧ ហើយ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​នាំ​មុខ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​វិញ។+ ២៨ ដូច​កូន​មនុស្ស​ក៏​មិន​បាន​មក​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ដែរ តែ​បាន​មក​ដើម្បី​បម្រើ​គេ​វិញ+ ហើយ​ឲ្យ​ជីវិត*ខ្លួន​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​ផង​»។+

២៩ កាល​ដែល​លោក​និង​ពួក​គាត់​កំពុង​ចេញ​ពី​ក្រុង​យេរីខូ នោះ​មាន​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​ទៅ​តាម​លោក។ ៣០ មើល! មាន​បុរស​ងងឹត​ភ្នែក​ពីរ​នាក់​កំពុង​អង្គុយ​ក្បែរ​ផ្លូវ។ ពេល​ដែល​ឮ​ថា​លោក​យេស៊ូ​កំពុង​ដើរ​កាត់ នោះ​ពួក​គេ​បាន​ស្រែក​ឡើង​ថា​៖ ​«​លោក​ម្ចាស់! បុត្រ​ដាវីឌ! សូម​មេត្តា​ជួយ​យើង​ផង!​»។+ ៣១ ប៉ុន្តែ បណ្ដា​ជន​ស្ដី​បន្ទោស​ពួក​គេ​ឲ្យ​នៅ​ស្ងៀម តែ​ពួក​គេ​ស្រែក​កាន់​តែ​ខ្លាំង​ថា​៖ ​«​លោក​ម្ចាស់! បុត្រ​ដាវីឌ! សូម​មេត្តា​ជួយ​យើង​ផង!​»។ ៣២ ដូច្នេះ លោក​យេស៊ូ​បាន​ឈប់ ហើយ​ហៅ​ពួក​គេ​មក ក៏​បាន​សួរ​ថា​៖ ​«​តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដើម្បី​អ្នក?​»។ ៣៣ ពួក​គេ​ជម្រាប​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​ឲ្យ​ភ្នែក​យើង​បាន​ភ្លឺ​ផង​»។ ៣៤ លោក​យេស៊ូ​មាន​ចិត្ត​ក្ដួល​អាណិត ក៏​បាន​ពាល់​ភ្នែក​របស់​ពួក​គេ។+ រំពេច​នោះ ពួក​គេ​ក៏​មើល​ឃើញ ហើយ​បាន​ទៅ​តាម​លោក។

២១ លុះ​លោក​យេស៊ូ​និង​ពួក​គាត់​បាន​ទៅ​ដល់​បេតផាជី នៅ​ភ្នំ​ដើម​អូលីវ ជិត​ក្រុង​យេរូសាឡិម លោក​ចាត់​អ្នក​កាន់​តាម​ពីរ​នាក់​ឲ្យ​ទៅ+ ២ ដោយ​ប្រាប់​ថា​៖ ​«​ចូរ​ទៅ​ក្នុង​ភូមិ​នៅ​ខាង​មុខ​នុះ។ ពេល​ចូល​ទៅ​ភ្លាម អ្នក​នឹង​ឃើញ​សត្វ​លា​មួយ​ក្បាល​និង​កូន​វា​ដែល​គេ​បាន​ចង។ ចូរ​ស្រាយ​ពួក​វា រួច​ដឹក​មក​ឲ្យ​ខ្ញុំ។ ៣ បើ​មាន​អ្នក​ណា​សួរ អ្នក​ត្រូវ​ប្រាប់​ថា​៖ ‹លោក​ម្ចាស់​ត្រូវ​ការ​ពួក​វា›។ ពេល​ឮ​ដូច្នេះ អ្នក​នោះ​នឹង​ឲ្យ​ពួក​វា​មក​ភ្លាម​»។

៤ នេះ​បាន​កើត​ឡើង​ពិត​មែន ដើម្បី​សម្រេច​នូវ​អ្វី​ដែល​បាន​ត្រូវ​ថ្លែង​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ ដែល​ថា​៖ ៥ ​«​ចូរ​ប្រាប់​កូន​ស្រី​នៃ​ស៊ីយ៉ូន*ថា​៖ ‹មើល! ស្ដេច​របស់​នាង​កំពុង​មក​ឯ​នាង+ លោក​មាន​ចិត្ត​ស្លូត​បូត+ ហើយ​កំពុង​ជិះ​សត្វ​លា គឺ​សត្វ​លា​ស្ទាវ​ដែល​ជា​កូន​សត្វ​ពាហនៈ​មួយ›​»។+

៦ ដូច្នេះ អ្នក​កាន់​តាម​បាន​ចេញ​ទៅ​ធ្វើ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្គាប់។+ ៧ រួច​ពួក​គាត់​បាន​ដឹក​សត្វ​លា​និង​កូន​វា​មក ក៏​បាន​ក្រាល​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គាត់​លើ​ខ្នង​វា ហើយ​លោក​ក៏​ឡើង​ជិះ។+ ៨ មនុស្ស​ភាគ​ច្រើន​ពី​ចំណោម​បណ្ដា​ជន បាន​ក្រាល​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គេ​លើ​ផ្លូវ។+ ចំណែក​អ្នក​ឯ​ទៀត​វិញ ពួក​គេ​បាន​កាត់​យក​មែក​ឈើ​មក​រាយ​លើ​ផ្លូវ។ ៩ ឯ​បណ្ដា​ជន​ដែល​ដើរ​នៅ​ខាង​មុខ និង​ពួក​អ្នក​ដែល​ដើរ​តាម​ក្រោយ​លោក បាន​ស្រែក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​សូម​មេត្តា​សង្គ្រោះ​បុត្រ​ដាវីឌ!+ អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា* មាន​ពរ​ហើយ!+ សូម​លោក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មេត្តា​សង្គ្រោះ!​»។+

១០ ពេល​ដែល​លោក​ចូល​ក្នុង​ក្រុង​យេរូសាឡិម នោះ​អ្នក​ក្រុង​ទាំង​ឡាយ​ក៏​រំជើប​រំជួល ហើយ​សួរ​គ្នា​ថា​៖ ​«​តើ​អ្នក​នេះ​ជា​នរណា?​»។ ១១ បណ្ដា​ជន​បាន​ប្រកាស​ហើយ​ប្រកាស​ទៀត​ថា​៖ ​«​នេះ​ជា​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត នៅ​ស្រុកកាលីឡេ! លោក​ជា​អ្នក​ប្រកាស​ទំនាយ+ដែល​បាន​ត្រូវ​សន្យា!​»។

១២ លោក​យេស៊ូ​បាន​ចូល​ទៅ​ក្នុង​វិហារ ហើយ​បណ្ដេញ​ទាំង​អ្នក​លក់​ទាំង​អ្នក​ទិញ ក៏​បាន​ផ្កាប់​តុ​របស់​អ្នក​ដូរ​ប្រាក់ និង​ជើងម៉ា​របស់​អ្នក​លក់​សត្វ​ព្រាប។+ ១៣ លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​៖ ‹វិហារ​របស់​ខ្ញុំ​នឹង​ត្រូវ​ហៅ​ថា​កន្លែង​សម្រាប់​ប្រជា​ជាតិ​ទាំង​អស់​មក​អធិដ្ឋាន›។+ ប៉ុន្តែ អ្នក​រាល់​គ្នា​កំពុង​យក​ធ្វើ​ជា​សម្បុក​ចោរ​ទៅ​វិញ​»។+ ១៤ នៅ​ពេល​នោះ​ដែរ មនុស្ស​ងងឹត​ភ្នែក​និង​មនុស្ស​ខ្វិន​បាន​មក​ឯ​លោក​ក្នុង​វិហារ ហើយ​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។

១៥ នៅ​ពេល​ដែល​ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ធ្វើ និង​ឃើញ​ក្មេង​ប្រុស​ៗ​ដែល​កំពុង​ស្រែក​នៅ​ក្នុង​វិហារ​ថា​៖ ​«​សូម​មេត្តា​សង្គ្រោះ​បុត្រ​ដាវីឌ!​»​+ នោះ​ធ្វើ​ឲ្យ​ពួក​គេ​ទាស់​ចិត្ត​ណាស់។+ ១៦ ពួក​គេ​សួរ​លោក​ថា​៖ ​«​តើ​លោក​ឮ​អ្វី​ៗ​ដែល​ក្មេង​ទាំង​នោះ​កំពុង​ស្រែក​ឬ​ទេ?​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ឮ​ហើយ។ តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​សេចក្ដី​ដែល​ថា​៖ ‹លោក​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​ចេញ​ពី​មាត់​កូន​ក្មេង​និង​ទារក›​ទេ​ឬ?​»។+ ១៧ រួច​មក លោក​ចាក​ចេញ​ពី​ពួក​គេ ទៅ​ឯ​ភូមិ​បេថានី​នៅ​ខាង​ក្រៅ​ក្រុង រួច​លោក​បាន​ស្នាក់​នៅ​ភូមិ​នោះ​មួយ​យប់។+

១៨ លុះ​ព្រលឹម​ឡើង ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​នោះ​វិញ នោះ​លោក​ចាប់​ផ្ដើម​ឃ្លាន។+ ១៩ រួច​មក លោក​ក្រឡេក​ទៅ​ឃើញ​ដើម​ល្វា​តូច*មួយ​នៅ​ក្បែរ​ផ្លូវ ក៏​បាន​ដើរ​ឆ្ពោះ​ទៅ​ដើម​នោះ។ លុះ​ទៅ​ដល់​ហើយ លោក​ឃើញ​ថា​ដើម​នោះ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ+ ហើយ​លោក​និយាយ​ទៅ​កាន់​ដើម​នោះ​ថា​៖ ​«​កុំ​ឲ្យ​មាន​ផ្លែ​ទៀត​ឡើយ ចាប់​តាំង​ពី​ឥឡូវ​នេះ​រហូត​ទៅ​»។+ រំពេច​នោះ ដើម​ល្វា​តូច​ក៏​បាន​ក្រៀម​ស្វិត។ ២០ ប៉ុន្តែ ពេល​ដែល​អ្នក​កាន់​តាម​លោក​ឃើញ​ដូច្នេះ ពួក​គាត់នឹក​អស្ចារ្យ ក៏​បាន​សួរ​ថា​៖ ​«​ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ល្វា​តូច​នោះ​ក្រៀម​ស្វិត​ភ្លាម​យ៉ាង​នេះ?​»។+ ២១ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​អ្នក​មាន​ជំនឿ ហើយ​មិន​សង្ស័យ​សោះ នោះ​អ្នក​មិន​ត្រឹម​តែ​អាច​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​ដើម​ល្វា​តូច​នេះ​ប៉ុណ្ណោះ​ទេ តែ​ទោះ​ជា​អ្នក​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា​៖ ‹ចូរ​រើ​ចេញ​ពី​កន្លែង​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​វិញ› នោះ​ក៏​នឹង​កើត​ឡើង​ដែរ+ ២២ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​អធិដ្ឋាន​សុំ​ដោយ​មាន​ជំនឿ នោះ​អ្នក​នឹង​ទទួល​»។+

២៣ បន្ទាប់​ពី​លោក​ចូល​ទៅ​ក្នុង​វិហារ ហើយ​កំពុង​បង្រៀន នោះ​ពួក​សង្ឃ​នាយក​និង​ពួក​អ្នក​ចាស់​ទុំ​បាន​ចូល​មក​ជិត​លោក ហើយ​សួរ​ថា​៖ ​«​តើ​លោក​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី? ហើយ​តើ​អ្នក​ណា​បាន​ប្រគល់​សិទ្ធិ​អំណាច​នេះ​ឲ្យ​អ្នក?​»។+ ២៤ លោក​យេស៊ូ​តប​ថា​៖ ​«​ខ្ញុំ​ក៏​សួរ​អ្នក​រាល់​គ្នា​រឿង​មួយ​ដែរ។ ប្រសិន​បើ​អ្នក​អាច​ឆ្លើយ​បាន ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី។ ២៥ តើ​យ៉ូហាន​បាន​ទទួល​សិទ្ធិ​អំណាច​ជ្រមុជ​ទឹក​ឲ្យ​គេ​ពី​ណា​មក? ពី​ស្ថាន​សួគ៌ ឬ​ពី​មនុស្ស?​»។ ប៉ុន្តែ ពួក​គេ​ចាប់​ផ្ដើម​ជជែក​វែក​ញែក​គ្នា​ថា​៖ ​«​ប្រសិន​បើ​យើង​ឆ្លើយ​ថា​៖ ‹ពី​ស្ថាន​សួគ៌› នោះ​គាត់​នឹង​សួរ​ថា​៖ ‹ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​យ៉ូហាន?›។+ ២៦ ប៉ុន្តែ បើ​យើង​ឆ្លើយ​ថា​៖ ‹ពី​មនុស្ស›​វិញ យើង​ខ្លាច​បណ្ដា​ជន​ខឹង ពី​ព្រោះ​ពួក​គេ​ចាត់​ទុក​យ៉ូហាន​ជា​អ្នក​ប្រកាស​ទំនាយ​»។ ២៧ ដូច្នេះ ពួក​គេ​ឆ្លើយ​ទៅ​លោក​យេស៊ូ​ថា​៖ ​«​យើង​មិន​ដឹង​ទេ​»។ លោក​មាន​ប្រសាសន៍​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី​ដែរ។

២៨ ​«​តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច? បុរស​ម្នាក់​មាន​កូន​ពីរ​នាក់។ គាត់​ទៅ​ប្រាប់​កូន​ទី​១​ថា​៖ ‹កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​ទៅ›។ ២៩ កូន​ទី​១​ឆ្លើយ​ថា​៖ ‹ខ្ញុំ​មិន​ទៅ​ទេ› តែ​ដោយ​សារ​គាត់​ស្ដាយ​ក្រោយ គាត់​បាន​ចេញ​ទៅ​ចម្ការ។ ៣០ រួច​មក បុរស​នោះ​ទៅ​ប្រាប់​កូន​ទី​២​ដូច​គ្នា។ កូន​ទី​២​ឆ្លើយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ លោក​ឪពុក!› តែ​គាត់​មិន​បាន​ទៅ​ទេ។ ៣១ តើ​កូន​មួយ​ណា​បាន​ធ្វើ​តាម​ចិត្ត​របស់​ឪពុក?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​កូន​ទី​១​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ពួក​អ្នក​យក​ពន្ធ​និង​ពួក​ស្ត្រី​ពេស្យា​កំពុង​ចូល​រាជាណាចក្រ​របស់​ព្រះ​មុន​អ្នក​រាល់​គ្នា ៣២ ព្រោះ​យ៉ូហាន​បាន​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​បង្រៀន​អំពី​ផ្លូវ​នៃ​សេចក្ដី​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់​ឡើយ។ ប៉ុន្តែ ពួក​អ្នក​យក​ពន្ធ​និង​ពួក​ស្ត្រី​ពេស្យា​បាន​ជឿ​គាត់+ ឯ​អ្នក​រាល់​គ្នា​ទោះ​ជា​ឃើញ​ដូច្នេះ​ក៏​ដោយ ក៏​នៅ​តែ​មិន​ស្ដាយ​ក្រោយ ហើយ​ជឿ​គាត់​ទេ។

៣៣ ​«​ចូរ​ស្ដាប់​ឧទាហរណ៍​មួយ​ទៀត​៖ បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ដី បាន​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ+ ក៏​បាន​ព័ទ្ធ​របង ជីក​កន្លែង​សម្រាប់​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា ហើយ​សង់​ប៉ម​មួយ+ រួច​ប្រវាស់​ចម្ការ​ឲ្យ​ពួក​កសិករ។ បន្ទាប់​មក គាត់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។+ ៣៤ លុះ​ដល់​រដូវ​ផ្លែ​ទុំ គាត់​ចាត់​ពួក​ខ្ញុំ​បម្រើ​ឲ្យ​ទៅ​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់​ពី​ពួក​កសិករ។ ៣៥ ក៏​ប៉ុន្តែ ពួក​កសិករ​បាន​ចាប់​ពួក​ខ្ញុំ​បម្រើ​របស់​គាត់ រួច​វាយ​ដំ​ម្នាក់ សម្លាប់​ម្នាក់ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​ម្នាក់​ទៀត។+ ៣៦ គាត់​បាន​ចាត់​ខ្ញុំ​បម្រើ​ផ្សេង​ទៀត ដែល​មាន​គ្នា​ច្រើន​ជាង​មុន​ឲ្យ​ទៅ​ម្ដង​ទៀត។ ប៉ុន្តែ ពួក​កសិករ​បាន​ប្រព្រឹត្ត​ទៅ​លើ​ខ្ញុំ​បម្រើ​ទាំង​នោះ​ដូច​ពី​មុន។+ ៣៧ ក្រោយ​បង្អស់ គាត់​បាន​ចាត់​កូន​ប្រុស​របស់​គាត់​ឲ្យ​ទៅ ដោយ​ពោល​ថា​៖ ‹ពួក​គេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ›។ ៣៨ ពេល​ដែល​ពួក​កសិករ​ឃើញ​កូន​ប្រុស​របស់​គាត់ នោះ​ពួក​គេ​និយាយ​គ្នា​ថា​៖ ‹គាត់​ជា​អ្នក​ទទួល​មត៌ក។+ ចូរ​យើង​នាំ​គ្នា​សម្លាប់​គាត់ ដើម្បី​យើង​អាច​ទទួល​មត៌ក​របស់​គាត់!›។ ៣៩ ដូច្នេះ ពួក​គេ​បាន​ចាប់​កូន​ប្រុស​នោះ បោះ​ទៅ​ក្រៅ​ចម្ការ រួច​សម្លាប់​គាត់​ចោល។+ ៤០ ម្ល៉ោះ​ហើយ ពេល​ដែល​ម្ចាស់​ចម្ការ​នោះ​មក​ដល់ តើ​គាត់​នឹង​ធ្វើ​អ្វី​ដល់​ពួក​កសិករ​ទាំង​នោះ?​»។ ៤១ ពួក​សង្ឃនាយក​និង​ពួក​បុរស​ចាស់​ទុំ​ជម្រាប​លោក​ថា​៖ ​«​ដោយ​សារ​ពួក​គេ​ជា​មនុស្ស​អាក្រក់ នោះ​ម្ចាស់​ចម្ការ​នឹង​បំផ្លាញ​ពួក​គេ​ចោល​ឥត​ត្រា​ប្រណី ហើយ​ប្រវាស់​ចម្ការ​នោះ​ឲ្យ​ពួក​កសិករ​ផ្សេង​ទៀត ដែល​នឹង​ឲ្យ​ផល​ដល់​គាត់​តាម​រដូវ​»។

៤២ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​៖ ‹ថ្ម​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត។*+ ព្រះ​យេហូវ៉ា*បាន​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង ហើយ​នោះ​ជា​ការ​អស្ចារ្យ​ចំពោះ​យើង› តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​បទ​គម្ពីរ​នេះ​ទេ​ឬ?+ ៤៣ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​ដក​ហូត​ពី​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ឲ្យ​ប្រជា​ជាតិ​មួយ​ដែល​បង្កើត​ផល​នៃ​រាជាណាចក្រ​នោះ។ ៤៤ ម្យ៉ាង​ទៀត អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នេះ អ្នក​នោះ​នឹង​បាក់​បែក​ខ្ទេច​ខ្ទី​ទៅ+ ហើយ​បើ​ថ្ម​នេះ​ធ្លាក់​លើ​អ្នក​ណា ថ្ម​នេះ​នឹង​កិន​កម្ទេច​អ្នក​នោះ​»។+

៤៥ ពេល​ដែល​ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​បាន​ស្ដាប់​ឧទាហរណ៍​ទាំង​ប៉ុន្មាន​របស់​លោក​ហើយ ពួក​គេ​ដឹង​ថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​ពួក​គេ។+ ៤៦ ទោះ​ជា​ពួក​គេ​ចង់​ចាប់​លោក​ក៏​ដោយ តែ​ពួក​គេ​ខ្លាច​បណ្ដា​ជន ដោយ​សារ​បណ្ដា​ជន​ចាត់​ទុក​លោក​ជា​អ្នក​ប្រកាស​ទំនាយ។+

២២ លោក​យេស៊ូ​បាន​ឆ្លើយ​ទៅ​ពួក​គេ​ត​ទៅ​ទៀត ដោយ​ប្រើ​ឧទាហរណ៍​ថា​៖ ២ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ជា​ស្ដេច ដែល​បាន​រៀបចំ​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍+បុត្រ​របស់​លោក។ ៣ លោក​បាន​ចាត់​ពួក​ខ្ញុំ​បម្រើ​ឲ្យ​ទៅ​ហៅ​អស់​អ្នក​ដែល​លោក​បាន​អញ្ជើញ​មក​ពិសា​ភោជនាហារ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​មក​ទេ។+ ៤ លោក​ចាត់​ពួក​ខ្ញុំ​បម្រើ​ផ្សេង​ឲ្យ​ទៅ​ម្ដង​ទៀត ដោយ​ប្រាប់​ថា​៖ ‹ចូរ​ប្រាប់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​ថា​៖ ​«​មើល! ខ្ញុំ​បាន​រៀបចំ​អាហារ​ថ្ងៃ​ត្រង់​រួច​ហើយ ក៏​បាន​សម្លាប់​គោ​ឈ្មោល​និង​សត្វ​ធាត់​ៗ​ដែរ ហើយ​អ្វី​ៗ​ទាំង​អស់​បាន​ត្រូវ​រៀបចំ​ជា​ស្រេច។ សូម​អញ្ជើញ​មក​ពិសា​ភោជនាហារ​ចុះ​»​›។ ៥ ប៉ុន្តែ អ្នក​ទាំង​នោះ​មិន​អើពើ​សោះ ក៏​បាន​ចេញ​ទៅ។ អ្នក​ខ្លះ​ទៅ​ស្រែ​ចម្ការ​របស់​ខ្លួន ហើយ​ខ្លះ​ទៀត​បាន​ទៅ​ធ្វើ​ជំនួញ។+ ៦ ចំណែក​អ្នក​ឯ​ទៀត​បាន​ចាប់​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ធ្វើ​បាប រួច​សម្លាប់​ចោល។

៧ ​«​ឮ​ដូច្នេះ ស្ដេច​ក្ដៅ​ចិត្ត​ខ្លាំង​ណាស់ ក៏​ចាត់​កង​ទ័ព​របស់​លោក​ឲ្យ​ទៅ​សម្លាប់​ឃាតករ​ទាំង​នោះ ហើយ​ដុត​ក្រុង​របស់​ពួក​គេ​ចោល។+ ៨ ក្រោយ​មក លោក​ប្រាប់​ពួក​ខ្ញុំ​បម្រើ​ថា​៖ ‹ភោជនាហារ​បាន​ត្រូវ​រៀបចំ​ជា​ស្រេច​ពិត​មែន តែ​អស់​អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​មិន​សម​នឹង​មក​ឡើយ។+ ៩ ដូច្នេះ ចូរ​ទៅ​ផ្លូវ​ធំ​ទាំង​ប៉ុន្មាន ហើយ​បើ​ជួប​អ្នក​ណា ចូរ​អញ្ជើញ​អ្នក​នោះ​មក​ពិសា​ភោជនាហារ​ចុះ›។+ ១០ ម្ល៉ោះ​ហើយ ពួក​ខ្ញុំ​បម្រើ​ទាំង​នោះ​ចេញ​ទៅ​ផ្លូវ​ធំ​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​មនុស្ស​ទាំង​អស់​ដែល​ពួក​គេ​បាន​ជួប ទាំង​មនុស្ស​ល្អ​ទាំង​មនុស្ស​អាក្រក់ ហើយ​សាល​ពិធី​មង្គល​ការ​បាន​ពេញ​ទៅ​ដោយ​មនុស្ស​កំពុង​អង្គុយ​ពិសា​ភោជនាហារ។

១១ ​«​ពេល​ដែល​ស្ដេច​ចូល​មក​ពិនិត្យ​មើល​ភ្ញៀវ នោះ​លោក​ក្រឡេក​ទៅ​ឃើញ​បុរស​ម្នាក់​មិន​ស្លៀក​សម្លៀក​បំពាក់​សម្រាប់​ចូល​រួម​ពិធី​មង្គល​ការ​ទេ។ ១២ ដូច្នេះ លោក​សួរ​បុរស​នោះ​ថា​៖ ‹សម្លាញ់! ហេតុ​អ្វី​អ្នក​អាច​ចូល​មក​ទី​នេះ​បាន ដោយ​មិន​ស្លៀក​សម្លៀក​បំពាក់​សម្រាប់​ចូល​រួម​ពិធី​មង្គល​ការ?›។ បុរស​នោះ​រក​ឆ្លើយ​អ្វី​មិន​រួច​ឡើយ។ ១៣ បន្ទាប់​មក ស្ដេច​បង្គាប់​ពួក​ខ្ញុំ​បម្រើ​ថា​៖ ‹ចូរ​ចង​ដៃ​ចង​ជើង​បុរស​នេះ ហើយ​បោះ​ទៅ​ខាង​ក្រៅ​ក្នុង​ទី​ងងឹត។ នៅ​ទី​នោះ គាត់​នឹង​យំ ហើយ​សង្កៀត​ធ្មេញ›។

១៤ ​«​ព្រោះ​មនុស្ស​ជា​ច្រើន​បាន​ត្រូវ​អញ្ជើញ តែ​មនុស្ស​តិច​ទេ​ដែល​បាន​ត្រូវ​ជ្រើស​រើស​»។

១៥ រួច​មក ពួក​ផារិស៊ី​បាន​ទៅ​ប្រឹក្សា​គ្នា​រក​វិធី​ដើម្បី​នាំ​ឲ្យ​លោក​និយាយ​អ្វី​ដែល​ពួក​គេ​អាច​ចោទ​ប្រកាន់​លោក​បាន។+ ១៦ ដូច្នេះ ពួក​ផារិស៊ី​ក៏​ចាត់​អ្នក​កាន់​តាម​របស់​ពួក​គេ​និង​ពួក​អ្នក​គាំទ្រ​ហេរ៉ូឌ ឲ្យ​ទៅ​ឯ​លោក​យេស៊ូ។+ អ្នក​ទាំង​នោះ​បាន​និយាយ​ទៅ​លោក​ថា​៖ ​«​លោក​គ្រូ យើង​ដឹង​ថា​លោក​តែង​តែ​និយាយ​ពាក្យ​ពិត ហើយ​បង្រៀន​សេចក្ដី​ពិត​អំពី​ផ្លូវ​របស់​ព្រះ លោក​មិន​ផ្គាប់​ផ្គុន​អ្នក​ណា​ឡើយ ពី​ព្រោះ​លោក​មិន​ចាប់​អារម្មណ៍​នឹង​សម្បក​ក្រៅ​របស់​អ្នក​ណា​ទេ។ ១៧ ដូច្នេះ តើ​លោក​គិត​ដូច​ម្ដេច? សូម​ប្រាប់​យើង តើ​មាន​ច្បាប់​ឲ្យ​បង់​ពន្ធ​ជូន​សេសារ​ឬ​ទេ?​»។* ១៨ ក៏​ប៉ុន្តែ លោក​យេស៊ូ​ជ្រាប​អំពី​ភាព​ទុច្ចរិត​របស់​ពួក​គេ នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​នែ! មនុស្ស​លាក់​ពុត! ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​ល្បង​មើល​ខ្ញុំ​ដូច្នេះ? ១៩ ចូរ​យក​កាក់​សម្រាប់​បង់​ពន្ធដារ​មក​បង្ហាញ​ខ្ញុំ​»។ ពួក​គេ​យក​ប្រាក់​ឌីណារី*មួយ​មក​ជូន​លោក។ ២០ រួច​លោក​សួរ​ពួក​គេ​ថា​៖ ​«​តើ​នេះ​ជា​រូប​និង​ឈ្មោះ​របស់​អ្នក​ណា?​»។ ២១ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ជា​រូប​និង​ឈ្មោះ​របស់​សេសារ​»។ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​បើ​ដូច្នេះ អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។+ ២២ ពេល​ដែល​ឮ​ដូច្នេះ ពួក​គេ​កោត​ស្ងើច​ក្នុង​ចិត្ត រួច​បាន​ចេញ​ពី​លោក​ទៅ។

២៣ នៅ​ថ្ងៃ​នោះ ពួក​សាឌូស៊ី​ដែល​ជា​អ្នក​មិន​ជឿ​ថា​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ+ បាន​មក​សួរ​លោក​ថា​៖+ ២៤ ​«​លោក​គ្រូ ម៉ូសេ​បាន​ប្រាប់​ថា​៖ ‹បើ​បុរស​ណាម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន បង​ឬ​ប្អូន​ប្រុស​របស់​បុរស​នោះ ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ប្រពន្ធ​បុរស​នោះ ដើម្បី​បង្កើត​កូន​បន្ត​ពូជ​ឲ្យ​គាត់›។+ ២៥ ក្នុង​ចំណោម​យើង ធ្លាប់​មាន​បង​ប្អូន​ប្រុស​៧​នាក់។ បង​ច្បង​បាន​រៀប​ការ រួច​មក​បាន​ស្លាប់​ទៅ តែ​គ្មាន​កូន​ទេ ហើយ​ប្អូន​បន្ទាប់​បាន​រៀប​ការ​ជា​មួយ​នឹង​ប្រពន្ធ​គាត់។ ២៦ ក្រោយ​ពី​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ នោះ​ប្អូន​បន្ទាប់​ក៏​បាន​ស្លាប់ តែ​គ្មាន​កូន​ដែរ។ ប្អូន​ទី​២ ប្អូន​ទី៣ រហូត​ដល់​ប្អូន​ពៅ​ក៏​ដូច្នេះ​ដែរ។ ២៧ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​បាន​ស្លាប់​ទៅ​ដែរ។ ២៨ ដូច្នេះ ពេល​ដែល​រស់​ឡើង​វិញ តើ​អ្នក​ណា​ក្នុង​ចំណោម​បង​ប្អូន​៧​នាក់​នោះ​ត្រូវ​ជា​ប្ដី​របស់​នាង? ព្រោះ​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​»។

២៩ លោក​យេស៊ូ​តប​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ពី​ព្រោះ​អ្នក​មិន​ស្គាល់​បទ​គម្ពីរ ហើយ​ក៏​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះ​ដែរ។+ ៣០ ព្រោះ​ពេល​ដែល​មនុស្ស​រស់​ឡើង​វិញ បុរស​និង​ស្ត្រី​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ឡើយ តែ​ពួក​គេ​គឺ​ដូច​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ។+ ៣១ ប៉ុន្តែ ស្ដី​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ តើ​អ្នក​មិន​ធ្លាប់​អាន​ទេ​ឬ នូវ​អ្វី​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​រាល់​គ្នា​ថា​៖ ៣២ ‹ខ្ញុំ​ជា​ព្រះ​របស់​អាប្រាហាំ និង​ជា​ព្រះ​របស់​អ៊ីសាក ហើយ​ជា​ព្រះ​របស់​យ៉ាកុប›?+ លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ឡើយ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​»។+ ៣៣ ពេល​ឮ​សេចក្ដី​បង្រៀន​របស់​លោក បណ្ដា​ជន​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង។+

៣៤ ក្រោយ​ពី​ពួក​ផារិស៊ី​បាន​ឮ​ថា លោក​បាន​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​បាត់​មាត់ នោះ​ពួក​គេ​បាន​មូល​គ្នា​ជា​ក្រុម​មួយ ៣៥ ហើយ​ពួក​គេ​ម្នាក់​ដែល​ចេះ​ច្បាប់​ស្ទាត់ បាន​ល្បង​មើល​លោក ដោយ​សួរ​ថា​៖ ៣៦ ​«​លោក​គ្រូ ក្នុង​ច្បាប់*តើ​បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?​»។+ ៣៧ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​‹អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត* និង​អស់​ពី​សមត្ថភាព​រិះ​គិត›។+ ៣៨ នេះ​ជា​បញ្ញត្ដិ​ទី​១ ហើយ​ជា​បញ្ញត្ដិ​សំខាន់​ជាង​គេ។ ៣៩ បញ្ញត្ដិ​សំខាន់​ទី​២​ក៏​ស្រដៀង​នឹង​នេះ​ដែរ គឺ​៖ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›។+ ៤០ បញ្ញត្ដិ​ទាំង​ពីរ​នេះ​ជា​មូលដ្ឋាន​នៃ​ច្បាប់​ទាំង​មូល និង​ជា​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​»។+

៤១ ពេល​ដែល​ពួក​ផារិស៊ី​នៅ​ជុំ​គ្នា​នោះ លោក​យេស៊ូ​សួរ​ពួក​គេ​ថា​៖+ ៤២ ​«​តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច​អំពី​គ្រិស្ត? តើ​លោក​ជា​បុត្រ​របស់​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​បុត្រ​របស់​ដាវីឌ​»។+ ៤៣ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចុះ​ហេតុ​អ្វី​បាន​ជា​ឫទ្ធានុភាព​របស់​ព្រះ​បាន​បណ្ដាល​ឲ្យ​ដាវីឌ+ហៅ​គ្រិស្ត​ថា​លោក​ម្ចាស់ ពេល​គាត់​និយាយ​ថា​៖ ៤៤ ‹ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម្ចាស់​ខ្ញុំ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​ពួក​សត្រូវ​របស់​អ្នក​នៅ​ក្រោម​បាត​ជើង​អ្នក​»​›?+ ៤៥ ដូច្នេះ ប្រសិន​បើ​ដាវីឌ​ហៅ​គ្រិស្ត​ថា​លោក​ម្ចាស់ នោះ​តើ​លោក​អាច​ជា​បុត្រ​របស់​ដាវីឌ​ដូច​ម្ដេច​បាន?​»។+ ៤៦ គ្មាន​អ្នក​ណា​ម្នាក់​អាច​តប​ឆ្លើយ​មួយ​ម៉ាត់​ទៅ​លោក​បាន​ឡើយ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​សួរ​លោក​ត​ទៅ​ទៀត​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក។

២៣ រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​បណ្ដា​ជន​និង​អ្នក​កាន់​តាម​លោក​ថា​៖ ២ ​«​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​បាន​តាំង​ខ្លួន​អង្គុយ​នៅ​កន្លែង​របស់​ម៉ូសេ។ ៣ ដូច្នេះ ចូរ​ធ្វើ​តាម ហើយ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ប្រាប់​អ្នក​រាល់​គ្នា​ចុះ។ ប៉ុន្តែ កុំ​ប្រព្រឹត្ត​ដូច​ពួក​គេ​ឡើយ ពី​ព្រោះ​ពួក​គេមិន​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​ប្រាប់​នោះ​ទេ។+ ៤ ពួក​គេ​ចង​បន្ទុក​យ៉ាង​ធ្ងន់ ហើយ​ដាក់​លើ​ស្មា​របស់​មនុស្ស។+ ប៉ុន្តែ ពួក​គេ​មិន​សុខ​ចិត្ត​យក​ម្រាម​ដៃ​មក​លើក​បន្តិច​សោះ។+ ៥ ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​ពួក​គេ គឺ​ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​តែ​ប៉ុណ្ណោះ+ ព្រោះ​ប្រអប់​តូច​ៗ​សម្រាប់​ដាក់​បទ​គម្ពីរ ដែល​ពួក​គេ​ពាក់​ជា​គ្រឿង​ការ​ពារ​នោះ ពួក​គេ​យក​មក​ពង្រីក​ឲ្យ​ធំ+ ហើយ​ក៏​ធ្វើ​ឲ្យ​រំយោល​នៅ​ជាយ​អាវ​របស់​ពួក​គេ​វែង​ដែរ។+ ៦ ពេល​ដែល​ពិសា​ភោជនាហារ ពួក​គេ​ចូល​ចិត្ត​អង្គុយ​នៅ​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ ហើយ​ក៏​ចូល​ចិត្ត​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ដែរ។+ ៧ ពួក​គេ​ចង់​ឲ្យ​មនុស្ស​ជម្រាប​សួរ បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គេ​នៅ​ផ្សារ ថែម​ទាំង​ចង់ឲ្យ​មនុស្ស​ហៅ​ពួក​គេ​ថា​រ៉ាប៊ី។* ៨ ប៉ុន្តែ​អ្នក​រាល់​គ្នា​វិញ កុំ​ឲ្យ​អ្នក​ណា​ហៅ​អ្នក​ថា​រ៉ាប៊ី​ឡើយ ពី​ព្រោះ​អ្នក​មាន​គ្រូ​តែ​មួយ​ទេ+ ហើយ​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា។ ៩ ម្យ៉ាង​ទៀត កុំ​ហៅ​អ្នក​ណា​នៅ​ផែនដី​ថា​បិតា*ឡើយ ពី​ព្រោះ​បិតា​របស់​អ្នក​មាន​តែ​មួយ​ទេ+ ហើយ​លោក​ស្ថិត​នៅ​ស្ថាន​សួគ៌។ ១០ កុំ​ឲ្យ​អ្នក​ណា​ហៅ​អ្នក​ថា​‹អ្នក​ដឹក​នាំ›​ឡើយ ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​អ្នក​ដឹក​នាំ​តែ​មួយ​ទេ គឺ​គ្រិស្ត។ ១១ ប៉ុន្តែ អ្នក​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក​រាល់​គ្នា​វិញ។+ ១២ អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ+ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង។+

