បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ច្បាប់លេវី ១:១-២៧:៣៤
  • ច្បាប់លេវី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ច្បាប់លេវី
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី

ច្បាប់​លេវី

១ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ពី​ត្រសាល​ជំនុំ+ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​ណា​ម្នាក់​យក​សត្វ​មក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា អ្នក​នោះ​ត្រូវ​យក​ចៀម ឬ​ពពែ ឬ​គោ​ពី​ហ្វូង​សត្វ​មក​ជូន។+

៣ ​«​‹បើ​គាត់​ជូន​គោ​ជា​គ្រឿង​បូជា​ដុត គាត់​ត្រូវ​ជូន​គោ​ស្ទាវ​ដ៏​ល្អ​ឥត​ខ្ចោះ+ ហើយ​ត្រូវ​ជូន​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត+ នៅ​ឯ​មាត់​ទ្វារ​ចូល​ត្រសាល​ជំនុំ។ ៤ គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ រួច​ព្រះ​នឹង​ទទួល​គ្រឿង​បូជា​ដុត​របស់​គាត់ ហើយ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​គាត់។

៥ ​«​‹បន្ទាប់​មក ត្រូវ​សម្លាប់​គោ​ស្ទាវ​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ រួច​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ+ នឹង​យក​ឈាម​គោ​នោះ​ទៅ​ជូន​ព្រះ ហើយ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា+ ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។ ៦ បន្ទាប់​ពី​នោះ ត្រូវ​ពន្លាត់​ស្បែក​សត្វ​នៃ​គ្រឿង​បូជា​ដុត​នោះ ហើយ​កាប់​ជា​ដុំ​ៗ​+ ៧ រួច​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ ត្រូវ​បង្កាត់​ភ្លើង​នៅ​ទី​បូជា+ ហើយ​យក​អុស​ទៅ​តម្រៀប​ពី​លើ។ ៨ រួច​យក​ដុំ​សាច់​ទាំង​នោះ ព្រម​ទាំង​ក្បាល​និង​ខ្លាញ់* ទៅ​តម្រៀប+នៅ​លើ​អុស​ដែល​កំពុង​ឆេះ​នៅ​លើ​ទី​បូជា។ ៩ បន្ទាប់​មក ត្រូវ​លាង​ពោះ​វៀន​និង​ជើង​សត្វ​នោះ រួច​ពួក​សង្ឃ​នឹង​យក​អ្វី​ទាំង​នោះ​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។*+

១០ ​«​‹បើ​គាត់​យក​ចៀម​ឬ​ពពែ​មក​ជូន​ជា​គ្រឿង​បូជា​ដុត គាត់​ត្រូវ​ជូន​ចៀម​ឬ​ពពែ​ស្ទាវ​ដ៏​ល្អ​ឥត​ខ្ចោះ។+ ១១ បន្ទាប់​មក ត្រូវ​សម្លាប់​សត្វ​នោះ​នៅ​ប៉ែក​ខាង​ជើង​ទី​បូជា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ រួច​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ នឹង​យក​ឈាម​សត្វ​នោះ​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។+ ១២ រួច​ត្រូវ​កាប់​ចៀម​នោះ​ជា​ដុំ​ៗ ហើយ​សង្ឃ​នឹង​យក​ដុំ​សាច់ ក្បាល និង​ខ្លាញ់* ទៅ​តម្រៀប​នៅ​លើ​អុស​ដែល​កំពុង​ឆេះ​នៅ​លើ​ទី​បូជា។ ១៣ បន្ទាប់​មក ត្រូវ​លាង​ពោះ​វៀន​និង​ជើង​សត្វ​នោះ រួច​សង្ឃ​នឹង​យក​អ្វី​ទាំង​នោះ​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។*

១៤ ​«​‹ប៉ុន្តែ បើ​គាត់​យក​សត្វ​ស្លាប​មក​ជូន​ជា​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ជូន​សត្វ​ព្រាប​ឬ​លលក​ជំទើរ។+ ១៥ សង្ឃ​ត្រូវ​យក​សត្វ​នោះ​ទៅ​ទី​បូជា រួច​កាត់​ក្បាល​វា ហើយ​ដុត​សត្វ​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ ប៉ុន្តែ ត្រូវ​សម្រក់​ឈាម​សត្វ​នោះ​នៅ​ជញ្ជាំង​ទី​បូជា។ ១៦ រួច​ត្រូវ​យក​គែ និង​រោម​វា​ទៅ​បោះ​ចោល​នៅ​ខាង​កើត​ក្បែរ​ទី​បូជា ត្រង់​កន្លែង​ដាក់​ផេះ។+ ១៧ បន្ទាប់​មក ត្រូវ​ពុះ​វា​ត្រង់​ចន្លោះ​ស្លាប តែ​មិន​ឲ្យ​ដាច់​ជា​ពីរ​ទេ។ រួច​សង្ឃ​នឹង​យក​វា​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។*

២ «​‹បើ​អ្នក​ណា​ម្នាក់​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ដល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ជូន​ម្សៅ​យ៉ាង​ម៉ដ្ឋ រួច​ចាក់​ប្រេង​លើ​ម្សៅ​នោះ ហើយ​ដាក់​ម្សៅ​ក្រអូប​ពី​លើ។+ ២ បន្ទាប់​មក ត្រូវ​យក​ទៅ​ប្រគល់​ឲ្យ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ ហើយ​សង្ឃ​នឹង​យក​ម្សៅ​ម៉ដ្ឋ​នោះ​មួយ​ក្ដាប់​ដែល​មាន​ប្រេង​និង​ម្សៅ​ក្រអូប​ទាំង​អស់ ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ នេះ​ជា​គ្រឿង​បូជា​ដែល​ត្រូវ​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។* ៣ រីឯ​ម្សៅ​ដែល​នៅ​សល់ ត្រូវ​បាន​ជា​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។+ ចំណែក​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត+ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។

៤ ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​ក្នុង​ឡ អ្នក​ត្រូវ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង​ធ្វើ​ជា​នំ​កង ឬ​ធ្វើ​ជា​នំ​ស្រួយ​លាប​ប្រេង​ពី​លើ តែ​មិន​ត្រូវ​ដាក់​ដំបែ​ទេ។+

៥ ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​នៅ​ក្នុង​ខ្ទះ+ អ្នក​ត្រូវ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង​ធ្វើ​ជា​នំ តែ​មិន​ត្រូវ​ដាក់​ដំបែ​ទេ។ ៦ រួច​បំបែក​នំ​នោះ​ជា​ដុំ​ៗ ហើយ​ចាក់​ប្រេង​ពី​លើ។+ នោះ​ហើយ​ជា​គ្រឿង​បូជា​ពី​ស្រូវ។

៧ ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​ក្នុង​ចាន​ពុម្ព អ្នក​ត្រូវ​ធ្វើ​នំ​ដោយ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង។ ៨ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​ដែល​ចម្អិន​តាម​របៀប​ទាំង​នេះ​ដល់​ព្រះ​យេហូវ៉ា ហើយ​ត្រូវ​ប្រគល់​ឲ្យ​សង្ឃ រួច​គាត់​នឹង​យក​ទៅ​ឯ​ទី​បូជា។ ៩ បន្ទាប់​មក សង្ឃ​នឹង​យក​ចំណែក​ខ្លះ​ពី​គ្រឿង​បូជា​នេះ ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​លោក។*+ ១០ រីឯ​ចំណែក​ដែល​នៅ​សល់ ត្រូវ​បាន​ជា​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។ ចំណែក​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។+

១១ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ដែល​មាន​ដំបែ​ដល់​ព្រះ​យេហូវ៉ា​ទេ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ដុត​ដំបែ​ឬ​ទឹក​ឃ្មុំ​ជា​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ដល់​ព្រះ​យេហូវ៉ា​ឡើយ។

១២ ​«​‹អ្នក​រាល់​គ្នា​អាច​ជូន​របស់​ទាំង​ពីរ​នេះ​ដល់​ព្រះ​យេហូវ៉ា ជា​គ្រឿង​បូជា​នៃ​ផល​ដំបូង​បាន+ តែ​មិន​ត្រូវ​ដុត​នៅ​លើ​ទី​បូជា​សម្រាប់​ជា​ក្លិន​ឈ្ងុយ*នោះ​ទេ។

១៣ ​«​‹រាល់​គ្រឿង​បូជា​ពី​ស្រូវ ត្រូវ​ដាក់​អំបិល។ អ្នក​មិន​ត្រូវ​ភ្លេច​ដាក់​អំបិល​ឡើយ ព្រោះ​អំបិល​នោះ នឹង​រំលឹក​អ្នក​រាល់​គ្នា​អំពី​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ។ ម្ល៉ោះ​ហើយ គ្រឿង​បូជា​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ត្រូវ​ដាក់​អំបិល។+

១៤ ​«​‹បើ​អ្នក​រាល់​គ្នា​យក​ផល​ដំបូង​ពី​ស្រូវ​មក​ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា អ្នក​ត្រូវ​យក​គ្រាប់​ស្រូវ​ថ្មី​ទៅ​លីង​ហើយ​បុក។ នោះ​ហើយ​ជា​គ្រឿង​បូជា​ពី​ស្រូវ​នៃ​ផល​ដំបូង។+ ១៥ អ្នក​រាល់​គ្នា​ត្រូវ​ចាក់​ប្រេង​លើ​គ្រឿង​បូជា​ពី​ស្រូវ​នោះ ហើយ​ដាក់​ម្សៅ​ក្រអូប​ពី​លើ។ ១៦ ឯ​ចំណែក​ខ្លះ​ពី​គ្រឿង​បូជា​នោះ គឺ​ស្រូវ​បុក​ដែល​លាយ​ប្រេង​និង​ម្សៅ​ក្រអូប សង្ឃ​នឹង​យក​ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ នោះ​ហើយ​ជា​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។

៣ «​‹បើ​គាត់​ជូន​គោ​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ គាត់​ត្រូវ​ជូន​គោ​ញី​ឬ​គោ​ឈ្មោល​ដែល​ល្អ​ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ២ គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ។ គោ​នោះ​នឹង​ត្រូវ​សម្លាប់​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។ បន្ទាប់​មក ត្រូវ​ឲ្យ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ យក​ឈាម​វា​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។ ៣ គាត់​ត្រូវ​ជូន​មួយ​ចំណែក​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដើម្បី​ដុត​ជូន​ព្រះ​យេហូវ៉ា។+ ចំណែក​នោះ​មាន​ស្បៃ​ខ្លាញ់+ស្រោប​ពោះ​វៀន ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ៤ ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ត្រូវ​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។+ ៥ រួច​មក កូន​ប្រុស​ៗ​របស់​អេរ៉ុន​យក​ចំណែក​ទាំង​នោះ​ទៅ​ដាក់​លើ​គ្រឿង​បូជា​ដុត​ដែល​កំពុង​ឆេះ លើ​គំនរ​អុស​ដែល​នៅ​លើ​ទី​បូជា។+ នេះ​ជា​គ្រឿង​បូជា​ដែល​ដុត​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។*+

៦ ​«​‹បើ​គាត់​ជូន​ចៀម​ឬ​ពពែ​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា គាត់​អាច​ជូន​សត្វ​នោះ​ជា​ញី​ឬ​ឈ្មោល​ក៏​បាន ឲ្យ​តែ​សត្វ​នោះ​ល្អ​ឥត​ខ្ចោះ។+ ៧ បើ​គាត់​ជូន​ចៀម​ស្ទាវ​ជា​គ្រឿង​បូជា គាត់​ត្រូវ​យក​ទៅ​ជូន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៨ បន្ទាប់​មក គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ។ សត្វ​នោះ​នឹង​ត្រូវ​សម្លាប់​នៅ​ខាង​មុខ​ត្រសាល​ជំនុំ។ រួច​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ នឹង​យក​ឈាម​វា​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។ ៩ គាត់​ត្រូវ​យក​ខ្លាញ់​របស់​សត្វ​ដែល​សម្រាប់​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​នោះ ទៅ​ដុត​ជូន​ព្រះ​យេហូវ៉ា។+ គាត់​ត្រូវ​កាត់​កន្ទុយ​ដែល​មាន​ខ្លាញ់​រុំ​ជុំ​វិញ​ចេញ​ពី​ឆ្អឹង​ខ្នង ហើយ​ចៀរ​ស្បៃ​ខ្លាញ់​ស្រោប​ពោះ​វៀន ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ១០ ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។+ ១១ រួច​មក សង្ឃ​ត្រូវ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​ទី​បូជា​ទុក​ជា​អាហារ*របស់​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដែល​ដុត​ជូន​លោក។+

១២ ​«​‹បើ​គាត់​ជូន​ពពែ​ជា​គ្រឿង​បូជា គាត់​ត្រូវ​យក​ទៅ​ជូន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ១៣ បន្ទាប់​មក គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ។ សត្វ​នោះ​នឹង​ត្រូវ​សម្លាប់​នៅ​ខាង​មុខ​ត្រសាល​ជំនុំ។ រួច​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ជា​សង្ឃ យក​ឈាម​វា​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។ ១៤ គាត់​ត្រូវ​ជូន​មួយ​ចំណែក​ពី​គ្រឿង​បូជា​ដើម្បី​ដុត​ជូន​ព្រះ​យេហូវ៉ា។ ចំណែក​នោះ​មាន​ស្បៃ​ខ្លាញ់​ស្រោប​ពោះ​វៀន ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន+ ១៥ ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។ ១៦ រួច​មក សង្ឃ​ត្រូវ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​ទី​បូជា​ជា​អាហារ។* នេះ​ជា​គ្រឿង​បូជា​ដែល​ដុត​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* ខ្លាញ់​ទាំង​អស់​ជា​ចំណែក​របស់​លោក។+

១៧ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់​ឬ​ឈាម+ជា​ដាច់​ខាត។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ›​»។

៤ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​បន្ថែម​ទៀត​ថា​៖ ២ ​«​ចូរ​ទៅ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​ណា​ម្នាក់​ធ្វើ​អំពើ​ខុស​ឆ្គង​ដោយ​អចេតនា+ គឺ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់ អ្នក​នោះ​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖

៣ ​«​‹បើ​សង្ឃ​ដែល​បាន​ត្រូវ​ជ្រើស​រើស*+ ធ្វើ​អំពើ​ខុស​ឆ្គង+ ហើយ​នាំ​ឲ្យ​បណ្ដា​ជន​មាន​ទោស នោះ​គាត់​ត្រូវ​យក​គោ​ស្ទាវ​ដែល​ល្អ​ឥត​ខ្ចោះ​ទៅ​ជូន​ព្រះ​យេហូវ៉ា ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ដែល​គាត់​បាន​ធ្វើ។+ ៤ គាត់​ត្រូវ​នាំ​គោ​នោះ​ទៅ​ខាង​មុខ​ត្រសាល​ជំនុំ+នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ដាក់​ដៃ​លើ​ក្បាល​វា រួច​សម្លាប់​វា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ៥ បន្ទាប់​មក សង្ឃ​ដែល​បាន​ត្រូវ​ជ្រើស​រើស*នោះ+ ត្រូវ​យក​ឈាម​ខ្លះ​របស់​គោ​នោះ ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ៦ រួច​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នោះ+ ហើយ​ប្រោះ​ឈាម​នោះ​អស់​៧​ដង+ នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ខាង​មុខ​វាំងនន​នៃ​ទី​បរិសុទ្ធ។ ៧ បន្ថែម​ទៅ​ទៀត គាត់​ត្រូវ​យក​ឈាម​ខ្លះ​ទៅ​លាប​លើ​ស្នែង​ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប+ដែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​ត្រសាល​ជំនុំ។ ឯ​ឈាម​ដែល​នៅ​សល់ គាត់​ត្រូវ​យក​ទៅ​ចាក់​នៅ​ជើង​នៃ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត+ដែល​នៅ​ខាង​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។

៨ ​«​‹បន្ទាប់​មក គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​របស់​សត្វ​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គឺ​ស្បៃ​ខ្លាញ់​ស្រោប​ពោះ​វៀន និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ៩ ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។+ ១០ គាត់​ត្រូវ​ចៀរ​ខ្លាញ់​ចេញ​ពី​គោ​នោះ ដូច​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។+ បន្ទាប់​មក សង្ឃ​ត្រូវ​យក​ចំណែក​ទាំង​នោះ​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។

១១ ​«​‹ឯ​ស្បែក និង​សាច់​គោ​នោះ ព្រម​ទាំង​ក្បាល ជើង ពោះ​វៀន និង​លាមក​វា+ ១២ ពោល​គឺ​ផ្នែក​ដែល​នៅ​សល់ គាត់​ត្រូវ​យក​ទៅ​ខាង​ក្រៅ​ជំរំ រួច​ដុត​វា​នៅ​លើ​គំនរ​អុស+ ត្រង់​កន្លែង​ស្អាត​បរិសុទ្ធ​ដែល​ទុក​សម្រាប់​ចាក់​ផេះ។

១៣ ​«​‹ប្រសិន​បើ​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​មូល​មាន​ទោស ព្រោះ​ធ្វើ​ខុស​ដោយ​អចេតនា+ ហើយ​ពួក​គេ*មិន​បាន​ដឹង​ថា​បណ្ដា​ជន​បាន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់​ទេ+ ១៤ តែ​ក្រោយ​មក បើ​គេ​បាន​ដឹង​ពី​អំពើ​ខុស​ឆ្គង​នោះ ពួក​ជំនុំ*ត្រូវ​យក​គោ​ស្ទាវ​ទៅ​ខាង​មុខ​ត្រសាល​ជំនុំ ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១៥ ពួក​បុរស​ចាស់​ទុំ​ក្នុង​ពួក​ជំនុំ​នឹង​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា រួច​សម្លាប់​វា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។

១៦ ​«​‹បន្ទាប់​មក សង្ឃ​ដែល​បាន​ត្រូវ​ជ្រើស​រើស​នោះ នឹង​យក​ឈាម​ខ្លះ​របស់​គោ​នោះ ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ១៧ រួច​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នោះ ហើយ​ប្រោះ​ឈាម​នោះ​អស់​៧​ដង នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ខាង​មុខ​វាំងនន។+ ១៨ បន្ទាប់​ពី​នោះ គាត់​ត្រូវ​យក​ឈាម​ខ្លះ​ទៅ​លាប​លើ​ស្នែង​ទី​បូជា+ដែល​នៅ​ខាង​មុខ​ព្រះ​យេហូវ៉ា​ក្នុង​ត្រសាល​ជំនុំ ហើយ​គាត់​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​នៃ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត​ដែល​នៅ​ខាង​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។+ ១៩ គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​ចេញ​ពី​គោ​នោះ ហើយ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ២០ គាត់​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​គោ​នោះ ដូច​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ដែរ។ យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បណ្ដា​ជន+ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ។ ២១ សង្ឃ​ត្រូវ​យក​គោ​នោះ​ទៅ​ខាង​ក្រៅ​ជំរំ រួច​ដុត​វា​ដូច​គោ​ទី​១​ដែរ។+ នោះ​ហើយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​ពួក​ជំនុំ។+

២២ ​«​‹បើ​មេ​ដឹក​នាំ​ម្នាក់+មាន​ទោស​ព្រោះ​ធ្វើ​ខុស​ដោយ​អចេតនា គឺ​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​បាន​ហាមឃាត់ ២៣ ឬ​ប្រសិន​បើ​ក្រោយ​មក​គាត់​ដឹង​ថា​ខ្លួន​ធ្វើ​អំពើ​ខុស​ឆ្គង​ណា​មួយ​ដែល​បំពាន​លើ​បញ្ញត្តិ​របស់​លោក នោះ​គាត់​ត្រូវ​យក​ពពែ​ស្ទាវ​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ទៅ​ជូន​ជា​គ្រឿង​បូជា។ ២៤ គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ រួច​សម្លាប់​វា​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ នោះ​ហើយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ២៥ សង្ឃ​ត្រូវ​យក​ចុង​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​នៃ​គ្រឿង​បូជា​នោះ ហើយ​លាប​លើ​ស្នែង+ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត។ រួច​គាត់​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​ទី​បូជា​នោះ។+ ២៦ គាត់​ត្រូវ​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង ដូច​គាត់​ដុត​ខ្លាញ់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។+ យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បុគ្គល​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។

២៧ ​«​‹បើ​បណ្ដា​ជន​ធម្មតា​ណា​ម្នាក់​ធ្វើ​អំពើ​ខុស​ឆ្គង​ដោយ​អចេតនា ហើយ​មាន​ទោស​ដោយ​សារ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់+ ២៨ ឬ​ប្រសិន​បើ​ក្រោយ​មក​គាត់​ដឹង​ថា​ខ្លួន​ធ្វើ​អំពើ​ខុស​ឆ្គង​ណា​មួយ នោះ​គាត់​ត្រូវ​យក​ពពែ​ញី​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ទៅ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​កំហុស​ឆ្គង​ដែល​គាត់​បាន​ធ្វើ​នោះ។ ២៩ គាត់​នឹង​ដាក់​ដៃ​លើ​ក្បាល​សត្វ​នៃ​គ្រឿង​បូជា​នោះ រួច​សម្លាប់​វា​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត។+ ៣០ សង្ឃ​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នៃ​គ្រឿង​បូជា​នោះ ហើយ​លាប​លើ​ស្នែង​នៃ​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត។ រួច​គាត់​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​ទី​បូជា។+ ៣១ គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​ពី​សត្វ​នោះ+ ដូច​គាត់​ចៀរ​ខ្លាញ់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។+ រួច​មក គាត់​ត្រូវ​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង ដើម្បី​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បុគ្គល​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។

៣២ ​«​‹ប៉ុន្តែ បើ​គាត់​ជូន​កូន​ចៀម​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គាត់​ត្រូវជូន​កូន​ចៀម​ញី​ដែល​ល្អ​ឥត​ខ្ចោះ។ ៣៣ គាត់​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​ជា​គ្រឿង​បូជា​នោះ រួច​សម្លាប់​វា​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត។+ ៣៤ សង្ឃ​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នៃ​គ្រឿង​បូជា​នោះ ហើយ​លាប​លើ​ស្នែង​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត+ រួច​យក​ឈាម​ដែល​នៅ​សល់ ទៅ​ចាក់​នៅ​ជើង​ទី​បូជា។ ៣៥ គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​ពី​សត្វ​នោះ ដូច​ចៀរ​ខ្លាញ់​ចៀម​ស្ទាវ​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។ រួច​មក គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង គឺ​នៅ​លើ​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។+ យ៉ាង​នេះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បុគ្គល​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។+

៥ «​‹បើ​បុគ្គល​ម្នាក់​បាន​ឃើញ​ឬ​ដឹង​នូវ​អំពើ​ខុស​ឆ្គង​ណា​មួយ តែ​មិន​បាន​រាយ​ការណ៍​ប្រាប់​ពេល​ដែល​មាន​ការ​ប្រកាស​ស្វែង​រក​សាក្សី​មក​បញ្ជាក់*+ការ​ពិត នោះ​គាត់​នឹង​មាន​ទោស​ជា​មិន​ខាន។

២ ​«​‹បើ​អ្នក​ណា​ម្នាក់​ពាល់​អ្វី​មួយ​ដែល​មិន​ស្អាត​បរិសុទ្ធ ទោះ​ជា​សព​សត្វ​ព្រៃ សព​សត្វ​ស្រុក ឬ​សត្វ​ល្អិត*ក្ដី+ នោះ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ហើយ​មាន​ទោស ទោះ​ជា​គាត់​មិន​ដឹង​ខ្លួន​ក៏​ដោយ។ ៣ បើ​អ្នក​ណា​ម្នាក់​ពាល់​មនុស្ស​មិន​ស្អាត​បរិសុទ្ធ+ ឬ​អ្វី​មួយ​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​អចេតនា នោះ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ហើយ​មាន​ទោស ទោះ​បី​ជា​មួយ​រយៈ​ពេល​ក្រោយ​មក ទើប​គាត់​ដឹង​ក៏​ដោយ។

៤ ​«​‹បើ​អ្នក​ណា​ម្នាក់​រហ័ស​ស្បថ​ថា​នឹង​ធ្វើ​អ្វី​មួយ មិន​ថា​ធ្វើ​ល្អ​ឬ​ធ្វើ​អាក្រក់​ក្ដី នោះ​គាត់​នឹង​មាន​ទោស​មិន​ខាន* ទោះ​ជា​មួយ​រយៈ​ក្រោយ​មក ទើប​គាត់​ដឹង​ថា​ខ្លួន​បាន​ស្បថ​រហ័ស​ពេក​ក៏​ដោយ។+

៥ ​«​‹បើ​គាត់​ធ្វើ​ខុស​ក្នុង​ករណី​ណា​មួយ​ខាង​លើ​នេះ គាត់​ត្រូវ​សារភាព+កំហុស​ខ្លួន។ ៦ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ត្រូវ​យក​កូន​ចៀម​ញី​ឬ​កូន​ពពែ​ញី ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​និង​អំពើ​ខុស​ឆ្គង​របស់​គាត់។+ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់។

៧ ​«​‹ប៉ុន្តែ បើ​គាត់​គ្មាន​លទ្ធភាព​ជូន​សត្វ​ចៀម​ទេ គាត់​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ+ ទៅ​ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​និង​អំពើ​ខុស​ឆ្គង​របស់​គាត់ គឺ​សត្វ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​សត្វ​មួយ​ទៀត​ជា​គ្រឿង​បូជា​ដុត។+ ៨ គាត់​ត្រូវ​យក​សត្វ​ទាំង​ពីរ​នោះ​ទៅ​ប្រគល់​ឲ្យ​សង្ឃ។ ដំបូង សង្ឃ​ត្រូវ​ជូន​សត្វ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង រួច​គាត់​ក្ដិច​បណ្ដាច់​ផ្នែក​ខាង​មុខ​ក​វា​តែ​មិន​ឲ្យ​ដាច់​ក្បាល​ទេ។ ៩ សង្ឃ​ត្រូវ​យក​ឈាម​ខ្លះ​របស់​វា ទៅ​ប្រោះ​នៅ​ជញ្ជាំង​នៃ​ទី​បូជា។ រួច​ឈាម​ដែល​នៅ​សល់ គាត់​ត្រូវ​ចាក់​នៅ​ជើង​ទី​បូជា។+ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១០ ឯ​សត្វ​មួយ​ទៀត គាត់​ត្រូវ​ជូន​ជា​គ្រឿង​បូជា​ដុត​ស្រប​តាម​ការ​ណែនាំ​នៃ​ការ​ជូន​គ្រឿង​បូជា​ដុត។+ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បុគ្គល​ដែល​បាន​ធ្វើ​ខុស​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។+

១១ ​«​‹បើ​គាត់​គ្មាន​លទ្ធភាព​ជូន​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ​ទេ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា*+ ទៅ​ជូន​ព្រះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់។ គាត់​មិន​ត្រូវ​ដាក់​ប្រេង​ឬ​ម្សៅ​ក្រអូប​ពី​លើ​ឡើយ ព្រោះ​នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១២ បន្ទាប់​មក គាត់​ត្រូវ​យក​ទៅ​ប្រគល់​ឲ្យ​សង្ឃ ហើយ​សង្ឃ​នឹង​យក​ម្សៅ​ម៉ដ្ឋ​នោះ​មួយ​ក្ដាប់​ទៅ​ដុត​លើ​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា ឲ្យ​ផ្សែង​ហុយ​ឡើង​ជូន​ព្រះ​យេហូវ៉ា សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១៣ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បុគ្គល​ដែល​បាន​ធ្វើ​ខុស​នោះ។ ទោះ​បើ​គាត់​ធ្វើ​ខុស​ក្នុង​ករណី​ណា​ក៏​ដោយ គាត់​នឹង​ទទួល​ការ​អភ័យ​ទោស។+ ចំណែក​ឯ​ម្សៅ​ដែល​នៅ​សល់​នឹង​បាន​ជា​របស់​សង្ឃ+ ដូច​គ្រឿង​បូជា​ពី​ស្រូវ​ដែរ›​»។+

១៤ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​បន្ត​ទៀត​ថា​៖ ១៥ ​«​បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ដោយ​មិន​ដឹង​ខ្លួន ចំពោះ​អ្វី​ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ទុក​ជូន​ព្រះ​យេហូវ៉ា នោះ​គាត់​បាន​ធ្វើ​ខុស​ហើយ។+ ដូច្នេះ គាត់​ត្រូវ​យក​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​របស់​គាត់។+ សត្វ​នោះ​ត្រូវ​មាន​តម្លៃ​កំណត់ ជា​ប្រាក់​ហ្សេគិល* ដែល​គិត​តាម​ទម្ងន់​ហ្សេគិល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។+ ១៦ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ត្រូវ​បង់​ថ្លៃ​ដល់​សង្ឃ​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​គាត់​បាន​ធ្វើ​ទាស់​នឹង​កន្លែង​បរិសុទ្ធ ហើយ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​នៃ​របស់​នោះ+ ដើម្បី​ឲ្យ​សង្ឃ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់+ ដោយ​ដុត​ចៀម​ឈ្មោល​នោះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង ហើយ​គាត់​នឹង​ទទួល​ការ​អភ័យ​ទោស។+

១៧ ​«​បើ​អ្នក​ណា​ម្នាក់​ធ្វើ​អំពើ​ណា​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់ ទោះ​ជា​គាត់​មិន​ដឹង​ខ្លួន​ក្ដី គាត់​នៅ​តែ​មាន​ទោស ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​នោះ។+ ១៨ ដូច្នេះ គាត់​ត្រូវ​យក​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​ទៅ​ប្រគល់​ឲ្យ​សង្ឃ ស្រប​តាម​តម្លៃ​ដែល​បាន​ត្រូវ​កំណត់​ចំពោះ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់ ចំពោះ​កំហុស​ដែល​គាត់​បាន​ធ្វើ​ដោយ​អចេតនា ហើយ​គាត់​នឹង​ទទួល​ការ​អភ័យ​ទោស។ ១៩ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។ គាត់​ពិត​ជា​មាន​ទោស ព្រោះ​បាន​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា​ហើយ​»។

៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​បន្ត​ទៅ​កាន់​ម៉ូសេ​ថា​៖ ២ ​«​បើ​អ្នក​ណា​ម្នាក់​ធ្វើ​អំពើ​ខុស​ឆ្គង​និង​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា+ ដោយ​លួច ឬ​បោក​ប្រាស់ ឬ​កុហក​អ្នក​ជិត​ខាង​អំពី​អ្វី​ដែល​អ្នក​នោះ​បាន​ផ្ញើ+ ឬ​បញ្ចាំ ៣ ឬ​បើ​គាត់​រើស​បាន​របស់​ណា​មួយ តែ​កុហក​ថា​មិន​បាន​ឃើញ ឬ​ក៏​ស្បថ​មិន​ពិត​ក្នុង​រឿង​ណា​មួយ​ដែល​គាត់​បាន​ធ្វើ​ខុស+ គាត់​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖ ៤ អ្នក​ដែល​ធ្វើ​ខុស ហើយ​មាន​ទោស​នោះ ត្រូវ​សង​អ្វី​ដែល​គាត់​លួច អ្វី​ដែល​គាត់​កេង​ប្រវ័ញ្ច អ្វី​ដែល​គាត់​បោក​ប្រាស់ អ្វី​ដែល​គេ​ផ្ញើ ឬ​អ្វី​ដែល​គាត់​រើស​បាន ៥ ឬ​អ្វី​ដែល​គាត់​បាន​ស្បថ​មិន​ពិត គឺ​គាត់​ត្រូវ​សង​ទាំង​អស់​ដល់​ម្ចាស់​វិញ។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​នៃ​របស់​នោះ ហើយ​ត្រូវ​សង​នៅ​ថ្ងៃ​ដែល​គេ​រក​ឃើញ​ថា​គាត់​មាន​ទោស​តែ​ម្ដង។ ៦ គាត់​ត្រូវ​យក​ចៀម​ឈ្មោល​ដែល​ល្អ​ឥត​ខ្ចោះ​ទៅ​ប្រគល់​ឲ្យ​សង្ឃ ដើម្បី​ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​របស់​គាត់ ស្រប​តាម​តម្លៃ​ដែល​បាន​ត្រូវ​កំណត់​ចំពោះ​គ្រឿង​បូជា​នោះ។+ ៧ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បុគ្គល​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ទោះ​បើ​គាត់​ធ្វើ​ខុស​ក្នុង​ករណី​ណា​មួយ​ក៏​ដោយ គាត់​នឹង​ទទួល​ការ​អភ័យ​ទោស​»។+

៨ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ៩ ​«​ចូរ​បង្គាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ថា​៖ ‹ច្បាប់​សម្រាប់​ការ​ជូន​គ្រឿង​បូជា​ដុត​មាន​ដូច​ត​ទៅ​៖+ ត្រូវ​ទុក​គ្រឿង​បូជា​ដុត​នៅ​លើ​រាន​ទី​បូជា​ពេញ​មួយ​យប់​រហូត​ដល់​ព្រឹក ហើយ​ត្រូវ​មើល​ភ្លើង​ឲ្យ​នៅ​ឆេះ​ជា​និច្ច។ ១០ ឯ​សង្ឃ​វិញ គាត់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​សង្ឃ​ដែល​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ+ ហើយ​ត្រូវ​ស្លៀក​ខោ​ខ្លី​ពី​ក្រណាត់​សាច់​ល្អ+ដើម្បី​បិទ​បាំង​កេរ្តិ៍​ខ្មាស។ បន្ទាប់​មក គាត់​ត្រូវ​កើប​ផេះ+ពី​គ្រឿង​បូជា​ដុត ហើយ​ដាក់​ក្បែរ​ទី​បូជា។ ១១ រួច​គាត់​ត្រូវ​ផ្លាស់​សម្លៀក​បំពាក់+ ហើយ​យក​ផេះ​ទៅ​ចាក់​នៅ​កន្លែង​ស្អាត​បរិសុទ្ធ​ខាង​ក្រៅ​ជំរំ។+ ១២ ឯ​ភ្លើង​នៅ​លើ​ទី​បូជា ត្រូវ​ឆេះ​ជា​និច្ច មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។ រៀង​រាល់​ព្រឹក សង្ឃ​ត្រូវ​ថែម​អុស+នៅ​លើ​ទី​បូជា ហើយ​ដាក់​គ្រឿង​បូជា​ដុត​នៅ​លើ​នោះ រួច​ដុត​ខ្លាញ់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ១៣ ត្រូវ​មើល​ភ្លើង​នៅ​លើ​ទី​បូជា​ឲ្យ​នៅ​ឆេះ​ជា​និច្ច មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។

១៤ ​«​‹ច្បាប់​សម្រាប់​ការ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មាន​ដូច​ត​ទៅ​៖+ កូន​ប្រុស​ៗ​របស់​អេរ៉ុន​ត្រូវ​ជូន​គ្រឿង​បូជា​នេះ​ចំពោះ​ព្រះ​យេហូវ៉ា នៅ​ខាង​មុខ​ទី​បូជា។ ១៥ ពួក​គាត់​ម្នាក់​ត្រូវ​យក​ម្សៅ​ម៉ដ្ឋ​មួយ​ក្ដាប់​ពី​គ្រឿង​បូជា​នោះ ដែល​មាន​ប្រេង​និង​ម្សៅ​ក្រអូប ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* ម្សៅ​នោះ​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+ ១៦ ឯ​ចំណែក​ដែល​នៅ​សល់ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​នឹង​យក​ទៅ​ធ្វើ​ជា​នំ​ប៉័ង​ឥត​ដំបែ រួច​បរិភោគ​នៅ​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​ធ្លា​ត្រសាល​ជំនុំ។+ ១៧ ពួក​គាត់​មិន​ត្រូវ​លាយ​ចំណែក​នោះ​ជា​មួយ​ដំបែ​ឡើយ។+ ខ្ញុំ​បាន​ឲ្យ​ចំណែក​នោះ​ដល់​ពួក​គាត់​ពី​គ្រឿង​បូជា​ដុត​របស់​ខ្ញុំ។+ ចំណែក​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត+ ដូច​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​ដូច​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​ដែរ។ ១៨ កូន​ប្រុស​ៗ​ទាំង​អស់​របស់​អេរ៉ុន​នឹង​បរិភោគ​ចំណែក​នោះ+ ជា​ចំណែក​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា ហើយ​ចំណែក​ពី​គ្រឿង​បូជា​នោះ​នឹង​បាន​ទៅ​ជា​របស់​ពួក​គាត់​គ្រប់​ជំនាន់​ត​ទៅ។+ អ្វី​ក៏​ដោយ​ដែល​ប៉ះ​នឹង​គ្រឿង​បូជា​ទាំង​នោះ​នឹង​បាន​ទៅ​ជា​បរិសុទ្ធ›​»។

១៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ម្ដង​ទៀត​ទៅ​កាន់​ម៉ូសេ​ថា​៖ ២០ ​«​នេះ​ជា​គ្រឿង​បូជា​ដែល​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់ ត្រូវ​ជូន​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​ដែល​គាត់​បាន​ត្រូវ​ចាក់​ប្រេង​តែង​តាំង+ គឺ​ត្រូវ​ជូន​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា*+ជា​គ្រឿង​បូជា​ពី​ស្រូវ ហើយ​ពួក​គាត់​ត្រូវ​ធ្វើ​ដូច្នេះ​ជា​និច្ច។+ គាត់​ត្រូវ​ជូន​ម្សៅ​នោះ​ពាក់​កណ្ដាល​នៅ​ពេល​ព្រឹក ពាក់​កណ្ដាល​នៅ​ពេល​ល្ងាច។ ២១ គាត់​ត្រូវ​ចម្អិន​ម្សៅ​នោះ​នឹង​ប្រេង​នៅ​ក្នុង​ខ្ទះ។+ បន្ទាប់​មក ត្រូវ​កាច់​ជា​ដុំ​ៗ ហើយ​ចាក់​ប្រេង​ពី​លើ រួច​ជូន​ជា​គ្រឿង​បូជា​ពី​ស្រូវ​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* ២២ សង្ឃ​ដែល​នឹង​ត្រូវ​តែង​តាំង​ពី​ចំណោម​កូន​ប្រុស​របស់​គាត់​ឲ្យ​ធ្វើ​ជា​សង្ឃ​បន្ទាប់+ ត្រូវ​ជូន​គ្រឿង​បូជា​ដែល​ដុត​ទាំង​មូល ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​ជា​ច្បាប់​ដែល​នៅ​ស្ថិតស្ថេរ​ជា​រៀង​រហូត។ ២៣ គ្រប់​គ្រឿង​បូជា​ពី​ស្រូវ​ដែល​សង្ឃ​ត្រូវ​ជូន​នោះ គឺ​ត្រូវ​ដុត​ទាំង​អស់ មិន​ត្រូវ​បរិភោគ​ឡើយ​»។

២៤ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៥ ​«​ចូរ​ប្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ថា​៖ ‹ច្បាប់​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​មាន​ដូច​ត​ទៅ​៖+ សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ត្រូវ​សម្លាប់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត។+ គ្រឿង​បូជា​នោះ​គឺ​បរិសុទ្ធ​បំផុត។ ២៦ សង្ឃ​ដែល​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង នឹង​បរិភោគ​សាច់​សត្វ​នោះ+ ហើយ​ត្រូវ​បរិភោគ​នៅ​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​ធ្លា​ត្រសាល​ជំនុំ។+

២៧ ​«​‹អ្វី​ក៏​ដោយ​ដែល​ប៉ះ​សាច់​សត្វ​នោះ នឹង​ទៅ​ជា​បរិសុទ្ធ។ បើ​ឈាម​សត្វ​នៃ​គ្រឿង​បូជា​ខ្ទាត​ទៅ​លើ​អាវ​អ្នក​ណា​ម្នាក់ នោះ​ត្រូវ​បោក​អាវ​ដែល​ប្រឡាក់​ឈាម​នោះ​នៅ​កន្លែង​បរិសុទ្ធ។ ២៨ បើ​ស្ងោរ​សាច់​នៅ​ក្នុង​ឆ្នាំង​ដី ក្រោយ​ស្ងោរ​រួច​ត្រូវ​បំបែក​ឆ្នាំង​នោះ​ចោល។ ប៉ុន្តែ បើ​ស្ងោរ​នៅ​ក្នុង​ឆ្នាំង​ស្ពាន់​វិញ ក្រោយ​ស្ងោរ​រួច​ត្រូវ​ដុស​លាង​សម្អាត​វា​នឹង​ទឹក។

២៩ ​«​‹កូន​ប្រុស​ៗ​ទាំង​អស់​របស់​សង្ឃ​នឹង​បរិភោគ​សាច់​នោះ។+ គ្រឿង​បូជា​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ៣០ ប៉ុន្តែ បើ​សង្ឃ​យក​ឈាម​ខ្លះ​ពី​សត្វ​នៃ​គ្រឿង​បូជា​នោះ ចូល​ក្នុង​ត្រសាល​ជំនុំ​សម្រាប់​ជម្រះ​ភាព​ខុស​ឆ្គង​ក្នុង​កន្លែង​បរិសុទ្ធ នោះ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​នោះ​ទេ+ តែ​ត្រូវ​ដុត​ទាំង​អស់​វិញ។

៧ «​‹នេះ​ជា​ច្បាប់​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង+ ជា​គ្រឿង​បូជា​ដែល​បរិសុទ្ធ​បំផុត ២ គឺ​ត្រូវ​សម្លាប់​សត្វ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត។ រួច​យក​ឈាម​សត្វ​នោះ+ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។+ ៣ សង្ឃ*ត្រូវ​ជូន​ខ្លាញ់​ទាំង​អស់+ គឺ​ខ្លាញ់​ជាប់​កន្ទុយ ស្បៃ​ខ្លាញ់​ស្រោប​ពោះ​វៀន ៤ ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។+ ៥ រួច​មក សង្ឃ​នឹង​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ជូន​ព្រះ​យេហូវ៉ា។+ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។ ៦ កូន​ប្រុស​ៗ​ទាំង​អស់​របស់​សង្ឃ​ត្រូវ​បរិភោគ​សាច់​នៃ​គ្រឿង​បូជា​នោះ។+ គ្រឿង​បូជា​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ៧ ច្បាប់​ស្ដី​អំពី​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ក៏​ត្រូវ​អនុវត្ត​ដូច​គ្នា​ចំពោះ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​ដែរ។ សាច់​សត្វ​នៃ​គ្រឿង​បូជា​នោះ​នឹង​បាន​ជា​ចំណែក​របស់​សង្ឃ​ដែល​ជម្រះ​ភាព​ខុស​ឆ្គង។+

៨ ​«​‹ពេល​សង្ឃ​ជូន​សត្វ​ជា​គ្រឿង​បូជា​ដុត​ឲ្យ​អ្នក​ណា​ម្នាក់ ស្បែក​សត្វ​នោះ+នឹង​បាន​ជា​ចំណែក​របស់​គាត់។

៩ ​«​‹រាល់​គ្រឿង​បូជា​ពី​ស្រូវ​ដែល​ចម្អិន​ក្នុង​ឡ ឬ​ក្នុង​ចាន​ពុម្ព ឬ​ក្នុង​ខ្ទះ+ នឹង​បាន​ទៅ​ជា​ចំណែក​របស់​សង្ឃ​ដែល​ជូន​គ្រឿង​បូជា​នោះ។+ ១០ ឯ​គ្រឿង​បូជា​ឯ​ទៀត​ពី​ស្រូវ ទោះ​ជា​លាយ​ជា​មួយ​ប្រេង+ឬ​ស្ងួត​ក្ដី+ នឹង​បាន​ទៅ​ជា​ចំណែក​របស់​កូន​ប្រុស​ៗ​អេរ៉ុន។ ពួក​គាត់​នឹង​ទទួល​ចំណែក​ស្មើ​គ្នា។

១១ ​«​‹បើ​បុគ្គល​ម្នាក់​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ធ្វើ​តាម​ច្បាប់​ខាង​ក្រោម​៖+ ១២ បើ​គាត់​ជូន​គ្រឿង​បូជា​នេះ​ដើម្បី​បង្ហាញ​អំណរ​គុណ+ គាត់​ត្រូវ​ជូន​ជា​មួយ​នឹង​នំ​កង​ឥត​ដំបែ​លាយ​ប្រេង និង​នំ​ស្រួយ​ឥត​ដំបែ​លាប​ដោយ​ប្រេង ព្រម​ទាំង​នំ​កង​ធ្វើ​ពី​ម្សៅ​ម៉ដ្ឋ​ដែល​លាយ​ប្រេង​យ៉ាង​ជោក។ នេះ​ជា​គ្រឿង​បូជា​សម្រាប់​ថ្លែង​អំណរ​គុណ។ ១៣ គាត់​ត្រូវ​ជូន​គ្រឿង​បូជា​នោះ​ជា​មួយ​នឹង​នំ​កង​មាន​ដំបែ រួម​ជា​មួយ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​សម្រាប់​ថ្លែង​អំណរ​គុណ។ ១៤ គាត់​ត្រូវ​ជូន​នំ​ទាំង​នោះ​មួយ​មុខ​ៗ​ដល់​ព្រះ​យេហូវ៉ា​ជា​ចំណែក​ពិសិដ្ឋ ហើយ​ចំណែក​នោះ​នឹង​បាន​ទៅ​ជា​របស់​សង្ឃ​ដែល​ប្រោះ​ឈាម​នៃ​គ្រឿង​បូជា​មេត្រី​ភាព។+ ១៥ ឯ​សាច់​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​សម្រាប់​ថ្លែង​អំណរ​គុណ នោះ​ត្រូវ​បរិភោគ​នៅ​ថ្ងៃ​ដែល​គាត់​ជូន​តែ​ម្ដង មិន​ត្រូវ​ទុក​ដល់​ព្រឹក​ឡើយ។+

១៦ ​«​‹បើ​គ្រឿង​បូជា​របស់​គាត់​ជា​គ្រឿង​បូជា​លា​សម្បថ+ឬ​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត+ នោះ​ត្រូវ​បរិភោគ​នៅ​ថ្ងៃ​ដែល​គាត់​ជូន​តែ​ម្ដង ហើយ​អ្វី​ដែល​នៅ​សល់​អាច​ទុក​បរិភោគ​នៅ​ថ្ងៃ​បន្ទាប់​បាន។ ១៧ ប៉ុន្តែ សាច់​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី៣ ត្រូវ​ដុត​ចោល​វិញ។+ ១៨ បើ​អ្នក​ណា​បរិភោគ​សាច់​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី៣ អ្នក​នោះ​នឹង​មាន​ទោស ព្រោះ​ការ​នោះ​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។ ព្រះ​នឹង​មិន​ពេញ​ចិត្ត​អ្នក​ដែល​ជូន​គ្រឿង​បូជា​នោះ​ទេ ហើយ​គ្រឿង​បូជា​នោះ​នឹង​ទៅ​ជា​អសារ​ឥត​ការ។+ ១៩ ឯ​សាច់​ណា​ដែល​ប៉ះ​នឹង​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ នោះ​មិន​ត្រូវ​បរិភោគ​ជា​ដាច់​ខាត តែ​ត្រូវ​ដុត​ចោល​វិញ។ ចំណែក​សាច់​ដែល​ស្អាត​បរិសុទ្ធ មាន​តែ​អ្នក​ដែល​ស្អាត​បរិសុទ្ធ​ប៉ុណ្ណោះ​ទើប​អាច​បរិភោគ​បាន។

២០ ​«​‹ប៉ុន្តែ បើ​អ្នក​ណា​ដែល​មិន​ស្អាត​បរិសុទ្ធ​បរិភោគ​សាច់​នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​សម្រាប់​ជូន​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ជន​រួម​ជាតិ​របស់​ខ្លួន។+ ២១ បើ​អ្នក​ណា​ប៉ះ​មនុស្ស​ដែល​មិន​ស្អាត​បរិសុទ្ធ+ ឬ​សត្វ​ដែល​មិន​ស្អាត​បរិសុទ្ធ+ ឬ​អ្វី​ណា​ក៏​ដោយ​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម+ ហើយ​បើ​គាត់​បរិភោគ​សាច់​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​សម្រាប់​ជូន​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ជន​រួម​ជាតិ​របស់​ខ្លួន›​»។

២២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៣ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់+គោ​ឈ្មោល ខ្លាញ់​ចៀម​ឈ្មោល ឬ​ខ្លាញ់​ពពែ​ឡើយ។ ២៤ រីឯ​ខ្លាញ់​សត្វ​ដែល​ងាប់​ឯង ឬ​ខ្លាញ់​សត្វ​ដែល​សត្វ​ព្រៃ​ហែក​ស៊ី អ្នក​រាល់​គ្នា​អាច​យក​មក​ប្រើ​ប្រាស់​បាន តែ​មិន​ត្រូវ​បរិភោគ​ជា​ដាច់​ខាត។+ ២៥ ព្រោះ​អ្នក​ណា​បរិភោគ​ខ្លាញ់​សត្វ​ដែល​គាត់​ជូន​ដើម្បី​ដុត​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ជន​រួម​ជាតិ​របស់​ខ្លួន។

២៦ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម+ជា​ដាច់​ខាត មិន​ថា​ជា​ឈាម​សត្វ​ស្លាប​ឬ​ឈាម​សត្វ​ឯ​ទៀត​ឡើយ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក្ដី។ ២៧ បើ​អ្នក​ណា​បរិភោគ​ឈាម អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*+ពី​ជន​រួម​ជាតិ​របស់​ខ្លួន›​»។

២៨ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៩ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​ណា​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​យក​មួយ​ចំណែក​ពី​គ្រឿង​បូជា​នោះ​មក​ជូន​ព្រះ​យេហូវ៉ា+ ៣០ គឺ​គាត់​ត្រូវ​យក​ខ្លាញ់+និង​សាច់​ទ្រូង​ដើម្បី​ដុត​ជូន​ព្រះ​យេហូវ៉ា។ គាត់​ត្រូវ​លើក​ខ្លាញ់​និង​សាច់​ទ្រូង​នោះ រេ​ចុះ​រេ​ឡើង​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង+នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៣១ រួច​សង្ឃ​ត្រូវ​ដុត​ខ្លាញ់​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ឯ​សាច់​ទ្រូង នឹង​បាន​ទៅ​ជា​ចំណែក​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់។+

៣២ ​«​‹អ្នក​រាល់​គ្នា​ត្រូវ​ជូន​ជើង​ស្ដាំ​របស់​សត្វ​នោះ​ជា​ចំណែក​ពិសិដ្ឋ​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព ឲ្យ​ដល់​សង្ឃ។+ ៣៣ កូន​ប្រុស​របស់​អេរ៉ុន​ដែល​ជូន​ខ្លាញ់​និង​ឈាម​សត្វ​នៃ​គ្រឿង​បូជា​នោះ នឹង​ទទួល​ជើង​ស្ដាំ​នោះ​ជា​ចំណែក​របស់​គាត់។+ ៣៤ ព្រោះ​ខ្ញុំ​យក​ជើង​ដែល​ជា​ចំណែក​ពិសិដ្ឋ​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព និង​សាច់​ទ្រូង​ពី​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង ឲ្យ​ដល់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។ នេះ​នឹង​ទៅ​ជា​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ជា​ដរាប​ត​ទៅ។+

៣៥ ​«​‹ចំណែក​ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា​នោះ ត្រូវ​ញែក​ដោយ​ឡែក​សម្រាប់​ឲ្យ​ដល់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ នៅ​ថ្ងៃ​ដែល​ពួក​គាត់​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​បម្រើ​ជា​សង្ឃ​ដល់​ព្រះ​យេហូវ៉ា។+ ៣៦ ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល ប្រគល់​ចំណែក​នេះ​ដល់​ពួក​គាត់​នៅ​ថ្ងៃ​ដែល​ពួក​គាត់​ទទួល​ការ​ចាក់​ប្រេង​តែង​តាំង​ជា​សង្ឃ។+ នេះ​ជា​ច្បាប់​ដែល​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ›​»។

៣៧ នេះ​ជា​ច្បាប់​ស្ដី​អំពី​គ្រឿង​បូជា​ដុត+ គ្រឿង​បូជា​ពី​ស្រូវ+ គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ គ្រឿង​បូជា​សម្រាប់​អំពើ​រំលង+ គ្រឿង​បូជា​សម្រាប់​ពិធី​តែង​តាំង+ និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព។+ ៣៨ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ច្បាប់​ទាំង​ប៉ុន្មាន​នេះ​ដល់​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណាយ+ នៅ​ថ្ងៃ​ដែល​លោក​បង្គាប់​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ។+

៨ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២ ​«​ចូរ​នាំ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​មក+ ហើយ​យក​សម្លៀក​បំពាក់+ និង​ប្រេង​សម្រាប់​ចាក់​តែង​តាំង+ គោ​ឈ្មោល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ចៀម​ឈ្មោល​ពីរ និង​កញ្ជើ​ដែល​មាន​នំ​ឥត​ដំបែ។+ ៣ រួច​ត្រូវ​ប្រមូល​បណ្ដា​ជន​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ​»។

៤ បន្ទាប់​មក ម៉ូសេ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រមូល​បណ្ដា​ជន​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ។ ៥ រួច​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​យើង​ធ្វើ​»។ ៦ ដូច្នេះ ម៉ូសេ​បាន​នាំ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​មក ហើយ​លាង​ជម្រះ​កាយ​ពួក​គាត់។*+ ៧ បន្ទាប់​មក ម៉ូសេ​យក​អាវ​វែង​មក​បំពាក់​ឲ្យ​អេរ៉ុន+ ហើយ​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ចង្កេះ​គាត់។+ រួច​គាត់​យក​អាវ​វែង​អត់​ដៃ​មក​បំពាក់​ឲ្យ​អេរ៉ុន+ ហើយ​បំពាក់​អាវ​អេផូឌ+ពី​លើ រួច​ចង​ខ្សែ​ក្រវាត់​អេផូឌ។+ ៨ រួច​មក ម៉ូសេ​យក​ប្រដាប់​បាំង​ទ្រូង+មក​បំពាក់​ឲ្យ​អេរ៉ុន ហើយ​ដាក់​យូរីម​និង​ធូមីម+នៅ​ខាង​ក្នុង​នោះ។ ៩ បន្ទាប់​មក ម៉ូសេ​យក​ឈ្នួត+មក​បំពាក់​លើ​ក្បាល​អេរ៉ុន ហើយ​យក​ស្លាក​មាស​ដែល​ខាត់​យ៉ាង​ភ្លឺ ជា​ស្លាក​សញ្ញា​បរិសុទ្ធ*+មក​ចង​លើ​ឈ្នួត​នោះ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

១០ ក្រោយ​នោះ ម៉ូសេ​បាន​យក​ប្រេង​សម្រាប់​ចាក់​តែង​តាំង ទៅ​ចាក់​លើ​ត្រសាល​ជំនុំ​និង​ប្រដាប់​ប្រដា​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ+ ដើម្បី​ញែក​អ្វី​ទាំង​នោះ​ជា​បរិសុទ្ធ។ ១១ បន្ទាប់​មក គាត់​យក​ប្រេង​នោះ​ទៅ​ប្រោះ​លើ​ទី​បូជា​អស់​៧​ដង ហើយ​ប្រោះ​លើ​ប្រដាប់​ប្រដា​សម្រាប់​ប្រើ​ប្រាស់​នៅ​ទី​បូជា ព្រម​ទាំង​អាង​ទឹក​និង​ជើង​ទ្រ ដើម្បី​ញែក​អ្វី​ទាំង​នោះ​ជា​បរិសុទ្ធ។ ១២ រួច​មក ម៉ូសេ​ចាក់​ប្រេង​នោះ​លើ​ក្បាល​អេរ៉ុន​ដើម្បី​តែង​តាំង​គាត់។ យ៉ាង​នេះ អេរ៉ុន​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ។+

១៣ បន្ទាប់​ពី​នោះ ម៉ូសេ​បាន​នាំ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​មក ហើយ​បំពាក់​អាវ​វែង​ឲ្យ​ពួក​គាត់ រួច​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ចង្កេះ ថែម​ទាំង​យក​មួក​មក​បំពាក់​លើ​ក្បាល​ពួក​គាត់+ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់។

១៤ ក្រោយ​មក ម៉ូសេ​បាន​យក​គោ​ឈ្មោល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​មក ហើយ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ។+ ១៥ បន្ទាប់​មក ម៉ូសេ​សម្លាប់​គោ​នោះ ហើយ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​វា+ រួច​យក​ទៅ​លាប​លើ​ស្នែង​ទី​បូជា ដើម្បី​ជម្រះ​ទី​បូជា​ឲ្យ​បរិសុទ្ធ។* ឯ​ឈាម​ដែល​នៅ​សល់ គាត់​យក​ទៅ​ចាក់​នៅ​ជើង​ទី​បូជា។ យ៉ាង​នេះ ម៉ូសេ​ញែក​ទី​បូជា​ជា​បរិសុទ្ធ​សម្រាប់​ជម្រះ​ភាព​ខុស​ឆ្គង។ ១៦ ក្រោយ​ពី​នោះ ម៉ូសេ​យក​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ខ្លាញ់​ដែល​ស្រោប​ថ្លើម ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ១៧ ឯ​ផ្នែក​ដែល​នៅ​សល់ ដូច​ជា​ស្បែក សាច់ និង​លាមក គាត់​ឲ្យ​គេ​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ+ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់។

១៨ បន្ទាប់​មក ម៉ូសេ​បាន​យក​ចៀម​ឈ្មោល​សម្រាប់​ជូន​ជា​គ្រឿង​បូជា​ដុត​មក ហើយ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ដាក់​ដៃ​លើ​ក្បាល​វា។+ ១៩ រួច​ម៉ូសេ​សម្លាប់​ចៀម​នោះ ហើយ​យក​ឈាម​វា​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។ ២០ គាត់​ក៏​កាប់​ចៀម​នោះ​ជា​ដុំ​ៗ ហើយ​យក​ក្បាល ដុំ​សាច់ និង​ខ្លាញ់* ទៅ​ដុត​ឲ្យ​ផ្សែង​ហុយ​ឡើង។ ២១ រួច​គាត់​យក​ទឹក​មក​លាង​ពោះ​វៀន និង​ជើង​របស់​វា ហើយ​គាត់​ដុត​ចៀម​នោះ​ទាំង​មូល​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* ម៉ូសេ​បាន​ធ្វើ​ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់។

២២ បន្ទាប់​មក ម៉ូសេ​បាន​យក​ចៀម​ឈ្មោល​មួយ​ទៀត​មក ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង+ ហើយ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ដាក់​ដៃ​លើ​ក្បាល​វា។+ ២៣ រួច​ម៉ូសេ​សម្លាប់​ចៀម​នោះ ហើយ​យក​ឈាម​វា​ទៅ​លាប​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អេរ៉ុន។ ២៤ ក្រោយ​នោះ ម៉ូសេ​នាំ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ចូល​មក ហើយ​យក​ឈាម​ចៀម​នោះ​ទៅ​លាប​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​ពួក​គាត់។ ឯ​ឈាម​ដែល​នៅ​សល់ ម៉ូសេ​យក​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។+

២៥ បន្ទាប់​មក ម៉ូសេ​យក​ខ្លាញ់​ទាំង​អស់ គឺ​ខ្លាញ់​កន្ទុយ ខ្លាញ់​ជាប់​ពោះ​វៀន ខ្លាញ់​ជាប់​ថ្លើម តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​ជុំ​វិញ ព្រម​ទាំង​ជើង​ស្ដាំ​របស់​សត្វ​នោះ។+ ២៦ រួច​គាត់​យក​នំ​ឥត​ដំបែ​ពី​ក្នុង​កញ្ជើ​ដែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា គឺ​នំ​កង​មួយ+ នំ​កង​លាយ​ប្រេង​មួយ+ និង​នំ​ស្រួយ​មួយ ទៅ​ដាក់​លើ​ខ្លាញ់​និង​ជើង​ស្ដាំ​សត្វ​នោះ។ ២៧ បន្ទាប់​ពី​នោះ ម៉ូសេ​ដាក់​របស់​ទាំង​នោះ​លើ​ដៃ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ហើយ​លើក​រេ​ចុះ​រេ​ឡើង​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ២៨ រួច​ម៉ូសេ​យក​ពី​ដៃ​ពួក​គាត់ ហើយ​ដាក់​លើ​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា ដើម្បី​ដុត​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង ដែល​ដុត​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។*

២៩ រួច​មក ម៉ូសេ​យក​សាច់​ទ្រូង​មក​លើក​រេ​ចុះ​រេ​ឡើង​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ សាច់​ទ្រូង​ពី​ចៀម​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង​នោះ បាន​ទៅ​ជា​ចំណែក​របស់​ម៉ូសេ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់។+

៣០ បន្ទាប់​មក ម៉ូសេ​យក​ឈាម​ដែល​នៅ​លើ​ទី​បូជា​និង​ប្រេង​សម្រាប់​ចាក់​តែង​តាំង+ ទៅ​ប្រោះ​លើ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់ ថែម​ទាំង​លើ​សម្លៀក​បំពាក់​របស់​ពួក​គាត់​ផង​ដែរ។ យ៉ាង​នេះ ពួក​គាត់​និង​សម្លៀក​បំពាក់​របស់​ពួក​គាត់​បាន​ទៅ​ជា​បរិសុទ្ធ។+

៣១ ក្រោយ​នោះ ម៉ូសេ​បាន​ប្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ថា​៖ ​«​ចូរ​ស្ងោរ+សាច់​នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ ហើយ​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ជា​មួយ​នឹង​នំ​ប៉័ង​ដែល​នៅ​ក្នុង​កញ្ជើ​សម្រាប់​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង ព្រោះ​ខ្ញុំ​បាន​ទទួល​បង្គាប់​ថា​៖ ‹អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ត្រូវ​បរិភោគ​របស់​ទាំង​នោះ›។+ ៣២ ឯ​សាច់​និង​នំ​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ត្រូវ​ដុត​ចោល។+ ៣៣ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្បែរ​ច្រក​ចូល​ត្រសាល​ជំនុំ​អស់​រយៈ​ពេល​៧​ថ្ងៃ ហើយ​មិន​ត្រូវ​ចាក​ចេញ​មុន​ចប់​ថ្ងៃ​ទាំង​នោះ​ទេ ទាល់​តែ​ពិធី​តែង​តាំង​អ្នក​រាល់​គ្នា​ចប់​សព្វ​គ្រប់​សិន ព្រោះ​ត្រូវ​ការ​រយៈ​ពេល​៧​ថ្ងៃ​ដើម្បី​តែង​តាំង​អ្នក​រាល់​គ្នា​ជា​សង្ឃ។+ ៣៤ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ​ពិធី​ដូច​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​រាល់​គ្នា។+ ៣៥ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្បែរ​ច្រក​ចូល​ត្រសាល​ជំនុំ​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយៈ​ពេល​៧​ថ្ងៃ+ ហើយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា+ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់។ នេះ​ជា​បង្គាប់​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​»។

៣៦ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​បាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ។

៩ លុះ​ដល់​ថ្ងៃ​ទី​៨+ ម៉ូសេ​បាន​ហៅ​អេរ៉ុន កូន​ប្រុស​ៗ​របស់​គាត់ និង​ពួក​បុរស​ចាស់​ទុំ​នៃ​អ៊ីស្រាអែល ឲ្យ​មក​ជួប។ ២ រួច​ម៉ូសេ​ប្រាប់​អេរ៉ុន​ថា​៖ ​«​ចូរ​យក​គោ​ស្ទាវ​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ ហើយ​យក​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដុត។ ចូរ​ជូន​សត្វ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៣ ប៉ុន្តែ អ្នក​ត្រូវ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ចូរ​យក​ពពែ​ឈ្មោល​មួយ​ក្បាល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ហើយ​យក​គោ​អាយុ​មួយ​ខួប​ដែល​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ដែល​ល្អ​ឥត​ខ្ចោះ ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដុត។ ៤ បន្ថែម​ទៅ​ទៀត ចូរ​យក​គោ​ឈ្មោល​មួយ​ក្បាល និង​ចៀម​ឈ្មោល​មួយ​ក្បាល ដើម្បី​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព។+ អ្នក​រាល់​គ្នា​ត្រូវ​យក​សត្វ​ទាំង​នេះ​មក​ជូន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​យក​គ្រឿង​បូជា​ពី​ស្រូវ+ដែល​លាយ​ជា​មួយ​នឹង​ប្រេង​មក​ជូន​ដែរ ព្រោះ​នៅ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​នឹង​លេច​មក​ជួប​អ្នក​រាល់​គ្នា›​»។+

៥ ឮ​ដូច្នេះ បណ្ដា​ជន​បាន​នាំ​យក​របស់​ទាំង​នោះ​មក​ជូន​នៅ​មុខ​ត្រសាល​ជំនុំ ដូច​ម៉ូសេ​បាន​បង្គាប់។ រួច​ពួក​គេ​ទាំង​អស់​បាន​នាំ​គ្នា​មក​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៦ ម៉ូសេ​ប្រាប់​ពួក​គេ​ថា​៖ ​«​នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ហើយ​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សិរី​រុង​រឿង​របស់​លោក​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​»។+ ៧ បន្ទាប់​មក ម៉ូសេ​ប្រាប់​អេរ៉ុន​ថា​៖ ​«​ចូរ​ទៅ​ជិត​ទី​បូជា ហើយ​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ និង​គ្រឿង​បូជា​ដុត រួច​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ខ្លួន​អ្នក+ ព្រម​ទាំង​ក្រុម​គ្រួសារ*របស់​អ្នក។ អ្នក​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ឲ្យ​បណ្ដា​ជន+ ហើយ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ពួក​គេ​ដែរ+ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​»។

៨ ភ្លាម​នោះ អេរ៉ុន​បាន​ចូល​ទៅ​ជិត​ទី​បូជា ហើយ​សម្លាប់​គោ​ស្ទាវ ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់។+ ៩ បន្ទាប់​មក កូន​ប្រុស​ៗ​របស់​អេរ៉ុន​យក​ឈាម​គោ​នោះ+មក​ឲ្យ​គាត់ ហើយ​គាត់​ក៏​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​នោះ រួច​យក​ទៅ​លាប​លើ​ស្នែង​ទី​បូជា។ ឯ​ឈាម​ដែល​នៅ​សល់ គាត់​យក​ទៅ​ចាក់​នៅ​ជើង​ទី​បូជា។+ ១០ រួច​គាត់​យក​ខ្លាញ់​សត្វ​នៃ​គ្រឿង​បូជា​នោះ ព្រម​ទាំង​តម្រង​នោម និង​ខ្លាញ់​ជាប់​ថ្លើម ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។+ ១១ ក្រោយ​នោះ គាត់​ក៏​យក​សាច់​និង​ស្បែក​វា​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ។+

១២ រួច​មក គាត់​សម្លាប់​ចៀម​ឈ្មោល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដុត ហើយ​កូន​ប្រុស​ៗ​គាត់​យក​ឈាម​វា​ឲ្យ​គាត់ រួច​គាត់​យក​ឈាម​នោះ​ទៅ​ប្រោះ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។+ ១៣ បន្ទាប់​មក កូន​ប្រុស​ៗ​គាត់​យក​ដុំ​សាច់​ចៀម​នោះ​និង​ក្បាល​វា មក​ឲ្យ​គាត់ ហើយ​គាត់​ដុត​របស់​ទាំង​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ ១៤ បន្ថែម​ទៅ​ទៀត គាត់​លាង​ពោះ​វៀន និង​ជើង​របស់​វា ហើយ​យក​ទៅ​ដុត​ជា​មួយ​នឹង​ដុំ​សាច់​និង​ក្បាល​សត្វ​នោះ​ដែល​ជូន​ជា​គ្រឿង​បូជា​ដុត នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។

១៥ បន្ទាប់​មក គាត់​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន។ គាត់​សម្លាប់​ពពែ​ដែល​ពួក​គេ​យក​មក ហើយ​ជូន​ពពែ​នោះ​ជា​គ្រឿង​បូជា​ដូច​ដែល​គាត់​ជូន​គោ​ស្ទាវ​ជា​គ្រឿង​បូជា​ដែរ។ ១៦ គាត់​បាន​ជូន​គ្រឿង​បូជា​ដុត​ស្រប​តាម​ការ​ណែនាំ​សម្រាប់​ការ​ជូន​គ្រឿង​បូជា​នោះ។+

១៧ ក្រោយ​នោះ អេរ៉ុន​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ ដោយ​យក​គ្រឿង​បូជា​នោះ​មួយ​ក្ដាប់​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ គ្រឿង​បូជា​នោះ​គឺ​បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​ដែល​ជូន​នៅ​ពេល​ព្រឹក។+

១៨ រួច​មក អេរ៉ុន​សម្លាប់​គោ​ឈ្មោល​និង​ចៀម​ឈ្មោល ដើម្បី​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ឲ្យ​បណ្ដា​ជន។ បន្ទាប់​មក កូន​ប្រុស​ៗ​គាត់​យក​ឈាម​វា​មក​ឲ្យ​គាត់ រួច​គាត់​យក​ឈាម​នោះ​ទៅ​ប្រោះ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។+ ១៩ ពួក​គាត់​ក៏​យក​ខ្លាញ់​គោ+ ព្រម​ទាំង​កន្ទុយ​ចៀម​ជាប់​ខ្លាញ់ ខ្លាញ់​ស្រោប​គ្រឿង​ក្នុង ខ្លាញ់​ជាប់​ថ្លើម និង​តម្រង​នោម+ ២០ ទៅ​ដាក់​លើ​សាច់​ទ្រូង ហើយ​អេរ៉ុន​យក​ខ្លាញ់​ទាំង​នោះ​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ២១ ចំណែក​សាច់​ទ្រូង​និង​ជើង​ស្ដាំ អេរ៉ុន​លើក​រេ​ចុះ​រេ​ឡើង​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដូច​ម៉ូសេ​បាន​បង្គាប់។+

២២ ក្រោយ​ពី​បាន​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព អេរ៉ុន​ក៏​លើក​ដៃ​តម្រង់​ទៅ​ឯ​បណ្ដា​ជន ហើយ​ឲ្យ​ពរ​ពួក​គេ+ រួច​ចុះ​ពី​ទី​បូជា​មក​វិញ។ ២៣ ក្រោយ​មក ម៉ូសេ​និង​អេរ៉ុន​បាន​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ពេល​ពួក​គាត់​ចេញ​មក​វិញ ពួក​គាត់​បាន​ឲ្យ​ពរ​បណ្ដា​ជន។+

ពេល​នោះ សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ក៏​លេច​មក​ឲ្យ​បណ្ដា​ជន​ទាំង​អស់​ឃើញ+ ២៤ ហើយ​ភ្លើង​ពី​ព្រះ​យេហូវ៉ា​បាន​ធ្លាក់​មក+បញ្ឆេះ​គ្រឿង​បូជា​ដុត និង​ខ្លាញ់​ដែល​នៅ​លើ​ទី​បូជា។ ពេល​បណ្ដា​ជន​ឃើញ​ដូច្នេះ ពួក​គេ​ក៏​ស្រែក​ឡើង ហើយ​ឱន​ខ្លួន​ក្រាប​ក្បាល​ដល់​ដី។+

១០ ក្រោយ​មក កូន​ប្រុស​ៗ​របស់​អេរ៉ុន​ឈ្មោះ​ណាដាប​និង​អាបាយហ៊ូ+ បាន​យក​ភ្លើង​ដាក់​លើ​ថាស* រួច​ដាក់​គ្រឿង​ក្រអូប+ពី​លើ។ ពួក​គាត់​ជូន​គ្រឿង​បូជា​ដែល​ព្រះ​យេហូវ៉ា​ហាម+ និង​ជា​អ្វី​ដែល​លោក​មិន​បាន​បង្គាប់​ពួក​គាត់​ឲ្យ​ធ្វើ​ទេ។ ២ រំពេច​នោះ ភ្លើង​ពី​ព្រះ​យេហូវ៉ា​ក៏​ធ្លាក់​មក​បញ្ឆេះ​ពួក​គេ+ ហើយ​ពួក​គេ​ក៏​ស្លាប់​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ទៅ។+ ៣ ពេល​នោះ ម៉ូសេ​បាន​ប្រាប់​អេរ៉ុន​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹អស់​អ្នក​ដែល​ចូល​មក​ជិត​ខ្ញុំ​ត្រូវ​ចាំ​ថា​ខ្ញុំ​បរិសុទ្ធ+ ហើយ​ខ្ញុំ​នឹង​ទទួល​ការ​សរសើរ​តម្កើង​នៅ​មុខ​បណ្ដា​ជន​ទាំង​អស់›​»។ ឯ​អេរ៉ុន​វិញ គាត់​បាន​នៅ​ស្ងៀម។

៤ រួច​មក ម៉ូសេ​បាន​ហៅ​មីសាអែល​និង​អេលីសាផាន​ឲ្យ​ចូល​មក​ជួប។ ពួក​គេ​ជា​កូន*របស់​អូសៀល+ ដែល​ត្រូវ​ជា​ឪពុកមា​របស់​អេរ៉ុន។ ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​មក​សែង​សព​បង​ប្អូន​របស់​អ្នក​ពី​មុខ​កន្លែង​បរិសុទ្ធ យក​ទៅ​ក្រៅ​ជំរំ​ទៅ​»។ ៥ ដូច្នេះ ពួក​គេ​ក៏​ចូល​មក​សែង​សព​ដែល​មាន​អាវ​វែង​ជាប់​ជា​មួយ យក​ទៅ​ក្រៅ​ជំរំ​តាម​បង្គាប់​ម៉ូសេ។

៦ បន្ទាប់​មក ម៉ូសេ​បាន​និយាយ​ទៅ​កាន់​អេរ៉ុន ព្រម​ទាំង​អេលាសារ​និង​អ៊ីតតាម៉ា ដែល​ត្រូវ​ជា​កូន​ប្រុស​ៗ​អេរ៉ុន​ថា​៖ ​«​មិន​ត្រូវ​ទុក​សក់​អ្នក​រាល់​គ្នា​ឲ្យ​គ្មាន​របៀប​នោះ​ទេ ឬ​ក៏​ហែក​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​ឡើយ+ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវស្លាប់ និង​ដើម្បី​កុំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​កំហឹង​ចំពោះ​ពួក​ជំនុំ​ទាំង​មូល។ ចូរ​ទុក​ឲ្យបណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​យំ​កាន់​ទុក្ខ​អ្នក​ដែល​លោក​បាន​បំផ្លាញ​ដោយ​ភ្លើង​ចុះ។ ៧ អ្នក​រាល់​គ្នា​មិន​ត្រូវ​ចាក​ចេញ​ពី​ច្រក​ចូល​ត្រសាល​ជំនុំ​ទេ។ បើ​មិន​ដូច្នោះ​ទេ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ជា​មិន​ខាន ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាក់​ប្រេង​តែង​តាំង​អ្នក​រាល់​គ្នា​ហើយ​»។+ ដូច្នេះ ពួក​គាត់​ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ។

៨ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេរ៉ុន​ថា​៖ ៩ ​«​មុន​ពេល​ចូល​មក​បម្រើ​ក្នុង​ត្រសាល​ជំនុំ អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក​មិន​ត្រូវ​ផឹក​ស្រា​ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ+ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ។ ១០ នេះ​គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​សម្គាល់​អ្វី​ដែល​បរិសុទ្ធ​និង​អ្វី​ដែល​មិន​បរិសុទ្ធ ហើយ​ចេះ​សម្គាល់​អ្វី​ដែល​ស្អាត​និង​អ្វី​ដែល​ស្មោក​គ្រោក+ ១១ ព្រម​ទាំង​ដើម្បី​បង្រៀន​បណ្ដា​ជន​អ៊ីស្រាអែល​នូវ​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​តាម​រយៈ​ម៉ូសេ​»។+

១២ ក្រោយ​នោះ ម៉ូសេ​បាន​ប្រាប់​អេរ៉ុន អេលាសារ និង​អ៊ីតតាម៉ា​ត្រូវ​ជា​កូន​ប្រុស​ដែល​នៅ​សល់​របស់​អេរ៉ុន​ថា​៖ ​«​ចូរ​យក​គ្រឿង​បូជា​ពី​ស្រូវ​ដែល​នៅ​សល់​ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា ទៅ​ធ្វើ​ជា​នំ​ប៉័ង​ឥត​ដំបែ ហើយ​បរិភោគ​នៅ​ក្បែរ​ទី​បូជា+ ព្រោះ​នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ១៣ អ្នក​ត្រូវ​បរិភោគ​នៅ​កន្លែង​បរិសុទ្ធ+ ព្រោះ​នេះ​ជា​ចំណែក​របស់​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។ នេះ​ជា​បង្គាប់​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ។ ១៤ ឯ​សាច់​ទ្រូង​ពី​គ្រឿង​បូជា​លើក​ចុះ​ឡើង​និង​ជើង​ដែល​ជា​ចំណែក​ពិសិដ្ឋ​នោះ អ្នក​និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ក៏​ត្រូវ​បរិភោគ+នៅ​កន្លែង​ស្អាត​បរិសុទ្ធ​ដែរ ព្រោះ​របស់​ទាំង​នេះ​ជា​ចំណែក​របស់​អ្នក​និង​កូន​ៗ​របស់​អ្នក គឺ​ចំណែក​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព​របស់​បណ្ដា​ជន​អ៊ីស្រាអែល។ ១៥ ពេល​បណ្ដា​ជន​យក​ខ្លាញ់​មក​ដុត​ជូន​ព្រះ ពួក​គេ​ក៏​យក​ជើង​ដែល​ជា​ចំណែក​ពិសិដ្ឋ​និង​សាច់​ទ្រូង មក​លើក​ចុះ​ឡើង​ជូន​ជា​គ្រឿង​បូជា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ រួច​ពួក​គេ​ត្រូវ​ឲ្យ​របស់​ទាំង​នោះ​ដល់​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក។ ពួក​គេ​ត្រូវ​ធ្វើ​ដូច្នេះ​គ្រប់​ជំនាន់​ត​រៀង​ទៅ+ ព្រោះ​នេះ​ជា​បង្គាប់​របស់​ព្រះ​យេហូវ៉ា​»។

១៦ បន្ទាប់​មក ម៉ូសេ​ខំ​រក​ពពែ​ដែល​បាន​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ តែ​រក​មិន​ឃើញ​ទេ។ ក្រោយ​មក គាត់​ដឹង​ថា​ពពែ​នោះ​បាន​ត្រូវ​ដុត​អស់​ហើយ។ ពេល​នោះ គាត់​ខឹង​នឹង​អេលាសារ​និង​អ៊ីតតាម៉ា​ខ្លាំង​ណាស់។ រួច​គាត់​និយាយ​ថា​៖ ១៧ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​មិន​បរិភោគ​សាច់​សត្វ​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​នៅ​កន្លែង​បរិសុទ្ធ​ដូច្នេះ?+ ព្រោះ​នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត ហើយ​សាច់​នេះ​បាន​ត្រូវ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​អ្នក​រាល់​គ្នា​ទទួល​កំហុស​ជំនួស​បណ្ដា​ជន ព្រម​ទាំង​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ពួក​គេ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ១៨ អ្នក​រាល់​គ្នា​គួរ​តែ​បរិភោគ​សាច់​វា​នៅ​កន្លែង​បរិសុទ្ធ ស្រប​តាម​បង្គាប់​ដែល​ខ្ញុំ​បាន​ទទួល។ មើល! គ្មាន​អ្នក​ណា​យក​ឈាម​វា​ចូល​ទៅ​ក្នុង​កន្លែង​បរិសុទ្ធ​ទេ​»។+ ១៩ អេរ៉ុន​បាន​តប​ទៅ​ម៉ូសេ​ថា​៖ ​«​មើល! ថ្ងៃ​នេះ​ពួក​គេ​បាន​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​គ្រឿងបូជា​ដុត​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ហើយ។+ អ្នក​ក៏​ដឹង​ស្រាប់​ហើយ​ថា​មាន​រឿង​អ្វី​ខ្លះ​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ។ ដូច្នេះ បើ​ខ្ញុំ​បរិភោគ​សាច់​សត្វ​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុសឆ្គង តើ​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឬ?​»។ ២០ ពេល​ម៉ូសេ​ឮ​ដូច្នេះ គាត់​ក៏​យល់​ស្រប។

១១ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​លើ​ដី​គោក សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន​មាន​ដូច​ត​ទៅ​៖+ ៣ សត្វ​ណា​ដែល​មាន​ក្រចក​ឆែក ហើយ​ទំពា​អៀង អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន។

៤ ​«​‹ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ណា​ដែល​គ្រាន់​តែ​មាន​ក្រចក​ឆែក ឬ​គ្រាន់​តែ​ទំពា​អៀង​ប៉ុណ្ណោះ។ សត្វ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖ សត្វ​អូដ្ឋ វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។+ ៥ ទន្សាយ​ថ្ម+ វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។ ៦ ទន្សាយ​ព្រៃ វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។ ៧ សត្វ​ជ្រូក+ វា​មាន​ក្រចក​ឆែក តែ​មិន​ទំពា​អៀង​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។ ៨ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ទាំង​នោះ ឬ​ប៉ះ​សព​ពួក​វា​ឡើយ ព្រោះ​ពួក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។+

៩ ​«​‹សត្វ​នៅ​ក្នុង​ទឹក​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន​មាន​ដូច​ត​ទៅ​៖ សត្វ​ណា​ដែល​មាន​ព្រុយ​និង​ស្រកា ទោះ​ជា​រស់​នៅ​ក្នុង​សមុទ្រ​ឬ​ទន្លេ​ក្ដី អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន។+ ១០ ប៉ុន្តែ បើ​សត្វ​ណា​ដែល​គ្មាន​ព្រុយ​និង​ស្រកា ទោះ​ជា​នៅ​ក្នុង​សមុទ្រ​ឬ​ទន្លេ​ក្ដី រួម​ទាំង​ពពួក​សត្វ​ល្អិត* និង​សត្វ​ឯ​ទៀត​ដែល​រស់​នៅ​ក្នុង​ទឹក អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ពួក​វា​ជា​សត្វ​ដែល​គួរ​ឲ្យ​ខ្ពើម។ ១១ ដោយ​ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ពួក​វា​ឡើយ+ ហើយ​ក៏​ត្រូវ​ខ្ពើម​ឆ្អើម​សព​របស់​ពួក​វា​ដែរ។ ១២ សត្វ​នៅ​ក្នុង​ទឹក​ដែល​គ្មាន​ព្រុយ​និង​ស្រកា អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ពួក​វា​ជា​សត្វ​គួរ​ឲ្យ​ខ្ពើម។

១៣ ​«​‹សត្វ​ស្លាប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ពើម​ឆ្អើម​និង​មិន​ត្រូវ​បរិភោគ មាន​ដូច​ត​ទៅ​៖ ឥន្ទ្រី+ ស្ទាំង ត្មាត​ខ្មៅ+ ១៤ ខ្លែង​ក្រហម និង​ខ្លែង​ខ្មៅ​គ្រប់​ប្រភេទ ១៥ ក្អែក​គ្រប់​ប្រភេទ ១៦ អូទ្រីស ទីទុយ រំពេ និង​អក​គ្រប់​ប្រភេទ ១៧ មៀម ក្អែក​ទឹក ទីទុយ​ត្រចៀក​វែង ១៨ ក្ងាន ទុង និង​ត្មាត ១៩ កុក ក្រសារ​គ្រប់​ប្រភេទ សត្វ​ស្លាប​ហ៊ូផូ* និង​ប្រចៀវ ២០ ពពួក​សត្វ​ល្អិត*ដែល​មាន​ស្លាប និង​ដើរ​ដោយ​ជើង​បួន អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ពួក​វា​ជា​សត្វ​គួរ​ឲ្យ​ខ្ពើម។

២១ ​«​‹ឯ​ពពួក​សត្វ​ល្អិត*ដែល​មាន​ស្លាប និង​ដើរ​ដោយ​ជើង​បួន តែ​មាន​ជើង​វែង​ពីរ​សម្រាប់​លោត​លើ​ដី អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន។ ២២ សត្វ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖ កណ្ដូប​គ្រប់​ប្រភេទ+ និង​ចង្រិត។ ២៣ ពពួក​សត្វ​ល្អិត*ឯ​ទៀត​ដែល​មាន​ស្លាប​និង​មាន​ជើង​បួន ជា​សត្វ​ដែល​គួរ​ឲ្យ​ខ្ពើម​រអើម​ដល់​អ្នក​រាល់​គ្នា។ ២៤ សត្វ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មិន​ស្អាត​បរិសុទ្ធ។ អ្នក​ណា​ក៏​ដោយ​ដែល​ប៉ះ​សព​សត្វ​ទាំង​នេះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ២៥ អ្នក​ណា​ដែល​កាន់​សព​សត្វ​ទាំង​នោះ ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន+ ហើយ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

២៦ ​«​‹សត្វ​ណា​ដែល​មាន​ក្រចក​ឆែក តែ​មិន​ឆែក​ទាំង​ស្រុង និង​មិន​ទំពា​អៀង អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​មិន​ស្អាត​បរិសុទ្ធ។ អ្នក​ណា​ដែល​ប៉ះ​សត្វ​ទាំង​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។+ ២៧ ក្នុង​ចំណោម​សត្វ​ជើង​បួន សត្វ​ណា​ដែល​មាន​បាត​ជើង​ទន់* នឹង​ត្រូវ​ចាត់​ទុក​ជា​មិន​ស្អាត​បរិសុទ្ធ។ អ្នក​ណា​ក៏​ដោយ​ដែល​ប៉ះ​សព​សត្វ​ទាំង​នោះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ២៨ អ្នក​ណា​ដែល​កាន់​សព​សត្វ​ទាំង​នោះ ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន​ចេញ+ ហើយ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ សត្វ​ទាំង​នោះ​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា។

២៩ ​«​‹សត្វ​តូច​ៗ​ដែល​រស់​នៅ​ផ្ដុំ​គ្នា​ដែល​មិន​ស្អាត​បរិសុទ្ធ មាន​ដូច​ត​ទៅ​៖ កណ្ដុរ​ប្រមេះ កណ្ដុរ​ប្រែង+ និង​ថ្លែន​គ្រប់​ប្រភេទ ៣០ តុកកែ ទន្សង ជីងចក់ ជាស និង​បង្កួយ ៣១ សត្វ​ទាំង​នេះ​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា។+ អ្នក​ណា​ដែល​ប៉ះ​សព​សត្វ​ទាំង​នោះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+

៣២ ​«​‹បើ​សត្វ​ទាំង​នោះ​ងាប់ ហើយ​ធ្លាក់​លើ​របស់​ណា​មួយ របស់​ទាំង​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ទោះ​ជា​បាវ ស្បែក សម្លៀក​បំពាក់ ឬ​ប្រដាប់​ប្រដា​ធ្វើ​ពី​ឈើ​ក្ដី។ របស់​ទាំង​នោះ​ត្រូវ​សម្អាត​ក្នុង​ទឹក ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ក្រោយ​នោះ នឹង​បាន​ស្អាត​បរិសុទ្ធ​វិញ។ ៣៣ បើ​សត្វ​ទាំង​នោះ​ធ្លាក់​ទៅ​ក្នុង​ភាជនៈ​ធ្វើ​ពី​ដី អ្នក​រាល់​គ្នា​ត្រូវ​វាយ​បំបែក​ចោល ហើយ​អ្វី​ដែល​នៅ​ក្នុង​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។+ ៣៤ អាហារ​ណា​ដែល​ទឹក​នោះ​ខ្ទាត​លើ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ហើយ​គ្រឿង​ផឹក​ដែល​នៅ​ក្នុង​ភាជនៈ​នោះ ក៏​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដែរ។ ៣៥ អ្វី​ណា​ក៏​ដោយ​ដែល​សព​សត្វ​ទាំង​នោះ​ធ្លាក់​លើ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ទោះ​ជា​ឡ​ឬ​ជើង​ក្រាន​ក្ដី ត្រូវ​វាយ​បំបែក​ចោល។ អ្វី​ទាំង​នោះ​គឺ​មិន​ស្អាត​បរិសុទ្ធ ហើយ​នឹង​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា។ ៣៦ បើ​សព​សត្វ​ទាំង​នោះ​ធ្លាក់​ទៅ​ក្នុង​ប្រភព​ទឹក​ឬ​អណ្ដូង ទឹក​ក្នុង​នោះ​នឹង​នៅ​ស្អាត​បរិសុទ្ធ តែ​មនុស្ស​ដែល​ប៉ះ​សព​របស់​ពួក​វា​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​វិញ។ ៣៧ បើ​សព​សត្វ​ទាំង​នោះ​ធ្លាក់​លើ​គ្រាប់​ពូជ​ណា​មួយ​ដែល​ទុក​សម្រាប់​សាប​ព្រោះ គ្រាប់​ពូជ​នោះ​នៅ​ស្អាត​បរិសុទ្ធ​ដដែល។ ៣៨ បើ​គ្រាប់​ពូជ​នោះ​សើម ហើយ​មាន​ផ្នែក​ណា​មួយ​ពី​សព​សត្វ​ធ្លាក់​លើ គ្រាប់​ពូជ​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា។

៣៩ ​«​‹ឯ​សត្វ​ដែល​អ្នក​រាល់​គ្នា​ប្រើ​សម្រាប់​ជា​អាហារ​វិញ បើ​វា​ងាប់ អ្នក​ណា​ដែល​ប៉ះ​សព​វា​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ៤០ បើ​អ្នក​ណា​បរិភោគ​សាច់​វា​ឬ​កាន់​សព​វា អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ៤១ ពពួក​សត្វ​ល្អិត*ទាំង​អស់​នៅ​ផែនដី គឺ​ជា​សត្វ​គួរ​ឲ្យ​ខ្ពើម​ឆ្អើម+ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឡើយ។ ៤២ ពពួក​សត្វ​ល្អិត*ដែល​លូន​វារ ដើរ​ដោយ​ជើង​បួន ឬ​ជើង​ច្រើន អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឡើយ ព្រោះ​សត្វ​ទាំង​នោះ​ជា​សត្វ​ដែល​គួរ​ឲ្យ​ខ្ពើម​ឆ្អើម។+ ៤៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក​គ្រោក គួរ​ឲ្យ​ខ្ពើម​ឆ្អើម ឬ​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​សត្វ​ទាំង​នោះ​ឡើយ។+ ៤៤ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា+ ខ្ញុំ​បរិសុទ្ធ+ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ញែក​ខ្លួន​ជា​បរិសុទ្ធ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​តែ​ពពួក​សត្វ​ល្អិត*ដែល​រស់​នៅ​លើ​ផែន​ដី​ឡើយ។ ៤៥ ព្រោះ​ខ្ញុំ​ជា​យេហូវ៉ា ជា​អ្នក​ដែល​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប ដើម្បី​បង្ហាញ​ថា​ខ្លួន​ខ្ញុំ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។+ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ+ ព្រោះ​ខ្ញុំ​បរិសុទ្ធ។+

៤៦ ​«​‹នេះ​ហើយ​ជា​ច្បាប់​ស្ដី​អំពី​សត្វ​នា​នា គឺ​សត្វ​ជើង​បួន សត្វ​ស្លាប សត្វ​គ្រប់​ប្រភេទ​ដែល​រស់​នៅ​ក្នុង​ទឹក និង​ពពួក​សត្វ​ល្អិត*ដែល​រស់​នៅ​ផែនដី ៤៧ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​សម្គាល់​សត្វ​ណា​ដែល​ស្អាត​បរិសុទ្ធ និង​សត្វ​ណា​ដែល​មិន​ស្អាត​បរិសុទ្ធ ព្រម​ទាំង​សត្វ​ណា​ដែល​អាច​បរិភោគ​បាន និង​សត្វ​ណា​ដែល​មិន​អាច​បរិភោគ​បាន›​»។+

១២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​ស្ត្រី​ណា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស នាង​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​៧​ថ្ងៃ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។+ ៣ លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​កាត់​ចុង​ស្បែក​កូន​ប្រុស​នោះ+ ៤ ហើយ​នាង​នឹង​បន្ត​សម្អាត​ខ្លួន​ពី​ឈាម​អស់​រយៈ​ពេល​៣៣​ថ្ងៃ​ទៀត។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ​អ្វី​ដែល​បរិសុទ្ធ​ទេ ហើយ​ក៏​មិន​ត្រូវ​ចូល​ទៅ​កន្លែង​បរិសុទ្ធ​ដែរ រហូត​ដល់​ផុត​ថ្ងៃ​ដែល​នាង​បាន​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​សិន។

៥ ​«​‹បើ​នាង​សម្រាល​បាន​កូន​ស្រី នាង​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​១៤​ថ្ងៃ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ នាង​នឹង​បន្ត​សម្អាត​ខ្លួន​ពី​ឈាម​អស់​៦៦​ថ្ងៃ​ទៀត។ ៦ លុះ​ផុត​ពេល​កំណត់​នៃ​ការ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ពី​ការ​សម្រាល​កូន​ប្រុស​ឬ​កូន​ស្រី​ហើយ នាង​ត្រូវ​ទៅ​ជួប​សង្ឃ​ដោយ​យក​ចៀម​ឈ្មោល​អាយុ​មួយ​ឆ្នាំ​ជូន​ជា​គ្រឿង​បូជា​ដុត+ ព្រម​ទាំង​ជូន​លលក​ឬ​ព្រាប​ជំទើរ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង នៅ​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។ ៧ សង្ឃ​នឹង​ជូន​សត្វ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​នាង រួច​នាង​នឹង​បាន​ស្អាត​បរិសុទ្ធ​ពី​ការ​ធ្លាក់​ឈាម។ នេះ​ហើយ​ជា​ច្បាប់​ស្ដី​អំពី​ស្ត្រី​ដែល​សម្រាល​កូន​ប្រុស​ឬ​កូន​ស្រី។ ៨ ប៉ុន្តែ បើ​នាង​គ្មាន​លទ្ធភាព​ជូន​ចៀម​ទេ នាង​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ+ មួយ​ជូន​ជា​គ្រឿង​បូជា​ដុត មួយ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ហើយ​សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​នាង រួច​នាង​នឹង​បាន​ស្អាត​បរិសុទ្ធ›​»។

១៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​បន្ត​ទៀត​ថា​៖ ២ ​«​បើ​អ្នក​ណា​ម្នាក់​មាន​ដុំ​ពក​នៅ​លើ​ស្បែក ស្បែក​ឡើង​ក្រមរ ឬ​កើត​ភ្លឺ ដែល​អាច​ទៅ​ជា​ជំងឺ​ឃ្លង់*+ នោះ​ត្រូវ​នាំ​គាត់​ទៅ​ជួប​អេរ៉ុន​ជា​សង្ឃ ឬ​កូន​ប្រុស​ណា​ម្នាក់​របស់​គាត់​ដែល​ជា​សង្ឃ។+ ៣ រួច​សង្ឃ​ត្រូវ​ពិនិត្យ​មើល​រោគ​សើ​ស្បែក​នោះ។ បើ​នៅ​ត្រង់​កន្លែង​នោះ​មាន​រោម​ពណ៌​ស​និង​ខូង នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។ ៤ ប៉ុន្តែ បើ​នៅ​ត្រង់​កន្លែង​នោះ​មាន​ពណ៌​ស មិន​ខូង ហើយ​គ្មាន​រោម​ពណ៌​ស​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៥ នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ស្បែក​គាត់​ម្ដង​ទៀត។ បើ​រោគ​សញ្ញា​លើ​នោះ​នៅ​ដដែល​មិន​រាល​ដាល សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​ថែម​៧​ថ្ងៃ​ទៀត។

៦ ​«​បន្ទាប់​ពី​នោះ នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ស្បែក​គាត់​ម្ដង​ទៀត។ បើ​ស្បែក​ត្រង់​កន្លែង​នោះ​មាន​ពណ៌​ស្រអាប់ ហើយ​មិន​រាល​ដាល​ទេ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ+ ព្រោះ​នោះ​គ្រាន់​តែ​ជា​ក្រមរ​ធម្មតា​ប៉ុណ្ណោះ។ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ។ ៧ បើ​សង្ឃប្រកាស​ថា​គាត់​ស្អាត​បរិសុទ្ធ​ហើយ តែ​ក្រោយ​មក​រោគ​នោះ​រាល​ដាល​លើ​ស្បែក នោះ​គាត់​ត្រូវ​ទៅ​ជួប​សង្ឃ​ម្ដង​ទៀត។ ៨ បើ​សង្ឃ​ពិនិត្យ​ឃើញ​ថា​រោគ​នោះ​រាល​ដាល​នៅ​លើ​ស្បែក សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​ហើយ។+

៩ ​«​បើ​អ្នក​ណា​ម្នាក់​កើត​ជំងឺ​ឃ្លង់ ត្រូវ​នាំ​គាត់​ទៅ​ជួប​សង្ឃ​ដើម្បី​ឲ្យ​សង្ឃ​ពិនិត្យ​មើល។ ១០ បើ​សង្ឃ​ពិនិត្យ​ឃើញ+ថា​ស្បែក​គាត់​ឡើង​ហើម​ពណ៌​ស និង​មាន​រោម​ស​លើ​នោះ ហើយ​ជា​ដំបៅ​ធ្លាយ​មុខ+ ១១ នោះ​ជា​ជំងឺ​ឃ្លង់​កម្រិត​ធ្ងន់​ហើយ។ ដូច្នេះ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ហើយ​សង្ឃ​មិន​ត្រូវ​បង្ខាំង​គាត់​ទុក​ទេ+ ព្រោះ​គាត់​មិន​ស្អាត​បរិសុទ្ធ។ ១២ បើ​សង្ឃ​ឃើញ​ថា​អ្នក​ណា​ម្នាក់​កើត​ជំងឺ​ឃ្លង់​ពេញ​ខ្លួន ពី​ក្បាល​ដល់​បាត​ជើង ១៣ ហើយ​សង្ឃ​ពិនិត្យ​មើល​ឃើញ​ថា​ជំងឺ​ឃ្លង់​នោះ​មាន​ពណ៌​ស នោះ​គាត់​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ រោគ​ឃ្លង់​របស់​គាត់​មិន​ឆ្លង​ដល់​អ្នក​ឯ​ទៀត​ទេ។ ១៤ ប៉ុន្តែ បើ​គាត់​មាន​ដំបៅ​ធ្លាយ​មុខ នោះ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។ ១៥ ក្រោយ​ពី​សង្ឃ​ពិនិត្យ​មើល​ដំបៅ​នោះ គាត់​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។+ ដំបៅ​ធ្លាយ​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។+ ១៦ ប៉ុន្តែ បើ​មុខ​ដំបៅ​ដែល​ធ្លាយ​នោះ​ប្រែ​ទៅ​ជា​ពណ៌​ស​វិញ គាត់​ត្រូវ​ទៅ​ជួប​សង្ឃ។ ១៧ បើ​សង្ឃ​ពិនិត្យ​មើល​មុខ​ដំបៅ​នោះ+ឃើញ​ថា​ជា​ពណ៌​ស នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។

១៨ ​«​បើ​អ្នក​ណា​ម្នាក់​កើត​បូស​នៅ​លើ​ស្បែក រួច​បាន​ជា​សះ​ស្បើយ ១៩ តែ​ក្រោយ​មក​កន្លែង​នោះ​ឡើង​ហើម​ស ឬ​មាន​ស្នាម​ក្រហម​ប្រឿង​ៗ អ្នក​នោះ​ត្រូវ​ទៅ​ជួប​សង្ឃ។ ២០ បើ​សង្ឃ​ពិនិត្យ​មើល+ឃើញ​ថា​ត្រង់​កន្លែង​នោះ​មាន​រោម​ស​ហើយ​ខូង នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។ ២១ ប៉ុន្តែ បើ​សង្ឃ​ពិនិត្យ​ឃើញ​ថា​ត្រង់​កន្លែង​នោះ​មាន​ពណ៌​ស្រអាប់ ហើយ​គ្មាន​ឃើញ​រោម​ស​និង​ខូង​នៅ​ត្រង់​កន្លែង​នោះ​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ២២ បើ​រោគ​នោះ​រាល​ដាល​លើ​ស្បែក សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​ហើយ។ ២៣ ប៉ុន្តែ បើ​រោគ​សញ្ញា​នោះ​នៅ​ដដែល ហើយ​មិន​រាល​ដាល នោះ​គ្រាន់​តែ​ជា​ស្នាម​ក្រហម​ពី​បូស​ប៉ុណ្ណោះ។ ដូច្នេះ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។+

២៤ ​«​បើ​អ្នក​ណា​ម្នាក់​រលាក​ភ្លើង ហើយ​ស្នាម​រលាក​នោះ​ទៅ​ជា​ពណ៌​ស ឬ​ក្រហម​ប្រឿង​ៗ​ ២៥ នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​ស្នាម​រលាក​នោះ។ បើ​សង្ឃ​ឃើញ​ថា​ស្នាម​នោះ​ខូង​និង​មាន​រោម​ស នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ។ ២៦ ប៉ុន្តែ បើ​សង្ឃ​ពិនិត្យ​ឃើញ​ថា​ស្នាម​នោះ​ជា​សះ ហើយ​គ្មាន​ឃើញ​រោម​ស​និង​ខូង​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ២៧ នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​ឃើញ​ថា​ស្នាម​នោះ​រាល​ដាល សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​ហើយ។ ២៨ ប៉ុន្តែ បើ​ស្នាម​នោះ​មិន​រាល​ដាល ហើយ​ជា​ឡើង​វិញ នោះ​គ្រាន់​តែ​ជា​ការ​ហើម​ស្នាម​រលាក​ប៉ុណ្ណោះ។ ដូច្នេះ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។

២៩ ​«​បើ​បុរស​ឬ​ស្ត្រី​ណា​មាន​រោគ​សើ​ស្បែក​នៅ​លើ​ក្បាល​ឬ​ចង្កា ៣០ ត្រូវ​ឲ្យ​គាត់​ទៅ​ជួប​សង្ឃ។ បើ​សង្ឃ​ពិនិត្យ​មើល+ឃើញ​ថា​ស្បែក​នោះ​ខូង ហើយ​មាន​សរសៃ​សក់​ឆ្មារ​ៗ​ដុះ​រង្វើល​ពណ៌​លឿង​ប្រឿង​ៗ​នៅ​លើ​ក្បាល ឬ​មាន​ពុក​ចង្កា​ឆ្មារ​ៗ​ដុះ​រង្វើល​ពណ៌​លឿង​ប្រឿង​ៗ សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​គាត់​កើត​ជំងឺ​ឃ្លង់​នៅ​លើ​ក្បាល​ឬ​ចង្កា​ហើយ។ ៣១ ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​រោគ​ស្បែក​នោះ​មិន​ខូង និង​គ្មាន​រោម​ពណ៌​ខ្មៅ​ទេ នោះ​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៣២ នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​ឃើញ​ថា​រោគ​សើ​ស្បែក​នោះ​មិន​ខូង មិន​រាល​ដាល ហើយ​គ្មាន​រោម​ពណ៌​លឿង​ប្រឿង​ៗ​ទេ ៣៣ នោះ​ត្រូវ​កោរ​សក់​ឬ​ពុក​ចង្កា​ឲ្យ​គាត់ តែ​មិន​ត្រូវ​កោរ​ត្រង់​កន្លែង​ដែល​មាន​រោគ​នោះ​ទេ។ រួច​សង្ឃ​ត្រូវ​ទុក​គាត់​ឲ្យ​នៅ​ដោយ​ឡែក​ពី​គេ ថែម​៧​ថ្ងៃ​ទៀត។

៣៤ ​«​នៅ​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​សង្ឃ​ឃើញ​ថា​រោគ​សើ​ស្បែក​នៅ​លើ​ក្បាល​ឬ​ចង្កា​នោះ​មិន​ខូង​និង​មិន​រាល​ដាល​ទេ នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ។ ៣៥ បើ​សង្ឃប្រកាស​ថា​គាត់​ស្អាត​បរិសុទ្ធ​ហើយ តែ​ក្រោយ​មក​រោគ​នោះ​រាល​ដាល​លើ​ស្បែក ៣៦ នោះ​សង្ឃ​ត្រូវ​ពិនិត្យ​មើល​គាត់​ម្ដង​ទៀត។ បើ​សង្ឃ​ឃើញ​ថា​រោគ​បាន​រាល​ដាល​លើ​ស្បែក​មែន នោះ​គាត់​មិន​ចាំ​បាច់​រក​រោម​ពណ៌​លឿង​ប្រឿង​ៗ​ទេ ព្រោះ​បុគ្គល​នោះ​មិន​ស្អាត​បរិសុទ្ធ​ហើយ។ ៣៧ ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​រោគ​មិន​បាន​រាល​ដាល​ទេ ហើយ​ឃើញ​មាន​រោម​ខ្មៅ​ដុះ​នៅ​លើ​នោះ បាន​សេចក្ដី​ថា​រោគ​សើ​ស្បែក​នោះ​ជា​សះ​ស្បើយ​ហើយ។ ដូច្នេះ បុគ្គល​នោះ​ជា​ស្អាត​វិញ ហើយ​សង្ឃ​ត្រូវ​ប្រកាស​ថា​គាត់​ស្អាត​បរិសុទ្ធ។+

៣៨ ​«​បើ​បុរស​ឬ​ស្ត្រី​ណា​មាន​រោគ​សើ​ស្បែក ហើយ​ត្រង់​កន្លែង​ស្បែក​នោះ​មាន​ពណ៌​ស ៣៩ នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល។+ បើ​សង្ឃ​ឃើញ​ថា​ត្រង់​កន្លែង​ស្បែក​នោះ​ពណ៌​ស្រអាប់ នោះ​គ្រាន់​តែ​ជា​ជំងឺ​សើ​ស្បែក​ធម្មតា​ប៉ុណ្ណោះ។ ដូច្នេះ បុគ្គល​នោះ​ស្អាត​បរិសុទ្ធ។

៤០ ​«​បើ​បុរស​ណា​ម្នាក់​ជ្រុះ​សក់ ហើយ​ទៅ​ជា​ទំ​ពែ​ក នោះ​គាត់​ស្អាត​បរិសុទ្ធ​ទេ។ ៤១ បើ​គាត់​ជ្រុះ​សក់​នៅ​ខាង​មុខ ហើយ​ទៅ​ជា​ឆក នោះ​គាត់​ក៏​ស្អាត​បរិសុទ្ធ​ដែរ។ ៤២ ប៉ុន្តែ បើ​មាន​ដំបៅ​ពណ៌​ក្រហម​ប្រឿង​ៗ​នៅ​ត្រង់​កន្លែង​ទំ​ពែ​ក​ឬ​ឆក នោះ​ជា​ជំងឺ​ឃ្លង់​ហើយ។ ៤៣ ពេល​សង្ឃ​ពិនិត្យ​មើល​ឃើញ​មាន​ដុំ​ពក​ពណ៌​ក្រហម​ប្រឿង​ៗ​នៅ​លើ​ក្បាល​ឬ​ថ្ងាស និង​មើល​ទៅ​ដូច​ជា​រោគ​ឃ្លង់​លើ​ស្បែក ៤៤ នោះ​បាន​សេចក្ដី​ថា​អ្នក​នោះ​កើត​ជំងឺ​ឃ្លង់​ហើយ។ អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ​ទេ ហើយ​សង្ឃ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​មិន​ស្អាត​បរិសុទ្ធ ព្រោះ​មាន​រោគ​ឃ្លង់​នៅ​លើ​ក្បាល។ ៤៥ អ្នក​ដែល​កើត​ជំងឺ​ឃ្លង់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​រហែក ទុក​ក្បាល​ឲ្យ​នៅ​ទទេ ហើយ​បាំង​មាត់* ព្រម​ទាំង​ស្រែក​ថា​៖ ‹ខ្ញុំ​មិន​ស្អាត​បរិសុទ្ធ! ខ្ញុំ​មិន​ស្អាត​បរិសុទ្ធ!›។ ៤៦ ដរាប​ណា​គាត់​នៅ​មាន​ជំងឺ​នោះ ដរាប​នោះ​គាត់​នៅ​មិន​ស្អាត​បរិសុទ្ធ ហើយ​គាត់​ត្រូវ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ខាង​ក្រៅ​ជំរំ។+

៤៧ ​«​បើ​ឃ្លង់​រាល​ដាល​លើ​សម្លៀក​បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ក្រណាត់​សាច់​ល្អ ៤៨ ឬ​រាល​ដាល​លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ​នោះ លើ​ផ្ទាំង​ស្បែក ឬ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ ៤៩ ព្រម​ទាំង​មាន​ស្នាម​ពណ៌​ត្រួយ​ចេក​ឬ​ពណ៌​ក្រហម​លើ​សម្លៀក​បំពាក់ លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ លើ​ផ្ទាំង​ស្បែក ឬ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ នោះ​ជា​រោគ​ឃ្លង់​ហើយ។ ដូច្នេះ ត្រូវ​យក​របស់​ទាំង​នោះ​ទៅ​ឲ្យ​សង្ឃ​ពិនិត្យ​មើល។ ៥០ បើ​សង្ឃ​ឃើញ​ស្នាម​ទាំង​នោះ​មែន នោះ​គាត់​ត្រូវ​យក​របស់​ទាំង​នោះ​ទៅ​ទុក​ដោយ​ឡែក​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៥១ នៅ​ថ្ងៃ​ទី​៧ បើ​សង្ឃ​ឃើញ​ថា​ឃ្លង់​រាល​ដាល​លើ​សម្លៀក​បំពាក់ លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ លើ​ផ្ទាំង​ស្បែក(​ទោះ​ជា​ប្រើ​ផ្ទាំង​ស្បែក​នោះ​ក្នុង​គោល​បំណង​អ្វី​ក៏​ដោយ​) នោះ​ជា​រោគ​ឃ្លង់​ដែល​ឆ្លង​រាល​ដាល​ហើយ។ របស់​ទាំង​នោះ​គឺ​មិន​ស្អាត​បរិសុទ្ធ​ទេ។+ ៥២ ដូច្នេះ គាត់​ត្រូវ​ដុត​ចោល​សម្លៀក​បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម និង​ពី​ក្រណាត់​សាច់​ល្អ ស្បែក​សត្វ​ឬ​ដុត​សរសៃ​អំបោះ​ក្រណាត់​ត្បាញ​ដែល​មាន​ជាប់​រោគ​នោះ។ ព្រោះ​នោះ​ជា​រោគ​ឃ្លង់​ដែល​ឆ្លង​រាល​ដាល​ហើយ។ ហេតុ​នេះ ត្រូវ​ដុត​ចោល​ទាំង​អស់។

៥៣ ​«​ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​រោគ​ឃ្លង់​មិន​បាន​រាល​ដាល​លើ​សម្លៀក​បំពាក់ លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ ឬ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ​ទេ ៥៤ នោះ​សង្ឃ​ត្រូវ​បង្គាប់​គេ​ឲ្យ​លាង​សម្អាត​របស់​ទាំង​នោះ ហើយ​យក​ទៅ​ទុក​អស់​រយៈ​ពេល​៧​ថ្ងៃ​ទៀត។ ៥៥ ក្រោយ​ពី​នោះ សង្ឃ​នឹង​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​គាត់​ឃើញ​ថា​ឃ្លង់​មិន​បាន​រាល​ដាល តែ​ស្នាម​លើ​នោះ​មិន​បាន​ជ្រះ​ស្អាត​ទេ នោះ​មាន​ន័យ​ថា​របស់​ទាំង​នោះ​គឺ​មិន​ស្អាត​បរិសុទ្ធ។ អ្នក​រាល់​គ្នា​ត្រូវ​ដុត​របស់​ទាំង​នោះ​ចោល ព្រោះ​ឃ្លង់​នោះ​បាន​ស៊ី​ពី​ខាង​ក្នុង​ឬ​ពី​ខាង​ក្រៅ​ហើយ។

៥៦ ​«​ប៉ុន្តែ បើ​សង្ឃ​ឃើញ​ថា​ស្នាម​លើ​នោះ បាន​រលាប​ចេញ​ពី​សម្លៀក​បំពាក់ ផ្ទាំង​ស្បែក ឬ​ពី​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ នោះ​ត្រូវ​ហែក​កន្លែង​ស្នាម​នោះ​ចេញ។ ៥៧ ប៉ុន្តែ បើ​ឃើញ​ស្នាម​លេច​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​លើ​របស់​ទាំង​នោះ ហើយ​ចាប់​ផ្ដើម​រាល​ដាល នោះ​ត្រូវ​ដុត​របស់​ទាំង​នោះ​ចោល​តែ​ម្ដង។+ ៥៨ ប៉ុន្តែ បើ​ស្នាម​នោះ​រលុប​បាត់​ពី​សម្លៀក​បំពាក់ ពី​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ ឬ​ពី​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ នោះ​ត្រូវ​លាង​សម្អាត​ម្ដង​ទៀត ទើប​អាច​ចាត់​ទុក​របស់​ទាំង​នោះ​ថា​ស្អាត​បរិសុទ្ធ។

៥៩ ​«​នេះ​ជា​ច្បាប់​អំពី​រោគ​ឃ្លង់​នៅ​លើ​សម្លៀក​បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម ពី​ក្រណាត់​សាច់​ល្អ ឬ​នៅ​លើ​សរសៃ​អំបោះ​ក្នុង​ក្រណាត់​ត្បាញ ឬ​នៅ​លើ​របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ។ ច្បាប់​នេះ​ជួយ​ឲ្យ​សន្មត​ថា អ្វី​ទាំង​នោះ​ស្អាត​បរិសុទ្ធ​ឬ​មិន​ស្អាត​បរិសុទ្ធ​»។

១៤ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២ ​«​នេះ​ជា​ច្បាប់​សម្រាប់​ពិធី​ជម្រះ​អ្នក​កើត​ជំងឺ​ឃ្លង់​ឲ្យ​បាន​ស្អាត​បរិសុទ្ធ។ នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​នោះ ត្រូវ​នាំ​គាត់​ទៅ​ជួប​សង្ឃ។+ ៣ សង្ឃ​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ​ដើម្បី​ពិនិត្យ​មើល​គាត់។ បើ​សង្ឃ​ឃើញ​ថា​ជំងឺ​ឃ្លង់​នោះ​បាន​ជា​សះ​ស្បើយ​ហើយ ៤ សង្ឃ​ត្រូវ​បង្គាប់​គាត់​ឲ្យ​យក​សត្វ​ស្លាប​ពីរ​ដែល​ស្អាត​បរិសុទ្ធ និង​ឈើ​ស៊ី​ដារ ក្រណាត់​ពណ៌​ក្រហម ព្រម​ទាំង​មែក​ហ៊ីសុប មក​ជម្រះ​គាត់។+ ៥ សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​គេ​សម្លាប់​សត្វ​ស្លាប​មួយ​ក្នុង​ភាជនៈ​ដី​ដែល​មាន​ទឹក​ស្អាត។ ៦ រួច​សង្ឃ​ត្រូវ​យក​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់ ព្រម​ទាំង​ឈើ​ស៊ី​ដារ ក្រណាត់​ពណ៌​ក្រហម និង​មែក​ហ៊ីសុប ទៅ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ​ស្លាប​ទី​១។ ៧ បន្ទាប់​មក សង្ឃ​ត្រូវ​ប្រោះ​ឈាម​នោះ​៧​ដង​ទៅ​លើ​អ្នក​ដែល​កំពុង​ជម្រះ​នោះ រួច​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ។ រួច​សង្ឃ​ត្រូវ​លែង​សត្វ​ស្លាប​រស់​នោះ នៅ​ឯ​ទី​វាល។+

៨ ​«​អ្នក​ដែល​ទទួល​ការ​ជម្រះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន កោរ​សក់​និង​រោម​ទាំង​អស់ រួច​ងូត​ទឹក នោះ​ទើប​គាត់​បាន​ស្អាត​បរិសុទ្ធ។ ក្រោយ​មក គាត់​អាច​ចូល​ក្នុង​ជំរំ​បាន តែ​ត្រូវ​ស្នាក់​នៅ​ខាង​ក្រៅ​ត្រសាល​ខ្លួន​អស់​រយៈ​ពេល​៧​ថ្ងៃ។ ៩ ដល់​ថ្ងៃ​ទី​៧ គាត់​ត្រូវ​កោរ​សក់ ពុក​ចង្កា ចិញ្ចើម និង​រោម​ទាំង​អស់​ម្ដង​ទៀត។ ក្រោយ​ពី​នោះ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន រួច​ងូត​ទឹក។ យ៉ាង​នេះ គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ។

១០ ​«​លុះ​ដល់​ថ្ងៃ​ទី​៨ អ្នក​ដែល​ទទួល​ការ​ជម្រះ​ត្រូវ​យក​ចៀម​ស្ទាវ​ល្អ​ឥត​ខ្ចោះ​ពីរ​ក្បាល កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល+អាយុ​ក្រោម​មួយ​ឆ្នាំ និង​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​អេហ្វា*លាយ​ជា​មួយ​ប្រេង សម្រាប់​ជូន​ជា​គ្រឿង​បូជា​ពី​ស្រូវ+ ព្រម​ទាំង​ប្រេង​មួយ​រង្វាល់។*+ ១១ ឯ​សង្ឃ​ដែល​ប្រកាស​ថា​អ្នក​នោះ​ស្អាត​បរិសុទ្ធ ត្រូវ​នាំ​គាត់ ព្រម​ទាំង​គ្រឿង​បូជា​ទាំង​នោះ​ទៅ​ឯ​ព្រះ​យេហូវ៉ា​នៅ​ច្រក​ចូល​ត្រសាល​ជំនុំ។ ១២ សង្ឃ​ត្រូវ​យក​ចៀម​ស្ទាវ​មួយ​ក្បាល​និង​ប្រេង​មួយ​រង្វាល់* មក​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ បន្ទាប់​មក គាត់​លើក​រេ​ចុះ​រេ​ឡើង​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ១៣ រួច​សង្ឃ​ត្រូវ​សម្លាប់​ចៀម​ស្ទាវ​នោះ​នៅ​កន្លែង​ដែល​គេ​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​និង​សត្វ​ជា​គ្រឿង​បូជា​ដុត+ គឺ​នៅ​កន្លែង​បរិសុទ្ធ។ រីឯ​ចំណែក​ពី​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​នឹង​បាន​ទៅ​ជា​របស់​សង្ឃ ដូច​ចំណែក​ពី​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ដែរ+ ព្រោះ​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។+

១៤ ​«​បន្ទាប់​មក សង្ឃ​ត្រូវ​យក​ឈាម​ខ្លះ​ពី​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​របស់​អ្នក​ដែល​ទទួល​ការ​ជម្រះ​នោះ ទៅ​លាប​នៅ​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​នោះ។ ១៥ រួច​សង្ឃ​ត្រូវ​ចាក់​ប្រេង​ខ្លះ​ពី​គ្រឿង​បូជា​នោះ+ ទៅ​លើ​បាត​ដៃ​ឆ្វេង​របស់​ខ្លួន។ ១៦ បន្ទាប់​មក សង្ឃ​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ស្ដាំ​ទៅ​ក្នុង​ប្រេង​នោះ រួច​ប្រោះ​៧​ដង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ១៧ ក្រោយ​នោះ សង្ឃ​ត្រូវ​យក​ប្រេង​ខ្លះ​ដែល​នៅ​សល់ ទៅ​លាប​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ដែល​ទទួល​ការ​ជម្រះ គឺ​ពី​លើ​ឈាម​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។ ១៨ ឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​ដៃ សង្ឃ​យក​ទៅ​លាប​លើ​ក្បាល​អ្នក​នោះ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+

១៩ ​«​បន្ទាប់​មក សង្ឃ​ត្រូវ​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​ដែល​កំពុង​សម្អាត​ខ្លួន​ឲ្យ​បាន​ស្អាត​បរិសុទ្ធ។ ក្រោយ​នោះ សង្ឃ​ត្រូវ​សម្លាប់​សត្វ​នៃ​គ្រឿង​បូជា​ដុត។ ២០ រួច​មក សង្ឃ​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ពី​ស្រូវ+នៅ​លើ​ទី​បូជា ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​នោះ+ ហើយ​អ្នក​នោះ​នឹង​បាន​ស្អាត​បរិសុទ្ធ។+

២១ ​«​ប៉ុន្តែ បើ​អ្នក​នោះ​ក្រី​ក្រ​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ទេ គាត់​អាច​ជម្រះ​ភាព​ខុស​ឆ្គង​ដោយ​ជូន​ចៀម​ស្ទាវ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​និង​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង ព្រម​ទាំង​ជូន​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា*លាយ​ជា​មួយ​ប្រេង​ជា​គ្រឿង​បូជា​ពី​ស្រូវ និង​ប្រេង​មួយ​រង្វាល់* ២២ រួម​ទាំង​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ តាម​លទ្ធភាព​របស់​គាត់ គឺ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង មួយ​ក្បាល​ជា​គ្រឿង​បូជា​ដុត។+ ២៣ នៅ​ថ្ងៃ​ទី​៨+ គាត់​ត្រូវ​យក​គ្រឿង​បូជា​ទាំង​នោះ​ទៅ​ជូន​សង្ឃ​នៅ​ច្រក​ចូល​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ។+

២៤ ​«​សង្ឃ​ត្រូវ​យក​ចៀម​ស្ទាវ​និង​ប្រេង​មួយ​រង្វាល់* មក​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ បន្ទាប់​មក គាត់​លើក​គ្រឿង​បូជា​នោះ​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ២៥ បន្ទាប់​មក សង្ឃ​ត្រូវ​សម្លាប់​ចៀម​នោះ រួច​យក​ឈាម​ខ្លះ​ពី​ចៀម​នោះ ទៅ​លាប​នៅ​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ដែល​ទទួល​ការ​ជម្រះ។+ ២៦ រួច​សង្ឃ​ត្រូវ​ចាក់​ប្រេង​ខ្លះ​ពី​គ្រឿង​បូជា​នោះ ទៅ​លើ​បាត​ដៃ​ឆ្វេង​របស់​ខ្លួន។+ ២៧ បន្ទាប់​មក សង្ឃ​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ស្ដាំ​ទៅ​ក្នុង​ប្រេង​នោះ រួច​ប្រោះ​៧​ដង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ២៨ ក្រោយ​នោះ សង្ឃ​ត្រូវ​យក​ប្រេង​ខ្លះ​ដែល​នៅ​សល់ ទៅ​លាប​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ដែល​ទទួល​ការ​ជម្រះ គឺ​ពី​លើ​ឈាម​សត្វ​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។ ២៩ ឯ​ប្រេង​ដែល​នៅ​សល់ សង្ឃ​យក​ទៅ​លាប​លើ​ក្បាល​អ្នក​នោះ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។

៣០ ​«​សង្ឃ​ត្រូវ​ជូន​លលក​ឬ​ព្រាប​ជំទើរ តាម​លទ្ធភាព​របស់​អ្នក​ដែល​ទទួល​ការ​ជម្រះ+ ៣១ គឺ​សត្វ​ស្លាប​ណា​មួយ​ក៏​បាន មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង មួយ​ក្បាល​ទៀត​ជា​គ្រឿង​បូជា​ដុត+ ជា​មួយ​គ្រឿង​បូជា​ពី​ស្រូវ។ រួច​សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​នោះ នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+

៣២ ​«​នេះ​ជា​ច្បាប់​សម្រាប់​អ្នក​កើត​ជំងឺ​ឃ្លង់​ដែល​មាន​ជីវភាព​ខ្វះ​ខាត ស្ដី​អំពី​ការ​ជម្រះ​កាយ​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​»។

៣៣ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ៣៤ ​«​ក្រោយ​ពី​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន+ជា​ស្រុក​ដែល​ខ្ញុំ​នឹង​ប្រគល់​ឲ្យ+ បើ​ខ្ញុំ​អនុញ្ញាត​ឲ្យ​មាន​ជំងឺ​ឃ្លង់​កើត​មាន​ទៅ​លើ​ផ្ទះ​ណា​មួយ+ ៣៥ នោះ​ម្ចាស់​ផ្ទះ​ត្រូវ​ទៅ​ប្រាប់​សង្ឃ​ថា​៖ ‹មាន​ស្នាម​នៅ​លើ​ជញ្ជាំង​ផ្ទះ​ខ្ញុំ ហើយ​មើល​ទៅ​ដូច​ជា​រោគ​ឃ្លង់›។* ៣៦ សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​នោះ មុន​នឹង​គាត់​ទៅ​ពិនិត្យ​មើល។ បើ​មិន​ដូច្នោះ​ទេ គាត់​ត្រូវ​ប្រកាស​ថា​អ្វី​ៗ​ដែល​នៅ​ក្នុង​ផ្ទះ​នោះ​មិន​ស្អាត​បរិសុទ្ធ។ ក្រោយ​នោះ សង្ឃ​ចូល​ក្នុង​ផ្ទះ ហើយ​ពិនិត្យ​មើល​ស្នាម​លើ​ជញ្ជាំង។ ៣៧ បើ​គាត់​ឃើញ​ថា​ស្នាម​លើ​ជញ្ជាំង​មាន​ពណ៌​ត្រួយ​ចេក​ឬ​ពណ៌​ក្រហម ហើយ​មើល​ទៅ​មាន​សភាព​ផត​ទ្រុឌ​ចូល​ក្នុង ៣៨ នោះ​សង្ឃ​ត្រូវ​ចេញ​ទៅ​ឯ​មាត់​ទ្វារ​ផ្ទះ ហើយ​បិទ​ទ្វារ​ផ្ទះ​នោះ​កុំ​ឲ្យ​គេ​ចូល​អស់​រយៈ​ពេល​៧​ថ្ងៃ។+

៣៩ ​«​លុះ​ដល់​ថ្ងៃ​ទី​៧ សង្ឃ​ត្រូវ​ត្រឡប់​ទៅ​ពិនិត្យ​មើល​ផ្ទះ​នោះ​ម្ដង​ទៀត។ បើ​គាត់​ឃើញ​ស្នាម​នោះ​រាល​ដាល​លើ​ជញ្ជាំង​ផ្ទះ ៤០ នោះ​សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​គេ​ដាប់​យក​ថ្ម​ណា​ដែល​មាន​ស្នាម​នោះ​ចេញ រួច​យក​ទៅ​បោះ​ចោល​ត្រង់​កន្លែង​មិន​ស្អាត​បរិសុទ្ធ​នៅ​ខាង​ក្រៅ​ក្រុង។ ៤១ បន្ទាប់​មក សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​គេ​កោស​កំបោរ​និង​បាយអ​ពី​លើ​ជញ្ជាំង​ខាង​ក្នុង​ទាំង​អស់ រួច​ប្រមូល​ទៅ​បោះ​ចោល​ត្រង់​កន្លែង​មិន​ស្អាត​បរិសុទ្ធ​នៅ​ខាង​ក្រៅ​ក្រុង។ ៤២ ក្រោយ​នោះ ពួក​គេ​ត្រូវ​យក​ថ្ម​ផ្សេង​ទៀត​ទៅ​បិទ​នៅ​ត្រង់​កន្លែង​ដាប់​នោះ ហើយ​ត្រូវ​យក​បាយអ​ទៅ​បូក​លើ​ជញ្ជាំង រួច​លាប​កំបោរ​ពី​លើ។

៤៣ ​«​ប៉ុន្តែ ក្រោយ​ពី​ធ្វើ​ដូច្នោះ​ហើយ បើ​ស្នាម​នោះ​កើត​មាន​ម្ដង​ទៀត​និង​រាល​ដាល ៤៤ នោះ​ត្រូវ​ឲ្យ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល​ម្ដង​ទៀត។ បើ​ឃើញ​ស្នាម​នោះ​រាល​ដាល​ក្នុង​ផ្ទះ នោះ​ជា​ឃ្លង់​ស៊ី​បង្ខូច+ផ្ទះ​ហើយ។ ផ្ទះ​នោះ​មិន​ស្អាត​បរិសុទ្ធ​ទេ។ ៤៥ សង្ឃ​ត្រូវ​ឲ្យ​គេ​រុះ​ផ្ទះ​នោះ ពោល​គឺ​ប្រមូល​ថ្ម ធ្នឹម បាយអ និង​កំបោរ យក​ទៅ​បោះ​ចោល​ត្រង់​កន្លែង​មិន​ស្អាត​បរិសុទ្ធ​នៅ​ខាង​ក្រៅ​ក្រុង។+ ៤៦ ប៉ុន្តែ ក្នុង​អំឡុង​ដែល​គេ​ទុក​ផ្ទះ​នោះ​ចោល បើ​អ្នក​ណា​ម្នាក់​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ+ អ្នក​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ៤៧ បើ​អ្នក​ណា​ចូល​ទៅ​ដេក​ឬ​បរិភោគ​នៅ​ក្នុង​ផ្ទះ​នោះ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន​ចេញ។

៤៨ ​«​ប៉ុន្តែ ក្រោយ​ពី​ជួស​ជុល​ហើយ បើ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល​មិន​ឃើញ​ស្នាម​នោះ​លេច​ចេញ​មក​ទេ នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា​ផ្ទះ​នោះ​ស្អាត​បរិសុទ្ធ ព្រោះ​រោគ​នោះ​លែង​មាន​ទៀត​ហើយ។ ៤៩ គាត់​ត្រូវ​យក​សត្វ​ស្លាប​ពីរ ឈើ​ស៊ី​ដារ ក្រណាត់​ពណ៌​ក្រហម និង​មែក​ហ៊ីសុប​មក ដើម្បី​ធ្វើ​ពិធី​ជម្រះ​ផ្ទះ​នោះ​ឲ្យ​ស្អាត​បរិសុទ្ធ​ឡើង​វិញ។+ ៥០ រួច​គាត់​ត្រូវ​សម្លាប់​សត្វ​ស្លាប​មួយ​ក្នុង​ភាជនៈ​ដី​ដែល​មាន​ទឹក​ស្អាត។ ៥១ បន្ទាប់​មក គាត់​ត្រូវ​យក​សត្វ​ស្លាប​មួយ​ទៀត​ដែល​នៅ​រស់ ព្រម​ទាំង​ឈើ​ស៊ី​ដារ ក្រណាត់​ពណ៌​ក្រហម និង​មែក​ហ៊ីសុប ជ្រលក់​ក្នុង​ឈាម​របស់​សត្វ​ស្លាប​ទី​១។ រួច​ប្រោះ​ឈាម​នោះ​៧​ដង​ទៅ​លើ​ផ្ទះ​នោះ។+ ៥២ គាត់​នឹង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​បាន​ស្អាត​បរិសុទ្ធ តាម​រយៈ​ឈាម​សត្វ​ស្លាប ទឹក​ស្អាត សត្វ​ស្លាប​ដែល​នៅ​រស់ ព្រម​ទាំង​ឈើ​ស៊ី​ដារ ក្រណាត់​ពណ៌​ក្រហម និង​មែក​ហ៊ីសុប។ ៥៣ ក្រោយ​មក គាត់​ត្រូវ​លែង​សត្វ​ស្លាប​រស់ នៅ​ឯ​ទី​វាល​ខាង​ក្រៅ​ក្រុង។ យ៉ាង​នោះ ផ្ទះ​នោះ​នឹង​បាន​ស្អាត​បរិសុទ្ធ។

៥៤ ​«​នេះ​ជា​ច្បាប់​អំពី​រោគ​ឃ្លង់​គ្រប់​យ៉ាង និង​ដំបៅ​លើ​ក្បាល​ឬ​ពុក​ចង្កា+ ៥៥ រោគ​ឃ្លង់​លើ​សម្លៀក​បំពាក់+ ឬ​ក្នុង​ផ្ទះ+ ៥៦ ព្រម​ទាំង​អំពី​ដុំ​ពក​នៅ​លើ​ស្បែក ស្បែក​ឡើង​ក្រមរ និង​កើត​ភ្លឺ+ ៥៧ ច្បាប់​នេះ​ជួយ​ឲ្យ​សន្មត​ថា អ្វី​ស្អាត​បរិសុទ្ធ​និង​អ្វី​មិន​ស្អាត​បរិសុទ្ធ។+ នេះ​ជា​ច្បាប់​អំពី​រោគ​ឃ្លង់​»។+

១៥ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​បន្ត​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​បុរស​ណា​ម្នាក់​មាន​ហូរ​ខ្ទុះ​ចេញ​ពី​ប្រដាប់​បន្ត​ពូជ នោះ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។+ ៣ ក្នុង​អំឡុង​ពេល​ដែល​គាត់​មាន​ខ្ទុះ គាត់​នៅ​តែ​មិន​ស្អាត​បរិសុទ្ធ ទោះ​ជា​ខ្ទុះ​នោះ​ហូរ​ឬ​មិន​ហូរ​ក្ដី។

៤ ​«​‹ដូច្នេះ គ្រែ​ដែល​គាត់​ដេក និង​អ្វី​ដែល​គាត់​អង្គុយ​លើ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។ ៥ បើ​អ្នក​ណា​ប៉ះ​គ្រែ​បុរស​នោះ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ៦ បើ​អ្នក​ណា​អង្គុយ​លើ​របស់​អ្វី​មួយ​ក្រោយ​បុរស​នោះ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ៧ បើ​អ្នក​ណា​ប៉ះ​បុរស​ដែល​ហូរ​ខ្ទុះ​នោះ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ៨ បើ​បុរស​ដែល​ហូរ​ខ្ទុះ​នោះ ស្ដោះ​ទឹក​មាត់​ដាក់​អ្នក​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ៩ បើ​បុរស​ដែល​ហូរ​ខ្ទុះ​នោះ​អង្គុយ​លើ​កែប​សត្វ កែប​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។ ១០ បើ​អ្នក​ណា​ប៉ះ​របស់​អ្វី​ដែល​បុរស​នោះ​អង្គុយ​លើ អ្នក​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ បើ​អ្នក​ណា​កាន់​របស់​ទាំង​នោះ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ១១ បើ​បុរស​ដែល​ហូរ​ខ្ទុះ+មិន​បាន​លាង​ដៃ ហើយ​ប៉ះ​អ្នក​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ១២ បើ​បុរស​ដែល​ហូរ​ខ្ទុះ​នោះ​ពាល់​ភាជនៈ​ធ្វើ​ពី​ដី នោះ​ត្រូវ​បំបែក​ភាជនៈ​នោះ​ចោល តែ​បើ​ភាជនៈ​នោះ​ធ្វើ​ពី​ឈើ​វិញ គ្រាន់​តែ​យក​ទៅ​លាង​សម្អាត​បាន​ហើយ។+

១៣ ​«​‹ពេល​ឈប់​ហូរ​ខ្ទុះ​ហើយ គាត់​ត្រូវ​រង់​ចាំ​៧​ថ្ងៃ។ បន្ទាប់​ពី​នោះ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ។+ ១៤ នៅ​ថ្ងៃ​ទី​៨ គាត់​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ+ មក​ឲ្យ​សង្ឃ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។ ១៥ រួច​សង្ឃ​ត្រូវ​ជូន​សត្វ​ស្លាប​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​សត្វ​ស្លាប​មួយ​ទៀត​ជា​គ្រឿង​បូជា​ដុត។ បន្ទាប់​មក សង្ឃ​ត្រូវ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ព្រោះ​តែ​ការ​ហូរ​ខ្ទុះ​នោះ។

១៦ ​«​‹បើ​បុរស​ម្នាក់​ហូរ​ទឹក​កាម គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ១៧ បើ​សម្លៀក​បំពាក់​ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ប្រឡាក់​ទឹក​កាម​នោះ គាត់​ត្រូវ​លាង​សម្អាត​របស់​ទាំង​នោះ។ របស់​ទាំង​នោះ​នឹង​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

១៨ ​«​‹ពេល​បុរស​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី ហើយ​ចេញ​ទឹក​កាម នោះ​ពួក​គេ​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+

១៩ ​«​‹បើ​ស្ត្រី​ណា​មាន​រដូវ នាង​នឹង​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ឯ​អ្នក​ណា​ដែល​ប៉ះ​នាង អ្នក​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ២០ ក្នុង​អំឡុង​ពេល​នោះ អ្វី​ដែល​នាង​ដេក​លើ និង​អ្វី​ដែល​នាង​អង្គុយ​លើ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។+ ២១ បើ​អ្នក​ណា​ប៉ះ​គ្រែ​នាង អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ២២ បើ​អ្នក​ណា​ប៉ះ​អ្វី​ដែល​នាង​អង្គុយ​លើ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ២៣ បើ​អ្នក​ណា​ប៉ះ​គ្រែ​ឬ​អ្វី​ដែល​នាង​អង្គុយ​លើ អ្នក​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ២៤ បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​នាង​ក្នុង​ពេល​ដែល​នាង​មាន​រដូវ+ បុរស​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​៧​ថ្ងៃ ហើយ​គ្រែ​ដែល​គាត់​ដេក ក៏​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដែរ។

២៥ ​«​‹បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​អស់​ជា​ច្រើន​ថ្ងៃ+ក្រៅ​ពី​ពេល​មាន​រដូវ ឬ​បើ​ធ្លាក់​ឈាម​យូរ​ជាង​ពេល​មាន​រដូវ នាង​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដូច​ពេល​នាង​មាន​រដូវ​ដែរ។ ២៦ ក្នុង​អំឡុង​ពេល​នោះ គ្រែ​ដែល​នាង​ដេក និង​អ្វី​ដែល​នាង​អង្គុយ​លើ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដូច​ពេល​នាង​មាន​រដូវ​ដែរ។+ ២៧ បើ​អ្នក​ណា​ប៉ះ​គ្រែ​ឬ​អ្វី​ដែល​នាង​អង្គុយ​លើ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+

២៨ ​«​‹ពេល​នាង​ឈប់​ធ្លាក់​ឈាម​ហើយ នាង​ត្រូវ​រង់​ចាំ​៧​ថ្ងៃ។ ក្រោយ​នោះ នាង​នឹង​បាន​ស្អាត​បរិសុទ្ធ។+ ២៩ នៅ​ថ្ងៃ​ទី​៨ នាង​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ+ មក​ឲ្យ​សង្ឃ​នៅ​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។+ ៣០ រួច​សង្ឃ​ត្រូវ​ជូន​សត្វ​ស្លាប​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​សត្វ​ស្លាប​មួយ​ទៀត​ជា​គ្រឿង​បូជា​ដុត។ យ៉ាង​នោះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​នាង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ព្រោះ​តែ​ការ​ធ្លាក់​ឈាម​នោះ។+

៣១ ​«​‹ម្ល៉ោះ​ហើយ អ្នក​ត្រូវ​ញែក​បណ្ដា​ជន​អ៊ីស្រាអែល​ចេញ​ពី​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ត្រសាល​របស់​ខ្ញុំ​ដែល​នៅ​ក្នុង​ចំណោម​ពួក​គេ ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ហើយ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+

៣២ ​«​‹នេះ​ជា​ច្បាប់​អំពី​បុរស​ដែល​ហូរ​ខ្ទុះ និង​បុរស​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​ហូរ​ទឹក​កាម+ ៣៣ និង​ច្បាប់​អំពី​ស្ត្រី​មាន​រដូវ+ ព្រម​ទាំង​អំពី​បុរស​ណា​ដែល​ហូរ​ខ្ទុះ ឬ​ស្ត្រី​ណា​ដែល​ធ្លាក់​ឈាម+ និង​អំពី​បុរស​ណា​ដែល​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ដែល​មិន​ស្អាត​បរិសុទ្ធ›​»។

១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ ក្រោយ​គ្រា​ដែល​កូន​ប្រុស​ពីរ​នាក់​របស់​អេរ៉ុន​បាន​ស្លាប់​ពេល​ចូល​ទៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រាប់​អេរ៉ុន​បង​របស់​អ្នក​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​កន្លែង​បរិសុទ្ធ​តាម​អំពើ​ចិត្ត​ឡើយ+ គឺ​នៅ​ខាង​ក្រោយ​វាំងនន+មុខ​គម្រប​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ បើ​មិន​ដូច្នោះ​ទេ គាត់​នឹង​ត្រូវ​ស្លាប់+ ព្រោះ​ខ្ញុំ​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គម្រប​ហឹប​នោះ។+

៣ ​«​ពេល​គាត់​ចូល​ក្នុង​កន្លែង​បរិសុទ្ធ គាត់​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖ គាត់​ត្រូវ​យក​គោ​ស្ទាវ​មួយ​ក្បាល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ និង​ចៀម​ឈ្មោល​មួយ​ក្បាល​ជា​គ្រឿង​បូជា​ដុត។+ ៤ គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន+ រួច​ស្លៀក​ខោ​ខ្លី+សម្រាប់​បិទ​បាំង​កេរ្តិ៍​ខ្មាស ពាក់​អាវ​វែង+ ចង​ខ្សែ​ក្រវាត់+ និង​ពាក់​ឈ្នួត​នៅ​លើ​ក្បាល។+ អ្វី​ទាំង​នោះ​ជា​សម្លៀក​បំពាក់​បរិសុទ្ធ+ ហើយ​សុទ្ធតែ​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ។

៥ ​«​គាត់​ត្រូវ​ទទួល​ពពែ​ស្ទាវ​ពីរ​ក្បាល​និង​ចៀម​ឈ្មោល​មួយ​ក្បាល​ពី​បណ្ដា​ជន​អ៊ីស្រាអែល។+ ពពែ​ទាំង​នោះ​គឺ​ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​ចៀម​សម្រាប់​ជា​គ្រឿង​បូជា​ដុត។

៦ ​«​បន្ទាប់​មក អេរ៉ុន​ត្រូវ​ជូន​គោ​ស្ទាវ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ខ្លួន​គាត់+ និង​ក្រុម​គ្រួសារ​របស់​គាត់។*

៧ ​«​បន្ទាប់​ពី​នោះ គាត់​ត្រូវ​នាំ​យក​ពពែ​ពីរ​ក្បាល​នោះ​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ។ ៨ អេរ៉ុន​ត្រូវ​ចាប់​ឆ្នោត​ដើម្បី​ដឹង​ថា​ពពែ​មួយ​ណា​ទុក​ជូន​ព្រះ​យេហូវ៉ា ហើយ​ពពែ​មួយ​ណា​ទុក​ជា​ពពែ​អា​សេសែល។* ៩ ចំពោះ​ពពែ​ដែល​បាន​ត្រូវ​ចាប់​ឆ្នោត+ទុក​ជូន​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១០ ប៉ុន្តែ ចំពោះ​ពពែ​អា​សេសែល​វិញ គាត់​មិន​គួរ​សម្លាប់​វា​ទេ តែ​ត្រូវ​នាំ​យក​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ប្រើ​វា​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង រួច​លែង​វា​ឲ្យ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។+

១១ ​«​អេរ៉ុន​ត្រូវ​នាំ​យក​គោ​ស្ទាវ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​សម្រាប់​ខ្លួន​គាត់​និង​ក្រុម​គ្រួសារ​គាត់។* ក្រោយ​នោះ គាត់​ត្រូវ​សម្លាប់​គោ​នោះ​ជូន​ជា​គ្រឿង​បូជា។+

១២ ​«​បន្ទាប់​មក គាត់​ត្រូវ​កាន់​ប្រដាប់​ដាក់​រងើក​ភ្លើង+ ហើយ​យក​រងើក​ភ្លើង​ពី​ទី​បូជា+របស់​ព្រះ​យេហូវ៉ា និង​ម្សៅ​ក្រអូប​ម៉ដ្ឋ​ពីរ​ក្ដាប់+ រួច​ចូល​ទៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត​ក្រោយ​វាំងនន។+ ១៣ គាត់​ត្រូវ​រោយ​ម្សៅ​ក្រអូប​នោះ​នៅ​លើ​រងើក​ភ្លើង នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ ហើយ​ផ្សែង​ពី​ម្សៅ​ក្រអូប​នោះ​នឹង​ហុយ​ទៅ​លើ​គម្រប​ហឹប+នៃ​កិច្ច​ព្រម​ព្រៀង។+ យ៉ាង​នោះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ទេ។

១៤ ​«​គាត់​ត្រូវ​យក​ឈាម​ខ្លះ​របស់​គោ​ស្ទាវ​នោះ​ចូល+ ហើយ​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ រួច​សម្រក់​៧​ដង​នៅ​មុខ​គម្រប​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង គឺ​នៅ​ខាង​កើត​ហឹប​នោះ។+

១៥ ​«​បន្ទាប់​មក គាត់​ត្រូវ​សម្លាប់​ពពែ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន+ ហើយ​យក​ឈាម​វា​ចូល​ទៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត+ រួច​សម្រក់​នៅ​មុខ​គម្រប​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង ដូច​គាត់​សម្រក់​ឈាម​គោ​ស្ទាវ​ដែរ។+

១៦ ​«​គាត់​ត្រូវ​ជម្រះ​កន្លែង​បរិសុទ្ធ​ឲ្យ​ស្អាត​ពី​អំពើ​រំលង ពី​អំពើ​ខុស​ឆ្គង និង​ពី​ភាព​មិន​ស្អាត​បរិសុទ្ធ​របស់​បណ្ដា​ជន​អ៊ីស្រាអែល។+ គាត់​ត្រូវ​ធ្វើ​ដូច្នេះ ព្រោះ​ត្រសាល​ជំនុំ​នៅ​កណ្ដាល​បណ្ដា​ជន​អ៊ីស្រាអែល ដែល​ជា​អ្នក​ប្រព្រឹត្ត​មិន​ស្អាត​បរិសុទ្ធ។

១៧ ​«​ក្នុង​ពេល​ដែល​គាត់​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង នោះ​មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ចូល​ទៅ​ក្នុង​នោះ​ជា​ដាច់​ខាត ទាល់​តែ​គាត់​ចេញ​មក​វិញ​សិន។ គាត់​ត្រូវ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ខ្លួន​គាត់ ក្រុម​គ្រួសារ​គាត់+ និង​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​មូល។+

១៨ ​«​បន្ទាប់​មក គាត់​ត្រូវ​ចេញ​ទៅ​ឯ​ទី​បូជា+ដែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​ទី​បូជា​នោះ​បាន​ស្អាត​បរិសុទ្ធ។ រួច​គាត់​ត្រូវ​យក​ឈាម​ខ្លះ​របស់​គោ​ស្ទាវ និង​ឈាម​ខ្លះ​របស់​ពពែ ទៅ​លាប​លើ​ស្នែង​ទាំង​បួន​នៃ​ទី​បូជា។ ១៩ បន្ទាប់​ពី​នោះ គាត់​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ រួច​ប្រោះ​៧​ដង​ទៅ​លើ​ទី​បូជា ដើម្បី​ញែក​ទី​បូជា​ឲ្យ​បាន​បរិសុទ្ធ ពី​ការ​ប្រព្រឹត្ត​មិន​ស្អាត​បរិសុទ្ធ​របស់​បណ្ដា​ជន​អ៊ីស្រាអែល។

២០ ​«​ក្រោយ​ពី​គាត់​បាន​ញែក​កន្លែង​បរិសុទ្ធ ត្រសាល​ជំនុំ និង​ទី​បូជា​ឲ្យ​ស្អាត​បរិសុទ្ធ​ហើយ+ គាត់​ក៏​ត្រូវ​នាំ​យក​ពពែ​មួយ​ទៀត​ដែល​នៅ​រស់ ចូល​មក​ដែរ។+ ២១ អេរ៉ុន​ត្រូវ​ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល​ពពែ​នោះ ហើយ​សារភាព​ទោស​កំហុស អំពើ​រំលង និង​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន។ នេះ​ប្រៀប​ដូច​ជា​ទោស​កំហុស​ទាំង​នោះ​ធ្លាក់​ទៅ​លើ​ពពែ​វិញ។+ រួច​គាត់​ចាត់​បុរស​ម្នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស ឲ្យ​ដឹក​វា​ទៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។ ២២ បន្ទាប់​មក បុរស​នោះ​លែង​ពពែ​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ហើយ​វា​នឹង​នាំ​យក​ទោស​កំហុស​ទាំង​អស់​របស់​បណ្ដា​ជន​ទៅ​ជា​មួយ​ដែរ។+

២៣ ​«​ក្រោយ​មក អេរ៉ុន​ត្រូវ​ចូល​ក្នុង​ត្រសាល​ជំនុំ រួច​ដោះ​សម្លៀក​បំពាក់​ក្រណាត់​សាច់​ល្អ​ទុក​នៅ​ទី​នោះ គឺ​សម្លៀក​បំពាក់​ដែល​គាត់​បាន​ពាក់​ចូល​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត។ ២៤ បន្ទាប់​មក គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន+នៅ​កន្លែង​បរិសុទ្ធ ហើយ​ស្លៀក​សម្លៀក​បំពាក់​សម្ដេច​សង្ឃ​វិញ+ រួច​គាត់​ត្រូវ​ទៅ​ជូន​គ្រឿង​បូជា​ដុត​របស់​គាត់+ និង​គ្រឿង​បូជា​ដុត​របស់​បណ្ដា​ជន។+ បន្ទាប់​ពី​នោះ គាត់​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ខ្លួន​គាត់​និង​បណ្ដា​ជន។+ ២៥ ពេល​នោះ គាត់​ត្រូវ​ដុត​ខ្លាញ់​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។

២៦ ​«​ឯ​បុរស​ដែល​ដឹក​ពពែ​អា​សេសែល​វិញ+ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​ងូត​ទឹក​សម្អាត​ខ្លួន។ រួច​គាត់​អាច​ចូល​ក្នុង​ជំរំវិញ​បាន។

២៧ ​«​រីឯ​គោ​និង​ពពែ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង នោះ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ដុត​ចោល​ទាំង​សាច់ ទាំង​ស្បែក ទាំង​លាមក។ ត្រូវ​ធ្វើ​ដូច្នេះ ក្រោយ​ពី​សង្ឃ​យក​ឈាម​វា​ទៅ​សម្រក់​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង។+ ២៨ ចំពោះ​អ្នក​ដុត​វិញ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​ងូត​ទឹក​សម្អាត​ខ្លួន។ រួច​គាត់​អាច​ចូល​ក្នុង​ជំរំវិញ​បាន។

២៩ ​«​នេះ​នឹង​ទៅ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ គឺ​នៅ​ថ្ងៃ​ទី១០ ក្នុង​ខែ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​បង្ហាញ​ការ​សោក​ស្ដាយ* ហើយ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ+ ទោះ​ជា​អ្នក​ស្រុក ឬ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក៏​ដោយ។ ៣០ នៅ​ថ្ងៃ​នោះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​រាល់​គ្នា+ ហើយ​គាត់​នឹង​ប្រកាស​ថា​អ្នក​រាល់​គ្នា​ស្អាត​បរិសុទ្ធ។ យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត​បរិសុទ្ធ​ពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ៣១ ពេល​នោះ ជា​ពេល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឈប់​សម្រាក ហើយ​ត្រូវ​បង្ហាញ​ការ​សោក​ស្ដាយ។+ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ។

៣២ ​«​ឯ​សង្ឃ​ណា​ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តែង​តាំង​ឲ្យ​បំពេញ​មុខ​ងារ+ស្នង​ពី​ឪពុក​គាត់+ សង្ឃ​នោះ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ភាព​ខុស​ឆ្គង។ គាត់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ​ដែល​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ។+ ៣៣ គាត់​ត្រូវ​ធ្វើ​ពិធី​ញែក​កន្លែង​បរិសុទ្ធ ត្រសាល​ជំនុំ និង​ទី​បូជា​ឲ្យ​ស្អាត​បរិសុទ្ធ+ ហើយ​គាត់​ត្រូវ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​សង្ឃ​ឯ​ទៀត និង​ឲ្យ​បណ្ដា​ជន​ទាំង​អស់។+ ៣៤ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ+ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រៀង​រាល់​ឆ្នាំ​»។+

ដូច្នេះ អេរ៉ុន​បាន​ធ្វើ​តាម​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

១៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថែម​ទៀត​ទៅ​កាន់​ម៉ូសេ​ថា​៖ ២ ​«​ចូរ​ប្រាប់​អេរ៉ុន និង​កូន​ប្រុស​ៗ​របស់​គាត់ ព្រម​ទាំង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​បង្គាប់​ដូច​ត​ទៅ​៖

៣ ​«​‹​«​បើ​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​សម្លាប់​គោ​ឈ្មោល ចៀម​ឈ្មោល ឬ​ពពែ ទោះ​ជា​នៅ​ក្នុង​ឬ​ក្រៅ​ជំរំ​ក្ដី ៤ អ្នក​នោះ​នឹង​មាន​ទោស ហើយ​ត្រូវ​កាត់​ចេញ*ពី​ចំណោម​ជន​រួម​ជាតិ​របស់​ខ្លួន ព្រោះ​គាត់​មិន​បាន​សម្លាប់​សត្វ​ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ​របស់​ព្រះ​យេហូវ៉ា។ ៥ បង្គាប់​នេះ​គឺ​ដើម្បី​កុំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ជូន​គ្រឿង​បូជា​នៅ​ឯ​វាល​ទៀត តែ​ត្រូវ​យក​មក​ជូន​ព្រះ​យេហូវ៉ា​តាម​រយៈ​សង្ឃ​នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ​វិញ។ ពួក​គេ​ត្រូវ​ជូន​គ្រឿង​បូជា​ទាំង​នេះ​ទុក​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា។+ ៦ សង្ឃ​ត្រូវ​យក​ឈាម​សត្វ​នៃ​គ្រឿង​បូជា​ទៅ​ប្រោះ​លើ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ ហើយ​យក​ខ្លាញ់​ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។*+ ៧ ពួក​គេ​ត្រូវ​ឈប់​ប្រព្រឹត្ត​ខុស​ឆ្គង​ត​ទៅ​ទៀត+ ដោយ​ជូន​គ្រឿង​បូជា​ដល់​រូប​ព្រះ​ដែល​មាន​រាង​ដូច​ពពែ។+ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​ត​រៀង​ទៅ​»​›។

៨ ​«​អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ថា​៖ ‹បើ​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ជូន​គ្រឿង​បូជា​ដុត​ឬ​គ្រឿង​បូជា​ណា​មួយ ៩ ក្រៅ​ពី​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ចំណោម​បណ្ដា​ជន។+

១០ ​«​‹បើ​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បរិភោគ​ឈាម+ នោះ​ខ្ញុំ​នឹង​មិន​ទទួល​ស្គាល់​អ្នក​នោះ​ជា​ដាច់​ខាត ហើយ​ខ្ញុំ​នឹង​កាត់​អ្នក​នោះ​ចេញ*ពី​ចំណោម​បណ្ដា​ជន។ ១១ ព្រោះ​ជីវិត​ទាំង​ឡាយ​គឺ​នៅ​ក្នុង​ឈាម+ ហើយ​ខ្ញុំ​អនុញ្ញាត​ឲ្យ​ប្រើ​ឈាម​នៅ​លើ​ទី​បូជា+ សម្រាប់​ជម្រះ​ភាព​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា។ ឈាម​ជា​អ្វី​ដែល​ជម្រះ​ភាព​ខុស​ឆ្គង+ ព្រោះ​ជីវិត​នៅ​ក្នុង​ឈាម។ ១២ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​ជា​ដាច់​ខាត ហើយ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ក៏​មិន​ត្រូវ​បរិភោគ​ឈាម​ដែរ​»។+

១៣ ​«​‹បើ​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បរបាញ់​បាន​សត្វ​ព្រៃ​ឬ​សត្វ​ស្លាប​ណា​មួយ​ដែល​អាច​បរិភោគ​បាន អ្នក​នោះ​ត្រូវ​បង្ហូរ​ឈាម​វា+ រួច​យក​ដី​មក​លុប​មុន​នឹង​យក​សត្វ​នោះ​ទៅ​បរិភោគ។ ១៤ ព្រោះ​ជីវិត​ទាំង​ឡាយ​គឺ​នៅ​ក្នុង​ឈាម។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​ជា​ដាច់​ខាត ព្រោះ​ជីវិត​ទាំង​ឡាយ​គឺ​នៅ​ក្នុង​ឈាម។ អ្នក​ណា​ដែល​បរិភោគ​ឈាម អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​»។*+ ១៥ បើ​អ្នក​ស្រុក​ឬ​ជន​បរទេស​ណា​ម្នាក់​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ឯង ឬ​សាច់​សត្វ​ណា​ដែល​សត្វ​សាហាវ​ហែក​ស៊ី+ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ក្រោយ​មក គាត់​នឹង​ទៅ​ជា​ស្អាត​បរិសុទ្ធ។ ១៦ ប៉ុន្តែ បើ​គាត់​មិន​បោក​សម្លៀក​បំពាក់ ងូត​ទឹក​សម្អាត​ខ្លួន​ទេ នោះ​គាត់​នឹង​ទទួល​ទោស​ចំពោះ​កំហុស​របស់​ខ្លួន​ជា​មិន​ខាន›​»។+

១៨ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។+ ៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​តាម​ពួក​អ្នក​ស្រុក​អេហ្ស៊ីប ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​រស់​នៅ ហើយ​ក៏​មិន​ត្រូវ​ប្រព្រឹត្ត​តាម​ពួក​អ្នក​ស្រុក​កាណាន ជា​ស្រុក​ដែល​ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​នោះ​ដែរ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​ដើរ​តាម​គន្លង​របស់​ពួក​គេ​ឡើយ។ ៤ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ក្រឹត្យ​ក្រម និង​បញ្ញត្តិ​របស់​ខ្ញុំ+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ៥ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ​ក្រម​របស់​ខ្ញុំ។ អ្នក​ណា​ដែល​ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​បាន​ជីវិត​ដោយ​សារ​បញ្ញត្តិ​និង​ក្រឹត្យ​ក្រម​ទាំង​នោះ។+ ខ្ញុំ​គឺ​យេហូវ៉ា។

៦ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​សាច់​ញាតិ​ជិត​របស់​ខ្លួន​ឡើយ។+ ខ្ញុំ​គឺ​យេហូវ៉ា។ ៧ អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​ឪពុក​ខ្លួន ហើយ​ក៏​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​ម្ដាយ​ខ្លួន​ដែរ ព្រោះ​នាង​ជា​ម្ដាយ​របស់​អ្នក​រាល់​គ្នា។

៨ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​បន្ទាប់​របស់​ឪពុក​ខ្លួន​ឡើយ។+ បើ​ធ្វើ​ដូច្នេះ នោះ​នាំ​ឲ្យ​ឪពុក​អ្នក​រាល់​គ្នា​រង​សេចក្ដី​អាម៉ាស់​ហើយ។

៩ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​បង​ស្រី​ឬ​ប្អូន​ស្រី​របស់​ខ្លួន​ឡើយ ទោះ​ជា​នាង​ជា​កូន​រួម​ឪពុក ឬ​ជា​កូន​រួម​ម្ដាយ ឬ​កើត​ក្នុង​ក្រុម​គ្រួសារ​ដូច​អ្នក​រាល់​គ្នា ឬ​ក៏​កើត​ក្នុង​ក្រុម​គ្រួសារ​ផ្សេង​ពី​អ្នក​រាល់​គ្នា​ក្ដី។+

១០ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​ចៅ​ស្រី​របស់​ខ្លួន​ឡើយ ទោះ​ជា​នាង​ជា​កូន​របស់​កូន​ប្រុស​ឬ​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​ក្ដី។ បើ​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​បង្ខូច​កិត្តិយស​ខ្លួន​ហើយ។

១១ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​បង​ស្រី​ឬ​ប្អូន​ស្រី​រួម​ឪពុក​ឡើយ ព្រោះ​នាង​ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។

១២ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​មីង​ឬ​អ៊ំ​ស្រី​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​ខាង​ឪពុក​របស់​អ្នក​រាល់​គ្នា។+

១៣ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​មីង​ឬ​អ៊ំ​ស្រី​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​នាង​ជា​សាច់​ឈាម​ខាង​ម្ដាយ​របស់​អ្នក​រាល់​គ្នា។

១៤ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ពូ​ឬ​អ៊ំ​ខាង​ឪពុក​រង​ការ​អាម៉ាស់ ដោយ​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​គាត់​ឡើយ ព្រោះ​នាង​ជា​មីង​ឬ​អ៊ំ​របស់​អ្នក​រាល់​គ្នា។+

១៥ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​កូន​ប្រសា​ស្រី​ខ្លួន​ឡើយ+ ព្រោះ​នាង​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អ្នក​រាល់​គ្នា។

១៦ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​បង​ប្រុស​ឬ​ប្អូន​ប្រុស​ខ្លួន​ឡើយ។+ បើ​ធ្វើ​ដូច្នេះ នោះ​នាំ​ឲ្យ​បង​ប្រុស​ឬ​ប្អូន​ប្រុស​របស់​អ្នក​រាល់​គ្នា​រង​សេចក្ដី​អាម៉ាស់​ហើយ។

១៧ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​ម្ដាយ​ផង​និង​កូន​ផង​នោះ​ឡើយ+ ហើយ​ក៏​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​ចៅ​ស្រី​របស់​នាង​ដែរ ទោះ​ជា​ត្រូវ​ជា​កូន​របស់​កូន​ប្រុស​ឬ​កូន​ស្រី​នាង​ក្ដី ព្រោះ​កូន​ស្រី​និង​ចៅ​ស្រី​នោះ​ជា​សាច់​ញាតិ​ជិត​របស់​នាង។ ទង្វើ​នោះ​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។

១៨ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​បង​ស្រី​ឬ​ប្អូន​ស្រី​ថ្លៃ​ធ្វើ​ជា​ប្រពន្ធ​បន្ទាប់ ហើយ​រួម​ដំណេក​ជា​មួយ​នឹង​នាង កាល​ដែល​ប្រពន្ធ​ខ្លួន​នៅ​រស់​នៅ​ឡើយ។ បើ​ធ្វើ​ដូច្នេះ នាង​ទាំង​ពីរ​ទៅ​ជា​គូ​វិវាទ​នឹង​គ្នា​ហើយ។+

១៩ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ដែល​កំពុង​មាន​រដូវ​ឡើយ។+

២០ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត​ឡើយ។ បើ​ធ្វើ​ដូច្នេះ អ្នក​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ហើយ។+

២១ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​កូន​ចៅ​ខ្លួន​ទៅ​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​ម៉ូឡេក​ឡើយ+ ព្រោះ​ទង្វើ​នោះ​នាំ​ឲ្យ​នាម​ព្រះ​របស់​អ្នក​រាល់​គ្នា​អាប់​ឱន។+ ខ្ញុំ​គឺ​យេហូវ៉ា។

២២ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​បុរស ដូច​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ឡើយ+ ព្រោះ​ទង្វើ​នេះ​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។

២៣ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​សង្វាស​នឹង​សត្វ​ឡើយ ទោះ​អ្នក​រាល់​គ្នា​ជា​ប្រុស​ឬ​ស្រី​ក្ដី។ នេះ​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ហើយ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។+

២៤ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​ទង្វើ​ទាំង​នោះ​ឡើយ ព្រោះ​ប្រជា​ជាតិ​នា​នា​ដែល​ខ្ញុំ​នឹង​បណ្ដេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​ទង្វើ​ទាំង​នោះ។+ ២៥ ហេតុ​នេះ​ហើយ​បាន​ជា​ស្រុក​របស់​ពួក​គេ​មិន​ស្អាត​បរិសុទ្ធ។ ខ្ញុំ​នឹង​ដាក់​ទោស​ពួក​គេ​ចំពោះ​ទង្វើ​ទាំង​នោះ ហើយ​ស្រុក​នោះ​នឹង​ខ្ជាក់​ពួក​គេ​ចេញ។+ ២៦ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បញ្ញត្តិ​និង​ក្រឹត្យ​ក្រម​របស់​ខ្ញុំ+ ហើយ​មិន​ត្រូវ​ប្រព្រឹត្ត​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ទាំង​នោះ​ឡើយ ទោះ​ជា​អ្នក​ស្រុក​ឬ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក្ដី។+ ២៧ ព្រោះ​នេះ​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​លើ​ទឹក​ដី​នោះ​មុន​អ្នក​រាល់​គ្នា+ ហើយ​នាំ​ឲ្យ​ស្រុក​នោះ​មិន​ស្អាត​បរិសុទ្ធ។ ២៨ បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​ពួក​គេ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្ជាក់​ចេញ​ពី​ស្រុក​នោះ ដូច​ជា​ពួក​អ្នក​ស្រុក​នោះ​ឡើយ។ ២៩ បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ទាំង​នេះ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណោម​ជន​រួម​ជាតិ​របស់​ខ្លួន។* ៣០ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បង្គាប់​ខ្ញុំ ដោយ​មិន​ប្រព្រឹត្ត​តាម​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ណា​មួយ​របស់​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា​ឡើយ+ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។

១៩ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ព្រោះ​ខ្ញុំ​បរិសុទ្ធ។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›។+

៣ ​«​‹អ្នក​រាល់​គ្នា​ត្រូវ​គោរព​ឪពុក​និង​ម្ដាយ​របស់​ខ្លួន+ ហើយ​ត្រូវ​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ៤ អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​គោរព​បូជា​ដល់​ព្រះ​ដែល​ឥត​ប្រយោជន៍+ឬ​ធ្វើ​រូប​ព្រះ​ពី​លោហៈ​ទុក​សម្រាប់​ខ្លួន​ឡើយ។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

៥ ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​តាម​របៀប​ត្រឹម​ត្រូវ​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។+ ៦ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​សាច់​នៃ​គ្រឿង​បូជា​នៅ​ថ្ងៃ​ដែល​ជូន និង​នៅ​ថ្ងៃ​បន្ទាប់។ ប៉ុន្តែ សាច់​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឡើយ គឺ​ត្រូវ​ដុត​ចោល​វិញ។+ ៧ បើ​អ្នក​ណា​បរិភោគ​សាច់​ពី​គ្រឿង​បូជា​នោះ​នៅ​ថ្ងៃ​ទី៣ ព្រះ​នឹង​មិន​ពេញ​ចិត្ត​គ្រឿង​បូជា​ដែល​គាត់​បាន​ជូន​ទេ ព្រោះ​ការ​នោះ​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។ ៨ អ្នក​ដែល​បរិភោគ​នោះ​នឹង​ទទួល​ទោស ព្រោះ​គាត់​បាន​ធ្វើ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ទៅ​ជា​អាប់​ឱន ហើយ​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណោម​ជន​រួម​ជាតិ​របស់​គាត់។*

៩ ​«​‹កាល​ណា​អ្នក​រាល់​គ្នា​ប្រមូល​ផល​ដំណាំ​ពី​ស្រែ​ចម្ការ​របស់​ខ្លួន នោះ​មិន​ត្រូវ​ប្រមូល​ផល​ឲ្យ​អស់​ពី​ជាយ​ដី​ស្រែ​ចម្ការ​ឡើយ ហើយ​ក្រោយ​ពី​ប្រមូល​ផល​ដំណាំ​ក៏​មិន​ត្រូវ​រើស​អ្វី​ដែល​សល់​ដែរ។+ ១០ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រមូល​ផល​ដែល​នៅ​សល់​ពី​ចម្ការ​ទំពាំង​បាយ​ជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​ឡើយ តែ​ត្រូវ​ទុក​ឲ្យ​ពួក​អ្នក​ក្រី​ក្រ+និង​ជន​បរទេស​វិញ។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

១១ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច+ ឬ​បន្លំ+ ឬ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់​នឹង​អ្នក​ឯ​ទៀត​ឡើយ។ ១២ អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្បថ​មិន​ពិត​ដោយ​នូវ​នាម​របស់​ខ្ញុំ​ឡើយ+ ព្រោះ​នោះ​នាំ​ឲ្យ​នាម​ខ្ញុំ​អាប់​ឱន។ ខ្ញុំ​គឺ​យេហូវ៉ា។ ១៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​ឆបោក​អ្នក​ឯទៀត+ ហើយ​ក៏​មិន​ត្រូវ​ប្លន់​គេ​ដែរ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​ទុក​ប្រាក់​ឈ្នួល​កម្មករ​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ។+

១៤ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ជេរ​ប្រមាថ​មនុស្ស​ថ្លង់ ឬ​ដាក់​អ្វី​មួយ​ឃាំង​ផ្លូវ​មនុស្ស​ងងឹត​ភ្នែក​ឡើយ។+ អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច​ព្រះ​របស់​ខ្លួន។+ ខ្ញុំ​គឺ​យេហូវ៉ា។

១៥ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ ដោយ​បង្ហាញ​សេចក្ដី​លម្អៀង​ទៅ​លើ​អ្នក​ក្រី​ក្រ ឬ​បង្ហាញ​ការ​យោគ​យល់​ទៅ​លើ​ពួក​អ្នក​មាន​នោះ​ទេ។+ អ្នក​រាល់​គ្នា​ត្រូវ​កាត់​ក្ដី​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​យុត្តិធម៌​វិញ។

១៦ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ដើរ​និយាយ​បង្កាច់​បង្ខូច​អ្នក​ណា​ទេ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​រក​វិធី​សម្លាប់​អ្នក​ឯ​ទៀត​ឡើយ។*+ ខ្ញុំ​គឺ​យេហូវ៉ា។

១៧ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្អប់​បង​ប្អូន​ខ្លួន​នៅ​ក្នុង​ចិត្ត​ឡើយ+ តែ​ត្រូវ​ប្រដៅ​តម្រង់​គាត់​វិញ+ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទោស​ជា​មួយ​នឹង​គាត់​ដែរ។

១៨ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​សង​សឹក+ឬ​ចង​គំនុំ​នឹង​អ្នក​ឯ​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​អ្នក​ឯ​ទៀត​ដូច​ខ្លួន​ឯង​ដែរ។+ ខ្ញុំ​គឺ​យេហូវ៉ា។

១៩ ​«​‹អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​សត្វ​ស្រុក​ពីរ​ប្រភេទ​មក​បង្កាត់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​សាប​ព្រោះ​ពូជ​ពីរ​ប្រភេទ​ក្នុង​ស្រែតែ​មួយ​ដែរ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ដែល​ត្បាញ​ពី​អំបោះ​ពីរ​យ៉ាង​ទេ។+

២០ ​«​‹បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ស្រី​ជា​អ្នក​បម្រើ​ដែល​បាន​ត្រូវ​សន្យា​លើក​ឲ្យ​បុរស​ម្នាក់​ទៀត តែ​នាង​មិន​ទាន់​មាន​គេ​លោះ​ឬ​ទទួល​សេរី​ភាព​ទេ បុរស​និង​ស្រី​ជា​អ្នក​បម្រើ​នោះ​ត្រូវ​ទទួល​ទោស​តែ​មិន​ដល់​ស្លាប់​ទេ ព្រោះ​នាង​នៅ​ជា​អ្នក​បម្រើ​នៅ​ឡើយ។ ២១ បុរស​នោះ​ត្រូវ​យក​ចៀម​ឈ្មោល​ទៅ​ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​របស់​គាត់ នៅ​ច្រក​ចូល​ត្រសាល​ជំនុំ។+ ២២ តាម​រយៈ​ចៀម​ឈ្មោល​ជា​គ្រឿង​បូជា​នោះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បុរស​នោះ នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ យ៉ាង​នេះ គាត់​នឹង​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​គាត់។

២៣ ​«​‹កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​សន្យា ហើយ​អ្នក​រាល់​គ្នា​ដាំ​ដំណាំ​ហូប​ផ្លែ​ប្រភេទ​ណា​មួយ អ្នក​ត្រូវ​ចាត់​ទុក​ផ្លែ​នៃ​ដើម​នោះ​ថា​មិន​ស្អាត​បរិសុទ្ធ និង​ជា​របស់​ហាមឃាត់។ ក្នុង​រយៈ​ពេល​បី​ឆ្នាំ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ផល​ផ្លែ​ទាំង​នេះ​ថា​មិន​ស្អាត​បរិសុទ្ធ។ អ្នក​មិន​ត្រូវ​បរិភោគ​ឡើយ។ ២៤ ប៉ុន្តែ នៅ​ឆ្នាំ​ទី​៤ ផល​ផ្លែ​ទាំង​អស់​នឹង​បាន​ស្អាត​បរិសុទ្ធ សម្រាប់​ជូន​ព្រះ​យេហូវ៉ា​ដោយ​អំណរ។+ ២៥ លុះ​ដល់​ឆ្នាំ​ទី​៥ អ្នក​រាល់​គ្នា​អាច​បរិភោគ​ផល​ផ្លែ​ទាំង​នោះ​បាន ហើយ​ប្រមូល​ផល​ដូច​ផល​ដំណាំ​ឯ​ទៀត​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

២៦ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មាន​ឈាម​ឲ្យ​សោះ។+

​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រក​មើល​ប្រផ្នូល​ឬ​ធ្វើ​វេទមន្ត​ឡើយ។+

២៧ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​កោរ​ជើង​សក់ ឬ​កាត់​តម្រឹម​ពុក​ចង្កា​ខ្លួន​ឡើយ។+

២៨ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ឆូត​សាច់​ខ្លួន​ដើម្បី​កាន់​ទុក្ខ​មនុស្ស​ស្លាប់+ ហើយ​ក៏​មិន​ត្រូវ​សាក់​លើ​ខ្លួន​ដែរ។ ខ្ញុំ​គឺ​យេហូវ៉ា។

២៩ ​«​‹កុំ​បង្ខូច​កិត្តិយស​កូន​ស្រី​ខ្លួន​ដោយ​ឲ្យ​នាង​ធ្វើ​ជា​ស្រី​ពេស្យា​ឡើយ+ ដើម្បី​កុំ​ឲ្យ​ស្រុក​នោះ​ពេញ​ទៅ​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌​និង​មាន​សីលធម៌​ធូរ​រលុង។+

៣០ ​«​‹អ្នក​រាល់​គ្នា​ត្រូវ​កាន់​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ+ ហើយ​ត្រូវ​គោរព​កន្លែង​បរិសុទ្ធ​របស់​ខ្ញុំ។ ខ្ញុំ​គឺ​យេហូវ៉ា។

៣១ ​«​‹កុំ​ទៅ​រក​គ្រូ​ខាប+ឬ​គ្រូ​ទាយ+ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​ពួក​គេ។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

៣២ ​«​‹អ្នក​រាល់​គ្នា​ត្រូវ​ក្រោក​ឡើង​គោរព​មនុស្ស​ចាស់​សក់​ស្កូវ+ ហើយ​ត្រូវ​ផ្ដល់​កិត្តិយស​ដល់​មនុស្ស​មាន​វ័យ​ចម្រើន។+ អ្នក​រាល់​គ្នា​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​របស់​ខ្លួន។+ ខ្ញុំ​គឺ​យេហូវ៉ា។

៣៣ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​បាប​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ឡើយ។+ ៣៤ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​ជា​ជន​រួម​ជាតិ​របស់​ខ្លួន+ ហើយ​ត្រូវ​ស្រឡាញ់​ពួក​គេ​ដូច​ស្រឡាញ់​ខ្លួន​អ្នក ព្រោះ​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​ដែរ។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

៣៥ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់ ពេល​ដែល​វាស់ វាល់ ឬ​ថ្លឹង​អ្វី​ឡើយ។+ ៣៦ អ្នក​រាល់​គ្នា​ត្រូវ​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ និង​កូន​ជញ្ជីង​គ្រប់​ទម្ងន់ ព្រម​ទាំង​ប្រើ​រង្វាល់​វត្ថុ​រាវ​និង​រង្វាល់​វត្ថុ​ស្ងួត*ត្រឹម​ត្រូវ​ដែរ។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​អ្នក​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក។ ៣៧ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បញ្ញត្តិ​និង​ក្រឹត្យ​ក្រម​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។+ ខ្ញុំ​គឺ​យេហូវ៉ា›​»។

២០ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថែម​ទៀត​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​រាល់​គ្នា​ឬ​ជន​បរទេស​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​កូន​ចៅ​របស់​ខ្លួន​ទៅ​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​ម៉ូឡេក អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ បណ្ដា​ជន​ត្រូវ​គប់​ដុំ​ថ្ម​សម្លាប់​អ្នក​នោះ។ ៣ ខ្ញុំ​នឹង​ប្រឆាំង​នឹង​អ្នក​នោះ ហើយ​សម្លាប់​គាត់* ព្រោះ​គាត់​បាន​ជូន​កូន​ចៅ​ខ្លួន​ដល់​ព្រះ​ម៉ូឡេក ព្រម​ទាំង​បង្អាប់​កន្លែង​បរិសុទ្ធ​របស់​ខ្ញុំ+ ហើយ​ធ្វើ​ឲ្យ​នាម​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន។ ៤ បើ​បណ្ដា​ជន​ឃើញ​បុរស​ម្នាក់​ជូន​កូន​ចៅ​ខ្លួន​ដល់​ព្រះ​ម៉ូឡេក ហើយ​ធ្វើ​មិន​ដឹង​មិន​ឮ ថែម​ទាំង​មិន​បាន​សម្លាប់​បុរស​នោះ​ទេ+ ៥ នោះ​ខ្ញុំ​ផ្ទាល់​នឹង​ប្រឆាំង​នឹង​បុរស​នោះ​និង​ក្រុម​គ្រួសារ​គាត់+ ហើយ​សម្លាប់​បុរស​នោះ​និង​អស់​អ្នក​ដែល​រួម​ចំណែក​ជា​មួយ​នឹង​គាត់ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ពិត* ដោយ​គោរព​បូជា​ដល់​ព្រះ​ម៉ូឡេក។

៦ ​«​‹បើ​អ្នក​ណា​ទៅ​រក​គ្រូ​ខាប+ឬ​គ្រូ​ទាយ+ អ្នក​នោះ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ពិត*ហើយ។ ខ្ញុំ​នឹង​ប្រឆាំង​នឹង​អ្នក​នោះ ហើយ​ខ្ញុំ​នឹង​សម្លាប់​គាត់។+

៧ ​«​‹អ្នក​រាល់​គ្នា​ត្រូវ​ស្អាត​ស្អំ​និង​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ៨ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ។+

៩ ​«​‹បើ​អ្នក​ណា​ជេរ​ប្រមាថ​ឪពុក​ឬ​ម្ដាយ​ខ្លួន អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន+ ហើយ​អ្នក​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន។

១០ ​«​‹ស្ដី​អំពី​អំពើ​ផិត​ក្បត់ មាន​ច្បាប់​ដូច​ត​ទៅ​៖ បើ​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត បុរស​និង​ស្ត្រី​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ១១ បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​ឪពុក​ខ្លួន បុរស​នោះ​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​រង​សេចក្ដី​អាម៉ាស់​ហើយ។+ បុរស​និង​ស្ត្រី​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន ហើយ​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន។ ១២ បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​កូន​ប្រសា​ស្រី​របស់​ខ្លួន បុរស​និង​ស្ត្រី​នោះ​ត្រូវ​ស្លាប់ ព្រោះ​នេះ​ជា​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។ ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន។+

១៣ ​«​‹បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​បុរស ដូច​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី បុរស​ទាំង​ពីរ​នោះ​ត្រូវ​ស្លាប់ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។+ ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន។

១៤ ​«​‹បើ​បុរស​ណា​ម្នាក់​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់ ហើយ​ថែម​ទាំង​រួម​ដំណេក​ជា​មួយ​នឹង​ម្ដាយ​របស់​នាង នោះ​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។+ អ្នក​រាល់​គ្នា​ត្រូវ​ដុត​ពួក​គេ​ចោល+ ដើម្បី​កុំ​ឲ្យ​ទង្វើ​នេះ​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

១៥ ​«​‹បើ​បុរស​ណា​រួម​សង្វាស​នឹង​សត្វ គាត់​ត្រូវ​ស្លាប់។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​សម្លាប់​សត្វ​នោះ​ដែរ។+ ១៦ បើ​ស្ត្រី​ណា​រួម​សង្វាស​នឹង​សត្វ+ ត្រូវ​សម្លាប់​ទាំង​ស្ត្រី​ទាំង​សត្វ​នោះ​ចោល។ អស់​អ្នក​ដែល​ធ្វើ​ដូច្នោះ ត្រូវ​ស្លាប់​ជា​មិន​ខាន ហើយ​ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន។

១៧ ​«​‹បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​បង​ស្រី​ឬ​ប្អូន​ស្រី​ខ្លួន ទោះ​ជា​នាង​ជា​បង​ប្អូន​រួម​ឪពុក​ឬ​រួម​ម្ដាយ​ក្ដី បុរស​និង​ស្ត្រី​នោះ​នឹង​ត្រូវ​សម្លាប់​នៅ​មុខ​បណ្ដា​ជន ព្រោះ​នេះ​ជា​ទង្វើ​ដ៏​អាម៉ាស់​ក្រៃ​លែង។+ បុរស​នោះ​បាន​បង្ខូច​កិត្តិយស​បង​ស្រី​ឬ​ប្អូន​ស្រី​ខ្លួន​ហើយ។ ដូច្នេះ គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។

១៨ ​«​‹បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​ដែល​កំពុង​មាន​រដូវ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​ស្លាប់ ព្រោះ​ពួក​គេ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ឈាម​ទេ។+

១៩ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​រួម​ដំណេក​ជា​មួយ​នឹង​មីង​ឬ​អ៊ំ​ស្រី​ខ្លួន​ឡើយ ទោះ​ជា​ខាង​ឪពុក​ឬ​ខាង​ម្ដាយ​ក្ដី ព្រោះ​នេះ​ធ្វើ​ឲ្យ​សាច់​ញាតិ​ខ្លួន​រង​សេចក្ដី​អាម៉ាស់​ហើយ។+ ដូច្នេះ ទាំង​បុរស​ទាំង​ស្ត្រី​ត្រូវ​ទទួល​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន។ ២០ បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​ពូ​ឬ​អ៊ំ​ខ្លួន បុរស​នោះ​នាំ​ឲ្យ​ពូ​ឬ​អ៊ំ​រង​សេចក្ដី​អាម៉ាស់​ហើយ។+ បុរស​និង​ស្ត្រី​នោះ​ត្រូវ​ទទួល​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន គឺ​ពួក​គេ​ត្រូវ​ស្លាប់។ ពួក​គេ​នឹង​គ្មាន​កូន​ទេ។ ២១ បើ​បុរស​ណា​យក​ប្រពន្ធ​របស់​បង​ប្រុស​ឬ​ប្អូន​ប្រុស​ខ្លួន បុរស​នោះ​នាំ​ឲ្យ​បង​ឬ​ប្អូន​ខ្លួន​រង​សេចក្ដី​អាម៉ាស់​ហើយ។ នេះ​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់។+ ដូច្នេះ បុរស​និង​ស្ត្រី​នោះ​ត្រូវ​ស្លាប់។ ពួក​គេ​នឹង​គ្មាន​កូន​ទេ។

២២ ​«​‹អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​បញ្ញត្តិ​និង​ក្រឹត្យ​ក្រម​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ+ ដើម្បី​កុំ​ឲ្យ​ស្រុក​ដែល​ខ្ញុំ​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ​នោះ ខ្ជាក់​អ្នក​រាល់​គ្នា​ចេញ។+ ២៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​តាម​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​ប្រជា​ជាតិ​ដែល​ខ្ញុំ​នឹង​បណ្ដេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ+ ព្រោះ​ខ្ញុំ​ខ្ពើម​ឆ្អើម​ការ​ប្រព្រឹត្ត​ទាំង​នោះ​ណាស់។+ ២៤ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​របស់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា​ជា​មត៌ក ជា​ទឹក​ដី​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​សម្បូរ​ហូរហៀរ។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​អ្នក​ដែល​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ប្រជា​ជាតិ​ទាំង​នោះ​»។+ ២៥ អ្នក​រាល់​គ្នា​ត្រូវ​ចេះ​សម្គាល់​ថា​សត្វ​ណា​ជា​សត្វ​ស្អាត​បរិសុទ្ធ និង​សត្វ​ណា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ ទោះ​ជា​សត្វ​ជើង​បួន សត្វ​ស្លាប ឬ​សត្វ​លូន​វារ​ក្ដី។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​សត្វ​ណា​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​ឲ្យ​ចាត់​ទុក​ថា​មិន​ស្អាត​បរិសុទ្ធ​ឡើយ។+ ២៦ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ព្រោះ​ខ្ញុំ​បរិសុទ្ធ។ ខ្ញុំ​គឺ​យេហូវ៉ា+ ខ្ញុំ​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា​ជាតិ​នា​នា ដើម្បី​ធ្វើ​ជា​រាស្ត្រ​របស់​ខ្ញុំ។+

២៧ ​«​‹បើ​អ្នក​ណា​ម្នាក់​ធ្វើ​ជា​គ្រូ​ខាប​ឬ​ជា​គ្រូ​ទាយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ បណ្ដា​ជន​ត្រូវ​គប់​ដុំ​ថ្ម​សម្លាប់​អ្នក​នោះ ហើយ​អ្នក​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​របស់​ខ្លួន›​»។

២១ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​ពួក​សង្ឃ​ជា​កូន​ចៅ​អេរ៉ុន​ថា​៖ ‹អ្នក​រាល់​គ្នា​ជា​សង្ឃ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​សាក​សព​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ជន​រួម​ជាតិ​ខ្លួន​ឡើយ+ ២ លើក​លែង​តែ​សាច់​ញាតិ​ជិត ដូច​ជា​ឪពុក ម្ដាយ កូន​ប្រុស កូន​ស្រី បង​ប្រុស ឬ​ប្អូន​ប្រុស ៣ ព្រម​ទាំង​បង​ស្រី​ឬ​ប្អូន​ស្រី​នៅ​ក្រមុំ​បរិសុទ្ធ​និង​នៅ​ជិត ហើយ​មិន​ទាន់​រៀប​ការ។ ៤ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​និង​ស្មោក​គ្រោក ដោយ​សារ​សាក​សព​ស្ត្រី​ដែល​មាន​ប្ដី​ក្នុង​ចំណោម​ជន​រួម​ជាតិ​ខ្លួន​នោះ​ទេ។ ៥ អ្នក​រាល់​គ្នា​មិន​ត្រូវ​កោរ​សក់+ កាត់​តម្រឹម​ពុក​ចង្កា ឬ​ឆូត​សាច់​ខ្លួន​ឡើយ។+ ៦ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ​ចំពោះ​ព្រះ​របស់​អ្នក​រាល់​គ្នា+ ហើយ​មិន​ត្រូវ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា​អាប់​ឱន​ឡើយ+ ព្រោះ​អ្នក​រាល់​គ្នា​ជា​អ្នក​ដុត​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា ដែល​ជា​អាហារ*របស់​លោក។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ។+ ៧ អ្នក​រាល់​គ្នា​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ពេស្យា+ ស្ត្រី​ដែល​បាត់​បង់​ភាព​បរិសុទ្ធ ឬ​ស្ត្រី​ប្ដី​លែង​ឡើយ+ ព្រោះ​សង្ឃ​ត្រូវ​តែ​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ។ ៨ ឯ​អ្នក​រាល់​គ្នា​ជា​បណ្ដា​ជន​អ៊ីស្រាអែល​វិញ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សង្ឃ​ជា​បរិសុទ្ធ+ ព្រោះ​គាត់​ជា​អ្នក​ជូន​អាហារ*ដល់​ព្រះ។ គាត់​ត្រូវ​តែ​បរិសុទ្ធ​ចំពោះ​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​បរិសុទ្ធ ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ។+

៩ ​«​‹បើ​កូន​ស្រី​របស់​សង្ឃ​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ដោយ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ នាង​ធ្វើ​ឲ្យ​ឪពុក​អាប់​ឱន​កិត្តិយស​ហើយ។ នាង​នឹង​ត្រូវ​គេ​សម្លាប់ ហើយ​ដុត​ចោល។+

១០ ​«​‹ឯ​សង្ឃ​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​បង​ប្អូន​គាត់ ហើយ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តែង​តាំង+ឲ្យ​បំពេញ​តួ​នាទី​ជា​សម្ដេច​សង្ឃ​និង​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ+ គាត់​មិន​ត្រូវ​ទុក​សក់​ឲ្យ​គ្មាន​របៀប ហើយ​ក៏​មិន​ត្រូវ​ហែក​សម្លៀក​បំពាក់​ខ្លួន​ឡើយ។+ ១១ គាត់​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក​សព​ណា​មួយ​ឡើយ+ សូម្បី​តែ​សាក​សព​ឪពុក​ឬ​ម្ដាយ​ក៏​គាត់​មិន​ត្រូវ​ចូល​ទៅ​ជិត​ដែរ ដើម្បី​កុំ​ឲ្យ​គាត់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។ ១២ គាត់​មិន​ត្រូវ​ចេញ​ពី​កន្លែង​បរិសុទ្ធ ហើយ​មិន​ត្រូវ​ធ្វើ​ឲ្យ​កន្លែង​បរិសុទ្ធ​របស់​ព្រះ​នៃ​គាត់​អាប់​ឱន​ឡើយ+ ព្រោះ​គាត់​បាន​ទទួល​ការ​ចាក់​ប្រេង​តែង​តាំង​ពី​ព្រះ+ ដែល​ជា​សញ្ញា​សម្គាល់​នៃ​ការ​ប្រគល់​ខ្លួន។ ខ្ញុំ​គឺ​យេហូវ៉ា។

១៣ ​«​‹គាត់​ត្រូវ​យក​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ធ្វើ​ជា​ប្រពន្ធ។+ ១៤ គាត់​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​មេ​ម៉ាយ ស្ត្រី​ប្ដី​លែង ស្ត្រី​ដែល​បាត់​បង់​ភាព​បរិសុទ្ធ ឬ​ស្ត្រី​ពេស្យា​ឡើយ។ ប៉ុន្តែ គាត់​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ពី​ចំណោម​ជន​រួម​ជាតិ​របស់​គាត់។ ១៥ គាត់​មិន​ត្រូវ​ធ្វើ​ឲ្យ​កូន​ចៅ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​គាត់​ឡើយ+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​ជា​អ្នក​ញែក​គាត់​ជា​បរិសុទ្ធ›​»។

១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ១៧ ​«​ចូរ​ប្រាប់​អេរ៉ុន​ថា​៖ ‹កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​គ្រប់​ជំនាន់ ដែល​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ ចូល​ទៅ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​ខ្លួន​ឡើយ។ ១៨ បើ​អ្នក​ណា​ម្នាក់​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ គាត់​មិន​អាច​ចូល​ទៅ​ជូន​គ្រឿង​បូជា​បាន​ទេ ដូច​ជា​អ្នក​ងងឹត​ភ្នែក ពិការ​ជើង ច្រមុះ​ឆែប ដៃ​ជើង​មិន​ស្មើ​គ្នា ១៩ អ្នក​បាក់​ដៃ​បាក់​ជើង ២០ អ្នក​គម​ខ្នង អ្នក​តឿ* អ្នក​មាន​ជំងឺ​ភ្នែក ជំងឺ​សើ​ស្បែក កើត​ស្រែង ឬ​ខូច​ប្រដាប់​បន្ត​ពូជ។+ ២១ ដូច្នេះ មិន​ត្រូវ​ឲ្យ​កូន​ចៅ​អេរ៉ុន​ជា​សង្ឃ​ណា​ម្នាក់​ដែល​មាន​កាយ​សម្បទា​ខុស​ប្រក្រតី ចូល​ទៅ​ដុត​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា​ឡើយ លុះ​ត្រា​តែ​គាត់​មាន​កាយ​សម្បទា​ពេញ​លក្ខណៈ។ ២២ គាត់​អាច​បរិភោគ​គ្រឿង​បូជា​របស់​ព្រះ​បាន គឺ​ពី​អ្វី​ដែល​បរិសុទ្ធ+ និង​ពី​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ២៣ ប៉ុន្តែ គាត់​មិន​អាច​ចូល​ទៅ​ជិត​វាំងនន+និង​ទី​បូជា​បាន​ទេ+ ព្រោះ​គាត់​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ។ គាត់​មិន​ត្រូវ​ធ្វើ​ឲ្យ​កន្លែង​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន​ឡើយ+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​ជា​អ្នក​ញែក​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ›​»។+

២៤ ដូច្នេះ ម៉ូសេ​ក៏​ប្រាប់​អ្វី​ទាំង​នេះ​ដល់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​អេរ៉ុន ព្រម​ទាំង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់។

២២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថែម​ទៀត​ទៅ​កាន់​ម៉ូសេ​ថា​៖ ២ ​«​ចូរ​ប្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជូន​គ្រឿង​បូជា​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​យក​មក​ឲ្យ​ខ្ញុំ+ ដើម្បី​មិន​ធ្វើ​ឲ្យ​នាម​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន​ឡើយ។+ ខ្ញុំ​គឺ​យេហូវ៉ា។ ៣ ចូរ​ប្រាប់​ពួក​គាត់​ថា​៖ ‹នៅ​គ្រប់​ជំនាន់​ត​ទៅ កុំ​ឲ្យ​កូន​ចៅ​ណា​ម្នាក់​របស់​អ្នក​រាល់​គ្នា​ដែល​មិន​ស្អាត​បរិសុទ្ធ ចូល​ទៅ​ជិត​គ្រឿង​បូជា​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ញែក​ទុក​ជូន​ព្រះ​យេហូវ៉ា​នោះ​ឡើយ។ បើ​អ្នក​ណា​ចូល​ទៅ​ជិត អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ៤ បើ​កូន​ចៅ​អេរ៉ុន​ណា​ម្នាក់ កើត​ជំងឺ​ឃ្លង់+ ឬ​ហូរ​ខ្ទុះ+ អ្នក​នោះ​មិន​អាច​បរិភោគ​អ្វី​ដែល​បរិសុទ្ធ​បាន​ឡើយ ទាល់​តែ​គាត់​បាន​ស្អាត​បរិសុទ្ធ​សិន។+ បើ​គាត់​ចេញ​ទឹក​កាម+ ឬ​ប៉ះ​អ្នក​ណា​ម្នាក់​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​អ្នក​នោះ​ប៉ះ​សាក​សព+ នោះ​គាត់​ក៏​មិន​អាច​បរិភោគ​បាន​ដែរ។ ៥ បើ​គាត់​ប៉ះ​សត្វ​ល្អិត​ដែល​មិន​ស្អាត​បរិសុទ្ធ+ ឬ​ប៉ះ​បុគ្គល​ណា​ម្នាក់​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​មូលហេតុ​ណា​មួយ ដែល​អាច​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ+ ៦ នោះ​គាត់​នឹង​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ គាត់​មិន​អាច​បរិភោគ​អ្វី​ដែល​បរិសុទ្ធ​បាន​ទេ ហើយ​គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន។+ ៧ ក្រោយ​ថ្ងៃ​លិច គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ ហើយ​អាច​បរិភោគ​ចំណែក​ខ្លះ​ពី​អ្វី​ដែល​បរិសុទ្ធ​បាន ព្រោះ​នោះ​ជា​អាហារ​របស់​គាត់។+ ៨ បន្ថែម​ទៀត គាត់​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​ងាប់​ឯង ឬ​សត្វ​ដែល​ត្រូវ​សត្វ​សាហាវ​ហែក​ស៊ី​នោះ​ឡើយ ព្រោះ​នោះ​នឹង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។+ ខ្ញុំ​គឺ​យេហូវ៉ា។

៩ ​«​‹ពួក​គេ​ត្រូវ​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ធ្វើ​ខុស​ឆ្គង ហើយ​ត្រូវ​ស្លាប់​ព្រោះ​តែ​ពួក​គេ​ធ្វើ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ជា​អាប់​ឱន។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​ពួក​គេ​ជា​បរិសុទ្ធ។

១០ ​«​‹ឯ​អ្នក​ផ្សេង​ដែល​គ្មាន​សិទ្ធិ* ឬ​ជន​បរទេស​ដែល​ជា​ភ្ញៀវ​របស់​សង្ឃ ឬ​កម្មករ​ដែល​គេ​ជួល អ្នក​ទាំង​នោះ​មិន​អាច​បរិភោគ​អ្វី​ដែល​បរិសុទ្ធ​បាន​ឡើយ។+ ១១ ប៉ុន្តែ អ្នក​ដែល​សង្ឃ​បាន​ទិញ​ដោយ​ប្រាក់ និង​ពួក​អ្នក​បម្រើ​ដែល​កើត​ក្នុង​ផ្ទះ​របស់​គាត់​អាច​បរិភោគ​អាហារ​ទាំង​នោះ​បាន។+ ១២ បើ​កូន​ស្រី​របស់​សង្ឃ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់​ដែល​មិន​មែន​ជា​សង្ឃ នាង​មិន​អាច​បរិភោគ​ចំណែក​ពី​អ្វី​ដែល​បរិសុទ្ធ​នោះ​បាន​ទេ។ ១៣ ប៉ុន្តែ បើ​កូន​ស្រី​នោះ​លែង​លះ​គ្នា​ឬ​ទៅ​ជា​មេ​ម៉ាយ​ទាំង​គ្មាន​កូន ហើយ​ត្រឡប់​មក​ផ្ទះ​របស់​ឪពុក​នាង​វិញ​ដូច​កាល​ដែល​នាង​នៅ​ក្មេង នោះ​នាង​អាច​បរិភោគ​ចំណែក​ពី​អាហារ​របស់​ឪពុក​បាន។+ ប៉ុន្តែ អ្នក​ផ្សេង​ដែល​គ្មាន​សិទ្ធិ មិន​អាច​បរិភោគ​បាន​ឡើយ។

១៤ ​«​‹បើ​អ្នក​ណា​ម្នាក់​ច្រឡំ​បរិភោគ​អ្វី​ដែល​បរិសុទ្ធ អ្នក​នោះ​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​អ្វី​នោះ ហើយ​ជូន​គ្រឿង​បូជា​បរិសុទ្ធ​ដល់​សង្ឃ។+ ១៥ ពួក​សង្ឃ​មិន​ត្រូវ​ធ្វើ​ឲ្យ​គ្រឿង​បូជា​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ជូន​ព្រះ​យេហូវ៉ា​ទៅ​ជា​អាប់​ឱន​ឡើយ។+ ១៦ ពួក​គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​បណ្ដា​ជន​មាន​ទោស​ដោយ​សារ​តែ​ការ​បរិភោគ​គ្រឿង​បូជា​បរិសុទ្ធ​ឡើយ។ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​ពួក​គេ​ជា​បរិសុទ្ធ›​»។

១៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ១៨ ​«​ចូរ​ប្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ព្រម​ទាំង​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ជន​បរទេស​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​គ្រឿង​បូជា​ដុត+ទៅ​ជូន​ព្រះ​យេហូវ៉ា​ដើម្បី​លា​សម្បថ​ឬ​ជូន​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត+ ១៩ នោះ​គាត់​ត្រូវ​ជូន​សត្វ​ឈ្មោល​ដែល​ល្អ​ឥត​ខ្ចោះ+ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ២០ អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​សត្វ​ណា​ដែល​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ​ឡើយ+ ព្រោះ​ព្រះ​មិន​ពេញ​ចិត្ត​នឹង​គ្រឿង​បូជា​បែប​នោះ​ទេ។

២១ ​«​‹បើ​អ្នក​ណា​ម្នាក់​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ដល់​ព្រះ​យេហូវ៉ា​ដើម្បី​លា​សម្បថ ឬ​ដើម្បី​ជូន​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត អ្នក​នោះ​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ប៉ុន្តែ មិន​ត្រូវ​ជូន​សត្វ​ណា​ដែល​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ​ឡើយ ២២ ដូច​ជា​សត្វ​ដែល​ខ្វាក់​ភ្នែក បាក់​ឆ្អឹង មាន​របួស ឬ​ជំងឺ​សើ​ស្បែក កើត​ឫស ឬ​កើត​ស្រែង​ជា​ដើម។ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​សត្វ​បែប​នោះ​មក​ជូន​ព្រះ​យេហូវ៉ា ឬ​ដុត​ជា​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ជា​ដាច់​ខាត។ ២៣ ឯ​គោ​ឈ្មោល​ឬ​ចៀម​ដែល​មាន​ជើង​ម្ខាង​វែង​ពេក​ឬ​ខ្លី​ពេក អ្នក​រាល់​គ្នា​អាច​ជូន​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត​បាន តែ​មិន​អាច​ជូន​ជា​គ្រឿង​បូជា​លា​សម្បថ​ទេ ព្រោះ​ព្រះ​មិន​ពេញ​ចិត្ត​គ្រឿង​បូជា​បែប​នោះ​ឡើយ។ ២៤ អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​ព្រះ​យេហូវ៉ា​នូវ​សត្វ​ដែល​មាន​ពង​ខូច ឬ​បែក ឬ​គ្រៀវ​ឡើយ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​សត្វ​បែប​នេះ​នៅ​ក្នុង​ស្រុក​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត។ ២៥ អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ទាំង​នោះ​ពី​ជន​បរទេស មក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​សត្វ​ទាំង​នោះ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​មិន​ពេញ​លក្ខណៈ។ ព្រះ​នឹង​មិន​ទទួល​សត្វ​ទាំង​នោះ​ពី​អ្នក​រាល់​គ្នា​ទេ›​»។

២៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៧ ​«​ពេល​គោ​ឈ្មោល​ឬ​ចៀម​ឈ្មោល​ឬ​កូន​ពពែ​កើត​មក ត្រូវ​ឲ្យ​វា​នៅ​ជា​មួយ​នឹង​មេ​វា​អស់​រយៈ​ពេល​៧​ថ្ងៃ+ តែ​ចាប់​ពី​ថ្ងៃ​ទី​៨​ឡើង​ទៅ អ្នក​រាល់​គ្នា​អាច​យក​វា​ទៅ​ដុត​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​បាន។ លោក​នឹង​ពេញ​ចិត្ត​គ្រឿង​បូជា​នោះ។ ២៨ អ្នក​រាល់​គ្នា​មិន​ត្រូវ​សម្លាប់​គោ​ឬ​ចៀម​ទាំង​មេ​ទាំង​កូន នៅ​ថ្ងៃ​តែ​មួយ​ឡើយ។+

២៩ ​«​បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​សម្រាប់​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​តាម​របៀប​ដែល​ព្រះ​ពេញ​ចិត្ត។ ៣០ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​គ្រឿង​បូជា​នៅ​ថ្ងៃ​នោះ​តែ​ម្ដង មិន​ត្រូវ​ទុក​ដល់​ព្រឹក​ស្អែក​ឡើយ។+ ខ្ញុំ​គឺ​យេហូវ៉ា។

៣១ ​«​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​អស់​ទាំង​បញ្ញត្តិ​របស់​ខ្ញុំ។+ ខ្ញុំ​គឺ​យេហូវ៉ា។ ៣២ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​នាម​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន​ឡើយ។+ បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​គោរព​ខ្ញុំ។*+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ+ ៣៣ ហើយ​ជា​អ្នក​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។+ ខ្ញុំ​គឺ​យេហូវ៉ា​»។

២៣ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹មាន​ពិធី​បុណ្យ​ផ្សេង​ៗ​+ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ប្រកាស។+ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​លោក។ ពិធី​បុណ្យ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖

៣ ​«​‹អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​៦​ថ្ងៃ​បាន តែ​នៅ​ថ្ងៃ​ទី​៧​ជា​ថ្ងៃ​ឈប់​សម្រាក​ទាំង​ស្រុង។+ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​រស់​នៅ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ជូន​លោក។+

៤ ​«​‹នេះ​ជា​ពិធី​បុណ្យ​ផ្សេង​ៗ​របស់​ព្រះ​យេហូវ៉ា គឺ​កិច្ច​ប្រជុំ​បរិសុទ្ធ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​នៅ​ពេល​កំណត់។ បុណ្យ​ទាំង​នោះ​គឺ ៥ នា​ល្ងាច*ថ្ងៃ​ទី​១៤ ក្នុង​ខែ​ទី១+ គឺ​ជា​បុណ្យ​រំលង+ជូន​ព្រះ​យេហូវ៉ា។

៦ ​«​‹នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​១ គឺ​ជា​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ​ជូន​ព្រះ​យេហូវ៉ា។+ ក្នុង​អំឡុង​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ៧ នៅ​ថ្ងៃ​ទី​១​នៃ​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ+ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។ ៨ ក្នុង​អំឡុង​៧​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា។ នៅ​ថ្ងៃ​ទី​៧ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​ដែរ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ›​»។

៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ១០ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ក្រោយ​ពី​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​នឹង​ប្រគល់​ដល់​អ្នក​រាល់​គ្នា ពេល​ដល់​រដូវ​ប្រមូល​ផល អ្នក​រាល់​គ្នា​ត្រូវ​យក​កណ្ដាប់​ស្រូវ​ពី​ផល​ដំបូង+ទៅ​ជូន​សង្ឃ។+ ១១ រួច​គាត់​នឹង​យក​កណ្ដាប់​ស្រូវ​នោះ​លើក​រេ​ចុះ​រេ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក។ សង្ឃ​ត្រូវ​ធ្វើ​ដូច្នោះ​នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក។ ១២ នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ជូន​កណ្ដាប់​ស្រូវ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​អាយុ​ក្រោម​មួយ​ឆ្នាំ ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា។ ១៣ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​ផង​ដែរ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​អេហ្វា* លាយ​ជា​មួយ​នឹង​ប្រេង រួច​ត្រូវ​ដុត​គ្រឿង​បូជា​នេះ​ជូន​ព្រះ​យេហូវ៉ា​ជា​ក្លិន​ឈ្ងុយ​ដល់​លោក។* បន្ថែម​ទៀត ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រា​១​ភាគ​៤​ហ៊ីន*ដែរ។ ១៤ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំ​ប៉័ង ស្រូវ​លីង ឬ​ស្រូវ​ថ្មី​ទេ ទាល់​តែ​ដល់​ថ្ងៃ​បុណ្យ​នោះ គឺ​បន្ទាប់​ពី​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ដល់​ព្រះ​រួច។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។

១៥ ​«​‹បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក អ្នក​រាល់​គ្នា​ត្រូវ​រាប់​ឲ្យ​គ្រប់​៧​អាទិត្យ* គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​យក​កណ្ដាប់​ស្រូវ​ទៅ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង។+ ១៦ លុះ​ដល់​ថ្ងៃ​បន្ទាប់​ពី​អាទិត្យ​ទី​៧ ជា​ថ្ងៃ​ទី​៥០+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​ថ្មី​ដល់​ព្រះ​យេហូវ៉ា។+ ១៧ អ្នក​រាល់​គ្នា​ត្រូវ​យក​នំ​ដុត​ពីរ​ដុំ​ដែល​មាន​ដំបែ+ គឺ​យក​ពី​លំនៅ​របស់​អ្នក​រាល់​គ្នា មក​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង។ ត្រូវ​ធ្វើ​នំ​ទាំង​នោះ​ពី​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​អេហ្វា ដើម្បី​ទុក​ជា​ផល​ដំបូង​ជូន​ព្រះ​យេហូវ៉ា។+ ១៨ អ្នក​រាល់​គ្នា​ត្រូវ​ជូន​នំ​ទាំង​នោះ ជា​មួយ​នឹង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ឆ្នាំ​ចំនួន​៧​ក្បាល គោ​ស្ទាវ​មួយ​ក្បាល និង​ចៀម​ឈ្មោល​២​ក្បាល។+ សត្វ​ទាំង​នោះ​នឹង​ត្រូវ​ជូន​ជា​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ពី​ស្រា។ នោះ​ជា​គ្រឿង​បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។ ១៩ អ្នក​រាល់​គ្នា​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ ព្រម​ទាំង​កូន​ចៀម​ឈ្មោល​ពីរ​ក្បាល​អាយុ​មួយ​ឆ្នាំ ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព។+ ២០ សង្ឃ​ត្រូវ​យក​សាច់​កូន​ចៀម​ឈ្មោល​និង​នំ​ទាំង​នោះ​ពី​ផល​ដំបូង លើក​ចុះ​ឡើង​ទុក​ជា​គ្រឿង​បូជា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ គ្រឿង​បូជា​ទាំង​នោះ​នឹង​បាន​ជា​ចំណែក​ដល់​សង្ឃ ព្រោះ​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​ដល់​ព្រះ​យេហូវ៉ា។+ ២១ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស+ឲ្យ​បណ្ដា​ជន​មក​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។

២២ ​«​‹កាល​ណា​អ្នក​រាល់​គ្នា​ប្រមូល​ផល​ដំណាំ​ពី​ស្រែ​ចម្ការ​របស់​ខ្លួន នោះ​មិន​ត្រូវ​ប្រមូល​ដល់​ជាយ​ដី​ទេ ហើយ​ក៏​មិន​ត្រូវ​រើស​អ្វី​ដែល​ជ្រុះ​ដែរ។+ អ្នក​រាល់​គ្នា​ត្រូវ​ទុក​ឲ្យ​ពួក​អ្នក​ក្រី​ក្រ+និង​ជន​បរទេស​វិញ។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។

២៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៤ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ទី​៧ មាន​ការ​ផ្លុំ​ត្រែ​ដើម្បី​រំលឹក​អ្នក​រាល់​គ្នា+ឲ្យ​មក​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ឈប់​សម្រាក។ ២៥ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ ហើយ​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា›​»។

២៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៧ ​«​នៅ​ថ្ងៃ​ទី​១០ ក្នុង​ខែ​ទី​៧ ជា​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង+ អ្នក​រាល់​គ្នា​ត្រូវ​មក​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន*+ ព្រម​ទាំង​ជូន​គ្រឿង​បូជា​ដុត​ដល់​លោក។ ២៨ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ព្រោះ​ជា​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង+របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ ២៩ បើ​អ្នក​ណា​ម្នាក់​មិន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន*នៅ​ថ្ងៃ​នោះ​ទេ អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ៣០ បើ​អ្នក​ណា​ម្នាក់​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​បំផ្លាញ​អ្នក​នោះ​ពី​ចំណោម​ជន​រួម​ជាតិ​របស់​ខ្លួន។ ៣១ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។ ៣២ អ្នក​រាល់​គ្នា​ត្រូវ​ឈប់​សម្រាក។ នៅ​ល្ងាច​ថ្ងៃ​ទី​៩ ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន+ ហើយ​ឈប់​សម្រាក​ចាប់​ពី​ល្ងាច​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់​»។

៣៣ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ៣៤ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​៧ គឺ​ជា​បុណ្យ​ខ្ទម*ជូន​ព្រះ​យេហូវ៉ា ដែល​មាន​រយៈ​ពេល​៧​ថ្ងៃ។+ ៣៥ នៅ​ថ្ងៃ​ដំបូង​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។ ៣៦ អស់​៧​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា។ លុះ​ដល់​ថ្ងៃ​ទី​៨ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា+ ហើយ​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​លោក។ ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​ដ៏​ឱឡារិក អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។

៣៧ ​«​‹នេះ​ជា​ពិធី​បុណ្យ​ផ្សេង​ៗ​របស់​ព្រះ​យេហូវ៉ា+ គឺ​កិច្ច​ប្រជុំ​បរិសុទ្ធ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស។+ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​ដុត​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា​ដូច​ត​ទៅ​៖ គ្រឿង​បូជា​ដុត+ គ្រឿង​បូជា​ពី​ស្រូវ+ និង​គ្រឿង​បូជា​ពី​ស្រា។+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ស្រប​តាម​តម្រូវ​ការ​សម្រាប់​ថ្ងៃ​នីមួយ​ៗ​នៃ​បុណ្យ​នោះ។ ៣៨ គ្រឿង​បូជា​ទាំង​នោះ​គឺ​បន្ថែម​ពី​លើ​គ្រឿង​បូជា​ដែល​ត្រូវ​ជូន​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​ឈប់​សម្រាក+ ព្រម​ទាំង​ពី​លើ​ការ​ជូន​អំណោយ+ ពី​លើ​គ្រឿង​បូជា​លា​សម្បថ+ និង​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត+ដល់​ព្រះ​យេហូវ៉ា។ ៣៩ ប៉ុន្តែ នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី៧ ពេល​អ្នក​រាល់​គ្នា​ប្រមូល​ផល​នៅ​ក្នុង​ស្រុក អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នោះ​ជូន​ព្រះ​យេហូវ៉ា​រយៈ​ពេល​៧​ថ្ងៃ។+ នៅ​ថ្ងៃ​ដំបូង​និង​នៅ​ថ្ងៃ​ទី​៨ ត្រូវ​ឈប់​សម្រាក​ទាំង​ស្រុង។+ ៤០ នៅ​ថ្ងៃ​ដំបូង​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​ផ្លែ​ពី​ដើម​ឈើ​ប្រណីត​ៗ យក​ធាង​ពី​ដើម​លម៉ើ+ និង​មែក​ពី​ដើម​ឈើ​ត្រសុំត្រសាយ ព្រម​ទាំង​មែក​ពី​ដើម​ដែល​ដុះ​នៅ​ជ្រលង​ភ្នំ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​អរ​សប្បាយ+នៅ​ចំពោះ​ព្រះ​យេហូវ៉ា​រយៈ​ពេល​៧​ថ្ងៃ។+ ៤១ ជា​រៀង​រាល់​ឆ្នាំ​នៅ​ខែ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ​ជូន​ព្រះ​យេហូវ៉ា​រយៈ​ពេល​៧​ថ្ងៃ។+ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ។ ៤២ អ្នក​រាល់​គ្នា​ត្រូវ​ស្នាក់​នៅ​ក្នុង​ខ្ទម​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ពួក​អ៊ីស្រាអែល​ទាំង​អស់​ត្រូវ​ស្នាក់​នៅ​ក្នុង​ខ្ទម ៤៣ ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​ដឹង​ថា+ ខ្ញុំ​បាន​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ស្នាក់​នៅ​ក្នុង​ខ្ទម ពេល​ដែល​ខ្ញុំ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។

៤៤ ដូច្នេះ ម៉ូសេ​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​អំពី​ពិធី​បុណ្យ​ផ្សេង​ៗ​របស់​ព្រះ​យេហូវ៉ា។

២៤ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ទៅ​កាន់​ម៉ូសេ​ថា​៖ ២ ​«​ចូរ​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​នាំ​យក​ប្រេង​អូលីវ​សម្រាំង​ដ៏​ល្អ​បំផុត​មក​ជូន​អ្នក សម្រាប់​អុជ​ចង្កៀង​ឲ្យ​ភ្លឺ​ជា​និច្ច+ ៣ គឺ​ចង្កៀង​ដែល​តម្កល់​នៅ​ខាង​មុខ​វាំងនន​បាំង​ហឹប​នៃ​សេចក្ដី​រំលឹក​ក្នុង​ត្រសាល​ជំនុំ។ អេរ៉ុន​ត្រូវ​រៀបចំ​អុជ​ចង្កៀង​នោះ​ឲ្យ​ភ្លឺ​ពី​ល្ងាច​ដល់​ព្រឹក នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​និច្ច។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ។ ៤ គាត់​ត្រូវ​មើល​ថែ​ចង្កៀង​ដែល​នៅ​លើ​ជើង​ចង្កៀង+ធ្វើ​ពី​មាស​សុទ្ធ ដើម្បី​ឲ្យ​ភ្លើង​នៅ​ឆេះ​ជា​និច្ច​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។

៥ ​«​អ្នក​រាល់​គ្នា​ត្រូវ​យក​ម្សៅ​ម៉ដ្ឋ​មក​ដុត​ធ្វើ​ជា​នំ​កង​១២​ដុំ។ ត្រូវ​ធ្វើ​នំ​នីមួយ​ៗ​ពី​ម្សៅ​២​ភាគ​១០​អេហ្វា។* ៦ អ្នក​រាល់​គ្នា​ត្រូវ​ដាក់​នំ​នោះ​លើ​តុ​ធ្វើ​ពី​មាស​សុទ្ធ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ គឺ​តម្រៀប​លើ​គ្នា​ជា​ពីរ​គំនរ មួយ​គំនរ​៦​ដុំ។+ ៧ អ្នក​រាល់​គ្នា​ត្រូវ​ដាក់​គ្រឿង​ក្រអូប​នៅ​លើ​នំ​ទាំង​ពីរ​គំនរ​នោះ ហើយ​នោះ​នឹង​ទៅ​ជា​នំ​ប៉័ង​សម្រាប់​តំណាង​គ្រឿង​បូជា+ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។ ៨ រៀង​រាល់​ថ្ងៃ​ឈប់​សម្រាក អេរ៉ុន​ត្រូវ​រៀបចំ​នំ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​និច្ច។+ នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត រវាង​ខ្ញុំ​និង​បណ្ដា​ជន​អ៊ីស្រាអែល។ ៩ នំ​ទាំង​នេះ​នឹង​បាន​ទៅ​ជា​ចំណែក​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់+ ហើយ​ពួក​គាត់​ត្រូវ​បរិភោគ​នៅ​កន្លែង​បរិសុទ្ធ+ ព្រោះ​នំ​ទាំង​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ពី​គ្រឿង​បូជា​ដុត​របស់​ព្រះ​យេហូវ៉ា។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​»។

១០ គ្រា​នោះ កូន​ប្រុស​ម្នាក់​របស់​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​ដែល​មាន​ប្ដី​ជា​ជន​ជាតិ​អេហ្ស៊ីប+ បាន​វាយ​តប់​គ្នា​ជា​មួយ​នឹង​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ទៀត​នៅ​ក្នុង​ជំរំ។ ១១ ពេល​នោះ កូន​ប្រុស​របស់​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​បាន​ជេរ​ប្រមាថ​ហើយ​ដាក់​បណ្ដាសា​នាម​ព្រះ។*+ ដូច្នេះ គេ​បាន​នាំ​កូន​ប្រុស​នោះ​ទៅ​ជួប​ម៉ូសេ។+ ម្ដាយ​របស់​កូន​នោះ​ឈ្មោះ​សេឡូមីត ជា​កូន​ស្រី​របស់​ឌីប្រាយ ដែល​មក​ពី​កុលសម្ព័ន្ធ​ដាន់។ ១២ គេ​បាន​យក​កូន​នោះ​ទៅ​ឃុំ​ទុក ចាំ​រហូត​ដល់​ទទួល​ការ​សម្រេច​ពី​ព្រះ​យេហូវ៉ា។+

១៣ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ១៤ ​«​ចូរ​នាំ​អ្នក​ដែល​ជេរ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​ឲ្យ​ពួក​អ្នក​ដែល​ឮ​ពាក្យ​ជេរ​ប្រមាថ​នោះ​ដាក់​ដៃ​លើ​ក្បាល​គាត់ រួច​ពួក​ជំនុំ​ទាំង​មូល​ត្រូវ​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ចោល។+ ១៥ អ្នក​ត្រូវ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​ណា​ជេរ​ប្រមាថ​ព្រះ​របស់​ខ្លួន អ្នក​នោះ​នឹង​ទទួល​ទោស។ ១៦ ដូច្នេះ អ្នក​ដែល​ជេរ​ប្រមាថ​នាម​ព្រះ​យេហូវ៉ា ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ពួក​ជំនុំ​ទាំង​មូល​ត្រូវ​គប់​ដុំ​ថ្ម​សម្លាប់​អ្នក​នោះ​ចោល ទោះ​គាត់​ជា​អ្នក​ស្រុក​ឬ​ជន​បរទេស​ក្ដី។

១៧ ​«​‹បើ​អ្នក​ណា​សម្លាប់​អ្នក​ឯ​ទៀត អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ១៨ បើ​អ្នក​ណា​សម្លាប់​សត្វ​របស់​អ្នក​ឯ​ទៀត អ្នក​នោះ​ត្រូវ​សង​សត្វ​វិញ គឺ​ជីវិត​សង​នឹង​ជីវិត។ ១៩ បើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​របួស អ្នក​នោះ​នឹង​ត្រូវ​គេ​ធ្វើ​ឲ្យ​មាន​របួស​វិញ+ ២០ គឺ​ការ​បាក់​ឆ្អឹង​សង​នឹង​ការ​បាក់​ឆ្អឹង ភ្នែក​សង​នឹង​ភ្នែក ធ្មេញ​សង​នឹង​ធ្មេញ របួស​សង​នឹង​របួស។+ ២១ អ្នក​ដែល​សម្លាប់​សត្វ ត្រូវ​សង​សត្វ​វិញ+ តែ​អ្នក​ដែល​សម្លាប់​មនុស្ស ត្រូវ​ស្លាប់​ជា​មិន​ខាន។+

២២ ​«​‹មាន​ក្រម​ច្បាប់​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​រាល់​គ្នា ទោះ​ជា​អ្នក​ស្រុក​ឬ​ជន​បរទេស​ក្ដី+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។

២៣ បន្ទាប់​មក ម៉ូសេ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​គេ​នាំ​អ្នក​ដែល​ជេរ​ប្រមាថ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ រួច​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ចោល​ទៅ។+ យ៉ាង​នោះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​តាម​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

២៥ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថែម​ទៀត​ទៅ​កាន់​ម៉ូសេ​នៅ​ភ្នំ​ស៊ីណាយ​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ពេល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា+ ចូរ​កាន់​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ឆ្នាំ​ឈប់​សម្រាក ហើយ​ទុក​ដី​ឲ្យ​នៅ​ទំនេរ។+ ៣ ក្នុង​រយៈ​ពេល​៦​ឆ្នាំ​អ្នក​រាល់​គ្នា​អាច​សាប​ព្រោះ​នៅ​លើ​ដី​ស្រែ និង​ថែ​ទាំ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ខ្លួន ព្រម​ទាំង​ប្រមូល​ផល​ពី​ដី​នោះ​បាន។+ ៤ ប៉ុន្តែ នៅ​ឆ្នាំ​ទី​៧​អ្នក​រាល់​គ្នា​ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ ព្រោះ​ជា​ឆ្នាំ​ឈប់​សម្រាក​ជូន​ព្រះ​យេហូវ៉ា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ​ឬ​ថែ​ទាំ​ចម្ការ​ទំពាំង​បាយ​ជូរ​ឡើយ។ ៥ អ្នក​រាល់​គ្នា​មិន​ត្រូវ​ច្រូត​ស្រូវ​ដែល​ដុះ​ឯង​ក្រោយ​ពី​រដូវ​ចម្រូត​ទេ ហើយ​ក៏​មិន​ត្រូវ​ប្រមូល​ផល​ទំពាំង​បាយ​ជូរ​ដែល​មិន​បាន​ថែ​ទាំ​ដែរ។ អ្នក​រាល់​គ្នា​ត្រូវ​ទុក​ដី​នោះ​ឲ្យ​នៅ​ទំនេរ។ ៦ ប៉ុន្តែ អ្នក​រាល់​គ្នា​អាច​បរិភោគ​ផល​ដែល​ដុះ​ឯង​ក្នុង​អំឡុង​ឆ្នាំ​ឈប់​សម្រាក​នោះ​បាន គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ខ្ញុំ​បម្រើ​ប្រុស​ស្រី ពួក​កម្មករ ជន​បរទេស​ដែល​ស្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ៧ ថែម​ទាំង​សត្វ​ស្រុក​និង​សត្វ​ព្រៃ​ផង​ដែរ។ ផល​ទាំង​អស់​ពី​ដី​អាច​បរិភោគ​បាន។

៨ ​«​‹អ្នក​រាល់​គ្នា​ត្រូវ​រាប់​ឆ្នាំ​ឈប់​សម្រាក​ឲ្យ​គ្រប់​៧​ដង គឺ​៧​ឆ្នាំ​៧​ដង ស្មើ​នឹង​៤៩​ឆ្នាំ។ ៩ បន្ទាប់​មក នៅ​ថ្ងៃ​ទី​១០ ក្នុង​ខែ​ទី​៧ ជា​ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង+ អ្នក​រាល់​គ្នា​ត្រូវ​ផ្លុំ​ស្នែង​ឲ្យ​លាន់​ឮ​រំពង​ពេញ​ក្នុង​ស្រុក។ ១០ អ្នក​រាល់​គ្នា​ត្រូវ​ញែក​ឆ្នាំ​ទី​៥០​ទុក​ជា​ឆ្នាំ​បរិសុទ្ធ ហើយ​ប្រកាស​ឲ្យ​បណ្ដា​ជន​មាន​សេរី​ភាព​នៅ​ទូ​ទាំង​ស្រុក ព្រោះ​ឆ្នាំ​នោះ​ជា​ឆ្នាំ​សោមនស្ស។+ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ដី​ធ្លី​មក​វិញ ហើយ​អាច​ត្រឡប់​ទៅ​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្លួន​វិញ​បាន។+ ១១ នៅ​ក្នុង​ឆ្នាំ​សោមនស្ស​ជា​ឆ្នាំ​ទី​៥០​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ​ឬ​ច្រូត​ស្រូវ​ដែល​ដុះ​ឯង​ក្រោយ​ពី​រដូវ​ចម្រូត​ទេ ហើយ​ក៏​មិន​ត្រូវ​ប្រមូល​ផល​ទំពាំង​បាយ​ជូរ​ដែល​មិន​បាន​ថែ​ទាំ​ដែរ។+ ១២ ព្រោះ​ឆ្នាំ​សោមនស្ស​ជា​ឆ្នាំ​បរិសុទ្ធ​ចំពោះ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​អាច​បរិភោគ​តែ​ផល​ដែល​ដុះ​ឯង​ក្នុង​អំឡុង​ឆ្នាំ​នោះ​បាន។+

១៣ ​«​‹នៅ​ឆ្នាំ​សោមនស្ស អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ដី​ធ្លី​របស់​ខ្លួន​មក​វិញ។+ ១៤ បើ​អ្នក​រាល់​គ្នា​លក់​អ្វី​ដល់​អ្នក​ណា​ម្នាក់​ឬ​ទិញ​អ្វី​ពី​អ្នក​ណា​ម្នាក់ អ្នក​រាល់​គ្នា​មិន​ត្រូវ​កេង​ប្រវ័ញ្ច​គេ​ឡើយ។+ ១៥ ពេល​អ្នក​រាល់​គ្នា​ទិញ​ដី​ពី​អ្នក​ណា​ម្នាក់ ត្រូវ​គិត​តម្លៃ​ដោយ​រាប់​ចំនួន​ឆ្នាំ ចាប់​ពី​ឆ្នាំ​ដែល​ទិញ​រហូត​ដល់​ឆ្នាំ​សោមនស្ស ហើយ​ម្ចាស់​ដី​ត្រូវ​លក់​ដោយ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​នៅ​សល់​ដែល​អាច​ប្រមូល​ផល​បាន។+ ១៦ បើនៅ​សល់​ច្រើន​ឆ្នាំ ម្ចាស់​ដី​អាច​ដំឡើង​ថ្លៃ តែ​បើ​នៅ​សល់​តិច​ឆ្នាំ គាត់​អាច​បញ្ចុះ​តម្លៃ​វិញ ព្រោះ​គាត់​លក់​ដោយ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​អាច​ប្រមូល​ផល​បាន។ ១៧ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​ម្នាក់​កេង​ប្រវ័ញ្ច​អ្នក​ឯ​ទៀត​ឡើយ។+ អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច​ព្រះ​របស់​ខ្លួន+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។+ ១៨ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​និង​ក្រឹត្យ​ក្រម​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដោយ​សុខ​សាន្ត។+ ១៩ អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​ជា​បរិបូរ ព្រោះ​ដី​នឹង​បង្កើត​ផល​យ៉ាង​ច្រើន​ឲ្យ​អ្នក​រាល់​គ្នា+ ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សាន្ត​ត្រាណ។+

២០ ​«​‹ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​បើ​យើង​មិន​សាប​ព្រោះ​ឬ​ប្រមូល​ផល​នៅ​ឆ្នាំ​ទី​៧​ទេ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​មាន​អាហារ​បរិភោគ​ទៅ?​»។+ ២១ នៅ​ឆ្នាំ​ទី​៦ ខ្ញុំ​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​ឲ្យ​ដី​បង្កើត​ផល​យ៉ាង​បរិបូរ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​គ្រប់​គ្រាន់​ដល់​ទៅ​៣​ឆ្នាំ។+ ២២ នៅ​ឆ្នាំ​ទី​៨ អ្នក​រាល់​គ្នា​អាច​សាប​ព្រោះ​សា​ជា​ថ្មី​បាន តែ​ទម្រាំ​ដល់​រដូវ​ប្រមូល​ផល​នៅ​ឆ្នាំ​ទី​៩ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​ផល​ដែល​នៅ​សល់​តាំង​ពី​ឆ្នាំ​ទី​៦។

២៣ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​លក់​ដី​ឲ្យ​គេ​ដាច់​រហូត​នោះ​ទេ+ ព្រោះ​ស្រុក​នោះ​ជា​របស់​ខ្ញុំ។+ តាម​ទស្សនៈ​ខ្ញុំ អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរទេស​រស់​នៅ​ក្នុង​ស្រុក​នោះ។+ ២៤ នៅ​ក្នុង​ស្រុក​ទាំង​មូល អ្នក​រាល់​គ្នា​ត្រូវ​ផ្ដល់​សិទ្ធិ​ដល់​ម្ចាស់​ដី​ឲ្យ​ពួក​គេ​ទិញ​ដី​មត៌ក​របស់​ខ្លួន​មក​វិញ។

២៥ ​«​‹បើ​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​លក់​ដី​ធ្លី​ខ្លះ នោះ​សាច់​ញាតិ​ជិត*របស់​គាត់​អាច​ទិញ​ដី​នោះ​មក​វិញ​បាន។+ ២៦ ប៉ុន្តែ បើ​គាត់​គ្មាន​សាច់​ញាតិ​ទិញ​ទេ ហើយ​ក្រោយ​មក​គាត់​មាន​ជីវភាព​ធូរ​ធារ​និង​មាន​លទ្ធភាព​ទិញ​ដី​មក​វិញ ២៧ នោះ​គាត់​អាច​ទិញ​បាន។ គាត់​ត្រូវ​គិត​តម្លៃ​តាម​ភោគ​ផល​ពី​ដី​នោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល​គាត់​បាន​លក់ រួច​បង់​ឲ្យ​គេ​តាម​តម្លៃ​ចំនួន​ឆ្នាំ​ដែល​នៅ​សល់។ ក្រោយ​មក គាត់​អាច​ទទួល​ដី​ធ្លី​របស់​ខ្លួន​មក​វិញ។+

២៨ ​«​‹ប៉ុន្តែ បើ​គាត់​គ្មាន​លទ្ធភាព​ទិញ​ដី​មក​វិញ​ទេ ដី​នោះ​នឹង​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ​រហូត​ដល់​ឆ្នាំ​សោមនស្ស។+ នៅ​ឆ្នាំ​នោះ គាត់​នឹង​ទទួល​ដី​ខ្លួន​មក​វិញ។+

២៩ ​«​‹បើ​អ្នក​ណា​លក់​ផ្ទះ​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង គាត់​មាន​សិទ្ធិ​ទិញ​ផ្ទះ​មក​វិញ​រហូត​ដល់​ចុង​ឆ្នាំ ក្រោយ​ពី​គាត់​លក់។ សិទ្ធិ​ទិញ​មក​វិញ+នោះ​មាន​សុពលភាព​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ៣០ ប៉ុន្តែ បើ​ក្នុង​មួយ​ឆ្នាំ​នោះ​គាត់​មិន​បាន​ទិញ​វិញ​ទេ ផ្ទះ​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ​និង​កូន​ចៅ​គេ​រហូត​ត​ទៅ។ ទោះ​ជា​ដល់​ឆ្នាំ​សោមនស្ស​ក្ដី ក៏​គាត់​មិន​អាច​ទទួល​ផ្ទះ​នោះ​មក​វិញ​ដែរ។ ៣១ ឯ​ផ្ទះ​នៅ​តាម​ភូមិ​ដែល​មិន​មាន​កំពែង​ជុំ​វិញ ត្រូវ​ចាត់​ទុក​ជា​ផ្នែក​នៃ​ដី​ស្រែ​ចម្ការ។ ដូច្នេះ សិទ្ធិ​ក្នុង​ការ​ទិញ​មក​វិញ​នៅ​តែ​មាន​សុពលភាព ហើយ​ម្ចាស់​អាច​ទទួល​មក​វិញ​នៅ​ឆ្នាំ​សោមនស្ស​បាន។

៣២ ​«​‹ចំណែក​ផ្ទះ​នៅ​ក្នុង​ក្រុង​របស់​ពួក​លេវីវិញ+ ពួក​លេវី​មាន​សិទ្ធិ​ទិញ​មក​វិញ​នៅ​ពេល​ណា​ក៏​បាន។ ៣៣ ទោះ​ជា​ពួក​លេវី​មិន​បាន​ទិញ​ផ្ទះ​នោះ​មក​វិញ​ក្ដី ក៏​ផ្ទះ​ដែល​លក់​នោះ​នឹង​ត្រូវ​ប្រគល់​ដល់​ពួក​គេ​វិញ​នៅ​ឆ្នាំ​សោមនស្ស+ ព្រោះ​ផ្ទះ​នៅ​ក្នុង​ក្រុង​របស់​ពួក​លេវី ជា​មត៌ក​របស់​ពួក​គេ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។+ ៣៤ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​លក់​វាល​ស្មៅ​ជុំ​វិញ+ក្រុង​ទាំង​នោះ​ឡើយ ព្រោះ​នោះ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ពួក​គេ។

៣៥ ​«​‹បើ​អ្នក​ជិត​ខាង​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា ធ្លាក់​ខ្លួន​ក្រ​មិន​អាច​ផ្គត់ផ្គង់​ខ្លួន​បាន អ្នក​រាល់​គ្នា​ត្រូវ​ជួយ​ទំនុក​បម្រុង​គាត់+ ដើម្បី​គាត់​អាច​រស់​នៅ​ត​ទៅ​ទៀត ដូច​ដែល​អ្នក​ជួយ​ជន​បរទេស​និង​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដែរ។+ ៣៦ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ការ​ប្រាក់​ឬ​កេង​ចំណេញ​ពី​គាត់​ឡើយ+ ដើម្បី​គាត់​អាច​រស់​នៅ​ត​ទៅ​ទៀត។ អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច​ព្រះ​របស់​ខ្លួន។+ ៣៧ បើ​អ្នក​រាល់​គ្នា​ឲ្យ​ពួក​គេ​ខ្ចី​ប្រាក់​ឬ​ស្បៀងអាហារ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ការ​ឬ​យក​ចំណេញ​ពី​ពួក​គេ​ឡើយ។+ ៣៨ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ ហើយ​ប្រគល់​ស្រុក​កាណាន​ដល់​អ្នក​រាល់​គ្នា ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។+

៣៩ ​«​‹បើ​អ្នក​ជិត​ខាង​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា ធ្លាក់​ខ្លួន​ក្រ ហើយ​លក់​ខ្លួន​បម្រើ​អ្នក​រាល់​គ្នា+ នោះ​មិន​ត្រូវ​បង្ខំ​គាត់​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​ឡើយ។+ ៤០ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គាត់​ដូច​កម្មករ​ដែល​គេ​ជួល+ ឬ​ដូច​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដែរ។ គាត់​នឹង​បម្រើ​អ្នក​រាល់​គ្នា​រហូត​ដល់​ឆ្នាំ​សោមនស្ស។ ៤១ រួច​គាត់​និង​កូន​ចៅ​គាត់​នឹង​ចាក​ចេញ​ពី​អ្នក​រាល់​គ្នា ត្រឡប់​ទៅ​រស់​នៅ​ជា​មួយ​នឹង​ញាតិ​សន្ដាន​លើ​ទឹក​ដី​របស់​បុព្វ​បុរស​គាត់​វិញ។+ ៤២ ព្រោះ​ពួក​គេ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​នាំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ពួក​គេ​មិន​ត្រូវ​លក់​ខ្លួន​ធ្វើ​ជា​ទាសករ​ឡើយ។ ៤៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ឃោរ​ឃៅ​ទៅ​លើ​ពួក​គេ​ទេ។+ អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច​ព្រះ​របស់​ខ្លួន។+ ៤៤ បើ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ខ្ញុំ​បម្រើ​ប្រុស​ស្រី អ្នក​រាល់​គ្នា​អាច​ទិញ​ពី​ចំណោម​ជន​ជាតិ​ដទៃ​បាន។ ៤៥ អ្នក​រាល់​គ្នា​ក៏​អាច​ទិញ​កូន​ចៅ​របស់​ជន​បរទេស​ដែល​ស្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ឬ​ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​កើត​ក្នុង​ស្រុក​នេះ​បាន​ដែរ ដើម្បី​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា ហើយ​ពួក​គេ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា។ ៤៦ អ្នក​រាល់​គ្នា​អាច​ឲ្យ​ពួក​គេ​បន្ត​បម្រើ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​អ្នក​រាល់​គ្នា​បាន ព្រោះ​ពួក​គេ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​ហើយ។ អ្នក​រាល់​គ្នា​អាច​ប្រើ​ពួក​គេ​ដូច​ជា​កម្មករ​បាន។ ឯ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​ជន​រួម​ជាតិ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​យ៉ាង​ឃោរ​ឃៅ​ឡើយ។+

៤៧ ​«​‹ប្រសិន​បើ​ជន​បរទេស​ដែល​ស្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក្លាយ​ជា​អ្នក​មាន តែ​ជន​រួម​ជាតិ​អ្នក​រាល់​គ្នា​ធ្លាក់​ខ្លួន​ក្រ ហើយ​លក់​ខ្លួន​បម្រើ​ជន​ប​ទេស​នោះ ឬ​សមាជិក​គ្រួសារ​របស់​ជន​ប​ទេស​នោះ ៤៨ ជន​រួម​ជាតិ​នោះ​មាន​សិទ្ធិ​លោះ​ខ្លួន​វិញ​នៅ​ពេល​ណា​ក៏​បាន។ បន្ថែម​ទៅ​ទៀត បង​ប្អូន​របស់​គាត់​អាច​ទិញ​គាត់​មក​វិញ​បាន+ ៤៩ ហើយ​សូម្បី​តែ​សាច់​ញាតិ​ជិត​ណា​ម្នាក់​របស់​គាត់ ដូច​ជា​ពូ អ៊ំ បង​ប្អូន​ជីដូន​មួយ ក៏​អាច​ទិញ​គាត់​មក​វិញ​បាន​ដែរ។

​«​‹ឬ​បើ​ក្រោយ​មក​គាត់​មាន​ជីវភាព​ធូរ​ធារ​ឡើង​វិញ គាត់​ក៏​អាច​លោះ​ខ្លួន​គាត់​បាន​ដែរ។+ ៥០ គាត់​ត្រូវ​គិត​ចំនួន​ឆ្នាំ​ជា​មួយ​នឹង​ម្ចាស់​ដែល​ទិញ​គាត់ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​ដែល​គាត់​បាន​លក់​ខ្លួន​រហូត​ដល់​ឆ្នាំ​សោមនស្ស+ ហើយ​ត្រូវ​បង់​ប្រាក់​ឲ្យ​ម្ចាស់​តាម​ចំនួន​ឆ្នាំ​ទាំង​នោះ។+ ក្នុង​អំឡុង​ពេល​ដែល​គាត់​ធ្វើ​ការ​នោះ គាត់​ត្រូវ​ទទួល​ប្រាក់​ឈ្នួល​ដូច​កម្មករ​ទូ​ទៅ។+ ៥១ បើ​នៅ​សល់​ច្រើន​ឆ្នាំ គាត់​ត្រូវ​បង់​តម្លៃ​លោះ​ខ្លួន​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ ៥២ តែ​បើ​នៅ​សល់​តិច​ឆ្នាំ គាត់​ត្រូវ​បង់​តម្លៃ​លោះ​ខ្លួន​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​តិច​នោះ។ ៥៣ គាត់​ត្រូវ​បន្ត​បម្រើ​ម្ចាស់​នោះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដូច​កម្មករ​ទូ​ទៅ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ប្រាកដ​ថា​ម្ចាស់​នោះ​មិន​ប្រព្រឹត្ត​ទៅ​លើ​គាត់​ដោយ​ឃោរ​ឃៅ​ទេ។+ ៥៤ ប៉ុន្តែ​បើ​គាត់​មិន​អាច​លោះ​ខ្លួន​បាន​ទេ គាត់​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​នៅ​ឆ្នាំ​សោមនស្ស+ ព្រម​ជា​មួយ​នឹង​កូន​ចៅ​គាត់​ដែរ។

៥៥ ​«​‹ព្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​ខ្ញុំ​បម្រើ​របស់​ខ្ញុំ ជា​អ្នក​ដែល​ខ្ញុំ​បាន​នាំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

២៦ «​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ​ឥត​ប្រយោជន៍+ ហើយ​មិន​ត្រូវ​ដំឡើង​រូប​សំណាក+ ឬ​បង្គោល​ថ្ម​ពិសិដ្ឋ ឬ​ថ្ម​ចម្លាក់​នៅ​ក្នុង​ស្រុក​អ្នក​រាល់​គ្នា+ ដើម្បី​គោរព​បូជា​ឡើយ។+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ២ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ ហើយ​ត្រូវ​បង្ហាញ​ការ​គោរព​ចំពោះ​កន្លែង​បរិសុទ្ធ​របស់​ខ្ញុំ។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

៣ ​«​‹ប្រសិន​បើ​អ្នក​រាល់​គ្នា​បន្ត​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ+ ៤ នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​តាម​រដូវ+ ហើយ​ដី​នឹង​បង្កើត​ផល​ជា​បរិបូរ+ ព្រម​ទាំង​ដើម​ឈើ​នៅ​ក្នុង​ស្រុក​នោះ​នឹង​មាន​ផ្លែ​យ៉ាង​ច្រើន។ ៥ រដូវ​បញ្ជាន់​ស្រូវ​នឹង​មាន​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ ហើយ​រដូវ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​នឹង​មាន​រហូត​ដល់​រដូវ​សាប​ព្រោះ។ អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ​យ៉ាង​ស្កប់​ស្កល់ ហើយ​រស់​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សុខ​សាន្ត។+ ៦ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​សុខ​ស​ន្តិ​ភាព+ ហើយ​នឹង​គ្មាន​អ្នក​ណា​មក​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ទេ។+ ខ្ញុំ​នឹង​បណ្ដេញ​សត្វ​សាហាវ​ទាំង​ឡាយ​ចេញ​ពី​ស្រុក​នោះ។ គ្មាន​អ្នក​ណា​លើក​ដាវ​ច្បាំង​នឹង​អ្នក​រាល់​គ្នា​ឡើយ។ ៧ អ្នក​រាល់​គ្នា​នឹង​ដេញ​តាម​ពួក​សត្រូវ ហើយ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ដោយ​ដាវ។ ៨ អ្នក​រាល់​គ្នា​៥​នាក់ នឹង​ដេញ​តាម​ពួក​សត្រូវ​១០០​នាក់។ អ្នក​រាល់​គ្នា​១០០​នាក់ នឹង​ដេញ​តាម​ពួក​សត្រូវ​១០.០០០​នាក់ ហើយ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ដោយ​ដាវ។+

៩ ​«​‹ខ្ញុំ​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ជា​ច្រើន។+ ខ្ញុំ​នឹង​រក្សា​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។+ ១០ កាល​ដែល​អ្នក​រាល់​គ្នា​កំពុង​បរិភោគ​ភោគ​ផល​ដែល​សល់​ពី​ឆ្នាំ​មុន​នៅ​ឡើយ នោះ​ភោគ​ផល​ថ្មី​ក៏​មក​ដល់។ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​នឹង​យក​ភោគ​ផល​ចាស់​ចេញ​ពី​ឃ្លាំង ដើម្បី​មាន​កន្លែង​ដាក់​ភោគ​ផល​ថ្មី។ ១១ ខ្ញុំ​នឹង​ដាក់​ត្រសាល​របស់​ខ្ញុំ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ហើយ​ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ទេ។ ១២ ខ្ញុំ​នឹង​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។+ ឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ។+ ១៣ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ជា​អ្នក​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ផុត​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប ហើយ​ខ្ញុំ​បាន​បំបាក់​នឹម​របស់​អ្នក​រាល់​គ្នា រួច​ធ្វើ​ឲ្យ​អ្នក​រាល់​ដើរ​ត្រង់​ដោយ​ងើប​មុខ​ឡើង។

១៤ ​«​‹ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ខ្ញុំ ឬ​មិន​កាន់​តាម​បញ្ញត្តិ​ទាំង​នេះ+ ១៥ ឬ​មិន​ធ្វើ​តាម​ច្បាប់​របស់​ខ្ញុំ+ ឬ​មើល​ងាយ​ក្រឹត្យ​ក្រម​របស់​ខ្ញុំ ឬ​មិន​កាន់​តាម​បញ្ញត្តិ​ទាំង​អស់​របស់​ខ្ញុំ ឬ​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ+ ១៦ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​រាល់​គ្នា​ដូច​ត​ទៅ​៖ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទុក្ខ ហើយ​ដាក់​ទោស​អ្នក​រាល់​គ្នា​ឲ្យ​មាន​ជំងឺ​របេង គ្រុន​ក្ដៅ​ខ្លាំង ភ្នែក​ស្រវាំង និង​ខ្សោះ​កម្លាំង។ អ្នក​រាល់​គ្នា​នឹង​សាប​ព្រោះ​ដោយ​ឥត​ប្រយោជន៍ ព្រោះ​ពួក​សត្រូវ​នឹង​បរិភោគ​ផល​នោះ។+ ១៧ ខ្ញុំ​នឹង​បែរ​មុខ​ប្រឆាំង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ចាញ់​ពួក​សត្រូវ។+ ពួក​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា នឹង​ជិះ​ជាន់​អ្នក​រាល់​គ្នា+ ហើយ​អ្នក​រាល់​គ្នា​នឹង​រត់​គេច​ខ្លួន ទោះ​ជា​គ្មាន​អ្នក​ណា​ដេញ​តាម​ក្ដី។+

១៨ ​«​‹បើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ស្ដាប់​ខ្ញុំ​ទៀត នោះ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​លើស​មុន​៧​ដង ព្រោះ​តែ​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា។ ១៩ ខ្ញុំ​នឹង​បំបាក់​អំណួត​ដ៏​សម្បើម​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​មេឃ​គ្មាន​ភ្លៀង*+ និង​ដី​ហួត​ហែង។* ២០ អ្នក​រាល់​គ្នា​នឹង​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ឥត​ប្រយោជន៍ ព្រោះ​ដី​នឹង​មិន​បង្កើត​ផល+ ហើយ​ដើម​ឈើ​ក្នុង​ស្រុក​នោះ​ក៏​នឹង​គ្មាន​ផ្លែ​ដែរ។

២១ ​«​‹បើ​អ្នក​រាល់​គ្នា​នៅ​តែ​រឹង​ចចេស​មិន​ព្រម​ស្ដាប់​ខ្ញុំ​ទៀត នោះ​ខ្ញុំ​នឹង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​លើស​មុន​៧​ដង ស្រប​ទៅ​តាម​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា។ ២២ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​សត្វ​ព្រៃ​ចូល​ទៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា+ ពួក​វា​នឹង​ហែក​ស៊ី​សត្វ​ចិញ្ចឹម​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។+ អ្នក​រាល់​គ្នា​នឹង​មាន​ចំនួន​កាន់​តែ​តិច​ទៅ​ៗ ហើយ​នៅ​លើ​ផ្លូវ​នឹង​លែង​មាន​មនុស្ស​ដើរ​ទៀត។+

២៣ ​«​‹ទោះ​ជា​មាន​រឿង​ទាំង​នេះ​ហើយ​ក្ដី បើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ទទួល​ការ​ប្រដៅ​តម្រង់​ពី​ខ្ញុំ+ ហើយ​នៅ​តែ​រឹង​ទទឹង​ប្រឆាំង​នឹង​ខ្ញុំ​ទៀត ២៤ នោះ​ខ្ញុំ​នឹង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ ហើយ​វាយ​ប្រហារ​អ្នក​រាល់​គ្នា​លើស​មុន​៧​ដង ដោយ​សារ​តែ​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា។ ២៥ ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ឲ្យ​ពួក​សត្រូវ​មក​វាយ​ប្រហារ​លើ​អ្នក​រាល់​គ្នា ព្រោះ​តែ​ការ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ។+ បើ​អ្នក​រាល់​គ្នា​រត់​ចូល​ក្នុង​ក្រុង​របស់​ខ្លួន នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំងឺ+ ហើយ​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ។+ ២៦ ពេល​ខ្ញុំ​បំផ្លាញ​ស្បៀងអាហារ​របស់​អ្នក​រាល់​គ្នា+ ស្ត្រី​១០​នាក់​នឹង​ដុត​នំ​ប៉័ង​នៅ​ក្នុង​ឡ​តែ​១ ហើយ​ថ្លឹង​នំ​ប៉័ង​ចែក​គ្នា។+ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បរិភោគ​មិន​ឆ្អែត​ឡើយ។+

២៧ ​«​‹ទោះ​ជា​មាន​រឿង​ទាំង​នេះ​ហើយ​ក្ដី បើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ស្ដាប់​ខ្ញុំ ហើយ​នៅ​តែ​រឹង​ទទឹង​ប្រឆាំង​នឹង​ខ្ញុំ​ទៀត ២៨ នោះ​ខ្ញុំ​នឹង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​កាន់​តែ​ខ្លាំង+ ហើយ​ដាក់​ទោស​អ្នក​រាល់​គ្នា​លើស​មុន​៧​ដង ព្រោះ​តែ​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា។ ២៩ ហេតុ​នេះ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​កូន​ប្រុស​ស្រី​របស់​ខ្លួន។+ ៣០ ខ្ញុំ​នឹង​បំផ្លាញ​ទី​ខ្ពស់​ពិសិដ្ឋ​របស់​អ្នក​រាល់​គ្នា+ ហើយ​កាប់​រំលំ​ជើង​តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា។ រួច​ប្រមូល​សាក​សព​អ្នក​រាល់​គ្នា​ដាក់​គរ​លើ​គំនរ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​អ្នក​រាល់​គ្នា+ ហើយ​ខ្ញុំ​នឹង​បែរ​មុខ​ចេញ​ពី​អ្នក​រាល់​គ្នា​ដោយ​ការ​ស្អប់ខ្ពើម។+ ៣១ ខ្ញុំ​នឹង​បំផ្លាញ​ក្រុង​នា​នា​របស់​អ្នក​រាល់​គ្នា+ ហើយ​ធ្វើ​ឲ្យ​កន្លែង​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា​ទៅ​ជា​ស្ងាត់​ជ្រងំ។ ខ្ញុំ​នឹង​មិន​ពេញ​ចិត្ត​ក្លិន​ឈ្ងុយ​នៃ​គ្រឿង​បូជា​របស់​អ្នក​រាល់​គ្នា​ឡើយ។ ៣២ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​ស្ងាត់​សូន្យ+ ហើយ​ពួក​សត្រូវ​ដែល​រស់​នៅ​ទី​នោះ​នឹង​សម្លឹង​មើល​ស្រុក​នោះ​ដោយ​នឹក​ហួស​ចិត្ត។+ ៣៣ ខ្ញុំ​នឹង​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ប្រជា​ជាតិ​នា​នា+ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​សត្រូវ​លើក​ដាវ​វាយ​ប្រហារ​មក​លើ​អ្នក​រាល់​គ្នា។+ បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ស្រុក​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ។+

៣៤ ​«​‹នៅ​គ្រា​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​របស់​ពួក​សត្រូវ ដី​នឹង​ត្រូវ​ទុក​ចោល ហើយ​សម្រាក​ទាំង​ស្រុង ព្រោះ​ដី​មិន​បាន​សម្រាក​ជា​យូរ​មក​ហើយ។+ ៣៥ ក្នុង​អំឡុង​គ្រា​នោះ ដី​នឹង​ត្រូវ​ទុក​ចោល​ហើយ​បាន​សម្រាក ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​កាន់​តាម​ច្បាប់​របស់​ខ្ញុំ​ស្ដី​អំពី​ការ​ឈប់​សម្រាក ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ទឹក​ដី​នោះ​ទេ។

៣៦ ​«​‹នៅ​លើ​ទឹក​ដី​ពួក​សត្រូវ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​រួច​ជីវិត+ភ័យ​តក់​ស្លុត សូម្បី​តែ​ឮ​សំឡេង​ស្លឹក​ឈើ​បក់​ផាត់​ដោយ​ខ្យល់ ក៏​ពួក​គេ​ភ័យ​ស្លន់ស្លោ​ដែរ។ ពួក​គេ​នឹង​រត់​ដូច​ជា​មាន​អ្នក​ណា​ម្នាក់​កាន់​ដាវ​ដេញ​តាម​ពួក​គេ ហើយ​ពួក​គេ​នឹង​ជំពប់​ដួល​ដោយ​គ្មាន​អ្នក​ដេញ​តាម។+ ៣៧ ពួក​គេ​នឹង​ដួល​លើ​គ្នា​ដូច​ពួក​អ្នក​ដែល​រត់​គេច​ពី​ពួក​សត្រូវ ទោះ​ជា​គ្មាន​អ្នក​ដេញ​តាម​ក៏​ដោយ។ អ្នក​រាល់​គ្នា​នឹង​មិន​អាច​យក​ឈ្នះ​ពួក​សត្រូវ​បាន​ឡើយ។+ ៣៨ អ្នក​រាល់​គ្នា​នឹង​វិនាស​ពី​ចំណោម​ប្រជា​ជាតិ​នា​នា។+ អ្នក​រាល់​គ្នា​នឹង​វិនាស​នៅ​ក្នុង​ស្រុក​របស់​ពួក​សត្រូវ។ ៣៩ ឯ​ពួក​អ្នក​ដែល​នៅ​សល់​ពី​ចំណោម​អ្នក​រាល់​គ្នា ពួក​គេ​នឹង​ជួប​ទុក្ខ​វេទនា​នៅ​ក្នុង​ស្រុក​របស់​ពួក​សត្រូវ+ ដោយ​សារ​កំហុស​របស់​ខ្លួន និង​កំហុស​របស់​បុព្វ​បុរស​ខ្លួន។+ ៤០ រួច​មក ពួក​គេ​នឹង​សារភាព​កំហុស​ខ្លួន+ ព្រម​ទាំង​សារភាព​កំហុស​និង​ការ​មិន​ស្មោះ​ត្រង់​របស់​បុព្វ​បុរស​ពួក​គេ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ដោយ​រឹង​ទទឹង​ប្រឆាំង​នឹង​ខ្ញុំ។+ ៤១ ឯ​ខ្ញុំ​វិញ ខ្ញុំ​ប្រឆាំង​នឹង​ពួក​គេ+ដោយ​នាំ​ពួក​គេ​ទៅ​ក្នុង​ស្រុក​របស់​ពួក​សត្រូវ។+

​«​‹ក្រោយ​នោះ ពួក​គេ​ប្រហែល​ជា​នឹង​លែង​មាន​ចិត្ត​រឹង​ចចេស​ត​ទៅ​ទៀត។+ ពួក​គេ​នឹង​ទទួល​ទោស​ដោយ​សារ​កំហុស​របស់​ខ្លួន។ ៤២ ពេល​នោះ ខ្ញុំ​នឹង​ចាំ​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ+ អ៊ីសាក+ និង​យ៉ាកុប+ ហើយ​ខ្ញុំ​ក៏​ចាំ​ពី​ស្រុក​នោះ​ផង​ដែរ។ ៤៣ ពេល​ដែល​ស្រុក​នោះ​បាន​ត្រូវ​បោះ​បង់​ចោល ស្រុក​នោះ​នឹង​បាន​សម្រាក+ ហើយ​នៅ​ទំនេរ គឺ​កាល​ដែល​ពួក​គេ​កំពុង​ទទួល​ទោស ដោយ​សារ​ពួក​គេ​បាន​មើល​ងាយ​ក្រឹត្យ​ក្រម​របស់​ខ្ញុំ និង​ស្អប់ខ្ពើម​បញ្ញត្តិ​របស់​ខ្ញុំ។+ ៤៤ ប៉ុន្តែ ទោះ​ជា​មាន​រឿង​ទាំង​នោះ​ក៏​ដោយ ក៏​ខ្ញុំ​មិន​បោះ​បង់​ចោល​ពួក​គេ​ក្នុង​កាល​ដែល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​សត្រូវ​ទេ+ ហើយ​ខ្ញុំ​ក៏​មិន​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​ដែរ។ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ​ជា​មួយ​នឹង​ពួក​គេ​ហើយ។+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ ៤៥ ខ្ញុំ​នឹង​យល់​ដល់​ពួក​គេ ដោយ​សារ​ខ្ញុំ​នឹក​ឃើញ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​បុព្វ​បុរស​របស់​ពួក​គេ+ ដែល​ខ្ញុំ​បាន​នាំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​នៅ​មុខ​ប្រជា​ជាតិ​នា​នា+ ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ជា​ព្រះ​របស់​ពួក​គេ។ ខ្ញុំ​គឺ​យេហូវ៉ា›​»។

៤៦ នេះ​ហើយ​ជា​ច្បាប់ បញ្ញត្តិ និង​ការ​សម្រេច​ក្ដី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល​នៅ​ភ្នំ​ស៊ីណាយ តាម​រយៈ​ម៉ូសេ។+

២៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​អ្នក​ណា​ម្នាក់​ធ្វើ​សម្បថពិសេស+ថា​ជូន​ប្រាក់​ស្មើ​នឹង​តម្លៃ​បុគ្គល​ម្នាក់​ដល់​ព្រះ​យេហូវ៉ា តម្លៃ​នោះ​មាន​ដូច​ត​ទៅ​៖ ៣ បុរស​ចាប់​ពី​អាយុ​២០​ឆ្នាំ​ដល់​៦០​ឆ្នាំ មាន​តម្លៃ​ជា​ប្រាក់​៥០​ហ្សេគិល* តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​ក្នុង​កន្លែង​បរិសុទ្ធ។ ៤ ប៉ុន្តែ បើ​ជា​ស្ត្រីវិញ តម្លៃ​នោះ​គឺ​៣០​ហ្សេគិល។ ៥ បើ​មាន​អាយុ​ចាប់​ពី​៥​ឆ្នាំ​ដល់​២០​ឆ្នាំ សម្រាប់​ប្រុស​តម្លៃ​២០​ហ្សេគិល សម្រាប់​ស្រី​១០​ហ្សេគិល។ ៦ បើ​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ដល់​ប្រាំ​ឆ្នាំ សម្រាប់​ប្រុស​តម្លៃ​ប្រាំ​ហ្សេគិល សម្រាប់​ស្រី​បី​ហ្សេគិល។

៧ ​«​‹បើ​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ សម្រាប់​ប្រុស​តម្លៃ​១៥​ហ្សេគិល សម្រាប់​ស្រី​១០​ហ្សេគិល។ ៨ ប៉ុន្តែ បើ​អ្នក​ស្បថ​នោះ​ក្រី​ក្រ​មិន​អាច​បង់​តាម​តម្លៃ​ដែល​កំណត់​ទេ+ អ្នក​នោះ​ត្រូវ​ទៅ​ឈរ​នៅ​មុខ​សង្ឃ ហើយ​សង្ឃ​ត្រូវ​កំណត់​តម្លៃ​លើ​អ្នក​នោះ​ស្រប​តាម​លទ្ធភាព​ដែល​អ្នក​នោះ​អាច​ជូន​បាន។+

៩ ​«​‹បើ​សម្បថ​នោះ​ទាក់​ទង​នឹង​សត្វ​សម្រាប់​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា សត្វ​ដែល​ជូន​ព្រះ​យេហូវ៉ា នឹង​ទៅ​ជា​ស្អាត​បរិសុទ្ធ។ ១០ អ្នក​ស្បថ​មិន​អាច​ប្ដូរ​សត្វ​មិន​ល្អ​ជំនួស​សត្វ​ល្អ ឬ​សត្វ​ល្អ​ជំនួស​សត្វ​មិន​ល្អ​នោះ​ទេ។ ប៉ុន្តែ បើ​គាត់​ត្រូវ​ប្ដូរ​សត្វ​មួយ​ទៀត នោះ​សត្វ​ដំបូង​និង​សត្វ​ដែល​ត្រូវ​ប្ដូរ គឺ​ទាំង​ពីរ​នឹង​ទៅ​ជា​បរិសុទ្ធ។ ១១ ឯ​សត្វ​មិន​ស្អាត​បរិសុទ្ធ+ដែល​មិន​អាច​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​វិញ នោះ​គាត់​ត្រូវ​នាំ​វា​ទៅ​ឈរ​នៅ​មុខ​សង្ឃ។ ១២ បន្ទាប់​មក សង្ឃ​នឹង​កំណត់​តម្លៃ អាស្រ័យ​ទៅ​លើ​សត្វ​នោះ​ល្អ​ឬ​មិន​ល្អ។ តម្លៃ​ណា​ដែល​សង្ឃ​កំណត់ ត្រូវ​យក​តាម​តម្លៃ​នោះ។ ១៣ ប៉ុន្តែ បើ​គាត់​ចង់​ទិញ​សត្វ​នោះ​មក​វិញ គាត់​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​ដែល​បាន​កំណត់។+

១៤ ​«​‹បើ​អ្នក​ណា​ញែក​ផ្ទះ​គាត់​ជា​បរិសុទ្ធ​ជូន​ដល់​ព្រះ​យេហូវ៉ា សង្ឃ​ត្រូវ​កំណត់​តម្លៃ អាស្រ័យ​ទៅ​លើ​គុណ​ភាព​ផ្ទះ។ តម្លៃ​ណា​ដែល​សង្ឃ​កំណត់ ត្រូវ​យក​តាម​តម្លៃ​នោះ។+ ១៥ ប៉ុន្តែ បើ​អ្នក​នោះ​ចង់​ទិញ​ផ្ទះ​មក​វិញ គាត់​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​ដែល​បាន​កំណត់ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​គាត់។

១៦ ​«​‹បើ​អ្នក​ណា​ញែក​ដី​ស្រែ​ចម្ការ​ខ្លះ​របស់​គាត់​ទុក​ជា​បរិសុទ្ធ​ជូន​ដល់​ព្រះ​យេហូវ៉ា តម្លៃ​ដី​នោះ​បាន​ត្រូវ​កំណត់​ស្រប​ទៅ​តាម​ពូជ​ដែល​សាប​ព្រោះ គឺ​ស្រូវ​បាលី​មួយ​ហូម៉ើរ* មាន​តម្លៃ​ជា​ប្រាក់​៥០​ហ្សេគិល។ ១៧ បើ​គាត់​ញែក​ដី​ស្រែ​ចម្ការ​គាត់​ទុក​ជា​បរិសុទ្ធ​ជូន​ដល់​ព្រះ ចាប់​ពី​ឆ្នាំ​សោមនស្ស+ តម្លៃ​នោះ​នឹង​នៅ​ដដែល។ ១៨ បើ​គាត់​ជូន​ដី​នោះ​ក្រោយ​ពី​ឆ្នាំ​សោមនស្ស សង្ឃ​ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​រហូត​ដល់​ឆ្នាំ​សោមនស្ស​បន្ទាប់ ហើយ​ត្រូវ​បញ្ចុះ​តម្លៃ​ដែល​បាន​កំណត់។+ ១៩ ប៉ុន្តែ បើ​គាត់​ចង់​ទិញ​ដី​ស្រែ​ចម្ការ​មក​វិញ គាត់​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​ដែល​បាន​កំណត់ រួច​ដី​នោះ​នឹង​នៅ​ជា​របស់​គាត់​ដូច​មុន។ ២០ ប៉ុន្តែ បើ​គាត់​មិន​បាន​ទិញ​ទេ ហើយ​ក្រោយ​មក​ដី​នោះ​បាន​ត្រូវ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង នោះ​គាត់​មិន​អាច​ទិញ​មក​វិញ​បាន​ទេ។ ២១ លុះ​ដល់​ឆ្នាំ​សោមនស្ស​ជា​ពេល​ដែល​ត្រូវ​ប្រគល់​ដី​មក​វិញ ដី​នោះ​នឹង​ទៅ​ជា​ដី​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ដី​នោះ​នឹង​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ពួក​សង្ឃ។+

២២ ​«​‹បើ​អ្នក​ណា​ញែក​ដី​ស្រែ​ចម្ការ​ដែល​ខ្លួន​បាន​ទិញ​ទុក​ជា​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា ជា​ដី​ដែល​មិន​មែន​ជា​ដី​កេរ​មត៌ក​របស់​ខ្លួន+ ២៣ សង្ឃ​ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​រហូត​ដល់​ឆ្នាំ​សោមនស្ស ហើយ​គាត់​ត្រូវ​កំណត់​តម្លៃ​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។+ ដី​នោះ​ជា​ដី​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ២៤ ដល់​ឆ្នាំ​សោមនស្ស ដី​នោះ​នឹង​ត្រូវ​ប្រគល់​ដល់​ម្ចាស់​ដើម​វិញ ព្រោះ​ជា​ដី​កេរ​របស់​គាត់។+

២៥ ​«​‹តម្លៃ​នីមួយ​ៗ​ត្រូវ​គិត​តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ គឺ​មួយ​ហ្សេគិល​ស្មើ​នឹង​២០​កេរ៉ា។*

២៦ ​«​‹ប៉ុន្តែ ចំពោះ​កូន​ដំបូង​របស់​សត្វ មិន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ទុក​ជូន​ព្រះ​យេហូវ៉ា​ទេ ព្រោះ​កូន​ដំបូង​របស់​សត្វ​ទាំង​អស់​ជា​របស់​ព្រះ​យេហូវ៉ា​ស្រាប់​ហើយ ទោះ​ជា​គោ​ឈ្មោល​ឬ​ចៀម​ក្ដី។+ ២៧ បើ​ក្នុង​ចំណោម​កូន​សត្វ​ដែល​មិន​ស្អាត​បរិសុទ្ធ គាត់​អាច​លោះ​បាន​តាម​តម្លៃ​ដែល​បាន​កំណត់ ដោយ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​វា។+ ប៉ុន្តែ បើ​គាត់​មិន​ទិញ​មក​វិញ​ទេ គេ​នឹង​លក់​វា​តាម​តម្លៃ​ដែល​បាន​កំណត់។

២៨ ​«​‹រីឯ​អ្វី​ដែល​បុគ្គល​ម្នាក់​ប្រគល់​ជូន​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ គាត់​មិន​អាច​លក់​ឬ​ទិញ​មក​វិញ​បាន​ទេ ទោះ​ជា​មនុស្ស សត្វ ឬ​ដី​ស្រែ​ចម្ការ​ក្ដី។ អ្វី​ទាំង​អស់​ដែល​បាន​ប្រគល់​ជូន​ព្រះ​យេហូវ៉ា ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ២៩ ឯ​អ្នក​ដែល​បាន​ត្រូវ​ទុក​សម្រាប់​ការ​បំផ្លាញ គេ​មិន​អាច​លោះ​គាត់​បាន​ទេ។+ អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+

៣០ ​«​‹ភោគ​ផល​១​ភាគ​១០+ជា​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​ផល​ពី​ដី​ស្រែ​ចម្ការ ឬ​ផល​ផ្លែ​ពី​ដើម​ឈើ​ក្ដី។ នោះ​ជា​អ្វី​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ៣១ បើ​អ្នក​ណា​ចង់​ទិញ​ផល​១​ភាគ​១០​របស់​គាត់​មក​វិញ គាត់​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​ផល​នោះ។ ៣២ ចំណែក​១​ភាគ​១០​ពី​ហ្វូង​គោ​ហ្វូង​ចៀម​និង​ហ្វូង​ពពែ​វិញ រាល់​សត្វ​ទី​១០​ដែល​ដើរ​កាត់​ក្រោម​ដំបង​របស់​គង្វាល នឹង​ទៅ​ជា​អ្វី​ដែល​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ៣៣ គាត់​មិន​ត្រូវ​ពិនិត្យ​មើល​ថា​សត្វ​នោះ​ជា​សត្វ​ល្អ​ឬ​មិន​ល្អ​ទេ ហើយ​ក៏​មិន​អាច​ប្ដូរ​បាន​ដែរ។ ប៉ុន្តែ បើ​គាត់​ព្យាយាម​ប្ដូរ​សត្វ នោះ​ទាំង​សត្វ​ដំបូង​ទាំង​សត្វ​ដែល​ត្រូវ​ប្ដូរ នឹង​ទៅ​ជា​អ្វី​បរិសុទ្ធ​ជូន​ព្រះ។+ គាត់​មិន​អាច​លោះ​សត្វ​នោះ​មក​វិញ​បាន​ទេ›​»។

៣៤ នេះ​ហើយ​ជា​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណាយ។+

ឬ​«​ខ្លាញ់​ជុំវិញ​តម្រង​នោម​»​

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​

ឬ​«​ខ្លាញ់​ជុំវិញ​តម្រង​នោម​»​

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ន័យ​ត្រង់​«​នំ​ប៉័ង​»​ ពោល​គឺ​ចំណែក​របស់​ព្រះ​យេហូវ៉ា​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព

ន័យ​ត្រង់​«​នំ​ប៉័ង​»​ ពោល​គឺ​ចំណែក​របស់​ព្រះ​យេហូវ៉ា​ពី​គ្រឿង​បូជា​នៃ​មេត្រី​ភាព

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ន័យ​ត្រង់​«​សង្ឃ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តែង​តាំង​»។ នេះ​សំដៅ​លើ​សម្ដេច​សង្ឃ

ន័យ​ត្រង់​«​សង្ឃ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តែង​តាំង​»។ នេះ​សំដៅ​លើ​សម្ដេច​សង្ឃ

ប្រហែល​ជា​សំដៅ​លើ​ពួក​បុរស​ចាស់​ទុំ​ជា​តំណាង​ពួក​ជំនុំ

ប្រហែល​ជា​សំដៅ​លើ​ពួក​បុរស​ចាស់​ទុំ​ជា​តំណាង​ពួក​ជំនុំ

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ន័យ​ត្រង់​«​សំឡេង​ដាក់​បណ្ដាសា​»។ ប្រហែល​ជា​មាន​ន័យ​ថា​សេចក្ដី​ប្រកាស​អំពី​អំពើ​ខុស​ឆ្គង​មួយ​ដែល​រួម​បញ្ចូល​បណ្ដាសា​ទាស់​នឹង​អ្នក​ដែល​ធ្វើ​ខុស ឬ​ទាស់​នឹង​សាក្សី​ដែល​មិន​បាន​រាយ​ការណ៍​ប្រាប់

នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា

តាម​មើល​ទៅ​គាត់​មាន​ទោស​ដោយ​សារ​គាត់​មិន​បាន​ធ្វើ​តាម​ពាក្យ​សម្បថ

គឺ​១​ភាគ​១០​អេហ្វា​ស្មើ​នឹង​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

គឺ​១​ភាគ​១០​អេហ្វា​ស្មើ​នឹង​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ជូន​»​

ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​

ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​

ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​

ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​

ប្រហែល​ជា​ម៉ូសេ​ប្រាប់​ឲ្យ​ពួក​គាត់​ងូត​ទឹក​សម្អាត​ខ្លួន

ឬ​«​ស្លាក​សញ្ញា​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​»​

ន័យ​ត្រង់​«​ជម្រះ​ទី​បូជា​ពី​ភាព​ខុស​ឆ្គង​»​

ឬ​«​ខ្លាញ់​ជុំវិញ​តម្រង​នោម​»​

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ឬ​«​កុល​សម្ព័ន្ធ​»​

គឺ​ថាស​សម្រាប់​ដាក់​រងើក​ភ្លើង

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា

គឺ​ជា​សត្វ​ស្លាប​ដែល​មាន​កំប៉ោយ​និង​ចំពុះ​វែង ហើយ​មើល​ទៅ​ស្រដៀង​នឹង​សត្វ​ត្រសេះ

នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា

នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា

នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា

នេះ​សំដៅ​លើ​សត្វ​ដូច​ជា តោ ខ្លា​ឃ្មុំ និង​ចចក

នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា

នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា

នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា

នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា

ពាក្យ​ភាសា​ហេប្រឺ​ដែល​បក​ប្រែ​ថា​«​ជំងឺ​ឃ្លង់​»​មាន​ន័យ​ទូលាយ អាច​រួម​បញ្ចូល​ជំងឺ​សើ​ស្បែក​ផ្សេង​ៗ ហើយ​ក៏​ប្រហែល​ជា​សំដៅ​លើ​មេ​រោគ​មួយ​ចំនួន​ដែល​មាន​លើ​សម្លៀក​បំពាក់ និង​ផ្ទះ​សម្បែង​ផង​ដែរ

ឬ​«​ពុក​មាត់​»​

គឺ​៣​ភាគ​១០​អេហ្វា​ស្មើ​នឹង​៦,៦​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ឡូក​»។ មួយ​ឡូក​ស្មើ​នឹង​០,៣១​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ឡូក​»។ មួយ​ឡូក​ស្មើ​នឹង​០,៣១​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

គឺ​១​ភាគ​១០​អេហ្វា​ស្មើ​នឹង​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ឡូក​»។ មួយ​ឡូក​ស្មើ​នឹង​០,៣១​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​ឡូក​»។ មួយ​ឡូក​ស្មើ​នឹង​០,៣១​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មើល​កំណត់​សម្គាល់​នៅ​ច្បាប់​លេវី ១៣:២

ឬ​«​កុល​សម្ព័ន្ធ​គាត់​»​

ប្រហែល​ជា​មាន​ន័យ​ថា​«​ពពែ​ដែល​បាត់​ទៅ​»​

ឬ​«​កុល​សម្ព័ន្ធ​គាត់​»​

នេះ​ប្រហែល​ជា​សំដៅ​លើ​ការ​តម​អាហារ ឬ​កាន់​ត្រណម​ផ្សេង​ទៀត

ឬ​«​ត្រូវ​ស្លាប់​»​

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​

ឬ​«​ខ្ញុំ​នឹង​ប្រហារ​អ្នក​នោះ​»​

ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​

ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​

ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​

ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឈរ​មើល​ពេល​ឃើញ​អ្នក​ឯ​ទៀត​ហៀប​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ត្រូវ​កាត់​ចេញ​ពី​ចំណោម​បណ្ដា​ជន​»​

ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​

ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​

ន័យ​ត្រង់​«​នំ​ប៉័ង​»។ នេះ​សំដៅ​លើ​គ្រឿង​បូជា

ន័យ​ត្រង់​«​នំ​ប៉័ង​»​

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ស្គមស្គាំង​»​

ន័យ​ត្រង់​«​អ្នក​ដទៃ​»។ នេះ​សំដៅ​លើ​អ្នក​ដែល​មិន​មែន​មក​ពី​ក្រុម​គ្រួសារ​អេរ៉ុន

ន័យ​ត្រង់​«​ត្រូវ​ញែក​ខ្ញុំ​ជា​បរិសុទ្ធ​»​

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ពេល​វេលា​មួយ​ដែល​នៅ​ក្រោយ​ថ្ងៃ​លិច ហើយ​មុន​ពេល​ព្រលប់

គឺ​២​ភាគ​១០​អេហ្វា​ស្មើ​នឹង​៤,៤​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​»​

មួយ​ហ៊ីន​ស្មើ​នឹង​៣,៦៧​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ន័យ​ត្រង់​«​រាប់​ថ្ងៃ​ឈប់​សម្រាក​គ្រប់​៧​»​

នេះ​ប្រហែល​ជា​សំដៅ​លើ​ការ​តម​អាហារ ឬ​កាន់​ត្រណម​ផ្សេង​ទៀត

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មិន​តម​អាហារ​»​

ឬ​«​ជម្រក​បណ្ដោះ​អាសន្ន​»​

គឺ​២​ភាគ​១០​អេហ្វា​ស្មើ​នឹង​៤,៤​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

នេះ​សំដៅ​លើ​នាម​ព្រះ​យេហូវ៉ា ដូច​បាន​រៀប​រាប់​នៅ​ខ​១៥​និង​ខ​១៦

ឬ​«​អ្នក​លោះ​»​

ន័យ​ត្រង់​«​មេឃ​ដូច​ជា​ដែក​»​

ន័យ​ត្រង់​«​ផែនដី​ដូច​ជា​ស្ពាន់​»​

មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយ​ហូម៉ើរ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

មួយ​កេរ៉ា​ស្មើ​នឹង​០,៥៧​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក