ដំណើរចាកចេញ
១ នេះជាបញ្ជីឈ្មោះកូន*របស់អ៊ីស្រាអែលដែលបានមកស្រុកអេហ្ស៊ីបជាមួយនឹងយ៉ាកុប តាមក្រុមគ្រួសាររបស់ពួកគេរៀងៗខ្លួន។ ពួកគេមានដូចតទៅ៖+ ២ រូបេន ស៊ីម្មាន លេវី យូដា+ ៣ អ៊ីសាខារ សេប៊ូឡូន បេនយ៉ាមីន ៤ ដាន់ ណែបថាលី កាដ និងអេស៊ើរ។+ ៥ កូនចៅទាំងអស់របស់យ៉ាកុបដែលមកស្រុកអេហ្ស៊ីបមានចំនួន៧០នាក់ តែយ៉ូសែបនៅក្នុងស្រុកនោះស្រាប់ហើយ។+ ៦ ក្រោយមក យ៉ូសែបបានស្លាប់+ ហើយបងប្អូនគាត់និងមនុស្សនៅជំនាន់គាត់ក៏បានស្លាប់អស់ដែរ។ ៧ កូនចៅអ៊ីស្រាអែលបានកើនឡើងយ៉ាងលឿនពេញក្នុងស្រុកនោះ ហើយកាន់តែមានកម្លាំងខ្លាំងក្លាទៀតផង។+
៨ ក្រោយមក មានស្ដេចថ្មីមួយគ្រប់គ្រងលើស្រុកអេហ្ស៊ីប។ ស្ដេចនោះមិនស្គាល់យ៉ូសែបទេ។ ៩ ស្ដេចនោះបាននិយាយទៅកាន់រាស្ត្ររបស់គាត់ថា៖ «មើល! ពួកអ៊ីស្រាអែលមានចំនួនច្រើនជាងយើង ហើយក៏ខ្លាំងក្លាជាងយើងដែរ។+ ១០ ចូរយើងចាត់វិធានការទប់ស្កាត់ កុំឲ្យពួកគេមានចំនួនច្រើនឡើងថែមទៀត។ បើមិនដូច្នោះទេ ពេលមានសង្គ្រាម ពួកគេមុខជាចូលដៃជាមួយនឹងសត្រូវ មកវាយប្រហារយើងមិនខាន ហើយចាកចេញពីស្រុកនេះទៅ»។
១១ ដូច្នេះ ពួកអេហ្ស៊ីបបានតែងតាំងអ្នកត្រួតត្រាខ្លះ ឲ្យទៅកែនពួកអ៊ីស្រាអែលយកមកធ្វើការធ្ងន់ៗ+ ហើយបង្ខំពួកគេឲ្យសង់ក្រុងភីថំនិងក្រុងរ៉ាមស៊ីស ទុកធ្វើជាឃ្លាំងសម្រាប់ផារ៉ូ។+ ១២ ប៉ុន្តែ កាលដែលពួកអេហ្ស៊ីបគាបសង្កត់ពួកអ៊ីស្រាអែលកាន់តែខ្លាំងយ៉ាងណា ពួកអ៊ីស្រាអែលកាន់តែមានចំនួនច្រើនឡើងពេញស្រុកយ៉ាងនោះដែរ។ ម្ល៉ោះហើយ ពួកអេហ្ស៊ីបខ្លាចពួកអ៊ីស្រាអែលខ្លាំងណាស់។+ ១៣ ហេតុនេះ ពួកអេហ្ស៊ីបបានបង្ខំពួកអ៊ីស្រាអែលឲ្យធ្វើការយ៉ាងធ្ងន់ដូចជាខ្ញុំបម្រើ។+ ១៤ ជីវិតពួកអ៊ីស្រាអែលពិបាកវេទនាណាស់ ព្រោះពួកអេហ្ស៊ីបបានបង្ខំពួកគេឲ្យធ្វើឥដ្ឋនិងបាយអ ព្រមទាំងបង្ខំឲ្យធ្វើការសព្វបែបយ៉ាងនៅស្រែចម្ការ។ ពួកអេហ្ស៊ីបបានប្រើពួកគេឲ្យធ្វើការយ៉ាងនឿយហត់ជាទាសករ។+
១៥ ក្រោយមក ស្ដេចអេហ្ស៊ីបបាននិយាយទៅកាន់ឆ្មបជនជាតិហេប្រឺពីរនាក់។ ឆ្មបម្នាក់ឈ្មោះស៊ីប្រា ម្នាក់ទៀតឈ្មោះភូអា។ ១៦ ស្ដេចបានបង្គាប់ពួកគេថា៖ «ពេលអ្នកជួយបង្កើតកូនឲ្យស្ត្រីជនជាតិហេប្រឺ+ បើអ្នកឃើញថាជាកូនប្រុស អ្នកត្រូវសម្លាប់ចោល តែបើជាកូនស្រី អ្នកត្រូវទុកឲ្យរស់នៅវិញ»។ ១៧ ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះជាអ្នកកោតខ្លាចព្រះពិត។ ដូច្នេះ ពួកគេមិនបានធ្វើតាមបង្គាប់ស្ដេចស្រុកអេហ្ស៊ីបទេ តែពួកគេបានទុកឲ្យកូនប្រុសៗនៅរស់វិញ។+ ១៨ លុះក្រោយមក ស្ដេចស្រុកអេហ្ស៊ីបបានហៅឆ្មបទាំងពីរនាក់នោះមកសួរថា៖ «ម្ដេចក៏ពួកអ្នកទុកឲ្យកូនប្រុសៗនៅរស់ដូច្នេះ?»។ ១៩ ពួកគេបានឆ្លើយតបទៅផារ៉ូថា៖ «ស្ត្រីជនជាតិហេប្រឺមិនដូចស្ត្រីជនជាតិអេហ្ស៊ីបទេ។ ពួកគេរហ័សណាស់ ឆ្មបមិនទាន់ទៅដល់ផង ពួកគេសម្រាលកូនរួចបាត់ទៅហើយ»។
២០ ដូច្នេះ ព្រះក៏បានឲ្យពរដល់ឆ្មបទាំងពីរនាក់នោះ។ រីឯពួកអ៊ីស្រាអែល ពួកគេមានចំនួនកាន់តែច្រើន ហើយកាន់តែខ្លាំងក្លាឡើង។ ២១ ចំណែកឆ្មបពីរនាក់នោះ ព្រះពិតបានឲ្យពរពួកគេមានកូនចៅរៀងៗខ្លួន ព្រោះតែពួកគេបានកោតខ្លាចលោក។ ២២ ទីបំផុត ផារ៉ូបានចេញបញ្ជាដល់រាស្ត្ររបស់គាត់ថា៖ «ចូរយកទារកប្រុសៗទាំងអស់របស់ជនជាតិហេប្រឺ បោះទៅក្នុងទន្លេនីលទៅ តែទុកឲ្យទារកស្រីៗនៅរស់វិញ»។+
២ នៅគ្រានោះ មានបុរសម្នាក់ពីពូជពង្សលេវីរៀបការជាមួយនឹងនារីម្នាក់ក្នុងពូជពង្សលេវីដូចគ្នា។+ ២ ក្រោយមក នាងចាប់មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់។ ពេលនាងឃើញថាកូនប្រុសនោះថ្លោសស្អាត នាងក៏លាក់កូននោះទុកអស់បីខែ។+ ៣ លុះដល់លាក់កូននោះលែងបានទៀត+ នាងក៏យកកញ្ជើ*មួយធ្វើពីដើមកក់ មកលាបជ័រខ្មៅ* រួចនាងដាក់កូននាងនៅក្នុងនោះ ហើយបណ្ដែតនៅកណ្ដាលគុម្ពត្រែង ក្បែរមាត់ច្រាំងទន្លេនីល។ ៤ ឯបងស្រីកូននោះ+ នាងបានឈរមើលពីចម្ងាយ ដើម្បីឲ្យដឹងថានឹងមានអ្វីកើតឡើងដល់កូននោះ។
៥ ក្រោយមក កូនស្រីផារ៉ូបានចុះទៅទន្លេនីលដើម្បីងូតទឹក។ ឯពួកស្រីបម្រើនាង ពួកគេដើរលេងតាមមាត់ច្រាំង។ ពេលនោះ កូនស្រីផារ៉ូបានឃើញកញ្ជើមួយនៅកណ្ដាលគុម្ពត្រែង ហើយនាងបានបង្គាប់ស្រីបម្រើឲ្យទៅយកកញ្ជើនោះមក។+ ៦ ពេលនាងបើកគម្របកញ្ជើនោះ នាងឃើញទារកម្នាក់កំពុងយំ។ ឃើញដូច្នេះ នាងមានចិត្តអាណិតអាសូរជាខ្លាំង ហើយនិយាយថា៖ «កូននេះច្បាស់ជាកូនរបស់ជនជាតិហេប្រឺហើយ»។ ៧ បន្ទាប់មក បងស្រីទារកនោះបានមកជិត ហើយសួរកូនស្រីផារ៉ូថា៖ «តើអ្នកនាងម្ចាស់ចង់ឲ្យខ្ញុំទៅហៅមេដោះឲ្យមកបំបៅកូននេះទេ?»។ ៨ កូនស្រីផារ៉ូបានឆ្លើយថា៖ «ចូរទៅហៅមក!»។ ភ្លាមនោះ នាងបានទៅហៅម្ដាយទារកនោះមក។+ ៩ កូនស្រីផារ៉ូបាននិយាយទៅម្ដាយទារកនោះថា៖ «ចូរយកទារកនេះទៅបំបៅឲ្យខ្ញុំ។ ខ្ញុំនឹងឲ្យថ្លៃឈ្នួលដល់អ្នក»។ ដូច្នេះ នាងក៏យកទារកនោះទៅបំបៅឲ្យកូនស្រីផារ៉ូទៅ។ ១០ លុះដល់កូននោះធំបន្តិច នាងបានយកគាត់ទៅប្រគល់ឲ្យកូនស្រីផារ៉ូវិញ។ កូនស្រីផារ៉ូបានចាត់ទុកកូននោះដូចជាកូនបង្កើត+ ហើយបានដាក់ឈ្មោះកូននោះថាម៉ូសេ* ដោយនិយាយថា៖ «ខ្ញុំបានយកគាត់ចេញពីទឹកមក»។+
១១ កន្លងក្រោយមក ម៉ូសេបានធំពេញវ័យ។ ថ្ងៃមួយ ម៉ូសេបានចេញទៅមើលជនរួមជាតិរបស់គាត់ ដើម្បីដឹងអំពីកិច្ចការដ៏លំបាកដែលពួកគេកំពុងធ្វើ។+ ពេលនោះ គាត់បានឃើញជនជាតិអេហ្ស៊ីបម្នាក់កំពុងវាយធ្វើបាបជនជាតិហេប្រឺម្នាក់ដែលជាជនរួមជាតិខ្លួន។ ១២ ដូច្នេះ ម៉ូសេបានមើលឆ្វេងមើលស្ដាំ ហើយឃើញថាគ្មានមនុស្ស គាត់ក៏វាយសម្លាប់ជនជាតិអេហ្ស៊ីបនោះ ហើយកប់ក្នុងខ្សាច់ទៅ។+
១៣ នៅថ្ងៃបន្ទាប់ ម៉ូសេបានចេញទៅម្ដងទៀត ហើយគាត់បានឃើញជនជាតិហេប្រឺពីរនាក់កំពុងវាយតប់គ្នា។ ដូច្នេះ គាត់បានសួរអ្នកដែលធ្វើខុសថា៖ «ហេតុអ្វីក៏វាយជនរួមជាតិខ្លួនដូច្នេះ?»។+ ១៤ បុរសនោះបានសួរវិញថា៖ «តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាចៅក្រម និងជាអ្នកត្រួតត្រាលើយើង? តើអ្នកនឹងសម្លាប់ខ្ញុំដូចអ្នកបានសម្លាប់ជនជាតិអេហ្ស៊ីបនោះឬ?»។+ ឮដូច្នេះ ម៉ូសេបានភ័យខ្លាច ហើយគិតក្នុងចិត្តថា៖ «គេច្បាស់ជាដឹងរឿងនេះគ្រប់គ្នាហើយ!»។
១៥ ដំណឹងនោះក៏បានលេចឮទៅដល់ផារ៉ូដែរ។ ដូច្នេះ គាត់បានបញ្ជាគេឲ្យទៅសម្លាប់ម៉ូសេ តែម៉ូសេបានរត់គេចទៅស្រុកម៉ាឌាន។+ ពេលទៅដល់ គាត់បានអង្គុយនៅក្បែរអណ្ដូងទឹកមួយ។ ១៦ នៅពេលនោះ មាននារី៧នាក់បានចេញមក ហើយដងទឹកដាក់ក្នុងស្នូកឲ្យហ្វូងសត្វរបស់ឪពុកពួកនាងផឹក។ ពួកនាងជាកូនស្រីរបស់សង្ឃនៅស្រុកម៉ាឌាន។+ ១៧ ប៉ុន្តែ ដូចសព្វដង ពួកគង្វាលបានដេញពួកនាងចេញពីទីនោះ។ ឃើញដូច្នោះ ម៉ូសេបានក្រោកទៅជួយពួកនាង ហើយគាត់បានជួយដងទឹកឲ្យហ្វូងសត្វពួកនាងផឹក។ ១៨ បន្ទាប់មក ពួកនាងបានត្រឡប់ទៅផ្ទះវិញ។ ពេលទៅដល់ រូអាល់*ជាឪពុក+បានសួរពួកនាងទាំងភ្ញាក់ផ្អើលថា៖ «ហេតុអ្វីថ្ងៃនេះ ពួកកូនត្រឡប់មកផ្ទះវិញលឿនម្ល៉េះ?»។ ១៩ ពួកនាងបានឆ្លើយថា៖ «មានបុរសជនជាតិអេហ្ស៊ីប+ម្នាក់ជួយពួកកូនពីពួកគង្វាល ហើយគាត់ថែមទាំងជួយដងទឹកឲ្យហ្វូងសត្វពួកកូនផឹកទៀតផង»។ ២០ ឪពុកនោះបាននិយាយទៅកាន់កូនថា៖ «ចុះឥឡូវបុរសនោះនៅឯណា? ហេតុអ្វីក៏កូនទុកគាត់ចោលដូច្នេះ? សូមទៅអញ្ជើញគាត់មកពិសាអាហារជាមួយនឹងយើង»។ ២១ ម៉ូសេបានមកតាមការអញ្ជើញនោះ ហើយក៏ព្រមស្នាក់នៅក្នុងផ្ទះសង្ឃនោះទៅ។ ក្រោយមក សង្ឃនោះបានលើកសេផូរ៉ាជាកូនស្រី+ឲ្យធ្វើជាប្រពន្ធម៉ូសេ។ ២២ ក្រោយនោះ នាងបានបង្កើតកូនប្រុសមួយឲ្យម៉ូសេ។ ម៉ូសេបានដាក់ឈ្មោះកូននោះថាគើសោម*+ ព្រោះគាត់បាននិយាយថា៖ «ខ្ញុំជាជនបរទេសរស់នៅក្នុងស្រុកនេះ»។+
២៣ ច្រើនឆ្នាំក្រោយមក ស្ដេចស្រុកអេហ្ស៊ីបបានស្លាប់ទៅ។+ ទោះជាយ៉ាងនោះក៏ដោយ ពួកអ៊ីស្រាអែលនៅតែបម្រើជាទាសករដដែល។ ហេតុនេះ ពួកគេចេះតែស្រែកថ្ងូរសុំជំនួយពីព្រះពិត។+ ២៤ ក្រោយមក ព្រះបានឮសូរស្រែកថ្ងូររបស់ពួកគេ+ ហើយលោកក៏នឹកចាំអំពីកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងអាប្រាហាំ អ៊ីសាក និងយ៉ាកុប។+ ២៥ ព្រះបានឃើញទុក្ខលំបាករបស់ពួកអ៊ីស្រាអែល ហើយលោកមានចិត្តអាណិតអាសូរចំពោះពួកគេ។
៣ កាលដែលម៉ូសេរស់នៅស្រុកម៉ាឌាន គាត់ជាគង្វាលចៀម។ គាត់ឃ្វាលចៀមឲ្យយេតរ៉ូជាឪពុកក្មេក+ដែលជាសង្ឃនៅស្រុកនោះ។ ថ្ងៃមួយ គាត់នាំហ្វូងចៀមទៅឃ្វាលនៅភាគខាងលិចនៃតំបន់ស្ងាត់ជ្រងំ។ នៅទីបំផុត គាត់បានទៅដល់ភ្នំហូរែបជាភ្នំរបស់ព្រះពិត។+ ២ ពេលនោះ ទេវតាមួយរូបរបស់ព្រះយេហូវ៉ាបានលេចមកឲ្យគាត់ឃើញក្នុងអណ្ដាតភ្លើង ដែលកំពុងឆេះនៅក្នុងគុម្ពបន្លាមួយ។+ ពេលគាត់ខំសម្លឹងមើលទៅ គាត់ឃើញមានអណ្ដាតភ្លើងនៅក្នុងគុម្ពបន្លានោះ តែគុម្ពបន្លានោះមិនឆេះទេ។ ៣ ដូច្នេះ ម៉ូសេបានគិតក្នុងចិត្តថា៖ «ខ្ញុំនឹងចូលទៅមើលការចម្លែកនេះសិន។ ហេតុអ្វីមានអណ្ដាតភ្លើងចេញពីគុម្ពបន្លា តែគុម្ពបន្លាមិនឆេះដូច្នេះ?»។ ៤ ពេលព្រះយេហូវ៉ាឃើញថាម៉ូសេកំពុងចូលទៅជិត លោកក៏ហៅគាត់ពីកណ្ដាលគុម្ពបន្លានោះថា៖ «ម៉ូសេ! ម៉ូសេ!»។ គាត់បានឆ្លើយថា៖ «បាទ លោកម្ចាស់!»។ ៥ រួចមក ព្រះបានមានប្រសាសន៍ថា៖ «កុំចូលមកជិតទៀត។ ចូរដោះស្បែកជើងអ្នកចេញ ព្រោះកន្លែងដែលអ្នកកំពុងឈរនេះគឺជាដីបរិសុទ្ធ»។
៦ ព្រះបានមានប្រសាសន៍បន្តថា៖ «ខ្ញុំជាព្រះនៃបុព្វបុរសអ្នក* ជាព្រះនៃអាប្រាហាំ+ ព្រះនៃអ៊ីសាក+ និងព្រះនៃយ៉ាកុប»។+ ឮដូច្នោះ ម៉ូសេក៏បាំងមុខ ព្រោះគាត់មិនហ៊ានមើលទៅព្រះពិតទេ។ ៧ ព្រះយេហូវ៉ាបន្ថែមថា៖ «ខ្ញុំបានឃើញការឈឺចាប់របស់រាស្ត្រខ្ញុំនៅស្រុកអេហ្ស៊ីបហើយ។ ខ្ញុំក៏បានឮសម្រែករបស់ពួកគេ ក្នុងការដែលពួកគេត្រូវបង្ខំឲ្យធ្វើការធ្ងន់ៗ។ ខ្ញុំដឹងច្បាស់នូវទុក្ខវេទនាទាំងអស់របស់ពួកគេ។+ ៨ ខ្ញុំនឹងចុះទៅសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេហ្ស៊ីប+ ហើយនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកដ៏ល្អនិងធំទូលាយ ជាស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ។+ ស្រុកនោះជាទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។+ ៩ មើល! សម្រែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮមកដល់ខ្ញុំហើយ។ ខ្ញុំក៏ឃើញពួកអេហ្ស៊ីបគាបសង្កត់និងប្រព្រឹត្តយ៉ាងសាហាវទៅលើពួកគេដែរ។+ ១០ ដូច្នេះ ចូរមកចុះ ខ្ញុំនឹងចាត់អ្នកឲ្យទៅជួបផារ៉ូ ហើយអ្នកនឹងនាំជនជាតិអ៊ីស្រាអែលជារាស្ត្រខ្ញុំចេញពីស្រុកអេហ្ស៊ីប»។+
១១ ប៉ុន្តែ ម៉ូសេបានតបទៅព្រះពិតថា៖ «តើខ្ញុំជានរណាទៅ បានជាលោកចាត់ខ្ញុំឲ្យទៅជួបផារ៉ូ ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីបនោះ?»។ ១២ លោកបានតបវិញថា៖ «ខ្ញុំនឹងនៅជាមួយអ្នក។+ អ្នកនឹងនាំរាស្ត្រខ្ញុំចេញពីស្រុកអេហ្ស៊ីប ហើយមកគោរពប្រណិប័តន៍ខ្ញុំនៅលើភ្នំនេះ។ នេះហើយជាសញ្ញាសម្គាល់របស់ខ្ញុំ ហើយតាមរបៀបនេះអ្នកនឹងដឹងថាគឺជាខ្ញុំ ដែលបានចាត់អ្នកឲ្យទៅ»។+
១៣ ក៏ប៉ុន្តែ ម៉ូសេបាននិយាយទៅកាន់ព្រះពិតថា៖ «ចុះបើខ្ញុំទៅជួបបណ្ដាជនអ៊ីស្រាអែល ហើយប្រាប់ពួកគេថា៖ ‹ព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា› តែពួកគេសួរថា៖ ‹តើលោកមាននាមអ្វី?›+ តើខ្ញុំគួរប្រាប់ពួកគេយ៉ាងណាទៅ?»។ ១៤ ដូច្នេះ ព្រះបានមានប្រសាសន៍ទៅម៉ូសេថា៖ «ខ្ញុំនឹងក្លាយទៅជាអ្វីដែលខ្ញុំចង់ក្លាយទៅជា»។*+ លោកបន្ថែមទៀតថា៖ «អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលថា៖ ‹ព្រះដែលត្រូវហៅថា«ខ្ញុំនឹងក្លាយទៅជា» បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា›»។+ ១៥ រួចព្រះបានមានប្រសាសន៍ទៅកាន់ម៉ូសេម្ដងទៀតថា៖
«អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា លោកជាព្រះនៃអាប្រាហាំ+ ព្រះនៃអ៊ីសាក+ និងព្រះនៃយ៉ាកុប+ គឺលោកហើយដែលបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា›។ នេះជានាមខ្ញុំជារៀងរហូត+ ហើយតាមរយៈនាមនេះ បណ្ដាជនគ្រប់ជំនាន់នឹងស្គាល់ខ្ញុំ។ ១៦ ឥឡូវចូរទៅប្រមូលបុរសចាស់ទុំនៃអ៊ីស្រាអែល ហើយប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា លោកជាព្រះនៃអាប្រាហាំ អ៊ីសាក និងយ៉ាកុប លោកបានលេចមកជួបខ្ញុំ ហើយមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជានឹងជួយអ្នករាល់គ្នា+ ហើយរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបជាមិនខាន។ ១៧ ដូច្នេះ ខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃជនជាតិអេហ្ស៊ីបដើម្បីឲ្យអ្នករាល់គ្នារួចផុតពីទុក្ខវេទនា+ ហើយខ្ញុំនឹងនាំអ្នករាល់គ្នាទៅរស់នៅក្នុងស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី+ ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស+ គឺនៅក្នុងស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ»›។+
១៨ «បណ្ដាជនអ៊ីស្រាអែលនឹងស្ដាប់សម្ដីអ្នក+ ហើយអ្នកនិងបុរសចាស់ទុំនៃអ៊ីស្រាអែល នឹងទៅជួបស្ដេចស្រុកអេហ្ស៊ីប។ បន្ទាប់មក អ្នកត្រូវនិយាយទៅកាន់ស្ដេចនោះថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃជនជាតិហេប្រឺ+ លោកបានលេចមកជួបពួកខ្ញុំ។ ដូច្នេះ សូមអនុញ្ញាតឲ្យពួកខ្ញុំទៅតំបន់ស្ងាត់ជ្រងំ ជាកន្លែងដែលត្រូវដើរអស់បីថ្ងៃ ដើម្បីឲ្យពួកខ្ញុំអាចជូនគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់ពួកខ្ញុំ›។+ ១៩ ប៉ុន្តែ ខ្ញុំដឹងមុនហើយថា ស្ដេចស្រុកអេហ្ស៊ីបនឹងមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅទេ លុះត្រាតែខ្ញុំប្រើឫទ្ធានុភាពខ្លាំងក្លាបង្ខំគាត់។+ ២០ ដូច្នេះ ខ្ញុំនឹងលើកដៃវាយប្រហារស្រុកអេហ្ស៊ីបដោយការអស្ចារ្យផ្សេងៗ។ ក្រោយនោះ គាត់នឹងព្រមដោះលែងអ្នករាល់គ្នា។+ ២១ ម្យ៉ាងទៀត ខ្ញុំនឹងធ្វើឲ្យពួកអេហ្ស៊ីបប្រព្រឹត្តល្អមកលើអ្នករាល់គ្នា។ ម្ល៉ោះហើយ ពេលដែលអ្នករាល់គ្នាចេញពីស្រុកនោះ អ្នករាល់គ្នានឹងមិនចេញទៅដោយដៃទទេឡើយ។+ ២២ ដូច្នេះ ពួកស្ត្រីអ៊ីស្រាអែលត្រូវសុំគ្រឿងមាសគ្រឿងប្រាក់និងសម្លៀកបំពាក់ ពីអ្នកជិតខាងខ្លួននិងពីពួកស្ត្រីដែលស្នាក់នៅជាមួយ។ រួចមក អ្នករាល់គ្នានឹងយកទៅបំពាក់ឲ្យកូនប្រុសកូនស្រីខ្លួន។ យ៉ាងនេះ អ្នករាល់គ្នានឹងរឹបអូសទ្រព្យសម្បត្តិរបស់ពួកអេហ្ស៊ីប»។+
៤ ក៏ប៉ុន្តែ ម៉ូសេបានឆ្លើយថា៖ «ចុះបើពួកគេមិនជឿខ្ញុំ ហើយមិនស្ដាប់ពាក្យខ្ញុំ+ តើខ្ញុំត្រូវធ្វើយ៉ាងណាទៅ? ព្រោះពួកគេនឹងនិយាយថា៖ ‹ព្រះយេហូវ៉ាមិនបានលេចមកជួបអ្នកទេ›»។ ២ បន្ទាប់មក ព្រះយេហូវ៉ាបានសួរថា៖ «តើអ្នកកំពុងកាន់អ្វី?»។ គាត់បានឆ្លើយថា៖ «ខ្ញុំកាន់ដំបង»។ ៣ ព្រះបានប្រាប់ថា៖ «ចូរបោះដំបងនោះទៅដីទៅ»។ ដូច្នេះ គាត់បានបោះដំបងទៅដី ហើយដំបងនោះក៏ក្លាយទៅជាសត្វពស់។+ ឃើញដូច្នោះ ម៉ូសេក៏រត់ចេញពីពស់នោះ។ ៤ ព្រះយេហូវ៉ាបានបង្គាប់គាត់ថា៖ «ចូរលូកដៃចាប់កន្ទុយវា»។ ដូច្នេះ គាត់ក៏លូកដៃទៅចាប់ រួចពស់នោះបានក្លាយទៅជាដំបងវិញ។ ៥ រួចព្រះបានមានប្រសាសន៍ថា៖ «តាមរយៈការអស្ចារ្យនេះ ពួកគេនឹងជឿថាព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់ពួកគេ ជាព្រះនៃអាប្រាហាំ ព្រះនៃអ៊ីសាក និងព្រះនៃយ៉ាកុប+ គឺលោកបានលេចមកជួបអ្នកមែន»។+
៦ ព្រះយេហូវ៉ាបានមានប្រសាសន៍បន្តទៀតថា៖ «សូមដាក់ដៃ*ទៅក្នុងថ្នក់អាវរបស់អ្នក»។ ដូច្នេះ គាត់ក៏ដាក់ចូល តែពេលគាត់ដកដៃចេញមកវិញ ដៃគាត់ក៏កើតឃ្លង់សស្គុស!*+ ៧ រួចមក ព្រះបានប្រាប់គាត់ថា៖ «សូមដាក់ដៃនោះទៅក្នុងថ្នក់អាវវិញ»។ ដូច្នេះ គាត់ក៏ដាក់ចូល ហើយពេលគាត់ដកដៃចេញមក ដៃគាត់ជាស្អាតដូចដើមវិញ។ ៨ ព្រះបានមានប្រសាសន៍ទៀតថា៖ «បើពួកគេមិនជឿអ្នកឬមិនស្ដាប់អ្នក តាមរយៈការអស្ចារ្យទី១ទេ នោះពួកគេមុខជាជឿអ្នកតាមរយៈការអស្ចារ្យទី២នេះមិនខាន។+ ៩ ប៉ុន្តែ ប្រសិនបើពួកគេនៅតែមិនជឿអ្នកតាមរយៈការអស្ចារ្យទាំងពីរនេះទៀត អ្នកត្រូវយកទឹកពីទន្លេនីលមកចាក់លើដីស្ងួតនៅមុខពួកគេ ហើយទឹកនោះនឹងក្លាយទៅជាឈាម»។+
១០ ពេលនោះ ម៉ូសេបាននិយាយតបទៅព្រះយេហូវ៉ាវិញថា៖ «សូមអត់ទោសព្រះយេហូវ៉ា តាំងពីដើមរហូតមកដល់ឥឡូវ ខ្ញុំមិនមានវោហារឬប្រសប់និយាយទេ»។+ ១១ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «តើអ្នកណាបានបង្កើតមាត់មនុស្ស? តើអ្នកណាធ្វើឲ្យមនុស្សគថ្លង់? តើអ្នកណាធ្វើឲ្យមនុស្សងងឹតភ្នែកឬមើលឃើញ? តើមិនមែនជាខ្ញុំ ជាយេហូវ៉ាទេឬ? ១២ ដូច្នេះ ចូរទៅចុះ! ខ្ញុំនឹងនៅជាមួយអ្នក ពេលដែលអ្នកនិយាយ ហើយខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលអ្នកត្រូវនិយាយ»។+ ១៣ ប៉ុន្តែ ម៉ូសេបាននិយាយថា៖ «សូមអត់ទោសព្រះយេហូវ៉ា សូមលោកចាត់អ្នកផ្សេងទៀតឲ្យទៅចុះ»។ ១៤ ពេលនោះ ព្រះយេហូវ៉ាខឹងនឹងម៉ូសេជាខ្លាំង ហើយលោកមានប្រសាសន៍ថា៖ «ចុះយ៉ាងណាអេរ៉ុនបងអ្នក+ដែលជាកូនចៅលេវីនោះ? ខ្ញុំដឹងថាគាត់ប្រសប់និយាយ។ ឥឡូវគាត់កំពុងធ្វើដំណើរមកជួបអ្នកហើយ។ ពេលគាត់ឃើញអ្នក គាត់នឹងសប្បាយចិត្តជាខ្លាំង។+ ១៥ អ្នកត្រូវប្រាប់គាត់អំពីអ្វីដែលគាត់ត្រូវនិយាយ។+ ខ្ញុំនឹងនៅជាមួយអ្នកនិងគាត់ ពេលដែលអ្នកទាំងពីរនិយាយ+ ហើយខ្ញុំនឹងប្រាប់អំពីអ្វីដែលអ្នកទាំងពីរត្រូវធ្វើ។ ១៦ គាត់នឹងនិយាយទៅកាន់បណ្ដាជនជំនួសអ្នក ហើយអ្នកនឹងប្រៀបដូចជាព្រះចំពោះគាត់។*+ ១៧ អ្នកត្រូវយកដំបងនេះទៅជាមួយ ហើយប្រើវាសម្រាប់ធ្វើការអស្ចារ្យ»។+
១៨ បន្ទាប់មក ម៉ូសេបានត្រឡប់ទៅជួបយេតរ៉ូជាឪពុកក្មេកវិញ+ ហើយប្រាប់គាត់ថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅស្រុកអេហ្ស៊ីបវិញផង ដើម្បីខ្ញុំអាចដឹងសុខទុក្ខជនរួមជាតិរបស់ខ្ញុំ»។ យេតរ៉ូបាននិយាយថា៖ «ចូរកូនទៅដោយសុខសាន្តចុះ»។ ១៩ កាលដែលម៉ូសេនៅស្រុកម៉ាឌាននៅឡើយ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់គាត់ថា៖ «ចូរត្រឡប់ទៅស្រុកអេហ្ស៊ីបវិញទៅ ព្រោះពួកអ្នកដែលតាមសម្លាប់អ្នកបានស្លាប់អស់ហើយ»។+
២០ រួចមក ម៉ូសេបាននាំប្រពន្ធកូនជិះលើខ្នងលា ហើយធ្វើដំណើរឆ្ពោះទៅស្រុកអេហ្ស៊ីប។ ពេលនោះ គាត់បានយកដំបងរបស់ព្រះពិតទៅជាមួយដែរ។ ២១ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ពេលអ្នកទៅដល់ស្រុកអេហ្ស៊ីបហើយ អ្នកត្រូវធ្វើការអស្ចារ្យនៅមុខផារ៉ូ គឺជាការអស្ចារ្យទាំងប៉ុន្មានដែលខ្ញុំផ្ដល់ឫទ្ធានុភាពឲ្យអ្នកធ្វើ។+ ប៉ុន្តែ ខ្ញុំនឹងឲ្យគាត់មានចិត្តរឹងទទឹង+ ហើយគាត់នឹងមិនអនុញ្ញាតឲ្យរាស្ត្រខ្ញុំចេញពីស្រុកនោះទេ។+ ២២ អ្នកត្រូវប្រាប់ផារ៉ូថា៖ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «អ៊ីស្រាអែលជាកូនប្រុសខ្ញុំ និងជាកូនច្បងរបស់ខ្ញុំ។+ ២៣ ខ្ញុំបង្គាប់អ្នកឲ្យដោះលែងកូនខ្ញុំពីស្រុកនេះ ដើម្បីគាត់អាចបម្រើខ្ញុំ។ បើអ្នកមិនព្រមទេ ខ្ញុំនឹងសម្លាប់កូនប្រុសអ្នក ពោលគឺកូនច្បងរបស់អ្នក»›»។+
២៤ នៅតាមផ្លូវត្រង់កន្លែងស្នាក់នៅ ព្រះយេហូវ៉ា+បានមកជួបគាត់ ហើយបម្រុងសម្លាប់គាត់។*+ ២៥ ឃើញដូច្នោះ សេផូរ៉ា+បានយកថ្មមុតមកកាត់ចុងស្បែករបស់កូនប្រុសនាង ហើយបោះទៅប៉ះជើងលោក* រួចនិយាយថា៖ «នេះគឺដោយសារលោកជាកូនកំលោះនៃឈាមចំពោះខ្ញុំ»។ ២៦ ដូច្នេះ លោកក៏បានឲ្យគាត់ទៅ។ នៅពេលនោះ នាងបាននិយាយថា៖ «លោកជាកូនកំលោះនៃឈាម»។ នាងបាននិយាយដូច្នេះ ដោយសារតែការកាត់ចុងស្បែកនោះ។
២៧ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់អេរ៉ុនថា៖ «ចូរទៅជួបម៉ូសេនៅតំបន់ស្ងាត់ជ្រងំ»។+ ដូច្នេះ គាត់ក៏បានចេញទៅជួបម៉ូសេនៅឯភ្នំនៃព្រះពិត+ក្នុងតំបន់ស្ងាត់ជ្រងំ។ ពេលគាត់ជួបម៉ូសេ គាត់បានថើបម៉ូសេ ហើយសួរសុខទុក្ខ។ ២៨ ម៉ូសេបានប្រាប់អេរ៉ុនអំពីប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ាជាអ្នកដែលបានចាត់គាត់+ និងប្រាប់អំពីការអស្ចារ្យផ្សេងៗដែលលោកបានបង្គាប់គាត់ឲ្យធ្វើ។+ ២៩ ក្រោយនោះ ម៉ូសេនិងអេរ៉ុនបានទៅអញ្ជើញពួកបុរសចាស់ទុំនៃអ៊ីស្រាអែលទាំងអស់ ឲ្យមកជួបជុំគ្នា។+ ៣០ អេរ៉ុនបានប្រាប់ពួកគេអំពីប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ាដែលម៉ូសេបានទទួល ហើយម៉ូសេក៏បានធ្វើការអស្ចារ្យ+នៅមុខពួកគេដែរ។ ៣១ ឃើញដូច្នោះ ពួកគេបានជឿម៉ូសេ។+ ពេលពួកគេឮថាព្រះយេហូវ៉ាបានឃើញទុក្ខវេទនារបស់រាស្ត្រលោក+ ព្រមទាំងចាត់វិធានការជួយពួកគេ+ នោះពួកគេបានឱនកាយក្រាបគោរពដល់លោក។
៥ លុះក្រោយមក ម៉ូសេនិងអេរ៉ុនបានចូលទៅជួបផារ៉ូ ហើយជម្រាបគាត់ថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ថា៖ ‹ចូរអនុញ្ញាតឲ្យរាស្ត្រខ្ញុំចាកចេញទៅតំបន់ស្ងាត់ជ្រងំ ដើម្បីធ្វើបុណ្យមួយឲ្យខ្ញុំ›»។ ២ ប៉ុន្តែ ផារ៉ូបាននិយាយថា៖ «តើព្រះយេហូវ៉ាជាអ្នកណា+បានជាខ្ញុំត្រូវស្ដាប់តាម ហើយឲ្យជនជាតិអ៊ីស្រាអែលចេញទៅនោះ?+ ខ្ញុំមិនស្គាល់ព្រះយេហូវ៉ាទេ។ ខ្ញុំមិនអនុញ្ញាតឲ្យពួកគេចេញទៅជាដាច់ខាត»។+ ៣ ពួកគេបានតបទៅវិញថា៖ «ព្រះនៃជនជាតិហេប្រឺបានមានប្រសាសន៍មកកាន់ពួកខ្ញុំ។ សូមលោកម្ចាស់អនុញ្ញាតឲ្យពួកខ្ញុំទៅតំបន់ស្ងាត់ជ្រងំ ជាកន្លែងដែលត្រូវដើរអស់បីថ្ងៃ ដើម្បីឲ្យពួកខ្ញុំអាចជូនគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់ពួកខ្ញុំ។+ បើពុំនោះទេ លោកនឹងធ្វើឲ្យពួកខ្ញុំមានជំងឺ ឬបណ្ដោយឲ្យសត្រូវសម្លាប់ពួកខ្ញុំហើយ»។ ៤ ដូច្នេះ ស្ដេចស្រុកអេហ្ស៊ីបបាននិយាយទៅកាន់ពួកគេថា៖ «នែម៉ូសេនិងអេរ៉ុន! ម្ដេចក៏អ្នកឯងចង់នាំបណ្ដាជនឈប់ធ្វើការដូច្នេះ? ចូរត្រឡប់ទៅធ្វើការវិញភ្លាម!»។+ ៥ ផារ៉ូបាននិយាយបន្តថា៖ «មើល! មានអ្នកធ្វើការច្រើនណាស់។ តើអ្នកឯងចង់ឲ្យពួកគេឈប់ពីការងារ ហើយធ្វើដំណើរទៅជាមួយអ្នកឯងឬ?»។
៦ នៅថ្ងៃដដែលនោះ ផារ៉ូបានបង្គាប់ពួកអ្នកត្រួតពិនិត្យនិងជំនួយការរបស់ពួកគេថា៖ ៧ «អ្នករាល់គ្នាមិនត្រូវផ្ដល់ចំបើងឲ្យពួកអ្នកធ្វើឥដ្ឋទៀតទេ+ ឲ្យពួកគេទៅរកចំបើងដោយខ្លួនឯងទៅ។ ៨ ប៉ុន្តែ អ្នកត្រូវឲ្យពួកគេធ្វើឥដ្ឋឲ្យគ្រប់ចំនួនដូចកាលពីមុន កុំបន្ធូរបន្ថយឲ្យពួកគេឲ្យសោះ ព្រោះពួកគេខ្ជិលទេ។ ហេតុនេះហើយបានជាពួកគេស្រែកថា៖ ‹សូមឲ្យពួកខ្ញុំចេញទៅ ពួកខ្ញុំចង់ទៅជូនគ្រឿងបូជាដល់ព្រះរបស់ពួកខ្ញុំ!›។ ៩ ចូរដាក់ការងារធ្ងន់ៗថែមទៀតឲ្យពួកគេធ្វើ ដើម្បីកុំឲ្យពួកគេមានពេលស្ដាប់ពាក្យឥតបានការឡើយ»។
១០ ដូច្នេះ ពួកអ្នកត្រួតពិនិត្យ+និងជំនួយការបានទៅជួបពួកអ្នកធ្វើឥដ្ឋ ហើយប្រាប់ពួកគេថា៖ «ផារ៉ូមានប្រសាសន៍ដូច្នេះថា៖ ‹ខ្ញុំលែងផ្ដល់ចំបើងឲ្យពួកឯងរាល់គ្នាទៀតហើយ។ ១១ ចូរទៅរកចំបើងដោយខ្លួនឯងចុះ នៅកន្លែងណាក៏បាន តែចំនួនឥដ្ឋដែលត្រូវធ្វើគឺនៅដដែល›»។ ១២ បន្ទាប់មក ពួកអ៊ីស្រាអែលបានចេញទៅរកជញ្ជ្រាំងពេញក្នុងស្រុកអេហ្ស៊ីប ដើម្បីយកមកប្រើជំនួសចំបើងវិញ។ ១៣ ពួកអ្នកត្រួតពិនិត្យចេះតែបង្ខំពួកគេថា៖ «ជារៀងរាល់ថ្ងៃ ពួកអ្នករាល់គ្នាត្រូវធ្វើឥដ្ឋឲ្យគ្រប់ចំនួនកំណត់ដូចកាលដែលទទួលចំបើងដែរ»។ ១៤ ក្រោយមក ពួកអ្នកត្រួតពិនិត្យរបស់ផារ៉ូបានវាយធ្វើបាបពួកជំនួយការ ដែលពួកគេបានតែងតាំងពីចំណោមជនជាតិអ៊ីស្រាអែល។+ ពេលនោះ ពួកអ្នកត្រួតពិនិត្យបានសួរពួកគេថា៖ «ម្សិលមិញនិងថ្ងៃនេះ ម្ដេចក៏ពួកអ្នកមិនធ្វើឥដ្ឋឲ្យគ្រប់ចំនួនដូចមុនដូច្នេះ?»។
១៥ ម្ល៉ោះហើយ ពួកជំនួយការជាជនជាតិអ៊ីស្រាអែលបានចូលទៅជួបផារ៉ូ ហើយនិយាយថា៖ «ហេតុអ្វីលោកម្ចាស់ប្រព្រឹត្តបែបនេះចំពោះពួកខ្ញុំ? ១៦ ពួកខ្ញុំមិនបានទទួលចំបើងទេ តែពួកអ្នកត្រួតពិនិត្យបង្គាប់ថា៖ ‹ចូរធ្វើឥដ្ឋទៅ!›។ ម្យ៉ាងទៀត ពួកគេបានវាយធ្វើបាបពួកខ្ញុំ តែពួកគេទេដែលជាអ្នកធ្វើខុស»។ ១៧ ប៉ុន្តែ ផារ៉ូនិយាយថា៖ «ពួកឯងរាល់គ្នាខ្ជិលច្រអូសណាស់ ចង់តែសម្រាកប៉ុណ្ណោះ!+ ហេតុនេះហើយបានជាពួកឯងនិយាយថា៖ ‹សូមឲ្យពួកខ្ញុំចេញទៅ ពួកខ្ញុំចង់ទៅជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា›។+ ១៨ ឥឡូវ ចូរត្រឡប់ទៅធ្វើការវិញភ្លាម! គ្មានចំបើងផ្ដល់ឲ្យទេ តែត្រូវធ្វើឥដ្ឋឲ្យគ្រប់ចំនួន»។
១៩ ពេលដែលពួកគេឮបង្គាប់ថា៖ «ត្រូវធ្វើឥដ្ឋឲ្យគ្រប់ចំនួនរាល់ថ្ងៃ!» នោះពួកគេយល់ថាខ្លួននឹងត្រូវរងទុក្ខធ្ងន់ហើយ។ ២០ ក្រោយពីពួកគេចេញពីផារ៉ូ ពួកគេបានជួបម៉ូសេនិងអេរ៉ុនដែលកំពុងឈររង់ចាំនៅខាងក្រៅ។ ២១ ភ្លាមនោះ ពួកគេបាននិយាយទៅកាន់ម៉ូសេនិងអេរ៉ុនថា៖ «សូមឲ្យព្រះយេហូវ៉ាមើលឃើញអ្វីដែលពួកអ្នកបានធ្វើ ហើយវិនិច្ឆ័យពួកអ្នកចុះ! ដោយសារតែពួកអ្នក បានជាផារ៉ូនិងពួកអ្នកបម្រើគាត់ស្អប់ខ្ពើមពួកយើង ថែមទាំងមានហេតុសម្លាប់ពួកយើងទៀតផង»។+ ២២ ពេលនោះ ម៉ូសេបានអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «ព្រះយេហូវ៉ាហេតុអ្វីបានជាលោកធ្វើឲ្យរាស្ត្ររបស់លោករងទុក្ខបែបនេះ? តើលោកចាត់ខ្ញុំឲ្យមកធ្វើអ្វី? ២៣ តាំងពីពេលដែលខ្ញុំចូលទៅជួបផារ៉ូក្នុងនាមលោក+ ផារ៉ូបានធ្វើបាបរាស្ត្ររបស់លោកកាន់តែខ្លាំង+ ហើយមកដល់ពេលនេះលោកនៅតែមិនទាន់ជួយសង្គ្រោះពួកគេនៅឡើយ»។+
៦ ដូច្នេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «អ្នកនឹងឃើញអ្វីដែលខ្ញុំនឹងធ្វើដល់ផារ៉ូ។+ ខ្ញុំនឹងប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំដើម្បីបង្ខំគាត់ឲ្យដោះលែងរាស្ត្ររបស់ខ្ញុំ។ ក្រោយពីបានឃើញឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំហើយ គាត់នឹងបណ្ដេញរាស្ត្រខ្ញុំចេញពីស្រុកអេហ្ស៊ីបជាមិនខាន»។+
២ បន្ទាប់មក ព្រះបានប្រាប់ម៉ូសេថា៖ «ខ្ញុំជាយេហូវ៉ា។ ៣ ខ្ញុំបានលេចមកជួបអាប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយពួកគេស្គាល់ខ្ញុំជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។+ ប៉ុន្តែ ស្ដីអំពីនាមរបស់ខ្ញុំជាយេហូវ៉ា+ ខ្ញុំមិនបានបើកបង្ហាញឲ្យពួកគេស្គាល់យ៉ាងពេញលេញទេ។+ ៤ បន្ថែមទៅទៀត ខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកគេ ដើម្បីប្រគល់ស្រុកកាណានឲ្យដល់ពួកគេទុកជាមត៌ក គឺជាស្រុកដែលពួកគេធ្លាប់រស់នៅជាជនបរទេស។+ ៥ ឥឡូវ ខ្ញុំបានឮការស្រែកថ្ងូររបស់ជនជាតិអ៊ីស្រាអែល ដែលត្រូវពួកអេហ្ស៊ីបបង្ខំឲ្យធ្វើការដូចជាខ្ញុំបម្រើ ហើយខ្ញុំបាននឹកឃើញនូវកិច្ចព្រមព្រៀងរបស់ខ្ញុំ។+
៦ «ដូច្នេះ ចូរទៅប្រាប់កូនចៅអ៊ីស្រាអែលថា៖ ‹ខ្ញុំជាយេហូវ៉ា ខ្ញុំនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីការគាបសង្កត់របស់ពួកអេហ្ស៊ីប ហើយខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីភាពជាខ្ញុំបម្រើ។+ ខ្ញុំនឹងវិនិច្ឆ័យជនជាតិអេហ្ស៊ីប ហើយដាក់ទោសពួកគេយ៉ាងធ្ងន់ រួចខ្ញុំនឹងនាំអ្នករាល់គ្នាចាកចេញដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំ។+ ៧ ខ្ញុំនឹងយកអ្នករាល់គ្នាធ្វើជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។+ អ្នករាល់គ្នានឹងដឹងច្បាស់ថាខ្ញុំនេះហើយជាយេហូវ៉ា ជាព្រះដែលបានរំដោះអ្នករាល់គ្នាឲ្យរួចផុតពីបន្ទុកដ៏ធ្ងន់ដែលពួកអេហ្ស៊ីបដាក់លើអ្នករាល់គ្នា។ ៨ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅរស់នៅក្នុងស្រុកដែលខ្ញុំបានស្បថថានឹងប្រគល់ឲ្យដល់អាប្រាហាំ អ៊ីសាក និងយ៉ាកុប។ ខ្ញុំនឹងឲ្យស្រុកនោះដល់អ្នករាល់គ្នាទុកជាមត៌ក។+ ខ្ញុំនេះហើយជាយេហូវ៉ា›»។+
៩ ក្រោយមក ម៉ូសេបាននាំប្រសាសន៍នេះទៅប្រាប់ជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ពួកគេមិនបានស្ដាប់គាត់ទេ ដោយសារពួកគេបានធ្លាក់ទឹកចិត្ត និងដោយសារការងារធ្ងន់ៗ។+
១០ ក្រោយនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ១១ «ចូរទៅប្រាប់ផារ៉ូជាស្ដេចស្រុកអេហ្ស៊ីបថាគាត់ត្រូវអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកនេះ»។ ១២ ប៉ុន្តែ ម៉ូសេបានតបទៅព្រះយេហូវ៉ាថា៖ «សូម្បីតែកូនចៅអ៊ីស្រាអែលមិនព្រមស្ដាប់ខ្ញុំទៅហើយ+ ចុះទម្រាំដល់ផារ៉ូ តើគាត់នឹងព្រមស្ដាប់ខ្ញុំជាមនុស្សដែលមិនពូកែសម្ដីម្ដេចនឹងបានទៅ?»។+ ១៣ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេនិងអេរ៉ុនម្ដងទៀតនូវអ្វីដែលពួកគាត់ត្រូវបង្គាប់ជនជាតិអ៊ីស្រាអែលនិងផារ៉ូ ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប។
១៤ នេះជាប្រមុខគ្រួសារកូនចៅអ៊ីស្រាអែល ពួកគេមានដូចតទៅ៖ រូបេនជាកូនច្បងរបស់អ៊ីស្រាអែល។+ កូន*របស់គាត់មាន ហាណុក ផាលូ ហេស្រុន និងកាម៉ាយ។+ ពួកគេជាប្រមុខគ្រួសារដែលចេញពីរូបេន។
១៥ កូនរបស់ស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត យ៉ាគីន សូហា និងសេល។ សេលបានកើតពីស្ត្រីជនជាតិកាណាន។+ ពួកគេសុទ្ធតែជាប្រមុខគ្រួសារដែលចេញពីស៊ីម្មាន។
១៦ កូនរបស់លេវី+មាន គើសុន កូហាត និងមេរេរ៉ាយ។+ លេវីរស់បាន១៣៧ឆ្នាំ។ បញ្ជីឈ្មោះកូនចៅលេវីតាមក្រុមគ្រួសាររបស់ពួកគេមានដូចតទៅ៖
១៧ កូនរបស់គើសុនមាន លីបណាយ និងស៊ីមម៉ាយ។ ពួកគេជាប្រមុខគ្រួសារ។+
១៨ កូនរបស់កូហាតមាន អាំរ៉ាម អ៊ីសហា ហេប្រុន និងអូសៀល។+ កូហាតរស់បាន១៣៣ឆ្នាំ។
១៩ កូនរបស់មេរេរ៉ាយមាន ម៉ាឡាយ និងមូសាយ។
ពួកគេទាំងអស់ជាប្រមុខគ្រួសារមកពីកុលសម្ព័ន្ធលេវី តាមក្រុមគ្រួសាររបស់ពួកគេរៀងៗខ្លួន។+
២០ អាំរ៉ាមបានរៀបការជាមួយនឹងយ៉ុកេបេតជាប្អូនស្រីឪពុកគាត់+ ហើយនាងបានបង្កើតអេរ៉ុននិងម៉ូសេ។+ អាំរ៉ាមរស់បាន១៣៧ឆ្នាំ។
២១ កូនរបស់អ៊ីសហាមាន កូរ៉ា+ នេផេក និងស៊ីកក្រាយ។
២២ កូនរបស់អូសៀលមាន មីសាអែល អេលីសាផាន+ និងស៊ីតរ៉ាយ។
២៣ អេរ៉ុនបានរៀបការជាមួយនឹងអេលីសេបាជាកូនអាមីណាដាប ត្រូវជាប្អូនស្រីណាសូន។+ នាងបានបង្កើតណាដាប អាបាយហ៊ូ អេលាសារ និងអ៊ីតតាម៉ា។+
២៤ កូនរបស់កូរ៉ាមាន អាសស៊ា អេលកាណា និងអាបាយអាសាប។+ ពួកគេជាប្រមុខគ្រួសារដែលមកពីកូរ៉ា។+
២៥ ចំណែកអេលាសារ+ជាកូនអេរ៉ុន គាត់បានរៀបការជាមួយនឹងកូនស្រីម្នាក់របស់ភូធែល។ នាងបានបង្កើតភីនេហាសឲ្យគាត់។+
ពួកគេទាំងអស់ជាប្រមុខគ្រួសារដែលមកពីកុលសម្ព័ន្ធលេវី តាមក្រុមគ្រួសាររបស់ពួកគេរៀងៗខ្លួន។+
២៦ គឺអេរ៉ុននិងម៉ូសេនេះហើយដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ពួកគាត់ថា៖ «ចូរទៅនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប ជាក្រុមៗដោយមានរបៀបរៀបរយដូចជាកងទ័ពយ៉ាងធំ»។+ ២៧ ពួកអ្នកដែលបានចូលទៅនិយាយជាមួយនឹងផារ៉ូ ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប គឺម៉ូសេនិងអេរ៉ុន។+
២៨ នៅថ្ងៃនោះ ពេលដែលព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេនៅស្រុកអេហ្ស៊ីប ២៩ ព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ «ខ្ញុំជាយេហូវ៉ា ចូរទៅប្រាប់ផារ៉ូស្ដេចស្រុកអេហ្ស៊ីបអំពីអ្វីៗទាំងអស់ដែលខ្ញុំប្រាប់អ្នក»។ ៣០ ម៉ូសេបានតបទៅព្រះយេហូវ៉ាវិញថា៖ «ខ្ញុំមិនប្រសប់និយាយទេ ផារ៉ូមុខជាមិនស្ដាប់ខ្ញុំឡើយ»។+
៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «មើល! ខ្ញុំបានធ្វើឲ្យអ្នកប្រៀបដូចជាព្រះនៅចំពោះមុខផារ៉ូ។ ឯអេរ៉ុនបងរបស់អ្នក គាត់នឹងក្លាយទៅជាអ្នកប្រកាសទំនាយរបស់អ្នក។+ ២ អ្នកត្រូវប្រាប់អេរ៉ុនអំពីអ្វីៗទាំងអស់ដែលខ្ញុំបង្គាប់អ្នក ហើយគាត់នឹងនិយាយទៅកាន់ផារ៉ូ រួចផារ៉ូនឹងអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេហ្ស៊ីប។ ៣ ចំណែកខ្ញុំវិញ ខ្ញុំនឹងឲ្យផារ៉ូមានចិត្តរឹងទទឹង+ ហើយខ្ញុំនឹងធ្វើសញ្ញាសម្គាល់និងការអស្ចារ្យជាច្រើនក្នុងស្រុកអេហ្ស៊ីប។+ ៤ ប៉ុន្តែ ផារ៉ូនឹងមិនស្ដាប់អ្នកទេ។ ខ្ញុំនឹងវាយប្រហារស្រុកអេហ្ស៊ីប ហើយដាក់ទោសជនជាតិអេហ្ស៊ីបយ៉ាងធ្ងន់ រួចនាំជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំចេញពីទីនោះមក ជាក្រុមៗដោយមានរបៀបរៀបរយដូចជាកងទ័ពយ៉ាងធំ។+ ៥ ពេលពួកអេហ្ស៊ីបឃើញថាខ្ញុំលើកដៃវាយប្រហារស្រុកអេហ្ស៊ីប ហើយនាំជនជាតិអ៊ីស្រាអែលចេញពីទីនោះ ពួកគេនឹងដឹងច្បាស់ថាខ្ញុំនេះហើយគឺយេហូវ៉ា»។+ ៦ បន្ទាប់មក ម៉ូសេនិងអេរ៉ុនបានធ្វើដូច្នោះតាមបង្គាប់ព្រះយេហូវ៉ា។ ៧ ពេលម៉ូសេនិងអេរ៉ុនចូលទៅជួបផារ៉ូ ម៉ូសេមានអាយុ៨០ឆ្នាំ ហើយអេរ៉ុនមានអាយុ៨៣ឆ្នាំ។+
៨ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនថា៖ ៩ «បើផារ៉ូទាមទារថា៖ ‹ចូរធ្វើការអស្ចារ្យមក› ចូរប្រាប់អេរ៉ុនថា៖ ‹ចូរយកដំបងនៅដៃអ្នក បោះនៅមុខផារ៉ូទៅ›។ ដំបងនោះនឹងក្លាយទៅជាសត្វពស់ធំមួយ»។+ ១០ ដូច្នេះ ម៉ូសេនិងអេរ៉ុនបានចូលទៅជួបផារ៉ូ ហើយធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា។ អេរ៉ុនបានបោះដំបងនៅមុខផារ៉ូនិងពួកអ្នកបម្រើរបស់គាត់ រួចដំបងនោះបានក្លាយទៅជាសត្វពស់ធំមួយ។ ១១ ប៉ុន្តែ ផារ៉ូបានកោះហៅពួកអ្នកប្រាជ្ញ គ្រូធ្មប់ និងពួកសង្ឃដែលចេះវេទមន្តឲ្យមក។+ ពួកគេបានប្រើវេទមន្តធ្វើដូច្នោះដែរ។+ ១២ ពួកគេម្នាក់ៗបានបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះបានក្លាយទៅជាសត្វពស់ធំៗ តែពស់*របស់អេរ៉ុនបានលេបពស់របស់ពួកគេទាំងអស់។ ១៣ ទោះជាយ៉ាងនោះក្ដី ផារ៉ូនៅតែមានចិត្តរឹងរូស+ ហើយមិនព្រមស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍មែន។
១៤ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ផារ៉ូមានចិត្តរឹងរូសណាស់។+ គាត់មិនព្រមឲ្យរាស្ត្រខ្ញុំចេញទៅទេ។ ១៥ នៅព្រឹកថ្ងៃស្អែក ផារ៉ូនឹងចេញទៅឯមាត់ទន្លេនីល ដូច្នេះចូរទៅឈរចាំជួបគាត់នៅទីនោះ ហើយអ្នកត្រូវយកដំបងទៅជាមួយផង ជាដំបងដែលបានក្លាយជាសត្វពស់។+ ១៦ អ្នកត្រូវប្រាប់គាត់ថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃជនជាតិហេប្រឺបានចាត់ខ្ញុំឲ្យមកជួបអ្នក+ ហើយលោកបានមានប្រសាសន៍ថា៖ «ចូរឲ្យរាស្ត្រខ្ញុំចាកចេញពីស្រុកនេះ ដើម្បីពួកគេអាចគោរពប្រណិប័តន៍*ខ្ញុំនៅតំបន់ស្ងាត់ជ្រងំ»។ ប៉ុន្តែ រហូតមកដល់ពេលនេះ អ្នកមិនព្រមស្ដាប់ទេ។ ១៧ ហេតុនេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «អ្នកនឹងដឹងថាខ្ញុំគឺយេហូវ៉ា+ ដោយសារអ្វីដែលខ្ញុំនឹងធ្វើបន្ទាប់នេះ គឺខ្ញុំនឹងវាយទឹកទន្លេនីលនឹងដំបងនៅដៃខ្ញុំ ហើយទឹកនេះនឹងក្លាយទៅជាឈាម។ ១៨ ត្រីក្នុងទន្លេនឹងងាប់អស់ទៅ ហើយទឹកទន្លេនឹងធុំក្លិនស្អុយ។ ដូច្នេះ ជនជាតិអេហ្ស៊ីបនឹងមិនអាចផឹកទឹកពីទន្លេនេះបានឡើយ»›»។
១៩ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរប្រាប់អេរ៉ុនថា៖ ‹សូមលើកដំបងតម្រង់ទៅលើប្រភពទឹកក្នុងស្រុកអេហ្ស៊ីប+ គឺទន្លេ បឹងបួ ព្រែក*+ និងអាងទឹកទាំងឡាយ។ រួចប្រភពទឹកទាំងនោះនឹងក្លាយទៅជាឈាម›។ នេះនឹងកើតឡើងនៅទូទាំងស្រុកអេហ្ស៊ីប សូម្បីតែទឹកក្នុងធុងឈើនិងពាងក៏ក្លាយទៅជាឈាមដែរ»។ ២០ ភ្លាមនោះ ម៉ូសេនិងអេរ៉ុនបានធ្វើតាមបង្គាប់ព្រះយេហូវ៉ា។ អេរ៉ុនបានលើកដំបងវាយទឹកទន្លេនីលនៅមុខផារ៉ូនិងពួកអ្នកបម្រើគាត់ ហើយទឹកទន្លេបានក្លាយទៅជាឈាម។+ ២១ ត្រីក្នុងទន្លេបានងាប់អស់ទៅ+ ហើយទឹកទន្លេបានធុំក្លិនស្អុយ។ ដូច្នេះ ជនជាតិអេហ្ស៊ីបមិនអាចផឹកទឹកពីទន្លេនោះបានឡើយ។+ នៅគ្រានោះ មានឈាមពេញក្នុងស្រុកអេហ្ស៊ីប។
២២ ទោះជាយ៉ាងនោះក្ដី ពួកសង្ឃដែលចេះវេទមន្តក៏បានប្រើវេទមន្តធ្វើឲ្យទឹកក្លាយទៅជាឈាមដែរ។+ ហេតុនេះ ផារ៉ូនៅតែមានចិត្តរឹងរូស ហើយមិនស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍មែន។+ ២៣ រួចមក ផារ៉ូបានត្រឡប់ទៅវិមានរបស់គាត់វិញ ហើយគាត់មិនបានយកចិត្តទុកដាក់ចំពោះរឿងនោះទេ។ ២៤ នៅពេលនោះ ជនជាតិអេហ្ស៊ីបបាននាំគ្នាជីករកទឹកនៅក្បែរទន្លេនីល ព្រោះពួកគេមិនអាចផឹកទឹកពីទន្លេនោះបានឡើយ។ ២៥ ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេនីលក្លាយទៅជាឈាមអស់រយៈពេល៧ថ្ងៃ។
៨ បន្ទាប់មក ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេថា៖ «ចូរទៅជួបផារ៉ូ ហើយប្រាប់គាត់ថា៖ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ចូរឲ្យរាស្ត្រខ្ញុំចាកចេញពីស្រុកនេះ ដើម្បីពួកគេអាចគោរពប្រណិប័តន៍*ខ្ញុំ។+ ២ បើអ្នកនៅតែមិនព្រមឲ្យរាស្ត្រខ្ញុំចេញទៅទេ ខ្ញុំនឹងបណ្ដាលឲ្យមានកង្កែបពាសពេញទឹកដីរបស់អ្នក។+ ៣ ទន្លេនីលនឹងមានកង្កែបយ៉ាងច្រើនសន្ធឹក ហើយហ្វូងកង្កែបនឹងលោតចេញពីទន្លេនីលមក ចូលទៅក្នុងវិមាននិងបន្ទប់ដេករបស់អ្នក ព្រមទាំងលោតឡើងលើគ្រែអ្នកដែរ។ ពួកវានឹងចូលទៅក្នុងផ្ទះពួកអ្នកបម្រើអ្នក ហើយលោតឡើងលើខ្លួនប្រជារាស្ត្ររបស់អ្នកផងដែរ។ ពួកវាថែមទាំងលោតចូលទៅក្នុងឡដុតនំ និងក្នុងផើងច្របាច់ម្សៅទៀតផង។+ ៤ ហ្វូងកង្កែបនឹងឡើងមកធ្វើទុក្ខអ្នក ពួកអ្នកបម្រើអ្នក និងរាស្ត្រទាំងអស់របស់អ្នក»›»។
៥ រួចមក ព្រះយេហូវ៉ាបានប្រាប់ម៉ូសេទៀតថា៖ «ចូរទៅប្រាប់អេរ៉ុនថា៖ ‹សូមលើកដំបងអ្នកតម្រង់ទៅទន្លេ ព្រែក* និងបឹងបួ នោះហ្វូងកង្កែបនឹងឡើងមកពាសពេញស្រុកអេហ្ស៊ីប›»។ ៦ ដូច្នេះ អេរ៉ុនបានលើកដំបងទៅលើប្រភពទឹកក្នុងស្រុកអេហ្ស៊ីប ហើយហ្វូងកង្កែបបានឡើងមកពាសពេញលើទឹកដីនោះ។ ៧ ប៉ុន្តែ ពួកសង្ឃដែលចេះវេទមន្តក៏បានប្រើវេទមន្តធ្វើឲ្យហ្វូងកង្កែបឡើងមកដែរ។+ ៨ បន្ទាប់មក ផារ៉ូបានហៅម៉ូសេនិងអេរ៉ុនឲ្យមកជួប ហើយនិយាយថា៖ «សូមជួយអង្វរព្រះយេហូវ៉ាឲ្យយកហ្វូងកង្កែបចេញពីខ្ញុំនិងរាស្ត្ររបស់ខ្ញុំផង+ ពីព្រោះឥឡូវខ្ញុំសុខចិត្តឲ្យបណ្ដាជននេះចេញទៅជូនគ្រឿងបូជាដល់ព្រះយេហូវ៉ាហើយ»។ ៩ ម៉ូសេបានតបទៅផារ៉ូថា៖ «តើពេលណាអ្នកចង់ឲ្យហ្វូងកង្កែបវិនាសចេញពីមុខអ្នក ពីពួកអ្នកបម្រើនិងរាស្ត្ររបស់អ្នក ព្រមទាំងពីវិមានរបស់អ្នក? សូមប្រាប់ខ្ញុំមក ខ្ញុំនឹងអង្វរព្រះឲ្យអ្នក ដើម្បីកុំឲ្យមានហ្វូងកង្កែបទៀត ឲ្យមានតែនៅក្នុងទន្លេនីលប៉ុណ្ណោះ»។ ១០ ផារ៉ូបានឆ្លើយថា៖ «គឺនៅថ្ងៃស្អែក»។ រួចម៉ូសេបាននិយាយទៀតថា៖ «នៅថ្ងៃស្អែកការនោះនឹងកើតឡើងមែន ដើម្បីឲ្យអ្នកដឹងថាគ្មានអ្នកណាម្នាក់ដែលដូចព្រះយេហូវ៉ាជាព្រះរបស់យើងទេ។+ ១១ ហ្វូងកង្កែបនឹងត្រូវវិនាសចេញពីមុខអ្នកនិងពីវិមានអ្នក ព្រមទាំងចេញពីមុខពួកអ្នកបម្រើអ្នក និងបណ្ដារាស្ត្ររបស់អ្នកទៅ។ ពួកវានឹងមាននៅតែក្នុងទន្លេនីលប៉ុណ្ណោះ»។+
១២ ក្រោយពីនិយាយចប់ ម៉ូសេនិងអេរ៉ុនបានចាកចេញពីផារ៉ូ។ រួចម៉ូសេបានអង្វរព្រះយេហូវ៉ាឲ្យបំផ្លាញហ្វូងកង្កែប ដែលលោកបានបណ្ដាលឲ្យមានទៅលើផារ៉ូ។+ ១៣ បន្ទាប់មក ព្រះយេហូវ៉ាបានស្ដាប់ពាក្យអង្វររបស់ម៉ូសេ។ ពេលនោះ ហ្វូងកង្កែបដែលមាននៅក្នុងផ្ទះ នៅទីធ្លា និងនៅឯវាល បានងាប់ជាបន្តបន្ទាប់។ ១៤ រួចមក ជនជាតិអេហ្ស៊ីបបានប្រមូលកង្កែបទាំងនោះគរជាគំនរៗ ហើយស្រុកអេហ្ស៊ីបមានក្លិនស្អុយគ្រប់ទីកន្លែង។ ១៥ ប៉ុន្តែ ពេលផារ៉ូឃើញថាសេចក្ដីវេទនានោះលែងមានទៀត នោះគាត់នៅតែមានចិត្តរឹងរូស+ដដែល ហើយមិនព្រមស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍មែន។
១៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរទៅប្រាប់អេរ៉ុនថា៖ ‹ចូរលើកដំបងវាយដីទៅ ហើយធូលីដីនឹងក្លាយទៅជាសត្វសុចពាសពេញស្រុកអេហ្ស៊ីប›»។ ១៧ ដូច្នេះ ម៉ូសេបានប្រាប់សេចក្ដីបង្គាប់របស់ព្រះដល់អេរ៉ុន ហើយអេរ៉ុនក៏លើកដំបងវាយដី រួចធូលីដីបានក្លាយទៅជាសត្វសុច។ ពួកវាបានធ្វើទុក្ខដល់មនុស្សនិងសត្វទូទាំងស្រុកអេហ្ស៊ីប។+ ១៨ ឯពួកសង្ឃដែលចេះវេទមន្ត ពួកគេបានព្យាយាមប្រើវេទមន្តដើម្បីធ្វើឲ្យមានសត្វសុចដែរ+ តែពួកគេធ្វើមិនបានទេ។ សត្វសុចបានរោមមនុស្សនិងសត្វជាប់។ ១៩ ហេតុនេះ ពួកគេបាននិយាយទៅកាន់ផារ៉ូថា៖ «សេចក្ដីវេទនានេះគឺមកពីឫទ្ធានុភាព*របស់ព្រះហើយ!»។+ ប៉ុន្តែ ផារ៉ូនៅតែមានចិត្តរឹងរូសដដែល ហើយមិនព្រមស្ដាប់ទេ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍មែន។
២០ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរក្រោកឡើងពីព្រលឹម ហើយទៅជួបផារ៉ូ។ មើល! ថ្ងៃស្អែកផារ៉ូនឹងចេញទៅឯទន្លេនីល។ ពេលជួបគាត់ អ្នកត្រូវប្រាប់គាត់ថា៖ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ចូរឲ្យរាស្ត្រខ្ញុំចាកចេញពីស្រុកនេះ ដើម្បីពួកគេអាចគោរពប្រណិប័តន៍ខ្ញុំ។ ២១ ប៉ុន្តែ បើអ្នកមិនព្រមទេ ខ្ញុំនឹងបណ្ដាលឲ្យសត្វរបោម*មកធ្វើទុក្ខអ្នក ពួកអ្នកបម្រើអ្នក និងរាស្ត្ររបស់អ្នក។ ពួកវានឹងហើរចូលទៅក្នុងវិមានរបស់អ្នក និងបណ្ដាផ្ទះរបស់រាស្ត្រអ្នក ហើយពួកវាមានពាសពេញលើដីដែរ។ ២២ ប៉ុន្តែ នៅថ្ងៃនោះ ខ្ញុំនឹងមិនធ្វើឲ្យមានរបោមក្នុងទឹកដីកូសែន ជាកន្លែងដែលរាស្ត្រខ្ញុំរស់នៅឡើយ+ ដើម្បីឲ្យអ្នកដឹងថាខ្ញុំជាយេហូវ៉ា ខ្ញុំមានវត្តមានក្នុងស្រុកនេះ។+ ២៣ ខ្ញុំនឹងឲ្យអ្នកឃើញភាពខុសគ្នារវាងរាស្ត្ររបស់ខ្ញុំនិងរាស្ត្ររបស់អ្នក។ សញ្ញាសម្គាល់នេះនឹងកើតឡើងនៅថ្ងៃស្អែក»›»។
២៤ ក្រោយមក ព្រះយេហូវ៉ាបានធ្វើតាមប្រសាសន៍របស់លោកមែន គឺមានរបោមទាំងហ្វូងៗហើរចូលទៅក្នុងវិមានរបស់ផារ៉ូ និងផ្ទះពួកអ្នកបម្រើគាត់ ព្រមទាំងពេញពាសស្រុកអេហ្ស៊ីប+ ហើយពួកវាបានបំផ្លាញស្រុកនោះទៅ។+ ២៥ នៅទីបំផុត ផារ៉ូបានហៅម៉ូសេនិងអេរ៉ុនឲ្យចូលមកជួប ហើយនិយាយថា៖ «ចូរទៅជូនគ្រឿងបូជាដល់ព្រះរបស់អ្នកនៅក្នុងស្រុកនេះទៅ»។ ២៦ ប៉ុន្តែ ម៉ូសេបាននិយាយថា៖ «ពួកខ្ញុំធ្វើដូច្នោះមិនបានទេ ពីព្រោះបើជនជាតិអេហ្ស៊ីបឃើញអ្វីដែលពួកខ្ញុំជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់ពួកខ្ញុំ នោះពួកគេមុខជាខឹងយ៉ាងខ្លាំង។+ ដូច្នេះ ពួកគេច្បាស់ជាយកដុំថ្មគប់សម្លាប់ពួកខ្ញុំមិនខាន។ ២៧ ពួកខ្ញុំនឹងទៅតំបន់ស្ងាត់ជ្រងំ ជាកន្លែងដែលត្រូវដើរអស់បីថ្ងៃ ដើម្បីពួកខ្ញុំអាចជូនគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់ពួកខ្ញុំ ដូចលោកបានបង្គាប់»។+
២៨ ផារ៉ូបាននិយាយថា៖ «ខ្ញុំព្រមឲ្យពួកអ្នកចេញទៅតំបន់ស្ងាត់ជ្រងំ ដើម្បីជូនគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់ពួកអ្នក តែកុំទៅឆ្ងាយពេក។ សូមអង្វរព្រះរបស់អ្នកឲ្យខ្ញុំផង»។+ ២៩ ម៉ូសេបានតបថា៖ «ឥឡូវ ខ្ញុំនឹងចាកចេញពីអ្នក ហើយខ្ញុំនឹងអង្វរព្រះយេហូវ៉ាឲ្យអ្នក។ នៅថ្ងៃស្អែករបោមនឹងចេញពីអ្នក ពីពួកអ្នកបម្រើអ្នក និងពីបណ្ដារាស្ត្ររបស់អ្នក។ ប៉ុន្តែ សូមកុំបញ្ឆោតពួកខ្ញុំទៀតដោយថាឲ្យពួកខ្ញុំទៅជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា តែបែរជាមិនព្រមអនុញ្ញាតឲ្យពួកខ្ញុំចេញទៅវិញ»។+ ៣០ ដូច្នេះ ម៉ូសេបានចាកចេញទៅ ហើយគាត់បានអង្វរព្រះយេហូវ៉ាឲ្យផារ៉ូ។+ ៣១ ព្រះយេហូវ៉ាបានធ្វើតាមពាក្យអង្វររបស់ម៉ូសេ ហើយរបោមបានចេញពីផារ៉ូ ពីពួកអ្នកបម្រើនិងពីបណ្ដារាស្ត្ររបស់គាត់ទៅ សូម្បីតែមួយក៏គ្មាននៅសល់ដែរ។ ៣២ ទោះជាយ៉ាងនោះក៏ដោយ ផារ៉ូនៅតែមានចិត្តរឹងរូសដដែល ហើយមិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។
៩ ដូច្នេះ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ «ចូរទៅជួបផារ៉ូ ហើយប្រាប់គាត់ថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃជនជាតិហេប្រឺបានមានប្រសាសន៍ថា៖ «ចូរឲ្យរាស្ត្រខ្ញុំចាកចេញពីទីនេះ ដើម្បីពួកគេអាចគោរពប្រណិប័តន៍*ខ្ញុំ។+ ២ ប៉ុន្តែ បើអ្នកនៅតែមិនព្រមអនុញ្ញាតឲ្យពួកគេចេញទៅទៀត ៣ នោះមើល! ព្រះយេហូវ៉ានឹងធ្វើឲ្យ+ហ្វូងសត្វរបស់អ្នកវិនាសអស់ទៅ។ លោកនឹងបំផ្លាញហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀមរបស់អ្នក ដោយរោគរាតត្បាត។+ ៤ ប៉ុន្តែ ព្រះយេហូវ៉ានឹងញែកហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលចេញពីហ្វូងសត្វរបស់ជនជាតិអេហ្ស៊ីប។ ដូច្នេះ ក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល នឹងគ្មានសត្វណាមួយងាប់ឡើយ»›»។+ ៥ ព្រះយេហូវ៉ាបានកំណត់ថ្ងៃនោះ ដោយមានប្រសាសន៍ថា៖ «នៅថ្ងៃស្អែក ខ្ញុំជាយេហូវ៉ានឹងធ្វើឲ្យកើតឡើងដូច្នោះនៅក្នុងស្រុកនេះ»។
៦ លុះដល់ថ្ងៃស្អែក ព្រះយេហូវ៉ាបានធ្វើឲ្យហ្វូងសត្វគ្រប់ប្រភេទរបស់ជនជាតិអេហ្ស៊ីបងាប់អស់ទៅ+ តែគ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែលងាប់ឡើយ។ ៧ ពេលផារ៉ូចាត់គេឲ្យទៅមើលហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល គ្មានឃើញសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែលងាប់ទេ! ទោះជាយ៉ាងនោះក្ដី ផារ៉ូនៅតែមានចិត្តរឹងរូសដដែល ហើយមិនព្រមអនុញ្ញាតឲ្យបណ្ដាជនអ៊ីស្រាអែលចាកចេញទៅទេ។+
៨ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនថា៖ «ចូរយកដៃទាំងពីររបស់អ្នកក្ដាប់ផេះពីឡឥដ្ឋ ហើយម៉ូសេត្រូវបាចទៅលើនៅចំពោះមុខផារ៉ូ។ ៩ ផេះនោះនឹងក្លាយទៅជាធូលីយ៉ាងម៉ដ្ឋធ្លាក់នៅពេញស្រុកអេហ្ស៊ីប ហើយនឹងធ្វើឲ្យទាំងមនុស្សទាំងសត្វនៅក្នុងស្រុក កើតបូសហៀរខ្ទុះ»។
១០ ដូច្នេះ ពួកគាត់បានក្ដាប់ផេះពីឡឥដ្ឋ ហើយទៅឈរនៅខាងមុខផារ៉ូ រួចម៉ូសេបានបាចផេះនោះទៅលើ។ ផេះនោះបានបណ្ដាលឲ្យមនុស្សនិងសត្វកើតបូសហៀរខ្ទុះពេញខ្លួន។ ១១ ឯពួកសង្ឃដែលចេះវេទមន្ត ពួកគេមិនអាចមកជួបម៉ូសេបានទេ ព្រោះពួកគេបានកើតបូសពេញខ្លួន រួមទាំងជនជាតិអេហ្ស៊ីបទាំងអស់ផងដែរ។+ ១២ ប៉ុន្តែ ព្រះយេហូវ៉ាបានឲ្យផារ៉ូមានចិត្តរឹងទទឹងតទៅទៀត ហើយផារ៉ូមិនបានស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេមែន។+
១៣ រួចមក ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ «ចូរក្រោកពីព្រលឹមទៅជួបផារ៉ូ ហើយប្រាប់គាត់ថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃជនជាតិហេប្រឺបានមានប្រសាសន៍ដូច្នេះថា៖ «ចូរអនុញ្ញាតឲ្យរាស្ត្រខ្ញុំចាកចេញពីទីនេះ ដើម្បីពួកគេអាចគោរពប្រណិប័តន៍ខ្ញុំ។ ១៤ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើឲ្យមានសេចក្ដីវេទនាទាំងអស់ធ្លាក់មកលើអ្នក លើពួកអ្នកបម្រើនិងរាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកដឹងថាគ្មានអ្នកណាម្នាក់នៅផែនដីដូចខ្ញុំឡើយ។+ ១៥ រហូតមកដល់ពេលនេះ ខ្ញុំអាចលើកដៃប្រហារអ្នកនិងរាស្ត្ររបស់អ្នកដោយរោគរាតត្បាត ហើយក៏អាចធ្វើឲ្យអ្នកវិនាសសាបសូន្យពីផែនដីបានដែរ។ ១៦ ប៉ុន្តែ ខ្ញុំបានទុកអ្នកឲ្យនៅរស់ គឺដោយសារតែខ្ញុំចង់ឲ្យអ្នកឃើញឫទ្ធានុភាពរបស់ខ្ញុំ ហើយដើម្បីឲ្យនាមរបស់ខ្ញុំត្រូវប្រកាសនៅទូទាំងផែនដី។+ ១៧ ដូច្នេះ តើអ្នកនៅតែហ៊ានតម្កើងខ្លួនប្រឆាំងនឹងរាស្ត្ររបស់ខ្ញុំ ហើយមិនអនុញ្ញាតឲ្យពួកគេចាកចេញទៅទៀតឬ? ១៨ មើល! នៅថ្ងៃស្អែកថ្មើរនេះ ខ្ញុំនឹងធ្វើឲ្យដុំទឹកកកធ្លាក់មកលើស្រុកអេហ្ស៊ីប គឺខ្លាំងដល់ម្ល៉េះបានជាតាំងពីមុនរហូតមកដល់ឥឡូវមិនដែលមានដូចនោះឡើយ។ ១៩ ដូច្នេះ ចូរឲ្យគេទៅប្រមូលហ្វូងសត្វទាំងអស់ចូលក្នុងក្រោល ហើយនាំរាស្ត្ររបស់អ្នកនិងរបស់របរទាំងអស់ចូលក្នុងជម្រក។ បើសត្វណានៅឯវាល ឬមនុស្សណាដែលមិនចូលក្នុងផ្ទះទេ នោះនឹងត្រូវស្លាប់ដោយសារដុំទឹកកកធ្លាក់លើ»›»។
២០ ពេលឮដូច្នោះ ពួកអ្នកបម្រើរបស់ផារ៉ូ ដែលមានសេចក្ដីស្ញែងខ្លាចចំពោះប្រសាសន៍របស់ព្រះយេហូវ៉ាបានឲ្យពួកអ្នកបម្រើរបស់ខ្លួនចូលក្នុងផ្ទះជាប្រញាប់ ព្រមទាំងប្រមូលហ្វូងសត្វចូលក្នុងក្រោលដែរ។ ២១ ប៉ុន្តែ អ្នកណាដែលមិនបានយកចិត្តទុកដាក់ស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា ពួកគេបានទុកពួកអ្នកបម្រើនិងហ្វូងសត្វនៅឯវាលវិញ។
២២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅលើមេឃ ដើម្បីឲ្យដុំទឹកកកធ្លាក់+មកលើមនុស្ស សត្វ និងផលដំណាំនៅស្រែចម្ការក្នុងស្រុកអេហ្ស៊ីប»។+ ២៣ ដូច្នេះ ម៉ូសេបានលើកដំបងតម្រង់ទៅលើមេឃ ហើយព្រះយេហូវ៉ាបានធ្វើឲ្យមានផ្គរលាន់ ដុំទឹកកក និងភ្លើង*ធ្លាក់មកលើផែនដី។ ព្រះយេហូវ៉ាធ្វើឲ្យដុំទឹកកកធ្លាក់ឥតឈប់មកលើស្រុកអេហ្ស៊ីប។ ២៤ ពេលដែលដុំទឹកកកធ្លាក់មក ក៏មានភ្លើងព្រមជាមួយគ្នាដែរ។ ដុំទឹកកកនោះធ្លាក់ខ្លាំងណាស់ ហើយតាំងពីមានប្រជាជាតិអេហ្ស៊ីប មិនដែលមានដូច្នោះឡើយ។+ ២៥ ដុំទឹកកកនោះបានបំផ្លាញអ្វីៗទាំងអស់ដែលនៅឯវាល ទាំងមនុស្ស ទាំងសត្វ ទាំងផលដំណាំគ្រប់យ៉ាងនិងដើមឈើដុះនៅឯវាល។+ ២៦ ឯតំបន់កូសែនជាកន្លែងដែលជនជាតិអ៊ីស្រាអែលរស់នៅនោះ គ្មានដុំទឹកកកធ្លាក់មកទេ។+
២៧ ដូច្នេះ ផារ៉ូបានចាត់គេឲ្យទៅហៅម៉ូសេនិងអេរ៉ុនមក ហើយប្រាប់ពួកគាត់ថា៖ «លើកនេះខ្ញុំបានធ្វើខុសហើយ។ ព្រះយេហូវ៉ាគឺសុចរិត។ គឺខ្ញុំនិងរាស្ត្រខ្ញុំទេ ដែលជាអ្នកធ្វើខុស។ ២៨ សូមអង្វរព្រះយេហូវ៉ាឲ្យលោកបញ្ឈប់ផ្គរលាន់ និងកុំឲ្យដុំទឹកកកធ្លាក់មកទៀត។ រួចខ្ញុំនឹងព្រមឲ្យអ្នករាល់គ្នាចាកចេញពីទីនេះ ហើយលែងឃាត់ឃាំងអ្នករាល់គ្នាទៀតហើយ»។ ២៩ ដូច្នេះ ម៉ូសេបាននិយាយទៅកាន់ផារ៉ូថា៖ «ពេលដែលខ្ញុំចេញពីក្រុងនេះភ្លាម ខ្ញុំនឹងលើកដៃអធិដ្ឋានទៅព្រះយេហូវ៉ា ពេលនោះផ្គរលាន់នឹងឈប់ ហើយដុំទឹកកកនឹងលែងធ្លាក់ទៀត ដើម្បីឲ្យអ្នកអាចដឹងថាផែនដីនេះជារបស់ព្រះយេហូវ៉ា។+ ៣០ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំដឹងហើយថាអ្នកនិងពួកអ្នកបម្រើរបស់អ្នក នឹងមិនកោតខ្លាចព្រះយេហូវ៉ាទេ»។
៣១ នៅគ្រានោះ ដើមផ្លេច*កំពុងចេញផ្កា ហើយស្រូវបាលីកំពុងជិតទុំ តែត្រូវហិនហោចអស់ដោយសារដុំទឹកកក។ ៣២ ប៉ុន្តែ ស្រូវសាលី*មិនបានត្រូវបំផ្លាញទេ ព្រោះមិនទាន់ចេញកួរ។ ៣៣ ក្រោយពីនិយាយជាមួយនឹងផារ៉ូ ម៉ូសេក៏ចាកចេញទៅ។ ពេលម៉ូសេចេញពីក្រុង គាត់បានលើកដៃអង្វរព្រះយេហូវ៉ា ពេលនោះផ្គរលាន់និងដុំទឹកកកក៏លែងមានទៀត ហើយភ្លៀងក៏ឈប់ធ្លាក់ដែរ។+ ៣៤ ប៉ុន្តែ ពេលផារ៉ូឃើញថាលែងមានផ្គរលាន់ ដុំទឹកកក និងភ្លៀងទៀត គាត់បានធ្វើខុសម្ដងទៀតដោយនៅតែមានចិត្តរឹងទទឹង។+ ឯពួកអ្នកបម្រើរបស់គាត់ ក៏រឹងរូសដូចគាត់ដែរ។ ៣៥ ផារ៉ូនៅតែមានចិត្តរឹងរូស ហើយមិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ ដូចដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេមែន។+
១០ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរទៅជួបផារ៉ូទៅ ព្រោះខ្ញុំបានឲ្យគាត់និងពួកអ្នកបម្រើគាត់មានចិត្តរឹងទទឹង+ ដើម្បីខ្ញុំអាចបង្ហាញសញ្ញាសម្គាល់របស់ខ្ញុំនៅមុខគាត់+ ២ និងដើម្បីឲ្យអ្នកអាចប្រកាសប្រាប់កូនចៅជំនាន់ក្រោយថា ខ្ញុំបានដាក់ទោសជនជាតិអេហ្ស៊ីបដល់កម្រិតណា។ បន្ថែមទៅទៀត អ្នកអាចប្រាប់កូនចៅជំនាន់ក្រោយៗអំពីសញ្ញាសម្គាល់ដែលខ្ញុំបានធ្វើក្នុងចំណោមពួកគេ។+ ពេលនោះ រាស្ត្ររបស់ខ្ញុំនឹងដឹងច្បាស់ថាខ្ញុំនេះហើយជាយេហូវ៉ា»។
៣ ដូច្នេះ ម៉ូសេនិងអេរ៉ុនបានចូលទៅជួបផារ៉ូ ហើយនិយាយទៅកាន់គាត់ថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិហេប្រឺបានមានប្រសាសន៍ថា៖ ‹តើអ្នកនៅតែប្រឆាំងនឹងខ្ញុំដល់កាលណាទៀត?+ ចូរឲ្យរាស្ត្ររបស់ខ្ញុំចាកចេញទៅ ដើម្បីពួកគេអាចគោរពប្រណិប័តន៍*ខ្ញុំ។ ៤ ប៉ុន្តែ បើអ្នកនៅតែមិនព្រមឲ្យរាស្ត្ររបស់ខ្ញុំចាកចេញទៅទៀត នោះនៅថ្ងៃស្អែកខ្ញុំនឹងបណ្ដាលឲ្យមានកណ្ដូបជាច្រើនហើរចូលក្នុងស្រុករបស់អ្នក។ ៥ ពួកវានឹងមានពាសពេញលើផ្ទៃដី រហូតដល់មើលដីលែងឃើញ ហើយពួកវានឹងស៊ីផលដំណាំដែលនៅសេសសល់ក្រោយពីដុំទឹកកកធ្លាក់។ ពួកវាថែមទាំងស៊ីបំផ្លាញដើមឈើទាំងប៉ុន្មានដែលដុះនៅឯវាលផងដែរ។+ ៦ ពួកវានឹងហើរចូលក្នុងវិមានអ្នក ផ្ទះរបស់ពួកអ្នកបម្រើអ្នក និងផ្ទះរបស់រាស្ត្រអ្នក។ ពួកវានឹងមានច្រើនដល់ម្ល៉េះបានជាតាំងពីបុព្វបុរសអ្នកចូលមករស់នៅក្នុងទឹកដីនេះ មិនដែលជួបប្រទះដូចនោះទេ›»។+ ក្រោយពីនិយាយរួច ម៉ូសេបានចាកចេញពីផារ៉ូទៅ។
៧ បន្ទាប់មក ពួកអ្នកបម្រើផារ៉ូបាននិយាយទៅកាន់គាត់ថា៖ «តើបុរសនេះនឹងធ្វើឲ្យយើងរងទុក្ខដល់កាលណាទៀត? សូមលោកម្ចាស់ឲ្យពួកគេចាកចេញទៅ ដើម្បីពួកគេអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាព្រះរបស់ពួកគេ។ តើលោកម្ចាស់មិនឃើញស្រុកអេហ្ស៊ីបវិនាសហើយទេឬ?»។ ៨ ដូច្នេះ ផារ៉ូបានឲ្យគេទៅហៅម៉ូសេនិងអេរ៉ុនមក ហើយនិយាយទៅកាន់ពួកគាត់ថា៖ «ចូរទៅគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាទៅ។ ប៉ុន្តែ តើអ្នកនឹងនាំអ្នកណាខ្លះទៅជាមួយ?»។ ៩ ម៉ូសេបានឆ្លើយថា៖ «យើងនឹងទៅជាមួយនឹងជនរួមជាតិយើង គឺទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ព្រមទាំងហ្វូងចៀមហ្វូងគោទាំងអស់+ ព្រោះយើងនឹងធ្វើបុណ្យជូនព្រះយេហូវ៉ា»។+ ១០ ផារ៉ូបាននិយាយថា៖ «អ្នកឯងរាល់គ្នាច្បាស់ជាមានបំណងអាក្រក់ហើយ! បើខ្ញុំព្រមឲ្យអ្នករាល់គ្នានិងកូនចៅអ្នករាល់គ្នាចាកចេញទៅ បានន័យថាព្រះយេហូវ៉ានៅជាមួយនឹងអ្នកហើយ!+ ១១ ខ្ញុំមិនឲ្យទៅជាដាច់ខាត! មានតែពួកប្រុសៗប៉ុណ្ណោះទើបអាចទៅគោរពប្រណិប័តន៍ព្រះយេហូវ៉ាបាន ព្រោះអ្នកឯងរាល់គ្នាបានសុំដូច្នេះ»។ និយាយរួច ផារ៉ូក៏បណ្ដេញម៉ូសេនិងអេរ៉ុនចេញពីមុខគាត់ទៅ។
១២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរលើកដៃទៅលើស្រុកអេហ្ស៊ីប ដើម្បីឲ្យហ្វូងកណ្ដូបហើរមកលើស្រុកនេះ ហើយពួកវានឹងស៊ីបំផ្លាញរុក្ខជាតិ គឺអ្វីៗទាំងអស់ដែលនៅសេសសល់ក្រោយពីដុំទឹកកកធ្លាក់»។ ១៣ ភ្លាមនោះ ម៉ូសេបានលើកដំបងទៅលើស្រុកអេហ្ស៊ីប ហើយព្រះយេហូវ៉ាបានបណ្ដាលឲ្យខ្យល់ពីទិសខាងកើត បក់មកលើស្រុកនោះមួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់នោះបានបក់នាំហ្វូងកណ្ដូបមក។ ១៤ ហ្វូងកណ្ដូបបានហើរទៅទុំនៅពាសពេញទឹកដីស្រុកអេហ្ស៊ីប។+ ពួកវាមានច្រើនក្រៃលែងដល់ម្ល៉េះ+បានជាគេមិនដែលឃើញឡើយ គឺតាំងពីមុនរហូតដល់សព្វថ្ងៃ ហើយក៏នឹងមិនមានដូច្នោះទៀតដែរ។ ១៥ ហ្វូងកណ្ដូបបានគ្របដណ្ដប់លើផ្ទៃដីស្រុកអេហ្ស៊ីបទាំងមូល ធ្វើឲ្យផ្ទៃដីនោះទៅជាខ្មៅងងឹត។ ពួកវាបានស៊ីបំផ្លាញរុក្ខជាតិទាំងអស់ និងផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ក្រោយពីដុំទឹកកកធ្លាក់។ ក្នុងស្រុកអេហ្ស៊ីបទាំងមូល គ្មានសល់ស្លឹកឈើឬរុក្ខជាតិខៀវខ្ចីនៅឯវាលឡើយ។
១៦ ដូច្នេះ ផារ៉ូបានឲ្យគេទៅហៅម៉ូសេនិងអេរ៉ុនមកជាប្រញាប់ ហើយផារ៉ូនិយាយទៅកាន់ពួកគាត់ថា៖ «ខ្ញុំបានធ្វើខុសនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយ។ ខ្ញុំក៏បានប្រព្រឹត្តខុសនឹងអ្នកដែរ។ ១៧ សូមអភ័យទោសឲ្យខ្ញុំម្ដងនេះផង ហើយសូមជួយអង្វរព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យលោកបញ្ឈប់សេចក្ដីវេទនាដ៏ធំនេះទៅ»។ ១៨ ដូច្នេះ គាត់*បានចេញពីផារ៉ូ ហើយទៅអធិដ្ឋានអង្វរព្រះយេហូវ៉ា។+ ១៩ បន្ទាប់មក ព្រះយេហូវ៉ាបានប្ដូរទិសខ្យល់ឲ្យបក់យ៉ាងខ្លាំងចេញពីទិសខាងលិចនាំយកហ្វូងកណ្ដូបទៅទម្លាក់ក្នុងសមុទ្រក្រហម ហើយគ្មានសល់កណ្ដូបណាមួយក្នុងទឹកដីអេហ្ស៊ីបទៀតឡើយ។ ២០ ប៉ុន្តែ ព្រះយេហូវ៉ាបានឲ្យផារ៉ូមានចិត្តរឹងទទឹងដូចមុន។+ ដូច្នេះ គាត់មិនបានអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។
២១ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតសូន្យសុងមកគ្របដណ្ដប់លើស្រុកអេហ្ស៊ីបទាំងមូល»។ ២២ ភ្លាមនោះ ម៉ូសេបានលើកដៃទៅលើមេឃ ហើយក៏មានភាពងងឹតសូន្យសុងនៅទូទាំងស្រុកអេហ្ស៊ីបអស់រយៈពេលបីថ្ងៃ។+ ២៣ ក្នុងអំឡុងពេលនោះ ជនជាតិអេហ្ស៊ីបមើលគ្នាពុំឃើញទេ ហើយក៏មិនអាចចេញទៅណាមកណាបានដែរ។ ប៉ុន្តែ នៅតំបន់ដែលជនជាតិអ៊ីស្រាអែលរស់នៅ មានពន្លឺដូចធម្មតា។+ ២៤ ពេលនោះ ផារ៉ូបានឲ្យគេទៅហៅម៉ូសេមក ហើយនិយាយទៅកាន់គាត់ថា៖ «ចូរទៅគោរពប្រណិប័តន៍ព្រះយេហូវ៉ា+ជាមួយនឹងកូនចៅអ្នកចុះ តែមិនត្រូវនាំយកហ្វូងចៀមហ្វូងគោទៅជាមួយទេ»។ ២៥ ម៉ូសេបាននិយាយថា៖ «អ្នកត្រូវផ្ដល់សត្វឲ្យយើងទុកជូនជាគ្រឿងបូជានិងគ្រឿងបូជាដុត ព្រោះយើងនឹងជូនគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់យើង។+ ២៦ ឯហ្វូងសត្វរបស់យើង យើងនឹងយកទៅជាមួយ សូម្បីតែមួយក៏មិនទុកនៅទីនេះដែរ ព្រោះយើងនឹងយកសត្វខ្លះទុកជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ា តែយើងមិនទាន់ដឹងថាត្រូវជូនអ្វីខ្លះដល់ព្រះយេហូវ៉ាទេ ទាល់តែទៅដល់ទីនោះសិន»។ ២៧ ប៉ុន្តែ ព្រះយេហូវ៉ាបានឲ្យផារ៉ូមានចិត្តរឹងទទឹងដូចមុន។ ដូច្នេះ គាត់មិនបានអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។+ ២៨ ផារ៉ូបានប្រាប់ម៉ូសេថា៖ «ចេញពីមុខខ្ញុំទៅ! កុំមកជួបខ្ញុំទៀត ព្រោះនៅថ្ងៃណាដែលអ្នកឯងមកជួបមុខខ្ញុំ អ្នកឯងនឹងត្រូវស្លាប់ជាមិនខាន!»។ ២៩ ម៉ូសេក៏បានតបទៅវិញថា៖ «ឲ្យដូចសម្ដីអ្នកចុះ ខ្ញុំនឹងមិនមកជួបមុខអ្នកម្ដងទៀតឡើយ»។
១១ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ខ្ញុំនឹងបណ្ដាលឲ្យមានសេចក្ដីវេទនាមួយទៀតទៅលើផារ៉ូនិងស្រុកអេហ្ស៊ីប។ ក្រោយនោះ គាត់នឹងអនុញ្ញាតឲ្យអ្នករាល់គ្នាចាកចេញទៅ+ គឺគាត់នឹងបណ្ដេញអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបតែម្ដង។+ ២ ឯរាស្ត្រខ្ញុំវិញ ចូរប្រាប់ពួកគេឲ្យសុំគ្រឿងមាសគ្រឿងប្រាក់ពីពួកអ្នកជិតខាងរបស់ខ្លួន»។+ ៣ ដូច្នេះ ព្រះយេហូវ៉ាបានឲ្យជនជាតិអេហ្ស៊ីបប្រព្រឹត្តល្អចំពោះរាស្ត្រលោក។ ចំណែកម៉ូសេ គាត់បានទទួលការគោរពយ៉ាងខ្លាំងពីពួកអ្នកបម្រើនិងបណ្ដារាស្ត្ររបស់ផារ៉ូ។
៤ រួចមក ម៉ូសេប្រាប់ផារ៉ូថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹នៅពាក់កណ្ដាលអធ្រាត្រខ្ញុំនឹងឆ្លងកាត់ស្រុកអេហ្ស៊ីប+ ៥ ហើយខ្ញុំនឹងប្រហារកូនច្បងទាំងអស់ក្នុងស្រុកនេះ+ គឺចាប់ពីកូនច្បងរបស់ផារ៉ូជាអ្នកគ្រប់គ្រង រហូតដល់កូនច្បងរបស់ស្រីបម្រើជាអ្នកកិនម្សៅ រួមទាំងកូនដំបូងពីហ្វូងសត្វផងដែរ។+ ៦ នៅទូទាំងស្រុកអេហ្ស៊ីបនឹងមានសម្រែកទ្រហោយំយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមកទេ ហើយនៅថ្ងៃមុខក៏មិនមានទៀតដែរ។+ ៧ ប៉ុន្តែ នឹងគ្មានអ្វីអាក្រក់កើតឡើងដល់ជនជាតិអ៊ីស្រាអែលនិងហ្វូងសត្វរបស់ពួកគេឡើយ ហើយសូម្បីតែឆ្កែក៏មិនព្រុសកំញើញពួកគេដែរ។ ព្រះយេហូវ៉ាធ្វើដូច្នេះ ដើម្បីឲ្យអ្នកដឹងថាលោកអាចញែកជនជាតិអ៊ីស្រាអែលចេញពីជនជាតិអេហ្ស៊ីប›។+ ៨ ឯពួកអ្នកបម្រើទាំងអស់របស់អ្នកនឹងមកក្រាបគោរពនៅចំពោះខ្ញុំ ដោយនិយាយថា៖ ‹ចូរចេញទៅ ហើយនាំជនរួមជាតិរបស់អ្នកទៅជាមួយផង›+ នោះខ្ញុំនឹងចេញទៅ»។ និយាយរួច ម៉ូសេក៏ចេញពីផារ៉ូកាលមានកំហឹងជាខ្លាំង។
៩ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ផារ៉ូនឹងមិនស្ដាប់អ្នកទេ។+ នេះនឹងកើតឡើងដើម្បីឲ្យពួកអ្នករស់នៅក្នុងស្រុកអេហ្ស៊ីបឃើញការអស្ចារ្យថែមទៀត»។+ ១០ ម៉ូសេនិងអេរ៉ុនបានធ្វើការអស្ចារ្យទាំងអស់នោះនៅមុខផារ៉ូ។+ ទោះជាយ៉ាងនោះក្ដី ព្រះយេហូវ៉ាបានឲ្យផារ៉ូមានចិត្តរឹងទទឹង។ ហេតុនេះ គាត់មិនឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេហ្ស៊ីបទេ។+
១២ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុននៅស្រុកអេហ្ស៊ីបថា៖ ២ «អ្នកត្រូវរាប់ខែនេះជាខែដំបូង ទុកជាខែដើមឆ្នាំរបស់អ្នក។+ ៣ ចូរទៅប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ ‹នៅថ្ងៃទី១០ក្នុងខែនេះ អ្នករាល់គ្នាត្រូវយកចៀមមួយ+សម្រាប់គ្រួសារមួយ គឺចៀមមួយសម្រាប់ផ្ទះមួយ។ ៤ ប៉ុន្តែ បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគចៀមទាំងមូលអស់ នោះត្រូវចែកជាមួយនឹងគ្រួសារណាមួយដែលនៅក្បែរបំផុត តាមចំនួនសមាជិកក្នុងគ្រួសារនោះ។ មុនចែកត្រូវគិតមើលថាម្នាក់ៗអាចបរិភោគប៉ុន្មាន។ ៥ ចៀមដែលអ្នករាល់គ្នាត្រូវយកមកនោះ ត្រូវជាចៀមឈ្មោលដែលល្អឥតខ្ចោះ+ ហើយមានអាយុមួយខួប។ ប៉ុន្តែ អ្នករាល់គ្នាអាចជ្រើសយកកូនពពែឈ្មោលក៏បានដែរ។ ៦ អ្នករាល់គ្នាត្រូវរក្សាទុកចៀមនោះរហូតដល់ថ្ងៃទី១៤។+ បន្ទាប់មក ក្រុមគ្រួសារអ៊ីស្រាអែលនីមួយៗត្រូវសម្លាប់ចៀមឬពពែនោះ ក្រោយពីថ្ងៃលិច។*+ ៧ រួចត្រូវយកឈាមខ្លះរបស់វាទៅលាបនៅលើបង្គោលទ្វារសងខាង និងលើធ្នឹមទ្វារផ្ទះ គឺនៅផ្ទះណាដែលគេបរិភោគសាច់សត្វនោះ។+
៨ «‹នៅយប់នោះឯង ពួកគេត្រូវដុតសត្វនោះនៅលើភ្លើង ហើយត្រូវបរិភោគសាច់វាជាមួយនឹងនំប៉័ងឥតដំបែ+និងបន្លែល្វីង។+ ៩ ពួកគេមិនត្រូវស្ងោរសាច់សត្វនោះឬបរិភោគទាំងនៅឆៅឡើយ តែត្រូវដុតទាំងក្បាលទាំងជើងនិងគ្រឿងក្នុង។ ១០ អ្នករាល់គ្នាមិនត្រូវទុកអ្វីឲ្យនៅសល់ដល់ព្រឹកឡើយ។ ប៉ុន្តែ បើមានអ្វីដែលនៅសល់ ត្រូវដុតចោលទាំងអស់។+ ១១ ពេលអ្នករាល់គ្នាបរិភោគត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង និងកាន់ដំបង ហើយត្រូវបរិភោគឲ្យរហ័ស។ ពិធីនេះជាបុណ្យរំលងជូនព្រះយេហូវ៉ា។ ១២ ព្រោះនៅយប់នោះ ខ្ញុំនឹងឆ្លងកាត់ស្រុកអេហ្ស៊ីប ហើយប្រហារកូនច្បងទាំងអស់នៅក្នុងស្រុកនោះ គឺចាប់ពីកូនរបស់មនុស្សរហូតដល់កូនរបស់សត្វ។+ បន្ថែមទៅទៀត ខ្ញុំនឹងវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេហ្ស៊ីប។+ ខ្ញុំនេះជាយេហូវ៉ា។ ១៣ ឯឈាមដែលអ្នករាល់គ្នាលាបនោះ នឹងធ្វើជាសញ្ញាសម្គាល់នៅលើផ្ទះអ្នករាល់គ្នា។ ពេលឃើញឈាមនោះ ខ្ញុំនឹងរំលងទៅ។ អ្នករាល់គ្នានឹងមិនជួបសេចក្ដីវេទនានោះទេ ពេលខ្ញុំវាយប្រហារស្រុកអេហ្ស៊ីប។+
១៤ «‹ថ្ងៃនោះនឹងទៅជាថ្ងៃរំលឹកសម្រាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវធ្វើបុណ្យនោះជូនព្រះយេហូវ៉ានៅគ្រប់ជំនាន់។ ព្រោះនោះនឹងទៅជាច្បាប់ជារៀងរហូតតទៅ ដែលអ្នករាល់គ្នាត្រូវកាន់តាម។ ១៥ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែរយៈពេល៧ថ្ងៃ។+ នៅថ្ងៃទី១ អ្នករាល់គ្នាត្រូវយកដំបែចេញពីផ្ទះអ្នករាល់គ្នា ហើយចាប់ពីថ្ងៃនោះដល់ថ្ងៃទី៧ បើអ្នកណាបរិភាគនំប៉័ងដែលមានដំបែ អ្នកនោះនឹងត្រូវកាត់ចេញ*ពីជនជាតិអ៊ីស្រាអែល។ ១៦ នៅថ្ងៃទី១ អ្នករាល់គ្នាត្រូវជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ ហើយនៅថ្ងៃទី៧ក៏ត្រូវធ្វើដូច្នោះដែរ។ នៅថ្ងៃទាំងនោះ មិនត្រូវធ្វើការឡើយ+ លើកលែងតែការរៀបចំអាហារប៉ុណ្ណោះ។
១៧ «‹អ្នករាល់គ្នាត្រូវកំណត់ថ្ងៃនោះជាថ្ងៃបុណ្យនំប៉័ងឥតដំបែ+ ព្រោះនៅថ្ងៃនោះឯងខ្ញុំនឹងរំដោះអ្នករាល់គ្នាដ៏ច្រើនសន្ធឹក ចេញពីស្រុកអេហ្ស៊ីប។ អ្នករាល់គ្នាត្រូវធ្វើបុណ្យនោះគ្រប់ជំនាន់ ហើយទុកជាច្បាប់ជារៀងរហូតតទៅ។ ១៨ ចាប់ពីល្ងាចថ្ងៃទី១៤ រហូតដល់ល្ងាចថ្ងៃទី២១ ក្នុងខែទី១ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែ។+ ១៩ ក្នុងអំឡុង៧ថ្ងៃនោះ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះអ្នករាល់គ្នាទេ។ បើអ្នកណាម្នាក់បរិភោគអ្វីដែលមានដំបែ អ្នកនោះនឹងត្រូវកាត់ចេញពីពួកជំនុំអ៊ីស្រាអែល+ ទោះជាអ្នកនោះជាជនបរទេសឬជនជាតិអ៊ីស្រាអែលក៏ដោយ។+ ២០ នៅថ្ងៃទាំងនោះ ក្នុងផ្ទះរបស់អ្នករាល់គ្នា មិនត្រូវបរិភោគអ្វីដែលមានដំបែទេ តែត្រូវបរិភោគនំប៉័ងឥតដំបែប៉ុណ្ណោះ›»។
២១ ស្ដាប់រួច ម៉ូសេក៏ប្រញាប់ទៅហៅពួកបុរសចាស់ទុំទាំងអស់នៃអ៊ីស្រាអែលឲ្យមកជួបជុំគ្នា+ ហើយប្រាប់ពួកគេថា៖ «ចូរទៅជ្រើសយកកូនចៀមឬកូនពពែ សម្រាប់ក្រុមគ្រួសាររបស់អ្នករាល់គ្នា ហើយសម្លាប់ធ្វើជាគ្រឿងបូជានៃបុណ្យរំលង។ ២២ បន្ទាប់មក ត្រូវយកឈាមសត្វនោះដាក់ក្នុងចានក្លាំ ហើយយកមែកហ៊ីសុបមួយបាច់ជ្រលក់ក្នុងឈាមនោះ រួចលាបលើធ្នឹមនិងបង្គោលទ្វារទាំងសងខាង ហើយមិនត្រូវឲ្យអ្នកណាម្នាក់ចេញពីផ្ទះឡើយ រហូតដល់ព្រឹក។ ២៣ យ៉ាងនោះ ពេលព្រះយេហូវ៉ាឆ្លងកាត់ស្រុកនេះ ដើម្បីធ្វើឲ្យជនជាតិអេហ្ស៊ីបមានសេចក្ដីវេទនា លោកនឹងឃើញឈាមនៅលើធ្នឹមនិងបង្គោលទ្វារសងខាង ហើយលោកនឹងរំលងផ្ទះរបស់អ្នករាល់គ្នាទៅ។ ព្រះយេហូវ៉ានឹងមិនឲ្យមានសេចក្ដីស្លាប់ធ្លាក់លើផ្ទះរបស់អ្នករាល់គ្នាទេ។+
២៤ «អ្នករាល់គ្នានិងកូនចៅអ្នករាល់គ្នាត្រូវធ្វើតាមបង្គាប់នេះជាដរាបតទៅ។+ ២៥ ពេលអ្នករាល់គ្នាចូលក្នុងស្រុកដែលព្រះយេហូវ៉ាបានសន្យាប្រគល់ឲ្យ នោះអ្នករាល់គ្នាត្រូវធ្វើពិធីពិសិដ្ឋនេះតទៅទៀត។+ ២៦ បើកូនចៅជំនាន់ក្រោយសួរអ្នករាល់គ្នាថា៖ ‹តើធ្វើពិធីបុណ្យនេះដើម្បីអ្វី?›+ ២៧ អ្នករាល់គ្នាត្រូវឆ្លើយថា៖ ‹ពិធីនេះធ្វើឡើងដើម្បីជូនគ្រឿងបូជានៃបុណ្យរំលងដល់ព្រះយេហូវ៉ា ព្រោះលោកបានរំលងផ្ទះជនជាតិអ៊ីស្រាអែលពេលដែលលោកប្រហារជនជាតិអេហ្ស៊ីប តែបានទុកជីវិតឲ្យពួកយើងវិញ›»។
ក្រោយស្ដាប់រួច បណ្ដាជនបានឱនខ្លួនក្រាបគោរព។ ២៨ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានទៅធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា ដែលលោកបានប្រាប់តាមរយៈម៉ូសេនិងអេរ៉ុន+ គឺពួកគេធ្វើតាមសព្វគ្រប់ទាំងអស់។
២៩ លុះដល់ពាក់កណ្ដាលអធ្រាត្រ ព្រះយេហូវ៉ាបានប្រហារកូនច្បងទាំងអស់ក្នុងស្រុកអេហ្ស៊ីប+ គឺចាប់ពីកូនច្បងរបស់ផារ៉ូជាអ្នកគ្រប់គ្រង រហូតដល់កូនច្បងរបស់អ្នកទោសក្នុងគុក រួមទាំងកូនដំបូងពីហ្វូងសត្វផងដែរ។+ ៣០ នៅយប់នោះ ផារ៉ូ និងពួកអ្នកបម្រើរបស់គាត់ ព្រមទាំងជនជាតិអេហ្ស៊ីបទាំងអស់ បានក្រោកឡើងទាំងយប់ ហើយទ្រហោយំយ៉ាងខ្លាំង ព្រោះក្នុងផ្ទះទាំងអស់សុទ្ធតែមានអ្នកស្លាប់។+ ៣១ ភ្លាមនោះ ផារ៉ូក៏បានចាត់គេឲ្យទៅហៅម៉ូសេនិងអេរ៉ុនមក+ ហើយនិយាយទៅកាន់ពួកគាត់ថា៖ «ចូរពួកអ្នកនិងជនជាតិអ៊ីស្រាអែលចេញពីរាស្ត្រខ្ញុំទៅ! ចូរទៅគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដូចដែលអ្នកបានសុំចុះ។+ ៣២ ចូរនាំយកហ្វូងសត្វទៅជាមួយ តាមសំណូមពររបស់អ្នកចុះ!+ តែអ្នកត្រូវសុំព្រះឲ្យពរខ្ញុំផង»។
៣៣ បន្ទាប់មក ជនជាតិអេហ្ស៊ីបបានសុំជនជាតិអ៊ីស្រាអែលឲ្យចាកចេញពីស្រុកនោះជាប្រញាប់។+ ពួកគេបាននិយាយទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «បើអ្នករាល់គ្នាមិនចេញទៅទេ យើងទាំងអស់គ្នាច្បាស់ជាស្លាប់ហើយ!»។+ ៣៤ ភ្លាមនោះ ជនជាតិអ៊ីស្រាអែលបានយកដុំម្សៅដែលមិនទាន់លាយដំបែ រួមទាំងផើងសម្រាប់ច្របាច់ម្សៅ វេចក្នុងបង្វេច រួចលីចេញទៅ។ ៣៥ បន្ថែមទៀត ពួកគេបានធ្វើតាមបង្គាប់ម៉ូសេ ដោយសុំគ្រឿងមាសគ្រឿងប្រាក់ និងសម្លៀកបំពាក់ពីជនជាតិអេហ្ស៊ីប។+ ៣៦ ព្រះយេហូវ៉ាបានឲ្យជនជាតិអេហ្ស៊ីបប្រព្រឹត្តល្អចំពោះរាស្ត្រលោក។ ជាលទ្ធផល ជនជាតិអេហ្ស៊ីបបានឲ្យអ្វីៗទាំងអស់ដែលជនជាតិអ៊ីស្រាអែលសុំ។ យ៉ាងនេះ ជនជាតិអ៊ីស្រាអែលបានយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ជនជាតិអេហ្ស៊ីប។+
៣៧ ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរចេញពីរ៉ាមស៊ីស+ទៅឯសិកូត+ ក្នុងចំណោមពួកគេមានបុរស*ប្រហែលជា៦០០.០០០នាក់ ឥតរាប់បញ្ចូលកូនក្មេងឡើយ។+ ៣៨ បន្ថែមទៅទៀត ក៏មានជនជាតិផ្សេងៗ*+ទៅជាមួយដែរ ថែមទាំងមានហ្វូងគោហ្វូងចៀម និងហ្វូងសត្វយ៉ាងច្រើនសន្ធឹក។ ៣៩ នៅតាមផ្លូវពួកគេបានយកម្សៅដែលពួកគេយកពីស្រុកអេហ្ស៊ីប ដុតចម្អិនធ្វើជានំប៉័ងឥតដំបែ។ ម្សៅរបស់ពួកគេឥតមានដំបែទេ ព្រោះពួកគេត្រូវបណ្ដេញចេញពីស្រុកអេហ្ស៊ីបទាំងប្រញាប់ប្រញាល់ពេកពុំបានលាយដំបែទេ។ ម្យ៉ាងទៀត ពួកគេគ្មានពេលរៀបចំស្បៀងអាហារឯទៀតដែរ។+
៤០ នៅពេលដែលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប ពួកគេបានរស់នៅស្រុកនោះ+អស់រយៈពេល៤៣០ឆ្នាំ។+ ៤១ នៅថ្ងៃគម្រប់៤៣០ឆ្នាំ គឺនៅថ្ងៃនោះឯង រាស្ត្រដ៏ច្រើនសន្ធឹករបស់ព្រះយេហូវ៉ាបានចាកចេញពីស្រុកអេហ្ស៊ីប។ ៤២ ជនជាតិអ៊ីស្រាអែលត្រូវកំណត់យកយប់នោះសម្រាប់ធ្វើពិធីបុណ្យជូនព្រះយេហូវ៉ានៅគ្រប់ជំនាន់។ ពួកគេនឹងធ្វើបុណ្យជូនព្រះយេហូវ៉ានៅយប់នោះ ព្រោះលោកបានរំដោះពួកគេចេញពីស្រុកអេហ្ស៊ីប។+
៤៣ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ប្រាប់ម៉ូសេនិងអេរ៉ុនថា៖ «នេះជាច្បាប់នៃបុណ្យរំលង គឺមិនត្រូវឲ្យជនបរទេសបរិភោគអាហារបុណ្យរំលងទេ។+ ៤៤ ប៉ុន្តែ ខ្ញុំបម្រើប្រុសជាជនបរទេសដែលអ្នករាល់គ្នាបានទិញ អាចចូលរួមបរិភោគបាន បើគាត់បានត្រូវកាត់ចុងស្បែក។+ ៤៥ ឯអ្នកដែលមកតាំងទីលំនៅក្នុងស្រុកនិងកម្មករស៊ីឈ្នួលវិញ ពួកគេមិនអាចចូលរួមបរិភោគបានឡើយ។ ៤៦ អ្នករាល់គ្នាត្រូវបរិភោគអាហារបុណ្យរំលងនៅក្នុងផ្ទះ។ អ្នករាល់គ្នាមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយក៏មិនត្រូវបំបាក់ឆ្អឹងសត្វនោះដែរ។+ ៤៧ ពួកជំនុំអ៊ីស្រាអែលទាំងអស់ត្រូវធ្វើពិធីបុណ្យនេះ កុំអាក់ខានឡើយ។ ៤៨ បើជនបរទេសណាដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ចង់ធ្វើពិធីបុណ្យរំលងជូនព្រះយេហូវ៉ាដែរ គាត់និងប្រុសៗក្នុងក្រុមគ្រួសាររបស់គាត់ត្រូវកាត់ចុងស្បែក។ រួចមក គាត់អាចចូលរួមបរិភោគបាន ហើយត្រូវចាត់ទុកគាត់ដូចជាជនរួមជាតិរបស់អ្នករាល់គ្នាដែរ។ ប៉ុន្តែ គ្មានបុរសណាដែលមិនកាត់ចុងស្បែក បានត្រូវអនុញ្ញាតឲ្យបរិភោគទេ។+ ៤៩ ជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា និងជនជាតិអ៊ីស្រាអែល ត្រូវធ្វើតាមច្បាប់តែមួយដូចគ្នា»។+
៥០ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានធ្វើតាមបង្គាប់គ្រប់យ៉ាងរបស់ព្រះយេហូវ៉ា ដែលលោកបានប្រាប់តាមរយៈម៉ូសេនិងអេរ៉ុន។ ៥១ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាបានរំដោះជនជាតិអ៊ីស្រាអែល ដែលជារាស្ត្រដ៏ច្រើនសន្ធឹករបស់លោកចេញពីស្រុកអេហ្ស៊ីប។
១៣ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថែមទៀតថា៖ ២ «ចូរញែកកូនប្រុសច្បងរបស់ជនជាតិអ៊ីស្រាអែលជាបរិសុទ្ធទុកសម្រាប់ខ្ញុំ គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ សុទ្ធតែជារបស់ខ្ញុំ»។+
៣ បន្ទាប់មក ម៉ូសេបាននិយាយទៅកាន់បណ្ដាជនថា៖ «សូមចងចាំថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីស្រុកអេហ្ស៊ីប។+ អ្នករាល់គ្នាបានរួចផុតពីភាពជាខ្ញុំបម្រើ ដោយព្រោះតែឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា។+ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបរិភោគអ្វីដែលមានដំបែឡើយ។ ៤ គឺនៅថ្ងៃនេះឯង ក្នុងខែអាប៊ីប* ដែលអ្នករាល់គ្នាបានចាកចេញពីស្រុកអេហ្ស៊ីប។+ ៥ ក្រោយមក ព្រះយេហូវ៉ានឹងនាំអ្នករាល់គ្នាចូលក្នុងស្រុកដែលលោកបានសន្យានឹងបុព្វបុរសរបស់អ្នករាល់គ្នា+ ជាស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ។+ ស្រុកនោះជាទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស។+ ពេលអ្នករាល់គ្នានៅទីនោះ អ្នករាល់គ្នាត្រូវបន្តធ្វើពិធីនេះនៅក្នុងខែនេះ។ ៦ អស់រយៈពេល៧ថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែ។+ នៅថ្ងៃទី៧ អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យជូនព្រះយេហូវ៉ា។ ៧ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែអស់រយៈពេល៧ថ្ងៃ+ ហើយមិនត្រូវមានអ្វីដែលមានដំបែ+ និងម្សៅដែលលាយដំបែក្នុងទឹកដីរបស់អ្នករាល់គ្នាឡើយ។ ៨ នៅថ្ងៃនោះ ត្រូវប្រាប់កូនចៅអ្នករាល់គ្នាថា៖ ‹យើងធ្វើដូច្នេះដើម្បីរំលឹកនូវអ្វីដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើង ក្នុងកាលដែលយើងចេញពីស្រុកអេហ្ស៊ីប›។+ ៩ នេះនឹងបានជាសញ្ញាសម្គាល់នៅលើដៃអ្នករាល់គ្នា ហើយជាសេចក្ដីរំលឹកនៅលើថ្ងាសអ្នករាល់គ្នា+ ដើម្បីឲ្យច្បាប់របស់ព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ព្រោះព្រះយេហូវ៉ាបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។ ១០ ដូច្នេះ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់នេះ ហើយជារៀងរាល់ឆ្នាំអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះនៅថ្ងៃកំណត់។+
១១ «ពេលព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលក្នុងស្រុករបស់ជនជាតិកាណាន ជាស្រុកដែលលោកបានស្បថនឹងអ្នករាល់គ្នា ព្រមទាំងស្បថនឹងបុព្វបុរសអ្នករាល់គ្នាថាប្រគល់ឲ្យអ្នករាល់គ្នា+ ១២ នោះអ្នករាល់គ្នាត្រូវជូនកូនប្រុសច្បងដល់ព្រះយេហូវ៉ា ព្រមទាំងកូនដំបូងពីហ្វូងសត្វរបស់អ្នករាល់គ្នាដែរ។ ដូច្នេះ ទាំងកូនប្រុសច្បង ទាំងកូនសត្វឈ្មោលដំបូង សុទ្ធតែជារបស់ព្រះយេហូវ៉ា។+ ១៣ ចំណែកកូនដំបូងរបស់សត្វលាវិញ អ្នករាល់គ្នាត្រូវលោះដោយសត្វចៀមមួយក្បាល។ ប៉ុន្តែ បើអ្នករាល់គ្នាមិនលោះទេ អ្នករាល់គ្នាត្រូវបំបាក់កសត្វលានោះទៅ។ អ្នករាល់គ្នាត្រូវលោះកូនប្រុសច្បងទាំងអស់។+
១៤ «ក្រោយមក បើកូនចៅអ្នករាល់គ្នាសួរថា៖ ‹តើការនោះមានន័យដូចម្ដេច?›។ អ្នករាល់គ្នាត្រូវឆ្លើយទៅពួកគេថា៖ ‹ព្រះយេហូវ៉ាបានរំដោះយើងចេញពីស្រុកអេហ្ស៊ីប ពីភាពជាខ្ញុំបម្រើ ដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។+ ១៥ ពេលផារ៉ូតាំងចិត្តរឹងទទឹងមិនឲ្យយើងចេញមក+ នោះព្រះយេហូវ៉ាបានសម្លាប់កូនច្បងទាំងអស់នៅក្នុងស្រុកអេហ្ស៊ីប គឺចាប់ពីកូនច្បងរបស់មនុស្សរហូតដល់កូនដំបូងរបស់សត្វ។+ ហេតុនេះហើយបានជាយើងត្រូវជូនកូនសត្វឈ្មោលដំបូងជាគ្រឿងបូជាដល់ព្រះយេហូវ៉ា ហើយយើងត្រូវលោះកូនប្រុសច្បងទាំងអស់របស់យើង›។ ១៦ នេះនឹងបានជាសញ្ញាសម្គាល់នៅលើដៃអ្នករាល់គ្នា ហើយជាសេចក្ដីរំលឹកនៅលើថ្ងាសអ្នករាល់គ្នា+ ព្រោះព្រះយេហូវ៉ាបានរំដោះយើងចេញពីស្រុកអេហ្ស៊ីបដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក»។
១៧ ពេលផារ៉ូបណ្ដេញបណ្ដាជនចេញទៅ ព្រះមិនបាននាំពួកគេទៅតាមផ្លូវកាត់តាមស្រុកភីលីស្ទីនទេ ទោះជាទៅតាមផ្លូវនោះជិតជាងក៏ដោយ។ ពីព្រោះព្រះបានមានប្រសាសន៍ថា៖ «ក្រែងលោបណ្ដាជនប្ដូរគំនិតពេលជួបនឹងសង្គ្រាម ហើយត្រឡប់ទៅស្រុកអេហ្ស៊ីបវិញ»។ ១៨ ដូច្នេះ ព្រះបានធ្វើឲ្យបណ្ដាជនដើរវាងតាមផ្លូវទៅតំបន់ស្ងាត់ជ្រងំក្បែរសមុទ្រក្រហម។+ កាលជនជាតិអ៊ីស្រាអែលធ្វើដំណើរចេញពីស្រុកអេហ្ស៊ីបនោះ ពួកគេធ្វើដំណើរជាក្រុមៗដោយមានរបៀបរៀបរយដូចជាកងទ័ពដ៏ធំ។ ១៩ ម៉ូសេក៏បានយកឆ្អឹងយ៉ូសែបទៅជាមួយដែរ ព្រោះយ៉ូសែបបានឲ្យកូនចៅអ៊ីស្រាអែលស្បថនឹងគាត់ ហើយគាត់បានផ្ដាំពួកគេថា៖ «ពេលព្រះជួយបងប្អូនចេញពីស្រុកនេះ សូមបងប្អូនយកឆ្អឹងខ្ញុំទៅជាមួយផង»។+ ២០ ពួកគេបានធ្វើដំណើរចេញពីតំបន់សិកូត ហើយបោះជំរំនៅអេថាម ដែលស្ថិតនៅជាយតំបន់ស្ងាត់ជ្រងំ។
២១ គ្រានោះ ព្រះយេហូវ៉ាបាននាំផ្លូវពួកគេដោយបង្គោលពពកនៅពេលថ្ងៃ+ និងដោយបង្គោលភ្លើងនៅពេលយប់ ដើម្បីពួកគេអាចធ្វើដំណើរទាំងយប់ទាំងថ្ងៃ។+ ២២ បង្គោលពពកនឹងមិនថយចេញពីបណ្ដាជននៅពេលថ្ងៃទេ ហើយបង្គោលភ្លើងក៏មិនថយចេញពីពួកគេនៅពេលយប់ដែរ។+
១៤ ក្រោយនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យធ្វើដំណើរថយក្រោយ ហើយបោះជំរំនៅមុខពីហាហីរ៉ុត គឺរវាងមីកដុលនិងសមុទ្រ ទល់មុខបាលសេផុន។+ អ្នករាល់គ្នាត្រូវបោះជំរំបែរមុខទៅបាលសេផុននៅក្បែរសមុទ្រ។ ៣ ឯផារ៉ូវិញ គាត់នឹងនិយាយថា៖ ‹ជនជាតិអ៊ីស្រាអែលកំពុងវង្វេងផ្លូវហើយ។ ពួកគេចេញពីតំបន់ស្ងាត់ជ្រងំមិនរួចទេ›។ ៤ ខ្ញុំនឹងឲ្យផារ៉ូមានចិត្តរឹងទទឹង+ ហើយគាត់នឹងដេញតាមពួកគេ។ រួចខ្ញុំនឹងលើកតម្កើងនាមខ្ញុំដោយប្រហារផារ៉ូនិងពលទ័ពរបស់គាត់។+ ពេលនោះ ជនជាតិអេហ្ស៊ីបនឹងដឹងច្បាស់ថាខ្ញុំជាយេហូវ៉ា»។+ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានធ្វើតាមបង្គាប់លោកទាំងអស់។
៥ ក្រោយមក មានគេមករាយការណ៍ប្រាប់ស្ដេចស្រុកអេហ្ស៊ីបថាជនជាតិអ៊ីស្រាអែលបានចេញទៅអស់ហើយ។ ឮដូច្នេះ ផារ៉ូនិងពួកអ្នកបម្រើរបស់គាត់បានប្ដូរគំនិត+ ហើយនិយាយគ្នាថា៖ «ម្ដេចក៏យើងដោះលែងជនជាតិអ៊ីស្រាអែលដូច្នេះ? តើបានអ្នកណាបម្រើយើងទៀត?»។ ៦ ដូច្នេះ ផារ៉ូបានឲ្យគេរៀបចំរទេះចម្បាំង ហើយគាត់ដឹកនាំពលទ័ពចេញទៅ+ ៧ គឺគាត់បានយករទេះចម្បាំងទាំងអស់ក្នុងស្រុកអេហ្ស៊ីប រួមទាំងរទេះចម្បាំងដ៏មាំល្អចំនួន៦០០គ្រឿង។ រទេះនីមួយៗសុទ្ធតែមានទាហានអង់អាចជិះ។ ៨ ពេលនោះ ព្រះយេហូវ៉ាបានឲ្យផារ៉ូស្ដេចស្រុកអេហ្ស៊ីបមានចិត្តរឹងទទឹង។ ហេតុនេះ គាត់បានដេញតាមជនជាតិអ៊ីស្រាអែល កាលដែលពួកគេកំពុងធ្វើដំណើរចេញទៅទាំងមានចិត្តក្លាហាន។+ ៩ ក្រោយមក ទ័ពអេហ្ស៊ីបទាំងអស់ រួមទាំងទ័ពរទេះចម្បាំង ទ័ពសេះ និងទ័ពថ្មើរជើង បានធ្វើដំណើរដេញតាមជនជាតិអ៊ីស្រាអែល+កាន់តែកៀក កាលដែលពួកអ៊ីស្រាអែលកំពុងបោះជំរំក្បែរសមុទ្រ ជិតពីហាហីរ៉ុត ទល់មុខបាលសេផុន។
១០ ពេលផារ៉ូនិងទ័ពអេហ្ស៊ីបចូលទៅកាន់តែជិត ពួកអ៊ីស្រាអែលបានក្រឡេកទៅឃើញពួកគេកំពុងដេញតាម។ ដូច្នេះ ពួកអ៊ីស្រាអែលភ័យខ្លាចជាខ្លាំង ហើយក៏ស្រែកសុំជំនួយពីព្រះយេហូវ៉ា។+ ១១ ពួកគេនិយាយទៅម៉ូសេថា៖ «តើនៅស្រុកអេហ្ស៊ីបគ្មានកន្លែងបញ្ចុះសពទេឬ បានជាអ្នកនាំពួកយើងមកឲ្យស្លាប់នៅតំបន់ស្ងាត់ជ្រងំដូច្នេះ?+ តើអ្នកនាំពួកយើងចេញពីស្រុកអេហ្ស៊ីបមកធ្វើអ្វី? ១២ នៅស្រុកអេហ្ស៊ីប យើងបានប្រាប់អ្នកហើយថា៖ ‹កុំមករវល់ជាមួយនឹងយើង ទុកឲ្យយើងនៅបម្រើពួកអេហ្ស៊ីបចុះ› ព្រោះបើយើងបម្រើពួកអេហ្ស៊ីបគឺប្រសើរជាងឲ្យពួកយើងស្លាប់នៅតំបន់ស្ងាត់ជ្រងំនេះ»។+ ១៣ ពេលនោះ ម៉ូសេនិយាយទៅបណ្ដាជនថា៖ «កុំភ័យខ្លាចឡើយ។+ ចូរតាំងជំហរឲ្យមាំ ហើយចាំមើលសេចក្ដីសង្គ្រោះពីព្រះយេហូវ៉ានៅថ្ងៃនេះ។+ ព្រោះពួកអេហ្ស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងមិនឃើញពួកគេម្ដងទៀតឡើយ។+ ១៤ ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា។+ ដូច្នេះ អ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
១៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ហេតុអ្វីអ្នកនៅតែស្រែកហៅខ្ញុំដូច្នេះ? ចូរប្រាប់ពួកអ៊ីស្រាអែលឲ្យចេញដំណើរទៅ។ ១៦ ចំណែកអ្នកវិញ ចូរលើកដំបងតម្រង់ទៅឯសមុទ្រ ហើយញែកសមុទ្រចេញពីគ្នាទៅ ដើម្បីឲ្យពួកអ៊ីស្រាអែលដើរឆ្លងកាត់តាមបាតសមុទ្រ។ ១៧ ឯខ្ញុំវិញ ខ្ញុំនឹងឲ្យពួកអេហ្ស៊ីបមានចិត្តរឹងទទឹង ហើយពួកគេនឹងដេញតាមអ្នករាល់គ្នាចូលក្នុងសមុទ្រ។ យ៉ាងនោះ កិត្តិនាមរបស់ខ្ញុំនឹងបានល្បីរុងរឿង ពេលខ្ញុំបំផ្លាញផារ៉ូ ពលទ័ព ពលរទេះចម្បាំង និងទាហានសេះរបស់គាត់។+ ១៨ ជនជាតិអេហ្ស៊ីបនឹងដឹងច្បាស់ថាខ្ញុំនេះគឺយេហូវ៉ា ហើយខ្ញុំនឹងធ្វើឲ្យកិត្តិនាមរបស់ខ្ញុំល្បីរន្ទឺក្រោយពីខ្ញុំប្រហារផារ៉ូ ពលរទេះចម្បាំង និងទាហានសេះរបស់គាត់»។+
១៩ បន្ទាប់មក ទេវតារបស់ព្រះពិត+ដែលកំពុងនាំមុខពួកអ៊ីស្រាអែល បានចេញទៅខាងក្រោយពួកគេ ហើយបង្គោលពពកដែលនៅមុខពួកគេ ក៏ទៅខាងក្រោយពួកគេដែរ។+ ២០ ដូច្នេះ បង្គោលពពកនោះស្ថិតនៅចន្លោះទ័ពអេហ្ស៊ីបនិងបណ្ដាជនអ៊ីស្រាអែល។+ បង្គោលពពកនោះម្ខាងមានភាពងងឹត ឯម្ខាងទៀតបញ្ចេញពន្លឺដើម្បីបំភ្លឺនៅពេលយប់។+ ហេតុនេះ ពេញមួយយប់ទ័ពអេហ្ស៊ីបមិនអាចចូលទៅជិតបណ្ដាជនអ៊ីស្រាអែលបានទេ។
២១ ឯម៉ូសេវិញ គាត់បានលើកដៃតម្រង់ទៅសមុទ្រ+ ពេលនោះព្រះយេហូវ៉ាធ្វើឲ្យមានខ្យល់បក់យ៉ាងខ្លាំងពីទិសខាងកើតពេញមួយយប់ ហើយខ្យល់នោះបានរុញច្រានសមុទ្រឲ្យញែកចេញពីគ្នា+រហូតដល់បាតសមុទ្រក្លាយទៅជាដីគោក។+ ២២ ដូច្នេះ ជនជាតិអ៊ីស្រាអែលដើរឆ្លងកាត់បាតសមុទ្រ+ ដោយមានទឹកនៅសងខាងពួកគេដូចកំពែង។+ ២៣ ខណៈនោះ ទ័ពទាំងអស់របស់ផារ៉ូ ទាំងទ័ពសេះ ទាំងទ័ពរទេះចម្បាំង បានចូលទៅដេញតាមពួកគេ។+ ២៤ នៅយាមទី៣* ព្រះយេហូវ៉ាបានមើលទៅពួកអេហ្ស៊ីបពីបង្គោលពពកនិងភ្លើង+ រួចលោកធ្វើឲ្យពួកគេមានភាពច្របូកច្របល់។ ២៥ លោកបានធ្វើឲ្យរទេះចម្បាំងពួកអេហ្ស៊ីបរបូតកង់ ដើម្បីឲ្យពួកគេពិបាកបរទៅមុខ។ ហេតុនេះ ពួកអេហ្ស៊ីបបានស្រែកឡើងថា៖ «ចូរយើងដកថយពីពួកអ៊ីស្រាអែលទៅ ព្រោះព្រះយេហូវ៉ាកំពុងច្បាំងនឹងយើងជំនួសពួកគេហើយ»។+
២៦ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ដើម្បីឲ្យទឹកសមុទ្រធ្លាក់មកគ្របលើពួកអេហ្ស៊ីប ទាំងទ័ពរទេះចម្បាំង ទាំងទ័ពសេះរបស់ពួកគេ»។ ២៧ រួចម៉ូសេក៏លើកដៃតម្រង់ទៅសមុទ្រភ្លាម។ កាលថ្ងៃរះ ទឹកសមុទ្រក៏ហូរចូលគ្នាដូចដើមវិញ។ ខណៈនោះ ពួកអេហ្ស៊ីបព្យាយាមរត់ចេញ តែព្រះយេហូវ៉ាបានរលាស់ពួកគេទៅក្នុងសមុទ្រទៅ។+ ២៨ ទឹកសមុទ្របានធ្លាក់បោកសន្ធប់ទៅលើទ័ពផារ៉ូ ទាំងទ័ពសេះ ទាំងទ័ពរទេះចម្បាំង គឺអស់អ្នកដែលបានចូលទៅដេញតាមជនជាតិអ៊ីស្រាអែល។+ គ្មានទាហានអេហ្ស៊ីបណាម្នាក់រួចជីវិតឡើយ។+
២៩ ឯជនជាតិអ៊ីស្រាអែលវិញ ពួកគេបានដើរឆ្លងកាត់បាតសមុទ្រ+ ដោយមានទឹកនៅសងខាងដូចកំពែង។+ ៣០ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាបានសង្គ្រោះជនជាតិអ៊ីស្រាអែលពីកណ្ដាប់ដៃជនជាតិអេហ្ស៊ីប+ ហើយជនជាតិអ៊ីស្រាអែលបានឃើញសាកសពទាហានអេហ្ស៊ីបនៅតាមឆ្នេរសមុទ្រ។ ៣១ ម្យ៉ាងទៀត ជនជាតិអ៊ីស្រាអែលបានឃើញឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ាក្នុងពេលដែលលោកវាយប្រហារពួកអេហ្ស៊ីប។ ដូច្នេះ ពួកគេចាប់ផ្ដើមកោតខ្លាចព្រះយេហូវ៉ា ហើយមានជំនឿលើព្រះយេហូវ៉ា និងម៉ូសេជាអ្នកបម្រើលោក។+
១៥ នៅពេលនោះ ម៉ូសេនិងជនជាតិអ៊ីស្រាអែលបានច្រៀងចម្រៀងជូនព្រះយេហូវ៉ាដូចតទៅថា៖+
«ខ្ញុំសូមច្រៀងជូនព្រះយេហូវ៉ា ព្រោះលោកមានកិត្តិយសខ្ពង់ខ្ពស់ថ្លៃថ្លា។+
លោកបានគ្រវែងទាំងសេះទាំងអ្នកជិះ ទៅក្នុងសមុទ្រ។+
២ កម្លាំងខ្លាំងក្លារបស់ខ្ញុំមកពីយ៉ា* ព្រោះលោកបានក្លាយទៅជាអ្នកសង្គ្រោះខ្ញុំ។+
លោកជាព្រះរបស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងលោក។+ លោកជាព្រះនៃឪពុកខ្ញុំ+ខ្ញុំនឹងលើកតម្កើងលោក។+
៣ ព្រះយេហូវ៉ាជាអ្នកចម្បាំងដ៏អង់អាចខ្លាំងក្លា។+ នាមលោកគឺយេហូវ៉ា។+
៤ លោកបានគ្រវែងរទេះចម្បាំងនិងទ័ពរបស់ផារ៉ូទៅក្នុងសមុទ្រ។+
លោកបានពន្លិចកងទ័ពដ៏អង់អាចរបស់ផារ៉ូទៅក្នុងសមុទ្រក្រហម។+
៥ ទឹកបានបក់បោកពួកគេ ហើយពួកគេលិចទៅដូចជាថ្ម។+
៦ ឱព្រះយេហូវ៉ាអើយ! ដៃស្ដាំរបស់លោកមានឫទ្ធានុភាពខ្លាំងក្លាណាស់ហ្ន៎!+
ឱព្រះយេហូវ៉ាអើយ! ដៃស្ដាំរបស់លោកអាចកម្ទេចខ្មាំងសត្រូវ។
៧ លោកអាចផ្ដួលអស់អ្នកដែលបះបោរប្រឆាំងលោកដោយឫទ្ធានុភាពដ៏អស្ចារ្យ។+
កំហឹងរបស់លោកបញ្ឆេះពួកគេ ប្រៀបដូចជាភ្លើងឆេះចំបើង។
៨ ខ្យល់ដង្ហើមពីច្រមុះលោកធ្វើឲ្យទឹកផ្ដុំគ្នា
ទឹកនោះនៅទ្រឹង ហើយពូនឡើងដូចជាកំពែង។
រលកដែលកញ្ជ្រោលបក់បោកបានកកនៅកណ្ដាលសមុទ្រធំធេង។
៩ សត្រូវបាននិយាយថា៖ ‹ខ្ញុំនឹងដេញតាមពួកគេ! ខ្ញុំនឹងតាមពួកគេទាន់!
ខ្ញុំនឹងយកទ្រព្យសម្បត្តិពួកគេមកចែកគ្នារហូតដល់ខ្ញុំអស់ចិត្ត!
ខ្ញុំនឹងហូតដាវបង្ក្រាបពួកគេ!›។+
១០ ប៉ុន្តែ ពេលលោកផ្លុំខ្យល់ទៅ នោះទឹកសមុទ្របានគ្របលើពួកគេ។+
ពួកគេបានលិចទៅក្នុងសមុទ្រដូចជាសំណ។
១១ ឱព្រះយេហូវ៉ាអើយ! តើមានព្រះណាដូចលោក?+
តើមានព្រះណាមានភាពបរិសុទ្ធយ៉ាងអស្ចារ្យដូចលោក?+
លោកជាព្រះដែលសមនឹងទទួលការគោរពកោតខ្លាច និងគួរឲ្យច្រៀងសរសើរតម្កើង។ លោកជាព្រះដែលធ្វើការអស្ចារ្យ។+
១២ ពេលលោកលាតដៃស្ដាំទៅ ផែនដីបានលេបពួកគេអស់។+
១៣ ដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ លោកបានរំដោះរាស្ត្រលោកហើយដឹកនាំពួកគេ។+
ដោយឫទ្ធានុភាព លោកនឹងនាំពួកគេទៅលំនៅបរិសុទ្ធរបស់លោក។
១៤ អស់អ្នកដែលឮអំពីការទាំងនោះ+ ពួកគេនឹងភ័យញាប់ញ័រ។
អស់អ្នកដែលនៅស្រុកភីលីស្ទីននឹងភ័យញាប់ញ័រ។
១៥ នៅពេលនោះ ពួកមេកុលសម្ព័ន្ធស្រុកអេដំនឹងភិតភ័យ។
ពួកអ្នកគ្រប់គ្រងខ្លាំងក្លា*នៅស្រុកម៉ូអាប់នឹងញ័ររន្ធត់។+
អស់អ្នកដែលនៅស្រុកកាណាននឹងភាំងស្មារតី។+
១៦ ឱព្រះយេហូវ៉ាអើយ! ពួកគេនឹងភ័យខ្លាច ហើយញ័ររន្ធត់។+
ដោយសារឫទ្ធានុភាពរបស់លោក ពួកគេនឹងនៅទ្រឹងដូចថ្ម
រហូតដល់រាស្ត្រលោកឆ្លងផុតទៅ
១៧ លោកនឹងនាំពួកគេទៅនៅលើភ្នំរបស់លោក។*+
ឱព្រះយេហូវ៉ាអើយ! កន្លែងនោះហើយដែលលោកបានរៀបចំជាលំនៅរបស់លោក។
ឱព្រះយេហូវ៉ាអើយ! ទីបរិសុទ្ធនោះហើយដែលលោកបានរៀបចំដោយដៃលោកផ្ទាល់។
១៨ ព្រះយេហូវ៉ានឹងគ្រប់គ្រងជាស្ដេចជារៀងរហូតតទៅ។+
១៩ ពេលផារ៉ូ និងទ័ពសេះ ទ័ពរទេះចម្បាំងរបស់គាត់ ចូលទៅក្នុងសមុទ្រ+
ព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រធ្លាក់មកគ្របលើពួកគេ។+
ប៉ុន្តែ ជនជាតិអ៊ីស្រាអែលបានដើរតាមបាតសមុទ្រវិញ»។+
២០ បន្ទាប់មក មីរៀមជាស្ត្រីប្រកាសទំនាយ ត្រូវជាបងរបស់អេរ៉ុន បានយកស្គរដៃមកវាយ។ ឃើញដូច្នោះ ស្ត្រីឯទៀតក៏បានយកស្គរដៃមកវាយដែរ ហើយនាំគ្នារាំ។ ២១ មីរៀមបានច្រៀងឆ្លើយឆ្លងទៅពួកបុរសថា៖
«ចូរច្រៀងជូនព្រះយេហូវ៉ា ព្រោះលោកបានត្រូវលើកតម្កើងយ៉ាងខ្ពស់។+
លោកបានគ្រវែងទាំងសេះទាំងអ្នកជិះ ទៅក្នុងសមុទ្រ»។+
២២ ក្រោយមក ម៉ូសេបាននាំជនជាតិអ៊ីស្រាអែលចេញពីសមុទ្រក្រហម ឆ្ពោះទៅតំបន់ស្ងាត់ជ្រងំស៊ើ។ ពេលនោះ ពួកគេបានធ្វើដំណើរអស់បីថ្ងៃ តែមិនឃើញមានទឹកសោះ។ ២៣ លុះទៅដល់កន្លែងមួយឈ្មោះម៉ារ៉ា*+ ពួកគេបានរកឃើញប្រភពទឹក តែពួកគេមិនអាចផឹកទឹកនោះបានទេ ព្រោះទឹកនោះមានរសជាតិល្វីង។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថាម៉ារ៉ា។ ២៤ ដូច្នេះ បណ្ដាជនបានរអ៊ូរទាំនឹងម៉ូសេ+ថា៖ «តើពួកយើងបានអ្វីផឹកទៅ?»។ ២៥ ពេលនោះ ម៉ូសេបានស្រែកសុំព្រះយេហូវ៉ាជួយ+ ហើយព្រះយេហូវ៉ាក៏បង្ហាញគាត់ដើមឈើតូចមួយ។ រួចម៉ូសេបានយកដើមតូចនោះទៅបោះក្នុងទឹក ទឹកនោះក៏លែងល្វីងទៅ ហើយពួកគេអាចផឹកទឹកនោះបាន។
នៅទីនោះ ព្រះបានឲ្យច្បាប់មួយដល់ពួកគេ។ ម្យ៉ាងទៀត ព្រះល្បងមើលពួកគេនៅទីនោះដែរ។+ ២៦ លោកបានមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់បង្គាប់ខ្ញុំយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើអ្វីដែលខ្ញុំពេញចិត្ត ព្រមទាំងកាន់តាមបញ្ញត្ដិនិងច្បាប់របស់ខ្ញុំ+ នោះខ្ញុំនឹងមិនធ្វើឲ្យអ្នករាល់គ្នាមានជំងឺ ដូចដែលខ្ញុំធ្លាប់ធ្វើទៅលើពួកអេហ្ស៊ីបទេ+ ព្រោះខ្ញុំយេហូវ៉ាជាអ្នកដែលធ្វើឲ្យអ្នកជាសះស្បើយ»។+
២៧ ក្រោយមក ពួកគេបានទៅដល់អេលីមដែលមានប្រភពទឹក១២កន្លែង និងមានដើមលម៉ើ៧០ដើម។ ដូច្នេះ ពួកគេបានបោះជំរំនៅក្បែរមាត់ទឹក។
១៦ ក្រោយមក បណ្ដាជនអ៊ីស្រាអែលបានចាកចេញពីអេលីម ហើយធ្វើដំណើរទៅដល់តំបន់ស្ងាត់ជ្រងំស៊ីន+ដែលនៅចន្លោះអេលីមនិងភ្នំស៊ីណាយ។ ពួកគេទៅដល់ទីនោះមួយខែក្រោយពីពួកគេចាកចេញពីស្រុកអេហ្ស៊ីប គឺនៅថ្ងៃទី១៥ ខែទី២។
២ នៅតំបន់ស្ងាត់ជ្រងំនោះ បណ្ដាជនអ៊ីស្រាអែលចាប់ផ្ដើមរអ៊ូរទាំទាស់នឹងម៉ូសេនិងអេរ៉ុន។+ ៣ ពួកគេចេះតែរអ៊ូថា៖ «ស៊ូឲ្យព្រះយេហូវ៉ាប្រហារយើងនៅស្រុកអេហ្ស៊ីបវិញប្រសើរជាង ព្រោះយ៉ាងហោចណាស់ក៏យើងមានសាច់+និងនំប៉័ងបរិភោគឆ្អែតស្កប់ស្កល់ដែរ។ ប៉ុន្តែឥឡូវ អ្នកបែរជានាំយើងទាំងអស់គ្នា ឲ្យមកដាច់ពោះស្លាប់ក្នុងតំបន់ស្ងាត់ជ្រងំនេះទៅវិញ»។+
៤ ដូច្នេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ខ្ញុំនឹងធ្វើឲ្យមានអាហារ*ធ្លាក់ពីលើមេឃដូចជាភ្លៀង+ សម្រាប់ជាអាហារដល់អ្នករាល់គ្នា។ ចូរអ្នកប្រាប់បណ្ដាជនឲ្យចេញទៅរើសល្មមតែមួយថ្ងៃៗប៉ុណ្ណោះ។+ តាមរបៀបនោះ ខ្ញុំអាចល្បងមើលថាពួកគេនឹងធ្វើតាមច្បាប់របស់ខ្ញុំឬមិនធ្វើតាម។+ ៥ ប៉ុន្តែ នៅថ្ងៃទី៦+ ត្រូវឲ្យពួកគេរើសច្រើនជាងថ្ងៃឯទៀតមួយជាពីរ រួចយកមករៀបចំទុកជាអាហារ»។+
៦ រួចមក ម៉ូសេនិងអេរ៉ុនបានប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ «នៅល្ងាចនេះ អ្នករាល់គ្នានឹងដឹងច្បាស់ថាគឺព្រះយេហូវ៉ាជាព្រះដែលនាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប។+ ៧ នៅពេលព្រឹក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា ព្រោះលោកបានឮពាក្យរអ៊ូរទាំរបស់អ្នករាល់គ្នាហើយ។ ហេតុអ្វីបានជាអ្នករាល់គ្នារអ៊ូរទាំទាស់នឹងយើងដូច្នេះ? យើងមិនសំខាន់ទេ។ ការពិតអ្នករាល់គ្នាកំពុងរអ៊ូរទាំទាស់នឹងព្រះយេហូវ៉ាទេតើ»។ ៨ ម៉ូសេបន្តថា៖ «ពេលព្រះយេហូវ៉ាផ្ដល់សាច់ឲ្យអ្នករាល់គ្នាបរិភោគនៅពេលល្ងាច ហើយពេលលោកផ្ដល់នំប៉័ងឲ្យអ្នករាល់គ្នាបរិភោគទាល់តែឆ្អែតនៅពេលព្រឹក នោះអ្នករាល់គ្នានឹងដឹងប្រាកដថាព្រះយេហូវ៉ាបានឮពាក្យរអ៊ូរទាំរបស់អ្នករាល់គ្នា។ ឯយើងវិញ យើងមិនសំខាន់ទេ។ អ្នករាល់គ្នាមិនមែនរអ៊ូរទាំទាស់នឹងយើងទេ តែរអ៊ូរទាំទាស់នឹងព្រះយេហូវ៉ាទេតើ»។+
៩ បន្ទាប់មក ម៉ូសេបាននិយាយទៅអេរ៉ុនថា៖ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលទាំងអស់ថា៖ ‹ព្រះយេហូវ៉ាបានឮពាក្យរអ៊ូរទាំរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ចូរអ្នករាល់គ្នាមូលមកទីនេះ›»។+ ១០ អេរ៉ុនក៏បាននិយាយទៅកាន់ពួកជំនុំអ៊ីស្រាអែល។ ក្រោយពីគាត់និយាយចប់ភ្លាម ពួកគេបែរមុខទៅតំបន់ស្ងាត់ជ្រងំ ហើយឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាលេចមកក្នុងបង្គោលពពក។+
១១ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេបន្ថែមថា៖ ១២ «ខ្ញុំបានឮពាក្យរអ៊ូរទាំរបស់បណ្ដាជនអ៊ីស្រាអែលហើយ។+ ដូច្នេះ ចូរប្រាប់ពួកគេថា៖ ‹នៅពេលល្ងាច អ្នករាល់គ្នានឹងបានសាច់បរិភោគ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងបាននំប៉័ងបរិភោគយ៉ាងបរិបូរ។+ នៅពេលនោះ អ្នករាល់គ្នានឹងដឹងច្បាស់ថាខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា›»។+
១៣ លុះដល់ពេលល្ងាច ក៏មានសត្វក្រួចហើរមកពាសពេញជំរំរបស់ពួកគេ+ ហើយនៅពេលព្រឹកក៏មានទឹកសន្សើមនៅជុំវិញជំរំផងដែរ។ ១៤ ប៉ុន្តែ ពេលដែលទឹកសន្សើមស្ងួតទៅ នោះឃើញមានគ្រាប់ល្អិតៗដូចជាព្រិលគ្របដណ្ដប់ពេញតំបន់ស្ងាត់ជ្រងំ។+ ១៥ ពេលបណ្ដាជនអ៊ីស្រាអែលឃើញគ្រាប់ល្អិតៗទាំងនោះ ពួកគេមិនដឹងថាជាអ្វីទេ។ ដូច្នេះ ពួកគេបានសួរគ្នាថា៖ «តើនេះជាអ្វី?»។ ម៉ូសេបានប្រាប់ពួកគេថា៖ «នេះជាអាហារ*ដែលព្រះយេហូវ៉ាផ្ដល់ឲ្យអ្នករាល់គ្នា។+ ១៦ ព្រះយេហូវ៉ាបានបង្គាប់ដូច្នេះថា៖ ‹អ្នករាល់គ្នាត្រូវប្រមូលយកល្មមតាមដែលខ្លួនបរិភោគឆ្អែត។ អ្នករាល់គ្នាត្រូវប្រមូលតាមចំនួនមនុស្សក្នុងក្រុមគ្រួសាររបស់ខ្លួន គឺម្នាក់មួយអូម៉ើរ›»។*+ ១៧ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលបានធ្វើតាមបង្គាប់នោះ។ អ្នកខ្លះប្រមូលបានច្រើន ឯអ្នកខ្លះទៀតប្រមូលបានតិច។ ១៨ ប៉ុន្តែ ពេលពួកគេវាល់អ្វីដែលពួកគេប្រមូលបាន ពួកគេឃើញថាអ្នកដែលប្រមូលបានច្រើន មិនបានលើសគេទេ ហើយអ្នកដែលប្រមូលបានតិចក៏មិនខ្វះដែរ+ គឺម្នាក់ៗបានប្រមូលតាមចំនួនដែលខ្លួនបរិភោគឆ្អែត។
១៩ បន្ទាប់មក ម៉ូសេបានប្រាប់ពួកគេថា៖ «អ្នករាល់គ្នាមិនត្រូវទុកអាហារនេះរហូតដល់ព្រឹកឡើយ»។+ ២០ ប៉ុន្តែ ពួកគេមិនបានធ្វើតាមបង្គាប់ម៉ូសេទេ។ អ្នកខ្លះបានទុករហូតដល់ព្រឹក ហើយអាហារនោះក៏មានដង្កូវនិងក្លិនស្អុយ។ ដូច្នេះ ម៉ូសេបានខឹងនឹងពួកគេ។ ២១ រៀងរាល់ព្រឹក ពួកគេបានប្រមូលគ្រាប់ល្អិតៗ តាមចំនួនដែលខ្លួនបរិភោគឆ្អែត។ លុះថ្ងៃចាប់ផ្ដើមក្ដៅ គ្រាប់ល្អិតៗទាំងនោះក៏រលាយអស់ទៅ។
២២ នៅថ្ងៃទី៦ ពួកគេបានប្រមូលច្រើនជាងថ្ងៃឯទៀតមួយជាពីរ+ ពោលគឺម្នាក់ៗពីរអូម៉ើរ។ រួចមក ពួកមេដឹកនាំជនជាតិអ៊ីស្រាអែលបានមករាយការណ៍ប្រាប់ម៉ូសេអំពីរឿងនេះ។ ២៣ ក្រោយពីស្ដាប់ពួកគេរួច ម៉ូសេប្រាប់ពួកគេថា៖ «ព្រះយេហូវ៉ាប្រាប់ថានៅថ្ងៃស្អែកជាថ្ងៃឈប់សម្រាក គឺជាថ្ងៃបរិសុទ្ធជូនព្រះយេហូវ៉ា។+ ដូច្នេះ ចូរចម្អិនអ្វីដែលអ្នករាល់គ្នាត្រូវចម្អិន ហើយស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរចុះ។+ អ្នករាល់គ្នាអាចទុកអាហារដែលនៅសល់រហូតដល់ព្រឹកស្អែកបាន»។ ២៤ ពួកគេក៏ធ្វើតាមបង្គាប់ម៉ូសេ ហើយទុកអាហារដែលនៅសល់រហូតដល់ព្រឹក តែអាហារនោះមិនមានដង្កូវឬក្លិនស្អុយទេ។ ២៥ បន្ទាប់មក ម៉ូសេបាននិយាយថា៖ «នៅថ្ងៃនេះ ចូរបរិភោគអាហារដែលនៅសល់ចុះ ព្រោះនេះជាថ្ងៃឈប់សម្រាកជូនព្រះយេហូវ៉ា។ នៅថ្ងៃនេះនឹងគ្មានអាហារទាំងនេះនៅលើដីទេ។ ២៦ អ្នករាល់គ្នាអាចប្រមូលអាហារអស់៦ថ្ងៃ តែនៅថ្ងៃទី៧ជាថ្ងៃឈប់សម្រាក+ នឹងគ្មានអ្វីឲ្យអ្នករាល់គ្នាប្រមូលឡើយ»។ ២៧ ទោះជាយ៉ាងនោះក្ដី មានបណ្ដាជនខ្លះនៅតែចេញទៅប្រមូលនៅថ្ងៃទី៧ តែពួកគេមិនឃើញមានអ្វីទេ។
២៨ ដូច្នេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែមិនធ្វើតាមបង្គាប់និងច្បាប់របស់ខ្ញុំដល់កាលណាទៀត?+ ២៩ សូមចាំថាព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នាមានថ្ងៃឈប់សម្រាក។+ ហេតុនេះហើយបានជានៅថ្ងៃទី៦ លោកបានឲ្យអ្នករាល់គ្នាប្រមូលអាហារសម្រាប់ពីរថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាចេញពីលំនៅខ្លួននៅថ្ងៃទី៧ឡើយ»។ ៣០ ដូច្នេះ បណ្ដាជនបានកាន់តាមថ្ងៃឈប់សម្រាកនៅថ្ងៃទី៧។+
៣១ បណ្ដាជនអ៊ីស្រាអែលបានដាក់ឈ្មោះអាហារនោះថា«ម៉ាណា»។* អាហារនោះពណ៌សដូចគ្រាប់ជីរវ៉ាន់ស៊ុយ ហើយមានរសជាតិដូចជានំក្រៀមលាយទឹកឃ្មុំ។+ ៣២ បន្ទាប់មក ម៉ូសេបាននិយាយថា៖ «ព្រះយេហូវ៉ាបានបង្គាប់ដូច្នេះថា៖ ‹ចូរទុកម៉ាណានេះមួយអូម៉ើរក្នុងក្រឡ ដើម្បីឲ្យកូនចៅជំនាន់ក្រោយ+អាចឃើញអាហារនេះ ជាអាហារដែលខ្ញុំបានផ្ដល់ឲ្យអ្នករាល់គ្នានៅតំបន់ស្ងាត់ជ្រងំ ក្រោយពីខ្ញុំនាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប›»។ ៣៣ ដូច្នេះ ម៉ូសេនិយាយទៅអេរ៉ុនថា៖ «ចូរយកក្រឡមួយមក ហើយដាក់ម៉ាណាមួយអូម៉ើរទៅក្នុងនោះ រួចដាក់នៅចំពោះព្រះយេហូវ៉ា ដើម្បីរក្សាទុកនៅគ្រប់ជំនាន់តរៀងទៅ»។+ ៣៤ ស្ដាប់រួច អេរ៉ុនបានធ្វើតាមបង្គាប់ព្រះយេហូវ៉ាតាមរយៈម៉ូសេ ដោយដាក់ម៉ាណានោះនៅមុខប្រអប់នៃសេចក្ដីរំលឹក*+ ដើម្បីរក្សាទុក។ ៣៥ បណ្ដាជនអ៊ីស្រាអែលបានបរិភោគម៉ាណាអស់រយៈពេល៤០ឆ្នាំ+ រហូតដល់ពួកគេចូលទៅក្នុងស្រុកដែលមានមនុស្សរស់នៅ+ គឺរហូតដល់ពួកគេទៅដល់ព្រំប្រទល់ស្រុកកាណាន។+ ៣៦ មួយអូម៉ើរគឺស្មើនឹង១ភាគ១០អេហ្វា។*
១៧ ក្រោយមក បណ្ដាជនអ៊ីស្រាអែលបានចាកចេញពីតំបន់ស្ងាត់ជ្រងំស៊ីន។+ ពួកគេធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយតាមបង្គាប់ព្រះយេហូវ៉ា+ ហើយបានបោះជំរំនៅឯរេផិឌីម។+ ប៉ុន្តែ នៅទីនោះបណ្ដាជនគ្មានទឹកផឹកទេ។
២ ម្ល៉ោះហើយ បណ្ដាជនចាប់ផ្ដើមរករឿងម៉ូសេ+ដោយនិយាយថា៖ «យើងត្រូវការទឹកផឹក»។ ប៉ុន្តែ ម៉ូសេបានឆ្លើយថា៖ «ម្ដេចក៏អ្នករាល់គ្នារករឿងខ្ញុំ? ហេតុអ្វីអ្នករាល់គ្នាចេះតែល្បងលព្រះយេហូវ៉ាដូច្នេះ?»។+ ៣ ប៉ុន្តែ ដោយសារបណ្ដាជនស្រេកទឹកជាខ្លាំង ពួកគេក៏បានរអ៊ូរទាំទាស់នឹងម៉ូសេថែមទៀត+ថា៖ «ហេតុអ្វីអ្នកនាំយើង និងកូនចៅយើង ព្រមទាំងហ្វូងសត្វយើងចេញពីស្រុកអេហ្ស៊ីប ឲ្យមកស្លាប់ដោយអត់ទឹកបែបនេះ?»។ ៤ ទីបំផុត ម៉ូសេបន្លឺសំឡេងទៅព្រះយេហូវ៉ាថា៖ «តើខ្ញុំគួរធ្វើយ៉ាងណានឹងបណ្ដាជននេះ? បន្តិចទៀត ពួកគេមុខជាគប់ដុំថ្មសម្លាប់ខ្ញុំហើយ!»។
៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរទៅមុនបណ្ដាជនអ៊ីស្រាអែល ដោយនាំបុរសចាស់ទុំខ្លះទៅជាមួយ ហើយអ្នកត្រូវកាន់ដំបងដែលអ្នកវាយទឹកទន្លេនីល+ទៅជាមួយដែរ។ ៦ មើល! ខ្ញុំនឹងឈរនៅមុខអ្នកលើថ្មភ្នំហូរែប។ អ្នកត្រូវវាយថ្មនោះ រួចទឹកនឹងចេញមក ដើម្បីឲ្យបណ្ដាជនផឹក»។+ ម៉ូសេក៏ធ្វើដូច្នោះនៅខាងមុខពួកបុរសចាស់ទុំអ៊ីស្រាអែល។ ៧ ដូច្នេះ ម៉ូសេបានដាក់ឈ្មោះកន្លែងនោះថាម៉ាសារ*+និងមេរីបា*+ ព្រោះបណ្ដាជនអ៊ីស្រាអែលបានរករឿងគាត់នៅទីនោះ ហើយបានល្បងលព្រះយេហូវ៉ា+ដោយនិយាយថា៖ «តើព្រះយេហូវ៉ានៅក្នុងចំណោមពួកយើងមែនឬមិនមែន?»។
៨ ក្រោយមក ជនជាតិអាម៉ាលេក+បានមកច្បាំងនឹងជនជាតិអ៊ីស្រាអែលនៅឯរេផិឌីម។+ ៩ ពេលនោះ ម៉ូសេបាននិយាយទៅយ៉ូស្វេថា៖+ «ចូរជ្រើសរើសពួកបុរសខ្លះ ហើយចេញទៅច្បាំងនឹងជនជាតិអាម៉ាលេកចុះ។ នៅថ្ងៃស្អែក ខ្ញុំនឹងឡើងទៅឈរនៅលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះពិត»។ ១០ ស្ដាប់រួច យ៉ូស្វេបានធ្វើតាមបង្គាប់ម៉ូសេ+ ហើយចេញទៅច្បាំងនឹងជនជាតិអាម៉ាលេក។ ឯម៉ូសេ អេរ៉ុន និងហឺរ+វិញ ពួកគាត់បានឡើងទៅកំពូលភ្នំ។
១១ ពេលម៉ូសេលើកដៃឡើង ខាងជនជាតិអ៊ីស្រាអែលមានប្រៀបជាង តែពេលម៉ូសេដាក់ដៃចុះ ខាងជនជាតិអាម៉ាលេកមានប្រៀបវិញ។ ១២ ពេលម៉ូសេរួយដៃ អេរ៉ុននិងហឺរបានយកថ្មមួយដាក់ឲ្យម៉ូសេអង្គុយ។ រួចមក ពួកគាត់ទាំងពីរនាក់ជួយទ្រដៃម៉ូសេម្ខាងម្នាក់ ដើម្បីឲ្យដៃម៉ូសេនៅនឹង រហូតដល់ថ្ងៃលិច។ ១៣ ម្ល៉ោះហើយ យ៉ូស្វេបានវាយឈ្នះអាម៉ាលេកនិងទ័ពរបស់គាត់។+
១៤ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរកត់ត្រាពាក្យនេះក្នុងសៀវភៅទុកជាសេចក្ដីរំលឹក គឺថា៖ ‹ខ្ញុំនឹងបំផ្លាញពួកអាម៉ាលេកឲ្យសាបសូន្យទៅ ហើយគ្មានអ្នកណាចងចាំពីពួកគេទៀតឡើយ› ហើយអ្នកក៏ត្រូវប្រាប់ពាក្យទាំងនេះដល់យ៉ូស្វេដែរ»។+ ១៥ បន្ទាប់មក ម៉ូសេបានសង់ទីបូជាមួយ ហើយបានដាក់ឈ្មោះថាយេហូវ៉ានីសាយ។* ១៦ ព្រោះម៉ូសេបាននិយាយថា៖ «ដោយសារពួកអាម៉ាលេកបានលើកដៃប្រឆាំងនឹងការគ្រប់គ្រងរបស់យ៉ា+ នោះព្រះយេហូវ៉ានឹងធ្វើសង្គ្រាមទាស់នឹងពួកគេពីជំនាន់មួយទៅជំនាន់មួយ»។+
១៨ ក្រោយមក យេតរ៉ូជាឪពុកក្មេកម៉ូសេដែលជាសង្ឃនៅស្រុកម៉ាឌាន+ បានឮថាព្រះយេហូវ៉ាបានសង្គ្រោះម៉ូសេនិងជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប។ គាត់ក៏បានឮអំពីអ្វីទាំងអស់ដែលព្រះបានធ្វើដើម្បីជួយពួកគេដែរ។+ ២ យេតរ៉ូបានទទួលសេផូរ៉ាដែលជាប្រពន្ធម៉ូសេ មកនៅក្នុងបន្ទុកគាត់ ក្រោយពីម៉ូសេឲ្យនាងត្រឡប់មកស្រុកវិញ ៣ ជាមួយនឹងកូនប្រុសពីរនាក់។+ ម៉ូសេបានដាក់ឈ្មោះឲ្យកូនប្រុសម្នាក់ថាគើសោម*+ ព្រោះម៉ូសេបាននិយាយថា៖ «ខ្ញុំជាជនបរទេសរស់នៅក្នុងស្រុកនេះ»។ ៤ ឯកូនប្រុសម្នាក់ទៀតគាត់បានដាក់ឈ្មោះថាអេលាស៊ើរ* ព្រោះគាត់បាននិយាយថា៖ «ព្រះនៃឪពុកខ្ញុំ លោកជាជំនួយខ្ញុំ គឺលោកហើយដែលបានសង្គ្រោះខ្ញុំពីដាវរបស់ផារ៉ូ»។+
៥ ក្រោយមក យេតរ៉ូបាននាំប្រពន្ធម៉ូសេនិងចៅទាំងពីរនាក់ធ្វើដំណើរទៅជួបម៉ូសេនៅឯតំបន់ស្ងាត់ជ្រងំ។ នៅទីនោះ ម៉ូសេបានបោះជំរំនៅក្បែរភ្នំនៃព្រះពិត។+ ៦ ពេលទៅដល់ យេតរ៉ូបានឲ្យគេទៅប្រាប់ម៉ូសេថា៖ «ខ្ញុំយេតរ៉ូជាឪពុកក្មេកកូន+ បាននាំប្រពន្ធនិងកូនប្រុសទាំងពីររបស់កូនមកហើយ»។ ៧ ឮដូច្នោះ ម៉ូសេក៏ប្រញាប់ចេញទៅជួបឪពុកក្មេកភ្លាម។ ពេលឃើញឪពុក ម៉ូសេលំឱនកាយគោរព ហើយថើបគាត់។ ពួកគាត់សួរសុខទុក្ខគ្នាទៅវិញទៅមក រួចក៏ចូលទៅក្នុងត្រសាល។
៨ ម៉ូសេបានរៀបរាប់ប្រាប់ឪពុកក្មេកអំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើទៅលើផារ៉ូនិងពួកអេហ្ស៊ីប ដើម្បីរំដោះជនជាតិអ៊ីស្រាអែល។+ ម៉ូសេក៏បានប្រាប់អំពីទុក្ខលំបាកដែលពួកគេជួបប្រទះនៅតាមផ្លូវ+ និងអំពីរបៀបដែលព្រះយេហូវ៉ាបានជួយសង្គ្រោះពួកគេផងដែរ។ ៩ យេតរ៉ូរីករាយជាខ្លាំងពេលឮអំពីការល្អទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើ ដើម្បីជួយសង្គ្រោះជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប។ ១០ រួចមក យេតរ៉ូបាននិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង ព្រោះលោកបានសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃផារ៉ូ និងពីការគាបសង្កត់របស់ពួកអេហ្ស៊ីប។ ១១ ឥឡូវ ខ្ញុំដឹងច្បាស់ថាព្រះយេហូវ៉ាជាព្រះឧត្តុង្គឧត្តមជាងព្រះណាទាំងអស់+ ដោយសារអ្វីដែលលោកបានធ្វើទៅលើអស់អ្នកដែលតាំងខ្លួនប្រឆាំងនឹងរាស្ត្រលោក»។ ១២ បន្ទាប់មក យេតរ៉ូជាឪពុកក្មេកម៉ូសេបានជូនគ្រឿងបូជាដុតនិងគ្រឿងបូជាឯទៀតដល់ព្រះ។ ឯអេរ៉ុននិងបុរសចាស់ទុំទាំងអស់ ក៏នាំគ្នាមកបរិភោគអាហារជាមួយនឹងយេតរ៉ូនៅចំពោះព្រះពិតដែរ។
១៣ លុះស្អែកឡើង ម៉ូសេបានអង្គុយសម្រេចក្ដីឲ្យបណ្ដាជនដូចសព្វដង។ តាំងពីព្រឹករហូតដល់ល្ងាច តែងតែមានបណ្ដាជនមកចាំជួបម៉ូសេ។ ១៤ ពេលឪពុកក្មេកឃើញដូច្នោះ គាត់ក៏សួរម៉ូសេថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីកូនអង្គុយនៅទីនេះតែម្នាក់ឯង ហើយឲ្យបណ្ដាជនមកជួបតាំងពីព្រឹកទល់ល្ងាចបែបនេះ?»។ ១៥ ម៉ូសេឆ្លើយថា៖ «ពីព្រោះបណ្ដាជននាំគ្នាមករកខ្ញុំដើម្បីសុំការណែនាំពីព្រះ។ ១៦ ពេលមានរឿងណាមួយ ពួកគេមករកខ្ញុំ ហើយខ្ញុំត្រូវសម្រេចក្ដីឲ្យពួកគេ ព្រមទាំងឲ្យពួកគេដឹងរាល់ការសម្រេចចិត្តរបស់ព្រះនិងច្បាប់របស់លោក»។+
១៧ ឪពុកក្មេកម៉ូសេនិយាយទៅកាន់គាត់ថា៖ «អ្វីដែលកូនធ្វើនេះគឺមិនល្អទេ។ ១៨ បើកូនធ្វើតាមរបៀបនេះ ទាំងកូនទាំងបណ្ដាជនច្បាស់ជាបាក់កម្លាំងមិនខាន ព្រោះភារកិច្ចនេះធ្ងន់ពេក កូនរែកពុនម្នាក់ឯងពុំបានឡើយ។ ១៩ ឥឡូវ ពុកមានយោបល់មួយ ចូរកូនស្ដាប់ពុក ហើយព្រះនឹងឲ្យពរកូន។+ កូនជាតំណាងបណ្ដាជននៅចំពោះព្រះពិត+ ហើយកូនមានភារកិច្ចនាំរឿងក្ដីទៅជម្រាបលោក។+ ២០ កូនគួរបង្រៀនពួកគេអំពីច្បាប់និងបញ្ញត្ដិរបស់ព្រះ+ ហើយប្រាប់ពួកគេអំពីផ្លូវដែលពួកគេគួរដើរ និងអំពីកិច្ចការដែលពួកគេគួរធ្វើ។ ២១ ប៉ុន្តែ កូនគួរជ្រើសរើសបុរសមួយចំនួនដែលមានសមត្ថភាពគ្រប់គ្រាន់+ ជាអ្នកកោតខ្លាចព្រះ ជាមនុស្សគួរឲ្យទុកចិត្ត និងមិនរកកម្រៃដោយមិនទៀងត្រង់។+ ក្នុងចំណោមនោះ ចូរតែងតាំងអ្នកខ្លះឲ្យធ្វើជាមេលើ១.០០០នាក់ អ្នកខ្លះធ្វើជាមេលើ១០០នាក់ អ្នកខ្លះធ្វើជាមេលើ៥០នាក់ និងអ្នកខ្លះធ្វើជាមេលើ១០នាក់។+ ២២ ពួកគេអាចសម្រេចរឿងក្ដីតូចៗបាន តែពេលមានរឿងក្ដីធំៗ ពួកគេគួរបញ្ជូនមកឲ្យកូនសម្រេច។+ បើកូនចែករំលែកបន្ទុកខ្លះដល់ពួកគេ នោះកូននឹងបានធូរស្រាលជាង។+ ២៣ បើកូនធ្វើដូច្នេះ ហើយបើព្រះបង្គាប់កូនឲ្យធ្វើដូច្នោះដែរ នោះកូននឹងអាចបំពេញភារកិច្ចរបស់កូនតទៅទៀតបាន។ ឯបណ្ដាជនដែលមករកកូន ពួកគេអាចត្រឡប់ទៅផ្ទះវិញដោយស្កប់ចិត្ត»។
២៤ ក្រោយស្ដាប់រួច ម៉ូសេក៏ធ្វើតាមយោបល់ទាំងអស់ដែលឪពុកក្មេកបានប្រាប់។ ២៥ ដូច្នេះ ម៉ូសេបានជ្រើសរើសបុរសមួយចំនួនដែលមានសមត្ថភាពគ្រប់គ្រាន់ពីបណ្ដាជនអ៊ីស្រាអែល។ រួចមក គាត់បានតែងតាំងអ្នកខ្លះឲ្យធ្វើជាមេលើ១.០០០នាក់ អ្នកខ្លះធ្វើជាមេលើ១០០នាក់ អ្នកខ្លះធ្វើជាមេលើ៥០នាក់ និងអ្នកខ្លះធ្វើជាមេលើ១០នាក់។ ២៦ ម្ល៉ោះហើយ ពួកគេសម្រេចរឿងក្ដីតូចៗឲ្យបណ្ដាជន តែពេលមានរឿងក្ដីធំៗ ពួកគេបញ្ជូនមកឲ្យម៉ូសេសម្រេច។+ ២៧ ក្រោយមក ម៉ូសេនិងឪពុកក្មេកបានលាគ្នា+ រួចឪពុកក្មេកក៏ធ្វើដំណើរត្រឡប់ទៅស្រុកគាត់វិញ។
១៩ នៅខែទី៣ ក្រោយពីបណ្ដាជនអ៊ីស្រាអែលចាកចេញពីស្រុកអេហ្ស៊ីប ពួកគេបានធ្វើដំណើរទៅដល់តំបន់ស្ងាត់ជ្រងំស៊ីណាយ ២ គឺនៅថ្ងៃដូចគ្នាដែលពួកគេចាកចេញពីរេផិឌីម។+ ពេលពួកគេមកដល់តំបន់ស្ងាត់ជ្រងំនោះ ពួកគេបានបោះជំរំនៅទល់មុខភ្នំស៊ីណាយ។+
៣ បន្ទាប់មក ម៉ូសេបានឡើងទៅឯព្រះពិត។ រួចព្រះយេហូវ៉ាបានមានប្រសាសន៍ពីលើភ្នំ+ទៅម៉ូសេថា៖ «ចូរអ្នកទៅប្រាប់ពូជពង្សយ៉ាកុបដែលជាប្រជាជាតិអ៊ីស្រាអែលថា៖ ៤ ‹អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែករួចហើយនូវអ្វីដែលខ្ញុំបានធ្វើទៅលើជនជាតិអេហ្ស៊ីប+ ដើម្បីនាំអ្នករាល់គ្នាមកឯខ្ញុំ ដូចជាសត្វឥន្ទ្រីទ្រកូននៅលើស្លាប។+ ៥ ដូច្នេះ បើអ្នករាល់គ្នាកាន់តាមកិច្ចព្រមព្រៀងរបស់ខ្ញុំ ហើយធ្វើតាមបង្គាប់របស់ខ្ញុំឲ្យបានដិតដល់ នោះអ្នករាល់គ្នានឹងក្លាយទៅជាទ្រព្យវិសេសរបស់ខ្ញុំ ពោលគឺប្រជារាស្ត្រដែលខ្ញុំបានជ្រើសរើសពីប្រជាជាតិទាំងឡាយ+ ព្រោះផែនដីទាំងមូលជារបស់ខ្ញុំ។+ ៦ អ្នករាល់គ្នានឹងទៅជារាជាណាចក្រមួយដែលមានសង្ឃគ្រប់គ្រងជាស្ដេច និងទៅជាប្រជាជាតិបរិសុទ្ធរបស់ខ្ញុំ›។+ ពាក្យទាំងនេះហើយដែលអ្នកត្រូវប្រាប់ដល់បណ្ដាជនអ៊ីស្រាអែល»។
៧ ដូច្នេះ ម៉ូសេបានទៅអញ្ជើញពួកបុរសចាស់ទុំឲ្យមកជួបជុំគ្នា រួចគាត់ប្រាប់ពួកគេនូវប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា។+ ៨ ក្រោយពីស្ដាប់រួច បណ្ដាជនទាំងអស់បានឆ្លើយស្រុះគ្នាថា៖ «ពួកយើងព្រមធ្វើតាមប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា»។+ ភ្លាមនោះ ម៉ូសេក៏នាំពាក្យរបស់ពួកគេទៅជម្រាបព្រះយេហូវ៉ាវិញ។ ៩ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «មើល! ខ្ញុំនឹងមកឯអ្នក ហើយនិយាយមកកាន់អ្នកពីពពកក្រាស់ ដើម្បីឲ្យបណ្ដាជនឮសំឡេងខ្ញុំដែរ។ យ៉ាងនេះ ពួកគេអាចជឿជាក់លើអ្នកជានិច្ច»។ បន្ទាប់មក ម៉ូសេបានជម្រាបព្រះយេហូវ៉ានូវពាក្យសម្ដីរបស់បណ្ដាជន។
១០ ក្រោយនោះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរទៅឯបណ្ដាជន រួចញែកពួកគេជាបរិសុទ្ធនៅថ្ងៃនេះនិងថ្ងៃស្អែក ហើយត្រូវឲ្យពួកគេបោកសម្លៀកបំពាក់ខ្លួន។ ១១ ពួកគេត្រូវត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ថ្ងៃទី៣ ព្រោះនៅថ្ងៃនោះព្រះយេហូវ៉ានឹងចុះមកលើភ្នំស៊ីណាយនៅមុខពួកគេ។ ១២ នៅក្បែរភ្នំ អ្នកត្រូវដាក់ព្រំដែនសម្រាប់បណ្ដាជន ហើយប្រាប់ពួកគេថា៖ ‹ចូរប្រយ័ត្នកុំឡើងទៅលើភ្នំ ហើយក៏ត្រូវប្រយ័ត្នកុំប៉ះពាល់ឬជាន់លើជើងភ្នំជាដាច់ខាត។ បើអ្នកណាម្នាក់ប៉ះពាល់ឬជាន់លើជើងភ្នំនោះ គាត់នឹងត្រូវស្លាប់ជាមិនខាន។ ១៣ អ្នកនោះនឹងត្រូវសម្លាប់ដោយគប់នឹងដុំថ្មឬត្រូវបាញ់ទម្លុះ* តែកុំយកដៃទៅប៉ះគាត់ឲ្យសោះ។ មិនត្រូវទុកជីវិតឲ្យអ្នកបំពាននោះឡើយ ទោះជាមនុស្សឬសត្វក្ដី›។+ ប៉ុន្តែ ពេលដែលឮសំឡេងផ្លុំស្នែង*+ ពួកគេអាចចូលទៅក្បែរភ្នំនោះបាន»។
១៤ បន្ទាប់មក ម៉ូសេបានចុះទៅឯបណ្ដាជន រួចញែកពួកគេជាបរិសុទ្ធ ហើយឲ្យពួកគេបោកសម្លៀកបំពាក់ខ្លួន។+ ១៥ ម៉ូសេប្រាប់បណ្ដាជនថា៖ «ចូរត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ថ្ងៃទី៣ ហើយកុំរួមដំណេកឡើយ»។
១៦ លុះព្រឹកថ្ងៃទី៣ នៅលើភ្នំឃើញមានពពកយ៉ាងក្រាស់+ និងមានសំឡេងផ្គរលាន់ រន្ទះបាញ់ ព្រមទាំងសំឡេងផ្លុំស្នែងយ៉ាងខ្លាំងរន្ថាន់។ ពេលនោះ បណ្ដាជនទាំងអស់ចាប់ផ្ដើមភ័យញ័ររន្ធត់។+ ១៧ ឯម៉ូសេក៏នាំបណ្ដាជនចេញពីជំរំទៅជួបព្រះពិត។ រួចមក បណ្ដាជនបាននាំគ្នាឈរនៅក្បែរជើងភ្នំ។ ១៨ នៅភ្នំស៊ីណាយមានផ្សែងខ្មួលខ្មាញ់ហុយឡើងដូចជាផ្សែងចេញពីឡភ្លើង ព្រោះព្រះយេហូវ៉ាបានចុះមក+ទាំងមានភ្លើងឆេះសន្ធោសន្ធៅ។ ខណៈនោះ ភ្នំបានញ័ររញ្ជួយយ៉ាងខ្លាំង។+ ១៩ កាលដែលសំឡេងផ្លុំស្នែងឮកាន់តែខ្លាំងឡើងៗ ម៉ូសេក៏និយាយទៅកាន់ព្រះពិត ហើយលោកបន្លឺសំឡេងតបមកគាត់វិញ។
២០ ព្រះយេហូវ៉ាបានចុះមកឯកំពូលភ្នំស៊ីណាយ។ បន្ទាប់មក ព្រះយេហូវ៉ាបានហៅម៉ូសេឲ្យឡើងទៅទីនោះ រួចគាត់ក៏ឡើងទៅ។+ ២១ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរចុះទៅហាមបណ្ដាជនកុំឲ្យពួកគេសម្រុកចូលមកមើលព្រះយេហូវ៉ាជាដាច់ខាត បើមិនដូច្នោះទេ ពួកគេជាច្រើននាក់នឹងត្រូវស្លាប់ជាមិនខាន។ ២២ ឯពួកបុរសដែលតែងតែបម្រើជាសង្ឃនៅចំពោះព្រះយេហូវ៉ា ចូរឲ្យពួកគេញែកខ្លួនជាបរិសុទ្ធ ដើម្បីកុំឲ្យព្រះយេហូវ៉ាប្រហារពួកគេ»។+ ២៣ រួចម៉ូសេជម្រាបព្រះយេហូវ៉ាវិញថា៖ «បណ្ដាជនមិនអាចឡើងមកភ្នំស៊ីណាយនេះបានទេ ព្រោះលោកបានហាមយើងជាដាច់ខាត ដោយមានប្រសាសន៍ថា៖ ‹ចូរដាក់ព្រំដែនជុំវិញភ្នំនេះ ហើយញែកបរិវេណនេះជាបរិសុទ្ធ›»។+ ២៤ ប៉ុន្តែ ព្រះយេហូវ៉ាប្រាប់ម៉ូសេថា៖ «ចូរចុះទៅប្រាប់បណ្ដាជន ហើយឡើងមកវិញដោយនាំអេរ៉ុនមកជាមួយផង តែចូរហាមពួកសង្ឃនិងបណ្ដាជនកុំឲ្យពួកគេសម្រុកឡើងមកឯព្រះយេហូវ៉ាជាដាច់ខាត បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់ជាមិនខាន»។+ ២៥ ដូច្នេះ ម៉ូសេក៏ចុះទៅប្រាប់ដល់បណ្ដាជន។
២០ បន្ទាប់មក ព្រះបានមានប្រសាសន៍ដូចតទៅថា៖+
២ «ខ្ញុំយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ខ្ញុំបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប ជាស្រុកដែលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើ។+ ៣ អ្នករាល់គ្នាមិនត្រូវគោរពប្រណិប័តន៍ព្រះផ្សេងទៀតក្រៅពីខ្ញុំទេ។+
៤ «អ្នករាល់គ្នាមិនត្រូវឆ្លាក់រូបណាមួយ ឬធ្វើអ្វីណាក៏ដោយដែលមានរាងដូចអ្វីនៅលើមេឃ នៅផែនដី ឬនៅក្នុងទឹកឡើយ។+ ៥ អ្នករាល់គ្នាមិនត្រូវក្រាបគោរពឬលង់ចិត្តទៅបម្រើរូបទាំងនោះឡើយ+ ព្រោះខ្ញុំជាយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ខ្ញុំតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ។+ ចំពោះពួកអ្នកដែលស្អប់ខ្ញុំ ខ្ញុំនឹងឲ្យកូនចៅពួកគេទទួលរងផលអាក្រក់ពីកំហុសពួកគេដល់ទៅបីជំនាន់ ថែមទាំងដល់បួនជំនាន់ផង។ ៦ ចំណែកឯពួកអ្នកដែលស្រឡាញ់ខ្ញុំ ព្រមទាំងកាន់តាមបញ្ញត្ដិខ្ញុំវិញ ខ្ញុំនឹងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះពួកគេ រហូតដល់ទៅរាប់ពាន់ជំនាន់។+
៧ «អ្នករាល់គ្នាមិនត្រូវប្រើនាមព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាតាមរបៀបមិនត្រឹមត្រូវទេ+ ព្រោះព្រះយេហូវ៉ានឹងមិនលើកលែងទោសឲ្យអ្នកដែលធ្វើដូច្នោះឡើយ។+
៨ «ចូរកាន់តាមថ្ងៃឈប់សម្រាក ហើយចាត់ទុកថ្ងៃនោះជាថ្ងៃពិសិដ្ឋ។+ ៩ អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេល៦ថ្ងៃបាន+ ១០ តែនៅថ្ងៃទី៧ ជាថ្ងៃឈប់សម្រាកដើម្បីព្រះយេហូវ៉ា អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ សូម្បីតែកូនប្រុសស្រីរបស់អ្នក អ្នកបម្រើប្រុសស្រី និងសត្វរបស់អ្នក ព្រមទាំងជនបរទេសណាដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ក៏មិនត្រូវធ្វើការអ្វីដែរ។+ ១១ ព្រោះអស់៦ថ្ងៃ ព្រះយេហូវ៉ាបានបង្កើតមេឃ ផែនដី និងសមុទ្រ ព្រមទាំងរបស់សព្វសារពើដែលនៅកន្លែងទាំងនោះ រួចលោកសម្រាកនៅថ្ងៃទី៧។+ ហេតុនេះហើយបានជាព្រះយេហូវ៉ាញែកទុកថ្ងៃឈប់សម្រាកជាថ្ងៃពិសិដ្ឋ រួចឲ្យពរដល់ថ្ងៃនោះ។
១២ «ចូរអ្នករាល់គ្នាគោរពឪពុកម្ដាយ+ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅជាយូរអង្វែងក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងប្រគល់ឲ្យ។+
១៣ «អ្នករាល់គ្នាមិនត្រូវធ្វើឃាតកម្ម។+
១៤ «អ្នករាល់គ្នាមិនត្រូវផិតក្បត់។+
១៥ «អ្នករាល់គ្នាមិនត្រូវលួច។+
១៦ «ពេលធ្វើជាសាក្សី អ្នករាល់គ្នាមិនត្រូវផ្ដល់ចម្លើយមិនពិត ទាស់នឹងអ្នកឯទៀតឡើយ។+
១៧ «អ្នករាល់គ្នាមិនត្រូវប្រាថ្នាចង់បានផ្ទះគេ ប្រពន្ធគេ+ ខ្ញុំបម្រើប្រុសស្រី គោនិងលា ឬអ្វីៗក៏ដោយដែលជារបស់គេទេ»។+
១៨ នៅពេលនោះ បណ្ដាជនបានឮផ្គរលាន់ និងសំឡេងផ្លុំស្នែង ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងនៅលើភ្នំ។ ដូច្នេះ ពួកគេញាប់ញ័រ ហើយឈរនៅឆ្ងាយ។+ ១៩ រួចមក ពួកគេបាននិយាយទៅម៉ូសេថា៖ «សូមអ្នកនិយាយមកកាន់យើងចុះ យើងនឹងស្ដាប់អ្នក តែសូមកុំឲ្យព្រះមានប្រសាសន៍មកយើងអី ខ្លាចក្រែងយើងស្លាប់»។+ ២០ ម៉ូសេបានឆ្លើយថា៖ «កុំខ្លាចឡើយ! ព្រោះព្រះពិតចុះមកក្នុងបំណងល្បងលអ្នករាល់គ្នា+ ដើម្បីឲ្យអ្នករាល់គ្នាបន្តគោរពកោតខ្លាចលោក។ យ៉ាងនេះ អ្នករាល់គ្នានឹងមិនហ៊ានប្រព្រឹត្តអំពើខុសឆ្គងឡើយ»។+ ២១ ពេលនោះ បណ្ដាជននៅតែបន្តឈរពីចម្ងាយដដែល។ ឯម៉ូសេវិញ គាត់បានចូលទៅជិតពពកដ៏ក្រាស់ដែលព្រះដ៏ពិតកំពុងស្ថិតនៅ។+
២២ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «អ្នកត្រូវប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយថាខ្ញុំបាននិយាយមកកាន់អ្នករាល់គ្នាពីលើមេឃ។+ ២៣ អ្នករាល់គ្នាមិនត្រូវឆ្លាក់រូបព្រះពីមាសពីប្រាក់យកមកគោរពបូជាឡើយ ព្រោះមានតែខ្ញុំប៉ុណ្ណោះដែលអ្នករាល់គ្នាត្រូវគោរពប្រណិប័តន៍។+ ២៤ ម្យ៉ាងទៀត អ្នករាល់គ្នាត្រូវយកដីមកសង់ទីបូជាមួយឲ្យខ្ញុំ រួចដុតគ្រឿងបូជានៃមេត្រីភាព និងគ្រឿងបូជាដុតនៅលើនោះ ព្រមទាំងសត្វចៀមសត្វគោផងដែរ។ នៅទីណាដែលខ្ញុំជ្រើសរើសទុកសម្រាប់ជាសេចក្ដីរំលឹកដល់នាមរបស់ខ្ញុំ+ ខ្ញុំនឹងមកឯអ្នករាល់គ្នានៅទីនោះ ហើយឲ្យពរអ្នករាល់គ្នា។ ២៥ បើអ្នករាល់គ្នាយកថ្មមកសង់ទីបូជាឲ្យខ្ញុំ អ្នករាល់គ្នាមិនត្រូវប្រើថ្មដែលគេដាប់ទេ+ ព្រោះបើអ្នករាល់គ្នាយកពន្លាកមកដាប់ ខ្ញុំនឹងមិនទទួលយកទីបូជានោះឡើយ។ ២៦ អ្នករាល់គ្នាមិនត្រូវធ្វើកាំជណ្ដើរសម្រាប់ឡើងទៅលើទីបូជាខ្ញុំឡើយ ដើម្បីកុំឲ្យគេឃើញកេរ្តិ៍ខ្មាសរបស់អ្នករាល់គ្នា›។
២១ «ច្បាប់ដែលអ្នកត្រូវប្រាប់ដល់ជនរួមជាតិរបស់អ្នក មានដូចតទៅ៖+
២ «បើអ្នករាល់គ្នាទិញខ្ញុំបម្រើជាជនជាតិហេប្រឺ+ គាត់ត្រូវបម្រើអស់រយៈពេល៦ឆ្នាំ តែនៅឆ្នាំទី៧ គាត់នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ ដោយមិនចាំបាច់បង់អ្វីឡើយ។+ ៣ បើគាត់មកម្នាក់ឯង គាត់ត្រូវទៅវិញម្នាក់ឯង តែបើគាត់មកជាមួយប្រពន្ធ គាត់ត្រូវយកប្រពន្ធទៅជាមួយ។ ៤ ប៉ុន្តែ បើប្រពន្ធនោះជានារីដែលចៅហ្វាយគាត់រៀបការឲ្យ ហើយនាងបង្កើតបានកូនប្រុសស្រី នោះនាងនិងកូនៗនឹងទៅជារបស់ចៅហ្វាយ។ ខ្ញុំបម្រើនោះត្រូវចេញទៅតែម្នាក់ឯងប៉ុណ្ណោះ។+ ៥ ប៉ុន្តែ បើគាត់ទទូចថា៖ ‹ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ និងប្រពន្ធកូនខ្ញុំ ខ្ញុំមិនចង់ចេញទៅទេ›+ ៦ នោះចៅហ្វាយត្រូវនាំគាត់ទៅឯព្រះពិត។ បន្ទាប់មក ចៅហ្វាយឲ្យគាត់ឈរផ្អឹបនឹងទ្វារឬបង្គោលទ្វារ រួចយកដែកចោះមកចោះត្រចៀកគាត់ នោះគាត់នឹងនៅបម្រើចៅហ្វាយអស់មួយជីវិត។
៧ «បើឪពុកម្នាក់លក់កូនស្រីខ្លួនឲ្យធ្វើជាខ្ញុំបម្រើគេ នោះនាងនឹងមិនចេញទៅដូចជាខ្ញុំបម្រើប្រុសទេ។ ៨ បើចៅហ្វាយមិនពេញចិត្តនឹងនាង ហើយមិនយកនាងធ្វើជាប្រពន្ធបន្ទាប់ រួចលក់នាងឲ្យអ្នកឯទៀត* នោះគាត់បានក្បត់នាងហើយ។ គាត់មិនអាចលក់នាងទៅឲ្យជនបរទេសបានទេ។ ៩ បើគាត់លើកនាងឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសគាត់ គាត់ត្រូវផ្ដល់សិទ្ធិឲ្យនាងដូចជាកូនស្រីខ្លួនដែរ។ ១០ បើគាត់*យកប្រពន្ធមួយទៀត គាត់នៅតែត្រូវផ្ដល់អាហារ និងសម្លៀកបំពាក់ដល់ប្រពន្ធទី១ ថែមទាំងបំពេញករណីយកិច្ច+ចំពោះនាងផងដែរ។ ១១ ប៉ុន្តែ បើគាត់មិនផ្ដល់អ្វីបីយ៉ាងនេះដល់នាងទេ នោះនាងអាចចេញទៅដោយមិនចាំបាច់បង់ប្រាក់ឡើយ។
១២ «បើមនុស្សម្នាក់វាយសម្លាប់មនុស្សម្នាក់ទៀត អ្នកនោះនឹងទទួលទោសដល់ជីវិត។+ ១៣ ប៉ុន្តែ បើគាត់សម្លាប់គេដោយអចេតនា ហើយព្រះពិតអនុញ្ញាតឲ្យកើតឡើង នោះខ្ញុំនឹងរៀបចំកន្លែងមួយដើម្បីឲ្យគាត់អាចរត់ទៅបាន។+ ១៤ បើមនុស្សម្នាក់ខឹងនឹងមនុស្សម្នាក់ទៀត ហើយសម្លាប់គាត់ដោយចេតនា+ អ្នកនោះនឹងទទួលទោសដល់ជីវិត ទោះជាគាត់រត់ទៅឯទីបូជារបស់ខ្ញុំក៏ដោយ។+ ១៥ អ្នកណាដែលវាយឪពុកឬម្ដាយខ្លួន អ្នកនោះនឹងទទួលទោសដល់ជីវិត។+
១៦ «បើអ្នកណាម្នាក់ចាប់បុគ្គលម្នាក់+យកទៅលក់ឬឃុំទុក+ អ្នកនោះនឹងទទួលទោសដល់ជីវិត។+
១៧ «បើអ្នកណាម្នាក់ជេរប្រមាថឪពុកឬម្ដាយខ្លួន អ្នកនោះនឹងត្រូវស្លាប់។+
១៨ «ពេលមានជម្លោះ បើមនុស្សម្នាក់ដាល់*គេឲ្យរបួសធ្ងន់ឬយកថ្មទៅវាយគេ តែមិនដល់ថ្នាក់ស្លាប់ទេ គ្រាន់តែក្រោកពីគ្រែមិនរួច អ្នកវាយគេនោះត្រូវធ្វើដូចតទៅ៖ ១៩ បើអ្នករងរបួសអាចក្រោកដើរបានដោយប្រើឈើច្រត់ នោះអ្នកវាយគេនឹងមិនទទួលទោសទេ។ ក្នុងអំឡុងពេលដែលអ្នករងរបួសមិនអាចធ្វើការបាន គាត់ត្រូវបង់ប្រាក់សំណងដល់អ្នកនោះ រហូតដល់អ្នកនោះជាសះស្បើយឡើងវិញ។
២០ «បើចៅហ្វាយម្នាក់វាយខ្ញុំបម្រើប្រុសឬខ្ញុំបម្រើស្រីនឹងដំបង ហើយខ្ញុំបម្រើនោះស្លាប់ ចៅហ្វាយនោះនឹងទទួលទោស។+ ២១ ប៉ុន្តែ បើខ្ញុំបម្រើនោះនៅរស់បានមួយថ្ងៃឬពីរថ្ងៃ ចៅហ្វាយនោះនឹងមិនទទួលទោសទេ ព្រោះខ្ញុំបម្រើនោះជាកម្មសិទ្ធិរបស់គាត់។
២២ «បើមានអ្នកណាប្រតាយប្រតប់គ្នា ហើយប៉ះទង្គិចស្ត្រីដែលមានផ្ទៃពោះ ធ្វើឲ្យនាងសម្រាលកូនមុនកំណត់+ តែគ្មានគ្រោះថ្នាក់ដល់នាងឬកូនទេ នោះអ្នកបង្កនោះត្រូវសងជំងឺចិត្តតាមការទាមទាររបស់ប្ដីនាង ហើយស្របតាមការសម្រេចរបស់ពួកចៅក្រម។+ ២៣ ប៉ុន្តែ បើមានគ្រោះថ្នាក់ដល់ជីវិត នោះត្រូវសងជីវិតនឹងជីវិត+ ២៤ ភ្នែកសងនឹងភ្នែក ធ្មេញសងនឹងធ្មេញ ដៃសងនឹងដៃ ជើងសងនឹងជើង+ ២៥ រលាកសងនឹងរលាក របួសសងនឹងរបួស ជាំសងនឹងជាំ។
២៦ «បើចៅហ្វាយម្នាក់វាយខ្ញុំបម្រើប្រុសឬខ្ញុំបម្រើស្រីឲ្យខ្វាក់ភ្នែក គាត់ត្រូវឲ្យខ្ញុំបម្រើនោះមានសេរីភាពឡើងវិញ ដោយសារតែភ្នែកនោះ។+ ២៧ បើចៅហ្វាយនោះវាយខ្ញុំបម្រើប្រុសឬខ្ញុំបម្រើស្រីឲ្យបាក់ធ្មេញ គាត់ត្រូវឲ្យខ្ញុំបម្រើនោះមានសេរីភាពឡើងវិញ ដោយសារតែធ្មេញនោះ។
២៨ «បើគោមួយជល់អ្នកណាម្នាក់ស្លាប់ នោះត្រូវយកដុំថ្មគប់សម្លាប់គោនោះ+ ហើយមិនត្រូវបរិភោគសាច់វាឡើយ។ ឯម្ចាស់គោ គាត់នឹងមិនទទួលទោសទេ។ ២៩ ប៉ុន្តែ បើគោមួយតែងតែដើរជល់គេ ហើយមានគេមកប្រាប់ម្ចាស់វា តែម្ចាស់មិនយកចិត្តទុកដាក់មើលវា ហើយក្រោយមកគោនោះជល់អ្នកណាម្នាក់ស្លាប់ នោះត្រូវយកដុំថ្មគប់សម្លាប់គោនោះចោលទៅ។ ឯម្ចាស់ ក៏ត្រូវទទួលទោសដល់ជីវិតដែរ។ ៣០ បើគេតម្រូវឲ្យម្ចាស់គោបង់ប្រាក់ដើម្បីលោះជីវិតខ្លួន នោះគាត់ត្រូវបង់តាមតម្លៃដែលគេតម្រូវឲ្យបង់។ ៣១ ទោះជាគោនោះជល់ក្មេងប្រុសឬក្មេងស្រីក្ដី ក៏ត្រូវធ្វើដូច្នោះចំពោះម្ចាស់គោនោះស្របទៅតាមច្បាប់នេះដែរ។ ៣២ បើគោនោះជល់ខ្ញុំបម្រើប្រុសឬខ្ញុំបម្រើស្រី ម្ចាស់គោត្រូវបង់ប្រាក់៣០ហ្សេគិល*ដល់ចៅហ្វាយរបស់ខ្ញុំបម្រើនោះ ហើយគោនោះនឹងត្រូវគេគប់ដុំថ្មសម្លាប់។
៣៣ «បើអ្នកណាជីករណ្ដៅ រួចទុកចោលដោយឥតបានគ្រប ហើយមានគោឬលាធ្លាក់ចូល ៣៤ នោះអ្នកជីករណ្ដៅត្រូវសងតម្លៃសត្វដល់ម្ចាស់វិញ+ ហើយសត្វដែលងាប់នោះនឹងបានជារបស់អ្នកជីករណ្ដៅ។ ៣៥ បើគោរបស់អ្នកណាម្នាក់ជល់គោរបស់អ្នកឯទៀតដល់ងាប់ នោះម្ចាស់គោរស់ត្រូវលក់គោនោះយកប្រាក់មកចែកជាមួយនឹងម្ចាស់គោងាប់។ ចំណែកគោដែលងាប់ ពួកគេក៏ត្រូវចែកគ្នាដែរ។ ៣៦ បើម្ចាស់គោដឹងថាគោខ្លួនមានទម្លាប់ជល់គេ តែគាត់បែរជាមិនយកចិត្តទុកដាក់មើលវាទេ ហើយក្រោយមកបើគោនោះជល់គោរបស់គេងាប់ នោះគាត់ត្រូវសងគោជំនួសគោវិញ។ ឯគោដែលងាប់នោះ នឹងបានជារបស់គាត់។
២២ «បើអ្នកណាម្នាក់លួចគោឬចៀមគេយកទៅសម្លាប់ឬលក់ អ្នកនោះត្រូវសងគោប្រាំជំនួសគោមួយ ហើយចៀមបួនជំនួសចៀមមួយ។+
២ («បើគេទាន់ចោរ+កំពុងគាស់ផ្ទះចូល ហើយវាយសម្លាប់ចោរនោះ អ្នកនោះនឹងគ្មានទោសចំពោះឈាមរបស់ចោរនោះទេ។ ៣ ប៉ុន្តែ បើរឿងនោះកើតឡើងក្រោយថ្ងៃរះ អ្នកនោះនឹងមានទោសចំពោះឈាមរបស់ចោរនោះវិញ)។
«ចោរនោះត្រូវសងគេ តែបើគ្មានអ្វីសងទេ គេត្រូវលក់គាត់ដើម្បីយកប្រាក់មកសងអ្វីដែលគាត់បានលួចនោះ។ ៤ បើគេរកឃើញសត្វដែលគាត់លួចយកទៅនោះនៅរស់ ទោះជាគោឬលាឬចៀមក្ដី គាត់ត្រូវសងមួយជាពីរវិញ។
៥ «បើអ្នកណាម្នាក់លែងសត្វឲ្យស៊ីផលដំណាំនៅឯស្រែឬចម្ការទំពាំងបាយជូរ ហើយបណ្ដោយឲ្យវាស៊ីនៅស្រែចម្ការរបស់អ្នកឯទៀត នោះម្ចាស់សត្វត្រូវសងផលដំណាំល្អបំផុតពីស្រែចម្ការរបស់ខ្លួនដល់គេវិញ។
៦ «បើអ្នកណាម្នាក់បង្កាត់ភ្លើង ហើយដុតគុម្ពបន្លា រួចឆេះរាលដាលទៅដល់កណ្ដាប់ស្រូវ ឬកួរស្រូវ ឬផលដំណាំរបស់គេ អ្នកដុតនោះត្រូវសងចំពោះអ្វីដែលគាត់បានធ្វើឲ្យឆេះនោះ។
៧ «បើអ្នកណាម្នាក់ផ្ញើប្រាក់ឬរបស់របរនឹងអ្នកឯទៀត ហើយមានចោរលួចពីផ្ទះអ្នកនោះទៅ បើគេចាប់ចោរនោះបាន ចោរត្រូវសងមួយជាពីរ។+ ៨ ប៉ុន្តែ បើគេរកចោរនោះមិនឃើញទេ គេត្រូវនាំអ្នកទទួលបញ្ញើនោះទៅឈរនៅចំពោះព្រះពិត+ ដើម្បីសម្រេចថាគាត់ពិតជាមិនបានយករបស់នោះទុកជាកម្មសិទ្ធិរបស់ខ្លួនមែន។ ៩ បើអ្នកណាម្នាក់ចោទប្រកាន់បុគ្គលម្នាក់ថាបានលាក់ទុកអ្វីដែលមិនមែនជារបស់គាត់ ទោះជាគោ លា ចៀម សម្លៀកបំពាក់ ឬអ្វីណាក៏ដោយ នោះពួកគេត្រូវទៅឈរនៅចំពោះព្រះពិត ដើម្បីសម្រេចថាអ្នកណាជាម្ចាស់ពិត។+ ឯអ្នកណាដែលព្រះសម្រេចថាមានទោស អ្នកនោះត្រូវសងមួយជាពីរ។+
១០ «បើអ្នកណាម្នាក់ផ្ញើលាឬគោឬចៀមឬសត្វណាមួយទុកនឹងបុគ្គលម្នាក់ តែក្រោយមកសត្វនោះងាប់ឬរបួសធ្ងន់ឬត្រូវគេចាប់យកទៅ ១១ នោះពួកគេត្រូវទៅជួបពួកចៅក្រម ហើយអ្នកទទួលបញ្ញើនោះត្រូវស្បថនៅចំពោះព្រះយេហូវ៉ាថាគាត់មិនបានយករបស់នោះទេ។ ក្រោយមក អ្នកផ្ញើត្រូវយល់ព្រម ហើយអ្នកទទួលបញ្ញើមិនចាំបាច់សងឡើយ។+ ១២ ប៉ុន្តែ បើសត្វនោះត្រូវគេលួច អ្នកទទួលបញ្ញើត្រូវសងដល់អ្នកផ្ញើវិញ។ ១៣ បើសត្វនោះត្រូវសត្វសាហាវហែកស៊ី ហើយអ្នកទទួលបញ្ញើមានភ័ស្តុតាង នោះគាត់មិនចាំបាច់សងទេ។
១៤ «បើអ្នកណាម្នាក់ខ្ចីសត្វពីបុគ្គលម្នាក់ ហើយក្រោយមកសត្វនោះមានរបួសធ្ងន់ឬងាប់កាលដែលម្ចាស់សត្វមិននៅជាមួយ នោះអ្នកដែលខ្ចីត្រូវសងដល់ម្ចាស់វិញ។ ១៥ ប៉ុន្តែ បើម្ចាស់សត្វនៅជាមួយ អ្នកខ្ចីមិនចាំបាច់សងទេ។ ក្នុងករណីដែលសត្វនោះត្រូវគេជួល នោះប្រាក់ឈ្នួលជាតម្លៃសំណងនោះហើយ។
១៦ «ក្នុងករណីស្រីក្រមុំបរិសុទ្ធដែលមិនទាន់មានគេដណ្ដឹង បើមានបុរសណាម្នាក់លួងលោមនាងឲ្យរួមដំណេកនឹងគាត់ បុរសនោះត្រូវបង់ថ្លៃបណ្ដាការ ហើយគាត់ត្រូវយកនាងធ្វើជាប្រពន្ធ។+ ១៧ ប៉ុន្តែ បើឪពុកនាងបដិសេធដាច់ខាតមិនឲ្យនាងទៅគាត់ទេ នោះគាត់ត្រូវបង់តាមថ្លៃបណ្ដាការរបស់ស្រីក្រមុំវិញ។
១៨ «អ្នករាល់គ្នាមិនត្រូវទុកជីវិតឲ្យស្ត្រីដែលជាគ្រូធ្មប់ឡើយ។+
១៩ «បើអ្នកណាម្នាក់រួមសង្វាសនឹងសត្វ ត្រូវសម្លាប់អ្នកនោះជាមិនខាន។+
២០ «បើអ្នកណាជូនគ្រឿងបូជាដល់ព្រះផ្សេងក្រៅពីព្រះយេហូវ៉ា ត្រូវប្រហារជីវិតអ្នកនោះ។+
២១ «អ្នករាល់គ្នាមិនត្រូវធ្វើបាបជនបរទេស ឬសង្កត់សង្កិនពួកគេឡើយ+ ព្រោះអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេហ្ស៊ីបដែរ។+
២២ «អ្នករាល់គ្នាមិនត្រូវធ្វើបាបស្ត្រីមេម៉ាយឬកូនកំព្រាឡើយ។+ ២៣ បើអ្នករាល់គ្នាធ្វើបាបពួកគេ ហើយពួកគេស្រែកសុំជំនួយពីខ្ញុំ នោះខ្ញុំនឹងឮសម្រែករបស់ពួកគេមិនខាន+ ២៤ ហើយខ្ញុំនឹងខឹងអ្នករាល់គ្នាជាខ្លាំង រួចខ្ញុំនឹងប្រហារអ្នករាល់គ្នា ហើយប្រពន្ធអ្នករាល់គ្នានឹងទៅជាមេម៉ាយ កូនអ្នករាល់គ្នានឹងទៅជាកូនកំព្រាដែរ។
២៥ «បើអ្នករាល់គ្នាឲ្យជនក្រីក្រដែលជារាស្ត្រខ្ញុំខ្ចីប្រាក់ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តដូចជាម្ចាស់បំណុលទេ គឺមិនត្រូវយកការប្រាក់ពីពួកគេឡើយ។+
២៦ «បើអ្នករាល់គ្នាទទួលបញ្ចាំសម្លៀកបំពាក់+ អ្នករាល់គ្នាត្រូវប្រគល់ឲ្យម្ចាស់វិញមុនថ្ងៃលិច។ ២៧ ព្រោះគាត់មានតែសម្លៀកបំពាក់នោះប៉ុណ្ណោះ សម្រាប់ដណ្ដប់នៅពេលយប់ដើម្បីកក់ក្ដៅ។+ បើគាត់ស្រែកសុំជំនួយពីខ្ញុំ នោះខ្ញុំនឹងឮជាមិនខាន ព្រោះខ្ញុំមានចិត្តអាណិតអាសូរ។+
២៨ «អ្នករាល់គ្នាមិនត្រូវជេរប្រមាថព្រះ+ឬមេដឹកនាំនៃប្រជាជាតិរបស់អ្នករាល់គ្នាឡើយ។+
២៩ «អ្នករាល់គ្នាមិនត្រូវស្ទាក់ស្ទើរជូនគ្រឿងបូជាដល់ខ្ញុំពីផលដំណាំ ស្រាទំពាំងបាយជូរ និងប្រេងអូលីវ ជាភោគផលដែលអ្នករាល់គ្នាមានយ៉ាងបរិបូរនោះឡើយ។+ ឯកូនច្បងរបស់អ្នករាល់គ្នាវិញ ក៏ត្រូវប្រគល់ឲ្យដល់ខ្ញុំដែរ។+ ៣០ ចំណែកកូនគោឬកូនចៀម+ អ្នករាល់គ្នាត្រូវទុកឲ្យនៅជាមួយនឹងមេវាក្នុងរយៈពេល៧ថ្ងៃ តែនៅថ្ងៃទី៨ អ្នករាល់គ្នាត្រូវយកមកជូនខ្ញុំ។+
៣១ «អ្នករាល់គ្នាត្រូវធ្វើជារាស្ត្របរិសុទ្ធរបស់ខ្ញុំ+ ហើយអ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលត្រូវសត្វសាហាវហែកស៊ីនៅឯវាលនោះឡើយ+ តែអ្នករាល់គ្នាត្រូវបោះសាច់នោះឲ្យឆ្កែស៊ីវិញ។
២៣ «អ្នករាល់គ្នាមិនត្រូវផ្សព្វផ្សាយរឿងមិនពិត+ ហើយមិនត្រូវចូលដៃជាមួយនឹងមនុស្សអាក្រក់ ដោយធ្វើជាសាក្សីក្នុងបំណងធ្វើបាបអ្នកឯទៀតនោះឡើយ។+ ២ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តអាក្រក់តាមមនុស្សភាគច្រើននោះទេ។ ពេលធ្វើជាសាក្សី អ្នករាល់គ្នាក៏មិនត្រូវនិយាយមិនពិតតាមពួកមានគ្នាច្រើនដែរ ព្រោះបើធ្វើដូច្នោះ អ្នកបង្វែរយុត្តិធម៌ហើយ។ ៣ ពេលកាត់ក្ដីឲ្យពួកអ្នកក្រ អ្នករាល់គ្នាមិនត្រូវលម្អៀងឡើយ។+
៤ «បើអ្នករាល់គ្នាឃើញគោឬលារបស់សត្រូវវង្វេងផ្លូវ អ្នកត្រូវនាំវាយកទៅឲ្យម្ចាស់វិញ។+ ៥ បើអ្នករាល់គ្នាឃើញសត្វលារបស់បុគ្គលដែលស្អប់អ្នករាល់គ្នា ទន់ជង្គង់ដួលដោយសារមានបន្ទុកធ្ងន់ អ្នកមិនត្រូវធ្វើព្រងើយ រួចដើរចេញទៅឡើយ។ អ្នករាល់គ្នាត្រូវជួយអ្នកនោះដោះបន្ទុកពីលើខ្នងលារបស់គាត់។+
៦ «ពេលសម្រេចក្ដីឲ្យពួកអ្នកក្រីក្រ អ្នករាល់គ្នាមិនត្រូវសម្រេចក្ដីដោយអយុត្តិធម៌ឡើយ។+
៧ «ពេលមានការចោទប្រកាន់មិនពិត កុំចូលដៃជាមួយនឹងគេឡើយ។ កុំសម្លាប់ជនគ្មានទោសនិងជនសុចរិតឲ្យសោះ ព្រោះខ្ញុំនឹងមិនចាត់ទុកមនុស្សទុច្ចរិតថាជាមនុស្សសុចរិតឡើយ។+
៨ «អ្នករាល់គ្នាមិនត្រូវទទួលសំណូកឡើយ ព្រោះសំណូកអាចបំបិទភ្នែកចៅក្រម ហើយធ្វើឲ្យមនុស្សសុចរិតក្រឡាស់ពាក្យសម្ដីខ្លួន។+
៩ «អ្នករាល់គ្នាមិនត្រូវគាបសង្កត់ជនបរទេសឡើយ ព្រោះអ្នករាល់គ្នាយល់អារម្មណ៍នោះហើយ ដោយសារអ្នកក៏ធ្លាប់ជាជនបរទេសនៅស្រុកអេហ្ស៊ីបដែរ។+
១០ «ក្នុងអំឡុង៦ឆ្នាំ អ្នករាល់គ្នាអាចសាបព្រោះ ហើយប្រមូលផលពីស្រែចម្ការបាន។+ ១១ ប៉ុន្តែ នៅឆ្នាំទី៧ អ្នករាល់គ្នាមិនត្រូវសាបព្រោះទេ តែត្រូវទុកឲ្យស្រែចម្ការដុះឯង។ យ៉ាងនេះ ពួកអ្នកក្រីក្រអាចបរិភោគផលពីនោះ ហើយអ្វីដែលនៅសល់ សត្វព្រៃអាចស៊ីបាន។ អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នេះចំពោះចម្ការទំពាំងបាយជូរនិងចម្ការអូលីវរបស់អ្នកដែរ។
១២ «អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេល៦ថ្ងៃបាន តែនៅថ្ងៃទី៧ អ្នករាល់គ្នាត្រូវផ្អាកពីការងារ ដើម្បីឲ្យសត្វគោសត្វលាបានសម្រាក ថែមទាំងឲ្យពួកខ្ញុំបម្រើនិងជនបរទេសអាចមានកម្លាំងឡើងវិញ។+
១៣ «អ្នករាល់គ្នាត្រូវធ្វើតាមបង្គាប់ទាំងអស់របស់ខ្ញុំឲ្យបានហ្មត់ចត់+ ហើយអ្នករាល់គ្នាមិនត្រូវហៅរកព្រះឯទៀតឡើយ។ ឯឈ្មោះរបស់ព្រះទាំងនោះ ក៏មិនត្រូវចេញពីមាត់អ្នកដែរ។+
១៤ «ក្នុងមួយឆ្នាំ អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យជូនខ្ញុំបីដង។+ ១៥ ពិធីបុណ្យទី១ គឺបុណ្យនំប៉័ងឥតដំបែ។+ នៅពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែ៧ថ្ងៃ ដូចខ្ញុំបានបង្គាប់និងកំណត់ទុកពីមុន គឺក្នុងខែអាប៊ីប*+ ជាវេលាដែលអ្នករាល់គ្នាបានចេញពីស្រុកអេហ្ស៊ីប។ អ្នករាល់គ្នាមិនត្រូវមកឯខ្ញុំដោយដៃទទេឡើយ។+ ១៦ ពិធីបុណ្យទី២ គឺបុណ្យអាទិត្យទី៧* ជាពេលដែលអ្នកប្រមូលផលដំបូងពីស្រែចម្ការ។+ ពិធីបុណ្យទី៣ គឺបុណ្យប្រមូលផល*ដែលធ្វើឡើងនៅចុងឆ្នាំ ជាពេលដែលអ្នកប្រមូលផលចុងក្រោយពីស្រែចម្ការ។+ ១៧ មួយឆ្នាំបីដង ពួកបុរសទាំងអស់ត្រូវទៅបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាជាម្ចាស់ដ៏ពិត។+
១៨ «អ្នករាល់គ្នាមិនត្រូវជូនខ្ញុំនូវអ្វីដែលមានដំបែជាមួយនឹងឈាមនៃគ្រឿងបូជាទេ។ រីឯខ្លាញ់នៃគ្រឿងបូជាដែលអ្នករាល់គ្នាជូនដល់ខ្ញុំនៅថ្ងៃបុណ្យ នោះមិនត្រូវទុកដល់ព្រឹកស្អែកឡើយ។
១៩ «អ្នករាល់គ្នាត្រូវយកភោគផលដំបូងដ៏ល្អបំផុតពីស្រែចម្ការ មកជូនព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅឯដំណាក់លោក។+
«អ្នករាល់គ្នាមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។+
២០ «ខ្ញុំនឹងចាត់ទេវតាមួយរូបឲ្យទៅមុនអ្នករាល់គ្នា+ ដើម្បីការពារអ្នករាល់គ្នានៅតាមផ្លូវ ហើយនាំអ្នករាល់គ្នាទៅដល់កន្លែងដែលខ្ញុំបានរៀបចំទុក។+ ២១ អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ស្ដាប់បង្គាប់គាត់ឲ្យបានដិតដល់។ កុំបះបោរប្រឆាំងនឹងគាត់ឡើយ ព្រោះគាត់នឹងមិនអនុគ្រោះឲ្យអ្នករាល់គ្នាទេ+ ដោយសារគាត់ជាតំណាងនាមខ្ញុំ។ ២២ បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់បង្គាប់គាត់ ព្រមទាំងធ្វើតាមពាក្យសម្ដីទាំងអស់របស់ខ្ញុំ នោះខ្ញុំនឹងតតាំងនឹងសត្រូវរបស់អ្នករាល់គ្នា ហើយប្រឆាំងនឹងអស់អ្នកដែលប្រឆាំងអ្នករាល់គ្នា។ ២៣ ព្រោះទេវតារបស់ខ្ញុំនឹងទៅមុនអ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាទៅឯជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ ពេលនោះ ខ្ញុំនឹងបំផ្លាញពួកគេឲ្យសាបសូន្យទៅ។+ ២៤ អ្នករាល់គ្នាមិនត្រូវក្រាបគោរពបណ្ដាព្រះរបស់ពួកគេឡើយ ហើយក៏កុំចុះចាញ់ការទាក់ទាញឲ្យទៅបម្រើព្រះទាំងនោះដែរ។ បន្ថែមទៅទៀត អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តតាមពួកគេឡើយ។+ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំបាក់បំបែករូបព្រះរបស់ពួកគេ ថែមទាំងបំផ្លិចបំផ្លាញបង្គោលថ្មពិសិដ្ឋរបស់ពួកគេផងដែរ។+ ២៥ អ្នករាល់គ្នាត្រូវបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក+ ហើយលោកនឹងឲ្យពរជាអាហារនិងទឹកដល់អ្នករាល់គ្នា+ ព្រមទាំងមិនឲ្យជំងឺមកបៀតបៀនអ្នករាល់គ្នាឡើយ។+ ២៦ ឯពួកស្ត្រីដែលនៅក្នុងស្រុកអ្នករាល់គ្នា ពួកគេនឹងមិនរលូតកូនឬទៅជាស្រីអារឡើយ។+ ខ្ញុំនឹងឲ្យអ្នករាល់គ្នាមានអាយុវែង។
២៧ «មុនអ្នករាល់គ្នាទៅដល់ ជនជាតិនានានឹងឮអំពីខ្ញុំ ហើយញ័ររន្ធត់។+ ខ្ញុំនឹងធ្វើឲ្យពួកគេមានភាពចលាចល ហើយខ្ញុំនឹងធ្វើឲ្យពួកសត្រូវរត់គេចពីអ្នករាល់គ្នា។+ ២៨ កាលដែលអ្នករាល់គ្នាមិនទាន់ទៅដល់ ខ្ញុំនឹងធ្វើឲ្យសត្រូវរបស់អ្នកស្រយុតចិត្ត+ ហើយខ្ញុំនឹងបណ្ដេញជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេតចេញពីមុខអ្នករាល់គ្នា។+ ២៩ ប៉ុន្តែ ខ្ញុំនឹងមិនបណ្ដេញពួកគេចេញឲ្យអស់ក្នុងមួយឆ្នាំទេ ដើម្បីកុំឲ្យទឹកដីនោះទៅជាស្ងាត់ជ្រងំ បណ្ដាលឲ្យមានសត្វព្រៃកាន់តែច្រើន មកធ្វើទុក្ខដល់អ្នករាល់គ្នា។+ ៣០ ខ្ញុំនឹងបណ្ដេញពួកគេចេញបន្តិចម្ដងៗ រហូតដល់អ្នករាល់គ្នាបង្កើតកូនជាច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះបាន។+
៣១ «ខ្ញុំនឹងកំណត់ព្រំប្រទល់ទឹកដីរបស់អ្នករាល់គ្នា ចាប់ពីសមុទ្រក្រហមទៅដល់សមុទ្រមេឌីទែរ៉ានេ* ហើយចាប់ពីតំបន់ស្ងាត់ជ្រងំទៅដល់ទន្លេអឺប្រាត។+ ព្រោះខ្ញុំនឹងប្រគល់អ្នកស្រុកទាំងនោះក្នុងកណ្ដាប់ដៃអ្នករាល់គ្នា រួចអ្នករាល់គ្នានឹងបណ្ដេញពួកគេចេញពីទឹកដីទាំងនោះទៅ។+ ៣២ អ្នករាល់គ្នាមិនត្រូវធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកគេ ឬបណ្ដាព្រះរបស់ពួកគេឡើយ។+ ៣៣ អ្នករាល់គ្នាមិនត្រូវឲ្យពួកគេរស់នៅក្នុងស្រុកជាមួយនឹងអ្នករាល់គ្នាឡើយ ដើម្បីកុំឲ្យពួកគេនាំអ្នករាល់គ្នាប្រព្រឹត្តអំពើខុសឆ្គងប្រឆាំងនឹងខ្ញុំ។ បើអ្នករាល់គ្នាគោរពបម្រើព្រះរបស់ពួកគេ នោះអ្នករាល់គ្នាមុខជាជាប់អន្ទាក់ពួកគេហើយ»។+
២៤ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរអ្នកឡើងមកឯខ្ញុំដោយនាំអេរ៉ុន ណាដាប និងអាបាយហ៊ូ+ ព្រមទាំងបុរសចាស់ទុំអ៊ីស្រាអែល៧០នាក់មកជាមួយផង ហើយចូរក្រាបគោរពខ្ញុំពីចម្ងាយ។ ២ មានតែអ្នកប៉ុណ្ណោះដែលអាចចូលមកជិតខ្ញុំជាយេហូវ៉ា។ រីឯអ្នកផ្សេងទៀតមិនត្រូវចូលមកជិតខ្ញុំឡើយ ហើយបណ្ដាជនក៏មិនត្រូវឡើងមកដែរ»។+
៣ ស្ដាប់រួច ម៉ូសេបានទៅប្រាប់បណ្ដាជននូវប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា និងច្បាប់ទាំងប៉ុន្មានរបស់លោក។+ ពេលនោះ បណ្ដាជនបានឆ្លើយស្រុះគ្នាថា៖ «យើងខ្ញុំព្រមធ្វើតាមបង្គាប់ទាំងអស់របស់ព្រះយេហូវ៉ា»។+ ៤ ដូច្នេះ ម៉ូសេបានកត់ទុកនូវប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា។+ លុះព្រឹកឡើង ម៉ូសេបានក្រោកពីព្រលឹម ហើយសង់ទីបូជាមួយនៅជើងភ្នំ ព្រមទាំងសង់បង្គោល១២សម្រាប់រំលឹកនៅទីនោះ តាមចំនួនកុលសម្ព័ន្ធទាំង១២នៃអ៊ីស្រាអែល។ ៥ ក្រោយមក ម៉ូសេបានចាត់ពួកយុវជនអ៊ីស្រាអែលឲ្យទៅជូនគ្រឿងបូជាដុត និងជូនគោជាគ្រឿងបូជានៃមេត្រីភាព+ដល់ព្រះយេហូវ៉ា។ ៦ បន្ទាប់មក ម៉ូសេបានយកឈាមនៃសត្វដែលបានត្រូវជូនជាគ្រឿងបូជា គឺយកឈាមពាក់កណ្ដាលទៅដាក់ក្នុងផើង ឯឈាមពាក់កណ្ដាលទៀត គាត់បានយកទៅប្រោះនៅលើទីបូជា។ ៧ រួចមក គាត់បានយកសៀវភៅនៃកិច្ចព្រមព្រៀង*មកអានឮៗឲ្យបណ្ដាជនស្ដាប់។+ ស្ដាប់រួច ពួកគេបានឆ្លើយថា៖ «យើងខ្ញុំព្រមធ្វើតាមប្រសាសន៍ទាំងអស់របស់ព្រះយេហូវ៉ា»។+ ៨ ដូច្នេះ ម៉ូសេបានយកឈាមនោះមកប្រោះលើបណ្ដាជន+ រួចនិយាយថា៖ «តាមរយៈឈាមនេះ កិច្ចព្រមព្រៀងរវាងព្រះយេហូវ៉ានិងអ្នករាល់គ្នាមានសុពលភាព។ កិច្ចព្រមព្រៀងនេះមានមូលដ្ឋានលើបង្គាប់ទាំងអស់នេះដែលអ្នករាល់គ្នាបានឮ»។+
៩ បន្ទាប់ពីនោះ ម៉ូសេក៏ឡើងទៅលើភ្នំ ហើយអេរ៉ុន ណាដាប និងអាបាយហ៊ូ ព្រមទាំងបុរសចាស់ទុំនៃអ៊ីស្រាអែល៧០នាក់ក៏ទៅជាមួយដែរ។ ១០ ពេលទៅដល់ ពួកគេបានឃើញព្រះនៃជនជាតិអ៊ីស្រាអែល+ ហើយនៅក្រោមជើងលោក មើលទៅឃើញដូចជាកម្រាលធ្វើពីត្បូងកណ្ដៀង ដែលមានពណ៌ខៀវភ្លឺត្រចះដូចផ្ទៃមេឃ។+ ១១ កាលដែលពួកមេដឹកនាំទាំងនោះបានឃើញព្រះពិតក្នុងគំនិត ពួកគេកំពុងបរិភោគហើយផឹក។ ទោះជាពួកគេបានឃើញលោកក្ដី លោកមិនបានប្រហារពួកគេទេ។+
១២ ក្រោយមក ព្រះយេហូវ៉ាបានប្រាប់ម៉ូសេថា៖ «ចូរឡើងភ្នំមកឯខ្ញុំ ហើយនៅទីនេះ។ ខ្ញុំនឹងឲ្យផ្ទាំងថ្មដល់អ្នក លើផ្ទាំងថ្មនោះខ្ញុំនឹងចារឹកច្បាប់និងក្រឹត្យវិន័យរបស់ខ្ញុំទុកសម្រាប់រំលឹកដល់បណ្ដាជនអ៊ីស្រាអែល»។+ ១៣ ដូច្នេះ ម៉ូសេក៏ក្រោកឡើងទៅជាមួយនឹងយ៉ូស្វេជាជំនួយការរបស់គាត់+ ហើយម៉ូសេបន្តឡើងទៅលើភ្នំនៃព្រះពិត។+ ១៤ ប៉ុន្តែមុនម៉ូសេឡើងទៅ គាត់បាននិយាយទៅកាន់ពួកបុរសចាស់ទុំថា៖ «ចូរចាំនៅទីនេះរហូតដល់ពួកខ្ញុំត្រឡប់មកវិញ។+ នៅជាមួយអ្នករាល់គ្នាមានអេរ៉ុននិងហឺរ+ ដូច្នេះបើមានបញ្ហាដែលត្រូវដោះស្រាយ អ្នករាល់គ្នាអាចទៅរកពួកគាត់បាន»។+ ១៥ និយាយរួច ម៉ូសេក៏ឡើងទៅលើភ្នំ កាលដែលមានពពកគ្របពីលើភ្នំនោះ។+
១៦ នៅលើភ្នំស៊ីណាយ+មានសិរីរុងរឿងរបស់ព្រះយេហូវ៉ា+ ហើយពពកគ្របលើភ្នំអស់រយៈពេល៦ថ្ងៃ។ នៅថ្ងៃទី៧ លោកបានហៅម៉ូសេពីកណ្ដាលពពកនោះ។ ១៧ ឯបណ្ដាជនអ៊ីស្រាអែលវិញ ពួកគេបានឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាដែលមើលទៅដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។ ១៨ បន្ទាប់មក ម៉ូសេបានចូលទៅក្នុងពពក រួចបន្តឡើងទៅលើភ្នំ។+ គាត់បាននៅលើភ្នំនោះអស់៤០ថ្ងៃ៤០យប់។+
២៥ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលឲ្យនាំយកវិភាគទានមកជូនខ្ញុំ ហើយអ្នកត្រូវទទួលវិភាគទានពីអស់អ្នកដែលជូនដោយស្ម័គ្រពីចិត្ត។+ ៣ វិភាគទានដែលអ្នកត្រូវទទួលពីពួកគេមានដូចតទៅ៖ មាស+ ប្រាក់+ ស្ពាន់+ ៤ អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* អំបោះពណ៌ក្រហម ក្រណាត់សាច់ល្អ រោមពពែ ៥ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកទន់* ឈើអាកាស្យា+ ៦ ប្រេងសម្រាប់ចង្កៀង+ ប្រេងក្រអូប*សម្រាប់លាយធ្វើប្រេងបរិសុទ្ធ*+ និងសម្រាប់លាយធ្វើគ្រឿងក្រអូប+ ៧ ព្រមទាំងត្បូងអូនីក្ស និងត្បូងឯទៀតសម្រាប់ដាំលើអាវអេផូឌ+ និងប្រដាប់បាំងទ្រូង។+ ៨ អ្នកត្រូវសង់ទីបរិសុទ្ធមួយសម្រាប់គោរពប្រណិប័តន៍ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងចំណោមរាស្ត្ររបស់ខ្ញុំ។+ ៩ អ្នកត្រូវធ្វើត្រសាលមួយឲ្យខ្ញុំ និងគ្រឿងប្រដាប់ប្រដានៅក្នុងនោះ ស្របតាមប្លង់និងគំរូដែលខ្ញុំនឹងបង្ហាញដល់អ្នក។+
១០ «អ្នកត្រូវធ្វើហឹបមួយពីឈើអាកាស្យា ដែលមានបណ្ដោយពីរហត្ថ*កន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។+ ១១ អ្នកត្រូវស្រោបហឹបនោះដោយមាសសុទ្ធ+ទាំងក្នុងទាំងក្រៅ ហើយត្រូវធ្វើក្បាច់នៅលើគែមជុំវិញមាត់ហឹបពីមាសដែរ។+ ១២ ឯនៅលើជើងទាំងបួននៃហឹប អ្នកត្រូវធ្វើកងមាសបួន គឺម្ខាងពីរៗ។ ១៣ រួចអ្នកត្រូវធ្វើដងឈើស្នែងពីរ ពីឈើអាកាស្យា ហើយត្រូវស្រោបដងនោះដោយមាស។+ ១៤ អ្នកត្រូវស៊កដងឈើនោះទៅក្នុងកងមាសដែលនៅសងខាងហឹប ដើម្បីសែងហឹបនោះ។ ១៥ ឈើស្នែងនោះត្រូវនៅក្នុងកងហឹបជានិច្ច មិនត្រូវដកចេញឡើយ។+ ១៦ អ្នកត្រូវដាក់ផ្ទាំងថ្មនៃសេចក្ដីរំលឹក*របស់ខ្ញុំទៅក្នុងហឹបនោះ គឺជាសេចក្ដីរំលឹកដែលខ្ញុំនឹងឲ្យដល់អ្នក។+
១៧ «អ្នកត្រូវធ្វើគម្របហឹបនោះពីមាសសុទ្ធ ដែលមានបណ្ដោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។+ ១៨ បន្ទាប់មក អ្នកត្រូវដំមាសធ្វើជារូបចេរូប៊ីនពីរ រួចដាក់នៅលើចុងសងខាងគម្របហឹប+ ១៩ គឺចេរូប៊ីនមួយនៅចុងម្ខាង ហើយចេរូប៊ីនមួយនៅចុងម្ខាងទៀត។ ២០ អ្នកត្រូវដាក់ចេរូប៊ីនទាំងពីរប្រទល់មុខគ្នា។ ចេរូប៊ីនទាំងពីរនោះឱនមុខទៅលើហឹប ព្រមទាំងត្រដាងស្លាបឡើងលើចោលស្រមោលលើគម្របហឹប។+ ២១ អ្នកត្រូវដាក់ផ្ទាំងថ្មនៃសេចក្ដីរំលឹកដែលខ្ញុំឲ្យទៅក្នុងហឹប រួចយកគម្រប+នោះគ្របពីលើ។ ២២ ខ្ញុំនឹងមានវត្តមាននៅលើគម្របហឹបនៃសេចក្ដីរំលឹក ហើយនិយាយទៅកាន់អ្នក+ពីកណ្ដាលចេរូប៊ីនទាំងពីរ។ ត្រង់កន្លែងនោះ ខ្ញុំនឹងឲ្យបង្គាប់ទាំងប៉ុន្មានដល់អ្នក ដើម្បីយកទៅប្រាប់ដល់បណ្ដាជនអ៊ីស្រាអែល។
២៣ «បន្ថែមទៅទៀត អ្នកត្រូវធ្វើតុ+ពីឈើអាកាស្យា ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។+ ២៤ អ្នកត្រូវស្រោបតុនោះដោយមាសសុទ្ធ ហើយត្រូវធ្វើក្បាច់ពីមាសនៅគែមជុំវិញដែរ។ ២៥ អ្នកត្រូវដាក់រឹមដែលមានកម្ពស់មួយទះ*នៅជុំវិញគែមតុ ហើយធ្វើក្បាច់ពីមាសនៅលើរឹមនោះ។ ២៦ អ្នកត្រូវធ្វើកងមាសបួនដាក់នៅជ្រុងនីមួយៗភ្ជាប់នឹងជើងតុ។ ២៧ កងមាសទាំងនោះត្រូវនៅផ្នែកខាងលើនៃជើងតុជាប់នឹងរឹម សម្រាប់ទុកស៊កឈើស្នែងដើម្បីសែងតុ។ ២៨ អ្នកត្រូវយកឈើអាកាស្យាធ្វើដងឈើស្នែងនោះ ហើយស្រោបមាសពីលើ។
២៩ «អ្នកត្រូវយកមាសសុទ្ធធ្វើចាន ពែង ថូ និងចានគោម សម្រាប់ប្រើប្រាស់ពេលជូនគ្រឿងបូជាជាស្រា។+ ៣០ អ្នកត្រូវដាក់នំប៉័ងតាំងទុកនៅចំពោះខ្ញុំនៅលើតុនោះជាប្រចាំ។+
៣១ «អ្នកត្រូវយកមាសសុទ្ធមួយដុំមកដំធ្វើជាជើងចង្កៀង។+ ជើងចង្កៀងនោះត្រូវមានតួ ព្រមទាំងមែកបែកចេញពីតួនោះ។ ឯមែកនីមួយៗមានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក។ អ្នកមិនត្រូវធ្វើផ្នែកនីមួយៗដោយឡែកពីគ្នាទេ។+ ៣២ ជើងចង្កៀងនោះមានមែក៦ គឺម្ខាងមានមែក៣ ហើយម្ខាងទៀតក៏មានមែក៣ដែរ។ ៣៣ មែកទាំង៦ដែលបែកចេញពីតួចង្កៀង មានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក ក្បាច់ទាំងបីនោះឆ្លាស់គ្នា។ ក្នុងមួយមែកៗមានក្បាច់ផ្ការីកបី ហើយមានរាងដូចផ្កាអល់ម៉ុន។ ៣៤ ឯនៅលើតួចង្កៀងវិញ មានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក ឆ្លាស់គ្នាបួនដង។ ក្បាច់ផ្ការីកនេះក៏មានរាងដូចផ្កាអល់ម៉ុនដែរ។ ៣៥ ក្រោមមែកទាំង៦ដែលបែកចេញពីតួចង្កៀងមានផ្កាក្ដោប គឺក្រោមមែកមួយគូមានផ្កាក្ដោបមួយ ក្រោមមែកមួយគូទៀតមានផ្កាក្ដោបមួយ ហើយក្រោមមែកមួយគូចុងក្រោយក៏មានផ្កាក្ដោបមួយដែរ។ ៣៦ ទាំងមែក ទាំងផ្កាក្ដោប និងជើងចង្កៀងទាំងមូល ត្រូវដំធ្វើពីមាសសុទ្ធមួយដុំ។+ ៣៧ អ្នកត្រូវធ្វើចង្កៀង៧ដាក់នៅលើជើងចង្កៀងនោះ ដើម្បីកាលណាអ្នកអុជចង្កៀងទៅ ពន្លឺពីចង្កៀងនឹងជះទៅខាងមុខ។+ ៣៨ ឯប្រដាប់ពន្លត់ប្រឆេះនិងប្រដាប់ដាក់រងើកភ្លើង គឺត្រូវធ្វើពីមាសសុទ្ធទាំងអស់។+ ៣៩ អ្នកត្រូវយកមាសសុទ្ធមួយថាលិន*មកធ្វើជើងចង្កៀងនិងប្រដាប់ប្រដាទាំងនេះ។ ៤០ អ្នកត្រូវធ្វើប្រដាប់ប្រដាទាំងនេះតាមគំរូទាំងប៉ុន្មានដែលខ្ញុំបានបង្ហាញអ្នកនៅលើភ្នំ។+
២៦ «អ្នកត្រូវធ្វើត្រសាលជំនុំ+ ដោយប្រើក្រណាត់១០ផ្ទាំង ធ្វើពីអំបោះល្អដែលវេញចូលគ្នា អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* និងអំបោះពណ៌ក្រហម។ អ្នកត្រូវឲ្យគេប៉ាក់រូបចេរូប៊ីន+នៅលើក្រណាត់ទាំងនោះ។+ ២ ក្រណាត់ទាំងនោះត្រូវមានទំហំស្មើគ្នា គឺមួយផ្ទាំងៗមានបណ្ដោយ២៨ហត្ថ* និងទទឹង៤ហត្ថ។+ ៣ ក្រណាត់ប្រាំផ្ទាំងត្រូវដេរភ្ជាប់គ្នាជាផ្ទាំងធំមួយ ឯប្រាំផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់គ្នាជាផ្ទាំងធំមួយដែរ។ ៤ បន្ទាប់មក អ្នកត្រូវយកអំបោះពណ៌ខៀវមកវេញធ្វើខ្សែកងភ្ជាប់នៅជាយក្រណាត់ផ្ទាំងធំនោះ ហើយក្រណាត់ផ្ទាំងធំមួយទៀតក៏ត្រូវធ្វើដូច្នោះដែរ ដើម្បីទុកភ្ជាប់ផ្ទាំងទាំងពីរ។ ៥ នៅលើផ្ទាំងមួយត្រូវមានខ្សែកង៥០ លើផ្ទាំងមួយទៀតក៏ត្រូវមានខ្សែកង៥០ដែរ គឺនៅត្រង់កន្លែងភ្ជាប់គ្នា។ ៦ អ្នកត្រូវធ្វើកន្លាស់មាស៥០ ដើម្បីក្លាស់ភ្ជាប់ក្រណាត់ពីរផ្ទាំងធំនោះជាផ្ទាំងតែមួយ សម្រាប់គ្របលើត្រសាល។+
៧ «អ្នកក៏ត្រូវធ្វើក្រណាត់ពីរោមពពែ១១ផ្ទាំង+ សម្រាប់គ្របលើត្រសាលដែរ។ ៨ ក្រណាត់ទាំងនោះត្រូវមានទំហំស្មើគ្នា គឺមួយផ្ទាំងៗមានបណ្ដោយ៣០ហត្ថ និងទទឹង៤ហត្ថ។ ៩ ក្រណាត់៥ផ្ទាំងត្រូវដេរភ្ជាប់គ្នាជាផ្ទាំងធំមួយ ហើយ៦ផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់គ្នាជាផ្ទាំងធំមួយដែរ។ ឯផ្ទាំងទី៦ដែលនៅខាងមុខត្រសាល អ្នកត្រូវបត់ពាក់កណ្ដាល។ ១០ នៅចុងផ្ទាំងធំមួយត្រូវមានខ្សែកង៥០ ហើយនៅចុងផ្ទាំងធំមួយទៀតក៏ត្រូវមានខ្សែកង៥០ដែរ គឺនៅត្រង់កន្លែងភ្ជាប់គ្នា។ ១១ អ្នកត្រូវធ្វើកន្លាស់ស្ពាន់៥០ ដើម្បីក្លាស់ភ្ជាប់ក្រណាត់ពីរផ្ទាំងធំនោះជាផ្ទាំងតែមួយ។ ១២ ឯក្រណាត់ដែលនៅសល់ចំហៀងសងខាងនិងខាងក្រោយត្រសាល ត្រូវទុកឲ្យធ្លាក់សំយាក។ ១៣ ក្រណាត់ដែលនៅសល់ចំហៀងត្រសាល មានប្រវែងមួយហត្ថសងខាង ហើយត្រូវទុកឲ្យធ្លាក់សំយាកដើម្បីគ្របបាំងត្រសាល។
១៤ «អ្នកក៏ត្រូវយកស្បែកចៀមឈ្មោលដែលជ្រលក់ពណ៌ក្រហម មកគ្របលើត្រសាល ហើយត្រូវយកស្បែកទន់*មកគ្របពីលើនោះ។+
១៥ «អ្នកត្រូវយកឈើអាកាស្យាមកធ្វើក្ដារស៊ុម+ ហើយតម្រៀបបញ្ឈរជាជញ្ជាំងត្រសាល។+ ១៦ ក្ដារស៊ុមនីមួយៗមានកម្ពស់១០ហត្ថ និងទទឹងមួយហត្ថកន្លះ។ ១៧ នៅផ្នែកខាងក្រោមនៃក្ដារស៊ុមនីមួយៗ អ្នកត្រូវធ្វើពន្លួញពីរលៀនចេញពីក្ដារស៊ុម។ នោះជារបៀបដែលអ្នកត្រូវធ្វើក្ដារស៊ុមត្រសាល។ ១៨ អ្នកត្រូវធ្វើក្ដារស៊ុមចំនួន២០ សម្រាប់ជញ្ជាំងខាងត្បូងនៃត្រសាល។
១៩ «អ្នកត្រូវយកប្រាក់ធ្វើជាជើងពន្លួញ៤០+ សម្រាប់កល់ក្ដារស៊ុម២០នោះ គឺជើងពីរសម្រាប់ស៊កពន្លួញពីរនៃក្ដារស៊ុមមួយ។ ដូច្នេះ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។+ ២០ ឯជញ្ជាំងខាងជើងនៃត្រសាលវិញ អ្នកក៏ត្រូវធ្វើក្ដារស៊ុមចំនួន២០ដែរ ២១ ហើយអ្នកត្រូវយកប្រាក់ធ្វើជាជើងពន្លួញ៤០ សម្រាប់កល់ក្ដារស៊ុម២០នោះ គឺជើងពីរសម្រាប់ស៊កពន្លួញពីរនៃក្ដារស៊ុមមួយ។ ដូច្នេះ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។ ២២ ចំណែកជញ្ជាំងខាងលិចផ្នែកខាងក្រោយត្រសាល អ្នកត្រូវធ្វើក្ដារស៊ុមចំនួន៦។+ ២៣ អ្នកត្រូវធ្វើក្ដារស៊ុមពីរសម្រាប់ធ្វើជាជ្រុងជញ្ជាំងទាំងពីរ ដែលនៅខាងក្រោយត្រសាល។ ២៤ ក្ដារស៊ុមនោះត្រូវមានបន្ទះឈើពីរផ្ទាំងអបគ្នា ចាប់ពីក្រោមឡើងទៅលើ ភ្ជាប់នៅត្រង់កងទី១ ដើម្បីទប់ជ្រុងជញ្ជាំងទាំងពីរនៅខាងក្រោយ។ ២៥ ម្ល៉ោះហើយ ជញ្ជាំងខាងក្រោយមានក្ដារស៊ុមចំនួន៨ ហើយមានជើងពន្លួញ១៦ធ្វើពីប្រាក់ គឺជើងពីរសម្រាប់ស៊កពន្លួញពីរនៃក្ដារស៊ុម១។ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។
២៦ «អ្នកត្រូវធ្វើរនុកពីឈើអាកាស្យា ប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅចំហៀងត្រសាល+ ២៧ ប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅចំហៀងម្ខាងទៀត ហើយប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅផ្នែកខាងក្រោយត្រសាលប៉ែកខាងលិច។ ២៨ ឯរនុកសម្រាប់ស៊កក្ដារស៊ុមត្រង់កណ្ដាល ត្រូវមានប្រវែងវែងពីចុងម្ខាងត្រសាលដល់ចុងម្ខាងទៀត។
២៩ «អ្នកត្រូវស្រោបក្ដារស៊ុមទាំងអស់ដោយមាស+ ហើយត្រូវធ្វើកងភ្ជាប់ក្ដារស៊ុមនីមួយៗពីមាស។ ឯរនុកសម្រាប់ស៊កចូលកងទាំងនោះក៏ត្រូវស្រោបដោយមាសដែរ។ ៣០ អ្នកត្រូវដំឡើងត្រសាលនោះ ស្របទៅតាមប្លង់ដែលខ្ញុំបានបង្ហាញអ្នកនៅលើភ្នំ។+
៣១ «អ្នកត្រូវធ្វើវាំងនន+ពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា ហើយត្រូវប៉ាក់រូបចេរូប៊ីននៅលើវាំងនននោះ។ ៣២ អ្នកត្រូវព្យួរវាំងនននោះនៅលើសសរបួនដើមដែលធ្វើពីឈើអាកាស្យាស្រោបដោយមាស ហើយតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។ ឯជើងសសរបួននោះ ត្រូវធ្វើពីប្រាក់។ ៣៣ អ្នកត្រូវព្យួរវាំងនននៅលើតម្ពក់ទាំងនោះ រួចត្រូវនាំយកហឹបនៃសេចក្ដីរំលឹក+ទៅដាក់នៅក្រោយវាំងនន។ វាំងនននោះគឺសម្រាប់ខណ្ឌទីបរិសុទ្ធ+និងទីបរិសុទ្ធបំផុត។+ ៣៤ អ្នកត្រូវគ្របគម្របហឹបនៃសេចក្ដីរំលឹកដែលនៅខាងក្នុងទីបរិសុទ្ធបំផុត។
៣៥ «អ្នកត្រូវដាក់តុមាសនៅខាងមុខវាំងននប៉ែកខាងជើងត្រសាល ហើយដាក់ជើងចង្កៀង+ទល់មុខតុនោះនៅប៉ែកខាងត្បូង។ ៣៦ នៅទ្វារចូលត្រសាល អ្នកត្រូវធ្វើវាំងននដែលត្បាញពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា។+ ៣៧ អ្នកត្រូវធ្វើសសរប្រាំដើមពីឈើអាកាស្យា ហើយស្រោបដោយមាស សម្រាប់ព្យួរវាំងនននោះ ហើយតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។ ឯជើងសសរប្រាំនោះ អ្នកត្រូវធ្វើពីស្ពាន់។
២៧ «អ្នកត្រូវធ្វើទីបូជាមួយពីឈើអាកាស្យា។+ ទីបូជានោះត្រូវមានបណ្ដោយប្រាំហត្ថ* ទទឹងប្រាំហត្ថ គឺមានរាងបួនជ្រុង ហើយមានកម្ពស់បីហត្ថ។+ ២ អ្នកត្រូវធ្វើស្នែង+ជាប់នឹងជ្រុងទាំងបួននៃទីបូជានោះ ហើយស្រោបទីបូជានោះដោយស្ពាន់។+ ៣ អ្នកត្រូវធ្វើធុងសម្រាប់ដាក់ផេះ ប៉ែល ចានគោម សម និងប្រដាប់ដាក់រងើកភ្លើង។ អ្នកត្រូវធ្វើប្រដាប់ប្រដាទាំងនេះពីស្ពាន់។+ ៤ អ្នកត្រូវធ្វើប្រទាសនៃទីបូជាពីស្ពាន់ ហើយនៅក្បែរប្រទាសលើជ្រុងទាំងបួន ត្រូវធ្វើកងបួនពីស្ពាន់។ ៥ អ្នកត្រូវស៊កប្រទាសនោះនៅក្រោមគែមទីបូជា ត្រង់ពាក់កណ្ដាល។ ៦ អ្នកត្រូវធ្វើដងឈើស្នែងសម្រាប់ទីបូជាពីឈើអាកាស្យា ហើយស្រោបដោយស្ពាន់។ ៧ ពេលសែង ត្រូវស៊កដងទាំងនោះទៅក្នុងកងនៅសងខាងទីបូជា។+ ៨ ទីបូជានោះត្រូវមានរាងដូចប្រអប់មានប្រហោងនៅកណ្ដាល តាមគំរូដែលខ្ញុំបានបង្ហាញអ្នកនៅលើភ្នំ។+
៩ «ត្រសាលនោះត្រូវមានទីធ្លា+ជុំវិញ។ នៅព្រំប្រទល់ខាងត្បូង ត្រូវមានរនាំងពីក្រណាត់សាច់ល្អ* ដែលមានប្រវែង១០០ហត្ថ។+ ១០ អ្នកត្រូវដាក់បង្គោលស្ពាន់២០ដើមនិងជើងទ្រធ្វើពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោលនិងកងសម្រាប់ភ្ជាប់ ត្រូវធ្វើពីប្រាក់។ ១១ ចំណែកនៅព្រំប្រទល់ខាងជើងវិញ ត្រូវមានរនាំងប្រវែង១០០ហត្ថ ហើយមានបង្គោលស្ពាន់២០ដើម និងជើងទ្រធ្វើពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោលព្រមទាំងកងសម្រាប់ភ្ជាប់ ត្រូវធ្វើពីប្រាក់។ ១២ នៅព្រំប្រទល់ខាងលិច ត្រូវមានរនាំងប្រវែង៥០ហត្ថ ហើយមានបង្គោល១០ដើមនិងជើងទ្រ១០។ ១៣ រីឯនៅព្រំប្រទល់ខាងកើត ត្រូវមានប្រវែង៥០ហត្ថ។ ១៤ ផ្នែកម្ខាងនៃព្រំប្រទល់នោះ ត្រូវមានរនាំងប្រវែង១៥ហត្ថ ហើយមានបង្គោលបីដើមនិងជើងទ្របី។+ ១៥ ឯផ្នែកម្ខាងទៀត ក៏ត្រូវមានរនាំងប្រវែង១៥ហត្ថ ហើយមានបង្គោលបីដើមនិងជើងទ្របីដែរ។
១៦ «ច្រកចូលទីធ្លាត្រូវមានវាំងននប្រវែង២០ហត្ថ ធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ* និងអំបោះល្អដែលវេញចូលគ្នា។+ នៅច្រកនោះមានបង្គោលបួនដើមនិងជើងទ្របួន។+ ១៧ បង្គោលរនាំងជុំវិញទីធ្លា ត្រូវមានតម្ពក់និងកងសម្រាប់ភ្ជាប់ដែលធ្វើពីប្រាក់ តែជើងទ្រត្រូវធ្វើពីស្ពាន់វិញ។+ ១៨ រនាំងទីធ្លាត្រសាលត្រូវមានបណ្ដោយ១០០ហត្ថ+ ទទឹង៥០ហត្ថ និងកម្ពស់៥ហត្ថ។ រនាំងទាំងនោះធ្វើពីក្រណាត់សាច់ល្អ ហើយជើងទ្របង្គោលធ្វើពីស្ពាន់។ ១៩ ប្រដាប់ប្រដាទាំងអស់សម្រាប់ប្រើប្រាស់ក្នុងត្រសាលត្រូវធ្វើពីស្ពាន់ ហើយស្នឹងត្រសាលនិងស្នឹងរនាំងក៏ត្រូវធ្វើពីស្ពាន់ដែរ។+
២០ «អ្នកត្រូវបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យយកប្រេងអូលីវល្អបំផុត មកឲ្យអ្នកទុកសម្រាប់ដុតចង្កៀងឲ្យភ្លឺជានិច្ច។+ ២១ នៅក្នុងត្រសាលជំនុំ ប៉ែកខាងមុខវាំងននក្បែរហឹបនៃសេចក្ដីរំលឹក+ អេរ៉ុននិងកូនប្រុសៗគាត់ត្រូវមើលខុសត្រូវខាងការអុជចង្កៀងឲ្យភ្លឺចាប់ពីពេលល្ងាចរហូតដល់ពេលព្រឹក នៅចំពោះព្រះយេហូវ៉ា។+ នេះជាច្បាប់ដែលជនជាតិអ៊ីស្រាអែលត្រូវកាន់តាមគ្រប់ជំនាន់តទៅ។+
២៨ «អ្នកត្រូវហៅអេរ៉ុនបងប្រុសរបស់អ្នក ព្រមទាំងកូនប្រុសៗរបស់គាត់ពីចំណោមបណ្ដាជនអ៊ីស្រាអែល ដើម្បីឲ្យពួកគាត់បម្រើជាសង្ឃដល់ខ្ញុំ+ គឺអេរ៉ុន+ ណាដាប អាបាយហ៊ូ+ អេលាសារ និងអ៊ីតតាម៉ា។+ ២ អ្នកត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធឲ្យអេរ៉ុន សម្រាប់លម្អនិងជាកិត្តិយសដល់គាត់។+ ៣ អ្នកត្រូវប្រាប់ជាងជំនាញ គឺអស់អ្នកដែលខ្ញុំផ្ដល់ប្រាជ្ញាឲ្យ+ ហើយពួកគេនឹងធ្វើសម្លៀកបំពាក់ឲ្យអេរ៉ុនសម្រាប់ញែកគាត់ជាបរិសុទ្ធ ដើម្បីគាត់អាចបម្រើជាសង្ឃដល់ខ្ញុំ។
៤ «សម្លៀកបំពាក់បរិសុទ្ធដែលពួកគេត្រូវធ្វើមានដូចតទៅ៖ ប្រដាប់បាំងទ្រូង+ អាវអេផូឌ+ អាវអត់ដៃ+ អាវវែងសាច់ក្រឡាការ៉ូ ឈ្នួតក្បាល*+ និងខ្សែក្រវាត់។+ ពួកគេត្រូវធ្វើសម្លៀកបំពាក់ទាំងនេះឲ្យអេរ៉ុននិងកូនប្រុសៗរបស់គាត់ ដើម្បីឲ្យពួកគាត់អាចបម្រើជាសង្ឃដល់ខ្ញុំ។ ៥ ជាងជំនាញដែលធ្វើរបស់ទាំងនេះ ត្រូវប្រើមាស អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* អំបោះពណ៌ក្រហម និងអំបោះសាច់ល្អ។
៦ «ពួកគេត្រូវធ្វើអាវអេផូឌពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម និងអំបោះល្អដែលវេញចូលគ្នា។ រួចយកសរសៃមាសមកប៉ាក់ពីលើ។+ ៧ បន្ទាប់មក ត្រូវយកក្រណាត់ពីរចំណែកមកធ្វើជាស្មាអាវអេផូឌ។ ៨ ឯខ្សែក្រវាត់+ដែលនៅជាប់នឹងអាវអេផូឌសម្រាប់ចង នោះក៏ធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម សរសៃមាស និងអំបោះល្អដែលវេញចូលគ្នាដែរ។
៩ «អ្នកត្រូវយកត្បូងអូនីក្សពីរ+ ហើយឲ្យគេឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលលើត្បូងនោះ+ ១០ គឺលើត្បូងមួយឆ្លាក់ឈ្មោះ៦ លើត្បូងមួយទៀតឆ្លាក់ឈ្មោះ៦ តាមលំដាប់អាយុពួកគេ។ ១១ អ្នកឆ្លាក់ត្បូងនោះត្រូវឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលនៅលើត្បូងទាំងពីរនោះ តាមលំនាំនៃការឆ្លាក់ត្រា។+ រួចត្រូវដាំត្បូងពីរនោះក្នុងគ្រោងមាស។ ១២ បន្ទាប់មក អ្នកត្រូវដាក់ត្បូងពីរនោះនៅលើស្មាអាវអេផូឌ ជាត្បូងនៃសេចក្ដីរំលឹកសម្រាប់កូនចៅអ៊ីស្រាអែល+ ហើយអេរ៉ុនត្រូវពាក់ឈ្មោះពួកគេនៅលើស្មាទុកជាសេចក្ដីរំលឹកនៅចំពោះព្រះយេហូវ៉ា។ ១៣ អ្នកត្រូវធ្វើគ្រោងមាស ១៤ ហើយត្រូវធ្វើខ្សែពីមាសសុទ្ធពីរខ្សែ ដែលវេញដូចខ្សែពួរ+ រួចភ្ជាប់ខ្សែពីរនោះនៅលើគ្រោងមាសទាំងពីរ។+
១៥ «អ្នកត្រូវឲ្យអ្នកដេរប៉ាក់ ធ្វើប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ។+ ដូចអាវអេផូឌដែរ ប្រដាប់បាំងនោះត្រូវត្បាញពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម និងអំបោះល្អដែលវេញចូលគ្នា រួចយកសរសៃមាសមកប៉ាក់ពីលើ។+ ១៦ ប្រដាប់បាំងនោះ ពេលដែលបត់ជាពីរមានរាងបួនជ្រុង គឺបណ្ដោយប្រវែងមួយចំអាម* ទទឹងមួយចំអាម។ ១៧ នៅលើប្រដាប់បាំងនោះ ត្រូវមានត្បូងបួនជួរដែលដាំក្នុងគ្រោង។ ជួរទី១ មានត្បូងទទឹម ត្បូងថូផាស និងត្បូងមរកត។ ១៨ ជួរទី២ មានត្បូងថឺខយ ត្បូងកណ្ដៀង និងត្បូងយ៉ាស្បា។ ១៩ ជួរទី៣ មានត្បូងលេសិម ត្បូងថ្មកែវ និងត្បូងអេម៉ាទេស។ ២០ ជួរទី៤ មានត្បូងគ្រីសូឡែត ត្បូងអូនីក្ស និងត្បូងហ្គេច។ ត្បូងទាំងនោះត្រូវដាំក្នុងគ្រោងមាស។ ២១ ត្បូងទាំងនោះមានឈ្មោះកូនប្រុស១២នាក់របស់អ៊ីស្រាអែល ជាឈ្មោះដែលតំណាងកុលសម្ព័ន្ធទាំង១២។ ឈ្មោះដែលនៅលើត្បូងនីមួយៗ ត្រូវឆ្លាក់តាមលំនាំនៃការឆ្លាក់ត្រា។
២២ «អ្នកត្រូវធ្វើខ្សែពីមាសសុទ្ធវេញដូចខ្សែពួរភ្ជាប់នឹងប្រដាប់បាំងទ្រូង។+ ២៣ អ្នកត្រូវធ្វើកងមាសពីរសម្រាប់ប្រដាប់បាំងទ្រូង ហើយដាក់នៅគែមខាងលើចុងសងខាង។ ២៤ អ្នកត្រូវស៊កខ្សែមាសទាំងពីរ ភ្ជាប់នឹងកងមាសដែលនៅគែមសងខាងប្រដាប់បាំងនោះ។ ២៥ រួចមក អ្នកត្រូវភ្ជាប់ចុងខ្សែមាសទាំងពីរលើគ្រោងមាសទាំងពីរដែលនៅលើស្មាអាវអេផូឌទាំងសងខាងនៅផ្នែកខាងមុខ។ ២៦ នៅគែមខាងក្រោមសងខាងប្រដាប់បាំងទ្រូង អ្នកត្រូវធ្វើកងមាសពីរទៀតដាក់ភ្ជាប់ខាងក្នុង ទល់នឹងអាវអេផូឌ។+ ២៧ រួចមក អ្នកត្រូវធ្វើកងមាសពីរដាក់នៅត្រង់កន្លែងដែលខ្សែក្រវាត់ភ្ជាប់នឹងអេផូឌ គឺនៅខាងមុខអេផូឌ ចុះពីក្រោមស្មា ខាងលើខ្សែក្រវាត់។+ ២៨ បន្ទាប់មក ចូរយកខ្សែធ្វើពីអំបោះពណ៌ខៀវ មកចងកងនៃប្រដាប់បាំងទ្រូងភ្ជាប់នឹងកងនៃអាវអេផូឌ។ យ៉ាងនេះ ប្រដាប់បាំងទ្រូងនឹងមិនរបូតពីអាវអេផូឌ ហើយនៅខាងលើខ្សែក្រវាត់។
២៩ «ពេលអេរ៉ុនចូលទៅក្នុងទីបរិសុទ្ធ គាត់ត្រូវពាក់ប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ*ដែលមានឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែល សម្រាប់ជាសេចក្ដីរំលឹកនៅចំពោះព្រះយេហូវ៉ាជានិច្ច។ ៣០ អ្នកត្រូវដាក់យូរីមនិងធូមីម*+ក្នុងប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ ហើយអេរ៉ុនត្រូវពាក់នៅលើទ្រូងគាត់ ពេលដែលគាត់ចូលទៅឯព្រះយេហូវ៉ា។ អេរ៉ុនត្រូវពាក់របស់ទាំងនេះនៅលើទ្រូងជានិច្ច សម្រាប់ធ្វើការវិនិច្ឆ័យក្ដីឲ្យកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា។
៣១ «អ្នកត្រូវធ្វើអាវអត់ដៃពីអំបោះពណ៌ខៀវ សម្រាប់ពាក់ពីក្រោមអាវអេផូឌ។+ ៣២ នៅផ្នែកខាងលើអាវនោះ ត្រូវកាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាល ហើយត្រូវដេររឹមជុំវិញឲ្យមាំដូចកអាវទាហាន ដើម្បីកុំឲ្យរហែក។ ៣៣ អ្នកត្រូវធ្វើផ្លែទទឹមពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ និងអំបោះពណ៌ក្រហម ហើយត្រូវធ្វើកណ្ដឹងមាស សម្រាប់ដាក់នៅជាយអាវជាមួយនឹងផ្លែទទឹម។ ៣៤ អ្នកត្រូវដាក់កណ្ដឹងមាសមួយ ផ្លែទទឹមមួយ គឺដាក់ឆ្លាស់គ្នាជុំវិញជាយអាវនោះ។ ៣៥ អេរ៉ុនត្រូវពាក់អាវនោះដើម្បីគាត់អាចបំពេញមុខងាររបស់គាត់។ កាលណាគាត់ចូលវិហារបំពេញកិច្ចបម្រើជូនព្រះយេហូវ៉ា ត្រូវឲ្យឮសំឡេងកណ្ដឹងទាំងនេះ ហើយពេលចេញមកវិញក៏ត្រូវឲ្យឮដែរ។ យ៉ាងនោះ គាត់នឹងមិនស្លាប់ទេ។+
៣៦ «អ្នកត្រូវធ្វើស្លាកមួយពីមាសសុទ្ធខាត់យ៉ាងភ្លឺ ហើយត្រូវឆ្លាក់លើស្លាកនោះតាមលំនាំនៃការឆ្លាក់ត្រា។ ស្លាកនោះមានសេចក្ដីថា៖ ‹ភាពបរិសុទ្ធជារបស់ព្រះយេហូវ៉ា›។+ ៣៧ អ្នកត្រូវយកខ្សែពណ៌ខៀវចងស្លាកនោះឲ្យនៅជាប់ខាងមុខឈ្នួតក្បាល+ជានិច្ច។ ៣៨ ស្លាកនោះត្រូវនៅលើថ្ងាសអេរ៉ុន។ អេរ៉ុននឹងទទួលខុសត្រូវចំពោះអំពើខុសឆ្គង ដែលបណ្ដាជនអ៊ីស្រាអែលបានធ្វើទាក់ទងនឹងអំណោយបរិសុទ្ធ+ ពោលគឺគ្រឿងបូជាដែលពួកគេត្រូវយកមកជូនព្រះ។ អេរ៉ុនត្រូវពាក់ស្លាកនោះនៅលើថ្ងាសជានិច្ច ដើម្បីបណ្ដាជនអ៊ីស្រាអែលអាចទទួលការពេញចិត្តពីព្រះយេហូវ៉ា។
៣៩ «អ្នកត្រូវត្បាញក្រណាត់សាច់ល្អជាក្រឡាការ៉ូ រួចធ្វើជាអាវវែង ព្រមទាំងយកក្រណាត់សាច់ល្អធ្វើជាឈ្នួតក្បាល និងខ្សែក្រវាត់។+
៤០ «បន្ថែមទៀត អ្នកត្រូវធ្វើអាវវែង ខ្សែក្រវាត់ និងឈ្នួតក្បាលឲ្យកូនប្រុសៗរបស់អេរ៉ុនដែរ+ សម្រាប់លម្អនិងជាកិត្តិយសដល់ពួកគាត់។+ ៤១ អ្នកត្រូវបំពាក់សម្លៀកបំពាក់ទាំងនេះដល់អេរ៉ុននិងកូនប្រុសៗរបស់គាត់។ បន្ទាប់មក អ្នកត្រូវចាក់ប្រេងតែងតាំងពួកគាត់+ ហើយញែកពួកគាត់ជាបរិសុទ្ធដើម្បីឲ្យពួកគាត់បំពេញមុខងារជាសង្ឃដល់ខ្ញុំ។ ៤២ មួយវិញទៀត អ្នកត្រូវយកក្រណាត់សាច់ល្អធ្វើជាខោខ្លីឲ្យពួកគាត់ ដើម្បីស្លៀកបិទបាំងកេរ្តិ៍ខ្មាស។+ សម្រុងខោគឺពីចង្កេះទៅដល់ភ្លៅ។ ៤៣ អេរ៉ុននិងកូនប្រុសៗគាត់ត្រូវស្លៀកខោនោះ ពេលចូលក្នុងត្រសាលជំនុំ ឬពេលចូលទៅឯទីបូជាដើម្បីបំពេញកិច្ចបម្រើនៅកន្លែងបរិសុទ្ធ។ យ៉ាងនោះ ពួកគាត់នឹងគ្មានទោស ហើយមិនត្រូវស្លាប់ទេ។ នេះជាច្បាប់សម្រាប់អេរ៉ុននិងកូនចៅរបស់គាត់ជាដរាបតទៅ។
២៩ «អ្នកត្រូវញែកអេរ៉ុននិងកូនប្រុសៗរបស់គាត់ជាបរិសុទ្ធ ដើម្បីឲ្យពួកគាត់បម្រើជាសង្ឃដល់ខ្ញុំ។ អ្នកត្រូវធ្វើដូចតទៅ៖ ត្រូវយកគោស្ទាវមួយ ចៀមឈ្មោលពីរដែលល្អឥតខ្ចោះ+ ២ នំប៉័ង និងនំកងលាយប្រេង ព្រមទាំងនំស្រួយលាបដោយប្រេង។+ នំទាំងនេះត្រូវធ្វើពីម្សៅស្រូវសាលីដែលម៉ដ្ឋ ហើយមិនត្រូវដាក់ដំបែឡើយ។ ៣ អ្នកត្រូវដាក់នំទាំងនេះក្នុងកញ្ជើ ហើយយកមកជូនខ្ញុំ+ ព្រមជាមួយនឹងគោស្ទាវ និងចៀមឈ្មោលទាំងពីរ។
៤ «អ្នកត្រូវនាំអេរ៉ុននិងកូនប្រុសៗរបស់គាត់មកឯច្រកចូលត្រសាលជំនុំ+ ហើយលាងជម្រះកាយពួកគាត់។*+ ៥ បន្ទាប់មក អ្នកត្រូវយកសម្លៀកបំពាក់+មកបំពាក់ឲ្យអេរ៉ុន គឺអាវវែង អាវអត់ដៃ អាវអេផូឌ និងប្រដាប់បាំងទ្រូង។ រួចអ្នកត្រូវយកខ្សែក្រវាត់អេផូឌ មកក្រវាត់ចង្កេះគាត់។+ ៦ អ្នកត្រូវបំពាក់ឈ្នួតលើក្បាលគាត់ ហើយយកស្លាកសញ្ញាបរិសុទ្ធ*មកចងលើឈ្នួតក្បាលនោះ។+ ៧ រួចមក អ្នកត្រូវយកប្រេងបរិសុទ្ធ*+មកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់។+
៨ «អ្នកត្រូវនាំកូនប្រុសៗរបស់អេរ៉ុនចូលមក ហើយបំពាក់អាវវែងឲ្យពួកគាត់។+ ៩ អ្នកត្រូវយកខ្សែសម្រាប់ក្រវាត់ចង្កេះមកចងឲ្យអេរ៉ុននិងកូនប្រុសៗគាត់។ រួចត្រូវយកមួកមកបំពាក់ឲ្យពួកគាត់។ ពួកគាត់នឹងបម្រើជាសង្ឃ ហើយនេះជាច្បាប់ជារៀងរហូតតទៅ។+ អ្នកត្រូវធ្វើដូច្នេះដើម្បីតែងតាំងអេរ៉ុននិងកូនប្រុសៗរបស់គាត់ជាសង្ឃដើម្បីបម្រើដល់ខ្ញុំ។+
១០ «អ្នកត្រូវនាំគោឈ្មោលមកខាងមុខត្រសាលជំនុំ ហើយឲ្យអេរ៉ុននិងកូនប្រុសៗគាត់ដាក់ដៃលើក្បាលវា។+ ១១ រួចត្រូវសម្លាប់គោនោះនៅចំពោះព្រះយេហូវ៉ា ត្រង់ច្រកចូលត្រសាលជំនុំ។+ ១២ អ្នកត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ រួចយកទៅលាបលើស្នែងទីបូជា។+ ឯឈាមដែលនៅសល់ ត្រូវចាក់នៅជើងទីបូជា។+ ១៣ អ្នកត្រូវយកខ្លាញ់+ដែលនៅជាប់នឹងពោះវៀន ជាប់នឹងថ្លើម ព្រមទាំងតម្រងនោមទាំងពីរនិងខ្លាញ់ដែលរុំជុំវិញ មកដុតនៅលើទីបូជាឲ្យផ្សែងហុយឡើង។+ ១៤ ប៉ុន្តែ អ្នកត្រូវយកសាច់គោនោះ ស្បែកនិងលាមកវា ទៅដុតនៅខាងក្រៅជំរំអ្នករាល់គ្នា។ នេះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។
១៥ «បន្ទាប់មក អ្នកត្រូវនាំចៀមឈ្មោលមួយក្បាលមក ហើយឲ្យអេរ៉ុននិងកូនប្រុសៗគាត់ដាក់ដៃលើក្បាលវា។+ ១៦ រួចត្រូវសម្លាប់ចៀមនោះ ហើយយកឈាមវាទៅប្រោះនៅជុំវិញទីបូជា។+ ១៧ បន្ទាប់មក ត្រូវកាប់សាច់ចៀមជាដុំៗ ហើយលាងសម្អាតពោះវៀន+និងភ្លៅវា រួចយកទៅតម្រៀបគ្នាជាមួយនឹងក្បាល។ ១៨ អ្នកត្រូវដុតចៀមនោះទាំងមូលនៅលើទីបូជាឲ្យផ្សែងហុយឡើង។ នេះជាគ្រឿងបូជាដុតជូនព្រះយេហូវ៉ា គឺជាគ្រឿងបូជាដុតដែលមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។*+
១៩ «បន្ទាប់នោះ អ្នកត្រូវនាំចៀមឈ្មោលមួយក្បាលទៀតមក ហើយឲ្យអេរ៉ុននិងកូនប្រុសៗគាត់ដាក់ដៃលើក្បាលវា។+ ២០ រួចត្រូវសម្លាប់ចៀមនោះ ហើយយកឈាមវាទៅលាបទងត្រចៀកស្ដាំរបស់អេរ៉ុននិងកូនប្រុសៗគាត់ ព្រមទាំងលាបលើមេដៃស្ដាំ និងមេជើងស្ដាំរបស់ពួកគាត់ដែរ។ រួចយកឈាមនោះទៅប្រោះនៅជុំវិញទីបូជា។ ២១ អ្នកត្រូវយកឈាមដែលនៅលើទីបូជានិងប្រេងសម្រាប់ចាក់តែងតាំង+ ទៅប្រោះលើអេរ៉ុននិងកូនប្រុសៗគាត់ ថែមទាំងលើសម្លៀកបំពាក់របស់ពួកគាត់ផងដែរ។ យ៉ាងនេះ ពួកគាត់និងសម្លៀកបំពាក់របស់ពួកគាត់នឹងបានទៅជាបរិសុទ្ធ។+
២២ «រួចមក អ្នកត្រូវយកខ្លាញ់ចៀមនោះ គឺខ្លាញ់ជាប់នឹងកន្ទុយ ជាប់នឹងពោះវៀន ជាប់នឹងថ្លើម រួមទាំងតម្រងនោមទាំងពីរនិងខ្លាញ់ដែលរុំជុំវិញ+ ព្រមទាំងយកភ្លៅខាងស្ដាំផងដែរ។ នេះជាចៀមសម្រាប់ការតែងតាំងពួកគាត់ជាសង្ឃ។+ ២៣ រីឯនំប៉័ង នំកងលាយប្រេង និងនំស្រួយលាបប្រេងដែលឥតដំបែ អ្នកត្រូវយកចេញពីកញ្ជើមួយមុខមួយៗនៅចំពោះព្រះយេហូវ៉ា។ ២៤ អ្នកត្រូវយករបស់ទាំងនេះ ទៅប្រគល់ឲ្យអេរ៉ុននិងកូនប្រុសៗគាត់ ហើយលើករេទៅរេមកនៅចំពោះព្រះយេហូវ៉ា។ នេះហើយជាគ្រឿងបូជាសម្រាប់លើកចុះឡើងជូនលោក។ ២៥ រួចមក អ្នកត្រូវទទួលរបស់ទាំងនោះពីដៃពួកគាត់វិញ ហើយយកទៅដុតនៅទីបូជាពីលើគ្រឿងបូជាដុតពីមុន ដើម្បីឲ្យមានក្លិនឈ្ងុយនៅចំពោះព្រះយេហូវ៉ា។ នេះជាគ្រឿងបូជាដុតជូនព្រះយេហូវ៉ា។
២៦ «ឯសាច់ទ្រូងនៃចៀមដែលបានត្រូវជូនជាគ្រឿងបូជាសម្រាប់ការតែងតាំង+អេរ៉ុនជាសង្ឃ នោះអ្នកត្រូវលើករេទៅរេមកជាគ្រឿងបូជាសម្រាប់លើកចុះឡើងនៅចំពោះព្រះយេហូវ៉ា។ សាច់នោះនឹងបានជាចំណែករបស់អ្នក។ ២៧ ដូច្នេះ សាច់ទ្រូងនិងសាច់ភ្លៅនៃគ្រឿងបូជាសម្រាប់លើកចុះឡើង ដែលមកពីចៀមនៃគ្រឿងបូជាសម្រាប់ការតែងតាំង+អេរ៉ុននិងកូនប្រុសៗគាត់ជាសង្ឃ អ្នកត្រូវញែកសាច់ពីរផ្នែកនេះទុកជាចំណែកពិសិដ្ឋ។ ២៨ កាលណាបណ្ដាជនអ៊ីស្រាអែលយកសត្វមកជូនជាគ្រឿងបូជានៃមេត្រីភាព ពួកគេត្រូវជូនចំណែកពិសិដ្ឋនេះដល់ព្រះយេហូវ៉ា។+ ចំណែកពិសិដ្ឋនេះនឹងទៅជារបស់អេរ៉ុននិងកូនប្រុសៗគាត់ដែលជាសង្ឃ។ នេះជាច្បាប់ដែលបណ្ដាជនអ៊ីស្រាអែលត្រូវកាន់តាមជាដរាបតទៅ។+
២៩ «សម្លៀកបំពាក់បរិសុទ្ធ+របស់អេរ៉ុននឹងត្រូវបំពាក់ឲ្យកូនចៅគាត់+ នៅពេលដែលពួកគេទទួលការតែងតាំងជាសង្ឃ។ ៣០ ដូច្នេះ ក្នុងចំណោមកូនចៅរបស់អេរ៉ុន អ្នកដែលទទួលតំណែងបន្ទាប់ពីគាត់ និងជាអ្នកដែលមានភារកិច្ចចូលទៅក្នុងត្រសាលជំនុំ ដើម្បីបម្រើនៅកន្លែងបរិសុទ្ធ អ្នកនោះត្រូវពាក់សម្លៀកបំពាក់នោះក្នុងរយៈពេល៧ថ្ងៃ។+
៣១ «អ្នកត្រូវយកសាច់ចៀមសម្រាប់ការតែងតាំងនោះទៅស្ងោរនៅកន្លែងបរិសុទ្ធ។+ ៣២ អេរ៉ុននិងកូនប្រុសៗរបស់គាត់ត្រូវបរិភោគ+សាច់ចៀមនោះជាមួយនឹងនំប៉័ងក្នុងកញ្ជើ នៅត្រង់ច្រកចូលត្រសាលជំនុំ។ ៣៣ ពួកគាត់ត្រូវបរិភោគសាច់ចៀមនោះ ជាសាច់ដែលបានត្រូវជូនសម្រាប់ការតែងតាំងពួកគាត់ជាសង្ឃ ដើម្បីជម្រះភាពខុសឆ្គងរបស់ពួកគាត់ ហើយដើម្បីញែកពួកគាត់ជាបរិសុទ្ធ។ ប៉ុន្តែ អ្នកឯទៀតដែលមិនមានភារកិច្ចជាសង្ឃ មិនអាចបរិភោគបានទេ ព្រោះសាច់នោះជាអ្វីដែលបរិសុទ្ធ។+ ៣៤ បើសាច់ចៀមដែលជាគ្រឿងបូជាសម្រាប់ការតែងតាំង និងនំប៉័ង មាននៅសល់រហូតដល់ព្រឹក អ្នកត្រូវដុតចោលទាំងអស់+ មិនត្រូវឲ្យបរិភោគឡើយ ព្រោះនោះជាអ្វីដែលបរិសុទ្ធ។
៣៥ «អ្នកត្រូវធ្វើដូច្នោះចំពោះអេរ៉ុននិងកូនប្រុសៗគាត់ តាមបង្គាប់ទាំងអស់របស់ខ្ញុំ។ អ្នកត្រូវចំណាយពេល៧ថ្ងៃ ដើម្បីធ្វើពិធីតែងតាំងពួកគាត់ជាសង្ឃ។+ ៣៦ ជារៀងរាល់ថ្ងៃ អ្នកត្រូវជូនគោមួយក្បាលជាគ្រឿងបូជាសម្រាប់ជម្រះភាពខុសឆ្គង។ អ្នកត្រូវជូនគ្រឿងបូជានោះ ដើម្បីធ្វើឲ្យទីបូជាបានបរិសុទ្ធ ហើយអ្នកត្រូវចាក់ប្រេងលើទីបូជានោះ ដើម្បីញែកជាបរិសុទ្ធ។+ ៣៧ អ្នកត្រូវចំណាយពេល៧ថ្ងៃ ដើម្បីធ្វើឲ្យទីបូជាបានបរិសុទ្ធ។ អ្នកត្រូវញែកទីបូជានោះឲ្យទៅជាទីបូជាបរិសុទ្ធបំផុត+ ហើយអ្នកណាដែលបម្រើនៅទីបូជានោះត្រូវតែបរិសុទ្ធ។
៣៨ «នៅលើទីបូជានោះ អ្នកត្រូវជូនជាប្រចាំដូចតទៅ៖ ចៀមឈ្មោលអាយុមួយខួបពីរក្បាលជារៀងរាល់ថ្ងៃ+ ៣៩ គឺចៀមមួយក្បាលនៅពេលព្រឹក និងចៀមមួយក្បាលទៀតនៅពេលល្ងាច។+ ៤០ ពេលជូនចៀមនៅពេលព្រឹក អ្នកត្រូវជូនម្សៅម៉ដ្ឋ១ភាគ១០អេហ្វា* លាយនឹងប្រេងអូលីវសុទ្ធ១ភាគ៤ហ៊ីន* ព្រមទាំងជូនគ្រឿងបូជាជាស្រា១ភាគ៤ហ៊ីន។ ៤១ ពេលជូនចៀមនៅពេលល្ងាច* អ្នកក៏ត្រូវជូនម្សៅនិងគ្រឿងបូជាជាស្រាដូចនៅពេលព្រឹកដែរ។ អ្នកត្រូវដុតរបស់ទាំងនេះទុកជាគ្រឿងបូជាដែលមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។ ៤២ គ្រឿងបូជាដុតនេះនឹងត្រូវជូនព្រះយេហូវ៉ាជាប្រចាំគ្រប់ជំនាន់តរៀងទៅ នៅឯមាត់ច្រកត្រសាលជំនុំ ជាកន្លែងដែលខ្ញុំនឹងលេចមកនិយាយជាមួយអ្នក។+
៤៣ «នៅទីនោះ ខ្ញុំនឹងលេចមកជួបបណ្ដាជនអ៊ីស្រាអែល ហើយកន្លែងនោះនឹងបានបរិសុទ្ធ ដោយសារសិរីរុងរឿងរបស់ខ្ញុំ។+ ៤៤ ខ្ញុំនឹងធ្វើឲ្យត្រសាលជំនុំនិងទីបូជាបានបរិសុទ្ធ ហើយខ្ញុំនឹងញែកអេរ៉ុននិងកូនប្រុសៗរបស់គាត់ជាបរិសុទ្ធ+ ដើម្បីឲ្យពួកគាត់អាចបម្រើជាសង្ឃដល់ខ្ញុំ។ ៤៥ ខ្ញុំនឹងនៅក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល ហើយខ្ញុំនឹងធ្វើជាព្រះរបស់ពួកគេ។+ ៤៦ ពួកគេនឹងដឹងច្បាស់ថាខ្ញុំជាយេហូវ៉ាជាព្រះរបស់ពួកគេ ដែលបានរំដោះពួកគេចេញពីស្រុកអេហ្ស៊ីប។ ខ្ញុំបានធ្វើដូច្នោះ ដើម្បីខ្ញុំអាចនៅក្នុងចំណោមពួកគេ។+ ខ្ញុំនេះហើយជាយេហូវ៉ាជាព្រះរបស់ពួកគេ។
៣០ «អ្នកត្រូវធ្វើទីបូជាមួយសម្រាប់ដុតគ្រឿងក្រអូប+ ហើយអ្នកត្រូវធ្វើទីបូជានោះពីឈើអាកាស្យា។+ ២ ទីបូជានោះមានរាងបួនជ្រុង បណ្ដោយមួយហត្ថ* ទទឹងមួយហត្ថ និងកម្ពស់ពីរហត្ថ ហើយមានស្នែងជាប់ជាមួយដែរ។+ ៣ អ្នកត្រូវស្រោបទីបូជានោះដោយមាសសុទ្ធ គឺនៅផ្ទៃខាងលើ ផ្ទៃជុំវិញ និងលើស្នែង។ រួចអ្នកត្រូវធ្វើក្បាច់ពីមាសនៅជុំវិញគែមខាងលើ។ ៤ អ្នកក៏ត្រូវធ្វើកងមាសភ្ជាប់នៅខាងក្រោមគែមនោះ គឺម្ខាងពីរៗ។ កងទាំងនោះគឺសម្រាប់ស៊កដងសែងទីបូជានោះ។ ៥ ដងនោះត្រូវធ្វើពីឈើអាកាស្យា ហើយស្រោបដោយមាស។ ៦ អ្នកត្រូវដាក់ទីបូជានោះនៅមុខវាំងនន ជិតហឹបនៃសេចក្ដីរំលឹក+និងគម្របហឹបនោះ ជាកន្លែងដែលខ្ញុំនឹងលេចមកជួបអ្នក។+
៧ «អេរ៉ុន+នឹងដុតគ្រឿងក្រអូប+ឲ្យផ្សែងហុយឡើងនៅលើទីបូជានោះ+ ពេលដែលគាត់រៀបចំចង្កៀង+រៀងរាល់ព្រឹក។ ៨ បន្ថែមទៀត រៀងរាល់ល្ងាច*ពេលអេរ៉ុនអុជចង្កៀង គាត់ក៏ត្រូវដុតគ្រឿងក្រអូបដែរ។ គ្រឿងក្រអូបនោះត្រូវដុតនៅចំពោះព្រះយេហូវ៉ាជាប្រចាំគ្រប់ជំនាន់តរៀងទៅ។ ៩ អ្នកមិនត្រូវដុតគ្រឿងក្រអូបដែលលាយខុសពីការណែនាំ+នៅលើទីបូជានោះឡើយ។ ឯគ្រឿងបូជាដុត ឬគ្រឿងបូជាជាស្រា ឬគ្រឿងបូជាពីស្រូវ ក៏មិនត្រូវដុតនៅទីនោះដែរ។ ១០ អេរ៉ុនត្រូវយកឈាមសត្វនៃគ្រឿងបូជាសម្រាប់ជម្រះភាពខុសឆ្គង+ ទៅលាបលើស្នែងទីបូជានោះ ដើម្បីធ្វើឲ្យទីបូជានោះបរិសុទ្ធ។ គាត់ត្រូវធ្វើដូច្នោះជារៀងរាល់ឆ្នាំ+គ្រប់ជំនាន់តរៀងទៅ។ ទីបូជានោះគឺបរិសុទ្ធបំផុតចំពោះព្រះយេហូវ៉ា»។
១១ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ១២ «កាលណាអ្នករាប់ចំនួនកូនប្រុសៗរបស់ជនជាតិអ៊ីស្រាអែលកត់ទុកក្នុងបញ្ជី+ នោះអ្នកត្រូវឲ្យពួកគេម្នាក់ៗបង់ថ្លៃលោះជីវិតរបស់ខ្លួនជូនព្រះយេហូវ៉ា។ យ៉ាងនោះនឹងគ្មានសេចក្ដីវេទនាធ្លាក់មកលើពួកគេឡើយ។ ១៣ ពួកគេម្នាក់ៗត្រូវបង់កន្លះហ្សេគិល* តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នេះជាចំនួនដែលពួកគេត្រូវជូនព្រះយេហូវ៉ា។+ មួយហ្សេគិលស្មើនឹង២០កេរ៉ា។* ១៤ ដូច្នេះ បុរសគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីអាយុ២០ឆ្នាំឡើងទៅ ត្រូវជូនតាមចំនួននោះដល់ព្រះយេហូវ៉ា។+ ១៥ ចំពោះអ្នកមានមិនត្រូវឲ្យលើស ឯអ្នកក្រក៏មិនត្រូវឲ្យខ្វះដែរ គឺម្នាក់ៗត្រូវឲ្យកន្លះហ្សេគិលជូនព្រះយេហូវ៉ា ដើម្បីលោះជីវិតខ្លួន។* ១៦ អ្នកត្រូវយកប្រាក់នោះពីបណ្ដាជនអ៊ីស្រាអែល ដើម្បីប្រើសម្រាប់កិច្ចបម្រើនៅក្នុងត្រសាលជំនុំ។ ប្រាក់នោះជាសេចក្ដីរំលឹកដល់ជនជាតិអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ាថា ពួកគេត្រូវលោះជីវិតខ្លួន»។
១៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេទៀតថា៖ ១៨ «អ្នកត្រូវធ្វើអាងទឹកមួយពីស្ពាន់សម្រាប់លាងសម្អាត និងជើងសម្រាប់ទ្រវាដែរ។+ អ្នកត្រូវដាក់អាងនោះនៅចន្លោះត្រសាលជំនុំនិងទីបូជា រួចចាក់ទឹកឲ្យពេញអាង។+ ១៩ អេរ៉ុននិងកូនប្រុសៗរបស់គាត់នឹងលាងសម្អាតដៃជើងនៅទីនោះ+ ២០ ដើម្បីកុំឲ្យពួកគាត់ស្លាប់ ពេលចូលទៅក្នុងត្រសាលជំនុំ ឬបំពេញកិច្ចបម្រើនៅទីបូជា និងពេលជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា។ ២១ ពួកគេត្រូវលាងសម្អាតដៃជើង ដើម្បីកុំឲ្យខ្លួនត្រូវស្លាប់។ នេះជាច្បាប់សម្រាប់អេរ៉ុននិងកូនចៅរបស់គាត់នៅគ្រប់ជំនាន់តរៀងទៅ»។+
២២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេទៀតថា៖ ២៣ «បន្ទាប់មក អ្នកត្រូវយកគ្រឿងក្រអូបវិសេសៗដូចតទៅ៖ ជ័រល្វីងទេស*ទម្ងន់៥០០ហ្សេគិល ស៊ីនេម៉ុន*២៥០ហ្សេគិល កាឡាមើស*២៥០ហ្សេគិល ២៤ និងខេហ្សា*៥០០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ+ ព្រមទាំងប្រេងអូលីវមួយហ៊ីន។* ២៥ រួចយកគ្រឿងទាំងនេះលាយគ្នាតាមវិធីនៃអ្នកផ្សំគ្រឿងក្រអូបដើម្បីធ្វើជាប្រេងបរិសុទ្ធសម្រាប់ចាក់តែងតាំង។+
២៦ «អ្នកត្រូវយកប្រេងនោះទៅចាក់លើត្រសាលជំនុំ+ លើហឹបនៃសេចក្ដីរំលឹក ២៧ លើតុនិងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងវា លើជើងចង្កៀងនិងប្រដាប់ប្រដារបស់វា លើទីបូជាសម្រាប់ដុតគ្រឿងក្រអូប ២៨ លើទីបូជាសម្រាប់គ្រឿងបូជាដុតនិងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងវា ព្រមទាំងលើអាងទឹកនិងជើងទ្រវា។ ២៩ អ្នកត្រូវញែកប្រដាប់ប្រដាទាំងនោះឲ្យបានបរិសុទ្ធបំផុត។+ អ្នកណាដែលប៉ះប្រដាប់ប្រដាទាំងនោះ ត្រូវតែបរិសុទ្ធ។+ ៣០ អ្នកត្រូវចាក់ប្រេងតែងតាំងអេរ៉ុន+និងកូនប្រុសៗរបស់គាត់+ ហើយញែកពួកគាត់ជាបរិសុទ្ធដើម្បីបម្រើជាសង្ឃដល់ខ្ញុំ។+
៣១ «អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលថា៖ ‹នេះជាប្រេងបរិសុទ្ធសម្រាប់ខ្ញុំ គ្រប់ជំនាន់តរៀងទៅ។+ ៣២ អ្នកមិនត្រូវយកប្រេងនេះទៅលាបឲ្យមនុស្សណាម្នាក់ឡើយ។ អ្នកក៏មិនត្រូវយកគ្រឿងផ្សំទាំងនោះទៅលាយជាប្រេងដូចនេះដែរ ព្រោះប្រេងនេះគឺជាអ្វីដែលបរិសុទ្ធ ហើយអ្នកត្រូវចាត់ទុកប្រេងនេះជាបរិសុទ្ធជានិច្ច។ ៣៣ អ្នកណាដែលលាយគ្រឿងផ្សំធ្វើប្រេងដូចនេះ ហើយយកប្រេងនេះទៅលាបឲ្យមនុស្សដែលគ្មានសិទ្ធិទទួល* អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន›»។+
៣៤ រួចព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «អ្នកត្រូវយកគ្រឿងក្រអូបទាំងនេះដែលមានទម្ងន់ស្មើគ្នា+ គឺជ័រក្រអូបស្តេកតា អូនីកា កាល់បានិម និងម្សៅក្រអូបសុទ្ធ។ ៣៥ រួចអ្នកត្រូវផ្សំធ្វើជាគ្រឿងក្រអូប+ តាមវិធីធ្វើរបស់អ្នកផ្សំគ្រឿងក្រអូប ហើយត្រូវដាក់អំបិលដែរ។+ នេះជាគ្រឿងក្រអូបល្អបរិសុទ្ធ។ ៣៦ អ្នកត្រូវយកគ្រឿងក្រអូបនេះមួយផ្នែកទៅបុកឲ្យម៉ដ្ឋ ហើយយកទៅដាក់នៅមុខហឹបនៃសេចក្ដីរំលឹកដែលនៅក្នុងត្រសាលជំនុំ ជាកន្លែងដែលខ្ញុំនឹងមកជួបអ្នក។ គ្រឿងក្រអូបនេះត្រូវជាអ្វីដែលបរិសុទ្ធបំផុតចំពោះអ្នក។ ៣៧ អ្នកមិនត្រូវផ្សំគ្រឿងក្រអូបនេះទុកប្រើសម្រាប់ខ្លួនឡើយ។+ អ្នកត្រូវចាត់ទុកគ្រឿងក្រអូបនេះជាអ្វីដែលបរិសុទ្ធជូនព្រះយេហូវ៉ា។ ៣៨ អ្នកណាដែលផ្សំគ្រឿងក្រអូបនេះ ទុកសម្រាប់ខ្លួនដោយសារចូលចិត្តក្លិនក្រអូបនេះ អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន»។
៣១ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្ថែមទៀតថា៖ ២ «មើល! ខ្ញុំបានជ្រើសរើសបេសាលែល+ជាកូនរបស់យូរ៉ាយ ត្រូវជាចៅរបស់ហឺរដែលមកពីកុលសម្ព័ន្ធយូដា។+ ៣ ខ្ញុំនឹងឲ្យឫទ្ធានុភាពរបស់ខ្ញុំដល់គាត់ ព្រមទាំងឲ្យប្រាជ្ញា ការយល់ដឹង និងចំណេះសព្វគ្រប់ក្នុងការធ្វើអ្វីៗដោយដៃ។ ៤ គាត់នឹងចេះធ្វើក្បាច់រចនា ចេះធ្វើគ្រឿងផ្សេងៗពីមាស ពីប្រាក់ និងពីស្ពាន់។ ៥ គាត់ចេះច្នៃនិងដាំត្បូង+ ថែមទាំងចេះធ្វើឧបករណ៍ផ្សេងៗពីឈើផងដែរ។+ ៦ បន្ថែមទៅទៀត ខ្ញុំបានតែងតាំងអូហូលាភ+ជាកូនអាហ៊ីសាម៉ាក់ដែលមកពីកុលសម្ព័ន្ធដាន់ ឲ្យធ្វើជាជំនួយការគាត់។ ឯអស់អ្នកដែលមានជំនាញផ្សេងៗ ខ្ញុំនឹងឲ្យពួកគេមានប្រាជ្ញា ដើម្បីពួកគេអាចធ្វើតាមការណែនាំទាំងអស់ដែលអ្នកបានទទួលពីខ្ញុំ។+ ៧ អ្វីៗដែលត្រូវធ្វើនោះមានដូចតទៅ៖ ត្រសាលជំនុំ+ ហឹបនៃសេចក្ដីរំលឹក+និងគម្របហឹប+ ឧបករណ៍ទាំងអស់សម្រាប់ត្រសាល ៨ តុ+និងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងវា ជើងចង្កៀងធ្វើពីមាសសុទ្ធនិងប្រដាប់ប្រដារបស់វា+ ទីបូជាសម្រាប់ដុតគ្រឿងក្រអូប+ ៩ ទីបូជាសម្រាប់គ្រឿងបូជាដុត+និងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងវា អាងទឹកនិងជើងទ្រវា+ ១០ សម្លៀកបំពាក់ធ្វើពីក្រណាត់ត្បាញយ៉ាងល្អ សម្លៀកបំពាក់បរិសុទ្ធសម្រាប់អេរ៉ុន និងសម្លៀកបំពាក់សង្ឃសម្រាប់កូនប្រុសៗរបស់គាត់+ ១១ ព្រមទាំងប្រេងបរិសុទ្ធ និងគ្រឿងក្រអូបសម្រាប់ទីបរិសុទ្ធ។+ ពួកគេនឹងធ្វើតាមការណែនាំទាំងអស់ដែលអ្នកបានទទួលពីខ្ញុំ»។
១២ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេទៀតថា៖ ១៣ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាត្រូវកាន់តាមថ្ងៃឈប់សម្រាករបស់ខ្ញុំយ៉ាងហ្មត់ចត់+ ព្រោះនេះជាសញ្ញាសម្គាល់រវាងខ្ញុំនិងអ្នករាល់គ្នានៅគ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំជាយេហូវ៉ា ជាអ្នកដែលញែកអ្នករាល់គ្នាជាបរិសុទ្ធ។ ១៤ អ្នករាល់គ្នាត្រូវកាន់តាមថ្ងៃឈប់សម្រាក ព្រោះថ្ងៃនោះជាថ្ងៃបរិសុទ្ធដល់អ្នករាល់គ្នា។+ អ្នកណាដែលបំពានច្បាប់ថ្ងៃឈប់សម្រាក អ្នកនោះនឹងត្រូវស្លាប់។ បើអ្នកណាម្នាក់ធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន។+ ១៥ ក្នុងរយៈពេល៦ថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន តែនៅថ្ងៃទី៧អ្នករាល់គ្នាត្រូវឈប់សម្រាកទាំងស្រុង+ ព្រោះថ្ងៃនោះជាថ្ងៃបរិសុទ្ធចំពោះព្រះយេហូវ៉ា។ អស់អ្នកដែលធ្វើការនៅថ្ងៃឈប់សម្រាកនឹងត្រូវស្លាប់។ ១៦ បណ្ដាជនអ៊ីស្រាអែលត្រូវកាន់តាមថ្ងៃឈប់សម្រាកនៅគ្រប់ជំនាន់តរៀងទៅ។ នេះជាកិច្ចព្រមព្រៀងដែលស្ថិតស្ថេរជាដរាប។ ១៧ ព្រោះក្នុងរយៈពេល៦ថ្ងៃ ព្រះយេហូវ៉ាបានបង្កើតមេឃនិងផែនដី។ នៅថ្ងៃទី៧ លោកបានសម្រាកពីកិច្ចការបង្កើត និងបានរីករាយពេញចិត្តនឹងស្នាដៃរបស់លោក។+ នេះជាសញ្ញាសម្គាល់រវាងខ្ញុំនិងបណ្ដាជនអ៊ីស្រាអែលជារៀងរហូតតទៅ›»។+
១៨ ក្រោយពីព្រះបានមានប្រសាសន៍ទៅកាន់ម៉ូសេនៅភ្នំស៊ីណាយចប់សព្វគ្រប់ហើយ លោកក៏បានឲ្យបន្ទះថ្មពីរដល់គាត់ គឺជាបន្ទះថ្មនៃសេចក្ដីរំលឹក+ដែលលោកបានសរសេរដោយម្រាមដៃរបស់លោក។+
៣២ កាលបណ្ដាជនអ៊ីស្រាអែលឃើញថាម៉ូសេក្រចុះពីលើភ្នំ+ ពួកគេក៏បាននាំគ្នាទៅជួបអេរ៉ុន ហើយនិយាយថា៖ «ចូរធ្វើព្រះមួយដើម្បីនាំមុខយើងទាំងអស់គ្នា+ ព្រោះម៉ូសេនេះដែលបាននាំយើងចេញពីស្រុកអេហ្ស៊ីបមក យើងមិនដឹងថាមានរឿងអ្វីកើតឡើងដល់គាត់ទេ»។ ២ អេរ៉ុនក៏តបទៅពួកគេថា៖ «ចូរដោះក្រវិលមាស+ពីត្រចៀកប្រពន្ធ កូនស្រី និងកូនប្រុសរបស់អ្នករាល់គ្នាយកមកឲ្យខ្ញុំ»។ ៣ ដូច្នេះ បណ្ដាជនទាំងអស់បានដោះក្រវិលមាសពីត្រចៀកខ្លួន យកទៅប្រគល់ឲ្យអេរ៉ុន។ ៤ អេរ៉ុនបានទទួលមាសពីពួកគេ ក្រោយមកគាត់ក៏យកទៅឆ្លាក់ធ្វើជារូបកូនគោមាស។*+ ពេលនោះ ពួកគេនាំគ្នានិយាយថា៖ «ឱបណ្ដាជនអ៊ីស្រាអែលអើយ! នេះជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបមក»។+
៥ ពេលឃើញដូច្នេះ អេរ៉ុនក៏បានធ្វើទីបូជាមួយនៅមុខរូបកូនគោនោះ។ រួចគាត់និយាយថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យជូនព្រះយេហូវ៉ា»។ ៦ លុះព្រឹកឡើង ពួកគេបានក្រោកឡើងពីព្រលឹម ជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាព។ ក្រោយនោះ បណ្ដាជនបានអង្គុយពិសាអាហារពិសាស្រា ហើយក្រោកឡើងនាំគ្នាអរសប្បាយ។+
៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរចុះពីភ្នំទៅ ព្រោះជនរួមជាតិរបស់អ្នកដែលអ្នកបាននាំចេញពីស្រុកអេហ្ស៊ីបមកនោះ ពួកគេបានប្រព្រឹត្តអាក្រក់ហើយ។+ ៨ ពួកគេឆាប់បែរចេញពីផ្លូវរបស់ខ្ញុំណាស់។+ ពួកគេបានធ្វើរូបកូនគោមាស ហើយបានក្រាបគោរពនៅចំពោះរូបនោះ ថែមទាំងជូនគ្រឿងបូជាដល់រូបនោះដោយនិយាយថា៖ ‹ឱបណ្ដាជនអ៊ីស្រាអែលអើយ! នេះជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបមក›»។ ៩ ព្រះយេហូវ៉ាមានប្រសាសន៍បន្តថា៖ «ខ្ញុំឃើញថាបណ្ដាជននេះជាមនុស្សមានចិត្តរឹងរូសណាស់។+ ១០ ខ្ញុំខឹងពួកគេខ្លាំងណាស់ ដូច្នេះទុកឲ្យខ្ញុំបំផ្លាញបណ្ដាជននេះឲ្យសាបសូន្យទៅ ហើយខ្ញុំនឹងបង្កើតប្រជាជាតិដ៏ធំមួយពីអ្នកវិញ»។+
១១ ឮដូច្នេះ ម៉ូសេបានអង្វរព្រះយេហូវ៉ា+ថា៖ «ឱព្រះយេហូវ៉ាអើយ! ហេតុអ្វីបានជាលោកខឹង ហើយចង់បំផ្លាញពួកគេដូច្នេះ? ព្រោះពួកគេជារាស្ត្រដែលលោកបានរំដោះចេញពីស្រុកអេហ្ស៊ីបដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។+ ១២ សូមកុំឲ្យពួកអេហ្ស៊ីបមានហេតុនិយាយថា៖ ‹ព្រះនោះមានបំណងអាក្រក់ហើយ បានជានាំពួកគេចេញទៅ គឺលោកចង់សម្លាប់ពួកគេនៅតំបន់ភ្នំ ដើម្បីបំផ្លាញពួកគេឲ្យសាបសូន្យពីផែនដី›។+ សូមលោកមេត្តាឈប់ខឹង ហើយគិតឡើងវិញអំពីសេចក្ដីអន្តរាយដែលលោកចង់ធ្វើទៅលើរាស្ត្ររបស់លោកផង។ ១៣ សូមលោកនឹកដល់អ្នកបម្រើរបស់លោក គឺអាប្រាហាំ អ៊ីសាក និងអ៊ីស្រាអែល ដែលលោកបានស្បថនឹងពួកគាត់ថា៖ ‹ខ្ញុំនឹងធ្វើឲ្យកូនចៅ*របស់អ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ+ ហើយខ្ញុំនឹងឲ្យទឹកដីទាំងនេះដល់កូនចៅរបស់អ្នកទុកជាមត៌កជាដរាបតទៅ ដូចដែលខ្ញុំបានសន្យា›»។+
១៤ ដូច្នេះ ព្រះយេហូវ៉ាបានគិតឡើងវិញអំពីសេចក្ដីអន្តរាយដែលលោកចង់ធ្វើទៅលើរាស្ត្ររបស់លោក។+
១៥ បន្ទាប់មក ម៉ូសេបានចុះពីលើភ្នំ ទាំងកាន់+បន្ទះថ្មនៃសេចក្ដីរំលឹក+មកជាមួយដែរ។ បន្ទះថ្មទាំងពីរនោះ មានចារអក្សរទាំងសងខាង។ ១៦ បន្ទះថ្មនោះជាស្នាដៃរបស់ព្រះ ហើយអក្សរនៅលើបន្ទះថ្មនោះ ជាអក្សរដែលព្រះបានចារដោយដៃលោកផ្ទាល់។+ ១៧ ពេលយ៉ូស្វេឮសម្រែករបស់បណ្ដាជន គាត់ក៏និយាយទៅម៉ូសេថា៖ «មានឮសូរចម្បាំងនៅជំរំ»។ ១៨ ប៉ុន្តែ ម៉ូសេនិយាយថា៖
«នេះមិនមែនជាសំឡេងច្រៀងអបអរជ័យជម្នះទេ
ហើយក៏មិនមែនជាសំឡេងទួញសោកចាញ់សង្គ្រាមដែរ
តែខ្ញុំឮដូចជាសំឡេងច្រៀងអំពីអ្វីផ្សេងវិញ»។
១៩ ពេលម៉ូសេទៅជិតដល់ជំរំ ភ្លាមនោះគាត់បានឃើញរូបកូនគោមាស+ និងឃើញបណ្ដាជនកំពុងរាំ ដូច្នេះគាត់ខឹងជាខ្លាំង ហើយគាត់ក៏បោកបន្ទះថ្មទាំងពីរនៅជើងភ្នំ បែកខ្ទេចខ្ទីអស់។+ ២០ រួចគាត់ក៏យករូបកូនគោមាសនោះ ទៅដុតក្នុងភ្លើង រួចកិនឲ្យម៉ដ្ឋដូចម្សៅ។+ បន្ទាប់មក គាត់បានយកទៅបាចនៅក្នុងទឹក រួចបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យផឹកទឹកនោះ។+ ២១ ម៉ូសេបានសួរអេរ៉ុនថា៖ «តើបណ្ដាជនទាំងនេះបានធ្វើអ្វីដល់អ្នក បានជាអ្នកនាំឲ្យពួកគេធ្វើអំពើខុសឆ្គងដ៏ធំបែបនេះ?»។ ២២ អេរ៉ុនតបឆ្លើយថា៖ «លោកម្ចាស់ សូមមេត្តាកុំខឹងអី ដូចលោកដឹងស្រាប់ហើយ បណ្ដាជនទាំងនេះចេះតែចង់ធ្វើអាក្រក់។+ ២៣ ពួកគេបាននិយាយមកខ្ញុំថា៖ ‹ចូរធ្វើព្រះមួយដើម្បីនាំមុខយើងទាំងអស់គ្នា ព្រោះម៉ូសេនេះដែលបាននាំយើងចេញពីស្រុកអេហ្ស៊ីបមក យើងមិនដឹងថាមានរឿងអ្វីកើតឡើងដល់គាត់ទេ›។+ ២៤ ដូច្នេះ ខ្ញុំក៏ប្រាប់ពួកគេថា៖ ‹អ្នកណាដែលមានមាស ចូរដោះយកមកឲ្យខ្ញុំ›។ បន្ទាប់មក ខ្ញុំបានបោះមាសទាំងនោះទៅក្នុងភ្លើង ហើយវាក៏ចេញជារូបកូនគោមាសនេះទៅ»។
២៥ ម៉ូសេបានឃើញថា អេរ៉ុនបានបណ្ដោយឲ្យបណ្ដាជនធ្វើតាមអំពើចិត្ត ហើយនេះនាំឲ្យពួកគេរងការប្រមាថមើលងាយ។ ២៦ បន្ទាប់មក ម៉ូសេបានឈរនៅច្រកចូលជំរំ ហើយនិយាយថា៖ «អ្នកណាដែលនៅខាងព្រះយេហូវ៉ា ចូរមកឯខ្ញុំ!»។+ ភ្លាមនោះ ពួកលេវីទាំងអស់បានចូលទៅឯគាត់។ ២៧ ពេលនោះ ម៉ូសេនិយាយទៅពួកលេវីថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ដូច្នេះថា៖ ‹ចូរអ្នករាល់គ្នាម្នាក់ៗក្រវាត់ដាវនៅចង្កេះ ហើយទៅសម្លាប់បងប្អូន អ្នកជិតខាង និងមិត្តសម្លាញ់ខ្លួនចាប់ពីច្រកម្ខាងជំរំដល់ច្រកម្ខាងទៀត›»។+ ២៨ ភ្លាមនោះ ពួកលេវីបានធ្វើតាមបង្គាប់ម៉ូសេ។ ដូច្នេះ នៅថ្ងៃនោះមានមនុស្សប្រហែល៣.០០០នាក់បានស្លាប់។ ២៩ រួចមក ម៉ូសេបាននិយាយទៅពួកលេវីថា៖ «នៅថ្ងៃនេះ ចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធជូនព្រះយេហូវ៉ា ព្រោះអ្នករាល់គ្នាបានប្រឆាំងនឹងកូនខ្លួននិងបងប្អូនខ្លួន។+ ថ្ងៃនេះ លោកនឹងឲ្យពរដល់អ្នករាល់គ្នា»។+
៣០ នៅថ្ងៃបន្ទាប់ ម៉ូសេបាននិយាយទៅបណ្ដាជនអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាបានធ្វើអំពើខុសឆ្គងធំណាស់។ ដូច្នេះខ្ញុំនឹងឡើងទៅជួបព្រះយេហូវ៉ាដើម្បីអង្វរសុំលោក ប្រហែលជាលោកនឹងអភ័យទោសឲ្យអ្នករាល់គ្នា»។+ ៣១ ម៉ូសេក៏បានត្រឡប់ទៅជួបព្រះយេហូវ៉ា ហើយជម្រាបលោកថា៖ «ឱព្រះអើយ! បណ្ដាជននេះបានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរណាស់! ព្រោះពួកគេបានធ្វើរូបព្រះពីមាសសម្រាប់គោរពបូជា!+ ៣២ ប៉ុន្តែ បើលោកពេញចិត្ត សូមលោកមេត្តាអភ័យទោសឲ្យពួកគេផង។+ បើមិនដូច្នោះទេ សូមលោកលុបឈ្មោះខ្ញុំចេញពីសៀវភៅរបស់លោកចុះ»។+ ៣៣ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «អ្នកណាដែលធ្វើអំពើខុសឆ្គងទាស់នឹងខ្ញុំ ខ្ញុំនឹងលុបឈ្មោះអ្នកនោះចេញពីសៀវភៅរបស់ខ្ញុំ។ ៣៤ ឥឡូវ ចូរនាំបណ្ដាជនទៅកន្លែងដែលខ្ញុំបានប្រាប់អ្នកចុះ។ ទេវតារបស់ខ្ញុំនឹងនាំមុខអ្នក+ ហើយនៅថ្ងៃដែលខ្ញុំវិនិច្ឆ័យក្ដី ខ្ញុំនឹងដាក់ទោសពួកគេចំពោះអំពើខុសឆ្គងដែលពួកគេបានធ្វើ»។ ៣៥ បន្ទាប់មក ព្រះយេហូវ៉ាបានធ្វើឲ្យបណ្ដាជនមានសេចក្ដីវេទនា ព្រោះតែរូបកូនគោដែលពួកគេបានសុំអេរ៉ុនឲ្យធ្វើ។
៣៣ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថែមទៀតថា៖ «ចូរចាកចេញពីទីនេះជាមួយនឹងបណ្ដាជនដែលអ្នកបាននាំចេញពីស្រុកអេហ្ស៊ីប។ រួចធ្វើដំណើរទៅទឹកដីដែលខ្ញុំបានស្បថនឹងអាប្រាហាំ អ៊ីសាក និងយ៉ាកុបថានឹងឲ្យដល់កូនចៅ*របស់ពួកគេ។+ ២ ខ្ញុំនឹងចាត់ទេវតាមួយរូបឲ្យទៅមុនអ្នក+ ហើយខ្ញុំនឹងបណ្ដេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីទឹកដីនោះ។+ ៣ ទឹកដីនោះជាទឹកដីដែលមានទឹកដោះនិងទឹកឃ្មុំសម្បូរហូរហៀរ។+ ប៉ុន្តែ ខ្ញុំនឹងមិនទៅជាមួយនឹងអ្នករាល់គ្នាទេ ក្រែងលោខ្ញុំបំផ្លាញអ្នករាល់គ្នានៅតាមផ្លូវ+ ព្រោះអ្នករាល់គ្នាជាមនុស្សមានចិត្តរឹងរូសណាស់»។+
៤ ក្រោយពីបានស្ដាប់សម្ដីដ៏ម៉ឺងម៉ាត់របស់ព្រះរួច បណ្ដាជនបាននាំគ្នាកាន់ទុក្ខ ហើយគ្មានអ្នកណាម្នាក់ពាក់គ្រឿងលម្អទេ។ ៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាជាមនុស្សមានចិត្តរឹងរូសណាស់។+ ការពិតខ្ញុំអាចបំផ្លាញអ្នករាល់គ្នាក្នុងមួយរំពេចបាន។+ ប៉ុន្តែ ខ្ញុំគិតមើលសិនថានឹងត្រូវធ្វើយ៉ាងណាចំពោះអ្នករាល់គ្នា។ ដូច្នេះក្នុងអំឡុងពេលនោះ អ្នករាល់គ្នាមិនត្រូវពាក់គ្រឿងលម្អឡើយ›»។ ៦ ម្ល៉ោះហើយ បណ្ដាជនអ៊ីស្រាអែលបានដោះគ្រឿងលម្អចេញកាលដែលពួកគេនៅភ្នំហូរែប ហើយតាំងពីពេលនោះមក ពួកគេមិនបានពាក់ទៀតទេ។
៧ គ្រានោះ ម៉ូសេបានយកត្រសាលរបស់គាត់ទៅដំឡើងនៅខាងក្រៅជំរំ គឺឆ្ងាយបន្តិចពីជំរំបណ្ដាជន ហើយគាត់បានហៅត្រសាលនោះថាត្រសាលជំនុំ។ ដូច្នេះ អស់អ្នកណាដែលចង់សុំការណែនាំពីព្រះយេហូវ៉ា+ ពួកគេអាចទៅទីនោះ។ ៨ កាលណាម៉ូសេចេញទៅត្រសាលជំនុំនោះ បណ្ដាជនក៏ក្រោកឈរនៅច្រកចូលត្រសាលរបស់ខ្លួន ហើយតាមមើលម៉ូសេរហូតដល់គាត់ចូលផុតក្នុងត្រសាលជំនុំ។ ៩ ពេលដែលម៉ូសេចូលទៅក្នុងត្រសាលជំនុំ បង្គោលពពក+ក៏មកស្ថិតនៅលើច្រកចូលត្រសាល គឺពេលនោះហើយដែលព្រះបានមានប្រសាសន៍មកកាន់ម៉ូសេ។+ ១០ ឯបណ្ដាជនវិញ ពេលដែលពួកគេឃើញបង្គោលពពកស្ថិតនៅលើច្រកចូលត្រសាលជំនុំ ពួកគេក៏ក្រាបគោរពនៅច្រកចូលត្រសាលរបស់ពួកគេរៀងៗខ្លួន។ ១១ ព្រះយេហូវ៉ាមានប្រសាសន៍ទល់មុខម៉ូសេ+ ដូចជាមនុស្សម្នាក់និយាយទៅកាន់មនុស្សម្នាក់ទៀត។ ពេលដែលម៉ូសេត្រឡប់ទៅជំរំបណ្ដាជនវិញ យ៉ូស្វេ+ជាកូនរបស់នុន ដែលបម្រើជាជំនួយការគាត់+ នៅយាមត្រសាលជំនុំនោះ។
១២ ក្រោយមក ម៉ូសេបាននិយាយទៅកាន់ព្រះយេហូវ៉ាថា៖ «លោកបានមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរនាំបណ្ដាជននេះធ្វើដំណើរចេញទៅ›។ ប៉ុន្តែ លោកមិនបានប្រាប់ខ្ញុំឲ្យដឹងថាលោកនឹងចាត់អ្នកណាឲ្យទៅជាមួយនឹងខ្ញុំឡើយ។ ម្យ៉ាងទៀត លោកបានមានប្រសាសន៍ថា៖ ‹ខ្ញុំស្គាល់អ្នកច្បាស់* ហើយពេញចិត្តនឹងអ្នកណាស់›។ ១៣ ដូច្នេះ បើលោកពេញចិត្តនឹងខ្ញុំមែន សូមលោកមេត្តាបង្ហាញផ្លូវរបស់លោកដល់ខ្ញុំផង+ ដើម្បីឲ្យខ្ញុំអាចស្គាល់លោកច្បាស់ ហើយបន្តធ្វើជាអ្នកដែលលោកពេញចិត្តជានិច្ច។ សូមលោកមេត្តានឹកចាំថាប្រជាជាតិនេះជារាស្ត្ររបស់លោកផង»។+ ១៤ ម្ល៉ោះហើយ ព្រះក៏មានប្រសាសន៍ថា៖ «ខ្ញុំនឹងទៅជាមួយនឹងអ្នក+ ហើយខ្ញុំនឹងផ្ដល់សេចក្ដីសុខសាន្តដល់អ្នក»។+ ១៥ បន្ទាប់មក ម៉ូសេបានតបថា៖ «បើលោកមិនអញ្ជើញទៅជាមួយនឹងយើងខ្ញុំទេ សូមមេត្តាកុំឲ្យយើងខ្ញុំចាកចេញពីទីនេះអី។ ១៦ ម្យ៉ាងទៀត តើយើងខ្ញុំអាចដឹងយ៉ាងដូចម្ដេចបានថាលោកពេញចិត្តនឹងយើងខ្ញុំនោះ? បើលោកព្រមទៅ នោះយើងខ្ញុំនឹងដឹងច្បាស់ថាលោកពេញចិត្តនឹងយើងខ្ញុំមែន+ ហើយនេះនឹងធ្វើឲ្យគេឃើញថាលោកបានញែកយើងខ្ញុំចេញពីប្រជាជាតិឯទៀតជាប្រាកដ»។+
១៧ ព្រះយេហូវ៉ាក៏មានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំនឹងធ្វើតាមសំណូមពររបស់អ្នក ព្រោះខ្ញុំស្គាល់អ្នកច្បាស់* ហើយពេញចិត្តនឹងអ្នកណាស់»។ ១៨ រួចម៉ូសេនិយាយថា៖ «សូមលោកបង្ហាញសិរីរុងរឿងរបស់លោកឲ្យខ្ញុំឃើញផង»។ ១៩ ព្រះបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងឲ្យអ្នកឃើញសិរីរុងរឿង*របស់ខ្ញុំ ហើយខ្ញុំនឹងប្រកាសនាមខ្ញុំជាយេហូវ៉ានៅចំពោះមុខអ្នក។+ ខ្ញុំពេញចិត្តនឹងអ្នកណាដែលខ្ញុំនឹងពេញចិត្ត ហើយខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាដល់អ្នកណាដែលខ្ញុំចង់បង្ហាញសេចក្ដីមេត្តា»។+ ២០ ប៉ុន្តែ ព្រះបានបន្ថែមថា៖ «អ្នកមិនអាចឃើញមុខខ្ញុំបានទេ ព្រោះគ្មានមនុស្សណាម្នាក់អាចឃើញខ្ញុំ ហើយនៅរស់បានឡើយ»។
២១ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៀតថា៖ «នៅក្បែរខ្ញុំមានថ្មមួយ ចូរមកឈរលើថ្មនេះ។ ២២ ពេលពន្លឺនៃសិរីរុងរឿងរបស់ខ្ញុំឆ្លងកាត់ទីនោះ ខ្ញុំនឹងដាក់អ្នកក្នុងក្រហែងថ្ម ហើយយកដៃខ្ញុំមកបាំងអ្នក រហូតដល់ខ្ញុំឆ្លងផុតទៅ។ ២៣ ក្រោយនោះ ខ្ញុំនឹងដកដៃចេញ ហើយអ្នកនឹងឃើញខ្នងខ្ញុំ។ ប៉ុន្តែ អ្នកមិនអាចឃើញមុខខ្ញុំបានទេ»។+
៣៤ បន្ទាប់មក ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេថា៖ «ចូរដាប់បន្ទះថ្មពីរផ្ទាំងឲ្យដូចបន្ទះថ្មពីមុន+ រួចខ្ញុំនឹងចារអក្សរនៅលើបន្ទះថ្មថ្មីនោះ+ ព្រោះបន្ទះថ្មពីមុនអ្នកបានបំបែកចោលហើយ។+ ២ ចូរត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ព្រឹកស្អែក។ លុះព្រឹកឡើង ចូរឡើងមកជួបខ្ញុំនៅលើកំពូលភ្នំស៊ីណាយ។+ ៣ ប៉ុន្តែ អ្នកមិនត្រូវនាំអ្នកណាឡើងមកជាមួយទេ ហើយមិនត្រូវឲ្យមានអ្នកណាម្នាក់នៅលើភ្នំនេះឡើយ។ សូម្បីតែហ្វូងចៀម ហ្វូងពពែ ឬហ្វូងគោ ក៏មិនត្រូវឲ្យស៊ីស្មៅនៅក្បែរភ្នំនេះដែរ»។+
៤ ស្ដាប់រួច ម៉ូសេបានដាប់បន្ទះថ្មពីរផ្ទាំងដូចបន្ទះថ្មពីមុន។ លុះព្រឹកឡើង គាត់បានក្រោកពីព្រលឹម ហើយកាន់បន្ទះថ្មថ្មីនោះឡើងទៅលើភ្នំស៊ីណាយ តាមបង្គាប់ព្រះយេហូវ៉ា។ ៥ ពេលទៅដល់ ព្រះយេហូវ៉ាបានចុះមក+ក្នុងពពក ហើយជួបនឹងម៉ូសេ រួចបានប្រកាសអំពីនាមព្រះយេហូវ៉ា។+ ៦ ពេលនោះ ព្រះយេហូវ៉ាបានឆ្លងកាត់ខាងមុខម៉ូសេ រួចប្រកាសថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះនៃសេចក្ដីមេត្តាករុណា+និងសេចក្ដីអាណិតអាសូរ។*+ លោកយឺតនឹងខឹង+ ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+និងសេចក្ដីពិត*ជាបរិបូរ។+ ៧ លោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់មនុស្សរាប់ពាន់ជំនាន់។+ លោកថែមទាំងអភ័យទោសកំហុស និងអំពើខុសឆ្គងរបស់ពួកគេទៀតផង។+ ប៉ុន្តែ លោកនឹងមិនលើកលែងទោសឲ្យមនុស្សអាក្រក់ដែលសមនឹងទទួលទោសឡើយ។+ លោកនឹងឲ្យកូនចៅពួកគេទទួលរងផលអាក្រក់ពីកំហុសរបស់ពួកគេដល់ទៅបីជំនាន់ ថែមទាំងដល់បួនជំនាន់ផង»។+
៨ ឮដូច្នេះ ម៉ូសេក៏ប្រញាប់ក្រាបខ្លួនដល់ដីគោរពព្រះ។ ៩ រួចគាត់និយាយថា៖ «ឱព្រះយេហូវ៉ាអើយ! បើលោកពេញចិត្តនឹងខ្ញុំមែន សូមព្រះយេហូវ៉ាអញ្ជើញទៅជាមួយនឹងយើងខ្ញុំផង+ ទោះជាយើងខ្ញុំជាមនុស្សមានចិត្តរឹងរូសក៏ដោយ។+ សូមលោកអភ័យទោសកំហុស និងអំពើខុសឆ្គងរបស់យើងខ្ញុំ+ ហើយយកយើងខ្ញុំធ្វើជារាស្ត្ររបស់លោកផង»។ ១០ ព្រះបានតបទៅវិញថា៖ «ខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នករាល់គ្នា ហើយខ្ញុំនឹងធ្វើការអស្ចារ្យនៅចំពោះមុខអ្នករាល់គ្នា ជាការដែលមិនធ្លាប់កើតឡើងនៅផែនដី និងជាការដែលប្រជាជាតិនានាមិនធ្លាប់ឃើញពីមុនមកទេ។+ ប្រជាជាតិដែលរស់នៅជុំវិញអ្នករាល់គ្នានឹងឃើញការអស្ចារ្យរបស់ព្រះយេហូវ៉ា ព្រោះនោះជាការអស្ចារ្យដែលខ្ញុំនឹងធ្វើដើម្បីអ្នករាល់គ្នា។+
១១ «ខ្ញុំនឹងបណ្ដេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីអ្នករាល់គ្នា។+ ឯអ្នករាល់គ្នាវិញ ចូរយកចិត្តទុកដាក់ធ្វើតាមបង្គាប់ដែលខ្ញុំឲ្យអ្នកនៅថ្ងៃនេះ។+ ១២ ចូរប្រយ័ត្នកុំធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកអ្នកនៅក្នុងស្រុកដែលអ្នករាល់គ្នានឹងទៅរស់នៅនោះឡើយ+ ខ្លាចក្រែងជាប់អន្ទាក់គេ។+ ១៣ ប៉ុន្តែ អ្នករាល់គ្នាត្រូវរំលំទីបូជារបស់ពួកគេ ហើយបំបាក់បំបែកបង្គោលថ្មពិសិដ្ឋ និងកាប់បំផ្លាញបង្គោលឈើពិសិដ្ឋ*របស់ពួកគេដែរ។+ ១៤ អ្នករាល់គ្នាមិនត្រូវក្រាបគោរពព្រះណាទៀតឡើយ+ ព្រោះព្រះយេហូវ៉ាតម្រូវឲ្យគោរពប្រណិប័តន៍លោកតែមួយប៉ុណ្ណោះ។* អ្នកណាក៏ដឹងដែរថាលោកជាព្រះដែលតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ។+ ១៥ ចូរប្រយ័ត្នកុំធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកអ្នកនៅក្នុងស្រុកនោះឡើយ ពីព្រោះពេលពួកគេប្រព្រឹត្តខុសឆ្គង*ដោយគោរពបូជាដល់ព្រះរបស់ពួកគេ+ នោះពួកគេនឹងអញ្ជើញអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបរិភោគគ្រឿងបូជាដែលពួកគេបានជូនដល់ព្រះទាំងនោះ។+ ១៦ រួចមក អ្នករាល់គ្នាច្បាស់ជាឲ្យកូនប្រុសរបស់ខ្លួនរៀបការនឹងកូនស្រីរបស់ពួកគេ+ ហើយពេលកូនស្រីទាំងនោះប្រព្រឹត្តខុសឆ្គង*ដោយគោរពបូជាដល់ព្រះរបស់ពួកគេ កូនស្រីទាំងនោះមុខជានាំកូនប្រុសៗរបស់អ្នករាល់គ្នាទៅគោរពបូជាដល់ព្រះទាំងនោះដែរ។+
១៧ «អ្នករាល់គ្នាមិនត្រូវយកលោហៈមកសិតធ្វើជារូបព្រះឡើយ។+
១៨ «អ្នករាល់គ្នាត្រូវធ្វើបុណ្យនំប៉័ងឥតដំបែ។+ នៅពេលនោះ អ្នកត្រូវបរិភោគនំប៉័ងឥតដំបែក្នុងរយៈពេល៧ថ្ងៃ ដូចខ្ញុំបានបង្គាប់និងកំណត់ទុកពីមុន គឺក្នុងខែអាប៊ីប*+ ជាខែដែលអ្នករាល់គ្នាបានចេញពីស្រុកអេហ្ស៊ីប។
១៩ «កូនប្រុសច្បងទាំងអស់ជារបស់ខ្ញុំ+ រួមទាំងកូនសត្វឈ្មោលដំបូងក៏ជារបស់ខ្ញុំដែរ ទោះជាគោឬចៀមក្ដី។+ ២០ ចំណែកកូនដំបូងរបស់សត្វលាវិញ អ្នករាល់គ្នាត្រូវលោះដោយសត្វចៀមមួយក្បាល។ ប៉ុន្តែ បើអ្នករាល់គ្នាមិនលោះទេ អ្នករាល់គ្នាត្រូវបំបាក់កសត្វលានោះទៅ។ អ្នករាល់គ្នាត្រូវលោះកូនប្រុសច្បងទាំងអស់។+ អ្នករាល់គ្នាមិនត្រូវមកឯខ្ញុំដោយដៃទទេឡើយ។
២១ «អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេល៦ថ្ងៃបាន តែនៅថ្ងៃទី៧ អ្នករាល់គ្នាត្រូវផ្អាកពីការងារ។*+ ទោះជារដូវភ្ជួររាស់ឬរដូវច្រូតកាត់ក៏ដោយ ក៏ត្រូវសម្រាកនៅថ្ងៃទី៧ដែរ។
២២ «អ្នករាល់គ្នាត្រូវធ្វើបុណ្យអាទិត្យទី៧ ពេលដែលប្រមូលផលដំបូងពីស្រូវសាលី ហើយក៏ត្រូវធ្វើបុណ្យប្រមូលផល*នៅចុងឆ្នាំដែរ។+
២៣ «មួយឆ្នាំបីដង ពួកបុរសទាំងអស់ត្រូវទៅបង្ហាញខ្លួននៅចំពោះព្រះយេហូវ៉ាជាម្ចាស់ដ៏ពិត ជាព្រះនៃជនជាតិអ៊ីស្រាអែល។+ ២៤ កាលដែលអ្នករាល់គ្នាធ្វើដំណើរបីដងក្នុងមួយឆ្នាំ ដើម្បីឡើងទៅជួបព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា នោះទឹកដីរបស់អ្នករាល់គ្នានឹងគ្មានអ្នកណាដណ្ដើមយកទេ។ ព្រោះខ្ញុំនឹងបណ្ដេញប្រជាជាតិនានាចេញពីអ្នករាល់គ្នា+ ហើយខ្ញុំនឹងពង្រីកទឹកដីរបស់អ្នករាល់គ្នាឲ្យធំទូលាយ។
២៥ «អ្នករាល់គ្នាមិនត្រូវជូនខ្ញុំនូវអ្វីដែលមានដំបែជាមួយនឹងឈាមនៃគ្រឿងបូជាទេ។+ ឯគ្រឿងបូជាដែលអ្នករាល់គ្នាជូនដល់ខ្ញុំនៅថ្ងៃបុណ្យរំលង មិនត្រូវទុកដល់ព្រឹកស្អែកឡើយ។+
២៦ «អ្នករាល់គ្នាត្រូវយកភោគផលដំបូងដ៏ល្អបំផុតពីស្រែចម្ការ មកជូនព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នានៅឯដំណាក់របស់លោក។+
«អ្នករាល់គ្នាមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។+
២៧ ព្រះយេហូវ៉ាបានមានប្រសាសន៍បន្តទៅម៉ូសេថា៖ «អ្នកត្រូវកត់ទុកពាក្យទាំងនេះ+ ព្រោះខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នកនិងបណ្ដាជនអ៊ីស្រាអែល ស្របទៅតាមពាក្យទាំងនេះ»។+ ២៨ ម៉ូសេបាននៅជាមួយនឹងព្រះយេហូវ៉ាអស់រយៈពេល៤០ថ្ងៃ៤០យប់។ គាត់មិនបានពិសាអាហារពិសាទឹកទេ។+ ពេលនោះ លោក*បានចារបញ្ញត្ដិ១០ប្រការនៅលើបន្ទះថ្មទាំងពីរនោះ។+
២៩ បន្ទាប់មក ម៉ូសេបានចុះពីលើភ្នំស៊ីណាយដោយកាន់បន្ទះថ្មទាំងពីរនៃសេចក្ដីរំលឹកមកជាមួយដែរ។+ ពេលគាត់ចុះពីភ្នំ គាត់មិនដឹងថាផ្ទៃមុខគាត់ភ្លឺចិញ្ចាចនោះទេ។ មុខគាត់មានពន្លឺដូច្នោះ ដោយសារគាត់បាននិយាយជាមួយនឹងព្រះ។ ៣០ ពេលអេរ៉ុននិងបណ្ដាជនអ៊ីស្រាអែលទាំងអស់ឃើញម៉ូសេពីចម្ងាយ ពួកគេឃើញផ្ទៃមុខរបស់គាត់ជះពន្លឺភ្លឺចិញ្ចាច ហើយពួកគេមិនហ៊ានចូលទៅជិតគាត់ឡើយ។+
៣១ ប៉ុន្តែ ម៉ូសេបានហៅពួកគេ ដូច្នេះអេរ៉ុននិងពួកបុរសដែលជាមេលើពួកជំនុំ បានចូលមកជិតគាត់។ រួចម៉ូសេនិយាយជាមួយនឹងពួកគេ។ ៣២ ក្រោយនោះ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានចូលមកជិតគាត់ រួចគាត់បានប្រាប់ពួកគេនូវបង្គាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានឲ្យគាត់នៅលើភ្នំស៊ីណាយ។+ ៣៣ ពេលណាម៉ូសេនិយាយជាមួយនឹងបណ្ដាជនរួច គាត់យកស្បៃមកគ្របមុខ។+ ៣៤ ប៉ុន្តែ ពេលណាម៉ូសេចូលទៅនិយាយជាមួយនឹងព្រះយេហូវ៉ា គាត់ដកស្បៃចេញ រហូតដល់គាត់ចេញទៅទើបគាត់បាំងមុខវិញ។+ បន្ទាប់មក គាត់ទៅជួបបណ្ដាជនអ៊ីស្រាអែលដើម្បីប្រាប់បង្គាប់ដែលគាត់បានទទួលពីព្រះ។+ ៣៥ បណ្ដាជនអ៊ីស្រាអែលបានឃើញមុខរបស់ម៉ូសេភ្លឺចិញ្ចាច។ ដូច្នេះ ម៉ូសេយកស្បៃមកបាំងមុខ រហូតដល់គាត់ចូលទៅនិយាយជាមួយនឹងព្រះ។+
៣៥ ក្រោយមក ម៉ូសេបានឲ្យបណ្ដាជនអ៊ីស្រាអែលទាំងអស់មកជួបជុំគ្នា រួចគាត់និយាយទៅកាន់ពួកគេថា៖ «ព្រះយេហូវ៉ាបានបង្គាប់ដូចតទៅ៖+ ២ អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេល៦ថ្ងៃបាន តែថ្ងៃទី៧គឺជាថ្ងៃឈប់សម្រាកជូនព្រះយេហូវ៉ាទាំងស្រុង ហើយថ្ងៃនោះនឹងទៅជាថ្ងៃបរិសុទ្ធដល់អ្នករាល់គ្នា។+ បើអ្នកណាម្នាក់ធ្វើការនៅថ្ងៃនោះ អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន។+ ៣ នៅថ្ងៃឈប់សម្រាក អ្នករាល់គ្នាមិនត្រូវបង្កាត់ភ្លើងក្នុងលំនៅរបស់ខ្លួនឡើយ»។
៤ បន្ទាប់មក ម៉ូសេបាននិយាយទៅកាន់បណ្ដាជនអ៊ីស្រាអែលបន្ថែមទៀតថា៖ «ព្រះយេហូវ៉ាបានបង្គាប់ដូច្នេះថា៖ ៥ ‹ចូរនាំយកវិភាគទានមកជូនព្រះយេហូវ៉ា។+ ចូរឲ្យគ្រប់គ្នាដែលមានចិត្តចង់ជូនវិភាគទាន យកមកជូនព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។+ វិភាគទានទាំងនោះរួមមាន៖ មាស ប្រាក់ ស្ពាន់ ៦ អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* អំបោះពណ៌ក្រហម ក្រណាត់សាច់ល្អ រោមពពែ+ ៧ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកទន់* ឈើអាកាស្យា ៨ ប្រេងសម្រាប់ចង្កៀង ប្រេងក្រអូប*សម្រាប់លាយធ្វើប្រេងបរិសុទ្ធ* និងសម្រាប់លាយធ្វើគ្រឿងក្រអូប+ ៩ ព្រមទាំងត្បូងអូនីក្ស និងត្បូងឯទៀតសម្រាប់ដាំលើអាវអេផូឌ+ និងប្រដាប់បាំងទ្រូង។+
១០ «‹ចូរប្រមូលជាងជំនាញ+ក្នុងចំណោមអ្នករាល់គ្នា ឲ្យមកធ្វើកិច្ចការទាំងអស់ដែលព្រះយេហូវ៉ាបានបង្គាប់ ១១ គឺត្រសាល ប្រដាប់ប្រដាត្រសាល ក្រណាត់គ្របត្រសាល កន្លាស់ ក្ដារស៊ុម រនុក សសរ និងជើងសសរ ១២ ហឹប+ ឈើស្នែងហឹប+ គម្របហឹប+ វាំងនន+សម្រាប់ខណ្ឌ ១៣ តុ+និងឈើស្នែងតុ ប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងតុ ព្រមទាំងនំប៉័ងតាំងទុក+ ១៤ ជើងចង្កៀង+ និងប្រដាប់ប្រដារបស់វា ចង្កៀង និងប្រេងសម្រាប់អុជបំភ្លឺ+ ១៥ ទីបូជាសម្រាប់ដុតគ្រឿងក្រអូប+ និងឈើស្នែងវា ប្រេងបរិសុទ្ធនិងគ្រឿងក្រអូប+ ថែមទាំងវាំងននបាំងមាត់ទ្វារត្រសាល ១៦ ទីបូជាសម្រាប់គ្រឿងបូជាដុត+ ប្រទាសទីបូជាដែលធ្វើពីស្ពាន់ ឈើស្នែងទីបូជា និងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងទីបូជា អាងទឹកនិងជើងទ្រ+ ១៧ រនាំងទីធ្លាត្រសាល បង្គោលនិងជើងទ្រ ព្រមទាំងវាំងននបាំងច្រកចូលទីធ្លា+ ១៨ ស្នឹងត្រសាល ស្នឹងរនាំងទីធ្លា និងខ្សែចង+ ១៩ សម្លៀកបំពាក់ធ្វើពីក្រណាត់ត្បាញយ៉ាងល្អ+សម្រាប់ពាក់បម្រើនៅទីបរិសុទ្ធ ថែមទាំងសម្លៀកបំពាក់បរិសុទ្ធសម្រាប់អេរ៉ុន+ និងសម្លៀកបំពាក់សង្ឃសម្រាប់កូនប្រុសៗរបស់គាត់›»។
២០ ក្រោយស្ដាប់រួច បណ្ដាជនអ៊ីស្រាអែលទាំងអស់បានចាកចេញពីម៉ូសេ។ ២១ បន្ទាប់មក អស់អ្នកដែលពេញចិត្ត+ជូនវិភាគទានដល់ព្រះយេហូវ៉ា បានយកវិភាគទានទាំងនោះមកជូន សម្រាប់ធ្វើត្រសាលជំនុំនិងសម្លៀកបំពាក់បរិសុទ្ធ ព្រមទាំងសម្រាប់កិច្ចបម្រើនៅទីនោះ។ ២២ ពេលនោះ បណ្ដាជនទាំងប្រុសទាំងស្រីបាននាំយកវិភាគទានដោយស្ម័គ្រពីចិត្ត មកជូនជាបន្តបន្ទាប់ គឺកន្លាស់ ក្រវិល ចិញ្ចៀន និងគ្រឿងអលង្ការឯទៀត ព្រមទាំងប្រដាប់ប្រដាគ្រប់ប្រភេទធ្វើពីមាស។ ពួកគេបានយកប្រដាប់ប្រដាមាសទាំងនេះ មកជូនជាគ្រឿងបូជា*ដល់ព្រះយេហូវ៉ា។+ ២៣ ឯអ្នកណាដែលមានអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម ក្រណាត់សាច់ល្អ រោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម និងស្បែកទន់* ពួកគេក៏យកមកជូនដែរ។ ២៤ ចំណែកអ្នកដែលមានប្រាក់និងស្ពាន់ ពួកគេបានយកមកជូនព្រះយេហូវ៉ាជាវិភាគទាន ហើយអស់អ្នកដែលមានឈើអាកាស្យា ពួកគេបានយកមកជូន សម្រាប់ប្រើក្នុងការសាងសង់។
២៥ ឯពួកស្ត្រីដែលមានជំនាញ+ខាងត្បាញរវៃ ពួកគេក៏បានយកអ្វីដែលពួកគេបានធ្វើមកជូនដែរ រួមមាន៖ អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម អំបោះសម្រាប់ធ្វើក្រណាត់សាច់ល្អ ២៦ ហើយពួកស្ត្រីដែលមានជំនាញខាងត្បាញរវៃដែលពេញចិត្តជួយ បានត្បាញរោមពពែ។
២៧ ពួកមេដឹកនាំបានជូនត្បូងអូនីក្ស និងត្បូងឯទៀតសម្រាប់ដាំលើអាវអេផូឌនិងប្រដាប់បាំងទ្រូង+ ២៨ ព្រមទាំងប្រេងក្រអូបបាលសាម និងប្រេងសម្រាប់ចង្កៀង ប្រេងសម្រាប់លាយធ្វើប្រេងបរិសុទ្ធ*+ និងសម្រាប់លាយធ្វើគ្រឿងក្រអូប។+ ២៩ ដូច្នេះ ពួកអ៊ីស្រាអែលទាំងប្រុសទាំងស្រីដែលពេញចិត្តយកអ្វីមកជូនសម្រាប់បំពេញកិច្ចការដែលព្រះយេហូវ៉ាបានបង្គាប់តាមរយៈម៉ូសេ ពួកគេបានជូនអ្វីទាំងនោះជាគ្រឿងបូជាស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា។+
៣០ បន្ទាប់មក ម៉ូសេបានប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ «មើល! ព្រះយេហូវ៉ាបានជ្រើសរើសបេសាលែលជាកូនរបស់យូរ៉ាយ ត្រូវជាចៅរបស់ហឺរដែលមកពីកុលសម្ព័ន្ធយូដា។+ ៣១ លោកឲ្យឫទ្ធានុភាពរបស់លោកដឹកនាំគាត់ ព្រមទាំងឲ្យប្រាជ្ញា ការយល់ដឹង និងចំណេះសព្វគ្រប់ក្នុងការធ្វើអ្វីៗដោយដៃ ៣២ គឺឲ្យគាត់ចេះធ្វើក្បាច់រចនា ចេះធ្វើគ្រឿងផ្សេងៗពីមាស ពីប្រាក់ និងពីស្ពាន់។ ៣៣ គាត់ចេះច្នៃនិងដាំត្បូង ថែមទាំងចេះធ្វើឧបករណ៍ផ្សេងៗពីឈើលម្អដោយក្បាច់រចនាផងដែរ។ ៣៤ លោកបណ្ដាលឲ្យគាត់និងអូហូលាភ+ជាកូនរបស់អាហ៊ីសាម៉ាក់ដែលមកពីកុលសម្ព័ន្ធដាន់ ចេះបង្រៀនអ្នកឯទៀត។ ៣៥ លោកបានធ្វើឲ្យពួកគាត់ប៉ិនប្រសប់+ក្នុងកិច្ចការគ្រប់ប្រភេទ គឺខាងចម្លាក់ ខាងការដេរប៉ាក់ ខាងការត្បាញរវៃដោយប្រើអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម និងអំបោះសម្រាប់ធ្វើក្រណាត់សាច់ល្អ ព្រមទាំងខាងការត្បាញឯទៀត។ ពួកគាត់នឹងចេះធ្វើការគ្រប់យ៉ាង ហើយចេះធ្វើក្បាច់រចនាផងដែរ។
៣៦ «ដូច្នេះ បេសាលែលនឹងធ្វើការជាមួយនឹងអូហូលាភ ព្រមទាំងជាមួយនឹងជាងជំនាញឯទៀត។ ព្រះយេហូវ៉ាបានឲ្យប្រាជ្ញានិងការយល់ដឹងដល់ពួកជាងទាំងនោះ ដើម្បីឲ្យពួកគេអាចធ្វើកិច្ចការទាំងអស់សម្រាប់កិច្ចបម្រើបរិសុទ្ធ តាមបង្គាប់ព្រះយេហូវ៉ា»។+
២ បន្ទាប់មក ម៉ូសេបានហៅបេសាលែលនិងអូហូលាភ ព្រមទាំងជាងជំនាញគ្រប់រូបដែលព្រះយេហូវ៉ាបានឲ្យប្រាជ្ញា+ គឺអស់អ្នកដែលពេញចិត្តធ្វើការងារនោះ។+ ៣ រួចម៉ូសេបានប្រគល់ឲ្យពួកគេនូវវិភាគទានទាំងអស់+ដែលបណ្ដាជនអ៊ីស្រាអែលយកមកជូនសម្រាប់កិច្ចបម្រើបរិសុទ្ធ។ ប៉ុន្តែ ជារៀងរាល់ព្រឹកបណ្ដាជននៅតែនាំយកវិភាគទានស្ម័គ្រពីចិត្តមកប្រគល់ឲ្យម៉ូសេថែមទៀត។
៤ ម្ល៉ោះហើយ ក្រោយពួកជាងជំនាញទាំងនោះចាប់ផ្ដើមធ្វើការងារបរិសុទ្ធ ពួកជាងបានចូលទៅបន្តបន្ទាប់គ្នា ៥ ហើយប្រាប់ម៉ូសេថា៖ «បណ្ដាជនបាននាំយកវិភាគទានមកច្រើនណាស់ គឺលើសពីសេចក្ដីត្រូវការសម្រាប់កិច្ចការដែលព្រះយេហូវ៉ាបង្គាប់ឲ្យធ្វើ»។ ៦ ដូច្នេះ ម៉ូសេក៏បង្គាប់ឲ្យគេប្រកាសពេញជំរំថា៖ «បងប្អូនទាំងប្រុសទាំងស្រីអើយ! សូមកុំនាំយករបស់របរមកជូនជាវិភាគទានបរិសុទ្ធទៀត»។ ម្ល៉ោះហើយ បណ្ដាជនក៏ឈប់នាំយកវិភាគទានមកទៀត។ ៧ ឯរបស់របរដែលពួកគេបានយកមកនោះ មានល្មមគ្រប់គ្រាន់សម្រាប់ធ្វើកិច្ចការទាំងអស់ គឺមានច្រើនលើសពីតម្រូវការទៅទៀត។
៨ ដូច្នេះ ពួកជាងជំនាញទាំងអស់+ធ្វើត្រសាលជំនុំ+ ដោយប្រើក្រណាត់១០ផ្ទាំង ធ្វើពីអំបោះវេញយ៉ាងល្អ អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* និងអំបោះពណ៌ក្រហម។ គាត់*ប៉ាក់រូបចេរូប៊ីននៅលើក្រណាត់ទាំងនោះ។+ ៩ ក្រណាត់ទាំងនោះមានទំហំស្មើគ្នា គឺមួយផ្ទាំងៗមានបណ្ដោយ២៨ហត្ថ* និងទទឹង៤ហត្ថ។ ១០ បន្ទាប់មក គាត់ដេរភ្ជាប់ក្រណាត់ប្រាំផ្ទាំងជាផ្ទាំងធំមួយ ហើយគាត់ក៏ធ្វើដូច្នេះនឹងក្រណាត់ប្រាំផ្ទាំងទៀតដែរ។ ១១ រួចគាត់យកអំបោះពណ៌ខៀវមកវេញធ្វើខ្សែកងភ្ជាប់នៅជាយក្រណាត់ផ្ទាំងធំនោះ ហើយក្រណាត់ផ្ទាំងធំមួយទៀត គាត់ក៏ធ្វើដូច្នោះដែរ ដើម្បីទុកភ្ជាប់ផ្ទាំងទាំងពីរ។ ១២ នៅលើក្រណាត់ផ្ទាំងធំមួយមានខ្សែកង៥០ ហើយលើផ្ទាំងធំមួយទៀតក៏មានខ្សែកង៥០ដែរ គឺនៅត្រង់កន្លែងភ្ជាប់គ្នា។ ១៣ រួចគាត់ធ្វើកន្លាស់មាស៥០ ដើម្បីក្លាស់ភ្ជាប់ក្រណាត់ពីរផ្ទាំងធំនោះជាផ្ទាំងតែមួយ សម្រាប់គ្របលើត្រសាល។
១៤ បន្ទាប់មក គាត់ធ្វើក្រណាត់ពីរោមពពែ១១ផ្ទាំង សម្រាប់គ្របលើត្រសាលដែរ។+ ១៥ ក្រណាត់១១ផ្ទាំងនោះមានទំហំស្មើគ្នា គឺមួយផ្ទាំងៗមានបណ្ដោយ៣០ហត្ថ និងទទឹង៤ហត្ថ។ ១៦ គាត់ដេរភ្ជាប់ក្រណាត់៥ផ្ទាំងជាផ្ទាំងធំមួយ ហើយគាត់ដេរ៦ផ្ទាំងទៀតភ្ជាប់គ្នាជាផ្ទាំងធំមួយដែរ។ ១៧ នៅចុងផ្ទាំងក្រណាត់ធំមួយ គាត់ធ្វើខ្សែកង៥០ ហើយនៅចុងផ្ទាំងធំមួយទៀតគាត់ក៏ធ្វើខ្សែកង៥០ដែរ គឺនៅត្រង់កន្លែងភ្ជាប់គ្នា។ ១៨ រួចគាត់ធ្វើកន្លាស់ស្ពាន់៥០ ដើម្បីក្លាស់ភ្ជាប់ក្រណាត់ពីរផ្ទាំងធំនោះជាផ្ទាំងតែមួយ។
១៩ ក្រោយនោះ គាត់យកស្បែកចៀមឈ្មោលដែលជ្រលក់ពណ៌ក្រហម មកគ្របលើត្រសាល ហើយយកស្បែកទន់*មកគ្របពីលើនោះ។+
២០ រួចគាត់យកឈើអាកាស្យា+មកធ្វើជាក្ដារស៊ុម ហើយតម្រៀបបញ្ឈរជាជញ្ជាំងត្រសាល។+ ២១ ក្ដារស៊ុមនីមួយៗមានកម្ពស់១០ហត្ថ និងទទឹងមួយហត្ថកន្លះ។ ២២ នៅផ្នែកខាងក្រោមនៃក្ដារស៊ុមនីមួយៗ គាត់ធ្វើពន្លួញពីរលៀនចេញពីក្ដារស៊ុម។ នោះជារបៀបដែលគាត់ធ្វើក្ដារស៊ុមត្រសាល។ ២៣ គាត់ធ្វើក្ដារស៊ុមចំនួន២០ សម្រាប់ជញ្ជាំងខាងត្បូងនៃត្រសាល។ ២៤ រួចគាត់យកប្រាក់ធ្វើជាជើងពន្លួញ៤០ សម្រាប់កល់ក្ដារស៊ុម២០នោះ គឺជើង២សម្រាប់ស៊កពន្លួញ២នៃក្ដារស៊ុមមួយ។ ដូច្នេះ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។+ ២៥ សម្រាប់ជញ្ជាំងខាងជើងនៃត្រសាល គាត់ធ្វើក្ដារស៊ុមចំនួន២០ដែរ ២៦ ហើយគាត់ធ្វើជើងពន្លួញចំនួន៤០ពីប្រាក់ សម្រាប់កល់ក្ដារស៊ុម២០នោះ គឺជើង២សម្រាប់ស៊កពន្លួញ២នៃក្ដារស៊ុមមួយ។ ដូច្នេះ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។
២៧ សម្រាប់ជញ្ជាំងខាងលិចផ្នែកខាងក្រោយត្រសាល គាត់ធ្វើក្ដារស៊ុមចំនួន៦។+ ២៨ គាត់ធ្វើក្ដារស៊ុមពីរសម្រាប់ធ្វើជាជ្រុងជញ្ជាំងទាំងពីរ ដែលនៅខាងក្រោយត្រសាល។ ២៩ ក្ដារស៊ុមនោះមានបន្ទះឈើពីរផ្ទាំងអបគ្នា ចាប់ពីក្រោមឡើងទៅលើភ្ជាប់នៅត្រង់កងទី១។ គាត់បានធ្វើដូច្នេះសម្រាប់ជ្រុងជញ្ជាំងទាំងពីរ។ ៣០ ម្ល៉ោះហើយ ជញ្ជាំងខាងក្រោយមានក្ដារស៊ុមចំនួន៨ ហើយមានជើងពន្លួញ១៦ធ្វើពីប្រាក់ គឺជើង២សម្រាប់ស៊កពន្លួញ២នៃក្ដារស៊ុមមួយ។
៣១ រួចគាត់ធ្វើរនុកពីឈើអាកាស្យា គឺធ្វើប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅចំហៀងត្រសាល+ ៣២ ប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅចំហៀងម្ខាងទៀត ហើយប្រាំដើមសម្រាប់ស៊កក្ដារស៊ុមនៅផ្នែកខាងក្រោយត្រសាលប៉ែកខាងលិច។ ៣៣ ឯរនុកសម្រាប់ស៊កក្ដារស៊ុមត្រង់កណ្ដាល មានប្រវែងវែងពីចុងម្ខាងត្រសាលដល់ចុងម្ខាងទៀត។ ៣៤ គាត់ស្រោបក្ដារស៊ុមទាំងអស់ដោយមាស ហើយគាត់ធ្វើកងភ្ជាប់ក្ដារស៊ុមនីមួយៗពីមាស។ ឯរនុកសម្រាប់ស៊កចូលកងទាំងនោះ គាត់ក៏ស្រោបដោយមាសដែរ។+
៣៥ គាត់ធ្វើវាំងនន+ពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា ហើយគាត់ប៉ាក់រូបចេរូប៊ីន+នៅលើវាំងនននោះ។+ ៣៦ ដើម្បីព្យួរវាំងនននោះ គាត់ធ្វើសសរបួនដើមពីឈើអាកាស្យា ហើយស្រោបដោយមាស រួចគាត់ធ្វើតម្ពក់ពីមាស។ ឯជើងសសរទាំងបួនវិញ គាត់ធ្វើពីប្រាក់។ ៣៧ បន្ទាប់មក គាត់ធ្វើវាំងននសម្រាប់បាំងច្រកចូលត្រសាល។ វាំងនននោះគាត់ធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា។+ ៣៨ គាត់ធ្វើសសរនៅច្រកចូលនោះប្រាំដើម ហើយធ្វើតម្ពក់ដែរ។ រួចគាត់ស្រោបក្បាលសសរនិងកងសម្រាប់ភ្ជាប់ដោយមាស។ ប៉ុន្តែ ជើងសសរទាំងប្រាំវិញ គាត់ធ្វើពីស្ពាន់។
៣៧ បន្ទាប់មក បេសាលែល+ធ្វើហឹប+មួយពីឈើអាកាស្យា ដែលមានបណ្ដោយពីរហត្ថ*កន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។+ ២ គាត់ស្រោបហឹបនោះដោយមាសសុទ្ធទាំងក្នុងទាំងក្រៅ ហើយធ្វើក្បាច់នៅលើគែមជុំវិញមាត់ហឹបពីមាសដែរ។+ ៣ ឯនៅលើជើងហឹបវិញ គាត់ធ្វើកងមាសបួន គឺម្ខាងពីរៗ។ ៤ រួចគាត់ធ្វើដងពីរ ពីឈើអាកាស្យា ហើយស្រោបដងនោះដោយមាស។+ ៥ រួចមក គាត់ស៊កដងឈើនោះទៅក្នុងកងមាសដែលនៅសងខាងហឹប ដើម្បីសែងហឹបនោះ។+
៦ គាត់ធ្វើគម្របហឹបនោះពីមាសសុទ្ធ+ ដែលមានបណ្ដោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។+ ៧ បន្ទាប់មក គាត់ដំមាសធ្វើជារូបចេរូប៊ីនពីរ+ រួចដាក់នៅលើចុងសងខាងគម្របហឹប+ ៨ គឺចេរូប៊ីនមួយនៅចុងម្ខាង ហើយចេរូប៊ីនមួយនៅចុងម្ខាងទៀត។ ៩ រួចគាត់ដាក់ចេរូប៊ីនទាំងពីរប្រទល់មុខគ្នា។ ចេរូប៊ីនទាំងពីរនោះឱនមុខទៅលើហឹប+ ព្រមទាំងត្រដាងស្លាបឡើងលើចោលស្រមោលលើគម្របហឹប។+
១០ បន្ទាប់ពីនោះ គាត់ធ្វើតុពីឈើអាកាស្យា+ ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកម្ពស់មួយហត្ថកន្លះ។+ ១១ រួចគាត់ស្រោបតុនោះដោយមាសសុទ្ធ ហើយធ្វើក្បាច់នៅគែមជុំវិញពីមាសដែរ។ ១២ គាត់ដាក់រឹមដែលមានកម្ពស់មួយទះ*នៅជុំវិញគែមតុ ហើយធ្វើក្បាច់ពីមាសនៅលើរឹមនោះ។ ១៣ គាត់ធ្វើកងមាសបួនដាក់នៅជ្រុងនីមួយៗភ្ជាប់នឹងជើងតុ។ ១៤ កងមាសទាំងនោះនៅផ្នែកខាងលើនៃជើងតុជាប់នឹងរឹម សម្រាប់ទុកស៊កឈើស្នែងដើម្បីសែងតុ។ ១៥ បន្ទាប់មក គាត់យកឈើអាកាស្យាធ្វើដងឈើស្នែងនោះ ហើយស្រោបមាសពីលើវា។ ១៦ រួចគាត់យកមាសសុទ្ធធ្វើប្រដាប់ប្រដាផ្សេងៗដាក់លើតុ គឺចាន ពែង និងចានគោម ព្រមទាំងថូសម្រាប់ប្រើប្រាស់ពេលជូនគ្រឿងបូជាជាស្រា។+
១៧ ក្រោយនោះ គាត់យកមាសសុទ្ធមួយដុំមកដំធ្វើជាជើងចង្កៀង។+ ជើងចង្កៀងនោះមានតួ និងមានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក។ គាត់មិនបានធ្វើផ្នែកនីមួយៗដោយឡែកពីគ្នាទេ។+ ១៨ ជើងចង្កៀងនោះមានមែក៦ គឺម្ខាងមានមែក៣ ហើយម្ខាងទៀតក៏មានមែក៣ដែរ។ ១៩ មែកទាំង៦ដែលបែកចេញពីតួចង្កៀង មានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក ក្បាច់ទាំងបីនោះឆ្លាស់គ្នា។ ក្នុងមួយមែកៗមានក្បាច់ផ្ការីកបី ហើយក្បាច់នោះមានរាងដូចផ្កាអល់ម៉ុន។ ២០ ឯនៅលើតួចង្កៀងវិញ មានក្បាច់ផ្កាដែលក្ដោប ក្រពុំ និងរីក ឆ្លាស់គ្នាបួនដង។ ក្បាច់ផ្ការីកនេះក៏មានរាងដូចផ្កាអល់ម៉ុនដែរ។ ២១ ក្រោមមែកទាំង៦ដែលបែកចេញពីតួចង្កៀងមានផ្កាក្ដោប គឺក្រោមមែកមួយគូមានផ្កាក្ដោបមួយ ក្រោមមែកមួយគូទៀតមានផ្កាក្ដោបមួយ ហើយក្រោមមែកមួយគូចុងក្រោយក៏មានផ្កាក្ដោបមួយដែរ។ ២២ ជើងចង្កៀងទាំងមូល មែក និងផ្កាក្ដោប បានត្រូវធ្វើពីមាសសុទ្ធមួយដុំ។ ២៣ គាត់ធ្វើចង្កៀង៧+ ប្រដាប់ពន្លត់ប្រឆេះ និងប្រដាប់ដាក់រងើកភ្លើង ពីមាសសុទ្ធទាំងអស់។ ២៤ គាត់យកមាសសុទ្ធមួយថាលិន*មកធ្វើជើងចង្កៀងនិងប្រដាប់ប្រដាទាំងនេះ។
២៥ រួចមក គាត់ធ្វើទីបូជាមួយពីឈើអាកាស្យាសម្រាប់ដុតគ្រឿងក្រអូប។+ ទីបូជានោះមានរាងបួនជ្រុង ដែលមានបណ្ដោយមួយហត្ថ ទទឹងមួយហត្ថ និងកម្ពស់ពីរហត្ថ ហើយមានស្នែងជាប់ជាមួយដែរ។+ ២៦ គាត់ស្រោបទីបូជានោះដោយមាសសុទ្ធ គឺនៅផ្ទៃខាងលើ ផ្ទៃជុំវិញ និងលើស្នែង។ រួចគាត់ធ្វើក្បាច់ពីមាសនៅជុំវិញគែមខាងលើ។ ២៧ គាត់ក៏ធ្វើកងមាសភ្ជាប់នៅខាងក្រោមគែមនោះ គឺម្ខាងពីរៗ។ កងទាំងនោះគឺសម្រាប់ស៊កដងស្នែងទីបូជានោះ។ ២៨ គាត់ធ្វើដងនោះពីឈើអាកាស្យា ហើយស្រោបដោយមាស។ ២៩ បន្ទាប់មក គាត់លាយធ្វើប្រេងបរិសុទ្ធសម្រាប់ចាក់តែងតាំង+ និងគ្រឿងក្រអូបវិសុទ្ធ+ តាមវិធីនៃអ្នកផ្សំគ្រឿងក្រអូប។
៣៨ បន្ទាប់មក បេសាលែលធ្វើទីបូជាមួយពីឈើអាកាស្យាសម្រាប់គ្រឿងបូជាដុត។ ទីបូជានោះមានរាងបួនជ្រុង ដែលមានបណ្ដោយប្រាំហត្ថ* ទទឹងប្រាំហត្ថ និងកម្ពស់បីហត្ថ។+ ២ រួចគាត់ធ្វើស្នែងជាប់នឹងជ្រុងទាំងបួននៃទីបូជានោះ ហើយស្រោបទីបូជានោះដោយស្ពាន់។+ ៣ បន្ទាប់មក គាត់ធ្វើប្រដាប់ប្រដាផ្សេងៗសម្រាប់ប្រើនៅទីបូជា គឺធុងសម្រាប់ដាក់ផេះ ប៉ែល ចានគោម សម និងប្រដាប់ដាក់រងើកភ្លើង។ គាត់ធ្វើប្រដាប់ប្រដាទាំងនេះពីស្ពាន់។ ៤ គាត់ក៏ធ្វើប្រទាសពីស្ពាន់សម្រាប់ទីបូជា ហើយដាក់ប្រទាសនោះនៅក្រោមគែមទីបូជា ត្រង់ពាក់កណ្ដាល។ ៥ រួចគាត់ធ្វើកងបួននៅជ្រុងទាំងបួនក្បែរប្រទាសស្ពាន់នោះ សម្រាប់ស៊កដងស្នែង។ ៦ គាត់ធ្វើដងទាំងនោះពីឈើអាកាស្យា ហើយស្រោបដោយស្ពាន់។ ៧ រួចគាត់ស៊កដងទាំងនោះទៅក្នុងកងនៅសងខាងទីបូជាសម្រាប់សែង។ ទីបូជានោះមានរាងដូចប្រអប់ឈើដែលមានប្រហោងកណ្ដាល។
៨ បន្ទាប់មក គាត់ធ្វើអាងទឹកមួយនិងជើងទ្រវាពីស្ពាន់+ ដោយប្រើបន្ទះស្ពាន់ដែលពួកស្ត្រីប្រើដើម្បីឆ្លុះមុខ គឺពួកស្ត្រីដែលបានត្រូវចាត់ចែងឲ្យបម្រើនៅមាត់ទ្វារត្រសាលជំនុំ។
៩ រួចមក គាត់រៀបចំឲ្យមានទីធ្លាជុំវិញត្រសាល។+ នៅព្រំប្រទល់ខាងត្បូងទីធ្លា គាត់ធ្វើរនាំងពីក្រណាត់សាច់ល្អ ដែលមានប្រវែង១០០ហត្ថ។+ ១០ គាត់ដាក់បង្គោលស្ពាន់២០ដើមនិងជើងទ្រពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោល និងកងសម្រាប់ភ្ជាប់ គាត់ធ្វើពីប្រាក់។ ១១ ចំណែកនៅព្រំប្រទល់ខាងជើងវិញ មានរនាំងប្រវែង១០០ហត្ថ ហើយមានបង្គោលស្ពាន់២០ដើម និងជើងទ្រធ្វើពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោលព្រមទាំងកងសម្រាប់ភ្ជាប់ គាត់ធ្វើពីប្រាក់។ ១២ រីឯនៅព្រំប្រទល់ខាងលិច មានរនាំងប្រវែង៥០ហត្ថ ហើយមានបង្គោល១០ដើមនិងជើងទ្រ១០។ តម្ពក់ជាប់នឹងបង្គោលព្រមទាំងកងសម្រាប់ភ្ជាប់ គាត់ធ្វើពីប្រាក់។ ១៣ នៅព្រំប្រទល់ខាងកើត មានប្រវែង៥០ហត្ថ។ ១៤ ផ្នែកម្ខាងនៃព្រំប្រទល់នោះ មានរនាំងប្រវែង១៥ហត្ថ ហើយមានបង្គោលបីដើមនិងជើងទ្របី។ ១៥ ឯផ្នែកម្ខាងទៀត ក៏មានរនាំងប្រវែង១៥ហត្ថ ហើយមានបង្គោលបីដើមនិងជើងទ្របីដែរ។ ១៦ រនាំងដែលនៅជុំវិញទីធ្លាត្រសាលសុទ្ធតែធ្វើពីក្រណាត់សាច់ល្អ។ ១៧ ក្បាលបង្គោលរនាំងទាំងអស់ស្រោបដោយប្រាក់ ហើយតម្ពក់ កន្លាស់ និងកងសម្រាប់ភ្ជាប់ធ្វើពីប្រាក់ តែជើងទ្រធ្វើពីស្ពាន់វិញ។+
១៨ វាំងននច្រកចូលទីធ្លាមានប្រវែង២០ហត្ថ និងកម្ពស់៥ហត្ថស្មើនឹងកម្ពស់រនាំងទីធ្លា។ វាំងនននោះធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា។+ ១៩ នៅច្រកចូលនោះមានបង្គោលបួនដើមនិងជើងទ្របួនធ្វើពីស្ពាន់។ ក្បាលបង្គោល គាត់ស្រោបដោយប្រាក់ ហើយតម្ពក់ជាប់នឹងបង្គោលព្រមទាំងកងសម្រាប់ភ្ជាប់ គាត់ធ្វើពីប្រាក់។ ២០ ស្នឹងត្រសាលនិងស្នឹងរនាំងដែលនៅជុំវិញទីធ្លាត្រសាល សុទ្ធតែធ្វើពីស្ពាន់។+
២១ នៅខាងក្រោមនេះមានបញ្ជីប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ក្នុងត្រសាលជំនុំដែលមានហឹបនៃសេចក្ដីរំលឹក។+ ពួកលេវីបានកត់ទុកក្នុងបញ្ជីតាមបង្គាប់របស់ម៉ូសេ+ ហើយពួកគេធ្វើការនៅក្រោមការដឹកនាំរបស់អ៊ីតតាម៉ា+ជាកូនរបស់អេរ៉ុន។ ២២ ឯបេសាលែល+ជាកូនរបស់យូរ៉ាយ ត្រូវជាចៅរបស់ហឺរដែលមកពីកុលសម្ព័ន្ធយូដា គាត់បានធ្វើប្រដាប់ប្រដាទាំងអស់ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។ ២៣ អូហូលាភ+ជាកូនរបស់អាហ៊ីសាម៉ាក់ដែលមកពីកុលសម្ព័ន្ធដាន់ ជាជំនួយការរបស់គាត់។ អូហូលាភជាជាងចម្លាក់ និងចេះដេរប៉ាក់ ហើយចេះត្បាញពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា។
២៤ មាសទាំងអស់ដែលគេប្រើសម្រាប់កិច្ចការនៅកន្លែងបរិសុទ្ធ ស្មើនឹងចំនួនមាសនៃគ្រឿងបូជាសម្រាប់លើកចុះឡើង+ គឺ២៩ថាលិន* និង៧៣០ហ្សេគិល* តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។ ២៥ ឯប្រាក់ទាំងអស់ដែលមកពីពួកអ្នកមានឈ្មោះក្នុងបញ្ជីក្នុងចំណោមពួកជំនុំ គឺ១០០ថាលិន និង១.៧៧៥ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។ ២៦ ឯបុរសគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីអាយុ២០ឆ្នាំឡើងទៅ ពួកគេម្នាក់ៗបានបង់កន្លះហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ ពួកគេទាំងអស់មានចំនួន៦០៣.៥៥០នាក់។+
២៧ ប្រាក់ចំនួន១០០ថាលិន បានត្រូវយកទៅធ្វើជើងទ្រនៅកន្លែងបរិសុទ្ធ និងជើងទ្រសសរវាំងននសម្រាប់ខណ្ឌ។ ប្រាក់នោះធ្វើបានជើងទ្រ១០០ គឺជើងទ្រមួយមានទម្ងន់មួយថាលិន។+ ២៨ ឯប្រាក់ចំនួន១.៧៧៥ហ្សេគិល បេសាលែលបានយកទៅធ្វើតម្ពក់សម្រាប់បង្គោល ហើយស្រោបក្បាលបង្គោល រួចភ្ជាប់បង្គោលជាមួយគ្នា។
២៩ ចំណែកស្ពាន់ដែលបណ្ដាជនបានយកមកជូនជាគ្រឿងបូជា*មានចំនួន៧០ថាលិន និង២.៤០០ហ្សេគិល។ ៣០ គាត់បានយកស្ពាន់នោះទៅធ្វើជើងសសរច្រកចូលត្រសាលជំនុំ ធ្វើទីបូជា និងប្រទាស ព្រមទាំងប្រដាប់ប្រដាទាំងអស់ដែលប្រើប្រាស់នៅលើទីបូជា ៣១ ជើងទ្របង្គោលជុំវិញទីធ្លា និងជើងទ្របង្គោលច្រកចូលទីធ្លា ព្រមទាំងស្នឹងត្រសាលនិងស្នឹងរនាំង+ដែលនៅជុំវិញទីធ្លាត្រសាល។
៣៩ ពួកជាងបានយកអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* អំបោះពណ៌ក្រហម+ ត្បាញចូលគ្នាយ៉ាងល្អ ដើម្បីធ្វើសម្លៀកបំពាក់សម្រាប់ប្រើនៅកន្លែងបរិសុទ្ធ។ ពួកគេធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់អេរ៉ុន+ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
២ គាត់*ធ្វើអាវអេផូឌ+ពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម អំបោះល្អដែលវេញចូលគ្នា និងសរសៃមាស។ ៣ ដំបូងពួកជាងដំមាសទៅជាបន្ទះស្តើងៗ រួចគាត់កាត់ទៅជាសរសៃឆ្មារៗដើម្បីយកទៅប៉ាក់លើក្រណាត់ដែលធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម និងអំបោះល្អដែលវេញចូលគ្នា។ ៤ បន្ទាប់មក ពួកគេយកក្រណាត់ពីរចំណែកមកធ្វើជាស្មាអាវអេផូឌ។ ៥ ឯខ្សែក្រវាត់ដែលនៅជាប់នឹងអាវអេផូឌសម្រាប់ចង+ បានត្រូវធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម អំបោះល្អដែលវេញចូលគ្នា និងសរសៃមាស ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
៦ បន្ទាប់មក ពួកគេដាំត្បូងអូនីក្សលើគ្រោងមាស ហើយឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលលើត្បូងទាំងនោះ តាមលំនាំនៃការឆ្លាក់ត្រា។+ ៧ រួចគាត់ដាក់ត្បូងទាំងនោះនៅលើស្មាអាវអេផូឌ ជាត្បូងនៃសេចក្ដីរំលឹកសម្រាប់កូនចៅអ៊ីស្រាអែល+ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។ ៨ បន្ទាប់មក គាត់ធ្វើប្រដាប់បាំងទ្រូង+ដូចអាវអេផូឌដែរ ដោយប្រើអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម អំបោះល្អដែលវេញចូលគ្នា និងសរសៃមាស។ គាត់ធ្វើប្រដាប់បាំងទ្រូងនោះ តាមលំនាំអ្នកដេរប៉ាក់។+ ៩ ពេលបត់ប្រដាប់បាំងនោះជាពីរ វាមានរាងបួនជ្រុង គឺបណ្ដោយប្រវែងមួយចំអាម* និងទទឹងប្រវែងមួយចំអាម ១០ ហើយនៅលើប្រដាប់បាំងនោះ ពួកគេដាំត្បូងបួនជួរ។ ជួរទី១ មានត្បូងទទឹម ត្បូងថូផាស និងត្បូងមរកត។ ១១ ជួរទី២ មានត្បូងថឺខយ ត្បូងកណ្ដៀង និងត្បូងយ៉ាស្បា។ ១២ ជួរទី៣ មានត្បូងលេសិម ត្បូងថ្មកែវ និងត្បូងអេម៉ាទេស។ ១៣ ជួរទី៤ មានត្បូងគ្រីសូឡែត ត្បូងអូនីក្ស និងត្បូងហ្គេច។ ពួកគេដាំត្បូងទាំងនោះក្នុងគ្រោងមាស។ ១៤ ត្បូងទាំងនោះមានឈ្មោះកូនប្រុសទាំង១២របស់អ៊ីស្រាអែល ដែលជាឈ្មោះតំណាងកុលសម្ព័ន្ធទាំង១២។ ឈ្មោះនៅលើត្បូងនីមួយៗ ត្រូវឆ្លាក់តាមលំនាំនៃការឆ្លាក់ត្រា។
១៥ បន្ទាប់មក ពួកគេធ្វើខ្សែពីមាសសុទ្ធវេញដូចជាខ្សែពួរភ្ជាប់នឹងប្រដាប់បាំងទ្រូង។+ ១៦ រួចពួកគេធ្វើគ្រោងមាសពីរនិងកងមាសពីរ ហើយដាក់កងមាសពីរនោះនៅគែមខាងលើចុងសងខាងប្រដាប់បាំងទ្រូង។ ១៧ ពួកគេស៊កខ្សែមាសទាំងពីរ ភ្ជាប់នឹងកងមាសដែលនៅគែមសងខាងប្រដាប់បាំងទ្រូងនោះ។ ១៨ រួចមក ពួកគេភ្ជាប់ចុងខ្សែមាសទាំងពីរលើគ្រោងមាសទាំងពីរដែលនៅលើស្មាអាវអេផូឌទាំងសងខាងផ្នែកខាងមុខ។ ១៩ នៅគែមខាងក្រោមសងខាងប្រដាប់បាំងទ្រូង ពួកគេធ្វើកងមាសពីរទៀតដាក់ភ្ជាប់ខាងក្នុងទល់នឹងអាវអេផូឌ។+ ២០ រួចមក ពួកគេធ្វើកងមាសពីរទៀតដាក់នៅខាងមុខអេផូឌ ក្រោមផ្នែកសងខាងស្មា ជិតកន្លែងដែលភ្ជាប់គ្នា ខាងលើខ្សែក្រវាត់អេផូឌ។ ២១ បន្ទាប់មក ពួកគេយកខ្សែធ្វើពីអំបោះពណ៌ខៀវ មកចងកងនៃប្រដាប់បាំងទ្រូងភ្ជាប់នឹងកងនៃអាវអេផូឌ។ យ៉ាងនេះ ប្រដាប់បាំងទ្រូងនឹងមិនរបូតពីអាវអេផូឌ ហើយនៅខាងលើខ្សែក្រវាត់។ ពួកគេបានធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
២២ ក្រោយនោះ គាត់ត្បាញរវៃធ្វើអាវអត់ដៃពីអំបោះពណ៌ខៀវ សម្រាប់ពាក់ពីក្រោមអាវអេផូឌ។+ ២៣ ផ្នែកខាងលើអាវនោះ គាត់កាត់ប្រឡោះមួយចំកណ្ដាលសម្រាប់ស៊កក្បាលដូចកអាវទាហាន ហើយគាត់ដេររឹមជុំវិញឲ្យមាំដើម្បីកុំឲ្យរហែក។ ២៤ បន្ទាប់មក ពួកគេវេញធ្វើផ្លែទទឹមពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ និងអំបោះពណ៌ក្រហម សម្រាប់ដាក់នៅជាយអាវអត់ដៃ។ ២៥ រួចពួកគេធ្វើកណ្ដឹងពីមាសសុទ្ធ សម្រាប់ដាក់នៅជាយអាវអត់ដៃជាមួយនឹងផ្លែទទឹម គឺដាក់កណ្ដឹងមាសនៅចន្លោះផ្លែទទឹម។ ២៦ ពួកគេដាក់កណ្ដឹងមួយ ផ្លែទទឹមមួយ គឺដាក់ឆ្លាស់គ្នាជុំវិញជាយអាវអត់ដៃនោះ សម្រាប់ពាក់បំពេញកិច្ចបម្រើពិសិដ្ឋ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
២៧ បន្ថែមទៀត ពួកគេបានធ្វើអាវវែងពីក្រណាត់សាច់ល្អដែលត្បាញដោយអ្នកជំនាញ សម្រាប់អេរ៉ុននិងកូនប្រុសៗរបស់គាត់។+ ២៨ ពួកគេយកក្រណាត់សាច់ល្អធ្វើឈ្នួតក្បាល+សម្រាប់អេរ៉ុន និងមួក+សម្រាប់កូនប្រុសៗគាត់។ ពួកគេក៏យកក្រណាត់ធ្វើពីអំបោះវេញយ៉ាងល្អមកធ្វើខោខ្លី+សម្រាប់ពួកគាត់ដែរ។ ២៩ ពួកគេធ្វើខ្សែក្រវាត់ដែលត្បាញពីអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម និងអំបោះល្អដែលវេញចូលគ្នា។ ពួកគេធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
៣០ ក្រោយមក ពួកគេធ្វើស្លាកមួយពីមាសសុទ្ធខាត់យ៉ាងភ្លឺ ហើយឆ្លាក់លើស្លាកនោះតាមលំនាំនៃការឆ្លាក់ត្រា។ ស្លាកនោះជាស្លាកសញ្ញាបរិសុទ្ធនៃការប្រគល់ខ្លួនជូនព្រះ ហើយមានសេចក្ដីថា៖ «ភាពបរិសុទ្ធជារបស់ព្រះយេហូវ៉ា»។+ ៣១ រួចពួកគេយកខ្សែធ្វើពីអំបោះពណ៌ខៀវមកចងស្លាកនោះភ្ជាប់ខាងមុខឈ្នួតក្បាល ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។
៣២ ដូច្នេះ បណ្ដាជនអ៊ីស្រាអែលបានធ្វើកិច្ចការទាំងអស់សម្រាប់ត្រសាលជំនុំចប់សព្វគ្រប់។ ពួកគេបានធ្វើតាមបង្គាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេ+ គឺពួកគេធ្វើតាមសព្វគ្រប់ទាំងអស់។
៣៣ រួចមក ពួកគេបាននាំយកត្រសាល+ និងឧបករណ៍ទាំងអស់សម្រាប់ត្រសាល+មកឲ្យម៉ូសេ។ អ្វីទាំងនោះមានដូចតទៅ៖ កន្លាស់+ ក្ដារស៊ុម+ រនុក+ សសរ និងជើងសសរ+ ៣៤ ផ្ទាំងស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម+ ផ្ទាំងស្បែកទន់* និងវាំងននសម្រាប់ខណ្ឌ+ ៣៥ ហឹបនៃសេចក្ដីរំលឹក គម្របហឹប+ និងដងឈើស្នែងហឹប+ ៣៦ តុនិងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងតុ+ និងនំប៉័ងតាំងទុក ៣៧ ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង+តម្រៀបជាជួរនៅលើជើងនោះ ប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងចង្កៀង+ និងប្រេងសម្រាប់ដុតបំភ្លឺ+ ៣៨ ទីបូជា+ធ្វើពីមាស ប្រេងសម្រាប់ចាក់តែងតាំង+ គ្រឿងក្រអូប+ និងវាំងននបាំង+មាត់ទ្វារត្រសាល ៣៩ ទីបូជាធ្វើពីស្ពាន់+ ប្រទាសពីស្ពាន់ ដងឈើស្នែង+ទីបូជា ប្រដាប់ប្រដាទាំងអស់សម្រាប់ប្រើប្រាស់+នៅលើទីបូជា អាងទឹកនិងជើងទ្រ+ ៤០ រនាំងជុំវិញទីធ្លា បង្គោលនិងជើងទ្រ+ វាំងននបាំង+ច្រកចូលទីធ្លា ស្នឹងត្រសាល និងខ្សែចង+ ព្រមទាំងប្រដាប់ប្រដាទាំងអស់សម្រាប់ប្រើប្រាស់នៅត្រសាលជំនុំ ៤១ សម្លៀកបំពាក់ធ្វើពីក្រណាត់ត្បាញយ៉ាងល្អសម្រាប់ពាក់បម្រើនៅទីបរិសុទ្ធ ថែមទាំងសម្លៀកបំពាក់បរិសុទ្ធសម្រាប់អេរ៉ុនជាសង្ឃ+ និងសម្លៀកបំពាក់សង្ឃសម្រាប់កូនប្រុសៗរបស់គាត់។
៤២ បណ្ដាជនអ៊ីស្រាអែលបានសម្រេចកិច្ចការទាំងអស់ ស្របតាមបង្គាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានប្រាប់ម៉ូសេ។+ ៤៣ ពេលម៉ូសេពិនិត្យមើលអ្វីៗគ្រប់យ៉ាងដែលពួកគេបានយកមក គាត់ឃើញថាពួកគេបានធ្វើ ដូចដែលព្រះយេហូវ៉ាបានបង្គាប់ទាំងអស់ ហើយម៉ូសេបានឲ្យពរពួកគេ។
៤០ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ ២ «នៅថ្ងៃទី១ ក្នុងខែទី១ អ្នកត្រូវដំឡើងត្រសាលជំនុំ។+ ៣ អ្នកត្រូវដាក់ហឹបនៃសេចក្ដីរំលឹកនៅក្នុងត្រសាល+ ហើយដាក់វាំងននបាំងហឹបនោះ។+ ៤ អ្នកត្រូវយកតុ+មកដាក់នៅក្នុងនោះ ហើយរៀបចំដាក់ប្រដាប់ប្រដាលើតុ ព្រមទាំងយកជើងចង្កៀង+មកដាក់ ហើយអុជចង្កៀងបំភ្លឺផងដែរ។+ ៥ រួចយកទីបូជាពីមាសសម្រាប់ដុតគ្រឿងក្រអូប+ ទៅដាក់នៅខាងមុខហឹបនៃសេចក្ដីរំលឹក ហើយដាក់វាំងននបាំងមាត់ទ្វារត្រសាល។+
៦ «ក្រោយនោះ អ្នកត្រូវដាក់ទីបូជាសម្រាប់គ្រឿងបូជាដុត+នៅខាងមុខមាត់ទ្វារត្រសាលជំនុំ ៧ រួចអ្នកត្រូវដាក់អាងទឹកនៅចន្លោះត្រសាលជំនុំនិងទីបូជា ហើយចាក់ទឹកឲ្យពេញអាងនោះ។+ ៨ បន្ទាប់មក អ្នកត្រូវដំឡើងរនាំងជុំវិញទីធ្លា+ត្រសាលជំនុំ ហើយដាក់វាំងនន+នៅច្រកចូលទីធ្លា។ ៩ រួចអ្នកត្រូវយកប្រេងបរិសុទ្ធ*+ ទៅចាក់លើត្រសាលជំនុំនិងប្រដាប់ប្រដាទាំងអស់ដែលនៅក្នុងនោះ+ ដើម្បីញែកប្រដាប់ប្រដាទាំងនោះជាបរិសុទ្ធ។ យ៉ាងនោះ ត្រសាលនឹងបានទៅជាបរិសុទ្ធ។ ១០ រួចអ្នកត្រូវចាក់ប្រេងលើទីបូជាសម្រាប់គ្រឿងបូជាដុត និងប្រដាប់ប្រដាប្រើប្រាស់នៅលើទីបូជានោះ ដើម្បីញែកទីបូជានោះជាបរិសុទ្ធ។ យ៉ាងនោះ ទីបូជានោះនឹងបានទៅជាទីបូជាបរិសុទ្ធបំផុត។+ ១១ រួចចាក់ប្រេងលើអាងទឹកនិងជើងទ្រ ដើម្បីញែករបស់ទាំងនោះជាបរិសុទ្ធដែរ។
១២ «បន្ទាប់មក អ្នកត្រូវនាំអេរ៉ុននិងកូនប្រុសៗរបស់គាត់មកជិតមាត់ទ្វារត្រសាលជំនុំ ហើយលាងជម្រះកាយពួកគាត់។*+ ១៣ ក្រោយនោះ អ្នកត្រូវយកសម្លៀកបំពាក់បរិសុទ្ធមកបំពាក់ឲ្យអេរ៉ុន+ រួចចាក់ប្រេងតែងតាំងគាត់+ ហើយញែកគាត់ជាបរិសុទ្ធ ដើម្បីឲ្យគាត់បម្រើជាសង្ឃដល់ខ្ញុំ។ ១៤ បន្ទាប់មក នាំកូនប្រុសៗរបស់អេរ៉ុនចូលមក ហើយបំពាក់អាវវែងឲ្យពួកគាត់។+ ១៥ អ្នកត្រូវចាក់ប្រេងតែងតាំងពួកគាត់ដូចអ្នកចាក់ប្រេងតែងតាំងអេរ៉ុនជាឪពុកពួកគាត់ដែរ+ ដើម្បីឲ្យពួកគាត់បម្រើជាសង្ឃដល់ខ្ញុំ។ ការតែងតាំងនោះនឹងបញ្ជាក់ថាពួកគាត់នឹងបម្រើជាសង្ឃគ្រប់ជំនាន់តរៀងទៅ»។+
១៦ ម៉ូសេបានធ្វើតាមបង្គាប់ទាំងអស់របស់ព្រះយេហូវ៉ាគ្រប់ប្រការ។+
១៧ នៅថ្ងៃទី១ ក្នុងខែទី១ នៃឆ្នាំទី២ ត្រសាលជំនុំបានត្រូវដំឡើងរួចរាល់ទាំងអស់។+ ១៨ ពេលម៉ូសេដំឡើងត្រសាល គាត់បានដាក់ជើងពន្លួញ+ខាងក្រោម ហើយដាក់ក្ដារស៊ុម+ពីលើ រួចគាត់ស៊ករនុក+ចូល ហើយដំឡើងសសរ។ ១៩ គាត់បានលាក្រណាត់+និងផ្ទាំងស្បែកគ្របលើត្រសាល+ ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
២០ ក្រោយនោះ ម៉ូសេយកបន្ទះថ្មនៃសេចក្ដីរំលឹក+ដាក់ក្នុងហឹប+ ហើយស៊កដងឈើស្នែង+ រួចគ្របគម្រប+ហឹប។+ ២១ បន្ទាប់មក គាត់បានយកហឹបនៃសេចក្ដីរំលឹកទៅដាក់ក្នុងត្រសាល រួចដាក់វាំងនន+បាំងហឹបនោះ+ ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
២២ បន្ទាប់ពីនោះ ម៉ូសេបានយកតុ+ទៅដាក់នៅប៉ែកខាងជើងក្នុងត្រសាលជំនុំ ខាងក្រៅវាំងនននៃកន្លែងបរិសុទ្ធបំផុត។ ២៣ រួចគាត់រៀបនំប៉័ង+ដាក់លើតុនៅចំពោះព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
២៤ បន្ទាប់មក ម៉ូសេដាក់ជើងចង្កៀង+នៅទល់មុខតុ នៅប៉ែកខាងត្បូងក្នុងត្រសាល។ ២៥ រួចគាត់អុជចង្កៀង+នៅចំពោះព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
២៦ ក្រោយនោះ ម៉ូសេដាក់ទីបូជាពីមាស+ក្នុងត្រសាលជំនុំ នៅខាងមុខវាំងនន ២៧ ដើម្បីដុតគ្រឿងក្រអូប+ឲ្យផ្សែងហុយឡើង+ ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
២៨ បន្ទាប់មក គាត់បានដាក់វាំងនន+នៅមាត់ទ្វារត្រសាល។
២៩ បន្ទាប់ពីនោះ ម៉ូសេបានដាក់ទីបូជាសម្រាប់គ្រឿងបូជាដុត+នៅខាងមុខទ្វារត្រសាលជំនុំ ដើម្បីគាត់អាចជូនគ្រឿងបូជាដុត+ និងគ្រឿងបូជាពីស្រូវនៅលើនោះ ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
៣០ ក្រោយនោះ គាត់ដាក់អាងទឹកនៅចន្លោះត្រសាលជំនុំនិងទីបូជា រួចចាក់ទឹកពេញអាងនោះសម្រាប់លាងសម្អាត។+ ៣១ ឯម៉ូសេ អេរ៉ុន និងកូនប្រុសៗរបស់អេរ៉ុន ពួកគាត់លាងដៃនិងលាងជើងនៅទីនោះ។ ៣២ ពេលណាពួកគាត់ចូលទៅត្រសាលជំនុំ ឬចូលទៅជិតទីបូជា ពួកគាត់តែងតែលាងសម្អាតជាមុនសិន+ ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
៣៣ ក្រោយបង្អស់ គាត់ដំឡើងរនាំងជុំវិញទីធ្លា+ត្រសាលជំនុំនិងទីបូជា ហើយដាក់វាំងនននៅច្រកចូលទីធ្លា។+
យ៉ាងនោះ ម៉ូសេបានធ្វើកិច្ចការគ្រប់យ៉ាងចប់រួចរាល់។ ៣៤ ពេលនោះ ពពកក៏មកគ្របដណ្ដប់លើត្រសាលជំនុំ ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ាមាននៅពេញទីនោះ។+ ៣៥ ម៉ូសេមិនអាចចូលទៅក្នុងត្រសាលជំនុំបានទេ ព្រោះពពកនៅគ្របដណ្ដប់លើនោះ ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ាមាននៅពេញទីនោះ។+
៣៦ កាលណាពពកឡើងផុតពីត្រសាលជំនុំ បណ្ដាជនចាប់ផ្ដើមរើជំរំពួកគេ រួចធ្វើដំណើរទៅ។+ ៣៧ ប៉ុន្តែ បើពពកមិនឡើងទៅទេ ពួកគេមិនរើជំរំឡើយ។+ ៣៨ គ្រប់កន្លែងដែលបណ្ដាជនអ៊ីស្រាអែលបោះជំរំ ពួកគេតែងតែឃើញពពករបស់ព្រះយេហូវ៉ាស្ថិតនៅលើត្រសាលជំនុំនៅពេលថ្ងៃ ហើយឃើញភ្លើងនៅពេលយប់។+
ក្នុងគម្ពីរពាក្យ«កូន»ឬ«បុត្រ»អាចសំដៅលើអ្នកណាក៏ដោយដែលកើតក្នុងវង្សត្រកូល
ឬ«ប្រអប់»
ជ័ររឹងនិងរាវ
មានន័យថា«ស្រង់ចេញ»ពោលគឺសង្គ្រោះចេញពីទឹក
គាត់ជាយេតរ៉ូ
មានន័យថា«ជនបរទេស»
ឬ«ឪពុកអ្នក»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៤
ឬ«ដៃម្ខាង»
ន័យត្រង់«សដូចព្រិល»
ឬ«អ្នកនឹងតំណាងព្រះចំពោះគាត់»
ប្រហែលជាសំដៅលើកូនប្រុសរបស់ម៉ូសេ
ប្រហែលជាសំដៅលើជើងទេវតា
ក្នុងគម្ពីរពាក្យ«កូន»ឬ«បុត្រ»អាចសំដៅលើអ្នកណាក៏ដោយដែលកើតក្នុងវង្សត្រកូល
ន័យត្រង់«ដំបង»
ន័យត្រង់«បម្រើ»
នេះសំដៅលើព្រែកបែកចេញពីទន្លេនីល
ន័យត្រង់«បម្រើ»
ឬ«ព្រែកទន្លេនីល»
ន័យត្រង់«ម្រាមដៃ»
ប្រភេទរុយម្យ៉ាងដែលចេះខាំ
ន័យត្រង់«បម្រើ»
ប្រហែលជាសំដៅលើរន្ទះបាញ់ដ៏ខ្លាំង
ដើមម្យ៉ាងដែលគេដាំតាំងពីសម័យបុរាណ។ គេយកសរសៃវាទៅធ្វើជាក្រណាត់
ខនេះតាមបទគម្ពីរភាសាហេប្រឺបញ្ជាក់ថាមានស្រូវសាលីពីរប្រភេទដែលគេសាបព្រោះនៅស្រុកអេហ្ស៊ីប
ន័យត្រង់«បម្រើ»
តាមមើលទៅនេះសំដៅលើម៉ូសេ
តាមមើលទៅនេះសំដៅលើពេលវេលាមួយដែលនៅក្រោយថ្ងៃលិច ហើយមុនពេលព្រលប់
ឬ«អ្នកនោះនឹងត្រូវស្លាប់»
ន័យត្រង់«ពួកបុរសថ្មើរជើង»។ តាមមើលទៅនេះសំដៅលើពួកបុរសដែលអាចធ្វើជាទាហានបាន
រួមបញ្ចូលជនជាតិអេហ្ស៊ីបដែរ
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
ប្រហែលជាចាប់ពីម៉ោង២យប់ដល់ម៉ោង៦ព្រឹក
«យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«អ្នកគ្រប់គ្រងផ្ដាច់ការ»
ន័យត្រង់«ភ្នំដែលជាមត៌ករបស់លោក»
មានន័យថា«ល្វីង»
ន័យត្រង់«នំប៉័ង»
ន័យត្រង់«នំប៉័ង»
ប្រហែលជា២,២លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ពាក្យនេះទំនងជាមកពីពាក្យភាសាហេប្រឺដែលមានន័យថា«តើនេះជាអ្វី?»
ប្រអប់នេះសម្រាប់ដាក់ឯកសារសំខាន់ៗ
មួយអេហ្វាស្មើនឹង២២លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មានន័យថា«ល្បងល»
មានន័យថា«រករឿង»
មានន័យថា«ព្រះយេហូវ៉ាជាបង្គោលសញ្ញារបស់ខ្ញុំ»
មានន័យថា«ជនបរទេស»
មានន័យថា«ព្រះជាជំនួយខ្ញុំ»
ប្រហែលជាបាញ់ព្រួញ
ន័យត្រង់«ស្នែងចៀមឈ្មោល»
ឬ«ឲ្យគេលោះនាងវិញ»
នេះអាចសំដៅលើចៅហ្វាយឬកូនប្រុសគាត់
ឬប្រហែលជា«ប្រើឧបករណ៍មួយវាយ»
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
ក៏ត្រូវហៅថាបុណ្យថ្ងៃទី៥០ដែរ
ឬ«បុណ្យខ្ទម»
ឬ«សមុទ្រភីលីស្ទីន»
តាមមើលទៅសៀវភៅនេះមានច្បាប់ផ្សេងៗក្នុងជំពូក២០ ខ២២ ដល់ជំពូក២៣ ខ៣៣
ឬ«អំបោះធ្វើពីរោមចៀមជ្រលក់ពណ៌ស្វាយ»
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
ឬ«ប្រេងបាលសាម»
គឺជាប្រេងសម្រាប់ចាក់តែងតាំងបុគ្គលម្នាក់ឲ្យទទួលភារកិច្ចពិសេស
មួយហត្ថស្មើនឹង៤៤,៥សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ផ្ទាំងថ្មដែលប្រៀបដូចជាសាក្សី»
ប្រហែលជា៧,៤សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយថាលិនស្មើនឹង៣៤,២គីឡូក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«អំបោះធ្វើពីរោមចៀមជ្រលក់ពណ៌ស្វាយ»
មួយហត្ថស្មើនឹង៤៤,៥សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
មួយហត្ថស្មើនឹង៤៤,៥សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ក្រណាត់ធ្វើពីអំបោះល្អដែលវេញចូលគ្នា»
ឬ«អំបោះធ្វើពីរោមចៀមជ្រលក់ពណ៌ស្វាយ»
ក្រណាត់ដែលគេយកមករុំក្បាល
ឬ«អំបោះធ្វើពីរោមចៀមជ្រលក់ពណ៌ស្វាយ»
មួយចំអាមប្រហែលជាស្មើនឹង២២,២សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ត្រូវពាក់ប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនៅលើបេះដូងគាត់»
មើលនិយមន័យពាក្យ«យូរីមនិងធូមីម»
ប្រហែលជាម៉ូសេប្រាប់ឲ្យពួកគាត់ងូតទឹកសម្អាតខ្លួន
ឬ«ស្លាកសញ្ញានៃការប្រគល់ខ្លួនជូនព្រះ»
គឺជាប្រេងសម្រាប់ចាក់តែងតាំងបុគ្គលម្នាក់ឲ្យទទួលភារកិច្ចពិសេស
ឬ«ក្លិនដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត»
ប្រហែលជា២,២លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយហ៊ីនស្មើនឹង៣,៦៧លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
តាមមើលទៅនេះសំដៅលើពេលវេលាមួយដែលនៅក្រោយថ្ងៃលិច ហើយមុនពេលព្រលប់
មួយហត្ថស្មើនឹង៤៤,៥សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
តាមមើលទៅនេះសំដៅលើពេលវេលាមួយដែលនៅក្រោយថ្ងៃលិច ហើយមុនពេលព្រលប់
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយកេរ៉ាស្មើនឹង០,៥៧ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ន័យត្រង់«ជម្រះភាពខុសឆ្គង»
ភាសាដើមហៅថាមើ។ នេះសំដៅលើម្សៅក្រអូបម្យ៉ាង
ឬ«ឈើអែម»
ឬ«ដើមក្រអូប»
មើលនិយមន័យពាក្យ«ខេហ្សា»
មួយហ៊ីនស្មើនឹង៣,៦៧លីត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មិនមែនជាកូនចៅរបស់អេរ៉ុន
ឬ«ចាក់ពុម្ពធ្វើជារូបកូនគោមាស»
ន័យត្រង់«ពូជ»
ន័យត្រង់«ពូជ»
ឬ«ខ្ញុំបានជ្រើសរើសអ្នក»
ន័យត្រង់«ស្គាល់អ្នកតាមឈ្មោះ»
ន័យត្រង់«គុណធម៌»
ឬ«សេចក្ដីសប្បុរស»
ឬ«សេចក្ដីស្មោះត្រង់»
ឬនិយមន័យពាក្យ«បង្គោលឈើពិសិដ្ឋ»
ឬ«មិនឲ្យមានអ្នកណាធ្វើជាគូប្រជែងរបស់លោកឡើយ»
ឬ«ប្រព្រឹត្តដូចជាស្ត្រីពេស្យា»
ឬ«ប្រព្រឹត្តដូចជាស្ត្រីពេស្យា»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥
ឬ«ត្រូវកាន់តាមថ្ងៃឈប់សម្រាក»
ឬ«បុណ្យខ្ទម»
តាមមើលទៅនេះសំដៅលើព្រះយេហូវ៉ា។ មើលខ១
ឬ«អំបោះធ្វើពីរោមចៀមជ្រលក់ពណ៌ស្វាយ»
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
ឬ«ប្រេងបាលសាម»
គឺជាប្រេងសម្រាប់ចាក់តែងតាំងបុគ្គលម្នាក់ឲ្យទទួលភារកិច្ចពិសេស
ឬ«គ្រឿងបូជាសម្រាប់លើកចុះឡើង»
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
គឺជាប្រេងសម្រាប់ចាក់តែងតាំងបុគ្គលម្នាក់ឲ្យទទួលភារកិច្ចពិសេស
ឬ«អំបោះធ្វើពីរោមចៀមជ្រលក់ពណ៌ស្វាយ»
តាមមើលទៅនេះសំដៅលើបេតសាលែល
មួយហត្ថស្មើនឹង៤៤,៥សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
មួយហត្ថស្មើនឹង៤៤,៥សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ប្រហែលជា៧,៤សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយថាលិនស្មើនឹង៣៤,២គីឡូក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយហត្ថស្មើនឹង៤៤,៥សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយថាលិនស្មើនឹង៣៤,២គីឡូក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«គ្រឿងបូជាសម្រាប់លើកចុះឡើង»
ឬ«អំបោះធ្វើពីរោមចៀមជ្រលក់ពណ៌ស្វាយ»
តាមមើលទៅនេះសំដៅលើបេតសាលែល
មួយចំអាមប្រហែលជាស្មើនឹង២២,២សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
គឺជាប្រេងសម្រាប់ចាក់តែងតាំងបុគ្គលម្នាក់ឲ្យទទួលភារកិច្ចពិសេស
ប្រហែលជាម៉ូសេប្រាប់ឲ្យពួកគាត់ងូតទឹកសម្អាតខ្លួន