១៣ ​«​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ជា​មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​បិទ​ទ្វារ​រាជាណាចក្រ​ស្ថាន​សួគ៌​នៅ​មុខ​មនុស្ស។ អ្នក​រាល់​គ្នា​មិន​ចូល ហើយ​អ្នក​ដែល​កំពុង​ចូល ក៏​អ្នក​រាល់​គ្នា​មិន​ឲ្យ​ចូល​ដែរ។+ ១៤ *——

១៥ ​«​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ជា​មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា!+ ពី​ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​និង​តាម​ផ្លូវ​គោក ដើម្បី​នាំ​មនុស្ស​ម្នាក់​ឲ្យ​ដូរ​សាសនា* រួច​ពេល​ដែល​អ្នក​នោះ​ដូរ​សាសនា​ហើយ អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​ឲ្យ​អ្នក​នោះ​សម​នឹង​ទទួល​ទោស​នៅ​ក្នុង​កេហេណា*ច្រើន​ជាង​អ្នក​រាល់​គ្នា​ទ្វេ​ដង។

១៦ ​«​ពួក​អ្នក​ដឹក​នាំ​ដែល​ងងឹត​ភ្នែក​អើយ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា!+ ពី​ព្រោះ​អ្នក​និយាយ​ថា​៖ ‹បើ​អ្នក​ណា​ស្បថ​ដោយ​យក​វិហារ​ជា​សាក្សី ហើយ​មិន​ធ្វើ​តាម​សម្បថ នោះ​មិន​មែន​ជា​ការ​ខុស​ទេ។ តែ​អ្នក​ណា​ដែល​ស្បថ​ដោយ​យក​មាស​របស់​វិហារ​ជា​សាក្សី អ្នក​នោះ​ត្រូវ​ធ្វើ​តាម​សម្បថ›។+ ១៧ មនុស្ស​ងងឹត​ភ្នែក​និង​ល្ងង់​ខ្លៅ​អើយ! តើ​អ្វី​សំខាន់​ជាង? មាស ឬ​ក៏​វិហារ​ដែល​បាន​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ? ១៨ បន្ថែម​ទៀត អ្នក​រាល់​គ្នា​និយាយ​ថា​៖ ‹បើ​អ្នក​ណា​ស្បថ​ដោយ​យក​ទី​បូជា​ជា​សាក្សី ហើយ​មិន​ធ្វើ​តាម​សម្បថ នោះ​មិន​មែន​ជា​ការ​ខុស​ទេ។ ប៉ុន្តែ អ្នក​ណា​ដែល​ស្បថ​ដោយ​យក​គ្រឿង​បូជា​លើ​ទី​បូជា​ជា​សាក្សី អ្នក​នោះ​ត្រូវ​ធ្វើ​តាម​សម្បថ›។ ១៩ មនុស្ស​ងងឹត​ភ្នែក​អើយ! តើ​អ្វី​សំខាន់​ជាង? គ្រឿង​បូជា ឬ​ក៏​ទី​បូជា​ដែល​ធ្វើ​ឲ្យ​គ្រឿង​បូជា​នោះ​បរិសុទ្ធ? ២០ ដូច្នេះ អ្នក​ណា​ដែល​ស្បថ​ដោយ​យក​ទី​បូជា​ជា​សាក្សី អ្នក​នោះ​កំពុង​ស្បថ​ដោយ​យក​ទី​បូជា ព្រម​ទាំង​អ្វី​ៗ​ទាំង​អស់​នៅ​លើ​ទី​បូជា​ជា​សាក្សី​ហើយ។ ២១ ឯ​អ្នក​ណា​ដែល​ស្បថ​ដោយ​យក​វិហារ​ជា​សាក្សី អ្នក​នោះ​កំពុង​ស្បថ​ដោយ​យក​វិហារ ព្រម​ទាំង​លោក​ដែល​អាស្រ័យ​នៅ​ទី​នោះ​ជា​សាក្សី​ដែរ។+ ២២ រីឯ​អ្នក​ណា​ដែល​ស្បថ​ដោយ​យក​ស្ថាន​សួគ៌​ជា​សាក្សី អ្នក​នោះ​កំពុង​ស្បថ​ដោយ​យក​បល្ល័ង្ក​របស់​ព្រះ ព្រម​ទាំង​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​នោះ​ជា​សាក្សី​ហើយ។

២៣ ​«​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ជា​មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​រាល់​គ្នា​ឲ្យ​១​ភាគ​១០​នៃ​ជីរ​អង្កាម ឌីល និង​ខាមិន*+ តែ​មិន​អើ​ពើ​សោះ​ចំពោះ​គោល​ការណ៍​ដែល​សំខាន់​ជាង​ក្នុង​ច្បាប់* គឺ​យុត្តិធម៌+ សេចក្ដី​មេត្តា​ករុណា+ និង​សេចក្ដី​ស្មោះ​ត្រង់។ អ្វី​ៗ​ទាំង​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​ដាច់​ខាត តែ​អ្វី​ៗ​ឯ​ទៀត​នោះ​ក៏​មិន​ត្រូវ​លះ​ចោល​ដែរ។+ ២៤ មនុស្ស​ងងឹត​ភ្នែក​អើយ!+ អ្នក​រាល់​គ្នា​ត្រង​សត្វ​សុច​ចេញ+ តែ​លេប​សត្វ​អូដ្ឋ​វិញ!+

២៥ ​«​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ជា​មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​រាល់​គ្នា​លាង​ពែង​និង​លាង​ចាន​តែ​ខាង​ក្រៅ​ប៉ុណ្ណោះ+ ឯ​ខាង​ក្នុង​វិញ​ពេញ​ទៅ​ដោយ​ភាព​លោភ​លន់*+ និង​ការ​បំពេញ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន។+ ២៦ ផារិស៊ី​ងងឹត​ភ្នែក​អើយ! ចូរ​សម្អាត​ខាង​ក្នុង​ពែង​និង​ចាន​ជា​មុន​សិន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ។

២៧ ​«​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ជា​មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា!+ ពី​ព្រោះ​អ្នក​រាល់​គ្នា​គឺ​ប្រៀប​ដូច​ជា​ទី​បញ្ចុះ​សព ដែល​លាប​កំបោរ​ស។+ ខាង​ក្រៅ​មើល​ទៅ​ឃើញ​ស្អាត​មែន តែ​ខាង​ក្នុង​ពោរ​ពេញ​ទៅ​ដោយ​ឆ្អឹង​សាក​សព និង​អ្វី​ៗ​សព្វ​បែប​យ៉ាង​ដែល​ស្មោក​គ្រោក។ ២៨ ស្រដៀង​គ្នា​ដែរ តាម​ទស្សនៈ​មនុស្ស អ្នក​រាល់​គ្នា​មើល​ទៅ​ដូច​ជា​សុចរិត​មែន តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ពុត​ត្បុត និង​ការ​ប្រឆាំង​ច្បាប់​វិញ។+

២៩ ​«​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ជា​មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា!+ ពី​ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ទី​បញ្ចុះ​សព​សម្រាប់​ពួក​អ្នក​ប្រកាស​ទំនាយ ហើយ​ក៏​តុបតែង​ទី​បញ្ចុះ​សព​របស់​មនុស្ស​សុចរិត​ដែរ+ ៣០ រួច​អ្នក​និយាយ​ថា​៖ ‹បើ​យើង​បាន​រស់​នៅ​សម័យ​បុព្វ​បុរស​របស់​យើង នោះ​យើង​មិន​រួម​ដៃ​ជា​មួយ​នឹង​ពួក​គាត់​ក្នុង​ការ​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ​ទេ›។ ៣១ ដោយ​សារ​អ្នក​រាល់​គ្នា​បាន​និយាយ​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​កំពុង​បញ្ជាក់​ថា អ្នក​ជា​កូន​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ។+ ៣២ បើ​ដូច្នេះ ចូរ​បង្ហើយ​កិច្ចការ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ចាប់​ផ្ដើម​ចុះ។

៣៣ ​«​ពូជ​ពស់​មាន​ពិស​អើយ!+ តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ការ​ផ្ដន្ទា​ទោស​ឲ្យ​ទៅ​កេហេណា*យ៉ាង​ដូច​ម្ដេច​បាន?+ ៣៤ ហេតុ​នេះ ខ្ញុំ​កំពុង​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ+ ពួក​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​បង្រៀន​មក​ឯ​អ្នក​រាល់​គ្នា។+ អ្នក​នឹង​សម្លាប់​ពួក​គេ​ខ្លះ+ ហើយ​ព្យួរ​ពួក​គេ​ខ្លះ​លើ​បង្គោល​ឈើ ក៏​នឹង​វាយ​ពួក​គេ​ខ្លះ​ទៀត​ដោយ​រំពាត់​ខ្សែ​តី+នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​បៀត​បៀន​ពួក​គេ+ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ។ ៣៥ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​ការ​សម្លាប់​មនុស្ស​សុចរិត​ទាំង​អស់​នៅ​ផែនដី តាំង​ពី​ការ​សម្លាប់​អេបិល​ដែល​ជា​មនុស្ស​សុចរិត+ រហូត​ដល់​សាការី​ជា​កូន​របស់​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ខាង​មុខ​វិហារ​ជិត​ទី​បូជា។+ ៣៦ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ការ​ទាំង​អស់​នេះ​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ជំនាន់​នេះ។

៣៧ ​«​ក្រុង​យេរូសាឡិម ក្រុង​យេរូសាឡិម​អើយ! គឺ​នាង​ហើយ​ដែល​បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ ហើយ​បាន​គប់​ដុំ​ថ្ម​សម្លាប់​ពួក​អ្នក​ដែល​ព្រះ​បាន​ចាត់​មក​ឯ​នាង!+ ច្រើន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​នាង​មក ដូច​មេ​មាន់​ក្រុង​កូន​ក្រោម​ស្លាប​វា។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​សោះ។+ ៣៨ មើល! វិហារ*នេះ​នឹង​ត្រូវ​បោះ​បង់​ចោល ហើយ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​វិញ។+ ៣៩ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត រហូត​ដល់​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ‹អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា* មាន​ពរ​ហើយ!›​»។+

២៤ ក្រោយ​មក ពេល​លោក​យេស៊ូ​កំពុង​ចាក​ចេញ​ពី​វិហារ នោះ​អ្នក​កាន់​តាម​លោក​បាន​ចូល​មក​ជិត ដើម្បី​បង្ហាញ​សំណង់​ផ្សេង​ៗ​នៃ​វិហារ។ ២ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ឃើញ​អ្វី​ៗ​ទាំង​នេះ​ទេ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ថ្ម​ទាំង​អស់​នៅ​ទី​នេះ​នឹង​ត្រូវ​ទម្លាក់​ដល់​ដី ហើយ​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​ថ្ម​ណា​ទៀត​ទេ​»។+

៣ ពេល​ដែល​លោក​កំពុង​អង្គុយ​នៅ​លើ​ភ្នំ​ដើម​អូលីវ នោះ​អ្នក​កាន់​តាម​លោក​បាន​មក​ឯ​លោក​ដោយ​ឡែក​ពី​គេ រួច​សួរ​ថា​៖ ​«​សូម​ប្រាប់​យើង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ហើយ​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្ត​មាន*របស់​លោក+ និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?​»។*+

៤ លោក​យេស៊ូ​តប​ឆ្លើយ​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​រាល់​គ្នា​ឡើយ+ ៥ ព្រោះ​មនុស្ស​ជា​ច្រើន​នឹង​មក​ដោយ​អាង​ឈ្មោះ​ខ្ញុំ* ហើយ​បំភាន់​មនុស្ស​ជា​ច្រើន ដោយ​ពោល​ថា​៖ ‹ខ្ញុំ​ជា​គ្រិស្ត›។+ ៦ អ្នក​នឹង​ឮ​សូរ​សង្គ្រាម ហើយ​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម តែ​កុំ​ភ័យ​ស្លុត​ឡើយ ព្រោះ​ការ​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង។ ក៏​ប៉ុន្តែ ទី​បញ្ចប់​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។+

៧ ​«​ព្រោះ​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ+ ក៏​នឹង​មាន​ការ​អត់​ឃ្លាន+ ថែម​ទាំង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ផង។+ ៨ ការ​ទាំង​អស់​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​គ្រា​លំបាក។*

៩ ​«​រួច​មក មនុស្ស​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រង​ទុក្ខ​វេទនា+ ក៏​នឹង​សម្លាប់​អ្នក​រាល់​គ្នា+ ហើយ​ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ។+ ១០ នៅ​ពេល​នោះ​ដែរ មនុស្ស​ជា​ច្រើន​នឹង​ជំពប់​ដួល ក្បត់​គ្នា ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក។ ១១ ម្យ៉ាង​ទៀត អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ជា​ច្រើន​នាក់ នឹង​លេច​មក​បំភាន់​មនុស្ស​ជា​ច្រើន។+ ១២ បន្ថែម​ទៅ​ទៀត ដោយ​សារ​ការ​ប្រឆាំង​ច្បាប់​នឹង​មាន​កាន់​តែ​ច្រើន​ឡើង នោះ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ភាគ​ច្រើន​នឹង​រសាយ​ទៅ។ ១៣ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ។+ ១៤ ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ+ រួច​ទី​បញ្ចប់​នឹង​មក​ដល់។

១៥ ​«​ដូច្នេះ នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ក្រឡេក​ទៅ​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស កំពុង​ឈរ​នៅ​កន្លែង​បរិសុទ្ធ ដូច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​ដានីយ៉ែល+ (​ចូរ​អ្នក​អាន​ប្រើ​សមត្ថភាព​វែក​ញែក​) ១៦ នោះ​ចូរ​ឲ្យ​អ្នក​ដែល​នៅ​តំបន់​យូឌា​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ។+ ១៧ អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​ទ្រព្យ​សម្បត្តិ​ចេញ​ពី​ផ្ទះ​ឡើយ ១៨ ហើយ​អ្នក​ណា​ដែល​នៅ​ស្រែ​ចម្ការ ក៏​មិន​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន​ដែរ។ ១៩ នៅ​គ្រា​នោះ ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​និង​ស្ត្រី​ដែល​នៅ​បំបៅ​កូន​ត្រូវ​វេទនា​ណាស់! ២០ ចូរ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ត្រូវ​រត់​គេច​ខ្លួន​នៅ​រដូវ​រងា ឬ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឡើយ។ ២១ ព្រោះ​នៅ​គ្រា​នោះ នឹង​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង+ ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ ហើយ​នឹង​មិន​មាន​ដូច្នោះ​ទៀត​ឡើយ។+ ២២ តាម​ការ​ពិត ប្រសិន​បើ​ព្រះ​មិន​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី​ទេ គ្មាន​អ្នក​ណា​នឹង​ត្រូវ​សង្គ្រោះ​ឡើយ។ ប៉ុន្តែ ដោយ​យល់​ដល់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង នោះ​ព្រះ​នឹង​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី។+

២៣ ​«​នៅ​ពេល​នោះ បើ​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹មើល! គ្រិស្ត​នៅ​ទី​នេះ!›+ ឬ​‹នៅ​ទី​នោះ!› កុំ​ជឿ​ឲ្យ​សោះ។+ ២៤ ពី​ព្រោះ​នឹង​មាន​អ្នក​ក្លែង​ខ្លួន​ជា​គ្រិស្ត និង​អ្នក​ប្រកាស​ទំនាយ​មិន​ពិត+លេច​មក ហើយ​ពួក​គេ​នឹង​បង្ហាញ​សញ្ញា​សម្គាល់​និង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ធំ ដើម្បី​បំភាន់+ទាំង​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ប្រសិន​បើ​អាច​បំភាន់​បាន។ ២៥ មើល! ខ្ញុំ​បាន​ព្រមាន​អ្នក​រាល់​គ្នា​ទុក​ជា​មុន​ហើយ។ ២៦ ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹មើល! លោក​នៅ​តំបន់​ស្ងាត់​ជ្រងំ› កុំ​ចេញ​ទៅ​ឡើយ ឬ​បើ​គេ​ថា​៖ ‹មើល! លោក​នៅ​កន្លែង​សម្ងាត់› កុំ​ជឿ​ឲ្យ​សោះ។+ ២៧ ព្រោះ​វត្ត​មាន*របស់​កូន​មនុស្ស នឹង​ប្រៀប​ដូច​ជា​ផ្លេក​បន្ទោរ ដែល​ភ្លឺ​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច។+ ២៨ សាក​សព​នៅ​ទី​ណា សត្វ​ឥន្ទ្រី​នឹង​ប្រមូល​គ្នា​នៅ​ទី​នោះ។+

២៩ ​«​បន្ទាប់​ពី​ទុក្ខ​វេទនា​នៅ​គ្រា​នោះ​ចប់​ភ្លាម ដួង​អាទិត្យ​នឹង​ទៅ​ជា​ងងឹត+ ដួង​ខែ​នឹង​លែង​ភ្លឺ ផ្កាយ​ទាំង​ឡាយ​នឹង​ធ្លាក់​ពី​លើ​មេឃ ហើយ​កម្លាំង​ធម្មជាតិ​នៅ​លើ​មេឃ​នឹង​ត្រូវ​អង្រួន។+ ៣០ រួច​មក សញ្ញា​សម្គាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ ហើយ​កុល​សម្ព័ន្ធ​ទាំង​ឡាយ​នៅ​ផែនដី​នឹង​គក់​ទ្រូង​ដោយ​ក្ដី​ទុក្ខ​ព្រួយ+ ហើយ​ពួក​គេ​នឹង​ឃើញ​កូន​មនុស្ស+មក​លើ​ពពក​នៅ​លើ​មេឃ ទាំង​មាន​ឫទ្ធានុភាព​និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ។+ ៣១ នៅ​ពេល​នោះ លោក​នឹង​ចាត់​បណ្ដា​ទេវតា​របស់​លោក ព្រម​ជា​មួយ​នឹង​សំឡេង​ត្រែ​លាន់​ឮ​យ៉ាង​ខ្លាំង ហើយ​បណ្ដា​ទេវតា​ទាំង​នោះ​នឹង​ទៅ​ប្រមូល​អ្នក​ដែល​លោក​បាន​រើស​តាំង​ពី​ទិស​ខាង​ជើង ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង។+

៣២ ​«​ចូរ​ទាញ​យក​មេ​រៀន​ពី​ឧទាហរណ៍​អំពី​ដើម​ល្វា​តូច​ដូច​ត​ទៅ​នេះ​៖ កាល​ដែល​មែក​ខ្ចី​របស់​វា​ទៅ​ជា​ទន់ ហើយ​លាស់​ស្លឹក អ្នក​ដឹង​ភ្លាម​ថា រដូវ​ក្ដៅ​ជិត​ដល់​ហើយ។+ ៣៣ ដូច​គ្នា​ដែរ កាល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​អស់​នេះ ចូរ​ដឹង​ថា​កូន​មនុស្ស​នៅ​ជិត​មាត់​ទ្វារ​ហើយ។+ ៣៤ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ជំនាន់​នេះ​នឹង​មិន​កន្លង​បាត់​ឡើយ ទាល់​តែ​ការ​ទាំង​អស់​នេះ​កើត​ឡើង។ ៣៥ មេឃ​និង​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ។+

៣៦ ​«​គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ+ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ។ មាន​តែ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប+ ៣៧ ពី​ព្រោះ​វត្តមាន*របស់​កូន​មនុស្ស+ នឹង​ដូច​សម័យ​ណូអេ។+ ៣៨ ព្រោះ​មនុស្ស​នៅ​សម័យ​នោះ មុន​ទឹក​ជំនន់​មក​ដល់ ពួក​គេ​កំពុង​ពិសា​អាហារ​ពិសា​ស្រា រៀប​ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ+ ៣៩ ហើយ​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ រហូត​ដល់​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ។+ ពេល​កូន​មនុស្ស​មាន​វត្តមាន ក៏​នឹង​ដូច​គ្នា​ដែរ។ ៤០ នៅ​ពេល​នោះ នឹង​មាន​បុរស​ពីរ​នាក់​នៅ​ស្រែ​ចម្ការ ហើយ​ម្នាក់​នឹង​ត្រូវ​យក​ទៅ តែ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​ចោល ៤១ ក៏​នឹង​មាន​ស្ត្រី​ពីរ​នាក់​កំពុង​កិន​ម្សៅ ហើយ​ម្នាក់​នឹង​ត្រូវ​យក​ទៅ តែ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​ចោល។+ ៤២ ដូច្នេះ ចូរ​ចាំ​យាម ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​លោក​ម្ចាស់​របស់​អ្នក​នឹង​មក​វិញ​នៅ​ថ្ងៃ​ណា​ឡើយ។+

៤៣ ​«​ចូរ​ដឹង​ថា បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា​ចោរ​នឹង​មក​នៅ​យាម​ណា*+ នោះ​ម្ចាស់​ផ្ទះ​មុខ​ជា​ចាំ​យាម​មិន​ឲ្យ​ចោរ​ចូល​ផ្ទះ​គាត់​ទេ។+ ៤៤ ហេតុ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​ដូច្នេះ​ដែរ+ ពី​ព្រោះ​កូន​មនុស្ស​នឹង​មក​នៅ​ម៉ោង​ដែល​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន។

៤៥ ​«​តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា* ដែល​ម្ចាស់​បាន​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត​របស់​លោក ដើម្បី​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​នៅ​ពេល​ត្រឹម​ត្រូវ?+ ៤៦ ខ្ញុំ​បម្រើ​នោះ​មាន​សុភមង្គល​ហើយ! ប្រសិន​បើ​ម្ចាស់​មក​ដល់ ហើយ​ឃើញ​ថា​គាត់​កំពុង​ធ្វើ​ដូច្នោះ​មែន។+ ៤៧ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា លោក​នឹង​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក។

៤៨ ​«​ក៏​ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បម្រើ​នោះ​អាក្រក់ ហើយ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ម្ចាស់​ខ្ញុំនៅ​បង្អង់​យូរ›+ ៤៩ រួច​ចាប់​ផ្ដើម​វាយ​ខ្ញុំ​បម្រើ​គ្នី​គ្នា ហើយ​ស៊ី​ផឹក​ជា​មួយ​នឹង​មនុស្ស​ប្រមឹក​ស្រា ៥០ នោះ​ម្ចាស់​របស់​គាត់​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹក​ស្មាន និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង+ ៥១ ហើយ​ម្ចាស់​របស់​គាត់​នឹង​ដាក់​ទោស​គាត់​យ៉ាង​ធ្ងន់​បំផុត ក៏​រាប់​បញ្ចូល​គាត់​ក្នុង​ចំណោម​មនុស្ស​លាក់​ពុត។ នៅ​ទី​នោះ គាត់​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។+

២៥ ​«​ពេល​នោះ រាជាណាចក្រ​ស្ថាន​សួគ៌​ប្រៀប​ដូច​ជា​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់ ដែល​បាន​យក​ចង្កៀង+ចេញ​ទៅ​ជួប​កូន​កំលោះ។+ ២ ក្នុង​ចំណោម​ពួក​នាង មាន​ប្រាំ​នាក់​មិន​ចេះ​ពិចារណា* និង​ប្រាំ​នាក់​ចេះ​ពិចារណា*+ ៣ ព្រោះ​ស្ត្រី​ដែល​មិន​ចេះ​ពិចារណា​បាន​យក​ចង្កៀង តែ​មិន​បាន​យក​ប្រេង​ទៅ​ជា​មួយ​ទេ។ ៤ រីឯ​ស្ត្រី​ដែល​ចេះ​ពិចារណា​វិញ ពួក​នាង​បាន​យក​ចង្កៀង ក៏​បាន​យក​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ​ដែរ។ ៥ ពេល​ដែល​កូន​កំលោះ​នៅ​បង្អង់​យូរ ស្ត្រី​ទាំង​នោះ​បាន​ងោក​ងុយ ក៏​លង់​លក់​អស់​ទៅ។ ៦ លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ មាន​គេ​ស្រែក​ឡើង​ថា​៖ ‹កូន​កំលោះ​មក​ដល់​ហើយ! ចូរ​ចេញ​ទៅ​ជួប​លោក›។ ៧ រួច​មក ស្ត្រី​ក្រមុំ​បរិសុទ្ធ​ទាំង​នោះ​ក៏​ក្រោក​ឡើង​រៀបចំ​ចង្កៀង​រៀង​ៗ​ខ្លួន។+ ៨ ស្ត្រី​ដែល​មិន​ចេះ​ពិចារណា​និយាយ​ទៅ​កាន់​ស្ត្រី​ដែល​ចេះ​ពិចារណា​ថា​៖ ‹សូម​ឲ្យ​ប្រេង​ខ្លះ​មក​យើង ពី​ព្រោះ​ចង្កៀង​របស់​យើង​ជិត​រលត់​ហើយ›។ ៩ ស្ត្រី​ដែល​ចេះ​ពិចារណា​បាន​តប​ឆ្លើយ​ថា​៖ ‹ប្រហែល​ជា​មិន​មាន​ប្រេង​គ្រប់​គ្រាន់​សម្រាប់​យើង​និង​អ្នក​រាល់​គ្នា​ទេ។ សូម​ទៅ​ឯ​អ្នក​លក់​ប្រេង រួច​ទិញ​សម្រាប់​ខ្លួន​អ្នក​ទៅ›។ ១០ ពេល​ដែល​ស្ត្រី​ទាំង​នោះ​ចេញ​ទៅ​ទិញ​ប្រេង នោះ​កូន​កំលោះ​បាន​មក​ដល់ ហើយ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច បាន​ចូល​ទៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​លោក។+ លុះ​បាន​ចូល​ហើយ គេ​ក៏​បិទ​ទ្វារ​ទៅ។ ១១ ក្រោយ​ពី​នោះ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ប្រាំ​នាក់​ទៀត​បាន​មក​ដល់ ហើយ​ពោល​ថា​៖ ‹លោក! លោក! សូម​ឲ្យ​យើង​ចូល​ផង!›។+ ១២ លោក​តប​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ប្រាប់​ពួក​នាង​ការ​ពិត​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ›។

១៣ ​«​ដូច្នេះ ចូរ​ចាំ​យាម+ ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​នោះ​ឡើយ។+

១៤ ​«​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​ប្រៀប​ដូច​ជា​ពេល​បុរស​ម្នាក់​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ មុន​នឹង​ទៅ គាត់​បាន​ហៅ​ពួក​ខ្ញុំ​បម្រើ​មក ហើយ​ផ្ដាំ​ពួក​គេ​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​របស់​គាត់។+ ១៥ គាត់​ឲ្យ​ខ្ញុំ​បម្រើ​ទី​១ ប្រាំ​ថាលិន* ខ្ញុំ​បម្រើ​ទី​២ ពីរ​ថាលិន ហើយ​ខ្ញុំ​បម្រើ​ទី​៣ មួយ​ថាលិន តាម​សមត្ថភាព​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ រួច​គាត់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ ១៦ ខ្ញុំ​បម្រើ​ដែល​បាន​ទទួល​ប្រាំ​ថាលិន បាន​យក​ថាលិន​នោះ​ទៅ​ធ្វើ​ដើម​ទុន​រក​ស៊ី​ភ្លាម ហើយ​បាន​ចំណេញ​ប្រាំ​ថាលិន​ទៀត។ ១៧ ខ្ញុំ​បម្រើ​ដែល​បាន​ទទួល​ពីរ​ថាលិន​ក៏​បាន​ធ្វើ​ដូច​គ្នា ហើយ​បាន​ចំណេញ​ពីរ​ថាលិន​ទៀត។ ១៨ ក៏​ប៉ុន្តែ ខ្ញុំ​បម្រើ​ដែល​បាន​ទទួល​តែ​មួយ​ថាលិន បាន​ចេញ​ទៅ​ជីក​ដី​លាក់​ប្រាក់​របស់​ម្ចាស់​គាត់​ទុក។

១៩ ​«​លុះ​យូរ​ក្រោយ​មក ម្ចាស់​របស់​ខ្ញុំ​បម្រើ​ទាំង​នោះ​បាន​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​នឹង​ពួក​គេ។+ ២០ ដូច្នេះ ខ្ញុំ​បម្រើ​ដែល​បាន​ទទួល​ប្រាំ​ថាលិន​បាន​យក​ប្រាំ​ថាលិន​ទៀត​ចូល​មក​ជិត​លោក ហើយ​ជម្រាប​ថា​៖ ‹លោក​ម្ចាស់ លោក​បាន​ឲ្យ​ខ្ញុំ​មើល​ការ​ខុស​ត្រូវ​លើ​ប្រាំ​ថាលិន សូម​មើល! ខ្ញុំ​បាន​ចំណេញ​ប្រាំ​ថាលិន​ទៀត›។+ ២១ ម្ចាស់​ក៏​ប្រាប់​គាត់​ថា​៖ ‹ខ្ញុំ​បម្រើ​ដ៏​ល្អ​ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​ធ្វើ​ការ​បាន​ល្អ​ណាស់! អ្នក​បាន​ស្មោះ​ត្រង់​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​របស់​បន្តិច​បន្តួច។ ខ្ញុំ​នឹង​តែង​តាំង​អ្នក​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន​ទៀត។+ ចូរ​មក​អរ​សប្បាយ​ជា​មួយ​នឹង​ម្ចាស់​របស់​អ្នក​ចុះ›។+ ២២ បន្ទាប់​មក ខ្ញុំ​បម្រើ​ដែល​បាន​ទទួល​ពីរ​ថាលិន​បាន​ចូល​មក​ជិត​លោក ហើយ​ជម្រាប​ថា​៖ ‹លោក​ម្ចាស់ លោក​បាន​ឲ្យ​ខ្ញុំ​មើល​ការ​ខុស​ត្រូវ​លើ​ពីរ​ថាលិន សូម​មើល! ខ្ញុំ​បាន​ចំណេញ​ពីរ​ថាលិន​ទៀត›។+ ២៣ ម្ចាស់​ក៏​ប្រាប់​គាត់​ថា​៖ ‹ខ្ញុំ​បម្រើ​ដ៏​ល្អ​ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​ធ្វើ​ការ​បាន​ល្អ​ណាស់! អ្នក​បាន​ស្មោះ​ត្រង់​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​របស់​បន្តិច​បន្តួច។ ខ្ញុំ​នឹង​តែង​តាំង​អ្នក​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន​ទៀត។ ចូរ​មក​អរ​សប្បាយ​ជា​មួយ​នឹង​ម្ចាស់​របស់​អ្នក​ចុះ›។

២៤ ​«​ក្រោយ​បង្អស់ ខ្ញុំ​បម្រើ​ដែល​បាន​ទទួល​មួយ​ថាលិន​បាន​ចូល​មក​ជិត​លោក ហើយ​ជម្រាប​ថា​៖ ‹លោក​ម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងរ៉ឹង​ណាស់។ លោក​ច្រូត​នៅ​កន្លែង​ដែល​លោក​មិន​បាន​សាប​ព្រោះ ក៏​ប្រមូល​ផល​ដំណាំ​ដោយ​មិន​បាន​ធ្វើ​ការ​អ្វី​សោះ។+ ២៥ ដូច្នេះ ខ្ញុំ​បាន​ភ័យ​ខ្លាច ក៏​បាន​ចេញ​ទៅ​លាក់​ថាលិន​របស់​លោក​ក្នុង​ដី។ នេះ​ជា​ថាលិន​របស់​លោក សូម​លោក​យក​ទៅ​វិញ​ចុះ›។ ២៦ ម្ចាស់​របស់​គាត់​តប​ទៅ​វិញ​ថា​៖ ‹ខ្ញុំ​បម្រើ​ទុច្ចរិត​និង​ខ្ជិល​ច្រអូស​អើយ! បើ​អ្នក​ដឹង​ថា​ខ្ញុំ​ច្រូត​នៅ​កន្លែង​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ ក៏​ប្រមូល​ផល​ដំណាំ​ដោយ​មិន​បាន​ធ្វើ​ការ​អ្វី​សោះ ២៧ អ្នក​គួរ​តែ​យក​ប្រាក់​របស់​ខ្ញុំ​ទៅ​ផ្ញើ​អ្នក​ចង​ការ ហើយ​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​អាច​ទទួល​ប្រាក់​របស់​ខ្ញុំ​ព្រម​ទាំង​ការ​ប្រាក់​ផង។

២៨ ​«​‹ដូច្នេះ ចូរ​យក​ថាលិន​ពី​គាត់ ហើយ​ឲ្យ​ទៅ​ខ្ញុំ​បម្រើ​ដែល​មាន​១០​ថាលិន​វិញ។+ ២៩ ព្រោះ​អ្នក​ណា​ដែល​មាន នឹង​ទទួល​ថែម​ទៀត ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ។ ប៉ុន្តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន ក៏​នឹង​ត្រូវ​ដក​ហូត​ដែរ។+ ៣០ ចូរ​បោះ​ខ្ញុំ​បម្រើ​ឥត​បាន​ការ​នេះ​ទៅ​ខាង​ក្រៅ​ក្នុង​ទី​ងងឹត។ នៅ​ទី​នោះ គាត់​នឹង​យំ ហើយ​សង្កៀត​ធ្មេញ›។

៣១ ​«​ពេល​ដែល​កូន​មនុស្ស+មក​ប្រកប​ដោយ​សិរី​រុង​រឿង ហើយ​មាន​ទេវតា​ទាំង​ឡាយ​មក​ជា​មួយ​ផង+ នោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង​រឿង​របស់​លោក។ ៣២ ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​ត្រូវ​ប្រមូល​មក​នៅ​មុខ​លោក រួច​លោក​នឹង​ញែក​មនុស្ស​ចេញ​ពី​គ្នា ដូច​គង្វាល​ម្នាក់​ញែក​ចៀម​ចេញ​ពី​ពពែ។ ៣៣ លោក​នឹង​ដាក់​ចៀម+នៅ​ខាង​ស្ដាំ​ដៃ តែ​ពពែ​នៅ​ខាង​ឆ្វេង​ដៃ។+

៣៤ ​«​រួច​មក ស្ដេច​នឹង​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ដែល​នៅ​ខាង​ស្ដាំ​លោក​ថា​៖ ‹អ្នក​ដែល​ទទួល​ពរ​ពី​បិតា​ខ្ញុំ​អើយ! ចូរ​មក​ទទួល​រាជាណាចក្រ​ដែល​បាន​ត្រូវ​រៀបចំ​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​ជា​មត៌ក​ចុះ។ ៣៥ ព្រោះ​កាល​ខ្ញុំ​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​ខ្ញុំ​បរិភោគ កាល​ខ្ញុំ​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ខ្ញុំ​ផឹក កាល​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​បាន​ទទួល​ខ្ញុំ​យ៉ាង​រាក់​ទាក់+ ៣៦ កាល​ខ្ញុំ​គ្មាន​សម្លៀក​បំពាក់ អ្នក​រាល់​គ្នា​បាន​ឲ្យ​សម្លៀក​បំពាក់​ដល់​ខ្ញុំ+ កាល​ខ្ញុំ​ឈឺ អ្នក​រាល់​គ្នា​បាន​ថែ​ទាំ​ខ្ញុំ ហើយ​កាល​ខ្ញុំ​ជាប់​គុក អ្នក​រាល់​គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ›។+ ៣៧ រួច​មក មនុស្ស​សុចរិត​នឹង​តប​ឆ្លើយ​ទៅ​លោក​ថា​៖ ‹លោក​ម្ចាស់ តើ​នៅ​ពេល​ណា​ដែល​យើង​បាន​ឃើញ​លោក​ឃ្លាន​ហើយ​ឲ្យ​លោក​បរិភោគ ឬ​ស្រេក​ហើយ​ឲ្យ​លោក​ផឹក?+ ៣៨ តើ​នៅ​ពេល​ណា​ដែល​យើង​មិន​បាន​ស្គាល់​លោក តែ​បាន​ទទួល​លោក​យ៉ាង​រាក់​ទាក់ ឬ​ឃើញ​លោក​គ្មាន​សម្លៀក​បំពាក់ ហើយ​បាន​ឲ្យ​សម្លៀក​បំពាក់​ដល់​លោក? ៣៩ តើ​នៅ​ពេល​ណា​ដែល​យើង​ឃើញ​លោក​ឈឺ​ឬ​ជាប់​គុក ហើយ​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក?›។ ៤០ រួច​មក ស្ដេច​នឹង​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ‹ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ​ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​របស់​ខ្ញុំ នោះ​ក៏​ដូច​ជា​បាន​ធ្វើ​ដល់​ខ្ញុំ​ដែរ›។+

៤១ ​«​បន្ទាប់​មក លោក​នឹង​មាន​ប្រសាសន៍​ទៅ​អ្នក​ដែល​នៅ​ខាង​ឆ្វេង​លោក​ថា​៖ ‹ពួក​អ្នក​ត្រូវ​បណ្ដាសា​អើយ! ចូរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ+ ហើយ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​ជា​រៀង​រហូត+ ដែល​បាន​ត្រូវ​បម្រុង​ទុក​សម្រាប់​មេកំណាច* និង​បណ្ដា​ទេវតា​របស់​វា។+ ៤២ ព្រោះ​ខ្ញុំ​បាន​ឃ្លាន តែ​អ្នក​រាល់​គ្នា​មិន​បាន​ឲ្យ​ខ្ញុំ​បរិភោគ​ទេ ខ្ញុំ​បាន​ស្រេក តែ​អ្នក​រាល់​គ្នា​ក៏​មិន​បាន​ឲ្យ​ខ្ញុំ​ផឹក​ដែរ។ ៤៣ កាល​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ស្គាល់​ខ្ញុំ អ្នក​មិន​បាន​ទទួល​ខ្ញុំ​យ៉ាង​រាក់​ទាក់​ឡើយ។ កាល​ខ្ញុំ​គ្មាន​សម្លៀក​បំពាក់ អ្នក​រាល់​គ្នា​មិន​បាន​ឲ្យ​សម្លៀក​បំពាក់​ដល់​ខ្ញុំ​ទេ ខ្ញុំ​បាន​ឈឺ​ហើយ​ជាប់​គុក តែ​អ្នក​រាល់​គ្នា​មិន​បាន​ថែ​ទាំ​ខ្ញុំ​ឡើយ›។ ៤៤ រួច​ពួក​គេ​ក៏​នឹង​តប​ឆ្លើយ ដោយ​ពោល​ពាក្យ​ថា​៖ ‹លោក​ម្ចាស់ តើ​នៅ​ពេល​ណា​ដែល​យើង​មិន​បាន​ស្គាល់​លោក ឬ​ឃើញ​លោក​ឃ្លាន ឬ​ស្រេក ឬ​ឈឺ ឬ​ជាប់​គុក តែ​មិន​បាន​បម្រើ​លោក?›។ ៤៥ រួច​លោក​នឹង​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ដោយ​សារ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ការ​ទាំង​នោះ​ដល់​អ្នក​តូច​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នេះ នោះ​ក៏​ដូច​ជា​មិន​បាន​ធ្វើ​ដល់​ខ្ញុំ​ដែរ›។+ ៤៦ មនុស្ស​ទាំង​នោះ​នឹង​ទទួល​សេចក្ដី​ស្លាប់*ជា​រៀង​រហូត+ តែ​មនុស្ស​សុចរិត​នឹង​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។+

២៦ ពេល​ដែល​លោក​យេស៊ូ​បាន​ពោល​ពាក្យ​ទាំង​អស់​នោះ​ចប់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ២ ​«​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ពីរ​ថ្ងៃ​ទៀត​មាន​បុណ្យ​រំលង+ ហើយ​ពេល​នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​គេ​ព្យួរ​លើ​បង្គោល​»។+

៣ នៅ​ពេល​នោះ ពួក​សង្ឃនាយក​និង​ពួក​អ្នក​ចាស់​ទុំ បាន​ជួប​ជុំ​គ្នា​នៅ​ទី​ធ្លា​ផ្ទះ​របស់​សម្ដេច​សង្ឃ​ឈ្មោះ​កៃផាស។+ ៤ រួច​ពួក​គេ​បាន​ប្រឹក្សា​គ្នា​រិះ​រក​ល្បិច​កល+ ដើម្បី​ចាប់​លោក​យេស៊ូ​យក​ទៅ​សម្លាប់។ ៥ ក៏​ប៉ុន្តែ ពួក​គេ​បាន​និយាយ​គ្នា​ថា​៖ ​«​កុំ​ធ្វើ​អ្វី​ដល់​គាត់​ក្នុង​អំឡុង​ពេល​បុណ្យ ខ្លាច​ក្រែង​បណ្ដា​ជន​កើត​ចលាចល​»។

៦ ពេល​ដែល​លោក​យេស៊ូ​នៅ​ភូមិ​បេថានី​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ដែល​ធ្លាប់​កើត​ជំងឺ​ឃ្លង់+ ៧ នោះ​មាន​ស្ត្រី​ម្នាក់​បាន​មក​ឯ​លោក​ទាំង​កាន់​ប្រេង​ក្រអូប​ដ៏​ថ្លៃ​ក្នុង​ដប​ថ្ម​កែវ​មួយ ហើយ​នាង​ចាប់​ផ្ដើម​ចាក់​ប្រេង​លើ​ក្បាល​របស់​លោក ពេល​លោក​កំពុង​បរិភោគ។* ៨ ឃើញ​ដូច្នេះ អ្នក​កាន់​តាម​លោក​បាន​ទាស់​ចិត្ត ក៏​និយាយ​ថា​៖ ​«​ហេតុ​អ្វី​បង្ខាត​ប្រេង​ចោល​ដូច្នេះ? ៩ ព្រោះ​បើ​យក​ប្រេង​នេះ​ទៅ​លក់ អាច​បាន​ថ្លៃ​ណាស់ ហើយ​អាច​ចែក​ដល់​អ្នក​ក្រ​»។ ១០ ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​រក​រឿង​ស្ត្រី​នេះ​ដូច្នេះ? នាង​បាន​ធ្វើ​អំពើ​ល្អ​ចំពោះ​ខ្ញុំ។ ១១ ព្រោះ​អ្នក​រាល់​គ្នា​តែង​តែ​មាន​អ្នក​ក្រ​នៅ​ជា​មួយ+ តែ​អ្នក​រាល់​គ្នា​នឹង​មិន​មាន​ខ្ញុំ​នៅ​ជា​មួយ​រហូត​ទេ។+ ១២ នាង​បាន​ចាក់​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ ដើម្បី​ត្រៀម​សម្រាប់​ខ្ញុំ មុន​ពេល​គេ​យក​សព​ខ្ញុំ​ទៅ​បញ្ចុះ។+ ១៣ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា នៅ​គ្រប់​កន្លែង​ក្នុង​ពិភព​លោក​ដែល​ដំណឹង​ល្អ​នេះ​ត្រូវ​ផ្សព្វ​ផ្សាយ អ្វី​ដែល​ស្ត្រី​នេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវ​រៀប​រាប់​ដែរ ដើម្បី​រំលឹក​អំពី​នាង​»។+

១៤ រួច​មក យូដាស​អ៊ីស្ការីយ៉ុត​ពី​ចំណោម​អ្នក​កាន់​តាម​ទាំង​១២​នាក់+ បាន​ទៅ​ជួប​ពួក​សង្ឃនាយក+ ១៥ ហើយ​បាន​សួរ​ថា​៖ ​«​បើ​ខ្ញុំ​បញ្ជូន*អ្នក​នោះ​មក​ឲ្យ​អ្នក​រាល់​គ្នា តើ​អ្នក​នឹង​ឲ្យ​អ្វី​មក​ខ្ញុំ?​»។+ ពួក​គេ​បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​ឲ្យ​៣០​កាក់​ធ្វើ​ពី​ប្រាក់។+ ១៦ ចាប់​ពី​ពេល​នោះ​មក គាត់​ខំ​រក​ឱកាស​ល្អ​ដើម្បី​ក្បត់​លោក។

១៧ នៅ​ថ្ងៃ​ដំបូង​នៃ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ+ ពួក​អ្នក​កាន់​តាម​បាន​មក​ឯ​លោក​យេស៊ូ ហើយ​សួរ​ថា​៖ ​«​តើ​លោក​ចង់​ឲ្យ​យើង​ទៅ​រៀបចំ​អាហារ​បុណ្យ​រំលង​ឲ្យ​លោក​ពិសា​នៅ​កន្លែង​ណា?​»។+ ១៨ លោក​ប្រាប់​ពួក​គាត់​ថា​៖ ​«​ចូរ​ចូល​ទៅ​ក្នុង​ក្រុង ហើយ​អ្នក​នឹង​ជួប​បុរស​ម្នាក់ រួច​ចូរ​ប្រាប់​គាត់​ថា​៖ ‹លោក​គ្រូ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​កំណត់​របស់​ខ្ញុំ​គឺ​ជិត​ដល់​ហើយ។ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជា​មួយ​នឹង​អ្នក​កាន់​តាម​ខ្ញុំ នៅ​ផ្ទះ​របស់​អ្នក​»​›​»។ ១៩ រួច​មក អ្នក​កាន់​តាម​បាន​ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ ក៏​បាន​រៀបចំ​អ្វី​ៗ​ជា​ស្រេច​សម្រាប់​បុណ្យ​រំលង។

២០ លុះ​ព្រលប់+ លោក​អង្គុយ​រួម​តុ​ជា​មួយ​នឹង​អ្នក​កាន់​តាម​ទាំង​១២​នាក់។+ ២១ កាល​ដែល​លោក​និង​ពួក​គាត់​កំពុង​ពិសា​អាហារ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​»។+ ២២ ឮ​ដូច្នេះ ពួក​គាត់​ព្រួយ​ចិត្ត​ជា​ខ្លាំង ក៏​ចាប់​ផ្ដើម​សួរ​លោក​ម្នាក់​ម្ដង​ៗ​ថា​៖ ​«​លោក​ម្ចាស់ មិន​មែន​ខ្ញុំ​ទេ មែន​ទេ?​»។ ២៣ លោក​តប​ឆ្លើយ​ថា​៖ ​«​អ្នក​ដែល​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ ជា​អ្នក​ដែល​នឹង​ក្បត់​ខ្ញុំ។+ ២៤ ពិត​មែន កូន​មនុស្ស​នឹង​ចាក​ចេញ​ទៅ ដូច​អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​លោក។ ប៉ុន្តែ បុរស​ដែល​គេ​ប្រើ​ដើម្បី​ក្បត់​កូន​មនុស្ស+ ត្រូវ​វេទនា​ណាស់!+ ចំពោះ​អ្នក​នោះ បើ​គាត់​មិន​បាន​កើត​មក នោះ​ប្រសើរ​ជាង​»។+ ២៥ យូដាស​ដែល​ហៀប​នឹង​ក្បត់​លោក បាន​តប​ឆ្លើយ​ថា​៖ ​«​រ៉ាប៊ី* មិន​មែន​ខ្ញុំ​ទេ មែន​ទេ?​»។ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​គឺ​អ្នក​ហើយ​ដែល​និយាយ​»។

២៦ ពេល​ដែល​ពួក​គាត់​កំពុង​ពិសា លោក​យក​នំ​ប៉័ង​មួយ​ដុំ ហើយ​អធិដ្ឋាន រួច​កាច់+ បន្ទាប់​មក​ឲ្យ​ពួក​គាត់ ទាំង​ពោល​ថា​៖ ​«​ចូរ​យក​ពិសា​ចុះ។ នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ​»។+ ២៧ លោក​ក៏​បាន​យក​ពែង​មួយ អរគុណ​ព្រះ រួច​ឲ្យ​ដល់​ពួក​គាត់ ដោយ​ពោល​ថា​៖ ​«​ចូរ​អ្នក​ទាំង​អស់​គ្នា​ពិសា​ពី​ពែង​នេះ+ ២៨ ព្រោះ​នេះ​ជា​តំណាង​ឈាម​របស់​ខ្ញុំ+ ជា​‹ឈាម​សម្រាប់​កិច្ច​ព្រម​ព្រៀង›។+ ឈាម​នោះ​នឹង​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន+ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ខ្លួន។+ ២៩ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នេះ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ក្នុង​រាជាណាចក្រ​របស់​បិតា​ខ្ញុំ​»។+ ៣០ រួច​មក ក្រោយ​ពី​បាន​ច្រៀង​សរសើរ​ព្រះ​ហើយ លោក​និង​ពួក​គាត់​បាន​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។+

៣១ ពេល​នោះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​នៅ​យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​ជំពប់​ដួល* ដោយ​សារ​អ្វី​ដែល​កើត​ឡើង​ដល់​ខ្ញុំ ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹ខ្ញុំ​នឹង​ប្រហារ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ›។+ ៣២ ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុកកាលីឡេ ហើយ​រង់​ចាំ​អ្នក​រាល់​គ្នា​នៅ​ទី​នោះ​»។+ ៣៣ ប៉ុន្តែ ពេត្រុស​តប​ទៅ​លោក​ថា​៖ ​«​ទោះ​ជា​ពួក​គេ​ទាំង​អស់​គ្នា​ជំពប់​ដួល​ដោយ​សារ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​លោក​ក៏​ដោយ តែ​ខ្ញុំ​នឹង​មិន​ជំពប់​ដួល​ឡើយ!​»។+ ៣៤ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង​»។+ ៣៥ ពេត្រុស​ជម្រាប​លោក​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​លោក​ក៏​ដោយ ក៏​ខ្ញុំ​មិន​ឈប់​ទទួល​ស្គាល់​លោក​ដែរ​»។+ ពួក​អ្នក​កាន់​តាម​គ្រប់​គ្នា​ក៏​និយាយ​ដូច​គ្នា​ដែរ។

៣៦ លុះ​ក្រោយ​មក លោក​យេស៊ូ​និង​ពួក​គាត់​បាន​ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា​កេតសេម៉ានី+ ហើយ​លោក​ប្រាប់​អ្នក​កាន់​តាម​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ពេល​ខ្ញុំ​ទៅ​អធិដ្ឋាន​នៅ​ទី​នោះ​»។+ ៣៧ រួច​លោក​នាំ​ពេត្រុស និង​កូន​ប្រុស​ពីរ​នាក់​របស់​សេបេដេ​ទៅ​ជា​មួយ ហើយ​លោក​ក៏​តាំង​កើត​ទុក្ខ និង​ពិបាក​ចិត្ត​ក្រៃ​លែង។+ ៣៨ លោក​ប្រាប់​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​កំពុង​កើត​ទុក្ខ​ស្ទើរ​ស្លាប់។ សូម​នៅ​ទី​នេះ ហើយ​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​»។+ ៣៩ ក្រោយ​មក លោក​ដើរ​ទៅ​មុខ​បន្តិច ហើយ​ក្រាប​មុខ​ដល់​ដី រួច​អធិដ្ឋាន​ថា​៖+​«​បិតា​អើយ! បើ​អាច​ធ្វើ​ទៅ​បាន សូម​ដក​ពែង*នេះ+ចេញ​ពី​ខ្ញុំ។ ប៉ុន្តែ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច មិន​មែន​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ​»។+

៤០ ក្រោយ​មក លោក​ទៅ​ឯ​ពួក​អ្នក​កាន់​តាម ហើយ​ឃើញ​ពួក​គាត់​កំពុង​ដេក​លក់។ រួច​លោក​សួរ​ពេត្រុស​ថា​៖ ​«​តើ​អ្នក​មិន​អាច​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​សូម្បី​តែ​មួយ​ម៉ោង​ទេ​ឬ?+ ៤១ ចូរ​ចាំ​យាម+ ហើយ​អធិដ្ឋាន​ជា​និច្ច+ ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​ឡើយ។+ ចិត្ត​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​សាច់​ឈាម​គឺ​ខ្សោយ​ណាស់​»។+ ៤២ រួច​មក លោក​ចេញ​ទៅ​អធិដ្ឋាន​ជា​លើក​ទី​២ ដោយ​ពោល​ថា​៖ ​«​បិតា​ខ្ញុំ​អើយ! ប្រសិន​បើ​មិន​អាច​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ លុះ​ត្រា​តែ​ខ្ញុំ​ផឹក​ពី​ពែង​នេះ នោះ​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​»។+ ៤៣ បន្ទាប់​មក លោក​វិល​មក​វិញ ហើយ​ឃើញ​ពួក​គាត់​កំពុង​ដេក​លក់​ទៀត ពី​ព្រោះ​ងងុយ​ខ្លាំង​ណាស់។ ៤៤ រួច​លោក​ចេញ​ពី​ពួក​គាត់​ទៅ​អធិដ្ឋាន​ជា​លើក​ទី​៣ ដោយ​ពោល​ពាក្យ​ដដែល​ដូច​មុន។ ៤៥ ក្រោយ​មក លោក​ទៅ​ឯ​ពួក​អ្នក​កាន់​តាម ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ដេក​យក​កម្លាំង​នៅ​ពេល​ដ៏​សំខាន់​នេះ? មើល! ពេល​ដែល​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន*ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង គឺ​ជិត​ដល់​ហើយ។ ៤៦ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ។ មើល! អ្នក​ដែល​ក្បត់​ខ្ញុំ មក​ជិត​ដល់​ហើយ​»។ ៤៧ កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ មើល! យូដាស​ពី​ចំណោម​សាវ័ក​ទាំង​១២​នាក់ បាន​មក​ជា​មួយ​នឹង​មនុស្ស​មួយ​ក្រុម​ធំ​ដែល​ពួក​សង្ឃនាយក​និង​ពួក​អ្នក​ចាស់​ទុំ​បាន​បញ្ជូន​មក។ ពួក​គេ​មក​ទាំង​កាន់​ដាវ​កាន់​ដំបង។+

៤៨ អ្នក​ដែល​ក្បត់​លោក​បាន​ប្រាប់​ពួក​គេ​នូវ​សញ្ញា​សម្គាល់​មួយ​ថា​៖ ​«​អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ។ ចាប់​ខ្លួន​គាត់​ទៅ​»។ ៤៩ រួច​អ្នក​នោះ​ដើរ​តម្រង់​ទៅ​ឯ​លោក​យេស៊ូ ហើយ​ពោល​ថា​៖ ​«​ជម្រាប​សួរ​រ៉ាប៊ី!​»។ រួច​ថើប​លោក​ដោយ​ថ្នម។ ៥០ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​តើ​អ្នក​មក​ទី​នេះ​ក្នុង​បំណង​អ្វី?​»។+ រួច​ពួក​គេ​ចូល​មក​ចាប់​ខ្លួន​លោក​យេស៊ូ។ ៥១ ប៉ុន្តែ​ខណៈ​នោះ ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក​យេស៊ូ បាន​លូក​ដៃ​ទៅ​ដក​ដាវ​ចេញ ហើយ​បាន​កាប់​ដាច់​ស្លឹក​ត្រចៀក​ខ្ញុំ​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ។+ ៥២ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​អ្នក​នោះ​ថា​៖ ​«​ចូរ​ស៊ក​ដាវ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​វិញ+ ព្រោះ​អស់​អ្នក​ដែល​ប្រើ​ដាវ ក៏​នឹង​ស្លាប់​ដោយ​ដាវ​ដែរ។+ ៥៣ ឬ​ក៏​តើ​អ្នក​មិន​គិត​ថា​ខ្ញុំ​អាច​អង្វរ​បិតា​ខ្ញុំ​ឲ្យ​ចាត់​ទេវតា​១២​កង​ពល​មក​ភ្លាម​ៗ​ទេ​ឬ?+ ៥៤ បើ​យ៉ាង​នោះ តើ​អ្វី​ដែល​បទ​គម្ពីរ​បាន​ចែង​ទុក នឹង​សម្រេច​ដូច​ម្ដេច​បាន?​»។ ៥៥ នៅ​ពេល​នោះ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​មនុស្ស​មួយ​ក្រុម​ធំ​នោះ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ប្លន់​ដូច្នេះ? ខ្ញុំ​ធ្លាប់​អង្គុយ​បង្រៀន​នៅ​ក្នុង​វិហារ​រៀង​រាល់​ថ្ងៃ+ តែ​អ្នក​រាល់​គ្នា​មិន​បាន​មក​ចាប់​ខ្ញុំ​ទេ។+ ៥៦ ប៉ុន្តែ ការ​ទាំង​នេះ​បាន​កើត​ឡើង ដើម្បី​សម្រេច​នូវ​បទ​គម្ពីរ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​»។+ រួច​ពួក​អ្នក​កាន់​តាម​ទាំង​អស់​បាន​រត់​ចោល​លោក។+

៥៧ ពួក​អ្នក​ដែល​បាន​ចាប់​ខ្លួន​លោក​យេស៊ូ​បាន​នាំ​លោក​ទៅ​ផ្ទះ​របស់​កៃផាស+ ជា​សម្ដេច​សង្ឃ។ នៅ​ទី​នោះ ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​អ្នក​ចាស់​ទុំ​បាន​ជួប​ជុំ​គ្នា​ជា​មួយ​នឹង​កៃផាស។+ ៥៨ ប៉ុន្តែ ពេត្រុស​បាន​ដើរ​តាម​ក្រោយ​នៅ​ឆ្ងាយ​ល្មម​ពី​លោក រហូត​ទៅ​ដល់​ទី​ធ្លា​ផ្ទះ​របស់​សម្ដេច​សង្ឃ។ លុះ​ក្រោយ​ពី​បាន​ចូល​ទី​ធ្លា​ហើយ គាត់​ក៏​អង្គុយ​ជា​មួយ​នឹង​ពួក​អ្នក​ថែ​ទាំ​ផ្ទះ ដើម្បី​ឲ្យ​ដឹង​ថា​រឿង​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា។+

៥៩ ពួក​សង្ឃនាយក​និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*ទាំង​មូល កំពុង​រក​សាក្សី​ក្លែង​ក្លាយ​ឲ្យ​ចោទ​ប្រកាន់​លោក​យេស៊ូ ដើម្បី​មាន​ហេតុ​ប្រហារ​ជីវិត​លោក។+ ៦០ ប៉ុន្តែ ទោះ​ជា​មាន​សាក្សី​ក្លែង​ក្លាយ​ជា​ច្រើន​ចូល​មក​ក៏​ដោយ ក៏​ពួក​គេ​រក​ហេតុ​មិន​បាន​ដែរ។+ ក្រោយ​មក មាន​សាក្សី​ក្លែង​ក្លាយ​ពីរ​នាក់​ទៀត​ចូល​មក ៦១ ហើយ​ប្រាប់​ថា​៖ ​«​បុរស​នេះ​ធ្លាប់​និយាយ​ថា​៖ ‹ខ្ញុំ​អាច​រុះ​វិហារ​របស់​ព្រះ​ចោល រួច​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ›​»។+ ៦២ ឮ​ដូច្នេះ សម្ដេច​សង្ឃ​បាន​ក្រោក​ឈរ​សួរ​លោក​ថា​៖ ​«​តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ឬ? តើ​អ្នក​គិត​ដូច​ម្ដេច​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក?​»។+ ៦៣ ប៉ុន្តែ លោក​យេស៊ូ​នៅ​ស្ងៀម។+ ដូច្នេះ សម្ដេច​សង្ឃ​និយាយ​ទៅ​លោក​ថា​៖ ​«​ចូរ​អ្នក​ប្រាប់​យើង​ឲ្យ​ត្រង់​មក ដោយ​ស្បថ​យក​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ជា​សាក្សី​ថា អ្នក​ជា​គ្រិស្ត​ជា​បុត្រ​របស់​ព្រះ​ឬ​មិន​មែន!​»។+ ៦៤ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​គឺ​អ្នក​ហើយ​ដែល​និយាយ។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ឥឡូវ​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស+អង្គុយ​នៅ​ខាង​ស្ដាំ​នៃ​ឫទ្ធានុភាព+ ព្រម​ទាំង​មក​លើ​ពពក​នៅ​លើ​មេឃ​»។+ ៦៥ នោះ​សម្ដេច​សង្ឃ​ក៏​ហែក​សម្លៀក​បំពាក់​ក្រៅ​របស់​គាត់ ហើយ​ពោល​ថា​៖ ​«​អ្នក​នេះ​បាន​និយាយ​ប្រមាថ​ព្រះ​ហើយ! តើ​យើង​ត្រូវ​ការ​សាក្សី​ធ្វើ​អ្វី​ទៀត? មើល! អ្នក​រាល់​គ្នា​បាន​ឮ​អ្នក​នេះ​និយាយ​ប្រមាថ​ព្រះ​ហើយ។ ៦៦ តើ​អ្នក​រាល់​គ្នា​សម្រេច​ចិត្ត​យ៉ាង​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​អ្នក​នេះ​សម​តែ​ស្លាប់​»។+ ៦៧ រួច​ពួក​គេ​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​លោក+ ហើយ​ដាល់​លោក។+ ពួក​គេ​ខ្លះ​ទៀត​បាន​ទះ​កំផ្លៀង​លោក+ ៦៨ ទាំង​និយាយ​ថា​៖ ​«​គ្រិស្ត​ឯង​ប្រកាស​ទំនាយ​មក តើ​អ្នក​ណា​វាយ​ឯង?​»។

៦៩ ពេល​នោះ ពេត្រុស​កំពុង​អង្គុយ​ខាង​ក្រៅ​ក្នុង​ទី​ធ្លា ហើយ​ស្ត្រី​ជា​អ្នក​បម្រើ​ម្នាក់​បាន​ចូល​មក​ជិត​គាត់ ដោយ​និយាយ​ថា​៖ ​«​អ្នក​ក៏​បាន​នៅ​ជា​មួយ​នឹង​យេស៊ូ​ពី​ស្រុកកាលីឡេ​ដែរ!​»។+ ៧០ ប៉ុន្តែ គាត់​បដិសេធ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា​ថា​៖ ​«​អ្នក​ច្រឡំ​មនុស្ស​ហើយ​»។ ៧១ ក្រោយ​ពី​គាត់​បាន​ចេញ​ទៅ​បន្ទប់​ជាប់​ខ្លោង​ទ្វារ​ចូល នោះ​ស្ត្រី​ម្នាក់​ទៀត​បាន​ឃើញ​គាត់ ក៏​បាន​ប្រាប់​ពួក​អ្នក​នៅ​ទី​នោះ​ថា​៖ ​«​បុរស​នេះ​ធ្លាប់​នៅ​ជា​មួយ​នឹង​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​»។+ ៧២ ពេត្រុស​បដិសេធ​ម្ដង​ទៀត​ដោយ​ស្បថ​ថា​៖ ​«​ខ្ញុំ​មិន​ស្គាល់​បុរស​នោះ​ទេ!​»។ ៧៣ មិន​យូរ​ក្រោយ​មក ពួក​អ្នក​ដែល​ឈរ​នៅ​ក្បែរ​នោះ​បាន​ចូល​មក​ជិត​ពេត្រុស ហើយ​និយាយ​ថា​៖ ​«​អ្នក​ច្បាស់​ជា​ពួក​នោះ​ដែរ ព្រោះ​សូរ​សំឡេង​របស់​អ្នក​បញ្ជាក់​ឲ្យ​យើង​ដឹង​»។ ៧៤ ពេល​នោះ គាត់​ចាប់​ផ្ដើម​ដាក់​បណ្ដាសា​ខ្លួន​ឯង ហើយ​ស្បថ​ថា​៖ ​«​ខ្ញុំ​មិន​ស្គាល់​បុរស​នោះ​ទេ!​»។ រំពេច​នោះ មាន់​ក៏​រងាវ​ឡើង។ ៧៥ រួច​ពេត្រុស​នឹក​ឃើញ​ពាក្យ​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ប្រាប់​គាត់​ថា​៖ ​«​មុន​មាន់​រងាវ អ្នក​នឹង​មិន​ទទួល​ស្គាល់​ខ្ញុំ​បី​ដង​»។+ រួច​គាត់​ចេញ​ទៅ​ក្រៅ ហើយ​យំ​ដោយ​នឹក​ស្ដាយ​យ៉ាង​ខ្លាំង។

២៧ លុះ​ព្រឹក​ឡើង ពួក​សង្ឃនាយក​និង​អ្នក​ចាស់​ទុំ​ទាំង​ឡាយ បាន​ប្រឹក្សា​គ្នា​រិះ​រក​វិធី​សម្លាប់​លោក​យេស៊ូ។+ ២ រួច​មក ពួក​គេ​ចង​លោក ហើយ​នាំ​ទៅ​ប្រគល់​ឲ្យ​ពីឡាត​ដែល​ជា​អភិបាល។+

៣ ពេល​យូដាស​ដែល​ជា​អ្នក​ក្បត់​លោក បាន​ឃើញ​ថា​លោក​ត្រូវ​គេ​កាត់​ទោស​ហើយ នោះ​គាត់​ស្ដាយ​ក្រោយ ក៏​បាន​យក​៣០​កាក់​ធ្វើ​ពី​ប្រាក់​ទៅ​ប្រគល់​ឲ្យ​ពួក​សង្ឃ​នាយក​និង​ពួក​អ្នក​ចាស់​ទុំ​វិញ+ ៤ ដោយ​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ខុស ពេល​ដែល​ខ្ញុំ​ក្បត់​បុរស​ដែល​គ្មាន​កំហុស*នោះ​»។ ពួក​គេ​និយាយ​ថា​៖ ​«​នេះ​មិន​មែន​ជា​រឿង​របស់​យើង​ទេ អ្នក​ត្រូវ​ដោះ​ស្រាយ​រឿង​នេះ​ដោយ​ខ្លួន​ឯង!​»។ ៥ ដូច្នេះ គាត់​បោះ​កាក់​ប្រាក់​ទាំង​នោះ​ទៅ​ក្នុង​វិហារ រួច​បាន​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។+ ៦ ក៏​ប៉ុន្តែ ពួក​សង្ឃនាយក​បាន​រើស​កាក់​ប្រាក់​ទាំង​នោះ ហើយ​និយាយ​ថា​៖ ​«​យើង​គ្មាន​ច្បាប់​ដាក់​ប្រាក់​នេះ​ក្នុង​ឃ្លាំង​ពិសិដ្ឋ​ទេ ពី​ព្រោះ​ប្រាក់​នេះ​ជា​ថ្លៃ​ឈាម​»។* ៧ ក្រោយ​ពី​ពួក​គេ​បាន​ប្រឹក្សា​គ្នា ពួក​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​វាល​របស់​ជាង​ស្មូន​សម្រាប់​បញ្ចុះ​សព​អ្នក​មក​ពី​ក្រៅ។ ៨ ហេតុ​នេះ គេ​ហៅ​វាល​នោះ​ថា​វាលឈាម+ រហូត​មក​ដល់​សព្វ​ថ្ងៃ។ ៩ ពេល​នោះ ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​យេរេមា​បាន​សម្រេច។ ទំនាយ​នោះ​ថា​៖ ​«​រួច​ពួក​គេ​បាន​យក​៣០​កាក់​ប្រាក់ ជា​តម្លៃ​ដែល​ពួក​កូន​អ៊ីស្រាអែល​ខ្លះ​បាន​សន្មត​ថា ជា​ថ្លៃ​ដែល​គេ​នឹង​ទិញ​លោក ១០ ហើយ​ពួក​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​វាល​របស់​ជាង​ស្មូន ដូច​ព្រះ​យេហូវ៉ា*បាន​បង្គាប់​ខ្ញុំ​»។+

១១ ឯ​លោក​យេស៊ូ លោក​ឈរ​នៅ​មុខ​អភិបាល។ អភិបាល​សួរ​ថា​៖ ​«​តើ​អ្នក​ជា​ស្ដេច​នៃ​ជនជាតិ​យូដា​ឬ?​»។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​គឺ​អ្នក​ហើយ​ដែល​និយាយ​»។+ ១២ ក៏​ប៉ុន្តែ ពេល​ដែល​ពួក​សង្ឃនាយក​និង​ពួក​អ្នក​ចាស់​ទុំ​ចោទ​ប្រកាន់​លោក នោះ​លោក​មិន​តប​ឆ្លើយ​ឡើយ។+ ១៣ រួច​មក ពីឡាត​សួរ​លោក​ថា​៖ ​«​តើ​អ្នក​មិន​ឮ​រឿង​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?​»។ ១៤ ក៏​ប៉ុន្តែ លោក​មិន​បាន​តប​ឆ្លើយ​មួយ​ម៉ាត់​សោះ ជា​ហេតុ​ធ្វើ​ឲ្យ​អភិបាល​ឆ្ងល់​យ៉ាង​ខ្លាំង។

១៥ ក្នុង​អំឡុង​បុណ្យ​នេះ អភិបាល​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ដែល​បណ្ដា​ជន​ចង់​ឲ្យ​ដោះ​លែង។+ ១៦ នៅ​ពេល​នោះ គេ​កំពុង​ឃុំ​អ្នក​ទោស​ដ៏​ល្បី​ល្បាញ​ម្នាក់​ហៅ​ថា​បារ៉ាបាស។ ១៧ ដូច្នេះ ក្រោយ​ពី​បណ្ដា​ជន​បាន​ជួប​ជុំ​គ្នា នោះ​ពីឡាត​ក៏​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា? បារ៉ាបាស ឬ​ក៏​យេស៊ូ​ដែល​ហៅ​ថា​គ្រិស្ត?​»។ ១៨ ព្រោះ​ពីឡាត​ដឹង​ថា​ពួក​គេ​បាន​ប្រគល់​លោក​យេស៊ូ​មក ដោយ​សារ​ពួក​គេ​មាន​ចិត្ត​ច្រណែន។ ១៩ ម្យ៉ាង​ទៀត កាល​ដែល​គាត់​កំពុង​អង្គុយ​នៅ​កន្លែង​សម្រេច​ក្ដី នោះ​ភរិយា​របស់​គាត់​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​គាត់​ថា​៖ ​«​កុំ​ជាប់​ពាក់​ព័ន្ធ​នឹង​បុរស​សុចរិត​នោះ​ឲ្យ​សោះ ដោយ​សារ​ខ្ញុំ​បាន​យល់​សប្ដិ​អំពី​គាត់ ហើយ​សប្ដិ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​»។ ២០ ប៉ុន្តែ ពួក​សង្ឃនាយក​និង​ពួក​អ្នក​ចាស់​ទុំ​បាន​បញ្ចុះ​បញ្ចូល​បណ្ដា​ជន​ឲ្យ​សុំ​ដោះ​លែង​បារ៉ាបាស+ តែ​សុំ​ឲ្យ​សម្លាប់​លោក​យេស៊ូ​វិញ។+ ២១ អភិបាល​បាន​សួរ​ពួក​គេ​ម្ដង​ទៀត​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា​ក្នុង​ចំណោម​ពីរ​នាក់​នេះ?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​បារ៉ាបាស​»។ ២២ ពីឡាត​សួរ​ពួក​គេ​ថា​៖ ​«​ចុះ​តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ណា​ចំពោះ​យេស៊ូ​ដែល​ហៅ​ថា​គ្រិស្ត?​»។ ពួក​គេ​ទាំង​អស់​គ្នា​និយាយ​ថា​៖ ​«​ព្យួរ​គាត់​ទៅ!​»។*+ ២៣ គាត់​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី? តើ​គាត់​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​ទៅ?​»។ តែ​ពួក​គេ​ស្រែក​កាន់​តែ​ខ្លាំង​ថែម​ទៀត​ថា​៖ ​«​ព្យួរ​អ្នក​នោះ​ទៅ!​»។+

២៤ កាល​ដែល​ពីឡាត​ឃើញ​ថា​ការ​ខំ​ប្រឹង​របស់​ខ្លួន​គ្មាន​ប្រយោជន៍ តែ​ឃើញ​ក្រុម​មនុស្ស​កើត​ចលាចល​កាន់​តែ​ខ្លាំង​ឡើង នោះ​គាត់​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​ចំពោះ​មុខ​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​បុរស​នេះ​ឡើយ។* រឿង​នេះ​ស្រេច​នៅ​លើ​អ្នក​រាល់​គ្នា​ទេ​»។ ២៥ ពេល​នោះ បណ្ដា​ជន​ទាំង​អស់​ឆ្លើយ​ថា​៖ ​«​យើង​និង​កូន​ចៅ​របស់​យើង​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រហារ​ជីវិត​អ្នក​នេះ​»។*+ ២៦ បន្ទាប់​មក ពីឡាត​ក៏​ដោះ​លែង​បារ៉ាបាស​ប្រគល់​ឲ្យ​ពួក​គេ តែ​បាន​បញ្ជា​ឲ្យ​ពួក​ទាហាន​វាយ​លោក​យេស៊ូ+ ហើយ​ឲ្យ​ពួក​គេ​យក​លោក​ទៅ​ព្យួរ​លើ​បង្គោល។+

២៧ បន្ទាប់​មក​ទៀត ពួក​ទាហាន​របស់​អភិបាល​នាំ​លោក​យេស៊ូ​ចូល​ទៅ​ក្នុង​វិមាន​របស់​អភិបាល ហើយ​បាន​ប្រមូល​ពួក​ទាហាន​គ្រប់​រូប​ឲ្យ​មក​នៅ​ជុំវិញ​លោក។+ ២៨ រួច​មក ពួក​គេ​ដោះ​សម្លៀក​បំពាក់​របស់​លោក​ចេញ ហើយ​យក​សំពត់​ដណ្ដប់​ពណ៌​ក្រហម​ឆ្អៅ​មក​បំពាក់​ឲ្យ​លោក​វិញ។+ ២៩ ពួក​គេ​ក៏​បាន​ក្រង​បន្លា​ធ្វើ​ជា​មកុដ​មួយ មក​បំពាក់​លើ​ក្បាល​លោក ហើយ​យក​ដើម​ត្រែង​មួយ​ដាក់​ក្នុង​ដៃ​ស្ដាំ​របស់​លោក។ រួច​មក ពួក​គេ​លុត​ជង្គង់​នៅ​មុខ​លោក ហើយ​ចំអក​ថា​៖ ​«​សូម​គោរព​ស្ដេច​នៃ​ជនជាតិ​យូដា!​»។ ៣០ ពួក​គេ​ក៏​ស្ដោះ​ទឹក​មាត់​ដាក់​លោក+ ថែម​ទាំង​យក​ដើម​ត្រែង​នោះ​វាយ​ក្បាល​លោក។ ៣១ ក្រោយ​ពី​បាន​ចំអក​ឲ្យ​លោក​រួច​ហើយ នៅ​ទី​បំផុត​ពួក​គេ​ដោះ​សំពត់​ដណ្ដប់​ចេញ​ពី​លោក ហើយ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​មក​បំពាក់​ឲ្យ​វិញ។ រួច​មក ពួក​គេ​នាំ​លោក​យក​ទៅ​ព្យួរ​លើ​បង្គោល​ឈើ។+

៣២ កាល​ដែល​ពួក​គេ​កំពុង​ចេញ​ទៅ ពួក​គេ​ប្រទះ​ឃើញ​អ្នក​ក្រុង​គីរេន​ម្នាក់​ឈ្មោះ​ស៊ីម៉ូន។ ពួក​គេ​បង្ខំ​បុរស​នេះ​ឲ្យ​លី​បង្គោល​ទារុណកម្ម*របស់​លោក។+ ៣៣ ពេល​ដែល​ពួក​គេ​ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា​កុលកូថា ដែល​មាន​ន័យ​ថា​កន្លែង​លលាដ៍​ក្បាល+ ៣៤ នោះ​ពួក​គេ​យក​ស្រា​លាយ​ជា​មួយ​នឹង​ថ្នាំ​ម្យ៉ាង​ដែល​មាន​ជាតិ​ល្វីង​មក​ជូន​លោក​ពិសា+ តែ​ក្រោយ​ពី​លោក​ភ្លក់​ហើយ លោក​មិន​ព្រម​ពិសា​ឡើយ។ ៣៥ ពេល​ដែល​ពួក​គេ​បាន​ព្យួរ​លោក​លើ​បង្គោល*រួច ពួក​គេ​ក៏​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​មក​ចាប់​ឆ្នោត​ចែក​គ្នា+ ៣៦ ហើយ​ពួក​គេ​អង្គុយ​ចាំ​យាម​លោក​នៅ​ទី​នោះ។ ៣៧ ម្យ៉ាង​ទៀត នៅ​ខាង​លើ​ក្បាល​របស់​លោក ពួក​គេ​ដាក់​សេចក្ដី​ប្រកាស​ដែល​ចោទ​ប្រកាន់​លោក​ថា​៖ ​«​អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​ស្ដេច​នៃ​ជនជាតិ​យូដា​»។+

៣៨ ក្រោយ​មក ពួក​គេ​បាន​ព្យួរ​ចោរ​ប្លន់​ពីរ​នាក់​នៅ​ក្បែរ​លោក ម្នាក់​នៅ​ខាង​ស្ដាំ​លោក និង​ម្នាក់​នៅ​ខាង​ឆ្វេង​លោក។+ ៣៩ ដូច្នេះ អ្នក​ដែល​ដើរ​កាត់​គ្រវី​ក្បាល+ ហើយ​និយាយ​មើល​ងាយ​លោក+ ៤០ ដោយ​ពោល​ថា​៖ ​«​នែ! អ្នក​ដែល​រុះ​វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​បី​ថ្ងៃ​អើយ!+ ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ឯង​ជា​បុត្រ​ព្រះ​មែន ចូរ​ចុះ​ពី​បង្គោល​ទារុណកម្ម*មក!​»។+ ៤១ ពួក​សង្ឃនាយក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​អ្នក​ចាស់​ទុំ ក៏​តាំង​ចំអក​ឲ្យ​លោក​បែប​ដូច្នោះ​ដែរ ដោយ​និយាយ​ថា​៖+ ៤២ ​«​អ្នក​នេះ​បាន​សង្គ្រោះ​អ្នក​ដទៃ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ! គាត់​ជា​ស្ដេច​នៃ​អ៊ីស្រាអែល+ ចូរ​ឲ្យ​គាត់​ចុះ​ពី​បង្គោល​ទារុណកម្ម*មក ហើយ​យើង​នឹង​ជឿ​លើ​គាត់។ ៤៣ គាត់​បាន​ទុក​ចិត្ត​ព្រះ ដូច្នេះ​បើ​ព្រះ​ចង់​បាន​គាត់ ទុក​ឲ្យ​ព្រះ​សង្គ្រោះ​គាត់​ចុះ+ ព្រោះ​គាត់​បាន​និយាយ​ថា​៖ ‹ខ្ញុំ​ជា​បុត្រ​របស់​ព្រះ›​»។+ ៤៤ សូម្បី​តែ​ចោរ​ប្លន់​ដែល​គេ​ព្យួរ​នៅ​ក្បែរ​លោក ក៏​ចាប់​ផ្ដើម​តិះ​ដៀល​លោក​បែប​ដូច្នោះ​ដែរ។+

៤៥ ចាប់​ពី​ម៉ោង​ទី​៦* រហូត​ដល់​ម៉ោង​ទី​៩* ស្រុក​ទាំង​មូល​បាន​ទៅ​ជា​ងងឹត។+ ៤៦ ប្រហែល​ជា​ម៉ោង​ទី​៩ លោក​យេស៊ូ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​អេលី អេលី ឡាម៉ា សាបាក់ ថានី?​»​ ដែល​មាន​ន័យ​ថា​«​ព្រះ​ខ្ញុំ​អើយ ព្រះ​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​លោក​បោះ​បង់​ចោល​ខ្ញុំ?​»។+ ៤៧ ពេល​ឮ​ដូច្នេះ អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ឈរ​នៅ​ក្បែរ​នោះ​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​បុរស​នេះ​កំពុង​ហៅ​អេលីយ៉ា​»។+ ៤៨ ក្រោយ​មក ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​រត់​ទៅ​ភ្លាម យក​វត្ថុ​ម្យ៉ាង​ដែល​អាច​ជក់​ទឹក​បាន ក៏​ជ្រលក់​ក្នុង​ស្រា​ជូរ រួច​ដាក់​លើ​ដើម​ត្រែង​មួយ ហើយ​ឲ្យ​លោក​ពិសា។+ ៤៩ ប៉ុន្តែ អ្នក​ឯ​ទៀត​ក្នុង​ចំណោម​ពួក​គេ​បាន​និយាយ​ថា​៖ ​«​កុំ​រវល់​នឹង​គាត់! ចាំ​មើល​ថា​តើ​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ឬ​មិន​មក​»។ ៥០ លោក​យេស៊ូ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ក៏​ផុត​ដង្ហើម​ទៅ។+

៥១ ខណៈ​នោះ វាំងនន*នៅ​វិហារ+បាន​រហែក​ជា​ពីរ+ ចាប់​ពី​លើ​ចុះ​ដល់​ក្រោម+ ដី​ក៏​រញ្ជួយ ថ្ម​បាន​ប្រេះ​ដាច់​ពី​គ្នា ៥២ នោះ​បាន​ធ្វើ​ឲ្យ​ទី​បញ្ចុះ​សព​របើក​ឡើង បណ្ដាល​ឲ្យ​សព​ពួក​អ្នក​បរិសុទ្ធ​ជា​ច្រើន​ចេញ​មក​ក្រៅ ៥៣ ហើយ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​សព​ទាំង​នោះ (​មនុស្ស​ខ្លះ​ដែល​បាន​ចេញ​ពី​កន្លែង​បញ្ចុះ​សព ក៏​ចូល​ទៅ​ក្នុង​ក្រុង​បរិសុទ្ធ ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​)។ ៥៤ ប៉ុន្តែ ពេល​ដែល​នាយ​ទាហាន​និង​ពួក​អ្នក​ដែល​នៅ​យាម​លោក​យេស៊ូ បាន​ឃើញ​ដី​រញ្ជួយ​និង​អ្វី​ៗ​ដែល​កំពុង​កើត​ឡើង នោះ​ពួក​គេ​ភ័យ​យ៉ាង​ខ្លាំង ក៏​បាន​និយាយ​ថា​៖ ​«​អ្នក​នេះ​ប្រាកដ​ជា​បុត្រ​របស់​ព្រះ​មែន​»។+

៥៥ ម្យ៉ាង​ទៀត មាន​ស្ត្រី​ជា​ច្រើន​នៅ​ទី​នោះ​ដែល​កំពុង​ឈរ​មើល​ពី​ចម្ងាយ។ ពួក​នាង​បាន​តាម​បម្រើ​លោក​យេស៊ូ តាំង​ពី​ស្រុកកាលីឡេ​មក។+ ៥៦ ក្នុង​ចំណោម​ពួក​នាង​មាន​ម៉ារៀ​ម៉ាក់ដាឡេន ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​យ៉ាកុប​និង​យ៉ូសេ និង​ម្ដាយ​របស់​កូន​ប្រុស​សេបេដេ។+

៥៧ លុះ​ព្រលប់​ហើយ បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​យ៉ូសែប​ពី​ក្រុង​អារីម៉ាថេ​បាន​មក​ដល់។ គាត់​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែរ។+ ៥៨ បុរស​នេះ​បាន​ទៅ​ជួប​ពីឡាត ហើយ​សុំ​យក​សព​លោក​យេស៊ូ។+ ក្រោយ​មក ពីឡាត​បង្គាប់​ឲ្យ​គេ​ប្រគល់​សព​ដល់​គាត់។+ ៥៩ រួច​មក យ៉ូសែប​យក​សព​លោក​រុំ​នឹង​ក្រណាត់​សាច់​ល្អ+ ៦០ ហើយ​ដាក់​ក្នុង​ទី​បញ្ចុះ​សព​ថ្មី​របស់​គាត់+ ដែល​គាត់​បាន​ដាប់​ថ្ម​ធ្វើ​ជា​រូង។ ក្រោយ​ពី​គាត់​បាន​ប្រមៀល​ថ្ម​មួយ​មក​បិទ​ទី​បញ្ចុះ​សព​នោះ​ហើយ គាត់​ក៏​ចាក​ចេញ​ទៅ។ ៦១ ប៉ុន្តែ ម៉ារៀ​ម៉ាក់ដាឡេន និង​ម៉ារៀ​មួយ​ទៀត​មិន​បាន​ចេញ​ទៅ​ណា​ទេ តែ​បន្ត​អង្គុយ​នៅ​មុខ​ទី​បញ្ចុះ​សព​នោះ។+

៦២ លុះ​ស្អែក​ឡើង ដែល​ជា​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​រៀបចំ*+ នោះ​ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​បាន​ប្រមូល​គ្នា​ទៅ​ជួប​ពីឡាត ៦៣ ដោយ​និយាយ​ថា​៖ ​«​លោក! យើង​បាន​នឹក​ឃើញ​អ្វី​ដែល​អ្នក​បោក​ប្រាស់​នោះ​បាន​និយាយ​កាល​នៅ​រស់​ថា​៖ ‹ក្រោយ​បី​ថ្ងៃ ខ្ញុំ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ›។+ ៦៤ ដូច្នេះ សូម​បញ្ជា​ឲ្យ​គេ​ទៅ​យាម​កន្លែង​បញ្ចុះ​សព​នោះ​រហូត​ដល់​ថ្ងៃ​ទី​៣ ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​កាន់​តាម​អ្នក​នោះ​មក​លួច​សព​គាត់+ ហើយ​ប្រាប់​បណ្ដា​ជន​ថា​៖ ‹លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ!› រួច​ការ​បោក​ប្រាស់​ចុង​ក្រោយ​នេះ​នឹង​អាក្រក់​ជាង​លើក​មុន​ទៅ​ទៀត​»។ ៦៥ ពីឡាត​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​យក​ទាហាន​ទៅ​យាម​ឲ្យ​បាន​មាំ​ទាំ​នៅ​កន្លែង​បញ្ចុះ​សព​នោះ តាម​ការ​យល់​ឃើញ​របស់​អ្នក​រាល់​គ្នា​ចុះ​»។ ៦៦ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ទៅ​បិទ​ត្រា​លើ​ថ្ម​ដែល​បិទ​កន្លែង​បញ្ចុះ​សព​នោះ ក៏​បាន​ចាត់​ចែង​ឲ្យ​គេ​យាម​យ៉ាង​មាំ​ទាំ​ផង។

២៨ បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក ពេល​ដែល​ថ្ងៃ​ចាប់​ផ្ដើម​រះ​នៅ​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍ ម៉ារៀ​ម៉ាក់ដាឡេន​និង​ម៉ារៀ​មួយ​ទៀត​បាន​ទៅ​មើល​កន្លែង​បញ្ចុះ​សព​នោះ។+

២ មើល! មុន​ពេល​នោះ​ដី​បាន​រញ្ជួយ​យ៉ាង​ខ្លាំង ព្រោះ​ទេវតា​របស់​ព្រះ​យេហូវ៉ា*បាន​ចុះ​ពី​ស្ថាន​សួគ៌​មក ហើយ​ទៅ​ប្រមៀល​ថ្ម​នោះ​ចេញ រួច​អង្គុយ​លើ​ថ្ម​នោះ។+ ៣ អាការ​ក្រៅ​របស់​ទេវតា​នោះ​ដូច​ផ្លេក​បន្ទោរ ហើយ​សម្លៀក​បំពាក់​របស់​គាត់​គឺ​ស​ស្គុស។+ ៤ ឯ​ពួក​អ្នក​យាម​វិញ ដោយ​សារ​ភ័យ​ខ្លាច​ទេវតា​នោះ ពួក​គេ​ញ័រ​រន្ធត់​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​នៅ​ស្ងៀម​ឥត​កម្រើក​ដូច​ជា​មនុស្ស​ស្លាប់។

៥ ប៉ុន្តែ ទេវតា​នោះ​បាន​តប​ទៅ​ស្ត្រី​ទាំង​ពីរ​នាក់​ថា​៖ ​«​កុំ​ខ្លាច​ឡើយ ខ្ញុំ​ដឹង​ថា​ពួក​នាង​កំពុង​រក​លោក​យេស៊ូ​ដែល​គេ​បាន​ព្យួរ។+ ៦ លោក​មិន​នៅ​ទី​នេះ​ទេ ព្រោះ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដូច​លោក​បាន​មាន​ប្រសាសន៍។+ សូម​មក​មើល​កន្លែង​ដែល​គេ​បាន​ដាក់​សព​របស់​លោក។ ៧ រួច​ចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ ព្រោះ​មើល! លោក​នឹង​ទៅ​ស្រុកកាលីឡេ​មុន​អ្នក​រាល់​គ្នា។+ អ្នក​រាល់​គ្នា​នឹង​ឃើញ​លោក​នៅ​ទី​នោះ។ មើល! ខ្ញុំ​បាន​ប្រាប់​អ្នក​ហើយ​»។+

៨ ដូច្នេះ ពួក​នាង​ក៏​ប្រញាប់​ចាក​ចេញ​ពី​ទី​បញ្ចុះ​សព​ទាំង​ភ័យ​ផង​ទាំង​ត្រេក​អរ​ក្រៃ​លែង​ផង ដើម្បី​រត់​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក។+ ៩ ខណៈ​នោះ លោក​យេស៊ូ​បាន​ជួប​ពួក​នាង ហើយ​ពោល​ថា​៖ ​«​សួ​ស្ដី!​»។ ពួក​នាង​បាន​ចូល​ទៅ​ជិត​ឱប​ជើង​លោក រួច​លំឱន​កាយ​គោរព​លោក។ ១០ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​នាង​ថា​៖ ​«​កុំ​ខ្លាច​ឡើយ! ចូរ​ទៅ​ប្រាប់​បង​ប្អូន​របស់​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គាត់​ទៅ​ស្រុកកាលីឡេ ហើយ​ពួក​គាត់​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ​»។

១១ កាល​ដែល​ពួក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ នោះ​ពួក​អ្នក​យាម​ខ្លះ+បាន​ចូល​ទៅ​ក្នុង​ក្រុង រាយ​ការណ៍​ប្រាប់​ពួក​សង្ឃនាយក​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​បាន​កើត​ឡើង។ ១២ ក្រោយ​ពី​អ្នក​ទាំង​នោះ​បាន​ប្រជុំ​ពិភាក្សា​គ្នា​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំហើយ នោះ​ពួក​គេ​ក៏​ឲ្យ​កាក់​ប្រាក់​មួយ​ចំនួន​ល្មម​ដល់​ពួក​ទាហាន ១៣ រួច​ប្រាប់​ថា​៖ ​«​ចូរ​និយាយ​ថា​៖ ‹ពួក​អ្នក​កាន់​តាម​គាត់​បាន​មក​ទាំង​យប់ ហើយ​លួច​សព​គាត់​ពេល​ដែល​យើង​កំពុង​ដេក​លក់›+ ១៤ ហើយ​បើ​រឿង​នេះ​លេច​ឮ​ដល់​អភិបាល យើង​នឹង​ពន្យល់​ប្រាប់*គាត់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​បារម្ភ​»។ ១៥ ដូច្នេះ ពួក​ទាហាន​បាន​យក​កាក់​ប្រាក់​ទាំង​នោះ ហើយ​ធ្វើ​តាម​បង្គាប់​ពួក​គេ។ រួច​រឿង​នោះ​បាន​ត្រូវ​ផ្សាយ​សុសសាយ​ក្នុង​ចំណោម​ជនជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

១៦ ក៏​ប៉ុន្តែ អ្នក​កាន់​តាម​លោក​ទាំង​១១​នាក់​បាន​ចូល​ស្រុកកាលីឡេ+ រួច​ទៅ​ឯ​ភ្នំ​ដែល​លោក​យេស៊ូ​បាន​កំណត់​ឲ្យ​ទៅ។+ ១៧ ពេល​ដែល​ពួក​គាត់​ឃើញ​លោក នោះ​ពួក​គាត់​បាន​លំឱន​កាយ​គោរព តែ​អ្នក​ខ្លះ​បាន​សង្ស័យ​ថា​មិន​មែន​លោក​ទេ។ ១៨ លោក​យេស៊ូ​ក៏​ចូល​ទៅ​ជិត ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី។+ ១៩ ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ខ្ញុំ+ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ+ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក ២០ ព្រម​ទាំង​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។+ មើល! ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។*+

ឬ​«​មេស្ស៊ី​»​ ឬ​«​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​»​

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

អាច​សំដៅ​លើ​ឪពុក​បង្កើត​ឬ​បុព្វបុរស

តាម​ទំនៀម​ទម្លាប់​របស់​ជនជាតិ​យូដា គូ​ដណ្ដឹង​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​ប្ដី

តាម​ទំនៀម​ទម្លាប់​របស់​ជនជាតិ​យូដា ដើម្បី​ផ្ដាច់​ការ​ភ្ជាប់​ពាក្យ ត្រូវ​លែង​លះ​គ្នា​តាម​ច្បាប់

នេះ​ជា​លើក​ដំបូង​ដែល​មាន​នាម​របស់​ព្រះ​‹យេហូវ៉ា›​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ សរុប​ទៅ​នាម​របស់​ព្រះ​មាន​២៣៧​ដង។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ភាសា​ហេប្រឺ យេសួ ឬ យ៉ូស្វេ នេះ​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ​»​

មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

តាម​ពិត​ហេរ៉ូឌ​ជា​អភិបាល​ស្រុក ប៉ុន្តែ​បណ្ដា​ជន​និយម​ហៅ​គាត់​ថា​«​ស្ដេច​»​

មើល​និយម​ន័យ​ពាក្យ​«​ហេរ៉ូឌ​»​

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

នៅ​ដើម​ដំបូង​ពាក្យ​នេះ​សំដៅ​លើ​អ្នក​ដែល​មាន​មុខ​ងារ​ចម្លង​បទ​គម្ពីរ ប៉ុន្តែ​នៅ​សម័យ​លោក​យេស៊ូ ពាក្យ​នេះ​សំដៅ​លើ​អ្នក​ចេះ​ស្ទាត់​ខាង​ច្បាប់​ម៉ូសេ ក៏​ជា​អ្នក​បង្រៀន​ច្បាប់​នោះ​ទៀត​ផង

ឬ​«​មេស្ស៊ី​»​ ឬ​«​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​»​

មើល​និយម​ន័យ​ពាក្យ​«​ជ័រ​ល្វីង​ទេស​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ប្រហែល​ជា​មក​ពី​ពាក្យ​ភាសា​ហេប្រឺ​«​ពន្លក​»​

ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​គាត់​ពន្លិច​ពួក​គេ​»​

ផារិស៊ី​គឺ​ជា​និកាយ​ដ៏​ធំ​មួយ​នៃ​សាសនា​យូដា​នៅ​សតវត្សរ៍​ទី​១ គ.ស.

សាឌូស៊ី​គឺ​ជា​និកាយ​ដ៏​ធំ​មួយ​នៃ​សាសនា​យូដា​នៅ​សតវត្សរ៍​ទី​១ គ.ស. ដែល​មិន​ជឿ​លើ​ទេវតា​ឬ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ

ន័យ​ត្រង់​«​ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត​ចុះ​»​

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

ឬ​«​អាហារ​»​

ឬ​«​អាហារ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

នេះ​សំដៅ​លើ​ក្រុង​យេរូសាឡិម

ឬ​«​ប៉ម​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

តាម​ពិត​ជា​បឹង​មួយ។ គម្ពីរ​ក៏​ហៅ​ថា​បឹង​កេណិសារ៉ែត សមុទ្រ​កាលីឡេ និង​សមុទ្រ​ទិបេរៀស

ក្នុង​ខ​នេះ ពាក្យ​ថា​«​ទៅ​តាម​លោក​»​សំដៅ​លើ​ការ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

កន្លែង​ដែល​ជនជាតិ​យូដា​ជួប​ជុំ​ដើម្បី​អធិដ្ឋាន​ហើយ​អាន​បទ​គម្ពីរ

ភាសា​ក្រិច​«​ដាយម៉ូនីហ្សូម៉ាយ​»។ សំដៅ​លើ​មនុស្ស​ដែល​មាន​ទេវតា​អាក្រក់​ចូល

ឬ​«​តំបន់​ក្រុង​ទាំង​១០​»​

ឬ​«​មាន​ចិត្ត​សុភាព​»​

ឬ​«​ប្រដាប់​វាល់​ស្រូវ​»​

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ន័យ​ត្រង់​«​មួយ​ខ្វាដ្រាន​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​ក្បាល​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

នេះ​សំដៅ​លើ​ការ​ខ្ចី​ដោយ​មិន​យក​ការ

ឬ​«​បាន​ត្រូវ​លើក​តម្កើង​»​

ន័យ​ត្រង់​«​នំ​ប៉័ង​»​

ន័យ​ត្រង់​«​សូម​លុប​បំណុល​របស់​យើង​ចោល ដូច​យើង​បាន​លុប​បំណុល​របស់​អ្នក​ឯ​ទៀត​ចោល​ដែរ​»​

ន័យ​ត្រង់​«​កុំ​នាំ​យើង​ឲ្យ​ជួប​សេចក្ដី​ល្បួង​ឡើយ​»​

ឬ​«​រំដោះ​»​

ជនជាតិ​យូដា​មាន​ទម្លាប់​លាប​ប្រេង​លើ​ក្បាល​ដើម្បី​សម្អិត​សម្អាង​ខ្លួន​ឲ្យ​ឃើញ​ស្អាត​បាត

ន័យ​ត្រង់​«​ភ្នែក​របស់​អ្នក​គឺ​ទុច្ចរិត​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ន័យ​ត្រង់​«​សូម្បី​តែ​មួយ​ហត្ថ​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​សម័យ​ដែល​គេ​សរសេរ​គម្ពីរ ពេល​ផ្លែ​នោះ​ទុំ​មិន​កើត​មាន​មមង់​នៅ​ក្នុង​ផ្លែ​នោះ​ទេ

ន័យ​ត្រង់​«​គ្មាន​កន្លែង​កើយ​ទេ​»​

ជា​ក្រុង​កាពើណិម​ដែល​លោក​ច្រើន​តែ​ស្នាក់​នៅ​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នៅ​ស្រុកកាលីឡេ

ក្នុង​ខ​នេះ ពាក្យ​ថា​«​មក​តាម​ខ្ញុំ​»​សំដៅ​លើ​ការ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

ន័យ​ត្រង់​«​បាន​ត្រូវ​គេ​ពន្លាត់​ស្បែក​»​

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

​«​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​»​ច្រើន​តែ​ហៅ​ថា​«​ពេត្រុស​» ដូច​នៅ​ម៉ាថ ១៤:​២៨។ នៅ​ម៉ាថ ១៦:​១៦ ហៅ​ថា​«​ស៊ីម៉ូន​ពេត្រុស​»។ នៅ​សកម្ម ១៥:​១៤​ហៅ​ថា​«​ស៊ីម្មាន​»។ នៅ​យ៉ូន ១:​៤២​ហៅ​ថា​«​កេផាស​»​

ក៏​ហៅ​ថា​«​ណាថាណែល​»​ដែរ។ មើល​យ៉ូន ១:៤៦; យ៉ូន ២១:២

ក៏​ហៅ​ថា​«​លេវី​»​ដែរ។ មើល​លូក ៥:២៧

ក៏​ហៅ​ថា​«​យូដាស​ដែល​ជា​កូន​យ៉ាកុប​»​ដែរ។ មើល​លូក ៦:១៦; យ៉ូន ១៤:២២; សកម្ម ១:១៣

​«​កាណានៀន​»​មាន​ន័យ​ថា​បុរស​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង

ឈ្មោះ​មួយ​ដែល​សំដៅ​លើ​សាថាន​ជា​អ្នក​គ្រប់​គ្រង​ពួក​វិញ្ញាណ​កំណាច

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ន័យ​ត្រង់​«​អាសេរីយ៉ូន​»​ គឺ​១​ភាគ​១៦​នៃ​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ដាវ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ន័យ​ត្រង់​«​អ្នក​ណា​ដែល​គ្មាន​ហេតុ​ជំពប់​ដួល​ដោយ​សារ​ខ្ញុំ​»​

ឬ​«​សម្លៀក​បំពាក់​ប្រណីត​»​

មើល​កំណត់​សម្គាល់​ម៉ាថ ៥:១៧

ឬ​«​ហាដេស​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ពាក្យ​«​អ្នក​»​សំដៅ​លើ​ក្រុង​កាពើណិម

មើល​និយម​ន័យ​ពាក្យ​«​ថ្ងៃ​ឈប់​សម្រាក​»​

នេះ​សំដៅ​លើ​ត្រសាល

ឈ្មោះ​មួយ​ដែល​សំដៅ​លើ​សាថាន

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

សំដៅ​លើ​ការ​ពោល​ពាក្យ​ប្រមាថ​ព្រះ​ឬ​អ្វី​ដែល​ពិសិដ្ឋ

ឬ​«​របៀប​របប​ពិភព​លោក​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ន័យ​ត្រង់​«​ផិត​ក្បត់​ព្រះ​»​

ឬ​«​របៀប​របប​ពិភព​លោក​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឬ​«​ការ​បោក​បញ្ឆោត​»​

ពូជ​ស្មៅ​ម្យ៉ាង​ដែល​ដុះ​នៅ​ស្រុក​អ៊ីស្រាអែល ហើយ​មាន​គ្រាប់​ដែល​មាន​ជាតិ​ពុល

គ្រាប់​ពូជ​តូច​ល្អិត​ម្យ៉ាង​ដែល​មាន​នៅ​ស្រុក​ប៉ាឡេស្ទីន អាច​ដុះ​បែក​មែក​សាខា ហើយ​មាន​កម្ពស់​ដល់​បួន​ម៉ែត្រ

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

ឬ​«​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»​

នេះ​សំដៅ​លើ​ហេរ៉ូឌ​អាន់ទីប៉ាស។ មើល​និយម​ន័យ​ពាក្យ​«​ហេរ៉ូឌ​»​

ប្រហែល​ជា​ម៉ោង​៣​ព្រឹក​រហូត​ដល់​ថ្ងៃ​រះ​ប្រហែល​ម៉ោង​៦​ព្រឹក

ឬ​«​នេះ​ជា​ការ​យល់​សប្ដិ​ទេ!​»​

នេះ​ជា​ការ​លាង​ដៃ​តាម​ប្រពៃណី​សាសនា

ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

នេះ​ជា​ការ​លាង​ដៃ​តាម​ប្រពៃណី​សាសនា

ន័យ​ត្រង់​«​ផិត​ក្បត់​ព្រះ​»​

ភាសា​ក្រិច​មាន​ន័យ​ថា​«​ថ្ម​»​ឬ​«​ដុំ​ថ្ម​»​

ឬ​«​ហាដេស​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ន័យ​ត្រង់​«​ចូរ​នៅ​ខាង​ក្រោយ​ខ្ញុំ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ន័យ​ត្រង់​«​បាន​ពិភព​លោក​ទាំង​មូល​»​

ន័យ​ត្រង់​«​មក​ក្នុង​រាជាណាចក្រ​របស់​លោក​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

ន័យ​ត្រង់​«​កាក់​តម្លៃ​ពីរ​ដ្រាកម៉ា​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​កាក់​ស្ទេតា​»។ កាក់​នេះ​មាន​តម្លៃ​ស្មើ​បួន​ដ្រាកម៉ា។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​របស់​អ្នក​»​

ន័យ​ត្រង់​«​ហើយ​កែ​តម្រង់​គាត់​»​

ន័យ​ត្រង់​«​ក្នុង​នាម​ខ្ញុំ​»​

ន័យ​ត្រង់​«​មួយ​ម៉ឺន​ថាលិន​»។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​បាន​ទឹម​នឹម​ជា​មួយ​គ្នា​»​

ភាសា​ក្រិច​«​ផូនៀ​»។ មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

នេះ​សំដៅ​លើ​ការ​ឲ្យ​ពរ

សំដៅ​លើ​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​អំពី​អ្វី​ដែល​ល្អ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ប្រហែល​ជា​ម៉ោង​៩​ព្រឹក

ប្រហែល​ជា​ម៉ោង​១២​ថ្ងៃ​ត្រង់

ប្រហែល​ជា​ម៉ោង​បី​រសៀល

ប្រហែល​ជា​ម៉ោង​ប្រាំ​ល្ងាច

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ឬ​ក៏​ភ្នែក​របស់​អ្នក​ទុច្ចរិត​»​

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

នេះ​សំដៅ​លើ​ក្រុង​ស៊ីយ៉ូន​ឬ​អ្នក​ស្នាក់​នៅ​ទី​នោះ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​សម័យ​ដែល​គេ​សរសេរ​គម្ពីរ ពេល​ផ្លែ​នោះ​ទុំ​មិន​កើត​មាន​មមង់​នៅ​ក្នុង​ផ្លែ​នោះ​ទេ

សំដៅ​លើ​ដុំ​ថ្ម​ដែល​ដាក់​នៅ​ជំនួប​ជញ្ជាំង​ពីរ​នៅ​កែង​ឬ​ជ្រុង​សំណង់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​តើ​ការ​បង់​ពន្ធ​ជូន​សេសារ​ជា​ការ​ត្រឹម​ត្រូវ​ទេ?​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​លោក​គ្រូ​»​

លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​ការ​ហៅ​មនុស្ស​ថា​«​បិតា​»​ ជា​ឋានៈ​ផ្លូវ​ការ​មួយ​ឬ​តំណែង​ខាង​សាសនា ដូច​ជា​តំណែង​«​លោក​ឪពុក​»​ជា​ដើម

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

ឬ​«​ឲ្យ​ចូល​សាសនា​យូដា​»​

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ជី​អង្កាម ឌីល និង​ខាមិន ជា​រុក្ខជាតិ​ដែល​មាន​ក្លិន​ក្រអូប ហើយ​ប្រើ​ជា​គ្រឿង​ទេស

នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ឬ​«​ពេញ​ទៅ​ដោយ​របស់​ដែល​បាន​ប្លន់​»​

មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ន័យ​ត្រង់​«​ផ្ទះ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​និយម​ន័យ​ពាក្យ​«​វត្តមាន​»​

ឬ​«​ចុង​បញ្ចប់​នៃ​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

នេះ​សំដៅ​លើ​ការ​តាំង​ខ្លួន​ជា​អ្នក​មាន​ឋានៈ​និង​មាន​អំណាច​របស់​គ្រិស្ត

ប្រៀប​ដូច​ជា​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ពេល​សម្រាល​កូន

មើល​និយម​ន័យ​ពាក្យ​«​វត្តមាន​»​

មើល​និយម​ន័យ​ពាក្យ​«​វត្តមាន​»​

ឬ​«​ម៉ោង​ណា​នៅ​ពេល​យប់​»​

ឬ​«​មាន​ប្រាជ្ញា​»​

ឬ​«​ល្ងង់​ខ្លៅ​»​

ឬ​«​មាន​ប្រាជ្ញា​»​

មួយ​ថាលិន​របស់​ក្រិច​ស្មើ​នឹង​២០,៤​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

ន័យ​ត្រង់​«​កាត់​ចោល​»​ប្រៀប​ដូច​ជា​កាត់​មែក​ចេញ​ពី​ដើម

ឬ​«​កំពុង​អង្គុយ​នៅ​តុ​»​

ឬ​«​ក្បត់​»​

មាន​ន័យ​ថា​«​លោក​គ្រូ​»​

សំដៅ​លើ​ការ​ភ្លាត់​ធ្វើ​ខុស ឬ​ការ​ជួប​ប្រទះ​ឧបសគ្គ​ចំពោះ​ជំនឿ

ពាក្យ​«​ពែង​»​ជា​តំណាង​បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​លោក​យេស៊ូ គឺ​អនុញ្ញាត​ឲ្យ​លោក​ស្លាប់​ដោយ​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា​បាន​ប្រមាថ​ព្រះ

ឬ​«​ក្បត់​»​

តុលាការ​កំពូល​របស់​ជនជាតិ​យូដា

ន័យ​ត្រង់​«​ឈាម​ដែល​គ្មាន​កំហុស​»​

សំដៅ​លើ​ប្រាក់​ដែល​បាន​មក​ពី​ការ​បង្ហូរ​ឈាម

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ប្រហារ​ជីវិត​គាត់​លើ​បង្គោល​ទៅ!​»​

ន័យ​ត្រង់​«​ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​បុរស​នេះ​ទេ​»​

ន័យ​ត្រង់​«​ឲ្យ​ឈាម​របស់​គាត់​ធ្លាក់​មក​លើ​យើង​និង​កូន​ចៅ​របស់​យើង​ចុះ​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​

ប្រហែល​ជា​ម៉ោង​១២​ថ្ងៃ​ត្រង់

ប្រហែល​ជា​ម៉ោង​បី​រសៀល

វាំងនន​នេះ​ជា​របាំង​រវាង​បន្ទប់​បរិសុទ្ធ​និង​បន្ទប់​បរិសុទ្ធ​បំផុត

សំដៅ​លើ​មួយ​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​សប្ដាហ៍។ នៅ​ថ្ងៃ​នោះ​ជនជាតិ​យូដា​រៀបចំ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ន័យ​ត្រង់​«​បញ្ចុះ​បញ្ចូល​»​

ឬ​«​ចុង​បញ្ចប់​នៃ​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក